Author: ធឿន មករា

  • កសិករ​ខ្មែរ​នាំគ្នា​ងាក​មក​ដាំ​ក្រូចឆ្មារ ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ពី​ប្រទេសជិតខាង

    កសិករ​ខ្មែរ​នាំគ្នា​ងាក​មក​ដាំ​ក្រូចឆ្មារ ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ពី​ប្រទេសជិតខាង

    ក្រូចឆ្មារ​ត្រូវបាន​គេ​ចាត់ទុកថា ជា​រុក្ខជាតិ​ងាយស្រួល​ដាំ និង​ងាយស្រួល​ទទួលផល តែ​ការដាំ​ដើម​-ក្រូចឆ្មារ​ទាំង​លក្ខណៈ​គ្រួសារ​សម្រាប់​ផ្គត់ផ្គង់​ការ-ហូបចុក​ផ្ទាល់ខ្លួន និង​ការដាំ​ជា​លក្ខណៈ​ធ្វើ​អាជីវកម្ម​នៅក្នុង​ស្រុក គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ ថ្វីដ្បិតតែ​ប៉ុន្មាន​ឆ្នាំនេះ​គេ​បានឃើញ​សកម្មភាព​ដាំ​ក្រូចឆ្មារ​តាមបែប​វិទ្យាសាស្ត្រ​ដើម្បី​បំពេញ​តម្រូវ​លើ​ទីផ្សារ​មានការ​កើនឡើង​មែន តែ​ផ្លែក្រូច​ឆ្មារ​ដែល​គេ​ឃើ​ញដាក់លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ភាគច្រើន​លើសលប់​គឺ​នាំចូល​ពី​ប្រទេសជិតខាង ជាពិសេស​នាំចូល​ពី​ប្រទេស​វៀតណាម​តែម្ដង។

    អាជីវករ​នៅ​ផ្សារ​នាគ​មាស ក្រុងភ្នំពេញ បានឱ្យដឹងថា បន្លែ​ក្រូចឆ្មារ​ដែល​ដាក់លក់​នៅក្នុង​ស្តង់​របស់​ពួកគេ គឺ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម​ទាំងអស់។ កត្តា​ដែលនាំឱ្យ​ផ្លែក្រូច​ឆ្មារ​ត្រូវ​នាំចូល​ពី​ប្រទេស​វៀតណាម ដោយសារតែ​ក្រូចឆ្មារ​ដែល​ដាំ​នៅក្នុង​ស្រុក​មិនអាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​គ្រប់គ្រាន់ និង​លក់បាន​ថ្លៃ​ជាង​ទៀតផង។

    តម្លៃ​ផ្លែ​ក្រូចឆ្មារ គឺ​អាស្រ័យ​លើ​រដូវ​ប្រមូល​ផល​របស់​ក្រូចឆ្មារ​ដែល​សម្បូរ ឬ​មិន​សម្បូរ។ សម្រាប់​រដូវ​ដែល​សម្បូរ​ក្រូចឆ្មារ គឺ​លក់​ចេញ​ក្នុងតម្លៃ​ពី3,000 – 4,000រៀល​ក្នុង​មួយ​គីឡូក្រាម និង​សម្រាប់​ខែ​ដែល​មិនសូវ​សម្បូរ គឺ​លក់​ចេញ​ក្នុងតម្លៃ​ចាប់ពី4,000 – 6,000រៀល​ក្នុង​មួយ​គីឡូក្រាម ដោយ​នេះ​ជា​តម្លៃ​បោះ​ដុំ តែ​អ្នក​ដែល​ទិញ​យកទៅ​លក់រាយ​វិញ អាច​លក់បាន​ថ្លៃ​ជាង​នេះ។

    ក្នុង​មួយថ្ងៃ ស្តង់​មួយ​មាន​តម្រូវការ​ផ្លែក្រូច​ឆ្មារ​នាំចូល​ក្រូចឆ្មារ​ពី​ប្រទេស​វៀតណាម​ពី400 ទៅ500គីឡូក្រាម និង​ធ្វើ​ការលក់​បន្តទៅ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​តម្រូវ​ការប្រើ​ប្រាស់​ហូបចុក​ប្រចាំថ្ងៃ។ នៅ​ផ្សារ​នាគ​មាស​តែមួយ មាន​ស្តង់​លក់​ផ្លែ​ក្រូចឆ្មារ​ប្រមាណ​ជិត 20ស្តង់។

    តាមរយៈ​ការស្រាវជ្រាវ​របស់​អង្គការ​សេ​ដាក​បាន​រកឃើញថា ក្នុងមួយឆ្នាំៗ កម្ពុជា​បាន​នាំចូល​បន្លែ​ប្រមាណ 80%នៃ​ចំនួន​សរុប ខណៈ​កម្ពុជា​អាច​ផលិត​បាន​ប្រមាណ​តែ 20%ប៉ុណ្ណោះ។ ក្នុងនោះ​ក្នុង​មួយថ្ងៃ​កម្ពុជា​បាន​នាំចូល​ក្រូចឆ្មារ​យ៉ាងតិច 10តោន​ពី​ប្រទេស​វៀតណាម។

    ហេតុ​ដូច្នេះហើយ​បានជា​កសិករ​ក្នុងស្រុក​មួយចំនួន​បាននាំគ្នា​ងាក​មក​ដាំ​ដំណាំ​ក្រូចឆ្មារ​យ៉ាងច្រើន​គួរឱ្យកត់សម្គាល់ ដូចជា​លោក ញឹម សំអាត កសិករ​នៅ​ភូមិ​ស្ពានដែក​ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យខេត្តកំពង់ឆ្នាំង បាន​ដាំ​ដើម​ក្រូចឆ្មារ​លើដី​ចំនួន 34ហិកតា ដែល​បច្ចុប្បន្ន​ក្រូចឆ្មារ​របស់គាត់​បាន​ទទួលផល​ប្រមាណ​ជាង 10ហិកតា​ហើយ។

    លោក ញឹម សំអាត បានឱ្យ​សារព័ត៌មាន ឡា​រ៉ែ​ន ពាណិជ្ជ ដឹងថា ក្នុងមួយថ្ងៃៗមាន​ផ្លែ​ក្រូចឆ្មារ 2ប្រភេទ​ដែល​លោក​បាន​ដាំ និង​កំពុង​ប្រមូល​ផលបណ្ដើរៗនោះ គឺ​ទី1-ផ្លែក្រូច​ឆ្មារ​ពណ៌​លឿង(ដែល​គេ​ច្រើន​យកទៅ​ធ្វើ​ម្ហូប​សម្រាប់​ហាងធំៗ និង​ធ្វើជា​តែ​ជ្រក់) និង​ទី2-ផ្លែក្រូច​ឆ្មារ​ប្រភេទ​ពណ៌​បៃតង​ធម្មតា ជា​ក្រូចឆ្មារ​ដែល​សម្រាប់​ធ្វើជា​ម្ជូរ​គ្រប់​ប្រភេទ។

    លោក​បានឱ្យដឹងថា ការដាំ​ក្រូចឆ្មារ​តាមបែប​បុរាណ គឺ​ពិបាក​ថែទាំ មាន​អាយុ​ខ្លី ក្រ​ឱ្យ​ផល និង​ទទួលបាន​ផល​តិច​ទៀតផង តែ​បច្ចុប្បន្ន​គេ​ដាំ​ក្រូចឆ្មា​តាមបែប​វិទ្យាសាស្ត្រ គឺ​ប្ដូរ​ពី​ដាំ​បែប​បណ្ដុះ​កូនមកជា​ដាំ​ដោយ​បំបៅ(ផ្សាំ)មែក​វិញ ដែល​ធ្វើឱ្យ​ងាយស្រួល​ដាំ និង​ថែទាំ និង​ឆាប់​ឱ្យ​ផល គឺ​រយៈពេល​តែ 8ខែ ទៅ 1ឆ្នាំ​ប៉ុណ្ណោះ វា​នឹង​ចេញ​ផ្កា-ផ្លែ​ហើយ និង​ថែមទាំង​ឱ្យ​ផល​ច្រើន​ទៀតផង តែ​វា​ត្រូវការ​ទឹក​ឱ្យ​គ្រប់គ្រាន់។

    លោក សំអាត បញ្ជាក់ថា ចំពោះ​ក្រូចឆ្មារ​ប្រភេទ​ពណ៌​បៃតង​ក្នុង​រយៈពេល 2ឆ្នាំ​វា​នឹង​ផ្តល់​ផល​ឱ្យ​ហើយ តែ​ក្រូចឆ្មារ​ប្រភេទ​ពណ៌​លឿង​វិញ ត្រឹម1ឆ្នាំ​ជាង យើង​អាច​ប្រមូល​ផល​បានជាបណ្តើរៗហើយដូច​ក្រូចឆ្មារ​ដែល​លោក​ដាំ​នេះ កំពុង​ឱ្យផល​ជាង 10ហិកតា​ហើយ​ដែល​ក្នុងនោះ​មាន​ក្រូចឆ្មារ​ពណ៌​បៃតង​ចំនួន 2,500ដើម និង​ក្រូចឆ្មារ​ពណ៌​លឿង 500ដើម ដែល​ក្នុង1ដើមៗ យើង​ទទួលបាន​ផល​ប្រមាណ​ជា 50 ទៅ 60ផ្លែ។ លោក​បាន​អះអាង​ទៀតថា បច្ចុប្បន្ន​ក្រូចឆ្មារ​លក់​មិនសូវ​បាន​ថ្លៃ​ទេ ក្នុង​ចម្ការ​រ​របស់លោក​ក្នុង 1ថ្ងៃ​អាច​ប្រមូល​ផល និង​លក់បាន​ប្រហែលជា 1,500ដុល្លារ(1គីឡូក្រាម​តម្លៃ4,000រៀល ឬ1ដុល្លារ)។ ចំពោះ​រដូវ​ដែល​ក្រូចឆ្មារ​ហុច​ផល​ល្អ និង​លក់បាន​ថ្លៃ​នោះ គឺ​ចាប់ពី​ខែ11 ដល់​ខែ4 ដែល​លក់​នៅពេល​លោក​អាច​លក់​បា​ន​ក្នុង1គីឡូក្រាម​តម្លៃ 7,000-8,000រៀល។

    ការដែល​គាត់​បានចាប់ផ្តើម​ដាំ​ក្រូចឆ្មារ​នេះ ដោយសារតែ​ដំណាំ​ក្រូចឆ្មារ ត្រូវ​នាំចូល​ពី​ប្រទេស​វៀតណាម ព្រោះ​ក្រូចឆ្មារ​ដែល​ដាំ​នៅក្នុង​ស្រុក​ពុំ​អាច​ផ្គត់ផ្គង់​បាន ទើប​គាត​ចង់​ជំរុញដំណាំ​នេះ​ឱ្យជួយ​កាត់​បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ផង ក៏ដូចជា​កាត់បន្ថយ​ដំណាំ​​ដែល​ប្រើ​គីមី​ផងដែរ។

    បច្ចុប្បន្ន លោក សំអាត កំពុង​ទាក់ទង​ជាមួយ​កសិករ​តាម​បណ្តា​ខេត្ត​មួយចំនួន​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​ដាំ​ដើម​ក្រូចឆ្មារ​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ផ្លែក្រូច​ឆ្មារ​ពី​ប្រទេសក្រៅ ដែល​មិនសូវមាន​សុវត្ថិភាព ដោយ​កសិករ​ដែល​លោក សំអាត​បាន​ទំនាក់ទំនង​នោះ​រួមមាន កសិដ្ឋានធំៗខេត្ត​ព្រះសីហនុ(ព្រៃនប់) ក​សិ​ករ​នៅ​ខេត្តកំពង់ធំ បាត់ដំបង និង​មាន​ចម្ការតូចៗជាច្រើន​ខេត្តសៀមរាប និង​កំពង់ចាម៕

  • កម្ពុ​ជាមាន​បញ្ហា​ធំ​លើ​កម្ចី​ខ្នាតតូច

    កម្ពុ​ជាមាន​បញ្ហា​ធំ​លើ​កម្ចី​ខ្នាតតូច

    ថ្ងៃ​រះ​នៅ​ខាងកើត​ទន្លេមេគង្គ នៅក្នុង​ភូមិ​មួយ​ឈ្មោះថា ភូមិ​តាស្ករ នៅ​ជិត​រាជធានី​ភ្នំពេញ កសិករ​ចំណាស់​វ័យ 60ឆ្នាំ​ម្នាក់​ឈ្មោះ សុផល និង​ប្រពន្ធ​របស់គាត់​កំពុងធ្វើការ​ងារ​ញាប់ដៃ​ញាប់ជើង​ដើម្បី​សង្គ្រោះ​ដំណាំ​ពោត​របស់គាត់​ដែល​ត្រូវ​ទឹក​លិច។

    លោក សុផល បាន​និយាយថា ផលដំណាំ​របស់គាត់ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់បំផុត​សម្រាប់​គ្រួសារ​របស់គាត់ ដែល​ផ្តល់ឱ្យ​គាត់​នូវ​អាហារ​គ្រប់គ្រាន់ និង​ប្រាក់ចំណូល​សមរម្យ ប៉ុន្តែ​បន្ទាប់ពី​ជួបនឹង​រឿង​អាក្រក់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ គាត់​ចាប់ផ្តើម​ស្នើសុំ​ប្រាក់កម្ចី​ខ្នាតតូច​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​ការខាតបង់​របស់គាត់។ បច្ចុប្បន្ននេះគាត់​មិនដឹងថា តើ​គាត់​ត្រូវ​ដោះ-ស្រាយ​បំណុល​របស់គាត់​ដែលមាន​ចំនួន​ជាង 2,000ដុល្លារ​របស់គាត់​ដោយ​វិធី​ណា​នៅឡើយ​ទេ។

    លោក សុផល បាន​និយាយថា៖ “នៅ​ខែ​នេះ​គាត់​ជួប​ការលំបាក​បន្ថែម​ខ្លាំង​ជាថ្មី​ព្រោះ​មាន​បញ្ហា​ទឹកជំនន់​លិចលង់​ដំណាំ ស្រប​ពេលដែល​ឥឡូវនេះ​ខ្ញុំ​មិនមាន​លុយ​សម្រាប់​សងបំណុល​នោះទេ។ លោក​បានបញ្ជាក់​ផងដែរ​ថា សព្វថ្ងៃនេះ​បើ​មិនមាន​ញាតិ-មិត្ត និង​កូនប្រុស​របស់លោក​ដែល​ធ្វើ​ការងារ​នៅ​ត្រើយម្ខាង​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ គាត់​នឹង​បាត់បង់​គ្រប់យ៉ាង”។

    រឿងរ៉ាវ​ដែល​លោក សុផល បាន​ជួបប្រទះ​នេះ បច្ចុប្បន្ន​បានកើត​ឡើង​ចំពោះ​ប្រជាជន​ជាច្រើន​នៅ​កម្ពុជា ដែល​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​អាជីវកម្ម​រកស៊ី​ចងការ​ប្រាក់​កំពុង​រីក​រាលដាល​ធំធាត់​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​ប្រជាជន​ក្រីក្រ​រាប់លាន​នាក់​នៅ​កម្ពុជា ដែល​បាន​រុញច្រាន​ឱ្យ​ពួកគេ​ធ្លាក់​ទៅក្នុង​បំណុល​កាន់តែច្រើន។ ចំពោះ​បញ្ហា​នេះ​អ្នកសេដ្ឋកិច្ច​បារម្ភ​ថា បំណុល​ទាំងអស់នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការរីកលូតលាស់​របស់​សេដ្ឋកិច្ច និង​ធ្វើឱ្យមាន​ការកើនឡើង​នូវ​បញ្ហា​វិសមភាព​ក្នុងសង្គម។

    ប្រាក់​សកម្ម និង​ប្រាក់កម្ចី នៅក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​កើនឡើង 10ដង ច្រើនជាង​ឆ្នាំ2010 នេះ​បើ​យោងតាម​ធនាគារពិភពលោក។ ទំហំ​កម្ចី​របស់​កម្ពុជា​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​គឺ​ស្ថិតនៅក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែលមាន​អ្នក​ជំពាក់​បំណុល​ខ្ពស់បំផុត​លើ​ពិភពលោក ដែល​បាន​កើនឡើង​ពី200 ទៅ1,000ដុល្លារ​ក្នុង​ឆ្នាំ2014។ ក្នុងចំណោម​អ្នក​ខ្ចី 2លាន​នាក់​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ 2.8ពាន់លាន​ដុល្លារ នេះ​បើ​យោងតាមធនាគារជាតិ​នៃ​កម្ពុជា។

    ការប្រាក់​ទាប
    ជាមួយនឹង​អត្រា​ការប្រាក់​ទាប​ប្រមាណ​ជា1.2% ក្នុង​មួយខែ​នាពេល​បច្ចុប្បន្ននេះ ប្រជាជន​ជាច្រើន​អាច​មិនសូវ​រារែក​នោះទេ​ក្នុងការ​ខ្ចីប្រាក់​ដើម្បី​ទិញ​ទូរស័ព្ទ ឬ​ម៉ូតូ​ជាដើម។

    ស្រប​ពេលដែល​អត្រា​ការប្រាក់​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចន្លោះ​ប្រមាណ1.6% នៅ​ចុង​ឆ្នាំមុន កម្ចី​មិន​ស្របច្បាប់​ក៏បាន​កើនឡើង​ដូចគ្នា ដែល​តម្លៃ​អត្រា​ការប្រាក់​របស់​ពួកគេ​បានធ្វើឱ្យ​កាន់តែ​មានការ​ប្រកួតប្រជែង​ខ្លាំង​ឡើង តែ​វា​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​អ្នក​ខ្ចី។

    ធនាគារពិភពលោក​បាន​បង្ហាញ​នៅក្នុង​របាយការណ៍​កាល​ពី​ខែមេសា​ថា វា​ជា​ភាពចាំបាច់​ដាច់ខាត​ដែល​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុត្រូវតែ​សម្រប​តាម​ការណែនាំ​ដ៏​តឹងតែង និង​ធានាថា​អាចធ្វើ​បាន​ចំពោះ​រាល់​ការ​តម្រែតម្រង់​ទាំងអស់។ បច្ចុប្បន្ននេះ មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រមាណ70% បាន​ចុះបញ្ជី​ក្នុងចំណោម1,000 សម្រាប់​មនុស្ស15លាន​នាក់​នៅ​កម្ពុជា។

    បុរស​ម្នាក់​ឈ្មោះ លី តូ​ម៉ា អាយុ 29ឆ្នាំ ជា​អតីត​បុគ្គលិក​ផ្នែក​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុងស្រុក​មួយ និង​បច្ចុប្បន្ននេះ​បាន​បើក​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​មួយ​នៅ​ខេត្តកណ្តាល​បាន​បញ្ជាក់ថា តាម​ការ​ស្មាន​របស់គាត់ មាន 9គ្រួសារ​ក្នុងចំណោម10គ្រួសារ​នៅក្នុង​ឃុំ​របស់គាត់​នៃ​ស្រុក​ស្វាយជ្រុំ​បាន​ជំពាក់​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ។

    លី តូ​ម៉ា និយាយថា៖ “មនុស្សម្នាក់ៗ ជាប់បំណុល ហើយ​បច្ចុប្បន្ននេះ វា​បាន​ក្លាយជា​បញ្ហា​ប្រឈម ព្រោះ​ពួកគេ​គ្រប់គ្នា​គ្មាន​លទ្ធភាព​សម្រាប់​បង់​សង។ ខ្ញុំ​ដឹង​រឿង​ច្រើន​ពី​កម្ចី ហេតុនេះហើយ​ទើប​ខ្ញុំ​មិន​ខ្ចី​នោះទេ”។

    បំណុល​វិលជុំ
    ក្នុងករណី​ជាច្រើន ដូចជា​រឿងរ៉ាវ​នៅ​ខេត្តកណ្តាល​ជាដើម អ្នកស្រី រ៉ា​យ អយ អាយុ 46ឆ្នាំ បាន​ខ្ចីលុយ​ប្រមាណ 6,000ដុល្លារ​អស់​រយៈពេល​ជាង 2ឆ្នាំ​មកហើយ​ដើម្បី​ជួយ​ដល់​អា​ជីក​វ​ម្ម​ក្នុង​គ្រួសារ​របស់គាត់។ អ្នកស្រី រ៉ា​យ អយ បាន​និយាយថា៖ “ខ្ញុំ​តែងតែ​ទទួលបាន​ការយល់ព្រម​ក្នុងការ​ស្នើសុំ​កម្ចី​សម្រាប់​ពង្រីក​មុខរបរ​របស់ខ្ញុំ ព្រោះ​ខ្ញុំ​បាន​សង​គេ​វិញ​ទាន់ពេលវេលា។ ក្នុង​គ្រួសារ​ខ្ញុំ យើង​ធ្វើ​ការងារ​សកម្ម​ទាំងអស់គ្នា ហេតុនេះ​វា​មិន​លំបាក​ពេក​ទេ​ក្នុង​ការសង​ត្រឡប់​ទៅ​ធនាគារ​វិញ”។

    ប៉ុន្តែ​មនុស្ស​ជាច្រើន​ទៀត ដូចជា​លោក សុផល នៅ​ភូមិ​តាស្ករ កំពុងស្ថិត​ក្នុងស្ថានភាព​បំណុល​វិលជុំ។ គាត់​បាន​ខ្ចីលុយ​គេ​ប្រមាណ 2,000ដុល្លារ មួយឆ្នាំ ដើម្បី​ទិញ​សម្ភារ​កសិកម្ម ស្រប​ពេលដែល​ការប្រាក់​កើន តែ​ទិន្នផល​របស់គាត់​មិន​ទទួលបាន​ផល​ល្អ ដែល​ធ្វើឱ្យ​បំណុល​កាន់តែ​កើនឡើង។

    លោក សុផល បាន​និយាយថា៖ “ពេល​ខ្ញុំ​ទទួលបាន​កម្ចី​ពី​ធនាគារ ខ្ញុំ​មាន​អារម្មណ៍​ថា​រីករាយ តែ​ចុងក្រោយ​នៅពេលដែល​ខ្ញុំ​មិនមាន​លទ្ធភាព​បង់​សង​ទៅវិញ ខ្ញុំ​មាន​អារម្មណ៍មិនល្អ​ឡើយ”៕

  • Amcham Cambodia រៀបចំ​ពិធីជប់លៀង​ផុត​អាណត្តិ​ជូន ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​​ Raffles Hotel Le Royal

    Amcham Cambodia រៀបចំ​ពិធីជប់លៀង​ផុត​អាណត្តិ​ជូន ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​​ Raffles Hotel Le Royal

    កាលពី​ល្ងាច​ថ្ងៃទី18 ខែតុលា Amcham ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​ពិធីជប់លៀង​ផុត​អាណត្តិ​ជូន​ដល់​ឯកឧត្ដម William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​សណ្ឋាគារ​Raffles Hotel Le Royal។

    នៅក្នុង​កម្មវិធី​មាន​ភ្ញៀវកិត្តិយស​ចូលរួម​ប្រហែល​ជាង​មួយរយ​នាក់ រួមទាំង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លោកស្រី Angela Corcoran លោក​ឧកញ៉ា ម៉ុង​ឫទ្ធី។

    ក្នុងឱកាស​បញ្ចប់​អាណត្តិ​របស់លោក​នៅ​កម្ពុជា ឯកឧត្ដម William Heidt បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​របស់​ភ្ញៀវ និង​អ្នកគាំទ្រ​ក្នុងអំឡុង​អាណត្តិ​របស់លោក។ លោក​បាន​រំឭក​ពី​ការធ្វើដំណើរ​របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​សម្តែង​បំណងប្រាថ្នា​របស់លោក​ដើម្បី​ទទួលបាន​ជោគជ័យ​ទៅ​អនាគត​របស់​ប្រទេស​កម្ពុជា។ ឯកឧត្តម William A. Heidt បានចាប់ផ្តើម​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​របស់​លោក​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2015ហើយ​បាន​បំពេញបេសកកម្ម​របស់​លោក​ក្នុង​រយៈពេល 3ឆ្នាំ​ចុង​ក្រោយនេះ។ បេសកកម្ម​វិសាមញ្ញ​របស់គាត់​បាន​បន្សល់​នូវ​វត្ត​មាននៃ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង2៕

  • កីឡាការិនី Andrea Ka ម្ចាស់មេដៃ សំរិទ្ធ កីឡាវាយកូនបាល់ (Tennis) ក្នុងការប្រកួតកីឡា Sea Game 2017 ចូលរួមកម្មវិធី Under Armour Celebrate Women

    កីឡាការិនី Andrea Ka ម្ចាស់មេដៃ សំរិទ្ធ កីឡាវាយកូនបាល់ (Tennis) ក្នុងការប្រកួតកីឡា Sea Game 2017 ចូលរួមកម្មវិធី Under Armour Celebrate Women

    កាលពីថ្ងៃ សៅរ៍ ទី 20 ខែ តុលា ឆ្នាំ 2018 កីឡាការិនីកូនខ្មែរ កាត់បារាំង Andrea Ka ម្ចាស់ជ័យលាភីមេដៃសំរិទ្ធ ផ្នែកកីឡាវាយកូនបាល់ (Tennis) ក្នុងការប្រកួតកីឡា SEA GAME ថ្នាក់អន្តរជាតិ នៅក្នុងប្រទេស ម៉ាឡេស៊ី កាលពីឆ្នាំ 2017 បានរួមកម្មវិធី #UACELEBRATEWOMEN (Under Armour Celebrate Women) នៅហាង Under Armour ក្នុងផ្សារទំនើប Aeon Mall សែន សុខ។ កម្មវិធី #UACELEBRATEWOMEN (Under Armour Celebrate Women) ធ្វើឡើងដើម្បីជំរុញអោយស្ត្រីនៅក្នុងប្រទេសកម្ពុជាក៏ដូចជាទូទាំងពិភពលោកចូលរួមលេងកីឡា និង ឈានទៅសម្រេចបាននូវសក្តានុពលខ្ពស់បំផុតរបស់ពួកគាត់។

    Andrea Ka គឺជាកីឡាការិនីកូនខ្មែរ កាត់បារាំង កើតនៅក្នុងថ្ងៃទី 25 ខែ មេសា ឆ្នាំ 1992 ហើយកីឡាការិនីរូបនេះបានចាប់ផ្តើមលេងកីឡាវាយកូនបាល់ (Tennis) ក្នុងវ័យនាងអាយុ ៨ ឆ្នាំ។ នាងគឺជាកីឡាការិនីវាយកូនបាល់ (Tennis) អាជីពមុនដំបូងគេបង្អស់របស់ប្រទេសកម្ពុជាដែលបានគ្រោងជាម្ចាស់ជ័យលាភីមេដៃសំរិទ្ធ ផ្នែកកីឡាវាយកូនបាល់ (Tennis) ក្នុងការប្រកួតកីឡា SEA GAME ថ្នាក់អន្តរជាតិ នៅក្នុងប្រទេស ម៉ាឡេស៊ី កាលពីឆ្នាំ 2017 ហើយនាងបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ San Francisco ក្នុងខែឧសភាឆ្នាំ 2016 ជំនាញផ្នែក ទីផ្សារផងដែរ។

    Andrea Ka បញ្ចាក់ថាកត្តាដែលជំរុញអោយ នាងចូលរួមក្នុងកម្មវិធី #UACELEBRATEWOMEN (Under Armour Celebrate Women) ពីព្រោះនាង ចង់ផ្តល់ជូនជាសារលើទឹកចិត្តដ៏ស្ត្រីនៅក្នុងប្រទេសកម្ពុជា ក៏ដូជាស្ត្រីទូទាំង  ពិភពលោកចូលរួមលេងកីឡាទាំងអស់គ្នា ពីព្រោះកីឡានាំមកនូវសុខភាពល្អ និង រាងកាយរឹងមាំ ហើយជាពិសេសកីឡាគឺបង្រៀនយើងអោយចេះបង្កើតនូវគោលដៅ ហើយប្រឹងប្រែងតស៊ូ ពុះពាររាល់ឧបសគ្គ ជំនះភាពទន់ខ្សោយ និងរៀនក្រោកឈរឡើងពីភាពបរាជ័យរបស់ខ្លួនដោយមិនត្រូវបោះបង់គោលដៅរបស់ខ្លួន បើទោះជាជួបការបរាជ័យច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ។

    “Andrea Ka បានបន្ថែមទៀតថាបានជានាងខ្ញុំជ្រើសរើសយកសំលៀកបំពាក់ ម៉ាក Under Armour ក៏ព្រោះតែអជីពជាកីឡាការិនីដូចខ្ញុំ ត្រូវចំណាយពេលក្នុងការហ្វឹកហាត់ច្រើន ដូចច្នេះការដោះស្រាយលើបញ្ហាបែកញើសក្រោមកំដៅថ្ងៃគឺជាកត្តាសំខាន់បំផុត សំរាប់ខ្ញុំ, Under Armour គឺជា ម៉ាកសំលៀកបំពាក់ មានគុណភាពខ្ពស់ និង ស្រាលងាយស្រួលពាក់ហើយពេលបែកញើសជួយធ្វើអោយស្ងួតយ៉ាងឆាប់រហ័ស ហើយជាពិសេសមានបច្ចេកវិទ្យាការពារកាំរស្មីព្រះអាទិត្យ (UV Protection) ដែលចាំបាច់សំរាប់ខ្ញុំក្នុងការការហ្វឹកហាត់ក្រោមកំដៅថ្ងៃ”។

    លោក សុខ វឌ្ឍនា អ្នកគ្រប់គ្រងហាង Under Armour Aeon Mall សែន សុខ បានលើកឡើងថា Under Armour គឺជាប្រភេទសំលៀកបំពាក់ និងស្បែកជើងកីឡាលំដាប់ពិភពលោក ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក ក្រោមទស្សនៈវិស័យរបស់ខ្លួនគឺ “ជម្រុញនូវសក្តានុពលដល់គ្រប់អត្តពលិកគ្រប់ទីកន្លែង”​ និងតាមរយៈបេសកកម្មចម្បងរបស់ខ្លួនគឺ “ដើម្បីជួយជំរុញអោយអត្តពលិកមានភាពប្រសើរឡើងតាមរយៈមហិច្ឆតានៃការរចនាម៉ូត និងការច្នៃប្រឌិតនៃបច្ចេកវិទ្យាឥតឈប់ឈររបស់ខ្លួន” ហើយដែលផលិតឡើងប្រកបដោយបច្ចេកវិទ្យាពិសេសរួមបញ្ចូលនៅក្នុងគ្រប់ផលិតផល ដែលជាជម្រើសដ៏ស័កសមជាពិសេសសម្រាប់ការហ្វឹកហាត់កីឡា។ លោកបាន បន្ថែមទៀតថា ហាង Under Amour បាននិងកំពុងបើកដំណើរការនៅក្នុងផ្សារទំនើប Aeon Mall សែន សុខជាន់ផ្ទាល់ដី ហើយអាចស្វែងរកពត៌មានបន្ថែមនៅក្នុងបណ្តាចសង្គម Facebook: @walmaxsports និងទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 023 900 309៕

  • ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

    ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

    រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃអាទិត្យទី​ ២១ ​ខែតុលា ឆ្នាំ​​២០១៨  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកចុងក្រោយរដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ ឆ្នាំ​ ២០១៧-​​២០១៨ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

    កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ​ ២០១៧-​​២០១៨នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​រង្វាន់ផ្តាច់ព្រ័ត្រនេះ​  គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់សាមុយ គឺ៖

    លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើ​កាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន ១៥ គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​

    ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែក​គុណភាពជាបន្តបន្ទាប់សរុបជាង ៣០​ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ស្រស់ថ្លា  ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។

    រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!
    ពិសាដោយការទទួលខុសត្រូវ៕

    កម្មវិធីអាពាហ៍ពិពាហ៍សម្រាប់រដូវកាលថ្មី ២០១៨-២០១៩ របស់ស្រាបៀរអាន់ឆ័រ បានចាប់ផ្តើមជាផ្លូវការហើយ
    បន្ទាប់ពីកម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៧-២០១៨ បានបញ្ចប់ដោយជោគជ័យ  យើងមានសេចក្តីសោមនស្សរីករាយប្រកាសបើកកម្មវិធីអាពាហ៍ពិពាហ៍សម្រាប់រដូវកាលថ្មីឆ្នាំ ២០១៨-២០១៩  ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩។

    កម្មវិធីប្រូម៉ូសិន​អាពាហ៍​ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីនេះ៖

    • រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 20-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល។
    • រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 50-99 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល  ​ធុងទឹកកកដំណើរកម្សាន្ត 1 ធុង។
    • រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 100 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ​ធុងទឹកកកដំណើរកម្សាន្ត 1 ធុង និងប័ណ្ណផ្សងសំណាង 1 សន្លឹក។

    គូស្វាមីភរិយាថ្មីចំនួន 50 គូនឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើប។ មានការចាប់រង្វាន់ដ៏អស្ចារ្យនេះចំនួនបីលើក៖
    ១. ថ្ងៃទី 27 ខែមករា ឆ្នាំ 2019
    ២. ថ្ងៃទី 29 ខែឧសភា ឆ្នាំ 2019
    ៣. ថ្ងៃទី 20 ខែតុលា ឆ្នាំ 2019 ។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 011 222 400 ​/ ​​​011 333 500

     

  • ជំនាញស្ថាបត្យកម្ម​កំពុងមាន​សក្តានុពល​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា

    ជំនាញស្ថាបត្យកម្ម​កំពុងមាន​សក្តានុពល​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា

    ក្រៅពី​សំណង់​ស្ថាបត្យកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​បុព្វបុរស​ខ្មែរ​ដែល​ធ្វើឱ្យមាន​ភាព​ល្បី​រន្ទឺ​ពេញ​ពិភពលោក មាន​អ្នកចេះដឹង​ខ្មែរ​មិនតិច​ទេ​ដែល​បាន​បង្កើត​ស្នាដៃ​ស្ថាបត្យកម្ម និង​ចងក្រង​ជា​ចំណេះវិជ្ជា​ផ្នែក​នេះ​សម្រាប់​អ្នកជំនាញ​ជំនាន់​ក្រោយ។

    ស្ថាបត្យកម្ម ត្រូវបាន​គេ​មើលឃើញថា ជា​ជំនាញដ៏​មាន​សក្តានុពល ស្រប​ពេលដែល​សង្គម​កំពុង​ត្រូវការ​សាងសង់​សំណង់​អគារ​ជាច្រើន​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត។ ជាមួយគ្នានេះដែរ​និស្សិត​កម្ពុជា​ជាច្រើន​ក៏បាន​ទទួលជោគជ័យ​ក្នុងការ​សិក្សា ហើយ​កសាង​ស្នាដៃ​រហូត​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​ទៀតផង។

    ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​ស្ថាបត្យកម្ម កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​សាស្ត្រាចារ្យសុខ ខុម ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម និង​ស្ថាបត្យកម្ម នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ដើម្បី​ចែករំលែក​បទពិសោធសំខាន់ៗជុំវិញ​ជំនាញ​ស្ថាបត្យកម្ម សម្រាប់​ជាការ​ពិចារណា​ដល់​សិស្ស និស្សិត និង​សាធារណជន​ទូទៅ។

    1.តើ​ស្ថាបត្យកម្ម​ដើរតួនាទី​សំខាន់​ប៉ុនណា​សម្រាប់​កម្ពុជា?
    តាមពិតទៅ ស្ថាបត្យកម្ម​ជា​ជំនាញ​មួយ​ដែលមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ពិភពលោក មិនមែន​សម្រាប់តែ​កម្ពុជា​នោះទេ។ ប្រទេស​ទាំងអស់​សុទ្ធតែ​មាន​ស្ថាបត្យកម្ម និង​រចនាប័ទ្ម​សម្រាប់​ខ្លួនគេរៀងៗខ្លួន។ សម្រាប់​ខ្មែរ​យើង​ក៏​ដូចគ្នា ដូនតា​យើង​បាន​បន្សល់ទុក​ស្នាដៃ​ស្ថាបត្យកម្ម​ច្រើនណាស់ ដូចជា​ស្នាដៃ​ក្នុង​វត្ត​អារាម អគារ និង​សំណង់​ជាច្រើន​ផ្សេងទៀត​ដែល​បង្កប់​ដោយ​ស្ថាបត្យកម្ម រចនាប័ទ្ម និងសិល្បៈល្អៗជាច្រើន។

    ស្ថាបត្យកម្ម​គឺជា​វិទ្យាសាស្ត្រ​ដែលមាន​ក្បួនខ្នាត​ត្រឹមត្រូវ ហើយ​ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា យើង​មាន​ស្ថាបត្យកម្ម​ដែល​គេ​ទទួលស្គាល់​ពេញ​ពិភពលោក។ ប្រទេស​ណា​ក៏​ស្គាល់​អង្គរវត្ត​របស់​ក​ម្ពុ​ជា​ដែរ ហើយ​ប្រាសាទ​នេះ​មាន​ក្បួនខ្នាត និង​ស្តង់ដារ​ត្រឹមត្រូវ​ដែល​មនុស្ស​អាច​សិក្សា​បាន​រហូតមកដល់​បច្ចុប្បន្ន ហើយ​ស្តង់ដារ​នេះ​ក៏ត្រូវ​នឹង​សំណង់​អគារ​នាពេល​បច្ចុប្បន្ន​នៅ​អឺរ៉ុប បើទោះបីជា​ប្រាសាទ​នេះ​សង់​ឡើង​ច្រើន​សតវត្សរ៍​មកហើយ​ក្តី។ ខ្មែរ​យើង​ក៏មាន​ស្ពានល្អៗតាំងពី​សម័យបុរាណ​មក​ដែរ ដូចជា​ស្ពាន​កំពង់ក្តី ដែលមាន​ទំហំ​ប៉ុន​ផ្លូវជាតិ​របស់​យើង​សព្វថ្ងៃនេះ។

    2. សម្រាប់​សំណង់​ស្ថាបត្យកម្ម​ទំនើប​របស់​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ តើ​ស្ថាបត្យករ​ខ្មែរ​បាន​បញ្ចូល​នូវ​រចនាប័ទ្ម​ខ្មែរ​ប្រហែលជា​ប៉ុន្មាន​ភាគរយ?
    បើ​និយាយ​ពី​ទិន្នន័យ​ខ្ញុំ​មិនទាន់មាន​តួលេខ​ច្បាស់លាស់​នៅឡើយ​ថា អាចមាន​ប៉ុន្មាន​ភាគរយ តែបើ​តាម​ការសង្កេតរ​បស់​ខ្ញុំ គឺ​ឃើញ​មាន​ប្រហែលជា 70% ដែល​បញ្ចូល​ភាគច្រើន​លើដំបូល របង ក្បូរ-​ក្បាច់រចនា និង​ទំហំ​ស្តង់ដារ​ទ្វា​បង្អួច បែប​ផ្ទះ​ខ្មែរ​ជាដើម។ ខ្ញុំ​និយាយ​នេះ គឺ​សំដៅ​តែ​ផ្ទះ​ខ្មែរ​ដែល​ស្ថាបត្យករ​បាន​គូរ​យ៉ាង​ត្រឹមត្រូវ ទើប​អាចមាន​ទំហំ​ស្តង់ដារ​បែប​ខ្មែរ​ច្បាស់លាស់ តែ​អ្នក​ខ្លះទៀត​លទ្ធភាព​រប​ស់​គាត់​តិចតួចស្តួចស្តើង គាត់​មិន​ជួល​ស្ថាបត្យករ នោះ​មិនសូវ​ជា​ត្រូវ​ទៅតាម​ស្តង់ដារ​ច្បាស់លាស់​ប៉ុន្មាន​ទេ។

    3. បច្ចុប្បន្ននេះ​មាន​អគារ​ទំនើប​ជាច្រើន ដូចជា​អគារខ្ពស់ប្រណីតៗជាដើម តើ​សមត្ថភាព​របស់​ខ្មែរ​យើង​ក្នុងការ​រចនា មាន​លក្ខណៈ​ប្រកួតប្រជែង​ល្អ​ប៉ុនណា ប្រសិនបើ​ប្រៀបធៀប​ជាមួយ​ស្ថាបត្យករ​បរទេស?
    តាមពិតទៅ​បើ​និយាយ​ពី​សិស្សពូកែៗរបស់​ខ្មែរ​យើង ក៏មាន​សមត្ថ​ភាពមិន​ចាញ់​បរទេស​ប៉ុន្មាន​ដែរហើយ​ខុន​ដូ​ជាច្រើន​ក៏​សាងសង់ឡើង​ដោយ​កូន​ខ្មែរ​ដែរ។ មាន​ខុន​ដូ និង​សំណង់ខ្ពស់ៗមួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​មិនមែន​កូន​ខ្មែរ​ជា​អ្នក​សាងសង់ ដូចជា​ខុន​ដូរ​បស់​សិង្ហ​បុរី ឬ​ក្រុមហ៊ុនធំៗរបស់​ចិន​ជាដើម ដែល​ជួល​ស្ថាបត្យករ​បរទេស។ តែ​ទោះជា​យ៉ាងនេះ​ក្តី កូន​ខ្មែរ​ក៏​អាចមាន​សមត្ថភាព​ធ្វើបាន​ដូចគ្នា​ដែរ ហើយ​ការដែល​ក្រុមហ៊ុន​ទាំងអស់នោះ​ប្រើប្រាស់​ជនបរទេស​ដើម្បី​គូរ​ប្លង់ ដោយសារ​គេច​ង់​ប្រើប្រាស់​អ្នកចេះដឹង ឬ​ធនធានមនុស្ស​រប​ស់​ប្រទេស​គេ​ផ្ទាល់។ ម្យ៉ាងទៀត​សមត្ថភាព​របស់​ខ្មែរ​បច្ចុប្បន្ននេះ គឺមាន​លទ្ធភាព​គ្រប់គ្រាន់​ហើយ ព្រោះ​បច្ចុប្បន្ននេះ មាន​និស្សិត​ខ្មែរ​ច្រើនណាស់​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​មកពី​អឺរ៉ុប ឬ​មកពី​ជប៉ុន​ជាដើម។

    បញ្ហា​ដែល​គេ​មិនសូវ​ប្រើប្រាស់​ធនធាន​របស់​ខ្មែរ គឺ​ភាគច្រើន​មកពី​ម្ចាស់​ខុន​ដូ និង​គម្រោងធំៗដែលមាន​តម្លៃ​រាប់រយ​លាន​មិនទាន់​ទុកចិត្ត​ខ្មែរហើយ​គេច​ង់​ផ្តល់ឱកាស​ឱ្យ​ក្រុមហ៊ុន​គ្នា​គេ​ដើម្បី​ទទួល​ធ្វើ​ការងារ​ទាំងអស់នោះ។ ទោះជា​យ៉ាងនេះ​ក្តី​ក៏មាន​ក្រុមហ៊ុន​ខ្លះ (ក្នុង​ចំនួន​តិចតួច​នៅឡើយ) មិនបាន​ធ្លាប់​សាកល្បង​សមត្ថភាព​របស់​ស្ថាបត្យករ​ខ្មែរ​យើង ហើយ​ពេញ​ចិត្តនឹង​អ្វីដែល​កូន​ខ្មែរ​អាចធ្វើ​បាន​នៅឡើយ។ ខ្ញុំ​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​បរទេស​កាន់​តែច្រើនឡើងៗ នឹង​មើលឃើញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​ស្ថាបត្យករ​ខ្មែរ​យើង។

    4. បើតាម​ការមើលឃើញរ​បស់​លោក​សាស្ត្រាចារ្យ ប្រសិនបើ​សំណង់​ទំនើប​របស់​ខ្មែរថ្មីៗបញ្ចូល​នូវ​រចនាប័ទ្ម​ខ្មែរ និង​មាន​លក្ខណៈ​ជា​ខ្មែរ តើ​អាច​នឹងមាន​ភាពល្អប្រសើ​រ​អ្វីខ្លះ?
    តាមពិតទៅ​ការបញ្ចូល​លក្ខណៈ​បែប​ខ្មែរ​ទៅក្នុង​សំណង់​អគារធំៗពិតជា​ល្អ​ណាស់​សម្រាប់​កម្ពុជា ព្រោះ​វា​បង្ហាញ​ឱ្យដឹងថា អគារ​ប្រណីត​ទាំងអស់នោះ​ជា​របស់​ខ្មែរ។ គ្រាន់តែ​គេ​មើល​មក គឺ​គេ​ដឹងថា​ជា​របស់​ខ្មែរ នៅលើ​ទឹកដី​ខ្មែរ។ បច្ចុប្បន្ននេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានកំណត់​រួចហើយ​ថា អគារថ្មីៗគួរ​មាន​រចនាប័ទ្ម​បែប​ខ្មែរ តែ​ពេលខ្លះ​ដោយសារ​អ្នកវិនិយោគធំៗ គេ​មាន​លុយច្រើន​សម្រាប់​សាងសង់ គេ​អាច​សុំ​កែច្នៃ​ជា​លក្ខណៈពិសេស​ណាមួយ​ជាដើម។

    5. តើ​ជំនាញ​ស្ថាបត្យកម្ម​មាន​សក្តានុពល​ខ្លាំង​ប៉ុនណា?
    សម្រាប់​ជំនាញ​នេះ​ពិត​ជាមាន​សក្តានុពល​ខ្ពស់ព្រោះ​សំណង់​អគារ​នាពេល​បច្ចុប្បន្ននេះ​កំពុង​រីកដុះដាល​ច្រើន។ បើទោះបីជា​បច្ចុប្បន្ននេះ​មាន​និស្សិត​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​ច្រើន​ក៏ដោយ ក៏​ថ្ងៃក្រោយ​នៅតែមាន​តម្រូវការ​ខ្ពស់​ដដែល ព្រោះ​នៅ​ទីក្រុង​យើង​នៅ​ត្រូវការ​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ទាំង​ស្ពាន អគារធំៗ និង​លំនៅឋាន​ជាដើម។ ឱ្យតែ​និស្សិត​មាន​សមត្ថភាព​ពិតប្រាកដ មិន​ខ្វះ​ទេ​ការងារ ព្រោះ​គេ​ប្រាកដជា​ត្រូវការ​យើង ជាក់ស្តែង​ស្ថាបត្យករ​ខ្មែរ​យើង​ជើងចាស់​ជាច្រើន​ត្រូវបាន​ទទួលស្គាល់ ហើយ​ត្រូវបាន​បរទេស​ជួល​ទៅធ្វើ​ការងារ​ឱ្យ​វិញ​ក៏មាន។ មាន​ស្ថាបត្យករ​ខ្លះ​មាន​ស្នាដៃ​របស់ខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី នៅ​អឺរ៉ុប និង​នៅ​ប្រទេសអភិវឌ្ឍ​ន៍មួយចំនួន​ទៀតផង។ ហើយ​ចំពោះ​លោកតា វណ្ណ ម៉ូលីវណ្ណ វិញ ក៏មាន​ស្នាដៃ​នៅ​បារាំង នៅ​ប្រេ​-ស៊ី​ល និង​នៅ​ប្រទេសធំៗមួយចំនួនទៀត​ដែល​គេ​ទទួលស្គាល់​ដែរ។ ហេតុនេះ​ទីផ្សារ​ស្ថាបត្យកម្ម​នេះ​ទូលំទូលាយ​ណាស់​សម្រាប់​និស្សិត​កម្ពុជា ព្រោះ​មិនមែន​មានតែ​ទីផ្សារ​ក្នុងស្រុក​ទេ តែមាន​ទីផ្សារ​នៅ​បរទេស​ថែមទៀត​ប្រសិនបើ​មាន​សមត្ថ​ភាពខ្លាំង។

    6. តើ​អ្នកសិក្សា​លើ​ជំនាញ​នេះ ត្រូវមាន​លក្ខណសម្បត្តិ​ដូចម្តេចខ្លះ? ហើយ​បុគ្គល​ប្រភេទ​ណាខ្លះ​ដែល​សម​នឹងសិក្សា​មុខវិជ្ជា​នេះ?
    លក្ខណសម្បត្តិ​អ្នក​ដែល​គួរ​រៀន​ស្ថាបត្យកម្មគឺ​ត្រូវមាន​ទេពកោសល្យ​ពី​កំណើត ចូលចិត្ត​គូររូប មានចិត្ត​អំណត់ និង​មាន​ចរិតល្អ មិន​វាយឫក មិន​ក្រអឺតក្រទម ដែល​ធ្វើ​ឱ្យគេ​ចូលចិត្ត​ច្រើន ព្រោះ​ស្ថាបត្យករ​ជា​អ្នក​ដែល​ចាំបាច់​ត្រូវធ្វើ​ការទាក់ទង​ជាមួយ​អតិថិជន​ឱ្យបាន​ល្អ។ ម្យ៉ាងវិញទៀត​ពួកគាត់​ក៏ត្រូវ​មានចំណេះដឹង​ពី​វប្បធម៌​ខ្មែរ​ឱ្យបាន​ច្បាស់លាស់ ហើយ​ថែមទាំង​ដឹង​ពី​វប្បធម៌​បរទេស​ខ្លះ​ផង ព្រោះ​អតិថិជន​អាចជា​ជនជាតិ​បរទេស ស្ថាបត្យករ​ចាំបាច់​ត្រូវ​ដឹង​ពី​អ្វីដែល​អតិថិជន​ចង់បាន។ ចំពោះ​អាស៊ី​វិញ ក៏​ចាំបាច់​ត្រូវតែ​ដឹង​ដូចគ្នា ជាពិសេស​គឺ​អតិថិជន​ខ្លះ​ចង់ដឹង​ពី​ហុងស៊ុយ ឬ​និយាយ​ចេញមក​មាន​ភាព​ទាក់ទាញ ដែល​ធ្វើឱ្យ​ម្ចាស់​គម្រោង​សប្បាយចិត្ត ហើយ​មាន​ភាព​រីកចម្រើន។

    ម្យ៉ាងវិញទៀត អ្នក​ដែល​សិក្សា​ស្ថាបត្យកម្ម​ក៏​គួរតែ​ជា​មនុស្ស​អាច​ទុកចិត្តបាន មាន​ភាពស្មោះត្រង់ និង​ទៀងទាត់​ពេលវេលា​ល្អ ព្រោះ​ពេលវេលា​សម្រាប់​ម្ចាស់​គម្រោង​មានតម្លៃ​ខ្លាំងណាស់ កាលណា​យើង​ធ្វើបាន​លឿន​ហើយ​ល្អ គេ​នឹង​ពេញចិត្ត ហើយ​គាំទ្រ​យើង​បន្តទៀត តែ​ប្រសិនបើ​យើង​មិន​គោរព​ពេលវេលា​នោះ​យើង​នឹង​បាត់បង់​តម្លៃ ហើយ​ពេលនោះ​ទោះ​មាន​ស្នាដៃ​ល្អ​ក៏​គេ​មិនសូវ​ចង់បាន​ដែរ។

    7. តើ​ស្ថាបត្យកម្ម​សិក្សា​លើ​មុខវិជ្ជាសំខាន់ៗអ្វីខ្លះ?
    ស្ថាបត្យកម្ម យើង​សិក្សា​លើ​មុខវិជ្ជា​ជាច្រើន​ដើម្បីឱ្យ​មានចំណេះដឹង​ទូលំទូលាយ និង​ភាព​ច្នៃប្រឌិត​ខ្ពស់។ នៅ​ឆ្នាំ​ទី1 និស្សិត​ត្រូវ​សិក្សា​មុខវិជ្ជា​គំនូរព្រាង គំនូរបច្ចេកទេស និង​ប្រវត្តិ​ស្ថាបត្យកម្ម​ទូទៅ​លើ​ពិភពលោក ជាពិសេស​យើង​ជា​ស្ថាបត្យករ​ខ្មែរយើង​ចាំបាច់​ត្រូវ​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​លើ​សិល្បៈ​វប្បធម៌​ខ្មែរ។ ការសិក្សា​នេះ​មិន​ត្រឹមតែ​យើង​ត្រូវ​មើល​លើ​សំណង់​អគារ​នោះទេ តែ​យើង​ត្រូវ​សង្កេត​ឱ្យបាន​ល្អិតល្អន់​លើ​ក្បូរ​ក្បាច់រចនា និង​សម្ភារ​ប្រើប្រាស់​របស់​ខ្មែរ​ដូចជា​ផ្តិល គ្រឿងអលង្ការ និង​ក្បាច់ក្បូរ​ជាច្រើន​ផ្សេងទៀត ដើម្បី​យក​មូលដ្ឋាន​នៃ​ក្បូរ​ក្បាច់រចនា​ទាំងអស់នេះ ទៅ​ដាក់បញ្ចូល​ក្នុង​គម្រោង​អគារ​ដែល​យើង​រចនា​ឡើង។ បន្ទាប់មកទៀត ចាប់ពី​ឆ្នាំ​ទី2ទៅ យើង​សិក្សា​ប្រវត្តិ​ស្ថាបត្យកម្ម​បន្តទៀត គឺ​យើង​ឈានទៅ​សិក្សា​ពី​ប្រវត្តិ​ស្ថាបត្យកម្ម​នៃ​ប្រទេស​ដែលមាន​អរិយធម៌ខ្ពស់ៗដូចជា​ឥណ្ឌា ចិន អារ៉ាប់ និង​ប្រទេស​មួយចំនួនទៀត​នៅ​អឺរ៉ុប។ ក្រោយមក​ក៏​ចាប់ផ្តើម​រៀន​ផ្នែក​រោង​ជាង​សម្រាប់​គូរ និង​ធ្វើ​ផ្ទះគំរូ​ជាដើម មុននឹង​ឈានទៅដល់​សិក្សា​ពី​បច្ចេកវិទ្យា​ដោយ​កម្មវិធី Autocade, Sketchup ឬ 3D Max ជាដើម។ ហើយ​ក្រោយមកទៀត យើង​ក៏ត្រូវ​សិក្សា​ពីមុខ​វិជ្ជា​រចនា​ប្រកបដោយ​និរន្តរភាព (Sustainable Design) ដោយ​បញ្ចូល​នូវ​គំនិត Green ដែល Green នៅ​កន្លែង​នេះ​មិនមែន​សំដៅ​យកតែ​ភាព​បៃតង​ក្នុង​អគារ​ដោយ​ការដាក់​រុក្ខជាតិ​នោះទេ តែ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​មានការ​សន្សំសំចៃ​ខ្ពស់ មាន​ពន្លឺ​គ្រប់គ្រាន់ កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ដែល​មិនចាំបាច់ ហើយ​ឱ្យមាន​ប្រព័ន្ធ​ខ្យល់​ចេញចូល និង​កសាង​ផាសុកភាព​ដោយ​ប្រើប្រាស់​ធម្មជាតិ។

    បន្ទាប់មកទៀត​យើង​បន្ត​សិក្សា​ពី​ការរៀបចំ​សួនច្បារ (Landscape) ពី​គម្រោងតូចៗរហូតដល់​ការរៀបចំ​ទីក្រុង (urbanization) ខ្នាតធំៗ ដូចជា​ធ្វើជា​ប្លង់​ផ្លូវ ប្លង់​តំបន់​សម្រាប់​អគារ​បុរាណ អគារ​ទំនើប អគារ​ទាប អគារ​ខ្ពស់ និង​រៀបចំ​ប្រព័ន្ធ​ផ្លូវ​ឱ្យ​ល្អ មិន​ស្ទះ ហើយ​ងាយស្រួល​រស់នៅ។ ជាពិសេស​ការសិក្សា​នេះ​គឺ​គេ​មិន​ចង់​ឱ្យធ្វើ​បែបត្រង់ៗទេ តែ​ធ្វើយ៉ាងណា​គឺ​ច្នៃ​ឱ្យ​ល្អ​ទៅតាម​ធម្មជាតិ ហើយ​រក្សា​ធម្មជាតិ និង​បរិស្ថាន​ឱ្យបាន​ល្អ។ ជាពិសេស​នៅ​កម្ពុជា​យើង ក៏​នៅ​ខ្វះខាត​ដែរ​ជំនាញ​ផ្នែក​នេះ ព្រោះ​នៅ​ស្រុក​យើង​មាន​បញ្ហា​ខ្លះ​ដែល​ត្រូវ​ឈូសឆាយ​ពី​កន្លែង​មួយ​មក​កន្លែង​មួយ បន្ទាប់មក​ក៏​លុប​កន្លែង​ដែល​ជីក​នោះ ហើយ​ធ្វើ​សំណង់​វិញ ដែលនាំឱ្យ​មានការ​ខាតបង់​ច្រើនណាស់ ហើយ​សកម្មភាព​នោះ​ក៏​កើតមាន​ច្រើន​ដែរ​ដែល​ត្រូវ​ជីក​ពីមួយ​កន្លែង​លុប​មួយកន្លែង ពេល​ត្រូវប៉ាន់ ក៏​ជីកដី​ពី​កន្លែង​ផ្សេង​មក​លុប​កន្លែង​នេះ​វិញ។ តែ​នៅ​បរទេស​វិញ ជា​ឧទាហរណ៍​នៅ​ប្រទេស​បារាំង គេ​រក្សា​ធម្មជាតិ​បានល្អ ទោះ​ផ្ទះ​នៅលើ​ទួល ឬ​លើ​ភ្នំ​ក៏ដោយ ក៏​គេ​ច្នៃ​បានល្អ​ទៅតាម​ទម្រង់​ធម្មជាតិ គ្មាន​ការ​ឈូសឆាយ​ពង្រាប​ឱ្យ​ស្មើ​នោះទេ ពេល​គេ​រៀបចំ​ទៅ​គឺមាន​លក្ខណៈ​ល្អ​ប្លែក។

    8. មានមតិ​ខ្លះ​លើកឡើងថា ស្ថាបត្យកម្ម​សម្រាប់តែ​បុរស មិនមែន​សម្រាប់​ស្ត្រី​ទេ។ តើ​លោក​សាស្ត្រាចារ្យ​យល់​យ៉ាងណាដែរ​ចំពោះ​បញ្ហា​នេះ?
    សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា​មុខវិជ្ជា​ស្ថាបត្យកម្ម​សម្រាប់​ទាំងអស់គ្នា មិន​ថា​ស្រី ឬ​ប្រុស​នោះទេ សុទ្ធតែ​អាច​រៀន​បាន ព្រោះ​ពេលចេញ​ធ្វើការ យើង​គ្រាន់តែ​គូរ​ប្លង់​មិនមែន​សាងសង់​ដោយផ្ទាល់​នោះទេ។ សម្រាប់​និស្សិត​ស្រី បើទោះបីជា​គាត់​សិក្សា​ផ្នែក​វិស្វកម្ម​ក៏-ដោយចុះ ក៏​គាត់​មិនមែន​ទៅ​លើកដែក​ដែរ ការងារ​របស់គាត់ គឺ​គ្រាន់តែ​ធ្វើ​ប្លង់ ទៅ​ការដ្ឋាន​គ្រាន់តែ​កាន់​ប្លង់​ត្រួតពិនិត្យ​ប៉ុណ្ណោះ។ នៅ​ស្រុក​គេ​មាន​ទាំង​ស្ថាបត្យករ និង​វិស្វករ​ជា​ស្រី​ច្រើនណាស់ ហើយ​ពេលខ្លះស្រីៗអាចធ្វើ​បានល្អ​ជាង​មនុស្ស​ប្រុស​ផង។ សម្រាប់​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​នេះនិស្សិត​ស្រី និង​ប្រុស រៀន​ផ្នែក​ស្ថាបត្យកម្មមាន​ចំនួន​ប្រហែល​គ្នា ខុសគ្នា​តែ​មុខវិជ្ជា​វិស្វកម្ម​ទេ​ដែល​មនុស្ស​ប្រុស​រៀន​ច្រើនជាង។ចំពោះ​មុខវិជ្ជា​ស្ថាបត្យកម្ម​ត្រូវការ​ការសង្កេត​ច្រើន ចងចាំ​ក្បួនខ្នាត និង​ក្បាច់​ច្រើន ហេតុនេះ​ពេលខ្លះ​ក៏មាន​លក្ខណៈ​ល្អ​ផងដែរ​សម្រាប់​ស្ត្រី ប្រសិនបើ​គាត់​សិក្សា​ផ្នែក​នេះ ព្រោះ​គាត់​អាចបង្កើត​បាន​នូវ​ប្លង់​ស្ថាបត្យកម្ម​បានល្អ​ទៅតាម​ភាព​ច្នៃប្រឌិត​របស់គាត់។

    9. តើ​ការសិក្សា​មុខវិជ្ជា​ស្ថាបត្យកម្ម​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដែរឬទេ? ប្រសិនបើ​និស្សិត​មិនសូវមាន​ធនធាន​តើ​ត្រូវធ្វើដូចម្តេចខ្លះ​ដើម្បី​សិក្សា​បាន?
    ការសិក្សា​មុខវិជ្ជា​ស្ថាបត្យកម្ម​ត្រូវ​ចំណាយ​ច្រើន​បន្តិច ព្រោះ​ត្រូវការ​សម្ភារ​បរិក្ខារ​ច្រើន​សម្រាប់​ធ្វើជា​ផ្ទះ​គំរូ ជា​មាត្រដ្ឋានតូចៗ ត្រូវការ​កុំព្យូទ័រ​ធំ​ជាង​កុំព្យូទ័រ​ធម្មតា និង​ត្រូវ​ការដើរ​ច្រើន​ដើម្បី​សង្កេត​ពី​ក្បូរក្បាច់​រចនា​ជាដើម។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ដែល​មិនសូវ​សម្បូរ​ធនធាន​ក៏​អាច​សិក្សា​បានដែរ ព្រោះ​គាត់​អាច​ប្រើប្រាស់​កុំព្យូទ័រ​របស់​សាលា ឬ​ទិញ​កុំព្យូទ័រ​លើ​តុ (Desktop) សម្រាប់​អនុវត្ត​នៅផ្ទះ ក្នុងតម្លៃ​ធូរ​ថ្លៃ​ជាង Laptop សម្រាប់​រៀន​បាន។

    ម្យ៉ាងវិញទៀតគាត់អាចស្វែងរកកម្ចីពីសាកលវិទ្យាល័យ ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម សម្រាប់សិក្សាបាន។ ក្រោយពេលគាត់សិក្សាចប់ គាត់អាចបង់សងរំលោះវិញបាន។

    ជាវិធីល្អមួយទៀតសម្រាប់និស្សិតដែលមានជីវភាពខ្សត់ខ្សោយ គាត់អាចសិក្សាផងធ្វើការជាក់ស្តែងផងនៅចុងឆ្នាំទី2។ ការធ្វើបែបនេះអាចធ្វើឱ្យគាត់ទទួលបានទាំងថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សា និងបទពិសោធន៍ការងារផ្ទាល់ ព្រោះគាត់រៀនបានប៉ុណ្ណេះគាត់អាចជួយគូរគេបាន។

    10. តើ​ការសិក្សា​មុខវិជ្ជា​នេះ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ?
    សម្រាប់​កត្តា​ប្រឈម​មិនមាន​ច្រើនពេក​ទេ​សម្រាប់​ការសិក្សា​មុខវិជ្ជា​នេះ អ្វីដែល​ធ្វើឱ្យ​សិស្ស​លំបាក​នោះ គឺអាច​ពាក់ព័ន្ធ​នឹង​កត្តា​ក្នុង​ខ្លួន ព្រោះ​សិស្ស​ខ្លះ​គាត់​មិនសូវ​ខិតខំស្រប​ពេលដែល​មុខវិជ្ជា​នេះ​ត្រូវអនុវត្ត​ច្រើន គាត់​អាច​តាម​មិនទាន់​គេ។ ចំពោះ​និស្សិត​ខ្លះ​គាត់​ខិតខំ​ប្រឹងប្រែង​ដែរ តែ​គាត់​មិនមាន​ទេពកោសល្យ ហេតុនេះ​គាត់​ធ្វើ​មិន​បានល្អ ខ្វះ​ការច្នៃប្រឌិត និង​គូរ​មិនសូវ​បាន​ស្អាត។ ហេតុនេះ​មុខវិជ្ជា​នេះ​ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​ឱ្យបាន​ខ្លាំង ច្បាស់លាស់ និង​យកចិត្តទុកដាក់​ផង និង​មាន​ទេពកោសល្យ​សិល្បៈ​ផងដែរ។ កន្លងមក​ក៏មាន​សិស្ស​ខ្លះ​បោះបង់​ការរៀន​ផ្នែក​នេះដែរ តែ​តិចតួច​ខ្លាំងណាស់។ ក្នុងចំណោម​សិស្ស​រាប់រ​យ​នាក់​អាចមាន​ត្រឹមតែ 2នាក់ ឬ​ម្នាក់​ប៉ុណ្ណោះ​ដែល​ប្តូរ​ចេញ។

    11. សម្រាប់សាកលវិទ្យាល័យ បៀលប្រាយ តើអ្វីជាលក្ខណៈពិសេសក្នុងការបណ្តុះបណ្តាលផ្នែកស្ថាបត្យកម្មនេះ?
    សម្រាប់សាកលវិទ្យាល័យ បៀលប្រាយ យើងមានសាស្ត្រាចារ្យប្រកបដោយបទពិសោធន៍ខ្ពស់ មានទាំងសញ្ញាបត្រគុណវុឌ្ឍត្រឹមត្រូវ និងធ្លាប់ធ្វើការងារច្រើនជាមួយនឹងជំនាញតែម្តង ហេតុនេះការបណ្តុះបណ្តាលរបស់ពួកគាត់មានភាពច្បាស់លាស់ដែលអាចធ្វើឱ្យនិស្សិតចេញកមមានទាំងសមត្ថភាព និងលទ្ធភាពខ្ពស់ក្នុងការធ្វើការងារ ឬប្រកួតប្រជែងក្នុងទីផ្សារការងារនៅកម្ពុជា។

    12. តើ​លោក​សាស្ត្រាចារ្យ​មានមតិ​ផ្តាំផ្ញើ​អ្វីខ្លះ​សម្រាប់​និស្សិត និង​សាធារណជន​កម្ពុជា?
    សម្រាប់​ខ្ញុំ ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅប្អូនៗដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប ឬ​មិន​ជាប់​បាក់​ឌុប​ក្តី ត្រូវ​មើលឃើញថា​ស្ថាបត្យកម្ម និង​វិស្វកម្ម ជា​មុខវិជ្ជា​មួយ​ដែល​សង្គម​កំពុង​ត្រូវការ​ខ្លាំងណាស់។ យើង​ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​សាងសង់​ដើម្បី​បង្ហាញ​បរទេស​ពី​ភាព​ប៉ិនប្រសប់​របស់​យើង ឱ្យគេ​មើលឃើញ​ពី​បរិស្ថាន​យើង​ល្អ និង​គុណភាព​សំណង់​ដែល​ធ្វើឱ្យ​ការរស់នៅ​របស់​យើង​មាន​ភាពល្អប្រសើរ។ នៅពេល​នោះគេ​នឹង​ចាប់អារម្មណ៍​បណ្តាក់ទុន និង​ចូលមក​កម្ពុជា​យើង​កាន់តែ​ច្រើនឡើង។

    នៅ​កម្ពុជា​យើង​បច្ចុប្បន្ន យើង​នៅមាន​ចំណុច​ខ្វះខាត​ច្រើនណាស់ អគារ​យើង​នៅ​ចាញ់​គេ​នៅឡើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង ដោយ​រាប់​ចាប់តាំងពី​អគារ ផ្លូវ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។ ស្ពាន​ក៏​ចាំបាច់​ត្រូវមាន​គម្រោង​ស្ថាបត្យកម្ម​ដែរ មិនមែន​ត្រូវធ្វើឡើងត្រង់ៗនោះទេ គេ​សង់​ឡើង​ដោយ​ការ​រចនា​ស្អាត ហើយ​មាន​លក្ខណៈប្លែកៗពីគ្នា។

    ខ្ញុំ​សូម​លើក​ពី​រឿង​ល្អ​មួយ​នៅ​ប្រទេស​អូស្ត្រាលី ក្នុង​បុរី និង​គម្រោង​លំនៅឋាន​របស់គេ​បើ​មានផ្ទះ 500ខ្នង គេ​ធ្វើ​ម៉ូដខុសៗគ្នាបន្តិចៗទាំង 500ខ្នង​នោះ។ ពេលធ្វើ​បែបនេះ​វា​បាន​ក្លាយជា​រចនាប័ទ្ម​ប្លែក ហើយក៏​ជាការ​ជួយ​ដល់​ស្ថាបត្យករ​ផងដែរ ព្រោះ​គាត់​បាន​បញ្ចេញស្នាដៃ​រប​ស់​គាត់​សម្បូរបែប មិនមែន​គូរ​ម៉ូដ​តែមួយ​ហើយ​ធ្វើ​រាប់ពាន់​ផ្ទះ​នោះទេ។ ការលើកទឹកចិត្ត​ដល់​ស្ថាបត្យករ​បែបនេះ សំខាន់​ណាស់ ព្រោះ​វា​ធ្វើឱ្យ​តម្លៃ​នៃ​កម្មសិទ្ធិបញ្ញា​មានតម្លៃ ហើយ​អ្នកធ្វើ​ក៏មាន​ទឹកចិត្ត​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ដែរ។

    ការធ្វើ​បែបនេះ ច្បាស់​ណាស់ វា​អាចធ្វើឱ្យ​តម្លៃ​លំនៅឋាន​កើនឡើង តែ​វា​មិន​កើនឡើង​ខ្លាំង​នោះទេ ព្រោះ​ផ្ទះ​បច្ចុប្បន្ន​ដែលថ្លៃៗ គឺ​ដោយសារតែ​តម្លៃ​ដី​ថ្លៃ មិនមែន​ដោយសារតែ​តម្លៃ​អគារ​នោះទេ ហេតុនេះ​តម្លៃ​កើនឡើង​តិចតួច តែ​ផ្ទះនីមួយៗមាន​លក្ខណៈពិសេសរៀងៗខ្លួន៕

  • ដាំ​ខ្ទឹម​ធ្វើពូជ បានចំណូលខ្ពស់ជាងលក់ស្លឹក

    ដាំ​ខ្ទឹម​ធ្វើពូជ បានចំណូលខ្ពស់ជាងលក់ស្លឹក

    កសិករ​មួយចំនួន​ដែល​រស់នៅក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បាន​ងាក​មក​ចាប់យក​របរ​ថ្មី​មួយទៀត​ហើយ គឺ​ដាំ​ខ្ទឹម​យក​ពូជ​លក់ និង​ទុក​សម្រាប់​ដាំ​ដុះ​ខ្លួនឯង​នៅ​ជំនាន់ក្រោយៗជាជាង​ចំណាយ​ប្រាក់​ទិញ​ពូជ​ពី​ប្រទេសជិតខាង ដើម្បី​កុំឱ្យ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​គ្រួសារ នៅពេល​មាន​តម្រូវ​ការដាំដុះ​លើកក្រោយៗទៀត។

    លោក ហង់ ម៉េង​ហួរ កសិករ​ដាំ​ខ្ទឹម​ម្នា​ក់នៅ​ភូមិ​លេខ3 ឃុំ​ត្រើយ​សា្ល ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ប្រាប់​ឱ្យដឹងថា​ក្រៅពី​ដាំ​ខ្ទឹម​យក​ស្លឹក​លក់​ហើយគ្រួសារ​លោក​ក៏ដូចជា​កសិករ​មួយចំនួនទៀត​ដែរបាន​ឆ្លៀត​ដាំ​ទុក​ធ្វើ​ពូជ​លក់ និង​សម្រាប់​ទុក​ដាំ​បន្ត​នៅពេលក្រោយៗទៀតផង​ដែរ ព្រោះ​ពូជ​លក់បាន​ថ្លៃ និង​ចំណេញ​ច្រើនជាង​លក់​ស្លឹក។ គ្រួសារ​លោកបាន​ចាប់យក​របរ​ដាំ​ខ្ទឹម​ទុក​ធ្វើ​ពូជ​នេះ​អស់​រយៈពេល​ជាង 5ឆ្នាំ​មកហើយ នៅ​លើដី​ចំនួន 2កន្លែង​មាន​ទំហំ​ជិត​មួយ​ហិកតា​កន្លះ ក្នុងនោះ​ពាក់កណ្តាល​ដាំ​សម្រាប់​លក់​គល់ និង​ស្លឹក និង​ពាក់កណ្ដាល​ទៀត​ដាំ​សម្រាប់​ទុក​ធ្វើ​ពូជ​លក់ និង​សម្រាប់​ទុក​ដាំ​បន្ត​ខ្លួនឯង។

    លោក​បាន​បន្តថា មូលហេតុ​ដែល​លោក​ដាំ​យក​ស្លឹក​លក់​ពាក់កណ្តាល និង​ដាំ​ទុក​សម្រាប់ធ្វើ​ពូជ​លក់​ពាក់កណ្តាល​នេះ គឺ​ដើម្បី​ជួយ​យឹតយោង​តម្លៃ​គ្នា​ទៅវិញទៅមក មានន័យថា​ប្រសិនបើ​ស្លឹក​ខ្ទឹម​ធ្លាក់​ថ្លៃ បាន​ខ្ទឹម​ពូជ​ជួយ​ទប់​មិនឱ្យ​ខាត​ខ្លាំង ព្រោះ​ពូជ​ខ្ទឹម​មិនចេះ​ខាត​ទេ​ហើយក៏​មិនបាច់​ទៅ​ដើររក​ទិញ​ពូជ​របស់គេ​មក​ដាំ​ដែរ ប្រសិនបើ​តម្លៃ​ខ្ទឹម​ស្លឹក​បាន​ថ្លៃ​ដូច​សព្វថ្ងៃ 1គីឡូក្រាម 4,000 ទៅ5,000រៀល យើង​អាច​លក់​ពូជ​បាន 1គីឡូក្រាម​រហូតដល់​ទៅ12.000 ទៅ15.000រៀល​ឯណោះ ហើយ​បើ​ស្លឹក​ខ្ទឹម​បាន​ថ្លៃ​ជាង​នេះ ការលក់​ពូជ​ខ្ទឹម​កាន់តែ​បាន​ថ្លៃ​ទៅទៀត​តាម​ហ្នឹង​ដែរ ដែលមាន​ពេលខ្លះ​យើង​អាច​លក់បាន 1គីឡូក្រាម​ដល់​ទៅ 25.000 ឬ30.000រៀល​ក៏មានដែរ និយាយ​រួម​ខ្ទឹម​ពូជ​មិនចេះ​ខាត​ទេ។

    ចំណែកឯ​លោក សុខ លន់ ជា​មន្ត្រីនគរបាល និង​ជា​អ្នក​ដាំ​ខ្ទឹម​ពូជ​ជាង 20ឆ្នាំ​មក​នៅ​ក្នុងភូមិ​ទួល​អំពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង បាន​និយាយ​ដែរ​ថា លោក​តែង​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ជា​មន្ត្រីនគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ​មកជួយ​ដាំ​ខ្ទឹម​ភរិយា​យក​ពូជ​លក់​ដែរ ដែល​របរ​នេះ​អាចជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់លោក​កាន់តែ​ប្រសើរឡើង។ អ្នកជំនាញ​ដាំ​ខ្ទឹម​ពូជ​រូបនេះ​បាន​បន្តថា លោក​មាន​ដី​ជាង​កន្លះ​ហិកតា​សម្រាប់​ដាំ​ខ្ទឹម ប៉ុន្តែ​មិន​ដាំ​យក​ស្លឹក​នោះទេ គឺ​ដាំ​ទុក​ធ្វើ​ពូជ​លក់ ព្រោះ​បាន​ចំណេញ​ច្រើនជាង។

    ជាមួយគ្នានេះដែរ លោក​ក៏បាន​ប្រាប់ឱ្យដឹង​អំពី​វិធីសាស្ត្រ​ក្នុង​ការដាំ​ផងដែរ​ថា ការដាំ​ខ្ទឹម​យក​ស្លឹក និង​ដាំ​ខ្ទឹម​យក​ពូជ​លក់​នេះ​មិន​ខុសគ្នា​ទេ គ្រាន់តែ​ការដាំ​ខ្ទឹម​ទុក​ធ្វើ​ពូជ​ត្រូវ​ប្រើ​រយៈពេល​យូរ​ជាងគឺ​ចាប់ពី 2ខែ​កន្លះ ទៅ3ខែ​ទើប​គេ​ដក ដែល​ខុសពី​ដាំ​ខ្ទឹម​យក​ស្លឹក​លក់ គេ​ប្រើ​រយៈពេល​តែ 1ខែ​កន្លះ ទៅ 1ខែ 20ថ្ងៃ​ប៉ុណ្ណោះ គឺ​គេ​អាច​ដក​លក់បាន​ហើយ។

    លោក សុខ លន់ បាន​បន្ថែម​ដែរ​ថា ក្រោយពី​ដក​រួច គេ​ត្រូវយក​វា​ទៅ​ហាលថ្ងៃ និង​សំដិល​ទុកឱ្យ​ស្ងួតទើប​យកទៅ​រក្សាទុក​ដើម្បី​ការពារ​កុំឱ្យ​វា​រលួយ។ ក្រោយពី​រក្សាទុក​បាន​ប្រមាណ 1ខែ​កន្លះ ទៅ2ខែ គឺអាច​យកទៅ​ដាំ​ជាថ្មី​បាន​ហើយ។ លោក​បាន​បញ្ជាក់ប្រាប់​ផងដែរ​ថា ពូជ​ខ្ទឹម​នេះ កាលពី​ដើមឡើយ​គឺ​កសិករ​យើង​នាំចូល​ពី​ប្រទេសជិតខាង ពិសេស​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ហើយ​ពេលខ្លះ​ត្រូវ​ឈ្មួញ​ក្រឡុក​តម្លៃ​ស្រេច​តែ​ចិត្ត​គេ​ទៀតផង ដូច្នោះ​ហើយ​ទើប​ធ្វើឱ្យ​លោក​ងាក​មក​ដាំ​ខ្ទឹម​ទុក​ធ្វើ​ពូជ​សម្រាប់​លក់​ឱ្យ​កសិករ​ក្នុងស្រុក​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល និង​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​កសិករ​ក្នុងស្រុក កុំឱ្យ​ពិបាកទៅ​ទិញ​ឆ្ងាយ ហើយ​វា​ថែមទាំង​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់លោក​កាន់តែ​ប្រសើរឡើង​ផងដែរ។

    លោក អ៊ុក សុខ​គុណ ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ស្អាង​មានប្រសាសន៍ថា ស្រុក​ស្អាង គឺជា​តំបន់​ធ្វើ​កសិកម្ម​ផលិត​ដំណាំ​កសិផល​ច្រើនជាងគេ​នៅក្នុង​ខេត្តកណ្តាល​សម្រាប់​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក និង​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​នានា ពិសេស​ទីផ្សារ​ក្នុង​ក្រុងភ្នំពេញ​តែម្តង ដែល​បន្លែ​ទាំងអស់នោះ​មានដូចជា​ស្ពៃចង្កឹះ ស្ពៃ​តឿ ស្ពៃក្តោប ស្លឹក​គូឆាយ ត្រសក់ ននោង ត្រឡាច មើម​ខ្ញី ម្រះ និង​ខ្ទឹម​ជាដើម។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​កសិករ​នៅ​ក្នុងភូមិ​មិនទាន់មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការដាំដុះ​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​នៅឡើយ ភាគច្រើន​នៅពេល​ដំណាំ​បន្លែ​ណាមួយ​បាន​ថ្លៃ​ខ្ពស់ គឺ​ពួកគាត់​នាំគ្នា​ដាំ​ដំណាំ​នោះ​ស្ទើរ​គ្រប់គ្នា ជួនកាល​ប្រមូលផលដំណាលៗគ្នា​ក្នុងពេល​តែមួយ ធ្វើឱ្យ​បន្លែ​នោះ​ជន់​ច្រើន​នៅលើ​ទីផ្សារ​លក់​មិន​ដាច់ នាំឱ្យ​តម្លៃ​ធ្លាក់ចុះ​ខ្លាំង និងភ្លាមៗតែម្ដង។

    ដោយឡែក​របរ​ដាំ​ខ្ទឹម​នេះ កន្លងមក​កសិករ​តែង​ចំណាយ​ថវិកា​ទិញ​ពូជ​ពី​ប្រទេសជិតខាង​ដូចជា​ថៃ និង​វៀតណាម​សម្រាប់​យកមក​ដាំ​យក​ស្លឹក និង​គល់​លក់ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគាត់​ចេះ​ទុក​ពូជ​សម្រាប់​ដាំ​ខ្លួនឯងខ្លះៗហើយ។ លោក​បញ្ជាក់ថា ការដាំ​ទុក​ពូជ​នេះ​កសិករ​មិនមាន​ផែនការ និង​ជំនាញ​ច្បាស់លាស់​នៅឡើយ​ទេ នៅពេលណា​ស្លឹក​ខ្ទឹម​ធ្លាក់​ថ្លៃ​ខ្លាំង គឺ​គាត់​ទុក​ពូជ​តែម្តង ដែល​នេះ​ជា​កត្តា​ធ្វើឱ្យ​ពូជ​ខ្ទឹម​មិនសូវ​សម្បូរ​សម្រាប់​យកទៅ​ដាំ​បន្ត​នៅ​ជំនាន់ក្រោយៗទៀត។ លោក​ថា យក​ល្អ​កសិករ​ត្រូវ​ចេះ​ដាំ​ដាច់ដោយឡែក​ចេញពី​គ្នា បើ​ដាំ​សម្រាប់​យក​ដើម ឬ​ស្លឹក​លក់ គេ​មិនចាំបាច់​ថែទាំ​ច្រើន​ទេ តែបើ​ដាំ​យក​ពូជ​ត្រូវមាន​ការថែទាំ​ច្បាស់លាស់ រាប់​ចាប់តាំងពី​ការធ្វើ​ដី ធ្វើ​ស្មៅ ការប្រើប្រាស់​ជី ធ្វើយ៉ាងណា​ឱ្យ​ខ្ទឹម​លូតលាស់​ល្អ​មាន​ដើម ឬ​មើមធំៗ ទើប​ទុក​ធ្វើ​ពូជ​យកទៅ​ដាំ​នៅ​ជំនាន់ក្រោយៗទៀត​បានល្អ៕

  • តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មាន​ភាពចាំបាច់​យ៉ាងណា​ចំពោះ​កម្ពុជា?

    តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មាន​ភាពចាំបាច់​យ៉ាងណា​ចំពោះ​កម្ពុជា?

    ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ ​Everything But Arms (ប្រែ​ថាអ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ) គឺជា​កម្ម​វី​ធី​ផ្តល់​ភាពអនុគ្រោះ​ផ្នែក​ពន្ធគយ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​នានា​ដែល​ត្រូវបាន​ចាត់​លំដាប់ថ្នាក់​ថា​ជា “ប្រទេស​អភិវឌ្ឍន៍​តិចតួច” ឬ​ហៅថា “ប្រទេស​ក្រីក្រ”។ ប្រព័ន្ធ​នេះ​ត្រូវបាន​សហគមន៍​អឺរ៉ុប​ដាក់ឱ្យអនុវត្ត​កាលពី​ឆ្នាំ2011 ដល់​ប្រទេស​ក្រីក្រ​ចំនួន49 នៅ​ទូទាំង​ពិភពលោក​ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុ​ជាមួយ​ផងដែរ។

    ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មក គេ​សង្កេតឃើញថា អ្នកវិនិយោគ​បរទេស​បាន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​លើ​វិស័យផ្សេងៗជាច្រើន ជាពិសេស​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​បាន​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន និង​បាន​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​ប្រទេស​ក្រីក្រ​មាន​ចំណូល​ទាប មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប។

    ទិន្នន័យ​របស់​ធនាគា​រ​ពិភពលោក​បានបង្ហាញ​ថា បើ​និយាយ​ចំពោះតែ​ទីផ្សារ​អឺរ៉ុប​វិញ មាន​ចំនួន​ដល់​ទៅ 4,126ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​លើសលប់(94,84%)គឺជា​ផលិតផល​សម្រេច​មានតម្លៃ​ស្មើនឹង 4,079ពាន់​លាន​ដុល្លារ។ ចំពោះ​ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប គឺជា​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ដែលមាន​តម្លៃ​ដល់​ទៅ​ជាង 3.531ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង85.58ភាគរយ​នៃ​តម្លៃ​ទំនិញ​សរុប​ដែល​កម្ពុជា​បាន​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប។ ចំពោះ​ប្រទេស​នៅក្នុង​ទីផ្សារ​អឺរ៉ុប​ដែល​កម្ពុជា​បាន​នាំចេញ​ទំនិញ​ចូលទៅ​នោះ រួមមាន​កាណាដា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ជាដើម ជាទី​ផ្សារ​ធំ​បំផុត​ដែល​ទទួល​លក់ទំនិញ​ពី​កម្ពុជា ជាពិសេស​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា(ចំណេញ​កម្ពុជា)។

    ចំណែក​ប្រទេស​ចិន​វិញ​បាន​នាំចូល​ទំនិញ​មានតម្លៃ​ដល់​ទៅ​ជាង 4,550លាន​ដុល្លារ​មក​កម្ពុជា បន្ទាប់មក​គឺ​ប្រទេស​ថៃ​មានតម្លៃ 1,910លាន​ដុល្លារ និង​ប្រទេស​វៀតណាម​មានតម្លៃ​ជាង 141លាន​ដុល្លារ​ក្នុង​ឆ្នាំ2016 ខណៈដែល​កម្ពុជា​នាំចូល​ទៅវិញ​មាន​ចំនួន​តិចតួច​បំផុត​ដែល​ធ្វើឱ្យមាន​ផល​អវិជ្ជមាន​សម្រាប់​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា(កម្ពុជា​មិនសូវ​ចំណេញ)។

    ធនាគារពិភពលោក(WB)បានប្រកាសថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​រក្សា​កំណើន​រឹងមាំ​ដដែល​នៅ​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំ2018 ដោយសារ​សេដ្ឋកិច្ច​មួយផ្នែកធំ​បានមកពី​ការរួមចំណែក​យ៉ាង​ធំធេង​នៃ​កំណើន​នាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​សម្រាប់​ការធ្វើដំណើរ ដូចជា​កាបូប វ៉ា​លី​ស ដែល​ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​អាមេរិក​ខាងជើង ហើយ ​WB បានបង្ហាញ​ពី​ការព្រួយបារម្ភ​នៅក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​អំពី​កម្ពុជា កាលពីពេលថ្មីៗថា ការសើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មកលើ​ប្រទេស​កម្ពុជា គឺជា​ហានិភ័យ​ចម្បង​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ទាំងមូល។

    លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ សមាជិក​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ (CICP) បាន​មានប្រសាសន៍ថា ប្រសិនបើ​កម្ពុជា​បាត់បង់​ការអនុគ្រោះ​ពន្ធ​នេះ​លើ​រាល់​ទំនិញ​នាំចូល​ទៅកាន់​សហគមន៍​អឺរ៉ុប កម្ពុជា​នឹង​ត្រូវបំពេញ​កាតព្វកិច្ច​បង់ពន្ធ​រហូតដល់​ទៅ 11ភាគរយ​សម្រាប់​ផលិតផល​សម្លៀកបំពាក់ និង​អត្រា​ផ្សេង​ពីនេះ​ទៀត​ទៅតាម​ប្រភេទ​ទំនិញនីមួយ។ ហើយ​ប្រសិនបើ​សហគមន៍​អឺរ៉ុប​តម្រូវឱ្យ​កម្ពុជា​បង់ពន្ធ​មែន​នោះនឹងធ្វើ​ឱ្យ​ទំនិញ​នាំចូល​ពី​កម្ពុជា​ជួប​ការលំបាក​ក្នុងការ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ទំនិញ​នាំចូល​ពី​ប្រទេស​ផ្សេងទៀត ដែល​នឹង​នាំឱ្យ​ប៉ះពាល់​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ជាច្រើន​ទៀត ដោយសារ​វិនិយោគិន​ប​រទេស​នឹង​ឈប់​ប្រកប​ធុរកិច្ច​ក្នុងប្រទេស​កម្ពុជា ហើយនឹង​ងាក​ទៅរក​ប្រទេស​ផ្សេង​ណាមួយ​ទៀត​ដែល​នៅ​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ទៅកាន់​អឺរ៉ុប​លើកលែងតែ​អាវុធ​នេះ​វិញ​ម្ដង។ ទោះជា​យ៉ាងនេះ​ក្តី ក៏​កម្ពុជា​នៅមាន​ទីផ្សារ​ច្រើន​ទៀត ដូចជា​ប្រទេស​ចិន ជប៉ុន អង់គ្លេស និង​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​ដែល​មិនមែនជា​សមាជិក​សហគម​ន៍​អឺរ៉ុប។

    លោក Jean-Gaetan GUILLEMAUD ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន Zuelling Pharma បាន​មានប្រសាសន៍ខ្លីៗថា អ្នក​ធុរកិច្ច​អឺរ៉ុប មានការ​ទទួលខុសត្រូវ​ខ្លាំង​ផ្នែក​សង្គម ដោយសារតែ​វិនិយោគិន​អឺរ៉ុប​បាន​ចូលរួមចំណែក​សំខាន់​ក្នុងការ​ផ្តល់​ការងារផ្តល់​សុខុមាលភាព​ការងារ និង​សង្គម និង​ជួយ​លើកកម្ពស់​សិទ្ធិ ជីវភាព​កម្មករ និង​សេដ្ឋកិច្ច​ខ្មែរ​ផងដែរ។ ហើយ​ថា វិនិយោគិន​អឺរ៉ុប​មិន​ត្រឹមតែ​ផ្តល់​ការងារ​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ការងារ​ប្រកបដោយ​ចីរភាព តាមរយៈ​ការបញ្ជូន​ពលរដ្ឋ​ទៅ​សិក្សា​ជំនាញ​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃសិង្ហ​បុរី​ជាដើម​ទៀតផង។ លោក​ថា ក្រុមហ៊ុន​មកពី​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​មាន​ចំនួន​ជាង 500 កំពុង​វិនិយោគ​នៅ​កម្ពុជា។

    ចំណែក​លោក គី​លី​យ៉ង់ ប្លេ​ស នាយក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​មានប្រសាសន៍​ដែរ​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា​មិនមែនជា​នីតិវិធី​មួយ​ដែល​អាច​ប្រញាប់ប្រញាល់​ធ្វើ​បានទេ លុះត្រាតែ​មានការ​ជជែក​គ្នា​ឱ្យបាន​ច្រើន មុន​មានការ​សម្រេច​ដក ឬ​ផ្អាក​បណ្តោះអាសន្ន​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ។

    ជាមួយគ្នានេះ សភាពាណិជ្ជកម្ម​អន្តរជាតិធំៗចំនួន 5ស្ថាប័ន​នៅ​អឺរ៉ុប ដែល​ក្នុងនោះ​មាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​នៅ​កម្ពុជា (CCFIC) ក្រុម​អ្នក​ធុរកិច្ច​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា (ADW) សភាពាណិជ្ជកម្ម​អឺរ៉ុប​ខាងជើង​ប្រចាំ​នៅ​កម្ពុជា (Nordcham) សមាគម​អ្នក​ធុរកិច្ច​អុីតាលី​នៅ​កម្ពុជា​ដែលជា​តំណាង​ប្រទេស​ចំនួន9 នៅ​អឺរ៉ុប កាលពីពេលថ្មីៗនេះ​បាន​សរសេរ​លិខិត​រួមគ្នា​មួយច្បាប់​ជូន​លោកស្រី Cecila Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម​គណៈកម្មការ​អឺរ៉ុប​ក្នុង​ខ្លឹមសារ​មិន​ឯកភាព​ទៅនឹង​បំណង​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​ប្រទេស​កម្ពុជា។

    លិខិត​រួម​របស់​ស្ថាប័ន​ធុរកិច្ច​អន្តរជាតិ​ដែលជា​តំណាង​ក្រុមហ៊ុន​ចំនួន 335 និង​មាន​និយោជិត​ជាង 5ម៉ឺន​នាក់​បាន​សម្តែង​នូវ​ក្តីកង្វល់​យ៉ាងខ្លាំង-ក្លា​អំពី​ដំណើរការ​ឆ្ពោះទៅរក​ការដកហូត​ការអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ក្រោម​របប EBA ដែល​ប្រែ​ថាអ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ចេញពី​ប្រទេស​កម្ពុជា និង​បារម្ភ​ពី​ផលវិបាក​ដែល​ការដកហូត​នេះ​ដែល​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ក្លា​ដល់​ប្រយោជន៍​ពាណិជ្ជកម្ម​យូរអង្វែង​ទាំង​របស់​សហភាព​អឺរ៉ុប និង​របស់​ប្រទេស​កម្ពុជា៕

  • មូលហេតុ​មួយចំនួន​ដែល​ប្រទេស​ហ្វាំ​ង​ឡង់​មាន​ប្រព័ន្ធ​អប់រំ​ល្អ​បំផុត​ក្នុង​ពិភពលោក

    មូលហេតុ​មួយចំនួន​ដែល​ប្រទេស​ហ្វាំ​ង​ឡង់​មាន​ប្រព័ន្ធ​អប់រំ​ល្អ​បំផុត​ក្នុង​ពិភពលោក

    ជាទូទៅ​មនុស្ស​គ្រប់គ្នា​លើ​ពិភពលោក តែងតែ​ឃើញ​សហរដ្ឋអាមេរិក​ស្ថិតនៅក្នុង​លំដាប់​ខ្ពស់បំផុត​នៃ​តារាង​ប្រទេស​ដែលមាន​ការអប់រំ​ល្អ​ជាងគេ​លើ​ពិភពលោក តែ​បច្ចុប្បន្ននេះ​ប្រទេស​ដែល​ស្ថិតនៅ​លំដាប់​ខ្ពស់បំផុត​នោះ​គឺ​ហ្វាំ​ង​ឡង់។

    ក្នុង​ដំណើរ​នៃ​ការកសាង​សមត្ថភាព និង​ពង្រឹង​ប្រសិទ្ធភាព​អប់រំ​របស់ខ្លួន ប្រទេស​ហ្វា​ំង​ឡង់​មាន​លក្ខណៈពិសេស​ជាច្រើន​ដែលជា​មេរៀនល្អៗសម្រាប់​ការអនុវត្ត​នៅ​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​លើ​ពិភពលោក។ ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ដែល​ប្រទេស ហ្វា​ំង​ឡង់​អនុវត្ត​ទទួលបាន​ជោគជ័យ​លើ​ការអភិវឌ្ឍ​វិ​ស័​យ​អប់រំ​របស់ខ្លួន។

    1.គ្មាន​ការកម្រិត​សមត្ថភាព​សិស្ស​ដោយ​ស្តង់ដារ​ណាមួយ​នោះទេ
    ការបង្រៀន​សិស្ស​ដោយ​ផ្តោត​តែ​លើ​បន្ទាត់​ត្រង់ភ្លឹង​មិនមែនជា​វិធី​ល្អ​នោះទេ​ក្នុង​ការបង្កើត​ភាពច្នៃប្រឌិត​សម្រាប់​យុវជន​ជំនាន់​ថ្មី​ដែល​រស់នៅក្នុង​ពិភពលោក​អភិវឌ្ឍ​យ៉ាង​លឿន​ជា​រៀងរាល់ថ្ងៃ។ វិបត្តិ​ភាគច្រើន​នៃ​ការអប់រំ​លើ​ពិភពលោក គឺ​សិស្ស​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ត្រូវបាន​កម្រិត​ការយល់ដឹង ឬ​ធ្វើ​តាមតែ​អ្វីដែលបា​នកំណត់ទុក ហើយ​បង្កើត​តែ​រឿងដដែលៗសម្រាប់​សង្គម។ ហេតុនេះ​ការបណ្តុះបណ្តាល​សម័យថ្មី​គឺជា​ការបណ្តុះបណ្តាល​ដែល​ផ្តល់ព័ត៌មាន​សម្រាប់​ការពិចារណា និង​ជាការ​បើក​ច្រក​ច្នៃប្រឌិត​សម្រាប់​កុមារ ដោយ​ការ​ផ្តល់នូវ​មូលដ្ឋានគ្រឹះ​អប់រំ​សម្រាប់​ជា​មូលដ្ឋាន​ដល់​ពួកគេ​ក្នុង​ការយល់ឃើញ​រឿងសំខាន់ៗជាច្រើន​ដែលមាន​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ។

    នៅ​ប្រទេស​ហ្វាំ​ង​ឡង់​គ្មាន​ស្តង់ដារ​នៃ​ការធ្វើ​តេស្ត​សិស្ស​នោះទេ ហើយ​សំណួរ​ភាគច្រើន​ដែល​ដាក់ឱ្យ​សិស្ស​ធ្វើ​ ក៏​កម្រ​ជា​សំណួរ​បិទ​ណាស់ មានន័យថា​ សិស្ស​អាចមាន​ឱកាស​ច្រើន​ក្នុងការ​បង្ហាញ​ពី​គំនិត និង​ការយល់ឃើញ​របស់ខ្លួន​បាន​យ៉ាង​ទូលំទូលាយ​លើ​សន្លឹក​កិច្ច​ការប្រឡង​របស់ខ្លួន ហើយ​គ្រូ​ក៏​ព្យាយាម​ទទួលយក​នូវ​ចំណុច​វិជ្ជមាន​ទាំងអស់នោះ ដោយ​ផ្តល់​ពិន្ទុ​ទៅតាម​ភាពជាក់ស្តែង​នៃ​លទ្ធផល​ដែល​សិស្ស​បានធ្វើ​នោះ។ ការធ្វើ​បែបនេះ​គឺជា​ការជំរុញឱ្យ​មានកា​រ​អភិវឌ្ឍ​លក្ខណៈពិសេសរៀងៗខ្លួន​បាន​យ៉ាង​ល្អ ដែល​កត្តា​ទាំងអស់នេះ​ជំ​រុញឱ្យ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​នេះ​មាន​គុណភាព​ខ្ពស់ ហើយ​អាច​បម្រើ​ការងារ​នៅ​គ្រប់​វិស័យ​ប្រកបដោយ​សក្តានុពលរៀងៗខ្លួន។

    2. គ្រូបង្រៀន​មាន​គណនេយ្យភាព​ត្រឹមត្រូវ
    បញ្ហា​គ្រូបង្រៀន​គឺជា​ចំណោទ​មួយ​ដែល​កើតមានឡើង​ក្នុងប្រទេស​មួយចំនួន ព្រោះ​មានរឿង​ច្រើនណាស់​ដែល​គេ​សំដៅ​មុខព្រួញ​ទៅរក​គ្រូបង្រៀនហើយ​ដាក់បន្ទុក​កំហុស​ទាំងអស់នោះ​ទៅលើ​ពួកគាត់ខណៈ​ស្ថានភាព​ជាក់ស្តែង​មាន​កត្តា​រួមផ្សំ​ច្រើន​ដែលនាំឱ្យ​កើតមាន​បញ្ហា​ក្នុងការ​អប់រំ។ នៅ​ប្រទេស​ហ្វា​ំង​ឡង់ គ្រូបង្រៀន​ត្រូវបាន​ជ្រើសរើស​យ៉ាង​តឹងតែង​ក្នុង​កម្រិតស្តង់ដារ​ខ្ពស់ ហើយ​មានការ​តាមដាន​ការអនុវត្ត​ដោយ​ប្រព័ន្ធ​ត្រឹមត្រូវ​បំផុត ដើម្បី​ធានាថា​ពួកគាត់​អាចមាន​សមត្ថភាព​ទូលំទូលាយ​សម្រាប់​ផ្តល់​ការអប់រំ​ពិតប្រាកដ​សម្រាប់​សិស្ស​ដែលមាន​លក្ខណៈពិសេស​រៀងៗខ្លួន។

    គ្រូបង្រៀន​ចាំបាច់​ត្រូវតែមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​មាន​ជំនាញ​ច្បាស់លាស់ កំណត់ដោយ​ការធ្វើ​តេស្ត​សាកល្បង​ពី​ភាពប៉ិនប្រសប់របស់គាត់​មុននឹង​អនុញ្ញាតឱ្យ​បង្រៀន។ បន្ទាប់មក​បញ្ចូល​គាត់​ទៅក្នុង​ប្រព័ន្ធ​នៃ​ការបណ្តុះបណ្តាល​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​កាត់បន្ថយ​កំហុស​ក្នុង​ការបង្រៀន។

    3. ផ្តល់​ការយកចិត្តទុកដាក់​ពី​ភាពជាក់ស្តែង​នៃ​ចំណេះដឹង​សម្រាប់​ការរស់នៅ
    សាលា​ជាច្រើន​លើ​ពិភពលោក​ដែល​ផ្តល់​តម្លៃ​ខ្លាំង​លើ​ការកើនឡើង​នៃ​ពិន្ទុ​ប្រឡង​លើ​មុខវិជ្ជា​មួយចំនួន​ដូចជា​គណិតវិទ្យា ឬ​វិទ្យាសាស្ត្រ​ជាដើមហើយ​ពួកគេ​បែរជា​ភ្លេច​រឿងសំខាន់ៗជាច្រើន​ដែលជា​គុណ​តម្លៃ​នៃ​ការអប់រំ​ពិត​ប្រាក​ដគឺ​សុភមង្គល ផាសុកភាព បញ្ហា​សុខភាព និង​ការស្វែងយល់​ពី​បរិស្ថាន​ជាដើម។ នេះ​ជា​បញ្ហា​ដែល​សាលា​ចាំបាច់​ត្រូវតែ​ធ្វើកំណែទម្រង់ ខណៈពេលដែល​ប្រទេស​ហ្វា​ង​ឡង់​បានធ្វើ​វា​រួច​ជា​យូរយា​រណាស់​មកហើយ។

    កម្មវិធី​ដែល​ប្រទេស​ហំ្វា​ង​ឡង់​បានដាក់ចុះ​សម្រាប់​ប្រព័ន្ធ​អប់រំ​គឺ​ក​ារ​សិក្សា​ពី​គុណ​តម្លៃ​នៃ​ការរស់នៅ​ជាក់ស្តែង​របស់​មនុស្ស។ ពួកគេ​ផ្តល់​តម្លៃ​ខ្លាំង​លើ​ការរៀបចំ​បរិស្ថាន​សាលារៀន ផាសុកភាព និង​ការជំរុញឱ្យ​សិស្ស​មានការ​ពិចារណា​លើ​បញ្ហា​ដែលនាំឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​មានគុណ​តម្លៃ​សម្រាប់​អនាគត​ប្រទេស​របស់គេ។

    តាំងពី​ទសវត្សរ៍​ឆ្នាំ 1980 ប្រព័ន្ធ​អប់រំ​ហ្វា​ំង​ឡង់​បាន​ផ្តោត​ការយកចិត្ត​ទុកដ​ាក់លើ​ចំណុច​មួយចំនួន​ដូចជា៖
    – ការអប់រំ​ត្រូវតែ​ជា​កន្លែង​ដែល​ធ្វើឱ្យមាន​តុល្យភាព​ក្នុងសង្គម មិនមែន​វិសមភាព​នោះទេ។
    – សិស្ស​ទាំងអស់​ទទួលបាន​អាហារ​ដោយ​ឥតគិតថ្លៃសិស្ស​ចាំបាច់​ត្រូវមាន​ចំណេះដឹង​លើ​ការរក្សា​សុខភាព។
    – មាន​កម្មវិធី​ប្រឹក្សា​ផ្នែក​ចិត្តសាស្ត្រ​ក្នុង​សាលា។
    – មានការ​ជំរុញ និង​បណ្តុះបណ្តាល​ជា​លក្ខណៈ​ឯកជន មានន័យថា​ សិស្សម្នាក់ៗអាច​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ដោយ​ទទួលបាន​ជំនួយ​លើ​ការអភិវឌ្ឍ​នូវ​អ្វីដែល​ខ្លួន​ចង់​ធ្វើ ឬ​គម្រោងផ្សេងៗដែល​កើតចេញពី​សមត្ថភាព​ផ្ទាល់ខ្លួន។

    4. មាន​កិច្ចការ​ផ្ទះ​តិច តែមាន​ការងារ​ខាងក្រៅ​ច្រើន
    យោងតាម​របាយការណ៍​របស់​ស្ថាប័ន ORCD បាន​បញ្ជាក់ថា​ សិស្ស​នៅក្នុង​ប្រទេស​ហ្វា​ំង​ឡង់​ភាគច្រើន​ចំណាយពេល​វេលា​ដើម្បី​សិក្សា​ខាងក្រៅ​ផ្ទះ ឬ​ក្នុងសង្គម​ជាក់ស្តែង​ច្រើនជាង​ធ្វើ​កិច្ចការងារ​នៅក្នុង​ផ្ទះ។ បើ​ប្រៀបធៀប​ជាមួយ​សិស្ស​ទូទៅ​នៅលើ​ពិភពលោក សិស្ស​នៅ​ហ្វា​ំង​ឡង់​ចំណាយពេល​ត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ជា​រៀងរាល់​យប់​ដើម្បី​ធ្វើ​កិច្ចការងារ​ផ្ទះ។

    សិស្ស​នៅក្នុង​ប្រទេស​ហ្វា​ំង​ឡង់​ភាគច្រើន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ស្វែងរក (explore) ហេតុផល​ពិតប្រាកដ​នៃ​អ្វីដែល​គេ​កំពុង​សិក្សា ហើយ​អាច​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ដោយ​គ្មាន​សម្ពាធ ខណៈ​ពួកគេ​មាន​ទាំង​សម្ភារ​ និង​ការតម្រង់ទិស​ល្អ​ពី​គ្រូបង្រៀន​នៅ​សាលា៕

  • ក្រុមហ៊ុន MCLS SYNERGY Co., Ltd បាន​ប្រារព្ធ​ពិធី​សម្ពោធ​ម៉ូតូ​អគ្គិសនី THADA ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា

    ក្រុមហ៊ុន MCLS SYNERGY Co., Ltd បាន​ប្រារព្ធ​ពិធី​សម្ពោធ​ម៉ូតូ​អគ្គិសនី THADA ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា

    បន្ទាប់ពី​សម្លឹង​ឃើញ​ពី​ការ​ហក់​ឡើង​ខ្លាំង​នៃ​តម្លៃ​ប្រេងឥន្ធនៈ និង​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ជាពិសេស​បាន​សង្កេតឃើញ​ថា​ត​ម្រូ​វការ​ម៉ូតូ​អគ្គិសនី​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផង​នោះ ទើប​ក្រុមហ៊ុន MCLS SYNERGY Co., Ltd សម្រេចចិត្ត​នាំយក​ម៉ូតូ​អគ្គិសនី​ម៉ាក THADA ចូលមក​កាន់​ទីផ្សារ​ក​ម្ពុ​ជា និង បាន​បើកសម្ពោធ​ម៉ូតូ​របស់​ក្រុមហ៊ុន​នេះ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី18 ខែតុលា នៅឯ​អគារ​របស់​ក្រុមហ៊ុន MCLS SYNERGY Co., Ltd ផ្ទះ​លេខ៣៣៨ មហាវិថី​សហព័ន្ធ រុស្សី សង្កាត់​កា​កាប ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ផ្ទាល់​តែម្តង។

    នៅក្នុង​ពិធី​បើកសម្ពោធ​ម៉ូតូ​អគ្គិសនី​ម៉ាក THADA ជា​ផ្លូវការ​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់​ឯកឧត្តម​អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ និង​មានការ​ចូលរួម​ពី​ភ្ញៀវ​ក​ត្តិ​យស​ជាច្រើន​ទៀតផង​ដែរ។

    អ្នកស្រី Puth Thalida នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន MCLS SYNERGY Co., Ltd មានប្រសាសន៍ថា ការនាំយក​ម៉ូតូ​អ​គ្កិ​ស​នី​ម៉ាក THADA មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន និង​ជាការ​សន្សំសំចៃ​បាន​ច្រើន​ពី​ការចំណាយ​ដ៏​ច្រើន​លើសលប់​ទៅលើ​ប្រេងឥន្ធនៈ​របស់​ប្រជាជន​កម្ពុជា​យើង ជាពិសេស សិស្ស​និស្សិត បងៗស្ត្រី​មេផ្ទះ និង​ជាពិសេស​វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម។

    គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃ​សុក្រ ទី19 ខែតុលា ក្រុមការងារ​របស់​ម៉ូតូ​អគ្គិសនី THADA មកពី​ប្រទេស​ម៉ាឡេស៊ី និង​ក្រុមការងារ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​សិស្ស​ក្រីក្រ​នៅ​ព្រះវិហារ Masjid Al Alsheemនៅ​ភូមិ​ព្រែក​តា​ពៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល៕