Author: ធឿន មករា

  • ចិន​ចាប់​អារ​ម្ម​ណ៍សម្តែង​សិល្បៈ​របស់ខ្លួន​នៅ​កម្ពុជា​ដើម្បី​ទាក់ទាញ​អ្នកទេសចរ

    ចិន​ចាប់​អារ​ម្ម​ណ៍សម្តែង​សិល្បៈ​របស់ខ្លួន​នៅ​កម្ពុជា​ដើម្បី​ទាក់ទាញ​អ្នកទេសចរ

    ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ឱ្យមាន​ចំនួន​កាន់តែ​ច្រើនឡើង ក្រុមហ៊ុន​ចិន​ដ៏​ល្បី​មួយ​មានបំណង​ដឹកនាំ​អ្នកសិល្បៈ​របស់ខ្លួន​មក​សម្តែង​នៅ​តំបន់​ប្រាសាទអង្គរវត្ត​នៅក្នុងពេលឆាប់ៗខាងមុខ បើសិនជា​មានការ​ឯកភាព​ពី​រដ្ឋាភិបាល​កម្ពុជា។

    ក្នុងជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក លី ខ្វុ​ង យុក ប្រធាន​ក្រុមហ៊ុន​ឌី​ង​យី គ្រុប (Dingyi group investment Ltd) មានប្រសាសន៍ថា លោក​មានបំណង​ចង់​សម្តែង​សិល្បៈ​វប្បធម៌ នៅ​តំបន់​ប្រាសាទអង្គរវត្ត​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា ហើយ​ចង់​សហការ​ជាមួយ​និស្សិត​កម្ពុជា​ដើម្បី​បង្កើន​ភាពជា​សហគ្រិន​ឱ្យ​និស្សិត​មានគំនិត​វិនិយោគ បង្កើត​គំនិតថ្មីៗ ដែល​កន្លងមក​ក្រុមហ៊ុន​លោក​បាន​សហការ​ជាមួយ​សាលា​មួយចំនួន​នៅ​សហរដ្ឋអាមេរិក​រួចហើយ។

    ក្នុងន័យនេះ​លោក​ចង់បាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​គម្រោង​ទាំងនេះ រីឯ​គោលបំណង​មួយទៀត​នោះ គឺ​ខាង​ក្រុមហ៊ុន​លោក​មានបំណង​ចែករំលែក​បទពិសោធ​សេដ្ឋកិច្ច​ដល់​កម្ពុជា ដោយសារ​ប្រទេស​ចិន​មានការ​ជឿនលឿន​ផ្នែក​សេដ្ឋកិច្ច​តាមរយៈ​នាំឱ្យមាន​វេទិកា​មួយ​ដែលមាន​សមាជិក​ជាច្រើន។ លោក​បញ្ជាក់ថា បច្ចុប្បន្ន​គឺមាន​សមាជិក​ជិត8លាន​នាក់​ហើយ  និង​នាពេលឆាប់ៗខាងមុខនេះ​នឹង​ឡើងដល់150លាន​នាក់។ គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ជួយ​ដល់​សមាជិកផ្សេង។

    ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស​ន៏​ស្វា​គម​ន៏​គម្រោង​ទាក់ទង​នឹង​សិល្បៈ​វប្បធម៌​នេះ ព្រោះ​បច្ចុប្បន្ន​កម្ពុជា​ទទួលភ្ញៀវ​ទស​ចរ​ចិន​បាន​ចំនួន​ជាង1លាន​នាក់ ហើយ​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ 2 លាន​នាក់។

    ទាក់ទង​រឿងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​អនុសា​ស​ន៏​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ពិភាក្សា​ជាមួយ​លោក​ឧកញ៉ា ពុង ខៀវ​សែ ដែល​យើង​មាន​ស្រាប់​នូវ​ភូមិ​វប្បធម៌​ខ្មែរ​ដើម្បី​ធ្វើយ៉ាងណា​កៀងគរ​អ្នកទេសចរ​ចិន​ថែមទៀត ចំណែក​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចង់​សហការ​ជាមួយ​និស្សិត​កម្ពុជា​ដើម្បី​បង្កើន​ភាពជា​សហគ្រិន​ឱ្យ​និស្សិត​មានគំនិត​វិនិយោគ បង្កើត​គំនិតថ្មីៗនេះ កន្លងទៅ​និស្សិត​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា គឺ​បាន​បង្កើត​អាជីវកម្ម​ខ្លួនឯងបាន​ប្រមាណ​ជា 3 ភាគរយ ហើយ​ស្វាគមន៍​ឱ្យ​ក្រុមហ៊ុន​នេះ​សហការ​ជាមួយ​កម្ពុជា៕

     

     

     

     

  • Family Set អាហារ​ជប៉ុន​ដែល​ពេញនិយម

    Family Set អាហារ​ជប៉ុន​ដែល​ពេញនិយម

    ធ្លាប់តែ​ទទួលទាន រួមជាមួយ​នឹង​ការ​សាកល្បង​នូវ​វិធី​ចម្អិន​អាហារ​បែប​អឺរ៉ុប បែប​ចិន ថៃ និងម្ហូប​ខ្មែរ ប៉ុន្តែ​ពេលនេះ ទំព័រមុខ​ម្ហូប​ប្រចាំ​ខែមេសារបស់​ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​បង្វែរ​អារម្មណ៍រ​បស់ប្រិយមិត្ត​អ្នកអាន ក៏ដូចជាបងៗជា​ស្ត្រី​មេផ្ទះ ដែលមាន​ចំណូលចិត្ត​ក្នុងការ​ចម្អិន​អាហារ​នោះ មកស្វែងយល់​ពី​រសជាតិ​អាហារ​បែប​ជនជាតិ​ជប៉ុនដែល​កំពុងមាន​ការពេញនិយម​នោះ​វិញ​ម្ដង ថា​តើមាន​រសជាតិ​ឆ្ងាញ់​ដល់​កម្រិតណា រួមជាមួយ​នឹងការបង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​រៀបចំ និង​ចម្អិន​ផងដែរ។ សូម​បន្ត​ការអាន​នូវ​ការបង្ហាញ​ពី​គ្រឿងផ្សំ ក៏ដូចជាវិធី​ធ្វើ​អាហារ​ជប៉ុន Family Set ដូចខាងក្រោម ៖

    + គ្រឿងផ្សំ

    • សាច់​ត្រី​សាល់​ម៉ុ​ន
    • សាច់​ត្រី​ធូ​ណា
    • សារាយសមុទ្រ Sushi Nori
    • បា​យស (អង្ករ​ជប៉ុន)
    • ផ្លែ​ប៊័រ
    • បន្លែ​ខៀវ Pasli
    • ឆៃថាវ
    •  ការ៉ុត
    • ត្រសក់
    • វ៉ា​សា​ប៊ិ
    • ទឹកជ្រលក់ Kikkoman

    + របៀប​ធ្វើ
    ថ្វីដ្បិតតែ​រូបភាព​នៃ​អាហារ​ជប៉ុន​មួយ​មុខ​នេះមើលទៅ​ឃើញ​មាន​ច្រើន​រូបភាព ច្រើន​សណ្ឋានក៏ពិតមែន ប៉ុន្តែ​សម្រាប់​វិធី​ធ្វើ ហាក់​មិន​ពិបាកនោះទេ ដោយ​ភាគច្រើន ទាំង​សាច់​ត្រី ក៏ដូចជាបន្លែ សុទ្ធតែ​តម្រូវឱ្យ​ទទួលទាន​បែបស្រស់ៗ(នៅ​ឆៅ) និង​មាន​រួមផ្សំ​ពី​ទឹកជ្រលក់​ទាំងអស់។ ដោយឡែក សម្រាប់​ការ​វេច​ខ្ចប់​ដុំ​បាយ​វិញ ក៏មិនមែនជា​ឧបសគ្គ​ក្នុង​ការធ្វើ​នោះដែរ ដោយលោកអ្នក​គ្រាន់តែ​យក​បាយ​ដែល​បាន​ដាំ​ឆ្អិន​ជាស្រេច មក​រុំ​ជាមួយនឹង​សារាយសមុទ្រ Nori (អា​ចរក​ទិញ​បាន​នៅតាម​ផ្សារ​ទំនើប) ហើយបន្ថែម​ចំណិត​នៃ​សាច់​ផ្លែ​ប៊័រ ឬ​សាច់​ត្រី​សាល់​ម៉ុ​ននៅ​ចំ​កណ្តាល​តែប៉ុណ្ណោះ(ដូច​ក្នុង​រូបភាព)។ជាមួយគ្នានេះ ដើម្បី​ជាការ​បង្កើន​សោភ័ណភាពលោកអ្នក​អាច​យក​ផ្លែ​ត្រសក់​ចិត​ជា​បន្ទះស្តើងៗហើយ​មើម​ឆៃថាវ និង​ការ៉ុត ត្រូវ​ឈូស ឬ​ហាន់ជា​សរសៃតូចៗ វែងៗ រួច​រៀបចំ​ដាក់​នៅលើចាន​រាប​ជាការ​ស្រេច។ លុះ​ពេល​ទទួលទានលោកអ្នក​គ្រាន់តែ​យក​វ៉ា​សា​ប៊ិ លាយ​ជាមួយទឹកជ្រលក់ Kikkoman ឬ​បន្ថែម​ម្ទេស​ម៉ដ្ឋ​បន្តិចដើម្បី​ជួយ​កាត់បន្ថយ​ក្លិនឆ្អាប​នៃ​សាច់​ត្រី​សាល់ម៉ុ​ន​ជាការ​ស្រេច៕

  • Vespa សម្ពោធ​ម៉ូតូ​ស៊េរី​ថ្មី 2 ម៉ូ​ដែល​ក្នុង​ទីផ្សារ​កម្ពុជា

    Vespa សម្ពោធ​ម៉ូតូ​ស៊េរី​ថ្មី 2 ម៉ូ​ដែល​ក្នុង​ទីផ្សារ​កម្ពុជា

    ក្រោយ​ជោគជ័យ​លើ​ទីផ្សារ​ម៉ូតូ​បែប​ប្រណីត​រួចមក ក្រុមហ៊ុន Narita Vespa Cambodia  ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ម៉ូតូ Vespa បានធ្វើ​ការដាក់​សម្ពោធ​ម៉ូតូ​ស៊េរី​ថ្មី​គឺ Vespa Primavera និង Sprint មក​ក្នុង​ទីផ្សារ​កម្ពុជា ជាមួយនឹង​ការបំពាក់​បច្ចេកវិទ្យា​ទំនើប កម្លាំង​ខ្លាំង តែ​ស៊ីសាំង​តិចជាង​មុន។

    លោក ឡុង ណា​រិ​ទ្ធ អគ្គនាយក​ក្រុមហ៊ុន​ណា​រីតា វេស្ប៉ា បានឱ្យដឹងថា ម៉ូតូ​ដែល​ក្រុមហ៊ុន​ទើប​ដាក់​បង្ហាញ​នេះ វា​ជា​ម៉ូតូ​ជំនាន់​ថ្មី​ដ៏​ទំនើប ត្រូវបាន​ផលិតឡើង​តាម​បច្ចេកវិទ្យា​របស់​អ៊ីតាលី មាន​សមត្ថភាព​អាច​បើកបរ​កាន់តែ​ប្រសើរ ស៊ីសាំង​តិច សំឡេង​ស្ងាត់ និង​មាន​លំនឹង​ល្អ​ទោះ​បើកបរ​ក្នុងស្ថានភាព​ផ្លូវ​បែបណាក៏ដោយ។ មួយវិញទៀត ម៉ូតូ​ទាំងពីរ​នេះ​ក៏មាន​បំពាក់​នូវ​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព ABS និង​មាន​ប្រភេទ​ម៉ាស៊ីន ដែល​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ដែល​កើតចេញពី​ការបញ្ចេញ​ផ្សែង​ពុល​ទៀតផង។

    ក្នុង​ឆ្នាំ 2014 ម៉ូតូ​ទាំង​ពីរបាន​ចាប់បដិសន្ធិ​ឡើង​សម្រាប់​ជំនួស​ឱ្យ​ម៉ូ​ដែល Vespa ស៊េរី​ចាស់​ដែលមាន​ទំហំតូចៗ ហើយ​ត្រូវបាន​កែលម្អ​លក្ខណៈ​បច្ចេកទេស​ដូចគ្នា​ទាំងអស់ ខុស​តែ​ការ​រចនា​រូបរាង​មួយចំនួន​តែប៉ុណ្ណោះ ដោយ Vespa Primavera នេះ​មាន​ចង្កៀង​មុខ​មូល ខណៈ​Sprint មាន​ចង្កៀង​មុខ​ជ្រុង។ ម៉ូតូ Vespa Primavera និង Sprint ត្រូវបាន​បំពាក់​នូវ​ម៉ាស៊ីន​កម្លាំង 2 ជម្រើស 125cc និង 150 cc ហើយ​មាន​រង្វង់​កង់ 12 អ៊ី​ញ។ ក្រៅពីនេះ​វា​ក៏មាន​រន្ធ USB សម្រាប់​ការ​សាក​ថ្ម​ទូរស័ព្ទ និង​មាន​ប្រអប់​សម្រាប់​ដាក់​ឥ​វ៉ាន់​ធំ​ទូលាយ រួម​នឹង​បំពាក់​ប្រព័ន្ធ​ការពារ​ចោរលួច​ដ៏​ទំនើប​ផងដែរ៕

     

     

  • ពលរដ្ឋ​ក្នុង​អាគារ​ប៊ុល​ឌិ​ង-ស​ចំនួន81% ព្រម​ទទួល​សំណង​ពី​ក្រសួង​ដែនដី

    ពលរដ្ឋ​ក្នុង​អាគារ​ប៊ុល​ឌិ​ង-ស​ចំនួន81% ព្រម​ទទួល​សំណង​ពី​ក្រសួង​ដែនដី

    គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី19 ខែឧសភា ឆ្នាំ2017 ម្សិលមិញ​នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​អគារ​ប៊ុល​ឌិ​ង-សបាន​ចុះហត្ថលេខា​ព្រម​ទទួលយក​សំណង​ពី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ប្រមាណ​ជា81%ដែល​ស្មើនឹង398បន្ទប់​ហើយ ក្នុងចំណោម​ពលរដ្ឋ​រស់នៅ​លើ​អាគារ​នេះ​ទាំងអស់​ចំនួន 493បន្ទប់។

    ដោយឡែក​ពលរដ្ឋ​ដែល​នៅសល់​ចំនួន95បន្ទប់​បាន​ណាត់​ពេល​មក​ចុះកិច្ចសន្យា​ចំនួន25បន្ទប់​ថែមទៀត​ហើយ ដែល​សរុប​រួម​ចំនួន​បន្ទប់​ដែល​មក​ចុះកិច្ចសន្យា​យល់ព្រម​លក់បាន​កើនឡើង​ដល់423បន្ទប់ ដែល​ស្មើនឹង 86% រីឯ​ម្ចាស់​បន្ទប់​ស្នាក់នៅ​ចំនួន 70 បន្ទប់​ទៀត​នឹង​អញ្ជើញ​មក​ចុះកិច្ចសន្យា​ជា​បន្តបន្ទាប់​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ក្រុមការងារ​នៅចាំ​ទទួល​បម្រើការ​រៀងរាល់ថ្ងៃ​ទាំង​ក្នុង​ថ្ងៃ​ឈប់សម្រាក​ផងដែរ។

    យ៉ាងណាក៏ដោយ​ពលរដ្ឋ​នៅ​ជាន់​ក្រោម​បង្អស់ ឬ​ជាន់​ផ្ទាល់​ដី​មួយចំនួន នៅ​មិនទាន់​យល់ព្រម​ទទួលយក​សំណង​ក្នុងតម្លៃ 1400ដុល្លារ​អាមេរិក​ក្នុង1ម៉ែត្រការ៉េ​នេះ​ដូច​អ្នក​នៅ​ជាន់​លើ​នៅឡើយ​ទេ ដោយ​សំអាងថា​នៅ​ជាន់​ក្រោម ពួកគាត់​អាចធ្វើ​អាជីវកម្ម និង​ប្រកបមុខរបរ​លក់ដូរ​ទំនិញផ្សេងៗ ដែល​អាច​រក​ចំណូល​សម្រាប់​សេដ្ឋកិច្ចរ​បស់​គ្រួសារ​ពួកគាត់​បាន៕

     

     

  • 7 រឿងគួរប្រតិបត្តិក្នុងជីវិត រួមគោលគំនិតពីព្រះធម៌

    7 រឿងគួរប្រតិបត្តិក្នុងជីវិត រួមគោលគំនិតពីព្រះធម៌

    1 –  សម្លឹងមើលពិភពលោកក្នុងន័យល្អ   ជីវិតក៏មានតែរឿងរីករាយ
    សម្លឹងមើលពិភពលោកក្នុងន័យអាក្រក់   ជីវិតកករល្អក់ និងទុក្ខសោក
                       “គំនិតល្អៗវិជ្ជមានជាប្រភពនៃសេចក្តីសុខ”

    2 – មនុស្សមានបញ្ញា ច្បាស់ជាប្រើបញ្ញា ក្នុងការកែបញ្ហា
    ចូររៀនយល់ដឹងក្នុងការប្តូរបញ្ហា ឱ្យក្លាយជាបញ្ញា
              “បញ្ញាល្អច្បាស់ជាមានសេចក្តីសុខ”

    3 – បុប្ផារីកស្គុសស្គាយ តែក៏ងាយនឹងរុះរោយ
    ឯអំពើល្អរបស់មនុស្សវិញ គង់វង្សពាសពេញជានិរន្តរ៍
    “ជីវិតរបស់មនុស្សល្អ គឺជីវិតដែលមានតែសេចក្តីសុខ”

    4 – បាបមិត្ត គឺ មិត្តអាក្រក់ មិត្តដែលនាំទៅរកអំពើបាប
    កល្យាណមិត្ត គឺ មិត្តល្អ ចូរសេពគប់ចុះ
    សម្ព័ន្ធមិត្ត គឺ មិត្តដែលចងសម្ព័ន្ធនឹងគ្នាព្រោះផលប្រយោជន៍ មិត្តបែបហ្នឹង ចូរប្រយ័ត្ន!
                                   “មានសម្ព័ន្ធភាពល្អ ជីវិតក៏មានសេចក្តីសុខ”

    5 – ចូរមានសេចក្តីសុខខណៈធ្វើការ
    ចូររីករាយចិន្តាខណៈដកដង្ហើម
    “ធ្វើការងារល្អ ជីវិតក៏មានសេចក្តីសុខ”

    6 – អ្វីគ្រប់យ៉ាងក្នុងលោកនេះ វាត្រឹមត្រូវស្រាប់ទៅហើយ
    មានតែការយល់ឃើញរបស់មនុស្សយើងប៉ុណ្ណោះដែលខុស
    “សម្លឹងមើលពិភពលោកក្នុងន័យល្អ ជីវិតក៏មានសេចក្តីសុខ”

    7 – ក្រុមគ្រួសារគឺ មូលដ្ឋានសំខាន់របស់ជីវិត
    មានក្រុមគ្រួសារល្អ ជីវិតក៏មានសេចក្តីសុខ
    “មានក្រុមគ្រួសារល្អ ជីវិតក៏នឹងមានសេចក្តីសុខទ្វេគុណ”

    រៀបរៀងដោយៈ តាវ៉ែនតា

     

  • ក្រសួងអប់រំ ប្រកាសជ្រើសរើសអ្នកជំនាញវ័យក្មេងទៅបម្រើការនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ

    ក្រសួងអប់រំ ប្រកាសជ្រើសរើសអ្នកជំនាញវ័យក្មេងទៅបម្រើការនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ

    នាពេលថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសជ្រើសរើសមន្ត្រីវ័យក្មេង (Young Professionals) ដើម្បីទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដោយក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ថា យុវជនកម្ពុជាដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬមានសញ្ញាបត្រស្មើអាចដាក់ពាក្យដើម្បីស្នើសុំបម្រើការងារនេះបាន។

     

    លក្ខខណ្ឌនៃការទទួលយកសម្រាប់បំពេញភារកិច្ចនេះ គឺចាំបាច់ត្រូវតែជាយុវជនដែលមានអាយុក្រោម ៣២ឆ្នាំ ចេះភាសាបារាំង និងអង់គ្លេសច្បាស់លាស់។ អ្នកដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យក្នុងកម្មវិធីនេះត្រូវចុះឈ្មោះ និងបំពេញពាក្យសុំតាមបណ្តាញ Online ដែលប្រកាសដោយក្រសួង និងផុតកំណត់នៅខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីចូលរួមប្រឡងនៅខែធ្នូ ឆ្នាំ២០១៧។

    ចំពោះកាលបរិច្ឆេទនៃការប្រឡងជាក់លាក់ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជម្រាបជូនសាធារណជនតាមគេហទំព័រផ្លូវការរបស់ក្រសួងនៅពេលក្រោយ៕

  • សាច់​ចៀម​ដោត​ចង្កាក់

    សាច់​ចៀម​ដោត​ចង្កាក់

    ធ្លាប់​ឮ និង​ទទួលទាន​ត្រឹមតែ​ជា​សាច់គោ​អាំង ឬ​សាច់គោ​ដោត​ចង្កាក់​អាំង តែ​ពេលនេះ​អាច​ទំនង​ជាមាន​ភាពខុសប្លែក​គ្នា​បន្តិច​ហើយ ដ្បិត ឡា​រ៉ែ​ន បាន​នាំយកមក​នូវមុខ​ម្ហូប​ថ្មី​មួយទៀត​ដែល​បង្កើតឡើង​ដោយ​ចុងភៅ​ជំនាញ​មាន​បទពិសោធ​ជាច្រើន​ឆ្នាំ ប្រចាំ​នៅ​ភោជនីយដ្ឋាន Cowboy ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ប៉ាស្ទ័រ កែង​ផ្លូវ​លេខ242 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្កើត​ចេញពី​សាច់​ចៀម រួមជាមួយ​នឹង​បន្លែ នោះ​គឺ​មុខម្ហូប​ដែលមាន​ឈ្មោះថា “សាច់​ចៀម​ដោត​ចង្កាក់​អាំង​ពិសេស”

    + គ្រឿងផ្សំ
    * សាច់​ចៀម
    * ម្ទេស​ប្លោក​ខៀវ
    * ម្ទេស​ប្លោក​ក្រហម
    * ខ្ទឹមបារាំង
    * អំបិល
    * ម្រេច​ម៉ដ្ឋ
    * រ៉ូ​ស្មែ​រី
    * ប្រេង​អូ​លីវ
    * ទឹកជ្រលក់​ម្រេចខ្មៅ​គ្រាប់

    + វិធី​ធ្វើ
    មុនដំបូង​អ្នក​ត្រូវយក​សាច់​ចៀម​លាង​សម្អាត​ឱ្យ​ស្អាត រួច​ជូត​ឱ្យ​ស្ងួត​សឹម​យកទៅ​ប្រឡាក់​ជាមួយ​អំបិល ម្រេច​ម៉ដ្ឋ ប្រេង​អូ​លីវ បន្ទាប់មក​យក​បន្លែ​ដូចជា ម្ទេស​ប្លោក​ខៀវ ម្ទេស​ប្លោក​ក្រហម ខ្ទឹមបារាំង​ដោយ​កាត់​ជា​ដុំ (តាម​ចំណង់​ចំណូលចិត្ត) ហើយ​យក​ចង្កាក់​ដោត​ជាមួយ​សាច់ រួច​យកទៅ​អាំង​ដោយ​ប្រើ​កម្តៅភ្លើង​ក្ដៅ​ល្មម។ ដោយឡែក​សម្រាប់​កម្រិត​នៃ​ការ​ឆ្អិន លោកអ្នក​កំណត់​បាន​ដោយ​ខ្លួនឯង​ទៅតាម​ចិត្ត​ដែល​អ្នក​ចង់បាន៕

  • ចំណងស្នេហ៍ទាំង 5 ដែលអ្នកគួរដឹង

    ចំណងស្នេហ៍ទាំង 5 ដែលអ្នកគួរដឹង

    ក្រោយពីបានរួមរស់នៅជាមួយគ្នាអស់មួយរយៈពេលមក សម្ព័ន្ធភាពស្នេហារវាងអ្នកទាំងពីរដែលជាដៃគូជីវិត អាចនឹងឈានដល់ដំណាក់កាលសោះកក្រោះ ពុំសូវមានភាពរ៉ូមែនទិក ស្រស់ស្រាយដូចកាលពីរៀបការថ្មីៗសោះ រហូតដល់ពេលខ្លះ អ្នក និងគូស្នេហ៍ ហាក់គ្មានអារម្មណ៍ក្នុងរឿងលើគ្រែផងក៏មាន។ បើយ៉ាងដូច្នេះ តើមានវិធីណាអាចជួយស្រោចស្រង់បញ្ហាដ៏សំខាន់សម្រាប់ជីវិតជាប្ដី-ប្រពន្ធបានឬទេ? ចម្លើយឆ្លើយថា កុំទាន់អាល់អស់សង្ឃឹម ត្បិតវាក៏មានវិធីស្រាយចំណងមួយនេះបានខ្លះៗដែរ ហើយលោកអ្នកក៏អាចមានលទ្ធភាពធ្វើបានគ្រប់គ្នា។

    1-ក្លិនទាក់ទាញអារម្មណ៍ ក្នុងចំណោមប្រសាទវិញ្ញាណទាំង5 ការទទួលដឹងតាមរយៈក្លិន គឺមានអានុភាព និងអាចដាស់អារម្មណ៍គូស្នេហ៍របស់អ្នកបានល្អបំផុត។ មានក្លិនខ្លះ អាចធ្វើឱ្យយើង នឹកឃើញដល់បទពិសោធន៍ និងអនុស្សាវរីយ៍កាលអតីតកាល ខណៈដែលមានក្លិននោះនឹងនាំឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ កក់ក្តៅរំជួលរកនឹកស្មានមិនដល់។ ចូរសាកល្បងរកសាប៊ូក្រែមងូតទឹក ទឹកអប់ ឬប្រេងថែ ស្បែកមកប្រើ ឬអុជទៀនក្រអូប ដាក់នៅតាមជ្រុងផ្សេងៗក្នុងបន្ទប់ឱ្យភ្លឺព្រាលៗ ដើម្បី ធ្វើអោយបរិយាកាសមានភាពរ៉ូមែនទិក (ប៉ុន្តែ ដើម្បីសុវត្ថិភាព ក្រោយពេលប្រើគួរពន្លត់ផង)។

    2-តន្រ្តី ដាស់អារម្មណ៍ស្នេហ៍ ជាទូទៅមនុស្សគ្រប់គ្នាសុទ្ធតែបានដឹងស្រាប់ហើយថា តន្ត្រីអាចមានឥទ្ធិពលលើអារម្មណ៍ និងប្រព័ន្ធប្រសាទ។ ការស្តាប់តន្ត្រីពីរោះៗ អាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ព្រោះវាបានជំរុញឱ្យមានលំហូរអ័រម៉ូនអេនដ័រហ្វ៊ីន (Endorphin) ដែលជួយបន្ថយការឈឺចាប់ និងបន្ធូរភាពតាងតឹង។ ដើម្បីឱ្យបរិយាកាសដែលមានតែរូបអ្នក និងដៃគូកាន់តែមានអារម្មណ៍បែបរ៉ូមែនទិក និងអាចរំញោចអារម្មណ៍មួយកម្រិតទៀតនោះ សូមអ្នកចាក់ចម្រៀងពីរោះរណ្តំនៅក្នុងផ្ទះ ឬក្នុងបន្ទប់គេង ដោយចាក់បទភ្លេង ឬចម្រៀងដែលមានលំនាំបែបសំឡេងធម្មជាតិប្រកបដោយមនោសញ្ចេតនា ជាពិសេសបើមានដូចជាសំឡេងទឹកហូរ សត្វយំ ឬសំឡេងរលកបកបោក រឹតតែប្រសើរ។

    3-បរិយាកាសល្អ ធ្វើឱ្យអារម្មណ៍ស្រើបស្រាល ការរៀបចំបន្ទប់ឱ្យមានសណ្តាប់ធ្នាប់ល្អ មិនត្រឹមតែជួយកាន់តែមានផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបង្កើនបរិយាកាសសង្វៀនស្នេហ៍អ្នកទាំងពីរឱ្យកាន់តែមានភាពពុះកញ្រ្ជោលថែមទៀត។ ចូរតុបតែងបន្ទប់ឱ្យបានស្អាតមានរបៀបរៀបរយ។ មួយសប្តាហ៍ម្តង ឬពីរដង សាកល្បងបិទភ្លើងក្នុងផ្ទះ ហើយអុជទៀនក្រអូបដាក់នៅតាមជ្រុងផ្សេងៗ ដើម្បីសាងបរិយាកាសល្អ។ ជួនកាលការបើកភ្លើងឲភ្លឺ ខណៈដែលកំពុងមានអីៗនឹងគ្នានោះក៏អាចជួយឱ្យមានអារម្មណ៍ស្រមើស្រមៃ ស្រៀវស្រើប អណ្តែតអណ្តូងមិនតិចនោះទេ ជាមួយនឹងការស្លៀកពាក់ ឈុតគេងស្តើងៗ សិចស៊ី ក៏អាចទាក់ទាញខ្សែភ្នែកគូស្នេហ៍ឱ្យសម្លក់សម្លឹងអ្នកដោយព្រឺព្រួចអារម្មណ៍ដែរ។

    4-ទទួលទានអាហារ បង្កើនចំណង់ស្នេហ៍ អាហារមួយចានៗ មានសមាសភាពគីមីដែលធ្វើឱ្យរាងកាយមានប្រតិកម្មខុសប្លែកៗពីគ្នា ក្នុងនោះរបៀបទទួលទានអាហារខ្លះ ក៏អាចទាក់ទាញអារម្មណ៍អ្នកឱ្យមានចំណង់រោលរាលបានដោយងាយ។ អាហារមានរសជាតិហឹរ ក្តៅ ជួយឱ្យជីពចរលោត ញាប់ និងដើលឿន ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ។ សូកូឡារសជាតិផ្អែមបែបស្រាលៗ ធ្វើឱ្យប្រព័ន្ធប្រសាទគ្រប់ផ្នែកក្នុងរាងកាយរំញោចខ្លួន ពុះកញ្រ្ជោលកាន់តែខ្លាំងឡើង ហើយក្រៅពីនេះ អ្នកក៏ត្រូវលៃលកពេលវេលាសម្រាប់ចូលផ្ទះបាយ ចម្អិនអាហាររួមគ្នា ឬបញ្ចុកអាហារគ្នាម្នាក់ម្តងៗយ៉ាងល្អូកល្អិន ប្រកបដោយការយល់ចិត្តខ្លះផង។

    5-ការប៉ះពាល់ ដាស់អារម្មណ៍ស្នេហ៍ ការម៉ាស្សាគក់ច្របាច់ក៏ជាវិធីមួយដ៏ល្អ ដែលអាចជួយឱ្យមានអារម្មណ៍ធូរស្បើយ លែងតប់ប្រមល់បាន។ ថាមពលនៃការបោសអង្អែល ឬម៉ាស្សាចេញពីបាតដៃ ជាការបង្ហាញនូវការស្រលាញ់ អាណិតចំពោះគ្នា។ ប្រសិនបើមានពេល ក៏គួរតែព្យាយាមម៉ាស្សាឱ្យគេ ដោយផ្តោតជាសំខាន់ត្រង់បរិវេណផ្នែកខាងក្រោមនៃត្រគាក ។ រីឯស្រ្តីភេទវិញ គួរម៉ាស្សាចំណុចសំខាន់ៗ ដូចជា នៅបរិវេណ ក ស្មា ខ្នង ស្លឹកត្រចៀក ជាពិសេស បរិវេណក្រោមចង្កេះតែម្ដង។

    សូមសាកល្បងអនុវត្តដូចដែល «ឡារ៉ែន» បានបង្ហាញជូនខាងលើនេះធានាថា លោកអ្នកអាចកែខែ គាស់រំលើងបានមកវិញនូវចំណងមេត្រីនៃសម្ពន្ធភាពដៃគូជីវិតបានមកវិញជាក់ជាមិនខាននោះឡើយ ៕

  • មហាជនចោទថា សិរីមន្ត ខំយោងបងប្រុស ឱ្យទៅកើបលុយនៅអូស្រ្តាលីដែរ

    មហាជនចោទថា សិរីមន្ត ខំយោងបងប្រុស ឱ្យទៅកើបលុយនៅអូស្រ្តាលីដែរ

    ភ្នំពេញៈ តាមរយៈអង្គការ SCCFA នៅឯក្រៅប្រទេសដែលបានរៀបចំកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ឆ្នាំ២០១៧ រៃអង្គាសប្រាក់ដើម្បីជួយដល់ជនក្រីក្រីនៅកម្ពុជា ទើបធ្វើឱ្យតារាចម្រៀងប្រុសស្រីចំនួន ៤ដួងនឹងត្រូវចេញដំណើរពីកម្ពុជាឆ្ពោះទៅប្រទេសអូស្រ្តាលីនាដើមខែមិថុនានេះ គឺមានអ្នកនាង អឿន ស្រមុំ កញ្ញា ង៉ែត រង្សី លោកខេមរៈ សិរីមន្ត និងលោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់លោក ខេមរៈ សរិរីមន្ត និងជាអ្នកនិពន្ធទំនុកច្រៀងផលិតកម្មសាន់ដេផងដែរ។

    ឮដំណឹងថា មានវត្តមានលោក ខេមរៈ ភារុណ ជាតារាកិត្តិយសទៅចូលរួមក្នុងកម្មវិធីនេះដែរនោះ ក៏ស្រាប់តែលេចឮព័ត៌មានខ្សិបខ្សៀវលើកឡើងថា ម៉េចចម្លែកម៉្លេះ? ឬដោយសារមានខ្នងប្អូនប្រុសទេដឹងបានលោក ខេមរៈ ភារុណ ត្រូវបានគេសណ្តោងយកទៅដែរ?។

    ជាឱកាសដំបូងដែលបានទៅកាន់ប្រទេសអូស្រ្តាលី លោក ខេមរៈ ភារុណ បានបកស្រាយយ៉ាងទំនងថា៖ «ពិតជាបងប្អូនយើងមានការងឿងឆ្ងល់ហើយ ព្រោះតាមទម្លាប់គេអញ្ជើញតែតារាចម្រៀង ឬតារាសម្តែងទៅចូលរួមកម្មវិធីនៅក្រៅប្រទេសប៉ុណ្ណោះ ខណៈដែលខ្ញុំគ្រាន់តែជាអ្នកនិពន្ធទំនុកច្រៀងសោះ ម៉េចក៏ត្រូវបានគេអញ្ជើញទៅដែរអ៊ីចឹង?។ តាមពិតខ្ញុំក៏មិនដឹងដែរ តែបើតាមអង្គការ SCCFA បានអញ្ជើញខ្ញុំឲ្យចូលរួមដែរ ដោយសារថាមានសំណូមពរពីបងប្អូនយើងមួយចំនួនចង់ជួប និងឃើញមុខមាត់ពិតរបស់អ្នកនិពន្ធបទចម្រៀងឱ្យ សិរីមន្ត ច្រៀង គឺរូបខ្ញុំនេះឯងឲ្យបានរួមដំណើរទៅក្នុងកម្មវិធីនោះផងដែរ»។

    ចំណែកប្រភពព័ត៌មានខាងក្រៅនិយាយថា ប្រហែលជាខាងស្ពនស័រទទួលយកលក្ខខណ្ឌពីលោក ខេមរៈ សិរីមន្តហើយ ទើបអាចសណ្តោងយកបងប្រុសលោកទៅជាមួយបាន ព្រោះពេលកន្លងមកតារាចម្រៀងម្នាក់នេះក៏ធ្លាប់បានសណ្តោងប្អូនស្រី ខេមរៈ ស្រីពៅ ទៅជាមួយដែរម្តងហើយ។

    លោក ខេមរៈ ភារុណ ក៏បានអួតពីលក្ខណៈសម្បត្តិបន្ថែមក្រៅពីចេះនិពន្ធទំនុកច្រៀងផងដែរថា៖ «ជាការពិតវិញ ខ្ញុំក៏អាចច្រៀងបានដែរ និងចេះកាន់ឧបករណ៍វាយស្គរទៀតផង។ មិនហ៊ានអួតថាចេះច្រៀងពូកែទេ គ្រាន់តែអាចច្រៀងឲ្យគេរាំបានក្នុងកម្មវិធីមួយនេះនៅអូស្រ្តាលី ហើយបើអ្នកវាយស្គរត្រូវការជំនួយ ក៏ខ្ញុំអាចជួយគាត់បានដែរ»។

    ការប្រគំតន្រ្តីសប្បុរសធម៌ឆ្នាំ២០១៧ ដែលរៀបចំដោយអង្គការ SCCFA នឹងប្រព្រឹត្តទៅរយៈពេលមួយខែ។ ចំពោះការសម្តែងមាននៅក្នុងទីក្រុង៤ ក្នុងប្រទេសអូស្រ្តាលី គឺថ្ងៃទី១០ ខែមិថុនា សម្តែងនៅក្រុងមែលប៊ន ថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងអាដែលឡេដ ថ្ងៃទី២៤ ខែមិថុនា សម្តែងនៅក្រុងស៊ីដនី និងនៅថ្ងៃទី១ ខែក្កដា សម្តែងនៅទីក្រុង ខេនប៊ើរី៕

  • ពេលមានគភ៌ តើត្រូវញ៉ាំអីដើម្បីឱ្យកូនសាច់សស្អាត?

    ពេលមានគភ៌ តើត្រូវញ៉ាំអីដើម្បីឱ្យកូនសាច់សស្អាត?

    មានបញ្ហាជាច្រើនរបស់អ្នកម្តាយមានគភ៌ដែលបារម្ភកង្វល់អំពីកូនតូចនៅក្នុងផ្ទៃ ទើបខំព្យាយាមស្វែងរកព័ត៌មានផ្សេងៗដែលណែនាំថាតើអ្វីទៅដែលញ៉ាំទៅហើយ កូនតូចនឹងមានសុខភាពល្អ សាច់ស្អាតនោះ ក៏ខំស្វះស្វែងទៅរកយកមកទទួលទានដើម្បីថែបំប៉នខ្លួនឯង និងកូនក្នុងផ្ទៃ ព្រោះចង់ឱ្យកូនចេញមកល្អស្អាតឥតខ្ចោះ និងរឹងប៉ឹងមាំមួនបំផុត។ តើបញ្ហាការហូបចុករបស់អ្នកម្តាយទាំងឡាយដើម្បីឱ្យកូនតូចមានសុខភាពល្អ និងស្អាតបាតមានអ្វីខ្លះនោះ មែន ឬមិនមែនយ៉ាងណា សូមអានអត្ថបទខាងក្រោមនេះជាបន្ត។

    ពេលមានគភ៌ តើញ៉ាំអ្វីទៅដើម្បីឱ្យកូនសាច់សស្អាត ឬក៏ញ៉ាំហឹរខ្លាំងពេកកូនតូចនឹងដុះសក់មកតិចស្តើងមែនឬ? ចំពោះបញ្ហានេះ អាហារការហូបចុកគ្មានផលប៉ះពាល់ទេ ការដែលទារកនឹងស ឬខ្មៅ សក់ស្តើង ឬសក់តិច គឺបណ្តាលមកពីពូជអម្បូរទាំងស្រុង តែអេះ!? ហេតុអីលោកប៉ាខ្មៅ អ្នកម៉ាក់ក៏ខ្មៅ តែកូនកើតចេញមកស្រាប់តែសស្គុសទៅវិញ? ពាក់ព័ន្ធនឹងរឿងនេះ តាមគោលការណ៍ខាងពូជអម្បូរអាចអធិប្បាយបានថា ដែលកូនតូចប្រសូតចេញមកសាច់សនោះ គឺដោយសារតែកូនបានទទួលហ្ស៊ែនអន់ពីឪពុក និងម្តាយហ្នឹងឯង នោះគឺមានន័យថា ទាំងឪពុក និងម្តាយមានបង្កប់នូវហ្ស៊ែនអន់ ដូច្នេះរឿងញ៉ាំអីដើម្បីឱ្យកូនស្បែកស ឬញ៉ាំអីហើយធ្វើឱ្យសក់ដុះក្រាស់ ឬស្តើងនោះ មិនមានលទ្ធផលពិសោធន៍ខាងវិទ្យាសាស្រ្តទេ តែអាចមានផលខាងផ្លូវចិត្ត ចំណែកឯការទទួលទានអាហារដែលមានរស់ជាតិហឹរពេក អាចបណ្តាលឱ្យអ្នកម្តាយមានគភ៌ឈឺពោះបាន។

    ពេលមានគភ៌ត្រូវញ៉ាំអីដើម្បីឱ្យកូនឆ្លាត និងមាំមួនបញ្ហានេះគឺជាបញ្ហាដំបូងគេរបស់អ្នកម្តាយមានគភ៌ក៏អាចថាបានដែរ អាហារការហូបចុករបស់អ្នកម្តាយមានគភ៌មានចំណែកខ្លាំងណាស់ គឺអ្នកម្តាយមានគភ៌ត្រូវតែបានទទួលសារធាតុអាហារឱ្យគ្រប់ 5 ប្រភេទក្រុម និងញ៉ាំថ្នាំថែបំប៉នគភ៌ដែលលោកគ្រូពេទ្យរៀបចំឱ្យ ត្រឹមតែប៉ុណ្ណឹង កូនតូចនៅក្នុងផ្ទៃក៏នឹងរឹងប៉ឹងមាំមួន និងមានវិវឌ្ឍនាការសមទៅតាមវ័យទៅហើយ។

    ពេលមានគភ៌ ញ៉ាំទឹកដូងនឹងជួយឱ្យខ្លួនប្រាណកូនគ្មានខ្លាញ់រំអិល តើមែន ឬមិនមែន? អ្នកម្តាយមានគភ៌ដែលញ៉ាំទឹកដូង នឹងធ្វើឱ្យការសាងខ្លាញ់រំអិលខ្លួនរបស់ទារកឡើងពណ៌ស ទើបធ្វើឱ្យអាចមើលទៅឃើញថាទារកប្រសូតចេញមកមានខ្លួនប្រាណស្អាត តែមិនមែនកើតចេញមកហើយកូនតូចគ្មានខ្លាញ់នោះទេ។ ទារកមានខ្លាញ់គ្រប់គ្នា ហើយខ្លាញ់រំអិលដែលស្រោបខ្លួនកូនតូចនេះ នៅមានប្រយោជន៍ជួយធ្វើឱ្យកូនតូចងាយស្រួលប្រសូតចេញមក និងថែមទាំងជួយសម្រួលសីតុណ្ហភាពរបស់រាងកាយទារកទើបនឹងកើតទៀតផង។

    អ្នកម្តាយមានគភ៌គ្រប់រូបសុទ្ធតែចង់ឱ្យកូននៅក្នុងផ្ទៃមានសុខភាពរឹងប៉ឹងមាំមួន និងល្អស្អាតឥតខ្ចោះគ្រប់គ្នាទាំងអស់ មែនទេចា៎ស? តែរឿងខ្លះដែលអ្នកម្តាយបានឮមកពីអ្នកដទៃ ហើយមិនប្រាកដក្នុងចិត្តថា ពេលទទួលទានហើយហុចផលល្អដល់កូនក្នុងផ្ទៃមែន ឬក៏អត់នោះ អ្នកម្តាយអាចយករឿងទាំងនោះទៅប្រឹក្សាជាមួយលោកគ្រូពេទ្យបាន ដើម្បីឱ្យបានសប្បាយចិត្ត៕