Author: ធឿន មករា

  • Liverpool ត្រៀមរួចរាល់ក្នុងការបំបែកកំណត់ត្រា ដើម្បីនាំយក Van Dijk ពី Southampton

    Liverpool ត្រៀមរួចរាល់ក្នុងការបំបែកកំណត់ត្រា ដើម្បីនាំយក Van Dijk ពី Southampton

    កីឡាករអន្តរជាតិហូឡង់ Virgil van Dijk អាចនឹងក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងពិភពលោក និងត្រូវបានគេរំពឹងទុកថា នឹងចេញពីក្លិប Southampton ទៅចូលរួមជាមួយក្លិបយក្សរបស់អង់គ្លេស Liverpool នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានរបស់ចក្រភពអង់គ្លេស។

    ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ ដែលបានចូលរួមជាមួយនឹងក្លិប Southampton កាលពីឆ្នាំ២០១៥ ក្រោយពីបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងក្រុមម្ចាស់ជើងឯកស្កុតឡេន Celtic នោះ នឹងមានតម្លៃខ្លួនប្រមាណជា៦០លានផោន (ស្មើនឹង៧៧លានដុល្លារអាមេរិក) នេះបើយោងតាមប្រភពព័ត៌មានផ្សេងៗ។ ប៉ុន្តែ ទោះបីជាយ៉ាងណា វិទ្យុ BBC និងបណ្តាញសារព័ត៌មានផ្សេងទៀតបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារថា ក្លិប Southampton មិនរីករាយក្នុងការផ្ទេរនេះឡើយ និងបានស្នើឲ្យក្របខ័ណ្ឌ Premier League ធ្វើការស៊ើបអង្កេតថា តើមានការដាក់សំណើមិនស្របច្បាប់ពីសំណាក់ក្លិប Liverpool ឬយ៉ាងណា?

    Van Dijk នឹងក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ Liverpool ក្រោយពីខ្សែប្រយុទ្ធ Andy Carroll បានចូលរួមជាមួយនឹងក្លិបហង្សក្រហមមួយនេះដោយចេញពីក្លិប Newcastle United ក្នុងតម្លៃខ្លួន៣៥លានផោន កាលពីឆ្នាំ២០១១។ ក្លិប Celtic នឹងទទួលបានចំណូល១០ភាគរយនៃតម្លៃខ្លួនសរុប ក្រោយពីបានបញ្ចូលលក្ខខណ្ឌនៃការផ្ទេរ ក្នុងពេលលក់ Van Dijk ទៅឲ្យក្លិប Southampton។

    គួររំឭកដែរថា David Luiz គឺជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្រោយពីត្រូវបានលក់ទៅឲ្យក្លិប Paris Saint-Germain ដោយក្លិប Chelsea ក្នុងតម្លៃខ្លួន៥០លានផោនកាលពីឆ្នាំ២០១៤៕

    ប្រភពពី៖ Daily Star

     

  • ពិព័រណ៍កុមារឆ្នាំនេះ ផ្ដោតលើការបង្កើនភាពប្រកួតប្រជែង

    ពិព័រណ៍កុមារឆ្នាំនេះ ផ្ដោតលើការបង្កើនភាពប្រកួតប្រជែង

    បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមពិព័រណ៍កុមារ និងគ្រួសារ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ នៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០១៧ ក្រុមហ៊ុនអនុស្សា នឹងរៀបចំកម្មវិធីពិព័រណ៍កុមារ និងគ្រួសារលើកទី៤ជាថ្មីម្តងទៀត នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់ ដែលមានទ្រង់ទ្រយកាន់តែធំ និងអស្ចារ្យជាងមុនទ្វេដង។ ទិវាកុមារដ៏ធំបំផុតប្រចាំឆ្នាំនេះ ក្លាយទៅជាទីកន្លែងដែលផ្តល់នូវភាពសប្បាយរីករាយ អនុស្សាវរីយ៍ និងពេលវេលាដ៏ពិសេសដែលមិនអាចបំភ្លេចបានសម្រាប់ក្រុមគ្រួសារទាំងឡាយដែលបានមកចូលរួម។

    ការជំរុញភាពក្លាហាន និងស្មារតីប្រកួតប្រជែងរបស់កុមារគឺជាប្រធានបទដ៏សំខាន់សម្រាប់ពិព័រណ៍ឆ្នាំនេះ។ កូនៗដ៏ឆ្លាតៗរបស់លោកអ្នក នឹងទទួលបានឱកាសពិសេសៗជាច្រើនដើម្បីបញ្ចេញសមត្ថភាព និងទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេ តាមរយៈការប្រកួតសម្តែង រាំ ច្រៀង គូររូប ផាត់ពណ៌ ដើរម៉ូដ និងអ៊ែរ៉ូប៊ីកនៅលើឆាកដ៏អស្ចារ្យ។ ពិសេសជាងនេះទៅទៀត ដើម្បីបង្កើននូវភាពប៉ុនប្រសប់ក្នុងការគិត និងចងចាំរបស់កុមារតូចៗ កុមារទាំងអស់ត្រូវបានលើកទឹកចិត្តក្នុងការចូលរួម ប្រកួតសូត្រកំណាព្យ និយាយរឿងនិទាន សរសេរតាមអាន ប្រកួតគិតលេខ និងបើកវចនានុក្រមខ្មែរជាដើម។

    ក្រៅពីនេះទៅទៀត កុមារ នឹងទទួលបានការកម្សាន្តសប្បាយរីករាយជាមួយនឹងទីធ្លាកម្សាន្តដ៏ធំ ការតុបតែងខ្លួនជាព្រះនាងប្រៀបដូចនឹងពិភព DISNEY ក្រុមតន្រ្តីកុមារ និងការសម្តែងពី Mascots ជាច្រើន។ ជាមួយគ្នានេះដែរអ្នកចូលរួមទាំងអស់នឹងទទួលបានការប្រឹក្សាយោបល់ និងព័ត៌មានលម្អិតជាច្រើន ដែលទាក់ទងនឹងសាលារៀន អាហារូបត្ថម សេវាកម្មធានារ៉ាប់រង និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងៗទៀតដែលធ្វើឲ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសផលិតផល ក៏ដូចជាសេវាកម្មដែលស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងបុត្រធីតារបស់អ្នក។

    ទាំងនេះនៅមិនទាន់អស់ទេ នៅមុនថ្ងៃពិព័រណ៍ ក្រុមហ៊ុនអនុស្សាក៏មានរៀបចំការប្រកួតដើម្បីទទួលបានរង្វាន់ជាច្រើនដូចជា៖ ការថតវីដេអូសើចកូនង៉ែត ការប្រកួតរាំរបស់កុមារ និងការប្រកួតថតរូប SELFIE CUTE CUTE របស់កុមារផងដែរ។ អ្នកឈ្នះបឋម ១០រូបនៃការប្រកួតនីមួយៗនឹងត្រូវទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងថ្ងៃពិព័រណ៍កុមារ និងគ្រួសារតែម្តង។

    ពិព័រណ៍កុមារ និងគ្រួសារលើកទី៤ នឹងផ្តល់ជូនអ្នកនូវ កន្លែងកម្សាន្តសម្រាប់កុមារដោយមានការតុបតែង ពិសេសតាមបែបគំនូរជីវចលល្បីៗ ទីកន្លែងថតរូបអនុស្សាវរីយ៍លក្ខណៈគ្រួសារ និងសកម្មភាពកម្សាន្តប្លែកៗជាច្រើនផ្សេងទៀត រួមជាមួយនឹងការប្រឹក្សាយោគបល់ផងដែរ។ ស្តង់ពិព័រណ័ប្រមាណ២០០ ពីបណ្តាក្រុមហ៊ុនផ្សេងៗគ្នានឹងធ្វើការលក់បញ្ចុះតម្លៃលើផលិតផល និងសេវាកម្មប្រើប្រាស់របស់កុមារ ចាប់ពី2០% ទៅ ៥០%។

    “ឪវា! តោះនាំកូនយើងទៅលេង ឃីតហ្វែរ” កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា គាំទ្រដោយក្រសួងពាណិជ្ជកម្ម និង ឧបត្ថម្ភធំដោយក្រុមហ៊ុនស្តារអូតូខេមបូឌា។ បណ្តាក្រុមហ៊ុនានាដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមតាំងស្តង់លក់ផលិតផល និងសេវាកម្មកុមារក្នុងពិព័រណ៍កុមារ និង គ្រួសារដែលធ្វើឡើងនៅថ្ងៃទី ១៧ ១៨ ខែមិថុនា នៅអគារពិព័រណ៍កោះពេជ្រខាងមុខនេះ អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១២ ២៣០ ១៤០ និង ០១០ ៩១១ ៧៧៦ ឬ គេហទំព័រហ្វេសប៊ុក ANUSSA Event Planner៕

  • Bill Gates ចង្អុលបង្ហាញផ្លូវដល់យុវជនដែលទើបនឹងបញ្ចប់ការសិក្សា…

    Bill Gates ចង្អុលបង្ហាញផ្លូវដល់យុវជនដែលទើបនឹងបញ្ចប់ការសិក្សា…

    គេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក បានចេញអត្ថបទមួយស្តីពីគំនិតរបស់មហាសេដ្ឋីពិភពលោកផ្នែកបច្ចេកវិទ្យា លោក Bill Gates ដែលបានបានផ្ញើសារដោយសំដៅទៅលើសិស្សនិស្សតរាប់ពាន់នាក់ដែលទើបបញ្ចប់ការសិក្សាថ្មីនៅក្នុងសហរដ្ឋអាមេរិក អំពីការងារ និងការអប់រំជីវិត ហើយវាក៏មានប្រយោជន៍ផងដែរសម្រាប់យុវជននៅកម្ពុជាយើង។

    នៅក្នុងចំណោមសារដែលលោក Bill Gates សរសេរនៅលើបណ្តាញ Twiter ចំនួន ១៤ជាប់ៗគ្នានោះ មហាសេដ្ឋីខាងលើចង្អុលបង្ហាញពីចំណុចសំខាន់ៗចំនួន ៣ ដែលអាចជួយឱ្យយុវជនមានជោគជ័យក្នុងការងារ និងជីវិត នោះគឺ ឥទ្ធិពល (Impact) សុភមង្គល (Happiness) និង វិវឌ្ឍន៍(Progress)។ នៅក្នុងចំណោមរឿងទាំង ៣ ខាងលើនេះ មិនមានចំណែកណាមួយដែលគាត់និយាយអំពីលុយនោះទេ ព្រោះគាត់ផ្តោតសំខាន់លើកត្តារបស់មនុស្សខ្លួនឯងខ្លាំងជាងកត្តាខាងក្រៅ។ លោក Bill Gates ក៏បានបង្ហាញផងដែរអំពី អាជីពការងារដែលនិស្សិតទើបនឹងបានបញ្ចប់ការសិក្សាគួរស្វែងរកនាពេលបច្ចុប្បន្ន។

    មហាសេដ្ឋីពិភពលោកខាងលើបានសរសេរថា៖ «ការងារច្នៃប្រឌិត ការងារផ្នែកថាមពល និងជីវសាស្រ្ត ជាមុខវិជ្ជាដែលធ្វើឱ្យអ្នកគ្រប់គ្នាទទួលបាននូវផលប្រយោជន៍ និងឥទ្ធិពលយ៉ាងធំ ដែលសិស្សនិស្សិតគួរជ្រើសរើសធ្វើជាអាជីពការងារ»។ ស្រដៀងគ្នានេះដែរ លោកក៏បានបង្ហាញអំពីវិស័យថាមពលនៅពេលដែលគាត់ធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ Columbia University ថា៖«នាពេលបច្ចុប្បន្ននេះ ពិភពលោកត្រូវការធនធានយ៉ាងច្រើនដើម្បីធ្វើការអភិវឌ្ឍលើវិស័យថាមពលឱ្យកាន់តែមានគុណភាពល្អ ថោក និងស្អាត។ ហើយវិស័យបច្ចេកវិទ្យាជីវសាស្ត្រ ក៏កំពុងមានតម្រូវការខ្លាំងផងដែរ ព្រោះពិភពលោកកំពុងប្រឈមជាមួយបញ្ហាមួយចំនួនដែលត្រូវការសមិទ្ធផលថ្មីៗរបស់ពួកគេដូចជា ការដោះស្រាយបញ្ហាជំងឺមហារីក និងជំងឺធាត់ជ្រុលដែលកើតឡើងពីចំណីអាហារជាដើម»។

    ចំណុចដែល Bill Gates ផ្តោតខ្លាំងលើសិស្សនិស្សិតនៅលើពិភពលោកគឺ ត្រូវធ្វើការងារទាំងឡាយណាដែលអាចដោះស្រាយបញ្ហាមនុស្សបាន ហើយចាប់ផ្តើមពីពួកគេ នោះពិភពលោកនឹងកាន់តែមានលក្ខណៈប្រសើរឡើងមិនខាន៕

  • យូរី ចេញមុខបកស្រាយរឿង អតីតគូស្នេហ៍ចោទនាងសាវា

    យូរី ចេញមុខបកស្រាយរឿង អតីតគូស្នេហ៍ចោទនាងសាវា

    បន្ទាប់ពីមានការលើកឡើងរបស់លោករ៉េត អតីតអ្នកដឹកនាំនៅក្នុងផលិតកម្មសាន់ដេ មកលើតារាចម្រៀងយូរី ថានាងជានារីសាវាទៅស្រវាអ្នកថ្មីបន្ទាប់ពីពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល 4 ឆ្នាំមកហើយនោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងបណ្ដាញសង្គម ។

    ខណៈរឿងរ៉ាវទាំងនោះបានចែកចាយក្នុងបណ្ដាញសង្គម ក៏ដូចជាបណ្ដាញសារព័ត៌មានក្នុងស្រុកយ៉ាងគគ្រឹកគគ្រេងនាពេលព្រឹកមិញនេះ រំលងបានមិនយូរប៉ុន្មាន កញ្ញា យូរី ក៏បានCall មកអ្នកយកព័ត៌មានគេហទំព័រឡារ៉ែន Online ដើម្បីធ្វើការបកស្រាយនូវការពិត។

    កញ្ញា យូរី បានទទួលស្គាល់នូវការពិតថា ពួកគេទាំងពីរ(លោករ៉េត និងយូរី)ពិតជាធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាដូចអ្វីដែលគេបានលើកឡើងនោះមែន ប៉ុន្ដែរហូតមកដល់ពេលនេះ ពួកគេបានបញ្ចប់សម្ព័ន្ធមេត្រីភាពរវាងគ្នារួចហើយ។ នាងបន្ដថា៖”ការពិតខ្ញុំនឹងគាត់បានចប់គ្នាអស់ហើយ វាគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ ហើយទាក់ទងនឹងរឿងខ្ញុំមានអ្នកថ្មី គឺជារឿងយល់ច្រឡំទេ ហើយខ្ញុំក៏បានដោះស្រាយជាមួយគាត់រួចរាល់អស់ហើយដែរ។

    តារាចម្រៀងរូបនេះបានលើកឡើងថា នាងពុំបានដឹងរឿងដែលអតីតគូស្នេហ៍យល់ច្រឡំមកលើនាងនេះទេ ព្រោះមួយរយៈចុងក្រោយនេះនាងឧស្សាហ៍ចេញទៅច្រៀងតាមបណ្ដាខេត្ដ។ ពិសេសយប់ម្សិលមិញក៏នាងជាប់រវល់ច្រៀងនៅស្រុកដំដែក ខេត្ដសៀមរាប ក៏ពុំបានដឹងរឿងអ្វីដែរ។ គ្រាន់តែនាងងើបឡើងពេលព្រឹក ក៏ស្រាប់តែឃើញរឿងនេះត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមតែម្ដង។

    យូរីបញ្ជាក់ថា ក្រោយពីនាងបានឃើញព័ត៌មាននៅព្រឹកនេះ ក្នុងអំឡុងម៉ោងប្រមាណជា 9ព្រឹក នាងបានCall ទៅដោះស្រាយជាមួយលោករ៉េត នោះរួចហើយ។ ជាលទ្ធផលអ្នកទាំងពីរបានសម្រេចឈប់និយាយអ្វីប៉ះពាល់ពីគ្នាទៅវិញទៅមក នឹងបានកែប្រែពីអ្វីដែលធ្លាប់យល់ច្រឡំមករាប់អានគ្នាដូចមិត្ដធម្មតាវិញ។

    បើទោះជាមានការបង្ហាញរូបភាពស្និទ្ធស្នាលរវាងនាង និងអតីតគូស្នេហ៍ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលដែលគេគិតថា អាចប៉ះពាល់ដល់កិត្ដិយសនាងក៏ដោយ ក៏តារារូបនេះនៅតែការពារអតីតគូស្នេហ៍ថា៖ ”ការពិតគាត់ជាមនុស្សល្អទេ តែដោយសារតែការយល់ច្រឡំទើបគាត់ធ្វើបែបនេះ ខ្ញុំក៏ពុំបានខឹងគាត់ដែរ។ ជាមួយគ្នានោះនាងក៏បានសំណូមពរឱ្យបណ្ដាសារព័ត៌មានផ្អាកការសរសេរដោយវិភាគលើកំហុសភាគីម្ខាងៗដើម្បីបញ្ជៀសនូវការយល់ច្រឡំបន្ដទៀត។

    ជាមួយគ្នានេះយូរី បានបកស្រាយថា នាង និងលោកប៊ីម៉ូ មិនមែនជាគូស្នេហ៍នឹងគ្នាទេ នាងគ្រាន់តែជាមិត្ដរួមការងារដែលមហាជនបានស្គាល់ថា ពួកយើងជាដៃគូដ៏ស័ក្តិសមក្នុងបទ”ចាក់ទឹកដូង” និងបទ ”នំប៉័ងប៉ាតេ” ប៉ុណ្ណោះ។

    ជុំវិញការបង្ហោះរូបភាពទាំងនេះត្រូវបានកញ្ញាយូរី បញ្ជាក់ថា ការបង្ហោះរូបភាពនេះនាង គិតថា វាដូចជាមិនចោទ ឬមានបញ្ហាអ្វីឡើយសម្រាប់នាង ព្រោះវារូបភាពបង្ហាញពីក្ដីស្រឡាញ់មិនមែនជារូបភាពអាក្រាតអ្វីនោះទេ។
    ម្យ៉ាងបើទោះជានាងជាតារាចម្រៀងក៏នាងមានសិទ្ធិបុគ្គលក្នុងការមានស្នេហាដែរ។ផ្ទុយទៅវិញនាងទទួលស្គាល់ថាវាក៏អាចជះឥទ្ធិពលមិនល្អសម្រាប់អាជីពរបស់ខ្លួនដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពនាងខ្លះដែរ ។

    នាងបន្ដថា ចំពោះផលិតកម្មសាន់ដេ យល់យ៉ាងណាចំពោះរឿងដែលកើតឡើងលើនាងនេះ ក៏នាងមិនទាន់អាចធ្វើការបកស្រាយបានដែរ ដោយសារតែក្នុងព្រឹកនេះនាងពុំទាន់បានទំនាក់ទំនងគ្នាជាមួយក្រុមហ៊ុននៅឡើយ៕

     

     

  • លោក Wenger យល់ព្រមបន្តកុងត្រារយៈពេល២ឆ្នាំទៀតជាមួយក្លិប Arsenal

    លោក Wenger យល់ព្រមបន្តកុងត្រារយៈពេល២ឆ្នាំទៀតជាមួយក្លិប Arsenal

    លោក Arsene Wenger គ្រូបង្វឹករបស់កាំភ្លើងធំ Arsenal បានយល់ព្រមចុះកុងត្រាថ្មីរយៈពេល២ឆ្នាំទៀត ដើម្បីបន្តរជ្ជកាលរយៈពេល២១ឆ្នាំរបស់លោកក្នុងក្លិបនេះ។ លោក Wenger និងម្ចាស់កម្មសិទ្ធិក្លិបគឺលោក Stan Kroenke បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ដើម្បីកំណត់ទៅលើអនាគតរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ខណៈដែលការសម្រេចចិត្តផ្សេងៗគឺអាស្រ័យទៅលើប្រធានតំណាងផ្នែកនីមួយៗទាំងស្រុងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាកាលពីថ្ងៃអង្គារ ម្សិលមិញ។ ក្លិប Arsenal កំពុងតែមានផែនការក្នុងការធ្វើការប្រកាសរឿងនេះជាផ្លូវការនៅថ្ងៃពុធនេះ។

    ក្រុមកាំភ្លើងធំមួយនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នៅលើតារាងនៃក្របខ័ណ្ឌ Premier League នារដូវកាលនេះ ហើយនេះគឺជាការបញ្ចប់ក្រៅចំណាត់ថ្នាក់កំពូលទាំង៤ជាលើកទី១ក្រោមការដឹកនាំរបស់លោក Wenger បើគិតចាប់តាំងពីឆ្នាំ១៩៩៦មក។ ពួកគេបានបញ្ចប់រដូវកាលដោយដេញតាមពីក្រោយក្រុមម្ចាស់ជើងឯក Chelsea រហូតដល់ទៅ១៨ពិន្ទុ ប៉ុន្តែបានផ្តួលក្រុមតោខៀវមួយនេះ ក្នុងលទ្ធផល ២-១ ដើម្បីឈ្នះពាន FA Cup នៅកីឡាដ្ឋាន Wembley កាលពីថ្ងៃសៅរ៍។ កិច្ចសន្យារបស់លោក Wenger នឹងត្រូវផុតកំណត់នៅចុងរដូវកាលនាពេលបច្ចុប្បន្ននេះ។

    លោក Wenger បានដឹកនាំឲ្យក្រុមកាំភ្លើងធំឈ្នះពានក្របខ័ណ្ឌ Premier League ៣លើក និងពាន FA Cup ៣លើកក្នុងរយៈពេល៩រដូវកាលដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹក។ កាលពីរដូវកាលឆ្នាំ២០០៣-២០០៤ លោកបានក្លាយជាអ្នកចាត់ការទូទៅដំបូងគេចាប់តាំងពីរដូវកាលឆ្នាំ១៨៨៨-១៨៨៩ ក្នុងការដឹកនាំឲ្យក្រុមមួយឆ្លងផុតក្របខ័ណ្ឌកំពូលក្នុងរដូវកាលទាំងមូលដោយការមិនស្គាល់ចាញ់សោះ៕

    ប្រភពពី៖ BBC

  • LG នឹងបង្ហាញស្មាតហ្វូនថ្មីស្ទើរគ្មានគែម និងថ្មមានថាមពលខ្លាំង

    LG នឹងបង្ហាញស្មាតហ្វូនថ្មីស្ទើរគ្មានគែម និងថ្មមានថាមពលខ្លាំង

    ក្រោយដាក់ចេញនូវទូរស័ព្ទ LG G6 ជាមួយការប្រើប្រាស់នូវបន្ទះឈីប Snapdragon 821 និងជាស្មាតហ្វូនដែលស្ទើរតែគ្មានគែមជាលើកដំបូងហើយនោះ ថ្មីៗនេះមានលេចឮដំណឹងមកថា ក្រុមហ៊ុននឹងត្រៀមបង្ហាញខ្លួនស្មាតហ្វូនថ្មីមួយទៀតដែលមានរាងកាន់តែស្រស់ស្អាត ហើយមានការរចនាផ្ទៃខាងមុខស្ទើរតែគ្មានសល់គែម និងមានថាមពលថ្មធំខ្លាំងរហូតដល់ទៅ 5500 mAh។

    តាមប្រភពដែលបានចុះផ្សាយ បានឱ្យដឹងថា ក្រុមហ៊ុន LG នឹងធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាមួយនឹងស្មាតហ្វូនស៊េរីថ្មី ដែលវានឹងក្លាយជាស្មាតហ្វូនដ៏អស្ចារ្យបំផុតសម្រាប់ឆ្នាំ 2017នេះ និងក៏ជាស្មាតហ្វូនដំបូងរបស់ខ្លួនដែលប្រើបន្ទះឈីប Snapdragon 835។ ទូរស័ព្ទថ្មីនោះ ត្រូវបានគេបង្ហើបឱ្យដឹងថាជា LG V30 ត្រូវបានរចនាឡើងដោយក្រុម DBS Designing ដែលមានរាងលំនាំដូច LG G6 ប៉ុន្តែវាមានទំហំអេក្រង់លាតសន្ធឹងពេញផ្ទៃខាងមុខនៅសល់គែមកាន់តែស្តើងបំផុត ដូចនឹង Galaxy S8 ដែរ។

    ទូរស័ព្ទ V30 នឹងត្រូវបំពាក់ជាមួយនឹងអេក្រង់ទំហំ 5.8 អ៊ីញ ប្រភេទ OLED Display មាន Aspect ratio 18:9 កម្រិតបង្ហាញ QHD ហើយនៅតែរក្សាកូនអេក្រង់តូចមួយនៅផ្នែកខាងលើដដែល។ ក្នុងនោះ វានឹងបំពាក់នូវកាមេរ៉ាភ្លោះ ដោយខាងក្រោយអាចមានទំហំ 13MP ហើយខាងមុខមានទំហំ 8.0MP ហើយមាន Ram ទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនស្រាប់ 128GB។ LG V30 នឹងភ្ជាប់មកជាមួយនូវប្រព័ន្ធប្រតិបត្តិការ Android O ជាមួយមុខងារ Daydream និងបច្ចេកវិទ្យាការពារជ្រាបទឹកផងដែរ។ យ៉ាងណាមិញ ព័ត៌មាននេះ នៅមិនទាន់ដឹងថ្ងៃច្បាស់លាស់នៅឡើយទេ ប៉ុន្តែក៏នៅមិនយូរទៀតដែរ៕

  • Huddersfield ឈ្នះកៅអីទៅ Premier League ក្រោយពីផ្តួល Reading ដោយប៉េណាល់ទី

    Huddersfield ឈ្នះកៅអីទៅ Premier League ក្រោយពីផ្តួល Reading ដោយប៉េណាល់ទី

    ក្រុម Huddersfield Town បានឈ្នះសិទ្ធិទៅប្រកួតក្របខ័ណ្ឌ Premier League ក្នុងរដូវកាលដ៏រំភើបមួយ ខណៈដែលគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Christopher Schindler បានជួយឲ្យក្រុមរបស់ខ្លួនទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-៣ លើក្រុម Reading ក្នុងការប្រកួតក្របខ័ណ្ឌ Championship វគ្គ Playoff ផ្តាច់ព្រ័ត្រ កាលពីថ្ងៃចន្ទ។

    ក្រុមរបស់លោក David Wagner នឹងត្រូវឡើងទៅលេងក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាលើកទី១ក្នុងរយៈពេល៤៥ឆ្នាំ ក្រោយពីធ្វើបានយ៉ាងល្អក្នុងពេលស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Wembley។ ការឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Premier League របស់ក្រុម Huddersfield នឹងធ្វើឲ្យពួកគេទទួលបានចំណូលយ៉ាងហោចណាស់១៧០លានផោន (ស្មើនឹង២១៨លានដុល្លារអាមេរិក) ហើយតួលេខនេះអាចនឹងកើនឡើងរហូតដល់ទៅ២៩០លានផោន ប្រសិនបើក្លិបនេះគេចផុតពីការធ្លាក់ចេញនៅរដូវកាលបន្ទាប់។ លោក Wagner បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ និងពិតជាមានមោទនភាពចំពោះកីឡាកររបស់ខ្ញុំ ក៏ដូចជាគ្រប់គ្នាក្នុងក្លិបនេះខ្លាំងណាស់។ កីឡាកររបស់យើងបានធ្វើយ៉ាងល្អឥតខ្ចោះ អំឡុងពេលនៃការប្រកួតវគ្គ Playoff នេះ»។

    លោក Wagner ដែលបានដឹកនាំឲ្យក្រុម Huddersfield បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ មានអារម្មណ៍ថា ការឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Premier League របស់ក្លិបនេះ អាចជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយរបស់ក្រុមរបស់ខ្លួន៕

    ប្រភពពី៖ Reuters

  • ដាំស្លឹកបាស លើផ្ទៃដីតែ 10អា អាចបេះលក់ មួយថ្ងៃបានពី 20-50ដុល្លារ

    ដាំស្លឹកបាស លើផ្ទៃដីតែ 10អា អាចបេះលក់ មួយថ្ងៃបានពី 20-50ដុល្លារ

    ស្លឹកបាសជាប្រភេទវល្លិ៍បន្លែម្យ៉ាងដែលភាគច្រើនដុះដោយខ្លួនឯងនៅតាមរបងផ្ទះ ឬដុះតោងនៅតាមដើមឈើផ្សេងៗដោយមិនចាំបាច់មានអ្នកថែទាំវាឡើយ គ្រាន់តែរដូវវស្សាមកដល់មានភ្លៀងធ្លាក់ វានឹងដុះលូតលាស់បានល្អអាចបេះស្លឹកខ្ចីៗ ស្រស់ៗមកស្លធ្វើជាម្ហូបអាហារមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។

    ដោយមើលឃើញភាពងាយស្រួលដាំដុះ និងងាយស្រួលថែទាំបែបនេះ កសិករនៅតាមតំបន់ជាយក្រុងមួយចំនួនដែលមានដីធំៗនៅជាប់ក្នុងភូមិ ឬនៅខាងក្រោយភូមិបានចាប់ផ្តើមបោះបង់ការងារដែលកំពុងធ្វើទៅឱ្យដទៃសិន រួចងាកមកចាប់របរដាំស្លឹកបាសលក់វិញម្តង ព្រោះអាចរកប្រាក់បានច្រើនគួរសម និងសល់ពេលទំនេរច្រើនសម្រាប់ជួបជុំគ្រួសារមើលថែទាំកូនចៅទៀតផង។

    កសិករ កែវ ស្រីលៀង  ភេទស្រី អាយុ3០ឆ្នាំ រស់នៅភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបានចាប់របរដាំដំណាំស្លឹកបាសនេះ ប្រមាណជាង 7ឆ្នាំមកហើយ ក្រោយពីធ្លាប់បម្រើការងារនៅក្នុងរោងចក្រកាត់ដេរហើយ តែមិនសល់ប្រាក់កាសបម្រុងទុកក្នុងគ្រួសារសោះ ហើយជួនកាលចាយមិនដល់ខែទៀតផង។

    អ្នកស្រីបានឱ្យដឹងថា គាត់បានដាំដំណាំស្លឹកបាសនេះលើដីទំហំទទឹង10ម៉ែត្រ និងបណ្តោយ100ម៉ែត្រស្មើនឹង 10អា ដែលជាមធ្យមអាចផ្តល់ឱ្យគាត់នូវប្រាក់ចំណូលចន្លោះពី8ម៉ឺនរៀលក្នុង1ថ្ងៃឡើង ដោយថ្ងៃខ្លះពេលណាម៉ូយបញ្ជាទិញច្រើន ចំណូលអាចឡើងដល់ទៅ20ម៉ឺនរៀលក៏មានដែរ។ អ្នកស្រីបញ្ជាក់ថា ស្លឹកបាសចំនួន10ដុំតូចៗ លក់បោះដុំឱ្យម៉ូយបានតម្លៃ 2000ទៅ2200រៀល ហើយម៉ូយមកទទួលទិញដល់ផ្ទះតែម្តង មិនចាំបាច់លំបាកដឹកយកទៅលក់នៅផ្សារខ្លួនឯងនោះទេ។

    កសិករបានឱ្យដឹងថាវិធីសាស្រ្តនៃការដាំដុះមិនលំបាកនោះទេ មុននឹងដាំគឺត្រូវភ្ជួររាស់ដី ហាលទុកចោលរយៈពេល1អាទិត្យជាមុន ទើបឆូតលើកជារង និងយកគ្រាប់បាសមកសាប ហើយស្រោចទឹក។ បន្ទាប់ពីកូនដើមស្លឹកបាសដុះ យើងយកដើមឬស្សីតូចៗមកដោតខ្វែងហើយចងខ្សែតាមបណ្តោយរង ដើម្បីឱ្យវល្លិ៍ស្លឹកបាសតោងវារឡើង ដោយក្នុង1ថ្ងៃត្រូវស្រោចទឹកចំនួន3ដង ហើយក្រោយពីពេលដាំរហូតដល់ពេលបេះស្លឹកបាន ត្រូវប្រើរយៈពេលពី1ខែ10ថ្ងៃ ទៅ1ខែកន្លះ។ លុះកាត់រួចម្តង 20ថ្ងៃក្រោយទើបអាចកាត់បានម្តងទៀត។ ក្រៅពីនោះដើម្បីការពារស្លឹកកុំឱ្យកើតមានជំងឺក្រាស៊ី ក្នុង1ខែគេត្រូវបាញ់ថ្នាំម្តងដែរ រហូតដល់20ថ្ងៃក្រោយពីការបាញ់ថ្នាំទើបគេកាត់ស្លឹកបាសលក់ទៀត។ ស្លឹកបាសចាប់តាំងពីដាំរហូតដល់គេរើដកចោលដាំថ្មី គឺស្ថិតចន្លោះពី2ឆ្នាំ ទៅ3ឆ្នាំ បន្ទាប់ពីបង្គោលទ្រើងពុក និងដើមរបស់វាចាស់ពេក។

    ឈ្មួញកណ្តាលម្នាក់ឈ្មោះអ្នកស្រី សុខ ហេង បានឱ្យដឹងដែរថា គាត់បានចាប់របររកស៊ីទិញស្លឹកបាសនេះជាង5ឆ្នាំមកហើយ ហើយយកទៅលក់បោះដុំឱ្យម៉ូយនៅផ្សារនាគមាស រាជធានីភ្នំពេញ ក្នុងនោះគាត់ទិញចូល 1ដុំធំស្មើនឹង10ដុំតូចៗក្នុងតម្លៃ2000 ទៅ2200រៀល យកទៅលក់ចេញបាន2500រៀលក្នុងមួយដុំធំ ចំណែកឯតម្រូវការរបស់ទីផ្សារវិញនោះគឺគ្មានអ្វីចោទនោះទេ មានប៉ុន្មានគេយកទាំងអស់៕

  • ស្មាតហ្វូនអេក្រង់ 4K HDR ដំបូងគេក្នុងពិភពលោក មកដល់ទីផ្សារខ្មែរហើយ

    ស្មាតហ្វូនអេក្រង់ 4K HDR ដំបូងគេក្នុងពិភពលោក មកដល់ទីផ្សារខ្មែរហើយ

    ទូរស័ព្ទស្មាតហ្វូនបំពាក់អេក្រង់ 4K ជាមួយនឹងបច្ចេកវិទ្យា HDR ដំបូងគេក្នុងពិភពលោករបស់ក្រុមហ៊ុន Sony បានបង្ហាញវត្តមានក្នុងទីផ្សារកម្ពុជា ហើយកាលពីល្ងាចថ្ងៃម្សិលមិញបានធ្វើការសម្ពោធជាផ្លូវការជាមួយនឹងតម្លៃប្រមាណ 699 ដុល្លារ។

    ទូរស័ព្ទXperia XZ Premiumនេះ ជាស៊េរីកំពូលរបស់ក្រុមហ៊ុនដែលមានបំពាក់បច្ចេកវិទ្យាចុងក្រោយ ទាំងអេក្រង់ កាមេរ៉ា សមត្ថភាពដំណើរការ និងថាមពលថ្ម។ XZ Premiumនៅតែរក្សារចនាបទដូចគ្នាទៅនឹង Xperia XZ ដែរ ប៉ុន្តែមានសមត្ថភាពកាមេរ៉ាខ្លាំងដែលវាអាចថតរូបយឺតៗ (Slow-motion960fps) បានល្អលើសទូរស័ព្ទដទៃដល់ទៅ4ដង ដែលគ្មានស្មាតហ្វូនណាមួយអាចធ្វើបានឡើយ។ វាក៏មានមុខងារទប់រំញ័រ Steady-shot 5 Axis និងប្រើ Motion Eye Camera ដែលមានតែមួយគត់ពី Sony។

    ការមកដល់ថ្មីនេះ វាប្រើនូវអេក្រង់ប្រភេទ Trilluminos Display ទំហំ 5.5 អ៊ីញ ដែលវាអាចបង្ហាញរូបភាពបានដល់ទំហំ 4K និងមានភ្ជាប់នូវបច្ចេកវិទ្យាបង្កើនពណ៌-ពន្លឺ HDR និងXreality ដំបូងគេ អាចបង្ហាញរូបភាពបានច្បាស់ល្អមែនទែន បើប្រៀបធៀបនឹងអេក្រង់ Full HD ឬQuad HD។

    តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន Sony បានឱ្យដឹងថា ទូរស័ព្ទនេះ បានបំពាក់ស៊ិនស័រ CMOS ថ្មីមាន 3 ស្រទាប់ជាប់គ្នាហើយក៏មានបំពាក់ RAM ដាច់ដោយឡែកមួយទំហំ 1GB សម្រាប់ផ្ទុក និងគណនារូបភាពបានលឿនជាងមុន ដែលមិនពឹងផ្អែកលើ RAM របស់ទូរស័ព្ទឡើយ។ លោកបន្តថាទូរស័ព្ទនេះ មានកាមេរ៉ាក្រោយទំហំ 19 MPមានកម្រិត Aperture F2.0 ទំហំ 1/2.3 អ៊ីញ អាចថតវីដេអូ 4K បានទំហំ 60fps និងវីដេអូ Full HD បាន 240fps។

    សម្រាប់សមត្ថភាពម៉ាស៊ីន ត្រូវបាន Sony បំពាក់នូវឈីប Snapdragon 835 ជំនាន់ចុងក្រោយក្នុងឆ្នាំ 2017ជាមួយនឹង CPU ចំនួន 8 គ្រាប់ មានល្បឿន 2.45 Ghzនិងមាន GPU Adreno 540។ ក្នុងនោះ វាក៏មាន RAM ទំហំ 4GB និង Memory ក្នុងម៉ាស៊ីន ទំហំ 64GBថាមពលថ្ម 3200 mAhអាចប្រើប្រាស់បានពេញមួយថ្ងៃ និងមានបច្ចេកវិទ្យាសាកថ្មរហ័ស QuicK-charge 3.0 ផងដែរ៕

     

  • កម្ពុជារំពឹងនាំចេញអង្ករបានប្រមាណ ៦០ម៉ឺនតោននៅដំណាច់ឆ្នាំនេះ

    កម្ពុជារំពឹងនាំចេញអង្ករបានប្រមាណ ៦០ម៉ឺនតោននៅដំណាច់ឆ្នាំនេះ

    ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានថ្លែងថា កម្ពុជានឹងសម្រេចបានការនាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណជា ៦០ម៉ឺនតោននៅដំណាច់ឆ្នាំ២០១៧នេះ។

    លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ឧសភានេះថា ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល៤ខែឆ្នាំ2017នេះមានកំណើនច្រើនដែលជាសញ្ញាវិជ្ជមានមួយហើយយើងសង្ឃឹមថា នៅដំណាច់ឆ្នាំនេះការនាំចេញអាចសម្រេចបានប្រមាណជា៦០ម៉ឺនតោន។

    លោកបន្តថា កម្ពុជានៅតែមានសង្ឃឹមលើទីផ្សារដែលគេធ្លាប់បានបញ្ជាទិញកាលពីឆ្នាំកន្លងទៅ អ្វីដែលពិសេសនោះគឺការបន្ថែមកូតានាំចេញអង្ករទៅចិន១០ម៉ឺនតោនលើសពីឆ្នាំមុន ដែលឆ្នាំនេះចិនធានាទិញអង្ករពីកម្ពុជាចំនួន២០ម៉ឺនតោនផងដែរ។

    យោងតាមតួលេខពីការិយាល័យច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករបានបង្ហាញថា ការនាំចេញអង្កររយៈពេល៤ខែដើមឆ្នាំបានចំនួន២១ម៉ឺនតោន ស្មើនឹងកំណើនប្រមាណ៥ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។

    លោកឧកញ៉ា ភួ ពុយ ប្រធានសមាគមសម្ព័ន្ធរោងម៉ាស៊ីនកិនស្រូវកម្ពុជា និងជាអគ្គនាយកធនាគារស្រូវបានថ្លែងថា ការនាំចេញអង្កររបស់កម្ពុជាឆ្នាំនេះមានសភាពល្អប្រសើរ ដោយសារទីផ្សារចិនជាទីផ្សារអំណោយផលមួយសម្រាប់កម្ពុជា ព្រោះរដ្ឋាភិបាលចិនអនុញ្ញាតឲ្យកម្ពុជានាំចេញរហូតដល់៣០ម៉ឺនតោននៅឆ្នាំក្រោយ។ លោកបន្តថា អង្កររបស់យើងសង្ឃឹមលើទីផ្សាចិនច្រើន ប៉ុន្តែទីផ្សារឥណ្ឌូនេស៊ី ហ្វីលីពីន យើងមិនអាចនាំចេញទៅបានទេ ដោយសារអង្កររបស់កម្ពុជាមានតម្លៃថ្លៃ មិនអាចប្រកួតប្រជែងជាមួយអង្ករផលិតនៅប្រទេសថៃ និងប្រទេសវៀតណាមបាននោះទេ។

    លោកបន្តថា “បច្ចុប្បន្នកម្ពុជាអស់ស្រូវពីស្តុកសម្រាប់នាំចេញ ប៉ុន្តែការប្រមូលផលនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ ដូច្នេះការនាំចេញអង្ករឆ្នាំនេះមិនមានបញ្ហានោះទេ”៕