Author: ធឿន មករា

  • ប្រយោជន៍5យ៉ាង​របស់​ដុំ​ធ្យូង “ភាពល្អ​ស្អាត​ដែល​បង្កប់​ក្នុង​ភាព​ខ្មៅ”

    ប្រយោជន៍5យ៉ាង​របស់​ដុំ​ធ្យូង “ភាពល្អ​ស្អាត​ដែល​បង្កប់​ក្នុង​ភាព​ខ្មៅ”

    ប្រយោជន៍ល្អៗរបស់​ធ្យូង ភាពល្អ​ស្អាត​ដែល​បង្កប់​ក្នុង​ដុំ​ពណ៌​ខ្មៅ តើ​អាច​នាំយក​ទៅធ្វើ​អ្វី​បាន​ខ្លះ ក្រៅពី​បង្កាត់​ជា​ភ្លើង​សម្រាប់​ចម្អិន​អាហារ? ដល់ពេល​ដុត​អាំង​ជប់លៀង​ផា​រ៍​ទី​ជុំគ្នាម្ដងៗ ត្រូវតែ​ទិញ​ធ្យូង​មក​ត្រៀម​ទុក​សម្រាប់​ចម្អិន​អាហារ​គ្រឿងក្លែម​មែន​ទេ? បងៗស្ត្រី​មេផ្ទះ​ជាច្រើន​តែង​ស៊ាំ​ធ្លាប់​ជាមួយ​ការប្រើប្រាស់​ធ្យូង​សម្រាប់តែ​ដាំ​ស្លចម្អិនម្ហូប​អាហារ​តែ​ម្យ៉ាង​ប៉ុណ្ណោះ តែ​ការពិត​វិញ ដុំឈើខ្មៅៗនេះ​អាច​នាំយក​ទៅធ្វើ​អ្វីផ្សេងៗទៀត​បានជា​ច្រើនយ៉ាង ដូច្នេះ​បើបងៗនៅ​មិនទាន់​ដឹងថា តើ​នឹង​ត្រូវយក​ដុំ​ធ្យូងដែល​នៅ​សេសសល់​ក្នុង​ចង្ក្រាន​បាយ​ទៅធ្វើ​អ្វី​ទេនោះ សូម​តាម​មក…អ្នកគ្រូ ឆវី នឹ​ង​ប្រាប់​ពី​ប្រយោជន៍ល្អផ្សេងៗទៀត​របស់​ដុំ​ធ្យូង​ដូចតទៅ។

    1. ជួយ​បឺត​យក​ក្លិន​មិនល្អ
    មិនថាតែ​ក្នុង​ថតតុ ក្នុង​ទូទឹកកក ក្នុង​ធុងសំរាម ក្នុង​បន្ទប់ទឹក ឬ​ទីកន្លែង​ណា​នៅ​ក្នុងផ្ទះ​នោះទេ បើសិន​ជាមាន​ធំក្លិន​មិនល្អ(ស្អុយ)ហើយ​នោះ ចូរ​នាំយក​ធ្យូង​ប្រមាណ​ជា2-3ដុំ​ទៅ​ដាក់​នៅត្រង់​កន្លែង​ដែល​ត្រូវការ​រ​បំបាត់​ក្លិន​ទាំងនោះ។ មិនយូរប៉ុន្មាន ក្លិនមិនគួរបេតីទាំងនោះនឹងរលាយបាត់អស់ជាបណ្ដើរៗ ព្រោះរន្ធតូចៗជាច្រើននៅលើដុំធ្យូងនឹងជួយបឺតស្រូបយកក្លិនអស់ទាំងនោះ ទោះជាក្លិនបារីក៏ដោយ។

    2. ការពារសំណើម
    បើសិនជាខ្យល់អាកាសខាងក្នុងផ្ទះបក់ចេញចូលមិនសូវល្អ ឬមានប្រឡោះខ្យល់តូចៗជ្រុលពេក ជាពិសេសបន្ទប់ដែលមានសំណើមខ្ពស់ដូចជា បន្ទប់ទឹក ជាដើម វានឹងធ្វើឱ្យមានក្លិនអាប់ និងកើតមេរោគផ្សិតឡើង តែបងៗស្រ្តីមេផ្ទះអាចការពារជាមុនបាន ដោយយកម្សៅសាប៊ូមកលាយជាមួយម្សៅបេកឃីងសូដា (មានលក់នៅតាមហាងផ្សារទំនើប) ឬទឹកខ្មេះមកជូតនៅតាមកម្រាលឥដ្ឋ ជញ្ជាំង និងពិតានឱ្យសព្វ ហើយសឹមយកដុំធ្យូងមកដាក់ទុកចោលនៅក្នុងនោះ ដើម្បីឱ្យវាបឺតជាតិសើមចេញ។ ក្រៅពីនេះ បើមានធុង ឬឡាំងដាក់របស់របរផ្សេងៗដូចជា គ្រឿងដែក ឬឧបករណ៍ជាង ជាដើមនោះ បងៗគ្រាន់តែយកធ្យូង1-2ដុំតូចៗទៅដាក់ក្នុងនោះចោល ក៏វាអាចជួយកាត់បន្ថយសំណើម និងការពារការកើតច្រែះបានដែរ។

    3. បិទបាំងស្នាមឆ្កូតផ្សេងៗ
    បើគ្រឿងសង្ហារិម ឬឧបករណ៍ប្រើប្រាស់ណាដែលមានផ្ទៃពណ៌ខ្មៅ ឬពណ៌ស្ករចាស់ ហើយចៃដន្យមានស្នាមឆ្កូតតូចៗដែលពិបាកនឹងលើកយកទៅឱ្យជាងជួសជុលសម្អាត និងបើទុកប្រើទាំងមានស្នាមឆ្កូតបែបហ្នឹង មើលទៅដូចជាមិនគួរឱ្យគយគន់សោះនោះ សូមបងៗស្រ្តីមេផ្ទះយកធ្យូងមកដុសៗខាត់ៗត្រង់កន្លែងដែលមានស្នាមឆ្កូត ឬស្នាមកខ្វក់ដែលលុបមិនជ្រះនោះទៅ។ ធ្វើត្រឹមតែប៉ុណ្ណឹង គ្រឿងសង្ហារិមពណ៌ខ្មៅដែលធ្លាប់តែមានស្លាកស្នាមមិនល្អទាំងនោះនឹងត្រឡប់ទៅជាថ្មីស្អាតដូចមុនវិញមិនខាន។

    4. ពន្យារអាយុផ្កាស្រស់
    ភាគច្រើនផ្កាស្រស់ដែលយើងតែងយកមកដាក់នៅក្នុងថូសម្រាប់តុបតែងលម្អផ្ទះនោះ ច្រើនតែនៅមិនសូវបានយូរប៉ុន្មានឡើយ បានតែប៉ុន្មានថ្ងៃក៏រោយស្រពោនទៅហើយ ទោះជាដាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក៏ដោយ តែបញ្ហានេះងាយស្រួលកែណាស់ មិនពិបាកទេគ្រាន់តែដាក់ធ្យូងចូលទៅប្រមាណជា1-2ដុំ ព្រមជាមួយទឹកកន្លះថូប៉ុណ្ណោះ ផ្កាស្រស់ទាំងនោះនឹងនៅស្រស់បំព្រងបានយូរ និងថែមទាំងធ្វើឱ្យទឹកថ្លា និងស្អាតទៀតផង។

    5. ថែបំប៉នដើមផ្កា
    សម្រាប់ដើមរុក្ខជាតិតូចៗដាំក្នុងដី ចូរយកធ្យូងមកដំបំបែកជាដុំតូចៗ ហើយរោយនៅជុំវិញគល់ដើមផ្កាទាំងនោះ រួចហើយលប់ដីពីលើមួយជាន់ទៀត វានឹងជួយថែរក្សាសំណើមនៅក្នុងដី និងការពារការកើតស្មៅបានទៀតផង។ ចំណែកដើមផ្កាដែលដាំនៅក្នុងផើងវិញ ចូរដាក់ធ្យូងទ្រាប់បាតផើងជាមុនសិន មុននឹងដាក់ដីដាំដើមផ្កា ព្រោះធ្យូងនឹងជួយបៀមទឹកមិនឱ្យឆាប់ស្ងួតអស់លឿនពេក និងថែមទាំងជួយបង្កើនសារធាតុរ៉ែឱ្យដីទៀតផង។ ធ្យូង ក្រៅពីប្រើសម្រាប់បំបាត់ក្លិនស្អុយ ក្លិនអាប់ និងក្លិនមិនល្អផ្សេងទៀតដែលយើងមិនចូលចិត្តហើយនោះ នៅជួយការពារសំណើម ផ្ដល់ភាពថ្មីឡើងវិញដល់គ្រឿងសង្ហារិម និងធ្វើឱ្យផ្កាស្រស់នៅស្រស់បំព្រងបានកាន់តែយូរឡើងទៀតផង… ពិតជាប្រើប្រយោជន៍បានច្រើនយ៉ាងមែន៕

  • វិធី​ការពារ​ជំងឺមហារីក​ស្បែកសម្រាប់បុរសៗ

    វិធី​ការពារ​ជំងឺមហារីក​ស្បែកសម្រាប់បុរសៗ

    មហារីក​ស្បែក ភាគច្រើន​កើត​ចំពោះ​បុរស​ដែលមាន​ស្បែក​ខូច ដូចជា ស្បែក​រលាក ស្បែក​ខ្នង​ឡើង​មុន​ច្រើន ឬ​កន្ទួល​ក្រហម​នៅលើ​ស្បែក និង​អាច​កើតមាន​ចំពោះ​មនុស្ស​ប្រុស​ដែលមាន​ជំងឺ​ប្រចាំកាយ​រាល់ថ្ងៃ ដែល​ធ្វើឱ្យ​លោកអ្នក​ខាតបង់​ថវិកា​ជាច្រើន​ក្នុង​ការពិត​និត្យ និង​ព្យាបាល​ជំងឺ។ ការ​ហុច​ផល​ចំពោះ​សុខភាព​នៅពេល​បច្ចុប្បន្ន​នេះ អាច​បណ្ដាលមកពី​ស្បែក​ដែល​ខូច​ដោយសារ​កាំរស្មីព្រះអាទិត្យ។ មាន​មនុស្ស​ជាច្រើន​បាន​ប្រើប្រាស់​ក្រែ​ម​ការពារ​កម្ដៅថ្ងៃ ដែល​អាច​ការពារ​ស្បែក​បាន​មួយកម្រិត​តែប៉ុណ្ណោះ តែ​វា​មិនអាច​ការពារ​ស្បែក​បាន​ទាំងអស់​នោះទេ។ ការ​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ វា​អាចមាន​ប្រសិទ្ធភាព​ការពារ​បាន​ក្នុង​មួយ​ម៉ោង និង​អាច​ការពារ​បានតែ​កាំរស្មីព្រះអាទិត្យ​តែប៉ុណ្ណោះ វា​មិនបាន​ជួយ​ការពារ​ស្បែក​មិនឱ្យ​កើត​ជំងឺ​មហា​ស្បែក​បានឡើយ។

    ជាការ​ពិតណាស់ កាំរស្មីព្រះអាទិត្យ​ក៏បានផ្ដល់​វីតាមីន​មួយចំនួន​ដល់​ស្បែក​យើង​បានដែរតែ​ចំពោះតែ​កាំរស្មី​ដែលមាន​កម្ដៅខ្សោយស្រាលៗទេ (កាំរស្មីព្រះអាទិត្យ​នៅមុន​ម៉ោង9ព្រឹក) មិនមែនជា​កាំរស្មី​ដែល​ក្ដៅ​ខ្លាំង​នោះទេ។ កាលណា​ស្បែក​ត្រូវ​កម្ដៅ​កាំរស្មី​ខ្លាំងពេក អាច​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​ស្បែក និង​ហុច​ផល​មិនល្អ​ចំពោះ​សុខភាព​ស្បែក ដូចជា ការ​អាំង​ស្បែក​នៅក្រោម​ពន្លឺ​ថ្ងៃ​ក្ដៅ​ខ្លាំង​ជាដើម។

    បុរស​គួរតែ​ការពារ​ស្បែក​របស់ខ្លួនឱ្យបានល្អ គឺត្រូវថែឱ្យបានខ្ជាប់ខ្ជួនដូចនារីៗដែរ ព្រោះ​គ្រោះថ្នាក់​នៃ​ជំងឺ​មហា​រីកស្បែក​គឺអាច​កើតមាន​ចំពោះ​បុរស​ច្រើនជាង​នារីៗ ដោយសារ​ទង្វើ​ធ្វេ​ស​ប្រហែស​របស់​ពួកគេ។ កត្តា​ដែល​លោកអ្នកគួរ​ដឹង​ពី​វិធី​ការពារ​ស្បែក និង​មូលហេតុនៃការបង្ក​ឱ្យ​កើត​ជំងឺមហារីក​ស្បែក និងវិធីការពារ​ស្បែក​របស់បុរសមិនឱ្យ​កើតជំងឺ​មហារីក​ស្បែក​តាមបែប​ធម្មជាតិរួមមានដូចជា ៖

    1. ភាព​តានតឹង: សូមកុំកង្វល់​ថា បុរស​មិនអាច​ប្រើ​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​ឱ្យសោះ ភាព​តានតឹង​មួយ​នេះ​កាន់តែ​ធ្វើឱ្យ​លោកអ្នក​មាន​កង្វល់​នៅក្នុង​ចិត្ត​ទៅ​វិញ​ទេ ហើយវាក៏​ជា​កម្លាំង​ជំរុញ​មួយ​ឱ្យ​កើតមានជំងឺមហារីក​ស្បែ​កបាន​យ៉ាង​ងាយ​ផងដែរ។

    2. សារធាតុ​អង់​ទី​អុកស៊ីដ​ង់: សារធាតុ​ដែល​អាច​ការពារ​ការ​ហុច​ផល​ពី​អង់​ទី​អុកស៊ីដ​ង់​រួមមាន ផ្លែឈើ បន្លែ ជាពិសេស​បន្លែ​ស្លឹក​ប្រភេទ​ខ្លះដែល​មាន​ផ្ទុក​នូវ​សារធាតុ​ការពារ​អង់​ទី​អុកស៊ីដ​ង់​។

    3. ទទួលទានវីតាមីនល្អចំពោះសុខភាពស្បែក: ទទួលទាន​អាហារ​ដែលមាន​សា​ធាតុ​ចិញ្ចឹម​ឱ្យបាន​គ្រប់គ្រាន់​ដូចជា វីតាមីន C និង E ដែល​វា​អាច​ការពារ​ស្បែក​របស់​លោកអ្នក​បាន ហើយអ្វីដែលកាន់តែ​ពិសេស​ជាងនេះទៅទៀតនោះ​គឺ ទទួលទាន​អាហារណាដែលមានសារធាតុ អូ​មេ​ហ្កា 3 ឱ្យបានច្រើន។

    4. ចៀសវាងសារធាតុគីមី: ចៀសវាង​ការប្រើប្រាស់សារធាតុ​គីមី​ដែលមាន​គ្រោះថ្នាក់ចំពោះ​ស្បែក ដូចជា ឡេ​លាយ សាប៊ូ​ផុត​អាយុ​កំណត់ជាដើម ព្រោះ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុខភាព​ស្បែក។

    5. ចៀសវាងស្ថិតក្រោមកម្តៅថ្ងៃរយៈពេលយូរ: ចៀសវាង​ការអនុញ្ញាតឱ្យស្បែករបស់លោកអ្នក​ត្រូវជាមួយនឹងកម្ដៅថ្ងៃ​ខ្លាំង ឬ​ស្ថិតនៅក្រោមកម្តៅថ្ងៃក្នុង​រយៈពេល​យូរជាដើម៕

  • ហាង​គុយទាវ ឡាំ​ឌួ​យ របស់ ឌុ​ច ​លីដា បាន​បិទទ្វារ​ហើយ

    ហាង​គុយទាវ ឡាំ​ឌួ​យ របស់ ឌុ​ច ​លីដា បាន​បិទទ្វារ​ហើយ

    ទើបតែ​បាន​ក្លាយខ្លួនជា​ថៅកែ​ស្រី​នៃ​ហាង​គុយទាវ ឈ្មោះ “ឡាំ​ឌួ​យ” ដែលមាន​រូប​សត្វ​ក្រពើ​ត្លុក​ជា​និមិត្តសញ្ញា ស្ថិតនៅ​ម្ដុំ​ខាងក្រោយ​វិទ្យាស្ថាន វ៉ានដា គណនេយ្យ មិនទាន់បាន​ប៉ុន្មាន​ផង​នោះ ពេលនេះ​ទីតាំង​ហាង​គុយទាវ​ឡាំ​ឌួ​យ​របស់​នាង​ត្រូវបាន​បិទទ្វារ ហើយ​ជំនួស​មកវិញ​នូវ​ស្លាក​ប្រកាស​ជួល​ផ្ទះ​ទៅវិញ។ យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹងថា តើ​ជាការ​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី ឬ​ជាការ​សម្រេច​បិទ​អាជីវកម្ម​ដោយសារ​ភាពមិន​ជោគជ័យ​នោះទេ ខណៈដែល​ម្ចាស់​សាមីខ្លួន​នៅ​មិនទាន់​ចេញមុខ​បកស្រាយ​ចម្ងល់​នៅឡើយ។

    ហាង​គុយទាវ​ឡាំ​ឌួ​យ ដែលមាន​ទីតាំង​នៅក្រោយ​វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ ដែល​គេ​ដឹង​ថាជា​កម្មសិទ្ធិ​របស់​កំពូល​តារា​សម្តែង​ស្រី​ស្រស់ ឌុ​ច លីដា នោះ​ត្រូវបាន​បិទទ្វារ​ជា​យូរថ្ងៃ​មកហើយដោយ​ម្ចាស់ផ្ទះ​នោះបាន​ដាក់​ស្លា​កថា“ផ្ទះជួល” ទៅវិញ ទើប​គេ​សន្និដ្ឋានថា លីដា បាន​រំសាយ​បុគ្គលិក​អស់ហើយ ដោយសារ​មិន​ទទួលបាន​ជោគជ័យ​តាម​គម្រោងការ។ បើតាម​ការ​ឱ្យដឹងពី​អ្នកជិតខាង​នៅ​ជុំវិញ​ហាង​ឡាំ​ឌួ​យ បាន​បញ្ជាក់ថា ហាង​នេះ​លក់​មិនសូវ​ដាច់​ទេ ហើយយូរៗម្តង​គេ​ឃើញ​តារា​សម្តែង និង​អ្នកដឹកនាំ​ដែលជា​អ្នក​រួម​អាជីព​ជាមួយ លីដា ចូល​ញ៉ាំ​ម្តងម្កាល​ប៉ុណ្ណោះទើប​ចុងក្រោយ ស្រាប់តែ​បិទទ្វារ ហើយ​ម្ចាស់ផ្ទះ​គេ​ដាក់​ប្រកាស​រក​អ្នក​ជួល​ផ្ទះ​ទៅវិញ។

    ពាក់ព័ន្ធ​ទៅនឹង​ការសម្រេច​បិទ​ហាង គុយទាវ ឡាំ​ឌួ​យ របស់ ឌុ​ច លីដា ខាងលើនេះ គេ​នៅ​មិនទាន់​ទទួលបាន​ចម្លើយ​បញ្ជាក់​ពី​ថៅកែ​ស្រី​រូបនេះ​នៅឡើយ​នោះទេ ដោយសារ​ទូរស័ព្ទ​រប​ស់​នាង​ដែល​ធ្លាប់ប្រើ​ត្រូវបាន​បិទ​មិនអាច​ទាក់ទង​បាន។ តែ​ការបើក​ដំណើរការ​ហាង​គុយទាវ​ឡាំ​ឌួ​យ នេះ កន្លងមក​តារា​សម្តែង​រូបនេះ បាន​ប្រាប់ថា នាង​ចំណាយ​ទុន​ប្រមាណ​ជាង3ម៉ឺន​ដុល្លារ​អាមេរិក ទើប​ចេញ​ជា​រូបរាង​បាន ហើយ​នាង​ថែមទាំង​មានជំនឿថា អាច​នឹង​ជោគជ័យ​ទៀតផង ព្រោះថា គុយទាវ​នោះ ពិសេស​ជាង​ហាង​ដទៃទៀត។ ប៉ុន្តែ ក្តី​រំពឹង​របស់ ឌុ​ច លីដា ហាក់ដូចជា​មិន​ដូច​បំណង​នោះឡើយ ព្រោះថា នៅ​ម្តុំ​នោះ​មាន​ហាង​អាហារ​ដ្ឋា​ន​ច្រើន ហើយ​ភាគច្រើន​ជា​សិស្សសាលា មិនសូវមាន​ប្រាក់​ចូល​ញ៉ាំ​គុយទាវ​ប្រេន​ប្រេន​នោះទេ ទើប​ចុងក្រោយ ធ្វើឱ្យ​ថៅកែ​ស្រី លីដា ដួល​បះជើង​ខាត​ឡុងចុង​កណ្តាលផ្លូវ​បែបនេះ។

    គួរកត់សម្គាល់​ផងដែរ​ថា ពាក់ព័ន្ធ​ទៅនឹង​ការចាយ​ដើមទុន​បើកហាង​គុយទាវ ឡាំ​ឌួ​យ របស់ ឌុ​ច លីដា កាលពីពេល​កន្លងទៅនេះ ត្រូវបាន​សាយភាយ​ព័ត៌មាន​មក​ថា មិនមែនជា​ទុន​របស់ ឌុ​ច លីដា តែម្នាក់ឯង​ផ្តាច់មុខ​នោះទេ ប៉ុន្តែ​វា​ជាការ​ចូលរួម​ជ្រោមជ្រែង​ពី​សំណាក់​ស្ត្រី​ជា​ថៅកែ​ហាង​លក់​ពេជ្រ​ម្នាក់​នៅ​ម្តុំ​ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ ដ្បិត​ថៅកែ​ពេជ្រ​ម្នាក់​នោះ​ពេញ​ចិត្តនឹង​រូប​សម្រស់​របស់​នាង​ជាខ្លាំង ហើយក៏​មានការ​ហួងហែង​ទៅលើ​ការងារ​សិល្បៈ​របស់​នាង​ដែរ ដោយ​ការហាម​មិនឱ្យ​នាង​ថត​ឈុត​ឱបថើប បែប​ស្រើបស្រាល​ជាមួយ​តួ​ប្រុស​ជាដើម៕

  • រឿង6យ៉ាង​ដែល​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ភាពរលូន​ក្នុង “បន្ទប់​ចង្ក្រាន​បាយ”

    រឿង6យ៉ាង​ដែល​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ភាពរលូន​ក្នុង “បន្ទប់​ចង្ក្រាន​បាយ”

    បន្ទប់​ចង្ក្រាន​បាយ អាច​រាប់បាន​ថា ជា​បន្ទប់​មួយ​នៅក្នុង​ផ្ទះ​ដែល​អ្នក​គួរតែ​ច្នៃ​ម៉ូដ​ឡើង​ ដើម្បីឱ្យ​អាច​ប្រើការ​បាន​យ៉ាង​គ្រប់គ្រឿង​បំផុត ជាពិសេស​សម្រាប់​ផ្ទះ​ដែលមាន​ទីធ្លា​ក្នុង​បន្ទប់​ចង្ក្រាន​បាយ​មិនសូវ​ជាធំ​ប៉ុន្មាន ដូច្នេះ​បើ​យើង​ចង់​ចេញ​ម៉ូដ​បន្ទប់​ចង្ក្រាន​បាយ អ្នកគួរតែមាន​ការរៀប​ផែនការ និង​នឹក​ដល់​បច្ច័យផ្សេងៗឱ្យបាន​ល្អិតល្អន់​ជាមុនសិន។ តើ​បច្ច័យ​ទាំងអស់នោះ​មាន​អ្វី​ខ្លះទៅ?

    1. ម៉ូដ និង​ប្លង់​បន្ទប់​ចង្ក្រាន​បាយ
    រឿង​ដែល​គួរ​ធ្វើ​ក៏​គឺ ការត្រួត​ឆែក​មើល​ម៉ូដ និង​ប្លង់​បន្ទប់​ចង្ក្រាន​បាយ​ឱ្យបាន​ល្អិតល្អន់​ថា តើ​មាន​អង្គ​ប្រកប​គ្រប់គ្រឿង និង​អាច​ប្រើការ​បាន​យ៉ាង​ងាយស្រួល​ដែរឬទេ? ដូចជា​ កន្លែង​ទុកដាក់​របស់របរ​ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយ ទីតាំង​ដាក់​ទូទឹកកក និងទីកន្លែង​សម្រាប់​ចម្អិន​អាហារជាដើម។ល។ ទាំងអស់នេះ​គួរតែ​ប្រឹក្សា​ជាមួយ​ស្ថាបនិក ឬ​អ្នកចេញ​ម៉ូដ​ខាង​ក្នុងផ្ទះ ដែល​ពួកគេ​នឹង​ផ្ដល់​ការ​ណែនាំ​បាន​យ៉ាង​ល្អ​ដល់​អ្នក។

    2. ឧបករណ៍​ក្រាល​ក្នុង​ផ្ទៃ​បន្ទប់​ច​ង្ក្រាន​បាយ
    ដើម្បី​ភាពងាយស្រួល និង​ក្ដី​សប្បាយចិត្ត​ក្នុងការ​សម្អាត​ឧបករណ៍​ដែល​ក្រាល​លើ​ផ្ទៃ​បន្ទប់​ផ្ទះបាយ គួ​តែ​ជា​ប្រភេទ​កម្រាល​ដែល​ងាយស្រួល​សម្អាត ដោយ​អ្នកជំនាញ​ណែនាំ​ឱ្យប្រើ​ឥដ្ឋការ៉ូ​ណា​ដែល​ស័ក្តិសម​បំផុត តែ​បើសិនជា​អ្នក​ត្រូវ​ប្រើ​ជើង​ទទេរ​ដើរ​នៅលើ​កម្រាល​ក្នុង​បន្ទប់​ចង្ក្រាន​បាយ​រយៈពេល​យូរ​នោះ អ្នក​អាច​នឹង​ជ្រើសរើស​ប្រើ​ជា​កម្រាល​ឈើ​ធម្មជាតិ​ក៏បាន ​ដើម្បីឱ្យ​អ្នក​បាន​ស្រួល​បាតជើង។

    3. ទីកន្លែង​ទុកដាក់​របស់របរ
    មិន​ថា​ជា​បន្ទប់​ផ្ទះបាយ​តូច​មួយ ឬ​ធំ​ប៉ុនណា​ក៏ដោយ អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា បន្ទប់​ចង្ក្រាន​បាយ​របស់​អ្នកនោះ​មាន​ទីកន្លែង​សម្រាប់​ទុកដាក់​របស់របរ​គ្រប់គ្រាន់ និង​ងាយស្រួល​ដល់​ការចាប់​យកមកប្រើ​ការ ដូចជា អាច​ជ្រើសរើស​ប្រើ​តុ​ខោ​នធើរ​ដែលមាន​ទូ ឬ​ថត ឬ​ធ្នើរថ្នាក់ៗសម្រាប់​ដាក់​របស់រប​រ​ជាប់​នឹង​ជញ្ជាំង​ក៏បាន។

    4. កន្លែង​ទទួលទាន​អាហារ
    បើ​ផ្ទះ​របស់​អ្នក​ប្រើ​បន្ទប់​ចង្ក្រាន​បាយ​ធ្វើជា​កន្លែង​ទទួលទាន​អាហារ​ផងដែរ​នោះ ការរៀបចំ​បែងចែក​ទីកន្លែង​សម្រាប់​ទទួលទាន​​អាហារ​គឺជា​រឿង​ដែល​មិនអាច​ចៀសវាង​បានឡើយ។ លោកអ្នក​អាច​នឹង​ជ្រើសរើស​ប្រើ​តុ​ទទួលទាន​អាហារ​បែប​ជាប់​នឹង​ជញ្ជាំង ឬ​ជា​តុ​ដែល​តាំងនៅ​កណ្ដាល​បន្ទប់​ដែល​ដាក់​នៅ​បន្ទាប់ពី​តុ​ខោ​ន​ធើរ​ធ្វើ​ម្ហូប​ក៏បាន ដោយ​ទាំងអស់នេះ​អាស្រ័យ​លើ​ការសម្រេចចិត្ត​ដែល​ស័ក្តិសម​នឹង​ទីកន្លែង​នៅក្នុង​បន្ទប់​ផ្ទះបាយ​របស់អ្នក​បំផុត។

    5. ពន្លឺ
    ក្រៅពី​ពន្លឺ​របស់​អំពូល​ភ្លើង​ដែល​ព្យួរ ឬ​បំពាក់​នៅលើ​ពិតាន​ហើយ គួរតែមាន​ពន្លឺភ្លើង​បំពាក់​នៅលើ​ទីកន្លែង​ធ្វើ​ម្ហូប​ដូចជា តុ​ខោ​ន​ធើរ​ធ្វើ​ម្ហូប​ផង ដើ​ម្ប​ឱ្យ​ងាយស្រួល​ក្នុងការ​មើលឃើញអ្វីផ្សេងៗក្នុងការ​ចម្អិន​ម្ហូបអាហារ ដូចជា​ សៀវភៅ​ប្រាប់​ពី​វិធី​ធ្វើ​ម្ហូប និង​គ្រឿងគ្រៅផ្សេងៗដែល​អុ្នក​ត្រូវ​ប្រើ​ក្នុង​ការធ្វើ​ម្ហូប​ផងដែរ។

    6. គ្រឿង​ប្រើប្រាស់​អគ្គិសនីផ្សេងៗ
    ក្នុងការ​ជ្រើសរើស​ប្រើ​ឧបករណ៍​អគ្គិសនី​សម្រាប់​បន្ទប់​ចង្ក្រាន​បាយ មិនថាតែ​ទូទឹកកក ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ ចង្ក្រាន​ចម្អិន និង​ឧបករណ៍​លាងចាន​នោះទេ អ្វីដែល​ត្រូវ​នឹក​ដល់​នោះ​គឺ ការប្រើប្រាស់​ឱ្យ​រួច​តម្លៃ​របស់​វា មិនថាតែ​ឧបករណ៍​អគ្គិសនី​ដែលមាន​គុណភាពកម្រិតស្តង់ដារ ស្អាត​មាន​អនាម័យ និង​មាន​ការធានា​ដែល​អាច​ប្រើការ​បានយូរ​អង្វែង​ជាដើម។

    បើ​អ្នក​ត្រូវការ​បន្ថែម​ទីកន្លែង​ប្រើប្រាស់​ក្នុង​បន្ទប់​ចង្ក្រាន​បាយ ចូរ​សាកល្បង​ដាក់​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​នៅក្រោម​តុ​ខោ​ន​ធើរ​ធ្វើ​ម្ហូប​ដើម្បី​ឱ្យមាន​ទីកន្លែង​ត្រៀម​ចម្អិន​អាហារ​ច្រើនឡើង ហើយកុំ​ភ្លេច​ជ្រើសរើស​ប្រើ​ទូទឹកកក​ដែលមាន​ទំហំ​សមល្មម​សម្រាប់តែ​សមាជិក​ក្នុង​គ្រួសារ​បាន​ហើយ។

    មុននឹង​ចេញ​ម៉ូដ​បន្ទប់​ចង្ក្រាន​បាយ​សម្រាប់​ផ្ទះ​ថ្មី ចូរ​កុំ​ភ្លេច​នឹក​ដល់​រឿងផ្សេងៗដែល​បាន​រៀបរាប់​មក​ខាងលើ​នោះ​ផង ដើម្បី​កុំឱ្យ​មក​អង្គុយ​នឹក​ស្ដាយ ឬ​កែកុន​ថែមថយ​នាំឱ្យ​រញ៉េរញ៉ៃ និង​មិន​សប្បាយចិត្ត​នៅពេល​ក្រោយ៕

  • ជឿទេថា ខ្ទិះដូងមានគុណសម្បត្តិជួយសម្រកខ្លាញ់ក្បាលពេាះ?

    ជឿទេថា ខ្ទិះដូងមានគុណសម្បត្តិជួយសម្រកខ្លាញ់ក្បាលពេាះ?

    អ្នក​ប្រហែលជា​បាន​ជ្រាប​ពី​ចំណេះដឹង​នានា ដែល​បាន​ស៊ែរ​បន្ដ​គ្នា​ថា “ទទួលទាន​ទឹកខ្ទិះ​ដូង​ផ្សំ​លាយ​ជាមួយ​ទឹកដូង ជួយ​កម្ចាត់​ខ្លាញ់​តាម​សរសៃឈាម” តែ​គួរឱ្យ​ជឿជាក់​បាន​កម្រិតណា​នោះ សូម​តាមដាន​ទាំងអស់គ្នា​វិញ​ល្អ​ជាង។ ជាមួយគ្នានេះដែរ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​នូវ​អត្ថបទ​ពិសេស​មួយ ដែល​លោកអ្នក​មិន​ធ្លាប់បាន​អាន​ពីមុនមក​ឡើយ។ តោះ!! សូម​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​មក​ជ្រាប និង​ពិចារណា​ទាំងអស់​គ្នាអំពី​ការទទួល​ទាន ខ្ទិះដូង​លាយជាមួយ​ទឹកដូង​ក្នុងការ​សម្រក​ជាតិ​ខា្ល​ញ់​ក្នុង​សរសៃរ​ឈាម ក៏ដូចជា​សម្រក​ខ្លាញ់​ក្បាលពោះ​យ៉ាង​មាន​ប្រសិទ្ធភាព​ដូចខាងក្រោម​នេះ។

    ដំបូង​សូមអ្នក​ពិចារណា​ចំពោះ​ថាមពល​ដែលមាន​នៅក្នុង​ខ្ទិះដូង 1កំប៉ុង​ចំណុះ250មី-​លី​លីត្រ វា​មានថាមពល360កាឡូរី និង​ផ្លែ​ដូង​មួយ​ផ្លែ ដែលមាន​ចំណុះ​ទឹក350មី​លី​លីត្រ មាន​ថាមពល​ដល់​ទៅ80កាឡូរី។ ប្រសិនបើ​អ្នកធ្វើការ​ផ្សំ​ប​ញ្ជូ​ល​គ្នា​រវាង​ធាតុ​ផ្សំ​ទាំងពីរ​ខាងលើនេះ​រួម​តែមួយ ដូច្នេះ​ថាមពល​សរុប​គឺ 440កាឡូរី ដែល​អាច​ចាត់ទុកថា​ស្មើរ​នឹង​ថាមពល​ដែល​អ្នក​បាន​ពី​ការ​ទទួលទាន​បាយ​សាច់មាន់1ចាន​ដូចគ្នា។

    ដូច្នេះហើយ​ការទទួល​ទាន​ទឹកខ្ទិះ​ដូង​លាយ​ជាមួយ​ទឹកដូង ហើយ​បូកផ្សំ​ជាមួយ​អាហារផ្សេងៗទៀត​នោះ ថាមពល​អាហារ​ដែល​អ្នកទទួលបាន​សរុប​ក៏​កាន់តែ​ច្រើនឡើង​ទៅតាម​នោះដែរ។ ក្នុងករណី​ដែល​អ្នក​គិតថា ទទួលទាន​ទឹកខ្ទិះ​ដូង​លាយ​ជាមួយ​ទឹកដូង​ដោយ​មិន​ទទួលទាន​អាហារ​ផ្សេងទៀត ពោលគឺ រាងកាយ​របស់​អ្នក​នឹងខ្វះ​សារធាតុចិញ្ចឹម​ពី​អាហារ​ដទៃទៀត។ បើទោះបី​មានការ​បកស្រាយ​មួយ​និយាយថា ខ្ទិះដូង​មាន​ផ្ទុក​នូវ​សារធាតុ​ប្រេង (Medium-chain Triglycerides) ដែលមាន​មូ​៉​លេ​គុល​ប្រេង​តូច​ជាង​មូ​៉​លេ​គុល​ប្រេង​ដទៃទៀត​ក៏ដោយ ក៏​ថាមពល និង​ជាតិ​ប្រូ​តេ​អី​ុ​ន​ដែលមាន​នៅក្នុង​ខ្ទិះដូង មាន​មិនតិចជាង​អាហារ​ជាតិ​ខ្លាញ់​ជាច្រើន​ទៀត ដែល​ងាយ​ធ្វើឱ្យ​អ្នក​ឡើង​គីឡូ​បាន​ផងដែរ។

    ជា​ចុងក្រោយ​ការទទួល​ទាន​ទឹក​ខ្ទិះដូង​លាយ​ជាមួយ​ទឹកដូង ដើម្បី​ជួយ​សម្រក​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ ដូចដែល​គេ​បាន​លើកឡើងថា យកជាតិ​ខ្លាញ់​កម្ចាត់​ជាតិ​ខ្លាញ់ ដូច​ពិស​បន្សាបពិស​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ។ នៅក្នុង​ការអនុវត្ត​ដ៏​ត្រឹមត្រូវ​ក្នុងការ​សម្រក​គីឡូ និង​ខ្លាញ់​នៅក្នុង​រាងកាយ អ្នក​គួរតែ​យកចិត្តទុកដាក់​ក្នុងការ​ចាត់ចែង​របប​អាហារ ហើយ​ជាពិសេស​គឺ​ការហាត់​ប្រាណ​ប្រចាំថ្ងៃ​វិញ​ទើប​ល្អប្រសើរ ព្រោះថាការហាត់​ប្រាណ​ជា​វិធី​ដុត​កំលោច​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត៕

  • មិនធម្មតា ក្នុង​មួយឆ្នាំ ប្រាសាទ Lotus Tower អាច​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់

    មិនធម្មតា ក្នុង​មួយឆ្នាំ ប្រាសាទ Lotus Tower អាច​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់

    Lotus Temple គឺជា​ប្រាសាទ​ដ៏​អច្ឆរិយៈ និង​ជា​សំណង់​តំណាងឱ្យ​ស្ថាបត្យកម្ម​ដ៏​កំពូល និង​មហិមា​មួយនា​ដើម​សតវត្សរ៍​ទី21 ដែល​បាន​ទាក់ទាញ​អ្នកទេសចរ​មកពី​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោកទៅ​ទស្សនា​រាប់លាន​នាក់​ក្នុងមួយឆ្នាំៗ។ សម្រាប់​ការចេញផ្សាយ​ប្រចាំ​ខែមីនា ឆ្នាំ2018 លេខ118​នេះ ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​នាំយក​ព័ត៌មាន​ខ្លះ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព ក៏ដូចជា​លក្ខណៈពិសេស​នៃ​ប្រាសាទ​ដ៏​ល្បី​មួយ​នេះ​ដើម្បី​បាន​ស្វែងយល់ និង​ទទួល​បាន​​ចំណេះដឹងទាំងអស់គ្នា។

    ប្រាសាទ Lotus Tower មាន​ទីតាំង​ស្ថិតនៅ​ទីក្រុង​ដេលី ប្រទេស​ឥណ្ឌា និង​ជា​ព្រះវិហារ​សាសនា Bahaí សម្រាប់​ឧទ្ទិស​ដល់​ព្រះ ដោយបាន​កសាងឡើង​នៅក្នុង​អំឡុង​ខែធ្នូ ​ឆ្នាំ1986 ដោយ​ចំណាយ​ទឹកប្រាក់​ក្នុងការ​សាងសង់​ក្នុង​ទំហំទឹក​ប្រាក់​ប្រមាណ10លាន​ដុល្លារ ហើយ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ អាគារ ​Lotus Tower ដែលមាន​រាងដូចផ្កាឈូក​នេះ​បាន​ក្លាយជា​កន្លែង​ដ៏​ទាក់ទាញ និង​លេចធ្លោ​បំផុត​នៅក្នុង​ទីក្រុង​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌា។ Lotus Tower ត្រូវបាន​គេ​បើក​យ៉ាង​ទូលំទូលាយ​ឱ្យ​មនុស្ស​គ្រប់គ្នា​បាន​ចូល​ទស្សនា ដោយ​មិន​គិតពី​និន្នាការ​សាសនា ឬ​លក្ខណៈសម្បត្តិ​ផ្សេង​ឡើយ។ អគារ​ដែល​ត្រូវបាន​គេ​បង្កើតឡើង​ក្នុង​រូបរាង​ជា​ផ្កាឈូកមាន​ត្របក​ចំនួន27ស្រទាប់​ និង​រៀបចំ​ជា​ចង្កោម​ដោយមាន​ស្រះ​ទឹក​យ៉ាង​ថ្លាឆ្វេង ​ផ្តល់នូវភាព​ត្រជាក់ អម​ទៅដោយ​សួនច្បារ​ផ្កា​ចម្រុះ​ពណ៌​ជាច្រើន​ប្រភេទ ដាំ​យ៉ាង​មាន​របៀប​រៀបចំ​ចេញ​ជាទី​លាន​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​ព័ទ្ធជុំវិញប្រាសាទ​ផងដែរ។ អគារ​នេះ​មាន​ទ្វារ​ចំនួន9 បើក​នៅ​ចំ​សាល​កណ្ដាល​នៃ​អគារ​ដែលមាន​កម្ពស់​ជាង40ម៉ែត្រ មាន​វិសាលភាព​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណជាង2,500នាក់។

    Lotus Tower បានឈ្នះ​ពានរង្វាន់​ស្ថាបត្យ-កម្ម​ជាច្រើន​ប្រភេទ ​ព្រមទាំង​មានការ​ចុះផ្សាយ​ជា​អត្ថបទ​ព័ត៌មាន​នៅតាម​បណ្តា​ស្ថា​ប័ននានា និង​សាយភាយ​កេរ្តិ៍ឈ្មោះ​ស្ទើរ​ពាសពេញ​ពិភពលោក ដែល​សូម្បីតែស្ថាប័ន​សារព័ត៌មាន​ដ៏​ល្បី​ជា​សាកល ទូរទស្សន៍ CNN ក៏បាន​ធ្វើការ​ចុះផ្សាយ​ក្នុងអំឡុង​ឆ្នាំ2001 ដោយ​បញ្ជាក់ថា ប្រាសាទ​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​នេះមានការ​គាំទ្រ​ និង​មាន​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ​នៅលើ​ពិ​ភ​លោក។

    គួរកត់សម្គាល់​ផងដែរ​ថា បន្ទាប់ពី​បាន​សម្ពោធ​ដាក់ឱ្យ​សាធារណជន​ចម្រុះ​ជាតិ​សាសន៍​បាន​ចូល​ទស្សនា​ ក្រោយ​ការសាងសង់​ប្រមាណ​ជាង4ឆ្នាំ​នោះ​រួចមក រហូតមកដល់​ត្រឹម​ឆ្នាំ2014 សំណង់​ប្រាសាទ Lotus Tower ត្រូវបាន​គេ​រាយការណ៍​ថា បាន​ទាក់ទាញ​ភ្ញៀវទេសចរ​នានាទៅ​ទស្សនា​បាន​ប្រមាណ​ជាង100លាន​នាក់ ដែល​ចំនួន​នេះ​បានធ្វើឱ្យ​វា​ក្លាយជា​អគារ​មួយ​ក្នុងចំណោម​អគារ​ដ៏​ល្បីល្បាញ​ដទៃទៀត ដែល​អាច​ទាក់ទាញ​អ្នកទស្សនា​បាន​ច្រើន​បំផុត​នៅក្នុង​ពិភពលោក៕

  • រឿង​តូចតាច តែ​អាចជួយ​ឱ្យ​បបូរមាត់​ស្អាត

    រឿង​តូចតាច តែ​អាចជួយ​ឱ្យ​បបូរមាត់​ស្អាត

    អ្នកណាៗក៏​ចង់​គេច​ឱ្យ​ផុតពី​បញ្ហា​មួយចំនួន​ដែលមាន​នៅលើ​បបូរមាត់​ដូចជា បបូរមាត់​ខ្មៅក្រៀម ស្រអាប់​មិន​រលោង​ស្រស់ស្អាត មាន​សភាព​គ្រើម​ជាដើម។ តើ​មាន​វិធី​ការពារ​បបូរមាត់​ពី​បញ្ហា​អស់ទាំង​នេះដែរ​ឬទេ? ពិតជា​មាន! ហើយ​ថែមទាំង​មិន​ពិបាក​ទៀតផង បើ​អ្នក​អនុវត្តបាន​តាម​វិធី​តូចតាច​អស់ទាំង​នេះ​ឱ្យបាន​ជាប់លាប់​នោះ ធានាថា​មិនយូរ​ទេ ក្តីបារម្ភ​បែបនេះ​នឹងត្រូវរ​ត់ទៅ​ឈរ​នៅ​ជួរ​ក្រោយ​បំផុត​មិនខានឡើយ។ តោះ! មក​មើល​បន្តិច​មើល៍ថា ត្រូវធ្វើ​ដូចម្តេចខ្លះ?

    ប្រទាល​កន្ទុយក្រពើ ម្សៅ​ទឹកដោះគោ ទឹកក្រូច​ឆ្មារ ទឹកឃ្មុំ ប្រេង​អាល់​ម៉ុ​ន ទឹក​ដំឡូងបារាំង​ឆៅ រួមទាំង​សារធាតុ​ផ្សំ​មួយចំនួនទៀត ដើម្បី​ភាពស្រស់​ស្រាយ ទន់​រលោង កាត់បន្ថយ​ភាព​ខ្មៅ​ស្រអាប់ បន្ថែម​ពណ៌​ផ្កាឈូក​ដល់​បបូរមាត់។

    • សម្រាប់​ការអនុវត្ត​ជាមួយនឹង​ប្រទាល​កន្ទុយក្រពើ​វា​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ ចាញ់​ក្លិន​របស់​វា​បន្តិច ប៉ុន្តែ​មិនបាច់​បារម្ភ​ខ្លាច​វា​ប៉ះពាល់​អ្វី​ឡើយ ផ្ទុយ​មកវិញ​វា​នឹង​ធ្វើឱ្យ​បបូរមាត់​ខ្មៅ​ក្រៀម​របស់​អ្នក​ប្រែ​មកជា​ស្រស់ស្រាយ​ជាង​មុន​ជាមិនខាន។ ងាយ​បំផុត​គ្រាន់តែ​យក​ប្រទាល​កន្ទុយក្រពើស្រស់ៗកាត់​វា​ជា​កំណាត់ រូ​ច​យក​វា​មក​លាប​លើ​បបូរមាត់​របស់​អ្នក​ឱ្យបាន​ញឹកញាប់​ជាការ​ស្រេច។

    • បើ​អ្នក​មិន​ចូលចិត្ត​ប្រទាល​ប្រភេទ​នេះទេសូមក្រ​ឡេ​កមើល​វិធី​មួយទៀត​ដែល​អាចឱ្យ​អ្នកអនុវត្ត​បាន​នោះ​គឺ ការ​លាយ​ចូលគ្នា​នៃ​ម្សៅ​ទឹកដោះគោ ទឹកក្រូច​ឆ្មារ ទឹកឃ្មុំ និង​ប្រេង​អាល់​ម៉ុ​ន (ប្រើ​ក្នុង​បរិមាណ​ស្មើគ្នា) មក​បំពោក​លើ​បបូរមាត់។ ទុក​វា​ចោល​បែបនេះ ឱ្យបាន​យូរ​តាម​ដែល​អ្នក​អាច​ធ្វើបាន ហើយ​ធ្វើ​វា​ឱ្យបាន​ពីរដង​ក្នុង​មួយថ្ងៃ។

    • កាន់តែ​ពិសេស និង​ងាយស្រួល​ជាងនេះទៀត​ដែល​អ្នក​មិនទាន់​ដឹង​នោះ​គឺ​ ទឹក​ដំឡូងបារាំង​ឆៅ ក៏មាន​សមត្ថ​ភាព​ក្នុងការ​ព្យាបាល​បបូរមាត់​ដែលមាន​ពណ៌​ខ្មៅ​បានដែរ។

    • ចំណែកឯ​សកម្មភាព​មួយចំនួនទៀត​ដែល​អាច​ចាត់ទុកថា ជាការ​ជួយ​ឱ្យ​បបូរមាត់​មានសភាព​ល្អ​ស្អាត​ដែរនោះ រួមមាន​ដូចជា ការសម្អាតបបូរមាត់​អ្នកជា​រៀងរាល់​យប់​ឱ្យបាន​ស្អាត​ជាមួយ​ទឹក​ត្រជាក់​មុនពេល​ចូល​គេង ដើម្បី​កម្ចាត់​ភាពកខ្វក់​ទាំងឡាយ មើម​ឆៃថាវ ម្សៅ​រមៀត​ជាមួយ​ម្សៅ​ទឹកដោះគោ ដាក់​ស្ករស​បន្តិច​លើ​ក្រូចឆ្មារ​មួយ​ចំណិត ហើយ​ត្រដុសថ្នមៗលើ​បបូរមាត់ សុទ្ធតែជា​គន្លឹះ​នៃ​ការព្យាបាល​បបូរមាត់​ដែលមាន​បញ្ហា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

  • ភិន សុ​ដា​លី​ស រក​អ្នក​ស្អំ​បេះដូង​បាន​ហើយ

    ភិន សុ​ដា​លី​ស រក​អ្នក​ស្អំ​បេះដូង​បាន​ហើយ

    បើ​គិត​មកដល់ពេលនេះ ដំណើររឿង​រ៉ាវ​នៃ​ការបែកបាក់​របស់​កូនស្រី​ថៅកែ​ផលិតកម្ម​មហាហង្ស ភិន សុ​ដា​លី​ស ជាមួយនឹង​លោក ប៉ែន ចំ​រ៉ុង បាន​រសាត់​ឆ្ងាយ​ពី​អារម្មណ៍​របស់​ទស្សនិកជន​ប្រមាណ​ជិត2ឆ្នាំ​កន្លង​ទៅហើយ ដោយ​ជា​លទ្ធផល​បាន​បន្សល់ទុក​នូវ​កូនស្រី​ដ៏​ស្រស់ស្អាត និង​គួរឱ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ខេ​ត ធើ​រី​ណា ដែលមាន​អាយុ​ត្រឹម1ឆ្នាំ8ខែ។ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​សាជាថ្មី​នោះ គឺ​នៅពេលដែល​លេច​ធ្លាយ​ដំណឹង​មក​ថា ពេលនេះ ស្រី​ស្រស់​ដែល​ជាប់​ឈ្មោះ​ជា​អ្នក​មេម៉ាយ​ទាំង​វ័យក្មេង ភិន សុ​ដា​លី​ស បាន​រកឃើញ​អ្នក​ស្អំ​បេះដូង​ជំនួស ប៉ែន ចំ​រ៉ុង បាន​ហើយ ខណៈដែល​បុរស​ម្នាក់​នោះ​ក៏​ជា​តារា​សម្ដែង និង​ស្ថិតនៅក្នុង​ចង្កោម​ផលិតកម្ម​មហាហង្ស​ផងដែរ។

    ផ្អែក​តាម​ប្រភពព័ត៌មាន​ដែល​ទម្លាយ​ចេញពី​ផលិតកម្ម​មហាហង្ស​បាន​បង្ហើប​ថា បច្ចុប្បន្ននេះអ្នក​មេម៉ាយ​ចាយរាង ភិន សុ​ដា​លី​ស បាន​ស្វែងរកឃើញ​អ្នក​ព្យាបាល​ដំបៅ​បេះដូង ដែល​បន្សល់ទុក​ពី ប៉ែន ចំ​រ៉ុង បាន​ហើយ ដោយ​បុរស​ម្នាក់​នោះក្រៅពី​មាន​រូបរាង​ខ្ពស់​ស្អាត​សង្ហា ថែមទាំង​ជាម​នុស្ស​ដែល​ចេះ​ថ្នាក់ថ្នម និង​យកចិត្តទុកដាក់​ជាមួយ​នាង​យ៉ាងខ្លាំង​ថែម​ទៀតផង។ ប្រភព​ដដែល​បាន​បន្តទៀតថា កាល​ដំបូង​ឡើយ សម្រាប់​ទំនាក់ទំនងរ​បស់ ភិន សុ​ដា​លី​ស ជាមួយ​តារា​សម្ដែង​ប្រុស​ម្នាក់​នោះ​ហាក់​មិន​ត្រូវបាន​គេ​កត់សម្គាល់​នោះឡើយ ដោយ​នាង​គ្រាន់តែ​បង្ហាញ​ពី​សកម្មភាព​រាប់អាន និង​និយាយ​លេងសើច​បែប​ធម្មតា​ក្នុងនាម​ជា​អ្នក​រួម​ការងារ​ជាមួយគ្នា​តែប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​បំផុត​នោះ គឺ​ទើបតែ​ក្នុងអំឡុងពេល​ប្រមាណ​ជាង2ខែ​ចុង​ក្រោយនេះ​តែប៉ុណ្ណោះ ខណៈដែល​នាង​បានបង្ហាញ​ពី​ភាពស្និទ្ធស្នាល​ខុសពីពេលមុនៗ ជាពិសេស ភិន សុ​ដា​លី​ស ចាប់ផ្តើម​តុបតែង​ខ្លួន​ដូច​គ្រា​ដែល​នាង​នៅ​ក្រមុំ​យ៉ាង​ដូច្នោះ​ដែរ។ បន្ថែម​ពីនេះ ជានិច្ចកាល នាង​តែង​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​លើ​បុរស​ម្នាក់​នោះ​ជាខ្លាំង ដែល​សូម្បីតែ​ពេល​សម្រាក​ពី​ការសម្ដែងម្ដងៗ ភិន សុ​ដា​លី​ស គឺជា​អ្នកយក​ទឹក​ឱ្យ​តារា​សម្ដែង​ដែល​ប្រៀបដូចជា​ទេព​បុត្រ​របស់​នាង។

    យ៉ាងណាមិញ នៅពេល​ជួប​ផ្ទាល់​ជាមួយ​អ្នកព័ត៌មាន​ប្រចាំ​នៅ​ទស្សនាវដ្ដី ឡា​រ៉ែ​ន កាលពីពេល​កន្លងទៅ នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ខ្សែភាពយន្ត​រឿង​ភាគ​សម្រាប់​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN រឿង “បំណុល​ស្នេហ៍” ភិន សុ​ដា​លី​ស មិនបាន​សារភាព​តប​ទៅនឹង​ដំណឹង​ដ៏​រសើប​ខាងលើ​នេះឡើយ ដោយ​នាង​លើកយក​ហេតុផល​មក​បញ្ជាក់​យ៉ាងដូច្នេះ​ថា “មិនដឹង​ដំណឹង​នេះ​ធ្លាយ​ចេញមក​ណា​នោះទេ ប៉ុន្តែ​សំខាន់​គឺ​ខ្លួន​ខ្ញុំ​ផ្ទាល់​អត់​បានដឹង​សោះ។ ខ្ញុំ​គ្មាន​អ្នក​ស្អំ​បេះដូង​បេះ​ដាំង​មកពីណា​នោះទេ ហើយក៏​មិន​ធ្លាប់​គិតពី​រឿងនេះ​ដែរ។ ដោយឡែក​រឿង​ខ្ញុំ​តុបតែង​ខ្លួន វា​ជា​រឿង​ធម្មតា​របស់​មនុស្ស​ស្រី ហើយក៏​ដើម្បី​ការងារ​សិល្បៈ​ដែរ បើ​ខ្ញុំ​មិន​តែងខ្លួន​ឱ្យ​ស្អាត តើ​សម្ដែង​ម៉េចកើត។ ជា​តារា​សម្ដែង រឿង​តុបតែង​ខ្លួន​គឺជា​រឿង​ធម្មតា​ទៅហើយ ហើយក៏​មិនមែន​តែ​ខ្ញុំ​ដែរ ដែល​ចូលចិត្ត​តុបតែង​ខ្លួន​នោះ វា​គ្មាន​អ្វីដែល​ចម្លែក​នោះទេ”។

    យ៉ាងណាក៏ដោយ បើទោះជា ភិន សុ​ដា​លី​ស បាន​ឆ្លើយ​បដិសេធ​ទៅនឹង​ការ​លេច​ធ្លាយ​ព័ត៌មាន​ខាងលើនេះ​ក៏ដោយ ប៉ុន្តែ​សម្រាប់​អ្នកតាមដាន​សកម្មភាព​តារា នៅតែ​ធ្វើការ​កត់សម្គាល់​ដដែល រួមជាមួយ​ការព្យាយាម​រក​ភស្តុតាង​មក​បញ្ជាក់ ដើម្បីឱ្យ​ទស្សនិកជន​បាន​ជ្រាប​ច្បាស់​ពី​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​របស់​នាង៕

  • ដឹងទេថា តម្រេក​តណ្ហា​ស្ត្រី​កើតចេញពី​ណា?

    ដឹងទេថា តម្រេក​តណ្ហា​ស្ត្រី​កើតចេញពី​ណា?

    ជាទូទៅ​គេ​តែង​ច្រើន​និយាយថា​ចំណុច G គឺជា​កន្លែង​សំខាន់បំផុត​នៅក្នុង​ប្រតិបត្តិការ​សិច ឬ​តណ្ហា​ផ្លូវភេទ​សម្រាប់នារីៗ ដែល​មនុស្ស​តែង​នាំគ្នា​ហោះ​ថា ឆ្តេញ (Clitoris)។ ប៉ុន្តែ​តើ “របស់” នោះ​នៅឯណា? ហេតុអ្វី​បានជា​អ្នកស្រាវជ្រាវ​ឱ្យ​តម្លៃ​ខ្ពស់​មេ្ល៉ះ ខណៈពេលដែល​មនុស្ស​ភា​គ​ច្រើន​មិនបាន​យល់ដឹង​ច្បាស់​ពី​វា​ផង​នោះ? តាមពិត​ចំណុច G ឬ “ឆ្ដេញ” នេះ វា​ស្ថិតនៅក្រោម​ឆ្អឹងថ្ងាស់​នៃ​ប្រដាប់ភេទ ប៉ុន្តែ​បើ​សម្លឹងមើល​ពី​ក្រៅ​វា​ដូចជា​ឡេវអាវ​មួយ​រាង​ពើត​ឡើង​បន្តិច។​ នៅក្នុង​នោះ​មាន​ផ្ទុក​នូវ​ចុង​សរសៃប្រសាទ​ដ៏​ច្រើន​ដែល​អាច​ឡើង​រឹង​ហើយ​តម្លើង​ទំហំ​ផ្ទៃ​ដល់​ទៅ​ទ្វេដង។

    តាម​ការពិសោធន៍ ឆ្តេញ (Clitoris) ថ្វីបើ​វា​តូច ហើយ​កប់​ចូលក្នុង​ជ្រៅ​ក៏ដោយ តែ​វា​ត្រូវបានធ្វើ​ការស្រាវជ្រាវ​វិភាគ​យ៉ាងច្រើន​ពី​សមត្ថភាព​ដែល​នាំមក​នូវ​តម្រេក​តណ្ហា​កំពូល​របស់នារី។ លោក​វេជ្ជបណ្ឌិត​ និង​ជា​អ្នក​តណ្ហា​វិទ្យា​សញ្ជាតិ​បារាំង Gerard Leleu បាន​សរសេរ​សៀវភៅ​ដ៏ល្បីៗជាច្រើន​ពី​តណ្ហា​វិទ្យា​រហូតដល់​ថ្នាក់​គេ​ហៅ​គាត់​ថា​ជា​អ្នកនាំពាក្យ​របស់​ក្តី​ទន្ទឹងរង់ចាំ​របស់​ស្ត្រី​ទាំងឡាយ​ ខណៈដែល​លោក​បាន​ចំណាយ​ពេលវេលា​សិក្សា​យ៉ាង​ល្អិតល្អន់​អំពី​ឆ្តេញ។ នៅក្នុង​និក្ខេបបទ​ស្រាវជ្រាវ​នោះ​លោក​បាន​សន្និដ្ឋានថា​ឆ្តេញ គឺជា​ផ្នែក​ដ៏​អស្ចារ្យ​មួយដែល​មិន​ត្រឹមតែ​នាំមក​នូវ​អារម្មណ៍​ត្រេកត្រអាល​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ស្រោចស្រព​ទៅលើ ផ្លូវ​ភេទស្ត្រី​ឱ្យ​មាំមួន​ទៀតផង។ ដូច្នេះ លោក​មិន​ស្តីបន្ទោស​ទៅលើ​ការ “ស្វ័យ​សម្រេច​កាម” របស់នារីៗទេ​ថែមទាំង​ចាត់ទុកថា​នេះ​ជា​ទង្វើ​ស្វែងយល់​ពី​ខ្លួនឯង​រាវរក​ឃើញ​នូវ​ចំណុច​ត្រេកត្រអាល​ដែល​ត្រូវបាន​លាក់កំបាំង។ ជាក់ស្តែងមានកំណត់​ត្រា​ថា​មាន​ស្ត្រី​ប្រមាណ 95% អាច​ឡើងដល់ “កំពូល” ក្នុង​រង្វង់​តែ​ប៉ុន្មាន​នាទី​ក្រោយពី​ត្រូវបាន​រំញោច​ដោយ​ខ្លួនឯង។ នេះឯង​ក៏​ជា​សមាមាត្រ​ក្នុងការ​រួមភេទ​ជាមួយ​ដៃគូ​ប្រសិនបើ​ដៃគូ​អនុវត្តបាន​នូវ​ការ “បើកឆាក” ត្រឹមត្រូវ​តាម​បទដ្ឋាន “រំញោច” នោះ។ ប្រការ​គួរឱ្យ​សោកស្តាយ​គឺ​បុរស​ដើមទ្រូង5ហត្ថ​ជាច្រើន​មិនអាច​យល់​នូវ​កាតព្វកិច្ច​សំខាន់​មួយ​នេះ។

    បើតាម​លោក​វេជ្ជបណ្ឌិត Gerard Leleu បានឱ្យដឹង​ទៀតថា​ស្ត្រី​គ្រប់រូប​សុទ្ធសឹង​មាន “ពហុ​កំពូល” ពី​ទីតាំង​បញ្ចេញ​នូវ​អារម្មណ៍​ត្រេកត្រអាល។ ស្ត្រី​ពុំ​ត្រឹម​តែមាន​អារម្មណ៍​ត្រេកត្រអាល​នៅត្រង់ចំណុច​ឆ្តេញ (Clitoris) ប៉ុណ្ណោះ​ទេ​តែវា​នៅ​រួមទាំង​ទ្វារមាស​ផងដែរ។ ទំនាក់ទំនង​រវាង​ចំណុច​ត្រេកត្រអាល​ទាំង2នេះ​មាន​ភាព​ស្អិតរ​មួ​ត​ណាស់។ ប្រសិនបើ​ឆ្តេញ​ដើរតួនាទី​ដាស់ ​“ទេពអប្សរ​ក្នុងព្រៃ​ឱ្យ​ភ្ញាក់” នោះ​ទ្វារមាស​គឺជា​ដំណើរ​ឈានទៅ​កាន់​តម្រេក​កំពូល។ ប្រសិនបើ​អ្នក​ចង់​ទទួលបាន​ផល​ត្រេកត្រអាល​ទាំង2នេះ​វា​តម្រូវឱ្យមាន​ការចែក​រំលែក​ និង​ស្វែងយល់​ពីគ្នា។ ការសិក្សា​ស្រាវជ្រាវ​របស់​បណ្ឌិត Leleu គឺជា​សារ​មួយ​ផ្ញើ​ដល់​គូស្នេហ៍​ទាំងឡាយ​ថា​ការ​នៅ​ស្ងៀម ឬ​អៀនខ្មាស គឺជា​ទង្វើ​ខុសឆ្គង ហើយ​វា​ក៏​ជាការ​ក្រវាត់ចោល​ដោយ​ខ្លួនឯង​នូវ​សិទ្ធិ​ទទួលបាន​សុភមង្គល​ក្នុង​តម្រេក​តណ្ហា​នៃ​អាពាហ៍ពិពាហ៍៕

  • ពិនិត្យ​សុខភាព​ទៅ​មើល! តើ​អ្នក​គួរ​ទទួលទានវីតាមីន​បន្ថែមឬទេ?

    ពិនិត្យ​សុខភាព​ទៅ​មើល! តើ​អ្នក​គួរ​ទទួលទានវីតាមីន​បន្ថែមឬទេ?

    នៅពេល​អាយុ​កើន​ច្រើនឡើង ការមើល​ថែទាំ​សុខភាព​ក៏ត្រូវ​តែ​កើន​ច្រើន​ឡើងទៅ​ដែរ។ មនុស្ស​ជាច្រើន​អាចមាន​អារម្មណ៍​ថា យើង​មិនបាន​រឹងមាំ ក្លៀវក្លា​ស្វាហាប់​ដូច​កាលពី​សម័យ​រៀន ឬ​ដូច​អំឡុងពេល​នៅ​ស្ទាវ​ឡើយ។ ធ្វើការ​បាន​មួយរយៈ ក៏​ចាប់ផ្ដើម​មាន​រោគាព្យាធិ​ជំងឺ​ដ​ង្កា​ត់​សួរ​រកមុខ​បែប​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ មិនថាតែ​ឈឺក្បាល វិលមុខ ចុកពោះ ក្រួសតម្រងនោម ឈឺ​ខ្នង​ចុក​ស្មា រោគ​ក្រពះ​អាហារ រហូត​ទៅដល់​ខ្លាញ់​រុំ​ថ្លើម ឬ​កើត​ដុំ​គី​សជាដើម។

    ក្រៅពី​រោគាព្យាធិ​ជំងឺ​ដ​ង្កា​ត់​ហើយ បញ្ហា​ដែល​ចេញមក​ព្រម​ជាមួយនឹង​វ័យ​ក៏មានដែរ ដូចជា ជ្រុះ​សក់ ស្លាកស្នាម​ជ្រីវជ្រួញ សម្បុរស្បែក​ខ្មៅ​ស្រអាប់ ភ្នែក​មើល​លែង​សូវ​ឃើញ ឬ​មាន​ភាព​ធុញថប់​តានតឹង​ក្នុង​អារម្មណ៍​ប្រមូល​សន្សំ​រហូត​គេង​មិន​លក់​ក៏​ចាប់ផ្ដើម​កើតឡើង​ដែរ ទើបត្រូវ​ពឹង​លើ​វីតាមីន​បន្ថែម តែ​មុននឹង​ទិញ​វីតាមីន​បន្ថែម​មក​ទទួលទាន អ្នក​គួរពិនិត្យមើល​ជាមុនសិន​ថា តើ​អ្នកមាន​បញ្ហា​ទាំងនោះ​ឬទេ? បើ​មាន ត្រូវ​ទទួលទាន​វីតាមីន​មួយណា? ដូចជា ៖

    សម្បុរស្បែក​ក្រៀមក្រោះ មាន​ស្លាកស្នាម លែង​តឹង​ណែន​រលោង
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន​ C ខូ​ឡា​ជេន វីតាមីន ​A អូ​មេ​ហ្កា3 និង​សារ​ធាតុដែក។

    ជ្រុះ​សក់ ក្រចកដៃ-ជើង​ស្រួយ ងាយ​ប្រេះ​រហែក
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន B2 និង​ជាតិ​ស័ង្កសី(Zinc)។

    មិន​ស្រួលខ្លួន កើត​ជំងឺ​គ្រុនផ្ដាសាយ​ញឹកញាប់
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន​ C វីតាមីន B និង​សារ​ធាតុដែក។

    សម្រាក​មិនបាន​គ្រប់គ្រាន់ ប្រើ​ខួរក្បាល​ច្រើន
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន B រួម និង​អូ​មេ​ហ្កា3។

    ឆ្អឹង និង​សន្លាក់​តាម​រាងកាយ​ចាប់ផ្ដើម​ឈឺ​ចុក​រួយ
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន ​D K កាលស្យូម និង​ផូស្វ័រ។

    ភ្នែក​ចាប់ផ្ដើម​ឈឺ​ចុក​រួយ និង​ស្រវាំង​មើល​លែង​ច្បាស់
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន​ A និង​វី​តា​មិន B2។

    ភាព​តានតឹង​ក្នុង​អារម្មណ៍​ចាប់ផ្ដើម​មាន​ច្រើនឡើង
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន B រួម វី​តា​មិន ​C និង​ម៉ាញេស្យូម។

    តើ​អ្នកចាំបាច់​ត្រូវ​ទទួលទាន​វីតាមីន​បន្ថែម​ឬទេ?
    ជា​សំណួរ​មួយ​ដ៏​ល្បីល្បាញ​ដែល​មនុស្ស​ជាច្រើន​តែងតែ​លួច​គិត… វីតាមីន​មួយ​កំប៉ុង​តម្លៃ​មិនមែន​តិចតួច​ឡើយ តើ​អ្នក​ចាំបាច់​ត្រូវតែ​ទទួលទាន​វីតាមីន​បន្ថែម​មែនឬ​យ៉ាងណា? ចម្លើយ​ក៏​គឺ មិនចាំបាច់​ទេ… វីតាមីន​បន្ថែម​គ្រាន់តែ​ជា​វត្ថុ​ជំនួយ​សម្រាប់​អ្នក​ដែល​ដឹង​ច្បាស់​ថាខ្លួនឯង​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​បានទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់ ឬ​មិនសូវមាន​ពេលវេលា​មើលថែទាំ​ខ្លួនឯង​ច្រើន​ប៉ុន្មាន​ប៉ុណ្ណោះ។ អាច​ហៅ​បាន​ថា​ជា​វត្ថុ​ជំនួយ​របស់​អ្នកទីក្រុង​ដែល​ត្រូវ​ធ្វើការ​ច្រើន រហូត​មិនអាច​រៀបចំ​ចាត់ចែង​ម្ហូបអាហារ ​ពេលវេលា​ហាត់ប្រាណ​សម្រាប់់​ខ្លួនឯង​ឱ្យបាន​តាម​តម្រូវការ។

    តែ​នឹង​ជាការ​ល្អប្រសើរ​ខ្លាំងណាស់ បើ​អ្នក​អាច​ទទួលបាន​វីតាមីន​ទាំងអស់​តាមរយៈ​ការទទួល​ទាន​អាហារ​ដែល​ចម្អិនស្រស់ថ្មីៗ និង​មានគុណ​តម្លៃ​ខាង​សារធាតុ​អាហារ​គ្រប់​ទាំង5ប្រភេទ​ក្រុម ហាត់ប្រាណ​យ៉ាង​ជាប់លាប់ សម្រាក​យ៉ាង​គ្រប់គ្រាន់ និង​រក​ពេលវេលា​បន្ធូរបន្ថយ​អារម្មណ៍​ដោយ​កិច្ចការងារ​ណា​ដែល​ខ្លួន​ចូលចិត្ត។ តែ​ប៉ុន​ហ្នឹង​អ្នក​ក៏​មិនចាំបាច់​អស់​លុយ​ទៅ​ទិញ​វីតាមីន​តម្លៃថ្លៃៗមក​ទទួលទាន​បាន​ទៅហើយ។

    តែបើ​សិន​កើតមាន​អាការ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​វិញ​នោះ វីតាមីន​បន្ថែម​ក៏​អាចជា​ជម្រើស​មួយ​ដែល​នឹង​ជួយ​ជីវិត​អ្នក​បាន​ដូចគ្នា​ដែរ ដូច្នេះ​អ្នក​ត្រូវ​ពិនិត្យមើល​ខ្លួនឯង​ថា តើ​រូប​អ្នកមាន​ភាពចាំបាច់​ក្នុងការ​ត្រូវ​ទទួលទាន​វីតាមីន​បន្ថែម​ច្រើន ឬ​តិច​ប៉ុនណា?

    ចំណុច​មិនល្អ​នៃ​ការ​ទទួលទាន​វីតាមីន​បន្ថែម
    បើ​អ្នក​ទទួលទាន​វីតាមីន​បន្ថែមជាប់ៗគ្នា​ក្នុង​រយៈពេល​យូរ​ខ្លាំងពេក អាច​នឹង​ធ្វើឱ្យ​រាងកាយ​បានទទួល​វីតាមីន​នោះ​ច្រើន​លើស​តម្រូវការ។ ថ្លើម និង​ក្រលៀន​ត្រូវ​ធ្វើការ​យ៉ាងខ្លាំង​ ដើម្បី​ចម្រាញ់​សារធាតុ​អាហារ​ដែល​ត្រូវ​ប្រើប្រាស់ និង​ត្រូវ​បញ្ចេញ​ចោល​នូវ​អ្វីដែល​លើស​តម្រូវការ ហើយ​ការទទួលបាន​វីតាមីន​បន្ថែម​ច្រើន​ជ្រុល​ពេក នៅ​អាចធ្វើឱ្យ​កើតរោគ​ថែម​ឡើង​បាន​ដូចគ្នាដូចជា បើ​ទទួលទាន​កាល់ស្យូម​ច្រើន​ជ្រុល​ពេក អាច​ប្រថុយ​នឹង​រោគ​ក្រួស​ក្នុង​ក្រលៀន ឬ​ឈាម​ហូរ​មិន​ឈប់ ឬ​ឈាម​ពិបាក​ក្នុង​ការឈប់​ហូរ បើ​ទទួលទាន​ខ្លាញ់​ថ្លើម​ត្រី​ច្រើន​ជ្រុល​ពេកជាដើម។

    ដូច្នេះ មុន​ទទួលទាន​វីតាមីន​បន្ថែម គួរ​សិក្សា​ពី​វិធី និង​បរិមាណ​ដែល​គួរ​ទទួលទាន ព្រមទាំង​ចងចាំ​ចំណុច​គួរ​ប្រយ័ត្ន​ឱ្យបាន​ច្បាស់​ផង ដើម្បីឱ្យ​បានទទួល​មក​តែ​ប្រយោជន៍​របស់​វីតាមីន​បន្ថែម​ដូចដែល​ចិត្ត​អ្នក​ចង់បាន៕