Author: ធឿន មករា

  • គយគន់​សម្រស់​ដើមទ្រូង កែវ ស្រី​និ​ច ម្ដង​មើលស្អាត​ទាក់ទាញ​យ៉ាងណា?

    គយគន់​សម្រស់​ដើមទ្រូង កែវ ស្រី​និ​ច ម្ដង​មើលស្អាត​ទាក់ទាញ​យ៉ាងណា?

    នៅក្នុង​ឱកាស​នៃ​ពិធីជប់លៀង​កាល​ពេល​កន្លងទៅ នៅ​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន​បឹងត្របែក តារា​សម្ដែង​រូប​ស្រស់ កញ្ញា កែវ ស្រី​និ​ច បាន​បង្អួតរាង​ដ៏​ស្រ​ឡូ​ន​ជា​មួយឈុត​រ៉ូ​បពណ៌​ស ចំហ​ដើមទ្រូង​គួរឱ្យ​ក្រឺត​ក្នាញ់​តែម្ដង បង្អួត​ភ្នែក​បណ្តា​ភ្ញៀវ ក៏ដូចជា​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ផងដែរ។ អ្វីដែល​គេ​កត់សម្គាល់ គឺ​នាង​បញ្ជាក់ថា សម្រស់​ដើមទ្រូង​របស់​នាង​មិនបាន​កែកុន​នោះទេ ពោល​គឺជា​សម្បត្តិ​ធម្មជាតិ​ពី​កំណើត​ទាំងស្រុង ទើប​ធ្វើឱ្យម្នាក់ៗលង់​នឹង​សម្រស់​នៅ​បរិវេណ​អាវ​ចំហរ​ទ្រូង​របស់​នាង​ដ៏​ទ្រលុក​ទ្រលន់​តឹង​ណែន​មូលក្លំ ដែលអ្នកណាៗបានឃើញ​ហើយ​ស្ទើរតែ​មិន​ព្រឹ​ច​ភ្នែក។

    សម្រស់​ដើមទ្រូង​ដែល​នាង​បានបង្ហាញ​នៅក្នុង​យប់នោះ បើទោះជា​មិនអាច​ទាក់ភ្នែក​ដូច​តារា​ស៊ិ​ច​ស៊ី ដែលមាន​ដើមទ្រូងធំៗ ប៉ុន្តែ កញ្ញា កែវ ស្រី​និ​ច ក៏​ត្រូវគេ​ចាត់ទុកថា អាចមាន​អំណាច​ទាក់ទាញ​បាន​ក្រសែភ្នែកប្រុសៗឱ្យ​ចាប់អារម្មណ៍​ចំពោះ​សម្រស់​ដើមទ្រូង​របស់​នាង​បាន​មិន​ស្ទើរ​ឡើយ ដោយសារតែ​ពេលកន្លងមក​នាង​មិនសូវ​ចិត្តល្អ​ចំហរ​គល់​ដើមទ្រូង​ឱ្យគេ​ឃើញ​ឡើយ។ នាង​បាន​បញ្ជាក់ថា ហេតុផល​ដែល​នាង​ព្រលែង​ដើមទ្រូង​នៅ​ថ្ងៃ​ពិសេស​នោះ គឺ​ដោយសារតែ​នាង​ចង់​ផ្លាស់ប្ដូរ​ទម្លាប់​ពី​ភាព​ស្រគត់ស្រគំ មក​ស៊ិ​ច​ស៊ី​ខ្លះ ប៉ុន្តែ​បើ​ឱ្យ​ព្រលែង​លើសពីនេះ​ក៏​នាង​មិន​ហ៊ាន​នោះដែរ។ បន្ថែម​ពីលើ​ការបញ្ចេញ​ដើមទ្រូង នាង​ក៏​ប្រកាស​ឱ្យដឹងពី​គម្រោង​បិត​ហាង​កាហ្វេ​ដែល​ធ្លាប់​គ្រប់គ្រង ហើយ​ងាក​មក​ទទួល​ការងារ​សម្ដែង​ឱ្យ​ពេញទំហឹង​ជាថ្មី​ផងដែរ។ នាង​បាន​ថ្លែង​បញ្ជាក់ថា មុខរបរ​កាហ្វេ​មិនសូវ​កាក់កប​ដូច​ការរំពឹង​ទុក​នោះទេ ទើប​នាង​សម្រេចចិត្ត​ប្ដូរ​ពី​ទីតាំង​ធំ​មក​ទីតាំង​តូច ហើយ​ប្រគល់ឱ្យ​ម្ដាយ និងប្អូនៗជា​អ្នកមើលការខុសត្រូវ​ជំនួស ហើយ​ប្រកាស​ទទួលយក​ការសម្ដែង​ឱ្យ​ខ្លាំង​ដូចដើម។ កញ្ញា កែវ ស្រី​និ​ច បាន​បញ្ជាក់ថា នាង​មិនមាន​គម្រោង​ពង្រីក​ដើមទ្រូង​បង្អួត​ភ្នែក​មហាជន​នោះទេ ប៉ុន្តែ​សម្រាប់​ការ​តែងខ្លួន​ស៊ិ​ច​ស៊ី​ដោយ​បញ្ចេញ​ត្រឹម​គល់​សុដន់​ដូចដែល​នាង​បានបង្ហាញ​ខាងលើនេះ​គឺ​នាង​នឹងមាន​ជា​បន្តបន្ទាប់​ក្នុងពេល​ខាងមុខនេះ ដើម្បី​កុំឱ្យ​ថា​នាង​គឺជា​តារា​សិល្បៈ​ដែល​ខ្លាច​សូម្បីតែ​បញ្ចេញ​កម្រិត​ហ្នឹង។

    គួរបញ្ជាក់​ផងដែរ​ថា មួយរយៈ​ចុងក្រោយ​នេះ វត្តមាន​របស់​កញ្ញា ស្រី​និ​ច ហាក់​បាន​រសាត់​បាត់​ពី​ក្នុង​កម្មវិធី​របស់​អ្នកសិល្បៈ​មួយចំនួន ក៏​ព្រោះតែ​ដោយសារ​នាង​មាន​ភាព​មមាញឹក​ក្នុង​ការថត​សម្ដែង​សម្រាប់​ត្រៀម​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​នៅ​ប៉ុស្ដិ៍​បាយ័ន, CTN និង​ប៉ុស្ដិ៍​លេខ5។ ដោយឡែក​នៅត្រឹម​ចុងខែ​ខាងមុខ ការងារសម្ដែង​របស់​នាងនឹងមាន​ភាព​រយាល​ប​ន្តិ​ច ខណៈ​រឿង​ភាគ​មួយចំនួន​ត្រូវបាន​បញ្ចប់​ការថត​ទាំងស្រុង៕

  • គួរត្រៀមខ្លួនដូចម្តេចសម្រាប់អ្នកដែលចង់បន្តថ្នាក់ឧត្តមសិក្សានៅបរទេស?

    គួរត្រៀមខ្លួនដូចម្តេចសម្រាប់អ្នកដែលចង់បន្តថ្នាក់ឧត្តមសិក្សានៅបរទេស?

    ក្រោយដឹងលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិហើយ មានសិស្សានុសិស្សជាច្រើន​បារម្ភ និង​ខ្វាយខ្វល់ពីការជ្រើសរើសមុខវិជ្ជាសិក្សានៅក្រៅប្រទេស​ ស្របពេលដែលសិស្សមួយចំនួនផ្សេងទៀតបានត្រៀមខ្លួនជាស្រេច សម្រាប់ការកសាងក្តីស្រមៃលើមុខជំនាញដែលខ្លួនចង់រៀនតែព្រួយបារម្ភពីលទ្ធភាពក្នុងការប្រឡងជាប់​ទៅវិញ ព្រោះពួកគេចង់បន្តការសិក្សានៅបរទេស។ សាស្ត្រាចារ្យផ្នែកគ្រប់គ្រង លោក គុណ វិជ្ជាបានលើកឡើងថា សម្រាប់អ្នកចង់ប្រឡងទៅសិក្សានៅបរទេសក្នុងកម្រិតបរិញ្ញាបត្រ ចាំបាច់ត្រូវតែមានការត្រៀមខ្លួនល្អទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកភាសាទាំងអង់គ្លេស ឬភាសានៃប្រទេសដែលយើងចង់ទៅបន្តការសិក្សានោះ។ម្យ៉ាងវិញទៀត ចំពោះជំនាញដែលចាំបាច់ត្រូវសិក្សានោះក៏ចាំបាច់មានមូលដ្ឋានគ្រឹះផងដែរ ជាឧទាហរណ៍ប្រសិនបើគាត់ចូលចិត្តសេដ្ឋកិច្ច ចាំបាច់ត្រូវតែពូកែគណិតវិទ្យា ចំណេះទូទៅ និងភាសាបរទេស ហើយ​ប្រសិនបើយើងចូលចិត្តផ្នែកផ្សេងៗទៀតចាំបាច់ត្រូវតែ​ត្រៀម​ស្រាវជ្រាវឱ្យបាន​យល់​ខ្លះៗពីវារួមទាំងមុខវិជ្ជាគោលដូចជាគណិតវិទ្យា រូបវិទ្យាឬ​គីមីជាដើម ដែលឆ្លើយតបនឹង​មុខជំនាញនោះ។

    លោកសាស្ត្រាចារ្យ គុណ វិជ្ជា បានមានប្រសាសន៍ថា ៖ “ចំណុចសំខាន់ដែលអាចធ្វើឱ្យយើងឆ្លងផុតដំណាក់កាលនៃការប្រកួតប្រជែងដើម្បីដណ្តើមបាន​អាហារូបករណ៍ទៅសិក្សានៅបរទេស គឺ​ចាំបាច់ត្រូវមានព័ត៌មានឱ្យច្បាស់លាស់ពីអ្វីដែលគេត្រូវការ។ ចំណុចនេះមានន័យថា សិស្សត្រូវតែធ្វើការស្រាវជ្រាវតាមគ្រប់មធ្យោបាយទាំងក្នុងគេ-ហទំព័រ សួរអ្នកដែលធ្លាប់ប្រឡងមុនៗ ឬសាស្ត្រាចារ្យដើម្បីដឹងពីតម្រូវការ និងគំនិតខ្លះៗដើម្បីត្រៀមខ្លួនធ្វើឱ្យ​បានល្អគ្រប់យ៉ាង”។

    លោកសាស្ត្រាចារ្យ គុណ វិជ្ជា

    សាស្រ្តាចារ្យខាងលើបានលើកឡើងផងដែរថាចំណុចសំខាន់មួយផ្សេងទៀត ដែលត្រូវត្រៀមសម្រាប់ប្រឡងទៅសិក្សានៅបរទេសគឺ ឯកសារដែលពាក់ព័ន្ធនឹងសាមីខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសំបុត្រកំណើត លិខិតបញ្ជាក់ពី​ពេទ្យជំនាញ លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានជាដើម។ ឯកសារទាំងអស់នេះគួរធ្វើការបកប្រែជាភាសាអង់គ្លេសទុកឱ្យហើយ ព្រោះវាអាចធ្វើឱ្យយើងមានភាពងាយស្រួល​ក្នុងការ​រៀបចំឯកសារទៅតាមតម្រូវការ ព្រោះស្ថាប័នខ្លះទាមទារឱ្យរៀបចំឯកសារភ្លាមៗក្រោយពេលប្រឡងជាប់។ ម្យ៉ាងវិញទៀត សិស្សដែលចង់ទៅសិក្សានៅបរទេសគួរ​ត្រៀម​ស្រាវជ្រាវ ឬសិក្សាពីប្រទេសនោះឱ្យបានល្អ ដោយរាប់បញ្ចូលទាំងវប្បធម៌ ភាសាភូមិសាស្ត្រ ប្រវត្តិសាស្រ្ត ឬចំណីអាហារជាដើម ដើម្បីងាយស្រួលសម្របខ្លួន ឬត្រៀមខ្លួនកុំឱ្យមានការលំបាកពេលទៅដល់កន្លែងសិក្សាជាក់ស្តែងព្រោះប្រសិនបើយើងមិនយល់ និងមិនដឹងពី​របៀបរបបទាំងអស់នោះទេ វាក៏អាចជះផលអវិជ្ជមានមកវិញផងដែរ។

    អតីតនិស្សិតអាហារូបករណ៍នៅបរទេស កញ្ញា លឹម លីឆាយ បានលើកឡើងថា ​មុននឹងដាក់ពាក្យទៅសិក្សានៅបរទេស ចាំបាច់ត្រូវដឹងជាមុនសិនពី​គោលបំណង​ដែលយើងចង់ទៅសិក្សា ព្រោះនៅពេលដែលយើងដឹងច្បាស់ហើយ យើងនឹងអាចត្រៀមខ្លួនបានល្អទាំងការសម្រួចចំណេះដឹង ការចំណាយពេលវេលាស្រាវជ្រាវ និងការរៀនត្រៀម។ តែទោះ ជាយ៉ាងនេះក្តីក៏គួរមើលពីមុខវិជ្ជាដែលយើងចង់សិក្សាផងដែរ ជាឧទាហរណ៍ប្រសិនបើយើងចង់សិក្សាផ្នែកបច្ចេកទេស វិស្វករ ឬ​ជំនាញមួយចំនួនទៀតយើងគួរទៅសិក្សានៅបរទេស តែប្រសិនបើយើងចង់ក្លាយជាអ្នកធ្វើការងារក្នុងវិស័យសង្គមដូចជាច្បាប់​ រដ្ឋបាលសាធារណៈ ឬការទូតជាដើមនោះ យើងគួរសិក្សាថ្នាក់បរិញ្ញាបត្រនៅកម្ពុជាសិនហើយសឹមបន្តការសិក្សាកម្រិតអនុបណ្ឌិត ឬកម្រិត​វគ្គណាមួយ​នៅបរទេស។

    កញ្ញា លឹម លីឆាយ

    កញ្ញា លឹម លីឆាយ បាននិយាយថា៖ “ជំនាញទាក់ទងនឹងសង្គម ដូចជាច្បាប់រដ្ឋបាលសាធារណៈ ឬសេដ្ឋកិច្ចជាដើម ជាជំនាញដែលត្រូវការមូលដ្ឋានគ្រឹះ​ពីសង្គម​កម្ពុជា ហេតុនេះគួរសិក្សាពី​បរិបទក្នុងប្រទេសឱ្យបានល្អសិន មុននឹងទៅបន្ត​ការសិក្សានៅបរទេស ព្រោះការសិក្សានៅបរទេស គឺគ្រាន់-តែអាចបន្ថែមនូវគំនិតអភិវឌ្ឍន៍មួយចំនួន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅក្នុងប្រទេសតែប៉ុណ្ណោះ”។

    អ្នកសិក្សាខាងលើបានលើកឡើងផងដែរថា ​ចំពោះការសិក្សាត្រៀមក៏ត្រូវតែមានភាពវៃឆ្លាតផងដែរ ព្រោះប្រសិនបើយើងមិនដឹងពីវិធីសិក្សាទេយើងអាចចំណាយពេលវេលាច្រើនឥតប្រយោជន៍។ មានអ្នកខ្លះចំណាយពេលវេលារាប់ឆ្នាំដើម្បីសិក្សាពី​ភាសាអង់គ្លេសសម្រាប់ប្រើប្រាស់ទូទៅ តែស្ថានភាពជាក់ស្តែងនៃការប្រឡងអាហារូបករណ៍ ភាគច្រើនគឺផ្តោតលើជំនាញដែលយើងនឹងសិក្សា ហេតុនេះ​សិស្សគួរសម្រួច ឬស្វែងរកវគ្គណាដែលត្រូវសម្រាប់ការប្រឡងទើបជាការល្អជាង។ សិស្សអាចចំណាយពេលវេលាតិច តែចំគោលដៅ និងមានពេលគ្រប់គ្រាន់សម្រាប់ត្រៀមលើផ្នែកផ្សេងទៀត៕

  • ឈប់​ពី​ម៉ៅការសំណង់ ងាក​មក​ប្រក​បរបរ​ដាំ​ផ្សិតលក់ ប្រើ​ទុន​តិច​​ តែ​ចំណេញ​ច្រើន

    ឈប់​ពី​ម៉ៅការសំណង់ ងាក​មក​ប្រក​បរបរ​ដាំ​ផ្សិតលក់ ប្រើ​ទុន​តិច​​ តែ​ចំណេញ​ច្រើន

    ការដាំ​ផ្សិត​បាន​ក្លាយជា​មុខរបរ​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ស្វាយចេក​ថ្មី សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ជិត​វត្ត​តាំង​កសាង​រាជធានី​ភ្នំពេញ ដោយសារ​ការដាំ​បន្លែ​មួយ​នេះ​បាន​ចំណាយ​ដើមទុន​តិចតួច​បំផុត ហើយ​អាច​រក​ចំណូល​ត្រឡប់មកវិញ​យ៉ាងច្រើន និង​ឆាប់រហ័ស។នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​អ្នកស្រី អឿន ចាន់នី ជា​កសិករ​ប្រកប​របរ​បណ្ដុះ​ផ្សិត​លក់។

    ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ស្វាយចេកថ្មី រាជធានី​ភ្នំពេញ​ដែល​ពីមុន​ធ្លាប់ជា​កម្មករសំណង់រ​ក​ស៊ី​ម៉ៅការ​សំណង់ជូន​កាល​បានការ​ងារ​ក៏​ធ្វើទៅ មិនមាន​ការងារ​ក៏​ទំនេរ​នោះបាន​ងាក​មក​ចាប់យក​របរ​ដាំ​ផ្សិត​ដោយ​ចំណាយ​ដើមទុន​ត្រឹមតែ 30ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​បានក្លាយ​ដង្ខៅ​ផ្សិត​ដ៏​ល្បី​ប្រចាំ​ភូមិ​ស្វាយចេក​ថ្មីដែល​ទទួលបាន​ប្រាក់ចំណេញ​ចន្លោះ​ពី1លាន​រៀល ទៅ3លាន​រៀល​ត្រឹម​រយៈពេល​តែ​កន្លះ​ខែ។

    អ្នកស្រី អឿន ចាន់នី កសិករ​ដែល​ល្បី​ខាង​ដាំ​ផ្សិត​លក់ និង​មាន​ចំណូល​ខ្ពស់​ជាងគេ​ក្នុង​តំបន់ វត្ត​តាំង​កសាង​ប្រាប់​បានឱ្យដឹងថា មុខរបរ​ដាំ​ផ្សិត​នេះ​អ្នកស្រី​អាច​រកប្រាក់​ចំណេញ​ចន្លោះ​ពី 1លាន​រៀល ទៅ3លាន​រៀល​អាស្រ័យ​លើ​ការប្រមូល​ផល​ក្នុង​រយៈពេល​កន្លះ​ខែម្ដង ខណៈដែល​ប្តី​របស់គាត់​ចាប់ផ្តើម​មុខរបរ​ដាំ​ផ្សិត​ដំបូង។

    អ្នកស្រី អឿន ចាន់នី កំពុងប្រមូលផលផ្សិត

    មូល​ហេតុដែល​បណ្តាលឱ្យ​ប្តី​របស់គាត់ ងាក​មក​ប្រក​បរបរ​ដាំ​ផ្សិត​លក់​វិញ​នោះ ក៏​ដោយសារតែ​របរ​ខាង​ម៉ៅការ​សំណង់​មិនសូវ​ជា​ទទួលបាន​ការងារ​ជាប់លាប់ ពេល​មាន​ក៏​ធ្វើទៅ តែបើ​មិនមាន​ក៏​អត់​មាន​អ្វី​ធ្វើ និង​ទំនេរ​ច្រើន។ ពេល​មួយ​នោះ​គាត់​បាន​ម៉ៅការ​សំណង់​មួយ​នៅ​កំពង់សោម នៅឯ​ចំការ​ដូងប្រេង គាត់​បានឃើញ​ផ្សិត​ដុះ​នៅលើ​ដើម​ដូងប្រេង គាត់​ក៏មាន​គំនិត​ចង់​បណ្តុះ​ផ្សិត​លក់​វិញ​ម្តង។

    ពេល​ត្រឡប់​មកពី​ការដ្ឋាន​សំណង់​គាត់​ក៏​ប្រមូល​អ្នកជិតខាង​ក្បែរ​គ្នា​ចូល​ហ៊ុន​គ្នា​រកស៊ី​មុខរបរ​បណ្តុះ​ផ្សិត។ លើកដំបូង​ផ្សិត​ដុះ​រីក​បានល្អ តែ​លើក​ទី​ពីរ ផ្សិត​ពុំបាន​រីក​ល្អ​ទេ​ធ្វើឱ្យមាន​ការខាតបង់​ច្រើន។ អ្នកជិតខាង​ក៏​នាំគ្នា​ដក​ដើមទុន​វិញ​អស់ ប៉ុន្តែ​ពូ​សំណាង(ស្វាមី​អ្នកស្រី​ចាន់នី)មិន​អស់ចិត្ត​ក៏​បន្ត​មុខរបរ​នេះ​តែម្នាក់ឯង​ដោយ​ពុំបាន​ហៅ​គេ​ចូល​ហ៊ុន​ទៀត​ទេ។

    នៅពេលដែល​គាត់​ធ្វើ​ការដាំ​ផ្សិត​ម្នាក់ឯង​តាម​បទពិសោធ​របស់គាត់​នោះ បានធ្វើឱ្យ​ដំណាំ​ផ្សិត​ទទួលបាន​ផល​វិជ្ជមាន​រហូតមក ដែល​បច្ចុប្បន្ន​គាត់​មាន​រោង​បណ្ដុះ​ផ្សិត​ចំនួន 8រោង ដោយ​ក្នុង 1រោង​មាន2 ទៅ3ជួរ ហើយ​ក្នុង 1ជួរ​មាន 4ធ្នើរ ឯការ​ទទួលផល​វិញ ក្នុង1រោង​ទទួលបាន​ប្រមាណ​ជា 100kgផ្សិត​ក្នុង​រយៈពេល​ប្រមូល​ផល​កន្លះ​ខែម្តង។

    ផ្សិតដែលប្រមូលផលបាន

    ស្ត្រី​វ័យ 32ឆ្នាំ​រូបនេះ​បាន​រៀបរាប់ថា បច្ចុប្បន្ន​ដើមទុន​ដែល​ត្រូវ​ចំណាយ​ម្ដង​ក្នុង​ការដាំ​ផ្សិត​មួយ​រោង​ប្រមាណ​ជិត2,000ដុល្លារ ដោយ​ចំណាយ​ទៅលើ​ការទិញ​ធាតុ​ផ្សំ ដូចជា​មេ​ផ្សិត សម្បក​សណ្ដែកចំបើង និង​អុស​សម្រាប់​ដុត​កម្ដៅ​ជាដើម។ អ្នកស្រី​បន្តថា “មុខរបរ​ដាំ​ផ្សិត​នេះ បើ​យើង​ប្រមូលបាន​កាន់តែច្រើន ប្រាក់ចំណេញ​ក៏​កើន​តាម​ហ្នឹង​ដែរ‟។ បច្ចុប្បន្ន​ប្តី​គាត់​ក៏​ចេះ​ធ្វើ​មេ​ផ្សិត​ដោយ​ខ្លួនឯង​ដែល​បណ្តុះ​បាន​ផល​ច្រើន​ដូច​មេ​ដែល​ទិញ​គេ​យកមក​បណ្តុះ​ដែរ។

    អ្នកស្រី ចាន់នី ក៏បាន​ឱ្យដឹង​ដែរ​ថា៖“កន្លងមក​យើង​ដាំ​ផ្សិត​មួយ​រោង អាច​ប្រមូល​ផល​បាន​ដល់​ទៅ 100គីឡូក្រាម​ក្នុង​រយៈពេល​កន្លះ​ខែ និង​លក់បាន1​គីឡូ​តម្លៃ 15,000រៀល ហើយ​យើង​ប្រមូល​ផល​ត្រឹមតែ 3រោង​ប៉ុណ្ណោះ យើង​នឹង​លក់បាន​ប្រាក់​ជិត 5លាន​រៀល ដូច្នេះ​អាស្រ័យ​លើ​យើង​ជា​អ្នក​បណ្តុះ ដែរ បើ​យើង​បណ្តុះ​ឱ្យ​ប្រមូល​ផល​បាន 6រោង​ក្នុង​កន្លះ​ខែ នោះ​យើង​នឹង​ទទួលបាន​ផល​ច្រើន​ទៅតាម​ហ្នឹង​ដែរហើយ បើ​ក្នុង​រដូវ​បុណ្យទាន​ដែលមាន​តម្រូវការ​ច្រើនវិញ យើង​នឹង​បណ្តុះ​ច្រើន​ដែរ តែ​ក្នុង​រដូវ​កាល​ធម្មតា​យើង​នឹងបណ្តុះ​ឱ្យ​ប្រមូល​ផល​បានតែ 3រោង​ប៉ុណ្ណោះ ដើម្បីឱ្យ​វា​មាន​លក្ខណៈ​វិលជុំដែល​អាចឱ្យ​យើង​ប្រមូល​ផល​បាន​បន្តបន្ទាប់​គ្នា​មិន​ដាច់‟។

    គូរ​បញ្ជាក់​បន្ថែមថា ដង្ខៅ​ផ្សិត​វ័យក្មេង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដ៏​មមាញឹក​នេះ បាន​ប្រកប​មុខ​ដាំ​ផ្សិត​លក់​រយៈពេល​ជាង3ឆ្នាំ​មកហើយ បច្ចុប្បន្ន​ពូកគេ​មាន​រោង​ដាំ​ផ្សិត​ចំនួន8។ ដោយ​ទ្រព្យសម្បតិ្ត​ដែល​ទទួលបាន​ពី​ការធ្វើ​កសិកម្ម​ខ្នាតតូច​នេះ​ធ្វើឱ្យ​ពួកគាត់​អាច​សង់់ផ្ទះ​រស់នៅ និង​អាច​ចិញ្ចឹម​កូន 3នាក់​យ៉ាង​សុខ​ស្រួល។

    ប៉ុន្តែ​ពួកគេ​នៅ​ជួល​ដី​សម្រាប់​ប្រកបមុខរបរ​នេះ​នៅឡើយ តែ​ជីវភាព​វិញ​មាន​ស្ថានភាព​ល្អប្រសើរ​ជាង​កាលពី​នៅ​ប្រកប​របរ​ធ្វើ​សំណង់។ គាត់​បានឱ្យដឹង​ទៀតថាធ្លាប់មាន​ជនជាតិ​ម៉ាឡេស៊ី​មក​ចង់​សហការ​ដោយ​ឱ្យ​ជា​ប្រាក់ខែ​ដល់​គាត់ តែ​ដោយ​ពិបាក​ក្នុងការ​បកប្រែ​ភាសា​ផង និង​មិន​ព្រមព្រៀងគ្នា​ក្នុង​លក្ខខណ្ឌ​មួយចំនួន​ផង​នោះ ទើប​ធ្វើឱ្យ​មិនបាន​សហការគ្នា​ទេ តែ​គាត់​ក៏មាន​មហិច្ឆតា​ផងដែរ​ក្នុងការ​ពង្រីក​របរ​នេះ ដោយ​ចង់រក​អ្នក​សហការ​ចូល​ហ៊ុន​ដើម្បី​ពង្រីក​មុខរបរ​នេះ​ឱ្យបាន​ធំ​ឡើងដល់​ទៅ 30រោង​នៅពេល​ខាងមុខ។

    ជា​ចុងក្រោយ​អ្នកស្រី អឿន ចាន់នី កសិករ​ដាំ​ផ្សិត​លក់​រូបនេះ​បាន​ណែនាំ​ថា ការដាំ​ផ្សិត​នេះ​មិនចាំបាច់​ដល់​ទៅ​មានជំនាញ​កសិកម្ម​ជ្រៅជ្រះ​នោះទេ ព្រោះថាផ្សិត​ជា​ដំណាំ​ដែល​ងាយ​ដាំ ហើយ​ចំណាយ​ទុន​ដំបូង​តិច​បំផុត តែ​ក៏​អាច​ក្លាយជា​អ្នកមាន​ជីវភាព​ធូរធារ​បានដែរ៕

  • 5ចំណុច​ដែល​អ្នកវិនិយោគ​លើ​គម្រោង​ពុះ​ដីឡូត៍​លក់​ត្រូវ​យល់ដឹង

    5ចំណុច​ដែល​អ្នកវិនិយោគ​លើ​គម្រោង​ពុះ​ដីឡូត៍​លក់​ត្រូវ​យល់ដឹង

    ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា បច្ចុប្បន្ន​មានការរីកចម្រើន​ខ្លាំង មិន​ថា​នៅ​រាជធានី​ភ្នំពេញ ឬ​នៅតាម​ទីប្រជុំជន​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត​នោះទេ ជាពិសេស​ការ​ពុះ​ដីឡូត៍​លក់​កំពុងមាន​សកម្មភាព​យ៉ាង​កក្រើក​ខ្លាំង​នៅតាម​តំបន់​ជាយក្រុង និង​នៅតាម​ទីប្រជុំជន​ក្នុង​បណ្តា​ខេត្ត​មួយចំនួនទៀត។ ចង់ដឹងថា តើ​ការធ្វើជា​អ្នកលក់​អចលនទ្រព្យ​ត្រូវមាន​ចំណេះដឹង​អ្វីខ្លះ​នោះ អ្នកយកព័ត៌មាន​កាសែត​ឡា​រ៉ែ​ន​ បាន​ជួប​សម្ភាស​ជាមួយ​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong ជា​អ្នកមានជំនាញ​ខាង​អចលនទ្រព្យ​ជា​យូរ​ឆ្នាំ​មកហើយ ដោយ​លោក​នឹង​បង្ហាញ​ពីបទ​ពិសោធ និង​ចំណេះដឹងល្អៗក្នុង​ការលក់​អចលនទ្រព្យ​ប្រកបដោយ​ជោគជ័យ​ដែលមាន​នៅក្នុង​ចំណុច​មួយចំនួន​ដូចខាងក្រោម៖

    1. ត្រូវមាន​ចំណេះដឹង​ផ្ទាល់ខ្លួន៖ ចំណេះដឹង​ផ្ទាល់ខ្លួន​នេះ សំដៅលើ​ការចេះ​ប្រមូល​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ និង​ធ្វើ​ការវិភាគ គិតពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​សម្រេច​ពុះ​ដីឡូត៍​លក់ ពិសេស​តម្លៃ​ដី​នៅ​ជុំវិញ​ទីតាំង​ដែល​យើង​ចង់​ពុះ​ដី​លក់​នោះ។ ធ្វើការ​ប្រៀបធៀប​ពី​ទីតាំង​មួយ​នឹង​ទីតាំង​មួយទៀត ដោយ​ប្រៀបធៀប​ពី​តម្លៃ និង​សក្តានុពលរ​បស់ទីតាំង​នោះ​មាន​អ្វីខ្លះ ពិសេស​ការវិនិយោគធំៗពី​វិស័យ​ឯកជន ឬ​ការវិនិយោគ​របស់​រដ្ឋ​ដើម្បី​បង្ហាញ​ទៅ​អតិថិជន​ថា ពេលដែល​ពួកគាត់​ទិញ​ហើយ តើ​គាត់​អាចធ្វើ​អ្វី​បាន​ខ្លះ ឫ​បាន​អ្វី​ត្រឡប់មកវិញ​ខ្លះ ឬ​អាចធ្វើ​ផ្ទះជួល ឬ​ទិញ​ទុក​លក់​យកប្រាក់​ចំណេញ​មកវិញ​ជាដើម។ ឧទាហរណ៍​ថា យើង​ពុះ​ដីឡូត៍​លក់​នៅក្នុង​តំបន់​ដែល​រោងចក្រ​ត្រៀម​នឹង​ទៅដល់ ឬ​រោងចក្រ​កំពុង​សាងសង់បណ្តើរៗហើយ​នៅពេល​រោងចក្រ​សាងសង់​រួច ដី​នៅ​តំបន់​នោះ​នឹងឡើងថ្លៃ​ដោយ​ឯកឯង ឬ​ទិញ​ហើយ​ធ្វើ​ផ្ទះជួល​ក៏បានដូច្នេះ​អតិថិជន​ពិតជា​ចាប់អារម្មណ៍​មកលើ​គម្រោង​យើង​មិន​ខាន។ ក្រៅពីនេះ​ត្រូវ​ពង្រាយ​កម្លាំង​យ៉ាងម៉េច​ឱ្យបាន​គ្រប់កន្លែង ដើម្បីឱ្យ​អាច​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ក្នុង​វិស័យ​ដែល​យើង​ត្រូវ​ផ្តល់​សេវាកម្ម ឬ​វិនិយោគ​នោះ​ឱ្យបាន​ច្រើន និង​ច្បាស់លាស់។

    2. ភាព​ឆ្លាត​វៃ និង​សមត្ថភាព​ផ្ទាល់ខ្លួន៖ ក្រៅពី​ចំណេះដឹង​ខាងលើ​មួយចំនួន​ហើយ យើង​ក៏ត្រូវ​យល់ដឹង​ពី​ខ្លួនឯង​ឱ្យបាន​ច្បាស់​ថា ខ្លួន​យើង​ជា​នរណា មាន​ជំនាញ​បែបណា និង​ចង់​លក់​ផលិតផល​អ្វីហើយ​តើ​ផលិតផល​យើង​នោះ​ល្អ ឬ​យ៉ាងណា? ឧទាហរណ៍​ថា ចង់​វិនិយោគ​លើដី យើង​ត្រូវ​ដឹងថា ដី​កន្លែង​ណា​ល្អ និង​ងាយស្រួល​រកប្រាក់​ចំណេញ​មកវិញ។ ប្រសិន​ជាមាន​លុយ​តិច ហើយ​ចង់​វិនិយោគ យើង​ត្រូវ​វិនិយោគ​លើ​អចលនទ្រព្យ​ណា​ដែលមាន​ទីផ្សារ​ខ្ពស់ ងាយ​ទទួលបាន​ទុន​បង្វិល​ដើម្បី​វិនិយោគ​លើ​ទីតាំង​ផ្សេង​ថ្មី​ទៀត និង​ទទួលបាន​ប្រាក់ចំណេញ​លឿន បើទោះជា​ប្រាក់ចំណេញ​ទាំងនោះ​មាន​ចំនួន​តិច​ក៏ដោយ ចៀសវាង​បង្កក​ទុន​ចោល​មួយកន្លែង វា​នឹង​ធ្វើឱ្យ​កកស្ទះ​ដើមទុន​ក្នុងការ​ពង្រីក​អាជីវកម្ម​ទៅមុខ ឬ​ពិបាក​ក្នុង​ការសង​រំលស់​ទៅ​ធនាគារ​វិញ​ប្រសិន​ជាមាន​កម្ចីផ្សេង។

    3. កសាង​ទំនុកចិត្ត៖ ធ្វើជា​ក្រុមហ៊ុន​អចលនទ្រព្យ អ្វីដែល​សំខាន់​ត្រូវ​កសាង​កេរ្តិ៍ឈ្មោះ ព្រោះ​កេរ្តិ៍ឈ្មោះ​ជា​រឿង​ចាំបាច់​សម្រាប់​ភាពជោគជ័យ​ជា​និរន្តរ៍ មិនមែន​ក្នុង​រយៈពេល​ខ្លី​នោះទេ តែ​ជា​ជោគជ័យ​ក្នុង​រយៈពេល​វែង​តាំងពី​ខ្លួនឯង​រហូត​ទៅដល់​សាច់ញាតិ​ជំនាន់ក្រោយៗទៀតផង។ លោក​ថា នៅក្នុង​ក្រុមហ៊ុន​Century 21 Mekong មុន​ចេញទៅ​ធ្វើការ បុគ្គលិក​ត្រូវ​ទទួល​ការបណ្តុះបណ្តាល​ចំនួន 4ចំណុច​ជាមុនសិន ដូចជា​ជំនាញ​ក្នុងការ​និយាយ ជំនាញ​ក្នុងការ​ទំនាក់ទំនង​ភ្ញៀវ ជំនាញ​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន និង​ជំនាញ​ក្នុង​ការទិញ-លក់-ជួល​ដោយ​ជោគជ័យ។ ដូច្នេះ​ដើម្បី​ធ្វើឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​មានចំណេះ ជំនាញ និង​បទពិសោធ​ដែល​អាចធ្វើ​ការ​បាន​ក្នុង​វិស័យនេះ គឺ​គេ​ត្រូវការ​ការបណ្តុះបណ្តាល និង​ពង្រីក​ភ្នាក់ងារ​ឱ្យបាន​ច្រើន ដើម្បី​ពង្រីក​វិសាលភាព​ការងារ​របស់​យើង​ឱ្យបាន​ទូលំទូលាយ។ ពិសេស​ត្រូវមាន​ចំណេះដឹង​ផ្នែកច្បាប់ យល់ដឹង​ពី​ដំណើរការ​បង់ពន្ធ ឬ​ពន្ធ​ប្រថាប់ត្រាពិសេស​នីតិវិធី​ក្នុងការ​ដំណើការ​កាត់​ប្លង់ ឬ​ការ​បំបែក​ក្បាលដី​ជូន​អតិថិជន​ដើម្បី​ទទួលបាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់។

    4. រក​អ្នកជំនាញ​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ​ជួយ​ការងារ៖ ប្រសិនជា​យើង​មិនសូវ​ចេះ និង​មិនមាន​ជំនាញ យើង​ត្រូវធ្វើ​ការប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ​ដែលមាន​បទពិសោធ​ដើម្បី​ផ្តល់​ជា​ដំបូន្មាន​ថា តើ​យើង​គួរ​ធ្វើ​យ៉ាងម៉េច រៀបចំ​យ៉ាងម៉េច ដើម្បីឱ្យ​ការបំពេញ​ការងារ ឬ​ការវិនិយោគ​ក្នុង​វិស័យនេះ​មាន​ភាពល្អ​ប្រសើរឡើង និង​បញ្ចៀស​បាន​នូវ​ហានិភ័យ។ យើង​ត្រូវ​ចេះ​ប្រមូល​ព័ត៌មាន និង​ទទួលយក​ការប្រឹក្សា​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ ដើម្បី​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើការ​សម្រេចចិត្តថា តើ​ការវិនិយោគ​របស់​យើង​មាន​ភាពត្រឹមត្រូវ និង​គួរ​ធ្វើ​ប៉ុនណា។ ឧទាហរណ៍ ការ​ពុះ​ដីឡូត៍​លក់​បច្ចុប្បន្ន​បាន​រីក​ទៅ​តំបន់​ជាយក្រុង នេះ​គឺ​ដោយសារ​អ្នកវិនិយោគ​ទាំង​នោះបាន​សិក្សា​ច្បាស់លាស់​ពី​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល ដូចជា​គោលនយោបាយ​រុញ​រោងចក្រ​ចេញពី​ទីក្រុង​ទៅ​តំបន់​ជាយក្រុង ទៅកាន់​ទីតាំង​ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន ដូចជា​ការអភិវឌ្ឍ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅកាន់​កំពង់ផែ​ខេត្តកំពត និង​ពី​ភ្នំពេញ​ទៅកាន់​ឆ្នេរសមុទ្រ​កំពង់សោម​ជាដើម ដោយសារ​ទីតាំង​ទាំង2 ខាងលើ ត្រូវបាន​រដ្ឋាភិបាល​ក​សាង​កំពង់ផែ​ទឹក​ជ្រៅ ដែល​អំណោយផល​ដល់​ការដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល​ចេញចូល​ទៅកាន់​ប្រទេសផ្សេង។ ហើយ​បច្ចុប្បន្ន​ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​នោះ ក៏​កាន់តែ​រីកដុះដាល​ខ្លាំងឡើងៗ ហើយ​រោងចក្រ​ក៏​កាន់តែ​រំកិល​ខ្លួន​បន្តិចម្តងៗទៅកាន់​ផ្លូវជាតិ​ទាំង2 នោះ​ផងដែរ។

    5. ត្រូវមាន​ឯកទេស​ជាក់លាក់​មួយ៖ នៅក្នុង​វិស័យ​អចលនទ្រព្យ​មាន​ផ្នែក​ជាច្រើនខុសៗគ្នា​ ហេតុនេះ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ ត្រូវមាន​ជំនាញ​ណាមួយ​ឱ្យ​ជាក់លាក់​ទើប​យើង​អាចធ្វើ​បាន​តាម​គោលដៅ​របស់​យើង ទទួលបាន​ប្រាក់ចំណេញ និង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខ ពិសេស​ជំនាញ​ខាង​វាយតម្លៃ។ ឧទាហរណ៍​ថា បើសិនជា​យើង​ទិញ​ដី​ដែលមាន​តម្លៃ​ខ្ពស់ ពេល​យើង​ពុះ​ជា​ឡូត៍​លក់​ជូន​អតិថិជន​វិញក៏ត្រូវ​តែមាន​តម្លៃ​ខ្ពស់​ទៅតាម​ថ្លៃដើម​ដែរ។ ករណីនេះ​បាន​ជះឥទ្ធិពល​ដល់​ក្រុមហ៊ុន ព្រោះ​តម្លៃ​ថ្លៃ​ជាងគេ អតិថិជន​នឹងមិន​ទិញ ហើយ​អតិថិជន​ទៀតសោតមុននឹង​សម្រេច​ទិញ​ដី​នៅ​ទីកន្លែង​ណាមួយ គាត់​តែងមាន​ការគិត​ពិចារណា​ល្អិតល្អន់​ខ្លាំងណាស់ហើយ​ពួកគាត់​តែង​ដើរ​ស៊ើបសួរ​តម្លៃ​នៅ​ទីតាំងជិតៗនោះ​ទៀតផង មិនមែន​សម្រេចចិត្ត​ទិញងាយៗដូច​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​នោះទេ៕

  • លោក ង​ន សាំង៖ ពី​បុគ្គលិក​ហាត់​ការ​ក្លាយជា​អគ្គនាយក​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បី​នៅ​កម្ពុជា

    លោក ង​ន សាំង៖ ពី​បុគ្គលិក​ហាត់​ការ​ក្លាយជា​អគ្គនាយក​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បី​នៅ​កម្ពុជា

    ការបម្រើ​ការងារ​នៅតាម​ស្ថាប័ន​មួយ​មនុស្ស​មិនត្រូវ​ស្រវា​ចង់បាន​តំណែង​ខ្ពស់ ឬ​ប្រាក់ខែ​ច្រើនភ្លាមៗនោះទេ សំខាន់​បើ​យើង​ពិត​ជាមាន​សមត្ថ​ភាពខ្លាំង និង​ពូកែ​ធ្វើការ​មែន​នោះ ទោះជា​ធ្វើការ​ក្នុង​តំណែង​តូច​ទាប​ក៏ដោយ ក៏​យើង​អាច​អភិវឌ្ឍ​តួនាទី​ខ្លួនឯងបាន​ឆាប់រហ័ស​ដែរ។ ឧទាហរណ៍​ដូចជា​លោក ង​ន សាំង ដើមឡើយ​គ្រាន់តែ​ជា​បុគ្គលិក​ហាត់​ការ​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ការប្រឹងប្រែង គួបផ្សំ​នឹង​សមត្ថភាព​ដែលមាន​ស្រាប់​ពីសា​លា​ផង​នោះ លោក​បាន​ក្លាយជា​អគ្គនាយក​តំណាងឱ្យ​ក្រុមហ៊ុន​ដ៏​ធំ និង​ល្បីល្បាញ​មួយ​នៅ​កម្ពុជា​តែម្តង។

    អគ្គនាយក​ក្រុមហ៊ុន RMA (Cambodia) Group លោក ង​ន សាំង បានផ្តល់​បទ​សម្ភាស​ដ៏​កម្រ មួយ​កាលពី​សប្តាហ៍​មុន​ថា លោក​បានចាប់ផ្តើម​ចូលធ្វើការ​នៅ​ក្រុមហ៊ុន​ខាងលើ​ជា​លើកដំបូង​កាលពី​ឆ្នាំ1996 ក្នុងតួនាទី​ជា​អ្នក​ហាត់​ការ​ប៉ុណ្ណោះ ខណៈដែល​លោក​ត្រៀម​ធ្វើ​សា​រណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ក្រោយពី​ធ្វើជា​អ្នក​ហាត់​ការ​បាន​មួយរយៈ​ខ្លី លោក​ក៏បាន​ប្រឡង​ជាប់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម (MBA) នៅ​ប្រទេស​ថៃ​ដែល​តម្រូវឱ្យ​លោក​ត្រូវ​ចំណាយពេល​សិក្សា​នៅ​ទីនោះ​រយៈពេល 2ឆ្នាំ​បន្ថែមទៀត​នៅក្នុង​សាលា​ល្បីឈ្មោះ​មួយ​ដែលមាន​និស្សិត​បរទេស​ច្រើន​ជាតិ​សាសន៍​ពី​ជុំវិញ​ពិភពលោក​បានមក​រៀន។

    លោក​រំឭកថា អ្វីដែល​ធ្វើឱ្យ​លោក​មាន​ក្តី​រីករាយមុន​ចាក​ចេញទៅ​រៀន​បន្ត​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ថៃ​នោះ គឺ​លោក​ត្រូវបាន​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន​ផ្តល់​ទំនុកចិត្ត​ខ្ពស់​មកលើ​រូបលោក​ក្នុងពេល​បំពេញការងារ​ជា​អ្នក​ហាត់​ការ​នោះ ដោយបាន​ផ្តាំ​រូបលោក​ថា ក្រុមហ៊ុន​នៅ​រង់ចាំ​លោក​មក​ធ្វើការ​ក្នុងតួនាទី​ថ្មី​នៅពេលដែល​លោក​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នោះ ដែល​រឿងនេះ​បានធ្វើឱ្យ​លោក​មាន​ទឹកចិត្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​បាន​ការពារ​សា​រណា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ថៃ​ដោយ​ជោគជ័យ។

    ក្រោយ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ លោក​ក៏បាន​បន្តការងារ​នៅក្នុង​ក្រុមហ៊ុន​ដដែល ហើយ​ត្រូវបានតែងតាំង​ជា​ជំនួយការ​គណនេយ្យ និង​ហរិញ្ញវត្ថុ។ មួយឆ្នាំ​ក្រោយមក បន្ទាប់ពី​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ជា​ជនបរទេស​បាន​ត្រឡប់​ទៅ​ប្រទេស​របស់គេ​វិញ ក្រុមហ៊ុន​ក៏​តែងតាំង​លោក​ជា​នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន​តែម្តង ហើយដោយ​មើលឃើញ​ពី​សមត្ថភាព​ការងារ​ដ៏​ពូកែ និង​ភាព​ប៉ិនប្រសប់​ក្នុងការ​ដោះស្រាយ​បញ្ហា​ការងារផ្សេងៗនោះ ក្រុមហ៊ុន​ក៏បានផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់ឡើងៗ ដោយ​សម្រេច​បន្ថែម​តួនាទី​ដ៏​ធំ​មួយទៀត​ដល់​លោក គឺ​នាយករង​គ្រប់គ្រង​ប្រចាំ​ប្រទេស( Deputy Country Manager) តែម្តង។

    ក្រោយពី​ទទួលបាន​មុខតំណែង​ថ្មី​មួយទៀត លោក​មាន​អារម្មណ៍​ថា ហាក់ដូច​ជាមាន​អ​ម្រែ​ក​បន្ថែម​នៅក្នុង​ការងារ​របស់ខ្លួន ប៉ុន្តែ​ទោះជា​មាន​អ​ម្រែ​ក​ការងារ​ដ៏​ធ្ងន់​នៅលើ​ស្មា​ទាំងសងខាង​ក្តី ក៏​លោក​នៅតែ​ជម្នះ និង​ធ្វើបាន​កាន់តែ​ប្រសើរឡើង​ដែរ។ ទោះជា​ការងារ​ច្រើនយ៉ាង​ណាក៏ដោយ តែ​លោក​តែង​ដោះស្រាយបាន​ជានិច្ច និង​ជួយ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ជា​លំដាប់។ លោក​មានប្រសាសន៍ថា ធម្មតា ពេល​មាន​ការងារ​ច្រើន មាន​តួនាទី​កាន់តែ​ខ្ពស់ កាន់តែ​មានការ​លំបាក​ជា​រឿង​ធម្មតា ប៉ុន្តែអ្វីៗត្រូវបាន​ដោះស្រាយ និង​បោះជំហាន​ទៅមុខ​ជានិច្ច។ លោក​មិន​បរិយាយ​ពី​ការលំបាក​ក្នុង​ការងារ​នោះទេ តែ​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា អ្នកបើក​យន្តហោះ​ម្នាក់​បើសិនជា​បើកបរ​មិន​ជួបនឹង​អាកាសធាតុ​អាក្រក់​ទេ ក៏​មិនដឹង​ពី​សមត្ថភាព​ខ្លួនឯង​ដែរ តែបើ​បាន​ជួប​ស្ថានភាព​អាកាសធាតុ​មិនល្អ ហើយ​នៅតែ​ហោះ​ទៅមុខ​បាន​ដោយ​សុវត្ថិភាព​នោះ ទើប​ដឹងថា ខ្លួនឯង​ពិតជា​ពូកែ​មែន។

    ក្នុង​គោលដៅ​លើកទឹកចិត្ត​បុគ្គលិក និង​ផ្តល់​ចំណេះដឹង​ដល់​បុគ្គលិក​ឱ្យ​កាន់​តែមាន​សមត្ថ​ភាពខ្លាំង​ឡើង​ថែមទៀត​នោះ នៅ​ឆ្នាំ2013 ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់ បញ្ជូន​លោក​ទៅ​សិក្សា​ជំនាញ​គ្រប់គ្រង​បន្ថែមទៀត​នៅ​សាកលវិទ្យាល័យ Harvard Business School នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ខ្លី (6ខែ)បន្ថែមទៀត ជា​សាលា​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​តែង​ចូលរៀន​វគ្គ​សិក្សា​នៅ​ទីនោះ​ដើម្បីឱ្យ​លោក​មាន​ជំនាញ​ជា​អ្នកគ្រប់គ្រង​ដែលមាន​សមត្ថភាព​ពេញលេញ​តែម្តង។ ក្រោយពី​បាន​សិក្សា​ជំនាញ​ចប់ លោក​ក៏ត្រូវ​បានតែងតាំង​ជា​អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ហើយ​ខិតខំ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​មានឈ្មោះ​បោះ-​សំឡេង​នៅលើ​ទីផ្សារ​កម្ពុជា​រហូតមក​ទល់​សព្វថ្ងៃ។

    គួរ​បញ្ចាក់​ផងដែរ​ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) មាន​ផលិតផល និង​សេវាកម្ម ដូចជា: រថយន្ ត​Ford រថយន្ត​ Jaguar RangeRover គ្រឿងចក្រ​ធុន​ធ្ងន់ JCB រថយន្ត​កសិកម្ម ត្រាក់ទ័រ​ John Deer រថយន្ត​លើកដាក់​ទំនិញ ​TCM ហាង ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) កាហ្វេ​ខូ​ស្តារ (Costa Coffee) ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ការ៉េម​នំ​ដេ​រី​ឃ្វី​ន (Dairy Queen) នំ​ដូ​ហ្វ​ណាត់ គ្រី​ស្ពី​គ្រី​ម (Krispy Kreme Doughnut) ហាង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា (BAR-B-Q PLAZA) សេវាកម្ម​ជួល​រថយន្ត (AVIS) ក្រុមហ៊ុន​បង់​រំលស់ (BSP Finance) និង​ម៉ាកល្បីៗជាច្រើន​ទៀត ដែលមាន​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​ក្នុង​ខេត្ត​មួយចំនួនទៀត​ទូទាំងប្រទេស​កម្ពុជា ដោយបាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង 3,000នាក់​ឯណោះ។

    គួរ​រំឭក​ដែរ​ថា លោក ង​ន សាំង បានចាប់កំណើត​នៅក្នុង​គ្រួសារ​ដែលមាន​កម្រិតជីវភាព​មធ្យម​មួយ​នៅក្នុង​ភូមិ​ក្រាំង​ឡង ឃុំ​ជើង​គួ​ន ស្រុក​សំរោង ខេត្តតាកែវ ជា​កូន​ទី2 ក្នុងចំណោម​បងប្អូន 6នាក់ ប្រុស3 ស្រី3។ ពេល​ដល់​អាយុ​ចូលរៀន ពោលគឺ​នៅ​ឆ្នាំ1980 ជា​ឆ្នាំ​ដែល​កម្ពុជា​ទើប​រំដោះ​ចេញផុត​ពីរ​បប​អាវខ្មៅ លោក​ហាក់​មានសំណាង​បាន​ចូលរៀនភ្លាមៗតែម្ដង ខុសពី​កុមារ​មួយចំនួនធំ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ការលំបាក​ដោយ​មិនមាន​សាលារៀន និង​មិនមាន​គ្រូបង្រៀន​គ្រប់គ្រាន់​នោះ។ លោកមានប្រសាសន៍ថា នៅក្នុង​ភូមិ​ឃុំ​របស់លោក ហាក់ដូចជា​មិនមាន​បញ្ហា​រឿង​សង្គ្រាម​នោះទេ ពោលគឺ​មាន​សាលា និង​មាន​គ្រូបង្រៀន​គ្រប់គ្រាន់ ដែល​ធ្វើឱ្យកុមារៗនៅក្នុង​ភូមិ​មានឱកាស​បាន​ចូលរៀនគ្រប់ៗគ្នា។

    ដោយសារ​ជីវភាព​គ្រួសារ​មិនមាន​បញ្ហា លោក​មិនសូវមាន​ការលំបាក​ក្នុង​ការជួយ​រក​ចំណូល​ជួយ​គ្រួសារ​ដូច​កុមារ​មួយចំនួន​ទៀតឡើយ ដែល​នេះ​ជា​កត្តា​ធ្វើឱ្យ​កុមារ ង​ន សាំង បាន​ខិតខំ​រៀនសូត្រ​រហូត​ក្លាយជា​សិស្ស​ពូកែ​គណិតវិទ្យា ចាប់តាំងពី​ថ្នាក់បឋមសិក្សា និង​ប្រឡង​ជាប់​បាន​ឡើង​ថ្នាក់​ជា​បន្តបន្ទាប់ រហូត​បាន​ប្រឡង​ជាប់​បាក់​ឌុប​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ1990 ហើយក៏​ឡើងមក​ភ្នំពេញ​ស្នាក់នៅ​ជាមួយ​ឪពុកមា​ដើម្បី​រៀន​បន្តទៀត។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​បាន​ប្រឡង​ធ្លាក់​អាហារូបករណ៍​នៅ​ឆ្នាំ​ដំបូងដែលជា​កត្តា​ធ្វើឱ្យ​លោក​មានការ​សោកស្ដាយ​យ៉ាងខ្លាំង និង​បាន​ចំណាយពេល​មួយឆ្នាំ​ទៀត​ដើម្បី​រៀន​កួរ​បំប៉ន​ចំណេះដឹង​បន្ថែម​ដើម្បី​ត្រៀមប្រឡង​ចូល​មហាវិទ្យាល័យ​នៅ​ឆ្នាំ​បន្ទាប់មកទៀត។

    លុះ​ពេលវេលា និង​ឱកាស​មកដល់ នៅ​ឆ្នាំ​បន្ទាប់​លោក​ក៏បាន​សម្រេច​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍​ចំនួន 3មហាវិទ្យាល័យ គឺ​មហាវិទ្យាល័យ​សេដ្ឋកិច្ច គ្រូ​ផ្នែក​គណិតវិទ្យា និង​ប្រឡង​ចូល​មហាវិទ្យាល័យ​សុខាភិបាល ហើយ​ជា​លទ្ធផល​លោក​បាន​ជាប់​ទាំង 3មហាវិទ្យាល័យ​ក្នុងពេល​តែមួយ តែ​លោក​បា​នស​ម្រ​ច​ចិត្ត​ចូលរៀន​មហាវិទ្យាល័យ​សេដ្ឋកិច្ច ដោយសារ​មើលឃើញថា​ជា​មុខវិជ្ជា​ដែល​លោក​ចូលចិត្ត​ជាងគេ។

    សម្រាប់​ទៅ​ថ្ងៃ​អនាគត លោក​មិន​ប្រាថ្នា​អ្វី​ច្រើន​នោះទេ គឺ​គ្រាន់តែ​ខិតខំ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ថែមទៀត ដើម្បី​ចូលរួម​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ជួយផ្តល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​ឱ្យបាន​កាន់តែច្រើន គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​លោក៕

  • វិធីសាស្ត្រ​លក់ ដើម្បី​ទទួលបាន​ជោគជ័យ​នៅលើ​ទីផ្សារ

    វិធីសាស្ត្រ​លក់ ដើម្បី​ទទួលបាន​ជោគជ័យ​នៅលើ​ទីផ្សារ

    ការលក់​ផលិតផល ឬ​សេវាកម្ម​ពេលខ្លះ​មាន​ភាពងាយស្រួល ប៉ុន្តែ​ពេលខ្លះទៀត​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​ដោយសារ​មុននឹង​ទិញ​ផលិតផល ឬ​សេវាកម្ម​ណាមួយ​ អតិថិជន​តែងមាន​ការគិត​ពិចារណា​ច្បាស់លាស់ រកឱ្យឃើញ​អត្ថប្រយោជន៍​ជាមុន​ទើប​សម្រេចចិត្ត​ចំណាយ​ប្រាក់​ទិញ​ជា​ក្រោយ។

    លោក អ៊ុក​ ចាន់​វាសនា សាស្ត្រាចារ្យ​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជានា​យក​ក្រុមហ៊ុន​ ​RMT Co,.LTD លក់ និង​ជួសជុល​រថយន្ត​នៅ​ជិត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​មានប្រសាសន៍ថាដើម្បីឱ្យ​ការលក់​ទទួលបាន​ជោគជ័យ​ មុនដំបូង​ភ្នាក់ងារ​លក់​​ត្រូវ​រកឱ្យឃើញ​ថា អ្នកណា​ជា​អតិថិជន​គោលដៅ​របស់​យើង​ពិតប្រាកដ ព្រោះថា ប្រជាជន​ខ្មែរ​ជាង 15លាន​នាក់​មិនមែន​សុទ្ធតែជា​អតិថិជន​គោលដៅ​របស់​យើង​ទាំងអស់​នោះទេ។ បន្ទាប់ពី​រកឃើញ​ហើយ​ យើង​ត្រូវធ្វើ​ចំណាត់ថ្នាក់​ថា តើ​អាទិភាព​ទី1 យើង​គួរ​ត្រូវ​ទៅរក​អ្នកណា​មុនគេ និង​បន្ទាប់មកទៀត​យើង​ត្រូវ​ទៅរក​អ្នកណា​បន្ទាប់។

    លោក​សាស្ត្រាចារ្យ​បញ្ជាក់ថា ក្រោយពី​រកឃើញ​ហើយ យើង​ត្រូវ​រៀបចំខ្លួន​ដើម្បី​ត្រៀម​ទៅ​ជួប​គេដូច្នេះ​យើង​ត្រូវ​ស្វែងយល់ ឬ​សិក្សា​ពី​គាត់​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន រាប់​ចាប់តាំងពី​ការងារ​របស់គាត់​ អត្តចរិត ឥរិយាបថ​របស់គាត់​ថា តើ​គាត់​ជា​មនុស្ស​ចិត្ត​ទូលាយ​ តឹងរ៉ឹង ឬ​ជាម​នុស្ស​លេងសើច​ច្រើន​ជាដើម ពិសេស​ត្រូវ​ស្គាល់​សាវតា​របស់គាត់​ឱ្យបាន​ច្បាស់លាស់។ ការ​ស្គាល់​គេ​ឱ្យបាន​ច្បាស់លាស់​មានន័យ​ថា យើង​ឱ្យ​តម្លៃ​គេ​ពេលនោះ គេ​នឹង​ឱ្យ​តម្លៃ​យើង​វិញ ដែល​អាច​និយាយ​ពាក្យ​ស្និទ្ធស្នាល​ជាមួយគ្នា​បាន​ច្រើន។បន្ទាប់ពី​រកឃើញ​ចំណុចសំខាន់ៗទាំងអស់​នេះហើយ យើង​ត្រូវ​ទំនាក់ទំនង​ជាមួយ​គេ​តាម​វិធីសាស្ត្រ​ណា​ក៏បាន តាមរយៈ​ទូរស័ព្ទ ឬ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាមុន មុននឹង​ឈានដល់​ការ​ណាត់ជួប។

    មកដល់​ថ្ងៃ​កំណត់​យើង​ត្រូវ​ទៅ​ជួប​គេ ត្រូវ​ទៅ​ជួប​ឱ្យទាន់​ពេលវេលា កុំឱ្យ​ខកខាន និង​នៅពេលដែល​យើង​បាន​ជួប​ហើយ យើង​ត្រូវ​និយាយ​សួរសុខទុក្ខ ឬ​និយាយ​លេង​ពីនេះ​ពី​នោះ​បន្តិច​ជាមុនសិន​បើសិន​ជាមាន​ពេល បន្ទាប់មក​ទើប​និយាយ​ពី​គោលបំណង​នៃ​ការ​ណាត់ជួប ហើយ​បង្ហាញ​ផលិតផល​របស់​យើង​ទៅកាន់​អតិថិជន​តែម្តង។ នេះ​ជា​ដំណាក់កាល​សំខាន់បំផុត​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់គាត់​ឱ្យ​សម្រេច​ទិញ​ផលិតផល​របស់​យើងភ្លាម។

    ជាទូទៅ​អ្នកគ្រប់គ្រង​ផ្នែក​លក់​ត្រូវ​រៀបចំ​ផែនការ​បង្ហាញ​ផលិតផល​នេះ​ទៅដល់​អតិថិជន​និង​កំណត់​ការនិយាយ​ឱ្យបាន​ច្បាស់លាស់​ផងដែរ ដើម្បី​ជា​ជំនួយ​ទៅដល់​នីតិវិធី One work One way One Solution មានន័យថា ធ្វើការ​រួមគ្នា ដើរ​ជាមួយគ្នា និង​មាន​វិធីសាស្ត្រ​ដោះស្រាយ​រួមគ្នា។ បើ​មិន​រៀបចំ​ផែនការ​នេះ​ទេ​អ្នកលក់​ប្រាកដជា​និយាយផ្សេងៗគ្នា​ចំពោះ​ផលិតផល​តែមួយ ឬ​និយាយ​ពីអ្វី​ដែល​យើង​មិន​ចង់ឱ្យ​គាត់​និយាយ។

    ក្នុងនាម​ជា​អ្នកលក់ កុំ​ភ្លេចខ្លួន គឺ​ត្រូវ​ត្រៀម​ជានិច្ច និង​តស៊ូ​ពុះពារ​ជម្នះ​នូវ​គំនិត​អវិជ្ជមាន​ណាមួយ​របស់​អតិថិជន​ដែល​តែង​កើតមាន​ដោយសារ​អតិថិជន​មានលក្ខណៈខុសៗគ្នា​ ជួនកាល​និយាយ​ទៅ គាត់​ធ្វើ​ចេះតែ​ម្តង ​គាត់​ថា ផលិតផល​បែប​ហ្នឹង​គាត់​ធ្លាប់​ជួប​ហើយ​គាត់​មាន​ហើយ មើលទៅ​មាន​អារម្មណ៍​អវិជ្ជមាន​មកលើ​យើង​តែម្តង ហើយ​ជួនកាល​គាត់​អត់​ចង់​ជួប​យើង​ទេ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកលក់ ពេល​ជួប​ឧបសគ្គ​ប៉ុណ្ណឹង មិនមែន​ឈប់​ត្រឹមហ្នឹង ឬ​ត្រូវ​បោះបង់ចោល​នោះទេ ត្រូវ​ព្យាយាម​និយាយ​ឱ្យបាន​ច្រើន​អំពី​គាត់ ជួនកាល​អាច​សរសើរ​ខ្លះ​ក៏បាន​ដែរវា​ជា​រឿង​ល្អ ព្រោះ​មនុស្ស​ខ្លះ​ចូលចិត្ត​ឱ្យគេ​សរសើរប៉ុន្តែ​មិនមែន​បញ្ជោរ​ខុស​រឿង​នោះទេ វា​អាចធ្វើឱ្យ​ភ្ញៀវ​មិន​ចូលចិត្ត​យើង​វិញ​ក៏​ថា​បាន។ បន្ទាប់មកទៀត​មុនពេល​ចាកចេញ យក​ល្អ​គួរ​និយាយត្រួសៗអំពី​ផលិតផល​របស់​យើង​ឡើងវិញ ហើយ​សួរ​ពី​ចំណាប់អារម្មណ៍​របស់គាត់ ដោយ​ទុក​ឱកាស​ឱ្យ​គាត់​និយាយ​ត្រឡប់មកវិញ។ នៅពេល​គាត់​និយាយ​មកវិញ យើង​ប្រាកដជា​អាច​ដឹងថា គាត់​ចង់​ទិញ ឬ​មិន​ចង់​ហើយ បើសិនជា​គាត់​ចាប់អារម្មណ៍​ហើយ គួរ​ជំរុញ​ឱ្យ​គាត់​ទិញ​តែម្តង។

    លោក​បន្ថែមថា បើសិនជា​គាត់​មិនទាន់​ទិញ យើង​អាច​ទំនាក់ទំនង​គាត់​នៅពេល​ក្រោយ​បាន តែបើ​គាត់​ទិញ​ហើយ យើង​ត្រូវ​ទំនាក់ទំនង​បន្ថែមទៀត​ដើម្បី​បង្កើន​ភាពជិតស្និទ្ធ​ជាមួយ​អតិថិជន។ ជា​ឧទាហរណ៍​យានដ្ឋាន​របស់លោក​តែង​ជួសជុល​រថយន្ត​ចំ​កន្លែង​ដែល​ខូច និង​ព្យាយាម​ជួសជុល​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន និង​មានតម្លៃ​សមរម្យ​អាច​ទទួលយកបាន។ នៅពេល​ជួសជុល​រួច អតិថិជន​យក​រថយន្ត​ទៅ​ជិះ​បាន 2-3ថ្ងៃ ខ្ញុំ​តែង​ទូរស័ព្ទ​ទៅ​សួរថាយ៉ាងម៉េច​ដែរ​ពេល​ជួសជុល​រួចហើយ? ការ​សួរ​នេះ​ដើម្បី​បង្កើត​ឱកាស​ឱ្យ​ខ្លួន​យើង​កាន់តែ​ស្គាល់​អតិថិជន​បាន​ច្បាស់​ឡើង មាន​ភាពស្និទ្ធស្នាល​ច្រើនឡើង ដូចជា​រូបលោក អតិថិជន​ភាគច្រើន​ក្លាយទៅជា​មិត្តភក្តិ​ស្ទើរ​អស់​ទៅហើយ។ ពេលខ្លះ​កុំ​គិតថា វា​ជា​ការលក់​ខ្លាំងពេក កុំ​គិតពី​ផលប្រយោជន៍​ខ្លាំងពេកត្រូវ​គិតពី​ទំនាក់ទំនង​ខ្លះ​ទើប​ជា​រឿង​សំខាន់។

    យ៉ាងណាក៏ដោយ ពេលខ្លះ​អតិថិជន​អត់​ដឹងថា​ខ្លួនឯង​មាន​តម្រូវការ​ទេ លុះត្រាតែ​យើង​ប្រាប់​ពី​បញ្ហា​ទើប​គាត់​ដឹង ដូចជា​ការលក់​ធានារ៉ាប់រង​ជាដើម។ ដើមឡើយ​ប្រជាជន​ខ្មែរ​មិន​ស្គាល់​ធានារ៉ាប់រង​ទេ ដូច្នេះ​មុននឹង​លក់​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​គាត់​យល់ដឹង​ពី​តម្រូវការ​ផលិតផល​ជាមុនសិន។ មួយទៀត​ដូចជា​បរិបទ​សង្គម​បច្ចុប្បន្ន​ក៏​ដូចគ្នា​ដែរ ជួនកាល​ការបង្កើត​ហ្គេម​តាម​ទូរស័ព្ទ​ក៏​យើង​អាច​លក់​បានដែរ បើ​ក្មេង​លេង​ហ្គេម​ច្រើនពេក​អាចមាន​បញ្ហា តែបើ​មិន​លេង​សោះ​ដើរ​មិន​ទាន់សម័យ​បច្ចេកវិទ្យា ដូច្នេះ​ដើម្បី​កុំ​ឱ្យមាន​បញ្ហា គួរឱ្យ​កូន​លេង​ហ្គេម​ណា​ដែល​ជួយ​អភិវឌ្ឍ​ផ្នត់គំនិត​កុមារ​ឱ្យ​កាន់តែ​ប្រសើរ។

    ចំណុច​ពិសេស​ដែល​ចាំបាច់​នោះ​គឺ ធ្វើជា​បុគ្គលិក​ផ្នែក​លក់​ត្រូវ​ស្គាល់​ផលិតផល​ខ្លួនឯង និង​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ឱ្យបាន​ច្បាស់ និង​មួយទៀត​ត្រៀមខ្លួន​ដោះស្រាយ ដោយ​ដំបូង​ឡើង​ត្រូវធ្វើ​យ៉ាងណា​បង្ហាញ​អត្តចរិត ការ​ស្លៀកពាក់ កាយវិការ ការនិយាយ​ស្តីឱ្យ​ប្រកបដោយ​ភាព​ទាក់ទាញ​ជាមុន មាន​ពាក្យសម្តី​ពីរោះពិសា ហើយ​ពិសេស​ការគ្រប់គ្រង​ពេលវេលា បើសិន​យើង​សន្យា​នៅ​ម៉ោង​ប៉ុន្មាន គួរ​កុំឱ្យ​ខកពេល​វេលា ឬ​អាច​ទៅ​រង់ចាំ​មុនគេ​មកដល់ ក៏​ជាការ​ប្រសើរ​ដែរ។

    សរុបមក​ដើម្បីឱ្យ​ផលិតផល​របស់​យើង​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន យើង​គួរ​ធ្វើយ៉ាងណា​ឱ្យ​គាត់​ទិញ​ផលិតផល​យើងភ្លាមៗតែម្តង តាមរយៈ​វិធីសាស្ត្រ​និយាយ​ពី​អត្ថប្រយោជន៍​ពិសេស ដូចជា​ការបញ្ចុះ​តម្លៃភ្លាមៗនៅពេល​ជួបតែ​ម្តង​បើសិនជា​អាចធ្វើ​ទៅបាន ដែល​ភាគច្រើន​នៃ​អ្នកលក់​តែង​និយាយថាបើសិនជា​បង​ទិញ​ពេលនេះ ក្រុមហ៊ុន​ចុះ​តម្លៃ​ជូន10 ឬ20%តែម្តង តែ​បើសិនជា​បង​ចាំ​ទិញ​លើក​ក្រោយ​នឹង​អស់​ឱកាស​បញ្ចុះតម្លៃ​មិន​ខាន។ នេះ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ដែល​យើង​ត្រូវ​ត្រៀមលក្ខណៈ​ទុកជាមុន មុននឹង​ទៅ​ជួបចរចា​លក់​ផលិតផល​ជាមួយ​អតិថិជន៕

  • ហេតុអ្វីត្រូវមានដំណើរកម្សាន្តក្រេបចន្ទទឺកឃ្មុំ បន្ទាប់ពីរៀបការរួច?

    ហេតុអ្វីត្រូវមានដំណើរកម្សាន្តក្រេបចន្ទទឺកឃ្មុំ បន្ទាប់ពីរៀបការរួច?

    ជាទូទៅបន្ទាប់ពីរៀបការរួច គូស្វាមីភរិយាថ្មីតែងតែមាននូវដំណើរកម្សាន្តបែបក្រេបចន្ទទឹកឃ្មុំ។ ការរៀបចំឱ្យមានដំណើរក្រេបចន្ទទឹកឃ្មុំនេះឡើងគឺត្រូវបានគេនិយមធ្វើឡើងតៗគ្នា ដោយភាគច្រើននៃគូស្វាមីភរិយាថ្មោងថ្មី មិនបានយល់ច្បាស់អំពីអត្ថន័យ និងខ្លឹមសារដ៏ពិតប្រាកដនៃការដើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនេះទេ គឺពេលគេឃើញអ្នកដទៃធ្វើដូច្នេះ ពួកគេក៏ធ្វើដូច្នេះដែរ ដោយពួកគេគិតត្រឹមថា ការធ្វើដំណើរបន្ទាប់
    ពីរៀបការរួចនេះធ្វើឱ្យពួកគេរីករាយ និងមានពេលសម្រាកជាមួយនឹងស្វាមីភរិយាថ្មោងថ្មីរបស់ពួកគេបានល្អ។

    ប៉ុន្តែជាក់ស្តែង ដំណើរនៃការក្រេបចន្ទទឹកឃ្មុំនេះមានប្រវត្តិ និងអត្ថន័យដ៏ជ្រាលជ្រៅរបស់វា តាំងពីយូរលង់ណាស់មកហើយ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើននៅលើសកលលោក​ ចាប់ផ្តើមនិយមជាមួយនឹងដំណើរក្រេបចន្ទទឹកឃ្មុំនេះ បន្ទាប់ពីពួកគេរៀបការហើយថ្មីៗ។ ប្រវត្តិនៃដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះមានប្រវត្តិមកពីបស្ចិមប្រទេស ដែលផ្តើមពីគូសង្សារមួយគូ ដែលមានចិត្តប្រតិព័ទ្ធគ្នាជាខ្លាំង តែមានការរារាំងពីឪពុកម្តាយខាងស្រី បង្ខំឱ្យពួគគេទាំងពីរត្រូវពង្រត់គ្នាទៅឆ្ងាយពីផ្ទះមួយរយៈ លុះឪពុកម្តាយខាងស្រីលែងដេញដោលហើយ ទើបពួកគេទាំងពីរត្រលប់មកផ្ទះវិញ ដើម្បីសុំទោសឪពុកម្តាយទាំងសងខាង ហើយក៏រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាពេញច្បាប់។

    ដោយសារតែរឿងនៃការពង្រត់គ្នារបស់អ្នកទាំងពីរនេះ ប្រជាជនដែលរស់នៅក្នុងភូមិនោះ បានឱ្យនិយមន័យនៃពាក្យ ”ដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះថា ការលបពួន ឬការទៅឱ្យឆ្ងាយដាច់ពីគេឯង”។ តែបើមើលតាមអត្ថន័យនៃពាក្យ ដ៉ំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon “វិញប្រែថា ទ៉ឹកឃ្មុំ” ពាក្យនេះមានការពាក់ព័ន្ធជាមួយនឹងទំនៀមទំលាប់រៀបអាពាហ៍ពិពាហ៍ដ៏ចាស់បុរាណរបស់ប្រជាជននៅប្រទេស អឺរ៉ុបខាងជើង ដែលនៅក្នុងទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ពួកគេ កូនកំលោះ និងកូនក្រមុំត្រូវផឹកស្រាទឹកឃ្មុំមួយថ្ងៃមួយកែវ​ នៅក្នុងអំឡុងពេលមួយខែដំបូង បន្ទាប់ពីពួកគេរៀបការរួច។ នេះគឺជាប្រវត្តិនៃពាក្យថា ដ៉ំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon ដែលពាក្យនេះមានប្រភពដើមមកពីបស្ចិមប្រទេស ហើយក្រោយៗមកគូស្វាមីភរិយាថ្មោងថ្មីតែងនិយមធ្វើដំណើរក្រេបចន្ទទឹកឃ្មុំ ឬទៅ Honeymoonបន្ទាប់ពីពួកគេ បានបញ្ចប់ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីជប់លៀងនៃអាពាហ៍ពិពាហ៍របស់ពួកគេរួចរាល់ហើយមួយថ្ងៃ ឬពីរថ្ងៃ។

    អត្ថន័យនៃពាក្យថា ”ដំណើរ ក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon មានន័យថា ជាការសម្រាកក្រោយពីការនឿយហត់ជាច្រើនថ្ងៃ ក្នុងការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ និងជាពេលវេលាដ៏ល្អសម្រាប់គូស្វាមីភរិយាថ្មោងថ្មីស្វែងយល់ពីចិត្តគំនិតគ្នាទៅវិញទៅមក ឱ្យកាន់តែច្បាស់ឡើង ព្រមទាំងជាឱកាសក្នុងការកសាងនូវទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម និងយូរអង្វែង ក្រោមការយល់ចិត្តគ្នា និងដើម្បីទុកជាអនុស្សាវរីយ៍នៃសេចក្តីស្នេហាដ៏ល្អូកល្អិននៅក្នុងដំណើរក្រេបចន្ទទឹកឃ្មុំនេះ។

    អត្ថន័យរបស់ពាក្យ ”ដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon”នេះពិតជាមានអត្ថន័យបញ្ជាក់ពីសេចក្តីស្នេហា និងការកសាងស្ពាននៃចំណងមេត្រីភាពរវាងគូស្វាមីភរិយាថ្មោងថ្មីជាខ្លាំង ដែលជាមូលហេតុធ្វើឱ្យការនិយមនៃការធ្វើដំណើរក្រេបចន្ទទឹកឃ្មុំ ឬទៅ Honeymoon នេះបានរីកសុះសាយទូទាំងប្រទេសនៅលើពិភពលោក។

    ក្រោយមកការនិយមនេះក៏បានចម្លងមកដល់ប្រទេសនៅក្នុងទ្វីបអាស៊ីទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយសារតែមើលឃើញពីគុណប្រយោជន៍ និងអត្ថន័យដ៏ជ្រាលជ្រៅនៃដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះទើបប្រជាជនខ្មែរយើងចាប់ផ្តើមនិយមជាមួយនឹងការសម្រាកកាយ និងការដើរកម្សាន្តក្រោយពីពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានបញ្ចប់ទៅក្រោមភាពសប្បាយរីករាយ និងពោរពេញដោយសុភមង្គលក្រៃលែង។

    ដូច្នេះគូស្វាមីភរិយាដែលទើបតែរៀបការហើយថ្មោងថ្មី តែងតែនិយមធ្វើដំណើរក្រេបចន្ទទឹកឃ្មុំ ឬទៅ Honeymoon ដើម្បីកសាងនូវចំណងស្នេហារបស់ពួកគេឱ្យកាន់តែប្រសើរឡើង និងដើម្បីសន្សំនូវអនុស្សាវរីយ៍នៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេឱ្យកាន់តែល្អ ព្រមទាំងផ្តល់នូវការចងចាំដ៏ល្អចំពោះគ្នាទៅវិញទៅមកថែមទៀតផង៕

  • ទៅក្រេបចន្ទទឹកឃ្មុំនៅទីប្រជុំកោះទាំង3នៅទ្វីបអាស៊ី

    ទៅក្រេបចន្ទទឹកឃ្មុំនៅទីប្រជុំកោះទាំង3នៅទ្វីបអាស៊ី

    បន្ទាប់ពីកម្មវិធីរៀបអាពាហ៍ពិពាហ៍ចប់សព្វគ្រប់ហើយនោះ ពេលវេលាជាបន្តទៀត​ គឺជាការសម្រាកកាយពីការនឿយហត់ទាំងអំបាលម៉ាន ក្នុងការរៀបចំកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់អ្នក តាំងពីមុនថ្ងៃរៀបអាពាហ៍ពិពាហ៍រហូតដល់ថ្ងៃដ៏វិសេសរបស់អ្នកត្រូវបានបញ្ចប់ទៅយ៉ាងសប្បាយរីករាយ និងពោរពេញដោយសុភមង្គល នៅក្នុងចំណងអាពាហ៍ពិពាហ៍ថ្មោងថ្មីរបស់អ្នក និងអ្នកជាទីស្រឡាញ់របស់អ្នក។

    ដំណើរក្រេបទឹកឃ្មុំ ក្រោយពីរៀបអាពាហ៍ពិពាហ៍ហើយថ្មោងថ្មីគឺជាការសម្រាកកាយដ៏ល្អ និងផ្តល់នូវការចងចាំយ៉ាងល្អប្រសើរដល់ចំណងអាពាហ៍ពិពាហ៍ ដើម្បីឱ្យចំណងស្នេហ៍របស់អ្នកពោរពេញដោយភាពផ្អែមល្ហែម និងជាឱកាសមួយសម្រាប់ឱ្យគូស្វាមីភរិយាថ្មីបានស្វែងយល់ពីចិត្តគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅថែមទៀត។ នៅក្នុងដំណើរកម្សាន្តក្រេបទឹកឃ្មុំសម្រាប់គូស្វាមីភរិយាថ្មីនេះ ក្រុមហ៊ុនទេសចរណ៍ វើលដ៍ ផប សូមណែនាំទីប្រជុំកោះទាំង៣នៅក្នុងទ្វីបអាស៊ី គឺកោះបាលី កោះឡាំកាវីស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងកោះសាមុយ ប្រទេសថៃ ផ្តល់ជូនយ៉ាងពិសេសសម្រាប់គូស្វាមីភរិយាថ្មី នៅក្នុងឱកាសក្រេបចន្ទទឹកឃ្មុំដូចខាងក្រោម។

    កោះបាលី
    កោះបាលី គឺជាកោះមួយដ៏ល្បីល្បាញខាងទេសចរណ៍ធម្មជាតិរបស់ប្រទេសម៉ាឡេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនពីគ្រប់ទ្វីបនៅលើពិភពលោក ដើម្បីមកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃកោះដែលហាក់ដូចជាផុសចេញពីកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយ។ ដោយសារតែកោះបាលីជាកោះដែលមានទេសភាពធម្មជាតិល្អដាច់គេនៅក្នុងចំណោមកោះជាច្រើននៅទ្វីបអាស៊ីយើងនេះ និងជាទីកោះដែលមានអាកាសធាតុអំណោយផលទៅដល់ការសម្រាកកាយ និងការកម្សាន្តជាលក្ខណៈគូស្នេហ៍ដ៏រ៉ូមែនទិកនោះ បានធ្វើឱ្យកោះបាលីក្លាយទៅជាកន្លែង ទេសចរណ៍ដ៏មានប្រជាប្រិយភាពរបស់គូស្នេហ៍ពីគ្រប់ទិសទីក្នុងការ មកសម្រាកលំហែកាយ និងទទួលយកនូវអនុស្សាវរីយ៍ដ៏មានអត្ថន័យ ចំពោះចំណងស្នេហ៍របស់ពួកគេ។ ជាពិសេសនោះ កោះបាលីគឺជាកន្លែងទេសចរដ៏សម្បូរបែបសម្រាប់គូស្វាមីភរិយាថ្មី ដែលមានបំណងមកក្រេបចន្ទទឹកឃ្មុំ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច ដូចជាការសម្រាកកាយនៅតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាត, ការកម្សាន្តជាមួយនឹងការសម្តែងរបាំប្រពៃណីនៃកោះបាលី, ការជីះទូកកញ្ចក់មើលទេសភាពនៅបាតសមុទ្រ និងត្រីចម្រុះពណ៌នៅតំបន់ត្រូពិក, ការជីះទូកកម្សាន្តទៅកាន់កោះ Turtle, ព្រះវិហារ Ulun Danu ដ៏ប្រណិត, ការកម្សាន្តផ្សេងៗដោយជីះស្គីលើទឹក, ជីះទូកចេកតាមមាត់ឆ្នេរ, ការមុជទឹកមើលទេសភាពបាតសមុទ្រជាដើម។ ក្រៅពីនេះគូស្នេហ៍យើងក៏អាចទៅកំសាន្តនៅព្រះវិហារ Tanah Lot ដែលជាព្រះវិហារដ៏ចម្លែកសង់ពីលើផ្ទៃទឹកសមុទ្រ ពីព្រោះនៅពេលទឹកសមុទ្រនាច ព្រះវិហារនេះបានលេចជារូបរាងឡើងយ៉ាងស្រស់សង្ហាគួរជាទីទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរ គ្រប់ជាតិសាសន៍ទៅទស្សនាពីភាពអស្ចារ្យរបស់ព្រះវិហារអណ្តែតទឹកមួយនេះ។

    កោះឡាងកាវី
    កោះឡាងកាវី គឺជាកោះដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់ប្រទេសម៉ាឡេស៊ី ហ៊ុំព័ទ្ធដោយកូនកោះ និងភ្នំជាច្រើនពណ៌បៃតងស្រស់គ្រប់រដូវកាល ធ្វើឱ្យអាកាសធាតុនៅលើកោះនេះត្រជាក់ស្រួលឃ្មុំនិងស្រស់បំព្រងខ្លាំងណាស់។ កោះឡាងកាវីគឺជាកន្លែងទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល សម្រាប់គូស្វាមីភរិយាថ្មោងថ្មីទៅកម្សាន្ត និងសម្រាកលំហែកាយ ដើម្បីស្រូបយកខ្យល់ធម្មជាតិដ៏បរិសុទ្ធនៃជំនោរសមុទ្រ។ នៅលើកោះឡាងកាវី គូស្នេហ៍អាចទៅកម្សាន្តនៅលើកោះ Hoping, ទៅលេងនៅបឹង DayangBunting, ទៅបោះចំណីឱ្យសត្វឥន្ទ្រី និងមើលសត្វឥន្ទ្រីចុះឆាបចំណីនៅលើផ្ទៃទឹក, ជីះទូកទៅកាន់ភ្នំស្ត្រីមានផ្ទៃពោះ ដែលមានរូបរាងដូចស្ត្រីមានផ្ទៃពោះកំពុងដេកសន្ធឹងនៅពីលើផ្ទៃមហាសមុទ្រពណ៌បៃតងស្រស់ ហើយអ្នកក៏អាចកម្សាន្តជាមួយនឹងសកម្មភាពសប្បាយៗ ជាច្រើននៅលើកោះឡាងកាវីនេះផងដែរ ដូចជាការដើរលំហែតាមមាត់ឆ្នេរពណ៌មាសដ៏ស្រស់ស្អាតមើលថ្ងៃរះ​ និងមើលថ្ងៃលិចនាពេលល្ងាចដ៏ស្ងប់ស្ងាត់, ការជិះទូកតូចៗជាគូ, ការជិះទូកស្ទូចត្រីសមុទ្រ, ការមុជទឹកមើលផ្កាថ្ម និងត្រីសមុទ្រជាច្រើនប្រភេទព្រមទាំងអាចដើរ Shopping នៅតាមផ្សារដ៏ទំនើប និងសម្បូរបែបនៅលើកោះឡាងកាវីក៏បាន។

    កោះសាមុយ
    កោះសាមុយ គឺជាកោះដ៏ល្បីល្បាញខាងទាក់ទាញភ្ញៀវទេសចររបស់ប្រទេសថៃ ហើយកោះសាមុយនេះត្រូវបានទទួលងារថា ជាកោះដ៏ស្រស់ស្អាតគ្មានគូផ្ទឹម។ កោះសាមុយ គឺជាកោះឋានសួគ៌នៃទេសចរធម្មជាតិ ដែលមានភ្ញៀវទេសចរពីគ្រប់ប្រទេសនៅលើពិភពលោកមកទស្សនាជារៀងរាល់ថ្ងៃមិនដែលដាច់នោះទេ ដោយសារតែទេសភាពដ៏ទាក់ទាញ និងអាកាសធាតុដ៏ល្អនៃកោះមួយនេះ ធ្វើឱ្យភ្ញៀវទេសចរយើងដែលធ្លាប់មកម្តងហើយចង់មកម្តងទៀត។ នៅលើកោះសាមុយគូស្នេហ៍ទាំងគូៗតែងតែទៅកម្សាន្តជាមួយនឹងសកម្មភាពផ្សេងៗដូចជា ជិះទូកចេកជាគូៗទៅកាន់ទីប្រជុំកោះធម្មជាតិ ដ៏ស្រស់ស្អាតទាំង៤២កោះ និងជិះទូកមើលទេសភាពតាមមាត់សមុទ្រតាមជ្រលងភ្នំ និងតាមព្រៃល្បាប់លិចទឹកជាដើម។ នៅទីនោះភ្ញៀវទេសចរយើងក៏អាចទៅកម្សាន្តលក្ខណៈជាក្រុមផងដែរដូចជាការដើរព្រៃ, ការឡើងភ្នំមើលទឹកធ្លាក់នៅកណ្តាលព្រៃជ្រៅ, ការមុជទឹកលេងមើលផ្កាថ្មរេរាំ និងមើលទេសភាពបាតសមុទ្រពណ៌បៃតងស្រស់ ព្រមទាំងការដើរ Shopping ដើម្បីទិញរបស់អនុស្សាវរីយ៍សម្រាប់គូស្នេហ៍ មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកនៅពីអ្នកត្រឡប់ទៅវិញ។

  • ភិន សុ​ដា​លី​ស ទោះ​ជោគជ័យ​លើ​មុខ​ជំនួញ ក៏​មិន​ចោល​ការងារ​សិល្បៈ

    ភិន សុ​ដា​លី​ស ទោះ​ជោគជ័យ​លើ​មុខ​ជំនួញ ក៏​មិន​ចោល​ការងារ​សិល្បៈ

    កាលពីពេល​កន្លងទៅនេះ តារា​សម្ដែង​វ័យក្មេង​ដែល​កំពុង​រងឈ្មោះ​ជា​អ្នក​មេម៉ាយ​ចាយរាង​កូន​មួយ​ឈ្ងុយ​ដូច​ដូង​ដុត អ្នកនាង ភិន សុ​ដា​លី​សបាន​បើ​កសម្ពោធ​អាជីវកម្ម​របស់ខ្លួន​ដល់​ទៅ2កន្លែង​ក្នុងពេល​តែមួយ ដែល​បង្ហាញ​យ៉ាងច្បាស់​ថា នាង​កំពុង​ក្លាយជា​តារា​មួយរូប ដែល​ជោគជ័យ​ក្នុង​មាគ៌ា​មុខ​ជំនួញ ខណៈដែល​អាជីព​ជា​តារា​សម្ដែង​ក៏មាន​ភាព​មមាញឹក​ខ្លាំង។

    ការបើក​សម្ពោធ​ហាង​ខាងលើនេះ មិនមែនជា​ហាង​ទី1 ឬ​ទី2 របស់​នាង​នោះទេ ដោយសារតែ​ពេលកន្លងមក អ្នកនាង ភិន សុ​ដា​លី​ស ក៏​ធ្លាប់​បង្ហាញឱ្យឃើញ​នូវមុខ​ជំនួញ​ជាច្រើន​ទ្រង់ទ្រាយធំៗកាលពី​ឆ្នាំ2017 បន្ទាប់ពី​អ្នកនាង​ចាប់ផ្ដើម​អាជីវកម្ម​អន​ឡាញ​លើកដំបូង​កាលពី​ឆ្នាំ2012។ នាង​បានធ្វើឱ្យ​មហាជន​ជាច្រើន​នាក់​មាន​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈដែល​ខ្លួន​ជា​តារា​សម្ដែង និង​ជា​កូនស្រី​សំណព្វ​របស់​អ្នកជំនួញ​ធំ ដែលជា​ផលិតករ​មួយរូប​ផងដែរ​នោះ ប្រែក្លាយ​ទៅជា​ម្ចាស់​អាជីវកម្ម​ផ្នែក​ផលិតផល​រោមភ្នែក និង​កញ្ចក់ភ្នែក​យ៉ាង​ពេញនិយម ដោយបាន​ចរាចរណ៍​ក្នុង​ហាង Katy Korner ដែល​អ្នកនាង​បាន​នាំចូល​ផ្ដាច់មុខ។ ជាមួយនឹង​ជោគជ័យ​នេះ ភិន សុ​ដា​លី​សក៏បាន​សម្រេចចិត្ត​បើកហាង​មួយកន្លែង​ទៀត​ដែលមាន​ឈ្មោះថា “ចង់​ស្អាត Jong Sa Art” ដែលជា​ប្រភេទ​អាជីវកម្ម​លក់ដូរ​គ្រឿង​សម្អាង។ តារា​សម្ដែង​មេម៉ាយ​កូន​មួយ​រូបនេះ​បាន​បង្ហើប​ថា គ្រឿងសម្អាង​ច្រើន​ប្រភេទ​ត្រូវបាន​នាំចូល គឺ​សុទ្ធតែ​មានការ​ចុះបញ្ជី​ការត្រឹមត្រូវ ដោយ​ផលិតផល​នាំចូល​មួយចំនួន​ក៏​មានការ​ផ្ដាច់មុខ​ផងដែរក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នាំចូល​ផលិតផល អិន អេ ព្រី​មិច (N.A Brimex) ដែល​ភាគច្រើន​ជា​ទំនិញ​មកពី​ប្រទេស​ថៃ កូរ៉េ ម៉ាឡេស៊ី ទ្វី​បអី​ុ​រ៉ុ​ប និង​ប្រទេស​ជាច្រើន​ទៀត។

    ភិន សុ​ដា​លី​ស បាន​និយាយថា នាង​សម្រេចចិត្ត​បើក​សាខា​ថ្មី និង​ហាង​ថ្មី​មួយ​បន្ថែមទៀត គឺ​ដោយសារតែ​អ្នកនាង​សិក្សា​ទីផ្សារ​ច្បាស់លាស់ និង​មាន​ក្រុមការងារ​ធ្វើឱ្យ​មុខ​ជំនួញ​របស់ខ្លួន​ទទួលជោគជ័យ ដោយ​មិនមែន​ជាការ​បោះទុន​ប្រថុយប្រថាន​នោះឡើយ។ ជាមួយគ្នានេះ នាង​ក៏មាន​គម្រោង​ពង្រីក​សាខា​របស់ខ្លួន​ឱ្យបាន​គ្រប់25ខេត្ត-ក្រុង ទូទាំងប្រទេស ស្របពេល​ដែល​នាង​មាន​ទំនុកចិត្ត​ខ្ពស់​លើ​ផលិតផល​របស់ខ្លួនជាពិសេស​ផលិតផល​កញ្ចក់ភ្នែក រោមភ្នែក និងគ្រឿងសម្អាង​ដែល​ខ្លួន​នាំចូល​ផ្ដាច់មុខ​តែម្ដង។ បើទោះជា​យ៉ាងណាក៏ដោយ ភិន សុ​ដា​លី​ស ក៏បាន​បញ្ជាក់​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ផងដែរ​ថា ទោះជា​មុខ​ជំនួញ​មាន​ភាពជោគជ័យ​គួរឱ្យកត់សម្គាល់ដែល​អាច​ទទួលបាន​ចំណូល​ច្រើន​ក៏ពិតមែន ប៉ុន្តែ​នាង​បាន​តាំងចិត្ត​យ៉ាងច្បាស់​ថា នាង​នៅតែ​សន្សំ​ចិត្ត​នៅ​ជាមួយនឹង​អាជីព​សម្ដែង​ដដែល ពោលគឺ​មិន​បោះបង់​អាជីព​បង្អួត​សម្រស់​នៅមុខ​កាមេរ៉ា​ចោល​នោះឡើយ ព្រោះ​ការងារ​មួយ​នេះ​គឺជា​ចំណូលចិត្ត​របស់​នាង​តាំងពី​តូច​មកម៉្លេះរហូត​អូសទាញ​ចិត្ត​ឪពុក​របស់ខ្លួន​បង្កើត​ជា​ផលិតកម្ម​ផលិត​ខ្សែភាពយន្ត​យ៉ាង​ជោគជ័យ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ៕

  • លោក អីុន វីរជ័យ៖ ការសិក្សាជាការវិនិយោគដែល ទទួលបានប្រាក់ចំណូលឥតព្រំដែនពេញមួយជីវិត

    លោក អីុន វីរជ័យ៖ ការសិក្សាជាការវិនិយោគដែល ទទួលបានប្រាក់ចំណូលឥតព្រំដែនពេញមួយជីវិត

    ការសិក្សាគឺជាវិថីដ៏សំខាន់មួយសម្រាប់ផ្លាស់ប្តូរជីវិតឱ្យកាន់តែប្រសើរឡើង ព្រោះ​មានតែការសិក្សាទេដែលអាចធ្វើឱ្យមនុស្សក្លាយជាអ្នកដែលមានមូលដ្ឋាននៃចំណេះដឹងគ្រប់គ្រាន់ដើម្បី​ក្លាយជាបុគ្គលប្រកបដោយឧត្តមភាពសម្រាប់ការរស់នៅ និង​មានតម្លៃសម្រាប់មនុស្សជាតិ។ ការសិក្សា​ផ្តល់មកនូវ​គុណតម្លៃ និងផលប្រយោជន៍ច្រើនបំផុតសម្រាប់បុគ្គលម្នាក់ៗ សង្គម និងពិភពលោក ព្រោះផ្តើមចេញពីការសិក្សា មនុស្សអាចដោះស្រាយបញ្ហា​នានា បង្កើត​សមិទ្ធផលថ្មីៗដើម្បីធ្វើឱ្យការរស់នៅកាន់តែប្រសើរឡើង។

    ដោយមើលឃើញថា ​ការអប់រំមានសារៈសំខាន់ អ្នកយកព័ត៌មាននៃកាសែតឡារ៉ែនពាណិជ្ជ បានសម្ភាសជាមួយ​លោក​សាស្រ្តាចារ្យ អីុន វីរជ័យ សាកលវិទ្យាធិការរងជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការសាធារណៈនៃសាកលវិទ្យាល័យ​បៀលប្រាយ ដើម្បីជាប្រយោជន៍សម្រាប់សិស្សដែលទើបបញ្ចប់ការ-សិក្សា​ថ្នាក់មធ្យមសិក្សាទុតិយភូមិត្រៀមខ្លួ​ន​ដើម្បី​សម្រេចចិត្តក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។​

    1. តើសិស្សដែល​ទើបប្រឡងមធ្យមសិក្សាទុតិយភូមិហើយថ្មីៗគួរត្រៀមខ្លួនអ្វីខ្លះ?
    ជាដំបូងខ្ញុំសូម​អបអរសាទរ ចំពោះសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាដោយជោគជ័យទាំង 112,061នាក់ដែលបានចេញពីប្រអប់នៃកម្រិតចំណេះដឹងទូទៅ តែខ្ញុំចង់បញ្ជាក់ផងដែរថាត្រឹមរយៈពេល 12ឆ្នាំនៃ​ការសិក្សា​នេះមិនទាន់គ្រប់គ្រាន់ទេសម្រាប់ការអភិវឌ្ឍជីវិត។ ប្អូនៗទាំងអស់គ្នាចាំបាច់ត្រូវតែ​បន្តការសិក្សាទៅមុខទៀត ព្រោះវាមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់​ការបញ្ចប់ការសិក្សា​ត្រឹមតែរយៈពេល12ឆ្នាំ ហើយចេញធ្វើការងារ ភ្លាមៗនោះ។ ជីវិតក្នុងសង្គមជាក់ស្តែង ទោះធ្វើការងារក៏ដោយ ធ្វើអាជីវកម្មក៏ដោយ ឬ​ប្រកបអាជីពណាមួយក៏ដោយ​ ចាំបាច់ត្រូវការជំនាញ​ពិតប្រាកដ​មួយ​ដែលទាមទារឱ្យត្រូវតែ​បន្តការសិក្សា​បន្ថែមទៀត ហើយចំពោះគ្រឹះស្ថានឧត្តមសិក្សាវិញ ប្អូនៗត្រូវតែចេះ​ជ្រើសរើស​កន្លែងដែលផ្តល់ការសិក្សា និងគុណភាពច្បាស់លាស់​ដល់ប្អូន​ពិតប្រាកដ ដើម្បីឱ្យប្អូនអាចអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកភាពជាអ្នក​មានជំនាញច្បាស់លាស់ និងមានសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិបាន។ ចំណុចដែលត្រូវគិតគឺ៖

    ទី1 គឺក្នុងចំណោម​គ្រឹះស្ថានសិក្សាទាំង110 នោះមានទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ក្នុងនោះមានដូចជាមជ្ឈមណ្ឌល សាលាជំនាញ វិទ្យាស្ថានបណ្តុះបណ្តាល មហាវិទ្យាល័យ និងសាកលវិទ្យាល័យជាដើម។ កន្លែងទាំងអស់នោះសុទ្ធតែជាកន្លែង​បណ្តុះបណ្តាល​សមត្ថភាពឱ្យក្លាយជាអ្នកជំនាញដូចគ្នា តែសម្រាប់ខ្ញុំ ខ្ញុំសូមផ្តល់យោបល់ថា គួរតែចាប់យកសាកលវិទ្យាល័យ ព្រោះវាមានវិសាលភាពធំជាគេ។

    ចំណុចទី2 បើជ្រើសរើសសាកលវិទ្យាល័យ​ត្រូវជ្រើសរើសយកសាកលវិទ្យាល័យណាដែល​មាន​ការរៀបចំច្បាស់លាស់ ដោយសាកលវិទ្យាល័យនោះចាំបាច់ត្រូវតែមាន​មហាវិទ្យាល័យយ៉ាងតិច 5ខុសៗគ្នា។ ចំណុចនេះគឺស្របតាមស្តង់ដារ និងការកំណត់របស់ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ ដែលតម្រូវឱ្យ​សាកលវិទ្យាល័យចាំបាច់ត្រូវតែមានមហាវិទ្យាល័យ 5នៅក្នុងនោះ។

    ចំណុចទី3 គឺត្រូវមើលពី​ភាពចាស់ទុំ (seniority) ដែលយ៉ាងហោចណាស់សាកលវិទ្យាល័យនោះត្រូវមានអាយុចាប់ពី 10ឆ្នាំ ទៅ15ឆ្នាំដែរ ព្រោះ​សាកលវិទ្យាល័យដែលមាន​បទពិសោធយូរឆ្នាំអាចបង្ហាញលទ្ធផលឱ្យយើងអាចមើលឃើញបានថា ​និស្សិតដែលចេញពីសាកលវិទ្យាល័យនោះមានគុណភាព និងការងារល្អកម្រិតណាខ្លះ ហើយម្យ៉ាងវិញទៀតត្រូវ​មានភាពចាស់ទុំក្នុងការរៀបចំប្រព័ន្ធ​គ្រប់គ្រងឱ្យបានល្អផងដែរ។

    ចំណុចទី4 គឺត្រូវចេះសង្កេតមើលថា តើនិស្សិតនៅក្នុងសាកលវិទ្យាល័យនោះច្រើនប៉ុនណា មិនមែនសាកលវិទ្យាល័យមួយមានមនុស្សតែជាង 100នាក់នោះទេ គឺគាត់ទទួលបានការគាំទ្រ និង​មានសិស្សដែលមានគុណភាពពិតប្រាកដ ដែលធ្វើឱ្យអ្នកជំនាន់ក្រោយៗទុកចិត្ត ហើយ​បន្តការសិក្សានៅសាកលវិទ្យាល័យនោះបន្តទៀត។

    2. លោកបានបញ្ជាក់ហើយថា រយៈពេល 12ឆ្នាំនេះមិនគ្រប់គ្រាន់ទេ ហេតុនេះត្រូវបន្តការសិក្សា។ តើសិស្សគួរធ្វើយ៉ាងណាដើម្បីសម្រេចចិត្តថា ខ្លួនគាត់ត្រូវ​ចាប់យកអាជីពមួយណាដើម្បីឱ្យត្រូវនឹងខ្លួនគាត់?
    ខ្ញុំសូមផ្តល់យោបល់ថា ប្អូនៗ​ដែលចង់ជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវសម្រាប់ចាប់យកធ្វើជាអាជីពខ្លួនឯង គួរ​តែសម្រេចចិត្តតាម​ចក្ខុវិស័យ ឬសុបិនរបស់ខ្លួនឯងផ្ទាល់ ថាតើយើងចង់ក្លាយជាអ្វីឱ្យពិតប្រាកដនៅថ្ងៃអនាគត។ ហើយ​ម្យ៉ាងវិញ-ទៀត យើងពេញចិត្តមុខវិជ្ជានោះខ្លាំងប៉ុនណាប្រសិនបើ​យើងពេញចិត្តហើយ ​សូមជ្រើសរើស​យកអាជីពនោះ កុំរារែកតាម​កត្តាខាងក្រៅផ្សេងៗឱ្យសោះ។ ម្យ៉ាងវិញទៀត សិស្សក៏គួរតែព្យាយាមស្វែងយល់ផងដែរពីទីផ្សារការងារ​ និងចរន្តសេដ្ឋកិច្ចរបស់សង្គមថា តើគេត្រូវការជំនាញអ្វីខ្លះ?។ តែទោះជាយ៉ាងនេះក្តី ខ្ញុំនៅតែលើកទឹកចិត្ត​ឱ្យ​ធ្វើ​តាម​អ្វីដែលយើងស្រឡាញ់​ ឬចក្ខុវិស័យផ្ទាល់ខ្លួនព្រោះបើយើងស្រឡាញ់វាពិតប្រាកដ យើងអាចនឹងរីកចម្រើនលឿន។

    ជាឧទាហរណ៍ពីមុនគេពេញនិយមគយ គាត់សម្រុកទៅរៀនផ្នែកនោះខ្លាំង ជំនាន់ក្រោយទៀតគេពេញនិយមពេទ្យ ក៏សម្រុកទៅពេទ្យ ហើយក្រោយមកទៀតពេញនិយមគ្រូ​ និងពេញនិយមអាជីព​ផ្សេងៗទៀត ដែលធ្វើឱ្យ​សិស្ស-និស្សិតជាច្រើន​រេចុះរេឡើង ដល់ពេលរៀនពិតប្រាកដមិនមាននិស្ស័យរៀន ក៏រៀនមិនដល់ត្រើយ ហើយក៏​បោះបង់ទៅវិញដែលនាំឱ្យមានការខាតបង់ទាំងលុយកាក់ និងពេលវេលា។

    មានអ្នកខ្លះគាត់ផ្លាស់ប្តូរគោលដៅតាមរយៈការងារដែលគាត់កំពុងធ្វើបច្ចុប្ប​ន្ន ជាឧទាហរណ៍មនុស្សមួយចំនួន​គាត់បានចូលធ្វើការងារផ្នែកគិតលុយ (cashier) ​បន្ទាប់មក​គាត់​ក៏ងាកមករៀនតែជំនាញណាដែលពាក់ព័ន្ធនឹងរឿងលុយជុំវិញតែការងារគិតលុយរបស់គាត់ តែពេលសួរគាត់ពិតប្រាកដគាត់ថា ​ពីមុនគាត់ធ្លាប់ស្រមៃចង់​ក្លាយជាអ្នករកស៊ី អ្នករៀបចំយុទ្ធសាស្រ្តទីផ្សារ មិនមែនការងារត្រឹមតែជាអ្នកគិតលុយនោះទេ។ ចំពោះអ្នកខ្លះទៀត គាត់ចាប់ផ្តើមរៀនបណ្តើរ គាត់បានចូលធ្វើការងាររដ្ឋ គាត់ក៏ចាប់ផ្តើមផ្លាស់ប្តូរទៅរៀនច្បាប់ រៀន​រដ្ឋបាលសាធារណៈ ភ្លេចចក្ខុវិស័យខ្លួនឯង ដែលចង់​ក្លាយជាអ្នកជំនាញផ្នែកវិស្វកម្មជាដើម។ ចំណុចនេះ អាចរាំងស្ទះដល់ការអភិវឌ្ឍសមត្ថភាពរបស់គាត់ផងដែរ ហេតុនេះ​សូមចាំថាចំណុចអាទិភាព គឺកុំបោះបង់ក្តីស្រមៃរបស់ខ្លួនឯង។កុំបណ្តោយ​ឱ្យខ្សែជីវិតត្រូវ​រាំងស្ទះ ហើយបាត់បង់ឱកាសអភិវឌ្ឍន៍ឆ្ពោះទៅរក​ភាព​ថ្កុំថ្កើងនៅថ្ងៃអនាគតព្រោះតែផលប្រយោជន៍ភ្លាមៗ ហើយភ្លេចខ្លួន។

    3. សម្រាប់អ្នកដែលនៅតាមបណ្តាខេត្ត គាត់តែងតែព្រួយបារម្ភច្រើនពីការបន្តការសិក្សា ខុសពីអ្នកនៅទីក្រុងដែលមានគ្រឹះស្ថានអប់រំច្រើន។ តើគាត់គួរត្រៀមខ្លួនបែបណាខ្លះដើម្បី​បន្តការសិក្សានៅពេលខាងមុខនេះ?
    បាទពិតណាស់ ពីមុន​អ្នកនៅតាមបណ្តាខេត្តគាត់តែងតែបារម្ភពី​ការធ្វើដំណើរ បញ្ហាចេញឆ្ងាយពីគ្រួសារ កត្តាជីវភាព ហើយបើចំពោះស្ត្រីវិញគាត់បារម្ភពីកត្តាសុវត្ថិភាព និងសុខភាពជាដើម តែខ្ញុំគិតថាមកដល់ពេលនេះស្ថានភាពវាប្រសើរជាងមុនច្រើន។ ក្នុងចំណោមសាកលវិទ្យាល័យ​ទាំង 110នៅកម្ពុជា​ ក៏មានសាកលវិទ្យាល័យខ្លះ​បើកនៅតាមបណ្តាខេត្តដែរ។ ហេតុនេះពួកគាត់ក៏អាចមានជម្រើសដើម្បីសិក្សានៅតាមបណ្តាខេត្តបាន ព្រោះ​ការធ្វើបែបនេះគឺយើងចង់លើកទឹកចិត្តឱ្យមានការសិក្សាដោយរុញ​គ្រឹះស្ថានសិក្សាឱ្យទៅដល់កន្លែងពួកគាត់រស់នៅតែម្តង។ សូមបញ្ជាក់ផងដែរថាស្តង់ដារនៃការអប់រំ បណ្តុះបណ្តាល​ទោះនៅខេត្ត ឬរាជធានី គឺស្ថិតក្រោមការគ្រប់គ្រង និងស្តង់ដារដូចគ្នា ហេតុនេះគុណភាពក៏មិនខុសគ្នាដែរ។

    ម្យ៉ាងវិញទៀត ប្រសិនបើមានអ្នកខ្លះគាត់ចង់បន្តការសិក្សានៅទីក្រុង តែគាត់មិនមានជីវភាពគ្រប់គ្រាន់ គាត់ក៏អាច​ទាក់ទងដើម្បីស្នើសុំកម្ចីសម្រាប់ការសិក្សាផងដែរ ដោយគាត់អាចបង់តែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះជាក់ស្តែង ឥឡូវនេះសាកលវិទ្យាល័យ បៀលប្រាយ បានសហការជាមួយដៃគូផ្តល់កម្ចី​​ដល់សិស្សដែល​សិស្សអាចខ្ចីទុនដើម្បីរៀនដោយធ្វើការបង់រំលស់មកវិញបាន ឬ​អាច​មានគ្រឹះស្ថានខ្លះផ្តល់​កម្ចីរហូតដល់រៀនចប់មានការងារធ្វើទើបបង់វិញ​សងក៏បានដែរ។ ហើយ​ចំពោះកម្ចីសិក្សានេះគឺមានការប្រាក់ទាបបំផុត ព្រោះគេចង់លើកទឹកចិត្តឱ្យមានការ​សិក្សាថ្នាក់ឧត្តមសិក្សាឱ្យបានច្រើន។

    ខ្ញុំចង់បញ្ចាក់ផងដែរថា មានសិស្សតែប្រមាណ 20%ប៉ុណ្ណោះដែលបានបញ្ចប់ការសិក្សានៅមហា-វិទ្យាល័យ ហេតុនេះយើងត្រូវការធនធានមនុស្សជាច្រើនបន្ថែមទៀតដើម្បីចូលរួមអភិវឌ្ឍសង្គម ឬបង្កើតអាជីវកម្មថ្មីៗ ដើម្បី​បង្កើនពន្ធជូនរដ្ឋ អភិវឌ្ឍនៅនឹងកន្លែង និង​ទាញយក​ធនធានមនុស្ស​ជាច្រើនផ្សេងទៀតឱ្យមានការងារល្អធ្វើ។

    4. ចំពោះកម្ចីសិក្សានេះ តើមាន​លក្ខខណ្ឌអ្វីខ្លះ? ហើយ​ធ្វើដូចម្តេចខ្លះទើបនិស្សិតអាចដាក់ពាក្យស្នើសុំបាន?
    កម្ចីសិក្សានេះ​មានលក្ខណៈងាយស្រួល ហើយក៏សម្រួលដល់សិស្សច្រើនណាស់ដែរ ព្រោះ​និស្សិតដែលដាក់ពាក្យស្នើសុំ​កម្ចីមិនចាំបាច់ត្រូវការទ្រព្យតម្កល់នោះទេ គាត់គ្រាន់តែមានការធានាពីបងប្អូន ឬអាណាព្យាបាលជាការស្រេច។ ម្យ៉ាងវិញទៀតដូចខ្ញុំបញ្ជាក់ខាងដើមថា ការប្រាក់សម្រាប់គាត់មាន​លក្ខណៈទាបជាង​កម្ចីដទៃទៀត។

    ចំពោះលក្ខខណ្ឌវិញ គឺគាត់មាន​ជម្រើសមួយចំនួនគឺ ខ្ចី​សម្រាប់រៀនបណ្ដើរបង់បណ្តើរក៏បានឬចង់​រៀន​ហើយមានការងារធ្វើ ចាំបង់សងវិញក៏បាន។ សម្រាប់សាកលវិទ្យាល័យ​ បៀលប្រាយយើងបានសហការជាមួយដៃគូជាច្រើនដើម្បី​ផ្តល់កម្ចីដល់សិស្ស​ ព្រោះយើងមិនគិតប្រាក់ចំណេញជាចំណុចចម្បងនោះទេ តែអ្វីដែលយើងផ្តោត គឺ​ផ្តល់ឱកាសសម្រាប់ការជំរុញឱ្យមានធនធានមនុស្សកាន់តែច្រើនដើម្បី​អភិវឌ្ឍសង្គម។

    ទោះបីជានាពេលបច្ចុប្បន្ននេះ សិស្សដែលដាក់ពាក្យសុំកម្ចីសម្រាប់ការ​សិក្សានេះមិនមានចំនួនច្រើនខ្លាំងក៏ដោយ តែយើងឃើញថា​មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ យើងនឹងបន្ត ផ្សព្វផ្សាយ​បន្ថែមទៀត ដើម្បីឱ្យសិស្ស-និស្សិតបានយល់ពីសារៈសំខាន់របស់វា ហើយ​ហ៊ានវិនិយោគជាមួយនឹងការអប់រំ។

    5. សិស្សជាច្រើននាពេលបច្ចុប្បន្ននេះតែងតែខ្លាចថា ​រៀនហើយមិនមានការងារធ្វើ ហើយមិនហ៊ាន​សម្រេចចិត្តដើរចូលគ្រឹះស្ថាន​ឧត្តមសិក្សា តើលោកមានមតិអ្វីខ្លះជុំវិញបញ្ហានេះ?
    មនុស្សជាច្រើន​ៗគិតថា រកស៊ី​តែងតែសំដៅលើចំណេញ និងខាត តែអ្វីដែលសំខាន់សម្រាប់អ្នកដែលមិនហ៊ានសម្រេចចិត្ត​នោះគឺគាត់មិនហ៊ានវិនិយោគតែម្តង។ ចំណេញ និងខាត វាស្ថិតនៅជាមួយគ្នា ហេតុនេះទាល់តែហ៊ានខាតទើបអាចចំណេញ បើមិនហ៊ានទាំងដាក់ទុន​ផង តើបានចំណេញមកពីណា? នេះជាជ្រុងមួយនៃការរកស៊ី។ ចំណែកឯការអប់រំ​វិញក៏ស្រដៀងគ្នាដែរ តែមិនដូចគ្នាទាំងអស់នោះទេ ព្រោះការអប់រំ​ជាការវិនិយោគដែលចំណេញបំផុត។ សម្រាប់មតិខ្ញុំ ខ្ញុំតែងតែលើកឡើងថា ការចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ គឺជាការវិនិយោគ​ដែលទទួលបានប្រាក់-ចំណូលឥតព្រំដែនពេញមួយជីវិត។

    កំហុសធំមួយសម្រាប់អ្នកលក់ គឺតែងតែសួរថា គេទិញ ឬអត់? ហើយទំនិញនោះលក់ដាច់ឬអត់? តែពេលអ្នកទិញសួរវិញថា មានអ្វីលក់ខ្លះ? គាត់បែរជាឆ្លើយមិនចេញ ឬរករបស់លក់ឱ្យគេមិនបាន។ ឆ្លុះបញ្ចាំងពីរឿងនេះ គឺខ្ញុំចង់ឱ្យសិស្សទាំងអស់កុំទាន់គិតថា រៀនចប់រកការងារធ្វើមិនបាន តែត្រូវហ៊ាន​វិនិយោគខ្លួនឯងដោយបន្តការសិក្សានៅសាកលវិទ្យាល័យដើម្បីធ្វើឱ្យខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់សិន ដើម្បីឆ្លើយតបនឹងទីផ្សារការងារដែលគេកំពុងតែត្រូវការ។ ជាក់ស្តែង ក្រុមហ៊ុននៅកម្ពុជាច្រើនណាស់ដែលកំពុងត្រូវការ​មនុស្សដែលមានសមត្ថភាពធ្វើការងារ​ ខ្លាចតែរៀនមិនចេះ ឬសមត្ថភាពខ្សោយទេ ទើបរកការងារធ្វើមិនបាន ហេតុនេះ​អ្វីដែលគាត់ត្រូវធ្វើមិនមែនដេកភ័យទេតែត្រូវតស៊ូអភិវឌ្ឍខ្លួនឯង ដោយខិតខំយកចិត្តទុកដាក់លើការរៀនសូត្រឱ្យមានគុណភាព និងសមត្ថភាពខ្លាំង ព្រោះបច្ចុប្បន្នក្រុមហ៊ុនជាច្រើនកំពុងតែខ្វះបុគ្គលិកធ្វើការ។

    6. ចំពោះអ្នកប្រឡងធ្លាក់វិញ តើពួកគាត់គួរតែធ្វើអ្វីបន្តទៀតសម្រាប់ជីវិតគាត់?
    សម្រាប់ខ្ញុំ ខ្ញុំមិនប្រើពាក្យថាធ្លាក់នោះទេ តែខ្ញុំសូមប្រើពាក្យថា បាននិទ្ទេសទាបជាងគេ។ បើយើងប្រើពាក្យថាធ្លាក់នេះ គឺមានន័យថាមនុស្សក្នុងសង្គម​កំពុងតែ​ធ្វើឱ្យ​គាត់បាក់ទឹកចិត្ត ហើយអាចបោះបង់ក្តីសុបិនរបស់ខ្លួនចោល។ ឆ្លៀតក្នុងឱកាសនេះខ្ញុំចង់ផ្តល់សារទៅកាន់អ្នកដែលបាននិទ្ទេស F ថាក្របខ័ណ្ឌគុណវុឌ្ឍិជាតិមិនបានហាមឃាត់មិនឱ្យ​សិស្សជាប់និទ្ទេស F មិនអាចចូលរៀនឧត្តមសិក្សានោះទេ ហើយ​ពេលក្រុមហ៊ុន​គេជ្រើសរើសមនុស្សធ្វើការងារក៏គេមិនដែលសួរថាធ្លាក់ ឬជាប់បាក់ឌុបដែរ។ ហេតុនេះ​ជីវិត មិនមែនកំណត់លើក្រដាសមួយសន្លឹកនោះទេ តែវាអាស្រ័យលើសមត្ថភាពវិជ្ជាជីវៈដែលយើងមាន​ ឬជំនាញ​ច្បាស់លាស់សម្រាប់អាជីពការងារ។ ប្អូនៗក៏អាច​បន្តការសិក្សារហូតដល់អនុបណ្ឌិត ឬបណ្ឌិតបានដូចគ្នា ហេតុនេះមិនគួរទេដែលត្រូវបាក់ទឹកចិត្ត ហើយបោះបង់ក្តីស្រមៃចោលនោះ។ ផ្លូវដើរនៅមានវែងឆ្ងាយទៀត ហើយកុំខ្វល់ថាជាប់ឬធ្លាក់ យើងអាចទៅមុខបានដូចគ្នា គ្រាន់តែយើងទៅច្រកខុសគ្នាតែប៉ុណ្ណោះ។

    លោក អីុន វីរជ័យ

    មនុស្សគ្រប់គ្នា ទាំងអ្នកជាប់ ទាំងអ្នកធ្លាក់ ទាំងអ្នកនិទ្ទេស A ឬនិទ្ទេស F សុទ្ធតែត្រូវការ​អាជីពដើម្បីចិញ្ចឹមជីវិតដូចគ្នា ហេតុនេះបេសកកម្មរបស់យើងគឺខិតខំប្រឹងប្រែងបង្កើនសមត្ថភាពជំនាញដើម្បី​ចិញ្ចឹមជីវិត ហើយ​យើងទាំងអស់គ្នាមានសិទ្ធិដូចគ្នាក្នុងការ​ប្រកួតប្រជែង ឬ​ធ្វើការងារចិញ្ចឹមជីវិត ដោយគ្មានការហាមឃាត់។ បេសកកម្មរបស់ប្អូនៗ និទ្ទេស F មិនទាន់បញ្ចប់នៅឡើយទេ ប្អូនគួរបន្តការសិក្សាស្រាវជ្រាវ និងពង្រឹងសមត្ថភាពខ្លួនឯងឡើងវិញ ដើម្បី​ក្លាយជាធនធានដ៏មានតម្លៃនៅថ្ងៃអនាគត៕