Author: ធឿន មករា

  • កាន់តែដូចមនុស្សមែនទែនហើយ… Boston Dynamics បង្ហាញមនុស្សយន្ត Atlas

    កាន់តែដូចមនុស្សមែនទែនហើយ… Boston Dynamics បង្ហាញមនុស្សយន្ត Atlas

    កាលពីលើកមុន ធ្លាប់បានដាក់បង្ហាញឱ្យវាដើរ លើករបស់របរ ពេលដួលហើយចេះក្រោកឡើងវិញ និងចេះលោតត្រឡប់ខ្លួន ឥឡូវនេះអាប់ឌែតថ្មីចុងក្រោយបំផុតនេះគឺ Boston Dynamics បាននាំមនុស្សយន្តឈ្មោះ “Atlas” ដដែលនោះចេញមករត់នៅកណ្ដាលសួនច្បារព្រមទាំងលោតរំលងឧបសគ្គដែលពាំងពីមុខឱ្យមើលទៀតផង។

    ថយត្រឡប់ទៅកាលពី2ឆ្នាំមុន Boston Dynamics ក្រុមហ៊ុនអភិវឌ្ឍមនុស្សយន្តដ៏ល្បីល្បាញបានបង្ហាញខ្លួន “Atlas” មនុស្សយន្តដែលមានរូបរាងដូចមនុស្សបំផុត ដែលអាចដើរដោយជើងបាន ជួយលើករបស់របរបានហើយថែមទាំងចេះក្រោកឡើងវិញបាននៅពេលដួលទៀតផង។ តមកកាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ “Atlas” បានបង្ហួតពីការលោតក្រឡាប់ខ្លួនត្រឡប់ទៅក្រោយថែមទៀត!! អាចនិយាយបានថាជាការបង្ហាញសមត្ថភាពរបស់មនុស្សយន្តដែលទំនើបឈានមុខយ៉ាងខ្លាំង រហូតធ្វើឱ្យមនុស្សជាច្រើនចាប់ផ្ដើមនឹងបារម្ភខ្លះៗហើយ។ រហូតមកដល់ពេលថ្មីៗនេះ ខាងក្រុមហ៊ុនបានបង្ហាញភាពឈានមុខមួយកម្រិតទៀតរបស់ “Atlas” ជាថ្មីម្ដងទៀត នោះគឺ ការរត់ត្រឹកៗនៅក្នុងសួនច្បារ ដោយមានលក្ខណៈ និងអាកប្បកិរិយាដូចមនុស្សមែនទែនតែម្ដង ហើយថែមទាំងបញ្ចប់ដោយការលោតជើងពីររំលងឧសគ្គដែលពាំងពីមុខទៀតផង។

    សម្រាប់ Boston Dynamics ពីមុនធ្លាប់ជាក្រុមហ៊ុនផលិតមនុស្សយន្តក្រោមឈ្មោះថា Alphabet (ក្រុមហ៊ុនមេ Google) តែចុងក្រោយក្លាយជារបស់ក្រុមហ៊ុន SoftBank​ របស់ប្រទេសជប៉ុនកាលពីឆ្នាំកន្លងទៅ៕


  • អចលនទ្រព្យរបស់អតីតអ្នកប្រដាល់ប្រវត្តិសាស្រ្ត Ali ត្រូវបានដាក់លក់ក្នុងតម្លៃ 2.9លានដុល្លារ

    អចលនទ្រព្យរបស់អតីតអ្នកប្រដាល់ប្រវត្តិសាស្រ្ត Ali ត្រូវបានដាក់លក់ក្នុងតម្លៃ 2.9លានដុល្លារ

    អចល​ន​ទ្រព្យ​​​លើទំហំ​ដី​ 81 A របស់​អតីត​អ្នក​ប្រដាល់អាជីព​ដ៏ល្បីល្បាញ Muhammad Ali នៅ​ជន​បទ ភាគ​នីរ​តី​​នៃ​រដ្ឋ Michigan ដែលមាន​​​ទាំង​​កន្លែង​ហាត់​ប្រាណ និង​សង្វៀន​មួយ​​ដែ​រ​នោះ កំពុង​តែ​ដាក់​លក់​ក្នុង​តម្លៃ​ 2.9​លាន​ដុល្លារ​អាមេរិក​។

    បើយោង​ទៅ​តាម​បញ្ជី​នៅ​លើ​គេហ​ទំ​ព័រ​​សម្រាប់​ការ​ទិញ-លក់​អចល​​ន​ទ្រព្យ​​កំពូល​ទាំង​10 របស់អ្នក​ស្រី Lonnie ដែល​ជា​ភរិយា​​របស់​លោក Ali កំពុង​តែ​ប្រកាសលក់ ក្នុងនោះ​រាប់ប​ញ្ចូល​ទាំង​ទី​វាល​ដ៏​ធំមួយ​នៅ​​តាម​បណ្តោយ​ទន្លេ St. Joseph River ក្នុង​តម្លៃ​ 2.895.037​ដុល្លារទៀតផង ដោយ​​ 2​លេខ​ចុងក្រោយ​តំណាង​ឱ្យ​ការ​ចំណាយ​ពេល​ក្នុងអាជីព​ប្រដាល់​រយៈពេល​ 37ឆ្នាំ​របស់​លោក Ali ហ្នឹងឯង​។ លោក Ali បាន​ទិញ​អចល​​ន​ទ្រព្យនេះ ក្នុង​ពេល​លោក​ស្ថិត​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​របស់​ពិភព​លោក​កាលពីឆ្នាំ​1975 ពោល​គឺ​ក្នុង​រយៈ​ពេល​​តែ​ 1​ឆ្នាំ ក្រោយពី​ការ​ដណ្តើម​បាន​ជ័យជម្នះ​​ក្នុង​ការ​ប្រកួត​ឈ្មោះ​ថា «Rumble in the Jungle» លើកីឡាករ George Foreman ហើយ​នៅ​​ឆ្នាំ​​ដដែលនោះ លោក​​ក៏​បាន​ផ្តួល​កីឡាករ Joe Frazier ក្នុង​​ការ​ប្រកួត​ឈ្មោះ​ថា «Thriller in Manila» ផងដែរ​។ លោក Ali បាន​ចំណាយ​ពេល​ភាគ​ច្រើន​នៃ​ការ​ចូល​និវត្តន៍​របស់​លោក​នៅ​ឯ​ Berrien Springs រដ្ឋ Michigan ​មុន​ពេល​លោក​ផ្លាស់​​ទៅ​​រស់​នៅ​រដ្ឋ Arizona នៅឆ្នាំ​2006 ដែល​ជាកន្លែង​លោក​បាន​ទទួល​មរ​ណភាព​ក្នុងឆ្នាំ​2016​។ នៅក្នុង​អចល​ន​ទ្រព្យ​នេះ មាន​​ផ្ទះ​ 2ខ្នង កន្លែង​ចំហុយ​ខ្លួន និង​បន្ទប់​ម៉ាស្សា រួម​ទាំង​ទីលាន​​លេង​កីឡា​បាល់​បោះ និង​ទី​ធ្លា​ដ៏ធំ​ទូ​លាយមួយទៀតផង​៕


    ប្រភព​​ព័ត៌​មាន៖ sport.yahoo.com

  • ដំណាំ ជីរវ៉ាន់ស៊ុយ

    ដំណាំ ជីរវ៉ាន់ស៊ុយ

    ជីរវ៉ាន់ស៊ុយ ឬឈ្មោះវិទ្យាសាស្រ្តហៅថា Coriandrum sativa Linn ជាបន្លែមានដើមឈរត្រង់ទៅលើ មានអាយុប្រមាណជា40-60ថ្ងៃ អាចដាំបានលើគ្រប់សភាពដី ហើយនឹងដាំបានល្អនៅលើដីដែលធូរមានចរន្តទឹកហូរចេញចូលបានល្អ មានសំណើមសមល្មម និងអាចដាំបានពេញមួយឆ្នាំ តែនឹងលូតលាស់ធំធាត់បានល្អបំផុតនៅក្នុងអំឡុងខែរងា ដោយពូជជីរវ៉ាន់ស៊ុយដែលកសិករនិយមនាំគ្នាដាំជាទូទៅគឺ ពូជសាំងហ្គាពួរ ពូជសាំងហ្គាពួរគ្រាប់ខ្មៅ និងពូជតៃវ៉ាន់។ បន្លែជីរវ៉ាន់ស៊ុយគេអាចប្រើប្រាស់បានគ្រប់ផ្នែក ទាំងស្លឹក ដើម គល់ និងឫស ដែលប្រើប្រាស់ធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារបានច្រើនយ៉ាង ប្រៀបដូចជាគ្រឿងទេស និងបន្លែដែលប្រើសម្រាប់បន្ថែមក្លិន ជួយបង្កើនក្លិនឈ្ងុយ និងរសជាតិម្ហូបអាហារឱ្យរឹតតែឈ្ងុយឆ្ងាញ់ឡើងថែមទៀត។

    ការដាំដុះ
    • ការត្រៀមដី : សម្រាប់ជីរវ៉ាន់ស៊ុយ គឺជាដំណាំបន្លែដែលមានប្រព័ន្ធចាក់ឫសខ្លីរាក់ ដូច្នេះហើយទើបដីដែលស័ក្តិសមនឹងការដាំដុះជីរវ៉ាន់ស៊ុយនេះត្រូវតែជាដីដែលមានសភាពធូរមិនណែនស្អិត ដោយការដាំដុះត្រូវចាប់ផ្ដើមពីការភ្ជួរដាស់ដីឱ្យបានជ្រៅប្រមាណ15-20សង់ទីម៉ែត្រ ហើយត្រូវហាលដីឱ្យឆ្អិនប្រមាណជា5-7ថ្ងៃ។ បន្ទាប់ពីនោះទើបដាក់ជីកំប៉ុស ឬជីលាមកគោក្នុងអត្រា2តោនក្នុងទំហំដី 50ម៉ែត្រ x 50 ម៉ែត្រ(កន្លះហិកតា) ហើយរាស់ច្របល់ឱ្យចូលគ្នាសព្វ និងបំបែកដីឱ្យម៉ដ្ឋ ដើម្បីងាយស្រួលក្នុងការដាក់ដាំ។

    • វិធីដាំ : ចាប់ផ្ដើមពីការត្រៀមកូនដោយការនាំយកគ្រាប់ពូជមកដំល្មមៗតែបែក បន្ទាប់មកក៏ដាក់ត្រាំក្នុងទឹកទុកចោល1យប់។ ឯការដាក់ដាំវិញ គឺមុននឹងដាក់ដាំត្រូវស្រោចទឹកឱ្យសព្វលើដី (ឬរង) រួចយកគ្រាប់ពូជជីរវ៉ាន់ស៊ុយដែលត្រាំទឹក1យប់ហើយនោះមកព្រោះឱ្យសព្វលើដី (ឬរង) ដែលត្រូវដាំ បន្ទាប់ពីនោះក៏គ្របពីលើដោយចំបើងស្ងួត និងស្រោចទឹកពីលើម្ដងទៀតដោយចំបើងនឹងជួយរក្សាសំណើមនៅក្នុងដីជួយឱ្យដំណាំធំលូតលាស់បានល្អ។

    វិធីថែរក្សា និងមើលថែទាំ
    • ការស្រោចទឹក : គួរស្រោចទឹករាល់ពេលព្រឹក-ល្ងាចឱ្យបានជាប់លាប់​ និងគ្រប់គ្រាន់ តែកុំឱ្យច្រើនជ្រុលពេករហូតដល់បែកភក់ ព្រោះដំណាំជីរវ៉ាន់ស៊ុយមិនចូលចិត្តទឹកច្រើនឡើយបើច្រើនជ្រុលពេកនឹងធ្វើឱ្យរលួយគល់។

    • ការដាក់ជី : ចូរឧស្សាហ៍ដាក់ជីលាមកគោ ឬជីសរីរាង្គរៀងរាល់7ថ្ងៃម្ដង ដោយរោយពីលើស្ដើងៗ ព្រមជាមួយបាញ់ទឹកថ្នាំសរីរាង្គ1វែកសម្ល លាយជាមួយទឹកធម្មតា10លិត្រ និងបាញ់ដាក់រៀងរាល់7ថ្ងៃម្ដងព្រមគ្នា ឬជ្រើសរើសដាក់ជីគីមីរូបមន្ត 25-7-7 ក្នុងអត្រា20-​30គីឡូក្រាមលើទំហំដី 50ម៉ x 50ម៉ រួមជាមួយផងក៏បាន។

    • ការការពារ និងកម្ចាត់សត្រូវដំណាំ : រោគ​ និង​សត្វល្អិតសត្រូវរបស់ដំណាំជីរវ៉ាន់ស៊ុយគឺពពួកសត្វល្អិតស៊ីស្លឹក និងរោគក្រាស៊ីស្លឹក។ តាំងពីរយៈដំបូងដែលសត្រូវដំណាំចូលមក រហូតដល់រយៈកាលឆ្លងរាលដាល ចូរប្រើថ្នាំឱសថបុរាណ ដូចជា សម្បកដើមស្ដៅ មើមម្ដេង គល់ស្លឹកគ្រៃ មួយមុខមួយផ្នែកផ្សំចូលគ្នា ហើយត្រាំទឹកទុកចោល1យប់ រួចត្រងយកតែទឹកចំនួន1លិត្រមកលាយជាមួយទឹកចំនួន18លិត្រ រួចយកទៅបាញ់ ឬស្រោចលើដំណាំរៀងរាល់7ថ្ងៃម្ដង។

    វិធីប្រមូលផល
    នៅពេលដំណាំជីរវ៉ាន់ស៊ុយមានអាយុប្រមាណ40-50ថ្ងៃ រាប់ចាប់ពីថ្ងៃដាក់ដាំមក អ្នកអាចប្រមូលផលបានហើយ ដូច្នេះអ្នកគួរប្រមូលផល ដោយការដកទាំងឫស ក្នុងខណៈដែលវាមិនទាន់ចេញផ្កា និងរក្សាទុកក្នុងកន្លែងដែលមិនមានពន្លឺថ្ងៃ និងស្ងួតល្អ៕

  • ទទួលទានទឹកច្រើនជារៀងរាល់ថ្ងៃ អាចធ្វើឱ្យធាត់ដែរឬទេ?

    ទទួលទានទឹកច្រើនជារៀងរាល់ថ្ងៃ អាចធ្វើឱ្យធាត់ដែរឬទេ?

    ទទួលទានទឹកច្រើនធ្វើឱ្យធាត់ដែរឬទេ? អ្នកនាងដែលកំពុងតែថែរក្សារាង និងសម្រកគីឡូ ពិតជាមានក្ដីសង្ស័យយ៉ាងខ្លាំង ចំពោះការទទួលទានទឹកច្រើន តែគីឡូមិនព្រមស្រកសោះ ផ្ទុយទៅវិញសង្កេតឃើញគីឡួឡើងខុសប្លែកពីធម្មតា។ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមធ្វើការបកស្រាយចំពោះក្ដីកង្វល់របស់ប្រិយមិត្តអ្នកអានគ្រប់ៗរូបដូចតទៅ។ អ្នកស្រាវជ្រាវបានធ្វើការស្រាវជ្រាវជាមួយអ្នកស្ម័គ្រចិត្តស្ត្រី ក្នុងការពិសោធន៍ការទទួលទានទឹក ដើម្បីធ្វើការសម្រកគីឡូ និងខ្លាញ់ក្បាលពោះ ហើយជាលទ្ធផលបកស្រាយយ៉ាងណានោះ សូមតាមដានអានខាងក្រោមនេះ។

    ការទទួលទានទឹកច្រើនអាចធ្វើឱ្យធាត់បានដែរឬទេ?
    ក្រុមការងារអ្នកស្រាវជ្រាវបានរកឃើញថាការទទួលទានទឹកក្នុងបរិមាណច្រើនលីត្រក្នុងមួយថ្ងៃ មិនមានប្រសិទ្ធភាពជួយសម្រកខ្លាញ់ក្បាលពោះ ធ្វើឱ្យមានរាងស្រឡូនបានប្រសើរឡើងជាងមុននោះទេ។ ស្របគ្នានោះដែរ អ្នកវិទ្យាសាស្ត្របានណែនាំឱ្យអ្នកស្ម័គ្រចិត្តស្ត្រី ងាកមកទទួលទានទឹកផ្លែឈើ បន្លែ អង្ករ ស​ណ្ដែកសៀង… ដែលមានសារធាតុរ៉ែ និងវីតាមីន ព្រមទាំងមានគុណប្រយោជន៍ជាច្រើនផ្សេងទៀតដើម្បីបំពេញសារធាតុទឹកក្នុងរាងកាយ។ ប្រភេទទឹកបន្លែផ្លែឈើ មិនត្រឹមតែមានសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនប្រភេទនោះទេ សំខាន់វាមានទាំងជាតិសរសៃ ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងបញ្ចេញកាកសំណល់ជាតិពុលពីក្នុងរាងកាយបានយ៉ាងល្អប្រសើរ ហើយធ្វើឱ្យសុខភាពល្អជាងមុន។

    ការរកឃើញក៏បានបង្ហាញថា ការទទួលទានទឹកធម្មតាក្នុងបរិមាណច្រើន មិនធ្វើឱ្យធាត់នោះទេ ព្រោះថា ធាតុផ្សំដែលធ្វើឱ្យរាងកាយរបស់មនុស្សយើងធាត់បាននោះគឺ កាបូអីុដ្រាតជាមួយនឹងខ្លាញ់ ដែលសារធាតុទាំងនោះមិនមាននៅក្នុងទឹកនោះទេ។ លើកលែងតែអ្នកទទួលទានភេសជ្ជៈមួយចំនួនដូចជា កាហ្វេ តែទឹកដោះគោ ភេសជ្ជៈដែលមានស្ករច្រើន គ្រីមច្រើនទាំងអស់នោះហើយ ដែលធ្វើឱ្យអ្នកងាយឡើងទម្ងន់ដោយមិនដឹងខ្លួននោះ។

    ការទទួលទានទឹកយ៉ាងមានគុណប្រយោជន៍ចំពោះសុខភាព
    ការទទួលទានទឹកដែលមានគុណប្រយោជន៍ចំពោះសុខភាពរាងកាយ គឺជាការទទួលទានទឹកដែលជួយឱ្យស្បែកស្រស់ថ្លាជាងមុន ជួយដល់ប្រព័ន្ធរំលាយអាហារ មិនធ្វើឱ្យតឹងពោះ មិនបង្កឱ្យមានជំងឺរាករូស តែវាក៏មិនធ្វើឱ្យស្រកទម្ងន់បានដែរ។ ប្រសិនបើអ្នកគិតថា ទឹកពិតជាជួយឱ្យស្រកទម្ងន់បានពិតមែននោះ យើងសូមណែនាំឱ្យអ្នកទទួលទានផ្លែឈើស្រស់ ដែលមានគុណប្រយោជន៍ចំពោះសុខភាពដូចជា ទឹកឪឡឹក នៅអំឡុងពេលរសៀលក្រោយបញ្ចប់ការងារ ព្រោះថា រាងកាយរបស់អ្នកនឹង​ទទួលបាននូវវីតាមីន និងជាតិសរសៃ ហើយម៉្យាងវិញទៀត ទឹកឪឡឹកគឺមិនមានកាឡូរីច្រើនដូចជាទឹកភេសជ្ជៈផ្សេងៗឡើយ៕

  • ត្រូវតុបតែងចង្ក្រានបាយនៅក្នុងផ្ទះដូចម្តេច ដើម្បីការពារក្លិនម្ហូបអាហារភាយស្អុយពេញផ្ទះ?

    ត្រូវតុបតែងចង្ក្រានបាយនៅក្នុងផ្ទះដូចម្តេច ដើម្បីការពារក្លិនម្ហូបអាហារភាយស្អុយពេញផ្ទះ?

    កាលពីលេខមុន (លេខ 120) អ្នកបានដឹងរួចហើយពីការរៀបចំផ្ទះបាយដែលមានទំហំតូចឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទូលាយសប្បាយឡើង ហើយលេខនេះយើងនឹងនិយាយបន្តទៀតអំពីវិធីធ្វើយ៉ាងណាកុំឱ្យក្លិនអាហារដែលអ្នកចម្អិននៅក្នុងផ្ទះបាយដ៏តូចនោះ ជះសាយភាយពេញក្នុងផ្ទះ។

    មានផ្ទះជាច្រើនដែលនិយមតុបតែងម៉ូដបន្ទប់ផ្ទះបាយបែបបរទេស ដោយសារតែមានរូបបែបស្អាត ទំនើប និងមិនស្មុគស្មាញ​ច្រើន តែក៏មានចំណុចខ្សោយមួយដែរ គឺផ្ទះបាយបែបបរទេសជាបន្ទប់ដែលស្ថិតនៅក្នុងផ្ទះ នៅពេលយកម៉ូដហ្នឹងមកប្រើនៅក្នុងប្រទេសយើង អាចនឹងមិនសូវជាងាយស្រួលសម្រាប់ការចម្អិនអាហារប្រភេទខ្លះ ព្រោះម្ហូបអាហារខ្មែរយើងភាគច្រើនត្រូវប្រើគ្រឿងគ្រៅដែលមានក្លិនខ្លាំងៗ ឬមិនទេក៏ប្រភេទឆា ចៀនដោយភ្លើងខ្លាំងៗ ធ្វើឱ្យមានក្លិនជះសាយភាយពេញក្នុងផ្ទះ និងដំណក់ប្រេង ឬខ្លាញ់អាចនឹងខ្ទាតប្រឡាក់នៅតាមជញ្ជាំង ឬវាំងននបាន នៅពេលទុកយូរៗទៅធ្វើឱ្យកខ្វក់មិនគួរឱ្យបេតីឡើយ។

    ខាងក្រោមនេះគឺជាគន្លឹះងាយៗក្នុងការការពារបញ្ហាក្លិនម្ហូបអាហារជះសាយភាយពេញក្នុងផ្ទះ រួមទាំងភាពកខ្វក់ដែលកើតពីកំណកខ្លាញ់ ឬប្រេង និងកម្ទេចអាហារផងដែរ។

    1. បំពាក់កង្ហារបឺតផ្សែង
    កង្ហារបឺតផ្សែង អាចមិនបានជួយបំបាត់ក្លិនអាហារបានប៉ុន្មានក៏ពិតមែន តែយ៉ាងហោចណាស់ក៏ជួយបឺតផ្សែងពីការចម្អិនអាហារមិនឱ្យហុយចូលពេញក្នុងផ្ទះបានដែរ និងនៅអាចជួយការពារបញ្ហាស្នាមខ្លាញ់ ឬប្រេងទៅប្រឡាក់ជាប់តាមជញ្ជាំង និងគ្រឿងសង្ហារិមបានក្នុងកម្រិតណាមួយដែរ ព្រោះជាធម្មតា ផ្សែងដែលកើតពីការចម្អិនម្ហូបអាហារ ច្រើនតែមានលម្អងខ្លាញ់ ឬប្រេងនៅជាមួយជានិច្ច។

    2. ចៀសវាងពីមុខម្ហូបឆា ឬចៀនដែលប្រើភ្លើងខ្លាំងៗ
    ដូចជា ឆាត្រកួនប្រេងខ្យង ឬចៀនសាច់មាន់ ជាដើម ព្រោះប្រេង ឬខ្លាញ់ច្រើនតែខ្ទាតពេញទីនោះពេលចម្អិន និងផ្សែងតែងតែមានច្រើន ហេតុនេះកង្ហារបឺតផ្សែងអាចជួយអ្វីមិនបានច្រើនប៉ុន្មានទេ ដូច្នេះវិធីដែលល្អ បើសិនជាត្រូវការចង់ទទួលទានមុខម្ហូបប្រភេទឆា ឬចៀនបំពងដែលត្រូវប្រើភ្លើងខ្លាំងៗនោះ គួរទិញខ្ទះអគ្គិសនីមកប្រើ ដោយយកទៅដោតភ្លើងប្រើនៅខាងក្រៅផ្ទះវិញប្រសើរជាង ដើម្បីខ្យល់អាកាសនឹងបានបក់ផាត់ផ្សែង និងក្លិនទៅឆ្ងាយចំណែកនៅក្នុងផ្ទះគួរធ្វើតែមុខម្ហូបប្រភេទចំហុយស្ងោរ ញាំវិញប្រសើរជាង។

    3. គួរបើកមាត់បង្អួចឱ្យខ្យល់អាកាសចេញចូលល្អពេលចម្អិនអាហារ
    ទោះជាមុខម្ហូបដែលមិនសូវជាមានក្លិនខ្លាំង ឬមិនចាំបាច់ប្រើភ្លើងខ្លាំងក៏ដោយ តែក្លិនម្ហូបអាហារក៏នៅតែមានចៀសមិនរួចដែរ ដូច្នេះទើបគួរបើកចំហមាត់បង្អួច ឬបន្ទះព្រឹលបង្អួច ហើយនិងទ្វារផងដែរ ដើម្បីឱ្យខ្យល់អាកាសបក់ចេញចូល ហើយដែលសំខាន់គឺ មិនគួរបើកម៉ាស៊ីនត្រជាក់ពេលធ្វើម្ហូបអាហារជាដាច់ខាត ព្រោះក្លិននឹងនៅដិតជាប់នឹងសម្ភារផ្សេងៗបានយ៉ាងងាយ។

    4. កុំបំពាក់វាំងនននៅជិតកន្លែងធ្វើម្ហូប
    អាហារព្រោះទាំងផ្សែង ទាំងក្លិនអាហារ នឹងអណ្ដែតទៅដិតស្អិតជាប់បានស្រួលណាស់ ហើយបើគ្មានការថែទាំសម្អាតផងនោះនឹងអាប់កខ្វក់រហូតបញ្ចេញក្លិនមិនល្អក្នុងរយៈពេលយូរទៀតផង៕

  • អ៊ុយ​រូ​ហ្គាយ និង​រុស្ស៊ី ទៅ​វគ្គ​១៦ ខណៈ​ព័រ​ទុយ​ហ្គាល់ និង​​អេ​​ស្ប៉ាញ ឈ្នះ​ទាំង​ព្រលឹង​​ចុង​សក់

    អ៊ុយ​រូ​ហ្គាយ និង​រុស្ស៊ី ទៅ​វគ្គ​១៦ ខណៈ​ព័រ​ទុយ​ហ្គាល់ និង​​អេ​​ស្ប៉ាញ ឈ្នះ​ទាំង​ព្រលឹង​​ចុង​សក់

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ បាន​ឈ្នះ​កៅ​អី​របស់​ខ្លួន​ទៅ​វគ្គ​ 16​ក្រុម​ចុងក្រោយ ខណៈ​ដែល​នៅ​សល់​ 1​ប្រកួត​ទៀត​ក្នុង​ពូល A ក្រោយពីពួក​គេ​បាន​ផ្តួលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ក្នុង​លទ្ធ​ផល 1-០ ក្នុង​ការ​ប្រកួត​កាល​​ពី​ថ្ងៃពុធ​។

    ខ្សែ​ប្រយុទ្ធ Luis Suarez បាន​រក​គ្រាប់​បាល់​ឈ្នះ​នោះ ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​អន្តរ​ជាតិ​ជាលើក​ទី​1០០​របស់​គេក្នុង​ទីក្រុង Rostov-on-Don​។ ក្រុម​​របស់​​អាមេរិក​ខាង​ត្បូង​មួយ​នេះនឹង​ត្រូវ​ជួប​ក្រុមម្ចាស់​ផ្ទះក្នុ​ងការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៃពូល A របស់​ពួក​គេ នា​ថ្ងៃ​ទី​25 ខែមិថុនា ដើម្បី​ប្រជែង​ដណ្តើម​​ចំណាត់​ថ្នាក់​លេខ​1​ ក្នុង​ពូល ស្រប​ពេល​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ហ្ស៊ីប និង​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ត្រូវ​បាន​កាត់​ចេញ ក្រោយពី​ក្រុម​ទាំង​2 សុទ្ធ​តែ​បរា​ជ័យទាំង​ 2លើក​ដូច​គ្នា​។ រុស្ស៊ី និង​អ៊ុយ​រូ​ហ្គាយ នឹង​ត្រូវ​ជួប​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ឈរ​លើ​កំពូល​តារាង​នៃ​ពូល B ក្នុង​​វគ្គ​ 16​ក្រុមចុង​ក្រោយ អាច​ជា​អេ​ស្ប៉ាញ ព័រ​ទុយ​​ហ្គាល់ ឬ​អ៊ី​រ៉ង់​​។ស្រប​ពេល​ជាមួយ​គ្នានេះ លោក Fernando Hierro គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​លោក​​បាន​ស្ថិតនៅលើ​ខ្សែ​ពួរ នៅ​មុន​​ពេល​គ្រាប់​បាល់​នាំ​​សំណាង​របស់​​ខ្សែ​ប្រយុទ្ធ Diego Costa បាន​ជួយ​ឱ្យ​ពួក​គេ​កត់​ត្រា​ជ័យ​ជម្នះ​ជា​លើកទី​1​របស់​ពួក​គេ​ក្នុ​ងយុទ្ធ​នា​ការ World Cup កាលពីថ្ងៃ​ពុធ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ ស្ទើរ​តែ​បាន​​បង្កើត​ភាព​អស្ចារ្យមួយបាន​ទៅហើយ​។ ដោយ​​ឡែក ក្នុង​ការ​ប្រកួត​ពូល B ដូច​គ្នា​នេះ រយៈ​ពេល​ 5​ថ្ងៃ ក្រោយពី​​ការរក​​បាន​គ្រាប់​បាល់​ 3​គ្រាប់​របស់​ Ronaldo ដែលបាន​​ជួយ​សង្គ្រោះ​ក្រុម​ព័រ​ទុយ​​ហ្គាល់ នៅ​ពេល​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ 3-3 ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ កាលពីថ្ងៃ​បើកឆាកនោះ គ្រាប់​បាល់​តែត​បញ្ចូល​ទី​នៅ​នាទីទី​4 ​របស់ Cristiano Ronaldo បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 1-០ លើក្រុម​ជម្រើស​ជាតិ​ម៉ា​រ៉ុក ក្នុង​ការ​ប្រកួត​ពូល B នា​​ទីក្រុង​ម៉ូ​ស្គូ​តែម្តង​៕
    ប្រភព​ពី​៖ Channel News Asia

  • វិធី​ថែរក្សា​ស្បែក​នៅពេល​យប់​ដ៏​មាន​ប្រសិទ្ធភាព

    វិធី​ថែរក្សា​ស្បែក​នៅពេល​យប់​ដ៏​មាន​ប្រសិទ្ធភាព

    ជាការ​ពិតណាស់​ការថែរក្សា​ស្បែក​របស់​មនុស្សម្នាក់ៗគឺ​ត្រូវធ្វើឡើង​អាស្រ័យទៅលើ​ប្រភេទ​នៃ​ស្បែករបស់​អ្នក​ផ្ទាល់ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​អ្នក​ក៏​គួរតែ​ដឹង​ពី​គ្រឹះ​នៃ​ការថែរក្សា​ស្បែក​ជាមុនសិន មុននឹង​ឈានចូល​ទៅដល់​ការថែរក្សា​ស្បែក​ទៅតាម​ប្រភេទស្បែក​ដែល​អ្នកមាន។ មិន​ថា​ពេល​ថ្ងៃ ឬ​ពេលយប់​នោះទេ ការថែរក្សា​ស្បែក​ឱ្យបាន​ត្រឹមត្រូវ​គឺជា​ទម្លាប់​ដ៏​ចាំបាច់ ដែល​អ្នក​ត្រូវតែ​អនុវត្ត ដើម្បី​ដណ្តើមយក​ភាពស្រស់ស្អាត ហើយ​ទម្លាប់​ប្រចាំ​ថ្ងៃនេះ​គឺមិនត្រូវ​ការចំណាយ​ពេល​ច្រើនជាង10នាទី​នោះទេ។ ដូច្នេះ​សូម​តាមដាន​ជាមួយនឹង​ជំហានសំខាន់ៗនៃ​ការថែរក្សា​ស្បែក​ទៅតាម​ដំណាក់កាលធំៗទាំង3 គឺ ការសម្អាត ការ​លាប​ឡេ (Toner) និង​ការផ្តល់​សំណើម (Moisturize)។

    1. ការលាង​សម្អាត : លុបលាង​មុខ​របស់​អ្នក​ឱ្យបាន​ស្អាត​មុនពេល​ចូល​គេង ជាពិសេស​ប្រសិនបើ​អ្នក​តែងតែ​តុបតែង​មុខជា​មួយគ្រឿង​សម្អាងផ្សេងៗទៀត​នោះ គឺ​រឹតតែ​មិនអាច​មើលរំលង​បញ្ហា​នេះ​បានឡើយ។ ធូលី មេរោគ និង​កម្ទេច ដែល​នៅ​សេសសល់​លើ​ផ្ទៃមុខ គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​មុខ​កើតមុន។

    2. Toner : សំដៅ​ទៅលើ​ឡេ ឬ​ទឹក​សម្អាត​ស្បែក ដែល​គេ​ច្រើនតែ​យកមកប្រើ​លើ​ផ្ទៃមុខ ដើម្បី​បង្រួម​រន្ធ​ញើស​ជាដើម។ ការ​លាប Toner នៅលើ​ផ្ទៃមុខ​ជួយ​រក្សា​តុល្យភាព​នៃ​កម្រិត pH និង​ការពារ​ស្បែក។ បន្ទាប់ពី​សម្អាត​ផ្ទៃមុខ​រួច អ្នក​ត្រូវ​លាប Toner ទៅលើ​មុខ ដើម្បីឱ្យ​វា​ចូលទៅ​ជួយ​បង្រួម​រន្ធ​ញើស បន្តឹង​ស្បែ​កមុខ និង​ការពារ​ស្បែក​មុខ​ពី​មេរោគផ្សេងៗ ដែល​អ្នក​មិនអាច​មើលឃើញ​ពេល​អ្នក​កំពុង​គេង។

    3. Moisturize : នេះ​គឺជា​ការរៀបរាប់​អំពី​ការផ្តល់​សំណើម​ដល់​ស្បែក ហើយ​សំណើម​នៅពេលនេះ​គឺ​យើង​ចង់​សំដៅលើ​ជាតិ​ទឹក។ ទឹក​គឺជា​គ្រឿងផ្សំ​ដ៏​អាថ៌កំបាំង​បំផុត​សម្រាប់​ឱ្យ​ស្បែក​មាន​សំណើម និង​ស្រស់ស្រាយ។ នៅពេលដែល​ស្បែក​របស់​អ្នកមាន​សំណើម​គ្រប់គ្រាន់​នោះ វា​នឹងមាន​ភាព​ទន់​រលោង​ជាក់​ជាមិនខាន ដូច្នេះ​អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន។ ក្រៅពី​ទឹក​អ្នក​ក៏​អាច​ជ្រើសរើស​ប្រើ​ផលិតផល​ផ្តល់​សំណើម ឬឱសថ​ធម្មជាតិ​មួយចំនួន​ដូចជា ប្រទាល​កន្ទុយក្រពើ​ជាដើម ដើម្បី​ផ្តល់នូវ​សំណើម​ឱ្យ​ស្បែក​របស់​អ្នក​ផងដែរ។

    ជា​ចុងក្រោយ ឡា​រ៉ែ​ន ចង់ឱ្យ​អ្នក​ចងចាំ​នូវ​ចំណុច​មួយទៀត​គឺ មុន​ចូល​គេង​អ្នក​ត្រូវ​ធ្វើឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​រីករាយ ព្រោះថា​ភាព​រីករាយ​នេះហើយ​ដែលជា​វិធី​នាំ​អ្នក​ទៅកាន់​ភាពស្រស់​-ស្រាយ គេង​លក់បាន​ស្កប់ស្កល់ ជួយ​ថែរក្សា​សម្រស់​ឱ្យនៅ​ក្មេង​ជាង​វ័យ៕

  • រូបមន្ដ​ពិសេស​សម្រាប់អ្នកដើរ​កម្សាន្ដ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​រហូត​ស្បែក​មុខជាំ​ខ្មៅ

    រូបមន្ដ​ពិសេស​សម្រាប់អ្នកដើរ​កម្សាន្ដ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​រហូត​ស្បែក​មុខជាំ​ខ្មៅ

    បន្ទាប់ពី​បានធ្វើ​ដំណើរ​កម្សាន្ដ​នា​ថ្ងៃ​ឈប់សម្រាក​នៅក្នុង​អំឡុង​ពេល​រដូវក្ដៅ​កន្លងមកថ្មីៗនេះ បើ​អ្នក​ពិនិត្យឡើងវិញ សង្កេតឃើញ​ស្បែក​មុខ​របស់​អ្នក​ឡើង​ជាំខ្មៅ មិន​ស្រស់ថ្លា​ដូច​ពីមុន​នោះ នឹងធ្វើ​ឱ្យ​អ្នក​បាក់​សម្រស់​យ៉ាងខ្លាំង។ ក្ដីកង្វល់​នេះ ត្រូវបាន​គិតថា អាច​នឹង​ប្រើប្រាស់​ពេលវេលា​យូរ ទើប​អាច​ស្ដា​ស្ថា​រន​ភាព​ស្បែ​កមុខ​ឱ្យ​ស្រស់ថ្លា បាត់​ស្នាម​ជាំខ្មៅ​នៅលើ​ផ្ទៃមុខ​វិញ​បាន។ កុំ​បារម្ភ ការថែទាំ​សុខភាព​ស្បែក​មុខ​របស់​អ្នក​គឺជា​រឿង​សំខាន់ និង​ត្រូវបាន​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន យើង​សូម​ណែ​នាំនូវ​រូបមន្ដ​ម៉ាស្សា​ស្បែ​កមុខ បំបាត់​ស្នាម​ជាំខ្មៅ​នៅលើ​ស្បែកធ្វើឱ្យ​ស្បែក​ត្រឡប់មក​មាន​សភា​ពស​ភ្លឺ​ថ្លា​តាមបែប​ធម្មជាតិ និង​ចំណាយ​ថវិកាអស់​តិច​បំផុត។ ចង់ដឹងថា រូបមន្ដ​ទាំងនោះ​មាន​អ្វីខ្លះ សូម​តាមដាន​អាន​អត្ថបទ​ខាងក្រោម​នេះ៖

    1. រូបមន្ត​ត្រសក់ស្រូវ​កម្ចាត់​ស្នា​មជាំខ្មៅ
    វិធី​អនុវត្ត ជាដំបូង​ត្រូវ​នាំយក​សាច់​ត្រសក់ស្រូវ​ទុំ​កន្លះ​កូនចាន ស៊ុតមាន់1គ្រាប់ និង​ទឹកដោះគោឆៅ​បន្តិចបន្តួច (ដាក់​តាម​ការប៉ាន់ប្រមាណ ប៉ុន្តែ​មិនត្រូវ​ដាក់​ច្រើន​រហូត​សាច់​ល្បាយ​រាវ​ពេក​នោះទេ)។ បន្ទាប់ពីនោះ ត្រូវយក​គ្រឿងផ្សំ​ទាំងអស់​មក​កិន​បញ្ចូល​គ្នា​ឱ្យ​ក្លាយជា​ល្បាយស្មើសាច់​តែមួយ។ បន្ដម​កទៀត ត្រូវយក​សាច់​ល្បាយ​មក​បំពោក​នៅលើ​ផ្ទៃមុខ​មុនពេល​ចូល​គេង​ក្នុង​មួយ​សប្តាហ៍3-4លើក ដោយ​ក្នុង​មួយលើកៗប្រើពេល​ប្រមាណ15-30នាទី។ ការអនុវត្ត​វិធី​នេះ​នឹង​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ឡើង​ស្រស់ស្អាត និង​ទន់​រលោង​ឡើងវិញ​ជាក់​ជាមិនខាន។

    2. រូបមន្ត​ផ្លែក្រូច
    ជួយផ្លាស់ប្តូរ​ផ្ទៃមុខ​ដែល​ជាំ​ស្រអាប់​របស់​អ្នក​ឱ្យ​ត្រឡប់មក​ភ្លឺ​ថ្លា ហើយ​មើលទៅ​ស្រស់ស្អាត​រលោង​ឡើងវិញ។ វិធី​បំបាត់​ស្នាម​ជាំ​ដោយ​ប្រើ​ផ្លែក្រូច គឺ​ត្រូវ​ប្រើ​ទឹកក្រូច​ពោធិ៍សាត់ 1ផ្លែ (ច្របាច់​យកតែ​ទឹក) ទឹកឃ្មុំ 1ស្លាបព្រា​បាយ និង​ម្សៅ​អង្ករ 2ស្លាបព្រា​បាយ។ ត្រូវយក​គ្រឿងផ្សំ​ទាំងអស់នេះ​មក​លាយ​បញ្ចូល​គ្នា​ឱ្យ​ក្លាយជា​ល្បាយ​តែមួយ រួច​យកមក​បំពោក​នៅលើ​ស្បែក​មុខមុន​ពេល​ចូល​គេង រយៈពេល20នាទី ដោយ​អនុវត្ត​ក្នុង​មួយ​សប្តាហ៍​ឱ្យបាន3-4ដង។ ដោយ​ព្រោះតែ​វីតាមីន C ដែល​សម្បូរ​នៅក្នុង​ផ្លែក្រូច និង​សារធាតុ​ដែលមាន​នៅក្នុង​ម្សៅអង្ករ បាន​ជួយ​កម្ចាត់​ស្នាម​ជាំខ្មៅ និង​ជម្រះ​កោសិកា​ចាស់​បាន​យ៉ាង​លឿន។ វិធីសាស្ត្រ​នេះ ធានាថា​ទទួលបាន​ប្រសិទ្ធភាព​ជាទី​គាប់ចិត្ត​សម្រាប់នារីៗទាំងអស់។

    3. រូបមន្ត​ផ្លែ​ស្ត្រូ​ប៊ឺ​រី​កាត់បន្ថយ​ស្នាម​ជាំ
    រូបមន្ត​មួយ​នេះ​ត្រូវ​ប្រើ​ផ្លែ​ស្ត្រូ​ប៊ឺ​រី​ចំនួន5ផ្លែ យកមក​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ធ្វើការ​ហាន់​ជា​ចំណិតតូចៗ រួច​ដាក់​ចូលក្នុង​ម៉ាសុីនក្រឡុក​ផ្លែឈើ។ រួច​សឹម​បន្ថែម​ស៊ុតមាន់ ចំនួន1គ្រាប់ (យកតែ​ស៊ុត​ពណ៌​លឿង) ទឹកដោះគោឆៅ 2ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ចំនួន1ស្លាបព្រា​បាយ ចាក់​បញ្ចូល​ទៅក្នុង​ម៉ា​ស៊ីនក្រឡុក។ ត្រូវ​កិន​គ្រឿងផ្សំ​ទាំងអស់នោះ​បញ្ចូល​គ្នា ហើយ​បន្ទាប់ពីនោះ​យកមក​លាប​ពីលើ​ផ្ទៃមុខ ផ្អាប់​ទុក​ក្នុង​រយៈពេល15-20នាទី ដោយ​អនុវត្ត​ស្រដៀង​គ្នា​ទៅនឹង​វិធីសាស្ត្រ​ខាងលើ​ដែរ។ ការអនុវត្ត​វិធី​មួយ​នេះ ប្រិយមិត្ត​ទាំងអស់​ជឿ​ទេ​ថា មិន​ដល់​មួយខែ​ផងស្បែក​មុខ​របស់​អ្នក​ដែល​ធ្លាប់តែ​ស្រអាប់​ជាំខ្មៅ​ដោយសារ​កម្ដៅ​ថ្ងៃនោះ នឹង​ប្រែ​មក​មាន​សភាព​ភ្លឺ​ថ្លា ទន់​រលោង មើលទៅ​ស្រស់ស្រាយ​ជាង​មុន​ពុំខាន៕

  • កូរ៉េខាងជើង ដែនដីអាថ៌កំបាំង ដែលអ្នកទេសចរគួរទៅលេងឱ្យបានម្ដង

    កូរ៉េខាងជើង ដែនដីអាថ៌កំបាំង ដែលអ្នកទេសចរគួរទៅលេងឱ្យបានម្ដង

    បើនិយាយអំពីប្រទេសកូរ៉េខាងជើង តើមិត្តអ្នកអាននឹងនឹកដល់រឿងអ្វីខ្លះ? ប្រទេសកុម្មុយនីស្ត? សង្គមផ្ដាច់ការ? ការគ្រប់គ្រងដ៏កាចសាហាវ? ឬផ្ទៃមុខរបស់លោកគីម ជុង អ៊ុន? ជាមួយនឹងប្រទេសដែលមិនអនុញ្ញាតឱ្យនរណាចូលចេញងាយៗ ដែលអ្នកទេសចរត្រូវប្រតិបត្តិតាមរបៀបវិន័យដ៏តឹងរឹងនោះពិតជាមានប្រភពទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ និងនៅស្រស់ស្អាតបរិសុទ្ធច្រើនមិនខាន។ ថ្ងៃនេះ យើងសូមនាំមិត្តអ្នកអានទៅពិនិត្យមើលកន្លែងទេសចរណ៍ 7ទីតាំងក្នុងប្រទេសកូរ៉េខាងជើងថា តើដែនដីអាថ៌កំបាំងមួយនេះ មានអ្វីល្អៗឱ្យលោកអ្នកចង់ទៅកម្សាន្តខ្លះ?

    1. ក្លោងទ្វារជ័យព្យុងយ៉ាង (Arch of Triumph)
    ក្លោងទ្វារជ័យព្យុងយ៉ាង ឬហៅជាភាសាកូរ៉េថា គែ សន់ ម៊ុន សាងឡើងក្នុងអំឡុងឆ្លងថ្ងៃខួបកំណើតគម្រប់70ឆ្នាំរបស់មហាបុរស គីម អីុល ស៊ុង និងជានិមិត្តសញ្ញានៃការតតាំងប្រឆាំងជប៉ុនក្នុងអំឡុងឆ្នាំ1925-1945។ ក្លោងទ្វារជ័យនេះមានកម្ពស់60ម៉ែត្រ ជាកម្ពស់ជាលំដាប់លេខ2 ក្នុងពិភពលោក បន្ទាប់ពីប្រទេសម៉ិកស៊ិក និងធំទូលាយខ្លាំងល្មមអាចឱ្យរថយន្តបើកចូល-ចេញបាន2លេនធំៗ។

    2. វាំង សុរិយា គុម ស៊ូ សាន់ (Kum su san Palace of the Sun)
    វាំង សុរិយា គុម ស៊ូ សាន់ ស្ថិតនៅទិសខាង កើតឆៀងខាងជើងនៃក្រុងព្យុងយ៉ាង រដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង ធ្លាប់ជាទីកន្លែងប្រជុំសភា និងវិមានរបស់ប្រធានាធិបតី គីម អីុល ស៊ុង ស្ថាបនិកប្រទេសកូរ៉េខាងជើងដ៏អមតៈ។ រហូតដល់ពេលអនិច្ចកម្ម ទើបទីកន្លែងនេះត្រូវបានប្ដូរមកជាកន្លែងតម្កល់សពរបស់លោក និងសពរបស់ គីម ជុង អីុល ដែលជាកូនប្រុសផងដែរ។ បច្ចុប្បន្ន វាំង សុរិយា គុម ស៊ូ សាន់ គឺជាកន្លែងតម្កល់សពដ៏ធំបំផុតដែលឧទ្ទិសដល់មេដឹកនាំកុម្មុយនីស្តដែលអ្នកទេសចរទាំងឡាយមិនគួរខកខានឡើយ។

    3. ទីលាន គីម អីុល ស៊ុង (Kim IL-sung Square)
    ទីលាន គីម អីុល ស៊ុង ស្ថិតនៅប៉ែកខាងលិចនៃទន្លេ ធែដុង ជាទីលានខ្នាតធំបំផុតរបស់ទីក្រុងព្យុងយ៉ាង មានផ្ទៃដីទាំងអស់ 75,000ម៉ែត្រក្រឡាដែលអាចផ្ទុយមនុស្សបានច្រើនជាង100,000នាក់។ ជាទីកន្លែងជួបជុំ និងមានភាពសំខាន់ខ្លាំងបំផុតនៅក្នុងពិធីព្យុហយាត្រាបង្ហាញពីសក្ដានុពលខាងយោធា ដែលតែងបង្ហាញឱ្យពិភពលោកបានឃើញតាមសារព័ត៌មានជាញឹកញាប់។

    4. រថភ្លើងក្រោមដី ព្យុងយ៉ាង
    ស្អាតជាប់ក្នុងលំដាប់ Top 10 របស់ពិភពលោក និងមានជម្រៅទៅក្រោមដីជ្រៅបំផុតក្នុងពិភពលោកដល់ទៅ110ម៉ែត្រ។ គោលបំណងដែលត្រូវសាងស្ថានីយរថភ្លើងក្រោមដីឱ្យជ្រៅខ្លាំងដល់ថ្នាក់នេះ គឺដោយសារតែត្រូវប្រើប្រាស់ធ្វើជាកន្លែងសុវត្ថិភាព គេចពីគ្រោះភ័យ បើសិនជានាពេលអនាគតកើតមានសង្គ្រាមនុយក្លេអ៊ែរឡើង និងមានខ្សែរថភ្លើងបម្រើសេវាកម្ម2ខ្សែ 17ស្ថានីយ និងក្នុងចម្ងាយផ្លូវសរុបជាង28គីឡូម៉ែត្រ។

    5. ស្ដូបអនុស្សាវរីយ៍ ជូឆេ (Juche Tower)
    ស្ដូបអនុស្សាវរីយ៍ ជូឆេ និមិត្តសញ្ញានៃលទ្ធិជូឆេក្នុងប្រទេសកូរ៉េខាងជើង កសាងឡើងដើម្បីទុកជាអនុស្សាវរីយ៍គម្រប់ខួប 70ឆ្នាំរបស់លោកប្រធានាធិបតី គីម អីុល ស៊ុង។ ស្ដូបនេះមានកម្ពស់ជាង170ម៉ែត្រ នៅគ្រឹះខាងក្រោមមានរូបចម្លាក់កម្មករ កសិករ និងបញ្ញជន ឈរកាន់ញញួរ កណ្ដៀវ និងជក់ បង្ហាញពីបក្សពលករនៅក្នុងកូរ៉េខាងជើង។ ពេលឡើងទៅដល់ជាន់លើ​បំផុតរបស់ស្ដូប ភ្ញៀវទេសចរ​អាចមើលឃើញ​ទេសភាព ផាណូរ៉ាម៉ា បានទូទាំងទីក្រុង លុះដល់ពេលយប់ នឹងមានភ្លើងហ្វាបាញ់បញ្ចាំងចំតួស្ដូបធ្វើឱ្យភ្លឺចិញ្ចាញលេចធ្លោក្នុងពេលរាត្រី។

    6. សារមន្ទីរសន្តិភាពរបស់កូរ៉េខាងជើង (North Korea Peace Museum)
    សារមន្ទីរសន្តិភាពរបស់កូរ៉េខាងជើងស្ថិតនៅជិតនឹង Joint Security Area ក្នុងតំបន់គ្មានកងទ័ពរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កសាងឡើងដើម្បីចុះហត្ថលេខាក្នុងសន្ធិសញ្ញាបញ្ចប់សង្គ្រាមនៅថ្ងៃទី27 កក្កដា ឆ្នាំ1957 បច្ចុប្បន្នបានដាក់តាំងបង្ហាញពីសព្វាវុធដែលប្រើសម្រាប់សម្លាប់ទាហានអាមេរិកគ្រប់ប្រភេទ។

    7. សារមន្ទីរផ្ទះកំណើតរបស់មហាបុរស គីម អីុល​ ស៊ុង ភូមិ ម៉ាន់ យ៉ង់ ដេ
    ភូមិ ម៉ាន់ យ៉ង់ ដេ គឺជាទីកំណើតរបស់អតីតប្រធានាធិបតី គីម អីុល ស៊ុង បច្ចុប្បន្នក្លាយជាសារមន្ទីរខ្នាតតូចមួយ ហ៊ុមព័ទ្ធទៅដោយសួនច្បារដ៏ម្លប់ត្រឈៃ និងដងអូរតូចមួយ ដោយមានផ្ទះជាប់នឹងដីដាក់តាំងបង្ហាញចំនួន 3ខ្នង មានដូចជា ផ្ទះស្នាក់នៅ ផ្ទះទុកដាក់របស់របរ និងផ្ទះបាយ។ ផ្ទះមួយខ្នងៗសុទ្ធតែមានដាក់បង្ហាញរបស់របរយ៉ាងគ្រប់សព្វ រួមទាំងរូបថតក្រុមគ្រួសាររបស់លោកប្រធានព្យួរនៅតាមជញ្ជាំងទៀតផង។

    មិនគួរឱ្យជឿឡើយថា ប្រទេសដែលមើលទៅហាក់ដូចជាគ្មានអ្វីដែលគួរឱ្យទៅទស្សនាកម្សាន្ត ប្រទេសដែលបិទជិត បែរខ្នងដាក់ប្រ-ជាជនទូទាំងពិភពលោកមួយនេះ បែរជាមានកន្លែងទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ច្រើនដល់ថ្នាក់នេះសោះ។ អ្នកណាចង់ធ្វើដំណើរទៅស្វែងរកបទពិសោធថ្មីៗ ក៏សូមសាកល្បងឱ្យបានម្ដង តែត្រូវប្រតិបត្តិតាមច្បាប់ដែលគេកំណត់ ជាពិសេស ហាមថតរូបក្នុងកន្លែងដែលគេហាម តែប៉ុណ្ណឹងបានដើរលេងកម្សាន្តយ៉ាងសប្បាយចិត្ត និងត្រឡប់មកវិញយ៉ាងមានសុវត្ថិភាពហើយ៕

  • តំបន់ទេសចរណ៍ទាំង10កន្លែងនៅលើពិភពលោក ដែលអ្នកមិនគួរមើលរំលង

    តំបន់ទេសចរណ៍ទាំង10កន្លែងនៅលើពិភពលោក ដែលអ្នកមិនគួរមើលរំលង

    ជឿថាកន្លែងកម្សាន្ដនៅលើពិភពនេះ គឺមានច្រើនកន្លែងណាស់ដែលសុទ្ធសឹងតែជាទីដ៏គួរឱ្យចាប់អារម្មណ៍ និងជាទីប៉ងប្រាថ្នាចង់ទៅដល់។ ក៏ប៉ុន្ដែមុននឹងសម្រេចចិត្តធ្វើដំណើរកម្សាន្ដនាអំឡុងពេលឈប់សម្រាកនេះ ទស្សនាវដ្តី ឡារ៉ែន សូមណែនាំទីកន្លែងទេសចរណ៍ចម្រុះទាំង10ទីតាំង ដែលកំពុងសម្ញែងខ្លួនទាក់ទាញភ្នែកអ្នកទេសចរ និងមានសោភ័ណ្ឌភាពស្រស់ស្អាតដាច់គេ ហើយក៏ជាទីកន្លែងដែលអ្នកមិនគួរមើលរំលង។ ដូច្នេះសូមតាមដានជាមួយនឹងអត្ថបទស្តីពីតំបន់ទេសចណ៍ទាំង10កន្លែងនៅលើពិភពលោក ដែលអ្នកមិនគួរមើលរំលងដូចតទៅ។

    1. Bora Bora Resort នៅលើកោះ Bora Bora
    ជារមណីយដ្ឋានមួយដ៏ស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកពណ៌ខៀវខ្ចីដ៏ធំល្វឹងល្វើយ Bora Bora Resort ស្ថិតនៅក្នុងតំបន់ Motu Tehotu នៅលើកោះ Bora Bora ក្នុងចំណោមកោះរបស់ French Polynesia។

    2. Blue Caves, Zakynthos Island, ប្រទេសក្រិច
    ទីកន្លែងនេះអាចថាជាកន្លែងដែលស្រស់ស្អាតបំផុតនៅក្នុងកោះ Zakynthos ដែលជាកោះធំបំផុតក្នុងសមុទ្រ Lonian ប្រទេសក្រិច។ កោះនេះមានទិដ្ឋភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងរូងភ្នំ Blue Caves ដែលគួរឱ្យចង់គយគន់។ ចំណុចពិសេសនៃរូងភ្នំនេះគឺជាសម្រស់ដ៏ស្រស់ស្អាតនៃទឹកសមុទ្រថ្លាឆ្វង់ រួមជាមួយនឹងចំណាំងផ្លាតដ៏ស្រស់ស្អាតពីផ្ទៃមេឃធំល្វឹងល្វើយនៅលើផ្ទៃទឹក។

    3. Tian Tan Buddha, Lantau Island, ទីក្រុងហុងកុង
    ប្រសិនបើបានទៅដល់ទឹកដីក្រុងហុងកុងកុំរំលងឱ្យសោះនូវរូបចម្លាក់ព្រះពុទ្ធដ៏ធំនេះ ដែលជាតំបន់ដ៏ល្បីនៅទីក្រុងហុងកុង។ ជារូបសំណាក់ព្រះពុទ្ធសង់ពីសំរឹទ្ធធំជាងគេលើពិភពលោក វាមានកម្ពស់34ម៉ែត្រ និងទម្ងន់ជាង250តោន ដែលត្រូវបានសាងសង់រួចរាល់ក្នុងអំឡុងឆ្នាំ1993 ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា។

    4. Paterswoldse Meer Lake, Groningen, ប្រទេស Netherlands
    កន្លែងដ៏ស្រស់ស្អាតនេះជាផ្ទៃទឹកបឹងដ៏ធំល្វឹងល្វើយនារដូវក្ដៅ និងជាកន្លែងសម្រាប់លេងស្គីទឹកកកដ៏ល្បីឈ្មោះនារដូវត្រជាក់នៅក្នុងប្រទេសហូឡង់។ វាជាកន្លែងលេងស្គីធម្មជាតិដែលមានទេសភាពជុំវិញយ៉ាងស្រស់ត្រកាល។

    5. The Gardens at Marqueyssac, Vezac, ប្រទេសបារាំង
    ក្រុង Vezac ត្រូវបានគេស្គាល់ខ្ទរខ្ទារតាមរយៈទេសភាពដ៏អស្ចារ្យនៃសួន Gardens of Marqueyssac ដ៏ល្បីឈ្មោះនេះ។ សួនទេសភាពដ៏ស្រស់ស្អាតនេះត្រូវបានកសាងឡើងតាំងពីសតវត្សទី17 ដែលទាក់ទាញនូវចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរគ្រប់រូបដែលបានទៅដល់ទីនោះ។

    6. Plitvice Lakes National Park, ប្រទេស Croatia
    ប្រសិនបើអ្នកអាចទស្សនាជុំវិញពិភពលោក អ្នកមិនត្រូវរំលងសួន Plitvice Lakes National Park នេះទេដែលជាសួនធម្មជាតិដ៏ចំណាស់ និងធំជាងគេក្នុងប្រទេសក្រូអាត និងត្រូវបានបើកឱ្យចូលទស្សនាតាំងពីឆ្នាំ1949 សួននេះត្រូវបានគេចាត់បញ្ចូលជាសួនសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដំបូងគេបង្អស់។ បើគិតស្ថិតិប្រចាំឆ្នាំ2017 មានអ្នកទេសចរមិនតិចជាង12លាននាក់ទេ ដែលបានមកទស្សនាកន្លែងដ៏ស្រស់ស្អាតនេះ។

    7. Benteng Chittorgarh, ប្រទេសឥណ្ឌា
    ស្ថិតនៅប៉ែកខាងលិចប្រទេសឥណ្ឌា កន្លែងនេះជាទីតាំងស្ថិតនៅក្នុងបន្ទាយទ័ព Benteng ដែលទាក់ទាញអ្នកទេសចរឱ្យមកទស្សនាពីគ្រប់ទិសទីជុំវិញពិភពលោក។ វាមានចំណុចពិសេសជាច្រើន ដូចជា វាំងបុរាណ ប្រាសាទបុរាណ និងប៉មចំណាស់ជាច្រើន ដែលក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់នូវវប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់របស់បន្ទាយនេះផងដែរ។

    8. Crystalline Turquoise Lake, Jiuzhaigou National Park, ប្រទេសចិន
    ស្ថិតនៅក្នុងតំបន់ជ្រលង Jiuzhaigou ក្នុងតំបន់ខ្ពង់រា​បទីបេ Crystalline Turquoise Lake ជាតំបន់ដ៏ស្រស់ស្អាតដែលក្នុងនោះមាន ទឹកជ្រោះ ទឹកធ្លាក់ និងផ្ទៃទឹកថ្លាដូចកញ្ចក់ ដែលមើលទៅហាក់ដូចជា កន្លែងដែលគ្មានមនុស្សឬសត្វណារស់នៅរាប់ពាន់ឆ្នាំមកហើយ។

    9. Capilano Suspension Bridge, Vancouver, ប្រទេស British Colombia
    ស្ពានដ៏អស្ចារ្យមួយនេះមានកម្ពស់ជាង70ម៉ែត្រ និងមានប្រវែងជាង140ម៉ែត្រ ស្ពាននេះជាតំបន់ទាក់ទាញដ៏ខ្លាំងសម្រាប់អ្នកទេសចរ។

    10. Pulpit Rock, Preikestolen, ប្រទេស Norway
    ផ្ទាំងថ្មដ៏ធំនេះជាកន្លែទេសចរណ៍ដ៏ទាក់ទាញដោយសារចំណុចពិសេសនៃជ្រលងថ្មដ៏ធំ និងជ្រៅកម្ពស់ជិត604ម៉ែត្រពីផ្ទៃទឹកខាងក្រោម។​ ផ្ទៃថ្មដ៏ធំនេះមានទំហំ25ម៉ែត្រការ៉េ ដែលអាចឱ្យអ្នកទស្សនាចូលទៅឈរមើលទេសភាពដ៏ស្រស់ស្អាតជុំវិញនោះបានផងដែរ។ ប៉ុន្តែមុននឹងទៅដល់ អ្នកត្រូវឡើងជ្រលងភ្នំប្រវែងប្រមាណជាង3.8គីឡូម៉ែសិន៕