Author: ធឿន មករា

  • ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​មានទីផ្សារ​ខ្លាំង បន្ទាប់ពី​ទទួលបាន​ឈ្មោះជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ

    ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​មានទីផ្សារ​ខ្លាំង បន្ទាប់ពី​ទទួលបាន​ឈ្មោះជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ

    ក្រោយពី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ផលិតផល​សម្គាល់​ភូមិសាស្ត្រ(GI)កាលពី​ខែមិថុនា​ឆ្នាំមុន ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទាំង​ក្នុង​តំបន់ និង​នៅតាម​បណ្តា​ខេត្ត​នានា។

    ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទី3 បន្ទាប់ពី​ម្រេច​ខេត្តកំពត និង​ស្ករត្នោត​កំពង់ស្ពឺ។ ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ គឺជា​ផលិតផល​ដំណាំ​ហូប​ផ្លែ​ប្រពៃណី ហើយ​វា​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​លើកកម្ពស់​ប្រាក់ចំណូល​ប្រជាជន​ក្នុង​តំបន់ និង​ជួយ​បង្កើន​ចំនួន​ភ្ញៀវទេសចរ​ទៅកាន់​រមណីយដ្ឋាន​កោះ​ទ្រង់ ខេត្តក្រចេះ​ទៀតផង។

    ចាប់តាំងពី​ក្រូចថ្លុង​កោះ​ទ្រង់ ត្រូវបាន​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មក ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​កោះ​ទ្រង់ ខេត្តក្រចេះ​ចាប់ផ្តើម​ពង្រីក​ការដាំដុះ​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់ និង​បំពេញតម្រូវការ​ទីផ្សារ។ នេះ​បើ​យោងតាម​លោកស្រី គាន រី​ណា ប្រធាន​សមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ-​ទ្រង់​ក្រចេះ។

    លោកស្រី រី​ណា មានប្រសាសន៍ថា សព្វថ្ងៃ​សមាគម​របស់​លោកស្រី​មាន​សមាជិក​ចំនួន 226គ្រួសារ ដែលមាន​ក្រូចថ្លុង​ប្រមាណ​ជាង 1ម៉ឺន​ដើម ដោយឡែក​ក្រូចថ្លុង​ដែល​កំពុងផ្តល់​ផល​មាន​ប្រមាណ​តែ​ជាង 2ពាន់​ដើម​ប៉ុណ្ណោះ។

    លោកស្រី រី​ណា​​ បន្ថែមទៀតថា ទ​និ្ន​ផលរបស់​ក្រូចថ្លុង​កោះ​ទ្រង់ អាស្រ័យ​លើ​អាយុកាល​របស់​ដើម​ក្រូច​ដោយ​លោកស្រី​ពន្យល់ថា ដើម​ក្រូចថ្លុង​ដែល​លូតលាស់ថ្មីៗ ផ្តល់​ផល​ឆ្នាំ​ដំបូង​បាន​ប្រមាណ​តែ4 ទៅ10ផ្លែ​តែប៉ុណ្ណោះ ដោយឡែក​ដើម​ក្រូចថ្លុង​ដែលមាន​អាយុកាល​ចាប់ពី2 ទៅ3ឆ្នាំ ទិន្នផល​នឹង​ទទួលបាន​ប្រមាណ​ពី50 ទៅ50ផ្លែ​ក្នុង​មួយ​ដើម ហើយ​ចាប់ពី 3ឆ្នាំ​ឡើងទៅ ទ​ន្និ​ផល​នឹង​ទទួលបាន​កាន់តែ​ច្រើនឡើង​ដែរ។

    លោកស្រី​បាន​បន្តថា៖“ឥឡូវនេះ​មានការ​ទទួលស្គាល់​ច្រើន​លើ​រសជាតិ​របស់​ក្រូចថ្លុង​កោះ​ទ្រង់ហើយ​ក្រោយពី​ទទួលបាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ កាន់តែ​មានការ​ទទួល​ស្គាល់​ថែមទៀត​ពី​សំណាក់​អ្នក​និយម​ទទួលទាន​ក្រូចថ្លុង​កោះ​ទ្រង់ ឯ​តម្លៃ​វិញ ក្រូចថ្លុង​មួយ​ផ្លែ​មានតម្លៃ​ប្រមាណ​ជា 14,000រៀល ឬ3.5ដុល្លារ​អាមេរិក”។

    លោកស្រី រី​ណា បាន​បញ្ជាក់ថា ក្រូចថ្លុង​កោះ​ទ្រង់​ភាគច្រើន​គេ​យកមក​លក់​នៅ​ភ្នំពេញ ហើយ​ឥឡូវ​ការផ្គត់ផ្គង់​នៅមានកម្រិត​នៅឡើយ ដោយសារ​ក្រូចថ្លុង​កោះ​ទ្រង់​ផ្លែ​តាម​រដូវ ដោយ​រដូវ​ប្រមូល​ផល​ក្រូចថ្លុង​កោះ​ទ្រង់ គឺ​ចាប់ពី​ខែតុលា ដល់​ខែធ្នូ ហើយ​បើ​ផុតពី​រដូវ​ប្រមូល​ផល រសជាតិ​ក៏​មិនសូវ​ឆ្ងាញ់​ដូច​រដូវ​ប្រមូល​ផល​ដែរ។

    លោកស្រី​មានប្រសាសន៍ថា នៅពេលនេះ​យើង​កំពុងធ្វើការ​ពង្រីក​ការដាំដុះ​បន្ថែមទៀត ដោយសារតែ​ឃើញ​ក្រូចថ្លុង​របស់​យើង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មហាជន។ កាលពីមុន កសិករ​មានការ​ពិបាក​លក់​បន្តិច ប៉ុន្តែ​ឥឡូវនេះ​មាន​ការបញ្ជាទិញ​ច្រើន ដែល​សឹងតែ​គ្មាន​ក្រូចថ្លុង​លក់​ឱ្យគេ​ទៀតផង។ ជាទូទៅ ការទិញ​ក្រូចថ្លុង​កោះ​ទ្រង់​ភាគច្រើនគឺ​គេ​យកទៅ​បរិភោគ​ជា​លក្ខណៈ​គ្រួសារ ដោយឡែក​ក៏មាន​អាជីវករ​មួយចំនួន​ចាប់ផ្តើម​ទាក់ទង​មក​ទំនាក់ទំនង​សមាគម​ដើម្បី​ម៉ៅ​ទិញ​យកទៅលក់​បន្ត​ផងដែរ។

    លោក ប៊ុន បាន ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់ បាន​ថ្លែងថា រមណីយដ្ឋាន​កោះ​ទ្រង់​មិន​ត្រឹមតែ​ជា​តំបន់​ក​សិ-ទេសចរណ៍​ប៉ុណ្ណោះ​ទេប៉ុន្តែ​វា​ថែមទាំង​មាន​ឆ្នេរ​ខ្សាច់​វែង លាតសន្ធឹង​ប្រមាណ​ជាង 4គីឡូម៉ែត្រ​ទៀតផង។

    លោក​បាន​បន្ថែមថា៖“យើង​ថែមទាំង​មាន​សមាគម​ផលិត​បន្លែ​សម្រាប់​ផ្គត់ផ្គង់​សហគមន៍​ផ្ទះសំណាក់ ដើម្បី​ទទួលភ្ញៀវ​ទេសចរ លើកលែងតែ​បន្លែ​មួយចំនួន​ដែល​ពិបាក​រក។ យើង​មាន​ដំណាំ​ហូប​ផ្លែ​តាម​រដូវ​កាល​ដូចជា ក្រូចថ្លុង ខ្នុរ ផ្លែ​ទឹកដោះគោ​ជាដើម”។

    លោក​ថា៖“យើង​បាន​ចងក្រង​ជា​សហគមន៍សមាគម និង​ជា​ក្រុមតូចៗដើម្បី​បម្រើ​សេវាកម្ម​ទេសចរណ៍ ដូចជា​រទេះសេះ រទេះគោ រ៉ឺម៉ក​កង់​បី កង់ ទូក​ជិះ​កម្សាន្ត និង​ផ្ទះ​ស្នាក់នៅ ជាដើម យើង​បង្កើត​មុខរបរ​បានជា​ច្រើន និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទៀតផង។

    លោក បាន​ បានបន្តថា ទេសចរ​ជាច្រើន​បាន​ទៅលេង​រមណីយដ្ឋាន​កោះ​ទ្រង់ ដោយនៅ​ឆ្នាំ2018 ទេសចរ​ជាតិ​ដែល​បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​កោះ​ទ្រង់មាន​ជាង 17,000នាក់ និង​ភ្ញៀវ​បរទេស​មាន​ជាង 300នាក់​បានមក​កម្សាន្ត​ឆ្នេរ​ខ្សាច់។

    ដោយឡែក​លោក អប់ រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថាបច្ចុប្បន្នកម្ពុ​ជាមាន​ផលិតផល​កសិកម្ម​ជាង 20មុខ​ទៀត​ដែល​អាចនឹងទទួល​បាន​វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នាពេល​អនាគត ដូចជា អំបិល​កំពត ទុរេន​កំពត សូត្រ​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្រូវ​សែន​ក្រអូប​ខេត្តបាត់ដំបង និង​ប្រហុក​ខេត្តសៀមរាបជាដើម៕

  • ឆ្នាំ2018 ផ្សា​រមូល​ប​ត្រ​កម្ពុជា CSX បានបង្ហាញ​ភាព​រីកចម្រើន និង​រឹងមាំ

    ឆ្នាំ2018 ផ្សា​រមូល​ប​ត្រ​កម្ពុជា CSX បានបង្ហាញ​ភាព​រីកចម្រើន និង​រឹងមាំ

    ដោយសារ​ការជួញដូរ​ដ៏​រឹងមាំ​នៅ​ចុងបញ្ចប់​ឆ្នាំ2018 ​ផ្សារ​មូល​ប​ត្រ​កម្ពុជា CSX (The Cambodia Securities Exchange) ទទួលបាន​ក្នុង​កម្រិត​ខ្ពស់បំផុត​គឺ 48,098ពិន្ទុ កើនឡើង40% បើ​ធៀប​នឹង​ឆ្នាំ2017 សម្រាប់​មូលធនូបនីយកម្ម​ទីផ្សារ (Market capitalization) ចំនួន 44,292លាន​ដុល្លារ​អាមេរិក (1.77ពាន់​ពាន់​លាន​រៀល)។ក្នុងនោះ​កំណើន​ភាគច្រើន​បាន​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ Sihanoukville Autonomous Port (PAS)។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CSX។

    នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ ​CSX បានឱ្យដឹងថា ស​ន្ទ​ស្សន៍​នេះ​បាន​កើនឡើង 9.81ពិន្ទុ ឬ 2.08% ជាមួយនឹង​ភាគហ៊ុន​ចំនួន19,602ភាគហ៊ុន​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​សរុប 26,553.98 ដុល្លារ។ តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​បាន​កើនឡើង101% ដល់26,701ដុល្លារ ពី10,660លាន​រៀល។

    ផ្សារ​ហ៊ុន​ដែលមាន​ក្រុមហ៊ុនចុះបញ្ជី​ចំនួន5 និង​មូល​ប​ត្រ​បំណុល​សាជីវកម្ម​មួយ​បាន​កើនឡើង 4ភាគហ៊ុន​ក្នុងចំណោម​ភាគហ៊ុន5 នៅ​ចុងឆ្នាំ​ធៀប​នឹង​ឆ្នាំមុន​ជាពិសេស​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ ឬ​PAS ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដែល​កើនឡើង98.04% ដល់​ចំនួន 10,100រៀល ពី5,100រៀល​សម្រាប់​មូល​ប​ត្រ​ទីផ្សារ​ចំនួន 11,029.62ដុល្លារ​អាមេរិក និង​ភាគហ៊ុន​សរុប​ចំនួន 4,386ត្រូវបានធ្វើ​ចរាចរណ៍។

    កាលពី​សប្តាហ៍​មុន​ ​CSX បាន​មើលឃើញ​បរិមាណ​ជួញដូរ​ធំជាងគេ​ជាមួយ​ភាគហ៊ុន​PAS ចំនួន​ជាង 2លាន​ដុល្លារ​ដែល​ផ្លាស់ប្តូរ​ដៃ​តាមរយៈ​វិធីសាស្ត្រ​ជួញដូរ​ដែល​បាន​ចរចា។ ភាគហ៊ុន PAS ចំនួន 2.14លាន​ហ៊ុន ឬ​ភាគហ៊ុន2.5% ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន Kobe-Osaka International Port Corp (KOI) ដែលជា​ប្រតិបត្តិ​ករ​កំពង់ផែ Hanshin មកពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)។

    ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​អង្គភាព​នៃ​អាជីវកម្ម​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល គឺ​កំពង់ផែ ស្វយ័ត​ភ្នំពេញ (PPAP) បាន​កើនឡើង​ជិត 50% ស្មើនឹង 7,680រៀល​ក្នុង​មួយ​ហ៊ុន​គិត​ចាប់ពី 5,140 រៀល ហើយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) បាន​កើនឡើង 8.81% ខ្ពស់ជាង 4,200រៀល។ កំណើន​នេះ​បានធ្វើឱ្យ PPAP និង​PWSA មូលធន​កម្ម​ទីផ្សារ​មាន​ចំនួន 279ដុល្លារ និង12,090.71 ដុល្លារ។

    តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដែលជា​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ភ្នំពេញ​បានឃើញ​ថា​ភាគហ៊ុន​បាន​ជួញដូរ​ក្នុងតម្លៃ​ខ្ពស់ជាង 2.84% ដល់​ជិត 2,900រៀល​ធៀប​នឹង​ឆ្នាំមុន​សម្រាប់​មូលធន​កម្ម​ទីផ្សារ 1,135.36ដុល្លារ។

    ផ្ទុយទៅវិញ​ក្រុមហ៊ុនកាត់ដេរ Grand Twins International (កម្ពុជា) ភីអិលស៊ី​បាន​ធ្លាក់ចុះ 8.09% ស្មើនឹង 4,320រៀល ពី 4,700 រៀល​កាលពី​ឆ្នាំមុន​ដោយមាន​ទុនវិនិយោគ 2,019.30ដុល្លារ។

    ផ្សា​រមូល​ប​ត្រ​កម្ពុជា​បានឱ្យដឹងថា ចំនួន​នៃ​គណនី​ជួញដូរ​បាន​កើនឡើង​ដល់ 20,525គណនី ពី8,973នៅ​ដើមឆ្នាំ ដោយ84% ជា​របស់​វិនិយោគិន​ក្នុងស្រុក។ 17% នៃ​ម្ចាស់​គណនី​ជួញដូរ​បាន​ចុះបញ្ជី​ប្រព័ន្ធ​ពាណិជ្ជកម្ម​ចល័ត (MTS) ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ2018 ដើម្បីឱ្យ​វិនិយោគិន​អាចដាក់​ការបញ្ជាទិញ និង​ពិនិត្យមើល​តុល្យភាព​របស់​ពួកគេ​ពី​គ្រប់​ទីកន្លែង​ដោយបាន​ឱ្យដឹង​បន្ថែមថា 59%នៃ​ការបញ្ជាទិញ​ភាគហ៊ុន​ត្រូវបាន​ដាក់​តាម MTS។

    កាលពីមុន CSXបានឱ្យដឹងថា ការកើនឡើង​នៃ​ការចូលរួម​ពី​ការ​លក់រាយ​ត្រូវបាន​ជំរុញ​ដោយ​ការកើនឡើង​នៃ​ការអប់រំ​របស់​វិនិយោគិន​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ទិន្នផល​ភាគលាភ​ជា​មធ្យម​ពី4 ទៅ5% ក្នុង​ឆ្នាំ2017។

    អ្នកជំនាញ​ទីផ្សារ​មូល​ប​ត្រ​នៃ​គណៈកម្មការ​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា មូលធនូបនីយកម្ម​ទីផ្សារ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ2018 កន្លងមកនេះ មកពី​ចំណុចធំ2 គឺ​ទី1-ដោយសារ​ទំនុកចិត្ត​របស់​វិនិយោគិន​នាំឱ្យមាន​ការជួញដូរ​លើ​ទីផ្សារ​កើនឡើង​ដូច្នេះ​ធ្វើឱ្យមាន​ការកើនឡើង​តម្លៃ​ភាគហ៊ុន​ដែល​ធ្វើឱ្យ​សកម្មភាព​ជួញដូរ​ប្រចាំថ្ងៃ និង​មួយ​រយៈពេល​ចុង​ឆ្នាំមាន​ភាពប្រសើរឡើង។ ទី2-ការបោះ​ផ្សាយ​ភាគហ៊ុន​បន្ថែម​របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP)បាន​លក់​ភាគហ៊ុន​បន្ថែមចំនួន 14លាន​ហ៊ុន(Shares)ទៅឱ្យ​វិនិយោគិន​ជា​ស្ថាប័ន​ចំនួន2 គឺ​ក្រុមហ៊ុន JWD Infologistics Plc ដែលជា​ក្រុមហ៊ុន​ឡូ​ជី​ស្ទិ​ករ​បស់​ប្រទេស​ថៃ និង​ក្រុមហ៊ុន Bok Seng Group ដែលជា​ក្រុមហ៊ុន​ឡូ​ជី​ស្ទិ​ករ​បស់​ប្រទេស​សិង្ហ​បុរី ក៏​ជា​ហេតុផល​ដែល​ជំរុញ​ឱ្យ​មូលធនូបនីយកម្ម​ទីផ្សារ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កើនឡើង​ខ្លាំង​ដែរ។ អ្នកជំនាញ​ដដែល​បាន​បន្ថែមថា “ដូច្នេះ​ការកើនឡើង​របស់ CSX ឆ្នាំ2018 បានបង្ហាញ​ពី​ភាព​រីកចម្រើន និង​រឹងមាំ​របស់​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា”។

    អ្នកជំនាញ​ទីផ្សារ​មូល​ប​ត្រ​ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា៖ ដើម្បី​ជំរុញ​ឱ្យ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​សម្រាប់​ឆ្នាំ2019នេះ យើង​រំពឹងទុក​ថា​នឹងមាន​ការកើនឡើង​ថែមទៀត ដោយ​យើង​នឹងមាន​ក្រុមហ៊ុន​បោះផ្សាយ​ភាគហ៊ុន​បន្ថែម។ ជាមួយគ្នានេះ​យើង​នឹង​ខិតខំ​ធ្វើ​ការងារ​មួយចំនួន​ដូចជា​បង្កើន​ភាព​ទាក់ទាញ ជំរុញ​ការយល់ដឹង និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដើម្បីឱ្យ​ក្រុមហ៊ុន​កាន់តែច្រើន​មក​ចុះឈ្មោះ​ក្នុង​ផ្សារ​ហ៊ុន​ដើម្បី​ធ្វើឱ្យមាន​ការទាក់ទាញ​ទីផ្សារ​បន្ថែម។

    ម្យ៉ាងទៀត​ទាំង​គណៈកម្មការ​មូល​ប​ត្រ ទាំង​ទីផ្សារ​ភាគហ៊ុន​បាន​យកចិត្តទុកដាក់​ទៅលើ​ការបង្កើន​រយៈពេល​ប្រតិបត្តិការ​ទីផ្សារ ដោយ​ពង្រីក​ម៉ោង​ជួញដូរ​ពី3-5ម៉ោង ដល់7ម៉ោង​តែម្ដង​ក្នុង1ថ្ងៃយើង​ក៏បាន​កសាង​មូលដ្ឋាន​បទដ្ឋាន​គតិយុត្ត ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ និង​បង្កើន​ភាព​ទាក់ទាញ​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជាដើម។

    អ្នកជំនាញ​ទីផ្សារ​មូល​ប​ត្រ​ដដែល​បានឱ្យដឹង​ទៀតថា បច្ចុប្បន្ន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ទទួលបាន​ការ​ចាប់អារម្មណ៍​កាន់តែច្រើន​ពី​សាធារណជន​ក្នុងស្រុក និង​បរទេស​ដែល​ជំរុញ​ឱ្យ​ទំហំ​នៃ​ការជួញដូរ និង​តម្លៃ​របស់​មូល​ប​ត្រ​កើន​ឡើងជា​បន្តបន្ទាប់ជាពិសេស​ចាប់ពី​អំឡុង​ត្រីមាស​ទី3 នៃ​ឆ្នាំ2018មក។ កំណើន​មូលធនូបនីយកម្ម​ទីផ្សារ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ពេលនេះ​ក៏​អាច​បញ្ជាក់​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​ចំពោះ​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ផងដែរ។

    “សម្រាប់​ឆ្នាំ2019នេះ សកម្មភាព​នៃ​ការទិញ​លក់​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​រឹតតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​បន្ថែមទៀត។ ប៉ុន្តែ​សម្រាប់​តម្លៃ​វិញ​អាច​និយាយថា​អាច​នឹងមាន​ការប្រែប្រួល​ព្រោះ​វា​អាស្រ័យទៅលើ​ស្ថានភាព​របស់​ក្រុមហ៊ុននីមួយៗ តែ​យើង​រំពឹងថា ឆ្នាំ2019នេះ គឺជា​ឆ្នាំ​ដ៏​ជោគជ័យ​សម្រាប់​ទីផ្សារ​មូល​ប​ត្រ​បន្តទៀត”៕

  • មណ្ឌលតាកែវចាប់ផ្តើមសករាជថ្មីនៃការប្រកួត Tiger Street Football Festival 2019

    មណ្ឌលតាកែវចាប់ផ្តើមសករាជថ្មីនៃការប្រកួត Tiger Street Football Festival 2019

    ខេត្តតាកែវ៖បន្ទាប់ពីខេត្តព្រះសីហនុដែលក្រុមការងារ Tiger Street Football Festival 2019 បានមករៀបចំការប្រកួតដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ពេលនេះបានធ្វើដំណើរមកដល់ខេត្តតាកែវដែលជាមណ្ឌលទី២ សម្រាប់ឆ្នាំ២០១៩រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់៥០០០០ដុល្លារ។

    ចំពោះខេត្តតាកែវជាមណ្ឌលថ្មីនេះមាន៣២ក្រុមចូលរួមក្នុងការប្រកួតជម្រុះនាថ្ងៃទី១៣ ខែមករាឆ្នាំ២០១៩ នេះដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។

    ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ រដូវកាលទី៧បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួត កាន់តែច្រើន និងមានរង្វាន់សរុបរហូតដល់៥០០០០ដុល្លារ។

    ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival រួមមានសកម្មភាពសប្បាយរីករាយជាច្រើន ទាំងការប្រកួតបាល់ទាត់ ស្តង់លេងហ្គេមកម្សាន្ត ស្តង់សម្រាប់អ្នកគាំទ្រមានជាបដា សម្រាប់សរសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយ៍ ជាសម្ភារៈកីឡា កន្លែងថតរូបអនុស្សាវរីយ៍ និងកម្មវិធីប្រូម៉ូសិនពិសេស សម្រាប់ការជាវស្រាបៀរថៃហ្គ័រមកពិសា បន្ទាប់ពីការប្រកួតបាល់ទាត់ ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ កម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុនឆាកតន្រ្តីកាន់តែទំនើប ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួម សម្តែងពីសំណាក់តារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាកាន់តែរំភើបកាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។ ការប្រកួតជាផ្លូវការនឹងចាប់ផ្តើមនាវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នៅផ្សារបុរីរស្មី

    Tiger Street Football Festival ឆ្នាំ២០១៩ នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់៩ខេត្ត-ក្រុងទូទាំងប្រទេស រួមមាន ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ការប្រកួតដណ្ដើមតំណែងជើងឯក Tiger Street Football Festival  ឆ្នាំ២០១៩នេះ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldo នៅថ្ងៃវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកនៅរាជធានីភ្នំពេញថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    (ដោយការទទួលខុសត្រូវ)៕

  • សុខ​ភាពល្អ គ្រួសារ​មាន​សុភមង្គល

    សុខ​ភាពល្អ គ្រួសារ​មាន​សុភមង្គល

    ការមើល​ថែរក្សា​គ្រប់គ្នា​នៅក្នុង​គ្រួសារ ជាពិសេសកូនៗឱ្យ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ គឺជា​តួនាទី និង​ជា​បំណងប្រាថ្នា​របស់លោក​ឪពុក​អ្នក​ម្តាយគ្រប់ៗរូប។ ការចេះ​ជួយ​សហការគ្នា​រវាង​គ្រប់គ្នា​ដែល​រស់នៅ​ក្នុងផ្ទះ​គឺជា​ការចូលរួម​ថែរក្សា​សុខភាព​ដ៏​ល្អប្រសើរ​បំផុត។ បើទោះជា​យ៉ាងនេះ​ក្តី អ្នក​ម្តាយ​នៅតែ​ដើរ​តួជា​មនុស្ស​ម្នាក់​ដែលសំខាន់​បំផុត​នៅក្នុង​សាច់រឿង​មួយ​នេះ។ ការថែរក្សា​សុខភាព​គ្រប់គ្នា​ក្នុង​គ្រួសារ ត្រូវ​គិតគូរ​គ្រប់បែបយ៉ាង តាំងពី​អាហារ​ហូបចុក អនាម័យ ការការពារ និង​ការថែរក្សា ព្រមទាំង​សកម្មភាពផ្សេងៗជាច្រើន​ទៀត។

    អាហារ​ហូបចុក : ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ដែលជា​ប្រភព​នៃ​ប្រូ​តេ​អី​ុ​ន គឺជា​រឿង​ទីមួយ​ដែល​អ្នក​ត្រូវ​គិតដល់ ប៉ុន្តែ​សូមកុំ​ភ្លេច​ឱ្យសោះ​ថា ការ​ចម្អិន​អាហារ​ទាំងនោះ​តែ​ម្យ៉ាង​គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ មានន័យថា លោកអ្នក​ក៏ត្រូវ​គិតដល់​ប្រភព​នៃ​វត្ថុធាតុដើម​ដែល​អ្នក​បាន​យកមក​ធ្វើការ​ចម្អិន​ផងដែរ។ វា​ជាការ​ពិបាក​បន្តិច​ក្នុង​ការប្រគល់​សេចក្តីទុកចិត្ត​ទាំងស្រុង​ទៅលើ​អ្នកលក់ និង​បន្លែ​ផ្លែឈើ​ដែល​អ្នក​ត្រូវ​យកមក​ធ្វើជា​អាហារ ព្រោះថា​បច្ចុប្បន្ននេះ​ការចង់បាន​ប្រភព​អាហារ​ដែល​គ្មាន​ជាតិពុល​គឺជា​រឿង​ដែល​ពិបាក​បន្តិច​ហើយ។ បើ​ដូច្នេះ​តើ​យើង​គួរតែ​ធ្វើ​ដូចម្តេច ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នេះ​ឱ្យមក​នៅ​ទាប​បំផុត? បន្លែ​ដែល​ដាំ​ដោយ​ខ្លួនឯង (ប្រសិនបើ​អាច) បន្លែ​ដែល​មានការ​ធានាថា​ពិតជា​គ្មាន​សារធាតុ​គីមី ឬ​បន្លែ​ដែល​បាន​លាង​សម្អាត​យ៉ាង​ត្រឹមត្រូវ… ជា​ផ្នែក​មួយ​ដែល​អ្នក​គួរតែ​ធ្វើ ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​សុខភាព​បាន​មួយ​ភាគ​ដែរ។

    ទទួលទាន​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ : អ្នក​ម្តាយ​ត្រូវមាន​ភាព​ឆ្លាត​វៃ​ក្នុងការ​ជ្រើសរើស​អាហារ​ល្អ​ស​ម្រ​ប់​សមាជិក​ក្នុង​គ្រួសារ។ នៅពេល​សមាជិក​ម្នាក់ ឬ​ច្រើន​នៅក្នុង​គ្រួសារ​មាន​បញ្ហា​សុខភាព​នោះ លោកអ្នក​ក៏ត្រូវ​នឹក​គិតដល់​អាហារ​ជំនួយ​ផងដែរ។ ប្រសិនបើ​លោកអ្នក​កំពុងតែ​ចង់ឱ្យ​សមាជិក​ក្នុង​គ្រួសារ​ទទួលទាន​ផ្លែឈើ​ដែល​អាចជួយ​សម្អាត​ជាតិពុល​ក្នុង​រាងកាយ​នោះ សូមកុំ​ភ្លេច​ផ្លែឈើ​មួយចំនួន​ដូចជា ល្ហុង ប៉ោម ម្នាស់ ឪឡឹក ទំពាំងបាយជូរ​ជាដើម ព្រោះថា​ផ្លែឈើ​ប្រភេទ​នេះ​អាចជួយ​សម្អាត​ជាតិពុល​ពី​ក្នុង​ពោះវៀន បាន​យ៉ាង​ប្រសើរ។ សម្រាប់​លោកអ្នក​ដែល​ចង់ឱ្យ​សមាជិក​ក្នុង​គ្រួសារ​ជា​មនុស្ស​ដែល​ពេញ​ទៅដោយ​ថាមពល​វិញ​នោះ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​ដាក់បញ្ចូល​អាហារ​មួយចំនួន​ដែលជា​អាហារ​ថាមពល​នៅក្នុង​មឺ​នុយ​អាហារ​របស់​អ្នក (ទាំង​អាហារ​ក្រៅ​ពេល និង​អាហារ​ចម្បង) ដូចជា ទឹកឃ្មុំ ផ្លែ​ប៉ោម ស៊ុត ដំឡូងជ្វា សាច់​ត្រី​សាល​ម៉ុ​ន ក្រូច ចេក ស្រូវ​អូក សណ្តែក ស្ពៃ (spinach) យ៉ា​អួរ និងគ្រាប់​អាល់​ម៉ុ​ន​ជាដើម។

    គ្រូពេទ្យ​ក្នុងផ្ទះ : ក្រៅពី​គ្រូពេទ្យ​នៅ​ខាងក្រៅ លោកអ្នក​ក៏​អាច​ដើរតួនាទី​ជា​គ្រូពេទ្យ​ក្នុងផ្ទះ​បានដែរ។ ដូចដែល​អ្នក​បានដឹង​ស្រាប់​ហើយ​ថាក្មេងតូចៗងាយ​នឹង​ទទួលរង​ការកើត ឬ​ការឆ្លង​ជំងឺ​ផ្តាសាយ​ខ្លាំងណាស់ ជាពិសេស​គឺ​ក្នុង​ខែ​ដែលមាន​ខ្យល់​ធ្លាក់ និង​ការផ្លាស់ប្តូរ​នៃ​អាកាសធាតុ។ ការព្យាបាល​ជំងឺ​ផ្តាសាយ​ឱ្យ​ជា​ក្នុង​រយៈពេលភ្លាមៗគឺជា​រឿង​ដែល​ស្ទើរតែ​មិនអាច​ធ្វើបាន ប៉ុន្តែ​អ្នក​ម្តាយ​លោកឪពុក​ឆ្លាត​វៃ​នៅតែ​អាចជួយ​ធ្វើឱ្យ​សភាព​ជំងឺ​មួយ​នេះ​មាន​ភាព​ធូរស្រាល​ជាង​មុន​បាន ដោយ​ការ​អនុវត្តតាម​វិធី​មួយចំនួន​ដូចជា ការ​ត្រាំ​ជើង​ដោយ​ទឹក​ក្តៅឧណ្ហៗ ឆ្អ​ង់​ចំហាយ​ទឹក ឬ​ងូតទឹក​ក្តៅ​ជាដើម។ គួរ​ចៀសវាង​ការទទួល​ទាន​ទឹក​ត្រជាក់​ខ្លាំង ហើយ​ងាក​មក​ទទួលទាន​ទឹកក្តៅៗ ឬ​ទឹកតែ​ខ្ញី និង​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹកឃ្មុំ​វិញ។ ទទួលទាន​ផ្លែឈើ​មួយចំនួន​ដូចជា ប៉ោម ល្ហុង ក្រូច ចេក ប៊ឺ​រី ត្របែក និង​ផ្លែឈើផ្សេងៗទៀត ដែល​សម្បូរ​ទៅដោយ​វីតាមីន​។ នៅពេលដែល​អ្នកណាម្នាក់​មាន​ជំងឺ​ត្រូវ​ប្រើប្រាស់​ឱសថ​អ្នក​ត្រូវ​ចាំ​ចំណុច​សំខាន់​មួយចំនួន​ដូចជា កុំ​លេបថ្នាំ​ដោយ​ទឹក​ត្រជាក់​ខ្លាំង កុំ​គេងភ្លាមៗក្រោយ​លេបថ្នាំ​រួច មិន​ថា​វា​ជា​ថ្នាំ​ដែល​ត្រូវ​លេប​មុន ឬ​ក្រោយ​អាហារ​នោះទេ អ្នក​មិនគួរ​លេប​វាភ្លាមៗទេ គួរ​ទុកចន្លោះ​ពេលមុន ឬ​ក្រោយ​អាហារ ប្រមាណ​ជា10នាទី​សិន។

    ការនាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ​ជា​លក្ខណៈ​គ្រួសារ : ការនាំគ្នា​ដើរ​កម្សាន្ត​ស្រូបយក​ខ្យល់អាកាស មិន​ត្រឹមតែ​ជួយ​ឱ្យ​សុខភាព​របស់លោក​អ្នក​មាន​ភាពរឹងមាំ​នោះទេ តែ​វា​ថែមទាំង​ជួយ​បង្កើន​ភាព​រីករាយ សេចក្តី​គោរព​ស្រឡាញ់ និង​សុភមង្គល​ក្នុង​គ្រួសារ​ផងដែរ។

    អនាម័យ : គ្រប់គ្នា​នៅក្នុង​គ្រួសារ​គួរតែ​សហការគ្នា ដើម្បីឱ្យ​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ​ប្រកបដោយ​អនាម័យ។ មនុស្ស​ធំ​នៅក្នុង​គ្រួសារ​អាច​បង្រៀនកូនតូចៗឱ្យធ្វើជា​មនុស្ស​ដែលមាន​អនាម័យ តាមរយៈ​ការនិយាយ​ប្រាប់​ណែនាំ និង​ការធ្វើជា​គំរូ​ល្អ​ដល់​ពួកគេ។ ជា​ការពិត​លោកឪពុក​អ្នក​ម្តាយ​គ្រប់រូប​តែង​ប្រាថ្នា​ចង់ឱ្យកូនៗរស់នៅ​ប្រកបដោយ​អនាម័យ ដើម្បី​កាត់បន្ថយ និង​ជួយ​ការពារ​ពួកគេ​ពី​ការឆ្លង​ជំងឺ​នានា។

    ប្តូរ​ទម្លាប់​មិនល្អ : ប្រសិនបើ​សមាជិក​ក្នុង​គ្រួសារ ជាពិសេសកូនៗរបស់​អ្នកមាន​ទម្លាប់​ចូល​គេង​យប់​ជ្រៅ នោះ​អ្នក​គួរតែ​ព្យាយាម​ធ្វើយ៉ាងណា​កែប្រែ​ទម្លាប់​នេះ​ចេញ។ ដូចដែល​អ្នកដឹង​ហើយ​ថា ការ​គេង​បាន​តិច ឬ​ការចូល​គេង​យប់​ជ្រៅ​ពេក មិនមែនជា​រឿង​ល្អ​ទេ វា​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់ខ្លះៗចំពោះ​ការវិវឌ្ឍ​នៃ​ខួរក្បាល​ក្មេង​តូច អាចធ្វើឱ្យ​ការទទួលបាន​ភាព​ស្កប់ស្កល់​ក្នុងការ​គេង​មាន​តិច បើ​ប្រៀបធៀប​ទៅនឹង​ការដែល​ឆាប់​ចូល​គេង (ការចូល​គេង​ម៉ោង9យប់​ជា​ពេលវេលា​ដំណេក​ដ៏​ល្អ​បំផុត)។ ជឿជាក់ថាលោកអ្នក​ពិតជា​បានដឹង​ច្បាស់​ណាស់​ថា អាហារបែប​នំ​កញ្ចប់ អាហារ​ដែលមាន​ជាតិ​ស្ករ អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​ជាដើម មិនមែនជា​អាហារ​ដែល​ផ្តល់នូវ​គុណប្រយោជន៍​ដល់​រាងកាយ​នោះទេ ដូច្នេះ​បើ​ចៀសវាង​បាន​អ្នក​គួរតែ​ចៀសវាង។ នៅមាន​ទម្លាប់​មួយចំនួនទៀត​ដែល​ត្រូវបាន​ទុក​ថា​ជា​ទម្លាប់​មិនល្អ ហើយ​អ្នក​គួរតែ​ប្តូរ​ចេញ​ដូចជា ទទួលទាន​អាហារ​រួច​គេង​ភ្លាម ទទួលទាន​អាហារ​រួច បញ្ចេញ​សកម្មភាពខ្លាំងៗ និង​ទទួលទាន​អាហារ​ច្រើនពេក​នាពេល​ល្ងាច​ជាដើម។

    ទាំងអស់នេះ​សុទ្ធសឹង​ជា​សារ​មួយ​ដែល​អាចឱ្យ​គ្រប់គ្នា​ដឹងថា អ្នក​ពិតជា​ស្រឡាញ់ និង​យកចិត្តទុកដាក់​ក្នុងការ​មើលថែ​គ្នា​ជាពិសេស​បំផុត ព្រោះថា​គ្មាន​សេចក្តី​ណា​ដែលមាន​ទំហំធំធេង​ជាង​ការដែល​បានរស់នៅ​ក្នុង​គ្រួសារ​មួយ​ដែល​ប្រកបដោយ​សុភមង្គល​នោះទេ៕

  • ម៉ាស​ផ្សំ​ពី​ម្សៅសណ្តែក និង​ប្រទាល​កន្ទុយក្រពើ ស័ក្តិ​​សមជា​មួយ​ស្បែក​គ្រប់​ប្រភេទ

    ម៉ាស​ផ្សំ​ពី​ម្សៅសណ្តែក និង​ប្រទាល​កន្ទុយក្រពើ ស័ក្តិ​​សមជា​មួយ​ស្បែក​គ្រប់​ប្រភេទ

    ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន នៅក្នុង​ខែ​នេះ​សូម​ណែនាំ​ពី​ម៉ាស​បិទមុខ ដែល​ផ្សំ​ពី​ម្សៅ​សណ្តែកបាយ និង​ប្រទាល​កន្ទុយក្រពើ ស័ក្តិសម​ជាមួយ​ស្បែ​កមុខ​គ្រប់​ភេទ។ ម៉ាស​ផ្សំ​ពី​គ្រឿងផ្សំ​ធម្មជាតិ​នេះ នឹង​ចូលទៅ​បំប៉ន​ថែរក្សា​ផ្ទៃមុខ សម្អាត​ស្នាម​អុច​ខ្មៅ​នៅលើ​ផ្ទៃមុខ និង​ស្នាម​ជាំ​ស្រគាំ​ពី​ពន្លឺព្រះអាទិត្យ​ផងដែរ។

    ស​ណ្កែ​កបាយ ពោរពេញ​ទៅដោយ ជាតិ​រ៉ែ​ដែល​សំខាន់ និង​ជាតិ​វីតាមីន​ជាច្រើន​ដូចជា វីតាមីន C, B1, A, B2, B5, B3, B6, ជាតិ​ដែក, អាស៊ីត​ហ្វូ​លិ​ក, កាល់​ស្យូម, ម៉ាញេ​ស្យូ​ម, ជាតិ​សូ​ដ្យូ​ម, ទង់ដែង, ស​ង្ក័​សី, Selenium, ផូស្វ័រ, ប៉ូ​តា​ស្យូ​ម និង​សារធាតុ​ជាច្រើន​មុខ​ផ្សេងទៀត។ ចំពោះ​ស្បែក ស​ណ្កែ​កបាយ​ត្រូវបានគេទទួលស្គាល់​ថា សម្បូរ​ទៅដោយជាតិ​វីតាមីន និង​ជាតិ​រ៉ែហើយ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ដែល​ល្អ​ក្នុងការ​ព្យាបាល​ស្បែក។ ជាពិសេស ជាតិ​វីតាមីន C ដែលមាន​នៅក្នុង​សណ្តែក គឺ​ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ថា ជួយ​ការពារ​ការខូចខាត​ចំពោះ​ស្បែក​ដោយសារតែ​រ៉ាឌីកាល់​សេរី។ វា​ក៏​អាចជួយ​ក្នុងការ​ជួសជុល និង​ធ្វើឱ្យ​ស្បែក​ក្មេង​ជាង​វ័យ​ផងដែរ។ការបិត​ម៉ា​សស​ណ្កែ​កបាយ ជាមួយ​ប្រទាល​កន្ទុយក្រពើ​ឱ្យបាន​ទៀងទាត់ នឹង​ជួយ​ធ្វើឱ្យ​ស្បែក​ទន់ និង​ភ្លឺរលោង។

    វិធី​ធ្វើ និង​វិធី​ប្រើ
    ដំបូង​ត្រូវយក​ម្សៅ​សណ្តែកបាយ1ស្លាបព្រា លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ1ស្លាបព្រា ច្របល់​ឱ្យចូល​គ្នា​សព្វ ហើយ​យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក10នាទី រួច​លាងជម្រះ​ចេញ​ជាការ​ស្រេច។ អ្នក​គួរ​ធ្វើបែបនេះ 2ទៅ3ដង​ក្នុង​មួយ​សប្តាហ៍៕

  • ពិត​ទេ គេង​យប់​ជ្រៅ បណ្ដាលឱ្យ​ធាត់​ដោយ​មិនដឹង​ខ្លួន?

    ពិត​ទេ គេង​យប់​ជ្រៅ បណ្ដាលឱ្យ​ធាត់​ដោយ​មិនដឹង​ខ្លួន?

    សម្រាប់​អ្នក​ដែល​ចង់​រក្សា​ទម្ងន់ គួរតែ​ចាប់អារម្មណ៍​អាន​នូវ​អត្ថបទ​នេះ ព្រោះថា​ប្រសិនបើ​អ្នកជា​មនុស្ស​កំពុងតែ​សម្រាក​មិនបាន​គ្រប់គ្រាន់ និង​មិន​សមល្មម​ទេនោះ ការ​គេង​យប់​ជ្រៅ​របស់​អ្នកជា​បញ្ហា​ចម្បង​មួយ​ដែល​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន។ អ្នក​អាច​នឹង​គិតថា ខំ​ញ៉ាំ​អាហារបន្ដិចៗ ឬ​បង្អត់អាហារ​ពេល​ល្ងាច​ហើយនៅតែ​ឡើង​គីឡូ​ទៀត ព្រោះ​មូលហេតុ​អ្វី​ទៅ? ថ្ងៃនេះ​ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ណែនាំ​នូវ​អត្ថបទ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ។

    1. គេង​មិន​គ្រប់ រាងកាយ​ទន់ខ្សោយ
    អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​ឃើញថាការដែល​គេង​មិន​គ្រប់គ្រាន់ មានការ​ហុច​ផល​ដល់​ការប្រើប្រាស់​កម្លាំង​រាងកាយ​ខ្សោយ​ជាង​ធម្មតា5% និង​ធ្វើឱ្យ​ប្រពន្ធ​រំលាយ​អាហារ​ធ្វើ​ការមិន​បានល្អ ហើយ​បណ្ដាលឱ្យ​បន្ទោ​បង់​មិន​ទៀង​ទាត់។ រាងកាយ​របស់​មនុស្ស​ត្រូវ​ប្រើប្រាស់​កម្លាំង​ធ្វើការ20% បើ​កើតមាន​អាការ​នឿយហត់ អស់កម្លាំង​ហើយ​នោះ បានសេចក្ដីថា រាងកាយ​របស់​អ្នក​ចុះ​ថាមពល​ហើយ។

    2. ការ​គេង​មិន​គ្រប់ ធ្វើឱ្យ​ញ៉ាំ​កាន់តែច្រើន
    ការស្រាវជ្រាវ​ទូទៅ​បានបញ្ជាក់​ឱ្យឃើញថា ប្រសិនបើ​អ្នក​គេង​មិន​គ្រប់គ្រាន់​ក្នុងមួយ​យប់ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ នោះ​នឹង​ធ្វើឱ្យ​រាងកាយ​អ្នកទន់ខ្សោយ និង​មាន​អារម្មណ៍​ចង់​ទទួលទាន​អាហារ​មក​បំពេញ​កម្លាំង​បន្ថែម។ យ៉ាង​ណាមិញ ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើការ​សាកល្បង​លើ​បុរស និង​ស្ត្រី ឱ្យ​គេង​តិច​ក្នុង​រយៈពេល4ម៉ោង​ប៉ុណ្ណោះ។ ការស្រាវជ្រាវ​នោះ បាន​រកឃើញថា នៅពេល​ព្រឹ​កឡើង ស្ត្រី​បានទទួល​ទាន​អាហារ​ច្រើន​លើស​ដើមរហូតដល់​លើស​កា​ឡួ​រី 329គីឡូ​កាឡូរី ក្នុងខណៈដែល​បុរស​បាន​ទទួលទាន​អាហារ​លើស​ត្រឹមតែ263គី​ឡួ​កាឡូរី (ស្ត្រី​ទទួលទាន​ច្រើនជាង​ពិតមែន) ។

    3. គេង​មិន​គ្រប់ បណ្ដាលឱ្យទទួលទានអាហារមាន​ជាតិ​ផ្អែម​លើស​ដើម
    ដោយសារតែ​រាងកាយ​ទទួល​បានការ​សម្រាក​មិន​គ្រប់គ្រាន់ រាងកាយ​និង​ធ្វើការ​ផ្លាស់-ប្ដូរ​អ័រម៉ូន ដែល​ហៅថា Ghrelin ដែលជា​អ័រម៉ូន​រំញោច​ឱ្យមាន​អារម្មណ៍​ថា​ឃ្លាន និង​ធ្វើឱ្យ​ចង់​ទទួលទាន​សារធាតុ​ផ្អែម​មក​បំពេញ។ ជាពិសេស​អាហារ​ដែល​ផលិត​ពី​ជាតិ​ស្ករ ដូចជា ទឹកក្រូច នំ​ផ្អែម ឬ​បង្អែម​ជាដើម។ កាលណា​រាងកាយ​ទទួលបាន​ជាតិ​ស្គរ​គ្រប់គ្រាន់​ហើយ​នោះ ទើប​បណ្ដាលឱ្យ​រាងកាយ​មាន​សភាព​ស្រស់ស្រាយ​ឡើងវិញ។

    4. គេង​មិន​គ្រប់គ្រាន់ រាងកាយ​នឹង​ឡើង​ជាតិ​ខ្លាញ់​លើស​ដើម
    ការ​គេង​មិន​គ្រប់គ្រាន់ អាច​បណ្ដាលឱ្យ​អ័រម៉ូន​ដុត​កំលោច​សារជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​ចុះខ្សោយ ធ្វើការ​មិនបាន​ប្រសើរ។ ក្រៅពី​អ័រម៉ូន​ខាងលើ Ghrelin បណ្ដាលឱ្យ​រាងកាយ​ឃ្លាន​អាហារ​ខ្លាំង​ហើយ​នោះ ការរំលាយ​អាហារ​នៅក្នុង​រាងកាយ​របស់​យើង​ក៏​នៅតែ​ដំណើរ​ការមិនសូវ​បានល្អ​ផងដែរ ជាហេតុ​នាំឱ្យ​ការដុត​កំលោច​ជាតិ​ខ្លាញ់​ក្នុង​រា​កាយ​ខុស​ប្រក្រតី​។

    5. គេង​មិន​គ្រប់គ្រាន់ មានឱកាស​ទទួលទាន​អាហារ​មិន​ទំនេរ
    ត្រង់ចំណុចនេះ អាច​ពន្យល់បាន​យ៉ាង​ងាយ​តែម្ដង ព្រោះនៅ​ខណៈដែល​យើង​នៅ​គេង​ពេលយប់​ជ្រៅ មិន​ប៉ុន្មាន​នាទី​នោះទេ ក្រពះ​របស់​យើង​និង​ឃ្លាន នោះ​ក៏​ដោយសារតែខួរក្បាល​នៅមាន​អារម្មណ៍​ថា ពេលវេលា​នោះ កំពុងតែ​ស្ថិត​នៅពេល​ថ្ងៃ​នៅឡើយ ជាហេតុ​ធ្វើឱ្យ​អ្នក​ចង់​ទទួលទាន​អាហារ​បន្ទាប់បន្សំ។ ម្យ៉ាងវិញទៀត កាលណា​ខួរ​នៅតែ​ធ្វើការ​ឥត​ឈប់សម្រាក នោះ​រាងកាយ​ក៏ត្រូវ​បាន​ស្រែក​ឃ្លាន អាហារ​ដើម្បី​បំពេញ​ថាមពល​ខួរក្បាល​ដូចគ្នា។ សរុបមក​ទង្វើ​បែបនេះ ហើយ​ដែល​បណ្ដាលឱ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន៕

  • បង្កើតទម្លាប់ល្អដើម្បីភាពស្រស់ស្អាតគ្រប់សមាជិកក្នុងគ្រួសារ

    បង្កើតទម្លាប់ល្អដើម្បីភាពស្រស់ស្អាតគ្រប់សមាជិកក្នុងគ្រួសារ

    មិនចាំបាច់ទាល់តែទៅស្វែងរកសេវាកម្មថែរក្សាសម្រស់ ក៏លោកអ្នកអាចទទួលបានភាពស្រស់ស្អាតដែរ ព្រោះថាការដែលលោកអ្នកមានទម្លាប់ល្អៗសម្រាប់អនុវត្តហើយនោះ ភាពស្រស់ស្អាតក៏ពិតជាមិនរត់ទៅណាដែរ។ កាន់តែពិសេសជាងនេះទៅទៀតនោះគឺ ប្រសិនបើអ្នកអាចធ្វើជាអ្នកដឹកនាំគ្រប់គ្នានៅក្នុងគ្រួសារ ឱ្យមានទម្លាប់ថែរក្សាភាពស្អាតឱ្យបានត្រឹមត្រូវដូចអ្នកដែរនោះ ធានាថាគ្រប់គ្នាពិតជាបានស្រស់ជាមិនខាន។ សូមចាំថាការអនុវត្តវិធីងាយៗនៅផ្ទះដោយខ្លួនឯងឱ្យបានញឹកញាប់ វានឹងក្លាយជាទម្លាប់ ហើយនៅពេលដែលគ្រប់គ្នានៅក្នុងគ្រួសារមានទម្លាប់ល្អហើយនោះសូមធានាថា ក្តីបារម្ភដែលទាក់ទងនឹងការថែរក្សាសម្រស់ក៏ពិតជាមិនអាចមករំខានអ្នកណាម្នាក់នៅក្នុងផ្ទះរបស់អ្នកបានទៀតឡើយ។

    ស្បែកស្អាតត្រូវចាប់ផ្តើមពីការសម្អាត : ការ សម្អាតស្បែកជាប្រចាំនាពេលព្រឹក និងពេលយប់ជាអ្វីដែលអ្នកត្រូវតែធ្វើឱ្យបានជាប់ជាប្រចាំ។ ក្នុងករណីដែលអ្នកចង់ឱ្យការសម្អាតផ្ទៃមុខរបស់អ្នក កាន់តែមានលក្ខណៈពិសេស និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់សម្រស់ស្បែករបស់អ្នកទៀតនោះ អ្នកអាចយកទឹកឃ្មុំបន្តិចលាយជាមួយទឹកដោះគោឆៅមួយស្លាបព្រា រួចយកវាទៅកំដៅ3-4វិនាទីក្នុងម៉ាស៊ីនមៃក្រូវេវ ហើយយកមកលាបឱ្យសព្វលើផ្ទៃមុខ និងក រួចលាងសម្អាតចេញជាមួយទឹកក្ដៅតិចៗជាការស្រេច។

    ចំហុយជាកូនសោបើកទ្វារនៃភាពស្រស់ស្រាយ : ចំហុយមុខរបស់អ្នកឱ្យបានម្ដងក្នុងមួយសប្ដាហ៍ដើម្បីសម្អាតជាតិពុល មុនក្បាលខ្មៅ និងស្នាមតូចៗចេញពីស្បែកមុខ។ ការបន្ថែមប្រេងផ្សេងៗឱ្យត្រូវទៅតាមប្រភេទស្បែករបស់អ្នក គឺជាការជួយឱ្យការចំហុយស្បែកមុខកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។ សូមចាំថា ការចំហុយស្បែកគឺជាវិធីដែលជួយឱ្យស្បែកមានភាពស្រស់ស្រាយ និងសុខភាពល្អជាប់ជានិច្ច។

    គ្រឿងម៉ាស្សានៅផ្ទះ : ការម៉ាស្សាសម្អាតស្បែកដោយប្រើផលិតផលដែលមានស្រាប់នៅក្នុងផ្ទះម្តង ឬពីរដងក្នុងមួយសប្តាហ៍គឺជាទម្លាប់ដ៏ប្រសើរមួយ ដែលអ្នកគួរតែនាំគ្នាអនុវត្ត។ គ្រាន់តែយកប្រេងអូលីវបន្តិចលាយជាមួយនឹងស្ករត្នោតបន្តិច ហើយយកមកត្រដុសថ្នមៗលើស្បែក រួចសម្អាតចេញដោយទឹកក្តៅឧណ្ហៗ ក្រោយមកបន្តិចកុំភ្លេចបិទរន្ធញើសរបស់អ្នកដោយការសាចទឹកត្រជាក់លើផ្ទៃមុខផង។ វិធីនេះនឹងចូលរួមចំណែកធ្វើការកម្ចាត់ និងសម្អាតស្បែកចាស់ៗចេញ ដើម្បីផ្តល់ឱកាសឱ្យស្បែកថ្មីបានបង្ហាញវត្តមាននៅលើផ្ទៃមុខរបស់អ្នក វិញជាមិនខាន។

    ចងចាំជានិច្ចថាស្បែកត្រូវមានសំណើម : ប្រេងបន្លែ ដូចជា ប្រេងអាល់ម៉ុនជាដើម ត្រូវបានគេទុកថាជាជំនួយការដ៏ល្អបំផុតក្នុងការនាំមកនូវសំណើមដល់ស្បែក និងកាត់បន្ថយស្នាមជ្រួញ។

    កុំបំភ្លេចម៉ាសជំនួយផ្ទៃមុខ : ការប្រើម៉ាសបិទមុខដែលអ្នកទិញមកស្រាប់ៗអាចនឹងធ្វើឱ្យស្បែករបស់អ្នកប្រឈមនឹងបញ្ហាផ្សេងៗ ហើយអ្នកក៏អាចនឹងត្រូវចំណាយប្រាក់ច្រើនបន្តិច ដូច្នេះប្រសិនបើអ្នកចង់ឱ្យមានភាពចំណេញ និងមិនមានក្តីបារម្ភទៀតនោះ សូមសាកល្បងនាំសមាជិកក្នុងគ្រួសារបិទម៉ាសដែលអ្នកធ្វើឡើងដោយខ្លួនឯង ដែលបានមកពីការផ្សំចូលគ្នានៃគ្រីមមួយស្លាបព្រា ចេកទុំកិនម៉ដ្ឋមួយផ្លែ និងវីតាមីនEមួយគ្រាប់។ លាបលើផ្ទៃមុខទុកចោលប្រហែលជា15នាទីសឹម សម្អាតចេញជាការស្រេច។

    ទាំងនេះសុទ្ធតែជាវិធីដែលអាចនាំអ្នក និងសមាជិកក្នុងគ្រួសាររបស់អ្នកទៅរកភាពស្រស់ស្អាត ប៉ុន្តែសូមចងចាំផងថា ក្រៅពីការធ្វើតាមវិធីទាំងនេះហើយនោះ លោកអ្នកក៏ត្រូវថែរក្សាស្បែក ដោយការលាបឡេការពារកម្តៅថ្ងៃឱ្យបានជាប្រចាំ កុំជក់បារី ត្រូវទទួលទានទឹកឱ្យបានគ្រប់គ្រាន់ មិនថាជាទឹកធម្មតា ឬទឹកបន្លែ ផ្លែឈើដែលចម្រាញ់ចេញពីផ្លែឈើស្រស់ៗនោះទេ៕

  • រដូវរងា ប្រេះ​បបូរមាត់ ស្ងួត​ចេញឈាម គួរ​អាន​អត្ថបទ​នេះ

    រដូវរងា ប្រេះ​បបូរមាត់ ស្ងួត​ចេញឈាម គួរ​អាន​អត្ថបទ​នេះ

    ស្នាមញញឹម​ស្រស់​អាស្រ័យ​លើ​បបូរមាត់​ដ៏​មាន​មន្ដ​ស្នេហ៍​របស់លោកអ្នក ជាពិសេស​សម្រាប់​សុភាពនារី។ បបូរមាត់​ស្រស់ មាន​សុខ​ភាពល្អ បង្កើន​នូវ​ភាព​ទាក់ទាញ​បាន​មួយកម្រិត។ កម្រ​មាន​អ្នក​ដែលមាន​បបូរមាត់​ស្អាត​ឥតខ្ចោះ ​ដោយ​ប្រាសចាក​ពី​ការថែរក្សាណាស់។ ជាពិសេស​នៅក្នុង​រដូវរងា​បែបនេះ បបូរមាត់ មនុស្ស​ភាគច្រើន​ជួប​តែ​បញ្ហា​ប្រេះ និង​មាន​អ្នក​ខ្លះទៀត​អាលែកហ្ស៊ី​ក៏មាន​ដែរ។ ការថែរក្សា​មាន​វិធី​ជាច្រើន​ផ្សេងទៀត ដែល​ទាមទារ​ឱ្យ​លោកអ្នក​អនុវត្ដ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​លើកយក​នូ​វគ​ន្លឹះខ្លះៗក្នុងការ​ថែរក្សា​បបូរ​មាត់​មិនឱ្យ​ប្រេះ​ក្នុង​រដូវរងា​នេះ។

    1. វិធី​ថែទាំ​បបូរមាត់​ឱ្យ​ស្រស់ស្អាត
    ស្រទាប់​បបូរមាត់ គឺជា​ច្រក​ខាងក្រៅ​របស់​មាត់។ បបូរមាត់ និង​មាត់​ផ្សារភ្ជាប់​គ្នា ផ្អែក​ទៅខាង​ក្នុង​ជាប់​នឹង​ធ្មេញ។ នៅលើ​បបូរមាត់​មាន​ស្រទាប់​ស្បែក​ស្ដើង​ដែល​ងាយ​រង​នូវ​ប្រតិកម្មផ្សេងៗ តាមរយៈ​ចំណីអាហារ​ដែល​បរិភោគ​ប្រចាំថ្ងៃ និង​ការប្រើប្រាស់ក្រែ​ម​សម្រាប់​លាប​បបូរមាត់។ ដើម្បី​ថែរក្សា​បបូរមាត់​ឱ្យមាន​សុខភាព​ល្អ អ្នកនាង​កញ្ញា​គួរ​ជ្រើសរើស​ការទទួល​ទាន​ទឹក បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​ជាប្រចាំ។ សូម​ចៀសវាង​នូវ​ប្រការ​មួយចំនួន។

    ដើម្បី​ថែរក្សា​បបូរមាត់​ឱ្យ​ស្អាត កុំ​ឧស្សាហ៍​លិទ្ធ​បបូរមាត់​ញឹកញាប់​ពេក ព្រោះ​ជាតិ​អាស៊ីត​នៅក្នុង​ទឹកមាត់​អាចធ្វើឱ្យ​បបូរមាត់​ស្ងួត និង​ប្រេះបាន។ មុននឹង​សម្រេច​ចិ​ត្ដ​ប្រើប្រាស់​ក្រែ​ម​សម្រាប់​លាប​បបូរមាត់​ប្រភេទណាមួយ ត្រូវ​ពិនិត្យ​ឱ្យបាន​ដិតដល់ ព្រោះ​បើ​ការជ្រើសរើស​ក្រែ​ម​មិន​បានល្អ អាចធ្វើឱ្យ​បបូរមាត់​ខូច​បាន ដូចជា ​ធ្វើឱ្យ​បបូរមាត់​ប្រេះ ខ្មៅ ស្រអាប់​ជាដើម។ សុភាពនារី​ទាំងអស់​មិនគួរ​ប្រើ​ក្រែ​ម​ដែល​ស្ងួត​ពេក​ទេ ព្រោះ​មើលទៅ​ដូចជា​បបូរមាត់​ដែលមាន​ជំងឺក្រៀម​ខ្សោះ​ខ្វះ​ជីវជាតិ​ដូច្នេះដែរ។ ទម្លាប់​ផ្លាស់ប្ដូរ​ពណ៌​ក្រែ​ម​លាប​បបូរមាត់​ញឹកញាប់ និង​ការ​លាប​ហើយ​ជូត​ចេញ រួច​លាប​ទៀត​ច្រើនដង​ក្នុង​មួយថ្ងៃ ក៏​អាចធ្វើឱ្យ​បបូរមាត់​មាន​បញ្ហា​ដែរ។

    2. ការព្យាបាល​បបូរមាត់​ប្រេះ ឬ​ប្រេះ​មាន​ឈាម
    រដូវ​ធ្លាក់​ខ្យល់​ចូលមក​ដល់​ភ្លាម​បបូរមាត់​អាច​ប្រែ​សភាព​ទៅជា​ស្ងួត ប្រេះមានការ​ឈឺចាប់ ឬ​ហូរឈាមតិចៗ។ តើ​មាន​វិធី​អ្វី​អាច​ការពារ ឬ​ព្យាបាល​បបូរមាត់​ស្ងួត​ប្រេះ​បាន​ទៅ? អស់​ក្ដីកង្វល់​ទៀតហើយ យើង​សូម​បង្ហាញ​ប​រូបមន្ត​ធម្មជាតិ3យ៉ាង ដែលមាន​សុវត្ថិភាព​ក្នុងការ​ព្យាបាល​បញ្ហា​បបូរមាត់​ឱ្យ​ជា​សះ​ស្បើ​យឆាប់រហ័ស​បំផុត។

    *ប្រេងដូង៖ ប្រេងដូង គឺជា​អាហារ​ដែលមាន​សុវត្ថិភាព និង​មាន​សមត្ថភាព​បំផុត​ក្នុងការ​ព្យាបាល​បបូរមាត់​ដែល​ប្រេះ​ចេញឈាម។ ផលិតផល​ធម្មជាតិ​មួយ​ប្រភេទ​នេះ​អាចជួយ​ផ្តល់​សំណើម​ដល់​បបូរមាត់ និង​ឱ្យ​បបូរមាត់​ទន់​រលោង។

    របៀប​ប្រើ៖ អ្នក​គ្រាន់តែ​យក​ប្រេងដូង​បន្តិច​មក​លាប​នៅលើ​បបូរមាត់​ជា​រៀងរាល់​ព្រឹក និង​ល្ងាច (មិនចាំបាច់​លាង​ចេញ​ទេ)។

    **ទឹកឃ្មុំ៖ ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់​ថា គឺជា​ឱសថ​ដ៏​ពូកែ​សម្រាប់​ដោះស្រាយ​បញ្ហា​បបូរមាត់​ប្រេះ។ ទឹកឃ្មុំ អាចជួយ​បង្កើនល្បឿន​នៃ​ការព្យាបាល និង​ជួយផ្តល់​សំណើម​ឱ្យ​បបូរមាត់​របស់​អ្នក​ផងដែរ។ មិនតែប៉ុណ្ណោះ​បបូរមាត់​នឹងមាន​ពណ៌​ផ្កា​ឈូក ប្រសិនបើ​ប្រើប្រាស់​រាល់ថ្ងៃ។

    របៀប​ប្រើ៖ យក​ទឹកឃ្មុំបន្តិច​លាប​ដោយផ្ទាល់​ទៅលើ​បបូរមាត់ ហើយ​ទុក​យ៉ាងហោចណាស់​រយ:ពេល15នាទី ទើប​លាង​សម្អាត​ដោយ​ទឹក​ធម្មតា។ អ្នក​ត្រូវអនុវត្ត​ជា​រៀងរាល់ថ្ងៃ ទើប​បញ្ហា​បបូរមាត់​ប្រេះ​ចេញឈាម​ឆាប់​បាត់​ទៅវិញ។

    ***ទឹកដោះគោ​យ៉ា​អួ៖ ទឹកដោះគោ​ជូរ គឺជា​ឱសថ​ផ្តល់​សំណើម​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​បបូរមាត់​ស្ងួត។ ម្យ៉ាងវិញទៀត​អ្នក​អាច​ប្រើ​ផ្តា​កុលាប​ពីរ​បី​ស្រទាប់​ទៅ​ត្រាំ​នៅក្នុង​ទឹកដោះគោ​ឱ្យបាន​ពីរ​ទៅ​បី​ម៉ោង គឺ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល។

    របៀប​ប្រើ៖ លាប​ទឹកដោះគោ​យ៉ាង​អួសុទ្ធ ឬ​ទឹកដោះគោ​ដែល​ត្រាំ​ផ្តា​កុលាប​នៅលើ​បបូរមាត់ ហើយ​ទុក​ឱ្យស្ងួត​រយៈពេល15នាទី។ បន្ទាប់មក​ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ធម្មតា ប៉ុន្តែ​អ្នក​ត្រូវអនុវត្ត​ជា​រៀងរាល់ថ្ងៃ​ទើប​បបូរ​មាត់ស្ងួត​ឆាប់​ជាសះស្បើយ។

    ក្រៅពី​អនុវត្ត​រូ​បមន្ត​ខាងលើ​នេះហើយ អ្នក​កុំ​ភ្លេច​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន រួមទាំង​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C ដូចជា​ផ្លែក្រូច​ពោធិ៍សាត់ជាដើម។ មិនតែប៉ុណ្ណោះ​កុំ​ព្យាយាម​លិទ្ធ​បបូរមាត់​ខ្លួនឯង កុំ​ប្រើ​ក្រែ​ម​ពណ៌ពេល​ប្រេះបបូរមាត់ និង​ហាម​ជក់បារី​ផងដែរ៕

  • នាំសមាជិកក្នុងគ្រួសារហាត់ប្រាណដើម្បីរាងស្អាត

    នាំសមាជិកក្នុងគ្រួសារហាត់ប្រាណដើម្បីរាងស្អាត

    ចង់ឱ្យគ្រប់គ្នានៅក្នុងគ្រួសារមានសុខភាពល្អរាងស្អាតស្រស់សង្ហាទាំងអស់មែនទេ? ដូច្នេះហើយបានជាម្នាក់ៗ ជាពិសេស ស្ត្រីយើងតែម្តងតែងតែខិតខំចម្រាញ់យកតែអាហារណាដែល មានរសជាតិឆ្ងាញ់ មានប្រយោជន៍ចំពោះសុខភាព តែទន្ទឹមនឹងការហូបចុកល្អ មានអនាម័យហើយនោះលោកអ្នកក៏មិនត្រូវភ្លេចបបួលគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាពដែរ ជាពិសេសគឺដើម្បីសម្រកខ្លាញ់ដែលលើសកំណត់នៅក្នុង រាងកាយចេញឱ្យអស់។ មានលំហាត់ប្រាណច្រើនយ៉ាងណាស់ដែលអាចឱ្យអ្នកធ្វើជុំគ្នាដើម្បីសម្រកខ្លាញ់ ហើយវិធីទាំងនោះមានដូចជា៖

    ជិះ​កង់ : មិន​ពិបាក​នោះទេ ឱ្យតែ​មាន​កង់ ចង់​ជិះ​ពេលណា​ក៏បាន ឌុប​គ្នា​ម្តងម្នាក់​ក៏​ចាត់ទុកថា​ជាការ​ហាត់ប្រាណ​ម្នាក់​ម្តង​ដែរ។ ជិះ​កង់​បណ្តើរ​ជជែក​គ្នា​លេង​បណ្តើរ លេងៗរយៈពេល​កន្លះ​ម៉ោង​ក៏​កន្លងផុតទៅ​បាត់ទៅហើយ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​ពេលវេលា​នៃ​ការហាត់​ប្រាណ​ក៏​អាច​ចាត់ទុកថា​គ្រប់គ្រាន់​ទៅហើយ​សម្រាប់​ថ្ងៃនេះ។

    ហែល​ទឹក : ចាត់ទុកថា​ជា​កីឡា​ដែលមាន​ភាពទាន់សម័យ និង​ពេញនិយម​បំផុត​សម្រាប់ មនុស្ស​សម័យនេះ ហើយ​អ្វីដែល​សំខាន់​ជាង នេះទៀត​នោះ​គឺ កីឡា​ប្រភេទ​នេះ មិន​ធ្វើឱ្យ​អ្នក​បារម្ភ​ខ្លាច​ថា​មាន​ញើស​ដែលនាំឱ្យ​មាន​ក្លិន​មិនល្អ​ភាយ​ដាក់​អ្នកផ្សេង​នោះទេ ព្រោះ​នៅក្នុង​ទឹក​ត្រជាក់​ស្រួល​បំផុត​ហើយ។

    ដើរ : មិនចាំបាច់​ត្រូវ​ស្វែងរក​ឧបករណ៍​អី​នោះ ទេ ប្រើតែ​ជើង​ទាំងពីរ​របស់​អ្នក​ក៏​អាចធ្វើឱ្យ​អ្នក និង​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​ កម្ចាត់​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​រាងកាយ​បានដែរ។ នាំ​សមាជិក​នៅក្នុង​គ្រួសារ​របស់​អ្នក​ដើរទៅ​ជាមួយគ្នា​អ្នកនឹង​ទទួលបាន​ទាំង​ការសម្រក​ទម្ងន់ និង​ចំណង​សុភមង្គល ​នៅក្នុង​គ្រួសារ​ថែមទៀត​ផង។

    រត់ : វា​ខុសពី​ការដើរ​ត្រង់​ថា អ្នក​ត្រូវ​ចំណាយ​កម្លាំង​ច្រើនជាង ត្រូវ​មានការ​តាំងចិត្ត​ច្រើនជាង​ខុសពី​ការដើរ​ដែល​អ្នក​អាចធ្វើ​វាលេងៗក៏បាន ប៉ុន្តែ​យ៉ាងណា​លទ្ធផល​ដែល​អ្នកទទួលបាន​ក៏​វា​រហ័ស​ជាង​ការដើរលេងៗដែរ។

    ម៉ាស៊ីន​រត់​ហាត់ប្រាណ : អាច​សម្រក​ទម្ងន់ ដោយ​មិនចាំបាច់​ទៅណា​ឆ្ងាយ រត់​តែមួយ​កន្លែង​ក៏​អាច​ចេញ​ញើស មិនត្រូវ​ការ​រើស​ទីតាំង ឬ​ចំងាយ​ដែល​ត្រូវ​រត់​នោះទេ ទាំងអស់នេះ​គឺជា​ភាពងាយស្រួល​នៃ​ការ​សម្រក​ទម្ងន់​ដោយ​ការ រត់​លើ​ម៉ាស៊ីន។ ក្រៅពី​សកម្មភាព​ហាត់ប្រាណ​ទាំងនេះអ្នក​ក៏​អាច​ជ្រើសរើស​លេង​កីឡាផ្សេងៗដូចជា វាយ​សី លោតអន្ទាក់ និង​ធ្វើ​ការងារ​ក្នុង​សួន​ជាដើម សុទ្ធសឹងតែ​ជា​កីឡា និង​ការងារ​ដែល​អ្នក​អាច​លេង​ជាមួយ​សមាជិក​ក្នុង​គ្រួសារ ដើម្បី​ទទួល បាន​នូវ​ប្រយោជន៍​មួយ​ផ្សេងទៀត​គឺ ការ​សម្រក​ទម្ងន់៕

  • 7 អៃ​ឌៀ​ក្នុងការ​តុបតែង​បន្ទប់​អា​ផាត​មិន

    7 អៃ​ឌៀ​ក្នុងការ​តុបតែង​បន្ទប់​អា​ផាត​មិន

    1. សិល្បៈ​ក្នុង​ស្ទីល​អា​ផាត​មិន


    អៃ​ឌៀ​ការតុបតែង​បន្ទប់​អា​ផាត​មិន​ទំហំ​តូច​អាច​ស្ថិត​លើ​មូលដ្ឋានគ្រឹះ​នៃ​ចំនួន​ប្រាក់​ដែលមាន​កំណត់ តែ​យើង​អាច​បញ្ចូល​គំនិត​ច្នៃប្រឌិត​បាន ដូចជា​ ការប្រើ​រូបភាព​ខ្មៅ-សបិទ​ដោយ​ស្កុ​ត​មុខ​ពីរ​ដែល​អាច​បក​វិញ​បាន​ដោយ​មិន​បន្សល់​ស្លាកស្នាម​មក​តុបតែង​លម្អ​ជញ្ជាំង​បន្ទប់ ក៏​ជា​អៃ​ឌៀ​ដ៏​ល្អ​មួយ​ដែរ។

    2. ធ្នើ​ដាក់​សម្ភារ​បែប​វៃឆ្លាត

    Processed with VSCO with f1 preset

    ដោយសារតែ​បន្ទប់​ជួល ឬ​អា​ផាត​មិន​អាចមាន​ទីធ្លា​កំណត់ និង​មិនមាន​គ្រឿងសង្ហារិម​ត្រៀម​ទុក​សម្រាប់​ឱ្យ​យើង​ទុកដាក់​ឥ​វ៉ាន់​តាម​ដែល​យើង​ត្រូវការ​ឡើយ ដូច្នេះ​ការជ្រើសរើស​ប្រើប្រាស់​ធ្នើរ​ដាក់​សម្ភារ​បែប​វៃឆ្លាត​ក៏​ជា​អៃ​ឌៀ​មួយ​ដែល​ ឡា​រ៉ែ​ន​ ចង់​ណែនាំ​ដែរ។

    3. តុបតែង​បង្អួច


    កុំ​ទុកឱ្យ​បង្អួច​បន្ទប់​ទំនេរ​ចោល អាច​ជ្រើសរើស​ក្រណាត់​វាំងននស្អាតៗមក​បំពាក់​តុបតែង​បន្ទប់ ឬ DIY វាំងនន​មក​តុបតែង​បន្ថែម​ភាពស្រស់ស្អាត និង​បរិយាកាស​ក្នុង​បន្ទប់​ឱ្យ​កាន់តែ​គួរឱ្យ​ចង់​ស្នាក់នៅ​ខ្លាំង​ឡើង។

    4. លាប​ពណ៌​លម្អ​ដោយ​ខ្លួនឯង


    ការ​លាប​ពណ៌​ជញ្ជាំង​បន្ទប់​ជា​ចំណុច​ហាមឃាត់ និង​ជា​ច្បាប់​ទូទៅ​មួយ​ដែល​អ្នក​ជួល​ត្រូវ​ប្រតិបត្តិ​តាម ដូច្នេះ​នៅពេល​លាប​ពណ៌​ជញ្ជាំង​បន្ទប់​មិនបាន ក៏​ប្ដូរ​មក​លាប​ពណ៌​គ្រឿងសង្ហារិម​របស់​យើង​ឱ្យ​ស៊ីគ្នា​នឹង​ពណ៌​ជញ្ជាំង​បន្ទប់​វិញ​ក៏បាន។

    5. ប្រើ​ផ្ទាំង​កញ្ចក់​តុ​ប​តែង​លម្អ


    នៅក្នុង​ទីកន្លែង​ដែលមាន​ទំហំ​តូច កញ្ចក់​គឺជា​តិច​និក​សំខាន់​មួយ​ដែល​នឹង​ជួយ​ធ្វើឱ្យ​បន្ទប់​មើលទៅ​រាង​ស្រឡះ​ទូលាយ​ឡើង​បាន ដោយ​អ្នក​គួរ​ជ្រើសរើស​ព្យួរ​ផ្ទាំង​កញ្ចក់​ធំ​មួយ​នៅក្នុង​បន្ទប់​ក្នុង​ទីតាំង​ដែល​ស័ក្តិសម​បំផុត​ ដើម្បីឱ្យ​រូបភាព​ដែល​ឆ្លុះ​ឃើញ​នៅក្នុង​កញ្ចក់​ជួយ​ធ្វើឱ្យ​បន្ទប់​មើលទៅ​រាង​ធំ​ទូលាយ​ឡើង។

    6. សម្រួល​ឱ្យ​ទូរទស្សន៍​ទៅ​នៅជាប់​នឹង​ជញ្ជាំង


    ជា​ប្រក្រតី អ្នក​អាចដាក់​ទូរទស្សន៍​នៅលើ​តុ ឬ​ក្នុង​ទូ​ថ្នាក់​ទូទៅ​បាន ដែល​ធ្វើឱ្យ​ស៊ី​ទីកន្លែង​អស់​មួយផ្នែក ដូច្នេះ​ការយក​ទូរទស្ស​ន៍​មក​បំពាក់​ជាប់​នៅលើ​ជញ្ជាំង នឹង​ជួយ​សន្សំសំចៃ​ទីកន្លែងហើយ​យើង​ថែមទាំង​អាចដាក់​វត្ថុ​តុបតែង​លម្អផ្សេងៗនៅ​ពីក្រោម​ទូរទស្សន៍​បាន​ទៀតផង។

    7. នាំ​ធម្មជាតិ​ចូលមកក្នុង​បន្ទប់


    នៅតែ​ជា​វិធី​ការ​មួយ​ដែល​ចង់​ណែនាំ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​តុបតែង​ផ្ទះ ព្រោះ​ការនាំយក​ធម្មជាតិ ឬ​ពណ៌​បៃតង​ចូលមក​តុបតែង​ខាងក្នុង​បន្ទប់ ដែល​យើង​អាច​ប្រើ​បាន​ទាំង​វត្ថុ​តុបតែងល្អៗ ដើម​ផ្កា ស្រោមពូក ស្រោមខ្នើយ​ដែលមាន​រូប​ធម្មជាតិ​នៅតែ​ធ្វើឱ្យ​បន្ទប់​ដ៏​តូច​មួយ​នោះ​គួរឱ្យ​ចង់​ស្នាក់នៅ​ជានិច្ច៕