បើនិយាយពីភាពជាអ្នកដឹកនាំ មនុស្សម្នាក់ៗប្រហែលជាផ្តោតទៅលើភាពម៉ឺងម៉ាត់ក្នុងការប្រើប្រាស់ពាក្យសម្តី វិន័យ និងការប្រើប្រាស់គោលការណ៍តឹងតែងដើម្បីដើរឱ្យដល់គោលដៅសំខាន់ទាំងឯកជន និងស្ថាប័ន។ តែជាទូទៅ អ្នកដឹកនាំជោគជ័យជាច្រើនសុទ្ធតែមានចំណុចប្រសព្វមួយដូចៗគ្នាគឺផ្លូវចិត្តរឹងមាំខ្លាំងដើម្បីតស៊ូជាមួយនឹងឧបសគ្គនានាក្នុងការដឹកនាំ ទាំងការប្រកួតប្រជែងពីកត្តាខាងក្រៅ និងបញ្ហាផ្ទៃក្នុង។
ឆ្លើយតបជាមួយនឹងបញ្ហានេះ អ្នកសារព័ត៌មាននៃការសែតឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសមួយជាមួយនឹងលោក នឹម ឈុន្នី ស្ថាបនិកស្ថាប័នបណ្តុះបណ្តាល Anakot Asia Academy ពីការកសាងភាពជាអ្នកដឹកនាំតាមរយៈការអប់រំផ្នែកផ្លូវចិត្ត Mindful Leadership ដើម្បីជាប្រយោជន៍សម្រាប់អ្នកដឹកនាំស្ថាប័ន និងបុគ្គលិកក្នុងស្ថាប័នឱ្យទទួលបានជោគជ័យក្នុងជីវិតជាក់ស្តែង និងការធ្វើការងារ។
លោក នឹម ឈុន្នី 1. Mindful leadership នេះមានន័យយ៉ាងដូចម្តេច? ប្រសិនបើយើងនិយាយជាភាសាខ្មែរ វាមានការលំបាកបន្តិច ព្រោះពាក្យនេះយើងបញ្ចូលគ្នារវាងពាក្យថា Mindfulness និង Leadership។ ពាក្យថា Mindfulness វាអាចមានន័យថា និន្នាការមួយនៃការអភិវឌ្ឍ ឬការគ្រប់គ្រងផ្លូវចិត្តរបស់យើង ហើយពាក្យថា Leadership គឺបញ្ជាក់ពីការដឹកនាំ។ ហើយបើបញ្ចូលគ្នា គឺអាចជាការធ្វើការដឹកនាំឱ្យកាន់តែប្រសើរ ប្រកបដោយស្មារតី ការផ្តោតលើអ្វីមួយពិតប្រាកដ។
ខ្ញុំប្រើពាក្យ Mindful Leadership នេះ ព្រោះវាលំបាកក្នុងការប្រើប្រាស់ពាក្យខ្មែរឱ្យត្រូវន័យ ឬថាយើងយល់មិនដល់ពីន័យក្នុងភាសាខ្មែរ។ ខ្ញុំក៏បានជជែកជាមួយអ្នកមានចំណេះដឹងខ្ពស់ៗមួយចំនួនដែរ តែគ្រាន់តែពេលខ្លះដាក់ទៅមិនពិរោះស្តាប់ ឬឱ្យត្រូវន័យចំ។
2. តើ Mindful Leadership នេះមានសារៈសំខាន់បែបណាខ្លះទៅលើអ្នកដឹកនាំទាំងវិស័យសាធារណៈ និងក្រុមហ៊ុនឯកជន? ចំណុចនេះគឺសំខាន់ខ្លាំងណាស់ ទាំងសម្រាប់អ្នកដឹកនាំទាំងវិស័យសាធារណៈ និងឯកជន ព្រោះវាអាចជួយឱ្យការដឹកនាំកាន់តែប្រសើរ ព្រោះវាធ្វើឱ្យគាត់កាន់តែផ្តោត (focus) ខ្លាំងជាងមុន ម្យ៉ាងវិញទៀតគាត់ក៏អាចទទួលបានលទ្ធភាពការងារខ្ពស់តាមរយៈការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។
មនុស្សម្នាក់ៗបើទោះបីជាមានពេលរវល់ខ្លាំងយ៉ាងណាក៏ដោយ ខ្ញុំជឿថាក៏មានពេលវេលា5 ឬ 10នាទីសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃសម្រាប់ការផ្តោតអារម្មណ៍លើជីវិតខ្លួនឯង។ ជាធម្មតាបើទោះបីជាយើងជិះឡានក៏ដោយ ជិះម៉ូតូក៏ដោយពេលជិះយូរទៅវានឹងក្តៅម៉ាស៊ីនហើយដំណើរការមិនល្អហេតុនេះមនុស្សក៏ដូចគ្នា អ្នកគ្រប់គ្រងម្នាក់ៗមានការងារត្រូវធ្វើច្រើនណាស់ ហេតុនេះរឿងនឿយហត់មានច្រើនដែលអាចធ្វើឱ្យគាត់ប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ហេតុនេះការបញ្ចូល Mindful Leadership គឺជួយគាត់ឱ្យរៀនសម្រាកដើម្បីយកកម្លាំងដើម្បីធ្វើការងារឱ្យបានកាន់តែខ្លាំង។ មនុស្សជោគជ័យប៉ុនណាក៏ដោយ នៅពេលដែលយើងធ្វើការងារច្រើនខ្លាំងយើងនឹងអាចជួបបញ្ហាធុញថប់ខ្លាំង (stressor depress) ដែលនាំឱ្យស្ថានភាពនៃការរស់នៅ និងធ្វើការងារត្រូវជួបឧបសគ្គ ហេតុនេះចាំបាច់ត្រូវតែចេះសម្រាក បែងចែកពេលវេលាឱ្យបានត្រឹមត្រូវជាមួយគ្រួសារ និងស្វែងរកសេចក្តីសុខសម្រាប់ខ្លួនឯង។
នៅពេលមនុស្សម្នាក់ៗអាចបញ្ចូលនូវ Mindful Leadership បានល្អគាត់នឹងត្រូវអនុវត្តគោលការណ៍3គឺ ទី1 គឺមានស្មារតីដឹងច្បាស់លាស់ថាយើងកំពុងចង់បានអ្វីនៅពេលឥឡូវនេះ ទី2ឱ្យយើងច្បាស់ពីចំណុចដែលយើងត្រូវធ្វើក្នុងថ្ងៃនីមួយៗ និងទី3 គឺការផ្តោត (focus) លើការងារណាមួយប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់។
ធម្មតាយើងរស់នៅក្នុងពិភពរស់នៅបច្ចុប្បន្ន យើងក៏រស់នៅក្នុងបណ្តាញសង្គមផងដែរ ហើយពេលខ្លះមនុស្សរស់នៅជាមួយវាច្រើនដែលធ្វើឱ្យយើងមានការនឿយហត់ជាមួយវា ព្រោះវាបានស្រូបយកថាមពលពីយើងបន្តិចម្តងៗ ដោយមិនដឹងខ្លួន។ ហេតុនេះនៅពេលយើងមានគ្រប់គ្រងវាបានល្អ យើងនឹងអាចសម្រួចថាមពលសម្រាប់ធ្វើការងារក្នុងមួយថ្ងៃៗបានល្អ ហើយមានប្រសិទ្ធភាពខ្ពស់។
3. តាមការសង្កេត និងបទពិសោធរបស់លោកដែលធ្វើការងារបណ្តុះបណ្តាលជាមួយមនុស្សទូទៅទាំងបុគ្គលិក និងអ្នកដឹកនាំស្ថាប័ន តើមនុស្សភាគច្រើនមានបញ្ហាអ្វី? ហើយ Mindful Leadership បានជួយព្យាបាលអ្វីលើបញ្ហាទាំងអស់នោះ? តាមការសង្កេតរបស់ខ្ញុំ មនុស្សភាគច្រើនមានបញ្ហាច្រើនលើការគ្រប់គ្រងពេលវេលា និងការងារបានល្អ ដែលធ្វើឱ្យគាត់មានការនឿយហត់ខ្លាំង និងមិនអាចគ្រប់គ្រងការងារច្របូកច្របល់ទាំងអស់នោះបានល្អ។ ម្យ៉ាងវិញទៀតនៅពេលការងាររបស់គាត់ធ្វើមិនបានល្អ គាត់ក៏អាចធ្វើឱ្យប៉ះពាល់តុល្យភាពសម្រាប់គ្រួសារផងដែរ ព្រោះគាត់ត្រូវធ្វើការងារច្រើន តែបានលទ្ធផលតិច ហើយយកពេលវេលា គ្រួសារដើម្បីបំពេញចំណុចខ្វះខាតទាំងអស់នោះ។
ជាធម្មតា មនុស្សម្នាក់ៗមានពេល 24ម៉ោងដូចគ្នាគ្មានអ្នកណាម្នាក់មានពេលលើសនេះនោះទេ តែមានអ្នកខ្លះធ្វើការងារបានច្រើន ហើយអ្នកខ្លះធ្វើការងារបានតិចជាង។ ប្រសិនបើយើងចង់ឱ្យអ្វីគ្រប់យ៉ាងប្រសើរឡើង លុះត្រាតែយើងរៀនគ្រប់គ្រងវិន័យសម្រាប់ពេលវេលាឱ្យបានច្រើនជាងមុន។ ត្រង់ចំណុចនេះ Mindful Leadership នឹងជួយឱ្យយើងរៀបចំការងារបានល្អតាមរយៈការរក្សាភាពស្ងប់ស្ងាត់ និងសមាធិជារៀងរាល់ព្រឹកដើម្បីគិតឱ្យបានច្បាស់លាស់ពីរឿងអាទិភាពចំនួន3 ដែលត្រូវធ្វើប្រចាំថ្ងៃ ហើយក្នុងមួយសប្តាហ៍នេះត្រូវបែងចែកពេលវេលាណាខ្លះសម្រាប់សម្រេចការងារឱ្យល្អ និងពេលណាខ្លះសម្រាប់ក្រុមគ្រួសារ។ នៅពេលនោះគាត់នឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង។
ចំពោះមនុស្សម្នាក់ៗតាមពិតមានពេលវេលាច្រើន មិនមែនគ្មានសូម្បីតែប៉ុន្មាននាទីដើម្បីរកពេលស្ងប់ស្ងាត់ដើម្បីខ្លួនឯងនោះទេ។ ខ្ញុំធ្លាប់មានមិត្តភ័ក្តិមួយចំនួនជាប្រធានស្ថាប័ន និងជាមនុស្សសំខាន់ៗផ្សេងៗទៀតរអ៊ូថា គាត់គ្មានពេលគ្រប់គ្រាន់សម្រាប់គ្រួសារ តែមានពេលសម្រាប់ជជែកគ្នាលេង មានពេលគ្រប់គ្រាន់សម្រាប់លេង facebook មានពេលគ្រប់គ្រាន់សម្រាប់មើល Youtube។ ហេតុនេះពេលខ្លះយើងធ្វើរឿងអយុត្តិធម៌សម្រាប់ខ្លួនឯង នៅពេលយើងចំណាយពេលឥតប្រយោជន៍ ហើយមិនមានពេលសម្រាប់ឆ្លុះបញ្ចាំងពីខ្លួនឯង។ បញ្ហាត្រង់ថា មនុស្សម្នាក់ៗចូលចិត្ដដាក់កញ្ចក់មើលអ្នកដទៃ តែមិនមានពេលដាក់កញ្ចក់មើលខ្លួនឯង និងមិនហ៊ានទទួលយកបញ្ហារបស់ខ្លួនឯង។
4. អ្នកដឹកនាំក្រុមហ៊ុននីមួយៗតែងតែមានបញ្ហាស្រដៀងគ្នាគឺបុគ្គលិកចូលធ្វើការងារហើយបានមួយរយៈក៏ចេញទៅ បន្ទាប់មកក៏មានអ្នកថ្មីហើយចេញក្នុងរយៈពេលខ្លីបន្តបន្តាប់ទៀត។ តើប្រសិនបើមាន Mindful Leadership ស្ថានភាពអាចនឹងប្រសើរឡើងទេ? មូលហេតុអ្វី? នេះគឺពាក់ព័ន្ធជាមួយនឹងបញ្ហានេះខ្ញុំមិនធានា100% ថាវានឹងអាចបញ្ឈប់បញ្ហានេះបានទេ ព្រោះវាអាស្រ័យលើឆន្ទៈរបស់អ្នកដែលចូលធ្វើការងារនោះ និងទិសដៅពិតប្រាកដរបស់ក្រុមហ៊ុន តែ Mindful Leadership អាចជួយគាត់រឿងសំខាន់មួយគឺឱ្យគាត់មានការទទួលខុសត្រូវ។ ការទទួលខុសត្រូវសំខាន់ខ្លាំងណាស់សម្រាប់អ្នកធ្វើការងារគ្រប់គ្នា ប្រសិនបើគាត់មានការទទួលខុសត្រូវ គាត់នឹងដើរលើផ្លូវវែងឆ្ងាយដើម្បីសម្រេចការងារសំខាន់ៗសម្រាប់ស្ថាប័ន។ ម្យ៉ាងវិញទៀត ប្រសិនបើគាត់ចង់គេចវេះ ឬកេងប្រវ័ញ្ចពេលវេលាមិនត្រឹមត្រូវសម្រាប់ក្រុមហ៊ុន សម្រាប់អ្នកដែលមាន Mindful Leadership គេថាគាត់កំពុងតែបោកប្រាស់ ឬកេងប្រវ័ញ្ចខ្លួនឯង។ ក្នុងករណីនេះគាត់នឹងដឹងខ្លួនឯងថាការបោកប្រាស់ខ្លួនឯងរបស់គាត់ អាចធ្វើឱ្យមានបញ្ហាដល់ក្រុមហ៊ុនរបស់គេ ហេតុនេះគាត់នឹងមានភាពទទួលខុសត្រូវខ្ពស់ជាងមុន។
ម្យ៉ាងវិញទៀត នៅពេលគាត់ចេះឆ្លុះបញ្ចាំងពីខ្លួនឯង គាត់អាចនឹងចាប់ផ្តើមយកអារម្មណ៍របស់អ្នកគ្រប់គ្រងមកដាក់ក្នុងចិត្តគាត់ថា ប្រសិនបើគេកេងប្រវ័ញ្ចគាត់ គាត់ក៏នឹងឈឺចាប់ ឬមានបញ្ហាដូចគ្នា។
បន្ទាប់ពីយើងរៀន Mindful Leadership ហើយគាត់នឹងដឹងពិតប្រាកដថាអ្វីដែលគាត់កំពុងធ្វើនោះដើម្បីតែលុយ ឬដើម្បីក្តីស្រឡាញ់។ នៅពេលគាត់រកឃើញខ្លួនឯងហើយ គាត់នឹងអាចដាក់ចិត្ត ដាក់កាយធ្វើការងារជាមួយគ្នាប្រកបដោយការទទួលខុសត្រូវ ព្រោះបើគាត់មិនធ្វើបែបនេះទេ ស្មើនឹងគាត់ចាយវាយជីវិតរបស់គាត់យ៉ាងខ្ជះខ្ជាយ។ ម្យ៉ាងវិញទៀត Mindful Leadership បង្រៀនឱ្យគាត់មើលឃើញពីចំណុចជំរុញខ្លួនដែលធ្វើឱ្យគាត់មានហេតុផលសម្រាប់ខ្លួនឯង ថាគាត់ធ្វើការងាររៀង-រាល់ថ្ងៃនេះដើម្បីអ្វីឱ្យពិតប្រាកដ។ ប្រសិនបើគាត់មិនដឹងថាគាត់ធ្វើការងាររាល់ថ្ងៃដើម្បីកត្តាជំរុញអ្វីនោះ គាត់អាចនឹងបោះបង់ទៅវិញក្នុងរយៈពេលខ្លី។
5. តាមបទពិសោធរបស់លោកដែលធ្វើការបណ្តុះបណ្តាលមនុស្សជាច្រើន។ តើលោកមើលឃើញថាមានមនុស្សច្រើនទេដែលកំពុងធ្វើការងារ ឬរកស៊ី តែមិនដឹងថាខ្លួនឯងចង់បានអ្វីឱ្យពិតប្រាកដ? បាទ មានច្រើនណាស់! មានអ្នកខ្លះធ្វើការងារជិត 10ឆ្នាំ ហើយចង់ចេញរកស៊ីខ្លួនឯង តែពេលសួរគាត់ឱ្យច្បាស់លាស់ គាត់មិនដឹងថាត្រូវរកស៊ីអ្វីឱ្យច្បាស់។ មានអ្នកខ្លះទៀត រៀនចប់ចេញពីសាលាដឹងតែត្រឹមថាខ្លួនឯងចង់ធ្វើការងារ តែពេលលម្អិតឱ្យច្បាស់ថាគាត់ចង់ធ្វើអ្វីឱ្យច្បាស់ គាត់មិនមានចម្លើយ ហើយចេញទៅធ្វើការងារតាមស្ថានភាពដែលអាចរកបាន បន្ទាប់មកក៏រេចុះរេឡើង។
ការធ្វើបែបនេះ គឺជាការផ្តោតថាមពលខុសចំណុច ដែលជាហេតុធ្វើឱ្យគាត់បរាជ័យក្នុងមុខជំនួញ ឬការងារទាំងអស់នោះ។ ប្រសិនបើគាត់ដឹងច្បាស់ពីខ្លួនឯង គាត់នឹងសន្សំការផ្តោតថាមពលបន្តិចម្តងៗ បីបួនឆ្នាំក្រោយ យើងនឹងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចេញរកស៊ី និងសម្រេចភាពថ្កុំថ្កើងក្នុងការងារជាដើម។
6. តើការបណ្តុះបណ្តាល Mindful Leadership នេះគេត្រូវអនុវត្តអ្វីខ្លះដើម្បីជួយឱ្យជោគជ័យក្នុងមុខជំនួញ ឬការងារជាដើម? ការបណ្តុះបណ្តាល Mindful Leadership ដំបូងឡើយ នៅពេលចូលនៅថ្ងៃទី1 យើងផ្តល់ពេលដល់គាត់រយៈពេល 20នាទី សម្រាប់ខ្លួនឯងដើម្បីឱ្យគាត់ធ្វើអ្វីក៏បានដោយខ្លួនឯង ដើម្បីចង់ដឹងថាតើគាត់ប្រើប្រាស់ពេលវេលានោះមានប្រយោជន៍ឬទេ។ បន្ទាប់មកយើងនាំគាត់ឱ្យឆ្លុះបញ្ចាំងជាក់ស្តែងពីសារៈសំខាន់នៃការកំណត់ពេលវេលា និងការងារអាទិភាពសម្រាប់ក្រុមហ៊ុនរបស់គាត់នៅរយៈពេលមួយខែក្រោយ 6ខែក្រោយ ដើម្បីឱ្យការងារមានការរីកចម្រើន។ បន្ទាប់មកទើបធ្វើការសមាធិ ដើម្បីស្តាប់មើលពីចំណូលចិត្តរបស់ខ្លួនឯង និងបំណងពិតប្រាកដដ៏ជ្រៅពីក្នុងដួងចិត្តពិតប្រាកដរបស់គាត់ ដើម្បីបញ្ជាក់ពីហេតុផលដែលគាត់រស់នៅរាល់ថ្ងៃនេះឱ្យមានន័យ។
លើសពីនេះទៅទៀត ការប្រមូលអារម្មណ៍ឱ្យស្ងប់ ដើម្បីឆ្លុះមើលពីខ្លួនឯងនេះក៏អាចជួយឱ្យគាត់ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយពិតប្រាកដរបស់ខ្លួនឯង។ នៅពេលយើងដឹងពីចំណុចខ្សោយពិតប្រាកដរបស់ខ្លួនឯងហើយ យើងអាចផ្លាស់ប្តូរខ្លួនឯងដើម្បីឱ្យក្រុមហ៊ុនរបស់គាត់ខ្លាំងជាងមុន។
បន្ទាប់ទៀត គឺត្រូវជំរុញឱ្យមានការទំនាក់ទំនងល្អ និងចំណុចសំខាន់ដែលយើងអាចប្រើប្រាស់សមត្ថភាពពីក្នុងខ្លួនយើងផ្ទាល់ទៅអនុវត្តដើម្បីឱ្យឆ្លើយតបជាមួយនឹងលទ្ធផលវិជ្ជមានរបស់ស្ថាប័ន។ សកម្មភាពទាំងអស់នេះ អ្នកទាំងអស់គ្នាចាំបាច់ត្រូវសិក្សាពីរូបមន្តដើម្បីអនុវត្តឱ្យបាន 29ថ្ងៃ ដើម្បីបង្កើតការអភិវឌ្ឍឱ្យក្លាយជាទម្លាប់ និងរកឱ្យឃើញពីគុណតម្លៃសម្រាប់ជីវិត ទាំងក្នុងការងារ និងគ្រួសារ៕