Author: ធឿន មករា

  • Honda ប្រកាស​ជួយ​ស្រោចស្រង់ Botafugo ចេញពី​តំបន់​កាត់ចោល

    Honda ប្រកាស​ជួយ​ស្រោចស្រង់ Botafugo ចេញពី​តំបន់​កាត់ចោល

    អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា Keisuke Honda បាន​បង្ហោះ​សារ​នៅក្នុង​បណ្តាញ Twitter ថា ខ្លួន​នឹងមិន​ចាក​ចេញពី​ក្លិប​នៅពេល​នេះឡើយ ដោយ​លោក​ប្តេជ្ញា​ថា នឹង​តស៊ូ​ដើម្បី​ជម្នះ​ការលំបាក​របស់​ក្លិប ជាមួយនឹង​មិត្ត​រួម​ក្រុម​របស់ខ្លួន ហើយនឹង​ជួយ​ក្រុម​ឱ្យ​ឆ្លង​ផុតពី​គ្រោះ​លំបាក​នេះ។

    នេះ គឺជា​ការធានា របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​ខាងលើ បន្ទាប់ពី​លោក​ត្រូវបាន​គេ​គិតថា នឹង​ចាក​ចេញពី​ក្លិប​នៅពេលឆាប់ៗនេះ ដោយសារតែ​ក្រុម​មួយ​នេះ​កំពុងតែ​ដុនដាប​ខ្លាំង ដោយសារតែ​ស្ថិតនៅក្នុង​តំបន់​កាត់ចោល​ទៅលេង​នៅ​លី​គ​ទី 2 ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ប្រេ​ស៊ី​ល។

    គួរឱ្យ​ដឹង​ដែរ​ថា Keisuke Honda ទើបតែ​ផ្លាស់​ទៅលេង​នៅ​ក្លិប Botafugo មិនទាន់បាន 1រដូវ​កាល​ផង ក្រោយ​ផ្លាស់​ពី​ក្លិប Vittes កាលពី​ចុងឆ្នាំ2019 កន្លងទៅ ក្រោយ​ប្រកប​អាជីព​មិនសូវ​សមប្រកប​នៅ​ក្លិប​ជាច្រើន៕

  • Albirex Niigata គ្រង​ជើងឯក​លី​គ​កំពូល​សិង្ហ​បុរី ជា​លើក​ទី4

    Albirex Niigata គ្រង​ជើងឯក​លី​គ​កំពូល​សិង្ហ​បុរី ជា​លើក​ទី4

    កាលពី​រាត្រី​ថ្ងៃអាទិត្យ ទី6 ខែធ្នូ ឆ្នាំ2020 កន្លងទៅនេះ លី​គ​កំពូល​សិង្ហ​បុរី (Singapore Premier League) បាន​បិទ​បញ្ចប់​រដូវ​កាល​របស់ខ្លួន​ហើយ ដោយ​ក្រុម Albirex Niigata ជា​ម្ចាស់​ជើងឯក​ក្រោយ​យកឈ្នះ​ក្រុម Hougang United ដោយ​លទ្ធផល 1ទល់នឹង0។

    ការ​ឈ្នះ​លើក​នេះ គឺជា​លើក​ទី4 របស់​ក្លិប​ហើយ ខណៈដែល​ក្លិប​បាន​ប្រើ​ធនធាន​កីឡាករ​ជនជាតិ​ជប៉ុន ស្ទើរតែ​ទាំងស្រុង ក្នុងការ​យកឈ្នះ​កាលពី​ឆ្នាំ2016, 2017 និង2018 រួចមកហើយ។ បើ​និយាយ​អំពី កៅអី​ពានរង្វាន់​អន្តរជាតិ​វិញ ក្លិប​នេះ​នឹងមិន​ទទួល​បានឡើយ ទោះបីជា​សិង្ហ​បុរី មាន​កៅអី3 នៅពាន AFC Champions League និង AFC CUP ក្តី ពីព្រោះ​ក្រុម​នេះ មិនត្រូវ​បាន​សិង្ហ​បុរី​ចាត់ទុកជា​ក្រុម​តំណាង​ជាតិ​របស់ខ្លួន​ឡើយ ពោលគឺ ដាក់ឱ្យ​លេង​ដើម្បី ឱ្យ​លី​គ​សិង្ហ​បុរី មានការ​ប្រកួតប្រជែង​ខ្ពស់​តែប៉ុណ្ណោះ។

    គួរបញ្ជាក់​ផង​ថា ទោះជា​ទទួលបាន​តំណែង​ជើងឯក​ក្តី ប៉ុន្តែ​ចំពោះ​ក្លិប Albirex Niigata FC ពុំ​ទទួល​សិទ្ធិ​លេង​ក្នុង​ក្របខណ្ឌ​កម្រិត​ទ្វីប​នោះឡើយ ដោយសារ​មូលហេតុ​ជា​ក្លិប​បរទេស​នៅ​សិង្ហ​បុរី (សម្ព័ន្ធ​ក្លិប​ធំ​នៅ​លី​គ​លំដាប់​ទី២ ជប៉ុន)។

    ចំពោះ​ក្លិប Timpines Rovers FC ដែល​ឈរ​ចំណាត់ថ្នាក់​ជើងឯក រដូវ​កាល2020 នឹង​ទទួលបាន​សិទ្ធិ​ទៅលេង​ជម្រុះ​ដណ្ដើម​កៅអី​ក្នុង​ពូ​ល​នៃ​ពានរង្វាន់ AFC Champions League ខណៈ​ក្លិប 2ទៀត រួមមាន Lion City Sailors FC និង​ក្លិប Geylang International FC ទទួលបាន​កៅអី​វគ្គ​ចែក​ពូ​ល​ក្នុង​ពាន​កម្រិត​ទ្វីប​លំដាប់​ទី២ AFC Cup៕

  • ឆ្នាំនេះ Robert រំពឹងថា ក្រុម​ខ្លួន​អាច​ឈ្នះ​ពាន Champions League ម្តងទៀត

    ឆ្នាំនេះ Robert រំពឹងថា ក្រុម​ខ្លួន​អាច​ឈ្នះ​ពាន Champions League ម្តងទៀត

    ក្នុង​បទ​សម្ភាស​មួយ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ទី5 ក្នុង​ពូ​ល​រួច កីឡាករ​ខ្សែប្រយុទ្ធ​កណ្តាល Robert Lewandowski ដែល​ពាក់អាវ​លេខ9 របស់​ក្លិប Bayern Munich បាន​និយាយថា ខ្លួន​បាន​នឹក​ស្រមៃ រួចទៅហើយ​ថា នឹង​បាន​លើក​ពានរង្វាន់​មួយ​នេះ ម្តងទៀត​នៅ​ឆ្នាំនេះ។

    ក្រុម Bayern Munich ជា​ក្រុម​ការពារ​តំណែង​ជើងឯក​ពានរង្វាន់​ខាង​លើ។ ពួកគេ​ធ្វើ​បានល្អ​មែនទែន​សម្រាប់​រដូវ​កាល​មុន ដោយ​លេង​ឈ្នះ​គ្រប់​ប្រកួត​តែម្ដង។ ដោយឡែក​នៅ​រដូវ​កាល​នេះ​វិញ ក៏​មិនសូវ​ជា​ខុសពី​រដូវ​កាល​មុន​ប៉ុន្មាន​ដែរ។ ជាក់ស្ដែង​នៅ​វគ្គ​សន្សំ​ពិន្ទុ ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ មិនទាន់​ស្គាល់​បរាជ័យ​នៅឡើយ៕

  • Spur នៅសល់តែ Son និង Hojbjerg ប៉ុណ្ណោះ ដែល​ចង់​ឈ្នះ​ពាន Europa League

    Spur នៅសល់តែ Son និង Hojbjerg ប៉ុណ្ណោះ ដែល​ចង់​ឈ្នះ​ពាន Europa League

    លោក Jose Mourinho អ្នកចាត់ការ​ក្លិប Tottenham Hotspur បាន​និយាយ​កាលពីពេលថ្មីៗនេះ​ថា កីឡាករ​មួយចំនួន​របស់លោក លែងមាន​អារម្មណ៍​ចង់​លេង​ក្នុង​ប្រកួត Europa League ទៀតហើយ បន្ទាប់ពី​ទាត់​ស្មើ​ជាមួយ​ក្លិប  PFC Ludogorets 1945 កាលពី​ការប្រកួត​មុន។  លោក​បន្ថែមថា ការប្រកួត​ពាន​នេះ មានតែ​ខ្សែប្រយុទ្ធ Heung Min Son និង​កីឡាករ​ខ្សែការពារ Hojbjerg ប៉ុណ្ណោះ ដែល​នៅ​ចង់​ឈ្នះ​ពាន​នេះ។

    គួរឱ្យ​ដឹង​ដែរ​ថា Spur គឺជា​ក្រុម​ដែល​គេ​គិតថា ងាយស្រួល​ក្នុងការ​ឈ្នះ​ពានរង្វាន់​នេះ​ខ្លាំងជាងគេ ប៉ុន្តែ​ក្លិប​មួយ​នេះ ហាក់​ធ្វើ​មិនសូវ​បានល្អ​ទាល់តែសោះ។ នៅ​ថ្ងៃទី11 ខែធ្នូ ឆ្នាំ2020 ខាងមុខនេះ Spur ត្រូវតែ​ធ្វើយ៉ាងណា ឱ្យ​ឈ្នះ​ជាដាច់ខាត ដើម្បី​បាន​អ៊ុត​ទៅលេង​នៅ​វគ្គ​បន្ត ដ្បិតអី​នៅពេលនេះ​កំពុង​ឈរ​លេខ2 ក្នុង​ពូ​ល តែ​មិនទាន់​ធានា​នៅឡើយ​ទេ ដោយសារតែ​ត្រូវ​ជួបនឹង​ក្រុម​កំពូល​តារាង៕

  • ស្មា​ត​ហ្វូ​ន VIVO X60 ចេញ​រាងច្បាស់ៗ ដែល​ក្រុមហ៊ុន​ដាក់​មកជា​មួយ​ឆ្នាំង​សាក​លឿន 33 វ៉ា​ត់

    ស្មា​ត​ហ្វូ​ន VIVO X60 ចេញ​រាងច្បាស់ៗ ដែល​ក្រុមហ៊ុន​ដាក់​មកជា​មួយ​ឆ្នាំង​សាក​លឿន 33 វ៉ា​ត់

    ស្មា​ត​ហ្វូ​ន VIVO X Series មាន​ម៉ូ​ដែល X60 និង X60 pro ដែល​ក្រុមហ៊ុន​ទើប​នឹងធ្វើ​កម្មវិធី​ប្រកាស​ចេញ កាលពី​ខែតុលា កន្លងទៅ ត្រូវបាន​គេ​ប្រទះឃើញ ចេញ​លើ​ទីផ្សារ​បាត់ទៅហើយ​នៅក្នុង​ហាង​ដាក់តាំង​ផលិតផល​របស់ vivo នៅឯ​ប្រទេស​ចិន។ X60 Series អាច​នឹងត្រូវ​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅក្នុង​អំឡុង​ខែធ្នូ​នេះ​តែម្តង។

    តាមរយៈ​គណនី​បណ្តាញ​សង្គម Weibo ផ្លូវការ​របស់ Digital Chat Station បានឱ្យដឹងថា vivo X60 នឹង​បំពាក់​មកជា​មួយ​អេក្រង់​លាត​កោង មាន​គែម​អេក្រង់​ខ្លី កាមេរ៉ា​មុខ ក្រោម​អេក្រង់ 1គ្រាប់ មាន​ទំហំ​តូច គួរឱ្យកត់សម្គាល់ ស្ថិតនៅ​ចំ​កណ្តាល​ក្បែរ​គែម​អេក្រង់​ផ្នែក​ខាងលើ។

    សម្រាប់​ផ្នែក​កាមេរ៉ា​ខាងក្រោយ​វិញ vivo X60 Pro នឹង​ភ្ជាប់​មកជា​មួយ​ប្រព័ន្ធ​កាមេរ៉ា ដែលមាន​មុខងារ​ទប់​លំនឹង​ដូច Gimbal (Micro-Cloud) ដូចដែល​យើង​ធ្លាប់​ឃើញ​មាន​នៅលើ vivo X50 Pro អ៊ីចឹង​ដែរ។ កាមេរ៉ា​ក្រោយនេះ មាន​ទម្រង់​កាមេរ៉ា ស្រដៀង​គ្នា​នឹង vivo X60 ដែរ ប៉ុន្តែ​វា​មិនបាន​ភ្ជាប់​មកជា​មួយ​ប្រព័ន្ធ​កាមេរ៉ា Micro-Cloud ដូចនឹង vivo X60 Pro នោះទេ។

    vivo X60 Series អាច​នឹងត្រូវ​ចែកចេញជា 3ម៉ូ​ដែល ដោយ​ក្នុងនោះ រួមមាន​ដូចជា vivo X60, X60 Pro និង X60 Pro+។ ជាមួយគ្នា​នោះដែរ vivo X60 Pro ត្រូវបាន​គេ​រំពឹងថា នឹង​ប្រើប្រាស់​បន្ទះ​ឈី​ប Exynos 1080 របស់ Samsung  ខណៈដែល vivo X60 Pro+ អាច​នឹង​ប្រើប្រាស់​បន្ទះ​ឈី​បរ​បស់ Qualcomm និង​បំពាក់​មកជា​មួយ​ឆ្នាំង​សាក​ថ្ម ល្បឿន​លឿន 33វ៉ា​ត់ ដោយឡែក តម្លៃ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ។

    សូម​ទស្សនា​វីដេអូ Live ខាងក្រោម៖

  • ជម្រើស 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អខណៈពេលមានគភ៌

    ជម្រើស 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អខណៈពេលមានគភ៌

    ការមានសុខភាពល្អ ពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ទាំងឡាយ ព្រោះវាមានន័យថា នៅពេលដែលអ្នក​​មានសុខភាពល្អរឹងមាំពេញលេញហើយនោះ ជីវិតដ៏តូចមួយដែលនៅក្នុងពោះអ្នកក៏នឹងមានវិវឌ្ឍនាការរីកចម្រើនធំធាត់តាមអាយុគភ៌ដ៏ល្អនោះដែរ ដូច្នេះគេអាចមើលឃើញបានថា គ្រូពេទ្យនឹងណែនាំអនាគតអ្នកម្តាយដែលកំពុងតាំងគភ៌ទាំងឡាយឱ្យឧស្សាហ៍មើលថែទាំខ្លួន ទាំងរឿងសុខភាពកាយ រួមទាំងជីវិតផ្លូវចិត្តផងដែរ។ ឥឡូវយើងមកមើលថា តើជម្រើសឆ្ពោះទៅរកការមានសុខភាពដ៏ល្អនោះ យើងអាចធ្វើយ៉ាងដូចម្តេចបានខ្លះ?។

    • ស្ត្រីមានគភ៌គួរទទួលទានបន្លែផ្លែឈើ អាហារCereal បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារដែលមានកាកសរសៃឱ្យបានច្រើនដើម្បីចៀសវាងអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួលនឹងមានផលប៉ះពាល់ដល់ពោះវៀនធំរបស់ស្ត្រីមានគភ៌ ហើយអាហារដែលមានកាកសរសៃអាចជួយបានច្រើន។
    • ស្ត្រីមានគភ៌ត្រូវបានទទួលសារធាតុដែកពីសាច់សត្វ យ៉ាងហោចណាស់ 1សប្តាហ៍ 3ដង ដែលមិនចាំបាច់ញ៉ាំច្រើនទេតែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ហើយនិងសារធាតុដែកដែលមាននៅក្នុងបន្លែ ជាប្រភេទដែលមិនមែន ហេម៉ូគ្លោប៊ីន ធ្វើឱ្យរាងកាយពិបាកក្នុងការបឺតជ្រាបនោះទេ។
    • ដើម្បីជួយបង្កើន និងពង្រឹងខួរក្បាលដល់កូនតូច ស្រ្តីមានគភ៌ត្រូវទទួលទានអាស៊ីតខ្លាញ់អូមេហ្កា3 តែចូរចៀសវាងសត្វក្នុងទឹកដែលមានសម្បករឹង ប្រភេទគ្រំ ងាវ លៀស ជាដើម ព្រោះអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ទាំងម្តាយ និងទារកក្នុងគភ៌ដែលនឹងអាចឆ្លងមេរោគបាក់តេរីលិស្តេរីបាន។
    • បើស្ត្រីមានគភ៌ពិបាកជាមួយនឹងអាការក្អួតចង្អោរ ចូរទទួលទានមើមខ្ញី ព្រោះវាអាចព្យាបាលអាការក្អួតចង្អោរបានល្អ ដោយគ្រាន់តែហាន់មើម​ខ្ញីស្រស់ជាចំណិតស្ដើងៗ ដាក់ក្នុងទឹកក្តៅឧណ្ហៗខ្លាំង ហើយក្រេបម្តងបន្តិចៗឱ្យបានញឹកញាប់។
    • ស្ត្រីមានគភ៌ត្រូវបានទទួលបរិមាណ Fluoride ឱ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ដល់ការសាងធ្មេញរបស់កូនតូចក្នុងផ្ទៃ៕
  • ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌

    ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌

    9 ខែពេញដែលស្ត្រីមានគភ៌ និងកូនតូចក្នុងផ្ទៃជាផ្នែកមួយនៃគ្នាទៅវិញទៅមក អីឡូវយើងនាំគ្នាមកមើលពីការចម្រើនធំធាត់ និងការវិវឌ្ឍដ៏អស្ចារ្យរបស់ទារកនៅក្នុងគភ៌ដូចតទៅ៖

    .មានគភ៌ខែទី1: ចាប់ផ្តើមកកំណើត

    ខែដំបូងនៅក្នុងគភ៌ម្តាយ កូនគ្រាន់តែជាតួកំណើតតូចមួយ មើលទៅដូចជាកូនបង្គាតូចមួយច្រើនជាងរូបទារកពេញរូបរាង។ មានប្រវែង​ត្រឹមតែ 4មីល្លីម៉ែត្រ មានតែក្បាល ចំណែកដងខ្លួនមានលក្ខណ:ស្រដៀងកូនក្អុក ដែលក្រោយមកនឹងក្លាយទៅជាឆ្អឹងកងខ្នង តែក្នុងអំឡុង​ពេលនេះ កូនចាប់ផ្តើមកកើតអវយវ:សំខាន់ៗហើយ រួមទាំងបេះដូងផង…ជាសញ្ញាបញ្ជាក់ពីការចាប់កំណើតនៃជីវិតមួយនៅលើផែនដីនេះហើយ។

    .គភ៌ខែទី2: ទារកនៅក្នុងគភ៌ចាប់ផ្តើមកម្រើក

    កូននឹងធំធាត់ជាងពីខែដំបូង ឆ្អឹងមុខនីមួយៗចាប់ផ្តើមលេចចេញជារូបរាង។ ចំណុចខ្មៅៗដែលមើលឃើញនៅចំកណ្តាល គឺប្រ​ស្រីភ្នែក​របស់កូន ចំណែកឯផ្ទៃមុខចាប់ផ្តើមមើលឃើញជារាងរៅរបស់ច្រមុះ បបូរមាត់ និងត្រចៀក។ កូនចាប់ផ្តើមមានអវយវ:សំខាន់ៗគ្រប់អស់ហើយ ដៃជើងក៏ចាប់ផ្តើមដុះ ហើយដោយសារទំហំដែលនៅតូចល្អិត ទើបធ្វើឱ្យអ្នកម្តាយអាចនៅមិនទាន់មានអារម្មណ៍ដឹងថា កូនរើ ឬកម្រើកនៅឡើយ តែការពិតវិញ កូនកម្រើកខ្លួនបានហើយ និងបេះដូងរបស់កូនចាប់ផ្តើមលោតទៀតផង។

    .គភ៌ខែទី3: ពីតួកំណើត ក្លាយជាទារកនៅក្នុងគភ៌

    ពីតួកំណើតដ៏តូចល្អិត កូនក្លាយមកជាទារកនៅក្នុងគភ៌ដែលកាន់តែដូចមនុស្សខ្លាំងឡើង។ មានអវយវ:គ្រប់ 32មុខហើយ តែនៅមិនទាន់ពេញរូបរាងនៅឡើយ និងចាប់ផ្តើមតបស្នងនឹងអ្វីដែលជំរុញពីខាងក្រៅបានហើយ ដូចជាបើមានអ្វីមកប៉ះពោះម្តាយ ទារកនឹងងាកខ្លួនគេច ជាដើម។ ផ្ទៃមុខចាប់ផ្តើមមើលឃើញកាន់តែច្បាស់ឡើង រហូតអាចមើលឃើញថា មានចង្កា ថ្ងាស់លាតធំឡើង ក្បាល និង​​​កបញ្ឈរឡើងត្រង់ ច្រមុះចាប់ផ្តើមមានក្តោងរហូតមើលឃើញបានយ៉ាងច្បាស់ ត្របកភ្នែកមានរូបរាងច្បាស់លាស់ ហើយកូនថែមទាំងចាប់ផ្តើមចេះជញ្ជក់មាត់ និងពេលខ្លះបូញមាត់បានទៀតផង។

    .គភ៌ខែទី4: មុខមាត់ដូចអ្នកណាគេហ្ន៎?

    ទារកនឹងរីកធំធាត់លម្អិតតាមផ្នែកផ្សេងៗរបស់រាងកាយរហូតស្រដៀងឪពុកម្តាយ និងថែមទាំងចេះសម្តែងទឹកមុខបានទៀតផង។ កូនចាប់​ផ្តើមដុះចិញ្ចើម និងរោមភ្នែក សរសៃសក់ក៏ចាប់ផ្តើមដុះច្រើនដែរ និងមានពណ៌។ ប្រព័ន្ធប្រសាទក៏វិវឌ្ឍច្រើនឡើងដែរ។ កូនតូចចាប់ផ្តើមស្តាប់​​ឮ​​​សំឡេងខាងក្នុងពោះម្តាយ ទាំងសំឡេងបេះដូងរបស់ម្តាយ និងសម្លេងគ្រូកគ្រាក់ ឬក្រចៗនៃប្រព័ន្ធរំលាយអាហាររបស់ម្តាយ ជាដើម ខណ:ពេលជាមួយគ្នា ភ្នែកក៏ចាប់ផ្តើមដឹងពីពន្លឺដែរ។ អវយវ:ខាងក្រៅនឹងបញ្ជាក់ពីភេទបានកាន់តែច្បាស់ឡើង ធ្វើឱ្យដឹងច្បាស់ហើយថា ពេលនេះកូនជាកូនប្រុស ឬកូនស្រី។

    .គភ៌ខែទី5: កូនចាប់ផ្តើមស្តាប់ឮសំឡេង

    កូនចេះប៉ះម្តាយហើយ ព្រោះប្រព័ន្ធប្រសាទវិវឌ្ឍឡើងយ៉ាងល្អ រហូតអាចគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ រហ័សនឹងការប៉ះពាល់ និងរំកឹលខ្លួនគេចកាន់តែច្រើនឡើងពេលមានអ្វីមកប៉ះពោះម្តាយ។ ធ្មេញទឹកដោះចាប់ផ្តើមកខ្លួនឡើងនៅក្នុងអញ្ចាញ   និងតាមដងខ្លួនមានដុះរោមខ្ចីៗ(រោមត្រឡាច)។ បើចង់អ្នកម្តាយចង់និយាយជាមួយកូន ឬច្រៀងឱ្យកូនស្តាប់នោះ អំឡុងពេលនេះ គឺស័ក្តិសមល្អជាទី​​បំផុត ព្រោះកូនចាប់ផ្តើមបានឮសំឡេងពីខាងក្រៅ និងអាចតបស្នងបានហើយ។

    .គភ៌ខែទី6: រូបភាពដំបូងនៅក្នុងពោះម្តាយ

    រូបរាងមុខមាត់របស់កូនពេលនេះរាងដូចជាពេញបរិបូរណ៍ប្រហាក់ប្រហែលនឹងពេលជិតកើតហើយ ឯខួរក្បាលក៏វិវឌ្ឍឡើងរហូតចាប់ផ្តើមចេះចងចាំ និងរៀនយល់ដឹងអ្វីផ្សេងៗបានហើយ ព្រោះកោសិកាខួរក្បាលផ្នែកដែលមាននាទីក្នុងការដឹង ចាប់ផ្តើមធ្វើការហើយ។ ការរើរបស់កូនក្នុងអំឡុងពេលនេះក៏កើតឡើងយ៉ាងមានចេតនាច្រើនឡើងដែរ ដូចជានៅពេលមានអារម្មណ៍ខឹង ឬមានតម្រូវការអ្វីមួយជាដើម។ ប្រព័ន្ធប្រសាទខាងការឮក៏វិវឌ្ឍឡើងច្រើន រហូតចាំសំឡេងរបស់ឪពុកម្តាយបានដែរ។

    .គភ៌ខែទី7: ទារកចាប់ផ្តើមចេះបញ្ចេញអារម្មណ៍

    កូននៅក្នុងផ្ទៃចាប់ផ្តើមបង្ហាញពីតម្រូវការ និងអារម្មណ៍ឆ្លើយតបនឹងម្តាយបានហើយ ដូចជាបើម្តាយញ៉ាំបាយខុសពេលវេលា ឬឮសូរសំឡេងខ្លាំងៗជុំវិញខ្លួនច្រើនពេកនោះ គេនឹងធាក់ពោះម្ដាយ ហើយរើខ្លាំងដើម្បីតវ៉ាម្តាយ។ កូនចាប់ផ្តើមចេះប្រិចភ្នែក និងមើលឃើញហើយ តែបានត្រឹមតែចម្ងាយ 20 – 25សង់ទីម៉ែត្រប៉ុណ្ណោះ(ស្មើនឹងពេលកើតមកភ្លាមៗដែរ)។ អំឡុងពេលនេះ កូនចាប់ផ្តើមចេះនោម​ហើយ ដោយនោមនៅក្នុងទឹកភ្លោះក្នុងពោះម្ដាយហ្នឹងឯង។

    .គភ៌ខែទី8: ទារកចាប់ផ្តើមត្រឡប់ខ្លួន

    មិនយូរប៉ុន្មានទៀតទេ កូននឹងបើកភ្នែកមើលពិភពលោកហើយ ក្នុងអំឡុងពេលនេះរូបរាងរបស់កូនមានទំហំប៉ុននឹងទារកដែលគ្រប់​កំណត់កើតហើយ តែនៅត្រូវការពេលវេលាដើម្បីវិវឌ្ឍថែមបន្តិចទៀត។ រយ:ពេលនេះកូននឹងរំកឹលខ្លួន សណ្តូកដៃ និងជើងទៅប៉ះនឹងសាច់ស្បែកពោះរបស់អ្នកម្តាយ ធ្វើឱ្យមើលឃើញស្នាមទល់ឡើងយ៉ាងច្បាស់។ ស្បែកកូនចាប់ផ្តើមឡើងពណ៌ផ្កាឈូក សក់ក្បាលចាប់​ផ្តើមដុះក្រាស់ឡើង ប្រិចភ្នែកកាន់តែញាប់ឡើង និងដល់ពេលត្រឡប់ក្បាលចុះទៅរកមាត់ស្បូនហើយ។

    .គភ៌ខែទី9: ទារកត្រៀមខ្លួនចេញមកពិភពខាងក្រៅ

    កូនមានរូបរាងកាយពេញបរិបូរណ៍ហើយ អវយវ:ផ្សេងៗត្រៀមខ្លួននឹងធ្វើការក្រោយពេលប្រសូតរួចជាស្រេច។ កូននឹងជម្រុះរោមខ្ចីៗនៅតាមរាងកាយចេញស្ទើរតែអស់ នៅសល់តែម្តុំស្មា ដៃ ជើង និងស្នាមផ្នត់តាមដងខ្លួនប៉ុណ្ណោះ។ ខែចុងក្រោយនៅក្នុងពិភពដ៏តូចមួយនេះ កូនមានមាឌធាត់មូលក្នុងឥរិយាបថចំកោងខ្លួននៅក្នុងស្បូន ក្បាលត្រឡប់ចុះក្រោមតម្រង់មកមាត់ស្បូន ដើម្បីត្រៀមខ្លួនចេញមកពិភពខាងក្រៅហើយ៕

  • សុខភាពផ្លូវចិត្ត ៈ ការពារអាការឈឺក្បាលដែលកើតឡើងដោយសារការខឹង

    សុខភាពផ្លូវចិត្ត ៈ ការពារអាការឈឺក្បាលដែលកើតឡើងដោយសារការខឹង

    ការក្រោធខឹងនៅក្នុងជីវិតប្រចាំថ្ងៃ គឺជារឿងប្រក្រតីធម្មតាខ្លាំងណាស់ និងគ្មានគ្រោះថ្នាក់អ្វីទេ បើសិនការក្រោធខឹងនោះវារលាយបាត់ទៅវិញជាមួយនឹងខ្យល់ដង្ហើម តែបើការក្រោធខឹងណាដែលបង្កឱ្យកើតអារម្មណ៍គ្រោតគ្រាតតានតឹងប្រមូលសន្សំ​នៅក្នុងគំនិតយ៉ាងមិនឈប់ឈរនោះ វានឹងបង្កឱ្យកើតបច្ច័យប្រថុយនឹងអាការឈឺក្បាលបាន។

    តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការជនជាតិអាមេរិកទៅលើមនុស្សពេញវ័យចំនួនជាង 4,200នាក់ បានរកឃើញថា ភាពខឹងក្រេវក្រោធនឹងជំរុញឱ្យរាងកាយបញ្ចេញអ័រម៉ូននៃភាពថុញថប់តានតឹងចេញមកច្រើនជ្រុលពេក បេះដូងដើរកាន់តែលឿនឡើង សម្ពាធឈាមស្ទុះឡើងខ្ពស់ ហើយរាងកាយក៏នឹងមានប្រតិកម្មតបស្នង ដូចជាកើតការឈឺក្បាល និងញ័រទ្រូង ជាដើម ដូច្នេះហើយទើបលោកវេជ្ជបណ្ឌិត រ៉ូប៊ើត នីខូលសុន អ្នកជំនាញការផ្នែកចិត្តវិទ្យា និងសង្គមរបស់មហាវិទ្យាល័យ សេនត៍ លុយស៍ មានដំបូន្មានក្នុងការការពារអាការឈឺក្បាលដូចខាងក្រោមនេះ៖

    • រម្ងាប់កំហឹងភ្លាមៗ : ចូរដកដង្ហើមចេញចូលវែងៗ 3ដង ព្រោះវានឹងជួយបំបាត់ភាពតានតឹងធុញថប់បាន។
    • រម្ងាប់ភាពក្រេវក្រោធខឹងគុំគួន : ចូរផ្លាស់ប្តូរទីកន្លែង ឬចេញពីកន្លែងនោះភ្លាម បើអាចទៅរួច។ ចូរប្រើការគិតដោយការសាងការនឹកស្រមៃថា អ្នកកំពុងតែរត់ឡើងហត់ដង្ហក់។
    • និយាយមិនចេញ ប្រាប់មិនកើត(តឹងដើមទ្រូង) : ឧបមាថា យើងកំពុងតែខឹងលោកប្រធានរបស់យើង និងយើងមិនអាចនិយាយចេញមកតាមការគិតបាន តែយើងអាចនិយាយឱ្យអ្នកឯទៀតស្តាប់បាន ដូចជាសង្សារ ឬមិត្តជិតស្និទ្ធ ឬមនុស្សក្នុងគ្រួសារ ជាដើម ព្រោះវានឹងជួយរំលាយអារម្មណ៍អវិជ្ជមាននោះ​បាន។
    • កុំគិតច្រើន : ចូរសួរខ្លួនឯងថា ហេតុអីបានខឹង? អ្នកណាធ្វើឱ្យខឹង? ឬមានមូលហេតុមកពីស្ថានការណ៍ណាមួយឬក៏អត់? ទាំងអស់នេះ ការគិតសាចុះសាឡើងច្រើនដង នឹងជួយឱ្យខួរក្បាលភ្លឺថ្លាឡើង។
    • គិតតែរឿងដដែលៗ : កុំរវល់តែគិតវិលវល់ក្នុងរឿងចាស់ដដែលៗ ដែលអ្នកមិនអាចគ្រប់គ្រងវាបាន ហើយអ្វីដែលអាចធ្វើបាននោះគឺ អ្នកគួរផ្លាស់​ប្តូរ​​​​ខ្លួនឯង មិនមែនផ្លាស់អ្នកដទៃទេ និងគួរចៀសវាងពីការគិតដែលជាពណ៌ស ឬពណ៌ខ្មៅ ព្រោះរឿងមួយចំនួនវាអាចមានល្អ អាក្រក់លាយឡំចូលគ្នា រហូតក្លាយជាពណ៌ប្រផេះបាន។ ចូរអ្នកគិតដល់មនុស្ស និងរឿងដែលធ្វើឱ្យអ្នកសប្បាយចិត្ត និងមានសេចក្តីសុខ ក៏វាអាចជួយបានដែរ។
    • យកឈ្នះភាពគុំកួន : អ្នកគួររៀនយល់ដឹងពីការអត់ទោស ទោះជាវាពិបាកខ្លាំងក្លាប៉ុនណាក៏ដោយ តែក៏វាជាវិធីមួយដែលល្អបំផុត ដើម្បីឱ្យអ្នកអាចយកឈ្នះការក្រេវក្រោធដែលនឹងកើតឡើងនៅពេលអនាគតបានដែរ៕
  • Apple មិនឆ្លើយតបសោះ រឿង iOS14.2 ស៊ីថ្ម ខ្លាំងឡើងៗ

    Apple មិនឆ្លើយតបសោះ រឿង iOS14.2 ស៊ីថ្ម ខ្លាំងឡើងៗ

    ថ្មីៗនេះ​ក្រុម​អ្នកប្រើប្រាស់ បាន​រាយការណ៍​បន្តបន្ទាប់​គ្នា អំពី​បញ្ហា​ថ្ម ស្រក​ចុះ​លឿន​រហ័ស នៅលើ​ឧបករណ៍ ដែល​ពួកគេ​បាន​ដំឡើង​ដល់​ជំនាន់ iOS 14.2។

    រោគសញ្ញា​នៃ​បញ្ហា មានដូចជា ថ្ម​ស្រក​ចុះ​លឿន​ខុស​ប្រក្រតី និង​សាក​ថ្ម​យូរ​ជាង​ធម្មតា។ អ្នកប្រើប្រាស់​មួយចំនួន​បាន​រាយការណ៍​ថា ឧបករណ៍​របស់​ពួកគេ បាន​ស្រក​ថ្ម​អស់​ជាង 50% ក្នុងពេល​មិន​ដល់ 30នាទី​ផង ហើយ​ការប្រើប្រាស់​ធម្មតា រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ស្រក​ថ្ម​អស់​ប្រមាណ 5%។

    បញ្ហា​នេះ ទំនងជា​ទាក់ទង​នឹង Software ដោយសារ​អ្នកប្រើប្រាស់​មួយចំនួន សង្កេតឃើញថា ថ្ម​របស់​ពួកគេ​នៅ​កម្រិត​ខ្ពស់ រយៈពេល​យូរ​ទើប​ស្រុក​ចុះ ហើយ​ពេល​បិទ/បើក​ទូរស័ព្ទ​ឡើងវិញ ឃើញ​ថ្ម​ឡើង​ខុសពី​ធម្មតា។ បញ្ហា​នេះ​ហាក់ដូចជា​កើតមាន​ឡើងលើ iPhone ស៊េរីចាស់ៗ ច្រើនជាងគេ មានដូចជា iPhone XS, iPhone 7, iPhone 6s និង iPhone SE ជំនា​ន់ទី1។ iPad Pro ស៊េរី 2018 ដែល​ដំណើរការ iPadOS 14.2 ក៏ដូចជា​មាន​បញ្ហា​នេះដែរ។

    នៅលើ iOS 14.2 និង iPad 14.2 ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ចុងក្រោយបង្អស់ ដែល​បាន​នាំមក​នូវ​ចំណុចថ្មីៗ ដូចជា​ការបន្ថែម Emoji ថ្មី, មុខងារ AirPods Optimized Battery Charging, មុខងារ People Detection  និង​ផ្ទាំង​រូបភាព​ថ្មី ជាដើម។

    Apple មិនទាន់បាន​ឆ្លើយតប ឬ​ស្វែងរក​ដំណោះស្រាយ​បណ្ដោះអាសន្ន សម្រាប់​អ្នកប្រើប្រាស់​សោះ​នៅឡើយ ខណៈពេលដែល ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម ដើម្បី​រាយការណ៍​អំពី​បញ្ហា​មួយ​នេះ កំពុងតែ​កើនឡើងច្រើនៗទៅ។ មិន​ខុសពី​សព្វដង ចំពោះ​អ្នក​ដែល​កំពុង​ជួបប្រទះ​នូវ បញ្ហា​ថាមពល​ថ្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ នឹងត្រូវ​រង់ចាំ​ដំណោះស្រាយ​ពី Apple ទើប​អាច​ត្រឡប់មក​ដូចដើម​វិញ​បាន ឬ​ត្រូវ​ចាំ​ដល់​ជំនាន់​ក្រោយ iOS 14.3 beta ជាដើម៕

  • តើស្ត្រីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

    តើស្ត្រីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

    ចង់ក្លាយជាស្ត្រីមើលទៅស្អាត មានមន្តស្នេហ៍តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើងដែលត្រូវពាក់ដើររាល់ថ្ងៃឱ្យសោះ ជាពិសេសក្នុងអំឡុងពេលមានគភ៌ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួនដែលកាន់តែកើនឡើងជារឿយៗ រហូតគួរឱ្យអាណិត។ ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់ស្ត្រីមានផ្ទៃពោះដែលត្រូវពាក់ឱ្យសប្បាយស្រួលជើង និងមានសុវត្ថិភាពនោះ គឺជារឿងសំខាន់ណាស់។

    ការជ្រើសរើសស្បែកជើងសម្រាប់ទៅធ្វើការងារក្រៅផ្ទះ

    • ស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងដែលគ្មានកែង ដើម្បីការពារបានទាំងការជំពប់ជើងដួល និងការឈឺខ្នង​ ចង្កេះផងដែរ។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលស័ក្តិសមនឹងរូបរាងជើងរបស់ខ្លួន ដែលអាចទទួលទ្រទម្ងន់ខ្លួន និងទប់ទល់នឹងការប៉ះទង្គិចបាន​​យ៉ាងល្អ។
    • កុំជ្រើសរើសយកស្បែកជើងតាមលេខដែលធ្លាប់ពាក់កាលពីមិនទាន់មានគភ៌ដោយមិនបានលឱ្យសោះ ព្រោះទំហំជើងអាចនឹងប្រែប្រួល។ នៅពេល​ពាក់​ហើយ គួរទុក​ឱ្យនៅសល់ចន្លោះរវាងចុងម្រាមជើង និងស្បែកជើងប្រវែង 1សង់ទីម៉ែត្រ​។
    • ពិនិត្យមើលបាតស្បែកជើងណាដែលតោងស្អិតនឹងកម្រាលឥដ្ឋ។ ជ្រើសរើសយកពណ៌ដែលលេចច្បាស់ជាងសម្លៀកបំពាក់ដែលពាក់ទៅធ្វើការ និងមើលទៅឃើញបែបផ្លូវការ។
    • បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង។
    • ឈានចូលដល់ត្រីមាសទី3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណាដែលពិបាកពាក់ពេលទៅធ្វើការ ដូចជា ស្បែក​ជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះដែលធ្វើឱ្យត្រូវឱន-ងើបៗនៅពេលពាក់ ឬពេលដោះ។

    ការជ្រើសរើសស្បែកជើងពាក់ធ្វើការនៅផ្ទះ

    • ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើម ហើយធំ ដូច្នេះគួរជ្រើសរើសស្បែកជើងណាដែលមានលក្ខណៈធំទូលាយ ហើយស្រាល ពាក់ហើយសប្បាយស្រួលជើង ដូចជាស្បែកជើងសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ទន់ៗជាដើម។
    • ជ្រើសរើសម៉ូដដែលសមគ្នានឹងរូបរាងបាតជើងរបស់ខ្លួនបំផុត កន្លែងធំបំផុតរបស់ស្បែកជើង និងបាតជើងគួរតែឱ្យមាន​ទំហំប៉ុនគ្នា។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលមានបាតតោងស្អិតនឹងកម្រាលឥដ្ឋ មិនងាយរអិល បាតខាងក្នុងទន់ ទទួលរងនឹងការប៉ះបុកបានល្អ ដើម្បីកាត់បន្ថយការឈឺជង្គង់ និងកជើង។
    • ជាធម្មតា បាតជើងទាំង 2ខាងច្រើនតែមានទំហំខុសគ្នា ដូច្នេះគួរវាស់បាតជើងទាំងសងខាងជាមុនសិនមុននឹងទិញ ដោយ​រើស​យកតាមខ្នាតបាតជើងដែលធំ។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលយឺតយារ ពង្រីកខ្លួនតាមរូបរាងបាតជើងបានល្អ កុំទិញស្បែកជើងដែលរឹប​ណែនហួស ព្រោះតែគិតថា ពាក់យូរទៅវាគង់តែយារនោះឡើយ។
    • ​​​​ត្រូវតមពាក់ស្បែកជើងកែងចោទមួយរយៈ ព្រោះអាចប្រថុយនឹងការជំពប់ជើងដួល និងធ្វើឱ្យឈឺខ្នងទៀតផង។
    • បើចង់ឱ្យល្អ គួរជ្រើសរើសពាក់ស្បែកជើងសុខភាព ដែលផលិតឡើងដើម្បីទ្រទម្ងន់របស់ជើង និងបាតជើងរបស់ស្ត្រីមានគភ៌ជាពិសេស។
    • ពេលវេលាដ៏សមស្របដែលស្ត្រីមានគភ៌គួរទិញស្បែកជើង គឺពេលថ្ងៃរសៀល ព្រោះពេលនេះជើងនឹងហើម និងរីកធំជាងពេលធម្មតា៕