Author: ធឿន មករា

  • ទម្លាប់​ទាំង10 ដែល​អ្នក​មិនគួរ​ធ្វេសប្រហែសក្នុងការថែរក្សា​ស្បែ​កមុខ

    ទម្លាប់​ទាំង10 ដែល​អ្នក​មិនគួរ​ធ្វេសប្រហែសក្នុងការថែរក្សា​ស្បែ​កមុខ

    មនុស្ស​យើង​កើតមក​មាន​ស្បែក​មុខតែ​មួយដូច្នេះ​ការថែរក្សា​ស្បែក​មុខជា​រឿង​ចាំបាច់​បំផុតដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ ព្រោះថា បើ​ស្បែ​កមុខ​មានការ​ខូចខាត​ហើយ​នោះ អ្នក​ត្រូវ​ចំណាយរយៈពេល​យូរណាស់ ទើប​ធ្វើការ​ព្យាបាល​ឱ្យ​វា​មាន​សភាព​ស្រស់ស្អាត​វិញ​បាន។ យ៉ាងណាមិញ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​គន្លឹះងាយៗ ដែល​អ្នកជំនាញ​បាន​ណែនាំ​ទុកជា​ទុន​ក្នុងការ​ថែរក្សា​ស្បែក​មុខ​ប្រចាំថ្ងៃ។

    1. គ្រឿងសម្អាង
    នៅពេលមុនចូលគេង ចាំបាច់​ត្រូវ​សម្អាតគ្រឿងសម្អាងចេញពីផ្ទៃមុខឱ្យបាន​ហ្មត់ចត់ព្រោះ​ស្បែករបស់​អ្នក​ក៏ត្រូវ​ការដកដង្ហើមដែរហើយ​គ្រឿងសម្អាង គឺជា​បញ្ហា​ដ៏​ធំ​ដែល​រាំងស្ទះ​រន្ធ​ញើស មិនអាចឱ្យស្បែកមុខដកដង្ហើម​បាន និង​ជា​ហេតុ​បង្កឱ្យ​កើតមុន​ទៀតផង។ មិនត្រូវមើលរំលង​ការ​ខាត់​ស្បែ​កមុខ1ដង​ ឬ​2ដង​ក្នុងមួយសប្តាហ៍​នោះទេ ពីព្រោះនេះ​ជា​វិ​ធី​កម្ចាត់​ចោល​នូវ​កោសិកាចាស់ៗ ជួយឱ្យ​ស្បែកមុខភ្លឺរលោង និងស្រស់​ថ្លា។

    2. ពេលនៅក្រោម​ពន្លឺ​ថ្ងៃ និង​របៀបថែរក្សាស្បែ​កមុខ
    កុំ​ភ្លេច​ប្រើ​ឡេ​បម្រុង​ស្បែ​កមុខ ដើម្បី​ការពារ​ពន្លឺ​ថ្ងៃ យ៉ាងហោចណាស់ក៏ត្រូវប្រើ​ក្រែ​ម​ដែលមាន SPF50+ ដែរ ទើប​អាច​ការពារ​ស្បែករបស់អ្នកពីកាំរស្មី​យូ​វី​បាន (UVA និង UVB)។ ការ​ប៉ះ​ត្រូវ​កម្ដៅថ្ងៃ​ខ្លាំង ធ្វើឱ្យ​ស្បែកងាយ​នឹងឡើង​ជ្រីវជ្រួញ ឡើង​ស្នាម​អុចខ្មៅ និង​បញ្ហា​ស្បែកជា​ច្រើន​ទៀត។ អ្នកមិនគួរ​ខកខានក្នុងការ​ប្រើផលិតផល​ការពារ​ពន្លឺ​ថ្ងៃនោះទេ ទោះជា​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់​ក៏ដោយ ហើយ​បើ​ត្រូវ​ប៉ះនឹងពន្លឺ​ថ្ងៃ​ខ្លាំង ដូចជា ​ទៅលេង​សមុទ្រ​វិញនោះ អ្នកគួរ​ជ្រើសរើសប្រើក្រែ​មលាបមុខ ដែលមាន​ SPF 30+ យ៉ាងតិច ទើបអាចការពារស្បែកមុខរបស់អ្នកពីកម្តៅថ្ងៃបានល្អ។

    3. ទទួល​ទាន​ចំណីអាហារល្អចំពោះស្បែកមុខ
    ប្រយ័ត្ន​ចំពោះ​ការហូបចុក ហើយ​កុំ​ភ្លេច​ទទួលទាន​អាហារស្រស់ៗឱ្យ​បាន​ច្រើន ដូចជា​បន្លែ ផ្លែឈើ និង​អាហារ​សម្បូរដោយ​ជីវជាតិ​ចិញ្ចឹម។ អាហារ​ជំនួយ​ស្បែកឱ្យ​ភ្លឺ​ថ្លាមានដូចជា​ វីតាមីន C ​អាហារ​មាន​ជាតិ​ខ្លាញ់ទាប និងមាន​ជាតិស្ករ​ទាប។ អ្នកមិនគួរទទួលទាន​អាហារ​ហឹរ អាហារផ្អាប់ អាហារប្រឡាក់ អាហារកំប៉ុង ឬ​អាហារបំពង​ច្រើនពេកនោះទេ ព្រោះអាហារទាំងនេះមិនល្អ​ចំពោះ​សុខភាពស្បែកឡើយ។

    4. បង្កើតទម្លាប់​ហាត់ប្រាណឱ្យទៀងទាត់
    ហាត់ប្រាណឱ្យ​បាន​ទៀងទាត់ ទោះ​តិច ​ឬ​ច្រើន ធ្ងន់​ ឬ​ស្រាល​ក្តី ដើម្បី​ជំរុញ​ដល់​ចរន្តឈាម និង​បង្កើនល្បឿន​នៃ​ការសម្អាត​ជាតិពុលចេញពី​រាងកាយ។ អ្នកមិនចាំបាច់​ប្រើ​ផលិតផល​លាប​លើ​ស្បែកមុខមុន ឬក្រោយពេល​ហាត់ប្រាណនោះទេ តែបន្ទាប់​ពី​ងូតទឹកសម្អាតខ្លួនរួច អ្នក​គួរ​លាប​ថូ​នឺ​រ ដើម្បី​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​ខាត់​ស្បែ​កមុខ រួច​សឹម​លាប​ឡេ​ផ្តល់​សំណើមតាម​ក្រោយ​។

    5. គេងឱ្យបាន​គ្រប់គ្រាន់
    គេង​ឱ្យ​បាន​យ៉ាងតិច8ម៉ោងក្នុង​មួយថ្ងៃ​ ពុំ​នោះទេអ្នកមិនបាច់​ឆ្ងល់ទេថា តើ​រង្វង់​ភ្នែក​ឡើងពណ៌​ខ្មៅ ហើយភ្នែកឡើងស្លក់​ដោយ​​របៀប​ណានោះ​ទេ! សូម​រំឭក​ម្តង​ទៀតថា កុំ​ភ្លេច​លាងមុខ​មុនពេល​ចូល​គេងឱ្យ​សោះ ​ហើយសម្រាប់អ្នកដែលមាន​ស្បែក​ស្ងួត អ្នកគួរ​លាប​ឡេ​ផ្តល់​សំណើម​ដល់ស្បែកមុខរបស់អ្នកបន្តិច​មុន​នឹងចូល​គេង។

    6. ទទួល​ទាន​ទឹកឱ្យគ្រប់គ្រាន់
    រក្សា​សំណើមឱ្យស្បែក ដោយ​ការទទួលទានទឹកឱ្យបាន​គ្រប់គ្រាន់ គឺត្រូវទទួលទានទឹកយ៉ាងតិច8កែវក្នុង​មួយថ្ងៃ។ បន្ថែម​ពីនេះ អ្នក​គួរ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ស្រស់​ដែល​សម្បូរដោយ​ជាតិ​ទឹក​ផងដែរ។ កុំ​ភ្លេច​លុបមុខ​ដោយ​ទឹក​ផ្កាកូលាប ដើម្បី​ជួយ​កាត់បន្ថយ​អាការ​ហើម​ភ្នែកនិង​រក្សា​តុល្យភាព PH ព្រមទាំង​ផ្តល់​នូវសំណើមដល់​ស្បែ​កមុខ​ថែមទៀតផង។

    7. កម្ចាត់​មុននៅលើផ្ទៃមុខ
    លុបមុខ​នឹង​ទឹក​ក្តៅឧណ្ហៗ មួយថ្ងៃ3ដង ដោយ​ម៉ាស្សាថ្នមៗជា​រង្វង់ និង​ប្រើ​ហ្វូ​ម​ដែលមាន​ជាតិអាល់​ហ្វា​អីុដ​ស្រុីល​អាស៊ីដ។ បន្ទាប់ពីលាងមុខរួច អ្នកគួរ​ទះ​ម៉ាស្សាមុខថ្នមៗឱ្យ​ស្ងួត​ជំនួសឱ្យ​ការ​ជូត​នឹង​កន្សែង ហើយ​ត្រូវ​លាប​ឡេ ដែលមាន​ជាតិ​បង់​ហ្សូ​ល​ភឺ​រ៉ុ​ក​ស៊ីដ។ មិនត្រូវ​ញេច​មុននោះទេ ព្រោះ​វា​អាចធ្វើឱ្យ​ស្បែកមុខឡើង​ហើម ក្រហម និង​បន្សល់ទុក​ស្នាម​នៅលើ​ផ្ទៃមុខរបស់អ្នក។ សម្រាប់​អ្នក​ពាក់​វ៉ែនតា គួរ​ប្រាកដថា វ៉ែនតា​របស់អ្នកស្អាត ដើម្បី​ការពារ​កុំ​ឱ្យ​ខ្លាញ់​ជាប់​នឹង​រន្ធ​ញើសត្រង់​បរិវេណ​ជុំវិញ​ភ្នែក និង​ច្រមុះ។

    8. ខាត់​ស្បែក
    ប្រើ​គ្រឿង​ផ្សំបែប​ធម្មជាតិ ដូចជា ​រមៀត ពន្លៃ ទឹកដោះគោ ឬ​ក្រូចស្រស់ ដែលជា​រូបមន្ត​តាំងពី​បុរាណ​មក។ កុំ​មើលរំលង​វិធី​ធម្មជាតិ​ទាំងនេះឱ្យសោះ ពីព្រោះ​វា​មាន​ប្រសិទ្ធ​ភាពមិន​ចាញ់ផលិតផល​គីមីនោះ​ទេ ហើយ​ថែមទាំង​ជួយឱ្យ​ស្បែករបស់អ្នកអាច​ដកដង្ហើម​បាន​ស្រួល​កាត់បន្ថយ​ស្ត្រេ​ស និង​សម្រួល​អារម្មណ៍របស់អ្នកបានល្អទៀតផង។

    9. ស្ប៉ា
    ទម្លាប់​ស្ប៉ា​ជាប្រចាំ ជាពិសេស​អ្នកដែលមាន​ស្បែក​ស្ងួត គួរប្រើ​ម៉ា​សមុខ​ផងទើបល្អ ហើយ​កុំ​ភ្លេច​លាងមុខនឹង​ទឹក​ក្តៅ​ឧណ្ហៗ​មុននឹង​ចូល​គេង។ សូមកុំមើលរំលង​ការ​ម៉ាស្សា​ស្បែកមុខ ដោយ​ប្រើ​ប្រេង​ធម្មជាតិឱ្យសោះ ព្រោះនេះ​ជា​វិធី​មួយជួយផ្តល់​សារធាតុ​ចិញ្ចឹមដល់​ស្បែ​កមុខយ៉ាងល្អ ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា រលោង និងមិន​ងាយ​ចាស់មុនអាយុទៀតផង។

    10. កែ​ទម្លាប់​ខ្ជិលច្រអូសចេញ ហើយតាំង​ចិត្តជាថ្មី ដើម្បីភាពស្រស់ស្អាត
    ចំណាយ​ពេលវេលា​សម្រាប់​ថែរក្សាសម្រស់របស់អ្នកឱ្យបានទៀងទាត់ លៃ​យ៉ាងណា​កុំឱ្យ​បញ្ហា​ស្ត្រេ​សមក​ដណ្តើមយក​សម្រស់​របស់​អ្នក​ឱ្យ​សោះ​ ដូច្នេះអ្នកគួរ​ឆ្លៀត​ចូលរួម​សកម្មភាពដើម្បី​សុខភាព ដូចជា ​ ហាត់ប្រាណ ហាត់យូ​ហ្គា ធ្វើលំ​ហាត់​ដង្ហើម ឬ​ធ្វើសមាធិជាដើម។ មិនគួរ​មើលរំលង​បរិវេណ​ជុំវិញ​ថ្គាម និង​សាច់ដុំ​មុខរបស់អ្នកនោះទេ អ្នកគួរ​ហាត់ប្រាណ​ផ្ទៃមុខ​ប្រមាណ​ជា​2ទៅ3នាទីក្នុង​មួយថ្ងៃ ​នោះ​អ្នក​នឹងមាន​ស្បែ​កមុខស្រស់ស្អាត សាច់​ចាំ​ដូចក្រមុំ-កំលោះវ័យ18ឆ្នាំជាមិនខាន៕

  • ប្រភេទ​ជំងឺ​ដែល​ឆ្លង​ពី​សាលារៀន និង​វិធី​ការពារ

    ប្រភេទ​ជំងឺ​ដែល​ឆ្លង​ពី​សាលារៀន និង​វិធី​ការពារ

    បន្ទាប់ពី​វិស្សមកាល​រួចហើយ ក្មេងៗក៏ត្រូវ​ត្រឡប់មក​សាលារៀន​ជាថ្មី​ម្ដងទៀត តែ​នៅពេល​ខ្លះ ពួកគេ​ទៅ​រៀន​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ពេល​ពួកគេ​ត្រឡប់មកផ្ទះ​វិញ​ក៏មាន​ហៀរ​សំបោរ ក្អក និង​មាន​ជំងឺឆ្លង​ជាប់​មក​តាម​ខ្លួន​បាត់ទៅហើយ។ គេ​បាន​រកឃើញថា នៅក្នុង​សាលារៀន​អាច​នឹង​កើតមាន​ជំងឺឆ្លង​ជាច្រើន និង​តាម​មូលហេតុ​ដូចខាងក្រោម​នេះ ៖

    ជំងឺឆ្លង​នៅលើ​ស្បែក
    ជំងឺ​អុតស្វាយ ៖ តែងតែ​ជួបប្រទះ​ជា​ញឹកញាប់​ចំពោះ​ក្មេង​អាយុ2-8ឆ្នាំ ក្មេង​មាន​កម្ដៅ​ខ្លួន​ក្ដៅតិចៗ មាន​ឡើង​ក្រា​កន្ទួល​ក្រហម ក្រោយមកទៀត វា​នឹង​ក្លាយជា​ពងបែក មាន​ទឹករងៃ និង​ខ្ទុះរួច​វា​ក៏​ក្លាយជា​ដំបៅ​ដែលមាន​ភាព​ស្រដៀងទៅនឹង​បូស ហើយ​ក្រៀម​ស្នាម​ពាសពេញស្បែក។

    ជំងឺ​ពងបែក​មាត់ ដៃ និង​ជើង ៖ ភាគច្រើន​តែង​ជួបប្រទះ​ជំងឺ​នេះ​កើត​លើ​ក្មេង​អាយុ5ឆ្នាំ ដែលមាន​អាការ​គ្រុនក្ដៅ ក្អក ហៀរ​សំបោរ មាន​ឡើង​ពង​កន្ទួល​លើ​បាតដៃ ហើយ​មានកន្ទួលក្រហមៗមាន​ពងបែក​ទឹក នៅលើ​បរិវេណ​ដៃ ជើង និង​មាត់ រហូតដល់​មាន​ពងបែក​នៅលើ​អណ្ដាត​ថែម​ទៀតផង។

    ការឆ្លង​រោគ​តាមផ្លូវ​រំលាយ​អាហារ
    ជំងឺ​រាករូស ៖ គឺ​បណ្តាលមកពី​ការបរិភោគ​អាហារ​មិន​ស្អាត ភេសជ្ជៈ​មិន​ស្អាត និង​បណ្ដាលមកពី​ការចាប់​កាន់​របស់​ដែលមានមេរោគយ៉ាង​ប្រឡាក់​ប្រឡូក ហើយ​ទទួលទាន​អាហារ​ដែលមាន​មេរោគ​នោះ​ចូលទៅក្នុង​ពោះ។ ក្មេង​ដែលមាន​អាការ​រាករូស​ខ្លាំង​ភាគច្រើន រាក​ក្នុង​មួយថ្ងៃ 2ដង​ឡើងទៅ (អាស្រ័យ​លើ​ភាព​ធន់ ឬ​ស្រាល​នៃ​អាការរោគ និង​បរិ​មាណនៃ​ការទទួលទានអាហារដែលមាន​មេរោគ) ហើយ​មាន​លា​មក​រ៉ាវ ឬ​លា​មក​ដូច​សំបោរ​ជាដើម។

    មេរោគ​រ៉ូ​តា ៖ វា​បណ្តាលមកពី​ការប៉ះពាល់​តុ​កៅអី​កខ្វក់ ជាពិសេស កម្រាល​អង្គុយ និងប្រដាប់លេងក្មេងៗដែល​កខ្វក់។ នៅពេលដែល​បាន​ឆ្លង​មេរោគ​នេះហើយ នឹងមាន​អាការ​ក្អួតចង្អោរ 2-3ថ្ងៃ​ដំបូង ហើយ​មាន​អាការ​រាក​ញឹកញាប់ អាច​នឹង​រាក​ប្រមាណ​ជា3-8ដង​ក្នុង​មួយថ្ងៃ ព្រមទាំង​មាន​អាការ​ក្ដៅខ្លួន និង​ក្អក​មិន​ឈប់​ផងដែរ។

    វីរុស​ណា​រ៉ូ ៖ វីរុស​នេះ​អាច​បណ្ដាលឱ្យមាន​អាការ​ចុក​ឆ្អល់ ចង់​ក្អួត ច្រាល​ក្រពះ ឈឺពោះ និង​មាន​អា​ការឈឺ​ចុកចាប់​ពេញ​ដងខ្លួន និង​មានកម្ដៅ​ខ្លួន​ក្ដៅតិច។ មេរោគ​នេះ​ងាយ​នឹង​ឆ្លង​ណាស់ បន្ទាប់ពី​ក្មេង​ធ្វើការ​ជូត​សំបោរ ទឹកមាត់ និង​កំហាកដែល​ជាប់​មក​តាម​ដៃ​ដែល​មិន​ស្អាត។ មេរោគ​នេះ​នឹង​ទៅ​តោង​ជាន់​នឹង​របស់​លេង និង​របស់ផ្សេងៗ ហើយនឹង​ឆ្លងទៅ​ក្មេងផ្សេងៗបាន​យ៉ាង​លឿន នៅពេល​ពួកគេ​បាន​ចាប់​កាន់ និង​ប៉ះ​របស់​លេង និង​របស់ផ្សេងៗ ដែលមាន​មេរោគ​ណា​រ៉ូ។

    ជំងឺ​ផ្លូវដង្ហើម
    ជំងឺ​នេះ​តែងតែ​ជួបប្រទះ​នៅក្នុង​ក្រុម​ក្មេងតូចៗ ហើយ​ជួប​ជា​ញឹកញាប់​គឺ :
    ជំងឺ​ផ្ដាសាយ និង​គ្រុន​ផ្ដាសាយធំ ៖ កើតចេញពី​ការ​សម្រាក​មិន​គ្រប់គ្រាន់ សីតុណ្ហភាព​នៅក្នុង​រាងកាយ​ធ្លាក់​កម្ដៅ វីរុស​ងាយ​ធ្វើការ​លុកលុយ ដែល​អាច​បណ្ដាលឱ្យ​ក្មេង​ងាយ​នឹង​រលាក​សួត​ផងដែរ។

    ជំងឺ​ដែល​ឆ្លង​នៅលើ​ភ្នែក
    ភ្នែក​ក្រហម ៖ អាច​ឆ្លង​បាន​តាមរយៈ​ការចាប់​កាន់ ឬ​ប្រើប្រាស់​របស់​រួមគ្នា ហើយ​ភាគច្រើនក្មេងៗ និង​មាន​អាការ​ភ្នែក​ឡើង​ក្រហម ហើម​ភ្នែក និង​មាន​ហូរ​ទឹកភ្នែក​ច្រើន​ជាដើម។

    វិធី​ការពារ និង​វិធី​មើលថែទាំកូនៗ
    ការចាក់​ថ្នាំ ឬ​វ៉ាក់សាំង​ការពារ វា​នឹង​ជួយ​ការពារ​ជំងឺ​មួយចំនួន​បាន ព្រមទាំង​ជួយ​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​របស់​អាការ​ជំងឺ និង​ជួយ​បន្ថយ​រយៈ​ពេល​ឈឺ​ស្កាត់​ថែមទៀត​ផង។ បន្ទាប់ពី​ចេញពី​សាលារៀន លោកអ្នក​គួរ​ណែនាំ​ឱ្យកូនៗសម្អាត​រាងកាយ ងូតទឹក​ឱ្យបាន​ស្អាត ឧស្សាហ៍​លាងដៃ​គ្រប់ពេលវេលា និង​ជាពិសេស​មុនពេល​ចាប់​កាន់​អាហារ​ញ៉ាំ ហើយ​ត្រូវឱ្យកូនៗសម្រាក​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ជួយ​ឱ្យ​កូន​មាន​សុខ​ភាពល្អនោះកូនៗរបស់លោក​អ្នកនឹង​មិន​ងាយ​ឈឺ​ថ្កាត់​នៅពេល​ទៅ​សាលារៀន​ឡើយ៕

  • ម៉េង កែវពេជ្ជតា ផ្សង​ជួប​ស្នេហ៍​ថ្មី​លើ​ទឹកដី​ប្រទេស​បារាំង

    ម៉េង កែវពេជ្ជតា ផ្សង​ជួប​ស្នេហ៍​ថ្មី​លើ​ទឹកដី​ប្រទេស​បារាំង

    កំពូល​តារាចម្រៀង​ចាស់វស្សា​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ចាក​ចេញទៅ​ច្រៀង និង​សម្តែង​នៅ​ប្រទេស​បារាំង​រយៈពេល​ដល់​ទៅ3ខែ តប​តាម​ការអញ្ជើញ​របស់​ស​មា​គម​តារា​ខ្មែរ​ប្រចាំ​នៅ​ទីនោះ។ ការចេញ​ទៅរក​ប្រាក់ចំណូល​នៅក្រៅ​ប្រទេស​របស់​អ្នកនាង ម៉េង កែវពេជ្ជតា នៅពេលនេះ គឺមាន​ការរួម​ដំណើរ​ពី​សំណាក់​តារាចម្រៀង​ប្រុស​ម្នាក់ទៀត​ផងដែរ ប៉ុន្តែ​អ្នកនាង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ជា​សិទ្ធិ​របស់​បុគ្គល។ ជាមួយនឹង​ការចេញ​ទៅ​បង្ហាញមុខ​នៅលើ​ទឹកដី​ត្រជាក់​ធ្លាក់​ទឹកកក​ខាងលើនេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​បង្ហើប​ផងដែរ​ថា បើ​មានសំណាង​ពិតមែន ទំនង​អាច​ជួប​ស្នេហ៍​ថ្មី​នៅលើ​ទឹកដី​ប្រទេស​បារាំង​ក៏​មិនដឹង។

    មុនពេល​បោះជំហាន​ឈាន​ជើង​ចូលក្នុង​ស្ថានីយ​ចេញដំណើរហោះ​ឆ្ពោះទៅកាន់​ប្រទេស​បារាំង​កាលពីពេល​កន្លងទៅ​ អ្នកនាង ម៉េង កែវពេជ្ជតា ដែល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ជាង20ឆ្នាំ​រូបនេះ បានឱ្យដឹងថា អ្នកនាង​បាន​ចោល​កម្មវិធី​មួយចំនួន​នៅក្នុង​ស្រុក​ខ្មែរ ដើម្បី​ចេញទៅ​សម្តែង​ច្រៀង​នៅ​ប្រទេស​បារាំង ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​នោះទេ ព្រោះអ្វីៗបានរៀបចំ​អស់​ទៅហើយ។ ម៉េង កែវពេជ្ជតា បញ្ជាក់ថា “ខ្ញុំ​ទៅ​ច្រៀង​នៅ​បារាំង3ខែ​ចប់ នឹង​បន្តដំណើរ​ទៅ​ច្រៀង​ដល់​ប្រទេស​ស្វី​ស​ផងដែរ ជាមួយ​តារាចម្រៀង​ប្រុសម្នាក់ទៀត។ ការ​ចេញទៅ​ច្រៀង​នៅក្រៅ​ប្រទេស​នេះ ធ្វើឱ្យ​ខ្ញុំ​ចោល​កម្មវិធី​មួយចំនួន​នៅក្នុង​ស្រុក​ដែរ តែ​មិន​អី​ទេ ខ្ញុំ​បាន​ដោះស្រាយ​អស់ហើយអ៊ី​ចឹ​ង​ខ្ញុំ​ត្រូវតែ​ចេញ​ទៅតាម​ការកំណត់”។

    យ៉ាងណាក៏ដោយ​ចំពោះ​ព្រឹត្តិការណ៍​នៃ​ចាក​ចេញទៅ​ក្រៅប្រទេស​របស់ ម៉េង កែវពេជ្ជតា នាពេលនេះ វា​មិនមែនជា​រឿង​ថ្មី និង​ចម្លែក​នោះទេ ប៉ុន្តែ​អ្វី​ដែលជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា ស្រប​ពេលដែល​អ្នកនាង​ចាក​ចេញទៅ ក៏​ធ្លាយ​ព័ត៌មាន​មក​ថា ពេលនេះ​នាង​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​អាណិកជន​ខ្មែរ វ័យ​ចំណាស់​ម្នាក់នៅ​ប្រទេស​បារាំង។ ដូចនេះ ការ​ចេញទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​សាជាថ្មី​របស់​កំពូល​តារា​ចម្រៀង​រូបនេះ អាចជា​រឿង​ល្អដែល​នឹង​ឈានទៅ​បញ្ចប់​ឈ្មោះថា​ជា​អ្នក​មេម៉ាយ​នោះ​ទៀតហើយ។ ម្យ៉ាងវិញទៀត កាលពីពេល​កន្លងទៅថ្មីៗនេះ គេ​ក៏​ធ្លាប់​បានឃើញ​កំពូល​តារាចម្រៀង​រូប​នេះបង្ហោះ​សារ​នៅលើ​គណនីផ្ទាល់ខ្លួន​ផងដែរ ដោយ​បង្ហាញ​ពី​ក្ដី​ស្រមៃ និង​រំពឹង​ចង់គ្រង​ឈុត​សម្លៀកបំពាក់​ជា​កូនក្រមុំ​សាជាថ្មី​ផងដែរ៕

  • ម៉ាក សែនសូនីតា ឆ្នាំថ្មីរួចសម្រុកសម្រេចបំណង ពង្រីកសាខាផែសមុទ្រឱ្យបាន12ខណ្ឌ

    ម៉ាក សែនសូនីតា ឆ្នាំថ្មីរួចសម្រុកសម្រេចបំណង ពង្រីកសាខាផែសមុទ្រឱ្យបាន12ខណ្ឌ

    ពិតជាមិនធម្មតានោះឡើយសម្រាប់កំពូលតារាសម្ដែងស្រីរូបស្រស់ កញ្ញា ម៉ាក់ សែនសូនីតា ដែលមួយរយៈចុងក្រោយនេះ គឺមានភាពកាក់កប​ជា​ខ្លាំង មិនថាចំពោះតែការងារសិល្បៈ ដែលអាចរកបានចំណូលរាប់ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែនោះទេ សូម្បីតែមុខជំនួញដោយ​ការបើក​ភោជនីយដ្ឋានបែប​អាហារ​សមុទ្ររបស់នាងក៏ទទួលបាននូវភាពជោគជ័យ និងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរ ខណៈដែលមុខជំនួញ​ទទួល​បានភាព​វិជ្ជមានទាំង3សាខា ម៉ាក់​ សែនសូនីតា បានបញ្ជាក់ប្រាប់ថា នៅក្នុងឆ្នាំថ្មីនេះ បើសិនជាអាច នាងនឹងបន្តពង្រីកសាខាហាងអាហារ “ផែសមុទ្រ” របស់នាងឱ្យបានចំនួន12ខណ្ឌ នៅទូទាំងរាជធានីភ្នំពេញតែម្ដង។

    កាលពីដើមឡើយ ចំពោះមុខជំនួញក្រៅអាជីពរបស់កញ្ញា ម៉ាក់ សែនសូនីតា ត្រូវបានគេដឹងថា នាងបានព្យាយាមស្វែងរក​ចំណូលបន្ថែម​តាម​រយៈ​ការ​លក់ផលិតផលថែរក្សាស្បែក ឬធ្វើឱ្យស្បែកស ដោយការលក់បន្តយកចំណេញតិចតួចទៅឱ្យអ្នកសិល្បៈដូចគ្នាតែប៉ុណ្ណោះ។​​ ប៉ុន្តែស្រាប់តែនៅ​ដើម​ឆ្នាំ​2017 ម៉ាក់ សែនសូនីតាបានបង្កើតមុខជំនួញថ្មីមួយទៀតដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់ នោះគឺការបើកអាហារដ្ឋានលក់គ្រឿងសមុទ្រ ដោយ​ដាក់​ឈ្មោះថា “ផែសមុទ្រ” ដែលមានទីតាំងដំបូងនៅម្ដុំសន្ធរម៉ុក។មិនយូរប៉ុន្មានបន្ទាប់ពីបានកត់សម្គាល់ឃើញថា មុខជំនួញទទួលបានផ្លែផ្កា ម៉ាក់ សែនសូនីតាមិនបានបង្អង់នោះឡើយ ដោយនាងបានសម្រេចចិត្តបោះទុនបន្ថែមជួលទីតាំងថ្មីមួយកន្លែងទៀតនៅក្រុងតាខ្មៅ ដើម្បីបើកសាខាទី2 ហើយ​បន្ត​ពង្រីកសាខាទី3 មួយកន្លែងទៀតកាលពីមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះដោយជ្រើសយកទីតាំងកណ្តាលរាជធានីភ្នំពេញស្ថិតនៅ​តាម​បណ្តោយ​ផ្លូវព្រះមុនីវង្ស ជិតស្តុបផ្សារអូរឫស្សី ជាមួយនឹងការចំណាយដើមទុនមិនក្រោយ20ម៉ឺនដុល្លារនោះឡើយ។

    ពាក់ព័ន្ធទៅនឹងការធ្វើមុខជំនួញផ្នែកអាហារក្រៅពេលនេះ ខណៈដែលបានជួបជាមួយអ្នកយកព័ត៌មានដោយចៃដន្យនៅនឹងហាង​សាខាទី3​ផ្ទាល់​តែ​ម្ដង កំពូលតារាសម្ដែងដែលធ្លាប់រងពាក្យចចាមអារ៉ាមមានចំណងស្នេហ៍ជាមួយតារាដៃគូសម្ដែងលោក រតនៈ ពិសិដ្ឋ រូបនេះបានបង្ហើបឱ្យដឹងថា នាងពិត​ជា​រីករាយជាមួយការធ្វើជំនួញបែបនេះណាស់ ព្រោះត្រឹមរយៈពេលខ្លីសោះ អាចពង្រីកវិសាលភាពបានបែបនេះទៅហើយ ដូច្នេះសម្រាប់ការសម្រេចក្ដី​ស្រមៃ​ដែលចង់ពង្រីកសាខាឱ្យបានទាំង12ខណ្ឌ ហាក់មិនពិបាកនោះទេ ប៉ុន្តែអ្វីដែលនាងបារម្ភគឺលើបញ្ហាធនធានមនុស្ស ដែលជាសេវាសំខាន់ និងជា​សរសៃ​ឈាម​របស់ហាងតែម្ដង ខណៈដែលពេលនេះអ្នកគ្រប់គ្រងហាងរបស់នាងក៏កំពុងប្រកាសស្វែងរកកម្លាំងបន្ថែមផងដែរ។

    សូមបញ្ជាក់ផងដែរ កញ្ញា ម៉ាក់ សែនសូនីតា ត្រូវបានមហាជនទទួលស្គាល់ថា ជាកំពូលតារាសម្ដែងស្រីវ័យក្មេងមួយរូប ដែលមានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង និងកម្រកើតមានព័ត៌មានអាស្រូវក្រៅតែពីរឿងពាក់ព័ន្ធនឹងការលួចបង្កើតទំនាក់ទំនងស្នេហាក្រៅឆាកជាមួយតារាសម្ដែងប្រុសរួមអាជីពជាមួយគ្នា គឺ​លោក រតនៈ ពិសិដ្ឋ ខណៈដែលជារឿយៗគេតែងឃើញអ្នកទាំងពីរឧស្សាហ៍នៅគៀកប្រគិតជាមួយគ្នាជាញឹកញាប់៕

  • វិធី​ការពារ​មិនឱ្យ​សក់​ឡើង​ស្កូវព្រោង​ព្រៀត

    វិធី​ការពារ​មិនឱ្យ​សក់​ឡើង​ស្កូវព្រោង​ព្រៀត

    ការកើតមាន​នូវ​សក់ស្កូវ​មុន​អាយុ​ស្ទើរតែ​បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​មនុស្ស​សម័យ​នេះ។ វា​ចាប់ផ្តើម​ពី​ចំនួន2-3សរសៃ រួច​បន្តទៅ​កើនឡើង​ជា​លំដាប់​រហូត​ក្លាយជា​ក្តីបារម្ភ​នៃ​សម្រស់ ជាពិសេស​ចំពោះ​បុរស​នារី​ដែល​ស្ថិតនៅក្នុង​វ័យ​ខ្ទង់​ទើបតែ​សាមសិប ដែល​មិនមែនជា​វ័យ​សមស្រប​ក្នុងការ​កើតមាន​សក់ស្កូវ​ទាល់តែសោះ។ មិន​ថា​យ៉ាងណាទេ គ្មាន​អ្នកណា​ប្រាថ្នា​ចង់ឃើញ​រូបរាង​ខ្លួនឯង​ក្នុង​រូប​បែប​ជា​ស្ត្រី ឬ​បុរស​ចំណាស់ ដោយសារតែ​សក់​ឡើង​ស្កូវព្រោង​ព្រៀត​នោះទេ ហើយ​បើ​នៅក្នុង​វ័យ​ដែល​មិន​សមគួរ​ទៀត​នោះ​គឺ​រឹតតែ​មិន​ចង់ដឹង​មិនចង់ឃើញទៀត​ទៅហើយ។ បែបនេះ​បណ្តោយ​មិន​បានទេ ត្រូវតែ​ចាត់ការ​ទើបបាន។

    សក់ស្កូវ​អាច​កើតមានឡើង​តាម​កត្តាផ្សេងៗមួយចំនួន​ដូចជា ដំណរ​ពូជ របៀបរបប​នៃ​ការរស់នៅ ការផ្លាស់ប្តូរ​របប​អាហារ​ដោយ​ទាន់ហន់ និង​ការ​ធុញថប់​ជាដើម។ វា​ក៏​អាច​កើតឡើង​បានដែរ ប្រសិនបើ​អ្នក​កើតមាន​ដោយសារ​ការប្រើ​ឱសថ​ព្យាបាល​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​ខ្វះ​ឈាមជំងឺ​ខ្វះ​ទី​រ៉ុ​ក​ស៊ីន (hypothyroidism) និង​ក្រិន​កោសិកា​ស្បែក​ជាដើម​ផងដែរ។ ហេតុផល​ចម្បង​មួយទៀត​ដែល​បណ្តាលឱ្យ​សក់ស្កូវ​គឺ ការបាត់បង់​នៃ​សារជាតិ​ពណ៌​ខ្មៅ​ដែលមាន​នៅក្នុង​ឫស​សក់។ ដូច្នេះ​ប្រសិនបើ​អ្នក​យល់ឃើញថា​មាន​ចំណុច​ណា​ដែល​អាច​កែប្រែបាន ដើម្បី​កាត់បន្ថយ និង​ការពារ​ការកើតមាន​ស​ក់​ស្កូវ​មុន​អាយុ​នោះ អ្នក​គួរតែ​ព្យាយាម​ធ្វើ និង​គេច​ឱ្យ​ផុត។ ក្រៅពីនេះ​អ្នក​ក៏​អាច​សាកល្បង​វិធី​មួយចំនួន​ដូចជា ទី1 យក​ស្លឹក​ក​​ន្ត្រោប​ទៅ​ស្ងោរ​ជាមួយ​ប្រេងដូង​ទុក​រហូត​វា​ឡើង​ពណ៌​ខ្មៅ ទុក​វា​ឱ្យ​ត្រជាក់ រួច​សឹម​យក​វា​មក​លាប​លើ​សរសៃសក់3-4ដង​ក្នុង​មួយ​សប្តាហ៍​មុនពេល​ចូល​គេង ហើយ​លាង​សម្អាត​ចេញ​នាពេល​ព្រឹក​ថ្ងៃ​បន្ទាប់។ ទី2​ យកតែ​ខ្មៅ2ស្លាបព្រា​បាយ ជាមួយនឹង​អំបិល1ស្លាបព្រា​កាហ្វេ​ទៅ​ដាក់​ក្នុង​ទឹក​ដែល​ដាំ​លើ​ភ្លើង​រយៈពេល2នាទី។ ទុក​វា​ឱ្យ​ត្រជាក់ រួច​ត្រង​វា​ឱ្យ​ស្អាត ដើម្បី​យកទៅ​លាង​សក់(មិនចាំបាច់​ប្រើ​សាប៊ូ​ទេ) ហើយ​ទុកឱ្យ​វា​ស្ងួត​ដោយ​ខ្លួនឯង​ជាការ​ស្រេច។ ធ្វើបែបនេះ2-3ដង​ក្នុង​មួយ​សប្តាហ៍​អ្នកនឹង​ទទួលបាន​ផល​ជាទី​គាប់ចិត្ត​មិន-​ខាន។ ទី3 ខ្ទឹមបារាំង​គៀប​យកតែ​ទឹក​ចំណុះ3ស្លាបព្រាកាហ្វេ យកមក​លាយ​ជាមួយនឹង​ទឹកក្រូចឆ្មារ2ស្លាបព្រាកាហ្វេ មក​លាប​ឱ្យ​សព្វ​លើ​សរសៃសក់ ទុកចោល30នាទីសឹមសម្អាតចេញ។អនុវត្ត4-5ដង​ ក្នុង​មួយ​សប្តាហ៍ រយៈពេល2សប្តាហ៍​ អ្នកនឹង​ឃើញ​ពី​ប្រសិទ្ធភាព។

    កុំអាល​និយាយថា​មិន​ជឿ​ណា សាកល្បង​សិន​ទៅ ថា​មិនត្រូវ​​រូបមន្ត​មួយ​ក្នុងចំណោម​រូបមន្ត​ទាំងអស់នេះ​អាច​ផ្តល់ប្រសិទ្ធភាព​ដល់​សក់របស់អ្នក​ក៏​អាចថា​បានដែរ៕

  • ព្រាប សុវត្ថិ ស៊ីថ្លៃកប់ជាមួយទូរស័ព្ទ VIVO

    ព្រាប សុវត្ថិ ស៊ីថ្លៃកប់ជាមួយទូរស័ព្ទ VIVO

    កាលពីដើមខែកន្លងទៅនេះ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ បានឡើងបង្ហាញខ្លួនជាអ្នកតំណាង​ផលិតផល​ទូរស័ព្ទដៃស្មាតហ្វូនម៉ាក VIVO ដែលធ្វើឱ្យមហាជននាំគ្នាបង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលកាលពីពេលកន្លងទៅ គេធ្លាប់តែឃើញ​រូប​លោក​បង្ហាញខ្លួនតែជាមួយផលិតផលស្រាបៀរតែប៉ុណ្ណោះ។ ជាមួយនឹងការបង្ហាញខ្លួនដោយភ្ជាប់ឈ្មោះជាអ្នកតំណាងផលិតផលទិកណូឡូជីមួយនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ថា គ្រាន់តែតម្លៃថ្លៃធ្វើជាអ្នកតំណាងរបស់លោកក្នុង1ឆ្នាំ គឺស៊ីរហូតដល់ទៅជិត10ម៉ឺនដុល្លារឯណោះ។

    លោក ព្រាប សុវត្ថិ បានប្រាប់ក្នុងពេលបង្ហាញខ្លួនថា “ខ្ញុំសប្បាយចិត្តដែលបានធ្វើជាអ្នកតំណាងឱ្យ VIVO សម្រាប់ប្រទេសកម្ពុជានេះហើយ​ខ្ញុំគិតថា VIVO នេះមានភាពអស្ចារ្យខ្លាំងណាស់ ព្រោះអេក្រង់ពេញអាចថតរូបបានស្អាតជាងទូរស័ព្ទដទៃទៀត។ ខ្ញុំពិតជារំភើបដែលខាងក្រុមហ៊ុនជឿ​ទុក​ចិត្ត និងផ្តល់កិត្តិយសសម្រាប់រូបខ្ញុំ”។ យ៉ាងណាក៏ដោយ ចំពោះការធ្វើជាអ្នកតំណាងទូរស័ព្ទ VIVO របស់កំពូលតារាចម្រៀងរូបនេះ ត្រូវបានមហាជនលើក​ឡើង​ថា តារាចម្រៀងដែលមានភាពលេចធ្លោ និងល្បីល្បាញជិត20ឆ្នាំម្នាក់នេះនៅតែជាតារាដែលត្រូវប៉ាន់ស្ប៉តពាណិជ្ជកម្ម និងស៊ីថ្លៃខ្ពស់ជាងគេដដែល បើទោះបីជាពេលនេះលោកមានវ័យច្រើនបន្ដិចក្ដី។

    ដោយឡែកពាក់ព័​ន្ធទៅនឹងតម្លៃថ្លៃខ្លួនជាអ្នកតំណាង លោក ព្រាប សុវត្ថិ មិនបានបង្ហើបប្រាប់នោះទេ ដោយលោកលើកឡើងថា មិនអាច​ប្រាប់​បាន ខ្លាចខូចតម្លៃទៅថ្ងៃក្រោយ។ ប៉ុន្តែបើតាមប្រភពព័ត៌មានដែលធ្លាប់ទាក់ទងរូបលោកឱ្យធ្វើជាអ្នកតំណាងផលិតផល និងថតស្ប៉តផងដែរនោះ​បាន​បង្ហើប​ប្រាប់ថា លោក ព្រាប សុវត្ថិគឺជាតារាដែលស៊ីថ្លៃជាងគេបំផុត ពោលគឺក្នុងមួយឆ្នាំស៊ីមិនក្រោម10ម៉ឺនដុល្លារនោះទេ ហើយបើថ​ត​ស្ប៉តទៀត​ត្រូវ​បន្ថែម​ពី​លើទៀត។ ជាក់ស្ដែងគ្រាន់តែតម្លៃចេញច្រៀងតាមបណ្តាខេត្តម្ដងៗ យ៉ាងហោចណាស់ក៏ទទួលបាន3,500-4,000ដុល្លារ ដែលច្រៀង និងសម្ដែងរាំលើ​ឆាកមិនលើសពី5បទនោះឡើយ។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ខណៈពេលដែលខ្លួនកាន់តែមានវ័យជ្រេរចាស់បន្តិចទៅហើយនោះ លោក ព្រាប សុវត្ថិ បានព្យាយាមជំរុញ​កូន​ប្រុសរបស់ខ្លួនឱ្យជ្រាតចូលមកក្នុងវិស័យចម្រៀងស្នងត្រកូលបន្ត ហើយនៅក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះក៏មានបទចម្រៀងរបស់​កូន​ប្រុស​លោកចេញលក់ដែរ ដូចជា បទ “រាំក្បាច់កង្កែប” ជាដើម៕

  • ដំណាំ ត្រកួនចិន

    ដំណាំ ត្រកួនចិន

    ត្រកួន​ចិន ឬ​ឈ្មោះ​ខាង​វិទ្យាសាស្ត្រ​ហៅថា Ipomcea aquatica Forsk ជា​បន្លែ​ចេញ​ត្រួយ​ពេញ​មួយឆ្នាំ មាន​លក្ខណៈ​ជាដើមត្រង់ៗពណ៌​បៃតងខ្ចី មាន​ផ្កា​ពណ៌​ស កម្ពស់​ដើម​ប្រមាណ​ជា40-50សង់ទីម៉ែត្រ គេ​និយម​បរិភោគ​ទាំង​ដើម និង​ស្លឹក ព្រោះ​ជា​បន្លែ​មាន​ប្រយោជន៍ ថែមទាំង​មាន​សារធាតុ​ត្រជាក់​ទៀតផង ទើប​ជា​បន្លែ​ដែល​អាចជួយ​សម្រាល​អាការ​ក្ដៅ​ក្នុង​បាន​យ៉ាង​ល្អ។ បន្លែ​ត្រកួន​មាន​ច្រើន​ពូជ​ណាស់ តែ​សម្រាប់​នៅក្នុង​ប្រទេស​យើង​វិញ គេ​និយម​ដាំ “ត្រកួន​ចិន”។

    គ្រប់​ចំណែក​របស់​ដើម​ត្រកួន​ចិន​អាច​យកមក​ចម្អិន​ធ្វើជា​ម្ហូបអាហារ​ដើម្បី​ទទួលទាន​បាន​ច្រើន​មុខ​ច្រើនយ៉ាង​ណាស់ តាំងពី​បរិភោគ​ត្រួយខ្ចីស្រស់ឆៅ ឬ​ស្រុស​ធ្វើជា​អន្លក់ ឆា ស្លម្ជូរ-ល- ទើប​អាច​និយាយបានថា ត្រកួន​ចិន គឺជា​បន្លែ​ចម្ការ​ក្នុងផ្ទះ​ដ៏​ពេញនិយម​ដែល​ងាយស្រួល​ដាំ និង​អាច​បេះ​យកមក​ធ្វើជា​អាហារ​បាន​ពេញ​មួយឆ្នាំ។

    **ការដាំ
    ការត្រៀម​ដី: ភ្ជួរ​ដាស់ដី​ជម្រៅ​ប្រមាណ30-40សង់ទីម៉ែត្រ រួច​ហាល​ទុកចោល1-2អាទិត្យ បន្ទាប់មក​ដាក់​ជីលា​មក​គោ ឬ​ជីធម្មជាតិ រួច​រាស់​ច្របល់​ឱ្យចូល​គ្នា​ជាមួយ​ដី ហើយ​លើកជា​រង​ទទឹង​ទំហំ1.5-2ម៉ែត្រ កម្ពស់​ប្រមាណ10-15សង់ទីម៉ែត្រ ដោយ​ទុកចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​ទទឹង30-40សង់ទីម៉ែត្រ។ ព្យាយាម​កៀរ​ដី​ខាងលើ​រង​ឱ្យ​រាប​ស្មើគ្នា ដើម្បីឱ្យ​ដើម​ត្រកួន​បាន​លូតលាស់​ឡើង​ស្ថិតក្នុង​កម្ពស់ស្មើៗគ្នា​ទាំងអស់។ បើ​ដី​មាន​ជាតិ​អាស៊ីត​ច្រើន ចូរ​ដាក់​ម្សៅ​កំបោរ​ស​ចូលទៅ​ ដើម្បី​កែសម្រួល​សភា​ពដី​ឱ្យ​ល្អ​ឡើងវិញ​បន្តិច។

    វិធី​ដាក់​ដាំ: យក​គ្រាប់ពូជ​ត្រកួន​ចិន​ទៅ​ត្រាំ​ទឹក​ក្ដៅឧណ្ហៗ ជ្រើសរើស​ស្រង់​គ្រាប់​ណា​ដែល​អណ្ដែត​ទឹក​ចេញ រួចហើយ​យក​គ្រាប់ពូជ​ដែល​លិច​ក្នុង​ទឹក​មក​ដាក់​ត្រាំ​បន្ត​រយៈពេល12ម៉ោង​ទៀត បន្ទាប់មក​សឹម​យក​គ្រាប់ពូជ​ទាំងនោះ​ទៅ​ព្រោះ​នៅលើ​រង ឬក៏​រោយ​ជាជួរៗក៏បានដោយ​ទុកចន្លោះ​កណ្ដាល​ពី​ជួរនីមួយៗប្រមាណ1.5សង់ទីម៉ែត្រ។ បន្ទាប់ពីនោះ ទើប​រោយ​លុប​ពីលើស្ដើងៗដោយ​ជីលា​មក​គោ ឬ​ជីធម្មជាតិព្រមទាំង​គ្របពីលើ​ដោយ​ចំបើងស្ងួតមួយ​ជាន់​ទៀត មុននឹង​ស្រោច​ទឹក​ព្រមជាមួយ​ទឹក​ជីធម្មជាតិ​សរីរាង្គ​ពីលើ។ ប្រមាណ​ជា2-3ថ្ងៃ កូន​ត្រកួន​នឹង​ចាប់ផ្ដើម​លាស់​ចេញមក ហើយ​រីក​ធំធាត់​លូតលាស់​ឡើង​យ៉ាង​ឆាប់រហ័ស​រហូតដល់​ពេល​ប្រមូល​ផល។

    **វិធី​មើលថែទាំ
    ការ​ស្រោច​ទឹក: ត្រកួន​ចិន​ជា​បន្លែ​ដែល​ចូលចិត្ត​ដី​ត្រជាក់​សើម តែ​មិន​ដក់​ទឹក​ប៉ប៉ិចប៉ប៉ាច់។ ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ជាប់លាប់ មួយថ្ងៃ 1-2ដងតែ​ត្រូវ​ផ្អាក​ចន្លោះ​ថ្ងៃ​ណា​ដែលមាន​ភ្លៀង​ធ្លាក់។

    ការដាក់​ជី: ចូរ​ដាក់​ជីធម្មជាតិ​សរីរាង្គ​រៀងរាល់ 7 – 10ថ្ងៃ​ម្ដង ព្រមទាំង​ស្រោច​ទឹក​លាយ​ទឹក​ជីធម្មជាតិ​សរីរាង្គ​បន្ថែម​ពីលើ​ការដាក់​ជី​មួយជាន់​ទៀត ឬ​ចង់​ជ្រើសរើស​ប្រើ​ជី​រូបមន្ត 25-7-7 ដោយ​អាចដាក់ស្ដើងៗដើម្បី​ជំរុញ​ការរីកចម្រើន​ធំធាត់​ថែមទៀត​ក៏បាន។

    ការការពារ និង​ការកម្ចាត់​សត្រូវ​ដំណាំ: បើ​ឃើញថា មានការ​រាតត្បាត​ដោយ​មេរោគ និង​សត្វល្អិត​សត្រូវ​ដំណាំ ចូរ​ប្រើ​ទឹក​ថ្នាំ​ដែល​ចម្រាញ់​ពី​សម្បក ឬ​ស្លឹក​ស្ដៅ ម្រេច និង​ថ្នាំជក់ លាយ​ជាមួយ​ទឹក​បាញ់​ពីលើ​ដើម​ត្រកួន​មួយថ្ងៃ​ម្ដងនៅពេលល្ងាច។

    **វិធី​ប្រមូល​ផល
    ក្រោយ​ពីព្រោះ​គ្រាប់ពូជ​ត្រកួន​ចិន​នៅលើ​រង​បាន​ប្រមាណ​ជា20-25ថ្ងៃ​រួចមក គេ​អាចធ្វើ​ការប្រមូល​ផល​ដោយ​ធ្វើ​ការដក​ឡើង​ទាំង​ឫស តែ​មុននឹង​ធ្វើការ​ប្រមូល​ផល ចូរ​ស្រោច​ទឹក​ឱ្យ​សើម​ជោក​ជាមុនសិន​ដើម្បីឱ្យ​ងាយស្រួល​ក្នុង​ការដក និង​ធ្វើឱ្យ​ដើម​ត្រកួន​នៅ​ស្រស់​ល្អ មិន​បែក​ជាំ៕

  • វិធី​ថែ​សម្រស់​សម្រាប់​សុភាពបុរស​ទាំងឡាយ

    វិធី​ថែ​សម្រស់​សម្រាប់​សុភាពបុរស​ទាំងឡាយ

    ពេលខ្លះ​មនុស្ស​មួយចំនួន ក៏ដូចជាបុរសៗផ្ទាល់​បានគិត​ថា វា​ហាក់ដូចជា​រឿង​ចម្លែក​ដែលបុរសៗត្រូវ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​ស្បែក។ ទោះយ៉ាងណា​សូម​ចាំ​ថា គំនិត​មួយ​ដែលថា​ត្រូវតែ​រក្សា​ភាពស្រស់ស្អាត​នោះ​មិនមែន​សម្រាប់តែស្រីៗនោះទេ តែ​បុរស​ក៏ត្រូវ​ការ​ស្បែក​ដែល​ស្រស់ស្អាត​ដូចគ្នា​ដែរ។ មានអី​ទៅ​ពិបាក​គ្រាន់តែ​អនុវត្តតាម​វិធីងាយៗមួយចំនួន នោះ​អ្នក​ពិតជា​មាន​អារម្មណ៍​ដឹងថា ស្បែក​ដែល​ធ្លាប់តែ​ព្រលែង​ចោល និង​ស្បែក​ដែល​មានតែ​ការយកចិត្ត​ថែទាំ​មាន​ភាពខុសគ្នា​យ៉ាងណា​ជាមិនខាន។

    ថែរក្សា​ស្បែក​ជា​រឿង​សំខាន់: ជាធម្មតា​រន្ធ​ញើស​បុរស​គឺ​ធំ​ជាង​នារី នោះ​មានន័យថា ខ្លាញ់ និង​ការ​ស្រូបយក​ក្អែល​គឺ​កាន់តែ​ងាយ​ជាង។ នេះ​ជា​មូល​ហេតុដែល​តម្រូវឱ្យបុរសៗទាំងឡាយ​សម្អាត​ស្បែក​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ។ នៅពេលដែល​អ្នក​ជ្រើសរើស​ផលិតផល ដើម្បី​ប្រើប្រាស់អ្នក​គួរតែ​យកបែប​ធម្មជាតិ និង​គ្មាន​ក្លិនក្រអូប ដូច្នេះ​អ្នក​មិនចាំបាច់​ភ័យ​ថា​នឹង​បំ​ភាយ​ក្លិនក្រអូប​ដូច​មនុស្ស​ស្រី​នោះទេ។

    សម្រប​ខ្លួន​ប្រើ​ម៉ាស​បិទមុខ: ចង់បាន​មុខស្រស់​ស្រាយ ប៉ុន្តែ​ដូចជា​មិន​ដាច់ចិត្ត​ដើរទៅ​ទិញ​ព្រោះ​ខ្មាសអ្នកលក់​ផង​ខ្មាសស្រីៗដែល​នៅ​ទីនោះ​ផង ហើយក៏​ដូចជា​ពិបាក​រក​ម៉ាស​សម្រាប់បុរសៗទៀត​មែន​ទេ? កុំ​បារម្ភ អ្នក​មិនទាន់​អស់​ផ្លូវ​ទេ នៅមាន​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយទៀត​គឺ​ម៉ាសបិទមុខ​បែប​ធម្មជាតិ។ ងាយ​ណាស់​មិនចាំបាច់​ទៅ​ទិញ​មិនចាំបាច់​ទៅ​ហាង​នាំ​តែមាន​អ្នកឃើញ​នោះទេ ធ្វើ​ខ្លួនឯង​ក្នុង​បន្ទប់ មើល​ទូរទស្សន៍​បណ្តើរ ស្តាប់​ចម្រៀង​បណ្តើរ​ក៏បានឬ​គេង​លក់​តែម្តង​ក៏​មិន​អី​ដែរ។ ឡា​រ៉ែ​ន ធ្លាប់បាន​ជម្រាប​ច្រើន​មកហើយ​ពី​របៀប​ធ្វើ​ម៉ាស​បិទមុខតែបើ​ចង់​សាកល្បង ទឹកឃ្មុំ ម្សៅ​តែ​ជប៉ុន និង​ទឹក​យកមក​លាយ​ចូលគ្នា​យកមក​បិទមុខ​ម្តង​មើល​ក៏បាន​ដែរ។ ទុកចោល15នាទី រួច​លាង​សម្អាត​ចេញ​នោះ ធូលី​ដី និងជាតិកខ្វក់ផ្សេងៗក៏នឹងត្រូវបានសម្អាតចេញពីផ្ទៃមុខរបស់អ្នកយ៉ាងមានប្រសិទ្ធភាពជាមិនខាន។

    ខាត់​ស្បែក​ជា​រឿង​ដែល​ត្រូវធ្វើ​បន្ទាប់: ស្បែក​បុរស​ត្រូវការ​ការសម្អាត​ជាខ្លាំង ហើយ​ការ​ដុសខាត់​ស្បែកថ្នមៗ និង​ជួយ​សម្អាត​ស្បែក និង​កម្ចាត់​កោសិកាចាស់ៗចេញ​យ៉ាង​ល្អ។ ស្ករត្នោត ជាមួយនឹង​ប្រេងល្ង2-3តំណក់ យកមក​ដុស​លើ​ស្បែកថ្នមៗ រួច​លាង​សម្អាត​ចេញ​នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ស្បែ​កមាន​សំណើម​ជាង​មុន។

    កោរ​រោម​ជា​រឿង​គេច​មិន​ផុត: ការ​កោរ​រោម​គឺជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​ស្បែក​រមាស់ ដូច្នេះ​បន្ទាប់ពី​កោរ​រោម​មុខ​រួច អ្នក​គួរ​ផ្តល់ជំនួយ​ឱ្យ​ស្បែ​កមុខ​ដោយ​ប្រទាល​កន្ទុយក្រពើ ព្រោះ​វា​អាចជួយ​បង្រួម​រន្ធ​ញើស​ជាង​ការប្រើ​ផលិតផល​ដែល​ផ្សំ​ដោយ​ជាតិ​អាល់កុល​ដែល​អាចធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្ងួត និង​ងាយ​ដាច់​រលាត់។

    ហាត់ប្រាណ: មនុស្ស​ឆ្លាត​គេ​មិនដែល​បោះបង់ចោល​ការហាត់​ប្រាណ​នោះទេ ព្រោះ​គេ​ដឹង​ច្បាស់​ថា វា​មាន​ប្រយោជន៍​យ៉ាងច្រើន ទាំង​ផ្នែកសម្រស់ និង​សុខភាព៕