Author: ធឿន មករា

  • និយមន័យរបស់ពាក្យថា “គូព្រេង” សម័យថ្មីនេះ ការពិតទៅ គឺបែបណាហ្ន៎?

    និយមន័យរបស់ពាក្យថា “គូព្រេង” សម័យថ្មីនេះ ការពិតទៅ គឺបែបណាហ្ន៎?

    ក្នុងយុគសម័យដ៏ទំនើបនាពេលបច្ចុប្បន្ននេះ និយមន័យរបស់ពាក្យថាគូព្រេងរបស់អ្នកអាចនឹងធំទូលាយខ្លាំងណាស់ ឧទាហរណ៍ដូចជា មនុស្សដែលអ្នកកំពុងមានសម្ព័ន្ធភាពយ៉ាងស៊ីជម្រៅជាមួយ មនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត និងរីកធំឡើង ជាមនុស្សដែលល្អបំផុត ជាពិសេសបើអ្នកកំពុងមានឧបសគ្គផ្សេងៗដ៏ច្រើនចូលមកក្នុងជីវិតផងនោះ តែខណៈពេលជាមួយគ្នា ខាងក្រោមនេះ គឺនិយមន័យរបស់ពាក្យថា “គូព្រេង” របស់បណ្ដាអ្នកជំនាញខាងផ្នែកសម្ព័ន្ធភាពមនុស្សនឹងមនុស្ស។

    សាម៉ុនថា រ៉ុដមែន អ្នកចិត្តវិទ្យា

    គូព្រេង គឺមនុស្សដែលអ្នកអាចតភ្ជាប់ទំនាក់ទំនងបានយ៉ាងងាយស្រួល និងភ្លាមៗ តែក៏មិនមែនមានន័យថា មិនចាំបាច់ប្រើការព្យាយាមអ្វីសោះនោះដែរ… “នាងខ្ញុំជឿលើរឿងគូព្រេង នៅពេលអ្នកជួបនរណាម្នាក់ដែលគិតថាត្រូវចិត្ត និងមានអារម្មណ៍ថាមានសេចក្ដីសុខខ្លាំង វាអាចថាជាអារម្មណ៍របស់គូព្រេងក៏បាន តែយ៉ាងណាក៏ដោយមានមនុស្សជាច្រើននៅលើពិភពលោកនេះដែលអាចនឹងត្រូវចិត្តសម្រាប់អ្នក នៅពេលបានជួបគ្នា។ ការពិតគឺ មិនថាអ្នកនឹងមានសេចក្ដីសុខខ្លាំងប៉ុនណា ឬមនុស្សម្នាក់នោះចូលចុះជាមួយអ្នកបានខ្លាំងប៉ុនណានោះទេ តែអ្នកត្រូវតែប្រយ័ត្នប្រយែងទង្វើរបស់ខ្លួនឯង និងកុំបង្ខំចិត្តគេជាដាច់ខាត”

    មិឆេល វ៉ៃនើរ-ដេវីស អ្នកនិពន្ធរឿង Divorce Busting

    ផ្នត់គំនិតរឿងគូព្រេង អាចនឹងធ្វើឱ្យមនុស្សយើងនឹករំពឹងទុកបែបខុសៗពាក់ព័ន្ធនឹងស្នេហា…“មនុស្សយើងនឹងព្រមលះបង់សម័្ពន្ធភាពដទៃទៀតដើម្បីតាមរកមនុស្ស “ដែលពួកគេចង់រស់នៅជាមួយ” ដែលនេះគឺជាការនឹកស្រមើស្រមៃម្យ៉ាង។ អ្នកអាចសម្លឹងរកមើលមនុស្សថ្មីៗបានជាប់ជានិច្ច តែនៅពេលពេលវេលាកន្លងទៅ អ្នកក៏ត្រូវតែត្រឡប់ទៅរាប់ពីលេខ1 មកជាថ្មី ដើម្បីរៀនយល់ដឹងក្នុងការធ្វើឱ្យសេចក្ដីស្នេហាគង់វង្សយូរអង្វែងដដែល”

    សាស្ត្រាចារ្យ ឡូរី ស៊ូ ប្រ៊ក់វេយ៍ អ្នកនិពន្ធរឿង Your Interfaith Wedding

    គូព្រេង គឺជាមនុស្សដែលរស់នៅជាមួយគ្នា បើទោះជាមានឧបសគ្គ ឬក្ដីទុក្ខលំបាកដែលត្រូវប្រឈមក៏ដោយ…“ជាគំនិតផ្ទាល់ខ្លួន ខ្ញុំជឿលើរឿងគូព្រេង…គូអាពាហ៍ពិពាហ៍ភាគច្រើនអាចឈានរំលងរឿងការរើសអើងជាតិសាសន៍ វប្បធម៌ និងសាសនាបាន ពួកគេដឹងថា ពួកគេគួរតែរស់នៅជាមួយគ្នា។ សម្ព័ន្ធភាពរបស់ពួកគេស៊ីជម្រៅខ្លាំង ទោះជាមកពីពិភពដែលខុសប្លែកគ្នាក្ដី”

    “គូព្រេងថែមទាំងត្រូវជម្រះបំណុល និងណាត់ជួបគ្រូពេទ្យរួមគ្នាទៀតផង។ ពួកគេត្រូវចិញ្ចឹមកូន និងជួបនឹងភាពរញ៉េរញ៉ៃផ្សេងៗក្នុងជីវិត រួមទាំងធំធាត់រហូតដល់ចាស់ទៅជាមួយគ្នា ព្រោះពួកគេមានខ្សែសម្ព័ន្ធដែលកាត់ចេញពីគ្នាមិនបាន”

    ចេសស៍ ខាន អ្នកអប់រំ និងជាអគ្គនាយកអង្គការ The Gender & Sexuality Therapy Collectiv

    គូព្រេង គឺនិមិត្តសញ្ញានៃសេចក្ដីសង្ឃឹមថា មនុស្សម្នាក់នឹងស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ ទោះជាអ្នកមានរឿងមិនល្អ និងចំណុចអន់ក៏ដោយ… “ខ្ញុំមើលឃើញថា គូព្រេង គឺជានិមិត្តសញ្ញានៃក្ដីសង្ឃឹម ការចងភ្ជាប់សម្ព័ន្ធ និងការមើលថែ ដែលមនុស្សយើងប្រាថ្នា និងត្រូវការ…យើងនឹង “ត្រូវចិត្ត” មនុស្សដែលគួរនឹងតភ្ជាប់សម្ព័ន្ធភាពឱ្យសម្រេចបាន។ គូព្រេងនឹងសាងបន្ថែមក្ដីសង្ឃឹម និងក្ដីប្រាថ្នាក្នុងការក្លាយជាគូស្នេហ៍ និងប្រគល់ឱ្យនូវការយល់ចិត្ត ព្រមជាមួយអារម្មណ៍ដ៏មានតម្លៃ ទោះជាយើងមានចំណុចមិនល្អក៏ដោយ”

    អេរិកា ឃែបលែន អ្នកប្រឹក្សាបញ្ហារើសគូស្រករនៃស្ថាប័ន Three Days Rule

    “ពាក្យថា គូព្រេង អាចឱ្យនូវអារម្មណ៍ថាដូចការរៀបចំផែនការបន្តិចដែរ តែក៏ជាផ្នត់គំនិតដែលស្រស់ស្អាត និងជាលេសក្នុងការបដិសេធសម្ព័ន្ធភាពដែលមិន “ល្អឥតខ្ចោះ” បាន ដោយសារតែសព្វថ្ងៃនេះ វិវឌ្ឍនភាពធ្វើឱ្យយើងគិតថា មានជម្រើសដែលល្អជាងជានិច្ចហ្នឹងឯង ដូច្នេះហើយទើបផ្នត់គំនិតរឿងគូព្រេងក្លាយជាបច្ច័យដែលមានកម្រិតដែលធ្វើឱ្យពួកគេគិតថា ពួកគេនឹងបានអ្វីគ្រប់យ៉ាងពីមនុស្សម្នាក់ទៀត”

    “ការពិតគឺ មនុស្សដែលត្រូវចិត្តសម្រាប់អ្នក នឹងជាមនុស្សឥតខ្ចោះដែលមិនឥតខ្ចោះ ខ្ញុំជឿថា មនុស្សយើងអាចមានគូព្រេងបានច្រើននាក់ សុំត្រឹមតែមានការយល់ចិត្តដូចគ្នា ក៏គ្រប់គ្រាន់ហើយ”

    ធីណា ថេសស៊ីណា អ្នកចិត្តវិទ្យា និងជាអ្នកនិពន្ធរឿង Dr. Romance’s Guide to Finding Love Today

    ជួនកាលមនុស្សយើងក៏យល់ខុសរវាងភាពរំភើបញាប់ញ័រពេលមានស្នេហាថ្មី ជាមួយនឹងអារម្មណ៍ដែលបានចងសម្ព័ន្ធជាមួយគូព្រេង… “មនុស្សភាគច្រើនគិតថា សារធាតុគីមីដែលនៅក្នុងខ្នួនមនុស្សយើងត្រូវគ្នា គឺជាស្នេហាពិត ចំណែកសារធាតុគីមីដែលមិនត្រូវគ្នា មិនមែនសេចក្ដីស្នេហាទេ តែយើងមិនដឹងថា បែបណាគឺបែបណាឱ្យប្រាកដទេ។ ញឹកញាប់ណាស់ដែលអ្នកភ្លាត់ភ្លាំង គ្រាន់តែដោយសារបណ្ដោយឱ្យសារធាតុគីមីនាំផ្លូវទៅដោយមិនរិះគិតឱ្យបានល្អិតល្អន់ ផ្ទុយទៅវិញសម្ព័ន្ធភាពអស់មួយជីវិត ក៏អាចចាប់ផ្ដើមបានដោយគ្មានរឿងសារធាតុគីមីចូលមកពាក់ព័ន្ធដែរ”

    “បើអ្នករវល់តែ Fucus ថា ខ្លួនឯងរំភើប ឬមិនរំភើបជាមួយមនុស្សម្នាក់នោះខ្លាំងជ្រុលពេក អ្នកក៏អាចអស់ឱកាសក្នុងការអភិវឌ្ឍសម្ព័ន្ធភាពដែលថានោះតទៅទៀតបានដែរ”

    ហួន អូលមីដូ អ្នកចិត្តវិទ្យា

    ការចងសម្ព័ន្ធជាមួយគូព្រេង គឺការតាមរកមនុស្សដែលមើលឃើញអ្នក និងស្រឡាញ់អ្នកក្នុងបែបដែលជារូបអ្នកពិតៗ… “អ្នកគួរដឹងថា “ចិត្តគំនិត” គឺការចែករំលែកខ្លួនឯងជាមួយមនុស្សម្នាក់ទៀត ដែលរួមទាំង “រូបកាយដែលពិតប្រាកដ និងល្អបំផុតរបស់អ្នក” ផងដែរ។ ឧទាហរណ៍ដូចជា អ្វីដែលអ្នកត្រូវការពីមនុស្សម្ខាងទៀតគឺ គុណសម្បត្តិផ្សេងៗ ដូចជាចងសម្ព័ន្ធភាព សុវត្ថិភាព និងការជឿចិត្តជាដើម”៕

  • កែនិស្ស័យកូនចូលចិត្តប្រកែក…

    កែនិស្ស័យកូនចូលចិត្តប្រកែក…

    ខាងក្រោមនេះ គឺជាសំណួររបស់អ្នកម្តាយម្នាក់ដែលកំពុងតែព្រួយបារម្ភអំពីនិស្ស័យមិនល្អរបស់កូនប្រុស ដែលបានសួរទៅអ្នកជំនាញខាងចិត្តវិទ្យាកុមារ ព្រោះតែខ្លាចវាក្លាយទៅជាទម្លាប់អាក្រក់នៅពេលដែលគេធំឡើង នាពេលអនាគត។ សូមប្រីយមិត្តអ្នកអាន ជាពិសេសមាតា-បិតា និងអាណាព្យាបាលដែលមានកូនតូចទាំងឡាយ តាមដាន និងយកធ្វើជាចំណេះដឹងក្នុងការមើលថែទាំ និងអប់រំកូនៗដូចតទៅ ៖

    ខាងក្រោមនេះគឺជាបញ្ហា និងសំណួរដែលអ្នកម្ដាយរបស់កូនប្រុសអាយុ 4ឆ្នាំម្នាក់បានសួរទៅគ្រូពេទ្យជំនាញ…

    «-នាងខ្ញុំសុំការណែនាំអំពីវិធីកែនិស្ស័យកូនដែលចូលចិត្តប្រកែក និងរឹងឌឺ ព្រោះនាងខ្ញុំខ្លាចកូនធ្លាប់ខ្លួន យកនិស្ស័យមិនល្អនេះទៅប្រើនៅឯសាលារៀន។

    សំណួរ : កូនប្រុសនាងខ្ញុំ អាយុ 4ឆ្នាំហើយ ជាក្មេងប៉ឹនសម្ដីណាស់(ពូកែនិយាយ) តែចូលចិត្តលួចរឹង និងឌឺស្ងាត់ៗ។ ពេលប្រាប់គេឱ្យទៅធ្វើអ្វីមួយ គេចូលចិត្តតែប្រកែកជានិច្ច។ នាងខ្ញុំខ្លាចពេលចូលសាលារៀនហើយ ខ្លាចគេទៅប្រកែកជាមួយអ្នកគ្រូ និងមិត្តភ័ក្តិ និងខ្លាចក្រែងគេចូលមិនចុះជាមួយអ្នកឯទៀត។ សួរថា តើនាងខ្ញុំត្រូវកែសម្រួល ឬកែនិស្ស័យនេះយ៉ាងណាស្រួលទៅ?

    ពីអ្នកម្តាយ អូន ប៊យ / នៅភ្នំពេញ»

    ចម្លើយ : ក្មេងប៉ឹនសម្ដី គឺជាមនុស្សដែលមានមន្តស្នេហ៍ មនុស្សចាស់ដែលបាននិយាយលេងជាមួយកុមារបែបនេះ នឹងកើតមានអារម្មណ៍ស្រឡាញ់ និងអាណិត ជាពិសេសសម្រាប់មនុស្សចាស់ បើមានកូនចៅប៉ឹនសម្ដី ចេះនិយាយ​លេងនៅជាមួយផងនោះ នឹងមានសេចក្តីសុខខ្លាំងណាស់។ រឿងប៉ឹនសម្ដីនេះ ភាគច្រើន ជាលក្ខណ:ចរិតរបស់ក្មេងស្រីច្រើនជាងក្មេងប្រុស តែក៏មិនមែនជារឿងប្លែកអ្វីដែរ ដែលក្មេងប្រុសខ្លះមាននិស្ស័យប៉ឹនសម្ដីបែបនោះ ព្រោះមួយចំណែកនៃការក្លាយ​ជាក្មេងប៉ឹនសម្ដីនោះ គឺកើតចេញពីស្ថានភាពជុំវិញខ្លួន និងបុគ្គលដែលនៅជុំវិញខ្លួនកុមារនោះ។

    អាយុ 3-4ឆ្នាំ គឺជាវ័យដែលចាប់ផ្តើមចេះមានការគិត និងមានហេតុផលរបស់ខ្លួនឯងហើយ ក្មេងៗច្រើនតែនិយាយ និងធ្វើផ្ទុយពីអ្វីដែលមនុស្សធំប្រាប់។ ចាប់ផ្តើមដោយពាក្យបដិសេធខាងដើមថា “ទេ” “កូនមិនធ្វើទេ” “កូនអត់ងូតទឹកទេ” ឬ “កូនមិនចង់ញ៉ាំទេ” ជាដើម។ល។ បន្ទាប់ពីពាក្យថា “ទេ” ភាសារបស់កុមារនឹងវិវឌ្ឍ ហើយចាប់ផ្តើមរៀនយល់ដឹងកាន់តែច្រើនឡើង បូកជាមួយនឹងហេតុផលដែលខ្លួនមានច្រើនឡើងផងដែរនោះ ទើបកុមារចេះបញ្ចេញគំនិត តម្រូវការ និងអារម្មណ៍មកជាភាសានិយាយ។ មកដល់ពេលនេះការប៉ឹននិយាយមាន 2រូបបែប គឺការនិយាយបែបមានមន្តស្នេហ៍ និងការនិយាយដែលមនុស្សធំហៅថា “ប្រកែក”។ កូនអ្នកស្រីមិនមែនជាក្មេងរឹងឌឺទេ តែអ្នកជំនាញយល់ថា កូនកំពុងតែមានការចេះគិត មានហេតុផល ដូច្នេះអ្នកម្តាយត្រូវធ្វើចិត្តត្រជាក់ៗ បើកូនប្រកែកពេលអ្នកម្តាយប្រាប់ឱ្យធ្វើអ្វីមួយនោះ ចូរកុំបន្ទោស ឬដាក់ទោសកូនដោយការវាយឱ្យ​សោះ ព្រោះកូននៅមិនទាន់យល់ដឹងថា ការនិយាយតមាត់ ការនិយាយប្រកែកនឹងម្តាយនេះ ហេតុអីបានជាគេមិនអាចធ្វើបាន? ផ្ទុយទៅវិញ បើកូនប្រកែកហើយ អ្នកម្តាយសើច​ ហើយនិយាយប្រកែកទៅវិញនោះ កូនអាចនឹងគិតថា គេអាចធ្វើបែបនេះជាមួយម្តាយបាន ដូច្នេះការកែសម្រួល ឬកែនិស្ស័យបែបនេះ អ្នកជំនាញខាងចិត្តវិទ្យារបស់កុមារសូមណែនាំដូចតទៅ ៖

    -កូនជាក្មេងប៉ឹនសម្ដី អ្នកម្តាយគួរបង្កើន និងរិះរកកិច្ចការណាដែលពាក់ព័ន្ធនឹងការនិយាយឱ្យកូនបានធ្វើញឹកញាប់ ដូចជាឱ្យកូនបាននិយាយរៀបរាប់រឿងរ៉ាវផ្សេងៗ ឬនិយាយរឿងនិទានឱ្យអ្នកដែលនៅជាមួយជិតដិតបានស្តាប់ ដើម្បីឱ្យកូនមានឱកាសបានស្គាល់ពាក្យស័ព្ទថ្មីៗដែលគេចង់ប្រើ ព្រមទាំងឆ្លៀតឱកាសបង្រៀនកូនអំពីសុជីវធម៌ក្នុងការនិយាយ និងប្រាប់ឱ្យកូនបាន​ដឹង​​ថា សម្ដីណាខ្លះដែលមិនគួរប្រើជាមួយមនុស្សចាស់ ការប្រើសំឡេងនិយាយជាមួយអ្នកដទៃយ៉ាងណា ទើបគួរឱ្យចង់ស្តាប់ជាដើម។ល។

    ពេលដែលកូនប្រកែក អ្នកម្តាយគួរឈប់ ដើម្បីស្តាប់សិន ដោយធ្វើទឹកមុខ និងអាកប្បកិរិយាធម្មតា កុំត​មាត់ ទាំងអស់នេះ គឺដើម្បីឱ្យកូនបានដឹងថា ទង្វើដែលគេកំពុងធ្វើនេះមិនសមគួរទេ។ នៅពេលកូនឈប់ប្រកែក សឹមអ្នកម្ដាយប្រាប់ពីវិធីថា កូនគួរតែនិយាយយ៉ាងម៉េចវិញ ទើបជាការប្រសើរជាង។

    នៅពេលណាដែលគំនិតរបស់អ្នកម្តាយ និងកូនមិនត្រូវគ្នា យើងគួរប្រើវិធីនិយាយជជែកពិភាក្សាគ្នា ដើម្បីឱ្យកូនបានបង្ហាញពីអារម្មណ៍ និងគំនិតរបស់គេចេញមកយ៉ាងសេរី ហើយអ្នកម្តាយក៏គួរនិយាយប្រាប់កូនអំពីគំនិត និងអារម្មណ៍របស់ខ្លួនឱ្យកូនបានដឹងដែរ ដើម្បីឱ្យកូនបានរៀនយល់ដឹងពីវិធីកែបញ្ហាដែលត្រឹមត្រូវ៕

  • អាការឈឺខ្នង 5យ៉ាង អាចប្រាប់យើងពីជំងឺគ្រោះថ្នាក់ផ្សេងៗបាន

    អាការឈឺខ្នង 5យ៉ាង អាចប្រាប់យើងពីជំងឺគ្រោះថ្នាក់ផ្សេងៗបាន

    មនុស្សវ័យកំលោះ ក្រមុំជាច្រើននាក់មានអាការឈឺខ្នង ដែលអ្នកខ្លះគិតថា អាចបណ្ដាលពីមូលហេតុដែលអង្គុយយូរជ្រុលពេក ឬក៏ទៅធ្វើអ្វី​មួយ​ខុសឥរិយាបថ ជាដើម តែទាំងអស់គ្នាមិនបានដឹងឡើយថា អាការឈឺខ្នងមិនមែនមានន័យត្រឹមតែអាការខុសប្រក្រតីរបស់ឆ្អឹងប៉ុណ្ណោះទេ។

    អាការឈឺខ្នង ជាទូទៅអាចជាអាការឈឺខ្នងដែលបណ្តាលមកពីការអង្គុយច្រើនពេក លើករបស់របរធ្ងន់ពេក ឬហាត់ប្រាណខ្លាំងជ្រុលពេក ដោយអាការដែលយើងអាចដឹងបាននោះគឺ ការឈឺចុករួយ ឬសាច់ដុំឡើងតឹង ជាដើម-ល- តែជួនកាលអាការឈឺដែលយើងគិតថា ឈឺខ្នងនោះ វាអាចមិនមែនបណ្តាលមកពីសាច់ដុំ ឬឆ្អឹងរហូតនោះទេ។ មានលក្ខណៈរបស់អាការឈឺខ្នងខ្លះជាសញ្ញាប្រកាសអាសន្នពីជំងឺដែលកើតនៅលើអវយវៈខាងក្នុង និងចាំបាច់ត្រូវតែប្រញាប់ទៅទទួលការព្យាបាលពីគ្រូពេទ្យជាបន្ទាន់ទៀតផង។

    1.អាការឈឺខ្នងរួមជាមួយអាការដៃជើង ស្ពឹកគ្មានកម្លាំង

    ទ្រាំទប់បត់ជើងតូច និងទ្រាំទប់លាមកមិនបាន…លក្ខណៈរបស់អាការទាំងនោះអាចបណ្តាលមកពីខួរឆ្អឹងខ្នងទទួលរងរបួស។ វិធីដែលល្អបំផុត គឺត្រូវប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការថតអេកស៍រេយ៍(X-RAY)ពិនិត្យមើលឆ្អឹងកងខ្នង និងរកមើលចំណុចដែលរងរបួស។ អ្នកខ្លះ​ត្រឹមតែគេងសម្រាកព្យាបាលខ្លួនក៏អាចជាសះស្បើយពីអាការនេះដែរ តែសម្រាប់អ្នកខ្លះ​ទៀតអាចចាំបាច់ត្រូវតែចូលទទួលការវះកាត់។

    2.ឈឺខ្នងត្រង់ម្តុំចង្កេះ និងមានគ្រុនក្តៅរងា

    មូលហេតុរបស់អាការនេះអាចបណ្តាលមកពីការឆ្លងមេរោគរលាកនៅក្នុងក្រលៀន ឬអាចជាជំងឺរលាកតម្រងនោម ដោយមូល​ហេតុទាំងនេះកើតឡើងបានដោយសារតែការទទួលទានទឹកក្នុង 1ថ្ងៃៗតិចពេក និងការទ្រាំទប់នោម។

    ការព្យាបាល គ្រូពេទ្យនឹងប្រើថ្នាំសម្លាប់មេរោគ និងថ្នាំផ្សេងៗទៀតអាស្រ័យលើការវិនិច្ឆ័យរោគ រួមទាំងណែនាំឱ្យទទួលទាន​ទឹកឱ្យបានច្រើន ផ្លាស់ប្តូរទង្វើទ្រាំទប់នោម ហើយនៅពេលព្យបាលក្រលៀនជាប្រក្រតីឡើងវិញហើយ អាការឈឺខ្នងក៏បាត់ទៅវិញ​ដែរ។

    3.ឈឺខ្នងផ្នែកខាងលើចង្កេះទាំងសងខាង

    បើសិនជាមានអាការឈឺខ្នងផ្នែកខាងលើចង្កេះទាំងសងខាង រួចនៅពេលទៅជួបគ្រូពេទ្យ គ្រូពេទ្យអាចនឹងស្ទាបប៉ះដុំសាច់នៅលើខ្នងត្រង់កន្លែងម្តុំៗក្រលៀន រួមទាំងមានឈាមលាយឡំនៅក្នុងទឹកមូត្រ មានសម្ពាធឈាមឡើងខ្ពស់ និងមានសភាវលោហិតស្លេករួមជា​មួយ​​​ផងនោះ ក្នុងករណីនេះ គឺជាសញ្ញាបញ្ជាក់ពីរោគកើតថង់ទឹកនៅក្នុងក្រលៀន ជាជំងឺដែលអាចចម្លងតំណពូជបាន។

    នៅពេលមានថង់ទឹកនៅក្នុងក្រលៀន នឹងធ្វើឱ្យក្រលៀនធ្វើការបានតិច នៅពេលក្រលៀនធ្វើការថយចុះ ហុចផលអាក្រក់ដល់រាងកាយ។ កើតជម្ងឺឡើងឈាម ក្រលៀនអាចនឹងងាយឆ្លងមេរោគ និងលែងធ្វើការរ៉ាំរ៉ៃ រហូតដល់គាំងលែងធ្វើការតែម្តង និងក្រៅពីបញ្ហានៅលើក្រលៀនហើយ នៅអាចធ្វើឱ្យកើតថង់ទឹកនៅក្នុងអវយវៈផ្សេងទៀតបាន ដូចជាថ្លើម ដៃស្បូន ពងស្វាស និងកើតសរសៃឈាមជំងឺរីកប៉ោងទៀតផង។

    4.អាការឈឺខ្នងដែលកើតនៅលើស្រ្តីមានគភ៌

    អាចជាផលប៉ះពាល់ដែលបណ្ដាលមកពីបច្ច័យច្រើនយ៉ាង ដូចជាអ័រម៉ូនក្នុងរាងកាយកើតការប្រែប្រួលធ្វើឱ្យសរសៃពួរ និងសាច់ដុំដែល​យឹតតោងឆ្អឹងយារធូរ។ សម្រាប់ស្រ្តីមានគភ៌មានការទ្រទម្ងន់ដែលចេះតែកើនឡើងរបស់ទារក ឬស្បូនដែលរីកធំឡើងទៅសង្កត់ពីលើសរសៃប្រសាទធ្វើឱ្យឈឺខ្នងរហូតឈឺរាលចុះទៅរកជើងបាន។

    5.ឈឺខ្នងរ៉ាំរ៉ៃយូររាប់ខែ និងកាន់តែឈឺខ្លាំងឡើងជារឿយៗ

    បើសិនកើតនៅលើមនុស្សធាត់ ឬមនុស្សដែលមានអាយុច្រើនជាង 45ឆ្នាំនោះ អាចកើតឡើងដោយសាររោគរលាកខួរ​សន្លាក់ ឬឆ្អឹងកងខ្នងសឹករេចរឹល។ ការព្យាបាលក្នុងករណីនេះ គ្រូពេទ្យនឹងឱ្យថ្នាំបំបាត់ការឈឺចាប់មកញ៉ាំ និងធ្វើការព្យាបាលដោយការ​ធ្វើចលនា ហើយគ្រូពេទ្យនឹងណែនាំឱ្យទទួលទានអាហារដែលមានជាតិកាល់ស្យូមខ្ពស់។ បើកើតនៅលើមនុស្សដែលធាត់ខ្លាំង ត្រូវឱ្យធ្វើការបញ្ចុះទម្ងន់។

    បើអ្នកណាដែលកំពុងមានអាការឈឺខ្នង ចូរប្រញាប់ពិនិត្យមើលខ្លួនឯងជាបន្ទាន់ ឬបើមិនប្រាកដក្នុងចិត្ត ចូរទៅជួបគ្រូពេទ្យដើម្បីវិនិច្ឆ័យរោគ ព្រោះជួនកាលបើបណ្តោយឱ្យឈឺរ៉ាំរ៉ៃយូរទៅ អាចនឹងហុចផលអាក្រក់ដល់រាងកាយ ធ្វើឱ្យសុខភាពចុះទ្រុឌទ្រោមក៏អាចថា​បាន​ដែរ៕

  • ការសរសេរអក្សរ និងបញ្ហារបស់កុមារ…រឿងសំខាន់ដែលឪពុកម្តាយគួរដឹង

    ការសរសេរអក្សរ និងបញ្ហារបស់កុមារ…រឿងសំខាន់ដែលឪពុកម្តាយគួរដឹង

    រឿងការសរសេរអក្សររបស់កុមារ អាចគ្រាន់តែជារឿងតូចតាចមួយសម្រាប់ឪពុកម្តាយមួយចំនួន ព្រោះគិតថា ភាព​ខុស​​ផ្លែកពីគ្នារបស់តួអក្សរ គឺជាស្ទីលការសរសេររបស់ក្មេងម្នាក់ៗ អាចស្អាតខ្លះទៅ ឬមិនស្អាតខ្លះទៅ ជារឿងធម្មតា ទើបមិនសូវជាយកចិត្តទុកដាក់ល្អិត​ល្អន់អ្វីប៉ុន្មានឡើយ។ តែការពិតទៅ រឿងការសរសេរ និងតួអក្សរសរសេរដៃរបស់កូន មានភាពសំខាន់មិនអន់ជាងរឿងដទៃទៀតឡើយ ព្រោះវាជាផ្នែកមួយដែលជួយបង្ហាញឱ្យឃើញថា កុមារកំពុងមានបញ្ហាមួយដែលឪពុកម្តាយគួរតែផ្តល់នូវការជួយណែនាំ មុន​នឹងបញ្ហាផ្សេងៗទៀតកើតឡើង។ ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលថា តើអក្សរសរសេរដៃរបស់កូនៗរបស់​លោកអ្នក​បង្ហាញ​​ឱ្យ​ឃើញពីរឿងអ្វី និងមានវិធីកែខៃយ៉ាងណាខ្លះ?។

    1. មូលហេតុដែលធ្វើឱ្យកុមារមានបញ្ហាពាក់ព័ន្ធនឹងការសរសេរ

    អ្នកស្រីវេជ្ជបណ្ឌិត អេមី បាអេជ អ្នកព្យាបាលដោយការធ្វើចលនា និងជាអ្នកនិពន្ធម្ចាស់ជយលាភីប្រភេទសៀវភៅអក្សរផ្ជង់​បានអធិប្បាយថា អារម្មណ៍ និងការវិវឌ្ឍរបស់កុមារអាចនាំឆ្ពោះទៅរកបញ្ហារឿងតួអក្សរសរសេរដៃរបស់កុមារបានដូចគ្នា ដូចជាបើកុមារនោះធ្លាប់មានបទពិសោធដែលមិនល្អពាក់ព័ន្ធនឹងការប៉ះពាល់ រហូតធ្វើឱ្យគេបដិសេធ ឬចៀសពីការប៉ះពាល់វត្ថុផ្សេងៗដែលខុសផ្លែកពីរបស់ដែលគេធ្លាប់បានស្គាល់ជាដើម។ មូលហេតុទាំងនោះហុចផលឱ្យឱកាសក្នុងការវិវឌ្ឍរបស់ម្រាមដៃ និងការសរសេរក្មេង​ អន់​ថយចុះទៅតាមនោះដែរ។

    1. វិធីសង្កេតមើលបញ្ហា តាមរយ:អក្សរសរសេរដៃរបស់កុមារ

    ការដែលកុមារសរសេរអក្សរមិនស្អាត គឺជាបញ្ហាមួយដែលលោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយឡើយ ជាពិសេសអក្សរសរសេរដៃរបស់កុមារដែលពិបាកអាន ឬដែលស្ទើរតែមិនមែនជាតួអក្សរ ព្រោះវាជាសញ្ញាសំខាន់មួយដែលកំពុងតែប្រាប់ដល់​ឪពុកម្តាយឱ្យបានដឹងថា កូនរបស់អ្នកកំពុងតែមានបញ្ហាដែលអ្នកត្រូវប្រញាប់កែសម្រួល ដែលឪ​ពុកម្តាយអាចត្រួត​ពិនិត្យ​មើលនៅ​រយ:ដំបូងបាន ដោយសង្កេតមើលតាមរយ:អាការរបស់កុមារដូចតទៅ ៖

    • – តួអក្សរមិនច្បាស់លាស់ ពិបាកអាន
    • ធ្វើចុងខ្មៅដៃបាក់ញឹកញាប់(សរសេរសង្កត់ខ្លាំង)
    • ប្រើដៃចាប់កាន់ខ្មៅដៃម្តងៗមិនដូចគ្នា ដូចជា ម្តងកាន់ដៃខាងឆ្វេង ម្តងកាន់ដៃខាងស្តាំ​-ល-
    • ចាប់កាន់ខ្មៅដៃខុសទំនង និងមិនព្រមប្តូររបៀបចាប់
    • មិនព្រមដាក់កដៃសង្កត់លើក្រដាសសរសេរ
    • មានអារម្មណ៍ធុញទ្រាន់ពេលត្រូវសរសេរ
    • សរសេរលេខ ឬអក្សរឆ្លាស់គ្នា ទោះជារៀនថ្នាក់បថម ឬថ្នាក់ខ្ពស់ជាងហ្នឹងហើយក៏ដោយ
    • ច្រើនតែសរសេររំលង ឬខ្វះពាក្យ ឬតួអក្សរ ទោះជាចម្លងតាមគេក៏ដោយ
    1. វិធីការជួយកែបញ្ហា

    សម្រាប់ឪពុកម្តាយដែលសង្កេតឃើញភាពខុសប្រក្រតីរបស់កូនដូច 8ចំណុចខាងលើនេះ ឪពុកម្តាយអាចជួយកូនៗរបស់លោកអ្នកបានដោយការនាំពួកគេទៅជួបនឹងគ្រូពេទ្យដែលមានជំនាញក្នុងផ្នែកនេះ ដើម្បីឱ្យគ្រូពេទ្យត្រួត​ពិនិត្យភាពខុសប្រក្រតី និងប្រាប់ពីលទ្ធផលនៃការពិនិត្យដែលច្បាស់លាស់មកលោកអ្នកវិញ និងគួរឱ្យគ្រូពេទ្យបានទៅ​ពិនិត្យមើលអាការរបស់កូនដល់ផ្ទះផង ដើម្បីឱ្យគ្រូពេទ្យ​បានបង្ហាត់ក្មេងៗជាមួយ​នឹងឧបករណ៍សម្រាប់​ជួយកែសម្រួលដល់ការ​សរសេរ​របស់កូនបានយ៉ាងស័ក្តិសម។

    តើលោកអ្នកជឿទេថា អក្សរសរសេរដៃរបស់កុមារមានភាពសំខាន់ចំពោះពួកគេមិនតិចឡើយ ព្រោះវាអាចប្រាប់បានអំពីបញ្ហាដែលបង្កប់នៅក្នុងខ្លួនកុមារ ដូច្នេះបើឪពុកម្តាយរឹតតែឆាប់សង្កេតឃើញភាពខុសប្រក្រតីនៃការសរសេរអក្សររបស់កូនបានលឿនប៉ុនណា នឹងរឹតតែឆាប់បានជួយឱ្យកូនៗរបស់លោកអ្នករួចផុតពីបញ្ហានេះបានលឿនប៉ុននោះដែរ និងថែមទាំងអាចជួយឱ្យកូនៗ​មានវិវឌ្ឍនាការដ៏ល្អស័ក្តិសមទៅតាមវ័យបានទៀតផង៕

  • Kobu ប្រហែលជា​ត្រូវ ប្តូរ​ក្លិប​ទៀតហើយ

    Kobu ប្រហែលជា​ត្រូវ ប្តូរ​ក្លិប​ទៀតហើយ

    Real Madrid មិន​សប្បាយចិត្ត​ឡើយ ពេល​ឃើញ​ស្ថានភាព​របស់​កីឡាករ Takefusa Kubo នៅ Villarreal ហើយ​ពួកគេ អាច​នឹង​ស្វែងរក​ក្លិប​ថ្មី ឱ្យ​កីឡាករ​វ័យក្មេង​ជម្រើសជាតិ​ជប៉ុន នៅ​ខែមករា ខាងមុខ​នេះហើយ។

    កាសែត​អេ​ស្ប៉ា​ញ Estadio Deportivo’ និយាយថា Real Madrid បាន​ស្នើឱ្យ​កីឡាករ​ជប៉ុន វ័យ 18ឆ្នាំ​រូបនេះ ទៅលេង​នៅ​ក្លិប Real Betis ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង នៅ​ខែមករា​ខាងមុខនេះ​វិញ​ទើប​អាចមាន​ឱកាស​បាន​ចូល​តារាង​លេង​បាន​ច្រើន។

    គួរឱ្យ​ដឹងថា Real Madrid បាន​ទិញ​កីឡាករ​ជម្រើសជាតិ​រូបនេះ​ពី​ក្លិប Yokohama F.Marinos ដើម្បី​យកមក​ដុសខាត់​បន្ថែម ឱ្យ​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក និង​បាន​ដាក់ឱ្យ​ក្លិប Mallorca ខ្ចី​ជើង​កាលពី​ឆ្នាំ2019 និង Villarreal ខ្ចី​ជើង​នៅ​ឆ្នាំនេះ៕

  • Mike Tyson បាន​ត្រឹម​ស្មើ  Roy Jones ក្នុងការ​ប្រកួត​ដំបូង ក្រោយពី​ការចូលនិវត្តន៍

    Mike Tyson បាន​ត្រឹម​ស្មើ  Roy Jones ក្នុងការ​ប្រកួត​ដំបូង ក្រោយពី​ការចូលនិវត្តន៍

    កាលពី​វេលាយប់​រំលងអធ្រាត្រ ថ្ងៃ​ច័ន្ទ ទី30 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ មានការ​ប្រកួត​ប្រដាល់សកល រវាង​កីឡា​វ័យ​វ័យ​ចំណាស់ 1គូ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់សកល។ ដែល​ការប្រកួត​នោះ គឺជា​ការ​ប៉ះគ្នា​រវាង ស្តេច​ប្រដាល់​លំដាប់​ពិភពលោក Mike Tyson និង​អតីត​កីឡាករ​ជើង​ខ្លាំង Roy Jones Jr។

    ក្រោយ​ប្ដូរ​កណ្ដាប់ដៃ​គ្នា​ទៅវិញទៅមក អស់ ៨ទឹក​ពេញ​រួចមក ជា​លទ្ធផល ពួកគេ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា។ Tyson បាន​និយាយថា ការប្រកួត​នេះ គឺ​ល្អមើល​ជាង​ការ​វាយ​ដណ្ដើម​ខ្សែក្រវាត់​ទៅទៀត។

    ថវិកា​ដែល​រៃអង្គាស​បាន​ពី​ការប្រកួត​លើក​នេះ គេ​នឹង​យកទៅជួយ​ក្នុង​កម្មវិធី​សប្បុរសធម៌ផ្សេង៕

  • ស្មា​ត​ហ្វូ​ន​ពិសេស ZTE កាមេរ៉ា​មុខ នៅក្រោម​អេក្រង់​ដំបូង​គេ ចេញលក់​ហើយ តម្លៃ​ជាង 500ដុល្លារ

    ស្មា​ត​ហ្វូ​ន​ពិសេស ZTE កាមេរ៉ា​មុខ នៅក្រោម​អេក្រង់​ដំបូង​គេ ចេញលក់​ហើយ តម្លៃ​ជាង 500ដុល្លារ

    ស្មា​ត​ហ្វូ​ន របស់​ក្រុមហ៊ុន ZTE ម៉ូ​ដែល​ពិសេស គឺ Axon 20 5G Extreme Edition បានប្រកាស​ចេញលក់​ផ្លូវការ​ហើយ នៅថ្ងៃនេះ(ទី២ ធ្នូ) ក្នុងតម្លៃ 3,495យន់ ប្រហែលជា 532ដុល្លារ តែ មាន​លក់​តែ​នៅលើ​ទីផ្សារ ស្រុក​ចិន តែមួយគត់។

    ខាងក្រោម​នេះ គឺជា​លក្ខណៈពិសេស​រប​ស់វា៖ ZTE Axon 20 5G Extreme Edition រចនា​ឡើង​ដោយ​គ្មាន​សល់​គែម​បន្តិច​សោះ គឺ លាត​ពេញ​អេក្រង់​ប្រភេទ​ល្អ OLED 90Hz refresh rate កម្រិត​បង្ហាញ​រូបភាព FHD+ ។ សម្រាប់​ផ្ទៃ​ខាងមុខ ក្រុមហ៊ុន​បាន​បង្កប់​កាមេរ៉ា និង​បច្ចេកវិទ្យា ស្គែ​ន​ខ្ចៅដៃ​ដោះ​សោ បាត់​ឈឹង​នៅក្រោម​អេក្រង់​ជាមួយគ្នា​តែម្តង។

    ឯ​ផ្ទៃ​ខាងក្រោយ បំពាក់​ដោយ​ស្បែក​ពណ៌​លឿង​ស្រស់ មក​ជាមួយនឹង​កាមេរ៉ា 4គ្រាប់ (64MP+8MP Ultra wide+2MP+2MP Macro លេន​ស៍ និង Depth sensor) ដែល​អាច​ផលិត​រូបភាព និង​វីដេអូ​បាន​យ៉ាង​ល្អ។

    ម៉ូ​ដែល​ពិសេស​នេះ ដំណើការ​ដោយ Android 10 ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 756G និង​មាន​ជម្រើស RAM12GB មេម៉ូរី 256GB ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • ទូរស័ព្ទអេក្រង់បត់ 3តង់ របស់ Samsung អាចនឹងបង្ហាញខ្លួន នៅឆ្នាំ2022

    ទូរស័ព្ទអេក្រង់បត់ 3តង់ របស់ Samsung អាចនឹងបង្ហាញខ្លួន នៅឆ្នាំ2022

    កាលពីពេលថ្មីៗនេះ គេហទំព័រ​ផ្លូវការ​របស់ Samsung បាន​បង្ហោះ​រូបភាព​មួយចំនួន ដែល​បង្ហាញ​ឱ្យ​ពី គម្រោង​នាពេល​អនាគត​របស់​ពួកគេ ដែល​គ្រោង​ផលិត​ទូរស័ព្ទ​អេក្រង់​បត់ ដែលមាន​ទម្រង់​បត់​ខុសគ្នា​ពី Galaxy Z Flip និង Galaxy Fold2 ពោលគឺ មាន​សមត្ថភាព​អាច​បត់​បានជា 3គន្លាក់។

    Samsung ក៏មាន​គម្រោង​ផលិត​ឧបករណ៍ ដែល​ភ្ជាប់​មកជា​មួយ​អេក្រង់ អាច​រំកិល​ចេញ-ចូល​បាន​ថែម​ទៀតផង ដែល​អាច​នឹងដាក់​បង្ហា​ញ​ក្នុងអំឡុង​ឆ្នាំ2022 ខាងមុខ​ដែរ។

    លក្ខណៈ​បត់​បែបនេះ ស្រដៀង​នឹង​ទូរស័ព្ទ​អេក្រង់​បត់ គំរូ​របស់ TCL ដែល​បានដាក់​បង្ហាញ​កាលពី​ឆ្នាំ​កន្លងទៅ។ សូម​ជម្រាបជូន​ដែរ​ថា  Samsung គឺជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ដទៃទៀត ដែល​បាន​បញ្ចេញ​លក់​ទូរស័ព្ទ​អេក្រង់​បត់ នៅលើ​ទីផ្សារ​ជា​ផ្លូវការ កាលពី​ឆ្នាំ2019។

    Samsung ក៏ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​ដែល​បាន​បញ្ចេញ​លក់​ទូរស័ព្ទ​អេក្រង់​បត់ ច្រើន​ទម្រង់​ជាងគេ​ផងដែរ ដូចជា ទូរស័ព្ទ​អេក្រង់​បត់ Galaxy Z Flip និង Galaxy Z Fold2 នៅក្នុង​ឆ្នាំ2020 នេះ​ជាដើម៕

  • ថ្ងៃ Black Friday ក្រុមហ៊ុន Samsung បញ្ចុះតម្លៃទូរទស្សន៍ 8K ពី 10ម៉ឺនដុល្លារនៅត្រឹម 5ម៉ឺនដុល្លារ

    ថ្ងៃ Black Friday ក្រុមហ៊ុន Samsung បញ្ចុះតម្លៃទូរទស្សន៍ 8K ពី 10ម៉ឺនដុល្លារនៅត្រឹម 5ម៉ឺនដុល្លារ

    ក្នុង​ព្រឹត្តិការណ៍​លក់ទំនិញ បញ្ចុះតម្លៃ  “Black Friday” នៅ​សហរដ្ឋអាមេរិក Samsung បាន​បញ្ចុះតម្លៃ ទូរទស្សន៍​ម៉ូ​ដែល Q900 QLED Smart 8K UHD ទំហំ 98អ៊ី​ញ របស់ខ្លួន រហូតដល់ 50% ដោយ​ចុះ​ពី​តម្លៃ 10ម៉ឺន​ដុល្លារ មក​នៅត្រឹម 5ម៉ឺន​ដុល្លារ។

    ចំពោះ​ប្រភេទ​អេក្រង់​ទំហំ 55អ៊ី​ញ របស់​ទូរទស្សន៍​ម៉ូ​ដែល​នេះដែរ  Samsung ក៏បាន​លក់​បញ្ចុះតម្លៃ​ពី 3,500ដុល្លារ មក​នៅត្រឹម 2,000ដុល្លារ​ផងដែរ។

    ការបញ្ចុះ​តម្លៃ​នេះ​ធ្វើឱ្យ​ទូរទស្សន៍​របស់ Samsung មានតម្លៃ ធូរ​ថ្លៃ​ជាង​ទូរទស្សន៍​របស់ Sony ដែលជា​គូប្រជែង ដោយ​ទូរទស្សន៍ 98អ៊ី​ញ កម្រិត 8K របស់ Sony  កំពុង​លក់​នៅ​សហរដ្ឋអាមេរិក ក្នុងតម្លៃ 6ម៉ឺន​ដុល្លារ៕

    សូម​ទស្សនា​វីដេអូ៖

    https://www.youtube.com/watch?v=l2Z22LinW_4

  • Nokia ប្រភេទ 5G តម្លៃជិត 700ដុល្លារកំពុងដាក់លក់ លើវេបសាយផ្លូវការ

    Nokia ប្រភេទ 5G តម្លៃជិត 700ដុល្លារកំពុងដាក់លក់ លើវេបសាយផ្លូវការ

    ថ្មីៗនេះ​ក្រុមហ៊ុន Nokia បានចេញ​លក់​ស្មា​ត​ហ្វូ​ន 5G របស់ខ្លួន 1ម៉ូ​ដែល​ទៀត គឺ Nokia 8 (5G) UW ហើយ​ក្រុមហ៊ុន Nokia ក៏បាន​សហការ​យ៉ាង​ស្អិតល្មួត​ផងដែរ ជាមួយ​ក្រុមហ៊ុន​អាមេរិក Verizon ក្នុងការ​ផ្គត់​ផ្គត់​បណ្ដាញ​សេវា 5G ដែល​មកទល់ពេលនេះ អាច​គ្របដណ្ដប់បាន​ប្រសើរ​ច្រើនឡើង ដែល​ជាប់​ឈ្មោះ​ជា ultra fast 5G Ultra Wideband។

    Nokia ក៏​នៅតែ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​លេន​ស៍ Zeiss បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​ក្រោយ​ធំ​ដល់​ទៅ 64MP ដែល​អាច​ផលិត​វីដេអូ និង​រូបថត បាន​ប្រសើរ​ជាង​ម៉ូ​ដែលមុន។ Nokia 8 ជា​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង​បន្តិច និង​រចនា​ផ្នែក​ខាងមុខ បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់ 24MP។

    សម្រាប់​ល្បឿន Nokia អះអាងថា ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ដំណើរការ​ដោយ​ស្តុក​ដើម Android 11 មាន​ថាមពល​ថ្ម 4500mAh តែ​គ្មាន​ឆ្នាំង​សាក​លឿន និង​គ្មាន​កម្រិត​ការពារ​ជម្រាប​ទឹក​នោះទេ តែ​បំពាក់​ឈី​ប​ល្បឿន​លឿន Qualcomm® Snapdragon™ 765G 5G អាច​អាប់​ឡូត​វីដេអូ​ឡើង ដល់​ទំហំ 2000 Mbps ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ សម្រាប់​តម្លៃ​វិញ គឺ 699ដុល្លារ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖