សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA នឹងត្រូវចាប់ផ្តើមយុទ្ធនាការលំដាប់ទី3 សម្រាប់ក្លិបអឺរ៉ុប ពីចាប់ពីរដូវកាលឆ្នាំ2021-2022។ នេះបើយោងតាមការប្រកាសរបស់លោក Andrea Agnelli ដែលជាប្រធានសហព័ន្ធក្លិបអឺរ៉ុប (ECA)។
ក្នុងពេលបើកកិច្ចប្រជុំរបស់លោកនៅឯសន្និបាតរយៈពេល 2ឆ្នាំម្តងរបស់ ECA ក្នុងទីក្រុង Split កាលពីថ្ងៃអង្គារ ប្រធានក្លិប Juventus រូបនេះបានឱ្យដឹងថា៖ «ស្របពេលដែលកំពុងរង់ចាំការអនុម័តរបស់គណៈកម្មាធិការប្រតិបត្តិរបស់ UEFA ភ្លើងខៀវត្រូវបានផ្តល់ឱ្យដើម្បីយុទ្ធនាការលំដាប់ទី3 និងដើម្បីនាំយកក្លិបសរុបចំនួន96 ចូលរួមក្នុងរដូវកាលឆ្នាំ2021-2022»។ លោក Agnelli ប្រធានសហព័ន្ធក្លិបទ្វីបអឺរ៉ុប បានប្រាប់សមាជិករបស់ខ្លួនក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Split ថា វានឹងមានយុទ្ធនាការលំដាប់ទី3 ដែលនឹងត្រូវរៀបចំឡើងរួមជាមួយនឹងក្របខ័ណ្ឌដែលមានស្រាប់ដូចជា Champions League ដែលជាយុទ្ធនាការលំដាប់ទី1 និងក្របខ័ណ្ឌលំដាប់ទី2 Europa League។ ក្រោយមក ECA បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា សំណើនេះគឺជាមានគោលបំណងក្នុងការកាត់បន្ថយចំនួនក្រុមក្នុងក្របខ័ណ្ឌ Europa League វគ្គចែកពូលពី48 នៅត្រឹម 32ក្រុម។ ក្របខ័ណ្ឌ Champions League នឹងរក្សានៅដដែលជាមួយនឹងក្រុមចំនួន32 ក្នុងវគ្គចែកពូល។ អឺរ៉ុប ធ្លាប់មានយុទ្ធនាការក្របខ័ណ្ឌលំដាប់ទី3 សម្រាប់ក្រុមឈ្នះពានក្នុងស្រុកនានា ដែលមានឈ្មោះថា Cup Winners’ Cup ប៉ុន្តែ ពាននេះត្រូវបានលុបចោលទៅវិញក្នុងឆ្នាំ1999។ បច្ចុប្បន្ន ក្រុមឈ្នះពាន នឹងឈានទៅកាន់ក្របខ័ណ្ឌ Europa League តែម្តង៕
កីឡាករ Sebastian Vettel កំពុងតែស្ថិតក្រោមសម្ពាធ ក្នុងការកាត់បន្ថយពិន្ទុនាំមុខរបស់កីឡាករ Lewis Hamilton នៅលើតារាងពិន្ទុរួម ក្នុងព្រឹត្តិការណ៍ Singapore Grand Prix នៅចុងសប្តាហ៍នេះ ក៏ដូចជាលុបចោលការចងចាំដ៏ឈឺចាប់របស់ក្រុម Ferrari ពីការប្រណាំងកាលពីឆ្នាំមុនដែរ។
ជាធម្មតា ក្រុម Mercedes ជួបការលំបាកនៅលើទីលានក្រោមពន្លឺថ្ងៃដ៏ក្តៅ Marina Bay Circuit ប៉ុន្តែ កាលពីឆ្នាំ2017 Hamilton បានទទួលជ័យជម្នះពីការចេញដំណើរពីលេខរៀងទី5 លើទីលាន ក្រោយពីទាំងក្រុម Ferrari និងកីឡាករ Max Verstappen របស់ក្រុម Red Bull សុទ្ធសឹងបានជួបបញ្ហាដូចគ្នានៅលើទីលាន។ ក្រុម Ferrari និង Vettel នៅតែមានការជឿជាក់ ក្រោយពី Hamilton បានទទួលជ័យជម្នះក្នុងការប្រណាំងនៅលើទីលាន Mozaក្នុងប្រទេសអ៊ីតាលី កាលពី 10ថ្ងៃមុន បើទោះបីក្រុមមួយនេះ បានដណ្តើមយកការនាំមុខមុននៅលើទីលានប្រណាំងរបស់ខ្លួនក៏ដោយ។ ការជួបបញ្ហារបស់ Vettel ក្នុងជុំទី1 ក្រោយពីការប៉ះទង្គិចជាមួយនឹង Hamilton បានធ្វើឱ្យកីឡាករអង់គ្លេសរូបនេះ បង្កើនពិន្ទុនាំមុខរបស់គេនៅលើតារាងជើងឯកផ្នែកបើកបររហូតដល់ទៅ 30ពិន្ទុ ហើយកីឡាករ Vettel សញ្ជាតិអាល្លឺម៉ង់ បានសន្យាថា នឹងធ្វើការស្តារមុខមាត់ត្រឡប់មកវិញ នៅលើទឹកដីសិង្ហបុរី ជាកន្លែងដែលរូបគេធ្លាប់បានឈ្នះការប្រណាំងចំនួន 4លើក។