Author: ធឿន មករា

  • លោកឧកញ៉ា ចេង ខេង បង្ហាញពីយុទ្ធសាស្រ្ត​ធ្វើការជាមួយធនាគារឱ្យជោគជ័យ

    លោកឧកញ៉ា ចេង ខេង បង្ហាញពីយុទ្ធសាស្រ្ត​ធ្វើការជាមួយធនាគារឱ្យជោគជ័យ

    ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល (CPL) បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​ជា​ដៃគូ​សហប្រតិបត្តិការ​ដោយមាន​លោក​ឧកញ៉ា ចេង ខេង ជា​អគ្គនាយក និង​លោក Ha Trong Khiem អគ្គនាយករង MB Bank ជា​តំណាង​ហត្ថលេខី​នៃ​ភាគី​ទាំង2 ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើន​ការលក់​សេវា​អចលនទ្រព្យ​របស់ អេ​ម​ប៊ី តាមរយៈ​ស៊ី​ភី​អិ​ល ក្រោយពី​បានធ្វើ​កិច្ចការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ជាច្រើន​ឆ្នាំកន្លងមក។

    ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល CPLបាន​មានប្រសាសន៍ថា នេះ​ជាការ​ចុះហត្ថលេខា​រវាង​ស៊ី​ភី​អិ​ល (CPL) ជាមួយ​ធនាគារ​អេ​ម​ប៊ី​ជា​លក្ខណៈ​ដៃគូ​មួយ​បានន័យថា គាត់​ប្រើ​សេវាកម្ម​ផ្តាច់មុខ​ជាមួយ​ស៊ី​ភី​អិ​ល​លើ“សេវាកម្ម​វាយតម្លៃ” ព្រោះ​ស៊ី​ភី​អិ​លអាច​ផ្តល់​សេវា​ដែល​គាត់​ចង់បាន ដែល​គាត់​ពេញចិត្ត លឿន​ទាន់​ចិត្ត​ដែល​យើង​ព្យាយាម​ធ្វើ​កិច្ចការងារ​នេះ​ទាំងថ្ងៃទាំងយប់ និងបានសម្រេច​ផល​ក្នុង​មោទនភាព។

    លោក Trinh DucCuong នាយក​ប្រតិបត្តិ​របស់​ធនាគារ MB បាន​មានប្រសាសន៍ថា ការលើកកម្ពស់​អភិវឌ្ឍន៍​លើ​ការវាយតម្លៃ​អចលនទ្រព្យ គឺជា​មធ្យោបាយ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាគី​ទាំង2។ ភាពជា​ដៃគូ​របស់​យើង​ត្រូវបាន​ពង្រីក​ដល់​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​គុណសម្បត្តិ​ក្នុង​គោលបំណង​បង្កើន​ការប្រកួតប្រជែង។

    លោក​ឧកញ៉ា ចេង ខេង បាន​បន្ថែមថា ជា​កិត្តិយស​របស់ CPLដែល MB បានជ្រើសរើស​ធ្វើជា​ដៃគូ​ក្នុង​ការធ្វើ​ជំនួញ​ជាមួយគ្នា។ ក្នុងនាម​ជា​អគ្គនាយក ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​នឹង​បម្រើសេវា​កម្ម​ឱ្យ​ល្អ​តាម​ដែល​អាច​ធ្វើបាន តាម​តម្លៃ​ការងារ​របស់​យើង​ជូន​ដល់​អតិថិជន​មុននឹង​ទទួលបាន​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន។ លោក​ថា “នេះ​ជាការ​ប្តេជ្ញាចិត្ត​កន្លងមក​នូវ​អ្វីដែល​យើង​បានធ្វើ​ដោយ​ទទួលបាន​ជោគជ័យ រហូតដល់​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ គឺ​ពានរង្វាន់​ប្រចាំឆ្នាំ2018 ដែល​នេះ​គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ គឺ​ដោយសារ​យើង​ខំប្រឹងប្រែង យើង​ខំ​សព្វគ្រប់​បែបយ៉ាង​លើ​បញ្ហា​ប្រឈម​របស់​អតិថិជន​ទើប​យើង​មាន​ដូច​សព្វថ្ងៃ”។

    លោក​បញ្ជាក់ថា ការចុះហត្ថលេខា​នេះ គឺ​យើង​ធ្វើការ​តែ​លើ​សេវា​វាយតម្លៃ​ទេ ព្រោះ​ធនាគារ​ភាគច្រើន​មុននឹង​ផ្ដល់​កម្ចី​ជូន​អតិថិជន គឺ​គាត់​ត្រូវការ​ក្រុមហ៊ុន​មួយ​ដែលមាន​សមត្ថភាព​លើ​កិច្ចការងារ​ដែល​គាត់​ដាក់​មកឱ្យ​ដោយ​មិន​លម្អៀង មិន​ពុករលួយ។ គឺ​រឿង​នេះហើយ​ដែល​យើង​ត្រូវ​ប្រឹងប្រែង​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​បម្រើការ​លើ​សេវាកម្ម​ដីធ្លី​នេះ។ យើង​ចង់​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដទៃទៀត​ដែល​បម្រើ​សេវាកម្ម​ដីធ្លី គឺ​ដាច់ខាត​ត្រូវតែ​ប្រឹង​ប្រឺ​ង​ធ្វើការ​ងារ​ដោយ​តម្លាភាព ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​ដូច CPL បាន​អនុវត្ត​កន្លងមក និង​រហូតមកទល់​ស​ព្វ​ថ្ងៃជា​សក្ខីភាព​ស្រាប់។

    លោក Ha Trong Khiem និងលោកឧកញ៉ា ចេង ខេង ក្នុងកម្មវិធីចុះហត្ថលេខាមួយ

    លោក​ឧកញ៉ា​បានឱ្យដឹងថា មិន​ត្រឹមតែ​ធនាគារ MB នោះទេ​ដែល CPL បាន​សហការ​ជាមួយ ជារួម​ក្រុមហ៊ុន​យើង​សហការ​ជាមួយ​ធនាគារ​ជាច្រើន​នៅ​កម្ពុជា​គឺមាន​ធនាគារ​សឹងតែ 90%ដែល​ប្រើប្រាស់ CPL ក្នុងការ​វាយតម្លៃ​អចលនវត្ថុ​មុននឹង​ផ្ដល់​កម្ចី​ហើយ​ក្នុងចំណោម​ធនាគារ​ទាំងអស់ ក៏មាន​ធនាគារមួយចំនួន​បាន​ផ្តាច់មុខ​ឱ្យ​ក្រុមហ៊ុន CPL ដែរ គ្រាន់តែ​យើង​មិនទាន់​បានធ្វើ​ពិធី​ចុះហត្ថលេខា​បង្ហាញ​ជា​សាធារណៈ។

    ជាមួយគ្នានេះដែរ ក្រុមការងារ​បច្ចេកទេស​ក៏បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ដែល​សហការី​របស់ CPL ធ្វើការ​បាន​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ស្វែងរក​ទីតាំង​ដី ទំហំ និង​តម្លៃ​តាមរយៈ​ស្មា​ត​ហ្វូ​ន(មិនមែន​តាមរយៈ​Google)មិន​ដល់​រយៈពេល 1នាទី​ផង។

    សូមបញ្ជាក់ថា យោងតាម​ការវាយតម្លៃ គេ​មើលឃើញថា ក្រុមហ៊ុន CPL អាច​ទទួល​ការងារ​បានតែ​ត្រឹម 200 ទៅ300ករណី​ប៉ុណ្ណោះ​ក្នុង1ខែ តែដោយសារ​តែ​ការបង្កើន​សមត្ថភាព គេ​ឃើញ​មានការ​កើនឡើង​ខ្លាំង​មែនទែន ពីព្រោះ CPLមាន​បច្ចេកវិទ្យា​ជួយ និង​ក្រុមការងារ​ជួយ ទើប​អាច​កើនឡើង​ពី300 ទៅ3000ករណី។ ឃើញថា​មាន​លក្ខណៈ​មួយ​ខុសប្លែកគ្នា​មែនទែន និង​សង្ឃឹមថា នៅ​ឆ្នាំ2019ខាងមុខ​យើង​នឹង​អាចមាន​សមត្ថភាព​សម្រេច​បាន 6000ករណី​ក្នុង1ខែ ទៅតាម​ផែនការ​ដែល​យើង​ចង់បាន។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧកញ៉ា​ចេង​ខេង។

    ចំពោះ​ភាគលាភ វា​គឺជា​អ្វីដែល​យើង​ចង់បានព្រោះ​ជា​តម្រូវការ​របស់​ក្រុមហ៊ុន។ នេះ​ជាការ​បញ្ជាក់ប្រាប់​ចំពោះ​អ្នកសារព័ត៌មាន​របស់​លោក​ឧកញ៉ា​ចេង ខេង។ លោក​មានប្រសាសន៍ថា និយាយ​ទៅ តម្រូវការ​មាន​ច្រើន យើង​ដឹងថា ធនាគារ​មាន​ច្រើន។ បើតាម​ការ​គន់គូរ បើ​សាខានីមួយៗមាន​ពី3ទៅ4 ក្នុង1ខែ ក៏​យើង​ទទួលបាន​រាប់រយ​រាប់ពាន់​គម្រោង​ដែរ។ ក្នុងនាម​យើង​ជា​អ្នកបម្រើ​អតិថិជន យើង​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​រង់ចាំ​ឱកាស​មកដល់។ ចៀសវាង​នៅពេលដែល​ឱកាស​មកដល់​ហើយ តែ​យើង​បែរជា​មិនអាច​ចាប់យក​ឱកាស​នោះបាន ធ្វើឱ្យ​យើង​បាត់បង់​ឱកាស​ដ៏​ល្អ។ ដូច្នេះ​យើង​ត្រូវតែ​ផ្ចង់ស្មារតី និង​កសាង​សមត្ថភាព​ក្រុម​របស់​យើង​ឱ្យ​ខ្លាំង នៅពេល​ឱកាស​មកដល់ យើង​អាច​ចាប់យក​បាន​ដោយ​មិន​បាត់បង់។

    លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់ទៀតថា លើ​ការវាយតម្លៃ​នេះ CPL បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ជួយ ធ្វើឱ្យ​ការងារ​ដំណើរការបាន​លឿន​រហ័ស និង​ធ្វើបាន​ច្រើន​ដល់​ទៅ 3,000ករណី​ក្នុង1ខែ ដែល​ប្រព័ន្ធ​នេះ​យើង​បាន​ប្រើ​យូរ​មកហើយ។ យើង​មាន(ដេ​តា)ច្រើន​នៅក្នុង​ប្រព័ន្ធ(System)យើង​មិនមែន​ទើប​តែមាន​ថ្ងៃនេះ​ទេ គឺ​យើង​កសាង និង​បានធ្វើ 20ឆ្នាំ​មកហើយ និង​មិន​នឹកស្មានថា យើង​មាន​សមត្ថភាព​អាច​ធ្វើបាន​បែបនេះ​ផង។ នេះ​ជា​មោទនភាព​របស់​យើង ហើយ​អតិថិជន​យើង​ក៏មាន​មោទនភាព​លើ​កិច្ច​ការដែល​យើង​អាច​សម្រេច​បានដែរ។ នេះ​ជាការ​ខិតខំ និង​ការផ្តល់​តម្លៃ​ដែល​ក្រុមហ៊ុន​យើង​ខំប្រឹងប្រែង​មកទល់​សព្វថ្ងៃនេះ។

    ទាំងអស់នេះ​គឺ​ដោយសារ​តែមាន​ធនាគារ​ច្រើនណាស់ ពេល​អតិថិជន​មករក​គាត់ ហើយ​គាត់​មិន​ចង់​បាត់​អតិថិជន ទើប​យើង​មានកម្ម​វិធី​នេះ​ដើម្បី​ជួយ​គាត់។ ឯ​ការបង្ហាញ​ទិន្នន័យ គឺ​មិន​ដល់​មួយ​នាទី​ទេយើង​អាច​ផ្តល់ព័ត៌មាន​លម្អិត​ជូន​អតិថិជន​នៅពេលនោះ​តែម្តង។ នេះ​ជាការ​ទប់ស្កាត់​អតិថិជន​មិនឱ្យ​ចាកចេញ ហើយ​ធនាគារ​អាច​នឹង​យក​ទិន្នន័យ​នេះ​ទៅ​សម្រេច​ផ្ដល់​កម្ចី​ជូន​អតិថិជន​បាន​ភា្លមៗតែម្ដង។

    ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​យើង​គិត​ហើយ គិត​ទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ដោយសារ​យើង​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ទើប​យើង​អាចធ្វើ​កិច្ចការងារ​នេះ​បាន។ វា​ជាការ​ព្រួយបារម្ភ​ដែរ​នៅពេលដែល​យើង​មិនអាច​បម្រើសេវា​កម្ម​ជូន​អតិថិជន​បាន តែបើ​យើង​គិត​មកដល់​បច្ចុប្បន្ន​គឺ​យើង​ធ្វើបាន មិន​ទាំង​ដល់ 1នាទី​ផង យើង​អាច​ដឹង និង​អាច​ផ្តល់​កម្ចី​ជូន​អតិថិជន​ដោយ​មិនមាន​ហានិភ័យ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧកញ៉ា។

    លោក​ឧកញ៉ា​បាន​អះអាង​ទៀតថា អ្វីដែល​យើង​ធ្វើ គឺ​យើង​មាន​វិជ្ជាជីវៈ​របស់​យើង ធនាគារ​គាត់​មិន​ចង់បាន​ហានិភ័យ​នៅពេល​ផ្តល់​កម្ចី គាត់​ផ្តល់​កម្ចី​ដោយ​ទទួល​ការប្រាក់7 ឬ 9ភាគរយ​យ៉ាងច្រើន ហើយ​គាត់​ចំណាយ​លើ​កិច្ចប្រតិបត្តិការ​រាប់ពាន់​កម្ចី បើ​ខូច​មួយ គឺ​ខាតបង់​រាប់លាន​ដុល្លារ។ ធនាគារ​គាត់​ត្រូវការ​ដៃគូ​សហការ​ដែល​យល់​ពិធីសារ​ច្បាស់លាស់មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ទើប​គាត់​ជ្រើស​រើសយក​ធ្វើជា​ដៃគូ ដូច្នេះហើយ​ការចុះហត្ថលេខា​ទទួលយក​ការបម្រើ​សេវាកម្ម​ផ្តាច់មុខ មិនមែនជា​រឿង​ធម្មតា​ទេ។

    លោក​ឧកញ៉ា ចេង ខេង បានបញ្ជាក់​ដោយ​មោទនភាព​ថា CPL ត្រូវបាន​ចាត់ទុកជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា តាមរយៈ​ពានរង្វាន់​ប្រចាំឆ្នាំ2018 ដែល​ពីមុនមក​ក្រុមហ៊ុន​ដីធ្លី និង​អចលនទ្រព្យ​ទាំងអស់​តែង​ចាត់ទុកថា​ខ្លួនឯង​ជា​អ្នក​លេខ1នៅពេល​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ តែ​ឥឡូវ​គាត់​លែង​ហ៊ាន​ហើយ ព្រោះ​ពានរង្វាន់​នេះ​មានការវាយតម្លៃ​ដោយ​ចៅក្រម​ដែលមាន​ជំនាញ​លើ​វិស័យ​ដីធ្លី ផ្តល់ឱ្យ​យើង​មាន​កិត្តិយស។ ពីមុន យើង​អៀនខ្លួនឯង​នៅពេល​ថា​យើង​ជា​ក្រុមហ៊ុន​លេខ1 តែ​ពេលនេះ​យើង​អាច​និយាយ​យ៉ាង​ពេញមុខ ពេញមាត់ និងក្នុង​មោទនភាព ព្រោះ​យើង​មាន​ភស្តុតាង និង​មានការ​វាយតម្លៃ​ដោយ​ចៅក្រម​ដែលមាន​បទពិសោធ។

    ទោះជា​យ៉ាងណា លោក​ឧកញ៉ា ចេង ខេង បាន​ថ្លែង​មុន​ពី​ធី​ចុះហត្ថលេខា អំពី​ការប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ដែល​ធ្វើឱ្យ​លោក​ជោគជ័យ​ក្នុង​មុខ​ជំនួញ​អចលនទ្រព្យ​ជាង 20ឆ្នាំ​កន្លងមកនេះ។ លោក​គ្មាន​ចេះដឹង​អ្វី​ទាំងអស់​នៅពេល​ចាប់ផ្តើម​រកស៊ី​នៅក្នុង​វិស័យ​ដីធ្លី​នេះ គឺ​លោក​រៀន​បណ្តើរ ធ្វើការ​បណ្តើរ រៀន​ពី​កំហុស​មួយ ទៅ​កំហុស​មួយ ពី​អតិថិជន​ម្នាក់ ទៅ​អតិថិជន​ម្នាក់ រហូតដល់​ទទួលបាន​បទពិសោធ​ដែល​អាចបង្កើត​គោលការណ៍ និង​ដាក់ចេញ​ជា​រូបមន្ត​មួយចំនួន ដូចជា​ធ្វើ​ការងារ​ដោយ​ក្តី​ស្រឡាញ់​ពេញចិត្ត​លើ​កិច្ចការងារ​នេះ ជាពិសេស​គឺ​ធ្វើការ​ដោយ​បេះដូង។

    លោក​ក៏បាន​ថ្លែង​ទៀតថា ដើម្បី​បង្កើត​គោលដៅ​ឱ្យសម្រេចបាន​ជោគជ័យ យើង​ត្រូវបង្កើត​ផែនការ​ឱ្យបាន​ច្បាស់លាស់។ មុននឹង​បង្ហាញ​ព័ត៌មាន ត្រូវ​សិក្សា​ពី​ទីតាំង​ឱ្យ​លម្អិត។ បើ​ចង់បាន​លុយ​យើង​ត្រូវដាក់​ផែនការ​ជាក់លាក់ និង​ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន។ យើង​ត្រូវ​គិតពី​គុណភាព​នៃ​ការបម្រើ​សេវាកម្ម និង​ប្រសិទ្ធភាព​ការងារ​របស់​យើង កុំ​មើលឃើញ​លុយ​ជាធំ​ពេក។ យើង​ត្រូវ​រៀន​ពី​កំហុស​ខ្លួន​យើង ហើយ​ចេះ​ទទួលយក​ការរិះគន់​ពី​អតិថិជន ដើម្បី​កែសម្រួល ច្នៃប្រឌិត ទើប​យើង​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម៕

  • បញ្ឈប់ទម្លាប់ខាំក្រចកដៃភ្លាម បើមិនចង់ឱ្យកើតបញ្ហាទាំងនេះ

    បញ្ឈប់ទម្លាប់ខាំក្រចកដៃភ្លាម បើមិនចង់ឱ្យកើតបញ្ហាទាំងនេះ

    ចូរក្រឡេកមកមើលទម្លាប់អាក្រក់របស់អ្នកនិយមខាំក្រចកដៃ។ តើអ្នកដឹងទេថា ក្រចក ជាកន្លែងជ្រកនៃបាក់តេរីជាច្រើនប្រភេទដែលអ្នកមិនអាចមើលឃើញនឹងភ្នែកទទេបាន។ នៅពេលក្រចកដៃមិនស្អាត មិនមានអនាម័យ ងាយប្រឡាក់ប្រលូកជាមួយវត្ថុកខ្វក់ ឬងាយចាប់កាន់វត្ថុនានានោះខណៈដែលអ្នកខាំក្រចកដៃលេង អាចធ្វើឱ្យឆ្លងបាក់តេរីចូលទៅក្នុងមាត់ និងស្បែកបាន ប្រសិនបើមានការដាច់រលាត់ស្បែក។ ការខាំក្រចកដៃមានផលប៉ះពាល់អាក្រក់ចំពោះសុខភាពរបស់អ្នកយ៉ាងខ្លាំង។ ចូរមកមើលផលប៉ះពាល់ដែលកើតឡើងចំពោះសុខភាពដូចខាងក្រោមនេះ។

    1. ផលប៉ះពាល់លើស្បែកក្រចក
    ទម្លាប់​ខាំ​ក្រចក​ក៏​អាច​បង្ក​ទៅ​ជា​ដំបៅ​បាន​ដែរ ប្រសិន​បើ​អ្នក​ខាំវា​ជា​ញឹក​ញាប់ជា​ពិសេស​គឺ​នៅ​ពេល​អ្នក​ខាំ​រហូត​ដល់​ដាច់​សាច់​ជុំ​វិញ​ក្រចក។ នៅ​ពេល​អ្នក​ខាំ​ក្រចក ពពួក​បាក់តេរី និង​មេរោគ​តូចៗ​ដទៃ​ទៀត នឹង​ចូល​ទៅក្នុងសាច់ក្រចក​ខាង​ក្នុង​តាម​កន្លែងដែល​ដាច់​រលាត់​ពី​ការ​ខាំ បណ្ដាល​ឱ្យហើម ឈឺ​ចាប់ និង​ឈាន​ទៅ​បង្ក​ជា​ខ្ទុះ​ផង​ក៏​មាន។ នៅ​ពេល​ស្ថាន​ភាព​ធ្ងន់ធ្ងរ ទាល់​តែ​វះកាត់​បង្ហូរ​ខ្ទុះ​នោះ​ចេញ ​ទើប​ជា​សះ​ស្បើយឡើងវិញ។ ​​​

    2. ផលប៉ះពាល់ដល់មាត់
    ជំងឺ​ដុះឫស​សាច់​លើ​ម្រាម​ដៃ ដែល​ខ្មែរ​យើង​និយម​ហៅ​ថា​ដុះ​ផ្លែ​សាច់ បង្ក​ឡើង​ដោយ​វីរុស​ម្យ៉ាង​ឈ្មោះ​ថា Papillomavirus (HPV) បណ្ដាល​មក​ពី​ការ​ខាំ​ក្រចក​ជា​ប្រចាំ។ការខាំក្រចកដៃមិន​ត្រឹម​តែ​​បង្កជា​ជំងឺនៅ​លើ​ម្រាម​ដៃ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​រីក​រាល​ដាល​ឆ្លង​ទៅ​មាត់ បង្ក​ជា​ជំងឺ​ពង​បែកមាត់ថែម​ទៀត​ផង។ ជា​ទូទៅ អ្នក​មាន​ជំងឺ​ពង​បែក​មាត់ តែង​គិត​ថា​បណ្ដាល​មក​ពី​ក្ដៅ​ក្នុង តែ​ធាតុ​ពិត​វា​បង្ក​មក​ពី​មេរោគ​ឆ្លង​នេះ​ឯង។

    3. ផលប៉ះពាល់​ដល់​ធ្មេញ
    ការ​ខាំ​ក្រចក​មិន​ត្រឹម​តែ​អាចបង្ក​ជា​ជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្កើតជាបញ្ហា​ដល់​ធ្មេញរបស់​អ្នក​ទៀត​ផង។ ពេល​ខាំ​ក្រចក​ញឹកញាប់ ធ្មេញ​របស់​អ្នកនឹងរំកិល​ខុស​ទីតាំង ខូច​រូបរាង ឬ​លែង​ស្មើ​ជួរ​ជា​ដើម។ ការ​ខាំ​ក្រចក ធ្វើ​ឱ្យ​ធ្មេញ​ខាង​លើ និង​ខាង​ក្រោម​ប៉ះ​គ្នា​ញឹក​ញាប់ និង​កកិត​គ្នា បណ្ដាល​ឱ្យសឹករិចរិលហើយ​ចុះ​ខ្សោយ​ប្រសិន​បើ​អ្នកនៅតែមាន​ទម្លាប់​ខាំក្រចក​ញឹក​ញាប់។

    4. ការចម្លងបាក់តេរីបង្ករោគ
    ​ក្រចក​ដៃ គឺ​ជា​កន្លែង​ដែល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជាមួយ​មេរោគ និង​ជា​ជម្រក​​របស់​មេរោគជា​ច្រើន​ប្រភេទ។ នៅ​ពេល​អ្នក​ខាំ​ក្រចក​ មេរោគ​ទាំង​នោះ​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​តាមរយៈ​មាត់ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ។ ក្រចក​មាន​ភាព​កខ្វក់​ជាង​ម្រាម​ដៃ​ដល់​ទៅ2​ដង​ឯណោះ ព្រោះ​វា​មាន​គន្លិកគន្លាក់ច្រើន ដែលជា​ទីតាំងអាច​មេរោគ​រស់​នៅ​យ៉ាង​សុខ​ស្រួល និង​ពិបាក​ក្នុង​ការ​សម្អាត។

    ក្រៅ​ពី​នេះ ការ​ខាំ​ក្រចក​ក៏​អាច​បង្ក​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ទៀត​ដូច​ជា ​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​សោក​សៅ មាន​អារម្មណ៍​ថា​ឯកា​ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ និង​បាត់​អស់​ភាព​រីករាយ​ក្នុង​ជីវិត។ លើសពី​នេះ ការ​សិក្សា​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័រ Mercola បាន​បង្ហាញ​ផង​ដែរ​ថា ការ​ខាំ​ក្រចកថែម​ទាំង​ធ្វើ​ឱ្យសុខភាព​ចុះ​ខ្សោយ​ទៀត​ផង។​ ទាំង​នេះ​គឺ​ជា​ហេតុផល​ចម្បង ដែល​អ្នក​គួរ​បញ្ឈប់​ទម្លាប់​អាក្រក់​នេះ ព្រោះ​វា​នឹង​បង្ក​ផល​ប៉ះ​ពាល់​នៅ​ថ្ងៃ​ណាមួយ ប្រសិន​បើ​​នៅ​តែ​បន្តធ្វើវា៕

  • ប្រទេសអភិវឌ្ឍន៍​ចាប់ផ្តើមកែប្រែទីក្រុង​ឧស្សាហកម្ម ទៅជាតំបន់បៃតង

    ប្រទេសអភិវឌ្ឍន៍​ចាប់ផ្តើមកែប្រែទីក្រុង​ឧស្សាហកម្ម ទៅជាតំបន់បៃតង

    ពិភពលោកបានឆ្លងកាត់ការធ្វើបដិវត្តន៍ និង​វិវឌ្ឍជាច្រើនដំណាក់កាលពីយុគសម័យមួយទៅយុគសម័យមួយរហូត​ដល់​តំបន់ស្ទើរតែទាំងអស់រួមទាំងប្រទេសក្រីក្រផង ក្លាយជាវាលឧស្សាហកម្មទំនើប​ដើម្បីផ្គត់ផ្គង់ដល់​តម្រូវការរបស់មនុស្សទូទាំងពិភពលោក។

    ពីដំណាក់កាលមួយទៅដំណាក់កាលមួយការរស់នៅរប​ស់មនុស្សកាន់តែមានភាពងាយស្រួល តែ​ផលប៉ះពាល់លើធម្មជាតិបានកើតឡើងយ៉ាងឆាប់រហ័ស ស្របពេលដែល​តំបន់​ព្រៃជាច្រើន​បានក្លាយជា​វាលកសិកម្មកែច្នៃតំបន់​លំនៅឋាន ឬរោងចក្រ​ដែល​គាំទ្រដល់​ចង្វាក់ផលិតកម្ម​របស់ឧស្សាហកម្មធំៗជាដើម។ ធនធានធម្មជាតិជាច្រើនផ្នែកផ្សេងទៀតក៏ត្រូវបានបាត់បង់ដែលធ្វើឱ្យ​ប្រទេសធំៗបង្ខំចិត្ត​ជំរុញឱ្យ​មានការអភិវឌ្ឍលើការដាំដើមឈើឡើងវិញ និង​រៀបចំកិច្ចប្រជុំសំខាន់ៗដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​ធម្មជាតិ។

    ដោយសារបញ្ហាទាំងអស់នេះ ប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់លើពិភពលោក រួមទាំង​តំបន់​ដែលមានការរីកលូតលាស់ខ្លាំង ចាប់ផ្តើមងាកមក​កែប្រែទីក្រុងរបស់ខ្លួនឱ្យក្លាយជា​​តំបន់បៃតង បើទោះបីជាផលប៉ះពាល់មិនអាចគ្រប់គ្រងបានទាំងស្រុងក៏ដោយ។ ភាពបៃតងនៅដំណាក់កាលនេះ មិនមែន​គិតត្រឹមតែការដាំដើមឈើ ឬ​បង្កើតពណ៌បៃតងនៅក្នុងទីក្រុងនោះទេ តែក៏ជាការ​ជំរុញឱ្យមានគោលនយោបាយ និងផែនការក្នុងការគ្រប់គ្រងកាកសំណល់ប្លាស្ទិកឱ្យបានល្អការកែច្នៃឡើងវិញនូវ​សម្ភារប្រើប្រាស់សម្រាប់ប្រជាជន ការ​សាងសង់សំណង់​លំនៅឋាន និងអគារដោយ​ប្រើបច្ចេកវិទ្យាដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនជាដើម។

    ប្រទេសធំៗចាប់ផ្តើមលើកទឹកចិត្តឱ្យប្រជាជនរប​ស់ខ្លួន​សន្សំសំចៃ​ការប្រើប្រាស់​ចរន្តអគ្គិសនីរួមទាំងថាមពលនានាដើម្បីរក្សាលំនឹងនៃ​បរិយាកាសនៅក្នុងទីក្រុង។ ជាក់ស្តែងប្រទេសបារាំង ជប៉ុន និងប្រទេសអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត ​លើកទឹកចិត្តឱ្យប្រជាជន​ជិះរថភ្លើង ឬសេវាដឹកជញ្ជូនសាធារណៈ​ដើម្បី​កាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន។ ប្រទេសចិនរៀបចំ​គោលនយោបាយចំណាយថវិកា​ដល់​ប្រជាជនដែលបានដាំដើមឈើក្នុងតំបន់ដែលពួកគេរស់នៅដើម្បីលើកទឹកចិត្ត​ដល់​ការរក្សាបរិស្ថាន និងកាត់បន្ថយភាពក្រីក្រស្របពេលដែលប្រទេសនៅអឺរ៉ុបមួយចំនួន​ថែមទាំងបានផ្តល់ប្រាក់ដល់អ្នកជិះកង់​ទៀតផង។

    ស្របពេលជាមួយគ្នានេះ គម្រោងស្ថាបត្យកម្មថ្មីៗភាគច្រើន​ត្រូវបានគេកែច្នៃឱ្យមានពន្លឺព្រះអាទិត្យជំនួសអំពូលភ្លើង ហើយ​ប្រព័ន្ធសន្សំសំចៃជាច្រើនផ្សេងទៀតត្រូវបានគេយកមកប្រើជំនួសឧបករណ៍ចាស់ៗដែលស៊ីភ្លើងខ្លាំង។ ក្រៅពីនេះសំណង់អគារប្រណីតដែលត្រូវបានគេសាងសង់ក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មាននេះ ភាគច្រើន​ត្រូវបានគេរចនាឱ្យមានពណ៌បៃតង ដោយការប្រើប្រាស់​ដើមឈើជាគ្រឿងលម្អ និងជាការរួមចំណែក​ជួយដល់បរិស្ថានផងដែរ។

    យោងតាម​របាយការណ៍ដែលដកស្រង់ដោយ​វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា ទីក្រុងឡុងដ៍ជាកន្លែងដែលមានដើមឈើដល់ទៅ 8លានដើមស្របពេលដែលទីក្រុងមួយនេះនៅតែបន្តដាំដើមឈើបន្ថែមទៀត បើទោះបីជា​គម្រោងនេះចំណាយថវិកាជាតិអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ។

    ទីក្រុងដែលសម្បូរទៅដោយបច្ចេកវិទ្យា និងធម្មជាតិមួយនេះបានប្រើប្រាស់ដើមឈើរាប់ម៉ឺនដើម​ដើម្បីបង្កើតតំបន់ទំនេរ​ឱ្យក្លាយជាឧទ្យានសាធារណៈសម្រាប់ប្រជាជន​សម្រាកកម្សាន្ត។

    លោកអភិបាល​ក្រុង Sadiq Khan បានបញ្ជាក់ថាការដាំដើមឈើ​បន្ថែមត្រូវចំណាយថវិកាប្រមាណ1.9លានដុល្លារសម្រាប់អភិវឌ្ឍ​តំបន់​ព្រៃឈើនៅទីក្រុងឡុងដ៍។ គម្រោងមួយនេះនឹងធ្វើឱ្យមនុស្សចា​ប់ផ្តើមស្រឡាញ់បរិស្ថានកាន់តែខ្លាំង ហើយ​រួមគ្នារក្សាតំបន់​បៃតង ដើម្បីជំរុញគុណភាពជីវិតឱ្យកាន់តែប្រសើរឡើង។

    អ្នកជំនាញបរិស្ថាន​បានលើកឡើងថា មនុស្ស​រស់នៅទីក្រុងនឹងងាកមករកធម្មជាតិកាន់តែច្រើនឡើង ហើយ​ពួកគេ​អាចនឹង​ជំរុញឱ្យមានស្ថានភាពវិជ្ជមាន បើទោះបីជា​មានសញ្ញាណជាច្រើនបញ្ជាក់ថា​សកម្មភាពរបស់មនុស្សកំពុងធ្វើឱ្យប៉ះពាល់ដល់ធម្មជាតិក៏ដោយ៕

  • តម្រូវការ​ចេកអំបូង​លឿង ធ្វើឱ្យ​កសិករ​ម្នាក់​កាក់កប​នឹង​របរ​បណ្ដុះ​កូន​ចេក​លក់

    តម្រូវការ​ចេកអំបូង​លឿង ធ្វើឱ្យ​កសិករ​ម្នាក់​កាក់កប​នឹង​របរ​បណ្ដុះ​កូន​ចេក​លក់

    អ្នកមាន​បទពិសោធ​ក្នុង​វិស័យ​កសិកម្ម ផ្នែក​ដំណាំ​ហូប​ផ្លែ និង​បណ្ដុះ​ពូជ​ដំណាំផ្សេងៗទៀត​ជាច្រើន​មុខ​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ចម្ការ​នានា​នៅក្នុង​ស្រុក បាន​ងាក​មក​ផ្សាំ​បណ្តុះ​កូន​ចេកអំបូង​លឿង​សម្រាប់​លក់​ជូន​អតិថិជន ខណៈ​ទីផ្សារ​វិស័យ​កសិកម្ម​ទំនើប​កំពុងមាន​សម្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់ ឧទាហរណ៍​ដូចជា​ចេកអំបូង​លឿង​ដែលជា​ផ្លែឈើ​កំពុងមាន​តម្រូវ​ការនាំ​ចូលទៅ​ប្រទេស​ចិន​បន្ទាប់ពី​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នាំចេញ​រួចមក។

    នៅពេល​មាន​តម្រូវការ​ពី​ក្រុមហ៊ុន​ចិន​ដែល​មក​វិនិយោគ​បង្កើត​កសិដ្ឋាន​ដាំ​ដើម​ចេកអំបូង​លឿងមួយរយៈ​ពេល​ចុង​ក្រោយនេះ​ធ្វើឱ្យ​កូន​ចេកអំបូង​លឿង​ជិត​កន្លះ​ម៉ឺន​ដើម​ត្រូវបាន​លក់​ចេញ​ជា​រៀងរាល់ខែ ដែលមាន​ខែ​ខ្លះ​លក់​ចេញ​បាន​លើសពី​ចំនួន​នេះ​ទៅទៀត។ នេះ​បើតាម​ការ​ប្រាប់​អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​តាម​ទូរស័ព្ទ​ពី​សំណាក់​លោក គួ​ន ឌឿ​ន ជា​កសិករ​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

    ចេកអំបូង​លឿង​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌាត្រូវបាន​គេ​បង្កាត់​ពូជ​ចែកចាយ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមមាន​ដូចជា​ប្រទេស​ចិនតៃវ៉ាន់ ថៃ វៀតណាម ហ្វ៊ី​លី​ពី​ន និង​កម្ពុជា​ជាដើម។ នៅ​កម្ពុជា​ក្រៅពី​កសិដ្ឋានធំ3(ខេត្ត​រតនគីរី ក្រចេះ កំពត) ដែល​បាន​ដាំចេក​អំបូង​លឿង​លើ​ផ្ទៃដី​រាប់រយ​ហិកតា​ហើយ​នោះ នៅមាន​កសិករ​នៅ​ខេត្តកណ្ដាលកំពង់ស្ពឺ កោះកុង ប៉ៃលិន និង​ខេត្តបាត់ដំបង​ក៏​កំពុង​ចាប់ផ្ដើម​ដាំ​ដុះ និង​ប្រមូល​ផល​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ដែរ។ ប៉ុន្តែ​ដំណាំ​ចេក​ប្រភេទ​នេះ​មាន​តិចតួច​នៅឡើយ មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​បានឡើយ ពិសេស​ការនាំ​ចេញទៅ​ក្រៅប្រទេស​ខណៈ​ពូជ​ចេក​ជាច្រើន​ត្រូវបាន​កសិករ​ខ្មែរ​ទិញ​ពី​ប្រទេស​ថៃ​មក​ដាំ តាំងពី​ឆ្នាំ2015។

    លោក គួ​ន ឌឿ​ន បាន​ប្រាប់​ឱ្យដឹងថា ក្រោយពី​លោក​នាំចូល​ពូជ​ចេក​ប្រភេទ​ថ្មី​មួយ​នេះ​ពី​ប្រទេស​ថៃ លោក​កត់សម្គាល់​ឃើញថា កសិករ​ក្នុងស្រុក​ចាប់ផ្តើម​សម្លឹងមើល​ដំណាំ​ប្រភេទ​ថ្មី​នេះ និង​ហ៊ាន​សាកល្បង​ដាំ ក៏ដូចជា​ប្រឹងប្រែង​រៀន​ពី​បច្ចេកទេស​ដាំ​ដុះថ្មីៗផងដែរ ទើប​លោក​សម្រេចចិត្ត​ចាប់ផ្តើម​បណ្តុះ​កូន​ចេក​ប្រភេទ​ថ្មី​នេះ​ដោយ​ខ្លួនឯង ខណៈពេល​ដែលមាន​ក្រុមហ៊ុន​ចិន​មករក​ទិញ​កូន​ចេក​យកទៅ​ដាំ​នៅ​កសិដ្ឋាន​របស់គេ ពេលនោះ​ហើយ​ទើប​លោកអាច​លក់បាន​ក្នុង 1ខែ​ពី4ពាន់ ទៅ5ពាន់​ដើម​ឯណោះ​ក្នុងតម្លៃ4ពាន់​រៀល 1ដើម ខែ​ខ្លះ​អាច​កើន​ដល់​ជាង 6ពាន់​ដើម​ទៀតផង។

    កសិករ​រូបនេះ​បន្តថា សម្រាប់​ដំណាំ​កូន​ចេក​ប្រភេទ​ថ្មី​ដែល​លោក​លក់ដាច់​ខ្លាំង​ជា​រៀងរាល់ខែ​នេះ អ្នក​ដាំ​អាច​លក់​ផ្លែ​វា​ក្នុងតម្លៃ​ខ្ពស់​ចាប់ពី 5ពាន់​រៀល​រហូតដល់ 7ពាន់​រៀល​ក្នុង 1ស្និត ឬ​លើសពីនេះ​នៅលើ​ទីផ្សារ​ក្នុងស្រុក ព្រោះ​វា​មាន​លក្ខណៈពិសេស​ដាច់​ពី​គេ​ត្រង់​ថា រសជាតិ​របស់​វា​ឆ្ងាញ់ ក្រអូប​ឈ្ងុយ និង​ផ្អែម​ជាង​ចេក​ប្រភេទ​ដទៃ ហើយ​អាច​លក់បាន​ក្នុង​ចំនួន​ច្រើន​បើ​ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស។ ចេកអំបូង​លឿង​បាន​ក្លាយជា​ដំណាំ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការដាំដុះ ព្រោះថា​ដំណាំ​មួយ​នេះ​ហុច​ផល​ឱ្យ​លឿន គឺ​ក្រោយពេល​ដាំ​ត្រឹមតែ8ខែ​ប៉ុណ្ណោះ អាច​ផ្តល់​ផល​បាន​ពេញ​មួយឆ្នាំ និង​មាន​សក្តានុពល​ទីផ្សារ​ខ្ពស់ និង​មានតម្លៃ​ថ្លៃ​ជាង​ចេក​ដទៃ។

    ចំណែក​បច្ចេកទេស​នៃ​ការដាំដុះ​វិញ អ្នកមាន​បទពិសោធ​រូបនេះ​បានឱ្យដឹងថា ក្នុង​មួយ​ហិកតា​គេ​អាច​បណ្ដុះ​កូន​ចេកអំបូង​លឿង​បាន​ជាង 2,000កូន​ឯណោះ ហើយ​អ្នក​ដាំ​ត្រូវ​ចំណាយ​លើ​ការរៀប​ប្រព័ន្ធ​ទឹក និង​ត្រូវ​មានការ​មើលថែទាំ​យ៉ាង​ដិតដល់ ដែល​អាច​នឹង​ចំណាយ​ច្រើនជាង2,000ដុល្លារ។ សរុបមក​ក្នុងការ​ដាំចេក​អំបូង​លឿង​យក​កូន​លក់​នេះ ចាប់ពី​ពេល​ដាក់​ដាំ​រហូត​ដល់ពេល​ប្រមូល​ផល លោក​ត្រូវ​ចំណាយ​ខ្ទង់ 5,000ដុល្លារ សម្រាប់​ចម្ការ​ថ្មី តែ​អាច​ទាញ​ចំណូល​មកវិញ​បាន​ខ្ទង់ពាន់​ដុល្លារ​ក្នុង​មួយខែ ប្រសិនបើ​ម្ចាស់​ចម្ការ​ដាំ​ចំនួន​ខ្ទង់ពាន់​ដើម​ឡើងទៅ​ដែរ។ កសិករ​រូប​នោះបាន​បន្ថែមថា សម្រាប់​ដំណាំ​មួយ​នេះ មាន​តម្រូវ​ការថែទាំ​ជាពិសេស​លើ 3ចំណុចធំៗ ក្នុងនោះ​រួមមាន ទី1 ការថែទាំ ទី2 ការរៀបចំ និង​ទី3 ការដឹកជញ្ជូន​ដែល​តម្រូវឱ្យ​ម្ចាស់​ចម្ការ​មាន​បច្ចេកទេស​ច្បាស់លាស់ និង​ស្របតាម​ស្តង់ដារ ទើប​គេ​ទទួល​ទិញ និង​ហ៊ាន​ឱ្យ​តម្លៃ​ថ្លៃ។

    ប៉ុន្តែ​លោក ឌឿ​ន បាន​ថ្លែង​ពី​ក្តី​ព្រួយបារម្ភ​អំពី​ការថែទាំ​ដំណាំ​កូន​ចេកអំបូង​លឿង​នេះ​ថា មិនអាច​អត់​បានឡើយ​នូវ​បច្ចេកទេស​ដាំ​ដុះ​ច្បាស់លាស់របៀប​ថែទាំ​កូន​ចេក​ឱ្យ​ត្រូវ​តាម​ទំហំ​ស្តង់ដារ ក៏ដូចជា​ការរៀបចំ រហូតដល់​ការដឹកជញ្ជូន​ចេញ​ផងដែរ ដែល​បញ្ហា​ទាំងអស់នេះ ជា​អ្វីដែល​កសិករ​យើង​មិនអាច​បំពេញបាន ដោយសារតែ​កូន​ចេកអំបូង​មាន​ភាពខុសគ្នា​ពី​ដំណាំ​ដទៃទៀត។ កូន​ចេកអំបូង​លឿង​ចូលចិត្ត​ដី​បៀមទឹក និង​ដី​ស្មៅ ហើយដី​បែបណា​ក៏​អាច​ដាំ​បានដែរ តែ​ប្រភេទ​ដី​ដែល​ល្អ​បំផុត​សម្រាប់​កូន​ចេក​នេះ គឺ​ដីក្រហម និង​ដីល្បាប់​នៅតាម​វាលទំនាប​ដែល​អាច​ស្រូប​ជីជាតិ​ទៅ​ចិញ្ចឹម​ដើម​បាន៕

  • វិស័យ​អចលនទ្រព្យ​ខេត្តកណ្តាល​កំពុងមាន​ស​ម្ទុះ​ខ្លាំង

    វិស័យ​អចលនទ្រព្យ​ខេត្តកណ្តាល​កំពុងមាន​ស​ម្ទុះ​ខ្លាំង

    វិស័យ​អចលនទ្រព្យ​ខេត្តកណ្តាល​កំពុងមាន​ស​ម្ទុះ​ឡើង​ខ្លាំង​គួរឱ្យកត់សម្គាល់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយសារ​ភូមិសាស្ត្រ​ដី​របស់​ខេត្ត​មួយ​នេះ​មាន​ទីតាំង​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ដែលជា​ទីប្រជុំជន​ធំជាងគេ​បង្អស់​ក្នុងប្រទេស​កម្ពុជា។

    លោក លឹម ច័ន្ទ​សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល​មានប្រសាសន៍ថា ស្រប​ពេលដែល​វិស័យ​អចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ​មាន​សម្ទុះ​កើនឡើង​ខ្លាំង​ស្ទើរ​ដល់​ចំណុចកំពូល​ហើយ​នោះ បានធ្វើឱ្យ​វិស័យ​មួយ​នេះ​កំពុង​ហៀរ​ឆ្ពោះទៅ​ខេត្តកណ្តាល​តាមរយៈ​ផ្លូវ60 ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​មក​ក្រុង​តាខ្មៅ ខេត្តកណ្តាល ហើយ​មិន​ថា​ភាគខាងត្បូង ភាគ​ខាងកើត និង​ភាគ​ខាងជើង​របស់​ខេត្ត​មួយ​នេះ​ទេ គឺ​សុទ្ធតែ​កំពុង​ត្រូវប៉ាន់​ទាំងអស់។

    លោក​មានប្រសាសន៍ថា តម្លៃ​ដី​ដែល​ឡើងថ្លៃ​ជាងគេ​ស្ថិតក្នុង​ក្រុង​តាខ្មៅ​កាត់​តាមផ្លូវ​21B ឆ្ពោះទៅ​ស្រុក​ស្អាង​តែម្តង​ដោយសារតែ​រដ្ឋបាលខេត្ត​បាន​ប្រជុំ​សម្រេច​ជាគោលការណ៍​កាត់​ដី​ក្នុង​ឃុំ​ចំនួន4មានដូចជា​ឃុំ​ស្វាយ​រលំ ឃុំ​សិត្បូ ឃុំ​រកា​ខ្ពស់ និង​ឃុំ​កោះអន្លុងចិន​ចូលក្នុង​ភូមិសាស្ត្រ​ទឹកដី​ក្រុង​តាខ្មៅ​ដោយ​ទទួលបាន​គោលការណ៍​ឯកភាព​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួចរាល់​ហើយ រង់ចាំតែ​ការប្រកាស​ជា​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ​នៅពេលឆាប់ៗខាងមុខនេះ​ប៉ុណ្ណោះ។ ប្លង់គោល​នេះ​បានរៀបចំ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ក្រុង​តាខ្មៅ និង​ប្លង់គោល​ប្រើប្រាស់​ដី​ក្នុងស្រុក​កោះធំ-ជ្រៃ​ធំ​នៅ​ឆមាស​ទី1 ឆ្នាំ2018 គឺ​ត្រៀម​អនុម័ត​សម្រេច​លើ​ប្លង់គោល​ប្រើប្រាស់​ឆ្នាំ2030 របស់​គណៈកម្មាធិការ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ និងសំណង់ថ្នាក់ជាតិ។

    លោក​អះអាងថា នៅពេល​មាន​គម្រោង​កាត់​ឃុំ​ខាងលើ​ចូលក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​រួច​បានធ្វើឱ្យ​ការទិញ​ដី​ពុះ​ឡូត៍​លក់​កាន់​តែមាន​សកម្មភាព​ម​មាញឹកឡើងៗ ហើយ​ការសាងសង់​សំណង់​ក្នុង​ក្រុង​តាខ្មៅ​ក៏មាន​ការកើនឡើង​ដែរ ពិសេស​សំណង់​លំនៅឋាន​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​ទាប​ស្ថិតក្នុង​ឃុំ​រកា​ខ្ពស់​បាន​ចាក់ដី​ខ្សាច់​បំពេញ​រួចរាល់ និង​បាន និង​កំពុង​ចាប់ផ្តើម​សាងសង់​ជាបណ្តើរៗហើយ។ ហើយ​លោក​បាន​បន្តថា តម្លៃ​ដី​នៅក្នុង​ឃុំ​ទាំង4នេះ​នឹង​កើនឡើង​ខ្លាំង​ថែមទៀត ខណៈ​វិស័យ​សំណង់​ក៏​កំពុង​ហូរ​ចូលទៅ​ចាក់គ្រឹះ​នៅ​ទីតាំង​នោះ​ជាបណ្តើរៗដែរ​នៅ​រយៈពេល​ចុងក្រោយ​នេះ។

    លោក លឹម ច័ន្ទ​សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល​

    មិនថាតែ​ភាគខាងត្បូង​ក្រុង​តាខ្មៅ​នោះទេ សូម្បី​នៅក្នុង​ភាគ​ខាងកើត​ដូចជា​ស្រុក​កៀនស្វាយ​ ស្រុក​ល្វាឯម​ក៏​តម្លៃ​ដី​មាន​សម្ទុះ​កើនឡើង​ដែរ ខណៈ​រដ្ឋាភិបាល​បាន និង​កំពុង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី3 ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ1 ត្រង់ចំណុច​កំពង់ផែ​ដឹកទំនិញ​តាមផ្លូវ​ទឹក​នៅ​ស្រុក​កៀនស្វាយ ដែល​នេះ​ជា​ចលករ​ជំរុញ​ឱ្យ​ដី​នៅក្នុង​ស្រុក​កៀនស្វាយ​មាន​សម្ទុះ​កើនឡើង​ខ្លាំង​ដែរ ហើយ​សំណង់​លំនៅឋាន​តូចធំ និង​បុរីទំនើបៗក៏​កំពុង​បែ​មុខ​ឆ្ពោះទៅ​ស្រុក​កៀនស្វាយ​ផងដែរ។ ជាមួយគ្នានេះដែរ នៅពេលដែល​រដ្ឋាភិបាល​រៀបចំ​គម្រោង​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​តំបន់​ជ្រោយចង្វារ​ឆ្ពោះទៅ​តំបន់​ស្វាយជ្រុំ សាងសង់​ស្ពាន​ពី​កំពង់ចម្លង​មុខ​សណ្ឋាគារ​ណាហ្គា​ឆ្ពោះទៅ​កំពង់ដ​អរិយ​ក្សត្រ និង​ស្ពាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ1កំពង់ចម្លង​ក្តី​តា​កុយ​ឆ្ពោះទៅកាន់​ឃុំ​សារិកាកែវ ក្នុងស្រុក​ល្វាឯម បានធ្វើឱ្យ​ស្ពាន​ទាំង 3ខ្សែ​នេះ​ទៅ​ជួប​ប្រសព្វ​គ្នា​នៅក្នុង​ស្រុក​ល្វាឯម ខេត្តកណ្តាល​តែមួយ ធ្វើឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​មាន​សម្ទុះ​ឡើង​ខ្លាំង ហើយ​គម្រោង​សាងសង់​លំនៅឋាន​លក់​នៅ​តំបន់​អរិយ​ក្សត្រ តំបន់​ស្វាយជ្រុំ​របស់​ក្រុមហ៊ុន​សាងសង់​សំណង់​លំនៅឋាន​លក់បាន​ចូលទៅ​វិនិយោគ​ជា​បន្តបន្ទាប់​ដែរ​ និងថ្មីៗនេះ​មាន​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​មួយទៀត​ទើបតែ​ដាក់ពាក្យ​ស្នើសុំ​សាងសង់​លំនៅឋាន​លក់​នៅ​ទីនោះ​ដែរ។ ចំណែក​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ក៏បាន​រៀបចំ​ប្លង់គោល​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ល្វាឯម​ផងដែរ ដើម្បី​ត្រៀម​ទុកជាមុន មុន​ពេលដែល​រដ្ឋាភិបាល​សាងសង់​ស្ពាន​អភិវឌ្ឍន៍​ទៅដល់​ទីនោះ។

    ងាក​ទៅ​ទិស​ខាងលិច និង​ទិស​ខាងជើង​វិញ ដូចជា​តំបន់ភ្នំ​ប្រសិទ្ធិ៍​ជាដើម សកម្មភាព​ពុះ​ដីឡូត៍​លក់​ក៏​កំពុង​រីកដុះដាល និង​មាន​សកម្ម​ភាពខ្លាំងហើយ​ដី​នៅតាម​ផ្លូវជាតិ​លេខ3 ចាប់ពី​ចំណុច​ស្ពានកំពង់ទួល ឬ​ស្ពាន​ទំនប់7មករា ឆ្ពោះទៅ​ផ្សារ​ព្រៃទទឹង​ក្បែរផ្លូវ​រថភ្លើង ហួស​ទៅមុខ​ប្រមាណ​ជាង10គីឡូ-ម៉ែត្រ​ទៀត ក៏​សកម្មភាព​ពុះ​ដីឡូត៍​កំពុង​មមាញឹក​ដែរ ខណៈដែល​រដ្ឋាភិបាល​ប្រកាស​សាងសង់​ផ្លូវជាតិ​លេខ3 ឡើងវិញ ចាប់ពី​រង្វង់​មូល​ចោមចៅ​ឆ្ពោះទៅ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​សមុទ្រ​ក្នុង​ខេត្តកំពត។

    យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល​បានបង្ហាញ​ថា នៅ​ឆមាស​ទី1 ឆ្នាំ2018នេះ មន្ទីរ​ទទួលបាន​សំណើសុំ​សាងសង់​លំនៅឋាន​សម្រាប់​លក់​កម្រិត​ថ្នាក់​ខេត្ត និង​ក្រសួង ចំនួន 55ច្បាប់ និង​បាន​បញ្ជូនទៅ​ក្រសួង​រួចរាល់​ហើយ​ដែលមាន​ផ្ទៃដី​សរុប​ចំនួន 879,981.05ម៉ែត្រក្រឡា និង​មាន​ទុនវិនិយោគ​សរុប​ចំនួន 241,361,000.ដុល្លារ។ ក្នុងនោះ​មន្ទីរ​ទទួលបាន​សំណើ​សាងសង់​កម្រិត​ថ្នាក់​ខេត្ត​ចំនួន 22ច្បាប់​ដែលមាន​ផ្ទៃដី​សរុប​ចំនួន 27,913.71ម៉ែត្រក្រឡា មាន​ទុនវិនិយោគ​សរុប​ចំនួន 7,143,358.80ដុល្លារ និង​សមត្ថកិច្ច​ក្រសួង​ចំនួន 33ច្បាប់​ដែលមាន​ផ្ទៃក្រឡា​សរុប 852,067.34ម៉ែត្រក្រឡា​ដែលមាន​ទុនវិនិយោគ 234,217,642.00ដុល្លារដែល​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2017 មាន​ចំនួន48ច្បាប់ និង​មាន​ទំហំ​ដី​សរុប​ចំនួន 312,036.70ម៉ែត្រក្រឡា កើនឡើង​ប្រមាណ​ជា1.82ដង៕

  • ស្វែងយល់ពីប្រភេទមុន ដែលតែងកើតមានលើស្បែកមុខ

    ស្វែងយល់ពីប្រភេទមុន ដែលតែងកើតមានលើស្បែកមុខ

    ប្រភេទមុន ដែលតែងកើតមាននៅលើស្បែកមុខរបស់មនុស្សនាសម័យនេះមានដូចជា មុនដែលកើតពីប្រតិកម្ម មុនដែលកើតពីការប្រែប្រួលអ័រម៉ូនមុនកប់ក្នុងសាច់ មុនធំ មុនធម្មតា សូមតាមដានលម្អិតជាមួយនឹងប្រភេទនៃមុនដូចតទៅ៖

    ប្រភេទមុន
    **មុនមិនប្រតិកម្មមានដូចជា ៖
    – មុនក្បាលបើក
    – មុនអង្កាម
    – មុនក្បាលខ្មៅ
    -មុនក្បាលបិទ
    – មុនក្បាលស

    **មុនកើតពីការប្រតិកម្មមានដូចជា ៖
    – មុនប្រតិកម្ម
    – មុនក្បាលខ្ទុះ
    – មុនក្បាលដំរី
    – មុនខ្ទុះគ្រាប់ធំ។ល។

    ដំណើរនៃការកកើតមុន
    នៅតាមបរិវេណរបស់រន្ធរោមនៅលើស្បែកមុខរបស់មនុស្សយើងនេះហើយ ជាមូលហេតុសំខាន់ដែលធ្វើឱ្យកើតមុន។ ក្រពេញខ្លាញ់ (Sebaceous Gland) បរិវេណរន្ធរោម មានតួនាទីកសាងខ្លាញ់ (Sebum) ប្រឆាំងនឹងស្បែកមុខ ដែលធ្វើឱ្យស្បែកមិនស្ងួត និងមានភាពរលើបរលោង។ Sebum បន្សំដោយ Triglyceride, Ester, Wax និងសារធាតុផ្សេងៗទៀត។ នៅពេលខ្លះវាបានបញ្ចេញជាតិខ្លាញ់ច្រើនជ្រុល ធ្វើឱ្យកកកុញនៅបរិវេណក្បែរៗរន្ធរោម និងកើតមានប្រតិកម្មបង្កឱ្យកើតជាមុន ដែលហៅថា ម៉ៃក្រូខូមីឌុន (Microcomedone) ដែលជាមូលហេតុនៃការកើតមុននៅលើស្បែក។ Microcomedone អាចនឹងបាត់ទៅវិញដោយខ្លួនឯង ឬវិវត្តទៅជាមុនតាមបែបផ្សេងៗគ្នាទៅតាមកត្ដារួមបញ្ចូល។ ប្រសិនបើមានការលាយឡំរបស់ជាតិខ្លាញ់ និងកោសិកាស្បែកចាស់(ក្អែល)នឹងធ្វើឱ្យកើតមុននៅក្នុងសាច់ជាដើម៕

  • វិធីការពារ និងព្យាបាលមុន

    វិធីការពារ និងព្យាបាលមុន

    វិធីការពារងាយៗគឺ ការកម្ចាត់បញ្ហាដែលបង្កឱ្យកើតមុន និងមិនធ្វើឱ្យឡើងខ្លាញ់មុខ តាមចំណុចណែនាំដូចខាងក្រោមនេះ ៖

    1. គេងឱ្យបានគ្រប់គ្រាន់ : ការគេងមិនគ្រប់គ្រាន់ អាចជាមូលហេតុបណ្ដាលឱ្យកើតមុនដូចគ្នា ដោយសារតែរាងកាយរបស់យើងទន់ខ្សោយ និងអស់កម្លាំង។

    2. ធ្វើអារម្មណ៍ឱ្យរីករាយ : អារម្មណ៍រីករាយស្រស់ស្រាយ ធ្វើឱ្យអ្នកមានសេ​ចក្ដីសុខចៀសផុតពីភាពតានតឹង ដែលជាមូលហេតុបណ្ដាលឱ្យកើតមុន។

    3. ទទួលទានអាហារបន្លែច្រើន : ការដែលអ្នកទទួលទានអាហារបន្លែ នឹងធ្វើឱ្យអ្នកលាងជាតិពុលចេញពីរាងកាយបានយ៉ាងល្អ និងផ្តល់វីតាមីនផ្សេងៗដល់រាងកាយរបស់អ្នកជាច្រើនព្រមទាំងជួយឱ្យរាងកាយរបស់អ្នករឹងមាំឡើង។

    4. ទទួលទានអាហារដែលមានសារធាតុខ្លាញ់សមល្មម : ប្រសិនបើអ្នកទទួលទានអាហារដែលមានសារធាតុខ្លាញ់ច្រើនពេក អាចនឹងបណ្ដាលឱ្យមានជាតិខ្លាញ់ក្នុងរាងកាយច្រើនដែលជាមូលហេតុមួយទៀតនៃការកើតមុន។

    5. លាងមុខឱ្យបានស្អាត : ការលាងមុខឱ្យស្អាត ធ្វើឱ្យមុខរបស់អ្នកស្អាត មិនកខ្វក់ដែលវាជាវិធីការពារមួយទៀត តែគប្បីប្រយ័ត្នបន្ដិច មិនគួរលាងមុខញឹកញាប់ពេកនោះទេព្រោះបណ្ដាលឱ្យស្បែកមុខរបស់អ្នកស្ដើង និងខូច។ ការលាងមុខ គួរលាងត្រឹមតែ2ដងនៅក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងពេលល្ងាច និងនៅក្នុងអំឡុងពេលលេងកីឡារួច ពេលហាត់ប្រាណរួច ឬអំឡុងពេលណាដែលអ្នកគិតថាផ្ទៃមុខរបស់អ្នកកខ្វក់ខ្លាំង។ អ្នកអាចលាងមុខបានតាមតម្រូវការ ជាមួយប្រភេទសាប៊ូដែលមិនកាត់ស្បែកមុខ មិនគួរញីដុសស្បែកមុខជាមួយសាប៊ូខ្លាំងៗពេកនោះទេ អ្នកត្រូវលាងមុខយ៉ាងថ្នមៗ។ អ្នកត្រូវលាងមុខ ចាប់ពីផ្នែកខាងក្រោមដេញទៅដល់ថ្ងាស និងស្នៀតផ្កា។ បន្ទាប់ពីដុសមុខនឹងសាប៊ូរួច អ្នកត្រូវលាងសម្អាតសាប៊ូចេញឱ្យអស់ពីផ្ទៃមុខផង។ មិនត្រូវប្រើឡេ ឬ Astringent ជូតស្បែកមុខរបស់អ្នកនោះទេលើកលែងតែមុខរបស់អ្នកមានខ្លាញ់ច្រើនតែប៉ុណ្ណោះ។ ហើយអ្នកគួរកក់សក់យ៉ាងខ្ជាប់ខ្ជួនផងដែរ ចំពោះអ្នកដែលមានសក់ក្រាស់ អ្នកគួរ កក់សក់ជារៀងរាល់ថ្ងៃ ដើម្បីការពារមេរោគចម្លងមកផ្ទៃមុខរបស់អ្នក ដែលអាចបណ្តាលឱ្យកើតមុនបាន។

    6. ប្រើក្រដាសផ្ដិតខ្លាញ់ពីផ្ទៃមុខ : ប្រសិនបើមុខរបស់អ្នកមានខ្លាញ់ច្រើនពេកនោះ សូមសាកល្បងប្រើក្រដាសផ្ដិតខ្លាញ់ចេញពីផ្ទៃមុខរបស់អ្នក ក៏ជាវិធីការពារមួយដែរ។ អ្នកត្រូវផ្ដិត ឬជូតល្មមៗបានហើយ មិនគួរជូតពេញមួយថ្ងៃនោះទេ។

    7. ចៀសវាងការប៉ះពាល់មុខ : ផ្ដោតអារម្មណ៍ជាមួយមុខឱ្យបានតិចតួចបំផុត ព្រោះដៃរបស់អ្នកទាំងកខ្វក់ ទាំងមានបាក់តេរី ដែលជាមូលហេតុធ្វើឱ្យកើតមុន។

    8. ប្រើថ្នាំបំបាត់មុន : ប្រើប្រាស់ថ្នាំ ដើម្បីជួយបំបាត់បញ្ហាមុននៅលើផ្ទៃមុខរបស់អ្នក៕

  • ក្រោយប្រឡងបាក់ឌុប ត្រូវធ្វើអ្វីខ្លះ ដើម្បីកុំឱ្យ​លំបាក​ក្រោយឃើញលទ្ធផល?

    ក្រោយប្រឡងបាក់ឌុប ត្រូវធ្វើអ្វីខ្លះ ដើម្បីកុំឱ្យ​លំបាក​ក្រោយឃើញលទ្ធផល?

    ក្រោយប្រឡងមធ្យមសិក្សា​ទុតិយភូមិ​ហើយភ្លាម ជាពេលដែលមានសេចក្តីសុខខ្លាំងបំផុតសម្រាប់​បេក្ខជនប្រឡងទាំងអស់ ព្រោះវាជាពេលវេលា​ដែលបានដកបន្លាចេញពីទ្រូង និងជាពេលត្រូវសម្រាក​សងសម្រាប់​ការនឿយហត់​ដែលបានខិតខំប្រឹងប្រែងអស់រយៈពេលជាយូរខែដើម្បីត្រៀមរង់ចាំដល់ថ្ងៃប្រឡង។ តែទោះជាយ៉ាងនេះក្តី សិស្សមិនគួរ​សប្បាយភ្លេចខ្លួននោះទេ ព្រោះ​វាគ្រាន់តែជាដំណាក់កាលចាប់ផ្តើម​តែប៉ុណ្ណោះសម្រាប់ការប្រយុទ្ធ​ក្នុងសមរភូមិអប់រំដើម្បីអនាគត។

    ​លោក ស៊ិន បញ្ញាវុឌ្ឍី សាស្ត្រាចារ្យសេដ្ឋកិច្ច បានលើកឡើងថា យុវជនដែលទើបតែប្រឡងបាក់ឌុបហើយ​ចាំបាច់ត្រូវ​ត្រៀម​ចិត្ត​ត្រៀមកាយឱ្យបានល្អបើទោះបីជាមិនទាន់ដឹងថាធ្លាក់ ឬជាប់ក៏ដោយ។ អ្វីដែលពួកគាត់អាចធ្វើបានគឺព្យាយាម​ស្វែងយល់ពីខ្លួនឯងថា​ តើគាត់ចង់សិក្សាជំនាញអ្វីបន្តទៀតនៅថ្ងៃអនាគត ហើយ​អាជីពរបស់គាត់​ត្រូវនឹងមុខវិជ្ជាវិទ្យាសាស្រ្តពិត ឬវិទ្យាសាស្រ្តសង្គម។ ដំណាក់កាលនេះប្រសិនបើគាត់អាចដឹងពីគោលដៅច្បាស់លាស់ហើយ គាត់អាចចំណាយពេលវេលាដើម្បីស្រាវជ្រាវឱ្យដឹងថា អាជីពដែលគាត់ស្រឡាញ់នោះ​គេធ្វើអ្វីពិតប្រាកដ ហើយត្រូវនឹងចំណង់ចំណូលចិត្តពីកំណើតរបស់គាត់ដែរឬទេ កុំឱ្យ​ក្រោយពីដឹងលទ្ធផល និងចុះឈ្មោះចូលរៀនយោងតាម​របាយការណ៍ ហើយទើបដឹងថាខ្លួនមិនពេញចិត្តជំនាញនោះ។ ម្យ៉ាងវិញទៀតសិស្សម្នាក់ៗត្រូវចាំបាច់សិក្សា ផងដែរពី​មធ្យោបាយដើម្បីសម្រេចក្តីស្រមៃនោះ ទាំងថវិកា និង​ការត្រៀមខ្លួនផ្សេងទៀត។

    លោកសាស្ត្រាចារ្យ ស៊ិន បញ្ញាវុឌ្ឍី បាននិយាយថា៖ “​មធ្យោបាយ​ដែលអាចជំរុញឱ្យយុវជន​សម្រេចក្តីស្រមៃរបស់ខ្លួនបាន គឺទី1 ត្រូវគិតពីមូលដ្ឋានគ្រឹះនៃចំណេះដឹងដែលខ្លួនគាត់មានជាមុនសិន។ ប្រសិនបើគាត់ស្រឡាញ់ពេទ្យ ឬវិស្វករ តើគាត់​មានចំណេះដឹងគ្រឹះអ្វីខ្លះដែលអាចជួយគាត់ឱ្យសិក្សាបានដោយជោគជ័យ និងទទួលបានការងារល្អ។ ចំណុចទី2 គឺមធ្យោបាយជាថវិកា ថាតើ​អាជីពដែលគាត់ចង់រៀននេះគាត់មានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ហើយត្រូវធ្វើអ្វីបន្តទៀតដើម្បី​ដោះស្រាយបញ្ហាទាំងអស់នេះ”។

    អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា សិស្សក៏អាចចំណាយពេលវេលាទំនេរនេះមកសិក្សាពី​ទីផ្សារការងារបច្ចុប្បន្ន និងអនាគតផងដែរ ដើម្បីឱ្យដឹងច្បាស់ថាជំនាញណាខ្លះដែលអាចជួយគាត់ឱ្យ​បំពេញទាំងក្តីស្រឡាញ់ផ្ទាល់ខ្លួន និងមានទីផ្សារទូលាយ ហើយអាចជួយសង្គមបានល្អ។ ហើយជំនាញណាខ្លះដែលអាចធ្វើឱ្យគាត់ខាតបង់ព្រោះមនុស្សម្នាក់ៗមានក្តីស្រឡាញ់ច្រើន ហេតុនេះ​នៅពេលគាត់ដឹងពីអាជីពក្នុងក្តីស្រឡាញ់ហើយ គាត់ចាំបាច់ត្រូវចេះជ្រើសរើសយកអាជីពល្អបំផុតមួយក្នុងចំណោម​អាជីពទាំងអស់នោះ​ដើម្បី​បន្តដំណើរប្រកបដោយការអភិវឌ្ឍខ្ពស់។

    លោក មាំ វិបុល ស្ថាបនិក​កម្មវិធី Millionaire Idea ដែលជាកម្មវិធី​ស្រាវជ្រាវ និងអប់រំ​យុវជន​នៅកម្ពុជា បានលើកឡើងថា ដំណាក់កាលក្រោយ​ប្រឡងមធ្យមសិក្សាទុតិយភូមិនេះ​ យុវជនគួរត្រៀមទាំងអស់ទាំងអ្នកសង្ឃឹមច្រើន និងអ្នកមិនសូវសង្ឃឹមថាខ្លួនឯងជាប់។ សម្រាប់អ្នកសង្ឃឹមច្រើនថា ខ្លួនឯងប្រឡងជាប់ គាត់​អាចសប្បាយចិត្ត តែសូមកុំសប្បាយចិត្តជ្រុល ព្រោះនៅមានរឿងច្រើនណាស់ដែលត្រូវធ្វើប​ន្តបន្ទាប់ទៀត។ ហើយសម្រាប់អ្នកមិនសង្ឃឹមថាជាប់ក៏កុំអស់សង្ឃឹម ព្រោះ​វាជាដំណាក់កាល​បើកទំព័រថ្មីមួយនៃជីវិតដូចគ្នា ហេតុនេះ​កុំបារម្ភខ្លាំងពេក ពេលខ្លះ​អ្នកធ្លាក់ក៏អាចមានលទ្ធផល​ល្អជាងអ្នកជាប់ដែរប្រសិនបើយើងប្រើ​ភាពឈឺចាប់នេះដើម្បីជំរុញខ្លួនឯងឱ្យ​ខិតខំប្រឹងប្រែងខ្លាំងឡើង។

    លោក មាំ វិបុល បាននិយាយថា៖ “​អ្នកជាប់​រៀនចប់ក៏ត្រូវរកការងារធ្វើ ហើយអ្នកធ្លាក់ក៏ត្រូវរកការងារធ្វើដូចគ្នាដែរ។ ហេតុនេះកុំអស់សង្ឃឹម អ្នកធ្លាក់អាចយឺតជាងគេបន្តិច តែក៏អាចល្អដែរប្រសិនបើគាត់ពិតជាខិតខំមិនបោះបង់ ព្រោះអ្នក​ជ្រើសរើសបុគ្គលិកគេមិនរើសអើងថា ​អ្នកធ្លាប់ធ្លាក់បាក់ឌុប​គេមិនយកនោះទេ អ្វីដែលគេមើលពិតប្រាកដ​ គឺសមត្ថភាពធ្វើការងារជាក់ស្តែង ហេតុនេះ​យើងនៅតែអាចប្រកួតប្រជែងបាននៅថ្ងៃក្រោយ”។

    ក្រៅពីការតាំងចិត្តនេះ លោក​វិបុល បានបញ្ជាក់ផងដែរថា យុវជន​អាច​ស្វែងរករៀមច្បងដែលធ្លាប់មានបទពិសោធច្រើនក្នុងការសិក្សា ទាំងអ្នកជោគជ័យខ្លាំងលើការងារសិក្សា និងអ្នកជោគជ័យខ្លាំងលើការងារតែធ្លាប់ឈឺចាប់ក្នុងការសិក្សា។ នៅពេលដែលយើងជួបជជែកជាមួយពួកគាត់ យើងនឹងអាចទទួលបានបទពិសោធច្រើនក្នុងការដាស់តឿនខ្លួនឯងឱ្យខិតខំប្រឹងប្រែងជម្នះឧបសគ្គជាច្រើនផ្សេងទៀត ក្នុងការសិក្សានៅកម្រិតមហាវិទ្យាល័យ។ ម្យ៉ាងវិញទៀត បទពិសោធជីវិតទាំងអស់នេះក៏អាចជួយយុវជនឱ្យដើរលឿនជាងអ្នកដទៃផ្សេងទៀតដែល​មិនបានត្រៀម ហើយវាក៏ជាចំណុចចាប់ផ្តើមដ៏ល្អក្នុងការពង្រឹងគុណភាពខ្លួនឯងដើម្បី​ប្រកួតប្រជែងក្នុងទីផ្សារការងារផងដែរ៕

  • ការបន្ថែម​ជើងហោះហើរ​ចិន​មក​កម្ពុជា​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរឡើង

    ការបន្ថែម​ជើងហោះហើរ​ចិន​មក​កម្ពុជា​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរឡើង

    ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក៏ដូចជា​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ដែរនោះ កម្ពុជា​បានអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ថ្មី​មួយទៀត​ធ្វើការ​ហោះហើរ​ត្រង់​ទៅ-មកពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មកកាន់​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​នៅ​ដើមខែ​វិច្ឆិកា ចុងឆ្នាំ2018 ខាងមុខនេះ។

    ប្រតិភូ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (Air China) បានឱ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍ Air China នឹងធ្វើ​ការហោះហើរ​ត្រង់​ផ្ទាល់​ពី​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន​មកកាន់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ជា​គោលនយោបាយ​ពង្រឹង​ការលើកកម្ពស់​ការតភ្ជាប់​ការហោះហើរ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​ដើម្បី​ផ្តល់​ភាពងាយស្រួល​កាន់តែប្រសើរ​ឡើងដល់​ភ្ញៀវទេសចរ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ពាណិជ្ជក​ម្ម​របស់​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​ថែមទៀត។

    ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​មានប្រសាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ​របស់​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល ឯកឧត្តម​ថ្លែង​គាំទ្រ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ថា អាកាសចរ​ស៊ីវិល​កម្ពុជា​នឹង​ជួយ​សម្រួល​បែបបទ និង​បច្ចេកទេស​នានា ធ្វើយ៉ាងណា​ឱ្យមាន​ការហោះហើរ​ត្រង់​មក​តាម​ពេលវេលា​ដែល​បានគ្រោង​ទុក គឺ​ការហោះហើរ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2018 ដោយ​ប្រើ​យន្តហោះ​ប្រភេទ Airbus 320 ហោះហើរ 3ជើង​ក្នុង​មួយ​សប្តាហ៍។

    ឯកឧត្តមបណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ ជួបជាមួយអ្នកតំណាងក្រុមហ៊ុន Air China

    ឯកឧត្តម​បាន​បញ្ជាក់ថា តាមរយៈ​ការហោះហើរ​ត្រង់​រវាង​រដ្ឋធានី​ប៉េកាំង និង​រាជធានី​ភ្នំពេញ​នេះ នឹង​ជំរុញ​នូវ​ចំណងមិត្តភាព​ប្រទេស​ទាំង2 ឱ្យ​កាន់តែ​ជិតស្និទ្ធ កំណើន​អ្នកដំណើរ​តាម​ផ្លូវអាកាស​កាន់តែច្រើន​ឡើង និង​មានការ​ផ្លាស់ប្តូ​រពា​ណិ​ជ្ចក​ម្មរ​វាង​ប្រទេសទាំង2កាន់តែ​ល្អប្រសើរ​ឡើង​មួយកម្រិត​ទៀត។

    ឯកឧត្តម ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​មានប្រសាសន៍ថា កម្ពុជា​មិនមាន​ច្បាប់ ឬ​គោលនយោបាយ​ហាមឃាត់​ប្រទេស​ណាមួយ មិនឱ្យ​ហោះហើរ​ត្រង់​ទៅ-មក​នោះទេ គឺ​អាស្រ័យទៅលើ​កិច្ចព្រមព្រៀង​សេវាកម្ម​រវាង​ប្រទេស​ទាំង2 ពិសេស​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

    លោក​មានប្រសាសន៍ថា មកទល់​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន11 ហើយ ដែល​ហោះហើរ​ត្រង់​ទៅ-មកជា​មួយ​ប្រទេស​កម្ពុជា ខណៈ​កម្ពុ​ជាមាន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​តែ4 ប៉ុណ្ណោះ​ដែល​ហោះ​ត្រង់​ទៅកាន់​ប្រទេស​ចិន។ កត្តា​ដែល​កម្ពុ​ជាមាន​ជើងហោះហើរ​តិចជាង​ចិន​នេះ ដោយសារតែ​កម្ពុ​ជាមាន​ទីផ្សារ​បើកចំហ ប្រសិនបើ​ក្រុមហ៊ុន​បរទេស​ចង់​ហោះ​ត្រង់​មក​កម្ពុជា យើង​មាន​ឯកសារ និង​បំពេញ​គ្រប់​លក្ខខណ្ឌ​តាម​តម្រូវការ​ច្បាប់​របស់​កម្ពុជា ហើយ​នៅមាន​ទីកន្លែង​ទំនេរ ដែល​អាច​ហោះហើរ​ត្រង់​ទៅ-មក​តែម្តង ចំណែកឯ​ភាគី​ចិន​វិញ គេ​មាន​ភាព​តឹងរ៉ឹង ដោយ​តម្រូវឱ្យ​ចំពោះតែ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​ដែលមាន​ភាពចាស់ទុំ មានន័យថា ធ្លាប់​ហោះហើរ​លើសពី1,000ជើង​ឡើងទៅ ទើប​អាច​ស្នើសុំ​ការហោះ​ត្រង់​ទៅកាន់​ប្រទេស​ចិន​បាន តែ​បើសិនជា​ព្រលានយន្តហោះ​នោះ មិនមាន​ទីកន្លែង​ទំនេរ ក៏​មិនអាច​ហោះ​ត្រង់​ទៅបាន​ដែរ។

    គួរ​បញ្ជាក់ថា មកទល់​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន 42ក្រុមហ៊ុន​ហើយ​ដែល​ហោះហើរ​ត្រង់​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ការបើក​ដំណើរការ​ហោះហើរ​កាន់តែ​ច្រើន​នេះ នឹង​ធ្វើឱ្យ​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវអាកាស​នេះ​កាន់តែ​ប្រសើរឡើង និង​បំពេញបាន​តាម​តម្រូវការ​អតិថិជន ឯ​អតិថិជន​ក៏មាន​ជម្រើស​ច្រើន​ក្នុងការសម្រេចចិត្ត​ប្រើប្រាស់​សេវាកម្ម​ហោះហើរ​ក្រុមហ៊ុន​ណាមួយ​ផងដែរ។

    យន្តហោះរបស់ក្រុមហ៊ុន Air China

    ការស្នើសុំ​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា របស់​ក្រុមហ៊ុន Air China នេះ​ធ្វើឡើង​នៅពេលដែល​គេ​មើលឃើញថា ភ្ញៀវទេសចរ​ចិន​បានធ្វើ​ដំណើរ​មកកាន់​ក​ម្ពុ​ជាមាន​ចំនួន​កាន់តែច្រើនឡើងៗនៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​ចំនួន​មួយ​ដែល​នាំមុខគេ​ក្នុងចំណោម​ភ្ញៀវទេសចរ​ដទៃទៀត​ដែល​បានមក​ទស្សនា​ប្រទេស​កម្ពុជា។ តាមរយៈ​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញថានៅ​ឆមាស​ទី1 ឆ្នាំ2018នេះ ភ្ញៀវទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន 93ម៉ឺន​នាក់ ស្មើនឹង31ភាគរយ​នៃ​ភ្ញៀវទេសចរ​សរុប​ខណៈដែល​ភ្ញៀវ​វៀតណាម​ឈរ​លំដាប់ថ្នាក់​លេខ2។

    ចំណែក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន កាលពី​ឆ្នាំ2017កន្លងទៅ សម្រេចបាន​មាន​ប្រមាណ 5,800លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង21.8% បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ត្រឹមតែ 4,760លាន​ដុល្លារ ហើយ​ភាគី​ទាំង2 បាន​ប្តេជ្ញា​បង្កើន​ពាណិជ្ជកម្ម​ដល់6ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ2020៕

  • ពាណិជ្ជករត្រូវតែ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​រក្សា​ជំហរ​ក្នុង​ទីផ្សារអាជីវកម្ម

    ពាណិជ្ជករត្រូវតែ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​រក្សា​ជំហរ​ក្នុង​ទីផ្សារអាជីវកម្ម

    វា​មិនមែនជា​រឿង​ចម្លែក​ពេក​ទេ​ដែល​ការធ្វើ​អាជីវកម្ម​ចាំបាច់​ត្រូវមាន​ភាពបត់បែន​ខ្ពស់​នៅ​ក្នុងសម័យ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ។ ការធ្វើ​អាជីវកម្ម​លើ​គ្រប់ផ្នែក​ទាំងអស់ ទាំង​ការផ្គត់ផ្គង់​ចំណីអាហារ ការដឹកជញ្ជូន ឬ​អាជីវកម្មធំៗជាច្រើន​ផ្សេងទៀត ចាំបាច់​ត្រូវតែ​បត់បែន​ឱ្យបាន​លឿន​បំផុត​ដើម្បី​ឱ្យទាន់​ស្ថានភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ដែល​ធ្វើឱ្យ​ការប្រកួតប្រជែង​កើតមាន​កាន់តែខ្លាំង​ក្នុង​ពិភព​ជំនួញ។

    លោក Tom Den Hertog អគ្គនាយក​ក្រុមហ៊ុន Ahold Asia Pacific បាន​លើកឡើងថា វត្តមាន​នៃ​បច្ចេកវិទ្យា​ទំនើប បាន​ផ្លាស់ប្តូរ​ការរស់នៅ​រប​ស់​អតិថិជន​យ៉ាងច្រើន ព្រោះ​ពួកគេ​រស់នៅក្នុង​ពិភព​ព័ត៌មាន​យ៉ាង​សម្បូរបែប ហេតុនេះ​ការធ្វើ​អាជីវកម្ម​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​បង្កើនល្បឿន​នៃ​សេវាកម្ម និង​ការ​ផ្តល់ព័ត៌មាន​ឱ្យបាន​កាន់តែ​លម្អិត​ទៅដល់​អតិថិជន។ លោក​ថា ជាក់ស្តែង​ការធ្វើ​អាជីវកម្ម​លើ​ការផ្គត់ផ្គង់​ចំណីអាហារ ពីមុនមក​យើង​ចាប់ផ្តើម​ពី​ការបង្កើត​ផលិតផល​កសិកម្ម បន្ទាប់មក​រុញ​ចូលទៅក្នុង​រោងចក្រ​កែច្នៃ​វេច​ខ្ចប់ បញ្ជូនទៅ​ផ្នែក​ចែកចាយ ហើយ​បន្ទាប់មកទៀត​ទើប​ដឹក​ទៅដល់​ហាង​លក់រាយ ឬ​ភោជនីយដ្ឋាន​ទើប​ដល់ដៃ​អតិថិជន។ ដំណើរ​នៃ​ការរៀបចំ​ចង្វាក់​ផ្គត់ផ្គង់ (supply chain) បែបនេះ​នៅ​ពេញនិយម​ខ្លះ​នៅឡើយ តែ​វា​នឹងត្រូវ​ផ្លាស់ប្តូរ​ស្ទើរតែ​ទាំងស្រុង​នៅពេលឆាប់ៗខាងមុខនេះ។

    លោក Tom Den Hertog អគ្គនាយក​ក្រុមហ៊ុន Ahold Asia Pacific

    លោក Tom Den Hertog និយាយថា៖ “អ្នករកស៊ី​ផ្នែក​ផ្គត់ផ្គង់​ចំណីអាហារ​នាពេល​បច្ចុប្បន្ន​នេះ​ត្រូវការ​ចាំបាច់​បំផុត​នូវ​ភាព​ច្នៃប្រឌិត។ មាន​ក្រុមហ៊ុន​មួយឈ្មោះថា Hello Fresh គាត់​បាន​បង្កើត​គំនិត​ច្នៃប្រឌិត​យ៉ាងខ្ពស់​ដោយ​ការ​បង្កើតជា​ប្រអប់​សម្រាប់​ដាក់​បន្លែ និង​គ្រឿងផ្សំ​ស្រេច ដោយ​បញ្ចូល​ជាមួយ​វិធីសាស្ត្រ​ធ្វើ​ម្ហូប​នៅក្នុង​ប្រអប់ និង​បង្ហាញ​ច្បាស់​ពី​ប្រភព​លម្អិត​តាំងពី​កន្លែង​ដាំ​រហូត​ដល់ដៃ​អតិថិជន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា”។

    លោក​បានបញ្ជាក់​ផងដែរ​ថា រាល់​ការទិញ​របស់​អតិថិជន​នឹងត្រូវ​ដឹក​ដល់ដៃ មិនចាំបាច់​លំបាក​ស្វែងរក​នៅ​ទីផ្សារ​នោះទេ អតិថិជន​ក៏​អាច​រៀន​ធ្វើ​ម្ហូប និង​ស្វែងរក​វិធីសាស្ត្រ​ប្រកបដោយ​ភាព​រីករាយ​ជាច្រើន​សម្រាប់​ការរស់នៅ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅផ្ទះ ដោយ​ប្រើប្រាស់​តែ​ទូរស័ព្ទ Smart Phone មួយ​ប៉ុណ្ណោះ។ ការធ្វើ​បែបនេះ​នឹងធ្វើ​ឱ្យ​អតិថិជន​កាត់បន្ថយ​ចំណាយ​តិច ចំណេញ​ពេលវេលា​ច្រើន​សម្រាប់​គ្រួសារ និង​មាន​អារម្មណ៍​កក់ក្តៅ​គ្រប់គ្រាន់​ចំពោះម្ហូបអាហារ​ដែល​ដឹកជញ្ជូន​មក​ដល់ដៃ​គាត់​គ្រប់ពេលវេលា​នោះ។ លោក​ថា ការធ្វើ​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន​ចាំបាច់​ត្រូវតែ​បង្កើន​ល្បឿន គិត​ឱ្យបាន​មុនគេ និង​ផ្តល់ព័ត៌មាន​លម្អិត ព្រោះ​ផលិតផល​ដែល​យើង​នឹង​ចេញ គឺ​ត្រូវ​ជួបនឹង​ការប្រកួតប្រជែង​ខ្លាំង។

    លោក Tom Den Hertong បាន​និយាយទៀតថា៖ “ប្រសិនបើ​យើង​នាំ​អាហារ ឬ​ផលិតផល​ទៅកាន់​ប្រទេស​ណាមួយ សូមកុំ​គិតថា យើង​ប្រកួតប្រជែង​តែ​ជាមួយ​ក្រុមហ៊ុន​នៅក្នុង​ស្រុក តែ​ត្រូវ​គិតថា យើង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ទាំងអស់​លើ​ពិភពលោក ព្រោះ​អតិថិជន​បច្ចុប្បន្ននេះ​ដឹង​គ្រប់​ព័ត៌មាន​ទាំងអស់​លើ​ពិភពលោក ហើយ​ពេលខ្លះ​អតិថិជន​អាច​ឆ្លាត​ជាង​អ្នកលក់​ទៀតផង។ ខ្ញុំ​មិនដឹងថា​នៅទីនេះ ប្រជាជន​គិតពី​ប្រភព​នៃ​អាហារ ឬ​អត់​នោះទេតែ​សម្រាប់​ប្រទេស​ខ្ញុំ គឺ​គេ​គិត​ទាំងអស់ ទាំង​កន្លែងកែច្នៃ ការ​វេច​ខ្ចប់ ក្រុមហ៊ុន​ចែកចាយ និង​វិធីសាស្ត្រ​រក្សាទុក​ផលិតផល ជាដើម។ ហេតុនេះ​ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យ​ទិញ​បាន លុះត្រាតែ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធានាថា យើង​បាន​បញ្ជូន​ព័ត៌មាន​លម្អិត​គ្រប់បែបយ៉ាង​ទៅកាន់​អតិថិជន​លើ​រាប់រយ​មុខទំនិញ​ដែល​យើង​ផ្គត់ផ្គង់”។

    លោក​អគ្គនាយក​រូបនេះ បានបញ្ជាក់​ផងដែរ​ថា ការរកស៊ី​បច្ចុប្បន្ន​ចាំបាច់​ដើរ​ឱ្យបាន​មុនគេ ដើម្បី​ទទួលបាន​ជោគជ័យ។ មានការ​ស្រាវជ្រាវ​មួយ​ពី​ឥរិយាបថ​របស់​មនុស្ស​បាន​រកឃើញថា ប្រសិនបើ​គេ​បើក​ពហុ​កីឡដ្ឋាន​នៅ​ម៉ោង 12:00 ហើយ​បិទ​លែងឱ្យ​ចូល​នៅ​ម៉ោង 12:50នាទី​សម្រាប់​ទស្សនា​កីឡា មនុស្ស​នឹង​សម្រុកចូល​តែ​ពេល​ជិត​ដល់​ម៉ោង​បិទ​ប៉ុណ្ណោះ។ រយៈពេល​ចាប់ពី​ម៉ោង 12:00ដល់​ម៉ោង 12:45នាទី គឺមាន​កៅអី​ទំនេរ​រហូតដល់ 97% ហេតុនេះ​មនុស្ស​នឹង​នាំគ្នា​សម្រុកចូល​នៅ​រយៈពេល​ត្រឹមតែ 5នាទីចុងក្រោយ​ប៉ុណ្ណោះ។ ការរកស៊ី​ក៏​ដូចគ្នា​ដែរ ជាទូទៅ​ក្រុមហ៊ុន​ដែល​ដើរ​មិនទាន់​គេ ហើយ​បិទទ្វារ​ទៅវិញ​ភាគច្រើន​គឺ​ដោយសារតែ​មិន​ព្រម​ចាប់ផ្តើម​ធ្វើការ​ច្នៃប្រឌិត​ឱ្យបាន​មុនគេ ហើយ​រួមគ្នា​ប្រកួត​ខ្លាំង​នៅពេល​ចុងក្រោយ​ជាមួយ​គេឯង នោះ​ពួកគេ​នឹង​ពិបាក​ឈរជើង។

    បន្ថែម​ពីលើ​នេះ លោក Picheat Chansate នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុម​ហុន ThaiSomdej Service ដែលជា​ក្រុមហ៊ុន​ជាប់​ពានរង្វាន់ ​Excellent Logistic Management award 2018 បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក ជា​ក្រុមហ៊ុន​ឡូជីស្ទីក ហេតុនេះ​ការគ្រប់គ្រង​សេវាកម្ម និង​ឯកសារ​មាន​សារៈ​សំខាន់បំផុត ហើយ​អ្វីដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​របស់លោក​អាចឈរជើង​បានល្អ​ក្នុង​ទីផ្សារ និង​ទទួលបាន​ពានរង្វាន់​ដ៏​សំខាន់​នេះ​ក៏មាន​ការរួមចំណែក​ពី​បច្ចេកវិទ្យា​ផងដែរ។ បច្ចេកវិទ្យា​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ពាណិជ្ជកម្ម​នៅពេល​បច្ចុប្បន្ននេះ។ ក្រុមហ៊ុន​របស់លោក​បាន​ចំណាយ​ទុន​យ៉ាងច្រើន​ដើម្បី​អភិវឌ្ឍ​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ខ្លួនឯង​ដែលមាន​ឈ្មោះថា Intelligent Customs Clearance Technology (ICCT) ដើម្បី​សម្រួល​ដល់​សកម្មភាព​ការងារ​ឱ្យបាន​កាន់តែ​ឆាប់រហ័ស និង​ងាយស្រួល។

    លោក Picheat Chansate នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុម​ហុន ThaiSomdej Service

    លោក Picheat Chansate បាន​និយាយថា៖ “ពីមុន​សម្រាប់​អតិថិជន​ម្នាក់​ដែល​ប្រើប្រាស់​សេវា​​របស់​យើង យើង​ប្រើប្រាស់​ពេល​រហូតដល់​ទៅ 4ម៉ោង​ដើម្បី​រៀបចំ​វិក្កយបត្រ និង​បញ្ចូល​ទៅក្នុង​កម្មវិធី Excell តែ​បច្ចុប្បន្ននេះ​យើង​បង្រួញ​ពេល​ឱ្យ​សល់​ត្រឹមតែ​ប្រហែល 5នាទី​ប៉ុណ្ណោះ។ ហើយ​យើង​ក៏​អាចបំពេញ​ទម្រង់​ចេញ ឬ​ចូល​សម្រាប់​ពួកគាត់​ដោយ​ប្រើពេល​ត្រឹមតែ 5នាទី​ដូចគ្នា​លើ​មុខទំនិញ​ជាច្រើន​មុខ​របស់គាត់”។

    លោក Picheat Chansate បានលើកឡើង​ផងដែរ​ថា រាល់​ឯកសារ​ទាំងអស់​របស់​អតិថិជន​នឹងត្រូវ​បាន​ផ្ទុក​ក្នុង​កន្លែង​ផ្ទុក​ទិន្នន័យធំៗចំនួន 2 ដែល​វា​មាន​សមត្ថភាព​រក្សាទុក​រហូតដល់​ទៅ 5ឆ្នាំ ដែល​ធ្វើឱ្យ​អតិថិជន​កាន់តែ​មាន​ទំនុកចិត្ត និង​ងាយស្រួល​ស្វែងរក​ឯកសារផ្សេងៗផងដែរ។ ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ទាំងអស់នេះ​ជា​បេះដូង​របស់​ក្រុមហ៊ុន​លោក ហេតុនេះ​វា​ត្រូវបាន​ការពារ​យ៉ាង​ល្អិតល្អន់។ ក្រោយពេល​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងអស់នេះ ការធ្វើការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ដែល​ផ្តល់ឱកាស​ឱ្យ​ក្រុមហ៊ុន​របស់លោក​ពង្រីក​សេវាកម្ម បាន​កាន់តែច្រើន និង​មាន​គម្រោង​បោះទីតាំង​ទៅកាន់​តំបន់សំខាន់ៗជាច្រើន​ផ្សេងទៀត​ដោយ​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ។

    អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ខាងលើ​បានលើកឡើង​ផងដែរ​ថា បើទោះបី​ជាមាន​វត្តមាន​នៃ​បច្ចេកវិទ្យា​ទំនើប​ក្តី តែ​បុគ្គលិក​របស់លោក​នៅតែ​អាច​រក្សា​លំនឹង​របស់ខ្លួន​ក្នុង​ការធ្វើការងារ​ដដែល តែ​អ្វីដែល​ពួកគេ​ត្រូវធ្វើ​គឺ​បង្កើន​សមត្ថភាព​ក្នុងការ​ប្រើប្រាស់ និង​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងអស់នោះ។ វា​នឹង​ធ្វើឱ្យ​ពួកគេ​មាន​ពេលវេលា​ទំនេរ​ច្រើនជាង​មុន តែ​យើង​នៅតែ​ត្រូវការ​មនុស្ស​ដើម្បី​ផ្ទៀងផ្ទាត់ ព្រោះ​មនុស្ស​មាន​អ្វីដែល​ម៉ាស៊ីន​គ្មាន គឺ​ខួរក្បាល៕