Author: ធឿន មករា

  • គន្លឹះល្អៗ4យ៉ាងក្នុងការ​ចិញ្ចឹម​កូន​ឆ្នាំ2018 ឱ្យ​ក្លាយជា​មនុស្ស​ពូកែ ចរិតល្អ មិន​កេងប្រវ័ញ្ច

    គន្លឹះល្អៗ4យ៉ាងក្នុងការ​ចិញ្ចឹម​កូន​ឆ្នាំ2018 ឱ្យ​ក្លាយជា​មនុស្ស​ពូកែ ចរិតល្អ មិន​កេងប្រវ័ញ្ច

    មិន​ថានរណាៗក៏​ចង់​បានកូន​ដែល​ឆ្លាត​វាងវៃ រៀន​ពូកែ ធំ​ឡើង​ក្លាយជា​មនុស្ស​ល្អ និង​ទទួលបាន​ជោគជ័យ​ក្នុងតួនាទី​ការងារ​ដែរ តែ​រឿង​ទាំងអស់នេះ​ក៏​អាច​នឹង​អាស្រ័យ​លើ​ការចិញ្ចឹម​មើលថែ​យ៉ាងសំខាន់​ដែរ។ យើង​នាំគ្នា​មក​មើលថា តើ​គន្លឹះល្អៗ 4យ៉ាង​ក្នុងការ​ចិញ្ចឹម​កូន​ឱ្យ​ក្លាយជា​មនុស្ស​ល្អឥតខ្ចោះ​មាន​អ្វីខ្លះ?

    1. ធ្វើកិច្ចការផ្ទះ
    លោកឪពុក​អ្នក​ម្ដាយជាច្រើនៗតែ​ចិញ្ចឹម​កូន​បែប​បណ្ដោយ​តាមចិត្ត​កូន​ច្រើន​ជ្រុលពេក ដែល​អ្នកគ្រូ ឆវី ក៏​យល់ចិត្ត​ដែរ​ថា ព្រោះតែ​ស្រឡាញ់ មិន​ចង់ឱ្យ​កូន​នឿយហត់ ចង់ឱ្យ​កូន​យកចិត្តទុកដាក់​តែ​លើ​ការរៀនសូត្រ ទើប​បណ្ដា​ឪពុកម្ដាយ​មាមីង​តា​យាយ​បណ្ដោយ​តាមចិត្ត​កូនចៅ​តាំងពី​តូច មិនដែល​ឱ្យធ្វើ​ការងារ​ផ្ទះ​អ្វី​ឡើយ មាន​អ្នក​ធ្វើឱ្យ​គ្រប់យ៉ាង ដោយ​មិន​បានដឹង​ឡើយ​ថា រឿង​ទាំងអស់នោះ​នឹងធ្វើ​ឱ្យ​ក្មេង​មាន​ទម្លាប់​និស្ស័យ​មិនល្អ​នៅពេល​ធំ​ឡើង​ក្នុង​វ័យ​ត្រូវ​ចូល​សង្គម​នឹង​លំបាក។ការហាត់​ឱ្យ​កូន​ធ្វើ​ការងារ​ផ្ទះ នឹង​ជួយ​ឱ្យ​ក្មេង​មាន​ភាព​ទទួលខុសត្រូវ ស្គាល់​តួនាទី​របស់​ខ្លួនឯង​តាំងពី​នៅ​តូច នៅពេល​ធំ​ឡើង​ក៏​នឹង​អាចធ្វើ​ការ-ងារ​រួមជាមួយ​អ្នកដទៃ​បាន​យ៉ាង​គ្មាន​បញ្ហា។

    2. បណ្ដោយ​តាមចិត្ត​បាន តែ​ត្រូវមាន​ហេតុផល
    លោកឪពុក​អ្នក​ម្ដាយ​ជាច្រើន​នាក់ (រួមទាំង​ពូ​មីង​អ៊ំ​តា​យាយ​ផងដែរ) នៅពេល​មើលឃើញថា កូន​ចង់បាន​អ្វី ឬ​ដឹងថា​ចៅ​ត្រូវការ​អ្វីក៏​ច្រើនតែ​ទិញ​មកឱ្យ​បែប​គ្មាន​ហេតុផល​អ្វី​ទាំងអស់មិន​ថា​របស់​នោះ​មានតម្លៃ​ថ្លៃ​លើស​ភាពចាំបាច់​ឬ​អត់​ក៏ដោយ សុំ​ត្រឹមតែ​អា​ល្អិត​ចង់បាន មិនយូរប៉ុន្មាន​វត្ថុ​នោះ​ក៏​នឹងត្រូវ​ទិញ​មកឱ្យ​ដល់ផ្ទះ​មិន​ខាន។ ការ​បណ្ដោយ​តាមចិត្ត​ក្មេង​ខ្លាំង​ជ្រុល​ពេក អាច​ហុចផល​អាក្រក់​ដល់​ក្មេង​នាពេលអនាគតបាន ធ្វើឱ្យ​ក្មេង​មិន​ស្គាល់​ការ​ទប់​សង្កត់ចិត្តមិនចេះ​អត់ទ្រាំ និង​មិន​ស្គាល់​ពាក្យ​ថា​គ្រប់គ្រាន់តែ​ក៏​មិនបាន​មានន័យថា នឹង​ហាម​មិនឱ្យ​ទិញ​អ្វី​ឱ្យ​កូន​នោះទេ គ្រាន់តែ​មុននឹង​ទិញ គួរឱ្យ​កូន​ទៅ​គិត​ជាមុនសិន​ថា ហេតុផល​ដែល​ត្រូវ​ទិញ​នោះ​គឺ​អ្វី និង​អាច​នឹង​សាកល្បង​ឱ្យ​កូន​ទៅ​ស្វែងរក​ព័ត៌មាន​ប្រៀបធៀប​រវាង​វត្ថុ​ដែល​ចង់បាន​ក្នុងម៉ាក​យីហោនីមួយៗនោះ​វា​ខុសប្លែកគ្នា​យ៉ាងណា? តម្លៃ​មួយណា​ថ្លៃជាង? ព្រោះ​អ្វី? រួចហើយ​សឹម​មក​ប្រាប់​ឪពុកម្ដាយ និង​ចាំ​ទិញ​ឱ្យ​កូន។​ ដែល​សំខាន់​នោះ​គឺ វា​ថែមទាំង​មាន​ផល​ល្អ​ចំពោះ​ឪពុកម្ដាយ​ទៀតផង ព្រោះ​ពេលខ្លះ អ្វីដែល​កូន​ចង់បាន​នោះ ឪពុកម្ដាយ​ដូច​រូបយើង​អាច​នឹង​មិនដែល​ស្គាល់​ពីមុនមក​ផង​ថា វា​ល្អ ឬ​មិនល្អ​យ៉ាងណា​នោះ?

    3. បង្ហាត់​ឱ្យ​កូន​ចេះ​ចាយលុយ
    ការចេះ​សន្សំ​លុយ​ឱ្យបានច្រើនៗ គឺជា​រឿង​ល្អ តែ​ពេលខ្លះ​លោកឪពុក​អ្នក-​ម្ដាយ​គួរតែ​បង្ហាត់​ឱ្យ​កូន​ចេះ​ចាយលុយ​ខ្លះ​ផង ដូចជា ​ថ្លៃ​នំ​បន្តិចបន្តួច ឬ​បង្ហាត់​ឱ្យ​កូន​សន្សំ​លុយដើម្បី​របស់​ដែល​ខ្លួនគេ​ចង់បាន​ណាមួយ​ក្រោយពី​អធិប្បាយ​ពី​ហេតុផល​ប្រាប់​ឪពុកម្ដាយ​តាម​ចំណុច​ទី2 រួចហើយ។ ការបង្ហាត់​ឱ្យ​កូន​ចេះ​ចាយលុយ​បន្តិចបន្តួច​នឹង​ជួយ​ឱ្យ​កូន​ធំ​ឡើង​ក្លាយជា​មនុស្ស​ចេះ​យល់ចិត្ត​អាណិតអាសូរ​អ្នកដទៃ និង​ស្គា​ល់ពី​ការឱ្យ និង​ការលះបង់។

    4. ប្រើពេល​វេលា​នៅ​រួមគ្នា​ជា​គ្រួសារ
    ឪពុកម្ដាយ​គួរប្រើ​ពេលវេលា​រួមគ្នា ទៅ​ដើរលេង​ជាមួយគ្នា​ជា​គ្រួសារ ឬ​សូម្បីតែ​ពេល​នៅផ្ទះ​ក៏ដោយ​គួរ​ចាត់ចែង​ពេលវេលា​សម្រាប់​គ្រួសារ​ដើម្បី​ជជែក​គ្នា ឬ​ធ្វើ​អ្វីមួយ​រួមគ្នា។ ក្មេង​ខ្លះ​នៅពេល​ចាប់ផ្ដើម​ធំ​ឡើង​ក៏​ច្រើន​តែមាន​ពិភព​ផ្ទាល់ខ្លួន​របស់គេ នៅតែ​ក្នុង​បន្ទប់ មិន​ចេញមក​និយាយស្ដី​ជាមួយ​មនុស្ស​ក្នុង​គ្រួសារ។ ការរៀបចំ​ពេលវេលា​នៅ​ជាមួយគ្នា​នឹងជួយ​រឹតចំណង​សម្ពន្ធភាព​របស់​សមាជិក​គ្រប់គ្នា​ក្នុង​គ្រួសារ ដូច្នេះ​ទើប​គួរ​រក​ពេលវេលា​ធ្វើ​កិច្ចការងារ​រួមគ្នា​ឱ្យបាន​ច្រើន។

    កុំភ្លេចថា ពេលវេលាមួយខែៗ មួយឆ្នាំៗកន្លងផុតទៅ​ឆាប់រហ័ស​ណាស់ ថែមទាំង​មិនអាច​ថយ​ត្រឡប់​ទៅវិញ​បាន​ទៀតផង ដូច្នេះ​បើ​ឪពុកម្ដាយ​ប្រើពេល​វេលា​រួមគ្នា​មក​តាំងពី​កូន​នៅក្នុង​ផ្ទៃ​រហូត​ដល់ពេល​កូន​ធំធាត់​ឡើង ក៏​នៅតែ​ធ្វើ​ដូច​មុន​ដដែល​នោះ នឹងធ្វើ​ឱ្យ​កូន​បានទទួល​ភាពកក់ក្ដៅ​ពី​ឪពុកម្ដាយ ដែល​វា​នឹង​ហុច​ផល​ល្អ​ដល់​ការរៀន​យល់ដឹង​របស់​ក្មេង ព្រោះ​នៅពេល​ផ្លូវចិត្ត​មាន​សេចក្ដីសុខ​ហើយ ខួរក្បាល​ក៏​នឹង​អភិវឌ្ឍ​ទៅតាម​នោះដែរ៕

  • វិធី​កែខៃ​បញ្ហា​សក់​ប្រកបដោយ​ប្រសិទ្ធភាព

    វិធី​កែខៃ​បញ្ហា​សក់​ប្រកបដោយ​ប្រសិទ្ធភាព

    មាន​បញ្ហាផ្សេងៗគ្នា​ជាច្រើន ដែល​ពាក់ព័ន្ធ​ជាមួយនឹង​សុខភាព​សក់​របស់​អ្នក ដែល​ក្នុងនោះ​មានដូចជា បញ្ហា​សក់​ជ្រុះ សក់​ដាច់ សក់​ស្ងួត សក់​បែក​ចុង សក់​មិនមាន​ភាពរឹងមាំ សក់​មិន​ស្រស់ស្អាត​ជាដើម ហើយ​បញ្ហា​អស់ទាំងនោះ​បណ្តាលមកពី​ហេតុផល​មួយចំនួន​ដូចជា តំណពូជ ភាព​តានតឹង ការថែរក្សា​សក់​ដែល​មិន​ត្រឹមត្រូវ ពេលវេលា អាកាសធាតុ កម្តៅថ្ងៃ ការប្រើប្រាស់​ផលិតផល​ខុស មាន​ជំងឺ ការប្រើ​ឱសថ​ខ្លាំង កង្វះ​សារធាតុចិញ្ចឹម ឬ​កត្តា​អ័រម៉ូន​ជាដើម។ បង្កើត​ទម្លាប់​មួយចំនួន​សម្រាប់​ខ្លួន​អ្នក ប្រសិនបើ​ចង់​កែខៃ​បញ្ហា​មួយចំនួន​ដែល​កំពុង​កើតឡើង​ចំពោះ​សក់​របស់​អ្នក សូម​អាន​បន្ត​ជាមួយនឹង​ទម្លាប់​ទាំងនោះ​ដូចខាងក្រោម។

    – អាហារ​ល្អ សក់​ស្អាត: អាហារកំពូលៗសម្រាប់​ការជួយ​ឱ្យ​សក់​រឹងមាំ​មានដូចជា ត្រី​សាល​ម៉ុ​ន បន្លែ​បៃតងចាស់ សណ្តែក ធញ្ញជាតិ សាច់​បក្សី ស៊ុត គ្រាប់​ផ្លែឈើ អយ​ស្ទ័​រ ការ៉ុត និង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ទាប។

    – កម្ចាត់​ភាព​តានតឹង: ភាព​តានតឹង​មាន​ផលប៉ះពាល់​ច្រើនជាង​អ្វីដែល​អ្នក​បានគិត។ ការធ្វើ​ចិត្ត​ឱ្យ​ស្ងប់ និង​លំ​ហាត់ប្រាណ អាចនិយាយបាន​ថា​ជា​ទង្វើ​ដ៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែលមាន​អារម្មណ៍​បែបនេះ។

    – ម៉ាស្សា​ក្បាល​ឱ្យបាន​ញឹកញាប់: ព្រោះ​វា​អាចជួយ​ធ្វើឱ្យ​ឈាម​រត់​បាន​ស្រួល សក់​ដុះ​លូតលាស់​បាន​លឿន​ជាង​មុន។

    – លាង​សក់​ជាមួយ​ទឹកខ្មេះ: មុនពេល​កក់សក់ អ្នក​អាច​លាង​សក់​របស់​អ្នក​ជាមួយ​ទឹកខ្មេះ នឹង​ជួយ​ធ្វើឱ្យ​ស្បែកក្បាល​ស្អាត សក់​ភ្លឺរលោង កម្ចាត់​អង្គែ​បាន​យ៉ាង​មា​ន​ប្រសិទ្ធភាព។

    – កំណត់​បរិមាណ​សាប៊ូ: សូម​ពិនិត្យមើល​លើ​បរិមាណ​សក់​របស់​អ្នក ហើយ​ប្រើ​សាប៊ូ​ឱ្យ​សមល្មម​ជាមួយនឹង​សក់​របស់​អ្នក​បាន​ហើយ កុំ​ប្រើ​សាប៊ូ​ច្រើន​ជ្រុល​ពេក ឬ​តិចពេក។

    – កុំ​ជូត​ត្រដុស​សក់​ខ្លាំង: បើ​អ្នក​ជូត​សក់​ដោយ​កន្សែងពោះគោ កុំ​ត្រដុស​វា​ខ្លាំងពេក ព្រោះ​វា​បណ្តាលឱ្យ​សក់​បែក​ចុង។ ព្យាយាម​ប្រើ​កន្សែង​ដែលមាន​សរសៃតូចៗដែល​អាច​ជ្រាប​ទឹកបាន​ច្រើន​វិញ​ប្រសើរ​ជាង។

    – ជ្រើសរើស​ក្រែ​ម​អប់​សក់: ក្រែ​ម​អប់​សក់​ដែល​អាច​ជ្រាបចូល​ជ្រៅ​ទៅក្នុង​សរសៃសក់ គឺជា​រឿង​ល្អ​បំផុត ព្រោះ​វា​អាច​រក្សា​ភាព​ទន់​នៃ​សក់ ធ្វើឱ្យ​សក់​មាន​សុខភាព​ល្អ និង​មាន​សំណើម។

    – ជ្រើសរើស​ក្រាស​សិតសក់: បន្ទាប់ពី​ងូតទឹក​រួច សិតសក់​របស់​អ្នក​ដោយ​ក្រាស​ធ្មេញ​រង្វើល ឬ​ប្រើ​ម្រាមដៃ គួរជៀសវាង​យកក្រាស​ធ្មេញ​ញឹក​មក​ប្រើ​នៅពេលដែល​សក់​របស់​អ្នក​សើម។

    – កុំ​គេង​ទាំង​សក់​សើម: ស​ម្ងួ​ត​សក់​របស់​អ្នក​ឱ្យ​ស្ងួត​ជាមុនសិន ជាពិសេស​គឺ​ផ្នែក​ខាង​គល់​សក់ មុននឹង​អ្នក​ចូលទៅ​គេង។ បើ​អ្នក​ប្រើ​ម៉ាស៊ីន​ផ្លុំ​ស​ម្ងួ​ត​សក់ អ្នក​ត្រូវ​ប្រើ​កម្តៅ​ទាប​បំផុត។

    – តម្រឹម​សក់: អ្នក​គួរ​កាត់​តម្រឹម​សក់​របស់​អ្នកជា​រៀងរាល់ខែ ដើម្បី​កាត់បន្ថយ​បញ្ហា​សក់​បែក​ចុង៕

  • តោះ​កាត់សក់​ខ្លី​ម្តង​មើល៎ ស្វាគមន៍​រដូវក្តៅ​ឆ្នាំនេះ!

    តោះ​កាត់សក់​ខ្លី​ម្តង​មើល៎ ស្វាគមន៍​រដូវក្តៅ​ឆ្នាំនេះ!

    គ្រាន់តែ​ចូលដល់​រដូវក្តៅ​ភ្លាម អារម្មណ៍​ក្តៅស្អុះ​ស្អាប់​ក៏​ចូល​មកដល់​ដែរ។ សក់វែង​ពិតជា​ស្រស់ស្អាត តែបើ​និយាយ​ពី​អាកាសធាតុ​វិញ គឺ​មិន​អំណោយផល​ដល់​ភាពស្រស់ស្អាត និង​ការទម្លាក់​សក់​រសាយ​សោះ! បើ​អី​ុ​ចឹ​ង តោះ​នាំគ្នា​លេង​ម៉ូដ​សក់​ខ្លី​ម្តង​មើល៎! សូម​ពិនិត្យមើល​ម៉ូដ​សក់​ដែលមាន​នៅក្នុង​ទំព័រ​ម៉ូដ​សក់ ឡា​រ៉ែ​ន ហើយ​ជ្រើសរើស​ម៉ូដ​សក់​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត តែ​កុំ​ភ្លេច​យក​រូបភាព​ទៅ​បង្ហាញ​ជាងកាត់សក់​ផង​ណា៎ ប្រយ័ត្ន​កាត់​ហើយ​ម៉ូដ​មិន​ដូចគ្នា​នាំ​តែ​ខកចិត្ត។ កុំ​ភ្លេច​សុំ​ការណែនាំ​ពី​ជាងកាត់សក់​ជំនាញ​ផង​ណា៎! ព្រោះ​ម៉ូដ​សក់​ខ្លះ​ស្រស់ស្អាត​ណាស់ តែ​មិនត្រូវ​ជាមួយនឹង​ទម្រង់​មុខ និង​ស្ទីល​របស់​អ្នកក៏​អាច​ថា​បានដែរ។ ដូច្នេះ​សូម​ទទួល​យោបល់​ពី​អ្នកជំនាញ និង​ធ្វើការ​សម្រេចចិត្ត​ឱ្យបាន​ច្បាស់ មុននឹង​កាត់សក់​ខ្លីដើម្បីឱ្យ​អារម្មណ៍​ស្រស់ស្រាយ​នា​រដូវក្តៅ​នេះ។ ទោះយ៉ាងណា ក៏​សក់​គង់តែ​ដុះ​វែង​វិញ​ទេ តែ​ឱកាស​លេង​ម៉ូដ​សក់​ខ្លី​ឱ្យ​ត្រូវ​ជាមួយ​ពេលវេលា និង​អាកាសធាតុ​គឺ​មួយឆ្នាំ​មានតែ​នៅក្នុង​រដូវក្តៅ​នេះ​ទេ។ ដូច្នេះ​កុំ​ខ្លាច​ក្នុងការ​ផ្លាស់ប្តូរ​ស្ទីល​ម៉ូដ​សក់​របស់​អ្នក​អី​ណា៎! តោះ​កាត់សក់​ខ្លី​បែប​ទាន់សម័យ​សម្រាប់​រដូវ​ក្តៅ​នេះ៕

  • វិធី3យ៉ាងជួយ​ឱ្យ​កូន​ខ្ពស់​ឡើង ទោះជា​ឪពុកម្ដាយ​ទាប​ក៏ដោយ…

    វិធី3យ៉ាងជួយ​ឱ្យ​កូន​ខ្ពស់​ឡើង ទោះជា​ឪពុកម្ដាយ​ទាប​ក៏ដោយ…

    ឪពុកម្ដាយជាច្រើន​ចង់ឱ្យ​កូន​មាន​រូបរាង​ខ្ពស់តែ​គួរ​ចាប់ផ្ដើម​យ៉ាងណា​ស្រួល​ទៅ? ចង់ឱ្យ​កូន​ខ្ពស់ តែ​ឪពុកម្ដាយ​មិន​ខ្ពស់ តើ​ត្រូវ​ធ្វើយ៉ាងណា?​ មុនដំបូង យើង​នាំគ្នា​មក​យល់ដឹង​ជាមុនសិន​ថា កម្ពស់​របស់​កូន​នេះ​វា​អាស្រ័យ​លើ​ពូជ​អម្បូរ​ជា​បច្ច័យ​សំខាន់ តែ​នឹង​ខ្ពស់​បាន​ប៉ុន្មាន​នោះ មាន​ហែ្ស៊ន​ជាច្រើន​គូ​ដែល​នឹង​ហុច​ផល​ជាមួយគ្នា ដូច្នេះ មិនមែន​ថា បើ​ទាំង​ឪពុក​ទាំង​ម្ដាយ​ទាប កូន​ច្បាស់​ជា​មិន​ខ្ពស់ ហើយក៏​មិនមែន​ថា ទាំង​ឪពុក​ទាំង​ម្ដាយ​សុទ្ធតែ​ខ្ពស់ នឹងធ្វើ​ឱ្យ​កូន​របស់​អ្នក​ខ្ពស់​ខ្លាំង​ដូចគ្នា​នោះទេ!

    ចង់ឱ្យ​កូន​ខ្ពស់ ធ្វើយ៉ាងណា?
    ដូចដែល​បាន​រៀបរាប់​រួចមកហើយ​ថា កម្ពស់​របស់​កូន​អ​ស្រ័យ​លើ​ពូជ​អម្បូរ និង​ហែ្ស៊ន​របស់​ឪពុកម្ដាយ​ជា​បច្ច័យ​ចម្បង តែ​ក៏មាន​បច្ច័យ​បន្ថែមផ្សេងៗទៀត​ដែល​នឹង​ជួយ​ក្នុងការ​បង្កើន​កម្ពស់រ​បស់​កូន​បានដែរ ដោយ​ធ្វើតាម​វិធី​ដូចតទៅ​នេះ ៖

    1. ញ៉ាំ​អាហារ​ឱ្យ​ត្រូវ កុំ​ភ្លេច​កាល់ស្យូម
    ភោជនាហារ​ដែល​ល្អ មាន​ចំណែក​ជួយឱ្យ​កូន​លូត​កម្ពស់​ឡើង​បាន លោកឪពុក​អ្នក​ម្ដាយ​គួរឱ្យ​កូន​បាន​ញ៉ាំ​អាហារ​ដែលមាន​ប្រយោជន៍ និង​ចាំបាច់​សម្រាប់​ក្មេង ទាំង​សារធាតុ​រ៉ែ វីតាមីន កាបូ​ហាយ​ដ្រេ​ត និង​ខ្លាញ់ ហើយ​ដែល​សំខាន់​នោះ​គឺ កុំ​ភ្លេច​ញ៉ាំ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ផង។ ក្រៅពី​អាហារ​ដែលមាន​ប្រយោជន៍ និង​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ហើយ ទឹកដោះគោ ឬ​អាហារ​ដែលមាន​កាល់ស្យូម​ខ្ពស់​ក៏​នឹងធ្វើ​ឱ្យ​ឆ្អឹង​រឹងមាំ​ឡើង​ដែរ ព្រោះ​កាលស្យូម​មាន​ភាព​សំខាន់​ដល់​ការរីកចម្រើន​ធំធាត់​របស់​ក្មេង​ខ្លាំងណាស់ ដោយ​ស្ថាប័ន​សុខភាព​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក​បានផ្ដល់​ព័ត៌មាន​ថា កុមារ​អាយុ1-3ឆ្នាំ គួរ​បានទទួល​កាល់ស្យូម700មី-​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ ចំណែក​កុមារ​អាយុ4-8ឆ្នាំ គួរ​បានទទួលកាល់ស្យូម 1,000មី​ល្លី​ក្រាម​ក្នុងមួយថ្ងៃ និង​នៅពេល​អាយុ 9-18ឆ្នាំ គួរ​បានទទួល​កាល់ស្យូម 1,300មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ។

    2. គេង​ឱ្យ​គ្រប់គ្រាន់ និង​ទៀងពេល
    បើ​ចង់ឱ្យ​កូន​ខ្ពស់ ត្រូវ​ព្យាយាម​ឱ្យ​កូន​គេង​លក់បាន​យ៉ាង​គ្រប់គ្រាន់ ព្រោះ​ពេលដែល​កំពុង​គេង​លក់​នោះ ជា​ពេលវេលា​ដែល​អ័រម៉ូន​ការ​ចម្រើន​ធំធាត់​កំពុងធ្វើការ។ សម្រាប់​ក្មេង​តូច គួរ​គេង​លក់​ឱ្យបាន10-13ម៉ោង​ក្នុង​មួយ​យប់ អ្វីដែល​សំខាន់​គឺ បើ​ចង់ឱ្យ​កូន​ខ្ពស់ និង​មាន​សុខភាព​ល្អ គួរឱ្យ​កូន​ចូល​គេង និង​ភ្ញាក់​ឱ្យ​ទៀងពេល​រៀងរាល់ថ្ងៃ​ផងទោះជា​ថ្ងៃ​ឈប់​ សៅរ៍-អាទិត្យ​ ក៏ដោយ។

    3. ឱ្យ​កូន​ហាត់ប្រាណ
    បើ​ចង់ឱ្យ​កូន​ខ្ពស់ លោកឪពុក​អ្នក​ម្ដាយគួរឱ្យកូនមាន​ពេលវេលា​សម្រាប់​ហាត់ប្រាណ​ប្រមាណ​ជា60នាទី​ក្នុង​មួយថ្ងៃ​ផង ព្រោះ​ការហាត់​ប្រាណ​មិនមែន​ជួយ​ត្រឹមតែ​រឿ​ងកម្ពស់​ និង​ការ​ចម្រើន​ធំធាត់​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​ការពារ​មិនឱ្យ​កើតរោគ​ធាត់​ចំពោះ​កូនក្មេង​បាន​ទៀតផង ឬ​បើសិនជា​មិនសូវមាន​ពេលវេលា​ប៉ុន្មាន ក៏​បបួល​កូន​កម្រើក​ដៃ​កម្រើក​ជើង​បន្តិចបន្តួច​ក៏​ល្អ​ដែរ ដូចជា បបួលគ្នា​ទៅ​ដើរលេង ឬ​ដើរទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ក៏បាន។

    ចង់ឱ្យ​កូន​ខ្ពស់ ធ្វើយ៉ាងណា​ស្រួល?
    បើ​រកឃើញថា កូន​មាន​ភាពខុសប្រក្រតី​រឿង​កម្ពស់ ចូរ​ប្រញាប់​ទៅរក​លោកគ្រូ​ពេទ្យ។ បើសិន​កូន​របស់លោក​អ្នកមាន​ភាពខុសប្រក្រតី​មែនទែន ដូចជា ទាប​ជាង​មធ្យមភាគ​របស់​កុមារ​ក្នុង​វ័យ​ដូចគ្នា​ច្រើន​ជ្រុល​ពេក ឡា​រ៉ែ​ន ​សូម​ណែនាំ​ថា លោកឪពុក​អ្នក​ម្ដាយ​គួរ​នាំ​កូន​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជំនាញ​ប្រសើរ​ជាង ព្រោះ​រឿង​នោះ​អាច​មានន័យ​ពីភាពខុសប្រក្រតី​របស់​រា​ង​កាយ​បាន។

    យ៉ាងណាក៏ដោយ អ្វីដែល​លោកឪពុក​អ្នក-​ម្ដាយ​គួរ​យកចិត្តទុកដាក់ និង​បង្ហាត់បង្រៀន​កូន​ខ្លាំង​បំផុត​នោះ​គឺ ឱ្យគេ​ជឿជាក់​លើ​ខ្លួនឯង​ប្រសើរ​ជាង ទោះជា​រូបរាង​របស់គេ​ទាប ឬ​ខ្ពស់​ក៏ដោយ និង​ដែល​សំខាន់​នោះ​គឺ កុំ​សង្កត់ធ្ងន់​តែ​លើ​រឿង​កម្ពស់​តែ​ម្យ៉ាង គួរ​សង្កត់ធ្ងន់​លើ​រឿង​សុខភាព​រឹងមាំ​ផង​ទើប​ជាការ​ប្រសើ​របំផុត៕

  • ចំណុចល្អៗរបស់​ការ​មានកូន

    ចំណុចល្អៗរបស់​ការ​មានកូន

    ទោះ​ជាការ​មានកូន​ត្រូវ​លីសែង​បន្ទុក​ដ៏​ច្រើន​តាំងពី​ពេល​ចាប់ផ្ដើម​តាំង​គភ៌ និង​ជីវិត​ឯកជន​សួនតួ​ដែល​ធ្លាប់មាន​នឹង​បាត់បង់​ទៅ​បន្តិចម្ដងៗ លែង​សល់​ពេលវេលា​សម្រាប់​សេចក្ដីសុខ​របស់ខ្លួន​ឯង​ក៏ដោយ តែ​ការ​បាន​បំពេញ​តួនាទី​ជា​ឪពុក និង​ម្ដាយ គឺ​ការ​បានប្រគល់​នូវអ្វីដែលល្អៗបំផុត​ទៅដល់​កូន ទោះជា​ហត់នឿយ​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​មនុស្ស​ភាគច្រើន​នៅតែ​យល់ស្របដូចៗគ្នា​ដែរ​ថា ការ​មានកូន​គឺជា​រឿង​ល្អ និង​ជា​បទពិសោធ​នៃ​សេចក្ដីសុខ​មួយ​នៅក្នុង​ជីវិត​ដែល​ពួកគេ​នឹង​បានទទួល ហើយ​ខាងក្រោម​នេះ គឺជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ធ្វើឱ្យ​មនុស្ស​សម្រេចចិត្តថា ការ​មានកូន​គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​ដ៏​អស្ចារ្យ​របស់​ជីវិត។

    1. ការ​មានកូន ធ្វើឱ្យ​គ្រួសារ​កាន់តែ​ឥតខ្ចោះ​ឡើង: ទោះជា​ក្រុមគ្រួសារ​ខ្លះ​មានអ្វីៗគ្រប់យ៉ាង​សម្បូរ​បែបយ៉ាង​ល្អ​ហើយ ទាំង​តួនាទី​ការងារ ភាពរឹងមាំ​ស្ថិតស្ថេរ និង​ស្ថានភាព​ហិរញ្ញវត្ថុ ដែល​អាច​រស់​នៅបាន​យ៉ាង​មាន​ឥស្សរៈ និង​មាន​ពិភព​ផ្ទាល់ខ្លួន​ដ៏​សែន​សុខ​សប្បាយ​ហើយក៏​ដោយ តែ​ការ​មានកូន​សម្រាប់​គ្រួសារ​ជាច្រើន​បែរជា​ធ្វើឱ្យ​ជីវិត​ដែល​សម្បូរបែប​ឥតខ្ចោះ​ស្រាប់​ហើយ​នោះ មើលទៅ​កាន់តែ​សម្បូរបែប​ខ្លាំង​ឡើងទៅ​ទៀត។

    2. ជួយ​បន្ត​នាមត្រកូល​របស់​ក្រុមគ្រួសារ: ក្រុមគ្រួសារ​ខ្លះ​ដែល​រស់នៅ​ជាមួយគ្នា​ជា​គ្រួសារ​ធំ​មួយ ការ​មានកូន គឺជា​គោលបំណង​មួយ​ក្នុង​ការជួយ​បន្ត​នាមត្រកូល​ឱ្យ​អាច​គង់វង្ស​នៅ​តទៅទៀតបាន ដោយ​ភាគច្រើន​តែង​ជួបប្រទះ​នៅក្នុង​ក្រុមគ្រួសារ​ជនជាតិ​ចិន​ច្រើនជាង​ក្រុមគ្រួសារ​ខ្មែរ​យើង។

    3. សង្ឃឹម​ពឹងពាក់​បាន​នៅពេល​ចាស់ជរា: អ្នក​ដែល​សម្រេចចិត្ត​មានកូន ភាគច្រើន​សុទ្ធ​តែមាន​សេចក្ដី​សង្ឃឹមថា កូនៗរបស់ខ្លួន​នឹង​អាចជួយ​ជាទី​ពំនាក់​បាន​នៅពេល​ខ្លួន​ចាស់ជរា ជាពិសេស​បញ្ហា​សុខភាព​ដែល​ចូលមក​ញាំញី និង​ក្នុង​គ្រា​ដែល​មិន​អាចជួយ​ខ្លួនឯងបាន ក៏​នឹងបានកូនៗជា​អ្នក​នៅ​ជួយ​មើលថែទាំ​ក្នុង​គ្រា​ចុងក្រោយ​នៃ​ជីវិត។

    4. មាន​មនុស្ស​ម្នាក់ទៀត ដែល​យើង​ស្រឡាញ់ និង​ស្រឡាញ់​យើង: ការ​មានកូន​ធ្វើឱ្យ​យើង​បានប្រគល់​សេចក្ដីស្រឡាញ់​ទៅឱ្យ​មនុស្ស​ម្នាក់ទៀត​ដែលជា​សាច់ឈាម​ពូជពង្ស​របស់​យើង។ មាន​សេចក្ដីសុខ​ដែល​បានឃើញ​សេចក្ដីស្រឡាញ់​អំពី​កូន និង​យើង​ក៏បាន​ប្រគល់​ទៅឱ្យគេ​យ៉ាង​ពេញ​ហៀរហូរ​ដូចគ្នា។

    5. មាន​អ្នក​ជជែក​កំដ​កែ​អផ្សុក: ការ​មានកូន​ធ្វើឱ្យ​ជីវិត​មាន​មនុស្ស​ម្នាក់ទៀត​ចូលមក​ជា​ផ្នែក​មួយ​ស្ទើរតែ​គ្រប់​អំឡុងពេល​របស់​យើង។ ពេល​ដែលមាន​អារម្មណ៍​ថា ឯកោ​អផ្សុក ក៏មាន​កូន​មក​ធ្វើជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ឪពុកម្ដាយ​មាន​អារម្មណ៍​ថា ខ្លួនឯង​មិនបាន​នៅ​ឯកា​ឡើយ។ ធ្វើ​ទាំង​ជា​មិត្ត​ជជែក​កំដ និង​មិត្ត​ដើរលេង​កម្សាន្ត​ដ៏​សែន​ទុកចិត្ត និង​រឹត​តែមាន​សម្ពន្ធ​ភាពជា​មួយ​គ្នា​ស្អិតល្មួត​ប្រៀបដូចជា​មិត្ត​ជិតស្និទ្ធ រឹតតែ​ធ្វើឱ្យ​ជីវិត​របស់​យើង​ដូច​មាន​មិត្ត​ជួយ​គិត​នៅ​ជាមួយ​គ្រប់ពេលវេលា​ដែល​ត្រូវការ។

    6. បន្ថែម​ភាពសប្បាយ​រីករាយ​ក្នុង​ជីវិត​គ្រួសារ​ច្រើនឡើង: ជឿថា ការ​មានកូន​នឹង​ជួយ​បង្កើន​ភាពសប្បាយ​រីករាយ​ឱ្យ​ជីវិត​គ្រួសារ​កាន់តែ​ស្រស់ថ្លា​ឡើង ពេញ​ទៅដោយ​សំឡេង​សើច​ក្អាកក្អាយ និង​ស្នាមញញឹម​របស់​បណ្ដាក្មេងៗនៅក្នុង​ផ្ទះ​ខ្លាំង​ជាង​ការរស់នៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ។

    7. បាន​រៀន​យល់ដឹង​យ៉ាង​គ្មាន​ទីបញ្ចប់: អ្នក​ម្ដាយ​នឹង​បាន​ហ្វឹកហាត់​ការធ្វើជា​គ្រូ រហូត​ក្លាយជា​ការងារ​បន្ថែម បាន​ស្គាល់​នូវ​សេចក្ដីស្រឡាញ់​យ៉ាងពិត​ប្រាកដ និង​ស្គា​ល់ពី​ការផ្ដល់ឱ្យ​ដោយ​មិន​សង្ឃឹម​ការ​តបស្នង បាន​សាកល្បង​ខុស​ផង​ត្រូវ​ផង រៀន​យល់ដឹង​ទៅជា​មួយ​កូន និង​សរសេរ​អត្ថបទ​ជីវិត​ដោយ​ខ្លួនឯង ព្រោះ​នៅក្នុង​ជីវិត​ពិត គ្មាន​រូបមន្ត​មេរៀន​កំណត់​ច្បាស់​នោះឡើយ។

    8. ជួយ​ឱ្យ​ខួរក្បាល​ម្ដាយ​អភិវឌ្ឍ: អាច​រាប់បាន​ថា ជា​ភាព​អស្ចារ្យ​មួយទៀត​របស់​ធម្មជាតិ​ដែល​ត្រៀម​សមត្ថភាពផ្សេងៗឱ្យចូល​គ្នា​ជាមួយ​អំឡុង​វ័យ​របស់​មនុស្ស​យ៉ាងពិត​ប្រាកដ ព្រោះ​មានការ​ស្រាវជ្រាវ​មួយ​បាន​បញ្ជាក់ថា “ខួរក្បាល​របស់ម្ដាយ​ក្រោយ​ប្រសូត​បុត្រ​រួច​នឹងមាន​ផ្នែក​ខ្លះ​រីកធំឡើង ដើម្បីឱ្យ​ម្ដាយ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ទប់ទល់​ជាមួយភាព​សាកល្បងថ្មីៗក្នុងការ​ចិញ្ចឹម​ថែទាំ​កូន”។

    9. ប្រយោជន៍​របស់​ការ​មានកូន (ដែល​អ្នក​នឹកស្មាន​មិន​ដល់): ក្នុង​រឿងផ្សេងៗទៀត​ក៏​ដូចគ្នា​ដែរ អ្នកនឹង​ក្លាយជា​អ្នកបើកបរ​រថយន្ត​ដែលមាន​ការប្រយ័ត្នប្រយែង​ខ្ពស់​ឡើង​រហូត​ក្លាយជា​ទម្លាប់។ ទទួលបាន​សិទ្ធិពិសេសៗជាងគេ​ច្រើនឡើង(ដូចជា ពេល​ឡើង​ជិះ​រថយន្តក្រុង នឹងមាន​អ្នក​ក្រោក​ទុក​កៅអី​ឱ្យ​រូបអ្នក​ដែល​កំពុង​តាំង​គភ៌​អង្គុយជាដើម)។ បាន​សម្រក​ទម្ងន់​បែប​មិនចាំបាច់​តម​អាហារ ជាពិសេស​ពេល​ចាញ់កូន អំឡុងពេល​បំបៅកូន ឬ​ពេល​លេង​ជាមួយ​កូនជាដើម។ សេចក្ដីសុខ​ដែល​អាច​រកបាន​យ៉ាង​ងាយ(ដូចជាការ​បាន​សើច និង​មាន​សេចក្ដីសុខ​ពេល​កូន​ធ្វើ​អ្វីកំប្លែងៗឱ្យឃើញ ជាដើម)។ បាន​ឱប​កូន បាន​ពកូន​ដោយ​គ្មាន​ពេល​កំណត់។ មាន​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ ហើយកូន​នឹង​នៅតែ​ស្រឡាញ់​ម្ដាយ​ជានិច្ច ទោះជា​នៅ​ថ្ងៃ​ដែល​ម្ដាយ​យ៉ាប់យ៉ឺន​បំផុត​ក៏ដោយ។ បាន​ហ្វឹកហាត់​សិល្បៈ​ការសម្ដែង និង​កាយវិការផ្សេងៗគួបផ្សំ​ពេលនិយាយ​រឿងនិទាន​ឱ្យ​កូន​ស្ដាប់។ បាន​ប្រឡែង​ជាមួយ​កូន ជឿ​ចុះ​ថា ពិតជា​សប្បាយ និង​មាន​សេចក្ដីសុខ​ខ្លាំងណាស់។ បាន​អាន​សៀវភៅ​ដែល​ខ្លួន​ចូលចិត្ត​កាល​នៅ​ក្មេង(តែ​វើ​ហ្សឹ​ន​ថ្មី) បាន​ទិញ​របស់​លេង​ដែលធ្លាប់​ចង់បាន​កាលពី​នៅ​តូចឱ្យទៅ​កូន។ បាន​ត្រឡប់​ទៅ​សប្បាយបែបក្មេងៗម្ដងទៀត​ជាមួយ​កូន​ដោយ​គ្មាន​អ្នកណា​ថាអី​ឱ្យ ហើយបើ​អ្នក​ញ៉ាំ​អី​ហើយ​កំពប់រ​ឡេ​ករ​ឡាក់ អ្នកដទៃ​នឹង​គិតថា កូន​របស់​អ្នកជា​អ្នកធ្វើ​កំពប់ មិនមែន​អ្នកទេ(ហាស​ហាស​ហា) និងច្រើនៗទៀត​ដែល​ពោរពេញ​ទៅដោយ​ក្ដីសប្បាយ​រីករាយ​ជាមួយកូនៗគ្មាន​ទីបញ្ចប់៕

  • យល់ដឹងពីរបៀបថែរក្សាស្បែកមិនឱ្យមានអាចម៍រុយក្នុងអំឡុងពេលរដូវក្តៅ

    យល់ដឹងពីរបៀបថែរក្សាស្បែកមិនឱ្យមានអាចម៍រុយក្នុងអំឡុងពេលរដូវក្តៅ

    ជឿជាក់ថា សុភាព​នារី​ទាំងឡាយពិតជាមាន​ក្ដីបារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​ឡើង​អាចម៍រុយ​ខ្លាំង​នៅក្នុង​អំឡុងពេល​រដូវ​ក្ដៅ។ ត្រូវ​កម្ដៅថ្ងៃ​ខ្លាំង​បណ្ដាលឱ្យ​ស្បែក​ឆាប់​ខូច ឆាប់​ជាំខ្មៅ ខ្លះទៀត​សង្កេតឃើញ​មាន​ឡើង​អាចម៍រុយ​ពេញ​ខ្លួន និង​ស្បែ​កមុខ ជាហេតុ​បណ្ដាលឱ្យ​អ្នក​មិន​សប្បាយចិត្ត​នោះទេ។ ទោះបីជាអ្នក​ប្រាថ្នា​ចង់បាន​សម្រស់ស្រស់​ស្អាត ប៉ុន្ដែ​វា​មិនមែន​សុទ្ធតែ​បានសមដូច​បំណងនោះទេ ដូច្នេះទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​រៀបរាប់​ពី​របៀបងាយៗបំផុត​ដែល​ធ្វើឱ្យ​ស្បែករបស់អ្នកនៅតែ​ស្រស់ថ្លា និងជួយ​កម្ចាត់អាចម៍រុយ ទោះបីជា​មានអាកាសធាតុ​ក្ដៅ​យ៉ាងណាក៏ដោយ។

    1. ប្រទាល​កន្ទុយក្រពើ
    ប្រទាល​កន្ទុយក្រពើ​ពិតជា​ងាយស្រួល​ណាស់ ​វា​មាន​ប្រយោជន៍​លើសលប់​ចំពោះសម្រស់ស្បែក​មុខ​របស់​អ្នក។ ប្រទាល​កន្ទុយក្រពើ​សម្បូរ​ទៅដោយ​ជាតិ​ទឹក ជួយ​សម្អាត​ស្បែកបំបាត់​មុខ និងការ​រលោក ព្រមទាំងជួយសម្រាល​បញ្ហា​ស្បែកផ្សេងៗ ​ធ្វើ​ឱ្យ​​ស្បែក​សរ​លោង​ទៀតផង វា​ក៏​ជួយ​កម្ចាត់​ស្នាម​អា​​ច​ម៍រុយ​ថែម​ទៀតផង។ អ្នក​គ្រាន់តែ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​លើ​ស្បែក​មុខ​របស់​អ្នក ទុកចោល20នាទីរួច​លាង​ទឹកចេញជាការ​ស្រេច។ ការធ្វើ​បែបនេះមាន​ប្រយោជន៍​ចំពោះ​ស្បែករបស់អ្នកខ្លាំ​ង​ណាស់​តែត្រូវប្រើ​រយៈពេល​យូរបន្តិច វា​អាស្រ័យ​លើ​ការព្យាយាម​របស់​អ្នក។

    2. ទឹកដោះគោ​ស្រស់
    ទឹកដោះគោ​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម និង​សារធាតុ​ល្អជា​ច្រើន​ជួយ​ដល់​ស្បែក ប្រឆាំង​នឹង​ការ​រលាក ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា​រលោង​ចែងចាំង វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថាជាឱសថជួយ​ព្យាបាល​អាចម៍រុយ​នៅលើ​ស្បែក​ផងដែរ។ អ្នក​គ្រាន់តែ​​យក​​សំលី​ផ្តិត​ទឹកដោះគោស្រស់មកជូត​សម្អាតស្បែកមុខ ទុកចោលរយៈពេល10នាទី រួច​លាងចេញ​ជាមួយនឹងទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។

    3. ទឹកក្រូច​ឆ្មារ
    ទឹកក្រូច​ឆ្មារ​សម្បូរ​ទៅដោយ​អាស៊ីត​នីទ្រិច និងវី​តា​មីន​ C ជាច្រើន ​ជួយ​ថែរក្សា​ស្បែកឱ្យ​ស្រស់ថ្លា​បំបាត់​មុន ជាំខ្មៅ​ដោយសារ​កម្តៅ​ថ្ងៃ និង​ជួយ​បំបាត់​អាចម៍រុយបាន​ទៀតផង។ អ្នក​គ្រាន់តែ​យក​ទឹកក្រូច​ឆ្មារ​មក​លាប​លើ​ផ្ទៃមុខ​ជាពិសេស​នៅ​កន្លែង​ដែលមាន​អាចម៍រុយ រួចទុកចោល​ប្រហែលជា5នាទី ចាំ​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច។ វិធី​នេះ បើ​អ្នកមាន​បញ្ហា​ស្បែក​មុខស្ងួត ​អ្នក​មិនគួរ​អនុវត្តនោះ​ទេ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​ស្បែក​មុខរបស់អ្នក​ងាយ​រលា​ករោល និង​ឡើង​ក្រហម​។

    4. ​ទឹកដោះគោជូរ
    គឺជា​ទឹកដោះគោដែលសម្បូរទៅដោយសារជាតិ​ចិញ្ចឹម​ច្រើន​ដូចជា IgA, IgC, IgM គឺជា​សារជាតិ​ដែល​អាច​ការពារ​ការ​ឆ្លង​​មេរោគ ប្រឆាំងនឹង​បាក់តេរី ជា​រូបមន្ត​ល្អបំផុតសម្រាប់ជួយឱ្យស្បែក​ស​តាមបែប​ធម្មជាតិ​។ ​ចំនួន IgC នៅក្នុង​ទឹក​ដោះ​គោ​ជូរ​មាន​ខ្ពស់រហូត​ដល់ទៅ200% បើ​ធៀប​នឹង​ទឹកដោះគោ​ធម្មតា ព្រោះនៅ​ក្នុង​ទឹកដោះគោ​ជូរ​សម្បូរទៅដោយ Protein, Vitamins, Magnesium, Zinc និង Calcium មាន​ប្រយោជន៍ក្នុងការជួយ​រក្សា​សំណើម​ល្អ​បំផុត​សម្រាប់​ស្បែក។ គុណប្រយោជន៍ពិសេសៗរបស់​សារធាតុទាំង4ប្រភេទដូចបានរៀបរាប់ខាងលើមានដូចជា ៖
    • ជួយ​បំបែក​កោសិកា​មេកានិច​ម៉ដ្ឋ​ទន់​រលោង​ និង​ងាយស្រួល ជំនួយការ​ជំរុញ​ដំណើរ-ការ​របក​នៃ​កោសិកា​ស្បែក​ដែល​ខូច​ខាត​ទន់ខ្សោយ ស្បែក​ដែល​កើតមាន​ស្នាម​អុច​ខ្មៅ អាចម៍រុយ ស្នាម​សម្លាក​ ឬ​ស្នាម​ជាំ​មកពី​ស្នាមពីមុន។ ធ្វើឱ្យ​ស្បែក​ម៉ដ្ឋ​រលោង និង​ស្រស់ស្អាត មាន​ប្រសិទ្ធភាពបាន​យូរអង្វែង។
    • បំបាត់​ស្នាម​អុចខ្មៅ អាចម៍រុយ មុន​គ្រប់​ប្រភេទ ប្រើ​មួយ​សប្ដាហ៍​នឹង​ឃើញពីប្រសិទ្ធភាព។ បង្ការភាព​ចាស់ជ្រីវជ្រួញនៃ​កោសិកា​ស្បែក ស្ដារឡើងវិញ និង​បង្កើត​កោសិកា​ថ្មី។
    • ជម្រះ​ស្បែក​ជ្រៅ​ពី​ខាងក្នុង កម្ចាត់​ជាតិពុលនៅក្នុង​ស្បែក។
    • ស្ដារឡើងវិញ​នូវ​កោសិកា​ស្បែក ការពារ​ភាព​ចាស់​នៃ​ស្បែក ធ្វើឱ្យ​ស្បែក​ស្រស់ស្អាត។ លើកកម្ពស់​ដំណើរការ​សំយោគ​ប្រូ​ទីន​ជំរុញ​ការលូតលាស់នៃសារធាតុចិញ្ចឹមដល់​ស្បែក។
    • Vitamin C និង​បណ្ដា​សមាសធាតុ​ផ្សេងៗធ្វើឱ្យ​រលាយ​ស្នាម​អុច​ខ្មៅប្រកបដោយ​ប្រសិទ្ធភាព ធ្វើឱ្យ​ស្បែក​ស្រស់ថ្លា ផ្ដល់​សំណើមឱ្យ​ស្បែក និងធ្វើឱ្យ​ស្បែកស្រស់ស្អាត​ឥតខ្ចោះ។
    • បង្កើត​សារជាតិ​ចិញ្ចឹម និងផ្គត់ផ្គង់សារធាតុចិញ្ចឹម​ដល់​ស្បែក​ពី​ខាងក្នុងមក។
    • ធ្វើឱ្យ​ស្បែ​កស​ស្មើ និង​បង្រួម​រន្ធ​ញើស៕

  • Dolce & Gabbana Spring-Summer 2018

    Dolce & Gabbana Spring-Summer 2018

    ពិតជា​ពេញចិត្តជាមួយនឹង​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​រដូវក្តៅ​ឆ្នាំនេះ​ជាមួយនឹង Dolce​ & Gabbana Spring-Summer 2018 សម្រាប់​រដូវ​កាល​ថ្មី ដែល​បង្ហាញ​ពី​ភាពស្រស់​បំព្រង​នៃ​ការ​រចនា និង​ពណ៌ មើលចុះ​មួយម៉ូដៗគឺ​ពេញ​ដោយ​សិល្បៈ និង​ពណ៌​ស្រស់​ឆើតឆាយតែម្តង។

    តែបើបុរសៗដែល​មិនសូវ​ចូលចិត្ត​ភាពស្រស់​ឆើតឆាយ​ពេក​ទេនោះ អាច​នឹង​មិនជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះទេ តែ​សម្រាប់​យុវវ័យ​សម័យថ្មី​ដែល​និយម​ភាព​ស៊ីវី​ល័យ​វិញ​នោះ គឺ​ធានាថា​ពេញចិត្ត​តែម្តង ព្រោះ​ម៉ូដ​សម្លៀកបំពាក់​ទាំងនេះ​ទទួលបាន​នូវ​ការពេញនិយម​ជាខ្លាំង សម្រាប់​ពាក់​ដើរ​កម្សាន្ត និង​ចូលរួម​នៅក្នុង​កម្មវិធី​នៅក្នុង​សង្គម៕

  • នៅពេល​ខ្ញុំ​ចាប់ផ្ដើម​តាំង​គភ៌​ខែទី1

    នៅពេល​ខ្ញុំ​ចាប់ផ្ដើម​តាំង​គភ៌​ខែទី1

    ស្ត្រី​ដែល​ទើប​ចាប់ផ្ដើម​តាំង​គភ៌ថ្មីៗដឹង​ឬទេ​ថា តើ​កូនតូច​ក្នុង​ផ្ទៃ​របស់​អ្នកមាន​វិវឌ្ឍនាការ​យ៉ាងណាខ្លះ​ចាប់តាំងពី​ថ្ងៃ​ចាប់បដិសន្ធិ? ថ្ងៃនេះ ឡា​រ៉ែ​ន នឹង​ណែនាំ​ឱ្យ​ស្ត្រី​មានគភ៌​ទាំងអស់​បានដឹង​ពី​ការប្រែប្រួល និង​រឿង​ដែល​នឹង​កើតឡើង​ពេញ​មួយរយៈ​ពេល9ខែ​នៃ​ការតាំង​គភ៌​ដូចតទៅ។

    ភាពប្រែប្រួល​នៅពេល​ចាប់ផ្ដើម​តាំង​គភ៌​ដែល​អាច​សង្កេតឃើញ
    ក្នុងអំឡុង​ខែ​ដំបូង​នេះ ស្ត្រី​មានគភ៌​ថ្មោងថ្មី​មួយចំនួន​អាចមាន​អាការ​វដ្ត​រដូវ​មិន​មក​តាម​កំណត់ អ្នកខ្លះ​មាន​ធ្លាក់ឈាម​មក​ត្រឹមតែ​បន្តិចបន្តួច ឆាប់​ហត់ ងាយ​គេង​លក់ បត់ជើងតូច​ញឹកញាប់ ក្អួតចង្អោរ អាហារ​មិន​រំលាយ​ធ្វើឱ្យ​ណែន​ក្នុង​ពោះ លែង​ឃ្លាន​អាហារ ធំុក្លិន​ម្ហូបអាហារ​មិនបាន ដោះ​ឡើង​តឹង​ណែន និង​មាន​អារម្មណ៍​ឈឺ​នៅ​ម្ដុំ​ក្បាលដោះ អារម្មណ៍​ឆាប់​ប្រែប្រួល ជួនកាល​យំ​ដោយ​គ្មាន​ហេតុផល និង​ឆាប់​មួម៉ៅជាដើម។ តែ​សម្រាប់​អ្នកខ្លះ​ក៏​អាច​មិន​កើតមាន​អាការ​ទាំងនេះ​ទាំងអស់​ដែរ អាច​កើត​មានតែ​អាការ​មួយចំនួន​ប៉ុណ្ណោះ ដូច្នេះ​ដើម្បី​ភាព​ប្រាកដ​ច្បាស់​ថា តើ​ខ្លួន​តាំង​គភ៌​ឬ​អត់​នោះ គួរ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទើប​ជាការ​ប្រសើរ​បំផុត។

    ចំណុច​គួរ​ប្រតិបត្តិ​ក្នុងអំឡុង​ការតាំង​គភ៌​នា​ខែ​ទី1
    នៅពេល​ច្បាស់​ក្នុង​ចិត្ត​ថា ពេលនេះអ្នក​ចាប់ផ្ដើម​មានគភ៌​ហើយ​នោះ ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់ខ្លួន​ឱ្យបាន​ខ្លាំង​ឡើង និង​គួរ​សាងអារម្មណ៍ល្អៗដល់​ខ្លួនឯង ហើយដែល​សំខាន់​គឺ ការ​សម្រាក និង​គេង​លក់​ឱ្យបាន​គ្រប់គ្រាន់ ដោយសារតែ​ស្ត្រី​មានគភ៌​គ្រប់រូប​នឹង​ឆាប់​នឿយ​ល្វើយ​អស់កម្លាំង ព្រោះតែ​រាងកាយ​ត្រូវ​ធ្វើការ​ច្រើនជាង​ប្រក្រតី​ទ្វេដង ដើម្បី​សាង​អវយវៈ សាច់​ភ្នាស​របស់​ទារក​ក្នុង​គភ៌ ដែល​កម្មវិធី​ការ​សាង​សាច់​ភ្នាស​ក្នុងអំឡុង​ខែ​ទី1 ដល់​ខែ​ទី3នេះ​អាច​រាប់បាន​ថា ជា​អំឡុងពេល​សំខាន់បំផុត។ នៅពេល​ឆ្លង​ផុត​អំឡុងពេល3ខែ​ដំបូង​ទៅហើយ ប្រព័ន្ធ​ការ​សាង​សាច់​ភ្នាស និង​អវយវៈផ្សេងៗនឹង​រួចស្រេច​បរិបូរណ៍ រាងកាយ​របស់​ស្ត្រី​មានគភ៌​ក៏​នឹង​ត្រឡប់មក​មាន​កម្លាំងកំហែង​ជាថ្មី​ម្ដងទៀត។

    ដូច្នេះ​ក្នុងអំឡុង​ខែដំបូងៗនេះ ស្ត្រី​មានគភ៌​ត្រូវ​គេង​សម្រាក​ឱ្យបាន​ច្រើន បន្ថយ​ការប្រើប្រាស់​កម្លាំងកាយ។ អាច​គេង​សម្រាក​នៅពេល​ថ្ងៃមួយ​ស្រឡេត​ក៏​នឹង​ជួយ​បាន​ច្រើន​ដែរ។ ក្រៅពីនេះ​នៅ​ត្រូវ​មើល​លើ​រឿង​អាហារ​ការហូបចុក​ក្នុងពេលនីមួយៗ គួរ​បន្ថែម​ប្រូតេអុីន សារធាតុ​ដែក និង​កាល់ស្យូម​ឱ្យបាន​គ្រប់គ្រាន់ ឬ​ចង់ឱ្យ​ល្អ​បំផុត​នោះ​គឺ ស្ត្រី​មានគភ៌​គួរតែ​បន្ថែម​ជាតិ​ហ្វូ​លេ​តតាំង​ពីមុន​ពេល​តាំង​គភ៌​ទៀតផង(នៅពេល​តាំងចិត្ត​ថា​នឹង​យក​កូន ក៏​គួរតែ​បន្ថែម​ជាតិ​ហ្វូ​លេ​តដល់​រាងកាយ​ជាមុន​តែម្ដង) និង​រឿង​ដែល​សំខាន់​មួយ​ដែរនោះ គឺ​ស្ត្រី​មានគភ៌​មិនគួរទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ណា​ដែល​គ្មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ឡើង ដូចជា ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ញ៉ាំ​របស់ផ្អែមៗច្រើន​ជ្រុល​ពេក ឬ​ជក់បារី ជាដើម។

    អាការ​ចាញ់កូន​ដែល​អាច​នឹង​កើតឡើង
    ស្ត្រី​ដែល​តាំង​គភ៌ថ្មីៗ អាច​នឹង​កើតមាន​អាការ​ចាញ់កូន ដែល​រាប់បាន​ថា​ជា​អាការ​ប្រក្រតី​របស់​ការតាំង​គភ៌ និង​ច្រើន​តែមាន​អាការ​ចាញ់កូន​ខ្លាំង​ទៀតផង បើជា​ការ​មានគភ៌​លើកដំបូង។ ការ​ចាញ់កូន​មាន​មូលហេតុ​មកពី​ការប្រែប្រួល​ខាង​រាងកាយ និង​ផ្លូវចិត្ត​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង ដោយ​នឹងមាន​អាការ​ចាញ់​ខ្លាំង ឬ​តិច​អាស្រ័យ​លើ​សមត្ថភាព​ក្នុងការ​សម្រប​ខ្លួន​របស់​រាងកាយ និង​ផ្លូវចិត្ត ការមើល​ថែទាំ​អារម្មណ៍​មិនឱ្យ​វិតក្ក​កង្វល់ សៅហ្មង ភ័យខ្លាច ក៏​នឹង​ជួយ​ឱ្យ​អាការ​ចាញ់កូន​ថយចុះ​បានដែរ។ ក្រៅពីនេះ​នៅមាន​វិធី​ដែល​អាចជួយ​សម្រាល​អាការ​ចាញ់កូន​បាន​ដូចខាងក្រោម។

    • ទទួលទាន​អាហារ​ដែលមាន​កាបូ​ហាយ​
    ដ្រេ​ត និង​ប្រូតេអុីន​ខ្ពស់ តែ​គួរតែ​ជា​អាហារ​ដែល​ងាយ​រំលាយ​ដូចជា ទឹកដោះគោ ទឹក​ស៊ុប និង​សាច់​ត្រី ជាដើម។

    • ទទួលទានទឹក​ឱ្យបាន​ច្រើនឡើង។ ដោយសារតែ​រាងកាយ​របស់​ស្ត្រី​ដែល​កំពុង​តាំង​គភ៌​អាច​ត្រូវ​បាត់បង់​ជាតិ​ទឹក​ដោយសារតែ​ការ​ក្អួតចង្អោរ​នោះ ការ​ទទួលទានទឹកស្អាត ឬ​ទទួលទានអាហារ ឬ​ផ្លែឈើ​ដែលមាន​ជាតិ​ទឹក​ច្រើន​ក៏​អាចជួយ​បានដែរ។ ការ​ទទួលទានទឹក គួរ​ញ៉ាំ​ម្ដងបន្តិចៗ មិនគួរ​ទទួលទានម្ដងច្រើនៗឡើយ។

    • គួរ​ទទួលទានវីតាមីន​បន្ថែម​តាម​ការណែនាំ​របស់​គ្រូពេទ្យ។ ដោយសារតែ​ការ​ក្អួតចង្អោរ​អាចធ្វើឱ្យ​រាងកាយ​មិនបាន​ទទួល​សារធាតុ​អាហារ​គ្រប់​ចំនួន ទើប​ស្ត្រី​មានគភ៌​គួរ​ទទួលទានវីតាមីន​បន្ថែម។ សម្រាប់​ករណី​ដែល​ចាំបាច់​ត្រូវ​ប្រើថ្នាំ ឬ​ទទួលទានថ្នាំ​អ្វី​ក៏ដោយ មិនត្រូវ​ទិញយកមក​ទទួលទានខ្លួនឯង​ដោយមិនបាន​ប្រឹក្សា​ ជាមួយ​គ្រូពេទ្យ​ជាដាច់ខាត ព្រោះថ្នាំ​មួយចំនួន​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន។

    • ចៀស​ឱ្យ​ឆ្ងាយ​ពី​ក្លិន រសជាតិ ឬ​អាហារ​ដែល​មិន​ចូលចិត្ត អាហារ​ដែលមាន​ក្លិន​ឆួល ដូចជា​មើម​ខ្ទឹមស ជាដើម ព្រោះ​វា​អាច​ជំរុញ​ឱ្យ​កើត​អាការ​ក្អួតចង្អោរ​បាន។

    • ទទួលទានឱ្យបាន​ញឹកញាប់​ កុំ​បណ្ដោយឱ្យ​ពោះ​នៅ​ទំនេរ​យូរពេក ព្រោះ​ក្រពះ​នឹង​បញ្ចេញ​ទឹក​រំលាយ​ចេញមក ដែល​អាច​ជំរុញ​ឱ្យ​កើត​អាការ​ក្អួតចង្អោរ​បាន។ គួរ​បែង​ចែកពេល​ញ៉ាំ​អាហារ​ជា 6 ពេលតូចៗជំនួស​ឱ្យ 3ពេលធំ។ អាហារ​ពេលទំនេរ​ដែល​ល្អ​សម្រាប់​ស្ត្រី​មានគភ៌ គួរតែ​ជា​នំប៉័ងស្រួយៗ ឬ​ផ្លែឈើផ្សេងៗជាដើម។

    • ឧស្សាហ៍​មើលថែទាំ​ធ្មេញ​ឱ្យបាន​ស្អាត​ជាប់​ជានិច្ច ព្រោះ​សុខភាព​មាត់ និង​ធ្មេញ​មិនល្អ​ក៏​អាចធ្វើឱ្យ​កើត​អាការ​ក្អួតចង្អោរ​បានដែរ។ ខ្ពុរមាត់​ដោយ​ទឹក​ក្ដៅឧណ្ហៗជាប្រចាំ ដែល​ក្រៅពី​ជួយ​ឱ្យ​ក្នុង​ប្រអប់មាត់​ស្អាត​ហើយ នៅ​ជួយ​សម្លាប់​មេរោគ​បាន​ទៀតផង។

    បើ​ធ្វើតាម​ចំណុច​ដែល​បាន​រៀបរាប់​មក​ខាងលើ​ហើយ អាការ​ក្អួតចង្អោរ ឬ​អាការ​ចាញ់កូន​នៅតែ​មិនល្អ​ប្រសើរឡើង គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួលយក​ការណែនាំ​ជា​បន្ត និង​សម្រាប់​អ្នកខ្លះ​ដែលមាន​អាការ​ចាញ់កូន​ខ្លាំង អាច​ត្រូវឱ្យ​គ្រូពេទ្យ​តាមដាន​មើលថែទាំ​យ៉ាង​ដិតដល់​នៅក្នុង​មន្ទីរពេទ្យ​ក៏បាន៕

  • ពិធី​តាំងពិព័រណ៍​ស្នាដៃ​កូន​ខ្មែរ រៀបចំ​ដោយ​សណ្ឋាគារ​​លំដាប់​អន្តរជាតិ Rosewood ភ្នំពេញ

    ពិធី​តាំងពិព័រណ៍​ស្នាដៃ​កូន​ខ្មែរ រៀបចំ​ដោយ​សណ្ឋាគារ​​លំដាប់​អន្តរជាតិ Rosewood ភ្នំពេញ

    សណ្ឋាគារ Rosewood ភ្នំពេញ ដែលជា​សណ្ឋាគារ​ដ៏​ប្រណីត​លំដាប់​ពិភពលោក ស្ថិតនៅលើ​អគារ Vattanac Capital បានរៀបចំ​កម្មវិធី​សម្ពោធ​បន្ទប់​តាំងពិព័រណ៍​រូបគំនូ​វ​ដ៏​ប្រណីត​របស់ខ្លួន ជាមួយនឹង​ការ​ផ្តល់ឱកាស​ឱ្យ​វិចិត្រករ​ខ្មែរ​មកពី​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​បាន​តាំង​ពិ​ព័រ​ណ៌​រូបគំនូរ​របស់ខ្លួន​ជាច្រើន​ផ្ទាំង ព្រមទាំង​រូបចម្លាក់ ដែល​ប្រកបដោយ​រចនាបទ​ដ៏​វិចិត្រ​បែប​ខ្មែរ និង​បង្កប់​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅពី​សំណាក់​វិចិត្រករ​ដូចជា លោក ឈើន ចាន់នី, លោកស្រី ឆន ឌី​ណា, លោក លឹមមួយ ​ធាម, លោកស្រី Madeline Green និងលោក ឆាយ សារ៉ុន, លោក អុ៊ក ជីម​វិចិត្រ និង​លោក ស្រី បណ្តូល។ ការតាំង​ពិព័រណ៍​​ទាំងអស់​នឹងត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​ជា​រៀងរាល់3ខែម្តង ដើម្បី​បើកឱកាស​ឱ្យ​វិចិត្រករ​ខ្មែរ និង​បរទេស​ទាំងអស់​អា​ចប​ង្ហា​ញ​ពី​ស្នាដៃ និង​ការច្នៃប្រឌិត​របស់​ពួកគេ​ដល់​គ្រប់​អតិថិជន ដែល​អញ្ជើញ​មក​សណ្ឋាគារ Rosewood ភ្នំពេញ បាន​ទស្សនា និង​ជាវ​យកទៅ​តាំង​លម្អ​​នៅ​គេហដ្ឋាន ក៏ដូចជា​នៅភោជនីយដ្ឋាន ឬ​សណ្ឋាគារ​របស់​ពួកគេ​ជាដើម។ វិចិត្រសាល​ដ៏​ប្រណីត​នេះ ស្ថិតនៅ​ជាន់​ទី35នៃ​សណ្ឋាគារ Rosewood ភ្នំពេញ ហើយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​អាច​ចូលមក​ទស្សនា​បាន​ដោយ​សេរី និង​ទទួលបាន​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​បុគ្គលិក​នៃ​សណ្ឋាគារ Rosewood ភ្នំពេញ គ្រប់ពេលវេលា និង​ជា​រៀងរាល់ថ្ងៃ៕

  • សញ្ញាគ្រោះថ្នាក់ពី​អាការ​ហើម​ខ្លួន ហើមជើង ក្នុងអំឡុងពេល​តាំង​គភ៌

    សញ្ញាគ្រោះថ្នាក់ពី​អាការ​ហើម​ខ្លួន ហើមជើង ក្នុងអំឡុងពេល​តាំង​គភ៌

    អាការ​ហើម​តាម​រាងកាយ​គឺជា​រឿង​ដែល​ប្រទះឃើញ​ជាទូទៅ​នៅលើ​ស្ត្រី​ដែល​កំពុង​តាំង​គភ៌ ដោយសារតែ​ដល់ពេល​អាយុ​គភ៌​ច្រើនឡើង ទម្ងន់​គភ៌​ក៏​នឹង​ច្រើនឡើង​តាម​លំដាប់​ដែរ ធ្វើឱ្យ​ជញ្ជាំង​សរសៃឈាមផ្សេងៗចាប់ផ្ដើម​ពង្រីក​ខ្លួន​តាម ធ្វើឱ្យ​អវយវៈ​ដទៃទៀត​ចាប់ផ្ដើម​ពង្រីក(ហើម)ខ្លាំង​ឡើង តែ​អាការ​ហើម​តាម​រាងកាយ ហើម​នៅលើ​ជើង​យ៉ាង​ឆាប់រហ័ស​ជ្រុល​ពេក ក៏​អាចជា​សញ្ញា​គ្រោះថ្នាក់​មួយ​ដែល​បញ្ជាក់​អំពី​សភា​វគ​ភ៌​មាន​ជាតិពុល​ដែរ។

    នៅពេល​តាំង​គភ៌​ហើយ ការ​ហើម​នៅលើ​ខ្នងជើង(មិន​លើស​ភ្នែក​គោល) នឹង​ចាប់ផ្ដើម​កើតឡើង​ពេល​អាយុ​គភ៌​ច្រើនឡើង។

    លក្ខណៈ​របស់​ស្បែក​ដែល​ហើម បើសិនជាចុច​មើល នឹង​ឃើញថា ទ្រុឌ​ចុះទៅ ព្រោះថា ទម្ងន់​របស់​គភ៌​ដែល​ច្រើនឡើង​នឹង​មក​សង្កត់ពីលើ​សរសៃឈាម​ខ្មៅ​ផ្នែក​ខាងក្រោយ​ដងខ្លួន ធ្វើឱ្យ​ប្រព័ន្ធ​ហូរ​វិល​របស់​ឈាម(ប្រព័ន្ធ​ឈាម​រត់)ដំណើរ​ការមិន​ស្រួល។ ក្រៅពីនោះ អាការ​ហើម​នេះ នៅ​អាច​មាន​ច្រើនឡើង​មកដល់​ស្មងជើង ឬ​អាច​នឹង​ហើម​ពេញ​ទាំង​ខ្លួន​ក៏បាន ធ្វើឱ្យ​មុខមាត់​ប្រែប្រួល​ខុសពី​មុន ដោយសារ​ថ្ពាល់​ឡើងហើម​ធំ។

    តែ​អាការ​ហើម​ដែល​ខុស​ប្រក្រតី​ក៏​អាចជា​សញ្ញា​របស់​អាការ​គភ៌​មាន​ជាតិពុល​បានដែរដូចជា:
    1. កើត​អាការ​ហើម​ឡើង​យ៉ាង​ឆាប់រហ័សដូចជា ហើម​មុខ ហើម​ខ្លួន ឬ​សន្លាក់​ម្រាមដៃ​ហើម​រហូត​ដោះ​ចិញ្ចៀន​ចេញ​លែង​បាន​យ៉ាង​ឆាប់រហ័ស។
    2. ទម្ងន់​ខ្លួន​កើន​ច្រើនឡើង​យ៉ាង​ឆាប់រហ័ស។
    3. មាន​អាការ​បត់ជើងតូច​ថយ​ចុះ។
    4. ឈឺក្បាល​ខ្លាំង ឬ​មាន​អាការ​ភ្នែក​ឡើង​ស្រវាំង ឬ​មើលឃើញ​ពន្លឺ​ជាចំណុច។
    5. មាន​អារម្មណ៍​ចុក​ណែន​នៅ​ម្ដុំ​ចុងដង្ហើម។

    បើសិន​មាន​កើត​អាការ​ទាំងនេះ ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ដើម្បី​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ព្រោះ​អាច​នឹង​កើត​សភាវ​គភ៌​មាន​ជាតិពុល៕