Author: ធឿន មករា

  • មុនពេល​ខ្ចីលុយ​គេ តើ​អ្នក​គួរ​គិត​លើ​កត្តា​អ្វីខ្លះ?

    មុនពេល​ខ្ចីលុយ​គេ តើ​អ្នក​គួរ​គិត​លើ​កត្តា​អ្វីខ្លះ?

    មុនពេល​សម្រេចចិត្ត​ខ្ចីប្រាក់ អ្នក​គួរ​ពិចារណា​លើ​ហេតុផល ឬ​ការសម្រេចចិត្ត​បែបណា ដើម្បីឱ្យ​ផែនការ​ប្រើប្រាស់​ប្រាក់កម្ចី​បានច្បាស់លាស់ និង​មាន​ប្រសិទ្ធិភាព​ជៀសវាង​ការចំណាយ​ឥតប្រយោជន៍។ ដូច្នេះ អ្នក​គួរតែ​យល់ដឹង​ពី​សំនួរ និង​ចម្លើយ​មួយចំនួន​នេះ៖
    – តើ​យកប្រាក់​មកប្រើប្រាស់​ក្នុង​គោលបំណង​អ្វី?
    – តើ​គោលបំណង​នេះ វា​គឺជា​ចំណាយ​សុទ្ធ ឬ​ជាការ​វិនិយោគ ដើម្បី​ទទួលបាន​ផលចំណេញ?
    – បើ​វា​ពិតជា​ការចំណាយ​សុទ្ធ​មែន តើ​វា​សាក​សម​ក្នុងការ​ចំណាយ​ដែរឬទេ?

    ដើម្បីឱ្យ​ផែនការ​ប្រើប្រាស់​ប្រាក់កម្ចី​បានច្បាស់លាស់ និង​មាន​ប្រសិទ្ធិភាព ក្នុងការ​ជៀសវាង​ការចំណាយ​ឥតប្រយោជន៍​មួយចំនួន​នោះ អ្នក​គួរ​ពិចារណា​មុនពេល​សម្រេចចិត្ត​ដូចជា៖
    1. ត្រូវ​កំណត់​គោលបំណង​នៃ​ការខ្ចីប្រាក់​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ការពិចារណា​ពី​ផែនការ​ប្រើប្រាស់​ប្រាក់កម្ចី​បានច្បាស់លាស់​ជាមុន ពិតជា​មាន​ប្រសិទ្ធភាព​ជៀសវាង​ការចំណាយ​ឥតប្រយោជន៍។
    2. ត្រូវ​សិក្សា​ពី​លទ្ធភាព​បង់​សង​ប្រាក់កម្ចី​មិនមែន​ផ្អែកទៅលើ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​កំពុងមាន​នោះទេ អ្នក​ត្រូវ​គិតពី​ចរន្ត​សាច់ប្រាក់​ដែល​បានមកពី​ប្រភព​នៃ​ចំណូលផ្សេងៗថា តើ​ក្រោយពី​ទូទាត់​ចំណាយ​នៅក្នុង​គ្រួសារ តើ​អ្នក​នៅសល់​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការបង់​សង​កម្ចី​ឬទេ។ ដូច្នេះ ត្រូវ​ហ៊ាន​និយាយថា (ទេ) ប្រសិនបើ​អ្នក​គិតថា អ្នក​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការសង​ប្រាក់កម្ចី​មកវិញ។
    3. សិក្សា​ស្វែងយល់​ពី​ស្ថាប័ន​ដែល​ផ្តល់​ប្រាក់កម្ចី​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​អ្នក​ត្រូវ​ដឹង​ច្បាស់​ពី​លក្ខខណ្ឌផ្សេងៗរបស់​ស្ថាប័ន​ដែល​ផ្តល់ប្រាក់​កម្ចី​ដូចជា អត្រា​ការប្រាក់ លក្ខខណ្ឌ​បង់​សង និង​រយៈពេល​បង់​សង មុនពេល​សម្រេចចិត្ត​ជ្រើសរើស​ប្រើប្រាស់​ប្រាក់កម្ចី​ពី​ស្ថាប័ន​នោះ។
    4. ស្វែងរក​ការប្រឹក្សា​យោបល់​ឱ្យបាន​ច្បាស់លាស់ ប្រសិនបើ​អ្នក​យល់​មិន​ច្បាស់​ពី​ចំណុច​ណាមួយ​ខាងលើនេះ អ្នក​គួរ​សុំ​ការប្រឹក្សា​យោបល់​ពី​អ្នក​ដែល​ធ្លាប់មាន​បទពិសោធន៍​ទទួល​ប្រាក់កម្ចី​យកទៅ​ប្រើប្រាស់​ហើយ​រីកចម្រើន។
    5. ជៀសវាង​យកប្រាក់​កម្ចី ដើម្បី​បង្វិល​ដោះបំណុលផ្សេងៗ អ្នក​គួរ​ជៀសវាង​ខ្ចីប្រាក់​ពី​ស្ថាប័ន​ច្រើន​ក្នុងពេល​តែមួយ ដើម្បី​យកទៅ​ដោះបំណុល។ ការធ្វើ​ដូច្នេះ មិនបាន​ជួយ​អ្នក​ឱ្យ​រួច​ផុតពី​បំណុល​នោះទេ តែ​ផ្ទុយទៅវិញ កាន់តែ​ធ្វើឱ្យ​អ្នក​ជួប​បញ្ហា​ជាច្រើន​ទៅវិញ៕

  • គន្លឹះ​មួយចំនួន​សម្រាប់​អ្នក​ចង់​ចាប់​អាជីព​ក្នុង​វិស័យ​អចលនទ្រព្យ

    គន្លឹះ​មួយចំនួន​សម្រាប់​អ្នក​ចង់​ចាប់​អាជីព​ក្នុង​វិស័យ​អចលនទ្រព្យ

    មាន​មនុស្ស​ជាច្រើន​បាន​ប្រាថ្នា​ចង់​ក្លាយជា​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​ពួកគេ​ពុំ​ដឹងថា​តើ​ត្រូវមាន​អ្វីខ្លះ​ធ្វើជា​ដើមទុន​ក្រៅពី​ការប្រើ​ធនធាន​ដើម្បីឱ្យ​អាជីព​ទទួលជោគជ័យ​នោះទេ។ នៅថ្ងៃនេះ ​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន ស៊ី​ភី​អែល ខេ​ម​បូ​ឌា ប្រ​ភើ​ធី លីមីត​ធី​ត (CPL Cambodia Properties Limited) បាន​ចូលរួម​ចែករំលែក​នូវ​គន្លឹះសំខាន់ៗមួយចំនួន​ដែលនាំឱ្យ​លោក​ឧកញ៉ា​ទទួលបាន​ភាពជោគជ័យ​នាពេល​កន្លងមក។

    តើ​លោក​ឧកញ៉ា​បានចាប់ផ្ដើម​ដំណើរការ​ក្រុមហ៊ុន CPL តាំងពី​ពេលណា​មក?
    បើ​និយាយ​ពី​ការងារ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ខ្ញុំ​បានធ្វើ​កិច្ចការ​នេះ​ជា​យូរណាស់​មកហើយ ប៉ុន្តែ​បន្ទាប់ពី​ឃើញ​ស្ថានភាព​នៃ​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​មានដំណើរ​ការ​ល្អ ទើប​ខ្ញុំ​ឈានទៅដល់​ការបើក​ក្រុមហ៊ុន​ជា​ផ្លូវការ​ក្នុង​ឆ្នាំ1997។ បើ​គិត​រហូតមក​ដល់ពេលនេះ​ក្រុមហ៊ុន CPL បាន​បើក​ដំណើរការ​រយៈពេល20ឆ្នាំ​ទៅហើយ។

    ក្នុងនាម​លោក​ឧកញ៉ា​ជា​អ្នកមាន​បទពិសោធន៍​ច្រើន ប្រសិនបើ​បុគ្គល​ម្នាក់​ចង់​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​តើ​គាត់​គួរ​មានចំណេះដឹង​អ្វីខ្លះ?
    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​កន្លងមក​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏​ធ្លាប់បាន​លើក​យកមក​ពិភាក្សាគ្នា​រួចមកហើយ​ថា តើ​បុគ្គល​ម្នាក់​គួរ​មានចំណេះ​កម្រិតណា​ទើប​អាច​ប្រកប​របរ​លើ​វិស័យនេះ​បាន? ព្រោះ​មាន​មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​ថា វិស័យ​អចលនទ្រព្យ​នរណា​ក៏​អាចធ្វើ​ការងារ​នេះ​បានដែរ។ ដូច្នេះ​ដើម្បី​បញ្ជៀ​ស​ហានិភ័យ ទើប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​សេចក្ដីប្រកាស​មួយ​ថា មុននឹង​ទទួលបាន​អាជ្ញា​បណ្ណ​ត្រូវតែ​ចូលរៀន។ ឧទាហរណ៍​នៅ​សហរដ្ឋអាមេរិក មុននឹង​ទទួលបាន​អាជ្ញា​បណ្ណ​រកស៊ី​ក្នុង​វិស័យនេះ ច្បាប់​បាន​តម្រូវឱ្យ​ចូលរៀន​រយៈពេល60ម៉ោង និង​ត្រូវ​ទៅ​ប្រឡង​ឱ្យ​ជាប់​ទើប​ទទួលបាន​អាជ្ញា​បណ្ណ ខណៈ​នៅ​ប្រទេស​មួយចំនួនទៀត​គេ​តម្រូវឱ្យ​អ្នក​ដែល​ចង់​ប្រកប​មុខ​ជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​ត្រូវមាន​បរិញ្ញាបត្រ​ផ្នែក​អចលនទ្រព្យ។ ការដែល​គេ​កំណត់​បែបនេះ​គឺ​គេ​ចង់ឱ្យ​អ្នក​ដែល​ប្រតិ​ប​ត្ដិ​ការងារ​នេះ​យល់​ពី​ច្បាប់ទម្លាប់​ដើម្បីឱ្យ​ធ្វើទៅ​ទទួលបាន​ផលប្រយោជន៍ និង​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ។

    តើ​ចំណេះដឹង​របស់​បុគ្គលិក​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ដំណើរការ​ក្រុមហ៊ុន​ដែរ ឬទេ?
    ជាការ​ពិតណាស់​ចំណេះដឹង​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ជា​កក្ដា​ចម្បង​ដែលនាំឱ្យ​ក្រុមហ៊ុន​មួយ​អាច​ដំណើរការបាន​យ៉ាង​រលូន។ ក្នុងនាម​យើង​ជា​អ្នកដឹកនាំ​ប្រសិនបើ​មើលឃើញថា បុគ្គលិក​នៅមាន​កង្វះខាត​ចំណេះដឹង​យើង​ត្រូវតែ​បញ្ជូន​ពួកគាត់​ឱ្យទៅ​រៀន​បន្ថែម​ដើម្បី​ព​ង្រឹ​ក​សមត្ថភាព​ពួកគាត់​ឱ្យ​កាន់តែ​ពូកែ ព្រោះ​បុគ្គលិក​មាន​សមត្ថភាព​គឺជា​សសរ​គ្រឹះ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន។ ចំពោះ​ការឱ្យ​បុគ្គលិក​ទៅ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល យើង​ក៏​ត្រូវតែ​ព្យាយាម​ធ្វើយ៉ាងណា​បញ្ជូន​ពួកគាត់ទៅ​រៀន​ឱ្យចំ​ទៅតាម​ជំនាញ និង​សមត្ថភាព​ដែរ​ដូចជា​បុគ្គលិក​ផ្នែក​លក់​យើង​ត្រូវតែ​ដឹងថា​គាត់​គួរ​មានចំណេះដឹង​អ្វីខ្លះ? ហើយ​នៅពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល យើង​ត្រូវឱ្យ​គាត់​ធ្វើ​តេ​ស្តិ៍​សមត្ថភាព​ផងដែរ បើ​ក្នុងករណី​គាត់​ធ្វើ​មិនទាន់​បានល្អ​យើង​ត្រូវឱ្យ​គាត់​ទៅ​រៀន​បន្ថែមទៀត​រហូត​គាត់​ធ្វើ​កិច្ចការ​នោះបាន​ជោគជ័យ។ ទាល់តែ​យើង​ធ្វើបែបនេះ​ទើប យើង​ទទួលបាន​ធនធានមនុស្ស​ល្អ​មក​ធ្វើ​ការងារ។ បើទោះជា​មានការ​ជំរុញ​ពី​ថ្នាក់ដឹកនាំ​ក៏ដោយ បុគ្គលិក​ខ្លួនឯង​ក៏ត្រូវ​តែមាន​ចិ​ត្ដ​ចង់​អភិវឌ្ឍន៍​ខ្លួនឯង​ដែរ ទើប​គាត់​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ។ “លើ​លោក​នេះ​គ្មាន​មហាសេដ្ឋី​ណា​ដែល​ក្លាយខ្លួនជា​មហាសេដ្ឋី​ដោយ​ខ្លួន​មិនចេះ​ជំនាញ​ពិតប្រាកដ​នោះទេ។

    មុន​ទទួលបាន​ភាពជោគជ័យ​ដូច​ពេលនេះ តើ​លោក​ឧកញ៉ា​ធ្លាប់​ជួប​ឧបសគ្គ​អ្វីខ្លះ?
    នៅលើ​វិស័យ​អចលនទ្រព្យ​អាចនិយាយបាន​ថា ទំរាំ​ដើរមក​ដល់​ចំណុច​នេះ ខ្ញុំ​បាន​ឆ្លងកាត់ និង​ជួប​ឧបសគ្គ​ជាច្រើន ប៉ុន្ដែ​ខ្ញុំ​តែងតែ​ដោះស្រាយ​វា​ដោយ​មិនដែល​ចុះ​ញ៉ម​ឡើយ។ ត្រង់ចំណុច​នេះ​ខ្ញុំ​សូម​លើកយក​ករណី​មួយ​ដូចជា​ពេល​កន្លង​ខ្ញុំ​បានធ្វើ​កិច្ច​ការឱ្យ​អតិថិជន​ពេញចិត្ដ​រហូតដល់​គាត់​កក់​លុយ​ឱ្យ​ខ្ញុំ ដែល​ខ្ញុំ​គិតថា​វា​ស្ទើរតែ​ឈានទៅដល់​ចំណុច​ជោគជ័យ​ហើយ ប៉ុន្ដែ​នៅ​ទីបំផុត​អតិថិជន​នោះ​បែរជា​ទៅ​ទទួល​សេវាកម្ម​ពី​ក្រុមហ៊ុន​ផ្សេង​វិញ ដោយ​គាត់​សុខចិត្ត​ចោល​ប្រាក់​កក់​ជាមួយ​ខ្ញុំ។ ត្រង់ចំណុច​នេះ​សូម្បី​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មិនដឹងថា​បណ្តាលមកពី​មូលហេតុ​អ្វី​ដែរ ព្រោះ​ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើការ​ងារ​នោះ​អស់​លទ្ធភាព​ទៅហើយ។ ជា​ដំណោះស្រាយ​ខ្ញុំ​បាន​ព្យាយាម​ជួប​អតិថិជន​ម្នាក់​ហ្នឹង ដើម្បី​ចង់ដឹង​ពី​មូលហេតុ និង​ចំណុច​ខ្វះខាត​របស់ខ្ញុំ។ នៅពេល​គាត់​ប្រាប់​ពី​មូលហេតុ​មក​ខ្ញុំ ទើប​ខ្ញុំ​ដឹងថា​ការងារ​កន្លងមក​នៅមាន​ការខ្វះចន្លោះ​ច្រើន ដូច្នេះ​ការសម្រេច​ចិ​ត្ដរបស់​អតិថិជន​ពិតជា​រឿង​ត្រឹមត្រូវ។ នេះ​ជា​បទពិសោធន៍​ដែល​យើង​ត្រូវ​រៀន​ឱ្យ​ចេះ​ដើម្បី​កុំឱ្យ​កើតមាន​បញ្ហា​នេះ​នៅពេល​ក្រោយ​ទៀត។

    CPL ជា​ក្រុមហ៊ុន​ដែល​ទទួលជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ។ តើ​ការថែរក្សា​ភាពជោគជ័យ​មានការ​ពិបាក​ដែរ ឬទេ?
    នៅលើ​លោក​នេះ​គ្មានអ្វី​អមតៈ​ទេ ដូច​យើង​ឡើង​ដើមត្នោត​អ៊ីចឹង ប្រសិនបើ​ឡើងដល់​កំពូល​ហើយ វា​អត់​មាន​ទៅលើ​ទៀត​ទេ មានតែ​ធ្លាក់ចុះ​មកក្រោម​វិញ។ ដូច្នេះហើយ​ទោះជា​ខ្ញុំ​ដើរមក​ដល់​ចំណុច​នេះហើយ​ក៏ដោយ ក៏​ខ្ញុំ​នៅតែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ព្រោះ​ភាពជោគជ័យ និង​បរាជ័យ​វា​ស្ថិតនៅជិតៗខ្លួន​យើង បើ​យើង​ហ៊ាន​តែ​ធ្វេសប្រហែស​បន្ដិច​យើង​នឹង​ជួប​គ្រោះថ្នាក់​ភ្លាម។ យើង​ត្រូវ​ដឹងថា យើង​ឈរ​កាន់តែ​ខ្ពស់​អ្នកដទៃ​មើលឃើញ​យើង​កាន់តែច្រើន ហើយក៏​មិន​ប្រាកដថា​គេ​សុទ្ធតែគេ​សប្បាយ​ចិ​ត្ដ​ជាមួយ​យើង​ទេ ដូច្នេះ​មានតែ​ខ្លួន​យើង​ទេ​ដែល​ត្រូវ​ប្រឹងប្រែង​រក្សា​ជំហរ ជួយ​ធ្វើ​កិច្ចការងារល្អៗជូន​អតិថិជន​កុំ​ឱ្យមាន​កំហុស និង​ធ្វើអ្វីៗប្រកបដោយ​វិជ្ជាជីវៈ​ដោយ​យក​ភាពស្មោះត្រង់​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់​ធ្វើជា​ដើមទុន​ទើប​យើង​អាច​រក្សា​អាជីព​មួយ​នេះ​បានល្អ និង​មាន​ភាព​យូរអង្វែង។

    តើ​លោក​ឧកញ៉ា​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ដែល​អាចធ្វើឱ្យ​ការងារ​លើ​វិស័យ​អចលនទ្រព្យ​ទទួលបាន​ជោគជ័យ?
    បើ​និយាយ​ពី​កក្ដា​ដែល​ជំរុញ​ឱ្យ​អ្នក​ប្រក​បរបរ​ក្នុង​វិស័យ​អចលនទ្រព្យ​ទទួល​ភាពជោគជ័យ គឺមាន​ចំណុច​ច្រើនណាស់ ប៉ុន្ដែ​ពេលនេះ​ខ្ញុំ​សូម​លើកយក​ចំណុច​សំខាន់​មួយចំនួន​មក​បង្ហាញ៖

    ទី1. មុននឹង​ដាក់​ចិ​ត្ដ​ចូលប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​យើង​ត្រូវតែ​សួរ​ខ្លួនឯង​ថា តើ​យើង ស្រឡាញ់​កិច្ចការ​នេះដែរ ឬទេ? ប្រសិនបើ​ស្រឡាញ់​ត្រូវតែ​ប្រឹងប្រែង​សិក្សា និង​ធ្វើ​កិច្ចការងារ​នេះ​ឱ្យអស់​ពី​ចិ​ត្ដ100%។ ប្រសិនបើ​យើង​ធ្វើ​វា​បាន​ត្រឹម99% គេ​អាច​និយាយថា គឺ​បរាជ័យ។ ឧទាហរណ៍​ជាធម្មតា​អតិថិជន​ដែល​មករក​យើង គឺ​មានន័យថា​ពួកគាត់​មិនសូវមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ស្រាវជ្រាវ​ព័ត៌មាន​តម្លៃ​ដី​ទេ ដូច្នេះ​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​យើង​ត្រូវតែមាន​ចំណេះដឹង​ទូលំទូលាយ​ជាង​អតិថិជន ក្នុងករណី​បើ​យើង​មានចំណេះដឹង​ផ្នែក​នេះ​តិចជាង​គាត់ ប្រាកដជា​អតិថិជន​គ្មាន​ទំនុក​ចិ​ត្ដ​លើ​យើង​ឡើយ។

    ទី2. ត្រូវ​ចេះ​ផ្ដល់​អាទិភាព​ជូន​អតិថិជន មានន័យថា​យើង​ត្រូវ​ព្យាយាម​យល់​ចិ​ត្ដ​អតិថិជន​ថា គាត់​ចង់បាន​អី្វ? គាត់​ប្រញាប់​ចង់​លក់ ឬ​ទិញ​អចលនវត្ថុ​បែបណា? ដូច្នេះ​យើង​ត្រូវតែ​ផ្ដល់​អាទិភាព​ជូន​គាត់ ឬ​បម្រើ​សេវាកម្ម​ជូន​គាត់​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពស្មោះត្រង់។ តាមរយៈ​បទពិសោធន៍​ខ្ញុំ​ដឹងថា មាន​អតិថិជន​មួយចំនួន​គាត់​ខ្លាច​យើង (ភ្នាក់ងារ​អចលនទ្រព្យ) ដាក់​តម្លៃលើស​ឬ​មិន​ស្មោះត្រង់​ជាមួយ​គាត់ ដូច្នេះ​យើង​ត្រូវតែ​ធ្វើឱ្យ​អតិថិជន​មាន​ជំនឿ​ចិ​ត្ដ​លើ​យើង ទើប​គាត់​ចង់​ធ្វើការ​ជាមួយ​យើង​រហូត។

    ទី3. ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​សារព័ត៌មាន​ក៏​ជា​រឿង​សំខាន់​ដែរ ព្រោះ​វា​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​យើង​មានកេរ្តិ៍ឈ្មោះ និង​មាន​គេ​ទទួលស្គាល់​នៅលើ​ទីផ្សារ។

    ទី4. បន្ទាប់ពី​យើង​បាន​បម្រើ​សេវាកម្ម​ជូន​ដល់​អតិថិជន ឬ​ម្ចាស់​អចលនវត្ថុ​ហើយ យើង​ត្រូវ​ចេះ​សួររក​ព័ត៌មាន​មកវិញ ដើម្បី​ឱ្យដឹងថា តើ​ទង្វើ ឬ​កិច្ច​ការដែល​យើង​ធ្វើ​ជូន​ពួកគាត់​គ្រប់គ្រាន់​ទៅតាម​អ្វីដែល​គាត់​ចង់បាន​ហើយ ឬ​នៅ? យើង​ត្រូវ​ធ្វើបែបនេះ​គ្រប់ពេល ព្រោះ​មានតែ​អតិថិជន​ទេ​ដែលជា កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត​របស់​យើង។

    ទី5. ករណី​មាន​ម្ចាស់​កម្មសិទ្ធិ​ផ្ដល់​អចលនទ្រព្យ​ឱ្យ​យើង​ជួយ​លក់ ឬ​ជួល យើង​ត្រូវ​ដឹងថា អ្នកទិញ​តែង​ចង់បាន​តម្លៃថោក រីឯ​អ្នកលក់​តែង​ចង់បាន​តម្លៃ​ថ្លៃ គំនិត​អ្នក​ទាំងពីរ​ផ្ទុយគ្នា100% ដូច្នេះ​ក្នុងនាម​យើង​ជា​ភ្នាក់ងារ​ត្រូវ​ចេះ​សម្របសម្រួល និង​ចេះ​ផ្គូរ​ផ្គង​តម្លៃ​រវាង​អ្នកទិញ និង​អ្នកលក់​ឱ្យមាន​តម្លាភាព មានន័យថា​យើង​ត្រូវ​ផ្ដល់​ប្រយោជន៍​ឱ្យ​ពួកគាត់​ទាំងសងខាង​ដោយ​សុ​ក្រិត​បំផុត។

    ទី6. ការ​ស្គាល់​អតិថិជន ឬ​រក្សា​អតិថិជន​ទុក គឺជា​រឿង​សំខាន់ ព្រោះ​នៅពេល​យើង​មាន​អចលនទ្រព្យ​មួយ​មានតម្លៃ​ល្អ មាន​ទីតាំង​ល្អ យើង​ងាយ​នឹង​ផ្ដល់ព័ត៌មាន​ដល់​ពួកគាត់​ដើម្បីឱ្យ​ការទិញ​លក់​ប្រ​ព្រឹ​ត្ដ​ទៅដោយ​ងាយស្រួល។

    ទី7. គ្រប់​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​តែ​ធ្វើឡើង​ដោយមាន​ឯកសារ​ជា​លាយ​លក្ខ​អក្សរ​ជាដាច់ខាត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្គូរ​ផ្គង​តម្លៃ​រវាង​អ្នកលក់ និង​អ្នកទិញ ជាពិសេស​នៅពេល​មាន​បញ្ហា​យើង​ងាយ​រក​ភាគី​ទី3 ឱ្យជួយ​ដោះស្រាយ។

    ទី8. ការចរចា​ក៏​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ដែរ ព្រោះ​អ្នកខ្លះ​គាត់​មាន​សមត្ថភាព​អាចធ្វើ​ការងារ​ច្រើន និង​បានល្អ​ទៀតផង ប៉ុន្តែ​គាត់​មាន​ចំណុចខ្សោយ​ក្នុង​ការចរចា។ ការចរចា​យើង​អាច​ចាត់ទុកថា​ជា​ចំណុចកំពូល​សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​ទូទៅ ដែល​ត្រូវតែ​ព្យាយាម​ធ្វើឱ្យ​បានល្អ​បំផុត ព្រោះ​បើ​យើង​ធ្វើ​នៅសល់តែ1ចំណុច (99% គឺ​នៅតែ​បរាជ័យ)។សរុបមក​ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ​ដែល​ខ្ញុំ​បានបង្ហាញ វា​ជា​បទពិសោធន៍​ជាក់ស្តែង​ដែល​ធ្វើឱ្យ​ខ្ញុំ​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​រយៈពេល​ជាង20ឆ្នាំ​កន្លងមកនេះ៕

  • ប្រហុក​អាំងផ្លែ​ក្រសាំង​លើ​ជ្រុ​ញ​

    ប្រហុក​អាំងផ្លែ​ក្រសាំង​លើ​ជ្រុ​ញ​

    ​នៅសប្តាហ៍នេះគេហទំព័រ “ឡា រ៉ែន” នាំយកនូវមុខម្ហូបថៃបែបខ្មែរគឺ ប្រហុក​សាច់​ត្រី​លាយ​ជាមួយ​សាច់ជ្រូក​ចិញ្ច្រាំ រួមផ្សំ​នឹង​ត្រីឆ្អើរ​អាំង​នៅលើ​ជ្រុ​ញ។ ចង់ដឹង​ទេ​ថា អាហារ​មួយ​នេះ​មានឈ្មោះ​អ្វី និង​ឆ្ងាញ់​បាន​កម្រិតណា?

    + គ្រឿងផ្សំ
    – ប្រហុក​សាច់​ត្រី 5g
    – សាច់ជ្រូក​ចិញ្ច្រាំ 5g
    – ត្រីឆ្អើរ 0.25g
    – ផ្លែ​ក្រសាំង 1ផ្លែ
    – គល់​ស្លឹកគ្រៃ 1គល់
    – ម្ទេស
    – ជីរ​ណា
    – ខ្ទឹមស​ចិញ្ច្រាំ
    – ខ្ទឹមក្រហម​ចិញ្ច្រាំ
    – ប៊ីចេង
    – ស្ករស
    – បន្លែ​ផ្ទាប់

    + វិធី​ចម្អិន
    យក​គ្រឿងផ្សំ​ដូចដែល​បាន​រៀបរាប់​ជូន​ខាងលើ​ចិញ្ច្រាំ​ចូលគ្នា​ឱ្យ​ក្លាយជា​ល្បាយ​តែមួយ រួច​យក​ដា​ក់លើ​ជ្រុ​ញ ហើយ​ដាក់​ដុត​នៅក្នុង​ម៉ាស៊ីន​ម៉ាក្រូ​វ៉េវ​ប្រមាណ​ជា15នាទី រហូត​ឃើញថា​ឆ្អិន​ល្អ ទើប​យក ចេញ​ក្រៅ រៀបចំ​ដាក់​លើ​ថាស រួមជាមួយ​នឹង​បន្លែ​គ្រប់មុខ​ដូចដែល​បាន​ត្រៀម​ទុក​សម្រាប់​ទទួលទាន​ផ្ទាប់​ជាមួយ​ជាការ​ស្រេច។ កុំ​ភ្លេច​ណា អាហារ​មួយ​នេះ​សម្រាប់​អ្នកចេះ​ទទួលទាន​ម្ទេស​ហឹរ​វិញ​ពិតជា​ត្រូវចិត្ត​ជាក់​ជាមិនខាន កាន់តែ​ហឹរ​កាន់តែ​ល្អ៕

  • សារសំខាន់នៃការអប់រំផ្លូវចិត្តដែលគ្រប់គ្នាមើលរំលង

    សារសំខាន់នៃការអប់រំផ្លូវចិត្តដែលគ្រប់គ្នាមើលរំលង

    នៅពេលដែល​បុគ្គល​ម្នាក់​ចាប់​ផ្ដើមធ្វើ​កិច្ចការ​អ្វីមួយ​តែងតែ​រំពឹង​ទៅលើ​លទ្ធផល​បានល្អ ប៉ុន្ដែ​គេ​មិន ដឹងថា ដើម្បី​ធ្វើ​ការងារ​នោះ​បានល្អ​ក្រៅពី​មានចំណេះដឹង​ហើយ​បុគ្គល​ម្នាក់​នោះ​ត្រូវការ​កម្លាំង​ចិ​ត្ដ​និង​ការតាំងចិត្ដ​បែបណា​ឡើយ។ រហូត​មាន​អ្នកខ្លះ​រំពឹង​លើ​លទ្ធផល​វិជ្ជមាន​ពេក​ធ្វើឱ្យ​ខ្លួនឯង​លែង​ហ៊ាន​ទទួល​នូវ​ភាពបរាជ័យ។ ដូច្នេះហើយ​មនុស្ស​ម្នាក់​មុន​នឹងធ្វើ​អ្វីមួយ​គួរតែ​ចេះ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​ឱ្យបាន។ដើម្បី​រួមចំណែក​បញ្ហា​ខាងលើនេះ​អ្នកសារព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​លោក នឹម ឈុ​ន្នី ស្ថាបនិក​មជ្ឈមណ្ឌល​អ​នាគ​ត​អាស៊ី ដូចខាងក្រោម៖

    តើ​ការលើក​ទឹក​ចិ​ត្ដមនុស្ស​មាន​អត្ថប្រយោជន៍ អ្វីខ្លះ?
    ជាទូទៅ​ប្រសិនបើ​បុគ្គល​នោះ​ជា​អ្នក​បំពេញការងារ ការលើកទឹកចិត្ដដ​ល់​គាត់​ប្រៀបបាន​ដូច​ការជំរុញ​ទឹក​ចិ​ត្ដ​បុគ្គលិក​នោះ​ឱ្យធ្វើ​អ្វីមួយ​ដោយ​ទំនុក​ចិ​ត្ដ និង​មាន​សក្ដានុពល​ដែល​ធ្វើឱ្យ​ការងារ​គាត់​ចេញមក​ប្រកបដោយ​លទ្ធផល។ អ្វីដែល​សំខាន់​ដូចជា​បង្រៀន​ឱ្យ​គាត់​មាន​ទំនួល​ខុសត្រូវ​ជាមួយ​ការងារ និង​ឱ្យ​គាត់​គិតពី​ក្រុមហ៊ុន​ស្រឡាញ់​ការងារ​ក្រុមហ៊ុន ឬ​ស្ថាប័ន​នោះ​ដូចជា​កន្លែង​ការងា​របស់គាត់​ផ្ទាល់ខ្លួន។រហូត​គាត់​អាច​មើលឃើញថា ការងារ​របស់ គាត់​កំពុងតែ​ធ្វើ​សព្វថ្ងៃ​មិនមែន​ដើម្បី​តែ​ប្រាក់បៀវត្សរ៍​តែ1មុខ​ទេ។

    ដើម្បីឱ្យ​ក្លាយជា​បុគ្គល​ម្នាក់​ដែលមាន​សក្ដានុពល​សម្រាប់​ក្រុមហ៊ុន ឬ​ស្ថាប័ន​តើ​យើង​គួរ​ធ្វើ​បែបណា?
    ចំណុច​នេះ​វា​មានរឿង​វែងឆ្ងាយ​ដែល​ត្រូវ​ជជែក​គ្នា ប៉ុន្ដែ​ជា​ចំណុច​សំខាន់​បុគ្គល​ខ្លួនឯង​ត្រូវមាន​ក្ដីសង្ឃឹម​ពេលដែល​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​ណាមួយ​នោះ។ ដោយ​ថា​ប្រសិនបើ​គាត់​មិនទាន់មាន​ក្ដី​សុបិន​ត្រូវ​ចេះ​សាង​ក្ដី​សុបិន​សម្រាប់​ខ្លួនឯង។ ពិសេស​ត្រូវ​យល់​ពី​មូល​ហេតុថា តើ​ហេតុអ្វី​បានជា​គាត់​ត្រូវ​ចំណាយ​ពេលវេលា​ដ៏​ច្រើន​មក​ធ្វើការ​ងារ​នៅ​កន្លែង​នោះ? គាត់​ចង់ឱ្យ​លទ្ធផល​អ្វី​ទៅឱ្យ​ម្ចាស់​ក្រុមហ៊ុន ឬ​សម្រាប់​ខ្លួនឯង?នៅពេលដែល​គាត់​យល់​ពី​បញ្ហា​ទាំងនេះ​ចេះ​កំណត់​គោលដៅ​ខ្លួនឯង និង​គោលដៅ​របស់​ក្រុមហ៊ុន​គាត់​នឹងមាន​ការប្រឹងប្រែង​ធ្វើ​ការងារ។ ជាធម្មតា​ការងារ​ដែល​ធ្វើ​ប្រកបដោយ​ភាពជឿជាក់​និង​កម្លាំង​ចិ​ត្ដ​ពិតជា​ល្អ​និង​មាន​ផល​វិជ្ជមាន​ច្រើន។

    នៅពេល​កើត​បញ្ហា​តើ​យើង​ត្រូវ​គ្រប់គ្រង​ផ្លូវ​ចិ​ត្ដ​បែបណា?
    ទាក់ទង​នឹង​ការគ្រប់គ្រង​ផ្លូវ​ចិ​ត្ដមនុស្ស​គ្រប់រូប​គួរតែមាន មិនចាំបាច់​តែ CEO ,Manager ឬ​បុគ្គលិក​ធម្មតា​ទេ​គឺ​ត្រូវមាន​តួនាទី​ជា​មេដឹកនាំ​លើ​ខ្លួនឯង ត្រូវ​ចេះ​ធ្វើជា​ម្ចាស់​របស់​ខ្លួនឯង។ ដើម្បី​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន​បុគ្គល​នោះ​ត្រូវមាន​ទំនួល​ខុសត្រូវ ពេល​និយាយ​អ្វី​ចេញមក​ត្រូវធ្វើ​ឱ្យបាន​ដូច​ការនិយាយ​ដើម្បី​បង្ហាញ​ទៅ​មនុស្ស​ជុំវិញខ្លួន។ រឿង​ដែល​សំខាន់​ជាង​នេះ​ត្រូវ​រៀន​ពី​របៀប​គ្រប់គ្រង​លើ ខ្លួនឯង ឧទាហរណ៍​នៅពេលដែល​គាត់​កំពុងមាន​កំហឹង​ក្នុង​ខ្លួន ត្រូវតែ​មានការ​រំឭក​ខ្លួនឯង​ថា យើង កំពុង​តែមាន​អារម្មណ៍​មួម៉ៅ ដូច្នេះ​មិនអាច​ទៅ​និយាយ​ជាមួយ​មេដឹកនាំ ឬក៏​អ្នក​ដែល​នៅក្រោម​បង្គាប់ បានទេ ព្រោះ​ការធ្វើ​បែបនេះ​មិនបាន​ទទួលលទ្ធផល​ទេ។ ប្រសិនបើ​មនុស្ស​ម្នាក់​មិនអាច​គ្រប់គ្រង​លើ​ខ្លួនឯងបាន​គាត់​ក៏​មិនអាច​គ្រប់គ្រង​លើ​អ្នកដទៃ​បានដែរ ព្រោះ​វា​ជា​តម្រូវការ​ដ៏​សំខាន់​ក្នុងនាម​យើង​ជា​មេដឹកនាំ ឬ​ជា​អ្នក​ប្រតិ​ប​ត្ដិ​ការ​ការងារ។

    ហេតុអ្វី​បានជា​មនុស្ស​យើង​មានការ​បាក់ទឹកចិត្ដ?
    ជាទូទៅ​មនុស្ស​ដែល​បាក់ទឹកចិត្ដ​កើតចេញពី​ការ​លែងឱ្យ​តម្លៃ​លើ​ខ្លួនឯង។ ពេលដែល​គាត់​លែងឱ្យ​តម្លៃ​ខ្លួនឯង​ហើយ​គាត់​ចាប់ផ្ដើម​ប្រៀបធៀប​ខ្លួនឯង​ខ្លួន​គាត់​ជាមួយ​អ្នកដទៃ គាត់​តែងតែ​មើល ឃើញ​អ្នកដទៃ​អស្ចារ្យ ស្អាត មានទ្រព្យ​សម្បត្ដិ និង ឆ្លាត​ជាង​គាត់​គ្រា​ដែល​គាត់​គ្មានអ្វី​ទាំងអស់។ ចិ​ត្ដ​ទាំងនេះហើយ​ដែលនាំឱ្យ​គាត់​ឈានទៅរក​ការ​បាក់ទឹកចិត្ដ។ ការប្រៀបធៀប​បែបនេះ យូរទៅៗជំងឺ​បាក់ទឹកចិត្ដ​កាន់តែ​ចូលមក​ធ្វើឱ្យ​គាត់​គ្មាន​កម្លាំង​ចិ​ត្ដ​នឹងធ្វើ​អ្វី​បន្ដទៀត​ទេ​អារម្មណ៍​គាត់​ពេលនោះ​ពោរពេញ​ដោយ​ភាពភ័យខ្លាច​លែងមាន​ភាពប្រក្រតី​ដូច​មនុស្ស​ធម្មតា។ មនុស្ស​ដែល​ជួប​ស្ថានភាព​បែប​ហ្នឹង​គួរតែរៀបចំ​គាត់​ឱ្យនៅ​ជិត​មនុស្ស​ដែល​ចេះ​ឱ្យ​តម្លៃ​លើក​ទឹក​ចិ​ត្ដ​គាត់។ យើង​ត្រូវឱ្យ​គាត់​ខ្លួនឯង​ស្វែងយល់​នៅក្នុង​ជីវិត​របស់គាត់​ថា​តើ​មាន​ចំណុច​អ្វីខ្លះ​ដែល​គាត់​ធ្លាប់​ទទួលបាន​មោទកភាព បន្ទាប់​មកឱ្យ​គាត់​សរសេរ​ឬ​គូរ​ជា​រូបភាព។ ធ្វើបែបនេះ​គាត់​នឹង​នឹក​ឃើញថា ទោះជា​គាត់​ដល់​ដំណាក់កាល​ហ្នឹង​មែន​ក៏​គាត់​ធ្លាប់​ទទួលបាន​ជោគជ័យ​ដែរ​ទាំងនេះហើយ​អាច​បណ្ដុះ​ទឹក​ចិ​ត្ដ​គាត់​ឡើងវិញ​អាច​នឹង​ចាប់ផ្ដើម​លុបបំបាត់​នូវ​អ្វីដែល​កំពុងតែ​ភ័យខ្លាច។

    តើ​មាន​វិធី​អ្វី​ដើម្បី​ជំរុញ​ទឹក​ចិ​ត្ដ​ឱ្យ​អ្នក​ជួប​ភាពបរាជ័យ​ក្នុង​ការងារ​ឱ្យមាន​កម្លាំង​ចិ​ត្ដ​ឡើងវិញ?
    នៅពេល​ដែលមាន​បញ្ហា​ដូច្នេះ រឿង​ដែល​ល្អ​គឺ​ព្យាយាម​ជួប​ជជែក​ជាមួយ​គាត់​សួរនាំ​ពី​បញ្ហា​ដែល​ធ្លាប់​កើតមាន​ចំពោះ​គាត់​ឱ្យបាន​ញឹកញាប់។ ពេលណា​ដែល​គាត់​ស្ដាប់ យើង​អាច​សួរ​ទៅ​គាត់​វិញ​ថា​តើ​ការទទួល​បរាជ័យ​រប​ស់​គាត់​មកពី​អ្វី? មកពី​គាត់​មិនបាន​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ការធ្វើការងារ​នេះ? ឬ​មិនបាន​ស្វែងយល់​ពី​វិធី​នៃ​ការធ្វើការងារ​នេះ​ឱ្យបាន​ច្បាស់លាស់? ឬ​គ្រាន់តែ​ស្រឡាញ់​ភ្លាម​ធ្វើ​ភ្លាម​លុះ​បរាជ័យ​ហើយក៏​បោះបង់? ដូច្នេះ​បុគ្គល​នោះ​គួរ​គិត​ឡើងវិញ​ថា លើក​ទី1 និង2 ដែល​យើង​ពុំ​ទទួលបាន​ជោគជ័យ​តើ​មកពី​អ្វី? មក ពី​គ្មាន​ចំណេះដឹង​គ្រប់គ្រាន់ ឬ​ពេលវេលា និង​ការ លើក​ទឹក​ចិ​ត្ដ​គ្រប់គ្រាន់? ភាគច្រើន​បញ្ហា​នេះ​កើត ឡើង​ចំពោះតែ​អ្នក​ដែល​ទើបតែ​ចាប់ផ្ដើម​មុខ​ជំនួញ ពេលខ្លះ​គាត់​គិត​អត់​ដល់​បែរជា​យល់ថា ការងារ នោះ​បរាជ័យ ប៉ុន្ដែ​ការពិត​មកពី​គាត់​ធ្វើ​មិនបាន ជោគជ័យ​ទេ គឺ​មិនទាន់​ធ្វើការ​ងារ​នោះ​ទៅដល់​ចំណុច​ជោគជ័យ​គាត់​ក៏​ឈប់ ដូច្នេះ​យើង​គួរតែ​ចេះ​ជួយ​លើក​ទឹក​ចិ​ត្ដ​គាត់​និង​ផ្ដល់​ចំណេះដឹង​ដែល​យើង​អាច​ស្វែងយល់បាន​ច្រើនជាង​គាត់​ផ្ដល់ទៅឱ្យ​គាត់។

    ធ្វើ​ដូចម្ដេច​ដើម្បី​ធ្វើ​ផែនការ​ការងារ​ឱ្យបាន​ល្អ?
    ប្រសិនបើ​យើង​ចង់​ធ្វើ​ផែនការ​មួយ​បានល្អ និង​មិន​រង​ការរំខាន​ពីអ្វី​មួយ​យើង​គួរតែ​រក​កន្លែង​ស្ងប់ស្ងាត់​សម្រួល​អារម្មណ៍​ប្រហែលជា10នាទី​ហើយ​គិត​ផ្ដោតទៅលើ​ការងារ​ដែល​យើង​ត្រៀម​នឹងធ្វើ​នៅពេល​ខាងមុខ​ដោយ​សម្លឹង​ទៅលើ​ផល​វិជ្ជមាន​របស់​វា​និង​ត្រូវ​តាំងចិត្ដ​ថា​យើង​ស្រឡាញ់​ការងារ​ដែល​យើង​កំពុងតែ​រៀបចំ​ធ្វើ​នៅពេល​ដ៏​ខ្លី​ខាងមុខ។ ដូច្នេះ​ក្នុង រយៈពេល2ឬ3 ម៉ោង​ដែល​យើង​ត្រូវធ្វើ​ការងារ​នេះ​យើង​ត្រូវ​រក​វិធី​យ៉ាងណា​ផ្ដាច់ខ្លួន​ចេញពី​មជ្ឈដ្ឋាន​ខាងក្រៅ ដោយ​យើង​ចំណាយពេល​គិតតែ​រឿងនេះ តែមួយ​ប៉ុណ្ណោះ ដោយ​អាច​បិទ​ទូរស័ព្ទ ជាដើម។ ពោលគឺ​យើង​ឱ្យ​តម្លៃ​ខ្លួនឯង និង​អនុញ្ញាតិ​ឱ្យ​ខ្លួនឯង​មានលទ្ធភាព​គិត​នូវ​អ្វីដែល​យើង​ចង់​ធ្វើបាន​ដោយ​ល្អិតល្អន់​គ្មាន​ការរំខាន។

    តើ​ធ្វើយ៉ាងណា​ដើម្បី​ប្រមូល​អារម្មណ៍ ឬ​សម្មាធិ​បានល្អ?
    ក្នុងការ​ធ្មេចភ្នែក​ប្រមូល​អារម្មណ៍​ជា​រឿង​ពិបាក​ខ្លាំងណាស់ ព្រោះ​នៅពេលដែល​បិទ​ភ្នែក​ភ្លាម​នឹងមាន​រឿងរ៉ាវ​ជាច្រើន​ដែល​កើតឡើង​ពេញ​ខួរក្បាល​យើង​ពោរពេញ​ដោយ​ភាព​រញ៉េរញ៉ៃ។ ប្រសិនបើ​យើង​មិន​ធ្លាប់​អនុវត្ដ​ន៍​វិធី​នោះ​ពីមុនមក​ទេ យើង​គ្រាន់តែ​នៅ​អង្គុយ​ឱ្យ​ស្ងៀម​រយៈពេល5នាទី​ដោយ​ផ្ដោតទៅលើ​ការដក​ដង្ហើមចេញ ចូលចាប់​ផ្ដើម​តាំង ចិ​ត្ដ​ដោយ​គិតថា ដង្ហើម​របស់​យើង​ដក​ចេញចូល​ពោរពេញ​ដោយ​ភាព​រីករាយ និង​មានតម្លៃ​បំផុត។ ជាទូទៅ​យើង​អនុវត្ដ​ន៍​បែបនេះ​រយៈពេល1សប្ដាហ៍ វា​នឹង​អាចធ្វើឱ្យ​យើង​កើន​ថាមពល​ផ្លូវ​ចិ​ត្ដ ព្រោះ​ពេលណា​យើង​អាច​គ្រប់គ្រង​សមា​មា​ធិ​បាន​គ្រប់គ្រង ពេលវេលា​បាន យើង​នឹង​គ្រប់គ្រង​ខ្លួនឯងបាន​ការងារ​យើង​នឹង​ទទួលបាន​ជោគជ័យ៕

  • តើការជ្រើសរើសជំនាញសិក្សាខុសធ្វើឱ្យយុវជនត្រូវប្រឈមនឹងអ្វីខ្លះ?

    តើការជ្រើសរើសជំនាញសិក្សាខុសធ្វើឱ្យយុវជនត្រូវប្រឈមនឹងអ្វីខ្លះ?

    ការជ្រើសរើសជំនាញសិក្សារបស់យុវជន គឺអាចជាការកំណត់វាសនាអនាគតធនធានមនុស្សរបស់សង្គមទាំងមូល។ នៅពេលយុវជនជ្រើសរើសជំនាញសិក្សាបានត្រឹមត្រូវ ហើយស្របនឹងតម្រូវការរបស់សង្គមនោះ វិស័យធនធានមនុស្សនឹងមានភាពរីកចម្រើនដែលធ្វើឱ្យបណ្តាវិស័យផ្សេងៗក៏អាចអភិវឌ្ឍទៅបានដោយរលូនដែរ។ ផ្ទុយទៅវិញបើយុវជនជ្រើសរើសជំនាញខុសនោះអាចនឹងប៉ះពាល់ដល់អនាគតរបស់ខ្លួន ជាពិសសេនឹងជះឥទ្ធិពលខ្លាំងចំពោះសង្គម ដូចជា បញ្ហាកង្វះធនធានមនុស្សធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេស ក៏ដូចជាការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាក្នុងតំបន់។

    ម្យ៉ាងវិញទៀត ការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យក៏ដូចជាការជ្រើសរើសផ្លូវដើរដំបូងបំផុតសម្រាប់ជីវិតពួកគេផងដែរ។ មានន័យថា ពេលយុវជនសម្រេចចិត្តជ្រើសរើសជំនាញណាមួយមកសិក្សា គាត់ច្បាស់ជាត្រូវចាប់យកអាជីពនោះពេញមួយជីវិត។តែទោះបីជាយ៉ាងណាក៏ដោយ កន្លងមកមានយុវជនកម្ពុជាមិនតិចនាក់ទេ ដែលជ្រើសរើសជំនាញសិក្សាមិនត្រឹមត្រូវ ដោយសារតែមិនមានអ្នកតម្រង់ទិស ឬមិនយល់ដឹងពីគន្លឹះក្នុងការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ។

    ឆ្លើយតបនឹងបញ្ហាកង្វះខាតចំណេះដឹងក្នុងការជ្រើសរើសជំនាញសិក្សារបស់យុវជន អតីតឯកអគ្គរាជទូតយុវជនស្ម័គ្រចិត្តរបស់អូស្ត្រាលី និងជាសហអ្នកនិពន្ធសៀវភៅបុគ្គលជោគជ័យជ្រើសរើសជំនាញត្រឹមត្រូវ លោក រិន រ៉ាវុធ បានថ្លែងថា ការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវគឺត្រូវផ្តោតលើកត្តាសំខាន់ៗចំនួន ២យ៉ាង គឺចំណង់ចំណូលចិត្ត និងទេពកោសល្យដែលខ្លួនមានពីកំណើត។ យុវជនត្រូវស្វែងរកឱ្យឃើញថា អ្វីជាចំណុចដែលខ្លួនស្រឡាញ់ពិតប្រាកដ មុននឹងសម្រេចចិត្តជ្រើសជំនាញណាមួយ ព្រោះក្តីស្រឡាញ់ជាកម្លាំងជំរុញអរូបិយមួយ ដែលធ្វើឱ្យយុវជនអាចបញ្ចេញអស់នូវសក្តានុពលរបស់ខ្លួនក្នុងការសិក្សាស្រាវជ្រាវដោយមិនខ្លាចនឿយហត់ ចំណែកឯទេពកោសល្យវិញ គឺរឹតតែចាំបាច់ដែលជំរុញឱ្យការសិក្សាទទួលបានជោគជ័យ។

    លោក រិន រ៉ាវុធ បាននិយាយថា៖ “គំរូនៃភាពថ្កុំថ្កើងរបស់បុគ្គលណាម្នាក់ ដែលយុវជនបានឃើញធ្វើឱ្យយុវជនចង់អនុវត្តដូចបុគ្គលដែលអស្ចារ្យនោះដែរ តែរូបភាពខាងក្រៅនេះ អាចធ្វើឱ្យយុវជនសម្រេចចិត្តជ្រើសរើសមុខវិជ្ជា ដែលប្រាសចាកពីទេពកោសល្យរបស់ខ្លួន”។

    លោក រ៉ាវុធ បានបន្តទៀតថា ធម្មជាតិបានផ្តល់ឱ្យមនុស្សនូវភាពខ្លាំងរៀងៗខ្លួន ហេតុនេះគ្រាន់តែស្រឡាញ់លើមុខវិជ្ជាណាមួយមិនគ្រប់គ្រាន់នោះទេ យុវជនត្រូវស្គាល់ពីចំណុចខ្លាំងរបស់ខ្លួន ដែលធម្មជាតិបានផ្តល់ឱ្យ ទើបអាចអភិវឌ្ឍសមត្ថភាពស្របនឹងសក្តានុពលរបស់ខ្លួនបាន។

    ផ្ទុយពីគំនិតខាងលើ លោក ស៊ិន បញ្ញាវុឌ្ឍី អតីតប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច នៃសាកលវិទ្យាល័យបាត់ដំបង បានបង្ហាញថា ចំណង់ចំណូលចិត្តគឺជារឿងសំខាន់មួយ ចំពោះការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា តែពេលខ្លះមុខវិជ្ជាដែលគាត់ស្រឡាញ់អាចមិនស្របទៅនឹងទីផ្សារការងារដែលសង្គមត្រូវការ ទីបំផុតគាត់ត្រូវបង្ខំចិត្តធ្វើការខុសជំនាញ។ ហេតុនេះយុវជនគួរពិចារណាលើគុណតម្លៃនៃមុខវិជ្ជា និងទីផ្សារការងារបន្ថែមលើក្តីស្រឡាញ់​ និងទេពកោសល្យដែលខ្លួនមាន ព្រោះគុណតម្លៃនៃចំណេះដឹងរបស់គាត់អាចត្រូវបានគេទទួលយកលុះត្រាតែទីផ្សារត្រូវការអាជីពដែលគាត់មាន។

    ស្របនឹងគំនិតនេះដែរ កញ្ញា ភឿក សៅរតនា មន្ត្រីសម្របសម្រួលគម្រោងបណ្តុះ បណ្តាលភាពជាអ្នកដឹកនាំរបស់យុវជននៃអង្គការ វីឌូ (Wedu) ប្រចាំនៅកម្ពុជាបានបង្ហាញថា ដើម្បីជ្រើសរើសជំនាញ បានត្រឹមត្រូវយុវជន គួរសិក្សាឱ្យបានច្បាស់ពីទីផ្សារការងារ ហើយការស្វែងយល់ពីទីផ្សារការងារត្រូវមានភាពឆ្លាតវៃ ស្របជាមួយនឹងទិសដៅនៃការអភិវឌ្ឍរបស់សង្គមនាពេលអនាគត។

    កញ្ញា ភឿក សៅរតនា បាននិយាយថា៖ “កន្លងមកយុវជនមិនបានយកចិត្តទុកដាក់ពីការជ្រើសរើសជំនាញតាមតម្រូវការទីផ្សារការងារជាក់ស្តែង ដែលធ្វើឱ្យគាត់ត្រូវប្រឈមមុខនឹងភាពលំបាកក្នុងការរកការងារធ្វើនៅពេលដែលគាត់រៀនចប់”៕

  • Ake របស់ Chelsea ត្រៀម​បំពេញការផ្ទេរ​ទៅ Bournemouth

    Ake របស់ Chelsea ត្រៀម​បំពេញការផ្ទេរ​ទៅ Bournemouth

    ខ្សែ​ការ​ពារ Nathan Ake កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​បំពេញការផ្ទេរ​ទៅ​កាន់​ក្លិប Bournemouth ក្នុងតម្លៃខ្លួន​​ជា​​កំណត់ត្រា​របស់​ក្លិប​នេះ​​​ចំនួន​20លានផោន (ស្មើ​នឹង​25.88​លាន​ដុល្លារអាមេ​រិក) ពីក្លិប​តោ​​ខៀវ Chelsea។

    ការ​ព្រម​​ព្រៀង​គ្នាមួយ​នេះត្រូវ​បាន​ឈាន​ដល់​​លក្ខ​ខណ្ឌ​សំខាន់​ផ្សេង​ៗ​រវាងក្លិប​ទាំងពីរដោយ​នៅសល់​តែ​សេចក្តី​លម្អិត​បន្តិច​​បន្តួច​ប៉ុណ្ណោះក្នុង​ការ​​ដោះ​ស្រាយ ខណៈដែល Ake ត្រូវ​បាន​គេ​រំពឹង​​ទុក​ថា នឹង​ចុះហត្ថលេខា​រយៈ​ពេល​5​ឆ្នាំ​ក្នុង​រយៈ​ពេល​48​ម៉ោង​ទៀតហើយ​និង​ត្រូវ​ចូល​​រួម​ជាមួយ​នឹង​​មិត្ត​រួមក្រុមថ្មី​របស់​គេ​នៅ​​ពេល​​​​ហ្វឹកហាត់មុន​បើក​​រដូវកាល​ក្រោយ​​ចាប់ផ្តើម​។ ការ​នាំ​យក Ake នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​​ការទទួល​ជោគ​ជ័យមួយ​​សម្រាប់ក្លិប Bournemouth ដែល​បាន​យក​ឈ្នះក្នុង​ការប្រជែង​ពី​សំណាក់ក្លិប West Bromwich Albion, Newcastle United, Southampton និង West Ham United ក៏ដូច​ជាក្លិប​មកពីក្រៅ​ប្រទេស​ជាច្រើន​ទៀត​ដែរ។ ខ្សែការ​ពារ​វ័យ​22​ឆ្នាំ​រូប​នេះ ​បាន​ចំណាយ​ពេល​ពាក់កណ្តាល​រដូវកាលមុនក្នុងនាម​ជាកីឡាករ​កម្ចី​នៅ​ឯ​ក្លិប Bournemouth​ និង​បាន​បង្ហាញពី​ទម្រង់លេង​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​ក្រោមការ​ដឹកនាំ​របស់​លោក Eddie Howe​ ដែល​បាន​រងនូវការ​ខកចិត្ត​យ៉ាង​ខ្លាំងនៅ​​ពេល​ដែល Chelsea បាន​ធ្វើការ​កោះ​​ហៅ Ake ​​​ឱ្យ​ចូល​រួម​​ជា​ថ្មី​ជាមួយនឹងក្រុម​របស់​ខ្លួន​វិញ​កាលពី​ខែ​មក​រា​។

    អ្នក​ចាត់​ការ​ទូទៅ​របស់ក្លិប Bournemouth រូប​នេះធ្លាប់បាន​ទទួល​បរា​ជ័យ​ក្នុងការ​ចុះ​ហត្ថ​លេខា​ជាមួយនឹង Akeក្នុងកិច្ច​សន្យា​ជា​អចិន្ត្រៃយ៍រួចមកហើយនៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បិទ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​កាលពី​ខែមករា ប៉ុន្តែឥឡូវបាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​របស់​​ខ្លួនភ្លាម​ៗ​​នៅ​រដូវ​ក្តៅនេះ​៕

    ប្រភព​ពី៖ The Guardian

  • មេដឹកនាំ​ដែល​ពូកែ តែងតែ​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ទាំងនេះ

    មេដឹកនាំ​ដែល​ពូកែ តែងតែ​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ទាំងនេះ

    ការដឹកនាំ​មនុស្ស​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះទេ។ តើ​ដើម្បី​ក្លាយជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ត្រូវធ្វើ​ដូចម្ដេចខ្លះ? ដើម្បី​ក្លាយជា​មេដឹកនាំ​ល្អ​អ្នក​ត្រូវតែ​អនុវត្ត​ចំណុច​ខាងក្រោម​នេះ៖

    1) រៀបចំខ្លួន​ដើម្បី​ឈ្នះ
    សមាជិក​របស់​ក្រុមការងារ​ថ្មី ត្រូវការ​យល់ថា ពួកគេ​ស័ក្តិសម​នឹង​មុន​តំណែង​ណាមួយ​ក្នុង​ស្ថាប័ន។ ការងារ​របស់​មេដឹកនាំ មិន​ត្រឹមតែ​ពន្យល់​នូវ​ការរំពឹងទុក​ពី​ការងារ​ពួកគេ​នោះទេ ប៉ុន្តែ​ថែម​ទៀង​ស្វែងយល់ថា តើ​ពួកគេ​នឹង​រីកចម្រើន​លូតលាស់ និង​សម្រេច​គោលដៅ​បាន​ដោយ​របៀប​ណា​ផងដែរ។

    2) ចូរ​កែតម្រូវ​កំហុសភ្លាមៗ
    កុំ​ទុក​បញ្ហា​ចោល​ដោយ​មិនបាន​ដោះស្រាយ។ ប្រសិនបើ​បុគ្គលិក​ណា​ម្នាក់​កំពុងតែ​ឃ្លាតឆ្ងាយ​ពី​គោលដៅ​របស់​ក្រុម ចូរ​ណែនាំ និង​កែតម្រូវ​នៅ​បញ្ហា​ដែល​ពួកគេ​កំពុង​តែមាន។ ការ​មាន​បញ្ហា​ហើយ​ឆាប់​ចាប់ផ្ដើម​រក​វិធី​ក្នុងកា​ដោះស្រាយ និង​ជួយ​ឱ្យ​សមាជិក​ក្រុម និង​ក្រុម​ទាំងមូល​អាចធ្វើ​ការ​បាន​យ៉ាង​ល្អ និង​រីកចម្រើន​ដើម្បី​សម្រេច​គោលដៅ​រួមទាំង​មូល។

    3) ជំរុញ​លើទឹក​ចិត្ត​ក្នុងការ​ទំនាក់ទំនង
    ក្រុម​របស់​អ្នកត្រូវការ​កា​ដើរតួរ​យ៉ាងសំខាន់​ក្នុងការ​ដំណើរ​នៃរ​សម្រេចចិត្ត។ នេះ​មានន័យថា​អ្នក​មិនអាច​ចាក់សោ​ទុកចោល​ក្នុង​ការិយាល័យ​ធ្វើការ​របស់​អ្នក​នោះទេ។ ចូរ​លើកទឹកចិត្ត​ក្រុម​របស់​អ្នក​ឱ្យមាន​អារម្មណ៍ល្អ​ជាមួយនឹង​អ្នក​ក្នុងការ​ទំនាក់ទំនង និង​ស្មោះត្រង់​ជាមួយនឹង​អ្នក​ដើម្បី​ចែក​រំ​លេក​គំនិត​យោបល់​ជាមួយនឹង​អ្នក​ក្នុង​ការធ្វើការងារ​អ្វីមួយ។

    4) ចូរ​ផ្ដល់​រង្វាន់​ទៅដល់​ភាពជោគជ័យ និង​ជំរុញ​លើកទឹកចិត្ត​ដល់​ភាពបរាជ័យ
    ចូរ​ចាត់ទុក​មនុស្ស​ឱ្យ​ស្មើភាព​គ្នា។ រាល់​មនុស្ស​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អ្នក អ្នក​ត្រូវតែមាន​ភាព​យុទ្ធ​ធម៌​សម្រាប់​ពួកគេ​ក្នុងកា​បំពេញការងារ។ ចូរ​ផ្ដល់​រង្វាន់​ទៅ​ក្រុម ឬក៏​បុគ្គល​ណា​ដែល​បាន​បំពេញ​ការទទួលបាន​នៅ​ភាពជោគជ័យ និង​ជំរុញ​លើកទឹកចិត្ត​ដល់​បុគ្គល​ណា​ដែល​បរាជ័យ​ឱ្យធ្វើ​ការឱ្យ​បានល្អ​បន្ថែមទៀត៕

  • 7 ប្រយោគ ដែលធ្វើឱ្យស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែង​

    7 ប្រយោគ ដែលធ្វើឱ្យស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែង​

    រឿង​ប្រើ​ពាក្យសំដី​ជាមួយ​គូស្នេហ៍​គឺជា រឿង​សំខាន់​ខ្លាំងណាស់ ព្រោះ​គូ​ស្វាមីភរិយា​ដែល​ឈ្លោះ​គ្នា ច្រើនតែ​កើតចេញពី​ពាក្យសំដី​ហ្នឹងឯង តើ​វា​នឹង​ល្អ​ដែរ​ទេ បើសិនជា​យើង​មាន​ពាក្យសំដី​ដែល​ល្អពីរោះៗ ដែល​សាង​សម្ពន្ធភាព​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​នោះ? ចូរ​នាំគ្នា​ហ្វឹកហាត់​ឱ្យ​ធ្លាប់មាត់ នោះ​ជីវិត​ស្នេហ៍​របស់​អ្នកនឹង​មិនមាន​ថ្ងៃ​មាន​បញ្ហា​ដោយសារ​ពាក្យសំដី​ឡើយ។ ដូច្នេះ​សូម​សាក​ល្បងមើល​ប្រយោគ​ដែល​គួរ​និយាយ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ ដែល ឡា​រ៉ែ​ន លើក​យកមក​ណែនាំ​ក្នុង​លេខ​នេះ​ម្តង​មើល។

    1. បង / អូន នៅត្រង់​នេះ​ណា៎!
    ពាក្យសំដីធម្មតាៗដែល​អាច​បង្ហាញ​បាន​ថា​អ្នក​នឹងមិន​ព្រម​លែងដៃ​ពី​គេ(ឬ​នាង) យ៉ាងពិត​ប្រាកដ មិន​ថា​មាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ។ បើ​អ្នក​មិនដឹងថា​នឹង​និយាយ​អ្វី​នៅពេលដែល​គេ (ឬ​នាង) មាន​បញ្ហា​នឿយហត់​នោះ សុំឱ្យ​និយាយ​ពាក្យ​នេះ​សិន​ទៅ ធានាថា​អ្នក​ស្តាប់​នឹងមាន​អារម្មណ៍​សប្បាយចិត្ត​ឡើងវិញ​មិន​ខាន។

    2. បង / អូន មាន​អ្វីល្អៗជាង​បង / អូន ខ្លួនឯង​គិត​ទៅទៀត
    ពាក្យសំដី​ដែល​សាង​កម្លាំង​ចិត្តបាន​យ៉ាង​ល្អ គឺ​ការជឿជាក់​លើ​មនុស្ស​ដែល​យើង​ស្រឡាញ់ បែប​នេះឯង​ត្រឹមតែ​ប៉ុណ្ណឹង​ក៏​នឹងធ្វើ​ឱ្យ​ផ្កា​រីក​ស្គុះស្គាយ​នៅក្នុង​ចិត្ត​អ្នក​ស្តាប់ និង​ត្រៀម​ជាស្រេច​ក្នុងការ​ក្រោក​ឡើង​ធ្វើ​អ្វី តាម​ក្តី​ស្រមៃ​របស់ខ្លួន​បាន​បាត់ទៅហើយ។

    3. សុំទោស​ណា៎!
    បើ​អ្នក​ដឹងខ្លួន​ថា​ខុស កុំ​បណ្តោយឱ្យ​បញ្ហា​វា​រលាយបាត់​ទៅដោយ​ខ្លួនឯង​ដោយ​គ្មាន​អ្នក ណា​និយាយ​ពាក្យ​ថា​សុំទោស​ឱ្យសោះ​ពាក្យខ្លីៗមួយ​នេះ​មាន​ថាមពល​ខ្លាំងក្លា​ខ្លាំងណាស់​អ្នកខ្លះ​គ្រាន់តែ​បានឮ​ពាក្យ​ថា​សុំទោស​ដួងចិត្ត​របស់គេ​ក៏​ទន់​ត្រជាក់​ភ្លាម​បាត់ទៅហើយ ដូច្នេះ​ចូរ​និយាយ​វា​ចេញមក​វា​គ្មាន​ទៅ​ខាតបង់​អ្វី​ទេ។

    4. បង / អូន បារម្ភ​ណា៎!
    បើ​សង្កេតឃើញថា គេ (ឬ​នាង) មាន​បញ្ហា​មានរឿង​ពិបាកចិត្ត​ឬ​កំពុង​ជួបនឹង​បញ្ហា​អ្វីមួយ​នោះ ប្រយោគ​ដែល​គួរ​និយាយ​ជាមួយ​គូស្នេហ៍​របស់​អ្នកនោះ​គឺ “បង / អូន​បារម្ភ​ណា” តែ​ប៉ុណ្ណឹង​នឹង​ធ្វើឱ្យ​គូស្នេហ៍ របស់​អ្នក​រំភើបចិត្ត​បាត់ទៅហើយ ដែល​សំខាន់​នោះ​វា​ថែមទាំង​ជា​ពាក្យសំដី​ដែល​ធ្វើឱ្យ​អ្នក​ស្តាប់​ចង់​ទម្លាយ​បញ្ហា​ប្រាប់​យើង​កាន់តែខ្លាំង​ឡើង​ទៀតផង។

    5. មាន​អ្វី​អាចឱ្យ​បង / អូន​ជួយ​បាន ទេ?
    កុំ​បណ្តោយឱ្យ​បញ្ហា​របស់​គូស្នេហ៍ ក្លាយជា​បញ្ហា​របស់គេ (ឬ​នាង) តែម្នាក់ឯង​អី គ្រាន់តែ​សួរ​គេ​យ៉ាងងាយៗថា​មាន​អ្វី​អាច​ឱ្យជួយ​បាន​ទ ប៉ុណ្ណឹង​ក៏​ប្រៀបដូចជា​ទឹក​ដ៏​ត្រជាក់​មក​ស្រោចស្រប់​លើ​បេះដូង​មនុស្ស​ដែល​កំពុង​តានតឹង​ក្នុង​អារម្មណ៍​ឱ្យ​ស្រស់ថ្លា​ឡើងវិញ​បាន​ទៅហើយ។

    6. ខឹង​តើ.. តែ​មិន​ចង់​បាត់បង់​បង / អូន​ទេ!
    ជាមួយ​សម្ពន្ធភាព​ស្នេហ៍ យ៉ាងណាៗក៏ត្រូវ​តែមាន​ថ្ងៃ​ដែល​អ្នក​ឈ្លោះ​គ្នា​ដែរ តែ​បើសិនជា​អ្នក​ប្រាប់​ទៅ​គេ (ឬ​នាង) ថា​អ្នក​ខឹង តែ​នៅតែ​ស្រឡាញ់ តែ​ប៉ុណ្ណឹង​ក៏​នឹង​ធ្វើឱ្យ​អ្នក​បានឮ​ធូរស្រាល​ក្នុង​ចិត្ត​ឬ​ត្រៀម​ជាស្រេច​ក្នុងការ​ចាប់ដៃ​កែខៃ​បញ្ហា​ជាមួយគ្នា​បាត់ទៅហើយ។

    7. មនុស្ស​យើង​សុទ្ធតែ​ធ្លាប់ធ្វើ​ខុស​ទាំងអស់
    ដូចគ្នា​នោះដែរ បើ​គូស្នេហ៍​របស់​អ្នកមាន​អារម្មណ៍ តានតឹង​ធុញថប់​ពី​កំហុសឆ្គង​រឿង​ការងារ រឿងផ្សេងៗក្នុង​ជីវិត​ប្រចាំថ្ងៃ នោះ​អ្នក​ត្រូវតែ​និយាយ​ឱ្យ​អារម្មណ៍​គេ​ត្រជាក់​វិញ​និង​កែសម្រួល​ទស្សនៈ​របស់គេ (ឬ​នាង) ថា មនុស្ស​គ្រប់រូប​លើ​ពិភពលោក​នេះ​សុទ្ធតែ​ធ្លាប់ធ្វើ​ខុស​ទាំង​អស់ហ្នឹង ហើយ​អ្នក​ត្រៀម​ជាស្រេច​ក្នុងការ​អត់​ទោស​ឱ្យគេ (ឬ​នាង) ដូចគ្នា​នឹង​គេ(ឬ​នាង)ក៏​គួរតែ​អត់​ទោស​ឱ្យ​ខ្លួនឯង​ដែរ៕

     

  • វិធីសាស្ត្រងាយៗក្នុង​ការពិនិត្យ​ពេជ្រ​សុ​ទ្ឋ ឬ ក្លែងក្លាយ

    វិធីសាស្ត្រងាយៗក្នុង​ការពិនិត្យ​ពេជ្រ​សុ​ទ្ឋ ឬ ក្លែងក្លាយ

    មិន​ពិបាក​ប៉ុន្មាន​ទេ ប្រសិនបើ​អ្នក​ចង់ដឹងថា ពេជ្រ​ណាមួយ​សុ​ទ្ឋ ឬ​ក្លែងក្លាយ ដោយ​អ្នក​ត្រូវ​លាប ទឹក​មឹក​ពណ៌​ខ្មៅ​ទៅលើ​ពេជ្រ ប្រសិនបើ មាន​ភាព​រអិល​ចេញ​អស់​គ្មាន​ពណ៌ ជាប់​នៅលើ​ពេជ្រ នោះ​ប​ញ្ផា​ក់ថា ជា​ពេជ្រ​សុ​ទ្ឋ​ពិតប្រាកដ ។ ផ្ទុយទៅវិញ ប្រសិនបើ​មាន​ចំនុច​ខ្មៅ ប្រឡាក់​ត្រង់​កន្លែង​លាប​ពណ៌​នោះ គ្រាប់ពេជ្រ​នោះ ជា​គ្រាប់ពេជ្រ​ក្លែងក្លាយ​ហើយ ៕

  • ហេតុផល 2យ៉ាងជំរុញឱ្យកុមារហ៊ាន​ទទួលកំហុសដោយមិន​ខ្លាច

    ហេតុផល 2យ៉ាងជំរុញឱ្យកុមារហ៊ាន​ទទួលកំហុសដោយមិន​ខ្លាច

    នៅពេលដែលក្មេងធ្វើខុស ភាគច្រើនពួកគេ​តែងតែ​គេចវេស ឬ​តែងតែ​ភ័យខ្លាចខ្លាំងពីការដាក់ទោសរបស់​មនុស្សធំ។ ទម្លាប់បែបនេះបានធ្វើឱ្យ​ក្មេងតូច​ក្លាយជាមនុស្សដែលមិនមានការទទួលខុសត្រូវនៅថ្ងៃអនាគតហើយ​ថែមទាំងអាចធ្វើឱ្យ​ពួកគេក្លាយជាមនុស្សខុសម្តងហើយម្តងទៀតដដែលៗ។

    ទាក់ទងទៅនឹងបញ្ហានេះ មានអ្នកស្រាវជ្រាវមួយចំនួន ជាពិសេសអ្នកអប់រំបានផ្តល់ជាដំបូន្មានថាអាណាព្យាបាលគួរស្វែងរក​ដំណោះស្រាយ ឬផ្តល់ឱកាសសម្រាប់ការកែខ្លួន និង​លើកទឹកចិត្តចំពោះ​ការទទួលកំហុសរបស់ក្មេងៗ។

    1. កុមារ​នឹងមិនខ្លាចប្រសិនបើ​មនុស្សធំផ្តល់ឱកាសឱ្យ
    កុមារ​នឹងលែងក្លាយជាមនុស្សដែល​គេចវេសពីបញ្ហាទៀតហើយ ប្រសិន​បើ​មនុស្សធំផ្តល់ឱកាសឱ្យពួកគេដើម្បីកែខ្លួនព្រោះកុមារភាគច្រើនដែលចូលចិត្តការគេចវេសពីកំហុសដោយសារតែពួកគេភ័យខ្លាចការដាក់ទោស និងការប្រើកំហឹងព្រមានពួកគេពីសំណាក់មនុស្សធំ។ ម្យ៉ាងវិញទៀត ក្មេងក៏ដូចជាមនុស្សធំទូទៅដែរគ្មានអ្នកណាម្នាក់ចង់ធ្វើខុសនោះទេគ្រាន់តែពេលខ្លះក្មេងធ្វើខុសដោយសារមិនយល់ពីហេតុផល​នៃសកម្មភាព ឬដឹងមិនដល់នូវអ្វីដែលពួកគេកំពុងធ្វើថាអាចនឹងជះផលអវិជ្ជមានដល់ពួកគេឬអត់ប៉ុណ្ណោះ។ នៅពេលដែលមនុស្សធំ ផ្តល់ឱកាសដល់ពួកគេ ក្មេងតូច​នឹងព្យាយាម​បង្ហាញយ៉ាងស្មោះត្រង់ថាគេពិតជាធ្វើនូវសកម្មភាពដែលខុសនោះមែន ដើម្បីទទួលបានឱកាសសម្រាប់ការកែខ្លួន។

    2. ក្មេងនឹង​ក្លាហានប្រសិនបើ​មានការលើកទឹកចិត្តនៅពេលដែលគេធ្វើត្រូវ
    កូនក្មេង​ គឺជាវ័យដែលចង់បានភាពសំខាន់ ហើយចង់ធ្វើអ្វីឱ្យមនុស្សធំសរសើរតែមនុស្សធំភាគច្រើនតែងតែ​មើលរំលងក្មេងៗត្រង់ចំណុចហ្នឹង។ នៅពេល​ដែលក្មេងធ្វើខុសមនុស្សធំ​ព្យាយាម​ចាប់កំហុស តែនៅពេលដែលគេធ្វើត្រូវ បែរជាមិនមានការយកចិត្តទុកដាក់ការកោតសរសើរ ឬការលើកទឹកចិត្តឱ្យក្មេងខំបន្តសកម្មភាពល្អៗនោះទៀត ឬ​លើកសរសើរចំពោះការកែកំហុសរបស់ក្មេងទៅវិញ។

    សកម្មភាព​បែបនេះអាចធ្វើឱ្យក្មេង​នៅតែព្យាយាមធ្វើខុសព្រោះគេយល់ថា​ទោះបីជាធ្វើត្រូវក៏គ្មានបានផលចំណេញអ្វីដល់គេដែរព្រោះពួកគេនៅតែគ្មានភាពសំខាន់ក្នុងភ្នែកមនុស្សធំ។ តែប្រសិនបើ​មនុស្សធំចេះលើកទឹកចិត្តវិញពួកគេនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបង្ហាញថា​​ ពួកគេជាមនុស្សល្អហើយមានសេចក្តីក្លាហានក្នុងការ​ប្រឈមជាមួយនឹងបញ្ហានានាទៀតផង៕