Author: ធឿន មករា

  • គ្រាន់តែ​និយាយ​ជាមួយ​កូនតូច​ ក៏អាច​ជួយ​ឱ្យ​គេ​ក្លាយជា​មនុស្ស​ពូកែ​បាន​ដែរ​

    គ្រាន់តែ​និយាយ​ជាមួយ​កូនតូច​ ក៏អាច​ជួយ​ឱ្យ​គេ​ក្លាយជា​មនុស្ស​ពូកែ​បាន​ដែរ​

    វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ បាន​បង្ហាញ​ការស្រាវជ្រាវ​មួយ​ស្តី​ពី​ការអប់រំ​កុមារ​តូច​ថា​ គ្រាន់តែ​អាណាព្យាបាល​ឧស្សាហ៍​និយាយ​ ឬសន្ទនា​ជាមួយ​កូនតូច​ឱ្យ​បាន​ច្រើន​ក៏អាច​ជំរុញ​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​ក្មេង​បាន​យ៉ាង​លឿន​ផង​ដែរ​។

    អ្នក​វិទ្យាសាស្ត្រ​នៃ​ស្ថាប័ន​ចិត្តសាស្ត្រ​ MIT​, Psychological​ Science​ បាន​បង្ហាញថា​ការ​និយាយ​ជាមួយ​ក្មេង​ជា​រឿយ​ៗនឹង​ធ្វើ​ឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ពូកែ​សន្ទនា​ ហើយក៏​ជួយ​អភិវឌ្ឍ​សមត្ថភាព​ជាច្រើន​ផ្សេងទៀត​ផង​ដែរ​ ជាពិសេស​ផ្នែក​ភាសា​។ កុមារ​ដែល​ឧស្សាហ៍​សន្ទនា​ជាមួយនឹង​មនុស្ស​ធំ​មាន​សមត្ថភាព​ចងចាំ​ និង​យល់​ពី​ការប្រើ​ប្រាស់​ពាក្យ​សំ​ខាន់​ៗបាន​ល្អ​ជាង​កុមារ​ដែល​មិនសូវ​និយាយ​ស្តី​ព្រោះ​តាមរយៈ​ការស្រាវជ្រាវ​បាន​បង្ហាញថា​ កុមារ​ចន្លោះ​ពី​ 4ឆ្នាំ​ ដល់6ឆ្នាំ​ដែល​បាន​និយាយ​ និង​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​ច្រើន​មាន​សមត្ថភាព​យល់​ពី​ពាក្យ​ វេយ្យាករណ៍​ និង​ផ្នែក​ផ្សេង​ៗនៃ​ភាសា​។

    ការ​បកស្រាយ​របស់​អ្នក​ចិត្តសាស្ត្រ​កុមារ​បាន​បង្ហាញ​ផង​ដែរ​ថា​ អាណាព្យាបាល​ក៏អាច​បង្រៀន​កូន​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​បើ​ទោះបីជា​កូន​នោះ​មិនទាន់​ដល់​វ័យ​អាច​និយាយ​បាន​ក៏ដោយ​ ព្រោះ​ក្មេង​អាច​ព្យាយាម​ស្វែងយល់​បាន​តាមរយៈ​សំ​ឡេង​ដដែល​ៗ និង​ការ​ធ្វើមុខធ្វើមាត់​របស់​មនុស្ស​ធំ​ជាដើម​។

    ផ្ទុយ​មកវិញ​ អាណាព្យាបាល​នា​ពេល​បច្ចុប្បន្ន​នេះ​បែរជា​មិនសូវ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការសន្ទនា​ជាមួយ​កូន​ទៅវិញ​ ព្រោះ​មនុស្ស​ម្នា​ក់ៗ​មានការ​ងារ​ច្រើន​ត្រូវ​ធ្វើ​ប្រចាំថ្ងៃ​ ហើយ​មាន​អ្នកខ្លះ​ទៀត​បណ្តែតបណ្តោយ​ឱ្យ​កូន​រស់នៅ​ជាមួយ​បច្ចេកវិទ្យា​ច្រើនជ្រុល​ រហូត​ធ្វើ​ឱ្យ​ពួកគេ​ឃ្លាតឆ្ងាយ​ពីគ្នា​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​កុមារ​អាច​ក្លាយជា​មនុស្ស​ធំ​ដែល​មាន​សមត្ថភាព​ភាសា​មិនល្អ​ សរសេរខុស​ច្រើន​ មានការ​លំបាក​ក្នុង​ការ​អាន​ និង​ស្តាប់​ចំណុច​សំ​ខាន់​ៗនានា​។ កត្តា​នេះ​អាច​ជា​គ្រោះថ្នាក់​មួយ​ដែល​ធ្វើ​ឱ្យ​កើតមាន​ជា​ក្តី​បារម្ភ​សម្រាប់​អនាគត​ធនធានមនុស្ស​ដែល​កំពុង​ត្រូវការ​ភាព​ប៉ិនប្រសប់​កាន់តែ​ខ្លាំង​។

    ឪពុក​ម្តាយ​គួរ​នៅ​ក្បែរ​កូន​ឱ្យ​បាន​ច្រើន​បន្ទាប់ពី​ការងារ​ ឬយ៉ាង​ហោច​មាន​ពេលវេលា​ជជែក​ជាមួយ​កូន​ឱ្យ​បាន​ទៀងទាត់​រាល់ពេល​ល្ងាច​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ បង្រៀន​កូន​ឱ្យ​ស្វែងយល់​ពី​ការរស់នៅ​តាមរយៈ​សកម្ម​ភា​ពស​ប្បា​យៗ​ និង​និយាយ​ជាមួយ​ពួកគេ​ឱ្យ​បាន​ច្រើន​ ប្រសិនបើ​ចង់​ឱ្យ​កូន​ៗក្លាយជា​មនុស្ស​ខ្លាំង​ម្នាក់​នៅ​ថ្ងៃ​អនាគត​។ សកម្មភាព​ទាំងអស់​នេះ​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ​ តែ​វា​ជា​រឿង​សំខាន់​ដែល​មិន​គួរ​មើល​រំលង​៕

  • កម្ពុជា​-ជប៉ុន​ ឈាន​ដល់​ការ​ទទួលយក​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ហើយ​

    កម្ពុជា​-ជប៉ុន​ ឈាន​ដល់​ការ​ទទួលយក​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ហើយ​

    កន្លងមក​ប្រទេស​កម្ពុជា​ និង​ជប៉ុន​ បាន​សហការ​គ្នា​យ៉ាង​ល្អ​លើ​វិស័យ​ការងារ​ ដែល​កិច្ចសហការ​នេះ​បាន​ផ្តល់​ផល​ចំណេញ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការសិក្សា​យកចំណេះ​ និង​ជំនាញ​មក​អភិវឌ្ឍ​ប្រទេស​។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ កិច្ចសហការ​កន្លងមក​ប្រទេស​ជប៉ុន​បើក​ទទួល​ត្រឹមតែ​កម្មសិក្សា​ការី​របស់​កម្ពុជា​តែប៉ុណ្ណោះ​ មិនទាន់​បាន​ទទួលយក​ពលករ​កម្ពុជា​ឱ្យធ្វើ​ការងារ​ពេញ​សិទ្ធិ​នៅ​ប្រទេស​ជប៉ុន​នៅឡើយ​ទេ​។ ហេតុនេះ​ហើយ​ទើប​ភាគី​ទាំង2​ ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​កិច្ចសហការ​នេះ​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ទៅមុខ​ រួម​ទាំង​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​ និង​ការ​ផ្លាស់​ប្តូរ​កម្លាំង​ពលកម្ម​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ឡើង​។

    នា​ពេល​ថ្មី​ៗនេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា​ ឯកឧត្តម​ អុិ​ត សំ​ហេង​ និង​ឯកឧត្តម​ Hidehisa​ Horinouchi​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ជួបពិភាក្សា​គ្នា​ដើម្បី​ឈាន​ទៅដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន​ ស្តី​ពី​ពលកម្ម​ជំនាញ​។

    នៅក្នុង​ជំនួប​នោះ​ ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ជប៉ុន​នឹង​កែសម្រួល​ច្បាប់​ថ្មី​ ដើម្បី​អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ការងារ​ (working​ visa​) ដើម្បី​ទទួល​បាន​សិទ្ធ​ពេញលេញ​ក្នុង​ការ​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​ ខណៈ​ដែល​កន្លងមក​ជប៉ុន​ទទួលយក​ត្រឹមតែ​កម្មសិក្សា​ការី​របស់​កម្ពុជា​ទៅ​ដកពិសោធ​ការងារ​នៅ​ប្រទេស​ជប៉ុន​តែប៉ុណ្ណោះ​។ ច្បាប់​ថ្មីនេះ​នឹង​ផ្តល់​ឱកាសល្អ​ដល់​ពលករ​ជំនាញ​របស់​កម្ពុជា​ និង​ពលករ​បច្ចេកទេស​ អាច​ចូល​ទៅ​បម្រើការ​ងារ​ពេញច្បាប់​ ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​នូវ​កម្លាំង​ពលកម្ម​ដែល​ជប៉ុន​កំពុង​ត្រូវការ​។ ក្នុង​នោះ​ដែរ​ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​កន្លងមក​បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​ឱកាស​ឱ្យ​កម្មសិក្សា​ការី​កម្ពុជា​បាន​ទៅ​ហាត់​ការ​នៅ​ប្រទេស​ជប៉ុន​ ដែល​មកដល់​បច្ចុប្បន្ន​មាន​ចំនួន​ 9ពាន់​នាក់​ហើយ​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​មានប្រសាសន៍​ថា​៖ “គម្រោង​ដែល​ជប៉ុន​ នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​ច្បាប់​ការងារ​ថ្មី​ ដើម្បី​ទទួលយក​ពលករ​ពី​ប្រទេស​នានា​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​នៅក្នុង​ខែមេសា​ឆ្នាំ2019​ ខាងមុខនេះ​ កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រោះ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ប្រទេស​ទាំង2​ នឹង​ទទួល​បានផល​ប្រយោជន៍​ទៅវិញទៅមក​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងការងារ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ផលប្រយោជន៍​ដែល​ជប៉ុន​នឹង​ទទួល​បាន​ គឺ​ពលករ​កម្ពុជា​នឹង​ទៅ​បំពេញ​កង្វះខាត​កម្លាំង​ពលកម្ម​ដែល​ជប៉ុន​កំពុង​ត្រូវការ​លើ​វិស័យ​ជាច្រើន​ ចំណែក​ឯកម្ពុជា​វិញ​នឹង​មានលទ្ធភាព​ក្នុង​ការ​ផ្តល់​ឱកាស​បន្ថែម​ដល់​ប្រជាជន​ក្នុង​ការ​ជ្រើសរើស​ការងារ​របស់​ខ្លួន​តាមចំណង់​ចំណូលចិត្ត​ ដើម្បី​ទទួល​បានការ​ងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ ហើយ​ថែមទាំង​ទទួល​បាន​ចំណេះដឹង​ និង​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ត្រឡប់​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​វិញទៀត​ផង​។

    បើ​តាម​គម្រោង​ កម្ពុជា​ និង​ជប៉ុន​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​នៅ​ទីក្រុង​តូក្យូ​ក្នុង​អំឡុង​សប្តាហ៍​ទី3​ នៃ​ខែមីនា​ ឆ្នាំ2019​ ខាងមុខ​ ព្រោះ​ភាគី​ទាំង2​ បាន​ឯកភាព​គ្នា​រួចជាស្រេច​ហើយដោយ​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ពិនិត្យ​កែសម្រួល​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ឱ្យ​បាន​រួច​ឆាប់​៕

  • គម្រោង​អភិវឌ្ឍន៍​សំខាន់2​ ត្រូវ​បាន​ជប៉ុន​ផ្តល់​ជំនួយ​ជា​ថវិកា​ជាង​ 43លាន​ដុល្លារ​

    គម្រោង​អភិវឌ្ឍន៍​សំខាន់2​ ត្រូវ​បាន​ជប៉ុន​ផ្តល់​ជំនួយ​ជា​ថវិកា​ជាង​ 43លាន​ដុល្លារ​

    រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក​ Hidehisa​ Horinouchi​ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​បន្ត​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​ សម្រាប់​អនុវត្ត​លើ​គម្រោង​ចំនួន2​ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ 43.36លាន​ដុល្លារ​។

    ពិធី​ចុះហត្ថលេខា​លើ​ជំនួយឥតសំណង​របស់​ជប៉ុន​ក្នុងទឹក​ប្រាក់​សរុប​ប្រមាណ​ជាង​ 43.36លាន​ដុល្លារ​នេះ​ សម្រាប់​ការអនុវត្ត​គម្រោង​ចំនួន2​ រួមមាន​៖
    *ទី1​- ឥណទាន​សម្បទាន​ ដែល​មាន​ទឹកប្រាក់​សរុប​ 3,599លាន​យ៉េន​ (ប្រមាណ​ 31.56លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​ “គម្រោង​កែ​លម្អ​ និង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព​ និង​ប្រព័ន្ធ​រំដោះ​ទឹក​ភាគ​ខាងលិច​បឹងទន្លេសាប​ជំហាន​ទី2​”។

    *ទី2​- ហិរញ្ញប្បទាន​ឥត​សំណង​ ដែល​មាន​ទឹកប្រាក់​សរុប​ 1,340លាន​យ៉េន​ (ប្រមាណ​ 11.8លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​ “គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អគ្គិសនី​ នៅ​កំពង់ផែ​ ដើម្បី​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​”។

    ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​បាន​មានប្រសាសន៍​ថា​ ជំនួយឥតសំណង​ និង​ឥណទាន​សម្បទាន​នេះ​ ត្រូវ​បាន​ពង្រីក​ ដោយ​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ជំរុញ​ថែមទៀត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ “យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​ 4” របស់​រដ្ឋាភិបាល​។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ ជំនួយ​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​អនុវត្ត​ “យុទ្ធសាស្ត្រ​ចតុកោណ​” ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ស្រប​ទៅ​នឹង​មុំ​ទី2​ និង​ទី4​ ដែល​បាន​សង្កត់ធ្ងន់​លើ​ “ការ​កែ​លម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក ការ​លើកកម្ពស់​ការ​តភ្ជាប់​ផ្នែក​ដឹកជញ្ជូន​ថាមពល​ និង​ឌីជីថល​” និង​“ការ​លើកស្ទួយ​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ជនបទ​ការគ្រប់គ្រង​ធម្មជាតិ​ និង​វប្បធម៌​ប្រកបដោយ​ចីរភាព​”។ ទាំងអស់​នេះ​ជា​ចលករ​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​ឋានៈ​ ជា​ប្រទេស​ចំណូល​មធ្យម​ កម្រិតខ្ពស់​នៅ​ឆ្នាំ2030​។

    ប្រមុខ​ការទូត​កម្ពុជា​បាន​រំឭក​ថា​ ក្នុង​ឆ្នាំ​សារពើពន្ធ​ជប៉ុន2018​ (ដែល​គិត​ចាប់ពី​ខែមេសា​ 2018​ ដល់​ មីនា​ 2019​) សរុប​មក​កម្ពុជា​ និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​ឯក​សា​រសី្តពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន​ដែល​បាន​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​សរុប​ចំនួន​ 134.38លាន​ដុល្លារ​ ក្នុង​នោះ​ជំនួយឥតសំណង​ប្រមាណ​ 19.42លាន​ដុល្លារ​ ឥណទាន​សម្បទាន​ប្រមាណ​ 114.96លាន​ដុល្លារ​។

    ជប៉ុន​ គឺជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​បំផុត​មួយ​ ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ1990​ ជាពិសេស​ការ​កែ​លម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក សុខាភិបាល​ អប់រំ​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ កសិកម្ម​ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​។

    ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បានឱ្យ​ដឹង​ថា​ ឆ្នាំ2018​ កម្ពុជា​ និង​ជប៉ុន​បា​នប្រារ​ព្វ​ខួប​អនុស្សាវរីយ៍​លើក​ទី6​ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង2​។ លោក​បាន​កត់សម្គាល់​ថា​ ទំនាក់ទំនង​មិត្តភាព​ និង​សហប្រតិបត្តិ​ការ​ក្នុងរយៈពេល​ 65ឆ្នាំនេះ​ ទោះជា​បាន​ឆ្លងកាត់​ពេលវេលា​ និង​ការប្រែប្រួល​ស្ថានភាព​ក្នុង​តំបន់​ និង​អន្តរជាតិ​យ៉ាងណាក៏ដោយ​ វា​មិន​ត្រឹមតែ​នៅ​រក្សា​បាន​ភាពល្អ​ប្រសើរ​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​បន្ត​មាន​និន្នាការ​រីក​ចម្រើន​ថ្មី​ៗ និង​ស៊ីជម្រៅ​ទៀតផង​។ ដោយ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​ កំណើន​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​ និង​ប្រជាជន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ បាន​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​យូរអង្វែង​ រវាង​ប្រជាជាតិ​ទាំង2​។

    ជាមួយគ្នា​នេះ​ដែរ​ លោក​ Hidehisa​ HORINOUCHI​ បាន​ថ្លែង​ថា​ តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ប្រព័ន្ធ​ចាំបាច់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​ Digital​ នៃ​ការ​ស្នើសុំ​ និង​ការ​ជូនដំណឹង​ទៅកាន់​អ្នកគ្រប់គ្រង​កំពង់ផែ​ នឹង​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ និង​កំពង់ផែ​រាជធានី​ភ្នំពេញ​។ តាមរយៈ​កិច្ចការ​នេះ​ នីតិវិធី​សម្រាប់​ការ​ចេញ​-ចូល​កំពង់ផែ​ របស់​នាវា​នឹង​ត្រូវ​ប្តូរ​មក​ប្រើប្រាស់​តាម​ទិន្នន័យ​ Digital​ ហើយ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ Logistic​ និង​ទំនើបកម្ម​នៃ​រដ្ឋបាល​កំពង់ផែ​នឹង​ត្រូវ​បាន​អនុវត្ត​។

    លោក​ Hidehisa​ HORINOUCHI​ បាន​បន្ត​ទៀត​ថា​៖“ដោយមាន​ប្រាក់កម្ចី​សម្បទាន​បន្ថែមចំនួន​ប្រមាណ​ 33.6លាន​ដុល្លារ​អាមេរិក​ យើង​បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បង្ហូរទឹក​ស្រោចស្រព​ តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ និង​ការ​រៀប​ចំ​ផ្សេង​ៗ ហើយ​បង្កើត​ និង​ពង្រឹង​សហគមន៍​កសិករ​ប្រើ​ ប្រាស់​ទឹក​ ​; និង​ណែនាំ​ស្តី​ពី​ការគ្រប់គ្រង​កសិកម្ម​នៅ​តាម​តំបន់ជនបទ​ចំនួន6​ នៃ​ខេត្ត​ចំនួន3​ នៅ​ភាគ​ខាងលិច​បឹងទន្លេសាប​”។

    លោក​ឯកអគ្គ​រាជទូត​បន្ថែម​ថា​ សកម្មភាព​ទាំងនេះ​នឹង​រួមចំណែក​បង្កើន​ផលិតកម្ម​កសិកម្ម​ យ៉ាង​ខ្លាំង​នៅក្នុង​តំបន់​គោលដៅ​ និង​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​រស់នៅ​តាម​ជនបទ​កាន់តែ​ខ្លាំង​ឡើង​។ វិស័យ​កំពង់ផែ​ និង​វិស័យ​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​របស់​កម្ពុជា​ គឺជា​កិច្ចការ​អាទិភាព​មួយ​ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ច​។ លោក​មានប្រសាសន៍​ថា​ “ខ្ញុំ​រំពឹង​ទុក​ថា​ គម្រោង​ទាំង2​ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៃ​សេដ្ឋកិច្ច​កម្ពុជា​”។

    គួរ​កត់សម្គាល់​ដែរ​ថា​ ក្នុង​ក្របខណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​រហូតមកដល់​បច្ចុប្បន្ន​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ 137គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​មាន​ចំនួន​ប្រមាណ​ 2.5ប៊ី​លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ចំនួន66​ ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​៕

  • ផលទុនជាតិ​សរុប​ (GDP​) របស់​កម្ពុជា​នឹង​កើនឡើង​ក្នុង​ឆ្នាំ2019​ នេះ​

    ផលទុនជាតិ​សរុប​ (GDP​) របស់​កម្ពុជា​នឹង​កើនឡើង​ក្នុង​ឆ្នាំ2019​ នេះ​

    ផលទុនជាតិ​សរុប​ (GDP​) របស់​កម្ពុជា​នៅក្នុង​ឆ្នាំ2019​ នេះ​នឹង​កើនឡើង​ដល់​ជាង​ 27ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈ​ចំណូល​សម្រាប់​មនុស្សម្នាក់​ៗត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 1,706ដុល្លារ​ ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 1,563ដុល្លារ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

    ឯកឧត្តម​ ឱក​ ប៊ុ​ង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​មជ្ឈត្ត​ការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ថា​៖“នៅក្នុង​ឆ្នាំ2019​ នេះ​ ផលិតផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស​ ឬ GDP​)របស់​កម្ពុជា​ នឹង​កើនឡើង​ដល់​ជាង​ 27,22ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ចំណូល​ក្នុង​មនុស្សម្នាក់​ៗត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់1,706ដុល្លារ​ ធៀប​នឹង1,563ដុល្លារ​ក្នុង​ឆ្នាំ2018​”។ ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖ “ទាក់ទិន​នឹង​កំណើន​ដែល​ត្រូវ​បាន​រំពឹង​ទុក​នេះ​ គឺ​ផ្តោត​សំខាន់​លើ​វិស័យ​សំខាន់​ៗចំនួន​3 គឺ​រួមមាន​ វិស័យ​ឧស្សាហកម្ម​ វិស័យ​សេវាកម្ម​ និង​វិស័យ​កសិកម្ម​។

    1- កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​នឹង​នៅ​បន្ត​រក្សា​ភាពរឹងមាំ​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ក្នុងរង្វង់10​% ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់​។ 2-វិស័យ​សេវាកម្ម​នឹង​នៅ​បន្ត​កំណើន​ប្រមាណ​ 7% ដែល​គាំទ្រ​ដោយ​កំណើន​នៃ​អនុ​វិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ និង​ទី3​-គឺ​ វិស័យ​កសិកម្ម​អាច​សម្រេច​បាន​កំណើន​ក្នុងរង្វង់​ 1.8​% ដែល​ទ្រទ្រង់​ដោយ​អនុ​វិស័យ​ដំណាំ​ និង​ជលផល​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បន្ត​លើកឡើង​ថា​៖ “ទន្ទឹម​នឹង​មានការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​ដូច​បាន​រៀបរាប់​ខាងលើ​ វិវាទ​ពាណិជ្ជកម្ម​ក៏បាន​កើនឡើង​ដែរ​។ ដូច្នេះ​ការរៀបចំ​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ខាងលើ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការប្រើ​ប្រាស់​យន្តការ​មជ្ឈត្ត​ការ​ពាណិជ្ជកម្ម​ ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ដែល​បាន​ និង​កំពុង​កើនឡើង​”។

    ឯកឧត្តម​បាន​បន្ថែម​ថា​ មិន​ត្រឹមតែ​ជា​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ផ្តល់​នូវ​គុណ​សម្បតិ្ត​ដល់​ប្រពន្ធ័​យុត្តិធម៌​នៅ​កម្ពុជា​ ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ភាគី​វិវាទ​ឱ្យ​បាន​ត្រឹមត្រូវ​ទៀតផង​។ សូម​បញ្ជាក់​ដែរ​ថា​ ផលទុនជាតិ​សរុប​ក្នុង​ស្រុក​សំដៅ​ដល់​ផល​ចំណូល​របស់​ប្រជាជន​ដែល​រកបាន​ប្រចាំឆ្នាំ​នៅ​ទូទាំង​ប្រទេស​ បូក​នឹង​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​ដែល​យកពន្ធ​បាន​ពី​វិស័យ​ផ្សេង​ៗនៅ​កម្ពុជា​។ ផលទុនជាតិ​សរុប​កាលពី​ឆ្នាំ2018​ កន្លងមក​នេះ​ មាន​ប្រមាណ​ 23ពាន់​លាន​ដុល្លារ​អាមេរិក​។

    ជាមួយគ្នា​នេះ​ដែរ​ ខណៈ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ពី​កំណើន​ខុស​ៗគ្នា​កន្លងមក​ ពេលនេះ​ការវាយតម្លៃ​ចុងក្រោយ​ដោយ​ស្ថាប័ន​អន្តរជាតិ​បាន​បង្ហាញថា​ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន7.5​% កាលពី​ឆ្នាំ2018​។ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី14​ កុម្ភៈ​ថា​ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF​ សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​បាន​វាយតម្លៃ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្នុង​ឆ្នាំ2018​ មាន​កំណើន​រហូតដល់7.5​%។ ជាមួយនឹង​លទ្ធផល​ដ៏​ប្រសើរ​នេះ​ សម្តេច​ក៏បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​នៅ​ខែមីនា​ខាងមុខនេះ​ ដើម្បី​ពិភាក្សា​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។

    លោក​បណ្ឌិត​ម៉ី​ កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ សេដ្ឋកិច្ច​កម្ពុជា​ និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​បាន​និង​កំពុង​កើនឡើង​ ហើយ​ការ​ព្យាករ​របស់​សេដ្ឋវិទូ​នៅ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ គឺ​លោក​យល់ស្រប​ ដោយសារ​ពួកគេ​មាន​សមត្ថភាព​ ហើយ​ការវិភាគ​របស់​ពួកគេ​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្រ្ត​៕

  • បន្លែ​សុវត្ថិភាព​ចាប់ផ្តើម​មាន​ទីផ្សារ​ ខណៈ​បន្លែ​ប្រើប្រាស់​សារធាតុគីមី​ប្រឈម​នឹង​ការ​ធ្លាក់​តម្លៃ​

    បន្លែ​សុវត្ថិភាព​ចាប់ផ្តើម​មាន​ទីផ្សារ​ ខណៈ​បន្លែ​ប្រើប្រាស់​សារធាតុគីមី​ប្រឈម​នឹង​ការ​ធ្លាក់​តម្លៃ​

    ដើម្បី​លើកកម្ពស់​ការ​ដាំដុះ​បន្លែ​សុវត្ថិភាព​ក្នុង​ស្រុក​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​និង​កំពុង​អនុវត្ត​គម្រោង​ជំរុញ​ការ​ដាំដុះ​បន្លែ​ធម្មជាតិ​ ដោយធ្វើ​ការ​ផ្សារភ្ជាប់​រវាង​សហគមន៍​ដាំដុះ​បន្លែ​ ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ​បន្លែ​ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូល​ខាង​កសិកម្ម​របស់​ជប៉ុន​។

    បើ​យោង​តាម​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ការ​ផ្សារភ្ជាប់​នេះ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​ក្នុង​ការ​ប្រមូល​ទិញ​បន្លែ​ពី​ប្រជាកសិករ​ក្នុង​សហគមន៍​ដែល​បាន​ដាំដុះ​បន្លែ​តាម​ស្តង់ដារ​កំណត់​របស់​ក្រុមហ៊ុន​។

    លោក​ កៅ​ ថាច​ អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បានឱ្យ​ដឹង​ថា​ កសិករ​មួយចំនួន​ជួប​ផល​លំបាក​លើ​ដំណាំ​កសិផល​របស់​ខ្លួន​ដោយសារ​ទីផ្សារ​លក់​បន្លែ​នៅ​មានកម្រិត​ រហូតដល់​មាន​ពេលខ្លះ​ដាំ​ហើយ​ទុក​សម្រាប់​កាត់ចោល​ និង​លក់​បាន​ថោ​កៗ​ និង​នៅ​តំបន់​ខ្លះ​មាន​ដី​ដាំដុះ​ល្អ​ មានជីជាតិ​ និង​មាន​សក្តា​នុ​ពល​ ប៉ុន្តែ​ដី​នោះ​ត្រូវ​បាន​ទុក​ទំនេរ​ចោល​ដោយ​មិន​ប្រើការ​ក៏​មាន​។

    លោក​ កៅ​ ថាច​ បាន​បញ្ជាក់​ថា​ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ បាន​និង​កំពុង​អនុវត្ត​គម្រោង​ជំរុញ​ការ​ដាំដុះ​បន្លែ​ធម្មជាតិ​ ដោយធ្វើ​ការ​ផ្សារភ្ជាប់​រវាង​សហគមន៍​ដាំដុះ​បន្លែ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ​បន្លែ​ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូល​ខាង​កសិកម្ម​របស់​ជប៉ុន​ ដោយក្រុម​ហ៊ុន​មាន​កិច្ចសន្យា​ក្នុង​ការ​ប្រមូល​ទិញ​បន្លែ​ពី​ប្រជាកសិករ​ក្នុង​សហគមន៍​ដែល​បាន​ដាំដុះ​បន្លែ​តាម​ស្តង់​ដា​កំណត់​របស់​ក្រុមហ៊ុន​។

    លោក​មានប្រសាសន៍​ថា​៖ “ធនាគារ​អភិវឌ្ឍន៍​ជនបទ​នឹង​បន្ត​គាំទ្រ​ និង​ផ្តល់​ឥណទាន​ដោយ​យក​អត្រា​ការប្រាក់​ក្នុង​កត្តា​អនុគ្រោះ​ដល់​ប្រជា​សហគមន៍​ដើម្បី​លើកកម្ពស់​ការ​ដាំដុះ​បន្លែ​ធម្មជាតិ​ និង​ជួយ​ពង្រីក​សេដ្ឋកិច្ច​ជនបទ​”។

    លោក​ កៅ​ ថាច​ ថ្លែង​ថា​ គម្រោង​ជំរុញ​ការ​ដាំដុះ​បន្លែ​ធម្មជាតិ​នឹង​ត្រូវ​ធ្វើការ​ផ្សារភ្ជាប់​រវាង​សហគមន៍​ដាំដុះ​បន្លែ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ​បន្លែ​ ហើយ​ក្រុមហ៊ុន​បញ្ជាទិញ​នឹង​ធ្វើ​កិច្ចសន្យា​បញ្ជាទិញ​កសិផល​ធម្មជាតិ​ជាមួយនឹង​កសិករ​។

    លោក​បន្ត​ថា​ នា​ពេល​បច្ចុប្បន្ន​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ធ្វើការ​ជាមួយ​សហគមន៍​នៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​ ខេត្តព្រៃវែង​ និង​ផ្នែក​ខ្លះ​នៅ​កំពង់ឆ្នាំង​ និង​ខេត្ត​កំពង់ស្ពឺ​។ លោក​អគ្គនាយក​បានឱ្យ​ដឹង​ទៀត​ថា​ កសិករ​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​អាស្រ័យ​ទៅតាម​តំបន់​ ដោយ​ខេត្ត​ខ្លះ​មាន​ 30​ និង50គ្រួសារ​ក្នុង​មួយ​សហគមន៍​ ខណៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​នឹង​ពង្រីក​ទៅដល់​ខេត្តសៀមរាប​ បាត់ដំបង​ កំពង់ធំ​ និង​ពោធិ៍សាត់​ទៀត​។

    លោក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ចង់​លើកកម្ពស់​ជីវភាព​អ្នក​ដាំដុះ​បន្លែ​ និង​មិន​ចង់ឱ្យ​មានការ​ប្រើប្រាស់​សារធាតុគីមី​ ដើម្បី​បង្កើន​សុខុមាលភាព​ប្រជាជន​ ដូច្នេះហើយ​ទើប​យើង​ចង់ឱ្យ​កសិករ​អនុវត្ត​តាម​ស្តង់ដារ​សុវត្ថិភាព​។ គម្រោង​នេះ​ទើបតែ​ចាប់ផ្តើម​ក្នុង​ឆ្នាំនេះ​ ដើម្បី​ចូលរួម​កាត់បន្ថយ​ការនាំចូល​បន្លែ​ពី​ប្រទេសជិតខាង​។ ជំហាន​ដំបូង​ យើង​នឹង​ជំរុញ​ការផលិត​ឱ្យ​បាន​ 30​ ទៅ40តោន​ក្នុង​មួយថ្ងៃ​។ លោក​ថា​ ទុន​សម្រាប់​ផ្តល់​ឱ្យ​ផលិតកម្ម​បន្លែ​មាន​ច្រើន​គួរសម​ដែរ​ប្រមាណ​ជា​ 17ភាគរយ​នៃ​ប្រាក់កម្ចី​សរុប​របស់​ធនាគារ​។

    លោក​បន្ត​ថា​ មាន​ក្រុមហ៊ុន​បោះ​ដុំ​បន្លែ​ចំនួន​ 13ក្រុមហ៊ុន​បានសម្រេច​ចូលរួម​ជួយ​កសិករ​ និង​អ្នក​បរិភោគ​ ដូច្នេះ​យើង​ចាប់ផ្តើម​គម្រោង​បន្លែ​សុវត្ថិភាព​នេះ​ឡើង​ ហើយដោយ​ឡែក​រឿង​អត្រា​ការប្រាក់​ គឺ​ប្រមាណ​ជា​ 8 ទៅ9ភាគរយ​ចំពោះ​សហគមន៍​។

    លោក​អគ្គនាយក​បាន​បញ្ជាក់​ថា​៖ “យើង​គិតថា​ ការ​ផ្គត់ផ្គង់​អត់​បញ្ហា​ទេ​ ប៉ុន្តែ​យើង​ភ័យខ្លាច​លើ​តម្រូវការ​ ដោយសារតែ​យើង​ត្រូវ​ប្រកួត​ជាមួយ​បន្លែ​នាំចូល​ តែ​យើង​នឹង​មានការ​កត់ត្រា​ច្បាស់លាស់​តាំងពី​ការផលិត​ រហូតដល់​ការចែកចាយ​លើ​ទីផ្សារ​។ គម្រោង​នេះ​នឹង​បន្ត​រហូត​ យើង​នឹង​រៀបចំ​ការ​ផ្សព្វផ្សាយ​លើ​ការទិញ​បន្លែ​សុវត្ថិភាព​ ឬធ្វើ​ពិ​ព័រ​ណ៌​តាំង​បង្ហាញ​បន្លែ​ធម្មជាតិ​របស់​យើង​”។

    លោក​ នៅ​ កែវ​ កសិករ​នៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​បាន​និយាយ​ថា​ នៅ​តំបន់​របស់​លោក​ កសិករ​ដាំ​បន្លែ3ប្រភេទ​ មាន​បន្លែ​ដាំ​ដោយ​ប្រើប្រាស់​សារធាតុគីមី​ បន្លែ​សុវត្ថិភាព​ និង​បន្លែ​ស្តង់​ដាស​រី​រាង្គ។ លោក​ កែវ​ រៀបរាប់​ថា​ ក្នុង​មួយថ្ងៃ​យើង​អាច​ផ្គត់ផ្គង់​បន្លែ​បាន​ក្នុង​មួយ​គ្រួសារ​ពី​ 500​ ទៅ​ 800គីឡូក្រាម​ក្នុង​មួយថ្ងៃ​។ ហើយ​អ្នក​ដាំ​បន្លែ​សរីរាង្គ​ មាន​ជាង​ 20គ្រួសារ​។

    លោក​ កែវ​ ថា​ កសិករ​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​ម្នាក់​ដែល​ស្ថិត​ក្នុងចំណោម​ជាង​ 50គ្រួសារ​បានឱ្យ​ដឹង​ថា​ នៅក្នុង​តំបន់​របស់​លោក​ ភាគច្រើន​ពួកគាត់​ដាំ​ ស្ពៃចង្កឹះ​ ស្ពៃខៀវ​ ស្ពៃ​តឿ​ ខាត់ណា​ តាំង​អោ​ ស្ពៃ​ក្តោប​ ផ្កា​ខាត់ណា​ ជាដើម​។ លោក​បន្ត​ថា​ ខាង​ទីផ្សារ​បាន​ចុះ​មក​ទទួលយក​ផ្ទាល់​ពី​ក្រុមហ៊ុន​ ភូមិ​កសិកម្ម​ធម្មជាតិ​ ដោយ​សហគមន៍​របស់​លោក​តែង​ផ្គត់ផ្គង់​បន្លែ​បាន​ជា​រៀងរាល់​ខែ​ ដោយសារ​កសិរ​ករ​ដាំ​បន្លែ​ឆ្លាស់គ្នា​។

    លោក​ កែវ​ ថា​ បាន​រៀបរាប់​ទៀត​ថា​៖ “យើង​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ ដោយសារ​តម្លៃ​អាច​ទទួលយក​បាន​ យើង​ទទួល​បាន​តម្លៃ​ទាប​បំផុត​ 2,500រៀល​ និង​ខ្ពស់​បំផុត​ 10,000រៀល​ក្នុង​ 1គីឡូក្រាម​ អាស្រ័យ​ទៅលើ​ប្រភេទ​បន្លែ​។ លោក​បន្ត​ថា​ បន្លែ​សុវត្ថិភាព​មាន​តម្រូវការ​ខ្ពស់​ ហើយ​កសិករ​មិន​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​បាន​គ្រប់​”។

    លោក​ ថា​ បានឱ្យ​ដឹង​ទៀត​ថា​ នៅក្នុង​តំបន់​របស់​លោក​ ក៏​មាន​កសិករ​ច្រើន​ដែរ​ដែល​ធ្វើការ​ដាំដុះ​បន្លែ​ដោយ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ ហើយ​ទីផ្សារ​របស់​ពួកគេ​ គឺ​សម្រាប់​ផ្គត់ផ្គង់​នៅ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស​។ លោក​បន្ត​ថា​ ការ​ដាំ​បន្លែ​ដោយ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ គឺ​ដោយសារតែ​ពួកគេ​មិន​មានលទ្ធភាព​ធ្វើ​ឱ្យ​បាន​តាម​ស្តង់​ដា​ដែល​ក្រុមហ៊ុន​បញ្ជាទិញ​តម្រូវ​ ឯតម្លៃ​វិញ​ បន្លែ​ធម្មតា​មានតម្លៃ​ចាប់ពី​ 500​ ទៅ​ 1,000រៀល​ ហើយ​តម្លៃ​នេះ​ក៏​មិនសូវ​ជា​ច្បាស់លាស់​ដែរ​។

    យោង​តាម​របាយការណ៍​ថ្មី​មួយ​ពី​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ ប្រជាជន​កម្ពុជា​បាន​ទទួលទាន​បន្លែ​ជាមធ្យម​ 543តោន​ក្នុង​មួយថ្ងៃ​កាលពី​ឆ្នាំមុន​ ហើយ​ក្រសួង​បាន​ជំរុញ​ឱ្យ​កសិករ​បង្កើន​ផលិតកម្ម​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​។

    របាយការណ៍​របស់ក្រ​សួង​បាន​បង្ហាញថា​ កម្ពុជា​អាច​ផលិត​បន្លែ​បាន​ត្រឹមតែ​ 400តោន​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ក្នុង​ឆ្នាំ2018​ និង​មាន​ប្រហែល​ជាង​ 140តោន​ទៀត​ត្រូវ​បាន​នាំចូល​ជា​រៀងរាល់ថ្ងៃ​ ដែល​ភាគច្រើន​ពី​ប្រទេស​វៀតណាម​ថៃ​ និង​ចិន​។

    កាលពី​ខែកញ្ញា​ ឆ្នាំ2017​ រដ្ឋាភិបាល​បាន​ធ្វើ​គម្រោង​មួយ​ដើម្បី​ជំរុញ​ការផលិត​បន្លែ​គ្មាន​ជាតិគីមី​បានសម្រេច​ គម្រោង​នោះ​មានឈ្មោះ​ថា​ “គម្រោង​ជំរុញ​ចំណីអាហារ​” ដែល​មាន​ថវិកា​ចំនួន​ 20លាន​ដុល្លារ​។បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ខេត្តតាកែវ​ កណ្តាល​ ព្រៃវែង​ កំពង់ស្ពឺ​ កំពង់ចាម​ពោធិ៍សាត់​ កំពង់ឆ្នាំង​ បាត់ដំបង​ សៀមរាប​ និង​ខេត្ត​ត្បូងឃ្មុំ​៕

  • វិធី​កម្ចាត់​មុន​ដែល​តែងតែ​ធ្វើ​ឱ្យ​អ្នក​មិន​ស្រស់​ស្អាត​

    វិធី​កម្ចាត់​មុន​ដែល​តែងតែ​ធ្វើ​ឱ្យ​អ្នក​មិន​ស្រស់​ស្អាត​

    កំពុងតែ​មានទុក្ខ​កង្វល់​ជា​ខ្លាំង​ ព្រោះតែ​មុន​ចង្រៃ​តែ​ប៉ុន្មាន​គ្រាប់​ ដែល​មក​ទុំ​ពីលើ​ស្បែក​មុខ​របស់​អ្នក​មិនព្រម​ចេញទៅ​ណា​ទាល់តែសោះ​មែនទេ​? ឈប់​គិត​ ឈប់​បារម្ភ​ ព្រោះ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​មេ​នាំ​ភាព​មិន​ស្អាត​នេះ​នឹង​ត្រូវ​រលាយ​បាត់​ជាមិនខាន​។ ឈប់​! មិនមែន​នៅ​សុ​ខៗ​វា​ទៅបាត់​ដោយឯកឯង​ទេ​ណា៎​ កុំ​ច្រឡំ​… វា​ទៅ​ព្រោះ​យើង​ជា​អ្នក​បណ្តេញ​វា​ចេញ​ទេតើ​ ហើយ​វិធី​បណ្តេញ​នោះ​គឺ​៖
    មុន​ធម្មតា​ : មុន​អ្នកធ្វើការ​ដុះ​សម្អាត​មុខ​ អ្នក​ត្រូវ​ធ្វើការ​ចំហុយ​មុខ​អ្នកជា​មុន​សិន​ និង​យក​ប៉េងប៉ោះ​មក​ដុះ​មុខ​៖ បំ​បើក​រន្ធញើស​ ក៏ដូចជា​រន្ធ​មុន​របស់​អ្នក​ឱ្យ​ធំ​បន្តិច​ជាមួយនឹង​ការ​ចំហុយ​ទឹក​ក្តៅ​មួយសន្ទុះ​ បន្ទាប់មក​ត្រដុស​ស្បែក​មុខ​របស់​អ្នកជា​មួយ​នឹង​ផ្លែ​ប៉េងប៉ោះ​ទុំ​មួយ​ផ្លែ​(កាត់​ជា2កង់​ទទឹង​ផ្លែ​) ដោយ​ច្របាច់​យក​ទឹក​ចេញ​ និង​មាន​លាយ​គ្រឿងផ្សំ​មួយចំនួន​ដូចជា​ ប៉េងប៉ោះ​ លាយ​ស្ករស2​-3ស្លាបព្រា​(សម្រាប់​ស្បែក​ធម្មតា​)ឬប៉េងប៉ោះ​លាយ​ប្រេងដូង​ កន្លះ​ស្លាបព្រា​(សម្រាប់​ស្បែក​ស្ងូត​) ដោយមាន​លាយ​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​ផង​នោះ​ទៅ​ត្រដុស​លើ​ស្បែក​ ប្រមាណ​ជា2នាទី​។ ទុកចោល​ប្រហែល2​-3 នាទី​ទៀត​ ​រួច​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅ​តិច​ៗ។ បន្ទាប់មក​សឹម​ជូត​មុខ​ឱ្យ​បាន​ស្អាត​ រួច​ផ្តល់​សំណើម​ដល់​ស្បែក​វិញ​ផង​។

    មុនខ្សាច់​ : មិនសូវ​ឃើញ​នៅកន្លែង​ណា​ផ្សេង​ក្រៅ​ពី​ក្បែរ​ៗច្រមុះ​នោះ​ទេ​ ស្ទាប​ពេលណា​មានតែ​អារម្មណ៍​គ្រោតគ្រាត​។ បណ្តោយ​ឱ្យ​នៅ​យូរ​មិនបានទេ​ ត្រូវតែ​កម្ចាត់​ចោល​។ សម្អាត​មុខ​របស់​អ្នក​ឱ្យ​ស្អាត​ បន្ទាប់មក​យក​ស៊ុត​ពណ៌ស​(លាយ​ទឹកឃ្មុំ​) មក​លាប​លើ​ផ្ទៃមុខ​របស់​អ្នក​។ រួច​ទុក​វា​ឱ្យ​ស្ងួត​ ពេល​ដែល​វា​ស្ងួត​ហើយ​ ត្រូវ​លាង​សម្អាត​មុខ​របស់​អ្នកជា​មួយទឹក​ បន្ទាប់មក​ជូត​មុខ​ឱ្យ​ស្ងួត​ ហើយ​ប្រសិនបើ​អ្នក​ចង់​បន្ថែម​ភាព​តឹងណែន​ឱ្យ​ស្បែក​មុខ​នោះ​ អ្នក​អាចយ​កស៊ុត​ពណ៌លឿង​ដែល​នៅសល់​នោះ​មក​លាប​នៅ​លើ​មុខ​ម្តង​ទៀត​ក៏បាន​។ ទុក​វា​ចោល15​-20នាទី​ បន្ទាប់មក​សឹម​លាង​សម្អាត​ចេញ​វិញ​ ហើយ​ជូត​មុខ​ឱ្យ​ស្ងួត​ រួច​ផ្តល់​សំណើម​ដល់​ស្បែក​មុខ​តាមធម្មតា​។

    ទោះជាយ៉ាងណា​ក៏ដោយ​កុំ​ភ្លេច​ថា​ មុន​ដែល​បាត់​ទៅវិញ​ហើយ​ ក៏អាច​ត្រឡប់មកវិញ​បាន​គ្រប់ពេល​ដែល​អ្នក​ធ្វេសប្រហែស​ដែរ​ ដូច្នេះ​កុំ​ភ្លេច​ឱ្យ​សោះ​ថា​ នៅពេល​ដែល​ទទួល​បាន​ផ្ទៃមុខ​ដ៏​ស្រស់​ស្អាត​ហើយ​នោះ​ ត្រូវ​ថែរក្សា​ការពារ​វា​ឱ្យ​បាន​ជាប់លាប់​ផង​។ បន្ទាប់ពី​ត្រឡប់​មក​ពី​ខាងក្រៅ​វិញ​ ត្រូវ​ចាំ​ប្រហែល15​-20នាទី​សិន​ ដើម្បី​ឱ្យ​កម្តៅ​នៅ​លើ​ស្បែក​ថយ​ចុះ​ សឹម​លាង​សម្អាត​ផ្ទៃមុខ​ឱ្យ​បាន​ស្អាត​ ជាមួយ​នឹង​ហ្វូ​មលាង​សម្អាត​មុខ​ដែល​អ្នកប្រើ​ប្រាស់​ប្រចាំថ្ងៃ​ ព្រោះថា​រាល់ពេល​ដែល​អ្នក​ចេញទៅ​ខាងក្រៅ​ អ្នក​ពិតជា​បាន​នាំ​ត្រឡប់មកវិញ​នូវ​ធូលី​ និង​មេ​រោ​គផ្សេង​ៗមក​តាម​ស្បែក​នៅ​លើ​ផ្ទៃ​របស់​អ្នក​ ហើយ​មេរោគ​ទាំងអស់​នោះ​ហើយ​ ដែល​ជា​មូលហេតុ​នាំ​ឱ្យ​កើតមុន​។ ចុះ​ចំណែក​អ្នក​ដែល​មិន​ចេញទៅ​ខាងក្រៅ​វិញ​ មិន​ចាំបាច់​លាង​សម្អាត​មុខ​ទេ​មែនទេ​? ក៏​នៅតែ​ត្រូវ​លាងមុខ​ដែរ​ គ្រាន់តែ​មិន​ចាំបាច់​ប្រើ​ហ្វូ​មនោះ​ទេ​ ព្រោះ​ការ​លាងមុខ​ដោយ​ទឹក​ស្អាត​អាច​ជួយ​បន្ថែម​ភាពត្រជាក់​ដល់​ស្បែក​មុខ​ បន្ថយ​កម្តៅ​លើ​ស្បែក​ (កម្តៅ​ក៏​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ស្បែក​កើតមុន​ដែរ​)។ ការពារ​ស្បែក​ពី​ធូលី​ដី​ និង​មេរោគ​រាល់ពេល​ចេញទៅ​ខាងក្រៅ​ សម្អាត​ស្បែក​ឱ្យ​បាន​ស្អាត​ពេល​ត្រឡប់មកវិញ​ បាញ់​ទឹក​លើ​មុខ​ផ្តល់​សំណើម​ បន្ថែម​ភាព​ស្រស់ថ្លា​ កម្ចាត់​កោសិកា​ស្បែ​កចាស់​ៗ បន្ថយ​កម្តៅ​ក្នុង​រាងកាយ​(ពេល​អ្នក​ក្តៅ​ក្នុង​ ចូរ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ និង​គ្រប់គ្រាន់​) និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ អនាម័យ​ល្អ​… ជា​វិធីការ​ពារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ការពារ​ស្បែក​មិន​ឱ្យ​កើតមុន​តទៅទៀត​៕

  • វិធីថែរក្សារោមចិញ្ចើមឱ្យក្រាស់ និងទន់រលោងបែបធម្មជាតិ

    វិធីថែរក្សារោមចិញ្ចើមឱ្យក្រាស់ និងទន់រលោងបែបធម្មជាតិ

    អ្នកដឹង​ទេ​ថា​ រោមចិញ្ចើម​ក្រាស់​ ក៏​ជាផ្នែក​មួយ​នៃ​ភាព​ទាក់ទាញ​ដល់​សម្រស់​របស់​អ្នក​ដែរ​ ហើយ​វា​ក៏​ជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់គ្នា​ ព្រោះថា​ រោមចិញ្ចើម​ក្រាស់​ជួយ​ធ្វើ​ឱ្យ​អ្នកមើល​ទៅ​ក្មេង​ជាង​វ័យ​។ មិនថា​បុរស​ ឬនារី​នោះ​ទេ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើជា​ទម្លាប់​នោះ​គឺ​ អ្នក​ត្រូវ​ផ្តល់​សំណើម​ដល់​គល់​រោម​។ អ្នកខ្លះ​មាន​រោមចិញ្ចើម​ស្ដើង​ ខ្លះទៀត​មាន​រោមចិញ្ចើម​តិច​ពេក​ ឬក៏​ពុំ​មាន​ទម្រង់​ស្អាត​ ប៉ុន្ដែ​អ្នក​អស់​បារម្ភ​តទៅទៀត​ហើយ​ ដោយ​គ្រាន់តែ​អនុវត្ត​តាម​វិ​ធី​ងាយ​ៗ ដែល​យើងខ្ញុំ​នឹង​ជម្រាប​ជូន​ដូច​ខាងក្រោម​នេះ​៖

    1. កុំ​ដក​រោមចិញ្ចើម​នៅពេល​ដែល​អ្នកធ្វើការ​ដក​រោមចិញ្ចើម​ គឺជា​ទង្វើ​រមួយ​ដែល​ខុស​ ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គល់​រោម​ ជាហេតុ​ធ្វើ​ឱ្យ​រោម​ថ្មី​មានការ​ពិបាក​នៅក្នុង​ការ​ដុះ​ចេញ​មកវិញ​។ ហេតុនេះ​អ្នក​គួរតែ​កុំ​ដក​រោមចិញ្ចើម​ ព្រោះថា​រោមចិញ្ចើម​របស់​អ្នក​គឺ​មានការ​លូតលាស់​ជា​រៀងរាល់​ខែ​។

    2. រក្សា​សំណើម​នៅ​រោមចិញ្ចើម​រោមចិញ្ចើម​របស់​អ្នក​ត្រូវការ​ឱ្យ​មាន​សំណើម​ ដែល​វា​កាន់តែ​ជួយ​ឱ្យ​រោមចិញ្ចើម​របស់​អ្នក​កាន់តែ​លូតលាស់​វែង​ ដោយ​អ្នក​គ្រាន់តែ​យក​ប្រេង​មក​លាប​នៅ​លើ​រោមចិញ្ចើម​របស់​អ្ន​កស្រាល​ៗទុកចោល​មួយសន្ទុះ​ចាំ​អ្នក​លាង​វា​ចេញ​។

    3. ម៉ាស្សា​មុន​ពេល​ចូលគេង​អ្នក​អាច​ធ្វើការ​ម៉ាស្សា​រោមចិញ្ចើម​របស់​អ្នកជា​មួយ​នឹង​ប្រេង​អូ​លីវ​ ឬក៏​ប្រេងដូង​ ដែល​វា​កាន់តែ​ជួយ​ឱ្យ​រោមចិញ្ចើម​របស់​អ្នក​លូតលាស់​វែង​ មាន​សំណើម​តាម​បែប​ធម្មជាតិ​។

    4. ស៊ុត​ពណ៌ស​ដោយសារតែ​ស៊ុត​ពណ៌ស​មាន​ប្រូ​តេ​អុីន​ម្យ៉ាង​ ដែល​ជួយ​ក្នុង​ការជំរុញ​កំណើន​នៃ​ការលូតលាស់​របស់​រោមចិញ្ចើម​ និង​ចិញ្ចឹម​គល់​រោម​។ ហេតុនេះ​អ្នក​ត្រូវ​យក​ស៊ុត​ពណ៌ស​មក​លាប​នៅ​លើ​រោម​ចិញ្ចើម​ស្រាល​ៗទុកចោល20នាទី​ ចាំ​អ្នក​សម្អាត​វា​ចេញ​ ហើយ​ធ្វើបែប​នេះ​ក្នុង​មួយ​សប្ដាហ៍​ម្ដង​ នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ជាមិនខាន​។

    5. ប្រទាល​កន្ទុយក្រពើ​ ជាតិ​រំអិល​របស់​ប្រទាល​កន្ទុយក្រពើ​នេះ​ ជួយ​ឱ្យ​រោមចិញ្ចើម​ដុះ​បាន​យ៉ាង​ឆាប់រហ័ស​ ហើយ​ថែមទាំង​ផ្តល់​ពន្លឺ​ដល់​រោមចិញ្ចើម​ទៀតផង​ ដោយ​អ្នក​គ្រាន់តែ​យក​ជែ​លប្រ​ទាល​កន្ទុយក្រពើ​ ឬជាតិ​រំអិល​ពី​ប្រទាល​កន្ទុយក្រពើ​ស្រស់​ទៅ​លាប​នៅ​លើ​រោមចិញ្ចើម​របស់​អ្នកជា​ប្រចាំ​ជាការស្រេច​។

    6. ទឹក​ខ្ទឹមបារាំង​ ទឹក​ខ្ទឹមបារាំង​ សម្បូរទៅដោយ​ជាតិ​ស្ពាន់ធ័រ​ ដែល​ជា​កត្តា​ជួយ​សម្រួល​ដល់​ចរន្តឈាម​របស់​អ្នក​ នៅត្រង់​តំបន់​ដែល​អ្នក​ចង់ឱ្យ​រោម​ដុះ​លឿន​ ហើយ​ទឹក​ខ្ទឹមបារាំង​នេះ​ ជួយ​ថែរក្សា​ថង់​រោម​របស់​អ្នកផង​ដែរ​។ សូម​លាប​ទឹក​ខ្ទឹមបារាំង​នៅ​លើ​រោមចិញ្ចើម​របស់​អ្នក​ ទុកចោល​ 5នាទី​ ទុក​វា​ឱ្យ​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ ជាមួយ​ទឹក​ស្អាត​ជាការស្រេច​។ សូម​អនុវត្ត​ជាប្រចាំ​ទើប​មានប្រសិទ្ធភាព​កាន់តែ​ខ្លាំង​៕

  • យកចិត្ត​ទុកដាក់​តែ​បន្តិច​ដើម្បី​បបូរមាត់​ទន់​ និង​ពណ៌​ផ្កាឈូក​

    យកចិត្ត​ទុកដាក់​តែ​បន្តិច​ដើម្បី​បបូរមាត់​ទន់​ និង​ពណ៌​ផ្កាឈូក​

    បបូរមាត់​ពណ៌​ផ្កាឈូក​ ប្រកបដោយ​សុខភាព​ល្អ​គឺជា​ក្តី​សុបិន​របស់​ស្ត្រី​គ្រប់រូប​។ ពណ៌​នៃ​បបូរមាត់​អាច​បញ្ជាក់​ឱ្យ​ដឹងពី​សុខភាព​ និង​បែបបទ​នៃ​ការរស់នៅ​របស់​អ្នក​។ សម្រាប់​អ្នក​ដែល​មានទម្លាប់​ជក់បារី​ ទទួលទាន​ជាតិ​អាល់កុល​ និង​ការសាកល្បង​ប្រើប្រាស់​គ្រឿងសម្អាង​ស្ទើរគ្រប់​ប្រភេទ​នោះ​ នៅ​លើ​បបូរមាត់​របស់​អ្នក​អាច​ធ្វើ​ឱ្យ​វា​មើលទៅ​ខ្មៅ​ និង​មិន​មាន​ផាសុកភាព​។ ខណៈ​ពេល​ដែល​ផ្ទៃមុខ​របស់​អ្នក​កំពុងតែ​មាន​ភាព​ស្អាត​ផូរផង់​ហើយ​នោះ​ ហេតុ​អី​អ្នក​ត្រូវ​ទ្រាំ​នឹង​ការដែល​បបូរមាត់​ខ្មៅ​ទៅវិញ​? ​អ្នក​ពិតជា​អាច​ទៅដល់​គោលដៅ​នៃ​បបូរមាត់​ទន់​ និង​មាន​ពណ៌​ផ្កាឈូក​បាន​ ដោយ​គ្រាន់តែ​ចំណាយពេល​បន្តិច​ ដើម្បី​មើលថែ​បបូរមាត់​តាមវិធី​ដូច​ខាងក្រោម​៖
    – លាប​ទឹកឃ្មុំ​លើ​បបូរមាត់​ មុន​ពេល​ចូលគេង​ ហើយ​ម៉ាស្សា​លើ​បបូរមាត់​ រួច​យក​ច្រាស់​ទន់​ៗ មក​ដុស​ទឹកឃ្មុំ​នោះ​ចេញ​នា​ពេលព្រឹក​។ ការ​ធ្វើបែប​នេះ​គឺ​ដើម្បី​សម្អាត​ស្រទាប់​ស្បែក​ដែល​ស្ងួត​ និង​ចាស់​ៗចោល​។
    – យក​ស្រទាប់ផ្កា​កុលាប​មួយ​ទូកដៃ​ បន្ថែម​ជាមួយនឹង​ក្រែម​បន្តិច​ រួច​កិន​ ឬបុក​វា​ចូលគ្នា​ រួច​យក​មក​លាប​លើ​បបូរមាត់​ នោះ​អ្នក​នឹង​ឃើញថា​ បបូរមាត់​របស់​អ្នក​នឹង​មាន​ភាព​ទន់​ ហើយ​ពណ៌​ក៏​មើលទៅ​ស្អាត​ជាង​មុន​ជាមិនខាន​។
    – ប្រេង​អូ​លីវ​កន្លះ​ស្លាបព្រា​ លាយ​ជាមួយនឹង​ស្ករស​ និង​ទឹកឃ្មុំ​បន្តិច​ ទុក​សម្រាប់​លាប​លើ​បបូរមាត់​ ប្រសិនបើ​អ្នក​ប្រាថ្នា​ចង់បាន​បបូរមាត់​ដែល​មាន​សភាព​ទន់​ និង​មាន​ពណ៌​ផ្កាឈូក​ ដែល​ជា​សម្រស់​តាម​បែប​ធម្មជាតិ​ពិត​។
    – ទឹកដោះគោ​យក​ទៅ​រម្ងាស់​ឱ្យ​ក្លាយ​ជា​គ្រី​ម រួច​យក​គ្រី​មនោះ​ទៅ​លាប​លើ​បបូរមាត់​ ដើម្បី​ជា​ការ​ផ្តល់​សំណើម​ និង​ធ្វើ​ឱ្យ​បបូរមាត់​ទន់​ល្អ​។
    – ការ​លាប​ជែល​ Vaseline​ ឬ ​Petroleum​ ជាប្រចាំ​ នឹង​ជួយ​រក្សា​ភាព​ស្រស់​ស្អាត​ ទន់​ដល់​បបូរមាត់​គ្រប់ពេល​។
    – Glycerin​ និង​ទឹកក្រូច​ឆ្មារ​ អាច​ជួយ​កម្ចាត់​សភាព​ខ្មៅ​ស្រគាំ​ចេញពី​បបូរមាត់​បាន​។

    សូម​សាកល្បង​តាមវិធី​សាស្ត្រ​ខាងលើ​ ប្រសិនបើ​អ្នក​គិតថា​បបូរមាត់​របស់​អ្នក​នៅ​មិនទាន់​មាន​ភាព​ទន់​ និង​មាន​ពណ៌​ស្រស់​ស្អាត​សម​តាមបំណង​របស់​អ្នក​ ដើម្បី​ឱ្យ​បបូរមាត់​របស់​អ្នកមាន​ភាព​ស្រស់​ស្អាត​គួរ​ជាទី​ពេញចិត្ត​ និង​ទាក់ទាញ​តាម​បែប​ធម្មជាតិ​៕

  • មហោស្រព​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​កម្ពុជា​ នឹង​ចូល​មកដល់​ជាថ្មី​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​

    មហោស្រព​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​កម្ពុជា​ នឹង​ចូល​មកដល់​ជាថ្មី​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​

    ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ប្រកាស​ពី​កាលកំណត់​ជាក់លាក់​ក្នុង​ការរៀបចំ​មហាស្រព​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​កម្ពុជា​លើក​ទី5​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី21ដល់​ថ្ងៃទី23​ ខែកុម្ភៈ​ ខាងមុខនេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ មហោស្រព​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​នៅ​ឆ្នាំនេះ​មាន​គោលបំណង​ជំរុញ​សិស្សានុសិស្ស​ និស្សិត​ យុវជន​លោកគ្រូ​ អ្នកគ្រូ​ បុគ្គល​ទូទៅ​ គ្រឹះ​ស្ថាន​សិក្សា​ អង្គភាព​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​កាន់តែ​មាន​ចំណាប់​អារម្មណ៍​ និង​ការ​យកចិត្ត​ទុកដាក់​លើ​ការសិក្សា ការអប់រំ​ ការ​បណ្តុះបណ្តាល​ ការងារ​ អាជីព​ វិជ្ជាជីវៈ​ ការប្រកួត​ប្រជែង​ ការស្រាវជ្រាវ​ និង​នវានុវត្តន៍​ លើ​មុខជំនាញ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ដែល​ជាមុ​ខវិជ្ជា​ជំនាញ​ដ៏​មាន​សក្តា​នុ​ពល​សម្រាប់​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ ឧស្សាហកម្ម​ កសិ​ឧស្សាហកម្ម​ និង​ពាណិជ្ជនីយកម្ម​កម្ពុជា​។

    សកម្មភាព​សំ​ខាន់​ៗក្នុង​មហោស្រព​នេះ​មាន​ដូចជា​ ពិព័រណ៍​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ រួម​ទាំង​សិក្ខាសាលា​ និង​វេទិកា​ STEM​ និង​ការ​ប្រគំតន្ត្រី​ជាដើម​។

    រដ្ឋលេខាធិការ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ឯកឧត្តម​ អុឹម​ កុច​ បាន​មានប្រសាសន៍​ថា​ ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ជា​ជំនាញ​ដែល​សង្គម​កម្ពុជា​កំពុង​ត្រូវការ​ខ្ពស់​ ព្រោះ​ជំនាញ​ទាំងអស់​នេះ​ជា​ជំនាញ​ដែល​មាន​ទីផ្សារ​ធំ​ទូលាយ​ និង​ជា​ជំនាញ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​។ ហេតុនេះ​ហើយ​ទើប​ក្រសួង​អប់រំ​ បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ និង​កំណត់​ផែនការ​សកម្មភាព​ជាច្រើន​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​កម្ពុជា​នៅ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​បាន​យល់​កាន់តែ​ច្បាស់​ពី​គុណ​តម្លៃ​នៃ​មុខវិជ្ជា​ STEM​ នេះ​ ហើយ​ចាប់​យក​ផ្នែក​ណាមួយ​នៃ​មុខវិជ្ជា​ដ៏​មាន​សារៈសំខាន់​នេះ​ដើម្បី​យក​ជា​អាជីព​ការងារ​នា​ពេល​អនាគត​។

    ឯកឧត្តម​ អុឹម​ កុច​ មានប្រសាសន៍​ថា​៖ “នៅពេល​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា​បាន​យល់ដឹង​ពីសា​រៈសំ​ខាន់​នៃ​មុខវិជ្ជា​ STEM​ នេះ​ យើង​នឹង​មាន​អ្នកជំនាញ​កាន់តែ​ច្រើន​ដែល​ជួយ​ជំរុញ​ឱ្យ​វិស័យ​នានា​កាន់តែ​មាន​សក្តា​នុ​ពល​ និង​អាច​ស្រូប​ទាញ​បាន​កម្លាំង​ពលកម្ម​ជាច្រើន​ពី​ការ​វិនិយោគ​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បន្ថែម​ទៀត​ថា​ ក្នុង​សតវត្សរ៍​ទី21​ នេះ​ ជំនាញ​ទាំងអស់​នេះ​កំពុង​ក្លាយជា​ផ្នែក​យ៉ាង​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​ការងារ​ ការផលិត​ និង​ការរស់នៅ​កាន់តែ​មាន​ភាព​ងាយស្រួល​ ហើយ​បង្កើន​ប្រសិទ្ធភាព​លើ​រាល់​ការងារ​ក្នុង​សង្គម​។ ជាក់ស្តែង​ប្រសិនបើ​យើង​មាន​អ្នកជំនាញ​ផ្នែក​វិស្វកម្ម​ច្រើន​ ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការងារ​សាងសង់​សំណង់​អគារ​ផ្សេង​ៗទៀត​នឹង​កាន់តែ​អាច​ធ្វើ​បាន​ដោយ​ឆាប់រហ័ស​ ព្រោះ​បច្ចេកវិទ្យា​បច្ចុប្បន្ន​មានកម្ម​វិធី​ឆ្លាតវៃ​ជាច្រើន​ដែល​អាច​ធ្វើ​ឱ្យ​ការ​ងារ​ធំៗ​អាច​សម្រេច​បាន​យ៉ាង​ងាយ​។ ក្រៅពី​នេះ​ជំនាញ​ STEM​ ក៏​ជាផ្នែក​ដែល​គាំទ្រ​ឱ្យ​វិស័យ​ជាច្រើន​ផ្សេងទៀត​ ដូចជា​សុខាភិបាល​ កសិកម្ម​ ផលិតកម្ម​ បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ និង​ការរុករក​ផលិត​ផល​ថ្មី​ៗសម្រាប់​ដោះស្រាយ​បញ្ហា​មនុស្សជា​ដើម​។

    ការបង្កើត​កម្មវិធី​ផ្សព្វផ្សាយ​ ពិព័រណ៍​ និង​មហោស្រព​វិទ្យាសាស្ត្រ​ នៅ​កម្ពុជា​ជា​យន្តការ​សំខាន់​មួយ​ក្នុង​ការជំរុញ​ឱ្យ​យុវជន​កម្ពុជា​សម្លឹងឃើញ​កាន់តែ​ច្បាស់​ពី​ឱកាស​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឱ្យ​ស្របតាម​សេចក្តី​ត្រូវការ​របស់​សង្គម​លើ​គ្រប់មុខ​ជំនាញ​ និង​អាជីព​សំ​ខាន់​ៗជាច្រើន​ដែល​សុទ្ធតែ​ជាមុ​ខវិជ្ជា​មាន​ទីផ្សារ​ខ្ពស់​នៅ​ម្ពុ​ជា​ទាំងអស់​។ សម្រាប់​កម្មវិធី​មហោស្រព​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​កម្ពុជា​ លើក​ទី5​ នេះ​ នឹង​ចាប់ផ្តើម​បើក​ឱ្យ​ចូលរួម​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ម៉ោង​ 9ព្រឹក​ ដល់ម៉ោង5ល្ងាច​ ដោយ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី21​ ដល់​ថ្ងៃទី23ខែកុម្ភៈ​ខាងមុខ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 163

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 163

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/02/LRPN_163-Final-For-Web.pdf” force_dl=”1″]