Author: ធឿន មករា

  • គន្លឹះទាំង4 ដើម្បីជួយឱ្យដើមទ្រូងត្រឡប់មកធំណែនឡើងវិញ

    គន្លឹះទាំង4 ដើម្បីជួយឱ្យដើមទ្រូងត្រឡប់មកធំណែនឡើងវិញ

    ដើមទ្រូងគឺជាផ្នែកដ៏សំខាន់មួយសម្រាប់ជួយលើកសម្រស់នារីៗយើង ឱ្យមើលទៅមានមន្ដស្នេហ៍ និងទាក់ទាញបំផុត។ ក៏ប៉ុន្ដែនារីៗភាគច្រើនតែងជួប​ប្រទះនឹងបញ្ហាដើមទ្រូងតូច ស្ទើរតែរាបស្មើដូចជាពងទាចៀន ហើយមើលទៅមិនមានភាពទាក់ទាញ និងគួរឱ្យបាក់ចិត្តស្រឡាញ់ទាល់តែសោះ។ ចាប់ពីថ្ងៃនេះទៅ សូមមិត្តនារីៗទាំងអស់កុំកង្វល់តទៅទៀត ព្រោះថា ទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនពីគន្លឹះទាំង4 ដែលអាចអនុវត្តបានយ៉ាងងាយនៅក្នុងផ្ទះដោយខ្លួនឯង ដើម្បីឱ្យដើមទ្រូងមានសភាពតឹងណែនល្អ និងត្រឡប់មកសភាពស្រស់ស្អាតដូចដើមវិញ។

    1. ប្រើប្រាស់គ្រីម ឬប្រេងសម្រាប់ម៉ាស្សាដើមទ្រូង
    សុភាពនារីទាំងឡាយអាចត្រៀមគ្រីម ឬប្រេងសម្រាប់ម៉ាស្សាដើមទ្រូង ឬមួយក៏ប្រើប្រាស់ឡេប្រេងអូលីវ ដែលអ្នកមានស្រាប់នៅក្នុងផ្ទះក៏បាន ដើម្បីប្រើប្រាស់សម្រាប់ម៉ាស្សា។ អ្នកត្រូវប្រើម្រាមដៃទាំង3 រួមមាន ដៃចង្អុរ ដៃកណ្ដាល ដៃនាង ជ្រលក់ជាមួយប្រេង ឬគ្រីម រួចចុចពីលើស្បែកត្រង់បរិវេណសុដន់ ហើយធ្វើការម៉ាស្សាថ្មមៗទៅតាមរង្វង់ដើមទ្រូងក្នុងរយៈពេលពី5-10នាទី។

    2. ម៉ាស្សាជុំវិញសុដន់
    យកគ្រីម ឬប្រេងលាបជុំវិញបរិវេណសុដន់ឱ្យបានជុំសព្វលើកលែងតែបរិវេណក្បាលដោះតែប៉ុណ្ណោះ។ បន្ទាប់មកទៀត ត្រូវយកដៃខាងឆ្វេងមកជួយម៉ាស្សាបរិវេណសុដន់ខាងស្ដាំ។ ហើយលក្ខណៈនៃការម៉ាស្សាបរិវេណសុដន់នោះ គឺត្រូវម៉ាស្សាជាលក្ខណៈរង្វង់ ដោយចាប់ផ្ដើមម៉ាស្សាពីផ្នែកខាងក្រោមក្បែរសាច់ក្លៀក ម៉ាស្សាដេញជារង្វង់ចូលមកខ្សែខាងក្នុងនៃបរិវេណដើមទ្រូង។ នៅក្នុងអំឡុងពេលដែលអ្នកធ្វើម៉ាស្សានោះ អ្នកត្រូវម៉ាស្សាទាញស្បែកសុដន់ឱ្យខិតឡើងមកខាងលើចំនួន20ដង រហូតដល់អ្នកមានអារម្មណ៍ក្ដៅនៅបរិវេណដើមទ្រូង។ បន្ទាប់មកទៀត ត្រូវអនុវត្តបែបនេះ នៅសុដន់ខាងឆ្វេងដូចគ្នាទៀត។

    3. ទាញសុដន់ឱ្យឡើង
    សុភាពនារីទាំងឡាយត្រូវប្រើម្រាមដៃខាងឆ្វេង ផ្អិបជាប់នឹងសុដន់ខាងស្ដាំ ហើយទាញឡើងមកលើប្រមាណជា2សង់ទីម៉ែត្រ។ បន្ទាប់មកទៀត ចូរយកម្រាមដៃខាងស្ដាំចុចម៉ាស្សាតាមរង្វង់ខ្សែដើមទ្រូង ដោយព្យាយាមម៉ាស្សាទាញសាច់សុដន់ឱ្យឡើងមកលើចំនួន20​ដង។ បន្ទាប់មក អ្នកត្រូវអនុវត្តលើសុដន់ផ្នែកខាងឆ្វេងម្ខាងទៀតចំនួន20ដងដូចគ្នាដែរ។

    4. លើកផ្ទៃសុដន់ឱ្យខ្ពស់ពីគល់សុដន់
    ប្រើដៃទាំងសងខាងប្រមូល ឬលើកសុដន់ឡើង ចេញពីសាច់នៃគល់សុដន់របស់អ្នក ដោយចាប់ផ្ដើមលើកពីខាងក្រោមទៅចំចំណុចកណ្ដាលនៃសុដន់របស់អ្នក។ បន្ទាប់មកទៀតនារីៗយើងត្រូវម៉ាស្សាបែបនេះឱ្យបាន20ដង ទៅតាមលំដាប់លំដោយ។

    យ៉ាងណាដែរ គន្លឹះទាំង4នេះ ពិតជាងាយស្រួលសម្រាប់សុភាពនារីយើងណាស់មែនទេ? កុំភ្លេចអនុវត្តតាមផងណ៎ា ធានាថា មានប្រសិទ្ធភាពជួយឱ្យសុដន់របស់អ្នកមានសភាពតឹងណែន ឡើងធំដូចសភាពដើមជាមិនខាន។ តែកុំភ្លេចត្រូវអនុវត្តជារៀងរាល់ថ្ងៃផងណា៎៕

  • ពណ៌ក្រចកបែបស្រាលស្រទន់ ត្រជាក់ចិត្ត មិនស៊ាំភ្នែក

    ពណ៌ក្រចកបែបស្រាលស្រទន់ ត្រជាក់ចិត្ត មិនស៊ាំភ្នែក

    រីករាយជាមួយនឹងម៉ូដក្រចកបែបសុភាព បង្កប់ដោយមន្តស្នេហ៍មិនជិនណាយចិត្ត ជាមួយនឹងម៉ូដក្រចកពណ៌ស្រស់ស្រទន់ និងបែប Healthy គឺមិនធ្វើឱ្យក្រចករបស់អ្នកខូច ឬឡើងពណ៌លឿងនោះឡើយ។ ដូច្នេះសូមប្រិយមិត្តនារីៗទាំងអស់រីករាយជាមួយនឹងម៉ូដក្រចកដ៏ស្រស់ស្អាត គួរជាទីពេញចិត្តដូចតទៅ៕

  • ការស្ដារ​សេចក្ដីស្នេហា​ឡើងវិញ​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ

    ការស្ដារ​សេចក្ដីស្នេហា​ឡើងវិញ​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ

    គេ​និយាយថា “ឃ្លាន​ឆ្ងាញ់ ស្រឡាញ់​ល្អ” តែ​ដល់ពេល​នៅ​ជាមួយគ្នាយូរៗទៅ “ទោះ​ឃ្លាន​ក៏​លែង​ឆ្ងាញ់ ទោះ​ស្រឡាញ់​ក៏​លែង​ល្អ។ ហេសៗ រឿង​បែបនេះ តើ​វា​ជាការ​ពិត ឬ​យ៉ាងណា?​ វា​ក៏ដូចជា​រាង​ពិបាក​នឹង​ប្រាប់​ដែរ ព្រោះថា គូ​ស្វាមីភរិយា​ជាច្រើន​គូ​ក៏​នៅតែ​ផ្អែមល្ហែម​នឹង​គ្នា ទោះជា​ពេលវេលា​កន្លងទៅ​យូរ​សែន​យូរ​យ៉ាងណាក៏ដោយ ដូច្នេះ​យើង​នាំគ្នា​មក​មើលថា តើ​ពួកគេ​ទាំងនោះ​ធ្វើយ៉ាងណា​ខ្លះ ទើប​សម្ពន្ធភាព​ស្នេហ៍​របស់​ពួកគេ​នៅតែ​ស្ថិតស្ថេរ​យូរអង្វែង និង​ផ្អែមល្ហែម​រៀងរាល់ថ្ងៃ​បែប​ហ្នឹង?

    “រឿង​បែប​ហ្នឹង​ហ្អេ៎? គ្មានអ្វី​ពិបាក​សោះ គ្រាន់តែ​និយាយ​គ្នា​ឱ្យដឹង និយាយ​គ្នា​ដោយ​ពាក្យ​ដែល​ពីរោះ​ត្រចៀក និង​មិន​ប៉ះពាល់​ក្ដៅក្រហាយ​ដល់​ចិត្ត​គ្នា​ទៅបាន​ហើយ តែ​ប៉ុណ្ណឹង​ឯង។ ប្ដី​ខ្ញុំ គាត់​ជាម​នុស្ស​មិនសូវ​មាត់ក និង​គួរឱ្យ​ស្រឡាញ់ ខ្ញុំ​ថា​យ៉ាងម៉េច ក៏​គាត់​មិនដែល​ប្រកែក​ដែរ តែបើ​ថ្ងៃ​ណា ស្រាប់តែ​គាត់​ប្រកែក​ឡើង ខ្ញុំ​ក៏​ព្រម​តាម​គាត់​ដូចគ្នា​ទៅ។ បែប​ហ្នឹង​គេ​ហៅថា ស្គាល់​ពី​ចិត្ត​គេ ស្គាល់​ពី​ចិត្ត​យើង នៅ​ជាមួយគ្នា​បានយូរ និង​មិនចេះ​ធុញទ្រាន់​ឡើយ”។

    “ខ្ញុំ​វិញ ពេល​ឃើញ​ភរិយា​គាត់​រាងដូចជាធុញៗ ក្រញូវៗ ខ្ញុំ​ក៏​ធ្វើខ្លួន​ឱ្យ​សប្បាយរីករាយ ឬ​និយាយ​រឿង​កំប្លុកកំប្លែង​ឱ្យស្ដាប់ ព្យាយាម​នាំ​គាត់​ចេញពី​ស្ថានការណ៍​ដែល​ធ្វើឱ្យ​គាត់​មិន​សប្បាយចិត្ត ជួយ​គាត់​ធ្វើ​ការងារ​ផ្ទះ​ខ្លះទៅ នាំទៅ​ដើរលេង​នៅទីនេះ ទីនោះ​ខ្លះទៅ មិនយូរប៉ុន្មាន​គាត់​ក៏​តាំងស្មារតី​បាន​ឡើងវិញ និង​សប្បាយរីករាយ​ដូច​មុន​បាត់ទៅហើយ…”។

    “ផស់​ខ្ញុំ​វិញ​ហ្អេ៎? ម៉ាក់​ប្រាប់ថា មនុស្ស​ប្រុស បើ​ញ៉ាំ​ឆ្អែត​គ្រប់យ៉ាង​ហើយ ធានាថា​មិន​ទៅណា​ទេ… ខ្ញុំ​ក៏​ព្យាយាម​រិះរក​វិធី​ឱ្យ​គាត់​បាន​ទទួលទាន​អាហារ​យ៉ាង​មាន​សេចក្ដីសុខ។ ពេល​ញ៉ាំ​បាយ​ជាមួយគ្នា ក៏​នឹងមិន​និយាយ​ពី​រឿង​ការងារ ឬ​រឿង​អ្វីដែល​ធ្វើឱ្យ​មិន​សប្បាយចិត្ត​ទេ ថែមទាំង​បើ​ថ្ងៃ​ណា​គាត់​កើតមាន​អារម្មណ៍​ភិសវង់​ផង ក៏​ផ្ដល់ឱ្យ​គាត់​បាន​ឆ្អែត​ជាមួយនឹង​សេចក្ដីស្នេហា​ដែល​យើង​ប្រគល់ឱ្យ​ទាំង​កាយ និង​ចិត្ត​ដោយ​ក្ដី​ស្មោះស្ម័គ្រ និង​ឆ្អែត​ទៅជា​មួយ​សេចក្ដីសុខ​ដែល​កើត​ពី​ទង្វើ​របស់​យើង​រួមគ្នា។ បែបនេះ នៅ​ជាមួយគ្នា​ប៉ុន្មាន​ឆ្នាំ ក៏​នៅតែ​ផ្អែមល្ហែម​ដូច​មុន​ដដែល​ដែរ”។

    “ការពិតទៅ រឿង​ដែល​គួរឱ្យ​ធុញទ្រាន់​បំផុត គឺ​ភាពដដែលៗរវាង​គ្នា​នឹង​គ្នា និង​គ្មាន​អ្វីដែល​គួរឱ្យ​រំភើប​ឡើយ ដូច​ជីវិត​របស់​យើង​ដែល​ព្រឹក​ឡើង​ក៏​ទៅធ្វើ​ការ ល្ងាច​ត្រឡប់មកវិញ​ក៏​អស់កម្លាំង ឱកាស​ចង់​ស៊ិះ​ស៊ុ​ស​គ្នា​ក៏​កាន់តែ​តិច​ទៅ ព្រោះ​ស្ត្រី​មេផ្ទះ គេ​មាន​ការងារ​ច្រើន យូរៗទៅ​ក៏​ធុញ​ក្នុងការ​ស្រឡាញ់គ្នា ដល់​អី​ុ​ចឹ​ង ភាពស្និទ្ធស្នាល​គ្នា​ក៏​ចាប់ផ្ដើម​រលាយបាត់។ តែ​ល្អ​ណាស់ ដែល​ខ្ញុំ​ចេះ​សង្កេតឃើញ​ទាន់ និង​ចាប់ផ្ដើម​កែសម្រួល​ខ្លួន​ដោយ​ធ្វើ​ការងារ​ឱ្យ​តិចជាង​មុន មាន​ពេល​នាំ​ភរិយា​ទៅ​ដើរលេង​នៅទីនេះ ទីនោះ​ឱ្យបាន​ច្រើនឡើង។ លុះ​ពេល​មាន​បរិយាកាសល្អៗ រឿងរ៉ាវ​របស់​សេចក្ដី​ស្រឡាញ់ និង​ចំណង់​រវាង​គ្នា​និង​គ្នា​ក៏​ត្រឡប់មក​ជាថ្មី ហើយ​នៅពេល​មាន​សេចក្ដីសុខ​ជាមួយគ្នា​ញឹកញាប់​ទៅ អ្វីៗជាច្រើន​វា​ក៏​ត្រឡប់មក​ដូចដើម​វិញ”។

    “ខ្ញុំ​សង្កេតឃើញថា ក្រោយពី​បានរស់នៅ​ជាមួយគ្នា​ហើយ គាត់​ប្រែប្រួល​មិន​ដូច​ពីមុន ខ្ញុំ​ក៏​ខិតខំ​ព្យាយាម​ក្នុង​ការធ្វើ​គ្រប់យ៉ាង​ឱ្យ​គាត់​ដូចដើម​វិញ ប្រាប់​ឱ្យ​គាត់​ចេះ​យកចិត្ត​គ្នា​ខ្លះ ប្រាប់​ឱ្យ​គាត់​ត្រឡប់មកផ្ទះ​វិញ​ទៀង​ពេលខ្លះ ទាំង​ការងារ​របស់គាត់​ក៏​ច្រើន។ ពេលនោះ​ប្រៀបដូចជា​មនុស្ស​ឆ្កួត ព្យាយាម​ប្រើ​អំណាច​ដើម្បី​គ្រប់គ្រង​គាត់​ឱ្យបាន​ដូច​ចិត្ត​ខ្លួនឯង​ចង់បាន តែ​មើលទៅ​ហាក់ដូចជា​កាន់តែ​ធ្វើ កាន់តែ​យ៉ាប់យ៉ឺន​ឡើង។ គាត់​ព្យាយាម​រក​វិធី​គេចវេះ​ពី​ការ​នៅក្បែរ​គ្នា ដែល​វារឹតតែ​ធ្វើឱ្យ​ខ្ញុំ​ខឹង​គាត់​កាន់តែខ្លាំង​ឡើង និង​កាចឡើង។ គាត់​ក៏​ចាប់ផ្ដើម​ឆ្ងាយទៅៗ ពេលនោះ​គិតថា មិនយូរ​ទេ​ជីវិត​គូរ​បស់​យើង​នឹង​ដួលរលំ​មិន​ខាន…។

    លុះ​មកដល់​ថ្ងៃមួយ ពេល​នៅ​ម្នាក់ឯងស្ងាត់ៗ ខ្ញុំ​ក៏​នឹក​ឃើញថា ដែល​ប្រាប់​ខ្លួនឯង​ថា គាត់​ប្រែប្រួល​មិន​ដូច​មុន​នោះ ការពិតទៅ​គាត់​ប្រែប្រួល ព្រោះ​មកពី​ខ្ញុំ​ប្រែប្រួល​ខ្លួនឯង​ទេតើ! លុះ​នឹកឃើញ​ដូច្នេះហើយ ក៏​ចាប់ផ្ដើម​កែសម្រួល​ខ្លួនឯង​សាជាថ្មី ឱ្យ​ត្រឡប់​មកជា​នារី​ម្នាក់​ដែល​គាត់​ធ្លាប់​សុំ​សេចក្ដីស្នេហា និង​សុំ​រៀបការ​ជាមួយ​កាលពីមុន។ ប្លែក​មែនទែន តែ​ជា​រឿង​ពិត! គាត់​ក៏​ចាប់ផ្ដើម​ប្រែប្រួល​ត្រឡប់​ក្លាយ​មកជា​រូបគាត់​ដែល​គួរឱ្យ​ស្រឡាញ់ ដែល​ធ្លាប់​មកសុំ​សេចក្ដីស្នេហា​ពី​ខ្ញុំ​ដូច​កាលពីមុន​វិញ​ដែរ… បន្ទាប់ពី​នោះមក ខ្ញុំ​ក៏​លែង​ត្រឡប់​ទៅជា​នាង​យក្ខិនី​ទៀត ឯ​គាត់​ក៏​ត្រឡប់​មកជា​តួឯក​ដ៏​សែន​ល្អ​រហូត​តទៅ​ដូចគ្នា”។

    ទាំងអស់នោះ ប្រហែល​វា​ជា​ផ្នែក​មួយ​របស់​ជីវិត​ពិត​ដែល​បាន​កើតឡើង និង​អាច​ហៅ​អតីតកាល​ដ៏​សែន​ផ្អែមល្ហែម​ឱ្យ​ត្រឡប់មក​សាជាថ្មី​វិញ​បាន តែ តើ​មាន​អ្នកណា​អាច​ដឹង​ទេ​ថា ហេតុ​អី​បាន​ពួកគេ​អាច​ហៅ​ភាព​ផ្អែមល្ហែម​របស់​ជីវិត​គូ​ឱ្យ​ត្រឡប់មកវិញ​បាន?

    ចម្លើយ​ក៏​គឺ ពួកគេ​មើលឃើញ​អំពើ​ល្អ​របស់​គ្នា​ទៅវិញទៅមក ព្រោះ​នៅពេលដែល​មនុស្ស​យើង​មើលឃើញ​អំពើ​ល្អ​របស់​គ្នា​ទៅវិញទៅមក​ហើយ រឿង​អ្វី​ក៏​អាចធ្វើ​បានដែរ​សម្រាប់​ម​នុស្ស​ល្អ​ម្នាក់​នោះ គឺ​មនុស្ស​ដែល​យើង​ស្រឡាញ់…៕

  • វិធី​បង្រៀន​កូន ឱ្យ​កូន​ចេះ​ពឹង​លើ​ខ្លួនឯង

    វិធី​បង្រៀន​កូន ឱ្យ​កូន​ចេះ​ពឹង​លើ​ខ្លួនឯង

    តើ​លោកឪពុក​អ្នក​ម្ដាយ​ធ្លាប់​បានឮ​ពាក្យសម្ដី​ប្រហាក់ប្រហែល​នេះ​ចេញពី​មាត់កូនៗដែរ​ទេ?
    “អត់​ទេ”
    “កូន​ធ្វើ​អត់​បានទេ”
    “វា​ពិបាកធ្វើ​ណាស់”
    “កូន​មិនដឹងថា វា​ត្រូវធ្វើ​យ៉ាងម៉េច​ទេ”
    “ម៉ាក់​ជួយ​ធ្វើឱ្យ​កូន​បន្តិច​បានទេ?”
    ពេលខ្លះ​កូន​នឹងមាន​ពាក្យសម្ដី​បែបនេះ​ក្នុពេលដែល​ត្រូវធ្វើ​រឿង​អ្វីថ្មីៗ ក្មេង​មាន​អារម្មណ៍​ថា​វា​ពិបាក ខ្លាច​ថា​ធ្វើ​មិនបាន ដែល​ទោះជា​មនុស្ស​ចាស់​ជួយ​លើកទឹកចិត្ត​ឱ្យ​សាកល្បង​ធ្វើ​ល​មើល​យ៉ាងណា តែ​ជួនកាល​ក្មេង​ក៏​នៅតែ​រួញរា​មិន​ចង់​ធ្វើ​ដដែល ហើយញឹកញាប់​ណាស់​ដែល​មនុស្ស​ចាស់​កាត់​ក្ដី​រំខាន​ចិត្ត​ដោយ​ការធ្វើ​ជំនួស​ឱ្យតែ​ម្ដង។

    ក្មេងៗជាច្រើន​មាន​សមត្ថភាព សតិបញ្ញា​ល្អ តែ​ខ្វះ​ក្ដី​ព្យាយាម​បន្តិច។ ក្ដី​ព្យ​ាយាម គឺជា​រឿង​សំខាន់ រឹតតែ​ក្នុង​យុគសម័យ​ដែលអ្វីៗក៏​ងាយស្រួល​សប្បាយ​នោះ ក្មេងៗភាគច្រើន​ពេល​ជួប​ការងារ​ដែល​ពិបាក ក៏​នឹង​រួញរា ហើយ​មិន​ចង់​ធ្វើ។ សេចក្ដី​ព្យាយាម គឺជា​រឿង​ដែល​យើង​ត្រូវ​ប្រើ​រហូត​មួយជីវិត ដូចជា ​ពេល​រៀន ​នៅពេល​ដែលថ្នាក់​កាន់តែ​ខ្ពស់​ឡើង មុខវិជ្ជា​ក៏​កាន់តែ​ពិបាក​ឡើងជារឿយៗ ឬ​ពេល​ធំ​ក្លាយជា​មនុស្ស​ធំ​ហើយ​ជួបនឹង​បញ្ហា បើសិនជា​ខ្វះ​ក្ដី​ពុះពារ​ព្យាយាម ជីវិត​ប្រហែលជា​កាន់តែ​លំបាក​ខ្លាំង​ឡើង​មិន​ខាន។

    នៅក្នុង​ជីវិត​ពិត គឺជា​រឿង​មិនអាច​ទៅរួច​ឡើយ​ដែល​នឹងមាន​មនុស្ស​ជា​ឪពុកម្ដាយ​នៅតាម​មើលថែ និង​តាម​ជួយ​រហូត​តទៅ​នោះ ដូច្នេះហើយ​ទើប​សុភាសិត​ដែលពោលថា “ខ្លួន​ទីពឹង​ខ្លួន” គឺជា​រឿង​ចាំបាច់។ ឪពុកម្ដាយ​ត្រូវមាន​ចិត្តរឹង​ប៉ឹង​គួរសម កុំ​ជួយ​កូន​គ្រប់​តែ​រឿង ចូរ​ឱ្យ​កូន​សាកល្បង​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ដែល​សំខាន់ គឺ​ឪពុកម្ដាយ​ត្រូវ​ធ្វើជា​គំរូ ដោយ​ត្រូវមាន​ក្ដី​ព្យាយាម​ក្នុងការ​ធ្វើ​អ្វី​ក៏ដោយ ដែល​ទោះជា​វា​ពិបាក​ប៉ុនណា​ក៏ត្រូវ​តែ​សម្ដែង​ចេញមក​ថា ខ្លួន​មានការ​តាំងចិត្ត និង​ព្យាយាម​ដែរ ហើយ​ទោះជា​ធ្វើ​ហើយ មិន​ទទួលបាន​ជោគជ័យ ក៏​ត្រូវតែ​កោតសរសើរ​កូន​ចំពោះ​ការព្យាយាម មិនមែន​សម្លឹង​តម្រង់​ទៅ​រកតែ​លទ្ធផល​ដែល​ចេញមក​នោះទេ។

    សាកល្បង​ឱ្យកូនៗបានធ្វើ​អ្វី​ដោយ​ខ្លួនឯង ដូចជា ​ការចេះ​ជួយ​ខ្លួនឯង ​ដែល​គេ​អាច​ធ្វើបាន​ទៅតាម​វ័យ ឱ្យកូនៗបាន​រៀន​យល់ដឹង​ខ្លះ តែ​ក៏​កុំភ្លេចថា បើ​កូន​ខំព្យាយាម​ហើយ នៅតែ​ធ្វើ​មិនបាន​ទៀត​នោះ កម្លាំងចិត្ត​ពី​ឪពុកម្ដាយ​គឺជា​រឿង​ដែលកូនៗត្រូវការ​បំផុត ប្រៀបដូចជា​ស្បៀង​ដែល​ធ្វើឱ្យ​កូន​មាន​ភាពរឹងមាំ​ខាង​ផ្លូវចិត្ត​តទៅទៀត​នៅពេល​ធំ​ឡើង។ ព្រោះថា បើ​កូន​ជា​ក្មេង​ឆ្លាត តែបើ​គេ​ខ្វះ​ការព្យាយាម អ្វីៗក៏​គង់​ពិបាក​មិន​ខាន។

    ព្រោះ​ក្នុង​ជីវិត​ពិត មាន​បទ​សាកល្បង​ជាច្រើន​ដែល​មិនអាច​ឆ្លង​ឱ្យ​ផុត​បាន​ដោយ​ភាព​ឆ្លាត​វៃ​តែ​ម្យ៉ាង​នោះទេ តែ​ត្រូវមាន​ក្ដី​ក្លាហាន ក្ដី​ព្យាយាម និង​ភាព​រឹងប៉ឹង​ខាង​ផ្លូវ​ចិត្តជា​មូលដ្ឋាន​ផងដែរ៕

  • នៅពេល​កូនតូច​ឈានចូល​ខែ​ទី8

    នៅពេល​កូនតូច​ឈានចូល​ខែ​ទី8

    លក្ខណៈ​របស់​កូនតូច
    ក្នុង​វ័យ​នេះ កូន​អាច​លូន​វារ​បាន​តាមចិត្ត​ខ្លួនឯងបាន​ឆ្ងាយ​ហើយ ដូច្នេះ​អ្នក​ម្ដាយ​គួរ​ប្រមូល​ទុកដាក់​របស់របរ​នៅក្នុង​ផ្ទះ​ឱ្យ​បាន​​រៀបរយ។ ប្រយ័ត្ន​ពួក​ទូ​ដាក់​សម្លៀកបំពាក់​ដែល​ទ្វារ​ងាយ​របើក របស់របរ​ក្នុង​ទូ​ក៏​ត្រូវតែ​ប្រយ័ត្ន​ដែរ ដូចជា​គ្រាប់​ថ្នាំ​ដេញ​សត្វ​កន្លាត ថតតុ ឬ​ថតទូ​ដែល​កូន​អាច​ឈោង​ដៃដល់​ជាដើម។ ត្រូវ​ប្រមូល​រៀបចំ​ទុកដាក់​របស់របរ​ឱ្យបាន​រៀបរយ របស់​ដែល​អាច​បង្ក​គ្រោះថ្នាក់ និង​វត្ថុ​ដែល​មុត​ស្រួច​ត្រូវ​យកទៅ​ទុកឱ្យឆ្ងាយ។ បើ​រស់នៅ​ក្នុងផ្ទះ2ជាន់ ឬ​ផ្ទះ​នៅ​ខ្ពស់​ពី​ដី ត្រូវ​ប្រយ័ត្ន​កូន​ធ្លាក់​ពីលើ​កាំជណ្ដើរ និង​នៅត្រង់​មាត់​កាំជណ្ដើរ​គួរតែ​ដាក់​អ្វី​ឃាំង​ការពារ។

    ដល់ពេល​ញ៉ាំ​អាហារ​បន្ថែម​ហើយ
    កូនតូច​នឹង​បង្ហាញឱ្យឃើញ​ពី​ទម្លាប់​និស្ស័យ​ការ​ញ៉ាំ​ដែល​ខុសប្លែក​ពីមុន​កាន់តែច្បាស់​ឡើង ក្មេង​ខ្លះ​ចូលចិត្ត​ញ៉ាំ​បាយ ក្មេង​ខ្លះ​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ ក្មេង​ខ្លះទៀត​មិន​ចូលចិត្ត​ញ៉ាំ​ត្រី តែ​ចូលចិត្ត​ញ៉ាំ​បន្លែ ដូច្នេះ​ទើប​អាហារ​បន្ថែម​របស់​ក្មេងម្នាក់ៗមិន​ដូចគ្នា​ទាំង​ប្រភេទ និង​បរិមាណ​អាហារ។ ក្មេង​ខ្លះ​មិន​ចូលចិត្ត​ញ៉ាំ​បបរម៉ដ្ឋៗទេ ដូច្នេះ​ចូរ​សាកល្បង​ឱ្យ​ញ៉ាំ​បាយជ្រាយៗ ឬ​ឱ្យញ៉ាំ​គុយទាវ មីគាវ ជំនួស​បាយ ឬ​នំប៉័ងក៏​បាន។ ពពួក​បន្លែ​វិញ ដំឡូង ល្ពៅ គួរ​ចាប់ផ្ដើម​ហាន់​ជា​ដុំតូចៗ និង​ឱ្យ​ញ៉ាំ​ជំនួស​ការ​កិន​ឱ្យ​ម៉ដ្ឋ​បាន​ហើយ។ បន្លែ​ភាគច្រើន ក្មេង​ញ៉ាំ​បាន​ទាំងអស់។ ត្រី​ដែល​ឱ្យ​ញ៉ាំ​គួរតែ​ជា​ត្រី​សាច់​ស ពេល​ឱ្យ​ញ៉ាំ​ត្រី​សាច់​ក្រហម ឬ​ត្រី​ដែលមាន​ខ្លាញ់ច្រើន ត្រូវឱ្យ​ញ៉ាំ​ម្ដង​បន្តិច។ ពពួក​សាច់ជ្រូក សាច់គោ​គួរ​ចិញ្ច្រាំ​ឱ្យ​ល្អិត ព្រោះ​ក្មេង​វ័យ​នេះ​អាច​ញ៉ាំ​បាន​ហើយ។

    អាហារ​បន្ថែម​គួរ​ចម្អិន​ឱ្យ​ឆ្អិន និង​ស្អាត រសជាតិ​លែមៗ(មិន​ប្រៃ ឬ​ផ្អែម​ខ្លាំង)។ អាហារ​កូនក្មេង​មិនគួរ​ជាប​បរដាក់​សាច់ជ្រូក ដាក់​បន្លែ ដាក់​ថ្លើម​រួមគ្នា​ក្នុង​ចាន​តែមួយ​គ្រប់ពេល​ញ៉ាំ​អាហារនោះទេ ព្រោះ​ទោះជា​ងាយស្រួល​ធ្វើ​មែន តែ​មិន​ស័ក្តិសម​សម្រាប់​បង្ហាត់​កូន​ឱ្យ​ស្គាល់​ពី​រសជាតិ​អាហារ​ប្រភេទនីមួយៗនោះទេ។ កូន​នឹង​រីករាយ​ខ្លាំង​ជាង បើ​បាន​ញ៉ាំ​បាយ​ជាមួយ​ម្ហូប​មួយ​មុខ ឬ​ពីរ​មុខ ជាមួយ​សម្ល​ស្ងោរ។ អ្នក​ម្ដាយ​ចូរ​ជ្រើសរើស​អាហារ​ដែល​ងាយស្រួល​ធ្វើ និង​ឱ្យ​ដូចដែល​បាន​រៀបរាប់​មកនេះ​ក្នុង​មួយថ្ងៃ​ឱ្យបាន​មួយពេល និង​មួយពេល​ទៀត​អាចជា​នំប៉័ងស៊ុត ឬ​ទឹកដោះគោ ឬ​ផ្លែឈើ​ក៏បាន។ ក្មេង​វ័យ​នេះ ទម្ងន់​ខ្លួន​នឹង​កើន​ឡើងជា​មធ្យម​មួយថ្ងៃ​ប្រមាណ​ជា8-10ក្រាម តែ​ក្មេង​ដែល​ពូកែ​ញ៉ាំ ពូកែ​ញ៉ាំ​បាយ ពូកែ​ញ៉ាំ​នំ អាច​នឹង​កើន​ឡើងដល់15-20ក្រាម​ក្នុង​មួយថ្ងៃ។

    បើ​ឱ្យ​កូន​ញ៉ាំ​នំ
    ទោះ​នំ​មិនមែនជា​អាហារ​ចាំបាច់​ចំពោះក្មេងៗក៏ដោយ តែក្មេងៗមាន​អារម្មណ៍​ត្រេកអរ​ណាស់​នៅពេល​បាន​ញ៉ាំ​នំ ដូច្នេះ​គួ​េ​ឱ្យ​កូន​បាន​ញ៉ាំ​ខ្លះ​ផង។ ភាគច្រើន ច្រើនឱ្យ​ញ៉ាំ​នៅពេល​រសៀល មុន​ឱ្យ​ញ៉ាំ​ទឹកដោះគោ។ អាចជា​នំប៉័ងស្រួយៗ ឬនំប៉័ង​អាំង កូន​នឹង​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បាន​កាន់​នំ​ញ៉ាំ​ដោយ​ខ្លួនឯង តែបើ​កូន​ជា​ក្មេង​ពូកែ​ញ៉ាំ បាយ​ក៏​ញ៉ាំ​ច្រើន នំ​ក៏​ញ៉ាំ​ច្រើន​នោះអ្នក​ម្ដាយ​គួរ​ប្ដូរ​ពី​នំ​ទៅជា​ផ្លែឈើ​វិញ​ប្រសើរ​ជាង និង​មិន​គួរឱ្យក្មេងក្នុង​វ័យ​នេះ​ញ៉ាំ​ស្ករ​សូកូឡា ឬស្ករ​ថូ​ហ្វ​ហ្វ៊ីនោះទេ។ នំ​ដែល​ធ្វើ​ខ្លួនឯង​នៅផ្ទះ​ក៏​អាចឱ្យ​កូន​ញ៉ាំ​បានដែរ ដូចជា ចេកខ្ទិះ បបរ​ល្ពៅ បបរសណ្ដែក​ខៀវ។ល។

    អាការ​ដែល​អាច​កើតឡើង
    ** ពេល​កូន​ប្រកាច់
    ភាគច្រើន​កើត​ឡើ​ង​ព្រោះតែ​ក្ដៅខ្លួន​ខ្លាំង។ ក្មេង​នឹង​ប្រកាច់ញាក់ៗ ញ័រ​ខ្លួន បញ្ឈរភ្នែក មិន​ប្រិច​ភ្នែក ហៅ​ឈ្មោះ​ក៏​មិនដឹង​ខ្លួន ចាប់​អង្រួន​ក៏​នៅតែ​មិនដឹង​ខ្លួន។ ក្មេង​ខ្លះ​ប្រកាច់1-2នាទី ក្មេង​ខ្លះ​ដល់​ទៅ10នាទី។ អាការ​ប្រកាច់​ច្រើនតែ​កើត​នៅលើ​ក្មេង​ដែល​រាងកាយ​​មានប្រតិកម្ម​ជាមួយ​សីតុណ្ហភាព​ដែល​ខ្ពស់​ឡើង​ឆាប់រហ័ស ឬ​នៅលើ​ក្មេង​ដែល​ងាយ​ខឹងក្រេវក្រោធ និងបិុ​ន​យំ​។ល។ វិធី​កែប​ញ្ហា​នេះ​គឺ ជូត​ខ្លួន​ដោយ​ទឹក​ធម្មតា​ជាបន្ទាន់ និង​គួរឱ្យ​ត្រូវ​ខ្យល់អាកាស​ខាងក្រៅ​ឱ្យ​ច្រើន បង្វឹក​រាងកាយ​ឱ្យ​រឹងមាំ​ជានិច្ច។ បើ​កូន​ធ្លាប់​ប្រកាច់​​នៅពេល​ក្ដៅខ្លួន​ខ្លាំង អ្នក​ម្ដាយ​គួរ​សុំ​ថ្នាំ​បញ្ចុះ​កម្ដៅ​ពី​លោកគ្រូ​ពេទ្យ​មក​ទុក និង​ប្រញាប់​ឱ្យ​កូន​ញ៉ាំ​នៅពេល​កូន​ចាប់ផ្ដើម​មាន​អាការ​ក្ដៅខ្លួន ដើម្បី​ការពារ​ទុកជាមុន។

    ** ពងបែក​នៅក្នុង​មាត់
    ជា​ជំងឺឆ្លង​ដែល​កើត​ដោយសារ​មេរោគ​វីរុសក្មេងៗតែង​កើត​ជំងឺ​នេះ​ច្រើន និង​ញឹកញាប់។ មាន​អាការ​ក្អួតចង្អោរ ក្ដៅខ្លួន​ប្រហែល39អង្សា​​ C មាត់​របក​ក្លាយជា​ដំបៅ មាន​ពងតូចៗនៅ​គល់​អណ្ដាត ដែល​អាច​បែក​ក្លាយជា​កូន​ដំបៅក្រហមតូចៗ។ កូន​ច្រើនតែ​មិន​ចង់​ញ៉ាំ​បាយ ព្រោះ​ឈឺ​ដំបៅ​នៅក្នុង​មាត់ និង​បំពង់ក ហើយទឹកមាត់​នឹង​ហៀរ​ចេញមក​ច្រើន។ រយៈពេល2-3ថ្ងៃ​ដំបូងកូន​នឹង​ពិបាក​ញ៉ាំ និង​ញ៉ាំ​បានតែ​ទឹកដោះគោ មាត់​នឹងមាន​ក្លិនស្អុយជាដើម។ ក្មេង​ខ្លះ​មិនមែន​កើត​តែ​នៅក្នុង​មាត់​ប៉ុណ្ណោះ​ទេ តែ​នៅមាន​កន្ទាលត្រអាក​​ឡើង​នៅតាម​ដៃ និង​ជើង​ទៀតផង ហើយ​កម្ដៅ​ខ្លួន​ក៏​អាច​ឡើង​ចុះ​ក្នុងអំឡុង2-3ថ្ងៃ តែ​ក្មេង​ខ្លះ​កម្ដៅ​ខ្លួន​ថយចុះ​ក្នុង​ថ្ងៃ​តែមួយ​ក៏មាន។ ជំងឺ​នេះ​គ្មាន​ថ្នាំ​ព្យាបាល​ទេ តែ​ក៏​មិនបាច់​កង្វល់​ដែរ ព្រោះ​ជា​ជំងឺ​ដែលជា​ទៅវិញ​ដោយ​ឯកឯង​ក្នុង​រយៈពេល​មួយ​សប្ដាហ៍។វិវឌ្ឍនាការ​របស់​កូនតូច

    **រាងកាយ
    • ភាគច្រើន​ចេះ​លូន​វារ​បាន​ហើយ និង​ចំ-ណាន​ឡើងជា​រឿយៗ។
    • ចេះ​តោង​កៅអី ឬ​តុ ហើយ​ស្ទុះ​ងើបឡើង ឈានជើងដើរ​ទៅមុខ​បាន​មួយ​ជំហានៗ។
    • អង្គុយ​ខ្នង​ត្រង់​បានយូរ​គួរសម ដោយ​មិនចាំបាច់​មាន​អ្វី​មក​ទប់​ខ្នង។
    • ចេះ​ព្យាយាម​ចាប់យក​វត្ថុតូចៗដោយ​ប្រើ​ម្រាម​ចង្អុល និង​ម្រាម​មេដៃ​បាន​ខ្លាំង​ហើយ។
    • ចេះ​គ្រវាស​វត្ថុ​ដែល​ខ្លួន​មិនត្រូវ​ការចេញ។

    ** សង្គម​ជុំវិញខ្លួន
    • ចាំ​ឈ្មោះ​របស់​ខ្លួនឯងបាន និង​ងាក​តាម​សំឡេង​ដែល​គេ​ហៅ​ឈ្មោះ។
    • ចេះ​បញ្ចេញ​សំឡេងផ្សេងៗ ពេលខ្លះ​មើលទៅ​ឃើញ​ដូច​កំពុងនិយាយ​ម្នាក់ឯង។
    • យល់​ពី​ការលេង វាក់អ៊ើ​ហើយ។
    • ចូលចិត្ត​ពិនិត្យមើល​វត្ថុ​ដែល​នៅក្នុង​ដៃ និង​របស់​លេង។
    • ចេះ​បែងចែក​ភាពខុសប្លែក​ពីគ្នា​ហើយ។
    • ចេះ​ស្រែកហៅ​ឱ្យ​អ្នក​ឯទៀត​បែរមក​ចាប់អារម្មណ៍។

    ** លេង​ជាមួយ​កូន​ឱ្យបាន​ញឹកញាប់
    ក្នុង​វ័យ​នេះ កូន​ចេះ​បង្ហាញ​អារម្មណ៍​ច្រើនឡើង​ហើយ ដូច្នេះ​ក៏ត្រូវ​ការឱ្យ​មនុស្ស​ធំ​តបស្នង​មក​ខ្លួនឯង​វិញ​ច្រើនឡើង​ដែរ។ ការជជែក​និយាយ​ជាមួយ​កូន​ញឹកញាប់ ការនិយាយ​រឿងនិទាន​ឱ្យ​កូន​ស្ដាប់​នឹង​ជួយ​អភិវឌ្ឍ​ជំនាញ​ខាង​ផ្នែក​ភាសា​ និង​បណ្ដុះ​ទម្លាប់​និស្ស័យ​ស្រឡាញ់​ការអាន​ដល់​កូន​ទៀតផង។ លោកឪពុក​អ្នក​ម្ដាយ​ព្យាយាម​រក​សៀវភៅ​រឿងនិទាន​ដែល​ស័ក្តិសម​នឹង​វ័យ​កូន​មក​ទុកជិត​ៗខ្លួន​ជានិច្ច ដើម្បីឱ្យ​កូន​មាន​អារម្មណ៍​ស៊ាំ​ធ្លាប់​ជាមួយ​សៀវភៅ។

    ក្នុង​វ័យ​នេះ កូន​ចេះ​ចាប់អារម្មណ៍​មើល​ទូរទស្សន៍​ហើយ តែ​អ្នក​ម្ដាយ​មិនគួរ​បើក​ទូរទស្សន៍​ទុកចោល​ដោយសារ​គិតថា កូន​នឹង​បាន​រៀន​យល់ដឹង​ពី​ភាសា​និយាយ​នោះទេ ព្រោះ​ការពិត​វិញ​មិនមែន​ដូច្នោះ​ទេ កូន​នឹង​រៀន​យល់ដឹង​ពី​ភាសា​និយាយបាន​តាមរយៈ​សម្ពន្ធភាព​ជាមួយ​មនុ​ស្ស​ជុំវិញខ្លួន​ទៅវិញ​ទេ៕

  • តាំង​គភ៌​ហើយ តើ​នៅតែ​ទៅធ្វើ​ការងារ​ដូច​មុន​បាន​ឬទេ?

    តាំង​គភ៌​ហើយ តើ​នៅតែ​ទៅធ្វើ​ការងារ​ដូច​មុន​បាន​ឬទេ?

    ក្នុង​យុគសម័យ​បច្ចុប្បន្ន ស្ត្រី​យើង​ទោះជា​រៀបការ​ហើយក៏​ដោយ ក៏​នៅតែ​ត្រូវ​ចេញទៅ​ធ្វើការ​ក្រៅ​ផ្ទះ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ការចាយវាយ​ក្នុង​គ្រួសារ​ដែរ តែ​នៅពេលណា​ដែល​ស្ត្រី​យើង​ចាប់ផ្ដើម​គិត​ចង់បាន​បុត្រ ឬ​ដឹងខ្លួន​ថា ចាប់ផ្ដើម​មានគភ៌​ហើយ​នោះ ក្ដីកង្វល់​ដែល​តែងតែ​កើតមាន​នោះ​គឺថា តើ​ការចេញ​ទៅធ្វើ​ការងារ​ក្នុងខណៈដែល​ខ្លួនឯង​តាំង​គភ៌​នោះ នឹងមាន​ផលប៉ះពាល់​ដល់​ទារក​ក្នុង​គភ៌​ដែរឬទេ? ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ចម្លើយ​មក​ជម្រាបជូនដូចខាងក្រោមនេះ។

    នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មិនទាន់មាន​ការ
    បញ្ជាក់​យ៉ាងច្បាស់​លាស់​ថា ហាម​ស្ត្រី​ដែល​កំពុង​មានគភ៌​ធ្វើការ​អ្វី​នោះឡើយ មាន​​ត្រឹមតែ​ពាក្យ​ណែនាំ​ថា មិនគួរ​លើក​របស់ធ្ងន់ៗ និង​មិនគួរ​មាន​សភាវ​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍​ឡើយព្រោះ​នៅពេល​រាងកាយរបស់​ស្ត្រី​មានគភ៌​តាន-តឹង​ធុញថប់(អាច​បណ្ដាលមកពី​រឿង​ការងារ ឬ​មួម៉ៅ​ធុញថប់​ដោយសារតែ​រឿង​ធ្វើដំណើរ​តាមផ្លូវ​ដែល​កកស្ទះ​ខ្លាំង​)រាងកាយ​នឹង​បញ្ចេញ​សារធាតុ​ម្យ៉ាង​ចេញមក ដែល​បើសិនជា​ការតាំង​គភ៌​ក្នុង​រយៈពេល3ខែ​ដំបូង​ផង​នោះ អាច​នឹងមាន​ឱកាស​រ​លូត​បុត្រ​បាន។ ក្រៅពីនោះ តាម​ធម្មជាតិ​វិញ ក្នុងអំឡុង3ខែ​ដំបូង​នៃ​ការតាំង​គភ៌ ស្ត្រី​មានគភ៌​នឹងមាន​អារម្មណ៍​ថា​ទន់​ល្វើយ​អស់កម្លាំង ដោយសារតែ​ជា​អំឡុង​ពេលដែល​ទារក​ក្នុង​គភ៌​កំពុង​វិ​វ​ឌ្ឍ និង​ធំធាត់​ឡើង ដែលជា​រឿង​ប្រក្រតី ដូច្នេះ​ទើប​ការ​សម្រាក​របស់​ស្ត្រី​មានគភ៌​ត្រូវមាន​ច្រើនជាង​មនុស្ស​ប្រក្រតី។ បើ​រាងកាយ​នឿយ​ល្វើយ​ហើយនៅ​ត្រូវ​ទៅធ្វើ​ការ ហើយ​ត្រូវ​ជួបនឹង​សភាវ​ធុញថប់​តានតឹងផ្សេងៗទៀតផង​នោះ ក៏​នឹង​រឹតតែ​ធ្វើឱ្យ​រាងកាយ​លែង​បាន​សម្រាក និង​អស់កម្លាំង​ខ្លាំង​លើស​ដើម​ទៅទៀត។

    ដូច្នេះ​អ្នក​ដែល​ឆ្លើយតប​នឹង​សំណួរ​ខាងលើ​បានល្អ​បំផុត​នោះ​គឺ ស្ត្រី​មានគភ៌​ខ្លួនឯង​ដែល​គួរតែ​គិតថា ការងារ​ដែល​ទៅធ្វើ​នោះ បើ​ធ្វើ​ហើយ​មាន​សេចក្ដីសុខ ក៏​អាចធ្វើ​តទៅទៀតបាន ព្រោះ​បើ​រាងកាយ​មាន​សេចក្ដីសុខ ក៏​នឹងមាន​ផល​ល្អ​ដល់​ទារក​ក្នុង​គភ៌​ដែរ តែបើ​ដឹងខ្លួន​ថា ធ្វើ​ហើយ​គ្មាន​សេចក្ដីសុខ ត្រូវ​មួម៉ៅ​ធុញថប់ ក៏​គួរតែ​សម្រាកបន្តិច​ទៅ ហើយក៏​គួរតែ​ជ្រើស​រើសយក​កូន​ជា​រឿង​សំខាន់​ជាង​វិញ​ប្រសើរ​ជាង។ ក្រៅពីនេះ​នៅមាន​រឿង​ដែល​គួរ​ប្រយ័ត្នប្រយែង​នៅក្នុង​កន្លែងធ្វើការ រួមទាំង​ការធ្វើដំណើរ​ក្នុងខណៈ​តាំង​គភ៌​ដូចតទៅ ៖

    1. ស្ត្រី​ដែល​កំពុង​តាំង​គភ៌ គួរ​ចៀសវាង​ការធ្វើការងារ​ណា​ដែល​ពាក់ព័ន្ធ​ជាមួយ​ម៉ាស៊ីន X-Ray យ៉ាង​ដាច់ខាត ព្រោះ​ទារក​នៅក្នុង​គភ៌​នឹងមាន​ឱកាស​ពិការ ឬ​កើត​មហារីក​ក្នុង​គ្រាប់​ឈាមស​ដែល​បណ្ដា​លមកពី​កាំរស្មី​បាន។

    2. បើ​លក្ខណៈ​ការធ្វើការងារ​ត្រូវ​ឈរ ឬ​អង្គុយ​ក្នុង​រយៈពេលយូរៗ ក៏​គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​រៀងរាល់1ម៉ោង​ម្ដង ជាពិសេស​នៅពេល​ចាប់ផ្ដើម​តាំង​គភ៌​ក្នុងអំឡុងពេល6ខែ​តទៅ ដូចជា ​អាច​ប្រើ​ការដើរ​ទៅមក ឆ្លាស់គ្នា​នឹង​ការ​អង្គុយ​សម្រាក​ជាដើម។

    3. ការចង់​កម្រើកខ្លួន ឬ​ប្ដូរ​ឥរិយាបថ ត្រូវ​ប្រយ័ត្ន​ខ្លួន​ជាពិសេស ព្រោះ​អាច​កើតការ​ពង្រឹង​ខ្លួន​របស់​ស្បូន​បាន បើសិនជា​ផ្លាស់ប្ដូរ​ឥរិយាបថ​លឿន​រហ័ស​ជ្រុល​ពេក។

    4. សម្រាប់​ការធ្វើដំណើរ​ទៅធ្វើ​ការ ឡា​រ៉ែ​ន​ មិន​ណែនាំ​ឱ្យ​ជិះ​ម៉ូតូ​ទេ ទោះជា​តាំង​គភ៌​ប៉ុន្មាន​ខែ​ក៏ដោយ។

    5. បើ​មិនចាំបាច់ មិនគួរ​ធ្វើដំណើរ​ទៅណាឆ្ងាយៗឡើយ ព្រោះ​ការ​ជិះឡានយូរដោយ​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ នឹងធ្វើ​ឱ្យ​ឈឺ​ខ្នង ស្ពឹក​តាម​ដៃ-ជើង ព្រោះ​ប្រព័ន្ធ​ឈាម​រត់​អាច​នឹងធ្វើ​ការមិន​បាន​ល្អ​ដូច​ពេល​រាងកាយ​ប្រក្រតីនោះទេ។

    6. គួរ​តម​ការបើកបរ​រថយន្ត​ដោយ​ខ្លួនឯងព្រោះ​ការបើកបរ​រថយន្ត ក្រៅតែពី​ធ្វើឱ្យមាន​អារម្មណ៍​តានតឹង​ធុញថប់​ហើយ នៅមាន​ផល​ដល់​ការពង្រឹង​ខ្លួន​របស់​ស្បូន​ទៀតផង។

    7. ហាម​ទប់​បត់ជើងតូច​ជាដាច់ខាត ព្រោះ​ការ​ទប់​មិន​ព្រមទៅ​បត់ជើងតូច​នឹងធ្វើ​ឱ្យរ​លាក​ប្លោកនោម។ ការ​ទៅធ្វើ​ការ​ក្រៅ​ផ្ទះ ពេលខ្លះ​អាច​នឹង​មិនសូវ​ងាយស្រួល​ក្នុង​ការចូល​បន្ទប់ទឹក ទើប​ស្ត្រី​ជាច្រើន​ជ្រើស​រើសយក​ការ​ទ្រាំ ដូច្នេះ​ស្ត្រី​មានគភ៌​ត្រូវ​រៀបចំ​ផែនការ​រឿង​ការ​បន្ទោបង់​នេះ​ឱ្យ​បានល្អ៕

  • 5រឿងដែលកូនកំលោះកូនក្រមុំមិនគួរឱ្យកើតមានក្នុងពិធីមង្គលការ

    5រឿងដែលកូនកំលោះកូនក្រមុំមិនគួរឱ្យកើតមានក្នុងពិធីមង្គលការ

    បើមិនចង់ឱ្យពិធីមង្គលការរបស់អ្នកក្លាយជារឿងដែលមិនគួរឱ្យពេញចិត្ត និងត្រូវគេនាំយកទៅនិយាយក្រោយចប់ពិធីក្នុងន័យមិនល្អនោះ ក៏មិនគួរធ្វើរឿង5យ៉ាងខាងក្រោមនេះជាដាច់ខាត ព្រោះនឹងធ្វើឱ្យកូនកំលោះកូនក្រមុំត្រូវគេមើលឃើញថាជាមនុស្សគ្មានសុជីវធម៌ និងមិនផ្ដល់កិត្តិយស ឬមិនយកចិត្តទុកដាក់ចំពោះភ្ញៀវដែលមកចូលរួមពិធីរបស់ខ្លួន។

    1. ត្រៀមវត្ថុអនុស្សាវរីយ៍មកមិនគ្រប់គ្រាន់ តាមគោលការណ៍ ការត្រៀមវត្ថុអនុស្សាវរីយ៍មង្គលការត្រូវតែត្រៀមឱ្យបានគ្រប់នឹងចំនួនភ្ញៀវដែលបានអញ្ជើញ ជារឿងដែលកូនកំលោះកូនក្រមុំមិនអាចមើលរំលងបានឡើយព្រោះបើវត្ថុអនុស្សាវរីយ៍មិនគ្រប់ នឹងធ្វើឱ្យភ្ញៀវដែលមិនបាន មានអារម្មណ៍ខកចិត្ត និងមិនសប្បាយចិត្តហ្នឹងឯង។

    2. ចែកសំបុត្រអញ្ជើញកៀកពេលខ្លាំងពេកការចែកសំបុត្រអញ្ជើញមង្គលការ ត្រូវទុកពេលវេលាឱ្យភ្ញៀវបានត្រៀមខ្លួនខ្លះផងដែល បើសិនជាចែកបែបកៀកពេលខ្លាំងពេក វានឹងធ្វើឱ្យភ្ញៀវមិនសូវសប្បាយចិត្ តហើយអាចនឹងគិតថាជាសំបុត្រដែលសល់ពីអ្នកដទៃ ដូច្នេះគួរកំណត់ពេលវេលាចែកសំបុត្រអញ្ជើញឱ្យបានច្បាស់លាស់ កុំរង់ចាំដល់កៀកពេលខ្លាំងពេក។

    3. ទុកឱ្យភ្ញៀវរង់ចាំពិធីការយូរពេក ការដំណើរការកម្មវិធីផ្សេងៗគួរតែប្រព្រឹត្តទៅតាមកាលវេលា ដែលបានកំណត់នៅលើសំបុត្រអញ្ជើញ មិនគួរបណ្ដោយឱ្យពេលវេលារំកិលទៅខុសកាលកំណត់ឡើយ ព្រោះអាចបណ្ដាលឱ្យភ្ញៀវដែលមកចូលរួមត្រូវរង់ចាំយូរ។ វិធីដែលល្អ គួរត្រៀមឱ្យរួចជាស្រេច គួរពិនិត្យមើល ឬហាត់សមមុនពេលធ្វើពិធីមែនទែនក៏ជាការល្អដែរ។

    4. មិនរៀបចំកន្លែងអង្គុយជូនភ្ញៀវការយកចិត្តទុកដាក់ និងមើលថែទាំចំពោះភ្ញៀវដែលមកចូលរួមក្នុងពីធីមង្គលការ ជារឿងមួយដែលកូនកំលោះកូនក្រមុំគួរតែធ្វើ និងជាសុជីវធម៌មួយដែលមិនអាចមើលរំលងបានឡើយ ព្រោះនឹងធ្វើឱ្យភ្ញៀវមានអារម្មណ៍រំភើប ពេញចិត្ត និងរីករាយជាមួយពិធីមង្គលការរបស់អ្នក។

    5. មានបញ្ហាជាមួយមនុស្សដែលមិនត្រូវគ្នាអាចមានខ្លះដែរដែលភ្ញៀវមកចូលរួមពិធីជាមនុស្សដែលមិនត្រូវគ្នា ដោយអាចជាភ្ញៀវរបស់កូនក្រមុំ ឬជាភ្ញៀវខាងកូនកំលោះដែលកូនកំលោះ ឬកូនក្រមុំគួរតែអត់ធ្មត់សង្កត់អារម្មណ៍ទុកសិន កុំឱ្យមានរឿងក្នុងពិធីមង្គលការរបស់អ្នកជាដាច់ខាត មិនដូច្នោះទេពិធីមង្គលការរបស់អ្នកនឹងដួលរលំខ្ទេចខ្ទីអស់មិនខាន៕

  • បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

    បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

    គ្រួសារណាដែលមានកូន 2នាក់ ហើយអាយុខុសគ្នាប្រមាណ 2-3ឆ្នាំនោះច្រើនតែជួបនឹងបញ្ហាដ៏គួរឱ្យពិបាកចិត្តក្នុងរឿងរបស់បងច្រណែនប្អូន ប្អូនច្រណែនបងខ្លះៗមិនខាន បើមិនតិចក៏ច្រើនដែរ។ ភាពខុសប្លែកគ្នាក្នុងរឿងអាយុ និងភេទជាមូលហេតុចម្បង ដែលធ្វើឱ្យក្មេងកើតក្ដីច្រណែនគ្នាបានដូចជាកូនច្បងច្រណែននឹងកូនពៅ ដែលឪពុកម្ដាយផ្ដល់ភាពសំខាន់លើកូនពៅខ្លាំងជាងខ្លួនជាដើម។

    រឿងដែលសំខាន់ខ្លាំងបំផុតនោះគឺឪពុកម្ដាយត្រូវតែយល់ដឹងអំពីរឿងរបស់ភាពស្មើភាពគ្នា ក្នុងការផ្ដល់ពេលវេលាដល់កូនៗ យ៉ាងស្មើៗគ្នា មិនឱ្យទៅនរណាម្នាក់ច្រើនពេក ឬតិចពេក មិនជ្រើសរើសប្រណិបត្តិខុសគ្នាជាមួយកូនក្នុងរឿងតែមួយដូចគ្នា ឬក្នុងហេតុការណ៍ដែលស្រដៀងគ្នា ដូចជាពេលកូន ប្អូនមិនប្រមូលទុកដាក់របស់លេង ក៏ប្រាប់ថា មិនអីទេ ចាំម៉ាក់ប្រមូលទុកឱ្យ តែដល់កូនបងលេងវិញម្ដង អ្នកក៏ប្រាប់ថា បើលេងហើយ ចូរប្រមូលទុកដាក់ក្នុងឡាំងឱ្យស្រួលបួលផង ហើយបើកូនបងមិនធ្វើតាមម្ដាយប្រាប់ ម្ដាយបែរជាលែងឱ្យកូនបងលេងរបស់លេងនោះតទៅទៀតជាដើម។ ប្រាកដណាស់ថា អ្វីដែលអ្នកនិយាយ កូននឹងលើកយកមកគិតយ៉ាងពិតប្រាកដថា ពេលប្អូន ហេតុអីលេងហើយ ម៉ាក់ជាអ្នកប្រមូលទុកដាក់ឱ្យ? ចុះដល់រូបគេលេងម្ដង ម៉េចបានម៉ាក់ឱ្យប្រមូលទុកដាក់ខ្លួនឯង? បែបនេះមិនមែនជារឿងល្អចំពោះកូនច្បងឡើយព្រោះគេនឹងចាប់ផ្ដើមមានអារម្មណ៍មិនល្អជាមួយនឹងប្អូនមិនខាន ទីបំផុតអាចក្លាយជា “បងស្អប់ប្អូន” តែម្ដងក៏មានដែរ។

    ការប្រណិបត្តិខ្លួនជាមួយកូនៗរបស់ឪពុកម្ដាយនឹងជួយឱ្យកើតមានភាពយល់ចិត្តរវាងគ្នានឹងគ្នាបានល្អបំផុត ព្រោះបញ្ហាកើតចេញពីខ្លួនឪពុកម្ដាយផ្ទាល់ហ្នឹងឯង។ អ្វីដែលឪពុកម្ដាយត្រូវនឹកដល់ឱ្យច្រើនបំផុតនោះ គឺរឿងសភាពផ្លូវចិត្តរបស់កូនច្បង។ លោកអ្នកត្រូវយកចិត្តទុកដាក់គេឱ្យបានច្រើន បែងពេលវេលាមកជជែកលេងជាមួយកូន ឬផ្ដល់ពេលវេលារួមគ្នាជាមួយកូនៗ ទាំងកូនច្បង និងកូនពៅ វានឹងជួយចងសម្ព័ន្ធភាពរវាងបងប្អូនបានយ៉ាងល្អ ហើយថែមទាំងជួយឱ្យពួកគេបានធំធាត់ឡើងព្រមជាមួយសេចក្ដីស្រឡាញ់ ដែលមានចំពោះគ្នាទៅវិញទៅមកទៀតផង។ ការបង្រៀនឱ្យកូនចេះចែករំលែកសេចក្ដីស្រឡាញ់ទៅដល់អ្នកដទៃខ្លះ នឹងជួយឱ្យគេសុខចិត្តធ្វើជាបងធំដែលលះ-បង់ឱ្យប្អូនៗជានិច្ច។ ការបង្រៀនកូនបែបនេះ មានផលល្អទៅដល់អនាគតខាងមុខរបស់គេព្រោះចុងក្រោយទៅ គេនឹងក្លាយជាមនុស្សដែលមានចិត្តល្អ ចេះសណ្ដោសប្រណី ទន់ភ្លន់ជាមួយមនុស្សជុំវិញខ្លួនជានិច្ច និងទីបំផុតទៅរឿងដែលយើងគិតថា គេជាក្មេងដែលប៉ិនច្រណែននោះ នឹងរលាយបាត់អស់បន្តិចម្ដងៗជាមិនខាន តែទាំងអស់នេះក៏អាស្រ័យលើការអប់រំប្រៀនប្រដៅយ៉ាងត្រឹមត្រូវអំពីឪពុកម្ដាយផងដែរ។

    Got to Know
    ក្មេងៗគ្រប់រូបមានភាពជាឯកលក្ខណៈរបស់ខ្លួន ក្មេងៗមានរឿងខ្លះដែលខ្លួនគេមានមោទនភាព ដូច្នេះចូរព្យាយាមបង្ហាត់បង្រៀនជាប់ជានិច្ចតាំងពីពួកគេនៅតូចៗថា យើងនឹងមិនប្រៀបធៀបរូបគេទៅនឹងបង ឬប្អូនឡើយ ព្រោះម្នាក់ៗមានភាពលេចធ្លោម្យ៉ាងៗនៅក្នុងខ្លួន។ ការធ្វើឱ្យគេមានមោទនភាពចំពោះអ្វីដែលគេមាន នឹងជួយកាត់បន្ថយការប្រកួតប្រជែង ឬភាពច្រណែនឫស្យាក្នុងចិត្តរបស់ក្មេងៗបាន។ លោកអ្នកអាចនឹងចង់ដឹងថា តើយើងមានវិធីយ៉ាងណាក្នុងការធ្វើឱ្យកុមារមានអារម្មណ៍មោទនភាពចំពោះខ្លួនឯង? ចម្លើយក៏គឺ លោកអ្នកត្រូវព្យាយាមរករឿងមួយនេះពីក្នុងខ្លួនគេ តាមរយៈការសង្កេត ជជែកនិយាយជាមួយគេមួយទល់នឹងមួយ ឬធ្វើកិច្ចការងាររួមគ្នាឱ្យបានញឹកញាប់ និងផ្ដល់ពេលវេលាយ៉ាងគ្រប់គ្រាន់ជាមួយកូនៗម្នាក់ៗ។ ការផ្ដល់ពេលវេលាចំពោះកូនម្នាក់ៗនឹងធ្វើឱ្យឪពុក-ម្ដាយយល់ដឹងថា កូនម្នាក់នេះអាចនឹងរៀនពូកែតែម្នាក់ទៀតអាចនឹងលេងកីឡាពូកែ ឬម្នាក់ទៀតអាចពូកែនិយាយជាដើម។ “ចុងបញ្ចប់នេះ អ្នកគ្រូឆវី ចង់ប្រាប់ថា ៈ ភាពពូកែរបស់ក្មេងៗមិនដូចគ្នាទេ ដូច្នេះសូមមេត្តាកុំប្រៀបធៀបរឿងដូចគ្នាជាមួយកូនៗអី ព្រោះកូនម្នាក់ៗប្រៀបដូចជាផ្កាប្រភេទផ្សេងៗមិនអាចប្រៀបធៀបគ្នាបានឡើយ”៕

  • កូនតូច និងការប្រើម្រាមដៃ

    កូនតូច និងការប្រើម្រាមដៃ

    សូមបង្ហាញអត្ថបទថ្មីមួយទៀតអំពីកូនតូច ដើម្បីឱ្យអ្នកម្ដាយបានឆ្អែតពេញលេញជាមួយនឹងសារៈខ្លឹមសារពាក់ព័ន្ធនឹងវិវឌ្ឍនាការលើផ្នែកផ្សេងៗរបស់កូនតូចតាំងពីវ័យកើតដំបូង រហូតដល់អាយុ9ឆ្នាំ… និងមិនទាន់អស់ត្រឹមតែប៉ុណ្ណឹងទេ ព្រោះអ្នកគ្រូ ឆវី នៅបានរួបរួម និងនាំយកវិធីទប់ទល់ជាមួយទង្វើដែលអាល្អិតកំពូលរពឹសយើងតែងតែធ្វើឱ្យលោកឪពុក អ្នកម្ដាយលោកតា លោកយាយឈឺក្បាលវិលមុខមិនដែលខានមួយថ្ងៃណានោះមកជម្រាបជូនទៀតផង ដោយអ្នកគ្រូ ឆវី ធានាថា ចាប់ពីពេលនេះទៅ បញ្ហាផ្ទុះផែនដីនេះនឹងក្លាយជារឿងស្រួលៗសម្រាប់អ្នកម្ដាយតែម្ដង។ ដូច្នេះពេលនេះយើងនាំគ្នាមកមើលពីវិវឌ្ឍនាការនៃការប្រើប្រាស់ដៃមួយដំណាក់កាលទៀតរបស់កូនតូចវិញល្អជាង…។

    ក្នុងអំឡុងពេលដែលកូនតូចរៀនយល់ដឹងពីការហាត់អង្គុយដោយខ្លួនឯង គេនឹងប្រើដៃជួយរុញខ្លួនឡើង និងទប់ខ្លួនឯងមិនឱ្យដួលមកវិញ ធ្វើឱ្យដៃ និងបាតដៃរបស់កូនមិនទំនេរឡើយ រហូតទាល់តែកូនអាចអង្គុយបានដោយខ្លួនឯង ចេះទប់លំនឹងខ្លួនបានល្អឡើង ទើបពេលនោះដៃ និងបាតដៃរបស់កូនទំនេរឡើងវិញ។ ដូច្នេះ ចាប់ពីអំឡុងពេលនេះទៅ កូននឹងមានពេលពិនិត្យពិច័យមើលបាតដៃរបស់ខ្លួនឯងកាន់តែច្រើនឡើង កូននឹងមានអារម្មណ៍ដឹងថា ម្រាមដៃរបស់គេពិតជាឧបករណ៍មួយដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះនៅពេលគេចង់ឱ្យវាកម្រើក វាក៏កម្រើកបាន គេអាចបញ្ជាវាបានតាមចិត្តនឹកឃើញ។ គឺពេលហ្នឹងហើយ ដែលគេចាប់ផ្ដើមប្រើម្រាមដៃកៀរគ្រវាសវត្ថុតូចៗដែលគេឃើញ និងប្រាកដណាស់ រឿងដំបូងគេដែលកូនសម្លាញ់បានហ្វឹកហាត់ម្រាមដៃនោះគឺ ការចាប់កាន់អាហារញ៉ាំដោយខ្លួនឯង ដែលវិវឌ្ឍនាការនេះ អ្នកម្ដាយនឹងបានឃើញក្នុងអំឡុងពេលដែលកូនតូចឈានចូលដល់ខែទី8។ ដូច្នេះលោកឪពុកអ្នកម្ដាយគួរជំរុញវិវឌ្ឍនាការរបស់កូនដោយការរកអាហារដុំតូចៗដែលមានភាពទន់ជ្រាយ ងាយស្រួលលេប (ត្រូវឱ្យប្រាកដក្នុងចិត្តថា មិនស្លាក់កកូន) ឱ្យកូនបានសាកល្បងចាប់កាន់យកមកដាក់មាត់ដោយខ្លួនឯង។ អាចនឹងប្រឡាក់បន្តិច តែក៏ OK!

    បន្ទាប់ពីនោះទៀតមិនយូរប៉ុន្មាន កូនតូចក៏នឹងចាប់ផ្ដើមរៀនយល់ដឹងពីភាពអស្ចារ្យរបស់ម្រាមចង្អុលដៃរបស់ខ្លួន គ្រាន់តែលើកចង្អុលភ្លែត ក៏នឹងបានអ្វីដែលចង់បានមកភ្លាមតែម្ដង។ ត្រូវហើយចា៎ស សុំត្រឹមតែឱ្យច្បាស់ក្នុងចិត្តថា អ្នកកំពុងសម្លឺងមើលគេតែប៉ុណ្ណោះ ហើយគេក៏នឹងលើកចង្អុលដៃចង្អុលទៅរកវត្ថុណាដែលគេចង់បាន និងបញ្ចេញសំឡេងអេះ-អាស់ថែមបន្តិចទៀត មិនថាវត្ថុនោះជារបស់លេង ចំណីអាហារ ដបទឹកដោះគោ ឬការចេញទៅលេងខាងក្រៅផ្ទះក៏ដោយ អ្នកម្ដាយក៏នឹងឱ្យវត្ថុ ឬអ្វីដែលគេចង់បាននោះភ្លាមៗតែម្ដង ដោយទាំងគេមិនចាំបាច់ពោលពាក្យអ្វីចេញមកទាំងអស់ គ្រាន់តែលើកចង្អុលដៃខ្លីៗ តូចៗ ធាត់ៗឆ្លើយ-ឆ្លងជាមួយអ្នកប៉ុណ្ណោះ។

    ក្រៅពីកូនរៀនយល់ដឹងពីភាពអស្ចារ្យរបស់ម្រាមចង្អុលដៃហើយកូននៅតែព្យាយាមសិក្សាពីអ្វីៗគ្រប់យ៉ាងលើពិភពលោកនេះដោយម្រាមចង្អុលដៃរបស់គេទៅជារឿយៗ ហើយរឿងមួយក្នុងចំណោមនោះគឺ ការយកចង្អុលដៃលូកចូលទៅក្នុងរន្ធព្រីភ្លើង (អៃយ៉ា!)។ ដូច្នេះនៅពេលណាដែលកូនតូចបានបង្ហាញឥទ្ធិពលនៃម្រាមចង្អុលដៃជាមួយអ្នកហើយ នោះមានន័យថា ដល់ពេលដែលលោកឪពុកអ្នកម្ដាយត្រូវត្រួតត្រាមើលពីសុវត្ថិភាពក្នុងផ្ទះហើយ។ កន្លែងណាមានរន្ធប្រហោង ប្រឡោះអី ចូរធ្វើការញ៉ុកបិទឱ្យជិតៗ ចំណែកព្រីភ្លើងក៏គួរតែរកគម្រប ឬរកអ្វីមកបាំងបិទផងដែរ។

    លោកឪពុកអ្នកម្ដាយមិនគួរហាមឃាត់អ្នកសិក្សាចង់ដឹងតូចល្អិតម្នាក់នេះទេ តែគួររកវិធីការពារឧប្បត្តិហេតុជុំវិញខ្លួនកូនឱ្យបានល្អវិញប្រសើរជាង។ ទោះជាហត់នឿយបន្តិចមែន តែធានាថា យើងនឹងបានរីករាយជាមួយនឹងវិវឌ្ឍនាការរបស់កូនសម្លាញ់យ៉ាងពិតប្រាកដ៕

  • ប្រតិបត្តិការសម្រកទម្ងន់ក្រោយពេលប្រសូតបុត្ររួច

    ប្រតិបត្តិការសម្រកទម្ងន់ក្រោយពេលប្រសូតបុត្ររួច

    ស្រ្តីដែលទើបឆ្លងទន្លេរួចជាច្រើននាក់បានរអ៊ូឱ្យស្ដាប់ពាក់ព័ន្ធនឹងទម្ងន់ខ្លួនដែលមើលទៅដូចជាគ្មានសញ្ញាថានឹងស្រកចុះងាយៗនោះឡើយ ធ្វើឱ្យពួកគេពិបាកចិត្តខ្លាំង រហូតលែងចង់ញ៉ាំបាយទៀតផង។ នេះគឺជាបញ្ហាធំមួយរបស់ស្រ្តីដែលទើបប្រសូតបុត្ររួចគ្រប់រូប តែមិនចាំបាច់បារម្ភទេ ព្រោះអ្នកគ្រូ ឆវី មានវិធីគ្រប់គ្រងទម្ងន់ខ្លួនដោយមិនចាំបាច់វេទនាខ្លួនមកជម្រាបជូន ដោយគ្រាន់តែកែសម្រួលនិស្ស័យក្នុងការទទួលទានក៏អាចសម្រកទម្ងន់ខ្លួនបានដែរ។

    • ទទួលទានអាហារយ៉ាងមានតុល្យភាព: គ្រប់គ្រងចំណែក និងបរិមាណអាហារពពួកបាយ និងម្សៅ បន្លែ ផ្លែឈើ ត្រី សណ្ដែក ស៊ុតផ្សិត តៅហ៊ូ ផលិតផលធ្វើអំពីទឹកដោះ និងខ្លាញ់ ទទួលទានឱ្យស័ក្តិសមល្មមក្នុងមួយថ្ងៃៗ។

    • ទទួលទានអាហារធម្មជាតិ មិនកែច្នៃ: ដូចជាគ្រាប់ធញ្ញជាតិផ្សេងៗ បាយអង្ករសម្រូប ពោត មើមត្រាវ ដំឡូង សណ្ដែកខ្មៅ សណ្ដែកក្រហម និងគ្រាប់ធញ្ញជាតិដែលមានប្រេង ទទួលទានតែល្មមសមរម្យដើម្បីជាប្រភពផ្ដល់ថាមពល វីតាមីន សារធាតុរ៉ែ និងកាកសរសៃអាហារ។

    • ទទួលទានបន្លែ និងផ្លែឈើដែលមានរសជាតិមិនផ្អែមខ្លាំង និងគ្រប់5ពណ៌: គឺពណ៌ស្វាយក្រហមបៃតង ស លឿងទុំ ដើម្បីបន្ថែមវីតាមីន សារធាតុរ៉ែ និងគីមីធម្មជាតិ សារធាតុគ្រប់ពណ៌ក្នុងបន្លែផ្លែឈើបង្កើនប្រព័ន្ធការពារជំងឺ។

    • ចេះទទួលទាន: គឺចេះចៀសវាងពីអាហារដែលមានខ្លាញ់ច្រើន ផ្អែមខ្លាំងនិងប្រៃខ្លាំង ចេះទទួលទានឱ្យតិច និងចេះតមមិនទទួលទានតែម្ដង។

    • ទទួលទានអាហារល្មមតែឆ្អែត: ក្នុងមួយពេលៗមិនបរិភោគច្រើនជ្រុលពេក។ ទទួលទានបែបបន្លែ បាយ ក្រុមអាហារមានប្រូតេអីុន = 2ៈ1ៈ1។

    • ទទួលទានអាហារពេលព្រឹករាល់ថ្ងៃ: អាហារពេលព្រឹក គឺជាពេលអាហារចម្បងដ៏សំខាន់ ត្រូវទទួលទានរាល់ថ្ងៃ ដើម្បីចែកចាយបរិមាណថាមពលអាហារឱ្យស័ក្តិសមនឹងតម្រូវការរបស់រាង-កាយក្រៅពីនោះនៅជួយឱ្យរាងកាយមិនឃ្លានខ្លាំងនៅពេលរសៀល និងគ្រប់គ្រងអាហារពេលល្ងាចដោយទទួលទានតែបន្តិចបន្តួច។

    • ទទួលទានអាហារពេលល្ងាចតាំងពីថ្ងៃ: ពេលសម្រាប់អាហារល្ងាច គួរទទួលទានមុនយ៉ាងតិច 4ម៉ោងមុនពេលចូលគេង ព្រោះមិនដូច្នោះទេ អំឡុងពេលគេងលក់ ប្រព័ន្ធប្រសាទនឹងបញ្ជាឱ្យរាងកាយសម្រាក ដូច្នេះអាហារដែលទទួលទានចូលទៅមុននឹងបន្តិចនឹងត្រូវរំលាយ និងក្លាយជាជាតិខ្លាញ់ប្រមូលសន្សំក្នុងរាកាយ។ បានដឹងបែបនេះហើយ ក៏ត្រូវតែប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ផង ដើម្បីស្រ្តីជាម្ដាយវ័យក្មេងថ្មោងថ្មីទាំងឡាយមានរូបរាងស្វែលស្អាតគ្រប់ៗគ្នា និងអាចគ្រប់គ្រងបេះដូងស្វាមីជាប់ក្នុងដៃរហូត៕