Author: ធឿន មករា

  • ឆ្អឹងជំនីជ្រូកដុតពិសេស ពីភោជនីយដ្ឋាន Motor Café

    ឆ្អឹងជំនីជ្រូកដុតពិសេស ពីភោជនីយដ្ឋាន Motor Café

    ឆ្អឹងជំនីជ្រូក ត្រូវបានគេយកទៅច្នៃធ្វើជាមុខម្ហូបយ៉ាងសម្បូរបែប ដែលក្នុងនោះរួមមានដូចជា សម្ល, ខ, អាំង, ស្ងោរ ឬចៀនជាដើម។ ប៉ុន្តែពេលនេះ ឆ្អឹងជំនីជ្រូកត្រូវបានអ្នកជំនាញផ្នែកដាំស្លប្រចាំនៅភោជនីយដ្ឋាន Motor Café សាខាទួលគោក ដែលកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើននោះ បានយកមកច្នៃធ្វើជាអាហារមួយមុខផ្សេងទៀត ពោរពេញទៅដោយរសជាតិឆ្លាញ់ប្លែក នោះគឺ “សាច់ឆ្អឹងជំនីជ្រូកដុតពិសេស”។ ចង់ដឹងទេថា មុខម្ហូបថ្មីមួយនេះមានភាពទាក់ទាញដល់កម្រិតណា សូមមកស្វែងយល់ទាំងអស់គ្នា។

    ឆ្អឹងជំនីជ្រូក ត្រូវបានគេយកទៅច្នៃធ្វើជាមុខម្ហូបយ៉ាងសម្បូរបែប ដែលក្នុងនោះរួមមានដូចជា សម្ល, ខ, អាំង, ស្ងោរ ឬចៀនជាដើម។ ប៉ុន្តែពេលនេះ ឆ្អឹងជំនីជ្រូកត្រូវបានអ្នកជំនាញផ្នែកដាំស្លប្រចាំនៅភោជនីយដ្ឋាន Motor Café សាខាទួលគោក ដែលកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើននោះ បានយកមកច្នៃធ្វើជាអាហារមួយមុខផ្សេងទៀត ពោរពេញទៅដោយរសជាតិឆ្លាញ់ប្លែក នោះគឺ “សាច់ឆ្អឹងជំនីជ្រូកដុតពិសេស”។ ចង់ដឹងទេថា មុខម្ហូបថ្មីមួយនេះមានភាពទាក់ទាញដល់កម្រិតណា សូមមកស្វែងយល់ទាំងអស់គ្នា។

    គ្រឿងផ្សំ
    • ឆ្អឹងជំនីជ្រូក
    • ហ័រសិន សុស (Hoisin Sauce )
    • ប៊ីប៊ីខ្យូ សុស​ (BBQ Sauce)
    • ទឹកឃ្មុំ
    • ប្រេងខ្យង
    • អំបិល

    វិធីធ្វើ
    មុនដំបូងយកឆ្អឹងជំនីជ្រូកមកលាងឱ្យស្អាត រួចប្រឡាក់ជាមួយ ហ័រសិន សុស (Hoisin Sauce ) ប៊ីប៊ីខ្យូ ​សុស ទឹកឃ្មុំប្រេងខ្យង អំបិល រួចយកក្រដាសអាលុយមីញ៉ូមរុំជុំវិញឱ្យជិត ទើបយកទៅដុតក្នុងម៉ាស៊ីនដុត ជាមួយការកំណត់កម្ដៅ 180 oC (សម្រាប់អ្នកដែលមិនមានម៉ាស៊ីតដុត ក៏អាចដាក់ដុតក្នុងឆ្នាំងតាមបែបធម្មតាក៏បាន) ​ទុករយៈពេលប្រមាណ35នាទី។ ​បន្ទាប់មកទើបយកចេញមកក្រៅ បកក្រដាសដោយប្រុងប្រយ័ត្ន ដើម្បីត្រងទឹកដែលដក់នៅលើក្រដាសអាលុយមីញ៉ូម សម្រាប់ស្រោចពីលើសាច់ឆ្អឹងជំនីជ្រូក។ ជាចុងក្រោយ យកសាច់ឆ្អឹងជំនីជ្រូកដុតនោះមករៀបនៅលើចានជាមួយបន្លែដូចរូបភាពដែលបានបង្ហាញជូននៅលើទំព័រនេះ និងស្រោចដោយទឹកដុតសាច់ឆ្អឹងជំនីជ្រូកពីលើជាការស្រេច៕

  • ប្រយ័ត្ន! លេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេង ប្រឈម​នឹង​ជំងឺ​ជាច្រើន

    ប្រយ័ត្ន! លេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេង ប្រឈម​នឹង​ជំងឺ​ជាច្រើន

    លេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេង​លើសពី2ម៉ោង គឺមាន​ហានិភ័យ​គេង​មិន​លក់ ថែមទាំង​នាំមក​នូវ​រោគ និង​ជំងឺ​ជាច្រើន​ថែមទៀត​ផង។ ប្រសិនបើ​អ្នកជា​អ្នក​ដែល​និយម​លេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេ អ្នក​គប្បី​ប្រយ័ត្ន​ចំពោះ​ជំងឺផ្សេងៗដូចជា ជំងឺ​ធាត់ ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម។

    មនុស្ស​ជាច្រើន​មាន​ទង្វើ​លេង​ទូរស័ព្ទ​នៅលើ​គ្រែ​គេងជាប្រចាំ ចាប់តាំងពី​បើកភ្នែក​ឡើង​នៅពេល​ព្រឹក ក៏​ទាញ​ទូរស័ព្ទដៃ​មក​ឆែក​មើល​ពី​ព័ត៌មាន​ដែលមាន​នៅក្នុង​បណ្ដាញ​សង្គម។ បើទោះបីជា​ទម្រេត​ខ្លួន​គេង​នៅពេល​ពាក់​កណ្ដាលយប់ ក៏​អ្នក​នៅតែ​ចាប់យក​ទូរស័ព្ទដៃ​មក​មើលមុននឹង​បិទ​ភ្នែក​គេង​ដែរ ឬ​មាន​មនុស្ស​មួយចំនួនទៀត​លង់លក់​ដោយ​មិនបាន​បិទ​ទូរស័ព្ទ​តែម្ដង​ក៏មានដែរ។ តែ​នៅថ្ងៃនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​រំឭក​ជាថ្មី​ម្ដង​ទៀតថា ទង្វើ​បែបនេះហើយ ដែល​កំពុងតែ​គំរាមកំហែង​សុខភាព​របស់​មនុស្ស​យើង​ជាខ្លាំង។

    អ្នកជំនាញ​ខាង​សុខភាព​ពិភពលោក​បាន​សម្ដែង​នូវ​ក្ដីបារម្ភ​ចំពោះ​របៀប​រស់នៅ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ននេះ​ដែល​កំ​ពុង​ជក់​លេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេង​ថា វា​អាច​បង្ក​ឱ្យ​កើតមាន​បញ្ហា​ចំពោះ​សុខភាព​បាន ដោយសារតែ​អេក្រង់​ទូរស័ព្ទ​មាន​ពណ៌​ខៀវ (Blue Light) ជះ​ពន្លឺ​មក​ប៉ះពាល់​ដល់​ការផលិត​សារធាតុ​មេ​ឡា​តូ​នី​នដែល​ជួយ​គ្រប់គ្រង​ការ​គេង​លក់ និង​ក្រោក​ពី​គេង។ ដូចនេះហើយ ការលេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេង​លើសពី2ម៉ោង នឹង​ធ្វើឱ្យ​ខួរក្បាល​ដែល​បានទទួល​ពន្លឺ​ពណ៌​ខៀវ​នៅក្នុង​អំឡុងពេល​ពាក់កណ្ដាល​យប់ បញ្ជា​ប្រាប់ថា ពេលនេះគឺជា​ពេល​ថ្ងៃត្រង់ ដែលជា​ហេតុ​ហុច​ផល​ឱ្យ​កើត​អាការ​គេ​មិន​លក់ ឬ​គេង​មិន​ស្ងប់​នេះ​ឡើង ហើយ​ការលេង​ទូរស័ព្ទ​នៅក្នុងពេល​ពាក់កណ្ដាល​យប់ ក៏បាន​ហុច​ផល​អាក្រក់​ចំពោះ​ខ្សែ​ភ្នែក​ផងដែរ។

    ទាំងអស់នេះ​គឺជា​ហានិភ័យ​ដែល​កើតឡើង​ចំពោះ​សុខភាព​របស់​មនុស្ស​យើង ប្រសិនបើ​អ្នក​គេង​មិន​លក់ ឬ​គេង​មិន​គ្រប់គ្រាន់ នឹង​ធ្វើឱ្យ​រាងកាយ​មាន​អារម្មណ៍​ថា ល្វើយ អស់កម្លាំង ទន់ខ្សោយ​ នឿយហត់​នៅ​អំឡុងពេល​ថ្ងៃ និង​ប្រព័ន្ធ​ចងចាំ​កើតមាន​បញ្ហា​ជាដើម។ បញ្ហា​ទាំងនេះ​អាច​ប៉ះពាល់​ដល់​ការសិក្សា និង​ការធ្វើការងារ​ជាប្រចាំ​ថ្ងៃជា​ខ្លាំង ដោយសារតែ​ខួរក្បាល​មិនអាច​ដំណើរការបាន​យ៉ាង​មាន​ប្រសិទ្ធភាព។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នកដទៃ​ថែមទៀតដូចជា កើត​អាការ​ងងុយគេង​នៅពេល​កំពុង​បើកបរ ឬ​ខណៈពេល​កំពុងធ្វើការ​ងា​រ​ជាមួយ​គ្រឿងចក្រ។ ក្រៅពីនេះ ការ​សម្រាក​មិន​គ្រប់គ្រាន់​ជាដើម​ហេតុ​នៃ​ការកើត​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​ធាត់ ( ដោយសារតែ​ប្រព័ន្ធ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​ដំណើរ​ការមិន​បានល្អ​គ្រប់គ្រាន់) ជំងឺ​ទឹកនោមផ្អែម រោគ​បេះដូង ជំងឺលើសឈាម និង​អាច​ប្រឈម​នឹង​បញ្ហា​ការប្រើប្រាស់​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង ដើម្បី​ជួយ​ដល់​ការ​គេង​មិន​លក់​ថែម​ទៀតផង។

    អ្នកជំនាញ​សុខភាព​ពិភពលោក បាន​ណែនាំ​ឱ្យ​កាត់បន្ថយ​ការលេង​ទូរស័ព្ទ​មុនពេល​ចូល​គេង​យ៉ាងហោចណាស់1ម៉ោង ដើម្បីឱ្យ​ខ្សែ​ភ្នែក​របស់​អ្នក​បាន​សម្រាក ហើយ​រាងកាយ​របស់​អ្នក​ក៏បាន​សម្រាក​បានដែរ។ ប្រសិនបើ​ចាំបាច់​ត្រូវ​ការប្រើ​ទូរស័ព្ទដៃ​ខ្លាំងណាស់ អ្នក​គប្បី​ប្រើ​ឧបករណ៍​ការពារ​ពន្លឺ​ពណ៌​ខៀវ ដូចជា បន្ទះ​ការពារ​ភ្នែក​បិត​នៅលើ​អេក្រង់​ទូរស័ព្ទ ឬ​ប្រើប្រាស់​កម្មវិធី Night Shift ដើម្បី​ជួយ​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ​ដែល​បញ្ចេញ​មកពី​អេក្រង់​ទូរស័ព្ទ និង​ជួយ​កាត់បន្ថយ​ការ​ប្រឹង​សម្លឹង​របស់​ខ្សែ​ភ្នែក​ ហើយ​ធ្វើឱ្យ​អ្នក​គេ​លង់​បាន​ស្រួល៕

  • ពេជ្រ អា​វី​ហ្សា នៅតែ​មិនខ្វល់​ពី​ការព្រមាន​ថត​ឈុត​ស្រើបស្រាល

    ពេជ្រ អា​វី​ហ្សា នៅតែ​មិនខ្វល់​ពី​ការព្រមាន​ថត​ឈុត​ស្រើបស្រាល

    ជាច្រើនលើក​ច្រើនសា​រណា​ស់មក​ហើយ ដែល​តារា​ស្រី​មួយចំនួន​និយម​ចូលចិត្ត​ការតុបតែង​ខ្លួន​បែប​សិច​ស៊ី​ស្រើបស្រាល ក៏ដូចជា​ការថតរូប​ភាព​បែប​រោលរាល​ស៊ី​អារម្មណ៍ តែង​ត្រូវ​បានទទួល​ការរិះគន់ធ្ងន់ៗពី​សំណាក់​មហាជន ជាពិសេស ការព្រមានចំៗពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រហូត​មានការ​ដាក់​សម្ពាធ​មិនឱ្យ​បង្ហាញខ្លួន​ជា​សាធារណៈ។

    ជាក់ស្ដែង​ដូចជា នាង ដេ​ន​នី ក្វាន់ ដែល​ទើបតែ​រួច​ផុតពី​ការដាក់​សម្ពាធ ហាម​មិនឱ្យ​បង្ហាញខ្លួន​នៅតាម​កម្មវិធី​កម្សាន្ត​នានា​កាលពី​ដើមខែ​កន្លងទៅនេះ។ ដោយឡែក​សម្រាប់​ស្រី​ស្រស់ ពេជ្រ អា​វី​ហ្សា ហាក់​មិនបាន​ខ្វាយខ្វល់​ទៅនឹង​ហេតុការណ៍​ដែល​តារា​ស្រី​ទាំងនោះ​ធ្លាប់​ជួបប្រទះ​នោះទេ ហើយ​ថែមទាំង​បោះពាក្យ​សម្ដី​ថា នាង​មិនបាន​ព្រួយ​ប្រា​ម្ភ​ទៅនឹង​សម្ពាធ ឬ​បម្រាម​ទាំងអស់​នោះទេ សំខាន់​គឺ​នាង​គិតថា​ជា​ការងារ​សិល្បៈ ដែល​វា​គ្រាន់តែ​ជាការ​សម្ដែង​ប៉ុណ្ណោះ។

    ភ្ជាប់​គ្នា​ទៅនឹង​បញ្ហា​របស់​តារា​ស្រី​ខ្មែរ​មួយចំនួន ដែល​និយម​ភាព​សិច​ស៊ី ចូលចិត្ត​ការតុបតែង​ខ្លួន​ជាមួយ​សម្លៀកបំពាក់​ខើច​ខ្លី បញ្ចេញ​សាច់​ស្ទើរ​អាក្រាត​រាងកាយ​នោះ គេ​សង្កេតឃើញថា តែង​ទទួលបាន​នូវ​ការរិះគន់​ពី​មហាជន​យ៉ាងខ្លាំង ហើយក៏​ធ្លាប់មាន​ប្រតិកម្ម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​ញឹកញាប់​ផងដែរ។ បើទោះជា​បែបនេះ​ក្ដី សម្រាប់​តារា​ស្រី​សាច់​ស​កូនកាត់​ចិន ពេជ្រ អា​វី​ហ្សា ហាក់​មិនបាន​ញញើត​នឹង​ហេតុការណ៍​ទាំងអស់​នេះឡើយ ដោយ​នាង​នៅតែ​ព្យាយាម​បង្ហាញ​រូបភាព​បែប​ស្រើបស្រាល​ដដែល មិនថាតែ​ជា​រូបភាព​សន្លឹក ឬ​ការសម្ដែង​នៅក្នុង​ឈុត​ឆាក​កាយវិការ​ខារ៉ាអូខេ​នោះទេ។

    ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែល​បាន​ចោទ​សួរថា តើ​កញ្ញា​មិន​ភ័យខ្លាច​ទទួល​សម្ពាធ​រប​ស់​ក្រសួង​ទេ​ឬ បានជា​នៅតែ​ថត​ឈុត​បែប​សិច​ស៊ី​មិន​សំចៃ​ដៃ​យ៉ាងនេះ?កញ្ញា អា​វី​ហ្សា បាន​ឆ្លើយ​យ៉ាង​សឿង​បឿ​ង​ថា “អត់​មានអី​ត្រូវ​ភ័យ ត្រូវ​ខ្លាច​នោះទេ​បង ព្រោះ​ខ្ញុំ​យល់ថាវា​គ្រាន់តែ​ជា​សិល្បៈ​នៃ​ការតុបតែង និង​សម្ដែង​ឱ្យ​ត្រូវ​អត្ថន័យ​សាច់រឿង ឬ​បទ​ចម្រៀង​តែប៉ុណ្ណោះ។ ការទទួល​ការរិះគន់​ពី​មហាជន ទាល់តែ​យើង​ស្លៀកពាក់​ចេញ​ដើរ​ក្រៅពី​រង្វង់​សិល្បៈ ប៉ុន្តែ​នេះ​វា​គ្រាន់តែ​ជាការ​សម្ដែង ហើយ​កន្លងទៅ​ក៏មាន​តារា​ស្រី​គេ​សម្ដែង​ខ្លាំង​ជាង​ខ្ញុំ​ក៏មាន រហូត​មាន​អ្នកខ្លះ​អស់​ម៉ា​ល្វែងលើ​ក៏មានដែរ”។

    សូមបញ្ជាក់​ផងដែរ​ថា កញ្ញា ពេជ្រ អា​វី​ហ្សា គឺជា​តារា​សម្ដែង​ស្រី​ម្នាក់​ដែលមាន​រូ​សម្រស់​ស្អាត​គួរ​ជាទី​ទាក់ទាញ ហើយក៏​ជាតា​រា​ស្រី​ដែល​ធ្លាប់​ជួប​រឿង​អភ័ព្វ​ផងដែរ ដូចជា​រឿង​សង្សារ​វាយដំ​បែក​មុខ ជាំ​មាត់ និង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​គ្រឿង​ស្រវឹង​ជាដើម។ យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ នាង​នៅតែមាន​ទស្សនិកជន​ចូលចិត្ត​អាណិត​គាំទ្រ​ដដែល ខណៈដែល​ការងារ​សិល្បៈ​អាជីព​ជា​តារា​សម្ដែង​ក៏​នៅតែមាន​ទីផ្សារ​គួរឱ្យកត់សម្គាល់៕

  • តោះ… មក​ភ្លក្ស​រសជាតិ ត្រី​សាំ​បាក់​ដុត​ប៊័រ ពី​ភោជនីយដ្ឋាន និ​ដា ទាំងអស់គ្នា

    តោះ… មក​ភ្លក្ស​រសជាតិ ត្រី​សាំ​បាក់​ដុត​ប៊័រ ពី​ភោជនីយដ្ឋាន និ​ដា ទាំងអស់គ្នា

    ត្រី​សាំ​បាក់ គឺជា​ប្រភេទ​ត្រី​ទឹកប្រៃ​ម្យ៉ាង​ដែល​តែង​ត្រូវបាន​គេ​និយម​យកទៅ​ច្នៃ​ធ្វើជា​មុខម្ហូបផ្សេងៗយ៉ាង​មានឱជារស ដូចជា ចៀន អាំង ស្ងោរ ចំហុយ ឬ​ដុត​ជាដើម។ ដោយឡែក​ពេលនេះ ត្រី​ដ៏​មាន​រសជាតិ​ប្រភេទ​នេះ​ត្រូវបាន​អ្នកជំនាញ​ផ្នែក​ធ្វើ​ម្ហូប​ប្រចាំ​នៅ​ភោជនីយដ្ឋាន និ​ដា ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ58 ផ្លូវ337 សង្កាត់​បឹងកក់1 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ យកមក​ធ្វើជា​ម្ហូប​មួយ​មុខ​យ៉ាង​ឈ្ងុយឆ្ងាញ់​គួរ​ជាទី​ទាក់ទាញ​បំផុត នោះ​គឺ “ត្រី​សាំ​បាក់​ដុត​ប៊័រ”។ ចង់ដឹង​ទេ​ថា មុខម្ហូប​មួយ​នេះ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​អស្ចារ្យ​ដល់​កម្រិតណា​នោះ សូម​សាកល្បង​ភ្លក្ស​ទាំងអស់គ្នា។

    គ្រឿងផ្សំ
    – ត្រី​សាំ​បាក់
    – ប៊័រ
    – ម្ទេស​ទុំ​ក្រហម
    – ក្រូចឆ្មារ
    – ការ៉ុត
    – សាលាដ
    – ជីរវ៉ាន់ស៊ុយ
    – ទឹកជ្រលក់ (ឬ​អាច​ទឹកត្រី​ កោះកុង តាម​ចំណូលចិត្ត)
    – រ៉​ត់​ឌី
    – ម្រេច
    – ស្រា-ស
    – ទឹក​ស៊ី​អី​ុ​វ​-ស
    – ប្រេងល្ង
    – ប្រេងឆា
    – គ្រឿងផ្សំ​រសជាតិ

    របៀប​ធ្វើ
    បន្ទាប់ពី​ជ្រើសរើស​ត្រី​សាំ​បាក់​ដែលមាន​សាច់​ស្រស់​ល្អ ហើយ​លាង​សម្អាត​រួចរាល់​ហើយ​នោះ ត្រូវ​យកទៅ​ឆូត​សាច់​ដូច​ក្នុង​រូបភាព រួច​យកទៅ​ប្រឡាក់​ជាមួយនឹង​ប៊័រ រួមជាមួយ​គ្រឿងផ្សំ​រស​ជាតិ​ដូច​ដែលមាន​រៀបរាប់​ជូន​ខាង​លើនេះ ហើយ​ទុក​មួយអន្លើ​សិន។ កម្ដៅ​ប្រេងឆា​ឱ្យ​ក្ដៅ ហើយ​ដាក់​ត្រី​បំពង​ឱ្យ​ឆ្អិន​ល្មម ហើយ​ស្រង់​ចេញ។ បន្ទាប់មក​យក​ក្រដាស​សម្រាប់​ដុត​ត្រី រុំ​ត្រី​ឱ្យ​ជិត និង​បន្ត​យកទៅ​ដុត​ដោយ​ប្រើ​កម្ដៅភ្លើង​ក្ដៅ​ល្មម ដើម្បី​បន្ថែម​ក្លិន​ឈ្ងុយ​ជាការ​ស្រេច។ ដោយឡែក​នៅពេល​ទទួល​ទាន លោកអ្នក​ក៏​អាច​ទទួលទាន​ជាមួយ​ទឹកត្រី ឬ​ទឹកជ្រលក់​ផ្សេងទៀត​បាន​តាម​ចំណង់-​ចំណូលចិត្ត។ ត្រឹមតែ​ប៉ុណ្ណឹង​លោកអ្នក​ក៏​អាច​ទទួលបាន​ម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​សម្រាប់​ទទួលទាន​រួមជាមួយ​មិត្តភក្ដិ ឬ​ក្រុមគ្រួសារ​យ៉ាង​រីករាយ ហើយ​បើ​ចង់ដឹង​កាន់តែច្បាស់​ថា​មុខម្ហូប​ត្រី​សាំ​បាក់​ដុត​ប៊័រ​មាន​រសជាតិ​ដើម​ឆ្ងាញ់​ដល់​កម្រិតណា​នោះ អាច​ទៅ​ទទួលទាន​ដោយផ្ទាល់​នៅ​ភោជនីយដ្ឋាន និ​ដា ដែល​ស្ថិតនៅ​អាសយដ្ឋាន​ដូច​បាន​ជម្រាបជូន​ខាងលើ៕

  • ហេតុ​អី​បាន​មនុស្ស​យើង គេង​មមើ? តើ​ត្រូវ​ដាស់​ឱ្យ​ភ្ញាក់​ឬទេ?

    ហេតុ​អី​បាន​មនុស្ស​យើង គេង​មមើ? តើ​ត្រូវ​ដាស់​ឱ្យ​ភ្ញាក់​ឬទេ?

    ទោះបី​វា​ជា​រឿង​គួរឱ្យ​ខ្មាសអៀន​ដែល​អ្នកខ្លះ​មាន​អាកា​រគេង​មមើ​នៅពេល​យប់ ឬ​អ្នក​ខ្លះទៀត​អាច​នឹង​នៅតែ​គេង​មមើ​រហូត ទោះជា​ស្ថិតក្នុង​វ័យ​មនុស្ស​ធំ​ហើយ និង​មនុស្ស​គ្រប់រូប​បាន​ស្គាល់​អាកា​រគេង​មមើ​នេះ​យ៉ាងច្បាស់ ទាំង​កើត​នៅលើ​ខ្លួនឯង ឬ​ឃើញ​មនុស្សក្បែរៗខ្លួន​គេង​មមើ​ក៏ដោយ តែ​ជឿថា មនុស្ស​ជាច្រើន​ប្រហែលជា​នៅ​មិនទាន់​បានដឹង​ពី​មូល​ហេតុថា តើ​ហេតុ​អី​បានជា​អ្នកគេង​មមើ ក្រោក​ឡើងមក​ធ្វើ​នេះ​ធ្វើ​នោះបាន​យ៉ាងច្រើន ហើយ​តើ​អ្នកគួរ​ប្រតិបត្តិ​យ៉ាងណា​ជាមួយ​អ្នក​គេង​មមើ រួមទាំង​វិធី​ការពារ​ការ​គេង​មមើ​នេះ​ទៀតផង។ ដូច្នេះ​ឃើញថា ទោះជា​គ្រប់គ្នា​បាន​ស្គាល់​អាកា​រគេង​មមើ​ហើយ​មែន តែ​ក៏​នៅតែ​មិនទាន់​ដឹង​ពី​រឿងរ៉ាវ​របស់​ការ​គេង​មមើ​ជាច្រើន​ទៀត​ដែរ។

    គេង​មមើ បណ្ដាលមកពី​អ្វី?
    មូលហេតុ​របស់​ការ​គេង​មមើ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​យ៉ាងច្បាស់​លាស់​ថា បណ្ដាលមកពី​អ្វី​នោះឡើយ តែ​អាចសន្និដ្ឋានថា ​បណ្ដាលមកពី​ការ​គេង​លក់​មិនបាន​ស្កប់ស្កល់ ត្រូវបាន​រុកកួន​រំខាន​ខណៈពេល​គេង ភាព​តានតឹង​ក្នុងអារម្មណ៍ វិតក្ក​កង្វល់ អាការ​គ្រុនក្ដៅ​មិន​ស្រួលខ្លួន ស្ថិតក្នុង​សភាវ​សោកសៅ ស្រវឹង​សល់ ឬ​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ការប្រើ​ថ្នាំ​រម្ងាប់​សរសៃប្រសាទ។ល។ អ្នកជំងឺ​ដែលមាន​រោគ​ប្រចាំកាយ អាចមាន​ភាព​ប្រថុយប្រថាន​នៅក្នុងការ​គេង​មមើ​ដែល​បណ្ដាលមកពី​អាការ​បន្ទាប់បន្សំ​របស់​ជំងឺផ្សេងៗដែល​កំពុង​កើត ដូចជា សភាវ​ឈប់​ដកដង្ហើម​ខណៈ​គេង​លក់ អ្នកជំងឺ​ដែល​ស្ថិតក្នុង​សភាវ​ងងុយគេង​ខ្លាំង​ជ្រុល ( Narcolepsy) ក្រុម​អាការ​ជើង​នៅ​មិន​សុខ ( Restless Legs Syndrome) ដែល​ធ្វើឱ្យ​អ្នកជំងឺ​មាន​អារម្មណ៍​រំខាន​ជើង​របស់​ខ្លួនឯង​រហូត​គេង​មិនសូវ​លក់ អ្នកជំងឺ​ទឹក​រំលាយ​អាហារ​ហូរ​បញ្ច្រាស់ ឬ​ឈឺក្បាល​ម៉ៃ​ក្រេ​ន​ជាដើម។ ក្រៅពីនេះ តំណពូជ​ក៏​ជា​ផ្នែក​មួយ​របស់​អាកា​រគេង​មមើ​ដែរ ព្រោះ​បើ​មាន​នរណាម្នាក់​ក្នុង​ក្រុមគ្រួសារ​មាន​អាកា​រគេង​មមើ នឹងធ្វើ​ឱ្យ​អ្នកមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​គេង​មមើ​ដែរ​ខ្លាំង​ឡើងដល់​ទៅ10ដង រួមទាំង​រឿង​រញ្ជួយ​ចិត្ត​ពី​ខាងក្រៅ​ដែល​ជំរុញ​ឱ្យ​កើត​អាកា​រគេង​មមើ​បាន អាចមាន​តាំងពី​ការអាន​សៀវភៅ មើល​ភាពយន្ត​ភ័យរន្ធត់ ឬ​រូបភាព​គួរឱ្យខ្លាច​មុនពេល​គេង​ដែល​ធ្វើឱ្យ​ខួរក្បាល និង​ផ្លូវចិត្ត​ត្រូវ​រុកកួន​រំខាន​រហូត​ធ្វើឱ្យ​គេង​លក់​មិន​ស្កប់ស្កល់ រហូត​កើត​អាកា​រគេង​មមើ​បាន​ដូចគ្នា។

    គេង​មមើ​មាន​អាការ​យ៉ាងណា?
    អ្នក​ដែលមាន​អាកា​រគេង​មមើ​នឹង​ចាប់ផ្ដើម​ក្រោយពី​ការ​គេង​លក់​ទៅហើយ 1 – 3ម៉ោង ឬ​កើត​អាកា​រគេង​មមើ​ក្នុងអំឡុងពេល​គេង​លក់​ខ្លាំង។ អាការ​របស់​ការ​គេង​មមើ​មាន​តាំងពី​កើតឡើង​បន្តិចបន្តួច ដូចជា​ ការនិយាយរអ៊ូៗពេល​កំពុង​គេង​លក់ មមើ​យល់សប្តិ​កម្រើក​រាងកាយ​ចុះឡើង ស្រែក​វ៉ូសវ៉ាស​ខណៈ​ទាំង​ភ្នែក​កំពុង​បិទ មាន​អារម្មណ៍​ដូច​ស្ថិតក្នុង​សភាវ​សើ្ទ​រលក់​ស្ទើរ​ភ្ញាក់ តែ​កម្រើក​រាងកាយ​មិនបាន​ដូច​ខ្មោច​សង្កត់ មមើ​និយាយ​ឥត​ឈប់ រហូត​ទៅដល់​ក្រោក​ឡើង​ដើរ​ទៅមក រើ​របស់របរ និយាយ​តែម្នាក់ឯង និង​ធ្វើ​ការងារផ្សេងៗជាដើម។ អ្នកខ្លះ​អាច​ដល់​ថ្នាក់​ងើបឡើង​មក​តុបតែង​មុខមាត់ ឬ​ញ៉ាំ​អាហារ​ទៀតផង តែ​រយៈពេល​នៃការ​មមើ​នឹងមិន​សូវ​ជា​យូរ​ប៉ុន្មាន​ឡើយ ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​ភាគច្រើន​អ្នក​គេង​មមើ​អាច​ដើរ​ត្រឡប់មក​កន្លែង​គេង​វិញ​បាន​ដោយ​ខ្លួនឯង។

    តើ​អ្នក​គេង​មមើ​មាន​គ្រោះថ្នាក់​ដែរឬទេ?
    ជា​ប្រក្រតី អាកា​រគេង​មមើ​ច្រើនតែ​កើតឡើង​ក្នុងអំឡុង​វ័យក្មេង ហើយនឹង​បាត់ទៅ​វិញ​ជាបណ្ដើរៗដោយ​ឯកឯង​នៅពេល​ធំ​ឈានចូល​វ័យ​ជំទង់ តែ​ក៏មាន​អ្នកខ្លះ​នៅតែមាន​អាកា​រគេង​មមើ​នៅក្នុង​វ័យ​មនុស្ស​ធំ​ដែរ។ ការ​គេង​មមើ​គ្រាន់តែ​ជា​ភាពខុសប្រក្រតី​មួយ​របស់​ការ​គេង​លក់​ប៉ុណ្ណោះគ្មាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ដល់​រាងកាយ​នោះទេគ្រាន់តែ​គ្រោះថ្នាក់​ដែល​កើតឡើង​អាច​បណ្ដាលមកពី​អា​ការដែល​កើតឡើង​ក្រោយពី​ពេល​គេង​មមើ នោះ​គឺ​ការ​ចេញទៅ​ដើរ​នៅក្នុង​កន្លែង​ដែល​គ្រោះថ្នាក់ ដូចជា​ប្រើប្រាស់​កាំបិត​នៅក្នុង​ចង្ក្រាន​បាយ មមើ​តោង​ចុះ​តាម​មាត់​បង្អួច ឬ​រានហាល ដើរ​ចុះ​ជណ្ដើរ បើកទ្វារ​ដើរចេញ​ទៅ​ក្រៅ​ផ្ទះ​ជាដើម ដូច្នេះ​គួរ​តាម​សង្កេតមើល​យ៉ាង​ប្រុងប្រយ័ត្ន​ពី​អាកប្បកិរិយា​របស់​អ្នក​គេង​មមើ​ឱ្យ​បានល្អ។

    តើ​គួរ​ដាស់​អ្នក​គេង​មមើ​ដែរឬទេ?
    សំណួរ​នេះ​ប្រហែលជា​ស្ថិតក្នុង​ក្ដី​សង្ស័យ​របស់​មនុស្ស​ជាច្រើន​មិន​ខាន ហើយ​ចម្លើយ​ក៏​គឺដាស់​បាន! តែ​មិនគួរ​ធ្វើ​ឡើយ… ព្រោះ​គេ​អាច​នឹងមិន​ភ្ញាក់ និង​បើសិនជា​គេ​ភ្ញាក់​វិញ អាចធ្វើ​ឱ្យគេ​មាន​អាការ​មីង​មាំ​ង និង​ទម្រាំ​តែ​លង់លក់​ទៅវិញ​ម្ដងទៀត​ក៏ត្រូវ​ប្រើពេល​វេលា​យូរ​ជាង​មុន ឬ​អាច​នឹង​គេង​មិន​លក់​រហូតដល់​ភ្លឺ​តែម្ដង​ក៏មាន ជាពិសេស​ក្មេង​តូច​អាច​នឹង​ស្រែកយំ​រករឿង​យូរ​ទម្រាំ​នឹង​គេង​លក់​ទៅវិញ ព្រោះ​អាច​កើតក្ដី​ភ័យខ្លាច​ហ្នឹងឯង។ ដូច្នេះ​វិធី​ដែល​ល្អ​បំផុត គឺ​គួរ​ប្រយ័ត្នប្រយែង​អំពី​សុវត្ថិភាព​របស់គេ ហើយ​ព្យាយាម​នាំ​គេ​ត្រឡប់មក​គេង​នៅលើ​គ្រែ​វិញ​ដោយ​មិនចាំបាច់​ដាស់​ឱ្យ​ភ្ញាក់​ឡើយ ដែល​ធ្វើ​ឱ្យគេ​អាច​គេង​លក់​បន្តទៅទៀត​បាន​យ៉ាង​ងាយស្រួល។

    ចំណុច​ប្រតិបត្តិ​ចំពោះ​អ្នក​ដែលមាន​អាកា​រគេង​មមើ​ជាប្រចាំ
    ភាគច្រើន​អាកា​រគេង​មមើ​មិនបាន​កើតឡើង​ម្ដង ឬ​ពីរដង ហើយ​ឈប់​នោះទេ អាច​នឹង​កើត​អាកា​រគេង​មមើ​នេះជារឿយៗប្រមាណ​ជា2-4ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​អាច​នឹង​តិច ឬ​ច្រើនជាង​ហ្នឹង។ អ្វីដែល​អ្នកគួរ​ធ្វើ​នោះ​គឺ កត់​កំណត់ត្រា​ពេល​គេ​ចូល​គេង និង​ពេលដែល​គេ​ចាប់ផ្ដើម​មាន​អាកា​រគេង​មមើ បន្ទាប់ពីនោះ​នៅ​យប់តៗមកទៀត ចូរ​សាកល្បង​ដាស់​ឱ្យគេ​ភ្ញាក់​មុនពេល​ដែល​គេ​ចាប់ផ្ដើម​មាន​អាការ​មមើ​ប្រមាណ 30នាទីហើយ​សឹម​ឱ្យគេ​គេង​ទៅវិញ​ម្ដងទៀត។ វិធី​នេះ​នឹង​ជួយ​កាត់បន្ថយ​អាកា​រគេង​មមើ​ជាប្រចាំ​បាន៕

  • ច​ន ច័ន្ទ​លក្ខិណា សម្រេចចិត្ត​ចាកចេញ​ពី​វិស័យ​សម្ដែង

    ច​ន ច័ន្ទ​លក្ខិណា សម្រេចចិត្ត​ចាកចេញ​ពី​វិស័យ​សម្ដែង

    បើ​និយាយ​ពី​តារា​សម្ដែង​ច្បាស់​ណាស់​ថា ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​ក្លាយទៅជា​តារា​ជួរមុខ និង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ ជាមួយនឹង​បទពិសោធន៍​មិន​ក្រោម20ឆ្នាំ​នោះឡើយ។ រាល់​សកម្មភាព​នៃ​ការសម្ដែង​របស់​តារា​រូបនេះ ក៏​តែង​ត្រូវ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន​មិនតិច​នោះឡើយ ជាពិសេស ការសម្ដែង​ក្នុង​ឈុត​ឆាក​កាច​ឆ្នាស់ ឈ្នានីស​តែម្ដង រហូត​ធ្វើឱ្យ​អ្នកទស្សនា​មិន​សរសើរ​មិនបាន។ ប៉ុន្តែ​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រូបភាព​របស់ ច​ន ច័ន្ទ​លក្ខិណា ហាក់​ត្រូវបាន​រសាត់​បាត់​ឆ្ងាយ​ពី​វិស័យ​មួយ​នេះ ខណៈដែល​មានការ​ទម្លាយ​យ៉ាងច្បាស់​មក​ថា នាង​បាន​សម្រេចចិត្ត​ដើរ​ចាក​ចេញពី​អាជីព​ជាង20ឆ្នាំនេះ​ទាំង​គ្មាន​អាល័យ។

    នៅក្នុង​ដំណើរ​ជីវិត​ជា​អ្នកសិល្បៈ​ជាង20ឆ្នាំ​កន្លងទៅនេះ ច​ន ច័ន្ទ​លក្ខិណា បាន​ជួបប្រទះ​នឹង​រឿងរ៉ាវ​ជាច្រើន​រាប់មិនអស់ រាប់ទាំង​រឿង​ល្អ និង​រឿងអាស្រូវ​ផងដែរ ជាពិសេស ក្រោយ​ពេលដែល​នាង​បានសម្រេច​ចិត្ត​បែកបាក់​ជាមួយ​អតីត​ស្វាមី​ដែលជា​អ្នកមាន​អាជីព​ក្នុង​វិស័យ​សម្ដែង​ដូចគ្នា ក្រោម​ការលើក​ឡើងជា​ពាក្យ​ចចាមអារ៉ាម​ថា មាន​អ្នក​ទី3ចូល​ជ្រៀតជ្រែក​ក្នុងសង្គម​គ្រួសារ​របស់​នាង។ យ៉ាងណាក៏ដោយ បើទោះជា​នាង​បាន​ក្លាយទៅជា​ស្ត្រី​មេម៉ាយ​រស់នៅ​ជាមួយ​កូនស្រី​ក្ដី ប៉ុន្តែ​ប្រជាប្រិយភាព​របស់​នាង​នៅតែ​អាច​រក្សាបាន​នូវ​ភាពល្បីល្បាញ​ដដែល។ បន្ថែមពីនេះ​នាង​ថែមទាំង​បាន​បង្កើត​នូវមុខ​ជំនួញផ្សេងៗទៀត ដើម្បី​អាច​ទទួលបាន​ចំណូល​បន្ថែម​ពីលើ​ការងារ​ផ្នែក​សិល្បៈ ដូចជា បើកហាង ច​ន ច័ន្ទ សាឡ​ន និង​លក់​ផលិតផល​តាម​អន​ឡាញ​ជាដើម។

    ជាថ្មី​ម្ដងទៀត កំពូល​តារា​សម្ដែង​ដ៏​ប៉ិនប្រសប់ច​ន ច័ន្ទ​លក្ខិណា បាន​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅក្នុង​សង្គម​សិល្បៈ​ដោយ​ការ​កាន់​មុខតំណែង​ជា​ប្រធាន​សមាគម​អ្នកសិល្បៈ​កម្ពុជា បន្តវេណ​ពី​លោក សុះ ម៉ាច ដែលជា​ប្រធាន​ចាស់​ធ្លាក់​សន្លឹកឆ្នោត​ផងដែរ។ នៅក្នុង​រយៈពេល​នៃ​ការទទួលយក​តំណែង​ជា​ប្រធាន​សមាគមន៍​អ្នកសិល្បៈ​នេះ​ផងដែរ ច​ន ច័ន្ទ​លក្ខិណា បាន​លូកដៃ​ជួយ​សម្រួល​បញ្ហា​មួយចំនួន ជាពិសេស​បង្កើតជា​មូល​និធិ​ជួយ​ដល់​សិល្បករ សិល្បការិនី ដែល​ជួបប្រទះ​ភាពខ្វះខាត និង​បាត់បង់​សមត្ថភាព​ជាដើម។

    ដោយឡែក​កាលពីពេលថ្មីៗនេះ ច​ន ច័ន្ទ​លក្ខិណា បានធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជាខ្លាំងខណៈដែល​នាង​បានបង្ហាញ​ពី​ចេតនា​ចង់​ដើរ​ចេញពី​អាជីព​ជាតា​រា​សម្ដែង ដែល​ធ្លាប់មាន​អា​នុ​ស្សាវ​រី​យ៍​ជាច្រើន​ឆ្នាំ​ទាំង​គ្មាន​ភាព​អាឡោះអាល័យ ដោយ​ការសរសេរ​សារ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក។ ជាមួយនឹង​ការសម្រេចចិត្ត​ចាក​ចេញពី​អាជីព​សិល្បៈ​នាពេលនេះ ត្រូវបាន​កំពូល​តារា​សម្ដែង​រូបនេះ​បញ្ជាក់​ប្រាប់ថា គឺ​ដោយសារ​តែមាន​ភាព​មមា​ញឹក​ជាមួយ​ការធ្វើ​ជំនួញ​ផ្ទាល់ខ្លួន ក៏ដូចជា ជួយ​មើលមុខ​ជំនួញ​ស្វាមី​ទី2របស់​នាង ហើយ​ទុក​ពេលវេលា​ខ្លះ​ដើម្បី​ធ្វើការ​ស្វែងរក​មូល​និធិសម្រាប់​សិល្បករ​ចាស់ជរា។ នៅក្នុង​ជំហាន​នៃ​ការបញ្ចប់​អាជីព​របស់ ច​ន ច័ន្ទ នាពេលនេះ​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា មាន​មហាជន​មួយចំនួន​បាន​សម្ដែង​នូវ​ភាព​សោកស្តាយ ខណៈដែល​បាត់បង់​អ្នក​ដែលមាន​សមត្ថភាព និង​ទេពកោសល្យ​ផ្នែក​សម្ដែង៕

  • កាន់តែ​ជក់មាត់ ជាមួយ​សម្ល យ៉េន តា​ហ៊ូ

    កាន់តែ​ជក់មាត់ ជាមួយ​សម្ល យ៉េន តា​ហ៊ូ

    យ៉េន តា​ហ៊ូ ជា​ឈ្មោះ​ម្ហូប​មួយ​មុខ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកជំនាញ​ផ្នែក​ដាំ​ស្លប្រចាំ​នៅ​ភោជនីយដ្ឋាន និ​ដា ទួលគោក ក្រោម​ការរួមបញ្ចូល​នូ​វវត្ថុធាតុដើម និង​គ្រឿងផ្សំ​ច្រើន​ប្រភេទ និង​ច្រើន​ដំណាក់កាល។ អ្វីដែល​រឹតតែ​ជាការ​គួរឱ្យ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា យ៉េន តា​ហ៊ូ ត្រូវបាន​រួមបញ្ចូល​ជាមួយ​បន្លែ​ដែល​ដុះ​នៅក្នុង​សមុទ្រ​នោះ គឺ​ផ្កាថ្ម​ស្រស់។

    គ្រឿងផ្សំ
    – គ្រឿង​សមុទ្រ​ស្រស់
    – ដុំ​ឈាមមាន់
    – ទឹក​ស៊ុប​ហឹរ
    – ផ្កាថ្ម
    – ត្រកួន
    – ឃី​ន​ឆាយ
    – ស្លឹក​ខ្ទឹម
    – ទឹក​ស៊ី​អី​ុ​វ-​ស
    – ទឹកក្រូច​ឆ្មារ
    – ដុំ​តៅហ៊ូ​ប្រៃ
    – ម្ទេសដៃនាង
    – ខ្ទឹម​ជ្រក់
    – ខ្ទឹមស
    – ម្ទេស​ម៉ា​ឡេ​ក្រហម
    – គ្រឿងផ្សំ​រសជាតិ

    របៀប​ធ្វើ
    ចំពោះ​វិធីសាស្រ្តក្នុងការ​ចម្អិន ត្រូវបាន​អ្នកជំនាញ​បែង​ចែកចេញជា2ដំណាក់កាល។ ត្រូវធ្វើ​ទឹកគ្រឿង ដោយ​យក​ម្ទេស​ម៉ា​ឡេ​ក្រហម ខ្ទឹមស ខ្ទឹម​ជ្រក់ ម្ទេសដៃនាង ដុំ​តៅហ៊ូ​ប្រៃ កិន​បញ្ចូល​គ្នា​ឱ្យ​ក្លាយជា​ល្បាយ​តែមួយ រួច​ទុក​មួយអន្លើ។ បន្ទាប់​យក​បន្លែស្រស់​កា​ត់​ឱ្យ​ខ្លី​ល្មម ហើយ​យកទៅ​ស្រុស​ជាមួយ​ទឹក​ក្ដៅ ព្រមទាំង​គ្រឿង​សមុទ្រ​ផងដែរ។ បន្ទាប់មកទៀត​ត្រូវយក​គ្រឿង​សមុទ្រ និង​ដុំ​ឈាមមាន់​ដាក់​កូរ​បញ្ចូល​គ្នា​ជាមួយនឹង​ទឹកគ្រឿង​ដែល​បានរៀបចំ​ចម្អិន​រួចរាល់​ខាងលើ ដោយ​បន្ថែម​ទឹក​ស៊ុប​ហឹរ​បន្តិច ហើយ​តម្លើង​កម្ដៅភ្លើង ដោយ​បង់​បន្លែ​ចូល រួម​លើក​ចេញពី​ភ្លើង (ក្នុងករណី​ដែល​ចង់បាន​ទឹកស​ម្ល​ច្រើន ត្រូវ​បន្ថែម​ទឹក​ស៊ុប​ហឹរ​បន្ថែម) ជាការ​ស្រេច៕

  • អាការ​ឈឺក្បាល ប្រាប់​ពី​ជំងឺ​អ្វីខ្លះ?

    អាការ​ឈឺក្បាល ប្រាប់​ពី​ជំងឺ​អ្វីខ្លះ?

    អាការ​ឈឺក្បាល ក្រៅពី​ហុច​ផលប៉ះពាល់​ដល់​រាងកាយ​ហើយ​នោះ វា​នៅ​ហុច​ផលប៉ះពាល់​ចំពោះ​គុណភាព​ជីវិត​យ៉ាង​យ៉ាប់យឺន​ថែមទៀត​ផង។ អាការ​ឈឺក្បាល កើតឡើង​ពី​មូលហេតុ​ដូចជា ការឈឺចាប់ ភាព​តានតឹង ការ​បង្អត់អាហារ ការ​គេង​មិន​គ្រប់គ្រាន់ ការហាត់​ប្រាណ​លើស​កម្រិត ស្ថានភាព​ជុំវិញខ្លួន​អាប់អួរ ការសម្របសម្រួល​រាងកាយ​ទៅតាម​អាកា​សធាតុ​ផ្លាស់ប្ដូរ​មិនទាន់​ជាដើម។

    អាការ​ឈឺក្បាល ត្រូវបាន​បែងចែក​ជាច្រើន​ប្រភេទ ដោយ​ប្រភេទ​នីមួយ​មាន​មូលហេតុ​ទៅតាម​រោគ ជំងឺ និង​ការព្យាបាល ដោយ​ការប្រើប្រាស់​ថ្នាំ។ ដូច្នេះ អ្នក​អាច​សង្កេត​ពី​ខ្លួនឯងបាន​ថា កំពុងមាន​អាការ​ឈឺក្បាល​បែបណា ដែល​បង្ហាញ​ឱ្យ​អ្នកឃើញ​ពី​ចំណុច​ឈឺចាប់​ជា​ចម្បងទើប​អ្នក​អាចសន្និដ្ឋាន​បាន​ពី​អា​ការដែល​បណ្តាលឱ្យ​ឈឺក្បាល​ជាប្រចាំ និង​មិន​ប្រក្រតី។ សូម​សង្កេតមើល​តាម​ចំណុច​ដូចខាងក្រោម​នេះ។

    1. ឈឺក្បាល​ដោយសារ​ភាព​តានតឹង
    យើង​រមែង​ជួប​ជា​ញឹកញាប់​បំផុត លក្ខណៈរោគ​គឺ ចាក់ ច្របាច់ ឬ​រួមរឹត​យ៉ាង​ណែន​នៅក្នុង​ខួរក្បាល ហើយ​មាន​អារម្មណ៍​ថា​ដូច​មាន​អ្វី​ចាក់​ដោត​នៅ​ចំហៀង​ក្បាល​សងខាង។ អ្នក​អាច​ទទួលទាន​ថ្នាំ​បំបាត់​អាការ​ឈឺក្បាល​តាម​ធម្មតា​បាន ដូចជា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ឬ​ប្រភេទ​ថ្នាំ​បំបាត់​ការឈឺចាប់ ដែល​មិនមាន​ផ្សំ​សារធាតុ​ថ្នាំ​ស្ទេ​រី​ល​ក៏បាន។ ក្នុងករណី​ដែល​អ្នក​ឈឺក្បាល​លើសពី​រយៈពេល15ថ្ងៃ អ្នក​អាច​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ពួក អី​ុ​ប៊ុ​យ (Ibuprofen) ហើយ​ប្រសិនបើ​ឈឺ​លើសពី6ខែ អ្នក​គប្បី​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​ជាបន្ទាន់។

    2. អាការ​ឈឺក្បាល​ខ្លាំង ឬ Migraine
    អាការ​បែបនេះ ភាគច្រើន​បាន​ជួបប្រទះ​ចំពោះ​ស្ត្រី មានការ​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​វដ្ត​រដូវ និង​មាន​បច្ច័យ​ប៉ះ​ទ​ង្កិ​ច​ជាច្រើន​ទៀត​ដូចជា ការ​ចាំង​ពន្លឺ ថ្លង់​សំឡេង​ខ្លាំង ឈឺក្បាល​ប្រកាំង​មួយ​ចំហៀង​ក្បាល​បែប​ហឹងៗត្រចៀក និង​អាច​កើតមាន​អាការ​ចង្អោរ​ចង់​ក្អួត ឬ​មាន​ក្អួត​មកជា​មួយ​ផង​ក៏មាន។ ករណី​ដែល​អ្នកមាន​អាការ​ឈឺចាប់​រយៈពេល4-72ម៉ោង អាច​ប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ឬ​ទទួលទាន​ថ្នាំ​បំបាត់​អាការ​ឈឺក្បាល​តាម​ធម្មតា ឬមួយ​ក៏​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ គឺ​កាន់តែ​ប្រសើរ។

    3. ករណីផ្សេងៗ
    – ករណី​ឈឺក្បាល​ជា​បណ្ដុំ ៖ មាន​អាការ​ឈឺចាប់​ច្រើន​ផ្នែក​នៃ​រាងកាយ អាច​នឹង​ឈឺចាប់​ខ្លាំងក្លា​នៅក្នុង​ពេលវេលាដដែលៗប្រចាំថ្ងៃ រួមមានឈឺចាប់​នៅ​បរិវេណ​ភ្នែក ហើយ​ភ្នែក​កើតមាន​សភាព​ក្រហម និង​ហូរ​ទឹកភ្នែក​ជាដើម។ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ព្យាបាល។

    – ឈឺក្បាល​ដោយសារតែ​អាការ​រលាក ៖ អាការរោគ​កើតការ​ឈឺ​ចុកចាប់​នៅ​ម្ដុំ​ក្ដោងច្រមុះថ្ពាល់ ថ្កោ​ម និង​បរិវេណ​ត្រចៀក​ជាដើម។ បើ​មានការ​ឈឺក្បាល​ដោយសារ​មូលហេតុ​បែបនេះ អ្នក​គប្បី​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាប់ ដើម្បី​ទទួលបាន​ការណែនាំ និង​ការព្យាបាល​ត្រឹមត្រូវ ហើយ​ចៀសវាង​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ដោយ​ខ្លួនឯង។

    – ឈឺក្បាល​ដោយសារ​អ័រម៉ូន ៖ កើតចេញពី​ការប្រែប្រួល​អ័រម៉ូន​នៅក្នុង​រាងកាយ​ស្ត្រី ដូចជាខណៈ​តាំង​គ៌​ភ អំឡុងពេល​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត ឬ​ក្នុងអំឡុង​វ័យ40ឆ្នាំ​ឡើង។ អ្នក​អាច​លេបថ្នាំ​បំបាត់​អាការ​ឈឺចាប់ ដែល​មិនមាន​ផ្សំ​ពី​សារធាតុ​ថ្នាំ​ស្ទេ​រី​ល ឬ​ទៅ​ជួប​គ្រូពេទ្យ​ផ្ទាល់​តែម្ដង​ក៏បាន។

    ចំណាំ ៖ ប្រសិនបើ​អ្នកមាន​អាការ​ឈឺក្បាល​ខ្លាំង សូម​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ មុននឹង​សម្រេចចិត្ត​ប្រើប្រាស់​ថ្នាំ​ដោយ​មិនមាន​ការចេញ​វេជ្ជបញ្ជា៕

  • រឿង​ដែល​គួរ​ដឹង មុននឹងតម “អាហារខ្លាញ់”

    រឿង​ដែល​គួរ​ដឹង មុននឹងតម “អាហារខ្លាញ់”

    ទាំងអស់គ្នាប្រហែលជា​បានដឹងច្បាស់ហើយថា បើ​ចង់​មាន​សុខភាព​រឹងមាំល្អ និង​ចង់​សម្រកទម្ងន់​ឱ្យ​រាងរៅ​ស្គមស្វែ​លស្អាត ស្លៀកពាក់​ខោ-អាវ​លេខ M ឬ​លេខ S បាន​នោះ ត្រូវតែ​ចេះ​តម(ឬ​កាត់បន្ថយ) ការទទួល​ទានអាហារខ្លាញ់តែ​មុននឹងតាំងចិត្ត​ខំប្រឹងប្រែងតម​ពួកអាហារខ្លាញ់ៗយ៉ាងម៉ឺងម៉ាត់​នោះ យើង​គួរ​នាំគ្នា​មក​មើលពី​ដំបូន្មានល្អៗជាមុនសិន​ប្រសើរ​ជាង​ថា តើអ្នកគួរ​ត្រៀមខ្លួន​យ៉ាងណា និង​ត្រូវ​តម​អាហារខ្លាញ់​យ៉ាង​ត្រឹមត្រូវ​យ៉ាងណាខ្លះ?

    រឿង​ដែល​ត្រូវ​ដឹង​មុន​តម​អាហារ​ខ្លាញ់
    ដោយសារតែមាន​បុគ្គលិក​របស់​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន​ ម្នា​ក់បាន​លើក​ប្រធានបទ​មួ​យមក​ជជែក​គ្នា​ថា តើ​យើង​ត្រូវ​ប្រើ​វិធី​ណា​ល្អ​ក្នុង​ការឈប់​ទទួលទាន​អាហារខ្លាញ់នោះ ទើប​អ្នកគ្រូ ឆវី​ត្រូវ​លើកយក​ចំណុច​គួរ​ដឹង​សម្រាប់​ណែនាំ​ដល់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់ និង​ចង់​មាន​សុខភាព​រឹងមាំ​មក​ជម្រាបជូន​ដូចតទៅ ៖

    1. រកមូលហេតុឱ្យឃើញជាមុនសិន​ថាតើ​អ្នក​ចង់កាត់បន្ថយ និងឈប់ញ៉ាំ​អាហារខ្លាញ់នេះ​ដើម្បី​អ្វី?
    គឺ​ដើម្បី​សុខភាព​ល្អ! រឿង​ហ្នឹង​អ្នកណា​ក៏​គេ​ដឹង​ដែរ តែ​គោលដៅ​ក្នុងការ​កាត់បន្ថយ​រប​ស់​អ្នក​ហ្នឹង គឺ​ដើម្បី​សុខភាព​លើ​ផ្នែក​ណាមួយ?
    – រូបរាង?
    – ទម្ងន់?
    – ខ្លាច​ជំងឺ​ដែល​មកជា​មួយ​ភាពធាត់?
    – ខ្លាច​ជាតិ​ស្ករ​នៅក្នុង​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី?

    ដែល​ត្រូវតែ​ដឹង​ជាមុន​នោះ​ក៏​ព្រោះថា ហេតុនីមួយៗនោះ មានការ​កាត់បន្ថយ​មិន​ដូចគ្នា​ទេ និង​ជួនកាល​ការ​កត់​បន្ថយ​អាហារ​ខ្លាញ់ អាច​នឹង​មិនមែន​ជាកា​រ​កែសម្រួល​ហេតុ​បញ្ហា​ទាំងនោះ​ទៀតផង។

    – ដូច​អ្នកខ្លះ កាត់បន្ថយ​អាហារ​ខ្លាញ់​ ដើម្បី​សម្រក​ទម្ងន់… ដោយ​មិន​ទាំង​បាន​ទទួលទានវា​ច្រើន និង​មិនបាន​ពិនិត្យ​មើលថា ឡើង​ទម្ងន់​ដោយសារ​អ្វី​ឡើយ​។

    – អ្នកខ្លះ​ត្រូវការ​កែសម្រួល​រូបរាង តែ​អា​ផ្នែក​ដែល​ត្រូវការ​កែសម្រួល​នោះ​វា​មិនបាន​ពាក់ព័ន្ធ​នឹង​អាហារ​ខ្លាញ់​សោះ (ដូចជា ចង់ឱ្យ​សាច់​ដុំដៃ​មាំមួន ក៏​តម​លែង​ទទួលទាន​អាហារ​ខ្លាញ់… តែ​អត់​ទៅ​ហាត់ប្រាណ លើក​ដុំ​ដែក ហើយ​អីុចឹងម៉េច​សាច់​ដុំដៃ​ឡើងទៅ​កើត?)។

    – អ្នកខ្លះ​ត្រូវការ​បញ្ចុះ​ជាតិ​ខ្លាញ់​ ដើម្បី​សម្រកទម្ងន់ ទាំង​ដែល​បច្ចុប្បន្ន​ដឹង​ច្បាស់​ហើយ​ថា បើ​សម្រក​ខ្លាញ់ តែ​មិន​បន្ថយ​ជាតិ​ស្ករ ទោះ​សម្រក​យូរ​ប៉ុនណា​ក៏​មិនបាន​លទ្ធផល​ដែរ។

    2. គោលការណ៍​ពេទ្យ​សម័យ​ទំនើប មិនបាន​ឱ្យ​អត់​អាហារ​ខ្លាញ់​នោះទេ
    – ដោយសារ​ខ្លាញ់​គឺជា​វត្ថុ​ចាំបាច់​ចំពោះ​រាងកាយ តែ​បាន​ច្រើនពេក​ក៏​មិនល្អ បាន​តិចពេក​ក៏​មិនល្អ។

    – បច្ចុប្បន្ននេះ (ការពិតទៅ តាំងពី​ឆ្នាំ1980ឯណោះ) វេជ្ជសាស្ត្រ​សម័យ​បច្ចុប្បន្ននេះ សង្កត់ធ្ងន់​លើ​ការ​ទទួលទាន​អាហារ​យ៉ាង​​មាន​តុល្យភាព មិន​សង្កត់ធ្ងន់​លើ​ការតម្រង់​ទៅលើ​តែ​គុណប្រយោជន៍ ឬ​គុណវិបត្តិ​របស់​សារធាតុ​អាហារ​ប្រភេទ​ណាមួយ​នោះទេ​។

    – ឧទាហរណ៍​ដូចជា អាហារ​ក្រុម​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ក៏មាន​ជាតិ​ខ្លាញ់​ច្រើន​គួរសម​ដែរ មិនមែនជា​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​ឡើយ។

    3. តើ​អ្នក​ត្រូវ​ទទួលទាន​អាហារ​ខ្លាញ់​ប៉ុនណាដឹង​ឬ​នៅ?
    អ្នកខ្លះ​ចង់​បន្ថយ​ខ្លាញ់ តែ​មិនដឹងថា ខ្លួនឯងទទួលទានខ្លាញ់​ប៉ុនណា? ដល់​មិនដឹងថា ពីដំបូង​អ្នកទទួលទាន​វា​ប៉ុនណា ធ្វើឱ្យ​ពេល​កាត់បន្ថយ​ទៅហើយ ពិបាក​វាយតម្លៃ ធ្វើឱ្យ​មិនអាច​កំណត់​គោលដៅ​បាន។

    4. បន្ថយ​អាហារ​ខ្លាញ់ តែ​ត្រូវ​ប្រយ័ត្ន​ការបន្ថយ​ខ្លាំង​ជ្រុល​ពេក
    – គោលការណ៍​នៃ​ការ​តម​អាហារ​ខ្លាញ់ គឺ​ត្រូវ​មិន​តម​រហូតដល់​អត់​ទទួលទាន​សោះ​នោះទេ…ព្រោះ​ជាតិ​ខ្លាញ់​ក៏​ជា​វត្ថុ​មួយ​ដែល​រាងកាយ​ត្រូវ​ប្រើប្រាស់​ដែរ។

    – បើ​បន្ថយ​ជាតិ​ខ្លាញ់​ខ្លាំង និង​កំណត់​កម្លាំង​ថាមពល រាងកាយ​នឹង​សម្រួល​ខ្លួន​ចូលទៅ​នៅក្នុង​ក្រុមមនុស្ស​ខ្វះ​អាហារ​បរិភោគ សាច់ដុំ​នឹង​បាត់អស់ ហើយ​យូរ​ទៅរាងកាយ​ងាយ​នឹងត្រឡប់មក​ធាត់​ជាថ្មី​ម្ដងទៀត។

    5. ជាតិ​ខ្លាញ់​ដែល​គួរ​បញ្ឈប់​មែនទែន​នោះ​គឺ ខ្លាញ់​​ េ្រថនស៍ (Trans Fat)
    ចំណែក​ខ្លាញ់​ផ្សេងទៀត ដូចជា​ ខ្លាញ់ជ្រូកខ្លាញ់​សត្វ ប្រេងដូង ប្រេង​រុក្ខជាតិផ្សេងៗ ទទួលទាន​បាន តែ​ត្រូវ​គ្រប់គ្រង​បរិមាណ​យ៉ាងស័ក្តិសម៕