Author: ធឿន មករា

  • នឹងមាន​អ្វី​កើតឡើង នៅពេល​អ្នក​រស់​នៅតែ​ក្នុង​កន្លែង​ដែលមាន​ម្លប់​រហូត?

    នឹងមាន​អ្វី​កើតឡើង នៅពេល​អ្នក​រស់​នៅតែ​ក្នុង​កន្លែង​ដែលមាន​ម្លប់​រហូត?

    ធាតុអាកាស​ក្ដៅហែង​ដូច​នៅក្នុង​ប្រទេស​យើងធ្វើឱ្យកំលោះៗ ក្រមុំៗជាច្រើន​នាំគ្នា​រត់​ចូល​ទៅរក​កន្លែងម្លប់ៗនៅក្នុង​អគារ។

    មនុស្ស​ជាច្រើន​ចេញពីផ្ទះ​តាំងពី​ព្រះអាទិត្យ​មិនទាន់​រះ និង​នៅតែ​ក្នុង​អគារ​ពេញ​មួយថ្ងៃ​រហូតដល់​ពេល​ត្រឡប់ទៅផ្ទះ​វិញ ក៏​នៅក្នុង​រថយន្ត​ទៀត ឬ​ទម្រាំ​តែ​ត្រឡប់ទៅផ្ទះ​វិញ ព្រះអាទិត្យ​លិច​បាត់​ទៅវិញ​ក៏មាន។ អាជីព​ជាច្រើន​ត្រូវ​ពាក់​អាវធំ អាវដៃវែងក្រាស់ៗ បិទបាំង​ស្បែក​ពី​កម្ដៅថ្ងៃ។ ថ្ងៃ​សៅរ៍-អាទិត្យ​ក៏​ជ្រើសរើស​ក្នុងការ​ណាត់ជួប​មិត្ត​ភក្តិ​នៅពេល​យប់​ច្រើនជាង​ពេល​ថ្ងៃ​ទៀតផង ដូច្នេះហើយ​ទើប​ទង្វើ​ទាំងអស់នេះ​ក្លាយជា​ចំណុច​មួយ​ដែល​ពិសោធ​បាន​ថា ទោះជា​ប្រទេស​យើង​មាន​ពន្លឺ​ថ្ងៃ​ពេញ​មួយឆ្នាំ​ទល់​មួយឆ្នាំ​ក៏ដោយ ក៏​ប្រជាជន​យើង​ជាច្រើន​នាក់​នៅតែ​គេច​ចៀស​ពី​ការធ្វើឱ្យ​សាច់​ស្បែក​ប៉ះ​នឹង​កម្ដៅថ្ងៃ​ដែរ ព្រោះតែ​ការនិយម​ចូលចិត្ត​ស្បែ​កស​ស្អាតខ្លាច​ខ្មៅ ខ្លាច​កើត​មហារីក​ស្បែក រហូត​ទៅដល់​វិធី​ការរស់នៅ​ដែល​ធ្វើឱ្យ​សាច់ និង​ស្បែក​មិនសូវ​បាន​ប៉ះពាល់​នឹង​ពន្លឺ​ថ្ងៃ​យ៉ាង​គ្មាន​ចេតនា​ជាដើម​ទៀតផង។

    ឥឡូវនេះ យើង​នាំគ្នា​មក​និយាយ​ពី​រឿង​របស់​ចំណុច​មិនល្អ​ដែល​អាច​កើតឡើង​នៅពេលដែល​អ្នក​រស់​នៅតែ​ក្នុង​ទី​ម្លប់​វិញ​ល្អ​ជាង…។ នៅពេលណា​ក៏ដោយ​ដែល​សាច់ និង​ស្បែក​របស់​អ្នកស្ទើរតែ​មិនបាន​ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​នាពេល​ព្រឹក និង​ប៉ះ​តែ​ជាមួយ​ពន្លឺភ្លើង​នៅក្នុង​អគាររាងកាយ​អ្នកអាច​នឹង​ចូល​ឆ្ពោះទៅរក​សភាវ​ប្រថុយ​នឹង​ការ​ស្ទើរ​វីតាមីន D (សភាវ​ស្ទើរ គឺ​មិន​ខ្វះ​ទេ តែមាន​តិច​ខ្លាំង រហូត​សឹងតែ​មិន​គ្រប់គ្រាន់) និង​អ្វីដែល​គួរឱ្យ​ចម្លែក​ចិត្ត​នោះ​គឺ ក្នុងប្រទេស​យើង​ដែលមាន​ពន្លឺ​ថ្ងៃ​ពេញ​មួយឆ្នាំ​គ្រប់​រដូវ​កាល តែ​បែរជា​នៅតែ​ឃើញ​មាន​អ្នក​ស្ទើរ​វីតាមីន D ដ៏​ច្រើន​ដដែល។

    នៅពេល​រាងកាយ​ស្ថិតក្នុង​សភាវ​ស្ទើរ ឬ​ខ្វះ​វីតាមីន D តើ​វា​នឹង​កើត​ផល​អាក្រក់​ដល់​រាងកាយ​មនុស្ស​យើង​យ៉ាងណាខ្លះ?

    ចាប់ផ្ដើម​តាំងពី​រឿង​របស់​បណ្ដុំ​គ្រោងឆ្អឹង និង​សាច់ដុំ​ដែល​អាច​នឹងមិន​រឹងមាំ​មួន​ពេញលេញ​ស្មើនឹង​អ្នក​ដែល​បានទទួល​វីតាមីន D ច្រើន​គ្រប់គ្រាន់ ដូច្នេះ​ទើប​អាច​នឹងមាន​សាច់ដុំ​មិន​មាំមួន​រហូត​ប្រថុយប្រថាន​នឹង​ការ​ដួល​ញឹកញាប់​ជាង​ប្រក្រតី។ ក្រៅពីនេះ​គេ​នៅ​រកឃើញ​ទៀតថា វីតាមីន D ជា​វីតាមីន​ដែលមាន​សម្ពន្ធ​ជាមួយ​រោគ​មហារីក​ដល់​ទៅ4ប្រភេទ​ទៀតផង។

    សម្រាប់​អ្នក​ដែល​គេច​ចៀស​ពី​ការប៉ះពាល់​នឹង​ពន្លឺ​ថ្ងៃ សំងំ​នៅតែ​ក្នុង​បន្ទប់ងងឹតៗដែល​បិទ​បង្អួច​គ្រប់ពេលវេលា​នោះ នៅមាន​ភាព​ប្រថុយប្រថាន​ក្នុង​ការខ្វះ​អ័រម៉ូន​ប្រភេទ​ខ្លះ ព្រោះ​នៅក្នុងពន្លឺ​ថ្ងៃ​ពេល​ប៉ះ​នឹង​ស្បែក​មនុស្ស​យើង វា​នឹង​ជួយជំរុញ​ឱ្យ​រាងកាយ​សាង​អ័រម៉ូន​ជាច្រើន​ប្រភេទ​ឡើង មិនថាតែ​មេឡានីន ដែល​ជួយ​ឱ្យ​អ្នក​គេង​លក់បាន​ស្រួល ឬ​អ័រម៉ូន​សេ​រ៉ូ​ថូ​នី​ន​ដែល​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​មាន​អារម្មណ៍​ថា​មាន​សេចក្ដីសុខ ក្លៀវក្លា​ស្វាហាប់ (អ្នក​ដែល​ចូលចិត្ត​ធ្វើការ​ងារ​នៅ​កណ្ដាល​ទីវាល​ច្រើនតែ​ជា​មនុស្ស​រួសរាយ​ស្រស់ស្រាយ​រាក់ទាក់ និង​ស្វាហាប់​គ្រប់ពេលវេលា) ដូច្នេះហើយ​ទើប​អ្នក​ដែល​មិនសូវ​ប៉ះពាល់​នឹង​ពន្លឺ​ថ្ងៃ​អាច​ប្រថុយ​នឹង​បញ្ហា​គេង​មិនសូវ​លក់ ពិបាក​ក្នុងការ​គេង​លក់ ឬ​អាច​ដល់​ថ្នាក់​ប្រថុយប្រថាន​នឹង​សភាវ​សោកសៅ​ទៀតផង។

    វិធី​បន្ថែម​វីតាមីន D ដល់​រាងកាយ​អាចធ្វើ​បាន​យ៉ាងងាយៗ មិន​លំបាកលំបិន​ឡើយ ដោយ​គ្រាន់តែ​ចេញទៅ​ខាងក្រៅ​អគារ​ដើម្បីឱ្យ​ស្បែក​របស់​អ្នក​បាន​ប៉ះ​ជាមួយ​ពន្លឺព្រះអាទិត្យ​នៅ​អំឡុង​ម៉ោង 9ៈ00 – 15ៈ00 រយៈពេល 5នាទី​រៀងរាល់ថ្ងៃ នឹង​ជួយ​បន្ថែម​វីតាមីន D ដល់​រាងកាយ​បាន​ច្រើន​ដល់​ទៅ 90%។ ការឱ្យ​រាងកាយ​បាន​កែច្នៃ​វីតាមីន D ពី​ស្រទាប់​ស្បែក​ដោយ​ខ្លួនឯង គឺជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ថែម​វីតាមីន D ដល់​រាងកាយ​ខ្លាំង​បំផុត។

    យ៉ាងណាក៏ដោយ បើសិន​អ្នកណា​នៅតែមាន​កង្វល់​ក្នុង​រឿង​ពន្លឺ​ថ្ងៃ​ដែល​ក្ដៅ​ខ្លាំង​ជ្រុល​ពេក​នៅក្នុង​ស្រុក​យើង ដែល​ទោះជា​លាប​ឡេ​ការពារកម្ដៅថ្ងៃ​ហើយក៏​នៅតែ​មិន​ហ៊ាន​ចេញ​ទៅឱ្យ​ស្បែកប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ដោយ​ត្រង់​ទៀត​នោះ សាកល្បង​ជ្រើសរើស​ប្រើ​វិធី​បន្ថែម​វីតាមីន D ដល់​រាងកាយ​តាមរយៈ​អាហារ​ការហូបចុក​បាន ដោយ​មុខម្ហូប​ដែលមាន​វីតាមីន D មានដូចជា ខ្លាញ់​ថ្លើម​ត្រីទឹកដោះគោ​ស្រស់ ត្រី​សាល់​ម៉ុ​ន ត្រី​ប្លាធូ ត្រី​ធូ​ណា សាច់​ហ៊ែ​ម ស៊ុតមាន់ សាច់ជ្រូក​ចិញ្ច្រាំ សាច់មាន់ ផ្សិត​ចិន និង​ឈី​សជាដើម តែ​ការបន្ថែម​វីតាមីន D ដោយ​ការ​ទទួលទាន​អាហារ​ជួយ​ឱ្យ​រាងកាយ​ទទួលបាន​វីតាមីន D ត្រឹមតែ 10%ប៉ុណ្ណោះ។

    ដូច្នេះ ការធ្វើ​កិច្ចការងារ​នៅ​ខាងក្រៅ​ផ្ទះ​ខ្លះមិនថាតែ​ចេញទៅ​ដើរលេង លេង​កីឡា​នៅ​ទីវាលស្រោច​ដំណាំ ហាល​ខោអាវ ហែល​ទឹក ឬ​កិច្ចការងារផ្សេងៗទៀត​ក្នុងអំឡុងពេល​ថ្ងៃ​ក្នុង​រយៈពេលខ្លីៗត្រឹមតែ 5នាទី​ក្នុង​មួយថ្ងៃ ក៏​អាចជួយ​ឱ្យ​លោកអ្នក​មិន​ប្រថុយប្រថាន​នឹង​សភាវ​ស្ទើរ​វីតាមីន D បានដែរ៕

  • តោះទៅ Motor Café Live Bands ម្ហូបឆ្ងាញ់ពិសា ភេសជ្ជៈត្រជាក់ជាប់ចិត្ត

    តោះទៅ Motor Café Live Bands ម្ហូបឆ្ងាញ់ពិសា ភេសជ្ជៈត្រជាក់ជាប់ចិត្ត

    អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល Motor Café ត្រូវបានគេស្គាល់ថា ជាភោជនីយដ្ឋានរាត្រីដ៏ទំនើប និងល្បីឈ្មោះនៅក្នុងរាជធានីភ្នំពេញ។ ដោយឡែកពេលនេះ Motor Café បានពង្រីកសាខាថ្មីមួយទៀតស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់នឹងភោជនីយដ្ឋាន NEEDA ដោយបើកបម្រើចាប់ពីម៉ោង5ល្ងាចរហូតដល់ម៉ោង12យប់ ជាមួយនឹងម្ហូបអាហារសរុបប្រមាណ100មុខ ដោយផ្ដោតសំខាន់ទៅលើមុខម្ហូបបែបវេស្ទឺន ក៏ដូចជាភេសជ្ជៈចម្រុះសរុបប្រមាណជាង60មុខ។

    អ្វីដែលជាលក្ខណៈពិសេសរបស់ Motor Café គឺក្រៅពីមានម្ហូបអាហារ និងភេសជ្ជៈយ៉ាងសម្បូរបែប ដែលពោរពេញទៅដោយរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត ក្រោមការរង់ចាំទទួលស្វាគមន៍បម្រើពីសំណាក់បុគ្គលិកប្រុសស្រីជាច្រើននាក់ ដែលមានភាពរួសរាយរាក់ទាក់នោះ គឺការរចនាដេគ័រទាំងផ្នែកខាងក្នុង ក៏ដូចជាខាងក្រៅហាង ដែលមានលក្ខណៈបែបក្លាស៊ីក និងទាន់សម័យជាទីបំផុត ដោយផ្តោតសំខាន់ទៅលើគំនិតច្នៃប្រឌិតប្រៀបដូចជាកំពុងស្ថិតនៅក្នុងពិភពនៃទីលានប្រណាំងរថយន្តយ៉ាងដូច្នេះដែរ។ ក្លោងទ្វារនៃច្រកចូលមានដាក់តាំងលម្អនូវម៉ូតូធំម៉ាកល្បីតម្លៃរាប់ម៉ឺនដុល្លារ រួមជាមួយការយកបន្ទះដែកស្មិតមកច្នៃជាសម្បុកឃ្មុំ បន្ថែមដោយពន្លឺភ្លើងពណ៌ដ៏ស្រស់ស្អាត។ កៅអីអង្គុយ គឺជាប្រភេទកៅអីរថយន្ត ប្រណាំងពិតៗ តុមូលខ្នាតតូច និង Counter ក្រឡុកស្រា ត្រូវបានរចនាឡើងក្នុងរូបភាពជា កង់រថយន្ត នៅលើពិដានមានលម្អទៅដោយគ្រឿងបន្លាស់រថយន្តកែច្នៃគួរជាទីទាក់ទាញដោយឡែក ឆាកប្រគំតន្ត្រី ដែលមានក្រុមអ្នកចម្រៀង និងតន្ត្រីករអាជីពចំនួន3ក្រុម ជាជនជាតិហ្វីលីពីន និងជនជាតិខ្មែរ ឡើងប្រគំកំដរអារម្មណ៍អតិថិជននោះ ក៏ត្រូវបានរចនាឡើងក្នុងរូបភាពជាកុងទ័ររថយន្តប្រណីតផងដែរ ជាមួយនឹងការលម្អបន្ថែមដោយពន្លឺភ្លើងពណ៌ចម្រុះយ៉ាងស្រស់ស្អាត។

    ចំពោះ Motor Café ដែលស្ថិតនៅទីតាំងខាងលើនេះ គឺទទួលបានការចាប់អារម្មណ៍គាំទ្រពីសំណាក់អតិថិជនជាខ្លាំង។ រាល់ម្ហូបអាហារទាំងអស់ត្រូវបានផ្សំពីវត្ថុធាតុដើមបែបធម្មជាតិហើយភាគច្រើននាំចូលពីបរទេស ដូចជា សាច់គោអូស្ត្រាលី សាច់គោអាមេរិក ត្រីសាល់ម៉ុន​ និងគ្រឿងសមុទ្រផ្សេងៗ ជាពិសេសដូចជាប្រភេទអយស្ទ័រ គឺត្រូវបាននាំចូលមកពីប្រទេសកាណាដា បារាំង និងសមុទ្រប៉ាស៊ីហ្វិក។ ចំពោះស្រាក្រហមត្រូវបាននាំចូលមកពីប្រទេសអូស្រ្តាលី បារាំង អាហ្សង់ទីន និងប្រទេសជីលី។ ដោយឡែកចំពោះប្រភេទស្រាវីស្គី គឺត្រូវបាននាំចូលមកពីប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ដែលជាប្រភពស្រាវីស្គីផ្ទាល់តែម្ដង។

    ងាកមកចាប់អារម្មណ៍ជាមួយការផ្តល់សេវាកម្មពិសេសជាលក្ខណៈឯកជនវិញ Motor Café ក៏មានទទួលរៀបចំទទួលបម្រើផងដែរ ដូចជាការជួបជុំទទួលទានអាហារជាក្រុមនៅក្នុងបន្ទប់ VIP បិទជិត នៅជាន់ខាងលើ ដែលអាចទទួលសមាជិកបានរហូតដល់ទៅ16នាក់, បន្ទប់ VIPនៅជាន់ផ្ទាល់ដី អាចទទួលសមាជិកបានចំនួន10នាក់, សាឡុង VIP អាចទទួលបានសមាជិកចំនួន14នាក់ រួមជាមួយនឹងតុវែង VIP ចំនួន3ទីតាំងផ្សេងទៀត ដែលស្ថិតនៅពីមុខឆាកប្រគំតន្ត្រី។ ក្រៅពីនេះ ក៏មានទទួលរៀបចំកម្មវិធីខ្នាតធំ និងមធ្យមផងដែរ ដូចជា កម្មវិធីជប់លៀងកម្មវិធីខួបកំណើត ឬកម្មវិធីអបអរសាទរគម្រប់ខួប​ក្រុមហ៊ុន ឬខួបអាពាហ៍ពិពាហ៍ជាដើម ដែលអាចទទួលសមាជិកបានរហូតដល់ប្រមាណ150នាក់ ជាមួយនឹងការទទួលកុម្ម៉ង់មុខម្ហូបតាមតម្រូវការ ដូចជា មុខម្ហូបក្នុងបញ្ជីរាយនាមក្នុងសៀវភៅប្រចាំហាង ក៏ដូចជាអាហារប៊ូហ្វេផងដែរ។

    គួរបញ្ជាក់ផងដែរថា Motor Café មាន2សាខា ដោយសាខាទី1ស្ថិតនៅអគារលេខ76 ផ្លូវសុធារស រាជធានីភ្នំពេញ ដែលអាចទាក់ទងបានតាមទូរស័ព្ទលេខ 010 999 717 / 096 9999 724 និងសាខាទី2​ស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ការសាកសួរព័ត៌មានបន្ថែម ឬធ្វើការកក់ទីកន្លែងទុកជាមុន សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ 011 56 69 69 / 096 97 86 668 ឬតាមរយៈ Facebook: MOTOR CAFE៕

  • ប្រកាសអាសន្ន! គ្រោះថ្នាក់​ពី​ការ​សាក់​លើ​ស្បែក

    ប្រកាសអាសន្ន! គ្រោះថ្នាក់​ពី​ការ​សាក់​លើ​ស្បែក

    ការ​សាក់​ស្បែក​ទៅតាម​ភាព​ពេញនិយម ឬ​តាម​អ​បិ​យ​ជំនឿ​របស់​បុគ្គល រមែង​ទទួលបាន​ផល​ល្អ និង​ផល​អាក្រក់​ដែល​អាច​កើតឡើង។ ដូច្នេះ​សូម​មក​ស្វែងយល់​ពី​គ្រោះថ្នាក់​អាក្រក់ ដែល​កើតឡើង​ពី​ការចាក់​សាក់ ដែលមាន​ដូចជា អាច​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B ជំងឺឃ្លង់ និង​ជំងឺអេដស៍​ជាដើម តែបើ​ចង់​កាន់តែច្បាស់​ទៀត​នោះ​សូម​តាមដាន​ជាមួយនឹង​អត្ថបទ​លម្អិត​ដូចខាងក្រោម​នេះ ៖

    លោកគ្រូ​ពេទ្យ​ជំនាញ​ខាង​សុខភាព​ស្បែក​បាន​ប្រាប់​ឱ្យដឹងថា ការ​សាក់​ស្បែក​ជា​រូបភាព ឬ​ជា​ខ្សែ​គូសវាស​ដែល​មើលទៅ​មាន​ក្បាច់​ស្រស់ស្អាត​ដូចជា រូប​ខ្លា រូប​ផ្កា រូប​អា​ថ័​ន​អាគម ដែល​កំពុង​តែមាន​ភាព​ពេញនិយម ហើយ​មាន​សាក់​ពណ៌​ខ្មៅ លើកលែងតែ​សាក់​រូបភាពផ្សេងៗដែលមាន​ពណ៌​ចម្រុះ​ដូចជា ពណ៌​ខៀវ ក្រហម លឿង បៃតង ដើម្បី​ឱ្យមាន​ភាពស្រស់ស្អាត​នៅក្នុង​ការ​សាក់។ ការ​សាក់​ស្បែក​អាចធ្វើឱ្យ​ឆ្លង​នូវ​វីរុស​រោគផ្សេងៗដែល​គួរតែ​ប្រយ័ត្ន​ឱ្យ​មែនទែនព្រោះ​គ្រោះថ្នាក់​ដែល​បង្កដោយ​ទឹក​ថ្នាំ​ពណ៌​ដែល​យកមក​សាក់​នៅលើ​ស្បែក នឹងធ្វើ​ឱ្យ​ស្បែ​កកើតមានការ​ប្រតិកម្ម បណ្ដាលឱ្យ​ស្បែក​ឡើង​អាលែកហ្ស៊ី ហើយ​មាន​កន្ទួល​ពងក្រហមៗនៅលើ​ស្បែក។ លើសពីនេះទៅទៀត វា​ក៏បង្ក​ឱ្យមាន​ភាព​រមាស់​នៅ​នឹង​ស្បែក​ក្បែរ​កន្លែង​ដែលមាន​ស្នាម​សាក់ប្រសិនបើ​មិនបាន​ព្យាបាល ឬ​បើ​នៅតែ​បណ្ដែតបណ្ដោយ​យូរ អាចធ្វើឱ្យ​ស្បែ​ករោល​កាន់តែខ្លាំង​ឡើង​បាន។

    ក្រៅពីនេះ ខណៈពេលដែល​ស្បែក​ត្រូវ​កម្ដៅថ្ងៃ​ក្នុង​រយៈពេល​យូរ ឬ​ជា​ញឹកញយ អាច​បណ្ដាលឱ្យ​អ្នក​កើតមាន​បញ្ហា​ស្បែក​ដូចជា កើត​ភ្លឺ ដែល​អាច​មើលឃើញថា ស្បែ​កកើត​មាន​ស្នាមសៗភ្លឺ​នៅត្រង់​បរិវេណ​មាន​ស្នាម​សាក់ និង​ការចាក់​សាក់​ស្បែក បាន​ហុច​ផល​អាក្រក់​ដូចជា ការឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B រោគរបេង រោគ​ឃ្លង់ និង​ឆ្លង​ជំងឺអេដស៍​ជាដើម ដោយសារតែ​ការប្រើ​ម្ជុល​សាក់​ដែល​មិនមាន​អនាម័យ មិនបាន​ឆ្លងកាត់​ការសម្លាប់​មេរោគ​ត្រឹមត្រូវ ឬ​ការប្រើប្រាស់​ម្ជុល​សាក់​រួមគ្នា​ជាដើម។

    លោកគ្រូ​ពេទ្យ​ជំនាញ​ខាង​សុខភាព​ស្បែក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា មុនពេល​សម្រេចចិត្ត​ចាក់​សាក់​នៅលើ​ស្បែក អ្នក​គួរតែ​ពិចារណា​ចំពោះ​ផល​ល្អ និង​ផល​អាក្រក់ ដែល​អាច​កើតឡើង​ពី​ការចាក់​សាក់​ដូច​ពោល​ខាងលើ​ជាមុនសិន ហើយ​ត្រូវ​ស្វែងរក​ព័ត៌មាន​លម្អិត​ពី​កន្លែង​ចាក់​សាក់​ដែលមាន​អនាម័យ​ត្រឹមត្រូវ និង​មាន​ជំនាញ​ច្បាស់លាស់ រួមមាន​បច្ចេកទេស​ច្បាស់លាស់​ដែល​អាច​ទុកចិត្តបាន​មុនពេល​ធ្វើការ​សាក់ព្រោះថា នៅពេលដែល​អ្នក​សាក់​នៅ​លើ​ស្បែក​ហើយ​នោះ ហើយ​បើ​អ្នកមាន​អារម្មណ៍​ចង់​លុប​សាក់ ឬ​មិន​ចូលចិត្ត​រូបសាក់​ដែល​បាន​សាក់​រួច​នោះ គឺ​នាំឱ្យមាន​បញ្ហា ឬ​ពិបាក​សាក់​ម្តង​ហើយ​សាក់​ម្តងទៀត នាំឱ្យ​ឈឺ​សាច់​ច្រើនដង ឬ​អាចមាន​បញ្ហា​ដល់​សុខភាព​ស្បែក និង​សុខភាព​រាងកាយ​ទៀត​ក៏​អាច​ថា​បានដែរ។ ស្បែក​ដែល​បាន​សាក់​រួច​ហើយ មិនអាច​ត្រឡប់មក​មាន​សភាព​ដើម​វិញ​បានទេ ដូច្នេះ​អ្នក​គួរតែ​ថែរក្សា​ស្បែក​ឱ្យបាន​ល្អ​ទើប​ជា​រឿង​ត្រឹមត្រូវ។ អ្នក​គប្បី​ទៅ​ពិនិត្យ​សុខភាព​ស្បែក​ឱ្យបាន​ច្រើនដង​ទើប​ល្អ ព្រោះ​ការ​លុប​ស្នាម​សាក់​នៅលើ​ស្បែក​ដោយ​កាំរស្មីឡាស៊ែរ ក៏​អាច​បង្កឱ្យមាន​ផ្លែ​សាច់ ដែល​ត្រូវបាន​ហៅថា“Keloid” ជា​ផ្លែ​សាច់​ដែលមាន​ដំបៅ ហើយ​ត្រូវ​ចំណាយពេល​ព្យាបាល និង​ចំណាយ​អស់​ថវិកា​កាន់​តែច្រើន​ថែមទៀត​ផងដែរ ឬអាចមានបញ្ហារហូតឈានដល់ការកើតមានជំងឺមហារីកស្បែកថែមទៀតផង៕

  • ភោជនីយដ្ឋាន NEEDA មកដល់ទួលគោកហើយ

    ភោជនីយដ្ឋាន NEEDA មកដល់ទួលគោកហើយ

    ភោជនីដ្ឋាន NEEDA (សាខាទួលគោក) ស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់បើកបម្រើជូនជារៀងរាល់ថ្ងៃ ពីម៉ោង7ព្រឹក ដល់ម៉ោង 11យប់។ អស់រយៈពេលជិត5ឆ្នាំមកហើយ ដែល NEEDA ត្រូវបានអតិថិជនទទួលស្គាល់ថា គឺជាភោជនីយដ្ឋាន ​ដែលផ្តល់ជូននូវអាហារបែបខ្មែរ-ថៃពិតៗ ពីសំណាក់មេចុងភៅជាជនជាតិខ្មែរ និងថៃ ដែលមានបទពិសោធន៍យូរឆ្នាំក្នុងការចម្អិនអាហារ ប្រកបដោយអនាម័យខ្ពស់ និងមានរសជាតិឆ្ងាញ់។ ភោជនីយដ្ឋាន NEEDA មានបម្រើជូនអាហារ3ពេលក្នុង1ថ្ងៃ ដែលមានមុខម្ហូបប្រមាណជាង100មុខ មានបង្អែម និងភេសជ្ជៈជាច្រើនប្រភេទ ដែលលោកអ្នកអាចធ្វើការកុម៉្មង់តាមតម្រូវការ។

    ម្ហូបពិសេសៗនៅ NEEDA មានដូចជា ៖​ មឿងខាំ ប៉ាកម៉ នីដា បុកល្ហុងថៃ ប្រហុកអាំងលើជ្រុញ សម្លម្ជូរគ្រឿង តុមយាំបង្កង សម្លប្រហើរ ឆាផ្កាខាត់ណាខៀវ និងឆាម្រះព្រៅ។ល។ មុខម្ហូបទាំងនេះ ប្រសិនបើលោកអ្នកបានទៅដល់ភោជនីយដ្ឋាន NEEDA ហើយ លោកអ្នកគួរតែសាកល្បង។

    នៅទីនេះ លោកអ្នកអាចមានជម្រើសក្នុងការអង្គុយទទួលទានអាហារនៅខាងក្នុងបន្ទប់កញ្ចក់សថ្លាបិទជិត ឬនៅខាងក្រៅជា​លក្ខណៈក្រុមគ្រួសារ ជួបជុំមិត្តភក្ដិ ឬបែបឯកជនផ្ទាល់ខ្លួនក៏បាន។

    NEEDA មិនត្រឹមតែជាកន្លែងលក់ម្ហូបអាហារតែមួយមុខនោះទេ តែក៏ជាទីកន្លែងមួយដែលអាចជួបជុំពិភាក្សាការងារផងដែរ។ លោកអ្នកអាចប្រើប្រាស​ទីតាំង NEEDA ទាំងមូលសម្រាប់រៀបចំកម្មវិធីប្រជុំកម្រិត VIP និងពិធីជប់លៀងក៏បាន ដែលអាចទទួលភ្ញៀវបានប្រមាណ130នាក់។ បន្ថែមពីនេះ NEEDA ក៏មានរៀបចំជាអាហារប៊ូហ្វេទៅដល់គេហដ្ឋាន ឬកន្លែងធ្វើការជាដើម។

    និយាយពីរឿងចំណតនៅភោជនីយដ្ឋាន NEEDA វិញ លោកអ្នកនឹងអស់ក្ដីកង្វល់ទៀតហើយ ធានាថាទីធ្លាចំណតធំទូលាយ ដែលអាចចតយានយន្តរបស់លោកអ្នកប្រកបដោយសុវត្ថិភាព។

    នៅពេលដែលលោកអ្នកបានអញ្ជើញទៅដល់ទីតាំងខាងលើនេះហើយ ជឿជាក់ថាពិតជាទទួលបាននូវអារម្មណ៍ស្រស់ស្រាយជាមួយនឹងបរិយាកាសទាំងមូល ក្រោមការតុបតែងលម្អដែលមានភាពច្នៃប្រឌិតខ្អស់។ ចូលទៅដល់ខាងក្នុងភ្លាម លោកអ្នកកាន់តែមានអារម្មណ៍ថា ស្រឡះភ្នែកជាមួយនឹងការរចនាផ្ទៃជញ្ជាំងពណ៌សក្បុស លាយឡំនឹងពន្លឺចង្កៀងអគ្គិសនីដ៏ស្រទន់ ជាមួយនឹងតុ កៅអី សាឡុង ដែលមានពណ៌ស្រស់ស្រាយ! ហ៊ានធានាថា លោកអ្នកពិតជាប្លែកភ្នែកជាក់ជាមិនខាន។ លោកអ្នកអាចធ្វើការកក់ទីតាំងសម្រាប់កម្មវិធីផ្សេងៗ ឬសាកសួរព័ត៌មានបន្ថែមបានតាមរយៈទូរស័ព្ទលេខ ៖ 096 844 33 79 , 092 62 44 77 ឬតាមរយៈ Facebook : Needa Bar/Restaurant៕

  • អ្នកដឹង​ទេ​ថា អាកាសធាតុ​ក្ដៅ​បែបនេះ គួរតែ​ងូតទឹក​ក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់​ល្អ?

    អ្នកដឹង​ទេ​ថា អាកាសធាតុ​ក្ដៅ​បែបនេះ គួរតែ​ងូតទឹក​ក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់​ល្អ?

    អាកាសធាតុ​ក្ដៅ​បានចូលមកដល់ទៀតហើយ ដែល​ចាប់ផ្ដើម​តាំងពី​ខែមីនាមក​ម្ល៉េះ។ មាន​អ្នក​ខ្លះទៀត ចាប់ផ្ដើម​មាន​អាការ​ចាញ់​អាកាសធាតុ កើត​ជំងឺ​គ្រុនក្ដៅ​ជាដើម ហើយអ្នក​ខ្លះទៀត​ក៏​ងាយ​នឹង​ផ្ដា​​សាយ​ផងដែរ ដោយសារតែ​ធូលី​ដី​ហ៊ុយ​នៅ​លើ​ផ្លូវ​ជា​រៀងរាល់ថ្ងៃ ក៏ដូចជា ការគួបផ្សំនៃ​ការទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​ជាដើម។

    រដូវក្ដៅ​បែបនេះ តើ​មិត្ត​ទាំងអស់គ្នា​គួរ​ជ្រើសរើស​ក្នុងការ​ងូតទឹក​ក្ដៅ ឬទឹក​ត្រជាក់​ទើប​ល្អ​សម្រាប់​សុខភាព និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ឡើងវិញ? ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ពី​អត្ថបទ​សុខភាព​ដ៏ល្អ​មួយ​សម្រាប់​ថែទាំ​សុខភាព​នៅក្នុងក្រុមគ្រួសារ​របស់​អ្នកក្នុងរដូវក្តៅ។

    ការ​ងូតទឹក​ក្ដៅ និង​ទឹក​ត្រជាក់
    ទឹក​ក្ដៅ​ដែល​បាន​ពោល​ខាងលើនេះ មិនបាន​សំដៅ​ដល់​ទឹក​ក្ដៅ​ខ្លាំង ក្ដៅ​ពុះ ឬ​ក្ដៅ​រាប់រយ​អង្សារនោះទេ គឺ​យើង​សំដៅ​ ​ទៅលើ​ទឹក​ដែលមាន​សីតុណ្ហភាព​ក្ដៅ​ឧណ្ហៗ ដែល​ស្ថិតនៅក្នុង​កម្រិត37អង្សាសេ។ ប្រសិនបើ​អ្នក​ងូតទឹក​ឱ្យ​បុត្រ​ធីតារបស់អ្នក​នៅពេល​ព្រឹក ហើយ​ដើរ​ចូលមកក្នុង​បន្ទប់​ដែលមាន​ម៉ាស៊ីនត្រជាក់ មាន​ខ្យល់​ត្រជាក់ នោះ​អ្នក​គួរតែ​ងូតទឹក​ក្ដៅ​នៅក្នុង​សីតុណ្ហភាព​ចន្លោះ​ពី38-39អង្សារ។ ការកំណត់​កម្រិត​ទឹក​ក្ដៅ គឺ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្សម្នាក់ៗ អ្នកខ្លះ​ទៀត​និយម​ងូតទឹក​ក្ដៅ​ដល់​ទៅ40អង្សាសេឯណោះ តែ ​ឡារ៉ែន សូមផ្តល់យោបល់ថា វា​ហាក់ដូចជា ក្ដៅ​ពេក​ហើយ និង​ងាយ​ធ្វើឱ្យ​រលាក​ស្បែក ធ្វើឱ្យស្បែកឡើង​ក្រហម​​ថែម​ទៀតផង។

    ចំពោះ​ការ​ងូតទឹក​ត្រជាក់ ក៏ត្រូវ​មានការ​កំណត់​សីតុណ្ហភាព​ដូចគ្នា​ផងដែរ។ រាងកាយ​មនុស្ស​យើងមាន​សីតុណ្ហភាព​នៅក្នុង​ខ្លួន37អង្សាសេ ទើប​អាច​បញ្ចុះ​កម្ដៅ​បានត្រឹមតែ10អង្សាសេតែប៉ុណ្ណោះ ពោលគឺ​នៅត្រឹម27អង្សាសេ។ អ្នកខ្លះ​ទៀត​បាន​ប្រើប្រាស់​ទឹកកក​ជាមួយ​ទឹក​ធម្មតា ដើម្បីជួយឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ ត្រជាក់​ស្រួលខ្លួន ក៏ប៉ុន្ដែការដែល​ងូតទឹក​ត្រជាក់​ពេក​ក៏​មិនល្អ​ដែរ។ តើ​អ្នក​គួរតែ​ណែនាំ​កូនៗ និងសមាជិកក្នុងគ្រួសារ​ឱ្យ​ងូតទឹក​នៅក្នុង​សីតុណ្ហភាព​បែបណា​ទើប​ល្អ? សូមពិចារណាលើចំណុចដូច​ខាងក្រោម​នេះ។

    គុណប្រយោជន៍​នៃ​ការ​ងូតទឹក​ក្ដៅឧណ្ហៗ
    ការ​ងូតទឹក​ក្ដៅ​ឧណ្ហៗ មានគុណ​ប្រយោជន៍​ជួយ​សម្រួល​ចលនា​លំហូរឈាម​នៅក្នុង​សរ​សៃ​បាន​យ៉ាង​ប្រសើរ ឈាម​អាច​រត់​ទៅកាន់​គ្រប់សព្វ​កន្លែង​នៃ​រាងកាយ និង​ជួយ​បន្ថយ​អាការ​ហើម​ប្រអប់ជើង ហើម​កជើង តែ​បាន​ជួយ​សរសៃឈាម​នៅ​ផ្នែក​ខ្នង​បានល្អ ក្រោយ​ពេលដែល​អ្នក​ត្រឡប់​មកពី​ហាត់ប្រាណ រត់ ដើរ ឬបញ្ចេញ​កម្លាំងកាយ​ជាដើម។

    យ៉ាងណាមិញ អ្នកមិនគួរ​ងូត ឬ​ត្រាំ​ទឹក​ក្ដៅ​ក្នុង​រយៈពេល​យូរពេក​នោះទេ ព្រោះ​វា​អាច​បណ្ដាលឱ្យ​ស្បែក​របស់អ្នកស្ងួត និង​ងាយ​ខូច​ដោយសារ​កម្ដៅ​ក្ដៅ​របស់​ទឹក​នៅក្នុង​រយៈពេល​លើស​កំណត់។ ខ្លះទៀត អាច​បណ្ដាលឱ្យ​ឈាមកក ឬ​ស្ទះឈាម ដែលជា​ហេតុ​បណ្ដាលឱ្យ​ប្រព័ន្ធ​ប្រសាទ​ចុះ​អន់​ខ្សោយ និង​ងាយ​កើតមាន​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ឬ​អ្នក​ដែលមាន​ជំងឺ​លើស​ឈាម។

    ដូច្នេះ​ការ​ងូតទឹក​ក្ដៅឧណ្ហៗ ស័​ក្តិសម​បំផុត​ចំពោះ​ការថែរក្សា​សុខភាពរាងកាយ ឬ​ក្រោយពេល​ហាត់ប្រាណ ដើម្បីឱ្យ​សាច់ដុំ​បាន​សម្រាក និង​ជួយ​សម្រួល​ផ្លូវ​អារម្មណ៍​មុនពេល​ចូល​គេង។ សូម​ជម្រាប​បន្ថែមថា លោកអ្នក​អាច​លាប​ក្រែ​មកា​រពារ​ស្បែក​ឱ្យ​កូនៗរបស់អ្នកមុនពេល​ងូតទឹក​ក្ដៅ​ឧណ្ហៗ នោះ​ក៏​ជាការ​ប្រសើរដែរ ដើម្បីឱ្យ​រន្ធ​រោម​បើកចំហ​បានល្អ។

    គុណប្រយោជន៍​នៃ​ការ​ងូតទឹក​ត្រជាក់
    ជាការ​ពិតណាស់​ទឹក​ដែលមាន​សីតុណ្ហភាព​ត្រជាក់ បាន​ជួយ​ដាស់​ដំណើរការ​ធ្វើការ​របស់​ប្រព័ន្ធ​ប្រសាទ​ឱ្យ​ភ្ញាក់ឡើង ឱ្យ​រាងកាយ​មាន​អារម្មណ៍​ស្រស់ស្រាយ ស្វាង​ពីស​ភាព​ល្វើយ​នឿយហត់​អស់កម្លាំង ហើយក្រៅពីនោះ​ក៏​ជួយ​ផ្ចិត​រន្ធ​រោម បណ្ដឹង​ស្បែក​ឱ្យ​ណែននៅក្នុង​អំឡុងពេល​ងូតទឹក ហើយវា​ក៏បាន​ជួយ​បន្ថែម​ឱ្យ​ស្បែក​មាន​សភាព​ទន់ល្មើយ​ថែមទៀត​ផង។

    ជាពិសេសចំពោះកុមារតូចៗ ការដែលអ្នក​ឱ្យកូនៗរបស់អ្នកងូតទឹក​ត្រជាក់​ពេក ក៏អាច​ហុច​ផល​មិនល្អ​ចំពោះ​សុខភាព​រាងកាយ​ដូចគ្នាដែរ ជាពិសេស​ ​គឺការ​កក់សក់​ជាមួយ​ទឹក​ត្រជាក់ អាច​បណ្ដាលឱ្យ​សក់​ឆាប់​ស្ងួត សក់​ងាយ​ខូច និង​ធ្វើឱ្យ​សុខភាព​ស្បែកក្បាល និង​សក់​ចុះ​អន់​ខ្យោ​យហើយ​ងាយកើតជំងឺផ្ដា​​សាយជាដើម។

    ដូច្នេះ​ការ​ងូតទឹក​ត្រជាក់​នៅពេល​ព្រឹក ជា​វិធីសាស្ត្រដ៏​ល្អ​មួយ និង​សមស្រប​សម្រាប់​រដូវក្ដៅ​នេះ តែ​ក៏​មិនអាច​ងូតទឹកត្រជាក់ជា​រៀងរាល់ថ្ងៃ​ដែរ អ្នក​គប្បី​លាយ​ជាមួយ​ទឹក​ធម្មតា ឬ​លាយ​ទឹក​ឱ្យមាន​សីតុណ្ហភាព​សមល្មម​ទៅនឹង​បរិយាកាស​ខាងក្រៅ។ ដូច​ដែរ​បាន​ជម្រាបជូន​ខាងលើនេះ លោកអ្នក​អាច​ពិចារណា​បាន​ហើយ​ថា គប្បី​គួរឱ្យ​កូនៗ និងសមាជិកក្នុងគ្រួសាររបស់អ្នកងូតទឹក​ក្នុង​សីតុណ្ហភាព​បែប​ប​ណាទើបល្អចំពោះសុខភាពនោះ៕

  • 4សញ្ញាគ្រោះថ្នាក់នៃអាការ “បេះដូងគាំងភ្លាមៗ”

    4សញ្ញាគ្រោះថ្នាក់នៃអាការ “បេះដូងគាំងភ្លាមៗ”

    ទោះជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឬជំងឺក្រលៀន គឺជាជំងឺដ៏គួរឱ្យភ័យខ្លាចមែនក៏ដោយ តែមិនអាចប្រៀបធៀបជាមួយនឹងអាការ “បេះដូងគាំងភ្លាមៗ” បានឡើយ… ដែលមិនអាចប្រៀបបាននោះគឺ រយៈពេលដែលបង្ហាញអាការព្រោះភាគច្រើនមនុស្សទាំងឡាយច្រើនតែមិនបានដឹងខ្លួនមុនឡើយថា កំពុងតែកើតជំងឺបេះដូង ទើបមិនដឹងថា ខ្លួនកំពុងមានភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងភ្លាមៗ ដូច្នេះទើបមិនមានការត្រៀមខ្លួនអ្វីទាំងអស់ ហើយមានពេលត្រឹមតែមិនប៉ុន្មាននាទីប៉ុណ្ណោះមុននឹងទៅដល់ដៃគ្រូពេទ្យ ធ្វើឱ្យឱកាសរស់រានមានជីវិតពីសភាវគាំងបេះដូងភ្លាមៗនេះមានតិចបំផុត។ ដូច្នេះថ្ងៃនេះទំព័រសុខភាពរបស់ទស្សនាវដ្ដី ឡារ៉ែន សូមនាំយកវិធីសង្កេតមើលបែបងាយៗថា តើខ្លួនអ្នក ឬអ្នកនៅជុំវិញខ្លួនអ្នកកំពុងស្ថិតក្នុងសភាវគាំងបេះដូងភ្លាមៗឬ​ទេ​? ព្រោះមិនថាខ្លួនអ្នក ឬអ្នកណាក៏ដោយសុទ្ធតែមានភាពប្រថុយប្រថានក្នុងការកើតអាការនេះទាំងអស់។

    គោលការណ៍ងាយៗ ចូរនឹកដល់ពាក្យថា F A S T ជាប់ជានិច្ច
    F = Face
    ចង្វែកមាត់ម្ខាងនឹងធ្លាក់ចុះ(មើលទៅឃើញដូចរាងពេបមាត់ម្ខាង)ដោយមិនដឹងមូលហេតុ និងមិនអាចបញ្ជាឱ្យចង្វែកមាត់ត្រឡប់មកដូចដើមវិញបាន។

    A = Arms
    មិនអាចលើកដៃឡើងបានដំណាលគ្នាទាំងសងខាង ឬមិនអាចលើកដៃម្ខាងណាឡើងបាន។

    S = Speech
    វិធីការនិយាយ ការបញ្ចេញសំឡេងប្រែ-ប្រួល។ សុខៗ ក៏ចាប់ផ្ដើមនិយាយលែងច្បាស់ និយាយយឺតៗ ខុសទម្លាប់ ស្ដាប់មិនយល់។

    T = Tongue
    អណ្ដាតឡើងរឹង ឬអណ្ដាតអាចនឹងឡើងរមួល ដោយរាងកាយមិនអាចបញ្ជាទិសដៅរបស់អណ្ដាតបានឡើយ។

    8 អាការដែលប្រថុយនឹងការ “គាំងបេះដូងភ្លាមៗ”
    1. ញ័រដើមទ្រូង: បេះដូងលោតញាប់ មិនទៀងទាត់ ពេលខ្លះអាចមានអាការហត់ដង្ហក់រកកល់ខ្យល់គ។

    2. ឆាប់ហត់: នៅក្នុងសភាពពិតវិញ អាការឆាប់ហត់ក៏មានច្រើនមូលហេតុដែរ តែក៏ជាអាការមួយក្នុងចំណោមអាការរបស់ជំងឺបេះដូងដូចគ្នា។ ជាអាការហត់ក្នុងលក្ខណៈឆាប់រហ័ស ដកដង្ហើមលឿន ពេលខ្លះដង្ហក់ស្ទើរតែនិយាយមិនកើត។ ត្រូវសង្កេតមើលផងថា តើមានសំឡេងខណៈពេលដកដង្ហើមដែរឬទេ?។ បើមានអាការឆាប់ហត់ជាប់ជាប្រចាំ គឺចូលក្នុងសញ្ញាប្រថុយនឹងជំងឺបេះដូងហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យវិនិច្ឆ័យ និងរកវិធីព្យាបាលតទៅ។

    3. ហើមជើង: នៅពេលការបឺតបាញ់ឈាមរបស់បេះដូងដំណើរការមិនល្អ ក៏អាចធ្វើឱ្យកើតអាការហើមជើងខុសប្រក្រតី ដែលពេលខ្លះក៏មិនដឹងពីមូលហេតុដែរ។

    4. ចុកណែនក្នុងដើមទ្រូង: អាការចុកដើមទ្រូង ឬណែនដើមទ្រូងនេះ មនុស្សជាច្រើនអាចច្រឡំនឹងជំងឺទឹកអាស៊ីតក្នុងក្រពះហូរបញ្រ្ចាស់ ដោយសារតែពេលខ្លះក៏អាចមានអារម្មណ៍ថាឈឺចុក ឬចុករាលទៅដល់ដើមដៃបានដូចគ្នា។ លក្ខណៈរបស់ការចុកនឹងប្រៀបដូចមានអ្វីមកសង្កត់ពីលើដើមទ្រូង ដូច្នេះត្រូវចេះសង្កេត និងញែកអាការឱ្យបានត្រឹមត្រូវ។

    5. ងងឹតមុខ វិល និងខ្យល់គរញឹកញាប់: ដោយសារតែបេះដូងមានការឈប់ដំណើរការ ទើបធ្វើឱ្យបាត់ស្មារតីមួយខណៈពេល។ បើកើតអាការបែបនេះញឹកញាប់ មិនគួរបណ្ដោយឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ។

    6. ភ្ញាក់នៅពេលអធ្រាត្រ ព្រោះពិបាកដកដង្ហើម: ជួនកាលយើងក៏ត្រូវការខ្យល់ដកដង្ហើមច្រើនជាងប្រក្រតីដែរ ទើបធ្វើឱ្យគេងមិនបាន ជាហេតុធ្វើឱ្យត្រូវភ្ញាក់ឡើងនៅពេលយប់ជ្រៅដើម្បីដកដង្ហើម ឬក្អកឱ្យមានអារម្មណ៍ថាធូរស្រាលឡើង។

    7. ពេលគេងផ្ងារហើយពិបាកដកដង្ហើម: ​គ្រប់ពេលដែលទម្លាក់ខ្លួនគេងរាបស្មើ ឬគេងផ្ងារ ច្រើនតែពិបាកដកដង្ហើម ឬមានអារម្មណ៍ណែនថប់រហូតដកដង្ហើមមិនប្រក្រតី។

    8. ចូលចិត្តចូលបន្ទប់ទឹកកណ្ដាលយប់: បើភ្ញាក់ឡើងចូលបន្ទប់ទឹកនៅពេលយប់ជ្រៅដែលមិនមែនត្រឹមតែបត់ជើងតូច តែនៅមានអាការផ្សេងរួមជាមួយផងនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យពីមូលហេតុនេះហើយ។

    វិធីជួយសង្រ្គោះអ្នកដែលអាចធ្លាក់ក្នុងសភាវគាំងបេះដូងភ្លាមៗ
    នៅពេលជារឿងដែលពាក់ព័ន្ធជាមួយបេះដូង“ភាពលឿនរហ័ស” គឺជារឿងសំខាន់។ ដំបូងគេអ្នកគួរប្រញាប់ប្រាប់ទៅបុគ្គលិកមន្ទីរពេទ្យ ឬអង្គភាពសង្រ្គោះបន្ទាន់ ឬហៅរថយន្តសង្គ្រោះដែលនៅជិតបំផុត ដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿន​បំផុត។ ក្នុងអំឡុងរង់ចាំការជួយសង្គ្រោះ គួរឱ្យជនរងគ្រោះគេងផ្ងារ បែរមុខទៅម្ខាង(ខាងណាក៏បាន) និងសង្កេតមើលអាការជាដំណាក់ៗ បើចាប់ផ្ដើមមានអាការបេះដូងលែងដើរហើយ ត្រូវប្រញាប់ធ្វើការជួយសង្គ្រោះដោយចលនា CPR ជាបន្ទាន់។

    វិធីការពារសភាវគាំងបេះដូងភ្លាមៗ
    មនុស្សជាច្រើនមានក្ដីប្រហែសក្នុងជីវិត មិនចូលទៅទទួលការពិនិត្យរាងកាយប្រចាំឆ្នាំឡើយព្រោះយល់ថា រាងកាយនៅមាំទាំល្អ គ្មានជំងឺដង្កាត់អ្វីឡើយ ហើយថែមទាំងហាត់ប្រាណជាប្រចាំទៀតផង តែជំងឺនេះក៏មិនមែនថាមិនដែលបង្ហាញសញ្ញាដាស់តឿនមុននោះឡើយ ព្រោះបើអ្នកមានអារម្មណ៍ថាឈឺចុក ឬណែនដើមទ្រូងខណៈពេលហាត់ប្រាណ ដើរ ឬរត់ឡើងជណ្ដើរច្រើនជាន់ រាំរែក ឬចាប់ផ្ដើមធ្វើកិច្ចការណាធ្ងន់ៗនោះគឺមានន័យថា អ្នកចាប់ផ្ដើមមានសុខភាពបេះដូងលែងមាំទាំហើយ ដូច្នេះគួរប្រញាប់ចូលទៅទទួលយកការត្រួតពិនិត្យបេះដូងជាបន្ទាន់។ ក្រៅពីនេះ រឿងអាហារការហូបចុកក៏សំខាន់ដែរ ព្រោះបើទទួលទានអាហារដែលបង្កឱ្យកើតមានខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាមច្រើនជ្រុលពេក ដូចជា សាច់ជាប់ខ្លាញ់ អាហារដុតអាំងរួមទាំងនំបង្អែមដែលផ្អែមខ្លាំងផ្សេងៗនោះ វាក៏ជាមូលហេតុដែលបង្កើនភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងទាន់ហន់បានដូចគ្នា៕

  • GRILLED MARINATED FRESH TUNA STEAK

    GRILLED MARINATED FRESH TUNA STEAK

    មុខម្ហូប Grilled Marinated Fresh Tuna Steak ជា​មុខម្ហូប​បែប​បារាំង​មួ​យមុខ​ទៀត​របស់​ភោជនីយដ្ឋាន Amigo ដែល​ស្ថិតនៅក្នុង​សណ្ឋាគារ Feliz ដែលជា​មុខម្ហូប​ទទួលបាន​នូវ​ការពេញនិយម និង​គាំទ្រ​ជាខ្លាំង​ពី​សំណាក់​អតិថិ​ជនជាតិ និងអន្តរជាតិ។ ដូច្នេះ សូម​ក្រឡេក​មក​ពិនិត្យមើលពី​របៀប​ធ្វើ និងគ្រឿងផ្សំ ដែល​ណែនាំ​ដោយ​មេ​ចុងភៅ​ធំ លោក ធី វណ្ណ​ថន ដូចតទៅ។

    គ្រឿងផ្សំ
    • ត្រី​ធូ​ណា (កង់កណ្តាល) 200ក្រោម
    • ជី​វ៉ាន់ស៊ុយ
    • គ្រាប់​ជី​វ៉ាន់ស៊ុយ
    • ខ្ទឹមបារាំង
    • ខ្ទឹមស
    • ខ្ទឹមក្រហម
    • ការ៉ុត
    • ត្រពាំង​បារាំង
    • ត្រប់វែង
    • សណ្តែក​បៃតង
    • ដំឡូងបារាំង
    • គ្រឿងផ្សំ​រសជាតិ ៈ អំបិល ស្ករ ម្រេច
    • ប៊័រ
    • ស្រាស
    • ទឹកដោះគោ​ស្រស់
    • Cream
    • ទឹក Cream Sauce

    របៀប​ធ្វើ​ទឹក Cream Sauce
    យក​ខ្ទឹមស ខ្ទឹមក្រហម និង​ខ្ទឹមបារាំង​មក​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ រួច​យកទៅ​ឆា​ជាមួយ​ប៊័រ និង​បន្ថែម​ដោយស្រាស​បន្តិច ទឹកដោះគោ​ស្រស់ និង Cream មួយសន្ទុះ​ជាការ​ស្រេច។

    របៀប​ធ្វើ ស្តេ​ក​ត្រី​ធូ​ណា
    ដំបូងត្រូវយកត្រីធូណា​មក​លាង​សម្អាត​ឱ្យ​ស្អាតរួច​ទុកឱ្យ​ស្រស់ទឹក។ យក​ជី​វ៉ាន់ស៊ុយ គ្រាប់​ជី​វ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម និង​ខ្ទឹមបារាំង​មក​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ រួច​យកទៅ​ប្រឡាក់​ជាមួយនឹង​ត្រី​ធូ​ណា ហើយ​ផ្អាប់​ទុក​រយៈពេល5នាទី ទើប​យកត្រីធូណាទៅ​អាំងនៅលើ​បន្ទះ​អាំង​សាច់ រយៈពេល10-15នាទី​តាម​ចំណូលចិត្ត។ ចំណែក​បន្លែ​សម្រាប់​ទទួលទាន​ជាមួយ​ត្រ​ីធូ​ណា​អាំង​មានដូចជា ការ៉ុត ត្រពាំង​បារាំង ត្រប់វែង សណ្តែក​បៃតង និង​ដំឡូងបារាំង​ត្រូវ​យកទៅ​ឆា​ជាមួយនឹង​ប៊័រ ដោយ​បើកភ្លើង​តិច​ល្មម រួច​បន្ថែម​គ្រឿងផ្សំ​រសជាតិ​ដូចជា អំបិល ស្ករ និង​ម្រេច កូរ​ចូលគ្នា​ឱ្យ​សព្វ​ល្អ ហើយ​ដួស​ដាក់ក្នុង​ចាន​ឱ្យមាន​របៀប។ បន្ទាប់មក​ទើប​ដាក់​ដុំ​ត្រី​ធូ​ណា​អាំង​ពីលើ និង​ស្រោច​ដោយ​ទឹក Cream Sauce ពីលើ​ជាការ​ស្រេច។ មុខម្ហូប​នេះ​ស័ក្តិសម​ទទួលទាន​ជាមួយនឹងស្រាក្រហមគឺកាន់​តែមាន​រសជាតិ​ឆ្ងាញ់​ពិសា​ឡើង​ថែមទៀត៕

  • លោក ខេ​ម ស៊ូក្រាញននៀលនៅ ថោន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ

    លោក ខេ​ម ស៊ូក្រាញននៀលនៅ ថោន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ

    មាន​តារាចម្រៀង​ប្រុស-ស្រី​ជាច្រើន​ណាស់ ដែលមាន​បំណង​ចង់​ក្លាយ​ជាតា​រាច​ម្រៀ​ងស្របច្បាប់​មាន​កុងត្រា​នៅក្នុង​ផលិតកម្ម​ហង្ស​មាស ដែលជា​ក្រុមហ៊ុន​ដ៏​ធំ និង​ល្បីឈ្មោះ​ជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយឡែក​សម្រាប់​ការគិត​នេះ​ហាក់​បញ្ច្រាសទិស និង​ផ្ទុយស្រឡះ​ពី​គំនិត​របស់​កំពូល​តារា​ចម្រៀង​សំឡេង​ស្អក លោក ខេ​ម ដែល​បាន​អះអាង និង​តាំងចិត្ត​មិន​ថា​ស្ថិតនៅក្នុង​កាលៈទេសៈណា​នោះទេ លោកដាច់ខាត​មិន​ចាកចោលផលិតកម្ម ថោ​ន នោះទេ ព្រោះ​ផលិតកម្ម​មួយ​នេះ បាន​ផ្តល់ឱកាស និង​សាង​កេរ្តិ៍​ឈ្មោះឱ្យ​លោក​មាន​ភាពល្បីល្បាញ​ដល់​សព្វថ្ងៃនេះ។

    កំពូល​តារាចម្រៀង​ប្រុស សំឡេង​ស្អក​ប្រចាំ​ផលិតកម្ម​ ថោ​ន លោក ប៉ុន សុ​ណារិន ហៅ ខេ​ម ដែល​កំពុង​ល្បី​លេចធ្លោ​ជាមួយ​បទ​ចម្រៀង​ច្រៀង​ឆ្លងឆ្លើយ​ជាមួយ មាស សុខ​សោភា សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ ក្រោម​ចំណងជើង​ថា “ឱ្យ​អត់​ស្រឡះ​ទៅ” នោះ បាន​ចេញមុខ​អះអាងថា រូបលោក​មិនមាន​គម្រោង​ប្ដូរ​ទ្រនំ​ចាស់​ផ្លាស់​ទៅ​ទ្រនំ​ថ្មី ដូច​តារាល្បីៗមួយចំនួន​ឡើយ ព្រោះ​លោក​គិតថា អាចមាន​កំណើត​រហូត​មកដល់ពេលនេះ គឺ​ដោយសារតែ​ផលិតកម្ម ថោ​ន ដែលជា​អ្នក​ផ្ដល់ឱ្យ​គ្រប់យ៉ាង​ទាំងអស់។

    នៅក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ពេល​កន្លង​ទៅនោះ​ថា “ខ្ញុំ​ឃើញ​ហង្ស​មាស គាត់​យក​តារាល្បីៗទៅ​ច្រើន​មែន ព្រោះ​ជា​យុទ្ធសាស្ដ្រ​របស់គាត់ ដោយសារ​គាត់​មានកម្ម​វិធី​ប្រគំ​តន្ដ្រី​ច្រើន។ ចំពោះ​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​ចេញ​ច្រៀង​នៅ​រដូវក្ដៅ​តាំងពី​ខែតុលា​ម៉្លេះ រវល់​ជាប់​គ្នា​រហូត គ្រាន់តែ​កម្មវិធី​ខ្លះ​មិន​ផ្សាយ​ផ្ទាល់(Live)។ មានគេ​សួរ​ខ្ញុំ​ដែរ​ថា មាន​គម្រោង​ទៅណា​ដែរ​ឬ​អត់?​ រឿងនេះ​ខ្ញុំ​សូមបញ្ជាក់ថា សម្រាប់​ពេលនេះ ខ្ញុំ​គ្មាន​បំណង​ថា​នឹង​ចេញពី​ថោ​ន ទៅណា​ទេ ព្រោះអី​មុន​ចូល​ថោ​ន ខ្ញុំ​រកលុយ​ទិញ​តែ​កង់​កញ្ចាស់មួយ​ជិះ​សឹងតែ​មិនបាន ប៉ុន្តែ​ឥឡូវ​ពេលនេះ​ខ្ញុំ​មានផ្ទះ​នៅ មាន​ឡាន​ជិះ​ដូច​គេ គឺ​ខ្ញុំ​អាច​និយាយបានថា ដោយសារ ​ថោ​ន គាត់​ឱ្យ​ខ្ញុំ​ចូល​ច្រៀង ទើប​ខ្ញុំ​មាន​អនាគត​រហូត​មាន​ថ្ងៃនេះ។ អ៊ី​ចឹ​ង​ខ្ញុំ​ឯណា​ថា​ចង់​ចេញពី​ ថោ​ន ទៅ​ចូល​ផលិតកម្ម​ផ្សេងទៀត​នោះ ខ្ញុំ​គិត​ហើយ​ថា លើកលែងតែ​គាត់​បញ្ឈប់​ខ្ញុំ​លែងឱ្យ​ច្រៀង​តែម្ដង អាហ្នឹង​ចាំ​យើង​គិត​តទៅទៀត។ តែបើ​ដូច​ពេលនេះ បើទោះជា ហង្ស​មាស ហៅ ក៏​ខ្ញុំ​មិន​ទៅ​ដែរ”។

    គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​លោក ខេ​ម បាន​ផ្តើមចេញពី​ជីវិត​ជា​អ្នករត់ម៉ូតូឌុប និង​ជា​អ្នករក​ត្រី នៅ​ខេត្តកំពង់ឆ្នាំង ដោយមាន​ម្តាយ​ចាស់ជរា​ជ្រក​ក្នុង​ដំបូល​ខ្ទម​រខេករខាក​ដ៏​តូច​មួយ​តែប៉ុណ្ណោះ។ ប៉ុន្តែ​បន្ទាប់​បាន​អភិវឌ្ឍ​ខ្លួន​មកជា​តារាចម្រៀង​រស់នៅ​លើដី​ក្រុងភ្នំពេញ ជាពិសេសក្រោយពេល​លោក​បាន​ចូល​ជា​តារាចម្រៀង​នៅ​ផលិតកម្ម​ ថោ​ន ជីវិត​របស់លោក ព្រមទាំង​សមាជិកគ្រួសារ ត្រូវបាន​ផ្លាស់ប្ដូរ​មកជា​ល្អប្រសើរ​វិញ ដោយ​ពេលនេះ​ក្រៅពី​មានផ្ទះ​វីឡា រថយន្ត​ទំនើប លោក ខេ​ម សល់​លុយ​រាប់ម៉ឺន​ដុល្លារ សូម្បីតែ​ស្នេហា​ក្រៅ​ឆាក​របស់លោក ក៏ត្រូវ​បាន​គេ​ដឹងថា​ជានា​រី​ដ៏​ស្រស់ស្អាត និង​កំពុង​រស់នៅ​ប្រទេស​បារាំង​ផងដែរ៕

  • ដំណាំ ប្រពាយ

    ដំណាំ ប្រពាយ

    បន្លែ​ប្រពាយ ឬ​ឈ្មោះ​ខាង​វិទ្យាសាស្ត្រ​ហៅថា Psophocarpus tetragonolobus Linn ជា​រុក្ខជាតិ​ប្រភេទ​វល្លិ៍ ដែល​គ្មាន​សាច់​ឈើ ដើម​របស់​វា​លូត​តោង​វារ​ព័ទ្ធ មាន​លក្ខណៈ​ជា​ស្លឹក​រៀង​ឆ្លាស់គ្នា មាន​ស្លឹកតូច3សន្លឹក មាន​លក្ខណៈ​រាង​ពងក្រពើ គល់​ស្លឹក​មូល និង​ចុង​ស្លឹក​ស្រួចផ្កា​មាន​លក្ខណៈតូចៗមាន​ពណ៌​សលាយ​ស្វាយ ឯ​ផ្លែ​ជា​បន្លែ​ដែលមាន​រាង​ទ្រវែង​មាន4ឆែក​តាម​បណ្ដោយ​ផ្លែ ដែលមាន​ប្រវែង​ប្រមាណ​ពី10ទៅ12សង់ទីម៉ែត្រ ខាងក្នុង​មាន​គ្រាប់​មូល​រលោង និង​មាន​ពណ៌​ស។ ដើម​ប្រពាយ​អាច​ដាំ​បាន​ពេញ1ឆ្នាំ មិន​ថា​រដូវ​ណាក៏ដោយ។

    បន្លែ​ប្រពាយ គេ​អាច​នាំយក​ផ្លែខ្ចីៗ ត្រួយ(ឬ​ស្លឹកខ្ចី) និង​ផ្កាខ្ចីៗមក​ធ្វើជា​អាហារ​បាន ហើយថែមទាំង​មានគុណ​សម្បត្តិ​ខាង​ថ្នាំ​បំបាត់​អាការផ្សេងៗបាន ដូចជា ឫស​ប្រើ​សម្រាប់​ថែបំប៉ន​រាងកាយ បំបាត់​អាការ​ទន់ខ្សោយ​អស់កម្លាំង បំបាត់​អាការ​ក្ដៅ​ក្នុង​ស្រេកទឹក ព្យាបាល​មុន និង​រោគ​សើ​ស្បែក​ប្រភេទ​ខ្លះ​បាន​ទៀតផង។

    ** ការដាំដុះ
    ការត្រៀម​ដី: ដើម​ប្រពាយ​ជា​រុក្ខជាតិ​វល្លិ៍ដែលមាន​ឫស​ចាក់​ជ្រៅ​កម្រិត​មធ្យម ដូច្នេះ​ការត្រៀម​ដី​គួរ​ភ្ជួរ​ដី​ឱ្យបាន​ជ្រៅ​ប្រមាណ​ជា25-30សង់ទីម៉ែត្រ។ ហាល​ដី​ទុកចោល​ប្រមាណ​ជា7ថ្ងៃ ដាក់​ជីលា​មក​គោ ឬ​ជីកំប៉ុស រួច​ជ្រួយដី​ឱ្យ​ល្អិត លើក​ជា​រង​ដោយមាន​ទុក​ផ្លូវ​ដើរ និង​ត្រៀមដាំ​ជាស្រេច។

    វិធី​ដាំ​ដុះ: ការដាក់​ដាំ​ប្រើ​ចម្ងាយ​ពី​ដើម​មួយ​ទៅ​ដើម​មួយ60សង់ទីម៉ែត្រ និង​ចម្ងាយ​ពី​ជួរ​មួយ​ទៅ​ជួរ​មួយ100សង់ទីម៉ែត្រ។ ប្រពាយ​គេ​និយម​ដាំ​ដោយ​គ្រាប់ បន្ទាប់ពី​ត្រៀម​ដី​រួចរាល់​ហើយ ចូរ​ជីក​រន្ធ​ដាក់​ដាំ​តាម​ចម្ងាយ​ដាំ ទម្លាក់​គ្រាប់ពូជ​ចូលក្នុង​រន្ធនីមួយៗប្រមាណ​ជា5គ្រាប់ ជម្រៅ​ប្រមាណ​ជា2សង់ទីម៉ែត្រ រោយ​ដី​គ្របពីលើស្ដើងៗ ហើយ​គ្របពីលើ​រង​ដោយ​ចំបើង​ស្ងួត រួចស្រោច​ទឹក​ឱ្យ​សើម​ជោក។ បន្ទាប់ពី​គ្រាប់ពូជ​លាស់​ឡើង​ប្រមាណ​ជា1-2សប្ដាហ៍ ចូរ​ដក​បំបែកចេញ​ឱ្យ​នៅសល់​ក្នុង​មួយ​គុម្ព​តែ3ដើម។

    ចំណែក​ការធ្វើ​ទ្រើង​ប្រពាយ មាន​វិធី​ធ្វើបាន​ច្រើនបែប ដូចជា ទ្រើង​ទោល ដោត​ត្រង់​គុម្ព​ប្រពាយ​ទុកឱ្យ​ដើម​ប្រពាយ​វារ​តោង​ឡើង ឬ​ទ្រើង​បែប​គូ គឺ​ដោត​បង្គោល​ទ្រើង​តាម​បណ្ដោយ​រង ហើយ​ចាប់​ចុង​បង្គោល​ទ្រើង​ចង​ជាគូៗ រួច​យក​សំណាញ់​មក​គ្របពីលើ​ក៏បាន តែ​ត្រូវ​ឧស្សាហ៍​ចាប់​ចុង​ត្រួយ​ដើម​ប្រពាយ​ឱ្យ​ព័ទ្ធ​នឹង​បង្គោល​ទ្រើង ​ដើម្បីឱ្យ​ដើម​ប្រពាយ​ឆាប់​ឡើង​ពេញ​ទ្រើង។

    ** វិធី​មើលថែទាំ​រក្សា
    ការ​ស្រោច​ទឹក: ស្រោច​ទឹក​មួយថ្ងៃ1-2ដង រៀងរាល់ថ្ងៃ។

    ការដាក់​ជី: បន្ទាប់ពី​ដាក់​ដាំ​បាន30ថ្ងៃ​រួចហើយ ចូរ​ចាប់ផ្ដើម​ដាក់​ជីកំប៉ុស​សរីរាង្គ​ក្នុង​បរិមាណ100ក្រាម​ក្នុង1គុម្ព រៀងរាល់15ថ្ងៃ ឬ​អាស្រ័យ​លើ​ភាពសម្បូរ​ជីវជាតិ​របស់​ដី។

    ការការពារ និងការ​កម្ចាត់​សត្រូវ​ដំណាំ: ចូរ​បាញ់​ទឹក​ត្រាំ​ឱសថ​បុរាណ​បណ្ដេញ​សត្វល្អិត​ដែល​ត្រាំ​ពី​ដើម​ស្ដៅ​រៀងរាល់7ថ្ងៃ​ម្ដង ដើម្បី​ការពារ និង​កម្ចាត់​សត្រូវ​ដំណាំ ដូចជា ដង្កូវ​ស៊ី​ត្រួយ​ មេរោគ​ក្រា ដង្កូវ​ស៊ី​ក្ដិ​ប និង​ក្នុងករណី​ដែល​ឃើញ​មានការ​ឆ្លង​រាលដាល​របស់​ដង្កូវ​ស៊ី​ត្រួយ​ធ្ងន់ធ្ងរ​នោះ អាច​បាញ់​ទឹក​ត្រាំ​ថ្នាំ​ឆួល លាយ​ជាមួយ​កាក​ស្ករត្នោត​បន្ថែម ដោយ​បាញ់​ក្នុងអំឡុង​ម៉ោង08ៈ00-09ៈ00ព្រឹក រៀងរាល់ថ្ងៃ​រហូត​ទាល់តែ​លែងមាន​ការឆ្លង​រាលដាល ហើយ​ក្រៅពីនោះ​ចូរ​ឧស្សាហ៍​កម្ចាត់​ពពួក​ស្មៅ​ ដើម្បី​កុំឱ្យ​កើតការ​ដណ្ដើម​ទឹក និង​ជីវជាតិ​ពី​ដី ហើយ​ថែមទាំង​អាចជា​កន្លែង​ស្នាក់នៅ​របស់​ស​ត្វល្អិត​សត្រូវ​ដំណាំ​ទៀតផង។

    ** ការប្រមូល​ផល
    នៅពេល​ដើម​ប្រពាយ​មាន​អាយុ​បាន70-80ថ្ងៃ ក៏​អាច​ប្រមូល​ផល​បាន​ហើយ ដោយ​គួរ​បេះ​ក្នុងអំឡុង​ពេលដែល​ថ្ងៃ​មិនសូវ​ក្ដៅ ចង់​បេះ​នៅពេល​ព្រឹក ឬ​ពេល​ល្ងាច​ក៏បាន ព្រោះ​ស្រទាប់​ផ្លែ​ប្រពាយ​ហាក់ដូចជា​រាងស្ដើង បើ​បេះ​ក្នុងអំឡុង​ពេលដែល​ថ្ងៃ​ក្ដៅ​ខ្លាំង នឹង​ធ្វើឱ្យ​ស្រទាប់​ផ្លែ​ប្រពាយ​ឆាប់​ជាំ ហើយ​កន្ត្រក ឬ​កញ្ច្រែង​ដែល​ទុកដាក់​ផ្លែ​ប្រពាយ​នោះ ក៏​គួរ​ទ្រាប់​ដោយ​ស្លឹកចេក​ផង​ ដើម្បី​ការពារ​ភាពស្រស់​ខ្ចី​របស់​ផ្លែ​ប្រពាយ៕

  • តើ​ដឹងទេ​ថា ស្រីៗចំណាយពេល​អស់​ប៉ុន្មាន​ ដើម្បី​សម្អិតសម្អាង​សម្រស់​ក្នុងមួយឆ្នាំៗ?

    តើ​ដឹងទេ​ថា ស្រីៗចំណាយពេល​អស់​ប៉ុន្មាន​ ដើម្បី​សម្អិតសម្អាង​សម្រស់​ក្នុងមួយឆ្នាំៗ?

    នារីៗមិនមែន​គ្រាន់តែ​ជាភេទ​មួយ​ដែល​ចេះតែ​គិត​ច្រើនតែ​ម្នាក់ឯង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ភេទ​នៃ​ភាព “ប៉ិន​កង្វល់” ទៀតផង ជាពិសេស​ក្នុង​រឿង​រូប​សម្ផស្ស និង​ភាពស្រស់ស្អាត​តែម្តង។ នារីៗកង្វល់​រាប់ពាន់​រាប់ម៉ឺន​រាប់សែន​មុខ សព្វបែបយ៉ាង តាំងពី​ខ្លាច​មុខ​ឡើង​ខ្លាញ់ ខ្លាច​សក់​ក្បាល​ក​ន្ទ្រី​ង​កន្ទ្រើងខ្លាច​កើតមុន ខ្លាច​ត្រគាក​ធំ​ពេក ខ្លាច​ស្លៀកពាក់​មិន​ស្អាត​ជាដើម។ តើ​ក្នុងមួយឆ្នាំៗ នារីៗខាតបង់​ពេលវេលា​ក្នុង​រឿង​ទាំងនេះ​អស់​ប៉ុន្មាន​ទៅ? ជា​មធ្យម​ក្នុង1ឆ្នាំនារីៗខាត​ពេល​ចំពោះ​រឿងនេះ​ប្រមាណ​ជា627ម៉ោង និង28នាទី ឬ​ប៊ិ​ស​តែ​ស្មើនឹង​រយ:ពេល1ខែ នេះ​គឺជា​លទ្ធផល​នៃ​ការពិនិត្យ​ស្រាវជ្រាវ​របស់ Invista ក្នុង​វេ​ប​សាយ ដេលី មេ​ល កាលពីពេល​កន្លងមក​នេះ។ លទ្ធផល​នេះ បានមកពី​ការពិនិត្យ​ស្រាវជ្រាវ​លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​ចំនួន​ជាង2,000នាក់ ក្នុង​ប្រធានបទ​ថា តើ​ពួកនាង​មាន​កង្វល់​ក្នុង​រឿង​អ្វីខ្លះ? ហើយ​តើ​រឿង​ណា​ស៊ីពេល​ច្រើនជាងគេ​បំផុត? បើ​មិត្ត​អ្នកអាន​ដែលជា​សុភាពនារី​ចង់ដឹង​ពី​ចម្លើយ​នោះ សូម​តាមដាន​ជា​បន្តទៀត៖

    ក្តីកង្វល់​បែបនារីៗ ក្នុង1សប្តាហ៍ ៖
    • កង្វល់​ព្រោះ​មិនដឹងថា ត្រូវ​ស្លៀក​សម្លៀកបំពាក់​បែបណា ចំណាយពេល​អស់50នាទី។
    • កង្វល់​ថា តើ​សម្លៀកបំពាក់​ដែល​ស្លៀក​ហើយ​នេះ មើលទៅ​ស្អាត​ហើយ​ឬ​នៅ ចំណាយពេល​អស់1ម៉ោង32នាទី។
    • កង្វល់​ថា តើ​សម្លៀកបំពាក់​ដែល​ស្លៀក​ហើយ​នេះ បិទបាំង​ក្បាលពោះ​បានល្អ​ឬ​ អត់ ចំណាយពេលអស់1ម៉ោង26នាទី។
    • កង្វល់​ថា មិនដឹង​ជា​ស្លៀក​ឈុត​ក្នុង​ណាមួយ​ល្អ ចំណាយពេល​អស់39នាទី។
    • កង្វល់​ខ្លាច​ធាត់ ចំណាយពេល​អស់1ម៉ោង46នាទី។
    • កង្វល់​ខ្លាច​ស្គម​ជ្រុល​ពេក ចំណាយពេល​អស់22នាទី។
    • កង្វល់​ខ្លាច​ខ្លួន​ហើម ចំណាយពេល​អស់1ម៉ោង1នាទី។
    • កង្វល់​រឿង​ដើមទ្រូង​ធំ​ជ្រុល​ពេក ចំណាយពេល​អស់37នាទី។
    • កង្វល់​រឿង​ដើមទ្រូង​តូច​ពេក ចំណាយពេល​អស់32នាទី។
    • កង្វល់​រឿង​កើត​ស្នាម​អុច​ខ្មៅ ចំណាយពេល​អស់56នាទី។
    • កង្វល់​រឿង​ពណ៌​ស្បែក​មិន​ស្ថិតស្ថេរ​គង់វង្ស ចំណាយពេល​អស់50នាទី។
    • កង្វល់​រឿង​ស្បែក​ខ្លួនប្រាណ​ស្រអែម​ខ្មៅ​ជ្រុល​ពេក/ស្រអែម​ស្ទើរ ចំណាយពេល​អស់36នាទី។
    • កង្វល់​រឿង​សក់ក​ន្ទ្រី​ង​កន្ទ្រើង/សក់​ឡើង​ប្រេង ចំណាយពេល​អស់57នាទី។

    សរុប​ពេលវេលា​កង្វល់​ខ្វល់ខ្វាយ​ក្នុង​រឿងផ្សេងៗនេះ​ក្នុង​មួយ​សប្តាហ៍ ស្មើនឹង12ម៉ោង4នាទី។

    ពេល​រៀប​តាម​លំដាប់​ហើយ នឹង​មើលឃើញថា នារីៗកង្វល់​រឿង​ខ្លាច​ធាត់​ខ្លាំងជាងគេ​បំផុតបន្ទាប់មក​រឿង​សម្លៀកបំពាក់ រឿង​ក្បាលពោះ និង​រឿង​ហើម​ខ្លួន​តាម​លំដាប់​រៀងមក។ ក្រៅពីនេះ​នៅបាន​រកឃើញ​ទៀតថា បើសិនជា​ស្ថិត​ក្នុងឱកាស​ពិសេស​ណាមួយ ដូចជា មានការ​ណាត់ជួប​ជាមួយ​មិត្តភក្តិ ពិធីជប់លៀង​រួម​សាច់ញាតិ​បងប្អូន​ផង​នោះ ក្តីកង្វល់​របស់​ពួកនាង​រឹតតែ​កើន​ទ្វេ​ឡើង​ថែមទៀត មិនអាច​រលុប​បាត់​ទៅណា​ឡើយ លុះត្រា​ណា​តែ​ពេលវេលាសំខាន់ៗនោះ​កន្លងផុត​អស់​ទៅ ។

    ហ៊ឺ…! គិត​ហើយ​នឿយ​ចិត្ត​មែនទែន នេះ​ថ្នាក់នារីៗអ្នក​ដែល​ចូលរួម​ធ្វើការ​ស្រាវជ្រាវ​នៅ​ព្រម​សារភាពថា ពួកនាង​ពិតជា​ខាត​ពេល​ក្នុងការ​ខ្វល់ខ្វាយ​ច្រើនបែប​នោះ​ប្រាកដ​មែន ចុះ​មិត្ត​អ្នកអាន​វិញ​មានកា​កង្វល់​ដូច​អត្ថបទ​ខាងលើនេះ​ដែរឬទេ?