Author: ធឿន មករា

  • យុគសម័យថ្មីនេះ ការបង្ហាត់កូនតូចចាប់ពីវ័យ 1ខួបឡើង ឱ្យចេះជួយខ្លួនឯង គឺជារឿងដែលឪពុកម្ដាយត្រូវធ្វើ

    យុគសម័យថ្មីនេះ ការបង្ហាត់កូនតូចចាប់ពីវ័យ 1ខួបឡើង ឱ្យចេះជួយខ្លួនឯង គឺជារឿងដែលឪពុកម្ដាយត្រូវធ្វើ

    កូនតូចក្នុងវ័យ 1ខួបឡើងទៅ អ្នកម្តាយអាចបង្ហាត់ឱ្យគេចេះជួយខ្លួនឯងក្នុងរយៈដំបូងបានខ្លះហើយ មិនថាតែការញ៉ាំ​អាហារ ឬការប្រមូលរៀបចំចានដែលញ៉ាំរួចហើយជាដើម ទោះជាក្មេងនៅក្នុងវ័យនេះនៅមានសាច់ដុំតូចៗដែលមិនទាន់រឹងមាំ និងចាប់កាន់របស់របរអ្វីមិនទាន់ជាប់មាំក៏ដោយ តែការបង្ហាត់ឱ្យកូនតូចបានចាប់ផ្តើមធ្វើអ្វីដោយខ្លួនឯងនេះ​ មួយផ្នែកគឺ ជាការជួយអភិវឌ្ឍសាច់ដុំតូចៗរបស់គេឱ្យរឹងមាំឡើងបាន។ ឪពុក-ម្តាយខ្លះគិតថា កូនតូចអាយុត្រឹមតែប៉ុណ្ណឹង នៅមិនទាន់ដល់ពេលទេ ខ្លាចថា ​បើបណ្តោយឱ្យកូនតូចធ្វើអ្វីមួយដោយខ្លួនឯង វាអាចនឹងកំពប់ និងប្រឡេកប្រឡាក់ខ្លួនអស់ តែលោកអ្នកដឹងទេថា លោកអ្នកកំពុងតែយល់ខុសហើយ…។

    “ការបណ្តោយឱ្យកូនតូចចេះជួយខ្លួនឯងនេះ នឹងរឹតតែធ្វើឱ្យកូនមានវិវឌ្ឍនាការរបស់សាច់ដុំតូចៗនោះកាន់តែរឹងមាំឆាប់រហ័សឡើង ហើយលទ្ធផលបន្ទាប់ដែលទទួលបានពីការបង្ហាត់ឱ្យកូនធ្វើអ្វីដោយខ្លួនឯងនេះ នឹងធ្វើឱ្យកូនមានភាពទទួលខុសត្រូវ និងស្គាល់ពីតួនាទីរបស់ខ្លួនឯងទៀតផង”

    នៅពេលកូនដល់វ័យចូលរៀន ឪពុក-ម្តាយគួរឱ្យកូនចេះមើលថែទាំខ្លួនឯងខ្លះផង ដូចជាស្លៀកពាក់ដោយខ្លួនឯងមិនថាតែការបិទឡេវខោ ឡេវអាវ ឬពាក់ស្រោមជើង និងស្បែកជើងដោយខ្លួនឯង និងរៀបចំកាតាបដាក់សៀវភៅខ្លួនឯង ជាដើម។ អ្វីផ្សេងៗទាំងអស់នេះ នឹងជួយអភិវឌ្ឍជាបន្ត ឱ្យកូនចេះប្រើប្រព័ន្ធប្រសាទការប៉ះពាល់ រួមជាមួយសាច់ដុំដុំតូចៗ ដោយឱ្យខួរក្បាលជាអ្នកដឹកនាំ​ក្នុងការគិត ​ធ្វើឱ្យកូនចេះគិតជាប្រព័ន្ធ យល់ពីអ្វីគួរធ្វើមុន ឬក្រោយ រៀនយល់ដឹងក្នុងការកែបញ្ហាចំពោះមុខបាន និងមានភាពត្រៀមជានិច្ចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ និងគួរបង្ហាត់ឱ្យកូនធ្វើរៀងរាល់ថ្ងៃ រហូតក្លាយជាមុខនាទីដែលគេត្រូវទទួលខុសត្រូវ។

    កុមារដែលមិនចេះជួយខ្លួនឯងសោះ ច្រើនតែមានឧបនិស្ស័យអត្មានិយម ទើបធ្វើឱ្យមិនមានភាពត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ ការសម្រេចចិត្តចំពោះមុខភ្លាមៗក៏មិនពូកែ ព្រោះមិនដែលរៀនយល់ដឹងក្នុងការកែបញ្ហា មិនចេះស៊ូទ្រាំចំពោះក្តីលំបាកលំបិនព្រោះមិនធ្លាប់ធ្វើអ្វីបានដោយខ្លួនឯង មានតែអ្នកធ្វើឱ្យជានិច្ច និងខ្វះជំនាញក្នុងការចូលសង្គមនៅថ្ងៃអនាគតទៀតផង៕

  • វិធីដាំបាយឲ្យទុកបានយូរមិនជូផ្អូម

    វិធីដាំបាយឲ្យទុកបានយូរមិនជូផ្អូម

    លេខនេះទស្សនាវដ្តី ឡា រ៉ែន មានវិធីដាំបាយដើម្បីទុកទទួលទានឲ្យបានច្រើនថ្ងៃដោយបាយមិនផ្អូម មកជំរាបជូនបុរសមេផ្ទះ និងស្រ្តីមេផ្ទះទាំងឡាយណាដែលមិនសូវមានពេលវេលាក្នុងការដាំបាយ ឬខ្ជឹលដាំច្រើនដងដូចតទៅ ៖

    វិធីគឺសែនងាយបំផុត បន្ទាប់ពីលាងសំអាតអង្ករួចហើយ ចូរដាក់ទឺកសាជូចូលទៅផង ដោយអត្រា អង្ក 3កំប៉ុង ប្រើទឹកសាជូប្រមាណមួយស្លាបព្រាកាហ្វេ រួចហើយដាក់ដាំតាមធម្មតា ។ តែប៉ុណ្ណឹងលោកអ្នកនឹងបានបាយឆ្អឹនដែលដួសពិសា ហើយដួសពិសាទៀត រួចទុកចោលនៅក្នុងឆ្នាំង 4-5ថ្ងៃ ក៏មិនខូច មិនផ្អូម មិនជោរទឹក ទុកពិសាបានច្រើនថ្ងៃមិនខាន ៕

  • ប្រយោជន៍របស់ផ្លែទទឹម

    ប្រយោជន៍របស់ផ្លែទទឹម

    ផ្លែទទឹមឧត្តមសម្បូរទៅដោយគុណប្រយោជន៍ជាច្រើន ពេលនេះយើងនាំគ្នាមកមើលពីគុណប្រយោជន៍របស់ផ្លែទទឹមវិញប្រសើរជាង…។

    1. ផ្លែទទឹម មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីច្រើនប្រភេទ ដែលមានប្រសិទ្ធភាពខ្ពស់ណាស់។
    2. ទឹកផ្លែទទឹមដែលចម្រាញ់ចេញគ្រាប់ផ្លែទទឹម ក្រៅពីមានក្លិនក្រអូបគួរឱ្យចង់ញ៉ាំហើយនោះ នៅសម្បូរទៅដោយវិតាមីន A , C , E និងសារធាតុដែក កាល់ស្យូម និងម៉ាញេស្យូម ជាសារធាតុសំខាន់ដែលរាងកាយត្រូវការទៀតផង។
    3. អាចកាត់បន្ថយសភាវការប្រមូលសន្សំជាតិខ្លាញ់ក្នុងជញ្ជាំងសរសៃឈាម ការពាររោគបេះដូងខ្វះឈាម។
    4. ធ្វើឱ្យសរសៃឈាមដែលក្រាស់ បន្ថយកម្រាស់ចុះ និងកាត់បន្ថយជាតិខ្លាញ់មិនល្អដែលប្រមូលសន្សំនៅក្នុងសរសៃឈាមទៀតផង។
    5. បើយកទឹកផ្លែទទឹមប្រមាណ 1ស្លាបព្រាកាហ្វេ មកលាបនៅលើផ្ទៃមុខ ទុកចោល 10នាទី ហើយលាងចេញដោយទឹកត្រជាក់ និងធ្វើបែបនេះជាប់ប្រចាំនោះ ស្បែកមុខរបស់អ្នកនឹងឡើងតឹងណែន និងមើលទៅឃើញកាន់តែក្មេងជាងវ័យឡើងទៀតផង ។
    6. បំប៉នបេះដូងចំពោះអ្នកដែលកើតជំងឺបេះដូងខ្វះឈាម ដោយបង្កើនការហូរវិលនៃឈាមឱ្យល្អឡើង។
    7. អាចជួយការពារស្បែកពីការបំផ្លាញរបស់កាំរស្មី អ៊ុលត្រា វីយ៉ូឡេ(UV) បាន។
    8. ជួយពង្រឹងគ្រោងសាងសាច់ភ្នាសក្រោមស្រទាប់ស្បែក។
    9. បញ្ចុះសម្ពាធឈាម បានប្រមាណ 5ភាគរយ។
    10. បំប៉នថ្លើម ការពារការកើតជាតិពុលចំពោះថ្លើមបាន។
    11. សារធាតុប្រឆាំងរ៉ាឌីកាល់សេរីរបស់ទឹកផ្លែទទឹម ជួយទប់ស្កាត់មហារីកសុដន់បាន។
    12. សារធាតុចម្រាញ់ចេញពីផ្លែទទឹម ជួយទប់ស្កាត់កោសិកាមហារីកក្រពេញពងស្វាសរបស់បុរសបាន។

    បច្ចុប្បន្ននេះ មនុស្សភាគច្រើនងាកមកយកចិត្តទុកដាក់រឿងសុខភាពកាន់តែខ្លាំងឡើង ហើយទឹកផ្លែទទឹមក៏ជាជម្រើសមួយសម្រាប់អ្នកស្រឡាញ់សុខភាពដែរ សាកល្បងបែរមកញ៉ាំទឹកផ្លែទទឹមជំនួសទឹកភេស្ជជៈកំប៉ុង ឬកាហ្វេវិញម្តង សុខភាពរបស់អ្នកច្បាស់ជាល្អឡើងមិនខាន៕

  • លើកទី1 នៃជីវិត កណ្ដាលមហានគរ Mumbai ស្ថានសួគ៌របស់អ្នកចូលចិត្តថតរូប

    លើកទី1 នៃជីវិត កណ្ដាលមហានគរ Mumbai ស្ថានសួគ៌របស់អ្នកចូលចិត្តថតរូប

    បើនិយាយពីប្រទេសឥណ្ឌា ឈ្មោះរបស់ទីក្រុង Mumbai សម្រាប់មនុស្សមួយចំនួនច្បាស់ជាធ្លាប់ឮខ្លះៗមកហើយមិនខាន។ ជាទីក្រុងដ៏ធំមួយរបស់ប្រទេសដែលពេញណែនទៅដោយប្រជាជនយ៉ាងកុះករ។ ជាទីក្រុងចម្បងនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភាពរីកចម្រើននៃរដ្ឋ មហារាស្ត្រៈ ដែលបង្កប់ទៅដោយចំហាយវប្បធម៌លោកខាងលិចយ៉ាងពេញបរិបូរណ៍…តែនៅពីក្រោយភាពរីកចម្រើនខាងផ្នែកសង្គមនេះ Mumbai នៅបង្កប់ដោយភាពរីកចម្រើនខាងផ្នែកស្ថាបត្យកម្ម និងប្រវត្តិសាស្ត្រដ៏យូរលង់ទៀតផង។ ថ្ងៃនេះ យើងនឹងនាំមិត្តអ្នកអានទាំងអស់ទៅធ្វើទស្សនាចរក្នុងទីក្រុងដែលធំ និងសំខាន់បំផុតរបស់ប្រទេសឥណ្ឌាដែលមានឈ្មោះថា Mumbai ។

    ប្រើពេលវេលាក្នុងការធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីឈ្មោះមួយត្រឹមតែ 4ម៉ោងប៉ុណ្ណោះ យើងក៏មកដល់អាកាសយានដ្ឋាន Mumbai Chhatrapati Shivaji (អាកាសយានដ្ឋានអន្តរជាតិ ឆាត្រាប៉ាទី ស៊ីវ៉ាជី)ដោយសុវត្ថិភាព។

    ដូចដែលបានជម្រាបជូនពីខាងដើមរួចហើយថា ទីក្រុង មុមបៃ នេះជាទីក្រុងធំមួយដែលមានភាពសម្បូរបែបខាងផ្នែកវប្បធម៌ច្រើនណាស់ ដូច្នេះហើយទើបមណ្ឌលទេសចរណ៍នៅក្នុងទីក្រុងមុមបៃនេះ មានភាពខុសប្លែកពីគេយ៉ាងស្រឡះតែម្ដង៖ មានទាំងទីកន្លែងទេសចរណ៍ខាងប្រវត្តិសាស្ត្រ កន្លែងកម្សាន្តដែលអាចរាប់បានថាជា លែនដ៍ម៉ាក ឬសូម្បីតែការដើរថតរូបតាមដងផ្លូវក្នុងទីក្រុងមុមបៃក៏អាចនិយាយបានថា ជាមន្តស្នេហ៍មួយទៀតដែលហាមខកខានសម្រាប់ការមកលេងទីក្រុងមុមបៃ។ ឥឡូវយើងសាកល្បងនាំគ្នាទៅមើលមើល៍ថា តើមហានគរមួយនេះមានអ្វីគួរឱ្យចាប់អារម្មណ៍ខ្លះ?

    1.Gateway of India

    ចាប់ផ្ដើមនៅឯអនុស្សាវរីយ៍ខ្លោងទ្វារជ័យនៃឥណ្ឌា តាំងយ៉ាងធំជ្រងោនៅតាមមាត់ទន្លេក្នុងតំបន់ អៈផលឡូ បាន់តឺរ។ ខ្លោងទ្វារជ័យមួយនេះសាងឡើងដើម្បីធ្វើជាអនុស្សាវរីយ៍ក្នុងឱកាសដែលព្រះមហាក្សត្រ ចច ទី5 និងព្រះរាជិនី មែរី ស្ដេចយាងមកប្រទេសឥណ្ឌា។ សាងឡើងអំពីឥដ្ឋពណ៌ទឹកឃ្មុំ ពេលត្រូវពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម ខ្លោងទ្វារជ័យនេះនឹងជះពន្លឺភ្លឺត្រចះត្រចង់ស្រស់ស្អាតជាទីបំផុត ជាលែនដ៍ម៉ាករបស់មុមបៃដែលអ្នកណាៗក៏ត្រូវតែមកទស្សនាទីនេះដែរ។

    2.Taj Mahal Palace Hotel

    នេះគឺ សណ្ឋាគារដែលត្រូវបានគេរំឭកដល់យ៉ាងល្បីល្បាញទូទាំងពិភពលោកក្នុងរឿងភាពស្រស់ស្អាតនៃការរចនាម៉ូដ។ Taj Mahal Palace Hotel ស្ថិតនៅជាប់នឹងអនុស្សាវរីយ៍ខ្លោងទ្វារជ័យ បានទទួលកម្លាំងជំរុញចិត្តក្នុងការកសាងមកពី Taj Mahal និងកាលពីមុន ទីនេះធ្លាប់ជាកន្លែងទទួលបដិសណ្ឋារកិច្ចរបស់ Queen Elizabeth នៃរាជវង្សអង់គ្លេសទៀតផង ហើយទីនេះទៀតសោតថែមទាំងអាចហៅបានថា ជាកន្លែងថតរូបដែលស្អាតបំផុតប្រចាំទីក្រុងមុមបៃ ដែលគេនិយាយថា បើបានមកទស្សនាទីក្រុងនេះហើយ មិនបានថតរូបនៅ Taj Mahal Palace Hotel គឺហាក់ដូចជាមិនបានមកដល់ទីនេះអ៊ីចឹង។

    3.Elephant Caves

    បន្ទាប់ពីថតរូបទុកជាអនុស្សាវរីយ៍បាន 2កន្លែង ទាំងខ្លោងទ្វារជ័យ និង Taj Mahal Palace Hotel រួចហើយ ក៏ដល់ពេលវេលាធ្វើដំណើរបន្តទៅ Elephant Caves ឬល្អាងរោងដំរី ដែលស្ថិតនៅលើកោះកណ្ដាលសមុទ្រ ដោយត្រូវជិះទូកពីត្រើយម្ខាង ប្រើពេលប្រមាណជា 45នាទី និងនៅពេលទៅដល់ហើយ នៅត្រូវធ្វើដំណើរថ្មើរជើងបន្តទៀតប្រមាណជា 20នាទី ដើម្បីឡើងទៅបរិវេណល្អាងរោងដំរីមួយនេះ។ ល្អាងរោងដំរីនេះអាចនិយាយបានថា ជាបេតិកភណ្ឌពិភពលោកដែលកើតឡើងដោយស្នាដៃរបស់មនុស្សក៏មិនខុសដែរ និងថែមទាំងត្រូវបានរក្សាទុកជាកេរមរតករបស់ពិភពលោកទៀតផង។ គ្រប់បន្ទប់ធំៗនៅក្នុងល្អាងនេះ ត្រូវបានចោះដោយស្នាដៃរបស់មនុស្សទាំងអស់។ ទីនេះត្រូវបានគេសន្និដ្ឋានថា សាងឡើងដើម្បីថ្វាយជូនអង្គព្រះសិវៈតាំងពីពុទ្ធសករាជទី1,000។ នៅខាងក្នុងមានការឆ្លាក់ក្បាច់រចនារបស់អង្គព្រះសិវៈ និងអាទិទេពផ្សេងៗក្នុងសាសនាហិណ្ឌូយ៉ាងល្អវិចិត្រ ជាស្ថាបត្យកម្មដែលអស្ចារ្យ និងមិនអាចកាត់ថ្លៃបានយ៉ាងពិតប្រាកដ។

    (នៅមានត)

  • វិធី 6យ៉ាង ជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

    វិធី 6យ៉ាង ជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

    ពេលកូនតូចអាយុគ្រប់ 1ខួប កូននឹងចាប់ផ្តើមមានការវិវឌ្ឍខាងការនិយាយបានច្រើនជាងមុនហើយ។ លោកវេជ្ជបណ្ឌិត Richard Woolfson អ្នកជំនាញខាងផ្នែកការវិវឌ្ឍរបស់កុមារបឋមវ័យបានប្រាប់ទុកថា ឪពុកម្តាយអាចជួយបង្កើនការវិវឌ្ឍខាងភាសា​និយាយដល់កូនតូចបានតាមរយ:៖

    1. ឧស្សាហ៍និយាយឱ្យកូនស្តាប់ធ្វើជាគំរូ : ព្រោះកូនៗនឹងរៀនយល់ដឹង និងចងចាំតាមរយ:ការនិយាយ ការបញ្ចេញ សំឡេង​របស់យើង។
    2. កុំបង្ខំ : បើចង់ស្តាប់កូននិយាយពាក្យដំបូង ចូរកុំបដិសេធក្នុងការឱ្យរបស់ដែលគេចង់បាន ទោះជាគេនៅមិនទាន់អាច​ប្រាប់ឈ្មោះវត្ថុនោះបានក៏ដោយ។
    3. និយាយលេងជាមួយកូន : ព្រោះធម្មជាតិក្នុងការរៀនយល់ដឹងពីការនិយាយ ត្រូវចាប់ផ្តើមពីការស្តាប់ជាមុនសិន រួចទើបកើតការបញ្ចេញសំឡេងធ្វើត្រាប់តាមជាក្រោយ។
    4. អានសៀវភៅឱ្យកូនស្តាប់ ដើម្បីជាការជំរុញ : កូនៗនឹងសម្លឹងមើលមុខអ្នក ខណ:ពេលអ្នកកំពុងអាន និងស្តាប់ជាមួយផង គឺជាកលយុទ្ធមួយដើម្បីឱ្យកូនចាប់អារម្មណ៍ចង់និយាយដែរ។
    5. បង្ហាញភាពចាប់អារម្មណ៍ពេលកូនចាប់ផ្តើមចង់និយាយ : កូនតូចៗមានតម្រូវការក្នុងការនិយាយ និងចង់ឱ្យយើងស្តាប់គេនិយាយម្តងដូចគ្នា ដូច្នេះចូរព្យាយាមសម្តែងឱ្យកូនដឹងថា អ្នកកំពុងតាំងចិត្តចង់ស្តាប់អ្វីដែលគេនិយាយផង។
    6. ឧស្សាហ៍ច្រៀង និងនិយាយពាក្យដែលមានចង្វាក់ចុងជួន : ដូចជាចម្រៀង ឬកំណាព្យ នឹងជួយឱ្យកូនមានអារម្មណ៍​សប្បាយនឹងស្តាប់ ធ្វើឱ្យងាយចាំ និងចង់និយាយដែរ៕
  • ទីបំផុត Floyd Mayweather រក​ដៃគូ​ប្រកួត នៅ​ជប៉ុន​ឃើញ​ហើយ

    ទីបំផុត Floyd Mayweather រក​ដៃគូ​ប្រកួត នៅ​ជប៉ុន​ឃើញ​ហើយ

    កាលពី​ប្រមាណ​ជា 2សប្តាហ៍​មុន កីឡាករ​ប្រដាល់​អាជីព Floyd Mayweather បានប្រកាស​វិលត្រឡប់​មកកាន់​សង្វៀន​វិញ ដោយ​នឹងចូលរួម​ក្នុង​កម្មវិធី​ប្រដាល់​មួយ​នៅក្នុង​ប្រទេស​ជប៉ុន នា​ខែកុម្ភៈ ឆ្នាំ2021 ខាងមុខនេះ តែ​មិនទាន់​ច្បាស់​អំពី​គូប្រកួត​នៅឡើយ។

    មកទល់នឹង​ពេលនេះ គេ​បានបង្ហាញ​សមាសភាព​គូប្រកួត​ហើយ តែ​ដៃគូ​លើក​នេះ មិនមែនជា​អ្នក​ប្រដាល់​ឡើយ ដោយ​គេ​គឺជា​តារា​យូ​ធូប​ដ៏​ល្បី​មួយរូប​គឺ លោក Logan Paul ដែលមាន​អ្នក Subscriber ច្រើនជាង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ទៅទៀត គឺ​ដល់​ទៅជិត 23លាន​នាក់​ឯណោះ។

    តាម​គម្រោង​នៃ​ការរៀបចំ​ការប្រកួត រវាង Floyd និង Logan Paul នឹងត្រូវ​វាយ​គ្នា នៅ​ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021។ សូម​ជម្រាប​ដែរ​ថា តារា Youtube របស់​អាមេរិក Logan Paul ធ្លាប់​ប្រកួត​បែប​អាជីព​តែម្ដង​គត់។ ដោយ​កាលនោះ វាយ​ជាមួយ​តារា Youtube ដូចគ្នា ឈ្មោះថា KSI ហើយ​លទ្ធផល​បាន​ត្រឹម​ចាញ់​ប៉ុណ្ណោះ៕

  • Mbappe បំបែក​កំណត់ត្រា​មួយ​ថ្មី នៅ PSG

    Mbappe បំបែក​កំណត់ត្រា​មួយ​ថ្មី នៅ PSG

    កាលពី​ថ្ងៃទី6 ខែធ្នូ ឆ្នាំ2020  Paris Saint Germain បាន​យកឈ្នះ​ក្រុម Montpellier ដោយ​លទ្ធផល 3ទល់នឹង1 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​បារាំង ខណៈដែល Mbappe ក៏​រកបាន 1គ្រាប់​នឹង​គេ​ដែរ នៅពេល​ចុង​ម៉ោង។

    1គ្រាប់​នេះ បាន​នាំឱ្យ​កីឡាករ​វ័យ 21ឆ្នាំ​រូបនេះ រកបាន​គ្រប់ 100គ្រាប់​គត់​សម្រាប់​ក្លិប PSG ពី​គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់ ខណៈដែល​ខ្លួនគេ ទើបតែ​មក​ចូលរួមបាន 4រដូវ​កាល​ប៉ុណ្ណោះ ដែល​នេះ ជា​កំណត់ត្រា​ស៊ុត​បាល់ប​ញ្ជូ​ល​ទី បាន​ច្រើនជាងគេបង្អស់​នៅក្នុង​ក្លិប ហើយ​កំណត់ត្រា​នេះ ត្រូវបាន​តាម​ពីក្រោយ​ដោយ​កីឡាករ Neymar (៧៦ គ្រាប់),  និង​Cavani ( 70គ្រាប់)។

    ចំពោះ​កំណត់ត្រា ដ៏​អស្ចារ្យ​បែបនេះ Mbappe ក៏បាន​និយាយ​ដែរ​ថា តាមពិត​ខ្លួន​ប្រុង​នឹង​រកបាន 100គ្រាប់ តាំងពី​ខែវិច្ឆិកា​កន្លងទៅ​ម្ល៉េះ តែដោយសារ​តែ​គិតពី​វា​ខ្លាំងពេក ទើប​ចេះតែ​មិនអាច​ធ្វើបាន​សោះ ក្នុង​ប៉ុន្មាន​ខែ​កន្លងទៅនេះ និង​ទើបតែ​ការប្រកួត​ពី​ម្សិលមិញ​នេះឯង ទើប​គេ​អាចធ្វើ​បានសម្រេច៕

  • Samsung នឹង​ដក​ដុំ​សាក​ចេញពី Galaxy S21 ដែល​ដាក់លក់​នៅ​ប្រេ​ស៊ី​ល

    Samsung នឹង​ដក​ដុំ​សាក​ចេញពី Galaxy S21 ដែល​ដាក់លក់​នៅ​ប្រេ​ស៊ី​ល

    ស្មា​ត​ហ្វូ​ន Samsung ម៉ូ​ដែល Galaxy S21, S21+ និង Galaxy S21 Ultra ទើបតែ​ទទួលបាន​ការអនុញ្ញាត​ពី​ស្ថាប័ន ANATEL ក្នុងប្រទេស​ប្រេ​ស៊ី​ល ដោយ​ពួកវា​នឹងមាន​លេខ​កូដ​សម្គាល់ SM-G991B/DS, SM-G996B/DS និង SM-G998B/DS ។ នេះ​បើតាម​ការចុះផ្សាយ​របស់​វេ​ប​សាយ​ប្រេ​ស៊ី​ល​មួយ​ឈ្មោះ Tecnoblog ។

    ព្រោះថា នៅក្នុង​ឯកសារ ដែល​ចុះបញ្ជី​នៅ​ស្ថាប័ន ANATEL មិនមាន​បង្ហាញ​ព័ត៌មាន​អ្វី​ច្រើន អំពី​ស្មា​ត​ហ្វូ​ន Galaxy ថ្មី​នេះ​ទេ ប៉ុន្តែ​វា​បានបញ្ជាក់​អំពី​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ។

    ប្រភព​ដដែល​បាន​និយាយថា Galaxy S21 ទាំង 3ម៉ូ​ដែល នឹងមិន​មាន​ដុំ​សាក​នៅក្នុង​ប្រអប់​ទេ ហើយ​កាស​ស្ដាប់ ក៏​មិនមាន​បញ្ចូលមក​ជាមួយ​ដែរ។ ព័ត៌មាន​នេះ ហាក់ដូចជា​ត្រូវ​គ្នា នឹង​ពេលកន្លងមក ដែលមាន​ពាក្យ​ចចាមអារ៉ាម​ថា Samsung នឹង​ដក​ដុំ​សាក​ចេញពី​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន៕

  • តើត្រូវឱ្យកុមារតូចញ៉ាំខ្លាញ់ប្រភេទណាទើបល្អចំពោះសុខភាព

    តើត្រូវឱ្យកុមារតូចញ៉ាំខ្លាញ់ប្រភេទណាទើបល្អចំពោះសុខភាព

    អ្នកដែលខ្លាចធាត់ ច្រើនតែខ្លាចអាហារដែលមានខ្លាញ់ច្រើន តែសម្រាប់កុមារតូចៗវិញ ខ្លាញ់សំខាន់ និងចាំបាច់ចំពោះរាងកាយមិនមែនធម្មតាឡើយ ជាពិសេសក្នុងអំឡុងពេលចាប់ផ្តើមដំបូងនៃជីវិតដែលរាងកាយ និងខួរក្បាលកំពុងវិវឌ្ឍនោះ។

    កុមារតូចៗក្នុងអំឡុងវ័យ 2ខួបដំបូង ត្រូវការកម្លាំងថាមពល និងសារធាតុខ្លាញ់ច្រើនជាងមនុស្សធំ ដើម្បីឱ្យទាន់នឹងអត្រា​នៃ​ការរីកចម្រើនធំធាត់របស់រាងកាយ និងខួរក្បាលដែលកំពុងតែស្ទុះឡើងខ្លាំង ដែលចាំបាច់កុមារត្រូវតែ :

    1. ទទួលបានកម្លាំងថាមពលមួយចំណែកពីសារធាតុខ្លាញ់
    2. ប្រើប្រាស់សារធាតុខ្លាញ់ទៅជួយថែទាំសុខភាពស្បែក
    3. មានសារធាតុខ្លាញ់ជួយបឺតជ្រាបវិតាមីនដែលសំខាន់ៗ មានដូចជា A , D , E , K ចូលក្នុងរាងកាយ
    4. បានទទួលសារធាតុខ្លាញ់ដែលចាំបាច់សម្រាប់យកទៅប្រើប្រាស់ក្នុងការសាង និងពង្រីកកោសិកាខួរក្បាល ដើម្បីត្រៀមទទួលការរៀនយល់ដឹង និងការវិវឌ្ឍផ្នែកផ្សេងៗ(ចំណុ​ចនេះសំខាន់ខ្លាំងណាស់)។

    ដូច្នេះដើម្បីឱ្យរាងកាយ មានការវិវឌ្ឍឡើង រួមទាំងការរៀនយល់ដឹងរបស់កូនតូចដំណើរការទៅយ៉ាងល្អនោះ យើងនាំគ្នាមកជ្រើសរើសប្រភពសារធាតុខ្លាញ់ដែលល្អ និងមានប្រយោជន៍ឱ្យកូនៗវិញប្រសើរជាង :

    1. សារធាតុខ្លាញ់នៅក្នុងទឹកដោះម្តាយ គឺជាសារធាតុខ្លាញ់ល្អមានប្រយោជន៍មុនគេបំផុតដែលកូនតូចគួរតែបានទទួល ព្រោះមានសារធាតុអាស៊ីតខ្លាញ់ចាំបាច់ដែលជួយបង្កើនដល់ការវិវឌ្ឍរបស់ខួរក្បាល រួមទាំងសារធាតុអាស៊ីតខ្លាញ់ផ្សេងៗទៀតជាង 160ប្រភេទ ដែលទោះជានៅមិនទាន់ដឹងពីមុខនាទីការងាររបស់វាក៏ដោយ តែក៏គេទទួលស្គាល់រួចហើយដែរថា វាមានប្រយោជន៍ក្នុងការវិវឌ្ឍរបស់ខួរក្បាលកុមារយ៉ាងខ្លាំង។
    2. ពេលដល់វ័យដែលកុមារអាចញ៉ាំអាហារបានដូចមនុស្សធំហើយនោះ អ្នកម្តាយត្រូវជ្រើសរើសអាហារដែលជាប្រភពនៃ​សារធាតុខ្លាញ់មានប្រយោជន៍ឱ្យមកទទួលតួនាទីបន្តពីទឹកដោះម្តាយ និងមិនត្រូវភ្លេចរឿងភាពសម្បូរបែបរបស់អាហារនោះឡើយ ព្រោះគ្រប់ចំណែករបស់រាងកាយត្រូវដំណើរការទៅមុខព្រមៗគ្នា។
    3. សារធាតុខ្លាញ់នេះមាននៅក្នុងសាច់ត្រីសមុទ្រ ដូចជា ត្រីឆ្ពុង ត្រីប្លាធូ ត្រីតុកកែ ត្រីសាល់ម៉ុន និងត្រីធូណាជាដើម ឬសូម្បីតែត្រីទឹកសាបប្រភេទខ្លះក៏មានសារធាតុអាស៊ីតខ្លាញ់ចាំបាច់ប្រភេទនេះដែរ ដូចជា ត្រីរ៉ស់ ត្រីដំរី ត្រីប្រា -​ ល -​ រួមទាំងប្រេងឆាប្រភេទផ្សេងៗផងដែរ ដូចជា ប្រេងសណ្តែកលឿង ប្រេងកន្ទក់ ប្រេងគ្រាប់ផ្កាឈូករត្ន និងលើកលែងតែប្រេងដូងមួយចេញ ។

    សារធាតុខ្លាញ់ល្អទាំងនេះ មិនមែនមានប្រយោជន៍ចំពោះតែខួរក្បាលរបស់កូនប៉ុណ្ណោះទេ តែវានៅជួយ​ការពារសភា​វជាតិខ្លាញ់​កើនលើសដែលជាបញ្ហាចម្បងរបស់កុមារសម័យនេះបានទៀតផង៕

  • Huawei សាងសង់ រោងចក្រផលិតបន្ទះឈីប យ៉ាងធំស្កឹមស្កៃ នៅទីក្រុងវូហាន

    Huawei សាងសង់ រោងចក្រផលិតបន្ទះឈីប យ៉ាងធំស្កឹមស្កៃ នៅទីក្រុងវូហាន

    Wuhan Huawei Optical Factory Project (Phase II) ដែល​ត្រូវបាន​គេ​ដឹងថា ជា​រោងចក្រ សម្រាប់​ផលិត​ឈី​ប​ក្នុងស្រុក​ដំបូងបង្អស់​របស់ Huawei នោះ ត្រូវបាន​បញ្ចប់​ការសាងសង់​ជា​ផ្លូវការ​ហើយ។

    រោងចក្រ​ផលិត​ឈី​ប​ដំបូង​របស់ Huawei នេះដែរ ត្រូវបាន​គេ​បញ្ជាក់ថា មាន​ទំហំ​ផ្ទៃក្រឡា​ប្រមាណ​ជា 208,900ម៉ែត្រការ៉េ នឹងមាន​ទីតាំង ស្ថិតក្នុង​ទីក្រុង Wuhan ផ្ទាល់​តែម្ដង។

    រោងចក្រ​ដំបូង ដែល​ធ្វើឡើង សម្រាប់​បើក​ការផលិត​ឈី​បរ​បស់ Huawei ត្រូវបាន​គេ​បញ្ចប់​ការសាងសង់​ហើយ ដូច្នេះ​ចង្វាក់​ផលិតកម្ម​ឈី​ប អាច​នឹង​ចាប់ផ្តើម​ក្នុងពេលឆាប់ៗខាងមុខនេះ។

    មិនមែន​ត្រឹមតែ​ជា​រោងចក្រ​ផលិត​ឈី​ប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ Huawei ក៏បាន​ប្រើប្រាស់​វា ធ្វើជា មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យាផ្សេងៗ R&D Research & Development ឬក៏​អាចជា​រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ចផ្សេងៗទៀត  ព្រមទាំង​អាច​នឹងត្រូវ​ក្រុមហ៊ុន​ខាងលើ ប្រើប្រាស់​ជា​កន្លែង​សម្រាប់ធ្វើ​ការអភិវឌ្ឍ Software សម្រាប់​ឧបករណ៍​ចល័ត​នានា​ផងដែរ៕