Author: ធឿន មករា

  • Huawei ចេញលក់កុំព្យូ័រលើតុ ដំបូងបង្អស់ តម្លៃចាប់ពី 760ដុល្លារ ដល់ 1,370ដុល្លារ

    Huawei ចេញលក់កុំព្យូ័រលើតុ ដំបូងបង្អស់ តម្លៃចាប់ពី 760ដុល្លារ ដល់ 1,370ដុល្លារ

    កុំព្យូទ័រ​លើ​តុ ឬ Desktop របស់​ក្រុមហ៊ុន Huawei ត្រូវបាន​គេ​ប្រទះឃើញ​ដាក់លក់ លើ​ទីផ្សារ​ប្រទេស​ចិន កាលពី​សប្ដាហ៍​មុន។ កុំព្យូទ័រ​ស៊េរី​ដំបូង​នោះ មាន​ឈ្មោះថា MateStation B515។ គេ​សង្ឃឹមថា វា​នឹងមិន​ប្រើប្រាស់ CPU របស់ Huawei ទេ តែ​ផ្ទុយទៅវិញ វា​បាន​បំពាក់ CPU 2ជម្រើស ដូចជា Ryzen 5 និង Ryzen 7 របស់​ក្រុមហ៊ុន AMD ទៅវិញ។ សម្រាប់​តម្លៃ​របស់​វា មាន​លក់​តែ​នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ឥឡូវនេះ គឺ​តម្លៃ 4,999យន់ និង 8,999យន់ ឬ​ប្រមាណ 760ដុល្លារ ដល់ 1,370ដុល្លារ។

    អ្វីដែល​ពិសេស​នោះ គឺថា Huawei បានដាក់​លក់​វា ជា​កញ្ចប់​តែម្ដង ពោលគឺ​មាន​ទាំង​ម៉ូនីទ័រ, ក្តារ​ចុច ក៏ដូចជា Mouse ផងដែរ។ សម្រាប់​កុំព្យូទ័រ MateStation B515 នេះ មានប្រើ​ប្រាស់ CPU ចំនួន 2ជម្រើស ដូច​បានបញ្ជាក់​នៅ​ខាងលើ​ស្រាប់ ដោយ 1ជា​ជម្រើស Ryzen 5 4600G និង 1ទៀត​គឺ Ryzen 7 4700G ចំណែកឯ​ជម្រើស RAM វិញ វា​ក៏មាន 2 ជម្រើស​ដែរ ដូចជា 8GB និង 16GB ជាមួយ​អង្គ​ផ្ទុក ទំហំ 256GB ឬ 512GB ប្រភេទ SSD និង​មាន 1TB ទៀត ជា​ប្រភេទ SATA HDD ទៀតផង។

    សម្រាប់​ផត ដែលមាន​បំពាក់​មកជា​មួយ ក៏មាន​ច្រើន​ដែរ ជាក់ស្ដែង​មាន USB-C, USB-A, រន្ធ​ដោត​កាស, រន្ធ HDMI, រន្ធ VGA ក៏ដូចជា​មាន​រន្ធ Ethernet ជាដើម។សម្រាប់​ម៉ូនីទ័រ​របស់​វា​វិញ គឺមាន​ទំហំ 23.8 អ៊ី​ញ ជា​ប្រភេទ IPS Panel ដែលមាន​កម្រិត​បង្ហាញ 1,920 X 1,080 ភិ​ច​សែ​ល, កម្រិត​សមាមាត្រ​អេក្រង់ 16:9 និង​មាន​កម្រិត Contrast Ratio 1,000:1។

    Huawei អះអាងថា ម៉ូនីទ័រ​របស់ខ្លួន មាន​អេក្រង់​លាត​ពេញ​ផ្ទៃមុខ ដល់​ទៅ 90%ឯណោះ ខណៈពេលដែល​ជាក់ស្ដែង​វិញ យើង​ឃើញថា វា​លាត​កប់​ពីលើ​គែម តែ​ខាងលើ និង​ខាង​កៀន​ប៉ុណ្ណោះ ចំណែកឯ​ខាងក្រោម​វិញ គឺមាន​នៅសល់​គែម​ធំ​គ្រាន់បើ​ដែរ។

    ចំពោះ​ក្តារ​ចុច​របស់​វា​វិញ គឺជា​ប្រភេទ​ក្តារ​ចុច​ឥត​ខ្សែ ដែលមាន​ភ្ជាប់​មកជា​មួយ នូវ​សេន​ស័​រ​ស្គែ​ន​ស្នាម​ម្រាមដៃ​ទៀតផង និង​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ក្តារ​ចុច​នោះ ក៏មាន​បំពាក់ NFC មក​ស្រាប់​ដែរ ដើម្បីឱ្យ​អ្នកប្រើប្រាស់ អាចធ្វើ​ការភ្ជាប់​កុំព្យូទ័រ​នោះ ទៅកាន់​ទូរស័ព្ទ​ឆ្លាត ក៏ដូចជា​ថេ​ប្លេ​ត របស់ Huawei បាន ដូចដែល​ធ្លាប់មាន​លើ Laptop របស់គេ​ដែរ។

    MateStation B515 ក៏មាន​ដំណើរការ​ជាមួយនឹង Window 10 Pro មក​ស្រាប់​តែម្ដង ប៉ុន្តែ​សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​ការ​ដាក់លក់​វិញ ប្រភពព័ត៌មាន​បានបញ្ជាក់​ប្រាប់ថា Huawei នឹង​ដាក់លក់​កុំព្យូទ័រ​លើ​តុ​នេះ សម្រាប់តែ​ផ្នែក​ខាង​ជំនួញ នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ហើយ​គេ​មិនបាន​បញ្ជាក់​ឡើយ​ថា តើ​វា​នឹងមាន​លក់​សម្រាប់​អតិថិជន​ទូទៅ ឬមួយ​ក៏​អត់​ទេនោះ​ឡើយ៕

  • ចិន នឹងក្លាយជាប្រទេសទី3 បើជោគជ័យក្នុងការបាញ់បង្ហោះ យានអវកាសទៅយកសំណាកថ្ម ពីស្ថានព្រះចន្ទ មកផែនដី

    ចិន នឹងក្លាយជាប្រទេសទី3 បើជោគជ័យក្នុងការបាញ់បង្ហោះ យានអវកាសទៅយកសំណាកថ្ម ពីស្ថានព្រះចន្ទ មកផែនដី

    ចិន បាន​បញ្ចេញ​បេសកកម្ម​ថ្មី​មួយទៀត ដោយបាន បាញ់​បង្ហោះ​យានអវកាស ទៅ​ពិភព​ស្ថាន​ព្រះ​ចន្ទ​ដើម្បី​ប្រមូលយក​ដុំថ្ម និង​សំណាក​គំរូ​នានា ពី​ផ្ទៃដី​លើ​ពិភព​នោះ មក​ផែនដី កាលពី​ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ។ បើ​បានសម្រេច​នោះ ចិន នឹង​ក្លាយជា​ប្រទេស​ទី3 បន្ទាប់ពី​អាមេរិក និង​អតីត​សហភាពសូវៀត ដែល​បាន​យក​ដុំថ្ម ពី​ស្ថាន​ព្រះ​ចន្ទ មកកាន់​ផែនដី​បានសម្រេច។

    យានអវកាស​នេះ​មានឈ្មោះ Chang’e 5(ឆាង​អ៊ើ៥) ត្រូវបាន​បាញ់​បង្ហោះ​តាមរយៈ​គ្រាប់​រ៉ុក្កែត Long March-5Y ចេញពី​ទីតាំង Wenchang ក្នុង​ខេត្ត​ហៃ​ណាន់។

    ចិន នឹងដាក់​យានអវកាស​នេះ ឱ្យ​ចុះចត​លើ​ផ្ទៃដី​ភព​ព្រះ​ចន្ទ ត្រង់ចំណុច​មួយ ហៅថា Oceanus Procellarum ដោយ​ប្រមូល​វត្ថុ​ធាតុ​ពី​ភព​ស្ថាន​ព្រះ​ចន្ទ តាមរយៈ​ការ​ខួង​ដី​ជម្រៅ 7ហ្វី​ត ពោលគឺ នឹង​យក​ថ្ម និង​ស្រទាប់ដី ប្រហែល 2គីឡូក្រាម មកកាន់​ផែនដី។ គំរូ​ដែល​យក​ពី​ភព​ស្ថាន​ព្រះ​ចន្ទ​នេះ នឹង​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ យល់ដឹង​កាន់តែ​ស៊ីជម្រៅ អំពី​ប្រភព​កកើត​ដំបូង​នៃ​ភព​ស្ថាន​ព្រះ​ចន្ទ និង​ប្រព័ន្ធ​ព្រះអាទិត្យ៕

  • Samsung អាច​ប្រមូល​លុយ​ចំណេញ បាន​ច្រើនសន្ធឹក លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន ក្នុង​ត្រីមាស​ទី3 នៃ​ឆ្នាំ 2020

    Samsung អាច​ប្រមូល​លុយ​ចំណេញ បាន​ច្រើនសន្ធឹក លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន ក្នុង​ត្រីមាស​ទី3 នៃ​ឆ្នាំ 2020

    បើតាម​ការចុះផ្សាយ​រប​ស់ Strategy Analytics បានឱ្យដឹងថា ក្រុមហ៊ុន​កូរ៉េខាងត្បូង Samsungអាច​យកឈ្នះ​លើ​ចំនួន​លក់​របស់ Apple នៅ​អាមេរិក និង​ថែមទាំង អាច​ផ្ដួល Xiaomi ដណ្ដើមយក​តំណែង​កំពូល​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​ឥណ្ឌា បាន​ទៀតផង។

    Samsung អាច​ទទួលបាន​ប្រាក់ចំណេញ ពី​ការលក់​ស្មា​ត​ហ្វូ​ន​លើ​សកលលោក ក្នុង​កម្រិត​មួយ​ខ្ពស់បំផុត ដែល​មិន​ធ្លាប់មាន ជាច្រើន​ឆ្នាំ​មកហើយ។ Samsung អាច​ប្រមូលបាន​ប្រាក់ចំណេញ ពី​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដល់​ទៅ 32.6% នៅ​ត្រីមាស​ទី3 នៃ​ឆ្នាំ2020  កើនឡើង​ពី​តួលេខ 18.8% កាលពី​ត្រីមាស​ដូចគ្នា ក្នុង​ឆ្នាំ2019។ វា​ជា​ចំណែក​ប្រាក់ចំណេញ​ខ្ពស់បំផុត​មួយ ដែល​មិន​ធ្លាប់មាន ក្នុង​រយៈពេល 6ឆ្នាំ ដែល​កាលពី​ត្រីមាស​ទី2  ឆ្នាំ2014 ក្រុមហ៊ុន​ធ្លាប់​ប្រមូល​ប្រាក់ចំណេញ បាន​ខ្ពស់​ដល់​ទៅ 37.9% ពី​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ទាំងមូល៕

  • ទង្វើមិនល្អ 5យ៉ាងប៉ះពាល់ដល់សុខភាព ដែលបុរសជាច្រើនអាចមិនទាន់ដឹង…

    ទង្វើមិនល្អ 5យ៉ាងប៉ះពាល់ដល់សុខភាព ដែលបុរសជាច្រើនអាចមិនទាន់ដឹង…

    មនុស្សជាច្រើនដែលស្រឡាញ់សុខភាព និងមើលថែទាំខ្លួនឯងជាប់ជានិច្ចនោះ អាចគិតថា បើបានហាត់​ប្រាណជាប្រចាំរៀងរាល់ថ្ងៃ​ និងជ្រើសរើសទទួលទានតែអាហារដែលមានប្រយោជន៍ ប្រហែលជាមានសុខភាពល្អ​មិនខាន។ មេរោគផ្សេង​ៗដែលជាមូលហេតុធំរបស់ជំងឺទាំងឡាយ ច្បាស់ជាគ្មានផ្លូវអាចធ្វើអ្វីរូបគេបានឡើយ។

    តែការពិតទៅ ទង្វើមួយចំនួនដែលយើងនាំគ្នាធ្វើជាប្រក្រតីរៀងរាល់ថ្ងៃ​នេះឯង ដែលជាតួឯកសំខាន់អាចធ្វើ​ឱ្យសុខភាពរបស់យើងរងការប៉ះពាល់ និងធ្លាក់ចុះដុនដាបយ៉ាប់យ៉ឺននោះ។ ថ្ងៃនេះទស្សនាវដ្តី ឡា រ៉ែន បានទៅស្រាវជ្រាវរករឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយ​ចំនួន​​ដែល​ពាក់​ព័ន្ធនឹងទង្វើប្រចាំថ្ងៃ​ មកជម្រាបជូនមិត្តអ្នកអានដែលជាសុភាពបុរសឱ្យបានជ្រាបដូចខាងក្រោម…។

    1.ប្រើសាប៊ូជេលលាងសម្អាតដៃញឹកញាប់ជ្រុលពេក

    បើអ្នក គឺជាមនុស្សម្នាក់ដែលស្ថិតក្នុងប្រភេទដែលត្រូវតែលាងដៃ ឬប្រើក្រដាសអនាម័យជូតសម្អាតដៃ​យ៉ាងហ្មត់ចត់រៀងរាល់ក្រោយពេលចាប់ឃីបតកុំព្យូទ័រ ចាប់បង្កាន់ដៃជណ្តើរ ចាប់ដៃទ្វារបន្ទប់បង្គន់ហើយ ប្រភេទមិនទុកឱកាសឱ្យមេរោគ​កខ្វក់ណាមកតោងជាប់ដៃបានយូរនោះ វាគឺជារឿងល្អមួយហើយដែលអ្នកស្រឡាញ់ភាពស្អាតបាតមានអនាម័យបែបនោះ តែការពិត​វិញ សាប៊ូជេល និងក្រដាសជូតដៃប្រភេទសើមនេះហើយដែលជាមេក្លោងធ្វើឱ្យស្បែករបស់អ្នកទៅជាស្ងួតខ្លាំងនោះ ព្រោះឧបករណ៍លាងសម្អាតដៃទាំងអស់នោះ មានចំណែកផ្សំរបស់ត្រៃខ្លូសាន (Triclosan) ជាសារធាតុមួយមានគុណសម្បត្តិក្នុងការ​​ទប់ស្កាត់មេរោគបាក់តេរីរួមជាមួយដែរ ដោយស្បែកនឹងបឺតយកសារធាតុនេះចូលទៅបានយ៉ាងងាយស្រួល ហើយលទ្ធផលដែលតាមមក គឺស្បែកនឹងឡើងស្ងួតក្រៀមហ្នឹងឯង។ វិធីដែលល្អបំផុត គឺចូលបន្ទប់ទឹកលាងសម្អាតដៃជាមួយនឹងសាប៊ូ និងទឹកស្អាតធម្មតាប្រសើជាង។

    2.ញ៉ាំទឹកបរិសុទ្ធទាំងដប(មិនដែលចាក់ចូលកែវញ៉ាំ)

    យើងជឿថា បុរសភាគច្រើនសុទ្ធតែជ្រើសរើសញ៉ាំទឹកដោយវិធីនេះទាំងអស់ ព្រោះវាងាយស្រួល រហ័ស ហើយថែមទាំងមិនបាច់ខាតពេលលាងសម្អាតកែវទៀតផង តែអ្នកដឹងទេថា កម្មវិធីផលិតទឹកពិសានៅក្នុងដបប្លាស្ទិកផ្សេងៗនេះធ្វើឱ្យសារធាតុរ៉ែសំខាន់ៗនៅក្នុងទឹកបាត់បង់អស់ ហើយវានឹងចូលទៅរាំងស្ទះប្រព័ន្ធការធ្វើការងារក្នុងផ្នែកសាងកម្លាំងថាមពល និងប្រព័ន្ធការជួសជុលសាច់ដុំឱ្យធ្វើការមិនបានពេញសមត្ថភាពទៀតផង។

    3.ឈប់ហាត់ប្រាណបែបការ៍ឌីយោ ហើយបែរទៅហាត់ប្រាណលើកទម្ងន់វិញ

    អ្នកណាដែលប្រាប់ថា វិធីហាត់ប្រាណបែបការ៍ឌិយោ មិនបានជួយបញ្ចុះទម្ងន់ស្មើនឹងការបញ្ចេញកម្លាំង​លើកទម្ងន់(ដុំដែក)នោះ ប្រហែលជាត្រូវគិតឡើងវិញជាថ្មីហើយ ព្រោះទោះជាការលើកទម្ងន់វាជួយផ្លាស់ប្តូរដុំខ្លាញ់ជ្រាយៗឱ្យក្លាយទៅ​ជា​​សាច់ដុំបានមែន តែបើមិនធ្វើលំហាត់ប្រាណបែបការ៍ឌិយោរួមជាមួយផងទេនោះ លទ្ធផលដែលទទួលបាន ប្រហែលជា​មិនសូវមើលឃើញច្បាស់លាស់ប៉ុន្មានទេ។ ដូច្នេះចូរសាកល្បងបែងចែកពេលវេលាមករត់ មកហែលទឹក ឬក៏ធាក់កង់រួមជាមួយផង ធានា​ថា ទម្ងន់ខ្លួនដែលលើសនោះ នឹងរលាយបាត់ជាសន្សឹមៗនៅទីបំផុត។

    4.ដុសសម្អាតធ្មេញភ្លាមៗក្រោយពេលបាយរួច

    មនុស្សភាគច្រើន ច្រើនតែធ្វើតាមការណែនាំក្នុងរឿងការសម្អាតធ្មេញថា ត្រូវតែដុសសម្អាតធ្មេញ 2ដង គឺពេលព្រឹក និងមុនចូលគេងរៀងរាល់ថ្ងៃ​ ក្នុងខណ:ដែលអ្នកខ្លះខ្លាចធុំក្លឹនមាត់ ឬខ្លាចមានកម្ទេចអាហារនៅជាប់តាមជើងធ្មេញ​នោះ ក៏សម្រេចចិត្តដុសសម្អាតធ្មេញ​ និងមាត់ភ្លាមៗតែម្តងក្រោយពេលញ៉ាំបាយហើយរួចរាល់។ តែអ្នកដឹងទេថា ទង្វើនេះ វាហុចនូវផលអាក្រក់ដល់សុខភាពធ្មេញរបស់អ្នកលើសមុនទៅទៀត ដោយសារតែអាស៊ីតខ្លាញ់ដែលនៅសេសសល់ជាប់នៅលើធ្មេញ និងក្នុងប្រអប់មាត់ 0វានឹងទៅបំផ្លាញស្រទាប់ស្រោបខាងក្រៅរបស់ធ្មេញ ហើយបើសិនជាធ្វើបែបនោះញឹកញាប់ទៅ ស្រទាប់ក្រៅរបស់ធ្មេញនឹងត្រូវ​បំផ្លាញ​​​​​ជានិរន្តរ៍បានយ៉ាងងាយ ក្រៅពីនេះនៅមានអាការស្រៀវធ្មេញតាមមកទៀតផង។ តែបើសិនជាទ្រាំមិនបាន ចង់តែដុសសម្អាតធ្មេញមែននោះ ឡារ៉ែនសុំណែនាំឱ្យរង់ចាំយ៉ាងតិចណាស់ 1ម៉ោងក្រោយ សឹមធ្វើការដុសសម្អាតធ្មេញចុះ។

    5.ពាក់ស្បែកជើងផ្ទាត់ដើរពេញ 1ថ្ងៃ

    សូមទទួលស្គាល់ថា ស្បែកជើងផ្ទាត់ គឺជាស្បែកជើងដែលពាក់ស្រួល និងសប្បាយស្រួលជើងជាទីបំផុត តែមាននរ​ណាដឹងខ្លះទេថា ការពាក់ស្បែកជើងផ្ទាត់ចេញពីផ្ទះ ដើរទៅនេះ ដើរទៅនោះពេញ 1ថ្ងៃនោះ​ បែរជាហុចផលអាក្រក់ដល់សុខភាពជើង​យ៉ាងខ្លាំងទៅវិញ(ជាពិសេសបរិវេណបាតជើង) ដូច្នេះបើសិនជាអាចទៅរួច ឡារ៉ែនចង់ណែនាំឱ្យងាកទៅពាក់ស្បែកជើងបែបផ្សេងខ្លះ ដូចជាស្បែកជើងបាតា ជាដើម ទោះជាវាមិនសូវសប្បាយជើងដូចស្បែកជើងផ្ទាត់មែន តែយ៉ាងហោចណាស់ក៏វាមិនបំផ្លាញសុខភាពជើងខ្លាំងពេក​ដែរ៕

  • អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    ស្រ្តីដែលកំពុងមានគភ៌ តែងជួបនឹងអាការហើមតាមរាងកាយ រហូតធ្វើឱ្យមានការព្រួយកង្វល់ថា តើវាអាចនឹងមានផលប៉ះពាល់អ្វីដល់រាងកាយខ្លួនឯង និងកូននៅក្នុងផ្ទៃដែរឬទេ? ថ្ងៃនេះឡា រ៉ែនមានចម្លើយចំពោះចម្ងល់នេះមកជម្រាបជូន។

    អាការហើម ឬមានអារម្មណ៍ថា ខ្លួនឯងប៉ោងធំជាងមុនក្នុងអំឡុងពេលមានគភ៌នេះ គឺជាប្រតិកម្មខាងធម្មជាតិដែលមាន​ចំពោះ​បរិមាណរបស់វត្ថុរាវក្នុងរាងកាយដែលកើនឡើង ដែលស្ត្រីមានគភ៌ត្រូវទទួលបន្ទុកនេះទៅគ្រប់ទីកន្លែង។ ស្ត្រីមានគភ៌ភាគច្រើននឹងមាន​អារម្មណ៍ថា ហើមនៅម្តុំុំកជើង និងប្រអប់ជើងបើសិនជាត្រូវឈរក្នុងរយៈពេលយូរ ស្ត្រីខ្លះមានអារម្មណ៍ដឹងថាចិញ្ចៀនដែលពាក់នៅនឹងម្រាមដៃ កាន់តែតឹងណែនឡើង ឬផ្ទៃមុខក៏ហើមឡើងដែរ ជាដើម។

    អាការហើមដែលចេះតែកើនឡើងជារឿយៗក្នុងអំឡុងពេលថ្ងៃ​ និងកាន់តែហើមខ្លាំងឡើងនៅពេលល្ងាចនេះ ​ច្រើនតែកើត​ចេញពីការធ្វើកិច្ចការងារផ្សេងៗក្នុង 1ថ្ងៃៗរបស់ស្ត្រីមានគភ៌ ឬមកពីសភាពធាតុអាកាសដែលក្តៅហប់។ ទោះជាអាការហើមតាមរាង​កាយនេះអាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថា ទើសទែងមែន តែជាទូទៅវិញ អាការហើមក្នុងអំឡុងពេលមានគភ៌ដែលប្រាសចាកអាការជ្រៀតជ្រែកផ្សេងៗទៀតនោះ មិនមែនជារឿងគួរឱ្យព្រួយបារម្ភ ឬកង្វល់ និងគ្មានគ្រោះថ្នាក់អ្វីដល់ខ្លួនឯង និងកូនក្នុងគភ៌ឡើយ តែបើសិនជាហើមខ្លាំងជ្រុលពេក ជួនកាលអាចកើតឡើងដោយសារតែសម្ពាធឈាមខ្ពស់ឡើង ដូច្នេះត្រូវឧស្សាហ៍សង្កេតមើលអាការ និងទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬមន្ទីរសម្ភព បើសិនជាស្ត្រីមានគភ៌មានអារម្មណ៍ព្រួយបារម្ភ។

    វិធីកាត់បន្ថយអាការហើមតាមរាងកាយក្នុងអំឡុងពេលមានគភ៌

    • ការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព អាចជួយកាត់បន្ថយអាការហើមឱ្យស្រកចុះទៅវិញបាន។ គេជឿថា មើមខ្ទឹម​ស មើមខ្ទឹមក្រហមស្រស់ៗ និងផ្លែប៉ោមមានប្រសិទ្ធភាពល្អពិសេស និងគួរចៀសវាងអាហារដែលមានរសជាតិប្រៃ ដែលអាចធ្វើ​ឱ្យស្ត្រីមានគភ៌ខ្វះជាតិទឹកបាន។
    • ព្យាយាមហាត់ប្រាណឱ្យបានជាប់ជានិច្ច ជាពិសេស ការហាត់ប្រាណដោយការដើរ។
    • ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក្នុង 1ថ្ងៃយ៉ាងតិចពី 6 – 8កែវ ឬព្យាយាមទទួលទានបន្លែ ឬផ្លែឈើណាដែលមានជាតិទឹកច្រើន ព្រោះបើស្ត្រីមានគភ៌ញ៉ាំទឹកមិនបានគ្រប់គ្រាន់នឹងតម្រូវការទេនោះ រាងកាយអាចនឹងខំប្រឹងស្ទាក់ទឹកទុកនៅក្នុង​រាងកាយកាន់តែច្រើនឡើង ដែលនឹងធ្វើឱ្យខ្លួនប្រាណកាន់តែហើមខ្លាំងឡើងហ្នឹងឯង។
    • រកពេលវេលាសម្រាកឱ្យបានច្រើននៅពេលថ្ងៃ ពេលណាក៏ដោយឱ្យតែមានឱកាស ដោយកល់ជើងដាក់ឱ្យខ្ពស់ជាងចង្កេះ។
    • ចៀសវាងពីការឈរក្នុងរយៈពេលយូរ។
    • ការធ្វើម៉ាស្សាបែបបន្ធូរអារម្មណ៍ ក៏អាចកាត់បន្ថយអាការហើមបានដែរ។
    • គួរគេងផ្អៀងខាងឆ្វេងដើម្បីចៀសពីការទម្លាក់ទម្ងន់ខ្លួនទៅសង្កត់សរសៃឈាមខ្មៅធំដែលមានឈ្មោះថា វេណាខាវ៉ា(Ve​na​​cava)​៕
  • ទម្លាប់ និងនិស្ស័យល្អៗ 6យ៉ាងដែលធ្វើឱ្យមនុស្សអាយុវែង…តើអ្នកមានគ្រប់ចំណុចដែរឬទេ?

    ទម្លាប់ និងនិស្ស័យល្អៗ 6យ៉ាងដែលធ្វើឱ្យមនុស្សអាយុវែង…តើអ្នកមានគ្រប់ចំណុចដែរឬទេ?

    ពេលណាបានឮថា មានលោកតា លោកយាយណាម្នាក់មានអាយុវែងជាង 100ឆ្នាំ សារព័ត៌មាននានាបាននាំគ្នាទៅ​សម្ភាស និងសួរនាំអំពីវិធីការមើលថែទាំខ្លួនរបស់គាត់ នេះគឺដោយសារតែមនុស្សយើងគ្រប់គ្នាសុទ្ធតែចង់មានជីវិតរស់នៅលើពិភពលោកនេះឱ្យបានយូរបំផុតតាមដែលអាចយូរបានហ្នឹងឯង តែក្រៅពីការមើលថែទាំសុខភាពរាងកាយរបស់ខ្លួនឯងឱ្យនៅល្អហើយនោះ លទ្ធផលនៃការស្រាវជ្រាវវិភាគមួយបានបញ្ជាក់ប្រាប់ថា ទម្លាប់ និងទង្វើរបស់ខ្លួនយើងផ្ទាល់ក៏មានចំណែកធ្វើឱ្យយើងមានអាយុវែងបានដែរ និងថែមទាំងជួយឱ្យយើងមានជីវិតរស់នៅសុខសប្បាយនៅពេលចាស់ទៀតផង។ ចំណែកឯសំណួរដែលថា តើទម្លាប់ ទង្វើ និងលក្ខណៈនិស្ស័យដែលធ្វើឱ្យមនុស្សយើងមានអាយុវែងនោះ មានអ្វីខ្លះ? សូមតាមដានដូចតទៅ៖

    1.មានសតិស្មារតី ភាពម៉ឺងម៉ាត់ហ្មត់ចត់ និងភាពប្រយ័ត្នប្រយែង

    នៅឆ្នាំ2012 សៀវភៅ The Longevity Project បានធ្វើការស្រាវជ្រាវពិនិត្យនៅលើមនុស្សដែលមានអាយុ​លើស​​ 80​​​ឆ្នាំ ហើយបានរកឃើញថា អ្នកដែលមានលក្ខណៈ​និស្ស័យម៉ឺងម៉ាត់ហ្មត់ចត់ល្អិតល្អន់ រស់នៅប្រកបដោយសតិបញ្ញានឹងមាន​អាយុ​​​កាន់តែ​វែង​ឡើង។ អ្នកស្រាវជ្រាវបានចង្អុល​បង្ហាញតទៀតថា បុគ្គលភាព និងលក្ខណៈនិស្ស័យកាលពីវ័យ​កុមារអាច​ប្រាប់ពីអំឡុងពេលនៃជីវិតរបស់មនុស្សយើងបាន។ មនុស្សដែលស្ថិតនៅក្នុងវ័យកំលោះ ក្រមុំម្នាក់ណាដែលរស់នៅយ៉ាង​មានសតិ​ស្មារតី មានភាពម៉ឺងម៉ាត់ហ្មត់ចត់ និងមានភាពទទួលខុសត្រូវលើខ្លួនឯង ច្រើនតែមានអាយុវែងជាងគេបំផុត នេះគឺដោយសារតែមនុស្សដែលមានចរិតលក្ខណៈនិស្ស័យបែបនេះចេះមើលថែទាំជីវិតខ្លួនឯងបានយ៉ាងល្អ និងចេះចៀសគេចពីភាពប្រថុយប្រថានក្នុងជីវិតទៀតផង។

    2.អារម្មណ៍ល្អ និងងាយសើចសប្បាយ

    អ្នកស្រាវជ្រាវពីមហាវិទ្យាល័យ យេស៊ីវ៉ា បានធ្វើការពិសោធលើរឿងការមានអាយុវែងនេះ ដោយបានតាម​ដាន​​​សង្កេតមើលទង្វើ និងទម្លាប់របស់ក្រុមមនុស្សចាស់ៗ ហើយបានរកឃើញថា មនុស្សវ័យចំណាស់ភាគច្រើន ច្រើនតែមានអារម្មណ៍ល្អ និង​ជា​​​មនុស្សដែលងាយអស់សំណើច ហើយអ្នកដែលមានអាយុលើស 100​ឆ្នាំជាង 230នាក់ក៏មាននិស្ស័យឆាប់អស់សំណើចបែប​នេះដូចគ្នាដែរ ដែលរឿងនេះធ្វើឱ្យគេល្មមអាចវាយតម្លៃបានថា អាការងាយញញឹម និងងាយសើចនេះ គឺជាគុណសម្បត្តិលេចធ្លោមួយ​​ដែល​​​ឆ្លុះបញ្ចាំងឱ្យឃើញពីទស្ស​នគតិដ៏ល្អរបស់បុគ្គលម្នាក់នោះ ហើយការរស់នៅប្រកបដោយទស្សនគតិដែលល្អនេះ នឹងធ្វើឱ្យ​អារម្មណ៍ ​​​និងផ្លូវចិត្តភ្លឺថ្លាស្រឡះ ដែលវានឹងទៅពាក់ព័ន្ធជាមួយនឹងសុខភាពក្នុងចំណុចល្អៗជាច្រើនទៀតផង។

    3.មានទំនាក់ទំនង និងអំណោយទានល្អ

    លទ្ធផលនៃការវិភាគស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី PloS Medicine កាលពីឆ្នាំ 2010 បានបង្ហាញឱ្យឃើញថា ក្រុមមនុស្សដែលមានទំនាក់ទំនងល្អ និងមានអំណោយទានល្អ អាចមានអាយុវែងឡើងរហូតដល់ 50% ដោយអត្ថបទនោះបានអធិប្បាយទៀតថា ការចងសម្ព័ន្ធភាពរវាងបុគ្គល មិនមែនមានផលប្រយោជន៍តែខាងផ្នែកផ្លូវចិត្តរបស់យើងប៉ុណ្ណោះទេ តែនៅមានផលប្រយោជន៍ល្អៗខាងផ្នែកសុខភាពរាងកាយទៀតផង ព្រោះការបានចេញទៅនៅក្នុងសង្គមដែលសម្បូរបែប នឹងធ្វើឱ្យយើងទទួលបានទស្សនៈថ្មីៗ បានដឹងពីព័ត៌មាន និងសារៈសំខាន់ផ្សេងៗ និងថែមទាំងបានរួម​ផ្លាស់​​ប្តូរ​​​​អារម្មណ៍រវាងគ្នាទៅវិញទៅមកទៀតផង។

    4.សម្លឹងមើលអ្វីៗជុំវិញខ្លួនក្នុងន័យវិជ្ជមាន

    មនុស្សដែលមានលក្ខណៈនិស្ស័យសម្លឹងអ្វីៗជុំវិញខ្លួនក្នុងន័យល្អ ក៏មានសញ្ញាថានឹងមានអាយុវែងដូចគ្នា​ដែរ ដោយអ្នកវិភាគទាំងនោះបានធ្វើការអធិប្បាយគាំទ្រលទ្ធផលនៃការវិភាគរបស់ខ្លួនថា បុគ្គលភាព និងលក្ខណៈនិស្ស័យសម្លឹងអ្វីៗជុំវិញខ្លួនក្នុងន័យល្អនេះ នឹងធ្វើឱ្យយើងមានទស្សនគតិបែបវិជ្ជមាន ហុចផលឱ្យផ្លូវចិត្ត និងសុខភាពរាងកាយបានទទួល​ប្រយោជន៍ល្អផងដែរ។

    5.មានសេចក្តីសុខជាប់ជានិច្ច

    គេនិយាយថា មនុស្សដែលមានសេចក្តីសុខជាប់ជានិច្ច ផ្លូវចិត្តក៏នឹងភ្លឺថ្លាដែរនោះ គឺជារឿងពិត…មនុស្សអាយុ​ច្រើនដែល​មាន​​សេចក្តីសុខជាប់ជានិច្ច មានអត្រានៃការស្លាប់ថយចុះ 35% ឬមានអាយុវែងថែមឡើងទៀត 5ឆ្នាំ។ អ្នកវិភាគស្រាវជ្រាវបានវាយតម្លៃលើមនុស្សអាយុច្រើនជាង 3,000នាក់ ដោយបានធ្វើការសង្កេតអត្រាសេចក្តីសុខរបស់ពួកគេរហូតពេញ 1ថ្ងៃ​ និង​ទន្ទឹងរង់ចាំ និងសង្កេតមើលលទ្ធផលនៃការវិភាគ 5ឆ្នាំតមកទៀត ទីបំផុតលទ្ធផលនៃការវិភាគនោះបានធ្វើឱ្យពួកគេនឹកស្ងើចក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែសេចក្តីសុខអាចធ្វើឱ្យមនុស្សចាស់កាន់តែមានអាយុវែងឡើងបានពិតប្រាកដមែន សូម្បីតែអ្នកដែលកំពុងមានជំងឺរ៉ាំរ៉ៃ ក៏​នៅអាចប្រគងជីវិតខ្លួនបានឱ្យរស់បាន 5ឆ្នាំទៀតដែរ។

    6.ចូលចិត្តចូលរួមក្នុងសង្គម

    នៅឆ្នាំ2009 លទ្ធផលនៃការស្រាវជ្រាវមួយត្រូវបានផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីមនុស្សចាស់របស់សហរដ្ឋអាមេរិក ដែលបានរាយការណ៍ថា អ្នកដែលមានអាយុវែងលើស 100ឆ្នាំ ដែលភាគច្រើន ច្រើនតែមានទង្វើចូលចិត្តចូលរួមក្នុងសង្គម មាន​អត្រា​​ប្រថុយនឹងការកើតរោគសរសៃប្រសាទតិចបំផុត និងមានភាពស្ថិតស្ថេររឹងមាំខាងអារម្មណ៍ខ្ពស់ ធ្វើឱ្យចេះចាត់ការនឹងសភាវធុញថប់តានតឹងបានល្អជាងអ្នកដែលចូលចិត្តតែសម្ងំខ្លួនមិនចូលចិត្តចេញទៅក្រៅ៕

  • “Beauty and the Beast” ទីតាំងថ្មីពី Tokyo Disneyland ប្រកាសថ្ងៃបើកទទួលភ្ញៀវទេសចរហើយ!

    “Beauty and the Beast” ទីតាំងថ្មីពី Tokyo Disneyland ប្រកាសថ្ងៃបើកទទួលភ្ញៀវទេសចរហើយ!

    បន្ទាប់ពីមានដំណឹងលេចឮមួយរយៈមកថា សួនកម្សាន្ត តូក្យូ ឌីស្នីលែនដ៍ មានផែនការចង់ជប់និម្មិតទីតាំងថ្មីចេញពីខ្សែភាពយន្តគំនូរជីវចលរឿង “Beauty and the Beast” ឬជាភាសាខ្មែរថា “ទេពអប្សរ និងព្រះអង្គម្ចាស់សត្វកំណាច” រួចមក ថ្ងៃនេះប្រទេសជប៉ុនក៏បានប្រកាសថ្ងៃបើកបម្រើសេវាកម្មសួនកម្សាន្តមួយនេះហើយ ដោយប្រើឈ្មោះថា “New Fantasyland” ដែលត្រៀមរួចរាល់ក្នុងការទទួលភ្ញៀវទេសចរនៅថ្ងៃទី15 ខែមេសា ឆ្នាំ2020 ដែលជាថ្ងៃគម្រប់ខួប 37ឆ្នាំរបស់សួនកម្សាន្ត តូក្យូ ឌីស្នីលែនដ៍ ទៀតផង។

    “New Fantasyland” គឺជាផ្នែកតពង្រីកពីទីតាំង Fantasyland ដោយសាងសង់ឡើងតាមរចនាបទរបស់ខ្សែភាពយន្តគំនូរជីវចលដ៏ល្បីល្បាញរឿង“Beauty and the Beast” ដោយទឹកប្រាក់វិនិយោគច្រើនដល់ទៅ 75,000យេន។ នៅក្នុងទីតាំងនោះ នឹងមានភូមិអ្នកស្រុកតូចមួយដែល “ប៊ែលល៍” រស់នៅ ផ្លូវចូលខាងមុខភូមិមានខ្ទមរបស់ “ម៉ូរីស” ដែលជាចំណុចចុចយកសំបុត្រចូលកម្សាន្ត(Fast Pass)។ ខាងក្នុងភូមិមានរង្វង់មូលបាញ់ទឹក “ហ្គេស្តង់” ភោជនីយដ្ឋាន និងហាងលក់ទំនិញផ្សេងៗតាំងនៅជាប់ៗគ្នាជាច្រើន។ ជ្រៅចូលទៅក្នុងព្រៃនឹងឃើញមានប្រាសាទរបស់ព្រះអង្គម្ចាស់សត្វកំណាច ដែលជាគ្រឿងលេង “ទេពអប្សរ និងព្រះអង្គម្ចាស់សត្វកំណាច (រឿងនិទាននៃវេទមន្ត)” ជាគ្រឿងលេងដែលភ្ញៀវទេសចរគ្រប់គ្នាអាចព្រលែងការនឹកស្រមៃ និងហោះហើរទៅតាមឈុតឆាកផ្សេងៗនៃរឿងនិទានបានយ៉ាងសប្បាយរីករាយ។

    ក្រៅពីនេះ នៅក្នុងព្រៃថែមទាំងមានរោងល្ខោន “Fantasyland Forest Theater” ដែលអាចហៅបានថា ជារោងល្ខោនដំបូងគេនៅក្នុងសួនកម្សាន្ត តូក្យូ ឌីស្នីលែនដ៍ មួយនេះ។ ភ្ញៀវទេសចរ និងអ្នកនិយមចូលចិត្តនឹងបានសប្បាយជក់ចិត្តជាមួយនឹងការសម្ដែងផ្សេងៗពីតួឯកទាំងអស់របស់ផលិតកម្ម វ៉ល ឌីស្នី ដូចជា មិកគី ម៉ៅស៍ និងមិត្តភក្តិទាំងឡាយរបស់គេផងដែរ។

    ក្រៅពីទីតាំងថ្មីដូចជា ទេពអប្សរ និងព្រះអង្គសត្វកំណាច ហើយ នៅក្នុងផ្នែកនៃទីតាំង Tomorrowland នៅបានបន្ថែមឧបករណ៍លេងកម្សាន្ត “Baymax Happy Ride” ថែមទាំងនៅក្នុងផ្នែករបស់ទីតាំង Toontown នៅបានបន្ថែម Minnie Style Studio” ជាស្ទូឌីយោដែលភ្ញៀវទេសចរទាំងអស់អាចចូលទៅស្វាគមន៍ និងថតរូបជាមួយនឹងតួឯកល្បី ដូចជា មីននី បានយ៉ាងជិតស្និទ្ធបំផុតទៀតផង។

    ទីកន្លែងមួយចំនួនដែលកសាងហើយនោះ បានបើកឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ចូលទៅទស្សនាកម្សាន្តបាន តែក្នុងផ្នែករបស់តួអគារផ្សេងៗទៀត នឹងបើកឱ្យទស្សនាក្នុងអំឡុងពេល Grand Opening ដូចដែលបានរៀបរាប់រួចហើយខាងលើ។

    អាចនិយាយបានថា គ្រប់គ្រឿងរឿងទេសចរណ៍កម្សាន្តមែនទែន ហើយរឹតតែប្រកាសបើកទីតាំងថ្មី និងថ្ងៃគម្រប់ខួបកំណើតក្នុងថ្ងៃតែមួយទៀតផងនោះ ប្រហែលជានឹងធ្វើឱ្យសួនកម្សាន្តមួយនេះមើលទៅរឹតតែអ៊ឹកធឹកគគ្រឹកគគ្រេងខ្លាំងឡើងមិនខាន៕

  • រថយន្ត Ford Territory បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

    រថយន្ត Ford Territory បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

    កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ​ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការនាំចូលនូវរថយន្ត SUV ប្រភេទថ្មីមួយទៀតនោះគឺ រថយន្ត​ Ford Territory 2021 ដែលរថយន្តនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។

    រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានទទួលការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព​ និងបច្ចេកវិទ្យាថ្មីៗរហូតដល់ទៅជាង 2 ឆ្នាំឯណោះទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។

    រថយន្ត Ford Territory 2021 នេះត្រូវបានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលមានដូចជា៖

    • ម៉ាស៊ីន Ecoboost 1.5L ជំនាន់ថ្មី ទំហំស៊ីឡាំង 4 ប្រភេទសំាង ដែលអាចផលិតនូវកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M
    • ប្រអប់លេខ 8វគ្គអូតូជំនាន់ថ្មី ដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ (Continuously Variable Transmission with Sport Mode)
    • កុងទ័រឌីជីថល 10 អ៊ីង ដែលអាចប្តូររូបរាងបាន 3 ជម្រើស (10-Inch Fully Digital Display with 3 Selectable Themes)
    • អេក្រង់ផ្នែកកណ្តាល Touch Screen 10 អ៊ីងសម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (10” Touch Screen)
    • កាមេរ៉ាសុវត្ថិភាព360 ដឺក្រេអាចមើលបានជុំវិញរថយន្ត (High Definition 360 Degree Camera)
    • សេនស័រជំនួយចូលចតមុខ ក្រោយចំនួន 12គ្រាប់ (12 Sensors)
    • អាចធ្វើការភ្ជាប់ផ្ទាល់ជាមួយ Apple CarPlay, Android Auto ​និង Google Map
    • ពោងសុវត្ថិភាពចំនួន 06 (6 Air Bags)
    • បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Smart Key)
    • ប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging)
    • ចង្កៀងមុខ ក្រោយជាប្រភេទLED (LED Headlamps)
    • ចង្កៀងមុខបិទ/បើកដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារប្រព័ន្ធភ្លើងសុវត្ថិភាព (Auto On/Off Headlamps with Follow Me Home Feature)
    • ដំបូលកញ្ចក់ធំអាចបិទ/បើកបាន(Panoramic Moonroof)
    • Speaker ចំនួន 8 (8 Speakers)
    • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)
    • ប្រព័ន្ធកំណត់ល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយឈប់ និងទៅមុខដោយស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go)
    • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
    • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិដែលអាចចូលចតបែបអក្សរP និងបែបអក្សរT (Enhanced Active Park Assist)
    • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងសងខាងរថយន្ត (Blind Spot Information System)
    • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិលនិង បញ្ជៀសការក្រឡាប់ (Electronic Stability Control)
    • ប្រព័ន្ធទប់រថយន្តកុំអោយរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
    • ប្រព័ន្ធវាស់សម្ពាធកង់ (Tire Pressure Monitoring System)
    • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិក (Electronic Parking Brake System)
    • ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ (Automatic Temperature Control)

    កាន់តែពិសេសលោកអ្នកអាចទិញនូវរថយន្ត Ford Territory 2021 ជាមួយនឹងតម្លៃពិសេសត្រឹមតែ $49,900 តែប៉ុណ្ណោះ ហើយការផ្តល់ជូនពិសេសនេះមានសុពលភាពមុនថ្ងៃសម្ពោធជាផ្លូវការនៃរថយន្តនេះតែប៉ុណ្ណោះ ដូច្នេះសូមលោកអ្នកប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូនមានកំណត់។ រថយន្ត Ford Territory 2021 ត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

    • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង 023 214 214
    • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង 023 890 880
    • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង 078 990 800 | 087 990 800
    • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង 063 766 661។
  • តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    ក្រោយពីរៀបការរួចហើយ គូស្នេហ៍ជាច្រើនគូអាចកំពុងតែនឹកស្រមៃដល់ផែនការការធ្ចើដំណើរទេសចរណ៍ទៅទីឆ្ងាយៗ ផែនការទិញផ្ទះ កែសម្រួលគេហដ្ឋាន ឬសន្សំលុយទិញឡានថ្មីជាដើម តែ ស្រាប់តែមកដឹងខ្លួនថា ខែនេះអ្នកកំពុងតែជិតក្លាយខ្លួនជាអ្នកម្តាយថ្មីម្នាក់ទៅវិញ នោះគឺការមានគភ៌ដោយមិនបានតាំងចិត្ត ដែលវាអាចកើតឡើងដោយសារការពន្យារកំណើតខុសឆ្គង។ ទាំងអស់នេះ វាអាចធ្វើឱ្យគូស្វាមីភរិយា​​ខ្លះ​ស្រាប់តែកើតមានសភាវតានតឹងក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ឬមិនដឹងជារៀបចំខ្លួនយ៉ាងណាជាមួយនឹង​ការជិត​មាន​សមាជិក​ថ្មីម្នាក់​នៅក្នុងផ្ទះ។

    ថ្ងៃនេះឡា រ៉ែនមានដំបូន្មានល្អៗអំពីរឿងនេះមកជម្រាបជូនដូចខាងក្រោម៖

    តាំងស្មារតី

    អាចមិនមែនជារឿងងាយប៉ុន្មានឡើយក្នុងការរៀបចំផ្លូវចិត្តដើម្បីទទួលយកការប្រែប្រួលដ៏ធំធេងលើកនេះ ដូច្នេះអ្វីដែលល្អបំផុត​គឺ សូមកុំភ្ញាក់ផ្អើល ឬភិតភ័យអ្វីខ្លាំងជ្រុលពេក។ អាចនឹងសុំឈប់សម្រាកពីការងារ 1ថ្ងៃ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចក្នុង​ផ្នែកផ្សេងៗ ដែលទោះជាជួនកាលអាចមើលឃើញថា មិនទាន់ពេញលេញល្អប៉ុន្មានក្ដី ទាំងរឿងប្រាក់ចំណូល ពេលវេលា ឬលក្ខណៈ​​ការងារក៏ដោយ តែគួរសម្លឹងមើលក្នុងន័យវិជ្ជមានជាមុនសិន ព្រោះជួនកាលការមានសមាជិកថ្មីនៅក្នុងផ្ទះ អាចជាអ្វីមួយដែលក្រុមគ្រួសាររបស់អ្នកប្រាថ្នាចង់បានស្រាប់ទៅហើយ គ្រាន់តែបន្ថយពេលវេលាឱ្យឆាប់ជាងមុន និងពិភាក្សាគ្នាដើម្បីកែសម្រួលផែនការជីវិតជាថ្មីប៉ុណ្ណោះ ដូច្នេះចូរនាំគ្នាគិតម្តង 1ចំណុចៗ ជឿថា អ្វីៗគ្រប់យ៉ាងនឹងមិនមែនជារឿងពិបាកឡើយ។

    ប្រឹក្សាជាមួយមនុស្សចាស់ និងអ្នកជិតដិត

    កុំសន្សំទុកភាពតានតឹងនៅក្នុងខ្លួនតែម្នាក់ឯង បើមានអារម្មណ៍ថាខ្លាចក្នុងការបង្ហើបប្រាប់ទៅមិត្តរួមការងារ សាច់ញាតិ ឬមនុស្ស​ក្នុងគ្រួសារ ក្នុងករណីដែលអ្នកមិនធ្លាប់ប្រាប់ពួកគេពីមុនមកថា មានផែនការចង់បានបុត្រនោះ ចូរគិតជាប់ជានិច្ចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលជានិច្ច ហើយមនុស្សដែលសំខាន់បំផុតគឺ ខ្លួនអ្នកហ្នឹងឯង។ បើការមានគភ៌ គឺជាដំណឹងល្អរបស់អ្នក ចូរព្យា​យាមរកពេលវេលាល្អៗប្រាប់ទៅអ្នកដទៃ និងជឿថា គ្រប់គ្នានឹងច្បាស់ជាសប្បាយចិត្តដែរមិនខាន បើខ្លួនអ្នកមានសេចក្តីសុខ រួចហើយ​ចូរកុំភ្លេចសុំពាក្យណែនាំ ឬដំបូន្មានល្អៗពីមនុស្សចាស់ដែលធ្លាប់មានបទពិសោធពីមុនផង។

    ទៅពិនិត្យរាងកាយភ្លាម

    នេះគឺជារឿងទី1 ដែលត្រូវតែធ្វើ បន្ទាប់ពីដឹងខ្លួនថាមានគភ៌ ដែលវាមានភាពសំខាន់ខ្លាំងណាស់ចំពោះការសម្រេចចិត្តថាតើអ្នកមានភាពត្រៀមខ្លួនជាស្រេចសម្រាប់ការមានគភ៌នេះឬទេ? ជាពិសេសភាពត្រៀមជាស្រេចរបស់រាងកាយ ដែលកម្មវិធីការពិនិត្យនោះ នឹងមានទាំងការពិនិត្យឈាម ពិនិត្យរកមើលរោគប្រចាំកាយ និងផ្សេងៗទៀត ដើម្បីគ្រូពេទ្យបានផ្តល់នូវពាក្យណែនាំដែលល្អៗបំផុតសម្រាប់ការមើលថែទាំគភ៌របស់អ្នកម្តាយ។

    ទៅពិនិត្យគភ៌ក្នុងអំឡុង 2 – 3 ខែ

    ការពិនិត្យគភ៌ មិនត្រឹមតែនឹងធ្វើឱ្យអ្នកដឹងពីការប្រែប្រួលរបស់គភ៌ប៉ុណ្ណោះទេ​ តែនៅបានដឹងពីពាក្យណែនាំក្នុងការថែទាំគភ៌ ការថែទាំខ្លួនរបស់ស្ត្រីក្នុងអំឡុងពេលមានគភ៌រហូតដល់ពេលប្រសូត្រ។ ការកែបញ្ហាសភាវជ្រៀតជ្រែកផ្សេង​​​ៗ និងបានទទួល​ការ​ពិនិត្យ​គភ៌ជាដំណាក់​កាលយ៉ាងជាប់លាប់ទៀតផង។ ក្នុងករណីដែលកូននៅក្នុងផ្ទៃមានភាពខុសប្រក្រតីណាមួយ ក៏នឹង​អាចជួយកែ​បញ្ហា​បានទាន់ពេលវេលា។

    រៀបចំតារាងពេលវេលារង់ចាំទទួលកូនសម្លាញ់

    កត់ជាកំណត់ហេតុទុកនូវគ្រប់រឿងរ៉ាវដែលកើតឡើង និងសាកល្បងគិតទៅដល់ 9ខែខាងមុខទៀត ដើម្បីរាប់ពេលវេលាថយក្រោយថា ក្នុងខែនីមួយៗ ក្នុងអំឡុងពេលនីមួយៗ តើអ្នកត្រូវត្រៀមអ្វីខ្លះ ដើម្បីផ្តល់ពេលវេលាមួយរយៈសម្រាប់ការត្រៀមខ្លួនជាស្រេច។ ឡារ៉ែនជឿថា ទំរាំតែដល់ថ្ងៃនោះ អ្នកនឹងមានភាពត្រៀមខ្លួនជាស្រេច និងមានសេចក្តីសុខសម្រាប់ការប្រសូតសមាជិកតូចមួយចេញមក ដោយគ្មានអ្វីមួយរញ៉េរញ៉ៃ ឬតក់ក្រហល់ឡើយ៕

  • លេបថ្នាំពន្យារកំណើតពេលមានគភ៌ តើប្រថុយនឹងគ្រោះថ្នាក់ប៉ុនណា?

    លេបថ្នាំពន្យារកំណើតពេលមានគភ៌ តើប្រថុយនឹងគ្រោះថ្នាក់ប៉ុនណា?

    ការមានផ្ទៃពោះ ឬការតាំងគភ៌ គឺជារឿងដែលគួរឱ្យរីករាយសោមនស្សខ្លាំងណាស់…តែសម្រាប់មនុស្សមួយចំនួនដែលលេបថ្នាំពន្យារកំណើតមករហូត តែបែរជាមានផ្ទៃពោះវិញនោះ អាចក្លាយជារឿងដែលត្រូវនឹកព្រួយកង្វល់ក្នុងចិត្តយ៉ាងខ្លាំង ព្រោះទម្រាំតែដឹងថាខ្លួនឯងមានផ្ទៃពោះ អាយុគភ៌ក៏ឈានចូល 1ខែ ឬ 2ខែបាត់ទៅហើយ ហើយអា 1ខែ 2ខែដែលថាហ្នឹង សាមីខ្លួនក៏លេបថ្នាំពន្យារកំណើតមករហូតទៀត…តើកូននឹងកើតអ្វីដែរឬទេ? មានផលប៉ះពាល់ធ្ងន់ធ្ងរដែរឬទេ?

    យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា…

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ តើកូននឹងពិការដែរឬទេ?

    ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះនេះ នៅមិនទាន់មានការអះអាងពីរបាយការណ៍ណាមួយថា នឹងធ្វើឱ្យទារកក្នុងផ្ទៃពិការឬយ៉ាងណានៅឡើយទេ តែបើសិនជាដឹងខ្លួនថា មានគភ៌ហើយ គួរបញ្ឈប់ការលេបថ្នាំពន្យារកំណើតភ្លាមតែម្ដង។

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ នឹងធ្វើឱ្យរលូតកូនមែនឬ?

    ថ្នាំពន្យារកំណើតជាថ្នាំដែលធ្វើឱ្យស្បូនមានរំអិល(ស្លែ)ច្រើនឡើង ជញ្ជាំងស្បូនមានភាពស្ដើង រារាំងបង្អាក់ការបំផ្លាស់ទីរបស់មេជីវិតដែលនឹងហែលចូលទៅរកស៊ុតញី ហើយបើសិនជាហែលចូលទៅចាប់បដិសន្ធិជាមួយស៊ុតញីបានក៏ដោយ តែក៏មិនអាចបង្កប់ខ្លួននៅនឹងស្បូនបានដែរ ព្រោះស្បូនមានជញ្ជាំងដែលស្ដើង ហើយបើសិនច្រឡំលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ ឬមានផ្ទៃពោះទៅហើយក្ដី ក៏គ្មានផលប៉ះពាល់ដល់កូនតូចដែរ មិនធ្វើឱ្យរលូតកូនដូចដែលគេនិយាយនោះទេចា៎ស…។

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ នឹងធ្វើឱ្យប្រសូតបុត្រមុនកំណត់មែនឬ?

    តាមរយៈការសិក្សាស្រាវជ្រាវមួយចំនួនបានអះអាងថា ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ អាចប្រថុយប្រថាននឹងការប្រសូតបុត្រមុនកំណត់ ឬទារកកើតមកមានទម្ងន់ខ្លួនតិច-ល- តែនៅមិនទាន់មានភ័ស្តុតាងដែលបញ្ជាក់ច្បាស់ប្រាកដនៅឡើយទេ។ ខាងគ្រូពេទ្យតែងតែប្រាប់ជានិច្ចថា បើដឹងថា ខ្លួនមានគភ៌ហើយ គួរបញ្ឈប់ការលេបថ្នាំពន្យារកំណើតភ្លាម។

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ ប្រថុយនឹងការមានកូនក្រៅស្បូនមែនឬ?

    ចំណុចនេះសូមឆ្លើយថា មែន!…ព្រោះមានរបាយការណ៍អំពីការលេបថ្នាំពន្យារកំណើតប្រភេទអ័រម៉ូនតែឯង និងថ្នាំពន្យារកំណើតបន្ទាន់ថា បើសិនលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ អាចបង្កើនឱកាសធ្វើឱ្យកើតការមានគភ៌កូនក្រៅស្បូនបាន។

    ប្រហែលជាបាត់ឆ្ងល់ បាត់សង្ស័យ និងលែងមានការព្រួយកង្វល់ហើយមែនទេ?…ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ មិនមែនជារឿងគួរឱ្យភ័យខ្លាចដូចការគិតនោះទេ ប៉ុន្តែដើម្បីក្ដីសប្បាយចិត្តរបស់ស្ត្រីមានគភ៌ខ្លួនឯង និងដើម្បីសុខភាពរបស់កូនក្នុងផ្ទៃ បើសង្ស័យថា ខ្លួនឯងប្រហែលជាតាំងគភ៌ ឬដឹងថាកំពុងតែតាំងគភ៌ហើយនោះ ត្រូវប្រញាប់បោះថ្នាំពន្យារកំណើតចោលទៅ ហើយងាកមកថែបំប៉នសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃដោយភោជនាហារ អាហារការហូបចុកដែលល្អ និងគ្រប់គ្រាន់សម្បូរបែបវិញប្រសើរជាង ណាចា៎ស៕