Author: ធឿន មករា

  • Woods ដកខ្លួនចេញពីការប្រកួត Arnold Palmer ជុំវិញបញ្ហា-ក

    Woods ដកខ្លួនចេញពីការប្រកួត Arnold Palmer ជុំវិញបញ្ហា-ក

    អតីត​កីឡាករ​វាយកូន​គោល​ចំណាត់ថ្នាក់​លេខ​១ក្នុង​ពិភព​លោក Tiger Woods បាន​ដក​ខ្លួន​ចេញ​ពី​ព្រឹត្តិការណ៍ Arnold Palmer Invitational នៅ​សប្តាហ៍នេះកាលពីថ្ងៃ​ចន្ទ ក្រោយពី​​មិន​អាច​ជម្នះ​លើ​បញ្ហា​-ក​បាន​។

    នៅលើ​បណ្តាញ​សង្គម Twitter កីឡាករ Woods បាននិយាយ​ថា បញ្ហា​នេះមិន​ទាក់​ទង​នឹង​​កញ្ចឹង​ក​ផ្នែក​ខាង​​ក្រោម​​ ដែល​ធ្លាប់​បាន​ធ្វើ​ឱ្យ​រូប​គេ​អវត្ត​មាន​ជិត​ 2​ឆ្នាំនោះ​ឡើយ និង​បាន​បន្ថែម​ថា រូប​គេមិនមាន​ការ​ខ្វល់​ខ្វាយ​លើ​ការ​សម្រាក​ព្យា​បាល​រយៈ​​ពេល​វែង​​ឡើយ​។

    Woods បាន​​ឱ្យ​ដឹង​ថា៖ «ជា​អកុ​សល ដោយ​សារ​តែ​បញ្ហា​ក​ ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​​អស់​រយៈ​ពេល​2 ទៅ​ 3​សប្តាហ៍ថ្មីៗនេះ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញពីការ​ប្រកួត API (Arnold Palmer Invitational)​»​។

    កីឡាករ​រូបនេះ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​កំពុង​តែ​ទទួល​បាន​ការ​ព្យា​បាល ប៉ុន្តែវា​មិន​មាន​ភាពល្អ​ប្រសើរ​​ក្នុង​ការ​អាច​លេង​បាន​ឡើយ​។ ផ្នែក​ខាង​ក្រោម​នៃ​ក​របស់​ខ្ញុំ ​មិនមាន​បញ្ហា​ឡើយ ហើយខ្ញុំក៏​មិនមាន​ការ​ខ្វល់​ខ្វាយលើ​ការ​សម្រាក​រយៈ​​ពេល​វែង​ដែរ​»​។

    កីឡាករ Woods បាន​បន្ថែម​ថា រូប​គេ​សង្ឃឹម​ថា អាការរបស់គេនេះនឹង​ជា​សះស្បើយ​សម្រាប់​យុទ្ធនាការ The Players Championship នៅ​លើ​ទីលាន TPC Sawgrass ដែល​​នឹង​ចាប់​ផ្តើម​ប្រកួតនៅថ្ងៃ​ទី​14 ដល់​ទី​17 ខែមីនា ស្រប​ពេល​រូប​គេ​ក៏​ត្រៀម​ខ្លួនសម្រាប់​ការ​ប្រកួត Masters នៅ​ខែក្រោយ​ផងដែរ​។

    Arnold Palmer គឺ​ជា​យុទ្ធនាការ​មួយ​ដែល Woods ចូល​ចិត្ត​ប្រកួត​ជាង​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ដែល​កីឡាករ​វ័យ​ 43​ឆ្នាំ​រូបនេះ បាន​ឈ្នះពាន​នៅលើ​ទីលាន Bay Hill ដល់​ទៅ​ 6​លើក​។

    ការ​បង្ហាញខ្លួន​នៅ​សប្តាហ៍​នេះ នឹង​ក្លាយ​ជា​ការ​បង្ហាញខ្លួន​ជាលើក​ទី​ 19​របស់​គេក្នុងព្រឹត្តិការណ៍នេះ​។ កីឡាករ Woods បាន​ឱ្យ​ដឹងថា៖​ «ខ្ញុំ​ចង់​ផ្ញើ​ការ​សោក​ស្តាយ​របស់​ខ្ញុំ​ទៅកាន់​ក្រុម​គ្រួ​សារ​នៃការ​ប្រកួត Palmer និង​​អ្នក​គាំទ្រនៅ Orlando​»​៕

    ប្រភព​ពី៖ Channel News Asia

  • Kane ត្រៀមបង្ហាញថ្វីជើង ពេល Spurs ជួប Dortmund នៅរាត្រីនេះ

    Kane ត្រៀមបង្ហាញថ្វីជើង ពេល Spurs ជួប Dortmund នៅរាត្រីនេះ

    ខ្សែ​ប្រយុទ្ធ Harry Kane បាន​បញ្ជាក់​ថា ក្រុម Tottenham នឹង​បញ្ចប់​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League របស់​ពួកគេ ខណៈ​ដែល​តារាឆ្នើម​អន្តរ​ជាតិអង់​គ្លេស​រូបនេះ សម្លឹង​រក​ការ​ជួយ​ឱ្យ​ក្រុម​របស់​គេ​ឈានទៅដល់​វគ្គ​ 8​ក្រុម​ចុង​ក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ពេល​ជួបក្រុម Borussia Dortmund នៅ​រាត្រីនេះ​។

    ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​ 7​ថ្ងៃ ក្តីសង្ឃឹម​របស់​ក្រុម Tottenham ​នៃ​ការ​ឈ្នះពាន​ក្របខ័ណ្ឌ Premier League បាន​​ស្ថិត​ក្នុង​ភាពស្តួច​ស្តើង ដោយ​សារ​តែ​ការ​​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Burnley និង Chelsea និង​ការ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​នៅ​ពេល​ជួបក្រុម Arsenal ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែមួយ​កាលពីថ្ងៃ​សៅរ៍​​។

    វា​បានក្លាយ​ជា​រ​បាររារាំង​ជ័យជម្នះ​ចុងក្រោយ​បំផុត​របស់​ក្រុម Tottenham ក្នុង​ពេល​ស្ថិតក្នុង​ដំណាក់​កាល​ដ៏សំខាន់​របស់​ពួក​គេ​។

    ការ​សង្គ្រោះ​បាល់​​ប៉េណាល់​ទី​យ៉ាងល្អ​​នៅ​រយៈពេល​ 1​នាទី​ចុងក្រោយ​របស់​អ្នក​ចាំទី Hugo Lloris ពី​ការ​ស៊ុត​របស់​ខ្សែ​ប្រយុទ្ធ Pierre-EmerickAubameyang បាន​​​ការ​ពារ​មិន​ឱ្យ​ក្រុម Tottenham រង​បរា​ជ័យ​ជាលើក​ទី​3 ​ជាប់​ៗ​គ្នា​។

    ប៉ុន្តែ Kane ជឿជាក់​ថា ក្រុម Tottenham មាន​សមត្ថ​ភាព​ក្នុង​​ការ​ស្រោច​ស្រង់​ពី​សប្តាហ៍​ដ៏​ឈឺ​ចាប់​មួយ ហើយ​រូប​គេ​បាន​លើក​ទឹក​ចិត្ត​ឱ្យក្រុម​របស់​គេ​ប្រើ​ប្រាស់​​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ 16​ក្រុម​ចុង​ក្រោយ ជើង​ទី​2 ​របស់​ពួកគេ លើ​ទឹក​ដីក្រុម Dortmund នេះធ្វើជា​ប្រេងសាំង​ដើម្បី​បន្ថែម​ល្បឿន​នៃ​​ការ​វិល​ទៅ​រក​ភាពខ្លាំង​វិញ​​របស់​ពួក​គេ​។

    Kane បាន​ឱ្យដឹង​ថា៖ «យើង​ត្រៀម​រួច​រាល់​ហើយ​ក្នុង​ការ​ប្រយុទ្ធ​រហូត​ដល់​ដំណាក់​កាល​ចុងក្រោយនៃ​រដូវកាល​នេះ​»​។

    Spurs នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹងក្រុម Dortmund នៅ​លើ​ទឹកដី​អាល្លឺ​ម៉ង់ នៅ​រាត្រីនេះ ក្នុង​វគ្គ​ 16​ក្រុម​ចុ​ង​ក្រោយ ជើង​ទី​2 ក្រោយពី​បាន​យកឈ្នះ​​លើ​ក្រុម​អាល្លឺ​ម៉ង់​មួយ​នេះ ក្នុងលទ្ធផល 3-០ ក្នុង​ការ​ប្រកួត​ជើង​ទី​1 នា​កីឡដ្ឋាន Wembley​​។

    កាលពីមុនជួបគ្នាជើងទី1 ក្រុម Spurs បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 លើ​ទឹកដីខ្លួន​ឯង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Arsenal ក្នុង​​ជំនួប​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ​កាល​ពីថ្ងៃ​សៅរ៍ ស្រប​ពេល​ដែល​ក្រុម​ Dortmund បាន​រង​បរា​ជ័យ​ 2-1 នៅ​លើ​ទឹក​ដីក្រុម Augsburg កាលពី​រាត្រីថ្ងៃសុក្រ ​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga​​៕

  • មិនចង់ឱ្យក្មេងៗជួបគ្រោះថ្នាក់ដោយសារអ៊ីនធើណិត​”momo chellenge” ឪពុកម្ដាយគួរឱ្យកូនប្រើរបស់នេះវិញ

    មិនចង់ឱ្យក្មេងៗជួបគ្រោះថ្នាក់ដោយសារអ៊ីនធើណិត​”momo chellenge” ឪពុកម្ដាយគួរឱ្យកូនប្រើរបស់នេះវិញ

    Kiddle ជា​​ Search Engine សម្រាប់​កុមារ​ដែល​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​ពួក​គេក្នុងការចៀស​ផុត​ពី​គ្រោះ​ថ្នាក់ពី​អ៊ីនធើណិត​នានា រួម​ទាំង​មេរោគ​ថ្មី​ដែល​រាត​ត្បាត​ពេញ​បណ្ដាញ​សង្គម​គឺ “momo chellenge”។

    ​Kiddle ​ជា​ប្រភេទ​ម៉ាស៊ីន​រុក​រក​ដែល​ផលិត​ដោយ​ក្រុមការងារ​របស់ Google។ វា​មាន​សមត្ថភាព​អាច​ស្វែង​រក​បាន​ព័ត៌មាន​ច្រើន​យ៉ាង ​ទាក់ទង​ជាមួយ​កុមារ​មានទាំង​វីដេអូ រូបភាព ​និង​អក្សរ​មក​ជាមួយ​ដែរ។

    ​ដូច្នេះកុំ​បណ្ដោយ​ឱ្យ​កូនៗ​របស់អ្នក​ចាប់ផ្ដើម​ប្រើប្រាស់​អ៊ីនធើណិត​ដោយ​មិន​បាន​មើលការខុសត្រូវ ឬ​ចេះ​តែ​បណ្ដោយ​ឱ្យលេងឱ្យសោះ តែគួរ​​ឱ្យ​ពួក​គេ​ប្រើ Kiddle ជា​ជាង Google ឬ​ជាមួយ​បណ្ដាញ​សង្គម ឬ​មាតិកា​វីដេអូ​នានា​សម្រាប់​យុវវ័យវិញ​ប្រសើរជាង៕

  • ទំនើបណាស់! សូម្បីស្រោមអនាម័យ ក៏មានបច្ចេកវិទ្យាអាចវាស់ល្បឿននៃការវាយលុកដែរ

    ទំនើបណាស់! សូម្បីស្រោមអនាម័យ ក៏មានបច្ចេកវិទ្យាអាចវាស់ល្បឿននៃការវាយលុកដែរ

    i.Con Smart Condom គឺ​ជា​ស្រោម​អនាម័យ​ឆ្លាត​វៃ​ដំបូង​គេ​ក្នុងពិភព​លោក​ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​2017 កន្លង​ទៅ។ ​ស្រោម​អនាម័យនេះមានបើក​ទទួល​ការ​កុម្ម៉ង់​ទិញ​​លើ​វេបសាយ​ British Condoms ដែល​មាន​តម្លៃ​​ប្រហែល​ 79ដុល្លារ ដោយ​រំពឹងថានឹងចេញលក់នៅអំឡុងត្រីមាសទី3 ឆ្នាំ​2019 នេះ។

    ដោយ​ឡែក​មុខងារ​​​របស់ ​i.Con ​គឺ​វា​នឹង​កត់​ត្រា​នូវ​ទិន្នន័យ​ដូច​ខាង​ក្រោម​៖

    • ចំនួន​កាឡូរី​ដែល​បាន​ដុត​បំផ្លាញ​នៅ​ពេល​រួម​ភេទ
    • ល្បឿន​នៃ​ការ​វាយលុក និងចំនួន​សរុប​នៃ​ការវាយ​លុក​
    • ចលនា​នៃ​វគ្គ​នីមួយៗ
    • រយៈពេល​សរុប​នៃ​វគ្គ​នីមួយៗ
    • ល្បឿន​មធ្យម​នៃ​ការវាយ​លុក
    • សីតុណ្ហភាព​ជា​មធ្យម​របស់​ស្បែក ​និងទិន្នន័យ​ដទៃ​ទៀត។

    ក្រុមហ៊ុន​ផលិត​ស្រោម​អនាម័យ​នេះ​នៅ​មិន​ទាន់​ប្រាប់​ពី​ថ្ងៃ​ខែ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ យោង​តាម​វេបសាយ​ទទួល​ការ​កុម្ម៉ង់​ទិញ​បាន​ឱ្យដឹង​ថា ​i.Con ​មិន​មែន​ជា​ស្រោម​អនាម័យ​មែន​ទែន​ឡើយ​ វា​គឺ​កង​ដែល​​ពាក់​​លើ​​ផ្នែក​គល់​នៃ​ស្រោម​អនាម័យដែល​អាច​ប្រើ​បាន​ម្ដង​ហើយ​ម្ដង​ទៀត៕

  • តារាឆ្នើមកូរ៉េខាងត្បូង Park ឈ្នះពាន HSBC Women’s World Championship

    តារាឆ្នើមកូរ៉េខាងត្បូង Park ឈ្នះពាន HSBC Women’s World Championship

    កីឡា​ការិនី​វាយកូន​​គោល Park Sung-hyun ដែល​មាន​ចំណាត់​ថ្នាក់​លេខ​2 ​ក្នុង​ពិភព​លោក បាន​​វាយ​កូន​គោល​យ៉ាង​​ល្អ​បំផុត​ប្រចាំ​សប្តាហ៍ ដើម្បី​រក​បាន​ 64​ពិន្ទុ កាលពីថ្ងៃ​អាទិត្យ និង​ដើម្បី​ឈ្នះពាន HSBC Women’s World Championship តាម​រយៈ​ការនាំមុខ​ 2​ឈើ​​។

    កីឡា​ការិនី​របស់​កូរ៉េ​ខាង​ត្បូង​វ័យ​ 25ឆ្នាំ​រូបនេះ បាន​ផ្តួល​​កីឡា​ការិនី​អូ​ស្ត្រាលី Minjee Lee តាម​រយៈ​ការ​វាយ​កូន​​គោល​យ៉ាងល្អ​ចំនួន​​ 4លើក នៅលើ​រន្ធ​ទី​9 ដើម្បី​ឈ្នះ​​ពាន​ដែល​មាន​ប្រាក់​រង្វាន់​ 1.5​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល Lee រក​បាន​ 69​ពិន្ទុ​នៅ​ថ្ងៃ​ចុង​ក្រោយ​។

    Park បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំពិត​ជា​រីក​រាយ​ណាស់ និង​រំភើប​ជាមួយ​នឹង​ការ​លេង​របស់​ខ្ញុំ​នៅថ្ងៃនេះ ហើយ​ខ្ញុំ​គិត​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​មួយ​ក្នុង​ចំណោម​​ថ្ងៃ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ និងក្នុង​ចំណោម​ការ​លេង​​ក្នុង​កម្មវិធី LPGA Tour មក​ទល់​ពេលនេះ​»​។

    កីឡាការិនី​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា វា​នឹង​មិន​ទទួល​ជ័យជម្នះ​យ៉ាង​លឿន​បែប​នេះ​ឡើយ ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយណាស់​។ ខ្ញុំ​ធ្លាប់​មាន​ការ​ចាប់​ផ្តើម​ដ៏តាន​តឹង ​កាលពីឆ្នាំ​មុន ហើយ​ការ​ឈ្នះ​ជាលើក​ទី​ 1​នេះ ពិត​ជា​លឿនមែនទែន​​។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹងលេង​យ៉ាងល្អ​ក្នុង​ការ​ប្រកួត​បន្ទាប់​ទៀត​​នៃ​រដូវកាល​នេះ​»​។

    ការ​ប្រជែង​របស់​កីឡា​​​ការិនីមាន​ចំណាត់​ថ្នាក់​លេខ​1 ​ក្នុង​ពិភព​លោក Lee បាន​ជួប​ការ​ខក​ចិត្ត ក្រោយ​ពី​​ការ​វាយ​មិន​បាន​ល្អ​លើ​រន្ធ​ទី​14​​។

    ដោយ​​ឡែក កីឡា​ការិនី KoJin-young របស់​កូរ៉េ​ខាង​ត្បូង និង Zahara Munoz របស់​អេ​ស្ប៉ាញ សុទ្ធ​សឹង​បាន​បញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​3 ​ដូច​គ្នា ក្រោយពី​រក​បាន​ 69​ពិន្ទុ ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​ដូចគ្នា​៕

  • លោក Klopp នៅតែជឿជាក់លើ Liverpool ទោះបីបាត់បង់ការនាំមុខលើតារាង

    លោក Klopp នៅតែជឿជាក់លើ Liverpool ទោះបីបាត់បង់ការនាំមុខលើតារាង

    ក្រុម Liverpool បាន​ជួប​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខ្ជះ​ខ្ជាយ​ឱកាស​ដ៏ល្អ​ចំនួន​ 2លើក ពីសំណាក់​ខ្សែ​ប្រយុទ្ធ Mohamed Salah ខណៈ​ដែលក្រុម Everton បាន​​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ ០-០ ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​ Merseyside កាលពីថ្ងៃ​អាទិត្យ​។

    បច្ចុប្បន្ន​ក្រុម​របស់​លោក Jurgen Klopp ដេញ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​​ការពារ​តំណែង​ជើង​ឯក Manchester City ចំនួន​ 1​ពិន្ទុ​ នៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​នៅ​សល់​ការ​ប្រកួតត្រឹម​តែ​ 9លើក​ទៀត​ប៉ុណ្ណោះ​។

    ការ​ស៊ុត​បាល់​របស់ Salah ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំទី Jordan Pickford របស់ Everton ខណៈ​ដែលក្រុម Liverpool បាន​បាត់​បង់​ពិន្ទុ​ជាលើក​ទី​4 ក្នុង​ចំណោម​ការ​ប្រកួត​លីក​ 4លើក​ចុងក្រោយ​របស់​ពួក​គេ​។

    លោក Klopp បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​​មិន​ចាំ​បាច់​ត្រូវ​ផ្តល់​ដំបូន្មាន​​ដល់​កីឡាករ​របស់​ខ្ញុំ​ឡើយ ព្រោះ​ពួក​គេ​​ដឹង​រួច​ទៅ​ហើយ​។ ពួក​គេ​មិន​មែន​​នៅ​ក្មេង​ទៀត​ឡើយ​»​​។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ជឿ​ជាក់​ 100​ភាគ​​រយ​​ទៅលើ​ឱកាស​របស់​យើង​។ ខ្ញុំ​ដឹង​ថា ពី​ការ​ប្រកួត​ 1​លើក​ ទៅ​ការ​ប្រកួត​ 1លើក​ទៀត អារម្មណ៍​របស់​ខ្ញុំ​កាន់​តែ​ល្អ​ប្រសើរ​អំពី​​កីឡាករ ពីព្រោះ​ពួកគេ​ហាក់​ដូច​ជា​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​»​។

    ដោយ​ឡែក ការមិន​ស្គាល់​ឈ្នះ​របស់​ក្រុម Everton ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់​​តែ​​មួយ បាន​បន្ត​រហូត​ដល់​ 19​​ប្រកួត បើ​គិត​ចាប់​តាំងពីឆ្នាំ​2010​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​អប​អរ​ផ្សេង​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​នៃ​ក្រុមម្ចាស់​ផ្ទះ​ ក្នុង​ពេល​បញ្ចប់​ការ​ប្រកួត​បាន​បង្ហាញ​ថា ពួកគេ​ជឿជាក់​ថា ពួកគេ​បាន​​កម្ទេច​ក្តីសង្ឃឹម​របស់ Liverpool ក្នុង​ការ​ឈ្នះពាន​លីក​ជាលើក​ទី​1 ​ក្នុង​រយៈ​ពេល​ 29​ឆ្នាំ​​៕

  • រូប​គំរូ​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ ត្រូវ​បាន​ដាក់​បង្ហាញ​!

    រូប​គំរូ​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ ត្រូវ​បាន​ដាក់​បង្ហាញ​!

    រូប​គំរូ​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ ប្រវែង​ជាង​ 190​គីឡូម៉ែត្រ​ ត្រូវ​បាន​ដាក់​បង្ហាញ​ដោយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នៅ​ថ្ងៃទី​4 ខែមីនា​ ឆ្នាំ​2019​ នេះ​ ខណៈ​ដែល​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​22​ ខែមីនា​ ឆ្នាំ​2019​ ខាងមុខនេះ​។

    ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​ ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ​នឹង​រួមចំណែក​កាន់តែ​ខ្លាំង​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ព្រោះថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​នេះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​រវាង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់2​ គឺ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​។

    ជាពិសេស​ការ​ដឹកទំនិញ​ពី​បណ្តា​រោងចក្រ​នានា​ទៅកាន់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ សម្រាប់​ការនាំចេញ​ទៅក្រៅ​ប្រទេស​ ក៏ដូចជា​ការ​ដឹកទំនិញ​ពី​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​មក​តំបន់​ដទៃទៀត​ក្នុង​កម្ពុជា​ដែរ​។

    គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ ឆ្លងកាត់​ 4រាជធានី​-ខេត្ត​ រួមមាន​ រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ ខេត្ត​កំ​ពង់​ស្ពី​ ខេត្ត​ព្រះសីហនុ​ ក្នុង​នោះ​គឺ​ឆ្លងកាត់​ 6ស្រុក​ 1ខណ្ឌ​ 2ក្រុង​ 31​ឃុំ​/សង្កាត់​ និង​110​ភូមិ​។

    ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ 190​.365​គីឡូម៉ែត្រ​។ សាងសង់​ជា​ 4គន្លង​ផ្លូវ​ សម្រាប់​រថយន្ត​ (2ទៅ​ 2មក​) និង​ 2គន្លង​សម្រាប់​ម៉ូតូ​ (1ទៅ​ 1មក​)។ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​ (AC​) កម្រាស់​ 10​ស.ម​ និង​ថ្ម​លាយ​កៅស៊ូ​ (ATB​)12​ស.ម​។ ពង្រីក​ទទឹង​ផ្លូវ​ដល់​ 24.5​ម៉ែត្រ​ ខណ្ឌ​ដោយ​សួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ​ និង​មាន​របាំង​អម​សងខាង​ផ្លូវ​ ការពារ​សត្វ​ ឬមនុស្ស​ឆ្លងកាត់​។ មាន​កន្លែង​សម្រាប់​ឈប់សម្រាក​ចំនួន​ 4កន្លែង​ និង​ស្ថានីយ​ប្រេងឥន្ធនៈ​ 3កន្លែង​។ រយៈពេល​សាងសង់​ 48​ខែ​។

    លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី22​ ខែមីនា​ខាងមុខនេះ​។

    លោក​បាន​បន្ត​ថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​នេះ​មាន​ប្រវែង​ជាង​ 190​គីឡូម៉ែត្រ​(190​.365​គ.ម​) ដែល​ចេញពី​ម្តុំ​ផ្លូវ​រថភ្លើង​នៃ​តំបន់​ទំនប់​កប់​ស្រូវ​ ស្ថិតនៅ​ខាងស្តាំ​ដៃ​ផ្លូវជាតិ​លេខ​4 និង​សាងសង់​ស្របគ្នា​នឹង​ផ្លូវជាតិ​នេះ​ រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​4ងាក​មក​ខាងឆ្វេង​ដៃ​វិញ​ ហើយ​បន្ត​រហូតដល់​ស្រុក​ព្រៃនប់​ ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ​ រហូតដល់​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ​តែម្ដង​។

    អ្នកនាំពាក្យ​រូប​នេះ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​ ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មានការ​ធ្វើ​របង​អម​សងខាង​ផ្លូវ​ លើកលែងតែ​ចំណុច​ឆ្លងកាត់​មួយចំនួន​ដែល​មាន​ស្ពាន​អាកាស​ និង​ស្ថានីយ​ឈប់​សំចត​ ព្រោះ​វា​ជា​ផ្លូវ​លឿន​ដែល​អាច​បើកបរ​ក្នុង​ល្បឿន​ពី​120​ ទៅ​160​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហេតុនេះ​ទើប​ផ្លូវ​នេះ​មិន​តម្រូវ​ឱ្យ​មាន​ចំណុច​ឆ្លងកាត់​ច្រើន​ទេ​៕

  • ទឹកប្រាក់​ 36​លាន​ដុល្លារ​ជា​ជំនួយ​របស់​ជប៉ុន​ ជួយ​សាងសង់​ប្រព័ន្ធ​ការពារ​ទឹកជំនន់​

    ទឹកប្រាក់​ 36​លាន​ដុល្លារ​ជា​ជំនួយ​របស់​ជប៉ុន​ ជួយ​សាងសង់​ប្រព័ន្ធ​ការពារ​ទឹកជំនន់​

    គម្រោង​សាងសង់​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-លូ​ក្នុង​រាជធានី​ភ្នំពេញ​ ជំហាន​ទី​4 ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ហើយ​ នៅ​ព្រឹ​ថ្ងៃ​ចន្ទ​ 13​រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​2562​ ត្រូវ​នឹង​ថ្ងៃទី​4 ខែមីនា​ ឆ្នាំ​2019​ ក្រោម​អធិ​តី​ភាព​ សម្តេច​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​ជាមួយ​លោក​ HORINOUCHI​ Hidehisa​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

    ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ គម្រោងការ​ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ ជំហាន​ទី​4នេះ​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ 36​លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។

    គម្រោង​នេះ​រួមមាន​ ការ​ដាក់​បណ្តាញ​លូ​មេ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក​ប្រវែង​ 8.2​គីឡូម៉ែត្រ​ ដាក់​បណ្តាញ​លូ​មេ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ប្រវែង​ 4.4​គីឡូម៉ែត្រ​ សាងសង់​អាងស្តុកទឹក​ក្រោម​ដី​ និង​សាងសង់​ស្ថានីយ​បូមទឹក​ នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​ ដំឡើង​របារ​មេកានិច​ស្វ័យប្រវត្តិ​ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ​ព្រះ​គម្លង់​1 ព្រះ​គម្លង់​2 និង​ផ្សារចាស់​ និង​ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន​ 2គ្រឿង​។

    ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ទៀត​ថា​ ​គម្រោង​សាងសង់​សំ​ណង់​ផ្សេង​ៗក្នុង​គម្រោងការ​ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​4នេះ​ ប្រើ​រយៈពេល​ប្រមាណ​ជា​ 36​ខែ​ ដោយ​ចាប់ផ្តើម​គម្រោង​ពី​ថ្ងៃទី​1 ខែធ្នូ​ ឆ្នាំ​2018​ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​31​ ខែតុលា​ ឆ្នាំ​2021​។ ឯកឧត្តម​បាន​បង្ហាញ​ក្តី​សង្ឃឹមថា​ គម្រោង​នេះ​នឹង​រួមចំណែក​ស្តារ​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ ក៏ដូចជា​ធ្វើ​ឱ្យ​បរិស្ថាន​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​ 2លាន​នាក់​ល្អ​ប្រសើរ​ឡើង​ដែរ​។

    ឯកឧត្ដម​បាន​បន្ថែម​ទៀត​ថា​ តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សាលា​រាជធានី​ ភ្នំពេញ​ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ ជាពិសេស​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ ជប៉ុន​(JICA​) ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នោះ​ បាន​អនុវត្ត​គម្រោងការ​ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ 3លើក​រួចមក​ហើយ​ ដែល​តាមរយៈ​គម្រោង​ទាំង​3 កន្លងមក​បាន​ជួយ​ឱ្យ​រាជធានី​ភ្នំពេញ​គេច​ផុត​ពី​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់​ និង​បាន​ជួយ​កសាង​ប្រព័ន្ធ​លូ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង​។

    ឯកឧត្តម​ Hidehisa​ HORINOUCHI​ ឯកអគ្គ​រដ្ឋទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ បន្ទាប់ពី​ការអនុវត្ត​ដ៏​ជោគជ័យ​នូវ​ជំហាន​ទី​1 ជំហាន​ទី​2 និង​ជំហាន​ទី​3 នៃ​គម្រោង​នៅក្នុង​ឆ្នាំ​2004​ ឆ្នាំ​2010​ និង​ឆ្នាំ​2015​ ​; ក្រោម​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​ភាគ​និរតី​ ភាគ​ឦសាន​ និង​ភាគ​អាគ្នេយ៍​នៃ​រាជធានី​ភ្នំពេញ​រួចមក​ ការ​ជន់​លិច​នៅ​តំបន់​ទាំងនោះ​ត្រូវ​បាន​កាត់បន្ថយ​យ៉ាងច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

    ឯកឧត្ដម​បាន​បញ្ជាក់​ថា​ ទោះជាយ៉ាងណា​ក៏​នៅ​មាន​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ នៅតែ​ទទួលរង​ការខូចខាត​ដោយ​ទឹកជំនន់​ តែ​រដ្ឋាភិបាល​ ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ការអនុវត្ត​ជំហាន​ទី​4 នៃ​គម្រោង​ដែល​គ្រប​ដណ្តប់​ភាគច្រើន​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​។ ឯកឧត្ដម​ឯកអគ្គ​រដ្ឋទូត​ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ការ​បញ្ចប់​គម្រោង​នេះ​ដោយ​ជោគជ័យ​ នឹង​រួមចំណែក​ដល់​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ក៏ដូចជា​ពង្រឹង​ថែមទៀត​នូវ​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​៕

  • ក្រសួងការងារ​ចាប់ផ្តើម​ប្រើ​រថយន្ត​ចល័ត​ដើម្បី​ផ្សព្វផ្សាយ​ទីផ្សារ​ការងារ​នៅ​តំបន់​ឆ្ងាយ​ៗ

    ក្រសួងការងារ​ចាប់ផ្តើម​ប្រើ​រថយន្ត​ចល័ត​ដើម្បី​ផ្សព្វផ្សាយ​ទីផ្សារ​ការងារ​នៅ​តំបន់​ឆ្ងាយ​ៗ

    ដើម្បី​ជំរុញ​ការ​ផ្តល់​ព័ត៌មាន​ផ្នែក​ទីផ្សារ​ការងារ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​ដល់​និស្សិត​ និង​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​រថយន្ត​មជ្ឈមណ្ឌល​ការងារ​ចល័ត​ ដែល​មាន​សេវា​ប្រឹក្សា​ និង​បច្ចេកវិទ្យា​សម្រួល​ដល់​ការ​ដាក់ពាក្យ​ធ្វើការងារ​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ថា​ រថយន្ត​ដែល​ជា​មជ្ឈមណ្ឌល​ការងារ​ចល័ត​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ទីផ្សារ​ការងារ​នៅ​តាម​តំបន់ជនបទ​ និង​ខេ​ត្ត​ឆ្ងាយ​ៗដែល​មិនទាន់​មាន​មណ្ឌល​ការងារ​។ តាមរយៈ​សកម្មភាព​នេះ​ យុវជន​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​បាន​យ៉ាង​ឆាប់រហ័ស​ ចំណេញពេលវេលា​ និង​ចំណាយ​តិច​។ សកម្មភាព​នេះ​ជា​គម្រោង​ដែល​មាន​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត​ (SIDA​) និង​ទីភ្នាក់ងារ​ផ្តល់​សេវា​សាធារណៈ​ស៊ុយអែត​ (SPES​)ដែល​ស្របតាម​ក្របខ័ណ្ឌ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ខិតខំ​បង្កើត​ឱកាស​ការងារ​ឱ្យ​កាន់តែ​ច្រើន​ និង​បង្ខិត​សេវា​ស្វែងរក​ការងារ​ឱ្យទៅ​ដល់​តំបន់​ជន​បទ​ឆ្ងាយ​ៗនៅ​ទូទាំង​ប្រទេស​កម្ពុជា​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖“ក្រសួងការងារ​បាន​ខិតខំ​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​ និង​ជួយ​បែងចែក​ឱកាស​ទាំងនេះ​ឱ្យ​បាន​ទៅដល់​ប្រជាជន​គ្រប់រូប​ប្រកបដោយ​តម្លាភាព​ និង​សមធម៌​ សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ដែល​មាន​ទាំងអស់​ឱ្យទៅ​ជាមុ​ខរ​បរ​កាន់តែ​ល្អ​សម្រាប់​ប្រជាជន​គ្រប់រូប​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ អ្នក​ដែល​ទទួល​បានផល​ប្រយោជន៍​ច្រើនជាង​គេ​អំពី​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​គឺ​ យុវជន​ និស្សិត​ ជន​ពិការ​ រួម​ទាំង​ស្ត្រី​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​ជំនាញ​ និង​ទទួល​បាន​ឱកាស​ការងារ​។ កន្លងមក​គម្រោង​នេះ​ធ្លាប់​បាន​ធ្វើការងារ​បណ្តុះបណ្តាល​ជំនាញ​ទន់​ និង​សហគ្រិនភាព​ដល់​អ្នកចូលរួម​ប្រមាណ3,450នាក់​ និង​ទទួល​បាន​អ្នក​ចុះឈ្មោះ​ស្វែងរក​ការងារ​ប្រមាណ​ 90,000នាក់​ ដោយ​ក្នុង​នោះ​អ្នក​ដែល​ទទួល​បានការ​ងារ​ធ្វើ​ប្រមាណ​ 2ម៉ឺន​នាក់​ និង​យុវជន​ដែល​បាន​ចុះ​ធ្វើ​កម្មសិក្សា​ផ្ទាល់​ចំនួន​ 749នាក់​ក្នុង​ទីផ្សារ​ការងារ​។

    បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ រថយន្ត​មជ្ឈមណ្ឌល​ការងារ​ចល័ត​នេះ​ជា​ប្រភេទ​រថយន្ត​វ៉ែន​ (ven​) ដែល​មានមុខ​ងារ​ផ្តល់​សេវាកម្ម​សំ​ខាន់​ៗដូចជា​មជ្ឈមណ្ឌល​ការងារ​ សម្រាប់​ជួយ​ដល់​សេវា​ស្វែងរក​ការងារ​ ការ​ចុះឈ្មោះ​ស្វែងរក​ការងារ​ទាំង​លើ​ឯកសារ​ (off​ line​) និង​លើ​អុីន​ធើ​ណិ​ត (online​) សេវា​ទទួល​ប្រឹក្សា​យោបល់​ការងារ​ និង​មាន​ផ្តល់​ជូន​នូវ​បណ្ណាល័យ​ការងារ​ថែមទៀត​ផង​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 164

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 164

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/03/LRPN_164-Final-For-Web.pdf” force_dl=”1″]