Author: ធឿន មករា

  • ManU កំពុងតែ​ស្រេកឃ្លាន Dembale ក្នុងការ​ដោះដូរ​កីឡាករ នា​ពាក់កណ្តាល​រដូវ​កាល​នេះ

    ManU កំពុងតែ​ស្រេកឃ្លាន Dembale ក្នុងការ​ដោះដូរ​កីឡាករ នា​ពាក់កណ្តាល​រដូវ​កាល​នេះ

    ក្រោយពី​ខកខាន​ក្នុងការ​នាំយក​កីឡាករ​ខ្សែប្រយុទ្ធ Ousamane Dembela របស់ FC Barcelona មកកាន់​ទឹកដី​អង់គ្លេស កាលពីមុន​ចាប់ផ្តើម​រដូវ​កាល​ថ្មី2021 ក្លិប Manchester United បានប្រកាស​អំពី​គម្រោង​របស់ខ្លួន ក្នុងការ​នាំយក​កីឡាករ​រូបនេះ មកកាន់​ក្លិប​របស់ខ្លួន ឱ្យបាន​ក្នុងពេលឆាប់ៗខាងមុខនេះ។

    Manchester United កំពុង​ចរចា​ចង់​នាំយក​ខ្សែប្រយុទ្ធ​របស់​ក្លិប Barcelona កីឡាករ Ousmane Dembele មកកាន់​ក្លិប​របស់ខ្លួន ទោះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក៏ដោយ នៅ​អំឡុងពេល​ទិញដូរ​កីឡាករ នៅពេល​ខាងមុខនេះ។

    គួរឱ្យ​ដឹង​ដែរ​ថា កីឡាករ​សញ្ជាតិ​បារាំង​ស្បែក​ខ្មៅ វ័យ 23ឆ្នាំ​ខាងលើនេះ កំពុងតែ​ត្រូវប៉ាន់​ខ្លាំង ពី​ក្លិបធំៗ ខណៈដែល​ក្លិប​បច្ចុប្បន្ន Barcelona កំពុងតែ​ដុនដាប​ខ្លាំង ហើយ​កីឡាករ​ជាច្រើន​កំពុង​ត្រៀម​ជើង​ព្រួល ផ្ទេរ​ទៅ​ក្លិប​ផ្សេងទៀតរៀងៗខ្លួន៕

  • Napoli គ្រោង​ប្តូរ​ឈ្មោះ​កីឡដ្ឋាន ដើម្បី​ឧទ្ទិស​ដល់ Maradona

    Napoli គ្រោង​ប្តូរ​ឈ្មោះ​កីឡដ្ឋាន ដើម្បី​ឧទ្ទិស​ដល់ Maradona

    ក្លិប​ល្បីឈ្មោះ​របស់​អ៊ីតាលី Napoli កំពុងតែ​ពិចារណា​ក្នុងការ ផ្លាស់ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​របស់ខ្លួន ដោយ​ចង់​ដាក់ឈ្មោះ​អតីត​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​ដ៏​ល្បីល្បាញ Diego Maradona ដែល​ទើបតែ​ស្លាប់​ដោយសារ​អាការ​គាំងបេះដូង​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដើម្បី​ទុកជា​អ​និស្សា​វ​រី​យ៍ ដល់​អតីត​កីឡាករ​ដ៏​អមតៈ​រូបនោះ។

    ឈ្មោះ​កីឡដ្ឋាន​ថ្មី​នេះ អាច​ទំនងជា​ត្រូវ​ដាក់ថា San Paolo-Diego Armando Maradona ខណៈដែល​ឈ្មោះ​បច្ចុប្បន្ន​គឺ  San Paolo តែ​ទោះជា​យ៉ាងណាក្ដី ប្រធាន​ក្លិប​កំពុងតែ​ដំណើរការ​នីតិវិធី ក្នុងការ​ផ្លាស់ប្តូរ​ឈ្មោះ​នេះ ដោយ​ទំនងជា​អាច​ចេញ​ជា​ផ្លែផ្កា ក្នុងពេលឆាប់ៗខាងមុខនេះ។

    គួរ​រំឭក​ដែរ​ថា Napoli ជា​ក្លិប​នៅ​ប្រទេស​អ៊ីតាលី ក៏ប៉ុន្តែ​ជាទី​កន្លែង​ដែល​លោក Diego Maradona ទទួលបាន​ជោគជ័យ​ខ្លាំង​នៅ​ទីនោះ ដោយ​លោក​ធ្លាប់បាន​បង្ហាញខ្លួន 188ប្រកួត រកបាន 81គ្រាប់ និង​ជួយ​ឱ្យ​ក្រុម​លើក​ពានរង្វាន់​ជាច្រើន ហើយ​វា​ក៏​ជា​សម័យកាល​ដ៏​រុងរឿង​បំផុត​របស់​ក្លិប​មួយ​នេះ​ផងដែរ៕

  • Samsung គ្រោង​នឹង​បញ្ចេញ Galaxy Z Flip ជំនា​ន់ទី3 អេក្រង់​កម្រិត​ខ្ពស់ 120Hz

    Samsung គ្រោង​នឹង​បញ្ចេញ Galaxy Z Flip ជំនា​ន់ទី3 អេក្រង់​កម្រិត​ខ្ពស់ 120Hz

    ថ្មីៗនេះ មាន​លេចឮ​ដំណឹង​ថា ក្រុមហ៊ុន Samsung កំពុង​ត្រៀម​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន Galaxy Z Flip ជំនា​ន់ទី3 ខណៈ​កាលពីពេល​កន្លងមក ក្រុមហ៊ុន​បានធ្វើការ​ប្រកាស​ចេញ ត្រកូល​មួយ​នេះ​ចំនួន 2 ម៉ូ​ដែល​រួចមកហើយ។

    Galaxy Z Flip ជំនាន់​ថ្មី​នេះ អាច​នឹងត្រូវ Samsung យកទៅ​ប្រកាស​ដាក់​បង្ហាញ នៅក្នុង​អំឡុង​ត្រីមាស​ទី2 ឆ្នាំក្រោយ​វិញ ពោលគឺ មិនមែន​បញ្ចេញ​ជាមួយគ្នា​នឹង Galaxy S ជំនាន់​ថ្មី ដូច​កាលពីដើមឆ្នាំ​នេះនោះ​ទេ  នេះ​គឺ​ដោយសារតែ​ពេលវេលា នៃ​ការបង្ហាញ​ខ្លួន​របស់​ទូ​រ​ស័ព្ទ​វៃឆ្លាត​ខាងលើ​នោះ នៅសល់​រយៈពេល​យូរ​ទៀត​ហ្នឹងឯង។

    ហេតុ​ដូច្នេះហើយ នៅក្នុង​ពេលនេះ យើង​ហាក់ដូចជា​ទទួលបាន​ដំណឹង​ទាក់ទង​នឹង​វា មិន​ច្រើន​នោះទេ ហើយ​ដំណឹង​ទាំង​នោះដែរ ក៏​មិនទាន់​ប្រាកដ​ឡើយ​ថា ជាការ​ពិត ឬក៏​មិន​ពិត​នោះដែរ អ៊ីចឹង​ហើយ ដើម្បីឱ្យ​ច្បាស់​ជាង​នេះ គឺ​មានតែ​រង់ចាំ​មើ​លប​ន្ត​ទៀត​ប៉ុណ្ណោះឯង។

    សូម​ជម្រាបជូន​ដែរ​ថា Galaxy Z Flip ម៉ូ​ដែល​ដំបូង​គេ គឺ​ទ្រទ្រង់​ត្រឹមតែ​សេវា 4G នោះ ត្រូវបាន​ប្រកាស​ចេញ​កាលពីដើមឆ្នាំ និង 1ម៉ូ​ដែល​ទៀត ទើប​ប្រកាស​ចេញ កាលពី​អំឡុង​ខែសីហា កន្លងទៅនេះ គឺជា​ម៉ូ​ដែល 5G ដែល​សុទ្ធតែ​មានតម្លៃ​លើសពី 1,000ដុល្លារ​ទាំងអស់៕

  • 7វិធីក្នុងការរចនាម៉ូដផ្ទះដោយខ្លួនឯងឱ្យស្អាតត្រូវចិត្ត ប្រើការបាន និងគោលការណ៍ដំបូងដែលគួរដឹង មុនចាប់ផ្ដើម

    7វិធីក្នុងការរចនាម៉ូដផ្ទះដោយខ្លួនឯងឱ្យស្អាតត្រូវចិត្ត ប្រើការបាន និងគោលការណ៍ដំបូងដែលគួរដឹង មុនចាប់ផ្ដើម

    សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធក្នុងការរចនាម៉ូដផ្ទះ និងគូសប្លង់ផ្ទះ អាចគិតថាជារឿងមួយដែលលំបាកខ្លាំងណាស់ ព្រោះក្រៅពីត្រូវនឹកដល់ភាពស្រស់ស្អាត និងហ្វាំងស្សិនការប្រើការហើយនោះ នៅត្រូវនឹកដល់តម្លៃការចាយវាយដែលគួរឱ្យឈឺក្បាលវិលមុខទៀតផង ដូច្នេះសម្រាប់អ្នកដែលកំពុងចង់រចនាម៉ូដផ្ទះដោយខ្លួនឯង និងកំពុងសម្លឹងរកមើលកម្លាំងជំរុញចិត្តនោះ ថ្ងៃនេះឡារ៉ែនបានរួបរួមគន្លឹះល្អៗពាក់ព័ន្ធនឹងការរចនាម៉ូដផ្ទះយ៉ាងមានប្រសិទ្ធភាពមកជម្រាបជូន ធានាថា ពេលបានដឹងហើយ វានឹងជួយឱ្យរឿងដែលពិបាក ក្លាយជារឿងងាយស្រួលឡើងបាន និងថែមទាំងបានផ្ទះដែលស្អាតត្រូវចិត្តទៀតផង។

    1-ជ្រើសរើសប្រភេទផ្ទះដែលស្នាក់នៅឱ្យស័ក្តិសមនឹងសមាជិកគ្រួសារ

    មិនមែនថាគ្រប់ក្រុមគ្រួសារសុទ្ធតែត្រូវការផ្ទះធំៗ ហើយក៏មិនមែនថាគ្រប់ក្រុមគ្រួសារសុទ្ធតែស័ក្តិសមនឹងផ្ទះទំហំតូចៗនោះដែរ ដូច្នេះរឿងដែលសំខាន់បំផុត គឺការជ្រើសរើសប្រភេទផ្ទះដែលស្នាក់នៅឱ្យស័ក្តិសមនឹងចំនួនសមាជិកគ្រួសារ ដូចជាផ្ទះទោល ផ្ទះល្វែង ឬបន្ទប់ខុនដូ ដោយសាកល្បងពិចារណាមើលថា គួរតែមានទំហំប៉ុន្មានទើបត្រូវនឹងឡៃហ្វ៍ស្តាយល៍របស់សមាជិកគ្រប់គ្នា ដើម្បីនាំយកទៅគណនាជាបន្តថា នៅខាងក្នុងទីស្នាក់នៅរបស់យើងនោះ គួរមានបន្ទប់គេងប៉ុន្មាន? បន្ទប់ទឹកប៉ុន្មាន? និងតបន្ថែមនៅផ្នែកត្រង់ណាខ្លះ?។

    2-ផ្ដល់ភាពសំខាន់លើ Layout មុនគេបង្អស់

    បន្ទាប់ពីជ្រើសរើសប្រភេទផ្ទះដែលត្រូវស្នាក់អាស្រ័យបានហើយ គួរផ្ដល់ភាពសំខាន់ទៅលើគំនូសប្លង់ផ្ទះមុនការតុបតែង ព្រោះទោះជាផ្ទះនឹងស្រស់ស្អាតក៏ដោយ តែបើមិនឆ្លើយតបនឹងការប្រើការបានក្នុងជីវិតពិតៗនោះ វាក៏គ្មានប្រយោជន៍អ្វីដែរ

    ដូច្នេះអ្នកណាដែលកំពុងច្នៃម៉ូដផ្ទះ គួតែគូសម៉ូដប្លង់ផ្ទះឱ្យរួចជាមុនសិន ដោយពិចារណាថា តើនឹងដាក់ទីតាំងបន្ទប់នីមួយៗយ៉ាងណា រវាងទីធ្លារួម និងទីធ្លាផ្ទាល់ខ្លួន? ដាក់នៅជាប់គ្នាបាន ឬបំបែកនៅទីតាំងផ្សេងគ្នាល្អជាង ដើម្បីការពារសំឡេងរំខាន? ឬបន្ទប់ទទួលភ្ញៀវ បន្ទប់ញ៉ាំបាយ ផ្ទះបាយ រៀបជញ្ជាំងខណ្ឌល្អដែរទេ? ឬច្នៃម៉ូដបែប Open Plan ល្អជាង? ជាដើម។ល។

    3-តុបតែងឱ្យស៊ីគ្នានឹងទីកន្លែង

    បន្ទាប់ពីជ្រើសរើសបែបប្លង់ផ្ទះដែលត្រូវការបានហើយ ក៏មកដល់ដំណាក់កាលរបស់ការតុបតែង ដែលលោកអ្នកគួរជ្រើសរើសឱ្យស៊ីគ្នាទៅនឹងទំហំទីកន្លែង និងការរៀបប្លង់ផ្ទះ ដូចជាបើខាងក្នុងផ្ទះហាក់ដូចជាតូច គួរជ្រើសរើសការតុបតែងស្តាយល៍

    ម៉ូឌើន ព្រោះទាំងទម្រង់ពណ៌ និងច្នៃម៉ូដស្តាយល៍នេះ នឹងជួយឱ្យខាងក្នុងផ្ទះមើលទៅរាងធំទូលាយ ភ្លឺ មានបរិយាកាសស្រឡះខ្លាំងជាងស្តាយល៍ ថ្រេឌិស្សិនណល ឬផ្ទះបែបពីដើម ដែលតែងតែប្រើជញ្ជាំងខណ្ឌបន្ទប់បែងចែកទីកន្លែង ដែលវានឹងធ្វើឱ្យផ្ទះដែលមានទំហំតូចស្រាប់ មើលទៅរឹតតែចង្អៀត។

    4-នឹកដល់ចំណុចល្អ-មិនល្អរបស់ចំណុចនីមួយៗ

    ពេលបានម៉ូដផ្ទះដែលត្រូវចិត្តហើយ ចូរកុំអាលចាប់ផ្ដើមភ្លាមអី សាកល្បងពិចារណាពីចំណុចល្អ-ចំណុចអាក្រក់របស់ចំណុចទីតាំងនីមួយៗម្ដងទៀតសិន ដូចជាបើម្ចាស់ផ្ទះជាមនុស្សចូលចិត្តមាត់បង្អួចធំៗ ព្រោះចង់ឱ្យផ្ទះភ្លឺស្រឡះ និងមើលឃើញទេសភាពខាងក្រៅនោះ កុំភ្លេចសង្កេតមើលផងថា តើត្រូវនឹងទិសព្រះអាទិត្យដែរឬទេ? តើពន្លឺថ្ងៃនឹងចាំងចូលមកនៅពេលណា? មិនដូច្នោះទេវានឹងធ្វើឱ្យផ្ទះក្ដៅ ដែលអាចនឹងត្រូវបំពាក់ដំបូលបង្អួច ឬប្ដូរវាំងននបែបការពារកម្ដៅបាន។

    (នៅមានត)

  • សណ្តែកបណ្តុះបន្លែស្រស់ដែលមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាព

    សណ្តែកបណ្តុះបន្លែស្រស់ដែលមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាព

    សណ្តែកបណ្តុះ ជាបន្លែស្រស់ដែលយើងធ្លាប់ស្គាល់ និងធ្លាប់បានបរិភោគមកជាយូរហើយ តែ…អ្នកដឹងទេថា តើសណ្តែក​បណ្តុះមានគុណប្រយោជន៏យ៉ាងណាខ្លះចំពោះសុខភាពមនុស្សយើង?

    ជនជាតិចិនបុរាណចូលចិត្តបរិភោគសណ្តែកបណ្តុះដែលបណ្ដុះពីគ្រាប់សណ្ដែកសៀង ជាប្រភពនៃវីតាមីនC នៅក្នុងរដូវរងា ដែលនៅពេលនោះបន្លែផ្លែឈើផ្សេងៗ​​​ពិ​​បាកនឹង​​​​​​រកបាន ជាពិសេសពួកអ្នកដើរទូកនេសាទតែងបណ្តុះសណ្តែកទុកបរិភោគនៅលើទូកដើម្បីការពារ និងព្យាបាល​​​​រោគ​​​ខ្វះ​​​​វីតាមីនC ដោយសាតែពួកគេបានដឹងច្បាស់ថា សណ្តែកសៀងបណ្តុះមានវីតាមីនC ចំណែកឯគ្រាប់សណ្តែកសៀងឆៅ និងតៅហ៊ូ​ដែល​ផលិតពីសណ្តែកសៀងក៏មិនមែនគ្មានវីតាមីនC ដែរ​។

    នៅពេលយកគ្រាប់សណ្តែកសៀងមកបណ្តុះធ្វើជាសណ្តែកបណ្តុះនឹងមានវីតាមីនC ខ្ពស់ (សណ្តែកបណ្តុះ 100ក្រាម មានវីតាមីនC 5មីល្លីក្រាម) ចំណែកប្រូតេអ៊ីននៅក្នុងសណ្តែកបណ្តុះវិញមានច្រើនជាងសណ្តែកធម្មតាតែបន្តិចបន្តួចប៉ុណ្ណោះ។

    ក្រៅពីនោះការបណ្តុះឱ្យវាលាស់ឡើងនៅបានធ្វើឱ្យកើតមានវីតាមីនB12 ដែលចាំបាច់សម្រាប់ការរីកធំធាត់ និងជួសជុលប៉ះប៉ូវ​កោសិកាទៀតផង។

    សណ្តែកបណ្តុះមានសារធាតុដែកដែលរាងកាយអាចរំលាយបានងាយជាងបន្លែដទៃទៀត មានវីតាមីនB17 និងសារធាតុលេស៊ីធីន(Lecithin) ជួយបំប៉នប្រព័ន្ធប្រសាទ និងការធ្វើការងាររបស់ខួរក្បាល ហើយអ្វីដែលសំខាន់ និងគួរឱ្យចាប់​អារម្ម​ណ៍​​​​​​​​បំផុតសម្រាប់មនុស្សវ័យកំលោះ ក្រមុំដែលមិនចង់ឆាប់ចាស់នោះ គឺសណ្តែកបណ្តុះស្រស់ៗមានថាមពលជីវិតដែលនឹង​​​​​ធ្វើឱ្យរាង​កាយនៅស្រស់ថ្លា មិនងាយចាស់ ព្រោះនៅក្នុងសណ្តែកបណ្តុះមានសារធាតុប្រឆាំងភាពចាស់ជរាមួយឈ្មោះថា អុកស៊ី​ណុន(Auxinon)មានគុណសម្បត្តិជួយឱ្យរាងកាយនៅកំលោះ-ក្រមុំបានយូរ និងមិនចាស់មុនអាយុ។

    សណ្តែកបណ្តុះជាប្រភពនៃវីតាមីនដ៏ច្រើន ផ្នែកវេជ្ជសាស្រ្តរបស់ចិនបានណែនាំឱ្យយកសណ្តែក​បណ្តុះក្បាលធំ(បណ្ដុះពីគ្រាប់សណ្ដែកសៀង)​​​​ទៅ​ស្ងោ​​រ​​​​​​បរិភោគ វានឹងជួយបណ្តេញស្លេស្ម៍ ធ្វើឱ្យសួតធូរស្រ​ឡះ​ និងជួយបណ្តេញកាកសំណល់មិនល្អតាមទឹកនោម ទាំងអស់នេះ គឺដោយសារតែម៉ូលេគុលរបស់សារធាតុ​អាហារនៅក្នុងគ្រាប់របស់សណ្តែក​​​ដែល​​​​បណ្តុះបាន​នោះ វាប្រែប្រួលនៅក្នុងរូបលក្ខណៈមួយដែលរាងកាយ​អាចរំលាយ​​បាន​យ៉ាង​ងាយហ្នឹងឯង។ ប្រូតេអ៊ីនត្រូវបានរំលាយទៅជាអាស៊ីតអាមីណូ ម្សៅទៅជាខាបូហាយដ្រេតធម្មតា ​ឬគ្លុយខូស​ និងជាតិ​​​​​​​​​​​​ខ្លាញ់​ក្លាយទៅជាអាស៊ីតខ្លាញ់   ដូច្នេះហើយទើបសណ្តែកបណ្តុះក្លាយជាអាហារមួយដែលងាយរំលាយជាខ្លាំង ពេលយើង​បាន​បរិភោគហើយវា ស្មើនឹងជួយសន្សំសំចៃការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ និងជួយកាត់បន្ថយកាកសំណល់ទៀតផង៕

  • Apple ចាប់ដៃជាមួយ TikTok បង្ហោះវីដេអូ ផ្សាយផលិតផល ទាំងដែលកន្លងមក មិនដែលផុសលើបណ្ដាញសង្គមសោះ

    Apple ចាប់ដៃជាមួយ TikTok បង្ហោះវីដេអូ ផ្សាយផលិតផល ទាំងដែលកន្លងមក មិនដែលផុសលើបណ្ដាញសង្គមសោះ

    អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា ​Apple បាន​បង្កើត​គណនី TikTok ជាផ្លូវ​ការ លើក​ដំបូង​តាំង​ពី​ជាង 6ខែ​មុន ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បង្ហោះ​វីដេអូ ​ជា​លើក​ដំបូង ​ដោយ​មាន​វត្តមាន​​បុគ្គល​ល្បីៗ​នៅលើ TikTok មួយ​ចំនួន ដែល​​ចេញ​មក​ផ្សព្វផ្សាយ​អំពី iPhone 12 mini។ ​ប្រការ​ដ៏​ចម្លែក​នេះ​ គឺ​ជា​លើក​ដំបូង​ហើយ ដែល​ក្រុមហ៊ុន Apple ​យក​បណ្ដាញ​សង្គម ​មក​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ ​ទាំង​ដែល​កន្លង​មក ​មិន​ដែល​ធ្វើបែបនេះឡើយ​ តែ​ម្ដង​នេះ​ក៏​ដូច​សព្វ​ដងនៅ​លើ YouTubeដែរ ​ពោល​គឺ Apple មិនបានបើកការអនុញ្ញាត សម្រាប់ឱ្យអ្នកទស្សនា ធ្វើការបញ្ចេញមតិឡើយ ដោយអាចធ្វើបាន ត្រឹមតែចុច Like និងទស្សនាវីដេអូប៉ុណ្ណោះ។​​

    គិត​មក​ទល់​ពេល​នេះ​មាន​វីដេអូ​ថ្មី​ចំនួន​4 ហើយ​ដែល Apple បាន​បង្ហោះ​ក្នុង​ពេល​តែ​មួយ មានការ​ផ្សព្វផ្សាយ​អំពី​ទំហំ​ដ៏​តូច​របស់ iPhone 12 mini។ Apple បានបង្ហោះវីដេអូផ្សព្វផ្សាយឱ្យ iPhone 12 mini ស៊េរីថ្មីរបស់ខ្លួន ដែលមានការចូលរួមដោយបុគ្គលល្បីៗដូចជា Zach King, Jessica Wang, Julian Bass និង Kevin B Parry ជាដើម ដើម្បីបង្កើតបានជាវីដេអូ គួរឱ្យទាក់ទាញទាំងនោះ។ នៅក្នុងឃ្លីបវីដេអូទាំងនោះ ពួកគេបានព្យាយាមធ្វើវេទមន្ត ឱ្យវត្ថុធំៗ ក្លាយទៅជាវត្ថុតូចៗ ដោយការប្រើប្រាស់ វិធីកាត់តវីដេអូ និងចុងក្រោយ ជាការធ្វើឱ្យ iPhone 12 Pro ទៅជា iPhone 12 mini វិញ។

    ជាការពិតណាស់ កម្មវិធីបណ្ដាញសង្គម TikTok មានភាពល្បីល្បាញខ្លាំងមែនទែន និងបន្ដពង្រីកប្រជាប្រិយភាព ជារៀងរាល់ថ្ងៃ បានយ៉ាងលឿន ស្ទើរតែមិនគួរឱ្យជឿ។ ដូច​នេះ​ ប្រសិនបើចង់ចូលមើលវីដេអូ TikTok របស់ Apple ទាំងអស់នោះ លោកអ្នកអាចស្វែងរកគណនីផ្លូវការ របស់ពួកគេបាន នៅក្នុងកម្មវិធី TikTok តែម្ដង៕

  • “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    ចំពោះកូនក្មេង ច្រើនតែមានបញ្ហារឿងហូរឈាមចេញតាមច្រមុះជាញឹកញាប់ ក្មេងខ្លះកើតអាការនេះធ្ងន់ធ្ងរ តែក្មេងខ្លះក៏មិនជាធ្ងន់ធ្ងរអ្វីដែរ តែអាការបែបនេះមួយចំនួនគួរតែប្រញាប់នាំទៅមន្ទីរពេទ្យ ឬបើក្មេងខ្លះដែលមានអាការនេះដែរ តែមិនសូវជាធ្ងន់ធ្ងរ អាចធ្វើបឋមព្យាបាលរយៈដំបូងឱ្យសិនក៏បាន តែបើធ្វើបឋមព្យាបាលមិនត្រូវវិធី ក៏អាចនឹងធ្វើឱ្យក្មេងរឹតតែមានអាការធ្ងន់ធ្ងរឡើងបានដែរ…ដូច្នេះ ឥឡូវយើងនាំគ្នាមកមើលពីមូលហេតុ និងការធ្វើបឋមព្យាបាលដែលត្រឹមត្រូវវិញប្រសើរជាង។

    តើការហូរឈាមច្រមុះបណ្ដាលមកពីអ្វី? អ្នកម្ដាយទាំងឡាយត្រូវតែដឹង…

    • បើដាច់សរសៃឈាមច្រមុះផ្នែកខាងមុខ ឈាមនឹងហូរចេញមកពីរន្ធច្រមុះ។
    • បើដាច់សរសៃឈាមផ្នែកខាងក្រោយ(ឬខាងក្នុង) នឹងធ្វើឱ្យឈាមហូរចូលទៅក្នុងបំពង់ក អ្នកកើតអាការនេះនឹងមានអារម្មណ៍ថាល្វីងខាប់ក្នុងបំពង់ក ឬបើលេបចូលក្នុងពោះ អាចមានអាការក្អួតមានឈាមចេញមកជាមួយ។

    មូលហេតុអាចបណ្ដាលមកពី ៈ

    • . ខ្វេះ កេះ ឬអេះក្នុងច្រមុះ ជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៅលើក្មេង។
    • កណ្ដាស់ញឹកញាប់ ឬញើសសំបោរខ្លាំងហួសហេតុពេក។
    • ច្រមុះទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង។
    • ធាតុអាកាសត្រជាក់ខ្លាំង និងស្ងួត ធ្វើឱ្យបែកសរសៃឈាម។
    • ការប្រើថ្នាំប្រភេទខ្លះ ធ្វើឱ្យងាយចេញឈាម ដូចជាថ្នាំ អាស្ពីរីន និងថ្នាំបំបាត់ការរលាកក្លាយ។ល។
    • មានវត្ថុប្លែកចម្លែកនៅក្នុងច្រមុះ។ គ្រូពេទ្យធ្លាប់ជួបប្រទះករណី ក្មេងមួយចំនួនញាត់ស្ករគ្រាប់ចូលក្នុងរន្ធច្រមុះដោយឪពុកម្ដាយមិនបានដឹង តែនាំមកជួបគ្រូពេទ្យដោយមានឈាមហូរចេញមកតាមរន្ធច្រមុះម្ខាងនោះ។ ពេលឆ្លុះមើលទៅ ទើបឃើញមានដុំស្ករគ្រាប់ជាប់នៅខាងក្នុងរយៈពេលយូររហូតរលាករន្ធច្រមុះ ធ្វើឱ្យមានឈាមហូរចេញមក។
    • ឈាមបង្កកខ្លួនខុសប្រក្រតី ដូចជាក្នុងជំងឺបណ្ដាលមកពីឈាមប្រភេទខ្លះ ក្មេងច្រើនតែមានឈាមហូរចេញមកខុសប្រក្រតីនៅកន្លែងផ្សេងទៀតលើរាងកាយផងដែរ ដូចជាមានស្នាមជាំខ្មៅតាមរាងកាយ ក្អួតមានឈាមមកជាមួយ បន្ទោបង់មកមានឈាម ឈាមចេញនៅតាមសន្លាក់ និងតាមសាច់ដុំ។ល។
    • ការឆ្លងមេរោគនៅក្នុងប្រហោងច្រមុះ។
    • ដុះសាច់នៅក្នុងប្រហោងច្រមុះ។

    ហូរឈាមច្រមុះបែបណា ទើបត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?

    1. ហូរឈាមចេញមកយូរជាង 15នាទី។
    2. ហូរឈាមចេញមកច្រើនជាង 1ដងក្នុង 1សប្ដាហ៍។
    3. មានអាការងងឹតមុខ វិលមុខ មុខឡើងស្លាំង ត្រជាក់ចុងដៃ ចុងជើង។
    4. មានអាការចេញឈាមខុសប្រក្រតីផ្សេងទៀតរួមជាមួយ ដូចជាក្អួតចេញឈាម ជុះចេញឈាម មានចេញឈាមតាមសន្លាក់ ឬសាច់ដុំ។
    5. ក្ដៅខ្លួនខ្លាំង។

    បើគ្មានសញ្ញាគ្រោះថ្នាក់ណាមួយទេ អាចធ្វើការបឋមព្យាបាលរយៈដំបូងបានដូចតទៅ ៈ

    ហូរឈាមច្រមុះ តើត្រូវឃាត់ឈាមយ៉ាងណា?

    • អង្គុយស្ងៀមនៅមួួយកន្លែង បង្អោនខ្លួនមកខាងមុខបន្តិច យកម្រាមមេដៃ និងម្រាមចង្អុលដៃច្របាច់ខ្ទប់រន្ធច្រមុះ ហើយដកដង្ហើមតាមមាត់ប្រមាណ 10នាទី។ លុះកន្លងផុតទៅ​10នាទីហើយ ចូរឈប់ច្របាច់ច្រមុះ តែបើសិនជាឈាមនៅតែមិនព្រមឈប់ហូរ ចូរធ្វើតាមដំណាក់កាលដំបូងម្ដងទៀត។
    • បើមានឈាមហូរចូលទៅក្នុងមាត់ ឬបំពង់ក ចូរខ្ជាក់ឈាមនោះចេញ កុំលេបចូលទៅក្នុងពោះ រួមទាំងមិនត្រូវគេងរាបនឹងដី និងមិនងើយមុខឡើងខណៈដែលហូរឈាមច្រមុះឡើយ ព្រោះឈាមអាចនឹងហូរចូលទៅបិទបំពង់ខ្យល់(បំពង់ដង្ហើម) ឬបើលេបចូលទៅ នឹងធ្វើឱ្យក្អួតចេញឈាមនោះមកវិញ។
    • អាចយកក្រណាត់ជ្រលក់ទឹកត្រជាក់ ឬក្រណាត់ខ្ចប់ទឹកកកមកដាក់ស្អំនៅលើក្ដោងច្រមុះបាន។
    • កុំបញ្ចេញខ្យល់តាមច្រមុះ ញើសសំបោរ ឬលូកខ្វេះច្រមុះ ព្រោះនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង។

    ហូរឈាមច្រមុះ និងការមើលថែទាំខ្លួនឯង ក្រោយឈាមឈប់ហូរ

    • ព្យាយាមកុំបញ្ចេញខ្យល់ខ្លាំងៗតាមច្រមុះ ឬញើសសំបោរ ឬកណ្ដាស់ 24ម៉ោងក្រោយបាត់ហូរឈាមច្រមុះ។
    • ចៀសវាងពីការស្ថិតនៅក្នុងទីកន្លែងដែលមានធាតុអាកាសស្ងួត និងត្រជាក់ខ្លាំង។

    យ៉ាងណាក៏ដោយ បើធ្វើបឋមព្យាបាលរយៈដំបូងហើយ អាការនៅតែមិនល្អប្រសើរឡើង ឬនៅតែមានឈាមហូរចេញមកញឹកញាប់ដដែលនោះ គួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលអាការយ៉ាងដិតដល់៕

  • YouTube អាប់ឌែតថ្មី នៅលើ Android TV អាចមើលវីដេអូ កម្រិត 8K បាន

    YouTube អាប់ឌែតថ្មី នៅលើ Android TV អាចមើលវីដេអូ កម្រិត 8K បាន

    ថ្មីៗនេះ ក្រុមហ៊ុន Google បាន​បញ្ចេញ​កំណែ​អាប់​ឌែ​ត​ថ្មី ទៅឱ្យ​កម្មវិធី YouTube របស់ខ្លួន​ដែល​ដំណើរការ​នៅលើ​ទូរទស្សន៍ Android TV ជា​ផ្លូវការ​ហើយ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នៅលើ កំណែ​អាប់​ឌែ​ត​ជំនាន់ YouTube for Android TV v.2.12.08 នោះ គឺ​បាន​ផ្ដល់ជូន​នូវ​ការគាំទ្រ​ក្នុង​ការចាក់​វីដេអូ រហូតដល់​កម្រិត 8K ជាមួយ​ទូរទស្សន៍​ឆ្លាត​វៃទំនើបៗទាំងនោះ ក៏ដូចជា​បន្ថែម​មុខងារ​មួយចំនួន​ផងដែរ។

    ក្រៅពី​ទទួលបាន​សមត្ថភាព​ចាក់​វីដេអូ​កម្រិត 8K នៅលើ​ទូរទស្សន៍ Android TV ។ Google ក៏​ផ្ដល់ជូន​ការគាំទ្រ​ចាក់​វីដេអូ ប្រភេទ AV1 HDR ដែរ និង​ការ​ជុស​ជួល​កំហុសផ្សេងៗ ដូចជា បញ្ហា​បណ្ដាញ​ប្រព័ន្ធ Network មិន​ដំណើរការបាន​រលូន ព្រមទាំង​ជំនួយ ឱ្យ​ដើរ​លឿន​ជាង​មុន ជាដើម។

    ការបន្ថែម​មុខងារ Cast Connect នៅលើ​កំណែ​អាប់​ឌែ​ត​ចុងក្រោយ ក៏មាន​អត្ថប្រយោជន៍​ច្រើន ដូចគ្នា ដោយ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ ធ្វើការ​បញ្ជា​លើ​ផ្ទាំង​ចាក់​វីដេអូ ឬ​បទ​ចម្រៀង​ពី​ទូរស័ព្ទ​វៃឆ្លាត ទៅកាន់​ទូរទស្សន៍​តាមរយៈ​តេ​ឡេ​បញ្ជា​ផ្ទាល់ ដោយ​មិនចាំបាច់​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទៀតឡើយ។

    ជាការ​ពិតណាស់ វីដេអូ​កម្រិត 8K នៅលើ YouTube មិនទាន់​សូវ​មាន​ច្រើន​ទេ ហើយក៏​ទាមទារ​ល្បឿន​អ៊ី​ន​ធើ​ណេ​ត​លឿន​ផងដែរ។ បើទោះជា​បច្ចុប្បន្ន ទូរទស្សន៍​ឆ្លាត​វៃ 8K មិនទាន់មាន​ភាព​ធំ​ទូលាយ និង​នៅមាន​តម្លៃ​ខ្ពស់​នៅឡើយ តែ​ប្រសិនបើ​អ្នកប្រើប្រាស់​ទាំងឡាយណា ដែលមាន​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ដើរ​លឿន ហើយ​ជាពិសេស​មាន​ទូរទស្សន៍ 8K ស្រាប់​ហើយ​នោះ នឹង​អាច​ទស្សនា​វីដេអូ​នៅលើ YouTube បាន​កាន់តែ​ដិត​ច្បាស់ ថែម​ទៀតផង៕

  • វិធីសង្គ្រោះបន្ទាន់ ជួយអ្នករងគ្រោះដោយសារ “គ្រាប់បែក កាំជ្រួច ឬផាវ”

    វិធីសង្គ្រោះបន្ទាន់ ជួយអ្នករងគ្រោះដោយសារ “គ្រាប់បែក កាំជ្រួច ឬផាវ”

    មិនថាជាឧប្បតិហេតុនៅក្នុងទីតាំងគ្រោះថ្នាក់ ហេតុការណ៍អសន្តិសុខក្នុងទីក្រុង ដែលមានការប្រើប្រាស់គ្រាប់បែកដៃផ្សេងៗ ឬនៅក្នុងពិធីបុណ្យអបអរសាទរផ្សេងៗដែលមានការដុតកាំជ្រួច ឬអុចផាវនោះឡើយ ហេតុការណ៍ទាំងអស់នេះអាចបង្កឱ្យកើតមានគ្រោះថ្នាក់ រហូតមានរបួសស្នាមដោយសារវត្ថុអស់ទាំងនោះ ដែលជនរងគ្រោះត្រូវតែបានទទួលការជួយសង្គ្រោះភ្លាមៗទាន់ពេលវេលា ដើម្បីកាត់បន្ថយការឆ្លងមេរោគ និងងាយស្រួលក្នុងការព្យាបាលជាបន្ត។

    វិធីសង្គ្រោះបន្ទាន់លើស្នាមរបួសរបស់ជនរងគ្រោះដោយសារ គ្រាប់បែក កាំជ្រួច ឬផាវ

    1. 1.ឃាត់ឈាមនៅលើអវយវៈដែលរងរបួស(ដូចជា ដាច់ រយះ)នោះ ដោយយកក្រណាត់ស្អាតបិទពីលើស្នាមរបួស ហើយរុំឱ្យណែនការពារកុំឱ្យឈាមហូរ។ គួរតែប្រើក្រណាត់បន្ទះធំៗ ដូចជាក្រណាត់រាងយឺតៗ មិនគួរប្រើខ្សែ ឬកៅស៊ូចងរឹតអវយវៈដែលរងរបួសនោះឡើយ ព្រោះនឹងធ្វើឱ្យរឹតណែនខ្លាំង ខូចសរសៃប្រសាទ និងសរសៃឈាម។
    2. សង្កេតមើលអាការជនរងគ្រោះ បើហូរឈាមច្រើន ចូរដាក់ឱ្យគេងសម្រាក និងប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកុំបង្អង់យូរ។ គួរតមឱ្យអាហារតាមមាត់ ឱ្យក្រេបទឹកបន្តិចបន្តួច ព្រោះអាចនឹងត្រូវទទួលការវះកាត់បន្ទាន់។ កុំភ្លេចរក្សាទុកចំណែកអវយវៈដែលដាច់ជាពីរនោះផង។
    3. យកវត្ថុកខ្វក់ចេញពីចំណែកអវយវៈដែលដាច់ជាពីរនោះ លាងទឹកឱ្យស្អាត ដាក់ក្នុងថង់ផ្លាស្ទិក បិទមាត់ថង់ឱ្យជិតណែន ទុកក្នុងធុងទឹកកក ឬក្នុងថង់ដែលមានទឹកកក(សីតុណ្ហភាពប្រមាណ 4អង្សាC)។
    4. ប្រញាប់នាំទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត។ អវយវៈដែលមានសាច់ដុំច្រើនៗ ដូចជាដៃ ឬជើង ត្រូវតែបានទទួលការវះកាត់តសរសៃឈាមឱ្យលឿនបំផុតក្នុងរយៈពេល 6ម៉ោង ព្រោះសាច់ដុំនឹងស្លាប់បើសិនទុកចោលយូរពេក។ ចំណែកអវយវៈដែលគ្មានសាច់ដុំ ដូចជាម្រាមដៃ អាចរក្សាទុកបានពី 12-18ម៉ោង ក៏នៅអាចតភ្ជាប់វិញបានដែរ។
    5. បើនាំទៅមន្ទីរពេទ្យបានក្នុងរយៈពេល 2-3ម៉ោង អាចនាំទៅបានតែម្ដង ខាងមន្ទីរពេទ្យអាចនឹងត្រៀមរក្សាទុកចំណែកអវយវៈដែលដាច់ចេញនោះ ដើម្បីធ្វើការតឡើងវិញ។

    កំណត់សម្គាល់ ៈ អវយវៈដែលដាច់ចេញពីគ្នា ត្រូវតែនៅមានសរសៃឈាម និងសាច់ភ្នាសដែលមិនខ្ទេចគ្រាំគ្រាខ្លាំង ដូចជា ដាច់ចេញដោយសារត្រូវកាំបិតកាប់ ដាច់ដោយសារគ្រឿងម៉ាស៊ីន-ល- ហើយការរក្សាទុកចំណែកអវយវៈដែលដាច់ បើជាម្រាមដៃ ចូររក្សាទុកក្នុងសីតុណ្ហភាព 4អង្សាC អាចរក្សាទុកបានមិនលើសពី 12-18ម៉ោង។ ចំណែករបស់ដៃ ជើង អាចរក្សាទុកបានមិនលើស 6ម៉ោង ចំណែករបស់បាតដៃ អាចរក្សាទុកបានមិនលើស 12ម៉ោង។ បើមិនបានរក្សាទុកត្រឹមត្រូវទេ ត្រូវប្រញាប់នាំយកទៅមន្ទីរពេទ្យក្នុងរយៈពេល 2-3ម៉ោង៕

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    MQ ៈ ភាពឆ្លាតវៃខាងសីលធម៌ ចរិយាធម៌

    ប្រហែលជាមិនល្អឡើយ បើក្មេងៗមានភាពឆ្លាតវៃ តែខ្វះសីលធម៌ មិនដឹងខុសត្រូវ ល្អអាក្រក់ និងក្លាយជាមនុស្សបរាជ័យនាពេលអនាគត។ ការបង្ហាត់ក្មេងៗឱ្យមាន MQ (Moral Quotient) ដែលល្អ គឺអាចជួយឱ្យគេចេះគិតទប់ស្កាត់ចិត្តខ្លួនឯងបាន ចេះជ្រើសរើសផ្លូវដែលត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ និងប្រាកដណាស់ ឪពុកម្ដាយមានចំណែកសំខាន់ណាស់ក្នុងការបណ្ដុះ MQ ឱ្យកូនៗ។

    វិធីជំរុញ MQ ដល់កូនជាទីស្រឡាញ់

    • ធ្វើជាគំរូដ៏ល្អដល់ក្មេងៗ ព្រោះក្មេងៗតែងតែរៀនយល់ដឹងតាមរយៈការជ្រួតជ្រាប និងធ្វើតម្រាប់តាម ជាពិសេសក្នុងអំឡុងពេលតាំងគភ៌ អ្នកម្ដាយគួរធ្វើចិត្តឱ្យសប្បាយៗ មិនធុញថប់តានតឹង ព្រោះភាពធុញថប់តានតឹងរបស់ម្ដាយ នឹងហុចផលទៅដល់អារម្មណ៍ និងចរិតនិស្ស័យរបស់កូននៅពេលប្រសូតចេញមក។
    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដើម្បីសាងជាមូលដ្ឋានគ្រឹះដល់ក្មេងៗឱ្យសម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន មានសេចក្ដីសុខ ដែលជាគ្រឹះនៃទង្វើដ៏ល្អជាបន្ត។
    • បង្រៀនឱ្យកូនស្គាល់ពីការឱ្យ ការចែករំលែក ស្គាល់ការសូមទោសនៅពេលធ្វើខុស អរគុណនៅពេលមានអ្នកដទៃប្រគល់រឿងល្អៗឱ្យ​ ដោយមិនបង្ខំកូន តែចូរធ្វើជាគំរូ និងផ្ដល់កម្លាំងចិត្ត និងកោតសរសើរ។
    • បង្រៀនឱ្យកូនជាទីស្រឡាញ់មានវិន័យ និងមានភាពទទួលខុសត្រូវ ចេះគិតត្រិះរិះថា អ្វីគួរធ្វើ ឬមិនគួរធ្វើ និងឱ្យគេបានទទួលខុសត្រូវលើទង្វើរបស់គេដោយខ្លួនឯង។

    PQ ៈ ភាពឆ្លាតវៃដែលកើតចេញពីការលេង

    PQ (Play Quotient) កើតចេញពីជំនឿដែលថា ការលេងអាចជួយជំរុញវិវឌ្ឍនាការតាមវ័យដល់កុមារបានជាច្រើនផ្នែក។ ក្មេងដែលមាន PQ ល្អ នឹងអាចបូកផ្សំបទពិសោធរបស់គេ ចំណេះដឹង និងការនឹកស្រមៃមកច្នៃប្រឌិតប្រើបានយ៉ាងល្អប្រសើរ។ ការជួយជំរុញការលេងដល់កូនជាទីស្រឡាញ់ គឺជារឿងសំខាន់ខ្លាំងណាស់។

    វិធីជំរុញ PQ ដល់កូនសម្លាញ់

    • ឪពុកម្ដាយត្រូវឧស្សាហ៍លេងជាមួយកូន ដោយអាចមិនចាំបាច់ត្រូវប្រើរបស់លេងថ្លៃៗ តែចូរចាំទុកជាប់ជានិច្ចថា ឪពុកម្ដាយ គឺជារបស់លេងដែលប្រសើរបំផុតរបស់កូន ត្រឹមតែមានឪពុកម្ដាយលេងជាមួយ ក៏កូនមាន PQ ដ៏ល្អបានទៅហើយ។
    • ឱ្យក្មេងតូចៗបានលេងទៅតាមវ័យរបស់គេ មិនចាប់បង្ខំញាត់ចំណេះដឹង ឬច្បាស់លាស់ខ្លាំងជ្រុលពេក រហូតដល់កូនសម្លាញ់គ្មានពេលវេលាសម្រាក ឬបានលេងសប្បាយនោះឡើយ។
    • ជ្រើសរើសរបស់លេងឱ្យស័ក្តិសមទៅតាមវ័យរបស់ក្មេង។ អនិញ្ញាតឱ្យក្មេងៗបានលេងសប្បាយ ទោះជាប្រឡាក់ប្រឡូសខ្លះក៏ដោយ ដូចជា លេងនៅក្នុងកន្លែងក្មេងលេង លេងដីខ្សាច់ ឬលេងដីឥដ្ឋ ជាដើម។

    AQ ៈ ភាពឆ្លាតវៃក្នុងការប្រឈមនឹងបញ្ហា និងពុះពារឧបសគ្គ

    ជីវិតពិតជាមិនមែនងាយស្រួលនោះទេ មិនថាអ្នកណាក៏ដោយ ក៏ត្រូវតែជួបនឹងបញ្ហា និងឧបសគ្គជានិច្ច។ ឪពុកម្ដាយមិនអាចនៅឃុំគ្រងការពារក្មេងៗបានរហូតនោះទេ តែការបណ្ដុះ AQ (Adversity Quotient) ដែលល្អ នឹងក្លាយជាអាវុធសំខាន់ដែលធ្វើឱ្យពួកគេធំធាត់ឡើងបានយ៉ាងរឹងមាំ។

    វិធីជំរុញ AQ ដល់កូនសម្លាញ់

    • ឱ្យក្មេងៗបានហ្វឹកហាត់ប្រឈមបញ្ហាដោយខ្លួនឯង ដោយមានឪពុកម្ដាយនៅចាំមើល និងចាំជួយពីចម្ងាយ។
    • ឱ្យក្មេងៗបានធ្វើកិច្ចការងារជាមួយមិត្តភក្តិ ដើម្បីរៀនយល់ដឹងពីសម្របខ្លួនពេលជួបនឹងបញ្ហា ឬឧបសគ្គ។
    • នៅចាំផ្ដល់កម្លាំងចិត្ត ពេលកូនភ្លាត់ភ្លាំង មិនបន្ទោសបន្ថែម ឬការពារកូនខ្លាំងជ្រុលពេក។
    • បង្ហាត់ឱ្យកូនភាពឧស្សាហ៍ សង្វាត និងព្យាយាមធ្វើរឿងអ្វីមួយដោយការតាំងចិត្តរហូតទាល់តែសម្រេច មិនបោះបង់ចោលដោយងាយៗ។

    SQ ៈ ភាពឆ្លាតវៃក្នុងការចូលសង្គម

    មិនអាចបដិសេធបានឡើយថា ការចេះសម្របសម្រួលខ្លួនឱ្យចូលជាមួយសង្គម និងមនុស្សជុំវិញខ្លួននេះ គឺជារឿងសំខាន់ក្នុងការរស់នៅរបស់មនុស្សយើង ព្រោះតឱ្យពូកែប៉ុនណា ឆ្លាតប៉ុនណា តែបើវិវឌ្ឍនាការផ្នែកសង្គមមិនល្អ នោះច្បាស់ជាបរាជ័យក្នុងជីវិតមិនខាន ដូច្នេះហើយទើបក្មេងៗត្រូវមាន SQ (Social Quotient) ឬភាពឆ្លាតវៃក្នុងការចូលសង្គមដែលល្អ ដើម្បីឱ្យកូនចេះសម្របសម្រួលខ្លួនចូលជាមួយសង្គមបានហ្នឹងឯង។

    វិធីជំរុញ SQ ដល់កូនសម្លាញ់

    • សម្រាប់ក្មេងតូចៗ លោកឪពុកអ្នកម្ដាយត្រូវតែតបស្នងតម្រូវការរបស់ក្មេងៗយ៉ាងស័ក្តិសម ដើម្បីឱ្យកូនមានអារម្មណ៍ជឿទុកចិត្ត មានសុវត្ថិភាព មានអារម្មណ៍ថាបានទទួលសេចក្ដីស្រឡាញ់ និងមើលឃើញគុណតម្លៃរបស់ខ្លួនឯង។
    • នៅលើក្មេងវ័យ 1ខួបឡើងទៅដែលចាប់ផ្ដើមមានវិវឌ្ឍនាការផ្នែកសង្គមហើយនោះ ឪពុកម្ដាយអាចបង្ហាត់ឱ្យកូនចេះសង្កេតមើលអ្នកដទៃ បង្រៀនឱ្យយល់ដឹងពីភាពខុសប្លែក ស្គាល់ពីសិទ្ធិរបស់ខ្លួនឯង និងផ្ដល់កិត្តិយសដល់អ្នកដទៃ ដូចជា របស់ដែលត្រូវលេងរួមគ្នា ត្រូវតែចែកគ្នាលេង ត្រូវថែរក្សារបស់សួនរួម ជាដើម។
    • បង្រៀនឱ្យកូនស្គាល់ការរង់ចាំ អត់ធន់ អត់ទ្រាំ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន។
    • បង្រៀនឱ្យកូនចេះចែករំលែក ស្គាល់វិធីចងមិត្តជាមួយអ្នកដទៃ។
    • មើលថែទាំកូនឱ្យមានសុខភាពល្អ ឫកពារល្អ កិរិយាមាយាទល្អ ដើម្បីឱ្យកូនងាយបានទទួលការទទួលស្គាល់ក្នុងសង្គម។

    ភាពឆ្លាតវៃទាំង 7ផ្នែកនេះ គឺជារឿងដែលឪពុកម្ដាយគួរចាប់ផ្ដើមបណ្ដុះដល់កូនតាំងពីនៅតូចៗ ដោយចាប់ផ្ដើមពីការផ្ដល់អារម្មណ៍ដែលស្ថិតស្ថេរ សុវត្ថិភាព សេចក្ដីស្រឡាញ់ និងធ្វើឱ្យគេមើលឃើញគុណតម្លៃរបស់ខ្លួនឯង មុននឹងអភិវឌ្ឍឡើងជាបណ្ដើរៗទៅតាមវ័យ។ សាកល្បងធ្វើតាមពាក្យណែនាំដែលឡារ៉ែនរួបរួមមកជូនក្នុងថ្ងៃនេះលមើល ដើម្បីកូនតូចធំធាត់ឡើង រឹងមាំ និងមានសេចក្ដីសុខ៕