Author: ធឿន មករា

  • ផ្លែក្រូច​ពោធិ៍សាត់​ចង់​ស្វែងរក​ការ​ក្លាយជា​ផ្លែឈើ​សម្គាល់​ភូមិសាស្ត្រ

    ផ្លែក្រូច​ពោធិ៍សាត់​ចង់​ស្វែងរក​ការ​ក្លាយជា​ផ្លែឈើ​សម្គាល់​ភូមិសាស្ត្រ

    ជាមួយនឹង​ការសិក្សា​មួយ​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​ដើម្បី​កំណត់​ថា​ តើ​ពួកគេ​សមនឹង​ទទួល​បានការ​កំណត់​ ឬយ៉ាងណា​នោះ​ ផ្លែក្រូច​ពោធិ៍សាត់​ដែល​បាន​ដាំដុះ​នៅ​ខេត្តពោធិ៍សាត់​ និង​ខេត្តបាត់ដំបង​អាច​នឹង​ក្លាយជា​ផលិតផល​កសិកម្ម​កម្ពុជា​បន្ទាប់​ ដើម្បី​ទទួល​បាន​នូវ​ចំណាត់ថ្នាក់​ជា​ផ្លែឈើ​សម្គាល់​ភូមិ​សា​ស្ដ្រ (Geographical​ Indication​ ឬ GI​)។

    ក្រុម​អ្នកឯកទេស​បាន​និយាយ​ថា​ ការ​ទទួល​បាន​ផ្លាក​សញ្ញា​ GI​ នឹងអាច​ការពារ​កេរ្តិ៍ឈ្មោះ​ និង​រសជាតិ​របស់​ផលិតផល​ផ្លែក្រូច​ ខណៈ​ដែល​ផ្លែក្រូច​ពោធិ៍សាត់​នេះ​ត្រូវ​បាន​ដាំដុះ​យ៉ាងច្រើន​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​នៅក្នុង​ខេត្តពោធិ៍សាត់​ និង​ខេត្តបាត់ដំបង​ដែល​បាន​ជួយ​បង្កើន​ប្រាក់ចំណូល​ដ៏​ច្រើន​ដល់​កសិករ​ដែល​បាន​ដាំដំណាំ​នេះ​។

    ចំពោះ​បំណង​នេះ​ក្រសួង​ពាណិជ្ជកម្ម​ និង​អ្នក​ដាំដុះ​ដំណាំ​ក្រូច​កំពុង​ពិចារណា​លើ​ការបង្កើត​ជាស​មា​គម​មួយ​ឈ្មោះថា​ “សមាគម​ផ្លែក្រូច​ពោធិ៍សាត់​ – បាត់ដំបង​” ហើយ​សង្ឃឹមថា​ នឹង​ទទួល​បាន​ជា​ផ្លែឈើ​ចុះបញ្ជី​ផលិតផល​ GI​។

    តាមពិត​ផលិតផល​ទាំងអស់​នេះ​មាន​សក្តា​នុ​ពល​ ប៉ុន្តែ​ពួកគេ​មិនដឹង​ថា​ តើ​ក្រសួង​ពាណិជ្ជកម្ម​នឹង​គាំទ្រ​បេក្ខភាព​សម្រាប់​ GI​ ដែរ​ឬទេ​?។ ជាអាទិភាព​សមាគម​នេះ​ត្រូវ​សិក្សា​ពី​លទ្ធភាព​ដែល​ពួកគេ​កំពុង​ធ្វើ​។ ដោយសារ​កេរ្តិ៍ឈ្មោះ​នៃ​ផ្លែក្រូច​ និង​ការ​គាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ក្រូច​ពោធិ៍សាត់​ដែល​ដាំដុះ​នៅ​ពោធិ៍សាត់​ និង​បាត់ដំបង​ គឺ​អាច​នឹង​ក្លាយជា​បេក្ខជន​ដ៏​ខ្លាំងក្លា​ក្នុង​ការ​ទទួល​បានការ​ចុះបញ្ជី​ជា​ផលិតផល​ GI​ នេះ​។ អ្នកឯកទេស​ស្តង់​ដា​គុណភាព​ផលិតផល​កសិកម្ម​បានឱ្យ​ដឹង​ថា​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ the​ World​ Intellectual​ Property​ Organisation​ (WIPO​) ទំនងជា​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​ការបរទេស​ផង​ដែរ​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ GI​ សម្រាប់​ផ្លែឈើ​កម្ពុជា​។

    លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរ​កសិកម្ម​ ខេត្តពោធិ៍សាត់​បាន​មានប្រសាសន៍​ប្រាប់​កាសែត​ឡា​រ៉ែ​នថា​៖ “កាលពី​អំឡុង​ខែមុន​ មានការ​ធ្វើ​សិក្ខាសាលា​មួយ​របស់​កសិករ​អ្នក​ដាំដំណាំ​ក្រូច​ពោធិ៍សាត់​ និង​បាត់ដំបង​ ដោយមាន​ការ​អញ្ជើញ​ពី​ក្រុម​អ្នក​ផលិត​ និង​ជា​សមាគម​ចាស់​មួយ​។ សមាគម​នោះ​ចង់​ផ្លាស់​ឈ្មោះ​តែ​មិន​អាច​ធ្វើការ​សម្រេចចិត្ត​លើ​ការ​ចុះឈ្មោះ​ផលិតផល​ក្រូច​ពោធិ៍សាត់​បានទេ​”។

    លោក​ប្រធានមន្ទីរ​បានឱ្យ​ដឹង​ថា​៖ ក្រូច​របស់​យើង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​ទទួល​បានផល​ប្រយោជន៍​ពី​ការ​រីកចម្រើន​ដ៏​ធំ​ដោយ​សារ​គ្មាន​សារធាតុគីមី​ ដោយ​បច្ចុប្បន្ន​នៅក្នុង​ខេត្តពោធិ៍សាត់​យើង​មាន​ចម្ការ​ក្រូច​ប្រមាណ​ជា​ 5,000​ ហិ​កតា​ដែល​កំពុង​ទទួលផល​។លោក​វិសិដ្ឋ​បាន​បញ្ជាក់​ថា​ “ប្រសិនបើ​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ GI​ ផលិតផល​ក្រូច​ពោធិ៍សាត់​នឹង​ជួយ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​របស់​ផ្លែក្រូច​ខ្មែរយើង​នៅ​បរទេស​ ទោះបីជា​ផ្លែក្រូច​របស់​យើង​ភាគច្រើន​ត្រូវ​បាន​គេ​លក់ដូរ​តែ​នៅក្នុង​ស្រុក​ក៏​ពិតមែន​ តែ​យើង​ក៏បាន​នាំចេញ​ទៅ​ប្រទេស​ថៃ​ខ្លះ​ៗដែរ​”។

    លោក​ ឡាយ​ វិសិដ្ឋ​ បាន​មានប្រសាសន៍​ទៀត​ថា​៖ “បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​ការ​ទទួល​បានការ​ចុះបញ្ជី​ GI​ នេះ​ គឺ​ត្រូវ​សម្រេច​លើ​ឈ្មោះ​ដែល​ត្រូវ​ប្រើ​ដើម្បី​ចុះបញ្ជី​ជាមុន​សិន​”។ លោក​បាន​បន្ត​ថា​ ក្នុងអំឡុងពេល​សិក្ខាសាលា​ជាមួយ​អ្នក​ដាំ​ក្រូច​ពោធិ៍សាត់​ និង​បាត់ដំបង​កាលពី​ខែមុន​ ពួកគេ​មិនទាន់​អាច​ធ្វើការ​សម្រេចចិត្ត​លើ​ឈ្មោះ​ផលិតផល​នេះ​បាន​នៅឡើយ​ ព្រោះ​អ្នក​ដាំ​ក្រូច​មក​ពី​ខេត្តពោធិ៍សាត់​ទាមទារ​ថា​ គួរតែ​ដាក់ឈ្មោះ​ថា​“ក្រូច​ពោធិ៍សាត់​”ខណៈ​ដែល​អ្នក​ដាំ​មក​ពី​ខេត្តបាត់ដំបង​ចង់​ហៅថា​“ផ្លែក្រូច​ពោធិ៍សាត់​-បាត់ដំបង​”។ លោក​បាន​បន្ថែម​ថា​ ការសម្រេច​ចិត្ត​ចុងក្រោយ​នៅ​លើ​ប្រធានបទ​នេះ​នឹង​ធ្វើឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​”។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​នថា​៖ “លោក​សុំ​បញ្ជាក់​ជូន​ថា​ ការ​សុំ​ចុះបញ្ជី​នេះ​ទាល់តែ​មាន​គ្រប់​លក្ខខណ្ឌ​ដែលគេ​បាន​កំណត់​យ៉ាង​ត្រឹមត្រូវ​ មិនមែន​គ្រាន់តែ​ដាក់ពាក្យ​ស្នើសុំ​ ហើយ​គេ​ចុះបញ្ជី​ឱ្យ​ទេ​។ ឧទាហរណ៍​ដូចជា​ម្រេច​កំពត​ ដែល​យើង​បាន​ចុះGIហើយ​ ក្រូចថ្លុង​កោះទ្រង់​ខេត្តក្រចេះ​ ស្ករត្នោត​ខេត្ត​កំពង់ស្ពឺ​ដែល​ក្រសួង​ផ្តល់GI​ នោះ​ សុទ្ធតែ​មា​នភា្ជប់​លក្ខខណ្ឌ​ទាំងអស់​”។

    ឯកឧត្តម​អនុរដ្ឋ​លេខា​បាន​បញ្ជាក់​ដែរ​ថា​ ដូច្នេះ​ក្រូច​ពោធិ៍សាត់​ដែល​គាត់​នឹង​ដាក់​មក​ក្រសួង​នេះ​ត្រូវ​កំណត់​ថា​ វា​ស្ថិតនៅ​ភូមិសាស្ត្រ​តំបន់​ណា​ ខេត្ត​ណា​ ជា​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវការ​សិក្សា​វិភាគ​ពី​ស្ថានភាព​ដី​ និង​ទីតាំង​តំបន់​ជាដើម​។ តែម​កដល់ពេល​នេះ​ក្រសួង​ពុំ​ទាន់បាន​ទទួលពាក្យ​សុំ​ពី​សមាគម​ដែល​មាន​គម្រោង​ស្នើសុំ​នោះ​នៅឡើយ​ទេ​៕

  • អាជ្ញាធរ​ខេត្តកណ្តាល​ប្រកាស​ឱ្យ​ទប់ស្កាត់​ការ​ពុះ​ដី​ឡូត៍​ដែល​មិន​គោរពច្បាប់​

    អាជ្ញាធរ​ខេត្តកណ្តាល​ប្រកាស​ឱ្យ​ទប់ស្កាត់​ការ​ពុះ​ដី​ឡូត៍​ដែល​មិន​គោរពច្បាប់​

    ដើម្បី​កុំឱ្យ​អតិថិជន​ជួប​បញ្ហា​ផ្នែក​ផ្លូវច្បាប់​ទៅ​ថ្ងៃខាងមុខ​ ​អាជ្ញាធរ​ខេត្តកណ្តាល​បាន​ប្រកាស​ស្នើ​ឱ្យ​អ្នក​វិនិយោគ​ពុះ​ដី​ឡូត៍​លក់​ ​និង​សាងសង់​ផ្ទះ​លក់​ទាំងអស់​ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ ​ហើយ​ក្នុងករណី​មិន​គោរពច្បាប់​ ​អាជ្ញាធរ​នឹង​មិន​ធ្វើការ​ចុះហត្ថលេខា​ផ្ទេរ​កម្មសិទ្ធិ​ជូន​ឡើយ​។

    ​យោង​តាម​ឯកសារ​ដែល​ទើប​ចុះហត្ថលេខា​កាលពី​ពេល​ថ្មី​ៗ​ ​ដោយ​ឯកឧត្តម​បណ្ឌិត​ ​ម៉ៅ​ ​ភិរុណ​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​ដែល​បាន​ជម្រាប​ទៅ​អាជ្ញាធរ​ស្រុក​ ​និង​ឃុំ​ដែល​មានខ្លឹមសារ​ថា​ ​បច្ចុប្បន្ន​នេះ​ខេត្តកណ្តាល​បាន​និង​កំពុង​មានការ​អភិវឌ្ឍ​ ​និង​រីកចម្រើន​យ៉ាង​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច​ ​ជាពិសេស​លើ​វិស័យ​ដីធ្លី​ ​និង​សំណង់​ ​ជាមួយគ្នា​នៃ​ដំណើ​ការលូតលាស់​យ៉ាង​ប្រសើរ​នេះ​ ​វា​ក៏បាន​និង​កំពុង​មាន​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដែរ​ ​ជុំវិញ​អាជីវកម្ម​លើ​ដីធ្លី​ដោយ​ការ​ពុះ​ជា​ឡូត៍​លក់​ ​ឬ​សាងសង់​សំណង់ផ្ទះ​សំបែង​ជាច្រើន​កន្លែង​ដែល​ពុំ​មានច្បាប់​ត្រឹមត្រូវ​។​

    ការ​ពុះ​ដី​ជា​ឡូត៍​ ​ឬ​សាងសង់​សំណង់ផ្ទះ​សំបែង​មិន​ត្រឹមត្រូវ​នេះ​មាន​ដូចជា​ ​ពុះ​ដី​ជា​ឡូត៍​លក់​ដោយ​មិន​កាត់ឈ្មោះ​ ​និង​មិន​ធ្វើ​ប្លង់​បំបែក​ក្បាលដី​ជូន​អ្នកទិញ​ឱ្យ​បាន​ស្របច្បាប់​ ​ដោយពេល​ខ្លះ​អ្នក​ពុះ​ដី​ឡូត៍​លក់​នោះ​ ​មិន​មាន​ប្លង់​កម្មសិទ្ធិ​ខ្លួនឯង​ត្រឹមត្រូវ​ ​និង​លក់​ដី​ឡូត៍​ដែល​មិន​ស្របច្បាប់​ទៅ​ឱ្យ​អ្នកទិញ​ ​ហើយ​អ្នក​ពុះ​ដី​ឡូត៍​លក់​ ​ឬ​សាងសង់​ផ្ទះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ ​និង​អង្គភាព​ពាក់ព័ន្ធ​ត្រឹមត្រូវ​មួយចំនួន​បាន​បង្ក​ទៅជា​ការ​ពុះ​ដី​ឡូត៍​លក់​ ​និង​សាងសង់​ដោយ​អនាធិបតេយ្យ​ដោយ​មិនបាន​គោរព​តាម​ប្លង់​គោល​(​ប្លង​មេ​)​ ​នៃ​ផែនការ​ប្រើប្រាស់​ដី​ ​និង​បទប្បញ្ញត្តិ​នគរូបនីយកម្ម​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ​។​

    ដើម្បី​ពង្រឹងគុណភាព​នៃ​ការប្រើ​ប្រាស់​ដីធ្លី​ ​ការគ្រប់គ្រង​ដីធ្លី​ ​និង​សំណង់​ឱ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​សុវត្ថិភាព​ខ្ពស់​ ​សូម​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ល្អ​ ​និង​រាយការណ៍​ពី​ស្ថានភាព​បទល្មើស​ជាក់ស្តែង​ឱ្យ​បាន​ទាន់ពេល​វេលា​។​ ​ក្រៅពី​នេះ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ ​និង​ណែនាំ​ឱ្យ​បាន​ច្បាស់លាស់​ដល់​អ្នក​ដែល​មានបំណង​ ​ឬ​អ្នក​កំពុង​ពុះ​ដី​ឡូត៍​ ​ឬ​សាងសង់​សំណង់ផ្ទះ​សំបែង​ដើម្បី​លក់​ ​ជួល​ ​ឬ​សម្រាប់​រស់នៅ​ដោយខ្លួនឯង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ​ចាំបាច់​ត្រូវ​គោរព​តាម​គោលការណ៍​មួយចំនួន​ដូចជា​ ​1​.​ត្រូវ​សុំច្បាប់​អនុញ្ញាត​ជាមុន​សិន​ ​មុននឹង​សាងសង់​សំណង់​ ​ឬ​ធ្វើការ​ពុះ​ដី​ឡូត៍​របស់​ខ្លួន​ដើម្បី​លក់​ ​ឬ​ដោះដូរ​។​ ​ចំពោះ​នីតិវិធី​ ​ឬ​បែបបទ​នៃ​ការ​សុំច្បាប់​អនុញ្ញាត​ ​ម្ចាស់​សំណើ​ត្រូវ​មក​ទាក់ទង​ជាមួយ​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ ​ចំណុះ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​សំណង់​ ​និង​សុរិយោដី​ខេត្ត​ ​ឬ​អង្គភាព​ចំណុះ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុសត្រូវ​ ​ដោយ​យោង​តាម​លក្ខណៈ​នៃ​ករណី​ដីធ្លី​ជាក់ស្តែង​ ​ដើម្បី​រៀបចំ​សុំ​ការអនុញ្ញាត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​2​.​ដាច់ខាត​ត្រូវ​បិទ​ស្លាក​ ​ឬ​ដាក់​តាំង​បង្ហាញ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ទីតាំង​ដី​ឡូត៍​នៅ​លើ​ទីតាំង​ដី​-​ផ្ទះ​ជាក់ស្តែង​ ​និង​នៅ​ការិយាល័យ​លក់​ដី​ ​ឬ​ការដ្ឋាន​តែម្តង​នូវ​ឯកសារ​ស្របច្បាប់​ ​ដែល​បាន​ទទួលការ​អនុញ្ញាត​ឱ្យ​ពុះ​ដី​ឡូត៍​លក់​ ​ឬ​សាងសង់​។​ ​3​.​ ​ត្រូវ​ប្រគល់​ជូន​អតិថិជន​នូវ​ឯកសារ​បញ្ជាក់​ចម្លង​ពី​ច្បាប់ដើម​នៃ​លិខិតអនុញ្ញាត​ស្របច្បាប់​ពី​អង្គភាព​ទទួលខុសត្រូវ​ឱ្យ​ពុះ​ដី​ឡូត៍​លក់​ ​ឬ​ឱ្យ​សាងសង់​នៅ​លើ​ដី​ ​ឬ​ផ្ទះ​នោះ​ ​ដូចជា​អាជ្ញាប័ណ្ណ​ ​ឬ​លិខិតអនុញ្ញាត​ច្បាប់​ ​និង​បណ្ណ​-​កម្មសិទ្ធិ​ដីធ្លី​ ​ព្រមទាំង​លិខិតស្នាម​ ​ឬ​ឯកសារ​ពាក់ព័ន្ធ​ចាំ​បាច់​ផ្សេង​ៗ​ទៀត​។

    ​លោក​ ​នឹម​ ​នី​រ៉ា​ដេ​ត​ ​អភិបាលស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​ជាទី​តាំង​ជាយក្រុង​ដែល​កំពុង​មាន​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​យ៉ាង​ផុលផុស​នោះ​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​មិន​មាន​ករណី​ពុះ​ដី​ឡូត៍​លក់​ខុសច្បាប់​នោះ​ទេ​ ​គ្រាន់តែ​ថា​ ​ម្ចាស់ដី​ឡូត៍​មួយចំនួន​ ​គាត់​ពុះ​ដី​ខ្លួនឯង​ច្រៀក​ជា​ឡូត៍​ដោយ​វាស់​ម៉ែត្រ​ខ្លួនឯង​ ​ហើយ​យក​ឯកសារ​មក​ឱ្យ​សាលាស្រុក​ចុះហត្ថលេខា​ទទួលស្គាល់​ ​ដូច្នេះ​ស្រុក​មិន​ហ៊ាន​ចុះហត្ថលេខា​ទទួលស្គាល់​នោះ​ទេ​ ​ដែល​ការណ៍​នេះ​តម្រូវ​ឱ្យ​អ្នក​ពុះ​ដី​ឡូត៍​ត្រូវ​សុំច្បាប់​អនុញ្ញាត​ជាមុន​ ​ហើយ​ស្រុក​នឹង​បញ្ជូន​មន្ត្រី​សុរិយោដី​ឱ្យ​ចុះទៅ​ពិនិត្យ​និយាម​ការ​បាញ់​ប្លង់​ដោយ​បច្ចេកទេស​ប្រព័ន្ធGPS​ ​ដើម្បី​ឱ្យ​ការ​ពុះ​ដី​ជា​ឡូត៍​នោះ​មាន​ភាព​សុក្រឹត​តាម​ស្តង់ដារ​ច្បាប់​ច្បាស់លាស់​។​ ​លោក​បន្ត​ថា​ ​សម្រាប់​ការិយាល័យភូមិបាល​ស្រុក​មានសមត្ថកិច្ច​ផ្តល់​ច្បាប់​អនុញ្ញាត​ត្រឹម5,000ម៉ែត្រការ៉េ​ចុះក្រោម​ ​ចំណែក​ខេត្ត​មានសមត្ថកិច្ច​ផ្តល់​ច្បាប់​អនុញ្ញាត​ត្រឹម​ ​30,000​ ​ម៉ែត្រការ៉េ​ចុះក្រោម​ ​លើស​ពីនេះ​ត្រូវ​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ស្នើសុំ​ឱ្យ​អ្នក​ពុះ​ដី​ឡូត៍​ ​ឬ​សាងសង់​សំណង់ផ្ទះ​លក់​ ​ត្រូវ​គោរព​អនុក្រឹត្យ​នៃ​ការ​អភិវឌ្ឍ​ដី​ ​ពិសេស​ដី​ឡូត៍​ទំហំ​ធំ​លើស​ពី5ហិ​ក​តា​ឡើង​ទៅ​ ​ត្រូវ​ធ្វើ​សួនច្បារ​ ​និង​មានផ្លូវ​ធំ​ទូលាយ​ ​ជាពិសេស​ត្រូវ​ទុក​ផ្លូវ​នៅ​ចំ​ច្រក​ឌឿងហែម​ឱ្យ​បាន​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ​ណ៍​ផ្សេង​ៗ​ផង​។

    ​រាល់​ករណី​ដែល​អ្នកប្រើ​ប្រាស់​ដី​ប្រព្រឹត្ត​ល្មើស​ខុសពី​ការណែនាំ​ខាងលើ​ ​ឬ​ធ្វើការ​ធ្វេសប្រហែស​ដោយ​មិន​យកចិត្ត​ទុកដាក់​ ​ឬ​ការ​ឱ្យដៃ​ពីសំណាក់​អាជ្ញាធរ​ ​ឬ​អង្គភាព​ពាក់ព័ន្ធ​ណាមួយ​ជាមួយនឹង​ម្ចាស់ដី​ ​ឬ​អ្នកទទួល​សិទ្ធិ​ប្រើប្រាស់​ដី​ក្នុង​ការ​ពុះ​ដី​ឡូត៍​លក់​ ​ឬ​សាងសង់​សំណង់​លំនៅឋាន​ដោយ​មិន​ស្របច្បាប់​នោះ​ ​នឹង​ត្រូវ​ចាត់វិធានការ​ពិន័យ​ ​ឬ​ទទួលទោស​តាមច្បាប់​ជាធរមាន​។​

    លោក​ ​ភឿង​ ​ប៊ន​ ​អ្នក​ពុះ​ដី​ឡូត៍​លក់​នៅ​ស្រុក​អង្គស្នួល​មានប្រសាសន៍​គាំទ្រ​ទៅ​នឹង​សេចក្តី​ប្រកាស​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ក៏ដូចជា​ស្រុក​-​ខណ្ឌ​ដែរ​ដោយ​លោក​អះអាង​ថា​ ​ការប្រកាស​រឹត​បន្តឹង​ច្បាប់​នេះ​ធ្វើឡើង​ក្នុង​គោលការណ៍​ការពារ​ច្បាប់​ទាំងសងខាង​ ​ទាំង​អ្នកលក់​ ​និង​អ្នកទិញ​ ​ចៀសវាង​បង្ក​បញ្ហា​ទៅ​ថ្ងៃ​អនាគត​៕

  • Mertens​ ​ជម្នះ​លើ​បញ្ហា​ឈឺខ្នង​ ​ដើម្បី​ផ្តួល​ ​Halep​ ​ឈ្នះ​ពាន​ ​Qatar​ ​Open​

    Mertens​ ​ជម្នះ​លើ​បញ្ហា​ឈឺខ្នង​ ​ដើម្បី​ផ្តួល​ ​Halep​ ​ឈ្នះ​ពាន​ ​Qatar​ ​Open​

    កីឡាការិនី​វាយ​កូន​បាល់​ ​Elise​ ​Mertens​ ​របស់​បែលហ្ស៊ិក​បាន​កត់ត្រា​ជ័យជម្នះ​ដ៏​ធំ​បំផុត​នៃ​អាជីព​របស់​នាង​កាលពី​ថ្ងៃសៅរ៍​ដោយ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ដោយ​ការ​ផ្តួល​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ3ក្នុង​ពិភពលោក​ ​Simona​ ​Halep​ ​និង​ឈ្នះ​ពាន​ ​Qatar​ ​Open​។​

    ​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ21​ ​ក្នុង​ពិភពលោក​រូប​នេះ​ ​បាន​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​3​-​6​,​ ​6​-​4​ ​និង6​-​3​ ​និង​បើ​ទោះបី​ចាញ់​ក្នុង​សិត​ទី1ក៏ដោយ​ ​ប៉ុន្តែ​នាង​បាន​ជម្នះ​លើ​បញ្ហា​ឈឺ​សាច់ដុំ​ខ្នង​ ​និង​បាន​ទទួលការ​ព្យាបាល​រយៈពេល​តែ​ ​8នាទី​ ​ក្នុង​សិត​ទី2​ ​វាយ​ដណ្តើម​យកជ័យ​ជម្នះ​នេះ​តែម្តង​។​

    ​Mertens​ ​វ័យ​ ​23ឆ្នាំ​ ​បាន​និយាយ​បន្ទាប់ពី​ចប់​ការប្រកួត​ថា​៖​ ​«​វា​ជា​ពេលវេលា​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ក្រោយពី​ដណ្តើម​បាន​ជ័យជម្នះ​នេះ​។​ ​ខ្ញុំ​គិតថា​ ​ជ័យជម្នះ​នេះ​នឹង​ក្លាយជា​ជ័យជម្នះ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ជាពិសេស​ជាមួយនឹង​កីឡា​វាយ​កូន​បាល់​ដែល​ខ្ញុំ​បាន​លេង​»​។​

    ​ជ័យជម្នះ​របស់​នាង​ ​ដែល​បាន​ចំណាយពេល​អស់​ជាង​ ​2ម៉ោង​ ​គឺជា​ជ័យជម្នះ​ជា​លើក​ទី3របស់​នាង​ហើយដែល​បាន​ឈ្នះ​លើ​កីឡាការិនី​មាន​ចំណាត់ថ្នាក់​កំពូល​ទាំង10​ ​ក្នុង​ទីក្រុង​ដូហា​ ​នៅ​សប្តាហ៍​នេះ​ ​និង​ជា​ជ័យជម្នះ​ជា​លើក​ទី2​ ​លើ​ម្ចាស់​ជើងឯក​ពាន​ ​Grand​ ​Slam​ ​ម្នាក់​។​

    Mertens​ ​បាន​ផ្តួល​ ​Halep​ ​ដែល​ជា​ម្ចាស់ការ​ពារ​តំណែង​ជើងឯក​ ​French​ ​Open​ ​និងកីឡា​ការិនី​ ​Angelique​ ​Kerber​ ​ដែល​ចាញ់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​និង​ជា​ម្ចាស់​ជើងឯក​ ​Wimbledon​៕​

  • ស្រប​ពេល​វិស័យ​សំណង់​កំពុង​រីក​ខ្លាំង​ ​ជប៉ុន​ផ្តល់​ឱកាស​បណ្តុះបណ្តាល​ដល់​ពលករ​កម្ពុជា​លើ​ផ្នែក​សំណង់​

    ស្រប​ពេល​វិស័យ​សំណង់​កំពុង​រីក​ខ្លាំង​ ​ជប៉ុន​ផ្តល់​ឱកាស​បណ្តុះបណ្តាល​ដល់​ពលករ​កម្ពុជា​លើ​ផ្នែក​សំណង់​

    កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​លើ​ផ្នែក​សំណង់​ ​និង​អចលនវត្ថុ​ ​ដែល​ទាំងអស់​នេះ​បាន​បង្ហាញ​ឡើង​តាមរយៈ​ការ​រីក​ដុះដាល​យ៉ាង​ខ្លាំង​នូវ​សំណង់​អ​គារ​ខ្ពស់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​គម្រោង​លំនៅឋាន​ជាច្រើន​នៅក្នុង​ទីក្រុង​ ​និង​តាម​បណ្តា​ខេត្ត​ជាពិសេស​តំបន់​ប្រជុំជន​នានា​។

    ស្រប​ពេល​ដែល​វិស័យ​សំណង់​កំពុង​មានការ​រីក​ដុះដាល​ខ្លាំង​នេះ​ ​សមាគម​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​ (​Japan​ ​Cambodia​ ​Interactive​ ​Association​ ​ឬ JCIA​ ​)​ បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន​ជួយ​បណ្តុះបណ្តាល​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​ឱ្យ​មាន​សមត្ថភាព​អនុវត្ត​ផ្ទាល់​តាមរយៈ​ការបម្រើ​ការងារ​ក្នុង​វិស័យ​សំណង់​នៅ​ជប៉ុន​។​

    ​លោក​ ​Fumio​ ​Yamada​ ​ប្រធាន​សមាគម​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(​JCIA​ ​)​ ​បាន​លើកឡើង​ថា​ ​លោក​បាន​នាំ​អ្នក​វិនិយោគ​ជប៉ុន​ផ្នែក​សំណង់​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ ​ហើយ​ក្នុង​នោះ​ក្រុមហ៊ុន​មួយចំនួន​ក៏បាន​ទទួល​ពលករ​ខ្មែរ​ប្រមាណ​ជាជាង​ ​300នាក់​រួចមក​ហើយ​ដើម្បី​ធ្វើ​កម្មសិក្សា​ផ្នែក​សំណង់​នៅ​ប្រទេស​ជប៉ុន​។​ ​តាមរយៈ​សកម្មភាព​នេះ​លោក​សង្ឃឹមថា​ ​ពលករ​ខ្មែរ​ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ​នឹង​បាន​សិក្សា​ស្វែងយល់​កាន់តែ​ច្បាស់​ ​និង​មាន​ជំនាញ​ពិតប្រាកដ​លើ​ផ្នែក​សំណង់​ ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​ដ៏​មាន​សារៈសំខាន់​នេះ​នៅ​កម្ពុជា​។​

    ​លោក​ ​Fumio​ ​Yamada​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​លោក​នឹង​ព្យាយាម​ទាក់ទាញ​អ្នក​វិនិយោគ​ជ​ប៉ុន​ថ្មី​ៗ​បន្ថែម​ទៀត​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​សំណង់​ដែល​ជា​វិស័យ​សំខាន់​មួយ​ ​និង​មាន​តម្រូវការ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ​ឯកឧត្តម​ ​អុិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្ហាញថា​ ​បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ ​កំពុង​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ​ដែល​ក្នុង​នោះ​ក្រុមហ៊ុន​សំណង់​របស់​ជប៉ុន​ក៏បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ផង​ដែរ​។​ ​កម្ពុជា​កំពុង​ត្រូវការ​ការ​វិនិយោគ​ ​និង​ជំរុញ​ឱ្យ​មានការ​ពង្រឹងគុណភាព​កាន់តែ​ខ្លាំង​ ​ជាពិសេស​លើ​ស្តង់ដារ​បច្ចេកទេស​ឱ្យ​បាន​ហ្មត់ចត់​ ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ ​និង​ផ្នែក​សំ​ខាន់​ៗ​ជាច្រើន​ផ្សេងទៀត​។

    ​ឯកឧត្តម​ ​អុិ​ត​ ​សំ​ហេង​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​សំណង់​មិន​អាច​ប្រហែស​បាន​នោះ​ទេ​ ​ព្រោះ​វា​ប៉ះពាល់​ដល់​ជីវិត​របស់​មនុស្ស​ ​ប្រសិនបើ​បច្ចេកទេស​មិនល្អ​ ​គឺ​មាន​ហានិភ័យ​ដល់​ជីវិត​របស់​មនុស្ស​ ​ដូច្នេះ​ត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្ពស់​ក្នុង​ដំណើរការ​សាងសង់​ឱ្យ​ស្រប​ទៅតាម​ស្តង់ដារ​”​។​

    ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ផង​ដែរ​ថា​ ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​ជាង​ ​9ពាន់​នាក់​ ​ហើយ​យើង​សង្ឃឹមថា​ ​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​ទ្វេដង​នៅ​ឆ្នាំ​ថ្មីនេះ​ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពលករ​មានឱកាស​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ឱ្យ​បាន​កាន់តែ​ច្បាស់លាស់​ក្នុង​ការ​បំពេញ​កិច្ចការ​ងារ​របស់​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង​។​ ​ជាមួយគ្នា​នេះ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជប៉ុន​ដើម្បី​ពិនិត្យ​ ​និង​រៀបចំ​កិច្ច​ព្រម​ព្រៀង​សហ​ប្រ​ត្តិ​បត្តិ​ការ​ជាមួយគ្នា​ក្នុង​គោលបំណង​បង្កើន​ទីផ្សារ​ការងារ​ ​និង​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ ​និង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ពលកម្ម​ជំនាញ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​៕​

  • Sister​ ​of​ ​Code​ ​ជំរុញ​ស្ត្រី​កម្ពុជា​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​

    Sister​ ​of​ ​Code​ ​ជំរុញ​ស្ត្រី​កម្ពុជា​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​

    កន្លងមក​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​មាន​មិន​ច្រើនពេក​ទេ​នៅ​កម្ពុជា​ ​ព្រោះ​ប្រជាជន​ខ្មែរ​នៅ​មាន​ផ្នត់គំនិត​មួយ​យល់ឃើញ​ថា​មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន​ ​(​ICT​)​ ​គឺជា​មុខវិជ្ជា​សម្រាប់​បុរស​។​ ​ជាក់ស្តែង​មុខវិជ្ជា​នេះ​ជាមុ​ខ​វិជ្ជា​ដែល​មាន​លក្ខណ​សម្បត្តិ​ល្អ​សម្រាប់​ស្ត្រី​ផង​ដែរ​ក្នុង​សង្គម​ដែល​កំពុងតែ​មានការ​វិវឌ្ឍ​យ៉ាង​លឿន​ផ្នែក​បច្ចេកវិទ្យា​ ​នៅ​គ្រប់​វិស័យ​ទាំងអស់​។​

    បច្ចុប្បន្ន​នេះ​ ​ស្ត្រី​លើ​ពិភពលោក​មិនមែន​តែ​កម្ពុជា​ ​នោះ​ទេ​ ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​ ​ការ​លើកទឹកចិត្ត​ទាំងអស់​នោះ​មាន​ដូចជា​ ​ការ​ផ្តល់​កូតា​អាហារូបករណ៍​ពិសេស​សម្រាប់​ស្ត្រី​ ​ការបង្កើត​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​ ​ការប្រកួត​ប្រជែង​សម្រាប់​ស្ត្រី​ ​និង​ការ​លើកទឹកចិត្ត​ចំពោះមុខ​តំណែង​មួយចំនួន​សម្រាប់​ស្ត្រី​តែម្តង​នៅក្នុង​ក្រុមហ៊ុន​សំ​ខាន់​ៗ​នានា​។​ ​ស្ត្រីជា​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ ​ដែល​អាច​មានលទ្ធភាព​ខ្ពស់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដោយ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ​ជាពិសេស​បញ្ហា​របស់​ស្ត្រី​ដូចគ្នា​ ​ព្រោះ​មានតែ​ស្ត្រី​ទេ​ដែល​យល់​ ​និង​ដឹងពី​អារម្មណ៍​ស្ថានភាព​ ​និង​បញ្ហា​ប្រឈម​នានា​របស់​ស្ត្រី​ដូចគ្នា​។​

    ​ដើម្បី​ជំរុញ​ស្ត្រី​ឱ្យ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​សហការ​ជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល​ ​IT​ ​Academy​ ​STEP​ ​Cambodia​ ​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​មួយ​ឈ្មោះថា​ ​“​Sister​ ​of​ ​Code​”​ ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​សិស្ស​ស្រី​នៅ​កម្ពុជា​ព្យាយាម​សរសេរ​កូដកម្ម​វិធី​ ​និង​អភិវឌ្ឍ​ទំនុកចិត្ត​ក៏ដូចជា​ផ្តល់​ឱកាស​ជោគជ័យ​ផ្នែក​ឌីជីថល​ដល់​និស្សិត​ស្រី​នៅ​ផង​ដែរ​។​ ​

    ​កម្មវិធី​ ​នេះ​នឹង​ជួយ​ស្ត្រី​កម្ពុជា​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​ ​ជាពិសេស​គឺ​បង្កើត​ស្នាដៃ​ជា​នវានុវត្តន៍​ថ្មី​សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ ​និង​ឈាន​ទៅ​ក្លាយជា​អ្នក​ជំ​នាញ​ខ្លាំង​ៗ​ដើម្បី​បម្រើ​ឱ្យ​វិស័យ​នានា​នា​ពេល​អនាគត​។​ ​ចំពោះ​សិស្ស​ដែល​អាច​ចូលរៀន​បាន​គឺ​មាន​អាយុ​ចន្លោះ​ពី​ ​10ឆ្នាំ​ ​ដល់​ ​18ឆ្នាំ​ ​ដែល​កម្មវិធី​នេះ​នឹង​បង្រៀន​ពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​សរសេរ​កូដ​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ​6ខែ​ ​ហើយ​ត្រូវ​សិក្សា​ក្នុង​មួយថ្ងៃ​-​មួយ​សប្តាហ៍​ ​រយៈពេល​ ​2ម៉ោង​កន្លះ​៕​

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 162

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 162

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/02/LRPN_162-Final-For-Web.pdf” force_dl=”1″]

  • ធនាគារ​ ​អេ​ស៊ី​លីដា​ ​បោះជំហាន​កាន់តែ​លឿន​ក្នុង​ការបម្រើ​អតិថិជន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​

    ធនាគារ​ ​អេ​ស៊ី​លីដា​ ​បោះជំហាន​កាន់តែ​លឿន​ក្នុង​ការបម្រើ​អតិថិជន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​

    ធនាគារ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ជា​ធនាគារ​ដែល​កំពុង​មាន​ប្រតិបត្តិ​ការ​ល្អ​ ​និង​មាន​ភាព​ទូលំទូលាយ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធនាគារ​ដល់​អតិថិជន​ទាំង​ក្នុង​ប្រទេស​ ​និង​នៅ​តាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ ​តាមរយៈ​ការ​បង្កើន​កិច្ចសហការ​ជាមួយ​ធនាគារ​ ​និង​ស្ថាប័ន​អន្តរជាតិ​ដៃ​គូ​ធំៗ​ជាច្រើន​។

    ​នៅ​ថ្ងៃទី5​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​នេះ​ ​ធនាគារ​អេ​ស៊ី​លីដា​ភី​អិ​ល​ស៊ី​ ​និង​ក្រុមហ៊ុន​ ​JCB​ ​International​ ​Co​.​,​ ​Ltd​.​ ​(​JCBI​)​ ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ​JCB​ ​Co​.​,​ ​Ltd​.​ ​បាន​ប្រកាស​ជា​សាធារណៈ​ស្តី​ពី​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​បណ្ណ​ឥណពន្ធ​ ​អេ​ស៊ី​លីដា​ ​JCB​ ​នៅ​ប្រទេស​កម្ពុជា​។​ ​បណ្ណ​ឥណពន្ធ​ ​អេ​ស៊ី​លីដា​ ​JCB​ ​នេះ​ផ្តល់​ជូន​អតិថិជន​នូវ​មុខងារ​ ​ឌីជីថល​ ​ជាច្រើន​ដែល​អាច​ឱ្យ​អតិថិជន​មាន​ជម្រើស​ក្នុង​ការ​ទូទាត់ប្រាក់​ដុល្លារ​ ​និង​ប្រាក់​រៀល​ ​អាស្រ័យ​លើ​ប្រភេទ​ប័ណ្ណ​ ​និង​ជា​ប័ណ្ណ​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្ពស់​ចំពោះ​សុវត្ថិភាព​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន​ទាំងអស់​។​

    អតិថិជន​ដែល​ជា​ម្ចាស់​បណ្ណ​ឥណពន្ធ​ ​អេ​ស៊ី​លីដា​ ​JCB​ ​មិន​ត្រឹមតែ​អាច​ប្រើប្រាស់​នៅ​តាម​បណ្ដាញ​ភ្នាក់ងារ​ទូទាត់​ ​JCB​ ​ប្រមាណ​ ​30លាន​ទីតាំង​ទូទាំង​សកលលោក​នោះ​ទេ​ ​ថែមទាំង​អាច​ធ្វើ​ប្រតិបត្តិ​ការដែល​ ​JCB​ ​ផ្តល់​សិទ្ធិ​ ​និង​ការ​បញ្ចុះតម្លៃ​នៅ​តាម​ភោជនីយដ្ឋាន​ ​និង​បណ្ដា​ហាងទំនិញ​នានា​ ​នៅក្នុង​សកលលោក​ទៀតផង​។​

    ​លោក​បណ្ឌិត​ ​អុិន​ ​ចាន់​នី​ ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​បាន​មានប្រសាសន៍​ថា​ ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ក្រុមហ៊ុន​ ​JCBI​ ​លំដាប់​ពិភពលោក​ផ្នែក​សេវាកម្ម​ទូទាត់​មានគុណ​ភាព​ខ្ពស់​លំដាប់​អន្តរជាតិ​ ​មាន​ទីតាំងនៅ​ប្រទេស​ជប៉ុន​បាន​ជ្រើសរើស​យក​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ជា​ដៃគូ​យុទ្ធ​សាស្រ្ត​ក្នុង​ការ​ធ្វើ​សហ​ប្រ​ត្តិ​បត្តិ​ការបម្រើ​សេវាកម្ម​ទូទាត់​។​ ​តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ​ ​អតិថិជន​ ​ឬ​សមាជិក​ប័ណ្ណ​ ​និង​ភ្នាក់ងារ​ទូទាត់​របស់​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​និង​ ​JCBI​ ​អាច​ពង្រីក​ប្រតិបត្តិ​ការ​ទូទាត់​ជាស​កល​នៅ​តាម​បណ្តាញ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​និងJCBI​ ​ជាង​ ​30លាន​ទីតាំង​ ​និង​ទីតាំង​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិ​ការ​ដកប្រាក់​បុរេប្រទាន​ជាង​ ​1លាន​កន្លែងនៅ​ក្នុង​សកលលោក​។

    លោក​បណ្ឌិត​ ​អុិន​ ​ចាន់​នី​ ​បាន​មានប្រសាសន៍​ថា​៖​“​ចំណុច​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​សមាជិក​ប័ណ្ណ​អេ​ធី​អឹ​មរ​បស់​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​អាច​ទទួល​បាន​ប័ណ្ណ​សហ​និមិត្តសញ្ញា​រវាង​ ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​និង​ ​JCBI​ ​តាមរយៈ​ការ​ស្នើសុំ​។​ ​ម្យ៉ាងវិញទៀត​ ​ប័ណ្ណ​នេះ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិ​ការ​ទូទាត់​នៅក្នុង​ ​និង​ក្រៅប្រទេស​ប៉ុណ្ណោះទេ​ ​ថែមទាំង​សម្រួល​ដល់​សមាជិក​ប័ណ្ណ​ ​និង​ភ្នាក់ងារ​ទូទាត់​ ​របស់​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​និង​ ​JCBI​ ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ទូទាត់​យ៉ាង​សម្បូរ​បែប​ ​ធ្វើ​ប្រតិបត្តិ​ការ​ទូទាត់​លើស​កល​លោក​នៅ​គ្រប់​ទីកន្លែង​ ​និង​គ្រប់ពេលវេលា​ ​តាម​តម្រូវការ​”​។

    លោក​បណ្ឌិត​ ​អុិន​ ​ចាន់​នី​ ​បាន​លើកឡើង​ផង​ដែរ​ថា​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​បាន​សហការ​ជាមួយ​បណ្តា​ដៃគូ​សំ​ខាន់​ៗ​ជាច្រើន​រួចមក​ហើយ​ ​ហើយ​ដៃគូ​ដែល​យើង​បាន​ប្រកាស​សហការ​គ្នា​នេះ​គឺ​មាន​លក្ខណ​ពិសេស​ត្រង់​គាត់​មាន​សមាជិក​ច្រើន​រហូតដល់​ជាង​ ​30លាន​នាក់​លើ​ពិភពលោក​។​ ​ម្យ៉ាងវិញទៀត​ដូច​យើង​បានដឹង​ហើយ​ថា​ ​JCBI​ ​គឺជា​ស្ថាប័ន​មក​ពី​ប្រទេស​ជប៉ុន​ ​ដែល​ផលិតផល​ជប៉ុន​ ​គឺ​តែងតែ​ភ្ជាប់​ជាមួយនឹង​កេរ្តិ៍ឈ្មោះ​ ​គុណភាព​ ​និង​ភាព​ដែល​អាច​ជឿជាក់​បាន​។

    ​លោក​ ​គីមី​ហ៊ី​សា​ ​អ៊ី​ម៉ា​ដា​ ​អគ្គនាយក​ ​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ ​JCBI​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ក្រុមហ៊ុន​ ​JCB​ ​International​ ​Co​.​,​ ​Ltd​.​ ​(​JCBI​)​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ ​ដែល​ធនាគារ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ជា​ធនាគារ​ឈានមុខ​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ ​JCB​ ​ក្នុង​ការបម្រើ​សេវា​បណ្ណ​ឥណ្ណ​ពន្ធ​ដល់​អតិថិជន​របស់​ស្ថាប័ន​ទាំង2​ ​និង​សាធារណជន​ទូទាំង​ពិភពលោក​។​ ​ខ្ញុំ​ជឿជាក់​ថា​ ​ភាពជា​ដៃគូ​ដ៏​ល្អ​នេះ​ ​នឹង​ផ្តល់​ឱកាស​ជាច្រើន​បន្ថែម​ទៀត​ដល់​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​និង​ ​JCBI​ ​ក្នុង​ការពង្រីក​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ដែល​នេះ​ជា​ការ​បង្ហាញ​ពី​សក្តា​នុ​ពល​ខ្ពស់​នា​ថ្ងៃ​អនាគត​ ​ខណៈ​សេដ្ឋកិច្ច​កំពុង​បោះជំហាន​លូតលាស់​យ៉ាង​រលូន​”​។

    ​គួរ​បញ្ជាក់​ថា​ ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង​ ​5.7ពាន់​លាន​ដុល្លារ​អាមេរិក​ ​សមតុល្យ​ឥណទាន​សរុប​ចំនួន​ ​3.63ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​ប្រាក់បញ្ញើ​សន្សំ​សរុប​ចំនួន3.84ពាន់​លាន​ដុល្លារ​ ​និង​មាន​អតិថិជន​ប្រមាណ​ជាង2.5លាន​នាក់​ ​គិត​ត្រឹម​ដំណាច់ខែ​ធ្នូ​ ​ឆ្នាំ2018​ ​នេះ​។​ ​ចំណែក​ឯ​ក្រុមហ៊ុន​ ​JCB​ ​ជា​ក្រុមហ៊ុន​ដែល​មាន​ ​យីហោ​សេវាកម្ម​ទូទាត់​លំដាប់​ពិភពលោក​ ​និង​ជា​អ្នក​ចេញ​ ​និង​ទទួល​បណ្ណ​ឥណទាន​ ​ឈានមុខ​គេ​នៅ​ជប៉ុន​ដែល​មាន​ប្រតិបត្តិ​ការ​ចាប់តាំងពី​ឆ្នាំ1961​ ​មក​ម៉្លេះ​៕​

  • អាង​ចិញ្ចឹម​ចង្រិត​បែប​ថ្មី​ ​ប្រើ​បច្ចេកវិទ្យា​ជួយ​អ្នក​ចិញ្ចឹម​ចង្រិត​នៅ​តំបន់​ឆ្ងាយ​ៗ​

    អាង​ចិញ្ចឹម​ចង្រិត​បែប​ថ្មី​ ​ប្រើ​បច្ចេកវិទ្យា​ជួយ​អ្នក​ចិញ្ចឹម​ចង្រិត​នៅ​តំបន់​ឆ្ងាយ​ៗ​

    ការ​ចិញ្ចឹម​ចង្រិត​ជាមុ​ខរ​បរ​ថ្មី​មួយ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​មួយចំនួន​ទទួល​បាន​ប្រាក់កម្រៃ​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ខែៗ​ ​តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​របស់​អ្នក​ចិញ្ចឹម​នោះ​ ​គឺ​បញ្ហា​បច្ចេកទេស​គ្រប់គ្រង​កន្លែង​ចិញ្ចឹម​ ​និង​បញ្ហា​ភ្លើងអគ្គិសនី​ ​ព្រោះ​អ្នក​ដែល​អាច​ចិញ្ចឹម​ចង្រិត​បាន​ ​លុះត្រាតែ​ស្ថិត​ក្នុង​តំបន់​ដែល​មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់​ ​ចំណែក​ឯ​អ្នក​នៅ​ជន​បទ​ឆ្ងាយ​ៗ​មិន​អាច​ចិញ្ចឹម​បានទេ​។​ ​

    ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ​ ​និង​ចំណុច​ពិសេស​ជាច្រើន​ផ្សេងទៀត​ ​អ្នកជំនាញ​ផ្នែក​អគ្គិសនី​មួយ​ក្រុម​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​ITC​)​ ​បាន​រួមគ្នា​បង្កើត​គម្រោង​មួយ​ឈ្មោះថា​ ​The​ ​Licht ដើម្បី​បង្កើត​អាង​ចិញ្ចឹម​ចង្រិត​ដែល​មាន​លក្ខណៈ​ឆ្លាតវៃ​ ​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​និង​អាច​ប្រើប្រាស់​ជាមួយ​អាគុយ​ ​ឬ​ផ្ទាំង​សូ​ឡា​បាន​យ៉ាង​ងាយ​សម្រាប់​ប្រជាជន​នៅ​តំបន់​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​។​ ​

    លោក​ ​ស្វែង​ឌី​ ​សិទ្ធិ​ផន​ ​ជា​អ្នកជំនាញ​ផ្នែក​អគ្គិសនី​ ​និង​ជា​សហ​ស្ថាបនិក​គម្រោង​ ​The​ ​Licht​ ​បាន​លើកឡើង​ថា​ ​មូលហេតុ​ដែល​លោក​ចាប់ផ្តើម​ផលិត​អាង​ចិញ្ចឹម​ចង្រិត​នេះ​ឡើង​ ​ព្រោះ​លោក​យល់ឃើញ​ថា​ ​ចង្រិត​ជា​សត្វ​ដែល​ងាយស្រួល​ចិញ្ចឹម​ ​ចំណាយ​ទុន​តិច​ ​ហើយ​ទទួល​បានផល​ច្រើន​ ​រួម​ទាំង​មាន​ប្រូ​តេ​អុីន​ខ្ពស់​ ​ល្អ​សម្រាប់​សុខភាព​មនុស្ស​ទៀតផង​។​

    ​ការ​ចិញ្ចឹម​ចង្រិត​ ​ប្រសិនបើ​ចិញ្ចឹម​ដោយ​ការ​ភ្ញាស់​ពង​ ​ត្រឹមតែ​ ​1សប្តាហ៍​ ​វា​អាច​ញាស់​ចេញ​មក​ជា​កូន​ចង្រិត​ ​រួចហើយ​ចំណាយពេល​ត្រឹមតែ6​ ​ទៅ7សប្តាហ៍​ទៀត​ ​យើង​អាច​ប្រមូល​ផល​បាន​ហើយ​។​ ​ចំណែក​ឯ​ចំណី​ទៀតសោត​ ​ក៏​មិន​ចំណាយ​ប្រាក់​ច្រើន​ដែរ​ ​ដែល​កត្តា​នេះ​ផ្តល់​ឱកាសល្អ​សម្រាប់​កសិករ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ ​ចំណាយ​តិច​ ​និង​ចំណេញ​ច្រើន​។​ ​តែ​ទោះជា​យ៉ាងនេះ​ក្តី​ ​កសិករ​ខ្មែរ​អ្នក​ចិញ្ចឹម​ចង្រិត​បច្ចុប្បន្ន​ ​ក៏​មានក​ត្តា​ប្រឈម​មួយចំនួន​ផង​ដែរ​ ​ដូចជា​បញ្ហា​អាង​ចិញ្ចឹម​ដែល​ត្រូវការ​ទំហំដី​ធំ​ ​ប្រើប្រាស់​ភ្លើងអគ្គិសនី​ច្រើន​ ​ហើយ​ការគ្រប់គ្រង​សីតុណ្ហភាព​សម្រាប់​អ្នក​ចិញ្ចឹម​បែប​ប្រពៃណី​ក៏​នៅ​មិនទាន់​ធ្វើ​បាន​ល្អ​ដែរ​។

    ​ចង្រិត​ជា​សត្វ​ដែល​មិន​លំបាក​ថែទាំ​ពេក​ទេ​ ​តែ​វា​ត្រូវការ​ភាព​សើម​ ​និង​សីតុណ្ហភាព​ល្អ​ ​ចន្លោះ​ពី​ ​27​ ​ទៅ​ ​30អង្សា​រCប្រសិនបើ​ក្តៅ​ពេក​ ​ឬ​ត្រជាក់​ពេក​ ​វា​នឹង​ងាប់​ ​ហេតុនេះ​ការ​ចិញ្ចឹម​បែប​ធម្មជាតិ​អាច​ប្រឈម​នឹង​បាត់បង់​ចង្រិត​ច្រើន​ទៅតាម​ការប្រែប្រួល​របស់​អាកាសធាតុ​។​

    ​លោក​ ​ស្វែង​ឌី​ ​សិទ្ធិ​ផន​ ​បាន​និយាយ​ថា​៖​ ​“​ដោយ​មើលឃើញ​ពី​ផល​ចំណេញ​ ​និង​កត្តា​ប្រឈម​ទាំងនេះ​ ​ទើប​ក្រុម​របស់ខ្ញុំ​សម្រេចចិត្ត​បង្កើត​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​ ​ដែល​មុខងារ​របស់​វា​អាច​ដោះស្រាយ​បញ្ហា​របស់​កសិករ​ចិញ្ចឹម​ចង្រិត​បាន​យ៉ាងច្រើន​ ​ទាំង​បញ្ហា​បច្ចេកទេស​ ​និង​ថវិកា​”​។​ ​

    ​អ្នកជំនាញ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​មាន​បំពាក់​ដោយ​បន្ទះ​បញ្ជរ​ ​(​controller​ ​Board​)​ ​ដែល​មានមុខ​ងារ​គ្រប់គ្រង​សីតុណ្ហភាព​ឱ្យ​នៅ​ល្មម​សម្រាប់​ការ​ថែរក្សា​ចង្រិត​ ​និង​ចេះ​ប្រែប្រួល​ទៅតាម​អាកាសធាតុ​ ​ប្រសិនបើ​អាកាសធាតុ​ត្រជាក់​ក្រោម​ ​27អង្សាC​ ​វា​នឹង​ប្រើ​ម៉ាស៊ីន​កម្តៅ​ឱ្យ​មាន​សីតុណ្ហភាព​ល្មម​ឡើងវិញ​ ​តែ​ប្រសិនបើ​មាន​សីតុណ្ហភាព​លើស​ ​30អង្សាC​ ​វា​នឹង​បញ្ចេញ​សារធាតុ​សំណើម​ដើម្បី​បន្ថយ​សីតុណ្ហភាព​ឱ្យមក​ល្មម​វិញ​។​ ​ក្រៅពី​នេះ​ ​វា​មាន​បំពាក់​ ​Sensor​ ​ជាមួយ​ធុងទឹក​ ​និង​គ្រប់គ្រង​ចំណី​របស់​សត្វ​ចង្រិត​បាន​ល្អ​ផង​ដែរ​ ​ហើយ​ឧបករណ៍​មួយ​នេះ​ថែមទាំង​ស៊ីភ្លើង​តិច​ ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​-​ចិញ្ចឹម​ចង្រិត​អាច​ប្រើប្រាស់​អាគុយ​ ​ឬ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​(​ផ្ទាំង​សូ​ឡា​)​បាន​យ៉ាង​ងាយស្រួល​ ​មិន​លំបាក​ដូច​កាលពីមុន​ដែល​ត្រូវការ​តែ​ភ្លើង​រដ្ឋ​ទើប​អាច​ចិញ្ចឹម​បាន​នោះ​ទេ​។​ ​ម្យ៉ាងវិញទៀត​ ​ការ​ចិញ្ចឹម​ក្នុង​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​ធ្វើ​ឱ្យ​កសិករ​យើង​ចំណេញ​ដី​ ​ព្រោះ​ទំហំ​របស់​វា​ប្រហែលជា​ ​3ម៉ែត្រ​ ​4ជ្រុង​តែប៉ុណ្ណោះ​ ​មាន​កម្ពស់​ ​3ជាន់​ ​និង​មាន​ ​6អាង​ត្រួត​លើ​គ្នា​។​ ​ហេតុនេះ​ប្រជាជន​ដែល​មាន​ទីកន្លែង​តូច​ក៏អាច​ចិញ្ចឹម​បាន​ដែរ​ ​មិន​ចាំបាច់​ចំណាយ​ទីធ្លា​ធ្វើ​អាង​ធំ​ដល់ទៅ​ ​10ម៉ែត្រ​ ​4ជ្រុង​ ​ឬ​ធំជាង​នេះ​ដើម្បី​ចិញ្ចឹម​នោះ​ទេ​។​ ​

    ​លោក​ ​សុង​ ​វែ​ហ្សឺ​នី​ឡង​ឌី​ ​អ្នកជំនាញ​អគ្គិសនី​ ​និង​ជា​សហ​ស្ថាបនិក​គម្រោង​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​បាន​លើកឡើង​ថា​ ​អាង​ចិញ្ចឹម​ចង្រិត​តាម​បែប​បច្ចេកវិទ្យា​នេះ​ ​ក្រៅពី​ការ​រក្សា​សីតុណ្ហភាព​ ​និង​លក្ខខណ្ឌ​បច្ចេកទេស​មួយចំនួន​ហើយ​ ​អាង​នេះ​អាច​ជួយ​ប្រជាជន​ឱ្យ​មាន​ភាព​ងាយស្រួល​ខ្លាំង​ជាង​មុន​លើ​ការ​ប្រមូល​ផល​ផង​ដែរ​ ​ព្រោះ​ពីមុន​ ​អ្នក​ចិញ្ចឹម​តាម​បែប​ប្រពៃណី​ត្រូវ​ចុះទៅ​ប្រមូល​ចាប់​ចង្រិត​នៅក្នុង​អាង​ចិញ្ចឹម​ធំៗ​ដែល​ធ្វើ​ឱ្យ​ត្រូវ​ចំណាយពេល​យូរ​ ​និង​ចំណាយធនធាន​ច្រើន​ទៀតផង​តែ​សម្រាប់​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​វិញ​ ​គឺ​មិន​លំបាក​ទេ​ ​ពេល​ប្រមូល​ផល​ ​គាត់​គ្រាន់តែ​ទាញ​ថត​ចិញ្ចឹម​នី​មួយ​ៗ​ដែល​មាន​ចង្រិត​ចិញ្ចឹម​នៅក្នុង​នោះ​ចេញ​មក​ ​គឺ​អាច​ប្រមូល​ផល​ចង្រិត​បាន​យ៉ាង​ងាយ​។​ ​

    ​ចំពោះ​តម្លៃ​នៃ​ការ​ធ្វើ​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​វិញ​ ​ក៏​ធូរ​ថ្លៃជាង​ដែរ​ ​ទោះជា​ស្ថិត​ក្នុង​ចំនួន​ចិញ្ចឹម​ប៉ុនគ្នា​ក៏ដោយ​ ​ដូចជា​អាង​ចិញ្ចឹម​តាម​បែប​ប្រពៃណី​ត្រូវ​ចំណាយ​លុយ​ប្រមាណ​ជាង​ ​1ពាន់​ដុល្លារ​ ​តែ​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​ត្រូវ​ចំណាយ​ត្រឹមតែ​ជាង​ ​700ដុល្លារ​តែប៉ុណ្ណោះ​ ​ដោយ​កសិករ​អាច​ប្រមូល​ផល​ពី​ការ​ចិញ្ចឹម​មួយ​លើ​កៗ​បាន​ជាមធ្យម​ ​180គីឡូក្រាម​ក្នុង​អាង​មួយ​ ​និង​បើ​គិតជា​សាច់ប្រាក់​ក៏​ប្រហែលជា​ ​360ដុល្លារ​។​ ​

    ​លោក​ ​សុង​ ​វែ​ហ្សឺ​នី​ឡង​ឌី​ ​បាន​និយាយ​ថា​៖​ ​“​គម្រោង​បង្កើត​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​ ​មិនមែន​ត្រឹមតែ​ជា​គំនិត​អាជីវកម្ម​នោះ​ទេ​ ​តែ​វា​ក៏​ជា​គម្រោង​មួយ​ដែល​ជួយ​ដល់​បរិស្ថាន​ផង​ដែរ​ ​ព្រោះ​គោលបំណង​របស់​យើង​ ​គឺ​កាត់បន្ថយ​ការ​ប្រមូល​ចាប់​សត្វ​ចង្រិត​ពី​ក្នុង​ព្រៃ​ ​ដែល​មិនយូរ​មិនឆាប់​វា​នឹង​ប៉ះពាល់​ដល់​ជីវចម្រុះ​ ​ហើយ​វា​ថែមទាំង​អាច​សន្សំសំចៃ​ភ្លើងអគ្គិសនី​ដែល​ជាផ្នែក​មួយ​ក្នុង​ការ​ជួយ​ដល់​ភពផែន​ដី​យើង​ថែមទៀត​ផង​”​។

    ​ឆ្លើយតប​ចំពោះ​ការយល់ឃើញ​ខុសគ្នា​រវាង​ចង្រិត​ចិញ្ចឹម​ ​និង​ចង្រិត​ធម្មជាតិ​ ​លោក​ ​វែ​ហ្សឺ​នី​ឡង​ឌី​ ​បាន​លើកឡើង​ថា​ ​តាមពិត​មនុស្ស​ភាគច្រើន​មិន​ចូលចិត្ត​របស់​ចិញ្ចឹម​នោះ​ទេ​ ​ហើយ​ចូលចិត្ត​ចង្រិត​ធម្មជាតិ​ ​តែ​ស្ថានភាព​ពិត​ ​ចង្រិត​ចិញ្ចឹម​តាម​អាង​ចិញ្ចឹម​ឆ្លាតវៃ​អាច​មាន​អនាម័យ​ជាង​ចង្រិត​នៅក្នុង​ព្រៃ​ ​ព្រោះ​អាហារ​របស់​វា​ត្រូវ​បាន​ផ្សំ​ចេញពី​បន្លែ​ ​និង​អាហារ​មួយចំនួន​ទៀត​ដែល​គ្មាន​ជាតិគីមី​ ​ដែល​រកបាន​នៅក្នុង​ភូមិ​។​ ​ចំណែក​ឯ​ចង្រិត​នៅក្នុង​ព្រៃ​ ​វា​អាច​មាន​បញ្ហា​មួយចំនួន​លើ​រឿង​ចំណី​ ​ព្រោះ​យើង​មិន​អាច​គ្រប់គ្រង​វា​បាន​៕​

  • ឆ្នាំ2019​ ​វិស័យ​នាំចេញ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​នឹង​ចំណេញ​ពី​ការ​លុបចេញ​ ​CO​ ​ប្រមាណ​ ​13លាន​ដុល្លារ​

    ឆ្នាំ2019​ ​វិស័យ​នាំចេញ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​នឹង​ចំណេញ​ពី​ការ​លុបចេញ​ ​CO​ ​ប្រមាណ​ ​13លាន​ដុល្លារ​

    ការនាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ក្នុង​ឆ្នាំ2018​ ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​កំណើន​ឡើង​ ​24.7​%​ ​(​គិតជា​ទឹកប្រាក់​ប្រមាណ​ ​10ប៊ី​លាន​ដុល្លារ​)​ ​បើ​ធៀប​នឹង​ឆ្នាំ2017​។​ ​នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​។​

    របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​ ​ការនាំចេញ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​បាន​កើនឡើង24.7​%​ ​ស្រប​ពេល​ការនាំចេញ​ផលិត​ផល​ចម្បង​ៗ​ផ្សេងទៀត​ ​ដូចជា​ ​ទោចក្រយាន​ ​បរិក្ខារ​អគ្គិសនី​ ​និង​គ្រឿងបន្លាស់​យានយន្ត​ក៏បាន​រួមចំណែក​ដល់​កំណើន​នាំចេញ​សរុប​ដែរ​។​ ​ការ​ធ្វើ​ពិពិធ​កម្ម​លើ​មុខទំនិញ​នាំចេញ​បាន​និង​កំពុង​កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង​លើ​ផលិតផល​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ជាលំដាប់​ ​បើ​ទោះបីជា​ការនាំចេញ​ផលិតផល​ទាំងនេះ​បន្ត​មាន​សមាមាត្រ​ធំ​នៅក្នុង​ការនាំចេញ​សរុប​ក៏ដោយ​។​

    ​របាយការណ៍​បាន​លើកឡើង​ថា​៖​ ​“​ការនាំចេញ​ផលិតផល​កាត់ដេរ​ ​និង​ស្បែកជើង​ក្នុង​ឆ្នាំ2018មាន​ប្រមាណ​ជាង​ ​73.7​%​នៃ​ការនាំចេញ​សរុប​ ​ក្នុង​នោះ​សម្រាប់​ផលិតផល​សម្លៀកបំពាក់​មាន​ ​66​%​ ​និង​ស្បែកជើង​មាន​ ​8​%​។​ ​សមាមាត្រ​នៃ​ការនាំចេញ​ផលិតផល​កាត់ដេរ​បាន​ថយ​ចុះពី69​%​ ​មក76​%​ក្នុងរយៈពេល10ឆ្នាំ​ចុងក្រោយ​នេះ​”​។​

    ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ពី​ការ​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​ធំ​ថ្មី​ៗ​ ​នៅក្នុង​កិច្ចប្រជុំ​នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែកឯកជន​ដែល​ក្នុង​នោះ​ ​វិធានការ​ជាក់ស្តែង​ក្នុង​ការលុបចោល​នូវ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​(​Certificate​ ​of​ ​Origin​ ​ឬCO​)​នឹង​ធ្វើ​ឱ្យ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ចំណេញ​ជា​ទឹកប្រាក់​ប្រមាណ​ ​13លាន​ដុល្លារ​អាមេរិក​។​

    ​ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា​ ​ជាមួយគ្នា​នេះ​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​នាំចេញ​ ​និង​នាំចូល​ឱ្យ​បាន​ជាអតិបរិមា​ដល់​អ្នក​ធុរកិច្ច​ក្នុង​វិស័យ​នេះ​ ​សម្រាប់​ថ្លៃ​ស្គែ​នកុង​តឺន័​រទាំង​នាំចេញ​ ​និង​នាំចូល​ត្រូវ​បាន​បញ្ចុះ​ដូចគ្នានឹង​ការនាំចេញ​អង្ករ​ដែរ​គឺ​ ​10ដុល្លារ​សម្រាប់​កុងតឺន័រ​ទំហំ​ ​20ហ្វ៊ី​ត​ ​និង16ដុល្លារ​សម្រាប់​កុងតឺន័រ​ទំហំ​ ​40ហ្វ៊ី​ត​ ​ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃទី1​ ​ខែមេសា​ ​ឆ្នាំ2019​ ​តទៅ​។​

    ក្នុង​ការ​លុបបំបាត់​នូវ​បញ្ហា​ចំណាយ​នេះ​ ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​នឹង​ទទួល​បានការ​ចំណេញ​ជា​ទឹកប្រាក់​ប្រមាណ​ពី​ ​80លាន​ដុល្លារ​អាមេរិក​ ​និង​ចំណេញ​ពី​ការ​កាត់​បន្ថយ​ថ្លៃ​ស្គែ​នកុង​តឺន័​រប្រ​មា​ណ​ពី​ ​3.2លាន​ដុល្លារ​អាមេរិក​។​

    ​ជាមួយគ្នា​នេះ​ដែរ​ ​រាជរដ្ឋាភិបាល​ក៏​នឹង​ទទួលរង​នូវ​ការបាត់បង់​ចំណូល​ប្រមាណ​ ​32លាន​ដុល្លារ​អាមេរិក​។​ ​តែ​ ​វិស័យ​ឯកជន​នឹង​ចំណេញ​ជា​ទឹកប្រាក់​ប្រមាណ​ ​43លាន​ដុល្លារ​អាមេរិក​ ​ពី​ការ​បញ្ចប់​តួនាទី​អចិន្ត្រៃយ៍​របស់​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ ​ពី​មាត់ច្រក​អន្តរជាតិ​ ​ព្រំដែន​គោក​ ​អាកាសយាន​ដ្ឋាន​ ​និង​កំពង់ផែ​។​

    យោង​តាម​របាយការណ៍​ធនាគារជាតិនៃកម្ពុជា​បាន​បញ្ជាក់​ថា​៖​ ​“​បច្ចុប្បន្ន​ពលកម្ម​ក្នុង​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​មាន​ចំនួន​កម្មករ​-​កម្មការិនី​ប្រមាណ​ ​80ម៉ឺន​នាក់​។​ ​ចំនួន​រោងចក្រ​សរុប​មាន​ប្រមាណ​ ​1,585រោងចក្រ​ ​កើនឡើង​ ​4.1​%​ ​បើ​ធៀប​នឹង​ឆ្នាំ2017​ ​ក្នុង​នោះ​រោងចក្រ​ដែល​បើក​ថ្មី​មាន​ចំនួន​ ​146រោងចក្រ​។​ ​ទន្ទឹម​នឹង​នេះ​ ​រោងចក្រ​ផលិត​ទំនិញ​សម្រាប់​នាំចេញ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែល​បង្ហាញ​ពី​ឥទ្ធិពល​វិជ្ជមាន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​មក​លើ​វិស័យ​នេះ​ ​”​។

    លោក​ឧកញ៉ា​ ​វ៉ាន់​ ​ស៊ូ​អៀង​ ​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(​GMAC​)​ ​បាន​មានប្រសាសន៍​កាលពី​ពេល​កន្លងមក​ថា​៖​ ​“​មកដល់​បច្ចុប្បន្ន​ ​សមាគម​មាន​រោងចក្រ​ជាស​មា​ជិ​ក​ប្រហែល600រោងចក្រ​ ​ដែល​បាន​ផ្តល់​ការងារ​ទៅដល់​ពលរដ្ឋខ្មែរ​ប្រមាណ​ជា​ ​78ម៉ឺន​នាក់​ ​ហើយ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​របស់​កម្ពុជា​ដែល​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ ​មាន​រហូត​ជាង​ ​40​%​ ​បន្ទាប់មក​មាន​ ​អាមេរិក​ ​កាណាដា​ ​និង​ជប៉ុន​”​។​

    ​ទោះជាយ៉ាងណា​ ​បច្ចុប្បន្ន​ ​ក្រៅពី​ទីផ្សារ​នាំចេញ​ទៅ​អឺរ៉ុប​ ​និង​អាមេរិក​ហើយ​ ​សមាគម​រោងចក្រ​កាត់ដេរ​ក៏បាន​និង​កំពុង​ជំរុញ​ដល់​ក្រសួង​ពាណិជ្ជកម្ម​ព្យាយាម​ជួយ​រក​ទីផ្សារ​ ​និង​ឱ្យ​ជួយ​ចរចា​ជាមួយ​ប្រទេស​ផ្សេង​ៗ​ ​ដូចជា​ប្រទេស​រុស្ស៊ី​ ​និង​ចិន​ជាដើម​ ​ដើម្បី​អាច​ទទួល​បានការ​លើកលែង​ ​ឬ​អនុគ្រោះ​ពន្ធ​នាំចូល​ ​ដោយ​សង្ឃឹមថា​ ​នឹង​មាន​លទ្ធផល​ជា​ផ្លែផ្កា​នា​ពេល​ឆាប់​ៗ​ខាងមុខ​៕​

  • ស្រូវ​ ​3ប្រភេទ​ ​ទទួល​បាន​ជយលាភី​ជា​ស្រូវ​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​

    ស្រូវ​ ​3ប្រភេទ​ ​ទទួល​បាន​ជយលាភី​ជា​ស្រូវ​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​

    ការប្រកួត​ស្រូវ​ថ្នាក់​ជាតិ​ ​លើក​ទី3​ ​បាន​បញ្ចប់​កាលពីដើម​ខែ​នេះ​ ​ដោយមាន​ស្រូវ​ ​3ប្រភេទ​ទទួល​បាន​ជយលាភី​ជា​ស្រូវ​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​។​ ​

    បើ​យោង​តាម​លទ្ធផល​ជយលាភី​នៃ​ការប្រកួត​ស្រូវ​ល្អ​បំផុត​លើក​ទី3​ ​ប្រចាំ​កម្ពុជា​ ​ស្រូវ​ដែល​ល្អ​បំផុត​ប្រចាំ​កម្ពុជា​នោះ​រួមមាន​ ​ស្រូវ​ផ្ការំដួល​ ​បាន​ទៅលើ​សហគមន៍​ស្វាយ​រន្ធ​អមត:ស្រូវពូជ​ ​ខេត្តតាកែវ​។​ ​ស្រូវ​សែន​ក្រអូប​ ​បាន​ទៅលើ​សហគមន៍​ជ្រៃ​សាមគ្គី​បង្កើន​ផល​ ​ខេត្តបាត់ដំបង​។​ ​ស្រូវ​អុី​អ៊ែ​របា​ន​ទៅលើ​សហគមន៍​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ ​ខេត្ត​កំពង់ឆ្នាំង​។​ ​សហគមន៍​ដែល​បាន​ទទួល​ជយលាភី​ទាំងនោះ​ ​ទទួល​បាន​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ ​(​Eli​ ​Seeders​)​ ​ម្នាក់​ ​1គ្រឿង​ ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ ​15លាន​រៀល​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​និង​សមាជិក​-​សមាជិកា​។​

    ​លោក​ ​សុខ​ ​ពុទ្ធិ​វុធ​ ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​គោលបំណង​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រៀបចំ​ការប្រកួត​ស្រូវ​ល្អ​បំផុត​លើក​ទី3​ ​នេះ​ឡើង​ ​គឺ​ដើម្បី​ស្វែងរក​សហគមន៍​ដែល​បាន​ផលិត​ស្រូវ​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​កម្ពុជា​ក្នុង​ឆ្នាំ2018​ ​ដោយ​ទទួល​បាន​នូវ​ពានរង្វាន់​លើកទឹកចិត្ត​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

    លោក​ប្រធាន​សហព័ន្ធ​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​កម្មវិធី​នេះ​ទៀតសោត​ ​ក៏​មានការ​លើកទឹកចិត្ត​ដល់​សហគមន៍​កសិករ​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​អភិវឌ្ឍ​សហគមន៍​របស់​ខ្លួន​ ​ដើម្បី​ក្លាយជា​សហគមន៍​គំរូ​ប្រចាំ​ប្រទេស​កម្ពុជា​ ​និង​សហគមន៍​ដែល​ផលិត​ស្រូវ​ចំ​តម្រូវការ​ទីផ្សារ​ ​នឹង​ពង្រឹង​ ​និង​ពង្រីក​ការ​ទំនាក់ទំនង​រវាង​សហគមន៍​ ​និង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ​កម្ពុជា​ ​ជាពិសេស​រវាង​សមាជិក​សហព័ន្ធ​ ​ដែល​មាន​ទាំង​ក្រុមហ៊ុននាំចេញ​ ​រោងម៉ាស៊ីន​កិនស្រូវ​ ​ហើយនិង​សហគមន៍​កសិករ​”​។​

    ​លោក​ ​ពុទ្ធិ​វុធ​ ​បាន​បន្ត​ថា​ ​ការប្រកួត​ប្រជែង​នេះ​នឹង​ជួយ​ពង្រឹងគុណភាព​ស្រូវ​អង្ករ​ ​និង​ធ្វើ​ឱ្យ​ស្រូវ​អង្ករ​កម្ពុជា​ទទួល​បានការ​ប្រកួតប្រជែង​ខ្ពស់​នៅក្នុង​ទីផ្សារ​អន្តរជាតិ​។

    ​លោក​បន្ថែម​ថា​៖​ ​“​តម្រូវការ​អង្ករ​ដែល​មានគុណ​ភាព​ ​មាន​ច្រើនណាស់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ​ហើយ​ការ​ប្រារព្ធ​ពិធី​ប្រកួតប្រជែង​ស្រូវ​ល្អ​បំផុត​នេះ​ ​យើង​សង្ឃឹមថា​ ​នឹង​ផ្សព្វផ្សាយ​ស្រូវ​អង្ករ​កម្ពុជា​ ​និង​ជួយ​បង្កើន​គុណភាព​ចំពោះ​ស្រូវ​អង្ករ​របស់​យើង​ ​ដូច្នេះ​យើង​អាច​ប្រកួត​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​”​។​ ​


    ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ការប្រកួត​ស្រូវ​ថ្នាក់​ជាតិ​លើក​ទី3​ ​នេះ​ក៏​មានការ​ធ្វើ​បទ​បង្ហាញ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្តី​ពី​បច្ចុប្បន្នភាព​នៃ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​មាន​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​ ​និង​ស្វែងរក​ដំណោះស្រាយ​ជាមួយ​សមាជិក​ ​សមាជិកា​ទាក់ទង​ទៅ​នឹង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ទាំងមូល​ ​បន្ទាប់ពី​សហគមន៍​អឺរ៉ុប​បានសម្រេច​ដាក់​ពន្ធ​មក​លើ​ការនាំចូល​អង្ករ​ពី​កម្ពុជា​ ​ដែល​សហព័ន្ធ​​បាន​អញ្ជើញ​វាគ្មិន​ជាតិ​ ​អន្តរជាតិ​មក​ផ្លាស់​ប្តូរ​ទស្សនៈ​ ​និង​ចែករំលែក​នូវ​បទ​ពិសោធ​លើ​ចំណុច​សំខាន់​ជាច្រើន​។​

    ​ក្នុង​នោះ​មានការ​ពិភាក្សា​ថា​ ​តើ​ការ​ដាក់​ពន្ធ​របស់​សហគមន៍​អឺរ៉ុប​លើ​ការនាំចូល​អង្ករ​ពី​កម្ពុជា​ ​បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ដូចម្តេច​ខ្លះ​?​ ​តើ​កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​អន្តរជាតិ​ដូចម្តេច​សម្រាប់​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​ ​ក្រៅពី​ការ​ជួយ​សម្រួល​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​របស់​រដ្ឋាភិបាល​?​ ​និង​ថា​តើ​កម្ពុជា​គួរ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​យ៉ាងដូច​ម្តេច​ ​ដើម្បី​ផ្សព្វផ្សាយ​ ​និង​ជំរុញ​ការប្រើ​ប្រាស់​ម៉ាក​វិញ្ញាតកម្ម​ ​“​ម្លិះ​អង្គរ​”​ ​ដោយ​ផ្សារភ្ជាប់​ជាមួយ​ពានរង្វាន់​អង្ករ​ពិភពលោក​?​។​

    គួរ​បញ្ជាក់​ថា​ ​កាលពី​ឆ្នាំមុន​ ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ប្រមាណ​ជា​ ​1.5ភាគរយ​ ​ដែល​មាន​ចំនួន​ ​626ពាន់​តោន​។​ ​ក្នុង​នោះ​ប្រទេស​ចិន​ជាទី​ផ្សារ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ ​ដោយ​បាន​ស្រូប​យក​អង្ករ​ប្រមាណ​ជា​ ​270ពាន់​តោន​នៅ​ឆ្នាំ2018​។​ ​

    ​ដោយឡែក​កាលពី​ខែមុន​នេះ​ ​លោក​ប្រធានាធិបតី​ចិន​ ​ស៊ី​ ​ជីន​ ​ភីង​ ​បាន​ប្រកាស​បន្ថែម​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​ប្រមាណ​ជា​ ​100ពាន់​តោន​បន្ថែម​ទៀត​ ​ដែល​នឹង​ធ្វើ​ឱ្យ​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន​មាន​ប្រមាណ​ជា​ ​400ពាន់​តោន​នៅ​ឆ្នាំ2019​ ​នេះ​។​

    ​អង្ករ​ក្រអូប​ប្រណីត​កម្ពុជា​ដែល​មាន​ម៉ាក​ ​ម្លិះ​អង្គរ​ ​(​Malys​ ​Angkor​)​ ​បាន​ទទួល​ពានរង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ប្រចាំឆ្នាំ2018​ ​ជា​ឆ្នាំទី4​ ​ហើយដែល​កម្ពុជា​បាន​គ្រង​តំណែង​ជើងឯក​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ ​4ឆ្នាំ​ជាប់​ៗ​គ្នា​ ​ពោល​គឺ​នៅ​ឆ្នាំ2012​ ​-​ ​2013​ ​និង2014​ ​ដោយឡែក​អង្ករ​កម្ពុជា​ក៏​ទទួល​បាន​តំណែង​ជា​រងជើង​ឯក​ចំនួន​ ​3ឆ្នាំ​ជាប់គ្នា​ផង​ដែរ​។​

    ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម​ ​នៅ​ឆ្នាំ2018​ ​កន្លងទៅ​នេះ​ ​កម្ពុជា​ផលិត​ស្រូវ​បាន​ចំនួន​ ​7.4លាន​តោន​។​ ​ផ្ទៃដី​ច្រូតកាត់​បាន​ប្រមាណ​ជា​ ​2.4លាន​ហិ​ក​តា​ក្នុងចំណោម​ផ្ទៃដី​ដាំដុះ​ ​2.7លាន​ហិ​ក​តា​។​ ​របាយការណ៍​បាន​បញ្ជាក់​ថា​ ​ជាមធ្យម​ក្នុង​ ​1ហិ​ក​តា​កសិករ​អាច​ផលិត​បាន​ស្រូវ​ចំនួន​ ​3.07តោន​ ​ដែល​កាលពី​ឆ្នាំ2006​ ​បានតែ​ប្រមាណ​ ​2.6តោន​ជាមធ្យម​ប៉ុណ្ណោះ​ក្នុង​ ​1ហិ​ក​តា​៕​