Author: ធឿន មករា

  • ទៅទស្សនាផ្កាសាគូរ៉ារដូវរងាឆ្នាំ2020 នៅជប៉ុន ជិតទីក្រុងតូក្យូ

    ទៅទស្សនាផ្កាសាគូរ៉ារដូវរងាឆ្នាំ2020 នៅជប៉ុន ជិតទីក្រុងតូក្យូ

    ជាទូទៅ ក្នុង 1ឆ្នាំៗ ផ្កាសាគូរ៉ានៅក្នុងប្រទេសជប៉ុននឹងចាប់ផ្ដើមរីកក្នុងអំឡុងរដូវស្លឹកឈើលាស់ ក្រោយអស់រដូវរងា និងធាតុអាកាសចាប់ផ្ដើមកក់ក្ដៅឡើង ឬប្រមាណចុងខែមីនា ដល់ដើមខែមេសា តែក៏មានសាគូរ៉ាមួយផ្នែកឆាប់រីកឡើងដែរ ដែលជនជាតិជប៉ុនហៅថា Hayazaki Sakura ឬសាគូរ៉ាឆាប់រីក ដែលសាគូរ៉ាប្រភេទនេះគឺជាសាគូរ៉ាពូជ ខាវ៉ាស៊ុ សាគូរ៉ា និងខូស៊ុសាគូរ៉ា ដែលនឹងចាប់ផ្ដើមរីកឡើងតាំងពីពាក់កណ្ដាលខែកុម្ភៈ ដល់ខែមីនា ដែលនៅប្រទេសជប៉ុនគឺជារដូវរងានៅឡើយ។ អាចហៅបានថា ជាសាគូរ៉ាខុសរដូវ ដែលរីកមុនរដូវកាលមកដល់។

    សម្រាប់អ្នកដែលចង់ទៅទស្សនា ផ្កាសាគូរ៉ារដូវរងានៅប្រទេសជប៉ុន ក៏អាចទៅទស្សនាបានច្រើនកន្លែងដែរ ថែមទាំងនៅមិនឆ្ងាយពីទីក្រុងតូក្យូទៀតផង…។

    1.Kawazu Sakura Festival 2020 -ខេត្ត ស៊ិស៊ុអូកា

    នាំគ្នាមកដើរលេងប្រទេសជប៉ុន ទស្សនាផ្កាសាគូរ៉ា នៅខេត្តស៊ិស៊ុអូកា ជាមួយពិធីបុណ្យទស្សនាផ្កាសាគូរ៉ារីកលើកដំបូងប្រចាំឆ្នាំដែលល្បីល្បាញបំផុត Kawazu Sakura Festival នៅតាមមាត់ទន្លេ ខាវ៉ាស៊ុ ដែលទីនេះ គឺជាដើមកំណើតរបស់ដើមផ្កា ខាវ៉ាស៊ុ សាគូរ៉ា ឬសាគូរ៉ាឆាប់រីក។ នៅតាមផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេចម្ងាយ 3គីឡូម៉ែត្រ នឹងមានដើមផ្កាសាគូរ៉ាដុះរៀងគ្នាជាជួរជាង 8,000ដើម សម្លឹងមើលទៅខាងណា ក៏មានតែពណ៌ផ្កាឈូក ស័ក្តិសមសម្រាប់គូស្នេហ៍ដែលជុំវិញខ្លួនពោរពេញដោយពណ៌នៃសេចក្ដីស្នេហា។ ឡារ៉ែនសូុមណែនាំថា គួរបបួលគូស្នេហ៍ បបួលលោកឪពុកអ្នកម្ដាយ មកទស្សនាផ្កាសាគូរ៉ានៅទីក្រុងនេះ ធានាថា ច្បាស់ជារំភើបចិត្តមិនខាន។

    2.Minami Sakura and Nanohana Festival 2020-ខេត្ត ស៊ិស៊ុអូកា

    ជាពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆាប់រីក ឬសាគូរ៉ាខុសរដូវមួយទៀតក្នុងខេត្តស៊ិស៊ុអូកាដដែល គឺពិធីបុណ្យ Minami Sakura and Nanohana Festival 2020 ព្រោះទីនេះមិនមែនមានតែផ្កាសាគូរ៉ាប៉ុណ្ណោះទេ តែយើងនៅអាចទស្សនាផ្កា ណាណូហាណា បានទៀតផង ដោយផ្កាណាណូហាណា ជាផ្កាដែលមានពណ៌លឿងស្រស់ស្រាយ ពេលដាំជិតៗដើមសាគូរ៉ា និងមានផ្ការីកដំណាលគ្នាផងនោះ វានឹងក្លាយជាទិដ្ឋភាពផ្កាដែលមានទាំងពណ៌ផ្កាឈូក និងពណ៌លឿងមើលទៅស៊ីគ្នាល្អឥតខ្ចោះ។ ទីនេះជាទីតាំងទស្សនាផ្កាសាគូរ៉ាខុសរដូវដែលស្រស់ស្អាត និងស្ងប់ស្ងាត់មួយទៀត ស័ក្តិសមក្នុងការដើរលេងកម្សាន្ត និងថតរូបខ្លាំងបំផុត។

    3.Miura-kaigan Sakura Festival 2020-ខេត្ត ខាណាកាវ៉ា

    តមកទៀតគឺ Miura-kaigan Sakura Festival ពិធីបុណ្យទស្សនាផ្កាសាគូរ៉ារដូវរងា ដែលស្ថិតនៅក្នុងខេត្ត ខាណាកាវ៉ា។ ពិធីបុណ្យនេះរៀបចំឡើងនៅត្រង់បរិវេណផ្លូវដើរដែលពោរពេញទៅដោយដើមសាគូរ៉ានៅជិតស្ថានីយរថភ្លើង ព្រមជាមួយការតុបតែងលម្អដោយទង់ជាតិ និងគោមភ្លើង។ ពេលថតរូបចេញមក យើងនឹងបានរូបភាពផ្លូវថ្នល់ដែលកោងសណ្ដូកវែងពណ៌ផ្កាឈូក មើលទៅស្រស់ស្អាតបំផុត។

    4.Ichi-no-srki Harane 2020-ខេត្តខាណាកាវ៉ា

    ជាបរិវេណចង្កេះភ្នំ Nuda ក្នុងខេត្ត ខាណាកាវ៉ា ជាទីកន្លែងដែលដាំដើមសាគូរ៉ាពូជ ហារ៊ុមេគិ(Harumeki)ដែលជាផ្កាសាគូរ៉ាពូជថ្មី ទើបតែបានទទួលការចុះបញ្ជីកាលពីឆ្នាំ2000។ សាគូរ៉ានៅក្នុងតំបន់នេះបានទទួលការដាំដុះ និងស្ថិតនៅក្រោមការមើលថែទាំរបស់អង្គការក្នុងប្រទេសជប៉ុន ដែលពេលមកដល់អំឡុងពាក់កណ្ដាលខែមីនា ហារ៊ុមេគិ សាគូរ៉ា ជាង 120ដើម ក៏នឹងចេញផ្កាពណ៌ផ្កាឈូករីកស្គុះស្គាយពេញទីនោះ។ ជាទីតាំងទស្សនាផ្កាសាគូរ៉ាមួយទៀតដែលអ្នកណាបានមកដល់ហើយត្រូវតែជញ្ជក់មាត់សរសើរគ្រប់គ្នា៕

  • បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

    បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

    សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់​ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយ​សម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើ​បែបណាដើម្បីឱ្យសង្គមរបស់​យើងរស់នៅ​ជុំ​គ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និង​អាណិត​ស្រឡាញ់​កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាង​ក្រោម ៖

    1.ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន

    តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់​លេង​​​ជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ 3ឆ្នាំ។ ម្តាយគួរពោលពាក្យ​សរសើរថា “កូនចិត្តល្អណាស់ ត្រូវអាណិតប្អូនណា៎…” ពេលនោះកូននឹងកាន់តែអភិវឌ្ឍអារម្មណ៍បែបនេះច្រើនឡើងនៅពេលគេធំឡើងមិនខាន។

    2.ជជែកលេង និងនិយាយរឿងជាមួយកូនឱ្យបានច្រើន

    ដូចជាម្តាយរៀបរាប់ពីឧទាហរណ៍របស់មនុស្សល្អដែលចេះជួយដល់អ្នកដទៃដោយការលះបង់កន្លែងអង្គុយរបស់ខ្លួននៅក្នុងរថយន្តក្រុង ​​ឱ្យទៅលោកយាយចំណាស់ម្នាក់ដែលឈរតោងបង្កាន់ដៃ(គ្មានកន្លែងអង្គុយ) ឬប៉ូលីសដែលយាមនៅមុខសាលារៀនដឹកដៃនាំស្រ្តីម្នាក់ និងកូនដើរឆ្លងថ្នល់ ឬក៏អ្នកបើកឡានតាក់ស៊ីយកកាបូបលុយដែលភ្ញៀវភ្លេចនៅក្នុងឡាន​ ទៅឱ្យម្ចាស់គេវិញជាដើម។ រឿងទាំងអស់នេះ អ្នកម្តាយគួរនិយាយសរសើរពីពួកគេទាំងនោះឱ្យកូនបានស្តាប់ផងដែរ។

    3.បងប្អូនក្នុងវ័យ 2-3ឆ្នាំ តែងតែឈ្លោះគ្នាដណ្តើមរបស់លេងជារឿងធម្មតា

    វ័យ Toddler ហៅថា ជាវ័យ “It’s mine” អ្វីៗក៏ជារបស់ខ្ញុំដែរ គឺក្មេងៗមានភាពអត្មានិយមខ្ពស់ណាស់។ “ខ្ញុំរើសបាន វាជារបស់ខ្ញុំ” អ្នកណាចង់យកទៅណា មិនបានទេណា៎ តែបើវាបែកបាក់ហើយ លែងល្អហើយនោះ “វាមិនមែនជារបស់ខ្ញុំទេ”។ ទាំងអស់​នេះ ដោយសារតែកុមារដែលស្ថិតក្នុងវ័យនេះ ខួរក្បាលកំពុងវិវឌ្ឍទៅមុខលឿន តែការត្រិះរិះគិតដោយហេតុផល ទៅតាមមិនទាន់ ប្រៀបដូចឡានថ្មី ម៉ាស៊ីនខ្លាំង តែហ្រ្វាំងមិនទាន់ធ្វើការអុីចឹងដែរ ទើបធ្វើឱ្យកើតសង្គ្រាមដណ្តើមរបស់លេង ឬដណ្តើមម៉ាក់គ្នាឡើងជារៀងរាល់ថ្ងៃ តែនៅពេលធំទៅ ពួកគេនឹងល្អឡើងវិញដោយឯកឯង បើសិនអ្នកម្តាយប្រាប់ថា “ផ្លាស់គ្នាលេងម្តងម្នាក់ក៏បានដែរកូន” ឬបងទៅអានរឿងនិទានជាមួយម៉ាក់ ទុកឱ្យប្អូនលេងមុនទៅ បន្តិចទៀតចាំផ្លាស់គ្នាលេង។ កូនស្រីបងអាយុ 3 -4ឆ្នាំដែលសុខចិត្តចុះចាញ់ប្អូននោះ ភ្នែកឡើងក្រហម ពេបមាត់ចង់យំ អ្នកម្តាយគួរពោលសរសើរថា “កូនជាក្មេងល្អណា៎កូន” ព្រមទាំងឱបថើបកូនផង និងលួងលោមថា បន្តិចទៀត ប្អូននឹង​យក​តម្រាប់តាម និងធ្វើតាមបងមិនខាន។ នេះគឺជាចំណុចចាប់ផ្តើមនៃការធ្វើជាមនុស្សល្អ ដូចគ្នានឹង​ពេលដែលកូន​ទៅសាលាមត្តេយ្យ​ ជួបនឹងពួកម៉ាកដែលមិនស្រួលខ្លួន ក៏នឹងដឹកដៃពួកម៉ាកនោះទៅរកអ្នកគ្រូ ជាដើម។ នោះបញ្ជាក់ថា កូនចេះមានចិត្តអាណិតមេត្តាដ៏ប្រពៃហើយ ចេះអាណិត​ពួក​ម៉ាកដែលឈឺ ឬដែលមានមាឌតូចជាងខ្លួនជាដើម។

    4.បង្រៀនកូនឱ្យនិយាយពាក្យពីរោះៗ

    មានបិយវាចា(សម្តីគួរឱ្យស្រឡាញ់ សម្តីសុភាព) ចេះពោលពាក្យជម្រាបសួរ សាធុ សុំទោសនៅពេលធ្វើខុស និងអរគុណព្រមជាមួយការលើកដៃសំពះយ៉ាងស្អាត និងបង្អោនខ្លួនចុះ រួមទាំងចេះឱនលំទោនជាមួយមនុស្សចាស់ កូននឹងក្លាយជាក្មេងដ៏គួរឱ្យស្រឡាញ់ចូលចិត្តរបស់អ្នកដែលបានឃើញ និងទទួលបានការសរសើរថា ជាក្មេងដែលមានការអប់រំល្អ។

    5.បង្ហាត់កូនឱ្យស្គាល់គំរូល្អៗតាមបែបខ្មែរ

    ថ្ងៃចូលឆ្នាំខ្មែរមហាសង្រ្កាន្ត ថ្ងៃចូលឆ្នាំថ្មីសកល ថ្ងៃខួបកំណើតរបស់ចាស់ទុំ នាំកូនទៅក្រាបសំពះលោកតា លោកយាយចាស់ៗ ទៅធ្វើបុណ្យជាមួយគ្នា ឱ្យកូនៗជួយប៉ាម៉ាក់រៀបចំរបស់របរទៅធ្វើបុណ្យ ឬរៀបចំរបស់របរទៅសួរសុខទុក្ខចាស់ៗ ជាដើម។

    6.កុមារបឋមវ័យត្រូវចេះជួយកាងារខ្លះទៅតាមវ័យរបស់កូន

    គេនឹងមានចិត្តអាសាស្ម័គ្រ និងមានចិត្តមេត្តាអ្នកដទៃនៅពេលធំឡើង ដូចជាធ្វើកិច្ចការងារតូចតាចនៅក្នុងផ្ទះ ជួយបង ប្អូន និងប៉ាម៉ាក់។ បង្រៀនឱ្យកូនចេះស្រឡាញ់ធម្មជាតិដោយការដាំដើមឈើ មើលថែទាំដើមផ្កាឱ្យរីកធំធាត់ មើលបក្សីបក្សា មេអំបៅ ដង្កូវ មើលថែទាំសត្វចិញ្ចឹម និងឱ្យចំណីត្រី ជាដើម។

    7.ក្មេងប្រុស ក្មេងស្រី ត្រូវបង្រៀន និងអប់រំឱ្យដូចៗគ្នា

    អ្នកខ្លះយល់ខុសថា ក្មេងប្រុសកុំទៅទន់ជ្រាយពេក​ “ប្រយ័ត្នទៅជាខ្ទើយ” ឱ្យចេះស្វាហាប់ រាងកាចតិចៗ ទើបសមជាមនុស្ស​ប្រុស។ តែការពិតវិញ ភាពទន់ភ្លន់ មិនមែនជាភាពទន់ជ្រាយទេ “អំពើល្អមានមេត្តាចំពោះគ្នា មិនបែងចែកភេទទេ” ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយរួមគ្នា។ យើងមិនចូលចិត្តបុរសដែលកាចឃោរឃៅ តែយើងកោតសរសើរបុរសដែលជាមនុស្សល្អ សម្តីពិរោះ មានទឹកចិត្ត​ល្អ មានការប្រព្រឹត្តល្អ ព្រោះយើងត្រូវការមនុស្សល្អនៅក្នុងសង្គម។

    ពិភពលោកនឹងគួរឱ្យរស់នៅសម្រាប់កូនក្នុងពេលនេះ និងក្នុងពេលអនាគតដែលមានភាពរីកចម្រើនយ៉ាងខ្លាំងខាងផ្នែកតិចណូឡូជី និងសភាពជុំវិញខ្លួនដែលកាន់តែកាចសាហាវខ្លាំងឡើង បើកូនមានប្រព័ន្ធការពារល្អខាងផ្លូវចិត្ត ជាមនុស្សល្អ កូននឹង​មានជីវិតរស់នៅប្រកបដោយសេចក្តីសុខ និងអាចជួយយកអាសាអ្នកដទៃបានទៀតផង៕

  • ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ល្បី CSA ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិធំចំនួន២ ជំរុញការលក់នៅកម្ពុជា

    ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ល្បី CSA ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិធំចំនួន២ ជំរុញការលក់នៅកម្ពុជា

    ភ្នំពេញ ៖ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ល្បីឈ្មោះ CSA Real Estate Group ដែលមានគម្រោងជាច្រើននៅក្នុងដៃបានសម្រេចធ្វើការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិធំៗចំនួន២ រួមមានក្រុមហ៊ុន CBRE Cambodia និងក្រុមហ៊ុន APi (ATSOLUTIONS) ដើម្បីជំរុញលក់ និងលើកកម្ពស់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។

    នៅក្នុងពិធីចុះអនុស្សរណៈយោគយល់នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក Alan Neo នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Singapore Alliance (CSA) បានមានប្រសាសន៍ថា “ក្នុងនាមជាតំណាងក្រុមហ៊ុន CSA ពិតជាមានភាពរីករាយក្នុងកិច្ចសហការជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំង២ ដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យអចលនទ្រព្យជាសកល”។

    លោក Alan Neo បានមានប្រសាសន៍បន្តថា “ហេតុផលដែលក្រុមហ៊ុន CSA សម្រេចចិត្តសហការជាដៃគូលក់អចលនវត្ថុស៊ីជម្រៅជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi (ATSOLUTIONS) ក៏ព្រោះតែក្រុមហ៊ុនទាំង២សុទ្ធតែជាក្រុមហ៊ុនជំនាញដ៏ល្បីល្បីឈ្មោះលំដាប់អន្តរជាតិ និងមានបទពិសោធន៍ក្នុងការលក់នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាច្រើនជាង១០ឆ្នាំ និងទទួលបានលទ្ធផលជោគជ័យខ្ពស់។ តាមរយៈកិច្ចចុះអនុស្សារណៈយោគយល់នៅពេលនេះ ខ្ញុំជឿជាក់ថាពិតជាអាចធ្វើឱ្យទីផ្សារលក់ ជាពិសេសផ្នែកខុនដូនៅកម្ពុជាទទួលបានជោគជ័យខ្ពស់ តាមរយៈការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក”។

    លោកបានបញ្ជាក់ថា អ្វីដែលសំខាន់នៅក្នុងកិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi នៅពេលនេះ គឺនៅមានការបំពេញបន្ថែមនូវការចែករំលែកបទពិសោធន៍ និងជំនាញទៅវិញទៅមកតាមរយៈការបណ្តុះបណ្តាលនូវចំណេះដឹង យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការលក់នៅលើទីផ្សារដែលមានភាពប្រកួតប្រជែងផងដែរ”។

    នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា នៅពេលទីផ្សារអចលនទ្រព្យមានការវិវត្ត និងរីកចម្រើន ប្រទេសកម្ពុជាត្រូវការភ្នាក់ងារអចលនទ្រព្យដែលមានជំនាញក៏ដូចជាឈ្មួញកណ្តាលអចលនទ្រព្យដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ដើម្បីបម្រើនៅក្នុងទីផ្សារជួរមុខ។

    លោកស្រីបានបញ្ជាក់ថា “តាមរយៈកិច្ចសហកាជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន CSA និងក្រុមហ៊ុន CBRE Cambodia ជឿជាក់ថានឹងនាំមកនូវជោគជ័យខ្ពស់សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ ការធ្វើជាដៃគូនេះបានបង្ហាញឱ្យឃើញថាខ្លួនជាឧបករណ៍អាជីវកម្មដ៏មានឥទ្ធិពលបំផុតមួយក្នុងការដោះស្រាយ និងរាប់រងទីផ្សារជាមួយអតិថិជនដែលមានការភាពរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់”។

    ជាមួយគ្នានេះ លោក ឆម ចំរើន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi (ATSOLUTIONS) បានមានប្រសាសន៍ថា “ភាពជាដៃគូយុទ្ធសាស្ត្រក្នុងការលក់នៅក្នុងទីផ្សារអចលនទ្រព្យកំពុងក្លាយជាជម្រើដ៏ប្រសើរ និងឈានមុខនៅពេលបច្ចុប្បន្ននេះ ដែលអាចនាំមកនូវភាពជោគជ័យខ្ពស់នៅក្នុងទីផ្សារដែលកំពុងតែមានការប្រកួតប្រជែងខ្លាំង”។

    លោកបន្តថា “APi ដែលមានសម្ព័ន្ធជាង១០ក្រុមហ៊ុនភ្នាក់ងារដទៃទៀត បានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងបទពិសោធន៍ជោគជ័យជាច្រើនឆ្នាំនៅក្នុងទីផ្សារដែលកំពុងតែមានសក្ដានុពលមួយនេះ ដើម្បីសហការជាដៃគូគ្រប់ជ្រុងជ្រោយជាមួយក្រុមហ៊ុន CSA ហើយយើងនឹងជួយបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងអាចជំរុញការលក់ឱ្យទទួលបានភាពជោគជ័យខ្ពស់ ក៏ដូចជាជួយលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរជាងនេះបន្ថែមទៀត”៕

  • ព្រឹត្តិការណ៍ ASEAN VIRTUAL TREASURE HUNT TO PROMOTE MALAYSIA របស់​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី

    ព្រឹត្តិការណ៍ ASEAN VIRTUAL TREASURE HUNT TO PROMOTE MALAYSIA របស់​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី

    កាលពី​ថ្ងៃទី11 ខែធ្នូ ឆ្នាំ2020 កន្លងទៅនេះ ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​បានប្រកាស​បើក​ដំណើរការ​ព្រឹត្តិការណ៍ “Malaysia Truly Asia ASEAN Virtual Hunt 2020” ដែលជា​ព្រឹត្តិការណ៍​ប្រមាញ់​ដ៏​មានតម្លៃ​លើកដំបូង​របស់ខ្លួន ដែលជា​ដំណើរ​កម្សាន្ត​បែប​និម្មិត​ទៅកាន់​កន្លែងល្បីៗនៅក្នុង​ប្រទេស​ម៉ាឡេស៊ី។ គំនិត​ថ្មី​នេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍ ខណៈដែល​ជំងឺ​រាតត្បាត​កូ​វីដ-19 កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក។

    ព្រឹត្តិការណ៍​នេះ​បាន​ភ្ជាប់​ក្រុម​អ្នកតំណាង​សារព័ត៌មាន​ចំនួន30ក្រុម​មកពី9ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ចូលរួម ដើម្បី​ទទួលបាន​នូវ​អារម្មណ៍​រីករាយ និង​ទទួលបាន​បទពិសោធន៍​ឌីជីថល​នៅ​ជុំវិញ​ប្រទេស​ម៉ាឡេស៊ី ហើយ​ព្រឹត្តិការណ៍​នេះ​ក៏មាន​ការប្រកួតប្រជែង ដើម្បី​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់​សរុប​រហូតដល់1,000ដុល្លារ​ផងដែរ គឺ​សម្រាប់​ក្រុម​ដែលជា​ប់​ជី​យ​លា​ភី​លេខ1 ទទួលបាន​ទឹកប្រាក់​ចំនួន 500ដុល្លារ, ជី​យ​លា​ភី​លេខ2 ទទួលបាន​ទឹកប្រាក់​ចំនួន 300ដុល្លារ និង​ជី​យ​លា​ភី​លេខ3 ទទួលបាន​ទឹកប្រាក់​ចំនួន 200ដុល្លារ ព្រមទាំង​មានការ​ចាប់ឆ្នោត​ផ្តល់​សំណាង​ជាច្រើន​រង្វាន់ ដែល​ឧបត្ថម្ភ​ដោយ​ដៃគូ​សហការ​នៅក្នុង​ព្រឹត្តិការណ៍​នេះ ដល់​ក្រុម​សារព័ត៌មាន​ដែល​បាន​ចូលរួម​លេង​ទាំងអស់ ហើយ​ក្នុងនោះ​ក៏មាន​សារព័ត៌មាន​តំណាង​ប្រទេស​កម្ពុជា​យើង​ចូលរួម​ផងដែរ។

    ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង Zoom ដោយ​នាំ​អ្នកចូលរួម​ទាំងអស់​ទៅ​ស្វែងរក​ទីតាំងផ្សេងៗក្នុង​រយៈពេល2ម៉ោង​កន្លះ​ជាមួយ​ក្រុម​របស់ខ្លួន ហើយ​ក្រុមនីមួយៗបានចាប់ផ្តើម​ការ​ប្រមាញ់​ដោយ​ផ្អែកលើ​ទីតាំង​សម្គាល់ និង​ទីប្រជុំជន​ក្នុងប្រទេស​ម៉ាឡេស៊ី។ អ្នក​ចូលរួមបាន​រុករក​តាម​ផែនទី​ហ្គូ​ហ្គោល ហើយ​បញ្ជូន​ចម្លើយ​របស់​ពួកគេ​តាមរយៈ​ហ្គូ​ហ្គោល​ផងដែរ។

    នៅក្នុង​ព្រឹត្តិការណ៍​នោះដែរ លោក Zulkifly Md Said អគ្គនាយក​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​បាន​មានប្រសាសន៍ថា ការតាមប្រមាញ់​គឺជា​មធ្យោបាយ​ដ៏​ពិ​សេសមួយ ដើម្បី​លើកកម្ពស់ និង​រក្សា​គោលដៅ​របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុងពេល​ដ៏​លំបាក​នេះ។

    ព្រឹត្តិការណ៍​និ​មិ​ត្ម​មួយ​នេះ​ត្រូវបាន​រៀបចំ​ឡើងជា​មធ្យោបាយ​មួយ ដើម្បី​ផ្តល់នូវ​រសជាតិ​នៃ​បទពិសោធន៍​ដើរលេង​កម្សាន្ត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​តាមបែប​បទ​ថ្មី និង​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​ចង់ទៅ​លេង​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ពេលវេលា​ជាក់ស្តែង បន្ទាប់ពី​ពិភពលោក​ត្រូវបាន​រំដោះខ្លួន​ចេញពី​មេរោគ​កូ​វិដ-19ដ៏​កាច​សាហាវ​នេះ​បាន។

    លោក​បាន​មានប្រសាសន៍ថា “ប្រទេស​ម៉ាឡេស៊ី​សូម​ស្វាគមន៍​ចំពោះ​អ្នកដំណើរ​ចង់​ទទួលបាន​នូវ​បទពិសោធន៍​ដ៏​រីករាយ និង​ភាព​ប្លែក​ភ្នែក​របស់​យើង​នៅពេល​ដែលមាន​សុវត្ថិភាព​ក្នុង​ការបើក​ព្រំដែន​របស់​យើង​ម្តងទៀត។

    គួរបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍ “Malaysia Truly Asia ASEAN Virtual Hunt 2020” ត្រូវបាន​រៀបចំឡើង​ដោយ​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ឯកឧត្តម Datuk Zainal Abidin Bakar។

    ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បាន​គាំទ្រ និង​ឧបត្ថម្ភ​ដោយ​ដៃគូ​ឧស្សាហកម្ម​រួមមាន សួន​ទឹក Sunway Lagoon, Resorts World Genting, សណ្ឋាគារ Amari Hotel Johor Bahru, Tourism Selangor, មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sunway, Sunway Resort & Spa និង KL Hop On Hop Off៕

  • Jese Rodriguez ត្រូវ​ក្លិប​បញ្ចប់​កិច្ចសន្យា​មុន ៦ខែ ព្រោះ​ធ្វើឱ្យ​ខូច​មុខមាត់​ក្លិប

    Jese Rodriguez ត្រូវ​ក្លិប​បញ្ចប់​កិច្ចសន្យា​មុន ៦ខែ ព្រោះ​ធ្វើឱ្យ​ខូច​មុខមាត់​ក្លិប

    ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ Jese Rodriguez ត្រូវបាន​ក្លិប​របស់ខ្លួន Paris Saint Germain បញ្ចប់​កិច្ចសន្យា​ភា្លមៗ ក្រោយ​មានរឿង​អាស្រូវ​ផ្លូវភេទ។

    កីឡាករ​វ័យ 27ឆ្នាំ​រូបនេះ ត្រូវបាន​ចោទប្រកាន់ ពីបទ​លួច​ទាក់ទង​មិត្តភក្ដិ​របស់​មិត្តស្រី របស់ខ្លួន ដែលជា​តារា​ម៉ូ​ដែល។ ក្នុងនោះដែរ កាលពី​ខែ​មុន គេ​បានធ្វើ​ពិធីជប់លៀង​ដោយ​មិនបាន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពីគ្នា ដែល​វា​ខុសពី​វិធានការ​ការពារ​កូ​វីដ-19។

    ក្រោយ​ទទួលបាន​ព័​ត៏​មាន​នេះ ក្លិប PSG បាន​កោះហៅ​កីឡាករ​រូបនេះ​មក​ពិភាក្សា រួច​សម្រេចចិត្ត​បញ្ចប់​កុងត្រា​មុន​កាលកំណត់​តែម្ដង។ លោក Nasser Al-Khelaifi ប្រធាន​ក្លិប​បានប្រកាសថា រឿង​ផ្ទាល់ខ្លួន​កីឡាករ​រូបនេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ក្លិប​យ៉ាងខ្លាំង ដូចនេះ​វា​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ក្លិប៕

  • ការប្រកួត AFF Suzuki Cup ត្រូវអូសបន្លាយដល់ដើមឆ្នាំ2022

    ការប្រកួត AFF Suzuki Cup ត្រូវអូសបន្លាយដល់ដើមឆ្នាំ2022

    ថ្ងៃ​ច័ន្ទ ទី7 ខែវិច្ឆិកា ឆ្នាំ2020 សហព័ន្ធ​បាល់ទាត់​អាស៊ាន (AFF) បានប្រកាសថា ពានរង្វាន់​បាល់ទាត់​ជម្រើសជាតិ​ធំ​បំផុត របស់​អាស៊ាន (AFF Suzuki Cup) នឹងត្រូវ​លើក​ទៅធ្វើ នៅ​ថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 រហូតដល់​ថ្ងៃទី1 ខែមករា ឆ្នាំ2022 វិញ ដើម្បីឱ្យ​ការប្រកួត មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង។

    លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សា​ម៉េ​ត ប្រធាន AFF បាន​ថ្លែងថា សុខភាព និង​សុវត្ថិភាព​របស់​មនុស្ស​គ្រប់គ្នា ជា​អាទិភាព​ទី1 និង​ដូចដែល​យើង​បានដឹងហើយថា វ៉ាក់សាំង​កូ​វីដ-19 បានទទួល​ជោគជ័យ​ហើយ ដូច្នោះ ការលើក​ទៅ​ចុងឆ្នាំ2021 គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដែល​យើង​អាចនឹងទទួល​បាន​ទស្សនិកជន​ពេញ​កីឡដ្ឋាន ហើយ​ប្រទេសនីមួយៗនឹង​អាច​ធ្វើជា​ម្ចាស់ផ្ទះរៀងៗខ្លួន​បាន​ទៀតផង។ ដែល​ទាំងនេះហើយ គឺជា​ទស្សនៈ និង​បេះដូង​នៃ​វិស័យ​បាល់ទាត់ នៃ​ប្រជាជាតិ​អាស៊ាន។

    កាលបរិច្ឆេទ​ថ្មី នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 ដល់​ថ្ងៃទី1 ខែមករា ឆ្នាំ2022 នឹង​ផ្តល់នូវ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ព្រឹត្តិការណ៍ ដែល​ត្រូវបាន​រៀបចំ​ឡើងជា​ទ្រង់ទ្រាយ​ពេញលេញ ជាមួយនឹង​ការប្រកួត​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ​ទាំង​វគ្គ​ជម្រុះ​តាម​ពូ​ល និង​ជាមួយ​កីឡដ្ឋាន ដែល​ពោរពេញ​ទៅដោយ​អ្នកគាំទ្រ សម្រាប់​លើកទឹកចិត្ត និង​អបអរ​ក្រុម​របស់​ពួកគេ៕

  • មូលហេតុ ដែលកម្មវិធី Messenger និង Instagram គាំងម្សិលមិញ

    មូលហេតុ ដែលកម្មវិធី Messenger និង Instagram គាំងម្សិលមិញ

    កាលពី​វេលា​ម៉ោង 6ល្ងាចម្សិលមិញ​នេះ កម្មវិធី​ឆាត Messenger និង​ឆាត​លើ Instagram បាន​ជាប់គាំង​ដំណាលគ្នា មិនអាច​ឆ្លង​ឆ្លើយបាន​សោះ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook និង Instagram មិនតិច​ទេ ដែល​បាន​ជួប​បញ្ហា​ទាក់ទង​នឹង​ការផ្ញើ​សារ ដោយ​ពួកគេ​មិនអាច​ផ្ញើ​សារ​ចេញ​បាន និង​មិនអាច​មើល​សារចាស់ៗ ដែល​បាន​ផ្ញើមក។

    Facebook បានដាក់​បញ្ចូល​គ្នា​នូវ​ប្រអប់​សារ​កម្មវិធី Facebook ជាមួយនឹង​ប្រអប់​សារ Instagram កាលពីថ្មីៗកន្លងទៅនេះ ដើម្បីឱ្យ​អ្នកប្រើប្រាស់ Facebook ទំនាក់ទំនង ជាមួយ​អ្នក​ប្រើ Instagram បាន​កាន់តែ​ងាយ​ឡើង។ ការភ្ជាប់​គ្នា​នេះដែរ ទំនងជា​មូលហេតុ​ដែល​ធ្វើឱ្យ​ប្រអប់​សារ​នៃ​បណ្ដាញ​ទំនាក់ទំនង​ទាំង2 ត្រូវ​គាំង​ក្នុងពេល​ដំណាលគ្នា។

    យោងតាម​ការ​ផូ​ស្ត របស់​អ្នកនាំពាក្យ Facebook ម្នាក់​នៅលើ Twitter បានធ្វើការ​សុំទោស​អ្នកប្រើប្រាស់ ចំពោះ​បញ្ហា​ដែល​កើតមាន​លើ Messenger និង Instagram ហើយ​បាន​ប្រាប់​ឱ្យដឹងទៀតថា ក្រុមការងារ បាន​ដោះស្រាយ​បញ្ហា​នេះ​រួចហើយ  តែ មិនបាន​ប្រាប់​អំពី​មូលហេតុ​ដែលនាំឱ្យ​កើតមាន​បញ្ហា​នោះទេ៕

  • សញ្ញាអាក្រក់ចំពោះសុខភាព មិនមែនគ្រាន់តែជាសញ្ញាគំរាមលេងៗទេ

    សញ្ញាអាក្រក់ចំពោះសុខភាព មិនមែនគ្រាន់តែជាសញ្ញាគំរាមលេងៗទេ

    មុននឹងកើតរឿងហេតុធំឡើង វាតែងតែមានសញ្ញាប្រកាសអាសន្នប្រាប់ជាមុនមិនខាន ប្រៀបដូចមុននឹងកើតមានព្យុះរលកស៊ូណាមិ គេតែងឃើញមានត្រីសមុទ្រទឹកជ្រៅហែលគេចពីសេចក្តីស្លាប់មកទើលើឆ្នេរខ្សាច់អ៊ីចឹងដែរ ចំណែករោគចង្រៃ និងរោគប្លែកៗដែលកើតឡើង នឹងធ្វើឱ្យយើងភិតភ័យដូចគ្នានឹងគ្រានោះដែរ។ ការពិតទៅ វាមិនមែនជាការវាយលុកចូលមកមិនឱ្យយើងដឹងខ្លួននោះទេ តែដោយសារតែយើងបណ្តាយខ្លួនឱ្យក្លាយជាភ្នាក់ងារទទួលមេរោគដោយខ្លួនឯងទៅវិញទេ។

    មុនកើតជំងឺចង្រៃនៅក្នុងរាងកាយយើង វាច្រើនតែមកសម្ងំពង្រីកខ្លួនយ៉ាងរីករាយនៅក្នុងខ្លួនយើងមុនមួយរយៈរួចមកហើយ មិនមែននៅស្ងៀមៗវាកើតឡើងតែម្តងនោះទេ ឧទាហរណ៍ដែលមើលឃើញច្បាស់នោះគឺ ជំងឺមហារីក ទំរាំតែរីកធំឡើងក្លាយជាដុំសាច់ដែលយើងស្ទាបដឹងនោះ វាត្រូវពង្រីកខ្លួនបង្កើតកូនចៅរាប់លានក្បាល រហូតចូលទៅនៅក្នុងសរសៃឈាមបានហើយ ទើបដុះចេញមកជាដុំសាច់ឱ្យយើងមើលឃើញនោះ។

    សញ្ញាប្រកាសអាសន្នទាំងនេះ លោកអ្នកអាចប្រើការសង្កេតមើលខ្លួនឯងក៏បាន មិនពិបាកឡើយ ដូចជា៖

    1. លែងចង់ញ៉ាំអាហារ
    2. ចុះស្គមខុសប្រក្រតី(ទម្ងន់ខ្លួនស្រកចុះជាង 2គីឡូក្រាមក្នុង 1ខែ)
    3. ឆាប់មួម៉ៅ អារម្មណ៍ងាយប្រែប្រួល
    4. ចុករួយតាមរាងកាយគួរឱ្យរំខាន
    5. ងឿងក្បាលបែបមិនស្រឡះសោះ
    6. មានអាការគ្រុនបែបក្តៅៗរងាៗ
    7. មុខមាត់ត្រចៀកមើលទៅឡើងក្រហម ហាក់ដូចជាមានកម្តៅក្តៅគគុកនៅក្នុងរាងកាយ។

    សរុបងាយៗថា បើនៅសុខៗមានភាពប្រែប្រួលដែលមិនធ្លាប់កើតមានកើតឡើង មិនថាតែចំពោះរាងកាយ ឬសូម្បីតែក្នុងអារម្មណ៍ និងផ្លូវចិត្តក៏ដោយនោះ សម្តែងថា ច្បាស់ជាមាន “ហេតុភេទ” មិនល្អអ្វីម្យ៉ាងកើតឡើងហើយ ដូច្នេះវាជាតួនាទីរបស់យើងហើយដែលត្រូវតែស្វែងរក “ជនពាល” នោះឱ្យឃើញយ៉ាងឆាប់រហ័ស កុំបណ្តោយឱ្យវានៅសម្ងំពង្រីកខ្លួនក្នុងរាងកាយរបស់យើងរហូតដល់កើតបញ្ហាធំលែងអាចព្យាបាលបានឱ្យសោះ៕

  • 6វិធីក្នុងការលែងដៃពីមនុស្សដែលអ្នកស្រឡាញ់…នៅពេលស្នេហាដើរមកដល់ផ្លូវទ័ល

    6វិធីក្នុងការលែងដៃពីមនុស្សដែលអ្នកស្រឡាញ់…នៅពេលស្នេហាដើរមកដល់ផ្លូវទ័ល

    តើអ្នកមានធ្លាប់ស្រឡាញ់មនុស្សម្នាក់រហូតដល់គិតថា បើមិនបានរស់នៅជាមួយគេ ជីវិតអ្នកប្រហែលជាឈឺចាប់រហូតមិនអាចអធិប្បាយបានដែរឬទេ? បើសិនជាដូច្នោះមែន តើអ្នកគិតថា តើខ្លួនឯងអាចបង្ខំចិត្តដើម្បីលែងដៃពីគេទៅបានទេ ទោះជាវាឈឺចាប់ប៉ុនណាក៏ដោយនោះ?។ ពេលខ្លះ ការលែងដៃពីមនុស្សដែលអ្នកស្រឡាញ់ ក៏វាប្រសើរជាងការចាប់ឱបគេទុកដែរ។ ត្រឹមត្រូវ! យើងដឹងថា វាហាក់ដូចជាលំបាកស្មុគស្មាញ និងនិយាយ ងាយជាងធ្វើ តែយ៉ាងណាក៏ដោយ ការបែកចេញពីគ្នា គឺជាជម្រើសដែលល្អបំផុតសម្រាប់អ្នកទាំងគូ ហើយលទ្ធផលក៏ពិតជាសមនឹងតម្លៃដែរ។ អូខេ! បើអ្នកត្រៀមខ្លួនរួចរាល់ហើយ នេះជាគន្លឹះងាយៗដើម្បីឱ្យអ្នកអាចលែងដៃគេទៅបានយ៉ាងលឿនបំផុត ទោះជាវាធ្វើឱ្យបេះដូងអ្នកស្ទើរតែរលាយក៏ដោយ…។

    -យល់ពីហេតុផលថា ហេតុអីបានការបែកចេញពីគ្នាជាជម្រើសដែលល្អបំផុត?

    សម្ព័ន្ធភាព មិនមែនជាការតស៊ូដើម្បីមនុស្សដែលអ្នកស្រឡាញ់នោះទេ។ ពេលខ្លះវាអាចសមនឹងតម្លៃបំផុត នៅពេលដែលអ្នកឈប់តស៊ូ និងសុខចិត្តលែងដៃឱ្យគេទៅ តែបើសាកល្បងពិចារណាមើលឱ្យល្អទៅ អ្នកនឹងដឹងថា ការលះបង់ដើម្បីសាងសម្ព័ន្ធភាពបន្ត អាចមិនទទួលបានផលដូចប្រាថ្នាក៏អាចថាបានដែរ ហើយការបែកចេញពីគ្នា គឺជាជម្រើសតែមួយគត់ដែលនៅសល់(ហើយអាចនឹងល្អបំផុតទៀតផង)។

    -ទទួលស្គាល់ថា អ្វីៗគ្រប់យ៉ាងមកដល់ផ្លូវទ័លហើយ

    ខ្លាំងជាងរលាយបេះដូងទៅទៀត នៅពេលបានឃើញសម្ព័ន្ធភាពស្នេហ៍របស់ខ្លួនឯងបាក់រលំនៅចំពោះមុខ ទាំងដែលអ្នកខំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីថែរក្សាវាឱ្យបាន តែដូចដែលបានប្រាប់ហើយថា ទោះជាវានឹងល្អប៉ុនណា ក៏គ្មានអ្វីគង់វង្សស្ថិតស្ថេរដែរ អ្នកអាចធ្វើបានត្រឹមតែទទួលស្គាល់ការពិតប៉ុណ្ណោះ។ យើងដឹងថា វាឈឺចាប់ តែរឹតតែអ្នកទទួលស្គាល់វាបានកាន់តែលឿនប៉ុនណា អ្នករឹតតែលែងដៃគេ ហើយដឹកនាំជីវិតខ្លួនឯងទៅមុខទៀតបានលឿនប៉ុននោះដែរ។

    -អភ័យទោសឱ្យ

    យើងមិនបាននិយាយពីការអភ័យទោសឱ្យគេទេ តែអ្នកត្រូវចេះអភ័យទោសឱ្យខ្លួនឯងផង ដែលចាប់ទាញគេឱ្យនៅបានយូរដល់ថ្នាក់ហ្នឹង។ ចូរអត់ទោសឱ្យខ្លួនឯងដែលមិនហ៊ានសម្រេចចិត្ត ព្រោះថាអ្នកស្រឡាញ់គេខ្លាំងពេក និងព្រោះតែអ្នកអាត្មានិយមដែលមិនព្រមលែងដៃពីគេ។ តែទីបំផុតទៅ ការលែងដៃឱ្យគេទៅ វាងាយជាងឆ្ងាយណាស់។

    -ស្វែងរកពេលវេលាឱ្យខ្លួនឯង

    ការសេពគប់គ្នា ជួនកាលក៏មានន័យថា ការប្រើពេលវេលាភាគច្រើននៅជាមួយមនុស្សដែលអ្នកស្រឡាញ់។ វាមិនខុសប្រក្រតីទេ តែអ្នកក៏គួរតែរកពេលវេលាមើលថែទាំខ្លួនឯងខ្លះផង។ អ្វីដែលសំខាន់ នៅពេលអ្នកប្រើពេលវេលានៅជាមួយខ្លួនឯងជាប្រចាំនោះ រាងកាយ និងផ្លូវចិត្តរបស់អ្នកក៏នឹងមានអារម្មណ៍ថា ស្រស់ស្រាយ និងក្លៀវក្លាស្វាហាប់បានដែរ ហើយការមើលឃើញពីគុណតម្លៃរបស់ខ្លួនឯងនឹងកើនច្រើនឡើង និងធ្វើឱ្យអាការខកស្នេហ៍បានធូរស្រាលបើមិនយូរក៏ឆាប់ដែរ។

    -ទុកចន្លោះទំនេរ ឬផ្អាកការមានស្នេហាជាថ្មី

    កុំអាលប្រញាប់ស្ទុះហក់ត្រឡប់ទៅរកស្នេហាថ្មី និងគិតថា អ្នកអាចរកមនុស្សដែលល្អជាងអ្នកចាស់បានឱ្យសោះ។ សូមប្រាប់ទៅចុះថា មិនបានការទេ ហើយឱកាសដែលអ្នកអាចនឹងឈឺចាប់ខ្លាំងជាងមុនក៏មានខ្ពស់ដែរ។ ដូច្នេះ អ្នកគួរទុកចន្លោះទំនេរពីមនុស្សដែលត្រូវការខ្លាំងជាងសេចក្ដីស្នេហាដ៏បរិសុទ្ធអំពីអ្នក។ ព្យាយាមប្រើជីវិតនៅលីវសិន និងចូររៀនយល់ដឹងពីអ្វីផ្សេងៗ រហូតទាល់តែអ្នកត្រៀមរួចស្រេចជាមួយសេចក្ដីស្នេហាជាថ្មីម្តងទៀត។

    -ការលែងដៃឱ្យគេទៅ អាចឈឺចាប់ តែក៏ដើម្បីអ្វីដែលល្អបំផុតដែរ

    ការលែងដៃឱ្យគេទៅ អាចធ្វើឱ្យពិភពរបស់អ្នកបាក់ដួលរលំនៅពេលដំបូងៗ តែបើវាចាំបាច់សម្រាប់អ្នកទាំងគូមែននោះ ក៏បណ្ដោយឱ្យគេដើរចេញពីសម្ព័ន្ធភាពស្នេហ៍មួយនេះចុះ!។ ចូរនិយាយពាក្យថា លាទៅគេ និងលាអ្វីគ្រប់យ៉ាងដែលអ្នកធ្លាប់មានរួមគ្នា ទោះជាអ្នកមានអារម្មណ៍ឈឺចុកចាប់ប៉ុនណាក៏ដោយ។ ដឹងទេថា បើអ្នកទាំង2 ស្រឡាញ់គ្នាពិតមែននោះ បន្តិចទៀតគេនឹងរកផ្លូវត្រឡប់មករកអ្នកដោយខ្លួនឯងមិនខាន តែបើមិនមែនទេ…អ្នកក៏ទទួលបានមេរៀនហើយតើ?!។ មិនយូរទេ អ្នកអាចនឹងជួបនរណាម្នាក់ដើរចូលមក និងបើកឆាកស្នេហាជាថ្មីដូចដែលអ្នកស្រមៃទន្ទឹងចាំរហូតមកមិនខាន។ សូមឱ្យសំណាងល្អណា៎!៕

  • វេសឡាញសហការជាមួយ Khmum Technology ដើម្បីបង្កើន ចំណូលរបស់អ្នកអាណាព្យាបាល និងលើកស្ទួយសហគ្រាសធុនតូច និងមធ្យម

    វេសឡាញសហការជាមួយ Khmum Technology ដើម្បីបង្កើន ចំណូលរបស់អ្នកអាណាព្យាបាល និងលើកស្ទួយសហគ្រាសធុនតូច និងមធ្យម

    បណ្តាញគ្រឹះស្ថានអប់រំរបស់វេសឡាញ​​បានចុះកិច្ចសហការជាមួយក្រុមហ៊ុន Khmum Technology ដើម្បីបង្កើនប្រាក់ចំណូលរបស់​អ្នកអាណាព្យាបាល ព្រមទាំងលើកស្ទួយសហគ្រាសធុនតូច និងមធ្យម តាមរយៈការលក់ផលិតផលក្នុងវេទិកាលក់អនឡាញ (App Khmum eShop) ក្នុងវិបត្តិកូវីដ-១៩ និងបដិវត្តឧស្សហ៍កម្ម 4.០។

    ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប​បានមានប្រសាសន៍ថា បណ្តាញគ្រឹះស្ថានអប់រំវេសឡាញបានស្វែងរកដៃគូសហការវេទិកាលក់អនឡាញជាច្រើនក្រុមហ៊ុន និងប្រើពេលវេលាជាយូរមកហើយ រហូតមកដល់ពេលនេះវេសឡាញបានសម្រេចចិត្តធ្វើកិច្ចសហការ ជាមួយនឹងវេទិកាលក់អនឡាញ Khmum eShop ដោយសារមានលក្ខខណ្ឌពិសេសផ្តល់ជូនដល់ក្រុម គ្រួសារអ្នកអាណាព្យាបាលនៃបណ្តាញគ្រឹះស្ថានអប់រំរបស់វេសឡាញ ព្រមទាំងជាផ្នែកមួយក្នុងការ រួមចំណែកលើកស្ទួយអាជីវកម្មឲ្យបានល្អប្រសើរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយកូវីដ-១៩។ ឧកញ៉ាមានប្រសាសន៍បន្ថែមទៀតថា Khmum eShop គឺជាវេទិកាទីផ្សាលក់ផលិតផលអនឡាញ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងងាយស្រួលប្រើប្រាស់ដែលបង្កើតឡើងដោយសហគ្រិនខ្មែរ ដើម្បីលើកកម្ពស់ក៏ដូចជាគាំទ្រផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

    បណ្តាញគ្រឹះស្ថានអប់រំវេសឡាញ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ រួមមាន សាលារៀនវ៉េស្ទឡាញន៍​ ១០សាខា​ សាលារៀនណត្សឡាញន៍ ១សាខា សាលាអន្តរជាតិ អេបផលទ្រី ១សាខា​ សាលាអន្តរជាតិ ហ្វររ៉េសហ៊ាល ១សាខា សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា​ និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា។

    ជំទាវ ជា​ រដ្ឋា អគ្គនាយិកា និងសហស្ថានិកក្រុមហ៊ុន Khmum Technology បានមានប្រសាសន៍ ថា ទីផ្សាឌីជីខល មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសក្នុងស្ថិតភាពវិបត្តិកូវីដ-១៩ ដែលត្រូវ ពន្លឿនឧហ្សាហកម្ម 4.0 ហើយម្ចាស់អាជីកម្មធុនតូច និងមធ្យមទាំងអស់ត្រូវទទួលយកនិន្នាការ អាជីវកម្មបែបទំនើបនេះ បើមិនដូចនេះទេ អាជីវកម្មរបស់ពួកគាត់នឹងមិនអាចឈរជើងលើទីផ្សាបន្ត ទៀតទេនៅពេលអនាគត។ លោកជំទាវមានប្រសាសន៍បន្តទៀតថា គោលបំណងនៃកិច្ចសហការរវាង Khmum eShop និង បណ្តាញគ្រឹះស្ថានអប់រំវេសឡាញ មិនត្រឹមតែជួយដល់សហគ្រាសខ្នាតតូច និងមធ្យមក្នុងយុគសម័យឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមជួយដល់អាជីកម្មរបស់អ្នកអាណាព្យាបាល ឱ្យចាប់យកបច្ចេកវិទ្យា ដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេផងដែរ។

    សូមបញ្ជាក់ថា Khmum Technology ជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធី(Software) ដែលមានជំនាញផ្នែក អាជីវកម្មអេឡិចត្រូនិច ព្រមទាំងបទពិសោធជាច្រើនឆ្នាំទាំងក្នុងស្រុក និងក្រៅស្រុក។ លោកអ្នក នឹងទទួលបានលក្ខខណ្ឌពិសេស ដូចជាចុះឈ្មោះដោយឥតគិតថ្លៃ ជួយសម្រួលក្នុងការថតរូប ផលិតផល បង្រៀនវិធីប្រើប្រាស់កម្មវិធី(App) និងគ្រប់គ្រងទំនិញ។ លើសពីនេះ លោកអ្នកអាច ទទួលបាន និងរបាយការណ៍គ្រប់គ្រង ការលក់ សារពើភ័ណ្ឌ(ស្តុក) ការបញ្ជាទិញ​ និងភាពងាយ ស្រួលក្នុងទំនាក់ទំនងជាមួយអភិជនតាមរយៈទូរស័ព្ទដៃ ព្រមទាំងចំណេញថវិកា ពេលវេលា និងកំលាំងពលកម្ម៕

    Download App: http://onelink.to/khmum