Author: ធឿន មករា

  • ប្រយ័ត្ន! កូនរៀនច្រើន អាចកើតជំងឺ “គិតដដែលៗ ធ្វើដដែលៗ”

    ប្រយ័ត្ន! កូនរៀនច្រើន អាចកើតជំងឺ “គិតដដែលៗ ធ្វើដដែលៗ”

    អាការ​នៃជំងឺ “គិតដដែលៗ ធ្វើដដែលៗ” ជា​អាការ​ដែល​អ្នក​មិន​ធ្លាប់​សង្កេត​ខ្លួនឯង​ថា កំពុងតែ​កើត ឬ​មិន​បានកើត រហូតដល់​មនុស្ស​នៅ​ជុំវិញខ្លួន​អ្នកជា​អ្នក​ប្រាប់​នូវ​សញ្ញាប្លែកៗ ដែល​អ្នក​បាន​បញ្ចេញ​មក​ខាងក្រៅ​ឱ្យបាន​ឃើញ។ នាពេលបច្ចុប្បន្ន​នេះ ការប្រកួតប្រជែង​គឺមាន​ច្រើនយ៉ាង ជាពិសេស​នៅក្នុង​វ័យ​សិក្សា កូនៗរបស់​អ្នក​ក៏ត្រូវចូលរួមនៅក្នុង​ការប្រកួតប្រជែង​នានាជាច្រើនផងដែរ ហើយ​រាល់​កិច្ច​ការសាលា​ដែល​គ្រូ​បានដាក់​ឱ្យធ្វើ​ ពួកគេក៏​ព្យាយាម​ចង់ទទួលបាន​ពិន្ទុ​ល្អ​ផងដែរ។ ការប្រើ​កម្លាំង​ខួរក្បាល​ច្រើនទទួលស្គាល់ថា មានគុណ​ប្រយោជន៍​ចំពោះ​ការសិក្សា តែ​មានផលល្អចំពោះកូនៗ​ដែលមាន​សុខភាព​ល្អ​តែ​ប៉ុណ្ណោះ។ ចំពោះក្មេង​ដែលមាន​សុខភាព​ខួរក្បាល​មិនសូវ​ល្អឬ​មានការ​ចង់ចាំ​មិនសូវ​ល្អ អ្នកក៏​មិនអាច​បង្ខំកូនៗ​ឱ្យ​រៀន​ច្រើន​បានដែរ ព្រោះវាអាចផ្តល់នូវផលអវិជ្ជមានត្រឡប់មកវិញ។ តើផលអវិជ្ជមានទាំងនេះមានលក្ខណៈដូចម្តេចខ្លះ? សូមស្វែងយល់ទាំងអស់គ្នា។

    កូនៗរបស់​អ្នក​អាច​កើតមាន​អាការ​ជំងឺ “គិតដ​ដែល ធ្វើ​ដ​ដែល” ឬ​ភាសា​អង់គ្លេស​ហៅថា OCD​ (Obsessive Compulsive Disorder) គឺជា​ជំងឺ​ដែល​កើតចេញពី​ការគិត​ខុស តាមរយៈ​ផ្លូវ​គំនិត​នៃ​បុគ្គលភាព ដែល​អាច​កើតឡើង​បាន​គ្រប់​វ័យ គ្រប់​ភេទ ដោយ​ទទួលរង​នូវ​ការប៉ះពាល់ខ្លាំងខាងផ្នែក​ប្រព័ន្ធ​ប្រសាទ ហ្ស៊ែ​ន បរិស្ថាន​ជុំវិញខ្លួន និង​ហេតុការណ៍​រន្ធត់​កើតមាន​ក្នុងការ​ចងចាំនៃ​រឿងរ៉ាវ​ពី​អតីតកាល។

    អ្នក​អាចធ្វើ​ការសង្កេត​លក្ខណៈ​ខុសប្លែក​របស់​កូន​ៗរបស់អ្នកថាកំពុងកើត​ជំងឺ​នេះ បាន​តាមរយៈ​លក្ខណៈខាងក្រោម​នេះ៖

    1. ការគិត​ដដែលៗ
    • ភាគច្រើន​ស្ដែង​ចេញពី​ការគិត​រឿង​តូចតាច រឿង​មិនគួរ​គិតតែ​ភ័យខ្លាច​រហូតដល់​ថ្នាក់រ​វើរ​វាយ​ជាដើម។
    • ខ្លាច​វត្ថុ​អ្វីមួយ​ដែលនាំឱ្យ​គិត​ច្រើន រហូតដល់​ខ្លាច​កាន់តែខ្លាំងឡើង។ ខ្លះទៀត​អាច​កើត​អាការ​វិកល​ក៏មាន​ដែរ។
    • នៅក្នុង​ខួរក្បាល​អាចគិត​តែ​រឿង​ដែល​មិន​សមរម្យ ដូចជា រឿង​សាសនា សីលធម៌ ផ្លូវភេទ និង​ក្ដីកង្វល់​ជ្រុលជាដើម។
    • កើតមាន​អាការ​ហួងហែង​របស់​ផ្ទាល់ខ្លួន​ខ្លាំងហួសហេតុពេក។
    • រ​វើ​រ​វាយ​ដល់​តែ​រឿង​ដែល​គួរឱ្យ​ភ័យខ្លាច​ ហើយមានពេលខ្លះ​ស្រែក​ឡើង​ខ្លាំងៗ​នៅពេល​យប់​ជាដើម។
    • មានគំនិត​ធ្វើ​អាក្រក់​ចំពោះ​អ្នកដទៃ ឬ​ខ្លួនឯង​នៅពេល​ខ្លះ។

    2. ធ្វើ​ទង្វើ​ដដែលៗ
    • លាងដៃ ឬ​សម្អាត​ទីកន្លែងដដែលៗច្រើនដង ច្រើនសា។
    • ព្យាយាម​និយាយ ឬ​ទៅរក​កន្លែង​ ឬទី-តាំង​ដដែរៗ។
    • គិតថា ខ្លួនឯង​ធ្វើ​រឿង​អី​ក៏ខុស ហើយ​ត្រឡប់​ទៅធ្វើ​រឿង​ដដែលៗឡើង​វិញ។
    • តែងតែ​ភ្លេច​ភ្លាំច្រើន ឬភ្លេចលឿន និង​កើត​អាការ​សង្ស័យ​ច្រើន​ខុស​ទំនង។
    • ចូលចិត្តសួរ​ខ្លួនឯង និង​និយាយ​អ្វី​ផ្ដេសផ្ដាស​តែ​ម្នាក់ឯ​នៅពេលខ្លះ។
    • និយាយ​អ្វីដដែលៗច្រើនដង​ច្រើនសា-ល-៕

  • ទម្លាប់មិនល្អ5យ៉ាង គួរបញ្ឈប់ដើម្ប​ជួយ​ឱ្យ​ដើមទ្រូង​ស្រស់ស្អាតឡើងវិញ

    ទម្លាប់មិនល្អ5យ៉ាង គួរបញ្ឈប់ដើម្ប​ជួយ​ឱ្យ​ដើមទ្រូង​ស្រស់ស្អាតឡើងវិញ

    ដើមទ្រូង ​គឺជា​អវយវៈ​សំខាន់​របស់នារីៗយើង ឯ​ការយកចិត្តទុកដាក់​មើលថែទាំ​វិញ​នោះ មិន​ពិបាកធ្វើ​ឡើយ ដូច្នេះ​បើ​មិន​ចង់ឱ្យ​ដើមទ្រូង​យារ​ធ្លាក់​មុន​អាយុ​នោះ គួរ​បញ្ឈប់​ទម្លាប់5យ៉ាងដូច​ខាងក្រោម​នេះ។

    1. ពាក់អាវ​ទ្រនាប់​ខុស​ខ្នាត ឬ​មិន​ចូលចិត្ត​
    ពាក់​តែម្តងអាវទ្រនាប់​គឺជា​គ្រឿងតុបតែង​កាយ​ដែលសំខាន់បំផុត​របស់នារីៗក៏​អាច​ថា​បានដែរ ទោះជា​គ្មាន​អ្នកណា​មើលឃើញ​មែន តែបើ​សិន​អ្នកជ្រើសរើសអាវទ្រនាប់​ដែល​សមល្មមនឹងខ្នាតនោះក្រៅពី​ពាក់​ហើយ​សប្បាយខ្លួន មិន​ទើស​ទែង​ធុញថប់​ហើយ នៅ​ជួយ​ឱ្យ​ដើមទ្រូង​របស់​អ្នក​នៅ​ចំ​កន្លែង និង​មិនឆាប់​យារ​ទៀតផង។ នារីៗជាច្រើនចូលចិត្ត​ជ្រើសរើស​ពាក់អាវទ្រនាប់ដែលមាន​ទំហំ​តូច​ជាង​បន្តិច ព្រោះ​គិតថា នឹង​ជួយ​រុញឱ្យ​ដើមទ្រូង​មើលទៅ​ឃើញ​ណែន និង​ជិតគ្នា​ឡើង តែ​ហ្នឹង​គឺជា​ការ​ធ្វើបាប​ដើមទ្រូង​ខ្លួនឯង​ទៅវិញ​ទេ។ អាវទ្រនាប់​មាន​ច្រើនបែប​ច្រើន​ម៉ូដ​ឱ្យ​ជ្រើសរើស ដូច្នេះ​ចូរ​ជ្រើសរើស​ឱ្យបាន​ស័ក្តិសម​ក្នុងការ​ប្រើប្រាស់ និង​ខ្នាត​ដែល​ត្រឹមត្រូវ​ជាមួយ​ខ្លួន​អ្នក​ប្រសើរ​ជាង។

    2. ទទួលទាន​ទឹក​តិច
    ការទទួល​ទាន​ទឹក​ល្អ​ចំពោះ​សុខភាព និង​គួរ​ជា​ទឹក​ធម្មតា​ប៉ុណ្ណោះ ទឹកជា​អង្គ​ប្រកប​សំខាន់​ក្នុង​រាងកាយ និង​សំខាន់​ចំពោះ​ស្បែក​របស់​អ្នកបើទទួលទានទឹកតិចនឹង​ហុច​ផល​ធ្វើឱ្យ​ដើមទ្រូង​មិន​ណែន​មូល​ក្បំ ស្បែក​ឆាប់​ជ្រួញ​យារ និង​មាន​ស្នាម​មុន​អាយុទៀតផង។

    3. មិន​លាប​គ្រី​ម​ការពារ​ពន្លឺ​ថ្ងៃ​លើ​ដើមទ្រូង
    រដូវក្តៅ​បែបនេះ ជួនកាល​ក៏​ពាក់អាវ​វា​លក​ធំ អាវ​អត់​ស្មារ ឬ​សូម្បីតែ​ឈុត​ហែល​ទឹកផ្សេងៗក៏ដោយ នៅពេល​ពន្លឺ​ថ្ងៃ​ចាំង​មក​ប៉ះ​ស្បែក​អ្នកដោយ​ត្រង់នោះ វា​ប្រៀបដូចជា​អ្នក​បណ្តោយឱ្យ​ពន្លឺ​ថ្ងៃ​ចូលមក​បំផ្លាញ​ស្បែក​បរិវេណ​នោះ​ផងដែរ ហើយ​ដើមទ្រូង​ក៏​ដូចគ្នា​ដែរ វា​នឹង​បង្ក​ឱ្យ​កើត​បញ្ហា​ជ្រីវជ្រួញ​មុន​អាយុ និង​កាន់តែ​ឆាប់​យារ​ធ្លាក់​ទៀតផង។

    4. ជក់បារី
    ការជក់រី​ ហុច​ផល​ជារួម​ដល់​រាងកាយ ហើយ​រាងកាយ​គ្រប់ផ្នែក​នឹង​យារ​ធ្លាក់​ទាំងអស់ មិន​លើកលែង​សូម្បីតែ​ដើមទ្រូង​ក៏ដោយ ព្រោះ​បារី​ធ្វើឱ្យ​អ៊ីឡា​ស្ទី​ន​របស់​ស្បែក​ថយចុះ ភាព​ក្មេង​វ័យ​ក៏​នឹង​រលាយ​បាត់អស់​ដែរ។​ 5ទម្ងន់​ខ្លួន​ឡើងចុះៗញឹកញាប់ការ​សម្រក​ទម្ងន់​ធ្វើឱ្យ​កើតមាន​ផលប៉ះពាល់​ដូចជា ក្នុងខណៈដែល​ទម្ងន់​ខ្លួន​របស់​អ្នក​ស្រក​ចុះ​ហើយ​នោះ រឿង​ដំបូង​គេ​ដែល​ស្រក​ចុះទៅ​ដែរនោះ គឺ​ទំហំ​របស់​ដើមទ្រូង ដែល​ពេញ​ទៅដោយ​ជាតិ​ខ្លាញ់​ហ្នឹងឯង ដូច្នេះហើយ​ទើប​ការថែរក្សា​ទម្ងន់​ខ្លួន​ឱ្យនៅ​ទៀងទាត់​ជាការ​ប្រសើរ​បំផុត។

    5. ទម្ងន់​ខ្លួន​ឡើងចុះៗញឹកញាប់
    ការ​សម្រក​ទម្ងន់​ធ្វើឱ្យ​កើតមាន​ផលប៉ះពាល់​ដូចជា ក្នុងខណៈដែល​ទម្ងន់​ខ្លួន​របស់​អ្នក​ស្រក​ចុះ​ហើយ​នោះ រឿង​ដំបូង​គេ​ដែល​ស្រក​ចុះទៅ​ដែរនោះ គឺ​ទំហំ​របស់​ដើមទ្រូង ដែល​ពេញ​ទៅដោយ​ជាតិ​ខ្លាញ់​ហ្នឹងឯង ដូច្នេះហើយ​ទើប​ការថែរក្សា​ទម្ងន់​ខ្លួន​ឱ្យនៅ​ទៀងទាត់​ជាការ​ប្រសើរ​បំផុត៕

  • ហេតុ​អី​ត្រូវ “សម្អាតកំណកកំបោរ” ចេញពី​ធ្មេញ?

    ហេតុ​អី​ត្រូវ “សម្អាតកំណកកំបោរ” ចេញពី​ធ្មេញ?

    “ទៅ​ជួប​ពេទ្យធ្មេញ​ពេលណា ត្រូវ​ពេទ្យ​បង្ខំ​ឱ្យសម្អាត​កំណកកំបោរលឿងៗចេញពី​ធ្មេញ​គ្រប់ពេល” តើ​អ្នកណា​ធ្លាប់ជួយ​បញ្ហា​នេះ​ខ្លះ? ហើយ​ពេល​ឱ្យ​ពេទ្យ​សម្អាត​កំណកកំបោរ​នោះ​ចេញ​ពេលណា ស្រៀវធ្មេញ​គ្រប់ពេល ​ថែមទាំង​អស់​លុយ​មិន​តិចតួច​ទៀតផង។ តើ​អា​កំណកកំបោរលឿងៗដែល​នៅជាប់​នឹង​ធ្មេញ​របស់​អ្នក​នោះបាន​មកពីណា? និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ខ្លាំង ឬ​តិច​ប៉ុនណាដែរ? យើង​នាំគ្នា​មក​មើល​ទាំងអស់គ្នា…។

    កំណកកំបោរលឿងៗនោះ​គឺ​ជាអ្វី?
    កំណកកំបោរ កើត​មកពី​ការដែល​មេរោគ​បាក់តេរី​នៅក្នុង​មាត់​របស់​យើង​មានប្រតិកម្ម​ជាមួយនឹង​កម្ទេច​ចំណីអាហារ​ដែល​សេសសល់​នៅតាម​កន្លៀត​ធ្មេញ ធ្វើឱ្យ​កើតជា​បន្ទះ​ហ្វិ​ល​ស្រោប​ពីលើ​ធ្មេញ​មួយ​ជាន់​ទៀត រហូត​តោង​ជាប់​ណែន​ជ្រៅ​ក្លាយជា​កំណក​កំបោរ​ពណ៌​លឿង។ កំណកកំបោរ​នេះ​អាច​កើតឡើង​បាន​ចំពោះ​មនុស្ស​គ្រប់រូប ទោះជា​លោកអ្នក​មើលថែទាំ និង​សម្អាត​ធ្មេញ​បានល្អ​ប៉ុនណា​ក៏​ដោយ ព្រោះ​ជា​រឿង​ពិបាក​ក្នុងការ​កម្ចាត់​មេរោគ​បាក់តេរី និង​កម្ទេច​ចំណីអាហារ​ចេញ​ឱ្យ​អស់ពី​ក្នុង​ប្រអប់មាត់​របស់​យើង​បាន100%​ណាស់ គ្រាន់តែ​ថា បើ​យើង​មើលថែទាំ និង​សម្អាត​ធ្មេញ និង​កន្លែងផ្សេងៗនៅក្នុង​ប្រអប់មាត់​បានល្អ​ហើយ​នោះ ក៏​នឹងមាន​កំណក​កំបោរ​​តិច​ជាង​អ្នក​ឯទៀត​ប៉ុណ្ណោះឯង។

    តើ​កំណកកំបោរ​បង្ក​គ្រោះថ្នាក់​ប៉ុនណា? មិន​កោស​ចេញ​បានដែរ​ទេ?
    បើ​អ្នក​បណ្ដោយឱ្យ​កើត​កំណកកំបោរ​នៅ​នឹង​អញ្ចាញ ឬ​នៅ​នឹង​ធ្មេញ​របស់​អ្នកយូរៗទៅអាច​នឹង​ធ្វើឱ្យ​កើតរោគ​ធ្មេញ​ពុក ឬ​រោគ​រលាក​អញ្ចាញ​បាន ដែល​វា​គឺជា​មូលហេតុដំបូងៗរបស់​សុខភាពមាត់​ធ្មេញ​ដែល​អាក្រក់ទៅជារឿយៗនៅពេល​ក្រោយ ដូច្នេះ​គួរ​ប្រញាប់​ទៅ​កោស ឬ​សម្អាត​កំណកកំបោរ​ទាំងនោះ​ចេញពី​ធ្មេញ​តាំងពី​ដំបូង​តែម្ដង​ប្រសើរ​ជាង។

    កំណកកំបោរ​នេះ អាច​កោស ឬ​សម្អាតចេញ​ដោយ​ខ្លួនឯង​បានទេ?
    នៅលើ​អ្នកខ្លះ​ដែលមាន​កំណកកំបោរ​ម​ក​តោង​ធ្មេញ​ជាប់​ណែន​រហូត​មើលឃើញច្បាស់ៗនោះ អា​ចរក​អ្វីស្រួចៗ រឹងៗមក​កេះ​ចេញ តែ ឡា​រ៉ែ​ន​ សូម​ដាស់តឿន​ថា កុំ​ធ្វើ​បែប​ហ្នឹង​ជាដាច់ខាត ព្រោះ​ក្រៅតែពី​មិនអាច​យក​កំណកកំបោរ​ចេញពី​ធ្មេញ​ដូចដែល​ខ្លួន​បាន​គិត​ហើយ​នោះ ឧបករណ៍ និង​វិធី​ដែល​លោកអ្នក​ប្រើ​នោះ អាច​នឹង​ធ្វើឱ្យ​កើត​របួសស្នាម​នៅក្នុង​ប្រអប់មាត់ រហូត​ចេញឈាម ឬ​ធ្វើឱ្យ​រលាក និង​ហើម​សាច់​អញ្ចាញ​បាន ដូច្នេះ​គួរ​ទៅឱ្យ​លោកគ្រូ​ពេទ្យធ្មេញ​ប្រើ​ឧបករណ៍​ពេទ្យ​សម្រាប់​កោស ឬសម្អាតកំណកកំបោរ​នោះ​ចេញ​វិញ​ប្រសើរ​ជាង។

    តើ​អ្នក​អាច​កាត់បន្ថយ​កំណកកំបោរ​នៅលើ​ធ្មេញ​យ៉ាងម៉េច​បាន?
    បើ​មិន​ចង់ឱ្យមាន​កំណកកំបោរ​មក​តោង​ជាប់​នឹង​ធ្មេញច្រើន ឬ​ញឹកញាប់​នោះ គួរ​ដុស​សម្អាត​ធ្មេញ​យ៉ាងតិច​បំផុត មួយថ្ងៃ2​ដង ហើយម្ដងៗត្រូវ​ដុស​សម្អាត​ឱ្យបាន​យូរ​ជាង30វិនាទី ហើយកុំ​ភ្លេចត្រូវ​រុញ​ច្រាស​ចូលទៅ​ដុស​សម្អាត​ឱ្យដល់​ធ្មេញ​ខាងក្នុង​បំផុត​ផង​។

    ជ្រើសរើស​ថ្នាំដុសធ្មេញ​ដែលមាន​ចំណែក​ផ្សំ​របស់​ផ្ល​អូ​រ៉ា​យ ដើម្បី​ការពារ​ធ្មេញ​ពុក និង​សារធាតុ​ត្រៃ​ខូ​សាន ដែល​ជួយ​ការពារ​ការកកើត​របស់​មេរោគ​បាក់តេរី។

    ដើម្បី​ជាការ​កម្ចាត់​កម្ទេចកម្ទី​ចំណីអាហារ​ដែលជា​ប់​នៅតាម​កន្លៀត​ធ្មេញ លោកអ្នក​អាច​ប្រើ​អំបោះ​ខាត់​ធ្មេញ​ក្រោយពេល​ទទួលទាន​ចំណីអាហារ​ហើយ ឬ​ប្រើ​ក្រោយពេល​ដុសធ្មេញ​ហើយក៏​បាន។

    ក្រៅពីនេះ ការកាត់បន្ថយ​អាហារ​ពពួក​ម្សៅ ស្ករ ទឹក​ភេសជ្ជៈ​កំប៉ុង និង​អាហារ​ដែលមាន​រសជាតិ​ជូរ​ខ្លាំង ក៏​អាចជួយ​ថ្នម​ស្រទាប់​ស្រោប​ធ្មេញ​មិនឱ្យ​សឹក​រហូត​មាន​កំណកកំបោរ​មក​តោង​ជាប់​បានងាយៗបានដែរ រួមទាំង​ការ​តម​ជក់បារី និង​ទៅ​ជួប​គ្រូ​ពេទ្យ​ធ្មេញ​រៀងរាល់6ខែម្ដង ដើម្បី​ពិនិត្យ​សុខភាព​ធ្មេញ​ជាប្រចាំ នឹង​ជួយ​ថែរក្សា​សុខភាព​របស់​ធ្មេញ​ឱ្យ​ស្អាត​រឹងមាំ កាត់បន្ថយ​ឱកាស​ក្នុង​ការ​កើត​កំណកកំបោរ​បាន​ដូចគ្នា៕

  • ហាត់ប្រាណ​តាម​ក្បួន ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទបុរស

    ហាត់ប្រាណ​តាម​ក្បួន ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទបុរស

    បើ​និយាយ​ពី​សមត្ថភាព​ផ្លូវភេទ​ចុះខ្សោយ គេ​ជឿថា មាន​បុរស​ជាច្រើន​បាននិង​កំពុង​ជួបប្រទះ​នឹង​បញ្ហា​មួយ​នេះ ហើយក៏​ព្យាយាម​ស្វែង-រក​ដំណោះស្រាយ​ផងដែរ ប៉ុន្តែ​ហាក់​មិនមាន​លទ្ធផល​សោះឡើយ រួមជាមួយ​នឹង​ការ​ចង់ដឹង​ណាស់​ថា តើ​មាន​ដំណោះស្រាយ​ល្អប្រសើរ​បែបណា​ទើប​អាចឱ្យ​សកម្មភាព​លើ​គ្រែ​របស់ខ្លួន​បានល្អ​ប្រសើរ​បាន? ជា​ជំនួយ និង​ជា​ដំណោះស្រាយ​បឋម សូម​សាកល្បង​ជាមួយនឹង​ការហាត់​ប្រាណ​បែបងាយៗ ត្រូវ​តាម​ក្បួនដូច​រៀបរាប់​ជូន​ខាងក្រោម​នេះ នោះ​លោក​អ្នកនឹង​ទទួលបាន​នូវភាពល្អប្រសើរ​ជាក់​ជាមិនខាន។

    1. លើក​ទម្ងន់ ៖ តាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា​ លំ​ហាត់ប្រាណ​ដូចជា​ការលើក​ទម្ងន់​នឹង​ជួយ​បង្កើន​កម្រិត​អ័រម៉ូន Testosterone នៅក្នុង​ខ្លួន។ វា​ជួយ​បង្កើន​កម្លាំង​សាច់ដុំ​ស្មា និង​ដើមទ្រូង​ឱ្យ​រឹងមាំ នឹងមាន​ភាពរហ័សរហួន​ដែលមាន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​សកម្មភាព​ផ្លូវភេទ។

    2. ហែល​ទឹក ៖ ហែល​ទឹក​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​យ៉ាងហោចណាស់30នាទី​ឱ្យបាន3ដង​ក្នុង​មួយ​សប្ដាហ៍​នឹង​ជួយ​ឱ្យ​រាងកាយ​រឹងមាំ​ និង​មាន​ថាមពល​កាន់​តែ​ខ្លាំង ឬ​អាចជួយ​សម្រក​ទម្ងន់​ដែលមាន​សារសំខាន់​សម្រាប់​សមត្ថ​ភាព​ផ្លូវភេទ។

    3. ហាត់ប្រាណ​តាម​ក្បាច់​យូ​ហ្គា ៖ លំ​ហាត់ប្រាណ​តាមក្បាច់​យូ​ហ្គា​នឹង​ជួយ​ដល់​សកម្មភាព​ផ្លូវភេទ​បានយ៉ាងល្អ​ប្រសើរ​ជាង​មុន​ ដោយ​វា​បាន​អនុញ្ញាតឱ្យ​រាងកាយ​របស់​អ្នក​ផ្លាស់ប្ដូរ​ទៅកាន់​ដំណាក់កាល​ថ្មី​មួយ​យ៉ាង​រស់​រវើក​សម្រាប់​ផ្ដល់​អារម្មណ៍​ពេញចិត្ត​ពេញ​ថ្លើម​ជា​អតិបរមា​នៅក្នុង​ប្រតិបត្តិការ​លើ​គ្រែ។ មួយវិញទៀត​វា​ក៏​អាចជួយ​ជំរុញ​សាច់ដុំ​ត្រគាក​ឱ្យ​រឹងមាំ និង​ធ្វើឱ្យមាន​ថាមពល​ខ្លាំងក្លា​សម្រាប់​ក្នុង​ហេតុផល​ដូចគ្នានេះ។

    4. ដើរ​ឱ្យ​លឿន ៖ តាម​ការសិក្សា​ស្រាវជ្រាវ​បានឱ្យដឹងថា​ ដើរ​ឱ្យ​លឿន​ជាប្រចាំ​នឹង​ជួយ​កាត់បន្ថយ​ជំងឺ​ងាប់​លិង្គ​បាន​ចំនួន30% ជួយ​ជំរុញ​ឱ្យ​ចលនា​ឈាម​ក្នុង​ខ្លួន​រត់​បាន​ស្រួល។ លំ​ហាត់ប្រាណ​បែបនេះ ឬ​រត់យឺតៗក៏មាន​សារសំខាន់​ផងដែរ​សម្រាប់​ការពារ​ជំងឺ​គាំងបេះដូង ​និង​ធ្វើឱ្យ​រាងកាយ​រឹងមាំ​ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់​សកម្មភាព​ផ្លូវភេទ។

    5. ហាត់ប្រាណ​បញ្ឈប់​ភាព​ឆាប់​ចេញ​ទឹកកាម ៖ វិធីសាស្ត្រ​ហាត់ប្រាណ​មួយ​ដែល​ហៅថា Kegels អាចជួយ​ពន្យារពេល​ឆាប់​បាញ់​ទឹកកាម​មុនពេល​ដល់​ចំណុចកំពូល ​ដោយ​យកដៃ​សង្កត់​ឱ្យ​ណែន ឬ​ប្រើ​កម្លាំង​ខ្ជឹប​លើ​បំពង​លំហូរ​ទឹកនោម​នៅ​ផ្នែក​ខាងក្រោម​នៃ​លិង្គ​របស់​បុរស។ ក្រោយមក​អ្នក​អាច​ធ្វើ​លំហាត់ប្រាណដោយយកដៃទៅសង្កត់កន្លែងខាងលើក្នុងពេលវេលាសមស្របណាមួយយ៉ាងហោចណាស់ឱ្យបាន10វិនាទី រួចសម្រាកមួយ​ភ្លែត និង​ធ្វើ​ឡើង​វិញ​ជាបន្តបន្ទាប់ជាប្រចាំ៕

  • វិធី​ការពារ​មិនឱ្យ​ភាយ​ក្លិន​មិនល្អ​ក្នុង​ថ្ងៃ​មក​រដូវ

    វិធី​ការពារ​មិនឱ្យ​ភាយ​ក្លិន​មិនល្អ​ក្នុង​ថ្ងៃ​មក​រដូវ

    នៅក្នុង​គំនិត​របស់​មនុស្ស​ស្រី​ស្ទើរតែ​ទាំងអស់គ្នា ថ្ងៃ​មក​រដូវម្តងៗអាច​ចាត់ទុកថា​គឺជា​ពេលវេលា​ដែល​គួរឱ្យ​ធុញទ្រាន់​បំផុត ព្រោះ​តែមានអារម្មណ៍​ទើសទាល់ ពិបាក​ក្នុង​ការធ្វើ​ចលនា មាន​អារម្មណ៍​ស្អុះស្អាប់ ជាពិសេស​គឺ​តែងតែមាន​ការបារម្ភ​ថា​ខ្លាច​មាន​ក្លិន​មិនល្អ​ភាយ​ចេញមក​ខាងក្រៅ ដោយសារតែ​ការប្រែប្រួល​នៃ​អ័រ​ម៉ូ​ន​ផង និង​ឈាមរដូវ​ផង​នោះឯង។

    បើ​ដូច្នេះ ឡា​រ៉ែ​ន គិតថា អត្ថបទ​មួយ​នេះ​នឹង​ក្លាយជា​អត្ថបទ​ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់​ស្ត្រី​ទាំងឡាយ​ដែលមាន​ការព្រួយបារម្ភ​ពី​បញ្ហា​មួយ​នេះ ព្រោះថា​យើង​នឹង​ប្រាប់​អ្នក​ថា​តើ​អ្នក​គួរ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​បំបាត់ចោល​នូវ​ក្លិន​មិនល្អ​អស់ទាំងនោះ។

    ងូតទឹក​សម្អាត​កាយ
    នេះ​ជា​រឿង​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវធ្វើ។ អ្នក​ប្រហែលជា​មានការ​ងារ​ដែល​ត្រូវធ្វើ​ក៏ពិតមែន ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ អ្នក​គួរតែ​ឆ្លៀតពេល​ងូតទឹក​សម្អាត​កាយ​ឱ្យបាន​ច្រើនជាង​ពេល​ធម្មតា​បន្តិច (អាច3ដង​ក្នុង​មួយថ្ងៃ បើ​អ្នក​មិនសូវមាន​ពេល) ហើយ​រាល់ពេល​ងូតទឹកម្តងៗអ្នក​ត្រូវធ្វើ​ការសម្អាត​រាងកាយ​ឱ្យបាន​ស្អាត​ដោយ​សាប៊ូ ជាពិសេស​នៅ​កន្លែងសំខាន់ៗមួយចំនួន​ដូចជា ប្រដាប់ភេទ (ព្រោះ​មាន​មេរោគ​ច្រើន ​ហើយ​ក៏មាន​ក្លិន​មិនល្អ​ច្រើន​ដែរ) និង​ក្លៀក​ជាដើម​ដែលជា​បណ្តុំ​នៃ​ញើស និង​បាក់តេរីផ្សេងៗដែល​បង្កឱ្យមាន​ក្លិន​ភាយ​ចេញមកក្រៅ។

    ការពារ​ខ្លួន​កុំ​ឱ្យមាន​ក្លិន​ភាយ​ចេញមកក្រៅ
    មិន​ថា​វា​ជា​ក្លិន​ខ្លួន ឬ​ក្លិនឆ្អាប​នោះទេ គឺ​សុទ្ធតែ​ត្រូវការ​ការពារ​ទុកជាមុន ដោយ​ខាងតែបាន។ ស្ត្រី​ខ្លះ​អាច​នឹងមាន​ក្លិន​ខ្លួន​ភាយ​ចេញមក​នៅពេល​មក​រដូវម្តងៗ ដូច្នេះ​បើ​មាន​វិធី​ការពារ​ទុកជាមុន​គឺជា​រឿង​ល្អ​មួយ​ដែល​អ្នក​គួរតែ​ធ្វើ។ ការប្រើ​សាជូរ សាប៊ូ កម្ចាត់​រោមក្លៀក​ចេញ និង​ប្រើ​ទឹកអប់​បន្ថែម​ក្លិនក្រអូប​ជាដើម គឺជា​វិធីងាយៗតែមាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ទប់ស្កាត់​ក្លិន​មិនល្អ​បាន។

    ជ្រើសរើស​សាច់​ក្រណាត់​សម្លៀកបំពាក់
    សាច់​ក្រណាត់​អាវ និងខោ​ទ្រនាប់​ក្នុង​ដែល​ត្រូវ​ស្លៀក​ក្នុង​ពេលវេលា​បែបនេះ គួរតែ​ជា​សាច់​ក្រណាត់​ដែល​ដេរ​ចេញពី​សំឡីកប្បាស។ ការ​ពាក់អាវរលុងៗ ក៏ដូចជា​ខោ​ទ្រនាប់​ដែល​ផលិត​ចេញពី​សំឡីកប្បាស​គឺ​ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល​បានល្អ មិន​ហប់ មិន​ក្តៅ ដែល​ធ្វើឱ្យ​បែកញើស ឬ​ផ្អាប់​ទុក​នូវ​ក្លិន​មិនល្អ។

    សំឡី​អនាម័យ
    និយាយ​ដល់​សំឡី​អនាម័យ ឡា​រ៉ែ​ន ដឹង​ច្បាស់​ថា អ្នកនាង​កញ្ញា​ទាំងឡាយ​ពិតជា​មាន​ម៉ាក​ប្រចាំកាយ​ដែល​តែងតែ​ប្រើ​ជាប្រចាំ​ហើយ​មែន​ទេ? ជាការ​ពិតណាស់​ប្រសិនបើ​អ្នក​រកឃើញ​ម៉ាក​ណាមួយ​ដែល​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ស្រួលខ្លួន​មិន​ប៉ះពាល់​អី​ហើយ​នោះ គួរតែ​ប្រើ​វា​ជាប្រចាំ​ទៅ ព្រោះ​ការផ្លាស់ប្តូរ ឬ​សាកល្បង​ម៉ាកថ្មីៗញឹកញាប់​ពេក​ក៏​មិនមាន​ផល​ល្អ​ចំពោះ​អ្នក​ដែរ។

    ប្តូរ​សំឡី​អនាម័យ
    មិនមែនជា​រឿង​លំបាក​នោះទេ​ដែល​គ្រាន់តែ​ដាក់​សំឡី​អនាម័យ​ទៅតាម​កាបូប ទុក​សម្រាប់ធ្វើ​ការផ្លាស់​ប្តូរ ហើយ​ការផ្លាស់ប្តូរ​នេះ​គួរតែ​ធ្វើឡើង​ក្នុង​រយៈពេល3 ឬ4ម៉ោង​ម្តង ព្រោះ​បើ​ទុក​យូរពេក​វា​នឹង​បង្កឱ្យមាន​ក្លិន​ភាយ​ចេញមកក្រៅ​បាន ឬ​អាច​នឹង​ចម្លង​មេរោគ ឬ​រលាក​ស្បែក​របស់​អ្នក​ថែម​ទៀតផង៕

  • ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    កុំគិតថា កូននៅក្មេងមិនដឹងរឿងអី ឬប្រហែលជាមិនយល់អីឱ្យសោះ ព្រោះការពិតទៅ នៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការងារផ្សេងៗដែលបានធ្វើរួមគ្នានោះ សំឡេង និងពាក្យសំដីរបស់ឪពុកម្ដាយមានផលទៅដល់អារម្មណ៍ ការគិត និងការរៀនយល់ដឹងរបស់កូនជានិច្ច។ ខាងក្រោមនេះគឺជាចំណុចល្អៗទទួលបានពីការជជែកលេងជាមួយកូន ដែលឪពុកម្ដាយគួរតែប្រតិបត្តិ ដើម្បីជាប្រយោជន៍ដល់កូន។

    1. កូនបានរៀនយល់ដឹងពីភាសា: តាមរយៈការធ្វើត្រាប់តាមពាក្យសំដីដែលឪពុកម្ដាយប្រើ តាមរយៈបទសន្ទនាតាមបែបផ្សេងៗដែលបានជជែកឆ្លើយឆ្លងគ្នារឹតតែយើងបានជជែកគ្នាបានច្រើនប៉ុនណា កូនក៏នឹងរឹតតែស្គាល់ពាក្យពេចន៍ និងបង្កើនជំនាញក្នុងការឆ្លើយឆ្លងទាក់ទងកាន់តែច្រើនឡើងប៉ុននោះដែរ។

    2. ជំរុញខួរក្បាល: ឪពុកម្ដាយដែលឧស្សាហ៍និទានរឿង ជជែកនិយាយ ឧស្សាហ៍សួរសំណួរ នឹងជួយឱ្យកូនបានហ្វឹកហាត់ប្រើការគិត មានគំនិតច្នៃបង្កើត ចេះបត់បែន និងចេះគិតរឿងរ៉ាវបន្តៗគ្នាបានល្អ។ ក្មេងឆ្លាត ព្រោះមានឱកាសសំលៀងខួរក្បាលញឹកញាប់ហ្នឹងឯង។

    3. បង្កើនចំណេះដឹង: ចំណេះដឹងមិនមែនបានមកតែពីក្បួនតម្រាប៉ុណ្ណោះទេ តែមួយផ្នែកក៏បានមកពីការជជែកនិយាយគ្នាដែរ។ ខួរក្បាលរបស់កុមារប្រៀបដូចជាឃ្លាំងផ្ទុកទំនិញដែលធំទូលាយ និងអាចពង្រីកទំហំបានយ៉ាងគ្មានដែនកំណត់។ ឧស្សាហ៍និទានរឿង ឧស្សាហ៍បង្រៀន ឧស្សាហ៍បន្ថែមរឿងរ៉ាវល្អៗចូលទៅ នោះនឹងកើតផលល្អមិនខាន។

    4. យល់ពីខ្លួនឯង យល់ពីអ្នកដទៃ: ការបបួលកូនជជែកគ្នាដើម្បីឱ្យកូនបង្ហាញពីគំនិតយោបល់របស់ខ្លួនឯង ប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមកឱ្យបាន។ រឿងនេះនឹងធ្វើឱ្យកូនកើតការទទួលស្គាល់ខ្លួនឯង ចេះសម្រាលអារម្មណ៍ និងនាំឆ្ពោះទៅរកការទទួលស្គាល់ និងយល់ពីអារម្មណ៍អ្នកដទៃជាបន្ត។

    5. ចេះឆ្លើយឆ្លងទាក់ទង: ចង់ឱ្យកូនក្លាយជាអ្នកនិយាយ និងជាអ្នកស្ដាប់ដ៏ល្អរបស់សង្គម ឪពុកម្ដាយត្រូវជួយគ្នាបង្ហាត់តាំងពីថ្ងៃនេះទៅ ដោយធ្វើជាគំរូដ៏ល្អ និងបង្ហាត់បង្រៀនតាមរយៈការបបួលជជែក មិនថាតែរឿងការចេះទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃ និងការបញ្ចេញគំនិតយោបល់ដែលខុសប្លែកពីគ្នាដោយហេតុផល មិនប្រើអារម្មណ៍ និងជាពិសេស បង្ហាត់កូនៗរបស់អ្នកឱ្យហ៊ានគិត ហ៊ាននិយាយ តែមិនច្រងេងច្រងាង៕

  • វិធី​ចាត់ការ​រឿង​ស្បែក ក្រោយពី​ត្រូវ​ដុត​ដោយ​កម្ដៅថ្ងៃ

    វិធី​ចាត់ការ​រឿង​ស្បែក ក្រោយពី​ត្រូវ​ដុត​ដោយ​កម្ដៅថ្ងៃ

    បន្ទាប់​ពីការដើរ​លេង​កម្សាន្ត​នា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​យ៉ាង​សប្បាយរីករាយ​នៅតាម​ឆ្នេរសមុទ្រ ទាំង​លេង​ទឹកសមុទ្រ គេង​ហាលខ្យល់​អាន​សៀវភៅ​បែបសប្បាយៗ តែ​បែរជា​បានមក​វិញ​នូវ​អាការ​ក្រហាយ​ស្បែក រមាស់ និង​របកស្បែក​នោះ តើ​ត្រូវ​រិះរក​វិធី​ណា​កុំឱ្យ​កើត​អាការ​ទាំងនេះ?

    វិធី​ខាងក្រោម​នេះ​នឹង​ជួយ​សម្រាល​អាការ​រលាក​ស្បែក​ដោយសារ​កម្តៅថ្ងៃ ដើម្បី​ត្រៀម​ស្តារ​សភាព​ស្បែក​របស់​អ្នក​ឡើងវិញ ៖

    1. ធ្វើឱ្យ​ស្បែក​ត្រជាក់
    នៅពេល​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ស្បែក​របស់​អ្នក​ចាប់ផ្តើម​របក ចូរ​ព្យាយាម​ធ្វើឱ្យ​ស្បែក​ត្រជាក់​ឡើងវិញ ការ​ងូតទឹក​ត្រជាក់ ហើយ​ជូត​ផ្តិត​ដោយ​កន្សែងពោះគោទន់ៗនឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ស្រាយ​ឡើងវិញ តែ​កុំ​ប្រើការ​ជូត ឬ​ដុស​លើ​ស្បែក​ឱ្យ​ស្ងួត​ឱ្យសោះ ព្រោះ​នឹង​រឹតតែ​ធ្វើឱ្យ​ស្រទាប់​ស្បែ​ករបក​ចេញ​កាន់តែខ្លាំង​ឡើង។

    2. លាប​គ្រី​ម​បំប៉ន​ស្បែក
    រក​គ្រី​ម​លាប​ស្បែក​ដែលមាន​ចំណែក​ផ្សំ​របស់​ធាង​ប្រទាល​កន្ទុយក្រពើ​លាប ដើម្បី​ឱ្យមាន​សំណើម និង​មាន​ភាព​ស្រស់បស់​នៅជាប់​លើ​ស្បែក​ឱ្យបាន​យូរ​បំផុត ព្រោះ​សារធាតុ​ដែល​ចម្រាញ់​ចេញពី​ធាង​ប្រទាល​កន្ទុយក្រពើ​ជា​ឱសថ​បុរាណ​ធម្មជាតិ​ដែលមាន​គុណសម្បត្តិ​ជួយ​ក្នុងការ​ព្យាបាល​ស្លាកស្នាម និង​ជួយ​បំប៉ន​ស្រទាប់​ស្បែក។

    3. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន
    នៅពេល​ស្បែក​របស់​អ្នក​ចាប់ផ្តើម​ខូចខាតការព្យាបាល​ឱ្យ​ត្រឡប់មក​ល្អជា​ថ្មី​ឡើងវិញ​ត្រូវ​ចាប់ផ្តើម​ពី​រាងកាយ​របស់​អ្នក ចូរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ដើម្បី​កុំឱ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក ដើម្បី​បង្កើន​សំណើម​របស់​ស្បែក។ ការទទួលទាន​ទឹក​ប្រមាណ​ជា8-10កែវ​ក្នុង​មួយថ្ងៃ​នៅក្នុង​អំឡុង​ពេលនេះ នឹង​ល្អ​ចំពោះ​សាច់ និង​ស្បែក​របស់​អ្នក។

    4. ឈប់​អេះ
    រឿង​មួយ​នេះ​អាច​នឹង​ពិបាក​សម្រាប់​អ្នកខ្លះ តែ​ការ​អេះ ឬ​កេះ​ស្រទាប់​ស្បែក​ដែល​របក​នោះ​ចេញ អាច​នឹង​ធ្វើឱ្យ​ស្បែក​កន្លែង​ល្អ​នៅ​ជិត​នោះ​របូត​ជាប់​មកជា​មួយ​ដែរ និង​អាចធ្វើឱ្យ​កើត​ស្លាកស្នាម​ឡើង​បាន វិធី​ជួយ​សម្រាល​អាការ​រមាស់​នេះ​អាចធ្វើ​បាន​ដោយ​ប្រើ​ទឹកកក​ស្អំ។

    5. ការពារ​ស្បែក​យ៉ាង​ជាប់លាប់
    ចំណុច​ចុង​ក្រោយនេះ លើក​ក្រោយ​បើ​ចង់​សប្បាយ​តាម​ឆ្នេរសមុទ្រ ឬ​កន្លែង​ដែលមាន​កម្តៅថ្ងៃ​ខ្លាំង សូមកុំ​ភ្លេច​ការពារ​ស្បែក​របស់​អ្នក​ជាមុនដោយ​គ្រី​ម​ការពារ​កម្តៅថ្ងៃ ហើយ​បើ​ចុះ​លេង​ទឹក​ក៏​កុំ​ភ្លេច​លាប​គ្រី​ម​បន្ថែម​រាល់ពេល​ឡើង​មកពី​ទឹក ហើយ​នៅ​មិនទាន់បាន​ចូលទៅ​ក្រោម​ម្លប់។ ចូរ​លាប​គ្រី​ម​ឱ្យ​សព្វ​នៅលើ​ស្បែក ទាំង​ផ្ទៃមុខ និង​កន្លែង​ខ្លះទៀត​ដូចជា ខាងក្រោយ​ត្រចៀក​ដែល​តែងតែ​ត្រូវបាន​ភ្លេច​ជា​ញឹកញាប់​សម្រាប់​នារី​ដែល​ទើប​ចេះ​លាប​គ្រី​មថ្មីៗ៕

  • ចេះ​ស្រឡាញ់ និង​ចេះ​ជួយ​កូន​យ៉ាង​ត្រឹមត្រូវ តើត្រូវធ្វើ​បែបណា?

    ចេះ​ស្រឡាញ់ និង​ចេះ​ជួយ​កូន​យ៉ាង​ត្រឹមត្រូវ តើត្រូវធ្វើ​បែបណា?

    ឪពុកម្ដាយ ជា​មនុស្ស​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ការអប់រំ​បណ្ដុះ​គំនិត​និស្ស័យ និង​បុគ្គលិកលក្ខណៈ​ដល់​កូន ជាពិសេស​ក្នុងអំឡុង​បឋមវ័យ​ដែល​ក្មេង​នឹង​ជ្រួតជ្រាប​យកអ្វីៗគ្រប់យ៉ាង ទាំង​ពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែល​ឪពុក និង​ម្ដាយ ឬ​អ្នក​ចិញ្ចឹម​ថែទាំ​បានធ្វើ​ចំពោះ​រូបគេ។ នៅពេល​កូន​ធំធាត់​ឡើង បទពិសោធ​ក្នុង​វ័យ​កុមារ ក៏​នឹង​ហុច​ផល​ដល់​ទស្សន​គតិ និង​ទង្វើ​របស់គេ​នៅពេល​ធំ​ឡើង ដូច្នេះហើយ​ទើបអ្នកត្រូវ​ដឹងថា តើ​អ្នក​គួរ​ស្រឡាញ់​កូន និង​នៅ​រង់ចាំ​ជួយ​គេ​ដោយ​របៀប​យ៉ាងណា​នោះ។

    ការចិញ្ចឹម​កូន និង​ស្រឡាញ់​កូន​ដែល​ត្រឹមត្រូវ​នេះ ត្រូវ​ចាប់ផ្ដើម​ពី​ចិត្តគំនិត​របស់​ឪពុកម្ដាយជាមុន។ ឪពុកម្ដាយ​ដែល​ល្អ​គួរ​ធ្វើខ្លួន​ឱ្យ​ដូចជាមិត្ត​ភក្ដិ​ដ៏​ល្អ​របស់​កូន ស្ថិតនៅ​ក្បែរ​រូបគេ​ជានិច្ច។ ឪពុកម្ដាយ​ជាច្រើន​ស្រឡាញ់​កូន​ខ្លាំង រហូត​ពេលខ្លះ​ខ្លាច​កូន​លំបាក ខ្លាច​​កូន​ហត់ ខ្លាច​កូន​ឈឺរហូតដល់​គិត ឬ​ធ្វើ​ជំនួស​កូន​គ្រប់សព្វ​បែបយ៉ាងក្លាយជា​ថា នៅពេល​កូន​ធំ​ឡើង​កូន​ក៏​ក្លាយជាក្មេង​ដែល​អាត្មានិយម ប្រើតែ​អារម្មណ៍(មិនចេះ​គិត) ឬ​ជា​ក្មេង​ដែល​ឌឺ​រឹង ដែល​អ្វី​ទាំងអស់នេះ​មិនមែនជា​រឿង​ល្អ​ប៉ុន្មាន​ឡើយ។ ឪពុកម្ដាយ​គួរតែ​ដឹង​ពី​តម្រូវការ​របស់​កូន​ថា ក្នុងអំឡុង​វ័យនីមួយៗរបស់​កូន​ហ្នឹង ធម្មជាតិ​របស់​ក្មេង​នឹង​ត្រូវការ​អ្វីខ្លះ?

    ខាងក្រោម​នេះ​គឺជា​តម្រូវការ​របស់​ក្មេង​តាម​អំឡុង​វ័យ
    អំឡុង​អាយុ និង​អ្វីដែល​កូន​ត្រូវការ និង​អ្វីខ្លះ​ដែល​ឪពុកម្ដាយ​គួរតែ​ប្រតិបត្តិ​ចំពោះ​កូន ៖

    វ័យ​ទើប​កើត​ដំបូង: កូន​ត្រូវការ​ការមើល​ថែទាំ​យកចិត្តទុកដាក់ និង​សេចក្ដីស្រឡាញ់​ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយ​ទើប​ឪពុកម្ដាយ​គួរតែ​ចេះ​និយាយ ឬ​លេង​ជាមួយ​កូន​ ដើម្បីឱ្យ​កូន​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព និង​បានទទួល​សេចក្ដីស្រឡាញ់។

    អំឡុង​វ័យ​ចេះ​លូន​វារ: កូន​កំពុង​ហ្វឹកហាត់​អភិវឌ្ឍ​រាងកាយ អាច​នឹងមាន​រពឹស​នៅ​មិន​ស្ងៀមខ្លះ​ដែរ ដូចជា ចូលចិត្ត​វារ​ទៅនេះ​ទៅនោះ។ ឪពុកម្ដាយ​គួរឱ្យ​កូន​សាកល្បង​ធ្វើ សាកល្បង​លូន​វារ និង​ផ្ដល់​ពេលវេលា​ឱ្យ​កូន លេង​ជាមួយ​កូន ផ្ដល់​កម្លាំងចិត្ត​ដល់​កូន​ក្នុងការ​អភិវឌ្ឍ​រាងកាយ។

    អំឡុង​វ័យ​ហាត់​ឈរ: ក្នុង​វ័យ​នេះ កូន​ត្រូវ​ការចង់​ហាត់​ក្រោកឈរ​ដោយ​ខ្លួនឯង ចូលចិត្ត​តោង​របស់​នេះ​របស់​នោះ​ ដើម្បី​លើក​ខ្លួនឯង​ឡើង(ព្យាយាម​ឈរ​ឱ្យបាន)។ ឪពុកម្ដាយ​គួរ​យកចិត្តទុកដាក់​ថែទាំ និង​នៅចាំ​ជួយជិតៗឱ្យ​កូន​បាន​ហាត់​ឈរ និង​អភិវឌ្ឍ​សាច់ដុំផ្សេងៗ។

    អំឡុងពេល​ចាប់ផ្ដើម​ដើរ: នៅពេល​កូន​អាច​ដើរ​ដោយ​ខ្លួនឯងបាន ឪពុកម្ដាយ​គួរឱ្យ​កូន​ហាត់​ដើរ​ដោយ​ខ្លួនឯង អាច​នឹង​ដឹក​ដៃ​កូន​ដើរលេង​នៅលើ​វាលស្មៅ​ខាងមុខផ្ទះ ឬ​តាម​សួនច្បារ​សាធារណៈ។ កុំ​សូវ​បី ឬ​ពកូន​ទៀត តែ​ឱបថើប​កូន​ឱ្យ​ច្រើនឡើង។

    ពេល​ចាប់ផ្ដើម​ចូលរៀន​សាលា​ម​ត្តេ​យ្យ: កូន​នឹង​ចាប់ផ្ដើម​ចង់​ធ្វើអ្វីៗដោយ​ខ្លួនឯង ដូចជា ​ដួស​បាយ​ញ៉ាំ​ខ្លួនឯង ញ៉ាំ​ទឹក​ខ្លួនឯងជាដើម។ ឪពុកម្ដាយ​គួរ​បណ្ដោយឱ្យ​កូន​បាន​ហាត់​ធ្វើ​ដោយ​ខ្លួនឯង ទោះជា​ប្រឡាក់ប្រឡូស​ខ្លះ ក៏​ត្រូវតែ​បណ្ដោយ​ដែរ និង​បង្ហាត់បង្រៀន​ជាបណ្ដើរៗថា តើ​ត្រូវធ្វើ​យ៉ាងណាខ្លះ។ មិនគួរ​ប្រញាប់​បង្ខំ​ឱ្យ​កូន​ត្រូវតែទៅ​រៀន​យល់ដឹង​រឿងនេះ​រឿង​នោះ​តាម​ដែល​ឪពុកម្ដាយ​ចង់ឱ្យ​កូន​ចេះ​នោះឡើយ។

    នៅពេល​កូន​ចូលរៀន​បឋមសិក្សា: កូន​នឹង​ចូលចិត្ត​លេង មាន​កិច្ចការងារ​ជាមួយ​ពួកម៉ាកមិត្ត​ភក្តិ​ជាច្រើន។ ឪពុកម្ដាយ​គួរ​បណ្ដោយឱ្យ​កូន​លេង និង​ផ្ដល់​កម្លាំងចិត្ត​ក្នុង​កិច្ចការងារផ្សេងៗដែល​គេ​មាន​ចំណែក​រួម។ ឪពុកម្ដាយ​គួរ​ធ្វើខ្លួន​ឱ្យ​ដូច​ពួកម៉ាក បើ​កូន​ត្រូវ​ការឱ្យ​ឪពុកម្ដាយ​ចូលរួម​ក្នុង​កិច្ចការងារ​ណាមួយ​ផងដែរ​នោះ។

    នៅពេល​កូន​ចូល​អនុវិទ្យាល័យ: សាកល្បង​បណ្ដោយឱ្យ​កូន​មាន​ឥស្សរភាព​ខាង​ការគិត បង្ហាត់​ឱ្យ​កូន​សាកល្បង​ពិចារណា​ពី​ហេតុផល និង​ឪពុកម្ដាយ​ត្រូវ​ទទួល​ស្ដាប់​នូវ​អ្វីដែល​កូន​និយាយ និង​រឿង​ដែល​កូន​គិត​ឱ្យបាន​ច្រើន កុំ​យកគំនិត​របស់​ខ្លួនឯង​ជា​គោល​។ បើ​កូន​ត្រូវ​ការធ្វើ​កិច្ចការងារ ឬ​ធ្វើ​អ្វីមួយ បើជា​រឿង​ដែល​មិន​បង្ក​គ្រោះថ្នាក់ ឪពុកម្ដាយ​គួរផ្ដល់​កម្លាំងចិត្ត និង​នៅចាំ​ធ្វើជា​ទីប្រឹក្សា​ដល់​កូន។

    នៅពេល​កូន​ឡើង​វិទ្យាល័យ: កូន​នឹងមាន​គំនិត​ជា​របស់​ខ្លួនឯង ចង់​រួម​ក្រុម​ជាមួយ​មិត្ត​ភក្តិ ឬ​ទៅណា​មក​ណា​ជាមួយ​មិត្ត​ភក្តិ​កាន់តែ​ច្រើនឡើង។ បើ​ឪពុកម្ដាយ​មើលថែទាំ​កូន ធ្វើខ្លួន​ជា​មិត្ត​ដ៏​ល្អ​របស់​កូន​មក​តាំងពី​ដំបូង កូន​នឹងមិន​ស្រឡាញ់​មិត្ត​ភក្តិ​រហូតដល់​ភ្លេច​ឪពុកម្ដាយ​នោះទេ ដូច្នេះ​ឪពុកម្ដាយ​គួរតែ​នៅតែ​ធ្វើខ្លួន​ជា​មិត្ត​ល្អ ជាទី​ប្រឹក្សា នៅចាំ​គាំទ្រ និង​លើកទឹកចិត្ត​កូន​ជានិច្ច។ កុំ​ធ្វើខ្លួន​ជា​អ្នកកំណត់​ជោគជតា​ជីវិត​របស់​កូន ឬ​ហាម​ធ្វើ​រឿងនេះ ហាម​ធ្វើ​រឿង​នោះ។ ការចិញ្ចឹម​មើលថែ​កូន​ក្នុង​វ័យ​នេះ ត្រូវ​ប្រើការ​និយាយស្ដី​ដោយហេតុ និង​ផល កុំ​ប្រើ​អារម្មណ៍​មួម៉ៅ​ខឹងសម្បា​ឱ្យសោះ។

    នៅពេល​កូន​ចូល​របង​មហាវិទ្យាល័យ: កូន​នឹង​បាន​ជួប​សង្គម​ដែល​កាន់តែ​ធំ​ឡើង បញ្ហាផ្សេងៗក៏​នឹងមាន​ច្រើនឡើង​ដែរ។ ឪពុកម្ដាយ​គួរ​ខ្លួន​ធ្វើជា​ទីប្រឹក្សា ជជែក​និយាយ​ពិភាក្សា​គ្រប់​រឿង​ជាមួយ​កូន។ នៅ​ធ្វើជា​កម្លាំងចិត្ត​ដល់​កូនកុំឱ្យ​កូន​មាន​អារម្មណ៍​ថា ត្រូវ​រង​សម្ពាធ​ពី​សេចក្ដីសង្ឃឹម​របស់​ឪពុកម្ដាយ តែ​គួរ​ធ្វើឱ្យ​កូន​បានដឹងថា ប៉ា​ម៉ាក់​នៅចាំ​ធ្វើជា​កម្លាំងចិត្ត​ដល់​កូន​ជានិច្ច។

    នៅពេលដែល​ឪពុកម្ដាយ​បានដឹង​ពី​តម្រូវការគោលៗរបស់​កូន​ក្នុង​វ័យនីមួយៗហើយ ឪពុកម្ដាយ​ក៏​អាច​ត្រៀម​ខ្លួនឯង​ឱ្យ​ព្រម​រួចជាស្រេច​បាន​យ៉ាង​ត្រឹមត្រូវ​ដែរ ហើយ​កូន​របស់​យើង​ក៏​នឹង​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ល្អ មាន​សភាវ​អារម្មណ៍ និង​ចិត្តគំនិត​ដែល​ល្អ ដែល​ទាំងអស់នោះ​ប្រហែលជា​អ្វីដែល​ឪពុកម្ដាយ​គ្រប់រូប​រំពឹង​សង្ឃឹម​ចង់ឱ្យ​កូន​របស់ខ្លួន​ក្លាយជា​បែប​ហ្នឹង​ដូចគ្នា៕

  • ត្រសក់មានប្រយោជន៍ជួយការពារភាពជាំខ្មៅនៅបរិវេណក្លៀក

    ត្រសក់មានប្រយោជន៍ជួយការពារភាពជាំខ្មៅនៅបរិវេណក្លៀក

    បើនិយាយពីបន្លែត្រសក់ អ្នកប្រាកដជាស្គាល់ហើយ ដែលបន្លែប្រភេទនេះគេតែងយកវាមកធ្វើអន្លក់ ល្បោយ ឆា ឬស្លរទៅតាមតម្រូវការក្នុងការធ្វើម្ហូបអាហារ។ ក្រៅពីការប្រើនៅក្នុងការទទួលទានហើយនោះ ត្រសក់ក៏មានសារប្រយោជន៍ជាច្រើនចំពោះរាងកាយមនុស្ស គឺគេអាចយកត្រសក់ទៅច្នៃជាប្រយោជន៍ផ្នែកថែរក្សាសម្រស់ស្បែកផងដែរ។ នៅក្នុងផ្លែត្រសក់មានផ្ទុកសារធាតុទឹក ដែលជាសារធាតុផ្សំសំខាន់រហូតដល់ទៅ 96% ដែលមានគុណសម្បត្តិសម្រាប់បង្កើនភាពស្រស់ស្រាយដល់ស្បែក។ មិនតែប៉ុណ្ណោះវាមានផ្ទុកនូវវីតាមីន C កាល់ស្យូម និងប៉ូតាស្យូម ដែលសុទ្ធសឹងតែជួយឱ្យស្បែកមានសុខភាពល្អ។ ត្រសក់អាចកម្ចាត់មុននៅលើផ្ទៃមុខបាន ដោយការយកសាច់ត្រសក់មកឈូសជាសរសៃ ឬជាចំណិតស្តើងៗមកបិតនៅលើផ្ទៃមុខ និងក រួចទុកចោលពី10-20នាទី។ ផ្លែត្រសក់មានប្រយោជន៍ជួយ ការពារការកើតមុនធម្មតា និងមុនមុខខ្មៅបានផងដែរ។ ប្រសិនបើអ្នកអនុវត្តវិធីនេះបានញឹកញាប់ អ្នកអាចបុកផ្លែត្រសក់ឱ្យម៉ដ្ឋ រួចច្រោះយកតែទឹកយកទៅលាបនៅលើស្បែក នឹងជួយឱ្យស្បែករបស់អ្នកកាន់តែមានសម្រស់ស្រស់ស្អាត មានសំណើម និងមិនស្ងួតបែកស្រកា។

    អត្ថប្រយោជន៍របស់ផ្លែត្រសក់ក៏អាចលុបបំបាត់ស្នាមជាំខ្មៅនៅត្រង់រន្ធញើសក្រោមក្លៀក ដោយគ្រាន់តែប្រើគ្រឿងផ្សំដូចជា៖
    – ប្រេងដូង 1ស្លាបព្រាបាយ
    – ទឹកត្រសក់ 1ស្លាបព្រាកាហ្វេ
    – ទឹកក្រូចឆ្មារ 1ស្លាបព្រាកាហ្វេ
    – ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ។

    របៀបអនុវត្ត
    ក្រោយពីងូតទឹករួច ចូរជូតខ្លួនឱ្យស្អាត ហើយយកសំឡីមកជ្រលក់ប្រេងដូងយកមកជូតនៅបរិវេណក្រោមក្លៀករាងជារង្វង់ បន្ទាប់មកលាយទឹកត្រសក់ ទឹកក្រូចឆ្មារ និងម្សៅរមៀតចូលគ្នាឱ្យសព្វ រួចយកមកលាបត្រង់បរិវេណក្រោមក្លៀកទុកចោលរយៈពេល20នាទី សឹមលាងទឹកស្អាត ហើយជូតឱ្យស្ងួត។ អ្នកគួរអនុវត្តវិធីនេះ 2-3ដងក្នុងមួយសប្តាហ៍ នោះក្លៀករបស់អ្នកនឹងមានពណ៌សគួរឱ្យចង់គយគន់ជាមិនខាន ជួយឱ្យអ្នកមានភាពជឿជាក់ក្នុងការបង្ហាញពីភាពស្រស់ស្អាតរបស់អ្នកនៅក្នុងចំណោមមនុស្សជាច្រើនយ៉ាងមានសេរីភាព។ ជាងនេះទៅទៀត ផ្លែត្រសក់ថែមទាំងមានប្រយោជន៍ចំពោះកែវភ្នែកទៀតផង ប្រសិនបើមានអាការរមាស់ផ្សានៅក្នុងភ្នែក ឬមានសភាពហើមភ្នែក នេាះអ្នកត្រូវយកផ្លែត្រសក់ទៅក្លាស្សេ ហើយចិតជាចំណិតស្តើងៗ យកមកបិតនៅលើត្របកភ្នែកទាំងសងខាង រួចគេងមួយស្របក់ ដើម្បីសម្រាកភ្នែកប្រហែលជា10នាទី នឹងជួយឱ្យភ្នែករបស់អ្នកប្រែមកជាមានសភាពស្រស់ស្រាយឡើងវិញ ព្រោះថានៅក្នុងផ្លែត្រសក់មានជាតិវីតាមីន និងសារធាតុខនិជខ្ពស់ ថែមទាំងជួយកាត់បន្ថយនូវអាការចុករោយក្នុងភ្នែកថែមទៀតផង គឺល្អចំពោះអ្នកដែលត្រូវប្រើភ្នែកសម្លឹងច្រើន និងរយៈពេលយូរ ឬទទួលរងនូវធូលីដី និងផ្សែងច្រើន៕

  • ញ៉ាំ​ត្រី ជួយ​ដល់​រឿង IQ និង​ការ​គេង​លក់​របស់​កុមារ

    ញ៉ាំ​ត្រី ជួយ​ដល់​រឿង IQ និង​ការ​គេង​លក់​របស់​កុមារ

    លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា ក្មេង​ដែល​បាន​ញ៉ាំ​ត្រី​យ៉ាងតិច​មួយអាទិត្យ 1ដង ឬ​ច្រើនជាង​នេះ នឹងធ្វើ​ឱ្យ​ការ​គេង​ល្អប្រសើរ​ឡើង ហើយ​លទ្ធផល​សាកល្បង​កម្រិត​ប្រាជ្ញា​ស្ថិតក្នុង​លំដាប់​ដែល​ល្អ​ជាង​ក្មេង​ដែល​មិនបាន​ញ៉ាំ​ត្រី ឬ​ញ៉ាំ​តិច​ជាងមួយ​សប្ដាហ៍​មួយដង។

    គេហទំព័រ CNN បាន​នាំយក​របាយការណ៍​មួយ​ដែល​បានទទួល​ការបោះពុម្ពផ្សាយ​នៅក្នុង The Journal Scientific Report ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បានបង្ហាញ​ឱ្យឃើញថា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3ដែល​គេ​ឃើញ​មាននៅ​ក្នុង​សាច់​ត្រី​ជាច្រើន​ប្រភេទ ដូចជា ត្រី​សាល់​ម៉ុ​ន ត្រី​សារ​ឌី​ន និង​ត្រី​ប្លាធូ មាន​ចំណែក​ជួយ​ធ្វើឱ្យ​កម្រិត​ភាព​ឆ្លាត​វៃ និង​ការ​គេង​លក់​របស់​កុមារ​ល្អប្រសើរ​ឡើង។

    តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​កុមារ​ជនជាតិ​ចិន​ច្រើនជាង 500នាក់​ដែលមាន​អាយុ​អំឡុង​ពី 9-11ឆ្នាំ​ជាមួយនឹង​សំណួរ​ថា តើ​ពួកគេ​ញ៉ាំ​ត្រី​ចំនួន​ប៉ុន្មាន​ដង​ក្នុង​មួយខែ​កន្លងមក ជាមួយនឹង​ចម្លើយ​ឱ្យ​ជ្រើសរើស​គឺ “មិនដែល​សោះ” និង “យ៉ាងតិច​មួយអាទិត្យ 1ដង”។

    ក្នុង​ក្រុម​កុមារ​ដែល​ឆ្លើយថា ញ៉ាំ​ត្រី​រៀងរាល់​សប្ដាហ៍​មាន​ពិន្ទុ​វាស់ IQ 4.8 ខ្ពស់ជាង​កុមារ​ដែល​ឆ្លើយថា មិន​ញ៉ាំ​ត្រី​សោះ ឬ​ញ៉ាំ​ដែរ តែ​ញ៉ាំ​តិច។ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មិនបាន​សួរក្មេងៗថា តើ​ត្រី​ប្រភេទ​ណា​ដែល​ពួកគេ​បាន​ញ៉ាំ​នោះឡើយ ក្នុងខណៈ​ក្រុម​ដែល​ឆ្លើយថា ញ៉ាំ​ត្រី​ដែរ តែ​ញ៉ាំ​មិន​ញឹកញាប់​មាន​ពិន្ទុ IQ 3.3។

    ចំណែក​ចម្លើយ​ពី​ក្រុមគ្រួសារក្មេងៗពាក់ព័ន្ធ​នឹង​គុណភាព​ការ​គេង​វិញ បាន​រកឃើញថា ក្មេង​ដែល​បាន​ញ៉ាំ​ត្រី​ជាប្រចាំ ច្រើន​មានគុណ​ភាព​នៃ​ការ​គេង​ល្អប្រសើរ​ជាង ព្រោះ​គ្មាន​រឿង​មករុកកួន​រំខាន​ក្នុងអំឡុងពេល​គេង​លក់​ឡើយ។ ក្នុង​ចំណុច​ល្អ​ដែល​កើតឡើង​នេះ ធ្វើឱ្យ​ក្រុមអ្នកវិភាគ​ណែ​នាំទៅ​ឪពុកម្ដាយ ​អ្នកអាណាព្យាបាល​ឱ្យ​បន្ថែម​សាច់​ត្រី​ចូលទៅក្នុង​មុខម្ហូប​របស់​កុមារ និង​បង្ហាត់​ឱ្យ​កុមារ​ចេះ​ញ៉ាំ​ត្រី​តាំងពី​អាយុ2ឆ្នាំ​ឡើងទៅ។

    ត្រី​ជាស​ត្វ​ដែល​មានគុណ​តម្លៃ​ខាង​ភោជនាហារ​ខ្ពស់ និង​ជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​ដ៏​ពេញនិយម ព្រោះ​នៅក្នុង​សាច់​ត្រី​មាន​ប្រូតេអុីន​ដែល​ល្អ និង​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ ស័ក្តិសម​សម្រាប់​អ្នក​ដែល​កំពុងស្ថិត​ក្នុងអំឡុង​ពេល​បញ្ចុះទម្ងន់ ហើយ​ត្រី​ប្រភេទ​ខ្លះ​ថែមទាំង​មាន​អូ​មេ​ហ្កា3 ដែលជា​អាស៊ីត​ខ្លាញ់​ល្អ​ដែល​ជួយ​បង្កើន​សុខភាព​បេះដូង និង​សរសៃឈាម ដែល​គេ​ប្រទះឃើញ​មាន​ច្រើន​នៅក្នុង​ត្រី​សាល់-​ម៉ុ​ន ជាពិសេស​ត្រី​សាល់​ម៉ុ​ន​ដែល​រស់​នៅតាម​ធម្មជាតិ​នឹងមាន​វីតាមីន និង​សារធាតុ​រ៉ែ​ខ្ពស់​ណាស់៕