Author: ធឿន មករា

  • ក្ដីកង្វល់ របស់ស្រ្តីមានគភ៌

    ក្ដីកង្វល់ របស់ស្រ្តីមានគភ៌

    ការតាំងគភ៌សម្រាប់ស្រ្តីគ្រប់រូប ជាសញ្ញានៃក្ដីសោមនស្សរីករាយរបស់ក្រុមគ្រួសារ តែក្រោយពីក្ដីសោមនស្សទាំងនោះកន្លងផុតទៅ រឿងដែលតាមមកគឺ អាការភ័យខ្លាចចំពោះរឿងផ្សេងៗដែលនៅមិនទាន់កើតឡើង ជាពិសេសបើការតាំងគភ៌ក្នុងគ្រានេះ ជាការតាំងគភ៌គ្រាដំបូងផងនោះ អាការវិតក្កកង្វល់រមែងមានច្រើនជាងស្រ្តីដែលធ្លាប់ឆ្លងកាត់ការមានគភ៌រួចមកហើយមិនខាន។ ពេលនេះអ្នកគ្រូ ឆវី សូមនាំស្រ្តីៗយើង (អ្នកមិនទាន់មានស្វាមី និងអ្នកប្រុងប្រៀបចង់មានបុត្រ) មកមើលថា តើអាការវិតក្កកង្វល់ទាំងនោះមានអ្វីខ្លះ និងមានវិធីធ្វើឱ្យអាការទាំងនោះ កន្លងផុតទៅយ៉ាងណាខ្លះដូចខាងក្រោម។

    1. កង្វល់ថា វាច្បាស់ជាឈឺមិនខាន…
    ការឈឺចាប់ គឺជារឿងដំបូងដែលស្រ្តីមានគភ៌ភាគច្រើនតែងនឹកដល់ រឹតតែស្រ្តីមានគភ៌ណាដែលរៀបផែនការទុកជាមុនថា នឹងប្រសូតតាមធម្មជាតិ ហើយបានឮពាក្យរៀបរាប់ប្រាប់ពីអ្នកដែលធ្លាប់ឆ្លងទន្លេពីមុនមកផងនោះ សំដីទាំងអស់នោះនឹងត្រឡប់ចូលមកក្នុងខួរក្បាលជាថ្មីថា វានឹងឈឺបែបនេះ ចុកបែបនោះមិនខាន។ ដូច្នេះពាក្យណែនាំល្អៗសម្រាប់រឿងនេះគឺ វាអាចនឹងមិនមែនឈឺដូចដែលអ្នកបានគិតនោះទេ បើវាឈឺចាប់ខ្លាំងក្លាដល់ថ្នាក់នោះ ស្រីៗជាច្រើនប្រហែលជាមិនសម្រេចចិត្តពពោះ និងឆ្លងទន្លេម្ដងហើយម្ដង ទៀតនោះទេ មែនអត់?

    2. កង្វល់ថា ស្វាមីនឹងទៅមានស្រីថ្មី (ក្បត់ចិត្ត)
    ដោយសរីរាង្គកាយដែលប្រែប្រួលរបស់ស្រ្តីដែលមានផ្ទៃពោះ ដែលថាៗទៅ គឺវាប្រែប្រួលច្រើនណាស់ ធ្វើឱ្យស្រ្តីជាច្រើនមានកង្វល់ក្នុងរឿងនេះ។ ពីចំណុចមួយនេះ វានឹងរួមទៅដល់រឿងសិចផងដែរ។ ដូចដែលយើងបានដឹងហើយថា រាងកាយក្នុងអំឡុងពេលនេះមិនអំណោយផលដល់ការមានសិច (រួមភេទ) ឡើយ តែកុំទៅកង្វល់ច្រើនពេក ត្រូវកុំភ្លេចថា ការតាំងគភ៌ក្នុងគ្រានេះកើតឡើងពីសេចក្ដីស្រឡាញ់ និងសេចក្ដីត្រូវការទាំងរបស់ស្វាមី និងរូបអ្នក ដូច្នេះស្វាមីនឹងស្រឡាញ់អ្នកកាន់តែខ្លាំងឡើង ព្រោះគាត់មើលឃើញថា អ្នកត្រូវលំបាកក្នុងអំឡុងពេលហ្នឹង។

    3. កង្វល់មិនដឹងថាកូនក្នុងផ្ទៃនឹងមានរូបរាងកាយ និងសុខភាពល្អឬក៏អត់?
    នេះក៏ជាក្ដីកង្វល់មួយទៀតរបស់ស្រ្តីមានគភ៌ដែលយើងជួបប្រទះច្រើន ដែលតែងតែភ័យខ្លាចថា នឹងមានរឿងមិនល្អអីុចេះអីុចុះកើតឡើងចំពោះកូន តែតាមស្ថិតិវិញ មានទារកត្រឹមតែ3% (100មានតែ3) ប៉ុណ្ណោះដែលនឹងកើតមកហើយមិនល្អពេញលេញ។ ដោយតិចណូឡូជីខាងវេជ្ជសាស្រ្តបច្ចុប្បន្នធ្វើឱ្យមានការពិនិត្យមើលដោយវិធីផ្សេងៗរហូតពេញមួយរយៈពេលមានគភ៌ និងបើសិនជាមានអ្វីមិនល្អ ក៏នៅមានតិចណូឡូជី ឬការរក្សាព្យាបាលបែបថ្មីអាចជួយបានដែរ។

    4. កង្វល់ថានឹងបាត់បង់ការគ្រប់គ្រងលើខ្លួនឯង
    អំឡុងពេលកំពុងតាំងគភ៌នេះអាចរាប់ បានថា ជាអំឡុងពេលដែលអ្វីៗច្រើនយ៉ាង របស់មនុស្សស្រីមិនប្រក្រតី ទាំងអាការខាង រាងកាយ និងអារម្មណ៍។ អ្នកនឹងដឹងថា ពេលខ្លះខ្លួនឯងឆេវឆាវជ្រុលហួសហេតុ ទួញយំចំពោះរឿងកំប៉ិកកំប៉ុក ភើ ឬដើរខ្យល់(ផោម) ច្រើនបែបមិនដឹងខ្លួន… តែមិនបាច់បារម្ភអ្វីទាំងអស់ មនុស្សជុំវិញខ្លួនអ្នក គេមិនបន្ទោសអ្នកទេ គេយល់ច្បាស់ណាស់ថា អ្នកមានផ្ទៃពោះតែងដូច្នេះឯង…។

    5. កង្វល់រឿងអាហារការហូបចុក
    ស្រ្តីជាម្ដាយជាច្រើនដែលពេលមិនទាន់តាំងគភ៌ បានដំណើរជីវិតរស់នៅមួយបែបផ្សេង ដូចជា ញ៉ាំស្រា ជក់បារី ឬញ៉ាំតែកាហ្វេរសជាតិចាស់ខ្លាំងជាដើម។ វាជារឿងល្អណាស់ក្នុងការកង្វល់ជាមួយនឹងរឿងពពួកនេះ គួរតែបន្ថយ និងតមឱ្យបាន ព្រោះការញ៉ាំ ឬសេពវត្ថុអស់ទាំងនោះ ជាមូលហេតុដំបូងៗគេនៃការប្រសូតទារកដែលមានភាពខុសប្រក្រតីចេញមក ដូច្នេះបើមានកង្វល់ខ្លាំង ឬខ្លាចថាក្រែងធ្វើមិនបានសុំទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    6. កង្វល់ថា ធ្វើជាម្ដាយគេមិនបានល្អ
    ទោះជាស្រ្តីមានសញ្ជាតិញាណនៃភាពជាម្ដាយនៅក្នុងខ្លួនស្រាប់ហើយគ្រប់គ្នាក៏ដោយ តែអាការកង្វល់ថា នឹងក្លាយជាម្ដាយដែលល្អឬអត់នោះក៏នៅតែមាន និងនៅពេលប្រៀបធៀបជាមួយនឹងម្ដាយខ្លួនឯងដែលធ្លាប់ចិញ្ចឹមមើលថែទាំមកយ៉ាងល្អល្អះនោះ រឹតតែធ្វើឱ្យកាន់តែមានកង្វល់ក្នុងចិត្តខ្លាំងឡើង។ ពាក្យណែនាំល្អៗ ដើម្បីបន្ថយក្ដីកង្វល់ក្នុងរឿងនេះគឺ គ្មាននរណាម្នាក់ឥតខ្ចោះ គ្មានម្ដាយណាម្នាក់ល្អគ្រប់សព្វបែបយ៉ាងនោះទេ សុំត្រឹមតែអ្នកជឿជាក់ក្នុងចិត្ត និងស្រឡាញ់កូន ធ្វើគ្រប់យ៉ាងដើម្បីកូនយ៉ាងពេញទំហឹង ប៉ុណ្ណឹងក៏រាប់ថា អ្នកជាម្ដាយម្នាក់ដ៏ល្អបាត់ទៅហើយ។

    7. កង្វល់ថា រាងនៅតែធាត់កន្ទ្រីលកន្ទ្រលបែបហ្នឹងរហូតទៅ
    ទម្ងន់ខ្លួនដែលកើនឡើងវឹបៗក្នុងអំឡុងពេលមានគភ៌ និងអ្នកខ្លះមើលទៅដូចជាគ្មានសញ្ញាថានឹងថយចុះ ទោះជាឆ្លងទន្លេហើយក៏ដោយ បើគិតថាចង់ត្រឡប់មកមានរូបរាងស្អាតស្វែលដូចដើមវិញនោះ ក្នុងអំឡុងពេលនេះអ្នកត្រូវរៀបចំផែនការថែទាំខ្លួនឯងក្រោយពេលឆ្លងទន្លេរួច ដូចជា ញ៉ាំអាហារ និងហាត់ប្រាណឱ្យស័ក្តិសម ជាដើម នោះមិនយូរប៉ុន្មានរាងកាយអ្នកក៏នឹងត្រឡប់មកដូចដើមវិញមិនខាន។

    8. កង្វល់ថា មិនមានពេលវេលាសម្រាប់កូនម្នាក់ទៀត
    សម្រាប់ស្រ្តីដែលមានគភ៌លើកនេះជាលើកទីពីរនោះ រឿងមួយដែលត្រូវកង្វល់គឺ អារម្មណ៍របស់កូនម្នាក់ទៀត ខ្លាចកូននឹងតូចចិត្ត​ និងទៅជាគិតថា អ្នកលែងស្រឡាញ់គេបាត់ទៅហើយ។ រឿងនេះមិនមែនជាបញ្ហាធំនោះទេ ត្រឹមតែអ្នកបានជជែកនិយាយជាមួយកូន និងព្យាយាមអធិប្បាយពន្យល់ និងឱ្យគេបានចំណែករួមក្នុងការតាំងគភ៌លើកនេះ នោះគ្រប់យ៉ាងនឹងល្អប្រសើរឡើងដោយឯកឯង ឬបើអ្នកមិនសូវជាប៉ិនប្រសប់ក្នុងរឿងនេះ អាចនឹងឱ្យលោកប្ដីជាអ្នកជួយក៏បាន៕

  • តោះ មក​អាន​ពាក្យពេចន៍​ផ្អែមល្ហែម​របស់ ហង្ស ម៉ា​រី​នី ជាមួយ​គូស្នេហ៍

    តោះ មក​អាន​ពាក្យពេចន៍​ផ្អែមល្ហែម​របស់ ហង្ស ម៉ា​រី​នី ជាមួយ​គូស្នេហ៍

    ជា​ហូរហែ​គេ​ធ្លាប់តែ​ឃើញ​ស្រី​ស្រស់​ចិត្តបុណ្យ កញ្ញា ហង្ស ម៉ា​រី​នី បង្ហោះ​ពីសារខ្លីៗក្នុងន័យ​ប្រកាស​សុំឱ្យ​មានការ​ចូលរួម​សកម្មភាព​ជួយ​ដល់​សង្គម តាមរយៈ​ការចែករំលែក​ធនធាន​ផ្ទាល់ខ្លួន​ទៅដល់​មូល​និ​ធី​មនុស្សធម៌ ឬ​ជួយឧបត្ថម្ភ​ដល់​កុមារកំព្រា​នានា​ជាដើម ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាពចុះ​ទៅដល់​មូលដ្ឋាន​នៅតាម​តំបន់​ដាច់​ស្រ-​យ៉ា​ល​ផងដែរ។ ដោយឡែក​ចំពោះ​ការបញ្ចេញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ក្នុងន័យ​ជា​លក្ខណៈ​បុគ្គល ជាពិសេស​រឿងរ៉ាវ​ស្នេហា​តែម្ដង ស្រី​ស្រស់​ម្នាក់នេះ​មិនដែល​បញ្ចេញ​ជា​សាធារណៈ​នោះឡើយ។ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​នោះ គឺ​នាង​បាន​បង្ហោះ​សំណេរ​ដ៏​វែង​អន្លាយ បរិយាយ​ពី​អារម្មណ៍​រីករាយ​ជាមួយ​បុរស​គូស្នេហ៍ ដោយ​អម​ជាមួយនឹង​រូបភាព​ស្និទ្ធស្នាល​នៅក្នុង​សួនផ្កា​ជាច្រើន​សន្លឹក​ថែមទៀត​ផង។

    តាមរយៈ​គណនី​ផ្ទាល់ខ្លួន កញ្ញា ហង្ស ម៉ា​រី​នី បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា “អរគុណ​គ្រប់យ៉ាង អរគុណ​ដែល​បង​តែងតែ​នៅក្បែរ​អូន ការពារ​អូន បង​តែងតែ​ផ្តល់​ភាពកក់ក្តៅ ក្តីសង្ឃឹម កម្លាំងចិត្ត និង​សុភមង្គល​ជូន​គ្រប់ពេល គ្រប់​វិនាទី គ្រប់​ម៉ោង គ្រប់​ថ្ងៃ គ្រប់​ខែ គ្រប់​ឆ្នាំ បង​មិនដែល​ធ្វើឱ្យ​អូន​ពិបាកចិត្ត ឬក៏​ទឹកភ្នែក​ម្តងណា​ឡើយ តាំងពី​បង​ស្រឡាញ់​អូន​ដំបូង​រហូតដល់​ពេលនេះ គឺ​បង​តែងតែ​ផ្តល់នូវស្នាមញញឹម និង​ភាពសប្បាយ​រីករាយ​ជូន​អូន​ជានិច្ច ជាពិសេស​កន្លែង​ដែល​អូន​ប្រាថ្នា គឺ​បង​តែងតែ​នាំ​អូន​ទៅជា​និច្ច។ ដឹងថា​បង​ហត់នឿយ​ខ្លាំង ដើម្បី​គ្រួសារ​មួយ​នេះ តែ​បង​មិនដែល​រអ៊ូ​ថា​ហត់​សូម្បី​មួយ​ម៉ាត់ មិន​ដែល​ត្អូញត្អែ ទោះ​បង​ឈឺ​ក៏​មិន​ហ៊ាន​ប្រាប់​អូន​ថា​ឈឺ​ដែរ ទាល់តែ​ស្ទាប​ក្បាល​ក្តៅខ្លួន បាន​សួរ​ទៅបាន​ប្រាប់ថា​ឈឺ​មែន……. មនុស្ស​ស្អី ក៏​ពូកែ​ទ្រាំ​ម៉្លេះពេលខ្លះ​អូន​ហត់​ពេក អូន​មួម៉ៅ​ដាក់​បង ថាឱ្យ​បង​ក៏មាន តែ​បង​មិនដែល​តប​នឹង​អូន​ទេ មានតែ​យកចិត្ត​អូន​ថែម ទៅ​ទិញ​នេះ​ទិញ​នោះមក​លួង​អូន ថា​អូន​ខឹង​ចឹ​ង​មុខ​អត់​ស្អាត​ទេ ឆាប់​ចាស់​ដឹង​អត់? ជាពិសេស​បង​តែងតែ​បង្រៀន​អូន​គ្រប់ពេល ដុសខាត់​អូន ទាំង​ការរកស៊ី ចំណេះវិជ្ជា ការយោគយល់ និង​ការ​អធ្យាស្រ័យ។ បង​តែងតែ​ប្រាប់​អូន​គ្រប់ពេល​ថា ធ្វើ​អី​ក៏ដោយ ចូរ​អូន​ធ្វើ​ដោយ​សន្តិ​វិធី កុំ​ធ្វើ​ដោយ​ឆេវឆាវ ត្រូវមាន​ក្តីមេត្តាក្តី​សន្តោស យកចិត្ត​គេ​ដាក់ចិត្ត​យើង នោះ​យើង​នឹងមាន​តែ​សេ​ក្តី​សុខ។ នេះហើយ​ជា​ចំណុច​ដែល​អូន​ខ្វះ​បង​មិនបាន ទឹកចិត្ត​ដ៏​ល្អរ​បស់បង គឺ​ធំ​ជាងអ្វីៗទាំងអស់”។

    បន្ថែម​ពីនេះ ស្រី​ស្រស់ ដែលជា​ថៅកែ​ហាង​គ្រឿងក្រអូប​វ័យក្មេង​ម្នាក់នេះ​ថែមទាំង​បាន​សរសេរ​សារ​បែប​ជាការ​ផ្តល់​គំនិត​ដល់​បណ្តា​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​ថា “កុំ​ស្រឡាញ់​មនុស្ស​ណា​ម្នាក់​ដោយសារតែ​ចង់បាន​ផលចំណេញ​ពីគ្នា, ចង់បាន​ទ្រព្យសម្បត្តិ​គេ, ចង់បាន​ខ្លួនប្រាណ, យកមក​លេងសើច, ទុក​កំដរ​អារម្មណ៍, យកមក​អួត​គ្នា​ជាមួយ​មិត្តភក្តិ, ខ្លាច​គេ​ឌឺ​ថា​អន់​ពេល​គ្មាន​សង្សារ​ដូច​គេ។ ការស្រឡាញ់​មិនមែនជា​ល្បែង​ទេ បើ​ស្រឡាញ់​នរណាម្នាក់ យើង​ត្រូវ​ចេះ​យល់​ពី​អារម្មណ៍​គ្នា, ចេះ​ថ្នាក់ថ្នម​លួងលោម, ស្រឡាញ់​គឺ​ស្រឡាញ់​មិនមែន​របស់​លេងសើច, កុំ​ចេះតែ​ធ្វើឱ្យ​កើតទុក្ខ​ច្រើនជាង​សប្បាយ, ចេះ​រក​ពេលវេលា​ក្បែរ​គ្នា​ឱ្យបាន​ច្រើន, ផ្តល់​ភាពកក់ក្តៅ និង​ភាពជឿជាក់​ដល់​គ្នា, ព្យាយាម​ផ្តល់នូវ​អ្វីដែល​គេ​ត្រូវការ តែ​មិនមែន​តម្រូវ​តែ​ចិត្ត, ចេះ​ឱ្យ​តម្លៃ និង​គោរព​គ្នា​ទៅវិញទៅមក។ មនុស្ស​ភាគច្រើន​ស្អប់​ការនិយាយ​កុហក និង​ភាពមិនស្មោះត្រង់ បើ​យើង​ស្រឡាញ់​នរណាម្នាក់ យើង​ត្រូវតែ​ចេះ​ថែរក្សា​គេ កុំឱ្យ​ដល់ពេល​គេ​ទៅ​បាត់​តាំង​មក​ស្ដាយក្រោយ”៕

  • Midori Sunrise ស្រាក្រឡុកដ៏ពេញនិយមនៅជាន់លំហអាកាស katari

    Midori Sunrise ស្រាក្រឡុកដ៏ពេញនិយមនៅជាន់លំហអាកាស katari

    នៅពេលបច្ចុប្បន្ន ចំពោះប្រភេទស្រាក្រឡុក បានក្លាយទៅជាភេសជ្ជៈដែលមានការពេញនិយមពីសំណាក់មនុស្សសម័យថ្មី គួរឱ្យកត់សម្គាល់ ខណៈដែលតាមរយៈការទទួលទានស្រក្រឡុកបានបង្ហាញពីភាពឡូយឆាយ និងទាន់សម័យ។ ជាមួយគ្នានេះ លោកអ្នកក៏អាចក្លាយជាមនុស្សដែលទាន់សម័យ និងថ្លៃថ្នូរបានដែរ ដោយគ្រាន់តែមកអង្គុយបណ្តែតអារម្មណ៍ក្រេបរសជាតិស្រាក្រឡុក Midori Sunrise នៅលើជាន់លំហរអាកាសរបស់សណ្ឋាគារ Katari ដែលមានទីតាំងស្ថិតនៅអគារលេខ61 ផ្លូវ294 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ឬអាចសាកល្បងធ្វើភេសជ្ជៈដ៏ឆ្ងាញ់ពិសានេះដោយខ្លួនឯងនៅគេហដ្ឋានដោយអនុវត្តតាមវិធីដូចតទៅនេះ។

    គ្រឿងផ្សំ

    • ស្រា Tequila
    • ស្រា Midori
    • ទឹកក្រូចច្របាច់
    • ទឹកកក
    • ទឹកទទឹមក្រហម

    វិធីធ្វើ​

    ប្រសិនបើជាអ្នកជំនាញផ្នែកក្រឡុកស្រាហាក់មិនពិបាកអនុវត្តនោះទេ ប៉ុន្តែប្រសិនបើជាអ្នកមិនធ្លាប់អនុវត្តទាល់តែសោះនោះ អាចមានបញ្ហាបន្តិចបន្តួច ប៉ុន្តែមិនមែនមានន័យថា មិនអាចធ្វើបាននោះទេ។ ជាដំបូង លោកអ្នកគ្រាន់តែស្វែងរកនូវវត្ថុធាតុដើមដូចដែលបានបង្ហាញជូនខាងលើនេះ ដូចជា ស្រា Tequila , ស្រា Midori​​​​្ និងទឹកក្រូចច្របាច់ យកមកចាក់ក្រឡុកបញ្ចូលគ្នា។ បន្ទាប់មកដាក់ទឹកកកចូលក្រឡុកសាជាថ្មីប្រមាណជា10វិនាទី ហើយចាក់ចូលក្នុងកែវ។ ជាចុងក្រោយ ចាក់ទឹកទទឹមក្រហមពីលើ ដើម្បីបន្ថែមក្លិនក្រអូបឈ្ងុយ និងមានពណ៌ស្រស់ស្អាតដល់ភេសជ្ជៈមួយមុខនេះជាការស្រេច៕

  • “ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

    “ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

    នៅលើពិភពលោកមួយនេះ រឿងដែលអាចហៅបានថា “មហស្ចារ្យ” បានកើតឡើងច្រើន ណាស់។ ការ “ចាប់បដិសន្ធិ” ឡើងនៅក្នុងគភ៌ម្ដាយ ក៏អាចហៅបានថាជារឿងដ៏មហស្ចារ្យមួយដែរ ព្រោះទម្រាំនឹងមេជីវិតមួយហែលវែកហ្វូង ចូលទៅរកស៊ុតញី និងចោះចូលទៅបានសម្រេចនោះមិនមែនជារឿងងាយស្រួលឡើយ។ ទើបមិនគួរឱ្យចម្លែកចិត្តឡើយដែលគូស្វាមីភរិយាទាំងឡាយសុទ្ធតែមានក្ដីរំភើបសោមនស្សជាខ្លាំងនៅពេលដឹងថា មានជីវិតមួយទៀតបាន “ចាប់បដិសន្ធិ” ឡើងហើយនៅក្នុងគភ៌ ដូច្នេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា ទម្រាំតែកូនតូចជាទីស្រឡាញ់របស់អ្នកប្រសូតចេញមកនោះ តើមានអ្វីកើតឡើងខ្លះនៅក្នុងគភ៌ម្ដាយ?

    ការធ្វើដំណើររបស់មេជីវិត
    បន្ទាប់ពីខាងប្រុសបង្ហូរទឹកអសុចិដែលមានមេជីវិតចំនួនដ៏ច្រើនរាប់រយលានក្បាលចូលទៅក្នុងរន្ធស្បូនរបស់ខាងស្រីហើយ មេជីវិតទាំងនោះនឹងហែលវែកទឹករំអិលក្នុងបរិវេណរន្ធស្បូនឆ្ពោះទៅរកមាត់ស្បូនដែលមានភាពស្ដើង និងយឺតយារយ៉ាងល្អក្នុងអំឡុងពេលទម្លាក់ស៊ុតញី ហើយហែលបន្តចូលទៅក្នុងប្រអប់ស្បូន ឆ្លងកាត់បំពង់បង្ហូរស៊ុតឆ្ពោះទៅរកដៃស្បូន។ ជា-ទូទៅមេជីវិតនឹងហែលវែកកាយទៅមុខដោយល្បឿន 2-3មីល្លីម៉ែត្រក្នុងមួយនាទី តែនឹងហែលទៅមុខបានយឺតក្នុងអំឡុងពេលឆ្លងកាត់រន្ធស្បូនដែលមានសភាពជាអាស៊ីត ហើយនឹងហែលលឿនឡើងនៅពេលឆ្លងផុតមាត់ស្បូនចូលទៅក្នុងប្រអប់ស្បូនដែលមានសភាពជាជាតិក្បុងដែលទម្រាំតែហ្វូងមេជីវិតធ្វើដំណើរទៅដល់ដៃស្បូន ចំនួនបានថយចុះអស់ជាច្រើន ធ្វើឱ្យនៅសល់មេជីវិតចំនួនមិនច្រើនប៉ុន្មានឡើយដែលមានឱកាសហែលទៅដល់ស៊ុតញី និងមានមេជីវិតតែមួយក្បាលគត់ ដែលអាចចោះចូលទៅក្នុងពពុះស៊ុតបានសម្រេច។ បន្ទាប់ពីចោះចូលទៅបានហើយ មេជីវិតនឹងផ្ដាច់កន្ទុយចេញ និងរំលាយផ្នែកក្បាលដើម្បីបញ្ចេញក្រូម៉ូហ្សូមទាំង 23ដើមដែលផ្ទុកនៅខាងក្នុងឱ្យចូលទៅរកស៊ុតញី ដើម្បីចាប់គូជាមួយក្រូម៉ូហ្សូម 23ដើមទៀតនៅក្នុងពពុះស៊ុត និងរួមចូលគ្នាក្លាយជាកោសិកាតែ1 ដែលមានន័យថា ការ “ចាប់បដិសន្ធិ” បានកើតឡើងហើយ។

    វិវឌ្ឍនាការរបស់កោសិកា និងការធ្វើដំណើររបស់តួកំណើត
    បន្ទាប់ពីមានការ “ចាប់បដិសន្ធិ” ឡើង រហូតកើតជាកោសិកាហើយ កោសិកានឹងធ្វើការបំបែកខ្លួនបែបទ្វេគុណយ៉ាងឆាប់រហ័សពី1 ទៅជា2 ពី2 ទៅជា4 ពី4 ទៅជា8 ជារឿយៗ រហូតដល់មានរាប់រយកោសិកា និងក្នុងពេលជាមួយគ្នានោះឯង ស៊ុតដែលបានទទួលការរួមផ្សំ និងក្លាយជាតួកំណើតនេះនឹងរំកិលសន្សឹមៗទៅបង្កប់ខ្លួនក្នុងប្រអប់ស្បូន ដែលជាទូទៅ នឹងប្រើពេលវេលាក្នុងការធ្វើដំណើរប្រមាណជាមួយសប្ដាហ៍។ នៅពេលតួកំណើតអាចបង្កប់ខ្លួននៅក្នុងសាច់ភ្នាសប្រអប់ស្បូនបានយ៉ាងរឹងមាំល្អហើយ ទើបអាចហៅបានថា ការ “ចាប់បដិសន្ធិ” លើកនេះចប់សព្វគ្រប់យ៉ាងពេញលេញហើយ។ បន្ទាប់ពីនោះ តួកំណើតនឹងវិវឌ្ឍខ្លួនជាបណ្ដើរៗរឿយៗ ដោយនឹងប្រើពេលវេលាប្រមាណ 9ខែ ឬ40សប្ដាហ៍ ក៏នឹងវិវឌ្ឍចប់សព្វគ្រប់យ៉ាងពេញ-លេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រសូតចេញមកពិភពខាងក្រៅ៕

  • ធ្លាយ​រឿង ព្រះកាយ ច័ន្ទ លួចលាក់​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ លោក ឆា​នី សូ

    ធ្លាយ​រឿង ព្រះកាយ ច័ន្ទ លួចលាក់​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ លោក ឆា​នី សូ

    ស្រប​ពេលដែល​ប្រជាប្រិយភាព​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​តាមរយៈ​ការសម្ដែង​នៅក្នុង​ខ្សែភាពយន្ត​ភាគ​ខ្មែរ ដែល​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ5 រឿង “ទណ្ឌកម្ម​ស្នេហ៍”ក្នុងនាម​ជា​តួឯក​ស្រី​នោះ ពេលនេះ​តារា​សម្ដែង​ស្រី​រាង​ខ្ពស់ស្រឡះ ដែល​តែង​យក​ឪពុក​ដើរ​តាម​ប្រៀប​ដូច​កង​រក្សា​សុវត្ថិភាព កញ្ញា ព្រះកាយ ច័ន្ទ ត្រូវបាន​គេ​ទម្លាយ​អាថ៌កំបាំង​មក​ថា មិន​ត្រឹមតែ​ជាការ​សម្ដែង​បែប​គូស្នេហ៍​នៅក្នុង​សាច់រឿង​ជាមួយ​តួឯក​ប្រុស លោក ឆា​នី សូ នោះទេ ភាពជាក់ស្ដែង​នៅក្រៅ​ឆាក​ឯណេះ​វិញ អ្នក​ទាំងពីរ​ក៏​កំពុងតែ​សាង​ភាព​ល្អូកល្អិន​យ៉ាង​ស្អិតល្មួត​ជាមួយគ្នា​ផងដែរ។

    ជាច្រើនលើក​ច្រើនសា​ណា​ស់មក​ហើយ ដែល​កញ្ញា ព្រះកាយ ច័ន្ទ បានចេញ​មុខ​ធ្វើការ​បដិសេធ​ទៅនឹង​ព័ត៌មាន​ច​ចាម​អារ៉ាម​ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​ចំណង​ស្នេហ៍​ថ្មោងថ្មី​ជាមួយ​តារា​សម្ដែង​ប្រុស​រួម​អាជីព គឺ​លោក ឆា​នី សូ ដែល​បច្ចុប្បន្ន​ក៏​ជា​ដៃគូ​ពិធីករ​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ប្រចាំ​សប្ដាហ៍ Carabao Spark Concert នៅ​មណ្ឌល​កម្សាន្ត Spark & Tawandang។ យ៉ាងណាក៏ដោយ​បើទោះជា​ការព្យាយាម​ចេញមុខ​បកស្រាយ​បែបណាក៏ដោយ រហូតមកដល់​ពេលនេះ កម្ដៅ​នៃ​ព័ត៌មាន​ដ៏​រសើប​មួយ​នេះ​នៅតែ​មិនទាន់​ថមថយ​នៅឡើយ ផ្ទុយទៅវិញ មានតែ​ធ្វើឱ្យ​សាយភាយ​កាន់តែខ្លាំង​លើស​ដើម។

    តប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​កាលពី​ពេល​កន្លងទៅនេះ ព្រះកាយ ច័ន្ទ បាន​ទទួលស្គាល់ថា ទំនាក់ទំនង​រវាង​រូបនាង​ជាមួយនឹង​លោក ឆា​នី សូ ពិត​ជាមាន​ភាពស្និទ្ធស្នាល​ប្រាកដ​មែន ប៉ុន្តែ​វា​មិនមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ចំណង​ស្នេហ៍​លួចលាក់​ដូច​ការលើកឡើង​នោះទេ។ នាង​បាន​បញ្ជាក់ទៀតថា កាលដែល​គេ​គ្រប់គ្នា ក៏ដូចជា​ក្រុមការងារ​បានឃើញ​ទំនាក់ទំនង​បែប​ស្និទ្ធស្នាល ក៏​ព្រោះតែ​ភាគច្រើន​នាក់​ទាំងពីរ​ធ្វើការ​រួមគ្នា​ជា​ដៃគូ​ជាប្រចាំ មិនថាតែ​ការសម្ដែងខ្សែភាពយន្ត ការថត​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក៏ដូចជា​ការងារ​ជា​ពិធីករ-ពិ​ការិនី​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នោះទេ។ “ការងារ​គឺជា​ការងារ ការ​រាប់អាន​គឺជា​លក្ខណៈ​មិត្តភក្ដិ​រួម​អាជីព​តែប៉ុណ្ណោះ គ្មាន​រឿង​ស្នេហា​អ្វី​កើតឡើង​នោះទេ” នេះ​ជាការ​បញ្ជាក់​ពី​កញ្ញា ព្រះកាយ ច័ន្ទ។

    យ៉ាងណាមិញ សម្រាប់​អ្នកតាមដាន​សកម្មភាព​តារា​ខ្មែរ​បាន​លើកឡើងថា “ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​បាន​នោះទេ” ការពិត​នៅតែ​ជាការ​ពិត បើទោះជា​នាង​បាន​ព្យាយាម​បដិសេធ​យ៉ាងណាក្ដី ប៉ុន្តែ​រាល់​ទង្វើ និង​សកម្មភាព​របស់​នាង​ និង​តារា​សម្ដែង​ប្រុស​មាឌធំ​ខ្ពស់​ម្នាក់នេះ ពិតជា​មិនអាច​បិតបាំង​ការពិត​បាន​នោះឡើយ ហើយ​គេ​ក៏​នៅតែ​បន្ត​រង់ចាំ​មើលថា តើ​នាង​អាច​គេចវេស​ពី​ការពិត​បានយូរ​ប៉ុណ្ណា​ទៀត៕

  • ត្រីសាលម៉ុនចៀនមាសល្ពៅ

    ត្រីសាលម៉ុនចៀនមាសល្ពៅ

    សាច់ត្រីសាលម៉ុន ភាគច្រើនគេតែងឃើញមានការនិយមទទួលទានបែបស្រស់ៗ ឬសាច់ឆៅតែម្ដង តាមបែបជនជាតិជប៉ុន ដោយគ្រាន់តែបន្ថែមគ្រីមវ៉ាសាប៊ិតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះសាច់ត្រីសាលម៉ុន ត្រូវបានអ្នកជំនាញផ្នែកធ្វើម្ហូបប្រចាំនៅភោជនីយដ្ឋាន Motor Café ​ដែលមានទីតាំងស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់នឹងភោជនីយដ្ឋាន NEEDA យកមកកែច្នៃបង្កើតចេញជាអាហារថ្មី ប្លែក និងមានរសជាតិឆ្ងាញ់ នោះគឺ “ត្រីសាលម៉ុនចៀនជាមួយមាសល្ពៅ”។ ចង់ដឹងទេថា ម្ហូបមួយចាននេះ ត្រូវបានអ្នកជំនាញច្នៃចេញពីគ្រឿងផ្សំអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា…។

    គ្រឿងផ្សំ

    • ត្រីសាលម៉ុន
    • មាសល្ពៅ (ទឹកល្ពៅខាប់)
    • ទឹក Sauce Crème ជាមួយម្រេចខ្ចី
    • សណ្តែកបារាំង
    • ការ៉ុតរុំ
    • ស្នៀតពោត
    • ប៉េងបោះតូច

    វិធីធ្វើ
    មុនដំបូងយកត្រីសាលម៉ុនមកលាងឱ្យស្អាតរួចប្រឡាក់ជាមួយអំបិល និងគ្រឿងផ្សំរសជាតិ ហើយយកទៅចៀនដោយប្រើកម្ដៅភ្លើងក្ដៅល្មម (កម្រិតនៃការឆ្អិនគឺអាស្រ័យលើចំណូលចិត្តរបស់អ្នក​)។ ​បន្ទាប់មកយកសណ្តែកបារាំង ប៉េងបោះតូច និងស្នៀតពោត មកឆារួមគ្នារហូតឆ្អិនល្មមៗ រួចទុកដាក់មួយអន្លើ។ កាត់ការ៉ុតជាកង់ៗ ហើយហាន់ជាបន្ទះស្ដើងៗ រុំវាឱ្យមូល (ដូចក្នុងរូបភាព) ទើបយកស្រុះមួយសន្ទុះរួចយកចេញ ហើយជាចុងក្រោយ យកត្រីសាលម៉ុនដែលចៀនរួចមករៀបដាក់នៅលើចាន ដោយមានបន្លែរួមផ្សំដែលបានស្រុសដាក់នៅអមជុំវិញ ដោយបន្ថែមទឹក Sauce Crème ម្រេចខ្ចីពីលើសាច់ត្រីជាការស្រេច។

    បើទោះជាបែបនេះក្ដី ប្រសិនបើលោកអ្នកចង់ដឹងកាន់តែច្បាស់ថា “ត្រីសាល់ម៉ុនចៀនមាសល្ពៅ” រសជាតិដើមមានភាពទាក់ទាញដល់កម្រិតណានោះ សូមទៅភ្លក្សរសជាតិនៅភោជនីយដ្ឋាន Motor Café សាខាទួលគោកទាំងអស់គ្នា៕

  • ធ្លាយ​ព័ត៌មាន លោក អ៊ី ណូ ត្រូវបាន​អ្នកគ្រប់គ្រង​កម្មវិធី​ប្រគំ​តន្ត្រី​ក្រុមហ៊ុន​ចំនួន2ផ្អឹបមិនឱ្យ​ឡើង​ឆាក​ពេញ1ឆ្នាំ

    ធ្លាយ​ព័ត៌មាន លោក អ៊ី ណូ ត្រូវបាន​អ្នកគ្រប់គ្រង​កម្មវិធី​ប្រគំ​តន្ត្រី​ក្រុមហ៊ុន​ចំនួន2ផ្អឹបមិនឱ្យ​ឡើង​ឆាក​ពេញ1ឆ្នាំ

    លោក អ៊ី ណូ ត្រូវបាន​មហាជន​មួយចំនួន​ស្គាល់​ថា ជា​តារាចម្រៀង​ម្នាក់​ដែល​បច្ចុប្បន្នកំពុង​ជ្រក​នៅក្រោម​ដំបូល​ផលិតកម្ម​សាន់​ដេ ដែល​កំពុង​ព្យាយាម​បង្ហាញ​វត្តមាន​នៅតាម​កម្មវិធីផ្សេងៗ ក៏ដូចជា​ផលិត​បទ​ចម្រៀង​ចេញលក់​នៅលើ​ទីផ្សារដើម្បី​កៀងគរ​ប្រមូលយក​ប្រជាប្រិយភាព​ឱ្យមាន​ភាព​ល្បី​រន្ទឺ​ដូចជា​បណ្តា​តារាចម្រៀង​រួម​ផលិតកម្ម​ផងដែរ។ យ៉ាងណាក៏ដោយ ជា​អកុសល កាលពីពេល​កន្លងទៅថ្មីៗ ស្រាប់​តែមាន​ប្រភពព័ត៌មាន​មួយ​បាន​បង្ហើប​ឱ្យដឹងថា ខណៈដែល​ពន្លឺ​នៃ​កេរ្តិ៍ឈ្មោះ​មិនទាន់មាន​ភាព​ចាំងចែង​ផង​នោះ ស្រាប់តែ​ត្រូវបាន​ខាង​ផលិតករ និង​អ្នកតំណាង​ក្រុមហ៊ុន​ឯកជន​ចំនួន2 ដែលជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​តន្ត្រី​ផ្សព្វផ្សាយ​ផលិតផល​ដ៏​ធំ​នៅ​កម្ពុជា ផ្អឹប​ឈ្មោះ​របស់លោក ដោយ​ដាក់​បម្រាម​មិនឱ្យ​អ្នករៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​អញ្ជើញ​វត្តមាន​របស់​តារាចម្រៀង​រូបនេះ​នៅក្នុង​ការផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួនរ​យៈ​ពេល​ពេញ​មួយឆ្នាំ ក្រោម​ហេតុផល​ថា លោក អ៊ី ណូ ជា​តារាចម្រៀង​តម្កើង​ឫក អួតខ្លួន​ហួសប្រមាណ។

    តារាចម្រៀង​ប្រចាំ​នៅក្នុង​ផលិតកម្ម​សាន់​ដេ លោក អ៊ី ណូ កាលពីពេល​កន្លងទៅនេះ បាន​ព្យាយាម​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន​យ៉ាង​ត្រចះត្រចង់​ជាមួយនឹង​បទ​ចម្រៀង​បែប​យុវវ័យពីរោះៗជាច្រើន​បទ​ដែល​ផលិតឡើង​ដោយ​ខ្លួនឯង ទាំង​បទ​ភ្លេង ទំនុកច្រៀង និង​បទ​ចម្រៀង​ផងដែរ ដូចជា បទ “ឈប់​យំ​ទៅ​អូន” និង​បទ“ស្រឡាញ់​ស្រី​សក់​ក្រ​ញ៉ា​ញ់” ដែលមាន​ភាព​ល្បី​កក្រើក​ជាដើម។ បន្ថែម​ពីនេះ លោក អ៊ី ណូ ក៏​ជា​តារាចម្រៀង​ម្នាក់ ដែលមាន​ក្បាច់​រាំប្លែកៗគួរ​ជាទី​ទាក់ទាញ​ផងដែរ។

    ដោយឡែក​កាលពីពេល​កន្លងទៅថ្មីៗនេះស្រាប់តែ​ធ្លាយ​ដំណឹង​មក​ថា ពេលនេះ តារាចម្រៀង​ថ្គាមខ្លា និង​ពូកែ​ស្រែក​ម្នាក់នេះ ត្រូវបាន​អ្នកតំណាង​ក្រុមហ៊ុន​ចំនួន2 ដែល​ឧបត្ថម្ភ​លើ​កម្មវិធី​ប្រគំ​តន្ត្រី​នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក ដាក់​សម្ពាធ​ដល់​បណ្តា​ផលិតករ​ផលិតកម្ម​វិធី​កម្សាន្ត ដូចជា ការប្រគំ​តន្ត្រី​ប្រចាំ​សប្ដាហ៍ និង​ការប្រគំ​តន្ត្រី​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​ជាដើម​នោះ ហាម​មិនឱ្យ​អញ្ជើញ លោក អ៊ី ណូ ឡើង​បង្ហាញខ្លួន​ក្នុងនាម​ជា​តារាចម្រៀង​កិត្តិយស​នៅក្នុង​កម្មវិធី​របស់ខ្លួន​នោះឡើយ ដោយហេតុ​ផល​ថា អ្នកតំណាង​ក្រុមហ៊ុន​រូបនោះ មានគំនិត​អវិជ្ជមាន និង​បាន​ចោទប្រកាន់​ទៅលើ​លោក អ៊ី ណូ ថា ជា​តារា​ដែលមាន​ចរិត​ឆ្មើងកន្ត្រើង និង​ឱ្យ​តម្លៃ​លើ​ខ្លួនឯង​ខ្ពស់​ហួសហេតុ​ពេក។

    ប្រភព​ដដែល​បាន​បង្ហើប​មកទៀត​ថា ដើម​ហេតុដែល​បណ្តាលឱ្យ​អ្នកតំណាង​ក្រុមហ៊ុន​រូបនោះ​មានការ​អាក់អន់ស្រពន់ចិត្ត​ជាមួយ​លោក អ៊ី ណូ គឺ​កើតមាន​បន្ទាប់ពី​ទទួល​បានការ​ប្រតិកម្ម​របស់លោក អី​ុ ណូ ទៅលើ​ការ​ឌី​ហ្សា​ញ​របស់​ក្រុមហ៊ុន សម្រាប់​ការផ្សព្វផ្សាយ​ការប្រគំ​តន្ត្រី​នៅតាម​ខេត្ត ដោយ​យក​រូបថត​របស់លោក អ៊ី ណូ ទៅ​ដា​ក់នៅ​ពីក្រោយ​តារាចម្រៀងផ្សេង។ គ្រានោះបើទោះជា​ខាង​តំណាង​ក្រុមហ៊ុន​សុំ​សម្រួល​យ៉ាងណា ក៏ លោក អ៊ី ណូ មិន​ព្រម ដោយ​ទាមទារ​ឱ្យមាន​ការរៀបចំ​ឌី​ហ្សា​ញ​សាជាថ្មី និង​យក​រូប​របស់ខ្លួន​ដាក់​នៅ​ពីមុខ​តារាចម្រៀង​ផ្សេងទៀត ដោយហេតុ​ផល​ថា លោក អ៊ី ណូ គិតថា​ខ្លួន​ជា​តារា​ល្បី មិនគួរ​នៅ​ពីក្រោយ​តារា​ជំនាន់​ក្រោយ​នោះទេ។ នេះហើយ​ដែលជា​មូលហេតុ​ធ្វើឱ្យ​អ្នកតំណាង​ក្រុមហ៊ុន​រូបនោះ សម្រេច​ដាក់​គំនៀប​មិន​ឱ្យមាន​វត្តមាន​របស់​លោក អ៊ី ណូ នៅ​គ្រប់​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួនរ​យៈ​ពេល​ពេញ​មួយឆ្នាំ៕

  • ឈ្ងុយឆ្ងាញ់ជាប់ចិត្តជាមួយ Passion Smoothy ពី Katari

    ឈ្ងុយឆ្ងាញ់ជាប់ចិត្តជាមួយ Passion Smoothy ពី Katari

    Passion Smoothie គឺជាប្រភេទផ្លែឈើដែលមានប្រភពដើមមកពីតំបន់ព្រៃត្រូពិច នៃទ្វីបអាមេរិកខាងត្បូង និងមានសារធាតុចិញ្ចឹមយ៉ាងសម្បូរបែប ជាពិសេសវីតាមីន C និងវីតាមីន A ដែលមានសារប្រយោជន៍លើសលប់ចំពោះសុខភាពរាងកាយ។ ដោយឡែកពេលនេះ ផ្លែ Passion ត្រូវបានអ្នកជំនាញផ្នែកភេសជ្ជៈប្រចាំនៅភោជនីយដ្ឋាន Katari ដែលស្ថិតក្នុងសណ្ឋាគារ Katari កម្ពស់13ជាន់ មានទីតាំងនៅអគារលេខ61 ផ្លូវ294 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ យកមកច្នៃចេញជាភេសជ្ជៈមួយប្រភេទដែលមានក្លិនក្រអូបឈ្ងុយ ត្រជាក់ រសជាតិឆ្ងាញ់ជាប់ចិត្ត នោះគឺ “Passion Smoothy”។

    គ្រឿងផ្សំ
    • ផ្លែ Passion
    • ម្សៅទឹកដោះគោ
    • ទឹកដោះគោស្រស់
    • ទឹកកក

    វិធីធ្វើ
    ចំពោះភេសជ្ជៈប្រភេទនេះ ហាក់មិនមានភាពលំបាកក្នុងការធ្វើនោះទេ ពោលគឺគ្រាន់តែស្វែងរកវត្ថុធាតុដើម និងគ្រឿងផ្សំដូចបានរៀបរាប់ជូនខាងលើនេះ ហើយយកមកក្រឡុកបញ្ជូលគ្នានៅក្នុងម៉ាស៊ីនក្រឡុកទឹកផ្លែឈើជាការស្រេច ហើយចុងក្រោយចាក់ដាក់ក្នុងកែវសថ្លា និងបន្ថែមគ្រាប់ផ្លែ Passion ពីលើដើម្បីបង្កើនសោភ័ណភាពជាការស្រេច។

    បញ្ជាក់ ៖ ចំពោះអ្នកដែលមិនមានចំណូលចិត្តជាមួយគ្រាប់ផ្លែ Passion អ្នកអាចមានជម្រើស ដោយមុនពេលធ្វើការក្រឡុក ត្រូវច្រោះយកគ្រាប់ចេញ យកតែទឹក ទើបដាក់ចូលម៉ាស៊ីនក្រឡុក៕

  • 5យ៉ាងសម្រាប់ស្ត្រីមានគភ៌ ឆ្ពោះទៅរកសុខភាពល្អបរិបូរណ៍

    5យ៉ាងសម្រាប់ស្ត្រីមានគភ៌ ឆ្ពោះទៅរកសុខភាពល្អបរិបូរណ៍

    រឿងនៃការមានសុខភាពល្អនេះ គឺពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ ព្រោះមានន័យថា នៅ​ពេល​អ្នកម្តាយ​មានសុខភាពល្អ រឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទៃ ក៏នឹងមានការវិវឌ្ឍចម្រើន​ធំធាត់ល្អ​តាម​អាយុ​របស់​គភ៌ផងដែរ។ ដូច្នេះហើយទើបយើងតែងសង្កេតឃើញថា លោកវេជ្ជបណ្ឌិតតែងតែណែនាំឱ្យ​អនាគតអ្នកម្តាយ​ដែល​កំពុងតាំងគភ៌ទាំងឡាយ ឱ្យឧស្សាហ៍ព្យយាមមើលថែទាំខ្លួនឯង ទាំងក្នុងរឿងសុខភាព ទាំងរឿងផ្លូវចិត្ត និងការរស់​នៅ​ទៀត​ផង។ ឥឡូវនេះ យើងនាំគ្នាមកមើល ថាតើវិធីឆ្ពោះទៅរកការមានសុខភាពល្អនោះ តើយើងអាចធ្វើបាន​តាមវិធី​ណា​ខ្លះ?

    1. អ្នកម្តាយគួរទទួលទានបន្លែ ផ្លែឈើអាហារស៊ីរៀល (Cereal) បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារកាក​សរសៃឱ្យបានច្រើន ដើម្បីចៀសវាងពីអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួល នឹងមានផលប៉ះពាល់ដល់ពោះវៀន​ធំ​របស់អ្នក​ម្តាយ តែអាហារដែលមានជាតិកាកសរសៃអាចជួយក្នុងរឿងនេះបានច្រើន។

    2. អ្នកម្តាយត្រូវទទួលបានសារធាតុដែក ពីសាច់សត្វយ៉ាងហោចណាស់ក្នុងមួយសប្តាហ៍3ដង ដែលមិនចាំបាច់ទទួល​ទានច្រើនពេកទេ តែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ និងសារធាតុដែកដែលមាននៅក្នុងបន្លែ ជាប្រភេទដែលមិនមែនជាអេម៉ូគ្លោប៊ីនដែលធ្វើឱ្យរាងកាយពិបាកបឺតជ្រាប។

    3. អ្នកម្តាយត្រូវទទួលបានជាតិភ្លូអរ៉ាយដ៍ឱ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ដល់ការ​ដុះលូតលាស់​នៃធ្មេញ​របស់​ទារក។

    4. ដើម្បីជួយបង្កើនដល់ខួរក្បាលរបស់ទារក អ្នកម្តាយត្រូវទទួលទានជាតិអា-ស៊ីតខ្លាញ់ អូមេហ្កា 3 តែចូរចៀសវាង​សត្វ​​ក្នុង​ទឹកដែលមានសម្បក ដូចជាប្រភេទគ្រំ និងងាវជាដើម ព្រោះវានឹងបង្កឱ្យកើតមានគ្រោះថ្នាក់ដល់ទាំងអ្នកម្តាយ និងកូន​តូច​នៅក្នុងផ្ទៃ​ ដែលអាច​នឹងឆ្លងមេរោគ បាត់តេរី លីស្តេរីបាន។

    5. បើអ្នកម្តាយលំបាកវេទនាជាមួយអាការក្អួតចង្អោ ចូរទទួលទានមើមខ្ញី ព្រោះខ្ញីអាចជួយកែបញ្ហាក្អួតចង្អោ​របានប្រសើរណាស់ដោយហាន់មើមខ្ញីស្រស់បែបស្តើងៗ រួចដាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ហើយយកមកពិសា៕

  • កែវ ស្រីនាង ប្រឹងប្រឡូកជាថ្មីក្នុងអាជីពចាស

    កែវ ស្រីនាង ប្រឹងប្រឡូកជាថ្មីក្នុងអាជីពចាស

    ខុសប្លែកគ្នាស្រឡះពីមិត្តរួមជំនាន់ ដែលម្នាក់ៗបានសម្រេចលាចេញពីអាជីពជាតារាសម្ដែងជាង10ឆ្នាំ ខណៈដែលដឹងយ៉ាងច្បាស់ថា វ័យរបស់ខ្លួនកាន់តែជ្រេរទៅហើយនោះ សម្រាប់ កែវ ស្រីនាង បែរជាព្យាយាមសារជាថ្មី ហើយថែមទាំងបង្ហាញពីឆន្ទៈថា​ នឹងប្រឹងឱ្យខ្លាំង លូកឱ្យជ្រៅដើម្បីទាញយកប្រជាប្រិយភាពម្ដងទៀត។

    អស់រយៈពេលជាច្រើនឆ្នាំកន្លងមកដែលអតីតកំពូលតារាសម្ដែងរូបស្រស់ កែវ ស្រីនាង បានដកខ្លួនចេញពីពិភពសិល្បៈ ហើយងាកទៅក្រសោមមុខជំនួញរួមជាមួយស្វាមី ដែលជាជនបរទេសនោះតាំងពីក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចមកម៉្លេះ ខណៈដែលសុខភាពរបស់ខ្លួនចាប់ផ្តើមថមថយដោយសារមានជំងឺប្រចាំកាយ ឈាមសស៊ីឈាមក្រហម។ ប៉ុន្តែអ្វីដែលជាព្រឹត្តិការណ៍ថ្មី និងគួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅពេលថ្មីៗនេះ អតីតតារាសម្ដែងដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ2010នោះ បានសម្រេចវិលមកចូលប្រឡូកនៅក្នុងអាជីពចាស់របស់ខ្លួនទាំងទឹកមុខស្លេកស្លាំងជាមួយនឹងការផ្លាស់ប្ដូរស្ទីលតុបតែងខ្លួនពីការរក្សាទុកសក់ដ៏វែងអន្លាយ ក្លាយមកជាម៉ូដសក់ខ្លី បែបមនុស្សវ័យចំណាស់ទៅវិញ។

    ជាមួយនឹងការបង្ហាញវត្តមានសាជាថ្មីតាមរយៈខ្សែភាពយន្តភាគខ្សែរបស់ផលិតកម្ម មហាហង្ស ដែលត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ កែវ ស្រីនាង បានប្រាប់ឱ្យដឹងថា តាំងពីដើមរៀងមក នាងមិនធ្លាប់គិតនោះទេថា នឹងបោះបង់អាជីពជាតារាសម្ដែងចោលទាំងស្រុងនោះព្រោះអាជីពមួយនេះ​ គឺជាចំណូលចិត្តរបស់នាងពីតូចមកម៉្លេះ ដែលសូម្បីតែស្វាមីរបស់ខ្លួនដែលជាអ្នកជំនួញមិនជាប់ពាក់ព័ន្ធនឹងសិល្បៈក៏មិនបានហាមប្រាមនាងនោះឡើយ។ កាលដែលនាងអវត្តមានពីវិស័យនេះអស់មួយរយៈធំកាលពីពេលកន្លងទៅនោះ មិនមែនមានន័យថានាងបញ្ចប់អាជីព ឬដកខ្លួននោះទេ ប៉ុន្តែគឺដោយសារតែកត្តាសុខភាពមិនអំណោយផលដ្បិតសភាពនៃជំងឺឈាមសស៊ីឈាមក្រហម ប្រចាំកាយរបស់នាងធ្វើទុក្ខខ្លាំងមិនអាចទទួលការសម្ដែងបានតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ អាការជំងឺមានភាពធូរស្រាលច្រើន ហើយណាមួយមុខជំនួញផ្ទាល់ខ្លួន ហាងសាឡន ក៏ដូចជាហាងអាហារដ្ឋានមានអ្នកជួយមើលខុសត្រូវជំនួសគ្រប់គ្រាន់នោះ ទើបនាងសម្រេចទទួលការងារសម្ដែងសាជាថ្មីវិញ។

    ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅនៅក្នុងឱកាសនៃការប្រារព្វពិធីគ្រងពាលីផ្ដើមថតរឿង “កាំបិតមុខពីរ” សម្រាប់ត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN នាពេលខាងមុខនេះ កែវ ស្រីនាង បានប្រាប់យ៉ាងដូច្នេះថា “តាមការពិតជំងឺរបស់ខ្ញុំមិនទាន់ជាដាច់នោះទេ គ្រាន់តែមានភាពធូរស្រាលជាងពេលមុនច្រើន ហើយណាមួយគាប់ជូននឹងការអញ្ជើញពីសំណាក់អ្នកដឹកនាំរឿង ក៏ដូចជាផលិតករ មហាហង្ស ផងដែរនោះ ខ្ញុំក៏សាកល្បងចូលមកប្រឡូកសាជាថ្មី។ កាលពីប៉ុន្មានឆ្នាំមុន ឬឆ្នាំកន្លងទៅនេះ មិនមែនខ្ញុំមិនទទួលការសម្ដែងទាំងអស់នោះទេ ខ្ញុំសម្ដែងដដែល គ្រាន់តែតិចតួច និងមិនទទួលសម្ដែងរឿងភាគតែប៉ុណ្ណោះដោយឡែក ការសម្ដែងកាយវិការ ឬថតស៉្បតផ្សេងៗ ដែលចំណាយពេលថតខ្លីៗ ខ្ញុំនៅទទួលដដែល”៕