Author: ធឿន មករា

  • ក្នុងរយៈពេល 8ខែនៃឆ្នាំ2018 គ្រោះធម្មជាតិបានឆក់យកជីវិតពលរដ្ឋកម្ពុជាជាង 100នាក់

    ក្នុងរយៈពេល 8ខែនៃឆ្នាំ2018 គ្រោះធម្មជាតិបានឆក់យកជីវិតពលរដ្ឋកម្ពុជាជាង 100នាក់

    ការកើតឡើងនូវគ្រោះធម្មជាតិ​មានដូចជា ខ្យល់​កន្ត្រាក់ រន្ទះបាញ់ និងទឹកជំនន់​ ​បានសម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​ ​138​នាក់ និងប្រជាពលរដ្ឋ​ប្រមាណ​ជា ​53ម៉ឺន​នាក់​ផ្សេងទៀតត្រូវបាន​រងគ្រោះ​។ នេះ​បើយោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុង​រយៈពេល​8​ខែ ដើមឆ្នាំ​2018។

    ​របាយការណ៍​បាន​គូសបញ្ជាក់ថា៖ រយៈពេល​ 8ខែ ដើមឆ្នាំ​2018​នេះ គ្រោះមហន្តរាយបាន​កើតឡើង​ខុសប្លែក​ពី​ឆ្នាំមុនៗ ពោលគឺបញ្ហា​គ្រោះធម្មជាតិបណ្ដាលឱ្យមានជីវិតមនុស្សស្លាប់​មានដូចជា​៖ ខ្យល់​កន្ត្រាក់​បាន​កើតឡើង រហូតដល់ ​166លើក សម្លាប់​មនុស្ស​ចំនួន​6នាក់ រន្ទះបាញ់​បានសម្លាប់​មនុស្ស​ចំនួន ​88​នាក់ និងគ្រោះទឹកជំនន់បានសម្លាប់​មនុស្ស​ 44នាក់​។​

    គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អះអាងថា៖ ករណី​គ្រោះទឹកជំនន់បានចាប់ផ្តើម​តាំងពី​ក្រោយ​ចូលឆ្នាំ​ខ្មែរ​មក រហូតដល់​ជិត​យុទ្ធនាការ​បោះឆ្នោត ហើយក៏​កើតមាន​ជំនន់​ទឹកភ្លៀង​នៅប៉ែក​ខាងលិចប្រទេស ​ដូចជា​៖ ខេត្ត​បាត់ដំបង ​ខេត្ត​បន្ទាយមានជ័យ ​ខេត្ត​ប៉ៃលិន និងខេត្តកំពង់ស្ពឺ​ជាដើម​។ រីឯ​ខេត្ត​តាម​មាត់សមុទ្រ​មាន ខេត្ត​ព្រះសីហនុ ​ខេត្ត​កោះកុង និងខេត្ត​កំពត ក៏​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់នេះ​ផងដែរ​។​

    ចំពោះ​គ្រោះទឹកជំនន់ ក្នុង​របាយការណ៍​បានឱ្យដឹងថា មាន​ចំនួន​ពលរដ្ឋ​រងគ្រោះ​ប្រមាណ​ជាង​12​ម៉ឺន​គ្រួសារស្មើនឹង​ចំនួន​មនុស្ស​ប្រមាណ​ជាង ​53​ម៉ឺន​នាក់ហើយ​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀសមានជាង​ 1​ម៉ឺន​គ្រូ​សារ ស្មើនឹង​មនុស្ស​ចំនួន ​5​ម៉ឺន​នាក់។​

    ដោយឡែក​ដំណាំ​ស្រូវវិញបានរងផលប៉ះពាល់​ប្រមាណ​ជាង ​8ម៉ឺន​ហិកតា ខូចខាត​ជាង​ 3​ម៉ឺន​ហិកតា​។ ចំពោះ​ដំណាំ​រួមផ្សំ ​ប៉ះពាល់​ជាង ​1​ម៉ឺន​ហិកតា ខូចខាត​ប្រមាណ​ជាង​ 5ពាន់​ហិកតា និងផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ​ជាង 1ម៉ឺន​គីឡូម៉ែត្រ។​

    ក្នុង​របាយការណ៍​របស់គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយបានបញ្ជាក់ទៀតថា៖ គិត​ចាប់ពី​ថ្ងៃទី​10កញ្ញា​នេះ រហូតដល់​ថ្ងៃ​ភ្ជុំ​បិណ្ឌ បើ​មិនមាន​ព្យុះ ឬ​សម្ពាធបរិយាកាស​ផ្សេងៗ​កើតឡើង​ទេ កម្ពុជា​នឹង​ទទួលបាន​សុវត្ថិភាព​។ តែ​ផ្ទុយទៅវិញ ប្រសិនបើ​មាន​ព្យុះ ឬ​សម្ពាធបរិយាកាស​ផ្សេងៗកើតឡើង នោះ​ទឹកជំនន់​អាចនឹង​ឡើង​ម្តងទៀត ដូច្នេះ​សូមអំពាវនាវ​ឱ្យប្រជាពលរដ្ឋ អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធមាន​ការប្រុងប្រយ័ត្ន និងតាមដានយ៉ាង​យកចិត្តទុកដាក់​ខ្ពស់បំផុត​​៕

  • លោក Enrique សរសើរក្រុមអេស្ប៉ាញ ក្រោយលត់ក្រូអាស៊ី ចាស់ដៃ

    លោក Enrique សរសើរក្រុមអេស្ប៉ាញ ក្រោយលត់ក្រូអាស៊ី ចាស់ដៃ

    ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានផ្តល់ភាពអាម៉ាស់ដល់ក្រុមជើងឯករងនៃព្រឹត្តិការណ៍ World Cup ក្រូអាស៊ី តាមរយៈការកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល 6-០ ក្នុងការប្រកួតនៃយុទ្ធនាការ UEFA Nations League កាលពីថ្ងៃអង្គារ។

    ក្រុមជម្រើសជាតិក្រូអាស៊ីរបស់លោក Zlatko Dalic បានចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែ បានបាត់បង់ទម្រង់លេងតាមរយៈគ្រាប់បាល់របស់កីឡាករ Saul Niguez និងគ្រាប់បាល់ 2គ្រាប់បន្ថែមទៀតនៅតង់ទី1 តាមរយៈកីឡាករ Marco Asensio។ បន្ទាប់មក Asensio បានជួយឱ្យក្រុមខ្លួនរកបាន 3គ្រាប់បន្ថែមទៀតក្នុងតង់ទី2 ខណៈដែលកីឡាករ Rodrigo Moreno, Sergio Ramos និងIsco បានបំពេញជ័យជម្នះយ៉ាងកក់ក្តៅក្នុងការប្រកួតនៅទីក្រុង Elche។ លោក Luis Enrique ទើបតែបានចូលកាន់តំណែង ក្រោយពីការធ្លាក់ចេញដ៏អាម៉ាស់ ក្រោមស្នាដៃក្រុមជម្រើសជាតិរុស្ស៊ី ក្នុងព្រឹត្តិការណ៍ World Cup បានធ្វើឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ស្ថិតក្នុងភាពមិនច្បាស់លាស់ បើទោះបីទម្រង់លេងបែបគ្រប់គ្រងបាល់ឱ្យបានច្រើនរបស់ពួកគេបានជួយឱ្យពួកគេឈ្នះពានធំៗ 3លើកជាប់ៗគ្នា នៅចន្លោះឆ្នាំ2008 និងឆ្នាំ2012ក៏ដោយ។ ការផ្តួលក្រុម2 ដែលសុទ្ធសឹងបានឈានទៅប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងរយៈពេល 4ថ្ងៃ ធ្វើឱ្យអេស្ប៉ាញឈរនៅលើកំពូលតារាងនៃពូល 2 ក្នុង League A នៃយុទ្ធនាការ Nations League។

    លោកLuis Enrique បានឱ្យដឹងថា៖ «វានឹងក្លាយជារឿងដ៏ងាយស្រួលក្នុងការនិយាយថា នេះហើយគឺជាក្រុមអេស្ប៉ាញ ក្រោយពីបានបង្កើតឱកាសជាច្រើន និងបណ្តោយឱ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនតិចបំផុត ប៉ុន្តែ អ្វីដែលជាការពិតនោះគឺថា ខ្ញុំកំពុងផ្លាស់ប្តូរអ្វីៗបានយ៉ាងរហ័ស»៕

    ប្រភពពី៖ Daily Mail

  • Terry ច្រានចោលឱកាសក្នុងការចូលរួមជាមួយក្លិប Spartak Moscow

    Terry ច្រានចោលឱកាសក្នុងការចូលរួមជាមួយក្លិប Spartak Moscow

    John Terry អតីត​ខ្សែ​ការ​ពារ​​​ដ៏ឆ្នើម​របស់​ក្លិប Chelsea បាន​ច្រាន​ចោល​ឱកាស​ក្នុងការ​​បំពេញ​ការផ្ទេរ​​ដ៏​គួរ​​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ទៅកាន់ក្លិប​រុស្ស៊ី Spartak Moscow​។ Terry ត្រូវ​បាន​​សារព័ត៌​​មាន​ចេញ​ផ្សាយ​ថា ស្ទើរ​តែ​បានចុះហត្ថលេខា​ជា​មួយ​នឹង​ក្លិប Spartak ទៅហើយ ក្រោយពី​បាន​ធ្វើ​ដំណើរ​ដោយ​យន្ត​ហោះ​ឯក​ជន​មួយ​គ្រឿង​ទៅកាន់​ទីក្រុង​រ៉ូម កាលពីថ្ងៃ​សុក្រ ដើម្បី​​ពិនិត្យ​សុខ​ភាព​​។

    ខ្សែ​ការ​ពារ​វ័យ​ 37​ឆ្នាំ​រូបនេះ ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​ទទួល​សំណើ​ជា​មួយ​នឹង​ប្រាក់ចំណូល​ 3លាន​ផោន (ស្មើនឹង​ 3.9​លាន​ដុល្លារ​អាមេរិក) សម្រាប់​កិច្ច​សន្យា​រយៈពេល​ 1ឆ្នាំ​។ Spartak ហាក់​មាន​​ការ​ជឿជាក់​​ក្នុង​ការ​នាំ​យក​កីឡាករ​ជើង​ចាស់​រូបនេះ តាមរយៈ​ការ​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ថា ពួកគេ​ត្រៀម​​ទទួល​ភ្ញៀវ​ដ៏​សំខាន់​ម្នាក់​។ ប៉ុន្តែ ក្រោយពី​បាន​ធ្វើ​ការ​ពិចារណា​ទៅ​លើ​ការ​​ផ្ទេរ​នេះ​ជាមួយនឹងក្រុម​គ្រួ​សារ​របស់​គេ Terry​ ដែលមាន​កូន​ 2​នាក់ ជាមួយនឹង​ភរិយា Toni របស់​ខ្លួន បាន​​សម្រេច​ចិត្ត​​បដិសេធ​ការផ្ទេរ​ទៅកាន់ទីក្រុងម៉ូស្គូនេះ​​​។ Terry បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram របស់​ខ្លួន​ថា៖ «ក្រោយពី​​ពិចារណា​រឿងផ្សេង​ៗរួចមក ខ្ញុំ​បានសម្រេច​ចិត្ត​​ច្រាន​ចោល​កិច្ច​សន្យា​មួយ ពីសំណាក់​ក្លិប Spartak Moscow​។ ខ្ញុំ​ចង់​យក​ឱកាសនេះ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់ Spartak និង​ជូន​ពរ​ឱ្យ​ពួក​គេ និង​អ្នក​គាំទ្រ​របស់​ពួក​គេ​​ជួប​តែ​សំណាង​ល្អ សម្រាប់​រដូវ​កាល​​នេះ​។ ពួកគេ​ជា​ក្លិប​ពោរ​ពេញដោយមហិច្ឆ​តា ហើយ​ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ជាមួយនឹង​ភាពជា​អាជីព​របស់​ពួក​គេ​​»​។ Terry បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ក្រោយពី​ពិភាក្សា​ជា​មួយ​នឹងក្រុម​គ្រួ​សាររបស់​ខ្ញុំលើ​ការផ្ទេរ​នេះរួចមក យើង​បាន​សម្រេច​ចិត្ត​ថា នេះ​មិនមែន​ជា​​ការ​ផ្ទេ​រ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​យើង​ឡើយ​»​៕

    ប្រភព​ពី៖ Channel News Asia

  • ព្រមាន…! ក្នុងមួយរាត្រី បុរសមិនត្រូវរួមសិចលើស2ដងនោះទេ

    ព្រមាន…! ក្នុងមួយរាត្រី បុរសមិនត្រូវរួមសិចលើស2ដងនោះទេ

    សម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់ជីវិតជាដៃគូ នៅពេលនិយាយពីរឿងសិចគេជឿថា នឹងមានមនុស្សជាច្រើននឹកភ្នកចង់អនុវត្តភា្លមៗតែម្ដង ជាពិសេសនៅពេលដែលខ្លួនបាននៅជិតមនុស្សដែលខ្លួនពេញចិត្ត និងស្រឡាញ់ ខណៈដែលគេក៏ធ្លាប់បានដឹងខ្លះៗមកថា ការអនុវត្តសិច ក៏មានផលវិជ្ជមានចំពោះសម្រស់ និងសុខភាពផងដែរនោះ។ យ៉ាងណាក៏ដោយ អ្នកជំនាញបានបង្ហាញពីក្ដីព្រួយបារម្ភ និងធ្វើការព្រមានយ៉ាងដូច្នេះ ថ្វីដ្បិតតែសិចអាចផ្តល់ផលល្អចំពោះសុខភាពពិតមែន ប៉ុន្តែលោកអ្នកមិនគួរងប់ងុល ឬអនុវត្តឱ្យលើសពីចំនួន2ដងក្នុងមួយយប់នោះទេ បើមិនដូច្នោះទេ លោកអ្នកនឹងជួបបញ្ហាប្រឈមជាច្រើន ឬអាចដល់អាយុជីវិតក៏អាចថាបាន ជាពិសេសចំពោះបុរសតែម្ដង។ ផលប៉ះពាល់ទាំងនោះរួមមានដូចជា ៖

    1. ប៉ះពាល់ក្រពេញ​ប្រូ​ស្តា​ត​ ៖ ​នៅពេលដែល​អ្នកធ្វើការរួមភេទ​ច្រើនដង​ក្នុង​មួយ​យប់នោះ​វា​នឹង​ធ្វើ​ប្រដាប់ភេទ(លិង្គ​)របស់​អ្នក​បញ្ច​ញ​ទឹក​ច្រើន ដែលបណ្តាលឱ្យ​មានការ​រំញោច​កន្ត្រាក់​នៃ​សាច់ដុំ​លិង្គ​​។ កត្តា​ទាំងនេះ​វា​អាចធ្វើ​ឱ្យ​មានការ​កកស្ទះលំហូរគ្រី​ស្តា​ល់ ដែល​ជា​មូលហេតុ​​បង្ក​ឱ្យ​កើត​ជំងឺ​បុរសផ្សេងៗ ជាពិសេសគឺជំងឺក្រពេញ​ប្រូ​ស្តា​តតែម្ដង​។

    ​2. ខ្សោយ​ផ្លូវភេទ​ ៖ ដើម្បី​បង្កើនសមត្ថភាពផ្លូវភេទ អាចធ្វើសកម្មភាពសិចបានច្រើនដង​រៀងរាល់​យប់ មាន​បុរស​មួយចំនួនបានព្យាយាម​ប្រើ​ថ្នាំ​ជំនួយ ​ដើម្បី​បង្កើន​ភាពរឹងមាំ​នៃ​លិង្គក៏ដូចជា​បង្កើន​អារម្មណ៍​ផ្លូវភេទ​របស់​ពួកគេ​។​ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​ទម្លាប់​ប្រើ​ថ្នាំ​ជំនួយ​ទាំងនោះ​នៅគ្រប់ពេល​ដែលចង់​រួមភេទវា​នឹង​បណ្តាលឱ្យ​អ្នក​ក្លាយជា​មនុស្សម្នាក់​ដែល​គ្មានសមត្ថភាពពិតប្រាកដ ហើយពឹងផ្អែកតែពពួកថ្នាំជំនួយ​ទាំងស្រុង​។ តាមការសិក្សា និងកត់ចំណាំរបស់អ្នកជំនាញបានបង្ហាញថា មាន​មនុស្ស​ជាច្រើន បន្ទាប់ពី​បាន​ប្រើប្រាស់​ថ្នាំ​ជំនួយទាំងនេះ​រួច គឺមិនមាន​ពេលណា​មួយដែល​អាចធ្វើ​ឱ្យ​ពួកគេ​អាច​ធ្វើជា​ម្ចាស់ការ​លើ​ខ្លួនឯង​បាននោះទេ ដូចទៅនឹងពាក្យគេដំណាលថា “កាលពីមុនអាច្រម៉ក់ចេះតែខឹង លុះពេលឥឡូវបែរជាខឹងអាច្រម៉ក់ទៅវិញ”។​

    3. ប៉ះពាល់​ផ្លូវចិត្ត​ ៖ ការរួម​សិច​ច្រើនដង​ក្នុង​មួយ​យប់​ កម្រិត​ដែល​អាច​ឈានដល់ចំណុចកំពូល​សម្រាប់​លើកដំបូង គឺ​អាចស្របតាមចិត្តដែលលោកអ្នកចង់បាន ប៉ុន្តែចាប់ពីទឹកទី2 វាចាប់ផ្តើមថមថយ​កម្រិតសុខស្រួល​តិចទៅៗរហូតប៉ះពាល់ដល់អារម្មណ៍ក៏មាន។ ដូច្នេះហើយ​ទើប​មាន​មនុស្ស​ជាច្រើន​តែងគិតថា ពួកគេ​ផ្តើមកើតមាន​បញ្ហា​អសមត្ថភាព​ផ្លូវភេទ ដែលនឹងក្លាយជាដើមចមនៃ​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។​

    4. រាងកាយ​ទ្រុឌទ្រោម​ ៖ ចំពោះ​បុរស​នៅពេលដែល​រួមភេទ ការប្រើប្រាស់​ជាតិ​កាឡូរី​ស្មើនឹង​ការធ្វើ​លំ​ហាត់ប្រាណ​នៃ​ការដើរ​ចម្ងាយល្បឿនលឿនក្នុង​រយៈពេល​យូរ​។ ដូច្នេះ​ប្រសិនបើ​អ្នករក្សា​បាន​នូវ​ភាពទៀងទាត់​នៃ​ការ​រួមភេទ​ច្រើនដងក្នុង​មួយថ្ងៃ សួរថា​ តើ​វា​នឹងធ្វើ​ឱ្យ​សុខភាព​របស់​អ្នកមាន​ភាពប្រសើរឡើង​ ដូចការហាត់ប្រាណ មែនទេ? ចម្លើយ គឺមិនមែនដូចគ្នាទេផ្ទុយទៅវិញ វា​គឺជា​ការលំបាក​ណាស់​ក្នុងការ​ទូទាត់​សង​ជាតិ​កាឡូរី​ដែល​បាត់បង់​ បើ​យើងធ្វើការ​សមាមាត្រ​ជាមួយនឹង​អាហារ​ដែល​បាន​ទទួលទាន​ប្រចាំថ្ងៃ។ ការហាត់ប្រាណ វាបានបញ្ចេញសារជាតិពុលចេញពីរាងកាយ ប៉ុន្តែសម្រាប់ការរួមសិច វាបានបញ្ចេញកម្រិតអ័រម៉ូនបុរសយ៉ាងច្រើន ដែល​ជា​មូលហេតុ​បណ្ដាល​ឱ្យ​រាងកាយ​ទ្រុឌទ្រោម និង​ចុះខ្សោយ​។

    ជូនជាគំនិត បើទោះជាលោកអ្នកមានសុខភាពល្អ រាងកាយមាំមួនយ៉ាងណា ការរួមភេទក៏ត្រូវតែមានកម្រិត ចៀសវាងអនុវត្តតាមចំណូលចិត្តនឹកចង់ បើមិនដូច្នេះ សមត្ថភាពផ្លូវភេទរបស់អ្នកនឹងស្លាប់មុនអាយុជាក់ជាមិនខាន៕

  • ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?

    ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?

    ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?
    បើឱ្យអង្គុយប្រកែកគ្នាម្នាក់មួយចំណុច ប្រហែលជាប្រកែកមិនចប់ឡើយ ព្រោះវាជាប្រ-ធានបទដែលបើសិនយើងទៅសួរអ្នកដែលជក់បារី ប្រាកដណាស់ ញ៉ាំស្រាត្រូវតែយ៉ាប់យ៉ឺនខ្លាំងជាងមិនខាន ទាំងស្រវឹងអួទីនួ ញ៉ាំច្រើន ថ្លើមនឹងក្រិន ថែមទាំងអាចជួបគ្រោះថ្នាក់ចរា-ចរណ៍ទៀតផង។ ដល់ទៅសួរអ្នកដែលញ៉ាំស្រាប្រាកដណាស់ នឹងនិយាយថាអ្នកជក់បារីត្រូវតែយ៉ាប់យ៉ឺនជាង ព្រោះវានឹងបំផ្លាញទាំងខ្លួនឯង
    ប្រថុយនឹងការកើតសភាវមហារីកសួត ហើយថែមទាំងសាងជាតិពុលខាងខ្យល់អាកាសដល់មនុស្សជុំវិញខ្លួនទៀតផង។ ប្រកែកគ្នាមិនចប់នោះទេ…។

    គិតទៅគិតមក ជាតិអាល់កុល និងបារីនេះគឺជាសារធាតុញៀនដូចគ្នាទាំងពីរ តែញៀនម្នាក់មួយបែប និងញៀនម្នាក់មួយកម្រិត។ អ្នកខ្លះញ៉ាំស្រាតែនៅពេលជប់លៀងកម្សាន្តសប្បាយចូលរួមសង្គម តែអ្នកខ្លះញៀនរហូតដល់ថ្នាក់ត្រូវញ៉ាំរាល់ថ្ងៃ។ ឯអ្នកដែលញៀនបារីក៏ដូចគ្នាដែរ អ្នកខ្លះជក់តែពេលណាមានអារម្មណ៍តានតឹង ឬពេលចូលរួមសង្គម តែក៏មានអ្នកដែលត្រូវតែជក់រៀងរាល់ថ្ងៃ មួយថ្ងៃៗច្រើនដើម ព្រោះ
    តែញៀនផងដែរ។

    បើសួរពីគុណវិបត្តិរបស់ទាំងបារី និងស្រា (ជាតិអាល់កុល) ក៏ត្រូវប្រាប់ថា ទាំងពីរយ៉ាងនេះផ្ដល់គុណវិបត្តិបែប “សន្សឹមៗ ម្ដងបន្តិចៗ” សន្សំពិន្ទុម្ដងបន្តិចៗ រង់ចាំថ្ងៃផ្ទុះឡើងនៅក្នុងខ្លួនពេលវាប្រមូលសន្សំច្រើនដល់ចំណុចមួយ។ ដូច្នេះសូមតាមដានដូចតទៅ៖

    មនុស្សយើងមិនបានស្រវឹងលេងៗទេ…
    យើងតែងតែបានឮថា ញ៉ាំស្រាធ្វើឱ្យកើតរោគក្រិនថ្លើម តែវាមិនមែនអស់ត្រឹមប៉ុណ្ណឹងឯណា វានៅមានឱកាសកើតជំងឺពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ សរសៃឈាម និងបេះដូង មហារីក និងជំងឺជាច្រើនរាប់សិបមុខទៀតយ៉ាងសន្ធឹកសន្ធាប់ ដែលនឹងកើតឡើង រួមទាំងស្រានៅធ្វើឱ្យមនុស្សបាត់បង់សតិស្មារតីរហូតដល់អាចកើតបញ្ហា និងគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតទៀតផង។

    ស្ថិតិក៏មានឱ្យយើងឃើញ (កើនឡើងរាល់ឆ្នាំ) ជាមួយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវថ្នល់ដែលបណ្ដាលមកពីការស្រវឹងហើយបើកបរ។ បើមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ 100នាក់ នឹងបង្ហាញថា មានមូលហេតុមកពីការញ៉ាំស្រាស្រវឹង 50នាក់បាត់ទៅហើយ ហើយថែមទាំងការឈ្លោះទាស់ទែងរហូតដល់កាប់សម្លាប់គ្នា ដែលមានមូលហេតុមកពីការស្រវឹងស្រាទៀតផង។
    ហើយបើអីុចឹង តើយើងគួរតែញ៉ាំស្រាបន្តទៀតឬយ៉ាងណា?

    បារី ជក់ម្នាក់ឯង តែអូសអ្នកដទៃឱ្យស្លាប់ជាមួយដែរ…
    ហាក់ដូចជាកម្មវិធីប្រូម៉ូស្សិនចែកថែមអ្វីម្យ៉ាងដែលយើងមិនចង់បាន។ ពេលជក់បារី ដូចដែលយើងតែងឃើញស្រាប់ហើយថា អ្វីដែលផ្លុំចេញមកតាំងពីចាប់ផ្ដើមអុច គឺជាផ្សែងពុលដែលហុយសាយភាយពេញអាកាស អាចបំផ្លាញមនុស្សជុំវិញនោះបាន។

    ពេលយើងនឹកដល់គុណវិបត្តិរបស់បារីនោះ គឺមានតែថង់ខ្យល់នៅក្នុងសួតហើមប៉ោង និងមហារីកសួត តែមានឯណា! យើងមិនដឹងឡើយថា គុណវិបត្តិរបស់បារីនៅមានទៀតមួយគំនរ…។

    ចាប់ផ្ដើមពីកម្រិតស្រាលៗ ដូចជា ពុកធ្មេញធ្មេញខ្មៅ ឆាប់ចាស់ រហូតទៅដល់ជំងឺពាក់ព័ន្ធនឹងបេះដូង និងសម្ពាធឈាមជាដើម។

    វាជារឿងមួយដែលគួរឱ្យសោកសៅបំផុតដែលមនុស្សមិនជក់បារីផង តែត្រូវធុំក្លិនផ្សែងបារី ព្រោះតែនៅក្នុងគ្រួសារមានអ្នកជក់បារី ឬអ្នករួមដំណើរដែលជក់បារីតាមផ្លូវ ក៏ធ្វើឱ្យអ្នកដែលមិនជក់បារីមានឱកាសកើតជំងឺចង្រៃទាំងនោះមិនខុសពីអ្នកជក់បារីដែរ។

    ទោះជាការជក់បារីមិនបានធ្វើឱ្យយើងស្រវឹងបាត់បង់សតិស្មារតី ឬបើកឡានទៅបុកនរណាមែន តែលទ្ធផលដែលនឹងកើតឡើងក្នុងអំឡុងពេលច្រើនឆ្នាំខាងមុខទៀតនោះ អាចបំផ្លាញ យើង និងមនុស្សជុំវិញខ្លួន ឱ្យរ៉ាំរ៉ៃរហូតវេទនាមិនចាញ់គ្នាប៉ុន្មានឡើយ។ ដូច្នេះ អានមកដល់ត្រឹមនេះហើយ សឹងតែមិនចាំបាច់គិតថា តើគួរឈប់មួយណាមុន?… គឺឈប់ដំណាលគ្នាទាំងអស់តែម្ដង! ព្រោះផលល្អដែលបានមកពីការជក់បារី និងញ៉ាំស្រាដែលនឹងធ្វើឱ្យយើងរីករាយសប្បាយ បាត់ភាពធុញថប់តានតឹងនោះ វាជាការដូរដោះគ្នាដែលមិនរួចខ្លួនទាល់តែសោះ សូម្បីតែបន្តិចពាក់ព័ន្ធនឹងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ មិនថាតែបញ្ហាសុខភាព ឬឧប្បត្តិហេតុក៏ដោយ។

    ប្រាកដណាស់! គ្មានអ្វីងាយស្រួលនោះទេក្នុងការបញ្ឈប់ការញៀននឹងអ្វីម្យ៉ាងហើយនោះ…តែចុងក្រោយទៅ យើងត្រូវតែចាប់ផ្ដើម និងស៊ូទ្រាំ។ ស្វែងរកកម្លាំងជំរុញចិត្តអ្វីម្យ៉ាងដើម្បីបញ្ឈប់ការញៀនស្រា និងបារី ធ្វើឱ្យជីវិត និងសុខភាពរបស់ខ្លួនយើងល្អឡើង។ អ្នកខ្លះបានកម្លាំងជំរុញចិត្តពីការដែលខ្លួនឯងមានកូន ទើបធ្វើឱ្យតាំងចិត្តឈប់ជក់បារី ឈប់ញ៉ាំស្រា ដើម្បីកុំឱ្យប៉ះពាល់ដល់ក្រុមគ្រួសារ នេះគឺជាគំរូដ៏ល្អមួយ ដែលធ្វើឱ្យអាចចាប់ផ្ដើមធ្វើរឿងអ្វីមួយបានកាន់តែងាយឡើង៕​​

  • អាទិភាព​កំពូល​របស់​កម្ពុជា គឺ​ការ​សម្រប​ខ្លួន​ទៅនឹង​ឧស្សាហកម្ម 4.0

    អាទិភាព​កំពូល​របស់​កម្ពុជា គឺ​ការ​សម្រប​ខ្លួន​ទៅនឹង​ឧស្សាហកម្ម 4.0

    មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​បានឱ្យដឹងថា ប្រទេសកម្ពុជា​កំពុងផ្តល់​អាទិភាព​លើ​ការអនុម័ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ផលិតកម្ម និង​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​នៅក្នុង​វិស័យ​ដែល​កំពុងមាន​ការច្នៃប្រឌិត​ដោយ​បច្ចេកវិទ្យាថ្មី។ ពោលគឺ​អ្នកបង្កើត​គោលនយោបាយ​កម្ពុជា​កំពុង​ផ្តោតលើ​ការធានា​ឱ្យ​ប្រទេសជាតិ​មានឱកាស​ល្អ​ក្នុងការ​ទទួលបាន​ផលប្រយោជន៍​ពី​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នាពេលថ្មីៗនេះ។

    លោក ផាន ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា៖ រដ្ឋាភិបាល​មានបំណង​ធានា​ឱ្យ​ប្រទេស​អាច​សម្រប​ខ្លួន និង​ផ្លាស់ប្តូរ​ស្របតាម​ការប្រែប្រួល​នៃ​និន្នាការ​បច្ចេកវិទ្យា ខណៈពេលដែល​ការកាត់បន្ថយ​ចំណាយ​សង្គម និង​សេដ្ឋកិច្ច​នៃ​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ជឿនលឿន​ខាង​បច្ចេកវិទ្យា ដែល​បច្ចុប្បន្ន​ពិភពលោក​កំពុង​ឈានដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ដែលជា​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ដែល​ត្រូវបាន​គេ​ហៅថា “ឧស្សាហកម្ម4.0‟។

    ឧស្សាហកម្ម 4.0 សំដៅលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ជឿនលឿន​ដូចជាការបោះពុម្ព​3D បច្ចេកវិទ្យា​មនុស្ស​យន្ត បច្ចេកវិទ្យា​ជីវសាស្ត្រ quantum computing ទំនើបកម្ម​លើ​បណ្ដាញ​ទូរគមនាគមន៍ និង​ចំណេះធ្វើថ្មីៗអំពី​ការគ្រប់គ្រង​ផលិតកម្ម blockchain។ បច្ចេកវិទ្យា​ទាំងនេះ ក៏​នឹងធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​ដំណើរការ​ផលិតកម្ម ក៏ដូចជា​ការបែងចែក​កម្លាំង​ពលកម្ម និង​ឧត្តមភាព​នៃ​ការប្រកួតប្រជែង​ជាដើម។ មានន័យថា នឹងមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដល់​ផលិតកម្ម ការរៀបចំ​សេដ្ឋកិច្ច និង​ការដឹកជញ្ជូន ដោយសារតែ​មានការ​បង្កើន​យ៉ាង​ឆាប់រហ័ស​នូវ​ផលិតភាព តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម និង​ការបង្កើន​គុណភាព​ផលិតផល។

    ការអភិវឌ្ឍ​ច្នៃប្រឌិត​ទាំងនេះ​នឹង​ព​ន្លឿ​ន​ការបង្កើត​បច្ចេកវិទ្យាថ្មីៗ និង​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​ការធ្វើ​ជំនួញ​របស់​យើងដោយ​បង្ខំ​ឱ្យមាន​ការផ្លាស់ប្តូរ​ល្បឿន និង​វិធីសាស្ត្រ និង​ការរៀបចំ​គោលនយោបាយ។ ក្នុងន័យនេះ​សូម្បីតែ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​យើង​ក៏​នឹង​ប្រឈម​នឹង​ផល-​វិជ្ជមាន និង​អវិជ្ជមាន​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែរ។ នេះ​បើតាម​ប្រសាសន៍​លោក ផល្លា។

    លោក​ក៏​សូម​អំពាវនាវ​ឱ្យមាន​ការសហការ​គ្នា​នៅ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​រួមគ្នាបង្កើត​ដំណោះស្រាយ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​សេដ្ឋកិច្ចសង្គម​របស់​កម្ពុជាយើង។ “ការរៀបចំ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ការឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី4 គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាពចម្បងៗ របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី‟។

    លោកស្រី ផូ​លីន ថា​មឺ​សីស (Pauline Tamesis) អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការសហប្រជាជាតិ បាន​លើកឡើងថា កម្ពុជា​នឹង​ប្រឈម​នឹង​ឧបសគ្គចម្បងៗនាពេល​អនាគត។ ទី1 ការទទួលបាន និង​ការទទួលយក​បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ក្លាយជា​បញ្ហា​ប្រឈម​មួយ ហើយក៏​ជា​លក្ខខណ្ឌ​ចាំបាច់​មួយ​ដើម្បី​ធានាថា កម្ពុជា​អាច​លោត​ផ្លោះ​ដោយ​បច្ចេកវិទ្យាទំនើបៗ និង​វិធីសាស្ត្រ​ផលិតកម្ម។ ទី2 មេដឹកនាំ​កម្ពុជា​ត្រូវបង្កើត​វិធី​នានា​ដើម្បី​ធានា​កម្រិត​ការងារ​ខ្ពស់ ដែល​នឹង​ធ្វើឱ្យ​ប្រទេស​ស្ថិតនៅ​ឆ្ងាយ​ពី​ផលិតកម្ម​ដែល​ប្រើ​កម្លាំង​ពលកម្ម​ច្រើន។

    លោកស្រី​បន្ថែមថា សម្រាប់​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​កម្ពុជា ឧស្សាហកម្ម 4.0 នឹង​ប្រកួតប្រជែង​គំនិត ដូចជា​ដើមទុន​ទៅ​អត្រា​ការងារ និង​ការរួម​ផ្សំគ្នា​របស់​ពួកគេ​នៅក្នុង​ផលិតកម្ម។ ដូច្នេះ​វា​មាន​ផលប៉ះពាល់​ដល់ទី​តាំង​នៃ​ការផលិត និង​ការ​ចែកចាយ​អត្ថប្រយោជន៍​រវាង​ប្រទេស និង​អ្នកដើរតួ​ក្នុង​ខ្សែចង្វាក់​តម្លៃ។

    លោកស្រី​បានលើកឡើង​ថា “អង្គការសហប្រជាជាតិ​ប្តេជ្ញា​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ-​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ដើម្បីឱ្យ​កម្ពុជា​អាច​ក្លាយទៅជា​អ្នកអនុម័ត​ដំបូង ហើយ​កម្មករ​អាច​ទទួល​បាន​នូវ​ជំនាញ និង​សមត្ថភាពថ្មីៗដែលជា​ហេតុនាំឱ្យ​បើកឱកាសថ្មីៗជាច្រើន‟។ ទីភ្នាក់ងារ​សហប្រជាជាតិ​នៅតែមាន​សុទិដ្ឋិនិយម​ជុំវិញ​កា-លានុវត្តភាព និង​សក្តានុពល​នានា​របស់​បច្ចេកវិទ្យា​ឧស្សាហកម្ម4.0។ លោកស្រី​បាន​បន្ដថា សកម្មភាព​អនុវត្តន៍ គោលនយោបាយ​នៅតែមាន​ភាពចាំបាច់ ប្រសិនបើ​រដ្ឋាភិបាល​ច​ង់​ធានា​នូវ​ការទទួលបាន​កាលានុវត្តភាព និង​សក្ដានុពល​ពី​បច្ចេកវិទ្យា​ឧស្សាហកម្ម4.0នេះ។

    លោក Nick Beresford នាយក​នៃ​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា ឧស្សាហកម្ម4.0 កំពុង​កើតមាន​នាពេល​ប​ច្ចេ​ប្បន្ន​នេះ ហើយ​មិនយូរប៉ុន្មាន​នឹងមាន​ឥទ្ធិពល​មកលើ​យើងទាំងអស់គ្នា។ លើសពីនេះ ការពិចារណា​លើ​សំណួរ​ជុំវិញ​ប្រធានបទ​នេះ​ឱ្យបាន​ទាន់ពេលវេលា អាច​ផ្តល់ឱ្យ​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា​នូវ​តំណ​ភ្ជាប់​ដើម្បី​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ2030 និង​ឆ្នាំ2050ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ។ លោក​បាន​បន្ដថា ឧស្សាហកម្ម 4.0បង្ហាញ​ពី​កាលានុវត្តភាព និង​ការ​ប្រឈម ដូច្នេះ​ចាំបាច់​ត្រូវមាន​ការប្រើប្រាស់​អភិក្រម​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ ដោយ​រដ្ឋាភិបាល​ត្រូវ​ដឹង​ពី​ផលប៉ះពាល់ និង​ប្រមើលមើល​ជាមុន​ពី​បញ្ហា​ប្រឈម​នានា ក៏ដូចជា​ត្រូវ​រៀបចំ​ផែនការ និង​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព។

    សូម​បញ្ចា​ក់ថា នៅ​ខែធ្នូ​ខាងមុខនេះ ក្រុមហ៊ុន Worldbridge នឹង​ចាប់ផ្តើម​សាងសង់​សួន​ឧស្សាហកម្ម​ដំបូងបង្អស់​របស់​ប្រទេស​កម្ពុជា​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ឧទ្យាន​នេះ​នឹង​អនុលោម​តាម​ស្តង់ដារ​ស្ថាបត្យកម្ម​អាល្លឺម៉ង់​សម្រាប់​ឧស្សាហកម្ម4.0 ដែល​វា​មិនមែន​គ្រាន់តែ​អំពី​ស្វ័យប្រវត្តិកម្ម និង​ការយល់ដឹង​ប៉ុណ្ណោះ​ទេ តែ​ជា​វិធី​នៃ​ការគិត​ដើម្បី​កែលម្អ​វិធីសាស្ត្រ​ផលិតកម្ម​មួយ។ សហគ្រាស​ធុន​តូច និង​មធ្យម​ក្រុមហ៊ុន​ទាំងអស់​នឹងចូលរួម​ក្នុង​វិធី​នៃ​ការធ្វើ​អាជីវកម្ម​ថ្មី​មួយ ការគិត និង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន និង​អ្នកផ្គត់ផ្គង់​ជាមួយនឹង​បច្ចេកវិទ្យា​ដែល​អាច​ដោះស្រាយ​បញ្ហាផ្សេងៗនៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម‟។

    យោងតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ 2015-2025 សំដៅ​លើកទឹកចិត្ត​ដល់​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការគាំទ្រ​ដល់​ការកែច្នៃ​បច្ចេកវិទ្យា​នៅ​កម្ពុជា វា​មាន​គោលបំណង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ​ដើម្បី​បង្កើន​តួនាទី​របស់​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា៕

  • ការស្រាវជ្រាវបង្ហាញថាឪពុកម្តាយលើពិភពលោកសម័យនេះចំណាយពេលវេលាទ្វេដងច្រើនជាង50ឆ្នាំមុន

    ការស្រាវជ្រាវបង្ហាញថាឪពុកម្តាយលើពិភពលោកសម័យនេះចំណាយពេលវេលាទ្វេដងច្រើនជាង50ឆ្នាំមុន

    អាណាព្យាបាលដែលមានជីវភាពគ្រួសារកម្រិតមធ្យម​លើពិភពលោក​ត្រូវបានគេមើលឃើញ​ថាបានចំណាយពេលវេលាក្នុងការនៅជិតកូន​ច្រើនជាងអាណាព្យាបាលកាលពីជាង 50ឆ្នាំមុន។

    យោងតាមការស្រាវជ្រាវ​ពី​ស្ថាប័ន Journal of Marriage and Family ដែលបានធ្វើការដកស្រង់ទិន្នន័យពីប្រទេសធំៗចំនួន11 លើពិភពលោកបានបញ្ជាក់ថា​ ម្តាយនៅក្នុងឆ្នាំ2012 ចំណាយពេលវេលា ​មើលកូនជាមធ្យម​ 104នាទីក្នុងមួយថ្ងៃ ហើយចំនួននេះច្រើនជាង​ឆ្នាំ1965 ទ្វេដងដែលកាលនោះម្តាយមានពេលនៅជាប់ជាមួយកូនជាមធ្យមត្រឹមតែ 54នាទីប៉ុណ្ណោះ។

    ស្របជាមួយគ្នានេះដែរ ក៏មានទិន្នន័យមួយចំនួនទៀតបង្ហាញផងដែរថា ចំពោះឪពុកវិញ បើទោះបីជា​មានការកើនឡើងនូវពេលវេលាដែលនៅជាប់ជាមួយកូន​ក្តីតែចំនួននៅតែតិចជាងម្តាយ។ តាមទិន្នន័យបង្ហាញថា​ជាមធ្យម​ឪពុកនៅក្នុងឆ្នាំ1965 បានចំណាយពេលវេលានៅជាប់ជាមួយកូន ប្រមាណ16នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបានកើនឡើងមក​ដល់ប្រមាណជា 59នាទីនៅឆ្នាំ2012។

    ​ស្ថិតក្នុង​របត់នៃ​គេសង្កេតឃើញថា​ទោះជាចំនួននៃពេលវេលារបស់ម្តាយឪពុកនៅជាមួយកូនផ្ទាល់​ច្រើន​ជាងមុនក្តី តែ​វានៅតែជាគម្លាតមួយ​សម្រាប់​ឪពុកម្តាយនៅក្នុងពិភពលោក។ ក្រៅពីនេះគេក៏បានមើលឃើញផងដែរពីការកើនឡើងនូវ​អ្នកម្តាយដែលទទួលបានការសិក្សាររហូតដល់បញ្ចប់មហាវិទ្យាល័យ ត្រូវទទួល​នូវការងារជាច្រើន និងមានពេលតិចជាងម្តាយដែលធ្វើការងារធម្មតា។ របាយការណ៍បានបញ្ជាក់ថា នៅឆ្នាំ1965 ទាំងម្តាយដែលបានបញ្ចប់ការសិក្សាកម្រិតមហាវិទ្យាល័យ​ និងម្តាយដែលមិនទទួលបានការសិក្សាដល់មហាវិទ្យាល័យ មានពេលវេលា​មើលថែកូនស្មើគ្នា។ តែ​នៅឆ្នាំ2012 ម្តាយដែល​បានបញ្ចប់ការសិក្សាខ្ពស់ស្ទើរតែទាំងអស់លើកលែងតែម្តាយក្នុង​ប្រទេសបារាំង បានទុកកូន​នៅ​មជ្ឈមណ្ឌលមើលថែក្មេង​ច្រើនម៉ោងជាងមុន 30នាទីក្នុងមួយថ្ងៃ៕

  • បច្ចេកវិទ្យាធ្វើឱ្យ​កុមារ​មានបញ្ហាផ្លូវចិត្តព្រោះគេងមិនគ្រប់គ្រាន់

    បច្ចេកវិទ្យាធ្វើឱ្យ​កុមារ​មានបញ្ហាផ្លូវចិត្តព្រោះគេងមិនគ្រប់គ្រាន់

    នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ អាណាព្យាបាលបានចំណាយពេលវេលា​កាន់តែតិចទៅៗក្នុងការនៅជាមួយកូន ហើយជំនួសមកវិញនូវឧបករណ៍អេឡិចត្រូនិក។ ពេលខ្លះ​កូនតូចៗស្ថិតនៅជាមួយឪពុកម្តាយពិតប្រាកដមិនដល់ 3ម៉ោង​ផងក្នុងមួយថ្ងៃ តែបានរស់នៅក្នុងពិភពបច្ចេកវិទ្យា​ដល់ទៅជាង 5ម៉ោង ឬលើសពីនេះទៀតក៏មាន។ ចំណុចទាំងអស់នេះត្រូវបាន គេរកឃើញថាធ្វើឱ្យប៉ះពាល់​ដល់កុមារទាំងផ្លូវកាយ និងផ្លូវចិត្តដែលអាចប៉ះពាល់ដល់ការរីកលូតលាស់នៃបញ្ញារបស់ក្មេងតូច។

    អង្គការ UNICEF បានបញ្ជាក់ថា មនុស្សម្នាក់ក្នុងចំណោម 3នាក់​នៃអ្នកប្រើប្រាស់​អីុនធើណិតលើពិភពលោក គឺកុមារ​ ហេតុនេះវាអាចធ្វើឱ្យពួកគេទទួលផលប៉ះពាល់ជាច្រើននៅពេលដែលពួកគេប្រើប្រាស់ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ។ ចំនួនកុមារ​ប្រើប្រាស់បច្ចេកវិទ្យាបានកើនឡើងយ៉ាងគំហុក ខណៈអាណាព្យាបាល​ស្ទើរតែទាំងអស់ ទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសក្រីក្រ រវល់កាន់តែខ្លាំងជាមួយនឹងការធ្វើការងារ និងមុខរបរអាជីវកម្ម​ ស្របពេលដែលតម្លៃនៃ​ឧបករណ៍អេឡិចត្រូនិក​មានការថយចុះ ហើយមនុស្សស្ទើរគ្រប់គ្នាអាចប្រើប្រាស់វាបាន។

    គេហទំព័រអប់រំ​ដ៏ល្បីល្បាញ​ Education world បានបញ្ជាក់ថា​ សម្រាប់កុមារតូចត្រូវសម្រាកច្រើនជាង 10ម៉ោង ខណៈមនុស្សជំទង់ត្រូវសម្រាក​ឱ្យបាន 8ម៉ោងក្នុងមួយថ្ងៃ។ ការសម្រាកមិនគ្រប់គ្រាន់​អាចធ្វើឱ្យកុមាររងផលប៉ះពាល់ជាច្រើនដូចជាការរីកលូតលាស់មិនបាន​ល្អផ្នែករាងកាយ ការប្រឈមនឹងជំងឺធាត់ បញ្ហាផ្លូវចិត្តមិនល្អ ធុញថប់ច្រើន ឆេវឆាវ និងអាចប៉ះពាល់ដល់ភាពឆ្លាតវៃ​របស់កុមារទៀតផង។

    ថ្វីដ្បិតតែ Game ឬគេហទំព័រមួយចំនួន​ជំរុញឱ្យ​ផលចែកខាងបញ្ញា (IQ) របស់កុមារកើនឡើងមែន តែ​ការប្រើប្រាស់បច្ចេកវិទ្យាច្រើនជ្រុលអាចបណ្តាលឱ្យប៉ះពាល់ដល់កុមារយ៉ាងខ្លាំង។ គេហទំព័រខាងលើបានបញ្ជាក់ថា កុមារបច្ចុប្បន្នប្រឈមនឹងបញ្ហាសម្រាកមិនគ្រប់គ្រាន់ ព្រោះ​ហេតុផលមួយចំនួនដូចជា ទី1 បញ្ហាពន្លឺនៃ Smart Phone ឬ Tablet អាចធ្វើឱ្យកុមារ​មិនចង់សម្រាក​ និងខ្លះទៀតគេងមិនលក់ហើយ​ បន្តនៅជាមួយវារហូតដល់យប់ជ្រៅ។ បញ្ហានេះធ្វើឱ្យ​ក្មេងៗទម្លាប់ងើបយឺតហើយមានអារម្មណ៍មិនល្អនៅពេលពួកគេទៅសាលា។ ចំណុចទី2 គឺកុមារតូចអាចនឹងនឿយហត់ខ្លាំងជ្រុល ខ្វះការសម្រាកផ្នែកអារម្មណ៍ និងខួរក្បាល ព្រោះការនៅជាមួយឧបករណ៍អេឡិចត្រូនិកច្រើនជ្រុល បើទោះបីជាមើលទៅឃើញពួកគេកំពុងលេងសប្បាយក៏ដោយ តែពួកគេក៏កំពុងប្រើប្រាស់ខួរក្បាលយ៉ាងច្របូកច្របល់​ជាមួយវាដែរ។ ហេតុនេះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារប្រសិនបើអាណាព្យាបា​ល​មិនបានយកចិត្តទុកដាក់ឱ្យបានដិតដល់​ចំពោះក្មេងទេនោះ។

    អ្នកជំនាញផ្នែក​បច្ចេកវិទ្យានៃ​វិទ្យាស្ថានសិក្សាពីចម្ងាយ កញ្ញា សៀក ឡេង បានលើកឡើងថា កុមារដែលនៅជាមួយបច្ចេកវិទ្យាច្រើនជ្រុល អាចប្រឈមជាមួយនឹងបញ្ហា​មិនសូវរហ័សរហួន ហើយ​បាត់បង់ការទំនាក់ទំនងល្អជាមួយនឹង​មនុស្សធំ។ បញ្ហាទាំងអស់នេះក៏អាចធ្វើឱ្យគេប៉ះពាល់ដល់អនាគតផងដែរ។ ហេតុនេះប្រសិនបើអាណាព្យាបាល​មិនចង់ឱ្យកូន​តូចក្លាយជាមនុស្សញៀន​នឹងឧបករណ៍អេឡិចត្រូនិក ចាំបាច់ត្រូវតែរកវិធីដើម្បីបង្កើនភាពជិតស្និទ្ធជាមួយកូន ដោយការនាំពួកគេឱ្យលេងរបស់ពិតៗ មិនមែន​លេងល្បែងតាម​ឧបករណ៍អេឡិចត្រូនិកនោះទេ៕ ​

  • ក្រុមហ៊ុន​សហគ្រាស ចុះបញ្ជី​ថ្មី​កើនឡើង​ជាង100%ក្នុង​ឆមាស​ទី1

    ក្រុមហ៊ុន​សហគ្រាស ចុះបញ្ជី​ថ្មី​កើនឡើង​ជាង100%ក្នុង​ឆមាស​ទី1

    ការចុះបញ្ជី​ក្រុមហ៊ុន​ថ្មី និង​ការិយាល័យ​ពាណិជ្ជកម្ម ព្រមទាំង​ការពង្រីក​សាខា​ក្រុមហ៊ុន​បរទេស​ក្នុង​ឆមាស​ទី1 ឆ្នាំនេះ បាន​កើនឡើង​រហូតដល់107,3%ដែលមាន​ចំនួន​សរុប4.534ក្រុមហ៊ុន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន គឺ​មានតែ​ចំនួន2.190ក្រុមហ៊ុន។ នេះ​បើតាម​ការ​ឱ្យដឹងពី​ក្រសួងពាណិជ្ជកម្ម។

    របាយការណ៍​បាន​បង្ហាញថា​ដោយឡែក​ការចុះបញ្ជី​សហគ្រាស​ឯកបុគ្គល​ថ្មី​ក្នុង​ឆមាស​ទី1ឆ្នាំនេះ​មាន​ចំនួន​ជាង1ពាន់​សហគ្រាស(1.205)ប្រៀបធៀប​នឹងឆមាស​ទី1ឆ្នាំ2017មាន​ចំនួន478សហគ្រាស​គឺមាន​ការកើនឡើង152,09%។

    ចំណែក​ការចុះបញ្ជី​លើ​ការកែប្រែ​របស់​ក្រុមហ៊ុន​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​និង​សាខា​ក្រុមហ៊ុន​បរទេស​ក្នុង​ឆមាស​ទី1ឆ្នាំ2018មាន​ចំនួន4.315ក្រុមហ៊ុន​ប្រៀបធៀប​ទៅ​ឆមាស​ទី1ឆ្នាំ2017ដែលមាន​ចំនួន3.342ក្រុមហ៊ុន​ គឺមាន​ការកើនឡើង​ដល់29,11%។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពា​ណិជ្ជកម្មបាន​មានប្រសាសន៍​ឱ្យដឹងថា៖ កំណើន​ការចុះបញ្ជី​ថ្មី​នៃ​ក្រុមហ៊ុន សហគ្រាស​ទាំងនេះ ដោយសារតែ​ប្រទេស​កម្ពុជា បាន​បើកទូលាយ​នូវ​ច្បាប់​វិនិយោគ គួបផ្សំ​ជាមួយ​បរិយាកាស​វិនិយោគ​ដ៏​ល្អប្រសើរ។

    ឯកឧត្តម​បាន​បន្តថា៖“ប្រទេស​កម្ពុ​ជាមាន​លក្ខ​ខណ្ឌ​ពិសេស​ជាច្រើន ដែល​អនុញ្ញាតឱ្យ​ជនបរទេស​បោះទុន100% បង្កើត​ក្រុមហ៊ុន​នៅទីនេះ និង​មានច្បាប់​ព​ន្ធដា​មិនមាន​ភាព​ស្មុ​គស្មាញ​ជាដើម ”។

    ក្រសួងពាណិជ្ជកម្ម​កាល​ពី​ឆ្នាំ2015 បានប្រកាស​ដាក់​ឱ្យដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​តាម​ប្រព័ន្ធ​អុីន​ធើ​ណិត (អន​ឡាញ) ដែល​គិត​រហូត​មកទល់ពេលនេះ ការចុះបញ្ជី​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ និង​ល្អប្រសើរ​ជាង​មុន ដោយសារ​កាត់បន្ថយ​ការចំណាយ និង​ពេលវេលា​ធ្វើដំណើរ ដោយសារ មាន​ភាព​កកស្ទះ​នៃ​ចរាចរណ៍៕

  • ឧកញ៉ា លី ហួរ ប្រាប់​អ្នកជំនួញ​បរទេស​អំពី​សក្ដានុពល​អចលនទ្រព្យ​នៅ​កម្ពុជា

    ឧកញ៉ា លី ហួរ ប្រាប់​អ្នកជំនួញ​បរទេស​អំពី​សក្ដានុពល​អចលនទ្រព្យ​នៅ​កម្ពុជា

    ទោះបី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មានការកើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក៏ពិតមែន ប៉ុន្តែ​វិស័យនេះ​ហាក់​នៅ​មិន​ទាន់ឆ្អែត​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​មួយចំនួនទៀត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

    លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​មានប្រសាសន៍​ទៅកាន់​អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ​អាស៊ាន​ក្នុង​កម្មវិធី​សន្និបាត និង​ពិព័រណ៍​អចលនវត្ថុ សមាគម​ភ្នាក់ងារ​អចលនវត្ថុ​អាស៊ាន​ឆ្នាំ2018 ដែល​បាន​ធ្វើឡើង​នៅ​ក្រុងភ្នំពេញ កាលពី​សប្តាហ៍​មុន ដោយ​ជំរុញ​ដល់​អ្នកជំនួញ​ផ្នែក​អចលនវត្ថុ​ក្នុង និង​ក្រៅប្រទេស​ចូលមក​វិនិយោគ​ដីធ្លី​នៅ​កម្ពុជា​ដោយសារ​វិស័យ​មួយ​នេះ​នៅតែមាន​សក្តានុពល​ខ្លាំង​នៅឡើយ​នាពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​ខាងមុខ។

    កម្ពុជា​បាន​ប្រកាន់យក​របប​ទីផ្សារសេរី​ដែល​ធ្វើឱ្យមាន​ការអភិវឌ្ឍ​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យដូចជា​អគារខ្ពស់ៗកប់​ពពក (Skyscraper Building) អគារ​ខុន​ដូ-អា​ផាត​មិន សំណង់​អគារ​លំនៅឋាន​ផ្ទះល្វែង-វីឡាទំនើបៗ អគារ​សាលារៀន​លំដាប់ថ្នាក់​អន្តរជាតិ ផ្សារទំនើបៗ និង​ហេដ្ឋារចនាសម្ព័ន្ធធំផ្សេងៗទៀត​ជាច្រើន។ អចលនទ្រព្យ គឺជា​វិស័យ​ដែលមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុងនោះ​អ្នកវិនិយោគទុន​ក្នុងស្រុក និង​អន្តរជាតិ​កាន់តែ​ចាប់អារម្មណ៍។ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត​ប្រទេស​កម្ពុជា​នៅមាន​ឱកាស​ក្នុង​ការពង្រីក​ការវិនិយោគ​យ៉ាង​ទូលំទូលាយ ពិសេសវិនិយោគ​លើ​អចលនទ្រព្យ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធផ្សេង។

    លោក​បានបញ្ជាក់ថា ហេតុផលសំខាន់ៗដើម្បី​បង្ហាញថា ប្រទេស​កម្ពុជា​គឺជា​កន្លែង​ដែល​ត្រូវ​វិនិយោគ​លើ​វិស័យនេះ គឺ​ដោយសារ​កម្ពុ​ជាមាន៖ 1.ម៉ាក្រូសេដ្ឋកិច្ច​មាន​កំណើន​ថេរ 7%ជា​រៀងរាល់ឆ្នាំ។ 2.រដ្ឋាភិបាល​មានការ​គាំទ្រ​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ឯកជន ក្នុង និង​ក្រៅប្រទេស។ 3.ការវិនិយោគ​មានការ​ប្រកួតប្រជែង។ 4.កម្ពុ​ជាមាន​ទីភ្នាក់ងារ​លើកកម្ពស់​ការវិនិយោគ​ដែល​ផ្តល់​សេវាកម្ម​ច្រកចេញ-ចូល​តែមួយ។ 5.រដ្ឋាភិបាល​មាន​គោលនយោបាយ​គាំពារ​អ្នកវិនិយោគ​បរទេស។ 6.មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​មាន​ទីតាំង​អំណោយផល​ល្អ និង7.មាន​ធនធាន​ពលកម្ម​គ្រប់គ្រាន់ និង​ទីតាំង​ភូមិសាស្រ្តល្អ​ងាយស្រួល​ដល់​ការដឹកជញ្ជូន។ ករណីនេះ​លោក​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ទាំងអស់​ឱ្យ​ពិនិត្យមើល និង​ធ្វើការ​ពិចារណា​ក្នុងការ​សម្រេចចិត្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​មាន​យុទ្ធសាស្ត្រ​ពាណិជ​កម្ម​ត្រឹមត្រូវ មាន​ចក្ខុវិស័យ​សម្រាប់​ការវិនិយោគ ជាពិសេស​វិស័យ​អចលនទ្រព្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឈានទៅដល់​ការអភិវឌ្ឍ និង​ទទួលបាន​អត្ថប្រយោជន៍​យូរអង្វែង​សម្រាប់​វិនិយោគិន​ទាំងអស់។

    ជាមួយគ្នានេះ​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែលជា​ប្រធាន​វេទិកា ARENA ក្នុង​ឆ្នាំ2018 នេះ​បាន​លើកឡើងថា ព្រឹត្តិការណ៍​ថ្នាក់​ពិភពលោក​នេះ​បាន​នាំ​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ជុំវិញ​ពិភពលោក​មក​ចែករំលែក​បទពិសោធ និង​ស្វែងរក​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។ ព្រឹត្តិការណ៍​នេះ​ក៏បាន​នាំ​កម្ពុជា​ទៅកាន់​ពិភពលោក និង​នាំ​ពិភពលោក​មកកាន់​កម្ពុ​ជា​ដែរ។ អ្នក​អភិវឌ្ឍន៍ និង​អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ និង​លំនៅឋាន​ជុំវិញ​ពិភពលោក​បានដឹង​អំពី​ទីផ្សារ​អចលនទ្រព្យ​នៅតាម​បណ្តា​ប្រទេស​ដទៃទៀត ហើយ​ពួកគេ​អាច​ស្វែងរក​ភាពជា​ដៃគូថ្មីៗដើម្បី​វិនិយោគ​នៅ​ទីផ្សារ​ក្រៅប្រទេស​របស់ខ្លួន។

    លោក​មានប្រសាសន៍​បន្ថែ​ម​ថា បើ​អ្នកវិនិយោគ​បរទេស​ចង់​ទិញ​ដី​នៅ​កម្ពុជា គួរ​ទាក់ទង​អ្នកណា​ដែលមាន​ជំនាញ និង​មាន​ក្រមសីលធម៌​ច្បាស់លាស់ មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធផ្សេងៗទៀត និង​ជា​បុគ្គល​ដែល​ធ្លាប់​ផ្តល់​ទំនុកចិត្ត​ទៅដល់​ដៃគូ​វិនិយោគ ក៏ដូចជា​អតិថិជន​របស់ខ្លួន ចៀសវាង​ចាប់​ដៃគូ​ជាមួយ​បុគ្គល​ណា ដែល​មិនមាន​ប្រវត្តិ និង​ក្រុមហ៊ុន​ច្បាស់លាស់។

    ថ្លែង​ក្នុង​វេទិកា​ខាងលើ​នោះដែរ លោក ឆាល​រ៍ វ៉ាន់ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកសាងសង់​កម្ពុជា​បាន​ថ្លែងថា កំណើនសេដ្ឋកិច្ច និង​កំណើនប្រជាជន​បានធ្វើឱ្យ​តម្រូវការ​កន្លែង​ស្នាក់នៅនិង​អគារធំៗនៅ​កម្ពុជា​កើន​ឡើងជា​បន្តបន្ទាប់ ពិសេសក្នុង​រយៈពេល​ជាង 5ឆ្នាំ​កន្លងមកនេះ។ លោក​បានឱ្យដឹងថា ការរីកចម្រើន​នេះ​បានធ្វើឱ្យ​មូលធនវិនិយោគ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពី​ឆ្នាំ2013 រហូតមកដល់​ត្រឹម​ដំណាច់​ឆមាស​ទី1 ឆ្នាំ2018នេះ មានតម្លៃ​សរុប 23,146ពាន់​លាន​ដុល្លារ។

    ការថតរូបជុំគ្នាក្នុងកម្មវិធី សន្និបាត និងពិព័រណ៍អចលនវត្ថុ សមាគមភ្នាក់ងារអចលនវត្ថុអាស៊ានឆ្នាំ2018

    យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បង្ហាញថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ2017 ការវិនិយោគ​សរុប​លើ​វិស័យ​អចលនទ្រព្យ​មាន​ចំនួន 3,052គម្រោង ដែលមាន​ផ្ទៃដី​សរុប​ជិត 11លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ជាជាង 6ពាន់​លាន​ដុល្លារ។ ការវិនិយោគ​សរុប​ស​ម្រា​ប់​ឆមាស​ទី1 ឆ្នាំ2018នេះមាន​ចំនួន 1,643គម្រោង​ច្រើនជាង 5លាន​ម៉ែត្រការ៉េ ដែលមាន​ទឹកប្រាក់​វិនិយោគ​ក្នុងតម្លៃ​ប៉ាន់ស្មាន​សរុប​ជាង 2ពាន់​លាន​ដុល្លារ។

    គួរ​ជម្រាប​បន្ថែម​ដែរ​ថា នៅ​កម្ពុជា​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ1ក្នុង​វិស័យ​អចលនទ្រព្យ បន្ទាប់មក​គឺ​ប្រទេស​កូរ៉េ​ជាប់​លំដាប់ថ្នាក់​លេខ2 ប្រទេស​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ3 ចំណែក​ប្រទេស​សិង្ហបូរី​ជាប់​ចំណាត់ថ្នាក់​លេខ4 ហើយ​ចុងក្រោយ​គេ គឺ​ប្រទេស​ថៃឡង់​ដ៍៕