Author: ធឿន មករា

  • ផ្ទះសំណាក់ទេចរណ៍ 5កន្លែងស្ទាយល៍ជប៉ុន កំពុងពេញនិយមក្នុងប្រទេសថៃ

    ផ្ទះសំណាក់ទេចរណ៍ 5កន្លែងស្ទាយល៍ជប៉ុន កំពុងពេញនិយមក្នុងប្រទេសថៃ

    ចង់សម្រាក និងកម្សាន្ដអារម្មណ៍បែបបរិយាកាសដូចនៅប្រទេសជប៉ុនដែរទេ? មិនចាំបាច់ហោះហើរទៅឆ្ងាយទៀតឡើយ នៅក្នុងប្រទេសថៃ មានផ្ទះសំណាក់ដែលបានរៀបចំស្ទាយល៍ដូចនៅប្រទេសជប៉ុនតែម្តង ហើយជាពិសេសគឺស្ថិតនៅក្នុងតំបន់ទេសចរណ៍ល្បីៗនៅក្នុងប្រទេសថៃទៀតផង។ យ៉ាងណាមិញ សម្រាប់គូស្នេហ៍ដែលទើបតែរៀបការហើយថ្មោងថ្មី មានបំណងប្រាថ្នាចង់ទៅក្រេបចន្ទទឹកឃ្មុំនៅប្រទេសថៃ និងចង់ទទួលបាននូវបរិយាកាសប្លែកភ្នែកនោះ សូមកុំរំលេងផ្ទះសំណាក់ស្ទាយល៍ជប៉ុនទាំង5ទីតាំងនេះ។

    1. Archita Hostel ស្ថិតនៅក្នុងខេត្តឈៀងម៉ៃ


    Archita Hostel ជាផ្ទះសំណាក់បែបទាន់សម័យ តាមស្ទាយល៍ទំនើបរបស់ប្រទេសជប៉ុន។ កន្លែងនេះមានទីតាំងស្ថិតនៅតំបន់ប្រៈស៊ីង ក្រុងឈៀងម៉ៃ ខេត្តឈៀងម៉ៃ ប្រទេសថៃ។ នៅពេលដែលអ្នកបានចូលទៅដល់ក្លោងទ្វារចូលដំបូង អ្នកនឹងបានឃើញសួរផ្កាចម្រុះពណ៌ ផ្លូវដើរមានដុំថ្មតូចៗ និងគ្រឿងលម្អ គ្រឿងសង្ហារិមបែបជនជាតិជប៉ុនតែម្ដង។ លើសពីនេះទៅទៀតនៅក្នុងបរិវេណផ្ទះសំណាក់នេះ ក៏មានការដេគ័របែបផ្ទះបុរាណល្បីល្បាញបំផុតនៅប្រទេសជប៉ុនដែលមានឈ្មោះថា Machiya។ ចំពោះតម្លៃស្នាក់នៅវិញ គឺមានតម្លៃសមរម្យបំផុត។

    2. Chiang Rai Ryokan ស្ថិតនៅក្នុងតំបន់ទេសចរណ៍នៃខេត្តឈៀងរ៉ាយ


    ផ្ទះសំណាក់មួយនេះ មិនមែនជាបន្ទប់ទេ តែហាក់ដូចជាបណ្ដុំកូនផ្ទះតូចៗរបស់ជនជាតិជប៉ុនទៅវិញ។ នៅពេលដែលអ្នកបានមកស្នាក់នៅផ្ទះសំណាក់នេះ អ្នកនឹងទទួលបានអារម្មណ៍ថា ដូចកំពុងតែស្នាក់នៅក្នុងភូមិមួយនៃប្រទេសជប៉ុនអីុចឹងដែរ។ នៅក្នុងផ្ទះមួយ មាន4បន្ទប់ មានកន្លែងត្រាំទឹកក្ដៅ កន្លែងទទួលទានអាហារកន្លែងប្រជុំ និងបន្ទប់គេង។ នៅក្នុងផ្ទះសំណាក់នេះ ប្រដាប់ដោយផលិតផល និងគ្រឿងប្រើប្រាស់មកពីប្រទេសជប៉ុនតែម្ដង។ ហើយមានហាងកាហ្វេ និងហាងតែ ដែលមានរសជាតិដើមរបស់ជនជាតិជប៉ុនផងដែរ។

    3. Vartika Resovilla Kuiburi ស្ថិតនៅក្នុងក្រុងគុយប៊ុរី


    ផ្ទះសំណាក់នេះរៀងទំនើប និងទាន់សម័យបន្ដិច ព្រោះការរចនាត្រូវបានធ្វើឡើងតាមបែបលក្ខណៈស្ដង់ដារសណ្ឋាគារលំដាប់ផ្កាយទៅហើយ គ្រាន់តែខុសប្លែកត្រង់ថា នៅទីនោះជាផ្ទះសំណាក់វីឡា ដែលមានសាខានៅបណ្ដាប្រទេសមួយចំនួនដូចជា នៅប្រទេសជប៉ុន ចិន ឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី (កោះប៉ាលី) ជាដើម។ ការរៀបចំបន្ទប់ គឺដេគ័រឡើងតាមស្ទាយល៍របស់ប្រទេសជប៉ុន។ នៅវីឡានេះ មានសភាពស្ងប់ស្ងាត់ និងស្រស់ស្រាយតាមបែបធម្មជាតិតែម្ដង។ វាមានទីតាំងស្ថិតនៅភូមិទី5 ស្រុកបរណក ក្រុងគុយប៊ុរី។

    4. ផ្ទះសំណាក់ Haiku Guesthouse


    ផ្ទះសំណាក់នេះ បែ្លកភ្នែកខ្លាំងមែនទែន ព្រោះមានការបូកបញ្ចូលរចនាបទបែបជនបទទាំងពីរប្រទេសបញ្ចូលគ្នា ថៃ-ជប៉ុន ដែលធ្វើឱ្យភ្ញៀវទេចរទទួលបាននូវអារម្មណ៍ប្លែកខុសពីធម្មតា និងមិនធ្លាប់បានឃើញពីមុនមក។ នៅក្នុងមួយល្វែងមាន4បន្ទប់ ដែលបានតាំងឈ្មោះបែបជប៉ុនដូចជា បន្ទប់អីុតៈសៈ, បន្ទប់បៈសុ, បន្ទប់ស៊ិគិ និងបន្ទប់ប៊ុឈុនជាដើម។ បន្ទប់នីមួយៗធ្វើអំពីឫស្សីទាំងអស់ និងមានដំបូលប្រក់ដោយស្បូវ។ វាមានទីតាំងស្ថិតនៅក្នុងស្រុកណងលូ ស្រុកស័ងខឡៈប៊ុរី ខេត្តកានចៈណៈប៊ុរី។

    5. Baanmek hostel ស្ទាយល៍ជប៉ុន


    ផ្ទះសំណាក់នេះ មានទីតាំងស្ថិតនៅជាប់តំបន់ទេសចរណ៍ខេត្តឈៀងម៉ៃ ទាំងអាហារដ្ឋាន ហាងកាហ្វេ និងបន្ទប់ស្នាក់នៅ គឺស្រស់ស្អាត និងគួរឱ្យចង់ស្នាក់នៅខ្លាំងបំផុត។ មិនត្រឹមតែមានរចនាបទបែបជនជាតិជប៉ុននោះទេ សូម្បីតែបុគ្គលិក ក៏មានការរាក់ទាក់ស្វាគមន៍ភ្ញៀវ និងយកចិត្តទុកចំពោះភ្ញៀវតាមបែបសុជីវធម៌របស់ជនជាតិជប៉ុនផងដែរ។

    នៅចាំអីទៀត កុំភ្លេចណ៎ាធ្វើការកក់សំបុត្រយន្តហោះឱ្យហើយ និងរីករាយជាមួយនឹងដំណើរក្រេបចន្ទទឹកឃ្មុំដ៏សែនរ៉ូមែនទិកនៅក្នុងមួយជីវិតរបស់អ្នក បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចនៅតំបន់ទេសចរណ៍ដ៏សម្បូរបែបទាំងនេះ។ សូមឱ្យដំណើរកម្សាន្ដរបស់អ្នកប្រកបដោយសុវត្ថិភាព និងភាពរីករាយ៕

  • កុំ​បាច់​ទៅណា​ឆ្ងាយ ទទួលយក​បទពិសោធ​ន៍​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅក្នុង​ទឹកដី​ខេត្តសៀមរាប​ម្ដង​មើល៍!

    កុំ​បាច់​ទៅណា​ឆ្ងាយ ទទួលយក​បទពិសោធ​ន៍​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅក្នុង​ទឹកដី​ខេត្តសៀមរាប​ម្ដង​មើល៍!

    ខេត្តសៀមរាប គឺជា​គោលដៅ​ទេសចរណ៍​ជា​លក្ខណៈ​គ្រួសារ​ល្អ​ដាច់​គេ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ខេត្ត​មួយ​នេះ​ក៏សម្បូរ​កន្លែង​រ៉ូ​មែន​ទិ​ក​សម្រាប់​គូ​ស្វាមីភរិយា​ថ្មោងថ្មី​ផងដែរ។ ឧទ្យាន​បុរាណ​អង្គរ គឺ​ជាទី​ពោរពេញ​ទៅដោយ​ពេលវេលា​រ៉ូ​មែន​ទិ​ក ប៉ុន្តែ​មិនមាន​ការ​រំពឹងថា អាច​នឹង​គេច​ផុតពី​ការរំខាន​របស់​ហ្វូង​មហាជន​នោះទេ នៅឯ​ប្រាសាទអង្គរវត្ត ឬក៏​នៅ​ប្រាសាទបាយ័ន និង​ប្រាសាទតាព្រហ្ម។ តែ​ទោះជា​យ៉ាងណា បើសិនជា​អ្នក​ពេញចិត្ត​ក្នុង​ការដើរ​ផ្សងព្រេង ឬ​លំហែកាយ​នៅក្នុង​ព្រៃ ស្វែងរក​ប្រាសាទ​បាក់បែក នោះ​អ្នកនឹង​រកឃើញ​ទីតាំង​ប្រភេទ​នេះ​រាប់រយ​កន្លែង​នៅ​ខាងក្រៅ​ឧទ្យាន​បុរាណ​អង្គរ​នេះ។ ជា​ជម្រើស​អ្នក​អាច​ជិះ​បា​ឡុង ឬ​ឧទ្ធម្ភាគចក្រ ដើម្បី​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល​ពីលើ​ប្រាសាទ បើទោះជា​ការហោះហើរ​លើ​ប្រាសាទអង្គរវត្ត ត្រូវ​បានដាក់​កំហិត​ក៏ដោយ។ នៅក្នុង​លេខ​នេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​ទីឋាន​សួគ៌​រាត្រី​ទឹកឃ្មុំ​ទាំង5 នៅក្នុង​ទឹកដី​ខេត្តសៀមរាប​មានដូចជា៖

    1- អាហារ​ពេល​ល្ងាច​ប្រក​ដ​ដោយ​ភាព​រ៉ូ​មែនទិ​ក​ក្នុងផ្ទះ​បុរាណ​បែប​ប្រពៃណី​ខ្មែរ


    ទីក្រុង​អង្គរ​មាន​ជម្រើស​ជាច្រើន​សម្រាប់​ម្ហូប​ខ្មែរ និង​ម្ហូប​អន្តរជាតិ ចម្អិន​ដោយ​ចុងភៅជំនាញៗ ហើយ​បើ​អ្នក​ចង់បាន​ភាព​រ៉ូ​មែន​ទិ​ក អ្នក​អាច​កក់​ទុក​នូវ​សេវាកម្ម​អាហារ​ពេល​ល្ងាច​ប្រកបដោយ​ភាព​រ៉ូ​មែន​ទិ​ក ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ គឺ​រឹតតែ​មាន​ភាព​អស្ចារ្យ​ឡើង ដោយ​កន្លែង​ទាំងនេះ មាន​ច្រើនណាស់​នៅក្នុង​ទឹកដី​ដ៏​អច្ឆរិយៈ​មួយ​នេះ។

    2- ការថតរូប​នៅឯ​ប្រាសាទអង្គរវត្ត​ជាមួយ​អ្នកឯកទេស​ថតរូប


    អ្នក​អាច​ថតរូប​អនុស្សាវរីយ៍​នៅក្នុង​ទីក្រុង​អង្គរ ជាមួយ​អ្នកឯកទេស​ថតរូប ដែលមាន​ជំនាញ​ខ្ពស់​ក្នុងការ​ផ្ដិត​យក​រូបភាព​បែប​រ៉ូ​មែន​ទិ​ក​ជា​លក្ខណៈ​គូ​ស្វាមី​គូ​ភរិយា ឬ​ជាមួយ​អ្នកជា​ទីស្រឡាញ់​របស់​អ្នក​យ៉ាង​ផ្អែមល្ហែម​បំផុត។

    3- ម្ហូប​ទេសចរណ៍​របស់​អ្នកស្រុក​សៀមរាប


    បើសិនជា​អ្នក​កំពុង​ស្វែងរក​ម្ហូប​បែប​ប្រចាំ​តំបន់​ដ៏​អស្ចារ្យ​នោះ ម្ហូបប្លែកៗនៅក្នុង​ខេត្តសៀមរាប​គឺ​ជម្រើស​ដ៏ល្អ​បំផុត ជា​ម្ហូប​បែប​ខ្មែរ និង​មានការ​ច្នៃប្រឌិត​ពីមួយ​ជំនាន់​តម​កមួយ​ជំនាន់​ប្រចាំ​គ្រួសារ ពិសេស​ជាងគេ​នោះ​គឺ “នំ​បញ្ចុក​ព្រះ​ដាក់”។ មិន​តែប៉ុណ្ណោះ​អ្នក​អាច​សិក្សា​ស្វែងយល់​ពី​សិល្បៈ​នៃ​ការ​ចម្អិនម្ហូប​ខ្មែរ​ថែម​ទៀតផង។

    4- សម្រាកកាយ​ជាមួយនឹង​ការ​ស្ប៉ា​បែប​ខ្មែរ


    ក្រោយពេល​ដើរលេង​កម្សាន្ដ​នៅក្នុង​ទីក្រុង​អង្គរ អ្នក​ប្រហែលជា​អស់កម្លាំង​ខ្លាំងណាស់។ ដូច្នេះ​អ្នក​អាចរ​កកន្លែង​ស្ប៉ា​ដ៏​ល្អ​បំផុត ដែលមាន​ជាច្រើន​ទីតាំងនៅ​ម្ដុំ​ផ្សារ​រាត្រី ដែល​សុទ្ធសឹងតែ​អ្នកមាន​ជំនាញ​ផ្នែក​ម៉ាស្សា និង​ចា​ប់សរ​សៃ​យ៉ាង​ល្អ​បំផុត។

    5- ការហាត់ Yoga ជាមួយ​គូស្នេហ៍​ក្រោម​បរិយាកាស​ដ៏​រ៉ូ​មែន​ទិ​ក


    អ្នក​អាច​ចំណាយពេល​ហាត់ Yoga ជាមួយ​គូស្នេហ៍​របស់​អ្នក ហើយ​នៅក្នុង​អំឡុងពេល​ក្រេបទឹក​ឃ្មុំ អ្នក​ថែមទាំង​អាច​ទទួលយក​នូវ​បទពិសោធន៍​ថ្មី​ដូចជា៖
    – ស្នាក់​នៅក្នុង​បន្ទប់​បែប​បុរាណ​ធំ​ទូលាយ និង​ទំនើប​ទាន់សម័យ
    – ស្ប៉ា​រយៈពេល60នាទី​សម្រាប់​មនុស្ស​ពីរ​នាក់
    – អាហារ​ពេលព្រឹក​ប្រចាំថ្ងៃ អាហារ​ពេល​ល្ងាច​ក្រោម​ពន្លឺ​ភ្លើងទៀន​សម្រាប់​មនុ​ស្ស2នាក់
    – ហាត់ Yoga ជា​លក្ខណៈ​ឯកជន​សម្រាប់​មនុស្ស2នាក់ នៅមុខ​ប្រាសាទអង្គរវត្ត​នាពេល​ព្រឹក​ព្រលឹម
    – ការប្រទាន​ពរជ័យ​ពី​ព្រះសង្ឃ
    – ទទួលទាន​អាហារ​សុខភាព
    – ការ​សម្មាធិ​កាត់បន្ថយ​ភាព​តានតឹង (Sound​ Healing Session)
    – ជិះ​ម៉ូតូ​កង​បី​ដើរលេង​កម្សាន្ត​នៅក្នុង​ទីក្រុង​សៀមរាប12ម៉ោង​ក្នុង​មួយថ្ងៃ៕

  • ហេតុផល​សំខាន់ ដែល​គូ​ស្វាមីភរិយា ត្រូវការ​ធ្វើដំណើ​រកម្សាន្ដ

    ហេតុផល​សំខាន់ ដែល​គូ​ស្វាមីភរិយា ត្រូវការ​ធ្វើដំណើ​រកម្សាន្ដ

    ការធ្វើដំណើរ​កម្សាន្ដ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ​ទៀតផង។ ហើយ​បើ​ទើបតែ​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មីថ្មោង ការចំណាយ​ពេលវេលា​ដើរ​កម្សាន្ដ គឺជា​ការបង្កើត​នូវ​ភាព​ស្និទ​ស្នាល និង​ទំនាក់ទំនង​ល្អ​រវាង​អ្នក​ទាំងពីរ។ អ្នក​បានធ្វើ​ការងារ​ស​ន្សំ​ប្រាក់​ទុក​សម្រាប់​កសាង​គ្រួសារ​អស់​រយៈពេល​ជា​យូរ​មកហើយ ដូច្នេះ មាន​ហេតុផល​សំខាន់​ជាច្រើន​ដែល​លោកអ្នក​គួរ​ធ្វើដំណើរ​កម្សាន្ដ​ទៅកាន់​កន្លែង​ណាមួយ ទោះ​មិនបាន​ញឹកញាប់ ក៏យូរៗបាន​ដើរលេង​ម្ដង​ដែរ។ តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​ការធ្វើដំណើរ​កម្សាន្ដ​រប​ស់​គូ​ស្វាមី​ល្អ​សម្រាប់​សុខភាព?

    1. បង្កើន​ទំនាក់ទំនង​ស្អិតរ​មួ​ត
    នៅពេលដែល​បានធ្វើ​ដំណើរ​កម្សាន្ដ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ នោះ​មានន័យថា​អ្នក​កំពុងតែ​បង្កើន​ភាព​ជិតស្និត ផ្អែម​ល្អែ​ម​ជាមួយ​ពួកគេ​ថែម​មួយកម្រិត​ទៀត។ ជា​ទូទៅ ក្រោយពេល​រៀបការ គូ​ស្វាមីភរិយា​តែង​ជ្រើសរើស​ទីតាំង​សម្រាប់​ក្រេប​ចន្ទ​ទឹកឃ្មុំ ក៏ប៉ុន្ដែ​ក៏មាន​អ្នក​ខ្លះទៀត ចង់​មានដំណើរ​កម្សាន្ដ​ទាំង​គ្រួសារ​តែម្ដង ព្រោះ​ដើម្បី​ឱ្យមាន​ភាព​ស្និទ​ស្នាល​នឹង​គ្នា​រវាង​គ្រួសារ​ទាំងពីរ​ខាង ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ខ្លាំង​ឡើង។

    2. រំសាយ​អារម្មណ៍​ស្មុគស្មាញ និង​ភាព​នឿយហត់
    អ្នក​ធ្លាប់តែ​រស់នៅ និង​ទទួល​សំពាធ​ពី​កន្លែង​ការងារ ពី​ការសិក្សា ឬ​ពី​ក្រុមគ្រួសារ រហូតដល់​មានគ្រួសារ​ថ្មី នឹងត្រូវ​ប្រឈម​ជាមួយ​ពេលវេលា​មើលថែទាំ​សមាជិក​ក្នុង​គ្រួសារ​ថែមទៀត សឹងតែ​ធ្វើឱ្យ​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើដំណើរ​កម្សាន្ដ​ឡើយ។ ដំណើរ​កម្សាន្ដ​អាច​ជួ​យ​ឱ្យ​អ្នក​ស្រស់ស្រាយ និង​មានគំនិត​ក្នុងការ​ដោះស្រាយ​រឿងរ៉ាវ​ជាច្រើន។ នៅពេល​អារម្មណ៍​ស្រឡះ ភាព​នឿយហត់​ក៏បាន​រសាយ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ល្អប្រសើរ​ឡើងវិញ។

    3. ទទួលបាន​គំនិតថ្មីៗ និង​គំនិត​ច្នៃប្រឌិតល្អៗ
    ដើរលេង​ច្រើន ឃើញ​អ្វីដែល​ប្លែក​ច្រើន អាចឱ្យ​អ្នកមាន​គំនិត​ច្នៃប្រឌិតថ្មីៗ តាមរយៈ​តំបន់ប្លែកៗ ព្រោះថា​ពេលដែល​អ្នកឃើញ​អ្វីដែល​ថ្មី​សន្លាង ដែល​អ្នក​មិន​ធ្លាប់​បានឃើញ​ពីមុនមក អាច​បណ្ដុះ​គំនិត​អ្នក​ឱ្យ​កាន់​តែមាន​ច្រើនឡើង​ថែមទៀត។ ជាពិសេស​គោល​គំនិត​នៃ​ការបង្កើត​មុខរបរ សម្រាប់​គូ​ស្វាមីភរិយា​នឹងត្រូវ​ចាប់ដៃគ្នា​រកប្រាក់​ចំណូល។

    4. សប្បាយចិត្ត​សុខភាព​ល្អ
    ពេលដែល​អ្នក​សប្បាយ​ចិ​ត្ដ អារម្មណ៍ល្អនោះ​មានន័យថា អ្នក​ក៏មាន​សុខភាព​ល្អ​ដែរ។ ដំណើរ​កម្សាន្ដ​ធ្វើឱ្យ​សុខភាព​ខួរក្បាល​របស់​អ្នក​បានល្អ និង​ធ្វើឱ្យ​រូបរាង​នៅ​ថេរ​ជានិច្ច។

    5. បង្កើត​ទំនាក់ទំនង​សង្គម​ល្អ
    ពេលដែល​អ្នក​ទៅ​ដើរលេង​កម្សាន្ដ​នៅ​តំបន់ផ្សេងៗ អាចជួយ​ឱ្យ​អ្នកមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​នៅក្នុង​សង្គម ពីព្រោះថា​នៅពេលដែល​អ្នក​ប្រាស្រ័យ​ទាក់ទង​មនុស្ស​នៅក្នុង​សង្គម​ច្រើនប្រាកដ​ណាស់​ថា អ្នកនឹង​ទទួលបានពី​បទ​សោធន៍​ជីវិតថ្មីៗ និង​ងាយស្រួល​ជំរុញ​ការបង្កើ់ត​មុខ​ជំនួញ។

    6. ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ
    ការកម្សាន្ដ​ជួយ​អ្នក​បំបាត់​ភាព​ខ្វល់ខ្វាយ ស្ដ្រេ​ស និង​តប់ប្រមល់​ជាដើម។ ដូច្នេះ​អ្នក​គួរតែ​ចំណាយពេល​របស់​អ្នកខ្លះ ធ្វើដំណើរ​កម្សាន្ដ​ឱ្យបាន​ច្រើន ដើម្បី​សុខភាព​របស់​អ្នក ក៏ដូចជា​មាន​ប្រយោជន៍​ចំពោះ​ខ្លួន​នាពេលខាងមុខ​ផងដែរ៕

  • ម៉ែក្មេក 5ប្រភេទ ដែលកូនប្រសារស្រីដូចយើង រាងចាល!!

    ម៉ែក្មេក 5ប្រភេទ ដែលកូនប្រសារស្រីដូចយើង រាងចាល!!

    នៅពេលដែលសង្គ្រាមរវាងម៉ែក្មេក និងកូនប្រសារស្រីមិនមែនជារឿងកំប្លុកកំប្លែង​ ដែលនិពន្ធលើកយកល្អមើល ហើយដាក់បញ្ចាំងនៅក្នុងរឿងភាគក្នុងទូរទស្សន៍នោះ អ្នកគ្រូឆវី សូមលើកយកអត្ថបទដ៏ល្អមួយ ដើម្បីមកស្រាយបញ្ហានេះជូនសម្ព័ន្ធភាពទាំង3 គឺម៉ែក្មេក កូនប្រសារស្រី និងកូនប្រុសអ្នកម៉ែ ដែលត្រូវបំពេញតួនាទីជាស្វាមីគំរូ និងជាកូនប្រុសដ៏សែនល្អ ឱ្យបានដឹងពីចិត្តគំនិតរបស់គ្នាទៅវិញទៅមក ដូចជាយើង (ម៉ែក្មេក) ស្អប់បែបនេះ! ឬនាង(រូបអ្នកផ្ទាល់)ចូលចិត្តបែបណា? ជាដើម នោះមកជម្រាបជូន ដែលអ្នកគ្រូឆវី ធានាថា អត្ថបទនេះ ម៉ែក្មេកទាំងឡាយក៏អាចអានបាន កូនប្រសារស្រីក៏អានបាន ហើយជាពិសេសបំផុត កូនប្រុសអ្នកម៉ែក៏គួរតែអានដែរ ហើយសូមឱ្យអានទាំងអស់គ្នា… គិតថា អ្នកគ្រូ ឆវី សុំអង្វរឱ្យអានទៅចុះ!

    1. មហាកំពូលការពារទ្រព្យ
    ម៉ែក្មេកមហាកំពូលការពារទ្រព្យ ចូលចិត្តធ្វើខ្លួនជាអ្នកត្រួតពិនិត្យជាប់ជានិច្ច ដែលបើសិន​ជាការពារតែទ្រព្យសម្បត្តិរបស់ខ្លួន​ឯង​នោះ វា​​​ប្រហែលជាមិនមែនជាបញ្ហាអីទេ តែនេះ​មាន​ក្ដីព្យាយាមយ៉ាងខ្លាំងក្លាក្នុង​​ការតាមដានត្រួតពិនិត្យទ្រព្យសម្បត្តិរបស់អ្នកផ្សេងទៀតផង ជាពិសេសបំផុតទ្រព្យសម្បត្តិរបស់កូនប្រុសសំណព្វចិត្តខ្លួនតែម្ដង។ អ្នកស្រីម្ដាយក្មេកតែងតែវិតក្កកង្វល់ថា កូនប្រសារស្រីនឹងធ្វើខ្លួនជាសត្វឈ្លើង មកជញ្ជក់បឺតយកប្រាក់ដែល កូនប្រុសខ្លួន​ខំរកបានមកដោយក្ដីលំបាកលំបិន ទាំងនៅចាំតាមដានស៊ើបមើលថា កូនប្រសារស្រីរបស់ខ្លួនចេះធ្វើការរកស៊ីអត់? ឬមានប្រាក់ចំណូលប៉ុន្មាន? ឬចាយវាយខ្ចះខ្ជាយឬអត់? ដែលប្រាកដណាស់ថា ទាំងអស់នេះពិតជាសាង​នូវភាពធុញថប់តានតឹង និងរំខានចិត្តកូនប្រ-សារស្រីមិនស្ទើរឡើយ ហើយម៉ែក្មេកខ្លះទៀត កើតអាការធ្ងន់ធ្ងរដល់ថ្នាក់សុំខ្លួនធ្វើជាអ្នកទុកដាក់លុយកាក់ឱ្យកូនប្រុសខ្លួនឯងក៏មានដែរ… អូយ ឈឺក្បាល!

    វិធីទប់ទល់ៈ បើសិនចង់ចាត់ការម៉ែក្មេក ប្រភេទនេះឱ្យរាបដូចកន្ទេលនោះ អ្នកគ្រូឆវី សូមណែនាំថា អ្នកនាងត្រូវតែធ្វើជាកូនប្រសារ ដែលរឹងប៉ឹង ឈរលើដៃជើង និងកម្លាំងរបស់ ខ្លួនឯង។ និយាយប្រកាសឱ្យឮដល់ត្រចៀកម៉ែក្មេកតែម្ដងទៅថា នាងខ្ញុំធ្វើការរកលុយចាយដោយខ្លួនឯងណា៎ ហើយនាងខ្ញុំនឹងកូនប្រុសរបស់អ្នកស្រី ក៏ចាយលុយដោយឡែកពីគ្នាដែរដែលរឿងនេះ​បើសិនជាតម្រូវឲលារបញ្ជីចំណាយចំណូលបង្ហាញប្រាប់ផង ក៏រឹតតែល្អទៅទៀត។ ធ្វើគ្រប់វិធី​ដើម្បី​បង្ហាញឱ្យឃើញថា អ្នកនាងមិនបានមក​តោងកូនប្រុស គាត់ស៊ីនោះទេ។ នៅពេលដឹងបែបនេះហើយ អ្នកស្រីម្ដាយក្មេកក៏នឹងលែងហ៊ានមកលូកលាន់ ឬចេះដឹងរឿងលុយរឿងកាក់របស់អ្នកនាងទៀតហើយ ឬនិយាយឱ្យស្រួលស្ដាប់គឺ ធ្វើឱ្យគាត់លែងខ្វល់បារម្ភពីរឿងហ្នឹងតែម្ដង ដើម្បីឱ្យលែងមានបញ្ហាសម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមីហ្នឹងឯង។

    2. ស៊ូស៊ីថៃហៅ មកចាប់កំណើត
    ពីដំបូងប្រុងហៅថា ហ៊ីទ្លែរមកចាប់កំណើតព្រោះភ្លេចគិតទៅថា ម៉ែក្មេកជាមនុស្សស្រីអីុចឹងមានតែ ស៊ូស៊ីថៃហៅ ទើបស័ក្តិសមជាង។ ចា៎ស ប្រហែលជាមិនពិបាកស្មានទេ មែនទេថាម៉ែក្មេកប្រភេទនេះជាមនុស្សបែបណា ខ្លីៗងាយៗត្រូវចំអត្ថន័យតែម្ដងនោះគឺ “ផ្ដាច់ការ” ដោយក្នុងពាក្យថា ផ្ដាច់ការនេះបានរួបរួមចរិតនិស្ស័យដ៏មហាសែនយ៉ាប់ជាច្រើននៅក្នុងនោះ មានតាំងពីអាត្មានិយម គ្មានហេតុផលចេះដឹង រឿងប្ដីប្រពន្ធគេ មិនទទួលយកគំនិត យោបល់ គេគិតថាខ្លួនឯងត្រូវរហូត ចូលចិត្តចង្អុលបញ្ជាសម្លុតគំរាមកំហែង។ល។ ចំណុចអាក្រក់ច្រើនបែបនេះ បើចង់ប្រាប់ថា គឺជាម៉ែក្មេកដែលគួរឱ្យភ័យខ្លាចជាទីបំផុតនោះ ក៏ប្រហែល មិនជាខុសប៉ុន្មានដែរ។ ជាពិសេសបំផុត បើចាប់ដៃគូគ្នាជាមួយកូនប្រុសទន់ជ្រាយផងនោះ រឿងនេះអាចប្រកាសបានតែម្ដងថា ជីវិត ជាកូនប្រសារស្រីមានតែខ្ទេចខ្ទី ហើយនិងខ្ទេចខ្ទី តែប៉ុណ្ណោះ។ ហ៊ឺ…។

    វិធីទប់ទល់ៈ វិធីដោះយករួចខ្លួនពីម៉ែក្មេកកំ- ពូលផ្ដាច់ការបែបនេះគឺ អ្នកនាងត្រូវធ្វើជាកូនប្រ-សារស្មារតីមាំមួន។ ភាពនឹងធឹង និងដាច់ខាតនឹងធ្វើឱ្យអ្នកនាងយកឈ្នះដោយមិនពិបាកឡើយ។ អាចនឹងត្រូវសុខចិត្ត ឬបង្ខំចិត្តធ្វើការតមាត់ ត-ក ដើម្បីជំទាស់ចិត្តគ្នាខ្លះទៅចុះ តែបើសិនជា ប្រាកដក្នុងចិត្តថា បានធ្វើនូវរឿងដែលត្រឹមត្រូវ និងគួរធ្វើហើយនោះ សូមកុំភិតភ័យញាប់ញ័រឱ្យ សោះ ព្រោះបើសិនជាអ្នកនាងភ្លេចខ្លួនបណ្ដោយតាម ឬឱនក្បាលចុះញ៉មសូម្បីតែបន្តិចនោះ វានឹងក្លាយជាចំណុចប្ដូរផ្លាស់ជីវិតរបស់អ្នកនាងភ្លាមតែម្ដង​។ ចូរចាំទុកថា កុំព្រមចុះចាញ់ ឬបន្ទន់ឥរិយាបថតាំងពីដំបូង ព្រោះវានឹងមានន័យថា បើសុខចិត្តធ្វើចាញ់តាំងពីដំបូងនោះ វាច្បាស់ជាមានលើកក្រោយៗទៀតជាមនិខាន…។ (សូមរង់ចាំតាមដានភាគបន្ត…)

  • រង្វាន់មាសសុទ្ធចំនួន 2Kg ពី Mazda អាចនឹងក្លាយជារបស់លោកអ្នក

    រង្វាន់មាសសុទ្ធចំនួន 2Kg ពី Mazda អាចនឹងក្លាយជារបស់លោកអ្នក

    ភ្នំពេញ៖ នាចុងឆ្នាំ2018នេះ ក្រុមហ៊ុន Mazda បានធ្វើការចាប់រង្វាន់មាសសុទ្ឋចំនួន 1Kg ជូនដល់អតិថិជន​របស់ខ្លួនប្រកបដោយភាពជោគជ័យ​។ បន្ទាប់ពីទទួលបានការគ្រាំទ្រពីអតិថិជនយ៉ាងសម្បើមកាលពីប្រូម៉ូសិនរដូវកាលទី1​ ដោយផ្តល់ជូនមាសចំនួន1Kg អតិថិជនបានទិញរថយន្តចំនួន 590គ្រឿង  ក្នុងរយៈពេលត្រឹមតែ 3ខែប៉ុណ្ណោះ។ ដោយសង្គេតឃើញពីតម្រូវការរបស់អតិថិជនជាច្រើនក្នុងការគាំទ្ររថយន្តប្រណីត និងទាន់សម័យម៉ាក Mazda ជាពិសេសគឺការសំណូមពររបស់អតិថិជនអោយក្រុមហ៊ុន HGB Group Co.,Ltd​​​ បានបន្តកម្មវិធីប្រូម៉ូសិនមាសសម្រាប់ឆ្នាំថ្មីនេះបន្ថែមទៀត។

    ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អតិថិជននោះកាលពី ថ្ងៃអង្គារ ទី​8 ខែមករា ឆ្នាំ 2019 ​ ក្រុមហ៊ុន HGB Group Co.,Ltd ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានសម្រេចចិត្តធ្វើសន្និសីទកាសែតបន្តធ្វើប្រូម៉ូសិននេះសារជាថ្មីម្តងទៀត មិនតែប៉ុណ្ណោះលើកនេះគឺផ្តល់ជូនកម្មវិធីប្រូម៉ូសិនមាសសុទ្ធទេ្វដងតែម្តង គឺចំនួន “មាសសុទ្ធ​2Kg” ជូនអតិថិជនទាំងអស់ដែលបានទិញរថយន្ត Mazda ម៉ូដែលណាមួយពីក្រុមហ៊ុន ។

    អ្នកនាង អ៊ុន កញ្ញា ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនលក់រថយន្ត Mazda ដែលនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co.,Ltd បានលើកឡើងថា នាងខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជំនួសមុខអោយក្រុមហ៊ុន HGB Group Co.,Ltd ដើម្បីធ្វើការថ្លែងអំណរគុណដល់អតិថិជនសម្រាប់ប្រូម៉ូសិនមាសរដូវការទី1 ដែលបានទិញរថយន្តពីក្រុមហ៊ុន Mazda ចំនួន 590គ្រឿង គិតត្រឹមតែរយៈពេល 3ខែ ចុងក្រោយប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កាលពីប្រូម៉ូសិនមាសរដូវកាលទី1 កន្លងទៅក្នុងពេលថ្មីៗនេះអតិថិជនដែលបានឈ្នះ រង្វាន់មាសសុទ្ធ 1Kg​ 0.5kg 5តម្លឹង 2តម្លឹង 1តម្លឹង 5ជី និង 1ជី សរុប 590រង្វាន់បានទទួលរួចរាល់ជាស្ថាពរហើយ។”

    សូមបញ្ជាក់ថារាល់អតិថិជនដែលទិញរបស់រថយន្ត Mazda គ្រប់ប្រភេទក្នុងពេលប្រូម៉ូលសិននេះនឹងទទួលបានមាសទាំងគ្នា ហើយនឹងមាន​ឱកាសចាប់រង្វាន់ធំ​គឺ “មាសសុទ្ធ​ 2Kg ​” ​ទាំងអស់គ្នាផងដែរ ដែលរង្វាន់សរុបទាំងអស់មានចំនួនជាង 700រង្វាន់ ស្មើទៅនឹងមាសសុទ្ធជិត 6Kg ឬក៏ស្មើរនឹង 160តម្លឹង។ កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃអង្គារ ទី​8 ខែមករា ឆ្នាំ 2019 នេះតទៅ ដូច្នេះសូមអតិថិជនទាំងអស់ប្រញាប់រួសរាន់ឡើងកុំឱ្យឱកាសមាសដ៏អស្ចារ្យនេះកន្លងផុតទៅឱ្យសោះ

    ឬក៏អញ្ជើញទៅកាន់អាគារលក់រថយន្តរបស់ Mazda ដែលមាន 2 ទីតាំងតាមអាសយដ្ឋានដូចខាងក្រោមនេះ៖

    1. Mazda Cambodia (សាខា ព្រះមុនីវង្ស) ផ្ទះលេខ 757 មហាវិថី ព្រះមុនីវង្ស សង្គាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕​
      ទំនាក់ទំនងទូរស័ព្ទលេខ៖ +855) 95 999 599/ 23 988 881/​ 977 771/ 23 988 881/977 771 & 95 999 599, 95 999 699
    2. Mazda Cambodia (សាខា ពោធិ៍ចិនតុង)
      ផ្ទះលេខ 379, មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕​

    ទំនាក់ទំនងទូរស័ព្ទលេខ៖ +855) 95 999 599/ 23 92 5555/ 995 678/ 23 999 678

    ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រ Facebook Page:​https://www.facebook.com/MazdaCambodia/ និងវេបសាយ: www.mazda.com.kh & YouTube: https://www.youtube.com/MazdaCambodia

  • វិធី​រក្សា​ទំនាក់ទំនង​គូ​ស្វាមីភរិយា​ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​រួច

    វិធី​រក្សា​ទំនាក់ទំនង​គូ​ស្វាមីភរិយា​ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​រួច

    ជាការ​ពិតណាស់ ការជ្រើសរើស​គូស្រករ​គឺជា​រឿង​មួយ​ដែល​ពិបាក​បំផុត មិន​ប្រាកដថា ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​ហើយ លោកអ្នក​អាច​រក្សា​ចំណងស្នេហា​បានយូរ​អង្វែង​នោះទេ ពោលគឺ មានពេលខ្លះ​មិនត្រូវ​ចិត្ត​គ្នា មិន​សម្រប​គ្នា​ទាំងស្រុង កើតការ​អាក់អន់ស្រពន់ចិត្ត មាន​អារម្មណ៍​ប្រចណ្ឌ មាន​ពេល​ងង៉ក់ច្រើន​ក៏មាន…។ បុរស​ជា​ស្វាមី តែងតែ​ឱ្យ​តម្លៃ​ចំពោះ​ភរិយា និង​ក្ដី​ស្រឡាញ់​ស្មោះត្រង់ តែយ៉ាងណាមិញ នារី​ក៏ត្រូវ​ផ្គាប់ផ្គន់​ចិត្ត​ស្វាមី​ខ្លាំង​ផងដែរ។ ចុះ​នៅពេលដែល​រៀប​អាពាហ៍ពិពាហ៍​រួចតើ​គួរតែ​បន្ដ​រក្សា​ចំណងស្នេហា​មួយ​នេះ ឱ្យមាន​សុភមង្គល​បាន​ដោយ​វិធី​ណា? ថ្ងៃនេះ​ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ឱ្យបាន​ជ្រាប​ពី​របៀប ឬ​បែបផែន​មួយចំនួន ដែល​ស្វាមី និង​ភរិយា គួរ​ពិចារណា​ក្នុង​ការកសាង​សុភមង្គល​នៅក្នុង​គ្រួសារ។

    1. ស្ដាប់​ហេតុផល
    បុរសៗភាគច្រើន​កោតសរសើរ​ចំពោះ​មនុស្សស្រី ដែលមាន​សមត្ថភាព​ស្តាប់ និង​យល់ពីអ្វីៗនៅ​ជុំវិញខ្លួន។ វា​ហាក់បីដូចជា​ចម្លែក​ណាស់ នៅពេល​មាន​ជម្លោះ​កើតឡើង មនុស្សស្រី​ជាច្រើន​បាន​បាត់បង់​សមត្ថភាព​ក្នុងការ​ស្តាប់ តែ​បែរ​ជាត​ម្តើ​ង​សំឡេងខ្លាំង។ បុរសៗពិតជា​មានការ​ភ័យខ្លាច​ថា នៅ​ថ្ងៃ​ណាមួយ ភរិយា​របស់គាត់​អាច​នឹង​លែង​ស្តាប់​ហេតុផល​របស់គាត់។ ដូច្នេះ​មនុស្ស-​ស្រី​ត្រូវ​ចេះ​ស្តាប់​ហេតុផល ហើយ​ស្តាប់​ដោយ​អត់ធ្មត់​បន្តិច ដើម្បី​យកឈ្នះ​លើ​ចិត្ត​បុរស​ជា​ស្វាមី។

    2. ត្រៀមខ្លួន​ជា​កំពូល​ចុងភៅ
    ការពិត​នៃ​ចំណុច​មួយ​នេះ គ្មាន​អ្នកណា​យកចិត្តទុកដាក់​ឡើយ។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ត្រឹមតែ​ជា​គន្លឹះ​ល្អ ដើម្បី​យកឈ្នះ​លើ​បេះដូង​ស្វាមី​នោះទេ តែ​វា​បង្ហាញ​ពី​ភាព​ឆ្លាត​វៃ​ទៅវិញ។ អាហារ​សម្រាប់​គ្រួសារ​មិន​ត្រឹមតែ​បំពេញ​ក្រពះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គន្លឹះ​មួយ​នៃ​ការចាប់ផ្តើម​សាង​សុភមង្គល​នៅក្នុង​គ្រួសារផងដែរ។ មនុស្ស​ស្រី​គ្រប់រូប​គួរតែ​រៀន​ធ្វើ​ម្ហូប និង​ស្រឡាញ់ផ្ទះបាយ ព្រោះ​ដើម្បី​ធ្វើ​អាហារឆ្ងាញ់ៗសម្រាប់​ស្វាមី និង​ក្រុមគ្រួសារ។ តែ​យ៉ាងណាមិញ ស្វាមី​ក៏មាន​តួនាទី​ជួយ​រំលែក​ការងារ​ភរិយា​ផងដែរ ពោលគឺ ស្វាមី​ត្រូវ​ចេះ​ចម្អិន​អាហារ នៅពេល​ភរិយា​មិន​នៅ ឬ​មិន​ស្រួលខ្លួន​ជាដើម។

    3. ភាពស្មោះត្រង់
    នៅពេល​អ្នក​ចាប់​ផ្តើមនិយាយ​កុហក អ្នកនឹង​មិនអាច​បញ្ឈ​ប់​វា​បានឡើយ។ ដើម្បី​លុបបំបាត់ចោល​នូវ​ពាក្យសម្តី​កុហក អ្នក​ត្រូវ​ប្រើពាក្យ​សម្តី​កុហកខុសៗគ្នា តែ​ស្ថិតក្នុង​ផ្លូវ​ល្អ។ ស្វាមី​ស្រឡាញ់​មនុស្ស​ស្រី​ជា​ភរិយា​ដែលមាន​ភាពស្មោះត្រង់ ដូច្នេះ​ភរិយា​គ្រប់រូប​ក៏​មិនគួរ​មាន​អាថ៌កំបាំង​ផ្ទាល់ខ្លួន​ដែរ អ្នក​អាច​ពិភាក្សា​ជាមួយ​ស្វាមី​គ្រប់​កង្វល់ ឬ​គ្រប់​មន្ទិល​បាន ដើម្បី​បង្ហាញ​ពី​ភាពស្មោះត្រង់​ចំពោះ​គ្នា។ ស្វាមី​ក៏​ដូចគ្នា ត្រូវ​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​ភរិយា និង​លោះ-​បង់​ចរិត​ជា​ព្រាននារី​របស់ខ្លួន​ផងដែរ។

    4. បង្កើត​កត្តា​យល់ចិត្ត​គ្នា
    គ្មាន​រូបមន្ត​អ្វី​អាចជួយ​រក្សា​ជីវិត​អាពាហ៍ពិពាហ៍​ឱ្យមាន​សុភមង្គល​រហូត​បានឡើយ។ មានតែ​រូបមន្ត​មួយគត់​ដែល​ធ្វើឱ្យ​ទំនាក់ទំនង​ស្នេហា​នៅតែ​អាច​រក្សាបាន នោះ​គឺ​គូភាគី​ម្ខាងតែងតែ​ជា​អ្នកឈ្នះ ហើយ​គូភាគី​ម្ខាង​ទៀត​តែងតែ​ចាញ់។ ទំនាក់ទំនង​ស្នេហា​រវាង​គូ​ស្វាមីភរិយា​មិនមែនជា​សង្គ្រាម​អ្នកឈ្នះ និង​អ្នកចាញ់​នោះទេ។ ពេលខ្លះ អ្នកឈ្នះ​អាច​មិន​ត្រឹមត្រូវ ព្រោះ​អ្នកចាញ់​មិនមែនជា​មនុស្ស​ធ្វើ​ខុស។ ជម្លោះទាំងឡាយ​ត្រូវ​ស្ថិតក្រោម​ការសម្របសម្រួល និង​ចាប់ផ្ដើម​យល់​ពីគ្នាម្ខាងៗ និង​ព្រមព្រៀងគ្នា​រវាង​គូស្នេហ៍​ទាំងពីរ។នៅក្នុង​ទំនាក់ទំនងស្នេហា មិន​ទាមទារ​សមភាព​អ្វី​ឡើយ តែ​ទាមទារ​គូស្នេហ៍​ចេះ​ស្រឡាញ់គ្នា​ទៅវិញទៅមក។ ដូច្នេះ​ភរិយា​ដែល​ចេះ​បង្កើត​ភាព​ផ្អែមល្ហែម និង​យល់ចិត្ត​គ្នា នឹង​អាចជួយ​ឱ្យ​ស្វាមី​ងាយ​ទន់​ចិត្ត និង​កើតមាន​សុខសន្តិភាព​នៅក្នុង​ក្រុមគ្រួសារ។

    5. កត្តា​រួមភេទ
    ក្នុង​រាត្រី​ផ្សំ​ដំណេក បន្ទាប់ពី​រៀបការ​រួចគឺជា​ពេលវេលា​មួយ​ដ៏​វិសេសវិសាល​ខ្លាំងណាស់ ហើយក៏​ជា​ពេលវេលា​ដំបូង​គេ ដែល​គូ​ស្វាមីភរិយា​ទាំងពីរ​បានរួម​រស់​ជាមួយគ្នា​បែប​ជា​ប្តី​ប្រពន្ធ​ពិតប្រាកដ។ អស់​រយៈពេល​យូរ​មកហើយដែល​មនុស្ស​ស្រី​នៅ​រក្សា​ព្រហ្មចារី​យ៍​របស់ខ្លួន​សម្រាប់​ថ្ងៃនេះ ហើយ​អ្នក​ក៏​មិន​គួរឱ្យ​វា​រំលង​ដោយ​ឥតប្រយោជន៍​ដែរ។ ​​ តែ​មិនមែន​បានសេចក្ដីថា បុរស​ជា​ស្វាមី​ងប់ងុល​នឹង​ការរួម​មេត្រី​រហូត​មិន​ខ្វល់​ពី​អារម្មណ៍​របស់​ភរិយា​នោះដែរ ដូច្នេះ​គួរតែ​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ដោយ​ការសម្របសម្រួល​ជាមួយ​ភរិយា ឬ​ការព្រមព្រៀង​យ៉ាង​ពេញចិត្ត​នៅក្នុង​រាត្រី​ផ្សំ​ដំណេក។

    6. កត្តា​ពាក្យសម្ដី
    គូ​ស្វាមីភរិយា គប្បី​ត្រូវមាន​របៀប​នៃ​ការប្រើប្រាស់​ភាសា​និយាយ​នៅក្នុង​គ្រួសារ​ឱ្យ​សមស្រប​តាម​ស្ថានភាព​នៃ​ក្រុមគ្រួសារ។ មានគ្រួសារ​ខ្លះ​បាន​ហៅ​ស្វាមី​ខ្លួន​ជា ប៉ា និង​ហៅ​ភរិយា​ខ្លួន​ជា ម៉ាក់ ដើម្បី​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​សាង​សុភមង្គល នៅពេលដែល​ពួកគេ​ត្រៀម​យក​បុត្រ។ បើទោះបីជា​ពេលខ្លះ​ពួកគេ​ខឹង​គ្នា ឬ​ទាស់សម្ដី​គ្នា ក៏​ពួកគេ​ត្រូវតែ​ប្រើពាក្យ​សម្ដី​ដែល​មិន​កំហក ឬ​អសុរ​ស​ពេក​នៅក្នុង​គ្រួសារ​ផងដែរ និង​ត្រូវ​ជំនួស​មកវិញ​ដោយ​ពាក្យសម្ដី​បន្ទន់ចិត្ត ទើប​មិន​បង្ក​ភ្លើង​ជម្លោះ​នៅក្នុង​គ្រួសារ។

    7. កុំ​ភ្លេច​ស្រឡាញ់​ខ្លួនឯង​ផង
    ជួនកាល មនុស្ស​ស្រី​រវល់​តែ​មើលថែ​គ្រួសារ ភ្លេច​មើលថែ​ខ្លួនឯង និង​ឱ្យ​ក្ដី​ស្រឡាញ់​ចំពោះ​ខ្លួនឯង។ គ្រួសារ​គឺជា​អតិ​ភាព​លេខ​មួយ​សម្រាប់ជីវិត​មែន តែ​អ្នក​ក៏ត្រូវ​គោរព និង​ស្រឡាញ់​ខ្លួនឯង​ផងដែរ។ មាន​ពេលវេលា​ធ្វើខ្លួន​ឱ្យបានស្អាតៗ ស្លៀកពាក់​ឱ្យបានស្អាតៗ ចេញទៅ​ខាងក្រៅ ហើយ​រីករាយ​នឹង​ជីវិត​របស់​អ្នក។​ នៅពេល​អ្នកមាន​ភាពស្រស់​ស្អាត ស្វាមី​នឹង​នៅតែ​ស្រឡាញ់​អ្នក​រហូត។ នៅពេល​មនុស្សស្រី​ស្គាល់​ពី​តម្លៃ​ខ្លួនឯង នោះ​នឹង​ធ្វើឱ្យបុរសៗកាន់តែ​គោរព និង​ស្រឡាញ់​អ្នក​ទ្វេដង​ជាមិនខាន៕

  • វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ខែ​យ៉ាងណាខ្លះ… អ្នក​ម្ដាយ​ត្រូវតែ​ដឹង!

    វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ខែ​យ៉ាងណាខ្លះ… អ្នក​ម្ដាយ​ត្រូវតែ​ដឹង!

    វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ខែ គួរតែ​រីកចម្រើន​យ៉ាងណាខ្លះ លោកឪពុក​អ្នក​ម្ដាយ​ត្រូវតែ​ដឹង… ដូច្នេះ​ពេលនេះ យើង​នាំគ្នា​មក​តាមដាន​មើល​ពី​វិវឌ្ឍនាការ​របស់​ក្មេង​ពេល​ចូលមក​ដល់​វ័យ17ខែ ​អំពី​អ្វីដែល​គេ​គួរតែ​ធ្វើបាន​ក្នុង​វិវឌ្ឍនាការ​លើ​ផ្នែក​នីមួយៗ​ ជាមួយ​​ ឡា​រ៉ែ​ន​ ទាំងអស់គ្នា​ជា​បន្ត​ដូចតទៅ។

    វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ខែ ខាង​ផ្នែក​រាងកាយ និង​ការធ្វើ​ចលនា
    ក្មេង​មកដល់​វ័យ​នេះ ចាប់ផ្ដើម​ដើរ​បាន​យ៉ាង​ចំណាប់​ហើយ ចាប់ផ្ដើម​ចេះ​តោង​ឡើងទៅ​កាន់​ទី​កាន់តែ​ខ្ពស់​ឡើង ដូចជា ចូលចិត្ត​តោង​ឡើង​គ្រែ ឡើង​កៅអី និង​កាំជណ្ដើរ​ជាដើម។ ពេល​អ្នកម្ដាយ​បើក​បទ​ភ្លេង​ឱ្យគេ​ស្ដាប់ គេ​នឹង​ចូលចិត្ត​រាំ​តាម​ចង្វាក់ភ្លេង និង​រឿង​ដែល​គេ​ចូលចិត្ត​បំផុត​នោះ គឺ​មួល​កុងតាក់ផ្សេងៗរបស់​វិទ្យុ ទូរទស្សន៍​ចុះឡើង​តាម​ដែល​គេ​អាច​មួល​បាន ជាពិសេស​បណ្ដា​កុងតាក់​ទាំងឡាយណា​ដែល​ពេល​មួល​ហើយនឹងមាន​សំឡេង ឬ​រូបភាព​ផ្លាស់ប្ដូរ​ឱ្យគេ​ឃើញ។ ដោយសារតែ​អំឡុង​ពេលនេះ សាច់ដុំ​ចង្កោមតូចៗរបស់​ក្មេង​មាន​ការវិវឌ្ឍ​ដ៏​ល្អ ធ្វើ​ឱ្យគេ​អាច​ចាប់ កាន់ ឬ​សង្កត់ ចុច​វត្ថុ​ដែលមាន​ទំហំតូចៗបាន។

    វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ខែ ខាង​ផ្នែក​សតិបញ្ញា និង​ការរៀន​យល់ដឹង
    កូនតូច​ក្នុង​វ័យ​នេះ ពេល​បង្ហាត់បង្រៀន​អ្វី គេ​នឹង​ធ្វើបាន​ទាំងអស់ ដូចជា បង្រៀន​ឱ្យ​ចេះ​ស្លៀកខោ បង្រៀន​ឱ្យ​ចេះ​ប្រមូលរបស់​លេង​ទុកដាក់​ក្នុង​កន្ត្រកជាដើម។ កូន​ចាប់ផ្ដើម​ចេះ​ប្រើពាក្យខ្លីៗដើម្បី​ចង់​ប្រាប់ថា គេ​ត្រូវការ​អ្វី ដូចជា​ប្រើពាក្យ​ថា “ម៉ាំ” ឬ “ញ៉ាំ” ដើម្បី​ប្រាប់​ឱ្យ​ឪពុកម្ដាយ​បានដឹងថា គេ​ឃ្លាន​ហើយ​ជាដើម។ ក្មេង​វ័យ​នេះ ជា​វ័យ​ដែល​កំពុង​រៀន​យល់ដឹង ចូលចិត្ត​ក្នុងការ​ស្ទាប ឬ​ប៉ះពាល់​របស់ ឬ​វត្ថុផ្សេងៗជុំវិញខ្លួន ដូច្នេះ​ឪពុកម្ដាយ​គួរប្រើ​ឱកាស​នេះ​ក្នុង​ការជំរុញ បង្កើន​វិវឌ្ឍនាការល្អៗដល់​កូន ដោយ​បបួល​កូនចាប់​កាន់ និង​ពិនិត្យមើល​វត្ថុ​របស់របរផ្សេងៗដែលមាន​នៅក្នុង​ផ្ទះ ដើម្បីឱ្យ​កូន​បាន​រៀន​យល់ដឹង និង​ស្គាល់​ភាពខុសគ្នា​ម្នាក់​មួយបែប​នៃ​របស់​ទាំងនោះ និង​អ្វីដែល​សំខាន់ ក្មេង​វ័យ​នេះ នៅតែ​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​កាយវិការ​របស់​ម​នុស្ស​ធំមិនថាតែ​ឥរិយាបថ​អង្គុយ​ញុាំអាហារ ការនិយាយ​ទូរស័ព្ទ​ជាដើម ដូច្នេះ​លោកឪពុក​អ្នក​ម្ដាយ​ចាំបាច់​ត្រូវតែ​ធ្វើជា​គំរូ​ដ៏​ល្អ​ដល់​កូន។

    វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ឆ្នាំ ខាង​ផ្នែក​ភាសា និង​ការទំនាក់ទំនង
    ក្មេង​វ័យ​នេះ​នឹង​ចេះ​និយាយ​ពាក្យផ្សេងៗបានល្អ​ច្រើនជាង​មុន​ហើយ និង​ចាប់ផ្ដើម​ចេះ​រួម​ពាក្យ​ឱ្យ​ក្លាយជា​ប្រយោគងាយៗ ខ្លីៗ ដូចជា “អត់​ទៅ” “ដើរលេង” ឬ “ចាប់​ចាប” ជាដើម។ ឪពុកម្ដាយ​ត្រូវ​និយាយ​ជាមួយ​កូន​ឱ្យបាន​ច្រើន នាំ​កូន​និយាយ​ពាក្យផ្សេងៗ ថ្មីៗ ដោយ​ចាប់ផ្ដើម​ពី​ពាក្យ 2ព្យាង្គ បន្ថែម​ឡើងជារឿយៗ។ ការហៅ​ឈ្មោះ​កូន​ឱ្យបាន​ញឹកញាប់ ក៏​ជាការ​ជំរុញ និង​បង្កើន​វិវឌ្ឍនាការខាង​ផ្នែក​ភាសា​ដ៏​ល្អ​យ៉ាង​គ្រប់
    ផ្នែក​របស់​កូនតូច​ដែរ។

    លោកឪពុក អ្នក​ម្ដាយ​កុំ​ភ្លេច​បំពេញបន្ថែម​បទពិសោធន៏ថ្មីៗទៅ​កូន ដើម្បីឱ្យ​កូន​បាន​រៀន​យល់ដឹង និង​ប្រមូល​សន្សំ​បទពិសោធន៍ ដើម្បី​វិវឌ្ឍនាការ​ដ៏​ល្អ​គ្រប់ផ្នែក​របស់​កូនតូច៕

  • ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ជាង​កន្លះ​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​វិស័យ2 នៅ​កម្ពុជា

    ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ជាង​កន្លះ​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​វិស័យ2 នៅ​កម្ពុជា

    ជប៉ុន​ជា​ប្រទេស​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​ដែល​តែងតែ​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជាសម្រាប់​លើកកម្ពស់​វិស័យផ្សេងៗជាច្រើន ក្នុង​មានដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អប់រំសុខាភិបាល ការអភិវឌ្ឍ​ធនធានមនុស្ស និង​សុខុមាលភាព​សង្គម ជាដើម។ល។

    ហើយ​កាលពី​សប្តាហ៍​មុននេះ ជប៉ុន​បាន​ចុះកិច្ចសន្យា​ផ្តល់ជំនួយ​ទឹកប្រាក់​ប្រមាណ​ជា 692,522ដុល្លារ​អាមេរិក​បន្ថែម​ទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ2 នៅ​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​វិស័យ​កសិកម្ម​ឱ្យមាន​ភាព-​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត។

    ឯកឧត្តម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​មានប្រសាសន៍ថា ទឹកប្រាក់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 692,522ដុល្លារ​នេះ​ត្រូវបាន​បែងចែក​ជា 2គម្រោងផ្សេងៗគ្នា ដោយ​គម្រោង​ទីមួយ សម្រាប់​អង្គការ Heart of Gold រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ396,000ដុល្លារ​អាមេរិក​សម្រាប់​ការកែទម្រង់​កម្មវិធីសិក្សា​បណ្តុះបណ្តាល​ធនធានមនុស្ស ថែរក្សា​អគារ ព្រមទាំង​ដើម្បីឱ្យ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ក្លាយជា​វិទ្យាស្ថាន​គរុកោសល្យ4ឆ្នាំ​ក្នុង​មុខវិជ្ជា​អប់រំ​កាយ។

    គម្រោង​ទី​ពីរ សម្រាប់​អង្គការ FIDR រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ថវិកា​ប្រមាណ 297,000ដុល្លារ​អាមេរិក សម្រាប់​ការលើកកម្ពស់​ផលិតភាព​នៃ​ការដាំដុះ​ស្រូវ ការធ្វើ​ពិពិធ​កម្ម​នៃ​កសិកម្ម ការកែលម្អ​ចំណីអាហារ ការបង្កើត​បណ្តាញ​រប​ស់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ និង​ការពង្រឹង​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​នៅក្នុង​ស្រុក3 នៃ​ខេត្តកំពង់ឆ្នាំង។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​ដល់​ប្រជាជន​រស់នៅក្នុង​តំបន់​ឱ្យ​អាច​កែលម្អ​ជីវភាព​រស់នៅ​របស់​ពួកគេ ទទួលបាន​អាហារ​គ្រប់គ្រាន់ និង​មាន​ជីវជាតិ​ដើម្បី​ថែរក្សា​សុខភាព​ឱ្យ​បានល្អ​ប្រសើរឡើង។

    លោកស្រី MINAMI Yumiko នាយិកា​អង្គការ FIDR ដែល​ទទួលបាន​គម្រោង​ខាងលើ ដែល​បាននិងកំពុង​ជួយ​ដល់​ប្រជាកសិករ​ចំនួន 48,000នាក់​ដែល​រស់នៅក្នុង​ឃុំ​គោលដៅ​របស់​គម្រោង​ទាំង9​ និង​ភូមិ​ចំនួន63 ក្នុង​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថាជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​នឹង​ជួយ​ឱ្យសម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជា​ប្រយោជន៍​ដល់​សង្គម​បន្ថែមទៀត ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​សហគមន៍​ដែល​កំពុង​រស់នៅក្នុង​គោលដៅ​ខាងលើ​ឱ្យ​ទទួលបាន​ជីវភាព​កាន់តែប្រសើរឡើង។

    គួរ​បញ្ជាក់ថា គម្រោង​ជំនួយឥតសំណង គូ​សាណូ​ណិ របស់​រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើតឡើង​នៅ​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ1991។ គម្រោង“គូ​សាណូ​ណិ” មានន័យថា “មូលដ្ឋាន” ហើយ​ចាប់តាំងពី​គម្រោង​នេះ​បានចាប់ផ្តើម​អនុវត្ត​មក ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​តែង​ផ្តល់នូវ​ជំនួយឥតសំណង​ទៅដល់​ថ្នាក់មូលដ្ឋាន​បាន​ជាង 580គម្រោង​រួចមកហើយ។

    រហូតដល់​ឆ្នាំ2003 ឈ្មោះ​របស់​គម្រោង​នេះ​ត្រូវបាន​ប្តូរ​ទៅជា “គម្រោង​សន្តិសុខ​មនុស្សជាតិ​ថ្នាក់មូលដ្ឋាន” ដែល​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​ការយកចិត្តទុកដាក់​លើ​ផ្នែក​សន្តិសុខ​មនុស្សជាតិ។ គម្រោង​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ការអប់រំ​កម្រិត​មូលដ្ឋាន សុខាភិបាល និង​ការថែទាំ​វេជ្ជសាស្ត្រកសិកម្ម និង​ប្រព័ន្ធធារាសាស្ត្រ ការកែលម្អ​ស្ពាន និង​ផ្លូវថ្នល់ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សុខុមាលភាព​សង្គម។

    អ្នកវិភាគ​សង្គម​លើកឡើងថា រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​ជប៉ុន​ដែរ តែង​គិតគូរ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​យ៉ាងច្រើន ដែល​ភាគច្រើន​ជា​ជំនួយឥតសំណង រាប់​ចាប់​តាំង​ជំនួយ​ផ្នែក​គម្រោង​ស្ពាន​ ​ថ្នល់ ជំនួយ​ផ្នែក​ច្បាប់ អប់រំ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​កសិកម្ម​ជាដើម។ល។ ជំនួយ​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ទំនាក់ទំនង​មនុស្សជាតិជាពិសេស​ជាការ​តបស្នង​សងគុណ​ដល់​អតីតព្រះមហាក្សត្រ​កម្ពុជា​ដែល​ពុំ​តម្រូវឱ្យ​ប្រទេស​ជប៉ុន​សង​ប្រាក់​ក្រោយ​ចាញ់​សង្គ្រាមលោកលើកទី2។

    ក្រៅតែពី​ការ​ផ្តល់ជំនួយ​ហើយ រដ្ឋាភិបាល​ជប៉ុន​នៅបាន​បញ្ជូន​អ្នកវិនិយោគ​មក​កម្ពុជា​កាន់តែច្រើនឡើងៗនៅ​រយៈពេល​ចុងក្រោយ ចូលរួម​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន និង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរឡើង ជាពិសេស​លើ​គម្រោង​អចលនទ្រព្យ​សំណង់​ខុន​ដូ ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​កសិកម្ម​ជាដើម៕

  • មុន​ផុត EBA តើ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ជាមុន​ដូចម្តេចខ្លះ?

    មុន​ផុត EBA តើ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ជាមុន​ដូចម្តេចខ្លះ?

    សភាព​អឺរ៉ុប​បានផ្តល់​ការអនុគ្រោះ​ពន្ធ EBA (Everything But Arm) អ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ដល់​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ2001មកដែល​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​នាំ​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ​ចូលទៅ​លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​អឺរ៉ុប​ដោយ​អនុគ្រោះ​មិន​យកពន្ធ ក្នុង​គោលដៅ​ជួយ​ដល់​ប្រទេស​កម្ពុជា​ឱ្យ​ងើប​រួច​ផុតពី​ភាពក្រីក្រ។

    ក្រោយពី​ទទួលបាន​ការអនុគ្រោះ​ពន្ធ​នេះ​ពី​សហគមន៍​អឺរ៉ុប បណ្តា​អ្នកវិនិយោគទុន​ក្រៅ​ស្រុក​ជាច្រើន​បាននាំគ្នា​ចូលមក​បោះទុន​វិនិយោគ​លើ​វិស័យផ្សេងៗ ជាពិសេស​រោងចក្រ​ឧស្សាហកម្ម​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ជា​ចំណែក​ដ៏​សំខាន់បំផុត​ក្នុងការ​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រមាណ​ជិត 1លាន​នាក់​មកទល់​បច្ចុប្បន្ន និង​ជា​កត្តា​សំខាន់​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​បន្ទាត់​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​មាន​ចំណូល​មធ្យ​កម្រិត​ទាប​នាពេល​បច្ចុប្បន្ន ហើយនឹង​គ្មានអ្វី​ប្រែប្រួល​នោះទេ នៅពេល​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ទៅ​មុខជា​លំដាប់​បែបនេះ នឹង​ជំរុញ​ឱ្យ​កម្ពុជា​ឆ្លង​ផុតពី​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នាពេលខាងមុខ តែ​នាពេល​អនាគត​ដូចគ្នា​ដែរ សហគមន៍​អឺរ៉ុប​នឹង​ផ្តាច់​ប្រព័ន្ធ EBA នៅពេលដែល​ប្រទេស​កម្ពុជា​អាចជួយ​ខ្លួនឯងបាន។ ដូច្នេះ មុននឹង​ប្រព័ន្ធ EBA ត្រូវ​បញ្ចប់ តើ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ដូចម្តេចខ្លះ?

    លោកស្រី Sunniya Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា ប្រការ​ដែល​សំខាន់ កម្ពុជា​ត្រូវ​អភិវឌ្ឍ​សហគ្រិនភាព​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង ព្រោះថា សហគ្រិន​វ័យក្មេង​គឺជា​សសរស្តម្ភ​ដ៏​សំខាន់បំផុត​ក្នុងការ​ចូលរួម​លើក​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស។ លោកស្រី​អះអាងថា អ្វី​ដែលជា​ចំណុច​សំខាន់ គឺ​ជួយ​សហគ្រិន​នៅ​កម្ពុជា​ឱ្យ​កាន់-​តែមាន​ភាពរឹងមាំ​ខ្លាំងឡើងៗ ក្នុងនោះ​តម្រូវការ​ចាំបាច់​គឺ​ប្រភព​ទុន និង​ជំនួយ​ផ្នែក​បច្ចេកទេស ឬ​ធនធានមនុស្ស​ជាដើម។

    បច្ចុប្បន្ន​សហគ្រិន​នៅ​កម្ពុជា បង្កើតឡើង​ដោយ​ពឹងផ្អែក​ទៅលើ​តែ​ប្រភព​ទុន​ផ្ទាល់ខ្លួន និង​ការកៀងគរពី​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ពួកគេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​រដ្ឋាភិបាល​មាន​តួនាទី​ជួយ​ឱ្យ​ពួកគេ​អាច​ស្វែងរក​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ ខណៈដែល​បច្ចុប្បន្នប្រភព​ទុន​ធំ​ដែល​ពួកគេ​ទទួលបាន គឺ​ផ្អែកទៅលើ​តែ​កម្ចី​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ជាង​ប្រទេសជិតខាង។

    ជាមួយគ្នានេះ​លោកស្រី Yong Sarah Zhou មន្ត្រីជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​រូបិយវត្ថុ​អន្តរជាតិ​មានប្រសាសន៍ថា អត្រា​ប្តូរប្រាក់​នៅក្នុង​ប្រទេស​ក​ម្ពុ​ជាមាន​ស្ថិរភាព​ល្អប្រសើរ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដោយសារ​ដុល្លារូបនីយ​កម្ម មានន័យថា សេដ្ឋកិច្ចកម្ពុជា​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​ជាជាង​រូបិយវត្ថុ​របស់ខ្លួន ដែល​ស្ថិរភាព​នេះ​មិន​អាចមាន​ទំនុកចិត្ត​ពេញលេញ​បានឡើយ ដូច្នេះ​សម្រាប់​អនាគត​អ្វីដែល​សំខាន់ គឺ​ត្រូវ​ពង្រឹង​រូបិយវត្ថុ​របស់ខ្លួន(ប្រាក់រៀល) ឱ្យ​កាន់​តែមាន​ភាពរឹងមាំ​ឡើង តាមរយៈ​ការ​ចរាចរ​ដាក់ឱ្យ​ចាយវាយ ឬ​ដោះដូរ​កាន់តែច្រើនឡើងៗនៅលើ​ទីផ្សារ​របស់ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ។

    លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ក្នុង​គោលដៅ​លើកកម្ពស់​ប្រាក់រៀល ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត​ឱ្យ​ធនាគារឯកជន ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅក្នុង​ប្រទេស​កម្ពុជា គួរតែ​ផ្តល់​កម្ចី​ប្រាក់​ដល់​ពលរដ្ឋ​ជា​ប្រាក់រៀល​ជាជាង​ប្រាក់​ដុល្លារ ហើយ​បច្ចុប្បន្ន ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​បាន​អនុវត្តបណ្តើរៗហើយ ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​សហការ​ជាមួយ​ប្រទេស​នានាដើម្បី​ទូទាត់​ទំនិញ​ឆ្លង​ព្រំដែន ជា​រូបិយវត្ថុ​ជាតិរៀងៗខ្លួន ជាជាង​ទូទាត់​ជា​ប្រាក់​ដុល្លារ​អាមេរិក​ដែរ។

    ឆ្លងតាម​បទពិសោធ ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ នៅក្នុង​តំបន់​អាស៊ី មិនអាច​ខ្វះ​បាន​វិស័យ​ឧស្សាហកម្ម​ជាដាច់ខាត ហើយ​ក្រៅ​តែ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ប្រើប្រាស់​ហើយ​នោះ កម្ពុជា​គួរតែ​ពង្រីក​ចង្វាក់​ផលិតកម្ម​ឱ្យ​កាន់តែខ្លាំង​ឡើង ពិសេស​ផ្តោតទៅលើ​វិស័យ​កសិកម្ម ដូចជា​ការកែច្នៃ​ជ័រកៅស៊ូ ដំឡូង​មី ស្វាយចន្ទី ផលិតផល​ម្រេច ការកែច្នៃ​ស្វាយកែវ​រមៀត ស្រូវ អង្ករ ពោត សណ្តែក​ជាដើម ឱ្យ​ក្លាយជា​ផលិតផល​សម្រេច ដែលមាន​គុណភាព រសជាតិ អនាម័យ និង​សម្បក​វេច​ខ្ចប់​ស្អាត​ទាក់ទាញ​ក្នុងការ​ដាក់លក់​នៅលើ​ទីផ្សារ ឬ​សម្រាប់​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសផ្សេងៗទៀត ដែល​ប្រសើរ​ជាង​ការនាំចេញ​វត្ថុធាតុដើម៕

  • សំឡីអនាម័យជំនាន់ថ្មី WinIon ផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបមានស្រទាប់ការពារ 7ស្រទាប់

    សំឡីអនាម័យជំនាន់ថ្មី WinIon ផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបមានស្រទាប់ការពារ 7ស្រទាប់

    នៅគ្រប់ទីកន្លែង ជាពិសេសនៅលើទីផ្សារ យើងសង្កេតឃើញថា មានសំឡីអនាម័យស្រ្តីជាច្រើន ដែលបានដាក់លក់ និងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងសម្បូរបែប ហើយយើងក៏បានរកឃើញដែរថា សំឡីអនាម័យភាគច្រើន គឺផលិតអំពីកម្ទេចកេសក្រដាស ដែលជារៀងរាល់ថ្ងៃ មានអេតចាយជាច្រើនដើរប្រមូលទិញកេសក្រដាសដែលយើងឈប់ប្រើ ដើម្បីយកទៅលក់បន្តឱ្យរោងចក្រផលិតសំឡីអនាម័យស្រ្តី ដែលរោងចក្រទាំងនោះអាចកែច្នៃ និងបំលែងកម្ទេចក្រដាសទាំងនោះ លាយជាមួយសារធាតុគីមីជាច្រើនមុខដែលធ្វើឱ្យក្លាយទៅជាសាច់សំឡីកប្បាសក្លែងក្លាយ ដែលយើងមិនអាចមើលដឹងបាន និងបែងចែកថាវាជាសំឡីកប្បាសក្លែងក្លាយ ក្រោយពីបំលែងរួចហើយគេយកសំឡីកប្បាសក្លែងក្លាយនោះ ទៅផលិតជាសំឡីអនាម័យ ដើម្បីយកមកលក់លើទីផ្សារ សម្រាប់ឱ្យស្រ្តីប្រើប្រាស់ពេលមករដូវ និងប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

    ស្រ្តីគឺជាអ្នកងាយរងគ្រោះ ដោយសារការជ្រើសរើសផលិតផលខុសមកប្រើប្រាស់ និងការឆ្លងមេរោគពីបង្គន់អនាម័យសារធារណៈដែលយើងប្រើរួមជាមួយគ្នា ហើយយើងមិនអាចមើលឃើញមេរោគទាំងនោះដោយផ្ទាល់ភ្នែកនៅចានបង្គន់ ឬថាសបង្គន់ ដែលបង្កនូវបញ្ហាផ្សេងៗជាច្រើន ហើយនៅតែមានមនុស្សមួយចំនួនធំឡើងជាន់លើថាសបង្គន់ ដើម្បីបន្ទោបង់ ដោយមិនគិតអំពីអនាម័យអ្នកប្រើប្រាស់បន្ត។

    វ៉ីនអុីយ៉ុង ជាសំឡីអនាម័យអុីយ៉ុង ដែលស្តើងមិនជ្រាបសើមផុលមកវិញ (ផ្លូវចូលតែ1) មិនក្តៅ មិនហប់ មានជែលកន្ទុយក្រពើ ជួយឱ្យមានអារម្មណ៍ត្រជាក់ស្រស់ស្រាយ បំបាត់ស្ត្រេស ជាពិសេសបន្ទៈណេហ្គាទីវអុីយ៉ុង ដែលមានមុខងារយ៉ាងសំខាន់8យ៉ាងសម្រាប់ការពារស្រ្តីពីមេរោគឆ្លង។

    សំឡីអនាម័យ វ៉ីនអុីយ៉ុង បានមកដល់ប្រទេសកម្ពុជាជាង5ឆ្នាំមកហើយ គឺមកដើម្បីជួយសង្គ្រោះ និងការពារស្ត្រីឱ្យចៀសផុតពីមេរោគឆ្លងផ្សេងៗដែលអាចបង្កជាជំងឺមហារីកកស្បូន។ ស្ថាបនិករបស់សំឡីអនាម័យ វ៉ីនអុីយ៉ុង លោក Mr. Vincent CHEN (វ៉ីនសិន ឈិន) ជាជនជាតិចិនបានបង្កើតផលិតផលសំឡីអនាម័យ វ៉ីនអុីយ៉ុង នេះឡើង ដើម្បីរំឭកដល់គុណម្តាយរបស់លោកដែលបានចែកឋានដោយជំងឺមហារីកកស្បូន ហើយអតីតកាលលោកជាក្មេងកំព្រាឪពុក និងរស់នៅជាមួយម្តាយជាស្រ្តីមេម៉ាយដែលមានជីវភាពក្រីក្រ រើសអេតចាយ ដើម្បីចិញ្ចឹមកូន ហើយពេលខ្វះខាតម្តងៗម្តាយគាត់បានសម្រេចចិត្តបូមឈាមលក់យកលុយឱ្យកូនបានរៀនសូត្រខ្ពង់ខ្ពស់រហូតចប់វិទ្យាល័យ ហើយលោករៀនពូកែ និងអាចរកប្រាក់ចំណូលជួយជីវិភាពគ្រួសារ តែជាអកុសលអ្នកម្តាយលោកបានបាត់បង់ជីវិតដោយសារជំងឺមហារីកកស្បូន ដែលលោកមិនអស់ចិត្ត ក៏រកមូលហេតុដែលម្តាយគាត់កើតជំងឺមហារីកនេះ ហើយការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា វាអាចបណ្តាលមកពីសំឡីអនាម័យដែលកែច្នៃពីកម្ទេចក្រដាសវ៉ៃឱ្យម៉ដ្ឋ ហើយលាយសារជាតិគីមីឱ្យស ដែលដាក់លក់យ៉ាងសេរីនៅលើទីផ្សារ ហើយក្រោយមកគាត់បានស្វែងរកអ្នកជំនាញល្បីៗមកសហកា ដើម្បីផលិតសំឡី វ៉ីនអុីយ៉ុងនេះដើម្បីជួយដល់ស្រ្តីឯទៀត ឱ្យចៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ៕