Author: ធឿន មករា

  • តុបតែងផ្ទះដោយផ្ទាំងក្រណាត់ស្អាតៗ

    តុបតែងផ្ទះដោយផ្ទាំងក្រណាត់ស្អាតៗ

    ថ្ងៃនេះសូមនាំមិត្តអ្នកអានមកមើលពីវិធីតុបតែងផ្ទះដោយក្រណាត់ស្អាតៗវិញម្តង…។

    សម្រាប់បន្ទប់ដែលស្ថិតនៅខាងទិសខាងកើត និងខាងត្បូងដែលមិនចង់ឱ្យត្រូវកម្ដៅថ្ងៃខ្លាំងនៅពេលរសៀលនោះ គួរជ្រើសរើសតុបតែងដោយក្រណាត់វាំងននស្តើងៗ ពណ៌ភ្លឺស្រឡះ ស្រាលៗ ហើយដាក់កៅអីសាឡុងពូកដែលមានភ្នាក់ដៃនៅក្បែរនោះធ្វើជាកន្លែងអង្គុយក្រេបទឹកតែ ឬអានសៀវភៅនាពេលរសៀល ក៏មានអារម្មណ៍ថាស្រស់ស្រាយគួរឱ្យចង់អង្គុយសម្រាកម្យ៉ាងដែរ។

    ក្រៅពីភាពស្រទន់ និងភាពស្រស់ស្រាយហើយនោះ ការជ្រើសរើសប្រើក្រណាត់ពណ៌ស្រស់ៗច្បាស់ៗ ក៏ជាជម្រើសមួយ​របស់ភាពស្រស់ថ្លា រីករាយសប្បាយសម្រាប់ផ្ទះរបស់លោកអ្នកដែរ។

    ក្រណាត់កប្បាសសាច់ក្រាស់ ក៏ជាជម្រើសមួយដ៏ស័ក្តិសមរបស់បន្ទប់អង្គុយលេងដែរ ដោយកៅអីសាឡុងពូក និងខ្នើយទ្រនាប់បែបងាយៗ សប្បាយៗស័ក្តិសមនឹងភាពជាបន្ទប់អង្គុយលេងជាទីបំផុត។

    ការប្រើប្រាស់ពណ៌ស្អាតៗ ស្រស់ស្រាយរបស់ក្រណាត់ ក្រៅពីភាពលេចធ្លោដែលត្រូវការសង្កត់ធ្ងន់ដើម្បីឱ្យកើតភាពសប្បាយរីករាយហើយនោះ យើងនៅអាចប្រើប្រាស់ក្រណាត់ដែលមានពណ៌ស្រស់ស្អាតទាំងនោះមកតុបតែងឱ្យកើតមានភាពកក់ក្តៅបានដូចគ្នាដែរ ។

    ការជ្រើសរើសប្រើស្រោមពូក ស្រោមខ្នើយ និងភួយធ្វើពីក្រណាត់កូតុង ពណ៌ក្រឡេក្រឡាស្អាត ធ្វើឱ្យកើតចំហាយនៃភាពជាជនបទនៅក្នុងផ្ទះរបស់អ្នក ហើយក្រណាត់កូតុងថែមទាំងអាចបញ្ចេញកម្ដៅបានល្អ ជួយបន្ថែមភាពត្រជាក់សប្បាយដល់ផ្ទះ និងងាយស្រួលថែរក្សាទៀតផង៕

  • វិធីថែបំប៉នកូនសម្លាញ់ឱ្យធំធាត់មាំមួន មានឆ្អឹងរឹងមាំ

    វិធីថែបំប៉នកូនសម្លាញ់ឱ្យធំធាត់មាំមួន មានឆ្អឹងរឹងមាំ

    កូនមានរាងកាយធំធាត់មាំមួន មានសុខភាពរឹងប៉ឹង គឺជារឿងមួយដែលឪពុកម្តាយគ្រប់គ្នាចង់បានជាទីបំផុត រឹតតែកូនកំពុងតែស្ថិតក្នុងវ័យរៀនដើរតេះតះផងនោះ យើងមិនគួរមើលរំលងអាហារដែលមានប្រយោជន៍ ក្នុងការបំប៉នឆ្អឹងរបស់កូនឡើយ។ ថ្ងៃនេះឡា រ៉ែន មានអត្ថបទល្អៗពាក់ព័ន្ធនឹងសារធាតុអាហារដែលបំប៉នឆ្អឹងដល់កូនសម្លាញ់មកជម្រាបជូន។

    តើឆ្អឹងត្រូវការអ្វីខ្លះ?

    ការដែលឆ្អឹងរបស់កូនតូចអាចរឹងមាំល្មមនឹងធ្វើឱ្យរាងកាយរបស់កូនធំធាត់ឡើង ឬមានកម្ពស់ដែលកើនឡើងបាននោះ ចាំបាច់ត្រូវអាស្រ័យសារធាតុអាហារសំខាន់ 4យ៉ាងដូចតទៅ៖

    1.សារធាតុរ៉ែ ៈ ដែលមានដូចជា កាលស្យូម ផូសស្វ័រ ម៉ាញេស្យូម ភ្លូអ័ររ៉ាយ ទង់ដែង ស័ង្កសី និងម៉ង់ហ្កាណេស។ សារធាតុរ៉ែទាំងអស់នេះ នឹងជួយក្នុងការបង្កើន និងបំប៉នឆ្អឹងរបស់ក្មេងតូច។

    ប្រភព : សារធាតុរ៉ែទាំងអស់នេះបានមកពីសាច់សត្វ និងគ្រឿងក្នុងសត្វ ដូចជា ទឹកដោះម្តាយ សាច់ត្រី សាច់ជ្រូក សាច់គោ សាច់មាន់ ស៊ុតក្រហម ថ្លើមមាន់ បេះដូងជ្រូក និងអណ្តាតជ្រូក។

    2.ប្រូតេអុីន ៈ សារធាតុសំខាន់ដែលមានតួនាទីជាច្រើនក្នុងការរីកចម្រើនធំធាត់របស់កូន តែសម្រាប់តួនាទីរបស់ប្រូតេអុីនចំពោះឆ្អឹងវិញនោះ គឺការពង្រីកខ្លួន និងបំបែកខ្លួនរបស់កោសិកាឆ្អឹង។

    ប្រភព : សាច់សត្វប្រភេទផ្សេងៗ និងទឹកដោះម្តាយ។

    3.វិតាមីន ៈ មានដូចជា វិតាមីនD វិតាមីនK វិតាមីនC ការពាររោគឆ្អឹងទន់ ជួយក្នុងការបង្កើន និងបំប៉នឆ្អឹង និងធ្មេញ ហើយវិតាមីនថែមទាំងជួយឱ្យរាងកាយបឺតជ្រាបជាតិកាល់ស្យូមបានល្អឡើងទៀតផង។

    ប្រភព : វិតាមីនD មាននៅក្នុងសាច់សត្វផ្សេងៗ ប្រេងធញ្ញជាតិ ប៊័រ ចំណែកវិតាមីនK និងវិតាមីនC បានមកពីបន្លែស្លឹក​បៃតង និងផ្លែឈើគ្រប់ប្រភេទ។

    4.ខាបូហាយដ្រេត ៈ ជាសារធាតុអាហារដែលផ្តល់នូវថាមពលដ៏គ្រប់គ្រាន់សម្រាប់កុមារ ដើម្បីឱ្យមានទម្ងន់ខ្លួនស័ក្តិសម នឹងវ័យ និងជាបច្ច័យក្នុងការប្រមូលសន្សំសម្ព័ន្ធឆ្អឹង។

    ប្រភព : សម្រាប់កូនវ័យចាប់ផ្តើមទទួលអាហារបំប៉ននោះ អាចទទួលខាបូហាយដ្រេតបានពីម្សៅ ដំឡូងបារាំង នំប៉័ង និងម៉ាក់ការ៉ូនីជាដើម។

    ក្រៅពីសារធាតុអាហារដែលជួយបង្កើន និងបំប៉នឆ្អឹងទាំង 4ប្រភេទដែលបានរៀបរាប់មកខាងលើនេះហើយ នៅមានប្រភេទអាហារដែលគួរហាមឃាត់ និងប្រុងប្រយ័ត្នមួយទៀតដែលអ្នកម្តាយគ្រប់រូបគួរតែដឹងដែរនោះគឺ អាហារដែលមានសូដ្យូមខ្ពស់ ដូចជាអាហាររសជាតិប្រៃ អាហារដែលមានអំបិលច្រើន-ល- ព្រោះអាហារទាំងនោះនឹងធ្វើឱ្យរាងកាយរបស់កូនបាត់បង់កាល់ស្យូមតាមទឹកនោមកាន់តែច្រើនឡើង បើសិនជាអាចទៅរួច គួរចៀសវាង និងកុំប្រថុយប្រថាននឹងការបាត់បង់កាល់ស្យូម និងកុំឱ្យកូនញៀនអាហារដែលមានជាតិប្រៃខ្លាំងផងដែរ៕

  • ថ្ងៃនេះ តើអ្នកញ៉ាំយ៉ាអួ ហើយឬនៅ?

    ថ្ងៃនេះ តើអ្នកញ៉ាំយ៉ាអួ ហើយឬនៅ?

    ថាជាទឹកដោះគោឆៅ ក៏មិនមែន ថាជាទឹក ក៏មិនត្រូវ តែហេតុអីបានជាមានតែអ្នក​ប្រាប់ថា ឱ្យញ៉ាំយ៉ាអួ ឬយ៉ូហ្គ៊ើត ឱ្យបាន 1​ថ្ងៃ 1​ពែង? តើយ៉ាអួ ល្អចំពោះសុខភាពយ៉ាងណាខ្លះទៅ?។ នៅពេលអានអត្ថបទខាងក្រោមនេះច​ប់ហើយ លោកអ្នកអាច​​នឹង​​ចាប់​ផ្តើមញ៉ាំយ៉ាអួ ក៏អាចថាបានដែរ។

    តើយ៉ាអួ គឺជាអ្វី?

    យ៉ាអួ ឬទឹកដោះគោជូរ គឺជាផលិតផល ដែលផលិតឡើងពីទឹកដោះ ដែលកើតឡើងពីការផ្អាប់ ឬបិតរវាងទឹកដោះ និង ប្រូបៃ​​អូទិក(Probiotics = បាក់តេរីល្អៗដែលមានជីវិត) នៅពេលយើងញ៉ាំចូលទៅ បាក់តេរីទាំងអស់នេះនឹងទៅបង្កើតភាពតុល្យការឱ្យអតិសុខុមប្រាណ(Microorganism) ដែលនៅក្នុងពោះវៀន។ ចំណែកឯលទ្ធផលដែលបានមកនោះគឺ ប្រព័ន្ធបន្ទោបង់ និង​សុខ​​​​ភាពជារួមរបស់យើង នឹងារឹតតែល្អប្រសើឡើងហ្នឹងឯង។

    តើយ៉ាអួបែបណា ទើបល្អ?

    បច្ចុប្បន្ននេះ យើងឃើញមានយ៉ាអួ 2ប្រភេទ គឺគ្រីកយ៉ាអួ និងយ៉ាអួបែបធម្មតា ហើយយ៉ាអួបែបគ្រីក កំពុង​តែបានទទួលការ​ពេញនិយមឡើងជាបណ្តើរៗហើយ ដូច្នេះតើយើងគួរជ្រើសយកបែបណាទើបល្អ?

    គ្រីកយ៉ាអួ ការពិតទៅ វាក៏ជាយ៉ាអួធម្មតាដែលត្រូវបានបឺតយកជាតិទឹក និងវត្ថុរាវដែលប្រកបដោយ លែកថូស(Lactose = ជាតិស្ករដែលភាគច្រើនមាននៅក្នុងទឹកដោះ) ចេញ ដូច្នេះហើយទើបវាក្លាយជាយ៉ាអួដែលមានភាពខាប់ជាង​មុន ធ្វើឱ្យលោកអ្នកទទួលបានសារធាតុអាហារ និងប្រូបៃអូទិកកាន់តែច្រើនឡើងផងដែរ។ ឧទាហរណ៍ គ្រីកយ៉ាអួ 1ពែងមានប្រូតេ​អ៊ីនច្រើនជាងយ៉ាអួធម្មតាទ្វេដង តែមានជាតិស្ករតិចជាង។

    តើយ៉ាអួល្អចំពោះសុខភាពយ៉ាងណាខ្លះទៅ?

    • បង្កើនភាពប្រឆាំងនឹងជំងឺក្នុងរាងកាយ ៈ មានការសិក្សាស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ការញ៉ាំយ៉ាអួរៀងរាល់ថ្ងៃ នឹងជួយការពារការឆ្លងរោគនៅក្នុងរាងកាយបាន ដូច្នេះទើបប្រូបៃអូទិកសំខាន់ខ្លាំងណាស់ ព្រោះវាបានទៅជួយជំរុញប្រព័ន្ធប្រ​ឆាំង​​ជំ​ងឺរហូតទៅដល់កោសិកា ដែលវានឹងជួយឃុំគ្រងការពារខ្លួនអ្នកពីមេរោគវីរុស ប៉ារ៉ាស៊ីត និងមហារីក។ លោកអ្នកនឹងមានជីវិតរស់​​​នៅ​​បានយូរអង្វែង។
    • ការពារការកើតដំបៅនៅក្នុងក្រពះ ៈ លែកតូបាស៊ីឡាស់(Lactobacillus)ដែលមាននៅក្នុងយ៉ាអួ ​នឹងជួយ​បញ្ឈប់ការរីកចម្រើនធំធាត់របស់អតិសុខុមប្រាណ H.Pylori ដែលជាមូលហេតុរបស់ដំបៅក្នុងក្រពះបានជាង 90%។
    • ផ្តល់នូវវិតាមីន ៈ ជាពិសេស រ៉ៃបូហ្វ្លាវិន ឬវិតាមីន B1 និងវិតាមីន K ដែលទឹកដោះគោជូរ និងយ៉ាអួ​មានសម្រាប់ជួយដល់ពោះវៀន។
    • ជួយព្យបាលអាការរាករូស ៈ បើបានពិសាទឹកដោះគោជូរ ឬយ៉ាអួ វានឹងជួយឱ្យអាការរាករូសនោះ កាន់តែឆាប់​បាត់​ឡើងទៀត។
    • ជួយឱ្យរាងកាយបឺតយកជាតិកាល់ស្យូមបានកាន់តែងាយឡើង ហើយជាតិអាស៊ីតលែកទិកដែលមាន​នៅ​ក្នុងទឹកដោះគោជូរ និងយ៉ាអួនឹងជួយជំរុញឱ្យការរំលាយកាល់ស្យូមក្នុងទឹកដោះបានកាន់តែល្អឡើងដែរ។
    • ជួយការពារជំងឺសរសៃឈាមបេះដូង ៈ ព្រោះលែកតូបាស៊ីឡាស់នៅក្នុងទឹកដោះគោជូរ នឹងជួយគ្រប់គ្រងបរិមាណកូលេស្តេរ៉ូល នៅក្នុងឈាម ដែលជាមូលហេតុធ្វើឱ្យកើតជំងឺសរសៃឈាមបេះដូងបាន។
    • ការពារជំងឺមហារីកបានទៀតផង ៈ ព្រោះលែកតូបាស៊ីឡាស់ អាចចាប់សារធាតុបង្កមហារីកបាន និងថែមទាំងជួយបង្អាក់ក្រុមមេរោគបាក់តេរីនៅក្នុងពោះវៀនដែលបង្កើតសារធាតុ ណៃត្រេត ដែលជាសារធាតុបង្កមហារីកទៀតផង។

    តើត្រូវញ៉ាំយ៉ាអួយ៉ាងដូចម្តេចទៅ?

    • ញ៉ាំធ្វើជាចំណីពេលទំនេរ រាល់ថ្ងៃ​ នឹងជួយឱ្យលោកអ្នកមានអារម្មណ៍ឆ្អែត និងមានថាមពលខ្លាំងជាងការញ៉ាំភេសជ្ជៈដែលមានកាឡូរីប៉ុនគ្នាទៅទៀត។
    • ញ៉ាំយ៉ាអួ រសជាតិពីធម្មជាតិ…យ៉ាអួភាគច្រើន ច្រើនតែបញ្ចូលក្លិនរបស់ផ្លែឈើ និងបន្ថែមស្ករ ដូច្នេះគួរជ្រើស​រើស​​ញ៉ាំយ៉ាអួ រសជាតិពីធម្មជាតិវិញប្រសើរជាង។
    • បើលោកអ្នកធុញនឹងការញ៉ាំយ៉ាអួ រសជាតិបែបធ្មមជាតិហើយ សូមសាកល្បងបន្ថែមផ្លែឈើស្រស់ ឬធ្វើជាម្ហូបញាំផ្លែឈើដោយប្រើយ៉ាអួធ្វើជាទឹកសម្រាប់ញាំក៏បាន។

    Good for Skin

    យ៉ាអួធម្មជាតិ មានអាស៊ីត អាល់ហ្វា-ហាយដ្រក់ស៊ី ដែលនឹងជួយសកកោសិកាស្បែក ដោយគេអាចយកយ៉ាអួ​ធម្មជាតិមកលាបនៅលើស្បែកទុកចោលប្រមាណ 15នាទី រួចហើយលាងចេញដោយទឹកត្រជាក់ រួចសឹមលាប ម៉យស៍ជើរ៉ៃហ្ស៊ើរ៍ វានឹងជួយឱ្យស្បែកមានសុខភាពល្អ តឹងណែន និងភ្លឺរលោង៕

  • ណាហ្គាវើលដ៍ ជាប់ជាក្លិបលេខ1 ដែលចូលរួមចំណែកច្រើនជាងគេ ក្នុងការទិញវ៉ាក់សាំងកូវីដ-19

    ណាហ្គាវើលដ៍ ជាប់ជាក្លិបលេខ1 ដែលចូលរួមចំណែកច្រើនជាងគេ ក្នុងការទិញវ៉ាក់សាំងកូវីដ-19

    កាលពី​ថ្ងៃទី11 ខែធ្នូ ឆ្នាំ2020 កន្លងទៅ ស្ថាបនិក​ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍ សញ្ជាតិ​ម៉ាឡេស៊ី លោក  Tan Sri Dato (Dr CHEN LIP KEONG) បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា  ដោយបាន​ផ្តល់​ជាថ​រិ​កា​ចំនួន 5លាន​ដុល្លារ​អាមេរិក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ-19។

    ការរួមចំណែក​នេះ បានធ្វើឱ្យ​ណាហ្គា​វើ​លដ៍ ក្លាយជា​ក្លិប​ដែល​បាន​ចូលរួមចំណែក​ច្រើនជាងគេ ក្នុង​ការជួយ​រាជរដ្ឋាភិបាល​លើ​យុទ្ធនា​ការទិញ​វ៉ាក់សាំង​កូ​វីដ-19 នេះ ខណៈដែល​លេខ2 បាន​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​បាន​ជួយ 1លាន​ដុល្លារ អាមេរិក។

    គួរឱ្យ​ដឹង​ដែរ​ថា ក្រៅពី​ក្លិប​ណាហ្គា​វើ​លដ៍ ក៏មាន​ក្លិប​បាល់ទាត់ ចំនួន5 ផ្សេងទៀត​ដែរ ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទិញ​វ៉ាក់សាំង​កូ​វីដ-19 ដែលមាន​ដូចជា ក្លិប​ភ្នំពេញ​ក្រោ​ន បឹងកេត ក្រសួងការពារជាតិ ព្រះខ័ន​រាជ​ស្វាយរៀង និង​វិសាខា៕

  • PSG ចង់ខ្ចីជើង Alli ព្រោះមើលឃើញថា នៅ Spurs អត់ដែលបានចូលលេង

    PSG ចង់ខ្ចីជើង Alli ព្រោះមើលឃើញថា នៅ Spurs អត់ដែលបានចូលលេង

    ក្លិប​បាល់ទាត់ PSG បានបង្ហាញ​មហិច្ឆតា​របស់ខ្លួន​សាជាថ្មី ក្នុងការ​នាំយក​កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង សញ្ជាតិ​អង់គ្លេស Dele Alli ពី​ក្លិប​មាន់​ខ្នាយ​មាស Tottemhamp Hotspur នាទី​ផ្សារ​ដោះដូរ​កីឡាករ​ពាក់កណ្តាល​រដូវ​កាល​នេះ ។

    ការរៀបចំ​ផែនការ​នេះ គឺ​ក្រោយ​ពេលដែល PSG មើលឃើញថា Dele Alli លែង​ក្លាយជា​កីឡាករ ក្នុង​កែវភ្នែក លោក José Mourinho ទៀតហើយ ខណៈដែល​គេ​ទើបតែ​លេង​បាន 2ប្រកួត​ប៉ុណ្ណោះ ក្នុង​រដូវ​កាល2020 នេះ ដោយមាន​ឈ្មោះ​ត្រឹមតែ​ជា​កីឡាករ​បម្រុង​ស្ទើរតែ​គ្រប់ការ​ប្រកួត។

    PSG ធ្លាប់​បរាជ័យ​ម្ដង​រួចមកហើយ លើ​សំណើ​ខ្ចី​ជើង Alli កាលពីពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្ដៅ ដោយសារតែ Spurs បាន​បដិសេធ​មិនទាន់​ចង់ឱ្យ​កីឡាករ​របស់​ពួកគេ​ចេញ​នៅឡើយ។ យ៉ាងណា ស្ថានភាព​បច្ចុប្បន្ន បាន​បង្ហាញថា Alli មិន​ស្ថិតក្នុង​គម្រោង​របស់លោក Jose Mourinho ទៀត​ទេ៕

  • Google បញ្ចេញគោលនយោបាយថ្មី អនុញ្ញាតឱ្យកំណត់បន្ថយ Ads ទាក់ទងគ្រឿងស្រវឹង និងល្បែង

    Google បញ្ចេញគោលនយោបាយថ្មី អនុញ្ញាតឱ្យកំណត់បន្ថយ Ads ទាក់ទងគ្រឿងស្រវឹង និងល្បែង

    នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី10 ធ្នូ ក្រុមហ៊ុន Google បាន​បញ្ចេញ​កំណែ​អាប់​ឌែ​ត ក៏ដូចជា គោលនយោបាយ​ថ្មី ទាក់ទង​នឹង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​របស់ខ្លួន។ ចំពោះ​អ្នកប្រើប្រាស់​ទាំងអស់ ដែលមាន​ការរំខាន ដោយសារតែ Ads ពី ល្បែងស៊ីសង ក៏ដូចជា​គ្រឿង​ស្រវឹង​ផង​នោះ នឹងមាន​ឱកាស​ធ្វើការ​កាត់បន្ថយ ឱ្យ​វា​លោត​ចេញមក តិចជាង​មុន​បាន ដោយ​នឹង​ចាប់ផ្ដើម ពី​ដើមឆ្នាំ 2021 ខាងមុខ​តទៅ។

    Google បាន​បន្ថែមទៀតថា អ្នកប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក គឺអាច​កំណត់​បាន ជាបណ្ដើរៗហើយ ដោយឡែក អ្នកប្រើប្រាស់​នៅលើ​ទីផ្សារ​សកល គឺ​ត្រូវមាន​ការរង់ចាំ​បន្ដិចទៀត សម្រាប់​ការផ្ដល់ជូន​សិទ្ធិ​អនុញ្ញាត​មួយ​នេះ។

    បច្ចុប្បន្ននេះ  អ្នកប្រើប្រាស់​ទាំងអស់ មានតែ​សិទ្ធិ​ក្នុង​ការបិទ​មុខងារ Ad Personalization ប៉ុណ្ណោះ ដែល​មុខងារ​នេះ លោកអ្នក​គ្រាន់តែ​ធ្វើ​ការដាក់​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម ទាក់ទង​ទៅនឹង​សកម្មភាព​ទាំងឡាយណា​បាន​ចុច Search ស្វែង​រកមើល។ ការដែល​វា​លោត​បង្ហាញ​មក​នោះ ត្រូវបាន​គេ​គិតថា រំលោភសិទ្ធិ​ឯកជន។

    បើទោះបីជា​មិនអាច​បិទ​បាន​ទាំងស្រុង​ក៏ដោយ យ៉ាងហោចណាស់ អ្នកប្រើប្រាស់​នឹង​អាច​ឃើញ​ពួកវា​តិចជាង​មុន ហើយក៏​លែង​សូវ​មានការ​រំខាន ក៏ដូចជា​ជំរុញ​បង្ខំ​ឱ្យចូល​រួម​តាម​ផងដែរ។ ការបើក​មុខងារ​កាត់​បន្ថយ Ads របស់​ល្បែងស៊ីសង និង​គ្រឿង​ស្រវឹង ក៏​នឹង​ជួយ​ហាមឃាត់ក្មេងៗ មិនឱ្យ​ចូលរួម​តាមដាន​ទៀតផង​ដែរ ដោយសារ​ភាគច្រើន ពួកគេ​ងាយ​នឹងធ្វើ​ទៅតាម ការផ្សព្វផ្សាយ​ទាំងអស់នោះ​ខ្លាំងណាស់។

  • រឿងសំខាន់ដែលអ្នកគួរដឹង មុនគិតចង់សេពគប់អ្នកណាម្នាក់យ៉ាងពិតប្រាកដ…

    រឿងសំខាន់ដែលអ្នកគួរដឹង មុនគិតចង់សេពគប់អ្នកណាម្នាក់យ៉ាងពិតប្រាកដ…

    សម័យនេះ ការទំនាក់ទំនងឆ្លើយឆ្លង ធ្វើឱ្យមនុស្សយើងអាចជជែកនិយាយគ្នាបានកាន់តែងាយស្រួលឡើង។ Application ស្វែងរកគូមានពេញទឹកពេញដី ធ្វើឱ្យកំលោះក្រមុំអាចណាត់ជួបគ្នាកាន់តែងាយឡើងដែរ តែភាពងាយនេះ ក៏មកព្រមជាមួយនឹងសម្ព័ន្ធភាពដែលមិនស្ថិតស្ថេរយូរអង្វែងដែរ ព្រោះម្នាក់ៗមិនបានពិនិត្យមើលអ្វីៗអំពីគ្នាយ៉ាងស៊ីជម្រៅឡើយ។ ការដែលអ្នកចង់សម្រេចចិត្តសេពគប់ជាមួយនរណាម្នាក់នោះ អំឡុងពេលដែលគេហៅថា “មើលចិត្តមើលថ្លើមគ្នា” សំខាន់ខ្លាំងណាស់ ព្រោះអ្នកនឹងបានឃើញពីភាពជាមនុស្សម្នាក់របស់នាង(ឬគេ) បានដឹងពីប្រវត្តិថា តើមនុស្សដែលអ្នកកំពុងមើលចិត្តមើលថ្លើមនោះ មានបទពិសោធជីវិតបែបណា ក្រុមគ្រួសារ និងបែបបទជីវិតរបស់គេអាចទៅជាមួយអ្នកបានឬទេ?

    ខាងក្រោមនេះ គឺរឿងដែលអ្នកត្រូវពិនិត្យមើលឱ្យច្បាស់លាស់ មុននឹងសម្រេចចិត្តយល់ព្រមជាមួយនរណាម្នាក់…។

    1.តើគេ ឬនាង(ម្នាក់ហ្នឹង)មានគូជីវិតហើយឬនៅ?

    នេះគឺជារឿងសំខាន់ មុននឹងសម្រេចចិត្តយល់ព្រមជាមួយនរណាម្នាក់យ៉ាងពិតប្រាកដ។ នេះគឺជារឿងសំខាន់មុនគេ ដែលអ្នកគួរសួរគេ ឬនាងយ៉ាងត្រង់ៗ ដើម្បីឱ្យបានច្បាស់លាស់ទាំងពីរនាក់ ព្រោះសព្វថ្ងៃនេះ មនុស្សដែលមានគូហើយ តែចូលចិត្តធ្វើខ្លួនដូចនៅលីវ និងដើរតែទំនាក់ទំនងជាមួយអ្នកឯទៀតបែបឱ្យក្ដីសង្ឃឹមទៅគេនោះ មានច្រើនណាស់។ តែប្រការសំខាន់ វាស្ថិតនៅលើអ្នកខ្លួនឯង បើបានទទួលចម្លើយយ៉ាងត្រង់ទៅត្រង់មកហើយថា គេ ឬនាងមានគូហើយនោះ គឺរូបអ្នកខ្លួនឯងហ្នឹងហើយដែលជាអ្នកសម្រេចចិត្តថា តើនឹងបញ្ចប់ ឬបន្តទៅទៀត?។

    2.តើគេ ឬនាងម្នាក់ហ្នឹង នៅលីវយូរប៉ុនណាហើយ?

    រឿងសំខាន់ទី2 ដែលអ្នកគួរត្រូវដឹងបន្ទាប់ពីបានដឹងហើយថា រូបគេ ឬនាងម្នាក់នោះពិតជានៅលីវមែននោះគឺ រយៈពេលដែលគេ ឬនាងម្នាក់នោះគ្រងស្ថានភាពនៅលីវនោះយូរប៉ុនណាហើយ? រឹតតែមនុស្សដែលទើបតែលែងលះគ្នាមិនទាន់ដល់ 2ឆ្នាំផងនោះ ចូរកុំអាលសេពគប់ ឬមានទំនាក់ទំនងអីជិតស្និទ្ធពេក ព្រោះសម្ព័ន្ធភាពរវាងមនុស្ស 2នាក់ដែលមានមកយូរហើយនោះ ធ្វើឱ្យចិត្តគេនៅមិនទាន់ត្រៀមជាស្រេចសម្រាប់រូបអ្នកប៉ុន្មានទេ។

    ឬអ្នកខ្លះដែលនៅលីវ និងលែងលះជាមួយអ្នកចាស់មកបានរយៈពេលយូរជាង ​2ឆ្នាំហើយក៏ដោយ ក៏នៅតែគួរឱ្យបារម្ភដែរ ព្រោះទាំងអស់នោះអាចមានន័យពីអារម្មណ៍ខាងក្នុងចិត្តរបស់មនុស្សម្នាក់នោះដែលនៅតែមិនអាចកាត់ដាច់ពីអ្នកចាស់បាន ហើយដោយសម្ព័ន្ធភាពនោះ នឹងធ្វើឱ្យស្នេហាថ្មីរបស់អ្នក មិនគង់វង្ស។

    3.តើគេ ឬនាងម្នាក់ហ្នឹងមានការងារធ្វើឬអត់?

    សំណួរ 1នេះសម្រាប់សង្គមជនបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក គេរាប់ថាជារឿងប្រក្រតីធម្មតាសម្រាប់អ្នកដែលត្រូវចិត្តគ្នាដំបូង ដែលនឹងសួរគ្នាថា តើអ្នកធ្វើការអីដែរ? តែសំណួរដែលសំខាន់បំផុតនោះគឺ “តើអ្នកមានការងារធ្វើ ឬក៏កំពុងទាត់ខ្យល់?”។

    សំណួរនេះ រាប់ថាសំខាន់ណាស់សម្រាប់ការសម្រេចចិត្តរបស់អ្នកថា តើនឹងសេពគប់បន្តឬយ៉ាងណា? ព្រោះការមានការងារធ្វើ មានន័យពីការអាចចិញ្ចឹមជីវិតបានដោយខ្លួនឯង និងគ្មានបញ្ហារឿងហិរញ្ញវត្ថុ។ បើសេពគប់គ្នាហើយ គូស្នេហ៍របស់អ្នកគ្មានការងារធ្វើ សម្ព័ន្ធភាពស្នេហ៍នឹងមិនសូវជាគង់វង្សប៉ុន្មានឡើយ ព្រោះគូស្នេហ៍របស់អ្នកនឹងត្រូវនៅចាំតែពឹងពាក់លើរូបអ្នកជាប់រហូតមិនខាន។

    4.តើគេ ឬនាង(ម្នាក់ហ្នឹង)ចូលចុះជាមួយក្រុមគ្រួសារបានល្អទេ?

    នេះក៏ជារឿងសំខាន់ដែលអ្នកត្រូវដឹងដូចគ្នា ព្រោះថា ក្រុមគ្រួសារគឺការសាងសម្ព័ន្ធភាពដំបូងរបស់ជីវិតមនុស្ស។ ទង្វើ ឬ ទស្សនគតិដែលគេ ឬនាងមានចំពោះក្រុមគ្រួសារនេះ សំខាន់ណាស់ និងនឹងបង្ហាញឱ្យដឹងថា គេ ឬនាងនឹងប្រតិបត្តិចំពោះរូបអ្នកយ៉ាងណា?។

    ខ្លាំងជាងអ្វីទាំងអស់…បើអ្នកបានជជែកជាមួយគេ(ឬនាង)ពីរឿងក្រុមគ្រួសារ នោះអ្នកនឹងបានដឹងតែម្ដងថា តើគេ(ឬនាង)ម្នាក់នោះនឹងមានចរិតនិស្ស័យបែបណា? បើគេ ឬនាងនិយាយអំពីក្រុមគ្រួសារក្នុងសម្ព័ន្ធភាពដែលល្អ និងក្រុមគ្រួសារគឺជាមនុស្សសំខាន់ដែលរុញច្រានឱ្យអ្នក និងគេ(ឬនាង)មានថ្ងៃនេះ នោះបង្ហាញឱ្យដឹងថា នាង ឬគេម្នាក់នោះគឺជាមនុស្សដែលមានមូលដ្ឋានអារម្មណ៍ល្អ។ តែបើគេ(ឬនាង)និយាយអំពីក្រុមគ្រួសារក្នុងលក្ខណៈដែលស្ថិតនៅឆ្ងាយពីគ្នា មិនមានអារម្មណ៍ពាក់ព័ន្ធស៊ីជម្រៅជាមួយក្រុមគ្រួសារ…បើជាបែបហ្នឹង ក៏រាងដូចជាពិបាកក្នុងការចូលទៅដល់ចរិតពិតរបស់គេ(ឬនាង)ម្នាក់នោះបានណាស់។

    5.តើគេ ឬនាងម្នាក់ហ្នឹង មានកូនហើយឬនៅ?

    សំណួរនេះ បើបានចម្លើយថា មានហើយ នោះមានន័យថា នាង ឬគេម្នាក់ហ្នឹងមិនអាចឱ្យអ្នកក្លាយជាមនុស្សសំខាន់ទី1 បានទេ ព្រោះកូនរបស់គេ ឬនាង គឺជាមនុស្សសំខាន់ទី1 ហើយបើជាបែបហ្នឹង ការភ្ជាប់សម្ព័ន្ធភាពរវាងអ្នកជាមួយនាង ឬគេម្នាក់ហ្នឹង អាចនឹងមានបញ្ហាបាននាពេលអនាគត…តែបើអ្នកសម្រេចចិត្តហើយថា នឹងសេពគប់ និងដឹងពីរឿងនេះច្បាស់ហើយ ក៏ត្រូវតែទទួលយកនូវអ្វីដែលនឹងកើតឡើងឱ្យបានផងដែរ៕

  • និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន

    និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន

    ការបង្ហាត់កុមារឱ្យមានទស្សនគតិ និងឧបនិស្ស័យក្នុងការរស់នៅឱ្យបានល្អត្រឹមត្រូវ ទាំងរឿងការចូលក្នុងសង្គម និងចេះ​ហាត់មើលថែទាំសុខភាពតាំងពីអាយុនៅតិចៗ នឹងធ្វើឱ្យរឿងល្អៗទាំងអស់នេះនៅដក់ជាប់នឹងខ្លួនគេរហូតមួយជីវិត ហើយ​ខាង​​​ក្រោមនេះ គឺជារឿងសំខាន់ៗដែលអាណាព្យាបាលសម័យថ្មីគួរតែបង្រៀនឱ្យកូនៗប្រត្តិបត្តិឱ្យក្លាយជាទម្លាប់និស្ស័យ ៖

    1.ញើសសំបោរឱ្យអស់

    រឹតតែបង្ហាត់ឱ្យកុមារឆាប់ចេះញើសសំបោរលឿនប៉ុនណា បញ្ហាសុខភាពរបស់ពួកគេនឹងឆាប់បានថយចុះលឿនប៉ុននោះដែរ ព្រោះច្រមុះដែលពោរពេញដោយសំបោរ គឺជាផ្នែកមួយនៃបញ្ហាត្រចៀក និងរោគផ្សេងទៀតជាច្រើន។

    2.បរិភោគអាហារពេលព្រឹករាល់ថ្ងៃ

    អាហារពេលព្រឹក គឺជាពេលអាហារដ៏សំខាន់បំផុត ព្រោះនឹងជួយឱ្យក្មេងគិត និងរៀនបានកាន់តែល្អឡើង អាណា​ព្យា​​បាលគួ​រ​​រក​​នឹកអាហារពេលព្រឹកប្លែកៗថ្មីៗ ដើម្បីឱ្យកូនៗមានអារម្មណ៍ចង់ញ៉ាំ ដោយសាកល្បងប្តូរពីបាយសាច់ជ្រូក មកជានំសាំងវិច ឬនំប៊ើហ្គ៊ើជាដើម។

    3.ការពារស្បែករបស់ខ្លួនឯង

    អ្នកដែលកើតរោគមហារីកស្បែកភាគច្រើន ច្រើនតែកើតដោយសារការហាលកម្ដៅថ្ងៃ​ដែលសន្សំបន្តិចម្តងៗតាំងពីវ័យកុមារមកម្ល៉េះ។ ចូរបង្រៀនឱ្យកុមារយល់ដឹងអំពីរឿងនេះ និងលាបឡេការពារកម្ដៅថ្ងៃ​ មុនពេលចេញក្រៅផ្ទះគ្រប់ពេល។

    4.កម្រើករាងកាយ និងហាត់ប្រាណ

    កុមារៗឥឡូវនេះច្រើនតែចូលចិត្តអង្គុយលេងហ្គេមកុំព្យូទ័រ ឬមើលទូរទស្សន៍យូរៗដោយមិនកម្រើកខ្លួនទៅណា ធ្វើឱ្យអាចកើតជម្ងឺផ្សេងៗជាញឹកញាប់ ដូច្នេះឪពុកម្ដាយគួរបង្ហាត់ឱ្យគេចេះធ្វើកិច្ចការឯទៀតខ្លះផង ដូចជាបង្ហាត់ឱ្យចេះហាត់ប្រាណតាមរយ:ការធាក់កង់ ឬលេងបាល់បោះជាដើម។

    5.ថែទាំសុខភាពមាត់ធ្មេញរបស់ខ្លួនឯង

    បង្រៀនកូនៗថា ការមិនដុសសម្អាតធ្មេញ ឬបណ្តោយឱ្យធ្មេញពុក នឹងមានជំងឺអាក្រក់ផ្សេងទៀតកើតឡើង។ បង្រៀនឱ្យគេចេះដុសធ្មេញឱ្យបានត្រឹមត្រូវ និងនាំទៅទិញច្រាសដុសធ្មេញម៉ូដណាដែលគេស្រឡាញ់ ដើម្បីជាការជំរុញឱ្យគេកាន់តែចង់ដុសធ្មេញឡើង។

    (នៅមានត)

  • បងៗស្រ្តីមេផ្ទះ ញ៉ាំផ្លែក្រូចហើយ កុំចោលសម្បក ព្រោះវាគុណប្រយោជន៍ អាចប្រើការបានច្រើនយ៉ាងទៀត

    បងៗស្រ្តីមេផ្ទះ ញ៉ាំផ្លែក្រូចហើយ កុំចោលសម្បក ព្រោះវាគុណប្រយោជន៍ អាចប្រើការបានច្រើនយ៉ាងទៀត

    ពេលបងៗស្រ្តីមេផ្ទះទាំងឡាយទិញផ្លែក្រូចមកពិសា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ឬក្រូចត្លុងក៏ដោយ សូមកុំអាល​បោះ​ចោលសម្បកវា ព្រោះវានៅអាចយកមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀតបាន ដូច្នេះបើបងៗចង់ដឹងថា តើសម្បកផ្លែក្រូចទាំងនោះមានប្រយោជន៍អ្វីខ្លះ​នោះ សូមអានជាបន្ត…។

    សម្បកផ្លែក្រូចឆ្មារ

    • យកមកដុសនៅតាមកន្លែងផ្សេងៗលើរាងកាយពេលងូតទឹក វានឹងជួយកម្ចាត់ស្នាមក្អែល ធ្វើឱ្យរាងកាយស្អាតក្រអូបស្រស់ថ្លា។
    • ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងទឹកតែក្ដៅឧណ្ហៗ ដើម្បីបង្កើនរសជាតិឱ្យរឹតតែឈ្ងុយឆ្ងាញ់ឡើង។
    • ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងសាច់មាន់ពេលដាក់អាំង ដើម្បីបង្កើនក្លិន និងមានរសជាតិឱ្យកាន់តែគួរទទួលទានឡើងទៀត។

    សម្បកផ្លែក្រូចពោធិ៍សាត់

    • បង្កើនភាពស្រទន់ដល់ស្ករក្រហម(ស្ករត្នោត) ដោយការយកដាក់ចូលទៅក្នុងដបកែវដាក់ស្ករក្រហម។
    • ធ្វើជាគ្រឿងផ្សំនៅក្នុងភេសជ្ជៈប្រភេទ ខក់ធេល។
    • បន្ថែមភាពក្រអូបប្រហើរដល់ស្រោមជើង ឈុតក្នុង ដោយការធ្វើវាឱ្យស្ងួត រួចដាក់ចូលក្នុងកញ្ចប់ ឬថង់ ហើយចោះប្រហោងឱ្យមានក្លិនសាយភាយចេញមក រួចយកទៅដាក់នៅក្នុងទូខោអាវ ឬថតតុជាដើម។
    • ធ្វើជាជីរុក្ខជាតិ ដោយនាំយកទៅដាក់គរចោលនៅត្រង់គល់ដើមឈើ ហើយទុកឱ្យវារលួយជ្រាបចូលទៅក្នុងដីដោយខ្លួនឯង។
    • យកមកដុសលាបលើស្បែក ដើម្បីបណ្តេញសត្វល្អិតដែលមករំខាននៅពេលយប់។

    សម្បកផ្លែក្រូចត្លុង

    • យកសម្បកក្រូចត្លុងដែលឆ្លងកាត់ការស្ងោរហើយ មកដុសខាត់ភាជនៈប្រភេទអាលុយមីញ៉ូម ដូចជាវែកឆា វែកបាយ ជា​ដើម-ល- នឹងធ្វើឱ្យភាជនៈទាំងនោះឡើងភ្លឺរលោងដូចថ្មីមិនខាន។
    • យកមកចម្រាញ់ធ្វើជាទឹកអប់ក្លិនក្រូច។
    • យកមកធ្វើជាដំណាប់ មានរសជាតិប្លែក ផ្អែមឈ្ងុយឆ្ងាញ់៕
  • ថែទាំសុខភាពឱ្យល្អ ដើម្បីបានដើរលេងក្នុងរដូវរងាយ៉ាងរីករាយ

    ថែទាំសុខភាពឱ្យល្អ ដើម្បីបានដើរលេងក្នុងរដូវរងាយ៉ាងរីករាយ

    ធាតុអាកាសចាប់ផ្តើមត្រជាក់ហើយ អ្នកខ្លះប្រហែលកំពុងត្រៀមរៀបចំកាបូបធ្វើដំណើរទៅដើរកម្សាន្ត​នៅ​តាមទីរួមខេត្តផ្សេងៗហើយមែនទេ? តែមុននឹងទៅ ទស្សនាវដ្តី ឡារ៉ែន ចង់ឱ្យមិត្តអ្នកអានត្រៀមខ្លួនមើលថែទាំសុខភាពបន្តិចសិន ដើម្បីឱ្យដំណើរកម្សាន្តរបស់លោកអ្នកប្រព្រឹត្តទៅយ៉ាង Happy មិនឈឺថ្កាត់ក្នុងពេលធ្វើដំណើរ ឬក៏វេចខ្ចប់ជំងឺគ្រុនផ្តាសាយត្រឡប់មកវិញហ្នឹងឯង។ ខាងក្រោមនេះ គឺជាការណែនាំរបស់លោកគ្រូពេទ្យជំនាញ ដែលបានផ្តល់ដំបូន្មានដ៏គួរឱ្យចាប់អារម្មណ៍ដូចខាងក្រោម ៖

    សម្រា់ដំណើរកម្សាន្តក្នុងរដូវរងានេះ លោកអ្នកត្រូវត្រៀមខ្លួនជាស្រេចក្នុងរឿងសុខភាពឱ្យបានល្អ ដោយវិធីដូចខាងក្រោមនេះ ៖

    • ថែរក្សាសុខភាពឱ្យនៅរឹងមាំជានិច្ច ដោយកាទទួលទានអាហារដែលមានប្រយោជន៍ឱ្យគ្រប់ 5 ប្រភេទក្រុម ញ៉ាំទឹកឱ្យបានច្រើន ហាត់ប្រាណជាប់ជានិច្ច និងគេងសម្រាកឱ្យបានគ្រប់គ្រាន់មុនពេលចេញដំណើរទៅកម្សាន្ត។
    • ចៀសវាងការនៅក្បែរនឹងអ្នកជំងឺដែលកើតរោគផ្តាសាយ និងមិនគួរប្រើប្រាស់របស់រួមគ្នា ដូចជាកន្សែង​ជូតមុខ កែវទឹក ចាន ឬស្លាបព្រា ជាដើមឡើយ។
    • គួរនៅក្នុងទីកន្លែងដែលមានខ្យល់អាកាសចេញចូលល្អ មិនគួរចូលទៅក្នុងកន្លែងដែលមានមនុស្ស​ច្រើនណែន​​​ណាន់តាន់តាប់ឡើយ។
    • បើកើតជំងឺគ្រុនផ្តាសាយធម្មតា ឬគ្រុនផ្តាសាយធំ គួរមានក្រណាត់ម៉ាស់ខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ និងកុំទៅប្រឡូកជាមួយអ្នកដទៃ។
    • ចៀសវាងការជក់បារី ផឹកស្រា។ល។
    • គួរលាងដៃឱ្យបានញឹកញាប់ដោយប្រើសាប៊ូធម្មតា រយ:ពេល 15វិនាទី ដើម្បីការពារការប៉ះពាល់មេរោគនៅតាមទីកន្លែងសាធារណៈផ្សេងៗ ដោយមិនដឹងខ្លួន ដូចជា បង្កាន់ដៃជណ្តើរ ដៃទ្វារ តុ កៅអី ឬកែវទឹក ជាដើម។
    • ក្នុងអំឡុងពេលដំណើរកម្សាន្ត គួរមើលថែទាំរាងកាយឱ្យបានកក់ក្តៅជាប់ជានិច្ច ជាពិសេសបំផុតនៅក្នុងទី​កន្លែងដែលមានធាតុអាកាសប្រែប្រួល ឬបើធាតុអាកាសត្រជាក់ខ្លាំង គួរស្លៀកខោអាវក្រាស់ៗ ពាក់ស្រោមដៃ ស្រោមជើង និងពាក់មួក និងបន្ទាប់ពីងូតទឹករួច គួរលាបឡេថែបំប៉នស្បែកផង។
    • ក្នុងករណីដែលមានបញ្ហាប្រេះ ឬក្រៀមបបូរមាត់ គួរលាបដោយក្រែមលីបបាមល៍ និងមិនគួរលិទ្ធបបូរមាត់ញឹកញាប់ឡើយ។
    • សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ត្រូវយកថ្នាំទៅជាមួយ ដើម្បីទុកពិសាតាមវេជ្ជបញ្ជាផង។

    ចំណែកឯជំនឿដែលនាំគ្នាជឿថា ការញ៉ាំស្រាអាចធ្វើឱ្យបាត់រងានោះ ​ គ្រូពេទ្យជំនាញបានបញ្ជាក់​ថា គឺជាជំនឿមួយដែលមិនត្រឹមត្រូវទេ ព្រោះទោះជាការញ៉ាំស្រាចូលទៅថ្មីៗ វាអាចធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែក​ពង្រីក​​ខ្លួន រហូតធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនប្រាណឡើងក្តៅភាយៗមែន តែកម្ដៅនោះនឹងត្រូវបន្សាយចេញពីរាងកាយច្រើនឡើងដោយមិនដឹងខ្លួនដែរ ជាហេតុធ្វើឱ្យសីតុណ្ហភាពរបស់រាងកាយថយចុះដដែល។ បើញ៉ាំស្រាក្នុងបរិមាណច្រើន ឥទ្ធិពលរបស់ជាតិអាល់កុលនឹងទៅសណ្តំប្រព័ន្ធប្រសាទផ្នែកកណ្តាល ធ្វើឱ្យមានអាការស្រវឹង អាចនឹងលង់លក់ទៅដោយមិនដឹងខ្លួន ហើយបើមានគ្រឿងដណ្តប់ខ្លួនប្រាណមិនបានកក់ក្តៅគ្រប់គ្រាន់ផងនោះ រាងកាយដែលហាលខ្យល់ត្រជាក់យូរនោះអាចនឹងធ្វើឱ្យស្លាប់បាត់បង់ជីវិតបាន ។

    ដូច្នេះ សូមកុំភ្លេចត្រៀមសុខភាពរាងកាយឱ្យបានស្រេច មុននឹងចេញទៅប៉ះនឹងខ្យល់រងានារដូវដើមឆ្នាំថ្មី​នេះ!៕