Author: ធឿន មករា

  • នាំកូនតូចទៅក្រៅប្រទេស និងចូលកន្លែងល្អៗ ជាការវិនិយោគមិនមែនជាការចំណាយខ្ជះខ្ជាយនោះទេ

    នាំកូនតូចទៅក្រៅប្រទេស និងចូលកន្លែងល្អៗ ជាការវិនិយោគមិនមែនជាការចំណាយខ្ជះខ្ជាយនោះទេ

    អនាគតកូន ជាអ្វីដែលអាណាព្យាបាលគ្រប់រូបយកចិត្តទុកដាក់បំផុត ព្រោះ​អាណាព្យាបាលទាំងអស់សុទ្ធតែធ្វើអ្វីគ្រប់យ៉ាងដើម្បីអនាគតកូនទាំងអស់គ្រាន់តែវិធីនៃការគិត និងអនុវត្តន៍ខុសគ្នាតែប៉ុណ្ណោះ។

    អាណាព្យាបាលសម័យ​មុន​ភាគច្រើនគិតថា​ក្នុងនាមជាអាណាព្យាបាល​គឺត្រូវ​សន្សំ និងរកលុយឱ្យបានច្រើន​ដើម្បី​បន្សល់ទុកជាទ្រព្យសម្បត្តិ​ឱ្យកូន ហើយ​មិនសូវហ៊ានចំណាយច្រើន​លើការអប់រំ​ខ្លាំងពេកនោះទេ។ តែចំពោះអាណាព្យាបាលសម័យថ្មីដែលភាគច្រើនទទួលបានការអប់រំ យ៉ាងហោចណាស់កម្រិតមហាវិទ្យាល័យ​បានផ្លាស់ប្តូរការគិតរបស់ពួកគេ ដោ​យផ្តោតសំខាន់​លើការអប់រំ​កូន​ច្រើនជាផ្នែកផ្សេងៗទៀត រហូតអាណាព្យាបាលខ្លះ​មិនខ្វល់ពីការបន្សល់លុយនោះទេ តែអ្វីដែលពួកគាត់ត្រូវធ្វើ គឺព្យាយាមប្រើប្រាស់លទ្ធភាពផ្ទាល់ខ្លួនរបស់គាត់ដើម្បីផ្តល់ការអប់រំឱ្យបានល្អបំផុត ទាំងការអប់រំចំណេះដឹងក្នុងសាលា និងការអប់រំចិត្តគំនិត​ជាមួយគ្រួសារ។

    ទោះបីជាការយល់ឃើញ មានភាពប្រែប្រួល ក៏ដោយ​ ក៏អាណាព្យាបាល​មួយចំនួន​ជាពិសេស​អាណាព្យាបាលកំពុងធ្វើការងារ ឬប្រកបរបរអាជីវកម្មដែលមានកម្រិតជីវភាពមធ្យម​នៅតែមានការព្រួយបារម្ភខ្លាច​ក្រែង​ការចំណាយរបស់គាត់​មិនចំគោលដៅ ហើយធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់គាត់ផ្ទាល់។ ម្យ៉ាងវិញទៀត សម្រាប់អ្នកមានជីវភាពមធ្យម​គាត់ត្រូវទប់ទល់លើការចំណាយច្រើន​ផ្សេងៗទៀតសម្រាប់​គ្រួសារ និងកូនៗរបស់ពួកគេ ដែលពេលខ្លះ​គាត់មិនហ៊ានចំណាយច្រើនលើការ​វិនិយោគ​ដើម្បីកូនៗ ច្រើននោះទេហេតុនេះ​ ការ​ចំណាយឱ្យចំគោលដៅជាអ្វីដែលគាត់ត្រូវផ្តោតបំផុត។

    ការនាំកូនៗដើរទេសចរណ៍នៅកន្លែងដែលផ្តល់នូវចំណេះដឹងល្អៗ ជាជម្រើសដ៏ត្រឹមត្រូវ

    អ្នកជំនាញអប់រំ បានបង្ហាញថា​អាណាព្យាបាលមួយចំនួន​បានចំណាយលុយលើកូនមិនត្រឹមត្រូវតាមរយៈការទិញ​ឧបករណ៍​អេឡិចត្រូនិក​ឱ្យកូនលេង ចំណាយលើការទិញសៀវភៅដែលមិនស្របនឹងអាយុ​ឱ្យកូនរៀន និងចំណាយលើការ​ញ៉ាំអាហារខាងក្រៅដែលមិនល្អសម្រាប់ក្មេងៗជាដើម តែពួកគាត់បែរជាស្តាយលុយចំពោះសកម្មភាពទាំងឡាយណាដែលមានភាពវិជ្ជមានសម្រាប់កុមារទៅវិញ។

    អាណាព្យាបាលជាច្រើនគិតថា​ការនាំកូនដើរលេងនៅក្រៅប្រទេស តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ តំបន់ធម្មជាតិ​ឆ្ងាយៗ ឬកន្លែងប្រណីតៗជា​រឿងដែលត្រូវចំណាយលុយច្រើន និងខ្ជះខ្ជាយ។ ការគិតបែបនេះ គឺស្មើនឹងមើលរំលង​ឱកាសល្អក្នុងការបណ្តុះបណ្តាល​ក្មេងឱ្យក្លាយជាមនុស្ស​មានចំណេះដឹងច្រើន មានសមត្ថភាពក្នុងការគិត​ល្អ និងមានភាពរឹងមាំ។

    គេហទំព័រ Education World បានលើកឡើងថា ការអប់រំ​កូន​តូចៗ មិនមែនត្រូវការអានតែសៀវភៅ ឬរៀនតែនៅក្នុងសាលាដ៏គួរឱ្យធុញទ្រាន់នោះទេ តែ​ក៏ត្រូវការចាំបាច់ផ្តល់ឱកាសឱ្យពួកគេ​បានសិក្សា និង​ស្វែងយល់ពីពិភពខាងក្រៅឱ្យបានច្រើន។ ការ​នាំក្មេងឱ្យ​ស្គាល់ពិភពនៃការរស់នៅជាក់ស្តែង នឹងធ្វើឱ្យគេយល់ពីហេតុផល​នៃការរស់នៅ ដឹងពីឫសគល់ពិតប្រាកដនៃការអប់រំ និង​យល់ពី​តម្លៃនៃ​ការខិតខំប្រឹងប្រែងរបស់មនុស្ស ហេតុនេះអាណាព្យា-បាលគួរលៃលកចំណាយធនធានតាមលទ្ធភាពដើម្បីនាំកូនឱ្យស្គាល់​កន្លែងល្អៗឱ្យបានច្រើន។

    នៅពេលកូនតូចៗ បានទៅឃើញ​ប្រទេសនានាលើពិភពលោក គាត់នឹងដឹងខ្លួនឯងយ៉ាងច្បាស់ថា​ពិភពលោក​នេះទូលំទូលាយណាស់ ហើយគាត់ចាំបាច់ត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បី​ដើរឱ្យទាន់គេ។ ក្រៅពីនេះ​វាក៏ជាឱកាសយ៉ាងល្អមួយដែលជំរុញឱ្យពួកគេ​មើលឃើញពីរបៀបរបបនៃការរស់នៅ ការប្រាស្រ័យទាក់ទង និង​មានភាពក្លាហាន​ក្នុងការ​​ដើរហើរនៅពេលពួកគេធំឡើង។

    ចំណកឯការនាំកូនតូចៗ ទៅកន្លែងប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍​ធម្មជាតិវិញ គឺមានប្រសិទ្ធភាពបំផុតសម្រាប់​កុមារតូចៗឱ្យយល់​កាន់តែច្បាស់ពីមេរៀនដែលគេនឹងរៀនដល់នៅថ្ងៃខាងមុខ។ កុមារជាមនុស្សដែល​រីករាយ និងមោទនភាពបំផុត​នៅពេលដែលគេក្លាយជាមនុស្សលេចធ្លោ​ក្នុងថ្នាក់ដោយដឹងរឿងរ៉ាវ​ជាច្រើននៃមេរៀន​ដែលអ្នកដទៃមិនដឹង។​ ហេតុនេះ​នៅពេលអាណាព្យាបាលនាំកុមារតូចៗទៅ​តំបន់សំខាន់ៗទាំងអស់នោះ គាត់នឹងឃើញជាក់ស្តែងពីទីតាំង រឿងរ៉ាវ​នានាពាក់ព័ន្ធនឹងកន្លែងទាំងអស់នោះ។ នៅពេលនោះគេនឹងក្លាយជាមនុស្សដែលងាយយល់​ និងរីករាយក្នុងការសិក្សា ព្រោះគេអាចងាយយល់​ពីមេរៀនជាងក្មេងដទៃដែលគ្រាន់តែ​បានអានការពណ៌នា​ក្នុងសៀវភៅ​។ ថ្វីត្បិតតែការនាំកូនតូចៗដើរកម្សាន្ត ត្រូវចំណាយលុយច្រើន តែ​វាទទួលបានផលប្រ-យោជន៍ច្រើនខ្លាំងណាស់សម្រាប់កុមារ ហេតុនេះអាណាព្យាបាលគួរពិចារណាពីការវិនិយោគដ៏ល្អនេះសម្រាប់កូនៗជាទីស្រឡាញ់គ្រប់គ្នា៕

  • គម្រោង​ពុះ​ដីឡូត៍​លក់​នៅតាម​ផ្លូវ​ក្រវាត់ក្រុង​ទី3 កំពុង​តែមាន​ភាព​សក​ម្ម​ខ្លាំង

    គម្រោង​ពុះ​ដីឡូត៍​លក់​នៅតាម​ផ្លូវ​ក្រវាត់ក្រុង​ទី3 កំពុង​តែមាន​ភាព​សក​ម្ម​ខ្លាំង

    បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី3 រួចមក សកម្មភាព​ពុះ​ដីឡូត៍​លក់​នៅតាម​បណ្ដោយ​ផ្លូវ​ក្រវាត់ក្រុង​ថ្មី​មួយ​នេះ​កំពុងមាន​សកម្មភាព​អ៊ូអរ​ជាបណ្តើរៗហើយ ទោះបីជា​កម្ពុជា​កំពុងស្ថិត​ក្នុង​ដំណើរ-​ការរៀបចំ​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​ហើយក៏​ដោយ។

    លោក លី សុបិន ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ដេលី រៀល​ធី​គ្រុបមានប្រសាសន៍​ទទួលស្គាល់​ថា ទោះបី​បច្ចុប្បន្ន​កម្ពុជា​បានបញ្ចប់​ដំណើរ-ការ​បោះឆ្នោត និង​ត្រៀម​ប្រកាស​គណៈរដ្ឋមន្ត្រី​ដើម្បី​ចូលកាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នៅពេលឆាប់ៗនេះ​ក៏ដោយ តែ​ក៏​ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​ ពិសេស​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី3 ដែល​ត​ភ្ជាប់​ពី​តំបន់​គល់ស្ពាន​ព្រែក​ព្នៅ ឆ្លងកាត់​តាមផ្លូវ​តំបន់​កប់​ស្រូវឆ្លងកាត់​ផ្លូវជាតិ​លេខ4 មក​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ1 ស្រុក​កៀនស្វាយ ខេត្តកណ្តាល​បច្ចុប្បន្ននេះ​កំពុងមាន​សកម្មភាព​អ៊ឹកធឹក​គគ្រឹកគគ្រេង​យ៉ាង​គួរឱ្យកត់សម្គាល់។

    លោក​បន្តថា ដូច​យើងទាំងអស់គ្នា​ឃើញស្រាប់​ហើយ​ថា ការបោះឆ្នោត​នៅ​កម្ពុ​ជាមាន​បរិយាកាស​ល្អប្រសើរ​ជាងឆ្នាំមុនៗ ស្ថិរភាព​នយោបាយ​បានផ្តល់​នូវ​ទំនុកចិត្ត​ទៅដល់​ប្រជាពលរដ្ឋ និង​វិនិយោគិនផ្សេងៗសម្រាប់ធ្វើ​ការប្រកបរ​បរ​អាជីវកម្ម​របស់​ខ្លួន ហើយ​អ្នកវិនិយោគ​មួយចំនួន​ដែលមាន​តម្រូវការ​សាច់ប្រាក់ ពួកគាត់​បានសម្រេច​ពុះ​ដីឡូត៍​លក់​យ៉ាង​គគ្រឹកគគ្រេង​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី3 នេះ ចំណែក​អតិថិជន​ក៏បាន​ឆ្លៀត​ចាប់យក​ឱកាស​នេះ​ទិញ​ដីឡូត៍​ទាំងនោះ​ទុក​លក់​យកប្រាក់​ចំណេញ​វិញ​នៅពេល​ខាងមុខ​ដែរ។

    លោក​ថា ដី​នៅ​តំបន់​តំបន់​កប់​ស្រូវ បច្ចុប្បន្ន​ហាក់​មានតម្លៃ​ឡើង​ខ្ពស់​ខ្លាំង​រួចទៅហើយ ដោយ​ដី​នៅជាប់​ផ្លូវធំ​មានតម្លៃ​ចាប់ពី 200ដុល្លារ ទៅដល់ 250ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ចុះ​ពី​ផ្លូវធំ​មានតម្លៃ 80 -150ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នោះ បានធ្វើឱ្យ​អតិថិជន​ក៏ដូចជា​ឈ្មួញកណ្ដាល​នាំគ្នា​ងាក​មករក​ទិញ​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី3នេះ​ត្រង់ចំណុច​ព្រែកកំពឹស ក្នុង​ខណ្ឌដង្កោ​វិញ​ម្តង ដោយសារ​ដី​នៅ​តំបន់​នោះ​មានតម្លៃ​ទាប​ជាង​ដី​នៅ​តំបន់​ទំនប់​កប់​ស្រូវ។ ដី​នៅលើ​ផ្លូវធំ​ក្នុងសង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោនេះ​មានតម្លៃ​ចន្លោះ​តែ​ពី 100ដុល្លារ ទៅ120ដុល្លារ​ប៉ុណ្ណោះ​នៅលើ​ផ្លូវធំ ហើយ​បើ​ដី​ចុះ​ពី​ផ្លូវធំ​ទៅវិញ​មានតម្លៃ​ត្រឹមតែ 50-80ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​អតិថិជន​ភាគច្រើន​ឆក់​ឱកាស​នេះទិញ​ដី​ទុក​លក់​យកប្រាក់​ចំណេញ​នៅពេល​ក្រោយ​យ៉ាង​កុះករ។ ចំណែក​អ្នកវិនិយោគ​មួយចំនួន​វិញ​បាន​ទិញ​ទុក​សម្រាប់​សាងសង់​រោងចក្រ​ឧស្សាហ-កម្ម និង​ឃ្លាំង​ស្តុក​ទំនិញ ហើយ​មួយចំនួនទៀត​កំពុង​រៀបចំ​ចាក់ដី​ដើម្បី​សាងសង់​ផ្ទះល្វែង​លក់ ដោយ​រំពឹងថា​ក្នុង​មួយ​ល្វែង​អាច​នឹងមានតម្លៃ​ប្រមាណ​ពី 50,000ដុល្លារ ទៅដល់ 60,000ដុល្លារ​ឯណោះ ខណៈដែល​បុរី​ពិភពថ្មី សង្កាត់​ព្រែកកំពឹស​ក៏​កំពុង​ដើរ​ប្រមូល​ទិញ​ដី​បន្ថែមទៀត​សម្រាប់​ពង្រីក​គម្រោង​អាជីវកម្ម​សាងសង់​ផ្ទះល្វែង​លក់​របស់ខ្លួន​ដែរ។

    ដីឡូត៍ដែលត្រូវបានពុះលក់

    ជាមួយគ្នានេះដែរ​លោក តាន់ ហុង​លី ភ្នាក់ងារ​ពុះ​ដីឡូត៍​លក់​នៅ​ជិត​រង្វង់​មូល​កួរស្រូវ សង្កាត់​ស្ពានថ្ម​ក្នុង​ខណ្ឌដង្កោ​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា នៅ​មុនពេល​បោះឆ្នោត សកម្មភាព​ទិញ​ដី​របស់​អតិថិជន​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច​ដែល​ដីឡូត៍​របស់លោក​ក៏ត្រូវ​បាន​ទុកចោល​មួយរយៈ​ដែរ ប៉ុន្តែ​បន្ទាប់ពី​បោះឆ្នោត​រួច​ភ្លាម អតិថិជន​បាននាំគ្នា​ដើររក​ទិញ​ដី​ច្រើន​គួរឱ្យកត់សម្គាល់ និង​សឹងតែ​មិន​ជឿ ព្រោះថា​ដីឡូត៍​របស់លោក​ត្រូវបាន​អតិថិជន​មក​កក់​ប្រាក់​ទិញ​ទុកជា​រៀងរាល់ថ្ងៃ ធ្វើឱ្យ​ដីឡូត៍​ដែល​ធ្លាប់​តែមាន​សភាព​ស្ងប់ស្ងាត់​នោះ ប្រែ​ជាមាន​សកម្មភាព​ក​ក្រើ​ក​ឡើងវិញ ហើយ​ថែមទាំង​លក់​ជិត​អស់​ទៀតផង។ លោក​ថា អ្វីដែល​ធ្វើឱ្យ​អតិថិជន​ងាក​មករក​ទិញ​ដី​នៅក្នុង​សង្កាត់​ព្រែកកំពឹស​នេះ គឺ​ដោយសារតែ​ដី​របស់លោក​នៅមាន​តម្លៃ​ទាប​នៅឡើយ មួយ​ឡូត៍​ទំហំ5 គុណ20ម៉ែត្រ​មានតម្លៃ​ត្រឹមតែ6,000ដុល្លារ ទៅ7,000ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដីឡូត៍​មួយចំនួន​បាន​ឡើងថ្លៃ​ខ្លាំង​រហូត​មួយ​ឡូត៍​មានតម្លៃ​ចន្លោះ​ពី 8,000ដុល្លារ ទៅដល់10,000ដុល្លារ​អស់​ទៅហើយ។

    លោក​ថា ដោយសារ​ការ​ពុះ​ដីឡូត៍​លក់​ហាក់​មាន​សកម្មភាព​ឡើងវិញ និង​មាន​អតិថិជន​មករក​ទិញ​ដី​ទុក​បន្ថែម​ច្រើន​ទៀត​នោះ លោក​ក៏បាន​រៀបចំ​ពុះ​ដីឡូត៍​មួយកន្លែង​ទៀត ដោយ​បម្រុង​លក់​ក្នុងតម្លៃ​ទាប​នៅ​ស្ថិត​តាមផ្លូវ​ក្រវាត់ក្រុង​ទី3ហ្នឹង​ដូចគ្នា​ដែរ តែ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ41 ដែល​ត​ភ្ជាប់​ពី​ភ្នំ​ប្រសិទ្ធិ៍​មក​ផ្សារ​ថ្នល់ទទឹង(ផ្លូវជាតិ​លេខ4) ដែលជា​ចំណុច​ត​ភ្ជាប់​រវាង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ។

    ចំណែក​លោក គង់ ពៅ ម្ចាស់​គម្រោង​ផ្ទះល្វែង​ដែល​នៅ​ជិត​ភ្នំ​ប្រសិទ្ធិ៍​ដែរនោះ​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន ទោះជា​កម្ពុជា​កំពុងដំណើរការ​រៀបចំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក៏ដោយ ប៉ុន្តែ​ទំនុកចិត្ត​វិនិយោគិន​បរទេស​ក៏​នៅតែមាន​សុទិដ្ឋិនិយម​សម្រាប់​ស្ថិរភាព​នយោបាយ​កម្ពុជា ឧទាហរណ៍ អ្នកវិនិយោគ​ជនជាតិ​ចិន​បានមក​សហការ​ជាមួយ​លោក​ទិញ​ដី​សាងសង់​ផ្ទះល្វែង​ដែលមាន​គុណភាព​ស្តង់ដារ​ដើម្បី​ដាក់លក់​ក្នុងតម្លៃ​ទាប​សមរម្យ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម​អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​រស់​នៅបាន​កាន់តែច្រើន​ឡើង ហើយក៏​នឹង​ផ្តល់ឱកាស​ឱ្យ​អាជីវករ​ដែល​ចង់​ទិញ​ផ្ទះ​ទុក​លក់​បន្ត អាច​លក់​ចេញ​ទៅវិញ​រកប្រាក់​ចំណេញ​បាន​ច្រើន​ដែរ៕

  • ចេក​នឹង​ក្លាយជា​ផលិតផល​នាំ​ចេញទៅ​ចិន ក្រោយ​ការចុះហត្ថលេខា​លើ​ពិធីសារ

    ចេក​នឹង​ក្លាយជា​ផលិតផល​នាំ​ចេញទៅ​ចិន ក្រោយ​ការចុះហត្ថលេខា​លើ​ពិធីសារ

    ដោយ​គ្មាន​ការកែប្រែ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម វេ​ង សាខុន របស់​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​ក្នុង​ពិធីសារ​ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​ចេក​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី2 ខែសីហា ឆ្នាំ2018 នៅ​ទីស្តីការ​ក្រសួងកសិកម្ម ដើម្បី​បើកទ្វារ​ឱ្យ​វិស័យ​ឯកជន​បាន​នាំ​ផលិតផល​ផ្លែ​ចេក​របស់ខ្លួន​ចូលទៅក្នុង​ទីផ្សារ​ប្រទេស​ចិន។

    ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​នេះ​ថា ការចុះហត្ថលេខា​ក្នុង​ពិធីសារ​ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ​នេះ គឺជា​ការបើកទ្វារ​ក្នុងការ​នាំយក​ផ្លែ​ចេក​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ និង​អតិថិជន​នៅក្នុង​ប្រទេស​ចិន។ ការចុះ​ពិធីសារ​នា​ថ្ងៃនេះ គឺជា​ការឆ្លើយតប​រប​ស់ភា​គី​ចិន​តាម​សំណើ​របស់​ភាគី​កម្ពុជា តាមរយៈ​ក្រុមការងារ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បានចាប់ផ្តើម​ចរចា​ទីផ្សារ​នេះ​ជាមួយ​ភាគី​ចិន​ឡើងវិញ និង​បាន​ឯកភាពគ្នា​លើ​សេចក្តីព្រាង កាលពី​ថ្ងៃទី25 ខែកញ្ញា ឆ្នាំ2014កន្លងទៅ​នៅ​សហភាព​មី​យ៉ាន់​ម៉ា។

    ពិធីចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេកអំបូងចេញទៅកាន់ប្រទេសចិន

    ឯកឧត្តម រដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរថា៖ “ជាមួយនឹង​លទ្ធផល​ដែល​ទទួលបាន​បន្ថែម​នៅថ្ងៃនេះ គឺ​ភាគី​កម្ពុជា​យើង​បាន និង​កំពុង​បន្ត​ស្នើសុំ​ទៅ​ភាគី​ចិន​ឱ្យ​ពិនិត្យ​លទ្ធភាព និង​ព​ន្លឿ​ន​ការងារ​បន្ថែម​ក្នុងការ​នាំចូល​ផលិតផល​កសិកម្ម​ចាំបាច់​មួយចំនួនទៀត​ទៅ​កាន់​ទីផ្សារ​ចិន ដែលមាន​ដូចជា ផ្លែស្វាយ ផ្លែ​មៀន(តា​ង៉ែ​ន)ផ្លែ​ស្រកានាគ ម្រេច ផ្លែ​ដូង និង​សម្បុក​ទឹកមាត់​សត្វ​ត្រចៀកកាំ សម្រាប់ធ្វើ​ការនាំ-​ចេញទៅ​ប្រទេស​ចិន​ជា​បន្តទៀត”។

    ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយក-ដ្ឋាន​កសិកម្ម បាន​មានប្រសាសន៍ថា រដ្ឋា​ភិបាល​កម្ពុជា​សម្រេច​គោលដៅ​ជា​លទ្ធផល​ជោគជ័យ​នៅថ្ងៃនេះ គឺ​បានមកពី​ការចរចា​របស់​រដ្ឋាភិបាលនិង​ភាគី​ចិន ហើយ​យើង​នឹង​ខិតខំ​ជំរុញ​បន្ថែម​សម្រាប់​ផលិតផល​កសិកម្ម​ដទៃ​ទៀត ដូច​ប្រសាសន៍​ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​អ៊ីចឹង។

    ឯកឧត្តម វណ្ណ​ហន បាន​មានប្រសាសន៍ថា ចេក-អំបូង ចេកពងមាន់ និង​ចេកណាំវ៉ា ក្នុងស្រុក​មិនទាន់​បំពេញបាន​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន​នៅឡើយ​ទេ ទាំង​គុណភាព និង​រសជាតិ ព្រោះ​វា​មិន​ធន់ឆាប់​ខូច​ពេល​ដឹកជញ្ជូន និង​រក្សាទុក​មិនបាន​យូរ។ ឯ​ចេក​ដែល​អន្តរជាតិ​គេ​និយម​ចូលចិត្ត​នោះ​គឺ​ពូជ​ចេកអំបូង​ពណ៌​លឿង។ ដូច្នេះ​កម្ពុជា​នឹង​នាំចូល​ដំណាំ​ចេកអំបូង​ពណ៌​លឿង​ពី​ប្រទេស​ចិន និង​ហ្វីលីពីន​មក​ពង្រីក​ការដាំដុះ គឺជា​ចេក​ដែល​ត្រូវ​នាំចេញ។ បច្ចុប្បន្ន​យើង​មាន​ផ្ទៃដី​ចំនួន 5,000ហិកតា​ដែលមាន​កសិដ្ឋាន​ចំនួន 3កន្លែង​ដែល​នឹងធ្វើ​ការពង្រីកបន្តទៀត ដែល​កសិដ្ឋាន​ទាំងនោះ​មាននៅ​ក្នុង​ខេត្តរតនគិរី ខេត្តក្រចេះ និង​កំពត ជា​កសិដ្ឋានធំៗដែល​ឯកជន​គេ​បោះទុន​វិនិយោគ ដែល​ចំនួន​នេះ​យើង​អាចធ្វើ​ការនាំចេញ​ផ្លែ​ចេក​បាន​ចំនួន 30ម៉ឺន​តោន​ក្នុង1ឆ្នាំ។

    ឯកឧត្តម​បាន​មានប្រសាសន៍​បន្ថែមថា កន្លងមក​កម្ពុជា​បាន​នាំចេញ​ចេក​រួចមកហើយ ដោយបាន​ដាំ​នៅក្នុង​ខេត្តរតនគិរី តែ​មិនមែន​នាំ​ចេញទៅ​ប្រទេស​ចិន​ទេ គឺ​នាំទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​លោក​បានពន្យល់ថា ចម្ការ​ទាំងនោះ​ជា​របស់​ក្រុមហ៊ុន​វៀតណាម​ខ្លួនឯង តែ​ឥឡូវ​យើង​បើក​ទីផ្សារ​ទៅកាន់​ប្រទេស​ចិន​មួយទៀត ហើយ​ចេក​នឹង​ក្លាយជា​ផលិតផល​កសិកម្ម​ទី 4 ដែល​នឹង​នាំ​ចេញពី​កម្ពុជា​ទៅ​ចិន​បន្ទាប់ពី​ពោត ដំឡូង​មី និង​អង្ករ។

    ឯកឧត្តម វណ្ណ​ហន បាន​មានប្រសាសន៍​ទៀតថា៖ “តម្លៃ​នៃ​ពិធីសារ​នេះ គឺ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។ ទី1 គេ​ហៅថា របាំង​ភូតគាម​អនាម័យ​ដែល​វា​មាន​សារៈសំខាន់​ណាស់។ សំខាន់​គេ​មិន​ឱ្យមាន​សំណល់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​លើស​កម្រិត​កំណត់។ ទី2សំដៅ​ទៅលើ​ថា មិនឱ្យ​ចម្លង​នូវ​សមាសធាតុ​ឆ្លង​ទូទៅ​ដែល​អាច​ចម្លង​នៅក្នុង​ផលិតផល”។

    ឯកឧត្តម​បញ្ជាក់ថា ការលើកឡើង​នេះ​មិនមែន​មានន័យថា កម្ពុ​ជាមាន​អ្វី​អាក្រក់​ជាងគេ​នោះទេ តែ​ជាការ​ទទួលស្គាល់​ភូតគាម​អនាម័យ​អន្តរជាតិ។ មានន័យថា យើង​ក៏​ទប់ស្កាត់​សមាសភាព​មេរោគ​ចង្រៃ​មិនឱ្យ​ចូលមក​កម្ពុជា​ដែរ ដូច្នេះ​បំណង​សំខាន់​នៃ​ពិធីសារ​នេះ គឺ​ការពារ​សុខភាព​អ្នក​ហូបចុក​ផលិតផល​ដែល​នាំ​ចេញពី​កម្ពុជា ដែល​ត្រូវតែ​ពិនិត្យមើលធ្វើ​ម៉េច​កុំឱ្យ​មានការ​ចម្លង ឬ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស និង​ក៏​អាច​ការពារ​បាន​នូវ​ភូតគាម​អនាម័យ​ដែល​អាច​ចម្លង​ដល់​វិស័យ​កសិកម្ម​នៅ​ប្រទេស​ចិន​ផងដែរ។ អ្នក​ដាំ​ដំណាំ​ចេក និង​អ្នក​នាំចេញ​ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ​ដ៏​តឹងរ៉ឹង សម្រាប់​ស្តង់ដារ​អនាម័យ និង​ជីវសាស្ត្រ​ដែល​ត្រូវការ​នៅក្នុង​ប្រទេស​ចិន ព្រោះ​គេ​បាន​អនុវត្ត​សម្រាប់​ប្រជាជន​គេ បាន​យ៉ាង​ល្អ​ហើយ។

    ចេកអំបូង​ពណ៌​លឿង

    ឯកឧត្តម ហ៊ាន វណ្ណ​ហន ក៏បាន​ប្រាប់​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ​តាម​ទូរស័ព្ទ​ដែរ​ថា ក្រោយ​ការចុះហត្ថលេខា​លើ​ពិធីសារ​នេះ កសិករ​ក្នុងស្រុក និង​ម្ចាស់​ក្រុមហ៊ុន​អ្នក​នាំចេញ​ដែល​ចាប់អារម្មណ៍​នឹង​ទីផ្សារប្រទេស​ចិន​នេះ នឹងត្រូវ​រូតរះ​ទាក់ទង​មក​អគ្គនាយកដ្ឋាន​កសិក​ម្ម ដើម្បី​ធ្វើការ​ចុះបញ្ជី​ទ​ទូល​ស្គាល់​ចម្ការកន្លែង​វេច​ខ្ចប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការនាំចេញ និង​ចាំបាច់​ត្រូវគោរព​គោលការណ៍​ណែនាំ និង​នីតិវិធី​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ឱ្យ​ចេក​ដែល​នាំចេញ​មាន​អនុលោមភាព​តាម​លក្ខខណ្ឌ​តម្រូវ​ក្នុង​ពិធីសារ​នេះក៏ដូចជា​ដើម្បី​និរន្តរភាព​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា​ផងដែរ។

    កសិករ​ក្នុងស្រុក ម្ចាស់​កសិដ្ឋាន និង​ម្ចាស់​ក្រុមហ៊ុន​អ្នក​នាំចេញ​ត្រូវមាន​ភាព​វៃឆ្លាត​ក្នុងការ​បង្កើត​ផលិតផល​របស់ខ្លួន​ដើម្បី​ការប្រកួតប្រជែង​ទីផ្សារ​នាំចេញ​មួយ​នេះ​ឱ្យ​ទទួលបាន​នូវ​ជោគជ័យ​ក្នុង​ទិន្នន័យ​ដែល​អាច​ទទួលយកបាន​សម្រាប់​ខ្លួនឯង​ផង និង​សម្រាប់​ប្រទេសជាតិ​ផងដែរ។

    ឯកឧត្តម​ក៏បាន​ឱ្យដឹងទៀតថា ចេកអំបូង​ជា​ផ្លូវការ ធ្លាប់​ត្រូវបាន​នាំ​ចេញពី​កម្ពុជា​ចំនួន 100តោន(5ទូ​កុងតឺន័រ​ត្រជាក់ 40ហ្វី​ត) ជា​ផ្លែ​ចេកអំបូង​លឿង(ពូជ​នាំចូល)ដែល​ដាំ​នៅ​ចម្ការ​ក្នុង​ខេត្តរតនគិរី របស់​ក្រុមហ៊ុន ហុង​អា​ញ់​អណ្តូង​មាស ដែល​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផ្ទៃដី​ចំនួន 10,000ហិកតា​សម្រាប់​ផលិត​ផ្លែឈើ​នាំចេញ ចំណែក​ចម្ការចេក​ដែលមាន​ចំនួន1,000ហិកតា កំពុងតែ​ប្រមូល​ផល និង​នាំចេញបណ្តើរៗ។ ចេកអំបូង​លឿង​នេះ អាច​រក្សាទុក​បាន​រយៈ​ពេល​យូរ​រហូតដល់​ទៅ 3ខែ បន្ទាប់ពី​ប្រមូល​ផល​បាន និង​រក្សាទុក​នៅក្នុង​បន្ទប់​ត្រជាក់​សម្រាប់​ការនាំចេញ។

    សូមបញ្ជាក់ថា ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​នៅ​ឆ្នាំ2017 មាន​អង្ករចំនួន​ជិត 200ពាន់​តោន ផលិតផល​ដំឡូង​មី​ក្រៀម និង​ម្សៅ​សរុប​ចំនួន​ជាង 58ពាន់​តោន កៅស៊ូ​ចំនួន 3,340តោន ស្ករអំពៅ​ចំនួន 14,940តោន និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត៕

  • មោទនភាព លោក សូរ ស្រណោះ ត្រូវបានជប៉ុនផ្តល់កិត្តិយស ជាគណៈកម្មការអន្តរជាតិ

    មោទនភាព លោក សូរ ស្រណោះ ត្រូវបានជប៉ុនផ្តល់កិត្តិយស ជាគណៈកម្មការអន្តរជាតិ

    ជាមោទនភាពមួយសម្រាប់អ្នកសិល្បៈកម្ពុជា ជាពិសេសអ្នកស្ថិតនៅក្នុងចង្កោមតន្ដ្រីករ ខណៈដែលមានអ្នកតំណាងប្រទេស គឺលោក សូ ស្រណោះ ដែលស្គាល់ថាជាបណ្ឌិតខាងផ្នែកព្យាណូចប់មកពីប្រទេសជប៉ុន ត្រូវបានគណកម្មការរបស់ជប៉ុនជ្រើសយករូបលោកឱ្យធ្វើគណៈកម្មការចម្រុះដែលមកពី6ប្រទេសចូលរួមផ្តល់ពិន្ទុ និងវាយតម្លៃនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតបង្ហាញទេពកោសល្យខាងព្យាណូ ដែលកំពុងធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសថៃ។

    បណ្ឌិតតន្ត្រីករខាងផ្នែកព្យាណូ លោក សូ ស្រណោះ បានធ្វើដំណើរចាកចេញពីកម្ពុជាកាលពីល្ងាចថ្ងៃទី21 ខែកក្កដា កន្លងទៅ ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីបំពេញនាទីជាគណៈកម្មការផ្តល់ពិន្ទុ និងវាយតម្លៃលើបេក្ខភាពចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការទេពកោសល្យព្យាណូដ៏ធំប្រចាំឆ្នាំ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភ្ជាប់ជាមួយនឹងវគ្គចុងក្រោយដ៏សំខាន់ ក្រោមការរៀបចំឡើងដោយស្ថាប័នពាក់ព័ន្ធប្រចាំប្រទេសថៃ រួមជាមួយគណៈកម្មការរបស់ប្រទេសជប៉ុន។

    ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ លោក សូ ស្រណោះ បានបញ្ជាក់ថា ដំណើរទៅក្រៅប្រទេសលើកនេះ មិនមែនជាលើកទី1នោះទេ ដោយសារតែពេលកន្លងមក លោកក៏ត្រូវបានគណៈកម្មការអន្តរជាតិ ជ្រើសឱ្យធ្វើជាគណៈកម្មការផ្ដល់ពិន្ទុក្នុងការប្រកួតព្យាណូនៅក្រៅប្រទេសចំនួន4លើករួចមកហើយ។ ការប្រកួតនៅក្នុងប្រទេសថៃលើកនេះ លោកថា ភាគីជប៉ុន ដែលជាអ្នករៀបចំ បានធ្វើការប្រកួតជម្រុះចំនួន3ខែមកហើយ ដោយលោកទើបតែត្រូវបានគណៈកម្មការជប៉ុនជ្រើសឱ្យធ្វើជាគណៈកម្មការផ្ដល់ពិន្ទុ ក្នុងពេលការប្រកួតកំពុងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។ លោកថា កាតព្វកិច្ចលើកនេះ គឺតំណាងឱ្យកម្ពុជា ធ្វើជាអ្នកកាត់ក្ដី ក្នុងចំណោមគណៈកម្មការផ្ដល់ពិន្ទុមកពីជប៉ុន និងថៃផ្សេងទៀត ដើម្បីជ្រើសរើសអ្នកពូកែផ្នែកព្យាណូម្នាក់ ឱ្យក្លាយជាម្ចាស់ពាននៅក្នុងប្រទេសថៃ ខណ:ដែលការប្រកួតនេះ គឺមានតែជនជាតិថៃប៉ុណ្ណោះជាបេក្ខជន។ លោក​ សូ ស្រណោះ បានបញ្ជាក់ថា លោកនឹងស្នើឱ្យគណៈកម្មការរៀបចំចាប់អារម្មណ៍មកធ្វើព្រឹត្តិការណ៍នេះនៅក្នុងប្រទេសកម្ពុជា ឬយ៉ាងហោចណាស់ ក៏ស្នើឱ្យព្រឹត្តិការណ៍នេះ មានការចូលប្រកួតពីអ្នកជំនាញផ្នែកព្យាណូមកពីប្រទេសផ្សេងៗ ដើម្បីឱ្យលោកអាចបញ្ជូនសិស្សរបស់ខ្លួន ដែលតំណាងឱ្យកម្ពុជា ចូលរួមប្រកួត និងបង្ហាញសមត្ថភាពផងដែរ។

    គួររំឭកផងដែរថា លោក សូ ស្រណោះ កាលពីពេលកន្លងទៅធ្លាប់បានបង្ហាញឆន្ទៈ និងមហិច្ឆិតារបស់ខ្លួនក្នុងការនាំយកអ្នកមានទេពកោសល្យខាងផ្នែកព្យាណូតំណាងកម្ពុជា ចូលរួមបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ ខណៈដែលបច្ចុប្បន្ន លោកក៏បានបង្កើតជាសាលាបង្រៀនតូរ្យតន្រ្តីនៅម្ដុំបឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមការអញ្ជើញអ្នកជំនាញមកពីបរទេសជាច្រើនដែលក្នុងនោះភាគច្រើនសុទ្ធតែមានកម្រិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតតន្ត្រីផងដែរ៕

  • ដំណាំ ម្រះ

    ដំណាំ ម្រះ

    Momordica charantia Linn ឬឈ្មោះជាភាសាខ្មែរហៅថា ម្រះ ជារុក្ខជាតិមានដើមជាវល្លិ៍ចូលចិត្តដុះដីធូរ និងមិនមានទឹកដក់។ ម្រះដែលគេនិយមដាំយ៉ាងទូលំទូលាយនោះមាន 2ប្រភេទគឺ ម្រះអាចម៍ចាប ដែលមានលក្ខណៈផ្លែតូចខ្លីមានរសជាតិល្វីងខ្លាំង សាច់ក្រៅគ្រើមធំៗជារាងបន្លា មានសាច់ស្ដើង ងាយស្រួលដាំ និងសម្បូរផ្លែ គេនិយមយកមកស្រុសទទួលទានធ្វើជាអន្លក់ញ៉ាំជាមួយទឹកគ្រឿង ឬប្រហុក។ ឯមួយប្រភេទទៀតគឺ ម្រះចិន ជាពូជដែលនាំចូលមកពីប្រទេសចិន មានផ្លែធំៗ វែងប្រវែង20-30សង់ទីម៉ែត្រ មានពណ៌បៃតងខ្ចី សាច់ក្រាស់មានរសជាតិល្វីងតែបន្តិចបន្តួចប៉ុណ្ណោះ គេនិយមបរិភោគច្រើន ដោយ-សារតែអាចយកមកច្នៃជាម្ហូបបានច្រើនប្រភេទដូចជាស្ងោរ ខ ឆា ញាំ ឬស្រុសជ្រលក់ទឹកគ្រឿងក៏បាន។

    ** ការដាំដុះ
    • ការត្រៀមដី : អាចធ្វើបានដូចគ្នានឹងការត្រៀមដីសម្រាប់ដំណាំវារឡើងទ្រើងឯទៀតៗដែរ។ ដោយសារម្រះជារុក្ខជាតិដែលមានប្រព័ន្ធឫសចាក់ជ្រៅកម្រិតកណ្ដាល ដូច្នេះគួរភ្ជួរដីឱ្យជ្រៅទៅក្រោមប្រមាណជា 25 – 30សង់ទីម៉ែត្រហាលដីសម្លាប់ស្មៅ និងសត្វល្អិតសត្រូវដំណាំចោលប្រមាណ7-10ថ្ងៃ បន្ទាប់មកដាក់ជីលាមកគោ ឬជីកំប៉ុសឱ្យសព្វពេញដី មុននឹងរាស់ជ្រួយដីឱ្យបែកល្អិតម្ដងទៀត រួចទើបលើកជារងតាមលក្ខណៈផ្ទៃដីដាំដុះ ទុកចន្លោះផ្លូវដើរកណ្ដាលរង ដើម្បីងាយស្រួលក្នុងការមើលថែទាំ។

    ** វិធីការដាំដុះ : ការបណ្ដុះគ្រាប់ម្រះជាមុនមុននឹងយកទៅដាក់ដាំ នឹងធ្វើឱ្យទទួលបានទិន្នផលល្អបំផុត។ ការបណ្ដុះគ្រាប់ម្រះអាចធ្វើបានតាម 3វិធីដូចខាងក្រោម ៖
    • វិធីទី 1 ការបណ្ដុះកូននៅលើរង : ការបណ្ដុះកូនដោយវិធីនេះត្រូវជ្រួយដីឱ្យធូរ លាយជាមួយជីលាមកគោ ដើម្បីឱ្យដីកាន់តែធូរខ្លាំងឡើង។ យកគ្រាប់ម្រះមកដាក់ដាំបណ្ដុះជាជួរឆ្ងាយពីគ្នា3សង់ទីម៉ែត្រ រោយលុបដោយដីកម្រាស់ 2 – 3សង់ទីម៉ែត្រ យកចំបើងស្ងួតគ្របពីលើរង រួចស្រោចទឹក 3 – 4ថ្ងៃ។ រង់ចាំរហូតដល់កូនម្រះលាស់ស្លឹក 2សន្លឹក អាយុប្រមាណ 10ថ្ងៃ ទើបអាចដកយកទៅបំបែកដាំលើរងផ្សេងបាន តែមុននឹងដកកូនម្រះ ត្រូវស្រោចទឹកឱ្យជោគដីជាមុនសិន ដើម្បីកុំឱ្យកូនម្រះខូចខាតបាក់ជាំខ្លាំងពេកក្នុងពេលដក។

    • វិធីទី 2 ការបណ្ដុះក្នុងថង់ក្រដាស : ចូរយកដីលាយជីលាមកគោដាក់ចូលក្នុងថង់ក្រដាសទំហំ 7 x 8សង់ទីម៉ែត្រត្រៀមទុកជាស្រេច បន្ទាប់មកចូរយកគ្រាប់ម្រះទៅត្រាំទឹកប្រហែល 1ម៉ោងមុននឹងស្រង់យកមកបណ្ដុះនៅក្នុងថង់ 1ថង់ 1គ្រាប់ ស្រោចទឹកឱ្យសើមជោកល្មម។ នៅពេលកូនម្រះលាស់ស្លឹកឡើង 2សន្លឹក សឹមលើកយកទៅដាក់ដាំនៅលើរង។

    • និងវិធីទី 3 ការបណ្ដុះជារួម : ស្រដៀងនឹងការបណ្ដុះសណ្ដែកបណ្ដុះដែរ ដោយត្រូវយកគ្រាប់ម្រះមកដាក់ត្រាំក្នុងទឹកទុកចោលប្រមាណ 1ម៉ោង មុននឹងស្រង់យកមករុំខ្ចប់ដោយក្រណាត់សើមប្រមាណជា 2 – 3ថ្ងៃ រហូតទាល់តែឫសចាប់ផ្ដើមដុះចេញមកពីគ្រាប់។ ចូរជ្រើសរើសគ្រាប់ណាដែលមានឫសដុះចេញមកល្អយកទៅដាក់ដាំ។

    នៅពេលបានកូនម្រះ និងត្រៀមដីរួចរាល់ហើយ ចូររៀបចំចម្ងាយក្នុងការដាក់ដាំរវាងជួរនីមួយៗប្រមាណ 1ម៉ែត្រ ដោយត្រូវជីកជារណ្ដៅតូចៗជម្រៅប្រមាណ20-30សង់ទីម៉ែត្រដាក់ជីលាមកគោទ្រាប់បាតរណ្ដៅក្នុងមួយរណ្ដៅប្រមាណ200-300ក្រាម។ យកកូនម្រះមកដាក់ដាំក្នុងមួយរណ្ដៅ 2ដើម មុននឹងរោយដីលុប។ ការដាំម្រះចាំបាច់ត្រូវតែធ្វើទ្រើងឱ្យរឹងមាំ ដើម្បីឱ្យដើមម្រះធំធាត់លូតលាស់ឡើង និងហុចផលបានល្អ។

    ** វិធីមើលថែទាំ
    • ការស្រោចទឹក : គួរស្រោចទឹករៀងរាល់ថ្ងៃក្នុងរដូវក្ដៅ និងឈប់ស្រោចខ្លះក្នុងរដូវភ្លៀង។

    •ការដាក់ជី : សម្រាប់ការដាក់ជីចែកចេញជា3ដំណាក់កាល គឺ ដំណាក់កាលត្រៀមដី ឬដាក់ជីទ្រាប់បាតរណ្ដៅ។ ដំណាក់កាលទី 2 ក្នុងអំឡុងពេលដាក់ដាំកូនម្រះហើយបាន 7ថ្ងៃ ឬពេលកូនម្រះចាប់ផ្ដើមរឹងមាំល្អហើយ និងដំណាក់កាលចុងក្រោយ គឺការដាក់ជីនៅពេលដើមម្រះមានអាយុបាន 30ថ្ងៃ។

    • ការការពារ និងកម្ចាត់សត្រូវដំណាំ : នៅពេលដើមម្រះអាយុបាន 40ថ្ងៃ នឹងចាប់ផ្ដើមចេញផ្កា ដែលមានជាប់ក្ដឹបទំហំប៉ុនចុងម្រាមកូនដៃ។ ត្រូវចាប់ផ្ដើមរុំខ្ចប់ក្ដឹបម្រះដោយប្រើក្រដាសកាសែតបត់ធ្វើជាថង់ទំហំ 15 x 20សង់ទីម៉ែត្រ ដើម្បីការពារក្នុងរឿងសត្វល្អិតសត្រូវដំណាំដែលចូលមកបំផ្លាញ និងជួយឱ្យផ្លែម្រះមានពណ៌បៃតងខ្ចីស្រស់គួរឱ្យចង់ទទួលទាន។

    ** វិធីប្រមូលផល
    ម្រះ អាចហៅបានថាជារុក្ខជាតិដែលមានអាយុខ្លី ដោយរាប់ពីថ្ងៃដែលចាប់ផ្ដើមដាំ រហូតដល់ថ្ងៃប្រមូលផលបាន គឺប្រមាណជា 45 – 55ថ្ងៃ អាស្រ័យលើពូជដែលយើងជ្រើសរើសដាំ។ ម្រះនឹងឱ្យទិន្នផលជាជំនាន់ៗ ដោយជំនាន់ដំបូងគេហៅថា ម្រះជាប់ដី ឬម្រះដើមដៃ ផ្លែមានលក្ខណៈធំធាត់ តែខ្លី ផ្លែច្រើនតែស្ថិតនៅនឹងគល់ដើមក្បែរៗដី អាចបេះបានមួយថ្ងៃខានមួយថ្ងៃ។នៅពេលប្រមូលផលបាន 3ដង ក៏នឹងដល់ម្រះជំនាន់តូច ឬគេហៅថា ម្រះចុងដើម ផ្លែនឹងមានខ្នាតតូចជាងមុន។ ក្នុងការប្រមូលផលផ្លែម្រះគួរជ្រើសរើសបេះផ្លែដែលនៅខ្ចី មានពណ៌បៃតង​ និងមានខ្នាតធំតាមដែលត្រូវការបរិភោគ៕

  • ចំណេះដឹងថ្មីៗ ល្អៗ ដែល​ស្ត្រី​ទាំងអស់​គួរ​បានដឹង មុនពេល​សម្រេចចិត្ត​មានគភ៌

    ចំណេះដឹងថ្មីៗ ល្អៗ ដែល​ស្ត្រី​ទាំងអស់​គួរ​បានដឹង មុនពេល​សម្រេចចិត្ត​មានគភ៌

    ការសម្រេចចិត្ត​មានគភ៌(យក​បុត្រ) គឺជា​រឿង​មួយ​ដែល​ស្ត្រី​ទាំងឡាយ​បានគិត​គូរ ពិចារណា ហើយថែមទាំង​បាន​ពិភាក្សា​ជាមួយ​គូជីវិត(ស្វាមី) យ៉ាង​ល្អិតល្អន់​ច្បាស់លាស់​ហើយ​ទៀតផង។ ដូច្នេះ​ខាងក្រោម​តទៅ​នេះ​គឺជា​ចំណេះដឹងល្អៗដែល​ស្ត្រី​ទាំងឡាយ​គួរតែ​បានដឹង​ទុកជា​ចំណេះដឹង ​ដើម្បី​ដំណើរ​ជីវិត​ឱ្យ​បានល្អ​ក្នុងអំឡុងពេល​តាំង​គភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេល​ស្ត្រី​មានគភ៌​មាន​សុខភាព​ល្អ​ទាំង​កាយ និង​ចិត្ត​នោះ កូន​សម្លាញ់​ដែល​នៅក្នុង​ផ្ទៃ​ក៏​នឹងមាន​សុខ​ភាពល្អ​ដូចគ្នា​ដែរ។

    1. ស្ត្រី​ធាត់ ប៉ះពាល់​ផ្លូវចិត្ត​ទារក
    ការតាមដាន​លទ្ធផល​ថយ​ទៅក្រោយ​វិញ​នៅលើ​មនុស្ស​ចំនួន2,303នាក់​ដែលមាន​អាយុ​ជា​មធ្យម20ឆ្នាំ និង​មាន​បុរស​ជិត​ពាក់កណ្ដាល​នោះ បាន​រកឃើញថា បន្ទាប់ពី​កាត់​ឥទ្ធិពល​រឿង​អាយុ​របស់​ម្ដាយ ការសិក្សា និង​ប្រាក់ចំណូល សភាវ​ជ្រៀតជ្រែក​នៅពេល​ប្រសូត​ចេញ​ហើយការដែល​ពួកគេ​មាន​ម្ដាយ​ធាត់ ឬ​មាន​ទម្ងន់​ខ្លួន​លើសពី​កំណត់​កម្រិត​មុនពេល​តាំង​គភ៌​នោះ បាន​បង្កើន​ភាព​ប្រថុយប្រថាន​ដល់​កូន​ដែល​អាច​នឹងមាន​អាការ​គិត ឬ​ធ្វើ​អ្វី​ផ្ដេសផ្ដាស់​នៅពេល​មាន​អាយុ20ឆ្នាំ​ឡើង រហូតដល់​ទៅ54%ឯណោះ។

    យន្តការ​ដែល​នៅ​ពីក្រោយ​សម្ព័ន្ធភាព​នេះ​នៅ​មិនទាន់​ប្រាកដ​ច្បាស់​នៅឡើយ តែ​អាច​នឹង​ពាក់ព័ន្ធ​នឹង​ការដែល​ពួកគេ​មាន​ម្ដាយ​ធាត់​ ហើយ​បង្កើន​ភាព​ប្រថុយប្រថាន​ដល់​សភាវ​ជ្រៀតជ្រែក​នៅពេល​កើតជំងឺ​ពាក់ព័ន្ធ​នឹង​មេ​តា​បូ​លី​ហ្ស៊ឹ​ម និង​ម៉ូ​លី​គុល​ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ក្លាយ​រលាកជាដើម។ ដូច្នេះហើយ​ទើប​ការត្រៀមខ្លួន​ធ្វើជា​អ្នក​ម្ដាយ ត្រូវ​ចាប់ផ្ដើម​តាំងពី​ពេលមុន​តាំង​គភ៌​ឯណោះ ហើយ​ភោជនាហារ​ក៏​រាប់​ថា​ជា​បច្ច័យ​មួយ​ដែល​នឹង​នាំ​ឆ្ពោះទៅរក​ការតាំង​គភ៌​ដែល​ទទួលបាន​ជោគជ័យ​ដែរ។

    2. តើ​អាយុ​មាន​ផលប៉ះពាល់​ដល់​ការតាំង​គភ៌​មែនឬ?
    សំណួរ : តើ​អាយុ​មាន​ផលប៉ះពាល់​ដល់​ការតាំង​គភ៌​មែនឬ? តើ​អ្វីដែល​គេ​តែង​និយាយថា បើ​មានកូន​ពេល​អាយុ​ច្រើន កូន​ប្រសូត​ចេញមក​ហើយ​អាច​នឹងមាន​សតិបញ្ញា​មិនសូវ​ល្អ(មិនសូវ​គ្រប់ទឹក) តើ​មែន​ឬទេ? ហើយ​ព្រោះ​អ្វី?
    ចម្លើយ : តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​តាំង​គភ៌​ក្រោយ​អាយុ35ឆ្នាំ​ឡើងទៅ មានឱកាស​កើត​បញ្ហា​ក្នុងការ​តាំង​គភ៌​ទាំង​លើ​ម្ដាយ និង​ទារក ច្រើនជាង​ស្ត្រី​ដែល​តាំង​គភ៌​ក្នុង​អាយុ​តិចជាង35ឆ្នាំ ហើយ​បញ្ហា​មួយទៀត​នោះ​ក៏​គឺ ភាព​រឹងប៉ឹង​មាំមួន​របស់​ទារក​ក្នុង​គភ៌ដូចជា មានឱកាស​ក្នុងការ​កើតមក​មានប​ញ្ហា​ខាងខួរក្បាល និង​រាងកាយ​បាន ដូច្នេះ​បើ​ស្ត្រី​ណា​ម្នាក់​តាំង​គភ៌​ក្រោយ​អាយុ35ឆ្នាំ​នោះ គ្រូពេទ្យ​នឹងធ្វើ​ការពិនិត្យ​ទឹកភ្លោះ ដើម្បី​វិនិច្ឆ័យ​ទារក​ក្នុង​គភ៌​ថា តើ​មាន​ភាពខុសប្រក្រតី​ខាង​ក្រូ​ម៉ូ​ហ្សូ​ម​ឬទេ?

    3. ចង់បាន​កូនភ្លោះ ប្រុស1 ស្រី1 តើ​អាចធ្វើ​បានទេ?
    សំណួរ : នាង​ខ្ញុំ​ចង់បាន​កូនភ្លោះ​បែប​ប្រុស1 ស្រី1 តើ​សម័យនេះ​អាចធ្វើ​បាន​ឬទេ?
    ចម្លើយ : ការ​មានកូន​ភ្លោះ ជាការ​តាំង​គភ៌​ដែល​មិន​ប្រក្រតី​តាម​ធម្មជាតិ ដែល​នឹងមាន​បញ្ហា​កើតឡើង​ជាច្រើន​ក្នុងអំឡុង​ការមើល​ថែទាំ​គភ៌ ដូច្នេះ​ប្រហែលជា​ពិបាក​ខ្លាំងណាស់​ដែល​នឹងមាន​លោកគ្រូ​ពេទ្យ​ណា​ម្នាក់​ធ្វើបាន​តាម​ស្តង់ដារ​ខាង​វេជ្ជសាស្ត្រ​អាច​ផ្ដល់​សេវាកម្ម​ដល់​អ្នកស្រី​បាន​តាម​តម្រូវការ​នេះ។ តែបើ​តាម​ទ្រឹស្ដី​វិញ គឺអាច​ធ្វើបាន​ដោយ​ការធ្វើ​បដិសន្ធិ​ខាងក្រៅ​រាងកាយ ដែល​គេ​ហៅថា​ទារក​បំពង់​កែវ និង​ពិនិត្យ​មើល
    ក្រូ​ម៉ូ​ហ្សូ​ម​ភេទ​ពេលដែល​នៅ​ជា​តួ​កំណើត មុននឹង​ដាក់ចូល​ទៅវិញ។ យ៉ាងណាក៏ដោយ ទោះជា​ដាក់ចូល​ទៅវិញ​មែន តែ​ប្រភេទ​ប្រុស1 ស្រី1នេះ​ក៏​មិនបាន​មានន័យថា ទាំងពីរ​នឹង​ចម្រើន​ធំធាត់ប៉ុនៗគ្នា​ដែរ អាច​នឹង​ស្វិត​មួយ ឬ​ស្វិត​ទាំងពីរ​ក៏មាន(ពិបាក​ថែទាំ) ហើយ​ថ្លៃ​ចាយវាយ​ដ៏​សែន​ថ្លៃ​កប់​ពពក​នោះ​ក៏​នឹង​ក្លាយជា​អាសា​ឥត​ការ​ទៅ​ដែរ។

    4. ផ្សែង និង​ក្លិន​បារី​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​គភ៌
    ក្នុងអំឡុងពេល​តាំង​គភ៌ ស្ត្រី​មានគភ៌​មិនគួរ​នៅ​ជិត​អ្នក​ជក់បារី​ជាដាច់ខាត ដើម្បី​ភាព​រឹងប៉ឹង​មាំមួន​របស់​ទារក​ក្នុង​ផ្ទៃ ព្រោះ​សារធាតុផ្សេងៗពី​ផ្សែង​បារី​ដែល​អ្នក​បាន​ស្រូប​ចូលទៅ​ដោយ​មិនបាន​ជក់​ដោយ​ខ្លួនឯង​នោះ មាន​ផលប៉ះពាល់​ខ្លាំង​ជាង​សេព​ដោយ​ខ្លួនឯង​ទៅទៀត ព្រោះ​វា​នឹងមាន​ផលប៉ះពាល់​ទាំង​លើ​ការ​ចម្រើន​ធំធាត់ និង​វិវឌ្ឍនាការ​របស់​ទារក​ក្នុង​គភ៌​យ៉ាងពិត​ប្រាកដ គ្រាន់តែ​ថា​តិច ឬ​ច្រើនតែ​ប៉ុណ្ណឹង​ឯង។ ក្រៅពីនេះ​នៅមាន​ការសិក្សា​ស្រាវជ្រាវ​នៅលើ​សត្វ​ពិសោធន៍​ដែល​បាន​រកឃើញថា បើសិន​ទទួលបាន​សារធាតុពុល​ពី​ផ្សែង​បារី នឹងធ្វើ​ឱ្យ​ងាយ​នឹង​កើត​សភាវ​រលូត​បុត្រ​ខ្លាំង​ឡើង មានឱកាស​ប្រសូត​បុត្រ​ដែល​មិន​សមប្រកប​មុនពេល​កំណត់ ឬ​ទារក​ក្នុង​គភ៌​អាច​នឹង​កើតមក​ពិការ​តាំងពី​កំណើត​ក៏មាន។ វិធី​ដែល​ល្អ អ្នក​គួរឱ្យ​ស្វាមី​របស់​អ្នក​ចេញទៅ​ជក់បារី​នៅ​ខាងក្រៅ​ផ្ទះ ក្នុង​កន្លែង​ដែល​ស្រឡះ និង​ហាម​ជក់បារី​នៅក្នុង​ផ្ទះ​ជាដាច់ខាត រួមទាំង​នៅក្នុង​រថយន្ត​ដែល​អ្នកជិះ​ជាមួយ​ទៀតផង។

    5. តើស្ត្រី​មានគភ៌​គេង​លក់​ស្រួល នឹងធ្វើ​ឱ្យ​ទារក​ក្នុង​គភ៌​គេង​លក់​ស្រួល​ដែរឬទេ?
    ការ​គេង​លក់​របស់​មាតា ក្រៅពី​នឹង​ជួយ​មិនឱ្យ​នឿយ​ល្វើយ​អស់កម្លាំង​ហើយ ក្នុងអំឡុងពេល​សម្រាក​គេង​លក់​នោះ​នៅ​ធ្វើឱ្យ​​ការហូរ​វិល​របស់​លោហិត​ក្នុង​រាងកាយ​ឆ្ពោះទៅរក​ស្បូន​ដំណើរការ​បានល្អ​ផងដែរ ធ្វើឱ្យ​ទារក​ក្នុង​គភ៌​បានទទួល​សារធាតុ​អាហារ និង​អុក​ស៊ី​ហែ្ស៊ន​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់​នឹង​តម្រូវការ​ក្នុងការ​ចម្រើន​ធំធាត់​ឡើង​នៅក្នុង​គភ៌។ ខណៈពេល​ជាមួយគ្នា នៅពេលដែល​ស្ត្រី​មានគភ៌​គេង​លក់​ស្រួល រាងកាយ​ក៏​នឹង​សម្រាក ផ្លូវចិត្ត​ក៏​នឹង​ធូរស្រាល​ដូចគ្នា ទារក​ពិតជា​នឹង​បានដឹង​តាំងពី​នៅក្នុង​គភ៌​អំពី​សេចក្ដីសុខ​របស់​មាតា​ដែល​កំពុង​ពពោះ ទារក​ក៏​នឹងមាន​សេចក្ដីសុខ​សប្បាយ​ទៅជា​មួយ​ដែរ ធ្វើឱ្យមាន​វិវឌ្ឍនាការ​ខួរក្បាល​ល្អ។ ដូច្នេះហើយ​ទើប​កុមារ​ដែល​កើតចេញពី​ម្ដាយ​ដែលមាន​សេចក្ដី​សុខកាយ​សប្បាយចិត្ត មិន​ធុញថប់​តានតឹង​ខឹង​ច្រើន និង​គេង​សម្រាក​បាន​គ្រប់គ្រាន់​ គឺជា​កុមារ​ដែល​ងាយស្រួល​ចិញ្ចឹម និង​មាន​សុខភាព​រឹងមាំ​ល្អ​ហ្នឹងឯង៕ (នៅមាន​ត)

  • នៅពេល​ខ្ញុំ​តាំង​គភ៌​ខែ​ទី4

    នៅពេល​ខ្ញុំ​តាំង​គភ៌​ខែ​ទី4

    នៅពេលដែល​ស្ត្រី​តាំង​គភ៌​ពពោះ​មកដល់​ខែ​ទី4នេះ ទារក​នៅក្នុង​គភ៌​នឹងមាន​ទំហំ​ប្រមាណ​ជា4អី​ុ​ញ​ហើយ ហើយ​ការបានទទួល​អាហារ​តាមរយៈ​ទងសុក​ចាប់ផ្ដើម​មានប្រតិកម្ម​ឡើង​ដែរ ដូចជា ការ​បឺតជញ្ជក់ សាច់​ភ្នាស​ធ្មេញ​របស់​ទារក​ចាប់​ផ្ដើ​ក​ខ្លួន​ឡើង ចាប់ផ្ដើម​ឃើញ​មាន​ម្រាមដៃ ម្រាមជើង​ច្បាស់​ឡើង​ហើយ។ ក្នុង​ខែ​ទី4របស់​ការតាំង​គភ៌ នឹងមាន​ការប្រែប្រួលផ្សេងៗដែល​ស្ត្រី​មានគភ៌​អាចមាន​អារម្មណ៍​ដឹងបាន​ដូចតទៅ ៖

    * ស្ត្រី​មានគភ៌​ខ្លះ​នៅតែមាន​អាការ​អស់កម្លាំង និង​នឿយ​ល្វើយ។
    * ឈឺ​បត់ជើងតូច​ញឹកញាប់​ជាង​ខែ​កន្លងទៅ។
    * អាការ​ចាញ់កូន​ធូរស្រាល​ឡើងជាបណ្ដើរៗ និង​បាត់អស់ (អ្នកខ្លះ​អាច​នៅមាន​នៅឡើយតែ​ជារួម​បាន​ធូរស្រាល​ឡើង​ហើយ)។
    * នៅតែមាន​អាការ​ទល់លាមក និង​អាច​កើតមាន​ឫសដូងបាត ហើយបើ​អ្នកណា​ធ្លាប់​កើត​ឫសដូងបាត​ពីមុន​ផង អាច​នឹង​កើត​អាការ​រលាក​ក្លាយ​បាន។
    * សុដន​់រីកធំឡើង​ទៀត តែ​មិនមាន​អាការ​តឹង​ណែន​ទេ។
    * អាហារ​មិន​រំលាយ ឆ្អល់ពោះ ហើមពោះ និង​មានការ​ភើ​ញឹកញាប់។
    * អាចមាន​អាការ​ឈឺក្បាល​ម្ដងម្កាល អាច​នឹង​ខ្យល់គ ងងឹតមុខ វិលមុខ​ញឹកញាប់ ជាពិសេស​ពេលដែល​ផ្លាស់ប្ដូរ​ឥរិយាបថផ្សេងៗដូចជា​ ងើប​ពី​អង្គុយ ឬ​ក្រោកពីដំណេក​យ៉ាង​ឆាប់រហ័ស។
    * មាន​អាការ​តឹង​ច្រមុះ ហូរឈាម​ចេញ​តាម​ច្រមុះ ហ៊ឹង​ត្រចៀក អាច​ងាយ​នឹងមាន​ឈាម​ចេញ​ពេល​ដុសធ្មេញ​ទៀតផង។
    * មាន​អារម្មណ៍​ឃ្លាន​ញឹកញាប់ និង​ញ៉ាំ​បា​ន​ច្រើនឡើង។
    * អាចមាន​អាការ​ហើម​តឹង​នៅលើ​ខ្នងជើង ម្រាមដៃ និង​ផ្ទៃមុខ។ អាចមាន​អាការ​ត្បៀត​សរសៃឈាម​នៅលើ​ជើង​ទាំងសងខាង។
    * ធ្លាក់ស​ច្រើនឡើង។
    * ចុងខែ​ទី 4 អាច​បានឮ​សំឡេង​លោត​របស់​បេះដូង​ទារក​នៅក្នុង​គភ៌​តាមរយៈ​ការពិនិត្យ​ពោះ។
    * នៅតែមាន​អារម្មណ៍​ទន់ជ្រាយ ងាយ​ប្រែប្រួល។ ស្ត្រី​មានគភ៌​គួរតែមាន​អារម្មណ៍​ត្រេកអរ និង​ពេញ​ចិត្តនឹង​ការតាំង​គភ៌ ប្រយ័ត្ន​ការវិល​វល់​ក្នុង​អារម្មណ៍ អាចមាន​អារម្មណ៍​ឆាប់​ធុញទ្រាន់ និងមិនមាន​សមាធិ​ក្នុង​ការធ្វើការងារ។

    រឿង​ដែល​គ្រូពេទ្យ​ឱ្យ​អ្នកធ្វើ​ក្នុង​ខែ​នេះ មានដូចជា ៖
    1. ថ្លឹង​ទម្ងន់​ខ្លួន និង​វាស់​សម្ពាធ​ឈាម។
    2. ពិនិត្យ​ជាតិ​ស្ករ និង​សា​ធាតុ​ស៊ុត​ស​ក្នុង​ទឹកមូត្រ។
    3. ស្ដាប់​សំឡេង​លោត​របស់​បេះដូង​​ទារក​នៅក្នុង​គភ៌។
    4. ការ​ស្ទាបអង្អែល​ក្បាលពោះ ដើម្បី​ពិនិត្យមើល​ទំហំ និង​កម្ពស់់​របស់​ស្បូន។
    5. ពិនិត្យមើល​អាការ​ហើម​របស់​ដៃជើង និង​សរសៃឈាម​នៅ​ម្ដុំ​ចុងជើង។
    6. ពិនិត្យ​រកមើល​អាការ​ខុស​ប្រក្រតីផ្សេងៗដែល​អាច​នឹង​កើតឡើង(បើ​មាន)។

    រឿង​ដែល​ស្ត្រី​មានគភ៌​ត្រូវ​មើលថែទាំ​ជាពិសេស​ក្នុង​ខែ​នេះ​គឺ :
    1. សម្ពាធ​ឈាម : ព្រោះ​ជាទូទៅ​ក្នុងអំឡុង 6ខែ​ដំបូង​របស់​ការតាំង​គ​ភ៌ សម្ពាធ​ឈាម​នឹង​ធ្លាក់ចុះ​ទាប​បន្តិចបន្តួច រហូត​ចូលដល់​ខែ​ទី 7 ទៅ​រហូត​ដល់ពេល​ប្រសូត សម្ពាធ​ឈាម​នឹង​ខ្ពស់​ឡើង។ ក្នុងករណី​ដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ទម្ងន់​ខ្លួន​កើនឡើង​យ៉ាង​ឆាប់រហ័ស មាន​អាការ​ហើម​នៅលើ​ដៃ ជើង និង​ផ្ទៃមុខ ឬ​ពិនិត្យ​រកឃើញ​សារធាតុ​ស៊ុត​ស​នៅក្នុង​ទឹកមូត្រ​ផង​នោះ បញ្ជាក់ថា មាន​អាការ​ជ្រៀតជ្រែក​របស់​
    កា​រ​តាំង​គភ៌​យ៉ាងធ្ងន់ធ្ងរ ឬ​គភ៌​មាន​ជាតិពុល​ដែល​នឹងមាន​គ្រោះថ្នាក់​ដល់​ម្ដាយ និង​ទារក​ក្នុង
    ​គភ៌ ក៏ប៉ុន្តែ​ជា​ប្រក្រតី​គ្រូពេទ្យ​នឹង​នៅចាំ​ពិនិត្យ​រក
    មើល​សភាវ​ដែល​ខុស​ប្រក្រតី​ទាំងនេះ​ជាប្រចាំ​ស្រាប់​ហើយ ដូច្នេះ​ទើប​មិនចាំបាច់​មាន​កង្វល់​ខ្លាំងពេក​ទេ។

    2. កម្រិត​ជាតិ​ស្ករ​នៅក្នុង​ទឹកមូត្រ : ការពិនិត្យ​
    ឃើញ​ជាតិ​ស្ករ​នៅក្នុង​ទឹកមូត្រ​អាច​មិនមែន-
    ជា​ជំងឺ​ទឹកនោមផ្អែម​នោះទេ ព្រោះ​ក្នុងខណៈ
    ពេល​តាំង​គភ៌ ការធ្វើការ​របស់​អ័រម៉ូន​អុីន​ស៊ូ​លីន
    ​នឹងមិន​អាចធ្វើ​ការ​បាន​ពេញទំហឹង​ឡើយ ដោយ-
    សារតែ​ស្បូន​នឹង​ផលិត​សារធាតុ​ប្រឆាំង​អុីន​ស៊ូ​-
    លីន​ឡើង​ ដើម្បី​គ្រប់គ្រង​មិនឱ្យ​ជាតិ​ស្ករ​នៅក្នុង​ឈាម​របស់​ម្ដាយ​ឆ្លង​ចូលទៅក្នុង​ទារក​ច្រើន​
    ជ្រុល​ពេក រហូត​អុីន​ស៊ូ​លីន​មិនអាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​បាន​តាម​ប្រក្រតី ធ្វើឱ្យ​កម្រិត​
    ជាតិ​ស្ករ​ក្នុង​ឈាម​អាច​ខ្ពស់ជាង​កម្រិត​ប្រក្រតី ហើយ​ក្រលៀន​នឹងមាន​តួនាទី​បញ្ចេញ​ចោល​មួយចំនួន។ លុះ​នៅពេល​ប្រសូត​បុត្រ​ហើយ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​នឹង​ត្រឡប់​មករក​
    សភា​វប្រ​ក្រ​តី​វិញ​ដោយ​ឯកឯង។ មានតែ​អ្នកខ្លះ​
    ដែលមាន​ទម្ងន់​ខ្លួន​ច្រើន​អាច​នឹង​អភិវឌ្ឍ​ទៅជា​
    ជំងឺ​ទឹកនោមផ្អែម​នៅពេល​អនាគត​បាន។ ចំណែក
    ​អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ស្រាប់​ហើយ គួរ
    បញ្ជាក់​ប្រាប់​គ្រូពេទ្យ​ដែលមើលថែ​គភ៌​ឱ្យបាន​ដឹង ដើម្បី​គេ​បាន​មើលថែទាំ​យ៉ាង​ដិតដល់។

    3. សភាវ​ឈាម​ស្លេក : ជា​អា​ការដែល​ច្រើនតែ​កើតឡើង​ចំពោះ​ស្ត្រី​តាំង​គភ៌ ដោយសារតែ​
    កើត​សភាវ​ខ្វះ​សារធាតុ​ដែក។ វិធី​ការពារ​គឺ​ងាយ
    ​បំផុត ចូរ​ជ្រើសរើស​ញ៉ាំ​អាហារ​ដែលមាន​សារធាតុ​
    ដែក​ខ្ពស់ ឬ​ញ៉ាំ​ថ្នាំ​បំប៉ន​សារ​ធាតុដែក​បន្ថែម​ក្នុង​មួយថ្ងៃ 30មី​ល្លី​ក្រាម។

    4. អាការ​តឹង​ច្រមុះ និង​អាចមាន​ឈាម​ហូរ​ចេញមក​តាម​ច្រមុះ : ជា​អា​ការដែល​ជួបប្រទះ​
    ញឹកញាប់​នៅលើ​ស្ត្រី​មានគភ៌ ដោយសារតែ​
    អ័រម៉ូន​ប្រូ​ជេ​ស្ទើ​រ៉ូ​ន​នៅក្នុង​ឈាមមាន​កម្រិត​ខ្ពស់។ ស្ត្រី​មានគភ៌​អាច​ការពារ​អាការ​នេះ​បាន​ដោយ​ខ្លួនឯង ដោយ​ញ៉ាំ​វីតាមីន C ក្នុង​មួយថ្ងៃ 250ក្រាម ធ្វើឱ្យ​អាការ​ហូរឈាម​ច្រមុះ​ចុះថយ​ទៅវិញ​បាន។

    5. ធ្លាក់ស : ក្នុងអំឡុងពេល​តាំង​គភ៌​នឹងមាន​
    ធ្លាក់ស​ច្រើន​ឡើងជា​បន្តបន្ទាប់​រហូត​ដល់​
    អំឡុង​ពេលមុន​ប្រសូត។ វិធី​កែប​ញ្ហា​នេះ គ្រាន់តែ​
    ស្ត្រី​មានគភ៌​ឧស្សាហ៍​ថែទាំ​ សម្អាត​ឱ្យបាន​ជាប់-
    លាប់ និង​កុំឱ្យ​មាន​ភាព​សើម​ផ្អាប់។ បើសិន​ធ្លាក់​សមាន​ពណ៌ ឬ​ក្លិន​ប្រែប្រួល​ខុសពី​មុន មាន​អាការ​រមាស់ ឬ​ឈឺផ្សា​ក្រហាយ គួរ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដែល​ពិនិត្យ​គភ៌៕

  • ឱសថ​បុរាណ4ប្រភេទ​ ជួយ​ព្យាបាល​អាការ​រមាស់​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ

    ឱសថ​បុរាណ4ប្រភេទ​ ជួយ​ព្យាបាល​អាការ​រមាស់​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ

    ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​ពី​ឱសថ​បុរាណ ដែល​អាច​ព្យាបាល​អាការ​រមាស់​លើ​ស្បែក​បាន​ដោយ​មិនចាំបាច់​ទៅ​ពឹងពាក់​គ្រូពេទ្យ​ឡើយ។ លោកអ្នក​ជ្រាប​ទេ​ថា អាការ​រមាស់​ស្បែ​កកើត​ពី​ខ្យល់ពុល មេរោគ​ឱកាសនិយម រោគ​សើស្បែក និង​រោគ​ឃ្លង់ ទាំងនេះ​លោកអ្នក​អាច​កាត់បន្ថយ​អាការ​ឈឺចាប់​ដោយសារ​ការ​រមាស់​បានជាមួយ​ឱសថ​បុរាណ4ប្រភេទ​នេះ។ បើតាម​ការចង្អុលបង្ហាញ​របស់​សៀវភៅ​ឱសថ​លំដាប់ថ្នាក់​ពិភពលោក Reader’s Digest បាន​ប្រាប់ថា ឱសថ​បុរាណ​ដែល​ងាយស្រួល​រក​ទិញ​នៅក្បែរ​ខ្លួន​បំផុត មានដូចជា ល្មៀត ប្រេង​អូ​លីវ គ្រាប់ល្ង និង​ប្រទាល​កន្ទុយក្រពើ​អាច​ពន្យារ និង​បន្ថយ​អាការ​រមាស់​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ។

    1. ប្រេង​អូ​លីវ
    ប្រេង​អូ​លីវ មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា 3ច្រើន​បំផុត និង​មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​អាការ​រមាស់​ដែល​កើតឡើង​នៅលើ​ស្បែក​យ៉ាង​ពូកែ។ លោកអ្នក​គ្រាន់តែ​យក​ប្រេង​អូ​លីវ​ក្ដៅឧណ្ហៗ (យក​ប្រេង​ទៅ​កម្តៅ) រួច​យកមក​លាប​លើ​បរិវេណ​ស្បែក​ដែលមាន​សភាព​រមាស់​ជាការ​ស្រេច។

    2. គ្រាប់ល្ង
    គ្រាប់ល្ង ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា 3 ដូចគ្នា ដែលមាន​គុណប្រយោជន៍​ជួយ​ព្យាបាល​អាការ​រមាស់ និង​រលាក​នៅលើ​ស្បែ​កបាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដោយ​លោកអ្នក​គ្រាន់តែ​ទទួលទាន​គ្រាប់ល្ង​មួយថ្ងៃ 2-3ស្លាបព្រា​កាហ្វេ ជា​រៀងរាល់ថ្ងៃ​តែ​ប៉ុណ្ណោះ។

    3. ម្សៅល្មៀត
    ល្មៀត មានគុណ​សម្បត្តិ​ជួយ​បន្ថយ​អាការ​រលាក ឬ​អាប់​សែ​ដែល​កើតមាន​នៅលើ​ស្បែក។ បើ​ត្រឹមតែ​ទទួលទាន​ម្សៅល្មៀត​មួយថ្ងៃ 1ស្លាបព្រា​កាហ្វេ​ជាប្រចាំ​ថ្ងៃនោះ វា​នឹង​ជួយកាត់បន្ថយអាការ​រមាស់ និង​រលាក​ស្បែកផ្សេងៗ បើទោះជា​មាន​រោគ​សើ​ស្បែក​ក៏ដោយ។

    4. ប្រទាល​កន្ទុយក្រពើ
    សាច់​សរសៃ​ជែ​ល​របស់​ប្រទាល​កន្ទុយក្រពើ គឺជា​ឱសថ​បុរាណ​ដែល​អាចជួយ​ព្យាបាល​អាការ​រមាស់ និង​អាប់​សែ​ស្បែ​កបាន ថែមទាំង​មានគុណ​សម្បត្តិ​ព្យាបាល​ការ​រលាក​ខ្លាំង និង​ពងបែក​លើ​ស្បែក​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ។ លោកអ្នក​គ្រាន់តែ​យក​សាច់​ជែ​ល​របស់​ប្រទាល​កន្ទុយក្រពើ​មក​បិទ​ពី​លើស្បែក​ដែល​រលាក ឬ​រមាស់ ហើយ​ផ្អាប់​ចោល​រយៈពេល​មួយ​សន្ទុះ រួច​លាង​ដោយ​ទឹកស្អាត​ចេញ​ជាការ​ស្រេច។

    មិន​ថា​រោគ​សើស្បែក រលាក​ស្បែក កន្ទួល​ក្រហម​លើ​ស្បែក រមាស់​ស្បែក​ខ្លាំង ឬ​មាន​បញ្ហា​ស្បែក​អាប់​សែ​ក៏ដោយ លោកអ្នក​អាច​ពិចារណា​ប្រើប្រាស់​ឱសថ​បុរាណ​ខាងលើនេះ ដើម្បី​ព្យាបាល និង​កាត់បន្ថយ​អាការ​ឈឺចាប់ រមាស់​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ ដោយ​មិនមាន​ក្ដីកង្វល់​ឡើយ៕

  • ជំងឺ​ដែល​តែងកើតមាននៅក្នុងរដូវភ្លៀង

    ជំងឺ​ដែល​តែងកើតមាននៅក្នុងរដូវភ្លៀង

    មួយរយៈ​នេះ​ធាតុអាកាស​នៅក្នុង​ប្រទេស​យើង តិច​ក្តៅ តិច​រងា ថ្ងៃ​ខ្លះ​ភ្លៀង​ក៏​បង្អុរ​ចុះមក​ធ្វើឱ្យ​ទទឹក​សើមគ្រប់ៗគ្នា តែ​អ្វីដែល​គួរឱ្យ​បារម្ភ​នោះ ក៏​ប្រហែលជា​ចៀស​មិន​ផុតពី​រឿង​ជំងឺ​ដ​ង្កា​ត់​ដែល​នឹង​មកជា​មួយ​ទឹកភ្លៀង​នោះឡើយ។ ថ្ងៃនេះ ​ទំព័រ​សុខភាព ឡា​រ៉ែ​ន សូម​នាំ​មិត្ត​អ្នកអាន​ទាំងអស់គ្នា​មក​ត្រៀមខ្លួន​ចាំ​ទប់ទល់​នឹង​រោគា​ដែល​នឹង​មកជា-​មួយ​ទឹកភ្លៀង​ដូចខាងក្រោម​នេះ ៖

    1. ក្រុម​ជំងឺ​ខាង​ប្រព័ន្ធ​ដកដង្ហើម
    ក្នុង​រដូវភ្លៀង ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់ និង​មាន​សំណើម​ខ្លាំង ធ្វើឱ្យ​មេរោគ​អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស បើសិន​ជាមាន​មេរោគ​រីក​រាលដាល​នៅក្នុង​ធាតុអាកាស ហើយ​យើង​ដកដង្ហើម​ស្រូប​ចូលទៅក្នុង​សួត អាច​នឹង​បង្ក​ឱ្យ​កើត​ជំងឺ​ខាង​ផ្លូវដង្ហើម​បានជា​ច្រើន ដូចជា ជំងឺ​ផ្តាសាយ គ្រុន​ផ្តាស​សាយ​ធំ និងរលាក​បំពង់​ដង្ហើម។ ដូច្នេះ​គួរ​ចៀសវាង​ការ​ស្ថិតនៅក្នុង​កន្លែង​ដែល​ចង្អៀត​ហប់ ខ្យល់អាកាស​ពិបាក​ចេញចូល និង​ចៀសវាង​ការ​នៅ​ជិត​អ្នក​ដែល​កើត​ជំងឺ​ទាំងនោះ ព្រោះ​មេរោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន​តាមរយៈ​ការដកដង្ហើម ទឹកមាត់ សំបោរ ឬ​កំហាក​ស្លេស្ម​របស់​អ្នកជំងឺ ដោយ​មេរោគ​នឹង​ឆ្លង​ចូល​តាម​ភ្នែក ច្រមុះ និង​មាត់ ឬ​តាមរយៈ​ការដែល​មនុស្ស​បាន​ប៉ះពាល់​វត្ថុ​ដែល​លាយឡំ​ជាមួយ​មេរោគ ដូចជា កន្សែង​ជូត​មុខ ស្លាបព្រា កែវ​ទឹក ការ​ថើប ឬ​ការដែល​ដៃ​ទៅ​ប៉ះ​មេរោគ ហើយ​យកទៅ​ញី​ភ្នែក ឬ​យកទៅ​កាន់​អ្វី​ញ៉ាំ​ជាដើម។

    2. ជំងឺគ្រុនឈាម
    នៅពេល​ធ្លាក់ភ្លៀង នឹង​តែងតែមាន​ទឹក​ដក់​នៅតាម​ទីកន្លែងផ្សេងៗ ធ្វើឱ្យ​កើតមាន​ការរីក​រាលដាល​ពូជ​របស់​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងរោគ​គ្រុនឈាម។ បើ​កើត​ជំងឺគ្រុនឈាម អាច​នឹងមាន​កម្តៅ​ខ្លួន​ឡើង​ខ្ពស់​រយៈពេល2-3ថ្ងៃ (អាច​ក្តៅ​ខ្លាំង​ដល់40អង្សា​C) មិន​ឃ្លានបាយ ឈឺក្បាល ឈឺ​ចុក​រួយ​ពេញ​ខ្លួន មុខ​ឡើង​ក្រហម ចំពោះ​អ្នក​ដែលមាន​គ្រាប់​ឈាម​ទាប អាច​មើលឃើញ​ចំណុចឈាមក្រហមៗនៅលើ​ស្បែក បើ​ឃើញ​មានអាការ​ដូចដែល​បាន​រៀបរាប់​មកនេះ ចូរ​កុំ​បង្អង់​យូរ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ និង​គួរ​ចៀសវាង​ពី​ទីកន្លែង​ដែលមាន​មូស ព្យាយាម​កុំឱ្យ​មូស​ខាំ ប្រើ​ថ្នាំ​បាញ់សម្លាប់​មូស បំផ្លាញ​ប្រភព​កំណើត​របស់​មូស ដូចជា ផ្កាប់​វត្ថុ​ដែល​ធ្វើឱ្យមាន​ទឹក​ដក់ និង​ចាក់ដី​លុប​កន្លែង​ដែលមាន​ទឹក​ដក់​ជាដើម។

    3. រោគ​ប៉េស្ត
    ជំងឺប៉េស្ត គឺជា​ជំងឺឆ្លង​ដែល​កើតចេញពី​សត្វ​កណ្តុរ​គ្រប់​ប្រភេទ ដោយ​មេរោគ​នឹង​ស្ថិតនៅក្នុង​ទឹកនោម​របស់​សត្វ​កណ្តុរ​ទាំងនោះ ទាំង​កណ្តុរស្រែ កណ្តុរ​ព្រៃ កណ្តុរ​ស្រុក កណ្តុរប្រែង និង​កណ្តុរ​ប្រមេះ ហើយ​មេរោគ​ប៉េស្ត​នេះ​នឹង​ចូលមកក្នុង​រាងកាយ​មនុស្ស​បាន​តាម​រយៈ​ស្នាមដំបៅ ឬ​របួស និង​ស្នាម​រលាត់​ដាច់ផ្សេងៗលើ​រាងកាយ។ ជំងឺ​នេះទោះ​ជាមាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​មែន តែ​ក៏​អាចធ្វើឱ្យ​ស្លាប់​បាន​ដូចគ្នា​ដែរ បើ​បានទទួល​ការព្យាបាល​មិន​ត្រឹមត្រូវ ឬ​យឺតយ៉ាវ។ អ្នកជំងឺ​នឹងមាន​អាការ​គ្រុនក្តៅ​ខ្លាំងភ្លាមៗ ឈឺក្បាល ច្រើនតែ​ឈឺ​សាច់ដុំ​ភ្លៅ និង​កំភួនជើង​យ៉ាងខ្លាំង និង​ភ្នែក​ក្រហម។ ប្រមាណ​ជា5-10%របស់​អ្នក​កើត​ជំងឺ​នេះ អាច​នឹងមាន​អាការ​ធ្ងន់ធ្ងរ ដូចជា ឌី​ហ្សា​នក្រលៀន​លែង​ដំណើរការ ឬ​អាច​ប្រកាច់​ទៀតផង ដូច្នេះ​គួរ​ចៀសវាង​ការដើរ​លុយ​ទឹក លុយ​ភក់​ដែល​ប៉​ប៉ិក​ប៉ប៉ាច់។ អ្នក​ដែល​ធ្វើ​ការងារ​ប្រថុយ-ប្រថាន​នឹង​ជំងឺ​នេះ គួរតែ​ពាក់​ស្រោមដៃ​ជ័រ ពាក់​ស្បែកជើង​ជ័រ​កវែង ការពារ​ខ្លួន​កុំឱ្យ​កើតមាន​របួស ឬ​ដំបៅ​នៅលើ​ជើង ឧស្សាហ៍​លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ ងូតទឹក​សម្អាត​រាងកាយ​ក្រោយពេល​ចប់​ពី​ការងារ កម្ចាត់​សំរាម​នៅក្នុង​ផ្ទះ និង​កន្លែងធ្វើការ​ចេញ​ឱ្យអស់ ជាពិសេស​កាកសំណល់​ក​ម្ទេ​ច​ចំណីអាហារ ដើម្បី​កុំឱ្យ​ក្លាយជា​ប្រភព​អាហារ​របស់​សត្វ​កណ្តុរ។

    4. ជំងឺឆ្លង​ខាង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ជួប​ញឹកញាប់
    មានដូចជា ជំងឺ​រាករូសភ្លាមៗ ជំងឺរាក​មួល និង​ពុល​អាហារ​ជាដើម ជំងឺ​ទាំងនេះ​បណ្តាលមកពី​ការទទួល​ទាន​អាហារ​ដែលមាន​ប្រឡាក់ប្រឡូស​មេរោគ​អតិសុខុមប្រាណដែល​បង្ក​ឱ្យ​កើតរោគ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារនៅក្នុង​ពោះវៀន ដោយ​អ្នកជំងឺ​នឹងមាន​អាការ​រាក បន្ទោបង់​ចេញមក​រាវ​ដូច​ទឹក អាចមាន​គ្រុនក្តៅខ្លួន ឈឺ​រមួល​នៅក្នុង​ពោះ ហើយ​បើ​មាន​ឆ្លងមេរោគ​មួល​ផង​នោះ អាចមាន​សំបោរ ឬ​ឈាម​លាយឡំ​មកជា​មួយ​លាមក​ទៀតផង។ ក្រៅពីនេះ​នៅមាន​មេរោគ​វីរុស​រលាក​ថ្លើម​ប្រភេទ A និង B ដែល​អាច​ឆ្លង​បាន​តាមរយៈ​ការទទួល​ទាន​អាហារ​ដែល​ប្រឡាក់ប្រឡូស​មេរោគ​ផងដែរ អ្នក​ដែលមាន​អាការ​រលាក​ថ្លើម​នឹងមាន​គ្រុន​ក្តៅខ្លួន ល្វើយ​អស់កម្លាំង មាន​អាការ​ខ្លួន​ឡើង​លឿង ភ្នែក​លឿង ក្អួតចង្អោរ ដូច្នេះ​ទើប​ក្នុង​រដូវភ្លៀង​នេះ​គួរ​ប្រយ័ត្នប្រយែង​រឿង​អាហារ​ការហូបចុក​ជាពិសេស ដោយ​គួរ​ទទួលទាន​តែ​អាហារ​ដែល​ធ្វើ​ឆ្អិនថ្មីៗ ស្អាត និង​ប្រើ​ស្លាបព្រា​សម្រាប់​ដួស​ម្ហូប​ដោយឡែក។

    5. ជំងឺភ្នែកក្រហម
    ជំងឺភ្នែកក្រហម បណ្តាលមកពី​មេរោគ​វីរុស​ដែលមាន​នៅក្នុង​ទឹក​កខ្វក់​ខ្ទាតចូល​ភ្នែក ការប៉ះពាល់​ទឹកភ្នែក​របស់​អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម ហើយ​យកដៃ​ដែល​ប្រឡាក់​នោះមក​ប៉ះ​ភ្នែក​ខ្លួនឯង ឬ​បានទទួល​មេរោគ​ដែល​ខ្ចាត់ខ្ចាយ​នៅក្នុង​អាកាស ឬ​ក្នុង​អាង​ហែល​ទឹក។ ជាទូទៅ​មេរោគ​នឹង​សម្ងំ​ខ្លួន1-2ថ្ងៃ​មុននឹង​បង្ហាញ​អាការ​ឡើង។ នៅលើ​អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម​អាច​ពិនិត្យឃើញ​មេរោគ​បង្ក​ជំងឺ​នៅ​ម្តុំ​បរិវេណ​ភ្នែក និង​ក្នុង​បំពង់ក​បាន​តាំង​ពីថ្ងៃ​បង្ហាញ​អាការ រហូតដល់14ថ្ងៃ​ក្រោយពី​ចាប់ផ្តើម​មាន​អាការ។ វិធី​ការពារ​គឺ កុំ​យកដៃ​ដែល​មិន​ស្អាត​មក​ប៉ះ ឬ​ញី​ភ្នែក លាង​សម្អាត​ដៃ​គ្រប់ពេល​មុននឹង​ប៉ះពាល់​ភ្នែក មិន​ប្រើប្រាស់​កន្សែង​ជូត​មុខ ឬ​ជូត​ខ្លួន​រួមជាមួយ​
    អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម សំខាន់បំផុត​ត្រូវការពារ​មិនឱ្យ​ជំងឺឆ្លង​រាលដាល​ពី​ខ្លួនឯង​ទៅ​អ្នកដទៃ៕