Author: ធឿន មករា

  • ចិញ្ចឹម​មេ​ជ្រូក 1ក្បាល​អាចបង្កើត​កូនល​ក់បាន 1,000ដុល្លារ​ក្នុង​មួយឆ្នាំ

    ចិញ្ចឹម​មេ​ជ្រូក 1ក្បាល​អាចបង្កើត​កូនល​ក់បាន 1,000ដុល្លារ​ក្នុង​មួយឆ្នាំ

    ការចិញ្ចឹម​ជ្រូក​យក​កូន​លក់​ជា​របរ​គួបផ្សំ​មួយទៀត​បន្ទាប់ពី​ការធ្វើ​ស្រែចម្ការ ឬ​ការងារ​ចម្បង​ផ្សេងទៀត ដែល​ជួយ​ឱ្យ​គ្រួសារ​កសិករ​អាច​រក​ចំណូល​បន្ថែម​បាន​ច្រើន​គួរសម និង​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់គាត់​កាន់តែ​ប្រសើរឡើងពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ទៀតផង។

    លោក អឿន សុខ​រ៉ា ជា​គ្រូបង្រៀន​មុខវិជ្ជា​ភូមិវិទ្យា​នៅ​វិទ្យាល័យ​មោងឫស្សី បានមានប្រសាសន៍ថា លោក​មិនមែន​មានការ​ងារ​ត្រឹមតែ​ជា​គ្រូបង្រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ថែមទាំង​មាន​ដី​ធ្វើស្រែ​ចំនួន2ហិកតា​ដូច​កសិករ​ក្នុងភូមិផ្សេងៗទៀត​ដែរ ប៉ុន្តែរ​បរទាំង 2នេះ​គ្រាន់តែ​រក​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ហើយ​ដើម្បី​ឱ្យមាន​ប្រាក់ចំណូល​បន្ថែមទៀត​សម្រាប់​ទិញ​សម្ភារ​ទាន់សម័យ​ប្រើប្រាស់​នឹង​គេ លោក​បាន​ឆ្លៀតពេល​ចិញ្ចឹម​មេ​ជ្រូក​យក​កូន​លក់ ដែល​ធ្វើឱ្យ​អាច​រកចំណូលបាន​ច្រើន​គូរ​សម​ថែមទៀត ធ្វើឱ្យ​លោក​អាចមាន​លទ្ធភាព​ទិញ​ដី​ធ្វើ​ផ្ទះ​នៅ ទិញ​គោយន្ត​ធ្វើស្រែ ក្លាយជា​គ្រួសារ​មាន​ជីវភាព​ល្អប្រសើរ​មួយ​នៅក្នុង​ភូមិ​ម្រះព្រៅ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។

    លោក អឿន សុខរ៉ា កំពុងលាយចំណីជ្រូក

    លោក​បានបញ្ជាក់ថា គ្រួសារ​លោក​បាន​ចិញ្ចឹម​មេ​ជ្រូក​យក​កូន​លក់​នេះ​តាំងពី​ឆ្នាំ2009មកម៉្លេះ ដែល​របរ​នេះ​លោក​ចេះតៗគ្នា​ពី​អ្នក​ចិញ្ចឹម​ក្នុងភូមិ ដោយ​កាលពី​ដំបូង​លោក​ចិញ្ចឹម​មេ​ជ្រូក​ចំនួន 4ក្បាល ដែល​ធ្វើឱ្យ​អាច​រកចំណូលបាន​ប្រមាណ​ជា4,000ដុល្លារ​ដែរ​ក្នុងមួយឆ្នាំៗ ហើយគិតៗទៅ​ជ្រូក​មេ​មួយ​ក្បាល​ជា​មធ្យម​អាចជួយ​រក​ចំណូលឱ្យ​ម្ចាស់​បាន​ចំនួន 1,000ដុល្លារ​ក្នុង​មួយឆ្នាំ។ លោក​ថា ជាទូទៅ​រយៈពេល 5ខែ មេ​ជ្រូក​នឹង​កើតកូន​ម្តង​បាន​ចំនួន​ពី12 ទៅ15ក្បាល ហើយ​នៅពេល​កូនជ្រូក​អាយុ​បាន30 ទៅ35ថ្ងៃ វា​នឹងមាន​ទម្ងន់​ប្រហែល8-10គីឡូក្រាម​ក្នុង​មួយ​ក្បាល ដែល​យើង​អាច​ចាប់​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី20 ទៅ25ម៉ឺន​រៀល​ក្នុង​មួយ​ក្បាល អាស្រ័យទៅលើ​ហាងឆេង​ទីផ្សារឡើងថ្លៃ ឬ​ចុះថ្លៃ​សម្រាប់​កសិករ​ដែល​ទិញ​យកទៅ​ចិញ្ចឹម​យកសា​ច់លក់​បន្តទៀត។

    ទោះយ៉ាងណា ការចិញ្ចឹម​ជ្រូក​មេ​យក​កូន​លក់​នេះ​ទាមទារ​ឱ្យ​យើង​មានការ​យកចិត្តទុកដាក់ និង​មានការ​ថែទាំ​ខ្លាំង​ទៅលើ​ការផ្តល់​ចំណីអាហារ ការថែរក្សា​អនាម័យការថែរក្សា​សុខភាព​ជ្រូក និង​យល់ដឹង​ពី​វិធីសាស្ត្រ​ចាក់​ថ្នាំ​បង្ការ ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​ជំងឺផ្សេងៗទៀតផង​ដែរ។ ឧទាហរណ៍ មួយ​សប្តាហ៍​នៅមុន​ពេល​មេ​ជ្រូ​កបង្កើតកូន គេ​ត្រូវ​ចាក់​ថ្នាំ​ទម្លាក់​សត្វល្អិត​ចោល​ម្តង ហើយ​ត្រូវ​ផ្តល់​ចំណី​ណា​ដែល​ជំនួយ​កម្លាំងដើម្បីឱ្យ​មេ​ជ្រូក​មាន​កម្លាំង​បង្កើតកូន និង​មាន​ទឹកដោះ​ច្រើន​ឱ្យ​កូនបៅ។ លុះដល់​ដំណាក់កាល​កើតកូន គេ​ត្រូវ​ចាក់​ថ្នាំ​ឱ្យ​ស្បូន​ជ្រូក​បើក​ជា​ជំនួយ​ឱ្យ​វា​កើតកូន​បាន​លឿន និង​មាន​សុខ​ភាពល្អ​ផងដែរ ដែល​ថ្នាំ​ជំនួយ​ក្នុងការ​បង្កើតកូន​នេះ គេ​ត្រូវ​ចាក់ឱ្យ​វា​បន្ទាប់ពី​វា​កើត​បានកូន​មួយ​មុនគេ។ ជាមួយគ្នានេះ​គេ​ត្រូវ​ចាក់​ថ្នាំ​ផ្សះ​ការពារ​មេរោគ​ឆ្លង​ផងដែរ។ ពេល​ចាក់​ថ្នាំ​រួច គេ​ត្រូវ​បង្កាត់​ភ្នក់ភ្លើង​នៅក្បែ​វា ឬ​ដាក់​អំពូល​ភ្លើង​កម្ដៅ ហើយ​បើ​គ្មាន​អំពូល​ភ្លើង​ទេ គេ​ត្រូវ​ក្រាល​ចំបើង ឬ​រក​ក្រណាត់ចាស់ៗយកមក​ក្រាល​ឱ្យ​មេ​ជ្រូក​ដេក ដើម្បី​ឱ្យមាន​ភាពកក់ក្តៅ បង្ការ​ខ្លាចក្រែង​ជ្រូក​កើត​ជំងឺ​ផ្តាសាយ និង​ជំងឺផ្សេងៗទៀត។

    បន្ទាប់ពី​វា​កើតកូន​អស់ កសិករ​ត្រូវ​កាត់​ធ្មេញ​កូនជ្រូក​ទាំងនោះ​ចោល ដើម្បី​កុំឱ្យ​វា​ខាំ​គ្នា ឬ​ខាំ​ដោះ​មេ​វា​នៅពេល​បៅ ព្រោះ​ពេលណា​វា​ខាំ​ដោះ​មេ​វា​ហើម មេ​វា​នឹង​លែងឱ្យ​បៅ​មិន​ខាន។ ដំណាក់កាល​បន្ទាប់ គេ​ត្រូវ​កាត់​កន្ទុយ​កូនជ្រូក​ទាំងនោះ​ចោល​ទៀត ព្រោះថា​កន្ទុយ​វា​ត្រូវបាន​អ្នកជំនាញ​រកឃើញថា មាន​ញាណ​ពិសេស​ធ្វើឱ្យ​កូនជ្រូក​ឆាប់​ភ្ញាក់​ដឹងខ្លួន ដេក​មិន​បានយូរ​នៅ​ពេលឮ​សម្លេង​អ្វីមួយ ដែលជា​ហេតុ​ធ្វើឱ្យ​កូនជ្រូក​មិនសូវ​ធំធាត់​ល្អ ឬ​ធំធាត់​យឺត ឬ​ក្រ​ធំ​នាំឱ្យ​យើង​ខាត​ចំណី និង​ពេលវេលា​ក្នុងការ​ចិញ្ចឹម​វា ប៉ុន្តែ​កុំ​ភ្លេច​ចាក់​ថ្នាំ​ផ្សះ​ឱ្យ​វា​ផង​ពេល​កាត់​ធ្មេញ និង​កាត់​កន្ទុយ​វា​រួច ដោយ​ត្រូវយក​ថ្នាំ​ក្រហម​មក​លាប​កន្ទុយ និង​ផ្ចិត វា​ដើម្បីឱ្យ​ឆាប់​ជា​សះ​ពីមុខ​របួស។

    កូនជ្រូកកំពុងបៅ

    ក្រៅពី​វិធីសាស្ត្រ​ខាងលើ កសិករ​ត្រូវ​លាង​សម្អាត​ទ្រុង​ជាប្រចាំ តែ​មិនត្រូវ​លាង​កូនជ្រូក​នោះទេ ព្រោះថា​កូនជ្រូក​នៅ​តូច ស្បែក​វា​នៅ​ស្តើង​ដែល​ងាយ​កើតជំងឺ​ខ្លាំងណាស់​ពេល​អាកាសធាតុ​ក្តៅ ហើយ​បើ​យើង​យក​កូនជ្រូក​មក​លាង វា​អាច​នឹង​ឈឺ ដោយសារ​វា​មិនទាន់​សុំា​នឹង​អាកាសធាតុ​ក្តៅ ហើយ​ត្រជាក់​ភ្លាមប៉ុន្តែ​បើសិនជា​ខ្លួន​កូនជ្រូក​ប្រឡាក់​លាមក​វា​ច្រើន យើង​អាច​លាង​សម្អាត​វា​បាន ដោយ​យក​សាប៊ូម្សៅ​ដុសលាង​សម្អាត​តាម​ធម្មតា ប៉ុន្តែ​ពេល​លាង​រួច ត្រូវយក​ក្រណាត់​មក​ជូត​ឱ្យ​ស្អាត រួច​សឹម​លែង​វា​ចូល​ទ្រុង​វិញ។ រហូតដល់​កូនជ្រូក​អាយុ​បាន 15ថ្ងៃ គេ​អាច​លាង​សម្អាត និង​ងូតទឹក​ឱ្យ​កូនជ្រូក​បាន​ហើយ និង​ក្រៅពី​ថែរ​រក្សា​អនាម័យ​ហើយ គេ​ត្រូវ​គិត​រឿង​ចំណី​ឱ្យ​វា​ផងដែរ​ក្នុងអំឡុង​ពេលនេះ។ ក្នុងដំណាក់កាល​ទើប​កើត​ដំបូង គេ​មិនបាច់​ដាក់​ចំណី​ឱ្យ​វា​ស៊ី​ទេ ព្រោះ​វា​ចេះ​បៅដោះ​មេ​តែមួយ​មុខ​គត់ រហូតដល់​កូនជ្រូក​មាន​អាយុ​បាន 1សប្តាហ៍ ទៅ10ថ្ងៃ ទើប​គេ​ដាក់​ចំណី​ឱ្យ​វា​ស៊ីតិចៗជាដំបូង​ដោយ​លាយ​ជាមួយ​ចេកទុំ។ តាមពិតទៅ ដំបូងៗកូនជ្រូក​មិនចេះ​ស៊ី​ចំណី​ទេ តែ​វា​ចេះ​ស៊ី​ចេកទុំ លុះ​ស៊ី​បាន​មួយរយៈ​ខ្លី ទើប​វា​សុំា​នឹង​ចំណី ហើយ​ចេះ​ស៊ី​ដោយ​ខ្លួនឯង។ រហូតដល់​កូនជ្រូក​អាយុ​បាន 20ថ្ងៃ​ទើប​វា​លែង​បៅ និង​ងាក​មក​ស៊ី​ចំណី​វិញ​ម្ដង។ កូនជ្រូក10ក្បាល​ជា​មធ្យម​វា​ស៊ី​ចំណី​អស់ 30គីឡូក្រាម​ក្នុង​រយៈពេល 10ថ្ងៃ រហូតដល់​អាយុ​បាន 35ថ្ងៃ​កូនជ្រូក​នឹងមាន​ទម្ងន់​ចន្លោះ​ពី 8 ទៅ10គីឡូក្រាម​ក្នុង​មួយ​ក្បាល ពេលនោះ​យើង​អាច​ចាប់​លក់បាន​ហើយ។

    យ៉ាងណាក៏ដោយ កន្លងមក​ដោយសារ​ជ្រូក​រស់​នាំចូល​ពី​ក្រៅប្រទេស​ច្រើនពេក បានធ្វើឱ្យ​ជ្រូក​រស់ក្នុង​ស្រុក​ធ្លាក់​ថ្លៃ នាំឱ្យ​កសិករ​ជាច្រើន​ក្នុងភូមិ​ឃុំ​ខាងលើ បោះបង់ចោល​របរ​ចិញ្ចឹម​ជ្រូក​នេះ ហើយ​អ្នកភូមិ​បាន​អំពាវនាវ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​កំណត់​ចំនួន​ជ្រូក​នាំចូល​ឱ្យបាន​ច្បាស់លាស់​មុននឹង​នាំចូលមក​លក់​លើ​ទីផ្សារ​កម្ពុជា ដោយ​ទុក​លទ្ធភាព​ឱ្យ​ជ្រូក​កសិករ​ខ្មែរ​អាច​លក់បាន​ថ្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​ខ្លួនឯង​ផង៕

  • កំណើនប្រជាជន​ក្នុង​ទីក្រុង ធ្វើឱ្យ​ដីឡូត៍​នៅ​ជាយក្រុង​ឡើងថ្លៃ

    កំណើនប្រជាជន​ក្នុង​ទីក្រុង ធ្វើឱ្យ​ដីឡូត៍​នៅ​ជាយក្រុង​ឡើងថ្លៃ

    តម្លៃ​ដី​នៅក្នុង​តំបន់សំខាន់ៗមួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​ស្ថិតនៅ​ទ្រឹង​ក្នុង​ឆមាស​ទី1 ឆ្នាំ2018 ដោយសារ​តម្លៃ​ដី​ក្នុង​សង្កាត់​មួយចំនួន​បាន​ឈានដល់​កម្រិត​ខ្ពស់​រួចស្រេច​ទៅហើយ និង​ដី​ដែល​តម្លៃ​មានការ​កើនឡើង​ខ្លាំង​គួរឱ្យកត់សម្គាល់​នោះ គឺ​ដី​ស្ថិតនៅ​តំបន់​ជាយក្រុង។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​ស្តីពី​តម្លៃ​ដីធ្លី​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ។

    លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​ពន្យល់ថា ការឡើង​ថ្លៃ​របស់​ដីធ្លី​សម្រាប់​ទីក្រុងសំខាន់ៗ មាន​ភ្នំពេញ បន្ទាប់មក​គឺសៀមរាប និង​ព្រះសីហនុ​ដែល​យើង​មើលឃើញថា​កំពុង​ឡើងថ្លៃ​ខ្លាំង។ ការឡើង​ថ្លៃ​របស់​ដីធ្លី​នេះ មិនមែន​យើង​ចេះតែ​ថា តំបន់​នេះ​ឡើងថ្លៃ ឬ​តំបន់​នោះ​ចុះថ្លៃ​នោះទេគឺ​ការ​ឡើងថ្លៃ​វា​អាចមាន​កម្រិត​របស់​វា ព្រោះ​វា​មាន​លក្ខណៈ​មួយ​ដែល​អាចឱ្យ​ខាង​វិស័យ​ឯកជន​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​តម្លៃ។

    លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL

    លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ចំពោះ​ព័ត៌មាន​អំពី​តម្លៃ​ដី ពេលខ្លះ​ក៏​យើង​ទទួលបាន​​តាមរយៈ Media ដែរ។ ឥឡូវនេះ​ដើម្បីឱ្យ​កាន់តែច្បាស់​លាស់​នោះ គឺ​យើង​កំពុង​គ្រប់គ្រង​នូវ​អ្វី​ដែលជា​ព័ត៌មាន​ដីធ្លី​ឱ្យ​ច្បាស់លាស់​ថា តើ​តំបន់​ណា​ឡើងថ្លៃ តំបន់​ណា​នៅ​ទ្រឹង និង​តំបន់​ណា​តម្លៃ​ធ្លាក់ចុះ​វិញ ដូច្នេះ​យើង​កំពុងតែធ្វើការ​ងារ​ហ្នឹងហើយ ដើម្បី​ងាយស្រួល​ក្តាប់បាន​នូវ​ព័ត៌មាន​នៃ​តម្លៃ​ដី។

    ចំពោះ​អ្វីដែល​អ្នកវិភាគ​និយាយថា តម្លៃ​ដី​នៅ​ថេរ​នោះ លោក​ឧកញ៉ា​យល់ថា៖ “យោបល់​របស់​អ្នកជំនាញ​គឺ​មិន​ខុស​ទេ ព្រោះ​តម្លៃ​ដី​នៅ​កន្លែង​ណា​ដែល​ឡើងដល់​កម្រិត​របស់​វា​ហើយ វា​នឹងមិន​ឡើង​ទៀត​ទេ ប៉ុន្តែ​ដី​នៅ​ជាយក្រុង​របស់​យើង វា​នៅមាន​តម្លៃ​ទាប​នៅឡើយ បើ​ឡើង​ត្រឹមតែ 20ដុល្លារ ទៅ40ដុល្លារ​អី មិនទាន់​ហៅថា​ឡើង​ទេ គឺ​នៅ​តម្លៃ​ទាបនៅឡើយ។ នៅ​តំបន់​ជាយក្រុង​មានការ​ពុះ​ដីឡូត៍​លក់​ដោយ​មិនមាន​ការគោរព​តាម​ប្លង់​មេនោះ​ទេដូច្នេះ​យើង​នឹងមិន​ទទួលបាន​ទីប្រជុំជន​មួយ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​បានឡើយ ដោយសារតែ​គ្មាន​សណ្ដាប់ធ្នាប់ និង​មិន​ធ្វើតាម​ប្លង់​មេ(Master plan)។

    សម្រាប់​មូលហេតុ​នៃ​កំណើន​ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង​នេះ លោក​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​រូបនេះ​បាន​លើកឡើងថា “ដោយសារ​កំណើនប្រជាជន​ក្នុង​ទីក្រុង​មានការ​កើនឡើង ធ្វើឱ្យ​តម្លៃ​ដី​ក្នុង​ទីក្រុង​ឡើងថ្លៃ ហើយ​ពលរដ្ឋ​ភាគច្រើន​មិនមាន​លទ្ធភាព​ទិញ​ផ្ទះ​ក្នុងតម្លៃ​ថ្លៃ ទើប​ងាក​ទៅ​សម្លឹងមើល​ដី​នៅ​ជាយក្រុង​វិញ កត្តា​មួយ​នេះហើយ​ដែល​ធ្វើឱ្យ​ដីឡូត៍​ដាក់លក់​នៅតាម​តំបន់​ជាយក្រុង​មាន​តម្រូវការ​ខ្លាំង។ ដីឡូត៍​ភាគច្រើន គេ​អភិវឌ្ឍ​នៅ​តំបន់​ជាយក្រុង​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពេក​ទេ មាន​រោងចក្រ​ច្រើន និង​ជាទី​ប្រជុំជន​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​ជាដើម‟។

    លោក​ឧកញ៉ា ចេង ខេង បាន​លើកឡើងថា ស្ថានភាព​ពុះ​ដីឡូត៍​លក់​មាន​ចំនួន​ច្រើន​ហួស អាច​បណ្តាលឱ្យ​វិស័យនេះ​មាន​ភាពអនាធិបតេយ្យ។ ការ​ពុះ​ដីឡូត៍​លក់​ទោះជា​ទទួលបាន​លុយ​ច្រើន​ក៏ពិតមែន លក់ដាច់​ក៏ពិតមែន ប៉ុន្តែ​បើ​យើង​គិតដល់​អនាគត វា​មិនជា​អស្ចារ្យ​អី​ទេ ព្រោះ​ការ​ពុះ​ដីឡូត៍​លក់​នេះ គ្មាន​អ្នកទទួលខុសត្រូវ​ចំពោះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ទាំង​នោះឡើយ។

    អ្នកជំនាញ​សេដ្ឋកិច្ច​មួយរូប​ធ្លាប់បាន​អត្ថាធិប្បាយអំពី​តម្រូវការ​ដី និង​កំណើនប្រជាជន​នៅ​ឆ្នាំ2030ថា ទីក្រុង​ភ្នំពេញ​នឹងត្រូវ​ការ​ដីស​ង់​លំនៅដ្ឋាន​រហូតដល់3,600ហិកតា។ ក្នុង​មួយឆ្នាំ​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវការ​ផ្ទះ​ចំនួន 2ម៉ឺន​ខ្នង ពោលគឺ​ត្រូវការ​ដី300ហិកតា​ក្នុង1ឆ្នាំ ដើម្បី​សង់​លំនៅឋាន​ដោយ​បូក​រួមទាំង​សួនច្បារ សាលារៀន និង​ផ្លូវថ្នល់​ជាដើម​ផង នេះ​មិនទាន់​គិតពី​ដី​សម្រាប់​សង់រោង​ចក្រ​ និង​ឃ្លាំង​នៅឡើយ​ទេ។

    យោងតាម​តម្រូវការ​ខាងលើ យើង​អាចធ្វើ​ផែនការ​ក្នុងការ​វិនិយោគ​ដីធ្លី​សម្រាប់​រយៈពេល​វែង​ដើម្បី​ចាប់យក​ឱកាស​ពី​តម្រូវការ​ទាំងនេះ។ សម្រាប់​រដ្ឋាភិបាល​គួរ​មាន​ផែនការមេ​សម្រាប់​អភិវឌ្ឍ​ទីក្រុង​ក្នុង​រយៈពេល 100ឆ្នាំ​ទៅមុខទៀត។ ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​ត្រូវការ​ការអភិវឌ្ឍ ពង្រីក និង​កសាង​ទីក្រុង​រណប បុរី ខុន​ដូ និង​សំណង់​អចលនទ្រព្យទំនើបៗជាច្រើន​ទៀត ទើប​អាចឆ្លើយតប​សមស្រប​ទៅនឹង​តម្រូវការ​នៃ​កំណើនប្រជាជន​នាពេល​បច្ចុប្បន្ន និង​អនាគត​បាន។

    គួរ​រំឭក​ដែរ​ថា ឯកសារ​ប្លង់​មេ​ដែលមាន​ឈ្មោះថា“ការប្រើប្រាស់​ដី​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ2035‟ គឺជា​បណ្ដុំ​ឯកសារ​ចំនួន 330ទំព័រ​ជា​ភាសា​បារាំង​ដែល​ត្រូវ​បានផ្តល់​មូលនិធិ​ឱ្យ​ដោយ​ស្ថានទូត​បារាំង ហើយ​មានឈ្មោះ​ជា​ភាសា​បារាំង​ថា Livre Blanc ត្រូវបាន​សង្ខេប​ទៅជា​ឯកសារ​ជា​ភាសា​ខ្មែរ​ត្រឹមតែ35ទំព័រ​និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ឆ្នាំ2015កន្លងមក៕

  • 5ចំណុច​ហាម​ធ្វើ បើ​មិន​ចង់ឱ្យ​អវយវៈ​ភេទ​ឆ្លង​រោគ

    5ចំណុច​ហាម​ធ្វើ បើ​មិន​ចង់ឱ្យ​អវយវៈ​ភេទ​ឆ្លង​រោគ

    ប្រសិនបើជា​រឿង​របស់​អវយវៈ​ភេទ​ហើយ មិន​ថា​បុរស ឬក៏​នារី​នោះទេ េ​ក៏មាន​ភាព​អៀនខ្មាស​នៅក្នុង​ការនិយាយ​ចេញមកក្រៅ និង​ធ្វើឱ្យ​ពិបាកចិត្ត​នៅពេលដែល​និយាយ​អំពី​រឿងនេះ ឬក៏​ពិបាក​ពិគ្រោះ​ជាមួយ​អ្នកដទៃ​អំពី​បញ្ហា​នេះ។ ដូច្នេះហើយ​ខណៈដែល​មាន​អាការចម្លែកៗ ដូចជា អាការ “ឆ្លង​រោគ” កើតឡើង មនុស្ស​ជាច្រើន​បាន​ប្រើការ​ព្យាយាម​អំណត់​ ខ្លះរក​ផ្លូវ​ព្យាបាល​ដោយ​ខ្លួនឯង​យ៉ាង​មិន​ត្រឹមត្រូវ ​ខ្លះព្យាបាល​តាម​ការស្រាវជ្រាវ​មួយចំនួន រហូតដល់​ចុងក្រោយ​មានការ​ហុច​ផល​មិនល្អ​ដល់​រាងកាយ​លើស​ដើម​ទៀត។ ដូច្នេះ ដំណោះស្រាយ​ដែល​ត្រឹមត្រូវ​នោះ​គឺ ការមើល​ថែរក្សា​អនាម័យ​របស់​អវយវៈ​ភេទ​ឱ្យបាន​ល្អប្រសើរ កុំឱ្យ​មានការ​ប្រឡាក់​ប្រឡូក ដែលជា​ហេតុ​បង្ក​ឱ្យ​ឆ្លង​រោគ​ដល់​ខ្លួន​អ្នក​ផ្ទាល់។ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​នូវ​ចំណុច​ទាំង5 ដូចខាងក្រោម​នេះ៖

    1. ហាម​ស្លៀកខោ​ក្នុងដដែលៗ
    បរិវេណ​អវយវៈ​ភេទ គឺមាន​ក្រពេញ​ញើស​ដូចជា​បរិវេណផ្សេងៗទៀត​នៃ​សារពាង្គកាយ​ដែរ ដែលមាន​រន្ធ​រោម ថែមទាំង​មាន​កន្លុកកន្លៀត​ដែល​បាន​បិទបាំង​ដោយ​សម្លៀកបំពាក់​ផងដែរ។ ការបិទ​មុខ​រន្ធ​ញើស ជា​កត្តា​ដែលនាំឱ្យ​កើតមាន​ក្លិន​មិនល្អ​ជាប់​នឹង​ស្បែក និង​សម្លៀកបំពាក់ ហើយ​បាក់តេរី​ក៏​អា​ចចម្រើន​លូតលាស់​បាន​យ៉ាង​លឿន​ទៀតផង។ អ្នក​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​ខោ​ក្នុង​ឱ្យ​បានជា​រៀងរាល់ថ្ងៃដើម្បី​ថែរក្សា​អនាម័យ​នៅក្នុង​ចំណុច​ដែល​បាន​លាក់បាំង​នេះ។ អ្នក​គួរតែ​ធ្វើការ​ផ្លាស់​ឈុត​ខោ​ក្នុង មួយថ្ងៃ​ឱ្យបាន2ដង​ទើប​ជាការ​ប្រសើរ ពោលគឺ​នៅពេល​ព្រឹក និង​មុនពេល​ចូល​គេង។ ប្រញាប់​ធ្វើការ​សម្អាត​អវយវៈ​ភេទ​ភ្លាម នៅពេលដែល​អ្នកមាន​អារម្មណ៍​ថា ធំ​ុ​ក្លិន អាប់អួរ ឬក៏​ក្រោយ​ពេលដែល​អ្នកធ្វើ​ការហាត់​ប្រាណ​រួច។

    2. ហាម​លាង​សម្អាត​ទ្វារមាស​ផ្នែក​ខាងក្នុង
    ស្ត្រី​ខ្លះ ចង់​សម្អាត​ផ្នែក​ខាង​ក្នុងនៃ​ទ្វារមាស ទើប​ខំព្យាយាម​ប្រើ​ម្រាមដៃ​ស៊ក​ចូលទៅ​សម្អាត​ខាងក្នុង ​ដោយ​សាប៊ូ ឬ​ផលិតផល​សម្រាប់​សម្អាត​អនាម័យ​ស្ត្រីផ្សេងៗដែលមាន​លក់​នៅតាម​ផ្សារ។ ក៏ប៉ុន្ដែ តាម​ការពិតទៅ​ការធ្វើ​ការសម្អាត​ចូលទៅ​ខាងក្នុង​ទ្វារមាស គឺមាន​ផលប៉ះពាល់​រាងកាយ​លើស​ដើម ព្រោះ​សាប៊ូ​មាន​កម្រិត pH ខ្ពស់ជាង​ទ្វារមាស ហើយ​ធាតុ​ផ្សំ​នៃ​ក្លិន​ប្រ​អូ​បរ​បស់​សាប៊ូ អាចធ្វើឱ្យ​ទ្វារមាស​រលាក ឡើង​ក្រហម និង​មាន​អាការ​រមាស់ ហើយក្រៅពីនេះ វា​ក៏​មិនបាន​សម្លាប់​បាក់តេរី​ចេញពី​រាងកាយ​នោះទេ។ ប្រសិនបើ​អ្នក​ចង់​ធ្វើការ​សម្អាត​អនាម័យ​ខាងក្នុង​ទ្វារមាស អ្នក​គួរតែ​ជ្រើសរើស​ប្រើ​ទឹកស្អាត ធ្វើ​ទឹក​អនាម័យ​ដែលមាន​កម្រិត pH ទាប​សម្រាប់​សម្អាត ឬ​គ្រាន់តែ​សម្អាត​ផ្នែក​ខាងក្រៅ មិនឱ្យ​លើសពី​មួយថ្ងៃ​ម្ដង​ក៏បាន។

    3. ហាម​លាបប្រេង ឬ​ជែ​ល​រលោងផ្សេងៗ
    ដើម្បី​ឱ្យមាន​ភាព​ងាយ​ក្នុងការ​រួមដំណេក​ជាមួយ​គូស្នេហ៍ អ្នកខ្លះ​អាច​ប្រើប្រាស់​គ្រឿង​ជំនួយ​ដូចជា ជែ​ល​ទឹករំអិល ឬ​ប្រេងរំអិល​ដែលមាន​ក្លិនក្រអូប ដើម្បីឱ្យ​ការរួម​ដំណេក​មាន​ភាព​រលូន និង​ជួយ​ជំរុញ​អារម្មណ៍​ឱ្យ​កាន់តែ​ខិត​ទៅដល់​ចំណុចកំពូល។ មិន​ថា​ជា​ផលិតផល​បែបណា យីហោ​ណា ឬ​មានការ​បញ្ជាក់ថា​គ្មាន​គ្រោះថ្នាក់​បែបណាក៏ដោយ ខណៈដែល​បាន​ប្រើ​លាប​ពីលើ​ស្បែក តែ​ខុសពី​ភាព​រំអិល​ដែល​ផលិត​ចេញ​មកពី​ខាងក្នុង​នៃ​ចំណុច​លាក់បាំង វា​អាច​ហុច​ផល​អាក្រក់​ប៉ះពាល់​ដល់​រាងកាយ​ស្ត្រី​បាន។ ដោយសារតែ​នៅពេលដែល​រួមដំណេក​ហើយ ធ្វើឱ្យ​ពិបាក​នៅក្នុង​ការលាង​សម្អាត និង​ធ្វើឱ្យ​កើត​ស្នាម​ប្រឡាក់​ស្អិត​ជាប់​នឹង​អវយវៈ​ភេទ បង្ក​ឱ្យ​កើតមាន​បាក់តេរី​ចម្លង​មេរោគ​ជាដើម។ ប្រសិនបើ​ចង់ឱ្យ​អវយវៈ​ភេទ​មាន​ភាពស្រស់ស្អាត និង​មាន​អនាម័យ ខណៈដែល​រួមដំណេក អ្នក​គួរប្រើ​ទឹករំអិល​បែប​ធម្មជាតិ​តែ​ប៉ុណ្ណោះ។

    4. ហាម​ចោះ ឬ​ចាក់​សាក់
    នៅពេលដែល​អវយវៈ​ភេទ​ជា​ចំណុច​លាក់បាំង​ ដែល​ទន់​ស្ដើង សើម​ផ្អាប់ ផ្អាប់​ញើស និង​ក្អែល ហើយ​ងាយ​ឆ្លង​រោគ​នោះ ប្រសិនបើ​អ្នកធ្វើការ​ចោះ​ក្រវិល ឬ​ចាក់​សាក់ ដែល​ធ្វើឱ្យ​ស្បែក​នៅ​បរិវេណ​អវយវៈ​ភេទ​មាន​ស្នាម​ផ្លែរហូតដល់​មាន​គ្រោះថ្នាក់​ពី​ការឆ្លង​មេរោគទៀតផង។ ទោះជា​យ៉ាងនេះ​ក្ដី យើង​សូម​ណែនាំ​មិនឱ្យ​អ្នកធ្វើការ​ចោះ ឬ​សា​ក់នៅ​បរិវេណ​នោះឡើយ តែបើ​អ្នក​បាន​ចោះ​រួចហើយនោះ សូម​ណែនាំ​ឱ្យ​ដោះ​ក្រវិល ឬ​ឧបករណ៍ផ្សេងៗចេញ​វិញ ដើម្បីឱ្យ​ស្បែ​កនៅ​បរិវា​ណ​អវយវៈ​ភេទ​ត្រឡប់​មករក​សភាព​ដើម​វិញ។ ប្រសិនបើ​អ្នក​បាន​សាក់​នៅ​បរិវេណ​នោះ​រួចហើយ សូមអ្នក​កុំ​ព្យាយាម​លុប​ស្នាម​សាក់ ឬ​សាក់​បន្ថែម​ពីលើ​ទៀត​ឱ្យសោះ។

    5. ហាម​ស៊ក​របស់ចម្លែកៗចូលទៅ​ខាងក្នុង
    មិន​ថា​ជា បន្លែ ផ្លែឈើ ឬ​ឧបករណ៍ផ្សេងៗ គឺ​មិនគួរ​ស៊ក​ចូលទៅក្នុង​ទា្វ​រមាស​របស់​អ្នក​នោះទេ ព្រោះ​ភាពកខ្វក់​របស់​វត្ថុ​ទាំងអស់នោះ ​គឺមាន​គ្រោះថ្នាក់​ដល់​អវយវៈ​ភេទ​របស់​អ្នកខ្លាំង​ណាស់ ដែល​ធ្វើឱ្យ​ឆ្លង​រោគ​បាន​យ៉ាង​ងាយ។ វត្ថុ​ទាំងនោះ​អាច​ជាប់​មាន​សារធាតុ​ថ្នាំ​សម្លាប់​សត្វល្អិត លម្អងធូលី និង​កម្ទេចកម្ទីផ្សេងៗ ជាប់​នូវ​បាក់តេរី​ជាច្រើន​ប្រភេទ ដែល​អ្នកមើល​មិនឃើញ ហើយ​ឧបករណ៍​សិច ក៏មាន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ចូលទៅក្នុង​ទ្វារមាស​ផងដែរ ប្រសិនបើ​របស់​នោះ​មិនមាន​អនាម័យ​ល្អ​គ្រប់គ្រាន់៕

  • កុំ​មើលរំលង​បន្លែស្លឹក​បាស មានគុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព

    កុំ​មើលរំលង​បន្លែស្លឹក​បាស មានគុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព

    ស្លឹក​បាស ជា​បន្លែ​ម្យ៉ាង​សម្រាប់​ចម្អិន​ធ្វើជា​ម្ហូបអាហារ និង​មាន​ផលប្រយោជន៍​ផ្នែក​សុខភាព​ជាខ្លាំង។ ស្លឹក​បាស​មិន​ត្រឹមតែ​ជា​បន្លែ​ដ៏​ពេញនិយម​បំផុត​សម្រាប់​អាហារ​ប្រចាំថ្ងៃ​នោះទេ ប៉ុន្តែ​វា​បានផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅ​របស់​មនុស្ស​យើង​ផងដែរ។ លើសពីនេះទៅទៀត ស្លឹក​បាស​ក៏ត្រូវ​បាន​បណ្តា​ប្រទេសមួយ​ចំនួន​ប្រើ​ជា​ឱសថ​ធម្មជាតិ​ក្នុងការ​ព្យាបាល​ជំងឺ​មួយចំនួន​ទៀតផង។ ទាំងនេះ​ក៏​ព្រោះតែ​ស្លឹក​បាស​មាន​ផ្ទុក​ទៅដោយ​សារធាតុ​បំប៉ន និង​សារធាតុសំខាន់ៗជាច្រើន​ដែល​រាងកាយ​ត្រូវការ។ ខាងក្រោម​នេះ គឺជា​ផលប្រយោជន៍​មួយចំនួន​ជួយ​ឱ្យ​រាងកាយ​មាន​សុខ​ភាពល្អ និង​ជួយ​បំបាត់​អាការ​ជំងឺផ្សេងៗដូចជា ៖

    1. ជំនួយ​ភ្នែក
    នៅក្នុង​ស្លឹក​បាស មាន​វីតាមីន A ចំនួន​ច្រើន​គួរសម ដែល​យើង​ងាយស្រួល​រកបាន ហើយ​ក្រៅពី​វីតាមីន A ហើយ​នោះ បេ​តាខេ​រ៉ូ​ទីន (Beta Carotene) ដែលមាន​នៅក្នុង​ស្លឹក​បាស គឺជា​សារធាតុ​រ៉ាឌីកាល់​សេរី​ដែល​អាច​បំ​លែងខ្លួន​ឱ្យទៅជា​វីតាមីន A បាន​ថែម​ទៀតផង។ ដូច្នេះ ស្លឹក​បាស ជា​បន្លែ​ដែល​ជួយ​ដល់​ភ្នែក​មួយ​ប្រភេទ ដែល​អ្នក​ងាយ​រក​ទទួល​ទាន។

    2. បង្កើន​ប្រព័ន្ធ​ភាពស៊ាំ
    ដូច​បានដឹងថា ស្លឹក​បាស​មាន​វីតាមីន A និង បេ​តាខេ​រ៉ូ​ទីន ដែលជា​សារធាតុ​បង្កបង្កើត​វីតាមីន A កម្រិត​ខ្ពស់​នៅក្នុង​រាងកាយ។ ដោយឡែក វា​ក៏បាន​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​បន្ថែម​ឱ្យ​អ្នក ធ្វើឱ្យ​អ្នក​មិន​ងាយ​ឈឺ​ថ្កាត់​ផ្តេសផ្ដាស។ ជាពិសេស អាច​ការពារ​ជំងឺ​គ្រុនផ្ដាសាយ ទើប​ប្រសិនបើ​រាងកាយ​របស់​អ្នក​ខ្វះខាត​វីតាមីន A នោះ​នឹង​មានឱកាស​ឈឺ ឬ​គ្រុន​បាន​ដោយ​ងាយ​បំផុត។

    3. ស្លឹក​បាស​ព្យាបាល​ទឹកនោមផ្អែម
    បើតាម​អ្នកជំនាញ​ខាង​សុខភាព និង​មហាវិទ្យាល័យ​ស្រាវជ្រាវ​សុខាភិបាល​ពិភពលោក បាន​អះអាងថា នៅក្នុង​ស្លឹក​បាស​មានសារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដូចជា Flavonoid ច្រើន​គួរសម អាចជួយ​ព្យាបាល និង​ការពារ​ជំងឺផ្សេងៗបាន ទាំង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ។ ក្រៅពី​បានធ្វើការ​ស្រាវជ្រាវ​រក​ឃើញថា ស្លឹក​បាស មាន​ចំណែក​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម ហើយ​នៅក្នុង​ស្លឹក​បាស​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ជាច្រើន​ទៀត ដែល​ជួយ​ការពារ​ការកកើត​ជំងឺមហារីក​ផងដែរ។

    4. ជួយ​ថែរក្សា​សុខភាព​ឆ្អឹង
    ការរួម​ផ្សំ​នៃ​ជាតិ​កាល់ស្យូម និង​ជាតិ​ដែក ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ស្លឹក​បាស ជាហេតុ​ផល​ដែល​អាចជួយ​ដល់​សុខភាព​ឆ្អឹង​របស់​អ្នក​យ៉ាង​ល្អ។ លើសពីនេះទៅទៀតស្លឹក​បាស​ក៏​ត្រូវបាន​គេ​ណែនាំ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ឱ្យទទួល​ទាន​ផងដែរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​លូតលាស់​របស់​គភ៌ និង​ទារក​ក្នុង​ផ្ទៃ។ ចំពោះ​អ្នក​ដែលមាន​អាការ​ចាញ់​ទឹកដោះគោ ឬ​ពិសា​ទឹកដោះគោ​ហើយ​បណ្ដាលឱ្យ​រាក អ្នក​អាច​ងាក​មក​ទទួលទាន​ស្លឹក​បាស​ជំនួស​វិញ។

    5. ព្យាបាល​អាការ​រមាស់​ដោយ​សារស​ត្វ​ល្អិត​ខាំ
    ស្លឹក​បាស មាន​ធាតុ​ត្រជាក់ ជួយ​បន្សា​ពិស​ក្ដៅ​ចេញពី​សត្វល្អិត​បាន​ក្នុង​មួយកម្រិត ដោយ​អ្នកធ្វើ​ការលាង​សាច់​របួស​ដោយ​ទឹកស្អាត​ឱ្យបាន​ស្អាត រួច​យក​ស្លឹក​បាស​ចាស់ មក​ទំពា​ឱ្យ​ល្អិត ហើយ​ញី​ពីលើ​ស្នាមរបួស​ដែល​សត្វល្អិត​ខាំ។ បន្ទាប់មក បិទ​កម្ទេច​ស្លឹក​បាស​ដែល​បាន​ទំពា​ឱ្យ​ល្អិត​មួយសន្ទុះ នោះ​អាការ​រមាស់​នឹងមាន​ភា​ព​សះស្បើយ​ប្រសើរ​ឡើងវិញ។

    6. បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​រំលាយ​អាហារ
    ស្លឹក​បាស​ក៏​ជា​ប្រភព​នៃ​វីតាមីន B1 ឬ​ជាតិ Thiamine ដែលមាន​តួនាទី​ក្នុងការ​ស្រូបយក​សារធាតុចិញ្ចឹម និង​បង្កើន​ថាមពលជំនួស​ឱ្យ​កោសិកា​ខ្លាញ់​ដែល​រាងកាយ​មិនត្រូវ​ការ​ផងដែរ។ លើសពីនេះទៅទៀត ស្លឹក​បាស​ក៏​ជួយ​ចែកចាយ​អុក​ស៊ី​ហែ្ស៊ន និង​សារធាតុចិញ្ចឹម​ដល់​រាងកាយ​បានល្អ​ប្រសើរទៀតផង។ មិនតែប៉ុណ្ណោះ ស្លឹក​បាស មាន​អង់ស៊ីម អា​ម៉ា​យ​លែសជាច្រើន ដែល​ជួយ​ជំរុញ​ដល់​ការរំលាយ​អាហារ ដែល​ការពារ​រាល់​ជំងឺ​តឹង​ពោះ ចុកសៀត​ណែន និង​ល្អ​សម្រាប់​អ្នក​និយម​បរិភោគ​អាហារ​ម្សៅ។

    7. ជួយ​ការពារ​ភាពធាត់​ហួសកំណត់
    អ្នក​ត្រូវ​ដឹងថា ការ​ធាត់​ហួសកំណត់​មិនមែន​បណ្តាលមកពី​ការ​ទទួលទាន​ច្រើនពេក​ទាំងស្រុង​នោះទេ វា​អាច​បណ្តាលមកពី​ការរំលាយ​អាហារ​មិនបាន​ល្អ ឬ​កត្តាផ្សេងៗមួយចំនួនទៀត។ ហេតុនេះ​ស្លឹក​បាស​អាចជួយ​អ្នក​ក្នុងការ​ការពារ​បញ្ហា​ធាត់​ហួសកំណត់​តាមរយៈ​ការជំរុញ​ល្បឿន​រំលាយ​អាហារ៕

  • ពិធី​ប្រគល់​រថយន្ត​ប្រណីត​ម៉ាក Jaguar ចំនួន 3គ្រឿង​ជូន​សណ្ឋាគារ Rosewood Phnom Penh

    ពិធី​ប្រគល់​រថយន្ត​ប្រណីត​ម៉ាក Jaguar ចំនួន 3គ្រឿង​ជូន​សណ្ឋាគារ Rosewood Phnom Penh

    កាលពី​ថ្ងៃ​អង្គារ ទី4 ខែកញ្ញា ឆ្នាំ2018 ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ក្តី​សោមនស្ស​រីករាយ​ក្នុងការ​ប្រគល់​រថយន្ត​ប្រណីត​ម៉ាក Jaguar XJL ចំនួន 2គ្រឿង និង​រថយន្ត​ម៉ាក Jaguar F-PACE ចំនួន 1គ្រឿង​ជូន​សណ្ឋាគារ​លំដាប់​ផ្កាយ​5 Rosewood Phnom Penh ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ម្ចាស់​សណ្ឋាគារ លោក​ឧកញ៉ា សំអាង (វឌ្ឍនៈ) និង​នាយក​គ្រប់គ្រង​សណ្ឋាគារ​លោក Michael James Parker។

    ជា​ថ្ងៃមួយ​ដ៏​ពិសេស​ដែល Rosewood Phnom Penh ជា​សណ្ឋាគារ​ដ៏​មាន​កិត្យានុភាព និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បញ្ជា​ទិញ​រថយន្ដ​ប្រណីត​ម៉ាក Jaguar XJL និង​Jaguar F-PACE។ Jaguar ជា​ប្រភេទ​រថយន្ត​ដែលមាន​ការបូកបញ្ចូល​គ្នា​ដ៏​ល្អឥតខ្ចោះ​នៃ​បច្ចេកវិទ្យា​ឈានមុខ​គេ​ដ៏​មាន​សក្តានុពល និង​ស័ក្តិសម​ជាមួយនឹង​គោលការណ៍ “បដិសណ្ឋារកិច្ច​ជា​និរន្តរ៍‟របស់​សណ្ឋាគារ Rosewood Hotels & Resorts®។

    គួរបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន Jaguar​ Land Rover និង Rosewood Phnom Penh បានរួម​បញ្ចូល​គ្នា​នូវ​ប្រណីតភាព​ដ៏​ទាន់សម័យ​ជាមួយ​សេវាកម្ម​ផ្ទាល់ខ្លួន ជាពិសេស​ក្នុងការ​រួមគ្នា​ថែរក្សា​នូវ​សម្បត្តិ​បេតិកភណ្ឌ​ក្នុង​តំបន់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្នុង​បរិយាកាស និង​បែបបទ​ពិសេស​ប្លែក​ពី​គេ​ដែល​ក្រុមហ៊ុន​ទាំង2 បានបង្ហាញ​ពី​គុណ​តម្លៃ​របស់​អតិថិជន និង​បុគ្គលិក។

    លោក Ulf Sebecke នាយក​គ្រប់គ្រង​ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់ថា អ្វីដែល​កាន់តែ​ពិសេស និង​សំខាន់​មួយ​ផ្សេងទៀត​ដែល​បានធ្វើឱ្យ​សណ្ឋាគារ​លំដាប់ថ្នាក់​ផ្កាយ5 Rosewood Phnom Penh សម្រេចចិត្ត​បញ្ជា​ទិញ​រថយន្ត​ដ៏​ប្រណីត​នេះ សណ្ឋាគារ​ក៏​ទទួលបាន​នូវ​កញ្ចប់​សេវាកម្ម “សន្តិភាព​ផ្លូវចិត្ត‟ របស់​ក្រុមហ៊ុន Jaguar Land Rover ដែលមាន​រយៈពេល 5 ឆ្នាំ និង​សេវាកម្ម​ជួសជុល​និង​ថែទាំ​ចល័ត 24ម៉ោង​លើ24ម៉ោង​ក្នុង​មួយ​សប្តាហ៍៕

  • Jack Ma សម្លឹងឃើញអាហ្វ្រិក ជាតំបន់វិនិយោគសេដ្ឋកិច្ចឌីជីថល

    Jack Ma សម្លឹងឃើញអាហ្វ្រិក ជាតំបន់វិនិយោគសេដ្ឋកិច្ចឌីជីថល

    ប្រធានាធីបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងធ្វើការជាមួយ​ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំរបស់ចិន Alibaba ជាពិសេសគឺលោក Jack Ma ក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាតាម-រយៈការអភិវឌ្ឍលើសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាហ្រ្វិក។

    ថ្មីៗនេះ ប្រធានាធីបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានដឹកនាំគណៈប្រតិភូរដ្ឋមន្ត្រី និងមន្ត្រីជាច្រើនរូបទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba នេះ។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកប្រធានាធិបតី បានស្នើសុំឱ្យស្ថាបនិករបស់ក្រុមហ៊ុន Alibaba គឺលោកមហាសេដ្ឋី Jack Ma ចូលរួមជួយអភិវឌ្ឍវិស័យបច្ចេកវិទ្យាតាមរយៈការអភិវឌ្ឍលើសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាហ្រ្វិក។

    ប្រធានាធិបតីលោក Ramaphosa បានបង្ហាញជំហរ និងឆន្ទៈរបស់លោកថា លោកចង់អញ្ជើញ Jack Ma ទៅកាន់អាហ្វ្រិកខាងត្បូងដើម្បីជួយជ្រោមជ្រែងប្រទេសរបស់លោកក្នុងការបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដែលនេះគឺជាការគិតទុករបស់លោកជាយូរណាស់មកហើយ ដោយសារតែនៅពេលដែលលោកបានប្រកាសរឿងនេះទៅកាន់ទីសាធារណៈ អ្នកគ្រប់គ្នាពិតជាមានភាពសប្បាយរីករាយ និងរំភើបចិត្តក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយុវវ័យ ពិសេសសម្រាប់យុវនារីនៅអាហ្វ្រិកតែម្ដង។

    លោក Jack Ma ដែលជាស្ថាបនិកដ៏មហិមានៃក្រុមហ៊ុន Alibaba បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិកសព្វថ្ងៃនេះ មិនទាន់ល្អឥតខ្ចោះ នៅឡើយទេ ហើយក៏មិនទាន់អាចនិយាយបានថា ល្អនោះដែរ ប៉ុន្តែនេះគឺជាឱកាសដ៏ល្អមួយ។ ដូច្នេះ នេះគឺជាអ្វីដែលពួកគេជឿជាក់ ពីព្រោះនោះគឺអ្នកមានឱកាសដើម្បីចូលទៅជួយស្ដារហេដ្ឋារចនាសម្ព័ន្ធលើវិស័យសេដ្ឋកិច្ចឌីជីថល។ ពួកគេមានទំនុកចិត្តចំពោះទ្វីបអាហ្វ្រិក ពួកគេគិតថា សហគ្រិនមជ្ឈិមវ័យ និងអ្វីៗទាំងអស់ សុទ្ធតែត្រូវធ្វើ ពួកគេគួរតែចាប់ផ្តើមធ្វើឥឡូវនេះតែម្ដង។

    គួរបញ្ជាក់ផងដែរថា កំពូលមហាសេដ្ឋីចិន លោក Ma បានទៅលេងប្រទេសអាហ្រ្វិកកាលពីខែមុនកន្លងទៅ។ អ្នកបង្កើតក្រុមហ៊ុន Alibaba រូបនេះ បានលើកឡើងថា ទ្វីបអាហ្រ្វិក គឺជាទឹកដីដែលសម្បូរទៅដោយឱកាស និងក្ដីសង្ឃឹម៕

  • ជំនាញ​ភាពជាអាណាព្យាបាល (parenting skill) សំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍកុមារ

    ជំនាញ​ភាពជាអាណាព្យាបាល (parenting skill) សំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍកុមារ

    បើនិយាយពីការអប់រំមួយម៉ាត់ មិនមែនសំដៅតែលើការបណ្តុះបណ្តាលកូនក្មេងនោះទេ តែវាចាំបាច់មានការចូលរួមពីអាណាព្យាបាលផងដែរ ព្រោះកុមារមិនអាចអភិវឌ្ឍសមត្ថភាពបានល្អនោះទេ ប្រសិនបើ​ពួកគេរៀនពីមេរៀនល្អៗនៅសាលា ហើយ​ត្រូវទាញទៅមិនល្អវិញនៅពេលពួកគេចូលមករស់នៅក្នុងគ្រួសារជាក់ស្តែង។

    នៅកម្ពុជា បញ្ហាយុវជនមានភាពបាក់ស្បាត ឬមិនមាន​សមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចចិត្ត គឺដោយសារតែពួកគេមួយចំនួនធំ រស់នៅក្នុងពិភព​គ្រួសារ និង​សហគមន៍ ដែលរឹតត្បិតដល់​សេរី-ភាពនៃការសម្រេចចិត្តរបស់ពួកគេ។ កុមារត្រូវបានគេកំណត់ថា ឱ្យត្រូវតែដើរតាមអ្វីដែលមនុស្សធំកំណត់ ហើយពួកគេ​មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ឬបង្ហាញពីអ្វីដែលគេចង់បាននោះទេ ព្រោះទម្លាប់របស់សង្គមយើងឱ្យតែ​កុមារ​​បញ្ចេញមតិយោបល់តវ៉ា ឬនិយាយអំពីអ្វីដែលចង់បានគឺគេហៅថាជាការតមាត់ ឬជាសកម្មភាព ហាមឃាត់។ ក្រៅពីការកំណត់បន្ទាត់​សម្រាប់កុមារ ហើយនោះ ពួកគេមួយចំនួន​ក៏​បានទទួលការអប់រំបែបតឹងរ៉ឹងពីអាណាព្យាបាលដែល​ធ្វើឱ្យពួកគេបាក់ស្បាត និង​ងាយរងគ្រោះដោយអំពើហិង្សា​នៅក្នុងការរស់នៅ​នៅពេលដែលពួកគេធំឡើង និងបន្តទៅអ្នកជំនាន់ក្រោយ​បន្តទៀត។

    នៅពេលកុមារ​មិនទទួលបាន​ការ​គាំពារបែបវិជ្ជមាន វាអាចនឹងផ្តល់វិបត្តិមួយចំនួនសម្រាប់សង្គម ព្រោះ​យុវជន​ដែល​ធំឡើងពីស្ថាន​ភាពអវិជ្ជមាន អាចនឹងមិនសូវហ៊ានសម្រេចចិត្តលើវាសនាខ្លួនឯងនោះទេ ហើយ​តែងតែបារម្ភពីការ​ស្តីបន្ទោស ឬទណ្ឌកម្មជាដើម។ ម្យ៉ាងវិញទៀត កត្តាទាំងអស់នេះ​អាច​ជាបញ្ហាប្រឈមមួយដែលធ្វើឱ្យយុវជន​នាសម័យថ្មីមិនសូវមាននាវានុវត្តន៍ថ្មីៗ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលខ្លាំងក្លាបន្ថែម។ តែជាទូទៅ អាណាព្យាបាលទាំងឡាយគួរ​យកចិត្តទុកដាក់ខ្លាំងពីជំនាញភាពជាអាណាព្យាបាល (Parenting Skill) ដែល​ជាកត្តាសំខាន់ក្នុងការជំរុញកូនៗឱ្យក្លាយជាមនុស្សខ្លាំងនៅថ្ងៃអនាគត។

    លោក គង់ សំនៀង ប្រធាននាយក​ប្រតិបត្តិការនៃក្រុមហ៊ុន​វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប បានលើកឡើងថា​ ទន្ទឹមនឹងកូនតូចៗទទួលបានការសិក្សាល្អពីប្រព័ន្ធអប់រំដែលមានគុណភាព អាណាព្យាបាលក៏ចាំបាច់ត្រូវយល់ដឹងផងដែរពីវិធីក្នុងការអប់រំកូនដើម្បីជំរុញពួកគេឱ្យក្លាយជា​មនុស្សខ្លាំងនៅថ្ងៃអនាគត។ ប្រសិនបើអាណាព្យាបាល​យល់ដឹងខ្ពស់ពីវិធីសាស្រ្តក្នុងការ​អប់រំ​កូននៅក្នុងផ្ទះ​ យល់ពីតម្រូវការជាក់ស្តែងរបស់​កុមារ ហើយ​ចេះលើកទឹកចិត្តពួកគេឱ្យមានការខិតខំប្រឹងប្រែង នោះ​កុមារ​នឹង​អាច​អភិវឌ្ឍខ្លួនក្នុង​ស្ថានភាពវិជ្ជមាន ដែលធ្វើឱ្យពួកគេ​អាច​ក្លាយជាមនុស្ស​មាន​ភាពច្នៃប្រឌិតខ្ពស់ និងអត្តចរិតល្អនៅថ្ងៃអនាគត។

    លោក គង់ សំនៀង ប្រធាននាយក​ប្រតិបត្តិការនៃក្រុមហ៊ុន​វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប

    លោក គង់ សំនៀង បាននិយាយថា៖ “​ប្រសិនបើ​កូនតូចៗ កំពុងខិតខំប្រឹងរៀន តែអាណាព្យាបាលគាត់មានបញ្ហាច្រើន មានវិបត្តិឈ្លោះទាស់ទែងគ្នាមានអំពើហិង្សា និងមានគំរូមិនល្អ នោះក្មេងក៏មិនអាច​រៀនពូកែបានដែរ”។

    ​អាណាព្យាបាលចាំបាច់ត្រូវតែ​ដឹងពីតួនាទីរបស់ខ្លួនក្នុងការបណ្តុះបណ្តាលកុមារ ព្រោះក្មេងៗនៅសាលាក្នុងរយៈពេល​ខ្លី តែរស់នៅជាមួយអាណាព្យាបាល​ក្នុងរយៈពេលវែង ហេតុនេះប្រសិនបើអាណាព្យាបាល​មាន​ចំណេះដឹងក្នុងការគ្រប់គ្រងក្មេងបានល្អ នោះមានន័យថា​ ការអប់រំកុមារ​ក៏មានលក្ខណៈពេញលេញ ឆ្លើយតបឱ្យគ្នាបានល្អផងដែរ។ អាណាព្យាបាលជាច្រើន​ចង់ឱ្យកូនក្លាយជាមនុស្សល្អ តែពេលខ្លះទង្វើរបស់គាត់អាចប៉ះពាល់ដល់ការគិតរបស់ក្មេងដោយមិនដឹងខ្លួន ហេតុនេះ​អ្វីដែលអាចធ្វើបានគឺកាត់បន្ថយ​ទម្លាប់អវិជ្ជមានដែលធ្លាប់ទទួលបានពីអាណាព្យាបាលជំនាន់មុន ហើយស្វែងយល់ពី​វិធីល្អៗដើម្បីជំរុញក្មេងៗជំនាន់ក្រោយឱ្យកាន់តែមានសក្តានុពលវិជ្ជមាន។

    អាណាព្យាបាលជាច្រើននៅកម្ពុជា​មិនសូវ​ផ្តល់​ឱកាសឱ្យ​កូនក្នុងការ​សម្រេចចិត្តខ្លួនឯងនោះទេ តែគាត់ចូលចិត្ត​សម្រេចចិត្ត​ជំនួសកូនតូច ព្រោះគាត់តែងតែគិតថា កូនរបស់គាត់នៅក្មេងជានិច្ច។ ចំណុចនេះពេលខ្លះបានផ្តល់ផលវិជ្ជមានដល់ក្មេងដោយទទួលបានការ​ថ្នាក់ថ្នម និងទំនុកបម្រុង​ជាប់ជានិច្ចតាំងពីតូចដល់ធំ តែវាក៏ផ្តល់គុណវិបត្តិច្រើនផងដែរនៅពេលអាណាព្យាបាល​នៅតែព្យាយាម​ក្តោបក្តាប់សិទ្ធិក្នុងការសម្រេចចិត្តរបស់កូនលើគ្រប់រឿងទាំងអស់​ ដែលធ្វើឱ្យគេបាត់បង់​សេរីភាពក្នុងការគិត។ ក្រៅពីនេះ យុវជនជាច្រើនហាក់ព្យាយាម​ដើរ​ក្នុងផ្លូវអវិជ្ជមាន​ដើម្បីគេចចេញពីគំនាប​អប់រំក្នុងគ្រួសារដែលអាណាព្យាបាលមិនបានយល់ដឹងពីវិធីសាស្ត្រប្រឹក្សាជាមួយកូន និង​វិធីសាស្រ្តជំរុញកូនឱ្យមានភាពក្លាហាន និងសម្រេចចិត្តឱ្យបានត្រឹមត្រូវ៕

  • ពហុប្រយោជន៍របស់សាប៊ូដុំ មិនមែនមានសម្រាប់តែទុកលាងដៃទេ

    ពហុប្រយោជន៍របស់សាប៊ូដុំ មិនមែនមានសម្រាប់តែទុកលាងដៃទេ

    ទោះជានាពេលបច្ចុប្បន្នសាប៊ូទឹកបានទទួលការពេញនិយមខ្លាំងជាងសាប៊ូដុំ(សាប៊ូក្រអូប)មែន តែទោះយ៉ាងណាសាប៊ូដុំក៏នៅតែជារបស់ប្រើប្រាស់ដែលត្រូវតែមាននៅក្នុងផ្ទះដដែល ព្រោះក្រៅតែពីសម្រាប់ដុសសម្អាតខ្លួនប្រាណហើយសាប៊ូដុំនៅមានប្រយោជន៍ល្អៗដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដូច្នេះថ្ងៃនេះ ឡារ៉ែន សុំអនុញ្ញាតឱ្យអ្នកគ្រូ ឆវី នាំយកគុណប្រយោជន៍របស់សាប៊ូដុំមកជម្រាបជូនមិត្តអ្នកអាន ជាពិសេសបងៗស្រ្តីមេផ្ទះ ដោយអ្នកគ្រូ ឆវី បានលួចខ្សឹបប្រាប់ថាសាប៊ូដុំនេះអាចប្រើប្រាស់បានគ្រប់កន្លុកកន្លៀតនៅក្នុងផ្ទះ ដែលពេលបានដឹងហើយច្បាស់ជាប្រញាប់រត់ទៅទិញសាប៊ូដុំយកមកទុកប្រើជាមិនខាន។

    1. កែបញ្ហាថតតុ ថតទូ ឬទ្វាររុញ តឹងពិបាកបើក-បិទ
    បើសិនជាថតតុ ថតទូ ឬទ្វាររុញ(ទៅខាង)តឹងស្អិតរហូតដល់ត្រូវប្រើកម្លាំងខ្លាំងក្នុងការបើក-បិទនោះ សាកល្បងយកសាប៊ូដុំមកដុសចុះឡើងនៅត្រង់គែមថតតុ ឬលើចង្អូរផ្លូវរុញរបស់ទ្វារលមើល៍ ធានាថា បន្ទាប់ពីនោះមកគ្រាន់តែទាញតែបន្តិចក៏នឹងបើក-បិទបានយ៉ាងងាយស្រួល រអិលប្រិល លែងមានបញ្ហាជាមិនខាន។

    2. បិទរន្ធតូចៗនៅលើជញ្ជាំង
    កុំបណ្ដោយឱ្យជញ្ជាំងផ្ទះមានរន្ធ ឬប្រហោងតូចៗច្រើនរហូតដល់មើលទៅលែងស្អាតនោះ គ្រាន់តែជ្រើសរើសយកដុំសាប៊ូណាដែលមានពណ៌ដូចគ្នា ឬស្រដៀងៗនឹងពណ៌ជញ្ជាំងនោះមកដុសខាត់នៅត្រង់រន្ធទាំងនោះរហូតទាល់តែសាច់សាប៊ូចូលពេញរន្ធទាំងនោះ រួចយកម្រាមដៃកៀរសម្អាតឱ្យរាបស្មើ តែប៉ុណ្ណឹងជញ្ជាំងផ្ទះនឹងស្អាតរលោងដូចដើមមិនខាន។

    3. ការពារគ្រឿងសង្ហារិមខូចខាតដោយសារសត្វចិញ្ចឹម
    សម្រាប់ស្នាមខ្វាចឆ្កូតរបស់សត្វឆ្មា ឬឆ្កែនៅលើគ្រឿងសង្ហារិមធ្វើពីឈើ ក៏អាចកែខៃឱ្យល្អដូចដើមវិញបានដែរ ដោយគ្រាន់តែយកដុំសាប៊ូមកដុសលើបរិវេណដែលមានស្នាមឆ្កូតនៅលើគ្រឿងសង្ហារិម(តុ និងកៅអី-ល-)ទាំងនោះជាការស្រេច ហើយថែមទាំងជាការការពារមិនឱ្យសត្វចិញ្ចឹម(ឆ្មា និងឆ្កែ-ល-) ចូលមកជិតទៀតផង ព្រោះសត្វទាំងនោះមិនចូលចិត្តក្លិនសាប៊ូក្រអូបទាំងនោះទេ។

    4. កម្ចាត់ស្នាមកខ្វក់ដែលស្អិតជាប់ណែន
    មិនថាតែស្នាមប្រឡាក់ខ្លាញ់ ឬស្នាមកខ្វក់ជាប់ស្អិតផ្សេងៗនោះទេ គ្រាន់តែចាក់ទឹកដាក់លើស្នាមប្រឡាក់ទាំងនោះឱ្យសើមជោក រួចហើយយកសាប៊ូដុំមកដុសខាត់រហូតឡើងពពុះ រួចហើយលាងសម្អាតចេញ ក៏អាចកម្ចាត់ស្នាមកខ្វក់ទាំងនោះចេញបានយ៉ាងងាយទៅហើយ។

    5. ជួយឱ្យការដេរប៉ាក់កាន់តែងាយស្រួលឡើង
    សាប៊ូដុំអាចយកមកជួយក្នុងការងារដេរប៉ាក់បានច្រើនយ៉ាង មិនថាតែការយកសាប៊ូដុំមកដុសលើក្រណាត់ត្រង់កន្លែងដែលត្រូវដេរ ដើម្បីជួយឱ្យការដេរកាន់តែងាយស្រួល និងរអិលឡើង ឬមុននឹងដេរ អាចយកម្ជុលមកចាក់ៗលើដុំសាប៊ូហើយសឹមយកទៅដេរក៏នឹងធ្វើឱ្យការដេររអិល និងងាយស្រួលដេរផងដែរ។

    6. បំបាត់ក្លិនស្អុយរបស់ស្បែកជើង
    គ្រាន់តែយកក្រដាសអនាម័យជូតដៃមករុំខ្ចប់ដុំសាប៊ូ រួចយកទៅដាក់នៅក្នុងស្បែកជើងណាដែលធុំក្លិនស្អុយ ទុកចោលមួយយប់ តែប៉ុណ្ណឹងធានាថា ក្លិនស្អុយនឹងរលាយបាត់សូន្យឈឹង ក្លាយជាមានក្លិនក្រអូបប្រហើររបស់សាប៊ូជំនួសវិញ។

    7. ធ្វើឱ្យសម្លៀកបំពាក់ក្រអូបស្រស់ស្រាយ
    ទោះជាមិនបានប្រើការក៏ដោយ តែក៏យើងអាចធ្វើឱ្យសម្លៀកបំពាក់ចាស់ៗនៅរក្សាភាពក្រអូបស្រស់ស្រាយបានរហូតដែរ គ្រាន់តែយកបន្ទះក្រណាត់មួយផ្ទាំងមកខ្ចប់ដុំសាប៊ូ ព្រមទាំងចងឱ្យជាប់ដោយកៅស៊ូកង រួចយកទៅដាក់នៅក្នុងថតទូដាក់ខោអាវ តែប៉ុណ្ណឹងបញ្ហាសម្លៀកបំពាក់ធុំក្លិនអាប់ក៏លែងមានបាត់ទៅហើយ។

    8. បណ្ដេញសត្វល្អិតសត្រូវដំណាំ
    សូមប្រាប់នៅពេលនេះទៅចុះថា សាប៊ូដុំក៏អាចបណ្ដេញសត្វល្អិតសត្រូវដំណាំបានដែរដោយប្រើវិធីងាយៗគឺ យកដុំសាប៊ូសើមៗទៅដុសនៅលើស្លឹកដើមរុក្ខជាតិ ក៏អាចជួយការ-ពារសត្វដង្កូវ និងសត្វល្អិតសត្រូវដំណាំបានដែរ ឬបើអ្នកណាចង់ធ្វើជាទឹកថ្នាំបណ្ដេញសត្វល្អិតក៏គ្រាន់តែយកសាប៊ូដុំដាក់ចូលក្នុងដបទឹក ហើយក្រឡុកឱ្យរលាយទៅជាទឹក រួចហើយយកទៅបាញ់នៅលើដើមរុក្ខជាតិ ដើម្បីបណ្ដេញសត្វបានតែម្ដង។

    9. កម្ចាត់ស្នាមផ្សែងខ្មៅៗនៅគូទឆ្នាំង ឬខ្ទះ
    សម្រាប់អ្នកដែលចម្អិនម្ហូបអាហារដោយចង្ក្រានធ្យូង យើងសូមណែនាំឱ្យយកសាប៊ូដុំទៅដុសៗ ដើម្បីស្រោបលើគូទឆ្នាំង ឬខ្ទះនោះស្ដើងៗមុននឹងយកទៅដាក់ដាំស្ល។ ដល់ពេលយកទៅលាងសម្អាត វានឹងជួយឱ្យងាយស្រួលដុសសម្អាតស្នាមប្រឡាក់ផ្សែងខ្មៅៗដែលនៅជាប់គូទឆ្នាំងនោះបានកាន់តែឆាប់ស្អាតឡើង៕

  • ការការពារ​ស្បែកជើង​មិនឱ្យ​ភាយ​ក្លិន​ក្នុង​រដូវភ្លៀង

    ការការពារ​ស្បែកជើង​មិនឱ្យ​ភាយ​ក្លិន​ក្នុង​រដូវភ្លៀង

    ពេល​ដោះ​ស្បែកជើង តើ​អ្នកមាន​ធុំក្លិន​ស្អុយ​ដែរឬទេ? ប្រសិនបើ​មាន​មែន​នោះ វា​គឺជា​សញ្ញា​មួយ​ដែល​ប្រាកដ​ណាស់​ថា ជើង​របស់​អ្នកមាន​ក្លិន​ដូចជា​សំរាម​ដែល​ផ្អាប់​ទុក​យូរ​អុីចឹង។ អ្នក​ពិតជា​ពិបាកចិត្ត​ចំពោះ​បញ្ហា​ធុំក្លិន​ជើង ហើយជាពិសេសនៅក្នុង​រដូវភ្លៀង​នេះ ស្បែកជើង​មិន​ស្ងួត និង​ធុំក្លិន​ជើង​ភាយ​ក្លិន​អាក្រក់​រំខាន​ដល់​អ្នក​នៅក្បែរ​ខ្លួន គឺ​ពិតជា​ធ្វើឱ្យ​អ្នក​អាម៉ាសមុខ​ណាស់​មែន​ទេ? តោះ​មក​យល់ដឹង​ពី​ដំណោះស្រាយ​ចំពោះបញ្ហា​នេះ​ទាំងអស់គ្នា។

    តើ​ធ្វើ​ដូចម្តេច​ដើម្បី​យក​ក្លិន​អាក្រក់​នេះ​ចេញពី​ស្បែកជើង​របស់​អ្នក​បាន? ដំបូង​អ្នក​ត្រូវ​រកមើល និង​លុបបំបាត់​មូលហេតុ​របស់​វា​ជាមុនសិន។ ប្រសិនបើ​ស្បែកជើង​មាន​លក្ខណៈ​តឹង​ពេក ហើយ​មិនមាន​ខ្យល់​ចេញចូល​នោះ វា​ពិតជា​ងាយ​បង្កឱ្យមាន​ក្លិន​អាក្រក់ ដោយសារ​ភាព​ហប់​ណែន​ពេក។ ជាធម្មតា​ស្បែ​កនៅ​បាតដៃ ឬ​បាតជើង ជា​កន្លែង​ដែលមាន​ក្រពេញ​បញ្ចេញ​ញើស​ច្រើនជាង​កន្លែង​ដទៃទៀត។ ញើស​ដែល​បញ្ចេញ​នៅ​បាតដៃ នឹងត្រូវ​បាន​ខ្យល់​បរិយាកាស​ស​ម្ងួ​ត​អស់ តែបើ​ញើស​នៅ​បាតជើង​វិញ នឹងត្រូវ​ផ្អាប់​ទុក​ដោយ​ស្បែកជើង និង​ស្រោមជើង​ដែល​ហប់​ ឬ​សើម។ ការ​ផ្អាប់​ទុក​នេះ នឹង​ផ្ដល់ឱកាស​ឱ្យ​បាក់តេរី​មួយចំនួន​រីកដុះដាល ហើយ​បង្ក​ជា​ក្លិនស្អុយ​ដល់​ជើង ស្បែកជើង និង​ស្រោមជើង។ បើ​អ្នក​កំពុងតែ​ប្រឈម​នឹង​បញ្ហា​នេះ សូមកុំ​ទាន់​បារម្ភ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន កំពុង​យកចិត្តទុកដាក់​ចំពោះ​អ្នក ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ ដូចខាងក្រោម ៖

    1. ធ្វើ​ការប្តូរ​ស្រោមជើង : ស្រោមជើង​ត្រូវ​បោក​សម្អាត​ជានិច្ច​ជា​រៀងរាល់ថ្ងៃ ហើយ​មិនត្រូវ​ពាក់​ស្បែកជើងដដែលៗរាល់ថ្ងៃ​នោះទេ ដោយ​ចាំបាច់​ត្រូវ​ហាល​ស្បែកជើង​ដែល​ពាក់​រួច ឱ្យ​ត្រូវ​ខ្យល់24ម៉ោង ដើម្បីឱ្យ​ញើស​ដែល​ជាប់​នៅ​នឹង​ស្បែកជើង​ស្ងួត​ល្អ។

    2. ប្ដូរ​ស្បែកជើង : នៅក្នុង​រដូវភ្លៀង អ្នក​គួរ​ជ្រើសរើស​ប្រភេទ​ស្បែកជើង​ណា​ដែល​អាចឱ្យ​ខ្យល់​ចេញចូល​បានល្អ ប្រសិនបើ​អ្នកជា​អ្នកធ្វើការ សូម​ជ្រើស​រើសយក​ប្រភេទ​ស្រោមជើង​ណា​ដែល​ផលិត​ចេញពី​ក្រណាត់​យឺត​ធ្វើ​អំពី​កប្បាស ទើប​មិន​រឹប​ជិត។

    3. សម្លាប់​បាក់តេរី : ចូរ​ប្រើប្រាស់​សាប៊ូ​ប្រភេទ​កម្ចាត់​មេរោគ និង​ជូត​ជើង​ឱ្យ​ស្ងួត ជាពិសេស​នៅ​ចន្លោះ​ម្រាមជើង​ម្យ៉ាងទៀត ត្រូវ​ឧស្សាហ៍​ត្រាំ​ជើង​ក្នុង​ទឹក​ឱ្យបាន​យ៉ាងតិច30នាទី ព្រោះ​សារធាតុ​អាស៊ីត​តានី​ក​ដែលមាន​នៅក្នុង​ទឹក អាច​សម្លាប់​មេរោគ​នៅ​នឹង​ជើង​របស់​អ្នក​បាន។ លាង​សម្អាត​ក្រពេញ​ញើស​នៅ​បាតជើង​របស់​អ្នក ដែល​វា​បាន​ផលិត​ញើស​ដែលមាន​ជាតិ​ទឹក សូ​ដ្យូ​ម ក្លរ ជាតិ​ខ្លាញ់ សារធាតុ​ខ​និ​ច និង​ពពួក​អាស៊ីត​ជាច្រើន។ ពេល​មាន​បាក់តេរី​មួយចំនួន វា​នឹង​ធ្វើឱ្យ​ញើស​ទៅជា​មាន​ក្លិន​អាក្រក់។ ការលាង​សម្អាត​ជើង​ឱ្យអស់​បាក់តេរី​ជាមួយ​សាប៊ូ​បំបាត់​ក្លិន និង​ស​ម្ងួ​តវា​ឱ្យបាន​ល្អ អាច​កាត់បន្ថយ​ក្លិន​ជើង​របស់​អ្នក​បាន​យ៉ាង​ល្អ។

    4. ត្រាំ​ទឹកអំបិល : សម្រាប់​ជើង​ដែលមាន​បែកញើស​ច្រើន សូម​លាយ​អំបិល​កន្លះ​ពែង​ក្នុង​ទឹក ហើយ​ត្រាំ​ជើង​របស់​អ្នក​ក្នុង​ទឹក​នោះ។ បន្ទាប់ពី​ត្រាំ​ហើយ សូមកុំ​លាង​ជើង​របស់​អ្នក គ្រាន់តែ​ទុកឱ្យ​វា​ស្ងួត​ល្អ​គឺ​បាន​ហើយ។

    5. ព្យាយាម​ស​ម្ងួ​ត​ស្បែកជើង : សូម​ឱ្យមាន​ខ្យល់​ចេញពី​ស្បែកជើង​នៅពេល​អ្នក​ឈប់​ពាក់។ ប្រសិនបើ​អ្នក​អាចធ្វើ​បាន ចូរ​ដូរ​ស្បែកជើង​ជា​រៀងរាល់ថ្ងៃ ហើយ​អ្នក​មិនគួរ​ពាក់​ស្បែកជើង​តែ​មួយគូ​ដូចគ្នា​រយៈពេល​ពីរ​ថ្ងៃ​នោះទេ។ ហើយ​ត្រូវ​បន្ធូរ​ខ្សែ​ស្បែកជើង​ផង ពេលដែល​អ្នក​ពាក់​ស្បែកជើងប៉ាតា បន្ទាប់ពី​ពាក់​រួច អ្នក​ត្រូវ​ព្យួរ​ស្បែកជើង​របស់​អ្នក​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ដើម្បី​សម្លាប់​មេរោគ និង​បំបាត់​ក្លិន​មិនល្អ៕

  • ពិនិត្យខ្លួនឯងទៅមើល៍… តើអ្នកគួរទទួលទានវីតាមីនបន្ថែម ឬទេ?

    ពិនិត្យខ្លួនឯងទៅមើល៍… តើអ្នកគួរទទួលទានវីតាមីនបន្ថែម ឬទេ?

    នៅពេលអាយុកើនច្រើនឡើង ការមើលថែទាំសុខភាពក៏ត្រូវតែកើនច្រើនឡើងទៅតាមនោះដែរ។ មនុស្សជាច្រើនអាចមានអារម្មណ៍ថា ខ្លួនមិនបានរឹងប៉ឹងស្វាហាប់ដូចកាលពីវ័យនៅរៀន ឬអំឡុងពេលវ័យជំទង់ឡើយ ព្រោះធ្វើការបានមួយរយៈមក ក៏ចាប់ផ្ដើមមានរោគាជំងឺដង្កាត់សួររកមុខបែបមិនធ្លាប់ដូច្នោះពីមុនមកឡើយ មិនថាតែឈឺក្បាលម៉ៃក្រេន ចុកស្មា ឈឺសន្លាក់កដៃ ជំងឺក្រពះ រហូតទៅដល់ជំងឺខ្លាញ់រុំថ្លើម ឬ Cysts ជាដើម។

    ក្រៅពីជំងឺដង្កាត់ហើយ បញ្ហាដែលមកព្រមជាមួយវ័យដែលមានដូចជា ជ្រុះសក់ កើតស្លាកស្នាម សាច់ស្បែកលែងស្រស់ថ្លា ភ្នែកស្រវាំងស្រអាប់ ឬមានភាពធុញថប់តានតឹងប្រមូលសន្សំច្រើនឡើងរហូតដល់គេងមិនលក់ក៏ចាប់ផ្ដើមកើតឡើងដែរ ដូច្នេះមុននឹងទិញវីតាមីនបន្ថែមមកទទួលទាន យើងនាំគ្នាមកមើលសិនថា តើយើងមានបញ្ហាទាំងអស់នេះឬទេ? បើមាន តើត្រូវទទួលទានវីតាមីនមួយណា?

    សាច់ស្បែកស្ងួតក្រៀម មានស្លាកស្នាម មិនតឹងណែនរលោង
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន C ខូឡាជេន វីតាមីន A អូមេហ្កា3 និងសារធាតុដែក។

    ជ្រុះសក់ ក្រចកដៃ-ជើងស្ដើងស្រួយ
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន B2 និងជាតិស័ង្កសី។

    មិនស្រួលខ្លួន គ្រុនផ្ដាសាយញឹកញាប់
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន C វីតាមីន B និងសារធាតុដែក។

    សម្រាកមិនបានគ្រប់គ្រាន់ ប្រើខួរក្បាលច្រើន
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន B និងអូមេហ្កា3។

    ឆ្អឹង និងសន្លាក់នៅក្នុងរាងកាយចាប់ផ្ដើមចុករួយ
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន D, A, K, កាល់ស្យូម និងផូស្វ័រ។

    រួយភ្នែក និងស្រវាំងមើលលែងសូវច្បាស់
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន A និង វីតាមីន B2។

    ភាពធុញថប់ តានតឹងក្នុងអារម្មណ៍កើតឡើងច្រើន
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន B រួម វីតាមីន C និងម៉ាញេស្យូម។

    តើចាំបាច់ត្រូវទទួលទានវីតាមីនបន្ថែមឬទេ?
    ជាសំណួរដ៏ល្បីល្បាញមួយដែលមនុស្ស ជាច្រើនលួចគិតនៅក្នុងចិត្ត… វីតាមីនមួយប្រអប់ តម្លៃមិនមែនធម្មតាៗទេ តើយើងចាំបាច់ត្រូវតែទទួលទានវីតាមីនបន្ថែមមែន ឬយ៉ាងណា? ចម្លើយក៏គឺ មិនចាំបាច់ទេ វីតាមីនបន្ថែមគ្រាន់តែជាជំនួយការសម្រាប់អ្នកដែលដឹងច្បាស់ថា ខ្លួនឯងមានភាពប្រថុយប្រថានក្នុងការបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ឬមិនសូវមានពេលមើលថែទាំខ្លួនឯងច្រើន អាចហៅបានថា ជាជំនួយការរបស់អ្នកទីក្រុងដែលត្រូវធ្វើការធ្ងន់ រហូតមិនអាចរៀបចំចំណីអាហារ និងបែងចែកពេលវេលាសម្រាប់ហាត់ប្រាណតាមតម្រូវការបាន។

    តែនឹងក្លាយជារឿងល្អខ្លាំងណាស់ បើយើងអាចទទួលបានវីតាមីនទាំងអស់តាមរយៈអាហារដែលចម្អិនស្រស់ៗថ្មីៗ និងមានគុណប្រយោជន៍ខាងសារធាតុអាហារ គ្រប់ទាំង5ប្រភេទក្រុម ហាត់ប្រាណយ៉ាងជាប់លាប់ សម្រាកឱ្យគ្រប់គ្រាន់ និងរកពេលវេលាបន្ធូរអារម្មណ៍តានតឹងធុញថប់ដោយកិច្ចការងារដែលខ្លួនឯងចូលចិត្ត តែប៉ុណ្ណឹងលោកអ្នកមិនចាំាបាច់ចំណាយប្រាក់ជាមួយវីតាមីនតម្លៃច្រើនពាន់ច្រើនម៉ឺនបានបាត់ទៅហើយ។

    តែបើមានអាការធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅជួបគ្រូពេទ្យវិញនោះ វីតាមីនបន្ថែមក៏អាចជាជម្រើសមួយទៀតក្នុងការជួយជីវិតលោកអ្នកបានដូចគ្នា ដូច្នេះត្រូវពិនិត្យមើលខ្លួនឯងថា តើមានភាពចាំបាច់ក្នុងការទទួលទានវីតាមីនបន្ថែមច្រើនតិចប៉ុនណា។

    ចំណុចមិនល្អរបស់ការទទួលទានវីតាមីនបន្ថែម
    បើយើងទទួលទានវីតាមីនបន្ថែមជាប់ៗគ្នាក្នុងរយៈពេលយូរជ្រុលពេក អាចធ្វើឱ្យរាងកាយបានទទួលវីតាមីនមួយនោះច្រើនលើសតម្រូវការថ្លើម និងក្រលៀនត្រូវធ្វើការខ្លាំង ដើម្បីចម្រាញ់សារធាតុអាហារដែលត្រូវប្រើ និងត្រូវចោល ហើយការបានទទួលវីតាមីនបន្ថែមច្រើនជ្រុលពេក នៅអាចធ្វើឱ្យកើតជំងឺច្រើនឡើងបានដូចគ្នា ដូចជា បើសិនជាទទួលទានកាល់ស្យូមច្រើនជ្រុលពេក អាចប្រថុយនឹងការកើតក្រួសក្នុងក្រលៀន ឬឈាមហូរមិនឈប់ ឬពិបាកនឹងបញ្ឈប់(ពេលមានរបួស) បើសិនជាទទួល-ទានខ្លាញ់ត្រីច្រើនជ្រុលពេកជាដើម។

    ដូច្នេះ មុននឹងទទួលទានអាហារបន្ថែម គួរសិក្សាពីវិធី និងបរិមាណដែលគួរទទួលទាន ព្រមទាំងចងចាំចំណុចគួរប្រយ័ត្នផង ដើម្បីឱ្យបានទទួលមកតែគុណប្រយោជន៍របស់វីតាមីនបន្ថែមដូចដែលចិត្តយើងត្រូវការ៕