Author: ធឿន មករា

  • គម្រោង GOLD TOWER 42 នឹង​បញ្ចប់​សំណង់​អគារ​ទាំងស្រុង​នៅ​ដើមឆ្នាំ2020

    គម្រោង GOLD TOWER 42 នឹង​បញ្ចប់​សំណង់​អគារ​ទាំងស្រុង​នៅ​ដើមឆ្នាំ2020

    គ្រោង​អគារ Gold Tower 42ជាន់​បានបញ្ចប់​ការសាងសង់​ហើយ​កាលពី​ចុងខែមករា) បន្ទាប់ពី​សំណង់​អគារ​មួយ​នេះ​ត្រូវបាន​ពន្យារពេល​សាងសង់​បន្ត​អស់​ជាច្រើន​ឆ្នាំកន្លងមក។

    ក្រុមហ៊ុន Yon Woo Cambodia ដែលជា​ក្រុមហ៊ុន​កាន់កាប់​អគារ Gold Tower 42ជាន់​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែវិច្ឆិកា ឆ្នាំ2017 កន្លងទៅ​ជាមួយ​ក្រុមហ៊ុន Shenzhen Hongtao Co.,Ltd និង​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin ក្នុងការ​ទទួលខុសត្រូវ​បញ្ចប់​គម្រោង​នេះ។

    សំណង់​អគារ 42ជាន់ ស្ថិតនៅ​ចំ​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ត្រង់ចំណុច​ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះសីហនុ។ គម្រោង​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ2008 ហើយ​បាន​ពន្យារពេល 3ដង​មកហើយ ពោលគឺ ម្តង​នៅក្នុង​ឆ្នាំ2009 ដោយសារតែ​វិបត្តិ​ហិរញ្ញវត្ថុ​សកល និង​ម្តងទៀត​នៅ​ឆ្នាំ2012។ បន្ទាប់មក​សំណង់​នេះ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ2013 ក្រោយមក​បាន​បញ្ឈប់​ទៅវិញ​ម្តងទៀត​នៅ​ឆ្នាំ2017។

    ក្រុមហ៊ុន Yon Woo Cambodia ធ្លាប់បាន​ប្រកាស​កាលពី​ឆ្នាំ2018 ថា សំណង់​អគារ 42ជាន់​នេះ​បាន​ចំណាយ​ទុនវិនិយោគ​អស់​ប្រមាណ​ជា100លាន​ដុល្លារ​អាមេរិក​រួចមកហើយ ហើយ​ទឹកប្រាក់​ជាង 140លាន​ដុល្លារ​អាមេរិក​ទៀត​នឹងត្រូវ​វិនិយោគ​បន្ថែម​ដើម្បី​បញ្ចប់​គម្រោង​ទាំងមូល។

    ដោយឡែក​នៅ​ថ្ងៃទី28 ខែមករា​កន្លងមកថ្មីៗនេះ គម្រោង​សាងសង់ Gold Tower 42ជាន់​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin (ខេ​ម​បូ​ឌា)បានធ្វើការ​បញ្ចប់​គ្រោង​អគារ​នេះ​ជា​ផ្លូវការ​ហើយ។

    លោក Liu Nianxin ប្រធាន​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin (ខេ​ម​បូ​ឌា) Co., Ltd​ បាន​ថ្លែងថា គម្រោង​អគារ​ដ៏​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ​ត្រូវបាន​ចុះកិច្ចសន្យា​ដោយ​ក្រុមហ៊ុន Hongtao Weimin ដែលមាន​ការខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ជាមួយ​ដៃគូ​សហការ​ទាំងអស់នោះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​នៃ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន Hongtao និង​ស្ថាបត្យកម្ម​របស់​ម៉ា​កាវ Weimin ដែល​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​ទីផ្សារ​តុបតែង​ស្ថាបត្យកម្ម​ខ្ពស់បំផុត​នៅ​អាស៊ីអាគ្នេយ៍។

    លោក Liu បាន​លើកឡើងថា៖“វា​មាន​សារៈសំខាន់​ណាស់ ដែល​ក្នុងនាម​ជា​អ្នកម៉ៅការ​ទូទៅ យើង​មាន​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់ក្នុងការ​ចូលរួម​សាងសង់ និង​អភិវឌ្ឍ​ទីក្រុង​របស់​ប្រទេស​កម្ពុជា​ឱ្យមាន​ភាពរឹងមាំ និង​ទំនុកចិត្ត​គ្រប់គ្រាន់​ក្នុង​ការកសាង​បញ្ចប់​គម្រោង​ប្រកបដោយ​គុណភាព​នៅ​អាស៊ីអាគ្នេយ៍ និង​នៅ​ជុំវិញ​ពិភពលោក ដើម្បី​រួមចំណែក​ដល់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​ការផ្លាស់ប្តូរ​រវាង​ទំនាក់ទំនង​ចិន និង​កម្ពុជា​ផងដែរ។

    លោក Liu ថ្លែងថា ឆ្នាំ2019 ទើប​ចូល​មកដល់ ហើយ​អគារ​របស់​យើង​បានបញ្ចប់​ការសាងសង់ គឺជា​រឿង​ល្អ​មួយ​ដែល​បង្ហាញ​ពី​ចំណងមិត្តភាព​ចិន កូរ៉េ និង​កម្ពុជា។ លោក​បាន​បញ្ជាក់ថា៖“យើង​បាន​ដំណើរការ​សាងសង់​នៅ​ខែមីនា ឆ្នាំ2018 ហើយ​ត្រឹមតែ​រយៈពេល 10ខែ​ប៉ុណ្ណោះ យើង​បានបញ្ចប់​គ្រោង​អគារ​ទាំងមូល ហើយ​នៅពេលនេះ​ជញ្ជាំង​របស់​អគារ​ត្រូវបាន​សាងសង់​បាន​ពាក់កណ្តាល​ហើយ វា​មាន​ល្បឿន​លឿន​ក្នុងការ​សាងសង់ និង​ថែមទាំង​បង្ហាញ​ពី​សមត្ថភាព​នៃ​ការសាងសង់​ផងដែរ”។

    លោក Liu បាន​បន្តថា៖“យើង​កំពុងតែធ្វើការ​តុបតែង​ផ្ទៃ​ខាងក្នុង​អគារ ការតុបតែង​របស់​យើង​នឹង​ស្របតាម​ស្តង់ដារ យើងខ្ញុំ​នឹង​បញ្ចប់​ជញ្ជាំង​ខាងក្រោយ​នៅ​ខែមិថុនា ហើយ​ក្នុង​ឆ្នាំ2019 យើង​នឹង​បញ្ចប់​សំណង់​អគារ​ទាំងមូល រួច​ប្រគល់ជូន​អតិថិជន”។

    ឯកឧត្តម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ក្នុង​ពិធី​បញ្ចប់​គម្រោង​សាងសង់​នេះ​ថា បើទោះបីជា​គ្រោង​អគារ Gold Tower 42 នេះ​បាន​ផ្អាក​ការសាងសង់​នៅ​ចុងឆ្នាំ2010 រហូតដល់​ឆ្នាំ2018ក្ដី ក៏​ក្នុង​រយៈពេល​ផ្អាក​នេះ ក្រសួង​បាន​ចុះមក​ពិនិត្យ​ការដ្ឋាន​ទូទៅ ក្នុង 1ឆ្នាំ​ពី 2ទៅ3ដង​ដែរ លើ​សុវត្ថិភាព និង​ណែនាំ​ឱ្យ​បន្ត​ការសាងសង់។

    ឯកឧត្តម​បន្តថា ក្រសួង​ក៏​តែងតែ​ជួយ​សម្របសម្រួល​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រសួងផ្សេងៗ និង​រដ្ឋាភិបាល​ដើម្បី​ជួយ​រក​ដៃគូ​មក​អភិវឌ្ឍ។ នៅពេលនោះ ក្រុមហ៊ុន Yon Woo Cambodia បាន​ចាប់​ដៃគូ​ជាមួយ​ចិន​ក្នុង​ការបន្ត​សាងសង់ គឺ​មកទល់ពេលនេះ​បានបញ្ចប់​គ្រោង​អគារ​ទាំងស្រុង​ហើយ។

    ឯកឧត្តម មុន្នី​រិ​ទ្ធ បញ្ជាក់ថា៖“ខ្ញុំ​ជឿជាក់ថា គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ និង​ផ្តល់​មុខមាត់​ដល់​ប្រទេស​កម្ពុជា ក៏ដូចជា​ជនរួមជាតិ​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ”។

    ឯកឧត្តម បានបញ្ជាក់​ទៀតថា ជា​រៀងរាល់ឆ្នាំ យើង​តែងតែមាន​គម្រោងធំៗជាច្រើន ជាក់ស្តែង​នៅ​ដើមឆ្នាំ2019 យើង​មាន​គម្រោង​មួយចំនួន​ដែលមាន​កម្ពស់ខ្ពស់ៗ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ និង​គម្រោង​មួយទៀត​ដែលមាន​កម្ពស់​ជាង 44ជាន់​នៅក្នុង​តំបន់​ជ្រោយចង្វារ​ដោយ​ក្រុមហ៊ុន​ពហុមុខ​ងារ​រប​ស់​ប្រទេស​ចិន។
    ឯកឧត្តម មុន្នី​រិ​ទ្ធ បន្តថា៖“ការងារ​បញ្ចប់​គ្រោង​
    អគារ​មួយ​នេះ​ក្រសួង​តែងតែ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ធ្វើតាម​ស្តង់ដារ​បច្ចេកទេស និង​ជំរុញ​ឱ្យ​បញ្ចប់​តាម​ការប្រកាស​ឱ្យ​កាន់តែ​ឆាប់ ព្រោះ​នៅពេល​អគារ​នេះ​បញ្ចប់ វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច ហើយ​ខ្ញុំ​អាច​បញ្ជាក់បាន​ថា ដោយសារ​ការសហការ​នេះ គម្រោង​នេះ នឹង​ទទួលបាន​ជោគជ័យ ហើយ​អ្វីដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​នៅពេលនេះ គឺ​បញ្ចប់​ការតុបតែង​ខាងក្នុង”។

    សូម​រំឭកថា គម្រោង​អគារ Gold Tower ស្ថិតនៅ​ចំ​កណ្ដាល​តំបន់​ដ៏​មមាញឹក​នៃ​រាជធានី​ភ្នំពេញ គឺជា​គម្រោង​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​សហគ្រាស​នៅ​ក្រុង Shenzhen និង​ម៉ា​កាវ​ដើម្បី​ចូលរួម​ក្នុងការ​សាងសង់ និង​អភិវឌ្ឍ​រាជធានី​របស់​ប្រទេស​កម្ពុជា។

    បន្ទាប់ពី​បញ្ចប់​គម្រោង​អគារ​ដែលមាន​កម្ពស់​ខ្ពស់ជាង 200ម៉ែត្រ និង​មាន​ចំនួន 42ជាន់​នេះហើយ អគារ​នេះ គឺជា​អគារ​ដ៏​ខ្ពស់​មួយ​ដែល​រួមបញ្ចូល​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការិយាល័យ និង​លំនៅ​ឋាន​នៅក្នុង​ទីតាំង​តែមួយ ហើយ​អគារ​នេះ​មាន​ក្រឡា​ផ្ទៃ​សរុប​ទំហំ 129,300ម៉ែត្រការ៉េ។ បន្ទាប់ពី​បានបញ្ចប់​គ្រោង​អគារ​ហើយ គម្រោង​នេះ​នឹងត្រូវ​បានកំណត់ នឹង​ព​ន្លឿ​ន​ការវិនិយោគ​យ៉ាង​ទូលំទូលាយ​បន្ថែមទៀត​ក្នុងការ​សាងសង់​ជញ្ជាំង​កញ្ចក់ បំពាក់​គ្រឿង​បរិក្ខារ​អគ្គិសនី និង​ស្ថាបត្យកម្ម​តុបតែង​ផ្នែក​ខាងក្នុង ដោយ​នឹងត្រូវ​បញ្ចប់​ការសាងសង់​គម្រោង​នេះ​ជា​ស្ថាពរ​នៅ​ដើមឆ្នាំ2020៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 161

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 161

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/02/LRPN_161-Final-For-Web.pdf” force_dl=”1″]

  • ខ្លាច​យុវជន​យល់​ច្រឡំ​ថ្ងៃ​នៃ​សេចក្តី​ស្រឡាញ់​ថា​ជា​ថ្ងៃបុណ្យ​សង្សារ​ ​ក្រសួង​អប់រំ​ចេញ​សេចក្តី​ណែនាំ​ទប់ស្កាត់​បញ្ហា​

    ខ្លាច​យុវជន​យល់​ច្រឡំ​ថ្ងៃ​នៃ​សេចក្តី​ស្រឡាញ់​ថា​ជា​ថ្ងៃបុណ្យ​សង្សារ​ ​ក្រសួង​អប់រំ​ចេញ​សេចក្តី​ណែនាំ​ទប់ស្កាត់​បញ្ហា​

    រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​រាល់​ថ្ងៃទី14កុម្ភៈ បាន​ក្លាយជា​ថ្ងៃ​ភ័យ​ផង​អរ​ផង​ចំពោះ​ប្រជាជន​ខ្មែរ​នៅ​ទូទាំងប្រទេស ជាពិសេស​គ្រួសារ​ដែលមានកូនស្រី ព្រោះ​មាន​បញ្ហា​ជាច្រើន​កើតឡើង​ចំពោះ​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ដែល​កើតចេញពី​ការយល់​ខុសថា​វា​ជា​ទិវា​បុណ្យ​សង្សារ ឬ​ជា​ពេលវេលា​ក្នុងការ​ប្រគល់​ខ្លួនប្រាណឱ្យសង្សារ​ជាដើម។

    ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ចំពោះ​យុវវ័យ ក្រសួងអប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2019 នេះ​បានចេញ​សេចក្តីណែនាំ​ស្តីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន។ នៅក្នុង​សេចក្តីណែនាំ​នោះបាន​បញ្ជាក់ថា​ក្រសួង​អប់រំ សង្កេតឃើញថា​ជា​រៀងរាល់ឆ្នាំនៅ​ថ្ងៃទី14 ខែកុម្ភៈ ដែលជា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ ជា​ថ្ងៃមួយ​ដែលសិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា ថ្ងៃនេះ​ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជាថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍។ ទិវា​នេះ​ពុំមែន​ជា​បុណ្យប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង​ទេ ហើយ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទិវា​នៃ​ក្តី​ស្រឡាញ់​កាន់តែ​មាន​ឥទ្ធិពល​ធំឡើងៗ ធ្វើឱ្យ​យុវវ័យ​ភ្លើតភ្លើនភ្លេច​ការសិក្សា​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិ​ដ៏​ផូរផង់​របស់​ខ្មែរ​ទៀតផង។

    ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថានសាធារណៈ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើ​ការណែនាំ​ស្តីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅតាម​គ្រឹះស្ថានសាធារណៈ និង​ឯកជន​ដូចជា ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា​តាម​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ​កុំ​ឱ្យមាន​ការយល់​ខុសពី​អត្ថន័យ​នៃ​ក្តី​ស្រឡាញ់។ ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ។ ត្រូវ​ជំរុញ​ដំណើរ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព “មិត្ត​អប់រំ​មិត្ត” និង​ត្រូវ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស​សហគមន៍​ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការគ្នា​អប់រំ​ណែនាំ​កែលម្អ​សិស្សានុសិស្ស​បាន​ទាន់ពេលវេលា៕

  • ឧបករណ៍​ផលិត​ទឹក​ស្អាត​របស់​អ្នកជំនាញ​កម្ពុជា​ ​មានលទ្ធភាព​ដោះស្រាយ​បញ្ហា​ពិភពលោក​

    ឧបករណ៍​ផលិត​ទឹក​ស្អាត​របស់​អ្នកជំនាញ​កម្ពុជា​ ​មានលទ្ធភាព​ដោះស្រាយ​បញ្ហា​ពិភពលោក​

    ទឹក​ ​ជា​ប្រភព​សំខាន់​បំផុត​សម្រាប់​ជីវិត​ ​ហេតុនេះ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​ជា​ការ​ផ្តល់​នូវ​ធាតុផ្សំ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការរស់នៅ​របស់​មនុស្ស​ទាំងអស់គ្នា​។​ ​តាម​របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ ​មាន​មនុស្ស​មិន​តិច​ជាង​ ​800លាន​នាក់​ទេ​ក្នុង​ពិភពលោក​នេះ​ដែល​កំពុង​ត្រូវការ​ទឹក​ស្អាត​ ​ហើយ​វា​ក៏​ជាផ្នែក​យ៉ាង​សំខាន់​មួយ​ដែល​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ដែរ​។​ ​

    ​នៅ​កម្ពុជា​ ​អ្នកជំនាញ​មួយ​ក្រុម​បាន​បង្កើត​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា​ ​Water​ ​Dispenser​ ​ដើម្បី​ផ្តល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​ ​និង​ជាពិសេស​ ​គឺ​សិស្ស​និស្សិត​ដែល​ពីមុន​ធ្លាប់​ចំណាយ​ច្រើន​លើ​ការទិញ​ទឹក​ស្អាត​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​។​ ​

    ​នៅ​ថ្ងៃនេះ​ ​អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ ​បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​លោក​ ​កែវ​ ​ចក្រ​ពិ​ត្ត​រិទ្ធី​អ្នកជំនាញ​មួយ​រូប​ក្នុង​គម្រោង​ ​Water​ ​Dispenser​ ​ដើម្បី​បង្ហាញ​ពី​គម្រោង​លម្អិត​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​នេះ​។​ ​

    ​1​.​ ​តើ​លោក​អាច​ប្រាប់​បានទេ​ថា​ ​មូលហេតុ​អ្វី​បាន​ជា​ក្រុមការងារ​របស់​លោក​បង្កើត​គម្រោង​ ​Water​ ​Dispenser​ ​នេះ​ឡើង​?​ ​
    ​មូលហេតុ​សំខាន់​ដែល​យើង​បង្កើត​គម្រោង​នេះ​ឡើង​ ​គឺ​ចង់​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ការចាយវាយ​របស់​ប្រជាជន​ខ្មែរ​ ​តាមរយៈ​ការ​ផ្តល់​ទឹក​សុវត្ថិភាព​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បំផុត​សម្រាប់​ពួកគាត់​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​។​ ​ដូច​យើង​គ្រប់គ្នា​បានដឹង​ហើយ​ថា​ ​ជា​រៀងរាល់ថ្ងៃ​ប្រជាជន​ ​និង​សិស្ស​និស្សិត​កម្ពុជា​បាន​ចំណាយ​លុយ​យ៉ាងច្រើន​ដើម្បី​ទិញ​ទឹក​ ​ស្រប​ពេល​ដែល​គាត់​ត្រូវការ​បែងចែក​លុយកាក់​របស់​គាត់​ទៅលើ​ការ​ចាយ​វាយ​ផ្សេង​ៗ​ទៀត​ ​ហេតុនេះ​ប្រសិនបើ​មាន​ផលិតផល​ទឹក​ណា​ដែល​ធានា​បាន​នូវ​សុវត្ថិភាព​ ​និង​ងាយស្រួល​សម្រាប់​គាត់​ ​គាត់​នឹងអាច​រស់នៅ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ ​ព្រោះ​គាត់​អាច​សល់​លុយ​ច្រើន​ដើម្បី​ប្រើប្រាស់​លើ​អ្វី​ដែល​មានប្រយោជន៍​ផ្សេងទៀត​។​ ​

    ​បើ​គិត​ពី​ការប្រើ​ប្រាស់​ទឹក​ ​ក្នុង​មួយថ្ងៃ​មនុស្ស​ម្នា​ក់ៗ​អាច​ចំណាយ​រហូតដល់​ទៅ​ ​4,000រៀល​ ​ឬ​ច្រើនជាង​នេះ​ក្នុង​ការទិញ​ទឹក​សុទ្ធ​។​ ​បើ​គិត​ក្នុងរយៈពេល​ខ្លី​យើង​ឃើញថា​ ​គាត់​ចំណាយ​តិចតួច​បំផុត​ ​តែ​ប្រសិនបើ​បូក​បញ្ចូល​គ្នា​ក្នុងរយៈពេល​ច្រើន​ខែ​ ​ឬ​ច្រើន​ឆ្នាំក្រោយ​យើង​នឹង​ឃើញថា​ ​គាត់​ត្រូវ​ចំណាយ​លុយរាប់​លាន​រៀល​លើ​ការទិញ​ទឹក​ប្រើប្រាស់​។​ ​ដោយ​មើលឃើញ​បែបនេះ​ហើយ​ ​ទើប​យើងខ្ញុំ​ដែល​ជា​អ្នក​បច្ចេកវិទ្យា​ ​និង​វិស្វករ​បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ពួកគាត់​ ​ដោយ​ផ្តល់​សេវា​ទឹក​ស្អាត​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បំផុត​ ​គឺ​ក្នុង​មួយ​លីត្រ​គាត់​ចំណាយ​ត្រឹមតែ​ ​100រៀល​ប៉ុណ្ណោះ​ ​ដែល​គិតទៅ​មួយ​ខែ​គាត់​ចាយ​ប្រមាណ​តែ6,000រៀល​តែ​អាច​ទទួល​បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។​

    ​2​.​ ​បើ​មើលទៅ​លើ​ដំណោះស្រាយ​ដែល​ ​Water​ ​Dispenser​ ​ផ្តល់​ជូន​ប្រជាជន​ ​គឺ​អាច​ធ្វើ​ឱ្យ​ពួកគាត់​ចំណេញ​ច្រើនណាស់​។​ ​តើ​លោក​ប្រើប្រាស់​បច្ចេកវិទ្យា​ដូចម្តេច​ខ្លះ​ដើម្បី​ធានា​ពី​សុវត្ថិភាព​ ​និង​ភាព​ងាយស្រួល​ដល់​អ្នកប្រើ​ប្រាស់​?​ ​
    ​បាទ​ ​ពិត​ណាស់​ ​គម្រោង​ ​Water​ ​Dispenser​ ​អាច​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​ចំណេញ​ច្រើន​ ​ព្រោះ​បើ​គិតទៅ​ប្រជាជន​អាច​កាត់បន្ថយ​ការ​ចំណាយ​លើទឹក​ពី​ច្រើន​ពាន់​រៀល​មក​ត្រឹម​ ​200រៀល​ប៉ុណ្ណោះ​ ​តែ​ខ្ញុំ​ក៏​ចង់​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រៅពី​ការ​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាជន​ហើយ​ ​គម្រោង​របស់​យើង​ក៏​គិតគូរ​ដល់​ផ្នែក​សំខាន់​មួយទៀត​ផង​ដែរ​ ​គឺ​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​។​ ​

    ​គម្រោង​របស់​យើង​ ​គឺ​ផ្គត់ផ្គង់​ទឹក​តាមរយៈ​ការ​ដាក់​ធុង​ចម្រោះ​ទឹក​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ផ្តល់​ទឹក​ជូន​អ្នកប្រើ​ប្រាស់​នៅ​គ្រប់​ទីកន្លែង​ ​ជាពិសេស​នៅ​តាម​សាកល​វិទ្យាល័យ​។​ ​អ្នកប្រើ​ប្រាស់​ចាំបាច់​ត្រូវតែ​មាន​ដប​ទឹក​ឆ្លាតវៃ​ ​ដែល​បញ្ចូល​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​និង​ទិន្នន័យ​សម្រាប់​អ្នកប្រើ​ប្រាស់​ម្នា​ក់ៗ​ដាច់ដោយឡែក​ពីគ្នា​។​ ​ការ​ធ្វើបែប​នេះ​ ​គឺ​ដើម្បី​កំណត់​ពីអ​នា​ម័យ​ ​និង​ការគ្រប់គ្រង​ទឹក​កុំឱ្យ​ខ្ជះខ្ជាយ​ ​ព្រោះ​ធុង​ចម្រោះ​ទឹក​នេះ​នឹង​ចេញ​ទឹក​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ដែល​យើង​ប្រើប្រាស់​ជាមួយ​ដប​ទឹក​ឆ្លាតវៃ​របស់​យើង​។​ ​សម្រាប់​មនុស្ស​ទូទៅ​ ​មិន​អាច​ចុច​ប្រើប្រាស់​បានទេ​ ​ដែល​ធ្វើ​ឱ្យ​យើង​អាច​សន្សំសំចៃ​ ​ហើយ​ធានា​សុវត្ថិភាព​ជូន​អ្នកប្រើ​ប្រាស់​ទូទៅ​ទៀតផង​។​ ​

    ​ចំពោះ​អ្នកប្រើ​ប្រាស់​វិញ​ ​គឺ​អាច​ទាញ​ទឹក​យក​មក​ប្រើប្រាស់​បាន​គ្រប់​ធុង​ ​តែ​គាត់​អាច​ប្រើប្រាស់​បាន​ត្រឹមតែ​ ​2លីត្រ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។​ ​ការកំណត់​បែបនេះ​គឺ​ស្រប​ពេល​ដែល​យើង​ស្រាវជ្រាវ​ឃើញថា​ ​ជាទូទៅ​មនុស្ស​ប្រើប្រាស់​ទឹក​សម្រាប់​ទទួលទាន​ប្រហែលជា​ ​2លីត្រ​ ​ដើម្បី​ផ្តល់​លទ្ធភាព​សម​ល្មម​សម្រាប់​មនុស្សម្នាក់​។​

    ​3​.​ ​លោក​បាន​ប្រាប់​ផង​ដែរ​ថា​ ​គម្រោង​របស់​លោក​អាច​ជួយ​ដល់​បរិស្ថាន​ ​តើ​លោក​អាច​បញ្ជាក់​ឱ្យ​កាន់តែ​លម្អិត​ទៀត​បានទេ​ ​ថា​តើមាន​លក្ខខណ្ឌ​អ្វីខ្លះ​ទៀត​ដែល​គម្រោង​នេះ​អាច​ជួយ​បាន​?​ ​
    ​ដូច​បាន​បញ្ជាក់​ខាងលើ​ហើយ​ថា​ ​បើ​គិត​ពី​បរិស្ថាន​ ​ចំណុច​សំខាន់​ទី1​ ​គឺ​កាត់បន្ថយ​ការប្រើ​ប្រាស់​ដប​ប្លាស្ទិក​។​ ​យើង​គ្រប់គ្នា​សុទ្ធតែ​បានឃើញ​ហើយ​ថា​ ​យើង​គ្រប់គ្នា​ប្រើប្រាស់​ដប​ទឹក​ប្លាស្ទិក​ច្រើនណាស់​ ​ដោយ​ទឹក​កន្លះ​លីត្រ​ ​ឬ1លីត្រ​យើង​បោះចោល​ដប​ទឹក1​ ​ហេតុនេះ​បើ​ប្រើប្រាស់​រាល់ថ្ងៃ​ ​មានន័យថា​ ​មាន​ដប​ទឹក​ជ័រ​រាប់​រយ​នឹង​ត្រូវ​ក្លាយជា​សំរាម​។​ ​បើ​ងាក​មក​ប្រើប្រាស់​ដប​ទឹក​ឆ្លាតវៃ​វិញ​ ​គាត់​អាច​ប្រើប្រាស់​ដប1​ ​ក្នុងរយៈពេល​យូរ​ ​និង​សុវត្ថិភាព​ខ្ពស់​។​ ​ក្រៅពី​នេះ​ ​ដោយសារ​គម្រោង​របស់​យើង​មិនមែន​ជា​ប្រភេទ​ជំនួញ​ ​ឬ​ជា​គម្រោង​សហគ្រាស​សង្គម​ ​ដូច្នេះ​យើង​អាចយ​ក​ថវិកា​ដែល​បាន​ពី​ផល​ចំណេញ​ដើម្បី​ផ្តល់​សេវា​ទឹក​ស្អាត​ ​ឬ​ជួយ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​បន្ថែម​ទៀត​នៅ​ជនបទ​ដាច់ស្រយាល​៕​ ​

  • យុវជន​កម្ពុជា​គួរ​ត្រៀមខ្លួន​ដូចម្តេច​ខ្លះ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​?​

    យុវជន​កម្ពុជា​គួរ​ត្រៀមខ្លួន​ដូចម្តេច​ខ្លះ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​?​

    កម្ពុជា​ជាស​មា​ជិ​ក​នៃ​តំបន់​អាស៊ាន​ ​និង​ជា​ប្រទេស​មួយ​ដែល​ស្ថិត​ក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​ក្នុង​តំបន់​ដែល​ទាមទារ​ឱ្យ​មាន​ធនធានមនុស្ស​ប្រកប​ដោយសក្តានុពល​ដើម្បី​ចូលរួម​ទាញ​យក​ផលប្រយោជន៍​ ​និង​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ក្នុង​សហគមន៍​អន្តរជាតិ​។​

    ​ក្នុងចំណោម​ផ្នែក​សំ​ខាន់​ៗ​នៃ​ការប្រកួត​ប្រជែង​នេះ​យុវជន​ជំនាន់​ថ្មី​ដែល​ជា​អ្នក​បន្តវេន​លើ​គ្រប់​វិស័យ​ ​ទាំង​រដ្ឋ​ ​និង​ឯកជន​ ​ចាំបាច់​ត្រូវតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​សកល​។​



    ​លោក​ ​ហួ​ ​តុលា​ ​នាយក​កម្មវិធី​ ​The​ ​Perspectives​ ​Cambodia​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ក្នុង​បរិបទ​តំបន់​ ​យុវជន​គួរ​មាន​លក្ខណ​សម្បត្តិ​ចំនួន​ ​5សំ​ខាន់​ៗ​គឺ​ ​ទី1​ ​យុវជន​កម្ពុជា​គួរ​មាន​សមត្ថភាព​ផ្នែក​ភាសា​ឱ្យ​បាន​ច្បាស់លាស់​ជាពិសេស​ភាសាអង់គ្លេស​ ​ព្រោះ​ភាសា​ជាផ្នែក​សំខាន់​ក្នុង​ការ​ទំនាក់ទំនង​ ​និង​ជា​ចំណុច​ភ្ជាប់​យ៉ាង​សំខាន់​ដើម្បី​សិក្សា​លើ​ជំនាញ​ជាច្រើន​ផ្សេងទៀត​លើ​ពិភពលោក​។​ ​ក្រៅពី​នេះ​ចំណេះដឹង​ភាសា​ ​ក៏​ជាផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ធ្វើអាជីវកម្ម​ ​និង​ធ្វើការងារ​ជាមួយ​គ្រប់​ស្ថាប័ន​ទាំងអស់​ក្នុង​តំបន់​ផង​ដែរ​។​ ​ចំណុច​សំខាន់​ទី2​ ​បន្ទាប់ពី​ភាសា​គឺ​ ​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់​ ​ជាពិសេស​ ​គឺ​ជំនាញ​ដែល​សង្គម​កំពុង​ត្រូវការ​ ​ទាំង​កម្រិត​ជាតិ​ ​និង​អន្តរជាតិ​។​ ​ការ​ចេះតែ​ភាសា​មួយ​មុខ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ​យុវជន​ត្រូវតែ​មាន​ជំនាញ​ដើម្បី​ទាញ​យក​ឱកាស​ការងារ​នៅក្នុង​តំបន់​ ​ព្រោះ​បច្ចុប្បន្ន​នេះ​អាស៊ាន​ ​ក៏ដូចជា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ដែល​បាន​បើកចំហ​ ​និង​ត្រូវការ​អ្នកជំនាញ​សំ​ខាន់​ៗ​ដើម្បី​បម្រើការ​ងារ​ឱ្យ​កាន់​តែ​ប្រសើ​ឡើង​។​ ​ចំណុច​សំខាន់​ទី3​ ​គឺ​ការចូលរួម​ប្រកួតប្រជែង​ ​ព្រោះ​ការប្រកួត​ប្រជែង​ ​គឺ​ការ​បង្ហាញ​ពី​សមត្ថភាព​ ​និង​បង្កើត​ជាស​មិទ្ធ​ផ​លល្អៗ​ដើម្បី​បង្ហាញ​ដល់​ស្ថាប័ន​នានា​ថា​ ​យើង​ពិតជា​មាន​សមត្ថភាព​ខ្លាំង​លើស​ពី​អ្នកដទៃ​ផ្សេងទៀត​មែន​។​

    ​លោក​ ​ហួ​ ​តុលា​ ​បាន​និយាយ​ថា​៖​ ​“​យុវជន​កម្ពុជា​គួរ​ចាប់ផ្តើម​ចូលរួម​ប្រកួតប្រជែង​ឱ្យ​បាន​ច្រើន​ទាំង​ក្នុង​បរិបទ​អាស៊ាន​ ​និង​ក្នុង​ពិភពលោក​ ​ដូចជា​ការប្រកួត​ប្រជែង​យក​អាហារូបករណ៍​ ​កម្មវិធី​វិទ្យាសាស្ត្រ​ការ​និយាយ​សាធារណៈ​ ​ការ​សរសេរ​គម្រោង​អាជីវកម្ម​ ​ឬ​ការផលិត​វីដេអូ​ជាដើម​។​ ​បច្ចុប្បន្ន​នេះ​មានការ​-​ប្រកួតប្រជែង​ជាច្រើន​មិនថា​តែ​ផ្នែក​គណិតវិទ្យា​ ​វិទ្យាសាស្ត្រ​ ​ឬ​សង្គម​នោះ​ទេ​ ​យុវជន​ខ្មែរយើង​មិន​តិច​ទេ​អាច​ឈ្នះ​បណ្តា​ប្រទេស​ធំៗ​ ​ហើយ​ទទួល​បាន​ជយលាភី​ត្រឡប់មកវិញ​”​។​



    ​លោក​ ​ហួ​ ​តុលា​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ចំណុច​ទី4​ ​ដែល​យុវជន​គួរ​ធ្វើ​គឺ​ ​ចាប់ផ្តើម​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​យុវជន​ ​និង​ប្រជាជន​នៅក្នុង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ ​ព្រោះ​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​ល្អ​នេះ​អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ ​ក៏ដូចជា​ការ​ធ្វើអាជីវកម្ម​ជាដើម​។​ ​ចំណុច​សំខាន់​ទី5​ ​គឺ​យុវជន​គួរ​បង្ហាញ​ទស្សន​វិជ្ជមាន​ចំពោះ​សង្គម​ឱ្យ​បាន​ច្រើន​ ​ដើម្បី​ធ្វើ​យ៉ាងណា​បង្ហាញ​ឱ្យ​គេ​ឃើញ​ពី​លក្ខណ​ពិសេស​ ​និង​សក្តា​នុ​ពល​របស់​យើង​ ​ដែល​វា​ជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ ​ឬ​មើលឃើញ​ពី​តម្លៃ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​យើង​។​ ​ម្យ៉ាងវិញទៀត​ ​យើង​ទាំងអស់គ្នា​ក៏​គួរតែ​ព្យាយាម​គ្រប់​លទ្ធភាព​ក្នុង​ការកំណត់​អត្តសញ្ញាណ​ ​វប្បធម៌​ ​និង​សាមគ្គីភាព​ ​ដើម្បី​បង្ហាញ​ឱ្យ​គេ​ឃើញថា​ ​យើង​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ ​និង​ជា​មនុស្ស​ដែល​អាច​ជួយ​ឱ្យ​ស្ថាប័ន​របស់​គេ​អាច​អភិវឌ្ឍ​បាន​ល្អ​។​

    ​ចំពោះ​កម្រិត​គុណភាព​របស់​យុវជន​វិញ​នោះ​លោក​ ​តុលា​ ​បាន​បញ្ជាក់​ថា​ ​បើ​គិត​ពី​ក្របខណ្ឌ​អាស៊ាន​យើង​មិន​អន់​ពេក​ទេ​ ​ព្រោះ​បើ​រាប់​តាម​លេខរៀង​ ​យើង​ប្រហែលជា​លេខ6​ ​លេខ7​ ​ដែរ​ ​ប្រៀបធៀប​ជាមួយ​យុវជន​ក្នុង​ប្រទេស​ដទៃ​។​ ​កត្តា​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​យើង​អាច​វាយតម្លៃ​បែបនេះ​ ​ទី1​ ​គឺ​យុវជន​កម្ពុជា​មានឱកាស​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ ​ទាំង​ការ​ចូល​​រួម​ក្នុង​កិច្ចការ​ងារ​សង្គម​ ​ការសិក្សា​លើ​ភាសា​ ​និង​ការ​-​បង្កើត​កម្ម​វិ​ធី​ថ្មី​ៗ​ ​ខុសពី​ប្រទេស​មួយចំនួន​ ​ដូចជា​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ប្រទេស​មួយចំនួន​ទៀត​ដែល​យុវជន​មិនសូវ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​មានឱកាស​បែបនេះ​ទេ​ ​ព្រោះ​ប្រទេស​គេ​ទាំងនោះ​រឹតត្បិត​ខ្លាំង​លើ​ការរៀបចំ​ ​និង​បង្កើត​កម្ម​វិ​ធី​ផ្សេង​ៗ​ ​ក៏ដូចជា​បញ្ហា​ភាសា​ជាដើម​។​ ​ចំណុច​សំខាន់​ទី2គឺ​យើង​ឃើញថា​ ​និស្សិត​កម្ពុជា​ទទួល​បាន​មេដាយមាស​-​ប្រាក់​ ​និង​សមិទ្ធផល​សំ​ខាន់​ៗ​ជាច្រើន​ពី​អន្តរជាតិ​។​ ​និយាយ​នេះ​មិនមែន​មានន័យថា​ ​ប្រទេស​គេ​មិន​ជាប់​ជយលាភី​នោះ​ទេ​ ​គេ​ក៏​មាន​ច្រើន​ដែរ​ ​តែ​អ្វី​ដែល​សំខាន់​គឺ​លើ​វិញ្ញាសា​ខ្លះ​ ​យើង​អាច​ឈ្នះ​លើ​ប្រទេស​ធំ​។​ ​ជាក់ស្តែង​ចំពោះ​អាហារូបករណ៍​អន្តរជាតិ​វិញ​ ​មាន​ប្រទេស​ខ្លះ​មិន​មាន​យុវជន​ជាប់​នោះ​ទេ​ ​តែ​យុវជន​ខ្មែរយើង​អាច​ជាប់​ទៅ​សិក្សា​បាន​។​ ​ចំណុច​សំខាន់​មួយផ្សេងទៀត​ដែល​យើង​មើលឃើញ​ថា​ ​ជា​ចំណុច​ល្អ​របស់​យើង​នោះ​គឺ​ ​តាម​ការស្រាវជ្រាវ​ ​កម្ពុជា​មាន​យុវជន​ចន្លោះ​ពី​ ​18ឆ្នាំ​ ​ដល់​ ​40ឆ្នាំ​ច្រើនជាង​គេ​ក្នុង​តំបន់​ ​ដែល​កំពុង​ចូលរួម​យ៉ាង​សំខាន់​ក្នុង​គ្រប់​ផ្នែក​ ​ជាពិសេស​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​សេដ្ឋកិច្ច​។​

    ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​សហ​ស្ថាបនិក​កម្មវិធី​អភិវឌ្ឍន៍​យុវជន​ខាងលើ​បាន​បង្ហាញ​ផង​ដែរ​ថា​ ​យុវជន​យើង​ក៏​មាន​ចំណុច​ខ្វះខាត​ចំនួន​ផង​ដែរ​ដែល​ជា​ឧបសគ្គ​សម្រាប់​ការប្រកួត​ប្រជែង​។​ ​បញ្ហា​សំខាន់​គឺ​យុវជន​កម្ពុជា​មួយចំនួន​មិនទាន់​ចេះ​ប្រើប្រាស់​ឱកាស​របស់​ខ្លួន​ឱ្យ​ក្លាយជា​ប្រយោជន៍​សំខាន់​នៅឡើយ​ទេ​។​ ​មាន​យុវជន​ខ្លះ​បាន​បណ្តែតបណ្តោយ​ឱ្យ​ឱកាស​ទាំងអស់​នោះ​រំលង​ផុត​ទៅ​ដោយ​ការ​ផ្តេក​ផ្តួល​ខ្លួន​ជាមួយនឹង​រឿង​មិនល្អ​ ​ឬ​លង់ខ្លួន​ជាមួយ​ភាព​សប្បាយរីករាយ​ច្រើនពេក​ ​ភ្លេច​គិត​ពី​ការ​អភិវឌ្ឍ​សមត្ថភាព​ស្រប​ពេល​ដែល​យុវជន​នៃ​បណ្តា​ប្រទេស​ដទៃ​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ចំណេះដឹង​របស់​ខ្លួន​។​ម្យ៉ាងវិញទៀត​ ​យុវជន​កម្ពុជា​បច្ចុប្បន្ន​ក៏​មានទម្លាប់​មិនល្អ​មួយ​ ​គឺ​ចូលចិត្ត​ធ្វើ​អ្វី​ដដែល​ៗ​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​ស្វែងរក​នវានុវត្តន៍​ ​ឬអ្វី​ដែល​ថ្មី​ខុសពី​អ្វី​ដែល​មនុស្សចាស់​ធ្លាប់ធ្វើ​។​ ​បញ្ហា​នេះ​ធ្វើ​ឱ្យ​យើង​ដើរក្រោយ​គេ​ ​ព្រោះ​ទម្លាប់​ចាស់​គំរឹល​មួយចំនួន​ដែល​យុវជន​កំពុង​ក្តោប​ទុក​ក្នុង​ខ្លួន​ ​បាន​ក្លាយជា​ឧបសគ្គ​សំខាន់​ក្នុង​ការ​ធ្វើការងារ​ក្នុង​សង្គម​ដែល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នេះ​។​ ​ចំណុច​សំខាន់​មួយផ្សេងទៀត​ ​គឺ​យុវជន​កម្ពុជា​មិនទាន់​ចេះ​សាមគ្គី​ ​និង​ធ្វើការ​ជា​ក្រុម​ឱ្យ​បាន​ល្អ​ ​ដែល​ធ្វើ​ឱ្យ​យើង​មានការ​លំបាក​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ខាងក្រៅ​ ​ព្រោះ​យើង​រវល់​តែ​មាន​បញ្ហាផ្ទៃក្នុង​ច្រើន​។​ ​ជាក់ស្តែង​ប្រសិនបើ​យើង​ធ្វើការងារ​គម្រោង​ណាមួយ​ ​ហើយ​យើង​រវល់​តែ​ឈ្លោះប្រកែក​គ្នា​ ​ផ្នែក​ដទៃផ្សេង​ទៀត​ ​ឬ​ដៃគូ​ប្រកួតប្រជែង​ ​គេ​នឹង​ដើរទៅ​មុន​យើង​អស់​មិនខាន​។​

    ​ងាក​មកវិញ​ ​ដើម្បី​ស្តារ​ស្ថានការណ៍​ទាំងអស់​នេះ​យើង​គួរ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​សិក្សា​ឱ្យ​បាន​ច្រើន​ ​ទាំង​ក្នុង​ប្រទេស​ ​និង​ក្រៅប្រទេស​ ​ដើម្បី​ដឹង​ឱ្យ​ច្បាស់​ថា​ ​តើ​គេ​ដើរ​ដល់ណា​ហើយ​?​ ​ហើយ​យើង​ត្រៀមខ្លួន​អ្វីខ្លះ​ដើម្បី​ប្រកួតប្រជែង​?​។​ ​លើស​ពីនេះ​ទៅទៀត​យុវជន​គួរ​ព្យាយាម​ប្រើប្រាស់​ពេល​ដើម្បី​ស្វែងយល់​ឱ្យ​-​បាន​ស៊ីជម្រៅ​លើ​ការងារ​ដែល​យើង​កំពុង​ធ្វើ​ ​ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ហើយ​ប្រសិនបើ​យើង​ក្តោប​ព័ត៌មាន​ ​ឬ​ទិន្នន័យ​បាន​ល្អ​ប្រសើរ​ទៀតផង​នោះ​ ​យើង​នឹងអាច​រក​ឃើញ​គំនិត​ច្នៃប្រឌិត​ជាច្រើន​ដែល​ធ្វើ​ឱ្យ​យើង​ក្លាយជា​បុគ្គលិក​ដែល​មានប្រសិទ្ធភាព​ខ្ពស់​៕​

  • Sirloin​ Steak​ ស្តេ​កសាច់គោ​អូស្ត្រាលី​ដ៏​ឆ្ងាញ់​ពិសា​

    Sirloin​ Steak​ ស្តេ​កសាច់គោ​អូស្ត្រាលី​ដ៏​ឆ្ងាញ់​ពិសា​

    Sirloin Steak ស្តេកសាច់គោអូស្ត្រាលីដ៏មានឱជារសឈ្ងុយឆ្ងាញ់ប្រចាំភោជនីយដ្ឋាន ស្លា (Slla Sky Bar) ដែលស្ថិតនៅជាន់ទី9 នៃសណ្ឋាគារ AQUARIUS Hotel & Urban Resort។ ស្តេកសាច់គោអូស្ត្រាលីនេះគឺជាមុខម្ហូបដ៏ពេញនិយម ជាពិសេសបើបានទទួលទានជាមួយនឹងស្រាក្រហមទៀតនោះគឺកាន់តែត្រូវមាត់តែម្តង។ ដូច្នេះ តោះរៀនចម្អិន ស្តេកសាច់គោអូស្ត្រាលី Sirloin Steak ជាមួយនឹងលោក ចាន់ វ៉ាន់ផល មេចុងភៅប្រចាំភោជនីយដ្ឋាន Slla Sky Bar ដូចខាងក្រោមនេះ។

    គ្រឿងផ្សំ
    – សាច់គោអូស្ត្រាលី (Sirloin Steak) 200g
    – ប្រេងអូលីវ 15 ml
    – ប៊័រ (សាប) 30g
    – ខ្ទឹមបារាំងពណ៌ស 15g
    – មើមការ៉ុត 30g
    – សណ្តែកបារាំង 15g
    – ននោងបារាំង (Zucchini) 20g
    – ផ្កាខាត់ណា ប្រូខូលី 40g
    – ផ្កាខាត់ណាពណ៌ស 40g
    – ស្រាក្រហមសម្រាប់ចម្អិនអាហារ 20ml
    – ខ្ទឹមក្រហម 10g
    – ម្រេចខ្ចី 10g
    – ម្រេចខ្មៅម៉ដ្ឋ 2ml
    – គ្រីមសម្រាប់ចម្អិនអាហារ 10g
    – ម្សៅ Demi Glace 10g
    – ស្លឹកជីវ៉ាន់ស៊ុយ 2g

    វិធីចម្អិន
    ដំបូងត្រូវយកសាច់គោអូស្ត្រាលីមួយដុំ ដែលមានទម្ងន់200g មកប្រឡាក់ជាមួយនឹងអំបិល និងម្រេចម៉ដ្ឋ រួចយកទៅប្រឡាក់ជាមួយនឹងប្រេងអូលីវ ហើយយកទៅចៀននៅក្នុងខ្ទះស្ងួត (មិនមានបន្ថែមប្រេង ឬខ្លាញ់ទេ) ដោយបើកភ្លើងឱ្យក្តៅខ្លាំង រួចចៀនឱ្យឆ្អិនតាមកម្រិតដែលអ្នកចូលចិត្ត (ចំពោះកម្រិតឆ្អិន50% ត្រូវចម្អិនរយៈពេល1នាទីក្នុងមួយចំហៀង រួចសឹមប្រែសាច់ទៅម្ខាងទៀត)។ ចំណែកបន្លែវិញ ត្រូវយកបន្លែទាំងអស់ដែលមានដូចជា ផ្កាខាត់ណា​ ប្រូខូលី ការ៉ុត ខ្ទឹមក្រហម សណ្តែកបារាំងខ្ទឹមបារាំងពណ៌ស និងននោងបារាំង យកទៅស្រុះជាមុនសិន រួចសឹមយកមកចៀនជាមួយប៊័រ ដោយបន្ថែមម្រេចម៉ដ្ឋ និងអំបិលចូលបន្តិច ចៀនឱ្យរាងទន់បន្តិចជាការស្រេច រួចដួសដាក់នៅក្នុងចានជាមួយនឹងសាច់គោអូស្ត្រាលី ដែលបានចៀនរួចនោះជាការស្រេច ដោយទទួលទានជាមួយនឹងទឹកម្រេច ឬទឹកសុសផ្សិត ឬទឹកសុសស្រាក្រហមក៏បាន៕

  • វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​រីកចម្រើន​បង្គួរ ខណៈ​ការប្រើសេវា​នេះ​នៅមានកម្រិត

    វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​រីកចម្រើន​បង្គួរ ខណៈ​ការប្រើសេវា​នេះ​នៅមានកម្រិត

    បើទោះបីជា​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល 2 – 3ឆ្នាំ​ចុង​ក្រោយនេះ​ក្តី តែ​ការអភិវឌ្ឍ​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការប្រើប្រាស់​សេវា​មួយ​នេះ​ក៏​ហាក់​នៅ​មិនទាន់មាន​ភាពទូលំទូលាយ​នៅឡើយ។ នេះ​បើ​យោងតាម​មន្ត្រី​ជំនាញ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ។

    លោក អ៊ុក សា​រ៉ា​ត ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ក្នុងឱកាស​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ2018 របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពីពេលថ្មីៗនេះ ថា ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ដែល​រួមមានទូរស័ព្ទ​ចល័ត​ឆ្លាត​វៃ ប្រព័ន្ធ​អុីន​ធើ​ណិ​ត បច្ចេកវិទ្យា​ប្លុក​ឆេន បញ្ញា​សិប្បនិម្មិត ឃ្លាំង​ទិន្នន័យ ការវិភាគ​ទិន្នន័យ បច្ចេកវិទ្យា​ជីវមាត្រ រួមទាំង​បច្ចេកវិទ្យា​សម្រួល​ដល់​ការត្រួតពិនិត្យផ្សេងៗ បាន​ជំរុញឱ្យមាន​ការរីកចម្រើន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​ការណ៍​នេះ​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា ជា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ។

    លោក សា​រ៉ា​ត បាន​បន្តថា បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការរីកចម្រើន​បង្គួរ​នៅក្នុង​សេវា មួយចំនួន​ដូចជា ប្រព័ន្ធ​ទូទាត់ ការផ្ទេរ​ប្រាក់​ឆ្លងដែន និង​ការផ្តល់​ឥណទាន​ជាដើម ប៉ុន្តែ​សេវា​ផ្សេងទៀត​មានការ​លូតលាស់​តិចតួច​ប៉ុណ្ណោះ។

    លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖“សេវាកម្មផ្សេងៗទៀត​នៅក្នុង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដូចជា បញ្ញា​សិប្បនិម្មិត និង​ឃ្លាំង​ទិន្នន័យ នៅតែ​មិនទាន់មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ”។ លោក​បន្តថា៖“ទោះជា​ស្មា​ត​ហ្វូ​ន និង​អុីន​ធើ​ណិ​ត​ដែល​បម្រើ​ដល់​បច្ចេកវិទ្យា​រីកចម្រើន​ខ្លាំង​ក៏ដោយ តែ​យើង​មិនទាន់​ឃើញ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដទៃទៀត​នៅឡើយ។ ខ្ញុំ​មិនទាន់​ឃើញ​មានការ​រីកចម្រើន​ខ្លាំង​ទេ នៅពេលដែល​យើង​និយាយ​ពី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ”។

    លោកប្រធាននាយកដ្ឋានបាន​បន្ថែមថា ជាទូទៅ​ការយល់ដឹង​របស់​ប្រជាជន​កម្ពុជា​នៅមានកម្រិត​នៅឡើយ​ទៅលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ខណៈដែល​វា​មាន​សារៈសំខាន់​ដើម្បី​ជំរុញ និង​លើកកម្ពស់​ការយល់ដឹង​ផ្នែក​បច្ចេកវិទ្យា​ និង​ការប្រើប្រាស់​អ្វី​ទាំងអស់នោះ។

    លោក​បន្តថា៖ “មាន​ប្រជាជន​កម្ពុជា​ជាច្រើន​ប្រើបាស់​ស្មា​ត​ហ្វូ​ន ហើយ​ភាគច្រើន​នៅក្នុង​ទីក្រុង និង​ទីប្រជុំជន ប៉ុន្តែ​ពួកគេ​មានការ​ខ្វះខាត​ការយល់ដឹង​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ខណៈពេលដែល​វិនិយោគិន​ក្នុងស្រុក មិន​ចាប់អារម្មណ៍​នៅក្នុង​ការវិនិយោគ​លើ​វិស័យនេះ”។

    លោក គីម​ទី កោ​ម​លី អគ្គនាយករង​បច្ចេកទេស​ទី1 នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា ការដាក់ចេញ​នូវ​បច្ចេកវិទ្យា​ទាំងនេះ​បានផ្តល់​នូវ​កាលានុវត្តភាព​ក្នុងការ​ជំរុញឱ្យមាន​ប្រសិទ្ធភាព​ថែម​ឡើង​ទៀត​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​ការចំណាយ​ថ្លៃដើមល្បឿន សុវត្ថិភាព និង​តម្លាភាព ការជំរុញ​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ ក៏ដូចជា​ការជំរុញឱ្យ​មាន​បរិវត្តន៍​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ទូទាត់​ជា​អេឡិចត្រូនិក និង​កាត់បន្ថយ​ការចំណាយ​លើ​ប្រតិបត្តិការ​សម្រាប់​អតិថិជន។

    លោក​បន្តថា៖“បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អនុញ្ញាតឱ្យ​ធនាគារ​កាត់បន្ថយ​តម្លៃ និង​បញ្ជូន​សេវាកម្ម​របស់​ពួកគេ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន”។

    លោក អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា បាន​និយាយថា បច្ចេកវិទ្យា-​ហិរញ្ញវត្ថុ និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ​ក្នុងស្រុក និង​ឧស្សាហកម្មផ្សេងៗទៀត​នៅក្នុង​ប្រទេស​កម្ពុជា។

    លោក ចាន់នី បន្តថា៖ “បច្ចេកវិទ្យា​អាច​កាត់បន្ថយ​ហានិភ័យ​សម្រាប់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ជួយ​បង្កើន​ភាពងាយស្រួល​ដល់​អតិថិជន”។

    បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំបូង​នៅឡើយ ដោយ​ប្រតិបត្តិការ​ភាគច្រើន​មានដូចជា កាបូប​អេឡិចត្រូនិក ការទូទាត់​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ និង​ការទូទាត់​ឆ្លង​ប្រទេស ជាដើម។

    របាយការណ៍​ដដែល​ប​ន្ត​ថា ធនាគារកណ្តាល​កំពុង​តែ​រៀបចំ​ក្របខណ្ឌ​បទ​ប្ប​ញ្ញ​តិ្ត និង​គោលនយោបាយផ្សេងៗទៀត​ដើម្បី​ជំរុញ​វិស័យនេះ តែ​ទោះជា​យ៉ាងនេះ​ក្តី បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក៏​ជំរុញឱ្យមាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ពាក់ព័ន្ធ​នឹង​បទល្មើស​តាម​ប្រព័ន្ធ​អុីន​ធើ​ណិ​ត កិច្ចការពារ​អតិថិជន និង​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

    ម្យ៉ាងវិញទៀត បច្ច័យ និង​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ចំពោះ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ធនាគារកណ្តាល មិនទាន់មាន​ភាពច្បាស់​លាស់​នៅឡើយ តែ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខិតខំ​ដាក់ចេញ​នូវ​គោលនយោបាយ​សមស្រប ដើម្បី​លើកកម្ពស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏ដូចជា​បន្ធូរបន្ថយ​ហានិភ័យ​នានា​ដែល​អាច​កើតមានឡើង។

    ជាមួយគ្នានេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការកសាង​បរិស្ថាន​សមស្រប​មួយ​សម្រាប់​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

    បើ​យោងតាម​របាយការណ៍ ធនាគារជាតិ​នៃ​កម្ពុជា​បាននិងកំពុង​ខិតខំ​អភិវឌ្ឍ​លើ​គម្រោង“បាគង ឬ​រូបិយបណ្ណ​ឌីជីថល” ដែលជា​ផ្នែក​មួយ​ក្នុងការជំរុញ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក្នុង​គោលដៅ​លើកកម្ពស់​សុវត្ថិភាព និង​ប្រសិទ្ធភាព​ប្រព័ន្ធ​ទូទាត់​សង​ប្រា​ក់នៅ​ប្រទេស​កម្ពុជា។ គោលបំណង​នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ន កាត់បន្ថយ​ការប្រើប្រាស់​សាច់ប្រាក់​ក្នុង​ទីផ្សារ និង​ចូលរួម​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ។

    គួរ​រំឭក​ដែរ​ថា នៅក្នុង​ឆ្នាំ2018 គ្រឹះស្ថាន​ធនាគារ និង​ហរិញ្ញវត្ថុ​ចំនួន24 បានផ្តល់​សេវាកម្ម​ធនាគារ​តាម​អន​ឡាញ (Internet Banking) និង 19គ្រឹះស្ថាន​ទៀត​បានផ្តល់​សេវា Mobile Banking ដល់​អតិថិជន។ ទំហំ​ប្រតិបត្តិការទូទាត់​ធ្វើឡើង​តាម Internet banking មាន​ចំនួន​សរុប 80ម៉ឺន​ប្រតិបត្តិការ គិត​ជា​ទឹកប្រាក់​ស្មើនឹង 3.9ប៊ី​លាន​ដុល្លារ​អាមេរិក ចំណែកឯ​ប្រតិបត្តិការ Mobile Banking មាន​ចំនួន 12.3លាន​ប្រតិបត្តិការ គិត​ជា​ទឹកប្រាក់​ស្មើ 5.7ប៊ី​លាន​ដុល្លារ​អាមេរិក៕

  • រដ្ឋាភិបាល​ផ្ដល់​ការអនុគ្រោះ​ ដោយព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ​ការបង់ប្រាក់​រំដោះ​ពន្ធលើ​ប្រាក់ចំណូល​ប្រចាំខែរបស់​សហគ្រាស​​កែច្នៃកសិផល

    រដ្ឋាភិបាល​ផ្ដល់​ការអនុគ្រោះ​ ដោយព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ​ការបង់ប្រាក់​រំដោះ​ពន្ធលើ​ប្រាក់ចំណូល​ប្រចាំខែរបស់​សហគ្រាស​​កែច្នៃកសិផល

    រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពីចុងខែមករា បានសម្រេច​ផ្តល់​ការអនុគ្រោះ​ព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ​រយៈពេល 5ឆ្នាំ​ដល់​សហគ្រាស​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ កសិកម្ម។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ប្រកាស​ស្តីពី​ការព្យួរ​ទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម ដែល​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ និង​គាំទ្រ​ដល់​ផលិតកម្ម និង​ការនាំចេញ​ផលិតផល​កសិកម្ម​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

    ការសម្រេច​នេះ​មាន​គោលដៅ​ព្យួរទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ប្រកប​អាជីវកម្ម​ផលិត និង​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន ដោយ​នឹង​អនុវត្ត​ចំពោះ​សហគ្រាស​ដាំ​ដុះ ផលិត និង​ផ្ត​ត់​ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន។ ប្រកាស​នេះ​បានកំណត់​នូវ​ផលិតផល​កសិកម្ម​មួយចំនួន ដូចជា ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូង​មី និង​កៅស៊ូ។

    សេចក្តីសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច​បានបញ្ជាក់​ថា៖“ចំពោះ​សហគ្រាស​ដាំ​ដុះ ផលិត និង​ផ្ត​ត់​ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ផលិតផល​កសិកម្ម ត្រូវបាន​អនុគ្រោះ​ព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ​ការបង់ប្រាក់​រំដោះ​ពន្ធ(ដែលមាន​ចំនួន 1ភាគរយ) លើ​ប្រាក់ចំណូល​ប្រចាំខែ​រយៈពេល 5ឆ្នាំ គិត​ចាប់ពី​ខែមករា ឆ្នាំ2019 តរៀង​ទៅ”។

    ប្រកាស​នេះ​បាន​បន្តថា ការព្យួរ​ទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ ត្រូវ​ផ្សារភ្ជាប់​ជាមួយនឹង​អនុលោមភាព​សារពើពន្ធ ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ដោយ​ក្រុមហ៊ុន​កាន់​បញ្ជិកា​គណនេយ្យ​ឱ្យបាន​ត្រឹមត្រូវ​តាម​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​សារពើពន្ធ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណនេយ្យ​ជា​ធរមាន និង​ប្រកាស​បង់ពន្ធ​អាករ​ដទៃ​ទៀត​ជា​ធរមាន​ទៅតាម​កាលកំណត់។ ប្រកាស​នេះ​ទៀតសោត​បាន​បញ្ជាក់ថា ក្នុងករណី​សហគ្រាស​មិន​គោរព​តាម​លក្ខខណ្ឌ​ទាំង2 ខាងលើ ការព្យួរ​ទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ អាច​ត្រូវបាន​ដកហូត ហើយ​សហគ្រាស​ត្រូវ​ទទួល​រង​ទោសទណ្ឌ​នានា​តាមច្បាប់​ជា​ធរមាន។

    លោក សុង សារ៉ន អគ្គនាយក​នៃ​ក្រុមហ៊ុន អេ​ម​រុរាយ​ស៍ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី (AMRU Rice Cambodia Co.,Ltd) បានឱ្យដឹងថា លោក​ស្វាគមន៍​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​ការលើកកម្ពស់​ភាព​ប្រកួតប្រជែង ក្នុងការ​កែច្នៃ​ផលិតផល​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​យើង។

    លោក​បន្តថា វា​ជា​ជំហាន​មួយ​ដ៏​ប្រសើរ​ក្នុង​ការជួយ​ដល់​សហគ្រិន​កម្ពុជា និង​ជួយ​ឱ្យ​រោងចក្រ​កែច្នៃ​មានលទ្ធភាព​ប្រកួតប្រជែង​បាន​នៅលើ​ទីផ្សារ​អន្តរជាតិ។

    លោក ​សារ៉ន​ ឱ្យដឹងទៀតថា៖“យើង​ស្នើសុំ​រដ្ឋាភិបាល​ជួយ​ពិនិត្យ​បន្ថែមទៀត និង​កែសម្រួល​នីតិវិធីផ្សេងៗទៀត​ក្រៅពី​ពន្ធ​នេះ”។

    លោក​អគ្គនាយកក្រុមហ៊ុនបានបន្តថា ពន្ធ​នេះ​មាន​ចំនួន 1ភាគរយ​នៃ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុនតែមាន​ពន្ធ​ជាច្រើន​ទៀត​បន្ត​នៅជាប់​ដូចជា សម្ភារម៉ាស៊ីនផ្សេងៗដែល​យកមក​ដំឡើង​សម្រាប់​កែច្នៃ​លើ​កសិផល​របស់​កម្ពុជាដែល​នៅតែមានការជាប់​ពន្ធ និង​ពន្ធ​កាត់​ទុកផ្សេងៗនៅតែមាន ដោយ​យើង​ពិនិត្យឃើញថា កម្ពុជា​នាំចេញ​ផលិតផល​វត្ថុធាតុដើម 100ភាគរយ។

    លោក សារ៉ន បញ្ជាក់ថា៖“វា​ជា​រឿង​ល្អ ការណ៍​នេះ​វា​នឹង​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន ជាពិសេស​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ហើយ​យើង​ចង់ឱ្យ​រដ្ឋាភិបាល​ពិនិត្យមើល​ពន្ធផ្សេងៗទៀតផង​ដើម្បី​ជួយ​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​បង្កើន​តម្លៃបន្ថែម កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង”។

    គួរ​បញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាល​បានប្រកាស​លុបចោល​ស្ថាប័ន​ជាន់គ្នា​មួយចំនួន ព្រមទាំង​ភ្នាក់ងារ​កម្ពុជា​នាវាចរ​ណ៍​កាំសាប ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ការធ្វើ​ធុរកិច្ច និង​ធ្វើឱ្យ​ផលិតផល​កម្ពុជា​មា​នភា​ពប្រកួតប្រជែង​ខ្ពស់៕

  • អ្នកជំនាញ​ថា វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​គួរប្រើស្តង់ដារ​គណនេយ្យ IFRS 17

    អ្នកជំនាញ​ថា វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​គួរប្រើស្តង់ដារ​គណនេយ្យ IFRS 17

    រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ធានារ៉ាប់រង​ជា​សសរស្តម្ភ​មួយ​នៃ​វិស័យ​ហិរញ្ញវត្ថុ នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ2016-2025 ដែល​ក្នុងនោះ​សកម្មភាព​អាទិភាពចម្បងៗមួយចំនួន​ត្រូវបាន​ដាក់ចេញ​យ៉ាងច្បាស់ ដូចជា​ការលើកកម្ពស់​បរិស្ថាន បទ​ប្បញ្ញត្តិ​កាន់តែ​ប្រសើរ ការពង្រឹង​យន្តការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ទីផ្សារ​ឱ្យ​កាន់​តែមាន​ស្តង់ដារ​ខ្ពស់ ស្របតាម​ភាពចាំបាច់​នៃ​ការអភិវឌ្ឍ​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា។

    ឯកឧត្តម ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណនេយ្យ​ជាតិ បាន​ជំរុញ​គ្រឹះស្ថាន​ធានារ៉ាប់រង​នានា​ឱ្យ​បង្កើន​ការយល់ដឹង​ដល់​សាធារណជន និង​ពង្រីក​ទីផ្សារ​ធានារ៉ាប់រង​តាមរយៈ​ការជំរុញ​ការផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ការធានារ៉ាប់រង​ជូន​ប្រជាពលរដ្ឋ និង​ការលើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ ទាំង​និយតករ ទាំង​ប្រតិបត្តិ​ករ។

    ឯកឧត្តម​ក៏បាន​លើកទឹកចិត្ដដល់​គ្រឹះស្ថាន​ធានារ៉ាប់រង​ទាំងអស់​ឱ្យ​បង្កើន​ការគាំទ្រ និង​ចូលរួមចំណែកដល់​ការលើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ​របស់​បុគ្គលិក​ជំនាញ​របស់ខ្លួន​ឱ្យបាន​កាន់តែច្រើន ដែល​នេះ​ជា​កត្តា​គន្លឹះ​មួយ​ដែល​មិន​ត្រឹមតែ​នាំទៅរក​ភាពជោគជ័យ​នៃ​ធុរកិច្ច​របស់​គ្រឹះស្ថាន​ធានារ៉ាប់រងនីមួយៗប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់នូវ​មូលដ្ឋាន​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​ធានារ៉ាប់រង ប្រកបដោយ​ចីរភាព និង​ជំរុញ​អានុភាព​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ចកម្ពុជា​ដែល​មិន​គាំទ្រ​ដល់​កំណើន​នៃ​សេដ្ឋកិច្ចជាតិ។

    លោក យក់ ចំរើន​រិ​ទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ័​រ​តេ បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ការអនុវត្ត​ស្តង់ដា​គណនេយ្យ IFRS 17(International Financial Report section)version17 ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា ជា​កម្មវិធី​ថ្មី​មួយ​សម្រាប់​កម្ពុជា ព្រោះ​ជា​ស្តង់ដាបាយការណ៍​ហិរញ្ញវត្ថុ​ខ្នាត​អន្តរជាតិ​ដែល​ទើប​កែសម្រួល។

    លោក​អគ្គនាយក​បា​នប​ន្ត​ថា កាលណា​ក្រុមហ៊ុន​ធានារ៉ាប់រង និង​ធនាគារ​ដែល​បានទទួល​ស្គាល់​ឬ​អនុវត្ត​ស្តង់ដា​គណនេយ្យ IFRS 17 ក្រុមហ៊ុន​ធានារ៉ាប់រង​នោះ​នឹងមាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​ផ្នែក​ហិរញ្ញវត្ថុ​ទាំងអស់ ដូចនេះ​មិនអាច​ក្លែងបន្លំ ឬ​បំភ័ន្ត​ចំណុច​ណាមួយ​នៃ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​បានឡើយ។ ឧទាហរណ៍ ដូចជា​ក្រុមហ៊ុន​អ​សោធន​ភាព បានន័យថា ក្រុមហ៊ុន​ខ្វះ​ធន គឺ​វា​ចេញ​បង្ហាញ​នៅក្នុង​របាយការណ៍​នោះ​តែម្តង។

    លោក ចំរើន​ឫទ្ធិ បាន​ពន្យល់ថា៖“ការអនុវត្ត​ស្តង់ដាបាយការណ៍​គណនេយ្យ​អន្តរជាតិ ​IFRS​ 17 ក្នុង​វិស័យ​ធានារ៉ាប់រង​វា​ផ្តល់​ផលប្រយោជន៍ ព្រោះ​វា​ជា​ស្តង់ដា​នៃ​រង្វាស់រង្វាល់​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ធានា​រា់ប់​រង​ថា តើ​ក្រុមហ៊ុន​នោះ​មាន​តាម​ស្តង់ដា​អន្តរជាតិ​ដែរ​ឬ​អត់? ព្រោះ​សព្វថ្ងៃ​អ្វីដែល​យើង​នៅ​ប្រើ​នៅឡើយ គឺ​ស្តង់ដាគណនេយ្យ​កម្ពុជា​ដែល​កម្មវិធី​នេះ​មិនទាន់​លម្អិត​ពី​បញ្ហា​អស់​ទេ។ សព្វថ្ងៃ​ប្រទេស​ជាច្រើន​ដែល​ប្រកាន់យក​របប​សេដ្ឋកិច្ច​ទីផ្សារ​បាន​ប្រើប្រាស់​គណនេយ្យ IFRS 17 នេះហើយ”។

    លោក​បាន​បញ្ជាក់ថា យើង​បានរៀបចំ​ប្រើប្រាស់​ក្នុងឆ្នាំនេះ តែ​វា​អាច​នឹងមាន​ផលប៉ះពាល់​ដល់​ក្រុម-ហ៊ុន​មួយចំនួន​ដែល​ពុំទាន់​បាន​ត្រៀមខ្លួន ដូច្នេះ​ដើម្បីឱ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​ដែល​នៅ​ប្រើ​ស្តង់ដា​គណនេយ្យ​កម្ពុជា​កែសម្រួល​មក​ប្រើ​ស្តង់ដា​ថ្មី គួរតែ​ងាក​មក​ប្រើ​គណនេយ្យ IFRS 17នេះ តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​របាយការណ៍​ហិរញ្ញវត្ថុ​របស់គាត់​ដែរ។

    លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​មានប្រសាសន៍ថា ផលប៉ះពាល់​នៃ​ការអនុវត្ត​ស្តង់ដា​គណនេយ្យ IFRS 17 ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​បញ្ហា​ចម្បងដែល​បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ស្ដីពី ការអនុវត្ត​ស្តង់ដា​គណនេយ្យ IFRS 17 ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​ព័ត៌មាន ចំណេះដឹង និង​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​ស្តង់ដា​ថ្មី​នេះ ព្រមទាំង​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង​សម្រាប់​ជា​មូលដ្ឋានជួយ​ដល់​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​ឱ្យ​ត្រៀម​រៀបចំខ្លួន​អនុវត្ត​ឱ្យបាន​រលូន។

    លោក​ប្រធាន​សមាគម​បានបញ្ជាក់​បន្ថែមថាវិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង និង​ជា​វិស័យ​ដែល​កំពុង​ទទួលបាន​នូវ​ទំនុកចិត្ត​កាន់តែខ្លាំង​ពី​សាធារណជន​លើ​ការ-ធានារ៉ាប់រង​អាយុជីវិត និង​ទ្រព្យសម្បត្តិ ជាពិសេស​ទំនុកចិត្ត​ចំពោះ​ក្រុមហ៊ុន​ធានារ៉ាប់រងនីមួយៗក្នុង​ការផ្តល់សេវា និង​អត្ថប្រយោជន៍​ធានារ៉ាប់រង ជូន​អតិថិជន​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព។

    លោក​ក៏បាន​លើកឡើង​ដែរ​ថា ភាពជឿនលឿន​គួរឱ្យកត់សម្គាល់​នៃ​ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា ក្នុង​រយៈពេល 3ឆ្នាំ​ចុង​ក្រោយនេះ(2014-2017) ក្នុងនោះ​ចំនួន​ក្រុមហ៊ុន​ធានារ៉ាប់រង​មានការ​កើនឡើង​ជាង 2ដង គឺ​កើន​ពី 12ក្រុមហ៊ុន​នៅ​ឆ្នាំ2014 ទៅ26ក្រុមហ៊ុន​នៅ​ឆ្នាំ2017។ បុព្វលាភ​សរុប​នៃ​ទីផ្សារ​ធានារ៉ាប់រង​ក៏បាន​កើន​ឡើងជា​ទ្វេដង​ផងដែរ ពោលគឺក្នុង​រយៈពេល​នេះ​បាន​កើន​ពី 61លាន​ដុល្លារ​នៅ​ឆ្នាំ2014 ដល់​ប្រមាណ 152,5លាន​ដុល្លារ​នៅ​ឆ្នាំ2017៕

  • អ្នកវិភាគ​សេដ្ឋកិច្ច​ជំ​រុញឱ្យ​ប្រជាជន​វ័យក្មេង​ចេះ​ចាត់ចែង​ប្រាក់ចំណូលដែល​ខ្លួនមាន

    អ្នកវិភាគ​សេដ្ឋកិច្ច​ជំ​រុញឱ្យ​ប្រជាជន​វ័យក្មេង​ចេះ​ចាត់ចែង​ប្រាក់ចំណូលដែល​ខ្លួនមាន

    បច្ចុប្បន្ននេះ​ដោយសារតែ​ការទិញ​ផ្ទះ និង​សម្ភារទំនើបៗកាន់​តែមាន​ភាពងាយស្រួល​ឡើង ប្រជាជនខ្មែរ​ជាច្រើន ជាពិសេស​អ្នក​ទើប​បង្កើត​គ្រួសារ​ថ្មី​អាច​ទិញ​ផ្ទះថ្លៃៗ និង​ឧបករណ៍ប្រើប្រាស់ទំនើបៗប្រើប្រាស់​បាន​យ៉ាង​ងាយ បើទោះបីជា​មិនចាំបាច់​មាន​លុយ​គ្រប់​ក៏ដោយ។ ការទិញ​សម្ភារ​បង់​រំលស់​នេះ ពេលខ្លះ​ត្រូវបាន​គេ​មើលឃើញថា ជា​និន្នាការ​វិជ្ជមាន​មួយ​សម្រាប់​ប្រជាជន​ដែលមាន​ចំណូល​មធ្យម​ដើម្បី​ទទួលបាន​លំនៅឋាន​សមរម្យ និង​ការរស់នៅ​ល្អប្រសើរ តែ​សម្រាប់​អ្នកវិភាគ​សេដ្ឋកិច្ច​ខ្លះ​យល់ឃើញថា វា​អាចធ្វើឱ្យ​អ្នកទិញ​បាត់បង់​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​សហគ្រិន​ប្រសិនបើ​ទិញ​ដោយ​មិន​ពិចារណា​ឱ្យបាន​ច្បាស់លាស់។

    លោក ង៉ែត ជូ អ្នកសេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​វិនិយោគ បាន​បញ្ជាក់ថា យុវជន ឬ​អ្នកធ្វើការងារ​ដែលមាន​ចំណូល​មធ្យម​គួរ​ចាប់ផ្តើម​មើល​ពី​ឱកាស​ក្នុងការ​បង្កើន​ប្រាក់ចំណូល​អកម្ម​ឱ្យបាន​ច្រើន ជាជាង​ការទិញ​សម្ភារ​ប្រើប្រាស់ទំនើបៗដែល​ហួស​ពី​លទ្ធភាព​ខ្លាំងពេក។ លោក​បាន​បញ្ជាក់ថា មេរៀន​ពិត​ជាក់ស្តែង​មួយ​ដែល​ប្រជាជន​មិនគួរ​មើលរំលង គឺ​យើង​គួរ​មើល​ពី​ស្ថានភាព​របស់​ប្រជាជន​នៃ​ប្រទេស​សិង្ហ​បុរី ដែលជា​ប្រទេស​មាន GDP រាប់ម៉ឺន​ដុល្លារ​សម្រាប់​មនុស្សម្នាក់ៗ តែ​មនុស្សតចាស់​នៅ​ប្រទេស​នេះ​ត្រូវធ្វើ​ការងារ​ច្រើន​ក្រោយ​ចូលនិវត្តន៍ ព្រោះ​បើ​ឈប់​ធ្វើ​ការងារ ពួកគេ​នឹង​បាត់បង់​ប្រភព​ហិរញ្ញវត្ថុ​ភ្លាម​តែម្ដង។ សម្រាប់​កម្ពុជា​ត្រូវបាន​គេ​រកឃើញថា មាន​មនុស្ស​តិច​ណាស់​ដែលមាន​ទម្លាប់​សន្សំ​ប្រាក់ និង​មាន​សេរីភាព​ហិរញ្ញវត្ថុ ហេតុនេះហើយ​ទើប​ពួកគេ​ត្រូវ​ធ្វើការងារ​ច្រើន និង​យូរ បើទោះបីជា​ពួកគេ​មាន​ចំណូល​ច្រើន​គួរសម​ក៏ដោយ ព្រោះ​បញ្ហា​ត្រង់​ថា​ចំណូល​ច្រើន តែ​ចំណាយ​ក៏​ច្រើន​ដូចគ្នា។

    លោក ង៉ែត ជូ បាន​និយាយថា៖ “មុននឹង​ទិញ​ផ្ទះ​បង់​រំលស់ អ្នក​ទាំងអស់គ្នា​គួរ​គិត​ឱ្យ​ច្បាស់​សិន​ថា​តើ​យើង​អាចមាន​លទ្ធភាព​បង់​រំលស់​ត្រឹម​កម្រិតណា។ មាន​អ្នកខ្លះ​ចាប់ផ្តើម​បង់​រំលស់​ផ្ទះ​នៅ​អាយុក្បែរ 30ឆ្នាំ បើ​គិត​ទៅ​ទម្រាំ​បង់​ផ្ទះ​អស់ ត្រូវ​ចំណាយពេល 17ឆ្នាំ។ ពេលនោះ​គាត់​មាន​អាយុ​ក្បែរ​នឹង50ឆ្នាំ​ទៅហើយ វា​អាច​ហួសពេល​សម្រាប់​ការកសាង​មុខ​ជំនួញ”។

    អ្នកវិភាគ​សេដ្ឋកិច្ច​ខាងលើ​បានលើកឡើង​ផងដែរថា មាន​អ្នកខ្លះ​គាត់​ចូលចិត្ត​ទិញ​ផ្ទះ​បង់​រំលស់​ក្នុងតម្លៃ​ថ្លៃ ហើយ​ស្របពេលនោះ​គាត់​យកលុយ​សេសសល់​ពី​ការបង់​លើផ្ទះ​ទាំង​ប៉ុន្មាន ទៅ​បង់​រំលស់​សម្ភារ​ទំនើបផ្សេងៗទៀត ដូចជា​ទូរស័ព្ទដៃ​ទំនើប និង​រថយន្ត​ទំនើប​ជាដើម ដែល​ធ្វើឱ្យ​គាត់​បន្ត​ជំពាក់​គេ​ពេញ​មួយជីវិត។ ស្ថានភាព​បែបនេះ​មិនល្អ​នោះទេ​សម្រាប់​មនុស្សម្នាក់ៗ ព្រោះ​ពេល​យើង​ឈឺ ឬ​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​បន្ទាន់ យើង​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ស្ថាន​ភាពលំបាក​ទាំងអស់នោះ​ដែល​ធ្វើឱ្យ​យើង​លំបាក​ខ្លាំង​នោះឡើយ។

    ជា​ដំណោះស្រាយ លោក ង៉ែត ជូ ជំ​រុញឱ្យ​ប្រជាជន​ត្រូវ​ពិចារណា​ក្នុងការ​សន្សំសំចៃ​ឱ្យបាន​ច្រើនជាង​ការចំណាយ​ធំ​ហួសមាឌ។ ការទិញ​ផ្ទះ គួរ​ទិញ​ផ្ទះ​តូច​ល្មម​តាម​តម្រូវការ កុំឱ្យ​ជំពាក់​គេ​យូរពេកហើយ​សម្ភារ​ទំនើប គួរ​ទិញ​ប្រើប្រាស់​ក្រោយ​ពេលដែល​យើង​មានលទ្ធភាព​គ្រប់គ្រាន់ កុំ​បង្ខំ​ពេក។ ពេលខ្លះ​មនុស្ស​មួយចំនួន​មើលឃើញ​គិតថា អ្នក​ដែលមាន​សម្ភារទំនើបៗ និង​ផ្ទះល្អៗទាំងនោះ​កំពុង​រស់នៅ​យ៉ាង​ល្អប្រសើរ តែបើ​ពិនិត្យមើល​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់គាត់​វិញ គាត់​អាចមាន​បញ្ហា​ច្រើនណាស់​ដែល​យើង​មិនបានដឹង ព្រោះ​ការបង់​រំ​លស់​ឧបករណ៍​ខ្លះ ដូចជា​ឧបករណ៍​អេឡិចត្រូនិក និង​រថយន្ត គឺមាន​ការប្រាក់​ខ្ពស់​ដែល​ធ្វើឱ្យ​គាត់​ត្រូវ​ប្រើប្រាស់​ចំណូល​ប្រចាំថ្ងៃ​ទៅ​ចិញ្ចឹម​របស់​ទាំងអស់នោះ។

    លោក ង៉ែត ជូ បាន​បន្ថែម​ផងដែរ​ថា ប្រសិនបើ​ចង់​ទទួលបាន​សេរីភាព​ហិរញ្ញវត្ថុ មនុស្សម្នាក់ៗគួរ​ព្យាយាម​កាត់បន្ថយ​ការចំណាយ ហើយ​សន្សំ​ចំណូល​ទុក​ដើម្បី​បង្កើន​ចំណូល​អកម្ម ដូចជា​ចំណូល​ពី​អចលនទ្រព្យ និង​ពី​ការវិនិយោគ ឬ​អាជីវកម្ម​ជាដើម ដើម្បី​ធានាថា យើង​អាច​រស់នៅ​ដោយ​សុខ​ស្រួល ហើយ​មិន​ខ្វល់​ខ្លាំង​ពី​បញ្ហា​ហិរញ្ញវត្ថុ។ ចំណូល​ដែល​បានមកពី​អចលនទ្រព្យ គឺមាន​ដូចជា​ការជួល​ផ្ទះ ជួល​បន្ទប់ ជួល​ឃ្លាំង ឬ​ជួល​ដី​ដែល​យើង​បាន​យកលុយ​សន្សំ​ទៅ​ទិញ។ ចំពោះ​ចំណូល​ពី​ការវិនិយោគ ឬ​អាជីវកម្ម យើង​អាច​ទទួលបាន​ពី​ការដាក់ទុន​ជាមួយ​ក្រុមហ៊ុន​នានា ការដាក់​លុយ​ចូល​ហ៊ុន​ជាមួយ​ក្រុម​វិនិយោគ ឬ​ដាក់​ក្នុង​ធនាគារ និង​ការប្រើប្រាស់​លុយ​ដើម្បី​រកលុយ​ជាច្រើន​ផ្សេងទៀត ដូចជា​ការចង​ការប្រាក់ ឬ​ទិញ​បណ្ណ​ភាគហ៊ុន​ជាដើម ដែល​វា​អាចធ្វើឱ្យ​យើង​ទទួលបាន​ថវិកា​បើទោះបីជា​មិនបាច់​ធ្វើការ​ក៏ដោយ។ នៅពេល​យើង​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អប្រសើរ​ហើយ ពេលនោះ​គឺជា​ពេលដែល​យើង​ចាប់ផ្តើម​យក​ពេលវេលា​មក​គិតគូរ​ពី​ការរកស៊ី​វិញ​ម្តង នេះហើយ​ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកមាន ចេះតែមាន​ទៅ ឯ​អ្នកធ្វើការ​ឱ្យគេ​ខ្លះ នៅតែ​ធ្វើការ​ឱ្យគេ​ត​ទៀត​ជា​យូរអង្វែង​នោះ៕