Author: ធឿន មករា

  • NBC​ ​និង​ធនាគារកណ្ដាល​ថៃ​ ​នឹង​សាកល្បង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ ​QR​ ​code​ ​ដើម្បី​បន្ថយ​ចំណាយ​លើ​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​

    NBC​ ​និង​ធនាគារកណ្ដាល​ថៃ​ ​នឹង​សាកល្បង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ ​QR​ ​code​ ​ដើម្បី​បន្ថយ​ចំណាយ​លើ​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​

    ធនាគារជាតិនៃកម្ពុជា​(​NBC​)​ ​និង​ធនាគារ​កណ្តាល​ថៃ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ ​QR​ ​code​ ​ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​រាយ​នៅ​កម្ពុជា​ ​និង​នៅ​ប្រទេស​ថៃ​។​

    ​ការ​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​នវានុវត្តន៍​នៃ​ការ​ទូទាត់​ ​និង​ហិរញ្ញវត្ថុ​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង2​ ​ប្រកបដោយ​ចីរភាព​។​

    ​អនុស្សរណៈ​យោគយល់​នេះ​សំដៅ​គាំទ្រ​ដល់​កិច្ចសហការ​ក្នុង​ការ​អភិវឌ្ឍ​អន្តរ​ប្រតិបត្តិ​ការ​នៃ​ស្តង់​ដា​ប្រព័ន្ធ​ ​QR​ ​code​ ​សម្រាប់​ការ​ទូទាត់​ក្នុង​ប្រទេស​ ​និង​ក្រៅប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​មាន​សុវត្ថិភាព​ ​ព្រមទាំង​ជំរុញ​ដល់​ការប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​ ​និង​នវានុវត្តន៍​នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ទាំង2​។​

    ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​នវានុវត្តន៍​នៃ​ការ​ទូទាត់​ ​និង​ហិរញ្ញវត្ថុ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្ដម​ ​ជា​ ​ចាន់​តូ​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​និង​លោកVeerathai​ ​Santiprabhob​ ​ទេសាភិបាល​នៃ​ធនាគារ​កណ្តាល​ថៃ​។​ ​ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​រវាង​ធនាគារ​កណ្តាល​ទាំងពីរ​ ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពីដើម​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​កន្លងទៅ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​បង្កើន​ទំនាក់ទំនង​ជា​មិត្តភាព​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំង2ឱ្យ​កាន់តែ​ជិតស្និទ្ធ​។​ ​កន្លងមក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នេះ​បាន​រួមចំណែក​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង2​ ​ប្រកបដោយ​ចីរភាព​។​

    ​ឯកឧត្ដម​ ​ជា​ ​ចាន់​តូ​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​នេះ​ជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំងពីរ​ ​ដែល​កាលពី​ឆ្នាំ​កន្លងទៅ​យើង​បាន​ធ្វើឡើង​នៅ​ទី​ក្រុង​ឈៀង​ម៉ៃ​ ​ប្រទេស​ថៃ​ ​ដោយឡែក​នៅ​ឆ្នាំ2019​ ​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​។​

    ​ឯកឧត្ដម​ទេសាភិបាល​បាន​មានប្រសាសន៍​ថា​៖​ ​“​វត្តមាន​របស់​ទេសាភិបាល​ថៃ​នៅ​កម្ពុជា​ ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិ​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំងពីរ​ ​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​នេះ​ដែល​សម្រេច​បាន​ ​និង​បន្ត​នូវ​ស្មារតី​កិច្ច​សហប្រតិបត្តិ​ការ​”​។​ ​ឯកឧត្ដម​បន្ត​ថា​ ​ធនាគារ​កណ្តាល​ថៃ​បាន​ជួយ​ចែករំលែក​បទ​ពិសោធ​ដល់​មន្ត្រី​ធនាគារ​កណ្តាល​កម្ពុជា​ ​ដូចជា​ការ​ត្រួតពិនិត្យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ប្រព័ន្ធ​ទូទាត់​ ​និង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ជាដើម​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ ​QR​ ​code​ ​នេះ​ ​គឺ​ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​រាយ​នៅ​កម្ពុជា​ ​និង​រវាង​ប្រទេស​ថៃ​ ​និង​កម្ពុជា​ ​ដោយ​ប្រព័ន្ធ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​។​

    ​លោក​ ​Apisak​ ​Tantivorawong​ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​ថៃ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​របស់​ប្រទេស​ថៃ​ថា​ ​ធនាគារ​កណ្តាល​ថៃ​បាន​ផ្តួចផ្តើម​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​ជាមួយ​កម្ពុជា​ ​ឡាវ​ ​និង​វៀតណាម​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ ​QR​ ​Code​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើស​មា​ហរ​ណ​កម្មវិស័យ​ធនាគារ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នៅក្នុង​តំបន់​។​

    ​លោក​ ​Tantivorawong​ ​ ​បាន​បន្ត​ថា​៖​“​សេវាកម្ម​ទូទាត់​តាមរយៈ​ប្រព័ន្ធ​ ​QR​ ​code​ ​នេះ​នឹង​មានការ​ចំណាយ​តិច​ក្នុង​ការផ្ទេរ​ប្រាក់​នៅក្នុង​តំបន់​ ​ជាពិសេស​សម្រាប់​ជួយ​ដល់​កម្មករ​ចំណាកស្រុក​មក​ពី​ប្រទេស​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​និង​វៀតណាម​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​សព្វថ្ងៃ​ពួកគេ​ត្រូវ​បាន​គិតថ្លៃ​សេវា​ផ្ទេរ​ប្រមាណ​ជា​ ​10ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​ផ្ទេរ​សម្រាប់​សេវាកម្ម​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​មួយដង​”​។​

    ​ថ្លែង​ក្នុង​សិក្ខាសាលា​កាលពី​ពេល​កន្លងទៅ​លោកស្រី​ ​ជា​ ​សិរី​ ​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​អ្នកប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​តម្រូវ​ឱ្យ​មាន​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ ​ហើយ​គេ​អាច​ធ្វើការ​ទូទាត់​ទំនិញ​នៅ​ប្រទេស​ថៃ​បាន​នៅពេល​ទិញទំនិញ​ ​ខណៈ​ដែល​ជនជាតិ​ថៃ​ធ្វើដំណើរ​មក​កម្ពុជា​ ​ក៏​គេ​អាច​ធ្វើការ​ទូទាត់​ជា​លុយ​បាត​ថៃ​ផង​ដែរ​នៅ​កម្ពុជា​។​

    ​លោកស្រី​អគ្គ​នាយិកា​បាន​ថ្លែង​ថា​៖​ ​“​យើង​មាន​សុទិដ្ឋិនិយម​ថា​ ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​ ​ប្រព័ន្ធ​នេះ​នឹងអាច​ប្រើប្រាស់​បាន​ ​នេះ​ជា​ជំហាន​មួយទៀត​នៃ​ផែនការ​របស់​យើង​សម្រាប់​ធ្វើស​មា​ហរ​ណ​កម្ម​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ​យើង​មាន​គម្រោង​ពង្រីក​ប្រព័ន្ធ​នេះ​ទៅ​បណ្តា​ប្រទេស​ដទៃទៀត​នៅ​អាស៊ាន​”​។​

    ​លោកស្រី​បន្ត​ថា​ ​ប្រព័ន្ធ​ ​QR​ ​Codeនេះ​នឹង​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បើក​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ ​ដោយសារតែ​ពួកគេ​គិតថា​ ​វា​មាន​អត្ថ​ប្រយោជន៍​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​។​

    ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិនៃកម្ពុជា​ ​ប្រព័ន្ធ​ ​QR​ ​code​ ​នេះ​មាន​ភាព​ងាយស្រួល​ ​លឿន​ ​រហ័ស​ ​និង​សន្សំសំចៃ​ខ្ពស់​ ​ហើយ​ប្រជាជន​កម្ពុជា​នឹង​មិន​ខ្លាច​ក្នុង​ការខាតបង់​នូវ​អា​ត្រា​ប្តូរ​ប្រាក់​នៅពេល​ដែល​ពួកគេ​ចាយ​លុយ​រៀល​នៅក្នុង​ប្រទេស​ថៃ​ឡើយ​។​ ​ម្យ៉ាងវិញទៀត​ ​អ្នកប្រើ​ប្រាស់​នឹង​មិន​បារម្ភ​ពី​ការ​ខ្វះខាត​លុយ​បាត​នៅក្នុង​កាបូប​នៅពេល​ដែល​ពួកគេ​ទៅ​ទស្សនា​ប្រទេស​ថៃ​ឡើយ​៕​

  • Jaguar​ ​និង​សំអាងការ​ នួនស្រី​ ​Samangka​ ​Nournsrey​ ​បន្ត​រួម​សហការ​គ្នា​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិខ្មែរ​

    Jaguar​ ​និង​សំអាងការ​ នួនស្រី​ ​Samangka​ ​Nournsrey​ ​បន្ត​រួម​សហការ​គ្នា​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិខ្មែរ​

    ថ្ងៃទី13​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​នៅ​ឯ​សណ្ឋាគារ​ ​Sofitel​ ​Phnom​ ​Penh​ ​Phokeethra​ ​មាន​ភ្ញៀវ​កិត្តិយស​ជាច្រើន​ក្នុង​ ​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​យ៉ាង​ស្រស់​ស្អាត​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ការ​តាំង​បង្ហាញ​រថយន្ត​ ​Jaguar​ ​E​-​Pace​ ​and​ ​Jaguar​ ​F​-​Pace​ ​ជាពិសេស​គឺ​ការ​តាំង​បង្ហាញ​ម៉ូត​សំលៀកបំពាក់​ប្រពៃ​ណៃ​បុរាណ​ខ្មែរ​។​

    លោក​ ​Ulf​ ​Sebecke​ ​ប្រធាន​ចាត់ការ​ទូទៅ​របស់​ ​Jaguar​ ​Land​ ​Rover​ ​Cambodia​ ​ដែល​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ ​RMA​ ​Group​ ​បាន​លើកឡើង​ថា​ ​លោក​តំណាង​អោយ​ក្រុមហ៊ុន​ ​RMA​ ​Group​ ​និង​ ​ម៉ា​ក​រថ​ន្ត​ប្រណីត​ ​Jaguarប្រចាំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហើយក៏​ជា​ម៉ាក​ដែល​ទទួល​បាន​ងារ​ថា​ ​(​Art​ ​of​ ​Performance​ ​-​ ​សិល្បៈ​នៃ​ការ​សម្តែង​)​ ​ពិតជា​មាន​ត្តិ​យស​ដែល​បាន​សហការ​ជាមួយនឹង​សម្អាងការ​ ​នួន​ ​ស្រី​ ​-​ ​Samangka​ ​Nournsrey​ ​ក្នុង​ការ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិខ្មែរ​។​ ​ក្នុងនាម​លោក​ក៏ដូចជា​ក្រុមការងារ​សូម​ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​អញ្ចើញ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​នា​ពេល​រាត្រី​នេះ​។​”​

    ​ភ្ញៀវ​កិត្តិយស​ទាំងអស់​បាន​រីករាយ​ជាមួយនឹង​ការ​ដើរ​បង្ហាញ​ម៉ូត​សំ​ល្លៀ​ក​បំពាក់​ប្រពៃណី​ខ្មែរ​ពី​សម្អាងការ​ ​នួនស្រី​ ​Samangka​ ​Nournsrey​ ​ការ​តាំង​បង្ហាញ​រថយន្ត​ម៉ូត​ថ្មី​របស់​ ​Jaguar​ ​ការ​ចុះឈ្មោះ​បើកបរ​សាកល្បង​ ​និង​សោយ​ភោជន៍​ផង​ដែរ​។​

    ​សូម​ទំនាក់ទំនង​តាម​លេខទូរស័ព្ទ​៖​ ​023​ ​888​-​811​ ​/​ ​070​ ​999​-​111​
    ​គេហទំព័រ​ ​ផ្លូវការ​៖​ ​www.jaguarcambodia.com​
    ​គេហទំព័រ​ ​Facebook​ ​ផ្លូវការ​៖​ ​Jaguar​ ​Cambodia​
    ​គេហទំព័រ​ ​Instagram​ ​ផ្លូវការ​៖​ ​@​JaguarCambodia


  • ចង់ទៅ​ដើរលេង​ក្រៅប្រទេស​ជាមួយ​ក្រុម​គ្រួសារ​.​.​.​ ​តើ​ទៅណា​ល្អ​?​

    ចង់ទៅ​ដើរលេង​ក្រៅប្រទេស​ជាមួយ​ក្រុម​គ្រួសារ​.​.​.​ ​តើ​ទៅណា​ល្អ​?​

    Family​ ​Trip​ ​ជា​ចំណោទ​ពិបាក​មួយ​សម្រាប់​ឪពុកម្ដាយ​ដែល​ចង់​នាំ​កូន​ទៅ​ទស្សនា​ពិភពលោក​ ​ព្រោះ​មិនដឹង​ថា​នឹង​ចាប់ផ្ដើម​ទៅ​ទីណា​ល្អ​.​.​.​ ​ថ្ងៃនេះ​ ​ឡា​រ៉ែ​ន​ ​សូម​ណែនាំ​ប្រទេស​ ​3ដែល​ស័ក្តិសម​បំផុត​ក្នុង​ការ​ទៅដើរ​លេងកម្សាន្ត​ទាំង​គ្រួសារ​ ​ព្រោះ​មាន​ទាំង​សួន​កម្សាន្ត​ ​មាន​កិច្ចការ​ងារ​កម្សាន្ត​សប្បាយ​ៗ​ ​និង​ទីកន្លែង​ដែល​អាច​ឱ្យ​ក្មេង​ៗ​បាន​ជិតស្និទ្ធ​ជាមួយនឹង​ធម្មជាតិ​ ​ព្រោះ​នៅក្នុង​ប្រទេស​នី​មួយ​ៗ​មាន​ចំណុច​ល្អ​ផ្សេង​ៗ​ពីគ្នា​ ​ដូច្នេះ​សាកល្បង​ជ្រើសរើស​ប្រទេស​ដែល​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​ក្រុម​គ្រួសារ​លោកអ្នក​ទៅ​មើល៍​ ​រួចហើយ​នាំគ្នា​រៀបចំ​វ៉ា​លី​សទៅ​តែម្ដង​.​.​.​។​

    ​1​.​ ​ប្រទេស​ម៉ាឡេស៊ី​

    ​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​យើង​ដូចជា​ប្រទេស​ម៉ាឡេស៊ី​នេះ​ ​ងាយស្រួល​ទៅ​ ​ថ្លៃ​ចាយវាយ​ក៏​មិន​ច្រើន​ ​ថែមទាំង​មាន​សួន​កម្សាន្ត​ ​និង​អាង​លេង​ទឹក​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ដូចជា​ ​Legoland​ ​Water​ ​Park​ ​នៅក្នុង​រដ្ឋ​ ​យ៉ះហូ​ ​ដែល​មាន​កន្លែង​លេង​ដល់ទៅ​ជាង​ ​20កន្លែង​ ​អាច​ឱ្យ​យើង​សប្បាយ​បាន​ទាំង​ក្រុម​គ្រួសារ​តែម្ដង​ ​ឬ​បើ​ចង់​ឱ្យ​កូន​ៗ​បាន​ជិតស្និទ្ធ​នឹង​ធម្មជាតិ​ ​ឡា​រ៉ែ​ន​ ​សូម​ណែនាំ​ ​កោះ​ឡាំង​កា​វី​ ​ដែល​មាន​ទាំង​ជ្រលង​ដងភ្នំ​ ​ព្រៃស្រោង​ ​និង​វាលស្រែ​ ​ឬក៏​ចង់​ផ្សងព្រេង​នៅក្នុង​ឧទ្យានជាតិ​ ​Taman​ ​Negara​ ​ទស្សនា​សត្វ​គ្រប់​ប្រភេទ​យ៉ាង​ជក់ចិត្ត​ក្នុង​ទី​ក្រុង​កួ​ឡា​ឡាំ​ពួ​ ​ក៏បាន​។​ ​ក្រៅពី​នេះ​នៅ​មាន​សួន​កម្សាន្ត​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំៗ​ជាច្រើន​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស​ដើរកម្សាន្ត​ទៀតផង​។​

    ​2​.​ ​ប្រទេស​នី​វហ្ស៊ី​លែ​នដ៍​

    ​លំដាប់​ទី2​ ​ដែល​ក្រុម​គ្រួសារ​ទាំងឡាយ​និយម​ទៅដើរ​លេងកម្សាន្ត​ជុំគ្នា​ដែរ​នោះ​គឺ​ ​ប្រទេស​នី​វហ្ស៊ី​លែ​នដ៍​ ​ព្រោះ​មាន​កិច្ចការ​ងា​រស​ប្បា​យៗ​ ​សម្រាប់​ឱ្យ​ក្មេង​ៗ​បាន​លេងកម្សាន្ត​សប្បាយ​ ​ដោយមាន​ទស្សនីយភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ជា​ចំណុច​ទាក់ទាញ​អ្នកទេសចរ​។​ ​អ្នកណា​ដែល​ចូលចិត្ត​លេងកម្សាន្ត​ជាមួយនឹង​ធម្មជាតិ​ ​ដូច​-​ជា​ ​ដើរ​ទស្សនា​ព្រៃភ្នំ​ពណ៌បៃតង​ខ្ចី​ ​រហូតដល់​ការផ្សងព្រេង​ផង​នោះ​ ​នៅ​ទីនេះ​អាច​ឆ្លើយតប​នឹង​តម្រូវការ​នោះ​យ៉ាង​គ្រប់គ្រឿង​តែម្ដង​។​ ​មាន​ទាំង​ដំណើរ​កម្សាន្ត​តាមផ្លូវទឹក​ ​ជិះ​ក្បូន​ ​អុំទូក​ ​ខានូ​ ​រហូតដល់​ការ​ឡើងភ្នំ​ ​ឬ​ទម្លាក់​ខ្លួន​ចុះ​តាម​ខ្សែរ៉ក​ក៏​មាន​។​ ​បើ​ចង់​ទស្សនា​សត្វព្រៃ​ ​ក៏​ទៅ​ម្ដុំ​ៗ​អូក​លែ​នដ៍​ ​ដែល​មាន​ទាំង​ត្រី​បាឡែន​ ​និង​ត្រី​ឡូ​ម៉ាស​មុទ្រ​ឱ្យ​ក្មេង​ៗ​បាន​មើល​ជុំគ្នា​ទៀតផង​។​ ​បើ​ចូលចិត្ត​បន្ថែម​ចំណេះដឹង​ ​សូម​ណែនាំ​សារមន្ទីរ​ ​វែលលីងតុន​ ​ដើរ​ទស្សនា​ជក់ចិត្ត​ ​ហើយ​បាន​ចំណេះ​ទៀតផង​។​

    ​3​.​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

    ​ឥណ្ឌូ​នេ​ស៊ី​ ​ក៏​ជាគោល​ដៅ​មួយទៀត​ដែល​នៅ​ជិត​ប្រទេស​កម្ពុជា​យើង​ដែរ​ ​ស័ក្តិសម​ល្អជា​មួយ​ធ្រីប​ជា​ក្រុម​គ្រួសារ​ ​ដោយសារតែ​ក្នុងទឹក​ដី​ប្រទេស​ ​អុី​ណាវ​ ​នេះ​មាន​កោះ​តូច​ៗ​ដូចជា​កោះ​បាលី​ដែល​អាច​ឱ្យ​អ្នកម្ដាយ​បាន​គេង​សំដិល​កាយ​ជាមួយ​កម្ដៅថ្ងៃ​ដ៏​ស្រទន់​ ​ចំ​ណែ​ក​កូន​ៗ​ក៏​នាំគ្នា​លេង​ទឹក​យ៉ាង​សប្បាយរីករាយ​ ​ដូចជា​លេង​មុជទឹក​ស្ន​ក់ហ្គើល​ ​ជិះ​ចិត​ស្គី​ ​ជិះទូក​ក្ដោង​ ​ឬ​ដើរ​ក្រោម​បាត​សំពៅ​កញ្ចក់​ជាដើម​។​ ​បើ​ចូលចិត្ត​មើល​សត្វព្រៃ​វិញ​ ​ក៏​ចុះទៅ​ប៉ែក​ខាងត្បូង​នៃ​កោះ​ ​ដើម្បី​ដើរ​ទស្សនា​នៅក្នុង​ ​Bali​ ​Bird​ ​Park​ ​ទីកន្លែង​រៀបចំ​ការសម្ដែង​របស់​សត្វស្លាប​ជាង​ ​250ប្រភេទ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​។​ ​បើ​ចង់ទៅ​សួនសត្វ​តែម្ដង​ ​ក៏​មាន​ ​Safari​ ​and​ ​Marine​ ​ដែ​លក្មេងៗ​អាច​ឱ្យ​ចំណី​សត្វ​កង់​ហ្គូ​រូ​តូច​ៗ​បាន​ ​មាន​សត្វ​សំពោច​ ​កំប្រុក​ ​និង​អូដ្ឋ​ ​ឬ​ដើរមើល​ស្វា​ច្រើន​ប្រភេទ​នៅ​ឯ​ ​Monkey​ ​Forest​ ​នៅ​តំបន់​ ​អ៊ូ​ប៊ុត​ ​ក៏​ធានា​ថា​ ​ក្មេង​ៗ​ច្បាស់ជា​ចូលចិត្ត​មិនខាន​។​

    ​បើក​ពិភពលោក​ ​ដោយ​ការ​នាំ​ក្រុម​គ្រួសារ​ទៅដើរ​កម្សាន្ត​នៅ​តាម​ទីកន្លែង​ទេស​ចរ​ណ៍​ថ្មី​ៗ​នៅ​ក្រៅប្រទេស​យ៉ាង​សប្បាយរីករាយ​ទាំងអស់គ្នា​៕​

  • សំណេរ​បែប​ណា​ដែល​គួរ​ផ្ញើ​ទៅ​គូស្នេហ៍​ខណៈ​ពេល​កំពុង​ឈ្លោះ​គ្នា​?​

    សំណេរ​បែប​ណា​ដែល​គួរ​ផ្ញើ​ទៅ​គូស្នេហ៍​ខណៈ​ពេល​កំពុង​ឈ្លោះ​គ្នា​?​

    អ្នក​កំពុង​ខឹង​គូស្នេហ៍​ខ្លាំង​ណាស់​ ​និង​ចាប់ផ្ដើម​វាយ​អក្សរ​ជា​សំណេរ​ដើម្បី​ប្រាប់​ឱ្យ​គេ​ដឹង​ថា​អ្នក​កំពុង​មាន​អារម្មណ៍​បែប​ណា​ ​តែ​អ្នក​វាយ​រួច​លុប​ ​វាយ​រួច​លុប​ដដែល​ៗ​ ​ម្ដង​ហើយ​ម្ដងទៀត​ព្រោះ​មិន​អាច​ទម្លាយ​អារម្មណ៍​ខឹង​ដែល​កំពុង​ក្ដៅ​ងំ​នៅក្នុង​ចិត្តបាន​ ​តែ​ក៏​ខំព្យាយាម​។​ ​ទីបំផុត​អ្នក​ក៏​បន្ត​ឈ្លោះប្រកែក​គ្នា​តាមរយៈ​សំណេរ​ដែល​ផ្ញើ​ឱ្យ​គ្នា​ទៅវិញទៅមក​ ​ហើយ​ពេលនេះ​អ្នកមាន​អារម្មណ៍​យ៉ាប់យ៉ឺន​ជាង​មុន​ទៅទៀត​។​ ​ដឹង​ទេ​ថា​ ​អ្នក​មិន​គួរ​ផ្ញើ​សំណេរ​ដែល​សម្ដែង​ពី​ភាព​ឆេវឆាវ​ទៅ​ឱ្យ​គូស្នេហ៍​ខណៈ​ដែល​អ្នក​កំពុង​ខឹងមួម៉ៅ​ឡើយ​ ​ដូច្នេះតើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​?​ ​តើ​អ្នក​គួរ​ផ្ញើ​សំណេរ​បែប​ណា​ក្នុង​ពេល​ដែល​អ្នក​កំពុង​ខឹង​ក្រេវក្រោធ​ ​ដើម្បី​គ្រាន់តែ​ចង់ឱ្យ​អ្នក​ម្ខាងទៀត​នោះ​ដឹង​ ​តែ​មិន​ចង់ឱ្យ​វារី​ក​រាលដាល​ក្លាយជា​រឿង​ធំ​។​ ​មិនមែន​ជា​រឿង​ងាយ​ទេ​ ​មែនទេ​?​ ​តែ​ក៏អាច​ធ្វើ​បាន​តើ​!​ ​អូខេ​.​.​.​ ​ខាងក្រោម​នេះ​ ​គឺជា​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ទប់ទល់​ជាមួយ​ស្ថាន​កា​ណ៍​បែបនេះ​។​

    ​ទុក​ពេល​ឱ្យ​ខ្លួនឯង​ចិត្តត្រជាក់​វិញ​សិន​ ​មុននឹង​ផ្ញើ​សំណេរ​ទៅ​
    ​នេះ​អាច​ជា​វិធី​មួយ​ដែល​ពិបាក​បំផុត​ ​តែ​ក៏​សំខាន់​បំផុត​ដែរ​ ​ព្រោះ​វិធី​តែមួយគត់​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ ​ការ​មិនបាច់​ធ្វើអ្វី​ហ្នឹងឯង​។​ ​រឹតតែ​ខឹង​ខ្លាំង​ប៉ុនណា​ ​ក៏​រឹតតែ​រង់ចាំ​យូរ​ប៉ុន​នោះ​ដែរ​ ​ទោះជា​មាន​កម្លាំង​ជំរុញ​ឱ្យ​វាយ​តតាំង​ ​ដោះសា​ ​ឬ​ការពារ​ខ្លួន​ក្ដី​តែ​ពាក្យសម្ដី​របស់​អ្នកមាន​ភាព​សំខាន់​ខ្លាំង​បំផុត​ដូច្នេះ​ការ​រង់ចាំ​ដើម្បី​សាង​ពាក្យ​សម្តី​ដែល​ស័ក្តិ​-​សមគួរ​ប្រើ​ ​នឹង​ជួយ​ធ្វើ​ឱ្យ​គោលដៅ​ក្នុង​ការ​ស្ដាប់​ ​និង​យល់ដឹង​កាន់តែ​ល្អ​ឡើង​.​.​.​ ​ទោះជា​ពិបាក​មែន​ ​តែ​ក៏​ស័ក្តិសម​នឹង​តម្លៃ​នៃ​ការ​រង់ចាំ​ដែរ​។​

    ​ត្រូវ​ច្បាស់លាស់​នូវ​អ្វី​ដែល​អ្នក​ត្រូវការ​ចង់និយាយ​ ​និង​ពេល​ដែល​និយាយ​ចេញទៅ​
    ​ខណៈ​ដែល​អ្នក​កំពុងតែ​ទន្ទឹងរង់ចាំ​ពេលវេលា​ដើម្បី​ឱ្យ​ចិត្តត្រជាក់​ទៅវិញ​នោះ​ ​អ្នក​គួរ​គិត​ផង​ថា​តើ​អ្នក​ត្រូវការ​ប្រាប់​អ្វីទៅ​គូស្នេហ៍​ ​ព្យាយាម​តាំង​សតិ​ ​និង​គិតថា​ ​អ្វី​ដែល​សំខាន់​បំផុត​?​ ​នៅពេល​អ្នកដឹង​ចម្លើយ​ហើយ​ ​បន្ទាប់ពី​នោះ​ក៏​ ​“​រកនឹក​ពាក្យ​សម្ដី​ខ្លី​ៗ​ ​ចំ​-​ចំណុច​ ​និង​មានន័យ​”​។​

    ​កុំ​ឈ្លោះ​គ្នា​តាមរយៈ​សំណេរ​មិនថា​ជា​យ៉ាងណាក៏ដោយ​ ​អ្នក​គួរតែ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​
    ​កុំ​ទម្លាយ​អារម្មណ៍​ខឹងសម្បា​តាមរយៈ​សំណេរ​ជាដាច់ខាត​ ​ដោយសារតែ​ការ​ឈ្លោះ​គ្នា​តាមរយៈ​សំណេរ​មានតែ​នឹង​ធ្វើ​ឱ្យ​អ្វី​ៗ​គ្រប់យ៉ាង​ដួល​រលំ​ខ្ទេចខ្ទី​តែប៉ុណ្ណោះ​។​ ​បើ​អ្នក​ធ្លាប់​ឈ្លោះ​គ្នា​តាមរយៈ​សំណេរ​ ​នោះ​អ្នក​ច្បាស់ជា​ដឹង​មិនខាន​ថា​ ​វា​យ៉ាងម៉េច​?​ ​អា​រម្ម​ណ៍​ផ្សេង​ៗ​នឹង​ពុះកញ្ជ្រោល​បាញ់​ចេញទៅ​យ៉ាង​ឆាប់រហ័ស​ ​និង​អាច​ជាហេតុ​នាំ​ឱ្យ​ទាំងសងខាង​សរសេរ​នូវ​អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​ខ្លួនឯង​សោកស្ដាយ​នៅពេល​ក្រោយ​បាន​។​

    ​នេះ​គឺជា​អ្វី​ដែល​គួរ​សរសេរ​ ​និង​ហេតុផល​ដែល​អាច​ប្រើការ​បាន​អូខេ​
    ​នៅទីបំផុត​អ្នក​ក៏​មាន​អារម្មណ៍ល្អ​ ​និង​មើលទៅ​(​ហាក់ដូចជា​)​ស្ងប់ចិត្ត​វិញ​ហើយ​។​ ​ម្ដងនេះ​អ្នក​ត្រូវ​ពិចារណា​ថា​ ​អ្វី​គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ខឹងមួម៉ៅ​ដល់​ថ្នាក់​ហ្នឹង​ ​ហើយ​សឹម​ផ្ញើ​សំណេរ​ទៅ​.​.​.​ ​តែ​ ​តើ​អ្នក​គួរ​សរសេរ​ថាម៉េច​?​

    ​អ្នកជំនាញ​ ​(​ដូច​អ្នកគ្រូ​ ​ឆវី​ ​ជាដើម​)​ ​ប្រាប់​ថា​ ​មានរឿង4យ៉ាងដែល​អ្នក​គួរ​ចាំ​ឱ្យ​ជាប់​ក្នុងចិត្ត​.​.​.​។​

    ​ដំបូង​គេ​គឺ​ ​អ្នក​ត្រូវ​គ្រប់គ្រង​បរិយាកាស​ជា​រួម​របស់​សំណេរ​ឱ្យ​បាន​ ​ដើម្បី​បង្ហាញថា​ ​អ្នក​យល់ព្រម​ក្នុង​ការចរចា​ ​(​បញ្ចប់​សង្គ្រាម​ ​ហ៊ី​ស​)​ ​ទោះជា​អ្នក​នៅ​ខឹង​ ​តែ​ក៏​មាន​អារម្មណ៍​នឹងនរ​ ​បើក​ចិត្តទូលាយ​ ​ព្រម​ក្នុង​ការ​និយាយ​គ្នា​ល្អ​ស្រួល​ៗ​ ​ជំនួស​ការ​និយាយ​ពាក្យ​អាក្រក់​ស្ដាប់​ ​និង​វាយប្រហារ​គ្នា​។​

    ​ទី2​ ​ទោះជា​គំនិត​ ​និង​អារម្មណ៍​របស់​អ្នក​នៅ​វិលវល់​ច្របូកច្របល់​ក៏ដោយ​ ​តែ​នេះ​មិនមែន​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ទម្លាយ​គ្រប់យ៉ាង​ចេញ​មក​នោះ​ទេ​។​ ​អ្នក​គួរ​ផ្ដោត​ទៅលើ​សំណេរ​ឱ្យ​ខ្លី​ៗ​ ​ព្រោះថា​ ​បើ​រឹតតែ​ខ្លី​ ​ក៏​នឹង​មើលទៅ​មាន​ភាព​រុករាន​បំពាន​គ្នា​តិច​ទៅតាម​នោះ​ដែរ​ ​ដោយ​ស្វ័យប្រវត្តិ​។​

    ​ទី3​ ​ព្យាយាម​តុបតែង​ឱ្យ​សំណេរ​របស់​អ្នកមាន​ហេតុផល​ ​និង​បង្កប់ន័យ​។​ ​បើ​អ្នក​ត្រូវការ​ត្រឹមតែ​ទម្លាយ​អារម្មណ៍​នោះ​ ​ក៏​មិនបាន​មានន័យថា​ ​បញ្ហា​ទាំងឡាយ​នឹង​ធូរស្រាល​ឡើងវិញ​បាន​លឿន​ដែរ​.​.​.​មិន​ប្រាកដ​ដែរ​ ​ជួនកាល​វា​អាច​នឹង​យ៉ាប់យ៉ឺន​ជាង​មុន​ទៅទៀត​ផង​ក៏​មិនដឹង​ ​ព្រោះ​អ្នកណា​ចង់​ឆ្លើយ​មកវិញ​ ​បើ​ដឹង​ថា​តែមួយ​ស្របក់​ទៀត​នឹង​ឈ្លោះ​គ្នា​ទៀត​នោះ​។​ ​ចម្លើយ​គឺ​ ​គ្មាន​ទេ​!​។​

    ​និង​ចុងក្រោយ​ ​ហាម​និយាយ​រៀបរាប់​ពី​កំហុស​គ្នា​តាមរយៈ​សំណេរ​ជាដាច់ខាត​!​។​ ​

    ​អូខេ​ ​ហើយ​តើ​យើង​គួរ​សរសេរ​ថា​យ៉ាងណា​?​ ​សូម​តាមដាន​បន្ត​.​.​.

    ​“​អូន​(​ឬបង​)​មាន​អារម្មណ៍​ឈឺចាប់​ ​និង​មួម៉ៅ​ចំពោះ​រឿង​ដែល​កើតឡើង​ ​អូន​(​ឬបង​)​ចង់​ស្ដាប់​យោបល់​ពី​បង​(​ឬ​អូន​)​ម្ដង​ ​ដើម្បី​ឱ្យ​យើង​បាន​កែ​បញ្ហា​នេះ​ទាំងអស់គ្នា​។​

    ​សំណេរ​នេះ​អាច​ប្រើការ​បាន​ ​ដោយសារតែ​អ្នក​ប្រាប់​ឱ្យ​គូស្នេហ៍​ដឹង​ថា​ ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ដោយ​មិនបាន​ដាក់​សម្ពាធ​លើ​គេ​ឡើយ​។​ ​អ្នក​មិន​គួ​រកុ​ហក់​ ​និង​បិទបាំង​អារម្មណ៍​នោះ​ទេ​ ​ព្រោះ​នៅ​មាន​វិធី​ជាច្រើន​ទៀត​ក្នុង​ការ​និយាយ​គ្នា​ដោយ​មិន​សាង​បញ្ហា​បន្ថែម​។​ ​អ្នក​នឹងអាច​កែ​បញ្ហា​បាន​ ​និង​ធ្វើ​ឱ្យ​រូប​អ្នក​ ​ជាមួយ​គូស្នេហ៍​មាន​សេចក្ដីសុខ​ ​និង​ពេញចិត្ត​ពេញ​ថ្លើម​។​ ​ទាំងអស់​ក៏​មានតែ​ប៉ុណ្ណឹង​ឯង​ ​មែន​អត់​!​៕​ ​

  • កម្ពុជា​ត្រូវការ​បន្លែ​ចំនួន​ ​543តោន​ក្នុង​ ​1ថ្ងៃ​ ​ខណៈ​ក្រសួង​ជំរុញ​បង្កើន​ផលិតកម្ម​បន្លែ​សុវត្ថិភាព​

    កម្ពុជា​ត្រូវការ​បន្លែ​ចំនួន​ ​543តោន​ក្នុង​ ​1ថ្ងៃ​ ​ខណៈ​ក្រសួង​ជំរុញ​បង្កើន​ផលិតកម្ម​បន្លែ​សុវត្ថិភាព​

    របាយការណ៍​ថ្មី​មួយ​ពី​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ ​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​បន្លែ​ជាមធ្យម​ ​543តោន​ក្នុង​ ​1ថ្ងៃ​ក្នុង​ឆ្នាំ2018​ ​និង​បាន​ជំរុញ​ឱ្យ​កសិករ​បង្កើន​ផលិតកម្ម​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ​ទៀតផង​ ​ព្រោះថា​ ​កម្ពុជា​អាច​ផលិត​បន្លែ​បាន​ត្រឹមតែ​ ​400​ ​តោន​ប៉ុណ្ណោះ​ក្នុង​ ​1ថ្ងៃ​កាលពី​ឆ្នាំ2018​ ​ដោយ​ចំនួន​ប្រហែល​ ​143តោន​ទៀត​ត្រូវ​បាន​នាំចូល​ជា​រៀងរាល់ថ្ងៃ​ ​ដែល​ភាគច្រើន​មក​ពី​ប្រទេស​វៀតណាម​ ​ថៃ​ ​និង​ប្រទេស​ចិន​។​

    ​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​មានប្រសាសន៍​ថា​៖​ ​“​ផលិតកម្ម​បន្លែ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ ​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ ​យើង​នៅតែ​ពឹងផ្អែក​លើ​ការនាំចូល​”​។​ ​លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ផង​ដែរ​ឱ្យ​មានការ​ផលិត​បន្លែ​ក្នុង​ស្រុក​ដែល​ត្រឹមត្រូវ​តាម​ស្តង់​ដា​គុណភាព​ ​និង​សុវត្ថិភាព​ឱ្យ​បាន​កាន់តែ​ច្រើនឡើង​ ​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ ​ការ​ប្រសើរ​ឡើង​នៃ​ជីវភាពរស់នៅ​ ​និង​ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ឱ្យ​តម្រូវការ​បន្លែ​ដែល​មានគុណ​ភាព​ ​និង​សុវត្ថិភាព​កើនឡើង​យ៉ាង​ឆាប់រហ័ស​”​។​

    ​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​

    ​ឯកឧត្តម​បញ្ជាក់​ថា​ ​ដោយសារ​កំណើន​សេដ្ឋកិច្ច​ ​ប្រជាជន​ ​ភ្ញៀវ​ទេសចរ​ ​និង​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង​នោះ​ ​ធ្វើ​ឱ្យ​និន្នាការ​នៃ​ការ​បរិភោគ​បន្លែ​ចាំបាច់​ត្រូវ​មានការ​ប្រែប្រួល​ដោយ​ស្វ័យប្រវត្តិ​ពីអ​សុវត្ថិភាព​ ​ទៅជា​សុវត្ថិភាព​ ​គុណភាព​ ​និង​អនាម័យ​ ​ដើម្បី​សុខភាព​ល្អ​។​ ​ហេតុផល​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយក​ដ្ឋាន​មន្ទីរ​ ​មន្ត្រី​បង្គោល​អនុវត្ត​គម្រោង​ ​អ្នក​ផលិត​ ​អាជីវករ​ ​និង​អ្នក​បរិភោគ​ ​ឱ្យ​យកចិត្ត​ទុកដាក់​ ​និង​ខិតខំ​អនុវត្ត​បន្ថែម​ទៀត​លើ​ចំណុច​គន្លឹះ​សំ​ខាន់​ៗ​ដូចជា​ ​1​-​បន្ត​ជំរុញ​ការផលិត​បន្លែ​ ​និង​ផលិតផល​អា​ហារ​ផ្សេង​ៗ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់​ដា​ទីផ្សារ​ដើម្បី​បង្កើន​ឧត្តមភាព​ ​ប្រកួតប្រជែង​ ​និង​លើកកម្ពស់​តម្លៃបន្ថែម​។​ ​2​-​ជំរុញ​ការ​ធ្វើ​ពាណិជ្ជ​នី​យក​ម្មសិ​កម្ម​តាមរយៈ​ការ​បន្ត​ពង្រឹង​ប្រព័ន្ធ​ភូតគាម​អនាម័យ​។​ ​3​-​លើកកម្ពស់​ការកែច្នៃ​ ​វេច​ខ្ចប់​ ​និង​រក្សាទុក​ផលិតផល​ក្នុង​ម៉ាស៊ីន​ត្រជាក់​តាម​ស្តង់ដារ​ឱ្យ​បាន​សមស្រប​តាម​តម្រូវការ​អ្នក​បរិភោគ​ ​និង​ទីផ្សារ​។​ ​4​-​ជំរុញ​ ​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ ​កសិដ្ឋាន​ ​និង​កសិករ​គំរូ​ ​តាម​រយ:ការរៀបចំ​ផែនការ​ផលិតកម្ម​ ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ផ្គត់ផ្គង់​មាន​និរន្តរភាព​ ​ជាពិសេស​ជំរុញ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

    ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ ​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការអនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ផ្តោត​សំខាន់​ទៅលើ​ការផលិត​ពូជស្រូវ​ក្រអូប​ ​និង​ផលិត​បន្លែ​សុវត្ថិភាព​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ឈាន​ទៅកាត់​បន្ថយ​បរិមាណ​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​។​

    ​ឯកឧត្តម​ ​ងិន​ ​ឆាយ​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ផ្សារណាត់​បន្លែ​ ​និង​ផលិតផល​សុវត្ថិភាព​ថា​ ​បច្ចុប្បន្ន​ការអនុវត្ត​គម្រោង​ស្តី​ពី​ការជំរុញ​ផលិតកម្ម​ស្បៀង​នៅ​ទូទាំង​ខេត្ត​គោលដៅ​ ​ជា​គម្រោង​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន​ទឹកប្រាក់​ ​20.25លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​យក​មក​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន11​ ​មាន​ខេត្តតាកែវ​ ​កណ្តាល​ ​ព្រៃវែង​ ​កំពង់ស្ពឺ​ ​កំពង់ធំ​ ​កំពង់ចាម​ ​ពោធិ៍សាត់​ ​កំពង់ឆ្នាំង​ ​បាត់ដំបង​ ​សៀមរាប​ ​និង​ខេត្ត​ត្បូងឃ្មុំ​។​

    ​លោក​ ​ស្រី​ ​វុទ្ធី​ ​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា​ ​គម្រោង​ជំរុញ​កំណើន​នេះ​បាន​ទទួលផល​រួច​ទៅ​ហើយ​ ​ដោយ​បង្កើន​ផលិតកម្ម​បន្លែ​ក្នុង​ស្រុក​ ​និង​ជួយ​កាត់បន្ថយ​ការនាំចូល​។​ ​លោក​បាន​មានប្រសាសន៍​ថា​៖​ ​“​ក្នុងរយៈពេល​ ​5ឆ្នាំ​ទៀត​យើង​មាន​គម្រោង​បង្កើន​ផលិតកម្ម​បន្លែ​ប្រហែល​ពី​ ​20​%​ ​ទៅ30​%​។​ ​យើង​កំពុង​ផ្តោត​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ដើម្បី​ឱ្យ​យើង​អាច​ផលិត​បន្លែ​បាន​ពេញ​មួយឆ្នាំ​”​។​

    ​ក្រសួង​កសិកម្ម​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ចាប់ផ្តើម​យុទ្ធ​សា​ស្ដ្​រ​គ្រាប់ពូជ​ជាតិ​ ​ដែល​មាន​គោលបំណង​កំណត់​ ​និង​ធ្វើ​ឱ្យ​មាន​ស្តង់​ដា​នៃ​ឧស្សាហកម្ម​គ្រាប់ពូជ​ដើម្បី​ការពារ​កសិករ​ ​និង​ជំរុញ​ទីផ្សារ​គ្រាប់ពូជ​។​ ​យុទ្ធសាស្ត្រ​គ្រាប់ពូជ​ជាតិ​ ​ដែល​ជា​ប្រភេទ​ដំបូង​គេ​សម្រាប់​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​សកម្មភាព​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការផលិត​ ​និង​ការ​ធ្វើ​ទីផ្សារ​គ្រាប់ពូជ​ស្រូវ​ ​និង​ដំណាំ​កសិកម្ម​សំ​ខាន់​ៗ​ដទៃទៀត​៕​

  • ឆ្នាំ2019​ ​វិស័យ​ខុន​ដូ​នឹង​មាន​ភាពល្អ​ប្រសើរ​ ​និង​នៅ​មាន​តម្រូវការ​ខ្ពស់​

    ឆ្នាំ2019​ ​វិស័យ​ខុន​ដូ​នឹង​មាន​ភាពល្អ​ប្រសើរ​ ​និង​នៅ​មាន​តម្រូវការ​ខ្ពស់​

    សម្រាប់​ការ​ផ្គត់ផ្គង់​លើ​វិស័យ​ខុន​ដូ​ ​គិត​ត្រឹម​រយៈពេល​ ​2ឆ្នាំ​ចុងក្រោយ​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ​ខណៈ​ដែល​តម្រូវការ​ហាក់​មានកម្រិត​។​ ​យ៉ាងណាក៏ដោយ​ ​ចំពោះ​អ្នកជំនាញ​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍន៍​លើ​វិស័យ​មួយ​នេះ​ដែរ​ ​នៅតែ​បង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់​ ​និង​នៅតែ​មាន​សុទិដ្ឋិនិយម​ដដែល​ ​ជាពិសេស​នៅក្នុង​ឆ្នាំ2019នេះ​តែម្ដង​ ​ដែល​ពួកគេ​ជឿជាក់​ថា​ ​ទីផ្សារ​ខុន​ដូ​នឹង​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​។​

    ​​​លោក​ ​សុត​ ​វិរៈ​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Huttons​ ​CPL​ ​Co​.​,​ ​Ltd​ ​បាន​ទទួលស្គាល់​ថា​ ​កាលពី​ឆ្នាំ​កន្លងទៅ​នេះ​ ​សម្រាប់​ទីផ្សារ​ខុន​ដូ​ពិតជា​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​មែន​ ​ប៉ុន្តែ​លោក​ជឿជាក់​ថា​ ​នៅ​ឆ្នាំ​ថ្មី2019នេះ​នឹង​មាន​ភាព​ប្រែប្រួល​មក​ជា​ល្អ​ប្រសើរ​ឡើងវិញ​ជាក់ជា​មិនខាន​។​ ​

    លោក សុ​ត វិ​រៈ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Huttons CPL Co., Ltd

    ​លោក​អគ្គនាយក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​“​ស្រប​ពេល​ចំ​នូន​ខុន​ដូ​ត្រូវ​បាន​ផ្គត់ផ្គង់​កាន់តែ​ច្រើន​នៅក្នុង​ទីផ្សារ​ ​ដែល​តម្រូវ​ឱ្យ​មានការ​ប្រកួតប្រជែង​លើ​ការ​លក់​នោះ​ ​អ្នក​អភិវឌ្ឍន៍​នឹង​ស្វែងរក​ប្រណីតភាព​នៃ​ខុន​ដូ​របស់​ខ្លួន​ ​ដើម្បី​ទាក់ទាញ​អិ​តិថិ​ជន​ដូចជា​គុណភាព​ ​សោភណភាព​ ​ទីតាំង​ ​និង​ជាពិសេស​ការ​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការទិញ​ដល់​អតិថិជន​ ​ដែល​ប្រការ​នេះ​ ​វា​នឹង​ធ្វើ​ឱ្យ​និន្នាការ​នៃ​ការទិញ​-​លក់​ ​មានការ​ប្រែប្រួល​ខ្លាំង​ ​និង​អាច​

    ទាក់ទាញ​អ្នកទិញ​ឱ្យ​ងាក​មករ​ក​ខុន​ដូ​ណា​ដែល​កំពុង​សាងសង់​ ​ឬ​ជិត​បញ្ចប់​គម្រោង​ ​ដើម្បី​លក់​ ​ឬ​ជួល​បន្ត​យកចំណេញ​។​​លោក​ ​សុត​ ​វិរៈ​ ​បានឱ្យ​ដឹង​ទៀត​ថា​ ​អ្នកទិញ​ខុន​ដូ​បច្ចុប្បន្ន​ ​ពិសេស​ជនបរទេស​ ​ពួកគេ​ទិញទុក​លក់​យកចំណេញ​ ​ព្រោះ​នៅ​ប្រទេស​របស់​ពួកគេ​ ​ប្រសិនជា​យក​ប្រាក់​ទៅ​ដាក់​ធនាគារ​ ​នឹង​ទទួល​បានការ​ប្រាក់​ទាប​បំផុត​ ​ប៉ុន្តែ​បើ​ទិញ​ខុន​ដូ​ទុក​លក់​យកចំណេញ​ពួកគេ​អាច​ចំណេញ​បាន​ជាមធ្យម​ប្រមាណ8​%​ ​ក្នុង​មួយឆ្នាំ​។​ ​

    លោក​បន្ត​ថា​អ្នកទិញ​ខុន​ដូ​នៅ​កម្ពុជា​ភាគច្រើន​ជា​ជនជាតិ​ចិន​ ​ហុងកុង​ ​តៃវ៉ាន់​ ​និង​សិង្ហបុរី​ ​ហើយក៏​មាន​ជនជាតិ​ខ្មែរ​ជាច្រើន​ផង​ដែរ​។​​​លោក​បាន​បន្ត​ថា​ ​៖​“​សម្រាប់​ឆ្នាំ2019​ ​នេះ​ ​ខ្ញុំ​ជឿជាក់​ថា​ ​វិស័យ​ខុន​ដូ​នឹង​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​ ​ទី1​-​ប្រជាជន​ខ្មែរ​ភាគច្រើន​បាន​យល់​ ​និង​ស្គាល់​ពី​វិស័យ​ខុន​ដូ​កាន់តែ​ច្រើន​។​ ​ទី2​-​កត្តា​ស្ថិរភាព​នយោបាយ​ ​និង​សន្តិសុខ​ស
    ង្គម​ ​បាន​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យ​ងាក​មករ​ក​កម្ពុជា​កាន់តែ​ច្រើន​”​។​ ​

    ជាក់ស្ដែង​បច្ចុប្បន្ន​នេះ​ ​មាន​គ​ម្រោ​ង​ធំៗ​ជាច្រើន​បាន​បន្ត​សាងសង់​ជាបន្តបន្ទាប់​ ​ជាក់ស្ដែង​ដូចជា​គម្រោង​របស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ ​R​&​F​ ​ដែល​ជា​ក្រុមហ៊ុន​ល្បីឈ្មោះ​លើ​វិស័យ​ខុន​ដូ​ ​ជាដើម​”​។​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​បង្ហើប​ពី​តម្លៃ​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​ថា​៖​“​ ​ជាទូទៅ​ចំពោះ​ការ​លក់​ខុន​ដូ​ត្រូវ​បាន​គេ​បែងចែក​ចេញ​ជា​ ​3ប្រភេទ​ ​ដោយ​ប្រភេទ​ទី1​-​ ​អាច​មានតម្លៃ​ប្រមាណ​ ​1,300ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ប្រភេទ​ទី2​-​ ​មានតម្លៃ​ចាប់ពី​ ​2,000ដុ

    ល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​ប្រភេទ​ទី3​-​ ​មានតម្លៃ​ចាប់ពី​ ​3,200ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”​។​ ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​ ​CBRE​ ​បានឱ្យ​ដឹង​ថា​ ​ការ​ផ្គត់ផ្គង់​ខុន​ដូ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ជិត19​%​ ​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ2018​ ​ដោយមាន​ក្រុមហ៊ុន​ថ្មី​ចំនួន​ ​2,234​ ​បាន​ចូលរួម​នៅក្នុង​ទីផ្សារ​នេះ​។​ ​

    CBRE​ ​បានឱ្យ​ដឹង​ថា​ ​គម្រោង​ថ្មី​ចំនួន8​ ​ក៏​ត្រូវ​បាន​បញ្ចប់​ហើយ​ដែរ​នៅ​ត្រីមាស​ទី4​ ​នៃ​ឆ្នាំ​កន្លងទៅ​ ​ជាមួយនឹង​គម្រោង​ផ្សេងទៀត​ដូចជា​ ​East​ ​View​,​ ​Sky​ ​31​ ​និង​ ​The​ ​View​ ​ដែល​បាន​សាងសង់​រួច​ជាង​ ​40​%​ ​នៃ​គម្រោង​ទាំងអស់​។​​​តម្លៃ​នៃ​ការ​លក់​ខុន​ដូ​នៅតែ​មិនទាន់​ផ្លាស់​ប្តូរ​នៅឡើយ​ ​ដោយ​ជាមធ្យម​ក្នុង​មួយ​ត្រីមាស​មានការ​ប្រែប្រួល​តិច​ជាង1​%​ ​នៅក្នុង​វិស័យ​នេះ​ ​តែ​តម្លៃ​លក់​បាន​ជាមធ្យម​ក៏​មានការ​ប្រែប្រួល​ខ្លះ​ដែរ​ក្នុងអំឡុងឆ្នាំ2018​ ​ដោយ​បាន​ឡើង​ដល់កម្រិត​ខ្ពស់​ប្រមាណ​ជា​ ​1,5​%​។​

    លោកស្រី​ ​អាន​ ​សុធី​តា​ នាយិកា​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ថា​៖​“​មកដល់ពេលនេះ​ការ​ផ្គត់ផ្គង់​ថ្មីនេះ​មិន​មានផល​ប៉ះពាល់​គួរ​ឱ្យ​កត់សម្គាល់​នៅឡើយ​ទេ​លើ​ការ​លក់​ ​និង​អត្រា​ការជួល​នៅក្នុង​វិស័យ​នេះ​ ​អត្រា​ការជួល​នៅតែ​មាន​ស្ថិរភាព​ ​ក្នុង​តម្លៃ​ប្រហែល​ ​14.2ដុល្លារ​ក្នុង​ ​1ម៉ែត្រការ៉េ​ក្នុង​ ​1ខែ​សម្រាប់​ត្រឹម​ពាក់កណ្តាល​នៃ​ត្រីមាស​ទី4​ ​និង​នៅក្នុង​អំឡុង​ពេល​ចុងបញ្ចប់​នៃ​ត្រីមាស​ដដែល​នេះ​ ​តម្លៃ​បាន​ធ្លាក់ចុះ​មក​នៅ​ ​11,5ដុល្លារ​ក្នុង1ម៉ែត្រការ៉េ​ក្នុង​ ​1ខែ​ ​ដែល​នេះ​ជា​ការប្រែប្រួល​ ​និង​ធ្លាក់ចុះ​បន្តិចបន្តួច​កាលពី​ចុងឆ្នាំ​កន្លងទៅ​”​។​

    ​លោកស្រី​ ​អាន​ ​សុធី​តា​ នាយិកា​ក្រុមហ៊ុន​ ​CBRE​ ​Cambodia

    ​លោកស្រី​ ​សុធី​តា​ ​បាន​ថ្លែង​ទៀត​ថា​ ​និន្នាការ​កើនឡើង​នៃ​ការ​បញ្ចប់​គម្រោង​ខុន​ដូ​នៅ​ឆ្នាំ2018​ ​នឹង​បន្ត​រហូតដល់​ឆ្នាំ2019​ ​នេះ​ ​ជាពិសេស​នៅ​ត្រីមាស​ទី1​ ​និង​ទី2​ ​ដោយសារតែ​ការ​ពន្យារពេល​ក្នុង​ការ​បញ្ចប់​របស់​គម្រោង​ខ្លះ​កាលពី​ត្រីមាស​ទី4​ ​នៃ​ឆ្នាំ2018​។​ ​លំហូរ​ចូល​ដ៏​ច្រើន​នៃ​ការ​ផ្គត់ផ្គង់​ខុន​ដូ​នេះ​ ​គឺជា​សញ្ញា​នៃ​កំណើន​ទីផ្សារ​ដ៏​រឹងមាំ​ ​ទោះជា​មានការ​ភ័យ​ខ្លាច​ខ្លះ​ៗ​លើ​ការ​ផ្គត់ផ្គង់​ច្រើនលើស​តម្រូវការ​នៅក្នុង​វិស័យ​ខុន​ដូ​នេះ​ក្ដី​ ​តែ​ក៏អាច​នៅតែ​មាន​កំណើន​បន្ត​ទៀត​ដែរ​។

    លោកស្រី​នាយិកា​បានឱ្យ​ដឹង​ទៀត​ថា​៖​ ​ដូច្នេះ​ទីផ្សារ​ខុន​ដូ​នៅ​ឆ្នាំ​ថ្មីនេះ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវការ​ ​ព្រោះ​រហូត​មកទល់​ពេលនេះ​ ​មាន​ខុន​ដូ​ជាច្រើន​មិនទាន់​បាន​បញ្ចប់​ការសាងសង់​ ​និង​ដាក់​ចូល​ទីផ្សារ​នៅឡើយ​ទេ​។​ ​ម្យ៉ាងទៀត​អតិថិជន​ដែល​ទិញ​ខុន​ដូ​ ​បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​វិនិយោគ​របស់​ខ្លួន​ ​ដោយ​ពួកគេ​ងាក​មក​ទិញ​ខុន​ដូ​ដែល​បាន​បញ្ចប់​ ​ឬ​ជិត​បញ្ចប់​ការសាងសង់​ ​ជាជាង​ទិញ​ខុន​ដូ​ដែល​ទើប​ប្រកាស​គម្រោង​សាងសង់​៕​

  • ការនាំចេញ​ទៅ​ប្រទេស​ជប៉ុន​របស់​កម្ពុជា​កើនឡើង​ ​27​%​ ​ក្នុង​ឆ្នាំ2018​

    ការនាំចេញ​ទៅ​ប្រទេស​ជប៉ុន​របស់​កម្ពុជា​កើនឡើង​ ​27​%​ ​ក្នុង​ឆ្នាំ2018​

    អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ ​The​ ​Japan​ ​External​ ​Trade​ ​Organization​ ​(​JETRO​)​ ​បាន​បង្ហាញ​តួលេខ​ចុងក្រោយ​បង្អស់​របស់​ខ្លួន​ថា​ ​ការនាំចេញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជប៉ុន​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅក្នុង​ឆ្នាំ2018​ ​ដោយ​ការនាំចេញ​បាន​កើនឡើង​ ​27.3​%​ ​និង​ការនាំចូល​កើនឡើង​ ​19.2​%​។​

    ​ចាប់ពី​ខែមករា​ ​ដល់​ខែធ្នូ​ ​ឆ្នាំទៅ​ ​ការ​ដឹកជញ្ជូន​ទំនិញ​ដែល​មានតម្លៃ​ជាង​ ​1.6ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​ ​ខណៈ​ដែល​កម្ពុជា​បាន​ទិញទំនិញ​ពីជ​ប៉ុន​មកវិញ​គិតជា​ទឹកប្រាក់​ចំនួន​ ​421លាន​ដុល្លារ​។​ ​ដោយឡែក​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​នៅក្នុង​ខែធ្នូ​តែមួយ​ ​បាន​កើនឡើង19,9​%​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ​ខណៈ​ការនាំចូល​បាន​កើនឡើង19.2​%​។​

    ​ក្នុងអំឡុងពេល​នោះ​ ​ការនាំចេញ​មានតម្លៃ​ ​119.8លាន​ដុល្លារ​ ​ខណៈ​ការនាំចូល​មាន​ ​45.6លាន​ដុល្លារ​។​ ​ការនាំចេញ​របស់​កម្ពុជា​ភាគច្រើន​ ​គឺ​សម្លៀកបំពាក់​ ​ផលិតផល​ស្បែកជើង​ ​ហើយ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​
    ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ប្រទេស​ជប៉ុន​បាន​នាំចេញ​ភាគច្រើន​ជា​គ្រឿងម៉ាស៊ីន​ ​រថយន្ត​ ​និង​គ្រឿង​អេឡិចត្រូនិក​ ​សាច់គោ​ ​ដែក​ ​និង​ថ្នាំពេទ្យ​ចូល​មក​កម្ពុជា​។​

    ​នាយកដ្ឋាន​នាំចេញ​ ​និង​នាំចូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ជប៉ុន​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។​ ​បច្ចុប្បន្ន​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុងតែ​ជំរុញ​ផលិតផល​របស់​កម្ពុជា​ឱ្យទៅ​ដល់ដៃ​ប្រជាជន​ជប៉ុន​ ​ហើយ​ប្រជាជន​ជប៉ុន​ក៏​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​ទំនិញ​ដែល​បាន​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ​លោក​ ​ហូ​ ​ស៊ី​វយ៉ុង​ ​ប្រធាន​នាយកដ្ឋាន​នាំចេញ​ ​និង​នាំចូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​ ​“​គោលដៅ​នេះ​គឺ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​ ​និង​បង្កើត​រោងចក្រ​កែច្នៃ​ ​និង​វេច​ខ្ចប់​ដែល​នឹង​ជួយ​ឱ្យ​យើង​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​លើស​ពី​សម្លៀកបំពាក់​ ​និង​ស្បែកជើង​”​។​

    ​លោក​បាន​មានប្រសាសន៍​ថា​ ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​ជាពិសេស​ក្នុង​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ជប៉ុន​ ​ពីព្រោះ​វា​ជា​គន្លឹះ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ ​ដែល​នៅតែ​បន្ត​គ្របដណ្ដប់​ដោយ​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​។​ ​លោក​បញ្ជាក់​ថា​៖​“​បច្ចុប្បន្ន​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​កំពុង​មក​វិនិយោគ​នៅ​កម្ពុជា​ ​កំណើន​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​កំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង​”​។​

    ​បច្ចុប្បន្ន​គេ​បាន​មើលឃើញ​ថា​ ​វិនិយោគិន​ជប៉ុន​ភាគច្រើន​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ថៃ​ពីមុន​មក​ ​បានសម្រេច​មក​ចិត្ត​បង្កើត​រោងចក្រ​របស់​ពួកគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយសារតែ​វា​មានតម្លៃ​ពលកម្ម​ទាប​ ​និង​មាន​ស្ថិរភាព​នយោបាយ​។​

    ការលើកដាក់កុងតឺន័រនៅក្នុងកំពង់ផែ

    ​កម្ពុជា​ក៏​កំពុង​ទាក់ទាញ​ការ​វិនិយោគ​របស់​ជប៉ុន​ផង​ដែរ​ ​ដោយសារតែ​គោលនយោបាយ​វិនិយោគ​របស់​ខ្លួន​ ​ដែល​រួមមាន​ការសម្រាក​ពន្ធ​ជាច្រើន​សម្រាប់​ការ​វិ​និ​យោ​គ​ធំៗ​។​ ​លើស​ពីនេះ​ទៀត​វិនិយោគិន​ជប៉ុន​បានដឹង​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ ​ដោយ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិនៃកម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​វិស័យ​ផលិតកម្ម​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ដោយ​បាន​ជួល​កម្មករ​កម្ពុជា​ជាង​ ​1លាន​នាក់​។​

    ​ការនាំចេញ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​កាលពី​ឆ្នាំមុន​ ​ស្មើនឹង​ ​10ពាន់​លាន​ដុល្លារ​ ​(​ស្មើនឹង73.7​%​ ​នៃ​ការនាំចេញ​សរុប​)​។​ ​ការនាំចេញ​គ្រឿងបន្លាស់​អេឡិចត្រូនិក​ ​និង​គ្រឿងបន្លាស់​រថយន្ត​បាន​កើនឡើង​ចំនួន​ ​3ដង​ ​ខណៈ​ការនាំចេញ​កង់​ ​បាន​កើនឡើង12​%​។​ ​កំណើន​នៃ​ការនាំចេញ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​ ​ជាពិសេស​នៅ​អាមេរិក​ខាងជើង​ ​សហភាព​អឺរ៉ុប​ ​និង​ជប៉ុន​ដែល​ជាទី​ផ្សារ​នាំចេញ​ចម្បង​របស់​កម្ពុជា​។​

    ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ​ចម​ ​ប្រសិទ្ធ​ ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​កម្ពុជា​ ​ក្នុង​ជំនួប​ជាមួយ​លោក​បណ្ឌិត​ ​Fumio​ ​Yamada​ ​ប្រធាន​សមាគម​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន Japan​ ​Cambodia​ ​Interactive​ ​Association​ ​(​JCIA​)​បាន​បង្ហាញ​ជូន​វិនិយោគិន​ជប៉ុន​ពី​សក្តា​នុ​ពល​ ​និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​បាន​ទទួលការ​ចាប់អារម្មណ៍​យ៉ាងច្រើន​ពី​ភាគី​ជប៉ុន​។​

    ​លោក​បណ្ឌិត​ ​Fumio​ ​Yamada​ ​ក៏បាន​ឧទ្ទេសនាម​ពី​ក្រុម​ប្រតិភូ​អមដំណើរ​ជាមួយ​លោក​ដែល​ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​មាន​ក្រុមហ៊ុន​ជាស​មា​ជិ​ក​ជាង​ ​400ក្រុមហ៊ុន​ ​មាន​ជំនាញ​ផ្នែក​វិស្វកម្ម​ ​និង​ស្ថាបត្យកម្ម​លើ​សំណង់​លំនៅឋាន​ ​និង​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ដែល​មានបំណង​វិនិយោគ​ ​និង​បណ្តុះបណ្តាល​ផ្នែក​វិស្វកម្ម​ដល់​ជនជាតិ​កម្ពុជា​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ក៏​មាន​ក្រុមហ៊ុន​ផលិត​ម៉ូទ័រ​ទឹកដែល​នឹង​ចាប់ផ្តើម​ធ្វើការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​នា​ពេល​ខាងមុខនេះ​ដែរ​។​

    លោក​បណ្ឌិត​ ​Fumio​ ​Yamada​

    ​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ក៏បាន​ស្វាគមន៍​ផង​ដែរ​ចំពោះ​ក្រុមហ៊ុន​សំណង់​ ​និង​ក្រុមហ៊ុន​ផលិត​ម៉ូទ័រ​ទឹកដែល​កំពុង​ស្រប​នឹង​សភាពការណ៍​វិវឌ្ឍន៍​ជាក់ស្តែង​នៅ​កម្ពុជា​។​ ​ម្យ៉ាងទៀត​បច្ចេកទេស​របស់​ជប៉ុន​ត្រូវ​បាន​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ទូលំទូលាយ​ ​ក៏ដូចជា​ទូទាំង​ពិភពលោក​ផង​ដែរ​។​

    ​ដោយឡែក​ទាក់ទង​នឹង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ភាគី​ជប៉ុន​យកចិត្ត​ទុកដាក់​បន្ថែម​លើ​ជំនាញ​វិស្វកម្ម​ ​ជំនាញ​អេឡិចត្រូនិក​ ​ឬ​ជំនាញ​ដំឡើង​គ្រឿងយន្ត​ជាដើម​ ​ព្រមទាំង​ជំនាញ​ភាសាអង់គ្លេស​ ​និង​ភាសា​ជប៉ុន​ថែមទៀត​ដើម្បី​ឱ្យ​ស្រ​បនឺង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​ ​នា​ពេល​បច្ចុប្បន្ន​នេះ​៕​

  • តិច​ច្រឡំ​ទៅ​ផ្តេសផ្តាស​នៅផ្ទះ​សំណាក់​ ​ថ្ងៃនេះ​សមត្ថកិច្ច​ពង្រាយ​កម្លាំង​ត្រួតពិនិត្យ​ផ្ទះសំណាក់​

    តិច​ច្រឡំ​ទៅ​ផ្តេសផ្តាស​នៅផ្ទះ​សំណាក់​ ​ថ្ងៃនេះ​សមត្ថកិច្ច​ពង្រាយ​កម្លាំង​ត្រួតពិនិត្យ​ផ្ទះសំណាក់​

    ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​ឆ្នាំនេះ​ ​ជា​ពេលវេលា​ដែល​មនុស្សជា​ច្រើន​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ ​បន្ទាប់ពី​បាន​ជួប​បញ្ហា​គួរ​ឱ្យ​បារម្ភ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​ ​

    ​ក្រសួង​ ​3​ ​រួម​ទាំង​នាយក​រដ្ឋមន្ត្រី​ផង​ ​បាន​ចេញ​សារ​ណែ​រនាំ​ទប់ស្កាត់​មិន​ឱ្យ​មានការ​យល់​ខុស​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​ដែល​នាំ​ឱ្យ​មានការ​ប្រព្រឹត្ត​សកម្មភាព​មិន​ស្រប​នឹង​ប្រពៃណី​ ​ឬ​ប៉ះពាល់​ដល់​តម្លៃ​របស់​ខ្លួន​ជាដើម​។​ ​

    ​​ចំពោះ​កងកម្លាំង​មានសមត្ថកិច្ច​វិញ​ ​នៅ​ថ្ងៃទី​14 ខែកុម្ភៈ​នេះ​ ​សមត្ថកិច្ច​បាន​បង្ហាញ​ទៅ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ថា​ ​នឹង​មានការ​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​ផ្ទះសំណាក់​ដើម្បី​ត្រួតពិនិត្យ​ ​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​ ​ដែល​ថ្ងៃនេះ​មាន​យុវជន​មួយចំនួន​គិតថា​ជា​ថ្ងៃ​លំ​បង់ខ្លួន​ប្រាណ​ឱ្យ​សង្សារ​។​

    ​​ឧត្តម​សេនីយ​ ​ចាន់​ ​ក​ត្តិ​ខុម​ ​គ្រប់គ្រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ​និង​ការពារ​អនីតិជន​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ក្រៅពី​ការអប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​បណ្តា​ម្ចាស់ផ្ទះ​សំណាក់​ ​ខារ៉ាអូខេ​ ​និង​រោងកុន​ហើយ​នោះ​ ​យើង​ក៏​រួមគ្នា​ការពារ​ភា​មិន​ប្រក្រតី​ដោយ​ការ​ឃ្លាំមើល​នៅ​ទាំង​តាំង​ផ្ទាល់​តែម្តង​៕​ ​

  • យុវជន​កម្ពុជា​គួរ​ត្រៀមខ្លួន​ដូចម្តេច​ខ្លះ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​?​ ​

    យុវជន​កម្ពុជា​គួរ​ត្រៀមខ្លួន​ដូចម្តេច​ខ្លះ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​?​ ​

    កម្ពុជា​ជាស​មា​ជិ​ក​នៃ​តំបន់​អាស៊ាន​ ​និង​ជា​ប្រទេស​​មួយ​ដែល​ស្ថិត​ក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​ក្នុង​​តំបន់​ដែល​ទាមទារ​ឱ្យ​មាន​ធនធានមនុស្ស​ប្រកប​​ដោយសក្តានុពល​ដើម្បី​ចូលរួម​ទាញ​យក​ផ​លប្រ​​យោជន៍​ ​និង​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ក្នុង​សហគមន៍​​អន្តរជាតិ​។​ ​

    ក្នុងចំណោម​ផ្នែក​សំ​ខាន់​ៗ​នៃ​ការប្រកួត​ប្រជែង​នេះ​យុវជន​ជំនាន់​ថ្មី​ដែល​ជា​អ្នក​បន្តវេន​លើ​គ្រប់​​វិស័យ​ ​ទាំង​រដ្ឋ​ ​និង​ឯកជន​ ​ចាំបាច់​ត្រូវតែ​ព្យាយាម​​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើការ​អភិវឌ្ឍ​សមត្ថភាព​របស់​​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​សកល​។​ ​

    ​លោក​ ​ហួ​ ​តុលា​ ​នាយក​កម្មវិធី​ ​The​ ​Perspectives​ ​Cambodia​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ធ្វើការ​ប្រកួត​​ប្រជែង​ក្នុង​បរិបទ​តំបន់​ ​យុវជន​គួរ​មាន​លក្ខណ​សម្បត្តិ​​ចំនួន​ ​5សំ​ខាន់​ៗ​គឺ​ ​ទី1​ ​យុវជន​កម្ពុជា​គួរ​មាន​សមត្ថភាព​​ផ្នែក​ភាសា​ឱ្យ​បាន​ច្បាស់លាស់​ជាពិសេស​ភាសា​​អង់គ្លេស​ ​ព្រោះ​ភាសា​ជាផ្នែក​សំខាន់​ក្នុង​ការ​ទំនាក់​​ទំនង​ ​និង​ជា​ចំណុច​ភ្ជាប់​យ៉ាង​សំខាន់​ដើម្បី​សិក្សា​លើ​​ជំនាញ​ជាច្រើន​ផ្សេងទៀត​លើ​ពិភពលោក​។​ ​ក្រៅពី​នេះ​​ចំណេះដឹង​ភាសា​ ​ក៏​ជាផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​​ក្នុង​ការ​ធ្វើអាជីវកម្ម​ ​និង​ធ្វើការងារ​ជាមួយ​គ្រប់​ស្ថាប័ន​​ទាំងអស់​ក្នុង​តំបន់​ផង​ដែរ​។​ ​ចំណុច​សំខាន់​ទី2​ ​បន្ទាប់​​ពី​ភាសា​គឺ​ ​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់​ ​ជាពិសេស​ ​គឺ​​ជំនាញ​ដែល​សង្គម​កំពុង​ត្រូវការ​ ​ទាំង​កម្រិត​ជាតិ​ ​និង​​អន្តរជាតិ​។​ ​ការ​ចេះតែ​ភាសា​មួយ​មុខ​មិន​គ្រប់គ្រាន់​​នោះ​ទេ​ ​យុវជន​ត្រូវតែ​មាន​ជំនាញ​ដើម្បី​ទាញ​យក​ឱកាស​​ការងារ​នៅក្នុង​តំបន់​ ​ព្រោះ​បច្ចុប្បន្ន​នេះ​អាស៊ាន​ ​ក៏​ដូច​​ជា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ដែល​បាន​បើកចំហ​ ​និង​​ត្រូវការ​អ្នកជំនាញ​សំ​ខាន់​ៗ​ដើម្បី​បម្រើការ​ងារ​ឱ្យ​​កាន់​តែ​ប្រសើ​ឡើង​។​ ​ចំណុច​សំខាន់​ទី3​ ​គឺ​ការចូលរួម​​ប្រកួតប្រជែង​ ​ព្រោះ​ការប្រកួត​ប្រជែង​ ​គឺ​ការ​បង្ហាញ​ពី​​សមត្ថភាព​ ​និង​បង្កើត​ជាស​មិទ្ធ​ផ​លល្អៗ​ដើម្បី​បង្ហាញ​​ដល់​ស្ថាប័ន​នានា​ថា​ ​យើង​ពិតជា​មាន​សមត្ថភាព​ខ្លាំង​​លើស​ពី​អ្នកដទៃ​ផ្សេងទៀត​មែន​។​ ​

    លោក ហួ តុលា នាយក​កម្មវិធី The Perspectives Cambodia

    ​លោក​ ​ហួ​ ​តុលា​ ​បាន​និយាយ​ថា​៖​ ​“​យុវជន​កម្ពុជា​គួរ​ចាប់ផ្តើម​ចូលរួម​ប្រកួតប្រជែង​ឱ្យ​បាន​ច្រើន​ទាំង​ក្នុង​បរិបទ​អាស៊ាន​ ​និង​ក្នុង​ពិភពលោក​ ​ដូចជា​ការ​​ប្រកួតប្រជែង​យក​អាហារូបករណ៍​ ​កម្មវិធី​វិទ្យាសាស្ត្រ​ ​ការ​និយាយ​សាធារណៈ​ ​ការ​សរសេរ​គម្រោង​អាជីវ​កម្ម​ ​ឬ​ការផលិត​វីដេអូ​ជាដើម​។​ ​បច្ចុប្បន្ន​នេះ​មានការ​ប្រកួតប្រជែង​ជាច្រើន​មិនថា​តែ​ផ្នែក​គណិតវិទ្យា​ ​វិទ្យា​​សាស្ត្រ​ ​ឬ​សង្គម​នោះ​ទេ​ ​យុវជន​ខ្មែរយើង​មិន​តិច​ទេ​​អាច​ឈ្នះ​បណ្តា​ប្រទេស​ធំៗ​ ​ហើយ​ទទួល​បាន​ជយលាភី​​ត្រឡប់មកវិញ​”​។​ ​

    ​លោក​ ​ហួ​ ​តុលា​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ចំណុច​​ទី4​ ​ដែល​យុវជន​គួរ​ធ្វើ​គឺ​ ​ចាប់ផ្តើម​បង្កើន​ទំនាក់ទំនង​ល្អ​​ជាមួយ​យុវជន​ ​និង​ប្រជាជន​នៅក្នុង​បណ្តា​ប្រទេស​នានា​​លើ​ពិភពលោក​ ​ព្រោះ​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​​ល្អ​នេះ​អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ឱកាស​កាន់តែ​ច្រើន​​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ ​ក៏ដូចជា​ការ​ធ្វើអាជីវកម្ម​​ជាដើម​។​ ​ចំណុច​សំខាន់​ទី5​ ​គឺ​យុវជន​គួរ​បង្ហាញ​ទស្សន​​វិជ្ជមាន​ចំពោះ​សង្គម​ឱ្យ​បាន​ច្រើន​ ​ដើម្បី​ធ្វើ​យ៉ាងណា​​បង្ហាញ​ឱ្យ​គេ​ឃើញ​ពី​លក្ខណ​ពិសេស​ ​និង​សក្តា​នុ​ពល​​របស់​យើង​ ​ដែល​វា​ជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការ​ទាក់​​ទាញ​អ្នក​វិនិយោគ​ ​ឬ​មើលឃើញ​ពី​តម្លៃ​ក្នុង​ការ​ទំនាក់​​ទំនងជា​មួយ​យើង​។​ ​ម្យ៉ាងវិញទៀត​ ​យើង​ទាំងអស់​​គ្នា​ក៏​គួរតែ​ព្យាយាម​គ្រប់​លទ្ធភាព​ក្នុង​ការកំណត់​​អត្តសញ្ញាណ​ ​វប្បធម៌​ ​និង​សាមគ្គីភាព​ ​ដើម្បី​បង្ហាញ​ឱ្យ​គេ​​ឃើញថា​ ​យើង​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ ​និង​​ជា​មនុស្ស​ដែល​អាច​ជួយ​ឱ្យ​ស្ថាប័ន​របស់​គេ​អាច​អភិវឌ្ឍ​បាន​ល្អ​។​ ​

    ​ចំពោះ​កម្រិត​គុណភាព​របស់​យុវជន​វិញ​នោះ​ ​​លោក​ ​តុលា​ ​បាន​បញ្ជាក់​ថា​ ​បើ​គិត​ពី​ក្របខណ្ឌ​អាស៊ាន​​យើង​មិន​អន់​ពេក​ទេ​ ​ព្រោះ​បើ​រាប់​តាម​លេខរៀង​ ​យើង​​ប្រហែលជា​លេខ6​ ​លេខ7​ ​ដែរ​ ​ប្រៀបធៀប​ជាមួយ​យុវជន​ក្នុង​ប្រទេស​ដទៃ​។​ ​កត្តា​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​យើង​អាច​វាយតម្លៃ​បែបនេះ​ ​ទី1​ ​គឺ​យុវជន​កម្ពុជា​មាន​ឱកាស​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ ​ទាំង​ការ​ចូល​​រួម​ក្នុង​កិច្ចការ​ងារ​សង្គម​ ​ការសិក្សា​លើ​ភាសា​ ​និង​ការ​​បង្កើត​កម្ម​វិ​ធី​ថ្មី​ៗ​ ​ខុសពី​ប្រទេស​មួយចំនួន​ ​ដូចជា​ ​​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ប្រទេស​​មួយចំនួន​ទៀត​ដែល​យុវជន​មិនសូវ​ត្រូវ​បាន​លើក​​ទឹកចិត្ត​ឱ្យ​មានឱកាស​បែបនេះ​ទេ​ ​ព្រោះ​ប្រទេស​គេ​​ទាំងនោះ​រឹតត្បិត​ខ្លាំង​លើ​ការរៀបចំ និង​បង្កើត​កម្ម​វិ​ធី​ផ្សេង​ៗ​ ​ក៏ដូចជា​​បញ្ហា​ភាសា​ជាដើម​។​ ​ចំណុច​សំខាន់​ទី2គឺ​យើង​ឃើញ​​ថា​ ​និស្សិត​កម្ពុជា​ទទួល​បាន​មេដាយមាស​-​ប្រាក់​ ​និង​​សមិទ្ធផល​សំ​ខាន់​ៗ​ជាច្រើន​ពី​អន្តរជាតិ​។​ ​និយាយ​នេះ​​មិនមែន​មានន័យថា​ ​ប្រទេស​គេ​មិន​ជាប់​ជយលាភី​​នោះ​ទេ​ ​គេ​ក៏​មាន​ច្រើន​ដែរ​ ​តែ​អ្វី​ដែល​សំខាន់​គឺ​លើ​​វិញ្ញាសា​ខ្លះ​ ​យើង​អាច​ឈ្នះ​លើ​ប្រទេស​ធំ​។​ ​ជាក់​​ស្តែង​ចំពោះ​អាហារូបករណ៍​អន្តរជាតិ​វិញ​ ​មាន​ប្រទេស​​ខ្លះ​មិន​មាន​យុវជន​ជាប់​នោះ​ទេ​ ​តែ​យុវជន​ខ្មែរយើង​​អាច​ជាប់​ទៅ​សិក្សា​បាន​។​ ​ចំណុច​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​យើង​មើលឃើញ​ថា​ ​ជា​ចំណុច​ល្អ​របស់​យើង​នោះ​គឺ​ ​តាម​ការស្រាវជ្រាវ​ ​កម្ពុជា​មាន​យុវជន​​ចន្លោះ​ពី​ ​18ឆ្នាំ​ ​ដល់​ ​40ឆ្នាំ​ច្រើនជាង​គេ​ក្នុង​តំបន់​ ​ដែល​កំពុង​ចូលរួម​យ៉ាង​សំខាន់​ក្នុង​គ្រប់​ផ្នែក​ ​ជាពិសេស​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​សេដ្ឋកិច្ច​។​ ​

    ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​សហ​ស្ថាបនិក​កម្មវិធី​​អភិវឌ្ឍន៍​យុវជន​ខាងលើ​បាន​បង្ហាញ​ផង​ដែរ​ថា​ ​យុវជន​​យើង​ក៏​មាន​ចំណុច​ខ្វះខាត​ចំនួន​ផង​ដែរ​ដែល​ជា​​ឧបសគ្គ​សម្រាប់​ការប្រកួត​ប្រជែង​។​ ​បញ្ហា​សំខាន់​គឺ​​យុវជន​កម្ពុជា​មួយចំនួន​មិនទាន់​ចេះ​ប្រើប្រាស់​ឱកាស​​របស់​ខ្លួន​ឱ្យ​ក្លាយជា​ប្រយោជន៍​សំខាន់​នៅឡើយ​ទេ​។​ ​មាន​យុវជន​ខ្លះ​បាន​បណ្តែតបណ្តោយ​ឱ្យ​ឱកាស​ទាំង​​អស់នោះ​រំលង​ផុត​ទៅ​ដោយ​ការ​ផ្តេក​ផ្តួល​ខ្លួន​ជា​​មួយ​នឹង​រឿង​មិនល្អ​ ​ឬ​លង់ខ្លួន​ជាមួយ​ភាព​សប្បាយ​​រីករាយ​ច្រើនពេក​ ​ភ្លេច​គិត​ពី​ការ​អភិវឌ្ឍ​សមត្ថភាព​ ​​ស្រប​ពេល​ដែល​យុវជន​នៃ​បណ្តា​ប្រទេស​ដទៃ​កំពុង​​មមាញឹក​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ចំណេះដឹង​របស់​ខ្លួន​។​ ​​ម្យ៉ាងវិញទៀត​ ​យុវជន​កម្ពុជា​បច្ចុប្បន្ន​ក៏​មានទម្លាប់​មិន​​ល្អ​មួយ​ ​គឺ​ចូលចិត្ត​ធ្វើ​អ្វី​ដដែល​ៗ​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​​អាច​ស្វែងរក​នវានុវត្តន៍​ ​ឬអ្វី​ដែល​ថ្មី​ខុសពី​អ្វី​ដែល​មនុស្ស​​ចាស់​ធ្លាប់ធ្វើ​។​ ​បញ្ហា​នេះ​ធ្វើ​ឱ្យ​យើង​ដើរក្រោយ​គេ​ ​ព្រោះ​ទម្លាប់​ចាស់​គំរឹល​មួយចំនួន​ដែល​យុវជន​កំពុង​ក្តោប​ទុក​ក្នុង​ខ្លួន​ ​បាន​ក្លាយជា​ឧបសគ្គ​សំខាន់​ក្នុង​ការ​ធ្វើ​​ការងារ​ក្នុង​សង្គម​ដែល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់​​រហ័ស​នេះ​។​ ​ចំណុច​សំខាន់​មួយផ្សេងទៀត​ ​គឺ​យុវជន​​កម្ពុជា​មិនទាន់​ចេះ​សាមគ្គី​ ​និង​ធ្វើការ​ជា​ក្រុម​ឱ្យ​បាន​​ល្អ​ ​ដែល​ធ្វើ​ឱ្យ​យើង​មានការ​លំបាក​ក្នុង​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ខាងក្រៅ​ ​ព្រោះ​យើង​រវល់​តែ​មាន​បញ្ហាផ្ទៃក្នុង​ច្រើន​។​ ​ជាក់ស្តែង​ប្រសិនបើ​យើង​​ធ្វើការងារ​គម្រោង​ណាមួយ​ ​ហើយ​យើង​រវល់​តែ​ឈ្លោះ​​ប្រកែកគ្នា​ ​ផ្នែក​ដទៃផ្សេង​ទៀត​ ​ឬ​ដៃគូ​ប្រកួតប្រជែង​ ​គេ​​នឹង​ដើរទៅ​មុន​យើង​អស់​មិនខាន​។​

    ​ងាក​មកវិញ​ ​ដើម្បី​ស្តារ​ស្ថានការណ៍​ទាំងអស់​នេះ​ ​​យើង​គួរ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​សិក្សា​ឱ្យ​បាន​​ច្រើន​ ​ទាំង​ក្នុង​ប្រទេស​ ​និង​ក្រៅប្រទេស​ ​ដើម្បី​ដឹង​ឱ្យ​​ច្បាស់​ថា​ ​តើ​គេ​ដើរ​ដល់ណា​ហើយ​?​ ​ហើយ​យើង​ត្រៀម​​ខ្លួន​អ្វីខ្លះ​ដើម្បី​ប្រកួតប្រជែង​?​។​ ​លើស​ពីនេះ​ទៅទៀត​យុវជន​គួរ​ព្យាយាម​ប្រើប្រាស់​ពេល​ដើម្បី​ស្វែងយល់​ឱ្យ​​បាន​ស៊ីជម្រៅ​លើ​ការងារ​ដែល​យើង​កំពុង​ធ្វើ​ ​ដើម្បី​អភិវឌ្ឍ​​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ហើយ​ប្រសិនបើ​យើង​ក្តោប​​ព័ត៌មាន​ ​ឬ​ទិន្នន័យ​បាន​ល្អ​ប្រសើរ​ទៀតផង​នោះ​ ​យើង​នឹងអាច​រក​ឃើញ​គំនិត​ច្នៃប្រឌិត​ជាច្រើន​ដែល​ធ្វើ​ឱ្យ​​យើង​ក្លាយជា​បុគ្គលិក​ដែល​មានប្រសិទ្ធភាព​ខ្ពស់​៕​ ​

  • យុវតី​ខ្មែរ​ ​2រូប​ ​ផលិត​អាហារ​ ​Organic​ ​ត្រៀម​ប្រកួត​ក្នុង​ទីផ្សារ​តំបន់​

    យុវតី​ខ្មែរ​ ​2រូប​ ​ផលិត​អាហារ​ ​Organic​ ​ត្រៀម​ប្រកួត​ក្នុង​ទីផ្សារ​តំបន់​

    ដោយសារតែ​ការអប់រំ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង​ ​មនុស្ស​ស្រី​ចាប់ផ្តើម​មាន​សមត្ថភាព​ ​និង​គំនិត​ច្នៃប្រឌិត​កាន់តែ​ខ្លាំង​ ​ទាំង​ក្នុង​ការងារ​ ​និង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​។​ ​ដោយ​មើលឃើញ​ពី​តម្រូវការ​ផ្នែក​ចំណីអាហារ​សម្រាប់​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​ដែល​មាន​ភាព​មមាញឹក​ច្រើន​ក្នុង​ការងារ​ប្រចាំថ្ងៃ​ ​ ​យុវតី​ ​2រូប​បាន​ប្រើប្រាស់​សមត្ថភាព​លើ​ជំនាញ​ផលិត​ចំណីអាហារ​របស់​ខ្លួន​ដើម្បី​បង្កើត​ផលិតផល​ថ្មី​ដែល​ជា​ប្រភេទ​អាហារ​ធម្មជាតិ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ ​ងាយស្រួល​ញ៉ាំ​ ​ចំណេញពេលវេលា​ ​និង​ថវិកា​សម្រាប់​អ្នក​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ចម្អិន​អាហារ​ពេលព្រឹក​។​ ​

    ​កញ្ញា​ ​ប៉ែន​ ​បូ​នី​តា​ ​ស្ថាបនិក​នៃ​ក្រុម​ផលិត​អាហារ​ធម្មជាតិ​ ​(​organic​)​ ​ខ្មែរ​ស៊ី​រៀល​ ​និង​ជា​អ្នកជំនាញ​ផ្នែក​គីមី​អាហារ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​នេះ​និស្សិត​ ​និង​អ្នកធ្វើការ​ងារ​ជាច្រើន​មាន​ភាព​មមាញឹក​កាន់តែ​ច្រើន​ ​ដែល​កំពុង​មាន​បញ្ហា​រឿង​អាហារ​ ​ព្រោះ​ពួកគាត់​មាន​ពេល​ខ្លី​ ​មិន​មាន​ពេល​ដើរ​ផ្សារ​ច្រើន​ ​និង​ពិបាក​រក​ចំណីអាហារ​នៅពេល​ព្រឹក​ ​ធ្វើ​ឱ្យ​អ្នកខ្លះ​សម្រេចចិត្ត​អត់អាហារ​ពេលព្រឹក​ ​រហូត​មាន​បញ្ហា​សុខភាព​។​ ​ហេតុនេះ​ហើយ​ទើប​ក្នុងនាម​ជា​អ្នក​សិក្សា​លើ​ផ្នែក​គីមី​ចំណីអាហារ​ ​យើង​គិតថា​ ​យើង​គួរ​បង្កើត​ផលិត​-​ផល​មួយ​ដែល​អាច​ជួយ​ពួកគាត់​ ​និង​ជួយ​ផ្នែក​ផ្សេង​ៗ​ទៀត​ក្នុង​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ​បន្ទាប់មក​ពួក​យើង​ក៏​បង្កើត​អាហារ​ ​organic​ ​ខ្មែរ​ស៊ី​រៀល​នេះ​ឡើង​ព្រោះ​វា​ជា​ប្រភេទ​អាហារ​ក្រៀម​ដែល​គ្មាន​ប្រើប្រាស់​ជាតិគីមី​ ​អាច​ញ៉ាំ​ជាមួយ​ទឹកដោះគោ​បាន​យ៉ាង​ងាយ​។​ ​ខ្មែរ​ស៊ី​រៀល​នេះ​ ​ជា​ប្រភេទ​អាហារ​ស៊ី​រៀល​(​Cereal​)​ខ្មែរ​ដំបូង​បំផុត​ដែល​កន្លងមក​យើង​ធ្លាប់តែ​ឃើញ​ផ្សារ​ទំនើប​ធំៗ​គេ​នាំចូល​ពី​បរទេស​ ​ហេតុនេះ​យើង​ក៏​មានគំនិត​ផ្សំ​បន្លែ​ខ្មែរយើង​ដែល​មានស្រាប់​ដូចជា​ ​ដំឡូង​ ​ពោត​ ​ត្រាវ​ ​ល្ពៅ​ ​ស្វាយ​ ​និង​សណ្តែកសៀង​ដើម្បី​បង្កើត​វា​ឡើង​។​ ​អ្នកជំនាញ​ខាង​គីមី​អាហារ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​មូលហេតុ​ដែល​ជ្រើសរើស​យក​ប្រភេទ​បន្លែ​ទាំងអស់​នេះ​ ​ព្រោះ​ដោយសារតែ​ដំឡូង​ ​និង​ត្រាវ​មាន​សារធាតុ​ ​Fiber​ ​ហើយ​សណ្តែកសៀង​មាន​សារធាតុ​ប្រូ​តេ​អុីន​ ​ល្ពៅ​ ​មាន​វីតាមីនAរួម​ទាំង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត​មាន​សារធាតុ​ចិញ្ចឹម​ល្អ​សម្រាប់​រាងកាយ​។​ ​ប្រជាជន​ខ្មែរយើង​ភាគច្រើន​មិនសូវ​បាន​ស្វែងយល់​ពី​តុល្យភាព​ក្នុង​ការ​ទទួលទាន​អាហារ​នោះ​ទេ​ ​ហេតុនេះ​ហើយ​ទើប​យើង​ព្យាយាម​បង្កើត​អាហារ​នេះ​ឡើង​ដោយ​បញ្ចូល​សារធាតុ​ចិញ្ចឹម​សម្រាប់​ពួកគាត់​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​មាន​តុល្យភាព​ពេញ​មួយ​ព្រឹក​។​ ​ចំពោះ​វិធី​ផលិត​គឺ​យើង​ធ្វើការ​ថ្លឹង​ ​និង​សម្ងួត​ដោយ​វិធីសាស្ត្រ​ធម្មជាតិ​សុទ្ធសាធ​ ​ដោយ​យើង​វាស់​សីតុណ្ហភាព​ ​និង​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​ធានា​ថា​អាហារ​ទាំងអស់​នោះ​មិន​បាត់បង់​សារធាតុ​ចិញ្ចឹម​របស់​វា​។​ ​ចំណែក​ឯ​ពេលវេលា​សម្រាប់​រក្សាទុក​ ​ប្រសិនបើ​យើង​ទុក​ឱ្យ​បាន​ត្រឹមត្រូវ​អាហារ​នេះ​អាច​រក្សាទុក​បាន​រយៈពេល​ ​3ខែ​។​ ​

    ​កញ្ញា​ ​ប៉ែន​ ​បូ​នី​តា​ ​បាន​និយាយ​ថា​៖​ ​“​អាហារ​ខ្មែរ​ស៊ី​រៀល​នេះ​ ​ក៏​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរយើង​ផង​ដែរ​ ​ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ដែល​សម្បូរទៅដោយ​ផលដំណាំ​ ​តែ​កន្លងមក​កសិករ​គាត់​មិន​អាច​រក​ទីផ្សារ​បាន​ល្អ​ដែល​ធ្វើ​ឱ្យ​គាត់​ត្រូវ​បង្ខំចិត្ត​លក់​ចេញ​ក្នុង​តម្លៃថោក​។​ ​ម្យ៉ាងវិញទៀត​ ​យើង​ធ្វើបែប​នេះ​ក៏​ចង់​លើកស្ទួយ​ឱ្យ​មានការ​ដាំ​បន្លែ​ ​organic​ ​ឱ្យ​បាន​ច្រើន​ដើម្បី​ជួយ​ដល់​សុខភាព​របស់​ប្រជាជន​ជា​-​ច្រើន​ផ្សេងទៀត​”​។​ ​

    ​កញ្ញា​ ​បូ​នី​តា​ ​បាន​បន្ថែម​ទៀត​ថា​ ​ផលិតផល​ខ្មែរ​ស៊ី​រៀល​នេះ​ ​ថ្វី​ដ្បិតតែ​វា​ត្រូវ​បាន​វេច​ខ្ចប់​ដាក់​ក្នុង​កញ្ចប់​ ​និង​កំប៉ុង​ក៏​ពិតមែន​ ​តែ​វា​មិនមែន​ជា​ប្រភេទ​អាហារ​ ​Fast​ ​Food​ ​ដូចជា​មី​ ​ឬ​អាហារ​ដែល​មាន​សារធាតុ​ខ្លាញ់​ច្រើន​ផ្សេង​ៗ​ទៀត​នោះ​ទេ​ ​តែ​វា​ជា​ប្រភេទ​បន្លែ​ផ្លែឈើ​ខ្មែរយើង​សុទ្ធសាធ​ ​ដែល​យើង​សម្ងួត​ដោយ​គ្មាន​សារធាតុគីមី​ ​ហើយ​សុវត្ថិភាព​ទៀតផង​។​ ​ចំពោះ​ការ​ជ្រើសរើស​បន្លែ​ ​និង​ផ្លែឈើ​សម្រាប់​ជា​គ្រឿងផ្សំ​វិញ​ក៏​យើង​មានការ​ប្រយ័ត្ន​ដែរ​ ​ព្រោះ​ជា​ធម្មតា​គ្រឿងផ្សំ​ខ្លះ​ដាំ​នៅក្នុង​ដី​ហេតុនេះ​ប្រសិនបើ​យើង​មិនបាន​ពិនិត្យ​ឱ្យ​ស្រួល​ទេ​នឹង​មាន​បញ្ហា​ច្រើន​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកទទួល​ទាន​។​ ​ដើម្បី​ធានា​ពី​ភាព​ស្អាត​ ​យើង​បាន​សហការ​ជាមួយ​ ​Khmer​ ​Organic​ ​ដែល​ជា​អ្នកផ្គត់ផ្គង់​បន្លែ​ ​organic​ ​ដែល​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​ជំនាញ​ត្រឹមត្រូវ​។​ ​

    ​សហ​ស្ថាបនិក​មួយ​រូប​ទៀត​ ​កញ្ញា​ ​ម៉ៅ​ ​សុជាតា​ ​ដែល​ជា​អ្នកជំនាញ​ផ្នែក​គីមី​ចំណីអាហារ​ដូចគ្នា​ដែ​រនេាះ​ ​បាន​លើកឡើង​ថា​ ​អាហារ​ប្រភេទ​ខ្មែរ​ស៊ី​រៀល​នេះ​ ​ជា​អាហារ​ដែល​ផ្សំ​ឡើង​ដោយ​យើង​បាន​ធ្វើការ​សាកល្បង​ ​និង​ស្ទង់មតិ​ច្បាស់លាស់​ពី​មនុស្សជា​ច្រើន​ប្រភេទ​ក្នុង​ប្រទេស​។​លក្ខណៈ​ពិសេស​របស់​អាហារ​នេះ​ ​ក្រៅពី​ការ​មិន​ប្រើប្រាស់​សារធាតុគីមី​ដើម្បី​រក្សាទុក​ ​និង​ជា​បន្លែ​ធម្មជាតិ​ហើយ​នោះ​ ​វា​ក៏​ជា​ផលិតផល​ខ្មែរ​ដែល​ឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការ​របស់​ប្រជាជន​ខ្មែរយើង​ ​និង​មាន​រសជាតិ​បែប​ខ្មែរយើង​ទៀតផង​។​ ​សម្រាប់​ ​1កញ្ចប់​ ​យើង​គ្រោង​លក់​ចេញ​ក្នុង​តម្លៃ​ត្រឹមតែ​ ​2,000រៀល​ ​ទៅ​ ​2,500​ ​រៀល​ប៉ុណ្ណោះ​ ​ហើយ​ចំពោះ​ប្រភេទ​កំប៉ុង​វិញ​យើង​គ្រោង​លក់​ចេញ​ត្រឹមតែ​តម្លៃ​ ​2,500រៀល​ ​ទៅ​ ​3,000រៀល​ ​ដែល​តម្លៃ​នេះ​ធូរ​ថ្លៃជាង​អាហារ​ស៊ី​រៀល​បរទេស​ ​30​%​។​ ​

    ​កញ្ញា​ ​ម៉ៅ​ ​សុជាតា​ ​បាន​និយាយ​ថា​៖​ ​“​ទន្ទឹម​នឹង​មានគុណ​សម្បត្តិ​ច្រើន​ ​យើង​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​លើ​ការ​គាំទ្រ​ពីសំណាក់​ប្រជាជន​ខ្មែរ​។​ ​កន្លងមក​ប្រជាជន​ខ្មែរយើង​មួយចំនួន​ហាក់​មិនទាន់​បើក​ចិត្តទូលាយ​ ​ឬ​ទុកចិត្ត​លើ​ផលិតផល​ខ្មែរ​នៅឡើយ​ទេ​ ​ហេតុនេះ​ខ្ញុំ​ស្នើសុំ​ឱ្យ​ពួកគាត់​ចាប់ផ្តើម​បង្វែរ​គំនិត​មក​គិតថា​ ​បច្ចុប្បន្ន​នេះ​អ្នកជំនាញ​ខ្មែរ​មួយចំនួន​ក៏អាច​បង្កើត​ផលិតផល​មិនចាញ់​បរទេស​ដែរ​ ​ហើយ​ម្យ៉ាងទៀត​ប្រសិនបើ​ផលិតផល​នោះ​មានការ​ទទួលស្គាល់​ពី​ក្រសួង​ជំនាញ​ ​និង​ស្ថាប័ន​វាយតម្លៃ​ត្រឹមត្រូវ​ ​គាត់​អាច​គាំទ្រ​បាន​ ​ចៀសវាង​គាំទ្រ​ផលិតផល​ដែល​គ្មាន​ការ​ទទួលស្គាល់​ ​ហើយ​វាយតម្លៃ​ថា​ ​ផលិតផល​ទាំងអស់​សុទ្ធតែ​មាន​បញ្ហា​”​។​ ​

    ​កញ្ញា​ ​សុជាតា​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​យើង​ក៏​នៅ​មាន​បញ្ហា​ខ្លះ​ៗ​ផង​ដែរ​ជុំវិញ​ការ​វេច​ខ្ចប់​ ​ព្រោះ​ពួក​យើង​ជា​អ្នកជំនាញ​ចំណីអាហារ​ ​មិនទាន់​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការបង្កើត​ការរចនា​សម្បក​ខាងក្រៅ​ឱ្យ​មើលទៅ​មានការ​ទាក់ទាញ​ខ្លាំង​នៅឡើយ​ ​តែ​យើង​នឹង​ព្យាយាម​អភិវឌ្ឍ​បន្ថែម​ដើម្បី​ប្រកួតប្រជែង​ទាំង​ក្នុង​ទីផ្សារ​ជាតិ​ ​និង​ជាគោល​ដៅ​ចង់​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ក្នុង​តំបន់​ ​ដើម្បី​ឱ្យ​ផលិតផល​កសិកម្ម​ខ្មែរ​កាន់តែ​មាន​សក្តា​នុ​ពល​។​ ​យើង​សង្ឃឹមថា​ ​គម្រោង​ផលិត​ផលិតផល​អាហារ​ដែល​ជា​ស្នាដៃ​ខ្មែរ​នេះ​ ​នឹង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ ​តែ​ទោះជា​យ៉ាងនេះ​ក្តី​ ​ក៏​ពួក​យើង​មាន​ភាព​រីករាយ​ផង​ដែរ​ដែល​ផលិតផល​របស់​យើង​បាន​ទទួល​ចំណាត់ថ្នាក់​លេខ1​ ​ក្នុង​ការប្រកួត​កម្មវិធី​ ​Techno​ ​Innovation​ ​នៃ​វិទ្យាស្ថាន​បច្ចេក​-​វិទ្យា​កម្ពុជា​ ​(​សាលា​តិ​ចណូ​)​ ​ដែល​នេះ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕​ ​