Author: ធឿន មករា

  • កូនៗឈ្លោះ​គ្នា ឪពុកម្ដាយ​ត្រូវធ្វើ​ម៉េច?

    កូនៗឈ្លោះ​គ្នា ឪពុកម្ដាយ​ត្រូវធ្វើ​ម៉េច?

    ស្ថានការណ៍​បែប​ហ្នឹង ធ្លាប់​ជួប​ទេ? បើសិនជា​ផ្ទះ​របស់​អ្នកមាន​អា​ល្អិត​យ៉ាងតិច2នាក់​រស់នៅ​ក្រោម​ដំបូល​តែមួយប្រាកដ​ណាស់​ថា ហេតុការណ៍ស្រដៀងៗគ្នា​ដែល​អ្នកគ្រូ ឆវី លើក​ជា​ឧទាហរណ៍​មក​ខាងលើនេះ ប្រហែលជា​ធ្លាប់​កើតឡើង​ចំពោះ​លោកអ្នកខ្លះៗមិន​ខាន។ ការឈ្លោះទាស់ទែង​គ្នា​រវាង​បង-ប្អូន គឺជា​រឿង​ប្រក្រតី​ដែល​កើតឡើង​គ្រប់​ផ្ទះ ហើយ​បើសិនជា​លោកឪពុក​អ្នក​ម្ដាយ​ចេះ​ទប់ទល់​យ៉ាង​ត្រូវ​វិធី វា​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​ដែល​អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​វែង​បាន។ ខាងក្រោម​នេះ​គឺ វិធី និង​គន្លឹះល្អៗ ដើម្បីឱ្យ​ឪពុកម្ដាយ​អាច​ដោះស្រាយ​បញ្ហាកូនៗឈ្លោះ​គ្នា​បាន​យ៉ាង​ត្រឹមត្រូវ និង​ល្អប្រសើរ…។

    What to do When They Fight
    នៅពេល​លោកអ្នក​មើលឃើញថា សង្គ្រាម​ជិត​នឹង​ផ្ទុះឡើង​ហើយ​នោះ រឿង​មួយ​ដែល​លោកឪពុក​អ្នក​ម្ដាយ និង​មនុស្ស​ចាស់​ទាំងអស់​ក្នុងផ្ទះ​គួរតែ​រំឭក​ប្រាប់​ខ្លួនឯង​ជានិច្ច​នោះ​គឺ “កុំ​ចូលទៅ​រួម​វង់​ជម្លោះ​នោះ” ឱ្យសោះ លើកលែងតែក្មេងៗចាប់ផ្ដើម​ប្រតាយប្រតប់​វាយ​គ្នា​ប៉ុណ្ណោះហើយ​ការចូលទៅ​របស់លោក​អ្នក គួរ​ចូលទៅ​ក្នុងឋានៈ​ជា​អ្នកសម្របសម្រួល និង​ហាមប្រាម​មិនឱ្យ​ហេតុការណ៍​កើតឡើង​ជ្រុល​ហួស​តែប៉ុណ្ណោះ។ បើសិន​លោកអ្នក​ចូលទៅ​ហាមប្រាម ឬ​កែប​ញ្ហា​ឱ្យ​កូនភ្លាមៗ ក្មេងៗនឹងមិន​បាន​រៀន​យល់ដឹង​ក្នុង​ការកែ​បញ្ហា​ដោយ​ខ្លួនឯង​ឡើយ ក្រៅពីនេះ​នៅមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​ធ្វើឱ្យ​កូន​ណា​ម្នាក់​គិតថា អ្នក​ចូលមក​ដើម្បី​ការពារ​កូន​ណាមួយ​ទៅវិញ ដែល​វា​នឹង​រឹតតែ​ធ្វើឱ្យ​កើតមាន​ការឈ្លោះទាស់ទែង​កាន់តែខ្លាំង​ឡើង​នៅពេល​ក្រោយ។ ករណី​ដែល​លោកអ្នក​ចូលទៅ​សម្របសម្រួល​ទំនាស់​ឱ្យ​កូន ចូរ​ព្យាយាម​កែប​ញ្ហា“ជាមួយ” ពួកគេ តែ​មិនមែន​កែប​ញ្ហា “ដើម្បី” ពួកគេ​នោះទេ។

    * បំបែក​ជើង​ខ្លាំង​ទាំងពីរ​ចេញពី​គ្នា ទុក​រហូត​ទាល់តែ​ស្ងប់​អារម្មណ៍ : ក្នុងករណី​ខ្លះ​អាច​ត្រឹមតែ​ឱ្យ​កូន​ទាំងពីរ​ឈប់​និយាយ និង​ឈប់​ធ្វើ​អ្វី​គ្រប់យ៉ាង​សិន មុននឹង​លោកអ្នក​ចូលទៅ​កែប​ញ្ហា​ជម្លោះ​ទាស់ទែង​នោះ តែបើ​លោកអ្នក​ត្រូវ​ការឱ្យ​រឿង​ហ្នឹង​ក្លាយជា​បទពិសោធន៍​ដែលកូនៗនឹង​បាន​រៀន​យល់ដឹង គួរតែ​រង់ចាំ​រហូត​ទាល់តែ​អារម្មណ៍​របស់​ពួកគេ​ស្ងប់​ទៅវិញ​សិន សឹម​អប់រំ​ពួកគេ។

    * កុំ​ដាក់​សម្ពាធ ឬ​ព្យាយាម​រក​អ្នក​ខុស : នៅពេល​កូន​ទាំង 2នាក់​ឈ្លោះ​គ្នា រឿង​ដែល​កើតឡើងក្មេង​ទាំងពីរ​ត្រូវតែ​ទទួលខុសត្រូវ​រួមគ្នា។

    * ព្យាយាម​សាង​ស្ថានការណ៍​ដែល​គ្រប់គ្នា​ទទួលបាន​ប្រយោជន៍ : ដូចជា​ហៅថា ស្ថានការណ៍​ឈ្នះ-ឈ្នះ (win-win Situation) ដើម្បីឱ្យ​គ្រប់គ្នា​បាន​រៀន​យល់ដឹង​ពីអ្វី​ម្យ៉ាង ដូចជា នៅពេលដែល​កូន2នាក់​ត្រូវ​ការលេង​របស់​លេង​តែមួយ​ដូចគ្នា អ្នក​អាច​នឹង​ប្ដូរ​ទៅជា​ឱ្យកូនៗបាន​លេង​ហ្គេម​ណា​ដែល​អាច​លេង​ដំណាលគ្នា​បាន​ទាំងពីរ​នាក់​ជំនួស​វិញ​ជាដើម។

    កែសម្រួល​និស្ស័យ : បង-ប្អូន​ត្រូវតែ​មិន​ឈ្លោះ​គ្នា
    តទៅ​នេះ គឺជា​រឿងងាយៗដែល​លោកអ្នក​អាច​ធ្វើបាន​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ដើម្បី​កាត់បន្ថយ​ជម្លោះ​រវាង​បង-ប្អូន។

    * ដាក់​ច្បាប់ ជាពិសេស​ក្នុង​រឿង​ទង្វើ ដោយ​ប្រាប់កូនៗថា ក្មេងៗមិនគួរ​និយាយ​ពាក្យ​អាក្រក់​ស្ដាប់ ស្រែក​គំហក​ដាក់​មុខ​គ្នា ឬ​ធ្វើ​មុខមាំ​កាច​ដាក់គ្នា​ទេ និង​អធិប្បាយ​ឱ្យស្ដាប់​ថា តើ​វា​នឹងមាន​អ្វី​កើតឡើង​បើសិនជា​កូន​ល្មើសច្បាប់​ដោយ​ការបញ្ចេញ​ទង្វើ​ដែល​មិន​គួរឱ្យ​ប្រាថ្នាផ្សេងៗចេញមក ដើម្បីឱ្យកូនៗបានដឹងថា គេ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់គេ។

    * កុំ​បណ្ដោយឱ្យកូនៗធ្វើឱ្យ​អ្នក​គិតថា អ្នក​ត្រូវតែ​បង្ហាញ​ពី​ភាពយុត្តិធម៌​គ្រប់ពេល​ឱ្យសោះព្រោះ​ក្នុង​ករណីខ្លះ អា​ល្អិត​ម្នាក់​ក៏​នឹង​ចាំបាច់​ត្រូវតែ​ទទួលខុសត្រូវ​លើ​ទង្វើ​របស់ខ្លួន​ច្រើនជាង​អា​ល្អិត​ម្នាក់ទៀត​ដែរ។

    * ផ្ដល់នូវ​ការចាប់អារម្មណ៍​ចំពោះកូនៗយ៉ាង​ស្មើភាព​គ្នា​ជាប់​ជានិច្ច ជាពិសេស​ក្រោយ​ការឈ្លោះទាស់ទែង​គ្នា។ បើ​កូន​បង​ចង់​ចេញទៅ​ដើរលេង ក៏​គួរតែ​នាំ​គេ​ទៅ តែ​ពេល​ត្រឡប់មកវិញ បើ​កូន​ប្អូន​ត្រូវ​ការឱ្យ​អ្នក​និយាយ​រឿងនិទាន​ឱ្យស្ដាប់ អ្នក​ក៏​ត្រូវតែ​ធ្វើ​ដែរ។

    * ប្រាកដ​ក្នុង​ចិត្ត​ថា កូនម្នាក់ៗមាន​ទីកន្លែង​ផ្ទាល់ខ្លួន និង​មាន​ពេលវេលា​ផ្ទាល់ខ្លួន​ដែល​គេ​អាច​នឹង​បាន​លេង​ដូចដែល​គេ​ត្រូវការ​ដោយ​មិនចាំបាច់​មាន​បង ឬ​ប្អូន​តាម​ជាប់​ទៅជា​មួយ​ផង។

    * សម្ដែង​ឱ្យ​កូន​ឃើញ និង​អធិប្បាយ​ឱ្យ​កូន​យល់ថា សម្រាប់​រូបអ្នក សេចក្ដីស្រឡាញ់​ជា​រឿង​ដែល​ត្រូវមាន​ព្រំដែន។

    * ធ្វើឱ្យ​កូន​ដឹងថា ពួកគេ​មាន​ភាព​សំខាន់ និង​នឹង​បានទទួល​ការមើល​ថែទាំ​ឱ្យមាន​សុវត្ថិភាពរួមទាំង​តម្រូវការ​ទាំងឡាយ​ដែល​ស្ថិត​លើ​ហេតុផល​របស់​កូន​ដែល​នឹង​បានទទួល​ការ​តបស្នង។

    * ធ្វើ​កិច្ចការងារ​រួមគ្នា​ទាំង​គ្រួសារ ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​ភាព​តានតឹង​រវាង​បងប្អូន​ដែល​ឈ្លោះ​គ្នា​បាន ព្រោះ​ក្នុង​កិច្ចការងារ​ទាំងនោះ គ្រប់គ្នា​នឹង​បានទទួល​ការយកចិត្តទុកដាក់​យ៉ាងស្មើៗគ្នា។

    * បើ​កូន​ឈ្លោះ​គ្នាដដែលៗ ក្នុង​រឿងដដែលៗដូចជា​ដណ្ដើម​គ្នា​ប្រើ​កុំព្យូទ័រ ជាដើម អាណាព្យាបាល​គួរតែ​ធ្វើ​តារាង​កាលវិភាគ​ការប្រើ​ការ​រឿង​អ្វីមួយ​នោះ​សម្រាប់​កូនម្នាក់ៗ តែបើ​នៅតែ​ឈ្លោះ​គ្នា​ទៀត ពួកគេ​ទាំងពីរ​នឹង​លែង​ទទួលបាន​ឱកាស​នោះ​ទៀត។

    * បើកូនៗនៅតែ​ឈ្លោះ​គ្នា​ញឹកញាប់ លោកអ្នក​គួរ​ណាត់​ថ្ងៃ​និយាយ​គ្នា​ក្នុង​ក្រុមគ្រួសារ ដើម្បី​រំឭក​អំពី​ច្បាប់​ដែល​ប្រើ​ក្នុង​គ្រួសារ និង​រំឭក​ឡើងវិញ​នូវ​ភាពជោគជ័យ​ក្នុង​ការកែ​បញ្ហា​ឈ្លោះទាស់ទែង​ដែល​ទាំងអស់គ្នា​អាច​ធ្វើបាន​កាលពីពេល​ក​ន្លងមក។ លោកអ្នក​អាច​សាកល្បង​ប្រើ​វិធី​ឱ្យ​រង្វាន់​នៅពេល​កូន​អាច​លេង ឬ​ធ្វើការ​អ្វីមួយ​រួមគ្នា​បាន​ដោយ​មិនមាន​ជម្លោះ ដូចជា​បើ​កូន​មិនមាន​ឈ្លោះ​គ្នា​សោះ​ក្នុង​មួយថ្ងៃ កូនៗនឹង​បាន​ជ្រើស​ទិញ​នំ​ដែល​ខ្លួនឯង​ចូលចិត្ត​ញ៉ាំ ឬ​មិនមាន​ឈ្លោះ​គ្នា​សោះ​មួយ​សប្ដាហ៍ ប៉ា​ម៉ាក់​នឹង​នាំទៅ​ដើរលេងជាដើម។

    * កុំភ្លេចថា ក្មេងម្នាក់ៗត្រូវការ​ពេលវេលា​នៅ​ឆ្ងាយ​ពី​បងប្អូន និង​ក្រុមគ្រួសារ​ខ្លះ​ដែរ ដូច្នេះ​លោកអ្នក​អាច​នឹង​រៀបចំ​ឱ្យកូនៗបាន​ទៅលេង​ផ្ទះ​មិត្តភក្តិ​ជិតដិត ឬ​ឱ្យ​កូនម្នាក់ៗទៅ​ដើរលេង​តែម្នាក់ឯង​ជាមួយ​អ្នក​ក៏បាន។

    ***ខណៈដែលកូនៗរៀន​យល់ដឹង​ក្នុង​ការចេះ​រម្ងាប់​អារម្មណ៍ គេ​ក៏​នឹង​បាន​រៀន​យល់ដឹង​ពី​ជំនាញសំខាន់ៗដែល​នឹង​ប្រើប្រាស់​ក្នុងការ​រស់នៅ​ផងដែរ ដូចជា​រឿង​ការទទួល​យកគំនិត​យោបល់​របស់​អ្នកដទៃ ការសម្រុះសម្រួល ការតវ៉ា និង​ការគ្រប់គ្រង​ទង្វើ​ច្រងេងច្រងាង​របស់ខ្លួន​ឯងជាដើម។

    ប៉ា​ម៉ាក់​មិន​នៅ កូនៗមិន​ឈ្លោះ​គ្នា
    សូម​កុំភ្លេចថា ការដែល​អាល្អិតៗរបស់លោក​អ្នក​ឈ្លោះ​គ្នា​នេះ ពេលខ្លះ​ក៏​ដើម្បី​ទាមទារ​ការចាប់អារម្មណ៍​អំពី​លោកឪពុក​អ្នក​ម្ដាយ​ដែរ ដូច្នេះនៅពេលដែល​វា​អុីចឹង លោកអ្នក​ក៏​គួរតែ​រកមើល​ពេលវេលា​ទំនេរ​ខ្លះ​ ដើម្បីឱ្យ​ខ្លួនឯង​បានធ្វើ​អ្វី​ម្យ៉ាង​ដែលជា​ការងារ​ផ្ទាល់ខ្លួន​ដោយ​គ្មានកូនៗនៅក្បែរ​ខ្លះ​ផង ព្រោះ… ជឿ​អ្នកគ្រូ ឆវី ចុះ​ថា នៅពេលដែល​លោកអ្នក​មិន​នៅ កូនៗនឹង​រស់នៅ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ៕

  • ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ: ការបង្កើន​ថវិកា​នៅ​ឆ្នាំ2019 ស្របទៅនឹង​កំណើនសេដ្ឋកិច្ច

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ: ការបង្កើន​ថវិកា​នៅ​ឆ្នាំ2019 ស្របទៅនឹង​កំណើនសេដ្ឋកិច្ច

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានការ​ពារ និង​ពន្យល់​ពី​ការបង្កើន​ថវិកា​នៅ​ឆ្នាំក្រោយ​ដែល​បាន​ស្នើឡើង​នោះ ដោយ​និយាយថា វា​ស្របទៅនឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស។ ការពន្យល់​នេះ​ត្រូវបាន​ធ្វើឡើង​នៅមុខ​អ្នកចូលរួម​មកពី​ព្រឹទ្ធសភារដ្ឋសភា និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត និង​ត្រូវបានសង្ខេប​អំពី​សេចក្តីព្រាង​ថវិកា​ឆ្នាំ2019 ក្នុងអំឡុងពេល​សិក្ខាសាលា​ស្តីពី​ការកសាង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ពង្រាងច្បាប់​ស្តីពី​ថវិកាជាតិ​ឆ្នាំ2019។

    ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ផលប៉ះពាល់​នៃ​សេដ្ឋកិច្ចពិភពលោក​មក​លើ​ប្រទេស​កម្ពុជា​ត្រូវបាន​សរសេរ​បញ្ចូល​ក្នុង​សេចក្តីព្រាង​នៃ​ថវិកា។ លោក​បាន​កត់សម្គាល់ថា សមិទ្ធផលពីមុនៗ រួមមាន​សន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ និង​សាមគ្គីភាព​ជាតិ ក៏ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ផងដែរ​នៅក្នុង​សេចក្តីព្រាង​នោះ។

    សូមបញ្ជាក់ថា កាលពី​ថ្ងៃទី26 ខែតុលា ទីស្តីការគណៈរដ្ឋមន្ត្រី​បានអនុម័ត​សេចក្តីព្រាង​ថវិកាជាតិ​ប្រមាណ 6.7 ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ2019 ពោលគឺ​កើនឡើង 11,4% លើស​ឆ្នាំ2018។ យោងតាម​សេចក្តីព្រាង​ថវិកា​ឆ្នាំ2019 នឹងមាន​ប្រហែល 6.7ពាន់​លាន​ដុល្លារ គឺ​កើនឡើង​ពី 6.09ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ។

    រដ្ឋបាល​ទូទៅ​ត្រូវបាន​គ្រោង​នឹង​ទទួលបាន605.29លាន​ដុល្លារ។ 1.1ពាន់​លាន​ដុល្លារ​សម្រាប់​ផ្នែក​សន្តិសុខ និង​ការពារ។ 1.78ពាន់​លាន​ដុល្លារ​សម្រាប់​សុខុមាលភាព​សង្គម។ 1.62ពាន់​លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច និង1.25ពាន់​លាន​ដុល្លារ គឺ​សម្រាប់​មូលនិធិ​សង្គ្រោះបន្ទាន់។

    ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ទទួលបាន​កញ្ចប់​ថវិកា​ខ្ពស់បំផុត​ចំនួន 899.67លាន​ដុល្លារ​បន្ទាប់មក​ក្រសួង​កិច្ចការ​សាធារណៈ​មាន​ទឹកប្រាក់​ចំនួន 735.7លាន​ដុល្លារ ក្រសួងការពារជាតិ​ចំនួន593.71លាន​ដុល្លារ ក្រសួងមហាផ្ទៃ​ចំនួន 454.88លាន​ដុល្លារ និង​ក្រសួងសុខាភិបាល​ចំនួន 447.4 លាន​ដុល្លារ។

    ថវិកា​នេះ​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​ដោយមាន​ទឹកប្រាក់ 6.03ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ធៀប​នឹង​ឆ្នាំ2017 ដែលមាន​ចំនួន 5.23ពាន់​លាន​ដុល្លារ។ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​មានការ​កើនឡើងក្នុង​អត្រា 7% ជា​រៀងរាល់ឆ្នាំ​ដោយ​វិស័យ​សំណង់ និង​វិស័យ​ទេសចរណ៍​រួមចំណែក​ច្រើន​បំផុត។

    កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ2019 នឹង​ស្ថិតក្នុង​រង្វង់ 7.1% ស្របពេល​ផលិតផល​ក្នុងស្រុក​សរុប(ផសស)របស់​ប្រទេស​កម្ពុជា​នឹង​កើន​ដល់​ប្រមាណ27,222លាន​ដុល្លា​អាមេរិក ហើយ​ប្រាក់ចំណូល​សម្រាប់​មនុស្ស​ម្នាក់​នឹង​កើនឡើង​ដល់ 1,706ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។ កំណើន​នេះ​ត្រូវបាន​ទ្រទ្រង់​ដោយ​ការលូតលាស់​នៃ​វិស័យសំខាន់ៗចំនួន3 រួមមាន វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម​ និង​វិស័យ​កសិកម្ម។ នេះ​បើ​យោងតាម​ឯកសារ​ស្តីពី​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ2019។

    នៅក្នុង​ឆ្នាំ2019ខាងមុខ វិស័យធំៗចំនួន3 នៅតែ​បន្ត​រក្សា​កំណើន​ល្អ ក្នុងនោះ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​នឹង​បន្ត​រក្សា​ភាពរឹងមាំ ដែល​នឹង​សម្រេចបាន​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់10% ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់។ វិស័យ​កាត់ដេរ​នឹង​បន្ត​រក្សា​កំណើន​ដូច​ឆ្នាំ​កន្លងទៅ ស្របគ្នា​នឹង​សម្ទុះ​កំណើន​ខ្ពស់​នៃ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ទាំង​សម្រាប់​នាំចេញ និង​បម្រើ​ក្នុង​ទីផ្សារ​ក្នុងស្រុក។ រីឯ​វិស័យ​កសិកម្ម​វិញ អាច​សម្រេចបាន​ក្នុង​កំណើន​រង្វង់ 1.8% ដែល​ទ្រទ្រង់​ដោយ​អនុវិស័យ​ដំណាំ និង​ជលផល ក្នុងនោះ​អនុវិស័យ​ដំណាំ​ត្រូវបាន​រំពឹងថា នឹងមាន​កំណើន​ប្រហែល​ឆ្នាំ​កន្លងទៅ គឺ​ដោយសារ​អំណោយផល​នៃ​កត្តា​អាកាសធាតុភាពល្អប្រសើរ​ឡើង​នៃ​ប្រព័ន្ធធារាសាស្ត្រ និង​កំណើន​ឡើង​នៃ​តម្លៃ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ការកើនឡើង​នៃ​ដំណាំ​កសិផល​ដែល​បម្រើឱ្យ​ការនាំចេញ​ដូចជា​កៅស៊ូ និង​ផ្លែ​ចេក​ជាដើម ចំណែក​ពាក់ព័ន្ធ​អនុវិស័យ​នេសាទ និង​អនុវិស័យ​ចិញ្ចឹមសត្វ​វិញ​ក៏​ត្រូវបាន​រំពឹងថា មាន​កំណើន​ល្អ​ឡើង​ដែរ។

    របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា វិស័យ​សេវាកម្ម​នៅ​កម្ពុជា​ក៏​ត្រូវបាន​រំពឹងថា នឹង​បន្ត​មាន​កំណើន​ប្រមាណ7% គាំទ្រ​ដោយ​កំណើន​នៃ​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ។ ចំណែក​វិស័យ​លក់ដុំ-រាយ​នឹង​រក្សា​កំណើន​បានល្អ​ដែល​គាំទ្រ​ដោយ​កំណើន​នៃ​ការប្រើប្រាស់​ក្នុងស្រុក​ដោយសារ​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន។ រីឯ​វិស័យ​អចលនទ្រព្យ​ក៏ត្រូវ​បាន​រំពឹងថា​នឹង​បន្ត​មាន​កំណើន​ខ្ពស់ ស្របតាម​និន្នាការ​នៃ​អនុវិស័យ​សំណង់​ដែរ ខណៈដែល​អនុវិស័យ​ដឹកជញ្ជូន​ក៏​ត្រូវបាន​រំពឹងថា នឹង​បន្ត​រក្សា​កំណើន​បាន​ដូចគ្នា។

    អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​ស្ថិតក្នុង​កម្រិត​គ្រប់គ្រង​បាន គឺ​ក្នុង​អត្រា3.1%នៅ​ឆ្នាំ2019 គឺ​ស្របតាម​កំណើន​រំពឹងទុក​នៃ​កំណើន​យឺត​នៃ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ និង​កំណើន​យឺត​ជាង​មុន​នៃ​តម្លៃ​ម្ហូបអាហារ។ ចំពោះ​អត្រា​ប្តូរប្រាក់​រៀល​វិញ គឺ​ស្ថិតក្នុង​រង្វង់ 4,050រៀល​ក្នុង1ដុល្លារ​នៅ​ឆ្នាំ2019។

    ចំណែក​ទុនបម្រុង​អន្តរជាតិ ត្រូវបាន​រដ្ឋាភិបាល​រំពឹងថា នឹង​បន្ត​កើន​ឡើងដល់​ប្រមាណ11,059លាន​ដុល្លារ​ដែល​ធានា​ការនាំចេញ​បាន5-6ខែ​នៅក្នុង​ឆ្នាំ2019ខាងមុខនេះ។ ទោះបី​យ៉ាងនេះ​ក្ដី កម្ពុជានឹងត្រូវ​បន្ដ​ប្រឈម​នឹង​ហានិភ័យ​ដែល​បណ្ដាលមកពី​កត្តា​ខាងក្រៅ និង​កត្តា​ខាងក្នុង​មួយចំនួន​ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ចរ​បស់​កម្ពុជា។

    អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបាន​បញ្ជាក់ថា ការកសាង​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2019 មាន​គោលដៅ​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការអនុវត្ត​អាទិភាព​គោលនយោបាយសំខាន់ៗ និង​វិធានការ​កែទម្រង់​ជាក់ស្តែង​នានា​ដែល​នឹងត្រូវ​ផ្តើម​អនុវត្ត​នៅក្នុង​ឆ្នាំ2019ខាងមុខ៕

  • ហូឡង់ រីករាយក្នុងការយកឈ្នះលើបារាំង ខណៈអាល្លឺម៉ង់ ធ្លាក់ចេញ

    ហូឡង់ រីករាយក្នុងការយកឈ្នះលើបារាំង ខណៈអាល្លឺម៉ង់ ធ្លាក់ចេញ

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហូ​ឡង់បាន​យកឈ្នះ​លើ​ក្រុម​​ជម្រើស​ជាតិ​បារាំងក្នុង​យុទ្ធ​នា​ការ UEFA Nations League ដើម្បី​បញ្ចប់​ការ​មិនស្គាល់​ចាញ់​របស់​ក្រុម​​ម្ចាស់​ជើង​ពិភព​លោក​មួយ​នេះ​ត្រឹម​ 15​ប្រកួត និង​​ទម្លាក់ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ កាល​ពី​ថ្ងៃ​​សុក្រ​។

    ខ្សែ​​បម្រើ GeorginioWijnaldum របស់​ក្លិប Liverpool បាន​ស៊ុត​បាល់​បញ្ចូល​​ទីនៅ​​ជិត​ប្រអប់​ទី ក្រោយពី​អ្នក​ចាំទី Hugo Lloris បាន​សង្គ្រោះ​បាល់​យ៉ាងល្អ​​​ពីការ​ស៊ុត​របស់​កីឡាករ Ryan Babel​​។ Lloris បាន​សង្គ្រោះ​បាល់​ជាច្រើន ដើម្បី​​ជួយ​ឱ្យ​ក្រុមខ្លួន​គេច​ផុត​ពីការ​រង​​បរា​ជ័យ ប៉ុន្តែគ្រាប់​បាល់​​ប៉េ​ណាល់​ទី​របស់​ខ្សែ​ប្រយុទ្ធ Memphis Depay នៅ​ជិត​បញ្ចប់​ការ​ប្រកួតបាន​​ផ្តល់​ជ័យជម្នះ​ដល់​ក្រុមរបស់ខ្លួន​តែម្តង​​។

    ការ​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ក្នុង​ប្រទេស​អាល្លឺ​ម៉ង់នៅថ្ងៃចន្ទខាងមុខនឹង​ធ្វើ​ឱ្យ​ពួក​គេ​បញ្ចប់​ដោយ​​ការ​ឈរ​លេខ​1 ក្នុង​ពូល​ ហើយការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​1 នេះនឹង​ជួយ​ឱ្យក្រុម​របស់​លោក Ronald Koeman ឈាន​ទៅ​ជុំផ្តាច់​ព្រ័ត្រ​នៃ Nations League នៅ​ខែមិថុនា ឆ្នាំ​ក្រោយ តាម​រយៈ​ការ​បញ្ចប់​ដោយ​ការ​ឈរ​​ពី​លើ​ក្រុម​បារាំងដែល​ត្រូវ​ការ​ត្រឹម​តែ​ 1​ពិន្ទុ​គត់​ក្នុង​​ទីក្រុង Rotterdam ដើម្បី​ដណ្តើម​បាន​លេខ​1​ក្នុង​ពូល​។

    ក្រុម​ជម្រើស​ជាតិ​បារាំងនៅ​តែ​អាច​បញ្ចប់​ដោយ​ការ​ឈរលេខ​1ក្នុង​ពូល ប្រសិន​បើ​​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែល​នឹង​ធ្លាក់​ទៅកាន់ League B នៃ​យុទ្ធ​នាការ Nations League ក្នុង​ឆ្នាំ​2020 ផ្តួលក្រុម​ជម្រើស​ជាតិ​ហូឡង់​។ ក្រោយពី​ការដ​ណ្តើម​បាន​ជ័យជម្នះ​ 2-០ របស់​ហូ​ឡង់​ បាន​​នាំ​​ឱ្យ​អាល្លឺ​ម៉ង់ ធ្លាក់ទៅលេងក្នុង​លីក​​លំ​ដាប់​ទី​2 លោក Joachim Loew ដែល​ជា​​គ្រូបង្វឹកបាន​និយាយ​ថា៖ «សម្រាប់​យើង លទ្ធផល​នេះ​ពិត​ជា​​រឿង​ដ៏គួរ​ឱ្យ​ឈឺ​ចាប់ ប៉ុន្តែយើង​ត្រូវ​តែ​ទទួល​យក​»​៕

    ប្រភព​ពី៖ Channel News Asia

  • ភ្នំពេញស្អាតផ្តើមចេញពីការចូលរួមរបស់យុវជន

    ភ្នំពេញស្អាតផ្តើមចេញពីការចូលរួមរបស់យុវជន

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានជម្រុញ​​ និងលើកទឹកចិត្តដល់ប្អូនៗយុវជន ចូលរួមអនុវត្ត និងផ្សព្វផ្សាយពីយុទ្ធនាការភ្នំពេញស្អាត ដល់ប្អូនៗដទៃទៀត ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងមុខមាត់ប្រទេសជាតិ។ ឯកឧត្តមបានផ្តាំផ្ញើរដល់ប្អូនៗយុវជនត្រូវខិតខំសិក្សារៀនសូត្រ និងធ្វើទង្វើរល្អៗដល់សង្គមជាតិ ដើម្បីក្លាយយុវជនគំរូសម្រាប់មនុស្សជំនាន់ក្រោយ​ ជោគជ័យក្នុងជីវិតរបស់ប្អូនៗ គឺជោគជ័យរបស់ប្រទេសជាតិផងដែរ។ នេះជាប្រសាសន៌របស់ឯកឧត្តម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងពីយុទ្ធនាការភ្នំពេញស្អាត នៅសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក នៅថ្ងៃទី14 វិច្ឆិកា 2018។

    លោកជំទាវ ទេព កុលាប ដែលជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាតបានមានប្រសាសន៍ថា សំរាម និងកាកសំណល់ផ្សេងៗ បង្ករឡើងដោយកត្តាជាច្រើនដូចជា ការប្រមូល និងទុកដាក់សំរាមនៅមានកំរិត ទម្លាប់របស់ប្រជាជនបោះចោលសំរាម ប្រជាជនទទួលបានការអប់រំពីផលប៉ះបាល់នៃកាកសំណល់តិចតួច កម្មវិធីអប់រំពីការគ្រប់គ្រងកាកសំណល់នៅគ្រឹះស្ថានអប់រំមិនសូវទូលំទូលាយ។

    លោកជំទាវបានបន្ថែមថា យុទ្ធនាការភ្នំពេញស្អាតបានចាប់ផ្តើមធ្វើឡើងក្នុងឆ្នាំ2017 ហើយនឹងបន្តធ្វើយុទ្ធនាការនេះរៀងរាល់ឆ្នាំ ក្នុងគោលបំណង​អប់រំ និងលើកទឹកចិត្តដល់ប្រជាជនក្នុងការចូលរួមសហការលើកកម្ពស់សោភណ្ឌភាពទីក្រុងតាមរយៈ ការមិនចោលសំរាមតាមទីសាធារណៈ ផ្សព្វផ្សាយដល់អ្នកនៅជុំវិញខ្លួន និងទុកដាក់កាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវ។

    លោកជំទាវបានបន្តទៀតថា យុទ្ធនាការនេះមានការចូលរួមយ៉ាងផុលផុល និងទទួលបានការគាំទ្រពីយុវជន បណ្តាក្រុមហ៊ុនឯកជន សាលារៀនរដ្ឋ-ឯកជន សាកលវិទ្យាល័យ សមាគម អង្គការជាតិ-​អន្តរជាតិ ព្រមទាំងស្ថាប័នរាជរដ្ឋាភិបាល។

    ក្នុងកម្មវិធីនេះមានការរៀបចំល្បែងលេងកម្សាន្តផ្សេងៗ និងការពិភាក្សាជាក្រុមលើប្រធានបទខុសៗគ្នា ពាក់ព័ន្ធនឹងទីក្រុងស្អាត។

    គូរបញ្ជាក់ថាពាក់ពន័្ធនឹងការងារបរិស្ថាន និងអនាម័យ សាលារៀនវ៉េស្ទឡាញន៍តែងតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តជាប្រចាំ ចាប់តាំងពីសាលារៀនបានបង្កើតឡើងក្នុងឆ្នាំ2008 ហើយសាលារៀននៅតែបន្តគាំទ្រយុទ្ធនាការ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាបរិស្ថាតសហគមន៍ឱ្យបានស្អាត ព្រមទាំង  កាត់បន្ថយការចោលសំរាមនៅតាមទីសាធារណៈ។

  • ស្ត្រី​ក្រោយពេល​ប្រសូត​បុត្រ​រួច តើ​រាងកាយ​នឹង​ប្រែប្រួល​យ៉ាងណាខ្លះ?

    ស្ត្រី​ក្រោយពេល​ប្រសូត​បុត្រ​រួច តើ​រាងកាយ​នឹង​ប្រែប្រួល​យ៉ាងណាខ្លះ?

    ស្ត្រី​ជាច្រើន​ក្រោយពេល​ប្រសូត​បុត្រ​រួច អាច​នឹង​មិនទាន់បាន​ដឹង​នៅឡើយ​ថា រាងកាយ​របស់ខ្លួន​នឹងត្រូវ​ប្រែប្រួល​យ៉ាងណាខ្លះ​នោះ។ ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ការតាំង​គភ៌​មាន​ផលប៉ះពាល់​ដល់​រាងកាយ និង​ផ្លូវចិត្ត​របស់​យើង​ខ្លាំង​ប៉ុនណា ដូច្នេះ​បើ​ខ្លួន​អ្នក​ក៏​ទើបតែ​ប្រសូត​បុត្រ​ហើយ​មិនយូរប៉ុន្មាន​នោះ ចូរ​ត្រៀមខ្លួន​ជួបនឹង​ភាព​ផ្លាស់ប្ដូរ​ប្រែប្រួល​ខាង​រាងកាយ​ដូចតទៅ :

    រងា​ញ័រញាក់
    អាការ​រងា​ញ័រញាក់​នឹង​កើតឡើងភ្លាមៗក្រោយពេល​ប្រសូត និង​អាច​នឹង​កើតឡើង​ក្នុងអំឡុងពេល​ឆ្លងកាត់​របស់​ការ​ប្រសូត​ក្នុងដំណាក់កាលផ្សេងៗ ដែល​ស្ត្រី​ខ្លះ​អាច​សង្កេតឃើញថាក្បាលជង្គង់​របស់ខ្លួន​ញ័រញាក់​យ៉ាងខ្លាំង​ក្រោយពេល​ប្រសូត​កូន​ដំបូង​ចេញមក និង​មាន​អារម្មណ៍​រងា​ញ័រញាក់​យ៉ាងខ្លាំង​ក្នុងអំឡុង​ដែល​គ្រូពេទ្យ​ប្រសូត​កំពុងធ្វើការ​ដេរ​ស្នាមរបួស​ឱ្យ… ដែល​វា​ទៅជា​យ៉ាងនេះ ក៏ព្រោះតែ​អ័រម៉ូន​ការតាំង​គភ៌ជា​អ័រម៉ូន​ដែល​ធ្វើការ​ប្រមូល​សន្សំ​ទឹក​នៅក្នុង​រាងកាយ​ ដើម្បី​ទុក​ជំនួស​ឱ្យ​ការបាត់បង់​ឈាម​ដែល​ធ្លាប់​យ៉ាងច្រើន​កាលពី​ពេលមុន នឹង​ថយចុះ​ទៅវិញ​យ៉ាង​ឆាប់រហ័ស ទើប​ធ្វើឱ្យ​អ្នក​ម្ដាយ​ថ្មោងថ្មី​កើត​អាការ​រងា​ញាក់។ ក្រោយ​ការ​ប្រសូត​ប្រមាណ​ជា2-3ថ្ងៃ ឬ​យ៉ាងយូរបំផុត​មិន​លើស6សប្ដាហ៍ អាការ​នេះ​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង។

    ចេញ​ញើស​ច្រើន
    នេះ​ជា​វិធី​ដែល​រាងកាយ​បណ្ដេញ​វត្ថុ​រាវ​ដែល​កើត​ពី​ការតាំង​គភ៌​ចេញពី​រាងកាយ ដែល​អាចមាន​វត្ថុ​រាវ​ហូរ​ចេញ​មកពី​សុដន់​របស់​អ្នក​ទៀតផង។ ក្រៅពីនេះ​នៅ​អាចមាន​អាការ​ឈាម​ហូរ​ចេញមក​ក្រោយ​ប្រសូត​តទៅទៀត​ប្រហែលជា 6សប្ដាហ៍។ ជា​ប្រក្រតី អាការ​លេច​នោម អាការ​ចេញ​ញើស​នៅពេល​កណ្ដាលយប់ និង​ការដែល​ត្រូវ​ងើប​មើលថែទាំ​កូនតូច​ដែល​តែងតែ​នោម​ញឹកញាប់​នោះ នឹងធ្វើ​ឱ្យ​អ្នក​ត្រូវ​ភ្ញាក់ឡើង​បែប​ខ្លួន​សើម​ជាប់​រហូត​ប្រមាណ​ជា2សប្ដាហ៍ ដូច្នេះ​ចូរ​ត្រៀម​ក្រណាត់​ការពារ​សើម​ពូក​ទុកជា​ស្រេច​ផង ឬ​ការប្រើ​កន្សែងពោះគោ​ច្រើន​បន្ទះ​ក្រាល​ពីលើ​ពូក​ក៏​អាចជួយ​អ្នក​បានដែរ។

    ការឈឺចាប់​ក្រោយពេល​ប្រសូត
    អាការ​ឈឺចាប់​ក្រោយ​ប្រសូត ច្រើនតែ​បណ្ដាលមកពី​ការ​បង្រួម​ខ្លួន​របស់​ស្បូន​ឱ្យ​ត្រឡប់​ទៅរក​ទំហំ​ដើម​វិញ ហើយ​អាការ​ឈឺចាប់​នឹង​រឹតតែ​ខ្លាំងក្លា​ឡើង​បើ​អ្នក​ធ្លាប់​ប្រសូត​បុត្រ​ច្រើនដង។ ក្រៅពីនេះ​អ្នក​អាចមាន​អារម្មណ៍​ឈឺ​យ៉ាងខ្លាំង​ខណៈពេល​បំបៅ​ដោះ​កូន ដែល​នេះ​រាប់​ថា​ជា​រឿង​ប្រក្រតី។ អាការ​ឈឺចាប់​បែបនេះ​នឹង​កើតឡើង​ប្រមាណ​ជា5-7ថ្ងៃ តែមាន​ស្ត្រី​ខ្លះ​ដែល​មានកូន​ច្រើន​នឹងមាន​អាការ​ឈឺចាប់​ក្រោយ​ប្រសូត​ពី​ការ​ប្រសូត​កូន​ទី​បី កូន​ទី​បួន ឬ​កូន​ទី​ប្រាំ​នឹងមាន​ការឈឺចាប់​ខ្លាំង​ជាង​ពេល​ឈឺពោះ​មុន​ប្រសូត​ទៅទៀត។ ដូច្នេះ​អ្នក​ម្ដាយ​ដែលមាន​កូន​ច្រើន​ទាំងឡាយ គួរតែ​ត្រៀមខ្លួន​ជួបនឹង​ការឈឺចាប់​បែបនេះ​ទុកជាមុន​ផង។

    លេច​នោម​ញឹកញាប់
    ស្ត្រី​ក្រោយពេល​ប្រសូត​ច្រើន​តែមាន​អាការ​លេច​នោម ឬ​ទឹកមូត្រ​ហៀរ​ប្រឡាក់​ខោ​ញឹកញាប់ជាពិសេស​បំផុត​ពេល​លោត ឬ​សូម្បីតែ​ពេល​ដើរ​ឡើងជណ្ដើរ​ក៏ដោយ។ មូលហេតុ​គឺ​បណ្ដាលមកពី​កម្លាំង​សង្កត់​របស់​សាច់ដុំ​ម្ដុំ​ត្រគាក​ក្នុងអំឡុងពេល​ពពោះ និង​ប្រសូត​បុត្រ​កើតមាន​ភាព​ទន់ជ្រាយ ធ្វើឱ្យ​រាងកាយ​ពិបាក​គ្រប់គ្រង​ប្លោកនោម។ តែ​សំណាងល្អ​ណាស់​ដែល​អាការ​បែបនេះ​នឹង​បាត់ទៅ​វិញ​ដោយ​ឯកឯង​ក្រោយពេល​ប្រសូត​រួច2-3សប្ដាហ៍។

    ស្នាម​សង្វារ​អាច​នឹង​នៅជាប់​ជា​និរន្តរ៍
    ក្នុងអំឡុងពេល​កំពុង​តាំង​គភ៌ ស្ត្រី​ជាច្រើន​នាក់​នឹង​សង្កេតឃើញថា មាន​ស្នាម​ប្រេះ​កើតឡើង​នៅលើ​ស្បែក​ក្បាលពោះ ត្រគាក សុដន់ និង​ភ្លៅ ហើយ​ទោះជា​ស្នាម​ប្រេះ​នៅលើ​ស្បែក​ទាំងនោះនឹង​មើលទៅ​ហាក់ដូចជា​រលុប​បាត់​ខ្លះ​ក្រោយពេល​ប្រសូត​បុត្រ​រួច​ក្ដី តែ​ស្នាម​ប្រេះ​ដែល​ហៅថា“សង្វារ‟ នេះ​នឹងមិន​រលុប​បាត់អស់​ឡើយ ដែល​បញ្ហា​នេះ​ធ្វើឱ្យ​ស្ត្រី​ភាគច្រើន​ទទួលយក​មិនសូវ​ជា​បាន​ប៉ុន្មាន​ឡើយ។ តែ​មិន​ថា អ្នកមាន​អារម្មណ៍​យ៉ាងម៉េច​ក៏ដោយ ក៏​គ្មាន​ផ្លូវ​ក្នុងការ​លុប​ស្នាម​សង្វារ​នេះ​ចេញ​បានដែរ។ វិធី​ដែល​ល្អ​បំផុត គឺ អ្នក​គួរតែ​ធ្វើ​ចិត្ត​ទទួលយក​វា​ឱ្យបាន និង​គិតថា​ស្នាម​សង្វារ​ទាំងនេះ គឺជា​ភាពជោគជ័យ​ម្យ៉ាង​នៃ​ភាពជា​ម្ដាយ​ទៅ​ចុះ៕

  • អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Stanford បង្ហាញ​វិធីសាស្ត្រ​​អប់រំ និង​តម្រង់ទិស​ដល់​កូន

    អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Stanford បង្ហាញ​វិធីសាស្ត្រ​​អប់រំ និង​តម្រង់ទិស​ដល់​កូន

    អ្នកនិពន្ធ​សៀវភៅ “វិធីសាស្ត្រ​លើកកម្ពស់​មនុស្សវ័យ​ជំទង់” និង​ជា​អតីត​អ្នកជំនាញ​អប់រំ​នៅ​សាកលវិទ្យាល័យ Stanford អ្នកស្រី Lythcott-Haims បាន​លើកឡើងថា មុន​ក្លាយជាមនុស្សពេញវ័យ​ កុមារចាំបាច់​ត្រូវមាន​ការបណ្តុះបណ្តាល និងយកចិត្តទុកដាក់​ឱ្យបាន​ខ្លាំង​ដើម្បី​ផ្តល់​មូលដ្ឋានគ្រឹះ​សម្រាប់​ការរស់នៅ​ដល់​ពួកគេ។

    កុមារ​អាច​ក្លាយជា​មនុស្ស​រឹងមាំ ឬ​ជា​មនុស្ស​ទន់ខ្សោយ​អាស្រ័យ​លើ​ការចូលរួម​មួយផ្នែកធំ​របស់​អាណាព្យាបាល ហេតុនេះ​លោកស្រី​បានផ្តល់​ដំបូន្មាន​មួយចំនួន​ដូចខាងក្រោម។

    1. អាណាព្យាបាល​ធ្វើជា​អ្នកផ្តល់សិទ្ធិ មិនមែន​ផ្តាច់ការ​នោះទេ
    តាម​ការស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​ចិត្តសាស្ត្រ បាន​រកឃើញថាអាណាព្យាបាល​ជាច្រើន​ប្រើប្រាស់​វិធីសាស្ត្រសំខាន់ៗចំនួន 3យ៉ាង​ដើម្បី​អប់រំ​កូន។ ទី1 គឺ​បណ្តែតបណ្តោយ ទី2 ប្រើ​អំណាច​ផ្តាច់ការ និង​ទី3 ផ្តល់​សិទ្ធិ​សម្រេច​ក្នុង​កម្រិត​មួយ​តែ​ស្ថិតក្រោម​ការគ្រប់គ្រង និង​តម្រង់ទិស។

    ជម្រើស 2ខាងដើម​ជា​ជម្រើស​មិនល្អ​ទាល់តែសោះ​សម្រាប់​ការអប់រំ​ក្មេង តែ​ភាគច្រើន​គេ​ឃើញថា អាណាព្យាបាល​ចូលចិត្ត​ប្រើ​វា ព្រោះ​មាន​អ្នកខ្លះ​រវល់​ខ្លាំង​ក៏​បណ្តោយ​ក្មេង​ឱ្យ​រស់នៅ​តាមបែប​បណ្តែត​បណ្តោយ ខណៈ​អ្នក​ខ្លះទៀត​ប្រើ​សិទ្ធិ​ច្រើនជ្រុល​រហូត​ធ្វើឱ្យ​ក្មេង​ក្លាយជា​មនុស្ស​មិនល្អ ឬ​បាក់ស្បាត​ជាដើម។ ចំពោះ​វិធីសាស្ត្រ​ទី3 ជា​វិធី​ល្អ​ដែល​អាចជួយ​ក្មេង​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​ដោយ​មិនបាច់​បង្ខំ។ អាណាព្យាបាល​ដែល​ប្រើ​វិធីសាស្ត្រ​ទី3 បានផ្តល់​ក្តី​ស្រឡាញ់ និង​សិទ្ធិ​មួយចំនួន​ក្នុងការ​សម្រេចលើ​វាសនា​របស់កូនៗ តែ​ពួកគាត់​នៅតែ​ប្រើ​វិធីសាស្ត្រ​ណែនាំ និង​កំណត់​លក្ខខណ្ឌ​ដើម្បី​ធានាកូនៗរបស់គាត់​មាន​សមត្ថភាព​ខ្ពស់​នៅ​ថ្ងៃ​អនាគត។

    2. កុំ​ធ្វើឱ្យ​កូន​មាន​សម្ពាធ​ជាមួយ​កិច្ចការ​ផ្ទះ
    អាណាព្យាបាល​ជាច្រើន​តែងតែ​ជំរុញ​កូន​ដោយ​ដាក់​កំហិត​ឱ្យធ្វើ​កិច្ចការ​ផ្ទះ​ឱ្យ​ហើយ​ជាមុនសិនមុននឹង​ជូនទៅ​ដើរ​កម្សាន្ត ឬ​សម្រាក តែ​ចំណុច​ទាំងអស់នេះ​អាច​ជះឥទ្ធិពល​អាក្រក់​លើ​ក្មេង​ប្រសិនបើ​គេ​មិនសូវមាន​សមត្ថភាព ឬ​ចាប់​មិនបាន​នូវ​អ្វីដែល​គ្រូបង្រៀន​ទាំងស្រុង​នៅ​សាលា។ កិច្ចការ​ផ្ទះ​អាច​ក្លាយជា​សម្ពាធ ហើយ​ធ្វើឱ្យ​កូន​ក្លាយជា​មនុស្ស​ស្អប់​ការសិក្សា និង​ជំរុញ​ឱ្យ​ពួកគេ​កាន់តែ​ស្ថិតក្នុង​ស្ថានភាព​អាក្រក់ទៅៗរហូត​លែង​ចង់​រៀន​ក៏មានដែរ។

    អាណាព្យាបាល​ខ្លះ​បន្ទោស និង​ដាក់បន្ទុក​ទាំងស្រុង​លើ​កូន​នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​សាលា​មិនទាន់ ឬ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​កៀក​ថ្ងៃ​កំណត់​ជាដើម​ដែល​ធ្វើឱ្យកូនៗមាន​សម្ពាធ​ខ្លាំង។ អាណាព្យាបាល​ដែលមាន​ការយល់ដឹង​ខ្ពស់​ពី​វិធីសាស្ត្រ​ក្នុងការ​ធ្វើជា​អាណាព្យាបាល​ល្អ គេ​តែងតែ​ប្រើប្រាស់​ឱកាស​ទាំងអស់នេះ​ដើម្បី​ជួយ​ពន្យល់​កូន​បន្ថែម​នៅផ្ទះ ហើយ​នាំ​ពួកគេ​ឱ្យមាន​អារម្មណ៍​ថា​ការធ្វើ​កិច្ចការ​ផ្ទះ​ជា​ពេល​ល្អ​ដែល​ឪពុកម្តាយ​បាន​យកចិត្តទុកដាក់ ហើយ​មាន​មនុស្ស​ស្និទ្ធស្នាល​ជួយ​ពន្យល់​លើ​ចំណុច​ដែល​មិន​ច្បាស់​ពីសា​លា។ ចំណុច​ទាំងអស់នេះ​អាចធ្វើឱ្យ​ពួកគេ​កាន់​តែមាន​អារម្មណ៍​ថា ស្និទ្ធស្នាលមាន​របៀប និង​កាន់តែ​មើលឃើញ​ពី​ភាព​ទទួលខុសត្រូវ​រប​ស់​អាណាព្យាបាល។

    3. ជំរុញ​កូន​ឱ្យ​សាកល្បង​ធ្វើការ​ងារ​ណា​ដែលមាន​ហានិភ័យ
    ជាទូទៅ​រាល់​ការអភិវឌ្ឍ​អ្វី​ទាំងអស់​ក្នុងការ​រស់នៅ ចាំបាច់​ត្រូវ​ឆ្លងកាត់​រឿង​ខ្លះ​ដែលជា​រឿង​ប្រថុយប្រថាន ឬ​រឿង​ដែលមាន​ហានិភ័យ។ មនុស្ស​អភិវឌ្ឍន៍​ចាំបាច់​ត្រូវ​ហ៊ាន​សម្រេចចិត្ត​ខ្ពស់ ក្នុងការ​ចាកចេញ​ពី​តំបន់​សុវត្ថិភាព (comfort zone) ដើម្បី​សាកល្បង​អ្វីដែល​ថ្មី និង​ដោយ​ឯករាជ្យ។

    ចំពោះក្មេងៗ តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ដោយសារតែ​ពួកគេ​មិន​ត្រូវបាន​បណ្តុះបណ្តាល​ទ​ម្លា​ប់​ក្នុងការ​សម្រេចចិត្ត ហេតុនេះ​ពួកគេ​អាច​ចាប់ផ្តើម​សាកល្បង​រឿងរ៉ាវ​ដែលមាន​ហានិភ័យ​នៅ​អាយុ 18ឆ្នាំ តែ​អ្វីដែល​គេ​ជួបប្រទះ​នេះ វា​អាចធ្វើឱ្យ​ពួកគេ​បាក់ស្បាត និង​មិន​អាចធ្វើ​អ្វី​កើត​បើ​គ្មាន​អាណាព្យាបាល។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាណាព្យាបាល​គួរ​សាកល្បង​បង្រៀន​ពួកគេ​ឱ្យធ្វើ​ការងារ​ទាំងឡាយណា​ដែល​គេ​មិន​ធ្លាប់ធ្វើ ហើយ​បង្កើន​ភាព​វៃឆ្លាត​ដល់​ពួកគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​ពីតូចៗ ហេតុនេះ​នៅពេល​ពួកគេ​ធំ​ឡើង គេ​អាចមាន​សេចក្តីក្លាហាន​ក្នុងការ​ធ្វើ​រឿងរ៉ាវ​ជាច្រើន​ក្នុង​ផ្លូវ​វិជ្ជមាន។

    4. អភិវឌ្ឍកូនៗឱ្យ​ចេះ​ធ្វើដំណើរ និង​ទំនាក់ទំនង​ល្អ​ក្នុងសង្គម
    ក្មេងៗជាច្រើន​អាចមាន​ការភ័យខ្លាច ហើយ​មិនអាច​ធ្វើ​ការងារ​បានល្អ​ប្រសិនបើ​ពួកគេ​នៅ​ឆ្ងាយ​ពី​មនុស្ស​ដែល​គេ​ធ្លាប់​ស្គាល់ ឬ​ទៅ​ឆ្ងាយ​ពី​តំបន់​ដែល​គេ​រស់នៅ ហេតុនេះ​អាណាព្យាបាល​គួរ​សាកល្បង​បណ្តុះបណ្តាល​កូន​នូវ​វិធីសាស្ត្រងាយៗដើម្បី​ជួយ​ពួកគេ​ឱ្យ​កាន់​តែមាន​ភាពក្លាហាន​ឡើង។

    ចំណុច​ដែល​អាណាព្យាបាល​អាចធ្វើ​បាន គឺអាច​នាំ​កូន​ទៅកាន់​កន្លែង​នានា​ឱ្យបាន​ច្រើន ដើម្បីឱ្យ​ពួកគេ​ស្គាល់​បរិស្ថាន​ឱ្យបាន​ច្រើន​ប្រភេទ និង​បង្រៀន​ពួកគេ​នូវ​មេរៀន​នានា​ដើម្បី​ឱ្យជួយ​ពួកគេ ដូចជា​វិធីសាស្ត្រ​ក្នុងការ​កំណត់ចំណាំ​ពី​សញ្ញា​ចរាចរណ៍វិធីសាស្ត្រ​ប្រើប្រាស់ Mobile Apps ដើម្បី​ស្វែងរក​ផ្លូវ​នានា​ក្នុង​តំបន់ និង​វិធីសាស្ត្រ​ទំនាក់ទំនងងាយៗជាដើម។ នៅពេល​ពួកគេ​ស្គាល់​បរិស្ថាន​ច្រើន​ប្រភេទគេ​អាច​នឹង​ក្លាយជា​មនុស្ស​មាន​ទំនុកចិត្ត​ជាង​អ្នកដទៃ នៅ​ថ្ងៃ​ខាងមុខ៕

  • ក្រុម​យុវវិស្វករ​ខ្មែរ​ច្នៃ​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​សំរាម

    ក្រុម​យុវវិស្វករ​ខ្មែរ​ច្នៃ​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​សំរាម

    សំរាម​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​ដែល​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​កម្ពុជាដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហេតុនេះ​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ អាច​ក្លាយជា​ចំណុច​ទាក់ទាញ​យ៉ាងសំខាន់​ដើម្បី​ធ្វើឱ្យ​ប្រទេស​ដែលមាន​សក្តានុពល​មួយ​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ​សម្រាប់​ការធ្វើដំណើរ​កម្សាន្ត និង​ការធ្វើ​អាជីវកម្ម។

    ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​សំរាម​នៅ​កម្ពុជា ក្រុម​អ្នកជំនាញ​វិស្វកម្ម និងពាណិជ្ជកម្ម​មួយក្រុម​បានចាប់ផ្តើម​ប្រើប្រាស់​ចំណេះដឹង​របស់ខ្លួន​ដើម្បី​បង្កើតជា​ផលិតផលបច្ចេកវិទ្យា​ទំនើប​សម្រាប់​គ្រប់គ្រង​សំរាម ដែលមាន​ឈ្មោះថា ធុងសំរាម​ឆ្លាត​វៃ ឬ SmartBin Cambodia។ កញ្ញា គឹម ច័ន្ទ​អម្រឹត​វ​ត្តី សហ​ស្ថាបនិក SmartBin Cambodia បាន​លើកឡើងថា ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ មាន​សំរាម​រហូតដល់​ទៅ 1,200តោន​ក្នុង​មួយថ្ងៃ ហើយ​បើតាម​ការប៉ាន់ស្មាន នៅ​ឆ្នាំ2030 សំរាម​នៅ​កម្ពុជា​អាច​នឹង​កើនឡើង​ដល់ 3,000តោន​ក្នុង​មួយថ្ងៃ ហេតុនេះ​ការគ្រប់គ្រង​សំរាម គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​ត្រូវតែ​គិតគូរ ព្រោះ​បើ​យើង​គ្រប់គ្រង​មិនល្អ វា​នឹង​ធ្វើឱ្យ​ទីក្រុង​ដ៏​ស្រស់ស្អាត​ទាំងមូល​បាត់បង់​សោភណភាព។ ជាក់ស្តែង កត្តា​ប្រឈម​នាពេល​បច្ចុប្បន្ន​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​កើតមានឡើង​ដោយសារតែ​ការគ្រប់គ្រង​សំរាម​នៅមានកម្រិត ព្រោះ​តំបន់​ខ្លះ​មាន​សំរាម​ច្រើន​រហូតដល់​ហៀរ​ក្រៅ​ធុង ហើយ​កន្លែង​ខ្លះទៀត មាន​សំរាម​ច្រើនតែ​គ្មាន​ធុងសំរាម​ទៅវិញ។ កត្តា​ទាំងអស់នេះ​កើតឡើង​ដោយសារតែ​បញ្ហា​ប្រជាជន​ដែល​មិនទាន់​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម និង​ខ្វះ​ការ​ចិត្ត​ទុកដាក់​ក្នុងការ​បែងចែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​មិនទាន់មាន​គោលនយោបាយ​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ចេះ​បែងចែក​សំរាម។ កញ្ញា គឹម ច័ន្ទ​អម្រឹត​វ​ត្តី បាន​និយាយថា៖ “ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ ក្រុម​របស់ខ្ញុំ​បាន​បង្កើត​ធុងសំរាម​ឆ្លាត​វៃ ដើម្បី​ជួយ​ឱ្យ​ប្រជាជន​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​សំរាម និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​គិតគូរ​ពី​បញ្ហា​នេះ​ឱ្យបាន​កាន់តែ​ច្រើនឡើង​នៅក្នុង​សង្គម”។

    ក្រុមស្ថាបនិក SmartBin Cambodia

    កញ្ញា គឹម ច័ន្ទ​អម្រឹត​វ​ត្តី បានលើកឡើង​ផងដែរ​ថាតាមរយៈ​ធុងសំរាម​ឆ្លាត​វៃ​នេះ គ្រប់​ទីកន្លែង​នៅក្នុង​ទីក្រុង​អាច​នឹងមាន​ស្ថាន​ភាពល្អ​ប្រសើរឡើង ព្រោះ​វា​ជា​ឧបករណ៍​ដែល​រួមបញ្ចូល​គ្នា​រវាង​គំនិត​បច្ចេកវិទ្យា និង​គំនិត​បរិស្ថាន។ ធុងសំរាម​នេះ​ត្រូវបាន​កែច្នៃ និង​គិតគូរ​យ៉ាង​ល្អិតល្អន់​ពី​គំនិត​នានា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កាន់តែ​ងាយស្រួល​ក្នុងការ​ទុកដាក់​សំរាម កាត់បន្ថយ​ភាព​ខ្ជះខ្ជាយ​លើ​ការគ្រប់គ្រង​សំរាម និង​ងាយស្រួល​កែច្នៃ​ឡើងវិញ​នូវ​របស់របរ​ដែល​យើង​ប្រើប្រាស់​រួច។ វា​អាចធ្វើឱ្យ​មនុស្ស​កាន់តែ​យល់ដឹង​ពី​តម្លៃ​នៃ​ការថែរក្សា​បរិស្ថាន ហើយ​លើកស្ទួយ​ដល់​មុខមាត់​សង្គម​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​មនុស្សម្នាក់ៗចាប់ផ្តើម​ចេះ​គ្រប់គ្រង​សំរាម​ទៅតាម​ប្រភេទ​យ៉ាងច្បាស់​លាស់​ជា​រៀងរាល់ថ្ងៃ។

    លោក ជិម មិនា ជា​វិស្វករ​អេឡិចត្រូនិក និង​ជា​សហ​ស្ថាបនិក SmartBin Cambodia បាន​លើកឡើងថា ធុងសំរាម​ឆ្លាត​វៃ​នេះ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដែលមាន​មុខងារសំខាន់ៗ ដូចជា​មុខងារ​គ្រប់គ្រង​បរិមាណ​សំរាម​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ព្រោះ​វា​អាច​ផ្តល់​ទិន្នន័យ​ដល់​អ្នកគ្រប់គ្រង​សំរាម​ច្បាស់លាស់ ដែល​ធ្វើឱ្យ​អ្នកធ្វើការងារ​ប្រមូល​សំរាម​អាច​ដឹង​ច្បាស់​ថា ធុង​ណា​ពេញ ហើយ​ធុង​ណា​ជិត​ពេញ។ លើសពីនេះទៅទៀត ធុងសំរាម​ឆ្លាត​វៃ​ក៏មាន​ប្រព័ន្ធ​សម្រាប់​សន្សំ​ពិន្ទុ ដើម្បី​ប្តូរ​មកវិញ​ជា​វត្ថុ​អនុស្សាវរីយ៍ និង​ការ​បញ្ចុះតម្លៃ​ពី​ហាង​ជា​ដៃគូ​ជាច្រើន​របស់ Smart Bin។ ប្រព័ន្ធ​នេះ​ត្រូវបាន​គ្រប់គ្រង​តាមរយៈ SmartPhone មានន័យថា ប្រជាជន​កម្ពុជា​គ្រាន់តែ​ទាញយក​កម្មវិធី Smart Bin នៅក្នុង​ទូរស័ព្ទដៃ បន្ទាប់មក​បង្កើត​គណ​នី​ផ្ទាល់ខ្លួន​ដើម្បី​សន្សំ​ពិន្ទុ​ពី​ការ​បោះចោល​សំរាម។

    លោក ជិម មិនា បាន​និយាយថា៖ “វិធី​ទទួលបាន​ពិន្ទុ​ងាយ​បំផុត គឺ​អ្នក​ទាំងអស់គ្នា​គ្រាន់តែ​បោះចោល​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​ដូចជា សំបក​កំប៉ុង​ភេសជ្ជៈ​ដែក កំប៉ុង​ជ័រ ឬ​ដប​កែវ និង​ប្រភេទ​សំរាមផ្សេងៗទៀត បន្ទាប់មក​យើង​គ្រាន់តែ​ស្គែ​ន QR Code នៅលើ​ធុងសំរាម​ដើម្បី​ទទួលយក​ពិន្ទុ​ជាការ​ស្រេច”។

    អ្នកជំនាញ​ខាងលើ​បានលើកឡើង​ផងដែរ​ថា វិធី​ម្យ៉ាងទៀត​ប្រសិនបើ​យើង​ភ្លេច​យក​ទូរស័ព្ទដៃ​តាម​ខ្លួន ក៏​យើង​អាចមាន​លេខ​កូដ​ផ្ទាល់ខ្លួន​ដើម្បី​បញ្ចូល​ទៅលើ​ធុងសំរាម​នោះ​សម្រាប់​ទាញយក​
    រង្វាន់​នៅពេល​យើង​បោះចោល​សំរាម​បាន​ផងដែរ។ នៅពេល​មនុស្ស​គ្រប់គ្នា​អាច​ទទួលបាន​ពិន្ទុ ហេតុនេះគាត់​អាច​នឹង​រីករាយ​ក្នុងការ​រើស​សំរាមផ្សេងៗដែល​រាយប៉ាយ​នៅ​ទីសាធារណៈ​ដើម្បី​ទទួលបាន​ពិន្ទុហើយ​ទម្លាប់​នេះ​អាច​នឹង​ធ្វើឱ្យ​សង្គម​កាន់តែ​ប្រសើរឡើង។ លើសពីនេះទៅទៀត វា​ក៏​ជា​ឧបករណ៍​ម្យ៉ាង​ដែល​អាចជួយ​ឱ្យ​សង្គម​ទាំងមូល​កាត់បន្ថយ​ចំណាយនិង​រយៈពេល​ក្នុងការ​គ្រប់គ្រង​សំរាម។ ក្រៅពីនេះ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ការកែច្នៃ​សំរាម​សម្រាប់​ប្រើ​ឡើងវិញ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​សំរាម​ក្នុង​ទីលាន​ចាក់សំរាម​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ និង​ឈានទៅដល់​ការកាត់បន្ថយ​ហានិភ័យ​លើ​សុខភាព​របស់​មនុ​ស្សបាន​យ៉ាង​ល្អប្រសើរ។

    ក្រុមស្ថាបនិក​ SmartBin Cambodia ទទួលប័ណ្ណសរសើរ

    គម្រោង SmartBin Cambodia នេះ ជា​គម្រោង​បង្កើតឡើង​ដោយ​កូន​ខ្មែរ ដែល​ទទួលបាន​ជយលាភី​លេខ1 ក្នុង​កម្មវិធី Techno Innovation Challenge ជាប់​ជយលាភី​លេខ2 ក្នុង​កម្មវិធី French Cambodia Research day និង​ទទួលបាន​ជយលាភី​លេខ3 ក្នុង​កម្មវិធី Youth Eco Labs។ SmartBin បច្ចុប្បន្ននេះ​ជា​ក្រុម​នាំមុខគេ​មួយ​ក្នុងចំណោម​ក្រុម 3 ចុងក្រោយ​បំផុត​នៃ​កម្មវិធី Toyota Impact Challenge ដែល​នឹងធ្វើ​បទ​បង្ហាញ​ចុង​វគ្គ​ផ្តាច់​ព្រ័​ត្រនៅ​ថ្ងៃទី19 ខែមករា ឆ្នាំ2019 ខាងមុខនេះ៕

  • ហេតុអ្វី​បាន​រលូត​បុត្រ?

    ហេតុអ្វី​បាន​រលូត​បុត្រ?

    អនាគត​អ្នក​ម្ដាយ​ជាច្រើន​តែងតែមាន​ក្ដី​វិតក្ក​កង្វល់​អំពី​សុវត្ថិភាព​របស់​កូន​នៅក្នុង​ផ្ទៃ រួមទាំង​ការ​ភ័យ​បារម្ភ​ថា នឹង​កើតការ​រលូត ដែលជា​ញឹកញាប់​ការព្រួយបារម្ភ​លើ​រឿង​ទាំងនេះ​នឹងធ្វើ​ឱ្យ​កើត​ភាព​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍​ដោយ​មិនដឹង​ខ្លួន ដែល​ការពិតទៅ អត្រា​ការ​រលូត​បុត្រ​ត្រូវបាន​ជួបប្រទះ​មាន​ត្រឹមតែ10%នៃ​ការតាំង​គភ៌​ប៉ុណ្ណោះ ដោយ​មូលហេតុ​របស់​ការ​រលូត​បុត្រ​នេះ​មាន​ច្រើនយ៉ាង​ណាស់ តែ​ទាំងអស់នោះ យើង​អាច​គ្រប់គ្រង និង​ការពារ​ការ​រលូត​បុត្រ​បាន។

    បច្ច័យ​ប្រថុយប្រថាន​ដែល​ធ្វើឱ្យ​កើតការ​រលូត​បុត្រ មានដូចជា :
    * ធ្លាប់មាន​ប្រវត្តិ​ដាក់​កង​អនាម័យ​ពន្យារកំណើត​ដែលមាន​សភាវ​ជ្រៀតជ្រែក​ពី​ជំងឺ។
    * ធ្លាប់​រលូត​បុត្រ​ច្រើនដង​រួចមកហើយ។
    * មាន​ក្ដី​ខកបំណង អស់សង្ឃឹម សោកសៅ​យ៉ាងធ្ងន់ធ្ងរ​ពី​បញ្ហា​ការងារ ឬ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន។
    * បានទទួល​រងគ្រោះថ្នាក់ ឬ​ឧប្បត្តិហេតុ​ដោយផ្ទាល់ និង​រង​ការបោក​ប៉ះ​រាងកាយ​យ៉ាងខ្លាំង​ក្លា។
    * ធ្វើការ​ធ្ងន់ ការលើក​របស់របរធ្ងន់ៗ ឬ​ការលេង​កីឡា​ដែល​ត្រូវ​ប្រើ​កម្លាំងកាយខ្លាំងៗ រួមទាំង​កា​រព​ក្មេង​ក៏​អាច​នឹង​ហុច​ផលប៉ះពាល់​ដូចគ្នា​ដែរ។
    * មាន​ភេទ​សម្ព័ន្ធ​ក្នុងអំឡុងពេល​តាំង​គភ៌ ជាពិសេស​ជាមួយ​ស្ត្រី​មានគភ៌​ដែលមាន​ប្រវត្តិ​ធ្លាប់​រលូត​បុត្រ​ញឹកញាប់។

    អា​ការដែល​បង្ហាញថា កើត​សភាវ​រលូត​បុត្រ
    * មាន​អា​ការឈឺ​នៅត្រង់​ថ្ងាស​ខាងក្រោម(ក្រោម​ផ្ចិត) មាន​ឈាមស្រស់ៗចេញមក​តាម​រន្ធ​ស្បូន។ ទោះជា​ហូរ​ចេញមក​តិច ឬ​ច្រើន​ក៏ដោយ ក៏​ត្រូវតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ដែរ។
    * មាន​អា​ការឈឺ​នៅត្រង់​ថ្ងាស​ខាងក្រោម(ក្រោម​ផ្ចិត)យ៉ាងខ្លាំង ឬ​ឈឺជាប់ៗគ្នាច្រើន​ថ្ងៃ។
    * មាន​ឈាម​ហូរ​ចេញមក​តាម​រន្ធ​ស្បូន​ដូច​មាន​វដ្ត​រដូវ​ប្រចាំ​ខែ ឬ​មាន​ឈាម​ហូរ​ចេញមក​តិចតួចជាប់ៗគ្នា​យូរ​លើសពី3ថ្ងៃ។
    * មាន​វត្ថុ​រាវ ខាប់​ធ្លាក់​ចេញមក​តាម​រន្ធ​ស្បូន​ជា​ដុំ​ឈាម ឬ​ដុំ​សាច់​ពណ៌​ផ្កាឈូក នេះ​បង្ហាញថា ចាប់ផ្ដើម​មាន​អាការ​រលូត​បុត្រ​ហើយ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្ចប់​វត្ថុ​រាវ ខាប់​ដែល​ហូរ​ចេញមក​នោះ​ទៅជា​មួយ​ផង​ជាបន្ទាន់ ព្រោះ​ជួនកាល​ដុំខាប់ៗទាំងនោះ​អាចជា​ផ្នែក​មួយ​នៃ​តួ​កំណើត​ដែល​ត្រូវបាន​រលូត​ចេញមក។

    ការមើល​ថែទាំ និង​ការពារ​ ដើម្បី​មិនឱ្យ​កើតការ​រលូត​បុត្រ
    * បើសិន​ធ្លាប់មាន​ប្រវត្តិ ឬ​មាន​បច្ច័យ​ប្រថុយប្រថាន​ណាមួយ​ដែល​អាច​នឹងធ្វើ​ឱ្យ​កើត​អាការ​រលូត​បុត្រ​បាន​នោះ គួរ​ប្រាប់​ទៅ​គ្រូពេទ្យ​តាំងពី​ពេល​ទៅពិនិត្យ​គភ៌​លើកដំបូង ដើម្បីឱ្យ​គ្រូពេទ្យ​ជួយ​មើលថែទាំ​យ៉ាង​ដិតដល់។
    * ព្យាយាម​កុំ​មាន​អារម្មណ៍​ធុញថប់ មួម៉ៅ ឬ​តានតឹង។ ត្រូវ​រក​វិធី​បន្ធូរ​អារម្មណ៍​ធុញថប់​ទាំងនោះ​យ៉ាង​សមរម្យ ដូចជា​ ការស្ដា​ប់ប​ទច​ម្រៀ​ង​បែបសប្បាយៗ ការធ្វើ​ម៉ាស្សា​បន្ធូរ​អារម្មណ៍ រួមទាំង​ការ​គេង​លក់​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ផងដែរ។
    * បើ​ត្រូវ​ជួបនឹង​បញ្ហាផ្សេងៗ ទាំងពី​កន្លែងធ្វើការ ឬ​នៅ​ក្នុងផ្ទះ គួរតែ​រក​ពេលវេលា​សម្រាក ឬ​បន្ធូរ​អារម្មណ៍​ឱ្យបាន​ច្រើន ដោយ​អាច​នឹង​ផ្អាក​នឹក​ដល់​បញ្ហា​ទាំងអស់នោះ​សិន…​ ក្រោយពី​បាត់ លែងមាន​អារម្មណ៍​ធុញថប់​តានតឹង​ហើយសឹម​ងាក​មក​ចាត់ការ​បញ្ហា​នោះ​ជាថ្មី ឬក៏​ប្រឹក្សាជាមួយ​មនុស្ស​ជិតដិត​ណា​ម្នាក់​ ដើម្បី​សុំ​ការណែនាំ​ផ្ដល់យោបល់ ឬ​ជួយ​កែ​បញ្ហា​ឱ្យ​អ្នក​ក៏បាន​ដែរ។
    * ញ៉ាំ​អាហារ​ដែលមាន​ប្រយោជន៍​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ឱ្យមាន​កម្លាំង​ថាមពល និង​បានទទួល​សារជាតិ​អាហារ​ដែល​គ្រប់គ្រាន់​សម្រាប់​ការរីកចម្រើន​ធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ។
    * គេច​ចៀស​ពី​បញ្ហា​ម្ដងម្កាល កុំ​លង់​ងប់​ង​ល់​នៅតែ​ជាមួយ​បញ្ហា ដូចជា ​ធ្វើការ​ទម្លាយ​អារម្មណ៍​ធុញថប់​តានតឹង ឬ​ស្ត្រេ​ស​ដោយ​ការជជែក​និយាយ​ជាមួយ​មិត្ត​ភក្តិ ឬ​ស្វាមី​អំពី​បញ្ហាផ្សេងៗជាដើម ព្រោះ​ការធ្វើ​បែបនេះ​ក៏​អាច​នឹង​ជួយ​ឱ្យ​អ្នកបាន​ទម្លាយ និង​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ រួមទាំង​អាច​នឹង​ជួយ​គ្នា​ដោះស្រាយ កែ​បញ្ហា​ទាំង​នោះបាន​ផងដែរ។
    * មិនគួរ​ព ឬ​បី​ក្មេង​ខណៈ​ខ្លួនឯង​កំពុង​តាំង​គភ៌​នោះទេ ព្រោះ​ក្រៅពី​មាន​គ្រោះថ្នាក់​ដល់​ទារក​នៅក្នុង​គភ៌​ហើយ នៅមាន​ផលប៉ះពាល់​ដល់​ឆ្អឹង​កង​ខ្នង​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង​ទៀតផង។
    * ទៅពិនិត្យ​គភ៌​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​យ៉ាង​ទៀងទាត់ និង​ម៉ឺងម៉ាត់៕

  • នៅពេល​ខ្ញុំ​តាំង​គភ៌​ចូលដល់​ខែ​ទី7

    នៅពេល​ខ្ញុំ​តាំង​គភ៌​ចូលដល់​ខែ​ទី7

    ក្នុងអំឡុង​ខែ​ទី7នេះ ទម្ងន់​ខ្លួន​របស់​ទារក​ក្នុង​គភ៌​នឹងមាន​ប្រមាណ1,200ក្រាម សភាវ​ចម្រើន​ធំធាត់​របស់​ទារក​ក្នុង​គភ៌​ចាប់ផ្ដើម​មាន​ខ្លាញ់​នៅក្រោម​ស្រទាប់​ស្បែក​ហើយ។ ទារក​នៅក្នុង​គភ៌​ចាប់ផ្ដើម​ចេះ​ជញ្ជក់​ម្រាមដៃ​ខ្លួនឯង ចេះ​យំ ដឹង​រសជាតិ​ប្រៃ ជូរ ផ្អែម ហើយ​ថែមទាំង​ទទួលយក​ការជំរុញផ្សេងៗបាន​យ៉ាង​ល្អ ជាពិសេស​ការឈឺចាប់ និង​ពន្លឺភ្លឺៗ ដែល​បើសិនជា​ស្ត្រី​មានគភ៌​ចាំបាច់​ត្រូវ​ប្រសូត​នៅក្នុង​ខែ​នេះ(ប្រសូត​មុន​កំណត់) ឱកាស​ដែល​ទារក​នឹង​រស់រានមានជីវិត​នឹងមាន​អត្រា​ខ្ពស់។

    ក្នុង​ខែ​ទី7 នៃ​ការតាំង​គភ៌​នឹងមាន​ការប្រែប្រួលផ្សេងៗដែល​អនាគត​អ្នក​ម្ដាយ​អាចមាន​អារម្មណ៍​ដឹងបាន​ដូចតទៅ:
    * ទារក​រើបម្រះ​កាន់តែខ្លាំង​ឡើង និង​ជាប់លាប់​ជាង​មុន​ច្រើន។
    * មាន​ធ្លាក់-ស​ច្រើនឡើង។
    * មាន​អារម្មណ៍​ថា​ឈឺ​រាង​ធ្ងន់​ធ្លាក់​ទៅ​ក្រោម​នៅ​ម្ដុំ​ក្រោម​ផ្ចិត។
    * ទល់លាមក​កាន់តែខ្លាំង​ឡើង។
    * ចុក ណែន ឆ្អល់ ដោយសារតែ​អាហារ​មិន​រំលាយ និង​ហើមពោះ។
    * ឈឺក្បាល​ម្ដងម្កាល ស្រវាំង​ភ្នែក និង​អាច​ខ្យល់គ​មិន​ស្រួលខ្លួន​ញឹកញាប់។
    * តឹង​ច្រមុះ អាចមាន​ឈាម​ហូរ​ចេញមក​តាម​រន្ធ​ច្រមុះ និង​ហ៊ឹង​ត្រចៀកខ្លះ។
    * មាន​ឈាម​ចេញ​នៅតាម​ជើងធ្មេញ​យ៉ាង​ងាយ ពេល​ដុស​សម្អាត​ធ្មេញ។
    * រមួលក្រពើ​នៅលើ​ជើង។
    * ហើម​មុខ ជើង ភ្នែក​គោល និង​ដៃ។
    * រមាស់​នៅលើ​ស្បែក​ក្បាលពោះ។
    * ឈឺ​ខ្នង។
    * សរសៃឈាម​ត្បៀត​នៅលើ​ជើង។
    * អាច​កើត​អាការ​ឫសដូងបាត​ញឹកញាប់ ឬ​ងាយ​កើត​ជាង​ប្រក្រតី។
    * ពិបាក​ដកដង្ហើម ឬ​ដកដង្ហើម​មិនបាន​វែង។
    * គេង​មិន​លក់ ឬ​គេង​លក់ តែ​លក់​មិន​ស្កប់។
    * ស្បូន​នឹង​បង្រួញ​ខ្លួន​ញឹកញាប់ តែមិនមាន​ការឈឺចាប់​អ្វី​ទេ។
    * អុីកអ៊ាក និង​ប្រថុយប្រថាន​នឹង​ការ​ដួល ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យ​មែនទែន។
    * អាចមាន​ទឹកដោះ​ពណ៌លឿងៗហូរ​ចេញ​មកពី​ក្បាល​សុដន់។
    * ភ្លេចភ្លាំង​ច្រើន អារម្មណ៍​មិន​នឹងនរ សមាធិ​ខ្លី។
    * វិតក្ក​កង្វល់​ច្រើន។
    * មានការ​ចាប់អារម្មណ៍​លើ​ភាពជា​ម្ដាយ​គេ និង​មានការ​នឹក​ស្រមៃ​ពាក់ព័ន្ធ​នឹង​កូន​កាន់តែ​ច្រើនឡើង។

    រឿង​ដែល​គ្រូពេទ្យ​មើល​ថែទាំ​គភ៌ ចង់ឱ្យ​អ្នកធ្វើ​ក្នុងអំឡុង​ខែ​នេះ មានដូចជា…
    1. ថ្លឹង​ទម្ងន់​ខ្លួន និង​វាស់​សម្ពាធ​ឈាម។
    2. ពិនិត្យមើល​ជាតិ​ស្ករ និង​សារធាតុ​ស៊ុត​ស​នៅក្នុង​ទឹកមូត្រ។
    3. ស្ដាប់​សំឡេង​បេះដូង​លោត​របស់​កូន​នៅក្នុង​គភ៌។
    4. ពិនិត្យមើល​ទំហំ និង​រូបរាង​របស់​ស្បូន​ដោយ​ការពិនិត្យ​ក្បាលពោះ។
    5. ពិនិត្យមើល​កម្ពស់​រប​ស់​ស្បូន។
    6. ពិនិត្យ និង​តាមដាន​អាការ​ហើម​នៅលើ​ដៃ ​ជើង និង​សរសៃឈាម​ត្បៀត​នៅលើ​ជើង។
    7. ពិនិត្យមើល​ក្រែង​មាន​អាការ​ខុស​ប្រក្រតីផ្សេងៗ។

    ហើយរឿង​ដែល​ស្ត្រី​មានគភ៌​ត្រូវ​មើលថែទាំ​ជាពិសេស​ក្នុងអំឡុង​តាំង​គភ៌​ខែ​ទី7នេះ​គឺ ការ​ប្រសូត​មុន​កំណត់៕

  • រឿងក្បែរៗខ្លួន​ដែល​ស្ត្រី​មានគភ៌​គួរ​ដឹង

    រឿងក្បែរៗខ្លួន​ដែល​ស្ត្រី​មានគភ៌​គួរ​ដឹង

    នៅពេលដែល​ដឹងខ្លួន​ថា​តាំង​គភ៌​ហើយ មានរឿង​ចាំបាច់​ច្រើនយ៉ាង​ណាស់​ដែល​ស្ត្រី​ត្រូវ​រៀន​យល់ដឹង និង​ធ្វើ​ដើម្បី​សុខភាព​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ។ ថ្ងៃនេះ​ ឡា​រ៉ែ​ន​ មានរឿង​ក្បែរ​ខ្លួន​ដែលសំខាន់ៗសម្រាប់​ស្ត្រី​មានគភ៌​ដែល​ត្រូវ​ប្រតិបត្តិ​មក​ជម្រាបជូន​ដូចខាងក្រោម។

    ការ​សម្រាក : ស្ត្រី​មានគភ៌​ត្រូវការ​គេង​ក្នុងអំឡុង​ពេលយប់​ពី 8 – 10ម៉ោង ឬ​គេង​ឱ្យបាន​ច្រើន​រហូត​ទាល់តែ​អ្នកមាន​អារម្មណ៍​ថា ស្រួល​កាយ​សប្បាយខ្លួន មិន​នឿយ​ល្វើយ និង​ខណៈពេល​គេង ស្ត្រី​មានគភ៌​គួរ​គេង​ផ្អៀង​ខាងឆ្វេង ព្រមទាំង​អង្កុញ​ជង្គង់​បន្តិច ដើម្បី​ចៀសវាង​មិនឱ្យ​ស្បូន​ដែលមាន​ទំហំ​ធំ​នោះ​ទៅ​សង្កត់​លើ​សរសៃឈាម ដែលជា​ហេតុ​បណ្ដាលឱ្យឈាម​ហូរ​មក​ចិញ្ចឹម​ទងសុក​មិនបាន​ល្អ។ ការ​គេង​មួយស្រឡេត​នៅពេល​ថ្ងៃរសៀល​នឹង​ជួយ​ដល់​ស្ត្រី​មានគភ៌​បាន​ច្រើនណាស់ និង​ទោះជា​ការ​គេង​នោះ​មិន​លក់​ក៏ដោយ តែ​ការ​គេង និង​ការ​សម្រាក​បន្ធូរ​សាច់ដុំ គឺជា​រឿង​ល្អ​សម្រាប់​ស្ត្រី​មានគភ៌។

    ការ​ស្លៀក​សម្លៀកបំពាក់ និង​ស្បែកជើង : ស្ត្រី​មានគភ៌​អាច​ត្រូវ​ការទិញ​សម្លៀកបំពាក់​ស្លៀក​
    ក្នុងអំឡុងពេល​មានគភ៌ រឿង​សំខាន់​ដែល​ស្ត្រី​មានគភ៌​មិនគួរ​ភ្លេច ក៏​គឺ​សម្លៀកបំពាក់​ទាំងនោះ​ត្រូវ​ធ្វើឱ្យ​ខ្លួន​មាន​អារម្មណ៍​សប្បាយ​ស្រួល​ខណៈ​ស្លៀក។ អាវ​ឈុត​គ្រប​ផ្ទៃពោះ​គួរតែ​ជា​សម្លៀកបំពាក់​ដែល​ស្លៀក​សប្បាយ​ស្រួលខ្លួន និង​ងាយស្រួល​ថែរក្សា រួមទាំង​អាវទ្រនាប់​ផង គួរប្រើ​អាវ​សម្រាប់​ស្ត្រី​មានគភ៌ ឬ​បំបៅ​ដោះ​កូន ខណៈពេល​ជាមួយគ្នា គួរ​ពាក់​ស្បែកជើង​កែង​ទាប ព្រោះ​ខណៈពេល​តាំង​គភ៌ ការ​ទប់​លំនឹង​ខ្លួន​របស់​ស្ត្រី​មានគភ៌​នឹងមិន​ល្អ​ដូច​ប្រក្រតី​នោះទេ។ ការពាក់​ស្បែកជើង​កែងខ្ពស់ៗអាចធ្វើឱ្យ​ស្ត្រី​មានគភ៌​ងាយ​នឹង​ឈឺ​ខ្នង រួមទាំង​ងាយ​នឹង​កើត​ឧប្បត្តិហេតុ​ទៀតផង ជាពិសេស​នៅពេល​អាយុ​គភ៌​ចាប់ពី7ខែ​ឡើងទៅ។

    ការមើល​ថែទាំ​រក្សាសុខ​ភាព​ធ្មេញ និង​ប្រអប់មាត់ : ស្ត្រី​មានគភ៌​គួរផ្ដល់​ការចាប់អារម្មណ៍​លើ​
    សុខភាព​ធ្មេញ និង​ប្រអប់មាត់​របស់ខ្លួន​ជាពិសេសដោយសារតែ​ក្នុង​ចន្លោះ​ពេលនេះ ស្ត្រី​មានគភ៌​ច្រើនតែ​ទទួលទាន​អាហារ​ញឹកញាប់ ឬ​ចង់​ញ៉ាំ​អាហារ​ផ្អែម​ខ្លាំង​ជាង​ប្រក្រតី។ អ័រម៉ូន​ដែល​ប្រែប្រួល​ក្នុងអំឡុង​ការតាំង​គភ៌​ច្រើនតែ​ធ្វើឱ្យ​អញ្ចាញធ្មេញ​របស់​ស្ត្រី​មានគភ៌​ងាយ​ក្នុងការ​រលាក​ឆ្លង​មេរោគ និង​ការ​ក្អួតចង្អោរ​ក្នុងអំឡុងពេល​ចាញ់-កូន​ដែល​ច្រើន​តែមាន​អាស៊ីត​ពី​ក្រពះ​ចេញមក​ច្រើន​ជាដើម ទាំងអស់​ដែល​រៀបរាប់​មកនេះ នឹងធ្វើ​ឱ្យ​ធ្មេញ​របស់​ស្ត្រី​មានគភ៌​ងាយ​នឹង​ពុក​ខូច​ជាង​ប្រក្រតី ដូច្នេះ​ស្ត្រី​មានគភ៌​ត្រូវ​ឧស្សាហ៍​មើលថែទាំ និង​រក្សា​អនាម័យ​សុខភាព​មាត់-ធ្មេញ​ដោយ​ការសម្អាត​អញ្ចាញធ្មេញ ធ្មេញ និង​ប្រអប់មាត់​ឱ្យបាន​ជាប់​ជាប្រចាំ៕