Author: ធឿន មករា

  • អាជីវកម្ម​ជោគជ័យ​ភាគច្រើន​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​បុគ្គលិក​ដែល​ស្រឡាញ់​ការងារ

    អាជីវកម្ម​ជោគជ័យ​ភាគច្រើន​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​បុគ្គលិក​ដែល​ស្រឡាញ់​ការងារ

    ដើម្បីឱ្យ​អាជីវកម្ម​មួយ​ដំណើរការ​ប្រកបដោយ​ភាពជោគជ័យ មាន​កត្តា​រួមផ្សំ​ជាច្រើន​ដែល​ក្នុងនោះ​ធនធានមនុស្ស​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ដែល​សម្រេច​ដល់​វាសនារ​បស់​ក្រុមហ៊ុន​ទាំងមូល។ ការគ្រប់គ្រង​បុគ្គលិក​ជា​ចំណុច​មួយ​ដែល​ម្ចាស់​អាជីវកម្ម​ជាច្រើន​កំពុង​យកចិត្តទុកដាក់ ហើយ​ចង់ឱ្យ​ធនធានមនុស្ស​នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន​អាចធ្វើ​ការងារ​ប្រកបដោយ​សក្តានុពល​ពិតប្រាកដ​ដើម្បី​ធ្វើដំណើរ​រួមគ្នា​ឆ្ពោះទៅរក​ភាពជោគជ័យ និង​ឈរជើង​បានយូរ​នៅក្នុង​ពិភព​អាជីវកម្ម។

    លោកជំទាវ ញឹក ដា​នី ប្រធាន​ក្រុមហ៊ុន McMillanwoods បាន​លើកឡើងថា ជនជាតិ​ជប៉ុន​តែងតែ​និយាយថា​បុគ្គលិក​គឺជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ហេតុនេះ​ប្រសិនបើ​បុគ្គលិក​យល់​ពី​តួនាទី​របស់ខ្លួន​បានល្អ និង​យល់​ពី​គោលដៅ​រួម​របស់​ក្រុមហ៊ុន​ច្បាស់នោះ​ស្ថាប័ន​នឹងមាន​ការអភិវឌ្ឍ​ខ្លាំង ព្រោះម្នាក់ៗសុទ្ធតែជា​ចំណែក​ដែល​រុញ​អាជីវកម្ម​ឱ្យ​ជោគជ័យ​ប្រកបដោយ​ថាមពល តែ​ប្រសិនបើ​បុគ្គលិកម្នាក់ៗមិន​គិតថា​ខ្លួន​ជា​ចំណែក​មួយ​របស់​ក្រុមហ៊ុន​ទេ គាត់​នឹងធ្វើ​ការងារ​ឱ្យតែ​រួចពីដៃ ហើយ​ពេលខ្លះ​ថែមទាំង​បង្កបញ្ហា​ថែម​ទៀតផង។ ចំណុច​ដែល​ម្ចាស់​អាជីវកម្ម​ភាគច្រើន​ត្រូវការ​គឺ បុគ្គលិក​ដែលមាន​ភាពស្មោះត្រង់​ចំពោះ​ខ្លួនឯង និង​ស្មោះត្រង់​ជាមួយ​ក្រុមហ៊ុន។

    លោកជំទាវ ញឹក ដា​នី ប្រធាន​ក្រុមហ៊ុន McMillanwoods

    លោកជំទាវ ញឹក ដា​នី បាន​និយាយថា៖ “ក្រុមហ៊ុននីមួយៗត្រូវការ​បុគ្គលិក​ចេះ​ស្រឡាញ់​ការងារ​ដែល​ខ្លួន​ធ្វើ​ពិតប្រាកដ ព្រោះ​នៅពេលដែល​គាត់​ចូលធ្វើ​ការងារ​ដោយ​ពេញចិត្ត និង​ស្រឡាញ់​ការងារ​របស់គាត់ គាត់​នឹង​អនុវត្ត​ការងារ​ប្រកបដោយ​ភាពហ្មត់ចត់ ហើយ​រីករាយ​ក្នុងការ​អភិវឌ្ឍ​គ្រប់​ដំណាក់កាល”។

    ម្ចាស់​អាជីវកម្ម​ខាងលើ​បានលើកឡើង​ផងដែរ​ថា ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​ភាគច្រើន​ជា​អ្នកធ្វើការងារ​ដោយ​គ្មាន​បំណង និង​គោលដៅ​ពិតប្រាកដហើយ​ចូលធ្វើ​ការងារ​ដើម្បី​តែ​ប្រាក់ខែ គាត់​នឹងមិន​អាចបង្កើត​ក្តី​ស្រឡាញ់​បានទេ​សម្រាប់​ការងារ​ផ្ទាល់ខ្លួន និង​ក្រុមហ៊ុន​ទាំងមូល។ ម្យ៉ាងវិញទៀត គាត់​ក៏​មិនអាច​រួមចំណែក​ល្អ​ដែល​អាច​រុញឱ្យ​ក្រុមហ៊ុន​មាន​ផលចំណេញ​ច្រើន​ដែរ ដែល​ពេលខ្លះ​វា​ធ្វើឱ្យ​គាត់​មានការ​អន់ចិត្ត​នៅពេលដែល​គាត់​មិន​ត្រូវបាន​ដំឡើង​ប្រាក់ខែ ឬ​តួនាទី នៅពេលដែល​គាត់​ធ្វើការ​ងារ​យូរ។ លោកជំទាវ​បញ្ជាក់​ផងដែរ​ថា គ្មាន​ម្ចាស់​អាជីវក​ម្មណា​មិន​ចង់ឱ្យ​បុគ្គលិក​របស់ខ្លួន​ទទួលបាន​ប្រាក់ខែ​ច្រើន​នោះទេ តែ​គាត់​ក៏​ចាំបាច់​ត្រូវ​ថ្លឹងថ្លែង​ផងដែរ​ពី​ផល​តបស្នង​ដែល​ខ្លួន​បានធ្វើ​ចំពោះ​ក្រុមហ៊ុន។ ហេតុនេះ​ប្រសិនបើ​ចង់​អភិវឌ្ឍ​ខ្លួនឯង​ឱ្យបាន​ល្អ​នៅក្នុង​ស្ថាប័ន ទទួលបាន​ការឡើង​តំណែង និង​ការទុកចិត្ត​ពី​ម្ចាស់​អាជីវកម្ម បុគ្គលិកម្នាក់ៗគួរ​ស្វែងរក​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ ហើយ​ធ្វើ​វា​ឱ្យ​អស់ពី​ចិត្ត​ដោយ​រីករាយ​ជាមួយគ្នា យើង​នឹង​ក្លាយជា​ចំណែក​យ៉ាងសំខាន់​នៃ​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន ហើយ​ពេលនោះ​អ្នកដឹកនាំ​ប្រាកដជា​មើលឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​មិន​ខាន។

    លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន​Leading Asia Academy បាន​លើកឡើងថា​ស្ថាប័ន​ដែល​ទទួលបាន​ជោគជ័យ​ជារួម​គឺជា​កន្លែង​ដែល​អាច​ប្រមូលផ្តុំ​មនុស្ស​ដែលមាន​ឆន្ទៈ និង​ក្តី​ស្រឡាញ់​រួមគ្នា​ដើម្បី​ធ្វើ​ការងារ​សម្រេច​លើ​ជោគវាសនា​រួមមួយ។ ហេតុនេះ​នៅពេលដែល​ស្ថាប័ន​រើស​បាន​បុគ្គល​ប្រភេទ​នេះ​មក​ធ្វើការ គាត់​នឹង​ឃើញថា​ផ្នែក​ដែល​គាត់​ធ្វើ​គឺ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ព្រោះ​គាត់​រីករាយ​ជាមួយនឹង​អ្វីដែល​គាត់​កំពុង​ធ្វើ និង​រំភើប​ជាមួយ​លទ្ធផល​ដែល​រីកដុះដាល​ឡើងជា​រៀងរាល់ថ្ងៃ។ តែ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ស្ថាប័ន​មិនអាច​ស្វែងរក​មនុស្ស​ប្រភេទ​នេះ​បាន ឬ​រកបាន​ហើយ​តែ​បែរជា​មិនអាច​អភិវឌ្ឍ​បានល្អ អាចមកពី​កត្តា​មួយចំនួន​ដូច​ជាការ​ផ្តល់ឱកាស​នៅមានកម្រិត បរិស្ថាន​ជុំវិញ​បុគ្គលិក​ដែលមាន​ទម្លាប់​មិនល្អ គឺជា​កត្តា​រំខាន​មួយចំនួនទៀត​ដែល​គួរ​យកចិត្តទុកដាក់។

    លោក គង់ វិ​ចិ​ត្រា បាន​និយាយថា៖ “មាន​បុគ្គលិក​មួយចំនួន​បានដាក់​ពាក្យ​ធ្វើ​ការងា​រដោយ​គិតថា​គាត់​អាចធ្វើ​អ្វីដែល​ខ្លួន​ស្រឡាញ់ តែ​ក្រោយ​ពេលដែល​គាត់​ទទួល​ការងារ​នោះ​ហើយ គាត់​បានធ្វើ​ការងារ​នៅក្នុង​ក្រុម​មួយ​ដែលមាន​ភាពអវិជ្ជមាន ហេតុនេះ​គាត់​ក៏​បែរជា​បណ្តោយឱ្យ​ខ្លួនឯង​ផ្តេកផ្តួល​ជាមួយនឹង​ភាពមិនច្បាស់លាស់​ហើយ​ក៏មាន​អារម្មណ៍​ថា​នឿយណាយ​ជាមួយនឹង​ការងារ​នោះ​ក៏មាន”។

    អ្នកជំនាញ​បណ្តុះបណ្តាល​ខាងលើ​បាន​លើកឡើងថា ម្ចាស់​អាជីវកម្ម​គួរតែ​គិតគូរ​ពី​បរិស្ថាន​នៃ​ការធ្វើការងារ​ដើម្បី​បង្កើត​លក្ខណៈ​ស្វាហាប់ និង​មានការ​លើកទឹកចិត្ត​ឱ្យបាន​ល្អ ដើម្បី​ជំរុញ​ឱ្យ​បុគ្គលិកម្នាក់ៗមាន​ភាពសប្បាយ​រីករាយ​ជាមួយនឹង​ជំនាញ​អ្វីដែល​ខ្លួន​កំពុង​ធ្វើ។ ម្យ៉ាងវិញទៀត នៅពេលដែល​ម្ចាស់​អាជីវកម្ម​រកឃើញ​ពី​អ្វីដែល​បុគ្គលិក​ខ្លាំង​ពិតប្រាកដ​ហើយ យើង​អាច​ផ្តល់ឱកាស​ឱ្យ​គាត់​ដើម្បី​សាកល្បង​នូវ​អ្វី​ដែលជា​ទេពកោសល្យ​របស់គាត់។ ការអនុវត្ត​បែបនេះ​អាច​ជំរុញ​ឱ្យ​ស្ថាប័ន​រើស​បាន​អ្នកខ្លាំង​លើ​ផ្នែកផ្សេងៗគ្នា ដែល​អាច​រួមគ្នា​សម្រេច​ជោគជ័យ​អាជីវកម្ម និង​បន្ត​ទម្លាប់​បណ្តុះបណ្តាល​បន្ត​គ្នា​ទៅកាន់​អ្នក​ដែល​ចូលក្រោយៗទៀត​ឱ្យមានក្តី​ស្រឡាញ់ និង​ភាព​ច្នៃប្រឌិត​ខ្ពស់​នៅក្នុង​ការងារ៕

  • ក្រុមហ៊ុន មិត្តហ្វូន ផ្តល់ជូននូវកម្មវិធីពិសេសនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទូរស័ព្ទលើកទី1 នៅផ្សារទំនើប អីុអន ម៉ល ភ្នំពេញ

    ក្រុមហ៊ុន មិត្តហ្វូន ផ្តល់ជូននូវកម្មវិធីពិសេសនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទូរស័ព្ទលើកទី1 នៅផ្សារទំនើប អីុអន ម៉ល ភ្នំពេញ

    ក្រុមហ៊ុន មិត្តហ្វូន បានបង្ហាញខ្លួននៅក្នុងពិធីតាំងពិព័រណ៍ទូរស័ព្ទដៃ 1 Mobile ដែលព្រឹត្តិការណ៍តាំងពិព័រណ៍នេះគឺជាលើកទី1ហើយនៅ​កម្ពុជា ដោយមានក្រុមហ៊ុនទូរស័ព្ទដៃ ក្រុមហ៊ុនលក់គ្រឿងបរិក្ខាទូរស័ព្ទដៃ និងក្រុមហ៊ុន Mobile App នៅលើទូរស័ព្ទដៃជាច្រើនបានចូលរួម ដើម្បីផ្តល់នូវសេវាកម្ម និងភាពងាយស្រួលជូនដល់​អតិថិជន ហើយព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅក្នុងផ្សារទំនើប អីុអន ម៉ល ភ្នំពេញ រយៈពេល3ថ្ងៃជាប់គ្នា គឺពីថ្ងៃទី13 ដល់ថ្ងៃទី15 ខែកក្កដា ឆ្នាំ2018។ នៅក្នុងឱកាសនោះផងដែរ ក្រុមហ៊ុន មិត្តហ្វូន ក៏មានកម្មវិធីពិសេសៗជាច្រើនសម្រាប់ផ្តល់ជូនអតិថិជនរបស់ខ្លួន ដូចជា ការចែកសីុមលេខស្អាតៗដោយឥតគិតថ្លៃ ព្រមទាំងមានឱកាសឈ្នះ​រង្វាន់​ជាច្រើនទៀតតាមរយៈការបង្វិលកងយករង្វាន់ ដែលរង្វាន់មានដូចជា Power Bank ដងថតរូប Selfie កាបូបស្ពាយ អាវយឺត កាតបញ្ចូលទឹកប្រាក់ពីមិត្តហ្វូនជាច្រើនទៀត។ សូមបញ្ជាក់ផងដែរថា រាល់អតិថិជន ដែលទិញសីុមកាតថ្មីចាប់ពីថ្ងៃទី01 ខែមិថុនា រហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2018នេះ និងធ្វើការបញ្ចូលទឹកប្រាក់ចាប់ពី1ដុល្លារឡើងទៅ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា៖ រង្វាន់ប្រចាំខែដេលធ្វើការចាប់រង្វាន់ជារៀងរាល់ខែ ទឹកប្រាក់500ដុល្លារ 1រង្វាន់, ទឹកប្រាក់1,000ដុល្លារ 1រង្វាន់, ទឹកប្រាក់1,500ដុល្លារ 1រង្វាន់ និងរង្វាន់ធំចុងក្រោយរថយន្តម៉ាក TOYOTA Hilux Revo ដែលមានតម្លៃរហូតដល់ទៅ35,000ដុល្លារ (ចាប់ឆ្នោតស្វែងរកអ្នកឈ្នះនៅក្នុងខែតុលា ឆ្នាំ2018)។ ក្រៅពីនេះ ក្រុមហ៊ុន មិត្តហ្វូន ក៏បានណែនាំដល់អតិថិជនទាំងអស់ពីសេវាកម្មដ៏សម្បូរបែបពីមិត្តហ្វូន ដែលមានដូចជា កម្មវិធី Nop 70+ ដោយលោកអ្នកចំណាយត្រឹមតែ1ដុល្លារ ក្នុង1សប្តាហ៍ លោកអ្នកអាចរីករាយជាមួយនឹងការលេង Facebook ឥតដែនកំណត់ និងទឹកប្រាក់100ដុល្លារ សម្រាប់ប្រើប្រាស់នៅក្នុងប្រព័ន្ធ, កម្មវិធី ទិញសីុមឈ្នះឡាន (Buy Sim Win Car) និងកម្មវិធី ប្រើប្រាស់ YouTube ឥតដែនកំណត់ដោយលោកអ្នកចំណាយត្រឹមតែ1ដុល្លារ ក្នុង1សប្តាហ៍ ឬ3ដុល្លារក្នុង1ខែតែប៉ុណ្ណោះ។

    ទន្ទឹមគ្នានេះដែរ នៅក្នុងឱកាសតាំងពិព័រណ៍ទូរស័ព្ទលើកទី1 នៅផ្សារទំនើប អីុអន ម៉ល ភ្នំពេញ ផងដែរ ក្រុមហ៊ុន អីុ-ម៉ាន់នី ក៏បានផ្តល់ជូនដល់អតិថិជនទាំងងស់ដែលប្រើប្រាស់សីុមកាត មិត្តហ្វូន គឺអាចបើកគណនី អីុ-ម៉ាន់នី ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានរង្វាន់ជាច្រើនទៀត និងទទួលបានព័ត៌មានលម្អិតពីសេវាកម្មដ៏ងាយស្រួល និងមានសុវត្ថិភាពរបស់ អីុ-ម៉ាន់នី ដែលមានដូចជា អាចធ្វើការទូទាត់វិក័យប័ត្រផ្សេងៗ ធ្វើការវេរលុយទៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា អាចដាក់លុយ ដើម្បីទូទាត់សាច់ប្រាក់ និងទិញកាតទូរស័ព្ទគ្រប់ប្រព័ន្ធយ៉ាងងាយស្រួលបំផុត ដោយលោកអ្នកអាចទាញយក App របស់ អីុ-ម៉ាន់នី ដើម្បីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់លោកអ្នកបានយ៉ាងងាយស្រួយ និងមានសុវត្ថិភាព (អាចប្រើប្រាស់បានទាំងទូរស័ព្ទដៃធម្មតា និងទូរស័ព្ទស្មាតហ្វូន) និងអាចទំនាក់ទំនងជាមួយនឹងភ្នាក់ងាររបស់ អីុ-ម៉ាន់នី ដែលមានជាង5,000ភ្នាក់ងារនៅទូទាំងប្រទេសកម្ពុជា៕

  • គន្លឹះថែរក្សាសក់ងាយៗទាំង6យ៉ាងក្នុងរដូវភ្លៀង

    គន្លឹះថែរក្សាសក់ងាយៗទាំង6យ៉ាងក្នុងរដូវភ្លៀង

    នៅពេលដែលរដូវភ្លៀងបានមកដល់ នារីៗពិតជាពិបាកចិត្តបន្ដិចហើយក្នុងការថែរក្សាសរសៃសក់ឱ្យមានសភាពរស់រវើកគ្រប់ពេលវេលា។ បើអ្នកចាប់អារម្មណ៍ខ្លាំងពីបញ្ហាមួយនេះ ទស្សនាវដ្ដី ឡារ៉ែនសូមបង្ហាញជូននូវគន្លឹះទាំង6យ៉ាង ដើម្បីថែរក្សាសុខភាពសក់នារដូវភ្លៀងដូចខាងក្រោមនេះ។

    1. ចៀសវាងធ្វើឱ្យសក់សើមពេញមួយយប់
    សម្រាប់នារីៗដែលត្រូវទឹកភ្លៀង ហើយនៅសើមសក់នៅឡើយនោះ គប្បីជ្រើសរើសវិធីកក់សក់បន្ទាប់ពីត្រូវទឹកភ្លៀងរួច គឺប្រសើរបំផុតដើម្បីការពារជំងឺផ្ដាសាយ ព្រោះប្រសិនបើអ្នកមិនបានកក់សក់ទេ នោះសក់របស់អ្នកនឹងសើមនៅក្នុងរយៈពេលយូរពេញមួយយប់ និងធ្វើឱ្យសក់មានសភាពហើម ហើយមានក្លិនមិនល្អថែមទៀត ចំណែកឯជំងឺដែលនឹងតាមមកជាមួយដូចជាជំងឺផ្តាសាយជាដើមនោះនឹងចូលមកយារយីអ្នកជាមិនខាន។

    2. បន្ទាប់ពីកក់សក់រួច ត្រូវផ្លុំសក់ឱ្យស្ងួត
    ភាគច្រើនដូចដែលអ្នកបានដឹងហើយថាភ្លៀងនឹងធ្លាក់នៅក្នុងអំឡុងពេលល្ងាច បើអ្នកកក់សក់ក្រោយទទឹកទឹកភ្លៀង អ្នកត្រូវធ្វើការផ្លុំសក់ឱ្យស្ងួតមុនពេលចូលគេង ព្រោះមិនត្រូវបណ្ដោយឱ្យសក់សើមពេញមួយយប់នោះទេ។បន្ទាប់ពីផ្លុំសក់ហើយ ចូរប្រើក្រែមលាបបំប៉នសរសៃសក់ ដើម្បីឱ្យសក់មានសភាពរស់រវើកឡើងវិញមុនពេលចូលគេង។ ក៏ប៉ុន្ដែការផ្លុំសក់ជារៀងរាល់ថ្ងៃ ក៏មែនមែនជារឿងល្អសម្រាប់ការថែរក្សាសុខភាពសក់ប៉ុន្មានទេ ព្រោះសក់ងាយនឹងខូចដោយសារកម្ដៅខ្យល់ដែលភាយចេញពីម៉ាស៊ីនផ្លុំសក់។

    3. ចៀសវាងការប្រើផលិតផលថែរក្សាសក់បែបរលើបរលោង និងស្អិត
    ភាគច្រើនផលិតផលថែរក្សាសរសៃសក់មានធាតុផ្សំពីប្រេងច្រើន ក៏ប៉ុន្ដែនៅក្នុងអំឡុងរដូវភ្លៀងនេះ ការប្រើប្រាស់ផលិតផលថែរក្សាសក់ប្រភេទប្រេង គឺវាកាន់តែធ្វើឱ្យសក់របស់អ្នករលើបរលោងខ្លាំង និងស្អិត ពិតជាគួរឱ្យធុញ-ទ្រាន់ខ្លាំងណាស់។ វិធីសាស្ត្រដ៏ល្អមួយដែលអ្នកគួរអនុវត្តជាប្រចាំ គឺការជ្រើសរើសប្រើផលិតផលថែរក្សាសក់ណាដែលមិនសម្បូរដោយជាតិប្រេងច្រើនដូចជា ផលិតផលថែរក្សាសក់សម្រាប់កុមារជាដើម។

    4. អប់សក់ខ្លះ ដើម្បីថែទាំសរសៃសក់ និងស្បែកក្បាល
    អ្នកគប្បីអប់សរសៃសក់របស់អ្នកក្នុងមួយសប្តាហ៍ពី1ទៅ2ដង ដើម្បីជំនួយដល់សរសៃសក់ឱ្យបានជ្រៅ។ ត្រូវប្រើម្រាមដៃម៉ាស្សា ត្រង់ស្បែកក្បាលជារង្វង់មូលឱ្យសព្វ ដើម្បីជំរុញឱ្យឈាមរត់វិលបានល្អ និងជួយឱ្យការផលិតប្រេងពីឫសសក់បានប្រសើរឡើងថែមទៀតផង។

    5. ប្រើកន្សែងសម្ងួតសក់
    បន្ទាប់ពីលាងជម្រះសក់រួច អ្នកអាចយកកន្សែងមកផ្តិតពីគល់ដល់ចុងសក់ ប៉ុន្តែមិនត្រូវយកកន្សែងមករុំជុំវិញក្បាលរបស់អ្នកនោះទេព្រោះវាអាចបំផ្លាញឫសសក់របស់អ្នកបាន។មួយវិញទៀត ប្រសិនបើអ្នកយកកន្សែទៅញីឬត្រដុសនឹងសរសៃសក់ខ្លាំងពេក នោះសក់របស់អ្នក នឹងប្រែជារួញ និងសំពោងជាមិនខាន។ជំនួសដោយកន្សែង អ្នកគួរតែប្រើអាវយឺតណាមួយមកជំនួសវិញ ព្រោះវាទន់ និងផ្តល់ភាពងាយស្រួលជាង។

    6. ហាមប្រើក្រាសសិតសក់ខុស
    អ្នកគួរបញ្ឈប់ការសិតសក់ ដោយប្រើប្រាស់ក្រាសខុសប្រភេទចាប់ពីថ្ងៃនេះតទៅ។ ក្រាសសិតសក់ជ័រ ឬក្រាស់ដែលមានធ្មេញរឹង នឹងធ្វើឱ្យសក់របស់អ្នកចុះខ្សោយ និងខូច។ ហេតុនេះ អ្នកគួរតែប្រើក្រាស់ប្រភេទមូល ដែលមានធ្មេញរង្វើល ព្រោះគេចាត់ទុកវាជាប្រភេទក្រាស់ ដែលធ្វើឱ្យសក់រឹងមាំ ភ្លឺ រលោង និងមានសុខភាពល្អ។ គេធ្លាប់និយាយថា បើចង់បានសក់ទន់រលោងស្អាតទាល់តែ ឧស្សាហ៍សិតសក់ឱ្យបានញឹកញាប់។ ប៉ុន្តែ មានអ្នកមួយចំនួនទៀតក៏បាននិយាយថា សិតសក់ច្រើនដងពេកធ្វើឱ្យខូចសក់ ហេតុនេះ មនុស្សមួយចំនួនបែរជាមិនសូវសិតសក់ឱ្យបានត្រឹមត្រូវ ដូចជាសិតតែចុងៗសក់ជាដើមទៅវិញ។ ជាក់ស្តែង បើអ្នកសិតដល់ស្បែកក្បាល គឺជួយជំរុញការលូតលាស់នៃសក់ តែបើសិតញឹកញាប់ពេកក៏ធ្វើឱ្យជ្រុះសក់ផងដែរ។ ហេតុនេះ អ្នកអាចសិតសក់តែពេលណាដែលចាំបាច់ទៅបានហើយ ដូចជាពេលចងសក់ជាដើម៕

  • វិធីកម្ចាត់ក្លិនទុរេនក្នុងទូទឹកកក និងបន្ទប់ម៉ាស៊ីនត្រជាក់ ធុំក្លិនខ្លាំងប៉ុនណា ក៏បាត់ឈឹងដែរ!

    វិធីកម្ចាត់ក្លិនទុរេនក្នុងទូទឹកកក និងបន្ទប់ម៉ាស៊ីនត្រជាក់ ធុំក្លិនខ្លាំងប៉ុនណា ក៏បាត់ឈឹងដែរ!

    ទោះវាជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ត្រូវមាត់ ត្រូវចិត្តមនុស្សភាគច្រើនមែន តែត្រូវតែព្រមទទួលស្គាល់ហើយថា ទុរេនគឺ​ជាផ្លែឈើដែលមានក្លិនខ្លាំងបំផុត ជាពិសេសក្នុងរដូវផ្លែទុរេនកំពុងឱ្យផលបែបនេះ ធ្វើឱ្យអ្នកដែលមិនសូវជាចូលចិត្តក្លិនរបស់វានាំគ្នាស្រែកចាចគ្រប់ៗគ្នា​ ចំណែកអ្នកដែលចូលចិត្តវិញ ត្រូវតែមានជាប់ដៃយកទៅផ្ទះទទួលទានជុំគ្នាសឹងតែរាល់ថ្ងៃមិនខាន ប៉ុន្តែបើអ្នកយកទុរេនមកទទួលទានក្នុងផ្ទះហើយ មិនដឹងពីវិធីកម្ចាត់ក្លិនឱ្យបាត់សូន្យឈឹងទៅវិញនោះអាចនឹងធ្វើឱ្យនៅក្នុងផ្ទះមានក្លិនមិនគួរឱ្យបេតីអណ្ដែតវិលវល់ពេញក្នុងនោះរហូតធ្វើឱ្យលែងចង់ចូលផ្ទះក៏អាចថាបានដែរ។ ដូច្នេះជម្រើសដែលល្អ គឺនាំគ្នាមកមើលពីវិធីកម្ចាត់ក្លិនទុរេនបែបងាយៗ ដែលអ្នកគ្រូ ឆវី ធានាថា នឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះអាចទទួលទានទុរេនបានបែបសប្បាយៗមិនចាំបាច់ខ្លាចថាមានក្លិននៅជាប់ក្នុងផ្ទះឡើយ។

    1. កាកកាហ្វេ
    ដោយសារតែកាកកាហ្វេមានក្លិនឈ្ងុយ និងស្រស់ស្រាយ ដូច្នេះគ្រាន់តែបងៗស្ត្រីមេផ្ទះដាក់កាកកាហ្វេនៅក្នុងកូនចានចង្កឹះ រួចយកទៅដាក់ចោលនៅជ្រុងណាមួយនៅក្នុងបន្ទប់ តែប៉ុណ្ណឹងកាកកាហ្វេនឹងបឺតយកក្លិនខ្លាំងៗរបស់ទុរេនឱ្យបាត់អស់មិនខាន ព្រមទាំងបានក្លិនក្រអូបស្រស់ស្រាយរបស់កាហ្វេមកជំនួសវិញទៀតផង ហើយបើក្នុងបន្ទប់ណាដែលមានធុំក្លិនទុរេនខ្លាំងក្លានោះ បងៗស្រ្តីមេផ្ទះគ្រាន់តែបន្ថែមបរិមាណកាកកាហ្វេឱ្យច្រើនជាងមុនបន្តិចទៅជាការស្រេច។

    2. ម្សៅប៊េកឃីងសូដា
    មិនថាតែក្នុងទូទឹកកក បន្ទប់ម៉ាស៊ីនត្រជាក់ ឬបន្ទប់ដែលគ្មានបង្អួចនោះឡើយ វត្ថុពហុប្រយោជន៍ដូចជាម្សៅប៊េកឃីងសូដាមួយនេះក៏អាចបំបាត់ក្លិនទុរេនបានដែរ ដោយគ្រាន់តែចាក់ដាក់ចាន ឬកំប៉ុង ហើយយកទៅដាក់នៅត្រង់ចំណុចដែលត្រូវការបំបាត់ក្លិន និងឧស្សាហ៍ប្ដូរម្សៅប៊េកឃីងសូដារៀងរាល់2 – 3ថ្ងៃម្ដង ដើម្បីប្រសិទ្ធភាពដ៏ល្អជាការស្រេច។

    3. ស្លឹកតើយ
    ការកម្ចាត់ក្លិនផ្លែទុរេនទុំដោយស្លឹកតើយក៏មិនពិបាកដែរគ្រាន់តែយកស្លឹកតើយមកបត់ធ្វើជារូបបូ រូបផ្កា ឬចងជាកញ្ចុំហើយយកទៅដាក់នៅត្រង់កន្លែងដែលមានធុំក្លិនទុរេនរហូតដល់ក្លិនក្រអូបប្រហើរឈ្ងប់ចាប់ផ្ដើមរសាយ ឬស្លឹកចាប់ផ្ដើមក្រៀមស្រពោន សឹមយកស្លឹកថ្មីមកប្ដូរ។

    4. ក្រូចលេម៉ុន ឬក្រូចឆ្មារ
    បងៗស្រីមេផ្ទះគ្រាន់តែពុះផ្លែក្រូចឆ្មារ ឬក្រូចលេម៉ុនជាបន្ទះៗ យកទៅដាក់ក្នុងទូទឹកកក តែប៉ុណ្ណឹងបន្ទះក្រូចឆ្មារក៏នឹងជួយបឺតយកក្លិនខ្លាំងៗរបស់ទុរេនចេញអស់ទៅហើយ។

    5. បណ្ដូលរមូរក្រដាសអនាម័យ ក្រដាសកាសែត ឬនំប៉័ងបន្ទះ
    អ្នកគ្រូ ឆវី សូមប្រាប់ទៅចុះថា ក្លិនស្អុយៗនៅក្នុងទូទឹកកកក៏អាចកម្ចាត់បានយ៉ាងងាយដោយរបស់ប្រើប្រាស់ក្នុងផ្ទះដែលមានតម្លៃថោក ដូចជា បណ្ដូលរមូរក្រដាសអនាម័យ ក្រដាសកាសែត និង​បន្ទះនំប៉័ង ដោយអ្នកត្រូវយករបស់ទាំងនេាះណាមួយទៅដាក់ក្នុងទូទឹកកក ហើយបើសិនជាក្រដាស កាសែត ក៏ឆ្មូលវាឱ្យទៅជាដុំជាមុនសិន បើជានំប៉័ងបន្ទះ ក៏ប្រើប្រមាណជា2បន្ទះ និងព្យាយាមប្ដូរ ឱ្យបានញឹកញាប់ផងទើបជាការល្អ។

    6. តែ
    ជាវត្ថុកម្ចាត់ក្លិនទុរេនមួយទៀតដែលឃើញលទ្ធផលច្បាស់ៗតែម្ដង ដោយគ្រាន់តែឆុងទឹកតែដាក់កែវ ហើយយកទៅដាក់ក្នុងទូទឹកកក ឬយកថង់កាកតែដែល ឆុងរួចហើយទៅដាក់ក្នុងទូទឹកកក តែម្ដងក៏បានតែប៉ុណ្ណឹងកាកតែ ក៏នឹងជួយបឺតយកក្លិន ខ្លាំងៗរបស់ទុរេនចេញអស់ហើយថែមទាំងបញ្ចេញក្លិនក្រអូប ប្រហើរតិចៗរបស់តែចេញមកទៀតផង។

    7. ដុំធ្យូង
    បើនិយាយពីជំនួយការក្នុងការបំបាត់ក្លិន គឺមិនអាចអត់ធ្យូងបានឡើយ។ មិនចាំបាច់ប្រាប់ឡើយថា ធ្យូងឈើអាចកម្ចាត់ក្លិនបានតាំងពីក្នុងទូដាក់ឥវ៉ាន់ ទូទឹកកក រហូតទៅដល់ក្នុងបន្ទប់ផ្សេងៗក្នុងផ្ទះទៀតផង ឯវិធីវិញ ក៏ងាយៗ គ្រាន់តែយកដុំធ្យូងឈើទៅដាក់នៅក្នុងទូទឹកកក បន្តិចក្រោយមករន្ធតូចៗនៅលើដុំធ្យូងក៏នឹងបឺតយកក្លិនមិនល្អទាំងឡាយម្ដងបន្តិចៗរហូតដល់អស់ ដែលវាអាចនឹងប្រើពេលយូរបន្តិច តែប្រាកដជាអាចកម្ចាត់ក្លិនបានល្អមែន។

    ក្រៅពីនេះ ការបើកទ្វារ បើកបង្អួច ឬកង្ហារ ដើម្បីឱ្យខ្យល់អាកាសចេញចូលបានល្អ ក៏អាចជួយកម្ចាត់ក្លិនមិនល្អរបស់ទុរេនចេញបានដូចគ្នាដែរ ដូច្នេះបើដឹងខ្លួនថា ចូលចិត្តទទួលទានទុរេន តែមិនចង់ឱ្យក្លិនរបស់ទុរេននៅជាប់ក្នុងផ្ទះយូរនោះ ក៏កុំភ្លេចនាំយកវិធីទាំងនេះទៅប្រើណា៎ចា៎ស៕

  • ភាពជោគជ័យ​ចាប់ផ្តើម​ពី​សេចក្តីក្លាហាន និង​ហ៊ាន​ធ្វើ​រឿង​វិជ្ជមាន​ពី​ក្មេង

    ភាពជោគជ័យ​ចាប់ផ្តើម​ពី​សេចក្តីក្លាហាន និង​ហ៊ាន​ធ្វើ​រឿង​វិជ្ជមាន​ពី​ក្មេង

    ក្លាយជា​បុគ្គល​ដែលមាន​តម្លៃ​សំខាន់​សម្រាប់​គ្រប់គ្នា​ជា​អ្វីដែល​មនុស្ស​ជាច្រើន​ចង់បាន តែ​វិថី​ទៅកាន់​ភាពជោគជ័យ​ក្នុង​ជីវិត​មិនមែនជា​រឿង​ងាយ​នោះទេ ព្រោះ​មាន​មនុស្ស​មិនតិច​ទេ​ជួប​រឿង​ខកចិត្ត​នៅពេលដែល​ខិតខំ​ប្រឹងប្រែង ហើយ​មនុស្ស​ជាច្រើន​ផ្សេងទៀត​មិន​ហ៊ាន​ចាប់​ផ្តើមធ្វើ​រឿងដែលមានប្រយោជន៍​សម្រាប់​ការរស់នៅ​ដោយសារតែ​ហេតុផល​ជាច្រើន ដូចជា​កត្តា​វ័យក្មេង​ពេក ឬ​កត្តា​ភ័យខ្លាច​ជាច្រើន​ទៀត។

    លោកស្រី ស្រូ​យ សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី The Perspectives Cambodia បាន​លើកឡើងថា សូមកុំ​រង់ចាំ​ពេលវេលា តែ​ត្រូវ​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ពីថ្ងៃ​នេះ​ដើម្បី​រួមចំណែក​ក្លាយជា​គ្រាប់ពូជ​យ៉ាង​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា។ យុវជន​ខ្លះ​យក​លេស​ថា​រវល់​នេះ រវល់​នោះ ហើយ​មិន​ព្រម​ចូលរួម​ក្នុង​សកម្មភាព​ប្រកបដោយ​ភាព​វិជ្ជមាន ទើប​ធ្វើឱ្យ​ពួកគេ​បាត់បង់​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង និង​ឱកាស​បង្កើត​រឿងល្អៗជាច្រើន​ផ្សេងទៀត​សម្រាប់​ភាពជោគជ័យ​ក្នុង​ជីវិត។ សូម​ចាប់ផ្តើម​ពិចារណា​ស្វែងរក​ឱកាស​ដើម្បី​ចាប់ផ្តើម​សកម្មភាព​ដែលមាន​ប្រយោជន៍​ពី​ពេលនេះ ទោះ​សកម្មភាព​ដែល​យើង​ធ្វើ​នោះ​ស្ថិតក្នុង​រូបភាព​តូចក្តី ឬ​ធំក្តី ឱ្យតែ​វិជ្ជមាន និង​មិន​ប៉ះពាល់​ដល់​សង្គម គឺ​យើង​អាច​ទាញយក​ប្រយោជន៍​បាន​ទាំងអស់។ ក្រោយ​ពេលដែល​យើង​មាន​ភាព​សកម្ម​ក្នុង​ការងារ​ហើយ យើង​ក៏​នឹង​ទទួលបាន​បទពិសោធ​ជាច្រើន​ដែល​មនុស្ស​ជាច្រើន​ផ្សេងទៀត​មិនមាន ដែល​វា​ជំ​រុញឱ្យ​យើង​ក្លាយជា​មនុស្ស​ខ្លាំង។

    លោកស្រី ស្រូ​យ សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី The Perspectives Cambodia

    លោកស្រី ស្រូ​យ សុជាតិ បាន​និយាយថា៖ “ភាពរឹងមាំ និង​តម្លៃ​នៃ​ជីវិត មិនមែន​កើតឡើង​ដោយសារតែ​ចំណេះដឹង និង​ភាព​ឆ្លាត​វៃ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​កើតឡើង​ដោយសារ​ទំនាក់ទំនង​ល្អ ក្នុងការ​ចែករំលែក​ស​កម្ម​ភាព​ដែល​ស្តែង​ចេញពី​ភាពខ្លាំង​របស់​បុគ្គលម្នាក់ៗលើ​ការងារ​រួម​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​ប្រកបដោយ​ភាព​វិជ្ជមាន។ នៅពេលដែល​យើង​ចាប់ផ្តើម​ប្រើប្រាស់​ជីវិត​របស់​យើង​ប្រកបដោយ​ប្រយោជន៍​សម្រាប់​អ្នកដទៃ ឬ​សង្គម យើង​នឹង​ទទួលបាន​មកវិញ​នូវ​ការគោរព រួមទាំង​ទំនាក់ទំនង​ប្រកបដោយ​ភាពស្មោះត្រង់ និង​ភាព​វិជ្ជមាន”។

    លោកស្រី សុជាតិ បានបញ្ជាក់​ផងដែរ​ថា មនុស្ស​ណា​ក៏​ចាំបាច់​ត្រូវមាន​ពេល​ចាប់ផ្តើម​ដ៏​ល្អ​ដែរ ហើយ​មុន​នឹងធ្វើ​រឿងធំៗបាន យើង​ចាំបាច់​ត្រូវអនុវត្ត​ការងារ​ពីតូចៗ និងសាមញ្ញៗទៅ ដើម្បី​បន្សាំ​ុខ្លួនឯង​ជាមួយនឹង​រឿង​លំបាក​មុននឹង​ឈាន​ជើង​ចូលទៅ​កាន់​ឧបសគ្គលំបាកៗដទៃទៀត។ ការចាប់ផ្តើម​ដ៏​ល្អ​របស់​យុវជន នឹងធ្វើ​ឱ្យ​ពួកគេ​អាច​រស់នៅ​ប្រកបដោយ​ថាមពល ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង ឱ្យ​ក្លាយជា​ធនធានមនុស្ស ឬ​សមាជិក​សង្គម​ប្រកបដោយគុណតម្លៃ​សម្រាប់​សង្គម​នា​ថ្ងៃ​អនាគតដែល​វា​នឹង​អាច​រុញច្រាន​ឱ្យ​សង្គម​មានការ​អភិវឌ្ឍ​ល្អ​ផងដែរ។

    កញ្ញា នាង សុ​វាត​នា ឬ​ DJ Nana

    ស្រដៀង​គ្នា​នេះដែរ កញ្ញា នាង សុ​វាត​នា ឬ​គ្រប់គ្នា​ស្គាល់​ថា​ជា DJ Nana ដែលជា​អ្នកធ្វើការងារ​ស្និទ្ធ​ជាមួយនឹង​យុវជន​បាន​លើកឡើងថា ក្នុងនាម​ជា​អាណាព្យាបាល ជា​ឪពុកម្តាយ ឬ​ជា​ថ្នាក់ដឹកនាំ គាត់​ជា​អ្នកបង្កើត​ក្មេង និង​ជា​អ្នកជំរុញ​ក្មេង​ឱ្យ​ល្អ តែ​គាត់​មិន​មែនមាន​តួនាទី​ជា​អ្នកកំណត់​អនាគត​ក្មេង​នោះទេ ព្រោះ​បើ​ចង់ឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​លុះត្រាតែ​គាត់​មាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត ហើយ​ធ្វើ​អ្វីដែល​គាត់​មាន​ភាពប៉ិនប្រសព្វ។ ចំណែកឯ​តួនាទី​របស់​អ្នកគ្រប់គ្រង​គឺ ជា​អ្នក​ដែល​ផ្តល់​ចំណេះដឹង ជំនាញ និង​បទពិសោធ​សម្រាប់​ពួកគាត់​ក្នុងការ​ពិចារណា ដើម្បីឱ្យ​គាត់​មាន​សមត្ថភាព​ដើរ​ដោយ​ខ្លួនឯង​ប្រកបដោយ​ភាព​ប៉ិនប្រសប់ នឹង​រឹងមាំ។ កញ្ញា​បានបញ្ជាក់​ផងដែរ​ថា ជាធម្មតា​ទេ ដែល​អាណាព្យាបាល​មិនសូវ​ចង់​ផ្តល់​សិទ្ធិ​ឱ្យ​កូន​ច្រើន ព្រោះ​ពួកគាត់​បារម្ភ​ថា​ពេល​ដែលកូន​មាន​សិទ្ធិ ឬ​សេរីភាព ​គាត់​នឹង​រឹងទទឹងមិនសូវស្តាប់បង្គាប់ តែ​ប្រសិនបើ​យើង​គិត​មួយ​ជ្រុង​ទៀត​គឺ​យើង​អាច​ធ្វើជាអ្នក​តម្រង់ទិស ស្រប​ពេលដែល​គាត់​ អភិវឌ្ឍ​សមត្ថភាពខ្លួនឯង​តាំងពីវ័យ ក្មេងៗ ដើម្បីឱ្យ​គាត់​មាន​បទពិសោធឱ្យបាន​ច្រើនមុនពេលគាត់​នឹងក្លាយជា​មនុស្ស​ដែល​ត្រូវ​សម្រេចចិត្ត​លើ​វាសនា​ជីវិត​ដោយ​ខ្លួនឯង។

    កញ្ញា នាង សុ​វាត​នា បាន​និយាយថា៖ “ខ្ញុំ​ជាម​នុស្ស​ដែលមាន​ការចាប់ផ្តើម​លឿន ហេតុនេះ​ខ្ញុំ​ឆាប់​ទទួលបាន​ប្រាក់ចំណូល ជោគជ័យ​លឿន​មិនមែនជា​រឿង​ចម្លែក ឬ​ពូកែ​អ្វី​នោះទេ តែ​មកពី​ខ្ញុំ​មាន​បទពិសោធ​ច្រើន​តាំងពី​វ័យក្មេង​មក”។

    កញ្ញា នាង សុ​វាត​នា បានលើកឡើង​ផងដែរ​ថា គាត់​ក្លាយជា​តារា ឬ​ពិធី​ការិនី​នៅ​អាយុ 25ឆ្នាំ ហើយ​ក្លាយជា​អ្នកបកប្រែ​ម្នាក់​ដែលមានចំណូលនៅអាយុ20ឆ្នាំ។ បើ​គិត​ទៅ​វា​ជា​រឿង​អស្ចារ្យ​ណាស់​ដែល​ក្មេងស្រី​មិនទាន់​រៀន​ចប់​មហាវិទ្យាល័យ​មាន​អាជីព​នៅ​វ័យ​នេះ តែ​វា​មិន​ចម្លែក​ពេក​នោះទេ​បើ​គិតពី​ការចាប់ផ្តើម​របស់គាត់។ ឪពុក​គាត់​បាន​បណ្តោយឱ្យ​គាត់​ចាប់ផ្តើម​ការងារ​ជា​អ្នកបកប្រែ​តាំងពី​អាយុ 15ឆ្នាំ ដែល​គិត​ទៅ​រហូតដល់​អាយុ 20ឆ្នាំ​គាត់​មាន​បទពិសោធ 5ឆ្នាំ​រួច​បាត់ទៅហើយ ហេតុនេះ​វា​មិន​ចម្លែក ឬ​អស្ចារ្យ​ណាស់ណា​ទេ​ក្នុងការ​រកចំណូលបាន​នៅ​វ័យ​នេះ៕

  • លោក ហួត ជា៖ ចាប់ផ្តើម​ធ្វើ​ជំនួញ គួរ​យក​គំរូ​តាម​ការដាំ​ដើមឈើ

    លោក ហួត ជា៖ ចាប់ផ្តើម​ធ្វើ​ជំនួញ គួរ​យក​គំរូ​តាម​ការដាំ​ដើមឈើ

    លោក ហួត ជា ប្រធាន​ក្រុមហ៊ុន ហួត​ជា​ផ្គត់ផ្គង់​សម្ភារ​សំណង់ ដ៏​ធំ​មួយ​នៅ​កម្ពុជា មានប្រសាសន៍ថា ការចាប់ផ្តើម​ធ្វើ​ជំនួញ​ប្រៀបដូចជា​ការដាំ​ដើមឈើ​ពី​តូច ហើយ​ប្រឹង​ថែទាំ​យូរ​ទៅ​វា​នឹង​លូតលាស់​ធំឡើងៗ តែបើ​យើង​ដាំ​ដើមឈើ​ធំ​ស្រាប់​ ជួនកាល​ដើមឈើ​នោះ​អាច​ងាប់​ទៅវិញ​ក៏មានដែរ។

    លោក​មានប្រសាសន៍​សង្ក​ត់​ធ្ងន់​ថា ក្រុមហ៊ុន ហួត​ជា បង្កើតឡើង​កាលពី​ថ្ងៃទី1 ខែមករា ឆ្នាំ2010ដែល​បោះទុន​វិនិយោគ​ត្រឹមតែ5,000ដុល្លារ​ប៉ុណ្ណោះហើយ​មាន​បុគ្គលិក​តែ 2នាក់​ប៉ុណ្ណោះ គឺ​រូបលោក​ផ្ទាល់ និង​បុគ្គលិក​ម្នាក់ទៀត​ដែល​ខិតខំ​អស់ពី​កម្លាំងកាយ-ចិត្ត​ក្នុងការ​ស្វែងរក​ទីផ្សារ​លក់​ចេញ​ផលិតផល​របស់​ក្រុមហ៊ុន និង​ខិត​ខំរៀន​បន្ថែម​ដើម្បី​យកចំណេះ ទៅ​រៀបចំ​ដំណើរការ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន។ មិនបាន​បោះទុន​រកស៊ី​ក្នុង​ទឹកប្រាក់​រាប់លាន​ដុល្លារ​ដូច​ក្រុមហ៊ុន​មួយចំនួនទៀត​នោះទេ “ត្រង់នេះ​ខ្ញុំ​ចង់​បញ្ជាក់ថា ការវិនិយោគ​ប្រៀបដូចជា​ការដាំ​ដើមឈើ​ពី​តូច ហើយ​ខំប្រឹង​ថែទាំ​ស្រោច​ទឹក​ដាក់​ជី ដើមឈើ​នោះ​នឹង​រីកលូតលាស់​ឡើង​ធំ​មិន​ខាន ហើយ​ការរកស៊ី​ដាក់ទុន​ធំ​តែម្តង ប្រៀបដូចជា​ការ​គាស់ដើមឈើ​ធំ​មួយ​ដើម​ទៅ​ដាំ​ដូច្នោះ​ដែរ វា​នឹងមាន​លទ្ធផល2 ចេញមក​វិញ គឺអាច​ងាប់ និង​អាច​រស់”។

    ដើមឡើយ លោក​គឺជា​បុគ្គលិក​ផ្នែក​ទីផ្សារ​នៅក្នុង​ក្រុមហ៊ុន​ផលិត​ស្រា​មួយ ប៉ុន្តែ​ដោយ​សម្លឹង​ឃើញថា​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​លើ​វិស័យ​សំណង់​ដែល​កាន់តែ​រីកដុះដាល​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ ទើប​លោក​សម្រេចចិត្ត​ឈប់​ធ្វើការ​ឱ្យគេហើយ​ប្រឹង​ប្រមែប្រមូល​ដើមទុន​បាន​ចំនួន​ប្រហែល5,000ដុល្លារ សម្រាប់​បើក​ដំណើរការ​ក្រុមហ៊ុន​ជា​លើកដំបូង។ មាន​ភាពខ្វះខាត​យ៉ាងខ្លាំង សូម្បីតែ​រថយន្ត​ដឹកទំនិញ​ឱ្យ​អតិថិជន​ក៏​គ្មាន​ដែរ តែដោយសារ​ការ​ខំព្យាយាម និង​ខំប្រឹង​អស់ពី​កម្លាំង​ពលកម្មកម្លាំង​ប្រាជ្ញា និង​ពេលវេលា ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​រីកលូតលាស់​លឿន​រហ័ស មកទល់​បច្ចុប្បន្ន​បង្កើត​បាន 22សាខា មាន 8សាខា​នៅក្នុង​រាជធានី​ភ្នំពេញនិង​តាម​ខេត្ត​មាន​សក្តានុពល​មួយចំនួន ដូចជា​កំពង់សោម ក្រុងកែប បាត់ដំបង បន្ទាយមានជ័យព្រះវិហារ សៀមរាប កំពង់ចាម កំពង់ធំ បាវិត និង​ស្ទឹងត្រែង​ជាដើម ដែល​សព្វថ្ងៃ​មាន​បុគ្គលិក​ប្រមាណជា​ជិត 300នាក់​ឯណោះ។

    អ្វីដែល​ធ្វើឱ្យ​ក្រុមហ៊ុន​រីកចម្រើន​ឡើង​នោះ គឺ​ក្រុមហ៊ុន​ផ្អែកទៅលើ​កត្តាសំខាន់ធំៗចំនួន3 ទី1.គឺ​អ្នកផ្គត់ផ្គង់ ត្រូវមាន​ភាពស្មោះត្រង់​ជាមួយគ្នា។ ទី2.កត្តា​បុគ្គលិក សម្រាប់​បុគ្គលិក​គឺ​យើង​មិន​ត្រឹម​ស្រឡាញ់​តែ​មាត់​ទេ គឺ​យើង​ត្រូវ​ផ្តល់​អត្ថប្រយោជន៍ និង​លក្ខខណ្ឌល្អៗ ផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគេ​សម្រាប់​ថ្ងៃ​អនាគត​ផង និង​ទី3.កត្តា​អតិថិជន គឺ​នៅពេលដែល​យើង​មាន​ផលិត​ផលគុណ​ភាពល្អ តម្លៃ​ល្អ ហើយ​មាន​បុគ្គលិក​ធ្វើការ​បម្រើសេវា​កម្មបាន​ល្អ​ហើយនោះ នឹងមាន​ការគាំទ្រ​ពី​អតិថិជន​មិន​ខាន។ បន្ទាប់ពី​ក្រុមហ៊ុន​ដំណើរការ​ហើយ អ្វីដែល​យើង​ត្រូវ​ប្រយ័ត្ន​ឱ្យបាន​ខ្លាំង​បំផុត​នោះ​គឺ ប្រាក់​ចំណូល​ដែល​រកបាន គឺ​យើង​ត្រូវធ្វើ​ការចាយវាយ​ដោយ​ប្រយ័ត្ន​បំផុត បើសិនជា​ចាយ​ខុស​ខ្ទង់​ណាមួយ អាច​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់ ពេលនោះ​ភាពបរាជ័យ​កាន់តែ​ខឹ​ត​ជិត​មករក​ហើយ។

    បើ​គេ​ក្រឡេក​ទៅ​មើល​អតីតកាល​វិញ លោក ហួត ជា មិនមែនជា​កូនអ្នកមាន​ធូរធារ​នោះទេ ពោលគឺ​លោក​ជា​កុមារកំព្រា គ្មាន​ឪពុក​ហៅ​នឹង​គេ​តាំងពី​ដឹងក្តី​មក ដោយសារ​ឪពុក​របស់លោក​បាន​បាត់​បង់ជីវិត​ក្នុងសម័យ​ប៉ុលពត ដែល​ធ្វើឱ្យ​ខ្សែជីវិត​លោក និង​គ្រួសារ​របស់លោក​រស់នៅ​ជួប​ការលំបាក​យ៉ាងខ្លាំង ជីវភាព​គ្រួសារ​ទាំងមូល​ត្រូវ​ពឹងផ្អែក​ទៅលើ​ជិវិត​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ដែល​គ្មាន​ទ្រព្យ​អ្វី​បន្សល់ទុក​ក្រៅពី​បាតដៃ​ទទេ​ឡើយ។

    កុមារ ហួត ជា ចាប់កំណើត​នៅ​ឆ្នាំ1980 ក្នុងភូមិ​សៃ​វ៉ា ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ក្នុងចំណោម​បងប្អូន​ប្រុស-ស្រី​ចំនួន 5នាក់ លោក​គឺជា​កូនពៅ​ក្នុង​គ្រួសារ​មួយ​ដែល​មានតែ​បាតដៃ​ទទេ​ដែល​បន្សល់ទុក​ដោយ​សម័យ​ប៉ុលពត។ រហូតដល់​អាយុ 6ឆ្នាំ លោក ហួត ជា បានចាប់ផ្តើម​ចូលរៀន​ថ្នាក់​ទី1 នៅក្នុង​សាលាបឋមសិក្សា​ភ្ញី​មាស ស្ថិត​ក្នុងភូមិ សៃ​វ៉ា​នោះ តែ​ទោះជា​កើត​ក្នុង​គ្រួសារ​ត្រកូល​អ្នកក្រ គ្មាន​ប្រាក់​គ្រប់គ្រាន់​ចាយវាយ​ប្រចាំថ្ងៃ​ដូច​កូន​គេ​អ្នកមាន​ទ្រព្យ​ក្តី ក៏​កុមារា ហួត ជា មិនដែល​ខកខាន​ទៅ​សាលា​មួយថ្ងៃ​ណា​ឡើយ ហើយ​បាន​ខិតខំ​សិក្សា​រៀនសូត្រ​ផង ខំ​ដើររក​ជញ្ជាត់​កូន​ត្រី​កូន​កំពឹស​សម្រាប់​យកមក​ធ្វើជា​ម្ហូប​ហូប​ប្រចាំថ្ងៃ​ផង រហូត​ទទួលបាន​ងារ​ពី​អ្នកភូមិ​ថា​ជា “កូន​ឧស្សាហ៍” ទៀតផង។

    ទោះជា​កើតជា​កូន​កសិករ​ក្រខ្សត់ មានជីវិត​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា​ក៏ដោយ ក៏ប៉ុន្តែ​ដោយសារតែ​ការចង់​ស្វែងរក​ចំណេះដឹង​សម្រាប់​ធ្វើជា​ប្រទីប​បំភ្លឺ​ជីវិត បំភ្លឺ​ទាំង​គ្រួសារ​ផង​នោះ បានធ្វើឱ្យ​កុមារ ហួត ជា ចាប់ផ្តើម​ពុះពារ​ក្នុង​ឆាកជីវិត ពោលគឺ រៀន​បាន​ត្រឹម​ថ្នាក់​ទី3 កុមារ ហួត ជាមានការ​ដឹងក្តី ដឹង​ខុស ដឹង​ត្រូវ និង​ចាប់ផ្តើម​ចេះ​គិតគូរ​ក្នុង​ជីវិត​ហើយ។ ពេលទំនេរ​ពី​ការសិក្សាកុមារ​ក្រីក្រ​រូបនេះ​មិនបាន​ដើរលេង​ដូច​កូន​គេ​នៅក្នុង​ភូមិ​ដទៃទៀត​ទេ ពោលគឺ​តែង​ឆ្លៀតពេល​ទំនេរ​ទៅ​ស៊ីឈ្នួល​ដក​ស្ទូង​ឱ្យ​អ្នកជិតខាង គ្រាន់​បាន​ប្រាក់​ជួយ​សម្រាល​ទុក្ខលំបាក​ក្នុង​ក្រុមគ្រួសារ។ លោក​មាន​ប្រសា​ស​ន៏​ថា “ក្រៅពី​ការងារ​រៀនសូត្រ ខ្ញុំ​បាន​ទៅ​ជួយ​ឃ្វាលគោ មើលថែទាំ​ដាក់​ចំណី​សត្វ​ទា ស៊ីឈ្នួល​ដកសំណាប ស្ទូង ច្រូត នេះ​ជា​ជីវិត​ពិត​របស់ខ្ញុំ ហើយ​រហូតដល់​អាយុ​បាន 12ឆ្នាំ ខ្ញុំ​រុញ​រទេះដឹក​ទឹក​លក់​ឱ្យគេ​ទៀត ដើម្បី​យកលុយ​មក​ផ្គត់ផ្គង់​ការសិក្សា​រៀនសូត្រ”។ ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​ម្តាយ ពី​បងប្អូន និង​អ្នកស្រុក-អ្នកភូមិ​ដែល​រស់នៅ​ជិតខាង ធ្វើឱ្យ​កុមារ ហួត ជា តស៊ូ​សិក្សា​រៀនសូត្រ​រហូតដល់​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់​ឌុប)ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ1998 ហើយ​បាន​បន្ត​មក​ដាក់ពាក្យ​ប្រឡង​ចូលរៀន​នៅ​​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ក្នុង​ក្រុងភ្នំពេញ​ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា មហាវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

    ក្នុងនាម​ជា​កូន​អ្នកស្រែ​ដែល​គ្មាន​ញាតិ​ផៅ​នៅក្នុង​ទីក្រុង យុវជន ហួត ជា បាន​ទៅ​រស់នៅក្នុង​សំណង់​អនាធិបតេយ្យ​ក្នុង​ខ្ទម​កញ្ចាស់​មួយ​ក្នុង​សង្កាត់​បឹងត្របែក​ធ្វើជា​ទីជម្រក​ស្នាក់នៅ​បណ្តោះអាសន្ន។ “ក្រោយពី​បាន​កន្លែង​ស្នាក់អាស្រ័យ​ហើយ ខ្ញុំ​គិតថា​មាន​លំនឹង​ក្នុង​ខ្លួន​បន្តិច​ហើយ ក៏​ខំប្រឹង​សិក្សា​បណ្តើរ ស្វែងរក​ការងារ​ធ្វើ​បណ្តើរ ហើយក៏​រកបាន​ការងា​រ​ជា​អ្នក​បើកឡាន​នៅក្នុង​ក្រុមហ៊ុន​មួយ​ដែល​នេះ​ជា​ក្តីសង្ឃឹម​ថ្មី​មួយ​ដែល​នាំមក​នូវ​ជោគជ័យ​ក្នុងការ​សិក្សា​រៀនសូត្រ”។ នៅពេល​ប្រជុំម្តងៗលោក​តែង​បាន​ឡើង​បញ្ចេញមតិ​កែលម្អ​ស្ថានភាព​លក់​របស់​ក្រុមហ៊ុន រហូតដល់​ប្រធាន​ក្រុមហ៊ុន​មើលឃើញ និង​ទទួលស្គាល់ថា លោក​ជា​អ្នកមាន​សមត្ថភាព​ម្នាក់ និង​មិន​សម​ធ្វើជា​អ្នក​បើកឡាន​ទៀតឡើយ ទើប​បានទទួល​ការដំឡើងឋានៈ​ឱ្យ​ក្លាយជា​បុគ្គលិក​ទីផ្សារ​ក្នុង​ក្រុមហ៊ុន​នោះ​តែម្តង។ នោះ​ហើយ​គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ការងារ​ជា​អ្នក​ទីផ្សារ​លើកដំបូង​របស់​លោក។ បន្ទាប់ពី​ធ្វើការ​ជា​បុគ្គលិក​ទីផ្សារ​បាន​មួយរយៈ​មក លោក​បាន​ផ្លាស់​ទៅ​ក្រុមហ៊ុន​មួយទៀត​ក្នុងតួនាទី​ជា​ប្រធាន​ផ្នែក​ទីផ្សារ​វិញ​ម្ដង។

    បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ជា​អ្នកគ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុន​ទាំង​ប៉ុន្មានខាងលើ និង​ដោយ​បានដឹង​ច្បាស់​ថា ខ្លួនឯង​មាន​បទពិសោធ​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ក្រុមហ៊ុន ស្រប​ពេលដែល​វិស័យ​សំណង់​កំពុងមាន​ការរីកចម្រើន​នៅក្នុង​ប្រទេស​ផង​នោះ លោក​ក៏បាន​សម្លឹង​ឃើញ​ឱកាស​នៅលើ​ទីផ្សារ​កម្ពុជា។

    នៅ​ថ្ងៃទី1 ខែមករា ឆ្នាំ2010 លោក​ក៏បាន​បង្កើត​ដេប៉ូ​លក់​គ្រឿង​សម្ភារ​សំណង់​ជាមួយនឹង​ទឹកប្រាក់​ដើមទុន​ដ៏​តិចតួចស្តួចស្តើង​បំផុត ប៉ុន្តែ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ។

    ដោយសារ​មានការ​គាំទ្រ​ខ្លាំង​នេះហើយ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​របស់លោក​មាន​អតិថិជន​កាន់តែច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូត​មានការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ក្នុងនោះ​ក្រុមហ៊ុន​របស់លោក​ទទួល​បាន​ប័ណ្ណសរសើរ​ពី​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុនធំៗពី​បរទេស​ថា ជា​កំពូល​អ្នក​ចែកចាយ​ដ៏​វៃឆ្លាត​ក្នុង​ចំណោម​ប្រទេស4 មាន​វៀតណាម កម្ពុជា ឡាវ និង​ថៃ ដែល​ប្រគល់ឱ្យ​ដោយ​គណៈកម្មការ​ចែកចាយ​ផលិតផល​ក្នុង​ប្រទេស​ថៃ​នៅ​ពី​ឆ្នាំ2011កន្លងទៅ ហើយ​បន្ត​ទទួលបាន​ប័ណ្ណសរសើរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាច្រើន​ថែមទៀត។

    លោក ហួត ជា ប្រធាន​ក្រុមហ៊ុន ហួត​ជា​ផ្គត់ផ្គង់​សម្ភារ​សំណង់

    សម្រាប់​ទស្សនវិស័យ​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​ផ្គត់ផ្គង់​សំណង់​ក្នុងស្រុក​មួយ​នេះ បាន​រៀបចំខ្លួន​រួចជាស្រេច​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​មកពី​ក្រៅប្រទេស​ទាំងឡាយ ហើយ​រំពឹងថា​នឹង​ពង្រីក​សាខា​ឱ្យបាន​ច្រើន​ដាច់​គេ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​សម្ភារ​សំណង់​គ្រប់​ប្រភេទ​ទៅដល់​អតិថិជន រួមទាំង​សេវាកម្ម និង​គុណភាព ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែម​ទៀតផង៕

  • ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស2នឹង​ចូលមក​កម្ពុជា​ ត្រៀម​រួមចំណែក​កំណើនសេដ្ឋកិច្ច

    ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស2នឹង​ចូលមក​កម្ពុជា​ ត្រៀម​រួមចំណែក​កំណើនសេដ្ឋកិច្ច

    មិនចាំបាច់​តែមាន​ជើងហោះហើរ​ត្រង់​ផ្ទាល់(Direct flight) ឬ​មិនផ្ទាល់​នោះទេ សំខាន់​ឱ្យតែ​មាន​កិច្ចព្រមព្រៀង​លើ​ការ-តភ្ជាប់​ផ្លូវអាកាស​នៃ​ក្រុមហ៊ុន​ណាមួយ​នោះ យើង​នឹង​ទទួលបាន​លំហូរ​ចូល​នៃ​អ្នកដំណើរ​ដែល​នឹង​នាំមក​នូវ​ប្រាក់ចំណូល និង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសជាតិ។ នេះ​បើតាម​អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា លោក ស៊ិន ចាន់​សេរី​វុត្ថា ដែល​បាន​ប្រាប់​សារព័ត៌មាន ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ។

    លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ថ្លែងថា ដូច្នេះ​ពាក់ព័ន្ធ​នឹង​គម្រោង​ថាប្រទេស​កម្ពុជា​នឹងមាន​ការតភ្ជាប់​ផ្លូវអាកាស​ដោយផ្ទាល់​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាស៊ាននឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមឆ្នាំ2019ខាងមុខ។ក្រសួង​នេះ​បានស្នើ​សុំ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​សម្រាប់​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​ហើយ​ពួកគេ​បាន​យល់​ព្រមធ្វើ​កិច្ចចរចា​ដើម្បី​ឯកភាពលើ​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​បង្កើត​ជើងហោះហើរ​ផ្ទាល់​ក្នុង​ឆ្នាំ2019 ដែល​នឹង​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Lion Air Group។

    ព័ត៌មាន​នេះ យោងតាម​សេចក្តីប្រកាស​នៅលើ​វេ​ប​សាយ​របស់​ក្រសួងទេសចរណ៍​ដែល​បានឱ្យដឹងថា កាលវិភាគ​សម្រាប់​ការបង្កើត​ជើងហោះហើរ​ថ្មី​ដែល​នឹងត្រូវ​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី Lion Air ត្រូវបាន​ព្រមព្រៀងគ្នា​ក្នុង​កិច្ចប្រជុំ​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា លោក Sudirman Haseng។

    ទោះជា​យ៉ាងណា អ្នកនាំពាក្យ​របស់​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បញ្ជាក់ថា ជា​ការពិត​ក្រុមហ៊ុន​នេះ​មាន​សក្តានុពល​ធំ និង​មាន​បុត្រ​សម្ព័ន្ធ​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី។ ប្រសិនបើ​មានការ​សម្រេច​ភា្ជ​ប់​ផ្លូវអាកាស​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី​មួយ​នេះ​មែន យើង​នឹងមាន​ជើងហោះហើរដំបូងៗត្រឹមតែ 3ជើង​ប៉ុណ្ណោះ​ក្នុង1សប្តាហ៍ ពីព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី​កំពុងតែ​សិក្សា​ផ្លូវ​ហោះហើរ​ថ្មី​នៅឡើយ។

    លោក​បាន​អះអាងថា ជើងហោះហើរដំបូងៗត្រឹម3ជើង​ក្នុង1សប្តាហ៍​នេះ មិនមាន​អ្វី​ជា​បញ្ហា​ទេ នេះ​អាស្រ័យ​លើ​កត្តា​ទីផ្សារ។ “ជាគោលការណ៍ រដ្ឋាភិបាល​ទាំងពីរ​បាន​យល់ព្រម​ឱ្យមាន​ការហោះហើ​រ-ហើយ ប៉ុន្តែ​ការបើកផ្លូវ​ហោះហើរ​នេះ មុននឹង​អាច​ក្លាយជា​ការពិត ក្រុមហ៊ុន​ត្រូវធ្វើ​ការស្រាវជ្រាវ​ទីផ្សារ និង​ត្រូវ​ប្រាកដថា មាន​តម្រូវការ​គ្រប់គ្រាន់​ជាមុនសិន”។

    លោក​បាន​ថ្លែង​ទៀតថា បើ​និយាយ​ពី​ការបើក​ការតភ្ជាប់​តាមផ្លូវ​ច្បាប់ គឺមាន​ហើយ តែ​គាត់​មាន​ជម្រើស2 គឺ​ទី1 គាត់​ហោះហើរ​ដោយផ្ទាល់។ ទី2 គាត់​ហោះហើរ​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់គាត់​នៅ​ម៉ាឡេស៊ី ឬ​នៅ​ប្រទេស​ថៃ ហើយ​រឿងនេះ​មិនអាច​ជាការ​បង្ខំ​បានទេ ព្រោះអ្វីៗស្ថិតនៅក្នុង​ការពិចារណា​នៅឡើយ។ “ដូច្នេះ​យើង​បាន​បើកចំហ​តាម​បែបបទ​ច្បាប់​នៃ​កា​រត​ភា្ជ​ប់​ប្រតិបត្តិ​ការហោះហើរ​រវាង​ឥណ្ឌូនេស៊ី និង​កម្ពុជា នៅសល់តែ​ការពិចារណា​របស់គាត់​ប៉ុណ្ណោះ យើង​កំពុង​រង់ចាំ​ស្ដាប់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​វិញ​ថា តើ​គាត់​សម្រេចយក​ការហោះហើរ​ដោយផ្ទាល់ ឬ​ដោយ​បែបណា?”។

    លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​បន្ថែមថា “ខ្ញុំ​ជឿជាក់ថា​នឹងមាន​លទ្ធភាព​ខ្ពស់​ណាស់​ដែល​យើង​នឹង​បង្កើត​ជើងហោះហើរ​នេះ​ក្នុងពេលឆាប់ៗនេះ ពីព្រោះ​រដ្ឋាភិបាល​ទាំងពីរ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ការទទួលបាន​ការហោះហើ​រ​ថ្មី​នេះ” ទោះបីជា​មិនទាន់​មានការវិវឌ្ឍ​អ្វី​ថ្មី ឬ​លទ្ធផល​អ្វី​ក៏ដោយ។

    ដោយឡែក ដូចគ្នា​នឹង​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​ដែរបណ្តាញ​ផ្លូវអាកាស​ដោយផ្ទាល់​ជាមួយ​ទីក្រុង​ឌូ​បៃ​នៃ​អារ៉ាប់​អេ​មី​រ៉ា​ត និង​រាជធានី​ភ្នំពេញ ក៏បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដែរ​ដោយ​គ្រោង​នឹង​បង្កើត​ជើងហោះហើរ​ត្រង់​តែម្ដង ទោះបីជា​មិនទាន់មាន​កាលបរិច្ឆេទ​ពិតប្រាកដ​ក៏ដោយ។ Emirates មាន​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់តាំងពី​ថ្ងៃទី1 ខែកក្កដា ឆ្នាំមុន​ដោយមាន​ផ្លូវ​ត​ភ្ជាប់​ទីក្រុង​ Dubai និង​រាជធានី​ភ្នំពេញ​តាមរយៈ​ទីក្រុង​យ៉ាង​ហ្គោនប្រទេស​មី​យ៉ាន់​ម៉ា។

    លោក Abdulla Adnan អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អេ​មី​រេ​ត​ស៍​នៅ​​កម្ពុជា​បាន​និយាយ​ក្នុង​ពិធី​រំឭក​ខួប​1ឆ្នាំ​របស់​ក្រុមហ៊ុន​ថា “យើង​ចង់ឱ្យមាន​ការហោះហើរ​ត្រង់​ឱ្យបាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន។ តែ​យើង​មិនទាន់​អាច​ផ្តល់​កាលបរិច្ឆេទ​ច្បាស់លាស់​បានទេ ព្រោះ​វា​ត្រូវការ​ពេលវេលា​ដើម្បី​បង្កើត​ផ្លូវ​ថ្មី វា​មិនមែនជា​អ្វីដែល​អាចធ្វើ​បានត្រឹមតែ​មួយ​យប់​នោះទេ”។

    លោក​បាន​ពន្យល់ថា ផែនការ​ក្នុងការ​បង្កើត​ជើងហោះហើរ​ត្រង់​រវាង​រដ្ឋធានី​នៃ​សហភាព​អឺរ៉ុប និង​កម្ពុជា គឺ​ផ្អែកទៅលើ​កំណើនសេដ្ឋកិច្ច​ដ៏​ធំធេង និង​សក្តានុពល​ក្នុង​វិស័យ​អាកាសចរណ៍។ “យើង​បាន​ចូលមក​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន ដោយសារតែ​ការអនុវត្ត​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ដែល​ប្រទេស​នេះ​ធ្លាប់មាន​ក្នុង​រយៈពេល 2ទសវត្សរ៍​មកហើយ។ ឥឡូវនេះ​យើង​មាន​មោទនភាព​ដែល​បានរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា”។

    លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​បញ្ជាក់ថា ទាំង​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី ទាំង​ក្រុមហ៊ុន Emirates កំពុងតែ​សិក្សា​លើ​ជើងហោះហើរ “ខ្ញុំ​យល់ថា ការ​មាន​ជើងហោះហើរ​ដោយផ្ទាល់ ឬ​មាន​ជើងហោះហើរ​មិនផ្ទាល់(Transit) វា​មិន​សំខាន់​ទេ ព្រោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវអាកាស​តែងមាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ដែល​ខ្លួន​មាន​ជើងហោះហើរ​ឆ្លងកាត់ ព្រោះ​ត្រូវ​ចុះ​សំចត ឬ​ទទួលភ្ញៀវ​បន្ថែម ដែល​នេះ​ជា​កត្តា​ទីផ្សារ​តែប៉ុណ្ណោះ។ សំខាន់​ឱ្យតែ​មាន​តម្រូវការ​នៃ​ជើងហោះហើរ យើង​នឹង​ទទួលបាន​ភ្ញៀវទេសចរ យើង​នឹង​ទទួលបាន​កម្រៃ មាន​ទីផ្សារ​ដែលជា​កត្តា​ចូលរួម​ក្នុង​កំណើនសេដ្ឋកិច្ច​របស់​យើង។

    នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ការហោះហើរ ក្រុមហ៊ុន​អេ​មី​រេ​ត​ស៍បាន​ប្រើប្រាស់​យន្តហោះ​ប្រភេទ Boeing 777-300ER ដែលមាន​បំពាក់​នូវ​ការរៀបចំ​រចនាសម្ព័ន្ធ​ធុរកិច្ច និង​សេដ្ឋកិច្ច​សម្រាប់​អ្នកដំណើរ​តាមរយៈ​ភាព​ធំ​ទូលាយ ទំនើប និង​ទាន់សម័យមាន​អ្នកដំណើរ​ជាង77.000នាក់​ហើយ​ដែល​បាន​ហោះហើរ​ជាមួយ​ក្រុមហ៊ុន​អេ​មី​រេ​ត​ស៍​ចាប់តាំងពី​ក្រុមហ៊ុន​បាន​ចូល​ទីផ្សារ​កម្ពុជា។

    មុនពេល​ចាប់ផ្ដើម​ដំណើរ​ការដឹក​អ្នកដំណើរ​នៅ​ឆ្នាំ2017 ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បាន​បើក​ដំណើរការ​សេវា​ដឹកជញ្ជូន​ទំនិញ​រួចទៅហើយ​កាលពី​ឆ្នាំ2016។ Emirates Sky Cargo បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែមេសា ឆ្នាំ2016 ហើយ​បាន​ដឹកជញ្ជូន​ទំនិញ​ជាង 11.000តោន ដោយ​រាប់ទាំង​ការនាំចេញ និង​នាំចូល​នៅក្នុង និង​ក្រៅប្រទេស​ផងដែរ៕

  • រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ជាង 28ប៊ី​លាន​រៀល​ដើម្បី​ជំរុញ​ផលិតកម្ម​ស្បៀង

    រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ជាង 28ប៊ី​លាន​រៀល​ដើម្បី​ជំរុញ​ផលិតកម្ម​ស្បៀង

    ដោយ​មើលឃើញថា កម្ពុជា​បាន​ចំណាយ​ប្រមាណ 200 ទៅ400លាន​ដុល្លារ​ក្នុង1ឆ្នាំ​ដើម្បី​ទិញ​បន្លែ​ពី​ប្រទេសជិតខាង ហើយ​តម្លៃ​អាហារ​មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចំណាយ​ថវិកា​ចំនួន28ប៊ី​លាន​រៀល​បង្កើត​គម្រោង​ផលិតកម្ម​ស្បៀង​នេះ​ឡើង។

    កញ្ញា​បណ្ឌិត ចាន់ ផល​លឿន អគ្គនាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា កន្លងមក​ដៃគូ​អភិវឌ្ឍន៍​នានា ភាគច្រើន​ផ្តោតលើ​កសិករ​ខ្នាតតូច និង​គ្មាន​ភាព​ប្រទាក់ក្រឡា​គ្នា ហើយ​ការផលិត​ពូជស្រូវ​សុទ្ធ និង​ការប្រើប្រាស់​ពូជស្រូវ​សុទ្ធ​សម្រាប់​ផលិតកម្ម និង​ការកែច្នៃ ពិសេស​ពូជស្រូវ​ក្រអូប​ដែលមាន​តម្លៃ​ខ្ពស់​លើ​ទីផ្សារ​នាំចេញ​នៅមានកម្រិត ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ដាក់ឱ្យអនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​នេះ​ឡើង។

    កញ្ញា​បណ្ឌិត បាន​បន្តថាក្នុងការ​អនុវត្ត​គម្រោង​ឆ្នាំ2018នេះ ក្រសួងគ្រោង​ចំណាយ​ថវិកា28.706.658.000រៀល (ម្ភៃ​ប្រាំបី​ប៊ី​លាន ប្រាំពីរ​រយ​ប្រាំមួយ​លានប្រាំមួយរយ​ហាសិប​ប្រាំបី​ពាន់​​រៀល)ក្នុងនោះ​ឧបត្ថម្ភ​ធន​ដោយផ្ទាល់​ដល់​កសិករ​ផលិត​បន្លែ​ចំនួន 1.888.000.000រៀល(មួយ​ប៊ី​លាន ប្រាំបី​រយ​ប៉ែតសិប​ប្រាំបី​លាន​រៀល) និង​ឧបត្ថម្ភ​ធន​ដោយផ្ទាល់​ដល់​ស្ថានីយ​ផលិត​ពូជស្រូវ និង​សហគមន៍​កសិកម្ម​ផលិត​ពូជស្រូវ និង​ស្រូវ​ហូបចំនួន 11.700.000.000រៀល(ដប់​មួយ​ប៊ី​លាន ប្រាំពីរ​រយ​លាន​រៀល)។

    គម្រោង​នេះ​នឹង​បន្តធ្វើ​លទ្ធកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ផ្នែក​បន្លែ ស្រូវផ្តល់​ការបណ្តុះបណ្តាល​គ្រូ​បង្គោល និង​បច្ចេកទេស​ដល់​ក្រុម​ផលិត និង​សហគមន៍​កសិកម្ម​គាំទ្រ​ដល់​ក្រុម​ផលិត​បន្លែ​បន្ថែម និង​កសិករ​ដែល​កំពុង​សហការ​ជាមួយ​គម្រោង បន្ត​ជួយ​គាំទ្រ​ដល់​សហគមន៍​ផលិត​ពូជស្រូវ​ក្រអូប បន្ត​ជួយ​គាំទ្រ​សហគមន៍​ផលិត​ស្រូវ​ហូប បង្កើត​សហគមន៍ថ្មីៗដើម្បី​គាំទ្រ​ផលិតកម្ម​ស្បៀងបន្ត​គាំទ្រ​ផ្នែក​ទីផ្សារ​ដល់​កសិករ​ផលិត​បន្លែ និង​សហគមន៍​ផលិត​ស្រូវពូជ​និង​ស្រូវ​ហូប និង​សម្រាប់​ផ្តល់​ការបណ្តុះបណ្តាល​ពិសោធ​ន៍ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​បច្ចេកទេស​លើ​ដំណាំ​កសិកម្ម។

    លោក ប៊ុន ទួន​ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល បាន​ប្រាប់​ឱ្យដឹងថា សម្រាប់​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​រយៈពេល3ឆ្នាំ(2016-2018) ដែល​អនុវត្ត​សម្រាប់​ខេត្ត​ចំនួន11 ដែល​ក្នុងនោះ​មាន​ខេត្តកណ្តាល​ផងដែរ​នោះ ទូទាំង​ខេត្ត​មានស្រុក​ចំនួន6 ដែល​បាន​អនុវត្ត​ផ្តោតលើ​ផលិតកម្ម​បន្លែ និង​ផលិតកម្ម​ស្រូវ​ក្រអូប ហើយ​កាលពី​ឆ្នាំ2017មន្ទីរ​បាន​ចងក្រង​ក្រុម​កសិករ​ផលិត​បន្លែ​សុវត្ថិភាព​បាន​ចំនួន 14ក្រុម ស្មើនឹង184គ្រួសារ។

    រីឯ​ផ្នែកផលិតកម្ម​ស្រូវពូជ​មាន 1សហគមន៍​ដែលមាន​ផ្ទៃដី​ផលិត 30,1ហិកតា មាន​សមាជិក 31នាក់ និង​ផលិត​បាន120តោនហើយ​ផលិតកម្ម​ស្រូវ​ហូប​មាន 2សហគមន៍ ស្មើនឹង 50គ្រួសារ និង​មាន​ផ្ទៃដី67ហិកតា ដែល​ទទួលបាន​ផល 284តោន​ជា​ស្រូវ​សែន​ក្រអូប។ ចំណែក​ក្នុង​ឆ្នាំ2018នេះ យើង​បានជ្រើសរើស​ចងក្រង និង​គាំទ្រ​ក្រុម​ផលិត​បន្លែ​ចំនួន 13ក្រុម​មាន​សមាជិក 2013គ្រួសារ​បន្ថែមទៀត ពង្រីក​សមាជិក​សហគម​ន៍​ស្រូវពូជ​បន្ថែមចំនួន 17នាក់ ពង្រីក​ផ្ទៃដី​ចំនួន 25ហិកតា​បន្ថែម និង​ពង្រីក​សមាគម​ស្រូវ​ហូប​បន្ថែម​បាន​ចំនួន2 ស្មើនឹង 481គ្រួសារ និង​ពង្រីក​ផ្ទៃដី​បន្ថែមចំនួន 658,82ហិកតា៕

  • កម្ពុជា​ចង់ឱ្យ​​ជប៉ុន​ជួយ​កែលម្អ​ផលិតផល​ក្នុងស្រុក​ឱ្យមាន​គុណភាព​ស្តង់ដារ​ជប៉ុន

    កម្ពុជា​ចង់ឱ្យ​​ជប៉ុន​ជួយ​កែលម្អ​ផលិតផល​ក្នុងស្រុក​ឱ្យមាន​គុណភាព​ស្តង់ដារ​ជប៉ុន

    ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​កំពុង​ស្វែងរក​ជំនួយពី​ប្រទេស​ជប៉ុន​ដើម្បី​កែលម្អ​ផលិតផល​ដែល​ផលិតដោយ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បានស្នើ​សុំឱ្យ​ជប៉ុន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​បង្កើន​គុណភាព​ផលិតផល​ក្នុងស្រុក​ឱ្យមាន​គុណភាព​ស្តង់ដារ​ដូច​របស់​ជប៉ុន ដែល​អាចបំពេញ​តម្រូវកា​រ​ក្នុងស្រុក ឬ​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​បាន។ នេះ​បើតាម​ការឱ្យ​ដឹង​ក្រោយពី​ជំនួប​រវាង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​លោក Miyao Masahiro ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (Jetro) )Japan External Trade Organization។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍ថា៖ “ប្រទេស​កម្ពុជា​ត្រូវការ​វិនិយោគិន​ជប៉ុន​ដើម្បី​សហការ​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ក្នុងការ​អភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ផលិតផល​មួយចំនួន​ឱ្យមាន​គុណភាព​ខ្ពស់ និង​មាន​ស្តង់ដារ​បែប​ជប៉ុន​សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែល​អាច​ត្រូវបាន​ដាក់លក់​នៅ​ផ្សារ​ទំនើប​អុីអន និង​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេសជប៉ុន”។

    ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់លោក​រដ្ឋមន្ត្រី លោក​ Masahiro បាន​សន្យាថា នឹង​លើកកម្ពស់​អាជីវកម្ម​SME របស់​ប្រទេស​កម្ពុជា​ដោយ​ការ​នាំយកទៅ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ជប៉ុន និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​មក​វិនិយោគ​ក្នុង​វិស័យ​SME នៅ​កម្ពុជា។ លោក​ក៏បាន​សន្យា​ផងដែរ​ថា នឹង​ខិតខំ​ផ្សព្វផ្សាយ​អំពី​ឱកាស និង​សក្តានុពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដល់​សហគមន៍​ធុរកិច្ច​នៅក្នុង​ប្រទេស​ជប៉ុនដើម្បី​កៀងគរ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​លើ​វិស័យ​SME និង​វិស័យ​អាទិភាពផ្សេងៗរបស់​កម្ពុជា​សំដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

    ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ជប៉ុន​បាន​កើនឡើង​ក្នុងអំឡុងពេល 3ខែ​ដំបូង​នៃ​ឆ្នាំ2018ដោយ​ឈានដល់ 390លាន​ដុល្លារ​កើនឡើង15ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន។ យោងតាម​តួលេខ​ពី​អង្គការ​Jetro ការនាំ​ចូល​ពី​ជប៉ុន​បាន​ធ្លាក់ចុះ1,7ភាគរយ មក​នៅត្រឹម 87,3លាន​ដុល្លារ​ដោយ​បង្កើន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជប៉ុន។

    លោក សៀង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា ក្នុង​គោល-បំណង​ជាសំខាន់​នៃ​ជំនួប​ជាមួយ​ភាគី​ជប៉ុន (Jetro) នោះ គឺ​កម្ពុជា​ចង់ឱ្យ​លោក​ Masahiro ធ្វើជា​តំណាង​ថ្មី​បន្តការងារ​ក្នុងស្ថានភាព​សហការគ្នា​ក្នុង​ឥរិយាបថ​ដដែល ដោយ​ក្រសួង​បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដោយ​បន្ត​ផ្តល់​ការគាំទ្រ​គ្រប់បែបយ៉ាង​ជូន​វិនិយោគិន​ជប៉ុន​ដែលមាន​បំណង​បណ្តាក់ទុន​ធ្វើ​ពាណិជ្ជកម្ម និង​នៅតែ​បន្ត​ជួយ​សម្រួល​វិនិយោគិន​ជប៉ុន​ក្នុងការ​ចុះបញ្ជី​ក្រុមហ៊ុន ការពង្រីក​ធុរកិច្ច និង​ការវិនិយោគ​រវាង​កម្ពុ​ជា-ជប៉ុន នៅក្នុង​ប្រទេស​កម្ពុជា។

    លោក​បាន​បន្តថា៖“ជាពិសេស​ក្នុង​ការដែល​ឱ្យ​ជប៉ុន​ជួយ​ក្នុង​វិស័យ​SME គឺ​ជំរុញ​ក្នុងការ​លើកកម្ពស់​ស្តង់ដារ​ផលិតកម្ម​តាម​មធ្យោបាយ​ណាក៏ដោយ ដែលមាន​គុណភាព​ខ្ពស់ និង​ស្តង់ដារ​បែប​ជប៉ុន​សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ផង និង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក​ផងដែរ”។ ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ក្រៅ​ស្រុក​បាន​ច្រើន ជាការ​ទទួលខុសត្រូវ​របស់ក្រសួងពាណិជ្ជកម្ម ព្រោះ​ការដែល​នាំចេញ​ផលិតផល​បាន​កាន់តែច្រើន ជា​ចរន្ត​នៃ​លំហូរ​ទំនិញ​របស់​ភាគី​ទាំងពីរ នាំមក​នូវ​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស។

    យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា ជាមួយនឹង​គម្រោង​ដែល​បាន​ចុះបញ្ជី​ជាង130គម្រោង​ដែល​បាន​វិនិយោគ​ក្នុង​វិស័យ​ធនាគារ វិស័យ​អចលនទ្រព្យ វិស័យ​ឧស្សាហកម្ម សេវាកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ជាច្រើន​មុខ​ផ្សេងទៀត ធ្វើឱ្យការវិនិយោគ​របស់​ជប៉ុន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​តម្លៃ 1.6 ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ2017៕

  • ហេតុផល​បណ្តាលឱ្យ​អ្នកអស់ចំណង់​ផ្លូវភេទ និង​វិធី​ដោះស្រាយ

    ហេតុផល​បណ្តាលឱ្យ​អ្នកអស់ចំណង់​ផ្លូវភេទ និង​វិធី​ដោះស្រាយ

    ជាទូទៅ នៅក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​ភាគច្រើន​តែងតែមាន​ភាព​រអា​នៅ​ក្នុងការ​ហាមាត់​និយាយ​ពី​បញ្ហា​សិច។ ការប្រកាន់​ខ្ជាប់​បែបនេះ​មិនមែនជា​រឿង​ល្អ​នោះទេ ផ្ទុយទៅវិញ វារឹតតែ​សំខាន់បំផុត​សម្រាប់​អ្នក​ដែលមាន​ជីវិត​រស់នៅ​ជា​គូ ហើយ​វា​នឹង​បង្ក​ឱ្យ​ក្លាយជា​បញ្ហា​ធំ​នៅក្នុង​ជីវិត ខណៈ​បើ​មិនមាន​ការ​វែក​ញ៉ែ​កដោយ​បើកចំហ ​ស្វែងរក​ដំណោះស្រាយ​នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង។ ចំពោះ​អាការ​គ្មាន​ចំណង់ ឬ​អស់​អារម្មណ៍​សិច ត្រូវបាន​កើតមាន​យ៉ាង​ទូលាយ និង​គ្រប់​ជាតិ​សាសន៍ហើយក៏​ជា​ក្ដីបារម្ភ ដែល​អ្នកជំនាញ​កំពុងតែ​ព្យាយាម​សិក្សា​ស្វែងយល់​ពី​មូលហេតុ​បង្ក រួម​ជាមួយនឹង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយផងដែរ។

    អ្នកជំនាញ​មួយចំនួន​បាន​លើកឡើងថា ចំពោះ​ការ​អស់ចំណង់​ផ្លូវភេទ ឬ​គ្មាន​អារម្មណ៍​សិចនេះ វា​គឺជា​រឿង​ធម្មតា ដែលជា​កត្តា​ធម្មជាតិ​នៅពេលដែល​មនុស្ស​មាន​អាយុ​កាន់តែច្រើន ជា-ពិសេស ចាប់ពី​ជាង60ឆ្នាំ​ឡើងទៅ​ចំពោះ​មនុស្ស​ស្រី ហើយ​អាយុ​ចាប់70ឆ្នាំ​ឡើងទៅ​ចំពោះ​មនុស្ស​ប្រុស។ ប៉ុន្តែ​ក្នុងករណី​ដែល​មនុស្ស​មាន​អាយុ​ក្រោម60ឆ្នាំ ឬ​វ័យ​កណ្តា​លពី35-50ឆ្នាំ អស់ចំណង់​ផ្លូវភេទ​ដែរនោះ វា​គឺជា​បញ្ហា​ដែល​គួរតែ​យកចិត្តទុកដាក់។ កត្តា​ដែល​ជម្រុញឱ្យមាន​បញ្ហា​អស់ចំណង់​ផ្លូវភេទ​អាច​បង្ក​មកពី ៖

    ភាព​មមាញឹក​ប្រចាំថ្ងៃ : មិន​ថា​ជា​ការងារ​ក្នុងផ្ទះ ការមើល​ថែទាំ​កូន ការបំពេញ​ការងារ​ក្រុមហ៊ុន ឬ​ការជួបជុំ​ជាមួយ​មិត្តភក្ដិ​នោះទេ ការចំណាយ​ពេលវេលា​ច្រើន គឺ​សុទ្ធតែជា​កត្តា​ធ្វើឱ្យ​អារម្មណ៍​ផ្លូវភេទ​បាត់បង់​ដូចគ្នា។ ភាព​នៅ​ឆ្ងាយ​ពី​ដៃគូគឺជា​មូលហេតុ​ដ៏​សំខាន់​ដែល​ធ្វើឱ្យ​ដៃគូ​ម្ខាង​ទៀត​គិតថា អ្នក​ចាត់ទុក​រូបគេ​គ្រាន់តែ​ជា​មិត្តភាព​តែប៉ុណ្ណោះ ខណៈដែល​អ្នក​មិនបាន​ផ្តល់​ពេលវេលា​ក្នុងការ​បង្កើត​ភាព​ផ្អែមល្ហែម​ដូច​កាល​គ្រា​ដែល​អ្នក​ទើបតែ​ភ្ជាប់​សម្ព័ន្ធ​ស្នេហ៍​លើកដំបូង។ ជា​ដំណោះស្រាយ អ្នក​គួរតែ​ទុកពេល​វេលា​ខ្លះ​សម្រាប់​ខ្លួន សម្រាប់​ដៃគូ​ក្នុងការ​បង្កើត​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ខ្លះ​ទើប​ជា​ដំណោះស្រាយ​ដ៏​ល្អប្រសើរ។

    អារម្មណ៍​ស្ត្រេ​ស : នៅពេលដែល​អ្នកមាន​ភា​ព​តឹងតែង​ក្នុង​អារម្មណ៍ ឬ​ព្រួយបារម្ភ​ពី​បញ្ហា​ការងារ​ណាមួយ នោះ​ចំណង់​នៃ​ការ​រួមភេទ​ត្រូវបាន​ក្លាយជា​ចំណុច​ចុងក្រោយ​គេ​បង្អស់។ បើ​អ្នក​នៅតែ​គិត​ដោយ​គ្មាន​ការបែងចែក​ឱ្យ​ច្បាស់លាស់​រវាង​ពេលវេលា​ធ្វើការ និង​ពេលវេលា​សម្រាប់​ខ្លួនឯង និង​ដៃគូ​នោះទេ បានន័យថាអ្នក​កំពុងតែ​រុញច្រាន​សម្ព័ន្ធភាព​ដែល​ធ្លាប់តែ​ផ្អែមល្ហែម​ឱ្យ​ធ្លាក់​កប់​ជ្រៅ​ទៅក្នុង​សាគរ​ជាក់​ជាមិនខាន។ ដូច្នេះ ជា​ដំណោះស្រាយ​លោកអ្នក​គួរតែមាន​ភាពច្បាស់លាស់​លើ​ខ្លួនឯង​ក្នុងការចាកចេញ​ពី​ភាព​ស្ត្រេ​ស​ទាំងនោះ ហើយ​ងាក​មក​ផ្តល់​ពេលវេលា​សម្រាប់​ដៃគូ​វិញ។

    ភាពដែលៗ : ភាពដដែលៗវា​គឺជា​ចំណុច​មួយ​ដែល​សម្លាប់​អារម្មណ៍។ ត្រង់នេះ​មានន័យថា ប្រសិនបើ​អ្នកប្រព្រឹត្ត​សិច​ជាមួយ​ដៃគូ​ដោយ​ប្រើតែ​ស្នៀតដដែលៗ ក្បាច់ដដែលៗ គឺ​គ្មាន​ន័យ​នោះទេ។ លោកអ្នក​គួរតែ​ព្យាយាម​អនុវត្ត​នូវ​វិធីផ្សេងៗទៀត​ដែល​ខុសពី​សកម្មភាព​ដែល​អ្នក​ធ្លាប់ប្រើ​ជាប្រចាំ ដូចជា ប្ដូរ​ពី​ក្បាច់​ដូនតា​ទុកឱ្យដែល​បុរស​នៅ​ពីលើ​មនុស្ស​ស្រី មកជា​មនុស្ស​ស្រី​ជា​អ្នកកា​ច់ប​ង្កូ​ត​ដោយ​អង្គុយ​នៅ​ពីលើ​ដៃគូ​ជា​បុរស ឬ​ស្នៀត​ផ្សេងទៀត ដូចជា ការ​សម្រុក​ពីក្រោយ ពី​ចំហៀង ឬ​វិធីសាស្ត្រ​ផ្សេងទៀត​ដែល​អ្នក​អាច​ច្នៃ​ទៅតាម​លទ្ធភាព​អាច​ប្រព្រឹត្តទៅបាន។

    ការទទួល​ទាន​អាហារ​ប្រ​ត្តិ​កម្ម : ការទទួល​ទាន​អាហារ​មិនមែន​សុទ្ធតែ​អាច​ផ្តល់នូវ​ភាពល្អប្រសើរ​ចំពោះ​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវភេទ​នោះទេ។ ផ្ទុយទៅវិញ វា​ក៏​ជា​ឃាតករ​លាក់​មុខ​ដែល​អាច​វាយ​សម្លាប់​អារម្មណ៍​របស់​អ្នក​វិញ។ ចំណីអាហារ​ដែល​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ផ្លូវភេទ​របស់​អ្នក​រួមមាន​ដូចជាស្រា បារី ស្ករ​សូកូឡា ស៊ុត និង​កាហ្វេ​ជាដើម។ ថ្វី​ដ្បិត​អាហារ​ប្រភេទ​ជា ស៊ុត និង​ស្ករ​សូកូឡាវា​បានផ្តល់​ថាមពល​ដល់​អ្នក​ក្រោយពេល​ទទួលទាន ប៉ុន្តែ​វា​ក៏​ជះឥទ្ធិពល​ត្រឡប់មកវិញ​ផងដែរខណៈ​បើ​ការទទួល​ទាន​របស់​អ្នក​មិនមាន​តុល្យភាព​ត្រឹមត្រូវ។

    ជា​ចុងក្រោយ​យើង​ជឿជាក់ថា បន្ទាប់ពី​លោកអ្នក​បាន​ស្វែងយល់​ពី​បញ្ហា​បង្ក​ឱ្យ​បាត់បង់​ចំណង់​សិច រួមជាមួយ​នឹង​ការ​ផ្តល់នូវ​ដំណោះស្រាយ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ ពិតជា​អាច​ចូលរួមចំណែក​ក្នុងការ​កែខៃ​បញ្ហា​មួយចំនួន​ឱ្យ​វិលត្រឡប់​មក​មាន​ភាពល្អ​ប្រសើរ​ជាមិនខាន៕