Author: ធឿន មករា

  • កញ្ញា ចាន់ នី​កា មាន​ទីផ្សារ​ខ្លាំង ​ជាមួយ​តំណែង​តារា​ទឹកភ្នែក

    កញ្ញា ចាន់ នី​កា មាន​ទីផ្សារ​ខ្លាំង ​ជាមួយ​តំណែង​តារា​ទឹកភ្នែក

    មុននេះ សម្រាប់​តំណែង​តារា​សម្ដែង​ស្រី​ដែលល្បី​ឈ្មោះថា​មាន​ជំនាញ​ផ្នែក​ខាង​សម្រក់​ទឹកភ្នែករហូត​ជាប់​រហស្សនាម​ថា​ជាតា​រាជ​ន់​ជោរ​ដោយ​​ទឹក​ភ្នែក​ គឺ​ត្រូវ​ធ្លាក់​ទៅ​កញ្ញា នី មុន្នីនាថ ប៉ុន្តែ​ពេលនេះ វា​អាច​ដូច​ទៅនឹង​ពាក្យចាស់​បុរាណ​ដែល​បាន​ពោលថា រលក​ក្រោយ​ច្រាន​រលក​មុខ ហើយ​​រុញ​ផ្ទប់​ទៅនឹង​ច្រាំង​នោះ​ហើយ​ ដ្បិតអី​ពេលនេះ តារា​ស្រី​ដែលមាន​ជំនាញ​ផ្នែក​សម្រក់​ទឹកភ្នែក​នៅក្នុង​ការសម្ដែង​ត្រូវបាន​ធ្លាក់​ទៅលើ​តារា​សម្ដែង​​ស្រី​វ័យ​ក្មេងជំនាន់ក្រោយ គឺ​កញ្ញា ចាន់ នី​កា វិញ​ម្ដង។

    តាមរយៈ​ការខិតខំ និង​ព្យាយាម​បង្ហាញ​ពី​សមត្ថភាព​ក្នុងនាម​ជា​អ្នក​អាជីព​សិល្បៈ​នៅត្រឹម​រយៈពេល​ប្រមាណ​ជា2ឆ្នាំ​ចុង​ក្រោយនេះ កញ្ញាចាន់ នី​កា បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ទូទៅ​ជាច្រើន ជាពិសេស​អ្នកដឹកនាំ​សម្ដែង​ខ្សែភាពយន្ត​ផ្ទាល់​តែម្ដង​ ទៅលើ​ភាព​ប៉ិន​ប្រសប់​​នៃ​ការ​សម្រក់​ទឹកភ្នែក​ក្នុងនាម​ជា​តារា​សម្ដែង​ស្រី​ដែល​និយម​ភាព​ស្រគត់ស្រគំលំនាំ​តារា​សម្ដែង​ជំនាន់មុន គឺ​កញ្ញា នី មុន្នីនាថ។ ជាក់ស្ដែង នាងមានស្នាដៃ​ដូចជា​នៅក្នុង​ការសម្ដែង MV នៃ​បទ​ចម្រៀង “បទ​មានន័យ​អី?” របស់​ផលិតកម្ម អឹម (M Production), ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដែល​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ ប៉ុស្ដិ៍​លេខ5 ដែលមាន​ចំណងជើង​ថា “វេទមន្ត​ស្នេហ៍” និង​រឿង “ក្រមុំ​ឆ្នាស់​ប៉ះ​មេស្រុក​ឆ្នើម” ដែល​កំពុង​
    ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​របស់​ស្ថានីយ៍ទូរទស្សន៍ PNN នាពេល​បច្ចុប្បន្ននេះ។

    ថ្លែងប្រាប់​អ្នកយកព័ត៌មាន​របស់​ទស្សនាវដ្ដី ឡា​រ៉ែ​ន កាលពីពេល​កន្លងទៅនេះ កញ្ញា ចាន់នី​កា បានលើកឡើង​ឱ្យដឹងថា ចំពោះ​ការសម្ដែង​មិន​​ថា​ស្ថិតនៅក្នុង​តំណែង​ជា​តួអង្គ​យ៉ាងណា​នោះទេ ពោល​មិន​ថា​តួ​ស្លូត កាច​ឆ្នាស់ តួ​ឈ្នានីស ឬ​តួអង្គ​បែប​សុភាព​ស្រគត់ស្រគំ​នោះទេ គឺ​កញ្ញា​អាច​មានលទ្ធភាព​សម្ដែង​បាន​ទាំងអស់ ក៏ប៉ុន្តែ​អ្វី​ដែលជា​ចំណូលចិត្ត និង​មាន​ជំនាញ​ខ្ពស់​ជាងគេ​នោះ គឺ​ការ​សម្រក់​ទឹកភ្នែក ដ្បិត​កញ្ញា​បានដឹង​ច្បាស់​ថា តួ​អង្គ​ប្រភេទ​នេះ ហាក់​មាន​ភាព​ស័ក្ដិសម​ទៅនឹង​សមត្ថភាព​ពី​ធម្មជាតិ​របស់ខ្លួន។

    ជាមួយនឹង​ការ​បង្ហើប​ប្រាប់​ពី​អារម្មណ៍​ពិត​
    របស់ខ្លួន​ទៅលើ​ចំណូលចិត្ត និង​ជំនាញ​នៃ​ការសម្ដែង​ខាងលើនេះ ស្រី​ស្រស់​សា​ច់ស មុខ​កូនកាត់​ចិន​​រូបនេះ​ក៏បាន​បញ្ជាក់ប្រាប់​ពី​ការងារ​ដែលខ្លួន​កំពុង​តែមាន​នៅក្នុង​ដៃ​ផងដែរថា “សព្វថ្ងៃនេះ ការងារ​អី​ក៏​ខ្ញុំ​ទទួល​ដែរ មិន​ថា​ការងារ​ជាតា​រា​បង្ហាញ​ម៉ូដ ពិធី​ការិនី​សម្រាប់​កម្មវិធី​របស់​ក្រុមហ៊ុន​នានា​ជា​លក្ខណៈ​ឯកជន ឬ​ជា​ការងារ​ផ្នែក​សម្ដែង​នោះទេ គឺ​ខ្ញុំ​ទទួលយក​ទាំងអស់ កុំ​ឱ្យតែ​ប៉ះពាល់​ការងារមុនៗដែល​ខ្ញុំ​បានទទួល​ធ្វើ​កុងត្រា​រួចរាល់ ដូចជា​ ប៉ះ​ម៉ោង​ថត​រឿង​ភាគ​សម្រាប់​ត្រៀម​ចាក់​បញ្ចាំង​នៅ TV5 រឿង “ផ្កា​ព្រៃ​ស្រទាប់​មាស” និង​នៅ​ស្ថានីយ៍​ទូរទស្សន៍ PNN គឺ​រឿង “ដួង​ចន្ទ​ដួងចិត្ត”។

    គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ការងារ​សិល្បៈដែល​កញ្ញា ចាន់ នី​កា ធ្លាប់បាន​បង្ហាញ​សមត្ថភាពក្រៅពី​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ គឺ​នៅមាន​ដូចជា​ ការថត MV ការថត​ស្ប៉​ត​ឱ្យ​ផ​លិ​ផល​នានា​ដូចជា ស្ប៉ត​ទឹកបរិសុទ្ធ​វី​តា​ល់ ស្ប៉​ត​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច LG ស្ប៉​ត​ទឹក​ត្រចៀកកាំ និង​ស្ប៉​ត​​ស្រា​អា​ឡិច​ហ្ស​ង់​វី​ស្គីជាដើម។ ដោយឡែក​សម្រាប់​ការងារ​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ននេះ ក្រៅពី​ការងារ​ផ្នែក​សម្ដែង​ឱ្យ​ខាង​ផលិតកម្ម “ចក្រ​វា​ឡ​ពេជ្រ” សម្រាប់​ត្រៀម​ចាក់​បញ្ចាំង​នៅ​ស្ថានីយ៍ទូរទស្សន៍​​ខាងលើនេះ គឺ​នៅមាន​ការងារ​ជា​ពិធីការិនី​ប្រចាំ​កម្មវិធី​កម្សាន្ត​ប្រចាំ​សប្ដាហ៍​របស់ TV Online ប្រចាំ​អង្គភាព​ព័ត៌មាន​រហ័ស Fresh News មួយទៀត​គឺ​កម្មវិធី “ចង់ដឹង​ពី​តារា​ក្រៅ​ការងារ​សិល្បៈ” ជាដើម៕

  • រក្សាទុក​ថ្នាំពេទ្យ​ នៅក្នុង​ទូទឹកកក មាន​គ្រោះថ្នាក់​ដែរឬទេ?

    រក្សាទុក​ថ្នាំពេទ្យ​ នៅក្នុង​ទូទឹកកក មាន​គ្រោះថ្នាក់​ដែរឬទេ?

    ឡា​រ៉ែ​ន គិតថា ប្រហែល​វា​ជា​គំនិត​របស់​មនុស្ស​ជាច្រើន​ដែល​គិតថា ចង់យក​ស្អី​ទៅ​ដាក់​ក្នុង​ទូទឹកកក​ក៏បាន​ដែរ វា​នឹងធ្វើ​ឱ្យ​របស់​ទាំងអស់នោះ​ក្រ​ផុតកំណត់ ព្រោះ​ភាព​ត្រជាក់​ក្នុង​ទូទឹកកក​នឹង​ជួយ​ថ្នម​វត្ថុ​អស់ទាំងនោះ​ឱ្យនៅ​បានយូរ​ឡើង ដែលថាៗទៅ សម្រាប់​វត្ថុ​ជាច្រើន​អាច​នឹង​ត្រឹមត្រូវ តែ​បើសិនជា​រឿង​របស់ “ថ្នាំពេទ្យ” វិញ តើ​វា​នឹង​ពិត​ដូចដែល​គេ​នាំគ្នា​ជឿ​ហ្នឹង​ឬ​យ៉ាងណា? ខាងក្រោម​នេះ​គឺជា​ចម្លើយ…។

    រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក
    គឺជា​រឿង​ពិត​មួយ​ដែល​អាចនិយាយបាន ធាតុអាកាស​ក្ដៅ​ហប់​អាច​នឹង​ធ្វើឱ្យ​ថ្នាំ​ចុះខ្សោយ​ប្រសិទ្ធភាព​លឿន​ជាង​ប្រក្រតី តែ​ក៏​មិនបាន​មានន័យថា ការ​រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​នឹង​ជួយ​បន្ត​អាយុ​របស់​ថ្នាំ​ឱ្យ​ទុក​ប្រើប្រាស់​បានយូរ​ឡើង​ដែរ ព្រោះ​ក្រៅពី​រក្សាទុក​ថ្នាំ​ក្នុង​កន្លែង​ដែលមាន​ធាតុអាកាស​ត្រជាក់​ខ្លាំង​ជ្រុល​ពេក អាច​នឹង​ធ្វើឱ្យ​ថ្នាំ​ចុះខ្សោយ​ប្រសិទ្ធភាព​បាន​ដូចគ្នា​ហើយ​នោះ នៅ​ធ្វើឱ្យ​ថ្នាំ​កើត​សារធាតុពុល​កើនឡើង​បាន​ទៀតផង ព្រោះ​នៅក្នុង​ទូទឹកកក​ក៏មាន​ភាព​សើម​អាប់​ខ្ពស់​ដូចគ្នា​ដែរ ហើយ​ភាព​សើម​អាប់​នេះឯង​ដែល​ធ្វើឱ្យ​ថ្នាំ​បាត់បង់ប្រសិទ្ធភាព។

    លើក​ឧទាហរណ៍​ដូចជា ថ្នាំ​អាស្ពីរីន នៅពេល​ប៉ះ​នឹង​ភាព​សើម​អាប់​នៅក្នុង​ទូទឹកកកយូរៗទៅ អាច​រលាយខ្លួន​ក្លាយជា​អាស៊ីត​សាលី​ស៊ី​លិ​ក និង​អាស៊ីត អា​សេ​ទិ​ក ដែល​នឹង​ធ្វើឱ្យ​ថ្នាំ​លែងមាន​ប្រសិទ្ធភាព រួមទាំង​ធ្វើឱ្យ​កើតមាន​ជាតិពុល​ ធ្វើឱ្យ​រាងកាយ​ខ្វះ​អុក​ស៊ី​ហ្ស៊ែន ទៅជា​ប្រកាច់ និង​បាត់បង់​សតិ​ស្មារតី​បាន​ទៀតផង​បើ​រាងកាយ​ទទួល​ក្នុង​បរិមាណ​ច្រើន។

    ការរក្សា​ទុកដាក់​ថ្នាំពេទ្យ​យ៉ាង​ត្រឹមត្រូវ
    1. រក្សាទុក​នៅក្នុង​កន្លែង​ដែលមាន​ខ្យល់អាកាស​បក់​ចេញចូល​បាន​ស្រួល មិន​ក្ដៅ មិន​អាប់​សើម​ជ្រុល​ពេក និង​គ្មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូលដល់។

    2. រៀបចំ​ទុកដាក់​តាម​ប្រភេទ​ថ្នាំនីមួយៗរួមគ្នា និង​អាចបែងចែក​តាម​ប្រភេទ​របស់​ថ្នាំ ដូចជា ថ្នាំ​ទឹក ឬ​ថ្នាំ​គ្រាប់ ថ្នាំ​សម្រាប់​លាប​លើ​ស្បែក ឬ​ថ្នាំ​សម្រាប់​លេប​ព្យាបាល​ក្នុង​ខ្លួន(ថ្នាំ​ផ្សះ) ឬ​អាចបែងចែក​តាម​ក្រុម​ថ្នាំ​ដែល​ព្យាបាល​អាការ​ដូចគ្នា ដូចជា ថ្នាំ​បំបាត់​ការឈឺចាប់(ឈឺក្បាល ឈឺពោះ ឈឺធ្មេញ) និង​ថ្នាំ​ព្យាបាល​របួស ឬ​ដំបៅ​ជាដើម។

    3. នៅពេល​បាន​ថ្នាំ​មក គួរពិនិត្យមើល​ថ្ងៃ​ផុតកំណត់ ឬ​បើ​មិនដឹង​ទេ គួរ​សរសេរ​លើ​ក្រដាស​បិទ​លើ​ដប ឬ​កញ្ចប់​ថ្នាំ​នោះ​ថា បានមក​នៅ​ថ្ងៃ​ណា ហើយ​រកមើល​ព័ត៌មាន​ថា ថ្នាំ​ប្រភេទ​នោះ​អាច​រក្សាទុក​បានយូរ​ប៉ុនណា(ភាគច្រើន​បើ​ឃើញ​មានតែ​ថ្ងៃ​ផលិត ចូរ​រាប់​ចាប់ពី​ថ្ងៃ​ផលិត​មក3ឆ្នាំ​ទៀត នោះ​គឺ​ថ្ងៃ​ផុតកំណត់​ហើយ តែ​ទាំងអស់នេះ​អាស្រ័យ​លើ​ប្រភេទ​របស់​ថ្នាំ​ដែរ)។

    4. រៀបចំ​ការប្រើ​ថ្នាំ​តាម​លំដាប់ ពី​ថ្នាំ​ដែល​ជិត​ផុតកំណត់​មុន​ជានិច្ច។

    5. នៅក្នុង​ទូ​ថ្នាំ ឬ​ប្រអប់​ទុកដាក់​ថ្នាំ គួរ​សរសេរ​បិទ​ប្រាប់​ពី​ប្រភេទ​ថ្នាំ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ងាយ​ក្នុង​ការចាប់​យកមកប្រើ។

    6. ថ្នាំ​ដែលជា​បន្ទះ មិនគួរ​កាត់ចេញ​មក​ជា​គ្រាប់ ឬ​ឆ្កឹះ​ចេញពី​បន្ទះ​នោះទេ គួរ​រក្សាទុក​ទាំង​បន្ទះ ដើម្បី​ទុក​មើល​ថ្ងៃ​ផុតកំណត់​នៅលើ​បន្ទះ​នោះ។

    7. បើ​ថ្នាំ​នៅ​មិនទាន់​ផុត​ថ្ងៃ​កំណត់ តែ​សង្កេតឃើញ​មាន​ភាពខុសប្រក្រតី​ណាមួយ​ដែល​ខុសប្លែក​ពីមុន ដូចជា ប្រែ​ពណ៌ រូបរាង​ខុសពី​មុន មាន​ក្លិន និង​រសជាតិ​ប្លែក​ជាដើម-ល- មិនគួរ​រក្សាទុក​ថ្នាំ​នោះ​ទៀត​ទេ។

    យ៉ាងណាក៏ដោយ ថ្នាំនីមួយៗអាច​នឹងមាន​វិធី​រក្សា​ទុកដាក់​ខុសប្លែក​ពីគ្នា ដូច្នេះ​គួរ​រកមើល​វិធី​ថែរក្សា​ទុក​ថ្នាំនីមួយៗនោះ​នៅលើ​ស្លាក​របស់​ផលិតផល ឬ​បើជា​ថ្នាំ​ដែល​គ្រូពេទ្យ​ផ្សំ​មកឱ្យ​ជាឈុតៗនោះ គួរតែ​ទទួលទាន​តាម​វេជ្ជបញ្ជា​ឱ្យអស់ កុំ​ឈប់​កណ្ដាល​ទី​ដែលនាំឱ្យ​ថ្នាំ​នៅសល់ហើយ​គិត​រក្សា​ថ្នាំ​នោះ​ទុក​ដើម្បី​លេប​នៅពេល​ឈឺ​លើក​ក្រោយ​ទៀត​ឱ្យសោះ ព្រោះ​ក្រៅពី​ថ្នាំ​នោះ​អាច​នឹង​ចុះខ្សោយ​ប្រសិទ្ធភាព​ហើយ​នោះ នៅ​ធ្វើឱ្យ​រាងកាយ​យើង​ឌឺ​ថ្នាំ ដោយសារតែ​លេប​មិន​គ្រប់​ចំនួន​តាម​គ្រូពេទ្យ​ណែនាំ​ទៀតផង៕

  • “ញ៉ាំ​ថ្នាំ​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” ធ្វើ​បែប​ហ្នឹង​បានដែរ​ឬទេ?

    “ញ៉ាំ​ថ្នាំ​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” ធ្វើ​បែប​ហ្នឹង​បានដែរ​ឬទេ?

    បច្ចុប្បន្ននេះ​ធាតុអាកាស​មិន​ទៀងទាត់ ខែ​ភ្លៀង​បែរជា​ក្ដៅ​ហួតហែង ខែប្រាំង​បែរជា​មាន​ភ្លៀង​ធ្លាក់​ខុសពី​ធម្មតា ធ្វើឱ្យ​មនុស្ស​យើង​ងាយ​នឹង​កើត​ជំងឺ​បំផុត។ សម្រាប់​អ្នកខ្លះ​នៅពេល​មាន​អារម្មណ៍​ថា ខ្លួន​ហាក់ដូចជា​រកកល​ចង់​ឈឺ​ហើយ​នោះ ក៏​ប្រញាប់​ស្ទុះ​ទៅ​រក​​ថ្នាំ​មក​លេប​ភ្លាម​តែម្ដង ព្រោះតែ​ជឿថា “ញ៉ាំ​ថ្នាំ​ស្ទាក់​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” តើ​រឿងនេះ​មាន​ភាព​ពិតប្រាកដ និង​អាច​ធ្វើបាន​ដែរឬ​ទេ? យើង​នាំគ្នា​ទៅ​មើល​ចម្លើយ​ទាំងអស់គ្នា…។

    “ញ៉ាំ​ថ្នាំ​ស្ទាក់​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ”
    ជំនឿ​ក្នុង​រឿងនេះ “មិនមែនជា​រឿង​ពិត” នោះទេ ការ​លេបថ្នាំ​ព្យាបាល​ទុកជាមុន​ក្រោយពី​មាន​អារម្មណ៍​ថា ខ្លួន​រកកល​ឈឺ ឬ​ក្រោយពី​ទទឹកភ្លៀង ឬ​ត្រូវ​ថ្ងៃ​ខ្លាំង​រយៈពេល​យូរ​ដែល​ធ្វើឱ្យ​ប្រថុយប្រថាន​ដល់​ការកើត​ជំងឺ​គ្រុនផ្ដាសាយ ឬ​មិន​ស្រួលខ្លួន​នោះ មិនបាន​ជួយ​ការពារ​រោគា​ទាំងនោះ​មិនឱ្យ​កើត​បានទេ ព្រោះថ្នាំ​ទាំងនោះ​មិនមែនមាន​ឫទ្ធិ​ក្នុងការ “ការពារ” ទេ តែមាន​ឫទ្ធិ​ក្នុងការ “ព្យាបាល” ទៅតាម​អាការរោគ ដូច្នេះ​គួរ​លេបថ្នាំ​ទាំងនោះ​នៅពេលណា​ដែលមាន​អាការ ឬ​ឈឺ​ថ្កាត់​ប៉ុណ្ណោះ។

    ដូចជា​ថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល មិន​មែនមាន​ឫទ្ធិ​បំបាត់រោគ​ផ្ដាសាយ​ដោយ​ត្រង់​នោះទេ តែមាន​ឫទ្ធិ​សម្រាល​អាការ​ឈឺក្បាល ឈឺ​ចុកចាប់​តាម​រាងកាយ បញ្ចុះ​កម្ដៅ ចំណែក​ថ្នាំ​ព្យាបាល​រោគ​ផ្ដាសាយ​ជាបន្ទះៗវិញ​នោះ ក៏​ជា​ថ្នាំ​ដែលមាន​ចំណែក​ផ្សំ​របស់​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល បូក​ជាមួយ​ថ្នាំ​បន្ថយ​ការ​ហៀរ​សំបោរ ឬ​ថ្នាំ​ព្យាបាល​ប្រតិកម្ម​ចាញ់ផ្សេងៗ ដែល​នឹង​បញ្ចេញ​ឫទ្ធិ​ដើម្បី​សម្រាល​អាការ​ឈឺក្បាល បញ្ចុះ​​កម្ដៅ តឹង​ច្រមុះ និងហៀរ​សំបោរ​ហ្នឹងឯង។

    ដូច្នេះ​បើសិន​ញ៉ាំ​ថ្នាំ​ទាំងនោះ​ចូលទៅ​ដោយ​មិន​មាន​អាការ​ទាំងនោះ ហើយ​ថែមទាំង​ទទួលទាន​បែប​ហ្នឹង​ញឹកញាប់​ទៀតផង​នោះ ច្បាស់​ជាមាន​គ្រោះថ្នាក់​ដល់​រាងកាយ​យ៉ាងពិត​ប្រាកដព្រោះ​ការ​ញ៉ាំ​ថ្នាំ​ផ្ដេសផ្ដាស់ ដោយ​មិនបាន​ញ៉ាំ​តាម​អា​ការដែល​កើតឡើង​ពិតប្រាកដ​នោះ មានន័យថា លោកអ្នក​កំពុង​បានទទួល​ថ្នាំ​លើស​កម្រិត​ហើយ ដែល​វា​នឹងមាន​ផលប៉ះពាល់​ទៅដល់​ថ្លើម​ដែល​ត្រូវតែ​ធ្វើ​ការ​កាន់តែខ្លាំង​ឡើង និង​ប្រថុយ​នឹង​ការ​កើតរោគ​រលាក​ថ្លើម​នាពេល​អនាគត​ទៀតផង។

    តែ​បើសិនជា​លោកអ្នក​ប្រាប់ថា លោកអ្នក​មិនបាន​ទទួលទាន​ថ្នាំ​ទាំងនោះ​ញឹកញាប់​ដល់​ថ្នាក់​នោះទេ វា​ក៏​ប្រហែលជា​នឹងមិន​កើតរោគ​រលាក​ថ្លើម​នោះដែរ តែ​ក៏​សូមកុំ​ភ្លេច​ចំណុច​ដំបូង​ដែល​យើង​បាន​ប្រាប់ថា ការដែល​ញ៉ាំ​ថ្នាំ​ទាំងនោះ​ ដើម្បី​ស្ទាក់​មិនឱ្យ​កើត​ជំងឺ​មិន​អាចជួយ​ការពារ​បាន​នោះទេ ដូច្នេះ​គួរតែបញ្ឈប់​ទង្វើ​បែប​ហ្នឹង​ទៅ​ប្រសើរ​ជាង៕

  • មែនឬ… សក់ស្កូវ រឹតតែដក រឹតតែច្រើនឡើង?

    មែនឬ… សក់ស្កូវ រឹតតែដក រឹតតែច្រើនឡើង?

    ធ្លាប់បានឮមត្តភ័ក្តិ បងប្អូន ឬសូម្បីតែជាងធ្វើសក់ប្រាប់ដែរទេថា ពេលឃើញសក់ស្កូវហើយកុំដកចេញ ព្រោះនឹងធ្វើឱ្យសរសៃសក់នៅក្បែរនោះស្កូវតាមដែរ មិនតែប៉ុណ្ណោះអាចនឹងមានសក់ឡើងស្កូវពាសពេញក្បាលតែម្ដងក៏អាចថាបានដែរ ដូច្នេះហើយទើបមានអ្នកខ្លះត្រូវលួចកាត់ចោលខ្លះទៅលាបពណ៌ខ្មៅលប់ខ្លះទៅក៏មាន… តែរឿងពិតវិញវាយ៉ាងណាដែរ? ដូច្នេះកុំបង្អង់យូរ សូមតាមដានអត្ថបទនេះជាបន្ត…។

    សក់ស្កូវ រឹតតែដក រឹតតែស្កូវឡើងច្រើន?
    មិនពិតទេ ការដកសក់ស្កូវមិនមែនជាបច្ច័យក្នុងការបង្កើនចំនួនសរសៃសក់ដែលស្កូវឡើងពណ៌សនោះទេ។

    សក់ស្កូវ ហេតុដូចម្ដេចបានកើតឡើង?
    កើតឡើងពីគ្រាប់ពណ៌ (មេឡានីន) ដែលរាងកាយអ្នកសាងឡើង មាន 2 ពណ៌គឺ លឿងលាយក្រហម និងប្រផេះលាយខ្មៅ។ ប្រក្រតីឫសសក់នឹងផលិតគ្រាប់ពណ៌បានកាន់តែតិចទៅតាមអាយុរបស់មនុស្ស ដូច្នេះហើយទើបពេលមនុស្សអាយុច្រើនឡើងពណ៌សក់កាន់តែស្លេកឡើងៗជាសន្សឹមៗ រហូតក្លាយជាពណ៌ប្រផេះ ឬ-សតែម្ដងហ្នឹងឯង។

    តើហេតុម៉េចបានសក់ជ្រុះ?
    ជាប្រក្រតី សរសៃសក់មានចរន្តជីវិតរបស់វាស្រាប់ហើយ អាចរបូតជ្រុះបាន តែក៏មិនរបូតជ្រុះជានិរន្តរ៍ដែរ អាចដុះថែមឡើងមកជាថ្មីបានពីក្រពេញឫសសក់ដែលស្ថិតនៅខាងក្រោមស្បែកក្បាល។

    ហេតុអីបានធ្លាប់ឃើញមានសក់2សរសៃដុះចេញមកពីចំណុចតែមួយ?
    ឫសសក់ 1 សរសៃ សាងសក់បាន 1 សរសៃតឱ្យកាត់ ឬដកចេញក៏ដោយ ក៏យើងមិនអាចធ្វើឱ្យសរសៃសក់កើនឡើងបានដែរ តែដែលឃើញមានសក់ 2សរសៃដុះចេញមកពីចំណុចតែមួយនោះ អាចដោយសារតែត្រង់ចំណុចនោះមានក្រពេញឫសសក់ 2ចំណុចក៏មាន។

    ទោះជាដកសក់ស្កូវចេញ ក៏មិនធ្វើឱ្យសក់ឡើងស្កូវថែមដែរ តែក៏មិនគួរដកចេញឡើយ
    ព្រោះការដកសក់ញឹកញាប់ ជាពិសេសចំពោះអ្នកដែលមានសក់ស្កូវច្រើនរហូតដល់ត្រូវដកញឹកញាប់នោះ អាចធ្វើឱ្យក្រពេញឫសសក់ខូចខាត អាចធ្វើឱ្យលែងមានសក់ដុះឡើងមកថ្មីពីក្រពេញឫសសក់នោះ ធ្វើឱ្យសក់កាន់តែស្ដើង ឬក្បាលទំពែកមុនអាយុតែម្ដងក៏មាន៕

  • វិធីជួយសង្គ្រោះ​មនុស្សឱ្យ​រួច​ផុតពី​ការ​ឆក់​ខ្សែភ្លើង

    វិធីជួយសង្គ្រោះ​មនុស្សឱ្យ​រួច​ផុតពី​ការ​ឆក់​ខ្សែភ្លើង

    ស្មេរ​បាន​អានព័ត៌មាន​មួយ​នៅក្នុង​សារព័ត៌មាន​បរទេស​ដែល​និយាយ​អំពី​កូនប្រុស​អាយុ5ឆ្នាំ​ម្នា​ក់បាន​ជួយ​ម្ដាយ​របស់ខ្លួន​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ឱ្យ​រួច​រស់​ជីវិត​ឡើងវិញ​ដោយ​ការ “ធាក់” ព្រោះ​ធ្លាប់​ឃើញ​នៅក្នុង ​ខ្សែភាពយន្តឯកសារ​នៅក្នុង​ទូរទស្សន៍។ អាន​ចប់​ហើយ ស្មេរ​មាន​អារម្មណ៍​រំភើបចិត្ត និង​នឹក​ស្ងើចសរសើរ​ក្នុង​ចិត្ត​ដែល​ក្មេងប្រុស​តូច​មួយ​មានចំណេះដឹង​ក្នុង​រឿង​ការជួយសង្គ្រោះ​មនុស្ស​ពី​ការ​ឆក់​ខ្សែភ្លើង​បាន តែ​ការ​ធាក់ខ្លាំងៗនេះ​ជា​វិធី​ដែល​ត្រឹមត្រូវ​ឬទេ? ឬ​មាន​វិធី​ផ្សេងទៀត​ដែល​អាចជួយ​សង្គ្រោះ​អ្នក​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​បាន​ដូចគ្នា​ដែរ? ដូច្នេះ​សូម​នាំគ្នា​តាមដាន​ជា​បន្ត។

    វិធី​ជួយសង្គ្រោះ​ពី​ការ “ឆក់​ខ្សែភ្លើង”

    ក្នុងករណី​ខ្លួនឯង​ត្រូវ​ខ្សែភ្លើង​ឆក់
    1. តាំងស្មារតី ប្រមូល​កម្លាំង​ទាំងអស់​ដែលមាន កញ្ឆក់​ដៃ ជើង ឬ​អវយវៈ​ណា​ដែល​ប៉ះ​នឹង​វត្ថុ​ដែល​ធ្វើឱ្យ​កើតការ​ឆក់​ចរន្តអគ្គិសនី​ចេញពី​ត្រង់នោះ​ឱ្យបាន​ខ្លាំង​បំផុត តែបើ​មិនបាន​សម្រេចចូរ​ស្រែកហៅ​ឱ្យគេ​ជួយយ៉ាខ្លាំងៗផុត​សំឡេង។

    2. កុំឱ្យ​អ្នក​ដែល​ចូល​មកជួយ​ប៉ះ​នឹង​រាងកាយ​របស់​អ្នក​ដោយផ្ទាល់​ជាដាច់ខាត ដូចជា​ចាប់ដៃ ឬ​ចាប់ជើង មិនបាន​ជាដាច់ខាត។

    3. បើសិនជា​សម្លឹង​រកមើល​វត្ថុ​អ្វីដែល​មិន​ចម្លងចរន្តអគ្គិសនី​បាន ដូចជា ឈើ ក្រណាត់ ជ័រ-​ប្លា​ស្ទិ​ក ចូរ​ស្រែកប្រាប់​អ្នកដទៃ​ឱ្យ​យក​វត្ថុ​នោះមក​ជួយ​កៀរ ឆ្កឹះ ឬ​កៀស​ខ្សែភ្លើង​ដែល​ចម្លង​ចរន្តអគ្គិសនី​នោះ​ចេញ ឬ​ឱ្យគេ​យក​ក្រណាត់​មក​ទាក់​ចង្កេះ​អ្នក រួច​ទាញ​កញ្ឆក់​ចេញពី​ត្រង់​នោះមក​ឱ្យបាន។

    4. បើ​មាន​អ្នក​មកជួយ​ហើយ តែ​មិន​អាចធ្វើ​អ្វី​បាន ចូរ​ប្រាប់​ឱ្យគេ​រកមើល​បារ៉ែត​ភ្លើង ឬ​ឌី​ហ្ស​ង់​ទ័​រ​មេភ្លើង​ដើម្បី​កាច់​បិទ​ចរន្តអគ្គិសនី។

    ក្នុងករណី​ចូលទៅ​ជួយ​អ្នក​ដែល​ត្រូវ​ចរន្ត​អគ្គិស​នី​ឆក់
    1. កុំរ​ហន់​ចូលទៅ​ជួយ​ដោយ​ការចាប់​ប៉ះ​ផ្នែក​ណាមួយនៃ​រាងកាយរបស់​ជនរងគ្រោះ​ ដោយ​ត្រង់ ចូរ​រក្សា​ចម្ងាយ​ឱ្យ​ឆ្ងាយ​ពី​ជនរងគ្រោះ​បន្តិចសង្កេតមើល​ឱ្យ​ច្បាស់​ថា​ដើមហេតុ​របស់​ចរន្តអគ្គិសនី​ដែល​បណ្ដាលឱ្យ​ឆក់​ជនរងគ្រោះនោះ​ចេញ​មកពី​ត្រង់ណា ហើយ​នៅ​ឱ្យ​ឆ្ងាយ​ពី​ត្រង់នោះ​សិន។

    2. បើសិន​នៅក្នុង​ផ្ទះ មិនបាន​ពាក់​ស្បែកជើង ចូ​ររត់ទៅរក​ស្បែកជើង​មក​ពាក់​ជាមុនសិន កុំឱ្យ​ជើង​ប៉ះ​នឹង​ដី ឬ​កម្រាល​ឥដ្ឋ។ បើ​គ្មាន​ស្បែកជើង ចូរ​ឈរ​នៅលើ​ផ្ទាំង​ក្រណាត់ក្រាស់ៗ គំនរ​សៀវភៅ ឡាំង​ឈើ ឬ​ឡាំង​ក្រដាសក៏បាន។

    3. សម្លឹង​រកមើល​វត្ថុ​ដែល​មិន​ចម្លង​ចរន្តអគ្គិសនី ដូចជា ឈើ ក្រណាត់ ក្រដាស​រឹង ខ្សែ​ទុយោ ស្រោមដៃក្រាស់ៗ ឬខ្សែ​ផ្សេងៗ (គ្រប់យ៉ាង​ត្រូវ​ស្ងួតមិន​សើម​ទឹក) អាច​ប្រើ​វត្ថុ​ទាំងនោះ​កៀស ឬ​ឆ្កឹះ​អ្វីដែល​ធ្វើឱ្យ​ជនរងគ្រោះ​ត្រូវ​អគ្គិសនី​ឆក់​ចេញពី​រាងកាយ​ជនរងគ្រោះ (ដូចជាកៀស​ខ្សែភ្លើង​ចេញ ឆ្កឹះ​ដៃ ឬ​ជើង​ជនរងគ្រោះ​ចេញពី​បរិវេណ​ដែលមាន​អគ្គិសនី​ឆក់​នោះ ឬ​បើ​ជនរងគ្រោះ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ទូទាំង​រាងកាយ ចូរ​ប្រើ​ក្រណាត់​ស្ងួត​រុំ​ដៃ​ខ្លួនឯង​ឱ្យ​ក្រាស់រួចហើយ​ច្រាន ឬ​ចា​ប់ទាញ​កញ្ឆក់​ខ្លួន​ជនរងគ្រោះ​ចេញពី​ត្រង់នោះ​ឱ្យ​ខ្លាំង និង​ឆាប់រហ័ស (អ្នក​ជួយ​ត្រូវ​ពាក់​ស្បែកជើង​ផង​ណា៎)។

    4. បើសិនជា​ជ្រើសរើស​ជួយ​ជនរងគ្រោះ​ដោយ​ការ​ធាក់ ក៏​អាចធ្វើ​បានដែរ តែ​បរិវេណ​ជុំវិញ​ជនរងគ្រោះ​នោះ​ត្រូវតែ​ជាទី​ធ្លា​ស្រឡះ។ ចូរ​ឱ្យ​ជនរងគ្រោះ​ទម្លាក់ខ្លួន​ដេក​ជាមុនសិន ដើម្បី​កុំឱ្យ​កើតមាន​គ្រោះថ្នាក់​ផ្សេងទៀត។ មុននឹង​ធាក់ ត្រូវ​ស្រែកប្រាប់​ជនរងគ្រោះ​ជាមុនសិនរួច​សឹម​ធាក់​ម្ដុំ​ត្រគាក​យ៉ាង​រហ័ស និង​ខ្លាំង​ល្មមតែ​ឱ្យ​របូត​ផុត​ចេញពី​ទីនោះ​តែម្ដង​ក្នុង​មួយ​ជើង។ តែ​បើសិនជា​អាច​ចៀសវាង​បាន ចូរ​ប្រើ​វិធី​ក្នុង​ចំណុច​ទី3 វិញ​ប្រសើ​ជាង ព្រោះ​វិធី​នេះ​អាចធ្វើឱ្យ​ជនរងគ្រោះ​ទទួលរង​របួស​ថែមទៀត​បាន។

    5. ក្នុងករណី​ដែល​ប្រទះឃើញ​អ្នក​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ក្នុង​បរិវេណ​ដែល​ប្រថុយប្រថានខ្លាំងពេក ដូចជា​ក្នុង​បន្ទប់ទឹក​ដែល​កម្រាល​ឥដ្ឋ​សើម ចូរ​ត់ទៅ​កន្លែង​ប្រអប់​ចែកចាយ​ភ្លើង​ខាងក្នុង​ផ្ទះ (បារ៉ែត ឬ​ឌី​ហ្ស​ង់​ទ័​រ) ហើយ​កាច់​កុងតាក់​បិទ​ភ្លាម រួច​សាកល្បង​បើក​បិទ​អំពូល​ភ្លើង​សាកមើល ដើម្បីឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា ចរន្តអគ្គិសនី​ត្រូវបាន​បិទ​ទាំងស្រុង​ឬ​នៅ? រួច​សឹមរ​ត់ទៅ​ជួយ​ជនរងគ្រោះ។

    6. នៅពេល​ជួយ​ជនរងគ្រោះ​បាន​ហើយ គួរពិនិត្យមើល​ថា តើ​គេ​នៅមាន​ស្មារតី​ច្រើន ឬ​តិច​ប៉ុនណា។ បើ​នៅមាន​សតិ​ស្មារតី​គ្រ​ប់​គ្រាន់ចូរ​ឱ្យគេ​គេង​សម្រាក រួច​ពិនិត្យមើល​តាម​រាងកាយ​របស់គេ​ដោយត្រួសៗថា តើ​មាន​រងរបួស​ត្រង់ណា​ធ្ងន់ធ្ងរ​ឬទេ? ភាគច្រើន អាចមាន​ជ្រុះ​សក់ មាន​ស្នាម​ក្រហមជាំ​នៅលើ​ដៃជើង ដងខ្លួន ខ្នង និង​បើ​មាន​ពាក់​ខ្សែក​ដែល​ធ្វើ​ពី​ប្រាក់ ស្ពាន់ ឬ​មាស អាចមាន​ស្នាម​ឆេះ​នៅលើ​ស្បែក​ត្រង់​កន្លែង​នោះ និង​នៅលើ​បាតជើង​អាចមាន​ស្នាម​ខ្លោច​ដូច​ឆេះ​ភ្លើង​ដូច្នោះ​ដែរ។

    7. បើ​មាន​របួស តែ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ពេក​នោះចូរ​ប្រញាប់​បញ្ជូនទៅ​មន្ទី​រពេទ្យ តែបើ​ជនរងគ្រោះ​បាត់បង់​ស្មារតី ចូរ​ប្រញាប់​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ (ឡានពេទ្យ) ហើយ​ក្នុងអំឡុង​ពេលនោះ បើ​ជនរងគ្រោះ​បាត់​ដង្ហើម (លែង​ដកដង្ហើម) ឬ​បេះដូង​លែង​ដំណើរការ ចូរ​ប្រញាប់​ជួយសង្គ្រោះ​ដោយ​ការ​ផ្លុំ​ខ្យល់​ចូល​មាត់​ដើម្បី​សង្គ្រោះ​ប្រព័ន្ធ​ដកដង្ហើម ឬ​សង្កត់​ដើមទ្រូង​ធ្វើ​ចលនា​បេះដូង​ជា​ប្រញាប់។ អ្វីដែល​ត្រូវមាន​ឱ្យ​ច្រើន​បំផុត​នៅពេលនោះ​គឺ ស្មារតី និង​ចំណេះដឹង​គ្រឹះ​ក្នុង​រឿង​ចរន្តអគ្គិសនី ដើម្បី​ជួយសង្គ្រោះ​ក្នុងករណី​អាសន្ន​បន្ទាន់​បែបនេះ៕

  • ជឿ​ទៅ! នៅមាន​រឿង​របស់ “ចេកណាំវ៉ា” ជាច្រើន​ទៀត​ដែល​អ្នក​មិន​ធ្លាប់​ដឹង

    ជឿ​ទៅ! នៅមាន​រឿង​របស់ “ចេកណាំវ៉ា” ជាច្រើន​ទៀត​ដែល​អ្នក​មិន​ធ្លាប់​ដឹង

    ចេកណាំវ៉ា ដំណាំ​ហូប​ផ្លែ​ពី​បុរាណ​របស់​ខ្មែរ​យើង​ដែល​ចេញ​ផ្លែ​បាន​គ្រប់​រដូវ ចាស់ៗបុរាណ​តែង​យកមក​ធ្វើជា​អាហារ​បន្ថែម​រួមជាមួយ​ទឹកដោះ​ម្ដាយ​សម្រាប់​ទារក ឯ​មនុស្ស​ចាស់​វិញ​យក​ផ្លែ​ចេកទុំ​ជោរ​មក​ពិសា​ ដើម្បី​សុខភាព តែ​មិត្ត​អ្នកអាន​ដឹង​ឬទេ​ថា ផ្លែឈើ​ពី​បុរាណ​មួយ​នេះ​មាន​បង្កប់​ទៅដោយ​គុណ​តម្លៃ​ដែល​ហួស​ពី​យើង​នឹកស្មាន​ទៅទៀត។

    1. ផ្លែ​ចេកណាំវ៉ា​ញ៉ាំ​ពេល​នៅ​ខ្ចី​ព្យាបាល​រោគ​ក្រពះ ព្រោះ​នៅក្នុង​ផ្លែ​ចេក​ខ្ចី​មាន​សារធាតុ​ផ្ដល់នូវ​ភាព​ចត់​ដែល​ហៅថា “ថែម​នី​ន” ជា​ជាតិ​អាស៊ីតស្រាលៗ មាន​ឫទ្ធិ​ក្នុងការ​ស្រោប​សាច់​ក្រពះ និង​ពោះវៀន តែ​ផ្លែ​ចេក​ខ្ចី​មិនអាច​យកមក​ញ៉ាំ​ឆៅ​បានភ្លាមៗនោះទេ ត្រូវ​យកមក​ចិត​ជា​បន្ទះ ចំហុយ​ស្ងួត និង​យកមក​កិន​លម្អិត​ជា​ម្សៅ​ជាមុនសិន។

    2. ផ្លែ​ចេកណាំវ៉ា​ញ៉ាំ​ពេល​ស្រគាល ហៅថា ញ៉ាំ​ពេល​ស្ទើរ​ខ្ចី​ស្ទើរ​ទុំ។ សម្បក​មាន​ពណ៌​បៃតង​លាយ​លឿង អាច​យកមក​ញ៉ាំ​បានភ្លាមៗ ដោយ​ក្នុង​ផ្លែ​ចេកណាំវ៉ា​ស្រគាល​នេះ​នឹងមាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ មានគុណ​សម្បត្តិ​ជួយ​បំពេញ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដល់​រាងកាយ និង​ព្យាបាល​រោគ​រាករូស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព បន្ថែម​ជាតិ​កាក​សរសៃ​ជួយ​ក្នុងការ​បន្ទោបង់ និង​ជួយ​ស្រោបសាច់​ក្រពះ​ទៀតផង។

    3. ផ្លែ​ចេកណាំវ៉ា​ញ៉ាំ​ពេល​ទុំ ជា​ផ្លែ​ចេក​ដែលមាន​ពណ៌​លឿង​ស្រស់​គួរឱ្យ​ចង់​ញ៉ាំ មាន​សារធាតុ ភែ​តទី​ន ដែល​បន្ថែម​កាក​សរសៃ ឬ​បៃ​អូ​ទិ​ក​ពី​ធម្មជាតិ ធ្វើឱ្យ​អាច​បន្ទោបង់​បាន​ស្រួលរាប់បាន​ថា​ជា​ថ្នាំ​ជួយ​ក្នុងការ​បត់ជើងធំ​ដ៏​មាន​ប្រសិទ្ធភាព។ ស័ក្តិសម​នឹង​អ្នក​ដែល​កើតរោគ​ទល់លាមក តែ​ត្រូវ​ទំពា​ឱ្យ​ល្អិត ព្រោះ​នឹងមិន​ធ្វើឱ្យ​ចុក​ឆ្អល់ពោះ។

    4. ផ្លែ​ចេកណាំវ៉ា​ញ៉ាំ​ពេល​ទុំ​ជោរ ជា​ផ្លែ​ចេក​ដែលមាន​ពណ៌​លឿងចាស់ស្រអាប់ៗ សាច់​ចេក​រាងដូចជាជ្រាយៗ ធ្វើឱ្យ​មនុស្ស​ភាគច្រើន​មិនសូវ​ជា​ចង់​ញ៉ាំ​ប៉ុន្មាន​ទេ តែ​ផ្ទុយទៅវិញ ផ្លែ​ចេកណាំវ៉ា​ទុំ​ជោរ​នេះ​បែរ​ជាមាន​ប្រយោជន៍​ច្រើន​ខ្លាំងណាស់ ទាំង​ជួយ​បង្កើន​ភាព​ប្រឆាំង​ជំងឺ​ដល់​រាងកាយ ធ្វើឱ្យមាន​បរិមាណ​គ្រាប់​ឈាមស​កើនឡើង ដោយសារតែ​សារធាតុ “Sermerik Fighter” ដែល​ជួយ​ការពារ​ពី​កោសិកា​ដែល​ខុស​ប្រក្រតី ជាពិសេស​ផ្លែ​ចេក​ដែលមាន​ស្នាមអុចៗខ្មៅ​រឹតតែ​ច្រើន​រឹតតែ​ល្អ។ សារធាតុ​អាហារ​នៅក្នុង​ផ្លែ​ចេកណាំវ៉ា ប្រកបដោយប្រូតេអុីន កាបូ​ហាយ​ដ្រេ​ត មាន​ជាតិ​ស្ករ​ធម្មជាតិ3 ប្រភេទ គឺ ស៊ូ​ខ្យូស ហ្វ្រុ​៊​ង​ថូ​ស និង​គ្លុយ​ខូ​ស ដូច្នេះ​រាងកាយ​យើង​នឹង​បានទទួល​កម្លាំង​ថាមពល និង​អាច​នាំយក​ទៅប្រើ​បានភ្លាមៗ មាន​កាក​សរសៃ មាន​វីតាមីន B1 B2 B3 B6 ម៉ាញេស្យូម និង​ប៉ូ​តា​ស្យូ​ម។

    គុណប្រយោជន៍​របស់​ផ្លែ​ចេកណាំវ៉ា
    ញ៉ាំ​ផ្លែ​ចេកណាំវ៉ា​ក្រោយ​ភ្ញាក់​ពី​ដំណេក​ភ្លាម រួច​សឹម​ដុស​សម្អាត​ធ្មេញ អាច​កាត់បន្ថយ​ក្លិន​មាត់​បាន ធ្វើបែបនេះ​បាន1សប្ដាហ៍ នឹង​ជួយ​សម្រួល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជួយ​បន្ថយ​ភាព​ចង់​ញ៉ាំ​អាហារ​នេះនោះ​ឥត​ឈប់​បាន។ ញ៉ាំ​ចេក​ហើយ​មាន​សេចក្ដីសុខ​ខ្លាំងណាស់ ព្រោះបានជា​តិ​ស្ករ​ហ្វ្រ៊ុ​ត​ថូ​ស ជា​ជាតិ​ស្ករ​ដែល​មិនមែនជា​អុីន​ស៊ូ​លីន ញ៉ាំ​មិន​ដល់5នាទី​ផង​នឹង​បានដឹង​អំពី​សេចក្ដីសុខ ព្រោះ​ជាតិ​ស្ករ​នឹង​ឡើង​ទៅដល់​ខួរក្បាល ហើយរាងកាយ​អាច​យកទៅ​ប្រើការ​បានភ្លាមៗតែម្ដង។ កាត់បន្ថយ​អាការ​មួម៉ៅ​នៅពេល​ព្រឹក និង​ជួយ​បន្ថយ​អាការ​មួម៉ៅ​របស់​ស្ត្រី​ក្នុងអំឡុងពេល​មាន​វដ្ត​រដូវ។ ក្រៅពីនោះ នៅ​ជួយ​ព្យាបាល​រោគ​បាក់​ទឹកចិត្ត​ស្រងេះស្រងោច និង​រោគ​តានតឹង​ផ្លូវ​ចិត្តបាន​ទៀតផង ព្រោះ​ផ្លែ​ចេក​មាន​ប្រូតេអុីន​មួយ​ប្រភេទ​ដែល​ហៅថា “ធ្រី​ប​តូ​ហ្វេ​ន​ត៍” ដែល​ជួយ​ក្នុង​ការផលិត​សារធាតុ សូ​ឡា​ថូ​នី​ន ឬ​អ័រម៉ូន​នៃ​សេចក្ដីសុខ​ដែល​ជួយ​សម្រាល​អារម្មណ៍​បានល្អ មាន​កាក​សរសៃ​អាហារ​ជួយ​ឱ្យ​ប្រព័ន្ធ​បន្ទោបង់​ដំណើរការ​ប្រក្រតី មាន​សារ​ធាតុដែក​ជួយ​ក្នុង​ការផលិត​អុីម៉ូ​ហ្គ្លោ​ប៊ី​ន​នៅក្នុង​ឈាម ដើម្បី​ព្យាបាល​សភាវ​លោហិត​ស្លេក ឬ​អ្នក​ដែល​ស្ថិតក្នុង​សភាវ​ខ្សោយ​ខ្វះ​កម្លាំង។

    សម្បក​ផ្លែ​ចេកណាំវ៉ា​នឹង​ជួយ​សម្រាល​អាការ​រមាស់​ដែល​បណ្ដាលមកពី​សត្វល្អិត​ទិច​ខាំ កន្ទួល​រមាស់​បណ្ដាលមកពី​សត្វ​មូស​ខាំ ដោយសារ​តែមាន​ឫទ្ធិ​ក្នុងការ​តតាំង​នឹង​មេរោគ​ផ្សិត និង​ប្រឆាំង​មេរោគ​បាក់តេរី​ដែល​ធ្វើឱ្យ​កើតជា​ខ្ទុះ ដោយ​គ្រាន់តែ​យក​សម្បកចេក​ណាំវ៉ា​ទុំ​ផ្នែក​ខាងក្នុង​មក​ដុស​លាប​នៅត្រង់​កន្លែង​ដែល​រមាស់​តែប៉ុណ្ណោះ។

    ឃើញ​ហើយ​មែន​ទេ​ថា ចេកណាំវ៉ា ផ្លែឈើ​ក្នុងស្រុក​ដែល​ងាយស្រួល​រកបាន​នេះ​មានគុណ​តម្លៃ​មហាសាល​ចំពោះ​រាងកាយ​ខ្លាំងណាស់ដូច្នេះ​ចូរ​នាំគ្នា​ងាក​មក​ញ៉ាំ​ចេកណាំវ៉ា​ដើម្បី​សុខភាព​ល្អ​ទាំងអស់គ្នា​វិញ​ប្រសើរ​ជាង៕

  • ជឿទៅ… ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរថ្មីនេះ បទចម្រៀង “មាន់ស្រែ” របស់ រ៉ាប៊ី ល្បីកប់

    ជឿទៅ… ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរថ្មីនេះ បទចម្រៀង “មាន់ស្រែ” របស់ រ៉ាប៊ី ល្បីកប់

    ទើបតែបានបញ្ចេញផ្សាយនៅលើបណ្តាញ Youtube មិនទាន់បានប៉ុន្មានផងនោះ បទចម្រៀងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ និងត្រៀមចេញ ដើម្បីអបអរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះរបស់កំពូលតារាចម្រៀងស្រីវ័យក្មេងសាច់ម៉ដ្ឋស កញ្ញា រ៉ាប៊ី ត្រូវបានសាទរយ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រ រហូតធ្លាយចេញទៅដល់បណ្តាប្រទេសមួយចំនួនទៀត ចម្លងយកទៅផ្សព្វផ្សាយបន្តគួរជាទីមោទន ក្នុងនោះសម្រាប់អ្នករស់នៅប្រទេសថៃគាំទ្រច្រើនជាងគេ។

    ត្រឹមរយៈពេលមិនដល់2សប្ដាហ៍ផង សម្រាប់ការបង្ហោះបទចម្រៀង Original Song លក្ខណៈសំឡេង Audio “មាន់ស្រែ” របស់ស្រីស្រស់ រ៉ាប៊ីនៅលើបណ្តាញសង្គម YouTube មានអ្នកគាំទ្រចុចចូលស្តាប់យ៉ាងច្រើនកុះករស្ទើរមិនគួរឱ្យជឿរហូតដល់ជាង1លានកន្លះនាក់រួចបាត់ទៅហើយ។ ជាមួយនឹងការចុចចូលស្តាប់បទចម្រៀងថ្មីចង្វាក់ញាក់រាំបែកស្លុយ បែបសប្បាយៗប្រចាំឆ្នាំ2018របស់កំពូលតារាចម្រៀងស្រីវ័យក្មេងប្រចាំនៅក្នុងផលិតថោន ដែលធ្លាប់រងពាក្យចចាមអារ៉ាមថាមានសម្ពន្ធស្នេហាជាមួយតារាចម្រៀងប្រុស លោក សុគន្ធ ថេរ៉ាយុ ម្នាក់នេះក៏មានមនុស្សជាច្រើននាក់នាំគ្នាសរសេរ Comment ជាហូរហែថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរាំលេងកម្សាន្តនៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ។ ជាថ្មីម្ដងទៀត កាលពីសប្ដាហ៍កន្លងទៅនេះ ជាការឆ្លើយតបទៅនឹងការចង់បាន និងក្ដីទន្ទឹងរបស់ប្រិយមិត្តស្នេហាវិស័យចម្រៀងក៏ដូចជាអ្នកគាំទ្ររបស់ខ្លួននោះ MV របស់បទចម្រៀង “មាន់ស្រែ” ដែលកំពុងទទួលបានការគាំទ្រខាងលើ រឹតតែធ្វើឱ្យបណ្តាញសង្គម YouTube មានភាពកក្រើករហូតគាំងម្ដងៗ ដោយសារតែមានអ្នកចូលមើលសកម្មភាព និងកាយវិការរាំដ៏រស់រវើករបស់កញ្ញា រ៉ាប៊ី រួមជាមួយក្រុមរាំប្រុសស្រីដ៏ស្រស់ស្អាតជាច្រើននាក់នៅតាមទីតាំងផ្សេងៗគ្នា ស្អាតៗ ប្លែកភ្នែកគួរឱ្យទាក់ទាញជាទីបំផុត។

    ជាការសម្ដែងពីកិច្ចដឹងគុណចំពោះការគាំទ្រពីសំណាក់មហាជនខាងលើនេះ កញ្ញា រ៉ាប៊ី ក៏បានបង្ហាញពីក្ដីរំភើប និងរីករាយជាទីបំផុត រួមជាមួយនឹងការសន្យាព្យាយាមបង្កើតបទចម្រៀងថ្មីៗ ពីរោះៗ ប្រកបដោយភាពទាក់ទាញ ដើម្បីធ្វើយ៉ាងណាបម្រើអារម្មណ៍អ្នកគាំទ្រទាំងអស់ឱ្យមានក្ដីរីករាយជាមួយបទចម្រៀងរបស់ខ្លួនរហូតទៅ។

    គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រៅពីបទចម្រៀងដែលកំពុងទទួលបានការគាំទ្រ “មាន់ស្រែ” កញ្ញា រ៉ាប៊ី ក៏មានចម្រៀងពីរោះៗជាច្រើនបទទៀត ដែលក្នុងនោះមានបទខ្លះច្រៀងតែម្នាក់ឯង និងមួយចំនួនទៀតច្រៀងឆ្លើយឆ្លងគ្នា ជាក់ស្ដែងដូចជាបទ “ស្នេហ៍អើយស្នេហ៍” និងបទ “អ្នកបម្រើ007” ច្រៀងឆ្លើយឆ្លងជាមួយនាយ ពាក់មី និងបទ “ខ្ញុំមានបង្ខំឱ្យរាំណា” និងបទ “និយាយពីអី” ច្រៀងម្នាក់ឯង(មានអ្នករ៉េប) ជាដើម៕

    សូមរីករាយទស្សនាវីដេអូខាងក្រោម៖

  • សញ្ញា​បញ្ជាក់​ពី​អាការ​ កើត​ជំងឺ​ខ្វះ​វីតាមីន E

    សញ្ញា​បញ្ជាក់​ពី​អាការ​ កើត​ជំងឺ​ខ្វះ​វីតាមីន E

    1. អាការ​ជ្រុះ​សក់
    បើសិនជា​អ្នក​សម្គាល់​ឃើញថា សក់​របស់​អ្នក​ជ្រុះ​ច្រើន ឬ​សក់​ទៅជា​ស្ងួត​ខ្លាំង មានន័យថា អ្នក​មិនមាន​វីតាមីន E គ្រប់គ្រាន់​ក្នុង​រាងកាយ​ឡើយ។ វីតាមីន E នឹង​ជួយ​សក់​កាន់តែ​រឹងមាំ តាំងពី​គល់​រហូតដល់​ចុង។ អាការ​កង្វះ​វីតាមីន E គឺជា​ការ​ជ្រុះ​សក់​លឿន ឬ​សក់​ស្ងួត​ខ្លាំង។

    2. កោសិកា​គ្រាប់​ឈាមក្រហម​ចុះ​ទាប
    កោសិកា​គ្រាប់​ឈាមក្រហម មាន​សារសំខាន់​ណាស់​សម្រាប់​រាងកាយ ដូច្នេះ នៅពេល​វា​មានការ​ចុះខ្សោយ ឬ​ថយចុះ​ចំនួន​នោះ គឺអាច​ដោយសារតែ​កង្វះ​វីតាមីន E នេះហើយ។ វីតាមីន E ផ្តល់​ជា​ប្រូ​តេ​អី​ុ​ន​ក្នុង​កោសិកា ដែល​អាចដឹកនាំ​អុកស៊ីហ៊ែ្សន តា​យ​រយៈ​អេ​ម៉ូ​គ្លូ​ប៊ី​ន​បាន។

    3. ខ្សោយ​សាច់ដុំ
    ទោះបី​ជាការ​ខ្សោយ​សាច់ដុំ អាចជា​សញ្ញា​មួយ​របស់​ជំងឺ​អ្វី​ផ្សេង​ក៏ដោយ ក៏​វា​មិនអាច​ទាត់ចោល ឬ​មិន​ទាក់ទង​នឹង​ជំងឺ​កង្វះ​វីតាមីន E ឡើយជាពិសេស អាការ​នេះ​កើតមាន​ចំពោះក្មេងៗជំទង់​ច្រើន​តែម្តង។

    4. កើត​ជំងឺភ្នែកឡើងបាយ
    បើសិនជា​អ្នក​សម្គាល់​ឃើញថា ភ្នែក​របស់​អ្នក​ប្រែ​ទៅជា​ល្អក់ មានន័យថា អ្នក​ខ្វះ​វីតាមីន E ហើយ។ ជំងឺ​នេះ​អាច​នឹង​កើតឡើងលើ​ភ្នែក​ទាំងសងខាង​តែម្តង។ ដូច្នេះ អ្នក​គប្បី​គួរ​ទទួលទាន​វីតាមីន E ឱ្យបាន​ច្រើន តាមតែ​អាចធ្វើ​ទៅបាន ឬ​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ។

    5. ឧស្សាហ៍​រមួលក្រពើ
    អ្នក​ដែល​ខ្វះ​វីតាមីន E ក្នុង​ខ្លួន ក៏​អាច​កើតមាន​បញ្ហា​រមួលក្រពើ​បានដែរ ខណៈដែល​ពួកគេ​ប្រើ​សាច់ដុំ​កំភួនជើង​ខ្លាំង ហើយ​វា​នឹង​កើត​ឡើងជា​ញឹកញាប់។ បើសិនជា​អ្នក​សម្គាល់​ឃើញបែបនេះ​ច្រើនដង មានន័យថា រាងកាយ​របស់​អ្នក​គឺ​ត្រូវការ​វីតាមីន E បន្ថែម​ហើយ។

    6. ស្បែក​ឆាប់​ក្លាយ ឬ​មាន​របួស​ក្រ​ជា​សះ
    អ្នក​អាច​ប្រាកដថា រាងកាយ​មាន​វីតាមីន Eគ្រប់គ្រាន់ ប្រសិនជា​របួស​អ្នក​ឆាប់​ជា​ដូច​ធម្មតា។ តែបើ​ពេលដែល​កើតមាន​របួស ហើយ​ត្រូវការ​ពេល​យូរ​ជាង​ធម្មតា​ក្នុងការ​ជា​សះ​វិញ​នោះ គឺជា​សញ្ញា​ដែល​រាងកាយ​ប្រាប់ថា ខ្វះ​វីតាមីន E ហើយ។

    7. ចុះខ្សោយ​សមត្ថភាព​ផ្លូវភេទ
    អាការ​មួយ​ផ្សេងទៀត​នៃ​កង្វះ​វីតាមីន E គឺ​ការថយចុះ​ចំណង់​ផ្លូវភេទ លើ​មនុស្សពេញវ័យ។ នៅពេល​អ្នក​យល់ថា មិនសូវមាន​ចំណង់​ផ្លូវភេទ​នោះ ចូរ​គិតដល់​កង្វះ​វីតាមីន E ក្នុង​ខ្លួន​របស់​អ្នកផង៕

  • G Mekong សណ្ឋាគារ​ ដ៏​ប្រណីត បង្ហាញ​ពី​បែបបទ​រស់នៅ​ នៃ​ប្រជាជន​ខ្មែរ​តាម​ដង​ទន្លេមេគង្គ

    G Mekong សណ្ឋាគារ​ ដ៏​ប្រណីត បង្ហាញ​ពី​បែបបទ​រស់នៅ​ នៃ​ប្រជាជន​ខ្មែរ​តាម​ដង​ទន្លេមេគង្គ

    វិស័យ​សណ្ឋាគារ​នៅ​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ គឺមាន​ភាព​រីកចម្រើន និង​រីកដុះដាល​ដូច​ផ្សិតដោយសារតែ​តម្រូវការ​ការ​ស្នាក់​នៅមាន​ការកើនឡើង ហើយ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ក៏មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ផងដែរ។ ដោយ​មើលឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា សណ្ឋាគារ G Mekong ដែលជា​បុត្រ​សម្ពន្ធ​នៃ G Group Investmentត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី5 ខែមករា ឆ្នាំ2017 ដោយ​ផ្តល់នូវ​សេវាកម្ម​ដូចជា កន្លែង​ស្នាក់នៅ និង​ភោជនីយដ្ឋាន​ជាដើម។

    សណ្ឋាគារ G Mekong ​កំពុង​បង្ហាញ​ដល់​ពិភពលោក​ទាំងមូល​នូវ​អត្តសញ្ញាណ​ខ្មែរ វប្បធម៌ និង​អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​យើងដោយ​គ្រប់ការ​រចនា និងការ​តុបតែង​លម្អ​នៅក្នុង​សណ្ឋាគារ​នេះ គឺ​សុទ្ធតែជា​របស់​ខ្មែរ​ ច្នៃ​ឡើង​ដោយ​ដៃ​ដូចជា ឧបករណ៍​នេសាទ​បែប​ប្រពៃណី​ខ្មែរ ទូក​ចែវ រូបគំនូរ និង​រូបសំណាក់​របស់​ខ្មែរ​ជាច្រើន​ទៀត។ អ្វីដែល​កាន់តែ​ពិសេស​ទៅ​ទៀត​​នោះនៅក្នុង​សណ្ឋាគារ G Mekong ក៏មាន​សាល​តាំង​ពិ​ព័រ​ណ៌​រូបគំនូរ​របស់​ខ្មែរ ព្រមទាំង​រូបចម្លាក់​ដ៏​ប្រណីត ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរពិតៗ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ដែល​បានមក​ស្នាក់​នៅក្នុង​សណ្ឋាគារ​ឱ្យបាន​ស្គាល់និង​បានឃើញ​ពី​វប្បធម៌ និង​អា​រិ​យ​ធម៌​របស់​ខ្មែរ​យើង​ដោយផ្ទាល់​ភ្នែក។ សណ្ឋាគារ G Mekong គឺ​ពិតជា​ស្រស់ស្អាត និង​ប្លែក​ទាក់ភ្នែក​ណាស់ហើយ​បើ​ពិនិត្យ​មើល​ពី​វិសាលភាព​នៃសណ្ឋាគារ​វិញ​គឺ​នឹកស្មាន​មិន​ដល់នោះទេ ពីព្រោះ​នៅ​ខាងក្រៅ​មើលទៅ​ដូច​ជាមាន​លក្ខណៈ​តូច ​តែ​ពេល​ចូល​មកដល់​ខាងក្នុង​គឺ​ធំ​ទូលាយ​ខ្លាំងណាស់ជាមួយនឹង​វិសាលភាព​នៃ​អគារ​ចំនួន2បញ្ចូល​គ្នា និង​មាន​រហូតដល់9ជាន់ ព្រមទាំង​មាន​បន្ទប់​រហូតដល់91បន្ទប់ ដែលមាន​ជម្រើស5ប្រភេទ​បន្ទប់ផ្សេងៗគ្នា​ជូន​ដល់​ភ្ញៀវទេសចរ និង​អ្នកជំនួញដែល​មក​សា្ន​ក់​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ4នេះ។

    ងាក​មក​ចាប់អារម្មណ៍​ផ្នែក​ភោជនីយដ្ឋានដែល​ស្ថិតនៅក្នុង​សណ្ឋាគារ​វិញម្តង ភោជនីយដ្ឋាន G Star ដែលជា​សាខា​ទី2បន្ទាប់ពី​សាខា​ទី1ដែល​ស្ថិតនៅក្នុង​បរិវេណ​កោះ​ពេ​ជ្រ គឺ​បើក​បម្រើ​ជូន​អាហារ​ទាំង3ពេល ដោយ​អាហារ​ពេលព្រឹក​ចាប់​បើក​ពី​ម៉ោង6​ព្រឹក​​ ដល់​ម៉ោង10ព្រឹកអាហារ​ពេល​ថ្ងៃត្រង់​ចាប់​បើក​ពី​ម៉ោង11ព្រឹក​ដល់​ម៉ោង2រសៀល និង​អាហារ​ពេល​ល្ងាច​ពី​ម៉ោង6ល្ងាច​ ដល់​ម៉ោង10យប់ ដែល​បម្រើ​ជូន​អាហារបែប​ខ្មែរ បែប​អឺរ៉ុប និង​បែប​ចិន។ អាហារ​ដែល​ទទួលបាន​ការពេញនិយម​ជាងគេ​ប្រចាំ​ភោជនីយដ្ឋាន G Star មានដូចជា ឡុកឡាក់​សាច់គោ អា​ម៉ុក​ត្រី​ខ្ចប់​ស្លឹកចេក សម្លការី​ខៀវ សម្លការី​ក្រហម​បែប​ខ្មែរ ស្តេ​ក​សាច់គោ ស្តេ​កសាច់​ចៀម ស្តេ​ក​សាច់ជ្រូក និង​ស្តេ​កសាច់​ត្រី​សាល់​ម៉ុ​ន និង​មីឆា​ឆាវ​ហ្វា​ន់​សាច់គោ។ ក្រៅពី​អាហារនៅ​ភោជនីយដ្ឋាន G Star ក៏មាន​ជា​ប្រភេទ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ហើយនឹង​ភេសជ្ជៈមិនមាន​ជាតិ​អាល់កុល​ជាច្រើន​ជម្រើស​ទៀត ដែល​ភ្ញៀវ​ទាំងអស់​អា​ច​ជ្រើសរើស​ទទួលទាន​ផ្ទាល់​នៅក្នុង​ភោជនីយដ្ឋានដែល​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​នៃ​សណ្ឋាគារ ឬ​អាច​ឡើង​ទៅជា​ន់ទី7 ទទួលទាន​បណ្តើរហែល​ទឹក​លេង​បណ្តើរនៅឯ Pool Bar ក៏​បាន។ ភេសជ្ជៈ​ដេ​ល​ទទួលបាន​ការពេញនិយម​ជាង
    គេ​នៅ​ភោជនីយដ្ឋាន G Star មានដូចជា ស្រា​ក្រឡុកដែលជា​រូបមន្ត​ក្រឡុក​យ៉ាង​ពិសេស​ប្រចាំ​ភោជនីយដ្ឋានគឺ ស្រា​ក្រឡុក G Star Blue Sky និង​ស្រា​ក្រឡុក Passion Corona៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 122

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 122

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/04/LRPN_122-Final-For-Web.pdf” force_dl=”1″]