Author: ធឿន មករា

  • ទេសចរណ៍ សំណង់ និង​វិទ្យាសាស្ត្រ ជា​ជំនាញ​ដែល​កម្ពុជា​ត្រូវការ​សម្រាប់​បង្កើន​សក្តា​នុព​ល​អភិវឌ្ឍន៍

    ទេសចរណ៍ សំណង់ និង​វិទ្យាសាស្ត្រ ជា​ជំនាញ​ដែល​កម្ពុជា​ត្រូវការ​សម្រាប់​បង្កើន​សក្តា​នុព​ល​អភិវឌ្ឍន៍

    កម្ពុជា​ជា​ប្រទេស​ដែល​ស្ថិតនៅ​ចំណុចកណ្តាលនៃ​អាស៊ាន និង​ជា​កន្លែង​ដែលមាន​ភូមិសាស្ត្រ ក៏ដូចជា​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​កម្សាន្តការធ្វើ​ជំនួញ និង​ការវិនិយោគ តែ​ទន្ទឹមនឹង​លក្ខខណ្ឌ​ល្អប្រសើរ​នេះ កម្ពុជា​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ ជាពិសេស​លើបញ្ហា​ធនធានមនុស្ស។

    អ្នកជំនាញ​ផ្នែក​ធនធានមនុស្ស​ជាច្រើន​បាន​សង្កត់ធ្ងន់​លើ​វិសមភាព​នៃ​ការជ្រើសរើស​ជំនាញកង្វះសាលា​បណ្តុះបណ្តាល​ជំនាញ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​ប្រជាជន​មិនទាន់​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ការចូលរួម​ក្នុង​វិស័យ​ទាំងអស់នោះ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា កម្ពុជា​ជា​ប្រទេស​ដែល​កំពុងមាន​សក្តានុពល​ខ្លាំងលើ​វិស័យ​ទេសចរណ៍ព្រោះ​ប្រទេស​យើង​មាន​ភាព​អំណោយផល​ច្រើនដូចជា​អេកូ​ទេសចរណ៍​សម្បូរបែប មាន​ភាព​ទាក់ទាញ និង​មាន​កន្លែង​កម្សាន្តប្រណីតៗជាច្រើន។ កម្ពុជា​ក៏មាន​ផលិត-ផល​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​ជុំវិញ​តំបន់​ទេសចរណ៍វប្បធម៌ ដែលមានប្រាសាទបុរាណ​ប្រកបដោយ​រចនាប័ទ្ម​ល្បីល្បាញ​ជាច្រើន​នៅលើ​ពិភពលោក។ ជាក់ស្តែង​ប្រាសាទអង្គរវត្ត និង​តំបន់​ជាច្រើន​ផ្សេងទៀតត្រូវបាន​ចាត់​ចូល​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុតដែល​អាច​រក​ចំណូល​ជាច្រើន​លាន​ដុល្លារ​ចូលទៅក្នុង​កញ្ចប់​ថវិកា​ជាតិ។ ដោយ​មើលឃើញ​ពី​ឱកាស​ដ៏​សំខាន់​ទាំងអស់នេះ ក្រសួង​ក៏បាន​បង្កើន​កិច្ចសហការ​ល្អជា​មួយ​វិស័យឯកជន​ដើម្បី​បង្កើន​ផលិតផល​ទេសចរណ៍​ឱ្យ​កាន់តែ​សម្បូរបែប ហើយ​ត​ភ្ជាប់​តំបន់​ទេសចរណ៍​ដែល​នៅ​ឆ្ងាយ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ តែ​អ្វីដែល​កម្ពុជា​កំពុងប្រឈម​គឺ​កត្តា​ធាន​ធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។

    ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍ថា៖ “ចំនួន​ភ្ញៀវទេសចរ​មកកាន់​កម្ពុ​ជាមាន​កំណើន​ជា​រៀងរាល់ឆ្នាំ ស្រប​ពេលដែល​ប្រទេស​យើង​មាន​ស្ថិរភាព និងស្ថានភាព​អំណោយផល​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ​នៅ​ទូទាំង​ពិភពលោក ហេតុនេះ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន ចាំបាច់​ត្រូវតែ​ពង្រីក​ផលិតផល​ទេសចរណ៍ថ្មីៗដើម្បី​ឱ​កាន់តែ​មាន​ភាព​ទាក់ទាញ”។

    ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បានលើកឡើង​ផងដែរ​ថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ថ្មីៗ និង​ទាក់ទាញ​នៅ​កម្ពុជា អ្វីដែល​ត្រូវការ​ជា​ចាំបាច់​នោះ​គឺ ធនធានមនុស្ស​នៅក្នុង​វិស័យនេះ។ កម្ពុជា​ត្រូវការ​បន្ថែម​សាលាបណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​ឱ្យបាន​ច្រើន​នាក់​បន្ថែមទៀត ដើម្បី​បម្រើ​ការងារ​នៅក្នុង​វិស័យ​ដែល​ផ្តល់​ផលចំណេញ​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ​នេះ។

    នាពេលថ្មីៗនេះ​ជំនាញ​ទេសចរណ៍​ត្រូវបាន​បញ្ជ្រាប​ចូល​ជាមួយនឹង​មុខវិជ្ជា​អប់រំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បង្កើន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​យុវជន​ឱ្យ​ជ្រើសរើស​ជំនាញ​ទេសចរណ៍​ធ្វើជា​អាជីព​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម​ផង និង​ទទួលបាន​កម្រិតជីវភាព​ល្អប្រសើរ​សម្រាប់​ខ្លួនឯង​ផង។

    ទន្ទឹមនឹង​វិស័យ​ទេសចរណ៍ វិស័យ​សំណង់​ក៏ត្រូវ​បាន​គេ​មើលឃើញថា មាន​សារៈសំខាន់​ខ្លាំង​ផងដែរ​ដើម្បី​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ និង​ទាក់ទាញ​ការវិនិយោគ​នៅ​កម្ពុជា ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព និង​សោភណភាព​អាចជា​ចំណុច​មួយ​ក្នុងចំណោម​ចំណុចសំខាន់ៗដែល​ជំរុញឱ្យមាន​កា​រម​កក​ម្សា​ន្ត រស់នៅ និង​ធ្វើ​អាជីវកម្ម​កាន់តែច្រើន​នៅ​កម្ពុជា។

    បង្ហាញ​លើ​គំនិត​នេះ សាស្ត្រាចារ្យ សុខ ខុម ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម និង​ស្ថាបត្យកម្ម នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​លើកឡើងថា សំណង់ និង​ស្ថាបត្យកម្ម​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​ត្រូវការ ហើយ​វា​កំពុងមាន​សម្ទុះ​ខ្លាំង​នាពេល​បច្ចុប្បន្ននេះ។ សព្វថ្ងៃ​បើទោះបីជា​យើង​មើលឃើញថា គម្រោង​សាងសង់​នានា​មានការ​កើនឡើង​ច្រើន​ហើយក៏​ដោយ តែ​កម្ពុជា​នៅ​ត្រូវការ​គម្រោង​ជាច្រើន​ផ្សេងទៀត​ដើម្បី​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​សម្រាប់​ការ​រ​ស់​នៅ ការកម្សាន្ត សេវា​ស្នាក់នៅផ្លូវថ្នល់ និង​ស្ពានធំៗជាច្រើន​ទៀត​ដើម្បី​ដើរ​ឱ្យទាន់​ប្រទេស​នានា​ក្នុង​តំបន់ និង​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច។

    លោក​សាស្ត្រាចារ្យ សុខ ខុម បាន​មានប្រសាសន៍ថា៖ “កម្ពុជា​យើង​ត្រូវការ​អ្នកជំនាញ​វិស្វកម្ម​ច្រើនណាស់ ហើយ​កុំ​គិតថា​ចំនួន​និស្សិត​ដែល​យើង​មាន​សព្វថ្ងៃនេះ​គ្រប់គ្រាន់។ វា​ស្ថិតក្នុង​ចំនួន​មួយ​តែប៉ុណ្ណោះតែ​យើង​នៅ​ត្រូវការ​ច្រើន​ទៀត ព្រោះ​ទីក្រុង​របស់​យើង​នៅ​ទូលាយ និង​ត្រូវការ​អភិវឌ្ឍ​បន្ថែមទៀត មិនទាន់​ឆ្អែត​នៅឡើយ​ទេ។ ទន្ទឹមនឹងនេះ​តម្រូវការ​នៃ​ការអភិវឌ្ឍ​ជីវភាព​របស់​ប្រជាជន​នៅ​តំបន់​ជនបទ​ក៏មាន​ការកើនឡើង​ដែរ”។

    លោក​សាស្ត្រាចារ្យ សុខ ខុម បាន​បន្ថែមទៀតថាបន្តិចទៀត​ការរស់នៅ​នឹងមាន​តម្រូវការ​កាន់តែ​ខ្ពស់ហើយ​តំបន់​អភិវឌ្ឍន៍​នឹង​ខិត​ទៅជិត​តំបន់​ជនបទ ដែល​ធ្វើឱ្យ​អ្នក​នៅ​តំបន់​ជនបទ​ក៏​ចាប់ផ្តើម​ត្រូវការ​លំនៅឋាន​ដែលមាន​លក្ខណៈ​ស្តង់ដារ និង​មាន​សោភណភាព​ល្អ​ដែរ។ លោក​សាស្ត្រាចារ្យ​បញ្ជាក់​ផងដែរ​ថាអ្នកណា​ក៏​ស្រឡាញ់​ផ្ទះ​ដែរ ហេតុនេះ​នៅពេល​ពួកគាត់​មានលទ្ធភាព គាត់​នឹង​ចាប់ផ្តើម​សាងសង់ ហើយ​គម្រោង​កាន់តែច្រើនឡើងៗនឹង​កើតមានឡើង​ដែល​ទាមទារ​ឱ្យមាន​អ្នកជំនាញ​សាងសង់​មាននៅ​គ្រប់​ទីកន្លែង។ ម្យ៉ាងវិញទៀត យើង​ក៏​ត្រូវការ​អ្នករៀបចំ​គម្រោង​អគារសំខាន់ៗក្នុង​ទីក្រុង​ឱ្យមាន​សោភណភាព និង​ភាពងាយស្រួល​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ​ផងដែរ ព្រោះ​មុននឹង​វិនិយោគ ឬ​សម្រេចចិត្ត​មក​កម្ពុជា គេ​តែងតែ​មើល​ជាមុនសិន​ដែរ​ថា កន្លែង​នេះ​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ដែរឬទេ? មាន​ភាពងាយស្រួល និង​ផាសុក​ភាពល្អ​ដែរឬទេ​សម្រាប់​ការ​ស្នាក់នៅ​យូរអង្វែង?។

    ងាក​មក​វិស័យ​វិទ្យាសាស្ត្រ​វិញ ក៏​ជា​វិស័យ​សំខាន់​មួយ​ក្នុង​ជំនាញ STEM ដែល​ត្រូវបាន​គេ​មើលឃើញថា មាន​ទីផ្សា​ខ្លាំង​ដូចគ្នា​នៅ​កម្ពុជា និង​ជា​ផ្នែក​ដែល​ត្រូវការ​ជា​ចាំបាច់​នៅ 10ឆ្នាំក្រោយ។

    រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម អុឹម កុ​ច បាន​លើកឡើងថា កម្ពុជា​ពិតជា​ត្រូវការ​អ្នកជំនាញ​ជាច្រើន​ជាពិសេស​ផ្នែក​វិទ្យាសាស្ត្រ ដែលជា​ផ្នែក​ដ៏​សំខាន់​ក្នុងការ​បង្កើត​សមិទ្ធផលថ្មីៗដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន។ តាមរយៈ​អ្នកជំនាញ​វិទ្យាសាស្ត្រ កម្ពុជា​នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​ការវិនិយោគ ព្រោះ​ក្រុមហ៊ុនធំៗទាំងអស់​ដែល​ចង់​បង្កើត​រោងចក្រ ឬ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​សុទ្ធតែ​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​ដើម្បី​បង្កើត​ភាព​ច្នៃប្រឌិត និង​រីកចម្រើន​ដល់​ស្ថាប័ន​របស់គេ។

    ឯកឧត្តម អុឹមកុ​ច បាន​មានប្រសាសន៍ថា៖ “បន្តិចទៀត​ប្រទេស​យើង​នឹងត្រូវ​អភិវឌ្ឍ​កាន់តែច្រើន ហើយ​ការប្រកួតប្រជែង​ក៏​កាន់តែខ្លាំង​ដែរ ហេតុនេះ​ប្រសិនបើ​យើង​មាន​អ្នកជំនាញ​ច្រើន យើង​នឹង​អាច​កសាង​សមិទ្ធផល​ជាច្រើន បាន​លឿន ហើយ​ចំណាយ​តិច”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថាដោយ​មើលឃើញ​ពី​តម្រូវការ​លើ​វិស័យសំខាន់ៗទាំងអស់នេះ ក្រសួង​អប់រំ​បាន​បង្កើត​សកម្មភាព​ជាច្រើន​ដើម្បី​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ថ្មី​កាន់​តែមាន​សមត្ថភាព​ងាយស្រួល​ក្នុងការ​សិក្សា​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​លើកទឹកចិត្ត​ឱ្យ​ចាប់​អាជីព​នេះ​កាន់តែ​ច្រើនឡើង៕

  • ផលិតផល​បង្គា​ក្រៀម​ខ្មែរ​មានការ​គាំទ្រ​ច្រើន​នៅលើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស

    ផលិតផល​បង្គា​ក្រៀម​ខ្មែរ​មានការ​គាំទ្រ​ច្រើន​នៅលើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស

    ដោយ​ឈរលើ​គុណភាព​ល្អ រសជាតិ​ឆ្ងាញ់ និង​ផលិតឡើង​តាម​គោលការណ៍​ធម្មជាតិ​គ្មាន​ជាតិគីមី100% បានធ្វើឱ្យ​ផលិតផល​បង្គា​ក្រៀម​ខ្មែរ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើនឡើងៗនៅលើ​ទីផ្សារ ចាប់តាំងពី​ទីផ្សារ​ក្នុងប្រទេស​ដល់​ក្រៅប្រទេស​រហូត​ផលិត​មិនទាន់​សម្រាប់​ផ្ត​ត់​ផ្ត​ង់​ទៅឱ្យ​អតិថិជន​នៅលើ​ទីផ្សារ​គ្រឿង​បរិភោគ​ទៀតផង។

    លោក ចាន់ រតនៈ ប្រធាន​គ្រប់គ្រង​ទូទៅ​សិប្បកម្ម​បង្គា​ក្រៀម​ស្ទឹងហាវ (ហៅ​បង្គា​តា​ស្រ​ម៉ូ​ម) ស្ថិតនៅ​ក្នុងភូមិ4 ឃុំ​ទំនប់រលក​ថ្មី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា ដោយសារ​បង្គា​ក្រៀម​ក្នុង​សិប្បកម្ម​របស់លោក​ផលិតឡើង​តាម​គោលការណ៍​ធម្មជាតិ​មិន​ប្រើ​ថ្នាំ​គីមី​សោះ មិន​យក​បង្គា​ក្លាសេ​មក​ផលិត​ដូច​សិប្បកម្ម​មួយចំនួនទៀត​នោះ បានធ្វើឱ្យ​បង្គា​ក្រៀម​នៅក្នុង​សិប្បកម្ម​របស់លោក​ទទួល​បានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​ទីផ្សារ​ក្នុង​ក្រុងភ្នំពេញ និង​មាន​ម៉ូយ​កុម្ម៉ង់​យកទៅលក់​នៅឯ​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម ថៃ អូស្ត្រាលី និង​អង់គ្លេស​ទៀតផង។

    លោក​បន្តថា ប្រទេស​វៀតណាម និង​ប្រទេស​ថៃចូលចិត្ត​មក​ទិញ​បង្គា​ក្រៀម​ដែល​ផលិត​តាម​គោលការណ៍​ធម្មជាតិ​ពី​សិប្បកម្ម​របស់លោក ដោយសារ​មាន​រសជាតិ​ឆ្ងាញ់​មិន​ប៉ះពាល់​សុខភាព និង​អាច​រក្សាទុក​បានយូរ​ឆ្នាំ​ទៀតផង ដោយ​មួយ​គីឡូ​មានតម្លៃ​ចាប់ពី 9ម៉ឺន​រៀល​ទៅដល់ 25ម៉ឺន​រៀល​ក៏មាន។ ចំណែក​អាជីវករ​របស់​យើង​វិញ គាត់​ចូលចិត្ត​នាំយក​បង្គា​ក្រៀម​ពី​ក្រៅប្រទេស​មក​លក់​នៅ​ប្រទេស​យើង​វិញ ដោយសារ​មានតម្លៃ​ទាប​ជា​បង្គា​ក្រៀម​ដែល​ផលិត​ក្នុងស្រុក តែ​ទោះជា​មានតម្លៃ​ទាប​ជាង​បង្គា​ក្នុងស្រុក​ក៏ដោយ ក៏វា​មិនអាច​ប្រកួតប្រជែង​គ្នា​បានដែរ ដោយសារ​អតិថិជន​ភាគច្រើន​គាត់​ចូលចិត្ត​បង្គា​ល្អ ទោះជា​ថ្លៃ​ជាង​បន្តិច​ក៏ដោយ។

    គួរ​បញ្ជាក់ថា សិប្បកម្ម​បង្គា​ក្រៀម​ស្ទឹងហាវ (ហៅ​បង្គា​ក្រៀម​តា​ស្រ​ម៉ូ​ម) បានចាប់ផ្តើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​អស់​រយៈពេល​ប្រហែល 20ឆ្នាំ​មកហើយ​ដែលមាន​សមត្ថភាព​ផលិត​ជា​មធ្យម​បាន​ចន្លោះ​ពី 700គីឡូក្រាម ដល់​ចំនួន1,000គីឡូក្រាម​ក្នុង​មួយថ្ងៃ និង​បានផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​បាន​ចំនួន 7នាក់​ផងដែរ ហើយ​បច្ចុប្បន្ន​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​កាន់តែ​ខ្ពស់ឡើងៗ បានធ្វើឱ្យ​ការផលិត​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ពុំ​គ្រប់គ្រាន់​នោះឡើយ ពិសេស​ក្នុង​រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះដោយសារ​ទិន្នផល​បង្គា​សមុទ្រ​មានការ​ធ្លាក់ចុះអ្នកនេសាទ​ដែល​ធ្លាប់តែ​ផ្គត់ផ្គង់​បាន​ច្រើន ឥឡូវ​ធ្លាក់ចុះ​កាន់តែ​តិចទៅៗដោយសារ​កត្តា​អាកាសធាតុ ប៉ុន្តែ​គេ​រំពឹងថា ទិន្នផល​នឹង​កើន​ឡើងវិញ​ក្នុងអំឡុង​ឆ្នាំ​ខាងមុខ។

    លោក ចាន់ រតនៈ ម្ចាស់​អាជីវកម្ម​បង្គា​ក្រៀម​វ័យក្មេង​ខាងលើ​បាន​រៀបរាប់ថា ការផលិត​បង្គា​ក្រៀម​មិនមាន​ការលំបាក​នោះទេ ដំបូង​គ្រាន់តែ​យក​បង្គា​ស្រស់​ដែល​ទទួលបាន​ពី​អ្នកនេសាទ​មក​លាង​ទឹក​សម្អាត​ដោយ​ទឹកស្អាត រួច​ទុកឱ្យ​វា​ស្រស់ទឹក បន្ទាប់មក​យកទៅដាក់​ក្នុង​ឡ​ចំហុយ​ក្នុង​រយៈពេល​ចន្លោះ​ពី15 ទៅ20នាទី​ដើម្បីឱ្យ​សាច់​វា​ឆ្អិន​ល្អ រួច​យកមក​ចាក់​សំដិល​ហាល​នៅលើ​ទីលាន​បេតុង​ឱ្យ​វារឹតតែ​ស្ងួត​ទឹក​ថែមទៀត ហើយ​បាន​កើប​យកទៅ​ដាក់ចូល​ឡស​ម្ងួ​ត​ជា​លើកចុងក្រោយ​រយៈពេល2 ទៅ3ម៉ោង​ទៀត រួច​ទើប​យក​ចេញមក​ជម្រះ​សម្បក​វា​ចេញ​ឱ្យ​ស្អាត និង​រើស​សំរាម ខ្ចៅ-ខ្យង​ចេញ​ឱ្យអស់។ ចុងក្រោយ​ទើប​យកទៅ​វេច​ខ្ចប់​ទុក​នៅក្នុង​បន្ទប់​បិទ​ជិត​ដែលមាន​សីតុណ្ហភាព​ត្រជាក់​ល្មម​ចន្លោះ​ពី25ទៅ30អង្សា​C ដែល​ធ្វើឱ្យ​បង្គា​ក្រៀម​នេះ​អាច​រក្សាទុក​បានយូរ​រ​ហូត​ជាង​មួយឆ្នាំ ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​រក្សា​គុណភាព និង​អាច​ទុក​បាន​កាន់តែ​យូរ​ឆ្នាំ​ទៅទៀត​បើសិនជា​យកទៅ​រក្សាទុក​នៅក្នុង​ទូទឹកកក។

    គួរ​បញ្ជាក់ថា សិប្បកម្ម​បង្គា​ក្រៀម​ស្ទឹងហាវ ធ្លាប់​ទទួលបាន​ពានរង្វាន់​លេខ3 ផ្នែក​បច្ចេកទេស​កែច្នៃ​តាមរបៀប​ធម្មជាតិ​ដែល​រៀបចំឡើង​ដោយ​ក្រសួងកសិកម្ម​កាលពី​ឆ្នាំមុន។ ម្ចាស់​សិប្បកម្ម​ខាងលើ​អះអាងថា បើសិនជា​អាកាសធាតុ​អំណោយផល ការផ្គត់ផ្គង់​បង្គា​ស្រស់​នឹងមាន​ចំនួន​កាន់តែច្រើន លោក​នឹង​ខិតខំ​ផលិត​បង្គា​ក្រៀម​នេះ កែប្រែ​សិប្បកម្ម​លក្ខណៈ​គ្រួសារ​ឱ្យក្លាយ​ជា​ក្រុមហ៊ុន​ស្តង់ដារ​ដែល​ឈរលើ​គុណភាព អនាម័យ និង​រសជាតិ​ឆ្ងាញ់​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ឱ្យបាន​កាន់តែច្រើន ហើយនឹង​ចូលរួម​ផ្តល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​យើង​ឱ្យបាន​កាន់តែច្រើន​ផងដែរ​ក្នុង​គោលដៅ​រួមគ្នា​លើកស្ទួយ​ជីវភាព​ប្រជាជន​ខ្មែរ​យើង​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ទាំងអស់គ្នា។

    គួរ​ជម្រាប​ដែរ​ថា នៅក្នុង​ខេត្ត​ព្រះសីហនុ​កន្លងមក​ក៏មាន​សិប្បកម្ម​ផលិត​បង្គា​ក្រៀម​ច្រើន​ដែរ ប៉ុន្តែ​ក្រោយមក​ដោយសារ​ទិន្នផល​បង្គា​សមុទ្រ​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​សិប្បកម្ម​មួយចំនួន​បានសម្រេច​ចិត្ត​បិទទ្វារ​ផ្អាក​ដំណើរការ ដែល​មកទល់​បច្ចុប្បន្ន​នេះ​មានតែ​សិប្បកម្ម​ខាងលើ និង​សិប្បកម្ម​មួយចំនួន​តូច​ទៀត​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ដំណើរការ​រហូតមក​ទល់​សព្វថ្ងៃ៕

  • តើ​ការផ្តល់​ដី​សម្បទាន​មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​សេដ្ឋកិច្ចប្រទេសកម្ពុជា?

    តើ​ការផ្តល់​ដី​សម្បទាន​មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​សេដ្ឋកិច្ចប្រទេសកម្ពុជា?

    ដោយសារតែ​សណ្ឋាន​ដី​នៅ​កម្ពុ​ជាមាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ​បាន​ទាក់ទាញ​វិនិយោគិន​បរទេស​ក៏ដូចជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​មក​ជួល​ដី​ពី​រដ្ឋាភិបាល​តាមរយៈ​ការធ្វើសម្បទាន​ដី​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​កសិកម្មផ្សេងៗក្នុង​ទ្រង់ទ្រាយធំៗក្នុង​គោលដៅ​នាំចេញ​ផលិតផល​កសិកម្ម​ចេញទៅ​ក្រៅប្រទេស​ឱ្យបាន​កាន់តែច្រើន។

    លោក ស្រី វុ​ឌ្ឍី សមាជិក​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​នានា ទាំង​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​បាន​ជួយ​រក​ចំណូល​ចូល​រដ្ឋ​បាន​ប្រមាណ​ជាង 6លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំនេះ ដែល​ក្រុមហ៊ុន​ទាំងនោះ ភាគច្រើន​ដាំ​ដំណាំ​កសិកម្ម និង​ក​សិ-ឧស្សាហកម្ម។ ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​ពីរ​ដ្ឋ ភាគច្រើន​ដាំ​ដំណាំ​កៅស៊ូ ដំណាំ​ស្វាយចន្ទី ដូងប្រេង ដំឡូង​មី និង​ចេកអំបូង​លឿង ដែល​ផលិតផល​កសិកម្ម និង​ក​សិឧស្សាហកម្ម​ទាំងនេះ ផលិតឡើង​ក្នុង​គោលដៅ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។

    លោក​បន្តថា ក្រៅពី​រក​ចំណូល​ចូល​រដ្ឋ​ពី​ការជួល​ដី​ហើយ រដ្ឋាភិបាល​នៅ​ទទួលបាន​ផលចំណេញ​ពី​ការដក​យកពន្ធ​ថែមទៀត ដូចជា​ពន្ធអាករ​លើ​តម្លៃបន្ថែម ពន្ធ​លើ​ផលរបរ និង​ការផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាដើម។ ក្រៅពីនោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​មាន​តួនាទី​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋានផ្សេងៗ ដូចជា​ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និង​សាលារៀន​ជាដើម ដែល​បាន​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីជនបទ​ឱ្យមាន​ភាពប្រសើរឡើង ជាពិសេស​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​ក្រៅប្រទេស ហើយ​ថវិកា​ដែល​ទទួលបាន​ពី​ការលក់​ផលិតផល​ទាំងនោះ​ក៏បាន​ហូរ​ចូលមក​ប្រទេស​កម្ពុជា​វិញ ជាការ​រួមចំណែក​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែរ។

    យោងតាម​តួលេខ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងកសិកម្ម​កាល​ពីស​ប្តា​ហ៍​មុន​បានឱ្យដឹងថា មកទល់​ឆ្នាំ2018នេះ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន 1,178,646ហិកតា​ទៅដល់​ក្រុមហ៊ុន​ឯកជន​សរុប​ចំនួន 229ក្រុមហ៊ុន នៅ​ទូទាំងប្រទេស​ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​ក្រៅ​ស្រុក និង​ក្រុមហ៊ុនសហកម្មសិទ្ធិ​រវាង​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស។

    លោក​ថា ក្រុមហ៊ុន​ឯកជន​ទាំង 229នោះ គឺជា​ក្រុមហ៊ុន​ដែលមាន​សកម្មភាព​ខ្លាំង​ក្នុង​ប្រតិ​ប​ត្តិ​ការដាំដុះ​ដំណាំ​កសិកម្ម​ខាងលើ ដែល​សរុប​ផ្ទៃដី​ដាំ​ដុះ​រួចរាល់​មាន​ចំនួន 438,250ហិកតា និង​កំពុង​ឈូសឆាយ​ផ្ទៃដី​ចំនួន 515.701ហិកតា​ទៀត​ដើម្បី​ត្រៀម​ដាំ​ដុះ​បន្ថែម ដោយបាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រមាណ​ជា 64,119នាក់។ ជាមួយគ្នានេះ​រដ្ឋាភិបាល​បាន​លុបចោល​អាជ្ញាប័ណ្ណ​សម្បទាន​ចំនួន 248ក្រុមហ៊ុន ដោយ​សារភាព​អសកម្ម ក្រោយពី​ទទួលបាន​ច្បាប់​អនុញ្ញាត និង​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​រួចមក៕

  • មន្ត្រី ADB៖ ការត្រៀម​រៀបចំ​បដិវត្តន៍​ឧស្សាហកម្ម​ទី4ត្រូវ​ចាប់ផ្តើម

    មន្ត្រី ADB៖ ការត្រៀម​រៀបចំ​បដិវត្តន៍​ឧស្សាហកម្ម​ទី4ត្រូវ​ចាប់ផ្តើម

    អ្នក​សេដ្ឋវិទូ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB (Asian Development Bank) បាន​និយាយថា រដ្ឋាភិបាល​កម្ពុជា​គួរ​ចាប់ផ្តើម​បង្កើត​ស្ថាប័ន និង​គោលនយោបាយ​របស់ខ្លួន​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទី4(4IR)(the fourth industrial revolution)ដែល​កំពុងមាន​ឥទ្ធិពល​លើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់នៃ​សង្គម​កម្ពុជា​ក្នុង​វិធី​ដែល​ពិបាក​ក្នុងការ​រំពឹងទុក។

    លោក Jayant Menon អ្នកដឹកនាំ​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​របស់ ​ADB បាន​មានប្រសាសន៍ថា 4IR កំពុង​ផ្លាស់ប្តូរ​ប្រព័ន្ធ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​តាម​វិធី​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន។ គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គមនឹងត្រូវ​រង​ផលប៉ះពាល់ រួមទាំង​ការងារ​គំរូ​ពាណិជ្ជកម្ម រចនាសម្ព័ន្ធ​ឧស្សាហកម្ម​អន្តរ​កម្ម សង្គម និង​ប្រព័ន្ធ​អភិបាលកិច្ច។

    ទោះជា​យ៉ាងណាក៏ដោយ លោក Menon ក៏បាន​ចង្អុលបង្ហាញ​ដែរ​ថា 4IR បាន​បង្កើត​ឱកាស​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដើម្បី​គេច​ចេញពី​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​តាមបែប​ប្រពៃណី និង​ជា​ដំណើរការ​មួយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បច្ចេកវិទ្យា​លោត​ផ្លោះ​នៅក្នុង​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​កម្ពុជា​ដែល​ខ្វះខាត​ពលករ​ជំនាញ​នោះ 4IR នឹង​ជួយផ្តល់​លទ្ធភាព​ឱ្យ​អាច​ទទួលបាន​បច្ចេកវិទ្យា​ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដូច​នៅក្នុង​ប្រទេស​ដទៃទៀត​ដែរ។

    លោក Menon បាន​មានប្រសាសន៍ថា “បច្ចេកវិទ្យាថ្មី​បាន​នាំមក​នូវ​ភាពល្អ​ប្រសើរឡើង​យ៉ាងច្បាស់​ទៅលើ​ផលិតភាព​ប្រាក់ចំណេញ និង​និរន្តរភាព​ក្នុង​វិស័យ​កសិកម្ម ការផលិត និង​សេវាកម្ម”។ លោក​បន្តថា 4IR នឹង​ពង្រីក​អតិថិជន កាត់បន្ថយ​តម្លៃ​ដើមនិង​បង្កើន​គុណភាព​ផលិតផល និង​សេវាកម្ម។ វា​នឹង​បង្កើត​មធ្យោបាយ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការតភ្ជាប់​គ្នា​រវាង​ពាណិជ្ជកម្ម និង​សេវាកម្ម​ដែល​មិនអាច​ប្រើ​បាន​កាលពី​ពេលមុន។ 4IR អាចមាន​ប្រយោជន៍​ជាពិសេស​ក្នុង​ការផ្តល់​កម្លាំង​ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម (MSMEs) ឱ្យ​បង្កើតបានជា​សហគ្រាស និង​ការងារ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​ជាច្រើន។

    បណ្ឌិត ចាប សុថា​រិ​ទ្ធិ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖ “កម្លាំង​ការងារ​ថ្មី​នឹង​ត្រូវការ​ការផ្លាស់ប្តូរ​នៅក្នុង​វិស័យ​អប់រំ។ កម្ពុជា​គួរ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា ICT ដែលជា​មូលដ្ឋាន​ចាំបាច់​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការច្នៃប្រឌិត​បច្ចេកវិទ្យា ខណៈដែល​អាជីវកម្ម ក៏​ត្រូវតែ​បង្កើនល្បឿន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ដំណើរការ និង​សេវាកម្ម​ឌីជីថល​ដោយ​ស្វ័យប្រវត្តិ និង​តំណ​ភ្ជាប់”។

    លោក​បណ្ឌិត​យល់ថា រដ្ឋាភិបាល​ត្រូវតែ​ធ្វើកំណែទម្រង់​វិស័យ​អប់រំ និង​ជំរុញ​ការរៀនសូត្រ ដល់​សិស្សនិស្សិត​ដែលជា​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បង្កើន​ជំនាញ​យល់ដឹង ដូចជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ដែល​នឹងមាន​សារៈសំខាន់​សម្រាប់​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ដែលមាន​មូលដ្ឋាន​លើ​ចំណេះដឹង។ លោក​បណ្ឌិត​យល់ថា៖ “ចំពោះ​4IR យើង​មិនគួរ​ព្រួយបារម្ភ​ពេក​ទេ ពីព្រោះ​វា​គ្រាន់តែ​ជា​និន្នាការ​មួយ ហើយ​ខ្ញុំ​គិតថា យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប”។

    ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា​គ្រប់​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ឥឡូវនេះ​កំពុងធ្វើការ​ជាមួយគ្នា​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី 4IR រួមទាំង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់“ប្រទេស​កម្ពុជា​នឹង​រៀបចំ​កម្លាំង​ពលកម្ម​របស់ខ្លួន​តាម​រយៈ​ការអប់រំ​លើ​ប្រព័ន្ធ​ឌីជីថល និង​ការលើកទឹកចិត្ត​ដល់​ការច្នៃប្រឌិត ប៉ុន្តែ​ដើម្បី​ទទួលបាន​ជោគជ័យ​ពី​4IR យើង​ក៏​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល​ទន់ និង​រឹង​ដែរ។ យើង​ត្រូវការ​បណ្តាញ​អុីន​ធើ​ណិ​ត​ចល័ត​ដែលមាន​តម្លៃថោក យើង​ត្រូវ​ការកសាង​ជំនាញ​អាជីវកម្ម​របស់​ប្រជាជន​យើង ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ICT របស់​យើង​ផងដែរ”។

    កម្ពុជា​អាច​ចាប់យក​កាលានុវត្តភាព ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ឬ ​4IR ស្រប​ពេលដែល​ធនាគារ​អភិវឌ្ឍន៍អាស៊ី ឬ​ ADB បាន​សិក្សា​រកឃើញថា បដិវត្តន៍​នេះ​នឹង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​ដ៏​ច្រើន​សម្រាប់​តំបន់​អាស៊ាន។

    ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែង​ទៀតថា កម្ពុជា​អាច​ចាប់យក​កាលានុវត្តភាព​ទាំងឡាយ ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី4នេះ ដោយសារ​កម្ពុ​ជាមាន​ល​ក្ខ​ណ​សម្បត្តិ​ល្អជា​ច្រើន ដូចជា​ភាគលាភ​ប្រជាសាស្ត្រ គឺ​កម្ពុជា​កាន់តែ​សម្បូរ​នូវ​ធនធាន​យុវជន​ប្រកបដោយ​ចំណេះដឹង ហើយ​អាច​ស្រូបយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​បាន​លឿន និង​ការកើនឡើង​យ៉ាង​លឿន​នូវ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត រួមជាមួយ​អត្រា​ប្រើប្រាស់​ខ្ពស់ ការ​ស្រូបយក​បច្ចេកវិទ្យា​ពី​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​ដែល​កំពុង​កើតឡើង​នៅក្នុង​គ្រប់​វិស័យ​ដែលសំខាន់។

    ឯកឧត្តម វ​ង្សី វិស្សុត​បាន​បន្តថា តាមរយៈ​បដិវត្តន៍​ឧស្សាហកម្ម​ទី4នេះ អាស៊ាន​មាន​សក្តានុពល​ធំធេង​ក្នុង​ការជំរុញ​សក្តានុពល​កំណើនសេដ្ឋកិច្ច និង​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​សម្រាប់​តំបន់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ក្នុង​បរិបទ​នៃ​ការកើនឡើង​ផ្នែក​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​យ៉ាង​លឿន​នៃ​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា។

    បច្ចុប្បន្ន​ពិភពលោក​កំពុង​ឈានចូល​ទៅកាន់​យុគសម័យ​នៃ​បដិវត្តន៍​ថ្មី​មួយ ឬ​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ដែល​កំពុង​ជះឥទ្ធិពល​លើ​ការ​ដំណើរការ​របស់​រដ្ឋាភិបាល ការ​ដំណើការ​អាជីវកម្ម និង​ការរស់នៅ​របស់​មនុស្ស​ជាតិ។ ការវិវឌ្ឍ​យ៉ាង​លឿន​ផ្នែក​បច្ចេកវិទ្យា​បាននិងកំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សង្គមសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សន្តិសុខ ដោយ​រាប់​ចាប់តាំងពី​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ ដ្រូ​ន (Drone) ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) រហូតដល់​ការបោះពុម្ព 3D (3D Printing) និង​បញ្ញា​សិប្បនិម្មិត (Artificial Intelligence) ជាដើម។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​​បន្តថា បដិវត្តន៍​ឧស្សាហកម្ម​ទី4 នឹងធ្វើ​ការផ្លាស់ប្តូ​ររ​ច​នា​សម្ព័ន្ធ​ សេដ្ឋកិច្ចពាណិជ្ជកម្ម និង​ឧស្សាហកម្ម តាមរយៈ ការកាត់បន្ថយ​ថ្លៃដើម បង្កើន​ផលិតភាព និង​ពង្រីក​វិមាត្រ​សេដ្ឋកិច្ច​កាន់តែ​ធំ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដូចជា​ការទូទាត់​ពាណិជ្ជ​កម្ម និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាដើម។ ក្នុងន័យនេះ ASEAN អាច​ក្លាយជា​ទីតាំង​ជួរមុខ​នៃ​ការផ្លាស់ប្តូរ តាមរយៈ​ការនាំ​មុខមុន​គេ​នៃ​ការទទួលយក​បច្ចេកវិទ្យា​ដែល​ថ្មី​បំផុត។

    យោងតាម​ការសិក្សា​រប​ស់ ADB បាន​បង្ហាញថានៅមុន​ឆ្នាំ2030 បច្ចេកវិទ្យាថ្មីៗនៃ​បដិវត្តន៍​ឧស្សាហកម្ម​អាច​បង្កើន​តម្លៃ​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ពី220 ទៅ625ពាន់​លាន​ដុល្លារ​ចូលទៅក្នុង​សេដ្ឋកិច្ច​នៃ​តំបន់ ASEAN ផងដែរ៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ15ខែយ៉ាងណាខ្លះ… អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ15ខែយ៉ាងណាខ្លះ… អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការ​របស់​ក្មេង​អាយុ15ខែ​គួរតែមាន​បែបណាខ្លះ​នោះ លោកឪពុក​អ្នក​ម្ដាយ​គួរតែ​ដឹង ដូច្នេះ​សូម​នាំគ្នា​មក​តាមដាន​អំពី​ការវិវឌ្ឍ​អ្វីខ្លះ​ដែល​កូនតូច​គួរតែ​ធ្វើបាន​ក្នុង​ផ្នែកនីមួយៗពេលដែល​គេ​មាន​អាយុ15ខែព្រមៗគ្នា​ជាមួយនឹង ឡា​រ៉ែ​ន ដូចតទៅ…។

    វិវឌ្ឍនាការ​របស់​ក្មេង​អាយុ 15ខែ ផ្នែក​រាងកាយ និង​ការធ្វើ​ចលនាកូនតូច​ក្នុង​វ័យ​នេះ​គួរតែ​ដើរ​បាន​ពូកែ​ហើយ និង​ចូលចិត្ត​អូស ឬ​រុញ​របស់​លេង​ដើរ​ទៅមក ហើយ​ក្មេង​ខ្លះ​អាច​ហាត់​ដើរ​ថយក្រោយ​បាន។ ចាប់ផ្ដើម​ចេះ​ប្រើ​ស្លាបព្រា និង​សម​ក្នុងការ​ដួស​ចំណីអាហារ​បាន​កាន់តែ​ចំណាន​ឡើង កូន​នឹង​ចូលចិត្ត​ឱ្យ​លោកឪពុក​អ្នក​ម្ដាយ​លេងល្បែង​កម្សាន្ត​ជាមួយ​គេ ដូចជា​ លើកដៃ​ចង្អុល​ត្រចៀក ហើយ​សួរថា ត្រចៀក​នៅឯណា? ឬ​សម្លឹង​កញ្ចក់​មើល​ខ្លួនឯង ហើយ​សួរថា អ្នកណា​គេ​ហ្នឹង?ជាដើម។ កូន​នឹង​ចូលចិត្ត​យក​របស់របរ​ទម្លាក់​ចូលទៅក្នុង​ឡាំង និង​ចូលចិត្ត​សាកល្បង​មើលថា របស់​ណា​នឹង​ចង្អៀត ឬ​ល្មម​ជាមួយ​ប្រឡោះ​ណា(គួរ​រក​របស់​លេង​ដែលជា​ប្រអប់​ដែលមាន​គម្រប​ជា​ប្រឡោះទំហំខុសៗគ្នា និង​មាន​របស់​លេងតូចៗជា​ជ័រ​ប្លា​ស្ទិ​ក​ដែលមាន​រូបរាងផ្សេងៗដែលមាន​ទំហំ​ធំ​ល្មម​ឱ្យ​កូន​បាន​សាកល្បង​ដាក់ចូល​ទៅក្នុង​ប្រឡោះនីមួយៗនោះ ដើម្បី​ហ្វឹកហាត់​ជំនាញ​ក្នុង​ការសង្កេត​ពី​រូបរាង​ដែល​ខុសប្លែក​ពីគ្នា)។

    វិវឌ្ឍនាការ​របស់​ក្មេង​អាយុ15ខែ ផ្នែក​សតិបញ្ញា និង​ការរៀន​យល់ដឹង
    ដោយសារតែ​ក្មេង​ចាប់ផ្ដើម​បំបែក​ខ្លួនឯង​ចេញពី​ម្ដាយ​បាន និង​កំពុង​ហ្វឹកហាត់​ជួយ​ខ្លួនឯង​នោះ ទើប​ក្មេង​មើលទៅ​ហាក់ដូចជា​មិន​ព្រមស្ដាប់​បង្គាប់​មនុស្ស​ធំ​ដែល​តែង​នៅចាំ​ហាម​មិន​ឱ្យគេ​ធ្វើ​នេះ​ធ្វើ​នោះ ឬ​ត្រូវការ​ឱ្យគេ​ត្រូវតែ​ធ្វើតាម​អ្វីដែល​មនុស្ស​ធំ​ប្រាប់​ឱ្យធ្វើ តែ​គេ​ក៏​មិន​ព្រមធ្វើ​តាម​ដែរ ព្រោះ​គេ​ត្រូវ​ការធ្វើជា​អ្នកសម្រេចចិត្ត​ដោយ​ខ្លួនឯង(Sense of self)ទើប​ធ្វើឱ្យ​ឪពុកម្ដាយ​ជាច្រើន​អាចមាន​អារម្មណ៍​ថា កូន​ចាប់ផ្ដើម​ឌឺ និង​រឹង​ហើយ។ ដូច្នេះ​បើ​ឪពុកម្ដាយ​យល់ដឹង​ពី​ដំណាក់កាល​នៃ​ការវិវឌ្ឍ​របស់​កូន​ក្នុងអំឡុង​អាយុ​នេះហើយ ក៏​នឹង​មិនមាន​អារម្មណ៍​ខឹងសម្បា ហើយ​នឹងមិន​ព្យាយាម​ពោល​ពាក្យ​ថា “ហាម​ធ្វើ…កុំ​ណា៎…‟ ឬ​នឹងមិន​ឆេវឆាវ​ឡើយ។ អ្នក​គួរតែ​រិះរក​វិធី​ក្នុងការ​កាត់បន្ថយ​បញ្ហា​ភាពមិន​ជំទាស់​គ្នា​នេះ​ដោយ​ការនិយាយ ឬ​បង្ហាញ​ចេញ​ក្នុង​លក្ខណៈ​វិជ្ជមាន ដូចជា​ជំនួស​ឱ្យ​ពាក្យ​ដែល​ចង់​និយាយថា “កុំ​កាន់​កែវ​ហ្នឹង​ណា៎!‟ មកជា​និយាយថា “កូន​សម្លាញ់​មកលេង​ជាមួយ​ម៉ាក់​នៅ​កន្លែង​នេះ​មក​កូន‟ ជាដើម ដែល​នឹង​ធ្វើឱ្យ​កូន​ស្ដាប់បង្គាប់​អ្នកច្រើនជាង។

    វិវឌ្ឍនាការ​របស់​ក្មេង​អាយុ 15ខែ ផ្នែក​ភាសា និង​ការទំនាក់ទំនង
    ក្មេង​ចាប់​ផ្ដើមនិយាយ​ជា​ពាក្យសម្ដី​បាន​ច្រើនឡើង​ហើយ ចាប់ផ្ដើម​យល់ដឹង​ពី​ភាសា អាចធ្វើ​តាម​បញ្ជា 2 – 3ម៉ាត់​បាន និង​អាចឆ្លើយតប ឬ​ប្រាប់​ឈ្មោះ​វត្ថុ​បាន​ត្រឹមត្រូវ​ហើយ។ មាន​ឧបករណ៍​ដែល​ជួយ​ក្នុង​ការជំរុញ​វិវឌ្ឍនាការ គឺ​កូន​បាល់ តុក្កតា កូន​ឡាន-ល- ដោយ​អ្នក​ម្ដាយ​អាច​បង្ហាត់​កូន​បាន​ក្នុង​គ្រប់​ស្ថានការណ៍ ឬ​តាម​ទីកន្លែងផ្សេងៗបាន​ ដើម្បី​ជាការ​ជំរុញ​វិវឌ្ឍនាការ​ផ្នែក​ការយល់ដឹង​ពី​ភាសា​ឱ្យ​កាន់តែ​លឿន​ឡើង។

    លោកឪពុក​អ្នក​ម្ដាយ​ត្រូវ​យល់ថា ក្មេងម្នាក់ៗកើតមក​ព្រមជាមួយ​​លក្ខណៈ​ប្រចាំ​ខ្លួន​ដោយឡែក​ពីគ្នា និង​មាន​វិធី​ក្នុងការ​តបស្នង​ទៅ​អ្នកដទៃ​ និង​រឿងផ្សេងៗតាមបែប​របស់​ខ្លួនគេ​ដែល​ខុសពី​ក្មេង​ឯទៀត ដែល​នៅពេល​គេ​ធំ​ឡើង គុណសម្បត្តិ និង​បុគ្គលិកលក្ខណៈ​ដោយឡែក​ទាំងនេះ​នឹង​បង្ហាញឡើង​យ៉ាងច្បាស់ ដែល​ការចិញ្ចឹម​មើលថែ​ឱ្យ​ស៊ីចង្វាក់​គ្នា​នឹង​តម្រូវការ​របស់​កូន នឹង​រឹតតែ​ក្លាយជា​ការបង្កើន និង​ជំរុញ​ឱ្យគេ​អាច​នាំ​ផ្នែក​ដែល​ល្អ​របស់​ខ្លួនឯង​ចេញមក​ប្រើប្រាស់​បាន ដែល​វា​នឹង​ក្លាយជា​គោល​សំខាន់​ក្នុង​ការជួយ​ឱ្យ​កូន​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ដែល​ទទួលបាន​ជោគជ័យ​នាពេល​អនាគត​បាន៕

  • ចង់ឱ្យ​កូន​ឆ្លាត មាន​វិវឌ្ឍនាការ​ល្អ ឪពុក​ត្រូវ​ជួយ​ចិញ្ចឹម​មើលថែ​កូន​តាំងពី​ពេល​កើត

    ចង់ឱ្យ​កូន​ឆ្លាត មាន​វិវឌ្ឍនាការ​ល្អ ឪពុក​ត្រូវ​ជួយ​ចិញ្ចឹម​មើលថែ​កូន​តាំងពី​ពេល​កើត

    ចង់ឱ្យ​កូន​ឆ្លាត អ្នកណាៗក៏​ចង់​ដែរ។ តួនាទី​ចិញ្ចឹម​មើលថែ​កូន​ក្នុង​យុគ​សម័យបច្ចុប្បន្ន មនុស្ស​ជាច្រើន​មើលឃើញថាមិនមែនជា​តួនាទី​ផ្ដាច់មុខ​របស់​មនុស្ស​ស្រី​តែម្នាក់ឯង​នោះទេ។ នៅក្នុង​ជីវិត​ពិតតួនាទី​ចិញ្ចឹម​មើលថែ​កូន ឪពុក​ក៏​អាចជួយ​បានដែរ ថែមទាំង​ចិញ្ចឹម​ថែទាំ​កូន​បានល្អ​ទៀតផង…ជឿ​​ ឬ​មិន​ជឿ សាកល្បង​អាន​អត្ថបទ​ខាងក្រោម​នេះ​សិន។

    ចង់ឱ្យ​កូន​ឆ្លាត ឪពុក​អាចជួយ​បាន
    តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​ប្រទេស​អង់គ្លេស​បានបង្ហាញ​ថា ពេលដែល​ឪពុក​មានប​ដិ​សម្ព័ន្ធ​ជាមួយ​កូនតូច​ច្រើនឡើង​ក្នុងអំឡុង​ពីរ​បី​ខែ​ដំបូង​ដែល​ប្រសូត​ចេញមក រឿង​ទាំងអស់នោះ​នឹង​ហុច​ផល​ដល់​វិវឌ្ឍនាការ​ខាង​ផ្នែក​ការគិត​របស់​ក្មេង។ អ្នកសិក្សា​ស្រាវជ្រាវ​មកពី​ស្ថាប័នល្បីៗពីរបាន​សហការគ្នា​ ដើម្បី​សិក្សា​ពី​សម្ព័ន្ធភាព​រវាង​ឪពុក និង​កូនតូច​វ័យ 3ខែ ដែល​លទ្ធផល​បាន​បង្ហាញថា លោកឪពុក​ថ្មោងថ្មី​ច្រើន​តែមាន​ភាព​ក្លៀវក្លា​ក្នុងការ​ចិញ្ចឹម​មើលថែ​កូន លេង​ជាមួយ​កូន និង​មិន​គួរឱ្យ​ជឿថា ការ​មាន​ចំណែក​រួម​របស់​ឪពុក​ថ្មោងថ្មី​នេះ នឹង​ជួយ​ធ្វើឱ្យ​កូនតូច​ឆ្លាត​ឡើង​នៅពេលដែល​គេ​មាន​អាយុ​បាន2ឆ្នាំ។

    ហេតុម្ដេច​បាន​អ្នកសិក្សា​ស្រាវជ្រាវ​ទាំងអស់នោះ​ដឹង?
    អ្នកសិក្សា​ស្រាវជ្រាវ​បានធ្វើការ​សាកល្បង​ដោយ​សង្កេតមើល​ទង្វើ​រប​ស់​ក្មេង​តូច​ក្នុងអំឡុង​ពេលដែល​ពួកគេ​បាន​មើលសៀវភៅ និង​ប្រើ​លក្ខណៈវិនិច្ឆ័យ​រឿង​ការ​ស្គាល់​ពណ៌ និង​រូបរាង​បានល្អ​ប៉ុនណា មក​ប្រើ​ក្នុងការ​វាស់ និង​ប៉ាន់ស្មាន​វិវឌ្ឍនាការ​របស់​ខួរក្បាល​របស់​ក្មេង​តូច។ តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ Infant Mental Health Journal បាន​បង្ហាញថា លទ្ធផលដែល​ទទួលបាន​មាន​ផល​វិជ្ជមាន​ចំពោះ​ក្មេង​ទាំងប្រុស​ទាំងស្រី ហើយ​ថែមទាំង​បានបញ្ជាក់​ទៀតថា បើ​ឪពុក​ជា​មនុស្ស​ស្លូត មានចិត្ត​ត្រជាក់ និង​ទន់ភ្លន់​ដាក់​កូន​ច្រើន​ប៉ុនណា វិវឌ្ឍនាការ​ផ្នែក​ខួរក្បាល​របស់​កូនតូច​ក៏​នឹង​រឹតតែ​ល្អ​ខ្លាំង​ឡើង​ប៉ុន​នោះដែរ។

    រឿង 5យ៉ាង​ដែល​លោកឪពុក​ថ្មោងថ្មី​អាចធ្វើ​បាន
    1. ពកូន​ដើម្បីឱ្យ​ភើ: ក្រោយពេល​កូនតូច​មឹ​ម​ទឹកដោះ​ម្ដាយ​រហូតដល់​ឆ្អែត​ហើយ រឿង​បន្ទាប់មក​ដែល​ឪពុកម្ដាយ​គួរ​ធ្វើគឺ​ពកូន​ឡើង​ដើម្បីឱ្យ​កូន​បាន​ភើ តែ​តួនាទី​ជា​ស្វាមី​អាចជួយ​សម្រាល​បន្ទុករ​បស់​ភរិយា​សរសៃ​ខ្ចី​បាន ដោយ​វិធី​ដ៏ងាយៗ គឺ​គ្រាន់តែ​ចេះ​ព ឬ​បីកូន​ក៏​គ្រប់គ្រាន់​ហើយ។

    2. លេង​ជាមួយ​កូន: វិធី​លេង​ជាមួយ​កូន​មាន​ច្រើនណាស់ ស្រេច​តែ​លើ​លោកឪពុក​ជ្រើសរើស​លេង ទាំង​យក​របស់​លេង​ដែលមាន​សំឡេង​ក្រឺងៗមក​គ្រវី និទានរឿង លេង​ផ្លុំ​ក្បាលពោះ​កូន ឬ​នាំ​កូន​លេង​ហោះ​ក៏បាន។ តែ​ប៉ុណ្ណឹង​កូនតូច​ក៏មាន​សេចក្ដីសុខ​ខ្លាំង​ទៅហើយ តែ​សូម​ជឿ​ចុះ​ថា អ្នក​ដែលមាន​សេចក្ដី​សុខមិន​ចាញ់កូន​ប៉ុន្មាន​នោះ គឺ​លោកប៉ា​ខ្លួនឯង​ហ្នឹង​តែម្ដង។

    3. ងូតទឹក​ឱ្យ​កូន: ឪពុក​ជាច្រើន​នាក់​មានការ​ភ័យខ្លាច​ពេលដែល​ត្រូវ​ងូតទឹក​ឱ្យ​កូនតូច ខ្លាច​របូតដៃ​ធ្លាក់​កូន ធ្វើឱ្យ​បង្ហាញ​អាការឆ្គងៗ ភ័យៗ ខ្លាចៗ តែ​កុំទៅ​កង្វល់​អី​ច្រើនពេក គ្រាន់តែ​លោកប៉ា​ទៅ​ជួយម៉ាក់ៗក៏​គ្រប់គ្រាន់​ណាស់​ទៅហើយ។ ពេល​ចាប់ផ្ដើម​ធ្លាប់ និង​ថ្នឹក​ហើយ សឹម​ចាត់​ការនាំ​កូន​ទៅ​ងូតទឹក​តែម្នាក់ឯង។

    4. ប្ដូរ​ក្រណាត់​កន្ទប ឬ​ខោ​ទឹកនោម: ក្នុង
    មួយថ្ងៃៗ កូនតូចអុឹសៗ និង​ស៊ូចៗញឹកញាប់​ណាស់ ធ្វើឱ្យ​ចាំបាច់​ត្រូវ​ផ្លាស់​ក្រណាត់​កន្ទប​ជា​ញឹកញាប់​ដែរ។ សម្រាប់​លោកប៉ា​មួយចំនួន​គ្រាន់តែ​ដឹងថា​កូនអុឹសៗ ក៏​ស្រែក​ចាច​បាត់ទៅហើយ ឬ​បើ​ដឹងថា​កូន​ខ្លួនឯង​ជា​ស្រី​ផង​នោះ ក៏​លែង​ហ៊ាន​ផ្លាស់​កន្ទប​ឱ្យតែ​ម្ដង។ អ្នកគ្រូ ឆវី​ ចង់​ប្រាប់​លោកប៉ា​ថា លើកដំបូង​វា​រាង​ពិបាកធ្វើ​ចិត្ត​បន្តិច​ហើយ តែ​យូរ​ទៅ​វា​នឹង​ស៊ាំ​ហើយ(ហេស)។

    5. បញ្ចុក​ទឹកដោះ​កូន: មកដល់​អំឡុង
    ពេល​មួយ​ដែល​កូនតូច​ត្រូវ​ហាត់​ញ៉ាំ​ទឹកដោះ​ពី​ដប ពេល​ហ្នឹងឯង​ដែល​ស្វាមី​អាចជួយ​ភរិយា​បាន គ្រាន់តែ​យក​ទឹកដោះ​ដែល​ភរិយា​ច្របាច់​ទុក​រួចស្រេច​ហើយ​នោះមក​កម្ដៅរួច​ដាក់ចូល​ដប​ទឹកដោះ​ឱ្យ​កូន​តូចបាន​មឹ​ម ហើយ​បំពេកូន​ឱ្យ​គេង​ជំនួសម៉ាក់ៗផង។ ហ្អ!…ហើយ​កុំ​ភ្លេច​ពកូន​ឱ្យ​ភើ​ផង​ណា ពេល​កូន​មឹ​ម​ឆ្អែត​ហើយ។

    5 រឿងនេះ លោកប៉ា​អាចជួយម៉ាក់ៗចិញ្ចឹម​មើលថែ​កូន​បាន​ហើយ អាច​នឹង​មិនបាន​ទាំងអស់​មែន តែ​ក៏ហាត់បណ្ដើរៗទៅ ធានាថា​លោកប៉ា​ច្បាស់​ជា​ធ្វើ​បានល្អ​ក្នុង​គ្រប់​រឿង​មិន​ខាន និង​រង្វាន់​ដែលប៉ាៗបានទទួល ក៏​មិនមែន​អ្វី​ផ្សេង​ដែរ គឺ​សម្ព័ន្ធភាព​ដ៏​ល្អ​រវាង​ឪពុក និង​កូន ស្នាមញញឹម សំឡេង​សើច និង​ជួនកាល​កូន​អាច​នឹង​តាមប៉ាៗខ្លាំង​ជាងម៉ាក់ៗក៏​ថា​បានដែរ អ្នកណា​ទៅ​ដឹង​ណោះ?

    អ្នកគ្រូ ឆវី នៅចាំ​ជួយ​លើកទឹកចិត្ត​លោកប៉ា​ថ្មោងថ្មី​គ្រប់រូប​ណា​ចា៎ស…៕

     

  • កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឱ្យ​អគារខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​ខ្លាំង

    កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឱ្យ​អគារខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​ខ្លាំង

    កំណើនសេដ្ឋកិច្ច​ថេរ​របស់​កម្ពុជា​ក្នុងអំឡុងពេល 2ទសវត្សរ៍​ចុងក្រោយ​នេះ​បាន​អូសទាញ​វិស័យផ្សេងៗឱ្យមាន​ការកើនឡើង​ខ្លាំង​ទៅ​ជាមួយគ្នា​ផងដែរ ជាពិសេស​វិស័យ​សំណង់​អគារខ្ពស់ៗដែល​កើតមាន​កាន់តែច្រើនឡើងៗនៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា។

    លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Vtrust Appraisal បាន​មានប្រសាសន៍ថា ដោយសារ​កំណើនសេដ្ឋកិច្ច​ថេរ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើ​ឱ្យមាន​តម្រូវការ​ប្រើប្រាស់​អគារ​ខ្ពស់​កាន់តែ​ច្រើនឡើង​សម្រាប់​ការ​ស្នាក់នៅ​របស់​អ្នកវិនិយោគ សម្រាប់​ធ្វើជា​ការិយាល័យ​បំពេញការងារផ្សេងៗ សម្រាប់​ធ្វើជា​ផ្សារ​ទំនើប និង​ទិញ-លក់​យកប្រាក់​ចំណេញ​ជាដើម នេះ​គឺ​ដោយសារ​គេ​សង្កេតឃើញថា វិស័យនេះ​នៅ​ក្មេងខ្ចី​សម្រាប់​កម្ពុជា បើ​ធៀប​ជាមួយ​ប្រទេសជិតខាង ដែល​នឹង​នៅតែ​អាច​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​ត្រឡប់មកវិញ​នៅពេល​អនាគត។

    លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Vtrust Appraisal

    លោក​បន្តថា តម្រូវការ​នៃ​ការប្រើប្រាស់​អគារ​ភាគច្រើន គឺជា​ជនបរទេស ដោយ​មួយផ្នែក​ទិញ​ទុក​លក់​ដើម្បី​យកប្រាក់​ចំណេញ មួយផ្នែក​ទិញ​ទុក​សម្រាប់​ស្នាក់នៅ​ផ្ទាល់ខ្លួន ដោយសារ​ជនបរទេស​ចូល​ស្នាក់នៅ​ក្នុង​អគារ​ដែល​នៅ​ជិត​កន្លែងធ្វើការ និង​នៅ​ជិត​ផ្សារ​ងាយស្រួល​ទិញ​ទំនិញផ្សេង។ អគារខ្ពស់ៗមួយចំនួនទៀត ធ្វើឡើង​សម្រាប់​ជួល​ឱ្យ​ជនបរទេស​ស្នាក់នៅ​ទៅតាម​រដូវ​កាល ឬ​ធ្វើជា​សណ្ឋាគារ​ជួល​ឱ្យ​ទេសចរ​ក្នុង និង​ក្រៅ​ស្រុក​ស្នាក់នៅ​កម្សាន្ត​ក្នុង​រយៈពេល​ខ្លី។

    លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC មានប្រសាសន៍ថា ដោយសារ​អំណោយផល​ពី​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែល​បាន​លើកទឹកចិត្ត​ដល់​ជនបរទេស​ក្នុង​ការទិញ​អគារ​ចាប់ពី​ជាន់​ទី1ឡើងទៅ​នោះ បាន​ក្លាយជា​កត្តា​ធ្វើឱ្យ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​ចាប់ផ្តើម​បោះទុន​វិនិយោគ​សំណង់អគារខ្ពស់ៗនេះ​កាន់តែច្រើនឡើងៗទុក​លក់​យកចំណេញ និង​វិនិយោគ​ធ្វើ​ផ្សារទំនើបៗលំដាប់ថ្នាក់​អន្តរជាតិ​ជាដើម។ លោក​បន្តទៀតថា ឆ្លងតាម​បទពិសោធ​ពី​ប្រទេសជិតខាង ដំបូង​ឡើយ​ប្រជាជន​គេ​ក៏​មិនសូវមាន​ទំនោរ​រស់​នៅលើ​អគារ​ខុន​ដូខ្ពស់ៗនោះដែរ តែដោយសារ​កត្តា​ប្រជាសាស្ត្រ កំណើនប្រជាជន​ក្នុង​រាជធានី​ចេះតែ​កើនឡើង បានធ្វើឱ្យ​មនុស្ស​ចូលទៅ​រស់នៅក្នុង​អគារ​ខ្ពស់​មាន​ចំនួន​កាន់តែច្រើនឡើងៗ ដែល​បទពិសោធ​នេះហើយ​បានធ្វើឱ្យ​ពួកគេ​ចាប់ផ្តើម​បោះទុន​វិនិយោគ​មក​កម្ពុ​ជាដោយ​រំពឹងថា​ប្រជាជន​កម្ពុជា​នឹងមាន​ទំនោរ​រស់​នៅលើ​អគារ​ខុន​ដូខ្ពស់ៗនាពេល​អនាគត ដូច​នៅ​ប្រទេស​ផ្សេងទៀត​ដែរ។

    លោក​បន្ថែមថា កំណើន​អគារ​ខ្ពស់​នេះ ក៏​តម្រូវឱ្យមាន​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ តែ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ពង្រីក និង​សាងសង់​ផ្លូវ​ស្ទើរ​អស់​លទ្ធភាព​ទៅហើយ និង​បាន​ពង្រីក​បណ្តាញ​សេវា​ដឹកជញ្ជូន​សាធារណៈ​បន្ថែមទៀត​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ដូចជា​បន្ថែម​សេវា​រថយន្តក្រុង ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ និង​សេវា​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹកជា​ដើម ដែល​វា​ជា​គោលនយោបាយ​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង។

    យោងតាម​របាយការណ៍​របស់​ក្រសួង​ដែនដីនគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំ2018នេះ សំណង់​អគារខ្ពស់ៗចាប់ពី 5ជាន់​ឡើងទៅ​មាន​ចំនួន​ដល់​ទៅ 92អគារ ដែល​ចំនួន​នេះ​បាន​ជំរុញ​ឱ្យ​សំណង់​អគារ​បច្ចុប្បន្ន​មាន​ចំនួន​សរុប​ដល់​ទៅ1,088 បើ​គិត​ចាប់តាំងពី​ឆ្នាំ2005មក។ របាយការណ៍​ដដែល​បានបង្ហាញ​ទៀតថា គិត​ត្រឹម​រយៈពេល 9ខែ​នៃ ឆ្នាំ2018នេះ ក្រសួង​បានផ្តល់​លិខិតអនុញ្ញាត​សាងសង់​សរុប 2,541គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន 10.79លាន​ម៉ែត្រការ៉េ និង​មានតម្លៃ​ប៉ាន់ស្មាន​ជាង 4,820លាន​ដុល្លារ ធ្លាក់ចុះ​ជាង14% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2017 ដែល​កាលនោះ​ក្រសួង​បានផ្ដល់​លិខិតអនុញ្ញាត​គម្រោង​សាងសង់​មាន​ចំនួន 2,522គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប 9.14លាន​ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ​ជាង 5,636លាន​ដុល្លារ៕

  • ការទទួលបាន​ប្រយោជន៍​ពី​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​បច្ចេកវិទ្យា

    ការទទួលបាន​ប្រយោជន៍​ពី​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​បច្ចេកវិទ្យា

    ដោយសារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុងពេលថ្មីៗនេះ​បានផ្តល់​ភាពជឿនលឿន និង​ឈានមុខ​សម្រាប់​ធ្វើឱ្យ​កិច្ចការងារ​ជាច្រើនទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​សេវាកម្ម​នោះ ខាង​ផ្នែក​សេដ្ឋកិច្ច​មួយចំនួន​ក៏រីកចម្រើន​ទៅជា​មួយ​បច្ចេកវិទ្យា​នេះដែរ។ ការទទួលយក​សេវា​ហិរញ្ញវត្ថុ​កាន់តែច្រើន​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​បោះជំហាន​យ៉ាង​ល្អ​ឆ្ពោះទៅរក​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​បច្ចេកវិទ្យា​នា​ទសវត្សរ៍​ចុងក្រោយ​នេះ។

    អ្នកសេដ្ឋកិច្ច​បាន​និយាយថា បើ​និយាយ​អំពី​ឌីជីថល(Digitalization)វា​បានផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​ច្រើន។ ទី1-សេវា​ដែល​បង្កើត​ដោយ​ឌីជីថល​មានតម្លៃ​ទាប គឺ​ទាប​ជាង​សេវាកម្ម​ដែល​ប្រើ​ដោយ​ដៃ។ ទី2-វា​មាន​ភាព​រហ័ស លឿន និង​ងាយស្រួល​ចំពោះ​អតិថិជន មានន័យថា អតិថិជន​ចង់​ធ្វើប្រតិបត្តិការ​នៅពេលណា​ក៏បាន។ ទី3-អតិថិជន​មិនបាច់​ចំណាយពេល​ធ្វើដំណើរ​ទៅ​ទីតាំង​ណាមួយ​ដើម្បី​ទទួលយក​សេវាកម្ម​ដែល​គាត់​ចង់បាន​គាត់​នោះទេ គាត់​អាចធ្វើ​នៅ​កន្លែង​ណា​ក៏បាន។ នេះ​គឺ​ប្រព័ន្ធ​ឌីជីថល ដែល​ធ្វើឱ្យ​ការប្រើប្រាស់​ក្រដាស​ស្នាម​ត្រូវបាន​កាត់បន្ថយ។

    ពីមុន ក្រុមហ៊ុន​មួយចំនួន​បានធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដោយ​អត្រា​ការប្រាក់​ខ្ពស់ ដោយសារតែ​តម្លៃ​នៃ​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគាត់​ខ្ពស់​ដែរ ព្រោះ​គាត់​ត្រូវ​ចំណាយ​ច្រើន​ទៅលើ​ក្រដាស​ស្នាម letter head និង​លិខិតស្នាមផ្សេងៗ ប៉ុន្តែ​ឥឡូវ​គាត់​ងាក​មក​ប្រើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធ្វើឱ្យ​តម្លៃ​ដើម​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ត្រូវ​ចំណាយ​តិចជាង​មុន ព្រោះ​គាត់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ដូច្នេះ​តម្លៃ​អត្រា​ការប្រាក់​របស់គាត់​ក៏​ត្រូវបាន​ទម្លាក់​ចុះ​ទាប​ទៅតាម​ហ្នឹង​ដែរ។ ឧទាហរណ៍​ដូច​កាលពីមុន ការផ្ញើ ឬ​វេរ​ប្រាក់​ជាដើម អតិថិជន​មាន​ក្តីបារម្ភ​ច្រើន​ពី​ការដែល​អាច​បាត់បង់ និង​ពុំមាន​សុវត្ថិភាព ព្រោះ​ការផ្ញើ ឬ​វេរ​ប្រាក់​ទាំងនោះ​ត្រូវធ្វើ​តាមរយៈ​ឈ្មួញកណ្តាល ឬ​តាម​ធនាគារ​ដែលមាន​ការលំបាក(ព្រោះ​មានតែ​នៅតាម​ទីប្រជុំជន)និង​មានតម្លៃ​សេវា​ខ្ពស់ ប៉ុន្តែ​បច្ចុប្បន្ន​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា គេ​អាច​លុបបំបាត់​ក្តីបារម្ភ​ទាំងនោះ​បាន។

    លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ័​រ​តេ​បាន​ផ្ដល់យោបល់​អំពី​បញ្ហា​នេះ​ថា៖ “ការបញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​មនុស្ស​កាន់តែច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​វា​បានផ្តល់​ផលប្រយោជន៍​ដល់​ទាំងសងខាង ទាំង​សម្រាប់​ក្រុមហ៊ុន និង​អតិថិជន”។

    លោក​អគ្គនាយក​បានបញ្ជាក់​ថា ពោលគឺ​ទាំង​ក្រុមហ៊ុន ទាំង​អតិថិជន​ទទួលបាន​ប្រយោជន៍​ដូចគ្នា។ ក្រុមហ៊ុន​គាត់​ធ្វើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គាត់​ទទួលបាន​ឧត្តមភាព​ក្នុងការ​ប្រកួតប្រជែង និង​ស្គាល់​អតិថិជន​គាត់​កាន់តែច្បាស់ និង​កាត់​តម្លៃ​ប្រតិបត្តិការ​កាន់តែ​ទាប។ ឯ​អតិថិជន​គាត់​ទទួលបាន​សុវត្ថិភាព​ក្នុងការ​គ្រប់គ្រង​ទឹកប្រាក់ មិន​ខាត​ពេលវេលា រហ័ស និង​ព័ត៌មាន​ត្រូវបាន​បញ្ជូន​យ៉ាង​លម្អិត លឿន ងាយស្រួល និង​មាន​ជម្រើស​ច្រើន។

    លោក​បន្តថា លោក​យល់ថា ចំពោះ​អតិថិជន​អ្នកប្រើប្រាស់​មិនជា​លំបាក​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​ទេ ដូច្នេះ​ក្រុមហ៊ុន​ត្រូវតែ​អភិវឌ្ឍ​ខ្លួនឯង​សម្រាប់​ការបញ្ចុះ​បញ្ចូល​ឱ្យ​អតិថិជន​ប្រើប្រាស់​ចង្វាក់​ផលិតកម្ម​របស់ខ្លួន ព្រោះ​ការចំណាយ​ក្នុង​ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឥឡូវ​មានតម្លៃ​ទាប​បន្តិច​ហើយ ដោយសារ​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ជាស​កល​បាន​ឈាន​ទៅមុខ​ឥតឈប់ឈរ។

    លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា(CMA)បានឱ្យដឹងថាមកដល់​ពាក់កណ្តាល​ឆ្នាំ2018នេះ មាន​ប្រជាជន​កម្ពុជា​រហូតដល់​ជិត 2លាន​នាក់​បានដាក់​ប្រាក់​សន្សំ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ តួលេខ​នេះ​មាន​កំណើន​ដោយសារតែ​អ្នក​ខ្ចីប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវតែ​បង្កើត​គណនី​សន្សំ​មួយ​ដើម្បី​សង​ប្រាក់​មក​គ្រឹះស្ថាន ដែល​ចំនួន​ទឹកប្រាក់​សន្សំ​នេះ​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​ជាង 2ពាន់​លាន​ដុល្លារ​ដែរ​សម្រាប់​ប្រតិបត្តិ​ការប្រាក់​សន្សំ​ក្នុងស្រុក។

    យោងតាម​របាយការណ៍​ពាក់កណ្តាល​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា(ឆមាស​ទី1ឆ្នាំ 2018)វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក​បាន​បន្ត​មាន​កំណើន​ដ៏​រឹងមាំ ដែល​បានកត់សម្គាល់​លើ​ឧស្សាហកម្ម​នាពេលថ្មីៗនេះ​ដោយ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​កំណើន​ឥណទាន និង​ប្រាក់​បញ្ញើ។

    ផ្អែកលើ​របាយការណ៍​នេះ​ប្រាក់​បញ្ញើ​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ដល់ 5ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​ឆមាស​ដំបូង​នៃ​ឆ្នាំ2018 ដែល​កើនឡើង 34,2%។ ប្រជាជន​កម្ពុជា​រហូត​ដល់ 2 លាន​នាក់​បាន​ខ្ចីប្រាក់​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

    លោក សុ​វណ្ណា បាន​និយាយថា៖ “តាមពិត​ការ​កៀរគរ និង​ការប្រមូល​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ ប្រាក់​សន្សំ​ក្នុងស្រុក​ជា​អាទិភាព​មួយ​ក្នុង​វិស័យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពីព្រោះ​ទី1-មាន​ស្ថិរភាព​ជាង ព្រោះ​មូលនិធិ​ហិរញ្ញប្បទាន​នៅក្នុង​ស្រុក​ងាយស្រួល​ជាង​ការប្រមូលប្រាក់​ពី​ក្រៅប្រទេស។ ទី2-ជំរុញឱ្យមាន​ការកែប្រែ​ទម្លាប់​ពី​ការដាក់​ប្រាក់​សន្សំ​ដោយ​ខ្លួនឯង មក​ដាក់​ក្នុង​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ ព្រោះ​មាន​ស្ថិរភាព សុវត្ថិភាព និង​ថែមទាំង​ទទួលបាន​ការប្រាក់​ទៀត​ផង។ ទី3-ការ​កេណ្ឌ​ប្រមូល​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ក្នុងស្រុក ក្រៅពី​មាន​ស្ថិរភាព សុវត្ថិភាព និង​ផ្តល់​ការប្រាក់​ហើយ អតិថិជន​នឹង​បានទទួល​នូវ​ការកាត់បន្ថយ​ថ្លៃ​ដំណើរការ​តម្លៃ​ដើម និង​ពន្ធ​ថែមទៀត។

    លោក​មានប្រសាសន៍ថា៖“បានន័យថា បើ​បច្ចេកវិទ្យា​ត្រូវបាន​ប្រើប្រាស់ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ប្រើប្រាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ផ្លូវការ​សម្រាប់​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ដើម្បី​សន្សំ​ប្រាក់ ដែល​ធ្វើឱ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការរក​វិធី​វិនិយោគ​ប្រកបដោយ​ផលិតភាព​នៅក្នុង​សេដ្ឋកិច្ច តែ​យើង​ក៏ត្រូវ​ការបណ្តុះបណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​សេដ្ឋកិច្ច​ឌីជីថល​នេះ​ផងដែរ”។

    លោក​បន្តថា ប៉ុន្តែ​វា​ក៏​មិន​មែនមាន​ភាពងាយស្រួល​ពេក​ដែរ ព្រោះ​ក្នុង​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​រួមទាំង​សេដ្ឋកិច្ច​ឌីជីថល​នេះ​វា​ទាមទារ​ឱ្យ​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ជា​មូលដ្ឋាន ដែល​ភាគច្រើន​ការបង្កើតឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ឌីជីថល​នេះ វា​ជា​សមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាល ដែល​យើង​ជា​វិស័យ​ឯកជន​បានចាប់ផ្តើម​ឈានទៅ​មុខជាបណ្តើរៗដែរ​ហើយ។

    លោក​បាន​ថ្លែង​បញ្ជាក់ថា ដោយសារតែ​យើង​មានការ​ប្រកួតប្រជែង មាន​ផលិតភាព​កាន់តែ​កើនឡើង និង​កាន់តែ​ល្អ​ជាង​ពី 5ឆ្នាំមុន​នោះ ការគាំទ្រ​ពី​អតិថិជន ការអនុលោម​តាមច្បាប់​ក៏​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​ដែរ ធ្វើឱ្យ​យើង​ទទួលបាន​អត្ថ​ប្រ​យោន៍​បន្ថែម​ពី​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ វា​មិនមែន​ផ្តើម​តែ​ចំណុច​មួយ​ទេ គឺមាន​កត្តា​រួមផ្សំ​ច្រើន ការ​សាង​បញ្ញត្តិ​កម្ម​ដែល​ល្អប្រសើរ ការអភិវឌ្ឍ​វិស័យ​ឯកជន ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដើម្បី​គាំទ្រ​នូវ​កំណើន និង​ការរីកចម្រើន​វិស័យ​មីក្រូហិរញ្ញវត្ថុ ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​ឌីជីថល។ ដូច្នេះ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ អ្វីដែល​អាចសន្និដ្ឋាន​ជាបឋម​បាន​ក្នុងការ​ចូលរួម​របស់​ធនាគារ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ គឺ​វិស័យនេះ​មាន​ផលិតភាព​ខ្លាំង​ជាង​មុន តែ​ក៏​ត្រូវតែមាន​ការប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​យើង​អាច​ទាញយក​ប្រយោជន៍​នៃ​ការចាក់​បញ្ចូល​ហិរញ្ញវត្ថុ ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​ឌីជីថល៕

  • ផែនការថ្មីក្នុងការ​ប្រមូលពន្ធរបស់​អគ្គ​នាយកដ្ឋានពន្ធដារ

    ផែនការថ្មីក្នុងការ​ប្រមូលពន្ធរបស់​អគ្គ​នាយកដ្ឋានពន្ធដារ

    អគ្គនាយកដ្ឋាន​ពន្ធដា​រ (GDT ឬ​The General Department of Taxation) បានប្រកាសថា អគ្គនាយកដ្ឋាន​មាន​គោលបំណង​បង្កើន​ប្រាក់ចំណូល​ពី​ការប្រមូល​ពន្ធ​ចំនួន19% ជាមួយយុទ្ធសាស្ត្រ​ថ្មី​មួយ​សម្រាប់​រយៈពេល 4ឆ្នាំ​ខាងមុខ​ដោយ​ផ្អែកលើ​និរន្តរភាព និង​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​នៅក្នុង​វិស័យ​ឯកជន។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់ GDT កាលពីពេលថ្មីៗនេះ។

    អាជ្ញាធរ​ពន្ធដារ​បាន​បង្ហាញ​ពី​ផែនការ​របស់ខ្លួន​ក្នុងអំឡុង​ជំនួប​ជាមួយ​វិស័យ​ឯកជន​កាលពីពេលថ្មីៗនេះ ដែល​ផែនការ​នេះ​ជា​ផ្នែក​មួយ​នៃ​យន្តការ​ដើម្បីឱ្យ​ភាគី​ទាំង​ពីរបាន​ចូលមក​អង្គុយ​នៅឯ​តុ​ចរចា និង​ថា ការឱ្យ​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​នេះ គឺ​ចាំបាច់​ដើម្បី​សម្រេច​គោលដៅ​ប្រមូល​ពន្ធ។

    ឯកឧត្តម គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​មានប្រសាសន៍ថា ការធ្វើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ការប្រមូល​ពន្ធ​សម្រាប់​ឆ្នាំ2019-2023 ជិត​ត្រូវ​បានបញ្ចប់​ហើយដោយ​ផែនការ​ថ្មី​នេះ​នឹង​ផ្តោតលើ​ការបង្កើន​ការប្រមូល​ពន្ធ​ប្រកបដោយ​ចីរភាព ខណៈពេល​កំពុង​ពង្រឹង​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌ និង​យុត្តិធម៌​សង្គម។ “សម្រាប់​ឆ្នាំ2019ខាងមុខ GDTបាន​សិក្សា​ពី​កំណែទម្រង់​នៃ​ការ​គណនា​ពន្ធ​មូលដ្ឋាន​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ ពន្ធ​ពិសេស​លើ​ទំនិញ និង​សេវាកម្ម​ពន្ធ​សាធារណៈ និង​ដំណើរការ​សវនកម្ម ដើម្បី​ធានាថា យើង​បន្ត​បង្កើន​ចំណូល​របស់​យើង​ពី​ការអនុវត្ត​ការប្រមូល​ពន្ធ”។

    លោក តែ តាំង​ប៉រ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ថ្លែងថា​ ព័ត៌មាន​លម្អិត​ពី​ផែនការ​ប្រមូល​ពន្ធ​ថ្មី​នេះ គឺមាន​ការខ្វះខាត​ច្រើន។ ពួកគេ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ច្រើន​ទេ។ អ្វីដែល​យើង​ដឹងគឺថា ពួកគេ​កំពុង​ព្យាយាម​ប្រមូលពន្ធ19%បន្ថែមទៀត។ លោក​បាន​មានប្រសាសន៍ថា៖ “នេះ​មិនមែន​មានន័យថា ពួកគេ​នឹង​ដំឡើង​ពន្ធ​នោះទេ តែ​ផ្ទុយទៅវិញ​ពួកគេ​នឹង​ផ្តោតលើ​ការបង្កើន​សមត្ថភាព​ប្រមូល​ពន្ធ​របស់ខ្លួន​ដើម្បី​សម្រេច​គោលបំណង​របស់​ពួកគេ”។

    លោក ហូ វណ្ឌី ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ប្រាប់ថា៖“ក្រុមហ៊ុន​ឯកជន​ជាច្រើន​ទៀត​ត្រូវតែ​អនុវត្តតាម​តម្រូវការ​ពន្ធ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ។ យើង​នឹង​បន្ត​ធ្វើការ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជុំវិញ​រឿង​ពន្ធដារ និង​លើកទឹកចិត្ត​ជាមួយនឹង ​GDT ដើម្បី​បង្កើន​ប្រាក់ចំណូល​ពន្ធ”។ ការទទួលបាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ឱ្យមក​ចុះបញ្ជី​ជាមួយ​នាយកដ្ឋាន​ពន្ធដា​រ គឺ​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច។

    នៅក្នុង​វេទិកា​ពន្ធ លោក ​Arnaud Darc ប្រធាន​ EuroCham បាន​ថ្លែងថា ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល​គួរតែ​ត្រូវបាន​ពិនិត្យឡើងវិញ ដោយ​លោក​បាន​បន្ថែមថា ការយកពន្ធ​បែបនេះ​កំពុង​ធ្វើឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នករកស៊ី​ក្នុង​វិស័យ​ឯកជន។ លោក​បាន​និយាយថា ពួកគេ​បានចាត់ទុក​ផែនការ​នេះ​ថា​ជា​រឿង “មិន​យុត្តិធម៌ និង​ត្រូវ​បានដាក់​កំហិត” ដោយ​GDT តែ​EuroChamបាន​អំពាវនាវ​ឱ្យមាន​ភាពយុត្តិធម៌ និង​គាំទ្រ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅក្នុង​ការជំរុញ​របស់​ខ្លួន​ដើម្បី​អនុវត្ត​យន្តការ​ប្រមូល​ប្រាក់ចំណូល​ប្រកបដោយ​យុត្តិធម៌ និង​មិន​រើសអើង។

    លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21មេគង្គ​បាន​ថ្លែងប្រាប់​ឡា​រ៉ែ​ន​តាមរយៈ​ទូរស័ព្ទ​ថា សម្រាប់​រឿង​ពន្ធ​នៅក្នុង​វិស័យ​អចលនទ្រព្យ គឺ​គេ​គ្រោង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ដីធ្លី។ ពោលគឺ​មិនមែនជា​ការដំឡើង​ពន្ធ​ទេ។ ចំពោះ​គោលការណ៍​នៃ​ការប្រមូល​ពន្ធ​ឱ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​គឺ​ខាង​ពន្ធដារ​គ្រោង​ប្រមូល​ឱ្យបាន​តាម​ផែនការ​ដើម្បី​ឱ្យបាន​កើន19%។

    លោក​អគ្គនាយក​បានបញ្ជាក់​ថា ដោយឡែក​ការពាក់ព័ន្ធ​ការធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ដីធ្លី គឺ​ដោយសារតែ​ការធ្វើ​កន្លងមក បាន​កន្លង​ហួស​ច្រើន​ឆ្នាំ​មកហើយ។ឧទាហរណ៍​ដី1កន្លែង​តម្លៃ1ម៉ែត្រការ៉េ 50$ឥឡូវ​តម្លៃ​លក់​លើ​ទីផ្សារ​ឡើងដល់ 70$-100$ទៅហើយ ដូច្នេះ​គេ​ហៅថា​ធ្វើ​បច្ចុប្បន្នភាព​លើ​តម្លៃ​អចលនវត្ថុ។ ប៉ុន្តែ​ការគ្រោង​នេះ​មិនទាន់​ចាប់ផ្តើម​ទេ ហើយ​វា​នឹង​មិនមាន​បញ្ហា​អ្វី​ទេ ព្រោះ​កំណត់​ច្បាប់​នៅ​ដដែល គេ​គ្រាន់តែ​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ប៉ុណ្ណោះ។ ការប្រមូល​ជា​ចំណូល​វា​អាច​កើនឡើង បើ​ប្រថាប់ត្រា 4%ដូចគ្នា វា​មានតម្លៃ​ខុសគ្នា​ហើយ ហើយ​វា​នឹង​កើនឡើង​ដោយ​ស្វ័យប្រវត្តិ ព្រោះ​គេ​ធ្វើឱ្យ​សមាមាត្រ​ទៅលើ​ទីផ្សារ។

    សូមបញ្ជាក់ថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​សារពើពន្ធ ព្រមទាំង​ធ្វើ​ទំនើបកម្ម​ពន្ធដារ ដោយ​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រ កៀរគរ​ចំណូល​រយៈពេល​មធ្យម 2014-2018 ជា​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​អាករ​គ្រប់​ប្រភេទ​ឆ្នាំ2017 សម្រេចបាន115,2% នៃ​ផែនការ​ច្បាប់។​​​ ដោយឡែក​ក្នុង​ឆ្នាំ2018 គិត​ត្រឹម​ថ្ងៃទី26 ខែតុលា អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល​ចំណូល​ពន្ធ និង​អាករ​សរុប (តាម​ប្រព័ន្ធ​អន​ឡាញ) បាន97,44% នៃ​ផែនការ​កំណត់ដោយ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2018៕

  • Winest Cambodia ប្រារព្ធពិធីបុណ្យស្រាក្រហម “Beaujolais Nouveau”

    Winest Cambodia ប្រារព្ធពិធីបុណ្យស្រាក្រហម “Beaujolais Nouveau”

    Beaujolais AOC ជាភាសាបារាំងមានន័យថា “ប្រភពដើមពីតំបន់ Beaujolais” ដែលត្រូវបានទទួលការការពារ ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ 1937 សំរាប់ផលិតស្រាក្រហម Beaujolais Nouveau (បូហ្សូលេណូវ៉ូ)។

    Beaujolais Nouveau បានក្លាយជាព្រឹត្តិការណ៍បុណ្យជាតិដ៏ធំនៃប្រទេសបារាំង ហើយក៏បានរីករាលដាលដល់បណ្តាប្រទេសជិតខាងនៅទ្វីបអឺរ៉ុបនៅទសវត្សរ៍ឆ្នាំ1980 ហើយបន្តទៅដល់អាមេរិកខាងជើងនៅទសវត្សរ៍ឆ្នាំ1990 បន្ទាប់មកក៏បន្តទៅកាន់ឧបទ្វីបអាស៊ី និងរីករាលដាលដល់បណ្តាប្រទេសជាច្រើនទៀតលើពិភពលោក។

    Beaujolais Nouveau ជាប្រភេទស្រាក្រហមដែលផលិតឡើងពីទំពាំងបាយជូ Gamay តែមួយមុខប៉ុណ្ណោះនៅតំបន់ Beaujolais នៃប្រទេសបារាំង។ ទំពាំងបាយជូ Gamay ត្រូវបានគេ ប្រមូលផលដោយដៃ ហើយការផលិតធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលចេញលក់នៅលើទីផ្សារ ហេតុនេះហើយទើបបានជាស្រា Beaujolais Nouveau មានរស់ជាតិថ្មីស្រស់ និងមានរស់ជាតិផ្លែឈើខ្ពស់ ជាពិសេសមានរស់ជាតិចត់តិចៗ ដែលគេនិយមទទួលទានដោយត្រាំទឹកកកឱ្យត្រជាក់ប្រហែល​ 13អង្សាសេ។

    អ្នកស្រី ឈឹម ចិន្ដា នាយកគ្រប់គ្រង របស់ក្រុមហ៊ុនស្រាក្រហម Winest Cambodia បានអោយដឹងពីប្រវត្តិរបស់ប្រភេទស្រាក្រហម Beaujolais Nouveau ថា “ស្រាក្រហមប្រភេទនេះត្រូវបានដាក់បញ្ចេញលក់ជាផ្លូវការបន្ទាប់ពីថ្ងៃទី15 ខែធ្នូ ក្នុងរដូវប្រមូលផលក្នុងមួយឆ្នាំៗ តែ Beaujolais Nouveau ត្រូវបានផ្លាស់ប្តូរ និងកំណត់ការបញ្ចេញលក់ជាផ្លូវការសារជាថ្មីម្តងទៀតនៅក្នុងថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ1951។ ប៉ុន្តែអ្វីៗតែងតែមានការផ្លាស់ប្តូរមិនទៀងទាត់នោះទេ នៅថ្ងៃព្រហស្បតិ៍ ទី3 ខែវិច្ឆិកា ឆ្នាំ1985 Beaujolais Nouveau ត្រូវបានផ្លាស់ប្តូរ និងដាក់កាលបរិច្ឆេទសារជាថ្មីម្តងទៀត ហើយវាជាការសំរេចចុងក្រោយបង្អស់សំរាប់ការដាក់បញ្ចេញលក់ និងត្រូវបានប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។

    អ្វីដែលគួរអោយគត់សំគាល់នៅឆ្នាំនេះ ត្រូវនឹងថ្ងៃព្រហស្បតិ៍គឺជាថ្ងៃសប្តាហ៍ទី3 នៃខែវិច្ឆិកា ហើយក៏ត្រូវនឹងថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2018 ដែលក្រុមហ៊ុនស្រាក្រហម Winest Camboia បានចូលរួមប្រារព្ធពិធីបុណ្យ Beaujolais Nouveau នៅហាងស្រាផ្ទាល់ខ្លួន អាគារលេខ73 ផ្លូវ214 សង្កាត់បឹងព្រលិត ខណ្ឌ7មករា ក្រុងភ្នំពេញ ជាមួយវត្តមានភ្ញៀវកត្តិយសជាច្រើនរូប​រួមជាមួយការញ៉ាំអាហារដ៏រីករាយជាមួយស្រាក្រហម Beaujolais Nouveau និងមានការចាប់រង្វាន់ជូនភ្ញៀវដែលបានអញ្ជើញចូលរួមផងដែរ។

    អ្នកស្រី ឈឹម ចិន្ដា បានលើកឡើងបន្ថែមទៀតថា “អ្វីដែលពិសេសទៀតនោះគឺថាស្រាប្រភេទនេះ មិនត្រូវបានអនុញ្ញាតិឱ្យចេញលក់មុនពេលកំណត់ឡើយ បើទោះបីជាហាងស្រាមានស្រាប្រភេទនេះទុក្ខនៅក្នុងហាងរួចស្រេចក៏ដោយ ជាពិសេសបើមានភ្ញៀវត្រូវការការបញ្ជារទិញមុនថ្ងៃព្រហស្បតិ៍សប្តាហ៍ទី3​នៃខែវិច្ឆិកា ក៏ហាងមិនអាចលក់ជូនភ្ញៀវបានឡើយ ដូច្នេះភ្ញៀវត្រូវរង់ចាំចាប់ពីម៉ោង12:01 នៃថ្ងៃព្រហស្បតិ៍ ទើបហាងលក់ជូនភ្ញៀវបាន​”៕