Author: ធឿន មករា

  • កុមារ​ដែល​ចូលចិត្ត​អាន​នៅផ្ទះ​​នឹង​លូតលាស់​បញ្ញា​ច្រើនជាង​ក្មេង​ធម្មតា

    កុមារ​ដែល​ចូលចិត្ត​អាន​នៅផ្ទះ​​នឹង​លូតលាស់​បញ្ញា​ច្រើនជាង​ក្មេង​ធម្មតា

    តាម​ការស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​រីកចម្រើន​ផ្សេងទៀត​លើ​ពិភពលោក​បាន​រកឃើញ​ថា កុមារ​ដែល​ធំ​ឡើង​ជាមួយនឹង​ទម្លាប់​អាន​សៀវភៅ​នៅ​ក្នុងផ្ទះ​យ៉ាងហោចណាស់​បាន 80ក្បាល​មុនពេល​ដល់​វ័យ​ចូលរៀន និង​ក្នុង​វ័យ​កំពុង​រៀន ច្រើន​មាន​សមត្ថ​ភាពខ្លាំង​ក្នុងការ​ស្វែងយល់​ពី​អក្សរ និង​លេខ​នៅពេល​ពួកគេ​ធំ​ពេញវ័យ។

    ការរៀបចំ​កូន​បណ្ណាល័យ​មួយ​នៅក្នុង​ផ្ទះ​អាច​ជំរុញ​ឱ្យ​កុមារ​យល់ដឹង​ពី​ទម្លាប់ងាយៗក្នុងការ​រស់នៅ​បានល្អ និង​មាន​ជំនាញ​ផ្នែក​គណិតវិទ្យា​បាន​យ៉ាងងាយ ហើយ​ល្អ​ជាង​ក្មេង​ដែល​ផ្តោត​ខ្លាំង​តែ​លើ​ការប្រើប្រាស់​ពេលវេលា​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក ឬ​ជីវិត​ស្រមើស្រមៃ (virtual life)។ ការចាប់ផ្តើម​កសាង​ចំណេះដឹង​ក្នុង​គ្រួសារ ជាការ​ចាប់ផ្តើម​ប្រកបដោយ​ថាមពល​ខ្លាំងក្លា ដែលអាចជំរុញ​កុមារ​ឱ្យ​ក្លាយជា​មនុស្សខ្លាំង​ស្រាប់​មុនពេល​ចូល​សាលា ជាហេតុ​ធ្វើឱ្យ​ពួកគេ​មាន​ថាមពលផ្នែក​គំនិតខ្ពស់ជាង​កុមារ​ដទៃ​នៅក្នុង​ថ្នាក់រៀន។

    ចំនួន​ខាងលើ​នោះ​មិន​ច្រើនពេក​ទេ​សម្រាប់ក្មេងៗក្នុង​ការអាន តាម​ការស្រាវជ្រាវ​បង្ហាញថា នៅ​សហរដ្ឋអាមេរិក នៅផ្ទះនីមួយៗមាន​សៀវភៅ​ជា​មធ្យម 114ក្បាល។ ចំនួន 114ក្បាល​នេះ​ជា​ចំនួន​ល្អ​មួយ​សម្រាប់​គ្រួសារ​ដែល​អាច​ល្មម​សមរម្យ​ក្នុងការ​បង្កើត​ទម្លាប់​នៃ​ការអាន​ដល់កូនតូចៗដើម្បី​ត្រៀមខ្លួន​ក្លាយជា​មនុស្ស​ខ្លាំងនាពេល​អនាគត។ ការសិក្សា​ដដែល​បាន​បង្ហា ញថា តាម​ការស្រាវជ្រាវ​លើ​មនុស្ស​វ័យ​ជំទង់​ចំនួន 160,000នាក់ ចន្លោះ​ពី​ឆ្នាំ2011 ដល់​ឆ្នាំ2015 បាន​រកឃើញថា មនុស្ស​ដែល​ធ្លាប់បាន​អាន​សៀវភៅ​ចន្លោះ​ពី 80ក្បាល ឬ​ច្រើនជាង​នេះ​នៅផ្ទះ ច្រើន​មាន​កម្រិត​ចំណេះដឹង​អក្ខរកម្ម លេខ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (ICT) ខ្ពស់។

    ទន្ទឹមនឹងនេះ​តាម​ការស្រាវជ្រាវ​របស់​បណ្ឌិត Joanna Sikora នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (ANU) បានឱ្យដឹងថា មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់​ផ្នែក​អក្ខរកម្ម លេខ និង​បច្ចេកវិទ្យា​ព័ត៌មាន ភាគច្រើន​មាន​សៀវភៅ​ចន្លោះ​ពី 80 ទៅ350ក្បាល​នៅផ្ទះ។ ចំនួន​នេះ​មិនមែនជា​ចំនួន​ច្រើនពេក​ទេ​សម្រាប់​ប្រជាជននៅ​អឺរ៉ុប ឬ​នៅ​អាមេរិក ព្រោះ​ជាធម្មតា​គ្រួសារ​នៅ​ប្រទេស​ន័​រ​វែ​ស​ចំនួន14% និង​ប្រទេស​ស៊ុយអែត13% មាន​សៀវភៅ​ច្រើនជាង 500ក្បាល​នៅក្នុង​ផ្ទះ ចំណែក​ប្រទេស​ដែលមាន​សៀវភៅ​ប្រហែល 80ក្បាល ឬ​ច្រើនជាង​នេះ មានដូចជា​ប្រទេស​ស៊ី​លី ក្រិច អុីតាលី សិង្ហ​បុរី និង​តួ​ក​គី។

    មូល​ហេតុដែល​បណ្ណាល័យ​នៅផ្ទះ​អាចជួយក្មេងៗបាន
    ការស្រាវជ្រាវ​បាន​ណែនាំ​ថា ការបង្កើត​បណ្ណាល័យ​នៅផ្ទះ​គឺ​ហាក់បីដូចជា​បង្កើត​កន្លែង​កម្សាន្ត​ដ៏​ល្អ​មួយ​សម្រាប់​ក្មេង​តូច​ប្រសិនបើ​យើង​អាច​នាំ​គេ​ឱ្យ​កម្សាន្ត​បែប​វិជ្ជមាន។ ការណែនាំក្មេងៗឱ្យ​អាន​សៀវភៅ​ដែល​គេ​ចូលចិត្ត អាចធ្វើ​ឱ្យគេ​ធំ​ឡើង​ជាមួយនឹង​បរិស្ថាន​ចំណេះដឹង និង​ចូលចិត្ត​រៀនសូត្រ​តាំងពី​គេ​នៅ​ក្មេង។ វា​ជាការ​វិនិយោគ​សម្រាប់​អនាគត​ដ៏​វែងឆ្ងាយ​របស់​ក្មេង ព្រោះ​ប្រសិនបើ​យើង​មិន​ចាប់ផ្តើម​បណ្តុះ​ទម្លាប់​អប់រំ​ដល់​គេ​តាំងពីក្មេង​ទេ កូនតូចៗអាច​នឹង​ងាយ​ត្រូវ​អូសទាញ​ចូលទៅក្នុង​បរិស្ថាន​មិនល្អ​ពេល​គេ​ធំ​ឡើង។

    ចំណុច​សំខាន់​មួយទៀត គឺ​នៅពេល​ក្មេង​រីកលូតលាស់​ធំ​បន្តិច​ឡើង ពួកគេ​នឹង​ឧស្សាហ៍​អាន​ដោយ​មិនចាំបាច់​ជំរុញ ដែល​ធ្វើឱ្យ​ពួកគេ​អាច​អភិវឌ្ឍ​ជំនាញ​ដទៃទៀត​ដែលជា​តម្រូវការ​របស់​សង្គម ដូចជា​ជំនាញ​ទំនាក់ទំនង ជំនាញ​ក្នុងការ​គិតពិចារណា និង​ការអប់រំ​ផ្លូវចិត្ត​ឱ្យ​កាន់តែ​ប្រសើរ និង​មិនចាំបាច់​បង្ខំ។

    ចំណាយ​លើ​តម្លៃ​សៀវភៅ 80ក្បាល​ដើម្បី​ឱ្យមានក្មេង​សមត្ថ​ភាពខ្លាំង គឺជា​ការចំណាយ​អស់​តិចជាង​ការចំណាយ​ផ្សេងទៀត​ក្នុងការ​អភិវឌ្ឍ​ក្មេង។

    ដូច​បានបង្ហាញ​ឱ្យដឹង​ហើយ​ថា សាកលវិទ្យាល័យ​ខាងលើ​បាន​បញ្ចេញ​របាយការណ៍​ថា និស្សិត ឬ​សិស្ស​ដែល​រស់នៅក្នុង​បរិស្ថាន​ដែល​សម្បូរ​សៀវភៅ និង​ការ​មាន​បណ្ណាល័យ​នៅក្នុង​ផ្ទះ នឹងមាន​កម្រិតយល់ដឹង​ខ្ពស់​ជា​មនុស្ស​ធម្មតា។ ហេតុនេះ​ការបង្កើត​បណ្ណាល័យ​តូច​មួយ​នៅក្នុង​ផ្ទះ​ជាការ​វិនិយោគ​ល្អបំផុត​លើ​អនាគត​របស់​កុមារ។ តម្លៃ​សៀវភៅ​ខ្លះ​ថ្វីដ្បិតតែ​ថ្លៃ​បន្តិច​មែន តែ​វា​ក៏​នៅតែ​ធូរ​ថ្លៃ​ជាងការចំណាយផ្សេងៗទៀត​ដើម្បី​ណែនាំ​ក្មេង​ឱ្យ​ស្គា​ល់ពី​ប្រភព​ចំណេះដឹង និង​បណ្តុះ​ទម្លាប់​ល្អ​ដល់​ពួកគេ​ដែរ។ ហេតុនេះ អាណាព្យាបាល​គួរ​សាកល្បង​បង្កើត​ទម្លាប់​នៃ​ការអាន និង​ចំណាយ​ពេលវេលា ក៏ដូចជា​ថវិកា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ផ្ទះ​របស់ខ្លួន​ក្លាយជា​កូន​បណ្ណាល័យ​តូចមួយ​ប្រកបដោយ​ចំណេះដឹង ជា​កន្លែង​កម្សាន្ត​វិជ្ជមាន​ និង​ជា​កន្លែង​បណ្តុះ​ទម្លាប់​ល្អ​ដល់​កុមារ​មុន​ពួកគេ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​ប្រឡូក​ក្នុង​ការរស់នៅ​ជាក់ស្តែង​ក្នុងសង្គម​នៅពេល​អនាគត៕

  • ការអប់រំ 4.0 ជា​គន្លឹះ​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម 4.0

    ការអប់រំ 4.0 ជា​គន្លឹះ​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម 4.0

    កម្ពុជា​កំពុង​សិ្ថ​ត​ក្នុង​ចរន្ត​ដ៏​សំខាន់​មួយ​របស់​ពិភពលោក គឺ​បដិវត្តន៍​ឧស្សាហកម្ម​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ខ្លាំង​លើ​ការធ្វើការងារ ការធ្វើ​អាជីវកម្ម ដំណើរការ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ជាដើម។ នៅក្នុងដំណាក់កាល​នេះ វា​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមមួយចំនួន​ដែលជា​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរ​នៃ​ការអភិវឌ្ឍ និង​ការប្រកួតប្រជែង​នៅក្នុង​តំបន់។ នៅថ្ងៃនេះអ្នកយកព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​លោក​សាស្ត្រាចារ្យ ជី គឹមអ៊ីព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៃសាកលវិទ្យាល័យ​បៀ​ល​ប្រាយ អំពី​កត្តា​ប្រឈម និង​ដំណោះស្រាយសំខាន់ៗលើ​វិស័យ​ធនធានមនុស្ស​ក្នុងបដិវត្តន៍​ឧស្សាហកម្ម 4.0។

    1. បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្នុង​ចរន្ត​មួយ​ដែល​នឹង​ឈានទៅរក​បដិវត្តន៍​ឧស្សាហកម្ម 4.0 តើ​ប៉ុន្មាន​ឆ្នាំ​ទៀត​យើង​នឹង​ចូលទៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​នេះ​ពេញលេញ?
    បើ​យើង​និយាយ​ពី​ឧស្សាហកម្ម 4.0 ពិភពលោក​គេ​ចាប់ផ្តើម​នៅ​ដើម​សតវត្សរ៍​ទី21នេះហើយ ដែល​ក្នុងនោះ​ប្រទេសនីមួយៗត្រូវការ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់​ជា​ចាំបាច់ ដើម្បី​ធ្វើឱ្យ​ការងារ​គ្រប់
    យ៉ាង​ត្រូវតែមាន​ភាព​ឆ្លាត​វៃ​ដូចជា ផលិតផល​ឆ្លាត​វៃ (smart product) រោងចក្រ​ឆ្លាត​វៃ (smart factory) សហគ្រិន​ឆ្លាត​វៃ (smart entrepreneur) ផ្ទះ​ឆ្លាត​វៃ (smart home) សាលា​ឆ្លាត​វៃ(smart school) និង​រដ្ឋ​ឆ្លាត​វៃ(smart nation)ជាដើម។

    សម្រាប់​កម្ពុជា​វិញ យើង​ក៏​កំពុង​យកចិត្តទុកដាក់​ក្នុង​ការជំរុញ​ខ្លួនឯង​ឱ្យចូល​ទៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម 4.0 នេះដែរ។ ជាក់ស្តែង​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​បង្កើត​កម្មវិធីសិក្សា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដើម្បី​ជំរុញ​យុវជន​កម្ពុជា​ឱ្យមាន​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​សម្រាប់​ទទួល​បានអនាគត​ធនធានមនុស្ស​លើ​វិស័យ​វិទ្យាសាស្ត្រ វិស្វកម្ម និង​វិស័យ​នានា​ផ្សេងទៀត​សម្រាប់​គ្រប់គ្រង​ឧបករណ៍​ឆ្លាត​វៃ​ដែល​នឹងត្រូវ​ប្រើប្រាស់​នាពេល​អនាគត។ ចំពោះពេលវេលា​វិញ ប្រទេស​យើង​ប្រហែលជា​ត្រូវការ​រយៈពេល 10ឆ្នាំ​ទៀត ដើម្បី​ជំរុញឱ្យមាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​បដិវត្ត​ន៍​ឧស្សាហកម្ម​លើក​ទី4 នេះ ព្រោះ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​លើ​ពិភពលោក គឺ​ប្រើ​រយៈពេល 100ឆ្នាំ ដូច្នេះ​ក្នុង​កាលៈទេសៈ​ដែល​យើង​ទើបតែ​ចាប់ផ្តើម​សតវត្សរ៍​ទី21នេះ យើង​អាច​នៅសល់​ពេលវេលា​យូរ​គួរសម​ដែរ​ដើម្បី​អនុវត្ត​វា។

    2. តើ​នៅពេលដែល​យើង​ចូលដល់​ឧស្សាហកម្ម 4.0នេះ និង​តើ​បច្ចេកវិទ្យា​មាន​សារៈសំខាន់​ខ្លាំង​ប៉ុនណា​សម្រាប់​កម្ពុជា?
    បច្ចេកវិទ្យា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​បដិវត្ត​ន៍​ឧស្សាហកម្ម​ថ្មី​នេះ ព្រោះ​ឧបករណ៍​ទំនើប និងឆ្លាត​វៃ​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុង​ការជំរុញឱ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន។ ជាក់ស្តែង​បើ​យើង​ចង់​សង់ផ្ទះ​មួយ40ជាន់ បើ​យើង​មិន​យក​កម្មវិធី​វិស្វកម្ម​ថ្មី​មក​ធ្វើ​ទេយើង​នឹង​ដើរ​មិនទាន់​ប្រទេសជិតខាង​ឡើយ ចំណែក វិស័យផ្សេងៗក៏​ដូចគ្នា ចាំបាច់​ណាស់​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបនាពេល​បច្ចុប្បន្ននេះស្ទើរ​គ្រប់​វិស័យរួមទាំង​វិស័យ​ព័ត៌មាន សំណង់​ធារាសាស្ត្រ និង​ការគ្រប់គ្រង​គ្រោះ​រញ្ជួយ​ដី​ជាដើម ចាំបាច់​ត្រូវតែ​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ប្រសើរឡើង។មាន​ប្រទេស​ខ្លះគេ​ប្រើប្រាស់​បច្ចេកវិទ្យាដើម្បី​វាស់​ស្ទង់ និង​បញ្ជូន​ព័ត៌មាន​ពី​គ្រោះមហន្តរាយ​ឱ្យ​ប្រជាជន​គេ​បានដឹង​ថែមទៀត​ផង។ នៅពេល​មាន​បញ្ហា​កើតឡើង អ្នកជំនាញ​មិន​ត្រឹមតែ​អាច​ផ្សព្វផ្សាយ​តាម​វិទ្យុ ឬ​ទូរទស្សន៍​ទេ តែ​គេ​អាច​ប្រើប្រាស់​កម្មវិធី (mobile apps) ឬ​បណ្តាញ​សង្គម​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​ប្រជាជន​គ្រប់​ទីកន្លែង​តាមរយៈ​ទូរស័ព្ទ​បាន​យ៉ាង​ងាយ។

    ងាក​មក​វិស័យសេដ្ឋកិច្ច​វិញ បច្ចេកវិទ្យា​ជា​ចំណុច​មិនអាច​ខ្វះ​បាន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម 4.0 នេះ ព្រោះ​បច្ចុប្បន្ននេះ​បច្ចេកវិទ្យា​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ការធ្វើ​ទីផ្សារ ការ​ចែកចាយ​ផលិតផល និង​ការគ្រប់គ្រង​ចង្វាក់​ផលិតកម្ម​បាន​យ៉ាង​មានប្រសិទ្ធភាព និង​ងាយស្រួល​បំផុត។ ក្រុមហ៊ុន ឬ​សហគ្រាស​ណា​មិន​ប្រើប្រាស់​បច្ចេកវិទ្យា គាត់​នឹងត្រូវ​ចំណាយ​ច្រើន​ទាំង​ថវិកា និង​ពេលវេលា ដែល​ធ្វើឱ្យ​គាត់​ពិបាក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ។

    3. បើ​មើល​តាម​ស្ថានភាព​បច្ចុប្បន្ន តើ​កម្ពុជា​ត្រូវការ​អ្វីខ្លះ​បន្ថែមទៀត​ដើម្បី​ចូលទៅ​កាន់​បដិវត្តន៍​ឧស្សាហកម្ម?
    ដូច​បានបញ្ជាក់​ខាងលើ​រួចហើយ​ថា កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​ដែល​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ការងារ​ជាមួយ​បច្ចេកវិទ្យា​ថ្មី និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ដែល​អាចធ្វើ​ការងារ​ខុសប្លែក​ពី​ការងារ​ដែល​ម៉ាស៊ីន​អាចធ្វើ​បាន។ ជំនាញ​ដែល​គេ​ត្រូវការ​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ថ្មី​នេះគឺជំនាញ​ដោះស្រាយ​បញ្ហា ជំនាញ​ក្នុង​ការគិត​ឱ្យបានស៊ីជម្រៅ ជំនាញ​ច្នៃប្រឌិត ជំនាញ​គ្រប់គ្រង និង​សម្រប-សម្រួល​ជាមួយ​មនុស្ស ជំនាញ​សម្រាប់​ទំនាក់ទំនង ជំ-នាញ​ក្នុង​ការចរចា ជំនាញ​ក្នុងការ​សម្របសម្រួល​សេវាកម្ម និង​ជំនាញ​ក្នុងការ​គ្រប់គ្រង​បច្ចេកវិទ្យា​ជាដើម។

    ដើម្បី​ដើរ​ឱ្យដល់​គោលដៅសំខាន់ៗទាំងអស់នោះ ស្ថាប័ន​អប់រំ​ទាំង​រដ្ឋ និង​ឯកជន​ចាំបាច់​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​អប់រំ​ឱ្យស្រប​នឹង​ប្រព័ន្ធ​អប់រំ 4.0។ ការងារ​នេះ​ទាមទារ​ឱ្យមាន​ការខិតខំ​បង្កើត​កម្មវិធីសិក្សា​ថ្មី ដោយ​ផ្លាស់ប្តូរ​កម្មវិធីសិក្សា​ដែល​ហួស​កាលបរិច្ឆេទ ប្រើប្រាស់​លែងកើត ឱ្យក្លាយ​ជាការ​បណ្តុះបណ្តាល​បែប​ទំនើប​ដោយ​រាប់បញ្ចូល​ទាំង​បច្ចេកវិទ្យា និង​ជំនាញ​សម្រាប់​សតវត្សរ៍​ទី21 សម្រាប់​ឱ្យ​និស្សិតទាំងអស់​បាន​សិក្សា​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​កម្ពុជា ព្រោះថា បន្តិចទៀតនេះ​រោងចក្រ ក៏​ជា​រោងចក្រ​ឆ្លាត​វៃ​ដែរ ការងារ​មួយចំនួន​នឹងត្រូវជំនួស​ដោយ​ម៉ាស៊ីន ហេតុនេះ​ទាល់តែ​ប្រជាជន​យើងចេះ​គ្រប់គ្រង​ម៉ាស៊ីន​ទាំងអស់នោះ ទើប​អាច​ចាប់យក​ឱកាស​ការងារ​បាន។ ក្រៅពីនេះ​វិស័យ​ជាច្រើន​ផ្សេងទៀត​ក៏មាន​ការផ្លាស់ប្តូរ​ផងដែរ ចាំបាច់​ទាមទារ​ឱ្យមានធនធានមនុស្ស​ដែលមាន​សមត្ថភាព​ឆ្លើយតប​ជាមួយទីផ្សារ​អនាគត មិនមែន​សិក្សា​កម្មវិធីចាស់ៗនោះទេ។

    4. តើ​លោក​សាស្ត្រាចារ្យ​អាច​បកស្រាយ​លម្អិត​បាន​ទេ​អំពី​ប្រព័ន្ធ​អប់រំ 4.0 ថា តើ​មាន​ចំណុច​ពិសេស​អ្វីខ្លះ?
    ប្រព័ន្ធ​អប់រំ 4.0 ជា​ប្រព័ន្ធ​អប់រំ​ដែលមាន​កម្មវិធីសិក្សា​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​បដិវត្តន៍​ឧស្សាហកម្ម 4.0 ហើយ​វា​ទាមទារ​ឱ្យមាន​ការបញ្ចូល​ភាព-ជាក់ស្តែង​ច្រើនជាង​មុន។ ក្រៅពី​ផ្លាស់ប្តូរ​កម្មវិធីសិក្សា​ថ្មី គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ចាំបាច់​ត្រូវមាន​មន្ទីរពិសោធន៍ (lab) ដើម្បី​ពិសោធ​ប្រសិនបើ​មុខវិជ្ជា​ទាំងអស់នោះ​តម្រូវ ដូចជា​មុខវិជ្ជា​វិទ្យាសាស្ត្រ​ជាដើម។ ក្រៅពីនេះ​ចាំបាច់​ត្រូវមាន​ការអនុវត្ត​ផ្ទាល់​ឱ្យបាន​ច្រើន​តាមរយៈ​ការចុះ​ទៅកាន់​សហគ្រាស ឬ​ខ្សែចង្វាក់​ផលិតកម្មផ្ទាល់ ដើម្បី​តាមដាន​ឱ្យដឹងពី​ការ​អនុរត្ត​ជាក់ស្តែង​របស់​ក្រុមហ៊ុន​នានា​ដែល​កំពុងដំណើរការ នៅ​ឆមាស​ទី2 ឆ្នាំ​ទី2។ បន្ថែម​ពីលើ​នេះ សម្រាប់​កម្មវិធី​គ្រប់គ្រង​បណ្ណាល័យ​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ឧបករណ៍​ទំនើប​ដើម្បី​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ស្រាវជ្រាវ ព្រោះ​មេរៀន​អាច​នឹង​កាន់​តែមាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន។ ចំពោះ​និស្សិត​ដែល​សិក្សា​លើ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ខ្លាំង ត្រូវតែ​ធ្វើ​កម្មវិធី (application) តែម្តង​នៅ​ឆ្នាំ​ទី4 ហើយ​គាត់​ក៏​ចាំបាច់​ត្រូវ​ចុះទៅ​សហគមន៍ ឧស្សាហកម្ម និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាក់ស្តែង ដើម្បី​ព្យាយាម​ស្វែងយល់​ពី​បញ្ហា​ដើម្បី​យក​បច្ចេកវិទ្យា​របស់គាត់​ទៅធ្វើ​ការងារ ឬ​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ។ ប្រព័ន្ធ​អប់រំ 4.0ក៏​ត្រូវតែ​បញ្ចូល​ជំនាញ​ទន់ (soft skills) ដើម្បីឱ្យ​ពួកគាត់​ចេះទាំង​ជំនាញ​វិជ្ជាជីវៈ និង​ជំនាញ​ទំនាក់ទំនង ជំនាញ​ក្នុងការធ្វើការងារ​ជា​ក្រុម មាន​សិល្បៈ​ក្នុងការ​រស់នៅ​ប្រកបដោយ​សក្តានុពល ចេះ​រស់នៅ​ក្នុងសង្គម និង​អនុវត្ត​ការ-ងារ​បានល្អ​ទាំង​ជាមួយ​ថ្នាក់លើ និង​ថ្នាក់ក្រោម។ ស្របពេល​ជាមួយគ្នា​នោះដែរ និស្សិត​ត្រូវតែ​ធ្វើការ​ងារ​ជា​ក្រុមឱ្យបាន​ច្រើន ដើម្បី​អនុវត្ត​ជំនាញ​ទាំងអស់នោះ​ឱ្យបាន​ល្អ​លើ​ការគ្រប់គ្រង​ការងារ​ជាក់ស្តែង​ជាមួយ​មនុស្ស។

    5. បើ​ក្រឡេក​មក​មើល​កម្ពុជា តើ​យើង​មាន​កត្តា​ប្រឈម​អ្វីខ្លះ​ក្នុងការ​ដើរចូល​បដិវត្ត​ន៍​ឧស្សាហកម្ម 4.0 នេះ?
    នៅ​ស្រុក​យើង បញ្ហា​ប្រឈម​ខ្លាំង គឺ​ធនធានមនុស្ស​នៅមានកម្រិត។ តាម​ដែល​ខ្ញុំ​បាន​ជួបប្រទះនិស្សិត​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ខ្លះ​មិន​ច្បាស់​ទាំងការ​ចែកលេខ​ផង ហើយ​ពេល​ដាក់​លំ​ហាត់​គណិតវិទ្យាម្តងៗ គាត់​លំបាក​ខ្លាំង​ក្នុងការ​ដោះស្រាយ ស្រប​ពេលដែល​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (ICT) ត្រូវការ​ជា​ចាំបាច់​នូវ​ចំណេះដឹង​ផ្នែក​គណិតវិទ្យា។ ចំពោះ​និស្សិត​ផ្នែក​សំណង់​ក៏​ដូចគ្នា​ដែរ ប្រសិនបើ​គាត់​មិន​ច្បាស់​ផ្នែក​គណិតវិទ្យា គាត់​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​ខ្លាំង។បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ការបណ្តុះបណ្តាល​ផ្នែក​គណិតវិទ្យា​នៅមានកម្រិតហេតុនេះហើយ​ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ STEM ឱ្យបាន​ច្រើន​នៅ​ថ្នាក់​បឋម និង​មធ្យមសិក្សា ដើម្បី​ឱ្យមាន​គ្រឹះ​រឹងមាំ​សម្រាប់​ចូលទៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា។

    បញ្ហា​ប្រឈម​របស់​យើង​បច្ចុប្បន្ននេះ គឺ​មូលដ្ឋានគ្រឹះ​របស់​សិស្ស​ដែល​ចូលមក​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នៅមានកម្រិត ដែល​ធ្វើឱ្យ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​មានការ​លំបាក​បណ្តុះបណ្តាល។ ប្រសិនបើ​សិស្ស​ចូលមក​ឧ​ត្ត​មសិ​ក្សា​ខ្សោយ មានការ​លំបាក​ណាស់​ក្នុងការ​ធ្វើឱ្យ​គាត់​ចេញទៅ​វិញ ហេតុនេះ​យើង​នៅ​ត្រូវ​ការខិតខំ​ប្រឹងប្រែង​បន្តទៀត។

    ចំពោះ​លំហូរ​ការងារ​វិញ​ក៏​អាចជា​បញ្ហា​ប្រឈម​ដែរ ព្រោះ​ប្រសិនបើ​និស្សិត​យើង​នៅមានកម្រិត​ទាប​ជាង​និស្សិត​មកពី​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់យើង​នឹង​លំបាក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ ទាំង​ការងារ និង​អាជីវកម្ម។ ជា​ឧទាហរណ៍ នៅពេលដែល​គេ​ប្រកាស​ដេញថ្លៃ​គម្រោង​វិស្វកម្ម ប្រសិនបើ​និស្សិត​យើង​ចេញទៅ​មិនមាន​ភាព​ច្នៃប្រឌិត​ខ្លាំង គេ​អាច​ពិចារណា​យក​ធនធានមនុស្ស​ពី​ប្រទេស​ដទៃ​បាន ព្រោះ​បច្ចុប្បន្ននេះ​អាស៊ាន​ចាប់ផ្តើម​បើកចំហ​លំហូរ​ការងារ​ក្នុង​តំបន់។ ទោះជា​យ៉ាងនេះ​ក្តី យើង​មើលឃើញថានិស្សិត​ស្រុក​យើង​ខ្លះ​ក៏​អាចមាន​សមត្ថភាព​ធ្វើ​ការងារនៅ​ក្នុងប្រទេស​គេ​បានដែរ ដូចជា​និស្សិត​បៀ​ល​ប្រាយ​ម្នាក់ ក៏បាន​ធ្វើការ​ងារ​ជា​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ធំ​ម្នាក់​នៅ​ប្រទេស​ថៃ​ដែរ ហើយ​រួមទាំង​និស្សិតខ្លាំងៗមួយចំនួនទៀត គ្រាន់តែ​ចំនួន​នោះ​មិនទាន់មាន​ច្រើន​នៅឡើយ។

    ចំណែក​ការទាក់ទាញ​ការវិនិយោគ ក៏​អាចមាន​បញ្ហា​ដែរ ប្រសិនបើ​ធនធានមនុស្ស​នៅមានកម្រិត។ ឧទាហរណ៍​ប្រសិនបើ​ក្រុមហ៊ុន Microsoft ចង់​បង្កើត​រោងចក្រ​ផលិត​ឈី​ប (CHIP) នៅ​ស្រុក​យើងគេ​ត្រូវ​ចំណាយ​ពេលវេលា និង​ធនធាន​ជាច្រើន​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ទាំង​ផ្នែក​គ្រឿង​ផ្គុំ(hardware) និង​កម្មវិធី (software) ស្រប​ពេលដែល​ការអប់រំ​នៅ​កម្ពុជា​ផ្តោត​ខ្លាំង​តែ​លើ​កម្មវិធី (software)ដែល​ធ្វើឱ្យ​ក្រុមហ៊ុនធំៗអាច​ងាក​ទៅ​ដា​ក់នៅ​ប្រទេសជិតខាង​ណា​ដែលមាន​និស្សិត​ខ្លាំង​ទាំង​ផ្នែក​គ្រឿងផ្គុំ និង​កម្មវិធី​តែម្តង។

    6. បច្ចុប្បន្ននេះ តើ​ធនធានមនុស្ស​របស់​យើង​ស្ថិតនៅក្នុង​កម្រិតណា​ដែរ ប្រសិនបើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុងតំបន់?
    បើ​ធៀប​ជាមួយ​ប្រទេសជិតខាង យើង​ឃើញថាយើង​នៅមានកម្រិត​ទាប​ជាង​ថៃ និង​វៀតណាម តែបើ​ឡាវ និងមីយ៉ាន់ម៉ា យើង​អាច​ឈ្នះ​គេ​បាន។ នៅមានកម្រិតកន្លែង​នេះ មិនមែន​រើសយក​ទៅធ្វើ​ការមិន​បាន​ទេយើង​ក៏មាន​អ្នកចេះច្រើន​គួរសម​ដែរ ព្រោះ​កន្លងមក​ក៏មាន​និស្សិត​ខ្មែរ​យើង​ជា​អ្នកធ្វើការងារ​ផ្នែក​គ្រប់គ្រង​បច្ចេកវិទ្យា​នៅ​ឌូ​បៃ និង​បណ្តា​ប្រទេស​មួយចំនួនទៀត​ដែរ តែ​ខ្ញុំ​ចង់​ប្រៀបធៀប​ត្រង់​ថា ក្នុងចំណោម 1,000នាក់យើង​អាចមាន​អ្នកខ្លាំង 20នាក់ តែ​គេ​វិញអាចមានច្រើនជាង​នេះ​តិចតួច។

    ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​យើង​ត្រូវតែ​ពង្រឹងសមត្ថភាព​និស្សិត​ឱ្យបាន​ខ្លាំង ដោយមាន​ការចូល-រួម​ពី​សំណាក់​រដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​និស្សិត​ខ្លួនឯង​ផ្ទាល់​ផងដែរ។

    សម្រាប់​រដ្ឋាភិបាល គួរ​មានការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​ការបណ្តុះបណ្តាល និង​ការរៀនសូត្រ​នៅ​កម្រិត​មហាវិទ្យាល័យ ដើម្បីឱ្យ​យុវជន​យល់ច្បាស់​ថា នៅ​សាកលវិទ្យាល័យ​គេ​សិក្សា​ពីអ្វី​ខ្លះ? ហើយ​ជំរុញ​ឱ្យ​សិស្ស​រើស​ជំនាញ​សិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ឱ្យបាន​ត្រឹមត្រូវ។ ចំណុច​សំខាន់​មួយ​ផ្សេងទៀតគឺ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ឱ្យបាន​រឹងមាំ ដើម្បីឱ្យ​គាត់​មាន​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា។

    ចំពោះ​និស្សិត​ខ្លួនឯង​វិញ ចាំបាច់​ត្រូវមាន​គោលដៅ​ឱ្យបាន​ច្បាស់លាស់ ហើយ​ខិតខំ​ប្រឹងប្រែង​ឱ្យ​ដូច​និស្សិត​នៅ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ដែរ។ និស្សិត​យើង​ខ្លះ​នៅមាន​ការធ្វេសប្រហែស​ច្រើន​ក្នុង​ការសិក្សា​ស្រាវជ្រាវ ហើយ​មាន​និស្សិត​ខ្លះ​ថែមទាំង​សិក្សាច្រើន​សាលា​ដែល​ធ្វើឱ្យ​គាត់​អស់​ថាមពល​ក្នុងការសម្រួច​មុខវិជ្ជា​ណាមួយ​ឱ្យ​ខ្លាំង​ថែមទៀត​ផង។

    7. តើ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​ត្រៀម​អ្វីខ្លះ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ធនធានមនុស្ស​នេះ?
    សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បានរៀបចំ​យ៉ាង​យកចិត្តទុកដាក់​ក្នុងការ​កែប្រែ​ប្រព័ន្ធ​អប់រំ​ឱ្យ​ក្លាយជា​វិស័យ​អប់រំ 4.0។ យើង​បានចាប់ផ្តើម​ធ្វើការ​កែប្រែ​កម្មវិធី​មួយចំនួន​ដែល​ហួសសម័យកាល​សម្រាប់​ការប្រើប្រាស់​ជាក់ស្តែង​មកជា​កម្មវិធី​ដែល​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​នាពេល​បច្ចុប្បន្ន។ យើង​ក៏បាន​ជ្រើសរើស​គ្រូ​ប្រកបដោយ​គុណភាព និង​បទពិសោធ​ខ្ពស់​ដើម្បី​បណ្តុះបណ្តាល​ដល់​និស្សិត ស្រប​ពេលដែល​សាស្ត្រាចារ្យ​ក៏​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម​ផងដែរ​ពី​កម្មវិធីថ្មី។

    លើសពីនេះទៅទៀត សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​សហការ​ល្អជា​មួយ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដើម្បី​បង្កើត​កម្មវិធីសិក្សា​ថ្មី​ដោយមាន​ការត្រួតពិនិត្យ និង​ទទួលស្គាល់​ពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា សម្រាប់​បន្តធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ដល់​សាស្ត្រាចារ្យ​របស់​យើង។ បន្ថែម​ពីលើ​នេះ យើង​ក៏បាន​រៀបចំ​ឱ្យមាន​ជាម​ន្ទី​រពិសោធន៍ (lab) សម្រាប់​និស្សិត​វិស្វករសំណង់ អគ្គិសនី និង​បាន​បញ្ចូនទៅរោងចក្រ​សហគ្រាស ក្រុមហ៊ុន និង​កន្លែង​អនុវត្តផ្ទាល់​នានា​ផងដែរ ដើម្បី​ជួយ​ពួកគាត់​ឱ្យមាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​ចាប់យក​ឱកាស​ការងារ។

    8. តើ​លោក​សាស្ត្រាចារ្យ​មាន​អនុសាសន៍​យ៉ាងណា​សម្រាប់​សាធារណជន និង​និស្សិត​នៅ​កម្ពុជា?
    សម្រាប់​និស្សិត​ទូទៅ ចំពោះ​មតិ​ខ្ញុំ​ផ្ទាល់ មិន​ថា​ពួកគាត់​កំពុង​សិក្សា​ក្នុង​គ្រឹះស្ថានសិក្សា​របស់​រដ្ឋឬ​ឯកជន​នោះទេ គាត់​ចាំបាច់​ត្រូវមាន​ជំនាញ​ទន់(soft skills) ដើម្បី​សម្រប​ខ្លួន​ឱ្យបាន​ល្អ​ក្នុងកន្លែងធ្វើការ​ងារអាជីវកម្ម និង​សង្គម​ជាក់ស្តែង។ សីលធម៌ និង​ភាពស្មោះត្រង់​ជា​រឿង​សំខាន់ ដែល​អាច​បូកផ្សំ​ជាមួយ​ភាពប៉ិនប្រសប់ក្នុងការ​ប្រាស្រ័យ​ទាក់ទង ធ្វើឱ្យ​គាត់​ក្លាយជា​ធនធាន​កាន់តែមាន​ប្រយោជន៍ និង​ជា​តម្រូវការខ្លាំង​របស់​ស្ថាប័ន​នានា​នៅ​កម្ពុជា។

    បើ​មិនមាន​ជំនាញ​ទន់​ទេ គាត់​អាច​នឹង​លំបាក​ទទួលបាន​ជោគជ័យ ព្រោះ​ជំនាញ​នេះ​អាចធ្វើឱ្យ​គាត់គ្រប់គ្រង​ការងារ និង​គ្រប់គ្រង​ខ្លួនឯង រួមទាំង​អភិវឌ្ឍ​ជំនាញ​បាន​កាន់តែ​ប្រសើរឡើង៕

  • បើកសម្ពោធសាខាទី5 របស់គ្រឿងអលង្ការម៉ាក PANDORA និងនាឡិកាដៃម៉ាក BERING នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ

    បើកសម្ពោធសាខាទី5 របស់គ្រឿងអលង្ការម៉ាក PANDORA និងនាឡិកាដៃម៉ាក BERING នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ

    ក្រុមហ៊ុន សានដារ៉ា (SANDARA) ដែលបង្កើតឡើងដោយការវិនិយោគថ្មីរវាងសម្ព័ន្ធសហគ្រាស​​​ចម្រុះកាណាឌីយ៉ា ​​ជា​មួយ​​​នឹងក្រុមហ៊ុន NEGOCIA បានទទួលសិទ្ធិនាំយកគ្រឿងអ​លង្ការ​​ម៉ាក ​PANDO​RA​ ​និងនាឡិកា​​ដៃម៉ាក​ BERING បាន​បើក​សម្ពោធ​​​​សាខាទី5 របស់ខ្លូននៅផ្សារ​ទំនើប អ៊ីអន ម៉ល សែនសុខ កាលពីថ្ងៃទី6 ខែធ្នូ ឆ្នាំ2018។ PANDO​RA គឺជាម៉ាក​គ្រឿង​អលង្ការ​ធំជាងគេបង្អស់នៅលើពិភពលោក និង BERING គឺជាម៉ាក​នាឡិកា​ដៃដែល​ទទួលបានការលក់ជោគជ័យបំផុតលំ​ដាប់​ទី​3 ​នៅក្នុងប្រទេសចិន ហើយហាងថ្មីទាំងពីរនេះ ជាហាង​​លក់​គ្រឿងអលង្ការ​​ម៉ាកល្បីរបស់​ប្រទេសដាណឺម៉ាក​​។

    ការវិនិយោគទៅលើក្រុមហ៊ុន សានដារ៉ា (SANDARA)​ បានសបញ្ជាក់ឱ្យឃើញថា សម្ព័ន្ធសហគ្រាសចម្រុះកាណាឌីយ៉ា កំពុងឈានចូលទៅក្នុងទីផ្សារលក់រាយ និងចែកចាយនូវផលិតផលឧស្សាហកម្មក្នុងប្រទេសកម្ពុជា​។ បច្ចុប្បន្ន សម្ព័ន្ធសហគ្រាសចម្រុះកាណាឌីយ៉ា បានវិនិយោគលើវិស័យធនាគារ, ហិរញ្ញវត្ថុ,​ បច្ចេកវិទ្យាហិរញ្ញវត្ថុ, ធានារ៉ាប់រង, អចលនទ្រព្យ, សំណង់, ហេដ្ឋារចនា​សម្ព័ន្ធ, ផ្សារទំនើប, កន្លែងកម្សាន្ត, បដិសណ្ឋារកិច្ច, វិស័យអប់រំ និងវិស័យកសិកម្ម ដែលមានបុគ្គលិកប្រមាណជាង1ម៉ឺននាក់។

    លោក Thierry Tea នាយកប្រតិបត្តិនៃក្រុមហ៊ុន សានដារ៉ា (SANDARA)​ បានបន្ថែមថា “នេះ​ជា​ព្រឹត្តការណ៍ដ៏អស្ចារ្យសម្រាប់ក្រុមការងារយើងដែលបាននាំមកនូវម៉ាក PANDO​RA  ដែលជា​ម៉ាក​គ្រឿងអលង្ការដ៏ល្បីនៅលើពិភពលោក ដែលមានការលក់រហូតដល់3.5ពាន់លានដុល្លារអាមេរិក។ គោលបំណងរបស់យើងគឺផ្តល់នូវផលិតផលប្រកបដោយប្រណីតភាព ​តម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជាដែលមានកំរិតជីវភាពមធ្យម។ យើងនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីផ្តល់នូវផលិតផលមានគុណភាពខ្ពស់ ដែលអតិថិជនអាចរកបាននៅប្រទេសជាង 100 ទូទាំងពិភពលោក”។

    គួរបញ្ជាក់ផងដែរថា PANDORA​​ គឺជាគ្រឿងអលង្ការ ដែលរចនា និងផលិតឡើងដោយដៃ ផ្សំពីវត្ថុធាតុ​ដើម​ដែល​មាន​គុណភាព​ខ្ពស់ និងមានតម្លៃសមរម្យ។​ គ្រឿងអលង្ការ PANDORA ត្រូវបានលក់នៅក្នុងប្រទេសជាង 100 នៅលើទ្វីបចំនួន6 ដែលមានទីតាំង7,700កន្លែង ដែលរួមមានហាងជាង2,600។ PANDORA ត្រូវបាន​បង្កើត​ឡើងនៅឆ្នាំ1982 ដែលមានស្នាក់ការកណ្តាលនៅទីក្រុង Copenhagen ប្រទេស​ដាណឺ​ម៉ាក​។

    ចំណែកនាឡិកាម៉ាក BERING គឺជាការបង្ហាញពីភាពកាន់តែស្រស់ស្អាតបែបអាតិច(Arctic) ធ្វើឡើង​ជាមួយរចនាបទ​ភ្លឺថ្លា សមរម្យ និង​ភាព​ស្រស់​ឆើត​ឆា​យ​​​។ គិតមកដល់ឆ្នាំ2017​ នាឡិកាដៃម៉ាក BERING មានទីតាំងចែកចាយលក់រហូតដល់ទៅ5,000កន្លែងនៅ50ប្រទេសក្នុងពិភពលោក។​ ​ក្រុមហ៊ុន​ ​BERING​ ​ទទួលរចនាម៉ូត អភិវឌ្ប ផលិត និងចែកចាយនាឡិកាដៃ ដែលមានគុណភាពខ្ពស់ ​រួមជាមួយនឹងគ្រឿង​អលង្ការនានា។ គ្រប់ផលិតផលរបស់នាឡិកាដៃម៉ាក ​BERING​ គឺ​មាន​គុណភាពល្អ ដោយប្រើប្រាស់វត្ថុធាតុដើមដូចជា បច្ចេកវិទ្យាសេរ៉ាម៉េច ត្បូងកន្តៀង និងទីតានីញ ​(Titanium)​​ ដែលផលិតឡើងយ៉ាងល្អិតល្អន់ ប្រណីត ការរចនាសាមញ្ញនិយមបែបដាណឺម៉ាក ​ក្នុង​តម្លៃ​ទា​ក់​ទាញ​ និងមានភាពប្រកួតប្រជែង​ខ្លាំង។ ក្រុមហ៊ុន BERING បានបង្កើតឡើងក្នុងឆ្នាំ2010 ដោយមានកំណើនយ៉ាងឆាប់រហ័សនូវប្រាក់ចំណូលជាង350លានដុល្លាអាមេរិក នៅចន្លោះឆ្នាំ2015 និងឆ្នាំ2017។

    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.sandara.asia

  • ទីតាំងភាគខាងលិចរាជធានីភ្នំពេញកំពុងក្លាយជាតំបន់ឧស្សាហកម្មធំជាងគេនៅពេលបច្ចុប្បន្ន

    ទីតាំងភាគខាងលិចរាជធានីភ្នំពេញកំពុងក្លាយជាតំបន់ឧស្សាហកម្មធំជាងគេនៅពេលបច្ចុប្បន្ន

    ស្របពេលដែលរដ្ឋាភិបាលបាន និងកំពុងរៀបចំផែនការរំកិលរោងចក្រ ចេញពីទីប្រជុំជននានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាគោលនយោបាយកាត់បន្ថយការកកស្ទះចរាចរណ៍ បានធ្វើឱ្យតំបន់ជាយក្រុងមួយចំនួន ពិសេសតំបន់ភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ កំពុងក្លាយជាតំបន់ឧស្សាហកម្មធំជាងគេក្នុងប្រទេសកម្ពុជា។

    គេសង្កេតឃើញថា ចាប់ពីរង្វង់មូលចោមចៅរហូតដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បន្តទៅដល់ផ្សារបែកចានដែលជាព្រំប្រទល់រវាងរាជធានីភ្នំពេញ និងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងចំពោះវិស័យឧស្សាហកម្មនេះ ដែលជាចំណែកដ៏សំខាន់ធ្វើឱ្យជីវភាពប្រជាជពលរដ្ឋនៅតំបន់នោះមានជីវភាពកាន់តែល្អប្រសើរឡើង គួរឱ្យកត់សម្គាល់ជាលំដាប់។

    លោក នឹម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល ខេត្តកណ្តាលមានប្រសាសន៍យល់ស្រប និងទទួលស្គាល់ថា បន្ទាប់ពីរដ្ឋាភិបាលរៀបចំផែនការរំកិលរោងចក្រចេញពីទីប្រជុំជនក្រុងភ្នំពេញ បានធ្វើឱ្យរោងចក្រឧស្សាហកម្មនានាមានការរីកដុះដាលច្រើននៅតំបន់ជាយក្រុងភាគខាងលិចឆៀងខាងត្បូង ចាប់ពីរង្វង់មូលចោមចៅរហូតដល់ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយបន្តតាមបណ្ដោយផ្លូវជាតិលេខ4 ឆ្ពោះទៅទីរួមខេត្តកំពង់ស្ពឺទៀតផង។

    លោកបញ្ជាក់ថា នៅក្នុងឆ្នាំ2018នេះ រោងចក្រឧស្សាហកម្មស្រុកអង្គស្នួលបានកើនឡើងដល់ចំនួន 68រោងចក្រ និងផ្តល់ការងារដល់ប្រជាពលរដ្ឋបានប្រមាណជា 60,000នាក់ ដែលក្នុងនោះទទួលបានប្រាក់ខែអប្បបរមាចំនួន 175ដុល្លារ បូករួមនឹងប្រាក់បន្ថែមម៉ោង ប្រាក់ឧបត្ថម្ភលើកទឹកចិត្តផ្សេងៗទៀត ម្នាក់ៗនឹងទទួលបានចំណូលលើសពី 200ដុល្លារទៅដល់ជាង 300ដុល្លារក្នុងមួយខែៗ ដែលអាចធ្វើឱ្យជីវភាពពួកគាត់រឹតតែល្អប្រសើរឡើង អាចផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួនផង និងសល់មួយចំណែកផ្ញើជូនគ្រួសារនៅឯស្រុកទៀតផង។

    សម្រាប់គ្រួសារកម្មករ-កម្មការិនីដែលធ្វើការយូរឆ្នាំ ពួកគាត់ថែមទាំងសន្សំប្រាក់បានមួយចំនួនសម្រាប់ទិញដីសង់ផ្ទះរស់នៅដោយមិនចាំបាច់ជូលគេ ឯកម្មករខ្លះទៀតកំពុងសន្សំលុយទិញដីបង់រំលស់ខ្លះ ទុកចំណាយប្រចាំថ្ងៃខ្លះ ដោយពួកគេគិតថា បង់រំលស់យូរទៅ ដីនឹងឡើងថ្លៃដូច្នេះបើសិនជាចាំសន្សំលុយគ្រប់ សឹមទិញដីនោះ ពួកគាត់មិនអាចមានលទ្ធភាពទិញដីសង់ផ្ទះបាននៅនោះឡើយដូច្នេះមានតែការចាយវាយរិះថាំ ហើយយកប្រាក់ទៅបង់រំលស់ខ្លះ ទើបអាចទិញដីសង់ផ្ទះបានរស់នៅសមរម្យនឹងគេ។

    លោកបន្តថា រោងចក្រឧស្សហកម្មមិនត្រឹមតែរីករាលដុះដាលច្រើននៅក្នុងស្រុកអង្គស្នួលប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្តរីករាលដាលតាមផ្លូវជាតិលេខ4 រហូតដល់ទីរួមខេត្ត កំពង់ស្ពឺទៀតផង ដោយក្រុមហ៊ុនបរទេសបានបោះទុនជាច្រើនសាងសង់បង្កើតរោងចក្រជាបន្តបន្ទាប់នៅឆ្នាំនេះ ក៏ដូចជាឆ្នាំខាងមុខទៀតដែរ។

    កត្តាដែលធ្វើឱ្យរោងចក្រឧស្សាហកម្មរីកចម្រើនខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ4នេះ គឺដោយសារតែរដ្ឋាភិបាលបានទទួលកម្ចីចំនួន 110លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ីមកស្ថាបនាផ្លូវជាតិលេខ4 និងពង្រីកឱ្យកាន់តែធំទូលាយឡើង ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ បើកបរយានជំនិះផ្សេងៗ ពិសេសផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញពីរោងចក្រទៅកាន់កំពង់ផែទឹកជ្រៅ មាត់សមុទ្រខេត្តព្រះសីហនុ និងដឹកទំនិញពីកំពង់ផែក្រុងព្រះសីហនុមកកាន់ទីក្រុងភ្នំពេញវិញផងដែរ។

    ក្រុមអ្នករកស៊ីអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ4 ចាប់ពីរង្វង់មូលចោមចៅរហូតដល់ស្រុកអង្គស្នួល បន្តទៅដល់ទីរួមខេត្តកំពង់ស្ពឺបានលើកឡើងថា ដោយសារតែរោងចក្រកំពុងពង្រីកខ្លួននៅជាយក្រុងបានធ្វើឱ្យតម្លៃដីកើនឡើងទ្វេដង រហូតស្ទើរមិនគួរឱ្យជឿទៀតផង។

    លោក សឹង ប៊ុនសុង អ្នកពុះដីឡូត៍លក់នៅក្រោយផ្សារអង្គស្នួលបានឱ្យដឹងថា តម្លៃដីនៅស្រុកអង្គស្នួលពិតជាឡើងថ្លៃគួរឱ្យកត់សម្គាល់មែនដោយសារតម្លៃដីពុះឡូត៍កាលពីអំឡុង 2ឆ្នាំមុនក្នុងមួយឡូត៍តម្លៃត្រឹមតែ 2,000ដុល្លារ ទៅ3,000ដុល្លារប៉ុណ្ណោះ ប៉ុន្តែមកទល់ឆ្នាំ2018នេះ តម្លៃដីបានស្ទុះឡើងខ្លាំងរហូតដល់ 8,000ដុល្លារ ទៅដល់ជាង10,000ដុល្លារឯណោះក្នុងមួយឡូត៍។ ហើយសម្រាប់ដីស្រែប្រាំងរបស់ប្រជាពលរដ្ឋវិញ កាលពីឆ្នាំមុន1ម៉ែត្រការ៉េតម្លៃ10 ទៅ20ដុល្លារនោះ បច្ចុប្បន្នឡើងថ្លៃដល់ទៅ 50 ឬ100ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ ខណៈដែលរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវចាក់កៅស៊ូទទឹង 30ម៉ែត្រ ចាប់ពីផ្សារអង្គស្នួលទៅកាន់តំបន់ភ្នំប្រសិទ្ធិ៍។

    អ្នកជំនាញវិស័យអចលនទ្រព្យបានលើកឡើងថា ឱ្យតែរោងចក្រឧស្សាហកម្មទៅដល់កន្លែងណាតម្លៃដីនឹងឡើងថ្លៃនៅកន្លែងនោះ ដោយសារតែសម្បូរមនុស្សទៅរស់នៅ មានកម្មករធ្វើការច្រើន អ្នករស់នៅក្បែរនោះអាចប្រកបរបរកស៊ីកាន់តែកាក់កបឡើងៗហ្នឹងឯង៕

  • នាំគ្នា​មក​ស្គា​ល់ពី សត្វល្អិត ឬ​ព្រូន ក្នុង​សាច់ជ្រូក តើ​មានគ្រោះថ្នាក់​ដល់​រាងកាយ​មនុស្ស​ឬទេ?

    នាំគ្នា​មក​ស្គា​ល់ពី សត្វល្អិត ឬ​ព្រូន ក្នុង​សាច់ជ្រូក តើ​មានគ្រោះថ្នាក់​ដល់​រាងកាយ​មនុស្ស​ឬទេ?

    ឈ្មោះថា សត្វល្អិត ឬ​ព្រូន មិន​ថា​ជា​អ្វី​ក៏ដោយ គ្មាន​នរណាម្នាក់​ចង់ឱ្យ​វា​ចូលមក​នៅក្នុង​រាងកាយ​របស់​យើង​ឡើយ មែន​ទេ? តែ​បើសិនជា​យើង​ចៃដន្យ​វាក់អ៊ើ​សត្វ​ព្រូន​សរសៃវែងតូចៗ ទន់ៗនៅក្នុង​សាច់ជ្រូក ឬ​ក្នុង​គ្រឿងក្នុង​ជ្រូក​ក្នុងអំឡុងពេល​ចម្អិន​ម្ហូបអាហារ ឬ​យ៉ាប់​ជាង​នោះ​ទៅទៀត​គឺ ខាំ​ចូល​មាត់​ទំពា​ខ្ញាច់ៗរួចទៅហើយ​កន្លះ​ដុំ​នោះ តើ​វា​នឹង​បង្ក​ជា​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​យើង​ដែរឬទេ? ឡា​រ៉ែ​ន មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ!

    តើ​សត្វល្អិត ឬ​ព្រូន​ក្នុង​សាច់ជ្រូក​ឆៅ គឺជា​ព្រូន​ប្រភេទ​ណា?
    ព្រូន​នៅក្នុង​សាច់ជ្រូក​ដែល​យើង​ច្រើន​ប្រទះឃើញ​ជា​ព្រូនអំបោះ​ដែលមាន​លក្ខណៈសរសៃៗតូចៗ ទន់ៗ ពណ៌ក្រហមៗដែល​នឹង​ចូលទៅក្នុង​ខ្លួន​របស់​សត្វ​ជ្រូក​តាមរយៈ​ការ​ស៊ី ដោយ​ជ្រូក​អាច​នឹង​ស៊ី​អាហារ​ដែលមាន​លាយឡំ ឬ​ប្រឡាក់​លាមក​ដែលមាន​ស៊ុត​របស់​ព្រូន ទើប​ធ្វើឱ្យ​ស៊ុត​ព្រូន​ចូលទៅ​រីក​ធំធាត់​នៅក្នុង​ពោះវៀន សួត និង​អវយវៈ​ខាងក្នុង​ផ្សេងទៀត​របស់​សត្វ​ជ្រូក។ បើសិនជា​សត្វ​ជ្រូក​មិន​បានទទួល​ការចិញ្ចឹម​ថែទាំ​យ៉ាង​ស្អាត ត្រូវ​នឹង​សុខ​អនាម័យ និង​មិន​បានទទួល​ការទម្លាក់​សត្វល្អិត ឬ​ព្រូន​តាម​ពេល​កំណត់​ទេនោះ ក៏​គេ​អាច​ប្រទះឃើញ​មាន​ព្រូន​នៅក្នុង​ជ្រូក​ដែរ ហើយបើសិនជា​ស្ត្រី​មេផ្ទះ​លាង​សម្អាត​គ្រឿងក្នុង​ជ្រូក​មិនបាន​ល្អ ក៏​ព្រូន​អាច​ជាប់​មកជា​មួយ​ម្ហូបអាហារ​របស់​យើង​បានដែរ។

    ទទួលទាន​ដោយ​សត្វល្អិត ឬ​ព្រូន​ចូលទៅក្នុង​រាងកាយ នឹង​បង្ក​គ្រោះថ្នាក់​ឬទេ?
    ដំណឹង​ល្អ​គឺ បើសិនជា​ព្រូន​នោះ​ត្រូវបាន​ចម្អិន​ឆ្អិន​ល្អ​ហើយ អាច​ទទួលទាន​បាន មិន​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​យើង​ទេ តែបើ​សិន​បរិភោគ​សាច់ជ្រូក​ដែលមាន​ព្រូន ឬ​ស៊ុត​ព្រូន​ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ​ចូលទៅ ព្រូន​ក៏​អាច​ទៅ​រីក​ធំធាត់​នៅក្នុង​រាងកាយ​យើង​បាន ហើយ​បើសិន​កើតរោគ​ព្រូនអំបោះ​នេះហើយ អាច​នឹង​កើត​អាការ​ណែន​ដើមទ្រូង ឆាប់​ហត់​ដង្ហក់ មាន​គ្រុន​ក្ដៅខ្លួន ហើយ​បើសិនជា​ព្រូន​បង្កប់ខ្លួន​នៅក្នុង​ពោះវៀនតូច​ផង​នោះ នឹង​កើតមាន​សភាវ​ពោះធំ ខ្វះ​សារធាតុ​អាហារ ឈឺ​ចុកពោះ ក្អួតចង្អោរ ហើយបើសិន​ជាមាន​ព្រូន​ច្រើន ពួកវា​អាច​រមួល​ផ្ដុំ​ចូលគ្នា​ជា​ដុំ​រហូត​ធ្វើឱ្យ​ស្ទះ​ពោះវៀន​ធ្វើឱ្យមាន​បញ្ហា​ធំ​បាន។

    វិធី​ការពារ​រោគ​ព្រូនអំបោះ
    1 . បរិភោគ​តែ​សាច់សត្វ​ដែល​ចម្អិន​ឆ្អិន 100%។
    2 . ជ្រើសរើស​បរិភោគ​សាច់សត្វ​ដែល​ចេញ​មកពី​ប្រភព​ផលិត​ដែលមាន​ស្តង់ដារ។
    3 . បើ​ចម្អិន​ម្ហូបអាហារ​ដោយ​ខ្លួនឯង គួរ​លាង​សម្អាត​សាច់សត្វ និង​គ្រឿងក្នុង​ទាំងនោះ​ឱ្យបាន​ស្អាត​ហ្មត់ចត់។
    4 . បើ​ទទួលទាន​អាហារ​ស្ទើរ​ឆ្អិន​ស្ទើរ​ឆៅ​ហើយ​កើតមាន​អាការ​ដូចដែល​បាន​រៀបរាប់​មក​ខាងលើ ចូរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​ជា​បន្ត។ តែ​ប៉ុណ្ណឹង​ក៏​មិនចាំបាច់​នាំគ្នា​ភ័យ​ភ្ញាក់ផ្អើល​ខ្លាំង​រហូតដល់​ឈប់​ញ៉ាំ​ម្ហូបអាហារ​ដែល​ធ្វើ​ពី​សាច់សត្វ​អី​ដែរ តែ​ចំណុច​សំខាន់​គឺគួរ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ​មុន​ទទួលទាន​គ្រប់ពេល ដើម្បី​មិន​ប្រថុយ​នឹង​ការកើតមាន​ព្រូន​នៅក្នុង​ពោះ OK!៕

  • ផ្លែ​ស្រកានាគ ​មានគុណ​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក

    ផ្លែ​ស្រកានាគ ​មានគុណ​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក

    “ផ្លែ​ស្រកានាគ” គឺជា​ផ្លែឈើ​ម្យ៉ាង​ដែល​បាន​នាំចូលមកពី​ប្រទេសក្រៅ នោះ​គឺ​ប្រទេស​ចិន ដែល​សព្វថ្ងៃ​មាន​ដាំ​នៅក្នុង​ប្រទេស​កម្ពុជា​គ្រប់​ទីកន្លែង​តែម្តង។ វា​មានឱជារស​ឆ្ងាញ់ពិសា និង​មានគុណ​ប្រយោជន៍​ជាច្រើន​ទាំងសុខភាព​រាងកាយ និង​សម្រស់។ មិន​ត្រឹម​តែមាន​លក្ខណៈ​រូប​ខុសប្លែក​ពី​ផ្លែឈើ​ធម្មតា​នោះទេ តែ​វា​មានគុណ​ប្រ​យោន៍​ច្រើន​ចំពោះ​សុខភាព ជាពិសេស​អ្នក​ដែលមាន​បញ្ហា​ស្បែក។ ផ្លែឈើ​មួយ​ប្រភេទ​នេះ បាន​ជួយ​ថែរក្សា​ស្បែក មិន​ថា​ស្បែក​ខូច​ដោយ​កម្ដៅថ្ងៃ ឬ​ជួយព្យាបាល​ស្បែក​ធ្វើឱ្យ​កោសិកា​រស់​ឡើងវិញ​នោះទេ។ ទស្សនាវ​ដ្តី ឡា​រ៉ែ​ន នឹង​ជម្រាបជូន​ពី​គុណប្រយោជន៍​របស់ផ្លែ​ស្រកានាគ​ចំពោះ​ស្បែក​ជូន​ប្រិយមិត្ត​អ្នកអាន​បានជ្រាប​ដូចតទៅ៖

    1. ធ្វើឱ្យ​សុខភាព​ស្បែក​ល្អ​ប្រសើរឡើង
    ការទទួល​ទាន​ផ្លែ​ស្រកានាគ​ក្រោយពេល​ទទួលទាន​អាហារ វា​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ស្បែក។ សូម​ណែនាំ​ឱ្យ​ក្រឡុក​ជា​ទឹក​ផ្លែឈើ នោះ​វា​កាន់​តែមាន​រសជាតិ​ឆ្ងាញ់​ខុសប្លែក​ពី​ធម្មតា។ អាច​ទទួលទាន​នៅពេល​ព្រឹក​ក៏បានដើម្បី​ឱ្យមាន​ប្រតិបត្តិ​ការបណ្ដេញ​ជាតិពុល​ពី​ក្នុង​រាងកាយ និង​ស្បែ​កបាន​យ៉ាង​ល្អប្រសើរ។ផ្លែឈើ​មួយ​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ខ្ពស់បំផុត និង​ជួយបណ្ដេញ​រ៉ាឌីកាល់​សេរី​បាន​យ៉ាង​លឿន​ទៀតផង។ ក្រៅពីនោះ វា​មាន​ផ្ទុក​នៅ​វីតាមីន C ដែល​ជួយ​ប្រឆាំង​ជាមួយ​ការឡើង​អាចម៍រុយ ឬ​ស្នាម​ខ្មៅ​នៅលើ​ស្បែក​ខ្លួន​របស់​អ្នក​បាន​ទៀតផង។

    2. ផ្ដល់​សំណើម​ដល់ស្បែក បំបាត់​សភាព​ស្បែក​ស្ងួត
    គុណប្រយោជន៍​របស់​ផ្លែ​ស្រកានាគ​មួយទៀត​គឺ បំបាត់​សភាព​ស្បែក​ស្ងួត និង​ផ្ដល់សំណើម​ឱ្យ​ស្បែក​ពេល24ម៉ោង ព្រោះថា ផ្លែឈើ​មួយ​ប្រភេទ​នេះ មាន​បរិ​មាណទឹក​ច្រើន​រហូតដល់​ទៅ90% ទើប​វា​បាន​ជួយផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ និង​ស្បែ​កបាន​យ៉ាងច្រើន​បំផុត។ ដូច្នេះ​អ្នក​គួរតែ​ពិសា​ទឹក​ផ្លែ​ស្រកានាគ​ក្រឡុក​មួយ​កែវជា​រៀងរាល់​ព្រឹក ដើម្បី​ការពារ​កុំឱ្យ​ស្បែក​ស្ងួត។

    3. ការពារ​មិនឱ្យ​ស្បែក​ជ្រីវ​ជ្រួយ និង​ឡើង​អាចម៍រុយ
    ដូច​បាន​ជម្រាបជូន​ខាងលើ​មក​ថា ផ្លែ​ស្រកានាគ​សម្បូរ​ទៅដោយ​វីតាមីន c ច្រើន​ក្នុង​សាច់​របស់​វា។ វា​មានគុណ​ប្រយោជន៍​ជួយ​ការពារ​ស្បែក​មិនឱ្យ​ជ្រីវជ្រួញ មិនឱ្យ​ស្បែក​ឡើង​អាចម៍រុយ មិនឱ្យ​ឡើង​មុន​មុខ និង​ខ្នង​ជាដើម។ គេ​អាច​យក​ផ្លែ​ស្រកានាគ ធ្វើ​ម៉ាស​សម្រាប់​បិទមុខ និង​ខាត់​ស្បែក​ក៏បាន​ដែរ។ មិនតែប៉ុណ្ណោះ ស្នាម​ក្រហម ជាំ ឬ​ខ្លោច​ដោយសារតែ​កម្តៅថ្ងៃ​ពិតជា​អាច​បាន​ធូរស្រាល ដោយសារតែ​ផ្លែ​ស្រកានាគ​ក៏មាន​ផ្ទុក​នូវ​វីតាមីន E និង​សារធាតុសំខាន់ៗដទៃ​ជាច្រើន​ទៀត។ ជាពិសេស គឺអាច​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ UVនិង​ការប៉ះពាល់​ដល់​ស្បែកផ្សេងៗផងដែរ។

    4. ថែរក្សា​ស្បែក​ឱ្យ​ក្មេង​ជាង​វ័យ
    សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម​មិន​ត្រឹមតែ​ជំនួយ​ដល់​ស្បែក និង​ជួយ​ឱ្យ​លំហូរ​ឈាម​ដើរ​ស្រួល​ហើយ វា​ថែមទាំង​ជួយ​ប្រឆាំង និង​ការពារ​ភាព​ចាស់​ជ្រីវជ្រួញ​ផងដែរ។ ជាពិសេស​ធ្វើឱ្យ​ស្បែក​មុខ​តឹង​ណែន ក្មេងខ្ចី​ជាង​វ័យ ព្រមទាំង​បង្ការ​ស្បែក​យារ​ធ្លាក់​ជាដើម។

    5. ការធ្វើ​ម៉ាស​ផ្លែ​ស្រកានាគ​ម៉ាស្សា​មុខ
    *ជាដំបូង​អ្នក​ត្រូវ​បកសម្បក​ផ្លែ​ស្រកានាគ​ចេញ ហើយ​យក​សាច់​ផ្លែ​ស្រកានាគ​ក្នុង​បរិមាណ​សមល្មម​កិន ឬ​ក្រឡុក​ឱ្យ​ម៉ដ្ឋ​ស្មើ​សាច់​ល្អ។

    **បន្ទាប់មក​យក​ដុំ​សំឡី​មក​ជ្រលក់​ល្បាយ​ផ្លែ​ស្រកានាគ​នេះ​ជូត​លាប​លើ​ផ្ទៃមុខ និង​បរិវេណ​ស្បែក-ក ទុកចោល​រយៈពេល20នាទី។

    ***ជា​ចុងក្រោយ​អ្នក​ត្រូវ​លុបលាង​មុខ​នឹង​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។

    អ្នក​អាចអនុវត្ត​វិធី​មួយ​នេះ​ឱ្យបាន2ទៅ3ដង ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ល្អ​ចំពោះ​ស្បែក​របស់​អ្នក៕

  • គន្លឹះសម្ងាត់ធ្វើឱ្យនារីៗនៅក្មេងជាងវ័យ

    គន្លឹះសម្ងាត់ធ្វើឱ្យនារីៗនៅក្មេងជាងវ័យ

    បើទោះបើជាភាពចាស់ទៅតាមអាយុកាលជាអ្វីដែលមនុស្សគ្រប់រូបមិនអាចបញ្ឈប់បាន និងជាការវិវត្តមួយរបស់ធម្មជាតិ ប៉ុន្តែក៏នៅមានទម្លាប់រស់នៅមួយចំនួន ដែលអ្នកអាចយកមកប្រើប្រាស់ដើម្បីពន្យារការវិត្តផ្លាស់ប្តូរមួយនេះបានដែរ។ កុំឱ្យរំលងដល់ថ្ងៃស្អែកទាន់ ព្យាយាមរក្សា សម្រស់ របស់អ្នកជាមួយនឹងគន្លឹះងាយៗដូចខាងក្រោមនេះ ដែលធានាបានថា អ្នកនឹងមានសុខភាពល្អ ព្រមទាំង សម្រស់ក្មេងជាងវ័យផងដែរ។

    1. ទទួលទានទឹក
    គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ដ៏​ងាយ​បំផុត នោះគឺការ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន។ វា​ជា​វិធីសាស្ត្រ​យ៉ាង​ងាយស្រួល និង​ចំណាយលុយអស់​តិច​បំផុត​ក្នុង​ការ​រក្សា​រាង​មិនឱ្យ​ធាត់ហើយ​នៅក្មេង​បាន​យូរទៀតផង។ ប្រសិនជាអ្នកអាច ទទួលទាន​ទឹក​ក្នុង​បរិមាណ​គ្រប់គ្រាន់ពេញ មួយថ្ងៃ​នោះ​ស្បែករបស់អ្នក​នឹង​ស្រស់ថ្លាតឹង​ ណែនល្អ។ មួយវិញទៀតវា​ក៏​នឹង​ជួយរក្សាមិនឱ្យ​រាង​កាយរបស់អ្នក​ខ្វះ​ជាតិ​ទឹក ព្រមទាំងអាចទប់ស្កាត់បាននូវ​ភាព​ជ្រីវជ្រួញនៅលើស្បែក ផងដែរ។

    2. ការ​ទទួលទាន​អាហារ​ប្រកបដោយ​អនាម័យ
    ជាកត្តាដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះសុខភាព ឬ​ទទួលទាន​របប​អាហារ​ដែលមានតុល្យភាព គឺ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​រក្សា​បាននូវយុវវ័យ​ភាពនោះ​ទេ។ អ្នក​ចាំបាច់ត្រូវធ្វើ​ឱ្យរាងកាយមាន​សកម្ម-ភាព​ជា​ប្រចាំ​តាម​រយៈ​ការ​ហាត់ប្រាណ​ មាន​ដូចជា ដើរ រត់ រាំ​តាម​ចង្វាក់ ភ្លេង ​ឬ​លេង​កីឡា​ផ្សេង​ៗជាដើម។

    3. ការ​ជក់បារី​
    ជា​ទម្លាប់​មួយ​ក្នុង​ចំណោម​ទម្លាប់​អាក្រក់​ជា​ច្រើន​ដែល​បង្កើន​ល្បឿន​ភាព​ចាស់​ទៅ​តាម​អាយុ​របស់​រាង​កាយ។ ដូច្នេះប្រសិនជាអ្នកចង់​ រក្សា​ភាព​ក្មេងវ័យ និង​រស់នៅ​ឱ្យ​បាន​យូរអង្វែង អ្នក​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​បារី។

    4. រក្សាអនាម័យស្បែកមុខ
    ជា​ធម្មតា ផ្ទៃមុខ ​និង​បរិវេណ-​ក ​គឺជា​ផ្នែក​នៅ​លើ​រាង​កាយ ​ដែល​ឆាប់​ចាស់​ជាងគេ​បំផុត។ អ្នក​គួរ​ថែរក្សា​ជា​ពិសេសចំពោះបរិវេណ​ទាំង​ពីរ​នេះ។ ការ​លុប​លាងមុខ​2​ដង​ក្នុង​មួយ​ថ្ងៃ គឺ ជា​ជម្រើស​ដែល​គួរ​អនុវត្ត ដើម្បីសម្រស់របស់អ្នកនៅតែស្រស់ផូរផង់ និងក្មេងជាងវ័យ។

    5. ពង្រឹងសកម្មភាពខួរក្បាល
    ចំណែក​ខួរក្បាល​ក៏​ជា​ ផ្នែក​ដែល​ងាយ​ចាស់ទៅ​តាម​វ័យ​ផង​ដែរ។ ដើម្បី​រក្សា​ឱ្យ​មានភាព​វៃឆ្លាតអ្នក​ ចាំបាច់​ត្រូវ​រក្សា​ខួរក្បាល ឱ្យមាន​សកម្មភាព​ជា​ប្រចាំ​តាម​រយៈ​ការ​អានសៀវភៅ​ ជាដើម។ បន្ថែម​ពីលើ​នេះ ការ​រៀន​ភាសា បរទេស​ណាមួយ​ក៏​អាច​ជួយ​ឱ្យ​ខួរក្បាលរហ័សរហួន​ដូច​វ័យក្មេង​ផង​ដែរ៕

  • ទៅលេង​សមុទ្រ គួរ​ថែរក្សា​សក់ដូចម្តេចខ្លះ?

    ទៅលេង​សមុទ្រ គួរ​ថែរក្សា​សក់ដូចម្តេចខ្លះ?

    ដំបូង​គេ​បំផុត បើ​ចង់​ទៅលេង​សមុទ្រ ឬ​ទៅ​កន្លែង​ណា​ដែល​អាច​ប៉ះ​នឹង​ពន្លឺ​ថ្ងៃខ្លាំងៗនោះ អ្នកត្រូវ​ប្រយ័ត្ន​រឿង​សក់​ខូច​ដោយសារ​កម្តៅថ្ងៃ ឬ​កាំរស្មី​យូ​វី​មុនគេ ហើយ​បើ​ត្រូវ​ហែល​ទឹក​ផងនោះ មិនថាតែ​ហែលទឹក​ក្នុង​​អាង ឬ​ក្នុង​ទឹកសមុទ្រ​ក៏ដោយ សុទ្ធតែ​ធ្វើឱ្យ​សក់​ខូច​បាន​ទាំងអស់ ដូច្នេះ​អ្នកជំនាញ​ផ្នែក​សក់​សូម​ណែនាំ​ឱ្យទៅ​ធ្វើ ធ្រី​ត​មិន​ត៍ ស្រោប​សរសៃសក់ ដើម្បី​ជាការ​បិទ​ស្រកា​សរសៃសក់​មុនពេល​ទៅ​សមុទ្រ ទើប​ជាការ​ល្អបំផុតចំពោះសុខភាពសក់។

    បាញ់ស្រៃ្បយការពារសរសៃសក់
    នៅពេលទៅដល់​សមុទ្រ​ហើយ មុននឹង​ចេញទៅ​ត្រូវ​ពន្លឺ​ថ្ងៃ ចូរអ្នកបាញ់​ស្រៃ្បយសក់​ការពារ​កាំរស្មី​យូ​វី​ជាមុនសិន ឬ​វិធី​ងាយៗ អ្នកអាច​ប្រើ​គ្រី​ម​ការពារ​កម្តៅថ្ងៃ (មិន​ថា​ប្រភេទ​គ្រី​ម ឬ​ប្រភេទ​ប្រេង​នោះទេ) លាប​លើស​ក់​របស់អ្នកក៏បាន​ដូចគ្នា។

    អប់​សក់​តាមបែបធម្មជាតិ
    ចំណែក​វិធី​ធម្មជាតិ​ដែល​ជួយ​អប់​សក់​នោះគឺ​ប្រើ​ប្រេងដូង ឬ​ប្រេង​ម្កាក់​លាប​លើស​ក់របស់អ្នក រួច​ទុកចោល នោះកម្តៅ​ពី​ពន្លឺ​ថ្ងៃ​នឹង​ជួយបើក​ស្រកា​សរសៃសក់ ធ្វើឱ្យ​ជាតិ​ប្រេង​ចូលទៅ​បំប៉ន​បាន​យ៉ាងជ្រៅ និង​ជួយ​ស្រោប​សក់​មិនឱ្យ​សារធាតុ​គីមី​នៅក្នុង​ទឹក​អាង ឬ​ទឹកសមុទ្រ​នោះ​ចូលទៅ​បំផ្លាញ​បណ្តូល​សរសៃសក់​បាន​ទៀតផង។

    ការលេងម៉ូដ​សក់
    ចំពោះ​ម៉ូដ​សក់​វិញ ការធ្វើ​ម៉ូដ​សក់​ទៅលេង​សមុទ្រ​គឺ​មិនមាន​បែបបទ​តម្រូវឱ្យ​ត្រូវតែ​ធ្វើ​ម៉ូដ​នេះ ឬ​ម៉ូដ​នោះឡើយ ចំណុច​សំខាន់​ដែល​ត្រូវ​ចងចាំ​នោះ​គឺ កុំ​ធ្វើ​ម៉ូដ​ណា​ដែល​មើលទៅ​ដូច​អ៊ំស្រី ឬ​លោកយាយ​ទៅបាន​ហើយ គឺអ្នកអាចលេងម៉ូដសក់បែបងាយៗ និងបែបសាមញ្ញបានហើយ ទើបអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានភាពងាយស្រួលក្នុងការថែរក្សាម៉ូដសក់របស់អ្នក។

    ​កាត់តម្រឹម​សក់
    សូម​ណែនាំ​ថា មុននឹង​ទៅលេង​សមុទ្រ គួរតែ​ទៅ​តម្រឹម​សក់​ឱ្យចេញ​ជា​ម៉ូដ​បន្តិច តែ​ហាម​កាត់ព្រោះ​ក្នុងអំឡុងពេល​ដើរ​លេង​​អ្នក​ប្រហែលជាមិនមាន​ពេលវេលា​មើលថែទាំសក់របស់អ្នកបានដិតដល់នោះ​ទេ ហើយ​ទឹកសមុទ្រ​អាចធ្វើឱ្យ​ម៉ូដ​សក់​របស់​អ្នក​ខូច​បាន​យ៉ាង​ងាយ​ទៀតផង។ អ្នកគួរ​ជ្រើសរើស​ម៉ូដសក់​ណា​ដែល​ងាយ​មើលថែទាំ និង​ងាយ​រៀបចំ​ជា​រូបរាង ឬ​ចង​សក់​បែបរលុងៗមក​ក្រោយ​ក៏បាន​ដែរ។

    ប្រើកន្សែង​ជូត​មុខ​រុំ​ក្បាល
    តិច​និក​មួយបែប​ទៀត​ដែល ឡា​រ៉ែ​ន ចង់​ណែនាំ​ពេល​ទៅលេងទឹកសមុទ្រ​ដែរនោះ​គឺ ការយក​កន្សែង​ជូត​មុខមក​រុំ​ក្បាល ឬក៏​យក​កន្សែង​បង់កវែងស្តើងៗពណ៌ស្រស់ៗមក​ឃ្លុំ​លើ​ក្បាល​បែបរលុងៗ ហើយ​ពាក់​វ៉ែន​តាខ្មៅ​ការពារ​ពន្លឺ​ថ្ងៃ​បន្ថែមពីលើ​មួយទៀត​ក៏​មើលទៅ​ស្រស់ស្អាត​មិនធម្មតា​ដែរ ហើយថែមទាំងអាច​កា​ពារ​សក់ និង​ភ្នែក​របស់​អ្នក​ពី​ពន្លឺ​ថ្ងៃ​ថែម​ទៀតផង៕

  • ជិតដល់ថ្ងៃហើយ! កូនក្រមុំខាត់ស្បែកហើយ ត្រូវថែទាំស្បែកយ៉ាងដូចម្តេច?

    ជិតដល់ថ្ងៃហើយ! កូនក្រមុំខាត់ស្បែកហើយ ត្រូវថែទាំស្បែកយ៉ាងដូចម្តេច?

    ដូចបានជម្រាបជូនពីកន្លងមកថា ការថែរក្សាស្បែកក្នុងនាមជាកូនក្រមុំដ៏ស្រស់សោភាមួយរូប មានការរៀបចំខ្លួន និងថែរក្សាសម្ផស្សតាំងពីក្បាលរហូតដល់ចុងជើង ទៅតាមដំណាក់កាល និងពេលវេលាដែលមានកូនក្រមុំមាន។ អ្នកជាកូនក្រមុំ បានយកចិត្តទុកដាក់ចំពោះការខាត់ស្បែកឱ្យស មើលទៅម៉ដ្ឋរលោង គួរជាទីចាប់អារម្មណ៍។ ចុះនៅពេលដែលខាត់ស្បែកមុនមួយខែ ឬច្រើនថ្ងៃ មុនពេលជិតដល់ថ្ងៃរៀបមង្គលការ តើអ្នកគួរថែទាំស្បែកបែបណា ដើម្បីកុំឱ្យស្បែកប្រែជាពណ៌ស្រអាប់វិញនោះ? មានគន្លឹះ ឬតិចនិកជាច្រើនដែលជួយការពារស្បែករបស់អ្នកមិនឱ្យខ្មៅស្រអាប់បានដូចខាងក្រោមនេះ។

    1. នៅតែរក្សា និងផ្តល់​សំណើម​ដល់ស្បែក
    នេះ​ជា​ចំណុច​មួយសំខាន់​បំផុត​ដើម្បី​ថែរក្សា​ស្បែក ក្រោយ​ពេល​ខាត់​ស្បែក​រួច។ អ្នកត្រូវលាង​សម្អាត​ស្បែក​របស់​អ្នកជាមួយ​ទឹកក្តៅឧណ្ហៗ ហើយ​ប្រើ​ឡេបំប៉ន និងផ្ដល់សំណើមដល់​ស្បែក។ នៅ​ពេល​អ្នក​ម៉ាស្សា​ស្បែក​ជាមួយនឹងឡេសើមៗហើយនោះ អ្នកនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងមានអារម្មណ៍ថាស្បែកមានទម្ងន់ជាងមុន​ ព្រោះថា ការខាត់ស្បែក អាចបណ្ដាលឱ្យស្បែករបស់អ្នកស្ដើងបន្ដិច។ មិនតែប៉ុណ្ណោះ ក្លិន​ក្រអូប​របស់ឡេលាបស្បែកនឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ល្អ ហើយ​ស្បែក​របស់​អ្នក នៅតែសម៉ដ្ឋរលើបរលោងដដែល។ អ្នកគួរអនុវត្តវិធីផ្តល់សំណើមដល់ស្បែកនេះជារៀងរាល់ថ្ងៃក្រោយពេលអ្នកខាត់ស្បែករួច។

    2. ជ្រើសរើសសម្លៀកបំពាក់ដែលផ្ដល់ដង្ហើមដល់ស្បែក
    ស្បែកដៃ និង​ជើង​របស់​អ្នកច្បាស់ជាត្រូវការដកដង្ហើមដែរ ដូចនេះកោសិកា​ត្រូវ​ការស​ភាព​ធូរលុង ទូលាយៗ ក្រោយ​ពេល​ខាត់​ស្បែក​រួច។នៅ​ពេល​អ្នកនឹងក្លាយ​ជា​កូន​ក្រមុំនាពេលខាងមុខនេះ អ្នកត្រូវ​ប្រាកដ​ថា ស្បែក​របស់​អ្នក​មើលទៅ​ទន់​ល្មើយ និង​ស្រស់​ថ្លា​នៅថ្ងៃដ៏វិសេសរបស់អ្នក​​។ ជ្រើសរើសស្លៀក​ពាក់​ខោអាវ​រលុងៗ​នឹង​ធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អឡើងវិញ។

    3. ការពារស្បែកពីកម្ដៅថ្ងៃ
    ពាក្យចាស់តែពោលថា កូនក្រមុំ ត្រូវបន្ទុំស្បែកបន្ទុំសម្បុរ ខណៈពេលដែលទើបតែធ្វើការខាត់ស្បែកហើយ នោះស្បែករបស់អ្នកស្ដើង បើត្រូវកម្ដៅក្ដៅ ងាយនឹងរលាក ឬឡើងក្រហមខ្លាំងណាស់។ អ្នកគប្បីរក្សាខ្លួនប្រាណកុំឱ្យត្រូវកម្ដៅថ្ងៃមួយរយៈសិន ឬក៏ជ្រើសរើសសម្លៀកបំពាក់ដែលអាចបិទបាំងការពារកម្ដៅថ្ងៃបានល្អ ក្រោយពេលខាត់ស្បែកហើយ។

    4. ហាមត្រដុសលាងស្បែកខ្លាំងៗ
    ស្បែកទើបតែខាត់ហើយថ្មីៗមានសភាពខ្ចី ព្រោះវាបានជម្រុះកោសិកាចាស់ៗចេញ ដូច្នេះខណៈពេលដែលអ្នកងូតទឹកសូមព្យាយាមកុំប្រើកន្សែង ឬឧបករណ៍ដុសស្បែក ព្រោះវាងាយនឹងធ្វើឱ្យដាច់រលាត់ស្បែកកាន់តែខ្លាំងថែមទៀត។ ផ្ទុយមកវិញ អ្នកត្រូវសម្អាតស្បែកជាមួយនឹងសាប៊ូថ្នមៗ ហើយចៀសវាង ការងូតទឹកក្ដៅញឹកញាប់ពេក។

    5. ម៉ាស្សាបំប៉នស្បែកបែបធម្មជាតិ
    អ្នកអាចធ្វើការម៉ាស្សាស្បែកបែបធម្មជាតិ ដោយប្រើប្រាស់ទឹកឃ្មុំ ម្សៅល្មៀត តែប៉ៃតង ឬប្រទាលកន្ទុយក្រពើជាដើមក្នុងការផ្ដល់សំណើមដល់ស្បែក និងធ្វើឱ្យកោសិកាស្បែកបានស្រូបយកជីវជាតិដែលសម្បូរដោយវីតាមីនឡើងវិញ។ ការធ្វើបែបនេះមិនត្រឹមតែជួយឱ្យស្បែកសរលើបរលោងទេ ប៉ុន្ដែវាជួយបំពេញវីតាមីនឱ្យស្បែករបស់អ្នកផងដែរ៕

  • តម្លៃផ្លែស្វាយកែវរមៀតឡើងខ្ពស់ជាងឆ្នាំមុន ខណៈទិន្នផលធ្លាក់ចុះ

    តម្លៃផ្លែស្វាយកែវរមៀតឡើងខ្ពស់ជាងឆ្នាំមុន ខណៈទិន្នផលធ្លាក់ចុះ

    កសិករប្រកបរបរដាំស្វាយកែវរមៀតបានសម្តែងក្តីរីករាយ ខណៈដែលទិន្នផលស្វាយរបស់ពួកគាត់ក្នុងឆ្នាំនេះលក់បានថ្លៃខ្ពស់ជាងឆ្នាំមុនៗ ដែលជាកត្តាជំរុញឱ្យជីវភាពគ្រួសាររបស់ពួកគាត់មានភាពប្រសើរឡើងមួយកម្រិតទៀត ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏កសិករបានត្អូញត្អែរដែរថា ទិន្នផលស្វាយឆ្នាំនេះទទួលបានតិចជាងឆ្នាំមុន។

    លោក ហូ សុខឿន កសិករដាំស្វាយនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានប្រសាសន៍ថាស្វាយកែវរមៀតខ្ចប់ក្រដាសលក់បានតម្លៃខ្ពស់គឺ 1,700រៀលក្នុងមួយគីឡូក្រាម ចំណែកស្វាយមិនខ្ចប់ក្រដាសលក់បានក្នុងតម្លៃជាមធ្យម 1,000រៀលក្នុងមួយគីឡូក្រាមដែលជាតម្លៃមួយខ្ពស់ជាងឆ្នាំមុន។ មូល-ហេតុដែលធ្វើឱ្យស្វាយកែវរមៀតលក់បានថ្លៃជាងឆ្នាំមុនៗ គឺដោយសារតែទិន្នផលផ្លែស្វាយឆ្នាំនេះធ្លាក់ចុះជាងឆ្នាំមុន មិនសូវសម្បូរដូចឆ្នាំមុននោះទេ នេះគឺដោយសារតែកត្តាផ្លាស់ប្តូរអាកាសធាតុ ហើយលោកប្រាប់ទៀតថា កសិករនៅក្នុងភូមិកំពុងនាំគ្នាសម្រុកបេះលក់ខ្លាំង ព្រោះឈ្មួញបានបញ្ជាទិញយកទាំងអស់ ទោះបេះបានច្រើនតោនយ៉ាងណាក៏ដោយ។

    លោកបានបន្តថា ប្រសិនបើផ្លែស្វាយមានតម្លៃថេរដូចបច្ចុប្បន្ន ឬឡើងខ្ពស់លើសពីនេះទៀត នឹងធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរឡើងជាមិនខាន ហើយកសិករនឹងនៅតែមានសង្ឃឹមក្នុងការដាំស្វាយលក់ ព្រមទាំងនឹងពង្រីកផ្ទៃដីដាំដុះឱ្យមានចំនួនកាន់តែច្រើនឡើងៗ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារទៀតផង។ តែយ៉ាងណាក៏កសិករមិនសូវមានជំនឿលើរបរកសិកម្មប៉ុន្មានឡើយ ព្រោះពេលខ្លះមានការធ្លាក់ថ្លៃខ្លាំង ខណៈដែលទិន្នផលកសិកម្មមានលើសតម្រូវការ ហើយក៏នឹងឡើងថ្លៃខ្ពស់វិញខ្លាំងដែរនៅពេលណាដែលទិន្នផលកសិកម្មត្រូវបានផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការទីផ្សារពោលគឺ មិនសូវទៀងទាត់ឡើយ។

    លោក លី ចាន់ ឈ្មួញប្រមូលទិញផ្លែស្វាយក្នុងភូមិ និងជាអ្នកដាំស្វាយលក់ដែរនោះបានមាននិយាយថា ស្វាយកែវរមៀតឆ្នាំនេះពិតជាបានថ្លៃខ្ពស់ចន្លោះពី 1,000រៀល ទៅ1,700រៀលពិតប្រាកដដូចការលើកឡើងរបស់កសិករខាងលើមែន ហើយថែមទាំងងាយស្រួលលក់ចេញទៀតផង ដោយ-សារមានឈ្មួញមកឈរចាំបញ្ជាទិញដល់ចម្ការនីមួយៗតែម្ដង ដែលជាកត្តាផ្តល់ភាពងាយស្រួលដល់កសិករមិនចាំបាច់ដឹកយកទៅលក់នៅឯផ្សារនោះទេ។

    លោកបន្តថា សម្រាប់ប្រភេទស្វាយលេខ1 ខ្ចប់ក្រដាស លោកបាននាំចេញទៅលក់នៅប្រទេសវៀតណាម ក្នុងមួយថ្ងៃគិតជាមធ្យមប្រមាណជា 30តោន ចំណែកស្វាយធម្មតាមិនខ្ចប់ក្រដាសលោកនាំចេញទៅលក់នៅរោងចក្រកែច្នៃនៅប្រ-ទេសថៃ ក្នុងមួយថ្ងៃចន្លោះពី5 ទៅ1០តោនប៉ុណ្ណោះ។ លោកក៏បានរំឭកដែរថា ស្វាយខ្ចប់ក្រដាសប្រភេទលេខ1កាលពីឆ្នាំមុន លក់បានតម្លៃត្រឹមតែ 1,000រៀលប៉ុណ្ណោះក្នុងមូយគីឡូក្រាម និងស្វាយធម្មតាលក់ចេញបានត្រឹមតែ 500 ទៅ 700រៀលប៉ុណ្ណោះ។

    លោក កាំង ម៉ាំង អនុប្រធានការិយាល័យផែនការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលមានប្រសាសន៍ថា ក្នុងឆ្នាំ2018នេះ នៅទូទាំងខេត្តកណ្តាល កសិករដាំស្វាយកែវរមៀតនៅលើផ្ទៃដីសរុបចំនួន 6,010ហិកតា ក្នុងនោះស្រុកស្អាងមានចំនួនច្រើនជាងគេដោយបានដាំដុះដល់ទៅចំនួន1,513ហិកតា បន្ទាប់មកគឺស្រុកកោះធំហើយស្វាយកែវរមៀតបានផ្ដល់ផលជាមធ្យម 8០គីឡូក្រាមក្នុងមួយដើម។ លោកបញ្ជាក់ថា ស្វាយកែវរមៀតឆ្នាំនេះពិតជាបានថ្លៃខ្ពស់ជាងឆ្នាំមុនប្រាកដមែន ដែលបានជួយឱ្យកសិករមានជីវភាពធូរធារល្អឡើង៕