Author: ធឿន មករា

  • ម៉ូដ​ផ្កា​ដ៏​ស្រស់ស្រាយ​សម្រាប់​រដូវក្តៅ​នេះ

    ម៉ូដ​ផ្កា​ដ៏​ស្រស់ស្រាយ​សម្រាប់​រដូវក្តៅ​នេះ

    រដូវក្តៅ​តែងតែ​នាំមក​នូវ​អារម្មណ៍​អាប់អួ មិន​ស្រួល​ក្នុង​ចិត្ត​ទាល់តែសោះ តែបើ​ក្រឡេក​មក​មើល​ពី​ម៉ូដ​សម្លៀកបំពាក់​បែបចម្រុះ​ពណ៌ និង​ពេញ​ដោយ​ក្បាច់​ផ្កា​ភ្ញី​ដ៏​ស្រស់ស្អាត ដែល​ទើបតែ​ចេញ​ម៉ូដថ្មីៗសម្រាប់​រដូវក្តៅ​ឆ្នាំ2018នេះ​វិញ គឺ​ពិតជាស្រស់ស្រាយ​ខ្លាំងណាស់ ទាំង​ម៉ូដ ទាំង​សាច់​ក្រណាត់ ទាំង​ពណ៌​នៃ​សម្លៀកបំពាក់​ គឺ​ស័ក្តិសម​នឹង​រដូវក្តៅ​ហួតហែង​នេះ​តែម្តង។ សូម​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​ដែលអ្នក​ស្រឡាញ់​ពេញចិត្ត ហើយ​លេង​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នក​តាម​ភ្លាម​ទៅ ដើម្បី​ទទួលបាន​នូវ​ភាព​ស្រស់ញញឹម​នៅក្នុង​រដូវក្តៅ ហើយ​ទោះជា​អាកាសធាតុ​នៅ​ខាងក្រៅ​ក្តៅ​យ៉ាងណា ក៏​មិនអាច​ឈ្នះ​សម្រស់​របស់​អ្នក​បានដែរ៕

  • “ស្ដៅ” រសជាតិ​ល្វីង​ តែមាន​ប្រយោជន៍​ ចំពោះ​រាងកាយ

    “ស្ដៅ” រសជាតិ​ល្វីង​ តែមាន​ប្រយោជន៍​ ចំពោះ​រាងកាយ

    ក្រៅពី​ផ្លែ​ម្រះ​ហើយ នៅមាន​បន្លែ​របស់​ខ្មែរ​យើង​មួយ​ប្រភេទ​ទៀត​ដែល​ល្បីឈ្មោះ​ខ្លាំង​ក្នុង​រឿង​ល្វីង នោះ​គឺ “ស្ដៅ” ដល់​ថ្នាក់​មានមុខ​ម្ហូប ត្រីអាំង​ជ្រលក់​ទឹកត្រី​អម្ពិល​ទុំ​ជូរអែម ដើម្បីឱ្យ​រសជាតិ​ផ្អែម​ជូរ​មក​សង្កត់​រសជាតិ​ល្វីង​ឱ្យ​ទទួលបាន​រសជាតិ​ដែល​ងាយស្រួល​បរិភោគ​ហ្នឹងឯង។

    សួរថា ហេតុអ្វី​បានជា​ជនជាតិខ្មែរ​យើង​ត្រូវ​ខំព្យាយាម​យក​បន្លែ​ស្ដៅ​មហា​ល្វីង​នេះ​មក​ធ្វើជា​មុខម្ហូប​ឱ្យ​ងាយស្រួល​ទទួលទាន ជំនួស​ឱ្យ​ការចៀស​មិនចាំបាច់​ទទួលទាន​តែម្ដង​ទៅធ្វើ​អី? ចម្លើយ ព្រោះ​ស្ដៅ​មាន​ប្រយោជន៍​ដ៏​ច្រើន​ដែល​មានគុណ​តម្លៃ​ហួស​នឹង​បោះចោល ឬ​ទុកឱ្យ​ចាស់​ងាប់​នៅលើ​ដើម​ហ្នឹងឯង។ បើ​ពាក្យចាស់​និយាយថា “ផ្អែម​គឺ​នំ ល្វីង​គឺ​ថ្នាំ” នោះ ស្ដៅ​គឺជា​កំពូល​ឱសថ​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ ​ដែល​មិត្ត​អ្នកអាន​បានដឹង​ហើយ​អាច​នឹង​ចង់ទទួលទាន​ខ្លាំង​ឡើង​ក៏​អាច​ថា​បានដែរ។
    * ឫស​របស់​ដើម​ស្ដៅ យកមក​ស្ងោរ​យក​ទឹក​ពិសា ​ដើម្បី​ជួយ​បណ្ដេញ​ស្លេស្ម៍​ក្នុង​ច្រមុះ និង​បំពង់ក។
    * សម្បក​ដើម​ស្ដៅ នាំយកមក​ធ្វើជា​ថ្នាំ​ល្វីង​ជួយ​ឱ្យ​ពិសា​បាយ​បាន បំបាត់​អាការ​រាករូស និង​យកមក​ស្ងោរ​យក​ទឹក​មក​លាង​របួស ឬ​ដំបៅ។
    * ដើម យកមក​ធ្វើជា​ថ្នាំ​បំបាត់​អាការ​ក្អួត-ចង្អោរ បំបាត់​អាការ​ខ្យល់ គ្រុនក្ដៅ​ខ្លួន និង​គ្រុន​រងា​ញាក់។
    * ស្លឹក​ស្ដៅ ជួយ​បណ្ដេញ​ទឹក​រំលាយ​អាហារ​នៅក្នុង​ក្រពះ ជួយ​ឱ្យ​រំលាយ​អាហារ​បាន​ច្រើនឡើង។ បំបាត់​គ្រុនក្ដៅ សម្លាប់សត្វ​ល្អិត​ក្នុង​ពោះវៀន បំប៉ន​លោហិត និង​បំបាត់​អាការ​ក្ដៅ​ក្នុង​ស្រេកទឹក។
    * ផ្កា​ស្ដៅ ជួយ​ព្យាបាល​រោគ​ឫសដូង​ក្នុង​បំពង់ក និង​បំប៉ន​ធាតុផ្សេងៗក្នុង​រាងកាយ។
    * ផ្លែ​ស្ដៅ​ខ្ចី ជួយ​ព្យាបាល​រោគ​ឫសដូង សម្លាប់សត្វ​ល្អិត​ក្នុង​ពោះវៀន ព្យាបាល​អាការ​បត់ជើងតូច​ខុស​ប្រក្រតី និង​ជួយ​ឱ្យ​ពិសា​បាយ​បាន។
    * ផ្លែ​ស្ដៅ​ចាស់ យកមក​ធ្វើជា​ថ្នាំ​ទម្លាក់​សត្វល្អិត ព្យាបាល​អាការ​រាក​មួល​មាន​សំបោរ​ឈាមជា​ថ្នាំ​បញ្ចុះលាមក និង​ព្យាបាល​រោគ​បេះដូង​លោត​ខុស​ប្រក្រតី។
    * ជ័រ​ស្ដៅ ជួយ​ពន្លត់​ពិស​កម្ដៅ ដក​ពិស​គ្រុនក្ដៅ។

    យ៉ាងណាក៏ដោយ ទោះជា​ស្ដៅ​មានគុណ​ប្រយោជន៍​ច្រើន​ក៏ដោយ តែ​ក៏​មិនមែនជា​ឱសថ​ទិព្វ​គ្រប់គ្រង​ចក្រវាឡ​ដែល​អាច​ព្យាបាល​រោគផ្សេងៗឱ្យ​ជា​ដាច់ស្រឡះ​បាន​ទាំងអស់​ដែរបើសិនជា​សាកល្បង​ពិសា​ហើយ អាការផ្សេងៗទាំងនោះ​នៅតែ​មិនបាន​ធូរស្រាល​ឡើង​នោះ គួរ​ប្រញាប់​រូតរះ​ទៅ​ជួប​គ្រូពេទ្យ​ប្រសើរ​ជាង ហើយ​បើជា​ស្ត្រី​មានគភ៌ ឬ​មាន​ជំងឺ​ប្រចាំកាយ ដូចជា​ជំងឺ​ឡើង​ឈាម រោគ​ក្រពះ​ផង​នោះ គួរ​ប្រឹក្សា​គ្រូពេទ្យ​មុន​ទទួលទាន​ថ្នាំ​ស្ដៅ ដើម្បី​កុំឱ្យ​អាការ​របស់​ជំងឺ​កាន់តែ​អាក្រក់​ទៅ៕

  • ហោរាសាស្រ្តប្រចាំខែមេសា​ ឆ្នាំ2018

    ហោរាសាស្រ្តប្រចាំខែមេសា​ ឆ្នាំ2018

    ឆ្នាំជូត ​(ពងទេវតាប្រុស ធាតុទឹក)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីមួយបានគ្រប់ជ្រុងជ្រោយនោះផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។ អ្នកប្រកបរបររកស៊ីជួញដូរវិញ បើមានញាតិមិត្តបបួលធ្វើអ្វីមួយ ឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្ន ព្រោះក្រុមមនុស្សចាំបោកប្រាស់ក៏មានច្រើនដែរ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រី ចូរកុំមាត់ឥតគម្រប ឬនិយាយមិនកោតក្រែងចំពោះគ្នា ព្រោះនោះនាំតែមានរឿងរ៉ាវឈ្លោះប្រកែកគ្នាមិនចេះចប់ប៉ុណ្ណោះ៕

    ឆ្នាំឆ្លូវ (ពង្សមនុស្សប្រុស ធាតុដី)៖ រាសីស្រុតចុះយ៉ាងខ្លាំង។ នៅខែនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម៉្លោះហើយបើចង់ធ្វើអ្វីតោងតែសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាសោកស្តាយទៅរួច។ ក្រៅពីនេះបើមានការចេញរថយន្តធ្វើដំណើរ ឬធ្វើកិច្ចសន្យាអ្វីមួយក៏គប្បីពិនិត្យឱ្យបានលម្អិតផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលបន្តិច ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទ្បើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

    ឆ្នាំខាល (ពង្សយក្ខិនី ធាតុឈើ)៖ រាសីល្អជាមធ្យម។ នៅខែនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យមពិតមែន ប៉ុន្តែទោះធ្វើអ្វីមិនអាចប្រមាថបានទេ គប្បីមានការប្រយ័ត្នប្រយែង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងខែនេះវិញ មិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេ ពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ បញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានបញ្ហាអ្វីកុំយកកំហឹងទល់កំហល់ឱ្យសោះ ប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕

    ឆ្នាំថោះ (ពង្សមនុស្សស្រី ធាតុឈើ)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះបើទោះបីលោកអ្នកធ្វើអ្វីក៏តែងមានការជឿនលឿន និងសម្រេចជោគជ័យត្រឡប់មកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងខែនេះវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកកម្រៃបន្តិចហើយ ទាល់តែខិតខំខ្លាំងទើបរកផលកម្រៃគ្រប់គ្រាន់ចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។ ការធ្វើដំណើរជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ពន្ធស្នេហាប្រុសស្រីមានដំណើរលូតលាស់និងមានការយល់ចិត្តគ្នាច្រើនឡើងវិញ៕

    ឆ្នាំរោង (ពង្សទេវតាប្រុស ធាតុមាស)៖ រាសីល្អជាមធ្យម។ ឈានដល់ខែនេះដំណើរជីវិតរបស់លោកអ្នកនឹងល្អប្រសើរឡើងវិញ ហើយធ្វើអ្វីក៏ជឿនលឿនទៅមុខសន្សឹមៗ ផងដែរ។ ដោយឡែកចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងខែនេះវិញទាំងការជួញទីជិត ឬទីឆ្ងាយការរកផលចំណូលទោះមិនជួបការលំបាកដូចសព្វមួយដងពិតមែនក្តី តែចូរប្រយ័ត្នមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាដោយប្រការណាមួយ។ រីឯសម្ពន្ធស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់ និងតានតឹងសម្តីដាក់គ្នាណាស់ដែរ៕

    ឆ្នាំម្សាញ់ (ពង្សមនុស្សប្រុស ធាតុភ្លើង)៖ រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំម្សាញ់ក្នុងខែនេះល្អប្រសើរ ឡើងវិញបន្តិចហើយ។ អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងខែនេះវិញមានការជឿនលឿនទៅមុខយឺតម៉្លោះហើយបើចង់បណ្តាក់ទុនអ្វីមួយត្រូវប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយត្រូវអស់ប្រាក់កាសនៅពេលក្រោយ។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នា និងកើតភាពប្រទាំងប្រទើសច្រើន៕

    ឆ្នាំមមី (ពង្សទេវតាស្រី ធាតុភ្លើង)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អក្នុងការសម្រេចចិត្ត ឬទំនាក់ទំនងចរចាការងារអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងផ្តល់ផលមកវិញច្រើនផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅ និងត្រឡប់មកវិញ។ រីឯសម្ពន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងស្រស់ស្រាយប្រពៃណាស់៕

    ឆ្នាំមមែ (ពង្សទេវតាស្រី ធាតុមាស)៖ រាសីស្រុតចុះយ៉ាងខ្លាំង។ នៅខែនេះដោយសារដួងរាសីស្រុតចុះ ម៉្លោះហើយមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារអ្វីមួយសំខាន់ឡើយ ពីព្រោះថាផលអាក្រក់តែងឆ្លើយតបច្រើនជាងល្អជានិច្ច។ ក្រៅពីនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាអ្វីមួយហើយទម្លាក់កំហុសទុកឱ្យ ដែលត្រូវប្រឈមមុខជំនួសគេ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការជម្លោះវិវាទឈានដល់ការបែកបាក់៕

    ឆ្នាំវក (ពង្សយក្សប្រុស ធាុតដែក)៖ រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំស្វាឆ្លងមកដល់ខែនេះល្អប្រសើរមួយកម្រិតឡើងវិញ។ សម្រាប់ខែនេះដែរលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់ និងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលនាំពិបាកក្នុងការទប់ទល់។ ចំណែកបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅក្នុងខែនេះវិញកើតមានការប្រឆាំង​ និងមានរឿងរ៉ាវមិនល្អនោះក៏យាយីច្រើនដែរ៕

    ឆ្នាំរកា (ពង្សមនុស្សប្រុស ធាតុដែក)៖ រាសីស្រុតចុះយ៉ាងខ្លាំង។ នៅខែនេះអ្នកកើតឆ្នាំមាន់ដំណើរជីវិតមិនល្អប្រសើរទេ ម៉្លោះហើយការចរចា ឬទំនាក់ទំនងការងារសំខាន់អ្វីមួយក៏តែងមិនសូវឆ្លើយតបដូចជាទីពេញចិត្តនោះដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកជួបប្រទះនូវចំណូលតិច តែការចំណាយវិញច្រើនធ្វើឱ្យជួបបញ្ហាត្រូវពិបាករែកពន់នោះមានរាប់សិបជំពូក។ ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើស និងបញ្ហាច្រើនយាយី។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ ព្រោះតែការគិតប្រចែប្រចណ្ឌច្រើនម្នាក់ឯង៕

    ឆ្នាំច (ពង្សយក្ខិនី ធាតុដី)៖ រាសីល្អជាមធ្យម។ ខែនេះលោកអ្នកត្រូវរែកពន់ផលលំបាក និងស្មុគស្មាញច្រើន តែបើលោកអ្នកអត់ធ្មត់តស៊ូរើមានៈនោះក៏តែងទទួលជោគជ័យដែរ។ អ្នកប្រកបរបររកស៊ីជួញដូរ មិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផ្លែផ្កាទទួលបានមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ហើយស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

    ឆ្នាំកុរ (ពង្សមនុស្សស្រី ធាតុទឹក)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះអារម្មណ៍ភ្លឺថ្លាហើយធ្វើអ្វីៗក៏តែងជឿនលឿនទៅមុខផងដែរ។ ក្រៅពីនេះបើលោកអ្នកខ្លះជួបបញ្ហារឿងរ៉ាវដោះស្រាយមិនចេញពីបញ្ហាអ្វីមួយកាលពីមុនមក ពេលនេះអាចមានវិធីសម្រាប់ការរកច្រកចេញទៀតផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូល ប៉ុន្តែការចំណាយមានខ្ពស់។ រីឯបញ្ហាសម្ពន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ និងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយ ព្រោះតែចិត្តខ្លាំងរៀងៗខ្លួន៕

  • សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់រថយន្តក្រុងនៅសៀមរាបយប់ម៉ិញមានអ្នកស្លាប់ និងរបួសជិត 30នាក់ (មានវីដេអូ)

    សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់រថយន្តក្រុងនៅសៀមរាបយប់ម៉ិញមានអ្នកស្លាប់ និងរបួសជិត 30នាក់ (មានវីដេអូ)

    គ្រោះថ្នាក់ដែលបណ្តាលឱ្យ​មនុស្សគ្រប់គ្នា​ភ្ញាក់ផ្អើលកាលពីនៅឃុំ​សង្វើយ ស្រុកជីក្រែង​ ខេត្តសៀមរាប កាលពីម៉ោង 3កន្លះទៀបភ្លឺនេះ ត្រូវបានគេរាយការណ៍ថា ​មានមនុស្សស្លាប់កើនឡើងដល់ចំនួន 3នាក់ និងរបួស​ធ្ងន់ស្រាល​ចំនួនជាង2០នាក់ នេះបើយោងតាមសេចក្តីរាយការណ៍ពី​សមត្ថកិច្ច​ស្រុកជីក្រែង។

    មូលហេតុសំខាន់ដែលនាំឱ្យ​មានគ្រោះថ្នាក់ខាងលើនោះ​ត្រូវបានគេដាក់ការសន្និដ្ឋានថា បណ្តាលមកពីតៃកុងរថយន្តងងុយដេក​ ទើបបណ្តាលឱ្យធ្លាក់​ពីលើ​ផ្លូវ​បេតុង តាមបណ្តោយផ្លូវជាតិលេខ6 ចូលទៅក្នុងទឹក នៅចំណុចស្ពាន​ថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

    ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តខាងលើជារបស់ក្រុមហ៊ុន «ថេត ស៊ុនអូ» ជាប្រភេទរថយន្ត 45 កៅអី ព័ណ៌សលាយខៀវ ដោយបើកក្នុងទិសដៅពីកើតទៅលិច៕

    សូមទស្សនាវីដេអូខាងក្រោម៖

  • ត្រឹមតែថ្ងៃទីមួយសោះ ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Pro 2018 ($189), Y9 2018 ($249) និង Nova 3e ($329) លក់ដាច់គ្មានសល់

    ត្រឹមតែថ្ងៃទីមួយសោះ ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Pro 2018 ($189), Y9 2018 ($249) និង Nova 3e ($329) លក់ដាច់គ្មានសល់

    ភ្នំពេញ៖ ទីបំផុតស្មាតហ្វូនស៊េរីថ្មី ឆ្នាំ២០១៨ បីម៉ូដែល Huawei Y7 Pro 2018 ($189), Huawei Y9 2018 ($249) និង Huawei Nova 3e ($329) រ​បស់ក្រុមហ៊ុន Huawei បង្ហាញខ្លួន លើកដំបូង លើទីផ្សារកម្ពុជា និងទទួលបានការគាំទ្រខ្លាំងពីអតិថិជន រហូតអស់ពីស្តុក កាលពីចុងសប្តាហ៏មុន។

    “យើងទទួលបានការកក់ច្រើនលើសពីការរំពឹងទុក សម្រាប់ស្មាតហ្វូនស៊េរីថ្មី៣ម៉ូដែល Huawei Nova 3e (P20 lite), Huawei Y9 2018, និង Huawei Y7 Pro 2018 ហើយមកដល់ភ្លាម គឺថាអស់ភ្លែតតែម្តង។ សម្រាប់អតិថិជនដែលខកខាន អាចកក់បន្ថែមសម្រាប់ស្តុកទី២ឥឡូវនេះ Huawei nova 3e (P20 lite) តម្លៃ $329 ថែមកាសធំ ក្រវិលទម្រទូរសព្ទ ដងSelfie Stick ស៊ីម ស្មាត និងកញ្ចប់ធំម៉្មង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរសព្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង 8 សប្តាហ៍” លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ នៅក្នុងកម្មវិធី ដាក់លក់ស្មាតហ្វូនស៊េរីថ្មីទាំងបីម៉ូដែលប្រចាំឆ្នាំ ២០១៨។

    អតិថិជន អាចកម្ម៉ង់ទុកមុន Huawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249) និង Huawei Y7 Pro 2018 ($189) ដោយគ្រាន់តែ អញ្ជើញទៅកាន់ហាង​លក់ទូរសព្ទនានា ជាពិសេសហាងដែលមានបុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិតលោកអ្នកជាងគេ។

    Huawei nova 3e រឺ P20 lite ជាកំពូលស្មាតហ្វូន​ស៊េរីថ្មីឆ្នាំ ២០១៨ មានរូបរាងស្រស់ស្អាត ទាន់សម័យ ខ្យូតកប់។ ផ្នែកខាងក្រោយ ស្រោបដោយកញ្ចក់ចែងចាងឆើតឆាយថ្មី 2.5D គែមកោងស្រោបដោយលោហធាតុ ជាមួយនឹងបន្ទះឈីប Kirin 659 ប្រើប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ  64GB​, មានអេក្រង់ទំហំ 5.84 អ៊ីញ កម្រិតភាពច្បាស់ 2280×1080 ភិចសែល FHD+ បំពាក់ កាមេរ៉ាភ្លោះក្រោយ ទំហំ 16MP+2MP ទ្រទ្រង់នូវមុខងារ Bokeh (ព្រាលផ្ទៃខាងក្រោយ) និង កាមេរ៉ាមុខទំហំ 16 MP និង Aperture F2.0 មានមុខងារ Face Unlock​, Game Mode, Voice Assistant ប្រើប្រាស់ថាមពលថ្មទំហំ  3000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា fast charging។

    ចំណែកឯស្មាតហ្វូន Huawei Y9 2018 វិញ គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខ មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។

    រីឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.99” ដែលមាន កម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo មានកាមេរ៉ាភ្លោះ ខាងក្រោយទំហំ 13MP+2MP កាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode, បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត, មានជើងទម្ររដាក់ស៊ីមបានពីរ & Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។

    មានវត្តមានក្នុងកម្មវិធី ដាក់លក់ស្មាតហ្វូនស៊េរីថ្មីទាំងបីម៉ូដែលប្រចាំឆ្នាំ ២០១៨ លោក កែវ ចន្ទ័ពន្លឺរស្មី តារា សម្តែង & ជាពិធីករ និង តារាបង្ហាញម៉ូត ភីយ៉ា​ វ៉េកា បានបង្ហាញនូវបទពិសោធន៍ផ្ទាល់ស្របគ្នាថា៖ “សិនមិនគួរឲ្យស្មាតហ្វូន Huawei Nova 3e, Y9 2018 នឹង Y7 Pro 2018 លក់ដាច់ដល់ម្លឹង! តែវាជាការពិត អតិថិជនជាច្រើន​បានមកជាវទូសព្ទដែលខ្លួនកក់ ក៏ដូចជាមានភ្ញៀវថ្មីមក កម្ម៉ង់បន្តជាបន្ទាប់”។

    ប្រញាប់រួសរាន់ឡើង កក់ទុកមុន ស្មាតហ្វូន   Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់មានតម្លៃពិសេស និងកាដូថែមសន្ធឹកសន្ធាប់៕

  • ដំណាំ សណ្ដែកកួរ

    ដំណាំ សណ្ដែកកួរ

    សណ្ដែកកួរ ឬ​ឈ្មោះ​ខាង​វិទ្យាសាស្ត្រ​ហៅថា Vignaunguiculata subsp Sesquipedalis ជា​ដំណាំ​វ​ល្លិ៍​មួយ​ប្រភេទ​ដែលមាន​លក្ខណៈ​ជា​រុក្ខជាតិ​វារ​តោង។ ដើម​ជាវ​ល្លិ៍​ដែល​រឹង និង​ស្វិត មាន​ពណ៌​បៃតងខ្ចី​មួល​រុំ​ព័ទ្ធ​លើ​វត្ថុ​ដែល​យឹត​តោង​បានល្អ ចំណែក​ស្លឹក​ជា​បន្ទះប៉ុនៗបាតដៃ ចែកជា​ស្លឹកតូច3 រាង​បី​ជ្រុង វែង​ប្រមាណ​ជា6-10សង់ទីម៉ែត្រ និង​មាន​ផ្កា​ជា​ចង្កោម មាន​ពណ៌​ស ឬ​ពណ៌​ខៀវខ្ចី។ ឯ​ផ្លែ​មាន​រាង​មូល​តូច​វែង ទំហំ​ទទឹង​ប្រមាណ0.51សង់ទីម៉ែត្រ វែង​ប្រវែង20-60សង់ទីម៉ែត្រ និង​នៅក្នុង​ផ្លែ​មាន​គ្រាប់​មួយចំនួន។ ជា​រុក្ខជាតិ​ដែល​លូតលាស់​បានល្អ ចូលចិត្ត​ធាតុអាកាស​ក្ដៅ មាន​ពន្លឺ​ថ្ងៃ​ពេញ​មួយថ្ងៃ និង​ទទួល​បរិមាណ​ទឹកភ្លៀង​តិច ទើប​គេ​អាច​បណ្ដុះ​ដាំ​បាន​គ្រប់​រដូវ​ពេញ​មួយឆ្នាំ។

    ការដាំដុះ
    ការត្រៀម​ដី : ចាប់ផ្ដើម​ដោយ​ការ​ភ្ជួរ​ដាស់ដី​ជម្រៅ20-30សង់ទីម៉ែត្រ បាច​ស៊ីម៉ង់ត៍​ស ឬ​ជី​លាមក​គោ រួច​ហាល​ដី​ចោល​ប្រមាណ​ជា15ថ្ងៃ បន្ទាប់មក​ទើប​ភ្ជួរ​ម្ដងទៀត​ដាក់​ជីលា​មក​គោឬ​ជីកំប៉ុស​ទ្រាប់​បាតដី​ក្នុអត្រា5គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ2តោន​លើ​ទំហំ​ផ្ទៃដី15ម៉ែត្រ X 100ម៉ែត្រ ដើម្បី​កែសម្រួល​គ្រោង​សាង​ដី​ឱ្យ​ល្អ​ឡើង។ បន្ទាប់ពីនោះ​ក៏​ដាក់​ជី​រូបមន្ត 15-15-15 ក្នុង​អត្រា30គីឡូក្រាម​លើ​ទំហំ​ដី​ដូចខាងលើ ហើយ​ត្រៀម​ជា​រង​ដាំ​ទំហំ​ទទឹង1-1.20ម៉ែត្រ X បណ្ដោយ​តាម​ប្រវែង​ដី X កម្ពស់15-20សង់ទីម៉ែត្រ និង​ពង្រាប​មុខ​លើ​រង​ឱ្យ​ស្មើគ្នា។
    វិធី​ដាំ : ជីករណ្ដៅតូចៗលើ​រង​ឆ្ងាយ​ពីគ្នា50សង់ទីម៉ែត្រ​ពីមួយ​ទៅមួយ ឆ្ងាយ​ពីគ្នា​មួយជួរ70-100សង់ទីម៉ែត្រ មុននឹង​ទម្លាក់​គ្រាប់ពូជ​សណ្ដែកកួរ​ចូលទៅក្នុង​រណ្ដៅ3គ្រាប់ ហើយ​លុបរណ្ដៅ​ដោយ​អង្កាម ឬ​ជី​លាមក​គោ2-3ក្ដាប់​ក្នុង​មួយ​រណ្ដៅ។ បន្ទាប់ពីនោះ​ក៏​ធ្វើ​ទ្រើង ដោយ​យក​មែកឈើវែងៗមក​ដោត​លើដី​ជុំវិញ​រណ្ដៅ រួច​ចង​ផ្គុំ​ចូលគ្នា​ផ្នែក​ចុង​ខាងលើ កម្ពស់​ពី2-2.5ម៉ែត្រពីលើ​រណ្ដៅ​បណ្ដុះ​គ្រាប់នីមួយៗ រួចហើយ​ដាក់​មែកឈើ​វែង​គង​ពាក់​គ្នា​ពី​ទ្រើង​មួយ​ទៅ​ទ្រើង​មួយ មុននឹង​គ្រប​ដោយ​សំណាញ់។ បន្ទាប់ពី​ដាំ​បាន7-15ថ្ងៃ ពេល​កូន​សណ្ដែកកួរ​ចាប់​ផ្ដើមចេញ​ស្លឹក​ពីរ​បី​ហើយ ចូរ​ជ្រើសរើស​ទុក​តែ​ដើម​ណា​ដែល​រឹងមាំ​ល្អ​តែ2ដើម​ក្នុង​មួយ​រណ្ដៅ បន្ទាប់ពីនោះ​កូនដើម​សណ្ដែកកួរ​នឹង​ចាប់ផ្ដើម​តោង​វារ​ឡើងទ្រើង​ក្នុង​រយៈពេល15-20ថ្ងៃ។

    វិធី​មើលថែទាំ និង​ថែរក្សា
    ការ​ស្រោច​ទឹក : គួរ​ស្រោច​ទឹក​មួយថ្ងៃ1ដងរៀងរាល់ថ្ងៃ តែ​ទាំងអស់នេះ​ត្រូវ​ពិចារណា​លើ​ស្ថានភាព​ធាតុអាកាស និង​សភា​ពដី​ផង មិនគួរ​ស្រោច​ទឹក​ជោក​ជ្រុល​ពេក​ដែលនាំឱ្យ​គល់​ដើម​សណ្ដែកកួរ​រលួយ និង​ត្រូវ​ប្រយ័ត្ន​ក្នុងអំឡុង​ពេលចេញ​ផ្កា និង​ចេញ​ក្ដិ​ប មិនគួរ​ឱ្យ​ខ្វះ​ទឹកជា​ដាច់ខាត។
    ការដាក់​ជី : នៅពេល​ដើម​សណ្ដែកកួរ​មាន​អាយុ​បាន​ប្រមាណ​ជា20ថ្ងៃ គួរ​ដាក់​ជី​រូបមន្ត46-0-0 ក្នុង​អត្រា20គីឡូក្រាម​ក្នុង​ទំហំ​ដី15ម៉ែត្រ X 100ម៉ែត្រ លាយ​នឹង​ជី​រូបមន្ត 15-15-15 ក្នុង​អត្រា25គីឡូក្រាម​លើ​ទំហំ​ផ្ទៃដី​ដូចគ្នា។ សម្រាប់​ក្នុងអំឡុង​ចេញ​ផ្កា និង​ចេញ​ផ្លែ គួរ​ដាក់​ជី​រូបមន្ត 13-13-21 ក្នុង​អត្រា30-50គីឡូក្រាម​លើ​ទំហំ​ផ្ទៃដី​ដូចគ្នា ដោយ​បន្ត​ដាក់​ក្នុង15ថ្ងៃ​ម្ដង។
    ការការពារ និង​ការកម្ចាត់​សត្រូវ​ដំណាំ : ការពារ​សត្វល្អិត​សត្រូវ​ដំណាំ​ដោយ​ទឹក​ត្រាំ​ស្លឹក​ស្ដៅឬ​អាចដាក់​សាប៊ូម្សៅ​បន្តិចបន្តួច​លាយ​ជាមួយ​ដើម្បី​ជួយ​ជា​សារធាតុ​ទ្រទ្រង់​ស្លឹក​ឱ្យ​ល្អ​ឡើង។គួរ​បាញ់​ល្បាយ​ទឹក​ថ្នាំ​នេះ​ដាក់​ដើម​សណ្ដែកកួរ​យ៉ាង​ជាប់លាប់ ជាពិសេស​ក្នុងអំឡុង10-15ថ្ងៃ​ដំបូង​នៃ​ការដាំ។ ឧស្សាហ៍​កាត់​ស្លឹក​ចេញ​ខ្លះ​ដើម្បីឱ្យ​ទទួលបាន​ផល​ផ្លែ​សណ្ដែកកួរ​ច្រើនឡើង និង​គួរ​ជ្រួយដី ដកស្មៅ​រៀងរាល់2សប្ដាហ៍​ម្ដង។

    វិធី​ប្រមូល​ផល
    សណ្ដែកកួរ​នឹង​អាច​បេះ​បាន​នៅពេល​មាន​អាយុ55-60ថ្ងៃ ដោយ​អាច​បន្ត​បេះ​ផលិត​ផល​បាន​រៀងរាល់2-4ថ្ងៃ។ គួរ​បេះ​នៅពេល​មាន​ពន្លឺ​ថ្ងៃតិចៗ និង​យក​ចូល​ម្លប់ភ្លាម។ ការ​បេះ​អាច​ធ្វើឡើង​ដោយ​ការ​ក្ដិច​បណ្ដាច់​ចេញពី​ទង ឬ​យក​កន្ត្រៃ​កាត់ និង​គួរ​ជ្រើសរើស​បេះ​តែ​ផ្លែ​ណា​ដែល​មិន​ប៉ោង មាន​ភាពរលូន​ស្រ​លូន​ល្អ និង​មិនគួរ​ទុកឱ្យ​ផ្លែ​ឡើង​ចាស់​ជាប់​នឹង​ដើមឡើយ ព្រោះ​នឹងធ្វើ​ឱ្យទទួល​បាន​ផល​​តិច។ ជាទូទៅសណ្ដែកកួរ​នឹងមាន​អាយុ​ប្រមូល​ផល​យូរ​ប្រមាណ​ជា20-30ថ្ងៃ តែ​បើសិនជា​ចង់​រក្សាទុក​យក​គ្រាប់​ធ្វើ​ពូជគួរ​ទុកឱ្យ​ផ្លែ​ឡើង​ពណ៌​លឿង មិនចាំបាច់​រង់ចាំ​ឱ្យ​ទុំ​ខ្លាំង ក៏​អាច​ប្រឡេះ​គ្រាប់​ចេញមក​ដាក់​ហា​លស​ម្ងួ​ត រក្សាទុក​ពង្រីក​ពូជ​ដាំ​ដុះ​ជា​បន្ត​បានដែរ៕

  • ម៉ាស​បិទមុខ​ធម្មជាតិ ល្អ​សម្រាប់​អ្នក ​រវល់​ការងារ​ច្រើន

    ម៉ាស​បិទមុខ​ធម្មជាតិ ល្អ​សម្រាប់​អ្នក ​រវល់​ការងារ​ច្រើន

    ផ្ទៃមុខ​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ពីព្រោះ​វា​ជា​ផ្នែក​មួយ​ដែល​ទាក់ទាញ​ជាងគេ​នៅក្នុង​ក្រសែភ្នែក​អ្នក​នៅ​ជុំវិញខ្លួន។ ការព្រួយបារម្ភ​ពី​រឿង​សម្រស់​អស់អ្នក​ត្រូវបាន​ទស្សនាវដ្ដី ឡា​រ៉ែ​ន យកចិត្តទុកដាក់​ជានិច្ច ពិតប្រាកដ​ណាស់ ចំពោះ​ការថែរក្សា​ផ្ទៃមុខ​ឱ្យ​ស្រស់ស្អាត វា​មិន​ពិបាក​នោះទេ ដោយ​គ្រាន់​តែមាន​ផលិតផល​ធម្មជាតិ​មួយចំនួន​យកមក​បិទ​លើ​ផ្ទៃមុខ​របស់​អ្នក នោះ​អ្នកនឹង​អាច​ទទួលបាន​នូវ​ផ្ទៃមុខ​ដ៏​ស្រស់ស្អាត​ដូច​បំណង​ជាមិនខាន។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អំពី​ម៉ាស​បិទមុខ​បែប​ធម្មជាតិ​មួយចំនួន ដែល​ងាយស្រួល​ធ្វើ និងនៅក្បែរៗខ្លួន​អ្នក​បំផុត តោះ!! កុំ​រង់ចាំ​យូរ​មក​ជ្រាប និង​យល់ដឹង​ទាំងអស់គ្នា ដើម្បី​សម្រស់​ផ្ទៃមុខ​របស់​អ្នក៖

    1. ស្ត្រ​ប​ប៊ឺ​រី : ចំពោះ​ស្ត្រ​ប​ប៊ឺ​រី មាន​ផ្ទុក​នូវ​ជាតិ​អាស៊ីត​សាលី​សា​ឡិច ដែល​អាច​កម្ចាត់​មុន​បាន​យ៉ាង​ល្អ។ ដូច្នេះ​ស្ត្រ​ប​ប៊ឺ​រី ក៏​ជា​ម៉ាស​ធម្មជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​ផ្ទៃមុខ​របស់​អ្នក​ផងដែរ។

    វិធី​ប្រើ៖ ដោយ​គ្រាន់តែ​កិន​ស្ត្រ​ប​ប៊ឺ​រី​ឱ្យ​ម៉ដ្ឋ រួច​យកមក​លាប​លើ​ផ្ទៃមុខ ហើយ​ទុកចោល​ប្រមាណ1នាទី រួច​លាង​ជាមួយ​ទឹក​ក្កៅឧណ្ហៗ នោះ​អ្នកនឹង​ទទួលបាន​នូវ​ផ្ទៃមុខ​ដ៏​ស្រស់ស្អាត​ជាក់​ជាមិនខាន​ឡើយ។

    2. ខ្ទិះដូង : អ្នក​តែងតែ​យក​ខ្ទិះដូង​ទៅ​លាយ​ធ្វើជា​អាហារផ្សេងៗ ចុះ​តើ​អ្នកដឹង​ទេ​ថា វា​ក៏មាន​ប្រយោជន៍​ចំពោះ​ស្បែក​មុខ​របស់​អ្នក​ដែរ? វា​អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ទន់​ម៉ដ្ឋ​រលោង និង​ស្រស់ថ្លា​បាន។ ទោះបីជា​ដូង​មាន​ផ្ទុក​នូវ​ជាតិ​អាស៊ីត​ធាត់​ច្រើន​បន្ដិច​ក៏ដោយ ក៏​មិនអាច​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ឡើង​ជាតិ​ខ្លាញ់​នោះដែរ។

    3. ផ្លែ​អា​វូ​កាដូ ឬផ្លែ​ប៊័រ : ចំពោះ​ផ្លែ​អា​វូ​កាដូ អ្នក​អាចយ​កវា​មក​ធ្វើជា​ម៉ាសបិទមុខ​បាន​ផងដែរ ពីព្រោះ​វា​ជួយផ្តល់​នូវ​សំណើម​ដល់​ស្បែក​មុខ​របស់​អ្នក​បាន​យ៉ាង​ល្អប្រសើរ។

    វិធី​ប្រើ ៖ អ្នក​ឆ្កឹះ​យកតែ​សាច់​ខាងក្នុង​របស់អា​វូ​កាដូ​មក​បិទ​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ទុកចោល​ប្រមាណ1នាទី រួច​លាង​ទឹក​ចេញ​ឱ្យ​ស្អាត ដោយ​មិនចាំបាច់​ប្រើប្រាស់​ហ្វូ​ន​លាងមុខ​នោះទេ។

    4. ស៊ុត​លឿង : ប្រហែលជា​អ្នក​ធ្លាប់​ដឹង​រួចមក​ហើយពី​អត្ថប្រយោជន៍​របស់​ស៊ុត។ ចុះ​តើ​អ្នកដឹង​ទេ​ថា ស៊ុត​លឿង​ក៏​អាច​កាត់បន្ថយ​មុខ​មាន​ជាតិ​ខ្លាញ់​បានដែរ ហើយ​អាច​កម្ចាត់​បាក់តេរី​លើ​មុខ​បាន​ទៀត។ សាកល្បង​យក​ស៊ុត​ពណ៌​លឿង​មក​ធ្វើជា​ម៉ាស​បិទមុខ នោះ​អ្នកនឹង​បានដឹង​ពី​អនុភាព​នៃ​ការ​បន្តឹង​ស្បែក​មុខ​បាន​យ៉ាង​ប្រសើរ​។

    5. ស្ករ : ចំពោះ​ស្ករ​អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ទន់​ម៉ដ្ឋ និង​ស្រស់ថ្លា​បាន។ ប៉ុន្តែ​មិនមែន​អ្នកយក​ស្ករ​ទាំងស្រុង​ទៅ​លាប​លើ​ផ្ទៃមុខ​នោះទេ គឺ​ត្រូវ​បន្ថែម​ប្រេង​អូ​លីវ​លាយ​ជាមួយ​ផង។

    វិធី​ប្រើ ៖ អ្នក​ត្រូវ​កូរ​ឱ្យ​សព្វ រវាង​ប្រេង​អូ​លីវ និង​ស្ករ រួច​លាប​លើ​ផ្ទៃមុខ នោះ​អ្នកនឹង​ទទួលបាន​នូវ​ស្បែក​មុខ​ស​ស្រស់ថ្លា​ជាមិនខាន។ ម្យ៉ាងទៀត អ្នក​ក៏​អាច​ប្រើ​ស្ករ​ជាមួយ​ស៊ុត​លឿង​បានដែរ។

    6. ល្ហុង : ល្ហុង​ជា​ផ្លែឈើ​ធម្មជាតិ​មួយ​ដែលមាន​រសជាតិ​ឆ្ងាញ់ មិនតែប៉ុណ្ណោះវា​អាចជួយ​ដល់​ស្បែក​មុខ​របស់​អ្នក​បាន​ទៀតផង។

    វិធី​ប្រើ ៖ អ្នក​គ្រាន់តែ​យក​សាច់​ផ្លែ​ល្ហុង​មក​លាប​លើ​មុខ​របស់​អ្នក​ឱ្យ​សព្វ រួច​ទុកចោល​មួយសន្ទុះ នោះ​អ្នកនឹង​ទទួលបាន​នូវ​ផ្ទៃមុខ​ស​ភ្លឺរលោងនិង​ជួយ​កម្ចាត់​កោសិកាចាស់ៗចេញពី​ផ្ទៃមុខ​របស់​អ្នក​បាន​ទៀតផង។

    7. ផ្លែ​ប៉ោម​កិន : ចំពោះ​ផ្លែ​ប៉ោម​កិន មិន​សម្រាប់តែ​កុមារ​បរិភោគ​នោះទេ សូម្បីតែ​អ្នក​ក៏​អាច​ប្រើប្រាស់​វា​យកមក​ធ្វើជា​ម៉ាស​បិទមុខ​បានដែរ ពីព្រោះ​ផ្លែ​ប៉ោម​អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ក្មេង​ជាង​វ័យ​បាន។

    វិធី​ប្រើ ៖ អ្នក​ត្រូវយក​ផ្លែ​ប៉ោម​កិន​នោះមក​លាប​លើ​ផ្ទៃមុខ​របស់​អ្នក រួច​ទុកចោល​ប្រមាណ1នាទី សឹម​លាង​ទឹកចេញ​ជាការ​ស្រេច។ ទាំងនេះជា​ម៉ាស​បិទមុខ​ជាមួយ​ផលិតផលធម្មជាតិ ដែល​អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ស្រស់ស្អាត​បាន ដោយ​មិនចាំបាច់ចំណាយ​លុយ​ច្រើនដើម្បី​ទិញ​ផលិតផលថ្លៃៗនោះទេ។ ដូច្នេះ​សូម​សាកល្បង​ទាំងអស់គ្នា​ណា៎៕

  • តុបតែង​ផ្ទះ… តិច​និក និង​រឿង​ ដែល​គួរ​ដឹង​មុន​សម្រេចចិត្ត​ព្យួរ​កញ្ចក់

    តុបតែង​ផ្ទះ… តិច​និក និង​រឿង​ ដែល​គួរ​ដឹង​មុន​សម្រេចចិត្ត​ព្យួរ​កញ្ចក់

    កញ្ចក់​ធ្វើឱ្យ​បន្ទប់​ដែល​តូចចង្អៀត​មើលទៅ​ធំ​ស្រឡះ​ឡើង ធ្វើឱ្យ​បន្ទប់​ដែល​ងងឹត​មើលទៅ​ភ្លឺស្វាងឡើង តែ​ប្រាកដ​ណាស់​ថាការចង់​នាំយក​ឧបករណ៍​ពិសេស​បែបនេះ​មក​ព្យួរ​នៅក្នុង​បន្ទប់​ឱ្យ​ស្អាត​បាន​នោះ ត្រូវតែមាន​តិច​និក និង​រឿង​ដែល​គួរ​ដឹង​មួយចំនួន ទើប​ថ្ងៃនេះ​យើង​បាន​ជជែក​ជាមួយ​អ្នកជំនាញ​ផ្នែក​នេះ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​នឹង​ការព្យួរ​កញ្ចក់​នេះ មិនថាតែ​ទីតាំង​ដែល​ត្រូវ​ព្យួរ ឬ​ការព្យួរ​ឱ្យ​បានល្អ​ស្អាត​បែប​អ្នក​តុបតែង​ផ្ទះ​អាជីព​ក៏ដោយ។

    ត្រៀមខ្លួន​មុន​ចាប់ផ្ដើម​ដាក់តាំង ឬ​ព្យួរលោកអ្នក​ត្រូវ​ដឹង​ជាមុនសិន​ថា មិនមែន​កញ្ចក់​គ្រប់​ប្រភេទ​សុទ្ធតែស័ក្តិសម​ក្នុងការ​នាំយកមក​ព្យួរ​នោះទេ អ្នក​គួរ​ជ្រើសរើស​ប្រភេទ​របស់​កញ្ចក់ និង​រូបរាង​ទ្រង់ទ្រាយ​កញ្ចក់ដែល​ស័ក្តិសម។ ក្រៅពីនោះ​នៅ​ត្រូវ​មក​មើល​ពី​រឿង​ឧបករណ៍​សម្រាប់​ព្យួរ​ទៀតផង ព្រោះ​លោកអ្នក​មិនអាច​ប្រើ​ត្រឹមតែ​ខ្សែ​មួយ​សរសៃ​ជាមួយនឹង​ដែក​ថ្ពក់ ឬ​ដែកគោល​មួយ​ដើម​ក្នុងការ​ព្យួរ​កញ្ចក់​នោះទេ ព្រោះ​វា​នឹង​គ្មាន​សុវត្ថិភាព។ ក្នុងការ​ព្យួរ​កញ្ចក់​នេះ លោកអ្នក​ត្រូវ​បំពាក់​ទំ​ពក់ ឬ​វាយ​ដែកគោល​ជាប់​នឹង​ជញ្ជាំង​ឱ្យមាន​ចំនួន​ស្មើនឹង​រន្ធ​ថ្ពក់​នៅ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទាំង​កញ្ចក់។ សម្រាប់​រឿង​ទីតាំង​នែ​ការព្យួរ​វិញ យើង​ណែនាំ​ថា គួរ​ព្យួរ​កញ្ចក់​នៅលើ​ជញ្ជាំង​ឱ្យ​ខ្ពស់​បន្តិច ហើយ​សេ​រេ​ឱ្យ​កញ្ចក់​រាង​ងោក​មក​ខាងមុខ​បន្តិច ដើម្បីឱ្យ​ឆ្លុះ​ឃើញ​ទិដ្ឋភាព​របស់​បន្ទប់​បាន​ធំ​ទូលាយ។

    ត្រូវ​ព្យួរ​កញ្ចក់​យ៉ាងណា​ល្អ?
    ក្នុង​បន្ទប់ទឹក: ជាធម្មតា​នៅក្នុង​បន្ទប់ទឹក នៅ​ខាងលើ​អាង​ឡា​បូ​សម្រាប់​លាងដៃ លុបមុខ តែងមាន​កញ្ចក់​បែប​គ្មាន​គែម ឬ​ស៊ុម​បំពាក់​ជាប់​នៅលើ​ជញ្ជាំង​ស្រាប់​ហើយ តែ​ត្រង់នេះ​បើ​លោក​អ្នកយក​ស៊ុមស្អាតៗទៅ​បំពាក់​ជុំវិញ​កញ្ចក់​នោះ​ផង នឹង​ធ្វើឱ្យ​កាន់តែ​ចង់​សម្លឹងមើល​ខ្លាំង​ឡើង​ទៀត (វិធី​នេះ​សន្សំសំចៃ​ប្រាក់​ជាង​ការ​ដោះ​កញ្ចក់​
    ចាស់​នោះ​ចេញ ហើយ​ទិញ​កញ្ចក់​ថ្មី​យកមក​ដាក់ជំនួស)។
    នៅលើ​ជញ្ជាំង​ដែល​ពិបាក​ចោះ​ព្យួរ: រឿង​សំខាន់​ក្នុង​ចំណុច​នេះ​គឺ ត្រូវ​ជ្រើសរើស​ប្រើ​ដែកស្វាន​ឱ្យ​ត្រូវ​ប្រភេទ​ដែល​សម្រាប់​ចោះ​កែវ ចោះ​ឥដ្ឋការ៉ូ ឬ​ចោះ​ជញ្ជាំង​ស៊ីម៉ង់ត៍ បន្ទាប់ពីនោះ​ក៏​ប្រើ​ឧបករណ៍​ដែល​ស័ក្តិសម​សម្រាប់​ព្យួរ​កញ្ចក់​នៅលើ​ទីនោះ​ដូចដែល​ព្យួរ​នៅលើ​ជញ្ជាំង​ទូទៅ​ដែរ។
    នៅលើ​ទ្វារ: ជ្រើសរើស​ប្រើ​កញ្ចក់​បែប​ពេញ​មួយ​ជំហរ និង​រៀបចំ​ទីតាំង​ឱ្យ​សមល្មម​នឹង​ទ្វារ​ឱ្យ​ខ្លាំង​បំផុត ហើយ​ប្រើ​ឧបករណ៍​ព្យួរ​កញ្ចក់​មកចាត់ការ​ឱ្យ​រៀបរយ។ ផ្នែក​សំខាន់​ដែល​លោកអ្នក​ត្រូវ​សង្កេត​គឺ ទ្វារ​ដែល​នឹង​ព្យួរ​កញ្ចក់​នោះ ត្រូវធ្វើ​ពី​វត្ថុ​ដែលមាន​សាច់​រឹង ទើប​បំពាក់​រួមជាមួយ​ឧបករណ៍​ព្យួរ​កញ្ចក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    តើ​ត្រូវ​ព្យួរ​កញ្ចក់​នៅក្នុង​បន្ទប់​ណា​ល្អ?
    – កញ្ចក់​បែបស្អាតទំនើបៗ គួរ​ព្យួរ​នៅក្នុង​បន្ទប់​ទទួលទាន​បាយ​ទើប​ស័ក្តិសម​បំផុត ជាពិសេស​បើ​លោកអ្នក​មាន​ចង្កៀងគោម​រំយោល​នៅលើ​ពិ​ដាន​ចំ​កណ្ដាល​បន្ទប់​ផង​នោះ វា​នឹង​ចាំង​ជះ​ពន្លឺ​ធ្វើឱ្យ​ភ្លឺ​ស្រស់ស្អាត​ទ្វេ​ឡើង តែ​គួរ​ប្រយ័ត្ន បើ​ចង្កៀងគោម​រំយោល​នោះ​មាន​អំពូល​ភ្លើង កញ្ចក់​អាច​នឹង​ជះ​ពន្លឺ​ពី​អំពូល​ភ្លើង​ធ្វើឱ្យ​ចាំង​ភ្នែក​បាន។
    – ទីកន្លែង​នៅក្នុង​ផ្ទះ​ដែល​ស័ក្តិសម​នឹង​ការ​មាន​កញ្ចក់​ខ្លាំង​បំផុត​គឺ បរិវេណ​បន្ទប់​ធំ​ផ្លូវ​ចូល​ផ្ទះ ព្រោះ​វា​មិនមែន​ត្រឹមតែ​ធ្វើឱ្យ​ស្អាត​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើឱ្យ​បន្ទប់​នេះ​មើលទៅ​ធំ​ស្រឡះ និង​មាន​ពន្លឺ​ភ្លឺ​ល្អ​ទៀតផង។

    គន្លឹះល្អៗ
    – បន្ទប់​ដែលមាន​ពិ​ដាន​ខ្ពស់ ស័ក្តិសម​សម្រាប់​កញ្ចក់​បែប​បញ្ឈរ ខណៈដែល​បន្ទប់​ដែល​រាង​ទ្រវែង ស័ក្តិសម​នឹង​ផ្ទាំង​កញ្ចក់​បែប​ផ្ដេក។
    – គិត​ឱ្យ​ច្បាស់​ជាមុនសិន បើ​ចង់​ព្យួរ​កញ្ចក់​នៅក្នុង​កន្លែង​ដែល​មានការ​រើរុះ​ជាប់​ជានិច្ច និង​បើ​ចង់​ព្យួរ​កញ្ចក់​នៅលើ​ក្បាល​ដំណេក លោកអ្នក​គួរ​ហៅ​អ្នកជំនាញ​មក​បំពាក់​ឱ្យ ព្រោះ​វា​នឹងមាន​សុវត្ថិភាព​ជាង​លោកអ្នក​បំពាក់​ដោយ​ខ្លួនឯង៕

  • ទម្លាយ​អាថ៌កំបាំង នៃគុណប្រយោជន៍​ទឹកសូដា ដែល​អ្នក​មិនគួរ​មើលរំលង

    ទម្លាយ​អាថ៌កំបាំង នៃគុណប្រយោជន៍​ទឹកសូដា ដែល​អ្នក​មិនគួរ​មើលរំលង

    គុណប្រយោជន៍​របស់​ទឹក​សូ​ដា​នៅក្នុង​អត្ថបទ​នេះ គឺ​ការយកមក​លាងមុខ ​ដើម្បី​ធ្វើការ​បើក​រន្ធ​រោម​លើ​ផ្ទៃមុខ ក្នុងការ​ក​ម្ចាត់​ធូលី និង​វត្ថុ​កខ្វក់​នៅលើ​ផ្ទៃមុខ ព្រោះ​នៅក្នុង​ទឹក​សូ​ដា មាន​សារធាតុ​ម្យ៉ាង​ដែលមាន​អនុភាព​ចូលទៅ​​ខាងក្នុង​រន្ធ​រោម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​ទឹក​ធម្មតាហើយ​ជួយ​លាង​សម្អាត​មេរោគ និង​វត្ថុ​កខ្វក់​ចេញពី​រន្ធ​រោមនៅលើ​ផ្ទៃមុខ​បានយ៉ាង​ប្រសើរ។ ​ខណៈ​ដែល​រន្ធ​រោម​លាង​សម្អាត​ហើយ​នោះ វា​ក៏បាន​បិទ​បង្រួម​ឱ្យ​តឹង​ស្អាត​វិញ ដែល​មិន​ធ្វើឱ្យ​កើត​មុន និង​ជួយ​ឱ្យ​ស្បែ​កមុខ​ភ្លឺ​រលោង​​បាន​ផងដែរ។ គ្រាន់តែ​យក​ទឹក​សូ​ដាម​កលុប​លាងមុខ​រប​ស់​អ្នក​ភ្លាមនោះ អ្នក​នឹងមាន​អារម្មណ៍​ថា ស្បែក​មុខស្រស់​ស្រាយ តឹង​ណែន គ្មាន​ខ្លាញ់ និង​ធូលី​ដី ព្រមទាំង​មិន​ធ្វើឱ្យ​ស្បែក​មុខ​ងាយ​នឹង​ធ្លា​ក់យារ ឬ​មាន​ស្នាម​ជ្រីវជ្រួញ​បាន​ទៀត​ផង។

    លក្ខណៈ​នៃ​អនុភាព​របស់​ទឹក​សូ​ដា
    1. ទឹក​សូ​ដាជួយបឺត​យក​ធូលី និង​ប​ញ្ច្រៀ​ប​ចូល​រន្ធ​រោម
    2. ក​ម្ចាត់​ធូលី​កខ្វក់​ចេញពី​រន្ធ​រោម
    3. រន្ធ​រោម​ចាប់ផ្ដើម​បណ្តឹង និង​បង្រួម​ជិត
    4. លាងសម្អាត​រន្ធ​រោម ដោយ​ប​ញ្ជូ​ល​សារធាតុ​ទឹក​សូ​ដា​នៅក្នុង​រន្ធ​រោម។

    នេះ​គឺជា​វិធី​ក្នុង​ការលាង​សម្អាត​ស្បែក​មុខជា​មួយ​ទឹក​សូ​ដា ហើយ​អ្នកក៏អាច​លាង​សម្អាត​ស្បែកមុខ​ដែល​បាន​ផាត់​គ្រឿង​សម្អាង​​ជាមួយ​ទឹក​សូ​ដា​ដូចគ្នា ដើម្បីឱ្យ​មុខ​របស់​អ្នក​ស្អាត និង​ស្រស់ថ្លា​បំផុត។

    1. សម្រាប់​អ្នក​ដែលមាន​ស្បែក​ស្ងួត និង​ស្បែក​ធម្មតា
    ប្រើ​ទឹក​សូ​ដា​ធម្មតា លាយ​ផ្សំ​ជាមួយ​ទឹក​សូ​ដា​ដែលមាន​សារធាតុ​រ៉ែ​ខ្ពស់ លាយ​ប​ញ្ជូ​ល​គ្នា​នៅក្នុង​អាង​លាងមុខ​ដែល​សមល្មម​សម្រាប់លាង​មុខ​របស់​អ្នក បន្ទាប់មក​ត្រូវ​ជ្រមុជ​មុខ​ចូលទៅ​ត្រាំ​ជាមួយ​ទឹក​សូ​ដា​ក្នុង​រយៈពេល10-20វិនាទី។ អនុវត្ត​បែបនេះ​រាល់​សប្ដាហ៍ ឬ2-3ដងក្នុង​មួយ​សប្ដាហ៍ នោះ​ស្បែក​មុខ​របស់​អ្នក​នឹក​លែងមាន​មុន ព្រមទាំងស្នាម​អុច​ខ្មៅនៅលើផ្ទៃ​មុខ​ទៀតផង តែ​បែរ​ជាមាន​ផ្ទៃមុខ​ស្រស់ថ្លា​វិញ។

    2. សម្រាប់​ស្បែក​មុខខ្លាញ់
    ប្រើ​ទឹក​សូ​ដា​ដែលមាន​សារធាតុ​រ៉ែ​ច្រើន យកមក​ចាក់​ចូល​អាង​លាងមុខ រួច​ជ្រមុជ​មុខ​ចូល​ដូចគ្នា។បន្ទាប់មក​កុំ​ទាន់​ជូត​មុខ​ឱ្យ​សោះ ត្រូវ​ប្រើ​ទឹក​សូ​ដា​ធម្មតា​ចាក់​ចូល​អាង​លាងមុខ​ម្ដងទៀត រួច​ជ្រមុជ​មុខ​រយៈពេល10-20វិនាទី ហើយ​លាងមុខ​ចេញជាការ​ស្រេច​។ ធ្វើបែបនេះ 3ដង​ក្នុង​មួយ​សប្តាហ៍ សារធាតុ​រ៉ែ​ដែលមាន​នៅក្នុង​ទឹក​សូ​ដា នឹង​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់ និង​អាច​ការពារ​មិនឱ្យ​ឡើង​ខ្លាញ់​មុខ​នៅក្នុង​រយៈពេល​វែង​បាន​ថែម​ទៀតផង។

    ពាក្យ​ណែនាំ
    មិនគួរ​ជ្រមុជ​មុខ​ក្នុងទឹកល្បាយក្នុង​រយៈពេល​យូរពេកនោះ​ទេ ព្រោះ​អាច​បណ្ដាលឱ្យ​របកស្បែកមុខបាន ហើយ​ប្រសិនបើ​នៅ​ពេល​អនុវត្ត​មាន​អាកា​រឡើងក​ន្តួ​ល​រមាស់ ឬមាន​សភាពមិនប្រក្រតី​ចំពោះ​ស្បែ​កមុខ អ្នក​គួរតែបញ្ឈប់​ការអនុវត្ត​ជាបន្ទាន់ ពោល​គឺ​​ដើម្បី​ការពារ​ស្បែ​កមុខ និង​សុំ​ការណែនាំ​ពី​គ្រូពេទ្យ​ស្បែក​មុនពេល​អនុវត្ត។ ហាម​ចំពោះ​ក្រុមមនុស្ស​ដែលមាន​ស្បែក​មុខ​ងាយ​រង​ការ​រលាក (ស្បែកងាយប្រតិកម្ម) ស្បែក​មុខ​ស្ដើង​ឡើង​សរសៃ និង​ស្បែ​កមុខ​មាន​បញ្ហា​ជាមួយ​គ្រឿងសម្អាង អ្នក​គួរ​ទទួល​ការណែនាំ​ពី​គ្រូពេទ្យ​ជំនាញ​ជាមុនសិន៕

  • នារី​ដែល​ចូលចិត្ត​កោរ​រោម​ផ្នែកខាងក្រោមញឹកញាប់គួរ​អាន​អត្ថបទ​នេះ

    នារី​ដែល​ចូលចិត្ត​កោរ​រោម​ផ្នែកខាងក្រោមញឹកញាប់គួរ​អាន​អត្ថបទ​នេះ

    ជឿថា​សុភាពនារី សុភាពបុរស​ជាច្រើន​នាក់​នៅពេលដែល​បាន​ចម្រើន​វ័យ​ពេញក្រមុំ និង​ពេញ​កំលោះ រមែង​តែងមាន​អារម្មណ៍ ​និង​ការអង្កេត​ភាពខុសប្រក្រតី​ផ្នែកខ្លះៗនៅលើ​រាងកាយ ជាពិសេស​នោះ​គឺ​ត្រង់​តំបន់ពិសេសតែម្ដង។ អាវយវៈ​ភេទមាន​រោម​ដែល​បាន​ដុះ​ឡើង​នៅ​បរិវេណ​នោះ ​បណ្ដាលឱ្យ​មនុស្ស​មួយចំនួន​មាន​អារម្មណ៍​រំខាន​ខ្លាំង​មែនទែន រហូតដល់ថ្នាក់ត្រូវ​កម្ចាត់​​រោម​ចោល​ដោយការ “កោរ” រោម​នៅ​បរិវេណ​តំបន់​ពិ​សេសេនោះព្រោះ​វា​ជា​វិធីសាស្ត្រ​តែមួយ​ប៉ុណ្ណោះ​ដែលមាន​ភាព​ងាយ​ស្រួល និង​មិនមាន​ភាពឈឺចាប់។

    តើ​អ្នកនាង កញ្ញា បានដឹង​ទេ​ថា ការដែល​យើង​ធ្វើការ​កោរ​រោម​នៅ​បរិវេណ​តំបន់​ពិសេស​នេះ គឺមាន​គ្រោះថ្នាក់​ចំពោះ​ប្អូនស្រី និង​ប្អូនប្រុសរបស់អ្នក​ប៉ុណ្ណា? ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​អត្ថបទ​ដែលមាន​សារៈសំខាន់​មួយ​នេះ គឺមាន​ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​និយាយ​ពី​ការ “កោរ​រោម” នៅ​ចំណុច​អាវយវៈ​ភេទ ដែល​បាន​បន្ថែម និង​បង្កើត​ឱកាស​នៃ​ការឆ្លង​មេរោគ​ដល់​
    ប្រដាប់ភេទ​យ៉ាងច្រើន។

    អ្នកស្រាវជ្រាវ​បាន​អះអាងថា មានការ​បោះ​ពុ​ម្ពផ្សាយ​របស់​ការពិសោធ Journal of Sexually​ Transmitted បានធ្វើការ​រាយការណ៍​ពី​ការសម្ភាស​ជាមួយ​វេជ្ជបណ្ឌិតល្បីៗនៅក្នុង​សហរដ្ឋ​អាម​រិ​កពាក់ព័ន្ធ​ជាមួយ​បញ្ហា​នៃ​ការ​កាត់ និង​កោរ​រោម​នៅ​បរិវេណ​តំបន់ពិសេសរបស់​ពួកក្រុម​មនុស្ស​ដែល​និយម​សម្អាត​អាវយវៈ​ភេទ​ឱ្យមាន​សភាព​ស្រឡះ​ស្អាត។ គេ​បាន​រកឃើញថា មាន​ក្រុម​មនុស្ស80% ដែលមាន​ការ​កោរ​រោម​ប្រដាប់ភេទ​ហើយ​បាន​ឆ្លង​មេរោគ STI (SEXUALLY TRANSMITTED INFECTION) ឬ​មេរោគ​កាម​រោគ។ STI គឺជា​មេរោគ​ដែល​ជាប់​តាម​មកពី​ការ​រួមភេទ​តាមមាត់ រន្ធ​គូទ និងទ្វារមាស ដែល​បណ្ដាលឱ្យ​កើតមាន​ជំងឺស្វាយ​ ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា និង​ជំងឺ​ប៉េ​ស​នៅលើ​ប្រដាប់ភេទ។

    បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវ​បាន​រកឃើញថាមាន​ស្ត្រី​ដែល​ងាក​មក​ប្រើ​ផ្លែ​ឡា​ម ​ឬ​ក​ន្ទ្រៃ ដើម្បីកោរ​រោម​នៅ​តំបន់​ប្រដាប់ភេទ​ប្រមាណ​ជា1ក្នុងចំណោម5នាក់ រួមទាំង​បុរស​ផងដែរ​នោះ បានកើត​ជំងឺ​នេះ ក៏​ព្រោះតែ​នៅពេលដែល​ពួកគេ​ធ្វើការ​កោរ​នៅ​បរិវេណ​តំបន់​នោះ បណ្ដាលឱ្យ​មានការ​ដាច់​រលាត់​ចេញឈាម ​និង​មាន​ផ្លែ​សាច់ហើយ​ងាយ​នឹង​ឆ្លង​មេរោគ​បំផុត​នៅពេលដែល​ពួកគេ​ធ្វើ​ការ​​រួមភេទ។ យ៉ាងណាក៏ដោយ “រោម​ដែល​នៅក្នុង​បរិវេណ​តំបន់​ពិសេស” មានគុណ​ប្រយោជន៍​ចំពោះ​រាងកាយ ព្រោះ​វា​អាចជួយ​ការពារ​សីតុណ្ហភាព​ក្នុង​រាងកាយ​របស់​អ្នក និងជួយ​ការពារ​អាវ​យវៈ​ភេទ​មិនឱ្យ​កកិត ដាច់​រលាត់ជាមួយ​ខោ​ក្នុង​បាន បន្ថយ​អាការ​ឈឺចាប់​នៅពេល​រួមភេទ​ផងដែរ៕