Author: ធឿន មករា

កាសែតឡារ៉ែន ពាណិជ្ជ លេខ 119
[easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/03/LRPN_119-Final-For-Web.pdf” force_dl=”1″] 
អាណាចក្របៃតងក្លាយជាម្ចាស់ជើងឯក Tiger Street Football Festival 2018 ទូទាំងប្រទេស
ក្រុមអាណាចក្របៃតងបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ដ៏ធំប្រចាំកម្ពុជា Tiger Street Football Festival 2018 បន្ទាប់ពីបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល 2-1 នៅវគ្គផ្តាច់ព្រ័ត្រ និងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអតីតកំពូលតារាបាល់ទាត់លំដាប់ពិភពលោក Rayn Giggs ជា Brand Ambassador របស់ក្រុមហ៊ុនស្រាបៀរ Tiger និងតំណាងក្រុមហ៊ុនស្រាបៀរ Tiger ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។
ក្រោយលទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឃើញថា 3G FC បានចាញ់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល 0-1 ខណៈក្រុមយុវជនទួលតាឯក មកពីខេត្តបាត់ដំបងបានចាញ់ក្រុមអាណាចក្របៃតង ដោយលទ្ធផល 2-3។ ទីបំផុត ក្រុម 3G FC ទទួលបានចំណាត់ថ្នាក់លេខ3 បន្ទាប់ពីយកឈ្នះក្រុមលេខ4 យុវជនទួលតាឯកដោយលទ្ធផលចាស់ដៃ 4-0។
ក្រុមខ្លាំងប្រចាំរាជធានីភ្នំពេញ អាណាចក្របៃតង ទទួលបានចំណាត់ថ្នាក់លេខ1 បន្ទាប់ពីយកឈ្នះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផលតឹងតែង 2-1 ។ ចំពោះរង្វាន់ជើងឯកទូទាំងប្រទេស ក្រុមលេខ1 ៖ អាណាចក្របៃង ទទួលបានពាន1 មេដាយមាស និងរង្វាន់ 15,000 ដុល្លារ, ក្រុមលេខ2 ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ទទួលមេដាយប្រាក់ និងរង្វាន់ 5,000 ដុល្លារ ។ ក្រុមលេខ3 ៖ 3G FC ទទួលមេដាយសំរឹទ្ធ និងរង្វាន់ 2,500 ដុល្លារអាមេរិក។ ក្រុមលេខ4 ៖ យុវជនទួលតាឯក ទទួលបានរង្វាន់ 1,000 ដុល្លារអាមេរិក ៕



កាសែតឡារ៉ែន ពាណិជ្ជ លេខ 118
[easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/03/LRPN_118_Final-for-web.pdf” force_dl=”1″] 
Tiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញរកឃើញក្រុមជើងខ្លាំងទាំង១២ ឡើងជុំផ្ដាច់ព្រ័ត្រ
ការប្រកួត Tiger Street Football Festival 2018 វគ្គជម្រុះប្រចាំមណ្ឌលរាជធានីភ្នំពេញ បានស្វែងរកឃើញទាំង12ក្រុម ឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសហើយ បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញ និងជកចិត្តបំផុតរយៈពេល៣ថ្ងៃ។ មណ្ឌលរាជធានីភ្នំពេញដែលជាមណ្ឌលចុងក្រោយ មានក្រុមចូលរួមច្រើនជាងគេសម្រាប់រដូវកាលទី6នេះ មានរហូតដល់ទៅ 116ក្រុម និងប្រើពេលប្រកួត3ថ្ងៃគិតតាំងពីថ្ងៃពុធ ទី7 ដល់ថ្ងៃសុក្រទី9 ខែមីនានេះ នៅមុខសាលមជ្ឈមណ្ឌលកោះពេជ្រទើបរកបានក្រុម12ឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺក្រុមការពារតំណែងជើងឯកទូទាំងប្រទេសឆ្នាំចាស់ Victory Youth FC បានធ្លាក់បាត់ហើយ សូម្បីតែស្ថិតក្នុងចំណោម12ក្រុមឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសក៏គ្មានផង។ ដោយលែកក្រុម Home Sport Original ដែលសំបូរទៅដោយកីឡាករវ័យក្មេងនោះ បានយកឈ្នះលើក្រុម Ov Mal FC យ៉ាងលំបាកក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល 1 ទល់នឹង 0 ក្នុងម៉ោងបន្ថែម1នាទី។ សូមបញ្ជាក់ថា ក្រុមទាំង12ប្រចាំរាជធានីភ្នំពេញមានលេខ1៖ Home Sport Original ទទួលបាន 1500 ដុល្លារ អាមេរិក, លេខ2 ៖ Ov Mal FC ទទួលបាន1000 ដុល្លារ អាមេរិក, លេខ3 ៖ Victory FC ទទួលបាន500ដុល្លារ អាមេរិក, លេខ4៖ Down Town Sport Plus ទទួលបាន200ដុល្លារអាមេរិក,។ ចំណែកឯក្រុម អាណាចក្របៃតង, 3G FC, Daniel Generation, Vandasak FC (A) Down Town Sport, ឆន្ទៈកីឡា, Rolling FC, Down Town ទទួលបានកៅអីឡើងទៅប្រកួតវគ្គព្រ័ត្រថ្ងៃទី10 និង 11 ខែមីនា នេះ៕


Llorente ជួយ Spurs លត់ក្រុម Rochdale ចាស់ដៃ ដើម្បីចូលទៅវគ្គ 8ក្រុមនៃ FA Cup
ខ្សែប្រយុទ្ធ Fernando Llorente បានស៊ុតបាល់បញ្ចូលទី 3គ្រាប់ក្នុងតង់ទី2 ហើយខ្សែបម្រើស្លាប Son Heung-min រកបាន 2គ្រាប់ ធ្វើឱ្យក្រុម Tottenham Hotspur លត់ក្រុម Rochdale យ៉ាងដំណំក្នុងលទ្ធផល 6-1 ក្នុងការប្រកួតពាន FA Cup ជុំទី 5ម្តងទៀត កាលពីថ្ងៃពុធ។
ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ពីការប្រកួតលើកទី1ក្នុងជុំទី5នេះរួច ក្រុម Tottenham បានបញ្ចប់ការសង្ស័យផ្សេងៗ ក្នុងការប្រកួតកាត់សេចក្តីនាកីឡដ្ឋាន Wembley បើទោះបីមានការរំខានដោយវីដេអូជំនួយការអាជ្ញាកណ្តាលក្នុងតង់ទី1 ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ក៏ដោយ។លទ្ធផលនេះ មានន័យថា ក្រុម Spurs នឹងធ្វើដំណើរទៅជួបក្រុម Swansea ដែលជាគូប្រជែងស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា ក្នុងការប្រកួតវគ្គ 8ក្រុមចុងក្រោយ។ ក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី3 Rochdale មិនបានធ្វើការផ្លាស់ប្តូរពីក្រុមដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុម Spurs ក្នុងការប្រកួតលើកទី1ឡើយ ស្របពេលដែលលោក Mauricio Pochettino គ្រូបង្វឹករបស់ Tottenhamបានផ្លាស់ប្តូរកីឡាករដល់ទៅ 9នាក់ពីក្រុមដែលបានយកឈ្នះលើក្រុម Crystal Palace 1-០ ក្នុងការប្រកួតក្របខ័ណ្ឌលីក កាលពីចុងសប្តាហ៍មុននេះ។ ទាក់ទងនឹងការប្រើប្រាស់វីដេអូជំនួយការអាជ្ញាកណ្តាល លោក Pochettino បានឱ្យដឹងថា៖ «វាជាការប្រកួតមួយដែលយើងអាចដឹងពីរឿងផ្សេងគ្នាជាច្រើន។ វាពិតជាស្មុគស្មាញណាស់ ដោយសារតែប្រព័ន្ធថ្មីនេះ។ វាពិតជាលំបាកក្នុងការរក្សាការផ្តោតអារម្មណ៍ទៅលើការប្រកួត។ ខ្ញុំគិតថា យើងមានអាជ្ញាកណ្តាលដ៏ល្អបំផុតក្នុងទ្វីបអឺរ៉ុប ឬពិភពលោក ប៉ុន្តែ ខ្ញុំមិនដឹងថា ប្រព័ន្ធនេះវានឹងជួយដល់ពួកគេ ឬធ្វើឱ្យពួកគេកាន់តែច្របូកច្របល់ឡើយ»៕
ប្រភពពី៖ The Guardian
ប៊ុត សីហា ត្រឡប់ទៅកាប់ដីធ្វើស្រែនៅស្រុកកំណើតវិញ?
លោក ប៊ុត សីហា ត្រូវបានប្រជាជនទូទាំងប្រទេស រហូតធ្លាយចេញទៅដែនដីឯនាយសមុទ្របានស្គាល់ និងដឹងឮថា ជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទីមួយ តាមរយៈកម្មវិធីប្រកួតជ្រើសរើសរកអ្នកមានសំឡេងពីរោះលំដាប់ពិភពលោក ដែលរៀបចំដោយក្រុមហ៊ុនហង្សមាស។ ប៉ុន្តែអ្វីដែលជាការគួរឱ្យងឿងឆ្ងល់នោះគឺបន្ទាប់ពីក្លាយជាម្ចាស់ពាន និងមានឱកាស
បានចេញបទចម្រៀងត្រឹមប៉ុន្មានបទ ពេលនេះមុខមាត់របស់តារាចម្រៀងរូបនេះហាក់ត្រូវបានគេភ្លេចបាត់ទៅហើយ ព្រោះកុំថាឡើយមិនមានបទចម្រៀងថ្មីចេញចរាចរណ៍នៅលើទីផ្សារ សូម្បីតែការលេចមុខនៅលើឆាកប្រគំតន្ត្រីកម្សាន្ដប្រចាំសប្ដាហ៍ ឬកម្មវិធីតន្ត្រីទេសចរណ៍នៅតាមបណ្តាខេត្តក្រុងនានា ដែលក្រុមហ៊ុនហង្សមាសផ្ទាល់កំពុងរៀបចំយ៉ាងគគ្រឹកគគ្រេងនោះ ក៏គ្មានវត្តមានរបស់លោកនោះដែរ។
ខុសប្លែកពីបណ្តាតារាប្រុសស្រីស្ទើរទាំងអស់របស់ផលិតកម្មហង្សមាស ដែលកំពុងមានសកម្មភាពយ៉ាងគគ្រឹកគគ្រេង និងមមាញឹកស្ទើរគ្មានពេលសម្រាកផងនោះ ដោយឡែកសម្រាប់តារាចម្រៀងម្ចាស់ពាន The Voice Cambodia រដូវកាលទីមួយ ប៊ុត សីហា បែរជាមានភាពស្ងប់ស្ងាត់ដូចចោរលួចសេះទៅវិញ។ ប្រការនេះបង្កើតឱ្យមានការសង្ស័យ និងលើកជាចម្ងល់ថា ហេតុអ្វីបានជាតារាម្នាក់នេះមានសភាពដូច្នេះទៅវិញ? ឬមួយត្រូវបានផលិតកម្មហង្សមាសទាត់ចោល ហើយរត់ទៅកាប់ដី ដកស្ទូង ជាប្រភពដើមរបស់ខ្លួននៅឯខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើត?
ស្របទៅនឹងចម្ងល់ និងការលើកឡើងខាងលើនេះត្រូវបានប្រភពដែលជាសមាជិកក្រុមការងារនៅហង្សមាស បង្ហើបប្រាប់យ៉ាងដូច្នេះថា៖ តាមពិតសម្រាប់សមាជិកដែលស្ថិតនៅក្រោម
ដំបូលហង្សមាសទាំងអស់ គឺសុទ្ធតែត្រូវបានក្រុមហ៊ុនយកចិត្តទុកដាក់ និងជំរុញ រួមជាមួយការលើកទឹកចិត្តជួយបណ្ដុះបណ្តាល ដើម្បីឱ្យមានការអភិវឌ្ឍទាំងអស់គ្រប់គ្នា រាប់ចាប់ពីបុគ្គលិក
ផ្នែកសន្តិសុខឡើងទៅ។ សម្រាប់តារាចម្រៀងទាំង3ផលិតកម្ម ក៏សុទ្ធតែទទួលបានការជួយជ្រោមជ្រែងទាំងសូម្បីតែក្មេងដែលមានអាយុត្រឹមជាង10ឆ្នាំ ក៏មានទីផ្សារច្រើនស្ទើរតែគ្មាន
ពេលសម្រាកផង។ ដោយឡែក សម្រាប់ករណីរបស់តារាចម្រៀង ប៊ុត សីហា ហាក់មានភាពខុសប្លែកពីគេបន្តិច។ មិនមែនក្រុមហ៊ុនមិនជួយជំរុញនោះទេ ប៉ុន្តែរុញមិនរួច ច្រានមិនទៅ ស្ទូចមិនឡើង ដែលវាពាក់ព័ន្ធទៅនឹងអត្តចរិតដើមផ្ទាល់ខ្លួនពីកំណើតតែម្ដង។
ប្រភពដដែលបន្ថែមទៀតថា ៖ “ភាគច្រើន ប៊ុត សីហា តែងត្រូវបានក្រុមការងារ ក៏ដូចជាអ្នកសហការថតរិះគន់ទៅលើអត្តចរិតក្រអើតក្រទម ធ្វើការមិនគោរពពេលវេលា ដែលសូម្បីតែ
ថ្នាក់ដឹកនាំផ្តល់ការណែនាំក៏មិនជម្រុះចំណុចអវិជ្ជមានដែលធ្លាប់មានពីមុនមកនោះឡើយ ដូច្នេះហើយបានជាក្រុមហ៊ុនហាក់ដកទំនុកចិត្តលើរូបគាត់តែម្ដង”។ យ៉ាងណាក៏ដោយដំណើររឿងទាំងអស់ខាងលើនេះគេនៅមិនទាន់អាចយកជាផ្លូវការច្បាស់នៅឡើយ ខណៈដែលមិនទាន់មានការពន្យល់បកស្រាយបញ្ជាក់ពីសំណាក់តារាចម្រៀងរូបនេះនៅឡើយនោះទេ៕

កូនខ្ញុំទាប…ធ្វើម៉េចទៅ?
ឃើញក្មេងវ័យជំទង់សម័យនេះរូបរាងខ្ពស់ៗល្អណាស់ តែឪពុកម្តាយមួយចំនួនក៏នៅតែនឹកបារម្ភកង្វល់ខ្លាចថា “កូនទាប”
តើអ្វីទៅជាកត្តាកំណត់ និងជំរុញរឿង “កម្ពស់” របស់កូន?ការពិតទៅ ពូជអម្បូររូបរាងរបស់ឪពុកម្តាយតាយាយជាកត្តាកំណត់គ្រោងសាងមូលដ្ឋានរបស់កូនចៅ តែក្នុងអំឡុងពេលធំធាត់ នៅមានបច្ច័យជាច្រើនយ៉ាងទៀតដែលនឹងជំរុញ ឬទាញបន្ថយកំពស់របស់ក្មេងបាន ដូចជា ស្ថានភាពជុំវិញខ្លួន សុខភាព អាហារការហូបចុក និងការហាត់ប្រាណ ទាំងអស់ដែលថានេះត្រូវតែដំណើរការទៅយ៉ាងមានតុល្យការ ខ្វះលើសផ្នែកណាមួយ ក៏ហុចផលដល់រឿងកម្ពស់បានទាំងអស់។
អារម្មណ៍តានតឹងធុញថប់ ក៏ធ្វើឱ្យទាបបានដែរ
ការដែលកូនមានអារម្មណ៍តានតឹងធុញថប់ខ្លាំង រៀនច្រើន កិច្ចការផ្ទះច្រើន គេងមិនលក់ស្រួល អាហារក៏ញ៉ាំខ្លះមិនញ៉ាំខ្លះបែបនេះគឺជាកត្តារារាំងការខ្ពស់ឡើងប្រាកដណាស់ ព្រោះក្មេងៗក្នុងវ័យចម្រើនធំធាត់ អាហារគ្រប់ពេលមានភាពសំខាន់ស្មើគ្នា តែដែលមិនអាចខ្វះបានគឺ អាហារពេលព្រឹក។កូនស្រីខ្ពស់មុន កូនប្រុសខ្ពស់តាមក្រោយ
អំឡុងពេលធំធាត់រយៈចុងក្រោយ 3 – 5 ឆ្នាំរបស់ក្មេងចាប់ផ្តើមជំទង់ ក្មេងប្រុសស្រីនឹងផ្លាស់ប្តូគ្នាខ្ពស់ ក្មេងស្រីនឹងធំលឿនក្នុង 2 ឆ្នាំដំបូងមុននឹងមានវដ្តរដូវ លុះ 2 – 3 ឆ្នាំក្រោយនឹងថយចុះបន្តិច ក្នុងខណៈដែលក្មេងប្រុសនឹងធំយឺត(ក្រធំ)ក្នុងអំឡុង 2 ឆ្នាំដំបូង បន្ទាប់ពីនោះទើបធំឡើងយ៉ាងជាប់លាប់ក្នុង 3 – 4 ឆ្នាំបន្ទាប់ និងក៏មានមិនតិចដែលដែលនឹងខ្ពស់ឡើងបែបស្ទុះឡើងវឹបៗក្នុងអំឡុងវ័យជំទង់ដំបូង។ការចម្រើនធំធាត់ក្នុងអំឡុងពេលនេះនឹងមានអ័រម៉ូនភេទ និងអ័រម៉ូនការចម្រើនធំធាត់ចូលមកមានចំណែករួមដែរ ដោយការដែលហាត់ប្រាណ និងការញ៉ាំអាហារក្នុងបរិមាណដែលច្រើនគ្រប់គ្រាន់នៅតែជាគោលការណ៍សំខាន់ ដូច្នេះឪពុកម្តាយត្រូវនិយាយបញ្ចុះបញ្ចូលយ៉ាងល្អៗថា បើកូនសម្លាញ់ចង់ស្រស់ស្អាត ខ្ពស់សង្ហានាពេលអនាគត កូនមិនត្រូវអត់ញ៉ាំអាហាររហូតស្គមកំព្រឹងនោះទេ។ ក្មេងត្រូវតែដឹង និងយល់ថា ការបង្អត់អាហារនឹងហុចផលប៉ះពាល់ដល់កម្ពស់ ឬអាចធ្វើឱ្យទាបកន្តឿបាន ព្រោះការដែលនឹងខ្ពស់ទៅបាន រាងកាយត្រូវតែបានទទួលសារធាតុអាហារពេញលេញ ទម្ងន់ខ្លួនត្រូវតែបន្ថែមជាមុន និងរាងកាយរបស់ក្មេងជំទង់ គួរតែចម្រើនធំធាត់ទៅតាមវ័យ ដោយការញ៉ាំអាហារ មិនមែនថ្នាំ វីតាមិន ឬអាហារបំប៉ននោះទេ។
យ៉ាងណាក៏ដោយ ក្នុងករណីខ្លះ មូលហេតុមួយចំនួនអាចធ្វើឱ្យពិបាកកែខៃ តែរឿងហ្នឹងក៏មានមែនជាបញ្ហាដែរ ព្រោះកម្ពស់មិនបានជាកត្តាកំណត់ភាពជោគជ័យក្នុងជីវិតនោះទេ មនុស្សខ្ពស់ស្រឡះដែលខូចខិលអត់របៀប មិនចេះអភិវឌ្ឍសតិបញ្ញា និងគុណធម៌ក្នុងខួរក្បាលខ្លួនឯងក៏មាន ផ្ទុយទៅវិញ មនុស្សមាឌតូចដែលមានគុណធម៌ មានវិន័យ មានការអភិវឌ្ឍសតិបញ្ញា ក៏អាចឈានមុខ មានភាពស្ថិតស្ថេរគង់វង្សក្នុងជីវិតបានដែរ។
បង្រៀនឱ្យកូនជឿជាក់លើខ្លួនឯង កុំឱ្យកង្វល់ខ្វល់ខ្វាយនឹងរឿងកម្ពស់របស់ខ្លួនឯងខ្លាំងពេក ស្វែងរកចំណុចល្អលេចធ្លោរបស់កូន និងសាងកម្លាំងចិត្តដល់គេ ធ្វើបានបែបនេះនឹងហុចផលល្អដល់សុខភាពចិត្ត ហុចផលឱ្យកូនចម្រើនធំធាត់តាមវ័យ មិនមានអារម្មណ៍តានតឹងនឹងរឿងខ្ពស់ ឬទាប។ នៅពេលធ្វើចិត្តមិនខ្វល់ខ្វាយនឹងរឿងហ្នឹងបានហើយ ពេលវេលាកន្លងទៅ យើងអាចនឹងនឹកចម្លែកចិត្តមិនខាន ពេលឃើញថា កូនចម្រើនធំធាត់បានល្អជាងឆ្នាំកន្លងៗមកទៅទៀត៕


ហេតុអ្វីបានជាគេនិយាយថា Facebook គឺជាបណ្ដាញផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំ?
នាពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញ Facebook មានការរីកចម្រើនលើស ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញអ្វីៗទាំងអស់ នៅក្នុងឆ្នាំ2017នេះ។ តើហេតុអ្វីបានជា Facebook មានឥទ្ធិពលក្នុងផ្សព្វផ្សាយពាណិជ្ជកម្ម?

1/ Facebook មានអ្នកប្រើប្រាស់ច្រើនជាងបណ្ដាញសង្គមនានានៅទូទាំងសកលលោក ដែលគិតត្រឹមដើមខែ កុម្ភៈ ឆ្នាំ2017 ចំនួនអ្នកប្រើ Facebook បានកើនដល់ 1,8ពាន់លាននាក់ ស្មើនឹង1/7នៃប្រជាជនទូទាំងពិភពលោក។
2/ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញ Facebook ចំណាយលុយតិច ប៉ុន្តែទទួលបានផលច្រើន មានន័យថា មានមនុស្សបានឃើញការផ្សព្វផ្សាយច្រើនជាងការផ្សព្វផ្សាយតាមវិធីសាស្ត្រផ្សេង។
3/ ម្ចាស់ផលិតផល ឬសេវាកម្ម ប្រើប្រាស់មុខងារ Facebook Live ដើម្បីបង្ហាញនូវផលិតផល ឬសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជនបានដោយផ្ទាល់ និងងាយស្រួល ជាពិសេសគឺការឆ្លើយឆ្លងនូវសំណួរផ្សេងៗទាក់ទងនឹងផលិតផល ឬសេវាកម្ម។
4/ ការផ្សព្វផ្សាយផលិតផលតាមបណ្ដាញសង្គម Facebook គឺអនុញ្ញាតឱ្យម្ចាស់ផលិតផល ឬសេវាកម្ម ធ្វើការជ្រើសរើសអតិថិជនចំគោលដៅ ដូច្នេះគឺកាន់តែធ្វើឱ្យការផ្សព្វផ្សាយមានប្រសិទ្ធភាពកាន់តែខ្លាំង។
5/ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ Facebook គឺមិនតម្រូវឱ្យម្ចាស់ផលិតផល ឬសេវាកម្ម សិក្សាពីយុទ្ធសាស្ត្រនោះទេ ផ្ទុយទៅវិញគឺឱ្យតែចេះប្រើ Facebook គឺអាចធ្វើការផ្សព្វផ្សាយបាន៕

ហេតុអ្វីបានជាយុវវ័យបច្ចុប្បន្ន ចូលចិត្តប្រើជីវិតបែបស៊ីវិល័យ?
មិនថានៅហាងកាហ្វេប្រ៊េន ភោជនីយដ្ឋានទំនើប សណ្ឋាគារល្បីៗ ផ្សារទំនើប នៅលើយន្តហោះ នៅបរទេស ឬនៅកន្លែងកម្សាន្តល្បីៗនោះទេ បច្ចុប្បន្នគេតែងសង្កេតឃើញថារូបភាពនៅកន្លែងទាំងអស់នោះត្រូវបានផ្សព្វផ្សាយយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ដែលបង្ហាញឱ្យឃើញពីភាពស៊ីវិល័យក្នុងការរស់នៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Cambodia Co., Ltd បានលើកឡើងថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍហើយកម្រិតជីវភាពរបស់ប្រជាជនក៏ចាប់ផ្តើមប្រសើរឡើងផងដែរ ដែលធ្វើឱ្យពួកគេមានលទ្ធភាពកាន់តែច្រើនក្នុងការផ្លាស់ប្តូរជីវិតរស់នៅ។ កាលពីមុនអ្វីដែលប្រជាជនត្រូវការ គឺអាហារ និងតម្រូវការប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់តែពេលនេះមនុស្សចាប់ផ្តើមចេះប្រើជីវិតឱ្យកាន់តែប្រសើរ តាមរយៈការដើរកម្សាន្ត ការប្រើប្រាស់សម្ភារទំនើបៗ និងបែបបទនៃការរស់នៅបែបទំនើប។

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Cambodia Co., Ltd លោកឧកញ៉ាមានប្រសាសន៍ថា ៖ “សម្រាប់ការរកស៊ីក៏ដូចគ្នាដែរ គឺត្រូវតែចេះមើលពីស្ថានការណ៍សង្គម ស្របពេលដែលមនុស្សចាប់ផ្តើមមានជីវភាពល្អប្រសើរ។ មនុស្សជាច្រើន ចាប់ផ្តើមគិតគូរពីសម្រស់ និងការកម្សាន្ត ហេតុនេះផលិតផលរក្សាសម្រស់ជាជម្រើសល្អមួយដែលគួរយកមកគិត”។
ចំណែក លោក លី តារា អ្នកនិពន្ធសៀវភៅយុវវ័យ បាននិយាយថា បច្ចុប្បន្នមានយុវជនមួយចំនួនចាប់ផ្តើមចូលចិត្តប្រើជីវិតបែបស៊ីវិល័យ (Lifestyle) ដោយអ្នកខ្លះចូលចិត្តប្រើប្រាស់ឧបករណ៍ទំនើបៗ ចូលចិត្តដើរកម្សាន្តនៅកន្លែងល្អៗ ហើយអ្នកខ្លះចូលចិត្តហាងប្រែ៊ន ជាដើម។ ការចូលចិត្តប្រើជីវិតស៊ីវិល័យបែបនេះ គឺមកពីចរន្តនៃការរស់នៅ និងទំនាក់ទំនងកាន់តែមានភាពជឿនលឿន ដែលធ្វើឱ្យយុវវ័យមើលឃើញកាន់តែច្រើនពីរបៀបនៃការរស់នៅរបស់មនុស្សនៅបរទេស ហើយចរន្តនៃភាពទំនើបនេះអាចធ្វើឱ្យមានការអនុវត្តតាមក្នុងចំណោមយុវជននៅកម្ពុជា។

លោក លី តារា អ្នកនិពន្ធសៀវភៅយុវវ័យ លោក តារា និយាយថា ៖ “ចំពោះការប្រើប្រាស់ជីវិតបែបស៊ីវិល័យរបស់យុវជន ខ្ញុំគិតថាបណ្តាលមកពីចរន្តនៃការឆ្លងចូលរបស់វប្បធម៌បរទេស ដែលធ្វើឱ្យយុវជនខ្មែរគិតថាឡូយ ហើយក៏ព្យាយាមអនុវត្តតាម”។
អ្នកនិពន្ធខាងលើ បានបង្ហាញថា យុវវ័យបច្ចុប្បន្នកំពុងរស់នៅក្នុងពិភពលោកដែលពោរពេញដោយការធ្វើទំនាក់ទំនង ហេតុនេះបណ្តាញបច្ចេកវិទ្យា និងបណ្តាញសង្គម បានធ្វើឱ្យពួកគាត់យល់ឃើញយ៉ាងច្បាស់ពីរបៀបនៃការរស់នៅរបស់មនុស្សនៅក្នុងប្រទេសនានា ខណៈអ្នកខ្លះទៀតបានទៅបន្តការសិក្សានៅ ឬទៅទេសចរណ៍នៅបរទេសធ្វើឱ្យពួកគាត់បានឃើញ ហើយក៏ចាប់យកចំណុចល្អៗមកប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោក ពេជ្រ ពិសាល ប្រធានគ្រប់គ្រងគម្រោង Daily Plus ដែលជាស្ថាប័នរៀបចំសិក្ខាសាលាសម្រាប់យុវជនលើជំនាញសហគ្រិន និងការអប់រំ បានលើកឡើងថា មានកត្តា 2យ៉ាងដែលយុវវ័យបច្ចុប្បន្នចាប់ផ្តើមប្រើប្រាស់ជីវិតបែបទំនើប គឺទី1 កត្តាបច្ចេកវិទ្យា ដោយសំដៅលើបណ្តាញសង្គម ដែលមានដូចជា Facebook ឬ Instagram ជាច្រើនកំពុងតែប្រើប្រាស់ជាបណ្តាញព័ត៌មានផ្ទាល់ខ្លួន និងទី2 គឺលំហូរនៃអាជីវកម្មទំនើបដែលកំពុងកើតឡើងជារៀងរាល់ថ្ងៃ។

លោក ពេជ្រ ពិសាល ប្រធានគ្រប់គ្រងគម្រោង Daily Plus លោក ពិសាល បាននិយាយថា ៖ “មនុស្សជាច្រើនចាប់ផ្តើមរស់នៅក្នុងពិភព Facebook ច្រើនប្រហាក់ប្រហែលនឹងរស់នៅក្នុងជីវិតជាក់ស្តែងដែរ ហេតុនេះទើបពួកគេចូលចិត្តបង្ហាញពីជីវិតបែបស៊ីវិល័យរបស់គេនៅក្នុងបណ្តាញសង្គម។ ចំណុចនេះហើយទើបធ្វើឱ្យមនុស្សជាច្រើន ពិសេសយុវវ័យចូលចិត្តរស់នៅក្នុងជីវិតបែបទំនើបដើម្បីទទួលបានរូបភាពទំនើប និងស្រស់ស្អាតនៅក្នុងបណ្តាញសង្គម”។
លោក ពេជ្រ ពិសាល បានលើកឡើងថា ចំពោះបញ្ហាលំហូរនៃអាជីវកម្ម ក៏មានជាប់ទាក់ទងច្រើនផងដែរលើការផ្លាស់ប្តូរវិធីរស់នៅនេះ។ លោកនិយាយថា បច្ចុប្បន្នមាននិស្សិតជាច្រើនបានចេញទៅសិក្សានៅបរទេស ហើយបានឃើញពីអាជីវកម្មប្លែកៗដែលប្រទេសកម្ពុជាមិនទាន់មាន។ រូបភាពភាពនៃការផ្សព្វផ្សាយអាជីវកម្មទាំងអស់នោះ បានជំរុញឱ្យប្រជាជនជាច្រើនទៀតបានឃើញ និងបានស្គាល់ពីជម្រើសនៃការរស់នៅកាន់តែប្រសើរ ស្របពេលដែលកន្លែងល្អៗជាច្រើនផ្សេងទៀតកំពុងអភិវឌ្ឍឱ្យប្លែក និងដេញជើងគ្នាជាបន្តបន្ទាប់៕

ជីវប្រវត្តិបុរសទី2 ដែលទទួលបានបណ្ឌិតកិត្តិយស សង្គមកិច្ចពី St. Elizabeth បន្ទាប់ពីព្រះមហាក្សត្រខ្មែរ
នៅកម្ពុជាមានជនបរទេសមិនច្រើនទេដែលទទួលបានការប្រទានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ ហើយក៏មិនមានជនបទេសច្រើនទេដែលបានចំណាយស្ទើរគ្រប់យ៉ាងក្នុងជីវិតដើម្បីជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជាដែលកំពុងត្រូវការជំនួយ។ ក្នុងចំណោមមនុស្សដ៏ឧត្តមទាំងអស់នោះ លោក Scott Neeson ក៏ជាបុរសម្នាក់ដែលបានបំពេញកិច្ចការងារយ៉ាងយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះកុមាររើសសំរាមជាច្រើននាក់ផងដែរនៅតំបន់ស្ទឹងមានជ័យ ឱ្យទទួលបានពន្លឺនៃអនាគតយ៉ាងត្រចះត្រចង់។
កុមារជាច្រើននៅតំបន់ចាក់សំរាមស្ទឹងមានជ័យបានចាត់ទុកនាយកប្រតិបត្តិ និងជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (FCC) រូបនេះថាជាលោកឪពុកទី2 ដែលបានផ្តល់ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងថវិកាដើម្បីការរៀនសូត្រក្នុងបរិស្ថានយ៉ាងល្អប្រសើរបំផុត។ ប្រជាជនខ្មែរជាច្រើនដែលធ្លាប់ឮឈ្មោះ លោក Scott Neeson សុទ្ធតែដឹងថាបុរសរូបនេះជាមនុស្សដែលគួរឱ្យគោរព តែមិនបានដឹងពីសាវតារលម្អិតរបស់គាត់ឡើយ។
លោក Scott Neeson ជាផលិតករភាពយន្តជនជាតិស្កុតឡែន កូនកាត់អូស្ត្រាលី ដែលកើតនៅរដ្ឋធានី Edinburgh ប្រទេសស្កុតឡែន ហើយបានផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសអូស្ត្រាលីនៅពេលដែលលោកមានអាយុ 5ឆ្នាំ។
លោក Scott បានចូលបម្រើការងារដំបូងរបស់ខ្លួននៅក្រុមហ៊ុនឯកជនមួយនាទីក្រុង Elizabeth ដែលជាទីក្រុងដ៏សំខាន់មួយក្នុងប្រទេសអូស្ត្រាលី ដោយពេលនោះលោកមិនបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យនោះទេ។ លោកបានចាប់ផ្តើមការងារដំបូងបំផុតក្នុងនាមជាអ្នកដឹកជញ្ជូនបណ្ណភាពយន្ត ដែលអាជីពនេះបានជំរុញឱ្យលោករក្សា បានបទពិសោធយ៉ាងច្រើនក្នុងវិស័យភាពយន្ត រហូតក្លាយជាផលិតករដ៏ល្បីល្បាញម្នាក់។ នៅឆ្នាំ1993 លោក Scott Neeson បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនភាពយន្ត 20th Century Fox International ដែលជាក្រុមហ៊ុនល្បីនៅអាមេរិក។
នៅ 20th Century Fox International លោក Scott Neeson បានខិតខំប្រឹងប្រែងអស់រយៈពេល10ឆ្នាំរហូតទទួលបានតំណែងជានាយកក្រុមហ៊ុនមួយនេះ និងបានផលិតខ្សែភាពយន្តល្បីល្បាញជាច្រើន ដែលមានខ្លះប្រជាជនខ្មែរក៏ធ្លាប់បានទស្សនាដែរ តែមិនបានដឹងថាបុរសជនជាតិស្កុតឡែន (ដែលក្រោមមកទទួលបានសញ្ជាតិខ្មែរ) ដ៏អស្ចារ្យនេះជាអ្នកផលិត។ សាច់រឿងដែលគួរឱ្យកត់សម្គាល់មួយចំនួនដែលត្រូវបានចេញផ្សាយ និងដឹកនាំដោយលោក Scott Neeson មានដូចជារឿង The Star Wars រឿង X-Men រឿង Titanic រឿង Brave heart រឿង Independence Day និងរឿងប្រមាណជាង 100ផ្សេងទៀត។
បន្ទាប់ពីលាលែងតំណែងពីក្រុមហ៊ុន 20th Century Fox International នៅឆ្នាំ2003 លោក Scott Neeson បានធ្វើដំណើរស្រាវជ្រាវរយៈពេលខ្លីនៅតំបន់អាស៊ី មុនចូលបម្រើការងារនៅក្រុមហ៊ុន Sony Picture Entertainment។ នៅក្នុងដំណើរកម្សាន្ត និងស្រាវជ្រាវរយៈពេលខ្លីនេះ លោក Scott បានមកដល់តំបន់ចាក់សំរាមនៅកម្ពុជា ហើយជីវិតរបស់លោកក៏ចាប់ផ្តើមផ្លាស់ប្តូរនៅពេលនោះ។ នៅតំបន់ចាក់សំរាមស្ទឹងមានជ័យបានធ្វើឱ្យលោកមានភាពក្តុកក្តួលជាមួយនឹងស្ថានភាពកុមារដែលកំពុងរស់នៅក្នុងសភាពក្រីក្រ កំព្រា និងបញ្ហាសុខភាពអនាម័យ ដែលរឿងរ៉ាវទាំងអស់នេះហើយដែលធ្វើឱ្យលោក Scott Neeson សម្រេចចិត្តបង្កើតមូលនិធិកុមារកម្ពុជា (CCF) ឡើង។

បន្ទាប់ពីបង្កើតមូលនិធិកុមារកម្ពុជានៅក្នុងឆ្នាំ2003 លោក Scott Neeson បានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីបម្រើការងារនៅក្នុងក្រុមហ៊ុន Sony Picture មួយរយៈពេលខ្លះ ហើយក៏សម្រេចចិត្តលាឈប់ពីការងារនៅពិភពហូលីវូដ ដោយលក់ទ្រព្យសម្បត្តិរបស់លោក ហើយផ្លាស់មករស់នៅប្រទេសកម្ពុជាក្នុងនាមជាស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិកុមារកម្ពុជា (CCF)។
បច្ចុប្បន្នអង្គការ CCF ផ្តល់ការព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារ និងសមាជិកសហគមន៍ជាង 30,000នាក់ជារៀងរាល់ឆ្នាំ ផ្តល់អាហារដល់កុមារដែលអត់ឃ្លានចំនួន400នាក់ជារៀងរាល់ថ្ងៃ ជាមួយនឹងកម្មវិធីអាហារពេលល្ងាច និងបានអប់រំសិស្សជាង 3,000នាក់ពីសាលាមត្តេយ្យរហូតដល់មហាវិទ្យាល័យ។
លោក Neeson បានធ្វើការដោយមិនខ្លាចនឿយហត់តាមរយៈអង្គការរបស់លោកដើម្បីធានាថា អ្នកដែលទទួលរងផលប៉ះពាល់ពីភាពក្រីក្រធ្ងន់ធ្ងរ ទទួលបានការថែទាំសុខភាព ការអប់រំ និងទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ការរស់នៅប្រកបដោយស្តង់ដារ។ ការងាររបស់លោកបានផ្លាស់ប្តូរជីវិតរស់នៅរបស់ពលរដ្ឋខ្មែរជាច្រើន តាមរយៈការផ្តល់សេចក្តីថ្លៃថ្នូរដល់ពួកគេ និងផ្លាស់ប្តូររបៀបដែលពួកគេមើលឃើញខ្លួនឯងនិង ពិភពលោក។
ជាលទ្ធផលចំពោះការខិតខំប្រឹងប្រែង លោកឪពុកទី2 នៃកុមាររើសសំរាមនៅស្ទឹងមានជ័យ Scott Neeson បានទទួលពានរង្វាន់ Q Prize ពីលោក Quincy Jones នៅឆ្នាំ2007 នៅក្នុងកម្មវិធីសម្ពោធសាលា Harvard School of Public Health លើភាពជាអ្នកដឹកនាំដ៏សាមញ្ញរបស់លោកក្នុងការទ្រទ្រង់ និងឧបត្ថម្ភកុមារនៅកម្ពុជា។ នៅឆ្នាំនោះផងដែរ លោកក៏ទទួលបានពានរង្វាន់ Rex Foundation Bill Graham ដែលផ្តល់ក្នុងនាមជាអ្នកបង្កើតទីជម្រកសម្រាប់កុមារកម្ពុជា ដើម្បីអភិវឌ្ឍខ្លួនឯងលើការអប់រំ។ លើសពីនេះទៅទៀត នៅឆ្នាំ2014 លោក Scott Neeson បានក្លាយជាបេក្ខជនប្រកួតផ្តាច់ព្រ័ត្រនៃពានរង្វាន់មនុស្សធម៌ Rotary International One។ កាលពីថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2017 ថ្មីៗនេះ លោក Scott Neeson ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសង្គមកិច្ច ពីសាកលវិទ្យាល័យសុខាភិបាល និងវិទ្យាសាស្ត្រសង្គម St. Elizabeth ដែលនៅព្រះរាជាណាចក្រកម្ពុជាមានតែលោក Neeson ប៉ុណ្ណោះជាបុគ្គលទី2 ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះក្នុងប្រវត្ដិសាស្ដ្ររបស់សាកលវិទ្យាល័យស្លូវ៉ាគីបន្ទាប់ពីព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕