Author: ធឿន មករា

  • Messi ក្លាយជា​កីឡាករ Barcelona ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេបង្អស់

    Messi ក្លាយជា​កីឡាករ Barcelona ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេបង្អស់

    Messi បាន​ជួយ​ក្រុម​អ្នកមាន​បុណ្យ យកឈ្នះ​លើ​ក្រុម Real Valladolid ក្នុង​លទ្ធផល 3-0 នៅ​ក្របខ័ណ្ឌ La Liga។ 1គ្រាប់​របស់​ប្រធាន​ក្រុម​ខាងលើ ក៏បាន​ធ្វើឱ្យ​រូបគេ​បំបែក​កំណត់ត្រា​មួយ របស់​កំពូល​វីរបុរស​បាល់ទាត់ Pele ផងដែរ។ ពោលគឺ​បច្ចុប្បន្ននេះ លេង​ឱ្យតែ Barcelona បានធ្វើឱ្យ Messi មាន 644គ្រាប់​ហើយ ស្របពេល​កំណត់ត្រា លេង​ឱ្យតែ 1ក្លិប​ដែរ របស់ Péle មាន​ត្រឹមតែ 643គ្រាប់​ប៉ុណ្ណោះ។

    ក្រោយពី​រកបាន​កំណត់​ត្រា​មួយ​នេះ Messi បាន​ថ្លែងថា គេ​មិនដែល​ស្រមៃ​ថា ខ្លួនគេ​អាចមក​ដល់​ចំណុច​នេះឡើយ ទាំង​ដែល​គេ​មិនអាច​ប្រៀបផ្ទឹម​ទៅនឹង​វីរបុរស​បាល់ទាត់ Péle បានឡើយ ។ គួរឱ្យ​ដឹង​ដែរ​ថា Péle ត្រូវបាន​គេ​ស្គាល់​ថា ជា​កីឡាករ​បាល់ទាត់​លំដាប់​លេខ1 របស់​ពិភពលោក​ក្នុង​ទសវត្សរ៍​ឆ្នាំ60 និង70 ដោយបាន​ជួយ​ឱ្យ Barcelona ប្រមូល​ស្ទើរ​គ្រប់​ពាន​ទាំងអស់ ហើយ​ថែមទាំង​ជួយ​ឱ្យ​ប្រ​ស៊ី​ល​លើក​ពាន World Cup ជាច្រើនលើក​ទៀតផង៕

  • រោគកំណាច 5ប្រភេទដែលអាចនឹងកើតលើមនុស្សចាស់ និងការការពារ

    រោគកំណាច 5ប្រភេទដែលអាចនឹងកើតលើមនុស្សចាស់ និងការការពារ

    ដូចដែលយើងបានដឹងហើយថា ដោយអាយុរបស់លោកឪពុកអ្នកម្តាយរបស់យើងដែលចេះតែកើនឡើង សុខភាពរាងកាយរបស់លោកទាំង2 ក៏មានតែរុះរោយទៅតាមពេលវេលានោះ តួនាទីជាកូនៗរបស់យើង គឺគួរតែយកចិត្តទុកដាក់រឿងសុខភាពរបស់លោក ដោយ​ការមើលថែទាំ និងពិនិត្យមើលថា តើលោកមានភាពប្រថុយប្រថាននឹងការកើតជម្ងឺក្នុងវ័យចំណាស់ឬក៏អត់?។

    1.ជំងឺទឹកនោមផ្អែម

    រោគដែលកើតចេញពីភាពខុសប្រក្រតីខាងរាងកាយដែលផលិតអ័រម៉ូនអ៊ីនស៊ូលីនមិនគ្រប់គ្រាន់ បណ្តាលឱ្យកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ ភាគច្រើនតែងជួបប្រទះលើអ្នកដែលមានទម្ងន់ខ្លួនលើសមាត្រដ្ឋានចំពោះមនុស្សចាស់ដែលក្រុមគ្រួសារកើតជំងឺនេះ។ អាការរបស់ជំងឺនេះ នឹងធ្វើឱ្យបត់ជើងតូច និងស្រេកទឹកញឹកញាប់ ល្វើយ ទម្ងន់ខ្លួនធ្លាក់ចុះ រហូត​កើតមានការជ្រៀតចូលរបស់ជំងឺផ្សេងៗ ដូចជា ​ជំងឺភ្នែក ជំងឺក្រលៀន ជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល។

    2.ជំងឺលើសឈាម

    ជាជំងឺរ៉ាំរ៉ៃ ដោយនៅក្នុងសភាពប្រក្រតីមនុស្សធម្មតាយើងមានកម្រិតសម្ពាធលោហិត​ 2បែប គឺតួលេខសម្ពាធឈាម​ខាងលើត្រូវស្ថិតនៅកម្រិតមិនលើស 140មិល្លីម៉ែត្របារ៉ត តួលេខសម្ពាធឈាមខាងក្រោមមិនលើស 90មិល្លីម៉ែត្របារ៉ត បើ​ខ្ពស់ជាងនោះ នឹងចាត់ចូលក្នុងសភាវសម្ពាធឈាម។ ជារោគដែលកើតញឹកញាប់នៅលើមនុស្សចាស់ តែងកើតក្នុងខណះដែលមានភាពធុញថប់តានតឹង ដែលភាគច្រើនគ្មានអាការស្តែងចេញទេ តែពេលខ្លះមានអាការញ័រដើមទ្រូង ឈឺក្បាល វិលមុខ ស្រវាំង​ភ្នែក ជំងឺនេះឆាប់ពិនិត្យរកឃើញ និងមិនពិបាកព្យាបាលទេ តែបើបណ្តែតបណ្តោយ នឹងធ្វើឱ្យកើតរោគស្ពឹកពិការ អាចដល់​ថ្នាក់​​​គាំង​បេះដូងបានទៀតផង។

    3.ជំងឺខាងខួរក្បាល

    ជាជំងឺដែលកើតដោយសារសមត្ថភាពខាងសតិបញ្ញាថមថយចុះ គិត​ និងចាំមិនសូវបាន ធ្វើឱ្យមានអាការភ្លេច​ភ្លាំង ដោយជំងឺខាងខួរក្បាលដែលជួបញឹកញាប់នោះគឺ រោគអាល់ហ្សៃមើរ៍ និងរោគផារ៍គិនសុន។ ច្រើនជួបនៅលើមនុស្សដែលមានអាយុច្រើនចាប់ពី 65ឆ្នាំឡើងទៅ។ អាការចាប់ផ្តើមដំបូង គឺច្រើនតែភ្លេចរឿងដែលទើប​នឹងកើតឡើងថ្មីៗ ដូចជារករបស់មិនឃើញ ទាំងទុកដាក់នៅកន្លែងដដែលជាប្រចាំ ជាដើម។ វិធីការពារតាំងពីដើមទីរបស់ជំងឺនេះ គឺគួរព្យាយាមហ្វឹកហាត់ឱ្យ​ខួរ​​​​ក្បាលបានគិតញឹកញាប់ និងព្យាយាមកុំគិតច្រើន មិនធុញថប់តឹងតែងច្រើនក្នុងអារម្មណ៍។

    4.ជំងឺបេះដូងខ្វះឈាម

    កើតឡើងដោយសារសរសៃឈាមដែលទៅចិញ្ចឹមសាច់ដុំបេះដូងកើតអាការត្បៀតតូច ធ្វើឱ្យឈាមហូរទៅ​ចិញ្ចឹម​សាច់ដុំបេះដូងមិនរួច ធ្វើឱ្យសាច់ដុំបេះដូងខ្វះអុកស៊ីហ្ស៊ែនមួយខណៈពេល ជាមូលហេតុធ្វើឱ្យកើតអាការឈឺដើមទ្រូង តែនឹងធូរ​ស្រាលឡើងវិញនៅពេលបានសម្រាក ហើយបើសរសៃឈាមដែលត្បៀតតូចនោះស្ទះបែបទាន់ហន់វិញនោះ នឹងធ្វើឱ្យសាច់ដុំបេះ​ដូង​​​​​​ស្លាប់ នាំឱ្យកើតអាការចុកក្នុងដើមទ្រូងយ៉ាងធ្ងន់ធ្ងរ អាចមានអាការបេះដូងដើរខុសចង្វាក់ ឬឈប់ដើរ ហើយបាត់បង់ជីវិតភ្លាមមុននឹងដល់មន្ទីពេទ្យទៀតផង។

    5.រោគឆ្អឹ

    ឆ្អឹងរបស់មនុស្សយើងនឹងចាប់ផ្តើមចុះខ្សោយ និងស្តើងនៅពេលយើងមានអាយុ 45ឆ្នាំឡើងទៅ ហើយ​មនុស្សស្រីនឹងមានសភាពបែបនេះខ្លាំងជាងបុរស ជាពិសេសស្រ្តីដែលស្ថិតក្នុងវ័យអស់រដូវ។ មូលហេតុបណ្ដាលមកពីសារធាតុអំបិលរ៉ែ ដែលមានកាល់ស្យូម និងផូស្វ័រត្រូវបានបណ្តេញចេញពីរាងកាយ។ អាការដែលអាចដឹងបាននោះគឺ ពុកធ្មេញ ឈឺឆ្អឹង កម្ពស់ធ្លាក់ចុះ ខ្នងកោង ជើងកោង។ល។ អ្នកជំងឺដែលមិនបានទទួលការមើលថែទាំពីគ្រូពេទ្យ នឹងប្រថុយប្រថានក្នុងការបែកបាក់ឆ្អឹងក្នុងកន្លែង​ផ្សេងៗនៃរាងកាយ ជាពិសេសឆ្អឹងដៃ ក្នុងចន្លោះពីកែងដៃដល់កដៃ។

    វិធីមើលថែទាំ និងការពារការកើតជំងឺលើមនុស្សចាស់

    • គ្រប់គ្រងអាហារការហូបចុកសក្តិសមនឹងរាងកាយ ចៀសវាងអាហារដែលមានជាតិខ្លាញ់ខ្ពស់ រសជាតិផ្អែម និងប្រៃខ្លាំង ។
    • កាត់បន្ថយ លែង ឬឈប់សេពវត្ថុគ្រោះថ្នាក់ ដូចជា បារី សុរា។ល។
    • ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ។
    • មនុស្សចាស់គួរហាត់ប្រាណក្នុង 1សប្តាហ៍ពី​ 3 – 4ដង។
    • គ្រប់គ្រងទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រិតសមរម្យ មិនឱ្យធាត់ជ្រុលពេក។
    • ធ្វើចិត្តឱ្យស្រស់ថ្លា មិនធុញថប់តឹងតែង សម្រាកឱ្យបានគ្រប់គ្រាន់។
    • ឧស្សាហ៍សង្កេតមើលអាការខុសប្រក្រតីផ្សេងៗរបស់រាងកាយ បើមានអ្វីប្លែកគួរប្រញាប់ទៅប្រឹក្សាគ្រូពេទ្យ។
    • ត្រួតពិនិត្យសុខភាពជាប្រចាំ រៀងរាល់ 6 – 12ខែម្តង៕
  • ដោយមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ realme បានឈ្នះ​ពានរង្វាន់ “ក្រុមហ៊ុន​ច្នៃប្រឌិត​ល្អ​បំផុត​ទាំង ៥០ របស់​ចិន​ឆ្នាំ ២០២០”

    ដោយមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ realme បានឈ្នះ​ពានរង្វាន់ “ក្រុមហ៊ុន​ច្នៃប្រឌិត​ល្អ​បំផុត​ទាំង ៥០ របស់​ចិន​ឆ្នាំ ២០២០”

    កាលពីថ្មីៗនេះ realme ដែលជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែលមាន​ការរីកចម្រើន​ឆាប់រហ័ស​ជាងគេ បាន​ជាប់​ជា​ជម្រើស​របស់​ជា​ក្រុមហ៊ុន​《Fast Company》ដែលជា​សារព័ត៌មាន​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ដ៏​ល្បី​នៅ​អាមេរិក ដោយ​ជាប់​ជា “ក្រុមហ៊ុន​កំពូល​ទាំង50 ដែលមាន​គំនិត​ច្នៃប្រឌិត​ល្អ បំផុត​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ2020” ។ ដោយ ​realme ទើប​បង្កើតឡើង​ក្នុង​រយៈពេល២ឆ្នាំ​ប៉ុណ្ណោះ ដោយ​ផ្អែកទៅលើ​សមត្ថភាព​ខ្ពស់ ការ​រចនា​ពេញនិយម​ដែល​បាន​បង្កើតឡើង​រវាង​អ្នកប្រើប្រាស់​វ័យក្មេង បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​ទី7ជុំវិញ​ពិភពលោក និង​ជាប់​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​លឿន​ជាងគេ​រហូតដល់50លាន​គ្រឿង​ត្រឹម​រយៈពេល9ត្រីមាស ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​លេខ​មួយ​ក្នុង​ពិភពលោក​ដែលមាន​ការរីកចម្រើន​លឿន និង​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ពេញនិយម​មួយ។ រីឯ​យុទ្ធសាស្ត្រ “ស្មា​ត​ហ្វូ​ន+AIoT” អាច​នឹង​បង្កើតបានជា​ការរស់នៅ​បែប​ឆ្លាត​វៃ​ដល់​យុវវ័យ​ជុំវិញ​ពិភពលោក ។ សម្រាប់​លទ្ធផល​នេះដែរ មានន័យថា​ realme នៅក្នុង​មួយឆ្នាំ​កន្លងទៅនេះ​បាន​អនុវត្ត​ការងារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាន​ប័ន​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។

    《Fast Company》គឺជា​សារព័ត៌មាន​មួយ​ដែល​ល្បីឈ្មោះ​លើ​ពិភពលោក ក្នុងចំណោម​សារព័ត៌មាន​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​ដែលល្បីៗទាំង3 រួមមាន 《Fortune》និង​《Business Weekly》និង​ជា​សារព័ត៌មាន​មួយ​ដែល​ផ្តោតលើ​ការ​ការច្នៃប្រឌិត​និង​ការបង្កើត​ថ្មី។ ចាប់ពី​ឆ្នាំ​២០១៤《Fast Company》 ដែល​តំណាងអោយ​ក្រុមហ៊ុន នៃ​ការបង្កើត​ថ្មី​ជុំវិញ​ពិភពលោក ដោយ​ជាប់​ជា “Best Innovative Company: MIC” ហើយ​ចូលទៅ​ក្នុងប្រទេស​ចិន ប្តេជ្ញាចិត្ត​ក្នុងការ​ស្វែងរក​ការ​ប្រ​គួ​ត​ប្រជែង​ថ្មី និង​តម្លៃ​វិនិយោគ​ដែល​ប្រកបដោយ​ភាព ច្នៃប្រឌិត នៅ​ប្រទេស​ចិន។ ដោយសារតែ​កម្មសិទ្ធិ និង​តម្លៃ​នៃ​ឯកសារយោង ទើប​បញ្ជី​នេះ​ត្រូវបានគេទទួលស្គាល់​ហើយ​ជា​តម្លៃ​នៃ​អាជីវកម្ម​និង​ការវិនិយោគ។ មុននេះ​ដែរ សហគ្រាសល្បីៗជាច្រើន​នៅ​ប្រទេស​ចិន​ដូចជា Tencent 、DJI និង​ Alibaba ជាដើម​សុទ្ធតែ​ធ្លាប់បាន​ជាប់​ជម្រើស​ពីមុន នៅក្នុង​ឆ្នាំ ២០២០ដែល​មានការ​រាតត្បាត​ជ​ម្ញឺ​ឆ្លង​និង​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​កំពុងមាន​ការធ្លាក់ចុះ​ខ្លាំង​នោះ​《Fast Company》លក្ខណៈវិនិច្ឆ័យ​នៃ​ការជ្រើសរើស​ក៏​ខុសគ្នា​ដែរ​នៅពេលនេះ៖ វា​មិន​ត្រឹមតែ​អាច​បន្ត​រីកចម្រើន​ក្នុងពេល​ល្អ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​រក្សា យូរអង្វែង និង​រឹងមាំ ក្នុងការ​អនុវត្ត​ភាព “ ការច្នៃប្រឌិត” ក្នុងន័យ​មួយ​ផ្សេងទៀត​ពោលគឺ សម្រប​ខ្លួន​ទៅនឹង​ស្ថានភាព និង​ផ្លាស់ប្តូរ ជាមួយ​ភាពល្អប្រសើរ។រីឯ​realme ក្នុងនាម​ជា​ម៉ាក​វ័យក្មេង​មួយ ដែល​គោរព​តាម​ស្មារតី​នៃ​ម៉ាក​ផលិតផល “ហ៊ាន​ឆ្ពោះទៅមុខ” បន្ត​រីកចម្រើន​លូតលាស់ ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​លឿន​បំផុត​រហូតដល់៥០លាន​គ្រឿង​ជុំវិញ​ពិភពលោក និង​ជាប់​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ពេញនិយម​មួយ។

    លោក​Sky Li ដែលជា​CEOនិង​ជា​អ្នកបង្កើត ​realme បាន​បង្ហាញថា “ការបង្កើត​ថ្មី​មាន​ពីរ​ជម្រើស : ទី១គឺ បច្ចេកវិទ្យា​និង​ការស្រាវជ្រាវ​បង្កើត​ថ្មី ដែលមាន​គំនិត​ច្នៃប្រឌិតថ្មីៗ  ហើយ​មួយវិញទៀត​គឺ​ការជ្រើសរើស​កាត់បន្ថយ​ដើមទុន​នៃ​បច្ចេក​វិ​ទ្យ​សម្រេច​និង​ពាក់កណ្តាល​សម្រេច និង​ផ្សព្វផ្សាយ​អោយ​កាន់តែ​ទូលំទូលាយ ហើយ ​realme ក៏បាន​ជ្រើស​យក​នូវ​ជម្រើស​ទី២នេះ ”

    ការតាំង​ចិត្ត​របស់​ realme គឺ​ផ្តល់នូវ​ស្មា​ត​ហ្វូ​ន​និង​ផលិតផល ​AIoT ដែលមាន​រួមទាំង​គុណភាព​ខ្ពស់​និង​ការ​រចនា​ទាន់សម័យ​បញ្ចូល​គ្នា​ដល់​អ្នកប្រើប្រាស់​វ័យក្មេង​រាល់​ផលិតផលនីមួយៗរបស់ ​realme មិន​ថា​ការ​រចនា​ខាងក្រៅ ឬក៏​គ្រឿង​បំពាក់​សុទ្ធ​តែមាន​កម្រិត​ខ្ពស់ជាង​ស្មា​ត​ហ្វូ​ន​ជួរ​តម្លៃ​ដូចគ្នា។

    ឧទាហរណ៍​ដូច​ជាការ​ផ្តោតទៅលើ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន realme បានសម្រេច​នូវ​ការយក​បច្ចេកវិទ្យា​សាក​លឿន​បំពាក់​ទៅលើ​ផលិតផល​លំដាប់​ថវិកា​រហូតដល់​លំដាប់​Flagship ដោយ​យក​បច្ចេកវិទ្យា​សាក​លឿន​65W បំពាក់​ទៅលើ​ម៉ូ​ឌែ​លQ2 Series ដែលមាន​ខ្ទង់​តម្លៃ​ប្រហែល១ពាន់​យេន ។ ជាមួយគ្នានេះដែរ realme គឺជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែលមាន​បំពាក់​នូវ​បច្ចេកវិទ្យា​5G ដំបូង​គេ​នៅក្នុង​វិស័យ​ស្មា​ត​ហ្វូ​ន ថែមទាំង​ជា​ម៉ាក​ដំបូង​គេ​មួយ​ដែល​ដាក់​បង្ហាញ​នូវ realme V3 ផលិតផល 5G ដែលមាន​ខ្ទង់​តម្លៃ​ប្រហែល១ពាន់​យេន ។  realme ប្តេជ្ញា​នឹងធ្វើ​អោយ​អ្នកប្រើប្រាស់​វ័យក្មេង​កាន់តែច្រើន​ទទួលបាន​នូវ​បទពិសោធន៍​នៃ​បច្ចេកវិទ្យា​ដែល​ថ្មី​បំផុត ហើយ​នេះ​គឺជា​ស្មារតី “ហ៊ាន​ឆ្ពោះទៅមុខ”របស់ ​realme ជាមួយគ្នានេះដែរ ក៏​ជា បេសកកម្ម របស់ ​realme ផងដែរ។

    realme ក្នុងនាម​ជា​ម៉ាក​បច្ចេកវិទ្យា​ពេញនិយម និង​ផ្តោតទៅលើ​ការ​រចនា​ពេញនិយម បានចេញ​នូវ​ផលិតផល​ដែលមាន​ការ​រចនា​ពេញនិយម​ជាច្រើន​ម៉ូ​ឌែ​ល ដូចជា Master Edition ដែលមាន​ការសហការ​ជាមួយ​លោក Naoto Fukusawa ដែលជា​អ្នក​រចនា​ម៉ូដ​លំដាប់​អន្តរជាតិ​ល្បី​លើ​ពិភពលោក ដែល​មើលទៅ​ប្លែក​ពី​គេ និង​រួមបញ្ចូល​ជាមួយនឹង​ការ​រចនា​ដែល​បំផុស​ដោយ​ការរស់នៅ​ប្រចាំថ្ងៃ ធ្វើអោយ​យុវវ័យ​អាច​ទទួលបាន​បទពិសោធ​ន៍​នៃ​ការរួមបញ្ចូល​គ្នា​រវាង​ភាព​ស្អាត​និង​ការ​រចនា​ទាន់សម័យ។

    realme X Master Edition-Onion

    ការ​រចនា​នៃ “LOGO Design” របស់​ realme បាន​វាយ​បំបែក​នូវ​ការ​រចនា​ខាងក្រៅ​បែប​ប្រពៃណី​ពីមុន អាចបំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​វ័យក្មេង​ដែល​ហ៊ាន​លេង​ហ៊ាន​ក្លាយជា​ខ្លួនឯង ។ realme X7 series dazzling color “C color” រួមបញ្ចូល​គ្នា​ជាមួយនឹង​ការ​រចនា “DARE TO LEAP” នៅ​ផ្នែក​ខាងក្រោយ​នៃ​ស្មា​ត​ហ្វូ​ន និង​ស្មារតី “ហ៊ាន”នៃ​ម៉ាក​ផលិតផល គឺជា​ការគាំទ្រ​និង​ការគោរព​មួយ​ដែល​ហ៊ាន​បង្ហាញ​ពី​ខ្លួនឯង​ទៅ​យុវវ័យ ធ្វើអោយ​ពេល​អ្នកប្រើប្រាស់​ចាប់​កាន់​ស្មា​ត​ហ្វូ​ន មាន​អារម្មណ៍​ថា​វា​មិនមែន​ត្រឹមតែ​ជា​ម៉ា​សុ​ី​ន​មួយ​នោះទេ វា​គឺជា​ផលិតផល​មួយ​ដែលមាន​ភាពទាន់សម័យ ដែល​សម្រាប់​ផ្នែក​រចនា​ថ្វីដៃ realmeនៅតែ​បន្ត​ស្វែងរក​បន្តទៀត នាំមុខគេ​ក្នុងការ​ប្រើប្រាស់ សមាសធាតុ​ដែល​មិន​ប៉ះពាល់​បិ​រ​ស្ថាន (environmentally-friendly) ហើយ​វា​ត្រូវបាន​ប្រើប្រាស់​តែ​លើ​ទូរ​សព្ទ​លំដាប់​កំពូល​តែប៉ុណ្ណោះ ដូចជា realme Q2 Pro ។

    បង្ហាញ​ចេញ​នូវ​ស្មារតី​ម៉ាក​ផលិតផល​របស់ ​realme ដែល “ហ៊ាន​ឆ្ពោះទៅមុខ” និង “ហ៊ាន​បង្កើត​ថ្មី។

    realme X7 Pro

    ដោយមាន​ការ​រចនា លេចធ្លោ​មាន​ភាព​ច្នៃប្រឌិត realme បានទទួល​នូវ​ពានរង្វាន់ German Design Award for Excellence in Product Design Award , Australian International Design Awards, Japan Good Design Award, Golden Point Design Award and many other top international design awards ជាច្រើន មិន​ត្រឹមតែ​ទទួលបាន​ការទទួលស្គាល់​ពី​សំណាក់​អ្នកប្រើប្រាស់

    បច្ចុប្បន្ននេះ realme ទើប​បង្កើតបាន​រយៈពេល២ឆ្នាំ ក៏បាន​ចូលទៅក្នុង៥ទ្វីបធំៗនិង​ទីផ្សារ​ចំនួន61 និង​មាន​ចំណែក​ទីផ្សារ​ជាប់​ចំណាត់ថ្នាក់​កំពូល​ទី៥នៅក្នុង​ទីផ្សារ​ចំនួន13នៅ​ជុំវិញ​ពិភពលោក។ ហើយ ​realme បាន​ជាប់​ក្នុង​លំដាប់​កំពូល​ទី4នៅក្នុង​ទីផ្សារ​ជាច្រើន​នៅ អា​សុ​ី​អាគ្នេយ៍ អូស្ត្រាលី និង​ឥណ្ឌា។ រីឯ​ទីផ្សារ​ក្នុងស្រុក​វិញ នៅក្នុង​កម្មវិធី​ថ្ងៃទី11.11ដែល​ទើប​កន្លងទៅនេះ realme បាន​ជាប់​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ទី5 ហើយ​នៅ​កម្មវិធី​ថ្ងៃទី12.12ក៏បាន​ទទួល​នូវ​លទ្ធផល​ដ៏​គួរអោយកត់សម្គាល់​ម្តងទៀត ដោយ​ឈានដល់​ជាប់​ជា​ម៉ាក​Androidស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ទី3 បន្ត​រីកចម្រើន​ផ្ទុយ​នឹង​និន្នាការ ទទួលបាន​នូវ​ពានរង្វាន់.《2020 Emerging Brand》 និង《2020 products affecting the future Great100》ជា​បន្តបន្ទាប់។

    realme ទទួលបាន​ពានរង្វាន់​ជាក្រុមហ៊ុន​កំពូល​ទាំង50ដែលមាន​គំនិត​ច្នៃប្រឌិត​ល្អ​បំផុត​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ2020

    នៅក្នុង​ការជួប​ប្រទះ​ជាមួយនឹង​ការ​ប្រ​គួ​ត​ប្រជែង​កម្រិត​ខ្ពស់​និង​សម្ពាធ​ជាខ្លាំង realme នៅតែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ស្មារតី “ហ៊ាន” ហ៊ាន​ឆ្ពោះទៅមុខ បន្ត​ច្នៃប្រឌិត​នូវ​របស់​ថ្មី នាំមក​នូវ​ភាព​ភ្ញាក់ផ្អើល​ដល់​យុវវ័យ។

  • និមិត្តសញ្ញាបាល់ទាត់មួយ នៅខេត្ត Dalian ត្រូវអគ្គិភ័យលេបត្របាក់ស្ទើរគ្មានសល់

    និមិត្តសញ្ញាបាល់ទាត់មួយ នៅខេត្ត Dalian ត្រូវអគ្គិភ័យលេបត្របាក់ស្ទើរគ្មានសល់

    រូបសំណាក់​បាល់ទាត់​ដ៏​ធំ ដែល​តំណាងឱ្យ​វិស័យ​បាល់ទាត់​របស់​ខេត្ត Dalian ក្នុងប្រទេស​ចិន បាន​ឆេះ​ខ្ទេច​អស់​ទៅហើយ កាលពី​យប់មិញ​នេះ។

    រូបចម្លាក់​បាល់ទាត់​នេះ ស្ថិតក្នុង​ឧទ្យាន​ជាតិ Dalian’s Labour Park ហើយ​វា​ជា​រូប​តំណាងឱ្យ​ទីក្រុង Dalian ដែលមាន​ឈ្មោះ​ក្រៅ​ថា ‘Football City’ ឬ​ទីក្រុង​បាល់ទាត់​ហ្នឹងឯង។

    មូលហេតុ​នៃ​ការឆេះ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង។ រូប​បាល់ទាត់​ដ៏​ធំ​នេះ ត្រូវបាន​សាងសង់ឡើង​កាលពី​ឆ្នាំ1995 ខណៈ​ទសវត្សរ៍​ឆ្នាំ1990 ក្លិប​Dalian Wanda ជា​ក្រុម​តែ ១គត់​ដែល​គ្រប់គ្រង​ពាន​លី​គ​កំពូល​ចិន៕

  • ស្រ្តីមានគភ៌ គួរត្រៀមខ្លួនឱ្យបានស្រេច 1ខែមុនដល់ពេលប្រសូត…

    ស្រ្តីមានគភ៌ គួរត្រៀមខ្លួនឱ្យបានស្រេច 1ខែមុនដល់ពេលប្រសូត…

    នៅសល់ 1ខែទៀតមុនដល់ពេលឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្ត្រីមានគភ៌គ្រប់ៗរូប ព្រោះទាំងរំភើ​បចិត្តផង ទាំងត្រេកអរផង ដែលជិតបានឃើញមុខកូនសម្លាញ់ ខណះពេលជាមួយគ្នា ក៏មានអារម្មណ៍នឹកខ្លាចចំពោះ​ក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀតដែរ។ ថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន មានដំបូន្មានល្អៗ ​ពីគ្រូពេទ្យជំនាញមកជម្រាបអ្នកមានគភ៌លើកដំបូង ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាង​ណាខ្លះមុនដល់ពេលប្រសូត ដូចតទៅ៖

    ឈានចូលដល់ខែទី 9

    ក្នុងរយ:ពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បី​​​​ពិនិត្យមើលភាពត្រៀមខ្លួនជាស្រេច និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់?។ ក្នុងអំឡុងពេលនេះ ស្ត្រីមានគភ៌ជិតគ្រប់ខែ​នឹងមានអាការឈឺរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើម មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើម ដោយ​សារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អា​ហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោក​ប្តីឱ្យជួយរឺតជើងឱ្យទៀតផង។

    ត្រៀមខ្លួនជាស្រេច…មុនពេលឆ្លងទន្លេ

    ការត្រៀមជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្ត្រីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល តែ…តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត។

    1.មន្ទីពេទ្យ

    • ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរសង្ស័យពាក់ព័ន្ធនឹងគភ៌។
    • អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាង ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតជាស្រេច។

    2.ត្រៀមរាងកាយ

    • ត្រៀមរឿងអាហារការហូបចុក ៈ គួរបរិភោគអាហារណាដែលមានប្រូតេអ៊ីនច្រើន ​តែបន្ថយអាហារដែលមាន​រស​​ជាតិខ្លាំងៗ ដូចជាប្រៃខ្លាំង ជូរខ្លាំង ជាពិសេសរសជាតិហឹរ ព្រោះវានឹងធ្វើឱ្យអ្នកមានគភ៌ហើមខ្លួន។ គួរទទួលបន្លែផ្លែឈើរួមជាមួយ​ផង ដើម្បីកាត់បន្ថយអាការណែនឆ្អល់ពោះ។
    • គួរញ៉ាំថ្នាំបំប៉នតាមដែលលោកគ្រូពេទ្យឱ្យមកឱ្យបានគ្រប់ ដូចជាថ្នាំបំប៉នលោហិត វិតាមីនរួម និងកាល់​ស្យូម ព្រោះក្នុងអំឡុងពេលប្រសូត ស្ត្រីមានគភ៌អាចនឹងត្រូវបាត់បង់ឈាមច្រើន ហើយការញ៉ាំថ្នាំបំប៉ននឹងជួយធ្វើឱ្យអ្នកម្តាយថ្មោងថ្មី ឆាប់​ស្រួលខ្លួនឡើងវិញផង។
    • រកទិញរបស់របរប្រើប្រាស់ចាំបាច់ៗ ទាំងរបស់អ្នកម្តាយ និងរបស់កូនតូច ទុកជាស្រេ​ច ព្រោះក្រោយពេលប្រសូតរួច អ្នកម្តាយថ្មោងថ្មីមិនអាចមានពេលទៅដើររកទិញបានទេ។

    3.ត្រៀមប្រសូត

    • ក្នុងករណីដែលស្ត្រីមានគភ៌ មិនមានលក្ខណៈខុសប្រក្រតីខាងរាងកាយ ឬខាងវេជ្ជសាស្រ្តណាដែលតម្រូវឱ្យប្រសូតដោយការវះកាត់ទេនោះ អ្នកគួរតែប្រសូតតាមវិធីធម្មជាតិ។
    • កំណត់ផែនការក្រោយពេលប្រសូតរួចជាស្រេចថា តើត្រូវពន្យារកំណើត(គ្រាវ)ឬយ៉ាងណា? បើត្រូវពន្យារកំណើត(គ្រាវ) គួរតែប្រាប់គ្រូពេទ្យឱ្យបានដឹងជាមុន ដើម្បីភាពងាយស្រួលក្នុងការត្រៀមខ្លួនរបស់គ្រូពេទ្យ។

    4.ត្រៀមចិត្ត ត្រៀមថ្លើម

    • អ្នកមានគភ៌គ្រប់ខែ ត្រូវត្រៀមខ្លួនទប់ទល់នឹងសភាវសោកសៅក្នុងចិត្ត ដែលអាចកើតឡើងក្រោយពេលប្រសូតរួច ដែលមានដូចជា យំខ្សឹកខ្សួលពេញ 1ថ្ងៃ ភ័យខ្លាចប្តីលែងស្រឡាញ់ និងត្រូវបោះបង់ចោល ខ្លាចខ្លួនលែងស្អាតដូច​កាលពីពេលមុន ជាដើម និងកុំភ្លេចសួរពីវិធីកែបញ្ហានេះជាមួយគ្រូពេទ្យដើម្បីទុកប្រត្តិបត្តិតាមផង។

    អាការប្រាប់ឱ្យដឹងខ្លួន មុនពេលប្រសូត

    1. ឈឺពោះយ៉ាងខ្លាំងជាប់ជានិច្ច រៀងរាល់ 3នាទី និងឈឺម្តងៗប្រហែលជា 40វិនាទី។
    2. មានឈាមចេញមកតាមរន្ធស្បូន (បញ្ជាក់ ៈ អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវទៅមន្ទីរពេទ្យដែរ)។
    3. មានទឹកភ្លោះហូរចេញមកតាមរន្ធស្បូន អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវប្រញាប់ទៅមន្ទីរ​ពេទ្យដែរ ព្រោះថង់ទឹកភ្លោះអាចបែកទៅហើយ បើទុកចោលយូរអាចនឹងធ្វើឱ្យឆ្លងមេរោគបាន។

    សភាវជ្រៀតជ្រែកពីរោគផ្សេងៗដែលអាចកើតឡើង

    1. មានធ្លាក់ឈាម ជាសភាវដែលសុកធ្លាក់ចុះមកទាប ដោយសុកនឹងរំកិលមកតោងនៅម្តុំមាត់​ស្បូន ឬផ្នែកក្រោមរបស់មាត់ស្បូន ធ្វើឱ្យមាត់ស្បូនដាច់រហែក ហើយមានឈាមហូរជ្រាបចេញមក។
    2. សម្ពាធឈាមឡើងខ្ពស់ ជាដើមហេតុរបស់សភាវគភ៌មានជាតិពុល នឹងធ្វើឱ្យស្ត្រីមានគភ៌ហើមជើង ហើមមុខ អ្នកខ្លះមានឈឺក្បាលទៀតផង ដែលជាហេតុអាចធ្វើឱ្យស្ត្រីមានគភ៌ប្រកាច់ ឬបែកសរសៃឈាមក្នុងខួរក្បាលបាន។
    3. ទារកលែងសូវរើ ដែលអាចមានមូលហេតុមកពីសុកចាប់ផ្តើមធ្វើការខ្សោយ ឬខ្សែទងសុកទៅរុំ-កទារក ដែលករណីនេះ ជាគ្រោះថ្នាក់ចំពោះទារកខ្លាំងណាស់។ ពេលស្ត្រីមានគភ៌ជួបអាការដូចដែលបានរៀបរាប់មកខាងលើនេះ ចូរប្រញាប់ទៅជួប​គ្រូ​​ពេទ្យ​​ភ្លាមជាបន្ទាន់។

    នៅពេលរាងកាយត្រៀមរួចរាល់ ចិត្តត្រៀមរួចរាល់…ពេលនេះស្ត្រីមានគភ៌គ្រប់ខែ អាចទៅប្រសូតបុត្រដោយភាពជឿជាក់បានហើយ។ ក្តីឈឺចាប់ដែលកើតឡើងក្នុងពេលប្រសូត នឹងរលាយបាត់អស់ នៅពេលដែលអ្នកម្តាយថ្មោងថ្មីបានឃើញមុខកូន​សម្លាញ់ និងក្លាយទៅជាក្តីរំភើបសោមនស្សរីករាយពេញក្នុងចិត្តវិញមិនខាន។

    ការត្រៀមសម្ភារសម្រាប់ចូលមន្ទីសម្ភព

    .សម្រាប់អ្នកម្តាយ

    1. ប័ណ្ណពិនិត្យសុខភាពគភ៌ និងអត្តសញ្ញាណប័ណ្ណ
    2. សំឡីអនាម័យ និងអាវក្នុងសម្រាប់ពាក់បំបៅដោះកូន
    3. សម្លៀកបំពាក់អ្នកម្តាយ សម្រាប់ស្លៀកពេលចេញពីមន្ទីរពេទ្យ
    4. អាហារ និងភេស្ជជៈ (ព្រោះក្រោយពេលឆ្លងទន្លេរួច អ្នកម្តាយនឹងឃ្លានខ្លាំងណាស់)
    5. កូនកាបូបតូចមួយ សម្រាប់ដាក់គ្រឿងសម្អាង
    6. កន្សែងជូតមុខ និងកន្សែងពោះគោសម្រាប់ជូតខ្លួន
    7. កាមេរ៉ាថតរូប ក្នុងករណីដែលខាងមន្ទីរពេទ្យអាចអនុញ្ញាតឱ្យថតរូបបាន

    .សម្រាប់ទារក

    1. ក្រណាត់កន្ទប សម្រាប់រុំខ្លួនទារក
    2. ខោអាវកូនតូច (សម្រាប់ទារកទើបកើត)
    3. ទឹកសាប៊ូសម្រាប់បោកជម្រះផ្សេងៗ
    4. កូនខ្នើយសម្រាប់ទ្រាប់ក្បាលកូនពេលបីបំបៅដោះ
    5. ក្រណាត់ ឬកន្សែងសម្រាប់រុំខ្លួនកូនពេលត្រឡប់ទៅផ្ទះវិញ៕
  • ទង្វើដ៏សែនងាយៗ 12យ៉ាង ដើម្បីសុខភាពចិត្ត-កាយដ៏ល្អ

    ទង្វើដ៏សែនងាយៗ 12យ៉ាង ដើម្បីសុខភាពចិត្ត-កាយដ៏ល្អ

    មិត្តអ្នកអានប្រហែលជាធ្លាប់បានឮពាក្យដែលគេនិយាយថា សុខភាពល្អមិនអាចរកទិញនៅទីណាបានឡើយ បើចង់បានទាល់តែអនុវត្តដោយខ្លួនឯង ។ ទោះជាដឹង និងយល់ច្បាស់ពីប្រយោគនេះហើយក៏ដោយ តែមានជាច្រើនដងណាស់ ដែលយើងធ្វេសប្រហែស និងព្រងើយកន្តើយចំពោះរឿងងាយៗ ដើម្បីទៅប្រឈមមុខនឹងរឿងលំបាកៗ និងបញ្ហាជាច្រើនដែលនឹង

    កើតឡើងក្នុងពេលអនាគត នោះគឺមានន័យថា យើងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានយកចិត្តទុកដាក់ពីរឿងមើលថែទាំសុខភាព ទាំងវាជារឿងដ៏ងាយសែនងាយ រហូតបណ្តោយឲ្យសុខភាពចុះទ្រុឌទ្រោម យ៉ាប់យ៉ឺន និងត្រូវព្យាបាលយ៉ាង​សកម្ម ដែលជាចុងក្រោយទៅអាចនឹងគ្មានផ្លូវព្យាបាលឲ្យជាបានផងក៏មិនដឹង ។

    តទៅនេះគឺជាពាក្យណែនាំក្នុងការមើលថែទាំសុខភាពបែបងាយៗ ដែលធ្វើហើយនឹងបានទទួលលទ្ធផលល្អ​ ដែលមានចំណុចខ្លះ មនុស្សជាច្រើនអាចធ្លាប់ដឹងរួចមកហើយ តែភ្លេច ឬក៏មិនទាន់បានចាប់ផ្តើមធ្វើយ៉ាងពិតប្រាកដនៅឡើយ ។

    1.ចេញទៅទទួលយកពន្លឺថ្ងៃនាពេលព្រលឹម

    ការភ្ញាក់ពីព្រឹក ហើយចេញទៅទទួលយកពន្លឺថ្ងៃស្រទន់ៗ មុនម៉ោង 9:00 រៀងរាល់ថ្ងៃ 1ថ្ងៃ 10 -15នាទីនោះ នឹងជួយឱ្យរាងកាយបានទទួលវិតាមីន D​ យ៉ាងគ្រប់គ្រាន់ ខណ:ពេលជាមួយគ្នា ក៏នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍​ស្រស់​ស្រាយ ភ្លឺថ្លា និងមានជីវិតរស់រវើកផងដែរ។

    2.ក្រេបទឹកតែ អ៊ូលង់ ក្តៅៗ

    ក្រេបទឹកតែ អ៊ូលង់ មួយថ្ងៃឱ្យបាន 3ពេល នឹងមានចំណែកជួយកាត់បន្ថយបរិមាណជាតិខ្លាញ់រាវនៅក្នុងសរសៃឈាម និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូលបានយ៉ាងល្អ ព្រោះសារធាតុនៅក្នុងស្លឹកតែ ឈ្មោះថា Catechin Polyphenol នឹងជួយកាត់បន្ថយបញ្ហាក្លិនមាត់ និងបាក់តេរីក្នុងប្រអប់មាត់ ហើយការពារធ្មេញមិនឱ្យពុកបានទៀតផង។

    3.ញ៉ាំទឹកលាយទឹកឃ្មុំ

    បើកើតអាការគេងមិនលក់ សូមកុំអាលនឹកដល់ថ្នាំគេងលក់ដែលមានឥទ្ធិពលខ្លាំងៗអី ចូរសាកល្បងទទួលទានទឹកឃ្មុំ 1ស្លាបព្រាបាយ លាយជាមួយទឹកក្តៅឧណ្ហៗ នៅពេលបាយល្ងាចរៀងរាល់ថ្ងៃ​ វានឹងជួយឱ្យយើងគេងលក់បានស្កប់ ភ្ញាក់ព្រឹកឡើងនឹងមានអារម្មណ៍ថា ធូរស្រាល និងស្រស់ស្រាយក្នុងពេលជាមួយគ្នា ហើយទឹកឃ្មុំនៅមានគុណសម្បត្តិជួយកាត់​បន្ថយអាការលោហិតស្លេក ដោយសារតែទឹកឃ្មុំមានសារធាតុដែកដែលជាអង្គប្រកបមួយរបស់ហេម៉ូគ្លោប៊ីន ទើបវាអាចជួយ​បង្កើនគ្រាប់ឈាមក្រហមបាន​។

    4.រកមើលឱសថបុរាណក្បែរៗខ្លួន

    មិនបាច់ស្វែងរកអ្វីដែលពិបាកៗនោះទេ ព្រោះឱសថបុរាណ គឺជារឿងក្បែរខ្លួនយើង និងមានគុណប្រយោជន៍ជាច្រើន លើកឧទាហរណ៍ងាយៗ ដូចជា ស្លឹកម្រះព្រៅមានឥទ្ធិពលក្នុងការបណ្តេញជាតិខ្លាញ់ និងជាតិស្ករដែលលើសចេញ​ពី​​​​រាង​កាយ ហើយស្លឹកម្រះព្រៅ ថែមទាំងជួយក្នុងការបញ្ចេញទឹកប្រមាត់ក្នុងថ្លើមឱ្យមកជួយរំលាយជាតិខ្លាញ់បានកាន់តែល្អឡើងទៀតផង ។

    5.ធ្វើម៉ាស្សាបន្ធូរអារម្មណ៍ និងរាងកាយ

    ឈ្លីសៀតផ្កាដោយប្រេង ភេផើរ៍មិនត៍ ឬទឹកប្រេងក្រអូបហើរតាមខ្យល់ផ្សេងទៀត នឹងជួយធ្វើឱ្យមានអារម្មណ៍ធូរស្រាលរួចផុតពីភាពតានតឹងធុញថប់អារម្មណ៍បាន។

    6.ជ្រើសរើសពាក់ស្បែកជើងបាតាល្អៗមួយគូ

    ការជ្រើសរើសពាក់ស្បែកជើងបាតាក្រណាត់ល្អៗ 1គូ វានឹងជួយឱ្យការហាត់ប្រាណតាមរយ:ការដើររបស់អ្នក ប្រព្រឹត្តទៅយ៉ាងរលូន និងក្រៅពីបានបញ្ចេញញើសហើយនោះ នៅបានជួយថ្នមសុខភាពប្រអប់ជើងទៀតផង។

    (នៅមានត)

  • វិធីយល់ពីចិត្តអ្នកដទៃ ដោយការសម្លឹងពីខ្លួនឯងឱ្យតិចបំផុត

    វិធីយល់ពីចិត្តអ្នកដទៃ ដោយការសម្លឹងពីខ្លួនឯងឱ្យតិចបំផុត

    មនុស្សជាច្រើនអាចនឹងមានចរិតនិស្ស័យដែលគិតតែពីខ្លួនឯង(អាត្មានិយម) សម្លឹងតែអ្វីដែលនៅជិតៗខ្លួន ដូចជាអារម្មណ៍របស់ខ្លួនឯង ការខាតបង់របស់ខ្លួនឯង តម្រូវការរបស់ខ្លួនឯង ហើយបន្ទាប់ពីនោះ ក៏បញ្ចេញនូវទង្វើផ្សេងៗដែលតបស្នងនឹងរឿងផ្សេងៗទាំងនោះ សម្តែងចេញមកដោយការយកខ្លួនឯងជាធំ ជាគោល ដែលមកដល់ពេលនោះ ការយល់ពីអ្នកដទៃក៏លែងកើតមានដែរ។

    មនុស្សយើងច្រើនតែធ្លាក់ទៅក្នុងស្ថានការណ៍បែបហ្នឹងដោយមិនដឹងខ្លួន ជួនកាលក៏អាចហុចផលឱ្យយើងកាត់ក្តីអ្នកដទៃដោយអារម្មណ៍របស់ខ្លួនឯង យល់តែពីខ្លួនឯង គិតតែពីខ្លួនឯង ទើបគ្មានភាពយល់់ចិត្ត សល់ឱ្យអ្នកដទៃឡើយ។

    តើមិត្តអ្នកអានធ្លាប់ទេ នៅពេលដែលយើងសម្តែងកាយវិការអ្វីមួយបែបតក់ក្រហល់ចេញទៅ ដោយអារម្មណ៍ឆាបឈួល ក្រោធខឹង​មួយ​​វឹបនោះ? ពេលនោះយើងអាចនឹងសប្បាយចិត្ត ដែលបានទម្លាយវាចេញមក តែនៅពេលដែលព្យុះអារម្មណ៍ទាំងនោះស្ងប់ទៅវិញហើយ យើងសាកល្បងបែរទៅពិនិត្យមើលពីភាពខូចខាតដែលបានកើតឡើងវិញ យើងអាចនឹងនឹកសោកស្តាយចំពោះអ្វីដែលយើង​បាន​ធ្វើទៅហើយនោះក៏អាចថាបានដែរ។ ដូច្នេះបើសិនជានៅកើតមានអារម្មណ៍សោកស្តាយ យ៉ាងហោចណាស់ក៏វាមានន័យថា នៅ​មិនទាន់ហួសពេលដែរ ព្រោះយើងនៅមានអារម្មណ៍ដឹងខ្លួននៅឡើយ តែបើនៅតែឆ្ងាញ់ដៃនឹងភាពខូចខាតដែលខ្លួនឯង​បាន​​ធ្វើនេះវិញនោះ វាប្រហែលជារឿងមួយដែលគួរឱ្យបារម្ភខ្លាំងណាស់…។

    អារម្មណ៍ មិនមែនជាមធ្យោបាយក្នុងការកែបញ្ហាដែលត្រឹមត្រូវនោះទេ សតិស្មារតីទៅវិញទេ ដែលគួរតែដឹកនាំ​អារម្មណ៍ក្នុងការដោះស្រាយបញ្ហានោះ។ រឿងតមកទៀតគឺ ការយល់ពីបញ្ហា ដែលត្រូវតែកើតចេញពីការយល់ និងស្គាល់ពី​អ្នក​ដទៃឱ្យបានច្រើន និងកាន់ជើងខ្លួនឯងឱ្យតិចបំផុត។

    ជួនកាលបើសិនជាយើងតាំងសតិបានតែមួយភ្លែត វាអាចនឹងធ្វើឱ្យអ្វីៗប្រែប្រួលទៅបែបផ្សេងមួយទៀតក៏អាចថា​​បានដែរ សាកល្បងសម្លឹងមើលឱ្យធំទូលាយ កុំសម្លឹងតែពីខ្លួនឯងពេក…៕

  • អ្នកម្ដាយថ្មោងថ្មី និងជំនឿខុសៗ 4យ៉ាងក្នុងការបំបៅដោះកូន

    អ្នកម្ដាយថ្មោងថ្មី និងជំនឿខុសៗ 4យ៉ាងក្នុងការបំបៅដោះកូន

    ពេលនិយាយពីការបំបៅដោះកូន មានជំនឿជាច្រើន និងការនិយាយប្រាប់តៗគ្នាមក រហូតអាចធ្វើឱ្យអ្នកម្ដាយជាច្រើននាក់យល់ច្រឡំ និងវិលវល់មិនប្រាកដក្នុងចិត្តថា តើជំនឿទាំងនោះត្រឹមត្រូវឬទេ? ដូច្នេះថ្ងៃនេះ យើងនឹងនាំយកចំណេះដឹងល្អៗមកជម្រាបជូនអ្នកម្ដាយថ្មោងថ្មី ដើម្បីបានកែខៃជំនឿខុសៗក្នុងការបំបៅទឹកដោះកូន ដូចតទៅ…។

    1.យកចិត្តទុកដាក់បំបៅដោះកូន រហូតភ្លេចមើលថែទាំសុខភាពខ្លួនឯង

    អ្នកម្ដាយភាគច្រើនតែងកើតមានបញ្ហាលើការមិនមើលថែទាំសុខភាពខ្លួនឯង ព្រោះគិតថា ការបំបៅទឹកដោះកូន គឺជារឿងបន្ទាន់ និងសំខាន់បំផុតដែលត្រូវធ្វើមុនគេបង្អស់ តែបែរជាភ្លេចនឹកគិតថា ទឹកដោះសុទ្ធតែប្រកបទៅដោយសារធាតុអាហារចេញពីរាងកាយរបស់ស្ត្រីជាម្ដាយទាំងអស់។ បើម្ដាយមានសុខភាពមិនល្អ ទឹកដោះក៏មិនមានសារធាតុអាហារគ្រប់ចំនួនដែរ ដូច្នេះស្ត្រីជាម្ដាយត្រូវយកចិត្តទុកដាក់លើរឿងសុខភាព ញ៉ាំអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ និងគួរញ៉ាំអាហារបំប៉ន មិនថាតែវីតាមីន សារធាតុរ៉ែ កាល់ស្យូម ស័ង្កសី-ល-ដើម្បីឱ្យរាងកាយរឹងប៉ឹងមាំមួនល្អ និងផលិតទឹកដោះដែលមានគុណភាពឱ្យកូនកូចបាន។

    2.កូនគេងលក់ពេលបៅដោះ បញ្ជាក់ថា កូនឆ្អែតហើយ

    អ្នកម្ដាយថ្មីថ្មោងជាច្រើន លួចនឹកសប្បាយនៅក្នុងចិត្ត ពេលបំបៅដោះកូនហើយកូនគេងលក់ទៅ យល់ថាកូនបៅទឹកដោះឆ្អែតរហូតដល់គេងលក់ តែការពិតវិញ កូនតូចអាចគេងលក់នៅក្នុងរង្វង់ដៃបីឱ្យបៅលើទ្រូងម្ដាយបានដោយមិនចាំបាច់មឹមឆ្អែតបាន ព្រោះស្រួលខ្លួន មានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាព ដូច្នេះការឧស្សាហ៍សង្កេតមើលកូន និងជួនកាលអាចប្ដូរឥរិយាបទកូនឱ្យបែរមកបៅដោះម្ខាងទៀត ឬឱ្យសម្រាកបៅមួយភ្លែតៗ​ ដើម្បីជំរុញឱ្យកូនមិនភ្លេចខ្លួនគេងលក់ បៅឱ្យបានឆ្អែតពេញលេញ ដើម្បីការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់កូនតូចយើងហ្នឹងឯង។

    3.ស្ដាប់តាមអ្នកដទៃពីការបំបៅទឹកដោះកូន

    ការបំបៅទឹកដោះ គ្មានច្បាប់ទម្លាប់កំណត់ច្បាស់នោះទេ អ្នកម្ដាយត្រូវចេះសង្កេតមើលកូន និងកែសម្រួលការឱ្យកូនបៅទឹកដោះឱ្យត្រឹមត្រូវ។ កូនខ្លះ បៅដោះ 5-10នាទី ឬ 20នាទីទើបឆ្អែត។ អ្នកម្ដាយខ្លះ ក៏ឱ្យកូនបៅដោះត្រឹមតែ 6ខែប៉ុណ្ណោះ អ្នកខ្លះ 1ឆ្នាំ ដល់ 2ឆ្នាំ ទើបលែងឱ្យបៅ…ទាំងអស់នេះ គ្មានខុស ឬត្រូវទេ។ អ្នកម្ដាយគួរសិក្សាព័ត៌មានពីប្រភពដែលគួរឱ្យជឿទុកចិត្តបាន ហើយយកមកកែសម្រួលធ្វើតាមឱ្យបានស័ក្តិសមបំផុត។

    4.យល់ថា ការឈឺដោះបណ្ដាលមកពីការបំបៅកូន ជារឿងប្រក្រតី

    អ្នកម្ដាយជាច្រើនយល់ខុសថា ការឈឺដោះ គឺជារឿងប្រក្រតីរបស់ការបំបៅដោះកូន តែការពិតវិញ វាអាចបណ្ដាលមកពីបញ្ហាបង្កប់មួយចំនួន ដូចជា ដោះតឹងណែនខះដោយសារតែកូនបៅទឹកដោះតិចពេក ឬអ្នកម្ដាយប្រើវិធីបឺតយកទឹកដោះទុកឱ្យកូនបៅ ខុសវិធី ជាដើម។ អាការទាំងនេះ បើទុកចោលរយៈពេលយូរ នឹងកើតការតឹងណែនខះក្នុងដោះជាបន្តបន្ទាប់ រហូតនាំឆ្ពោះទៅរកការរលាកក្លាយខាងក្នុងដោះ ឬករណីខ្លះ ក៏ជាមូលហេតុមកពីកូនកើតសភាវជាប់អណ្ដាត ធ្វើឱ្យបៅដោះយូរ តែមិនឆ្អែត ដែលអ្នកម្ដាយត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងកែបញ្ហានេះ។

    ជំនឿទាំង 4ខាងលើនេះ សុទ្ធតែត្រូវបានប្រាប់តៗគ្នាមក រហូតដល់អាចនឹងធ្វើឱ្យវិលវល់យល់ច្រឡំបាន ដូច្នេះពេលអ្នកម្ដាយបានដឹងពីការពិតហើយ ក៏សូមឱ្យនាំយកទៅប្រើ និងប្រតិបត្តិខ្លួនយ៉ាងត្រឹមត្រូវតាមវិធី ដើម្បីកូនតូចរបស់អ្នក៕

  • បងៗស្ត្រីមេផ្ទះដឹងទេ អាហារ 14ប្រភេទដែលយើងតែងទុកដាក់រក្សាដោយវិធីដែលខុសមករហូត(តចប់)

    បងៗស្ត្រីមេផ្ទះដឹងទេ អាហារ 14ប្រភេទដែលយើងតែងទុកដាក់រក្សាដោយវិធីដែលខុសមករហូត(តចប់)

    បងៗស្ត្រីមេផ្ទះប្រហែលជាធ្លាប់គិតថា យើងអាចរក្សាទុកគ្រប់យ៉ាងនៅក្នុងទូទឹកកករបស់យើងបាន ទាំងបន្លែផ្លែឈើ បង្អែម និងនំប៉័ង-ល- អ្នកខ្លះថែមទាំងទុកទឹកស៊ីអ៊ីវ និងអាហារកំប៉ុងនៅក្នុងទូទឹកកកទៀតផង តែបងៗដឹងទេថា អាហារប្រភេទខ្លះមានរូបបែបនៃការរក្សាទុកខុសប្លែកពីគ្នា ហើយវិធីដែលខុស វាអាចធ្វើឱ្យកើតផលអាក្រក់ដល់អាហារទាំងនោះបាន។ ថ្ងៃនេះ អ្នកគ្រូ ឆវី មានគន្លឹះល្អៗក្នុងការទុកដាក់រក្សាចំណីអាហារមកជម្រាបជូនបងៗមេផ្ទះទាំងអស់គ្នាជាបន្ត…។

    ផ្លែប៉េងប៉ោះ ៈ មិនគួររក្សាទុកនៅក្នុងទូទឹកកកទេ ដោយសារតែវានឹងបាត់បង់រសជាតិពីធម្មជាតិអស់។ សីតុណ្ហភាពដែលត្រជាក់នឹងធ្វើឱ្យកម្មវិធីការបន្ទុំខ្លួនរបស់វាតាមធម្មជាតិកាន់តែយឺតឡើង និងបំផ្លាញសរសៃសាច់ស្ដើងៗនៅខាងក្នុងផ្លែដែលនឹងហុចផលឱ្យវាមិនទុំជោរ។ គួររក្សាផ្លែប៉េងប៉ោះនៅក្នុងសីតុណ្ហភាពក្នុងបន្ទប់ធម្មតា ដោយដាក់នៅក្នុងកញ្ច្រែង ឬក្នុងឡាំង។

    វត្ថដែលគួររក្សាទុកនៅក្នុងទូទឹកកក

    ស៊ុត ៈ បងៗស្ត្រីមេផ្ទះជាច្រើនមានការរក្សាទុកស៊ុតខុសប្លែកពីគ្នា តែទាំងអស់គ្នាបានអះអាងដូចៗគ្នាថា មិនគួរទុកស៊ុតនៅក្នុងប្រឡោះសម្រាប់ដាក់ស៊ុតនៅខាងមាត់ទ្វារទូទឹកកកទេ តែគួរទុកនៅក្នុងកន្លែងដាក់របស់របរធម្មតាក្នុងទូទឹកកក ហើយអ្នកជំនាញបានណែនាំមិនឱ្យយកស៊ុតចេញពីកញ្ច្រែង ឬបន្ទះស្នោរទ្រស៊ុតដែលជាប់មកជាមួយស៊ុតនោះទេ គឺដើម្បីឱ្យវារក្សាភាពស្រស់បានយូរ។

    ម្សៅ ៈ មើលទៅហាក់ដូចជាងាយស្រួលក្នុងការរក្សាទុក តែការពិតវិញ មិនមែនងាយស្រួលឡើយ។ សំណើម និងសីតុណ្ហភាពដែលខ្ពស់ នឹងនាំឆ្ពោះទៅរកការកើតមេរោគផ្សិត និងសត្វល្អិតក្នុងម្សៅ ដែលហុចផលធ្វើឱ្យពេលយកទៅកែច្នៃជាអាហារបរិភោគមិនបាន។ ជម្រើសដែលល្អ គឺការដាក់នៅក្នុងដបកែវបិទជិតទុកនៅក្នុងទូទឹកកក។

    គ្រាប់សណ្ដែក ៈ ការរក្សាទុកដាក់របស់បងៗស្ត្រីមេផ្ទះភាគច្រើនគឺ ទុកគ្រាប់សណ្ដែកគ្រប់ប្រភេទនៅក្នុងសីតុណ្ហភាពក្នុងបន្ទប់ធម្មតា តែការពិតវិញ គ្រាប់សណ្ដែកប្រភេទខ្លះ ដូចជាអាល់ម៉ុន និងវ៉លណាត់ ជាដើម អាចស្ថិតក្នុងសភាពដើមបាន 1-2សប្ដាហ៍នៅក្នុងសីតុណ្ហភាពដែលកក់ក្ដៅ រួចហើយនឹងខូចអស់បន្ទាប់ពីនោះ។ ជម្រើសដែលល្អ គួរទុកដាក់គ្រាប់សណ្ដែកនៅក្នុងកន្លែងដែលឆ្ងាយពីពន្លឺថ្ងៃ សំណើម និងសីតុណ្ហភាពដែលខ្ពស់។ ពួកវាគួរត្រូវបានរក្សាទុកនៅក្នុងទូទឹកកក ដើម្បីថែរក្សាសភាពទុកឱ្យបានយូរដល់ទៅ 9ខែ។

    បន្លែឃឹនឆាយបារាំង គួររក្សាទុកនៅក្នុងទូទឹកកក តែមិនគួរខ្ចប់នៅក្នុងថង់ប្លាស្ទិកដែលនឹងធ្វើឱ្យវាឆាប់ស្អុយរលួយខូចនោះទេ។ បងៗអាចប្រើក្រដាសអាលុយមីញ៉ូមដើម្បីខ្ចប់បន្លែឃឹនឆាយនេះបាន៕

  • 5វិធី ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈមានគភ៌

    5វិធី ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈមានគភ៌

    រឿងរបស់ការមានសុខភាពល្អនេះ គឺពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ ព្រោះមានន័យថា នៅពេលអ្នកម្តាយ​មានសុខភាពល្អ រឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទៃ ក៏នឹងមានការវិវឌ្ឍចម្រើនធំធាត់ល្អតាមអាយុគភ៌របស់អ្នកម្តាយដែរ។ ដូច្នេះហើយទើបយើងតែងសង្កេតឃើញ​​ថា លោកវេជ្ជបណ្ឌិតតែងតែណែនាំឱ្យអនាគតអ្នកម្តាយដែលកំពុងមានផ្ទៃពោះទាំងឡាយ ឱ្យឧស្សាហ៍ព្យយាមមើលថែទាំខ្លួនឯង ទាំងក្នុងរឿងសុខភាពកាយ ទាំងរឿងផ្លូវចិត្ត និងការរស់នៅទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើវិធីឆ្ពោះទៅរកការមានសុខភាពល្អនោះ តើយើងអាចធ្វើបានតាមវិធីណាខ្លះ?។

    1. ស្រ្តីមានគភ៌ គួរទទួលទានបន្លែ ផ្លែឈើ អាហារស៊ីរៀល(Cereal) បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារកាក​សរសៃឱ្យបានច្រើន ដើម្បីចៀសវាងពីអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួល នឹងមានផលប៉ះពាល់ដល់ពោះវៀនធំរបស់អ្នក​ម្តាយ តែអាហារដែលមានជាតិកាកសរសៃច្រើនអាចជួយក្នុងរឿងនេះបានច្រើន។
    2. ស្ត្រីមានគភ៌ ត្រូវទទួលបានសារធាតុដែកពីសាច់សត្វ យ៉ាងហោចណាស់ក្នុង 1សប្តាហ៍ 3ដង ដែលមិនចាំបាច់ទទួល​ទានច្រើនពេកទេ តែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ហើយសារធាតុដែកដែលមាននៅក្នុងបន្លែនេះ ជាប្រភេទដែលមិនមែនជា អេម៉ូគ្លោប៊ីនដែលធ្វើឱ្យរាងកាយពិបាកបឺតជ្រាបទេ។
    3. ដើម្បីជួយបង្កើនដល់ខួរក្បាលរបស់ទារក ស្ត្រីមានគភ៌ត្រូវទទួលទានជាតិអាស៊ីតខ្លាញ់ អូមេហ្កា3 តែចូរចៀសវាងសត្វ​ក្នុង​ទឹកដែលមានសម្បក ប្រភេទ គ្រំ ងាវ ជាដើម ព្រោះវានឹងបង្កឱ្យកើតមានគ្រោះថ្នាក់ដល់ទាំងអ្នកម្តាយ និងកូនតូចនៅក្នុងផ្ទៃ​ ដែលអាច​នឹងឆ្លងមេរោគបាត់តេរី លីស្តេរីបាន។
    4. បើស្ត្រីមានគភ៌លំបាកវេទនាជាមួយអាការក្អួតចង្អោរ ចូរទទួលទានមើមខ្ញី ព្រោះខ្ញីអាចជួយកែបញ្ហាក្អួតចង្អោរ​បានប្រសើរ​ណាស់ ដោយហាន់មើមខ្ញីស្រស់ៗបែបស្តើងៗ រួចដាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ហើយយកមកពិសា។
    5. ស្ត្រីមានគភ៌ត្រូវទទួលបានជាតិ ភ្លូអរ៉ាយដ៍ឱ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ដល់ការដុះលូតលាស់នៃធ្មេញរបស់ទារក៕