Author: ធឿន មករា

  • ដើរលេង ដើរ​ញ៉ាំ ដើរ​ទិញ​ឥ​វ៉ាន់ នៅ China Town ល្បីៗទូទាំង​ពិភពលោក

    ដើរលេង ដើរ​ញ៉ាំ ដើរ​ទិញ​ឥ​វ៉ាន់ នៅ China Town ល្បីៗទូទាំង​ពិភពលោក

    តំបន់ ឆៃ​ណា ថោ​ន ជាធម្មតា​ច្រើនតែ​ស្ថិតនៅតាម​ទីក្រុងធំៗក្នុងប្រទេស​ជាច្រើន​នៅ​ទូទាំងពិភពលោក ដែលពោរពេញ​ទៅដោយ​បរិយាកាស និង​វប្បធម៌​បែបចិន។ លេខ​នេះ ឡា​រ៉ែ​ន សូម​នាំ​មិត្ត​អ្នកអាន​ទៅ​ស្គាល់​តំបន់ ឆៃ​ណាថោ​ន 8កន្លែង ​ដែល​អ្នក​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ទាំងឡាយ​គួរតែ​បាន​ទៅ​ដើរលេង ដើរ​ញ៉ាំ​អាហារ​ចិនឆ្ងាញ់ៗនៅ​ទូទាំង​ពិភពលោក​ដូចតទៅ។

    1. China Town នៅក្នុង​ទីក្រុង​ឡា​ហាវ៉ាន ប្រទេស​គុយបា
    China Town នៅទីនេះ​មានឈ្មោះ​ថា Barrio Chino de la Habana (បារី​អូ ឈិ​ណូ ឌើ ឡាហា​បា​ណា) ជា ឆៃ​ណា ថោ​ន ដ៏​ចំណាស់ និង​ធំ​បំផុត​ក្នុង​ភូមិភាគ​ឡាទីន​អា​មេ​រិ​កា។ បង្កើតឡើង​ដោយ​ជនជាតិ​ចិន​ក្វាង​ទុង ដែល​ភៀសខ្លួន​ចូលទៅ​ធ្វើការ​នៅក្នុង​ប្រទេស​គុយបា​ក្នុងអំឡុង​សតវត្សរ៍​ទី19។

    2. China Town នៅក្នុង​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា
    ម្ហូបអាហារ​ចិន​លាយឡំ​នឹង​ក្លិន​អាហារ​ឥណ្ឌាបញ្ចេញ​ក្លិនក្រអូប​ឈ្ងុយ​ទូទាំង​តំបន់ ឆៃ​ណាថោ​ន ក្នុង​ទីក្រុង​កុល​កាតា ដោយ​បែង​ចែកជា2ផ្នែក​ផ្សេងគ្នា គឺ​ផ្នែក​ទីក្រុង​ចាស់ ហៅថា “ទិ​រេ​ត ​តា បា​ហ្សា​រ៍” និង​ផ្នែក​ទីក្រុង​ថ្មី ហៅថា “តាន់​ក្រា”។ បច្ចុប្បន្ន​មានការ​រៀបចំ​ជា​ពិធីបុណ្យ​ប្រចាំឆ្នាំធំៗចំនួន3លើក គឺ​បុណ្យចូលឆ្នាំ​ចិន សំពះ​ព្រះ​ខែ និង​ឆេង​ម៉េង។

    3. China Town នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ
    មិនចាំបាច់​ប្រាប់ ក៏​អ្នកទេសចរ​ខ្មែរ​យើង​ភាគច្រើន​បានដឹង​ដែរ​ថា ឆៃ​ណា ថោ​ន ឬ “យ៉ៅ​វ​រ៉ា​ត” ក្នុង​ទីក្រុង​បាងកក មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្លាំង​ប៉ុនណា​នោះ ជាពិសេស​នៅពេលព្រលប់ៗអូសបន្លាយ​រហូត​ទៅដល់​កណ្ដាលអធ្រាត្រ បរិយាកាស​នឹង​អ៊ូអរ​ខ្លាំង​បំផុត។ សងខាង​ថ្នល់​នឹង​ពោរពេញ​ទៅដោយ​តូប​លក់​ម្ហូបអាហារ និង​គ្រឿងក្លែម​ដ៏​ច្រើន ដែល​អាច​ហៅ​បាន​ថា ជា​ស្ថានសួគ៌​សម្រាប់​អ្នក​ផឹក​តែម្ដង។

    4. China Town ប្រទេសសាំង​ហ្គា​ពួរ
    មិនគួរខកខានឡើយ​សម្រាប់ភាពប្លែកភ្នែក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ក្នុង​តំបន់ ឆៃ​ណា ថោ​នកណ្ដាល​ទីក្រុង​សាំង​ហ្គា​ពួរ និង​គោម​ភ្លើងស្អាតៗដែល​តុបតែង​ទៅតាម​ដងផ្លូវ និង​ដើរ​ជ្រើសរើស​ទិញ​វត្ថុ​អនុស្សាវរីយ៍​ពី​ហាង​លក់ទំនិញផ្សេងៗដ៏​ច្រើន​រាប់មិនអស់។ ក្រៅពីនេះ​នៅ​សម្បូរហូរហៀរ​ទៅដោយ រង្គសាល ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដែល​ភ្ញៀវទេសចរ​អាច​ជ្រើសរើស​ចូល​គេង​សម្រាក​តាម​កម្លាំង​សាច់ប្រាក់​របស់ខ្លួន។ ក្រៅពីនេះ​នៅមាន​មណ្ឌល​ទេសចរណ៍ល្បីៗជាច្រើន​ទៀត ដូចជា វត្ត​ក្លឹង Sri Mariamman និង Chinese Heritage Centre ជាដើម។

    5. China Town ក្នុង​ទីក្រុង Incheon
    ប្រទេសកូរ៉េ ខាងត្បូងគឺជា ឆៃ​ណា ថោ​ន តែមួយគត់​នៅក្នុង​ប្រទេស​កូរ៉េ ខាងត្បូង ចាប់កំណើត​ឡើងដំណាលៗគ្នា​នឹង​ការសាងសង់​កំពង់ផែ​អី​ុ​ន​ឆន់ ដែរ ដើម្បី​ប្រគល់​ទីកន្លែង​ឱ្យ​ជនជាតិ​ចិន​បាន​ចូលមក​រកស៊ី​លក់ដូរ។ កាលពី​អតីតកាល​ធ្លាប់​អ៊ូអរ​កកកុញ​ទៅដោយ​តូប​លក់ទំនិញ​ដ៏​ច្រើន តែ​បច្ចុប្បន្ន​ក្លាយជា​ភោជនីយដ្ឋាន​ស្ទើរតែ​ទាំងអស់ ដែល​គ្រប់​អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន អ្នកលក់ដូរ​នឹង​នាំគ្នា​មក​រៀបចំ​តូប​លក់ទំនិញ​យ៉ាង​ព្រម-ព្រៀងគ្នា និង​មានការ​រៀបចំ​តុបតែង​ក្រដាស​ពណ៌ និង​គោម​ភ្លើងពណ៌​ក្រហម​គ្រប់​ច្រកល្ហក ស្រស់ស្អាត និង​ភ្លឺ​ចិញ្ចាច​តែម្តង។

    6. China Town ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា
    ជាប់លំដាប់ជួរមុខគេ​របស់​ទីប្រជុំជន​ជនជាតិ​ចិន​ដែល​ធំ​លេខ3 របស់​តំបន់​អាមេរិក​ខាងជើង។ ការរីក​ធំធាត់​របស់​តំបន់ ឆៃ​ណា ថោ​ន នេះ កើតឡើង​នៅពេលដែល​លោក ទឹង សៀវ ភិ​ងប្រកាស​ប្រគល់​ឯករាជ្យ​ដល់​កោះ​ហុងកុង​ឱ្យ​ត្រឡប់​ចូលមកក្នុង​រង្វង់​ដៃ​របស់​ប្រទេស​ចិន​វិញ។ ដោយ​ក្ដីបារម្ភ​ព្រួយ​ខ្លាច​ជីវិត​ខ្លួនឯង​មិនមាន​សុវត្ថិភាព ជនជាតិ​ចិន​ចំនួន​ដ៏​ច្រើន​ក៏បាន​ភៀសខ្លួន​ចូលមក​រស់នៅក្នុង​ទីក្រុង​វេន​ឃូ​វើ​រ ហើយ​បច្ចុប្បន្ន គេ​ឃើញ​មាន​ហាង​លក់ទំនិញ​ស្ទីល​បែប​ចិន​ជាច្រើន។

    7. China Town ក្នុង​រដ្ឋ Sanfransicso សហរដ្ឋអាមេរិក
    បើសិន​ទៅ​ថតរូប​ស្ពាន Golden Gate កុំ​ភ្លេច​ឆៀង​ចូល​ទៅលេង ឆៃ​ណា ថោ​ន ផង​ណា៎ នៅ​ទីនោះ​មាន​ប្រជាជន​ចិន​ចូលមក​រស់នៅ​ជាង160ឆ្នាំ​មកហើយ ទើប​អាច​រាប់បាន​ថា ជា China Town ដែល​ចំណាស់​បំផុត​ក្នុង​តំបន់​អាមេរិក​ខាងជើង។ ទីកន្លែង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ Golden Gate Fortune Cookie Factory ជា​រោងចក្រ​ដែល​ស្ថិតក្នុង​អគារ​តូច​មួយ​ក្នុង​ច្រក​ផ្លូវ Ross Alley។ នៅពេល​លោកអ្នក​ដើរចូល​ទៅជិត នឹង​បាន​ធំុក្លិន​ក្រអូប​ឈ្ងុយ​របស់​នំ​ឃុ​ក​គី ដែល​ត្រៀម​ជាស្រេច​សម្រាប់​ឱ្យ​លោកអ្នក​ទទួលទាន​បែបថ្មីក្ដៅៗទើប​ចេញពី​ឡ​ដុត។

    8. China Town ក្នុង​ទីក្រុង London ចក្រភព​អង់គ្លេស
    តំបន់ ឆៃ​ណា ថោ​ន ក្នុង​ទីក្រុង​ឡុ​ន​ដុន ឬ​ដែលអ្នកទេសចរនាំគ្នា​ហៅថា តំបន់ សូ​ហូ (Soho) អាច​ចាត់ទុកថា​ជា ឆៃ​ណា ថោ​ន ធំជាងគេ​បំផុត​ក្នុង​ទ្វីបអឺរ៉ុប។ ពេញ​ទៅដោយ​ហាង​លក់ទំនិញ ហាង​លក់​ថ្នាំចិនសែ ភោជនីយដ្ឋាន​គ្រប់​ជាតិ​សាសន៍ ស៊ុប​ភើរ​ម៉ា​ឃេ​ត ដែលមាន​ទំនិញ​នាំចូល​ត្រូវចិត្ត​ជនជាតិ​អាស៊ី​ច្រើន​បំផុត។ ចំណែកឯ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅទីនេះ​វិញ អាច​និយាយបានថា មិន​ចាញ់ទីណាៗទាំងអស់ មាន​ទាំង​ការ​លោត​ម៉ុង​សាយ ព្យុហយាត្រា​សម្ដែង​កាយ​វប្បកម្ម និង​ក្បាច់គុន​ដាវ​ចិន និង​អុច​ផាវ​លាន់​ខ្ទរខ្ទារ​តែម្តង សប្បាយ​ខ្លាំងណាស់៕

  • ការផ្តល់សំណើមដល់ស្បែក បន្ទាប់ពីកោររោមរួច

    ការផ្តល់សំណើមដល់ស្បែក បន្ទាប់ពីកោររោមរួច

    ការថែរក្សាស្បែកមុខ និងស្បែកដងខ្លួនឱ្យបានត្រឹមត្រូវក្រោយពេលកម្ចាត់រោមហើយ គឺជួយធ្វើឱ្យស្បែករបស់អ្នកមានសភាពស្រស់ស្អាត និងស្បែកមានសុខភាពល្អ។ មិនថាអ្នកកោររោមមុខ រោមដៃ ឬរោមជើងនោះទេ ជាតិសំណើមអាចជួយស្បែករបស់អ្នកឱ្យត្រឡប់មកស្រស់ស្អាតវិញយ៉ាងឆាប់រហ័សបំផុត ហើយវាក៏អាចជួយកាត់បន្ថយអាការរលាកស្បែកផងដែរ។ ដូច្នេះអ្នកគួរតែប្រើសារធាតុផ្តល់សំណើមគ្រប់ពេល ក្រោយពីអ្នកបានកោររោមរួច ហើយប្រសិនបើស្បែករបស់អ្នកងាយនឹងកើតមានប្រតិកម្មទៀតនោះ អ្នកគួរតែប្រើផលិតផលដែលផលិតឡើងសម្រាប់ប្រើនៅក្រោយពេលកោររោមរួច ព្រោះវាមានជាតិសំណើមខ្ពស់លើសធម្មតា ព្រមទាំងអាចជួយព្យាបាលស្បែករបស់អ្នកក្នុងពេលតែមួយថែមទៀតផង។

    តើក្រោយពេលកោររោមរួច អ្នកគួរធ្វើដូចម្តេចខ្លះ?
    ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអ្នកគួរអនុវត្តយ៉ាងត្រឹមត្រូវ បន្ទាប់ពីកោររោមរួច៖

    – ក្រោយពេលកោររោមរួច អ្នកត្រូវលាងសម្អាតជាតិក្រែមដែលអ្នកប្រើក្នុងអំឡុងពេល កោររោមឱ្យអស់ បន្ទាប់មកត្រូវជូតស្បែករបស់អ្នកឱ្យស្ងួតដោយប្រើកន្សែងស្អាត និងទន់ល្អ។

    – ធ្វើការម៉ាស្សាស្បែកត្រង់កន្លែងដែលអ្នកកោររោមរួច ដោយប្រើប្រេង ដែលមានជាតិសំណើមខ្ពស់ នៅពេលដែលស្បែករបស់អ្នកនៅសើមតិចៗ។ បន្ទាប់មកត្រូវលាងប្រេងនោះចេញដោយប្រើចុងម្រាមដៃ រួចត្រដុសថ្នមៗដោយមិនត្រូវទាញ ឬសង្កត់នៅលើស្បែកខ្លាំងពេកនោះទេ។ ការប្រើប្រេងផ្តល់សំណើមក្រោយពេលកោររោមរួច គឺដើម្បីផ្តល់នូវជាតិសំណើម ដែលមានសារសំខាន់ចំពោះស្បែក និងជួយព្យាបាលការរលាករោលនៅលើស្បែក ត្រង់កន្លែងដែលកោររួចនោះឱ្យមានសភាពល្អប្រសើរឡើងវិញឆាប់រហ័ស។

    – អ្នកគួរប្រើប្រេងដែលមិនមានក្លិន ដើម្បីលាបនៅលើស្បែកមុខ ស្បែកដៃ ស្បែកនៅបរិវេណជើង និងក្លៀករបស់អ្នក បន្ទាប់ពីធ្វើការកោររោមរួច ព្រោះការប្រើជាតិសំណើមដែលមានក្លិននៅលើស្បែក អាចធ្វើឱ្យស្បែករបស់អ្នករោល និងធ្វើឱ្យស្បែករស់អ្នកកើតមានសភាពរលោកក្រហម ឬកន្ទួលជាដើម។

    – ម៉ាសផ្សំពីទឹកឃ្មុំ និងអំបិលសម្រាប់បំបាត់មុននៅលើផ្ទៃមុខ (ស័ក្តិសមសម្រាប់ស្បែកមុខ) ក៏អាចជួយព្យាបាលមុន និងអាការរលាកនៅលើស្បែកក្រោយពេលកោររោមរួចផងដែរ ដោយមិនធ្វើឱ្យកើតមានស្លាកស្នាមថែមទៀតផង។ វិធីនេះមិនត្រឹមតែចំណាយថវិកាអស់តិចនោះទេ ថែមទាំងមិនប៉ះពាល់ដល់សុខភាពស្បែកថែមទៀតផង ព្រោះវាជាផលិតផលធម្មជាតិសុទ្ធសាធ។ ការបង្កើតផលិតផលព្យាបាលស្បែកដោយខ្លួនឯងគឺជាវិធីដ៏ល្អមួយ និងអាចគេចផុតពីការប្រើប្រាស់សារធាតុគីមី ដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែករបស់អ្នកទៀតផង។ ម៉ាសផ្សំពីទឹកឃ្មុំ និងអំបិល គឺស័ក្តិសមជាមួយនឹងស្បែកដែលសម្បូរជាតិប្រេង ដែលងាយនឹងកើតមុនតែម្តង។ ប្រសិនជាអ្នកមានស្បែកប្រភេទស្ងួត ឬស្បែកឆាប់មានប្រតិកម្ម ការប្រើម៉ាសប្រភេទនេះអាចធ្វើឱ្យស្បែករបស់អ្នកកាន់តែស្ងួតខ្លាំងឡើង ហើយធ្វើឱ្យស្បែកមុខរបស់អ្នកឡើងក្រហមទៀតផង ដូច្នេះអ្នកមិនគួរប្រើវិធីនេះ ដើម្បីព្យាបាលស្បែករបស់អ្នកក្រោយពេលកោររោមហើយនោះទេ ព្រោះជាតិអំបិលគឺអាចបំផ្លាញស្បែកស្ងួតរបស់អ្នកបានយ៉ាងងាយ។

    អ្នកត្រូវយកអំបិលមួយស្លាបព្រាកាហ្វេចាក់ចូលក្នុងចានគោមមួយ បន្ទាប់មកអ្នកត្រូវរំលាយអំបិលនោះជាមួយនឹងទឹកក្តៅក្នុងបរិមាណ3ស្លាបព្រាកាហ្វេ។ រួចកូររហូតដល់អំបិលរលាយអស់ ក្រោយមកអ្នកត្រូវវាល់ទឹកឃ្មុំចំណុះ3ស្លាបព្រាកាហ្វេ ចាក់ចូលទៅក្នុងទឹកអំបិលនោះ ហើយកូរចូលគ្នាឱ្យសព្វល្អជាការស្រេច។

    នៅពេលលាប ឬអនុវត្ត អ្នកត្រូវលាងមុខរបស់អ្នកឱ្យស្អាតជាមុនសិន រួចជូតសម្អាតផ្ទៃមុខរបស់អ្នកថ្នមៗ ដោយមិនចាំបាច់ជូតមុខឱ្យស្ងួតពេកនោះទេ ហើយសឹមយកម្រាមដៃរបស់អ្នកជ្រលក់នៅក្នុងល្បាយទឹកឃ្មុំ និងទឹកអំបិលនោះ យកមកលាបនៅលើផ្ទៃមុខរបស់អ្នកមួយជាន់ រួចលាបមួយជាន់ពីលើទៀតត្រង់កន្លែងដែលកោររោមរួច ឬកន្លែងដែលមានមុន រួចទុកចោលរយៈពេល15នាទី។ ក្រោយមកត្រូវលាងមុខរបស់អ្នកចេញ ជាមួយនឹងទឹកក្តៅឧណ្ហៗ រួចជូតដោយកន្សែងពោះគោទន់ស្អាត។ នៅពេលលាងសម្អាតផ្ទៃមុខរបស់អ្នក អ្នកត្រូវប្រើដៃថ្នមៗ ហើយត្រូវលាងជម្រះឱ្យបានស្អាតល្អហ្មត់ហ្មង ដោយធានាថាមិនមានបន្សល់លាយទឹកឃ្មុំ និងអំបិលនៅលើផ្ទៃមុខរបស់អ្នក។

    ចំណុចគួរចងចាំ
    – មិនត្រូវលាបល្បាយនេះនៅជិតប្រឡោះភ្នែក ច្រមុះ និងមាត់របស់អ្នកនោះទេ។
    – មិនត្រូវលាបល្បាយនេះនៅកន្លែងដែលមានរបួស ស្នាមរលាត់ស្បែក ឬក្រម៉ដំបៅឡើយ។
    – ប្រើល្បាយនេះច្រើនបំផុត1 ឬ2ដងក្នុង1សប្តាហ៍បានហើយ។
    – ក្រោយពេលលាងសម្អាតស្បែករួច អ្នកត្រូវលាបសារធាតុផ្តល់សំណើមនៅលើផ្ទៃមុខរបស់អ្នកផង៕

  • ដំណឹងជ្រើសរើសបុគ្គលិក

    ឡារ៉ែន មេឌា ត្រូវការជ្រើសរើសបុគ្គលិកទាំង2ភេទ ផ្នែកកាត់តវីដេអូ (Video Editor) ចំនួន2នាក់

    បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេប (បើអាចសូមភ្ជាប់មកជាមួយនូវស្នាដៃដែលធ្លាប់ធ្វើ) ​មកក្រុមហ៊ុនយើងខ្ញុំតាមរយៈ
    Email: [email protected] / [email protected]
    Phone: 092 610 111 / 015 726 364

  • ការ​ប្រឈម និង​គ្រោះថ្នាក់​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B

    ការ​ប្រឈម និង​គ្រោះថ្នាក់​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B

    នៅក្នុង​ថ្ងៃនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​នូវ​អត្ថបទ​ចំណេះដឹង​សុខភាព ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ប្រឈម និង​គ្រោះថ្នាក់​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B។ ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺជា​ការបង្ក​រោគ​នៅក្នុង​ថ្លើម​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​បណ្តាលមកពី​វីរុស​រលាក​ថ្លើម​ប្រភេទ B។ សម្រាប់​មនុស្ស​មួយចំនួន ការបង្ក​រោគ​នៃ​ជំងឺ​រលាក​ថ្លើម​មួយ​នេះ អាច​បណ្ដែតបណ្ដោយ​យូរ​ដោយ​មិនដឹង​ខ្លួន ដែល​អាច​កា្ល​យ​ជា​ភាព​រ៉ាំរ៉ៃ និង​ឈានទៅរក​ភាពចុះ​ខ្សោយ​នៃ​ថ្លើម រហូត​កើតមាន​ជំងឺមហារីក ឬ​ទៅជា​ក្រិន​ថ្លើម។ សូម​តាមដាន​ពី​ស្ថានភាព​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ដូចខាងក្រោម​នេះ។

    ក្រុមមនុស្ស​វ័យ​ជំទង់​ភាគច្រើន ដែល​បាន​ឆ្លង​ជំងឺថ្លើម​ប្រភេទ​នេះ មាន​ផល​វ​ជ្ជ​មាន​ដែល​អាចជា​សះស្បើយ​បាន​ទាំងស្រុង បើទោះជា​សញ្ញា និង​រោគសញ្ញា​របស់​ពួកគេ​មាន​សភាព​ធ្ងន់ធ្ងរ​ក៏ដោយ។ ក៏ប៉ុន្ដែ​ចំពោះទារក និង​កុមារតូចៗ គឺ​អាចមាន​ការវិវត្ត​ទៅជា​ការចម្លង​រោគ​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B រ៉ាំរ៉ៃ។ បើទោះជា​ការព្យាបាល​សម្រាប់​ជំងឺ​នេះ​នៅ​មិនទាន់មាន​នៅឡើយ តែ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺអាច​បង្ការ​ជំងឺ​នេះ​បាន។

    ការ​មាន​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B រ៉ាំរ៉ៃ គឺអាច​នាំឱ្យ​អ្នកជំងឺ​ប្រឈម និង​គ្រោះថ្នាក់​កម្រិត​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា៖

    1. ក្រិន​ថ្លើម: ការចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​បណ្តាលឱ្យ​មានការ​រលាក ដែល​ធ្វើឱ្យ​ថ្លើម​មាន​ស្នាមសម្លាក​រីក​រាលដាល​កាន់តែ​ធំ ដែល​វា​នឹង​នាំឱ្យ​ក្រិន​ថ្លើម​បាន។ ស្នាម​សម្លាក​ទាំងនេះ អាចធ្វើឱ្យ​សមត្ថភាព​របស់​ថ្លើម​ក្នុងការ​ធ្វើការ​មាន​សភាព​ចុះខ្សោយ​ទាំងស្រុង​បាន។

    2. ជំងឺមហារីក​ថ្លើម: អ្នក​ដែល​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B រ៉ាំ​រ៉ៃ គឺអាចប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ថ្លើម​បាន។

    3. មុខងារ​ថ្លើម​ចុះខ្សោយ: ការចុះ​ខ្សោយ​របស់​មុខ​ងារ​ថ្លើម ដែលជា​មុខងារ​សំខាន់​របស់​ថ្លើម ធ្វើឱ្យ​ថ្លើម​ត្រូវបាន​បញ្ឈប់​មុខងារ​របស់ខ្លួន។ នៅពេលដែល​បញ្ហា​នេះ​កើតមានឡើង ការវះកាត់​ផ្លាស់ប្តូរ​ថ្លើម គឺជា​វិធី​ព្យាបាល​ដ៏​ចាំបាច់​មួយ​ក្នុង​ការបន្ត​អាយុជីវិត​របស់​អ្នកជំងឺ។

    4. ការបង្ក​រោគ​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ D: អ្នក​ដែលមាន​ការបង្ក​រោគ​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B រុំ​ា​រ៉ៃ ក៏​ងាយ​នឹង​ទទួលរង​នូវ​ការឆ្លង​នូវ​ជំងឺ​រលាក​ថ្លើម ប្រភេទ D និង​វីរុស​ផ្សេង​ផងដែរ។ មាន​មនុស្ស​មួយចំនួន ក៏​មិនមាន​ការចម្លង​នូវ​ជំងឺ​រលាក​ថ្លើម​ប្រភេទ D ដែរ ព្រោះ​ពួកគេ​បាន​ឆ្លង​នូវ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជាមុន​រួចទៅហើយ។ តែ​ការផ្ទុក​នូវ​ជំងឺ​រលាក​ថ្លើម​ទាំងពីរ​ប្រភេទ​នេះ​ក្នុងពេល​តែមួយ​វិញ​នោះ វា​អាច​នឹង​បង្កើន​ឱកាស​ធ្វើឱ្យ​ថ្លើម​របស់​អ្នក​ក្រិន និង​កើត​មហារីក​ថ្លើម ដែលជា​ការ​ហុច​ផល​អាក្រក់​ដល់​អាយុជីវិត​របស់​អ្នកជា​ខ្លាំង។

    5. កើតមាន​បញ្ហារ​លាកត​ម្រ​ង​នោម: ការឆ្លង​នូវ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​បណ្តាលឱ្យ​អ្នកមាន​បញ្ហា​រលាក​តម្រង​នោម ដែល​នៅ​ទីបញ្ចប់​វា​នឹង​ធ្វើឱ្យ​តម្រងនោម​របស់​អ្នក​ចុះខ្សោយ។ ចំពោះ​កុមារ អាច​នឹង​មានឱកាស​ព្យាបាល​ឱ្យ​ជាសះស្បើយ​ពី​បញ្ហា​តម្រងនោម​នេះ​បាន​ច្រើនជាង​មនុស្សពេញវ័យ៕

  • ក្រមុំៗត្រៀម​ផ្អៀង​ត្រចៀក​ចាំ​ស្ដាប់​ណា៎ “ចំណុច​ល្អ5យ៉ាង​របស់​ការរៀប​កា​រ”

    ក្រមុំៗត្រៀម​ផ្អៀង​ត្រចៀក​ចាំ​ស្ដាប់​ណា៎ “ចំណុច​ល្អ5យ៉ាង​របស់​ការរៀប​កា​រ”

    ខាងក្រោម​នេះ​ជា​ចំណុចល្អៗរបស់​ការរៀប​ការដែលក្រមុំៗនៅ​លីវ​ទាំងឡាយ​គួរតែ​ដឹង ព្រោះ​ការរៀប​មង្គលការ​បាន​ផ្ដល់នូវអ្វីៗច្រើនជាងអ្នក​នឹកគិត​ទៅទៀត។ មិន​ប្រាកដ​ដែរ នៅពេល​បាន​អាន​ហើយ វា​អាច​នឹង​ធ្វើឱ្យ​រូបអ្នក​ហ៊ាន​បើក​បេះដូង​ទទួលយក​អ្នក​កំលោះណា​ម្នាក់​មក​សិក្សា​ចិត្ត​គ្នា​ក៏​អាច​ថា​បានដែរ​ណា៎(ហេសៗ)។

    ការរៀប​អាពាហ៍ពិពាហ៍​ គឺជា​ក្ដី​ស្រមៃ​មួយ​របស់​មនុស្ស​ជាច្រើន ជាពិសេស​បំផុតក្រមុំៗដែល​ចង់​ស្លៀក​ឈុត​រៀបការស្អាតៗ ហ៊ុមព័ទ្ធ​ដោយ​អ្នក​កំដរ​កូនក្រមុំ​ដ៏​គួរឱ្យ​ស្រឡាញ់ ព្រមទាំង​បាន​បោះ​បាច់ផ្កា​ឱ្យក្រមុំៗដទៃទៀត​បាន​ផ្សងសំណាង​ទៀតផង។ ទាំងអស់នេះ​គឺជា​ទិដ្ឋភាព​នៃ​ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​ឧត្ដមគតិ​ដែល​មនុស្ស​ជាច្រើន​សុទ្ធតែ​នឹក​ស្រមៃ រហូត​ធ្វើឱ្យក្រមុំៗយើង​ទាំងឡាយ​លែង​គិត​ចង់​នៅ​ម្នាក់ឯង​តទៅទៀត។ ឥឡូវ​យើង​នាំគ្នា​មក​មើលថា តើ​ចំណុចល្អៗដែល​បានមកពី​ការរៀប​ការ​នោះ​មាន​អ្វីខ្លះ? ព្រោះ​ជីវិត​របស់​អ្នកនឹង​ផ្លាស់ប្ដូរ​ពី​បាតដៃ​ទៅជា​ខ្នងដៃ​បាន​យ៉ាង​ស្រស់ថ្លាភ្លាមៗតែម្ដង បើ​អ្នក​បាន​ជួប​ស្នេហ៍​ជាមួយ​អ្នក​កំលោះ​ជាទី​ស្នេហា​ណា​ម្នាក់​ដែល​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការសុំ​អ្នក​រៀបការ​នោះ(អឺុហ៊ឺ…)។

    1. ធ្វើ​អ្វីដែល​ប្រថុយប្រថាន​តិចជាង​មុន
    គេ​នាំគ្នា​និយាយថា មនុស្ស​ដែល​រៀបការ​ហើយ នៅពេល​ធ្វើ​អ្វី​ក៏ដោយ​នឹង​នឹក​ដល់​សុវត្ថិភាព​ខ្លួនឯង​ជា​ចម្បង ព្រោះ​គិតថា បើសិនជា​ខ្លួនឯង​កើត​អី​ទៅ អ្នក​នៅ​ខាងក្រោយ​នឹង​ទៅជា​យ៉ាងណា? នោះ​ទើប​ធ្វើឱ្យ​អ្នក​ត្រូវតែ​បង្កើន​ភាព​ប្រយ័ត្នប្រយែង​ក្នុង​ជីវិត​កាន់​តែ​ច្រើនឡើង​។ ពី​ធ្លាប់តែ​ចិត្ត​ក្ដៅ​ដូច​ភ្លើង មកចិត្ត​ត្រជាក់​ច្រើនឡើង ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​ដែលថា ហេតុ​អី​បាន​អ្នកមាន​គូ​ហើយ​​គេ​ងា​កមក​យកចិត្តទុកដាក់​រឿង​សុខភាព​ខ្លួនឯង​នោះ ដោយសារ​គេច​ង់​មាន​សេចក្ដីសុខ​ក្នុងការ​រស់នៅ​រួមជាមួយ​មនុស្ស​ដែល​គេ​ស្រឡាញ់​នោះ​ឱ្យបាន​យូរអង្វែង​ហ្នឹងឯង។

    2. ក្រុមគ្រួសារ​សប្បាយចិត្ត
    នារីៗយើង​ជាច្រើន​អាចមាន​កង្វល់​ថា នៅពេល​រៀបការ​ហើយ ឪពុកម្ដាយ​នឹង​រឹតតែ​រញ៉ាំរ​ញូ​វ​ជាមួយ​អ្នក​ច្រើនជាង​មុន តែ​នៅក្នុង​សភាព​ពិត​វិញ… ក្រុមគ្រួសារ​នឹង​មក​រវីរវល់​ជាមួយ​អ្នក​កាន់តែ​តិច​ទៅ​យ៉ាង​សង្កេតឃើញ​ច្បាស់​តែម្ដង នោះ​ក៏​ព្រោះតែ​គេ​មើលឃើញ​ថាអ្នកមាន​គ្រួសារ​ប្ដីសី​រួចហើយ និង​ជឿថា​អ្នកមានចំណេះដឹង​ច្រើន​គ្រប់គ្រាន់​ក្នុងការ​ចាត់ការ និង​ដោះស្រាយ​បញ្ហាផ្សេងៗបាន​ហើយ ហើយ​ថែម​មានអ្នក​នៅចាំ​មើលថែទាំ​រូបអ្នក​ទៀតផង។ ពី​ពេលនេះ​ទៅ អ្នក​ក៏​លែង​ចាំបាច់​មក​ស្ដាប់​លោកប៉ា​អ្នក​ម៉ាក់​របស់​អ្នក​រអ៊ូ​រឿង​អ្នក​ត្រឡប់មកផ្ទះ​វិញ​យប់​ជ្រៅ ឬ​ដើរលេង​យប់​ទៀត​ដែរ (តែ​អាចជា​គូជីវិត​របស់​អ្នកជា​អ្នក​រអ៊ូ​ជំនួស​វិញ)។

    3. ទស្សន​គតិ​ផ្លាស់ប្ដូរ
    ព្រោះ​ការរៀប​ការ​នឹង​មក​ព្រមជាមួយ​តួនាទី​ការទទួលខុសត្រូវ​ទាំង​ក្នុងឋានៈ​ស្វាមី-ភរិយា ឪពុក-ម្ដាយ ធ្វើឱ្យ​ជីវិត​បានដឹង​ពី​គោលដៅ​កាន់តែច្បាស់​លាស់​ឡើង គិត​អ្វី​ល្អិតល្អន់​ឡើង ចង់​ចាយវាយ​អី​ក៏​ប្រយ័ត្ន រៀន​យល់ដឹង​ក្នុងការ​លះបង់ និង​ស្គា​ល់ពី​ការសម្រុះសម្រួល។ ទាំងអស់នេះ​នឹង​ហាត់ពត់លត់ដំ​ទស្សន​គតិ​របស់​អ្នកជាបណ្ដើរៗ ពី​រយៈដំបូងដែល​មើលទៅ​ហាក់ដូចជា​មិនសូវ​ជា​ស៊ីចង្វាក់​គ្នា រហូតដល់​កើត​ភាពស៊ាំ​ធ្លាប់នៅពេលវេលា​កន្លងទៅ។

    4. មាន​អ្នក​ចែករំលែក​អារម្មណ៍​ទៅ​ជាមួយគ្នា
    អ្នក​អាច​នឹង​ធ្លាប់​គិតថា មាន​ត្រឹមតែ​ឪពុកម្ដាយ​បងប្អូន និង​មិត្ត​ភក្ដិ​ក៏​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នក​ចែករំលែក​អារម្មណ៍ល្អ និង​មិនល្អ​ទៅ​ជាមួយគ្នា​បាន​ហើយ… តែក៏​មិនមែន​ទាំងអស់​ដែរ​ចា៎ស! ប្រាកដ​ណាស់​ថា ការ​មានជីវិត​គូ​ដែល​ល្អ​នឹង​ជួយ​ឱ្យ​អ្នក​ឆ្លង​ផុត​ឧបសគ្គផ្សេងៗបាន មាន​អ្នក​នៅចាំ​ផ្ដល់​កម្លាំងចិត្ត​ពេល​អ្នក​អស់សង្ឃឹម និង​នឿយហត់ ជា​មិត្ត​ជួយ​គិត ជួយ​សម្រាល​បន្ទុក​មុខ​ងារផ្សេងៗ និង​ដែល​សំខាន់​គឺ ចែករំលែក​ទុក្ខ និង​សុខ​ព្រមជាមួយ​រូបអ្នក។

    5. សាង​អត្ថន័យ​ដល់​ជីវិត
    “ប្រញាប់​ត្រឡប់ទៅផ្ទះ​ធ្វើ​អី?” “ធ្វើការ​រកលុយ​ដើម្បី​អី?” “ពេលយប់ នៅសុខៗស្រាប់​តែមាន​អារម្មណ៍​អផ្សុក” ឬ “ទំនេរៗ មិនដឹង​ជា​ធ្វើ​អី?”។ ប្រយោគ​ទាំងអស់នេះ​ប្រហែលជា​ធ្លាប់​កើតឡើង​នៅក្នុង​អំឡុង​ជីវិត​នៅ​លីវ​របស់​មនុស្ស​ជាច្រើន តែបើ​អ្នក​បាន​រៀបការ​រួចហើយនោះ អ្នកគ្រូ ឆវី​ សូម​ប្រាប់​ទៅ​ចុះ​ថា ប្រយោគ​ទាំងអស់នោះ​នឹង​បាត់អស់​បន្តិចម្ដងៗជាមិនខាន។ ការរៀប​ការ​នឹង​ក្លាយជា​អ្វីមួយ​ដែល​ចូលមក​បំពេញបន្ថែម​ជីវិត​របស់​អ្នក​ឱ្យ​រឹត​តែមាន​អត្ថន័យ​ខ្លាំង​ឡើង និង​ធ្វើឱ្យ​អ្នក​បានដឹងថា អ្នកមាន​ជីវិត​ដើម្បី​អ្វី និង​ដើម្បី​អ្នកណា។

    ការពិតទៅ ការរៀប​អាពាហ៍ពិពាហ៍​ក៏​មិនមែន​មានតែ​ចំណុច​ល្អ​ទាំងអស់​នោះដែរ ព្រោះអ្វីៗគ្រប់យ៉ាង​នៅលើ​ពិភពលោក​នេះ សុទ្ធ​តែមាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់​នៅក្នុង​នោះ​ទាំងអស់ តែ​យ៉ាងហោចណាស់​ក៏​អ្នកមាន​មនុស្ស​ម្នាក់​នៅក្បែរ ដែល​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​កែសម្រួល និង​កែខៃ​ចំណុច​មិនល្អ​ទៅ​ជាមួយនឹង​រូបអ្នក​ដែរ។ ងាក​មក​បើក​បេះដូង​ទទួលយក​នរណាម្នាក់​ឱ្យ​ចូលមក​សាក-ល​មើល៍… ជួនកាល​អាច​នឹង​ជួប​អ្នក​ដែល​គេ​ស្រឡាញ់​យើង​ពិត ហើយ​មនុស្ស​ម្នាក់​នោះ​ក៏​ព្រម​នឹង​ជួយ​ផ្លាស់ប្ដូរ​ជីវិត​យើង​ជាថ្មី​ក៏​អាច​ថា​បានដែរ​ណា៎…៕

  • បើ​មិន​ចង់​ធាត់!! ហាម​ទទួលទាន​ ផ្លែឈើ9ប្រភេទ​នេះ

    បើ​មិន​ចង់​ធាត់!! ហាម​ទទួលទាន​ ផ្លែឈើ9ប្រភេទ​នេះ

    ផ្លែឈើ គឺជា​ជម្រើស​ដំបូង​គេ​បង្អស់​ដែល​មនុស្ស​គ្រប់គ្នា​មានការ​ចាប់អារម្មណ៍ និង​ជ្រើសរើស​ទទួលទាន​នៅក្នុង​បរិមាណ​ច្រើន​បំផុត​នៅក្នុង​យុគសម័យ​ថែរក្សា​សុខភាព​បែបនេះ។ ដោយសារតែ​នៅក្នុង​ផ្លែឈើ​គ្រប់​ប្រភេទ​ទាំងអស់​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ជាច្រើន​មុខ ក៏ប៉ុន្ដែ​មាន​ផ្លែឈើ​ខ្លះ​ក៏​មិន​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​ព្យាយាម​រក្សា​ស្ថេរភាព​ទម្ងន់ ឬ​កំពុងសម្រក​ទម្ងន់​ឡើយ ព្រោះថា ផ្លែឈើ​ប្រភេទ​ខ្លះ​ងាយ​ធ្វើឱ្យ​អ្នក​ឡើង​គីឡូ​ខ្លាំងណាស់។ ដូច្នេះហើយ ប្រសិនបើ​អ្នក​នៅតែ​បន្ដ​ទទួលទាន​ផ្លែឈើ​ទាំង9ប្រភេទ​នេះទម្ងន់​របស់​អ្នក​ក៏​គ្មាន​ថ្ងៃ​អាច​បញ្ចុះ​បានដែរ។

    ការ​បង្អត់អាហារ ហើយ​ងាក​មក​ទទួលទាន​ផ្លែឈើ​ជំនួស​វិញ​នោះ មិនអាច​ចាត់ទុកថា​ជា​ជម្រើស​ដ៏​ល្អ​នោះទេ តើន​រណា​ទៅ​ដឹង​ទៅ​ថា “ផ្លែឈើ” ដែល​មានឱជារស​ឆ្ងាញ់ មាន​ក្លិន​ឈ្ងុយ និង​មានគុណ​ប្រយោជន៍​ជាច្រើន​យ៉ាងនោះ ក៏​អាច​សាង​នូវ​ផល​លំបាក​ដល់​អ្នក​បានដែរ ជាពិសេស​ចំពោះ​រឿង​ឡើង​គីឡូ​នេះ​តែម្តង។ជាការ​ពិតណាស់ ផ្លែឈើ100% អាច​ចម្អែត​ក្រពះ​របស់​អ្នក​មិនឱ្យ​ឃ្លាន​បាន ហើយ​វា​ក៏​អាចធ្វើឱ្យ​ទម្ងន់​របស់​អ្នក​ឡើង​បានដែរ។ ដោយសារតែ​ជាតិ​ស្ករ​ដែលមាន​នៅក្នុង​ផ្លែឈើ​មាន​ចំនួន​ច្រើន​សមល្មម ហើយ​វា​ជួយផ្ដល់​កម្លាំង​ដល់​រាងកាយ​របស់​អ្នក​កាន់តែច្រើន គឺ​ដូចគ្នា​នឹង​ការ​ទទួលទាន​បាយ​ដែលមាន​ប្រូ​តេ​អី​ុ​ន និង​បន្លែ​ដែលមាន​ហ្វៃ​បឺ​រ។ រាងកាយ​ក៏​អាច​បំ​លែង​ម្សៅ និង​ជាតិ​ស្ករ​ដែលមាន​នៅក្នុង​ផ្លែឈើ ឱ្យ​ក្លាយជា​ជាតិ​ខ្លាញ់ ដែល​អាចធ្វើឱ្យ​កើតរោគ​ធាត់​បាន​ដោយ​មិនដឹង​ខ្លួន។ ដូច្នេះ​មុននឹង​សម្រេចចិត្ត​បញ្ចុះទម្ងន់​ដោយ​ការ​ទទួលទាន​ផ្លែឈើ អ្នក​គប្បី​ត្រូវ​សិក្សា​ពី​ព័ត៌មាន​លម្អិត​ឱ្យបាន​ច្បាស់លាស់​អំពី​ប្រភេទ​ផ្លែឈើ​ណា​ខ្ល​អ​ដែល​ល្អ​ចំពោះ​សុខភាព និង​ប្រភេទ​ផ្លែឈើ​ណាខ្លះ ដែល​ធ្វើឱ្យ​អ្នក​កាន់តែ​ធាត់​ជាមុនសិន។

    ផ្លែឈើ9ប្រភេទ​ខាងក្រោម​នេះ គឺ​ងាយ​ធ្វើឱ្យ​អ្នក​ឡើង​គីឡូ និង​មាន​ជាតិ​ស្ករ​ជាច្រើន​នៅក្នុង​វា សូម​ស្វែងយល់​ទាំងអស់គ្នា ៖
    1. ផ្លែ​ធុ​រ៉េ​ន
    2. ផ្លែ​ចេកពងមាន់ ចេកណាំវ៉ា និង​ចេកអំបូង
    3. ផ្លែ​ខ្នុរ
    4. ផ្លែស្វាយ​ទុំ
    5. ផ្លែ​សាវ​ម៉ៅ
    6. ផ្លែ​មៀន
    7. ផ្លែ​ឡុង​កុង
    8. ផ្លែ​លាំងសាត (ផ្លែឈើ​ថៃ)
    9. ផ្លែ​ល្មុត

    ចំណុច​គួរ​យល់ដឹង
    ទឹក​ផ្លែឈើ​ក្រឡុក ឬ​កៀប បើទោះបីជា​មិនបាន​ដាក់​ស្ករ​បន្ថែម ក៏​វា​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ក្នុង​បរិមាណ​ច្រើន​ដែរ។ ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ផ្លែឈើ​ហើយ មិនបាន​ហាត់ប្រាណ ដើម្បី​ដុត​កម្ដៅ​ក្នុង​ខ្លួន​ទេនោះ ក៏​អាច​បណ្ដាលឱ្យ​ធាត់ជាង​ទទួលទាន​ទឹក​ទៅទៀត។

    ការដែល​អ្នក​ជ្រើសរើស​ទទួលទាន​ផ្លែឈើ​ដែលមាន​រសជាតិ​សាប ឬ​ជូរ​ជំនួស​អាហារ​មួយពេល ដូចជា ចេក ត្របែក ផ្លែ​ប៉ោម ផ្លែ​ស្រកានាគ និង​ផ្លែ​ម្នាស់​ជាដើម​នោះ ក៏​អាច​ចាត់ទុកថា​ជា​វិធីសាស្ត្រ​ដ៏​គ្រោះថ្នាក់​អាក្រក់​មួយ​ផងដែរ។ ចំពោះ​ការទទួល​ទាន​ផ្លែ​មង្ឃុត​ចំនួន3ផ្លែ គឺ​ស្មើនឹង​ការទទួល​ទាន​បាយ​ចំនួន1ចាន​ដែរ។

    បរិមាណ​ស្ករ​ដែល​បាន​ណែនាំ​ក្នុង​មួយថ្ងៃ គឺ​មិនត្រូវ​លើសពី4ស្លាបព្រា​កាហ្វេ សម្រាប់​កុមារ និង6ស្លាបព្រា​កាហ្វេសម្រាប់​មនុស្សពេញវ័យ។

    ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​បន្លែ ឬ​ទឹក​ផ្លែឈើ 1កែវ ដែលមាន​បរិមាណ200មី​លី​លីត្រ​អ្នកនឹង​ទទួលបាន​ជាតិ​ស្ករ​ប្រហែល 4ស្លាបព្រា​កាហ្វេ ដែល​សន្ម​ត់​ថា ស្មើនឹង​កម្រិត​ជាតិ​ស្ករ​ពី​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ​ដែរ៕

  • សំបុត្រពីស្រ្តីជាម្ដាយ ជូនដល់ស្រ្តីជាម្ដាយ “រឿងតូចៗដែលសាងអនាគតកូន”

    សំបុត្រពីស្រ្តីជាម្ដាយ ជូនដល់ស្រ្តីជាម្ដាយ “រឿងតូចៗដែលសាងអនាគតកូន”

    ខ្ញុំមានអាជីពជាម្ដាយគេ និងក៏មិនខុសប្លែកពីស្រ្តីជាម្ដាយដទៃទៀតដែរយើងព្យាយាមក្នុងការសម្របសម្រួលជីវិតការធ្វើការងាររបស់យើងជាមួយនឹងការធ្វើជាម្ដាយគេ។ យើងត្រូវបានធ្វើឱ្យភ័យខ្លាច និងមិនសូវមានទំនុកចិត្តជាប់ជានិច្ចថា តើយើងបានធ្វើខ្លួនជាម្ដាយដែលល្អគ្រប់គ្រាន់ហើយឬនៅ?

    កំណត់ត្រាទាំងឡាយរឹតតែធ្វើឱ្យយើងញាប់ញ័រ មិនថាតែ “ជាងពាក់កណ្ដាលនៃកុមារយើង សព្វថ្ងៃមានសៀវភៅអានមិនដល់3ក្បាលឡើយ” “ឪពុកៗជិតពាក់កណ្ដាល មិនមានពេលវេលាលេងជាមួយកូន” “40%នៃក្មេងតូច ខកខានឱកាសល្អៗក្នុងការអភិវឌ្ឍ” និង “កុមារយើងបច្ចុប្បន្នមាន IQ ទាបជាងកម្រិតស្តង់ដារ”។

    ព័ត៌មានទាំងអស់នេះធ្វើឱ្យយើងត្រៀមខ្លួនជាស្រេចក្នុងការតស៊ូដើម្បីក្លាយជាម្ដាយដ៏ល្អ តែក៏ចង់លើកទង់ជ័យសចុះចាញ់ម្ដងម្កាលដែរ ​ព្រោះមិនមានជំនួយ… ឬមួយក៏ដល់ពេលត្រូវទទួលស្គាល់ការពិតហើយថា ការចិញ្ចឹមកូនក្នុងសង្គមបែបនេះ ពិតជាលំបាកមែនទែន?

    ខ្ញុំបានដឹងពីលោកគ្រូពេទ្យជំនាញម្នាក់ដែលគាត់តែងតែបញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹមក្មេង សំខាន់បំផុតក្នុងអំឡុងបីឆ្នាំដំបូង។ ក្មេងនឹងសាងខ្លួនឯង និងជឿទុកចិត្តពិភពលោកមួយនេះតាមរយៈការទទួលបានសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងគ្រប់គ្រាន់… ត្រូវហើយ! ខ្ញុំដឹង អ្នកក៏ដឹង តែបញ្ហាសេដ្ឋកិច្ចគ្រួសារបានរឹតរួតយើងឱ្យនៅជាប់នឹងកៅអីធ្វើការ ហើយយើងត្រូវជួលមនុស្សម្នាក់មកចិញ្ចឹមមើលថែដំណក់ឈាមរបស់ខ្លួនឯង…​ ពិភពលោកគឺដូច្នេះឯង ហើយតួនាទីរបស់យើងគឺត្រូវតែទទួលយកបែបហ្នឹង។

    ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺ អង្គប្រកបផ្សេងៗរបស់ស្ថានភាពជុំវិញខ្លួនមានភាពសំខាន់បំផុត គឺបើឱ្យកុមារធំធាត់ឡើងដោយខ្លួនឯង សក្ដានុពលរបស់គេនឹងថយចុះ30%… តួលេខនេះ គឺជាភាពធ្ងន់ធ្ងរមួយដែលអ្នកម្ដាយគ្រប់រូបត្រូវទទួលបន្ទុក។

    ក្នុងឋានៈជាម្ដាយ ខ្ញុំដឹងច្បាស់ណាស់ថា ម្ដាយគ្រប់រូបចង់ឱ្យកូន “ពូកែ ល្អ ឆ្លាត” ពាក្យបីម៉ាត់នេះគឺ ភាពសាកល្បង។ ទោះជាហត់នឿយប៉ុនណា បើមិនបានអានរឿងនិទានមុនពេលគេងឱ្យកូនស្ដាប់ យើងនឹងក្លាយជាម្ដាយដែលមិនបានការភ្លាមតែម្ដង ព្រោះលុយកាក់មិនមានន័យស្មើនឹងពេលវេលា និងការយកចិត្តទុកដាក់ចំពោះកូនៗឡើយ។ ការចាប់ផ្ដើមធ្វើដោយដៃទាំងពីររបស់ម្ដាយ គឺជារឿងតូចមួយដែលជួយជំរុញវិវឌ្ឍនាការរបស់កូនបានល្អបំផុត។ យើងគ្រប់គ្នាគួរតែបានដឹងពីវិធីការសាងវិវឌ្ឍនាការដល់កូន។

    ចេះគិត ចេះធ្វើការ ចេះរៀនសូត្រ ចេះដោះស្រាយបញ្ហា ចេះរស់នៅជាមួយអ្នកដទៃ និងអ្វីដែលសំខាន់បំផុតគឺ “ចេះមានសេចក្តីសុខ” ពាក្យចុងក្រោយគេនេះ ជាពាក្យដែលសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំខ្លាចមែនទែន ខ្លាចកូនមិនដឹងពីវិធីមានសេចក្ដីសុខក្នុងពិភពលោកដែលកាន់តែពិបាករស់នៅទៅដូចសព្វថ្ងៃ។

    មួយទៀត ការបន្ថែមជំនាញផ្នែកភាសា ក៏ជារឿងដែលមិនគួរមើលរំលងដែរ ដូច្នេះអ្វីដែលសំខាន់គឺ “ការអានសៀវភៅ”។

    លោកគ្រូពេទ្យខាងលើបន្ថែមថា “រឿងចាំបាច់ចំពោះការជំរុញវិវឌ្ឍនាការរបស់កុមារគឺ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ស្ថានភាពជុំវិញខ្លួនដែលល្អ អានសៀវភៅ និងកន្លែងក្មេងលេង” គាត់បន្តថា របស់លេងនៅក្នុងកន្លែងក្មេងលេង សំខាន់ស្មើនឹងសៀវភៅ​ដែរ។ ខួរក្បាលរបស់កុមារ ជាមួយនឹងការអានក្នុងអំឡុង3ដំណាក់កាលនឹងអភិវឌ្ឍសន្សឹមៗតាមលំដាប់ ចាប់ផ្ដើមពីការរៀនអានដើម្បីូការរៀនយល់ដឹង រៀនយល់ដឹងពីជំនាញការអាន រហូតទៅដល់អានបានដោយខ្លួនឯងដើម្បីការរៀនយល់ដឹងបន្ត។

    ការជ្រើសរើសសៀវភៅដែលមានពាក្យចុងជួន មិនចាំបាច់មានអត្ថន័យខ្លឹមសារឱ្យគិតច្រើន មានសំឡេងឡើងចុះ នឹងធ្វើឱ្យខួរក្បាលរបស់កុមារបើកទទួលយកកាន់ងាយស្រួលឡើង… អីុចឹងតើ! បានជាកូនតូចរបស់ខ្ញុំសើចក្អាកក្អាយគ្រប់ពេលដែលម្ដាយធ្វើសំឡេងឡើងចុះ ឬអានរឿងនិទានដែលមើលទៅដូចជាគ្មានន័យអ្វីទាំងអស់ឱ្យស្ដាប់។ ការអភិវឌ្ឍខួរក្បាលជារឿងសំខាន់ក៏ពិតមែន តែការសម្រាកខួរក្បាលក៏សំខាន់មិនចាញ់គ្នាប៉ុន្មានដែរ ហើយនេះអាចជាលេសមួយដែលអាចឱ្យម្ដាយៗដូចរូបយើងរកពេលសម្រាក និងបានធ្វើការងាររបស់ខ្លួនខ្លះ ព្រោះវាប្រហែលជាដូចដែលគេនិយាយមែនហើយថា ម្ដាយដែលមានសេចក្ដីសុខ នឹងសាងកូនដែលមានសេចក្ដីសុខបានដូចគ្នា។ សូមជួយជាកម្លាំងចិត្តដល់អ្នកម្ដាយគ្រប់រូបយ៉ាងមុតមាំ ហើយយើងនឹងឆ្លងកាត់សមរភូមិនៃការចិញ្ចឹមមើលថែកូនទៅជាមួយគ្នា…៕

    ពីខ្ញុំ ស្រ្តីជាម្តាយម្នាក់

  • ចង់បានជើង​ស្អាត​ ត្រូវតែមើលថែបន្តិចហើយ!

    ចង់បានជើង​ស្អាត​ ត្រូវតែមើលថែបន្តិចហើយ!

    មនុស្ស​មួយចំនួនតែងតែគិត​ថា ជើងគឺ​ជា​ផ្នែក​ខាងក្រោម​បំផុត ឬ​អាច​និយាយថា​ជាចំណុច​ចុងក្រោយ​គេ​ដែល​ ត្រូវ​បានបុរសៗមួយចំនួន​លួច​ពិនិត្យមើល​ តែក៏​មិនមែន​បានន័យថា អ្នក​ត្រូវ​បោះបង់​វា​ចោល​ទាំងស្រុង​នោះទេ។ ចំណាយ​ពេល​តែ​បន្តិច​ក្នុង​មួយថ្ងៃ មើលថែ​សម្រស់​ជើង​របស់​អ្នក ហើយ​បន្ទាប់ពីនោះ​អ្នក​ពិតជា​ទទួលបាន​នូវ​ជើង​ដ៏​ស្រ​ឡូ​ន​ស្អាត​ដូច​បំណង​​មិន​ខាន។

    ខាត់​ស្បែក និង​ផ្តល់​សំណើម​ដល់​ជើង: ជាការ​អនុវត្ត​ដើម្បី​កម្ចាត់​ស្បែក​ចាស់​ដែល​ឡើង​គ្រើម​រឹង ឬ​ក្រិន​ស្បែក​ជាដើម។ ធ្វើ​រាល់​ថ្ងៃនោះ​ឱកាស​នៃ​សភាព​ស្បែក​បែប​អាក្រក់​ទាំងនោះ​នឹងមាន​កាន់​តែតិច​បំផុត។

    សម្អាត​ជើង​រាល់ថ្ងៃ: មុខ ដងខ្លួន ស្បែក​ដៃជើង ឬ​ខ្មង​ជើង​ជាដើម អ្នក​អាចធ្វើ​ការសម្អាត​បានជា​ប្រចាំ​រួចជាស្រេច​ហើយ​មែន​ទេ ចុះ​រឿង​អី​ដែលថា​គ្រាន់តែ​បង្ហួស​ទៅកាន់​កែងជើង ឬ​ប្រអប់ជើង​តែ​បន្តិចទៀត​នោះ​អ្នកធ្វើ​មិនបាន​នោះ មែន​ទេ? សូម​សម្អាត​ជើង​​របស់​អ្នក​ឱ្យបាន​ស្អាត​ជា​រៀងរាល់ថ្ងៃ ដើម្បី​សម្រស់​ជើង​ដ៏​ស្រស់ស្អាត។

    ឱ្យជើង​សម្រាក: ស្បែកជើង​កែង​អាចធ្វើ​ឱ្យជើង​មើលទៅ​ស្អាត​សិច​ស៊ី ប៉ុន្តែ​អ្នក​មិនគួរ​ចង់បាន​ភាព​សិច​ស៊ី​ជ្រុល​ហួស​រហូត​មិន​ព្រម​ដោះ​ស្បែកជើងកែងចោទខ្ពស់ៗចោល ដើម្បីឱ្យ​ជើងបាន​សម្រាក​សោះ​នោះទេ។ បើ​មិនចាំបាច់​ទេ សូម​ពាក់​ស្បែកជើង​ផ្ទាត់​​ខ្លះ​ក៏​ល្អ​ដែរ។

    ស្តារ​ស្ថានភាព​ស្ងួត​នៃ​ជើង​ដោយ​ប្រេងដូង: កែងជើង​ដែល​មើលទៅ​មាន​សភាព​ស្ងួត អាចជួយ​ស្រោចស្រង់​បាន​ដោយ​ប្រេង​ដូង។ លាបប្រេង​ដូង​លើ​កែងជើង​មុនពេល​ចូល​គេង រួច​ពាក់​ស្រោមជើង​ពីលើ​ជាការ​ស្រេច។

    រឿងផ្សេងៗទៀត​ដែល​អ្នក​អាចជួយ​ស្រោចស្រង់​ខ្លួន​អ្នក​ពី​បញ្ហា​ជើង​មិន​ស្រស់ស្អាត​ដូចជា ដើរ​ជើង​ទទេ​ពេលខ្លះ ពិនិត្យ​​មើល​ជើង​ឱ្យ​ទៀងទាត់ បន្ថែម​ភាព​ភ្លឺ​ដល់​កែងជើង​ដោយ​ក្រូចឆ្មារ ពាក់​ស្បែកជើង​ដែល​ត្រូវ​នឹង​ជើង​របស់​អ្នក សម្អាត​ជើង​ដោយ​ផ្លែ​ចេក (ត្រដុស​ជើង​ជាមួយ​ចេកទុំ) និង​ការ​ត្រាំ​ជើង​ជាមួយ​ទឹក​ក្តៅតិចៗឱ្យបាន​ម្តង​ក្នុង​មួយ​សប្តាហ៍។ល៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 127

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 127

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/05/LRPN_127-Final-For-Web.pdf” force_dl=”1″]

  • ដឹង​ទេ ការ​គេង​ផ្អៀងខ្លួន​ខាងឆ្វេង មានគុណ​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​សុខភាព?

    ដឹង​ទេ ការ​គេង​ផ្អៀងខ្លួន​ខាងឆ្វេង មានគុណ​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​សុខភាព?

    នៅក្នុង​ថ្ងៃនេះ ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូម​ជម្រាបជូននូវអត្ថបទអំពី​សុខភាព​នៃ​ដំណេក​របស់អ្នកវិញម្តង។ ក្រៅពី​ការ​សម្រាក​​ឱ្យបាន​គ្រប់គ្រាន់ ទៀងទាត់​តាម​ពេលវេលាឱ្យបានយ៉ាងហោច8ម៉ោង​ហើយ​នោះ ការរៀបចំ​រៀប​បែបផែន​នៃ​ការ​គេង​ឱ្យ​បាន​​ត្រឹមត្រូវក៏​ជា​រឿង​មួយ​ដែល​អ្នក​គួរ​យកចិត្តទុកដាក់ផងដែរ ព្រោះ​វា​អាច​ហុច​ផល​ល្អ​ដល់​សុខភាព​រាងកាយរបស់អ្នក។ តើ​លំនាំ​នៃ​ការ​គេង​ផ្អៀងខ្លួន​ទៅខាង​ឆ្វេង​បាន​ហុច​ផល​អ្វីខ្លះ​សម្រាប់​ស្ត្រី និង​បុរស​? តោះ​សូម​តាមដាន​ទាំងអស់គ្នា​ជាមួយនឹងអត្ថបទខាង​ក្រោម​នេះ៖

    1. សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
    ដោយសារតែ​ក្រពះ​ និង​លំពែង​ស្ថិតនៅ​ខាងឆ្វេង​នៃ​រាងកាយ ខណៈដែល​អ្នក​គេង​លក់​ដោយ​បែរ​ខ្លួន​មក​ខាងឆ្វេង​ដូចគ្នានោះ ​បណ្ដាលឱ្យក្រពះ​ និង​លំពែង​ធ្វើ​ការរំលាយ​អាហារ​បាន​យ៉ាង​ល្អប្រសើរ​ដូចគ្នា និង​ល្អ​ជាងមុន​ទៅទៀត។ វា​ក៏បាន​ធ្វើឱ្យ​អាហារ​ដែល​ចូលទៅក្នុង​ក្រពះ​រំលាយ​បាន​យ៉ាង​ងាយស្រួល និង​បញ្ចេញ​អង់ស៊ីម​ទៅក្នុង​លំពែង​បានល្អ​ប្រសើរ​ថែមទៀតផង។ ក្រៅពីនោះ វា​ជួយ​សម្រួល​ដល់ការបញ្ចេញចោល​នូវ​កាកសំណល់​មិនល្អ​ចេញទៅ​ក្នុង​ពោះវៀនធំ បាន​យ៉ាង​ងាយស្រួល​ផងដែរ ដែល​ហុច​ផល​ល្អ​សម្រាប់​ការ​បន្ទោ​របង់​នាពេល​ព្រឹក។

    2. សុខភាព​បេះដូង​ល្អប្រសើរ
    បេះដូង​ស្ថិតនៅ​ខាងឆ្វេង​នៃ​រាងកាយ​របស់​អ្នក ដូច្នេះ​ហើយ​ប្រសិនបើ​ចង់ឱ្យ​ខ្លួន​អ្នក​គេង​លក់​ស្រួល អ្នក​គួរតែ​គេង​ផ្អៀងខ្លួន​មក​ខាងឆ្វេង ដើម្បី​ជំរុញ​លំហូរ​នៃ​គ្រាប់​ឈាម​ចូលទៅក្នុង​បេះដូង​បាន​យ៉ាង​លឿន។ ទង្វើ​នេះ គឺ​ពិតជា​ស័​ក្ដិ​សម​ចំពោះ​ការការពារ​ជំងឺ​បេះដូង ដែលជួយ​សម្រួល​ដល់​បេះដូង​មិនឱ្យ​ធ្វើការ​ធ្ងន់​លើសពីធម្មតា។

    3. ប្រសើរ​ចំពោះ​ស្ត្រី​មាន​គភ៌
    អ្នកជំនាញ​បានធ្វើ​ការណែនាំ​ដល់​ស្ត្រី​មាន​គភ៌​ឱ្យប្រើ​ពេលវេលា​ឱ្យបាន​ច្រើន​បំផុត តាមដែល​អាចធ្វើ​ទៅបាន ក្នុងការ​គេ​ងផ្អៀង​មក​ខាងឆ្វេង។ ដោយសារតែ​ការ​គេង​បែរមក​ខាងឆ្វេង វា​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅខាង​ក្រោយ និង​ជួយ​ឱ្យ​ការហូរ​របស់​ឈាម​ទៅកាន់​ស្បូន ​និង​ទារក​នៅក្នុង​ផ្ទៃ​បាន​យ៉ាង​ល្អប្រសើរ​ថែមទៀត​ផង។ ក្រៅពីនេះ វា​ជួយ​បន្ថយ​សម្ពាធ​នៃ​ការ​រំ​ញ័រ​ឆ្អឹងខ្នង និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​គេង​លក់​ស្រួល​ជាង​មុន។ ម្យ៉ាងទៀត វា​ជួយ​បញ្ជូន​អាហារ​ទៅកាន់​ទារក​នៅក្នុង​ផ្ទៃ​បាន​យ៉ាង​លឿន​ផងដែរ។ ដូច្នេះ​​ហើយ​ការ​គេង​ផ្អៀង​មក​ខាងឆ្វេង​ជួយ​ឱ្យ​ស្ត្រី​មាន​គភ៌សម្រាន្ដ​​លក់​យ៉ាង​ស្រួលខ្លួន។

    4. ការពារ​ការ​គេង​ស្រ​ម៉ុក
    ការ​ទម្លាប់​គេង​ផ្អៀង​មក​ខាងឆ្វេង អាចជួយ​សម្រួល​ឱ្យ​អ្នក​ឈប់​គេង​ស្រ​ម៉ុក​បាន។ ដោយសារតែការគេង​បែរមក​ខាងឆ្វេង​ធ្វើ​ឱ្យ​បំពង់ក​របស់​អ្នក​មិន​ត្បៀត ហើយ​ចំហ​ផ្លូវដង្ហើម​បាន​ធំ​ ដែល​ងាយស្រួល​ក្នុងការ​ដកដង្ហើម​ខណៈ​ពេល​អ្នកដែល​គេង​លក់។ ដូច្នេះ​អ្នក​គួរ​ដឹងថា កាលដែល​អ្នក​គេង​ដោយ​ភាពងាយស្រួលទៅ​តាម​ឥរិយាបទ​រាល់ថ្ងៃរបស់អ្នកនេះ គឺ​ធ្វើឱ្យ​អ្នកគេង​ស្រ​ម៉ុក​ដោយ​មិនដឹង​ខ្លួន ព្រោះថាខណៈពេលគេង​អ្នក​ពិបាក​ក្នុង​ការដកដង្ហើម។

    5. ទម្លាប់​គេង​ផ្អៀង​ខាងឆ្វេង​ធ្វើឱ្យ​គេង​លក់​ស្រួល​ និងមានសុខភាព​ល្អ
    ខណៈដែល​អ្នក​បានដឹង​ពី​គុណប្រយោជន៍​នៃ​ការ​គេង​ផ្អៀង​មក​ខាងឆ្វេង​ហើយ​នោះ សូម​លោកអ្នក​គិតពិចារណា​ឡើងវិញ ហើយសូមធ្វើការ​កែប្រែ​ទម្លាប់របស់អ្នកពីការ​គេង​ផ្អៀងទៅខាងស្ដាំ ប្ដូរ​មក​គេង​ផ្អៀងទៅខាងឆ្វេង​វិញ នោះ​វា​នឹងធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្រួល បំបាត់​ភាព​តានតឹង បំបាត់​អារម្មណ៍រ​វើ​រ​វាយ បំបាត់​ការ​គេង​ស្រ​ម៉ុក តែ​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​យ៉ាង​ស្កប់ស្កល់ ព្រមទាំង​ហុច​ផល​ល្អ​ដល់​សុខភាព​របស់​អស់អ្នក​ទៀតផង៕