Author: ធឿន មករា

  • អត្ថប្រយោជន៍​នៃ​ផ្លែ​ត្រសក់ ចំពោះ​ស្បែ​កមុខ ដែល​នារី​គ្រប់រូប​ដឹង​ដែរ តែ​ដឹង​មិន​ច្បាស់

    អត្ថប្រយោជន៍​នៃ​ផ្លែ​ត្រសក់ ចំពោះ​ស្បែ​កមុខ ដែល​នារី​គ្រប់រូប​ដឹង​ដែរ តែ​ដឹង​មិន​ច្បាស់

    ដោយសារតែ ត្រសក់​គឺជា​បន្លែ​ដែល​សម្បូរ​ទៅដោយ​វីតាមីន C កាល់ស្យូម ស៊ី​លីកា និង​ប៉ូ​តា​ស្យូ​ម ដូច្នេះហើយ​បានជា​មនុស្ស​មួយចំនួន​និយម​យក​ត្រ​សក់មក​ធ្វើជា​ឱសថ​ប្រចាំត្រកូល​ក្នុងការ​ថែទាំ​ស្បែក​ឱ្យ​ស្រស់ស្អាត និង​សក់​រលើបរលោង​គ្រប់ពេលវេលា។ ត្រសក់​មិន​គ្រាន់តែ​ល្អ​ចំពោះ​ស្បែ​កមុខ​ប៉ុណ្ណោះ​ទេ វា​នៅមាន​អត្ថប្រយោជន៍ផ្សេងៗជាច្រើន​ទៀត​ដែល​អ្នក​មិន​បានដឹង។ ដូច្នេះ​សូម​មក​ស្វែងយល់​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ត្រសក់​ដូចតទៅ។

    1/ ត្រសក់​បំបាត់​អាការ​ហើម​ភ្នែក និង​ភ្នែក​រូង

    ចំពោះ​សុភាពនារី​ដែល​អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ​ពេញ​មួយថ្ងៃ​រហូត នឹង​ប្រឈម​ជាមួយនឹង​អាការ​ផ្សា​ភ្នែក ហើម​ភ្នែក​ដូច​ខ្លាឃ្មុំ​ផេ​ន​ដា និង​ភ្នែក​រ៉ូង​ជ្រៅ​ដូច​មិនបាន​គេង​គ្រប់គ្រាន់ ហើយ​នៅពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​បើ​បាន​ចិត​ចំណិត​ផ្លែ​ត្រសក់​ជា​បន្ទះស្តើងៗ យកមក​បិទ​នៅលើ​ត្របកភ្នែក​ប្រមាណ​ជា20នាទី​នោះ ជាតិ​អំបិល​រ៉ែ​ដែលមាន​នៅក្នុង​ផ្លែ​ត្រសក់​នឹង​ជ្រាបចូល​ទៅក្នុង​ស្បែក ជួយ​សម្រាល​អាការ​ហើម​ភ្នែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ បើ​បានធ្វើ​ជាប្រចាំ​រាល់ថ្ងៃ ស្បែក​នៅ​ជុំវិញ​ភ្នែក ខ្លាញ់ និង​ស្នាម​ជ្រីវជ្រួញ​នៅ​ជុំវិញ​ភ្នែក​ក៏​មិន​ហ៊ាន​មក​ក្បែរ​រូបអ្នក​ទៀត​ដែរ។

    ហើយ​បើ​បានទទួល​ទាន​ទឹក​ផ្លែ​ត្រសក់ នឹងមាន​ប្រសិទ្ធភាព​នៅក្នុង​ការបញ្ចេញ​ទឹកនោម ជា​ថ្នាំ​បញ្ចុះ និង​ជួយ​លាង​ជាតិពុល​ចេញពី​រាងកាយ​ថែម​ទៀតផង។

    2/ វិធី​ប្តូរ​ត្រសក់​ឱ្យ​ក្លាយជា​ឱសថ​ឌី​ថក់​ព្យាបាល​ស្បែ​កមុខ

    ឱសថ ឬ​ទឹក​ថ្នាំ​ឌី​ថក់​ដែលជា​ថ្នាំបន្សាប​ជាតិពុល គឺអាច​ធ្វើបាន​យ៉ាង​ងាយ​បំផុត​ដោយ​គ្រាន់តែ​គាប​ច្របាច់​យក​ទឹក​ត្រសក់ 1ផ្លែ​លាយ​ជាមួយនឹង​ទឹក​ខ្ញី​ច្របាច់ស្រស់ៗ ប៉ុន្តែ​ត្រូវ​ទទួលទាន​ក្រោយ​ភ្ញាក់​ពី​គេងភ្លាមៗ ពីព្រោះ​ការ​ឌី​ថក់​ដែល​ទទួលបាន​លទ្ធផល​ល្អ​ត្រូវធ្វើ​នៅពេល​ពោះ​ទទេ​មិនទាន់​ទទួលទាន​អ្វី​សោះ។

    បើ​ចេញទៅ​ហាលថ្ងៃ​ក្តៅ​រហូត​ទាល់តែ​ផ្សា​រោល​ស្បែក​នោះ អ្នក​ត្រូវ​ច្របាច់​យក​ទឹក​ត្រសក់​លាយ​ជាមួយ​ឡេ​ជំនួយ​ស្បែក​កន្លះ​ស្លាបព្រា​កាហ្វេ​មក​លាប​លើ​កន្លែង​ដែលមាន​ស្នាម​រោល​ខ្លោច​នោះ។ វា​នឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ឡើង​ត្រជាក់​វិញ ហើយ​វីតាមីន D ដែល​បាន​ពី​ត្រសក់​នឹង​ផ្តល់នូវ​សំណើម​យ៉ាង​ល្អ​ដល់​ស្បែក ជួយ​កាត់បន្ថយ​ភាព​ផ្សា​ក្រហាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ទាន់​ចិត្ត៕

  • អ្នកដឹកនាំ​ដែលមាន​ទស្សនវិស័យ​វែងឆ្ងាយ ជា​អ្នក​ដែល​ចងក្រង​ក្បួន​ទុក

    អ្នកដឹកនាំ​ដែលមាន​ទស្សនវិស័យ​វែងឆ្ងាយ ជា​អ្នក​ដែល​ចងក្រង​ក្បួន​ទុក

    ការបណ្តុះ​ភាពជា​អ្នកដឹកនាំ​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា និង​សម្រាប់​ស្ថាប័ន ទាំង​ឯកជន និង​ស្ថាប័ន​សាធារណៈ។ ការបណ្តុះ​ភាពជា​អ្នកដឹកនាំ ចាំបាច់​ត្រូវមាន​លក្ខណៈ​ប្រាកដនិយម ឬ​មាន​ច្បាស់លាស់​ដែល​អាច​ជំរុញឱ្យមាន​ការបន្ត​វេន​ដ៏​ល្អ​ចំពោះ​អ្នកជំនាន់ក្រោយ។់ក្រោយ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Cam-Paint បាន​លើកឡើងថា ស្ថាប័ន​ដែល​រីកចម្រើន​ត្រូវការ​បុគ្គលិក​ដែលមាន​ភាពជា​អ្នកដឹកនាំ ព្រោះថា​នៅពេលដែល​បុគ្គលិកម្នាក់ៗមាន​ភាពជា​អ្នកដឹកនាំ នៅពេល​នៅ​ដំណើរការ​នៃ​ក្រុមហ៊ុន ឬ​ស្ថាប័ន​នឹង​បន្ត​អភិវឌ្ឍ ព្រោះម្នាក់ៗសុទ្ធ​តែមាន​ម្ចាស់ការ និង​គំនិត​ច្នៃប្រឌិត ហើយ​ប្រើ​អស់​សក្តានុពល​ដើម្បី​ធ្វើ​ការងារ​រួមគ្នា។

    លោក សោម សម្បត្តិ បាន​មានប្រសាសន៍ថា៖ «អាជីវកម្ម​ដែល​រឹងមាំ ជា​អាជីវកម្ម​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ ព្រោះ​អ្នកដឹកនាំ​នៃ​ស្ថាប័ន​នោះ​ជា​អ្នក​ដែល​ពូកែ​រក្សា​នូវ​ក្បួន​ទុក​សម្រាប់​បណ្តុះបណ្តាល​ដល់​បុគ្គលិក​គ្រប់គ្នា​ឱ្យមាន​ភាពជា​អ្នកដឹកនាំ»។

    លោក សោម សម្បត្តិ បាន​បន្តទៀតថា មនុស្ស​ទុក​ចំណេះដឹង​នៅ 2កន្លែង គឺ​ទី1 ទុក​នៅក្នុង​ខ្លួន និង​ទី2 គឺ​ទុក​នៅក្នុង​ក្បួន ហេតុនេះ​ចំណុច​សំខាន់​របស់​អ្នកដឹកនាំ​ដែលមាន​ទស្សន​វែងឆ្ងាយ​គឺ ចេះ​ពង្រឹង​ចំណេះ​ក្នុង​ខ្លួន​ឱ្យ​ខ្លាំង បន្ទាប់មក​ចងក្រង​ជា​ក្បួន។ លោក​បានលើកឡើង​ផងដែរ​ថា បើ​អ្នកដឹកនាំ​ក្រុមហ៊ុន​បាន​បង្កើត​ក្បួន​ត្រឹមត្រូវ ក្រុមហ៊ុន ឬ​ស្ថាប័ន​នោះ​នឹង​ក្លាយជា​ស្ថាប័ន​ដែល​រឹងមាំ ហើយ​ក្រោយ​ពេលដែល​អស់ពី​អ្នកដឹកនាំ​ណា​ម្នាក់​ទៅ អ្នកដទៃ​ទៀត​ក៏​អាចមាន​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​ខ្លាំង​បានដែរ។

    លើសពីនេះទៅទៀត​សហគ្រិន​ខាងលើ​បាន​សង្កត់ធ្ងន់​ផងដែរ​ទៅលើ​ការកសាង​ផ្នែក​ភាពជា​អ្នកដឹកនាំ​នៅក្នុង​ក្រុមហ៊ុន​ថា ប្រសិនបើ​ក្រុមហ៊ុន​ចេះ​អភិវឌ្ឍ​ធនធានមនុស្ស ហើយ​មាន​ផ្នែក​អភិវឌ្ឍ​ធនធានមនុស្ស​ល្អ នោះ​បុគ្គលិកម្នាក់ៗនឹង​រួមចំណែក​បង្កើត​លុយ​រាប់លាន​ដើម្បី​ជោគជ័យ​ទាំងអស់គ្នា តែបើ​គ្មាន​ផ្នែក​អភិវឌ្ឍ​ធនធានមនុស្ស​ត្រឹមត្រូវ​ទេនោះ ស្ថា​ប័​មួយ​អាច​ប្រឈម​នឹង​ការខាតបង់៕

  • ម៉ូដ​ក្រចក​បែប​ស្រទន់ សម្រាប់​សុភាពនារី អាច​ប្រើ​បាន​គ្រប់​រដូវ​កាល

    ម៉ូដ​ក្រចក​បែប​ស្រទន់ សម្រាប់​សុភាពនារី អាច​ប្រើ​បាន​គ្រប់​រដូវ​កាល

    ពិតណាស់​មនុស្ស​ស្រី​គ្រប់រូប​គឺ​សុទ្ធតែ​ចង់​ស្អាត ដូច្នេះហើយ​ការតុបតែង​ខ្លួន​គឺជា​រឿង​សំខាន់បំផុត​សម្រាប់​ពួកគាត់ ហើយ​នៅថ្ងៃនេះ​ដែរ គេហទំព័រ ឡា​រ៉ែ​ន សូម​បង្ហាញជូន​នូវ​ម៉ូដ​ក្រចក​បែប​ស្រទន់ ប៉ុន្តែ​អាច​ប្រើ​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។

    ម៉ូដ​ក្រចក​ទាំងនេះ គឺ​បាន​បង្កប់​នូវ​ភាពស្រស់ស្អាត និង​ភាព​ទាក់ទាញ​ពី​មនុស្ស​នៅ​ជុំវិញខ្លួន ។ បើ​សុភា​នារី​មិន​ជឿ​ទេនោះ អាច​សាកល្បង​ដោយ​ខ្លួនឯង​ក៏បាន…

  • ម៉ូដ​សក់​បែប​សាមញ្ញ តែ​បង្កប់​ដោយ​ភាពស្រស់ស្អាត

    ម៉ូដ​សក់​បែប​សាមញ្ញ តែ​បង្កប់​ដោយ​ភាពស្រស់ស្អាត

    យើង​ជា​ខ្មែរ ពិតណាស់​គឺ​ត្រូវតែមាន​ពេលវេលា សម្រាប់​ការតុបតែង​ខ្លួន​បែប​ដែល​ខ្លួន​ស្រឡាញ់​ខ្លះ​ហើយ ទោះជា​សម័យកាល​នេះ​គឺជា​សម័យកាល​នៃ​ភាពទំនើប​ទាន់សម័យ និង​ស៊ីវីល័យ​យ៉ាងណាក៏ដោយ។

    ជាពិសេស​ស្ថិតនៅក្នុង​អំឡុងពេល​នៃ​ពិធីបុណ្យ​ប្រពៃណីជាតិ​ដូចជា​រដូវ​ភ្ជុំបិណ្ឌ​នេះ​ទៀត គឺ​ពិតជា​អំឡុង​ពេលដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ស្តា​យល៍​នៃ​ការតុបតែង​ខ្លួន និង​ម៉ូដ​សក់​តាមបែប​សុភាពរាបសារ​ម្តង​ហើយ ដើម្បី​ទទួលបាន​នូវ​ភាពស្រស់ស្អាត​គួរ​ជាទី​គាប់ចិត្ត និង​ស័ក្តិសម​ជាមួយនឹង​រដូវ​កាល​ផង ដូច្នេះ​សូម​ពិនិត្យមើល​ម៉ូដ​សក់​ទាំងនេះ ហើយ​សូម ជ្រើសរើស​ម៉ូដ​សក់​បែបសុភាពៗណាមួយ​ដែល​អ្នក​ចូលចិត្ត ដើម្បី​លេង​ស្តា​យល៍​ម៉ូដ​សក់​របស់​អ្នក៕

  • ជួយ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក គឺ​ជួយ​បង្កើន​ការងារ​ដល់​ប្រជាជន​ខ្មែរ

    ជួយ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក គឺ​ជួយ​បង្កើន​ការងារ​ដល់​ប្រជាជន​ខ្មែរ

    ភ្នំពេញ- ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រសួងទេសចរណ៍​តែងតែ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ដូចជា​សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន​ទេសចរណ៍​នានា ឱ្យ​ចូលរួម​ប្រើប្រាស់​ផលិតផល និង​សម្ភារ​បរិក្ខារ​ផលិត​នៅក្នុង​ស្រុក និង​ចូលរួម​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បុគ្គលិក​ជា​ពលរដ្ឋ​ខ្មែរ ពិសេស​ត្រូវ​អនុវត្តតាម​ស្ដង់ដារ​បច្ចេកទេស ធ្វើយ៉ាងណា​ដើម្បី​បង្កើត​ទីផ្សារការងារ​ស​ម្រា​ប់​ប្រជាជន​ខ្មែរ​ដូចគ្នា។

    ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​លើកឡើងថា ការវិនិយោគ​ដោយផ្ទាល់​ក្នុង​វិស័យ​ទេសចរណ៍ ក៏ដូចជា​ជួយ​លើកតម្កើង និង​គាំទ្រ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដូចជា​តាមរយៈ​ការបង្ហាញ​ផ្ទះបាយ​ប្រពៃណី និង​គ្រឿង​បរិក្ខារ​កសិកម្ម ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ជនបទ​ប្រើប្រាស់​សម្រាប់ធ្វើ​ការបង្ក​បង្កើន​ផល​ជាដើម​នោះ បាន​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន។

    ឯកឧត្តម​បាន​បន្តថា ផ្ដើមចេញពី​គោលនយោបាយ​ឈ្នះ-ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សុខសន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ទេសចរណ៍​កម្ពុជា​ដែលមាន​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​មាស​បៃតង ដោយ​បាននិងកំពុង​បោះជំហាន​រីកចម្រើន​ឡើងជា​លំដាប់ ដោយ​រក្សាបាន​នូវ​កំណើន​ជា​រៀងរាល់ឆ្នាំ រួមចំណែក​ប្រមាណ 12% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ជាច្រើន​ម៉ឺន​នាក់​ទៀត។

    ក្នុង​ឆ្នាំ2016 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង 5លាន​នាក់ ក្នុង​កំណើន 5% ក្នុងនោះ​ទេសចរ​អន្ដរ​ជាតិ​មាន​ចំនួន​ប្រមាណ 2.6លាន​នាក់ ក្នុង​កំណើន12.5% ក្នុង​រយៈពេល6ខែ ឆ្នាំ2017នេះ។ តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 5.4លាន​នាក់ នៅ​ឆ្នាំ2017 និង​ប្រមាណ7លាន​នាក់ នៅ​ឆ្នាំ2020៕

          
  • បន្ទាប់ពី​ប្រសូត​បុត្រ​ហើយថ្មីៗ អ្នក​ម្តាយ​គួរ​បរិភោគ​អាហារ​បែបណា?

    បន្ទាប់ពី​ប្រសូត​បុត្រ​ហើយថ្មីៗ អ្នក​ម្តាយ​គួរ​បរិភោគ​អាហារ​បែបណា?

    អ្នក​ម្តាយ​ដែល​ទើបតែ​ឆ្លងទន្លេ​ហើយថ្មីៗនោះ រាងកាយ​ស្ថិតក្នុង​អំឡុង​ពេលដែល​ត្រូវតែ​ទទួលបាន​ការមើល​ថែទាំ និង​យកចិត្តទុកដាក់​យ៉ាង​ពិសេស ដោយសារតែ​ស្ត្រី​ដែល​ទើបនឹង​ប្រសូត​បុត្រ​រួចថ្មីៗនឹងមាន​អាការ​ល្វើយ​ខ្សោយ​ខ្លាំងណាស់ហើយ​រឹតតែ​ការ​ប្រសូត​ដោយ​វិធី​វះកាត់​ផង​នោះ អ្នក​ម្តាយ​នឹងមាន​អាការ​នឿយ​ល្វើយ​ខ្លាំង​ជាង​ការ​ប្រសូត​តាម​វិធី​ធម្មជាតិច្រើនដង​ណាស់។

    នៅថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំ​ព័ត៌មានល្អៗពាក់ព័ន្ធ​នឹង​ការបរិភោគ​អាហារ និង​ការមើល​ថែទាំ​ខ្លួន​មក​ជំរាបជូន​ដូចខាងក្រោម ៖

    ក្នុង​រយៈ​ដំបូង​បន្ទាប់ពី​ប្រសូត អ្នក​ម្តាយ​គួរ​តម​ការងារ​ផ្ទះ និង​ការងារ​ណា​ដែលធ្ងន់ៗ ទុក​ឲ្យ​ស្វាមី​ធ្វើ​សិន​ទៅ រឿងដែល​អ្នក​ម្តាយ​ថ្មីថ្មោង​គួរ​ធ្វើ​ក្នុងអំឡុងពេល​សំរាក​បំប៉ន​រាងកាយ​នោះ​គឺ ការ​សំរាក​ឲ្យ​បានច្រើនៗ ហាត់ប្រាណស្រាលៗ និងដែល​សំខាន់​នោះ​ត្រូវ​បរិភោគ​អាហារ​ដើម្បី​សុខភាព​ដែល​សម្បូរ​ទៅដោយ​វិ​តា​មីន និង​សារធាតុ​រ៉ែ​ឲ្យ​បាន​គ្រប់​ចំនួន។

    អាហារ​ដែល​ល្អ និង​សក្តិសម​សម្រាប់​អ្នក​ម្តាយ​ទើបនឹង​សំរាល​បុត្រ​ហើយថ្មីៗ អ្នកជំនាញការ​បាន​ណែនាំ​ថា អ្នក​ម្តាយគួរតែ​ទទួលទាន​អាហារ​ដែល​ឧ​ត្ត​ម​សម្បូរ​ទៅដោយ សារធាតុ​រ៉ែ និង​វិ​តា​មីន​ដូចជា អាហារ​ពពួក​សាច់សត្វ ទឹកដោះ សណ្តែកសៀង ស៊ុត បន្លែ និង​ផ្លែឈើ​ស្រស់​គ្រប់​ប្រភេទ អ្វីដែល​សំខាន់​គឺ​គួរ​បរិភោគ​អាហារ​ឲ្យ​បាន​គ្រប់​តាម​តម្រូវការ​របស់​រាងកាយ ។

    ចំណែក​អាហារ​ដែល​អ្នក​ម្តាយ​ថ្មីថ្មោង​គួរ​តម​ទទួលទាន​ជាដាច់ខាត​នោះ​គឺ អាហារ​ប្រឡាក់​ផ្អាប់ អាហារ​ត្រាំ ឬ​ជ្រក់ផ្សេងៗ អាហារ​ដែលមាន​រសជាតិ​ខ្លាំង និង​អាហារ​ដែល​ស្ទើរ​ឆ្អឹ​ន​ស្ទើរ​ឆៅ ព្រោះ​អាហារ​ទាំងនោះ​អាចមាន​ផលប៉ះពាល់​ទៅដល់​ទារក ជាពិសេស​អ្នក​ម្តាយ​ដែល​ចិញ្ចឹម​កូន​ដោយ​បំបៅ​ដោះ អាចធ្វើ​ឲ្យ​ទារក​រាក​បាន៕

  • ឧកញ៉ា លី ហួរ វិនិយោគ​លំនៅដ្ឋាន​តម្លៃ​ទាប​នៅ​ជាយក្រុង​ភ្នំពេញ

    ឧកញ៉ា លី ហួរ វិនិយោគ​លំនៅដ្ឋាន​តម្លៃ​ទាប​នៅ​ជាយក្រុង​ភ្នំពេញ

    ភ្នំពេញៈ លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន​លី​ហួរ​គ្រុប​បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ជា​លើកដំបូង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A។

    លោក​ឧកញ៉ា លី ហួរ ដែលជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​ផងដែរ​នោះបាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី14 កញ្ញា​នេះ​ថា នេះ​ជា​គម្រោង​ជំហាន​ដំបូង​ហើយ​ដែល​លោក​បាន​វិនិយោគ​លើ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ដែលមាន​ផ្ទះ​សរុប​ប្រមាណ210ល្វែង និង​លក់​ក្នុងតម្លៃ38,000ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ លោក​បន្តថា គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​ខ្លាំង ដោយ​លក់​ក្នុង​រយៈពេល​ខ្លី​សោះ ប៉ុន្តែ​លំនៅដ្ឋាន​ទាំងនេះ​ទទួលបាន​ការបញ្ជាទិញ​ពី​អតិថិជន​អស់​រហូតដល់​ជាង60ភាគរយ​រួចទៅហើយ។

    គម្រោង​នេះ​ស្ថិតនៅក្នុង​តំបន់​ព្រែក​តា​មាក់ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង10គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

    លោក​បន្តថា ដោយសារ​គម្រោង​នេះ​ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម និង​ជា​គម្រោង​ដែល​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៦Aផង​នោះ ទើប​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​យ៉ាង​លឿន។ សម្រាប់​គម្រោង​លំនៅដ្ឋាន​មានតម្លៃ​សមរម្យ​បែបនេះ លោក​នឹង​ពង្រីក​ការវិនិយោគ​ជាច្រើន​ទៀត​នៅពេល​ខាងមុខ ព្រោះ​លោក​មាន​ដី​រួចហើយ និង​កំពុងស្ថិត​ក្នុងដំណាក់កាល​ចាក់​ខ្សាច់​បំពេញ។

    ទាក់ទង​នឹង​ទីផ្សារ​បុរី​នៅ​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ថ្លែងថា ទីផ្សារ​បុរី​នៅ​កម្ពុជា​នៅតែមាន​ភាពល្អប្រសើរ ហើយ​ការលក់​ជោគជ័យ ឬ​មិន​ជោគជ័យ​វា​អាស្រ័យ​លើ​ទីតាំង​គម្រោង​ដែល​ស្ថិតនៅ​តំបន់​ណា និង​ផ្តោតលើ​អតិថិជន​ប្រភេទ​ណា​របស់​អ្នកវិនិយោគ ព្រោះ​យើង​មិនអាច​វិនិយោគ​លំនៅដ្ឋាន​មានតម្លៃ​ខ្ពស់​នៅ​តំបន់​ជាយក្រុង​បានទេ។ លំនៅដ្ឋាន​តម្លៃ​ទាប​ស័ក្តិ​សមនៅ​តំបន់​ជាយក្រុង ចំណែក​តំបន់​ពាណិជ្ជកម្ម​ក្នុង​ក្រុង ជា​កន្លែង​ដែល​ការវិនិយោគ​នឹង​ទទួលបាន​ជោគជ័យ។

    លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​ KFA បាន​ថ្លែងថា ស្របពេល​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង អ្នកវិនិយោគ​លើ​វិស័យនេះ​នៅតែ​ទទួលបាន​ជោគជ័យ ដោយសារ​ជាធម្មតា​ប្រជាពលរដ្ឋ​ត្រូវការ​ជម្រក ហើយ​ចរន្ត​នៃ​ការ​ចូលមក​រស់នៅ​ក្រុងភ្នំពេញ​កំពុង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។លោក​បន្តថា ទោះជា​យ៉ាងណា បច្ចុប្បន្ន​អ្នកវិនិយោគ​លំនៅដ្ឋាន​បានចាប់ផ្តើម​ងាក​ច្រើន​មកកាន់​ក្រុម​ប្រជាជនមាន​ជីវភាព​មធ្យម​ដែលមាន​ចំនួន​ច្រើន និង​ជាទី​ផ្សារ​ធំ​មួយ។

    លោក​បន្តថា “ការវិនិយោគ​លើ​លំនៅដ្ឋាន​សម្រាប់​ប្រជាជន​មធ្យម​ជាការ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ពិតប្រាកដ ប៉ុន្តែ​មិនមែន​មានន័យថា ទីផ្សារ​លំនៅ   ដ្ឋា​ន​ប្រណីត​មិន​ជោគជ័យ​នោះទេ”៕

  • ហេតុអ្វី​បានជា​ជំនាញ​បច្ចេកទេស​ជា​ជំនាញ​ដែលមាន​ទីផ្សារ​ខ្ពស់​នៅ​កម្ពុជា?

    ហេតុអ្វី​បានជា​ជំនាញ​បច្ចេកទេស​ជា​ជំនាញ​ដែលមាន​ទីផ្សារ​ខ្ពស់​នៅ​កម្ពុជា?

    ការជ្រើសរើស​ជំនាញ​សិក្សា​ត្រូវ​គិតគូរ​ឱ្យបាន​ច្រើន​ចំណុច ដោយ​ក្នុងនោះ​ទីផ្សារការងារ​ក៏​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​គួរ​គិតគូរ​ផងដែរ។ កន្លងមក​មាន​មនុស្ស​ជាច្រើន​បានលើកឡើង​ថា ជំនាញ​បច្ចេកទេស​ជា​ជំនាញ​ដែលមាន​ទីផ្សារ​នៅ​កម្ពុជា តែ​មនុស្ស​មួយចំនួន​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ពី​មូល​ហេតុដែល​ធ្វើឱ្យ​ជំនាញ​នេះ​មាន​ទីផ្សារ​ខ្ពស់​នៅ​កម្ពុជា។

    រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម អ៊ឹម កុ​ច បាន​លើកឡើងថា កម្ពុជា​ជា​ប្រទេស​ដែល​កំពុងមាន​ការរីក​លូតលាស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហេតុនេះ​គម្រោង​សាងសង់ និង​ចង្វាក់​ផលិតកម្ម​ផ្នែក​ឧស្សាហ​កម្មបាន​រីកលូតលាស់​យ៉ាង​លឿន ដែល​វា​ទាមទារ​ឱ្យមាន​កម្លាំង​ពលកម្ម​ដើម្បី​ទៅ​បំពេញតម្រូវការ​ទាំងអស់​នោះ។

    ឯកឧត្តម អ៊ឹម កុ​ច បាន​មានប្រសាសន៍ថា៖ «ថ្នាក់​វិទ្យាសាស្ត្រ​ពិត ឬ​ជំនាញ​បច្ចេកទេស ជា​ជំនាញ​ដែល​ជួយ​សង្គម​បច្ចុប្បន្ន​ឱ្យមាន​ការអភិវឌ្ឍ​បាន​ច្រើន ព្រោះថា​នៅពេលដែល​យើង​សម្បូរ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ក្នុង​ផ្នែក​នេះ យើង​នឹង​អាចមាន​កម្លាំង​ច្រើន​ដើម្បី​បង្កើនសមិទ្ធផលសំខាន់ៗ រួមទាំង​ធ្វើការ​ងារ​លឿន​ជាមួយនឹង​បច្ចេកទេសថ្មី»។

    បើតាម​ឯកឧត្តម អ៊ឹម កុ​ច កម្ពុជា​នាពេល​បច្ចុប្បន្ន​កំពុង​ជំរុញឱ្យមាន​ការលើកទឹកចិត្ត​អ្នកជំនាញ​ឱ្យបាន​ច្រើន ព្រោះថា​នៅពេលដែល​ប្រទេស​យើង​មានការ​អភិវឌ្ឍ​កាន់តែខ្លាំង នៅពេលនោះ​អ្នកបច្ចេកទេស​នឹង​ក្លាយជា​ចំណុច​ដែល​វិនិយោគិន​ចាប់អារម្មណ៍ ព្រោះថា​ការបណ្តាក់ទុន​រកស៊ី​នៅ​ប្រទេស​ណាមួយ​គេ​ត្រូវ​ការមើល​លើ​ចំណុច​ជាច្រើន ដែល​ក្នុងនោះ​ធនធានមនុស្ស​ក៏​ជា​កត្តា​សំខាន់​មួយ​ផងដែរ​ដែល​គេ​ត្រូវ​ផ្តោតជាសំខាន់។

    ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា លោក Bill Longhurst ធ្លាប់បាន​លើកឡើងថា កម្ពុជា​កំពុង​ត្រូវ​ការជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ហើយ​ជំនាញ​ទាំងអស់នេះ​ជា​ជំនាញ​ដែល​អាចបង្កើត​ផលិក​ម្ម និង​ការអភិវឌ្ឍ​នៅលើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា។ វា​ក៏​ជា​ជំនាញ​ដែល​រុញច្រាន​ឱ្យមាន​ដំណើរ​សេដ្ឋកិច្ច​ល្អ​តាមរយៈ​ការប្រើប្រាស់​បច្ចេកទេសរ​បស់​អ្នកជំនាញ​ក្នុងស្រុក ដែល​ទទួលបាន​ការអប់រំ​ច្បាស់លាស់​ពី​ជំនាញ STEM។

    លោក Bill Longhurst បាន​មានប្រសាសន៍ថា៖ យុវជន​នៅ​កម្ពុជា​ជាច្រើន​មិនបាន​ជ្រើស​រើសយក​ជំនាញ STEM ព្រោះ​ពួកគេ​គិតថា ជំនាញ​ទាំងអស់នោះ​ពិបាក មិនសូវ​មានមុខ​មាន​មាត់ និង​មិនអាច​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ប៉ុន្តែ​តាមពិតទៅ​ជំនាញ​ទាំងអស់នោះ​ជា​ជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដើម្បី​ចូលរួម​ឱ្យបាន​សកម្ម​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស។ យើង​សង្ឃឹមថា​សិស្ស​និស្សិត​កម្ពុជា​នឹង​ជ្រើសរើស​ជំនាញ STEM ដើម្បី​សិក្សា​នៅ​មហាវិទ្យាល័យ​ដើម្បី​ទាញយក​ឱកាស​ការងារ​ដែលមាន​តម្រូវការ​ខ្ពស់  

    លោក​ឯកអគ្គរាជទូត​បាន​បន្ថែមទៀតថា STEM បាន​ក្លាយជា​មុខងារ​ដែល​គេ​ត្រូវការ​បំផុត​នៅ​ទូទាំង​ពិភពលោក​រួមទាំង​កម្ពុ​ជា​ផងដែរ។ ស្រប​ពេលដែល​សេដ្ឋកិច្ច​កំពុង​លូតលាស់​យ៉ាង​ឆាប់រហ័ស និង​បើកទូលាយ​ចំពោះ​វិនិយោគិន​អន្តរជាតិ​នោះ ពលរដ្ឋ​កម្ពុជា​វ័យក្មេង​ចាំបាច់​ត្រូវ​ដឹងថា តើ​ការងារ​អ្វីខ្លះ​ដែល​ពួកគេ​អាចធ្វើ​បាន ហើយ​តើ​ជំនាញ​អ្វីខ្លះ​ដែល​គេ​ត្រូវការ? កម្ពុជា​កំពុង​ត្រូវការ​វេជ្ជបណ្ឌិត វិស្វករ អ្នកបង្កើត​បណ្តាញ និង​ស្ថិតិ ជាច្រើន​នាក់​បន្ថែមទៀត​ដើម្បី​ការអភិវឌ្ឍ​ប្រទេស។ ការជ្រើសរើស​យក​ជំនាញ STEM មក​សិក្សា​ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ភាព​សកម្ម​នៅក្នុង​សកម្មភាព​នៃ​ការអភិវឌ្ឍ៕

  • វគ្គបណ្តុះបណ្តាល បណ្តាញពាណិជ្ជករអន្តរជាតិ

    វគ្គបណ្តុះបណ្តាល បណ្តាញពាណិជ្ជករអន្តរជាតិ

    វគ្គបណ្តុះបណ្តាលនេះធ្វើនៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2017
    ចាប់ពីម៉ោង 5:00ល្ងាច ដល់ 9:00យប់
    ទីតាំង: CKCC
    ទំនាក់ទំនងទូរស័ព្ទលេខ: 093 772 887 / 092 444 880