Author: ធឿន មករា

  • នី​ស័​រ​សាឡាដ

    នី​ស័​រ​សាឡាដ

    ជាមួយនឹង​រូបភាព​ដូចដែល​បានដាក់​បង្ហាញ​នៅលើ​ទំព័រ​នេះ​ស្រាប់ “នី​ស័​រ​សាឡាដ” គឺជា​ប្រភេទ​អាហារ​ដែល​បណ្តា​ពួក​ជនជាតិបែប​បស្ចិមប្រទេស​មាន​ការនិយម​ចូលចិត្ត​ទទួលទាន​ជាខ្លាំង ក្រោម​ការដាក់​លាយ​បញ្ចូល​គ្នា​នូវ​ពពួកបន្លែស្រស់ៗជាច្រើន​ប្រភេទ ហើយក៏មាន​វត្តមាន​របស់​សាច់​ត្រី​សមុទ្រ​មាន​រសជាតិ​ឆ្ងាញ់ គឺ​សាច់​ត្រី​សាល់​ម៉ុ​ន និង​សាច់​ត្រី​ធូ​ណា​ផងដែរ។ សូម​ចូលរួម​សាកល្បង​ទទួលទាន​មុខម្ហូប​មួយ​នេះ​ទាំងអស់គ្នា ដែល​នាំ​ដោយ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន Cowboy។

    + គ្រឿងផ្សំ
    * ត្រី​សាល់​ម៉ុ​ន
    * ត្រី​ធូ​ណា
    * បន្លែ​គ្រប់មុខ (Mix salad)
    * ពងមាន់
    * ដំឡូងបារាំង
    * ផ្លែ​អូ​លីវ​ខ្មៅ
    * ខ្មឹ​ម​បារាំង
    * ប៉េងប៉ោះ​តូច
    * នី​ស័​រ​ដ្រេះ​សី​ង

    + វិធី​ធ្វើ
    ដំបូង​លាយ​បន្លែ​គ្រប់មុខ​ចូលគ្នា​ជាមួយ​ដំឡូងបារាំង ផ្លែ​អូ​លីវ​ខ្មៅ ខ្ទឹមបារាំង និង​ប៉េងប៉ោះ​តូច។  យក​ត្រី​សាល់​ម៉ុ​ន​ទៅ​ចៀន​រួច​ទុក​មួយអន្លើ។ បន្ទាប់មក​យក​ត្រី​ធូ​ណា​មក​លាយ​ជាមួយនឹង​ម៉ា​យ៉ូ​ណេ​ស រួច​រោយ​ពីលើ​មិច​សាលាដ​ជាមួយ​នី​ស័​រ​ដ្រេះ​សី​ង បន្ទាប់មក​ដាក់​ពងមាន់ និង​ត្រី​សាល់​ម៉ុ​ន​ពីលើ​គឺ​រួចរាល់​អាច​ទទួលទាន​បាន​ហើយ៕

  • KODOMO គ្រោងរៀបចំកម្មវិធី «KODOMO Junior Singing Contest 9» ម្ដងទៀត

    KODOMO គ្រោងរៀបចំកម្មវិធី «KODOMO Junior Singing Contest 9» ម្ដងទៀត

    ដោយមានភាពជោគជ័យកាលពីឆ្នាំមុន KODOMO នឹងមាន​ «KODOMO Junior Singing Contest 9» ម្តងទៀត។​ ឥឡូវនេះវាជាឆ្នាំទី9​ ដូច្នេះ KODOMO ចង់អញ្ជើញគ្រួសារ KODOMO ដើម្បីលេងហ្គេមអំពី «KODOMO Junior Singing Contest 9» ដើម្បីស្វែងរកថា អ្នកណាជាអ្នកគាំទ្រពិតប្រាកដនៃ KODOMO Junior Singing Contest។​

    ចំណាំ: គ្រួសារដែលឈ្នះនឹងទទួលបានរង្វាន់ដូចជា «សំបុត្រកុន 3សន្លឹក និងកាដូរពី​ KODOMO 1ឈុត» សូមពិនិត្យលក្ខខណ្ឌនៃការលេងហ្គេមនៅក្នុងរូបភាពខាងក្រោម។

    សម្រាប់ព័ត៌មានបន្ថែមពី KODOMO Junior Singing Contest 9, អ្នកអាចស្វែងរកនៅក្នុង Link: https://www.facebook.com/KodomoClubCambodia/photos/a.363191837093996.86394.362454843834362/1354599724619864/?type=3&theater


    សូមអគុណ!!!!

  • ជីវិត​នឹងមាន​អារម្មណ៍​ថា​ល្អគ្រាន់តែ​ទទួលទាន​ទឹក​ឱ្យ​ត្រូវ​វិធី

    ជីវិត​នឹងមាន​អារម្មណ៍​ថា​ល្អគ្រាន់តែ​ទទួលទាន​ទឹក​ឱ្យ​ត្រូវ​វិធី

    អ្នកណា​ក៏​ដឹង​ដែរ​ថា ទឹកស្អាត​ល្អ​ចំពោះ​សុខភាព តែ​មិនមែន​ថា​ទទួលទាន​ទឹក​ធម្មតា​ហើយនឹង​មាន​អារម្មណ៍​ថា​ស្រួលខ្លួន​ភ្លាម​នោះទេ ព្រោះ​រឿង​បែបនេះ​ស្ថិតនៅលើ​ទិច​និកល្អៗដូចគ្នា ព្រោះ​បើ​ទទួលទាន​ទឹក​ត្រឹមត្រូវ​តាម​វិធី​ហើយ​នោះ សុខភាព​ក៏​នឹង​រឹងប៉ឹង អាច​តស៊ូ​ពេញ​មួយឆ្នាំ​ថ្មី​នេះ​ដោយ​មិន​ពិបាក​ឡើយ។

    ដោយសារតែ​ទឹកស្អាត​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​យ៉ាងច្រើន និង​ជា​រឿង​ចាំបាច់​ក្នុងការ​រស់នៅ ព្រោះ​រាងកាយ​របស់​យើង​ប្រកប ទៅដោយ​ទឹក​ស្ទើរតែ70%ឯណោះ ហើយ​ក្នុងមួយថ្ងៃៗនឹងមាន​ការ បញ្ចេញ​ជាតិ​ទឹក​ចេញពី​រាងកាយ​ក្នុង​រូប​បែប​ជា​ទឹកមូត្រ ញើស និង​ដង្ហើម​ប្រមាណ​ជា0.5-2លិ​ត្រ ហើយ​ថែមទាំង​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុងការ​ធ្វើការ​របស់​ប្រព័ន្ធផ្សេងៗក្នុង​រាងកាយ​ទៀតផង។ ជា​ចំណែក​ប្រកប​របស់​ឈាម ជួយ​ដល់​ការហូរ​វិល​របស់​លោហិត ថែមទាំង​នៅបាន​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ឱ្យ​ស្ថិតស្ថេរ និង​នៅ​ជួយ​រំលាយ បឺត​ជ្រាប និង​ដឹកនាំ​សារធាតុ​អាហារ​ទៅ​ឯ​កោសិកាផ្សេងៗទូទាំង​រាងកាយ ហើយ​ដែល​សំខាន់​នោះ​គឺ ជួយ​ដល់​ការ​រំអិល​របស់​ការធ្វើការ​ងារ​របស់​អវយវៈផ្សេងៗក្នុង​រាងកាយ និង​បញ្ចេញ​កម្ទា​ត់​វត្ថុ​កាកសំណល់ និង​សារធាតុពុល​ចេញពី​រាងកាយ​ទៀតផង។

    ក្រៅពីនេះ​ទឹកស្អាត​ដែល​យើង​ទទួលទាន​ចូលទៅ​នោះ នៅបាន​ជួយ​ធ្វើឱ្យ​ខួរក្បាល​ធ្វើការ​បាន​កាន់តែ​ល្អ​ឡើង សាច់​ស្បែក​ស្រស់​ភ្លឺ​ថ្លា និង​ស្អាត​ចេញ​មកពី​ខាងក្នុង។ នោះ​គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​យើង​ត្រូវតែ​ទទួលទាន​ទឹក​ពី6-8កែវ​ក្នុង​មួយថ្ងៃ ដើម្បី​រក្សា​តុល្យការ​ក្នុង​រាងកាយ​របស់​យើង។

    វេជ្ជបណ្ឌិត​ជំនាញ​ខាង​ផ្នែក​សុខភាព​បាន​បង្ហើប​ឱ្យដឹងថា ជាទូទៅ​យើង​គួរ​ទទួលទាន​ទឹកស្អាត​បរិសុទ្ធ​ឱ្យបាន​ប្រមាណ​ជា 2លីត្រ​ក្នុង​មួយថ្ងៃ ព្រោះ​បើ​រឹតតែ​ទទួលទាន​ទឹក​ច្រើន​ក៏​រឹតតែ​បន្ទោបង់​បញ្ចេញ​កាកសំណល់​បាន​កាន់តែ​ល្អ​ឡើង ធ្វើឱ្យ​សាច់​ស្បែក​ស្រស់បស់​មានសំណើម ភ្លឺរលោង កាត់បន្ថយ​ភាព​ធុញថប់​តានតឹង​បាន​ច្រើន​ទៀត ផង។

    “អំឡុង​ពេលដែល​គួរ​ទទួលទាន​ទឹក​បំផុត​នោះ​គឺ ក្រោយពេល​ភ្ញាក់​ពី​គេង បន្ទាប់ពីនោះ​គួរ​ទទួលទាន​ទឹក​មុន​ពេលបាយ1ម៉ោង និងក្រោយ​ពេលបាយ1ម៉ោង ដោយ​វិធី​ទទួលទាន​ទឹក​មិនបាន​កំណត់​តាមបែប​ណាមួយ​ពិតប្រាកដ​នោះទេ គឺ​ស្ថិត​លើ​ទិច​និក​របស់​មនុស្ស ម្នាក់ៗ បែងចែក​ទៅតាម​ឡែ​ហ្វ៍​ស្តា​យល៍ តែ​មិនគួរ​ទទួលទាន​ទឹក​ម្តង8កែវជាប់ៗគ្នា​នោះទេ ព្រោះ​អាចធ្វើឱ្យ​សូ​ដ្យូ​ម​នៅក្នុង​ឈាម​ធ្លាក់ចុះ ធ្វើឱ្យ​រឹតតែ​ស្រេកទឹក​ខ្លាំង​ឡើង​ទៀត និង​ហើម​ខួរក្បាល។ ចំពោះ​បទពិសោធ​ផ្ទាល់ខ្លួន​វិញ ខ្ញុំ​នឹង​ទទួលទាន​ទឹក​នៅពេល​ព្រឹក 3កែវ ដើម្បី​បន្ថែម​ទឹក​ឱ្យ​ឈាម ពេល​ថ្ងៃ3កែវ ដើម្បី​ជួយ​បណ្តេញ​កាកសំណល់​ចេញពី​ក្នុង​រាងកាយ មុន​ងូតទឹក​ពេល​ព្រលប់1កែវ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម និង​មុន​គេង1កែវ ដើម្បី​កម្ចាត់​កាកសំណល់​ដែល​នៅ​សេសសល់​ក្នុង​រាងកាយ ជួយ​ឱ្យ​គេង​លក់​ស្រួល តែ​មិនចាំបាច់​ទទួលទាន​ទឹក​ច្រើន​ជ្រុល​ពេក​នោះទេ ព្រោះ​អាច​នឹងធ្វើ​ឱ្យ​គេង​លក់​មិនបាន​គ្រប់គ្រាន់” វេជ្ជបណ្ឌិត​ជំនាញ​ខាង​សុខភាព​បញ្ជាក់បន្ថែម។

    មិន​ថា​តាម​ទិច​និក​ណាក៏ដោយ រឿង​មួយ​ដែល​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ច្បាស់លាស់​នោះ​គឺ ទឹក​ត្រូវតែ​ជា​ទឹក​ស្អា​តបរិសុទ នោះ​អ្នក​នឹង មាន​សុខភាព​ល្អ50%ជាមុន​ស្រេច​ទៅហើយ៕

  • ជប៉ុនចាប់អារម្មណ៍វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដ៏មានគុណភាពនៅអាស៊ាន

    ជប៉ុនចាប់អារម្មណ៍វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដ៏មានគុណភាពនៅអាស៊ាន

    កិច្ចពិភាក្សាស្តីពី «ហេដ្ឋារចនាសម្ព័ន្ធប្រកប​ដោយ​គុណភាព ក្រោមប្រធានបទការ      កសាងអនាគតរបស់អាស៊ាន» ត្រូវបានរៀបចំឡើងដើម្បី​បង្ហាញដល់ភាគីពាក់ព័ន្ធ​ក្នុងតំបន់ឱ្យ បានយល់ពីការគាំទ្ររបស់ជប៉ុន។

    កិច្ចពិភាក្សានេះជាផ្នែកមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ2017 ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញភាគីពាក់ព័ន្ធអាស៊ានឱ្យបានយល់ដឹងអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់របស់ជប៉ុនដែលកំពុងដើរតួនាទីយ៉ាងសំខាន់ និងចាំ បាច់ចំពោះកំណើនសេដ្ឋកិច្ច។

    «តើអ្វីជាចំណុចសំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់អាស៊ាន? និងតើអាស៊ានមានយុទ្ធសាស្ត្រដូចម្តេចក្នុងការបន្តការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធសម្រាប់​ការធ្វើឱ្យប្រសើរឡើង​នៃទំនាក់ទំនង និង​កំណើន​សេដ្ឋ​កិច្ចប្រកប​ដោយ​និរន្តរភាព»។

    នៅក្នុងកិច្ចពិភាក្សានេះមានការចូលរួមពីឯកឧត្ដមតូច ចាន់កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាព្រមទាំងវាគ្មិនជាអគ្គនាយក នាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជន  សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងប្រធានគម្រោងមកពីស្ថាប័នផ្សេងៗ។

    លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា​«ជាមួ​យ​នឹងបទពិសោធនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏មានគុណភាពរបស់ជប៉ុន  យើងនឹងបន្ត​រួមចំណែក​ពង្រឹងទំនាក់ទំនងជារូបវន្តជាមួយស្ថាប័ននៅក្នុងតំបន់អាស៊ាន»។

    ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបញ្ជាក់ថា៖ «យើងនឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ដៃគូនៅក្នុងតំបន់តាមរយៈ វិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព និងរួមចំណែកការអភិវឌ្ឍធនធានមនុស្ស»។

    លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួង​សាធារណ​ការ និងដឹកជញ្ជូន  បាន សម្ដែងអារម្មណ៍កើតសរសើរចំពោះ​កិច្ចសហប្រតិបត្តិការ​របស់ជប៉ុន​ដល់​ការ​អភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ ពិសេស គឺថែមទាំងបានជំរុញឱ្យដៃគូក្នុងតំបន់អាស៊ាន​ត្រូវការបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

    លោក យ៉ាស៊ូហារ៉ូ  ហ៊្វូណាបាស៊ី អគ្គនាយករងទទួលបន្ទុកផ្នែកស្រាវជ្រាវ​ឧស្សាហកម្ម​នៃ​ធនាគារ Mizuho Bank បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​ដែលមានគុណភាព​គឺជាកត្តាដ៏​សំ​ខាន់សម្រាប់បង្កើនទំនាក់ទំនង និងជាកំណើនប្រកបដោយគុណភាពរយៈពេលយូរអង្វែង នៅក្នុងតំបន់អាស៊ាន។

    លោកបន្ដថា  គន្លឹះសំខាន់ចំនួន ៤ ដែលរដ្ឋាភិបាលជប៉ុនមាន និងកំពុងតែអនុវត្តគឺ បច្ចេកវិទ្យាសម្រាប់តម្រូវការក្នុងស្រុក  ការច្នៃប្រឌិតរួម ការប្តេជ្ញាចិត្តរយៈពេលវែង និង ការផ្តល់​ប្រសិទ្ធភាពដល់ជីវិត និងសេដ្ឋកិច្ច៕

     

     

  • Newcastle យល់ព្រម​ទិញ Atsu ពី Chelsea ក្នុងតម្លៃ​ខ្លួន៦លាន​ផោន

    Newcastle យល់ព្រម​ទិញ Atsu ពី Chelsea ក្នុងតម្លៃ​ខ្លួន៦លាន​ផោន

    លោក Rafael Benitez អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​សារិកា​ព្រៃ Newcastle កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ទិញ​ចូល​កីឡាករ​ជា​លើកទីមួយ​របស់លោក ក្រោយពី​ក្លិប​នេះ​បាន​វិល​ទៅកាន់​ក្របខ័ណ្ឌ Premier League វិញ បន្ទាប់ពី​បាន​យល់ព្រម​ជាមួយនឹង​ក្លិប Chelsea សម្រាប់​ការនាំយក​ខ្សែបម្រើ Christian Atsu។ វា​ត្រូវបាន​គេ​យល់ឃើញថា ក្លិប​ទាំង​ពីរបាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​លើ​កិច្ចសន្យា​មួយ​ដែល​នឹងធ្វើ​ឲ្យ Newcastle ចំណាយ​ប្រាក់​ចំនួន៦លាន​ផោន (ស្មើនឹង៧,៧៥លាន​ដុល្លារ​អាមេរិក) សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​ហ្គា​ណា​វ័យ២៥ឆ្នាំ​រូបនេះ ក្រោយពី Newcastle បានសម្រេច​ចិត្ត​ទិញយក​រូបគេ​ជា​អចិន្ត្រៃយ៍។ ប៉ុន្តែ ទោះបីជា​យ៉ាងណា វា​នៅសល់​ផ្លូវ​ដ៏​វែងឆ្ងាយ​ទៀត​នៅ​មុនពេល​ការផ្ទេរ​នេះ​បំពេញ​ជា​ផ្លូវការ។ Atsu បានធ្វើការ​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​លី​ក​ចំនួន៣២លើក និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី៥គ្រាប់​សម្រាប់ Newcastle នា​រដូវ​កាល​នេះ ខណៈដែល​រូបគេ​ក៏បាន​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations សម្រាប់​ប្រទេស​របស់គេ​ផងដែរ ខណៈដែល​ហ្គា​ណា បាន​ចាញ់​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​កា​មេ​រូ​ន ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ រូបគេ​បាន​បំពេញ​តួនាទី​យ៉ាង​ល្អឥតខ្ចោះ​ក្នុង​ក្របខ័ណ្ឌ Championship ខណៈដែល​ក្រុម Newcastle បានធ្វើការ​ស្រោច​នៅ​ជិត​បញ្ចប់​រដូវ​កាល​ដើម្បី​ដណ្តើមយក​ពាន​ពី​ក្រុម Brighton & Hove Albion៕

    ប្រភពពី៖ The Guardian

  • Monaco ស្រេកឃ្លាន​លើក​ពាន Ligue 1 ពេល​ប៉ះ St Etienne នៅ​រាត្រី​នេះ

    Monaco ស្រេកឃ្លាន​លើក​ពាន Ligue 1 ពេល​ប៉ះ St Etienne នៅ​រាត្រី​នេះ

    លោក Leonardo Jardim គ្រូបង្វឹក​របស់ Monaco បានធ្វើការ​ព្រមាន​ដល់​ក្រុម​របស់លោក​ប្រឆាំងនឹង​ការខ្វះ​នូវ​ការផ្តោត​អារម្មណ៍ផ្សេងៗ នៅពេលដែល​ពួកគេ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម St Etienne នៅ​រាត្រី​នេះ​ខណៈដែល​ពួកគេ​កំពុង​សម្លឹង​រក​ការលើក​ពាន Ligue 1 នៅ​រដូវ​កាល​នេះ។

    ក្រុម Monaco ត្រូវការ​ត្រឹមតែ១ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត២លើកចុងក្រោយ​របស់​ពួកគេ​ដើម្បី​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​របស់​បារាំង​ជា​លើក​ទី១ បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០០មក ស្រប​ពេលដែល​ពួកគេ​កំពុងតែ​នាំមុខ៣ពិន្ទុ​ដាច់​លើ​ក្រុម​ឈរ​លេខ២ Paris Saint-Germain ដែល​នៅសល់​ត្រឹមតែ១ប្រកួត​ទៀត​ប៉ុណ្ណោះ។ វា​បាន​ក្លាយជា​សប្តាហ៍​ដ៏​ជោគជ័យ​មួយ​សម្រាប់​ក្លិប​មួយ​នេះ នៅពេលដែល​លោក Jardim បានឈ្នះ​ពាន​អ្នកចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​ក្របខ័ណ្ឌ Ligue 1 ស្រប​ពេលដែល Danijel Subasic និង​ខ្សែប្រយុទ្ធ Kylian Mbappe ក៏បាន​ឈ្នះ​ពាន​អ្នកចាំទី​ឆ្នើម និង​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំឆ្នាំរៀងៗខ្លួន​ដែរ​នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ។ ស្របពេល​ជាមួយគ្នានេះដែរ ក្រុម Monaco ក៏​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈ្នះ​ពាន Ligue 1 ផងដែរ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Jardim ចង់​ឲ្យ​កីឡាករ​របស់លោក​បំភ្លេច​ចោល​នូវ​បរិយាកាស​រីករាយ​ជុំវិញខ្លួន និង​ផ្តោតអារម្មណ៍​ទៅលើ​ការប្រកួត​នៅ​រាត្រី​នេះ​ឱ្យ​ដូច​ការប្រកួតផ្សេងៗទៀត​ដែរ។

    គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា៖ «យើង​ត្រូវតែ​លេង​ដូច​ធម្មតា​ជាមួយនឹង​មហិច្ឆតា និង​ឥរិយាបថដូចពេលមុន។ យើង​នឹងមិន​លេង​ដោយ​ចង់​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ឡើយ។ គោលបំណង​របស់​យើង​គឺ​ការធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​លទ្ធផល​ដ៏​ល្អ​បំផុត និង​ស្ថិតនៅ​ឲ្យ​ឆ្ងាយ​ពី​ឥរិយាបថ​រីករាយផ្សេងៗសិន»។

    ក្រុម Monaco នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ប្រកបដោយ​ការជឿជាក់ ខណៈដែល​ពួកគេ​បានឈ្នះ៥លើក​ពី​ការប្រកួត​ក្នុង​លី​កលើ​ទឹកដី​ខ្លួនឯង​ទាំង៥លើកចុងក្រោយ​របស់​ពួកគេ ខណៈ St Etienne ឈ្នះ​តែ២លើក​គត់​ពី​ការប្រកួត​ក្រៅ​ទឹកដី៥លើកចុងក្រោយ​របស់​ពួកគេ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង២ទៀបភ្លឺ​រាត្រី​ថ្ងៃនេះ៕

    ប្រភពពី៖ ESPN

     

     

  • សូម​ណែនាំ​មុខម្ហូប​ពិសេស Smoke Pork Chop

    សូម​ណែនាំ​មុខម្ហូប​ពិសេស Smoke Pork Chop

    ភោជនីយដ្ឋាន Digby ដែលមាន​អ​ស័​យ​ដ្ឋា​ន​ស្ថិតនៅ​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម (ផ្លូវ​លេខ63)សូម​ណែនាំ​មុខម្ហូប​ដ៏​ពិសេស​មួយទៀត​ដែលមាន​ឈ្មោះ​ក្នុង​មី​នុយ​ថា “Smoke Pork Chop” ដែលជា​មុខម្ហូប​ដ៏​មាន​រសជាតិ និង​កំពុង​ពេញនិយម​របស់​មនុស្ស​ស​ម័​យ​ថ្មី ដោយសារតែ​រសជាតិដ៏​ឆ្ងាញ់​ពិសា និង​ការ​ផ្សំ​គ្រឿង​ដ៏​សម្បូរបែប​នៃ​មុខម្ហូប​មួយ​នេះ។ ដូច្នេះ​ចង់ដឹង​ពី​គ្រឿងផ្សំ និងរបៀប​ចម្អិន​របស់​មុខម្ហូប​នេះ ថា​មាន​ភាព​វិសេសវិសាល​ដូចម្តេចខ្លះ​នោះ សូម​តាមដាន​ដូចតទៅ៖

    + គ្រឿងផ្សំ

    • សាច់ជ្រូក​លាយ​ខ្លាញ់ 150ក្រាម
    • ទឹកជ្រលក់ Goma (ទឹកជ្រលក់​បែប​ជប៉ុន)
    • ខ្ទឹមស
    • ទឹក​ម៉ា​យ៉ូ​ណេ​ស Golioil
    • អំបិល
    • ម្រេច
    • ម្សៅ​ខ្ទឹម
    • ម្សៅ​ខ្ទឹមបារាំង
    • បន្លែ​សម្រាប់ធ្វើ​សាលាដ
    • ដំឡូង​បំពង

    + វិធី​ចម្អិន
    ជាដំបូង អ្នក​ត្រូវយក​សាច់ជ្រូក​ទៅ​ចំហុយ​ដោយ​ចំហាយ​ផ្សែង​ប្រមាណ​ជិត1ម៉ោង ដោយលាយ​ជាមួយ​គ្រឿង​បន្ថែម​រសជាតិ​ដូចជា អំបិល ម្រេច ម្សៅ​ខ្ទឹម និង​ម្សៅ​ខ្ទឹមបារាំង​ឱ្យមានរសជាតិ​ឆ្ងាញ់ និង​សាច់មាន​សំណើម។ ចំពោះ​កម្រិត​ឆ្អិន​នៃ​សាច់ គឺ​តម្រូវ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ផ្ទាល់។ បន្ទាប់មក សឹម​រៀប​សាច់ជ្រូក​ចំហុយ​លើ​ចាន និង​បន្ថែម​អាហារសម្រន់​គួបផ្សំ​ដូចជា សាលាដ និង​ដំឡូងបារាំង​បំពង រួច​បន្ថែម​ទឹក​ម៉ា​យ៉ូ​ណេ​ស Golioil និង​ទឹកជ្រលក់ Goma (ទឹកជ្រលក់​បែប​ជប៉ុន) នៅលើ​ចាន​ជាមួយគ្នា​ជាការ​ស្រេច៕

  • សាច់ក្រក​ចម្រុះ​ជាតិ​សាសន៍

    សាច់ក្រក​ចម្រុះ​ជាតិ​សាសន៍

    សាក​ចំណាយពេល​គិត​បន្តិច​ទៅ​មើលថា គ្រាន់តែ​សាច់ក្រក​ចៀនធម្មតាៗតែមួយ​មុខ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ អាច​ទាក់ទាញ​ចិត្តបាន​មិនតិច​ទៅហើយ ចុះ​ទម្រាំ​បានទទួល​ទាន​សាច់ក្រក​ចម្រុះជាតិ​សាសន៍​មកពី​ច្រើន​តំបន់ផ្សេងៗគ្នា​ស្ថិតនៅលើ​ផ្ទៃ​ចាន​តែមួយ តើ​មាន​ភាព​អស្ចារ្យ​ដល់​កម្រិតណាទៅ​ហ្ន៎! តោះ… កុំ​នៅ​ស្មាន​ទៀត​អី បើ​ចង់ដឹង​កាន់តែច្បាស់​លោកអ្នក​អាច​ទៅកាន់​ភោជនីយដ្ឋាន Cowboy ដែលមាន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ កែង​ផ្លូវ​លេខ242 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​បាន ឬក៏​អាច​សាកល្បង​ចម្អិន​នៅផ្ទះ​បាន​ដោយ​ខ្លួនឯង ដោយ​គ្រាន់តែ​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម​នេះ។

    + គ្រឿងផ្សំ
    * សាច់ក្រក​អ៊ីតា​លី
    * សាច់ក្រក​ប្រា​វឺ​ស
    * សាច់ក្រក​សាច់ជ្រូក​ចំហុយ​ផ្សែង
    * សាច់ក្រក​អាល្លឺម៉ង់
    * ខ្ទឹមបារាំង
    * ដំឡូងបារាំង​តូច
    * ម៉ា​ស្តា​ត​ម៉ដ្ឋ

    + វិធី​ធ្វើ
    យក​សាច់ក្រក​ទាំងអស់​ទៅ​អាំង លើកលែងតែ​សាច់ក្រក​អាល្លឺម៉ង់ ដែល​ត្រូវ​យកទៅ​ស្ងោរ។ ដោយឡែក ចំពោះ​ខ្ទឹមបារាំង និង​ដំឡូងបារាំង​តូច ត្រូវ​យកទៅ​ឆា​ជាមួយ​ប៊័រ​ឱ្យ​ឆ្អិន​ល្អ​ជាការ​ស្រេច៕

  • វិធីសាស្រ្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត

    វិធីសាស្រ្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត

    មនុស្ស​គ្រប់​រូប​តែង​ខិតខំ​ប្រកប​ការងារ​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​រៀងៗ​ខ្លួន ដោយ​មាន​អ្នក​ខ្លះ​សម្រេចបាន​នូវ​អ្វី​ៗ​ដែល​ខ្លួនប្រាថ្នា​​ស្ទើរ​ទាំងស្រុង ខណៈ​អ្នក​ខ្លះ​ទៀត​ហាក់​មិន​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​ខ្លួន​ប៉ង​ប្រាថ្នា​នោះ​ឡើយ។

    ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​​ជួយឱ្យ​អ្នក​សម្រេច​គោលដៅ​ក្នុង​ជីវិត៖

    1. ចាប់​ផ្ដើម​បំបែក​គោលដៅ​ជា​ផ្នែក​តូចៗ
    ការ​បំបែក​គោលដៅ​ជា​ផ្នែក​/កំណាត់​តូចៗ គឺ​​ជា​គនឹ្លះ​មួយ​ដ៏​ល្អ​ក្នុង​ការ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​​​ភាព​​ជោគជ័យ។ ការ​ដែល​អ្នក​មិន​បំបែក​គោលដៅ​ជា​ផ្នែកៗ​តូច​ដើម្បី​យក​មក​ធ្វើ វា​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ការ​ឈឺក្បាល និងស្មុគ​ស្មាញ​ខ្លាំង​នៅ​ក្នុង​ការ​ធ្វើ​ការងារ​មួយ​ឱ្យ​បាន​សម្រេច​លទ្ធផល​ធំ។ បើ​សិនអ្នក​មាន​គោលដៅ​ធំ គួរ​តែ​បំបែក​វា​ជាផ្នែក​តូចៗ​ដើម្បី​ឱ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​គោលដៅ​ទាំង​នោះ​មួយ​ដំណាក់​កាល​ម្តងៗ​។

    2. ផ្ដល់​អនុភាពចំពោះ​ការ​ធ្វើ​ការ​ជា​​ប្រព័ន្ធ
    ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​ជោគ​ជ័យ អ្នក​ត្រូវ​តែ​ធ្វើ​ការងារ​ជា​លក្ខណ​ប្រព័ន្ធ ពី​ព្រោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​នឹង​ជួយ​ឱ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើការងារ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ចូរ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ឱ្យ​បាន​ច្រើន​ជាង​ការ​ពឹង​ផ្អែក​តែ​ទៅ​លើ​មនុស្ស។

    3. ត្រូវ​ស្វែង​រក​ជំនួយ​នៅ​ពេល​ជួប​បញ្ហា
    យើង​ទាំង​អស់​គ្នា​មិន​មែន​សុទ្ធ​តែ​ពូកែ​គ្រប់​រឿង​នោះ​ទេ ដោយ​មាន​ពេល​ខ្លះ​ក៏​មាន​រឿង​ដែល​ធ្វើ​ឱ្យ​យើងខក​ចិត្តដែរ។ នោះ​ហើយ​គឺ​ជា​ផ្នែក​ដ៏​សាមញ្ញ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស។ គន្លឹះ​ក្នុង​ការ​ទទួល​បាន​ភាព​ជោគជ័យ​គឺ​ជាការ​ដែល​យើង​ត្រូវ​ចេះ​ស្វែង​រក​ជំនួយ​នៅ​ពេល​ដែល​​ជួប​បញ្ហា​​មិន​អាច​ដោះស្រាយ​បាន។ មនុស្ស​ឆ្លាត និង​ពូកែ​តែង​តែ​ស្វែង​រក​ជំនួយ​ពី​អ្នក​ដទៃ​នៅ​ពេល​ដែល​ពួក​គេ​ជួប​បញ្ហា​ពិបាក​ដោះស្រាយ៕

  • ធ្វើ​ម៉េច​ដឹងបាន​ថា កូន​កើត​ប្រតិកម្ម​ចាញ់​អាហារ?

    ធ្វើ​ម៉េច​ដឹងបាន​ថា កូន​កើត​ប្រតិកម្ម​ចាញ់​អាហារ?

    ប្រតិកម្ម​ចាញ់​អាហារ ​គឺការដែល​ប្រព័ន្ធ​ទប់ទល់​ជាតិពុល​ក្នុង​រាងកាយ​កើត​ភាព​វិលវល់ គិតថា​សារធាតុ​អាហារ​ដែល​ប្រក្រតី​មិនមាន​គ្រោះថ្នាក់​ចំពោះ​រាងកាយ​បែរ​ទៅជា​មាន​គ្រោះថ្នាក់ ទើប​មានប្រតិកម្ម​ប្រឆាំងនឹង​សារធាតុ​បង្ក​ប្រតិកម្ម​ចាញ់​ក្នុង​អាហារ​នោះ ដោយ​សាង​បដិបក្ខប្រាណ​ឡើងមក​តតាំង​នឹង​សារធាតុ​នោះ​ ធ្វើឱ្យ​កើតជា​អាការ​ប្រតិកម្ម​ចាញ់ ដូចជា កណ្តាស់ ខ្លួនប្រាណ​ហើម ​ឡើង​ក្រហម ឬ​ឡើង​កន្ទួល​នៅលើ​ស្បែកជាដើម ដូច្នេះ​បើ​អ្នក​ម្តាយ​សង្ស័យថា កូនតូច​មាន​អាការ​ប្រតិកម្ម​ចាញ់ អ្នក​ម្តាយ​គួរតែ​ទៅ​ប្រឹក្សា​ជាមួយគ្រូពេទ្យ​កុមារ​ជាបន្ទាន់។

    តើ​អ្នក​ម្តាយ​នឹង​ជួយ​កូនតូច​យ៉ាងណា បើ​កូន​មាន​អាការ​ប្រតិកម្ម​ចាញ់​អាហារ?
    1/ កត់ត្រា​ទុក​ថា តើ​កូន​ញ៉ាំ​អ្វីខ្លះ​ក្នុងមួយថ្ងៃៗ ដើម្បី​រក​មូលហេតុ​នៃ​ការកើត​ប្រតិកម្ម​ចាញ់​នោះ។
    2/ ឱ្យ​កូន​ញ៉ាំ​អាហារ​ប្រភេទ​ថ្មី​រៀងរាល់4ថ្ងៃ​ ក្នុងអំឡុង​ឱ្យ​អាហារ​បន្ថែម​តាម​វ័យ វា​នឹង​ជួយ​សង្កេត​តាមដាន​មើល​ប្រតិកម្មថ្មីៗរបស់​កូន​បាន។
    3/ ចំណាំទុក​ថា អាហារ​ណាមួយ​ដែល​កូន​ញ៉ាំ​ហើយ​កើតមាន​ប្រតិកម្ម​ចាញ់ ដើម្បី​ចៀសវាង​កុំឱ្យ​កូន​ញ៉ាំ​លើក​ក្រោយ​ទៀត។
    4/ នៅពេល​កូន​កើត​ប្រតិកម្ម​ចាញ់​អាហារ ឬ​ថ្នាំពេទ្យ ចូរ​ប្រញាប់​នាំ​កូនតូច​ទៅ​មន្ទី​រពេទ្យ​ជាបន្ទាន់ ដើម្បី​ទទួល​ការ​ព្យាបាលយ៉ាង​ត្រឹមត្រូវ និង​ទាន់ពេលវេលា។
    5/ ចំណែក​អាការ​អាហារ​មិន​រំលាយ​វិញ អាច​ពិបាក​សង្កេតឃើញ​ជាង​បន្តិច តែ​វិធី​ដែល​ល្អ​បំផុត​គឺ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យជួយ​វិនិច្ឆ័យ និង​ផ្តល់​ពាក្យ​ប្រឹក្សា ដើម្បី​នឹង​បាន​ចាត់ការ​បញ្ហា​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់៕