Author: ធឿន មករា

  • ហេតុអីត្រូវទៅពិនិត្យគភ៌? បើមិនទៅពិនិត្យគភ៌ តើមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃយ៉ាងណា?

    ហេតុអីត្រូវទៅពិនិត្យគភ៌? បើមិនទៅពិនិត្យគភ៌ តើមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃយ៉ាងណា?

    អនាគតអ្នកម្ដាយថ្មីថ្មោងតែងមានការនឹកសង្ស័យថា ពេលមានផ្ទៃពោះ តើចាំបាច់ប៉ុនណាត្រូវទៅពិនិត្យផ្ទៃពោះ និងបើមិនទៅពិនិត្យផ្ទៃពោះបានឬទេ? ទិញថ្នាំបំប៉នមកញ៉ាំដោយខ្លួនឯងបានទេ? ព្រោះពេលខ្លះមិនងាយស្រួលក្នុងការធ្វើដំណើរទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ និងស្រ្តីមានគភ៌ខ្លះអាងហេតុផលថា ពិបាកក្នុងការសុំច្បាប់ឈប់ពីការងារ ជាដើម។ល។ តែស្រ្តីមានគភ៌ទាំងឡាយដឹងទេថា បើមិនបានទៅពិនិត្យគភ៌ នឹងមានគ្រោះថ្នាក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃខ្លាំងណាស់…សេចក្ដីលម្អិតមានដូចខាងក្រោមនេះ ៈ

    4ហេតុផលល្អៗថា ហេតុអីត្រូវទៅពិនិត្យគភ៌?

    1. ពេលអនាគតអ្នកម្ដាយទៅពិនិត្យគភ៌ អ្នកម្ដាយនឹងបានដឹងពីព័ត៌មាន និងការណែនាំក្នុងការប្រតិបត្តិខ្លួនក្នុងអំឡុងពេលមានគភ៌ រហូតដល់រយៈពេលក្រោយការប្រសូត ដោយសារតែក្នុងអំឡុងពេលតាំងគភ៌ សរីរៈ និងរាងកាយរបស់ស្រ្តីមានគភ៌មានការប្រែប្រួលច្រើន។ ស្រ្តីមានគភ៌លើកដំបូងមួយចំនួនអាចនឹងមិនយល់ និងកើតក្ដីកង្វល់ជាមួយនឹងការប្រែប្រួលទាំងនោះ ដូច្នេះគ្រូពេទ្យអ្នកពិនិត្យគភ៌នឹងផ្ដល់ការណែនាំក្នុងរឿងផ្សេងៗ​ទាំងនោះបានយ៉ាងល្អ។
    2. នៅក្នុងការពិនិត្យគភ៌ ស្រ្តីមានផ្ទៃពោះនឹងបានទទួលការវាយតម្លៃយ៉ាងលម្អិតអំពីឱកាសកើតសភាវជ្រៀតជ្រែកពីជំងឺផ្សេងក្នុងខណៈតាំងគភ៌ ហើយក្នុងករណីដែលស្រ្តីមានគភ៌មានភាពប្រថុយប្រថានខ្ពស់ក្នុងការកើតមានសភាវជ្រៀតជ្រែកនេះ គ្រូពេទ្យអ្នកពិនិត្យគភ៌នឹងអធិប្បាយ និងណែនាំវិធីក្នុងការការពារសភាវផ្សេងៗទាំងនោះទៀតផង។
    3. សម្រាប់ស្រ្តីដែលមានរោគ ឬសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកើតឡើងក្នុងខណៈមានផ្ទៃពោះ ការពិនិត្យគភ៌គឺជារឿងសំខាន់ និងចាំបាច់បំផុត។ តើស្រ្តីទាំងឡាយជ្រាបដែរឬទេថា មានជំងឺមួយចំនួនដែលភាពធ្ងន់ធ្ងររបស់វានឹងកើនខ្លាំងឡើងក្នុងខណៈដែលអ្នកមានផ្ទៃពោះ ដែលវានឹងហុចផលប៉ះពាល់ដល់សុខភាពរបស់ម្ដាយ និងកូនតូចក្នុងផ្ទៃ ដូច្នេះ ក្នុងការពិនិត្យគភ៌ គ្រូពេទ្យនឹងមើលថែទាំ និងផ្ដល់ការរក្សាព្យាបាលផ្សេងៗដែលកើតឡើងពេញមួយរយៈពេលនៃការមានផ្ទៃពោះរបស់អ្នក។
    4. ហេតុផលចុងក្រោយដែលស្រ្តីមានផ្ទៃពោះគួរតែទៅពិនិត្យគភ៌នោះគឺ ដើម្បីឱ្យទាំងម្ដាយ(ខ្លួនឯង) និងកូនតូចក្នុងផ្ទៃមានសុខភាពរឹងមាំឥតខ្ចោះ ប្រាសចាករោគភ័យ និងសភាវជ្រៀតជ្រែកអ្វីៗទាំងអស់ហ្នឹងឯង។

    អនាគតស្រ្តីជាម្ដាយមួយចំនួនអាចនឹងមានអារម្មណ៍កង្វល់អំពីរឿងការពិនិត្យផ្ទៃពោះនេះ មិនដឹងថានឹងទៅពិនិត្យនៅទីណា? ទៅហើយ ត្រូវធ្វើអ្វីខ្លះ? គ្រូពេទ្យ និងអ្នកជំនួយការគ្រូពេទ្យនឹងស្ដីបន្ទោសឬអត់? ត្រូវជោះឈាមយកទៅពិនិត្យច្រើនដងអត់?-ល- ដូច្នេះពេលនេះ ឡារ៉ែនសូមប្រាប់ទៅចុះថា កុំទៅព្រួយកង្វល់ធ្វើអី ចូរទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ដើម្បីកូនជាទីស្រឡាញ់របស់អ្នក…៕

  • កម្ពុជាចូលរួមពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក

    កម្ពុជាចូលរួមពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក

    ភ្នំពេញ (ថ្ងៃទី​៤​ ខែ​ធ្នូ)៖ មេដឹកនាំកំពូល​ៗខាង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេក​វិទ្យា​មកពី​ប្រទេស​ជាង ៤០ រួម​ទាំង​ប្រទេស​​កម្ពុជា​ផងដែរ​នោះ នឹង​ចូលរួម​ក្នុងកិច្ចប្រជុំ “តាមវីដេអូ” នៅ​សប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​អំពី​ការ​វិឌ្ឍន៍​សេវា និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​ពិភពលោក ដែល​កំពុង​ផ្លាស់ ប្តូរ​រូបរាង​​ដោយ​សារ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩។

    ពិធី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិភពលោកឆ្នាំ ២០២០ គឺជាប្រភេទ​កិច្ចប្រជុំ​ក្រោយ​សម័យ​កូវីដ​-១៩​ នៃ​ពិធី​ច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សិង្ហបុរី ដែលជាព្រឹត្តិការណ៍ជួប​ជុំ​ដោយ​ផ្ទាល់​ឈាន​មុខ​គ្នា​ក្នុង​ពិភព​លោក​ ដែល​កាល​ពី​ឆ្នាំមុន​បាន​ទាក់ទាញ​អ្នក​ចូលរួមចំនួន ៦០.០០០​នាក់​មក​ពី​ប្រទេស​ ១៤០ ឱ្យ​ធ្វើ​ដំណើរទៅ​​កាន់​ប្រទេស​សិង្ហបុរី ដែល​អ្នកទាំង​នោះ​រួមមាន​ទាំង​ប្រមុខ​រដ្ឋ អ្នក​បង្កើត​គោលនយោបាយ និង​មេដឹកនាំ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេក​វិទ្យា។

    ពិធី​នេះ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហបុរី និង​សហគ្រាស​សង្ហិបុរី (Enterprise Singapore) នឹង​​ជា​​ទម្រង់​កិច្ចប្រជុំ​​កូន​កាត់​មិន​ធ្លាប់​មាន​មួយ ដែល​រួម​បញ្ចូល ​គ្នា​នូវ​វេទិកា​ព្រឹត្តិការណ៍ ​អនឡាញ​រយៈ​ពេល ២៤​ម៉ោង​ជា​មួយ ​នឹងព្រឹត្តិការណ៍ រណប​​​សកល​​​​នានា​​នៅ​ជុំវិញ​​ពិភពលោក​។ អ្នក​រៀបចំ​ព្រឹត្តិការណ៍​​​នេះ​សង្ឃឹម​ថា ទម្រង់​កិច្ចប្រជុំ ​​កូន​កាត់​ថ្មីនេះ ​នឹង​ផ្តល់​ឱ្យ​អ្នកចូល រួម​នូវ​លទ្ធភាព​ចូលរួម​កាន់​តែ​​ខ្លាំង​ទៅ​​ក្នុង​សហគម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សកល​លោក។

    ធនាគារ​ជាតិនៃកម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេក​វិទ្យា​នៃ​កម្ពុជា (CAFT) កំពុង​រៀបចំ​ព្រឹត្តិការណ៍​រណប​មួយ​នៅ​កម្ពុជា​ចាប់​ពីថ្ងៃទី​៧ ដល់​ ១១ ខែ​ធ្នូ ដែលនឹង​មាន​វាគ្មិន​អន្តរជាតិនិងក្នុងស្រុក និងមាន​ការ​ពិភាក្សា ​ជាក្រុមអំពី​ប្រធានបទ ​នានា​ដែលមានចាប់ពី​ការ​កើនឡើង​រូបិយ​ប័ណ្ណ​ឌីជីថល ឥទ្ធិពលបច្ចេកវិទ្យា 5G ក្នុងការ​ពន្លឿន​ ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ និង​របៀប​ដែល បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ ​អាច​គាំទ្រ​ដល់​ឧស្សាហកម្ម​នានា ​ដែលរង​ផលប៉ះពាល់ខ្លាំង​បំផុត​ដោយសារ​ការ​រាត​ត្បាត​ជំងឺកូវីដ-១៩។

    លោក Tomas Pokorny អគ្គលេខាធិការ CAFT បានថ្លែង​ថា៖ «ការ​នាំ​យក​មក​រួម​គ្នា ​នូវ​អ្នកជំនាញ ​អន្តរជាតិ និង​ក្នុងស្រុក​​ក្នុង​ពិធី​នេះ គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​យើង ដើម្បីចែករំលែក ​បទ​ពិសោធ និងគំនិត​នានា​អំពី​របៀប​ដែល​បច្ចេក​វិទ្យា ​អាច​លើក​កម្ពស់​របៀប​ដែល​យើង​រក​ប្រាក់ សន្សំ​ការ​ចំណាយ​​ប្រាក់​របស់​យើង»។

    លោក​មាន​ប្រសាសន៍​ថា៖ «វាគ្មិន​ម្នាក់​ដែលខ្ញុំ​ចាប់អារម្មណ៍ជា​ពិសេស​ក្នុងការ​ស្តាប់គាត់នោះ គឺលោក​ជា​​ប្រធានគម្រោង​ពិសេសនៅក្រុមហ៊ុន​ Safaricom ក្នុង​ប្រទេស​កេនយ៉ា ដែល​សេវាទូទាត់​ចល័ត M-Pesa ​របស់​គាត់ មាន​ភាព​ល្បី​ល្បាញ ​ក្នុង​សង្គម​ធុរកិច្ច​ នៅជុំវិញ​ពិភព​កំពុងអភិវឌ្ឍន៍»។

    វាគ្មិន​ក្នុងស្រុក សមាជិក​ក្រុមពិភាក្សា និង​ម្ចាស់​ឧបត្ថម្ភ​ព្រឹត្តិការ រួមមាន ក្រុមហ៊ុន Prudential, Cellcard, True Money, Wing, AMK, CBC, Acleda, Kooming Bank, Ezecom, ABA Bank, PPCB, JTrust, KE, E-Money, Sabay និង​ក្រុមហ៊ុន QED។

    សម្រាប់​ព័ត៌មាន​បន្ថែមអំពី​ពិធី​នេះ អាច​ស្វែងរក​បាននៅ​គេហទំព័រ https://www.facebook.com/caftkh

    ព្រឹត្តិការណ៍​នានា​នៅកម្ពុជា នឹងអាចរកបាន​តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​​ទំព័រ​ហ្វេសប៊ុក​https://www.facebook.com/bakongsystem

    ការ​ចុះ​ឈ្មោះ​សម្រាប់​ពិធី​លំដាប់ពិភពលោក​មួយនេះ​ ដែល​ត្រូវ​បង់​ប្រាក់ចូលរួម​នោះ អាច​រក​បាន​នៅទីនេះ https://www.fintechfestival.sg/register-now

  • ខលហ្គែត ញញឹមកាន់តែច្រើន

    ខលហ្គែត ញញឹមកាន់តែច្រើន

    ខលហ្គែតជាម៉ាកផលិតផលថែរក្សាមាត់ធ្មេញលំដាប់ពិភពលោកដែលឈរជើងបានយូរជាងគេ។ នៅជុំវិញពិភពលោកមានគ្រួសារ​ចំនួន ៦២% ប្រើប្រាស់ផលិតផល ខលហ្គែត។ ជាច្រើនឆ្នាំមកហើយដែល ខលហ្គែត ប្តេជ្ញាថានឹងនាំយកនូវភាពល្អប្រសើរសម្រាប់មនុស្សជាតិ និងសង្គម ដែលជួយឱ្យអ្នកប្រើប្រាស់មានស្នាមញញឹមដ៏ស្រស់ស្អាតនិងសភ្លឺចែងចាំង និងមានទម្លាប់ធ្វើឱ្យមានសុខភាពល្អ។

    សម្រាប់នៅប្រទេសកម្ពុជា ខលហ្គែត បានលក់ផលិតផលរបស់ខ្លួនអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានគ្រួសារកម្ពុជាជាច្រើនប្រើប្រាស់ផលិតផល ខលហ្គែត។ នេះក៏ព្រោះតែខលហ្គែត ជាម៉ាកផលិតផលសុខភាពមាត់ធ្មេញឈានមុខគេនៅលើពិភពលោក។

    ខលហ្គែត ជឿជាក់ថា​អ្នកគ្រប់គ្នាសមនឹងទទួលបាននូវអនាគតដ៏ល្អប្រសើរដែលធ្វើឱ្យពួកគេញញឹមកាន់តែច្រើន។ ហេតុនេះបានជានៅក្នុងឆ្នាំ ២០២០​ នេះ ខលហ្គែត មានកម្មវិធីប្រូម៉ូសិន កោសភ្លាមឈ្នះភ្លាម។ ឥឡូវនេះ អ្នកប្រើប្រាស់មានមូលហេតុកាន់តែច្រើនដែលធ្វើឱ្យពួកគាត់ញញឹមកាន់តែច្រើន។ កន្លងមកយើងបានរកឃើញអ្នកឈ្នះរង្វាន់ជាច្រើននាក់ដែលមកពីខេត្តក្រុងផ្សេងៗគ្នាទូទាំងប្រទេស។ លើសពីនេះទៅទៀតយើងក៏បានរកឃើញអ្នកឈ្នះរង្វាន់រថយន្តគឺបងស្រី សួស គា មកពីខេត្តកំពង់ធំ ដែលបានឈ្នះរង្វាន់រថយន្ត Toyota Avanza ស៊េរីឆ្នាំ ២០២០។

    តាមរយៈបងស្រី សួស គា បាននិយាយថា នេះជាលើកទីមួយហើយដែលគាត់បានឈ្នះរង្វាន់ គាត់ពិតជារំភើបរីករាយខ្លាំងណាស់នៅពេលដែលកោសហើយបានឃើញថាបានឈ្នះរង្វាន់រថយន្តនៅក្នុងប្រអប់ថ្នាំដុសធ្មេញខលហ្គែតដែលមានប្រូម៉ូសិន។ សូមអរគុណដល់ ខលហ្គែត ដែលបានផ្តល់នូវរង្វាន់ពិតដល់ខ្ញុំនៅថ្ងៃនេះ។

    ទោះបីជារង្វាន់ធំត្រូវបានផ្តល់ជូនអ្នកឈ្នះរួចហើយ ប៉ុន្តែនៅមានរង្វាន់ជាច្រើនទៀតកំពុងរង់ចាំការប្តូរយករង្វាន់ពីអ្នកឈ្នះនៅចុងខែធ្នូនេះ។ ដូច្នេះសូមកុំភ្លេចកោសក្នុងប្រអប់ ខលហ្គែត នៅពេលដែលអ្នកទិញថ្នាំដុសធ្មេញ ខលហ្គែត ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។

    សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗផ្សេងៗសូមចុច follow Facebook Page: Colgate Cambodia

  • «កម្មវិធីនិយាយអំពីអាជីវកម្មជាមួយ Facebook» សូមណែនាំកម្មវិធី «Facebook Shops» ដើម្បីជួយអាជីវកម្មខ្នាតតូច បង្កើនការលក់តាមអ៊ីនធឺណិត

    «កម្មវិធីនិយាយអំពីអាជីវកម្មជាមួយ Facebook» សូមណែនាំកម្មវិធី «Facebook Shops» ដើម្បីជួយអាជីវកម្មខ្នាតតូច បង្កើនការលក់តាមអ៊ីនធឺណិត

    រាជធានីភ្នំពេញ (ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០) – អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុង​​​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែល​បង្កឡើងដោយ​រាតត្បា​វីរុសកូរ៉ូណា ដោយ​មាន​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​កំពុង​សំឡឹង​ឆ្ពោះទៅ​រក​ឌីជីថលនីយកម្ម​​​​​សេដ្ឋកិច្ច​ក្នុងស្រុកដែល​រីកចម្រើនយ៉ង​ឆាប់រហ័ស​ សម្រាប់ធ្វើ​ជា​ឱកាស​ជោគ​ជ័យ។

    ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា និងជួយសហគ្រិនឲ្យទទួលជោគជ័យលើ​ការ​​លក់តាមអ៊ីនធឺណិត ក្រុមហ៊ុន Facebook បានបង្កើតកម្មវិធីអប់រំជាភាសាខ្មែរ​ដែល​មានឈ្មោះថា «កម្មវិធីនិយាយអំពីអាជីវកម្មជាមួយ Facebook» ដែលមានអ្នកជំនាញផ្នែកទីផ្សារឌីជីថល ពាណិជ្ជកម្ម និងការសន្ទនាគ្នានិយាយអំពីផលិតផល និង​កម្មវិធីពិសេសថ្មីៗរបស់ Facebook។

    ក្នុងវគ្គចុងក្រោយបំផុតនេះ ការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក Geeks in Cambodia កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ មានអ្នកជំនាញផ្នែកបណ្តាញទំនាក់ទំនង​សង្គមពីររូបបានពិភាក្សាអំពី Facebook Shops ដែល​ជា​មុខងារ​ថ្មី​មួយ ដើម្បីគាំទ្រ​អាជីវកម្មនានា​​ឲ្យសម្របខ្លួនទៅនឹងនិន្នាការអ្នកប្រើប្រាស់ និងពន្លឿនការផ្លាស់ប្ដូររបស់​ខ្លួន​ឲ្យទៅចាប់យក​ការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈ​ការ​​បង្កើតកន្លែង​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​អាច​ស្វែងរក និងទិញទំនិញ ដែលពួកគេចង់បាន។

    Facebok Shops ដែលទើបបើកឲ្យដំណើរការនៅកម្ពុជានា​ពេលថ្មីៗនេះ បានអនុញ្ញាតឱ្យអាជីវកម្មកម្ពុជា​បង្កើត​ហាង​លក់​ទំនិញ​តាម​ប្រព័ន្ធ​អ៊ិនធឺរណែតដោយផ្ទាល់នៅលើ Facebook Page ដោយ​ជ្រើស​រើស​មុខ​ទំនិញ​ណា​មួយ​ដែល​ពួក​គេ​ចង់​ដាក់​បង្ហាញ សម្រាំង រៀបចំតាមបំណង ហើយ​ពណ៌នាម៉ាកផលិផត​របស់ពួកគេ។ សហគ្រិន ក៏​អាច​ភ្ជាប់​ទំនាក់​ទំនងជាមួយ​អតិ​ថិជនបាន​ផងដែរ​តាមរយៈ Facebook Messenger ដើម្បីឆ្លើយសំណួរ ឬ​ផ្តល់​ការគាំទ្រ។

    អ្នកប្រើប្រាស់អាចស្វែងរក Facebook Shops នៅលើទំព័រ «Facebook Business» ឬ​ស្វែង​រក​ទំនិញ​តាម​រយៈ​រឿងរ៉ាវ (Stories) ឬការផ្សាយពាណិជ្ជកម្ម។ ក្រោមមក ពួកគេអាចពិនិត្យមើលត្រួសៗ រាល់ទំនិញ រក្សា​ទុក​ផលិត​ផលណាមួយដែល ពួកគេចាប់អារម្មណ៍ និងធ្វើការបញ្ជាទិញ។

    លោក ហែម សុបញ្ញា អ្នកជំនាញផ្នែក Httpool Facebook និង​ជា​ប្រធាន​ប្រចាំ​ប្រទេស​របស់ក្រុមហ៊ុន Httpool Cambodia បាន​ថ្លែង​ថា៖ «អាជីវកម្មខ្នាត​តូច និង​មធ្យម​​ជាច្រើន​កំពុង​ងាកទៅរក​អនឡាញ បន្ទាប់​ពី​ចាប់​ផ្តើម​កើត​មានការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩។ វាកាន់តែ​មានសារៈ​សំខាន់​កាន់​តែ​ខ្លាំងឡើង​សម្រាប់ពួក​គេ​ ដើម្បី​ធានា​ថា យុទ្ធសាស្រ្ត​​ធ្វើ​ទីផ្សារ​ឌីជីថល​របស់​ខ្លួន​សម្រាប់​កម្មវិធីអនឡាញ​ដូចជា Facebook និង Instagram មាន​ប្រសិទ្ធភាព»។

    លោក​ សុបញ្ញា​ បាន​បន្ថែមថា៖ “ខ្ញុំជឿ​ថា Facebook Shops អាច​ជា​មធ្យោបាយ​ដើរ​ឆ្ពោះ​ទៅ​មុខ​មួយ​សម្រាប់​សហគ្រាន​ធុនតូច និង​មធ្យម​នៅកម្ពុជា ដោយសារ​សហគ្រាស​ទាំង​នេះ​ផ្តល់​ជូន​កិច្ចប្រឹង​ប្រែង​មិន​ស្មុគ​ស្មាញ​​ក្នុងការ​បង្កើត​ហាង​ទំនិញ​អនឡាញមួយ។ ក្នុង​នាម​ជា​អាជីវកម្ម​ខ្នាត​តូច ឬ​អាជិវកម្ម​បង្កើត​ថ្មី ​រយៈពេល​ប៉ុន្មានខែ​ដំបូង​មានសារៈសំខាន់​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យអាជីវកម្មដំណើរការ​​​។ ការ​ប្រើប្រាស់​ Facebook Shops អាច​ជួយ​ពួកគេ​ឱ្យ​បង្កើត​ហាង​ទំនិញ​ឌីជីថល​របស់​​​ខ្លួន បាន​​តាម​ជំហាន​សាមញ្ញ​មួយ​ចំនួន ហើយ​នឹង​បង្កើត​បានជា​ឧបករណ៍ពាណិជ្ជកម្ម​ដ៏​មាន​អំណាច​មួយ​សម្រាប់​ពួកគេ ដើម្បីគ្រប់គ្រង​សកម្មភាពអាជីវកម្ម​របស់ខ្លួន»។

    នៅវគ្គបន្ទាប់ អ្នកជំនាញខាងបណ្តាញសង្គម និងអ្នកតំណាងក្រុមហ៊ុន Facebook នឹងជជែក និងឆ្លើយ សំណួរអំពីទិដ្ឋភាពផ្សេងៗនៃការធ្វើជំនួញនៅលើហ្វេសប៊ុក។

    https://www.facebook.com/watch/live/?v=731184504486535&ref=watch_permalink

  • 7វិធីក្នុងការរចនាម៉ូដផ្ទះដោយខ្លួនឯងឱ្យស្អាតត្រូវចិត្ត ប្រើការបាន និងគោលការណ៍ដំបូងដែលគួរដឹង មុនចាប់ផ្ដើម (តចប់)

    7វិធីក្នុងការរចនាម៉ូដផ្ទះដោយខ្លួនឯងឱ្យស្អាតត្រូវចិត្ត ប្រើការបាន និងគោលការណ៍ដំបូងដែលគួរដឹង មុនចាប់ផ្ដើម (តចប់)

    សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធក្នុងការរចនាម៉ូដផ្ទះ និងគូសប្លង់ផ្ទះ អាចគិតថាជារឿងមួយដែលលំបាកខ្លាំងណាស់ ព្រោះក្រៅពីត្រូវនឹកដល់ភាពស្រស់ស្អាត និងហ្វាំងស្សិនការប្រើការហើយនោះ នៅត្រូវនឹកដល់តម្លៃការចាយវាយដែលគួរឱ្យឈឺក្បាលវិលមុខទៀតផង ដូច្នេះសម្រាប់អ្នកដែលកំពុងចង់រចនាម៉ូដផ្ទះដោយខ្លួនឯង និងកំពុងសម្លឹងរកមើលកម្លាំងជំរុញចិត្តនោះ លេខនេះឡារ៉ែនសូមរៀបរាប់ជាបន្តនូវគន្លឹះល្អៗពាក់ព័ន្ធនឹងការរចនាម៉ូដផ្ទះយ៉ាងមានប្រសិទ្ធភាពចាប់ពីចំណុចទី5 ដែលបន្តពីលេខមុន មកជម្រាបជូនជាបញ្ចប់ដូចខាងក្រោម៖

    5-កំណត់ថវិកាឱ្យច្បាស់លាស់

    បញ្ហាមួយទៀតរបស់ការតុបតែងផ្ទះដែលមនុស្សជាច្រើនតែងជួបនោះគឺ ទិញអីវ៉ាន់ចូលផ្ទះជក់ដៃ រហូតដល់លើសថវិកាកំណត់។ ដោយសារតែចង់បានសឹងតែទាំងអស់ រឹតតែដើររក រឹតតែជួបរបស់ដែលត្រូវចិត្ត ដូច្នេះគួរកំណត់ថវិកាដែលនឹងចំណាយឱ្យបានច្បាស់លាស់ និងព្យាយាមគ្រប់គ្រងឱ្យនៅក្នុងរង្វង់ទឹកប្រាក់ដែលបានកំណត់ទុកនោះ។ ការពារកុំឱ្យការចំណាយថវិការីកធំ

    ឬអាចចំណាយលើសបាន តែត្រឹមតែបន្តិចបន្តួច មិនច្រើនរហូតជ្រុលពេក។ អ្វីដែលសំខាន់ គឺកុំភ្លេចធ្វើបញ្ជីទុកផង ដើម្បីឱ្យបានដឹងថា បានចំណាយទៅលើអ្វីខ្លះ និងអាចកាត់បន្ថយត្រង់ណា ដើម្បីសន្សំសំចៃបានថែមទៀត។

    6-សួរយោបល់ពីអ្នកដឹង

    ទាំងអស់នេះ គឺដើម្បីកាត់បន្ថយបញ្ហាដែលនឹងកើតឡើងនៅពេលក្រោយ។ គួរប្រឹក្សា ឬសួរយោបល់ពីអ្នកដែលស្ថិតនៅក្នុងពិភពរចនាម៉ូដផ្ទះ អាចជាមនុស្សដែលធ្លាប់ស្គាល់ដែលមានបទពិសោធ ឬអ្នកជំនាញ ដូចជាស្ថាបត្យករ វិស្វករ ឬអ្នកជំនាញខាងតុបតែងខាងក្នុង ជាដើម ព្រោះពួកគេទាំងនោះ មានចំណេះដឹងបែបស៊ីជម្រៅ អាចផ្ដល់ការប្រឹក្សា និងការណែនាំបានគ្រប់ជ្រុងជ្រោយ រួមទាំងការកែសម្រួល និងកែខៃចំណុចមិនសមប្រកបផ្សេងៗ ដើម្បីឱ្យផ្ទះកាន់តែស័ក្តិសមនឹងក្រុមគ្រួសាររបស់យើង និងកាន់តែគួរឱ្យចង់ស្នាក់នៅទៀតផង។

    7-ជឿលើសញ្ជាតិញាណរបស់ខ្លួនឯងខ្លះផង

    ដោយសារតែការរចនាម៉ូដផ្ទះ គ្មានការខុស ហើយក៏គ្មានត្រូវដែរនោះ ដូច្នេះហើយទើបអ្វីដែលសំខាន់នោះគឺ ភាពស័ក្តិសម និងតម្រូវការ។ ក្រៅពីវិធីការរចនាម៉ូដដែលបានរៀបរាប់មកហើយនោះ យើងក៏មិនចាំបាច់ត្រូវតែធ្វើតាមឱ្យដូចប៉ាច់ៗគ្រប់ចំណុចនោះដែរ។ រឿងមួយចំនួនអាចនឹងមើលទៅក្រៅតម្រាខ្លះ តែបើបានសាកល្បងពិចារណាមើលហើយថា វាជាអ្វីដែលយើងស្រឡាញ់ចូលចិត្ត និងចូលគ្នានឹងលក្ខណៈការរស់នៅប្រចាំថ្ងៃរបស់ខ្លួននោះ ចូរជឿលើសញ្ជាតិញាណ និងធ្វើតាមតម្រូវការរបស់ខ្លួនឯងចុះ ឬអាចនិយាយបានយ៉ាងងាយស្ដាប់ថា បើមានអារម្មណ៍ថា ត្រូវ ក៏គឺត្រូវហើយ មិនចាំបាច់ត្រូវពឹងផ្អែកទៅតាមអ្នកណា ឬតាមក្បួនតម្រាសាងសង់ផ្ទះតាមចិត្តអ្នកណាម្នាក់ឡើយ។

    ការរចនាម៉ូដផ្ទះមានច្រើនបច្ច័យណាស់ដែលពាក់ព័ន្ធ ដូច្នេះក្រៅពីរឿងការតុបតែងដែលស្រស់ស្អាតតាមចំណូលចិត្តហើយនោះ ចូរកុំភ្លេចនឹកដល់ចំនួនសមាជិកក្នុងផ្ទះ លក្ខណៈការរស់នៅប្រចាំថ្ងៃរបស់ម្នាក់ៗ រួមទាំងភាពងាយស្រួលរស់នៅផ្សេងៗផង ដើម្បីឱ្យផ្ទះ ក្លាយជាផ្ទះដែលគួរឱ្យស្នាក់នៅយ៉ាងពិតប្រាកដ និងដើម្បីកុំឱ្យតាមកែកុននៅពេលក្រោយហ្នឹងឯង៕

  • សុខភាពស្រស់ថ្លា…ដោយសារផ្កាស្រស់

    សុខភាពស្រស់ថ្លា…ដោយសារផ្កាស្រស់

    បុប្ផាស្រស់ៗជាវត្ថុជាទីស្រឡាញ់របស់មនុស្សជាច្រើន ក្រៅពីភាពស្រស់ស្អាតហើយ ផ្កាស្រស់នៅអាចជួយធ្វើឱ្យសុខភាព​យើង​​កាន់​​​​តែ​​​ល្អប្រសើរឡើង​បានទៀតផង…តើមានផ្កាអ្វីខ្លះ និងពណ៌អ្វីខ្លះដែលជួយដល់សុខភាពទាំងកាយ និងចិត្តរបស់មនុស្សខ្លះ? សូមប្រិយមិត្តអ្នកអានតាមដានជាមួយនឹងអត្តបទខាងក្រោម​នេះ​​​ទាំងអស់គ្នាដូចតទៅ ៖

    1.ក្រហម ស ផ្កាឈូក…ផ្កាកុលាប

    ទោះជាមានបន្លាមុតស្រួចមែន តែកុលាបក៏មានពណ៌ស្រស់ស្អាតជាច្រើនដែរ ទាំងពណ៌ក្រហម ស ផ្កាឈូក និងលឿងទៀតផង ដែលផ្កាកុលាប​ពណ៌នីមួយៗសុទ្ធតែធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយមិនចេះធុញទ្រាន់ទាំងអស់ ក្រៅ​ពីនេះ ក្លិនរបស់កុលាបនៅអាចជួយគ្រប់គ្រងកម្រិតអ័រម៉ូនភេទស្រីបានទៀតផង ព្រោះក្លិនរបស់ផ្កាកុលាបមានចំណែកពាក់ព័ន្ធនឹង​ប្រព័ន្ធបន្តពូជរបស់មនុស្សស្រី រួមទាំងជាចំណែកផ្សំមួយនៅក្នុងគ្រឿងសម្អាង ដែលច្រើនឃើញមាននៅក្នុងគ្រីមថែបំប៉ន​ស្បែក លុបបំបាត់ស្លាកស្នាម ជួយឱ្យស្បែកឡើងតឹង និងធ្វើឱ្យសរសៃឈាមរឹងមាំទៀតផង។

    2.ស…ផ្កាម្លិះ

    ផ្កាពណ៌សបរិសុទ្ធ ផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ សប្បាយចិត្ត ក្លិនក្រអូបត្រជាក់ ជួយប្រឆាំងអាការសោកសៅ ធ្វើឱ្យផ្លូវចិត្តរីកស្រស់ស្រាយ។ ក្រៅពីនេះ ផ្កាម្លិះនៅត្រូវបានគេប្រើប្រាស់ក្នុងការផលិតជាទឹកអប់ដែលប្រកបដោយក្លិនក្រអូបរំជួលចិត្ត និងត្រូវបានគេនិយមប្រើប្រាស់ក្នុងរូបភាពជាផលិតផលបង្កើនសម្រស់សម្រាប់មនុស្សស្បែកស្ងួតទៀតផង។

    3.ក្រហម ផ្កាឈូក…ផ្កាជើរ៉ានៀម (Geranium)

    ពណ៌ក្រហម ពណ៌ផ្កាឈូក ជួយបង្កើតបរិយាកាសឱ្យស្រស់ថ្លា និងគួរឱ្យថ្នាក់ថ្នម។ ទឹកប្រេងក្រអូបហើរតាមខ្យល់ដែលចម្រាញ់ចេញពីក្លិនផ្កា ជើរ៉ានៀមនេះ​ មានគុណសម្បត្តិជួយធ្វើឱ្យមនុស្សយើងមានអារម្មណ៍នឹងនរ ត្រជាក់ និងជាចំណែកផ្សំសំខាន់មួយដែលគេតែងឃើញនៅក្នុងសាប៊ូ ឡេគ្រីម និងទឹកអប់ទៀតផង។ ផលិតផលរបស់ផ្កាជើរ៉ានៀមនេះ ត្រូវនឹងស្បែកមនុស្សស្រីគ្រប់ប្រ​ភេទ។

    4.ស្វាយ…ផ្កាឡាវេនឌើរ៍ (Lavender)

    គឺជាពណ៌ស្វាយមួយដែលមើលទៅមិនសៅហ្មង តែបែរជាផ្តល់នូវអារម្មណ៍សប្បាយៗ និងរ៉ូមែនទិកបន្តិចៗទៀត​ផង។ ក្លិនក្រអូបរបស់ផ្កា ឡាវេនឌើរ៍ ជួយធ្វើឱ្យផ្លូវចិត្តនឹងនរ ស្ងប់ត្រជាក់ មានគុណសម្បត្តិជួយកាត់បន្ថយភាពធុញថប់តានតឹងក្នុងអារម្មណ៍ និងបន្ធូរអាការឈឺក្បាល ជួយឱ្យគេងលក់ស្រួល និងត្រូវបានគេនិយមយកទៅប្រើនៅក្នុងផលិតផលរក្សាសម្ផស្ស ជួយឱ្យស្បែកនៅក្មេង-សខ្ចី និងថែមទាំងប្រើក្នុងការព្យាបាលជំងឺរលាកស្បែក និងជាថ្នាំព្យាបាលមុនបានទៀតផង។

    5.លឿងទឹកមាស…ផ្កាស្បៃរឿង

    ពណ៌លឿងច្រាល សម្លឹងឃើញហើយធ្វើឱ្យភាពធុញថប់តានតឹងក្នុងអារម្មណ៍ថយចុះភ្លាមតែម្ដង។ សារធាតុដែលចម្រាញ់បានពីផ្កាស្បៃរឿង (សារធាតុ ខាលេនឌូឡា Calendula) ជួយកែបញ្ហាស្បែក ដូចជាជំងឺរលាកស្បែក សន្លាកស្នាម និងស្បែកស្ងួតប្រេះ ជាដើម។ ស្រទាប់ផ្កាស្បៃរឿងអាចប្រើប្រាស់ធ្វើជាថ្នាំលាងភ្នែក ហើយក្លិនក្រអូបឈួលរបស់វាធ្វើឱ្យបរិ​យាកាសក្នុងផ្ទះ​ស្រស់​​ថ្លា ប្រឆាំង​នឹងថាមពលដែលចេញពីកុំព្យូទ័រដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងរាងកាយបាន​ទៀតផង ។

    6.លឿងស្រាល…ផ្កាក្តាំងងា

    ស្រទាប់ផ្កាមើលទៅទន់ម៉ដ្ឋខៃ គួរឱ្យស្រឡាញ់ មានពណ៌លឿងស្រាលគួរឱ្យគយគន់។ ក្លិនរបស់វាជួយធ្វើឱ្យរាងកាយផលិតសារធាតុ សេរ៉ូថូនិន (Serotonin) ដែលជាសារធាតុគីមីក្នុងខួរក្បាលដ៏សំខាន់បំផុត ធ្វើឱ្យមានសេចក្តីសុខ អារម្មណ៍ស្ងប់ស្ងាត់ មិនវិលវល់ បន្ធូរភាពនឿយល្វើយ ជួយឱ្យខួរក្បាលធ្វើការបានល្អ ការពាររោគម៉ៃក្រេន និងរោគធុញថប់បាន។

    គ្រាន់តែចេះជ្រើសរើសប្រើពណ៌ស្អាតៗ និងក្លិនក្រអូបៗរបស់ផ្កាស្រស់ ក៏អាចជួយឱ្យអ្នកនាងកញ្ញាទាំង​ឡាយបានធូរស្រាលអារម្មណ៍ និងមានសុខភាពល្អទាំងកាយ និងចិត្តបានដែរ។

    …ទាំងស្អាត ទាំងល្អបែបនេះ តើឱ្យទប់ចិត្តមិនលង់ស្នេហ៍បុប្ផាទាំងនោះម្ដេចនឹងបានទៅ…មែនទេមិត្តអ្នកអាន?

  • បង្ហាត់កូនតូចឱ្យមានសុជីវធម៌ពេលញ៉ាំអាហារ

    បង្ហាត់កូនតូចឱ្យមានសុជីវធម៌ពេលញ៉ាំអាហារ

    ម្តងទៀតហើយដែលកូនសម្លាញ់យកដៃប្រឡូកលេងក្នុងចានស្ប៉ាហ្គេតទីដ៏សែនឆ្ងាញ់ដែលអ្នកម្តាយខំឆាឱ្យកូនញ៉ាំ…មិនត្រឹមតែប៉ុណ្ណឹងទេ កូនសម្លាញ់ថែមទាំងយកដៃចាប់សរសៃស្ប៉ាហ្គេតទីដាក់ចូលមាត់ឡើងប្រឡាក់ពេញមាត់ទៀតផង។

    ហើយដែលអាក្រក់ជាងអ្វីទាំងអស់នោះ គឺពេលដែលកូនតូចធ្វើសរសៃមីស្ប៉ាហ្គេតទីខ្ទាតទៅប្រឡាក់អាវពណ៌សរបស់ប៉ាដែលអង្គុយញ៉ាំនៅក្បែរនោះទៀតផង។ បើតែយ៉ាងនេះ គម្រោងដែលគិតថា ចង់នាំកូនសម្លាញ់ទៅជប់លៀងឆ្លងឆ្នាំថ្មីនៅផ្ទះ​លោកនាយ​ ប្រហែលជាត្រូវលុបចោលហើយមើលទៅ…។

    តែឈប់សិន…អ្នកម្តាយមិនចាំបាច់លុបចោលគម្រោងជប់លៀងឆ្លងឆ្នាំថ្មីនោះក៏បានដែរ បើសិនជាអ្នកម្តាយចេះ​បង្ហាត់សុជីវធម៌ដល់កូនតូចនៅពេលញ៉ាំបាយ តាំងពីពេលកូនចាប់ផ្តើមអង្គុយញ៉ាំអាហារនៅលើកៅអីខ្ពស់សម្រាប់ក្មេង(High Chair)បាននោះ។ ​

    ដោយដំណាក់កាលងាយៗក្នុងការបង្ហាត់កូនឱ្យមានសុជីវធម៌ពេលញ៉ាំអាហារជាមួយមនុស្សធំនេះ គួរចាប់ផ្តើមពីពេលឱ្យកូនតូចអង្គុយញ៉ាំបាយរួមតុជាមួយឪពុកម្ដាយ ដើម្បីឱ្យកូនបានមើលឃើញពីសុជីវធម៌ដ៏ត្រឹមត្រូវពីលោកឪពុក និងអ្នកម្តាយរបស់គេជាមុនសិន ព្រោះវិធីធ្វើឱ្យកូនមើលឃើញជាឧទាហរណ៍នេះ ជាវិធីមួយដែលទទួលបានលទ្ធផលល្អណាស់ ដោយលោកឪពុកអ្នកម្តាយអាចចាប់ផ្តើមតាំងពីការលាងសម្អាតដៃមុនពេលបរិភោគអាហារ…ប្រើស្លាបព្រា-សមដួសម្ហូបអាហារយ៉ាងសុភាព…ពោលពាក្យថា “អរគុណ”រាល់ពេលដែលមានអ្នកដួសម្ហូបដាក់ឱ្យ…មិនអានសៀវ​ភៅ ឬមើលទូរទស្សន៍ ឬលេងទូរស័ព្ទក្នុងពេលទទួលទានអាហារ ជាដើម-ល- បន្ទាប់ពីនោះ ប្រាកដណាស់ កូនតូចដែលតែងតែចង់ឱ្យលោក​ប៉ា និងអ្នកម៉ាក់ពេញចិត្តនោះ នឹងកត់ចំណាំទង្វើទាំងនោះ ហើយនិងធ្វើតាមជាមិនខាន។

    ពេលកូនតូចចាប់ផ្តើមប្រត្តិបត្តិតាមអ្វីដែលអាណាព្យាបាលសម្តែងឱ្យគេឃើញហើយនោះ លោកឪពុក-អ្នកម្តាយក៏មិនគួរសរសើរកូនសម្លាញ់ជ្រុលពេកឡើយ ព្រោះវិធីនេះអាចធ្វើឱ្យកូនគិតថា គេគឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍គ្រប់ពេលដែលដល់ពេលចូលតុបាយ និងដែលសំខាន់នោះ គឺកុំនឹកសង្ឃឹមថា កូននឹងសម្តែងសុជីវធម៌ដ៏សមស្របទាំងនោះបានក្នុងរយៈពេលដ៏ខ្លីឱ្យសោះ ព្រោះពេលខ្លះកូនតូចក្នុងវ័យនេះ នៅតែសប្បាយរីករាយជាមួយអាហារដែលងាយស្រួលចាប់កាន់ញ៉ាំ(Finger Food)ដដែល ។

    ក្នុងអំឡុងពេលដែលលោកឪពុក-អ្នកម្តាយកំពុងព្យាយាមបង្រៀនរឿងសុជីវធម៌ពេលញ៉ាំបាយដល់កូនតូចនោះ ប្រហែលជាមានពេលខ្លះហើយ ដែលកូនតូចនៅតែប្រឡូកប៉ូកប៉ាក់ប្រឡាក់ពេញមុខ ឬមានទង្វើដែលមិនស័ក្តិសមខ្លះមិនខាន…ស្ថិតក្នុងស្ថានការណ៍បែបនេះ អាណាព្យាបាលមានជម្រើស 2ចំណុច គឺទី1​ ធ្វើជាមិនចាប់អារម្មណ៍នឹងទង្វើទាំងអស់នោះ មិនថា​កូន​​ព្រួសបាយពេញតុ ស្រែកចេចចាច ឬខ្ជាក់បាយដាក់ក្នុងចាន ជាដើមក្ដី សូមលោកឪពុក-អ្នកម្តាយធ្វើព្រងើយ ធ្វើដូចជាគ្មានអ្វី​កើត​​ឡើងអ៊ីចឹង ទីបំផុត កូននឹងបញ្ឈប់ទង្វើទាំងនោះដោយឯកឯង នៅពេលដែលគេមើលឃើញថា អ្វីដែលគេធ្វើនោះមិនអាចទាក់ទាញចំណាប់អារម្មណ៏ពីលោកប៉ា-អ្នកម៉ាក់បាន។ ចំណុចទី2​ គឺរិះរកវិធីកែបញ្ហា ដូចជាជូតមាត់ឱ្យកូន រាល់ពេលដែលកូនខ្ជាក់បាយមកប្រឡាក់មាត់ រហូតទាល់តែកូនតូចឈប់ខ្ជាក់ដោយឯកឯង ឬក៏ពេលដែលគេប្រើដៃចាប់អាហារ អ្នកក៏យកស្លាបព្រាដាក់ក្នុងដៃកូន ជាដើម។ ក្នុងពេលជាមួយគ្នានេះដែរ លោកឪពុក-អ្នកម្តាយខ្លះ អាចនឹងនាំកូនតូចចេញពីតុបាយមួយភ្លែតសិន ដើម្បីនាំទៅអធិប្បាយប្រាប់ពីកិរិយាមារយាទដែលសមរម្យរបស់កូនតូចក៏អាចធ្វើបានដែរ។

    តែដែលសំខាន់លើសអ្វីទាំងអស់ក្នុងការបង្រៀនឱ្យកូនតូចមានសុជីវធម៌ក្នុងពេលញ៉ាំបាយនោះ ប្រហែលជាចៀសមិនផុតពីភាពយល់ចិត្តអាណិតអាសូររបស់ឪពុក-ម្តាយចំពោះកូនតូចសម្លាញ់ឡើយ៕

  • ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ទោះជាបច្ចុប្បន្នជាយុគសម័យនៃបច្ចេកវិទ្យាទំនើប ដែលងាកទៅខាងណាក៏ឃើញតែស្មាតហ្វូន និងកុំព្យូទ័រក៏ដោយ តែការបង្ហាត់កូនតូចឱ្យចេះកាន់ប៊ិច ឬខ្មៅដៃសរសេរ គឺជារឿងមួយសំខាន់ណាស់សម្រាប់ក្មេងវ័យមុនចូលរៀនមត្តេយ្យ ព្រោះការសរសេរមានចំណុចល្អច្រើនណាស់សម្រាប់កុមារតូចៗ ដូចជាការជួយហ្វឹកហាត់សាច់ដុំប្រអប់ដៃរបស់កុមារ ជួយឱ្យកុមារចេះសង្កេត និងចេះប្រើខួរក្បាលផងដែរ។ ខាងក្រោមនេះជាដំណាក់កាលនៃការចេះកាន់ខ្មៅដៃសរសេរ ឬគូសវាសរបស់កុមារតូចៗតាមវ័យដែលអាណាព្យាបាលគួរតែដឹង។

    ដំណាក់កាលទី1 គូសវាស (ក្មេងតូចវ័យ 2 – 3ឆ្នាំ) គ្រវាសគ្រវាត់គ្មានគោលដៅ។ ចាប់ខ្មៅដៃបាន ក៏គូសវាសជាខ្សែផ្សេងៗជំពាក់វាក់វ័ណ្ឌគ្នាពេញក្រដាស ទាំងភ្នែកអាចនឹងមិនបានមើលដៃ ឬក្រដាស(ដែលខ្លួនឯងសរសេរ)ផង។

    ដំណាក់កាលទី2 គ្រប់គ្រងការគូសវាស (អាយុ 3ឆ្នាំ) ទោះជាស្នាមគូសវាសមិនខុសគ្នាពីដំណាក់កាលដំបូងមែន តែយ៉ាងហោច​ណាស់ ក៏គេចាប់ផ្តើមចេះគ្រប់គ្រងការធ្វើចលនារបស់សាច់ដុំដៃរបស់ខ្លួនឯងបានហើយ និងចេះសរសេរយ៉ាងមានទិសដៅច្រើនជាងមុនបន្តិចហើយ។

    ដំណាក់កាលទី3 (អាយុ 3 – 4 ឆ្នាំ) កូនតូចនឹងចូលចិត្តគូសតាមស្នាមពង្រាងអុចៗ ឬគូសជាន់ពីលើតាមតួអក្សរដែលគេចង់សរសេរ តែឪពុកម្ដាយក៏កុំទៅនឹកសង្ឃឹមថា កូនតូចនឹងសរសេរជាន់ពីលើពង្រាងនោះបានស្អាតល្អឱ្យសោះ ព្រោះវានៅតែវៀចទៅឆ្វេង ទៅស្តាំ និងទ្រេតទ្រោតដដែល ដូច្នេះអ្នកម្តាយគួរកុំគិតតែពីទិញសៀវភៅគំរូហាត់សរសេរឱ្យកូនហាត់សរសេរច្រើនពេកអី និងកុំភ្លេចថា ការចូលចិត្តរបស់កូនតូច វាគ្រាន់តែជាវិវឌ្ឍនាការមួយអំឡុងពេលប៉ុណ្ណោះ មិនដូច្នោះទេកូនអាចនឹងធុញទ្រាន់ និងហត់បានដូចគ្នា។

    ដំណាក់កាលទី4 អាចសរសេរឈ្មោះខ្លួនឯងបាន សរសេរតាមពាក្យផ្សេងៗបាន (អាយុ 4ឆ្នាំ) ចាប់ផ្តើមសរសេរពាក្យដែលមាន​អត្ថន័យចំពោះខ្លួនឯងបាន ដូចជាឈ្មោះរបស់ខ្លួនឯង ឬប្រយោគដែលអ្នកគ្រូ(សាលាមត្តេយ្យ)ធ្លាប់និយាយប្រាប់ ហើយគេចង់សរសេរ(រឿងនិទាន ឬទីកន្លែងដែលគេចូលចិត្ត) ពេលអ្នកគ្រូសរសេរឱ្យមើល គេនឹងព្យាយាមសរសេរតាម។

    ដំណាក់កាលទី5 គិតរកនឹកសរសេរពាក្យ (អាយុ 4 – 5ឆ្នាំ) ពេលកូនតូចបានឮ បានស្តាប់ពាក្យអ្វីមក ដូចជា ស្រឡាញ់ម៉ាក់ ជាដើម គេនឹងយក​ពាក្យនោះ​មកគិត និងសរសេរលើក្រដាស់ថា “ស្រឡាញ់ម៉ាក់” ទោះជាអក្សរមិនសូវស្អាតមែន តែក៏អាចនិយាយបានថា កូនតូចចេះសរសេរហើយ។

    ដំណាក់កាលទី6 សរសេរបានយ៉ាងត្រឹមត្រូវ (អាយុ 5 – 7ឆ្នាំ) ពេលអ្វីគ្រប់យ៉ាងត្រៀមជាស្រេចរួចហើយ ពេលនោះគេនឹង​សរសេរ​ពាក្យ​ផ្សេងៗបានដោយខ្លួនឯងយ៉ាងចំណាន និងកាន់តែត្រឹមត្រូវឡើងទៀតផង។

    ទម្រាំតែគេអភិវឌ្ឍឡើងបានជាដំណាក់ៗបែបនេះ មិនមែនចេះតែត្រឹមត្រូវទៅតាមអាយុប៉ាច់ៗនោះទេ។ កូនតូចអាចនឹងវិវឌ្ឍយឺត-លឿនមិនស្មើគ្នាទេ អាស្រ័យលើបទពិសោធដែលក្មេងម្នាក់ៗប្រមូលសន្សំបានមក។ ការហ្វឹកហាត់វិវឌ្ឍនាការនេះ មាននៅក្នុងកិច្ច​ការងា​រ​​ប្រចាំ​ថ្ងៃបែបងាយៗដូចជា ការហែកក្រដាស កាត់ក្រដាស ជួយម៉ាក់ដួសបាយ កៀបដុំទឹកកក បើក-បិទគម្របដប និងកិច្ចការ​ងារដែលធ្វើរួមគ្នា មិនថាតែការអានសៀវភៅ និយាយរឿងនិទាន លេងហ្គេមដែលពាក់ព័ន្ធនឹងពាក្យ ដូចជាលេងតពាក្យចុងជួន សង្កេត​ពាក្យដែលដូចគ្នាតាមស្លាកឃោសនាពាណិជ្ជកម្មនៅតាមផ្លូវថ្នល់ ជាដើម។

    ធ្វើកិច្ចការងារបែបនេះឱ្យក្លាយទៅជារឿងប្រក្រតី ពេលនោះកុមារនឹងសរសេរបានដោយខ្លួនឯង និងសរសេរយ៉ាងមាន​សេចក្តី​សុខទៀតផង៕

  • Cavani អាចនឹងត្រូវសហព័ន្ធបាល់ទាត់អង់គ្លេស ព្យួរជើងច្រើនប្រកួត ព្រោះការរើសអើងជាតិសាសន៍

    Cavani អាចនឹងត្រូវសហព័ន្ធបាល់ទាត់អង់គ្លេស ព្យួរជើងច្រើនប្រកួត ព្រោះការរើសអើងជាតិសាសន៍

    កាលពី​ថ្ងៃអាទិត្យ ទី29 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅនេះ កីឡាករ​ខ្សែប្រយុទ្ធ Edinson Cavani របស់​ក្លិប Manchester United បាន​បង្ហោះ Story នៅក្នុង​បណ្តាញ​សង្គម IG របស់ខ្លួន​ដោយបាន​ប្រើពាក្យ​ថា «Gracias negrito» ដែល​មានន័យថា «អរគុណ ម៉ៅ» ក្នុងន័យ​លេងសើច​តែប៉ុណ្ណោះ។

    Cavani នឹងត្រូវ​បាន FA ដាក់ពិន័យ​មិនឱ្យ​ចូលរួម​ចំនួន 3ប្រកួត បើសិន​រកឃើញថា កីឡាករ​រូបនេះ បាន​ប្រព្រឹត្ត​បែបនេះ​ដោយ​ខ្លួនឯង​មែន​នោះ។

    យ៉ាងណាមិញ ទាក់ទិន​នឹង​រឿង​ខាងលើនេះ មិនទាន់មាន​ខាង​ណាមួយ​ថា ដាក់​កំហុស​លើ​ខ្សែប្រយុទ្ធ​ខាងលើ​នៅឡើយ​ទេ ដោយ​ខាង FA កំពុងតែបន្ត​ស៊ើបអង្កេត​លើ​រឿងនេះ៕

  • ឈិន ឈឿន ប្រកាសបា៎យបា៎យ ព្រះខ័នរាជស្វាយរៀង ដោយសារមិនសូវបានបង្ហាញខ្លួន

    ឈិន ឈឿន ប្រកាសបា៎យបា៎យ ព្រះខ័នរាជស្វាយរៀង ដោយសារមិនសូវបានបង្ហាញខ្លួន

    កីឡាករ​ខ្សែបម្រើ​ការពា រ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ឈិន ឈឿន បានប្រកាស​អរគុណ​ទៅដល់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ជាទី​ដែល​គេ​បំពេញ​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​រយៈពេល 1រដូវ​កាល2020 បុគ្គលិក និង​មិត្ត​រួម​ក្រុម​ទាំងអស់ ក្នុងន័យ​លាគ្នា បន្ទាប់ពី​កីឡាករ​រូបនេះ សម្រេចចិត្ត​ចាកចេញ​ពី​ក្រុម​នេះ។

    កីឡាករ​មាឌ​ល្អិត​មាំ​រូបនេះ ទំនងជា​នឹង​ត្រឡប់​ទៅ​ចូលរួម ជាមួយនឹង​ក្លិប​ក្រសួងការពារជាតិ ជាទី​ដែល​ធ្វើឱ្យ​កីឡាករ​រូបនេះ​ល្បី​ខ្លាំង​វិញ ដោយនៅ​ទីនោះ គេ​អាច​នឹង​បង្ហាញខ្លួន​បាន​ច្រើនជាង នៅ​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង។

    គួរឱ្យ​ដឹង​ដែរ​ថា កីឡាករ ឈិន ឈឿន អាច​ចាត់ទុកថា ជា​កីឡាករ​ខ្សែបម្រើ​ការពារ​មួយរូប ដែលមាន​ល្បឿន​លឿន និង កាយសម្បទា​ល្អ ជាងគេ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ បើទោះបីជា​គេ​មាន​វ័យ​រាង​ជ្រេ​បន្តិច​ក៏ដោយ៕