Author: ធឿន មករា

  • SME កម្ពុជា ​ត្រូវ​ពង្រឹង​ខ្លួនលើកត្តា4ជាចម្បងដើម្បី​ប្រកួតប្រជែង​​ទីផ្សារ

    SME កម្ពុជា ​ត្រូវ​ពង្រឹង​ខ្លួនលើកត្តា4ជាចម្បងដើម្បី​ប្រកួតប្រជែង​​ទីផ្សារ

    ប្រទេស​កម្ពុជាត្រូវ​ការពង្រឹង​លើ​ចំណុច​4ជាចម្បងសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលកត្តា​ទាំង​4 នោះរួមមាន ការពង្រឹង​សម​ត្ថ​ភាពគុណភាព ការផ្ដល់​ប្រភព​ទុន និង​មាន​ទីផ្សារ​ច្បាស់លាស់ ​ដើម្បី​ពង្រីក​លទ្ធភាព​ចូលរួមការ​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស។ នេះ​បើ​តាម​ការលើកឡើងរ​បស់​នាយិការ​ប្រតិបត្តិ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅឯ​ប្រទេស​ស្វ៊ី​ស​។

    លោកស្រី អា​រ៉ា​ន់​ឆា ហ្គុ​ន​ហ្សា​ឡេ​ស (Arancha Gonzalez) នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​ពា​ណិជ្ជកម្ម​អន្តរជាតិ (​International Trade Center) បានលើកឡើង​ថា៖ “ដើម្បី​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យមSMEឱ្យ​កាន់តែ​រឹង​មាំឡើង កម្ពុជា​ត្រូវ​គិតដល់​កត្តា​ចំនួន​ 4​ចម្បង​”។

    លោកស្រី អារ៉ានឆា លើកឡើងថា ​ទាក់ទងនឹងបញ្ហានេះ ដើម្បីជំរុញ​ស​ហ​គ្រាសធុនតូច និងមធ្យមឱ្យកាន់តែរឹងមាំ កម្ពុជាត្រូវឈរលើកត្តា 4ចំណុច ក្នុងនោះទី1 ត្រូវធ្វើ​យ៉ា​ង​​ណាឱ្យ​សហគ្រាស SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ទី2 គុណ​ភា​ព​នៃផលិតផល​ដើម្បីនាំចេញ។ ទី3 ការទទួលបាននូវប្រភពទុន និងឥណទាន និងទី4 ​ទា​ក់​ទិននឹងទី​ផ្សារដែលតម្រូវឱ្យមានទីផ្សារពិតប្រាកដច្បាស់លាស់ ក្នុងការទទួលយកផលិតផល​ដែលផលិតដោយ SME។

    លោកស្រីបានបញ្ជាក់ទៀតថា នៅខែវិច្ឆិកា​ខាងមុខនេះ លោកស្រីនឹងអញ្ជើញ SM​E របស់កម្ពុជាទៅចូលរួមតាំងពិព័រណ៍នៅទីក្រុងស៊ាងហៃ ប្រទេសចិន ហើយ​នៅ​ខែ​ក្រោ​យ​នេះ​ដែរ លោកស្រីនឹងធ្វើអង្កេត​ពីការប្រឈមរបស់SMEក្នុងប្រទេសកម្ពុជាថា តើ​នឹង​មា​នបញ្ហាប្រឈមអ្វីខ្លះ? ដើម្បីរិះរកវិធីសា​ស្រ្តក្នុងការ​ជួយដល់ប្រទេសកម្ពុជា ពីព្រោះថា កម្ពុជា​ពិត​ជាមាន​សមត្ថភាព​ច្រើនក្នុង​ការកសាង និង​ពង្រីក​នូវ​សក្តានុពល​របស់ខ្លួនដើម្បី​ពង្រីង​សមត្ថភាព​ឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ប្រកបដោយ​ភាពរឹងមាំ ពិសេស​ការជួយ​ដល់ SME ដែលជា​ចលករ​ជំរុញ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ក្លាឡើង​។

    លោកឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ធ្លាប់​បានលើកឡើងថា SME របស់​កម្ពុជា អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​គ្រប់គ្រាន់ ខណៈ​សហគ្រាស​មួយចំនួនកំពុង​ចុះបញ្ជី​ទទួលស្គាល់​កម្រិតស្ដង់ដា​រ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​។ លោក​ក៏បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​សម្រេច​ពី​បរទេសដែល​ហូរ​ចូលមក​ទីផ្សារ​កម្ពុជា និង​ជួយ​រក​ទីផ្សារ​បន្ថែមទៀត​ដើម្បី​ជួយ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​មានការ​រីកចម្រើន​។

    លោកជំទាវឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលីផលិតនំស្រួយបានមានប្រសាសន៍ថា ចំណុចទាំង4ដែលលោកស្រីCEOមជ្ឈមណ្ឌល​ពា​ណិជ្ជកម្ម​អន្តរជាតិបានលើកឡើងនោះ វាសុទ្ធតែជាកត្តាធំៗដែលពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាហើយជាចំណុចដែលSME របស់​កម្ពុជាខ្វះសឹងតែទាំងអស់ បើមានក៏មានក្នុងស្ថានភាពភាគរយតិចបំផុត។ បានន័យថា មានភាពទន់ខ្សោយដែលធ្វើឱ្យឧស្សហកម្មក្នុងស្រុកពិបាកក្នុងការលូតលាស់។ តែសម្រាប់ក្រុមហ៊ុនលីលី មានភាគរយនៃចំណុចទាំង4 ខ្ពស់បន្តិច ដែលធ្វើឱ្យក្រុមហ៊ុនយើងមានការលូតលាស់គួរសម។

    លោកជំទាវនាយិកាបានឱ្យដឹងថា ចំណុចទី1ដែលពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពឱ្យល្អដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ​នោះ គឺវាទាក់ទងនឹងធនធានមនុស្សដែលត្រូវការការបណ្តុះបណ្តាល។ ចំណុចទី2 ទាក់ទងនឹងគុណ​ភា​ព​នៃផលិតផលដើម្បីនាំចេញ គឺយើងមានការបណ្តុះបណ្តាលក្នុងការត្រួតពិនិត្យផលិតផលដែលត្រូវបានផលិតឡើងតាមស្ដង់ដារ ISO និងទទួលស្គាល់គុណភាពពីបណ្ដាអង្គការមួយចំនួនទៀតដូចជាអង្គការAPO UNIDO និង JICA ជាដើម។

    លោកជំទាវឧកញ៉ា កែវ មុំ បានបញ្ជាក់បន្ថែមថាទី3 ការទទួលបាននូវប្រភពទុន និងឥណទាន វាជាការលំបាកសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រោះSMEយើងនៅមានការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ ហេតុដូច្នេះហើយទើបពួកគាត់ពិបាកនឹងរកប្រភពទុនជាកម្ចីពីធនាគារជាដើមដែលគេត្រូវការដីធ្លី ឬអចលនទ្រព្យ ឬជាសហគ្រាសមានកេរ្តិ៍ឈ្មោះ ដែលគេទទួលស្គាល់ច្រើន។ ចំណុចទី4 គឺផ្សារពិតប្រាកដក្នុងការទទួលយកផលិតផល​ដែលផលិតដោយ SME កម្ពុជា។ សម្រាប់ SME យើង បើខ្វះ3ចំណុចខាងលើ តើយើងនឹងបានផលិតផលបែបណាដើម្បីរកទីផ្សារ? ដូច្នេះយើងក៏ពិបាកនឹងចូលទីផ្សារដែរ។ តែសម្រាប់ក្រុមហ៊ុនលីលី និងក្រុមហ៊ុនមួយចំនួនមានភាគរយចំណុចទាំង3ខាងលើរាងខ្ពស់ជាងគេបន្តិច ទើបធ្វើឱ្យសហគ្រាសមួយចំនួននោះ រួមទាំងក្រុមហ៊ុនលីលីផងអាចរកទីផ្សារ និងអាចនាំចេញទៅទីផ្សារក្រៅប្រទេសបាន។

    លោកជំទាវនាយិកាបានឱ្យដឹងថា អ្វីដែលរដ្ឋាភិបាលគួរជំរុញសម្រាប់SME គឺត្រូវជួយលើ3ចំណុច(សមត្ថភាពល្អ គុណ​ភា​ព​នៃផលិតផល និងប្រភពទុន)​ឱ្យបានខ្លាំង នោះទីផ្សារពិតប្រាកដមិនពិបាករកឡើយ តែអ្វីៗជាដំបូង និងជាសំខាន់នោះគឺសហគ្រាសទាំងអស់ត្រូវតែខិតខំពីខ្លួនឯងជាមុនសិន ហើយកែប្រែនូវចំណុចខ្វះខាតដើម្បីដើរឱ្យទាន់នូវអ្វីដែលគេខំបង្ហាញឱ្យយើងដឹងនូវចំណុចខ្វះខាត និងឱ្យសមនឹងឆន្ទៈដែលរដ្ឋាភិបាលបានជំរុញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើនលូតលាស់៕

  • ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​បោះទុន​ជាង 80លាន​ដុល្លារ​កែច្នៃ​សំរាម​នៅ​កម្ពុជា

    ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​បោះទុន​ជាង 80លាន​ដុល្លារ​កែច្នៃ​សំរាម​នៅ​កម្ពុជា

    ដើម្បី​ចូលរួម​កែលម្អ​សោភណភាព លើកកម្ពស់​បរិស្ថាន​នៅ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង​ក្រុមហ៊ុន​ដ៏​ធំ​របស់​ចិន​មួយ​គ្រោង​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់ 86លាន​ដុល្លារ​អាមេរិក​ដើម្បី​កែច្នៃ​សំរាម​នៅ​កម្ពុជា​ឱ្យទៅជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុងសង្គម​ទាំងមូល។

    តំណាង​ក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD បាន​លើកឡើងថា ក្នុង​គម្រោង​ផែនការ​ទុនវិនិយោគ​ដែល​ក្រុមហ៊ុន​គ្រោង​ចំណាយ​ខាងលើ មានបំណង​កែច្នៃ​សំរាម​នៅ​កម្ពុជា​ឱ្យក្លាយ​ទៅជា​កម្លាំង​ថាមពល​ប្រើប្រាស់​ជា​ប្រយោជន៍​សង្គម​ទាំងមូល ដែល​អាចបង្កើត​ ថាមពល​អគ្គិសនី​ដោយ​កង្ហារ​ខ្យល់ថាមពល​អគ្គិសនី​ដោយ​ជីវឧស្ម័ន ថាមពល​អគ្គិសនី​ដោយ​ជីវម៉ាស់​ជាដើម។

    អ្នកតំណាង​ខាងលើ​បាន​បន្តថា ក្រុមហ៊ុន​ក៏បាន​លើកឡើង​អំពី​ការដុត​សំរាម​ដោយ​ប្រើ​បច្ចេកវិទ្យា​ក្នុងការ​កែច្នៃ​ធនធាន​ដែលមាន​ការគិតគូរ​ពី​បរិស្ថាន និង​អាចមាន​លទ្ធភាព​បន្ថយ​ឈានដល់​ចំណុចសូន្យ ចំពោះ​ផលប៉ះពាល់​ឧស្ម័ន​បញ្ចេញ​ចោល​ទៅ​បរិយាកាស ដើម្បី​ចៀសវាង​ឱ្យបាន100% កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ក៏ដូចជា​ភាវៈ​មានជីវិត​នៅលើ​ផែនដី​ដែរ ដោយ​គោលដៅ​ក្នុង​ការបង្កើត​ក្រុមហ៊ុន​កែច្នៃ​សំរាម​នេះ​គ្រោង​ធ្វើ​នៅក្នុង​ខេត្ត​ចំនួន2 ក្នុងប្រទេស​កម្ពុជា គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប។

    ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​គាំទ្រ​គម្រោង​ខាងលើ ដោយបាន​លើកឡើងថា ការគិតគូរ​ពី​ការងារ​គ្រប់គ្រង​សំរាម និង​កាក-សំណល់ និង​ការកែច្នៃ គឺជា​គោលដៅ​សំខាន់​ដែល​ក្រសួង​ត្រូវ​ជំរុញឱ្យមាន​ការអនុវត្ត​ស្របតាម​បច្ចេកវិទ្យា​ទំនើប​ដែលជា​លទ្ធភាព​យើង​អាច​ធ្វើបាន។ ឯកឧត្តម​ក៏បាន​ស្នើ​ឱ្យមាន​ការគិត​គូរ​អំពី​តម្លៃ​នៃ​ការលក់​ថាមពល​ដែល​បំប្លែង​ពី​សំរាម និង​អគ្គិសនី​ដែល​ផលិត​បានមក​ត្រូវ​លក់​នៅ​កន្លែង​ណា ព្រោះ​វា​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​ក្នុង​វិស័យ​បរិស្ថាន។

    លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន​បាន​ និង​កំពុង​យកចិត្តទុកដាក់​កម្រិត​គោលនយោបាយ​ក្នុងការ​រៀបចំ​កែលម្អ​ប្រព័ន្ធគ្រប់គ្រង​សំណល់​រឹង សំរាម ការរៀបចំ​ក្រុង ការរៀបចំ​ទីលាន​ចាក់សំរាម ជំរុញ​ការកែច្នៃ និង​ការប្រើប្រាស់​ឡើងវិញ​តាមរយៈ​ការសហការ​ជាមួយ​ក្រុមហ៊ុន​ទទួល​ទិញ​អេតចាយ ក្រុមហ៊ុន​វិនិយោគ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ សុខភាព សោភណភាព​នៃ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ​ឡើង។

    ពាក់ព័ន្ធ​ករណីនេះ​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​មានប្រសាសន៍ថា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ប៉ុណ្ណោះ ក្រុមហ៊ុន​មិនទាន់មាន​ផែនការ​ជាក់លាក់​នៅឡើយ​ទេ​ក្នុងជំនួប​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​កាលពី​សប្តាហ៍​មុន ដោយសារ​ក្រុមហ៊ុន​ទើប​ចូល​ជូ​ប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ជា​លើកដំបូង​ប៉ុណ្ណោះ មិនទាន់​សុំច្បាប់​វិនិយោគ​ជា​ផ្លូវការ​នៅឡើយ៕

  • ម៉ូដ​សក់​កូនក្រមុំ ស្អាតៗ ទាន់សម័យ

    ម៉ូដ​សក់​កូនក្រមុំ ស្អាតៗ ទាន់សម័យ

    តោះ​!មកលេង​ម៉ូដ​សក់​បែប​កូនក្រមុំ​សម័យថ្មី​ម្តង​មើល៎! ស្តា​យល៍​បែបស្អាតៗ ទាន់សម័យ ហើយ​សាមញ្ញ​ទៀត មិន​សាំ​ុ​ញ៉ាំ​ច្រើន​នោះទេ តែមាន​ភាព​ទាក់ទាញ់ និង​ស្អាត​ពេញចិត្ត​តែម្តង គឺ​ស័ក្តិសម​នឹង​ម៉ូដ​រ៉ូ​ប​កូនក្រមុំ​នាពេល​រាត្រី ដើម្បី​ទទួលភ្ញៀវ​កិត្តិយស​ទាំង​អស់​លៀង​សាយភោជន៍​តែម្តង។ ដូច្នេះ អនាគត​កូនក្រមុំ​ទាំ​ង​អស់​សូម​ត្រៀម​ម៉ូដ​សក់ ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត​ឱ្យ​ហើយ​ណា៎៕

  • ជ្រុល​រើស​ជំនាញ​ខុស គួរ​ស្តារ​ស្ថានការណ៍​បែបណា?

    ជ្រុល​រើស​ជំនាញ​ខុស គួរ​ស្តារ​ស្ថានការណ៍​បែបណា?

    ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្សម្នាក់ៗ ព្រោះ​វា​ជា​ជំហាន​ឆ្ពោះទៅរក​ច្រកទ្វារ​អភិវឌ្ឍន៍​ខ្លួនឯង​សម្រាប់​អនាគត​ដ៏​វែងឆ្ងាយ។ ទោះជា​យ៉ាងនេះ​ក្តី មាន​មនុស្ស​មិនតិច​ទេ​ដែល​ភ្លេចខ្លួន ឬ​ជ្រើសរើស​ជំនាញ​ខុស ដែល​ធ្វើឱ្យ​ពួកគេ​ខាតបង់​ទាំង​ថវិកា ពេលវេលា និង​មានការ​ស្តាយក្រោយ។

    ការជ្រើសរើស​ជំនាញ​ខុស ជាទូទៅ​គេ​សំដៅលើ​ការជ្រើសរើស​ជំនាញ​មិន​ស្របទៅនឹង​ចំណង់​ចំណូលចិត្ត ឬ​មិន​ស្របទៅនឹង​ទេពកោសល្យ​ពិតប្រាកដ​ដែល​បុគ្គល​នោះ​មាន​ពី​កំណើត។ ហេតុនេះ អ្នកសិក្សា​មិនអាច​សិក្សា​បានល្អ មិន​ពេញចិត្ត​ជាមួយនឹង​ជីវិត​ការងារ ហើយ​ឈានដល់​ការបោះបង់ ឬ​ទ្រាំធ្វើការ​ងារ​នោះ​ទាំង​ធុញថប់ ដែល​ធ្វើឱ្យ​ពួកគេ​មិនអាច​អភិវឌ្ឍ​ខ្លួន​បានល្អ​ឡើយ។

    លោក អីុន វីរ​ជ័យ សាកលវិទ្យាធិការរង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​លើកឡើងថា និស្សិត​មួយចំនួន គាត់​ជ្រើសរើស​ជំនាញ​ត្រឹមត្រូវ​រួចទៅហើយ តែ​ពេលដែល​គាត់​ធ្វើ​ការងារ​ផង សិក្សា​ផង គាត់​ភ្លេចខ្លួន ហើយ​ផ្លាស់ប្តូរ​គោលជំហរ​រប​ស់​គាត់​ទៅតាម​តម្រូវការ​ការងារ​ជាក់ស្តែង​នោះ​ក៏មាន។ការជ្រើសរើស​ជំនាញ​ដោយ​មិនបាន​មើល​ពី​ចក្ខុវិស័យ​ជីវិត​វែងឆ្ងាយ​នេះ​អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សមត្ថភាព​ការងារ​របស់គាត់ ព្រោះថា ប្រសិនបើ​គាត់​ធ្វើ​ការងារ​ស្របតាមការស្រឡាញ់ និង​ទេពកោសល្យ​ពី​ធម្មជាតិ គាត់​អាចមាន​ភាព​រីករាយ​ក្នុង​ការធ្វើការងារ​នៅ​ថ្ងៃ​អនាគតហើយ​គាត់​មាន​ហេតុផល​ច្បាស់លាស់​ក្នុង​ការធ្វើការងារ​ដោយក្តី​ពេញចិត្ត មិនមែន​ទៅធ្វើ​ការងារ​ឱ្យ​ចប់​តែ​ម៉ោង​នោះទេ។ ម្យ៉ាងវិញទៀត នៅពេល​ពួកគាត់​ធ្វើការងារ​ដោយ​ក្តី​ពេញចិត្ត គាត់​អាចមាន​ឱកាស និង​គំនិត​អភិវឌ្ឍន៍​ជាច្រើន​ដែល​អាចធ្វើ​ឱ្យមានលក្ខណៈ​កាន់តែ​ប្រសើរឡើង ហើយ​ឈានទៅរកកន្លែង​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់។

    លោក អីុន វីរ​ជ័យ សាកលវិទ្យាធិការរង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ

    លោក អីុន វីរ​ជ័យ បាន​មានប្រសាសន៍ថា៖ “មាន​និស្សិត​ខ្លះ​ជ្រើសរើស​ជំនាញ​សិក្សា​តាម​ស្ថានភាព​ជាក់ស្តែង​ដែល​គាត់​កំពុង​ជួបប្រទះ។ អ្នកខ្លះ​ជ្រើសរើស​ជំនាញ​រដ្ឋបាល ព្រោះ​គាត់​កំពុង​ធ្វើ​ការងាររដ្ឋបាល​ឱ្យគេ​នៅក្នុង​ក្រុមហ៊ុន​មួយ តែ​ទេពកោសល្យ​ពិតប្រាកដ​របស់គាត់​ជា​វិស្វករ។ ហេតុនេះ​ដំណាក់កាល​នេះ​ធ្វើឱ្យ​គាត់​បាត់បង់​ឱកាស​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន”។

    លោក​សាស្ត្រាចារ្យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​បញ្ចៀស​ខ្លួន​ពី​ការសម្រេចចិត្ត​ខុស ឬ​សម្រេចចិត្ត​ត្រឹមត្រូវ​ហើយ​ផ្លាស់ប្តូរ​ទៅរក​ជម្រើស​ខុស​វិញ​នោះ និស្សិត​ចាំបាច់​ត្រូវ​ស្វែង​រកក្តី​ស្រមៃ​របស់ខ្លួន​ឱ្យឃើញ​ពិតប្រាកដ ព្រោះ​នៅពេល​ពួកគាត់​ដឹងថា ជីវិត​គាត់​ត្រូវ​ដើរទៅ​គោលដៅ​ណា នោះ​គាត់​នឹង​មិនអាច​ភ្លេចខ្លួន​បានទេ។ ម្យ៉ាងវិញទៀត បើទោះបីជា​និស្សិត​អាច​ភ្លេចខ្លួន​មួយរយៈ និង​សម្រេចចិត្ត​ខុស​ក៏ដោយ ក៏​ថ្ងៃ​ណាមួយ​គាត់​អាច​នឹង​នឹកឃើញ​ពី​ក្តី​ស្រមៃ​របស់គាត់​ដដែល ដែល​ធ្វើឱ្យ​គាត់​ត្រូវតែ​ផ្លាស់ប្តូរ​ខ្លួន​ចេញពី​កន្លែង​ដែល​គាត់​កំពុង​ស្ថិតនៅ ហើយ​សិក្សា​បន្ថែម ឬ​ឈោង​ចាប់​ចំណុច​ខ្ពស់​ពិតប្រាកដ​ដែល​គាត់​បាន​កំណត់ទុក​នៅក្នុង​ជីវិត។

    ស្រប​ជាមួយគ្នានេះដែរ លោក សោម ច័ន្ទ​សុធា​ សហ​ស្ថាបនិក​ក្រុមយុវជន​ដែល​ធ្វើ​ការងារ​ស្រាវជ្រាវ​ពី​ការអប់រំ បាន​លើកឡើងថា និស្សិត​មិនតិច​ទេ​ដែល​ជ្រើសរើស​ជំនាញ​ខុស ព្រោះ​ពេល​គាត់​ចាប់ផ្តើម​ជ្រើសរើស​ជំនាញ​គាត់​ស្តាប់​សំឡេង​ខាងក្រៅ​ច្រើនជាង​សំឡេង​ក្នុង​ខ្លួន​របស់គាត់​ផ្ទាល់។ និស្សិត​ខ្លះ​ស្តាប់​រៀមច្បង​ដែល​បានចេញ​ធ្វើ​ការងារ​ទទួលលទ្ធផល​ល្អ ហើយក៏​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​តាម​គេ និស្សិត​ខ្លះទៀត​បារម្ភ​ពី​ទីផ្សារការងារ​ជ្រុល ហើយ​សម្រេចចិត្ត​ជ្រើសរើស​មុខវិជ្ជា​ណា​ដែល​គាត់​គិតថា ងាយស្រួល​រក​ការងារ​ធ្វើ បើទោះបីជា​គាត់​មិន​ស្រឡាញ់​ក៏ដោយ។ មាន​និស្សិត​ខ្លះទៀត​ទទួល​យោបល់​គេ​ច្រើនពេក រហូត​ភ្លេច​គិតពី​ការស្រឡាញ់​របស់ខ្លួន បន្ទាប់មក​ធ្វើឱ្យ​គាត់​សម្រេចចិត្ត​តាមរយៈ​ការមើល​ឃើញតែ​ខាងក្រៅ ដែល​ធ្វើឱ្យ​គាត់​ស្តាយក្រោយ នៅពេល​គាត់​មិន​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការសិក្សា ហើយ​លំបាក​ស្វែងរក​ការងារ​ធ្វើ។ ផ្ទុយ​មកវិញ មាន​និស្សិត​មិន​ច្រើន​ទេ​ដែល​ជម្នះ​អ្វី​គ្រប់យ៉ាង​ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន ដោយ​អ្នកខ្លះ​ថែមទាំង​ជំទាស់​ជាមួយ​គំនិត​អាណាព្យាបាល​រហូត​សម្រេច​ជោគជ័យ​ក្នុង​អាជីព​របស់គេ​ផង​ក៏មាន។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ជ្រើសរើស​ជំនាញ​ខុស ក៏​មិន​ប្រាកដថា​ហួសពេល​មួយជីវិត​នោះដែរ ព្រោះ​ជីវិត​សិក្សា​ក្នុង​មហាវិទ្យាល័យ​មាន​រយៈពេល​ត្រឹមតែ 4-5ឆ្នាំ​ប៉ុណ្ណោះ តែ​ស្ថានភាព​ជាក់ស្តែង​យើង​ត្រូវ​ប្រើ​ចំណេះដឹង​ពេញ​មួយជីវិត ហេតុនេះ​គ្មានទេ​ពាក្យ​ថា ហួសពេល​សម្រាប់​អ្នក​ចង់​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​នោះ។

    លោក សោម ច័ន្ទ​សុធា បាន​និយាយថា៖ “មាន​វិធី​ជាច្រើន​ដែល​និស្សិត​អាច​ស្តារ​ស្ថានការណ៍​បាន​ក្រោយពេល​ជ្រើសរើស​ជំនាញ​ខុស។ អ្នកខ្លះ​ដឹងខ្លួន​ទាន់ ពេល​គាត់​កំពុង​សិក្សា​មហាវិទ្យាល័យ គាត់​អាច​ផ្លាស់ប្តូរ​ជំនាញ​បាន ស្រប​ពេលដែល​អ្នក​ខ្លះទៀត​សុខចិត្ត​ផ្លាស់ប្តូរ​ជំនាញ បើទោះបីជា​ខាត​ឆ្នាំ​ក៏ដោយ តែ​សម្រាប់​អ្នកសិក្សា​ចប់​ហើយ គាត់​ក៏​អាច​នៅតែមាន​ជម្រើស​ផ្លាស់​ប្តូរជីវិត​ឱ្យ​ប្រសើរឡើង​បានដែរ”។

    លោក សុធា បន្ថែមថា សម្រាប់​អ្នករៀន​ចប់​ហើយ​ស្តាយក្រោយ មាន​ច្រើន​គួរសម​ដែរ​នៅក្នុង​សង្គម​យើង តែបើ​ទោះបីជា​ស្តាយក្រោយ ក៏​គ្មាន​បាន​លទ្ធផល​អ្វី​មកវិញ​ដែរ ហេតុនេះ​អ្វីដែល​ត្រូវធ្វើ គឺ​ព្យាយាម​ស្តារ​ស្ថានការណ៍​ឱ្យ​ល្អប្រសើរ​ឡើងវិញ​ទើប​ជា​រឿង​ល្អ។ ជម្រើស​ទីមួយ យកចំណេះ​ដឹង​ដែល​គាត់​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នោះ​ទៅធ្វើ​ការងារ​ដើម្បី​ស្វែងរក​ចំណូល ហើយ​ត្រឡប់​ចូល​សាលា​ម្តងទៀត​ដើម្បី​រៀន​ជំនាញ​ដែល​គាត់​ស្រឡាញ់។ ប្រសិនបើ​គាត់​សម្រេចចិត្ត​បែបនេះ គាត់​អាច​ទ្រាំ​លំបាក​តែ 2-3ឆ្នាំ តែ​គាត់​អាច​រីករាយ​បានយូរ​អង្វែង។ ចំពោះ​ជម្រើស​មួយ​ផ្សេងទៀត គឺ​សិក្សា​ពេល​កំពុងធ្វើការ​ងារ គ្រាន់តែ​ជម្រើស​នេះ​វា​ទាមទារ​ឱ្យ​គាត់​អត់ធ្មត់​បន្តិច។ មាន​មនុស្ស​មួយចំនួន​គាត់​សម្រេចចិត្ត​បោះបង់​មុខវិជ្ជា​ដែល​គាត់​សិក្សា​នោះ​ចោល ហើយ​ចាប់យក​ការងារ​ក្នុង​ក្តី​ស្រមៃ បើទោះបីជា​គាត់​ទទួលបាន​មុខតំណែង​តូច​ក៏ដោយ។ នៅពេល​គាត់​ធ្វើ​ការងារ គាត់​ចាំបាច់​ត្រូវ​ស្វែងរក​ចំណេះដឹង​បន្ថែម​ដើម្បី​អភិវឌ្ឍ​ជាប់​ជានិច្ច ព្រោះ​ជាធម្មតា បើទោះបីជា​ការងារ​បង្រៀន​មនុស្ស​ក៏ដោយ តែ​អ្នកធ្វើការងារ​ក៏​ចាំបាច់​ត្រូវតែមាន​ក្បួនខ្នាត​ត្រឹមត្រូវ​ដែរ ហេតុនេះ​ការស្វែងរក​វគ្គខ្លីៗដើម្បី​បំពេញ​ចំណុច​ខ្វះខាត​ក៏​អាចធ្វើឱ្យ​គាត់​សម្រេច​ក្តី​ស្រមៃ​បាន​ដូចគ្នា​ដែរ។ ពេលខ្លះ​គាត់​អាច​អភិវឌ្ឍ​ខ្លួន​ក្លាយជា​អ្នកគ្រប់គ្រង​ល្អ​ថែម​ទៀតផង ព្រោះ​គាត់​បាន​រៀន​លម្អិត​ពី​ការងារ​ជាក់ស្តែង​តាំងពី​តំណែង​តូច​បំផុត រហូតដល់​តំណែង​ខ្ពស់។ ហេតុនេះ ចំពោះ​អ្នក​ជ្រើសរើស​ជំនាញ​ខុស​ហើយ ចូរ​កុំ​អស់សង្ឃឹម នៅមាន​វិធី​ជាច្រើន​ដែល​អាចធ្វើឱ្យ​អ្នកសម្រេច​ក្តី​ស្រមៃ​បាន ប្រសិនបើ​អ្នក​ពិតជា​មានការ​តស៊ូ​ពិតប្រាកដ​មែន​នោះ៕

  • តើ​គួរ​ប្រើ​បណ្តាញ​អុីន​ធើ​ណិ​ត​បែបណា​ដើម្បី​បានប្រយោជន៍​ត្រឡប់មកវិញ?

    តើ​គួរ​ប្រើ​បណ្តាញ​អុីន​ធើ​ណិ​ត​បែបណា​ដើម្បី​បានប្រយោជន៍​ត្រឡប់មកវិញ?

    និន្នាការ​នៃ​ការប្រើប្រាស់​បណ្តាញ​អុីន​ធើ​ណិ​ត​នៅ​កម្ពុជា​មានការ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​យុវជន​មួយចំនួន​មិនបាន​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​នោះទេ ពោលគឺ​បាន​ត្រឹម​ប្រើប្រាស់​សម្រាប់​ការកម្សាន្ត​ទៅវិញ ដែល​នេះ​ជា​កត្តា​ធ្វើឱ្យ​ខាតបង់​ពេលវេលា និង​ការចំណាយ​ថវិកា​ខុស​គោលដៅ​ជាដើម។

    លោក​បណ្ឌិត ឡាយ សុខ​ហេង សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មានប្រសាសន៍ថា យោងតាម​គំនូស​ដ្យា​ក្រាម​បង្ហាញថា ការប្រើប្រាស់​ប្រព័ន្ធ​អុីន​​ធើ​ណិ​ត​នៅ​កម្ពុជា ភាគច្រើន​នៅក្នុង​ស្រទាប់​យុវវ័យ និង​បុគ្គលិក​បំពេញការងារ​តាម​ស្ថាប័ន​នានា ចំណែក​មនុស្ស​ដែលមាន​វ័យ​ចំណាស់​មិនសូវមាន​ចំណាប់អារម្មណ៍​ក្នុងការ​ប្រើប្រាស់​បណ្តាញ​អុីន​​ធើ​ណិ​ត​នេះ​ប៉ុន្មាន​ទេ។

    លោក​ថា ការប្រើ​បណ្តាញ​អុីន​​ធើ​ណិ​ត​អាច​ទទួលបាន​គុណសម្បត្តិ និង​គុណវិបត្តិ​ត្រឡប់មកវិញ​ដូចគ្នា ប្រសិនបើ​យើង​មិនបាន​ប្រើប្រាស់​ដោយ​យកចិត្តទុកដាក់​ទេនោះ។ ការប្រើប្រាស់​ឱ្យ​កើតជា​គុណប្រយោជន៍ គឺ​ស្ថិត​នៅត្រង់ថាបណ្តាញ​អុីន​​ធើ​ណិ​ត​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់ធ្វើ​ការស្រាវជ្រាវ​ប្រភពព័ត៌មានផ្សេងៗ ពិសេស​ព័ត៌មាន​សេដ្ឋកិច្ច​ដែល​អាចឱ្យ​យើង​សម្រេចចិត្ត​មុននឹង​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​ណាមួយ។ សម្រាប់​និស្សិត ឬ​សិស្ស​វិញ ពួកគាត់​អាច​ប្រើប្រាស់​ដើម្បី​ស្រាវជ្រាវ​ឯកសារ​បន្ថែម​លើ​មេរៀន​របស់ខ្លួន កសិករ​អាច​មើល​តម្រូវការ​ទីផ្សារ មុននឹង​សម្រេចចិត្ត​ប្រកប​របរ​ដាំ​ដុះ​ដំណាំ​ណាមួយ​ដើម្បីឱ្យ​ច្បាស់​ថា​ក្រោយពេល​ប្រមូល​កសិផល​រួច នឹងមាន​តម្រូវការ​ប្រើប្រាស់​ច្រើន។

    ទន្ទឹមនឹងនេះ បើសិនជា​យើង​មិនបាន​ប្រុងប្រយ័ត្ន​ទេនោះ បណ្តាញ​អុីន​​ធើ​ណិ​ត​នឹង​ផ្តល់​ជា​គុណវិបត្តិ​មក​យើង​វិញ​ដូចគ្នា។ ឧទាហរណ៍​ថា នៅពេល​ឃើញ​ព័ត៌មាន​សេដ្ឋកិច្ច​ណាមួយ​ហើយ យើង​មិនបាន​ស្រាវជ្រាវ​បន្ថែម​ឱ្យបាន​ច្បាស់​ទាក់ទង​ទៅនឹង​ប្រភព ឬ​ស្ថាប័ន​អ្នកសរសេរ​ព័ត៌មាន​នោះ​វាជាហេតុ​ធ្វើឱ្យ​យើង​មិនដឹងថា តើ​ព័ត៌មាន​នោះ​អាច​គួរឱ្យ​ទុកចិត្តបាន​កម្រិតណា មុននឹង​យកមក​ពិចារណា​ធ្វើការ​វិភាគ​ដោយ​ខ្លួនឯង​បន្ថែម។ ប្រសិនបើ​គ្រាន់តែ​ឃើញ​ព័ត៌មាន​ហើយ​មិនបាន​វិភាគ​ឱ្យបាន​ច្បាស់ វា​ធ្វើឱ្យ​យើង​អាច​សម្រេចចិត្ត​ខុស នាំឱ្យ​ខាតបង់​ថវិកា​ក្នុង​ការធ្វើ​កិច្ចការ​អ្វីមួយ​នោះបាន។ ដោយឡែក​សម្រាប់​យុវជន បើសិនជា​គាត់​មើល​ពី​ព័ត៌មាន​សិក្សា ព័ត៌មាន​រក​ការងារ គឺជា​រឿង​ល្អប្រសើរ​ណាស់ ប៉ុន្តែ​បើ​គាត់​បែរជា​បើក​មើល​រឿង​ដែល​មិនល្អ រឿង​អាសអាភាសផ្សេងៗជាដើម​វិញ​នោះ វា​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​សីលធម៌​សង្គម នាំយក​ឥទ្ធិពល​ខាងក្រៅ​ដែល​មិនល្អ​នោះមក​បង្ក​ជា​បញ្ហា​ក្នុង​សង្គមជាតិ។ ជួនកាល​បង្ហោះ​រូប​មិនល្អ​របស់​បុគ្គល​ណា​ម្នាក់ នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់គេ​ធ្ងន់ធ្ងរ រហូតដល់​មានការ​ប្ដឹងផ្ដល់​គ្នា ឬ​បើ​រឿង​នោះ​ជាការ​ពិត​វិញ អាចធ្វើឱ្យ​បុគ្គល​ម្នាក់​នោះ​លែង​ហ៊ាន​ដើរចេញ​ជួប​មហាជន​ខាងក្រៅ​ក៏មាន។

    លោក​បន្តថា នៅ​ប្រទេស​មួយចំនួន រដ្ឋាភិបាល​របស់គេ​ហាមឃាត់​ដល់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អុីន​ធើ​ណិ​ត​មិនឱ្យ​បង្ហោះ​រឿង​អាសអាភាស​នោះទេ ព្រោះថា យុវវ័យ​តែងមាន​ការ​ភ្លើតភ្លើន មិនចេះ​ពិចារណា បណ្ដាល​ឱ្យទៅ​បង្ក​ផល​អាក្រក់​នៅក្នុង​សង្គម ឬ​មានគំនិត​អវិជ្ជមានផ្សេងៗក៏មាន។ ករណីនេះ​លោក​ស្នើ​ចង់ឱ្យ​រដ្ឋាភិបាល​គិតគូរ​អំពី​ផលប៉ះពាល់​លើ​ការប្រើប្រាស់​បណ្តាញ​អុីន​​ធើ​ណិ​ត​នេះ និង​បើសិន​មានច្បាប់​ហាមឃាត់​ការ​បង្ហោះ​រូប​អាសអាភាស​ក៏​ជាការ​ប្រសើរ​ផងដែរ ដែល​ការណ៍​នេះ​ជា​ចំណែក​នៃ​ការលើកកម្ពស់​សីលធម៌​សង្គម​ឱ្យ​កាន់​ល្អ​ប្រសើរឡើង។

    តាម​របាយការណ៍​រប​ស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បង្ហាញថា ក្នុង​រយៈពេល8ខែ​នៃ​ឆ្នាំ2018នេះ ចំនួន​អ្នកប្រើប្រាស់​អុីន​​ធើ​ណិ​ត​កើនឡើង​ជាង 12លាន​នាក់ ក្នុងចំណោម​ប្រជាជន​ខ្មែរ​ជាង15លាន​នាក់​ដែល​ធ្វើឱ្យ​ទីផ្សារ​វិស័យនេះ​រីក​ធំ​ទូលាយ និង​បាន​រាលដាល​ទៅដល់​តំបន់​ជនបទ​ដាច់ស្រយាល ជួយ​ដល់​ការតភ្ជាប់​ទំនាក់ទំនង​ការងារការពង្រីក​សេវា​អា​ជីក​ម្ម និង​ការសិក្សា​ស្រាវជ្រាវ​ផងដែរ។

    និន្នាការ​នៃ​ការកើនឡើង​នៃ​ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាពិសេស Facebook បាន​ជំរុញ​ឱ្យ​ការប្រើប្រាស់​ប្រព័ន្ធ​អុីន​​​ធើ​ណិ​ត​កើនឡើង​ខ្លាំង​ផងដែរ ខណៈ​ការពង្រីក​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ និង​ការពង្រីក​បណ្តាញ​សេវា​ក្រុមហ៊ុន​ឯកជន​នានា កាន់​តែមាន​វិសាលភាព​ធំឡើងៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

    គួរ​បញ្ជាក់ផងដែរថា នៅ​កម្ពុជា​ការប្រើប្រាស់​បណ្តាញ​អុីន​​ធើ​ណិ​ត​ជា​មធ្យម​កើនឡើង​ប្រមាណ​ពី20% ទៅ25%ក្នុងឆ្នាំៗ ដែល​ត្រូវបាន​គេ​រំពឹងថាចំនួន​អ្នកប្រើប្រាស់​អុីន​​ធើ​ណិ​ត​នឹង​កើនឡើង​ប្រមាណ​ជិត 13លាន​នាក់​នៅ​ចុងឆ្នាំ2018៕

  • ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​នៅ​កម្ពុជាប្រារព្ធ​ពិធីបុណ្យ​ជាតិ​ឆ្នាំ2018 នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ5 Great Duke

    ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​នៅ​កម្ពុជាប្រារព្ធ​ពិធីបុណ្យ​ជាតិ​ឆ្នាំ2018 នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ5 Great Duke

    កាលពី​ថ្ងៃទី18 ខែតុលា ឆ្នាំ2018 ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដោយបាន​ប្រារព្ធ​ពិធីបុណ្យ​ជាតិ និង​រំលឹក​ខួប​អនុស្សាវរីយ៍​នៃ​ការបង្កើត​ប្រទេស​ជា​លើកដំបូង​របស់​ប្រទេសកូរ៉េខាងត្បូង នៅ​សណ្ឋាគារ​លំដាប់ថ្នាក់​ផ្កាយ5 Great Duke។

    នា​រាត្រី​នោះ​មានការ​អ​ញ្ចី​ញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ជាច្រើនរូប ជាពិសេស​វត្តមាន​រប​ស់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ជាច្រើន​ប្រទេស​ទៀតផង។

    ឯកឧត្តម ឯកអគ្គរដ្ឋទូត អូ ណាក់ យ៉ុង បាន​មានប្រសាសន៍ថា ជា​កិច្ច​ចាប់ផ្តើម ខ្ញុំ​សូម​ស្វាគមន៍ និង​សូម​ថ្លែងអំណរគុណ​ជាពិសេស​ជូន​ចំពោះ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ឯកឧត្តម​បានផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​យើងខ្ញុំ​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស។

    ខ្ញុំ​មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់​ឱ្យបាន​ជ្រាបថា រដ្ឋាភិបាល​កូរ៉េ​បាន​បើក​ដំណើរការ​នូវ​ការផ្តួចផ្តើម​គំនិត​ការទូត “គោលនយោបាយ​ភាគខាងត្បូង​ថ្មី” ដែល​នឹង​បង្ក​នូវ​បរិយាកាស​ល្អ​សម្រាប់​ជំរុញ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​របស់​ប្រទេស​កូរ៉េ​ជាមួយ​អាស៊ាន រួមទាំង​ប្រទេស​កម្ពុជាផងដែរ។ មិន​ត្រឹមតែ​គ្របដណ្តប់​ទៅលើ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គោលនយោបាយ​នេះ​ក៏មាន​វិសាលភាព​គ្របដណ្តប់​លើ វប្បធម៌ ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ភ្ជាប់​ជាមួយនឹង​ពាក្យ​គន្លឹះ3 គឺ ប្រជាជន វិបុលភាព​រួម និង​សន្តិភាព។ គោលដៅ​នៃ​ការផ្តួចផ្តើម​គំនិត​នេះ​ស្ថិតនៅក្នុង​ការយល់ឃើញ​របស់​សហគមន៍​សន្តិ​ភាព ដែល​ផ្តោត​សំខាន់​ទៅលើ​ប្រជាជន ខណៈដែល​ប្រជាជន​បាន​រីករាយ​នឹង​ភាព​ចម្រុងចម្រើន​ទៅវិញទៅមក៕

  • សណ្ឋាគារ​លំដាប់ផ្កាយ5 Raffles Hotel Le Royal ប្រារព្ធ​កម្មវិធី​ជប់លៀង​ថ្លែងអំណរគុណ​ដៃគូ​អាជីវកម្ម

    សណ្ឋាគារ​លំដាប់ផ្កាយ5 Raffles Hotel Le Royal ប្រារព្ធ​កម្មវិធី​ជប់លៀង​ថ្លែងអំណរគុណ​ដៃគូ​អាជីវកម្ម

    កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី26 ខែតុលា ឆ្នាំ2018 សណ្ឋាគារ​លំដាប់ថ្នាក់​ផ្កាយ5 Raffles Hotel Le Royal ក្នុង​រាជធានី​ភ្នំពេញ​បានរៀបចំ​កម្មវិធី​ជប់លៀង​មួយ​ដើម្បី​ថ្លែង​អំណរ​អរគុណ​ជូន​ដល់​ដៃគូ​អាជីវកម្ម​របស់ខ្លួន​ប្រមាណ​ជា 80នាក់។ នៅក្នុង​កម្មវិធី​នោះ​មាន​រៀបចំ​ការដើរ​បង្ហាញ​ម៉ូដ​ពី​បុគ្គលិក​របស់​Raffles Hotel Le Royal ជាមួយ​ការ​រចនា​ម៉ូដ​សម្លៀកបំពាក់​ដែល​បាន​កែច្នៃ​ពី​ក្រដាស​កាសែត សម្បក​ដប​ទឹក​សុទ្ធ ថង់​ប្លា​ស្ទិ​ក និង​ប្រភេទ​ក្រដាសផ្សេងៗទៀត ជាពិសេស​នៅ​រាត្រី​នោះ ភ្ញៀវ និងដៃគូ​អាជីវកម្ម​មានការ​រីក​រាយ​ជាមួយនឹង​ការបរិភោគ​អាហារ​ដែល​ចម្អិន​ដោយ​មេ​ចុងភៅល្បីៗ ប្រចាំ​នៅ Raffles Hotel Le Royal ទៀតផង។ នៅ​ចុង​បញ្ចា​ប់​នៃ​កម្មវិធី​មានការ​ឆ្លើយ​សំណួរ​ដើម្បី​ទទួលបាន​រង្វាន់ និង​ការចាប់​រង្វាន់​ផ្សងសំណាង​ជាច្រើន​ជូន​ដល់​ភ្ញៀវ និង​ដៃគូ​អាជីវកម្ម​ទាំងអស់​ទៀតផង៕

  • ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​បែបណា ទើប​ទទួលបាន​កម្រៃជើងសា​ច្រើន?

    ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​បែបណា ទើប​ទទួលបាន​កម្រៃជើងសា​ច្រើន?

    ការធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ អ្នកខ្លះ​គេ​អាចរកប្រាក់​កម្រៃ​បាន​ច្រើន ប៉ុន្តែ​អ្នកខ្លះ​មិនអាច​រក​កម្រៃជើងសា​បាន​ទាល់តែសោះ​ក៏មានដែរ ដោយសារតែ​អ្នកធ្វើការ​ប្រភេទ​នេះ​មួយចំនួន​មិនបាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​អភិវឌ្ឍសមត្ថភាព​ខ្លួន​ជាមុន ពោលគឺធ្វើតាមៗគ្នា​តាម​ទម្លាប់​បែប​សម័យបុរាណ​ប៉ុណ្ណោះ។ ដូច្នេះ​តើ​ធ្វើ​ដូចម្តេច​ទើប​ការងារ​ប្រភេទ​នេះ​ទទួលបាន​ប្រាក់កម្រៃ​ជើងសា​ខ្ពស់​ត្រឡប់មកវិញ?

    លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​CPL មានប្រសាសន៍ថា ដើម្បី​ធ្វើការជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​អាច​រកប្រាក់​កម្រៃជើងសា​បាន​ច្រើន លុះត្រាតែ​បុគ្គលម្នាក់ៗខិតខំ​អភិវឌ្ឍ​ខ្លួន​ជាមុន​តាមរយៈ​ការចូលរួម​វគ្គ​បណ្តុះ-បណ្តាល​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ។ បន្ទាប់ពី​មាន​សមត្ថភាព​ហើយ​នោះ ត្រូវ​ធ្វើការ​ឱ្យមាន​លក្ខ​ណៈ ​Professional មានន័យថា ត្រូវមាន​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ទើប​មានការ​ទុកចិត្ត​ពី​អតិថិជនក៏ដូចជា​ម្ចាស់ផ្ទះ ឬ​ម្ចាស់​ដី​ដែល​ចង់​លក់​ចេញ​នោះដែរ។

    ជា​ឧទាហរណ៍ បើសិនជា​អតិថិជន​ម្នាក់​មក​សួរ​យើង​អំពី​ផលិតផល ឬ​សួរ​អំពី​ដី/ផ្ទះ​ដែល​យើង​កំពុង​ដាក់លក់ ហើយ​យើង​ឆ្លើយ​មិនបាន​ច្បាស់លាស់ ពេលខ្លះ​គេ​សួរនាំ​អំពី​សក្តានុពល​ទីតាំង​ដី ឬ​ផ្ទះ​នោះ យើង​ឆ្លើយ​មិន​រួច សួរនាំ​អំពី​ប្រ​ព័​ន្ធផ្លូវច្បាប់ យើង​ឆ្លើយ​រួច​ខ្លះ មិន​រួច​ខ្លះ នោះគេ​ហៅថា ជា​អ្នក​កួកជេ​ដែល​មិនមាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និង​ដែលចេះតែ​លក់តៗគ្នា​តាម​ទម្លាប់​ពី​បុរាណ ដែល​ការធ្វើ​បែបនេះ អ្នកខ្លះ​អាច​លក់បាន តែ​អ្នក​ខ្លះទៀត​លក់​មិនបាន នាំឱ្យ​ខាតបង់​ទាំង​ការចំណាយ​ចាយវាយ​ប្រចាំថ្ងៃ ខាតបង់​ពេលវេលា បាក់​ទឹកចិត្ត​លែង​ចង់​ប្រកប​របរ​នេះ និង​ថែមទាំង​ដើរ​និយាយប្រាប់​គេ​កុំឱ្យ​ធ្វើការ​ផ្នែក​នេះ​ទៀតផង​ក៏មានដែរ។

    លោក​ថា ភ្នាក់ងារ​អចលនទ្រព្យមិនមែន​រង់ចាំតែ​លក់​ដើម្បី​គ្រាន់តែ​ទទួលបាន​កម្រៃជើងសា​ម​ក​វិញ​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ខ្លួនគេ​ត្រូវមាន​សមត្ថភាព​ក្នុងការ​រកប្រាក់​ចំណេញ​ទៅឱ្យ​ម្ចាស់​អចលនទ្រព្យ ម្ចាស់​ដី ម្ចាស់ផ្ទះខុន​ដូ ឬ​រកប្រាក់​ចំណេញ​ទៅឱ្យ​អតិថិជន​វិញ​ផងដែរ។ ជា​ឧទាហរណ៍ បុរស​ម្នាក់​គាត់​មានដី​ទំហំ​ប្រហែល10ហិកតា ហើយ​ក្នុង​មួយ​ម៉ែត្រការ៉េ​តម្លៃ 1,000ដុល្លារ ជា​ដី​នៅក្នុង​ក្រុង​ដែល​គាត់​លក់​យូរ​ឆ្នាំ​មកហើយ តែ​លក់​មិន​ចេញ​សោះ ដោយសារ​មានតម្លៃ​ថ្លៃ​ពេក សរុប​ជា​ទឹកប្រាក់​រហូតដល់​ទៅ100លាន​ដុល្លារ​ឯណោះ ពិបាក​រក​ម៉ូយ​ដាក់​ណាស់។ ប៉ុន្តែ​សម័យនេះ នៅពេល​មាន​ដី​ធំ គឺ​កាន់​តែមាន​សក្តានុពល​ខ្លាំង​ក្នុង​ការធ្វើ​ផ្ទះ​លក់ និង​ទទួលបាន​ផលចំណេញ​ច្រើនជាង​លក់​ដី​នោះ​ទាំងមូល​ទៀតផង។ ដូច្នេះ​ក្នុងនាម​ជា​អ្នកលក់ យើង​ត្រូវ​ផ្តល់យោបល់​នេះ​ទៅឱ្យ​ម្ចាស់​ដី អំពី​ការសាងសង់​នេះ​ជាមួយនឹង​គម្រោង​ផែនការ​ច្បាស់លាស់​ដែល​អាច​ជឿ​ទុកចិត្តបាន ដូច្នេះ​ម្ចាស់​ដី នឹង​បង្វែរ​ពី​ការលក់​ដីមកជា​សាងសង់​ផ្ទះ​លក់​វិញ​មិន​ខាន ព្រោះ​ទទួលបាន​កម្រៃ ឬ​ប្រាក់ចំណេញ​ច្រើនជាង​លក់​ដី​ទៀតផង ហើយ​នៅពេលដែល​ម្ចាស់​ដី​រកប្រាក់​ចំណេញ​បានច្រើន ប្រាកដជា​ម្ចាស់​ដី​ផ្តល់ប្រាក់​កម្រៃ​ដល់​យើង​កាន់តែច្រើន​លើសពី3% ដែល​យើង​ចង់បាន​ទៅតាម​ផ្លូវច្បាប់​នោះ​ផងដែរ។ ហើយ​នៅពេល​ម្ចាស់​គម្រោង​ទទួលបាន​ប្រាក់ចំណេញ គាត់​នឹង​នឹកឃើញ​យើង​រហូត​នៅពេលដែល​គាត់​មាន​គម្រោងថ្មីៗទៀត គាត់​ប្រាកដជា​រត់​មករក​យើង ព្រោះ​យើង​ជា​អ្នក​រកលុយ​ឱ្យ​គាត់។

    ក្រុមសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមហ៊ុន CPL

    មួយវិញទៀត ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ក៏ត្រូវ​ចេះ​ឆ្លាត​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ផងដែរ ឧទាហរណ៍​ថា នៅពេលដែល​យើង​លក់​ដី​ឡូ​តិ៍ ឬ​លក់​ផ្ទះ​បាន​មួយ​ល្វែង​ទៅឱ្យ​អតិថិជនម្នាក់ យើង​ប្រាកដជា​បានកម្រៃជើងសា​ពី​ម្ចាស់​ដី​ឡូ​តិ៍ ឬ​ផ្ទះល្វែង​នោះ​មិន​ខានប៉ុន្តែ​នៅពេលដែល​អតិថិជន​ដដែលនាំ​បងប្អូន​កូនក្មួយ​មក​ទិញ​បន្ត ហើយ​គេ​ទារ​រកកម្រៃជើងសា​ដែរនោះ តើ​យើង​ត្រូវធ្វើ​ដូចម្តេច​បើ​យើង​ជា​ឈ្មួញកណ្តាល​នាំ​ផលិតផល​ទៅ​លក់​ឱ្យគេនិង​នាំ​គេ​មក​ទិញ​ផលិតផល​ដដែល​នោះ? ដូច្នេះ​យើង​ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ស្តង់ដារ​ដែល​អាចជឿទុកចិត្ត​បាន​ទាក់ទង​នឹង​កម្រៃជើងសា​អ្នក​នាំមក​ផ្ទាល់​បាន​ប៉ុន្មានភាគរយ និង​អ្នក​នាំមក​ប្រយោល​បាន​ប៉ុន្មាន​ភាគរយចែកគ្នា​ឱ្យ​ច្បាស់ ឱ្យបាន​ផលចំណេញ​ទាំងអស់គ្នា​នោះ​ប្រាកដជា​អាចធ្វើ​ការស្វែងរក​ប្រាក់​កម្រៃជើងសារ​ជាមួយគ្នា​បានយូរ មាន​ទំនុកចិត្ត​លើ​គ្នា និង​មានចិត្ត​រីករាយ​ជាមួយគ្នា​ទៀតផង។

    ពាក់ព័ន្ធ​ករណី​ថៅកែ​សង់ផ្ទះ​ល្វែង​លក់ ឬ​ពុះ​ដី​ឡូ​តិ៍លក់ ត្រូវ​គិតពី​ប្រយោជន៍​របស់​អតិថិជន គិតពី​កេរ្តិ៍ឈ្មោះ​ខ្លួនឯង កុំ​គិតតែ​ពី​ប្រាក់ចំណេញ​តែមួយ​មុខ​ខ្លាំងពេក។ បើសិន​ជាមាន​គម្រោង​ផ្ទះល្វែង​លក់ ឬ​ពុះ​ដី​ឡូ​តិ៍លក់​ត្រូវ​គិត​ទៅដល់​ភាព​សុខដុម​រម​នា គិត​ទៅដល់​ផាសុកភាព​ក្នុងការ​រស់នៅ​របស់​អតិថិជន ដូចជា​ទុក​ចំណី​ផ្លូវធំ​ទូលាយ មាន​ផ្លូវ​សម្រាប់​ថ្មើ​ជើង​ចែកដាច់​ដោយឡែក​ពី​ផ្លូវ​បើកបរ​រថយន្ត មាន​ដាំ​ដើមឈើ​សម្រាប់​ផ្តល់​ម្លប់​ត្រជាក់ និង​បរិស្ថាន​បៃតង មាន​ទីតាំង​សម្រាប់​សង់រោង​បុណ្យ ឬ​រោងការ មាន​ទីធ្លា​សម្រាប់​ហាត់ប្រាណ និង​សាងសង់​សួនច្បារ​សម្រាប់​កុមារ​លេង​ឱ្យបាន​ធំ​ទូលាយ ហើយ​នៅពេលដែល​យើង​គិតគូរ​ពី​ប្រយោជន៍​របស់​អតិថិជន​យើង​ហើយ យើង​នឹង​បាន​ផលប្រយោជន៍​មកវិញ​តាមរយៈ​ការផ្តល់​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន ហើយ​អតិថិជន​នឹង​មក​ទិញ​គម្រោង​យើង​វិញ តាមរយៈ​ការបង្កើត​គម្រោង​គំរូ​ខាងលើ។ បើសិនជា​ធ្វើ​ដូច្នោះ​បាន នោះ​គម្រោង​យើង​នឹងមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង បង្កើត​គម្រោង​លក់ក្រោយៗទៀត​នឹងមិន​ខ្វះ​អ្នកទិញ​នោះទេ។

    លោក​ថា មកទល់ពេលនេះ មាន​ម្ចាស់​គម្រោង​ផ្ទះល្វែង​មួយចំនួន​ធ្វើ​ដូចខាងលើខ្លះៗហើយ ប៉ុន្តែ​មិនទាន់មាន​គ្រប់គ្រាន់​នោះទេ ពោល​គឺមាន​ត្រឹមតែ​សួនច្បារ ឬ​ទីតាំង​ហាត់ប្រាណ​ប៉ុណ្ណោះ មិនទាន់មាន​ទីតាំង​សម្រាប់​សង់រោង​ការ ឬ​រោងបុណ្យ​រួម​នៅឡើយ ហើយ​ករណីនេះ​លោក​បាន​ជំរុញ​ដល់​ម្ចាស់​គម្រោង​គួរ​គិតគូរ​ធ្វើឡើង​ដើម្បី​ធ្វើជា​គំរូ​សម្រាប់​ដល់​គម្រោងក្រោយៗធ្វើតាម​ទៀត ដែលជា​គោលដៅ​ប្រកួតប្រជែង​ដែល​អាច​នាំឱ្យ​ចំណេញ​ទាំងអស់គ្នា ចំណេញ​ទាំង​ម្ចាស់​គម្រោង ចំណេញ​ទាំង​អតិថិជន​រស់នៅក្នុង​គ​ម្រោ​ង​បុរី​នោះ​ផងដែរ៕

  • ការ​បង្កើត​ជាមួយទម្រង់​ផ្លាស់ប្តូររូបិយប័ណ្ណដំបូងបង្អស់​នៅឌូបៃ​នៃ​​ ក្រុមហ៊ុន One Financial Corporation ICO

    ការ​បង្កើត​ជាមួយទម្រង់​ផ្លាស់ប្តូររូបិយប័ណ្ណដំបូងបង្អស់​នៅឌូបៃ​នៃ​​ ក្រុមហ៊ុន One Financial Corporation ICO

    ភ្នំពេញ, ថ្ងៃទី 26 ខែតុលា ឆ្នាំ2018 ៖​ ថ្ងៃនេះនៅសាលប្រជុំក្នុង​សណ្ឋាគារ Naga World 2​ IBM បានប្រកាសជាទូទៅ​ ​ពីដៃគូសហការណ៍ជាច្រើន ដែល​នឹង​រួមគ្នាធ្វើឱ្យ One-Agri Coin ក្លាយជា​ទ្រព្យសកម្ម​វិស័យ​ហិរញ្ញវត្ថុនាពេលអនាគត។

    សហគ្រាសដែលជា​ដៃគូសហការណ៍រួមមាន៖ អភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មអូស្ត្រាលី បេឡា​​អភិវឌ្ឍន៍ កសិកម្មស្វីស និងបេឡា​ពាណិជ្ជកម្មអាស៊ី ព្រមទាំង​ក្រុម​ហ៊ុនឧបត្ថម្ភផ្នែកទីផ្សារផ្សេងៗទៀតមានដូច​ជា៖ ក្រុមហ៊ុន Oppo ក្រុមហ៊ុនអាកាសចរណ៍ Shenzhen និងក្រុមហ៊ុន Expedia។ ICO នឹង​រំពឹង​ធ្វើការជាមួយដៃគូក្នុងទម្រង់​ពាណិជ្ជកម្មនោះ​គឺ​ CGCX.IO, ​ដែលជា​ទម្រង់​ផ្លាស់ប្តូររូបិយប័ណ្ណដំបូងនៅឌូបៃក៏ដូចជា ABNX.IO។

    លោក Edward Miller ប្រធានផ្នែកហិរញ្ញវត្ថុនៃ One Financial Corporation បាននិយាយថា “យើងនឹងក្លាយជាទ្រព្យសកម្មមួយ នៃ​វិស័យ​ហិរញ្ញវត្ថុទៅពេល​អនាគត ជាមួយនឹងគោលដៅនៃការចែករំលែកទ្រព្យសម្បត្តិក្នុងចំណោមដៃគូដែល​ទុកចិត្តលើយើងទាំង​អស់”។​ មាគ៌ាទៅកាន់​​ការបង្កើត​កំណត់​សំគាល់ ជាមួយនឹង​ស្ថេរភាព​ដែលជាទ្រព្យសកម្មនៃ​វិស័យហិរញ្ញវត្ថុ One Financial Corporation បានបង្កើតតម្លៃសាជីវកម្មរបស់ខ្លួនតាមរយៈការផ្តល់មូលនិធិនានា ពី​វិនិយោគិន​ជាច្រើន​ និងវិនិយោគឡើង​វិញទៅលើការអភិវឌ្ឍន៍កសិកម្ម ដែលមានការទិញដីធ្លី ការ​បង្កើន​ម៉ាក​ផលិតផល បច្ចេកវិជ្ជាកសិកម្មថ្មីៗ និងផ្នែកផ្សេងៗទៀតជាច្រើន។

    នៅឆ្នាំ2016 វិនិយោគិនដែល​ជា​ដៃគូ ​បាននាំយក​ម្រេចកំពតនៃ​ប្រទេសកម្ពុជាទៅ​លើ​ទីផ្សារ ហើយក៏​បាន​ចាប់​ឱកាសដ៏​ពិសេសនេះ ដើម្បីក្លាយជាតួអង្គដ៏ធំបំផុត និងមានសក្តានុពលខ្ពស់​។​ បន្ទាប់មកពួក​គាត់​បានណែនាំបច្ចេកវិទ្យាកសិកម្មរបស់ខ្លួន ទៅក្នុងកសិដ្ឋាន ដាំម្រេច​ជាច្រើន​​ និង​បន្ត​ដំណើរ​ទៅមុខ​ទៀត ដើម្បីរួម​បញ្ចូលដំណើរការនៃការដាំដុះ ការកែច្នៃ ការវេចខ្ចប់ ការចែកចាយ និងការនាំចេញជាដើម​។ ជាមួយនឹងជំនាញ និង បទពិសោធន៍របស់ខ្លួន​ពីផ្នែកហិរញ្ញវត្ថុ ដែលបានវិនិយោគក្នុង bitcoin នា​ឆ្នាំ2015 ពួកគេបានសន្មត់​ថា អស្ថេរភាព និង បម្រែបម្រួល នៃរូបិយប័ណ្ណ គឺចេញ​ពីការផ្គត់ផ្គង់និងតម្រូវការទាំង​ស្រុង។

    ដោយទទួលបានប្រាក់ចំណេញខ្ពស់ពីវិធីដាំដុះ ពួកគេបានផ្តួចផ្តើមក្នុងការបង្កើតរូបិយប័ណ្ណក្នុង​ដើមឆ្នាំនេះ ជាមួយនឹងការគាំទ្រទ្រព្យសកម្ម​ នៃផ្នែកកសិកម្មរបស់ខ្លួន។ រូបិយប័ណ្ណនេះត្រូវបានគេដាក់​ឈ្មោះ​ថា One-Agriculture Coin ហើយ ក្រុមហ៊ុននេះ​ត្រូវបានបង្កើតឡើងដើម្បីដឹកនាំប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ One Agriculture Coin ផ្តល់ជូននូវមុខងារជាច្រើនដើម្បីបង្កើនតម្លៃរបស់ខ្លួន នៅក្នុងទីផ្សារ៖

    វិស័យកាស៊ីណូ: បង្កើតភាពជាដៃគូជាមួយកាស៊ីណូជាច្រើននៅអាស៊ី និងបង្កើតការ​ផ្លាស់ប្តូរសាច់ប្រាក់។

    វិស័យទេសចរណ៍: សមត្ថភាពប្រើប្រាស់ OA Coin ជាថ្នូរនឹងសំបុត្រយន្តហោះ ថ្លៃ​សណ្ឋាគារ និងដៃគូរបដិសណ្ឋាកិច្ច ផ្សេងទៀតជាច្រើន។

    វិស័យ IPO-ICO Exchange: One Financial Corporation កំពុងធ្វើការឆ្ពោះទៅរកការបង្កើតវេទិកាផ្លាស់ប្តូរ​ដំបូងបំផុត​ ដែលមាន​បញ្ជីការ និងនិមិត្តសញ្ញាផ្លាស់​ប្តូរជាមួយគ្នា។

  • ស្ទង់​មតិ​អចលនទ្រព្យ​កម្ពុជាឆ្នាំ2018៖ ភ្នំពេញ​នៅតែ​ស្ថិតក្នុងលំដាប់​កំពូល

    ស្ទង់​មតិ​អចលនទ្រព្យ​កម្ពុជាឆ្នាំ2018៖ ភ្នំពេញ​នៅតែ​ស្ថិតក្នុងលំដាប់​កំពូល

    ខណៈដែល​ការអភិវឌ្ឍ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​កំពុង​ផ្ទុះ​ខ្លាំង ទីតាំងសំខាន់ៗដូចជា​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​ក៏បាន​បង្ហាញ​ពី​ចំនួន​គម្រោង​អចលនទ្រព្យ​ដែល​កំពុង​កើនឡើង​ផងដែរ ខណៈពេលដែល​សេដ្ឋកិច្ច​ប្រទេស​កម្ពុ​ជាមាន​ភាពរីកចម្រើន មាន​ស្ថិរភាព​នយោបាយ បានធ្វើឱ្យ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កើនឡើង 20% ក្នុង​ឆ្នាំ2018នេះ។

    ទោះជា​យ៉ាងណាក៏ដោយ យោងទៅតាម​ការស្ទង់មតិ​អំពី​អចលនទ្រព្យ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Realestate.com.kh បានឱ្យដឹងថា រាជធានី​ភ្នំពេញ​នៅតែមាន​ការបញ្ជាទិញ​ភាគច្រើន​លើ​តម្រូវការ​អចលនទ្រព្យ។ នៅ​ឆ្នាំនេះ​មាន​អតិថិជន​ជាង 2,000នាក់​បានស្នើ​សុំឱ្យ​ Realestate.com.kh ចាត់​ចំណាត់ថ្នាក់​ទីក្រុង ឬ​ខេត្ត​ដែល​អចលនទ្រព្យ​កំពុង​ផ្ទុះ​ខ្លាំង​ដែល​ពួកគេ​ទំនងជា​នឹង​ទិញ​អចលនទ្រព្យ​នៅ​ទីតាំង​ទាំងនោះ ដោយ​ក្នុងនោះ​អតិថិជន 75%បាន​និយាយថា ពួកគេ​កំពុង​ទិញ និង​ដោះដូរ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ។

    លោក Tom Osullivan អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ Realestate.com.kh បាន​មានប្រសាសន៍​ឱ្យដឹងថា វិស័យ​អចលនទ្រព្យ​បានធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​ច្រើន ទាំង​បុរី ខុន​ដូ និង​ផ្ទះ​វីឡាផ្សេងៗដោយមាន​អតិថិជន​មក​ទស្សនាការ​តាំងពិព័រណ៍ និង​កក់​ផ្ទះ ខុន​ដូ វីឡា មួយចំនួន​ផងដែរ។ លោក​បន្តថា អនាគត​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​នឹង​កាន់តែ​រីកចម្រើន​បន្តទៀត ពោលគឺ​មិន​ចាញ់​ប្រទេសជិតខាង​ឡើយ នេះ​ក៏​ដោយសារតែ​ក្រុមហ៊ុន​អចលនទ្រព្យ​កំពុងមាន​ការរីកដុះដាល​ឡើង​ច្រើន ហើយ​វិស័យនេះ​ក៏មាន​អ្នក​ចាប់អារម្មណ៍​វិនិយោគ​ច្រើន​ផងដែរ​នោះ ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ភាគច្រើន​កំពុងតែ​ទទួលជោគជ័យ​ខ្លាំង។

    លោក Osullivan បានបញ្ជាក់​បន្ថែមថា សម្ទុះ​នៃ​ភាព​រីកចម្រើន​ផ្នែក​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​ភាពជោគជ័យ​ច្រើន មិន​ថា​ភ្ញៀវ​ជាតិ ឬ​អន្តរជាតិ​ទេ ដោយ​ភ្ញៀវ​ជាតិ​ភាគច្រើន​ចាប់អារម្មណ៍​លើផ្ទះ​វីឡា​ច្រើន ឯ​ភ្ញៀវ​បរទេស​ចាប់អារម្មណ៍​លើ​ខុន​ដូ ដោយសារតែ​ការ​រចនា​ម៉ូដ និង​ស្ថិត​លើ​ទីតាំង​ប្រណីត​គួរ​ជាទី​ចាប់អារម្មណ៍ ទើប​ធ្វើឱ្យ​មានការ​កក់ និង​ទិញ​កើនឡើង​ប្រមាណ 20% ក្នុង​ឆ្នាំ2018នេះ។

    ក្នុង​ការស្ទង់មតិ​ចំពោះ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បាន​រកឃើញថា ទោះបីជា​កាលពី​ឆ្នាំមុន​តម្រូវការ​អចលនទ្រព្យ​បាន​កើនឡើង​នៅ​ក្រុងព្រះសីហនុ​មែន តែមាន​តែ 9%នៃ​អ្នកចូលរួម​ការ​ស្ទាបស្ទង់​មតិ​ប៉ុណ្ណោះ​ដែល​បាន​និយាយថា ពួកគេ​ចង់​ទិញ​ដី​នៅ​ទីនោះ។ លើសពីនេះទៅទៀត​តម្រូវការ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ដែលជា​មណ្ឌល​ទេសចរណ៍សំខាន់ៗដូចជា​ខេត្តសៀមរាប​វិញ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ស្ទង់​មតិ​ត្រឹមតែ 5%ប៉ុណ្ណោះ។

    សម្រាប់​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​មើលឃើញថា ខណ្ឌ​សែន​សុខ គឺជា​ទីតាំង​ដែលមាន​តម្រូវការ​អចលនទ្រព្យ​ខ្ពស់បំផុត។ 14%នៃ​អ្នក​ដែល​ស្វែងរក​ទិញ​អចលនទ្រព្យ​នៅក្នុង​រដ្ឋធានី គឺ​ចង់​ទិញ​នៅក្នុង​ខណ្ឌ​សែន​សុខ។ នេះ​គឺជា​កំណើន 4% បើ​ធៀប​នឹង​ឆ្នាំមុន។ ខណ្ឌ​មួយទៀត​ដែល​គេ​មើលឃើញ​ពី​តម្រូវការ​អចលនទ្រព្យ​កើនឡើង​ដែរនោះ គឺ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ដែលមាន​ជាង 9% នៃ​អ្នក​ដែលមាន​ដើមទុន​កំពុង​ស្វែងរក​ទិញ។

    លោក តេង រិទ្ធី ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​បាន​ព្យាករ​ថា និន្នាការ​នៃ​ការទិញ​ផ្ទះ​ថ្មី​នឹងមិន​ស្ថិតនៅក្នុង​រាជធានី​ទៀត​ទេ។ លោក​បាន​បន្ថែមថា នៅឯ​ខេត្ត​ផ្សេងទៀត​ក៏ត្រូវ​បាន​គេ​មើលឃើញ​ពី​កំណើន​នៃ​តម្រូវការ​ផ្ទះសំបែង​កាន់តែច្រើន​ដែរ​នៅ​ឆ្នាំ​ខាងមុខ ព្រោះ​គ្រួសារ​វ័យក្មេង​ជាច្រើន​ដែល​ចង់​ទិញ​ផ្ទះ ពួកគេ​ចង់​រស់នៅក្នុង​ខេត្ត​របស់​ពួកគេ​ជាជាង​ផ្លាស់​ទី​មក​រដ្ឋធានី។

    អ្នកទិញ​អចលនទ្រព្យសំខាន់ៗនៅតែ​ជា​ប្រជាជន​ក្នុងស្រុក បន្ទាប់មក​គឺ​ជនជាតិ​បរទេស​ដែល​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ី ដូចជា​ចិន វៀតណាម កូរ៉េ ថៃ សិង្ហ​បុរី និង​តៃវ៉ាន់។ល។ លើសពីនេះទៅទៀត​ការចាប់អារម្មណ៍​ពី​សំណាក់​ជនជាតិ​អឺរ៉ុប​ក៏​កំពុង​ត្រូវបាន​បង្ហាញឱ្យឃើញ​ផងដែរ។

    ក្រៅពី​ទីតាំងសំខាន់ៗទាំង2 ខាងលើ​ហើយ​នោះ ទីផ្សារ​អចលនទ្រព្យ​ដែល​កំពុងមាន​ហាងឆេង​ខ្លាំង​ដែរនោះ គឺ​ខេត្តកំពត ខេត្ត​កែប តំបន់​ប៉ោយប៉ែត ខេត្តបាត់ដំបង និង​កំពង់ចាម​ក៏មាន​តម្រូវ​ការកើនឡើង​ផងដែរ។ ការស្ទង់មតិ​នៅ​ឆ្នាំនេះ​បានបង្ហាញ​ថា 11% នៃ​អ្នកទិញ​អចលនទ្រព្យ​ទាំងអស់​កំពុង​ស្វែងរក​ទិញ​នៅ​ទីតាំង​ផ្សេង​ក្រៅពី​ភ្នំពេញ ក្រុងព្រះសីហនុ ឬ​ខេត្តសៀមរាប ដែល​ទីតាំង​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ផ្សេងទៀត​ទាំងនោះ​សុទ្ធ​តែមាន​សក្តានុពល​គួរឱ្យ​ចាប់អារម្មណ៍​របស់គេ​ទាំងអស់។

    ព័ត៌មាន​ដាច់ដោយឡែក​មួយទៀត​ពា​ក់​ព័ន្ធ​នឹង​ការកើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នេះដែរ លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 មេគង្គ​បាន​មានប្រសាសន៍ថា នៅ​រយៈពេល 5ឆ្នាំ​ទៅមុខទៀត តម្លៃ​ដីធ្លី​នៅ​កម្ពុជា​នឹង​កើនឡើង​ចន្លោះ​ពី10 ទៅ15%ឯណោះ បើ​គិត​ជា​មធ្យម ដោយសារតែ​កម្ពុជា​ជាទី​តាំង​មាន​សក្តានុពល​ជាងគេ​បង្អស់​នៅក្នុង​តំបន់​អាស៊ី។ ដោយសារតែ​ទីតាំង​មាន​សក្តានុពល​នេះហើយ ទើប​បច្ចុប្បន្ន​គេ​សង្កេតឃើញថា អ្នកជំនួញ​បរទេសធំៗបាន​ចូលមក​បណ្តាក់​ទុនវិនិយោគ​យ៉ាងច្រើន​លើ​វិស័យ​អចលនទ្រព្យ​នេះ ដែលជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ។ លើកកម្ពស់​សេដ្ឋកិច្ច​នៅត្រង់ថា នៅពេលដែល​វិនិយោគិន​បរទេស​ចូលមក​ទិញ​ដី​ប្រជាពលរដ្ឋ វា​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ប្រាក់ និង​មានលទ្ធភាព​ទិញ​ផ្ទះ ឬ​ដី​បន្ថែមទៀត ដែល​ធ្វើឱ្យ​វិស័យ​ដីធ្លី​ចេះតែ​រីកចម្រើន​ទៅមុខ​ថែមទៀត​ជា​លំដាប់។ ក្រៅពីនេះ​រដ្ឋាភិបាល​នៅ​មិនទាន់​កំណត់​តំបន់​អភិវឌ្ឍន៍​នៅឡើយ​ទេ ហើយ​នៅពេលដែល​គម្រោង​អភិវឌ្ឍន៍​បែ​ឆ្ពោះទៅ​ទិស​ខាង​ណាមួយ តម្លៃ​ដី​នៅ​តំបន់​នោះ​នឹង​ឡើងថ្លៃ​ខ្លាំង​តែម្តង៕

    លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21