Author: ធឿន មករា

  • 6បច្ច័យ ដែលធ្វើឱ្យយើងក្លាយជា “មនុស្សប៉ឹនភ្លេច”

    6បច្ច័យ ដែលធ្វើឱ្យយើងក្លាយជា “មនុស្សប៉ឹនភ្លេច”

    ឡារ៉ែន ជឿថា មនុស្សជាច្រើនប្រហែលជាមិនចង់ក្លាយជាមនុស្សប៉ឹនភ្លេចទេ ព្រោះអាការភ្លេចភ្លាំងច្រើននេះ បើវាកើតឡើងញឹកញាប់ពេក វាអាចហុចផលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃក្នុងរឿងជាច្រើន ទាំងការរៀនសូត្រ ឬការធ្វើការងារ អាចនឹងហុចផលឱ្យធ្វើការងារមិនបានល្អដូចដែលចិត្តយើងត្រូវការ…តែសួរថា តើហេតុអីទើបកើតអាការ “ប៉ឹនភ្លេច ឬភ្លេចភ្លាំងច្រើន” នេះឡើង? ឥឡូវយើងនាំគ្នាមកមើលពីមូលហេតុទាំងអស់គ្នាថា តើព្រោះអ្វី?

    6បច្ច័យ ដែលធ្វើឱ្យយើងក្លាយជា មនុស្សប៉ឹនភ្លេច

    1. ជាតិអាល់កុល(គ្រឿងស្រវឹង) : ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលច្រើនជ្រុលពេក អាចបំផ្លាញការចងចាំក្នុងរយៈពេលខ្លីបាន ទោះជាមានបរិមាណតិចក៏ដោយ។ អាចនឹងហុចផលប៉ះពាល់លើមនុស្សម្នាក់ៗខុសប្លែកពីគ្នា។ គួរបរិភោគក្នុងបរិមាណដែលសមល្មមនឹងខ្លួនឯង ដោយពេទ្យបានណែនាំយ៉ាងងាយៗថា មនុស្សប្រុសមិនគួរញ៉ាំលើសពី 2កែវឡើយក្នុង 1ថ្ងៃ ចំណែកស្រ្តីវិញ មិនគួរញ៉ាំលើសពី 1កែវឡើយក្នុង 1ថ្ងៃ។
    2. គេងមិនគ្រប់គ្រាន់ : បើសិនថ្ងៃណាមានអាការរាងភាំងៗវិលៗ ខួរក្បាលធ្វើការយឺត គិតអ្វីមិនសូវទាន់សភាពការណ៍ ឬសម្រេចចិត្តអ្វីមួយយឺតយ៉ាវនោះ ក៏សាកល្បងពិនិត្យខ្លួនឯងទៅមើលថា តើគេងបានប៉ុន្មានម៉ោង បើសិនតិចជាង 5-6ម៉ោងនោះ អាចរាប់ចូលក្នុងអាការភ្លេចភ្លាំងច្រើនហើយ ព្រោះការគេងសម្រាកមិនបានគ្រប់គ្រាន់នេះ អាចបណ្ដាលឱ្យកើតមានអាការប្រែប្រួលខាងអារម្មណ៍ ឆាប់ខឹងឆេវឆាវ ថែមទាំងមានភាពប្រថុយប្រថានជាមួយអាការភ័យវិតក្កកង្វល់ច្រើនទៀតផង។
    3. ភាពតានតឹងធុញថប់ : បើសិនជាខួរក្បាលរបស់អ្នកមួយរយៈនេះ មានរឿងដែលត្រូវគិតច្រើនគ្រប់ពេលវេលា វាអាចនឹងធ្វើឱ្យអ្នកបាត់បង់ព័ត៌មានផ្សេងៗ ថ្មីៗជុំវិញខ្លួនដែលកើតឡើងបាន ព្រោះថា វានឹងធ្វើឱ្យអ្នកគ្មានសមាធិដែលផ្ចង់ទៅលើរឿងរ៉ាវផ្សេងៗទាំងនោះហ្នឹងឯង។
    4. សភាវសោកសៅ : អាការដែលមានផលប៉ះពាល់បន្ទាប់ពីសភាវសោកសៅដែលអាចសង្កេតឃើញបានងាយនោះគឺ មិនរួសរាយស្រស់ស្រាយ ទឹកមុខស្មើមិនចង់កម្រើក គ្មានកម្លាំងជំរុញចិត្តក្នុងការចង់ធ្វើអ្វីទាំងអស់ និងមានសេចក្ដីសុខកាន់តែតិចក្នុងការធ្វើកិច្ចការងារ ហើយអាការប៉ះពាល់បន្ទាប់ពីសភាវនេះ នឹងធ្វើឱ្យការធ្វើការងាររបស់ខួរក្បាលដែលជ្រើសរើសក្នុងការមិនចង់ចងចាំរឿងអ្វីជាពិសេសតែម្ដង។
    5. ការខ្វះថៃរ៉យដ៍ : សភាវការខ្វះថៃរ៉យដ៍ ឬហាយប៉ូថៃរ៉យដ៍នេះ អាចហុចផលដល់សមត្ថភាពក្នុងការចងចាំបានដូចគ្នា(រួមទាំងអាការបន្ទាប់បន្សំដែលកើតពីសភាវនេះ ដូចជា ការត្រូវរំខានខណៈពេលគេងលក់ដែលនឹងក្លាយជាដើមហេតុរបស់សភាវសោកសៅដែលអាចជាមូលហេតុកាត់បន្ថយសមត្ថភាពក្នុងការចងចាំបាន)។
    6. ការព្យាបាលជំងឺប្រភេទខ្លះ : បើអ្នកកំពុងព្យាបាលជំងឺប្រចាំកាយអ្វីម្យ៉ាងដែលត្រូវមានការលេបថ្នាំផ្សេងៗ ទាំងថ្នាំរម្ងាប់ប្រព័ន្ធប្រសាទ ថ្នាំបំបាត់អាការសោកសៅ ថ្នាំគ្រប់គ្រងសម្ពាធឈាមប្រភេទខ្លះ និងការព្យាបាលជំងឺ ជួនកាលអាចមានផលប៉ះពាល់ដល់ផ្នែកចងចាំរបស់ខួរក្បាល អាចនឹងធ្វើឱ្យការបានទទួលថ្នាំទាំងនោះមានសមាធិក្នុងការចងចាំ និងរៀនយល់ដឹងអ្វីថ្មីៗកាន់តែពិបាកឡើង។

    ដូច្នេះ ទាំងអស់ខាងលើនេះ បើគិតថា មានផលប៉ះពាល់ដល់ការចងចាំ ចូរសាកល្បងទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីរកមូលហេតុដែលពិតប្រាកដបាន៕

  • Griezman មិនកាត់សក់ចេញទេ ដើម្បីបំពេញចិត្តគ្រួសារ

    Griezman មិនកាត់សក់ចេញទេ ដើម្បីបំពេញចិត្តគ្រួសារ

    Antoine Griezmann បានប្រកាសថា គេ​នឹងមិន​កាត់​សក់វែង របស់គេ​នេះ ចេញ​ឡើយ បើទោះបីជា​មានការ​ស្នើសុំ​ពី​សំណាក់​អ្នកគាំទ្រ និង​ក្លិប​ក៏ដោយ ពីព្រោះ​ប្រពន្ធ និង​កូន​របស់គេ ស្រឡាញ់​ម៉ូត​សក់​នេះ​យ៉ាងខ្លាំង។

    ទាក់ទង​នឹង​រឿងនេះ អ្នកគាំទ្រ​មួយចំនួន​បានដាក់​ការស្តីបន្ទោស​ថា មកពី​ម៉ូត​សក់វែង​របស់គេ​ហ្នឹងហើយ ទើប​ធ្វើឱ្យ​រូបគេ​មាន​ទម្រង់​លេង​ធ្លាក់​ជើង​ខ្លាំង មិន​ដូច​កាល​នៅ AT Madrid ដែលមាន​ម៉ូត​សក់​ខ្លី ដែល​ផ្តល់​ហុងស៊ុយ​ល្អ​ខ្លាំង​ដល់​រូបគេ។

    សូម​រំឭកថា ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង​ខាងលើនេះ ទើបតែ​រកបាន 2គ្រាប់ និង​បញ្ជូន​បាល់​បាន 1គ្រាប់​ប៉ុណ្ណោះ ក្នុងការ​ប្រកួត 8លើក ក្នុង​ក្របខណ្ឌ la Liga នា​រដូវ​កាល​នេះ៕

  • ONE Championship ផ្គូផ្គងឱ្យ ចាន់ រតនា ប៉ះកីឡាករចិន នៅសង្វៀនប្រទេសសិង្ហបុរី

    ONE Championship ផ្គូផ្គងឱ្យ ចាន់ រតនា ប៉ះកីឡាករចិន នៅសង្វៀនប្រទេសសិង្ហបុរី

    ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​ពិភពលោក ONE Championship បាន​ផ្គូផ្គង​ឱ្យជើង​ខ្លាំង​ក្បាច់គុន​ចម្រុះ​របស់​កម្ពុជា ចាន់ រតនា ត្រូវ​ជួបនឹង​ជើង​ខ្លាំង​ក្បាច់គុន​ចម្រុះ​ចិន Xie Wei សម្រាប់​ការប្រកួត ក្នុង​ប្រភេទ​ទម្ងន់ flyweight នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE នៅ​ថ្ងៃ​សុក្រ ទី18 ខែធ្នូ ខាងមុខនេះ នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី ។

    នេះ​គឺជា​ការឡើង​សង្វៀន ONE លើកដំបូង របស់​រតនា គិត​ចាប់តាំងពី​ប្រកួត​លើកចុងក្រោយ នៅ​ខែសីហា ឆ្នាំ2019 មក។ 3ប្រកួត​ចុងក្រោយ​របស់​រតនា លើស​ង្វៀន​ធំជាងគេ ក្នុង​អាស៊ី​មួយ​នេះ រូបគេ​បានឈ្នះ​ទាំងអស់ ដោយ​ចុងក្រោយ ផ្ដួល​កីឡាករ​គុយបា Gustavo Balart ។

    ចំណែក​គូប្រកួត​សញ្ជាតិ​ចិន​របស់ ចាន់ រតនា វិញ​នោះ ត្រូវបាន​គេ​ស្គាល់​ថា ជា​ជើង​ជើង​ខ្លាំង​មួយរូប ដែល​ឆ្លងកាត់​ការប្រកួត​ក្បាច់គុន​ចម្រុះ​កន្លងមក​បាន 6ប្រកួត ឈ្នះ5 និង​ចាញ់1 ដែលមាន​ឈ្មោះថា Wei Xie និង​មាន​វ័យ​ត្រឹមតែ 24ឆ្នាំ​ប៉ុណ្ណោះ៕

  • សម្លឹងសេចក្តីស្នេហាដោយក្តីយល់ចិត្ត អ្វីៗក៏ស្រស់ស្អាត និងមានសុភមង្គលដែរ

    សម្លឹងសេចក្តីស្នេហាដោយក្តីយល់ចិត្ត អ្វីៗក៏ស្រស់ស្អាត និងមានសុភមង្គលដែរ

    ដោយសារតែមូលដ្ឋានគ្រឹះរបស់ក្រុមគ្រួសារ ចិត្តគំនិត និស្ស័យ រួមទាំងការរស់នៅដែលអាចមានភាពខុស​ប្លែកពីគ្នាមកតាំងពីដើមទីនោះ ទើបយើង(គូស្វាមី-ភរិយា)ត្រូវអាស្រ័យលើ “ការយល់ចិត្តគ្នា” ធ្វើជាឫសគល់សំខាន់ក្នុងរឿង “ស្នេហា” ហើយ “ការ​យល់​ចិត្ត” នៅក្នុងទីនេះ ត្រូវតែធ្វើរួមគ្នាទាំង 2នាក់ បើមានតែនរណាម្នាក់ខំប្រឹងព្យាយាមធ្វើតែម្នាក់ឯង ក៏គ្មានថ្ងៃបាន​យល់​ចិត្តគ្នា ដែលនឹងនាំ​​ឱ្យមានសុភមង្គលបានដែរ។

    ម្នាក់ៗត្រូវខំព្យាយាមសិក្សា និងយល់ចិត្តគ្នាទៅវិញទៅមក ដូចជា ម្នាក់ចង់ទៅដើរលេងទិញអីវ៉ាន់តែម្នាក់ឯង ខណ:ដែលម្នាក់ទៀតចង់តែទៅជាមួយដែរជាប់រហូត ឬក៏ម្នាក់ចង់ទៅរួមកម្សាន្តសប្បាយជាមួយពួកម៉ាកមិត្តភក្តិម្តង​ម្កាលតាមតែមានឱកាស តែម្នាក់ទៀតបែរជាមិនសូវចូលចិត្ត ព្រោះគិតថា ខ្លួននឹងត្រូវគេទុកចោលឱ្យនៅផ្ទះម្នាក់ឯងជាដើម។ អ៊ឺម៍! គ្រាន់​​តែប៉ុណ្ណឹង បញ្ហាដែលមិនគួរនឹងកើតឡើង វានឹងកើតឡើងមិនខាន។ ការពិតទៅ រឿងបែបនេះ គ្រាន់តែយើងបែរមុខមកនិយាយគ្នា ប្រាប់គ្នាឱ្យដឹង និងយល់ពីតម្រូវការរបស់ម្នាក់ៗ និងយល់ព្រមបើកចិត្តទទួលយករវាងគ្នាទៅវិញទៅមក តែប៉ុណ្ណឹង សូមជឿចុះថា បញ្ហារអើសចិត្តគ្នាផ្សេងៗទាំងនោះ នឹងធូរស្រាលអស់ជាមិនខាន។

    ចូរកុំភ្លេចថា “សេចក្តីស្នេហា” គឺជារឿងដ៏ល្អស្រស់បំព្រងមួយដែលត្រូវអាស្រ័យលើការរៀនយល់ដឹង ការសម្របខ្លួន ការស្វែងយល់ និងព្រមទទួលយកពីគ្នាទៅវិញទៅមក។ យើងក៏ជាយើង គេក៏ជាគេ បើសិនជាត្រូវបង្ខំចិត្តផ្លាស់ប្តូរ និង​សម្របខ្លួនដើម្បីឱ្យមនុស្សម្នាក់ស្រឡាញ់នោះ ប្រហែលមិនមែនជារឿងល្អឡើយ ហើយអ្នកដែលបង្ខំចិត្តធ្វើនោះ ក៏ប្រហែលជាគ្មាន​សេចក្តី​សុខដែរ (មែនទេ?) ដូច្នេះ តើហេតុអីមិនសាកល្បងងាកមក “យល់ចិត្តគ្នា” និង “ទទួលយក” ពីគ្នាទៅវិញទៅមក?។ យល់ថា គាត់ ឬនាង គឺជាមនុស្សបែបហ្នឹង និងព្រម​ទទួលយកនូវអ្វីដែលជាខ្លួនគាត់ ឬនាងវិញ វាមិនប្រសើរជាងឬ?។

    សាកល្បងគិតលេងៗទៅមើលថា នៅពេលណាក៏ដោយដែលសេចក្តីស្នេហារបស់អ្នកខ្វះភាពយល់ចិត្តគ្នា​ តើវានឹងមានបញ្ហាអ្វីកើតឡើងខ្លះ?…ការឈ្លោះទាស់ទែងគ្នា ការប្រកែកតវ៉ាគ្នា ការខឹងសម្បា ការងង៉ក់ ប្រចែប្រចណ្ឌ-ល- អូយ! គ្រាន់តែគិត ក៏ហត់បាត់ទៅហើយ មែនទេ? ដូច្នេះហើយ អ្នកគ្រូ ឆវី ចង់ប្រាប់ថា ចូរព្យាយាមសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមកឱ្យបានច្រើនបំផុត ហើយនៅទីបំផុត សម្រាប់ “សេចក្តីស្នេហា” ដែលមិនអាចអធិប្បាយបានដោយពាក្យសំដីនោះ ក៏អាច “យល់បាន” ដោយបេះដូង និងរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលមិនខាន៕

  • តិចនិកមើលថែទាំខ្លួន សម្រាប់អ្នកមានគភ៌ក្នុងខែដំបូង

    តិចនិកមើលថែទាំខ្លួន សម្រាប់អ្នកមានគភ៌ក្នុងខែដំបូង

    គឺជាអំឡុងពេលសំខាន់នៅក្នុងជីវិតរបស់មនុស្សស្រីដែលកំពុងជិតក្លាយខ្លួនជាម្តាយ ទាំងការមើលថែទាំ ត្រៀមខ្លួន និងការ​ស្វា​​គមន៍សមាជិកថ្មីម្នាក់ក្នុងគ្រួសារដែលកំពុងតែជិតចាប់កំណើតឡើងក្នុងរយ:ពេលប៉ុន្មានខែខាងមុខ។ រយ:ដំបូងៗនៃការតាំងគភ៌​នេះ ភាគច្រើនស្ត្រីយើងតែងមានកង្វល់ក្នុងរឿងផ្សេងៗជាច្រើន ទាំងរឿងរូបរាង សុខភាព អារម្មណ៍ដែលប្រែប្រួល ដែលអាការទាំង​អស់​នេះអាចមានផលប៉ះពាល់ដោយត្រង់ទៅដល់កូននៅក្នុងផ្ទៃបាន ដូច្នេះឡា រ៉ែន សុំនាំយកគន្លឹះល្អៗពាក់ព័ន្ធនឹងការមើលថែទាំខ្លួន​ឯងក្នុងរយ:ដំបូងនៃការមានគភ៌នេះ មកជម្រាបជូនអនាគតអ្នកម្តាយថ្មោងថ្មីថា តើមានអ្វីខ្លះ? សូមតាមដានដូចតទៅ ៖

    1 . ទទួលទានអាហារដែលមានប្រយោជន៍

    គួរជ្រើសរើសទទួលទានអាហារឲ្យគ្រប់ទាំង 5 ក្រុម ដែលហុចផលល្អដល់សុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃ ដោយសង្កត់ធ្ងន់លើសារធាតុ ពពួកប្រូតេអុីន កាល់ស្យូម អាស៊ីតហ្វូលិក ដើម្បីជួយអភិវឌ្ឍខួរក្បាល និងសាច់ដុំរបស់ទារកឱ្យធំធាត់បានតាមប្រក្រតី មានជាអាទិ៍ ញ៉ាំទឹកដោះគោឱ្យបានច្រើន ញ៉ាំអាហារសមុទ្រ និងបន្លែស្លឹកពណ៌បៃតងគ្មានសារធាតុគីមី ជាដើម ។ ក្នុងអំឡុងពេលមាន​គភ៌ ស្ត្រីទាំងឡាយគួរតម ឬកាត់បន្ថយការញ៉ាំទឹកតែ កាហ្វេ និងភេស្ជជៈដែលមានជាតិអាល់កុល ឬឈប់ដាច់តែម្តងក៏ជាការ​ប្រសើរដែរ។

    2 . ថែទាំសុខភាពផ្លូវចិត្តឱ្យស្រស់ស្រាយជាប់ជានិច្ច

    ដូចដែលបានដឹងហើយថា បើអ្នកម្តាយមានភាពតានតឹងក្នុងអារម្មណ៍នោះ គឺពិតជាមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃមិនខាន ដូច្នេះហើយគួរលះបង់ភាពកង្វល់ខ្វល់ខ្វាយ ភាពតានតឹងក្នុងអារម្មណ៍ទាំងរឿងការងារ និងរឿងផ្សេងៗទៀតចោលឱ្យអស់ ឬ​អាចកែបញ្ហាទាំងនេះបានតាមរយ: ការរកកិច្ចការធ្វើដើម្បីបន្ធូរអារម្មណ៍ ដូចជា ស្តាប់ចម្រៀងពីរោះៗ អានសៀវភៅ ធ្វើការងារច្នៃប្រឌិតផ្សេងៗ ជាដើម។

    3 . សម្រាកក្នុង 1ថ្ងៃៗឱ្យបានគ្រប់គ្រាន់

    ដោយសារតែក្នុងអំឡុងពេលនេះ អ្នកមានគភ៌នឹងចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងល្វើយ និងឆាប់ហត់នោះ ដូច្នេះគួរគេងសម្រាកឱ្យបានច្រើន ឬបន្ថែមការសម្រាកដោយការគេងឱ្យលក់ក្នុងពេលថ្ងៃ​ប្រមាណជា 1-2ម៉ោងក៏បាន។

    4 . ធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីបង្កើនភាពរឹងប៉ឹង

    ជ្រើសរើសហាត់ប្រាណដោយឥរិយាបថស្រាលៗ ដូចជា យ៉ូហ្គា ដើរលេងជុំវិញសួនច្បារ ឬធ្វើការងារផ្ទះបែបស្រាលៗដើម្បីជួយជំរុញប្រព័ន្ធផ្សេងៗក្នុងរាងកាយឱ្យធ្វើការបានល្អ ថែមទាំងជួយឱ្យប្រសូតបានកាន់តែងាយស្រួលឡើងទៀតផង។ គួរចៀសវាងលំ​ហាត់ប្រាណណាដែលប្រើកម្លាំងច្រើន និងមានការងាក ឬបែរខ្លួនខ្លាំងៗ។

    5 . ឧស្សាហ៍ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យគភ៌ និងរកមើលអាការខុសប្រក្រតី

    ជាធម្មតាអ្នកមានគភ៌ខ្លះ ដែលទើបតែមានគភ៌ជាលើកដំបូងអាចនឹងមានកង្វល់ក្នុងរឿងគ្រោះថ្នាក់ អាការខុសប្រក្រតីដែលអាចហុចផលអាក្រក់ដល់កូននៅក្នុងផ្ទៃ ដូច្នេះបើមានអាការខុសប្រក្រតី ឬអាការប្លែកៗណាមួយ ដូចជា ចុកឆ្អល់ញឹកញាប់ ឬចាញ់កូនខ្លាំងក៏គួរតែទៅជួបគ្រូពេទ្យ ឬទៅត្រួតពិនិត្យគភ៌តាមការណាត់របស់ពេទ្យឱ្យបានជាប់ជានិច្ច។

    សរុបមកវិញ ឡា រ៉ែន ចង់ជម្រាបស្រ្តីមានគភ៌ទាំងឡាយថា ចូរធ្វើចិត្តឱ្យសប្បាយៗ កុំតានតឹងអារម្មណ៍ និងកង្វល់ចិត្តខ្លាំងពេកអី គួរបណ្តោយអារម្មណ៍ឱ្យសប្បាយៗ ត្រៀមខ្លួនស្វាគមន៍កូនតូចសម្លាញ់នៅថ្ងៃខាងមុខដោយអារម្មណ៍ស្រស់ស្រាយវិញប្រសើរជាង

  • វណ្ណដា តារាចម្រៀងរ៉េបដែលកំពុងពេញនិយមពីសំណាក់យុវវ័យ ត្រូវបានប្រកាសជា ទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនសែលកាត

    វណ្ណដា តារាចម្រៀងរ៉េបដែលកំពុងពេញនិយមពីសំណាក់យុវវ័យ ត្រូវបានប្រកាសជា ទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនសែលកាត

    វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៍ល្បី ប្រចាំប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានប្រកាសជាទូតសុឆន្ទៈថ្មីបំផុតមួយរូបតំណាងឱ្យក្រុមហ៊ុនសែលកាត។ ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ “Time to Rise” របស់តារាចម្រៀងរ៉េបអាយុ ២៣ ឆ្នាំរូបនេះ ដែលចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករ
    ក្នុងការជម្រុញ និងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជា ដើម្បីចែករំលែកទៅកាន់ពិភពលោក។ វណ្ណដា ព្យាយាមលើកស្ទួយ និងនាំយកកម្មវិធីថ្មីៗ ក្រោមកិច្ចសហការណ៍ជាមួយក្រុមហ៊ុនសែលកាត រួមជាមួយនឹងសមាជិកក្រុមដែលពោរពេញទៅដោយទេពកោសល្យរបស់ខ្មែរ ដែលកំពុងតែមានសន្ទុះនៃភាពរីកចម្រើនយ៉ាងខ្លាំង។

    ការផ្លាស់ប្តូររបស់ វណ្ណដា មកសហការជាមួយក្រុមហ៊ុនសែលកាតនេះ កាន់តែសបញ្ជាក់ឱ្យឃើញច្បាស់នូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងវិស័យតន្ត្រី ដែលសិល្បកររបស់យើង ត្រូវស្វះស្វែងរកនូវមធ្យោបាយតាមអនឡាញថ្មីៗ ដើម្បីរក្សាការទំនាក់ទំនង និងចែកចាយបទចម្រៀងថ្មីៗទៅកាន់អ្នកគាំទ្ររបស់ពួកគាត់។

    លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែកាត បានថ្លែងឱ្យដឹងថា ភាពជំនាញផ្នែកឌីជីថលរបស់សែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពរបស់ជាតិខ្មែរ និងមានកម្មសិទ្ធិ ១០០% ជាជនជាតិខ្មែរ នឹងញុំាងឱ្យក្រុមហ៊ុនក្លាយជាដៃគូដ៏សក្តិសមបំផុតសម្រាប់ វណ្ណដា ដែលកំពុងតែខិតខំជម្រុញឱ្យអាជីពរបស់គាត់កាន់តែរីកចម្រើនទៅមុខថែមទៀត។

    លោក វ៉ាតសុន បានមានប្រសាសន៍បន្តទៀតថា៖ “យើងបានទទួលស្វាគមន៍សិល្បករ ដែលមានទេពកោសល្យពូកែៗកាន់តែច្រើនឡើងៗឱ្យមកចូលរួមជាមួយគ្រួសារសែលកាត និងរ៉ូយ៉ាល់គ្រុបរបស់យើង។ ការចូលរួមនេះ នឹងនាំពួកយើងទៅកាន់ទំព័រថ្មីមួយទៀត ដែលជាការផ្តល់នូវថ្នាលដល់សិល្បៈករក្នុងស្រុកដែលមានទេពកោសល្យល្អៗ ក្នុងការអភិវឌ្ឍខ្លួនជាមួយពួកយើង” ។

    “ពួកយើងពិតជារីករាយបំផុត ដែលបាន វណ្ណដា ចូលរួមជាមួយសែលកាត ហើយទន្ទឹមនឹងនោះពួកយើងក៏កំពុងទន្ទឹងរង់ចាំក្នុងការស្វែងរកនូវឱកាសថ្មីៗ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំនៃយុវជន ពោលគឺជាសហគមន៍មួយដែលពួកយើងកំពុងតែចងភ្ជាប់ទំនាក់ទំនងជាមួយ និងជួយកសាងឱ្យកាន់តែរីកចម្រើនទៅមុខ។

    “ដោយមិនត្រឹមតែជាសិល្បកដែលមានទេពកោសល្យលេចធ្លោបំផុតម្នាក់នោះទេ វណ្ណដា ក៏ជាអ្នកតស៊ូដ៏មោះមុត និងជាម្ចាស់ជើងឯកនៃមោទកភាពជាតិរបស់ខ្មែរ ដើម្បីភាពរីកចម្រើននៃវប្បធម៌យុវជនកម្ពុជា។

    គួរឱ្យចាប់អារម្មណ៍បំផុតផងដែរ កិច្ចព្រមព្រៀងរបស់វណ្ណដា ក្នុងនាមជាទូតសុឆន្ទៈនេះ គឺជាផ្នែកមួយនៃគម្រោងដ៏ធំរវាងក្រុមហ៊ុនសែលកាត និងផលិតកម្មបារមី។

    ក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍ និង បណ្តុះបណ្តាលវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែស៊ីជម្រៅ ពោលគឺផ្តល់នូវលក្ខខណ្ឌស្មើភាពគ្នា និងឱកាសឱ្យបានយ៉ាងសមស្របបំផុតដល់សិល្បកររបស់យើង។

    កញ្ញា ម៉ម ឡូរ៉ា ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ផលិតកម្មបារមី បានមានប្រសាសន៍ថា វណ្ណដា តែងតែគិតគូរជានិច្ចក្នុងការតបស្នងទៅកាន់សហគមន៍ និងប្រជាជាតិរបស់គាត់វិញ ហើយទន្ទឹមនឹងនោះ គាត់ក៏ជាអ្នកគាំទ្រដ៏សកម្មម្នាក់ក្នុងការចូលរួមការងារផ្នែកសប្បុរសធម៌ និងគម្រោងផ្តួចផ្តើមជាច្រើនទៀត ដោយក្នុងនោះរួមមានការប្រើអាល់ប៊ុមថ្មីរបស់គាត់ $ KULL ក្នុងការស្វែងរកថវិការសំរាប់គ្រួសារខ្សត់ខ្សោយ។

    មូលនិធិសប្បុរសធម៌ $KULL គឺជាបានលក់អស់អាវយឺតដែលបោះពុម្ភ limited edition ជាច្រើនរាប់រយជូនទៅដល់អ្នកគាំទ្រ ដើម្បីរៃអង្គាសថវិកា សម្រាប់គ្រួសារទីទាល់ក្រនៅខេត្តព្រះវិហារ។ អាវយឺតទាំងនោះ ត្រូវបានលក់អស់ភ្លាមៗក្នុងរយៈពេលតែ៤ ម៉ោងប៉ុណ្ណោះ ទាំងនេះបង្ហាញពីការលះបង់របស់បណ្តាអ្នកគាំទ្រ។

    កញ្ញា ម៉ម ឡូរ៉ា បានបន្ថែមឱ្យដឹងថា វណ្ណដាមានអារម្មណ៍ថា ពេលនេះគឺពេលវេលាដ៏សក្តិសមបំផុតក្នុងការចូលរួមជាមួយក្រុមហ៊ុនដែលអាចជួយសម្រេចបាននូវសេចក្តីប្រាថ្នារបស់គាត់ ដែលចង់ក្លាយខ្លួនជាសិល្បករដ៏ល្បីបំផុត និងជាអ្នកតស៊ូមតិដើម្បីលើកកម្ពស់ជីវិតដ៏ជាទីមោទនបំផុតម្នាក់របស់ខ្មែរ៕

  • ប្រយោជន៍ល្អៗ 8យ៉ាងទៀត របស់ទឹកសាប៊ូលាងចាន ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង (តចប់)

    ប្រយោជន៍ល្អៗ 8យ៉ាងទៀត របស់ទឹកសាប៊ូលាងចាន ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង (តចប់)

    5 . ប្រើបោកគក់ខោអាវណាដែលត្រូវថែទាំជាពិសេស

    យើងអាចប្រើទឹកសាប៊ូលាងចានជំនួសសាប៊ូម្សៅ ដើម្បីបោកគក់សម្លៀកបំពាក់ណាដែលត្រូវការការថែទាំជាពិសេសបានដូចគ្នា។

    6 . ប្រើសម្រាប់ទាក់ទាញ និងកម្ចាត់សត្វល្អិត

    បន្តក់ទឹកសាប៊ូលាងចាន 3 ដំណក់ចូលទៅក្នុងចានទឹកសាជូរ(ដែលនឹងទាក់ទាញសត្វល្អិតៗឱ្យមកតោង) ទឹកល្បាយនេះនឹងកាត់បន្ថយភាពតឹងលើផ្ទៃទឹក និងធ្វើឱ្យសត្វល្អិតទាំងនោះលង់ទឹកស្លាប់នៅទីបំផុត។

    7 . កម្ចាត់ស្នាមប្រឡាក់លើកម្រាលព្រំ

    លាយទឹកសាប៊ូលាងចាន 1ស្លាបព្រាបាយនៅក្នុងទឹកក្តៅឧណ្ហៗ 2កូនចាន ហើយយកក្រណាត់សជ្រលក់ទឹកល្បាយនោះយកមកសង្កត់ៗពីលើស្នាមប្រឡាក់ រហូតទាល់តែស្នាមប្រឡាក់នោះជ្រាបចូលមកនៅក្នុងក្រណាត់ស និងរលុបបាត់អស់ពីកម្រាល​ព្រំ បន្ទាប់ពីនោះជូតសម្អាតដោយទឹកស្អាត និងយកក្រណាត់ស្អាតមកជូតប្តិតទឹកចេញឱ្យស្ងួត។

    8 . ជូតសម្អាតទូដាក់ម្ហូបនៅក្នុងផ្ទះបាយ

    ទូដាក់ម្ហូបនៅក្នុងចង្ក្រានបាយក៏អាចប្រឡាក់បានដែរតាមរយៈខ្លាញ់ និងអាហារផ្សេងៗដែលកំពប់ ឬខ្ទាតទៅប្រឡាក់ ដូច្នេះចូរលាយទឹកសាប៊ូលាងចានបន្តិចនៅក្នុងកំប៉ុងបាញ់ទឹក(ដបស្រ្បៃយ៍)ដែលមានទឹកក្តៅឧណ្ហៗ ហើយបាញ់ឱ្យសព្វពីលើកន្លែងមានស្នាមប្រឡាក់ បន្ទាប់ពីនោះជូតចេញដោយក្រណាត់ជ្រលក់ទឹកស្អាតដែលពូតឱ្យស្ងួតរួចហើយ។

    បានដឹងពីគុណប្រយោជន៍ល្អៗផ្សេងទៀតរបស់ទឹកសាប៊ូលាងចានដូចខាងលើនេះហើយ កុំភ្លេចប្រាប់តៗគ្នាផងណា៎៕

  • តើអ្នកឆ្លងទន្លេអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ…

    តើអ្នកឆ្លងទន្លេអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ…

    នៅតែជាចំណុចមួយដែលមានការជជែកតវ៉ាគ្នាបានជានិច្ច សម្រាប់ករណី “តុបតែងមុខចូលបន្ទប់ប្រសូត” ដូច្នេះនៅថ្ងៃនេះ ឡារ៉ែននឹងមកបកស្រាយចម្ងល់ដែលថា ការពិតទៅ តើស្រ្តីមានផ្ទៃពោះដែលត្រូវប្រសូតបុត្រអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើបែបណាអាចធ្វើបាន ដោយមិនទៅទើសទែង ឬរំខានការប្រតិបត្តិភារកិច្ចរបស់គ្រូពេទ្យរហូតមានគ្រោះថ្នាក់ដល់កូន ជូនស្រ្តីមានផ្ទៃពោះដែលកំពុងត្រៀមខ្លួនប្រសូតបុត្រទាំងអស់ឱ្យបាត់ងឿងឆ្ងល់ដូចខាងក្រោម…។

    ការតុបតែងមុខមាត់ចូលបន្ទប់ប្រសូតនេះ ជារឿងមួយដែលស្រ្តីមានគភ៌ជាច្រើនប្រហែលជាធ្លាប់នឹកឆ្ងល់ខ្លះមកហើយមិនខានថា តើការពិតទៅ “អាចបានទេ?” “ហេតុអីត្រូវហាម?” និង”ហេតុអីអ្នកខ្លះធ្វើបាន ហើយអ្នកខ្លះទៀតធ្វើមិនបាន?” ព្រោះអំឡុងពេលដែលបានឃើញមុខកូនជាលើកដំបូង គឺជាអំឡុងពេលសំខាន់បំផុតក្នុងជីវិតដែលនរណាៗក៏ចង់រក្សារូបភាពនោះទុកជាអនុស្សាវរីយ៍ ដែលមនុស្សជាម្ដាយខ្លួនឯងក៏ចង់ថតរូបលើកដំបូងជាមួយកូនក្នុងបែបដែល “មើលទៅមិនស្លេកស្លាំង ឬទ្រុឌទ្រោម” ដែរ។ ដូច្នេះ ការបានដឹងពីការកំណត់ និងច្បាប់ទម្លាប់ផ្សេងៗ នឹងធ្វើឱ្យស្រ្តីមានផ្ទៃពោះអាចប្រតិបត្តិខ្លួនបានយ៉ាងត្រឹមត្រូវ និងសមរម្យឡើងផងដែរ។

    តើស្រ្តីមានផ្ទៃពោះអាចតុបតែងមុខចូលបន្ទប់ប្រសូតបានទេ?

    ភាគច្រើន “បន្ទប់វះកាត់ ឬបន្ទប់ប្រសូត” តែងមានច្បាប់វិន័យក្នុងការប្រតិបត្តិយ៉ាងតឹងរ៉ឹងដើម្បីភាពស្អាតមានអនាម័យ និងសុវត្ថិភាពរបស់អ្នកជំងឺ ដូច្នេះហើយទើបមន្ទីរពេទ្យភាគច្រើនមិនអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះតុបតែងមុខមាត់ លាបក្រចកដៃ-ជើងចូលបន្ទប់ប្រសូតក្នុងគ្រប់ករណីទាំងអស់ លើកលែងតែគ្រូពេទ្យអនុញ្ញាត។ តែមន្ទីរពេទ្យឯកជនខ្លះអាចអនុលោមឱ្យស្រ្តីមានផ្ទៃពោះអាចតុបតែងមុខមាត់ពេលប្រសូតបុត្របាន ​ តែទាំងអស់នេះ ស្រ្តីមានផ្ទៃពោះគួរតែសួរនាំគ្រូពេទ្យជាមុនថា តើអាចតុបតែងមុខមាត់ចូលបន្ទប់ប្រសូតបានដែរឬទេ? ព្រោះមិនដូច្នោះទេ ស្ត្រីមានគភ៌អាចនឹងត្រូវគ្រូពេទ្យបញ្ជាឱ្យទៅលាងមុខចេញមិនខាន។

    ហេតុផលក្នុងការហាមតុបតែងមុខមាត់ លាបក្រចករបស់អ្នកមានផ្ទៃពោះខណៈចូលបន្ទប់ប្រសូត

    • ហាមតុបតែងមុខមាត់ ៈ ព្រោះខណៈពេលធ្វើការប្រសូត រាងកាយរបស់ស្ត្រីមានគភ៌នឹងមានការប្រែប្រួលស្ថិតក្នុងសភាវផ្សេងៗ ដូច្នេះការមិនតុបតែងលាបមុខលាបមាត់ គឺដើម្បីឱ្យគ្រូពេទ្យ ឬអ្នកជំនួយការគ្រូពេទ្យអាចសង្កេតមើលទឹកមុខ ពណ៌បបូរមាត់របស់ស្រ្តីមានគភ៌ថា តើមានពណ៌បៃតង ស្វាយ ស្លេកស្លាំងពីការបាត់បង់ឈាម ខ្វះខ្យល់អុកស៊ីហ្ស៊ែន ឬកើតសភាវពិបាកដកដង្ហើម ឬអត់ហ្នឹងឯង។
    • ហាមលាបក្រចកដៃ ៈ ព្រោះពេលខ្លះគ្រូពេទ្យនឹងសង្កេតមើលលើក្រចកដៃរបស់ស្រ្តីមានគភ៌ថា តើមានការបាត់បង់ឈាម បាត់បង់ជាតិទឹកអស់ច្រើនដែរឬទេ? មើល Capillary refill (ចុចលើក្រចក ដើម្បីសង្កេតមើលភាពខុសប្រក្រតី មើលថា តើពេលចុចហើយ ក្រចកនឹងត្រឡប់មកជាពណ៌ផ្កាឈូកវិញឬទេ?)។
    • បន្ទប់វះកាត់ ឬបន្ទប់ប្រសូត គឺជាទីកន្លែងគ្មានមេរោគ ៈ ការនាំយកវត្ថុប្លែកចម្លែកពីខាងក្រៅចូលទៅ ភាពប្រថុយក្នុងការឆ្លងមេរោគក៏នឹងមានច្រើនឡើងដែរ ព្រោះសូម្បីតែគ្រូពេទ្យ ឬឆ្មបក៏នៅប្ដូរសម្លៀកបំពាក់ថ្មី ប្ដូរស្បែកជើងថ្មីគ្រប់ពេលដែលចូលធ្វើការក្នុងបន្ទប់នេះ។ ការដែលបន្ទប់វះកាត់ ឬបន្ទប់ប្រសូតមានច្បាប់វិន័យក្នុងការប្រតិបត្តិដែលតឹងរ៉ឹងច្រើនបែបនេះ គឺដើម្បីភាពស្អាត មានអនាម័យ និងសុវត្ថិភាពរបស់អ្នកជំងឺទាំងអស់។

    ចង់ស្រស់ស្អាតពេលចូលបន្ទប់ប្រសូតបែបមិនខុសរបៀបវិន័យ ត្រូវធ្វើយ៉ាងណា?

    ក្នុងករណីដែលគ្រូពេទ្យអនុញ្ញាត ស្ត្រីមានគភ៌អាចតុបតែងមុខមាត់ចូលបន្ទប់ប្រសូតបាន តែគួរជាការតុបតែងមុខមាត់បែបស្រាលៗ ថ្លាៗ មិនតុបតែងបែបពោរពេញហូរហៀរ ដិតខ្លាំង លាបម្សៅទ្រនាប់បែបក្រាស់ឃ្មឹកនោះទេ ព្រោះដូចដែលបានរៀបរាប់ប្រាប់ពីខាងដើមរួចមកហើយថា អាចនឹងធ្វើឱ្យពិបាកដល់ការសង្កេតមើលអាការផ្សេងៗ តែបើសិនជាគ្រូពេទ្យមិនអនុញ្ញាតទេ ស្រ្តីមានគភ៌អាចនឹងគូសចិញ្ចើម តរោមភ្នែកតាំងពីមុនដល់ថ្ងៃប្រសូត និងប្រើ Application តុបតែងរូបភាព ជួយឱ្យរូបភាពចេញមកស្រស់ស្អាតជាងស្ថានភាពពិតនៅពេលនោះបាន…អាហ្នឹងមិនបានខុសនឹងបម្រាមទេ៕

  • ចំណុចខុសឆ្គង 5យ៉ាងក្នុងការជ្រើសរើសគូស្នេហ៍សម្រាប់យុវវ័យ

    ចំណុចខុសឆ្គង 5យ៉ាងក្នុងការជ្រើសរើសគូស្នេហ៍សម្រាប់យុវវ័យ

    យុវវ័យ ឬកំលោះក្រមុំភាគច្រើនសម័យនេះ ច្រើនតែសម្លឹងរកមើល “ស្នេហា” នៅលើមុខមាត់ រូបរាង និងឋាន:…បើរស់នៅជាមួយគ្នាបាន ក៏អូខេ តែ!…បើមានបញ្ហា ឈ្លោះទាស់ទែង ឬត្រូវលែងលះគ្នាញឹកញាប់ផងនោះ ក៏ប្រហែលរាងយ៉ាប់បន្តិច​ហើយ។ មានកំលោះក្រមុំជាច្រើនដែលច្រើនតែខកចិត្តជាមួយនឹងស្នេហាក្នុងស្ថានភាពបែបនេះ ដូច្នេះសួរថា តើមិត្តយុវវ័យយើងដឹងទេថា តើមូលហេតុវាមកពីអ្វី? បើប្អូនៗយុវវ័យចង់ដឹង អ្នកគ្រូ ឆវី នឹងជម្រាបប្រាប់ប្អូនៗតាមរយៈអត្ថបទខាងក្រោមនេះ៖

    1 . មុខមាត់ រូបរាង? ៈ ប៉ុន្មានលើក ប៉ុន្មានដងហើយដែលប្អូនៗស្ទើរតែរលាយបេះដូងព្រោះតែបុរសរូបសង្ហា មុខស្អាតៗនោះមែនទេ? សួរថា តើហេតុអ្វីបានជាប្អូនៗស្រីៗលង់ស្នេហ៍ពួកគេម្តងហើយម្តងទៀត? ហេតុអីបានជាប្អូនៗដាក់រឿងរ៉ាវស្នេហារបស់ប្អូនៗសំខាន់ទៅលើមុខមាត់ រូបរាងទៅវិញ?។ អ្នកគ្រូប្រាកដនៅក្នុងចិត្តណាស់ថា អ្វីដែលប្អូនៗត្រូវការពីគូស្នេហ៍នោះ វាច្រើនជាងមុខមាត់ស្អាតៗរបស់គេនោះទៅទៀត ព្រោះបើពួកគេមិនមែនជាតារាល្បីៗទេនោះ ​រូបរាងមុខមាត់របស់គេ​​វាមិនបានជួយឱ្យប្អូនៗមានលុយមានកាក់ច្រើន ឬមានសេចក្តីសុខខ្លាំងបានដែរ ដូច្នេះរឿងមុខមាត់ និងរូបរាងនេះ វាមិនមែនជារឿង​សំខាន់ដែលមិនអាចអត់បាននោះទេ(សូមប្អូនៗគិត!)។

    2 . កម្ពស់? ៈ អ្នកគ្រូយល់ថា នារីៗយើងចូលចិត្តបុរសដែលមានរាងខ្ពស់ស្រឡះ ព្រោះមានអារម្មណ៍ថា ហាក់ទទួលបានការការពារឃុំគ្រងអំពីរូបគេម្នាក់នោះ តែយ៉ាងណាក៏ដោយ កម្ពស់មិនមែនជាចំណុចដែលនឹងបញ្ជាក់ថា គេនឹងប្រតិបត្តិចំពោះប្អូនៗបែបណានោះទេ។ ប្អូនច្បាស់ជានឹកសង្ឃឹមថា នឹងទទួលបានអ្វីល្អៗពីបុរសរូបរាងខ្ពស់សង្ហាដែលបុរស​រាង​​កន្តឿៗមិនអាចមានឱ្យប្អូនបានមែនទេ?។ អ្នកគ្រូសូមប្រាប់ប្អូនៗតាមរយ:បទពិសោធកន្លងមករបស់អ្នកគ្រូថា រូបរាងខ្ពស់សង្ហារបស់ប្រុសៗ មិនមែនជាគ្រឿងវាស់ ឬកំណត់ពីបេះដូងរបស់ពួកគេនោះទេ គឺបេះដូងទៅវិញទេដែលនឹងបញ្ជាក់ប្រាប់ថា បុរសម្នាក់នេះជាមនុស្សល្អប៉ុនណា និងថា តើគេនឹងប្រត្តិបត្តិខ្លួនចំពោះប្អូនបានល្អប៉ុនណា?។

    3 . សក្តានុពល? ៈ កុំយល់ច្រឡំឱ្យសោះ! មនុស្សដែលមានសក្តានុពលនៅក្នុងខ្លួនពេញទំហឹង គឺជារឿងល្អមួយតែរឿងដែលយើងកំពុងនិយាយគ្នានេះ គឺប្អូនៗមិនគួរជ្រើសរើសយកបុរសណាម្នាក់ដោយសារតែឃើញគេនោះមានសក្តានុពលតែម្យ៉ាងនោះទេ។ សក្តានុពល គ្រាន់តែជាគុណសម្បត្តិមួយរបស់មនុស្សយើងតែប៉ុណ្ណោះ ហើយក៏មិនបានន័យថា ពួកគេនោះជាមនុស្សល្អដែរ។ ប្អូនចាំបាច់ត្រូវតែបែងចែកឱ្យដាច់ថា តើគេនោះមានគុណសម្បត្តិអ្វីផ្សេងខ្លះទេ? វាគឺជារឿងមួយសំខាន់​ខ្លាំងណាស់ដែលប្អូនចេះបែងចែកថា តើបុរសម្នាក់នោះត្រូវនឹងអ្វីដែលប្អូនៗចង់បាន ឬក៏អត់? ព្រោះបើប្អូនមិនដឹងពីអ្វីដែល​ប្អូន​​ចង់បានទេនោះ ប្អូននឹងមានបញ្ហាធំមិនខាន…។

    4 . មានអារម្មណ៍កំប្លុកកំប្លែង? ៈ ការមានមនុស្សដែលមានអារម្មណ៍កំប្លុកកំប្លែង និងសប្បាយរីករាយនៅក្បែរខ្លួន នឹងធ្វើឱ្យជីវិតរបស់ប្អូនមើលទៅហាក់ដូចងាយស្រួល និងកាន់តែសប្បាយៗឡើង។ ការសើចសប្បាយ គឺជាការបង្វែរខ្លួនឯងចេញពីក្ដីកង្វល់ ទុក្ខសោក និងបញ្ហាទាំងឡាយបាន តែយ៉ាងណាក៏ដោយ នៅពេលដែលគូស្នេហ៍របស់ប្អូនកំប្លុកកំប្លែងជ្រុលពេក និងអាចដូចជាមិនសូវច្បាស់លាស់ ឬពិតប្រាកដចំពោះរឿងអ្វីៗទាំងឡាយក្នុងជីវិតគូផងនោះ វាក៏អាចនឹងក្លាយជាបញ្ហាមួយដែលប្អូនៗច្បាស់ជាមិនត្រូវការយ៉ាងពិតប្រាកដ។ ការបញ្ចេញពីគុណសម្បត្តិក្នុងរឿងនេះ(កំប្លុកកំប្លែងលេង)ខ្លាំងជ្រុលពេក ក៏អាចធ្វើឱ្យ​ប្អូនៗនារីៗឈឺក្បាលវិលមុខ ហើយវាអាចនឹងនាំប្អូនឆ្ពោះទៅរក​ជីវិតដែលពោរពេញដោយបញ្ហាបាន។

    5 . ភាពរំភើបញាប់ញ័រ? ៈ មិនមែនជារឿងដែលគួរឱ្យចម្លែកចិត្តទេ ដែលប្អូនត្រូវបានទាក់ទាញឱ្យ​ចូលទៅរកមនុស្សដែលមើលទៅគួរឱ្យរំភើបញាប់ញ័រ សប្បាយរីករាយ និងមានជីវិតស្ថិតនៅលើភាពប្រថុយប្រថាន ភាពពុះកញ្ជ្រោលដែលប្អូនមានអារម្មណ៍ដឹងនៅពេលដែលប្អូននៅជាមួយពួកគេ។ គឺជាអារម្មណ៍មួយដែលពិសេស…តែសួរថា តើប្អូនៗអាចរស់នៅក្នុងជីវិតដែលពោពេញទៅដោយភាពរំភើបញាប់ញ័របែបនោះបានយូរប៉ុនណាទៅ? ការស្វែងរកមនុស្សដែលផ្តល់នូវភាពរំភើបញាប់ញ័រដល់ប្អូនរៀងរាល់ថ្ងៃនោះ អាចនឹងនាំប្អូនឆ្ពោះទៅរកជីវិតមួយដែលគ្មានភាពទទួលខុសត្រូវ៕

  • វិធីបង្ហាត់កុមារឱ្យរៀនយល់ដឹងបានយ៉ាងចម្រើន និងបណ្ដុះគំនឹតយ៉ាងត្រឹមត្រូវដែលអាណាព្យាបាលចាំបាច់ត្រូវតែដឹង…

    វិធីបង្ហាត់កុមារឱ្យរៀនយល់ដឹងបានយ៉ាងចម្រើន និងបណ្ដុះគំនឹតយ៉ាងត្រឹមត្រូវដែលអាណាព្យាបាលចាំបាច់ត្រូវតែដឹង…

    លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Filkenstein និងអ្នកស្រី Lisa filkenstein ជាអ្នកជំនាញការខាងការអប់រំកុមារមកពីសហរដ្ឋអាមេរិក ទាំង 2នាក់សុទ្ធតែជាអ្នកដែលមានបទពិសោធក្នុងការរៀបចំកម្មវិធីសិក្សារៀនសូត្រសម្រាប់កុមារជាង 30ឆ្នាំមកហើយនោះ បាន​ផ្តល់នូវផ្នត់គំនឹតដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលក្នុងរឿងការវិវឌ្ឍរបស់កុមារឆ្លាត ឬកុមារពូកែជាច្រើនចំណុចដូចខាងក្រោម ៖

    អ្នកណាគឺ មនុស្សពូកែ? អ្នកណាគឺ ក្មេងឆ្លាត?

    យើងគ្រប់គ្នាជាមនុស្សពូកែ ពូកែគ្រប់រូបបែប អ្នកខ្លះពូកែច្រៀង អ្នកខ្លះពូកែគូររូប ពូកែប្រដាល់ ពូកែទាត់បាល់ ពូកែគឹត ពូកែនិយាយ ពូកែរាំ ជាដើម-ល- អ្នកខ្លះពូកែច្រើនយ៉ាង អ្នកខ្លះពូកែរតែម្យ៉ាងៗ។ កុមារពូកែ ឬ​កុមារឆ្លាត ភាគច្រើនៗតែមានភាពចង់ដឹង ចង់ឃើញ មានការស្រមើស្រមៃ និងមានគំនឹតច្នៃប្រឌឹតខ្ពស់ និងថែមទាំងមានចំណាប់អារម្មណ៍ធំទូលាយ តែសាលារៀនជាច្រើនមិនសូវជួយជំរុញកុមារក្នុងរឿងនេះឡើយ។ អ្នកគ្រូច្រើនតែនិយាយថា “កុំសួរច្រើនណា អង្គុយឱ្យស្ងៀមៗ” កុមារទាំងនោះក៏អង្គុយសម្លឹងស្លឺចេញទៅក្រៅបង្អួច សម្លឹងមើលមេឃ មើលដើមឈើ អណ្តែតអណ្តូង។ ហើយអ្នកគ្រូនឹងនិយាយថា “កុមារបែបនេះមានបញ្ហា មិនតាំងចិត្តរៀន អារម្មណ៍រវើរវាយ មិនស្តាប់គ្រូ​​បង្រៀន”។ នៅពេលគ្រូគិតថា មានបញ្ហា ក៏ធ្វើឱ្យមិនអាចសម្លឹងឃើញពីលក្ខណ:ផ្សេងទៀតច្រើនជាង “បញ្ហា” ឡើយ។ បើគ្រូគឹតថា មានបញ្ហា ក៏គួរតែរិះរកវិធីកែបញ្ហានេះយ៉ាងរីកចម្រើន យ៉ាងបណ្តុះគំនឹត ដែលវាជារឿងមួយពិបាកណាស់ តែក៏ជារឿងមួយដែលគួរឱ្យសាកល្បងដែរ បើគ្រូចង់ជួយកុមារៗទាំងនោះយ៉ាងពិតប្រាកដមែននោះ។

    ធ្វើយ៉ាងណាទើបក្លាយជាការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹត

    ក្នុងការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹតនេះ លោកអ្នកត្រូវបង្ហាត់ខួរក្បាលរបស់លោកអ្នកឱ្យគិត ហើយក្នុងការ​គិតកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹតនោះ ចម្លើយដែលត្រឹមត្រូវ គឺមានច្រើនលើសពី1 ទៅទៀត។ នៅពេលជួបបញ្ហាជំហានដំបូង យើងត្រូវដឹងថា តើបញ្ហានោះគឺជាអ្វីពិតប្រាកដ?។

    ជំហានបន្តទៅទៀតគឺ ការស្វែងរកធាតុពិត។ យើងត្រូវរកមើលថា តើយើងត្រូវស្វែងរកព័ត៌មានដោយវិធី​ណា? ពីនរណា? ចម្លើយដែលអាចទៅរួចគឺ ប្រភពនៃព័ត៌មានផ្សេងៗដែលអាចរកបាន គឺនៅក្នុងបណ្ណាល័យ សារព័ត៌មាន ទូរទស្សន៍ អ្នកជំនាញការ ឬព័ត៌មានពីបរទេស-ល- ដែលវានឹងជួយឱ្យយើងទទួលបាននូវផ្នត់គំនឹតល្អៗជាច្រើន។ ជំហានបន្តទៅ​ទៀតក៏គឺ ការប្រមែប្រមូលព័ត៌មានដែលទទួលបាននោះ…គឺជាការប្រមូលផ្នត់គំនឹតទាំងអស់មកដោយមិនទាន់សម្រេចចិត្ត។

    ជារឿងមួយដែលគួរឱ្យសង្កេតថា នៅក្នុងបន្ទប់រៀន ពេលមានកិច្ចការខ្លះដែលត្រូវឱ្យកូនសិស្សឡើងឆ្លើយ គ្រូមួយចំនួនពេលកូន​សិស្ស​ឆ្លើយហើយ គ្រូប្រាប់ថា ខុស! សិស្សឯទៀតនឹងសើចគឹលឡើងតែម្ដង។ ពេលនោះ ក្មេងម្នាក់នោះនឹងលែងហ៊ាន​ឆ្លើយទៀតជាមិនខាន។ ក្នុងលក្ខណ:បែបនេះមិនមែនជាការបណ្តុះគំនឹតរបស់កុមារបែបចម្រើនឡើយ។

    នៅពេលប្រមូលព័ត៌មានបានមកហើយ និងបានយល់ច្បាស់ពីបញ្ហាហើយ ជំហានបន្ទាប់ទៅទៀត គឺការរិះរកវិធី ឬគំនឹតល្អៗ ចម្រើនៗក្នុងការកែបញ្ហា ដូចជា នៅពេលយើងរួបរួមបញ្ហា ឬចំណុចខ្សោយនៅក្នុងរឿងណាមួយមកបានហើយ តើយើងនឹង

    កែបញ្ហានេះរបៀបយ៉ាងម៉េច?។ គ្រូអាចបែងចែកកូនសិស្សជាក្រុមឱ្យធ្ចើការរួមគ្នា ដោយប្រមូលផ្តុំគំនឹតក្នុងការកែបញ្ហា។ បន្ទាប់ពី​នោះ គឺជាការដំណើរការកែបញ្ហា និងសិក្សាពីលទ្ធផល រហូតដល់កែសម្រួលបាន។

    រូបបែបនៃការរៀនយល់ដឹង

    ជាទូទៅ មនុស្សយើងមានវិធីរៀនយល់ដឹងច្រើនបែប។ ការដែលយើងត្រូវរៀនយ៉ាងដូចម្តេចនោះ វាកើតចេញពី​ការដែលយើងយល់ដឹងបែបណា ។ លោកវេជ្ជបណ្ឌិត David Kolb បានធ្វើការសិក្សាពីការរៀនយល់ដឹងរបស់ខ្លួន ដោយវាយតម្លៃពីមេរៀនគ្រឹះដែលបានមកពីទ្រឹស្តីរបស់ John Dewey , Kurt lewin និង​ Jean Piaget ហើយសរុបបានរូបបែបរបស់​អ្នករៀន​(សិស្ស) ចេញជា 4បែបគឺ ៖

    1 . អ្នកដែលប្រើប្រាស់អារម្មណ៍ (Feeler) បុគ្គលប្រភេទនេះនឹងទទួលយល់ដឹងតាមរយ:បទពិសោធ​ដោយត្រង់ ដោយប្រើសតិសម្បជញ្ញៈ និងអារម្មណ៍ដែលបានមកពីការសង្កេត។ កុមារប្រភេទនេះនឹងរៀនសូត្របានល្អជាទី​បំផុត នៅពេលមានការបញ្ចេញមតិ ការតវ៉ា ការបានស្តាប់ បានឮ និងការផ្លាស់ប្តូរគំនឹតយោបល់គ្នា។

    2 . អ្នកគិតវិភាគ (Thinker)​ ជាអ្នករៀនយល់ដឹងតាមរយ:ការប្រើគំនឹត ត្រិះរិះពិចារណា រួចបង្កើតគំនឹតរួមបែប

    ទ្រឹស្តី និងតាមរយ:ការសង្កេត។ កុមារប្រភេទនេះនឹងរៀនសូត្របានល្អបំផុតតាមរយ:ការស្តាប់ការបរិយាយ និងការសាក​ល្បងព័ត៌មានដោយខ្លួនឯង។

    3 . អ្នកសម្រេចចិត្ត (Dicider) ជាអ្នកទទួលយល់ដឹងដោយអាស្រ័យការគឹត និងការសាកល្បងធ្វើអ្វីមួយ។ កុមារប្រភេទនេះ នឹងរៀនសូត្របានល្អ នៅពេលណាដែលមានការប្រត្តិបត្តិ(អនុវត្ត)។

    4 . អ្នកគិតស្រាវជ្រាវ ច្នៃប្រឌិត (Imagination)​ ជាអ្នកដែលទទួលយល់ដឹងតាមរយ:បទពិសោធពិតដោយ​ប្រើសតិសម្បជញ្ញៈ និងអារម្មណ៍ដែលបានទទួលពីការសាកល្បងយ៉ាងពិតប្រាកដ ហើយនិងការបានធ្វើដោយផ្ទាល់។ កុមារប្រភេទ​នេះនឹងរៀនយល់ដឹងបានល្អតាមរយ:វិធីបង្រៀនបែបសិក្សាដោយខ្លួនឯង។

    យ៉ាងណាក៏ដោយ វាជាការណ៍មួយដែលលំបាកនឹងបែងចែកឱ្យច្បាស់យ៉ាងដាច់ខាតណាស់ថា តើអ្នកណាបែប​ណា​​? ។ កុមារក្នុងបែបទី1 និងទី4 មានលក្ខណ:ស្រដៀងគ្នា។ ដូចគ្នានឹងកុមារប្រភេទទី2 និងទី3 ដែរ ដូច្នេះទើបគ្រូៗ​ចាំបាច់ត្រូវតែបង្រៀនកុមារដោយប្រើវិធីការបង្រៀនក្នុងរូបបែបផ្សេងៗយ៉ាងស្មើភាគគ្នា ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់គ្នា​បានរៀនយល់​ដឹង និងបញ្ចេញសមត្ថភាពទៅតាមអ្វីដែលគេថ្នឹក លើកលែងតែគ្រូបានដឹងថា “ក្មេង” ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនជាក្មេងបែបណា ទើបត្រូវបង្រៀនឱ្យត្រូវនឹងលក្ខណៈការទទួលយល់ដឹងរបស់ក្មេងនោះឱ្យបានច្រើនបំផុត៕