Author: ធឿន មករា

  • នៅពេលកូនតូចឈានចូលខែទី11

    នៅពេលកូនតូចឈានចូលខែទី11

    លក្ខណៈរបស់កូនតូច
    • ធ្មេញរបស់កូនតូច
    ក្មេងខ្លះដែលធ្មេញដុះឡើងខាងមុខ 2គ្រាប់លើ និង2គ្រាប់ក្រោមហើយ រយៈពេលនេះនឹងមានធ្មេញដុះឡើងខាងៗ 2គ្រាប់លើទៀត ក្លាយជាធ្មេញលើ4គ្រាប់ តែក្មេងខ្លះធ្មេញលើ 2គ្រាប់កណ្ដាលនៅមិនទាន់ដុះឡើង ធ្វើឱ្យមានប្រឡោះនៅកណ្ដាល។ តែយ៉ាងណាក៏ដោយ នៅទីបំផុតធ្មេញ 2គ្រាប់កណ្ដាលក៏នឹងដុះឡើង ហើយក្មេងនឹងមានធ្មេញលើ ធ្មេញក្រោមមួយយ៉ាងៗ 4គ្រាប់។

    • ពេលវេលាគេងរបស់កូន
    ពេលវេលាគេងរបស់ក្មេងម្នាក់ៗខុសពីគ្នា។ វ័យនេះមានក្មេងចំនួនដ៏ច្រើនដែលធ្លាប់គេងពេលថ្ងៃ 2ដង ហើយនឹងបន្ថយបន្តិចម្ដងៗមកនៅសល់ត្រឹមតែមួយដង។ ក្មេងខ្លះគេងម្ដងៗកន្លះម៉ោង តែគេងញឹកញាប់មួយថ្ងៃ 3 – 4ដងក៏មាន។ ពេលភ្ញាក់ព្រឹកឡើងក៏ខុសគ្នាដែរ ក្មេងខ្លះបើកភ្នែកឡើងពេលម៉ោង6ព្រឹក លុះបានមឹមៗហើយក៏លក់បន្តដល់ម៉ោង 8 – 9ព្រឹក។ ក្មេងខ្លះគេងរហូតតាំងពីម៉ោង10យប់ដល់ម៉ោង8ព្រឹក។ ក្មេងអាចភ្ញាក់មកនោម ហើយលក់បន្តពេលបានបៅទឹកដោះហើយ តែក្មេងខ្លះគេងលក់ស្រួលទោះខោ ឬកន្ទបសើម រហូតផ្លាស់ឱ្យក៏មិនភ្ញាក់ដែរ។

    • ដល់ពេលញ៉ាំអាហារបន្ថែម
    អាហារក្នុងវ័យនេះ ខុសគ្នាទៅតាមស្ថាន-ភាពជុំវិញខ្លួន និងតម្រូវការរបស់ក្មេង មិនមានការកំណត់ច្បាស់ៗថា ក្មេងក្នុងវ័យនេះត្រូវតែញ៉ាំបាយប៉ុន្មានកូនចាន ទឹកដោះគោប៉ុន្មានដបនោះទេ តារាងបញ្ជីអាហារបន្ថែមគ្រាន់តែជាការណែនាំសម្រាប់អ្នកម្ដាយប៉ុណ្ណោះ។ បើកូនមិនញ៉ាំអាហារដូចដែលបានណែនាំ តែកូននៅរឹង-ប៉ឹងមាំមួនល្អ ទម្ងន់ខ្លួនកើនឡើងជាមធ្យមក្នុងមួយថ្ងៃពី 5 – 10ក្រាម អ្នកម្ដាយក៏មិនចាំបាច់កង្វល់ឡើយ។ កូនក្នុងវ័យនេះគឺញ៉ាំអាហារបន្ថែម 2ពេល និងម្ហូបគួរសង្កត់ធ្ងន់លើស៊ុត សាច់ត្រី ឬសាច់សត្វកិនម៉ដ្ឋ ដើម្បីកុំឱ្យខ្វះប្រូតេអុីនពីសត្វ។ កូនវ័យនេះនៅឱ្យបៅទឹកដោះក្នុងមួយថ្ងៃមិនតិចជាង 500 cc(កន្លះលិត្រ) អ្វីដែលសំខាន់បំផុតក្នុងការឱ្យញ៉ាំអាហារគឺ “កុំបង្ខំ” គួរឱ្យកូនញ៉ាំយ៉ាងមានសេចក្ដីសុខ និងបន្ថែមបរិមាណសន្សឹមៗតាមតម្រូវការរបស់កូន មិនមែនថា អាយុកើនឡើង ត្រូវតែបន្ថែមអាហារឱ្យប៉ុននេះប៉ុននោះតាមក្នុងតារាងបញ្ជីឡើយ។

    • រឿងដែលត្រូវហាម
    ឪពុកម្ដាយគួរបន្ទោសកូនពេលកូនធ្វើអ្វីដែលមិនល្អ ដូចជា កូនគប់នំប៉័ងដែលកាន់នៅក្នុងដៃទៅដី ឪពុកម្ដាយគួរធ្វើឱ្យកូនដឹងថា ធ្វើបែបហ្នឹងមិនល្អទេ។ លើកដំបូងគួរបន្ទោសដោយទឹកមុខនិងពាក្យសម្ដីថា “ធ្វើអុីចឹងអត់បានទេ” បើកូនធ្វើហាក់ដូចជាចង់ធ្វើទៀត ត្រូវស្រែកដាស់តឿនជាមុនថា “អត់បានទេណា៎”។ ដល់ពេលកូនយល់ពីអ្វីដែលម្ដាយហាម ហើយឈប់គប់នំប៉័ងលេង ម្ដាយត្រូវសរសើរថា “ល្អណាស់”។ សម្រាប់កូនតូចៗ អ្វីល្អ ឬមិនល្អមើលតាមរយៈទឹកមុខម្ដាយថា តើញញឹម ឬធ្វើមុខមាំ។ អ្នកម្ដាយខ្លះមិនបន្ទោស ព្រោះគិតថាទោះជាបន្ទោសទៅ ក៏កូនមិនដឹងរឿងអីដែរ។ ទោះជាកូននៅមិនទាន់ដឹងថា អ្វីល្អ អ្វីមិនល្អក៏ដោយ តែក៏កូនមានភាពឆាប់ដឹងពីអារម្មណ៍របស់ម្ដាយដែរ តែការធ្វើមុខមាំបន្ទោស សំឡេងបន្ទោសដើម្បីហាមកូនត្រូវយូរៗធ្វើម្ដងទើបបានផលល្អ និងជ្រើសរើសបន្ទោសតែក្នុងរឿងដែលគ្រោះថ្នាក់ប៉ុណ្ណោះ ហើយមិនគួរប្រើវិធីវាយទះតប់ ឬធ្វើឱ្យកូនឈឺសាច់ពេលធ្វើខុសនោះឡើយ។

    • ពេលកូនមានរបួស
    បើកូនរអិលដួល ធ្លាក់ពីទីខ្ពស់ បោកក្បាលមានរបួស ចូរយកបង់រុំរបួសមកសង្កត់ពីលើស្នាម-របួស ហើយនាំទៅរកពេទ្យ។ បើមានរបួសរលាត់ដាច់ ឬមានឈាមហូរចេញមកសើមៗ ចូរលាងមុខរបួសនឹងសាប៊ូ ប្រើអាល់កុលជូតជុំវិញ ហើយប្រើថ្នាំក្រហមលាបលើមុខរបួស មិនបាច់បិទដោយបង់បិទរបួសទេ។

    • កូនធាត់លើសកម្រិត
    មានទ្រឹស្ដីមួយនិយាយថា ចំនួនកោសិកាខ្លាញ់ក្រោមស្បែកនឹងត្រូវសាងឡើងក្នុងរយៈពេលមួយឆ្នាំដំបូង បើក្មេងណាធាត់ជ្រុលពេកមុនអាយុ1ឆ្នាំ ច្រើនតែនឹងក្លាយជាក្មេងងាយធាត់រហូតមួយជីវិត។ គួរថ្លឹងទម្ងន់កូនរៀងរាល់10ថ្ងៃម្ដង ទម្ងន់ខ្លួនកើនឡើងជាង200ក្រាម បានន័យថា ធាត់លឿនពេកហើយ ត្រូវគ្រប់គ្រងអាហារ ដូចជា បន្ថយអាហារពពួកម្សៅ ដូចជា បាយនំប៉័ង តែម្ហូបអាចនៅឱ្យញ៉ាំប៉ុនពីមុនបាន។

    • នៅពេលកូនថ្នឹកប្រើដៃឆ្វេង
    អ្នកម្ដាយអាចសង្កេតឃើញថា នៅពេលកូនលេងរបស់លេង ហុចដៃមកទទួលនំដែលគេឱ្យពេលកាន់ស្លាបព្រា កូនតែងលើកដៃឆ្វេងឡើងមុនជានិច្ច ដែលនេះគឺជារឿងប្រក្រតីរបស់ក្មេងមិនមែនដោយសារតែប្រើដៃឆ្វេងច្រើន ទើបធ្វើឱ្យថ្នឹកដៃឆ្វេងនោះទេ។ អ្នកម្ដាយមិនគួរព្យាយាមឱ្យកូនឈប់ប្រើដៃឆ្វេង ហើយប្រើដៃស្ដាំម្ដងវិញឡើយ ព្រោះការថ្នឹកប្រើដៃឆ្វេង ឬស្ដាំវាជាលក្ខណៈដោយឡែករបស់ក្មេង មិនមែនជារឿងអាក្រក់នោះទេ។ មិនគួរស្ដីបន្ទោសកូន តែគួរបណ្ដោយឱ្យកូនប្រើដៃខាងដែលថ្នឹកនោះទៅ បើចង់ឱ្យហាត់សរសេរអក្សរដោយដៃស្ដាំ ចាំឱ្យហាត់ពេលកូនចូលសាលារៀនហើយក៏បាន។ ដូច្នេះមិនថាកូននឹងប្រើដៃខាងណាក៏ដោយ អ្នកម្ដាយគួរឱ្យកូនបានប្រើយ៉ាងពេញលេញ ទើបជាការគាំទ្រឱ្យកូនកើតមានភាពចង់ធ្វើអ្វីៗក៏ធ្វើដោយខ្លួនឯងបានល្អតទៅទៀត។

    វិវឌ្ឍនាការរបស់កូន
    ** រាងកាយ
    • ប្រើដៃរុញខ្លួនឱ្យក្រោកឡើងមក និងឱនខ្លួនចុះពេលកំពុងឈរបាន។
    • អង្គុយចោងហោងបានកាន់តែថ្នឹកខ្លាំងឡើង។
    • ចាប់ខ្មៅដៃគូសវាសទៅមកបាន។
    • ក្មេងខ្លះអាចទាញស្រោមជើងចេញពីជើងបានដោយខ្លួនឯង។
    • ចេះប្រើដៃទាំងពីរធ្វើអ្វីៗមិនដូចគ្នាបានហើយ ដូចជា ដៃម្ខាងកាន់របស់លេងមួយដៃម្ខាងទៀតលេងរបស់លេង ឬគប់របស់លេងមួយទៀតបាន។

    ** សង្គមជុំវិញខ្លួន
    • ស្គាល់អត្ថន័យរបស់ពាក្យថា “ទេ”។
    • កាន់តែពូកែបដិសេធអ្វីដែលខ្លួនឯងមិនត្រូវការខ្លាំងឡើង។
    • ចេះធ្វើត្រាប់សំឡេងបានកាន់តែពូកែឡើងដូចជា និយាយពាក្យថា “ម៉ាក់ៗ” ឬ “តោះៗ” ជាដើម។
    • ចេះស្ដាប់ពាក្យបញ្ជាច្រើនឡើង និងចេះបញ្ឈប់ទង្វើរបស់ខ្លួនឯងបាន។

    ** លេងជាមួយកូនឱ្យបានញឹកញាប់
    • កូនវ័យនេះចេះប្រើដៃបានថ្នឹកហើយ គួរលេងបោះបាល់ ហើយឱ្យកូនរត់តាមទៅយកបាល់មកវិញ ឬរកខ្មៅដៃពណ៌ឱ្យកាន់ និងសាកល្បងចាប់ដៃកូនគូសអូស ផាត់ពណ៌លើក្រដាស។
    • កូនច្រើនតែចូលចិត្តលេងជាមួយរបស់របរប្រើប្រាស់ក្នុងផ្ទះខ្លាំងជាងរបស់លេងដែលទិញមកឱ្យ ក្មេងខ្លះចូលចិត្តមើលរូបភាព ជាពិសេសសៀវភៅដែលមានរូបភាពធំៗស្រួលមើល។
    • បើកូនចាប់ផ្ដើមហាត់ដើរ ចូររកពេលនាំកូនទៅដើរនៅក្នុងបរិវេណសួនច្បារសាធារណៈផង៕

  • ភាពខុសប្លែក​រវាង​ទឹកដោះ​ម្ដាយ និងម្សៅ​ទឹកដោះគោ

    ភាពខុសប្លែក​រវាង​ទឹកដោះ​ម្ដាយ និងម្សៅ​ទឹកដោះគោ

    ថ្ងៃនេះ អ្នកគ្រូ ឆវី សូម​នាំមក​ជូន​នូវ​រឿងរ៉ាវ​របស់ “ទឹកដោះ​ម្ដាយ” ដែល​មិនមែនជា​រឿង​ឆ្ងាយ​ពី​ខ្លួន​អ្នក​ឡើយ ព្រោះ​អ្នក​គ្រប់គ្នា​ប្រហែលជា​សុទ្ធតែ​ធ្លាប់​បៅ​ទឹកដោះ​ម្ដាយ​រួចមកហើយ​សឹងតែ​ទាំងអស់គ្នា ហើយ​ទោះជា​ពេលនេះ​អ្នក​នៅ​មិនទាន់មាន​បុត្រ​ក៏ដោយ តែ​នាពេល​អនាគត វា​ក៏​មិន​ប្រាកដ​ដែរជួនកាល​អ្នក​អាច​នឹង​បានឃើញ​មុខ​កូនតូច​របស់​អ្នក​ក៏​ថា​បានដែរ ដូច្នេះ​វា​មិនមែនជា​រឿង​អី​ខុស​ទាស់​ឡើយ បើសិនជា​អ្នក​បានដឹង​ពី​រឿង​ទាំងអស់នេះ​ទុកជាមុន​នោះ មែន​ទេស្រីៗយើង?

    ហេតុផល​ដែល​អ្នក​ម្ដាយ​មួយចំនួន​និយម​ឱ្យ​កូនបៅ​ទឹកដោះគោ (ម្សៅ​ទឹកដោះគោ) ព្រោះតែ​គិតថា ក្រៅពី​វា​ងាយស្រួល​ហើយ ម្សៅ​ទឹកដោះគោ ក៏​ជា​ទឹកដោះ​ដូចគ្នា​ដែរ ហេងស៊យ​ថ្លៃ​ជាង​ទៀតផង ដូច្នេះ​បញ្ជាក់ថា វា​ត្រូវតែមាន​គុណប្រយោជន៍​លំដាប់​លេខ1មិន​ខាន។ ដោយសារ​ដូច្នេះហើយ ទើប​ថ្ងៃនេះ អ្នកគ្រូ ឆវី នឹង​នាំយក​ព័ត៌មាន​លម្អិត​មក​ប្រៀបធៀប​ឱ្យ​ទាំងអស់គ្នា​បានឃើញច្បាស់ៗតែម្ដង​អំពី​ភាពខុសប្លែក​គ្នា​រវាង​ទឹកដោះ​ម្ដាយ និង​ម្សៅ​ទឹកដោះគោ។

    ភាពខុសប្លែក​គ្នា​រវាង​ទឹកដោះ​ម្ដាយ និង​ម្សៅ​ទឹកដោះគោ

    ចំណាំ
    មកដល់​ត្រង់នេះ អ្នក​ម្ដាយ​ជាច្រើន​នាក់​ប្រហែលជា​ដឹងខ្លះៗហើយ​ថា តើ​ទឹកដោះ​ម្ដាយ​ល្អ​ប៉ុនណា មែន​ទេ​អ្នក​ម្ដាយ​ដែល​កំពុង​បំបៅ​ដោះ​កូន​ទាំងឡាយ?

  • ពេល​ខ្ញុំ​តាំង​គភ៌​ខែ​ទី3

    ពេល​ខ្ញុំ​តាំង​គភ៌​ខែ​ទី3

    ពេល​អាយុ​គភ៌​ចូលមក​ដល់​ខែ​ទី3 ទារក​ក្នុង​គភ៌​នឹងមាន​ទំហំ​ប្រមាណ​ជា2.5-3អី​ុ​ញ និង​ទម្ងន់​ប្រហែលជា15ក្រាម​ហើយ។ នៅក្នុង​ខែ​នេះ​ទារក​ក្នុង​គភ៌​ចាប់ផ្ដើម​មាន​វិវឌ្ឍនាការ​របស់​អា​វយ​វៈផ្សេងៗដូចជា ប្រព័ន្ធ​ឈាម​រត់ ប្រព័ន្ធ​បន្ទោបង់​ទឹកមូត្រ​ចាប់ផ្ដើម​ធ្វើការ ថ្លើម​ចាប់ផ្ដើម​សាង​ទឹក-ប្រមាត់ អវយវៈ​បន្ត​ពូជ​ចាប់​ផ្ដើមចេញ​ជា​រូបរាង តែ​នៅ​មិនទាន់​អាច​មើលឃើញ​បាន​ច្បាស់​ថា ជា​ភេទ​ណា​នៅឡើយ​ទេ។

    ក្នុង​ខែ​ទី3នៃ​ការតាំង​គភ៌​នឹងមាន​ការប្រែប្រួលផ្សេងៗដែល​អាចមាន​អារម្មណ៍​ដឹងបាន​ដូចតទៅ ៖
    – ឆាប់​ល្វើយ​អស់កម្លាំង និង​មាន​អារម្មណ៍​ងងុយគេង​ញឹកញាប់​ជាង​ប្រក្រតី។
    – បត់ជើងតូច​ញឹកញាប់។
    – ក្អួតចង្អោរ ឬ​មាន​អាការ​ចាញ់កូន។
    – ទល់លាមក។
    – ហើម​ឆ្អល់ពោះ អាហារ​មិន​រំលាយ ឈឺផ្សា​នៅ​ម្ដុំ​ចុងដង្ហើម។
    – ធុញទ្រាន់​អាហារ និង​ចង់​ញ៉ាំ​អាហារ​ប្រភេទផ្សេង។
    – សុដន់​ចាប់​ផ្ដើមឡើង​តឹង និង​រីកធំឡើង ពណ៌​ស្បែ​កនៅ​បរិវេណ​ក្បាល​សុដន់​ឡើង​ស្រគាំ។
    – ឈឺក្បាល​ម្ដងម្កាល។
    – ឈឺក្បាល​វិលមុខ កើត​ខ្យល់​ញឹកញាប់ ស្រវាំងភ្នែក ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំង​ឡើង។
    – ទើស​ទែង​ធុញថប់​ត្រង់​ម្ដុំ​ចង្កេះ។
    – ឃ្លាន​ញឹកញាប់ និង​ញ៉ាំ​ច្រើនជាង​មុន។
    – អារម្មណ៍​ប្រែប្រួល ឆាប់​ទន់ជ្រាយ ដូចជា​ឆាប់​យំ​ជាដើម។

    រឿង​ដែល​គ្រូពេទ្យ​ឱ្យ​ស្ត្រី​មានគភ៌​ធ្វើ​នៅក្នុង​ខែ​ទី3នេះ មានដូចជា ៖
    1. ការ​ថ្លឹង​ទម្ងន់​ខ្លួន និង​វាស់​សម្ពាធ​ឈាម។
    2. ពិនិត្យមើល​ជាតិ​ស្ករ និង​សារធាតុ​ទឹករំអិល​ស​ក្នុង​ទឹកមូត្រ។
    3. ស្ដាប់​សំឡេង​លោត​របស់​បេះដូង​​ទារក​
    នៅក្នុង​គភ៌ ដែល​អ្នកនឹង​បានដឹង​ពី​សំឡេង​បេះដូង​លោត​របស់​កូន​អ្នក។
    4. ពិនិត្យមើល​ទំហំ​ស្បូន​ថា មាន​ទំហំ​ប្រក្រតី​ឬទេ?
    5.ពិនិត្យមើល​កម្រិត​រប​ស់​ស្បូន ​ដោយ​ការ​ស្ទាប​លើ​ក្បាលពោះ។
    6. ពិនិត្យមើល​អាការ​ហើម និង​សរសៃឈាម​ត្បៀត​នៅលើ​ជើង និង​បាតជើង។
    7. ពិនិត្យ​អាការ​ខុស​ប្រក្រតីផ្សេងៗ (បើ​មាន)។

    រឿង​ដែល​ត្រូវ​មើលថែទាំ​ជាពិសេស​ក្នុង​ខែ​នេះ​គឺ អាការ​ទល់លាមក។ ស្ត្រី​មានគភ៌​ដែល​កំពុង​តាំង​គភ៌​គួរ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ឱ្យបាន​ច្រើនឡើង ញ៉ាំ​ទឹកស្អាត​ឱ្យ​ច្រើនឡើង និង​គួរ​ហាត់ប្រាណ​ក្នុង​ឥរិយាបថ​ដែល​ស័ក្តិសម​ក្នុង​មួយថ្ងៃ​កន្លះ​ម៉ោង។ ក្រៅពី​អាការ​ទល់លាមក​ហើយ អ្នកខ្លះ​អាចមាន​អាការ​ហើម​ឆ្អល់ពោះ​ដែល​ច្រើនតែ​បណ្ដាលមកពី​អាការ​ទល់លាមក ដូច្នេះ​ទើបត្រូវ​ព្យាបាល​អាការ​ទល់លាមក​នេះ​ឱ្យ​ជា។ មិនគួរ​ញ៉ាំ​អាហារ​ឆ្អែត​ជ្រុល​ពេក​ក្នុងមួយពេលៗ និង​មិនគួរ​ញ៉ាំ​បែប​ប្រញាប់​ឡើយ គួរ​ទំពា​អាហារយឺតៗ និង​បន្ថយ ឬ​តម​អាហារ​ណា​ដែល​អាចធ្វើឱ្យ​កើត​ហ្គាស​ក្នុង​ការរំលាយ ដូចជា ស្ពៃក្ដោប​គ្រប់​ប្រភេទ ខ្ទឹមបារាំង និង​សណ្ដែក​គ្រប់​ប្រភេទ។

    គួរ​បែង​រំលែក​ការទទួល​ទាន​អាហារ​ចេញ​ជា​ពេលតូចៗ ជំនួស​ឱ្យ​ការទទួល​ទាន​បែប3ពេល​ក្នុង​មួយថ្ងៃ។ អាច​នឹង​បែង​ជា6-7ពេល​ក្នុង​មួយថ្ងៃ ចំណែក​ពេល​ថ្ងៃ (ចន្លោះ​ពេលបាយ​ព្រឹក និង​ថ្ងៃត្រង់) អាចនឹងទទួល​ទាន​ផ្លែឈើ​ដែលមាន​ជាតិ​កាក​សរសៃ​ច្រើន ឬ​ញាំ​បន្លែ​ស្លឹក​បៃតង។ លុះ​ពេល​រសៀល(ចន្លោះពេល​ថ្ងៃត្រង់ និង​ល្ងាច)អាច​នឹង​រក​ផ្លែឈើ ឬ​អាហារ​ចម្អាប​ដែលមាន​សារធាតុ​កាល់ស្យូមច្រើនៗមក​ទទួលទាន​ជំនួយ។ ចំណែក​ពេល​ក្បាល​ព្រលប់ (ក្រោយពេល​បាយល្ងាច និង​មុន​ចូល​គេង) បើ​មាន​អារម្មណ៍​ឃ្លាន ស្ត្រី​មានគភ៌​អា​ចរក​ទឹក​ផ្លែឈើ​ច្របាច់ស្រស់ៗ ផ្លែឈើ​ប្រភេទ​ខ្លះមក​ទទួលទាន ដូចជា​ចេកណាំវ៉ា ឬ​ញ៉ាំ​ទឹកដោះគោ​ក្ដៅឧណ្ហៗមួយ​កែវ ដើម្បី​ជួយ​ឱ្យ​ពោះ​មិន​ទំនេរ​រហូតដល់​ឃ្លាន​ខ្លាំង​បាន៕

  • ស្នាដៃសិល្បៈតន្ត្រីថ្មីពីក្រុមតារាចម្រៀង TMS

    ស្នាដៃសិល្បៈតន្ត្រីថ្មីពីក្រុមតារាចម្រៀង TMS

    បើគិតតាំងពីដើមឆ្នាំ​ រហូតមកដល់ពាក់កណ្តាលឆ្នាំ2018នេះ​ យើងឃើញថាមានទស្សនិកជនមួយចំនួនប្រាកដជាបានស្តាប់ ក៏ដូចជាទស្សនាវីដេអូចម្រៀងថ្មីៗរបស់ក្រុមតារាចម្រៀងប្រចាំ TMS​ ដោយមានការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CBS​​ ហើយតារាចម្រៀងទាំងអស់ក៏បានចេញសម្តែងតាមការប្រគំតន្ត្រីជាបន្តបន្ទាប់រួចមកហើយផងដែរ។ ដោយមានការជួយជ្រោមជ្រែងពីសំណាក់អ្នកនាង យុគ ចិន្តា ដែលជានាយកប្រតិបត្តិរបស់ TMS និងលោក Dennis Garcia Arce ដែលជាប្រធានផ្នែកតន្ត្រីរបស់ TMS បានខិតខំប្រមូលផ្តុំសិល្បករ និងសិល្បការិនីជាច្រើនមកជ្រកក្រោមដំបូលតែមួយ ដើម្បីហ្វឹកហាត់ និងដុសខាត់ទេពកោសល្យរបស់ពួកគេឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ចង់ដឹងថា តើតារាចម្រៀងប្រចាំ TMS មានបទចម្រៀងថ្មីៗ​ និងសកម្មភាពអ្វីខ្លះ តាំងពីចាប់ផ្តើម​រហូតមកទល់ពាក់កណ្តាលឆ្នាំ2018នេះ?​​ ដូច្នេះសូមបន្តការអានព័ត៌មានលម្អិតនៅបន្ទាត់ខាងក្រោមទាំងអស់គ្នា៖

    1. សេម : តារាចម្រៀងដែលមានភាពរ៉ូមែនទិក និងតែងតែទាក់យកបេះដូងរបស់ទស្សនិកជនទាំងអស់រូបនេះ បានចេញនូវវីដេអូចម្រៀងនិពន្ធថ្មី​ ក្រោមចំណងជើងថា “ត្រចៀកស្រាល” និងបទ​ “សុំឱកាស” ដែលស្ថិតនៅក្រោមការគ្រប់គ្រង​ និងផលិតដោយ​ TMS។ ក្រៅពីនេះ លោក សេម ក៏បានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តមួយចំនួន ដែលភាពយន្តទាំងនោះក៏ត្រូវបានចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាទូទាំងប្រទេសផងដែរ។

    2. វណ្ណដា : តារាចម្រៀង R&B និង Hip-hop ម្នាក់ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ននេះ និងទើបតែបានចេញនូវវីដេអូចម្រៀងជាផ្លូវការក្រោមចំណងជើងថា “Start & Stop”​ ដែលបទនេះ បានទទួលនូវសន្ទុះគាំទ្រយ៉ាងខ្លាំង ដោយសារតែទឹកដមសំនៀងនៃការច្រៀង អត្ថន័យ ក៏ដូចជារូបភាពកាយវិការនៅក្នុងវីដេអូចម្រៀងដែលមានន័យជ្រាលជ្រៅធ្វើឱ្យចាក់ដោតដល់បេះដូងយុវវ័យ។

    3. នាង ប្រាក់សុគន្ធ : តារាចម្រៀងដែលប្រិយមិត្តទាំងអស់គ្នាពិតជាបានស្គាល់ច្បាស់តាម​​រយៈសំឡេងដ៏ស្រទន់របស់គាត់​។​ សុគន្ធ ក៏បានចេញនូវវីដេអូចម្រៀងជាលើកដំបូងរបស់ខ្លួន ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងផលិតរបស់ក្រុមហ៊ុន TMS ផងដែរនោះគឺបទ “ខូចចិត្តស្ងាត់ៗ”។ បទនេះដែរ ក៏ត្រូវបានចែករំលែក និងទទួលបានការគាំទ្រយ៉ាងច្រើនតាមរយៈបណ្តាញសង្គមនានាផងដែរ។

    4. ស៊ីរ៉ា : ម្ចាស់បទ “ច្រណែនគេមិនមែនជាខ្ញុំ” បានចេញនូវវីដេអូចម្រៀងថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ2018នេះ ដែលបទចម្រៀងនោះមានចំណងជើងថា “ដឹងថាស្រឡាញ់តែខ្វល់ពីអូនខ្លះផង” ដើម្បីជូនទៅដល់ប្រិយមិត្តរបស់នាង។ ស៊ីរ៉ា ក៏បានបន្តទៀតថា ខ្លួនកំពុងតែថតបទចម្រៀងថ្មី ដែលជាចង្វាក់ Pop Rock ដើម្បីត្រៀមចេញជាបន្តបន្ទាប់ផងដែរ។

    5. អ្នកនាង ហង្ស សុជាតា : តារាចម្រៀងម្នាក់ដែលស្ថិតនៅក្នុងបេះដូងទស្សនិកជនជាយូរមកហើយនោះ ក៏បានចេញនូវវីដេអូចម្រៀងបទ “ស្អប់មនុស្សដែលធ្វើឱ្យអ្នកខូចចិត្ត” សម្រាប់ជាចំណីអារម្មណ៍ដល់ទស្សនិកជនរបស់ខ្លួន។ អ្នកនាងបានសន្យាថានឹងខិតខំនាំយកនូវអ្វីដែលថ្មីៗ និងប្លែកៗ ក៏ដូចជាបទចម្រៀងពីរោះៗ សម្រាប់ជាកាដូជូនទៅដល់ទស្សនិកជន ដែលតែងតែគាំទ្រអ្នកនាងកន្លងមកនេះ។

    6. Vartey Ganiva : តារាចម្រៀងស្រីដែលនាងត្រូវបានសារព័ត៌មានបរទេសចុះផ្សាយថាជា “Cambodia’s Queen of Punk” បានចេញនូវវីដេអូចម្រៀងលើកដំបូងរបស់ខ្លួន​ក្រោមចំណងជើងថា “ស្អែកយើងបែកគ្នា” ដែលបទនេះរៀបរាប់ពីនារីទន់ខ្សោយម្នាក់ដែលមានភាពក្លាហានក្រោកឈរឡើងសុំបែកផ្លូវសេ្នហា ដែលពោរពេញទៅដោយការកុហក​បោកប្រាស់។ Vartey ក៏នឹងមានបទចម្រៀងចង្វាក់ Punk និង​បទចម្រៀងមនោសញ្ចេតនាថ្មីៗ​ សម្រាប់ចែកជូនទៅដល់ទស្សនិកជននាពេលឆាប់ៗខាងមុខនេះផងដែរ។

    7. MC Bull : កន្លងទៅថ្មីៗនេះ MC Bull ក៏បានចេញនូវវីដេអូថ្មី សម្រាប់រាំលេងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមរយៈបទ “រាំតន្ទ្រំជើង”។ MC Bull បានបង្ហើបថា លោកកំពុងតែនិពន្ធ និងថតបទចម្រៀងថ្មីៗ​​ ដើម្បីបំពេញនូវតម្រូវការទីផ្សារ និងអ្នកគាំទ្ររូបលោក ដែលត្រៀមចេញនាពេលឆាប់ៗខាងមុខនេះ។

    8. ផាយ៉ត : ដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងដែលមានប្រជាប្រិយ និងមានភាពក្រមិចក្រមើមនោះ លើកនេះលោកបានចេញនូវវីដេអូចម្រៀងថ្មីក្រោមចំណងជើងថា“រឿងអូន និងបង” ដែលជាបទចម្រៀងបែបមនោសញ្ចេតនាវិញម្តង។ លោកបន្តទៀតថាបទចម្រៀងថ្មីៗរបស់លោកដែលស្ថិតនៅក្រោមការគ្រប់គ្រងផលិតរបស់ក្រុមហ៊ុន TMS កំពុងតែរៀបចំ និងត្រៀមចេញជាបន្តបន្ទាប់ ដើម្បីកំដរអារម្មណ៍ទស្សនិកជន។

    9. Ting Tong : សមាជិកថ្មីរបស់ TMS​ រូបនេះបានប្រាប់ថាវីដេអូចម្រៀងរបស់លោក ដែលមានចំណងជើងថា “ចាំចម្លើយ” ទើបតែចេញជាផ្លូវការថ្មីៗកន្លងមកនេះ។​ លោក​​ Ting Tong បង្ហើបថា​ ខ្លួនមានភាពកក់ក្តៅ និងមានទំនុកចិត្តក្នុងការចូលជាសមាជិករបស់ TMS ក៏ដូចជាការផលិតចម្រៀងថ្មីៗជាបន្តបន្ទាប់ទៀត។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ Ting Tong ត្រូវបានអញ្ជើញជាតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតចម្រៀងអន្តរជាតិមួយនាពេលខាងមុខនេះថែមទៀតផង។

    វត្តមាន ក៏ដូចជាសកម្មភាពរបស់តារាចម្រៀង TMS មិនទាន់អស់នោះទេ! ក្រៅពីចេញនូវបទចម្រៀងថ្មីៗ ពួកគាត់ក៏បានចូលរួមក្នុងកម្មវិធីជាច្រើន ដូចជា កម្មវិធីសម្ពោធរឿង កិច្ចសម្ភាសន៍ និងកម្មវិធីធំៗមួយចំនួនទៀត។ ក្រោមការគ្រប់គ្រងផលិតរបស់ TMS នឹងព្យាយាមនាំយកនូវព្រឹត្តិការណ៍ប្លែកៗ ព្រមជាមួយបទចម្រៀងនិពន្ធថ្មី មកជូនទស្សនិកជន និងអ្នកគាំទ្រគ្រប់ស្រទាប់វណ្ណៈ។​ កុំភ្លេច! រងចាំតាមដានសកម្មភាពតារារបស់ក្រុមហ៊ុន TMS ទាំងអស់គ្នាណា៎!

    លោកអ្នកអាចស្វែងរកតារាជាច្រើនទៀតប្រចាំនៅ TMS ក៏ដូចជា CBS ដែលមានទេពកោសល្យ និងប្រកបដោយវិជ្ជាជីវៈ សម្រាប់ការថតខ្សែភាពយន្ត ថត Spot ពាណិជ្ជកម្ម បើកសម្ពោធផ្សេងៗ ឬជាអ្នកតំណាងឱ្យម៉ាកផលិតផលជាដើម។ ប្រិយមិត្តទាំងអស់ អាចទស្សនានូវវីដេអូបទចម្រៀងថ្មីៗរបស់ក្រុមតារាចម្រៀង TMS បានតាមរយៈ Facebook Page: TMS Cambodia និង​ YouTube Channel: CTN Official Channel៕

  • ចុច​ទឹក​បង្គន់ហើយ​មិន​បិទ​គម្រប​ចាន​បង្គន់ ក៏មាន​គ្រោះថ្នាក់​អាក្រក់​ដល់​សុខភាព​ដែរ!

    ចុច​ទឹក​បង្គន់ហើយ​មិន​បិទ​គម្រប​ចាន​បង្គន់ ក៏មាន​គ្រោះថ្នាក់​អាក្រក់​ដល់​សុខភាព​ដែរ!

    អ្នកវិទ្យាសាស្ត្រ​មកពី​មហាវិទ្យាល័យ Leeds University បានធ្វើការ​ស្រាវជ្រាវ​ចំពោះ​ចាន​បង្គន់​នៅក្នុង​រយៈកម្ពស់10នី​វ​ពី​គម្រប​មាត់​បង្គន់​សម្រាប់​អង្គុយ​បន្ទោបង់ បាន​រកឃើញថា ខ្យល់​ដែល​បាន​វិលវល់​នៅជាប់​សាច់​មាត់​ចាន​បង្គន់​នោះ មាន​ជាប់​ទៅដោយ​មេរោគ​មួយ​ប្រ​ភ​ទ​ដែល​ឱ្យ​ឈ្មោះថា C.difficile ជា​បាត់​តេ​រី​ដែល​គ្រោះថ្នាក់​មួយ​ប្រភេទ​ជាប់​មានមក​ជាមួយ​អាការ​ជំងឺ​នៃ​រាងកាយ​របស់​យើង ដូចជា អាការ​ក្អួតចង្អោរ និង​រាក​ជាដើម។

    បន្ទាប់ពី​បង្គន់​បាន​ទម្លាក់​របស់​កខ្វក់​ចេញ​ទៅហើយនោះ បាក់តេរី​ដែល​នៅ​ទុំ​ជាប់​ក៏​វិលវល់​នៅក្នុង​ខ្យល់ ដែល​ត្រូវបាន​គេ​រកឃើញថាជា​ប្រភេទ​បាក់តេរី​ដែល​បង្ក​រោគ​ជំងឺ​យ៉ាងធ្ងន់ធ្ងរ និង​អាចមាន​ជីវិត​រស់នៅ​បាន​យូរ​ដល់​ទៅ90វិនាទី ដែល​រាប់​ចាប់ពី​ពេលវេលា​ដែល​អ្នក​បាន​ចុច​ទឹក​បង្គន់។ ប្រសិនបើ​គិត​ជា​មធ្យម រាល់​ការ​ចុច​ទឹក​បង្គន់​ម្ដង ដែល​មានការ​ប្រឡាក់​ប្រឡូក​ជាមួយ​ទឹក​ដែលមាន​ជាប់​បាក់តេរី នោះ​នឹងមាន​បាក់តេរី​ជាប់​មក​តាម​ខ្លួន​ចំនួន15-47នៃ​លម្អង​បាក់តេរី ដែល​បែកខ្ចាយ​ទៅ​ទុំ​ជាប់​តាម​ស្បែក​នៃ​តំបន់ផ្សេងៗនៃ​រាងកាយ​របស់​អ្នក។ បើទោះបីជា​អ្នក​ស្ថិតនៅ​ទីតាំង​ជិត ឬ​ឆ្ងាយ​ពី​បង្គន់​ក្ដី ក៏​នៅមាន​បាក់តេរី​ទាំង​នោះមកតោង​ជាប់​ស្បែក​រប​ស់​អ្នក​ដូចគ្នា​ដែរ។ ពិតប្រាកដ​ណាស់ តើ​អ្នកមាន​បានគិត​ទេ​ថា បាក់តេរី​អាក្រក់​មួយ​បាន​តោង​ជាប់​ច្រាស់​ដុសធ្មេញ និង​របស់​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក​ដែល​អ្នកប្រើប្រាស់​សម្អាតខ្លួន​ប្រាណ​ជា​រៀងរាល់ថ្ងៃ​ដែរឬទេ? តើ​វា​អាច​ទុំ​ជាប់​ច្រាស់​ដុសធ្មេញ​បានយូរ​កម្រិតណា​ដែរ​ទៅ?

    អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​បន្ថែម​ពី​ការអធិប្បាយ​ខាងលើ​ថា បរិវេណ​ដែល​នៅ​ជុំវិញ​ចាន​បង្គន់ គម្រប​បង្គន់ និង​ផ្ទៃ​ជញ្ជាំង​បន្ទប់ទឹកគឺមាន​បាក់តេរី​ប្រភេទ​នេះ បាន​តោង​ជាប់​គ្រប់ពេលវេលា ប្រសិនបើ​អ្នក​ចុច​ទឹក​បង្គន់​ដោយ​មិន​បិទ​គម្រប​បង្គន់ ពោលគឺ បាក់តេរី​មានឱកាស​វិលវល់​ជាប់​នឹង​បរិវេណ​បន្ទប់​ទឹកបាន​យ៉ាង​សប្បាយរីករាយ។ យ៉ាងណាក្ដី​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការណែនាំ​ដល់​ក្រុមមនុស្ស​ទូទៅ ក្នុង​ការបិទ​គម្រប​ចាន​បង្គន់​គ្រប់ពេលវេលា មិនថាតែ​ពេល​ចុច​ទឹក​បង្គន់​កម្ចាត់​កាកសំណល់​កខ្វក់ និង​ពេលវេលា​មិន​ប្រើ​ប្រាស់​ក៏ដោយ ព្រោះ​គ្រាន់តែ​បិទ​គម្រប​ចាន​បង្គន់​ចោល នោះ​វា​អាច​សម្លាប់​បាក់តេរី​អាក្រក់​ចំពោះ​សុខភាព​របស់​អ្នក​បាន​ដល់​ទៅ10ដង​ឯណោះ។ ជាការ​ការពារ រាល់​ពេលដែល​អ្នក​បន្ទោ​បង់ អ្នក​គប្បី​គួរតែ​បិទ​ចាន​បង្គន់ ហើយ​ចុច​ទឹក​ម្ដង​ជាមុនសិន ដើម្បីឱ្យ​មេរោគ ឬ​បាក់តេរី​ដែល​ជាប់​នឹង​ចាន​បង្គន់​បានសម្លាប់​ដោយ​ទឹក​ជាមុន។ សូម​ព្យាយាម​សម្អាត​មាត់​ចាន​បង្គន់​ឱ្យបាន​ស្អាត​មុនពេល​បន្ទោបង់ ដោយភាពងាយស្រួល​សម្រាប់​អ្នក គឺ​អ្នក​អាច​បាញ់​ទឹក​ថ្នាំ​ខ្ពុ​ល​មាត់​សម្លាប់​បាក់តេរី​នៅ​ចាន​បង្គន់មុនពេល​បន្ទោបង់​ក៏បាន៕

  • ជំងឺ​រលាក​ពងស្វាស គ្រោះថ្នាក់​អាក្រក់​បំផុត​ដែល​បុរស​ត្រូវ​ប្រុងប្រយ័ត្ន

    ជំងឺ​រលាក​ពងស្វាស គ្រោះថ្នាក់​អាក្រក់​បំផុត​ដែល​បុរស​ត្រូវ​ប្រុងប្រយ័ត្ន

    បុរស​ជាច្រើន​ប្រហែល​មិន​ធ្លាប់​គិតថា នៅក្នុង​ជីវិត​នេះ អាច​កើតមាន​ជំងឺ​រលាក​ពងស្វាស​ឡើយ។ តែបើ​ការពិតទៅ ជំងឺ​នេះ​អាច​កើត​បាន​ចំពោះ​បុរស​គ្រប់រូប ដោយសារតែ​កើតមាន​អាការ​រលា​កនៅ​បរិវេណ​ពងស្វាស និង​ក​ន្លា​ក់ជើង​ម្ដុំ​បរិវេណ​ប្រដាប់ភេទរបស់បុរស។ ករណីកើតមាន​ជំងឺ​រលាក​ពងស្វាសនេះ ក៏អាច​ហុច​ផល​មិនល្អ​ចំពោះ​ការពិបាក​នឹងមាន​កូនផងដែរ ប្រសិនបើ​
    ធ្ងន់ធ្ងរ​បំផុត ប្រហែល​អាច​នឹងមិន​មាន​កូន​តែម្ដង។ តើ​អាការ​របស់​ជំងឺ​នេះ​កើតឡើង​បាន​ដោយ​របៀបណា? សូម​តាមដាន​ទាំងអស់គ្នាដូចខាងក្រោម​នេះ៖

    មូលហេតុ​នៃ​ការកើត​ជំងឺ​រលាក​ពងស្វាស
    ជំងឺ​រលាក​ពងស្វាស​កើតឡើង​ពី​ការឆ្លង​មេរោគ​: ភាគច្រើន​បាន​ជួបប្រទះ​ចំពោះ​ក្រុមមនុស្ស​យុវវ័យ ដែល​បាន​ឆ្លង​មេរោគ Mump Virus ហើយ​មាន​អ្នកជំងឺ​ប្រមាណ​ជា20-30% ប្រឈមមុខ​នឹង​កើត​ជំងឺ​រលាក​ពងស្វាស។

    ជំងឺ​រលាក​ពងស្វាសកើត​ពី​បាក់តេរី ដែល​បាន​ឆ្លង​ពី​មេរោគ​មក​តាម​ផ្លូវភេទ: ដូចជា​ ជំងឺស្វាយ​ប្រមេះ និងប្រមេះទឹក​បាយជាដើម ហើយ​ប្រហែល​អាច​បណ្ដាលមកពី​ការ​រលោក​ក្រពេញ​ប្រូ​ស្ដា​តដែល​កើតមាន​ចំពោះបុរសៗមាន​អាយុ19-35ឆ្នាំ។

    ជំងឺ​រលាក​ពងស្វាស​ឆ្លង​ពី​បាក់តេរី ដែល​កើត​ពី​ចេញ​ជំងឺផ្សេងៗ: ហើយ​វារមែ​ង​ជួប​ញឹកញាប់​ចំពោះ​អ្នកជំងឺ​ដែល​បាន​ជាប់​មេរោគ​តាមរយៈ​ប្រព័ន្ធ​បញ្ចេញ​ចោល និង​រកឃើញ​មាន​ចំពោះ​ក្រុមមនុស្ស​កើត​ជំងឺរបេង។

    ជំងឺ​រលាក​ពងស្វាសកើតមាន​ដោយសារ​អ្នកជំងឺ​ឆ្លង​មេរោគ​អេដស៍: ជាទូទៅអ្នកកើតជំងឺអេដស៍នឹងមានជំងឺជ្រាតជ្រែក​ចូលមកជាច្រើន ក្នុងនោះក៏មានជំងឺ​រលាក​ពងស្វាសផងដែរ។

    ជំងឺ​រលាក​ពងស្វាស ដែល​មិន​ឆ្លង​ពី​មេរោគ: គឺកើតឡើង​ដោយសារ​ការ​រលា​កសរ​សៃ​ឈាម ឬ​កើត​ពី​ការប្រើប្រាស់​ថ្នាំ​មួយ​ប្រភេទ​ដែល​បណ្ដាលឱ្យ​កើតមាន​ការ​រលាក រួច​ហុច​ផល​អាក្រក់​ដល់​ពងស្វាស។

    អាការ​ជំងឺ​រលាក​ពងស្វាស
    អាការ​ទូទៅតែងសង្កេតឃើញមាន ​កើតអាការ​ហើម ក​ណ្តួ​ល​ក្រហមនៅ​បរិវេណ​ពងស្វាសអាច​មានតែ​ម្ខាង​ ឬ​សងខាង ដែល​អ្នក​ខ្លះទៀត​កើតមាន​ទាំងសងខាង​តែម្ដង។ វា​ងាយ​ឆ្លង និង​កើតមាន​ការ​រលាក​ដល់​បំពង់​បង្ហូរ​មេជី​វិត រហូតដល់​អ្នកខ្លះ​មាន​អា​ការឈឺ​ចុកចាប់​ក​ន្លា​ក់ជើង និង​ឈឺចាប់​បរិវេណ​ប្រដាប់ភេទ ហើយ​ចាក់​ដល់​ពងស្វាស​ផងដែរ។ អ្នកជំងឺ​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ត្រួតពិនិត្យ​អាការរោគ និង​ព្យាបាល​ជំងឺ​បាន​ទាន់ពេលវេលា។ ក្នុងករណី​ដែល​បណ្ដែតបណ្ដោយ​ទុក​យូរ នោះ​អ្នកជំងឺ​អាច​កើតមាន​អាការក្ដៅខ្លួន​ខ្លាំង ឡើង​ពងបែក​នៅ​ម្ដុំ​ប្រដាប់ភេទ ហើយ​មាន​ហូរឈាម​តាម​ប្រដាប់ភេទ ព្រមទាំង​ហុច​ផល​អាក្រក់​ដល់​មេជី​វិត​ថែមទៀត​ផង។

    ប្រសិនបើ​អ្នក​សង្ស័យថា មាន​អាការ​ជំងឺ​ខាងលើនេះ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​កុំឱ្យ​លើសពី​រយៈពេល2ថ្ងៃ​ឱ្យសោះ ព្រោះ​​គ្រូពេទ្យ​ងាយស្រួល​ក្នុងការ​ព្យាបាល​នៅ​ដំណាក់កាល​ដំបូងបើ​មិន​ដូច្នោះ​ទេ អ្នក​អាច​ប្រឈមមុខ​នឹង​ការព្យាបាល​ដោយ​ការ​វះកាត់។

    វិធី​ការពារ​មិនឱ្យ​កើត​ជំងឺ​រលាក​ពងស្វាស
    1. ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ស្រឡទែន​តាំងពី​កុមារ។
    2. ប្រើ​ស្រោមអនាម័យ​គ្រប់ពេល​រួមភេទ ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការឆ្លង​រោគផ្សេងៗ។
    3. ចៀសវាង​ការប្រើ​ឱសថ​ដោយ​មិនមាន​ការអនុញ្ញាតិ និង​មិនមាន​ការពិនិត្យ​ពី​គ្រូពេទ្យ ដែល​ងាយ​ហុយ​ផល​អាក្រក់​ដល់​រាងកាយ និង​ងាយ​កើត​ជំងឺផ្សេងៗទៀត។
    4. ខណៈដែល​បានដឹងខ្លួន​ថា ឆ្លង​មេរោគ​ជំងឺ​កាមរោគ ត្រូវ​ប្រញាប់​ទៅរក​គ្រូពេទ្យ​ជាបន្ទាន់៕

  • តើកាល់ស្យូម មានប្រយោជន៍យ៉ាងណាខ្លះជាមួយស្រ្តីមានគភ៌?

    តើកាល់ស្យូម មានប្រយោជន៍យ៉ាងណាខ្លះជាមួយស្រ្តីមានគភ៌?

    មានសារធាតុអាហារជាច្រើនដែលចាំបាច់ និងមានប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់ស្រ្តីដែលកំពុងតាំងគភ៌​។ ការពិតទៅ ការទទួលទានអាហារដែលល្អ និងមានប្រយោជន៍តាំងពីមុនពេលតាំងគភ៌ ក៏រឹតតែមានផលល្អចំពោះសុខភាពច្រើនដែរ ព្រោះការដែលរាងកាយបានទទួលសារធាតុអាហារល្អៗ ច្បាស់ជាហុចផលល្អដល់សុខភាពទាំងម្ដាយ និងទារកក្នុងគភ៌មិនខាន តែនៅមានរឿងមួយទៀតដែលមានផលយ៉ាងច្រើនដល់ការចម្រើនធំធាត់របស់រាងកាយ នោះគឺការបានទទួលទានអាហារដែលសម្បូរទៅដោយសារធាតុកាល់ស្យូម ព្រោះកាល់ស្យូមនឹងជួយសាងបន្ថែមលើផ្នែកដែលសឹករេចរឹល រួមទាំងជួយសាងបណ្ដុំឆ្អឹង និងធ្មេញឱ្យមានការរីកចម្រើនធំធាត់យ៉ាងរឹងមាំ។

    កាល់ស្យូមមានប្រយោជន៍ចំពោះសុខភាព និងជាសារធាតុរ៉ែដែលចាំបាច់ត្រូវមានច្រើនបំផុតក្នុងរាងកាយ កាល់ស្យូមភាគច្រើនស្ថិតនៅក្នុងឆ្អឹង និងធ្មេញ កាល់ស្យូមមានភាពចាំបាច់ដល់ការធ្វើការងាររបស់ប្រព័ន្ធប្រសាទ ការបង្រួញខ្លួនរបស់សាច់ដុំ-ល- ក្រៅពីនេះកាល់ស្យូមនៅមានប្រយោជន៍ដល់ការបង្កកខ្លួនរបស់ឈាមនៅពេលកើតមានស្នាមរបួសលើរាងកាយទៀតផង។

    កាល់ស្យូម និងស្រ្តីមានគភ៌
    ប្រហែលជាបានដឹងរួចហើយថា នៅលើ
    ស្រ្តីដែលកំពុងតាំងគភ៌ ការបានទទួលកាល់-ស្យូមគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងជួយធ្វើឱ្យកម្មវិធីការធ្វើការងាររបស់គ្រប់ប្រព័ន្ធក្នុងរាងកាយដំណើរការទៅយ៉ាងល្អពេញលេញ ព្រោះមកដល់អំឡុងពេលមួយរបស់ការតាំងគភ៌ កាល់ស្យូមនឹងត្រូវបឺតយកទៅប្រើប្រាស់ក្នុងការសាងសាច់ សាងតួខ្លួន សាងឆ្អឹង និងធ្មេញរបស់ទារកក្នុងគភ៌ ដូច្នេះហើយទើប យើងបានឃើញថា ស្ត្រីដែលមានគភ៌ច្រើនតែមានអាការពុកធ្មេញកើតឡើង រួមទាំងរោគឆ្អឹងពុកផងដែរ ដោយសារតែកង្វះជាតិកាល់ស្យូមហ្នឹងឯង។ ដូច្នេះក្នុងមួយថ្ងៃៗនៃការទទួលទានអាហារ ស្រ្តីមានគភ៌គួរតែសង្កត់ធ្ងន់លើអាហារដែលមានជាតិកាល់ស្យូមរួមជាមួយផង ព្រោះវានឹងជួយឱ្យបរិមាណកាល់ស្យូមក្នុងរាងកាយមានគ្រប់គ្រាន់នឹងតម្រូវការរបស់ទាំងម្ដាយ និងកូនរបស់អ្នក​ផងដែរ។

    ស្រ្តីមានគភ៌ និងការខ្វះជាតិកាល់ស្យូម
     ការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ កម្មវិធីមេតាបូលីហ្ស៊ឹមរបស់កោសិកា នឹងធ្វើការខុសប្រក្រតី។
     ឆ្អឹងនឹងស្ដើង និងផុយស្រួយ។
     ចំពោះស្រ្តីមានគភ៌ដែលមានការខ្វះជាតិកាល់ស្យូមគ្រប់ពេលវេលា និងខ្វះក្នុងរយៈពេល យូរជាប់ៗគ្នា រឿងដែលនឹងកើតឡើងនោះគឺ នឹងធ្វើឱ្យកើតអាការសឹកពុកឆ្អឹងជានិរន្តរ៍។
     លុះដល់អំឡុងពេលមួយរបស់វ័យ នៅ លើស្រ្តីមានគភ៌ ឬអ្នកដែលខ្វះជាតិកាល់ស្យូម នឹងធ្វើឱ្យកម្ពស់ថយចុះ។
     ភាពរឹងមាំ ឬកម្លាំងពលំក្នុងការប្រឹងប្រសូតបុត្រនឹងថយចុះ ឬនៅលើស្រ្តីមួយចំនួនគ្មានកម្លាំងប្រឹងសោះតែម្ដង។

    ប្រភពអាហារដែលសម្បូរជាតិកាល់ស្យូម
    ប្រភពអាហារដែលមានជាតិកាល់ស្យូម មានច្រើនប្រភេទណាស់ មិនថាតែកាល់ស្យូមដែលមាននៅក្នុងទឹកដោះដែលស្រ្តីមានគភ៌គួរតែទទួលទានជាមធ្យម 1-2កែវក្នុងមួយថ្ងៃ ព្រោះស្រ្តីមានគភ៌ត្រូវការកាល់ស្យូមច្រើនក្នុងមួយថ្ងៃៗដល់ទៅ 1,200មីល្លីក្រាមឯណោះ ដូច្នេះហើយទើបចាំបាច់ត្រូវបានទទួលពីអាហារដែលមានជាតិកាល់ស្យូមខ្ពស់។ សម្រាប់អាហារផ្សេងទៀតដែលជាប្រភពដ៏ល្អរបស់កាល់ស្យូមដែរនោះ មានដូចជាត្រីចង្វាមូល ត្រីតូចៗដែលញ៉ាំបានទាំងឆ្អឹង បន្លែស្លឹកបៃតង ដូចជាបន្លែ ខាត់ណា ប្រូខូលី គ្រាប់ល្ង ឬតៅហ៊ូដុំ ជាដើម។ល៕

  • ពិតទេ ទទួលទាន​សាច់​ក្រហម​រាល់ថ្ងៃ​ ហុច​ផល​អាក្រក់​ចំពោះ​សុខភាព​?

    ពិតទេ ទទួលទាន​សាច់​ក្រហម​រាល់ថ្ងៃ​ ហុច​ផល​អាក្រក់​ចំពោះ​សុខភាព​?

    បើ​យោងតាម​ការសិក្សា​មួយ​ធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Harvard School of Public Health បាន​អះអាងថា ការទទួល​ទាន​សាច់​ក្រហម​កែច្នៃ​ត្រឹមតែ​ចំនួន2បន្ទះ​ក្នុង​មួយថ្ងៃ​អាច​បង្កើន​គ្រោះ​ហានិភ័យ​កើតមាន​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​ដល់ទៅ20%។ នៅថ្ងៃនេះ ទស្សនា​វ​ដ្តី​ ឡា​រ៉ែ​នសូម​ជម្រាបជូន​ពី​អត្ថបទ​សុខភាព​សម្រាប់​អ្នក​ដែល​និយម​ទទួលទាន​សាច់​ក្រហម​ដែល​បាន​កែច្នៃ និង​នៅមាន​ឈាម​ស្រស់​ដូចជា សាច់គោ សាច់ចៀន និងសាច់ពពែជាដើម។

    ការសិក្សា​នេះ​ដែរក៏បាន​តាមដាន​ពិនិត្យ​លើ​មនុស្ស​ប្រុស​ស្រី​ជាង12ម៉ឺន​នាក់ ​និង​ចំណាយពេល​អស់​ជិត30ឆ្នាំ​បាន​រក​ឃើញ​​ទៀតថា ប្រសិនជា​គេ​ទទួលទាន​សាច់​ក្រហម​ស្រស់(មិន​កែច្នៃ)មួយ​បន្ទះ​ជាមធ្យម អត្រា​ប្រឈម​នឹង​ជំងឺ​ខាងលើ​បាន​ថយ​ចុះ​មក​​នៅត្រឹម13%។ សាស្ត្រាចារ្យ Frank Hu អ្នកនិពន្ធ​ជាន់ខ្ពស់​មកពី​សាកលវិទ្យាល័យ Harvard School of Public Health បាន​ថ្លែងថា “លទ្ធផល​នៃ​ការសិក្សា​នេះ​បានផ្តល់​ជា​ភស្តុតាង​កាន់តែច្បាស់​បន្ថែមទៀត​ដែលថា ការទទួល​ទាន​សាច់​ក្រហម​ជា​រៀងរាល់ថ្ងៃ ជាពិសេស​​សាច់​កែច្នៃ​ជា​អាហារ​សម្រេច គឺជា​ហេតុ​នៃ​ការ​ហុច​ផល​អាក្រក់​ចម្បង​នៃ​ការស្លាប់​មុន​អាយុ។ ផ្ទុយ​មកវិញ ការ​ជ្រើសរើស​យក​ប្រភព​អាហារ​សម្បូរ​ដោយ​ប្រូតេអីុន​ផ្សេងទៀត​មក​ជំនួស​សាច់​ក្រហម​គឺអាច​ហុច​ផល​វិជ្ជមាន​ដល់​សុខភាព”។ ការជំនួស​សាច់​ក្រហម​ដោយ​ត្រី​អាច​កាត់បន្ថយគ្រោះថ្នាក់​អាក្រក់​នៃ​ការស្លាប់​មុន​អាយុ​ពី​ជំងឺ​បេះដូង​ និង​មហារីក​បាន​ដល់​ទៅ7% ​ខណៈ​បន្លែ ​និង​បណ្តា​ផលិតផល​ធ្វើ​ពី​ទឹកដោះ​ដែលមាន​ខ្លាញ់​តិច​អាច​កាត់បន្ថយ​ហានិភ័យ​បាន10%។ ចំណែក​គ្រាប់​ធញ្ញជាតិ​ និង​ពពួក​សណ្តែក​មាន​ជាតិ​ប្រេង​វិញ​អាច​កាត់បន្ថយ​ហានិភ័យ​បាន​ដល់ទៅ14%។

    បើតាម​ទិន្ន័យ​នៃ​ជំងឺមហារីក​ពិភពលោក WCRF បានស្នើ​ជា​យោបល់​ថា មនុស្សទាំងអស់គួរចៀសវាង​ទទួលទាន​សាច់​ក្រហម​ដែល​កែច្នៃ​ទុក​បានយូរ​ ឬកំណត់​ពី​ចំនួន​ដែល​ត្រូវ​ទទួលទាន​​ក្នុង​មួយ​សប្តាហ៍​កុំឱ្យ​លើសពី500ក្រាម។

    គួ​បញ្ជាក់​ផងដែរ​ថា លោកគ្រូ​ពេទ្យ Rachel Thompson អនុប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​មូលនិធិ WCRF បាន​បញ្ជាក់​ថា “លទ្ធផល​លើក​នេះ​បាន​ជួយ​ពង្រឹង​បន្ថែម​នូវ​ភស្តុតាង​ដែល​បង្ហាញ​ពី​ការជាប់​ពាក់ព័ន្ធ​គ្នា​រវាង​សាច់​ក្រហម ​និង​ជំងឺ​រ៉ាំរ៉ៃ។ ជីវិត​អាច​ត្រូវបាន​ជួយសង្គ្រោះ​ឱ្យ​ផុតពី​សេចក្តីស្លាប់ ប្រសិនបើ​លោកអ្នកជំនួស​សាច់​ក្រហម​ដោយ​បណ្តា​អាហារ​សម្បូរ​ប្រូតេអីុន​ផ្សេងៗ​មានដូចជា ត្រី បន្លែ បណ្តា​សណ្តែក​មាន​ប្រេង និង​សាច់មាន់​ជាដើម”៕

  • អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ… គ្រោះថ្នាក់​អាច​ដល់​ស្លាប់​បាន

    អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ… គ្រោះថ្នាក់​អាច​ដល់​ស្លាប់​បាន

    អាការ​ងងឹតមុខ គឺជា​អា​ការដែល​បាត់បង់​ស្មារតី​មួយ​ភ្លែត និង​អាច​ដួល​ទាំង​ជំហរ គឺជា​ការ​ដួល​បាត់បង់​ស្មារតី ដែលមាន​តាំងពីខ្យល់គរ​ធម្មតារហូត​ទៅដល់​ខ្យល់គរ​ដួល​ដោយសារតែ​ភាពខុសប្រក្រតី​កម្រិត​ធ្ងន់ធ្ងរ​របស់​បេះដូង។

    អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ ឬ​អាការ​ខ្យល់គរ​បាត់ស្មារតី ជា​អា​ការដែល​ជួបប្រទះ​ញឹកញាប់ជាស​ភាវ​ដែល​រាងកាយ​បាត់បង់​ការដឹង​ខ្លួន និងបាត់បង់​កម្លាំង​របស់​សាច់ដុំ​មួយ​ខណៈពេល ដែលជា​ផលប៉ះពាល់​បណ្ដាលមកពី​ឈាម​ដែលរ​ត់ទៅ​ចិញ្ចឹម​មែក​ធាង​នៃ​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​ថយចុះ ដែលមាន​បច្ច័យ​ពាក់ព័ន្ធ​ពី​បរិមាណ​ឈាម​ដែល​ចេញពី​បេះដូង និង​កម្លាំង​ទប់ទល់​របស់​សរសៃ​ឈាម​ទូទាំង​រាងកាយ។ អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​នេះ ច្រើនតែ​ដឹងខ្លួន​ប្រក្រតី​ឡើងវិញ​ដោយ​ខ្លួនឯង និង​អាច​កើតដដែលៗឡើង​ទៀត​បាន។

    តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នៅ​ប្រទេស​បាន​រកឃើញថា ស្ទើរ10%នៃ​អ្នកជំងឺ​ដែល​មកជួប​គ្រូពេទ្យ​ដើម្បី​ចូល​ព្យាបាល ​មាន​មនុស្ស​ចាស់​ជាង50% សុទ្ធតែ​ធ្លាប់​កើត​អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​នេះ​រួចមកហើយ​យ៉ាងតិច​ក៏1ដង​ដែរ។

    អ្នក​កើត​អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​ដែល​រក​មូលហេតុ​មិនឃើញ មាន​អត្រា​បាត់បង់​ជីវិត​ក្នុង​ឆ្នាំ​ដំបូង​ដែល​កើតឡើង​ខ្ពស់​ដល់​ទៅ6%ដោយ4% បាត់បង់​ជីវិត​បែប​ទាន់ហន់ តែបើ​មាន​មូលហេតុ​មកពី​ជំងឺ​បេះដូង​វិញ អត្រា​បាត់បង់​ជីវិត​ក្នុង​ឆ្នាំ​ដំបូង​ដែល​កើត​នោះ​នឹង​ខ្ពស់​ដល់​ទៅ18%-33% ដោយ24% ជាការ​បាត់បង់​ជីវិត​បែប​ទាន់ហន់។

    សម្រាប់​អ្នក​ដែល​ប្រកប​អាជីព ដូចជា បុគ្គលិក​បើកបរ​រថយន្ត អ្នកបើក​យន្តហោះ កម្មករសំណង់ ឬ​អ្នក​ប្រតិបត្តិការ​ជាមួយ​គ្រឿងចក្រ រឹតតែ​មាន​ភាព​ប្រថុយប្រថាន​ខ្ពស់​ក្នុង​ស្លាប់បាត់​បង់ជីវិត​បន្ទា​ប់​ពី​កើត​អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​នេះ។

    អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​នេះ​អាចបែងចែក​បានជា2ក្រុម​ គឺក្រុម​ដែល​កើត​អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​ ដោយសារ​សភាវ​លោហិត​ធ្លាក់ចុះ​ទាប​មួយ​ខណៈពេល តែ​មិនមែនជា​ជំងឺ​បេះដូង ឬ​ហៅងាយៗថា អាការ​ងងឹតមុខ​ខ្យល់គ​ទូទៅ ដោយសារតែ​រាងកាយ​ទ្រាំទ្រ​ជាមួយនឹង​សភាព​បរិស្ថាន​ជុំវិញខ្លួន​លែង​បាន ដោយមាន​មូលហេតុ​មកពី​ភាព​តានតឹង​ធុញថប់ សម្រាក​មិនបាន​គ្រប់​គ្រាន់ ឈរ ឬ​អង្គុយ​យូរ​ហួសហេតុ​ពេក។ ចំណែក​មួយក្រុម​ទៀត​គឺ អាការ​ងងឹតមុខដួល​ទាំង​ជំហរ​ បណ្ដាលមកពី​រោគ​បេះដូង និង​សរសៃឈាម ដូចជា​ អត្រា​លោត​របស់​បេះដូង​ខុស​ប្រក្រតី និងការ​ណែន​ស្ទះ​របស់​សរសៃឈាមជាដើម។

    មូលហេតុ​របស់​ការកើត​ខ្យល់គ​ស្ទើរតែ​បាត់ស្មារតី ឬ​បាត់ស្មារតី​តែម្ដង មាន​ច្រើន​ដូចតទៅ ៖
    1. សភាវ​ភ្ញាក់ផ្អើល ឬ​ខូចចិត្ត​ខ្លាំងក្លា
    2. ក្អក ឬ​កណ្ដាស់​ខ្លាំង​ជ្រុល​ពេក
    3. ខណៈ​ឈរ​បត់ជើងតូច ឬ​ក្រោយពេល​បត់ជើងតូច​រួច​ បន្ទាប់ពី​ទ្រាំ​មក​យូរ
    4. ហាត់ប្រាណ​ខ្លាំង​ជ្រុល​ពេក
    5. បន្ទាប់ពីទទួលទាន​អាហារ​ច្រើន​ហួសហេតុ
    6. រលាក​សរសៃប្រសាទ​ខួរក្បាល
    7. កើត​ជំងឺ​ខួរក្បាល​ចុះខ្សោយ
    8. ជំងឺ ផារ​គិ​ន​សុន (នៅលើ​អ្នកខ្លះ​ដែលមាន​ប្រព័ន្ធ​ប្រសាទ​អត្តនោម័តិ​ខុស​ប្រក្រតី​រួមជាមួយ​ផង)
    9. ជំងឺ​ទឹកនោមផ្អែម (នៅលើ​អ្នកជំងឺ​ដែល​សរសៃប្រសាទ​ត្រូវ​បំផ្លាញ​ដោយសារ​ទឹកនោមផ្អែម)
    10. ដោយសារ​ថ្នាំ​ប្រភេទ​ខ្លះ ដូចជា​ទទួលទាន​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ច្រើន​ជ្រុល​ពេក
    11. ទទួលទាន​ស្រា​ច្រើន​ជ្រុល​ពេក
    12. ចំណុច​កំណើត​អគ្គិសនី​របស់​បេះដូង​ចុះខ្សោយ
    13. បាត់បង់​ឈាម​ច្រើន ឬ​បាត់បង់​ជាតិ​ទឹក​អស់ពី​រាងកាយ​ច្រើន​ជ្រុល​ពេកដូចជា ​រាករូស​ធ្ងន់ធ្ងរ និងក្អួតចង្អោរ​ខ្លាំងក្លា
    14. សភាវ​បេះដូង​លោត​ខុស​ចង្វាក់​យ៉ាងខ្លាំង​ក្លា
    15. រោគ​សាច់ដុំ​បេះដូង​ក្រាស់​ខុស​ប្រក្រតី
    16. សភាវ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ទាប ឬ​ខ្ពស់​ជ្រុល​ពេក

    វិធី​ប្រតិបត្តិ​នៅពេល​កំពុងតែ​រកកល​នឹង​ខ្យល់គ​បាត់ស្មារតី នៅពេល​ចាប់ផ្ដើម​មាន​អាការ ចូរ​ប្រញាប់​រក​កន្លែង​សម្រាក ឬ​ចាប់​​តោង​អ្វីមួយ​ទប់ខ្លួន​ឱ្យ​ជាប់ និង​តន្ត្រំជើង ដើម្បីឱ្យ​ឈាម​រត់​ឆ្ពោះទៅ​បេះដូង​បាន​ច្រើនឡើង។ បើ​នៅតែ​មិនបាន​ធូរស្រាល ចូរ​អង្គុយ​ចុះ ហើយ​បើសិន​នៅតែ​មិនទាន់​​ធូរស្រាល​ទៀត ចូរ​គេង​រាបនឹង​ដី ដើម្បីឱ្យ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​ខួរក្បាល​បាន​ច្រើនឡើង ព្រមទាំង​អាច​ការពារ​ការកើត​ខ្យល់គ​ដួល​ទាំង​ជំហរបាន គឺអាច​កាត់បន្ថយ​ការកើតមាន​របួសស្នាម ​បើសិនជា​ដួល​បោក​ទៅ​ដី ឬ​ទៅបុក ឬ​ប៉ះ​នឹង​វត្ថុផ្សេងៗបាន​ទៀតផង។

    បើ​កំពុង​បើកបរ​រថយន្ត គួរតែ​ចត​រថយន្ត​ភ្លាមហើយ​កាច់​កៅអី​ទៅក្រោយ​ឱ្យ​ស្ថិតក្នុង​ឥរិយាបថ​គេង​រាប។ បើ​ស្ថិតនៅក្នុង​រថយន្ត​ដឹក​អ្នកដំណើរគួរ​រក​កន្លែង​អង្គុយ ឬ​គេង​នៅក្នុង​រថយន្ត​នោះហើយ​ប្រញាប់​ប្រាប់​អ្នកជិតខាង​ថា ខ្លួន​កំពុង​រកកល​ខ្យល់គ​ងងឹត​មុខ​ដួល។ មិនគួរ​ប្រញាប់​ចុះ​ពី​រថយន្ត​ឡើយ ព្រោះ​អាច​នឹង​ដួល​បាត់ស្មារតី​នៅត្រង់​ជណ្ដើរ​ចុះ​ពី​រថយន្ត នាំឱ្យ​កើត​គ្រោះថ្នាក់​បាន៕