Author: ធឿន មករា

  • សាលា​នៅ​ប្រទេស​ឥណ្ឌា​បន្ថែម​មេរៀន ​ដើម្បី​ផ្តល់​សុភមង្គល​ដល់​សិស្សក្នុងការរៀន

    សាលា​នៅ​ប្រទេស​ឥណ្ឌា​បន្ថែម​មេរៀន ​ដើម្បី​ផ្តល់​សុភមង្គល​ដល់​សិស្សក្នុងការរៀន

    រដ្ឋាភិបាល​ក្រុង Delhi បាន​បន្ថែម​មុខវិជ្ជា​ថ្មី​មួយ​ក្នុង​កម្មវិធីសិក្សា​ក្នុង​គោលបំណង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ​ដើម្បីឱ្យ​ក្មេង​កាន់​តែមាន​សុភមង្គល​ក្នុងការ​រៀនសូត្រ។ សិស្សសាលា​រដ្ឋ​នៅ​ទីក្រុង Delhi ចាប់ពី​កម្រិត​ត្រៀម​ចូល​ថ្នាក់​បឋម រហូតដល់​ក្មេង​អាយុ 14ឆ្នាំ ទទួលបាន​មេរៀន​ដើម្បី​ធ្វើឱ្យមាន​សុភមង្គល​ក្នុង​ជីវិត​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុងនោះ​សាលា​បាន​បញ្ចូល​មុខវិជ្ជា យោ​គៈ (yoga) សមាធិ និង​វិធី​រីករាយ​ជាមួយ​អ្វីដែល​ខ្លួន​បានធ្វើ។

    រយៈពេល 45នាទី មុនពេល​ចាប់ផ្តើម​សិក្សា សិស្ស​អាច​ចាប់ផ្តើម​អប់រំ​ចិត្ត (mindfulness) ដោយមាន​បង្ហាញ​អំពី​រឿងល្អៗ និង​សកម្មភាព​សម្រាប់​អប់រំ​ចិត្ត​ថែម​ទៀតផង។ គ្រូ​ព្យាយាម​យកចិត្តទុកដាក់​ពី​ទឹកចិត្ត​របស់​សិស្ស​ក្នុងការ​សិក្សា ដោយ​ជំរុញ និង​ធ្វើយ៉ាងណា​ឱ្យ​សិស្ស​មាន​អារម្មណ៍រីករាយ ហើយ​មាន​អារម្មណ៍​ថា ការសិក្សា​មុខវិជ្ជា​ដែល​គ្រប់គ្នា​គិតថា​ស្មុ​គ្រ​ស្មាញ គឺជា​រឿង​គួរឱ្យចូលចិត្ត។ រដ្ឋាភិបាល​ក្រុង Delhi សង្ឃឹមថា វិស័យ​អប់រំ​នឹង​អភិវឌ្ឍ​ដើម្បី​ផ្តោត​សំខាន់​ទាំង​ចំណេះដឹង និង​គុណ​តម្លៃ​សម្រាប់​ការរស់នៅ ហើយ​មិន​ផ្តោត​ខ្លាំង​តែ​លើ​ពិន្ទុ​ក្នុង​សាលា​ទាំងស្រុង​នោះទេ។

    លោក Manish Sisodia រដ្ឋមន្ត្រីក្រសួង​អប់រំ ឥណ្ឌា បាន​លើកឡើងថា៖ “កាលពី 30ឆ្នាំមុន យើង​បាន​បង្កើត​អ្នកធ្វើការ​ក្នុង​ឧស្សាហកម្ម និង​ក្នុង​រោងចក្រ​ជាច្រើន​នាក់ តែ​យើង​មិនបាន​អភិវឌ្ឍ​មនុស្ស​ល្អ​ឱ្យបាន​ច្រើន​នៅឡើយ​ទេ។ ហេតុនេះ​ការដាក់​គម្រោង​បណ្តុះបណ្តាល​ពី​សុភមង្គល​គឺជា​រឿង​សំខាន់”។ ក្នុង​កម្មវិធី​ប្រកាស​ពី​កម្មវិធីសិក្សា​សុភមង្គល​នេះលោក​រដ្ឋមន្ត្រី​បាន​និយាយថា ការអប់រំ​ត្រូវតែ​បង្រៀនឱ្យមាន​សីលធម៌ និង​បំណងល្អ​សម្រាប់​សង្គម​ឱ្យបាន​ច្រើន មិនមែន​គ្រាន់តែ​មើល​តែពី​តម្រូវការ​ក្នុង​សេដ្ឋកិច្ចនោះទេ។

    គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​ប្រទេស​ឥណ្ឌា​នេះ គឺ​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ និង​ឯកជន។ កម្មវិធី​នេះ​ផ្តោត​ទាំង​ការជំរុញឱ្យ​ទទួលបាន​ពិន្ទុ​ល្អ​ក្នុងការ​ប្រឡង និង​ភាពល្អប្រសើរ​ក្នុងការ​បង្រៀន​ទៅលើ​សីលធម៌ និង​ការទទួលខុសត្រូវ​ចំពោះ​សិស្ស​ក្នុង​ភាពជា​មនុស្ស​ល្អ​ក្នុងសង្គម។ ទិន្នន័យ​ចុងក្រោយ​បំផុត ពី​របាយការណ៍​អប់រំ​ប្រចាំឆ្នាំ (ASER) បាន​បង្ហាញថា សិស្ស​ដែលមាន​អាយុ​ចន្លោះ​ពី14 ដល់18ឆ្នាំ មានការ​លំបាក​ក្នុង​ការអាន​អត្ថបទ​ជា​ភាសា​ខ្លួនឯង ដែល​វា​ជា​បញ្ហា​ប្រឈម​មួយ​នៅ​ថ្ងៃ​អនាគត។ ស្រប​ពេលដែល​សាកលវិទ្យាល័យល្បីៗនៅ​ឥណ្ឌា​ទាមទារ​ឱ្យមាន​ពិន្ទុ​ខ្ពស់​ដើម្បី​ចូលរៀន។ កត្តា​នេះ​ធ្វើឱ្យមាន​ការប្រកួតប្រជែង​ខ្លាំង​ដើម្បី​ដណ្តើមបាន​កន្លែង​រៀនសូត្រ និង​បង្កឱ្យមាន​បញ្ហា​មិន​ប្រក្រតី ឬ​លួច​ចម្លង​គ្នា​ក្នុងពេល​ប្រឡង​ជាដើម។ នៅ​ឆ្នាំ 2015 អាណាព្យាបាល និង​មិត្តភក្តិ​របស់​បេក្ខជន​ប្រឡង​ជាច្រើន​ត្រូវបាន​គេ​ថតរូប​ជាប់​ថា បាន​ឡើងលើ​ជញ្ជាំង​ដើម្បី​ផ្តល់​ចម្លើយ(បោះ​ព្រុយយ៉ុង)ដល់​កូន ឬ​មិត្តភក្តិ​របស់ខ្លួន​ដើម្បី​ឱ្យបាន​ប្រឡង​ជាប់ ហើយ​វិញ្ញាសា​ទៀតសោត​ក៏​អាច​លេច​ធ្លាយ​យ៉ាង​ឆាប់រហ័ស​ទៀតផង។

    សុភមង្គល​ក្នុងការ​រៀនសូត្រ
    សុភមង្គល​ក្នុង​វិស័យ​អប់រំ បានក្លាយ​ជា​រឿងដែល​សំខាន់ឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យ Yale University ដែលជា​សាកលវិទ្យាល័យ​ល្បីល្បាញ​មួយ​នៅ​សហរដ្ឋអាមេរិក ក៏បាន​បង្កើត​ថ្នាក់រៀន​ប្រភេទ​នេះដែរ ដោយបាន​បញ្ចូល​ចិត្តសាស្ត្រ និង​វគ្គ​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​សម្រាប់​និស្សិត​របស់ខ្លួន។ មាន​និស្សិត​ប្រមាណ 1,200នាក់​បាន​ចូលរៀន​ជា​រៀងរាល់​សប្តាហ៍ហើយ​វា​បាន​ក្លាយជា​ថ្នាក់​ដែលមាន​អ្នក​ចុះឈ្មោះ​ចូលរៀន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សាកលវិទ្យាល័យ​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ1701មួយ​នេះ។ កិច្ចការ​ផ្ទះ​ក្នុង​កម្មវិធី​នេះ គឺមាន​បញ្ចូល​សំណួរ​ស្តីពី​ការតស៊ូ ការរៀបចំ​ឥរិយាបថ​វិជ្ជមាន និង​វិធីសាស្ត្រ​ដើម្បី​បង្កើត​ទំនាក់​ទំនងជា​វិជ្ជមាន​សម្រាប់​សង្គម​ជាដើម។

    ស្របតាម​ចរន្ត​នេះ អ្នក​អភិវឌ្ឍន៍​វិស័យ​អប់រំសំខាន់ៗចាប់ផ្តើម​បោះជំហាន​កាន់តែ​ធំ​ឡើង​ដើម្បី​ធ្វើយ៉ាងណា​បណ្តុះ​មនុស្ស​ឱ្យមាន​ទាំង​សមត្ថភាព និង​លទ្ធភាព​សម្រាប់​ការរស់នៅ​ប្រកបដោយ​សេចក្តីសុខ​កាន់តែ​ច្រើនឡើង សំដៅ​ធ្វើឱ្យ​អនាគត​នៃ​ការធ្វើ​អាជីវកម្ម ការរស់នៅ​ក្នុងសង្គម និង​ការធ្វើការងារ​កាន់តែល្អប្រសើរ​ឡើង៕

  • ចិញ្ចឹម​ទា ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ព្រោះ​អាច​លក់បាន​ទាំង​ស៊ុត និង​សាច់

    ចិញ្ចឹម​ទា ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ព្រោះ​អាច​លក់បាន​ទាំង​ស៊ុត និង​សាច់

    កសិករ​ដែល​ប្រកប​របរ​ចិញ្ចឹម​ទា​ជាច្រើន​គ្រួសារ​នៅក្នុង​ខេត្តកណ្តាល​កំពុង​តែមាន​ភាពសប្បាយ​រីករាយ ដោយសារតែ​មុខរបរ​នេះ​អាចធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​មាន​ភាពល្អប្រសើរ​ឡើងកាន់​តែ​ខ្លាំង​ដោយ​ពួកគាត់​អាច​ប្រមូល​ស៊ុតទា​លក់បាន​រៀងរាល់ថ្ងៃ និង​ថែមទាំង​អាច​ចាប់​ទា​លក់​ជា​សាច់​បាន​ទៀតផង​នៅពេលដែល​វា​លែង​សូវ​ផ្តល់​ស៊ុត។

    កំពុង​អង្គុយ​មើល​ហ្វូង​សត្វ​ទា​នៅក្នុង​រោង អ៊ំស្រី សំបូរ កសិករ​ចិញ្ចឹមសត្វ​ទា​នៅ​ក្នុងភូមិ​សា​ឡុង ឃុំ​សា​ឡុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​បាន​មានប្រសាសន៍​ឱ្យដឹងថា ដោយ​មើលឃើញថា​មុខរបរ​នេះ​អាច​រកប្រាក់​បាន កូនប្រុស​របស់គាត់​ក៏បាន​ចាប់ផ្តើម​ធ្វើ​រោង​ចិញ្ចឹមសត្វ​ទា​នៅលើ​ផ្ទៃដី​ជិត​កន្លះ​ហិកតា​ដោយ​បំបែក​ជា​រោង​ចិញ្ចឹម​ចំនួន2 ដោយ​រោង​ទី1 មាន​សត្វ​ទា​សរុប​ចំនួន 2,080ក្បាល ផ្តល់​ស៊ុត​ប្រមាណ​ជា1,700គ្រាប់​ជា​រៀងរាល់ថ្ងៃ ហើយ​រោង​ទី2 ចិញ្ចឹមសត្វ​ទា​ចំនួន 1,700ក្បាល ផ្តល់​ស៊ុត​ជា​មធ្យម​ប្រមាណ​ជា 1,350គ្រាប់​ជា​រៀងរាល់ថ្ងៃ​ផងដែរ ដែល​រោង​ទី2នេះ​មាន​ទា​ចិញ្ចឹម​យក​ស៊ុត​ច្រើនជាង​រោង​ទី1។

    អ៊ំស្រី​បញ្ជាក់ថា សម្រាប់​ពង​ទា អ៊ំ​មិនបាច់​ដឹក​យកទៅលក់​នៅ​ផ្សារ​ទេ គឺមាន​ម៉ូយ​គេ​ដើរ​ប្រមូល​ទិញ​ដល់​កសិដ្ឋាន​តែម្តង ដោយ​លក់​ក្នុងតម្លៃ​បោះ​ដុំ​ក្នុង​មួយ​គ្រាប់​ចន្លោះ​ពី350 ទៅ450រៀល ទៅតាម​ពង​តូច ឫ​ពង​ធំ ហើយ​មាន​ប៉ុន្មាន​ក៏​ម៉ូយ​រាប់​យក​ទាំងអស់​ដែរ។ អ៊ំស្រី​បានបញ្ជាក់​ទៀត​ដែរ​ថា ម៉ូយ​ដែល​មក​ទទួល​ម៉ៅ​ទិញ​ស៊ុតទា​ដល់ទី​តាំង​នេះ ក៏បាន​ដឹក​ចំណី​សម្រាប់​សត្វ​ទា​ពី​ក្រុមហ៊ុន​យកមក​ឱ្យដល់​កសិដ្ឋាន​របស់​អ៊ំស្រី​ផងដែរ ដោយ​ចំណី​ទា​មួយ​បាវ​ថ្លៃ 48,000រៀល ហើយ​កាត់កង​គ្នា​រវាង​ថ្លៃ​ស៊ុត​ដែល​លក់​ចេញ​នឹង​ថ្លៃ​ចំណី​ដែល​ទិញ​ចូល​នេះ។ សម្រាប់​សត្វ​ទា​ចំនួន 2,080ក្បាល​នោះ ជា​មធ្យម​គេ​ត្រូវ​ផ្តល់​ចំណី​ឱ្យ​វា​ប្រមាណ​ជា 9បាវ​ក្នុង​មួយថ្ងៃ ហើយ​សម្រាប់​រោង​កសិដ្ឋាន​ទី2 ដែលមាន​ចំនួន 1,700ក្បាល​នោះ គេ​ត្រូវ​ផ្តល់​ចំណី​ឱ្យ​វា​ស៊ី​អស់​ចំនួន 6បាវ​ក្នុង​មួយថ្ងៃ។

    អ៊ំស្រី​អ្នក​ចិញ្ចឹម​ទា​ដដែល​បាន​បញ្ជាក់ថា ការចិញ្ចឹម​ទាយ​កពង​នេះ គេ​មិនមែន​ចិញ្ចឹម​វា​តាំងពី​តូច​មក​ទេ​ពោលគឺ​ម្ចាស់​កសិដ្ឋានត្រូវ​ដើរ​ប្រមូល​ទិញ​ទា ឬ​ឱ្យ​ម៉ូយ​ប្រមូល​ទិញ​ទាក្រមុំៗដែល​ជិត​ផ្តល់​ស៊ុត ឬ​ចាប់ផ្តើម​ផ្តល់​ស៊ុត​មកឱ្យ​គាត់​ក្នុងតម្លៃ​មួយ​ក្បាល 18,000រៀល ទៅ19,000រៀល ដើម្បី​ចៀសវាង​កុំឱ្យ​ខាត​កម្លាំង​ពលកម្ម ចំណាយពេល​ចិញ្ចឹម​វា​យូរ និង​អស់​លុយ​ទិញ​ចំណី​យូរ​ខែ​ឱ្យ​វា​ស៊ី ទម្រាំ​សត្វ​ទា​ផ្តល់​ផល​ត្រឡប់មកវិញ និង​ចិញ្ចឹម​បាន​ប្រហែលជា 1ឆ្នាំ ឬ​ជាង1ឆ្នាំ គេ​ចាប់ផ្តើម​ចាប់​មេ​ទា​ទាំងនោះ​លក់​ចេញ​ទៅវិញ​ក្នុង​មួយ​ក្បាល​តម្លៃ 10,000-10,500រៀល​យក​ដើម​ខ្លះ​មកវិញ។

    អ៊ំស្រី​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា មុននឹង​ទិញ​មេ​ទា​មក​ចិញ្ចឹម គេ​ត្រូវធ្វើ​រោង​ឱ្យ​រូ​ច​ជាស្រេច ដែល​ត្រូវ​ចំណាយលុយ​ច្រើន​គួរសម​ដែរ ទៅតាម​រោង​តូច ឬ​រោង​ធំ ហើយ​បើសិន​ជាមាន​ស្រះ​ទឹក​នៅក្បែរ​ផងរឹតតែ​ប្រសើរ​ទៅទៀត ព្រោះថា សត្វ​ទា វា​ចូលចិត្ត​លេង​ទឹក ឬ​ចុះ​រក​ចំណី​នៅក្នុង​ស្រះ ប៉ុន្តែ​យ៉ាងណាក៏ដោយ កសិករ​នៅក្នុង​ភូមិ-ឃុំ​ខាងលើ​មិនសូវ​ជា​បណ្តោយឱ្យ​ទា​ចុះ​លេង​ទឹក​ក្នុង​ស្រះ​នោះទេ ព្រោះថា​ទា​អាច​ទម្លាក់​ស៊ុត​ចោល​នៅក្រៅ​រោង នាំឱ្យ​លំបាក​ដើរ​ប្រមូល ឬ​ត្រូវ​បាត់បង់​អស់​មួយចំនួន។

    លោក នាង ម៉ាប់ ឈ្មួញកណ្តាល​ដែល​ចិញ្ចឹម​ទា​ខ្លួនឯង​ផង យក​ចំណី​ពី​រោងចក្រ​មក​ផ្គត់ផ្គង់​ឱ្យ​កសិករ​ចិញ្ចឹម​ទា​ផង និង​ប្រមូល​ទិញ​ពង​ទា​ពី​កសិករ​ក្នុងភូមិ​ផង​នោះ មានប្រសាសន៍ថា ក្នុង​មួយថ្ងៃ​គាត់​ដើរ​ប្រមូល​ទិញ​ពង​ទា​បាន​ចំនួន​ប្រមាណ​ជា 30,000គ្រាប់​ពី​ម្ចាស់​កសិដ្ឋាន​ជាង10កន្លែង​ក្នុងភូមិ-ឃុំ​ខាងលើ ហើយ​ស៊ុត​ទាំងនេះ​ត្រូវបាន​កាត់កង​ជាមួយ​តម្លៃ​ចំណី​ដែល​កសិករ​ទទួល​ទិញ​ពី​គាត់​វិញ ហើយ​នៅសល់​ប៉ុន្មាន​ទើប​ផ្តល់​ជា​លុយ​បន្ថែម។ លោក​ថា រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះ កសិករ​ក្នុងភូមិ​មាន​ជីវភាព​ធូរធារ​ដោយសារតែ​ការចិញ្ចឹម​ទា ធ្វើឱ្យ​ពួកគាត់​អាច​យកលុយ​ពី​ធនាគារ​មករក​ស៊ី ឬ​ធ្វើ​ផ្ទះ ហើយ​យកលុយ​ចំណេញ​ពី​ការលក់​ស៊ុតទា​ទៅ​សង​ធនាគារ​វិញ​បាន​យ៉ាង​ងាយស្រួល។

    លោក​ថា ការចិញ្ចឹម​ទា​ទើបតែ​មានការ​រីក​រាលដាល​ច្រើនឡើង​ក្នុង​រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះ​ទេខណៈ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ស៊ុតទា​ត្រូវបាន​នាំចូល​ពី​ក្រៅប្រទេស​ក្នុង​ចំនួន​ដ៏​ច្រើន ដោយ​ស៊ុតទា​ដែល​នាំចូល​ពី​ក្រៅប្រទេស​មកនេះ​មិនសូវមាន​គុណភាព និង​មិនសូវមាន​រសជាតិ​ឆ្ងាញ់ ទើប​អតិថិជន​ខ្មែរ​យើង​មិនសូវ​គាំទ្រ ហើយ​ងាក​មក​គាំទ្រ​ស៊ុតទា​របស់​កសិករ​ក្នុងស្រុក​វិញ។ ចំណែក​ស៊ុតទា​ដែល​លោក​ប្រមូលបាន​ពី​កសិករ​ទាំងអស់ លោក​បាន​យកទៅលក់​បន្ត​ឱ្យ​ម៉ូយ​នៅក្នុង​ក្រុងភ្នំពេញ និង​លក់​ឱ្យ​ម៉ូយ​នានា​នៅក្នុង​ខេត្តជិតៗ។

    ចំពោះ​ការ​ចិញ្ចឹមសត្វ​ទា​នេះ លោក​ក៏​មិនបាន​ចិញ្ចឹម​វា​តាំងពី​តូច​ដែរ គឺ​លោក​បាន​ប្រមូល​ទិញ​សត្វ​ទា​ដែល​ធំ​ស្រាប់​ពី​កសិករ​តាម​ជនបទ នៅតាម​ខេត្ត​នានា ដូចជា​ខេត្តកំពង់ចាម ព្រៃវែង និង​ខេត្តស្វាយរៀង​ជាដើម​មក​ចិញ្ចឹម​យ ​ស៊ុត​ តែម្តង។ ហើយ​ការចិញ្ចឹម​ទាយក​ស៊ុត​នេះ គេ​មិនចាំបាច់​ដាក់​ឈ្មោល​ឱ្យ​ជាន់​ឡើយ ដោយសារ​ស៊ុត​អត់​ឈ្មោល​នេះ​វា​មាន​ទំហំ​ធំ​ជាង​ស៊ុតមាន​ឈ្មោល​ជាន់ គ្រាន់តែ​ថា ស៊ុតទាដែល​អត់​ឈ្មោល​នេះ គេ​មិនអាច​យកទៅ​ភ្ញាស់​បានតែ​ប៉ុណ្ណោះ។

    គួរ​បញ្ជាក់ដែរថា កសិករ​នៅក្នុង​ឃុំ​សា​ឡុង​នេះ​ចិញ្ចឹមសត្វ​ទា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មាន​ចំនួន 70គ្រួសារ និង​មាន​កសិដ្ឋាន​សរុប​ចំនួន 90កសិដ្ឋានហើយ​ក្នុង​មួយ​កសិដ្ឋាន​មាន​ទា​ចាប់ពី​ចំនួន 1,000ក្បាល​ឡើងទៅ៕

  • ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​បោះទុន​ជាង 80លាន​ដុល្លារ​កែច្នៃ​សំរាម​នៅ​កម្ពុជា

    ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​បោះទុន​ជាង 80លាន​ដុល្លារ​កែច្នៃ​សំរាម​នៅ​កម្ពុជា

    ដើម្បី​ចូលរួម​កែលម្អ​សោភណភាព លើកកម្ពស់​បរិស្ថាន​នៅ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង​ក្រុមហ៊ុន​ដ៏​ធំ​របស់​ចិន​មួយ​គ្រោង​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់ 86លាន​ដុល្លារ​អាមេរិក​ដើម្បី​កែច្នៃ​សំរាម​នៅ​កម្ពុជា​ឱ្យទៅជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុងសង្គម​ទាំងមូល។

    តំណាង​ក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD បាន​លើកឡើងថា ក្នុង​គម្រោង​ផែនការ​ទុនវិនិយោគ​ដែល​ក្រុមហ៊ុន​គ្រោង​ចំណាយ​ខាងលើ មានបំណង​កែច្នៃ​សំរាម​នៅ​កម្ពុជា​ឱ្យក្លាយ​ទៅជា​កម្លាំង​ថាមពល​ប្រើប្រាស់​ជា​ប្រយោជន៍​សង្គម​ទាំងមូល ដែល​អាចបង្កើត​ ថាមពល​អគ្គិសនី​ដោយ​កង្ហារ​ខ្យល់ថាមពល​អគ្គិសនី​ដោយជីវឧស្ម័ន ថាមពល​អគ្គិសនី​ដោយ​ជីវម៉ាស់​ជាដើម។

    អ្នកតំណាង​ខាងលើ​បាន​បន្តថា ក្រុមហ៊ុន​ក៏បាន​លើកឡើង​អំពី​ការដុត​សំរាម​ដោយ​ប្រើ​បច្ចេកវិទ្យា​ក្នុងការ​កែច្នៃ​ធនធាន​ដែលមាន​ការគិតគូរ​ពី​បរិស្ថាន និង​អាចមាន​លទ្ធភាព​បន្ថយ​ឈានដល់​ចំណុចសូន្យ ចំពោះ​ផលប៉ះពាល់​ឧស្ម័ន​បញ្ចេញ​ចោល​ទៅ​បរិយាកាស ដើម្បី​ចៀសវាង​ឱ្យបាន100% កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ក៏ដូចជា​ភាវៈ​មានជីវិត​នៅលើ​ផែនដី​ដែរ ដោយ​គោលដៅ​ក្នុង​ការបង្កើត​ក្រុមហ៊ុន​កែច្នៃ​សំរាម​នេះ​គ្រោង​ធ្វើ​នៅក្នុង​ខេត្ត​ចំនួន2 ក្នុងប្រទេស​កម្ពុជា គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប។

    ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានបាន​ថ្លែង​គាំទ្រ​គម្រោង​ខាងលើ ដោយបាន​លើកឡើងថា ការគិតគូរ​ពី​ការងារ​គ្រប់គ្រង​សំរាម និង​កាកសំណល់ និង​ការកែច្នៃ គឺជា​គោលដៅ​សំខាន់​ដែល​ក្រសួង​ត្រូវ​ជំរុញឱ្យមាន​ការអនុវត្ត​ស្របតាម​បច្ចេកវិទ្យា​ទំនើប​ដែលជា​លទ្ធភាព​យើង​អាច​ធ្វើបាន។ ឯកឧត្តម​ក៏បាន​ស្នើ​ឱ្យមាន​ការគិត​គូរ​អំពី​តម្លៃ​នៃ​ការលក់​ថាមពល​ដែល​បំប្លែង​ពី​សំរាម និង​អគ្គិសនី​ដែល​ផលិត​បានមក​ត្រូវ​លក់​នៅ​កន្លែង​ណា ព្រោះ​វា​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​ក្នុង​វិស័យ​បរិស្ថាន។

    លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន​បាន និង​កំពុង​យកចិត្តទុកដាក់​កម្រិត​គោលនយោបាយ​ក្នុងការ​រៀបចំ​កែលម្អ​ប្រព័ន្ធគ្រប់គ្រង​សំណល់​រឹង សំរាម ការរៀបចំ​ក្រុង ការរៀបចំ​ទីលាន​ចាក់សំរាម ជំរុញ​ការកែច្នៃ និង​ការប្រើប្រាស់​ឡើងវិញ​តាមរយៈ​ការសហការ​ជាមួយ​ក្រុមហ៊ុន​ទទួល​ទិញ​អេតចាយក្រុមហ៊ុន​វិនិយោគ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ សុខភាព សោភណភាព​នៃ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ​ឡើង។

    ពាក់ព័ន្ធ​ករណីនេះ​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​មានប្រសាសន៍ថា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ប៉ុណ្ណោះ ក្រុមហ៊ុន​មិនទាន់មាន​ផែនការជាក់លាក់​នៅឡើយ​ទេ​ក្នុងជំនួប​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​កាលពី​សប្តាហ៍​មុន ដោយសារ​ក្រុមហ៊ុន​ទើប​ចូល​ជូ​ប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ជា​លើកដំបូង​ប៉ុណ្ណោះ មិនទាន់​សុំច្បាប់​វិនិយោគ​ជា​ផ្លូវការ​នៅឡើយ៕

  • រដ្ឋាភិបាល​កំពុងចាប់ផ្តើម​ពិភាក្សា​ថវិកាជាតិ​ឆ្នាំ2019 ខណៈសេដ្ឋកិច្ច​មានកំណើនថេរ

    រដ្ឋាភិបាល​កំពុងចាប់ផ្តើម​ពិភាក្សា​ថវិកាជាតិ​ឆ្នាំ2019 ខណៈសេដ្ឋកិច្ច​មានកំណើនថេរ

    គណៈរដ្ឋមន្ត្រី​នឹងធ្វើ​ការពិភាក្សា​អំពី​ថវិកាជាតិ​ឆ្នាំ2019 ដែលមាន​ចំនួន​ទឹកប្រាក់​ប្រមាណ6.44ពាន់​លាន​ដុល្លារ​សម្រាប់​ការបែងចែក​ថវិកា​ឆ្នាំ2019 ជា5ផ្នែក គឺ​រដ្ឋបាល​ទូទៅ សន្តិសុខ​ជាតិ និង​ការពារជាតិ​សុខុមាលភាព​សង្គម សេដ្ឋកិច្ច និង​មូលនិធិ​គ្រាអាសន្ន។

    យោងតាម​សេចក្តីព្រាង​ថវិកា​ចំនួន​ទឹកប្រាក់615.88លាន​ដុល្លារ​នឹងត្រូវ​ចំណាយ​ទៅលើ​ការងាររដ្ឋបាល​ទូទៅ ទឹកប្រាក់​ចំនួន1.1ពាន់​លាន​ដុល្លារ​សម្រាប់​ផ្នែក​សន្តិសុខ និង​ការពារជាតិ ទឹកប្រាក់​ចំនួន1.81ពាន់​លាន​ដុល្លារ​សម្រាប់​សុខុមាលភាព​សង្គម ចំនួន1.65ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យសេដ្ឋកិច្ច​ និង1.25ពាន់​លាន​ដុល្លារ​សម្រាប់​មូលនិធិ​សង្គ្រោះបន្ទាន់។

    សម្រាប់​គម្រោង​ថវិកាជាតិ​ឆ្នាំ2019 ប្រមាណ6.44ពាន់​លាន​ដុល្លារ​នេះ​បាន​បង្ហាញថា តួលេខ​នេះ​មានការ​កើនឡើង7% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ2018។ ថវិកា​សម្រាប់​ឆ្នាំ2018 មាន​ចំនួន​តែ 6.03ពាន់​លាន​ដុល្លារ ខណៈ​ថវិកា​ក្នុង​ឆ្នាំ2017 មាន​ចំនួន​ត្រឹមតែ 5.23ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

    ឆ្លើយ​បញ្ជាក់​ទៅនឹង​សំណួរ​របស់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ដែល​សួរថា បច្ចុប្បន្ន​យើង​មាន​កំណើនសេដ្ឋកិច្ច​ថេរ តើ​វា​ទាក់ទង​នឹង​ការចំណាយ​ថវិកាជាតិ​ប្រចាំឆ្នាំ​ដែលមាន​កំណើន​ជា​រៀងរាល់ឆ្នាំ​ដែរឬទេ? អ្នកសេដ្ឋកិច្ច​បាន​ឆ្លើយថា វា​ពិតជា​ចូលទៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ចជាតិ​ខ្លះ​ដែរ គឺ​ការចំណាយ​ផលិត ដូច្នេះ​ការចំណាយ​ធំ​ក៏​រួមចំណែក​មួយផ្នែក​ដែរ​ក្នុង​ការជួយ​ដល់​កំណើន​ផ្នែក​សេដ្ឋកិច្ច។

    លោក យក់ ចំរើន​ឬ​ទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ័​រ​តេ (Forte) បញ្ជាក់ថា ឧបមា​ថា​យើង​ចំណាយ​ក្នុង​ការសាងសង់​ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​នេះ​ជា​ផលិតផល​របស់​សង្គម​ហើយ​ប្រាក់​ដែល​ចំណាយ​ជា​ថវិកាជាតិ វា​ចាក់​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ចជាតិ​យើង។

    លោក​បញ្ជាក់ថា នេះ​គេ​ចាត់ទុកថា វា​ជាការ​គាស់​សេដ្ឋកិច្ច​ឱ្យ​ឡើង​មួយ​ដែរ ​នៅ​ប្រទេស​ដទៃ នៅពេល​រដ្ឋ​មើលឃើញថា ទំហំ​នៃ​ការវិនិយោគ​របស់​ឯក​ជន​តិច រដ្ឋ​ក៏​នឹង​ចំណាយ​ទុន​ទៅលើ​ការវិនិយោគ​ឱ្យ​ច្រើន​ដើម្បី​ឱ្យមាន​ចរន្ត​កំណើនសេដ្ឋកិច្ច​ថេរ។ តែ​ស្រុក​យើង ការវិនិយោគ​ឃើញ​មាន​សភាព​ថេរ​ដែរ ដោយ​រដ្ឋាភិបាល​ទទួល​កំណើន​បាន​មិន​ខ្ពស់ តែ​វា​ជា​ផ្នែក1 ព្រោះ​យើង​មាន​ចំណាយ​ចរន្ត​ខ្ពស់(ដូចជា​ការដំឡើងប្រាក់បៀវត្សរ៍​មន្ត្រីរាជការ)។

    ទោះបីជា​ការបើក​កិច្ចពិភាក្សា​លើ​ថវិកា​ឆ្នាំ2019ស្រប​នឹង​ស្ថានភាព​ដែល​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ថេរ​ផង​នោះក្តី ក៏របាយការណ៍​របស់ UNCTAD បានបង្ហាញ​ដែរ​ថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​សម្រាប់​កម្ពុ​ជាមាន​ការកើនឡើង18% ក្នុង​ឆ្នាំ2017ដល់​កម្រិត​ខ្ពស់បំផុត 2.8ពាន់​លាន​ដុល្លារ​ដែល​ធ្វើឱ្យ​កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច 5លើ​ពិភពលោក​ទទួលបាន​កំណើន​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ FDI ខ្ពស់​ជាងគេ។

    សម្តេចនាយក​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សកល​នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ2018 នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​សបាន​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​អភិវឌ្ឍ​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​របស់ខ្លួន​ដើម្បី​ជំរុញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) នៅក្នុង​ប្រទេស។

    យុទ្ធសាស្ដ្រ​នេះ​ត្រូវបាន​ផ្អែកលើ​ការពង្រីក​មូលដ្ឋាន​ផលិតកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ និង​រឹង ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី ការសម្រួល​ពាណិជ្ជកម្ម ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ប្រទេស ការទទួលយក​បច្ចេក​វិទ្យា​ថ្មី ការធ្វើឱ្យ​ប្រសើរឡើង​នូវ​វិស័យ​ហិរញ្ញវត្ថុ និង​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ស្ថាប័ន​របស់​ប្រទេស។

    លោក យក់ ចំរើន​ឬ​ទ្ធិ បានឱ្យដឹងថា ការដែល​គេ​ចាត់ទុកថា ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច 5លើ​ពិភពលោក​ដែល​ទទួលបាន​កំណើន​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ខ្ពស់​ជាងគេ​នោះ គឺ​គេ​សំដៅលើ​ប្រទេស​កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច តែ​យើង​បាន​ឈរ​ក្នុង​លេខ​រៀង​ទី5 ដោយសារ​យើង​មាន​កំណើន​វិនិយោគ​ច្រើន។

    លោក​បញ្ជាក់ថា បើតាម​ WB (World Bank) បាន​សរសេរ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ប្រទេស​កម្ពុ​ជាមាន​តួលេខ​ឈរ​នៅ​លេខ​រៀង​ទី5 មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស. ឬ Gross Domestic Product ឬ​ GDP) មាន​ស្ថិរភាព​ក្នុង 1ឆ្នាំ7% ដែល​ប្រទេស​គេ​អត់​មាន​ទេ។ ប្រទេស​យើង​មាន​ផ.ស.ស​ខ្ពស់។ ដូចជា​រដ្ឋាភិបាល​ក៏មាន​គោលដៅ​ជំរុញ​ការវិនិយោគ​ដូច្នេះ​ដែរ ហេតុដូចនេះ​ហើយ​ទើប​មាន​កំណើន​អ្នក​វិនិយោគិន​ចិន​មក​វិនិយោគ​នៅ​កម្ពុ​ជាច្រើន។​

    ​​លោក​បញ្ជាក់ថា ពោលគឺ​យើង​ត្រូវ​ទាក់ទាញ​ការវិនិយោគ​ឱ្យបាន​ច្រើន ព្រោះតែ​កាលណា​ខ្វះ​ទុន​ក្នុងស្រុក យើង​ត្រូវតែ​ទាក់ទាញ​វិនិយោគ​ពី​ក្រៅ​ស្រុក។ លោក​យល់ថា៖ “សំខាន់​គឺ​ការវិនិយោគទុន​បរទេស FDI មក​ក្នុងស្រុក​ដែល​បាន​ជួយ​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច និង​កំណើន​ផលិតកម្ម​របស់​យើង បង្កើន​ដល់​វិស័យ​ទេសចរណ៍ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​ជាដើម”។

    លោក​យល់ថា ការកើនឡើង​នៃ​វិនិយោគិន​ចិន​ដែល​មក​វិនិយោគ គឺ​ពួកគេ​បាន​ជួយ​បង្កើន​ចំណូល​ដល់​ពលរដ្ឋ គេ​មក​វិនិយោគ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ងារ​ធ្វើ ហើយ​ការចំណាយ​ក្នុងការ​វិនិយោគ​វា​ចូល​ទៅដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​យើង​ផងដែរ។

    លោក យក់ ចំរើន​ឬ​ទ្ធិ ក៏បាន​ឱ្យដឹង​ដែរ​ថា ការវិនិយោគ​របស់​ប​រទេស គឺជា​គន្លឹះ​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ចជាតិ និង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​តាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ (SDGs) ដោយឡែក​ចាប់តាំងពី​ឆ្នាំ2004 ដល់​ឆ្នាំ2014 អត្រា​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​កាត់បន្ថយ​ពី53% ដល់13.5% ហើយ​បើ​គិតពី​ឆ្នាំ2014 មកដល់​បច្ចុប្បន្ន​តួលេខ​នេះ​អាច​នឹង​ប្រែប្រួល​ក្រោម13.5%៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 149

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 149

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/11/LRPN_149-Final-For-Web.pdf” force_dl=”1″]

  • ស្រាបៀរ ABC Extra Stout, Heineken, Tiger នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    ស្រាបៀរ ABC Extra Stout, Heineken, Tiger នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃអាទិត្យ ទី​៤ ​ខែវិច្ឆិកា ឆ្នាំ​​២០១៨ ខាងមុខនេះ ស្រាបៀរ ABC Extra Stout, Heineken, Tiger នឹងរៀបចំការចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ២០១៧-២០១៨។

    កម្មវិធី​ពិសេសនេះនឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង៨​យប់​-១០​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា លោក ខេមរះ សេរីមន្ត កញ្ញា មាស សុខសោភា និងលោក ​ឆន សុវណ្ណរាជ។

    កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន​ដែល​បាន​​ជាវ​ស្រា​បៀរ​​ ABC Extra Stout, Heineken, Tiger ​សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់​ផ្តាច់ព្រ័ត្រនេះ​ ស្រា​បៀរ​​ ABC Extra Stout, Heineken, Tiger នឹង​​ប្រគល់​​រង្វាន់ដំណើរ​​កម្សាន្តក្រេបចន្ទទឹកឃ្មុំជាច្រើនរង្វាន់ជូន​គូស្វាមីភរិយាថ្មីដែលមានមហាសំណាងដូចជាដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងប៉ារីសរបស់ស្រាបៀរ ABC Extra Stout ចំនួន ៥រង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុង Amsterdam របស់ស្រាបៀរ Heineken ចំនួន ៣រង្វាន់ និងដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ប្រទេសជប៉ុនរបស់ស្រាបៀរ Tiger ចំនួន ៥រង្វាន់។

    តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​​ជា​ម្ចាស់​​រង្វាន់​ផ្តាច់ព្រ័ត្រដ៏អស្ចារ្យ​​ទាំងនេះ​​?
    សូមកុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​
    អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។

    ពិសាដោយការទទួលខុសត្រូវ៕

  • លំហូរ​ទុន​ពូន​ផ្ដុំ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​បញ្ហា​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់

    លំហូរ​ទុន​ពូន​ផ្ដុំ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​បញ្ហា​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់

    សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​នៅតែ​រក្សា​ភាពរឹងមាំ​ក្នុង​ឆ្នាំ2018នេះ​ជាមួយ​ការ​ព្យាករ​កំណើន​ក្នុង​រង្វង់7% ប៉ុន្តែ​មាន​បញ្ហា​ខ្លះ​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង នោះ​គឺ​ទុន​ដែល​ពូន​ផ្ដុំ​ក្នុង​អចលនទ្រព្យ។ នេះ​ជាការ​មើលឃើញ​របស់​ម​ន្ត្រី​ជំនាញ​របស់​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ IMF (International​ Monetary Fund)ដែល​បាន​ផ្ញើ​របាយការណ៍​ស្ថានភាព​ទៅ​ស្ថាប័ន​រដ្ឋាភិបាល។

    IMF បានឱ្យដឹងថា ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​វិស័យនេះ​ត្រូវបាន​គាំទ្រ​ដោយ​តម្រូវការ​ខ្លាំងក្លា​ពី​ក្រៅប្រទេស និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​ត្រូវបាន​ពង្រីក ខណៈ​អតិផរណា​ស្ថិតនៅក្រោម2.5%។

    របាយការណ៍​បាន​បញ្ជាក់ថា “កម្ពុជា​រីកចម្រើន​គួរឱ្យកត់សម្គាល់​ឆ្ពោះទៅរក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដោយសារ​កំណែទម្រង់ និង​កំណើនសេដ្ឋកិច្ច​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ។ ចំណូល​ប្រជាជន​បាន​កើនឡើង​លឿន អត្រា​ភាពក្រីក្រ​បាន​ថយចុះ ហើយ​សេដ្ឋកិច្ច​បានចាប់ផ្តើម​ធ្វើ​ពិពិធ​កម្ម​បន្តិចម្តង”។

    ប៉ុន្តែ​ទន្ទឹមនឹងនេះ IMFបាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ខ្លាំង​ចំពោះ​លំហូរ​ទុន ដែល​បាន​ពូន​ផ្តុំ​នៅក្នុង​វិស័យ​អចលនទ្រព្យ។ IMFឱ្យដឹងថា ឥណទាន​ក្នុង​វិស័យ​ធនាគារ​បាន​ប្រមូលផ្តុំ​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​ដែល​ត្រូវបាន​ព្យាករ​កំណើន​ក្នុង​រង្វង់20% ក្នុង​ឆ្នាំ2018នេះ។

    IMFបាន​ពន្យល់​ដូច្នេះ​ថា កង្វល់​ជុំវិញ​គុណភាព​ឥណទាន ការពឹងផ្អែក​មូលធន​ក្រៅប្រទេស ការ​ពូន-​ផ្តុំ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ការឱ្យ​ខ្ចី​ក្រៅច្បាប់​ដោយ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ អាច​បង្ក​ហានិភ័យ​សម្រាប់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ និង​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុ​ជា។

    IMFជំ​រុញឱ្យ​កម្ពុជា​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​បន្ថែមទៀត បើទោះបីជា​កន្លងមក​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​បាន​រឹតបន្តឹង​វិធានការ​មួយចំនួន​រួចមកហើយ​ក៏ដោយ។ អ្នកជំនាញ​IMF ណែ​នាំឱ្យ​រដ្ឋាភិបាល​បង្កើន​ការត្រួតពិនិត្យ​ចំពោះ​ការផ្តល់​កម្ចី​សម្រាប់​វិស័យ​អចលនទ្រព្យ។

    លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ (EMC)បាន​បញ្ជាក់ថា៖ “ជារួម​ការផ្តល់​ហិរញ្ញប្បទាន​ទៅក្នុង​វិស័យ​អ្វីមួយ គឺ​មិនមែន​ហិរញ្ញប្បទាន​ជា​អ្នកកំណត់​កំណើន​របស់​វិស័យ​មួយ​នោះ​ច្បាស់លាស់​ទេ អ្វី​ដែលជា​កំណត់​កំណើន​របស់​វិស័យ​ហ្នឹង គឺ​អាស្រ័យទៅលើ​តម្រូវការ​ជាក់ស្តែង​រប​ស់​ទីផ្សារ។ ហិរញ្ញប្បទាន ឬ​ការផ្តល់​កម្ចី​គ្រាន់តែ​ជាការ​គាំទ្រ​ទៅលើ​វិស័យ​នោះ​ប៉ុណ្ណោះ។ ការ​support នេះ​កាលណា​វា​ពូន​ផ្តុំ​ខ្លាំង វា​អាច​ក្លាយទៅជា​ហានិភ័យ នេះ​វា​ជា​រឿង​ធម្មតា។ ម្យ៉ាងទៀត​នៅក្នុង​ទីផ្សារ​អចលនទ្រព្យជារឿយៗជាធម្មតា​ដល់​ដំណាក់កាល​មួយ​វា​មានការ​រីកចម្រើន​យឺត ឬ​វា​អាច 4-10ឆ្នាំ​កើតមាន​វិបត្តិ​ម្តង​អុីចឹងទៅ។ គ្រាន់តែ​ស្ថានភាព​បច្ចុប្បន្ន​វា​អាច​ដល់​វដ្ត​របស់​វា​ហើយ គួបផ្សំ​នឹង​ហិរញ្ញប្បទាន​ពូន​ផ្តុំ​ក្នុង​វិស័យនេះ​ពេក​ទៅ វា​អាច​ហួស​នឹង​សមត្ថភាព​ទិញ​នៃ​តម្រូវការ​ជាក់ស្តែង​ទីផ្សារ”។

    លោក​បានបញ្ជាក់​បន្ថែម​ថា នេះ​គ្រាន់តែ​ជាការ​ព្រួយបារម្ភ​ប៉ុណ្ណោះ បើ​យើង​សិក្សា​លម្អិត​វា​អាច​តិចឬ​ច្រើន វា​អាច​កើតឡើង​នៅក្នុង​ទីផ្សារ​គេហដ្ឋាន ខុន​ដូ។ល។ ព្រោះ​វា​ទាក់ទង​នឹង​អ្នកទិញ​បរទេស ដូច្នេះ​សក្តានុពល​របស់​វា​ជា​រឿង​មួយ​ផ្សេង។ ការវិភាគ​របស់​IMF មិនមែនជា​រឿង​ខុស​អ្វី​ទេ គ្រាន់តែ​ជាការ​ឱ្យ​ជា​សញ្ញា​ថា ជា​ហានិភ័យ ជាការ​ដាស់​ចំណាប់អារម្មណ៍​ពី​អ្នក​ប្រឡូក​ក្នុង​វិស័យនេះ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​សិក្សា​ឱ្យបាន​លម្អិត​ពី​បញ្ហា​នេះ​ឱ្យបាន​ស៊ីជម្រៅ។

    លោក ង៉ែត ជូ បាន​ពន្យល់ថា ជា​រឿង​សម​ហេតុ​សម​ផល​ដែល​IMFបានលើកឡើង​ពី​កម្ចី​ក្រៅច្បាប់​ដោយ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ការពឹងផ្អែក​មូលធន​ក្រៅប្រទេស ការ​ពូន​ផ្តុំ​ក្នុង​វិស័យ​អចលនទ្រព្យ និង​វា​អាច​នឹង​បង្ក​ហានិភ័យ​សម្រាប់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ។

    លោក​បញ្ជាក់ទៀតថា “ធម្មតា ទោះបីជា​ប្រភព​ទុន​ក្នុងស្រុក​ក្តី ក្រៅ​ស្រុក​ក្តី​ដែល​ចូលមកក្នុង​វិស័យ​អចលនទ្រព្យ តែ​កាលណា​វិស័យ​ណា​កើតមាន​វិបត្តិ វា​អាច​ជះឥទ្ធិពល​ចំពោះ​លើ​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ ពីព្រោះថា កម្ចី​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ក៏​គាត់​ទទួលបាន​ពី​ធនាគារ​ដែរ ដើម្បី​យក​សាច់ប្រាក់​នោះមក​អភិវឌ្ឍ​គម្រោង ដូច្នេះ​បើ​ការអភិវឌ្ឍ​គាត់​មាន​បញ្ហា ទីផ្សារ​គាត់​មាន​បញ្ហា គាត់​លក់​មិន​ចេញ ឬ​អ្នកទិញ​គាត់​មិនមាន​លទ្ធភាព​បង់​ឱ្យ​គ្រប់ និង​បង់​ឱ្យទាន់​ពេលវេលា នោះ​វិបត្តិ​អាច​នឹង​កើតមានឡើង”។

    លោក ង៉ែត ជូ បាន​អះអាងថា ចំពោះ​លំហូរ​ទុន​ដែល​ពូន​ផ្តុំ​ក្នុង​វិស័យ​អចលនទ្រព្យ វា​តែង​កើតមានឡើង​នូវ​វិបត្តិ (វា​អាច​វិ​វ​ឌ្ឍ​យឺត ឬ​នៅ​ទ្រឹង)ដូច​កាលពី​ឆ្នាំ2007-2008 និង​ឆ្នាំ2011-2012 វា​បាន​ងើបឡើង​មកវិញ ដែល​នេះ​ជា​រឿង​ធម្មតា តែ​ក្នុង​ខណៈពេលដែល​វដ្ត​ហ្នឹង​ជិត​មកដល់ ហើយ​លំហូរ​ទុន​ពូន​ផ្តុំ​ខ្លាំង​តែ​លើ​វិស័យ​អចលនទ្រព្យ ដូច្នេះ​ការព្រួយបារម្ភ​ជា​រឿង​ត្រឹមត្រូវ ដែល​យើង​អាច​រិះរក​វិធី​ដើម្បី​ទប់ស្កាត់​ដើម្បី​កុំឱ្យ​មាន​វិបត្តិ កុំឱ្យ​វា​កើតឡើង​ធ្ងន់ធ្ងរ ឬ​កុំឱ្យ​វិបត្តិ​នោះ​អូសបន្លាយ​ពេល​យូរ​នាំឱ្យ​ខូចប្រយោជន៍៕

  • លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ៖ 3ចំណុច ធ្វើឱ្យការចាប់ផ្តើម​អាជីវកម្ម​ទទួលបាន​ជោគជ័យ

    លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ៖ 3ចំណុច ធ្វើឱ្យការចាប់ផ្តើម​អាជីវកម្ម​ទទួលបាន​ជោគជ័យ

    ការចាប់ផ្តើម​អាជីវកម្ម​ថ្មី​មួយ​មិនមែនជា​រឿង​ងាយ​នោះទេ ពេលខ្លះ​វាទ​ទួលបាន​ជោគជ័យ​នៅលើ​ទីផ្សារ តែ​ពេលខ្លះទៀត​ក៏ត្រូវ​ដួលរលំ​ទៅវិញ​ដែរដែល​ធ្វើឱ្យ​ត្រូវ​ខាត​អស់​បង់ប្រាក់​ជាច្រើន ដូច្នេះដើម្បីឱ្យ​អាជីវកម្ម​របស់លោក​អ្នក​ដើរ​ឆ្ពោះទៅ​មុខជាលំដាប់​នោះ គ្រាន់តែ​អនុវត្តតាម​ចំណុចងាយៗចំនួន3 ខាងក្រោម​ប៉ុណ្ណោះ អាជីវកម្ម​របស់លោក​អ្នក​ប្រាកដជា​មិន​បរាជ័យ​នោះឡើយ។

    លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្្ធីគ្រុប មានប្រសាសន៍ថា ដើម្បី​ធានា​ឱ្យ​ការចាប់ផ្តើម​អាជីវកម្ម​ថ្មី​មួយ​មិន​បរាជ័យ​នោះសហគ្រិន​ត្រូវអនុវត្ត​ចំណុចសំខាន់ៗចំនួន3មានដូចជា 1.ត្រូវមាន​សមត្ថភាព​គ្រប់គ្រាន់ 2.ត្រូវ​ចេះមើល​ឱកាស និង​ឆក់យក​ឱកាស និង3.គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​អាយុ​របស់ខ្លួន​ផងដែរ។

    លោក​ពន្យល់​អំពី​ចំណុច​ទី1​ថាការចាប់ផ្តើម​រប​ររ​ក​ទទួលទាន មិនមាន​មុខរបរ​ណា​សំខាន់​ជាង​មុខរបរ​ណា​ទេ សំខាន់​ឱ្យតែ​ខ្លួន​យើង​ស្រឡាញ់​ចេញពី​ចិត្ត​ពិតប្រាកដ មានចំណេះដឹង មាន​សមត្ថភាព និង​មាន​ដើមទុន​គ្រប់គ្រាន់ គឺអាច​ចាប់ផ្តើម​សាង​អាជីវកម្ម​មួយ​ឱ្យ​ដំណើរការ​ទៅមុខ​បាន​ហើយ។ តែ​សម្រាប់​យុវជន​ដែល​ទើប​រៀន​ចប់​ពីសា​លា ហើយចង់​ក្លាយជា​សហគ្រិន​ជោគជ័យ​នោះមិនគួរ​ចាប់​ផ្តើមធ្វើ​អាជីវកម្មភ្លាមៗនោះទេ ត្រូវ​ស្វែងរក​ការងារ​ធ្វើ​ជាមុនសិន ជាពិសេសការងារ​ណា​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ដែល​ខ្លួន​មានបំណង​ចង់​បង្កើត​ថ្មី​ផ្ទាល់ខ្លួន​នោះ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​កាន់តែខ្លាំង ហើយ​ពេលធ្វើការ​ឱ្យគេ គឺ​មិនមែន​ធ្វើ​ដើម្បី​តែ​ប្រាក់ខែ​នោះទេ តែ​ត្រូវ​ចេះ​សង្កេតមើល​ពី​ចង្វាក់​ផលិតកម្ម ការដឹកនាំ​ក្រុមហ៊ុន​របស់គេ​ថា តើ​គេ​មាន​ចំណុច​សំខាន់​អ្វីខ្លះ បានជា​ក្រុមហ៊ុន​របស់គេ​ទទួលបាន​ជោគជ័យ? ហើយ​ត្រូវខិតខំ​រៀនសូត្រ​បន្ថែម​ពី​គេ​ឱ្យបាន​ច្រើន រហូតដល់​គិតថា ខ្លួន​យើង​មាន​សមត្ភាព​គ្រប់គ្រាន់​ហើយ ពេលនោះ​សឹម​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន ទើប​វា​មិន​បរាជ័យ​ទៅវិញ។

    ឧទាហរណ៍​ថា បើ​យើង​ចង់​បើក​អាជីវកម្ម​លក់​កាហ្វេ ដូច្នេះ​ត្រូវ​រក​ការងារ​ផ្នែក​កាហ្វេ​នេះ ​ធ្វើ​ហើយ​ខំប្រឹង​រៀនសូត្រ​ពី​គេ សួរ​គេ​ឱ្យបាន​ច្រើន និង​ត្រូវ​ចេះ​សង្កេតមើល​គេ​ថា តើ​មាន​កត្តា​អ្វីខ្លះ​ទើប​ការ​ឆុង​កាហ្វេ​របស់គេ​មាន​រសជាតិ​ឆ្ងាញ់ មាន​អតិថិជន​ច្រើន​សឹង​រក​កន្លែង​ចត​ឡាន​ម៉ូតូ រក​កន្លែង​អង្គុយ​មិន​ចង់បាន​ផង កុំឱ្យ​ដូច​អ្នកលក់​កាហ្វេ​ខ្លះ​ទីតាំងនៅ​ជិត​គេ​សោះ តែ​បែរជា​ហាង​ខ្លួនឯង​ស្ងាត់ឈឹង ចំណែក​ហាង​របស់គេ​មាន​មនុស្ស​តម្រង់​ជួរ​ចូល​ទិញ​គ្រប់ពេល​ឥត​ដាច់​រកតែ​ដៃ​ឆុង​ឱ្យគេ​មិនទាន់។

    ចំណែក​ចំណុច​ទី2 លោក​ពន្យល់ថា ការចាប់ផ្តើម​អាជីវកម្ម​មិនមែន​ចេះតែធ្វើ​ទៅតាម​ការនឹកឃើញ​ពេលណា​ក៏​ធ្វើបាន​នោះទេ ពោលគឺ​ត្រូវ​ចេះ​មើល​ឱកាស​ហុច​ឱ្យ រួច​ចាប់យក​ឱកាស​នោះ​ឱ្យ​ជាប់​ដើម្បី​រៀបចំខ្លួន​ធ្វើ រួចហើយ​ចាប់​យកមក​បើក​ជា​អាជីវកម្ម​តែម្តង។ ឧទាហរណ៍​ក្នុង​យុគសម័យ​បច្ចុប្បន្ននេះ វិស័យ​អចលនទ្រព្យ​ដីធ្លី គឹជា​វិស័យ​រីកចម្រើន​ខ្លាំង​មូ​យ​ក្នុងចំណោម​វិស័យ​ទាំង4 ដូចជា​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម​ជាដើម។ បើ​អ្នក​ដែលមាន​ធនធាន​ច្រើន គេ​អាច​បើក​អាជីវកម្ម ឬ​ក្រុមហ៊ុន​ខ្នាត​ធំ​ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​ច្រើន​បាន។ ចំណែក​អ្នក​មិនសូវមាន​ធនធាន​ក៏​អាច​មានឱកាស​ធ្វើការ​លើ​វិស័យនេះ​បានដែរដូចជា​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ឈ្មួញកណ្ដាល(កួកជេ)ក៏​អា​ចរក​កម្រៃជើងសា​បាន​ច្រើន​ដែរ ដោយសារ​វិស័យ​ដីធ្លី​នេះ​កំពុងមាន​ការរីកចម្រើន​ខ្លាំង។ វិស័យ​សំណង់​ក៏​កំពុងមាន​ការរីកដុះដាល​ខ្លាំង​ឡើង​ដែរ​ដែល​ធ្វើឱ្យ​អ្នកជំនួញ​ជាច្រើន មិនថាតែ​អ្នកជំនួញ​ក្នុងស្រុក​ទេ សូម្បីតែ​ជនបរទេស​ក៏​ពួកគេ​ចូលមក​រកស៊ី​លក់​គ្រឿង​សម្ភារ​សំណង់​នៅក្នុង​ទីផ្សារ​ប្រទេសកម្ពុជា​ដែរ ដែលអ្នកណាៗក៏​ដឹង​ដែរ​ថា វិស័យ​សំណង់​បាន​កើនឡើង​ខ្លាំង តម្រូវការ​គ្រឿង​សម្ភារ​សំណង់​ក៏​កើនឡើង​ខ្លាំង​ដូចគ្នា។ លោក​ថា បើ​រកស៊ី​មិន​សម្លឹងមើល​ឱកាស ហើយ​ចេះតែ​បើក​តាមចិត្ត​ចង់ទោះ​ជាមាន​សមត្ថភាព មាន​ធនធានមនុស្ស​គ្រប់គ្រាន់ មាន​ថវិកា​សម្រាប់​ទប់ និង​ត្រៀម​បម្រុង​ច្រើន​ប៉ុនណា​ក៏ដោយ ក៏​អាច​ដួលរលំ​បានដែរ ឬ​បើ​ដំណើរការ ក៏​ទៅមុខ​យឺត​ដែរ។

    ចំពោះ​ឱកាស​នេះ ក៏​យើង​ត្រូវ​ចេះ​មើល​ទៅលើ​ប្រព័ន្ធ​ច្បាប់​ផងដែរ ដូចជាថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​ថ្មី​មួយ​ដើម្បី​លើកកម្ពស់ និងលើកទឹកចិត្ត​ដល់​សហគ្រិន​ដែលជា​ម្ចាស់​សហគ្រាស​ខ្នាតតូច និង​មធ្យម ដូចជា​បញ្ចុះតម្លៃ​អគ្គិសនី​ដល់​អាជីវកម្ម​ដែល​ទើប​បើក​ថ្មី មិន​យកពន្ធ​រយៈពេល3ឆ្នាំ​លើ​ប្រាក់ចំណេញ មិន​យកពន្ធ 5ឆ្នាំ​លើ​ប្រាក់ចំណូល បន្ថែម​ទឹកប្រាក់ 150ភាគរយ​លើ​គ្រឿងយន្ត​កសិកម្ម និង​បន្ថែម​ប្រាក់ 200ភាគរយ​លើ​វិស័យ​អប់រំ ជាដើម។ គោលនយោបាយ​ថ្មី​ទាំងនេះ មាន​គោលដៅ​លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក​ឱ្យបាន​ច្រើន ​និង​កាត់បន្ថយ​ការនាំ​ចូល​ឱ្យបាន​កាន់តែច្រើន​ផងដែរ។ ចំណែក​វិស័យ​សំណង់ ​រដ្ឋ​នៅ​គិត​ពន្ធ​លើ​របប​ម៉ៅការ​នៅឡើយ មិនទាន់​គិត​ពន្ធ​លើ​របប​ពិត​នៅឡើយ​ទេ ដែល​នេះ​ជា​ឱ​កាសម្រាប់​សហគ្រិន​ស្វែងរក​ប្រាក់ចំណេញ​បាន​ច្រើន និង​ធ្វើឱ្យ​អាជីវកម្ម​របស់ខ្លួន​រីកចម្រើន​ឆាប់រហ័ស។

    ចំណែក​ចំណុច​ទី3 ទាក់ទង​នឹង​អាយុ​របស់​សហគ្រិន បើសិនជា​មនុស្ស​នោះ​នៅ​ក្មេង​ពេក គឺ​មិនទាន់​អាចធ្វើ​អាជីវកម្ម​បានទេ ហើយ​ដើម្បី​ការពារ​កុំឱ្យ​មាន​គ្រោះថ្នាក់ ឬ​ហានិភ័យ​ក្នុង​អា​ជីវក​ម្ម គាត់​គួរ​រក​ការងារ​ធ្វើជា​បុគ្គលិក​គេ​ជាមុនសិន ទោះជា​ខ្លួន​រៀន​ចប់​ពី​សាលា​ណាក៏ដោយ។ ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឱ្យបាន​ខ្លាំង​ជាមុនសិន។​ ឧទាហរណ៍​យុវជន​ម្នាក់​ចង់​រកស៊ី​បើកហាង​អ៊ុតសក់បើសិន​ទើបតែ​រៀន​ចប់ ហើយ​នៅ​ក្មេង​ផង​នោះ មិនគួរ​បើកហាង​អ៊ុតសក់​ដោយ​ខ្លួនឯងភ្លាមៗទេ ព្រោះ​ជួនកាល​ខ្លួនឯង​មាន​លុយ​តិចតួច រួច​ខំ​ទៅ​ខ្ចីប្រាក់​បងប្អូន​មក​បើក…ទុនបម្រុង​ក៏​គ្មាន បទពិសោធក៏​គ្មាន ម៉ូយ​ក៏​មិនទាន់មាន បើក​បាន​មួយរយៈ ក៏​ដួល​ទៅវិញ ក្ស័យ​ទុន អស់​ដើម អស់​ចុង។ ដូច្នេះ បើ​យក​ល្អ គួរ​ខំប្រឹង​ធ្វើការ​ឱ្យគេ​ឱ្យបាន​ល្អជា​មុន​សិ​ន ពេល​កាត់សក់​ឱ្យគេ​ល្អ គេ​តែង​សុំ​លេខ​យើង​ទុកហើយៗទោះ​យើង​ទៅធ្វើ​ការ​នៅទីណា​ក៏​គេ​នៅតែ​តាម​កាត់​ដែរ។ និយាយ​ដូចនេះ​ហាក់ដូច​ប៉ះពាល់​ក្រមសីលធម៌​បន្តិច ប៉ុន្តែ​វា​ជា​ធាតុ​សត្យានុម័ត មិនមែន​យើង​ទាញ​ភ្ញៀវ​ពី​ហាង​ចាស់​របស់គេ​មក​ទេ តែ​ភ្ញៀវ​គេ​ស្ម័គ្រចិត្ត​មក​តាម​យើង វា​ជា​រឿង​របស់​ភ្ញៀវ​ទេព្រោះ​ធម្មតា កន្លែង​ណា​កាត់​ល្អ គេ​ទៅ​កន្លែង​នោះហើយ ក្រៅពី​មាន​សមត្ថភាព និង​មាន​ភ្ញៀវ​នៅក្នុងដៃ​ស្រាប់​ហើយ។ រឿង​មួយទៀត គឺ​យើង​ក៏ត្រូវ​ចេះគុណគូរ​ការចំណាយ និង​ចំណូល​ក្នុង​ក្រុមហ៊ុន​របស់គេ​ផងដែរ ដើម្បីឱ្យ​អាច​ដឹងថា គេ​រកស៊ី​ចំណេញ ឬ​មិន​ចំណេញ។

    យ៉ាងណាមិញ ការចាប់ផ្តើម​អាជីវកម្ម​ថ្មី​មួយ វា​តែងមាន​គូប្រកួតប្រជែង​នៅលើ​ទីផ្សារ​ដោយ​ចៀស​មិន​រួច​នោះទេ ដូច្នេះ​នៅពេលដែល​យើង​ចាប់ផ្តើម​ក្រោយ​គេ យើង​ត្រូវ​ធ្វើយ៉ាងណា​ធ្វើឱ្យ​បានល្អ​ជាងគេ ទាំង​គុណភាព និង​តម្លៃ ដើម្បីឱ្យ​អតិថិជន​បែរមក​ទទួលយក​ផលិតផល ឬ​សេវាកម្ម​ដែល​ថ្មី​របស់​យើង​វិញ តែបើ​ធ្វើ​មិនបាន​ដូច​របស់គេ​ទេ គួរ​កុំ​ចំណាយលុយ​ធ្វើ​អី វា​ប្រាកដជា​មិនអាច​ជោគជ័យ​នៅលើ​ទីផ្សារ​បានឡើយ ប៉ុន្តែ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នោះ មុននឹង​ចាប់ផ្តើម​អាជីវកម្ម អ្នក​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ​ឱ្យបាន​ច្បាស់​ដើម្បី​ឱ្យដឹងថា​ផលិតផល ឬ​សេវាកម្ម​ដែល​យើង​កំពុង​ចង់​បើក​រកស៊ី​នោះ​នឹងមាន​ការគាំទ្រ​ដែរឬទេ? ឬ​មានការ​គាំទ្រ​ខ្លាំង​ប៉ុនណា​នៅលើ​ទីផ្សារ?។

    ជាមួយគ្នានេះ​លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្្ធីគ្រុប ក៏បាន​បង្ហាញ​ពីបទ​ពិសោធ​ការបើក​ក្រុមហ៊ុន​ដំបូង​របស់លោក​ឱ្យដឹង​ដែរ​ថា ដើមឡើយ​ដោយសារ​ទុកចិត្ត​លើ​សមត្ថភាព​ជនបរទេស​ដែល​គេ​ពូកែ​និយាយ និង​ពេលខ្លះ​លាយឡំ​ដោយ​ការ​កុហក​ផងដែរ​នោះបាន​ធ្វើឱ្យ​លោក​ជឿទុកចិត្ត​បណ្តាក់ទុន​រកស៊ី​ជាមួយ​គេ ចុងក្រោយ​គេ​ធ្វើ​របាយការណ៍​ចំណាយ​ច្រើនជាង​ចំណូល នាំឱ្យ​ក្រុមហ៊ុន​រកស៊ី​ខាត​ដែល​តម្រូវឱ្យ​យើង​បន្ថែម​ទុន​បន្ថែម​ដើម្បី​ទប់ទល់​កុំឱ្យ​ដួលរលំ ជាហេតុ​បណ្តាលឱ្យ​លោក​ខាតបង់​លុយកាក់​អស់​ជាច្រើន។ ចុងក្រោយ​ទើប​រកឃើញថា គេ​ធ្វើ​របាយការណ៍​បោកប្រាស់ ហើយក៏​ឈប់​រកស៊ី​ជាមួយគ្នា​តទៅទៀត។ ចំណុច​នេះ​លោក​បានលើកឡើង​ជា​អនុសាសន៍​ថា បើ​ចង់​រកស៊ី​ចូល​ហ៊ុន​គ្នា​បើក​អាជីវកម្ម​គួរតែ​ប្រុងប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​ដៃគូ ឬ​ភាគហ៊ុន​ណា​ដែល​ល្អ និង​មាន​ភាពស្មោះត្រង់ ព្រោះ​អ្នកខ្លះ​គេ​ល្អ គេ​ស្មោះត្រង់ ខំប្រឹង​ធ្វើការ​អស់ពី​សមត្ថភាព ចំណាយពេល​ដើម្បី​ធ្វើ​ការឱ្យ​រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា ហើយក៏​មិន​ខ្វះ​ដែរ​សម្រាប់​ដៃគូ​ដែល​មិន​ស្មោះត្រង់ ចង់​កេងចំណេញ​តែ​ពីលើ​យើង​គ្រប់ពេលវេលា​នោះ ដូច្នេះ​មុននឹង​រកស៊ី​ចូល​ហ៊ុន​គ្នា គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ដៃគូ​របស់ខ្លួន​ជាមុន​ដែរ៕

  • កូនក្រមុំត្រូវតែស្រស់ស្អាតប្លែក និងតុបតែងយ៉ាងស្រស់ស្អាតបំផុត

    កូនក្រមុំត្រូវតែស្រស់ស្អាតប្លែក និងតុបតែងយ៉ាងស្រស់ស្អាតបំផុត

    ថ្ងៃរៀបអាពាហ៍ពិពាហ៍ចូលមកដល់ហើយ កូនក្រមុំទាំងអស់ពិតជារំភើបខ្លាំងណាស់មែនទេ! កំុភ្លេចណា៎ តុបតែងមុខរបស់អ្នកឱ្យស្រស់ស្អាតបំផុតនៅក្នុងថ្ងៃដ៏សំខាន់របស់អ្នក សូមឱ្យជាងផាត់មុខតុបតែងមុខមាត់របស់អ្នកឱ្យក្លាយជាកូនក្រមុំដ៏ស្អាត និងទាន់សម័យបំផុត ជាមួយនឹងពណ៌ម្សៅក្រែមបែបស្រទន់ និងមិនបំពោកម្សៅក្រាស់ពេកនោះទេ ដើម្បីឱ្យអ្នកអាចក្លាយជាកូនក្រមុំដ៏ស្រស់សោភាបែបធម្មជាតិ និងបែបសម័យថ្មី និងបានបង្អួតពីសម្រស់ផ្ទៃមុខរបស់អ្នកទៅដល់មនុស្សទាំងអស់នៅក្នុងវិធីរបស់អ្នក​ជាពិសេសបង្ហាញសម្រស់ដ៏ផូរផង់របស់អ្នកដល់កូនកំលោះរបស់អ្នកតែម្តង។ សូមពិនិត្យមើលគំរូនៃការតុបតែងមុខរបស់កូនក្រមុំសម័យថ្មីដូចតទៅ៕

  • និស្សិត​កម្ពុជា​ផ្នែក​គីមី​ចំណីអាហារមានគំនិត​ច្នៃប្រឌិត​អាច​ផលិត​បបរ “កូន​ឆ្លាត” សម្រាប់ក្មេង​តូច

    និស្សិត​កម្ពុជា​ផ្នែក​គីមី​ចំណីអាហារមានគំនិត​ច្នៃប្រឌិត​អាច​ផលិត​បបរ “កូន​ឆ្លាត” សម្រាប់ក្មេង​តូច

    ក្នុងដំណាក់កាល​ដែល​ការអប់រំ​កាន់​តែមាន​លក្ខណៈ​ទូលំទូលាយ កូន​ខ្មែរ​កាន់តែច្រើន​ចាប់ផ្តើម​មាន​ស្នាដៃ​លើ​នវានុវត្តន៍ប្លែកៗសម្រាប់​ជា​ប្រយោជន៍​ដល់​សង្គម និង​ជំរុញ​ឱ្យ​កម្ពុ​ជាមាន​សហគ្រាស​ធុន​តូច និង​មធ្យម​កាន់តែច្រើន។ ក្នុងចំណោម​ស្ថាបនិកសំខាន់ៗទាំងអស់​នៅ​កម្ពុជា កូន​ខ្មែរ​មួយក្រុម​ដែល​បាន​អភិវឌ្ឍ​ខ្លួន​ចេញពី​កម្មវិធី Techno Innovatin Challenge បាន​បង្កើត​សមិទ្ធផល​យ៉ាង​ល្អ​មួយ​សម្រាប់​កម្ពុជា គឺ​បបរ​សម្រាប់​ទារក ដែលមាន​សារធាតុចិញ្ចឹម និង​គុណភាព​ខ្ពស់​មិន​ចាញ់​អាហារ​ទារក​នាំចូល​ពី​បរទេស​ឡើយ។ សហ​ស្ថាបនិក​នៃ​ក្រុម​អ្នក​ផលិត​ផលិតផល “កូន​ឆ្លាត” កញ្ញា ជា ស្រី​ស្រស់ បាន​លើកឡើងថា មូលហេតុ​សំខាន់​ដែលនាំឱ្យ​កញ្ញា និង​ក្រុមការងារកញ្ញា​ក៏បានជួប​ជាមួយ​អ្នក​ណែនាំ​ជំនាញ (mentor) ដែល​គាត់​បានបង្ហាញ​ផ្លូវយ៉ាងច្រើន​ដើម្បីឱ្យ​ផលិតផល​មួយ​នេះ​ត្រូវបាន​កែច្នៃ​ស្របតាម​បច្ចេកទេសនិង​មាន​សុវត្ថិភាព​ខ្ពស់សម្រាប់អភិវឌ្ឍ​ឱ្យទៅជា​បបរ​របស់​កុមារ​តូច។ កញ្ញា​បានបង្ហាញ​ផងដែរ​ថា ចេក​មាន​សារធាតុ Nutrition ខ្ពស់ ហេតុនេះ​វា​អាចជួយ​ដល់​សុខភាព​កុមារ​បាន​ច្រើន ប្រសិនបើ​យើង​ច្នៃវា​ជាមួយនឹង​បន្លែ​បៃតង​ឱ្យបាន​ត្រឹមត្រូវ​ស្របតាមលក្ខណៈ​បច្ចេកទេស​ចំណីអាហារ។ បបរ​ទារក ដែលមាន​ឈ្មោះថា “កូន​ឆ្លាត” នេះ ត្រូវបាន​ច្នៃ​ឡើង​សម្រាប់​ទារក​ដែលមាន​អាយុ​ចាប់ពី6ខែ ដល់2ឆ្នាំ ជាមួយនឹង​ការពិសោធ​ត្រឹមត្រូវ​ស្របតាម​ចំណង់ចំណូលចិត្ត​កុមារ​នៅ​កម្ពុជា។ មុននឹង​ចេញ​ជា​ផលិតផល​មួយមុខៗឡើង ក្រុម​របស់​កញ្ញា​បានធ្វើ​តេស្ត​សាកល្បង និង​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ថា កុមារ​កម្ពុជា​ភាគច្រើន​ចូលចិត្ត​រសជាតិ​បែបណា ដើម្បី​ធានាថា​ផលិតផល​ដែល​ផលិតឡើង​ដោយ​កូន​ខ្មែរ​នេះ​ត្រូវ​ជាមួយនឹង​លក្ខខណ្ឌ​គ្រប់យ៉ាង​របស់​កុមារ​នៅ​កម្ពុជា។

    សហ​ស្ថាបនិក​សំខាន់​មួយរូប​ទៀត​គឺ កញ្ញា លីនចរិយា បាន​លើកឡើងថា ការផលិត​បបរ​កូន​ឆ្លាត​នេះ គឺមាន​ការសិក្សា និង​ជំនួយ​បច្ចេកទេស​ពី​អ្នកជំនាញ​នៅ​ប្រទេស​សិង្ហ​បុរី​ផងដែរ ដែល​ធានាថា​វា​មាន​សារៈសំខាន់​សម្រាប់​ជួយ​ឱ្យ​កុមារ​លូតលាស់​ធំធាត់​បានល្អ។ ក្រៅពី​ការជួយ​ដល់​កុមា​រហើយ បបរ​កូន​ឆ្លាត ក៏​ជួយ​ដល់​អាណាព្យាបាល​របស់​ក្មេងជាពិសេស​អ្នក​ម្តាយ​កុំឱ្យ​ខាត​ពេលវេលា និង​មានការ​លំបាក​ច្រើនពេក​ក្នុងការ​ធ្វើ​អាហារ​សម្រាប់​ក្មេង​តូច​ផងដែរ។ កញ្ញា​បាន​បញ្ជាក់ថា ពីមុន​ម្តាយ​ឪពុក​ក្មេង​តូច​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ដើម្បី​ចម្អិន​បន្លែ និង​ប្រមូល​គ្រឿងផ្សំ​ដែលមាន​សារៈសំខាន់​ចំពោះ​សុខភាព​របស់​កូន តែ​បបរ​កូន​ឆ្លាត​អាចជួយ​ពួកគាត់​ឱ្យ​កាន់តែ​ងាយស្រួល​ឡើង ព្រោះ​គាត់​អាច​ប្រើប្រាស់​បបរ​ដែល​ត្រូវបាន​វេច​ខ្ចប់​យ៉ាង​មាន​អនាម័យ និង​សុវត្ថិភាព និង​ងាយស្រួល​ទុកដាក់។ លើសពីនេះទៅទៀត​បបរ​មួយកញ្ចប់​អាច​ចម្អិន​អាហារ​ឱ្យ​កូនតូច​បាន 3ដង និង​រក្សាបាន​នូវ​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់​ដែល​កុមារ​ត្រូវការ​ថែមទៀត​ផង។

    កញ្ញា លីន ចរិយា បាន​និយាយថា៖ “លក្ខណ:ពិសេស​សំខាន់​មួយ​របស់​បបរ​កុមារ កូន​ឆ្លាត គឺមាន​តម្លៃ​ធូរ​ថ្លៃ ដែល​អាចធ្វើឱ្យ​ឪពុកម្តាយ​ចំណាយ​តិច និង​ចំណេញ​ច្រើន បើ​ប្រៀបធៀប​ជាមួយនឹង​ការទិញអាហារ​កំប៉ុង​ពី​ខាងក្រៅ ព្រោះ​ផលិតផល​នេះ​ផលិត​ចេញពី​គ្រឿងផ្សំ​ដែល​មានគុណ​ភាពល្អ​ក្នុងប្រទេស និង​ជា​ផលិតផល​របស់​ខ្មែរ ដែល​មិនចាំបាច់​ចំណាយ​ច្រើន​លើ​ការ​នាំចូល និង​ការចំណាយផ្សេងៗទៀត”។

    កញ្ញា ចរិយា បានលើកឡើង​បន្ថែមទៀតថា ផលិតផល​បបរ​សម្រាប់​ទារក​ក្មេង​ឆ្លាត​នេះ​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ និង​ជាប់​ក្នុងការ​ប្រកួតប្រជែងសំខាន់ៗទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស។

    គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ2017 ក្រុម​របស់​កញ្ញាទទួល​បាន​ចំណាត់ថ្នាក់​លេខ3 ក្នុង​កម្មវិធី Techno Innovation Challenge នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហើយ​ពេលថ្មីៗនេះ​ផលិតផល​របស់​កូន​ខ្មែរ​មួយក្រុម​នេះ​បានទទួល​ចំណាត់ថ្នាក់​លេខ2 ក្នុង​កម្មវិធី​គម្រោង​អាជីវកម្ម​ដើម្បី​ធ្វើឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ (Business plan for better world- young social entrepreneur) ដែល​រៀបចំ​ដោយ​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី៕